អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

អត្តសញ្ញាណគ្រីស្តបរិស័ទ
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

មនុស្សគ្រប់រូបដែលកើតមកក្នុងលោកនេះសុទ្ធតែមានអត្តសញ្ញាណរបស់ខ្លួនម្នាក់ៗ និងដោយឡែកៗពីគ្នា មានភេទជាបុរស ជាស្រ្តី មានឈ្មោះ មានសញ្ជាតិ មានឆន្ទៈ មានមនសិការ មានបំណងប្រាថ្នា មានកិច្ចការ មានរូប​សម្បត្តិ មានលក្ខណៈសម្បត្តិ និងមានប្រវត្តិ​សាស្រ្ត​​របស់​ខ្លួន​ជាក់លាក់។ ទាំងយុវវ័យ ទាំងមនុស្សពេញវ័យត្រូវស្វែងយល់ និងស្គាល់អំពីអត្ត​សញ្ញាណ​របស់ខ្លួន ពីព្រោះ វាមានសារៈសំខាន់ដើម្បីឆ្លុះបញ្ចាំងឱ្យយើងដឹងអំពីភាពខ្លាំងរបស់ខ្លួនដែលត្រូវប្រកាន់ភ្ជាប់ និងភាពទន់ខ្សោយដែលត្រូវកែប្រែដើម្បីនាំឱ្យជីវិតកាន់តែចម្រើនឡើង។ កាលណាយើងស្គាល់អត្តសញ្ញាណច្បាស់លាស់ នាំឱ្យជីវិតយើងមានអត្ថន័យ និងមានតម្លៃ មិនតែប៉ុណ្ណោះ វា​ជះឥទ្ធិពល​ដល់ការរស់នៅ ការប្រព្រឹត្ត និងការគោរពប្រណិប័តន៍របស់យើងបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត អត្តសញ្ញាណ គឺជាគ្រឿងសម្គាល់របស់ជីវិតមនុស្សម្នាក់ៗ ​ដើម្បីសម្តែងឱ្យស្គាល់ថា​ តើខ្លួន​ឯង​​ជា​នរ​ណា?​ តើជីវិតគឺជាអ្វី និងមាន​ប្រភព​មកពីណា? ព្រមទាំងដឹងអំពីគោលបំណងនៃជីវិតដែលត្រូវរស់នៅដើម្បីអ្វីថែមទៀតផង?

ទិដ្ឋភាពជាក់ស្តែងនៅក្នុងពិភពលោកនាសម័យកាលបច្ចុប្បន្ននេះ គឺជាសម័យវិទ្យាសាស្រ្តទំនើបដ៏អស្ចារ្យ ដ្បិតមនុស្សលោកដើរដល់បដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤ ដោយសារបច្ចេកវិទ្យា បញ្ញាសុប្បនិមិត្ត (AI)។ ថ្វីដ្បិតតែវាមានឥទ្ធិពលយ៉ាងខ្លាំងបម្រើដល់ផលប្រយោជន៍របស់មនុស្សក៏ពិតមែន តែពេលជាមួយគ្នា វាក៏មានបញ្ហាប្រឈមនានាជាច្រើនផងដែរ។ ពីព្រោះ យើងពិបាកទុកចិត្តថា មួយណាជាព័ត៌មានពិត និងមួយណាទៀតជាព័ត៌មានក្លែងក្លាយ។ ជាពិសេស គេអាចគ្រប់គ្រងឯកជនភាព និងសេរីភាពរបស់បុគ្គលម្នាក់ៗបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត គំនិតអំពីការស្រឡាញ់ប្រាក់ និងសម្ភារនិយមតាមបែបលោកីយ៍ អូសទាញមនុស្សឱ្យបដិសេធ និងលះបង់ចោលព្រះជាម្ចាស់ ជាហេតុដែលគេមិនអាចរកឃើញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនបានឡើយ។ មានមនុស្សជាច្រើននាក់ដែលរកមិនឃើញអំពីអត្តសញ្ញាណនៃជីវិតតែម្តង ហើយគេរស់នៅដោយបណ្តែតបណ្តោយខ្លួនទៅតាមព្រេងសំណាង។ មនុស្សមួយចំនួនសម្រេចចិត្តគិតខ្លីដើម្បីបញ្ចប់ជីវិតខ្លួនឯង ដោយសារតែរកមិនឃើញអំពីបុព្វហេតុនៃការរស់ ឬយល់ថា ជីវិតគ្មានប្រយោជន៍ គ្មានតម្លៃ និងគ្មានអត្ថន័យអ្វីឡើយ។ ជាពិសេស នៅពេលកើតមានវិបត្តិទ័លច្រកនៅក្នុងជីវិតដែលមិនចេះដោះស្រាយ ដូចជាភាពបរាជ័យ ការស្តីបន្ទោស ការចោទប្រកាន់ ការបៀតបៀន ភាពឯកោ ទុក្ខវេទនា ការថប់បារម្ភ ការខ្វល់ខ្វាយ និងសេចក្ដីអស់សង្ឃឹមជាដើម ជំរុញឱ្យមនុស្សគិតខ្លីធ្វើអត្តឃាតខ្លួនឯងតែម្តង។

