អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
វគ្គបណ្ដុះបណ្តាលយុវជនអន្តរភូមិភាគ
“អ្នកដឹកនាំក្នុងសម័យឌីជីថល”
មណ្ឌលមេត្តាករុណាសៀមរាប ១៥-១៧ សីហា ២០២៥
ការបម្រើរបស់យើងជាអ្នកដឹកនាំក្នុងសម័យឌីជីថល
សេចក្តីផ្ដើម
នៅក្នុងសង្គមប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ឥទ្ធិពលរបស់ព្រទ្យសម្បត្តិ មាសប្រាក់ សម្ភារៈ និងអំណាចតាមបែបលោកីយ៍កំពុងតែពង្វក់ស្មារតីរបស់មនុស្ស បណ្តាលឱ្យអ្នកខ្លះប្រព្រឹត្តបំពានលើសីលធម៌ និងគុណធម៌ជាមនុស្ស។ មនុស្សមួយចំនួនតូចដែលមានឥទ្ធិពល និងមានអំណាចកំពុងតែជិះជាន់ រំលោភបំពាន និងកេងប្រវញ្ចលើមនុស្សជាច្រើន ជាពិសេសលើធនធានធម្មជាតិ។ មនុស្សខ្លះបដិសេធដោយអះអាងថា “ព្រះជាម្ចាស់មិនមានទេ” ហើយពួកគេបង្កើតទ្រឹស្តីមនោគមវិជ្ជាសាសនាថ្មី ដើម្បីអូសទាញមនុស្សឱ្យធ្វើតាមខ្លួន។ ជាញឹកញ៉ាប់ យើងឃើញព័ត៌មានអំពីអំពើអសីលធម៌ និងអំពើហិង្សាកើតឡើងតាមទម្រង់ផ្សេងៗ បង្កឱ្យមានភាពភ័យខ្លាច អសន្តិសុខ និងការថប់បារម្ភជាដើម។ មនុស្សដែលប្រព្រឹត្តអំពើអាក្រក់បណ្តាលមកពីគេមិនស្គាល់អំពីអត្តសញ្ញាណ និងមិនយល់អំពីបុព្វហេតុនៃការរស់នៅដ៏ត្រឹមត្រូវរបស់ខ្លួនជាមនុស្ស។ ប្រការដែលគ្រោះថ្នាក់បំផុតនោះ គឺមនុស្សបោះបង់ចោលព្រះជាម្ចាស់ ញ៉ាំងឱ្យខ្លួនគេយល់ឃើញថា ជីវិតគ្មានប្រយោជន៍ គ្មានតម្លៃ និងគ្មានអត្ថន័យអ្វីឡើយ។ គេរស់នៅដោយគិតតែពីកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតដល់ផលប៉ះពាល់ប្រយោជន៍សារធារណៈទាល់តែសោះ។ ជាពិសេស នៅពេលកើតមានវិបត្តិទ័លច្រកនៅក្នុងជីវិតដែលមិនចេះដោះស្រាយ ដូចជាភាពបរាជ័យ ការស្តីបន្ទោស ការចោទប្រកាន់ ការបៀតបៀន ភាពឯកោ ទុក្ខវេទនា ការថប់បារម្ភ ការខ្វល់ខ្វាយ និងសេចក្ដីអស់សង្ឃឹមជាដើម ជំរុញឱ្យគេគិតខ្លីធ្វើអត្តឃាតខ្លួនឯងតែម្តង។

តថភាពក្នុងសម័យកាលរបស់យើងនាសតវត្សទី២១នេះ គឺជាសម័យវិទ្យាសាស្រ្តទំនើបដ៏អស្ចារ្យ ដ្បិតប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានការវិវត្តន៍ដល់កំពូល ដូចជាប្រព័ន្ធអ៊ីនធឺណែត និងបណ្ដាញទំនាក់ទំនងសង្គមដ៏សម្បូរបែបផ្តល់ឱ្យមនុស្សអាចធ្វើការងារ អាចចែកចាយព័ត៌មាន និងអាចទាក់ទងគ្នាបានឆាប់រហ័សជាទីបំផុត។ បរិបទពិភពលោកសព្វថ្ងៃកំពុងតែធ្វើដំណើរវិវត្តរីកចម្រើនដល់បដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤ ដោយសារបច្ចេកវិទ្យា “បញ្ញាសុប្បនិមិត្ត” ឬយើងហៅកាត់ថា “AI” (Artificial Intelligence) ដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់មនុស្សយ៉ាងខ្លាំង