ថ្ងៃអាទិត្យ អាទិត្យទី២២
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអំណោយទានដ៏ពេញលក្ខណៈសុទ្ធតែមកពីព្រះអង្គទាំងអស់ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។ សូមឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច! សូមពង្រីកអ្វីៗដ៏ល្អដែលព្រះអង្គបានសាបព្រោះក្នុងចិត្តយើងខ្ញុំ សូមឱ្យព្រះជន្មព្រះអង្គចម្រើនឡើងក្នុងយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣,១៧-១៨.២០.២៨-២៩
ម្នាលកូនអើយ! ចូរមានចិត្ដស្លូតបូតក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានឹងស្រឡាញ់កូនជាងអ្នកមានចិត្ដទូលាយទៅទៀត។ កូនមានបុណ្យស័ក្ដិខ្ពស់យ៉ាងណា ត្រូវតែដាក់ខ្លួនឱ្យកាន់តែទាបយ៉ាងនោះដែរ ទើបព្រះអម្ចាស់នឹងប្រោសប្រណីដល់កូន។ ទោះបីព្រះអម្ចាស់មានឫទ្ធានុភាពយ៉ាងណាក្ដី ក៏ព្រះអង្គសម្ដែងសិរីរុងរឿងរបស់ព្រះអង្គតាមរយៈអ្នកទន់ទាបវិញ។ ជំងឺក្រអឺតក្រទមគ្មានឱសថព្យាបាលឡើយ ព្រោះគំនិតអាក្រក់បានចាក់ឫសយ៉ាងជ្រៅក្នុងចិត្ដរបស់គេ។ មនុស្សឈ្លាសវៃតែងតែយកសុភាសិតមកសញ្ជឹងគិត អ្នកមានប្រាជ្ញាក៏យកចិត្ដទុកដាក់ត្រងត្រាប់ស្ដាប់ដំបូន្មានដែរ។
ទំនុកតម្កើងលេខ ៦៨ (៦៧), ៤-៧.១០-១១ បទព្រហ្មគីតិ
| ៤ | រីឯមនុស្សសុចរិត | មិនប្រព្រឹត្ដរឿងទុយ៌ស | |
| គេរីករាយខ្លាំងណាស់ | នៅចំពោះភក្រ្ដព្រះម្ចាស់ | ។ |
| ៥ | ចូរច្រៀងលើកតម្កើង | ព្រះនៃយើងកុំក្រឡាស់ | |
| ត្រួសត្រាយផ្លូវថ្វាយព្រះ | ជិះរទេះកាត់វេហាស៍ | ។ |
| ៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
| ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ |
| ព្រះអង្គទ្រង់កាត់ក្ដី | ឱ្យអស់ស្រីដែលវេទនា | |
| មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ |
| ៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរវិនាស | |
| ទ្រង់បើករួចស្រឡះ | បានសប្បាយចិត្ដរីករាយ | ។ |
| ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | |
| គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ |
| ១០ | បពិត្រព្រះអម្ចាស់ | ព្រះអង្គប្រោសយើងគ្មានភ័យ | |
| ភ្លៀងធ្លាក់ត្រជាក់ដី | រាស្រ្ដក្រក្រីរស់ឡើងវិញ | ។ |
| ១១ | ប្រជារាស្រ្ដព្រះអង្គ | បានមកតាំងលំនៅពេញ | |
| ដោយទ្រង់បានបញ្ចេញ | ក្ដីសប្បុរសដល់ទុគ៌ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១២,១៨-១៩.២២-២៤
បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនមករកព្រះជាម្ចាស់ បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេអង្វរសុំកុំឱ្យព្រះអង្គមានព្រះបន្ទូលទៀត។ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវទូតរាប់លាន រាប់កោដិ និងមានព្រះសគមន៍របស់ពួករៀមច្បងដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៥២-៥៣
អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលព្រះជាម្ចាស់អញ្ជើញចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គ មានសុភមង្គលហើយ ព្រះអង្គប្រទានអាហារឱ្យអ្នកដែលស្រេកឃ្លាន ទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១៤
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្ដិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖«បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀតមានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្ដិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖«កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀងទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិ បងប្អូន ញាតិសន្ដាន ឬអ្នកជិតខាងដែលមានសម្បត្ដិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀង ត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នកនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមនុស្សលោកកាន់កិរិយាមារយាទថ្លៃថ្នូរ ជាជាងឱ្យគេថ្វាយតង្វាយ និងសក្ការបូជាទៅទៀត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលស្តីអំពីសេចក្តីពិត និងព្រះកាយដែលផ្តល់ជីវិតឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដូចបងប្អូនផង។
493 Views
Post Views:
521