អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
ផ្តល់ឱ្យយើងតាមរយៈការស្តាប់បង្គាប់
God’s Love through
the Commandments

សម័យបច្ចុប្បន្ននេះ មានមនុស្សជាច្រើនប្រាថ្នាចង់បានសេចក្តីស្រឡាញ់ ដោយខិតខំស្វែងរកគ្រប់មធ្យោបាយតាមការយល់ឃើញរបស់ខ្លួន។ មនុស្សខ្លះយល់ឃើញថា មានតែទ្រព្យសម្បត្តិ និងសម្ភារប៉ុណ្ណោះទើបសំខាន់ ហើយបណ្តោយខ្លួនឱ្យស្រឡាញ់ប្រាក់រហូតលះបង់ចោលព្រះជាម្ចាស់។ រីឯអ្នកខ្លះទៀតរស់នៅបណ្តែតបណ្តោយតាមព្រេងវាសនា ដោយមិនស្គាល់ថាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ និងជាប្រភពនៃជីវិតឡើយ។

តាំងពីដើមរៀងមក មនុស្សទាំងបុរសទាំងស្រ្តីសុទ្ធតែមានចំណង់ប្រាថ្នាចង់បានសេចក្តីស្រឡាញ់ ពីព្រោះ សេចក្តីស្រឡាញ់ជាប្រភពនៃអំណរសប្បាយ សេចក្តីសុខសាន្ត និងសុភមង្គលដ៏ពិតប្រាកដ។ តើហេតុអ្វីបានជាមនុស្សមានចំណង់ប្រាថ្នាចង់បានសេចក្តីស្រឡាញ់ដូច្នេះ? តើនេះមិនមែនជាការបំភ្លឺមកពីព្រះជាម្ចាស់ទេឬ? ប្រសិនបើពិតមែន តើមនុស្សត្រូវធ្វើដូចម្តេចដើម្បីមានសេចក្តីស្រឡាញ់នេះ?

សន្តបុគ្គលដ៏មានឈ្មោះល្បីល្បាញម្នាក់ គឺសន្តអូគូស្តាំង (៣៥៤-៤៣០ នៃគ.ស) បានសរសេរអំពីបទពិសោធន៍របស់ខ្លួនដោយទទួលស្គាល់ថាៈ «ព្រះអម្ចាស់បានបង្កើតទូលបង្គំសម្រាប់ព្រះអង្គ។ ដួងចិត្តទូលបង្គំមិនបានសម្រាក ដរាបណាមិនបានឋិតនៅជាប់នឹងព្រះអង្គទេ»។ មិនតែប៉ុណ្ណោះ នៅក្នុងទំនុកតម្កើងក៏មានថ្លែងផងដែរថាៈ «មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ ដែល​ចិត្ត​ទូលបង្គំ​បាន​ស្ងប់ ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ» (ទំន ៦២,២)។ ជាការពិត គឺព្រះជាម្ចាស់ផ្ទាល់ ដែលបំភ្លឺមនុស្សឱ្យមានចំណង់ប្រាថ្នាស្វែងរកព្រះអង្គ ដ្បិតព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។

មុននឹងចូលដល់ការស្វែងយល់អំពីប្រធានបទខាងលើឱ្យបានស៊ីជម្រៅ និងទូលំទូលាយ យើងគប្បីយល់ដឹងអំពីអត្ថន័យនៃពាក្យ “សេចក្តីស្រឡាញ់” និង “ការស្តាប់បង្គាប់” តាមជំនឿគ្រីស្តសាសនាជាមុន។

សេចក្តីស្រឡាញ់

សេចក្តីស្រឡាញ់មានគុណភាពផ្សេងៗគ្នា ហើយក៏ប្រើប្រាស់ទៅតាមបរិបទផ្សេងៗពីគ្នាផងដែរ។ កាលណាយើងប្រើពាក្យសេចក្តីស្រឡាញ់ យើងត្រូវបែងចែកគុណភាពនៃសេចក្តីស្រឡាញ់ដូចខាងក្រោមនេះ៖

  • សេចក្តីស្រឡាញ់បែបសេចក្តីស្នេហាៈ ក្នុងភាសាក្រិចគេប្រើពាក្យ Eros សំដៅលើសេចក្តីស្រឡាញ់បែបមនោសញ្ចេតនា ឬសេចក្តីស្នេហា ពោលគឺសេចក្តីស្រឡាញ់ ដែលស្វែងរកដើម្បីបំពេញតាមចំណង់ប្រាថ្នាផ្ទាល់ខ្លួន។
  • សេចក្តីស្រឡាញ់បែបមិត្តភាពៈ ក្នុងភាសាក្រិច គេប្រើពាក្យ Philia សំដៅលើសេចក្តីស្រឡាញ់បែបមិត្តភាព ភាតរភាព ពោលគឺសេចក្តីស្រឡាញ់ ដែលស្វែងរកដើម្បីបំពេញប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
  • សេចក្តីស្រឡាញ់បែបសេចក្តីមេត្តាករុណាៈ ក្នុងភាសាក្រិច គឺពាក្យ Agapè ក្នុងភាសាហេប្រឺគឺពាក្យ Ahabà និងក្នុងភាសាឡាតាំងគឺពាក្យ Caritas គេប្រើប្រាស់សម្រាប់សេចក្តីស្រឡាញ់ ដែលលះបង់ និងស្វែងរកប្រយោជន៍ដល់អ្នកឯទៀត ដោយលែងគិតពីប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺជាសេចក្តីស្រឡាញ់ ដែលយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដោយសុខចិត្តលះបង់ខ្លួនឯងចោល ជាពិសេសគឺត្រៀមខ្លួនបូជា ដើម្បីឱ្យអ្នកឯទៀតចម្រើនឡើង។ តាមវប្បធម៌ខ្មែរតែងពោលថាៈ “អាណិតធំជាស្រឡាញ់” ពោលគឺពាក្យអាណិតនេះហើយ ដែលជាគុណភាពនៃស្រឡាញ់ដ៏ខ្ពង់ខ្ពស់ជាងគេ។