ទាំងលើវិស័យការងារ ទំនាក់ទំនង ការកំសាន្ត សេដ្ឋកិច្ច និងសីលធម៌ជាដើម។ ទោះបី AI ផ្តល់គុណសម្បត្តិបម្រើដល់ផលប្រយោជន៍របស់មនុស្សយ៉ាងខ្លាំងក្ដី តែក៏មានគុណវិបត្តិធ្ងន់ធ្ងរជាច្រើនដែលកំពុងតែប្រឈមមុខផងដែរ។ ពីព្រោះ យើងពិបាកទុកចិត្តថា មួយណាជាព័ត៌មានពិត និងមួយណាទៀតជាព័ត៌មានក្លែងក្លាយ។ ជាពិសេស គេអាចគ្រប់គ្រងឯកជនភាព និងសេរីភាពរបស់បុគ្គលម្នាក់ៗបានយ៉ាងងាយស្រួល។
ឧទាហរណ៍ សង្គ្រាមរវាងប្រទេសកម្ពុជានិងថៃនៅតាមបន្ទាត់ព្រំដែន ដែលកើតឡើងក្នុងអំឡុងពេលប្រាំថ្ងៃ គឺថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើសង្គ្រាមច្រើនជាងកម្ពុជា។ លទ្ធផល មនុស្សស្លាប់ និងរបួស និងជនភៀសសឹកជាច្រើនកំពុងរងគ្រោះទាំងសងខាង តែកម្ពុជារងគ្រោះខូចខាតធ្ងន់ធ្ងរជាង។ រហូតមកដល់ពេលនេះ ស្ថានការណ៍នៅតែតានតឹងនៅឡើយ ហើយព័ត៌មានក្លែងក្លាយជាច្រើនដែលផលិតដោយ AI កំពុងតែបន្តបង្កសង្គ្រាម។ ប្រជាជនតែងសួរដេញដោលគ្នាថា តើព័ត៌មាននេះពិត ឬក្លែងក្លាយ ជាជាងយកចិត្តទុកដាក់វិភាគលើស្ថានការណ៍ឱ្យបានត្រឹមត្រូវ។ សេចក្តីពិតកំពុងលាក់បាំង រីឯការបោកប្រាស់កំពុងតែផ្សព្វផ្សាយលាតត្រដាងដោយសេរី។ ផលវិបាកដែលបង្កឱ្យមាន គឺការគុំកួន និងការស្អប់គ្នាទៅវិញរវាងប្រជាជនប្រទេសទាំងពីរកាន់តែស្រួចស្រាល និងជ្រាលជ្រៅខ្លាំងឡើង។

កាឌីណាល់ រ៉ូប៊ើត ហ្រ្វាន់ស៊ីស ប្រេវូស នៅពេលបានទទួលការជ្រើសតាំងជាសម្តេចប៉ាប ដើម្បីដឹកនាំព្រះសហគមន៍កាតូលិក លោកបានជ្រើសរើសឈ្មោះ ឡេអូទី១៤។ ក្នុងសន្តកថាលើកដំបូងថ្លែងទៅកាន់ក្រុមកាឌីណាល់ (ឬក្រុមប្រឹក្សាសម្តេចប៉ាប) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សម្តេចប៉ាប ឡេអូទី១៤ បានបញ្ជាក់មូលហេតុនៃការជ្រើសរើសឈ្មោះនេះ ដើម្បីនឹកដល់ស្នាដៃរបស់សម្តេចប៉ាប ឡេអូទី១៣ (១៨១០-១៩០៣) ដែលបានដឹកនាំព្រះសហគមន៍នៅក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី១ និងទី២ ហើយបានបង្កើតលទ្ធិកាតូលិកអំពីសង្គមមុនដំបូងគេបង្អស់ (RERUM NOVARUM) ដែលនៅតែមានឥទ្ធិពលរហូតដល់សព្វថ្ងៃ។ សម្តេចប៉ាប ឡេអូទី១៤ មានគោលបំណងដឹកនាំព្រះសហគមន៍កាតូលិកតាមលំនាំនេះ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មថ្មីមួយទៀត ពោលគឺការអភិវឌ្ឍន៍របស់វិស័យបញ្ញាសុប្បនិមិត្ត (AI) ដែលជាឧបសគ្គថ្មីដល់កិច្ចការពារសេចក្តីថ្លៃថ្នូរ យុត្តិធម៌ និងការងាររបស់មនុស្សក។
