ថ្ងៃពុធ អាទិត្យទី០២
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,១-៣,១៥-១៧
បងប្អូនជាទីស្រលាញ់!
ព្រះបាទមែលគីសេដែកជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ទៅជួបលោកអប្រាហាំដែលវិលមកពីវាយឈ្នះស្តេចនានា ហើយទ្រង់ក៏ជូនពរលោក។ លោកអប្រាហាំយកមួយភាគដប់នៃអ្វីៗទាំងអស់ដែលលោកមានមកថ្វាយព្រះបាទមែលគីសេដែក។ ព្រះនាមរបស់ស្តេចនេះមានន័យថា “ស្ដេចប្រកបដោយសេចក្ដីសុចរិត” ហើយទ្រង់ក៏ជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា “ស្តេចនៃសេចក្តីសុខសាន្ត”។ គ្មានចែងអំពីមាតាបិតា និងអំពីវង្សត្រកូលទេ ហើយគ្មានចែងអំពីដើមកំណើត នឹងចែងអំពីចុងបញ្ចប់របស់ព្រះអង្គដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យរហូតតរៀងទៅ។ មានបូជាចារ្យម្នាក់ទៀតដូចស្តេចមែលគីសេដែក គឺព្រះយេស៊ូ។ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យតាមវិន័យ និងក្រិត្យក្រមរបស់មនុស្សលោកឡើយ គឺទ្រង់បានទទួលមុខងារនេះតាមប្ញទ្ធានុភាពនៃព្រះជន្មដែលមិនចេះសាបសូន្យ ដ្បិតគម្ពីរបានផ្តល់សក្ខីភាពអំពីព្រះអង្គថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅតាមរបៀបព្រះបាទមែលគីសេដែក»។
ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ
| ១ | ព្រះអម្ចាស់មាន | បន្ទូលមកកាន់ | ព្រះរាជាខ្ញុំ |
| ថាសូមអញ្ជើញ | អង្គុយខាងស្តាំ | កុំនៅសំងំ |
| | ចាំយើងចាត់ចែង | ។ |
| ទម្រាំដល់យើង | បង្រ្កាបពួកខ្មាំង | ចិត្តធំឥតក្រែង |
| យើងដាក់វានៅ | ក្រោមជើងព្រះស្តែង | ទោះវាស្រែកក្តែង |
| | អ្នកកុំខ្វល់ខ្វាយ | ។ |
| ២ | សូមព្រះប្រទាន | ព្រះករុណាបាន | លាតសន្ធឹងឆ្ងាយ |
| ព្រះរាជ្យព្រះអង្គ | ពីស៊ីយ៉ូននាយ | តទៅអន្លាយ |
| | បង្រ្កាបលើខ្មាំង | ។ |
| ៣ | ថ្ងៃព្រះករុណា | កេណ្ឌទ័ពនោះណា | ប្រជាទូទាំង |
| រួមនិងយុវជន | ស្ម័គ្រស្មោះទៅច្បាំង | ដូចសន្សើមខ្លាំង |
| | ធ្លាក់ចុះរាល់ថ្ងៃ | ។ |
| ៤ | ព្រះអម្ចាស់មាន | បន្ទូលថ្កើងថ្កាន | សន្យាថ្លាថ្លៃ |
| លោកបូជាចារ្យ | ជាអចិន្ត្រៃយ៍ | យកតាមនិស្ស័យ |
| | មែលគីសេដែក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១-៦
ព្រះយេស៊ូយាងចូលទៅក្នុងធម្មសាលា។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនោះឱ្យជានៅថ្ងៃសប្ប័ទក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើង មកឈរនៅកណ្តាលឯណេះ!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្រ្គោះមនុស្ស ឬត្រូវប្រហារជីវិតចោល?»។ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូបែរព្រះភ័ក្រ្តទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហប្ញទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលើកដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ហើយទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
450 Views
Post Views:
458