លោកស៊ីម៉ូនមានឈ្មោះថា “អ្នកជាតិនិយម” គឺលោកមានបំណងចង់រំដោះស្រុកយូដាពីនឹមចក្រពត្តិរ៉ូមាំងដោយកម្លាំងអាវុធ។ ព្រះយេស៊ូនឹងបង្រៀនលោកអំពីមាគ៌ារបស់ព្រះអង្គ គឺមានតែចិត្តសុភាពរាបសា និងការបូជាជិវិតទេដែលរំដោះមនុស្សឱ្យរួចពីភាពឃោឃៅរបស់ខ្លួន។ លោកយ៉ូដាឈ្មោះ “ថាដេ” ដែរ។ លោកក៏ស្មានថា ព្រះគ្រីស្តយាងមករំដោះស្រុកគេដោយកម្លាំងអាវុធ ហើយរងចាំព្រះគ្រីស្តនេះ ដូចលោកស៊ីម៉ូនដែរ។ ព្រះយេស៊ូពន្យល់ឱ្យលោកដឹងថា មានតែសេចក្តីស្រឡាញ់ទេដែលមានជ័យជំនះលើពិភពលោក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំស្គាល់ព្រះអង្គ ដោយគ្រីស្តទូតបានប្រកាសដំណឹងល្អ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យរីកចម្រើនឡើង ដោយមនុស្សគ្រប់ជាតិសាសន៍ជឿសង្ឈឹមលើព្រះអង្គ។ សូមជួយយើងខ្ញុំឱ្យប្រកាសព្រះបន្ទូលព្រះអង្គក្នុងពិភពលោកសព្វថ្ងៃនេះ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១៩-២២
បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមគ្រីស្តទូត និងព្យាការីជាគ្រឹះ និងមានព្រះគ្រីស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ គឺព្រះគ្រីស្តហើយដែលធ្វើឱ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឱ្យចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ។
ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ
| ២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
| អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត |
| | របស់ព្រះអង្គ | ។ |
| ៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
| យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង |
| | ល្បីល្បាញអស្ចារ្យ | ។ |
| ៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
| ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា |
| | ឱ្យគេដឹងឮ | ។ |
| ៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
| លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ |
| | គ្មានសល់ចន្លោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! យើងខ្ញុំសូមអបអរសាទរព្រះអង្គ! គ្រីស្តទូតនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១២-១៩
នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសាវ័កមក ក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះ មានសាវ័កជាច្រើន និងប្រជាជនពីស្រុកយូដាពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឱ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ។ បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឱ្យជាគ្រប់ៗគ្នា។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានៅថ្ងៃគោរពគ្រីស្តទូតស៊ីម៉ូន និងយូដា។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមប្រទានពរដល់ព្រះសហគមន៍ទៀតផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមប្រោសឱ្យព្រះសហគមន៍រីចម្រើនឡើង ដោយនាំដំណឹងល្អស្តីអំពីធម៌មេត្តាករុណារបស់ព្រះអង្គឱ្យមនុស្សលោកសព្វថ្ងៃស្គាល់ផង។
1,090 Views
Post Views:
1,115