តើយើងជាអ្នកដឹកនាំត្រូវបម្រើយ៉ាងដូចម្តេចនៅក្នុងយុគសម័យឌីជីថលនេះ? យើងពិបាកឆ្លើយសំណួរនេះ ពីព្រោះការបម្រើនៅក្នុងវប្បធម៌ និងនៅក្នុងសង្គមខ្មែរមិនសូវមានតម្លៃប៉ុន្មានឡើយ។ ដ្បិតអ្នកបម្រើគឺជាមនុស្សដែលមិនសូវមានតម្លៃ ជាពិសេសជាមនុស្សដែលមានកម្មក្រាស់។ រីឯអ្នកដឹកនាំវិញមិនមែនជាអ្នកដែលបម្រើគេនោះទេ។ ប៉ុន្តែ នៅក្នុងវប្បធម៌គ្រីស្តសាសនាខុសប្លែកពីផ្នត់គំនិតនេះ ដ្បិតព្រះយេស៊ូផ្ទាល់បានបង្រៀនថា បើអ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវបម្រើគេជាមុនសិន។ ព្រះអង្គផ្ទាល់បានធ្វើជាគំរូដោយបម្រើក្រុមសាវ័ករហូតដល់លាងជើងពួកគេថែមទៀតផង។ ព្រះអង្គយាងមកក្នុងលោកនេះមិនមែនដើម្បីឱ្យគេបម្រើព្រះអង្គនោះទេ គឺព្រះអង្គទេតើដែលបម្រើមនុស្សលោក ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង (មថ ២០,២៧-២៨)។
ហេតុនេះ ការបម្រើក្នុងភាពជាអ្នកដឹកនាំ គឺត្រូវធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រីស្ត ដោយយោងលើគោលការណ៍ដ៏សំខាន់ពីរយ៉ាងគឺ ទី១មុខងារបម្រើក្នុងអត្តសញ្ញាណជាគ្រីស្តបរិស័ទមកពីអគ្គសញ្ញាទាំងបីដំបូង គឺអគ្គសញ្ញាជ្រមុជទឹក អរព្រះគុណ និងលាបថ្ងាស និងទី២ ការរស់នៅតាមគុណធម៌គ្រីស្តសាសនា។
១. មុខងារបម្រើបីយ៉ាងរបស់គ្រីស្តបរិស័ទ
យើងជាគ្រីស្តបរិស័ទ យើងបានទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាអរព្រះគុណ និងអគ្គសញ្ញាលាបថ្ងាស ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញទី យើងក៏បានទទួលមុខងារជាអ្នកបម្រើបីយ៉ាងដ៏សំខាន់ (Tria munera Christi) ដែលខ្លួនត្រូវទទួលខុសត្រូវបំពេញ គឺមុខងារជាបូជាចារ្យ (១សល ២,៥; លទ្ធិ ៩០១-៩០៣) ជាព្យាការី (១ករ ១៤,១-៥; លទ្ធិ ៩០៤-៩០៧) និងជាមហាក្សត្រ (យហ ១៣,១២-១៤; លទ្ធិ ៩០៨-៩១៣)។
- មុខងារជាបូជាចារ្យ
«បើគេមានលក្ខណៈត្រឹមត្រូវ ព្រះសហគមន៍អាចទទួលគ្រីស្តបរិស័ទធម្មតាឱ្យធ្វើជាអ្នកបម្រើព្រះបន្ទូល និងអ្នកបម្រើអាសនៈ ដោយស្ថិតស្ថេរ (CIC ២៣០,១)។ “នៅពេលដែលព្រះសហគមន៍ត្រូវការ បើគ្មានអ្នកបានទទួលមុខងារបម្រើព្រះសហគមន៍ ហើយទោះបីគេមិនមែនជាអ្នកបម្រើព្រះបន្ទូល និងអ្នកបម្រើអាសនៈក៏ដោយ ក៏គ្រីស្តបរិស៍ទធម្មតាអាចបំពេញមុខងារខ្លះៗដូចជាប្រកាសព្រះបន្ទូល ណែនាំការអធិដ្ឋានខាងពិធីបុណ្យ ផ្ដល់បុណ្យជ្រមុជទឹក និងផ្ដល់ព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្ត តាមច្បាប់ព្រះសហគមន៍” (CIC ២៣០,៣)។»
(លទ្ធិ ៩០១)
- មុខងារជាព្យាការី
«គ្រីស្តបរិស័ទធម្មតាបំពេញមុខងារជាព្យាការី ដោយប្រកាសដំណឹងល្អ គឺគេ “ប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត ដោយការរស់នៅរបស់គេផ្តល់សក្ខីភាពផង និងដោយពោលពាក្យសម្តីផង”។ សម្រាប់គ្រីស្តបរិស័ទធម្មតា “ការប្រកាសដំណឹងល្អនេះ មានលក្ខណៈពិសេស និងមានប្រសិទ្ធភាពយ៉ាងខ្លាំង ព្រោះគេប្រកាសដំណឹងល្អ ក្នុងសភាពការណ៍ធម្មតារបស់មនុស្សលោក” (LG ៣៥)។