នៅក្នុងលិខិតទី១ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស គ្រីស្តទូតប៉ូលបានបរិយាយគុណភាពនៃសេចក្តីស្រឡាញ់បែបមេត្តាករុណានេះឱ្យយើងដឹងយ៉ាងច្បាស់ថា:

«សេចក្តី​ស្រឡាញ់ តែង‌តែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ សេចក្តី​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។ សេចក្តី​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។ សេចក្តីស្រឡាញ់ អត់​ឱន​ឱ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។» (១ករ ១៣,៤-៧)

ជាពិសេស នៅក្នុងព្រះគម្ពីរ គេតែងប្រើពាក្យសេចក្តីស្រឡាញ់បែបសេចក្តីមេត្តាករុណានេះ សំដៅលើគុណភាពរបស់ព្រះជាម្ចាស់ផ្ទាល់ ពោលគឺព្រះជាម្ចាស់ជាសេចក្តីមេត្តាករុណា។ ហេតុនេះហើយ បានជាគ្រីស្តសាសនាជាសាសនានៃមេត្តាករុណា មិនមែនជាសាសនានៃវិន័យនោះទេ។

«ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឱ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឱ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។» (១យហ​ ៤,៩; យហ ៣,១៦)

ការស្តាប់បង្គាប់

ពាក្យ “ស្តាប់បង្គាប់” ក្នុងភាសាអង់គ្លេស ឬភាសាបារាំង គឺពាក្យ Commandment ដែលជាទូទៅយើងបកប្រែថា “វិន័យ”។ វិន័យគឺជាបទបញ្ជាឱ្យធ្វើនេះនិងធ្វើនោះ ឬហាមមិនឱ្យធ្វើនេះនិងមិនឱ្យធ្វើនោះ។ ក៏ប៉ុន្តែ ពាក្យស្តាប់បង្គាប់ ឬវិន័យតាមអត្ថន័យទេវវិជ្ជា ដែលព្រះគម្ពីរចង់ពន្យល់សំដៅលើ “មាគ៌ា ផ្លូវ” ដ្បិតពាក្យនៅក្នុងភាសាហេប្រឺគឺ Derek និងភាសាក្រិកគឺ Hodos ដែលមានន័យថា “មាគ៌ាមួយដែលកំណត់ឱ្យ” (Bible and Morality លេខ៤)។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ គម្ពីរវិន័យលោកម៉ូសេក្នុងសាសនាយូដាហៅថាៈ “តូរ៉ា” មានន័យថា “មាគ៌ា”។ នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូផ្ទាល់មានព្រះបន្ទូលថាៈ “ខ្ញុំជាផ្លូវ” សំដៅលើព្រះអង្គគឺជាតូរ៉ា ឬមាគ៌ា ដែលនាំមនុស្ស​ទៅ​កាន់​ព្រះ‌បិតា (យហ ១៤,១៦) ដ្បិតព្រះអង្គជាព្រះបន្ទូលប្រសូតជាមនុស្ស (យហ ១,១៤)។ ដូច្នេះ ពាក្យ “ស្តាប់បង្គាប់” មានន័យថា “ស្តាប់ព្រះបន្ទូល”។ តាមបទពិសោធន៍របស់មនុស្ស ពាក្យសម្តីក៏ឆ្លុះបញ្ចាំងពីចេតនា និងការតាំងចិត្តផងដែរ។ ហេតុនេះ ព្រះបន្ទូលនាំឱ្យយើងយល់ និងស្គាល់អំពីព្រះហឫទ័យព្រះជាម្ចាស់។ ជាលទ្ធផល តាមរយៈព្រះបន្ទូល ព្រះជាម្ចាស់សម្តែងព្រះហឫទ័យ និងអត្តសញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកស្គាល់ និងដើម្បីឱ្យមនុស្សអាចថ្លឹងថ្លែងពិចារណានាំទៅរកការរស់នៅ និងការប្រព្រឹត្តត្រឹមត្រូវស្របតាមព្រះហឫទ័យព្រះអង្គ។

ចំពោះគ្រីស្តបរិស័ទ មានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុណ្ណោះ ដែលអាចឆ្លើយតបនឹងចំណង់ប្រាថ្នារបស់មនុស្ស ដោយអាស្រ័យលើខ្លួនគេចេះស្តាប់បង្គាប់ ពោលគឺចេះស្តាប់ និងប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ។ សន្តយ៉ូហានបានសរសេរឱ្យយើងដឹងថាៈ «ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ» (១យហ ៤,១៦)។ នៅក្នុងខដដែលសន្តយ៉ូហានបានអះអាងបន្ថែមថាៈ «យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ»។ ដូច្នេះ ការទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺជាបុព្វហេតុដើមដំបូងបង្អស់ ដែល​នាំយើងឱ្យសម្រេចចិត្តទៅជាគ្រីស្តបរិស័ទ។

