អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
អត្តសញ្ញាណគ្រីស្តបរិស័ទ
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
សេចក្តីផ្តើម
មនុស្សគ្រប់រូបដែលកើតមកក្នុងលោកនេះសុទ្ធតែមានអត្តសញ្ញាណរបស់ខ្លួនម្នាក់ៗ និងដោយឡែកៗពីគ្នា មានភេទជាបុរស ជាស្រ្តី មានឈ្មោះ មានសញ្ជាតិ មានឆន្ទៈ មានមនសិការ មានបំណងប្រាថ្នា មានកិច្ចការ មានរូបសម្បត្តិ មានលក្ខណៈសម្បត្តិ និងមានប្រវត្តិសាស្រ្តរបស់ខ្លួនជាក់លាក់។ ទាំងយុវវ័យ ទាំងមនុស្សពេញវ័យត្រូវស្វែងយល់ និងស្គាល់អំពីអត្តសញ្ញាណរបស់ខ្លួន ពីព្រោះ វាមានសារៈសំខាន់ដើម្បីឆ្លុះបញ្ចាំងឱ្យយើងដឹងអំពីភាពខ្លាំងរបស់ខ្លួនដែលត្រូវប្រកាន់ភ្ជាប់ និងភាពទន់ខ្សោយដែលត្រូវកែប្រែដើម្បីនាំឱ្យជីវិតកាន់តែចម្រើនឡើង។ កាលណាយើងស្គាល់អត្តសញ្ញាណច្បាស់លាស់ នាំឱ្យជីវិតយើងមានអត្ថន័យ និងមានតម្លៃ មិនតែប៉ុណ្ណោះ វាជះឥទ្ធិពលដល់ការរស់នៅ ការប្រព្រឹត្ត និងការគោរពប្រណិប័តន៍របស់យើងបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត អត្តសញ្ញាណ គឺជាគ្រឿងសម្គាល់របស់ជីវិតមនុស្សម្នាក់ៗ ដើម្បីសម្តែងឱ្យស្គាល់ថា តើខ្លួនឯងជានរណា? តើជីវិតគឺជាអ្វី និងមានប្រភពមកពីណា? ព្រមទាំងដឹងអំពីគោលបំណងនៃជីវិតដែលត្រូវរស់នៅដើម្បីអ្វីថែមទៀតផង?
ទិដ្ឋភាពជាក់ស្តែងនៅក្នុងពិភពលោកនាសម័យកាលបច្ចុប្បន្ននេះ គឺជាសម័យវិទ្យាសាស្រ្តទំនើបដ៏អស្ចារ្យ ដ្បិតមនុស្សលោកដើរដល់បដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤ ដោយសារបច្ចេកវិទ្យា បញ្ញាសុប្បនិមិត្ត (AI)។ ថ្វីដ្បិតតែវាមានឥទ្ធិពលយ៉ាងខ្លាំងបម្រើដល់ផលប្រយោជន៍របស់មនុស្សក៏ពិតមែន តែពេលជាមួយគ្នា វាក៏មានបញ្ហាប្រឈមនានាជាច្រើនផងដែរ។ ពីព្រោះ យើងពិបាកទុកចិត្តថា មួយណាជាព័ត៌មានពិត និងមួយណាទៀតជាព័ត៌មានក្លែងក្លាយ។ ជាពិសេស គេអាចគ្រប់គ្រងឯកជនភាព និងសេរីភាពរបស់បុគ្គលម្នាក់ៗបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត គំនិតអំពីការស្រឡាញ់ប្រាក់ និងសម្ភារនិយមតាមបែបលោកីយ៍ អូសទាញមនុស្សឱ្យបដិសេធ និងលះបង់ចោលព្រះជាម្ចាស់ ជាហេតុដែលគេមិនអាចរកឃើញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនបានឡើយ។ មានមនុស្សជាច្រើននាក់ដែលរកមិនឃើញអំពីអត្តសញ្ញាណនៃជីវិតតែម្តង ហើយគេរស់នៅដោយបណ្តែតបណ្តោយខ្លួនទៅតាមព្រេងសំណាង។ មនុស្សមួយចំនួនសម្រេចចិត្តគិតខ្លីដើម្បីបញ្ចប់ជីវិតខ្លួនឯង ដោយសារតែរកមិនឃើញអំពីបុព្វហេតុនៃការរស់ ឬយល់ថា ជីវិតគ្មានប្រយោជន៍ គ្មានតម្លៃ និងគ្មានអត្ថន័យអ្វីឡើយ។ ជាពិសេស នៅពេលកើតមានវិបត្តិទ័លច្រកនៅក្នុងជីវិតដែលមិនចេះដោះស្រាយ ដូចជាភាពបរាជ័យ ការស្តីបន្ទោស ការចោទប្រកាន់ ការបៀតបៀន ភាពឯកោ ទុក្ខវេទនា ការថប់បារម្ភ ការខ្វល់ខ្វាយ និងសេចក្ដីអស់សង្ឃឹមជាដើម ជំរុញឱ្យមនុស្សគិតខ្លីធ្វើអត្តឃាតខ្លួនឯងតែម្តង។
ហេតុនេះហើយ បានជាអត្ថបទនេះមានគោលបំណងសំខាន់ដើម្បីណែនាំយើងឱ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទ និងចេះរស់នៅឱ្យស័ក្ដិសមនឹងឋានៈនេះ។ ម្យ៉ាងទៀត ដើម្បីជួយឱ្យគ្រីស្តបរិស័ទរួបរួមគ្នាធ្វើដំណើរយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ ដោយមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ (១ករ ១៣,១៣) ឆ្ពោះទៅកាន់ព្រះរាជ្យប្រកបដោយសិរីរុងរបស់ព្រះជាម្ចាស់ឯស្ថានបរមសុខ។ ពីព្រោះ យើងជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្នក្នុងលោកនេះ (១សល ២,១១) ជីវិតរបស់យើងកំពុងធ្វើបូជនីយចរណ៍ទៅកាន់មាតុភូមិរបស់យើង។
អត្តសញ្ញាណដើមរបស់មនុស្ស
ជីវិតមនុស្សម្នាក់ៗគឺជាអំណោយទាន ដ្បិតគ្មាននរណាម្នាក់បានជ្រើសរើស ដើម្បីកើតមកដោយខ្លួនឯងនោះទេ គឺឪពុកម្ដាយជាអ្នកដែលបានផ្តល់កំណើតឱ្យគេកើតមក ដើម្បីចេះជ្រើសរើសនូវអ្វីដែលជាមង្គល ហើយបដិសេធអពមង្គល និងជ្រើសរើសអំពើល្អ ហើយបដិសេធអំពើអាក្រក់។ លើសពីហ្នឹងទៀត ជីវិតមនុស្សគឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សចេះជ្រើសរើសយកជីវិត ហើយបដិសេធសេចក្តីស្លាប់ និងជ្រើសរើសយកព្រះពរ ហើយបដិសេធបណ្តាសារ។ ព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ (កណ ១,២៧) ព្រះអង្គបានផ្តល់ដង្ហើមជីវិតដើម្បីឱ្យមនុស្សមានជីវិតរស់ឡើង (កណ ២,៧)។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត ព្រះអង្គមិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្សដោយសារព្រះអង្គ។ ជាក់ស្តែង យើងក៏ជាពូជរបស់ព្រះអង្គដែរ (កក ១៧,២៧-២៨)។
«តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញឱ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។»
(ទំន ១៣៩ (១៣៨),៧-៨)
ថ្វីដ្បិតមនុស្សលោកជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ ដែលជាកំពូលនៃស្នាព្រះហស្តរបស់ព្រះអង្គក៏ពិតមែន។ ក៏ប៉ុន្តែ យើងត្រូវដឹង និងទទួលស្គាល់ថា មនុស្សមានភាពទន់ខ្សោយដោយសារតែនៅក្នុងខ្លួនរបស់គេមានកិលេសតណ្ហា និងអវិជ្ជា ដែលងាយនឹងចាញ់ការល្បួងឱ្យប្រព្រឹត្តអំពើបាប ដែលប្រាស់ចាកពីព្រះបន្ទូល ហើយបណ្តាលឱ្យខ្លួនខូចលក្ខណៈ និងរូបតំណាងព្រះជាម្ចាស់ ដូចឧទាហរណ៍របស់លោកអដាំ និងនាងអេវ៉ា ដែលចាញ់ការល្បួង ហើយធ្លាក់ចូលទៅក្នុងសេចក្តីទុក្ខ និងសេចក្តីស្លាប់ (កណ ៣,១-១៩)។
«តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក
ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។
ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប
ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។»
(រ៉ូម ៥,១២)
ទោះបី មនុស្សម្នាក់ៗមានសេរីភាពយល់ឃើញចំពោះជីវិតរបស់ខ្លួនបែបណាក៏បាន តែការយល់ឃើញនោះនឹងដឹកនាំការរស់នៅរបស់គេបែបនោះដែរ។ នៅទីបំផុត យើងនឹងឃើញលទ្ធផលនៃជីវិតរបស់គេរីកចម្រើន ឬអន់ថយជាក់ជាមិនខាន។ បើយើងទទួលស្គាល់ថា ជីវិតរបស់យើងត្រូវបានបង្កើតមក ទើបជីវិតរបស់យើងនេះមានន័យ និងមានប្រយោជន៍ ពីព្រោះ វាឆ្លុះបញ្ចាំងអំពីបុព្វហេតុដែលនាំឱ្យមានជីវិតរបស់យើងកើតមក។ ជាក់ស្តែង យើងកើតមកពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពីឪពុកម្តាយ និងពីព្រះជាម្ចាស់ ដែលចិញ្ចឹមយើងឱ្យចម្រើនឡើង ដើម្បីឱ្យយើងបង្កើតជីវិតបន្តទៀត។ បើយើងយល់ឃើញថា ជីវិតនេះគ្រាន់តែជាការផ្សំផ្គុំធាតុដែលកើតឡើងដោយឯងៗប៉ុណ្ណោះ នោះជីវិតនេះគ្មានន័យអ្វីសោះឡើយ ហើយការរស់នៅទៀតសោត គឺគ្រាន់តែរស់នៅកំដរដង្ហើមដើម្បីរង់ចាំថ្ងៃបែកធ្លាយ ឬក៏អាចយល់បានថា ជីវិតនេះគឺគ្រាន់តែជាល្បែង (ហ្គេម) ដែលត្រូវលែងកំដរតែប៉ុណ្ណោះ។
ហេតុនេះ បើអត្តសញ្ញាណដើមដំបូងបំផុតនៃជីវិតរបស់យើងគឺជាអំណោយទាន និងជាព្រះអំណោយទាន បើយើងជាពូជរបស់ព្រះអង្គមែន នោះជីវិតយើងពិតជាមានគុណតម្លៃដ៏អស្ចារ្យ និងមានប្រយោជន៍ក្រៃលែង ហើយយើងត្រូវរស់នៅឱ្យសមនឹងឋានៈនេះ ពោលគឺត្រូវប្រយ័ត្នប្រយែងពាក្យសម្តី និងមាយាទរបស់យើង ដូចក្នុងសុភាសិតខ្មែរពោលថា៖ «សម្តីសរជាតិ មារយាទសរពូជ»។ យើងត្រូវមានការប្តេជ្ញាចិត្តយ៉ាងមោះមុត និងទំនួលខុសត្រូវខ្ពស់ ដើម្បីកសាងអត្តសញ្ញាណនៃជីវិតរបស់យើងឱ្យបានល្អប្រសើរបំផុត។ មិនត្រូវធ្វេសប្រហែសប្រៀនប្រដៅកូនចៅគ្រប់ជំនាន់ឱ្យពួកគេដឹង និងប្រកាន់ភ្ជាប់អំពីអត្តសញ្ញាណនេះឡើយ។ តទៅនេះ មានសំណួរបីដែលយើងត្រូវសួរជាប្រចាំ ដើម្បីបំភ្លឺការត្រាស់ហៅ និងការថ្លឹងថ្លែងអំពីព្រះអំណោយទានដែលយើងត្រូវបំពេញតាមអត្តសញ្ញាណរបស់ខ្លួន៖
- តើព្រះជាម្ចាស់សព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីព្រះអង្គ?
