អាទិត្យទី ១៦ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃចន្ទ
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៦,១-៤.៦-៨

ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំ​ពាក្យបណ្តឹងទៅប្រាប់ឱ្យភ្នំធំៗ និងភ្នំតូចៗដឹងឮផង! ភ្នំធំទាំងឡាយអើយ! ចូរស្តាប់ពាក្យបណ្តឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្តាប់ពាក្យបណ្តឹងដែលព្រះអម្ចាស់ចោទប្រកាន់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ៖ “ប្រជា​រាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឱ្យធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើអ្នកចោទប្រកាន់យើង មកពីយើងបាននាំអ្នកចេញពីស្រុកអេស៊ីបឬ? មកពីយើងបានលោះអ្នកឱ្យរួចពីភាពជាទាសករគេឬ? មកពី​យើងបានចាត់លោកម៉ូសេ លោកអារ៉ុន និងនាងមៀរីយ៉ាមឱ្យនាំមុខអ្នកឬ?”។ អ្នកចូលព្រះវិហារសួរថា៖ “ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប​មក​ថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្ត​ឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះ​អង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ?»។
​ព្រះជាម្ចាស់មានព្រះបន្ទូលឆ្លើយថា “ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យ​ស្គាល់ការល្អ ហើយការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ​ឱ្យអ្នកធ្វើនោះ គឺអ្នកត្រូវ​ប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ដោយស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នកដោយចិត្តសុភាព។

ទំនុកតម្កើងលេខ ៥០ (៤៩),៥.៧-៩.១៦-១៧.២១.២៣ បទព្រហ្មគីតិ

ព្រះអង្គមានព្រះបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនត្រូវការយកគោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ពីក្រោលអ្នកនោះឡើយណា
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៣៨-៤២

នៅពេលនោះ មានពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីខ្លះទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឱ្យយើងខ្ញុំឃើញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់​នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសស្ថិតនៅ​ក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ​ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេបានឮសេចក្តីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យ​ទោសមនុស្សលោក មហាក្សត្រិយានីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្ស​ជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះបាទ សាឡូម៉ូនប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។

171 Views

Theme: Overlay by Kaira