ហេតុនេះហើយ បានជាអត្ថបទនេះមានគោលបំណងសំខាន់ដើម្បីណែនាំយើងឱ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទ និងចេះរស់នៅឱ្យស័ក្ដិសមនឹងឋានៈនេះ។ ម្យ៉ាងទៀត ដើម្បីជួយឱ្យគ្រីស្តបរិស័ទរួបរួមគ្នាធ្វើដំណើរយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ ដោយមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ (១ករ ១៣,១៣) ឆ្ពោះទៅកាន់ព្រះរាជ្យប្រកបដោយសិរីរុងរបស់ព្រះជាម្ចាស់ឯស្ថានបរមសុខ។ ពីព្រោះ យើងជាជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​​ក្នុងលោកនេះ (១សល ២,១១) ជីវិតរបស់យើងកំពុងធ្វើបូជនីយចរណ៍ទៅកាន់មាតុភូមិរបស់យើង។

ជីវិតមនុស្សម្នាក់ៗគឺជាអំណោយទាន ដ្បិតគ្មាននរណាម្នាក់​បាន​​ជ្រើស​​រើស ​​ដើម្បី​កើត​មក​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​ឪពុក​​ម្ដាយជាអ្នកដែលបានផ្តល់កំណើតឱ្យគេកើតមក ដើម្បីចេះជ្រើសរើសនូវអ្វីដែលជាមង្គល ហើយបដិសេធអពមង្គល និងជ្រើសរើសអំពើល្អ ហើយបដិសេធអំពើអាក្រក់។ លើសពីហ្នឹងទៀត ជីវិតមនុស្សគឺ​ជាព្រះ​​អំណោយ​ទានរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សចេះជ្រើសរើសយកជីវិត ហើយបដិសេធសេចក្តីស្លាប់ និងជ្រើសរើសយកព្រះពរ ហើយបដិសេធបណ្តាសារ។ ​ព្រះជាម្ចាស់​បានបង្កើត​មនុស្ស​ជា​រូប​តំណាង និងមានលក្ខណៈ​ដូច​ព្រះជាម្ចាស់ (កណ ១,២៧) ព្រះអង្គ​បានផ្តល់​ដង្ហើម​ជីវិត​ដើម្បី​ឱ្យ​មនុស្ស​​មាន​ជីវិត​រស់​ឡើង (កណ ២,៧)។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត ព្រះអង្គមិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្សដោយ‌សារ​ព្រះ‌អង្គ។ ជាក់ស្តែង យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ (កក ១៧,២៧-២៨)។

«តើ​ទូល‌បង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌អង្គ​បាន?
តើ​ទូល‌បង្គំ​គេច​ចេញ​ឱ្យឆ្ងាយពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?
បើ​ទូល‌បង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ
បើ​ទូល‌បង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។»
(ទំន ១៣៩ (១៣៨),៧-៨)

ថ្វីដ្បិតមនុស្សលោកជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ ដែល​ជាកំពូលនៃស្នាព្រះហស្តរបស់ព្រះអង្គក៏ពិតមែន។ ក៏ប៉ុន្តែ យើងត្រូវដឹង និងទទួលស្គាល់ថា មនុស្សមានភាពទន់ខ្សោយដោយសារតែនៅក្នុងខ្លួនរបស់គេមានកិលេសតណ្ហា និងអវិជ្ជា ដែលងាយនឹងចាញ់ការល្បួងឱ្យប្រព្រឹត្តអំពើបាប ដែលប្រាស់ចាកពីព្រះបន្ទូល ហើយបណ្តាលឱ្យខ្លួនខូចលក្ខណៈ និងរូបតំណាងព្រះជាម្ចាស់ ដូចឧទាហរណ៍របស់លោកអដាំ និងនាងអេវ៉ា​ ដែលចាញ់ការល្បួង ហើយធ្លាក់ចូលទៅក្នុងសេចក្តីទុក្ខ និងសេចក្តីស្លាប់ (កណ ៣,១-១៩)។