- តើព្រះអង្គសព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីទូលបង្គំ?
- តើព្រះអង្គសព្វព្រះហឫទ័យអ្វីពីទូលបង្គំដើម្បីគ្រួសារ ព្រះសហគមន៍ សង្គម និងពិភពលោកនេះ?
អត្តសញ្ញាណរបស់ព្រះយេស៊ូគ្រីស្ត
ព្រះយេស៊ូគ្រីស្តគឺជាអគ្គសញ្ញានៃព្រះបន្ទូលព្រះជាម្ចាស់។ អគ្គសញ្ញា (Sacrament) ជាពាក្យមួយពិសេសក្នុងជំនឿគ្រីស្តសាសនាទាក់ទងទៅនឹងអ្វីដែលសក្ការៈ ដូចជាអគ្គសញ្ញាទាំងប្រាំពីរនៅក្នុងព្រះសហគមន៍ជាដើម។ អគ្គសញ្ញាសំដៅលើទីសញ្ញាសម្គាល់ ដែលផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍របស់មនុស្សដោយឆ្លុះបញ្ចាំងនូវអ្វីដែលអាថ៌កំបាំង ពោលគឺព្រះជាម្ចាស់។ អគ្គសញ្ញានៃព្រះបន្ទូលអាចយល់បានតាមរយៈឃ្លាមួយនៅក្នុងគម្ពីរដំណឹងល្អតាមសន្តយ៉ូហានគឺ «ព្រះបន្ទូលប្រសូតជាមនុស្ស» (យហ ១,១៤) ក្នុងអង្គព្រះយេស៊ូជាព្រះបុត្រាព្រះជាម្ចាស់។ ដូច្នេះ ព្រះយេស៊ូជាអគ្គសញ្ញានៃព្រះបន្ទូល ដ្បិតក្នុងអង្គព្រះយេស៊ូគ្រីស្តជាមនុស្ស ដែលភ្នែកមើលឃើញជាទីសញ្ញាសម្គាល់នៃព្រះបន្ទូល ដែលភ្នែកមើលមិនឃើញ ពោលគឺអ្វីដែលអរូបបានកើតជារូបរាងជាក់ស្តែង ដើម្បីឱ្យមនុស្សអាចដឹង អាចយល់ និងអាចស្គាល់បានតាមបទពិសោធន៍។ សន្តយ៉ូហានបានបង្ហាញពីលក្ខណៈពិសេសរបស់ព្រះយេស៊ូជាអគ្គសញ្ញានៃព្រះបន្ទូល ដែលនាំមនុស្សឱ្យស្គាល់ព្រះជាម្ចាស់ជាព្រះបិតាថា «ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា» (យហ ១,១៨)។ អ្នកណាបានឃើញព្រះអង្គ ក៏បានឃើញព្រះបិតាដែរ (យហ ១៤,៩)។ ហេតុនេះ ការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ត្រូវបានលាតត្រដាង និងសម្តែងឱ្យយើងស្គាល់ក្នុងអង្គព្រះយេស៊ូគ្រីស្ត។
«អាថ៌កំបាំងនៃការប្រសូតជាមនុស្សគឺពិតជាដើមកំណើតអគ្គសញ្ញានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសេចក្តីពិតនៃអាថ៌កំបាំងនេះបានសម្តែងឱ្យយើងស្គាល់នៅក្នុង “ព្រះកាយ” នៃព្រះបុត្រា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញខ្លួនឱ្យយល់ដឹងតាមវិញ្ញាណរួមមានទាំង “ទីសញ្ញាសម្គាល់” នៃពាក្យសម្តី និងកាយវិការ ដែលព្រះអង្គផ្ទាល់បង្ហាញវត្តមានចំពោះយើង។»
(Verbum Domini លេខ៥៦)។
នៅក្នុងសេចក្តីផ្តើមនៃគម្ពីរដំណឹងល្អតាមសន្តយ៉ូហានថ្លែងថា៖ «ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើង» (យហ ១,១៤) គឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយកឋានៈ និងយកលក្ខណៈជាមនុស្សដូចយើង។ សន្តយ៉ូហានបានប្រកាសជំនឿអំពីការអាថ៌កំបាំងនៃព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងនៅមុនកាលសម័យ (យហ ១,១-២) ពោលគឺព្រះអង្គមិនមែនមានព្រះជន្មត្រឹមតែជាមនុស្សប៉ុណ្ណោះទេ។ ដូច្នេះ ព្រះជាម្ចាស់មិនបានគង់នៅដាច់ឆ្ងាយដោយឡែកពីមនុស្សឡើយ គឺព្រះអង្គប្រសូតចូលក្នុងលក្ខណៈ និងក្នុងស្ថានភាពរបស់មនុស្សដើម្បីរួមជាមួយគេ។ នេះហើយជាដំណឹងល្អសម្រាប់យើង។