«មនុស្សម្នាក់ក្លាយទៅជាគ្រីស្តបរិស័ទមិនមែនមកពីខ្លួនសម្រេចចិត្តជ្រើសរើសកាន់តាមក្រមសីលធម៌ ឬតាមទ្រឹស្តីដ៏អស្ចារ្យណាមួយនោះទេ តែមកពីគេជួបប្រទះនឹងព្រឹត្តិការណ៍មួយ និងបានជួបព្រះមួយអង្គ ដែលផ្តល់ឱ្យជីវិតរបស់គេមានអត្ថន័យថ្មីដល់ការរស់នៅ និងកំណត់ទិសដៅមួយថ្មីជាស្រេចសម្រាប់ជីវិតរបស់គេ។» (Deus Caritas Est  លេខ១; អំណរហូរមកពីដំណឹងល្អ លេខ៧)

ដើម្បីយល់ដឹងអំពី “សេចក្តីស្រឡាញ់” និង “ការស្តាប់បង្គាប់” ព្រះជាម្ចាស់របៀបណា យើងនឹងសិក្សាផ្តោតលើ៦ចំនុចសំខាន់ៗ៖

  • ព្រះអំណោយទាននៃស្នាព្រះហស្ត
  • ការស្តាប់បង្គាប់ដោយទំនួលខុសត្រូវ
  • ការល្បូង និងផលវិបាក
  • ព្រះអំណោយទានវិន័យ១០ប្រការ
  • ដំណឹងល្អនៃព្រះបន្ទូលប្រសូតជាមនុស្ស
  • វិន័យថ្មីរបស់ព្រះយេស៊ូគ្រីស្ត។

ព្រះអំណោយទាននៃស្នាព្រះហស្ត

នៅក្នុងជំពូកទី១ និងទី២នៃកណ្ឌគម្ពីរកំណើតពិភពលោក នាំយើងឱ្យស្គាល់ពីការអស្ចារ្យរបស់ព្រះជាម្ចាស់តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ។ ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់សុទ្ធតែល្អប្រសើរ។ ហេតុនេះហើយ បានជាយើងទទួលស្គាល់ថា អ្វីៗទាំងអស់មិនមែនកើតឡើងដោយឯងៗតាមច្បាប់ធម្មជាតិនោះទេ។ ធម្មជាតិ ចក្រវាល និងអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមកជាស្នាព្រះហស្ត ដែលឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។

«ក្នុងសាសនាយូដា និងគ្រីស្តសាសនា នៅពេលយើងនិយាយពី “ស្នាព្រះហស្តរបស់ព្រះជាម្ចាស់”មានអត្ថន័យសំខាន់លើសពីធម្មជាតិ ព្រោះស្នាព្រះហស្តមានទំនាក់ទំនងជាមួយនឹងគម្រោងការនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ស្នាព្រះហស្តនីមួយៗមានតម្លៃ និងមានអត្ថន័យមួយដ៏ពិសេស។ កាលណាយើងនិយាយថាមនុស្សជារូបតំណាងព្រះជាម្ចាស់ យើងមិនត្រូវភ្លេចថាគ្រប់ស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកសុទ្ធតែមានមុខងារមួយ ហើយមិនមែនឥតបានការនោះទេ។ គ្រប់អ្វីៗទាំងអស់នៅក្នុងចក្រវាលជាភាសានៃសេចក្តីស្រឡាញ់ និងថ្នាក់ថ្នមដ៏អស្ចារ្យរបស់ព្រះអង្គចំពោះយើង។ ទឹក ដី ភ្លើង ខ្យល់ ភ្នំនានា និងអ្វីទាំងអស់គឺព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះយើង។» (Laudato Si លេខ ៧៦ និង ៨៤)

មនុស្សយើងជាចំណែកនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ពោលជីវិតមនុស្សគឺជាព្រះអំណោយទាននៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ហេតុនេះ មនុស្សមិនអាចនិយាយថា ខ្លួនទីពឹងខ្លួនបានឡើយ ដ្បិតអ្វីៗទាំងអស់ពាក់ព័ន្ធ និងពឹងពាក់គ្នាទៅវិញទៅមក។ ឧទាហរណ៍ មនុស្សត្រូវការស្នាព្រះហស្តទាំងឡាយ ទាំងធម្មជាតិ ទាំងរុក្ខជាតិ និងសត្វជាដើមដើម្បីអាចរស់នៅបាន។ ផ្ទុយទៅវិញ ស្នាព្រះហស្តទាំងនោះមិនត្រូវមនុស្សដើម្បីអាចរស់បាននោះទេ។ លើសពីនេះទៀត គឺមនុស្សត្រូវការព្រះជាម្ចាស់ដើម្បីរស់ ព្រោះដង្ហើមជីវិតមកពីព្រះអង្គ (កណ ២,៧)។