«តាម‌រយៈ​មនុស្ស​តែ​ម្នាក់ បាប​បាន​ចូល​មក​ក្នុង​ពិភព‌លោក
ហើយ​តាម‌រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប
ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។»
(រ៉ូម ៥,១២)

ទោះបី មនុស្ស​ម្នាក់ៗ​មានសេរីភាព​យល់​ឃើញ​ចំពោះ​ជីវិតរបស់ខ្លួនបែបណាក៏បាន តែការ​យល់​​ឃើញ​នោះ​នឹងដឹកនាំ​ការរស់​នៅ​​របស់​គេបែបនោះដែរ។ នៅទីបំផុត យើងនឹងឃើញលទ្ធផលនៃជីវិតរបស់គេ​រីក​ចម្រើន ឬអន់​ថយ​ជាក់ជា​មិន​ខាន​។ បើយើងទទួលស្គាល់ថា ជីវិតរបស់យើងត្រូវបានបង្កើតមក ទើបជីវិតរបស់យើងនេះមានន័យ និងមានប្រយោជន៍ ពីព្រោះ វាឆ្លុះបញ្ចាំងអំពីបុព្វហេតុដែលនាំឱ្យមានជីវិតរបស់យើងកើតមក។ ជាក់ស្តែង យើងកើតមកពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពីឪពុកម្តាយ និងពីព្រះជាម្ចាស់ ដែលចិញ្ចឹមយើងឱ្យចម្រើនឡើង ដើម្បីឱ្យយើងបង្កើតជីវិតបន្តទៀត។ បើយើងយល់ឃើញថា ជីវិតនេះគ្រាន់តែជាការផ្សំផ្គុំធាតុដែលកើតឡើងដោយឯងៗប៉ុណ្ណោះ នោះជីវិតនេះគ្មានន័យអ្វីសោះឡើយ ហើយការរស់នៅទៀតសោត គឺគ្រាន់តែរស់នៅកំដរដង្ហើមដើម្បីរង់ចាំថ្ងៃបែកធ្លាយ ឬក៏អាចយល់បានថា ជីវិតនេះគឺគ្រាន់តែជាល្បែង (ហ្គេម) ដែលត្រូវលែងកំដរតែប៉ុណ្ណោះ។

ហេតុនេះ បើអត្តសញ្ញាណដើមដំបូងបំផុតនៃជីវិតរបស់យើងគឺជាអំណោយទាន និងជាព្រះអំណោយទាន បើយើងជាពូជរបស់ព្រះអង្គមែន នោះជីវិតយើងពិតជាមានគុណតម្លៃដ៏អស្ចារ្យ និងមានប្រយោជន៍ក្រៃលែង ហើយយើងត្រូវរស់នៅឱ្យសមនឹងឋានៈនេះ ពោលគឺត្រូវប្រយ័ត្នប្រយែងពាក្យសម្តី និងមាយាទរបស់យើង ដូចក្នុងសុភាសិតខ្មែរពោលថា៖ «សម្តីសរជាតិ មារយាទសរពូជ»។ យើងត្រូវមានការប្តេជ្ញាចិត្តយ៉ាងមោះមុត និងទំនួលខុសត្រូវខ្ពស់ ដើម្បីកសាងអត្តសញ្ញាណនៃជីវិតរបស់យើងឱ្យបានល្អប្រសើរបំផុត។ មិនត្រូវធ្វេសប្រហែសប្រៀនប្រដៅកូនចៅគ្រប់ជំនាន់ឱ្យពួកគេដឹង និងប្រកាន់ភ្ជាប់អំពីអត្តសញ្ញាណនេះឡើយ។ តទៅនេះ មានសំណួរបីដែលយើងត្រូវសួរជាប្រចាំ ដើម្បីបំភ្លឺការត្រាស់ហៅ និងការថ្លឹងថ្លែងអំពីព្រះអំណោយទានដែលយើងត្រូវបំពេញតាមអត្តសញ្ញាណរបស់ខ្លួន៖

  • តើព្រះជាម្ចាស់សព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីព្រះអង្គ?
  • តើព្រះអង្គសព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីទូលបង្គំ?
  • តើព្រះអង្គសព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីគ្រួសារ ព្រះសហគមន៍ សង្គម និងពិភពលោកនេះ?