«ព្រះជាម្ចាស់ដែលមនុស្សមើលមិនឃើញ (កូឡ ១,១៥; ១ធម ១,១៧) សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ គឺព្រះអង្គប្រកបដោយព្រះហឫទ័យស្រឡាញ់ដ៏ទូលំទូលាយ ទ្រង់មានព្រះបន្ទូលមករកមនុស្ស ដូចជាមករកមិត្តសម្លាញ់ (សរ ៣៣,១១; យហ ១៥,១៤-១៥) ព្រះអង្គសន្ទនាជាមួយពួកគេ (បារ ៣,៣៨) អញ្ជើញគេឱ្យរួមរស់ជាមួយ និងប្រោសរំលែកព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យគេ។»
(Dei Verbum មាត្រាលេខ២)។
ព្រះយេស៊ូយាងមក “ដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌” (យហ ១០,១០) មានន័យថា ដើម្បីស្តារឱ្យមនុស្សមានជីវិតអស់កល្បជានិច្ចរួមជាមួយព្រះជាម្ចាស់ ដូចឃ្លាមួយដ៏ល្បីល្បាញរបស់សន្តអ៊ីរ៉េណេ (១៣០-២០២ នៃគ.ស) ជាអភិបាលព្រះសហគមន៍នៅទីក្រុងលីយ៉ុងបានថ្លែងថា៖ «ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សអាចទៅជាព្រះជាម្ចាស់»។ ហេតុនេះ តាមរយៈព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងនៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្តយេស៊ូដែលជាមនុស្ស (១ធម ២,៤-៥)។
អត្តសញ្ញាណគ្រីស្តបរិស័ទ
គ្រីស្តទូតប៉ូលបានថ្លែងទូន្មានយើងឱ្យស្គាល់អត្តសញ្ញាណរបស់ខ្លួនយ៉ាងច្បាស់ថា៖ «យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមកក្នុងអង្គព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបម្រុងទុកជាមុនសម្រាប់ឱ្យយើងប្រព្រឹត្តតាម។» (អភ ២,១០)។ ហេតុនេះ យើងគឺជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានបង្កើត និងបានត្រាស់ហៅយើងឱ្យទទួល និងរស់នៅតាមអត្តសញ្ញាណថ្មីនេះ។ សេចក្តីនេះមិនមែនមានន័យថា យើងដូចជាអាយ៉ងដែលគ្មានសេរីភាពរិះគិត ឬចង់ធ្វើអ្វីតាមតែចិត្ត និងតាមមនសិការរបស់ខ្លួនដើម្បីឱ្យបានរីកចម្រើននោះទេ។ ផ្ទុយទៅវិញ វាគឺជាកំពូលនៃអត្តសញ្ញាណដែលយើងត្រូវតែជឿ និងត្រូវតែប្រកាន់ភ្ជាប់ជាចាំបាច់ជានិច្ច ពីព្រោះ វាផ្តល់ឱ្យជីវិតយើងមានអត្ថន័យ មានគុណតម្លៃ មានសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់បំផុត និងផ្តល់ឱ្យយើងមានបុព្វហេតុនៃការរស់នៅ និងការគោរពប្រណិប័តន៍ត្រឹមត្រូវច្បាស់លាស់។ ជាពិសេស វាគឺជាប្រភពនៃសុភមង្គលដ៏ពិតប្រាកដសម្រាប់ជីវិតរបស់យើង។
សន្តសន្តីបុគ្គលជាច្រើននាក់ដែលមានឥទ្ធិពល និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តសុទ្ធតែជាអ្នកដែលបានស្គាល់ និងរស់នៅតាមអត្តសញ្ញាណនេះ ដូចជាសន្តប៉ូលជាដើមដែលបានពោលថា៖
«ពេលនេះក៏ដូចជាពេលណាទាំងអស់
ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្តី