ការស្តាប់បង្គាប់ប្រកបដោយទំនួលខុសត្រូវ

លក្ខណៈដ៏ពិសេសរបស់មនុស្ស គឺមនុស្សជាកំពូលនៃស្នាព្រះហស្ត (លទ្ធិគ្រីស្តសាសនា លេខ៣៤៣)។ ដ្បិតព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ (កណ ១,២៧)។ មិនតែប៉ុណ្ណោះ ព្រះជាម្ចាស់ប្រទានឱ្យមនុស្សមានទំនួលខុសត្រូវ ដោយរួមសហការជាមួយព្រះអង្គ។ មនុស្សមានកាតព្វកិច្ចត្រូវស្តាប់បង្គាប់ និងគោរពតាមព្រះបន្ទូល ដែលជាលំហាត់ត្រូវបំពេញ ដើម្បីធានានូវសុខដុមរនា រវាងមនុស្សនិងព្រះជាម្ចាស់ រវាងគ្នាទៅវិញទៅមក និងរវាងមនុស្សជាមួយនឹងស្នាព្រះហស្តទាំងមូល។

ក្នុងកណ្ឌគម្ពីរកំណើតពិភពលោក ដើមដំបូងនៅក្នុងសួនអេដែន ព្រះជាម្ចាស់មានព្រះបន្ទូលប្រទានព្រះពរ និងប្រទានអំណាចឱ្យមនុស្សពេញសិទ្ធិនៅលើស្នាព្រះហស្ត (កណ ១,២៨)។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលបង្គាប់បញ្ជានូវអ្វី ដែលមនុស្សអាចធ្វើបានដើម្បីឱ្យខ្លួនចម្រើនឡើង។ ប៉ុន្តែ ព្រះអង្គក៏មានព្រះបន្ទូលហាមមនុស្សឱ្យដឹងនូវអ្វី ដែលមិនត្រូវធ្វើដើម្បីជៀសវាងពីការអាក្រក់ផងដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលអនុញ្ញាតឱ្យបរិភោគផ្លែឈើទាំងប៉ុន្មាននៅក្នុងសួន តែហាមមិនឱ្យបរិភោគផ្លែឈើពីដើម ដែលនាំឱ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ព្រោះបណ្តាលឱ្យស្លាប់មិនខាន (កណ ២,១៦-១៧)។

ការល្បួង និងផលវិបាក

នៅក្នុងជំពូកទី៣នៃកណ្ឌគម្ពីរកំណើតពិភពលោក មានសម្លេងមួយទៀតលេចឡើង គឺសម្លេងសត្វពស់ជាសត្វតិរច្ឆានមួយក្នុងចំណោមសត្វលោកមានជីវិត។ យើងអាចយល់បានថានេះជានិមិត្តរូបអំពីសម្លេងល្បួងប្រឆាំងនឹងព្រះបន្ទូលរព្រះជាម្ចាស់ ដើម្បីបោកបញ្ឆោតមនុស្ស (កណ ៣,៤-៥.១៣ខ)។ ស្ត្រីបរិភោគផ្លែឈើបម្រាមតាមសម្លេងល្បួងរបស់សត្វពស់ រួចហើយនាំបុរសឱ្យធ្វើតាម (កណ ៣,៦)។ យើងកត់សម្គាល់ឃើញថា មនុស្សបានប្រព្រឹត្តកំហុស ដោយមិនស្តាប់បង្គាប់ និងលែងធ្វើតាមព្រះបន្ទូល ជាពិសេសបំពានលើព្រះបន្ទូល។ ក្រោយពីបានបរិភោគផ្លែឈើបម្រាមហើយ មនុស្សស្គាល់ល្អស្គាល់អាក្រក់ដំបូងគឺ ការចេះដោះសារ ចេះទម្លាក់កំហុស និងចេះស្តីបន្ទោសថែមទៀត ពោលគឺស្តីបន្ទោសរហូតដល់ព្រះជាម្ចាស់ (កណ ៣,១២-១៣)។ មនុស្សចេះលាក់ខ្លួនរត់ពួនពីសូរសៀងព្រះជាម្ចាស់ (កណ ៣,៨)។ សេចក្តីនេះបញ្ជាក់ឱ្យយើងយល់ថា មនុស្សបានផ្តាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ពោលគឺគេលែងឋិតនៅជាប់នឹងព្រះបន្ទូលទៀតហើយ។ លទ្ធផលដូចយើងឃើញថា គឺមនុស្សទទួលបណ្តាសារ ពីភាពស្និទ្ធស្នាលបែរជាឃ្លាតឆ្ងាយ ពីអំណរសប្បាយក្លាយជាទុក្ខ ពីសិទ្ធិសេរីភាពបែរជាមានទោស ពីការស្តាប់បង្គាប់បែរជាលាក់ខ្លួន ពីភាពក្លាហានក្លាយជាភ័យខ្លាច។ ម្យ៉ាងទៀត ពួកគេបែកចេញពីពន្លឺធ្លាក់ចូលក្នុងភាពងងឹត បែកចេញពីសេចក្តីថ្លៃថ្នូរធ្លាក់ចូលក្នុងភាពអាម៉ាស់ និងបែកចេញពីជីវិតធ្លាក់ចូលក្នុងសេចក្តីស្លាប់។ មិនតែប៉ុណ្ណោះ ដោយ​សារទង្វើប្រាស់ចាកព្រះបន្ទូលបង្កឱ្យសុខដុមរមនារវាងមនុស្សនិងព្រះជាម្ចាស់ រវាងមនុស្សចំពោះគ្នាទៅវិញទៅមក និងរវាងមនុស្សនិងធម្មជាតិត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែអំពើបាបមកពីការបំពានលើព្រះបន្ទូល។