ព្រះយេស៊ូគ្រីស្តគឺជាអគ្គសញ្ញានៃព្រះបន្ទូលព្រះជាម្ចាស់។ អគ្គសញ្ញា (Sacrament) ជាពាក្យមួយពិសេសក្នុងជំនឿគ្រីស្តសាសនាទាក់ទងទៅនឹងអ្វីដែលសក្ការៈ ដូចជាអគ្គសញ្ញាទាំងប្រាំពីរនៅក្នុងព្រះសហគមន៍ជាដើម។ អគ្គសញ្ញាសំដៅលើទីសញ្ញាសម្គាល់ ដែលផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍របស់មនុស្សដោយឆ្លុះបញ្ចាំងនូវអ្វីដែលអាថ៌កំបាំង ​ ពោលគឺព្រះជាម្ចាស់។ អគ្គសញ្ញានៃព្រះបន្ទូលអាចយល់បានតាមរយៈឃ្លាមួយនៅក្នុងគម្ពីរដំណឹងល្អតាមសន្តយ៉ូហានគឺ «ព្រះបន្ទូលប្រសូតជាមនុស្ស» (យហ ១,១៤) ក្នុងអង្គព្រះយេស៊ូជាព្រះបុត្រាព្រះជាម្ចាស់។ ដូច្នេះ ព្រះយេស៊ូជាអគ្គសញ្ញានៃព្រះបន្ទូល ដ្បិតក្នុងអង្គព្រះយេស៊ូគ្រីស្តជាមនុស្ស ដែលភ្នែកមើលឃើញជាទីសញ្ញាសម្គាល់នៃព្រះបន្ទូល ដែលភ្នែកមើលមិនឃើញ ពោលគឺអ្វីដែលអរូបបានកើតជារូបរាងជាក់ស្តែង ដើម្បីឱ្យមនុស្សអាចដឹង អាចយល់ និងអាចស្គាល់បានតាមបទពិសោធន៍។ សន្តយ៉ូហានបានបង្ហាញពីលក្ខណៈពិសេសរបស់ព្រះយេស៊ូជាអគ្គសញ្ញានៃព្រះបន្ទូល ដែលនាំមនុស្សឱ្យស្គាល់ព្រះជាម្ចាស់ជាព្រះបិតាថា «ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឱ្យស្គាល់​ព្រះ‌អង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា» (យហ ១,១៨)។ អ្នកណាបានឃើញព្រះអង្គ ក៏បានឃើញព្រះបិតាដែរ (យហ ១៤,៩)។ ហេតុនេះ ការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ត្រូវបានលាតត្រដាង និងសម្តែងឱ្យយើងស្គាល់ក្នុងអង្គព្រះយេស៊ូគ្រីស្ត។

«អាថ៌កំបាំងនៃការប្រសូតជាមនុស្សគឺពិតជាដើមកំណើតអគ្គសញ្ញានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសេចក្តីពិតនៃអាថ៌កំបាំងនេះបានសម្តែងឱ្យយើងស្គាល់នៅក្នុង “ព្រះកាយ” នៃព្រះបុត្រា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញខ្លួនឱ្យយល់ដឹងតាមវិញ្ញាណរួមមានទាំង “ទីសញ្ញាសម្គាល់” នៃពាក្យសម្តី និងកាយវិការ ដែលព្រះអង្គផ្ទាល់បង្ហាញវត្តមានចំពោះយើង។»
(Verbum Domini លេខ៥៦)។

នៅក្នុងសេចក្តីផ្តើមនៃគម្ពីរដំណឹងល្អតាមសន្តយ៉ូហានថ្លែងថា៖ «ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើង» (យហ ១,១៤) គឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយកឋានៈ និងយកលក្ខណៈជាមនុស្សដូចយើង។ សន្តយ៉ូហានបានប្រកាសជំនឿអំពីការអាថ៌កំបាំងនៃព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងនៅមុនកាលសម័យ (យហ ១,១-២) ពោលគឺព្រះអង្គមិនមែនមានព្រះជន្មត្រឹមតែជាមនុស្សប៉ុណ្ណោះទេ។ ដូច្នេះ ព្រះជាម្ចាស់មិនបានគង់នៅដាច់ឆ្ងាយដោយឡែកពីមនុស្សឡើយ គឺព្រះអង្គប្រសូតចូលក្នុងលក្ខណៈ និងក្នុងស្ថានភាពរបស់មនុស្សដើម្បីរួមជាមួយគេ។ នេះហើយជាដំណឹងល្អសម្រាប់យើង។