ខ្ញុំនឹងលើកតម្កើងព្រះគ្រីស្តក្នុងរូបកាយខ្ញុំ។
ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត
ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។»
(ភីល ១,២០-២១)។
ការចាំបាច់សម្រាប់យើងជាគ្រីស្តបរិស័ទ គឺត្រូវស្គាល់ព្រះយេស៊ូគ្រីស្តជានរណាសម្រាប់ខ្ញុំ។ សេចក្តីដែលយើងត្រូវដឹងគឺ “យើងមិនមែនកើតមកជាគ្រីស្តបរិស័ទនោះទេ គឺយើងទៅជាគ្រីស្តបរិស័ទ” សម្រង់ឃ្លារបស់គ្រូបាធ្យាយព្រះសហគមន៍ម្នាក់បានថ្លែង គឺលោក ទែទូលីយ៉ាំង (១៦០-២៤០ នៃគ.ស)។ ឃ្លានេះមានន័យថា យើងទៅជាគ្រីស្តបរិស័ទមកពីយើងបានជ្រើសរើស និងសម្រេចចិត្តឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់នៅក្នុងអង្គព្រះគ្រីស្ត ដើម្បីឱ្យយើងមានអត្តសញ្ញាណថ្មីក្នុងព្រះអង្គ។ បើមិនដូច្នោះទេ យើងគ្រាន់តែជាគ្រីស្តបរិស័ទដែលធ្វើតាមតែប្រពៃណីសំបកក្រៅប៉ុណ្ណោះ ហើយមិនចូលទៅក្នុងជម្រៅចិត្តនោះឡើយ។
ត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិក
ចំពោះយើងជាគ្រីស្តបរិស័ទកាតូលិក យើងក្លាយទៅជាគ្រីស្តបរិស័ទពេញទី នៅពេលដែលយើងទទួលអគ្គសញ្ញាទាំងបីនេះ គឺអគ្គសញ្ញាជ្រមុជទឹក អរព្រះគុណ និងលាបថ្ងាស៖
- ក្នុងអគ្គសញ្ញាជ្រមុជទឹកៈ «យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រីស្ដយេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។» (រ៉ូម ៦,៣-៥)។
- ក្នុងអគ្គសញ្ញាអរព្រះគុណៈ យើងទទួលព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ដើម្បីព្រះអង្គប្រោសយើងឱ្យមានជីវិត និងមានលក្ខណៈរួមជាមួយព្រះអង្គ ដ្បិតអ្នកណាពិសាសាច់ និងលោហិតរបស់ព្រះអង្គ អ្នកនោះស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ (យហ ៦,៥៦)។
- ក្នុងអគ្គសញ្ញាលាបថ្ងាសៈ យើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់សណ្ឋិតក្នុងយើង គឺជាព្រះដ៏ជួយការពារ និងសម្តែងសេចក្តីពិត (យហ ១៥,២៦)។ ព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចេះគ្រប់គ្រងខ្លួនឯង (២ធម ១,៧)។
អគ្គសញ្ញាប្រោសឱ្យទៅជាគ្រីស្តបរិស័ទពេញទីទាំងបីនេះផ្តល់ឱ្យគ្រីស្តបរិស័ទមានមុខងារបីសំខាន់ៗ (Tria munera Christi) ដែលខ្លួនត្រូវទទួលខុសត្រូវបំពេញ គឺមុខងារជាបូជាចារ្យ (១សល ២,៥; លទ្ធិ ៩០១-៩០៣) ជាព្យាការី (១ករ ១៤,១-៥; លទ្ធិ ៩០៤-៩០៧) និងជាព្រះមហាក្សត្រ (យហ ១៣,១២-១៤; លទ្ធិ ៩០៨-៩១៣)។
សេចក្តីសន្និដ្ឋាន
គ្រីស្តបរិស័ទចាំបាច់ត្រូវស្គាល់អត្តសញ្ញាណរបស់ខ្លួនក្នុងព្រះគ្រីស្តឱ្យបានច្បាស់លាស់ ដើម្បីព្រះអង្គមានចិត្តគំនិតយ៉ាងណា យើងត្រូវមានចិត្តគំនិតយ៉ាងនោះដែរ (ភីល ២,៥)។ ព្រះគ្រីស្តបានសម្តែងអត្តសញ្ញាណរបស់ព្រះអង្គឱ្យយើងស្គាល់ថា ព្រះអង្គជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈព្រះអង្គ (យហ ១៤,៦)។ ហេតុនេះហើយ បានជាយើងជឿ និងទុកចិត្តលើព្រះអង្គ ដ្បិតយើងស្គាល់ព្រះអង្គមិនមែនមកពីការនឹកគិតរបស់ខ្លួនយើងនោះទេ គឺមកពីព្រះអង្គដែលបានបង្ហាញអត្តសញ្ញាណរបស់ព្រះអង្គឱ្យយើងស្គាល់ជាមុន ហើយព្រះអង្គបានធ្វើជាគំរូឱ្យយើងរស់នៅតាម។