អំណាននៃព្រឹត្តិការណ៍នេះផ្តល់ឱ្យយើងយល់ឃើញថា ព្រះបន្ទូលបម្រាមរបស់ព្រះជាម្ចាស់មិនមែនជាការកម្រិតដែនកំណត់នៃសេរីភាពរបស់មនុស្សនោះទេ។ ផ្ទុយទៅវិញ មនុស្សមានជម្រើស និងមានសិទ្ធិសេរីភាពពេញទីក្នុងការឆ្លើយតបនឹងព្រះបន្ទូល។ អ្វីដែលសំខាន់ ព្រះបន្ទូលបម្រាមផ្តល់ឱ្យមនុស្សប្រព្រឹត្តតាម ដើម្បីជៀសវាងការអាក្រក់ដែលអាចកើតមានចំពោះខ្លួន។ ពីព្រោះ ក្នុងមនុស្សមានអវិជ្ជា និងមានភាពទន់ខ្សោយ។ មេរៀននៃការមិនស្តាប់បង្គាប់ខាងលើនេះ នាំឱ្យយើងទទួលស្គាល់ថា ទោះបីយើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែការទាំងនោះមិនមែនសុទ្ធតែធ្វើឱ្យចម្រើនឡើងឡើយ (១ករ ៦,១២ក; ១០,២៣)។ ព្រះជាម្ចាស់មានព្រះបន្ទូលហាមមនុស្ស ក៏ព្រោះតែព្រះអង្គមានព្រះហឫទ័យស្រឡាញ់មនុស្ស ហើយមិនចង់ឱ្យការអាក្រក់កើតមានចំពោះគេ។ ឧទាហរណ៍ ដូចសេចក្តីស្រឡាញ់របស់ឪពុកម្តាយ ដែលមានចំពោះកូន។ ពួកគាត់ហាមកូនមិនឱ្យសេពគ្រឿងញៀន ដើម្បីបញ្ជៀសការអាក្រក់ចំពោះកូន។ ព្រោះពួកគាត់ដឹងថាវាបំផ្លាញជីវិត ហើយធ្វើឱ្យឪពុកម្តាយរបួសចិត្តនៅពេលណាឃើញកូនវេទនា ដោយសារបំពានលើបង្គាប់របស់ពួកគាត់។

សេចក្តីដែលយើងកត់សម្គាល់នៅក្នុងអត្ថបទព្រះគម្ពីរក្នុងកំណើតពិភពលោកជំពូក៣នេះ គឺមនុស្សមានវិប្បដិសារីយ៉ាងខ្លាំងឥតឧបមា ដោយសារការមិនស្តាប់បង្គាប់តាមព្រះបន្ទូល។ ថ្វីដ្បិតតែ ពួកគេទទួលបានអ្វីដែលឆ្លើយតបតាមចំណង់ប្រាថ្នារបស់ខ្លួន តែមនុស្សបានបាត់បង់សុខដុមរមនា និងជីវិតអស់កល្បជានិច្ច។ មេរៀននេះ ជួយឱ្យយើងយល់ព្រះបន្ទូលរបស់ព្រះយេស៊ូថាៈ «បើមនុស្សម្នាក់បានពិភព‌លោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់‌បង់ជីវិតនោះមានប្រយោជន៍អ្វី?» (មថ ១៦,២៦; មក ៨,៣៦; លក ៩,២៥)។

ព្រះអំណោយទានវិន័យ១០ប្រការ

នៅពេលយើងអានអត្ថបទព្រះគម្ពីរកំណើតពិភពលោកពីមួយទំព័រទៅមួយទំព័រ យើងឃើញថាទោះបីមនុស្សប្រព្រឹត្តអំពើបាប តែព្រះជាម្ចាស់នៅតែសម្តែងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយអន្តរាគមន៍ក្នុងប្រវត្តិនៃការសង្គ្រោះរបស់មនុស្ស។ ព្រះអង្គមានព្រះបន្ទូលមកកាន់មនុស្សជាបន្តបន្ទាប់។ ព្រះជាម្ចាស់ថែមទាំងចងសម្ពន្ធមេត្រីជាមួយបុព្វបុរស គឺលោកអូណេ (កណ ៩,១៣-១៧) លោកអប្រាហាំ (កណ ១៧)។ ក្រោយមកនៅក្នុងព្រឹត្តិការណ៍ដំណើរឆ្ពោះទៅកាន់សេរីភាព ព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល។

ព្រឹត្តិការណ៍ដំណើរឆ្ពោះទៅកាន់សេរីភាពគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនអ៊ីស្រាអែលមានបទពិសោធន៍ពីឫទ្ធានុភាពដ៏អស្ចារ្យនៃការរំដោះ និងការសង្រ្គោះរបស់ព្រះជាម្ចាស់។ ក្នុងព្រឹត្តិការណ៍នៃសេរីភាពនេះ ព្រះជាម្ចាស់ប្រទានវិន័យ១០ប្រការចារលើបន្ទះថ្មនៅលើភ្នំស៊ីណៃ (សរ ២០,២-១៧) ព្រមទាំងចងសម្ពន្ធមេត្រី ដើម្បីឱ្យប្រជាជនប្រតិបត្តិតាម។ ឃ្លា “វិន័យ១០ប្រការ” ប្រើសម្រាប់ភាសានិយាយជាទូទៅ តែពាក្យដើមសំដៅលើ “ព្រះបន្ទូល១០ប្រការ” (δεκάλογος ដេកាលោហ្គូស) ក្នុងភាសាក្រិច។ ព្រះបន្ទូលទាំង១០ប្រការនេះចាត់ទុកជាវិន័យនៃគោលការណ៍សីលធម៌សកល ដែលមានបទបញ្ជាត្រូវធ្វើចំនួន២ និងបម្រាមកុំធ្វើចំនួន៨។ ព្រះបន្ទូល១០ប្រការនេះមានទិសដៅសម្រាប់សុខដុមរមនានៃទំនាក់ទំនងរវាងមនុស្សនិងព្រះជាម្ចាស់ និងរវាងមនុស្សនិងមនុស្ស។

នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់ជនជាតិអ៊ីស្រាអែល បន្ទាប់ពីចេញពីទាសករនៅប្រទេសអេស៊ីប ជនជាតិអ៊ីស្រាអែលធ្លាប់មានប្រវត្តិសាស្រ្តដ៏រុងរឿង គឺមានទឹកដី មានព្រះមហាក្សត្រ និងមានព្រះវិហារយេរ៉ូសាឡឹម ដោយសារពួកគេគោរពតាមវិន័យ និងសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ពេលវេលាចេះតែកន្លងផុតទៅ មនុស្សជំនាន់ថ្មីកាន់តែកើនឡើង ហើយព្រឹត្តិការណ៍ក៏ប្រែប្រួលដែរ។ ចំណេរក្រោយមក ជនជាតិអ៊ីស្រាអែលបោះបង់ចោលព្រះជាម្ចាស់ ដោយផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ (យរ ៣១,៣២)។ ទង្វើនេះបណ្តាលឱ្យកើតមានព្រឹត្តិការណ៍សោកនាដកម្មកើតឡើង។ ខ្មាំងសត្រូវបានវាយដណ្តើមយកទឹកដី ដុតបំផ្លាញព្រះវិហារយេរ៉ូសាឡឹម និងកៀរប្រជារាស្រ្តធ្វើជាឈ្លើយសង្រ្គាម បណ្តាលឱ្យពួកគេរងទុក្ខវេទនា និងអស់សង្ឃឹមយ៉ាងខ្លាំង។

ដំណឹងល្អនៃព្រះបន្ទូលប្រសូតជាមនុស្ស

ទោះបីប្រជារាស្រ្តអ៊ីស្រាអែលផ្តាច់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ តែព្រះអង្គនៅតែមានភក្តីភាព និងមានគម្រោងការណ៍សង្រ្គោះពួកគេ។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យា តាមរយៈក្រុមព្យាការីថា ព្រះអង្គនឹងចងសម្ពន្ធមេត្រីថ្មី (យរ ៣១,៣១.៣៣-៣៤; ហប ៨,១០-១១)។ ព្រះបន្ទូលសន្យានេះផ្សារភ្ជាប់នឹងព្រឹត្តិការណ៍របស់ព្រះយេស៊ូគ្រីស្ត គឺព្រឹត្តិការណ៍ថ្មី ដែលព្រះជាម្ចាស់ផ្ទាល់ប្រសូតជាមនុស្ស។ សម្ពន្ធមេត្រីថ្មីនេះចងឡើងនៅក្នុងជម្រៅចិត្តមនុស្ស គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលបញ្ចាំចិត្តមនុស្ស មិនដូចសម្ពន្ធមេត្រីទី១ ដែលចារនៅលើបន្ទះថ្មនោះឡើយ។ ក្នុងសម្ពន្ធមេត្រីថ្មី ព្រះបន្ទូលរបស់ព្រះជាម្ចាស់កើតជារូបរាងក្នុងអង្គព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ត ដែលជាព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា ព្រះអង្គប្រកបដោយសិរីរុងរឿង និងពោរពេញដោយព្រះហឫទ័យប្រណីសណ្តោស និងសេចក្តីពិត (យហ ១,១៤)។ ក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់បានប្រសូតចូលក្នុងប្រវត្តិសាស្រ្តរបស់មនុស្សពេញលក្ខណៈ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានថ្លែងច្រើនលើកច្រើនសារក្នុងប្រវត្តិសាស្រ្ត តាមរយៈពួកព្យាការី នៅទីបំផុតបានកើតជារូបរាងជាក់ស្តែងក្នុងអង្គព្រះបុត្រា។ តាមរយៈព្រះអង្គ ព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់មកកាន់មនុស្ស (ហប ១,១-២)។ នៅក្នុងសម្ពន្ធមេត្រីទី១ ព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់។ លើសពីនេះ ក្នុងសម្ពន្ធមេត្រីថ្មី គឺព្រះជាម្ចាស់បានប្រសូតមកក្នុងលក្ខណៈជាមនុស្សដើម្បីរួមវាសនាជាមួយគេ។ ជាលទ្ធផល គឺព្រះជាម្ចាស់មិនគង់នៅដាច់ឡែកពីមនុស្ស គឺព្រះជាម្ចាស់ផ្ទាល់យកកំណើតជាមនុស្ស ដើម្បីឱ្យមនុស្សអាចទៅជាព្រះជាម្ចាស់ (សន្តអ៊ីរ៉េណេនៅលីយ៉ុង ឆ្នាំ១៣០-២០០ នៃគ.ស)។ សេចក្តីនេះហើយ ដែលយើងហៅថា “ដំណឹងល្អ” នៃការសង្រ្គោះសម្រាប់យើងដែលផ្ញើជីវិតលើព្រះអង្គ។