«ព្រះ​ជា​ម្ចាស់​ដែលមនុស្សមើល​មិន​ឃើញ (កូឡ ១,១៥; ១ធម ១,១៧) សម្តែង​ព្រះ​អង្គ​ឱ្យមនុស្ស​លោក​ស្គាល់ គឺព្រះអង្គប្រកបដោយព្រះ​ហឫទ័យស្រឡាញ់​​ដ៏ទូ​លំ​ទូលាយ ទ្រង់មាន​ព្រះ​បន្ទូល​មក​រក​មនុស្ស ដូចជា​មក​រក​មិត្ត​សម្លាញ់ (សរ ៣៣,១១; យហ ១៥,១៤-១៥) ព្រះអង្គ​សន្ទនា​ជាមួយ​ពួក​គេ (បារ ៣,៣៨) អញ្ជើញ​គេឱ្យរួមរស់ជាមួយ និងប្រោសរំលែក​ព្រះ​ជន្ម​ផ្ទាល់​របស់​ព្រះ​អង្គឱ្យគេ។»
(Dei Verbum មាត្រាលេខ២)។

ព្រះយេស៊ូយាងមក “ដើម្បី​ឱ្យមនុស្ស​លោក​មាន​ជីវិត ហើយ​ឱ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌” (យហ ១០,១០) មានន័យថា ដើម្បីស្តារឱ្យមនុស្សមានជីវិតអស់កល្បជានិច្ចរួមជាមួយព្រះជាម្ចាស់ ដូចឃ្លាមួយដ៏ល្បីល្បាញរបស់សន្តអ៊ីរ៉េណេ (១៣០-២០២ នៃគ.ស) ជាអភិបាលព្រះសហគមន៍នៅទីក្រុងលីយ៉ុងបានថ្លែងថា៖ «ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សអាចទៅជាព្រះជាម្ចាស់»។ ហេតុនេះ តាមរយៈព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងនៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់សព្វ​ព្រះ‌ហឫទ័យ​ឱ្យមនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែល​ជា​មនុស្ស (១ធម ២,៤-៥)។

គ្រីស្តទូតប៉ូល​បាន​ថ្លែងទូន្មានយើងឱ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនយ៉ាងច្បាស់ថា៖ «យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មកក្នុង​អង្គ​ព្រះ‌គ្រីស្ត‌​យេស៊ូ ដើម្បី​ឱ្យ​យើង​ប្រព្រឹត្ត​​អំពើ​​ល្អ​​ដែល​ព្រះ‌អង្គ​បាន​បម្រុង​​ទុក​ជា​មុនសម្រាប់​ឱ្យ​យើង​ប្រព្រឹត្ត​តាម។» (អភ ២,១០)។ ហេតុនេះ យើងគឺជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានបង្កើត និងបានត្រាស់ហៅយើងឱ្យទទួល និងរស់នៅតាមអត្ត​សញ្ញាណថ្មីនេះ។ សេចក្តីនេះមិនមែនមានន័យថា យើងដូចជាអាយ៉ងដែលគ្មានសេរីភាពរិះគិត ឬចង់ធ្វើអ្វីតាមតែចិត្ត និងតាមមនសិការរបស់ខ្លួនដើម្បីឱ្យបានរីកចម្រើននោះទេ។ ផ្ទុយទៅវិញ វាគឺជាកំពូលនៃអត្តសញ្ញាណ​​ដែល​យើង​ត្រូវ​តែជឿ និងត្រូវតែប្រកាន់ភ្ជាប់ជាចាំបាច់ជានិច្ច ពីព្រោះ វាផ្តល់ឱ្យជីវិតយើងមានអត្ថន័យ មានគុណតម្លៃ មានសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់បំផុត និង​​ផ្តល់​ឱ្យ​យើង​មាន​បុព្វ​ហេតុ​នៃ​ការរស់​នៅ និងការគោរពប្រណិប័តន៍​ត្រឹមត្រូវច្បាស់លាស់។ ជាពិសេស វាគឺជាប្រភពនៃសុភមង្គលដ៏ពិតប្រាកដ​សម្រាប់ជីវិតរបស់យើង។

សន្តសន្តី​បុគ្គលជាច្រើននាក់ដែលមានឥទ្ធិពល និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តសុទ្ធតែជាអ្នកដែលបានស្គាល់ និងរស់នៅតាមអត្តសញ្ញាណនេះ ដូចជាសន្តប៉ូលជាដើមដែលបានពោលថា៖

«ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់
ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្តី
ខ្ញុំ​នឹង​លើក​​​តម្កើង​ព្រះ‌គ្រីស្ត​ក្នុង​រូប​កាយ​ខ្ញុំ។
ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត
ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។»
(ភីល ១,២០-២១)។

ការចាំបាច់សម្រាប់យើងជាគ្រីស្តបរិស័ទ គឺត្រូវស្គាល់ព្រះយេស៊ូគ្រីស្តជានរណាសម្រាប់ខ្ញុំ។ សេចក្តីដែលយើងត្រូវដឹងគឺ “យើងមិនមែនកើតមកជាគ្រីស្តបរិស័ទនោះទេ គឺយើងទៅជាគ្រីស្តបរិស័ទ” សម្រង់ឃ្លារបស់គ្រូបាធ្យាយព្រះសហគមន៍ម្នាក់បានថ្លែង គឺលោក ទែទូលីយ៉ាំង (១៦០-២៤០ នៃគ.ស)។ ឃ្លានេះមានន័យថា យើងទៅជាគ្រីស្តបរិស័ទមកពីយើងបានជ្រើសរើស និងសម្រេចចិត្តឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់នៅក្នុងអង្គព្រះគ្រីស្ត ដើម្បីឱ្យយើងមានអត្តសញ្ញាណថ្មីក្នុងព្រះអង្គ។ បើមិនដូច្នោះទេ យើងគ្រាន់តែជាគ្រីស្តបរិស័ទដែលធ្វើតាមតែប្រពៃណីសំបកក្រៅប៉ុណ្ណោះ ហើយមិនចូលទៅក្នុងជម្រៅចិត្តនោះឡើយ។

ចំពោះយើងជាគ្រីស្តបរិស័ទកាតូលិក យើងក្លាយទៅជាគ្រីស្តបរិស័ទពេញទី នៅពេលដែលយើងទទួលអគ្គសញ្ញាទាំងបីនេះ គឺអគ្គសញ្ញាជ្រមុជទឹក​ អរព្រះគុណ និងលាបថ្ងាស៖

  • ក្នុងអគ្គសញ្ញាជ្រមុជទឹកៈ «យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជរួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។ ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូររួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រីស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង​រឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។» (រ៉ូម ៦,៣-៥)។
  • ក្នុងអគ្គសញ្ញាអរព្រះគុណៈ យើងទទួលព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ដើម្បីព្រះអង្គប្រោសយើងឱ្យមានជីវិត និងមានលក្ខណៈរួមជាមួយព្រះអង្គ ដ្បិតអ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ព្រះអង្គ ហើយព្រះអង្គ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ (យហ ៦,៥៦)។
  • ក្នុងអគ្គសញ្ញាលាបថ្ងាសៈ យើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់សណ្ឋិតក្នុងយើង គឺជាព្រះដ៏ជួយការពារ និងសម្តែងសេចក្តីពិត (យហ ១៥,២៦)។ ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឱ្យយើង​មាន​វិញ្ញាណ​ដែល​នាំឱ្យខ្លាច​ទេ គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យយើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចេះគ្រប់គ្រងខ្លួនឯង (២ធម ១,៧)។

អគ្គសញ្ញាប្រោសឱ្យទៅជាគ្រីស្តបរិស័ទពេញទីទាំងបីនេះផ្តល់ឱ្យគ្រីស្តបរិស័ទមានមុខងារបីសំខាន់ៗ (Tria munera Christi) ដែលខ្លួនត្រូវទទួលខុសត្រូវបំពេញ គឺមុខងារជាបូជាចារ្យ (១សល ២,៥; លទ្ធិ ៩០១-៩០៣) ជាព្យាការី (១ករ ១៤,១-៥; លទ្ធិ ៩០៤-៩០៧) និងជាព្រះមហាក្សត្រ (យហ ១៣,១២-១៤; លទ្ធិ ៩០៨-៩១៣)។

គ្រីស្តបរិស័ទចាំបាច់ត្រូវស្គាល់អត្តសញ្ញាណរបស់ខ្លួនក្នុងព្រះគ្រីស្តឱ្យបានច្បាស់លាស់ ដើម្បីព្រះ‌អង្គមាន​ចិត្ត​គំនិត​យ៉ាង​ណា យើង​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ (ភីល ២,៥)។ ព្រះគ្រីស្តបានសម្តែងអត្តសញ្ញាណរបស់ព្រះអង្គឱ្យយើងស្គាល់ថា ព្រះអង្គ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈព្រះអង្គ (យហ ១៤,៦)។ ហេតុនេះហើយ បានជាយើងជឿ និងទុកចិត្តលើព្រះអង្គ ដ្បិតយើងស្គាល់ព្រះអង្គមិនមែនមកពីការនឹកគិតរបស់ខ្លួនយើងនោះទេ គឺមកពីព្រះអង្គដែលបានបង្ហាញអត្តសញ្ញាណរបស់ព្រះអង្គឱ្យយើងស្គាល់ជាមុន ហើយព្រះអង្គបានធ្វើជាគំរូឱ្យយើងរស់នៅតាម។

សេចក្តីនេះហើយ ដែលជាបុព្វហេតុដ៏ពិតប្រាកដ និងរស់រវើកនៃជំនឿគ្រីស្តបរិស័ទ ដែលចារឹកនៅក្នុងមនសិការសីលធម៌របស់ខ្លួន។ ពាក្យ“បុព្វហេតុ” នេះហើយ ដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ពន្យល់តាមផ្លូវវិញ្ញាណ ដោយយោងសំដៅលើព្រះកាយព្រះគ្រីស្ត ដែលជាប្រភពនៃពន្លឺ និងជាប្រភពនៃបុព្វហេតុ ជំរុញឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងអញ្ជើញយើងឱ្យក្លាយទៅជាអ្នកការពារស្នាព្រះហស្តទាំងឡាយ (Laudato Si លេខ២៣៦)។ ក្នុងពេលជាមួយគ្នា យើងគប្បីមានទំនួលខុសត្រូវថែរក្សាសង្គម និងសហគមន៍ ដែលយើងកំពុងរស់នៅ។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទ គឺជាអ្នកដែលផ្ញើជីវិតក្នុងអង្គព្រះគ្រីស្ត គឺរួមជាមួយព្រះកាយអង្គ ត្រូវស្គាល់ និងទទួលអត្តសញ្ញាណថ្មីដ៏សំខាន់របស់ខ្លួនថា យើងមិនមែនជាភាវៈមនុស្សដែលស្តាប់ព្រះបន្ទូល ដើម្បីរស់នៅ និងដើម្បីប្រព្រឹត្តតាមរបៀបមនុស្ស។ យើងគឺជាភាវៈព្រះបន្ទូល ដើម្បីរស់នៅ និងដើម្បីប្រព្រឹត្តត្រឹមត្រូវតាមរបៀបព្រះជាម្ចាស់ ពោលគឺប្រព្រឹត្តក្នុងសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គ ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ (១យហ ៤,៧-២១)។ ព្រះយេស៊ូផ្ទាល់បានស្រឡាញ់យើងរហូតដល់បូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដើម្បីឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គដែលបានស្រឡាញ់យើង ទុកជាវិន័យដ៏កំពូល ហើយគ្មានវិន័យមួយណាប្រសើរជាងនេះឡើយ។

«ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្តី ជីវិត​ក្តី ទេវទូត​ក្តី វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ក្តី
បច្ចុប្បន្ន‌កាល​ក្តី អនាគត‌កាល​ក្តី អំណាច​នានា​ក្តី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី
ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់
ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឱ្យយើង​ឃើញ​ក្នុង​ព្រះ‌គ្រីស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​បាន​ឡើយ។ (រ៉ូម ៨,៣៨-៣៩)។
ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។
រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ
ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់
ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។» (កាឡ ២,២០)។

សូមកោតសរសើរ
ព្រះបិតា
ព្រះបុត្រា
និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាមែន។



សន្និបាតយុវជនអន្តរភូមិភាគ យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

689 Views

Theme: Overlay by Kaira