សេចក្តីនេះហើយ ដែលជាបុព្វហេតុដ៏ពិតប្រាកដ និងរស់រវើកនៃជំនឿគ្រីស្តបរិស័ទ ដែលចារឹកនៅក្នុងមនសិការសីលធម៌របស់ខ្លួន។ ពាក្យ“បុព្វហេតុ” នេះហើយ ដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ពន្យល់តាមផ្លូវវិញ្ញាណ ដោយយោងសំដៅលើព្រះកាយព្រះគ្រីស្ត ដែលជាប្រភពនៃពន្លឺ និងជាប្រភពនៃបុព្វហេតុ ជំរុញឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងអញ្ជើញយើងឱ្យក្លាយទៅជាអ្នកការពារស្នាព្រះហស្តទាំងឡាយ (Laudato Si លេខ២៣៦)។ ក្នុងពេលជាមួយគ្នា យើងគប្បីមានទំនួលខុសត្រូវថែរក្សាសង្គម និងសហគមន៍ ដែលយើងកំពុងរស់នៅ។
ហេតុនេះហើយ បានជាគ្រីស្តបរិស័ទ គឺជាអ្នកដែលផ្ញើជីវិតក្នុងអង្គព្រះគ្រីស្ត គឺរួមជាមួយព្រះកាយអង្គ ត្រូវស្គាល់ និងទទួលអត្តសញ្ញាណថ្មីដ៏សំខាន់របស់ខ្លួនថា យើងមិនមែនជាភាវៈមនុស្សដែលស្តាប់ព្រះបន្ទូល ដើម្បីរស់នៅ និងដើម្បីប្រព្រឹត្តតាមរបៀបមនុស្ស។ យើងគឺជាភាវៈព្រះបន្ទូល ដើម្បីរស់នៅ និងដើម្បីប្រព្រឹត្តត្រឹមត្រូវតាមរបៀបព្រះជាម្ចាស់ ពោលគឺប្រព្រឹត្តក្នុងសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គ ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ (១យហ ៤,៧-២១)។ ព្រះយេស៊ូផ្ទាល់បានស្រឡាញ់យើងរហូតដល់បូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដើម្បីឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គដែលបានស្រឡាញ់យើង ទុកជាវិន័យដ៏កំពូល ហើយគ្មានវិន័យមួយណាប្រសើរជាងនេះឡើយ។
«ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្តី ជីវិតក្តី ទេវទូតក្តី វត្ថុស័ក្តិសិទ្ធិនានាក្តី
បច្ចុប្បន្នកាលក្តី អនាគតកាលក្តី អំណាចនានាក្តី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី
ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ដែលព្រះអង្គបានសម្ដែងឱ្យយើងឃើញក្នុងព្រះគ្រីស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។ (រ៉ូម ៨,៣៨-៣៩)។
ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។
រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ
ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់
ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។» (កាឡ ២,២០)។
សូមកោតសរសើរ
ព្រះបិតា
ព្រះបុត្រា
និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាមែន។