ថ្ងៃអាទិត្យ​ អាទិត្យទី០៥
រដូវអប់រំពិសេស «ឆ្នាំគ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យទី៥ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងពីការប្រៀនប្រដៅរបស់ព្យាការីពីដើម។ អស់លោកបានថ្លែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យលើកលែងទោសឱ្យមនុស្សលោក រំដោះគេឱ្យរួចពីចំណងនានា ព្រមទាំងចងសម្ពន្ធមេត្រីជាមួយគេដោយប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យគេ​នផង។
ព្រះយេស៊ូយាងមកប្រទានជីវិតថ្មីនេះឱ្យអស់អ្នកជឿ។ ព្រះអង្គយាងមកបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះបិតា ទ្រង់មិនយាងមកដាក់ទោសមនុស្សទេ។

ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿ ត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ «គ» ក៏ដោយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅមនុស្សឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ។ សូមប្រោសយើងខ្ញុំ ជាពិសេសបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងបុណ្យចម្លងខាងមុខនេះ ឱ្យទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ត។

ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ«គ» ក៏ដោយ។

អត្ថបទទី១ អស ៤៣,១៦-២១

ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងរំដោះប្រជាជនយូដាដែលជាប់ជាឈ្លើយ ដូចព្រះអង្គរំដោះប្រជាជនអ៊ីស្រាអែលឱ្យចេញពីស្រុកអេស៊ីបកាលពីដើម។ ដោយសារព្រះយេស៊ូ ព្រះអង្គក៏រំដោះយើងឱ្យរួចពីចំណងនានាដែរ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៣,១៦-២១

ព្រះអម្ចាស់មានព្រះបន្ទូល គឺព្រះអង្គដែលបានញែកសមុទ្រធ្វើជាផ្លូវមួយ ព្រះអង្គធ្វើ​ផ្លូវតូចមួយនៅកណ្តាលមហាសាគរ ព្រះអង្គក៏បានប្រមូលកងទ័ពមួយដែលមានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ហើយធ្វើឱ្យខ្មាំងបរាជ័យក្រោកពុំរួច គឺពួកគេរលត់ទៅដូចចង្កៀងអស់ប្រេង។ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំគិតអំពីព្រឹត្តិការណ៍ដែលកន្លងទៅហើយនោះធ្វើអ្វី ហើយក៏កុំនឹកនាអំពីហេតុការណ៍ដែលកើតមាននៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឱ្យមានព្រឹត្តិការណ៍ថ្មីមួយកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក។ តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឱ្យមានទន្លេរហូរនៅវាលហួតហែងទៀតផង។ សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងបានធ្វើឱ្យមានទឹកក្នុងវាលរហោស្ថាន និងធ្វើឱ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្តល់ទឹកឱ្យប្រជាជនដែលយើងបានជ្រើសរើស។ ប្រជាជនដែលយើងបានបង្កើតមកសម្រាប់បម្រើយើង នឹងនាំគ្នាសរសើរតម្កើងយើងតរៀងទៅ»។

ទំនុកតម្កើងលេខ ១២៦(១២៥),១-៦ បទព្រហ្មគីតិ​​​

ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ
ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉្លេះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ៣,៨-១៤

បងប្អូនជាទីស្រឡាញ់!
ខ្ញុំចាត់ទុកឯកសិទ្ធិទាំងអស់របស់ខ្ញុំមានពីមុន ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ។ ការស្គាល់ព្រះគ្រីស្តនេះ ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឱ្យតែខ្ញុំបានព្រះគ្រីស្ត និងឱ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិន​មែនសុចរិតដោយកាន់តាមធម្មវិន័យនោះឡើយ គឺបានសុចរិតដោយជឿលើព្រះគ្រីស្ត ហើយសេចក្តីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្តីសុចរិតដែលស្ថិតនៅលើជំនឿ។ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ប្ញទ្ធានុភាពដែលបានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មី ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតថ្មីដ៏ពេញលេញ ប្រសិនបើអាចមានជីវិតថ្មីនោះបាន។ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឱ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រីស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ បងប្អូន! ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីនៅ​ឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឱ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ដែលទ្រង់បានត្រាស់ហៅយើងពីស្ថានបរមសុខ ឱ្យទទួលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណា។ ព្រះអង្គសព្វព្រះហប្ញទ័យរំដោះមនុស្សលោកជានិច្ច។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,១-១១

ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ។ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្តងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ពេលនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំស្ត្រីម្នាក់ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្តាលចំណោមប្រជុំជន ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ! យើងចាប់ស្ត្រីនេះបានក្នុងពេលកំពុងរួមសាហាយស្មន់។ ក្នុងធម្មវិន័យ លោកម៉ូសេបានបង្គាប់ឱ្យយើងយកដុំថ្មគប់ស្ត្រីប្រភេទនេះសម្លាប់​ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឱ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ពួកគេឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ គេក៏នាំគ្នាដកខ្លួនថយម្នាក់ម្តងៗ ចាប់ផ្តើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ពេលនោះ ព្រះយេស៊ូងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ! ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ ​«ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅកុំប្រព្រឹត្តអំពើបាបទៀតឡើយ»។

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបវិនាសអន្តរាយឡើយ គឺឱ្យគេប្រែចិត្ត និងមានជីវិតវិញ។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គដែលស្រឡាញ់មនុស្សលោកដល់កម្រិតនេះ។ សូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តបង្ហាញធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់។ ទ្រង់យំសោកនៅឯផ្នូរលោកឡាសារជាមិត្តសម្លាញ់ ទ្រង់មានព្រះហប្ញទ័យអាណិតអាសូរដល់មនុស្សបាបជានិច្ច មិនប្រកាន់ទោសនរណាឡើយ។ ទ្រង់សព្វព្រះហប្ញទ័យប្រោសប្រទានជីវិតថ្មីឱ្យអស់អ្នកដែលវិលមករកព្រះអង្គវិញ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកជឿសង្ឃឹមលើព្រះអង្គ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និងរបស់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លង

313 Views

Theme: Overlay by Kaira