សន្តយ៉ូហាន គ្រីសូស្តូមជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកយ៉ូហាន (ប្រ.៣៤៩-៤០៧) មានបំណងចង់បួសជាសង្ឈ តែលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ លោកមានសំនួនវោហារពន្យល់គម្ពីរសែនពិរោះ បានជាគ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូស្តូម” គឺ “មាត់មាស”។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីបកស្រាយគម្ពីរ និងវិភាគទេវវិទ្យា។ ដោយលោកហ៊ានស្តីបន្ទោសព្រះចៅ និងមន្ត្រីពុករលួយពេក ព្រះនាងអើដូស៊ីនិរទេសលោកដល់ទៅពីរដង។ លោកទទួលមរណភាព ដោយអស់កម្លាំងពេកនៅពេលធ្វើដំណើរទៅនិរទេស។ សន្តយ៉ូហានគ្រីសូស្តូម ជាឧបការីរបស់អ្នកថ្លែងសុន្ទរកថា។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាកម្លាំងរបស់អស់អ្នកដែលផ្ញើរជិវិតលើព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យសន្តយ៉ូហានគ្រីសូស្តូមមានសំនួនវោហារ និងសេចក្តីក្លាហានយ៉ាអស្ចារ្យបំផុត អាចពុះពារឧបសគ្គទាំងឡាយបាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រព្រឹត្តតាមយុត្តិធម៌ជានិច្ច និងហ៊ានប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងផង។
សូមថ្លែងលិខិតទី២របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៤,១០-១៨
បងប្អូនជាទីស្រឡាញ់!
ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ដោយសារតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលតែងតែស្លាប់។ ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនកាន់តែចម្រើនឡើង ដើម្បីឱ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ ដ្បិតទុក្ខលំបាកបន្ដិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឱ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ទំនុកតម្កើងលេខ ៤០(៣៩), ៧-១១ បទពាក្យ ៧
| ៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ |
| ៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
| ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ |
| ៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហឫទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ |
| ១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
| ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ |
| ១១ | ខ្ញុំមិនលាក់ទេក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
| ព្រះហឫទ័យនៃព្រះអម្ចាស់ | ដែលបានសង្គ្រោះទូលបង្គំ | ។ |
| រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀនក្នុងប្រជុំ | |
| ពីព្រះហឫទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៣៩-៤២
អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។ «អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តយ៉ូហានគ្រីសូស្តូម។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជានេះដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរក្សាជំនឿរបស់ព្រះសហគមន៍ និងឱ្យចេះពន្យល់ជំនឿនេះឱ្យអ្នកដ៏ទៃផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តយ៉ូហានគ្រីសូស្តូម។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំហ៊ានធ្វើសាក្សីពីសេចក្តីពិត និងយុត្តិធម៌ក្នុងសង្គមមនុស្សសព្វថ្ងៃនេះផង។
591 Views
Post Views:
604