ថ្ងៃអាទិត្យ អាទិត្យទី៣០
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច!។ ព្រះអង្គបានបង្កើតយើងខ្ញុំ និងមានព្រះបន្ទូលសន្យាថា នឹងប្រទានសុភមង្គលយ៉ាងពេញលេញ ដោយយើងខ្ញុំស្រឡាញ់ព្រះអង្គ និងដោយស្រឡាញ់អ្នកដទៃផង។ សូមទ្រង់ព្រះមេត្តាបន្ថែមជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជា ដើម្បីនឹងទទួលសុភមង្គលតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣៥,១៥-១៧.២០-២២
ព្រះអម្ចាស់ជាចៅក្រម ព្រះអង្គវិនិច្ឆ័យដោយមិនរើសមុខ។ ព្រះអង្គមិនធ្វើឱ្យខូចប្រយោជន៍របស់អ្នកក្រខ្សត់ ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គមិនដែលព្រងើយកន្តើយនឹងក្មេងកំព្រា ព្រមទាំងពាក្យត្អូញត្អែររបស់ស្រ្តីមេម៉ាយទេ។ អ្នកគោរពបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តពិតជាគាប់ព្រះហប្ញទ័យព្រះអង្គ ហើយពាក្យសុំរបស់គេនឹងទ្បើងទៅដល់ព្រះអង្គ។ ពាក្យអង្វររបស់មនុស្សទន់ទាប ពិតជារសាត់ទៅដល់ស្ថានបរមសុខ។ បើព្រះអម្ចាស់មិនឆ្លើយតបទេ គេមិនព្រមឈប់ព្រួយទ្បើយ គេនៅតែទទូចអង្វរឥតឈប់ឈរ ទាល់តែព្រះដ៏ខ្ពង់ខ្ពស់បំផុតអាណិតគេ។ ព្រះអង្គវិនិច្ឆ័យ និងរកយុត្តិធម៌ឱ្យគេ។ ព្រះអម្ចាស់មិនបង្អែបង្អង់ទេ ព្រះអង្គគ្មានព្រះហប្ញទ័យអត់ធ្មត់ចំពោះជនដែលធ្វើបាបមនុស្សសុចរិតទ្បើយ ព្រះអង្គបំបាក់ខ្នងរបស់ជនទាំងនោះឥតត្រាប្រណី។
ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.៧.១៦.១៨-១៩.២៣ បទកាកគតិ
| ២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា |
| | ឈប់ឈរសោះឡើយ | ។ |
| ៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្ដើយ |
| ចូរអ្នកទន់ទាប | ស្ដាប់កុំព្រងើយ | នឹងបានធូរស្បើយ |
| | អំណរខ្លាំងក្លា | ។ |
| ៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្ដាប់ហើយ | សង្គ្រោះគេឱ្យ |
| | ផុតពីគ្រោះកាច | ។ |
| ១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
| ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត |
| | រាល់ទិនទិវា | ។ |
| ១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្ដើយ |
| ព្រះអង្គសណ្ដាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ |
| | ផុតគ្រោះទាំងឡាយ | ។ |
| ១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ដ | មានទុក្ខខ្វល់ខ្វាយ |
| ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ |
| | ផុតទុក្ខរីងរៃ | ។ |
| ២៣ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
| បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន |
| | សុខផុតទុក្ខទោស | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៦-៨.១៦-១៨
រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឱ្យខ្ញុំនៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឱ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឱ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួននៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឱ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឱ្យរួចពីមាត់សឹង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឱ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឱ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ១៦,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនទតមើលសំបកក្រៅដូចមនុស្សលោកទេ គឺព្រះអង្គឈ្វេងយល់ចិត្ដគំនិតវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,៩-១៤
ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ព្រះអង្គមានព្រះបន្ទូលថា៖«មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឱ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមយកកាយ វាចា ចិត្ត មកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំ ឱ្យមកទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តជាអាហារដែលផ្តល់ជីវិត។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា ព្រមទាំងស្រឡាញ់អ្នកដទៃដូចខ្លួនឯងផង។
792 Views
Post Views:
812