វិន័យថ្មីរបស់ព្រះយេស៊ូគ្រីស្ត

«ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។» (យហ ១៣,៣៤-៣៥; ១៥,១៣-១៤)

ព្រះបន្ទូលនេះជាបណ្តាំចុងក្រោយរបស់ព្រះយេស៊ូមុនពេលគេចាប់ព្រះអង្គ។ ព្រះអង្គប្រទានវិន័យថ្មីតែមួយដល់ក្រុមសាវ័ក។ វិន័យនេះជាវិន័យកំពូលសង្ខេបវិន័យទាំងឡាយ ដែលផ្តល់សក្ខីភាពអំពីសេចក្តីស្រឡាញ់ដ៏ឧត្តមបំផុតរបស់ព្រះគ្រីស្ត ដ្បិតព្រះអង្គស៊ូប្តូរជីវិតសម្រាប់អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ អ្នកទាំងនោះជាសាវ័ក និងជាមិត្តសម្លាញ់របស់ព្រះអង្គ (យហ ១៣,៣៥; ១៥,១៤)។ សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះបានបញ្ជាក់ឱ្យយើងឃើញច្បាស់ក្នុងអង្គព្រះគ្រីស្ត ដែលបានបូជាព្រះជន្មសម្រាប់យើង៖ ដ្បិតគ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នក ដែលស៊ូប្ដូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ នេះជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្តែងឱ្យយើងឃើញច្បាស់ក្នុងព្រះគ្រីស្តយេស៊ូជាអម្ចាស់នៃយើង ដែលគ្មានអ្វីអាចបំបែកបានឡើយ ទោះបីជីវិតក្តី សេចក្តីស្លាប់ក្តី (រម ៨,៣៩)។

ពាក្យ “ដូច” ដែលព្រះយេស៊ូបញ្ជាក់ក្នុងវិន័យនេះបង្ហាញពីគុណភាពនៃសេចក្តីស្រឡាញ់ដល់កំពូល ដែលព្រះបុត្រាបានស្រឡាញ់យើង តាមរបៀបដែលព្រះបិតាបានស្រឡាញ់ព្រះបុត្រា (យហ ៥,១៩)។ កាលណាយើងប្រព្រឹត្តសេចក្តីនេះ យើងក៏ឋិតនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះបុត្រា ដូចព្រះអង្គដែលឋិតនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះបិតាដែរ។ ហេតុនេះ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីឱ្យសេចក្តីស្រឡាញ់របស់ព្រះគ្រីស្តស្តែងចេញនៅក្នុងយើង និងតាមរយៈយើងចំពោះបងប្អូនឯទៀត។ សេចក្តីស្រឡាញ់នេះក៏វិនិច្ឆ័យឱ្យយើងដឹងថា យើងក៏ស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ តើមានវិន័យ ឬច្បាប់ណា ដែលជំទាស់នឹងសេចក្តីនេះ? ទេ! គ្មានទេ។ ហើយក៏គ្មានសាសនាណា ដែលមានសេចក្តីសំខាន់លើសពីនេះដែរ។ វិន័យថ្មីរបស់ព្រះគ្រីស្តនេះហើយជាកំពូលមនសិការសីលធម៌របស់គ្រីស្តបរិស័ទ។ ពីព្រោះ សេចក្តីនេះជាការអាថ៌កំបាំងនៃព្រះបន្ទូល ដែលប្រសូតជាមនុស្ស និងបេសកកម្មរបស់ព្រះអង្គ ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតា ដែលចាត់ព្រះអង្គឱ្យមករកមនុស្ស ដើម្បីឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ហើយគេក៏ទទួលមត៌កនៃព្រះរាជ្យស្ថានបរមសុខ។ ជាក់ស្តែង គឺសេចក្តីស្រឡាញ់នេះហើយ ដែលព្រះបិតាប្រោសឱ្យយើងទៅជាបុត្រធីតារបស់ព្រះបិតា។

