ថ្ងៃសុក្រ អាទិត្យទី១៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម
ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២២
បុណ្យគោរព
សន្តថូម៉ាស ជាគ្រីស្តទូត
សូមចុចទីនេះ
លោកម៉ាថាយ លោកយ៉ាកុប និងលោកលូកា ជាអ្នកនិពន្ធគម្ពីរដំណឹងល្អ តែងតំណាលអំពីគ្រីស្តទូតម្នាក់ឈ្មោះថូម៉ាស់។ រឺឯសន្ត យ៉ូហានហៅលោកថូម៉ាស់នេះថា “ឌីឌីម” ដែរ ឈ្មោះនេះមានន័យថា “កូនភ្លោះ” ។ តាមគម្ពីរដំណឹងល្អលោកថូម៉ាសយល់ច្បាស់អំពីព្រះយេស៊ូត្រូវតែគេធ្វើគុត។ (“មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ យហ ១១,១៦”)។ លោកស្វែងរកសេចក្តីពិតដោយស្មោះអស់ពីចិត្ត ហើយមិនខ្មាសនឹងប្រកាសថា គាត់មិនស្គាល់ផ្លូវ (យហ ១៤,៥៦)។ ពេលព្រះយេស៊ូទទួលព្រះជន្មដ៏រុងរឿង លោកចង់ឃើញសញ្ញាសម្គាល់យ៉ាងច្បាស់ថា ព្រះអង្គមានព្រះជន្មពិតមែន (យហ ២០,២៤-២៩)។
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៨,៤-៦.៩-១២
អ្នករាល់គ្នាដែលជិះជាន់អ្នកក្រីក្រ ហើយធ្វើឱ្យជនទុគ៌តត្រូវវិនាសអើយ ចូរស្តាប់ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឱ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវដោយយកតៅតូចជាងធម្មតាមកវាល់ ហើយតំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌តយកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងធ្វើឱ្យព្រះអាទិត្យលិចនៅពេលថ្ងៃត្រង់ ហើយឱ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ»។ យើងនឹងធ្វើឱ្យពិធីបុណ្យដ៏សប្បាយរបស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឱ្យបទចម្រៀងរបស់អ្នករាល់គ្នាក្លាយទៅជាបទទំនួញ។ យើងនឹងឱ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឱ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ។ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឱ្យការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងដើរចុះឡើងពីសមុទ្រមួយទៅសមុទ្រមួយ ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត ដើម្បីស្វែងរកព្រះបន្ទូលព្រះអម្ចាស់ តែរកមិនឃើញឡើយ»។
ទំនុកតម្កើងលេខ ១១៩ (១១៨),២.១០.២០.៣០.៤០.១៣១ បទកាកគតិ
| ២ | អ្នកដែលប្រតិបត្តិ | តាមផ្លូវល្អពិត | បញ្ជានិមល |
| ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល |
| | មង្គលពេកហោង | ។ |
សូមដូរទៅជា បទពាក្យ ៧
| ១០ | ទូលបង្គំខំស្វែងរកមិនឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
| កុំទុកឱ្យខ្ញុំនៅត្រមង់ | កុំឱ្យវង្វេងពីវិន័យ | ។ |
| ២០ | ចិត្តទូលបង្គំតែងនឹកភ្នក | ផ្តោតចិត្តទៅរកសព្វសេចក្តី | |
| ដែលទ្រង់សម្រេចព្រះហឫទ័យ | ឱ្យជនប្រុសស្រីចាំជានិច្ច | ។ |
| ៣០ | ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ | ទៅលើព្រះអង្គឥតមានខ្វល់ | |
| ជឿដោយចិត្តស្មោះឥតសេសសល់ | តាមបង្គំគាល់ព្រះបញ្ជា | ។ |
| ៤០ | ខ្ញុំមានបំណងចង់ធ្វើតាម | វិន័យបម្រាមល្អឥតខ្ចោះ | |
| ដោយក្តីសុចរិតព្រះអង្គនោះ | ជួយខ្ញុំឱ្យរស់ឡើងវិញផង | ។ |
| ១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ | ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត | |
| ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣
នៅគ្រានោះ ព្រះយេស៊ូយាងចេញពីទីក្រុងកាផានុម។ ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងក្រុមសាវ័កដែរ។ ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ មានន័យដូចម្តេច?។ ខ្ញុំមិនមែនរកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។
531 Views
Post Views:
543