ថ្ងៃទី ១៨ ខែតុលា
សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
ពណ៌ក្រហម
បុណ្យគោរព
លោកលូកាជាគ្រូពេទ្យ ជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរប្រកាសដំណឹងល្អជាមួយលោកដែរ។ តែលោកលូការមិនសូវរ៉ាយរ៉ាប់អំពីខ្លួនលោកផ្ទាល់ទេ! តាមសេចក្តីដែលគ្រីស្តបរិស័ទតែងពោល តៗគ្នាពីដើមរៀងមក លោកនិពន្ធគម្ពីរដំណឹងល្អ និងគម្ពីរកិច្ចការគ្រីស្តទូត ដែលជាប្រវត្តិព្រះសហគមន៍ “តាំងពីដើមដំបូង”។ ក្នុងកណ្ឌទាំងពីរនោះ លោកចូលចិត្តបង្ហាញបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សតូចតាច និងចំពោះអ្នកបាប លោកក៏ដាស់តឿនគ្រីស្តបរិស័ទឱ្យត្រេកអរ និងអធិដ្ឋានផង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តលូកា ដើម្បីឱ្យលោកបង្ហាញបញ្ជាក់ធម៌មេត្តាករុណាដ៏លើសលប់អស្ចារ្យរបស់ព្រះអង្គចំពោះជនក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសគ្រីស្តបរិស័ទទាំងឡាយឱ្យមានចិត្តថ្លើមតែមួយ សូមប្រោសមនុស្សគ្រប់ជាតិសាសន៍ឱ្យបានស្គាល់ការសង្គ្រោះរបស់ព្រះអង្គផង។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៩-១៧
ប្អូនជាទីស្រឡាញ់! ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេស្កែនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទី។ មានតែលោកលូកាម្នាក់ប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ខ្ញុំបានចាត់លោកទីឃីគូសឱ្យទៅក្រុងអេភេសូ។ ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការពូសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ លោកអេឡិចសង់ជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។ អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឱ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឱ្យរួចពីមាត់សឹង្ហដែរ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),១០-១៣.១៧-១៨ បទកាកគតិ
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ |
| | ព្រះអង្គនៅគង់ | ។ |
| ១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង |
| | ចិញ្ចែងចិញ្ចាច | ។ |
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច |
| | ស្ថិតយូរវស្សា | ។ |
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា |
| | ករុណាអាសូរ | ។ |
| ១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា |
| | ទ្រង់បានប្រព្រឹត្ត | ។ |
| ១៨ | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
| នឹងអ្នកអង្វរ | ដោយសុទ្ធចិត្ត | រកព្រះអង្គពិត |
| | មិនយាងទៅណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីកណ្តាលលោកីយ៍មក ហើយតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ឱ្យផលដែលនៅស្ថិតស្ថេរ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-៩
ក្រោយមក ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឱ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្តដល់មនុស្សក្នុងផ្ទះនេះ”។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តលូកា។ សូមទ្រង់ព្រះមេត្តាព្យាបាលយើងខ្ញុំឱ្យរួចពីកិលេសតណ្ហា ដើម្បីយើងខ្ញុំអាចបម្រើព្រះអង្គដោយចិត្តស្មោះ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ចផង។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តលូកា។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមពង្រឹងជំនឿរបស់យើងខ្ញុំ ស្របតាមដំណឹងល្អរបស់ព្រះគ្រីស្ត ដូចសន្តលូកាបានបញ្ជូនមកយើងខ្ញុំផង។
850 Views
Post Views:
864