ថ្ងៃទី២៦ ខែកក្ដដា
សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម
ជាមាតាបិតារបស់ព្រះនាងម៉ារី
បុណ្យរម្លឹក
ពណ៌ស
គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសទាំងឡាយ! ព្រះអង្គប្រោសប្រទានឱ្យសន្តីហាណ្ណា និងសន្តយ៉ូហាគីម បង្កើតកូនដែលនឹងទៅជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះពរឱ្យព្រះសហគមន៍ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ សូមឱ្យព្រះសហគមន៍យកចិត្តទុកដាក់អបរំមនុស្សលោកឱ្យស្គាល់សម្លៃដ៏ខ្ពស់ខ្ពស់របស់ខ្លួនផង។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក បសរ ៤៤, ១.១០-១៥
ឥឡូវនេះ យើងនាំគ្នាសរសើរតម្កើងវីរបុរសដ៏ល្បី គឺបុព្វបុរសរបស់យើងគ្រប់ជំនាន់រៀងមក។ រីឯបុព្វបុរសយើងជាមនុស្សមានចិត្តសប្បុរស មនុស្សជំនាន់ក្រោយមិនបំភ្លេចអំពើសុចរិតរបស់អស់លោកឡើយ។ ទ្រព្យសម្បត្តិរបស់គាត់ត្រូវផ្ទេរឱ្យពូជពង្សគាត់ គឺកូនចៅគាត់ក៏បានទទួលកេរមត៌កពីគាត់ដែរ។ ពូជពង្សរបស់គាត់កាន់តាមសម្ពន្ធមេត្រីជានិច្ច ដោយសារគាត់ កូនចៅរបស់គាត់ក៏កាន់តាមគាត់ដែរ។ ពូជពង្សរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត ហើយភាពថ្កុំថ្កើងរុងរឿងរបស់គាត់មិនសាបសូន្យឡើយ។ សពរបស់គាត់បានសម្រាកក្នុងផ្នូរដោយសុខសាន្ត រីឯឈ្មោះរបស់គាត់ស្ថិតស្ថេរនៅជារហូតតរៀងទៅ។ ប្រជាជាតិទាំងឡាយពោលរៀបរាប់អំពីប្រាជ្ញារបស់គាត់ ហើយសហគមន៍ក៏សរសើរតម្កើងគាត់ដែរ។
ទំនុកតម្កើងលេខ ១៣២ (១៣១),១១.១៣-១៤.១៧-១៨
| ១១ | ព្រះអង្គបានសន្យា | នឹងស្តេចដាវីឌល្អឯក | |
| យើងនឹងតែងតាំងពូជ | ឱ្យគ្រងរាជ្យជាបន្ត | ។ |
| ១៣ | ព្រះអម្ចាស់បានជ្រើស | ពិនិត្យរើសក្រុងថ្កើងថ្កាន | |
| ជាទីល្អចំណាន | ស៊ីយ៉ូនបានជាលំនៅ | ។ |
| ១៤ | យើងនឹងស្នាក់សម្រាក | មួយរយៈមិនចេញទៅ | |
| ចង់រស់ស្នាក់និត្យនៅ | មិនចេញទៅកន្លែងណា | ។ |
| ១៧ | ទីនេះយើងឱ្យស្តេច | មានអំណាចខ្ពស់ពន់ពេក | |
| កើតពីពូជដាវីឌ | ឱ្យស្នងរាជ្យពេលនេះណា | ។ |
| យើងនឹងរៀបចំឱ្យ | ស្តេចអង្គក្រោយមានចេស្តា | |
| គ្រងរាជ្យយូរវស្សា | ជួសក្សត្រាយើងអភិសេក | ។ |
| ១៨ | យើងនឹងធ្វើឱ្យខ្មាំង | បាក់មុខខ្លាំងខ្មាសពន់ពេក | |
| តែយើងនឹងឱ្យរាជ្យ | យើងអភិសេកបានថ្កុំថ្កើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១១.១៦-១៧
ព្រះយេស៊ូតបទៅសាវ័កវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យនៃស្ថានបរមសុខ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឱ្យយល់ឡើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានពរឱ្យយើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គមកលោកអាប្រាហាំ និងពូជពង្សរបស់លោក។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយព្រះអង្គ ដើម្បីអរព្រះគុណព្រះអង្គ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាប្រសូតក្នុងវង្សគ្រួសាររបស់មនុស្សសាមញ្ញធម្មតា។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលបានទទួលព្រះកាយព្រះបុត្រាក្នុងអភិបូជានេះបានកើតជាថ្មី នឹងរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។
614 Views
Post Views:
646