ថ្ងៃសៅរ៍ អាទិត្យទី០២
រដូវធម្មតា «ឆ្នាំ សេស»
ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥
ប្រហែលនៅគ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចងគ្រីស្តបរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះគ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺព្រះអង្គជាព្រះសង្គ្រោះទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួមមនុស្សទាំងអស់ឱ្យទៅជាធ្លុងតែមួយដែរ ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,២-៣.១១-១៤
ក្នុងព្រះវិហារនៃសម្ព័ន្ធមេត្រីចាស់ មានព្រះពន្លាមួយនៅខាងមុខដែលគេហៅថា “ទីដ៏វិសុទ្ធ”។ នៅទីនោះ មានដាក់ជើងចង្កៀង តុ និងនំបុ័ងតង្វាយ។ បន្ទាប់មកខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីដ៏វិសុទ្ធបំផុត”។ នៅពេលព្រះគ្រីស្តយាងមកក្នុងឋានៈជាមហាបូជាចារ្យដែលនាំយកសម្បត្តិនៃលោកខាងមុខ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្តម និងល្អគ្រប់លក្ខណ៍ជាងពន្លាទាំងពីរនោះគឺ ព្រះអង្គមិនមែនយាងកាត់ព្រះពន្លាដែលសង់ឡើយដោយដៃមនុស្សទេ ពោគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺទ្រង់យកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូលទៅថ្វាយក្នុងទីសក្ការៈម្តងជាការស្រេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវ ដែលគេបាចលើមនុស្សសៅហ្មង ធ្វើឱ្យរូបកាយគេបានបរិសុទ្ធ និងឱ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោកហិតរបស់ព្រះគ្រីស្តវិញ ក៏រឹតតែនឹងជម្រះមនសិការយើងឱ្យបានរួចផុតពីអំពើឥតបានការ ជាងនេះទៅទៀត! ដើម្បីយើងគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ។
ទំនុកតម្កើងលេខ ៤៧ (៤៦),២-៣.៦-៩ បទកាកគតិ
| ២ | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ |
| | ដោយចិត្តរីករាយ | ។ |
| ៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ |
| | លើដីទាំងអស់ | ។ |
| ៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
| ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក |
| | សូរត្រែតន្រ្តី | ។ |
| ៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
| ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាតន្ត្រី |
| | ថ្វាយព្រះនៃយើង | ។ |
| ៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង |
| | ស្មូតកំណាព្យថា្វយ | ។ |
| ៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ |
| | រាស្រ្តបានសុខសាន្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២០-២១
ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ ។
502 Views
Post Views:
507