សន្តហ្សាល បូរ៉ូមេជាអភិបាល
កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងសន្ត ក័រឡូប៉ូរ៉ូមេឱ្យកែតម្រង់ និងណែនាំព្រះសហគមន៍ឱ្យកាន់តាមព្រះបន្ទូលរបស់ព្រះយេស៊ូឱ្យកាន់តែប្រសើរឡើងៗ! សូមឱ្យព្រះសហគមន៍បង្ហាញព្រះភ័ក្ររបស់ព្រះគ្រីស្ត ដល់មនុស្សលោកសព្វថ្ងៃនេះផង។
សូមថ្លែងព្រះគម្ពីកិច្ចការគ្រីស្ដទូត កក ២០,១៧-១៨.២៨-៣២.៣៨
លោកប៉ូលបានចាត់គេពីក្រុងមីលេតឱ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យនៃព្រះសហគមន៍នៅក្រុងអេភេសូមក។ លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឱ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឱ្យបងប្អូនថែរក្សាព្រះសហគមន៍របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសាវ័កឱ្យទៅតាមគេទៀតផង។ ហេតុនេះ សូមបងប្អូនប្រុងស្មារតីឱ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។ ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាព្រះសហគមន៍ ព្រមទាំងឱ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ ជាពិសេស គេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។
ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ
| ១ | ព្រះអម្ចាស់មាន | បន្ទូលមកកាន់ | ព្រះរាជាខ្ញុំ |
| ថាសូមអញ្ជើញ | អង្គុយខាងស្តាំ | កុំនៅសំងំ |
| | ចាំយើងចាត់ចែង | ។ |
| ទំរាំយើងច្បាំង | បង្ក្រាបពួកខ្មាំង | ចិត្តធំឥតក្រែង |
| យើងដាក់វានៅ | ក្រោមជើងព្រះស្តែង | ឱ្យវាចំបែង |
| | អ្នកកុំខ្វល់ខ្វាយ | ។ |
| ២ | សូមព្រះប្រទាន | ព្រះករុណាបាន | លាតសន្ធឹងឆ្ងាយ |
| ព្រះរាជ្យព្រះអង្គ | ពីស៊ីយ៉ូននាយ | តទៅអន្លាយ |
| | បង្ក្រាបលើខ្មាំង | ។ |
| ៣ | ថ្ងៃព្រះករុណា | កេណ្ឌទ័ពនោះណា | ប្រជាទូទាំង |
| រួមនិងយុវជន | ស្ម័គ្រស្មោះទៅច្បាំង | ដូចសន្សើមខ្លាំង |
| | ធ្លាក់ចុះរាល់ថ្ងៃ | ។ |
| ៤ | ព្រះអម្ចាស់មាន | បន្ទូលថ្កើងថ្កាន | សន្យាថ្លាថ្លៃ |
| យើងបូជាចារ្យ | ជាអចិន្ត្រៃយ៍ | យកតាមនិស្ស័យ |
| | មែលគីសេដែក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១១-១៦
ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឱ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិតដើម្បីចៀមរបស់ខ្ញុំ។ ខ្ញុំមានចៀមឯទៀតៗដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសសន្តក័រឡូឱ្យទៅជាអភិបាលមួយរូបដ៏មានប្រាជ្ញាវាងវៃ ដើម្បីថែរក្សាការពារជំនឿព្រះសហគមន៍។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទបង្កើតមគ្គផងជាច្រើន ស្របតាមដំណឹងល្អរបស់ព្រះអង្គ។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយ ដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តក័រឡូនេះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ព្រះអង្គបានប្រោសសន្តក័រឡូឱ្យមានចិត្តក្លាហានដើម្បីថែរក្សាជំនឿព្រះសហគមន៍យ៉ាងណា សូមទ្រង់ព្រះមេត្តាប្រទានសេចក្តីក្លាហាននេះឱ្យយើងខ្ញុំផងដែរ។ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តនឹងបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងមានចិត្តស្រឡាញ់ហួសប្រមាណផង។
808 Views
Post Views:
844