ថ្ងៃអាទិត្យ
បុណ្យព្រះអម្ចាស់យេស៊ូ
យាងឡើងស្ថានបរម​សុខ
«ឆ្នាំគ»
ពណ៌ស

ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះគឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
ព្រះជាម្ចាស់បានតើនព្រះយេស៊ូឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់ហើយ! គឺលោកយេស៊ូដែលជាមនុស្សដូចយើង ជាមនុស្សដែលស្លាប់យ៉ាងសែនអាម៉ាសដូចចោរឧក្រិដ្ឋ លោកទទួលព្រះជន្មថ្មីហើយ គឺលោកទទួលព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទដើមដំបូងតែងពន្យល់សេចក្តីនេះ ដោយថ្លែងថាព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង ព្រះអង្គប្រទានសេចក្តីរុងរឿងឱ្យលោកយេស៊ូ ឱ្យលោកគង់ខាងស្តាំព្រះអង្គ ព្រះជាម្ចាស់តែងតាំងលោកជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ ពាក្យទាំងនេះមានអត្ថន័យតែមួយ។
លោកលូកាប្រកាសជំនឿរបស់ព្រះសហគមន៍តែមួយនេះ ដោយរៀបរាប់រឿងមួយជានិមិត្តរូប គឺថាព្រះជាម្ចាស់លើកព្រះយេស៊ូឡើងលើមេឃឱ្យចូលក្នុងពពក ជាវត្តមានរបស់ព្រះជាម្ចាស់។ លោកចែងដូចជាព្រឹត្តិការណ៍មួយដែលកើតឡើង ៤០ ថ្ងៃក្រោយព្រះអង្គទទួលព្រះជន្មថ្មីដ៏ពេញលេញ បានសេចក្តីថា ក្រោយពីព្រះអង្គអប់រំក្រុមសាវ័កអំពីវត្តមានថ្មីរបស់ព្រះអង្គជាមួយគេ។
សព្វថ្ងៃ យើងក៏ដូចក្រុមសាវ័កដែរ គឺយើងលែងឃើញព្រះយេស៊ូទៀតហើយ តែយើងជឿជាក់ថា ព្រះអង្គជាព្រះអម្ចាស់ ទ្រង់គង់នៅជាមួយយើងជានិច្ច ទ្រង់កំពុងតែយាងមកក្នុងលោកនេះជារៀងរាល់ថ្ងៃ។

បពិត្រព្រះជាម្ចាស់! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះគ្រីស្តឱ្យបានខ្ពស់ជាងអ្វីៗទាំងអស់! ដោយព្រះ​អង្គ​លើក​​ព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឱ្យឡើងស្ថានបរមសុខ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំជាមនុស្សបាន​ជ័យ​ជំ​នះ​​លើសេចក្តីស្លាប់ហើយ! ព្រះគ្រីស្តយាងចូលស្ថានបរមសុខមុនយើងខ្ញុំ ដើម្បីរៀបចំកន្លែងឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១-១១

សូមជម្រាបមកឯកឧត្តមថេអូភីល សូមជ្រាប!។ ក្នុងសៀវភៅទីមួយ ខ្ញុំបានរៀបរាប់អំពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះយេស៊ូបានធ្វើ និងអំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក រហូតដល់​ថ្ងៃ​ព្រះ​ជាម្ចាស់​លើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបាន​ផ្តែផ្តាំដល់ក្រុមគ្រីស្តទូតដែលព្រះអង្គបានជ្រើសរើស ដោយ​ព្រះ​​វិញ្ញាណដ៏វិសុទ្ធ។ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀប​ផ្សេងៗ ឱ្យ​គ្រីស្ត​ទូត​ទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គបានឱ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំង​មាន​​ព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមគ្រីស្តទូត ទ្រង់បានហាមគេមិនឱ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាម​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជក្នុងទឹក ប៉ុន្តែ នៅប៉ុន្មា​ន​ថ្ងៃ​ទៀត​ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
ពេលនោះ ក្រុមគ្រីស្តទូតនៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹង​តែងតាំង​ព្រះ​រាជ្យ​​សម្រាប់អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលា និងពេលកំណត់ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏​វិសុទ្ធ មកសណ្ឋិតលើអ្នករាល់គ្នា។ ដូច្នេះ អ្នក​រាល់​​គ្នានឹងធ្វើជាសាក្សីរបស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុក​សាម៉ារី និងរហូត​ដល់​ស្រុក​ដាច់ស្រយាលនៃផែនដី»។
លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមគ្រីស្តទូតកំពុងតែមើលព្រះអង្គនោះ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួក​គេ​កំ​ពុង​តែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេពោលថា៖ «អ្នកស្រុកាលីឡេអើយ! ហេតុដូចម្តេចបានជាអ្នករាល់គ្នានៅតែឈរ​សម្លឹង​មើល​ទៅ​លើ​មេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្តាលចំណោមអ្នករាល់គ្នាឡើងទៅមេឃ ហើយ​ព្រះអង្គ​នឹង​យាងមកតាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញ ទ្រង់យាងឡើងទៅដែរ»។