ពិតមែន វត្តមានរបស់ព្រះគ្រីស្តក្នុងពិភពលោកនេះផ្តល់កម្លាំងថ្មីរស់រវើកក្នុងយើង គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បំពេញសកម្មភាពក្នុងយើង ដើម្បីនាំយើងឱ្យប្រព្រឹត្តត្រឹមត្រូវតាមគំរូរបស់ព្រះគ្រីស្ត។ ជាពិសេស ដោយសារព្រះគ្រីស្តនាំឱ្យយើងមានបុព្វហេតុថ្មីនៃការរស់ ដូចគ្រីស្តទូតប៉ូលបានផ្តល់សក្ខីភាពឱ្យយើងដឹងថា មិនមែនយើងទៀតទេដែលរស់ គឺព្រះ‌គ្រីស្តទេតើ ដែលមានព្រះ‌ជន្មរស់នៅក្នុងរូបកាយយើង។ រីឯ​ជីវិត​ដែលយើង​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ យើង​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​យើង និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង (កាឡ ២,២០)។ ហេតុនេះហើយ បានជាបុព្វហេតុនៃការរស់របស់យើង គឺយើងមិនរស់នៅដោយគ្រាន់តែកំដរដង្ហើម ដើម្បីរង់ចាំថ្ងៃបែកធ្លាយនោះទេ។ យើងក៏មិនមែនរស់នៅតាមបទដ្ឋាននៃច្បាប់ ឬវិន័យនោះដែរ តែយើងរស់តាមមាគ៌ាថ្មីមកពីព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ ដែលផ្តល់អត្ថន័យ និងតម្លៃដល់ជីវិតរបស់យើង ព្រមទាំងនាំយើងឆ្លងហួសពីបទដ្ឋាននៃច្បាប់ និងវិន័យនានា។ ត្រង់ហ្នឹងហើយ ដែលគ្រីស្តសាសនខុសប្លែកពីសាសនានានាក្នុងសកលលោក។

សេចក្តីសន្និដ្ឋាន

ដូចយើងបានដឹងហើយថា ជីវិតជាព្រះអំណោយទានកើតមកពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។  នៅក្នុងទំនុកតម្កើងមានឃ្លាមួយបង្ហាញអំពីព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះមនុស្ស ដោយលើកឡើងថាៈ «ពេល​ទូល‌បង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ដែល​ព្រះ‌អង្គ​ដាក់​នៅ​លើ​មេឃ​នោះ ទូល‌បង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?» (ទំន ៨,៤-៥)។ ពិតប្រាកដមែន មនុស្សមានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរដ៏កំពូល ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះអង្គ (កណ ១,២៧)។ មិនតែប៉ុណ្ណោះ គឺព្រះជាម្ចាស់ផ្ទាល់ប្រសូតក្នុងលក្ខណៈជាមនុស្ស ដើម្បីឱ្យមនុស្សអាចរួមជាមួយព្រះអង្គ។ ហេតុនេះ មនុស្សអាចរក្សាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងធានាគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនបាន លុះត្រាតែគេចេះស្តាប់ និងប្រតិបត្តិតាមព្រះបន្ទូលដែលជាប្រភពនៃជីវិត។

ព្រះយេស៊ូមានព្រះបន្ទូលពោរពេញដោយអត្ថន័យ និងមានសារសំខាន់ថាៈ «បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន» (យហ ១៥,៧)។ ចំណែកឯ របៀបដែលជួយយើងឱ្យឋិតនៅជាប់នឹងព្រះបន្ទូលនោះ គឺការនឹករឭក និងការចងចាំតាមពាក្យបង្គាប់របស់ព្រះអង្គនៅក្នុងពិធីកាច់នំប៉័ង ឬអភិបូជា តាមគំរូដែលព្រះអង្គបានប្រព្រឹត្តដោយមានព្រះបន្ទូលថាៈ «ចូរអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ» (លក ២២,១៩; ១ករ ១១,២៤)។ អស់អ្នកណាដែលព្រះអង្គអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងពិតជាមានសុភមង្គលហើយ។ កាលណាយើងទទួលព្រះកាយ និងព្រះលោហិតព្រះអង្គ គឺយើងទទួលព្រះបន្ទូលចូលក្នុងជីវិតរបស់យើង ដើម្បីឱ្យយើងឋិតនៅជាប់នឹងព្រះបន្ទូល ព្រះបន្ទូលឋិតនៅជាប់នឹងយើង ហើយព្រះបន្ទូលកែច្នៃជីវិតរបស់យើងតាមលក្ខណៈរបស់ព្រះជាម្ចាស់។ ធ្វើដូច្នេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់កើតមានក្នុងជីវិតរបស់យើង នាំឱ្យយើងមានអំណរសប្បាយ សេចក្តីសុខសាន្ត និងសុភមង្គលដ៏ពិតប្រាកដ។ មិនតែប៉ុណ្ណោះ អគ្គសញ្ញាអរព្រះគុណនេះជាប្រភពនៃពន្លឺ និងជាប្រភពនៃបុព្វហេតុ ដែលញ៉ាំងឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងអញ្ជើញយើងឱ្យក្លាយទៅជាអ្នកថែរក្សាការពារស្នាព្រះហស្តទាំង​ឡាយ​របស់ព្រះជាម្ចាស់ (Laudato Si លេខ២៣៦)។

ហេតុនេះហើយ បានជាព្រះសហគមន៍យកចិត្តទុកដាក់អប់រំជំនឿ បង្កើតគ្រឹះស្ថានអប់រំ បង្កើតមណ្ឌលថែទាំសុខភាព និងព្យាបាលជំងឺ ជួយកុមារកំព្រា ជនពិការ ជនក្រីក្រ ធ្វើកិច្ចការមនុស្សធម៌ ព្រមទាំងស្វែងរកយុត្តិធម៌នៅក្នុងសង្គមជាដើម។ ជាពិសេស យកចិត្តទុកដាក់បំពេញកិច្ចការតាមទេពកោសល្យ និងព្រះអំណោយទានរបស់ខ្លួន ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត​បាន​ជំរុញ​យើង (២ករ ៥,១៤)។

1,106 Views

Theme: Overlay by Kaira