សន្តពីយូស ទី១០ ជាសម្តេចប៉ាប
លោកយ៉ូសែបសារតូ (១៨៣៥-១៩១៤) ជាបូជាចារ្យដែលណែនាំគ្រីស្តបរិស័ទនៅស្រុកស្រែក្នុងប្រទេសអ៊ីតាលី រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងមាន់តូវ៉ា និងវ៉េនេស៊ីយ៉ា (ប្រទេសអ៊ីតាលី) បន្ទាប់មកទៀត លោកទទួលមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ១៩០៣។ លោកយកចិត្តទុកដាក់បំពេញគ្រប់បេសកកម្មរបស់លោក។ លោកដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះកាយព្រះគ្រីស្តជាញឹកញាប់ ព្រមទាំងឱ្យក្មេងៗទទួលព្រះកាយព្រះអង្គបានដែរ។ លោកពន្យល់ថា៖ “អភិបូជា និងធម៌សាធារណៈនៃព្រះសហគមន៍ ពិតជាធ្វើឱ្យគ្រីស្តបរិស័ទរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានឱ្យសន្តពីយ៉ូទី១០ បានពោរពេញដោយព្រះប្រាជ្ញាញាណ និងមានចិត្តក្លាហាន ដើម្បីការពារជំនឿរបស់ព្រះសហគមន៍កាតូលិក។ សូមទ្រង់ព្រះមេត្តាគាំទ្រ និងការពារព្រះសហគមន៍សព្វថ្ងៃនេះផង។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យធ្វើជាសាក្សីពីព្រះអង្គគ្រប់ពេលវេលា។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ថស ២,២-៨
បងប្អូនជាទីស្រឡាញ់!
ក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានឱ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្តយើងនោះវិញ។ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វីដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្តី។ ក្នុងឋានៈជាគ្រីស្តទូត*របស់ព្រះគ្រីស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្តី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។
ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧
| ១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
| ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
| នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ |
| ៣ | ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
| ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ |
| ៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
| ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ |
| ៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
| រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ |
| ៦ | ព្រះអង្គប្រទានសុភមង្គល | ហឫទ័យខ្វាយខ្វល់ដោយអាសូរ | |
| មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ |
| ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | |
| ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,១៥-១៧
លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖«ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖«ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖«ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖«ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ” ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងអភិបូជានេះយ៉ាងសមរម្យ ព្រមទាំងទទួលព្រះកាយព្រះគ្រីស្តដោយមានជំនឿមាំមួនផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ក្នុងថ្ងៃគោរពសន្ត ពីយ៉ូទី១០។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានមាំមួន សូមឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទទាំងឡាយរួបរួមគ្នាដោយមានចិត្តស្រឡាញ់តែមួយផង។
610 Views
Post Views:
635