សន្តអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី
“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ហើយដែលប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសឱ្យមរណសាក្សីលើកកិត្តិយសរបស់ព្រះសហគមន៍ទាំងមូល។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានសេចក្តីក្លាហានហ៊ានធ្វើជាសាក្សីថ្វាយព្រះគ្រីស្តដូចសន្តអ៊ីញ៉ាស គ្រប់ពេលវេលាផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ៣,១៧-៤,១
បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូដែលយើងបានដាក់ឱ្យបងប្អូនឃើញនោះទៅ។ ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត។ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិដែលធ្វើឱ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួនរួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
ទំនុកតម្កើងលេខ ៣៤(៣៣), ២-៩ បទកាកគតិ
| ២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា |
| | ឈប់ឈរសោះឡើយ | ។ |
| ៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
| ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ |
| | អំណរខ្លាំងក្លា | ។ |
| ៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
| ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា |
| | តម្កើងព្រះអង្គ | ។ |
| ៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
| ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង |
| | ឆ្លងផុតទាំងអស់ | ។ |
| ៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
| ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ |
| | មិនខកចិត្តឡើយ | ។ |
| ៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ |
| | ផុតពីគ្រោះកាច | ។ |
| ៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
| រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច |
| | ផុតពីទុក្ខភ័យ | ។ |
| ៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
| ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី |
| | មានជ័យមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (យក ១,១២)
អាលេលូយ៉ា! អាលេលូយ៉ា!
«អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។» អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២, ២៤-២៨
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។ «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឱ្យរួចផុតពីទុក្ខលំបាកនៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ព្រះបិតាអើយ សម្ដែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា «យើងបានសម្ដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្ដែងសិរីរុងរឿងជាថ្មីទៀត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យទទួលសក្ការបូជារបស់សន្តអ៊ីញ៉ាស ដែលថ្វាយខ្លួនទុកជាស្រូវរបស់ព្រះគ្រីស្តកិនទំពារធ្វើជាអាហារដ៏និម្មល។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំរួមនឹងសក្ការបូជានេះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តអ៊ីញ៉ាស។ សូមទ្រង់ព្រះមេត្តាប្រទានកម្លាំងក្លាហានឱ្យយើងខ្ញុំប្រព្រឹត្តតែកិច្ចការសមនឹងឋានៈរបស់ខ្លួនជាគ្រីស្តបរិស័ទផង។
742 Views
Post Views:
766