ថ្ងៃព្រហស្បតិ៍ រដូវធម្មតា សប្តាហ៍ទី០៣
ឆ្នាំ«ខ»
ពណ៌ស
បុណ្យរម្លឹកចាំបាច់
សន្តថូម៉ាស នៅអគីណូជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
សូមចុចទីនេះ
លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូដែលទើបនឹងកើតឡើង។ ញាតិសន្តានរបស់លោកមិនព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេសអាល្លឺម៉ង់) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុងរ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និងលោកប្លាតុងមករិះគិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១៩-២៥
បងប្អូនជាទីស្រឡាញ់!
យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈបានដោយព្រះលោហិតរបស់ព្រះយេស៊ូ ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិតដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គដែលកើតមកជាមនុស្ស។ ដោយយើងមានមហាបូជាចារ្យម្នាក់ ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គ ដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ ត្រូវរក្សាសេចក្តីសង្ឃឹមដែលយើងប្រកាសនោះឱ្យបានខ្ជាប់ខ្ជួនកុំឱ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។ តោងយើងមើលថែរក្សាគ្នាទៅវិញទៅមកដើម្បីជួយដាស់តឿនគ្នាឱ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ មិនត្រូវលះបង់ការប្រជុំគ្នាដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតដល់ហើយ។
ទំនុកតម្កើងលេខ ២៤ (២៣),១-៦ បទពាក្យ ៧
| ១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
| សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ | ជាស្នាព្រះហស្តនៃព្រះអង្គ | ។ |
| ២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
| ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ |
| ៣ | តើរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
| ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ត | ។ |
| ៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
| មិនបណ្តោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ |
| ៥ | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
| ហើយព្រះអង្គបានជួយសង្រ្គោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ |
| ៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
| ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភ័ក្រ្តល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលាឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺបំភ្លឺត្រចង់ ជីវិតផូរផង់ឱ្យខ្ញុំសុខសាន្ដ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២១-២៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែងឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះសូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្តីដែលអ្នករាល់គ្នាស្តាប់នេះឱ្យមែនទែន! ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
548 Views
Post Views:
571