ថ្ងៃពុធ អាទិត្យទី០១
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,១៤-១៨
មនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា ហេតុនេះហើយបានជាព្រះគ្រីស្តសព្វព្រះហប្ញទ័យយកឋានៈជាមនុស្សរួមជាមួយគេដែរ។ ដូច្នេះ ដោយព្រះអង្គសោយទិវង្គត ទ្រង់បានកំទេចមារដែលមានអំណាចលើសេចក្តីស្លាប់ និងបានរំដោះមនុស្សទាំងពួងដែលជាប់ជាទាសករអស់មួយជីវិតព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះអង្គយាងមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយ បានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យដែលមានចិត្តមេត្តាករុណា និងមានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ ហើយដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាកនៅពេលព្រះជាម្ចាស់ល្បងលព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។
ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៩ បទកាកគតិ
| ១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឬច្បាស់ | ពីស្នាព្រះហស្ត |
| | ប្រាប់ជាតិនានា | ។ |
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់កិច្ចការ | សុទ្ធតែអស្ចារ្យ |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត |
| | កុំបីសៅហ្មង | ។ |
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភ័ក្រ្ត | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
| ៦ | ពូជពង្សរបស់ | អប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រងផែនដី | ។ |
| ៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ព័ន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ |
| | មួយពាន់តំណ | ។ |
| ៩ | សម្ព័ន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ |
| | នឹងលោកអ៊ីសាក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩
ព្រះយេស៊ូ និងសាវ័កនាំគ្នាចេញពីធម្មសាលាចូលទៅផ្ទះលោកស៊ីម៉ូន និងលោកអន់ដ្រេ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិតចាប់ដៃគាត់ឱ្យក្រោកឡើង។ គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្តុំគ្នានៅមាត់ទ្វារកំពែងក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គមិនអនុញ្ញាតឱ្យខ្មោចនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ ។
លុះព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយព្រះអង្គអធិដ្ឋាននៅទីនោះ ។ លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖«គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយរបស់គេ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។
477 Views
Post Views:
492