អាទិត្យទី២៣ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃសៅរ៍
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១០,១៤-២២
បងប្អូនជាទីស្រឡាញ់!
ហេតុនេះ ចូរគេចឱ្យផុតពីការថ្វាយបង្គំព្រះក្លែងក្លាយ ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកដែលចេះគិតគូរដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ចុះ។ ពេលយើងលើកពែងនៃព្រះពរឡើង ទាំងអរព្រះគុណព្រះជាម្ចាស់ យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រីស្ដ រីឯពេលយើងកាច់នំប័ុង យើងក៏ចូលរួមជាមួយព្រះកាយរបស់ព្រះគ្រីស្ដដែរ។ ដោយមាននំប័ុងតែមួយ យើងដែលមានគ្នាច្រើន ក៏រួមគ្នាជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាទទួលចំណែកពីនំប័ុងតែមូយនោះ។
សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍! អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួមជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ ខ្ញុំនិយាយនេះមានន័យដូម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?។ ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ប៉ុន្ដែ អ្វីៗដែលគេសែននោះ គេសែនអារក្ខ គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ!។ ហេតុនេះហើយ បានជាខ្ញុំមិនចង់ឱ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្ខជាដាច់ខាត!។ បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្ខពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្ខផងបានដែរ។ ឬមួយក៏យើងចង់ឱ្យព្រះអម្ចាស់មានព្រះហប្ញទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?។
ទំនុកតម្កើងលេខ ១១៦ (១១៥),១២-១៣.១៧-១៨ បទព្រហ្មគីតិ
១២ | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
១៣ | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ពិតជាមានសុភង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៤៣-៤៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ដើមឈើល្អ មិនដែលឱ្យផ្លែអាក្រក់ទេ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួ។ ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឱ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឱ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកដល់ផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។