ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវអបអរសាទរ ឆ្នាំ«ក»
ពណ៌ផ្កាឈូក
ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥
កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ“ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង “ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឱ្យ “ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។
គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់មនុស្សលោកផង។
ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការ នៅតែមានសង្គ្រាមដូច្នេះ?
ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឱ្យទុក្ខវេទនាគ្រប់យ៉ាងរបស់មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យការីអេសាយ អស ៣៥,១-៦,១០
សូមឱ្យវាលរហោស្ថាន និងកន្លែងហួតហែងរីករាយឡើង! សូមឱ្យវាលខ្សាច់ត្រេកអរសប្បាយ! សូមឱ្យផ្ការីកស្គុះស្គាយឡើង! សូមឱ្យមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសម្លេងច្រៀងដោយជ័យ ដ្បិតព្រះអម្ចាស់ប្រទានឱ្យមានដើមឈើធំៗដុះឡើង ដូចព្រៃភ្នំលីបង់ ហើយមានព្រៃព្រឹក្សាដុះពាសពេញ ដូចនៅភ្នំការមែល និងមានចម្ការដំណាំដូចនៅវាលសារ៉ូនដែរ។ ពេលនោះប្រជាជននឹង ឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃយើង។ ចូរជួយអ្នកដែលទន់ដៃទន់ជើងឱ្យមានកម្លាំងរឹងប៉ឹងឡើង! ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា៖ “ចូរមានចិត្តក្លាហានឡើងកុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលពួកគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា!”។
នៅពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ។ ពួកឈ្លើយសឹកដែលព្រះអង្គបានលោះនឹងដើរត្រឡប់មកស្រុកវិញ។ ពួកគេមកដល់ក្រុងស៊ីយ៉ូន គេនឹងស្រែកហ៊ោយ៉ាងសប្បាយ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបាន។ ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសូរសម្រែយំថ្ងូរ លែងមានទៀតហើយ។
ទំនុកតម្កើងលេខ ១៤៦(១៤៥), ៧-១០ បទពាក្យ ៧
| ៧ | ព្រះអង្គរកយុត្តិធម៌ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
| ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ |
| ៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
| អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ |
| ៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
| តែទ្រង់ធ្វើឱ្យគម្រោងការ | ជនខូចពាលាវិនាសបង់ | ។ |
| ១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចយូរលង់ | |
| ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
អត្ថបទទី២ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៥,៧-១០
បងប្អូនជាទីស្រឡាញ់!
ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ សូមមើលអ្នកភ្ជួររាស់! គាត់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្តល់ឱ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវនិងចុងរដូវ។ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឱ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមបងប្អូនកុំរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឱ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ ចូរបងប្អូនយកតម្រាប់តាមពួកព្យាការីដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៧៦
អាលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកដើរខាងមុខដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងធ្វើជាសាក្សីថ្វាយព្រះពន្លឺ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ១១,២-១១
ពេលនោះលោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្តធ្វើ។ លោកចាត់សិស្សឱ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរទៅជម្រាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាឮ និងឃើញនេះទៅ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ពេលពួកសិស្សរបស់លោកយ៉ូហានចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿងគេរស់នៅក្នុងដំណាក់ស្តេចឯណោះ!។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការីម្នាក់ឬ?។ ត្រូវហើយ ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឱ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្តាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្តឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត»។
707 Views
Post Views:
759