ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៦
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦
បុណ្យគោរព
សន្តម៉ាធីយ៉ាស ជាគ្រីស្តទូត
ចុចទីនេះ
ក្រោយពេលព្រះយេស៊ូយាងឡើងស្ថានបរមសុខ ក្រុមគ្រីស្តទូតជ្រើសរើសសាវ័កម្នាក់ឱ្យធ្វើជាគ្រីស្តទូតជំនួយបូជា។ គ្រីស្តទូតសិលាបញ្ជាក់អំពីលក្ខណៈរបស់គ្រីស្តទូតនោះ គឺគេត្រូវតែនៅជាមួយព្រះយេស៊ូតាំងពីដើមដំបូងរៀងមក។ យើងមិនស្គាល់អ្វីពីគ្រីស្តទូតម៉ាធីយ៉ាសនោះ ក្រៅពីលោកនៅជាមួយព្រះអង្គទាំងពីដើមដំបូងរៀងមកទេ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅមនុស្សគ្រប់ជាតិគ្រប់សាសន៍ឱ្យស្គាល់ព្រះអង្គ ដោយមិនរើសមុខនរណាឡើយ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលអស់អ្នកដែលជឿសង្ឃឹមលើព្រះគ្រីស្តទុកជាបងប្អូនផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៨,១-៨
ក្រោយពីលោកប៉ូលបានថ្លែងព្រះបន្ទូលនៅមុខសភាក្រុងអាថែន លោកចាកចេញពីក្រុងអាថែននោះ ធ្វើដំណើរទៅក្រុងកូរិនថូស។ នៅក្រុងកូរិនថូស លោកជួបជនជាតិយូដាម្នាក់ឈ្មោះអគីឡាស ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡាស និងនាងព្រីស៊ីឡាជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូដចេញបញ្ជាឱ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ហើយស្នាក់នៅជាមួយ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ រៀងរាល់ថ្ងៃសប្ប័ទ លោកតែងតែមានប្រសាសន៍ក្នុងធម្មសាលា និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឱ្យជឿ។ កាលលោកស៊ីឡាស និងលោកធីម៉ូថេធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលចំណាយពេលទាំងអស់ដើម្បីប្រកាសព្រះបន្ទូល។ លោកបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត។ ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ! ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ លោកក៏ចាកចេញពីទីនោះ ឆ្ពោះទៅផ្ទះបុរសម្នាក់ឈ្មោះ ទីធ្យូស–យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងធម្មសាលា។ រីឯលោកគ្រីស្តូស ដែលជាអ្នកទទួលខុសត្រូវលើធម្មសាលា និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្តាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
ទំនុកតម្កើងលេខ ៩៨ (៩៧ ), ១-៤ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា |
| | យកជ័យជំនះ | ។ |
| ២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ |
| | របស់ព្រះអង្គ | ។ |
| ៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង |
| | ចងចាំទាំងអស់ | ។ |
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ |
| | យើងគ្រប់ៗគ្នា | ។ |
| ៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា |
| | ដោយតូរ្យតន្ត្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ ព្រះអង្គនឹងយាងមករកអ្នករាល់គ្នាវិញ។ នៅពេលនោះ អ្នករាល់គ្នាសប្បាយរីករាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,១៦-២០
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ សាវ័កខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀតអ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ គេក៏សួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត” នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ព្រះយេស៊ូជ្រាបថា គេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមកចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ”។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងលោកនេះ គ្មាននរណាបានឃើញព្រះភ័ក្រ្តព្រះអង្គទេ យើងខ្ញុំក៏មិនឃើញព្រះយេស៊ូដែរ តែព្រះអង្គបានប្រោសអគ្គសញ្ញានៃអភិបូជានេះ ដើម្បីយើងខ្ញុំនឹករឭកដល់ព្រះគ្រីស្តដែលបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យនំ និងស្រាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ បានទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យស្ថិតនៅជាមួយយើងខ្ញុំជានិច្ច។ ព្រះអង្គក៏បានប្រោសឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងពិភពលោកនេះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ និងណែនាំយើងខ្ញុំឱ្យរស់នៅស្របតាមឋានៈដ៏ថ្លៃថ្នូររបស់យើងខ្ញុំផង។
561 Views
Post Views:
558