ថ្ងៃពុធ អាទិត្យទី១២
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
បុណ្យឱឡារិក
កំណើតសន្តយ៉ូហានបាទីស្ត
ពណ៌ស
សូមចុចទីនេះ
ព្រះសហគមន៍ចាត់ចែងឱ្យធ្វើពិធីនឹករឭកថ្ងៃលោកយ៉ូហានបាទីស្តកើត ដើម្បីប្រកាសថាព្រះជាម្ចាស់ចាប់ផ្តើមសង្គ្រោះមនុស្សលោកជាស្ថាពរ នៅពេលព្រះអង្គប្រោសឱ្យលោកយ៉ូហានកើតមក។ លោកយ៉ូហានរៀបចំផ្លូវថ្វាយព្រះព្រះគ្រីស្ត។ លោកយ៉ូហានជាព្យាការីក្រោយគេបង្អស់ លោកទទួលមុខងាររៀបចំប្រជាជនថ្វាយព្រះគ្រីស្ត។ លោកកើតមកដើម្បីធ្វើជាសាក្សីថ្វាយពន្លឺដ៏ពិតប្រាកដ គឺព្រះគ្រីស្ត។
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ ២ពង្ស ២២,៨.១០-១៣; ២៣,១-៣
ព្រះបាទយ៉ូស៊ីយ៉ា ចាត់លោកសាផានជាស្មៀនហ្លួង ទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា ដែលមានភារកិច្ចជួសជុលព្រះវិហារ។ លោកមហាបូជាចារ្យមានប្រសាសន៍ទៅកាន់លោកសាផានជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរធម្មវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ា ជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ លោកសាផានជាស្មៀនហ្លួងទូលស្តេចថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ា ប្រគល់គម្ពីរមួយក្បាលឱ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្តាប់។ កាលព្រះរាជាឮសេចក្តីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរធម្មវិន័យ ស្តេចក៏ហែកព្រះភូសា។ បន្ទាប់មក ទ្រង់បញ្ជាទៅលោកបូជាចារ្យហ៊ីលគីយ៉ា លោកសាផានជាស្មៀនហ្លួង និងរាជបម្រើថា៖ «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឱ្យយើង និងប្រជាជនស្រុកយូដាទាំងមូលអំពីសេចក្តីទាំងប៉ុន្មានក្នុងគម្ពីរ ដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើងមិនបានស្ដាប់តាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។ ព្រះរាជាចាត់គេឱ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ បន្ទាប់មក ស្តេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឱ្យប្រជាជនស្ដាប់។ ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភក្រ្ដព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨),៣៣-៣៧.៤០ បទពាក្យ ៧
| ៣៣ | ឱ!ព្រះម្ចាស់អើយសូមព្រះអង្គ | បង្ហាញខ្ញុំផងពីវិន័យ | |
| ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃ | តាមព្រះវិន័យដោយស្ម័គ្រស្មោះ | ។ |
| ៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
| របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ |
| ៣៥ | សូមណែនាំខ្ញុំតាមមាគ៌ា | វិន័យធម្មាច្បាប់ក្រមក្រឹត្យ | |
| ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត | វិន័យនោះពិតល្អត្រចង់ | ។ |
| ៣៦ | សូមទាក់ទាញចិត្តទូលបង្គំ | ធ្វើតាមដំបូន្មានព្រះអង្គ | |
| កុំឱ្យចិត្តខ្ញុំនៅរេរង់ | ឬមានបំណងរកកំរៃ | ។ |
| ៣៧ | សូមទាញអារម្មណ៍ទូលបង្គំឱ្យ | ងាកបកថយក្រោយចេញពីអ្វី | |
| ដែលគ្មានខ្លឹមសារមិនប្រពៃ | ជីវិតខ្ញុំថ្លៃព្រោះមាគ៌ា | ។ |
| ៤០ | ខ្ញុំមានបំណងចង់ធ្វើតាម | វិន័យបម្រាមល្អឥតខ្ចោះ | |
| ដោយក្តីសុចរិតព្រះអង្គនោះ | ជួយខ្ញុំឱ្យរស់ឡើងវិញផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្ដធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះពិតជាមានសុភមង្គលហើយ! អ្នកនោះក៏បង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,១៥-២០
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរប្រយ័ត្ននឹងពួកព្យាការីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នាដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបានតាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែស្វាយពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងតែឱ្យផ្លែល្អ រីឯដើមឈើអាក្រក់ តែងតែឱ្យផ្លែអាក្រក់។ ដើមឈើល្អមិនអាចឱ្យផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ ក៏មិនអាចឱ្យផ្លែល្អបានដែរ។ ដើមឈើណាមិនឱ្យផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាកាក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។
523 Views
Post Views:
508