ថ្ងៃទី ១៥ ខែវិច្ឆិកា
សន្តអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្តម
ជាអភិបាលនិងជាគ្រូបាធ្យាយ
នៃព្រះសហគមន៍
ពណ៌ស
លោកអាល់ប៊ែរ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យាតាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្ត ថូម៉ាស នៅអាគីណូ ដែលធ្វើឱ្យទេវវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះ ដើម្បីទៅបង្រៀនគេ វិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យគេហៅសន្តអាល់ប៊ែរថា ជាអ្នកដ៏ប្រសើរឧត្តម ព្រោះគាត់ចេះប្រើប្រាជ្ញាមនុស្សលោក មករិះគិតពិចារណាអំពីព្រះប្រាជ្ញាញាណរបស់ព្រះអង្គយ៉ាងជ្រៅបំផុត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយចេះប្រើប្រាជ្ញា និងវិជ្ជាផ្សេងៗនៃមនុស្សលោកដែរ។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ១៥,១-៦
អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែប្រតិបត្តិតាមព្រះហប្ញទ័យព្រះអង្គ ហើយអ្នកដែលមានចំណេះដឹងខាងវិន័យរមែងទទួលព្រះប្រាជ្ញាញាណ។ ព្រះប្រាជ្ញាញាណនឹងយាងមកជួបគាត់ ដូចម្តាយមកជួបកូន ឬដូចកូនក្រមុំទទួលស្វាមីនៅថ្ងៃរៀបការដែរ។ព្រះប្រាជ្ញាញាណផ្តល់សុភនិច្ឆ័យ ទុកជាអាហារសម្រាប់គាត់ ហើយផ្តល់ប្រាជ្ញាទុកជាភេជ្ជៈសម្រាប់គាត់។ ដោយពឹងផ្អែកលើព្រះប្រាជ្ញាញាណ គាត់មិនខ្សោយកម្លាំងទេ ហើយដោយជំពាក់ចិត្តលើព្រះអង្គ គាត់ក៏មិនអាម៉ាស់មុខដែរ។ ព្រះប្រាជ្ញាញាណនឹងលើកគាត់ទ្បើង ឱ្យខ្ពស់លើសញាតិសន្តានរបស់គាត់ ហើយប្រទានឱ្យគាត់មានពាក្យសម្ដីដែលត្រូវនិយាយនៅក្នុងអង្គប្រជុំ។ គាត់នឹងមានអំណរសប្បាយ ដូចបានពាក់មកុដ គាត់ក៏មានឈ្មោះល្បីអស់កល្បជានិច្ចដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨), ៩-១៤ បទពាក្យ ៧
៩ | តើពួកយុវជនធ្វើយ៉ាងណា | ឱ្យមានកិរិយាល្អត្រឹមត្រូវ | |
គឺប្រតិបត្តិត្រង់តាមផ្លូវ | មាគ៌ាតទៅនៃព្រះអង្គ | ។ | |
១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
កុំទុកឱ្យខ្ញុំនៅត្រមង់ | វង្វេងវង្វាន់ពីវិន័យ | ។ | |
១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ហឫទ័យទ្រង់ឡើយណា | ។ | |
១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ | |
១៣ | ខ្ញុំតែងតែពោលឥតឈរឈប់ | រៀបរាប់សព្វគ្រប់នូវសេចក្តី | |
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ | សម្រេចព្រះទ័យផ្តល់ជាទាន | ។ | |
១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥២
«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសាវ័កទូលព្រះអង្គថា៖«បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុនេះហើយបានជាពួកបណ្ឌិតខាងវិន័យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។