ទំនុកតម្កើងលេខ ៤៧ (៤៦),​ ២.៣.៦-៩ បទកាកគិ

ឱ!ជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
សូរត្រែតន្ដ្រី
ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្រ្តី
ថ្វាយព្រះនៃយើង
ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត

អត្ថបទទី២៖ សូមថ្លែងលិខិតគ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,២៤-២៨; ១០,១៩-២៣

ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើងដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទី​សក្ការៈ​ដ៏​ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ ព្រះអង្គ​ស្ថិតនៅចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហា​បូជា​ចារ្យ ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើត​ពិភព​លោក​មក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្តងគត់ដើម្បីលុបបំបាត់បាប ដោយព្រះអង្គបាន​បូជា​ព្រះជន្ម។ មនុស្ស លោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ព្រះគ្រីស្តក៏​បាន​ថ្វាយ​​ព្រះជន្មរបស់ព្រះអង្គតែមួយដងធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គ​នឹង​​យាងមកម្តងទៀត តែលើកនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ។
ហេតុនេះ យើងមានចិត្តរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ ព្រោះ​ព្រះអង្គ​បាន​បើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូប​កាយរបស់​ព្រះអង្គ​ដែល​កើត​មក​ជា​មនុស្ស។ ដោយយើងមានមហាបូជាចារ្យមួយរូបដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ យើងត្រូវនាំ​គ្នាចូលទៅជិតព្រះអង្គ ដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះ​ស្រ​ឡះ​ពីគំនិត​សៅ​ហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ ត្រូវរក្សាសេចក្តី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ ឱ្យ​បាន​​ខ្ជាប់ខ្ជួន កុំឱ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជនស្រែកជ័យឃោសន៍។ ព្រះអង្គយាង​ឡើង​ទៅទីដ៏​ខ្ពង់​ខ្ពស់​បំផុត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៤ ,៤៦-៥៣

ព្រះយេស៊ូដែលមានព្រះជន្មថ្មី បង្ហាញព្រះអង្គឱ្យក្រុមសាវ័ក ហើយមានព្រះបន្ទូលទៅពួក​គេថា​៖ «ហេតុ​ការណ៍​នេះត្រូវតែកើតឡើង ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រីស្តត្រូវរងទុក្ខលំបាក ហើយ​នៅ​ថ្ងៃ​ទីបី ត្រូវតើនឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គឱ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឱ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ អ្នករាល់​គ្នាជា​សាក្សីអំពីហេតុការណ៍ទាំងនេះ។ ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យា​របស់​ព្រះ​បិតាខ្ញុំ។ ​អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឱ្យអ្នករាល់គ្នាមាន ឫទ្ធានុ ភាព»។ បន្ទាប់មក ព្រះយេស៊ូនាំក្រុមសាវ័កចេញពីទីក្រុង ឆ្ពោះទៅភូមិបេថានី ។ ពេល​ទៅដល់​ ព្រះអង្គលើក​ព្រះ​ហស្ត​ឡើង ហើយ​​ប្រទាន​ពរឱ្យគេ។ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះ​ជាម្ចាស់​លើក​យក​ព្រះអង្គចេញ​ពីគេ​ឡើង​ទៅ។
ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកប​ដោយ​អំណរ​ដ៏​លើសលប់។ គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះបុត្រាឱ្យគង់នៅខាងស្តាំព្រះអង្គ។ ព្រះ​បុត្រា​​ក៏ជាតំណាងរបស់មនុស្សលោកទាំងអស់ និងអង្វរព្រះអង្គសម្រាប់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើ​ង​ខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងត​រៀ​ង​ទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ យើងខ្ញុំ​សូម​អរព្រះ​គុណ​ និងសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត​ជាព្រះបុត្រាព្រះអង្គ​។ ព្រះអង្គ​បាន​លើក​ព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឡើង​ទៅស្ថាន​បរម​សុខ។ ព្រះអង្គប្រោសប្រ​ទាន​ឱ្យយើង​ខ្ញុំមាន​ឋានៈ​ជាបុត្រ​ធី​តា ហើយនៅជាមួយព្រះអង្គដែរ។ ព្រះអង្គមិនបោះបង់យើងខ្ញុំទេ គឺទ្រង់ប្រទានព្រះវិញ្ញាណឱ្យស្ថិតនៅជាមួយយើងខ្ញុំជានិច្ច រហូតដល់អវសានកាលនៃពិភពលោក។ ព្រះវិញ្ញាណប្រែចិត្តគំនិតយើងខ្ញុំ ហើយ​ផ្តល់​​សេចក្តី​សង្ឃឹមឱ្យយើងខ្ញុំផង។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បី​លើក​​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! “

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសព្រះយេស៊ូជាអម្ចាស់ ឱ្យទទួលសិរីរុងរឿងយ៉ាងអស្ចារ្យនៅស្ថានបរមសុខ។ ព្រះបិតាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងបានសិរីរុងរឿងដូចព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំរស់នៅស្របតាម​ជំ​​នឿនេះផង។

357 Views

Theme: Overlay by Kaira