ក្នុងចំណោមគ្រីស្តបរិស័ទធម្មតា អស់អ្នកដែលអាចធ្វើបាន ហើយដែលទទួលការអប់រំ អាចជួយបង្រៀនអប់រំជំនឿ (CIC ៧៧៤ ; ៧៧៦ ; ៧៨០ ) ទេវវិជ្ជាដ៏វិសុទ្ធ (CIC ២២៩) និងមធ្យោបាយទំនាក់ទំនងក្នុងសង្គម (CIC ៨២៣,១)។»
(លទ្ធិ ៩០៥-៩០៦)
- មុខងារជាមហាក្សត្រ
«គ្រីស្តបរិស័ទត្រូវតែ “បង្ហាត់ខ្លួនឱ្យចេះវែកញែកយ៉ាងច្បាស់នូវអ្វីៗជាសិទ្ធិ និងជាភារកិច្ចរបស់ខ្លួនក្នុងឋានៈជាសមាជិកនៃព្រះសហគមន៍ និងអ្វីៗជាសិទ្ធិនិងជាភារកិច្ចរបស់ខ្លួនក្នុងឋានៈជាសមាជិកនៃសង្គមមនុស្ស។ សូមយកចិត្តទុកដាក់ខិតខំធ្វើឱ្យសិទ្ធិនិងភារកិច្ចទាំងពីរយ៉ាងនេះ ស៊ីសង្វាត់គ្នាទៅវិញទៅមកយ៉ាងស្រួល។ ត្រូវនឹកជានិច្ចថា មនសិការជាគ្រីស្តបរិស័ទត្រូវណែនាំគេគ្រប់វិស័យខាងលោកីយ៍ ដ្បិតគ្មានកិច្ចការណាមួយរបស់មនុស្ស សូម្បីតែខាងលោកីយ៍ក្ដី អាចជៀសផុតពីអំណាចរបស់ព្រះជាម្ចាស់បានសោះឡើយ” (LG ៣៦)។»
(លទ្ធិ ៩១២)
ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យមាន “ប្រាជ្ញាឈ្លាសវៃ” ត្រូវចេះមើលអំពីទីសម្គាល់នៃពេលវេលា ពីព្រោះយើងមិនអាចចាកចេញពីពេលវេលាដែលយើងកំពុងរស់នៅបានទេ។ នៅក្នុងការរស់នៅ យើងត្រូវប្រកាន់ភ្ជាប់នូវអត្តសញ្ញាណពិតប្រាកដ និងបំពេញត្រៃមុខងារនេះ ប្រកបដោយគុណធម៌គ្រីស្តសាសនា គឺជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ក្នុងភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យឌីជីថលនេះ។
២. គុណធម៌គ្រីស្តសាសនា

គុណធម៌ទាំងបីនៃគ្រីស្តសាសនា គឺជាសេចក្តីពិតដែលព្រះយេស៊ូគ្រីស្តបានសម្តែងឱ្យស្គាល់ច្បាស់ ដើម្បីផ្ដល់ឱ្យយើងមានជីវិតពេញលក្ខណៈ។ ដ្បិតព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត (យហ ១៤,៦)។ គុណធម៌ទាំងបីនេះ គឺជាត្រីស្ដម្ភ (សសរបី) ដ៏សំខាន់ ដើម្បីទ្រទ្រង់ឱ្យយើងមានជីវិតមាំមួន និងរីកចម្រើន។ ដរាបណាយើងមានជីវិតរស់នៅក្នុងលោកនេះ ដរាបនោះយើងកំពុងរស់នៅក្រោមឥទ្ធិពលនៃពេលវេលា គឺអតីត បច្ចុប្បន្ន និងអនាគតកាល។ គោលការណ៍គុណធម៌ទាំងបីពាក់ព័ន្ធគ្នាទៅវិញទៅមក ជួយយើងឱ្យចេះរស់នៅសម្របតាមឥទ្ធិពលនៃពេលវេលាទាំងនោះ គឺជំនឿនាំឱ្យយើងចេះក្រឡេកមើលអតីកាល សេចក្តីសង្ឃឹមនាំឱ្យយើងចេះប្រមើលមើលទៅពេលអនាគត និងសេចក្តីស្រឡាញ់វិសេសជាងគេបំផុត ពីព្រោះនាំឱ្យយើងចេះរស់នៅក្នុងបច្ចុប្បន្នភាព។
- ជំនឿ
«ជំនឿធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឱ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។
ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឱ្យយើងយ៉ាងនេះទៅហើយ
យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង
និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ
ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។
ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ។»
(ហប ១១,១-២; ១២,១-២)
ជំនឿនេះ ទី១នាំឱ្យយើងចេះក្រឡេកមើលទៅអតីតកាល ដើម្បីឱ្យយើងចេះទទួលស្គាល់ និងទុកចិត្តលើសេចក្តីពិត ដែលព្រះគ្រីស្តបានបំពេញតាមព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ ដែលបានថ្លែងពីព្រះអង្គ ទាំងគម្ពីរវិន័យ និងគម្ពីរព្យាការីជាដើម។ ព្រះយេស៊ូដែលយាងមកក្នុងលោកនេះ ដើម្បីធ្វើឱ្យព្រះបន្ទូលសន្យាកើតជារូបរាង។ ទី២ ជំនឿនេះនាំឱ្យយើងចេះក្រឡេកមើលប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូ ដែលព្រះអង្គបានបំពេញនៅក្នុងគម្ពីរសម្ពន្ធថ្មី ជាពិសេសអំពីព្រឹត្តការណ៍អាថ៌កំបាំងនៃបុណ្យចម្លង គឺព្រះអង្គដែលបានរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ រហូតដល់ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ហើយបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកបញ្ចាំចិត្តរបស់ក្រុមសាវ័ក។ ម្យ៉ាងទៀត ជំនឿនេះនាំឱ្យយើងចេះសង្កេតមើលប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍។ នៅក្នុងប្រវត្តិសាស្រ្ត២០២៥ឆ្នាំរបស់ព្រះសហគមន៍ រហូតមកដល់សម័យកាលរបស់យើងនាពេលបច្ចុប្បន្ននេះ ដំណឹងល្អរីកសាយនៅក្នុងពិភពលោកទាំងមូល។ នេះគឺជាភស្តុតាងដែលនាំឱ្យយើងអាចមើលឃើញ ហើយជឿទុកចិត្តលើវត្តមានរបស់ព្រះយេស៊ូគ្រីស្តដែលគង់នៅ និងដឹកនាំព្រះសហគមន៍របស់ព្រះអង្គ។ កាលណាយើងធ្វើដូច្នេះ យើងនឹងមិនរវាទចិត្តចេញពីជំនឿឡើយ ហើយជំនឿនេះនឹងដឹកនាំយើងឱ្យចេះរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ជាពិសេស គឺជំនឿនេះហើយញ៉ាំងឱ្យយើងនឹករឭក ចងចាំ និងប្រារព្ធតាមពាក្យបណ្ដាំរបស់ព្រះយេស៊ូដែលបានបង្គាប់ក្រុមសាវ័កជាលើកចុងក្រោយថា៖ «ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ» (លក ២២,១៩)។
- សេចក្ដីសង្ឃឹម
«សេចក្ដីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ
ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យ
ស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង
ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយ
ដ៏ជាប់មាំមួនសម្រាប់ព្រលឹងរបស់យើង។»
(រ៉ូម ៥,៥; ហប ៦,១៩)។
សេចក្តីសង្ឃឹមនៅក្នុងគ្រីស្តសាសនាមិនមែនជាទ្រឹស្ដី ឬជាទស្សនៈរបស់មនុស្សនោះទេ ពោលគឺជាព្រះអំណោយទានមកពីព្រះជាម្ចាស់ដែលប្រទានឱ្យយើង ក្នុងអង្គព្រះយេស៊ូគ្រីស្តដែលបានបំពេញសក្ខីភាពនៅក្នុងប្រត្តិសាស្រ្តស្របតាមព្រះបន្ទូលសន្យា ក្នុងគម្ពីរធម្មវិន័យ និងគម្ពីរព្យាការី ដែលបានថ្លែងចំពោះប្រជារាស្រ្តអ៊ីស្រាអែលនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១។ សេចក្តីសង្ឃឹមនេះនាំឱ្យយើងចូលរួមបំពេញបេសកកម្មប្រកាសដំណឹងល្អយ៉ាងសកម្មតាមគំរូរបស់គ្រីស្តទូតប៉ូល។ ដ្បិតលោកគឺជាគ្រីស្តទូតដ៏ឧត្ដមបំផុតម្នាក់នៅក្នុងគ្រីស្តសាសនាដែលបានប្រកាស និងបង្រៀនយើងឱ្យស្គាល់ និងមានសេចក្តីសង្ឃឹមនេះ។ គ្រីស្តទូតប៉ូលស៊ូប្តូរជីវិត ធ្វើការនឿយហត់ច្រើនជាងគេ រងទុក្ខលំបាករាប់មិនអស់ ជាប់ឃុំឃាំង និងជួបគ្រោះថ្នាក់ជាញឹកញ៉ាប់ ក្នុងពេលធ្វើដំណើរផ្សងគ្រោះថ្នាក់ចម្ងាយរាប់ពាន់គីឡូម៉ែត្រចំនួនបីលើក នៅតំបន់សមុទ្រមេឌីទេរ៉ាណេរហូតដល់ទ្វីបអឺរ៉ុប ដើម្បីប្រកាសដំណឹងល្អដល់ជាតិសាសន៍នានា។ ជាពិសេស លោកខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ព្រះសហគមន៍ទាំងអស់ផងដែរ (២ករ ១១,២៣-២៨)។
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ អញ្ជើញយើងឱ្យមានសេចក្តីសង្ឃឹមជានិច្ច “ដ្បិតសេចក្តីសង្ឃឹមដាស់យើងឱ្យចេះស្រេកឃ្លាន ចេះស្រូបយក ចេះប៉ងប្រាថ្នាជីវិតគ្រប់លក្ខណៈ និងជោគជ័យ។ សេចក្តីសង្ឃឹមផ្តល់ឱ្យមានឆន្ទៈចង់បានឧត្តមភាពដែលបំពេញដួងចិត្តឱ្យបានស្កប់ស្កល់ និងលើកតម្កើងវិញ្ញាណយើងឱ្យស្គាល់សេចក្តីថ្លៃថ្នូរដូចជា សេចក្តីពិត សេចក្តីសប្បុរស សោភ័ណភាព យុត្តិធម៌ និងសេចក្តីស្រឡាញ់។ សេចក្តីសង្ឃឹមផ្ដល់ឱ្យមានចិត្តក្លាហាន ចេះសម្លឹងមើលហួសពីសេចក្តីសុខផ្ទាល់ខ្លួន គឺសុវត្ថិភាព និងរង្វាន់បន្តិចបន្តួចដែលបង្រួញទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ឱ្យយើងមានឧត្ដមគតិដែលញ៉ាំងឱ្យជីវិតកាន់តែស្រស់ស្អាត និងមានប្រយោជន៍ថែមទៀត។” (Fratelli Tutti, លេខ ៥៥)។
សេចក្ដីសង្ឃឹមលើកទឹកចិត្តយើងឱ្យចេះព្យាយាម ចេះស៊ូទ្រាំ និងអត់ធ្មត់ ជាពិសេសនៅពេលជួបឧបសគ្គដ៏លំបាកធ្ងន់ធ្ងរ និងទុក្ខវេទនា។ សេចក្តីសេចក្ដីសង្ឃឹមញ៉ាំឱ្យយើងរស់នៅដោយមានទស្សនវិស័យចេះប្រមើលមើលទៅពេលអនាគតតាមគម្រោងការ និងតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដ្បិតព្រះបិតាជ្រាបនូវអ្វីដែលយើងត្រូវការមុនទូលសូមព្រះអង្គទៅទៀត (មថ ៦,៨)។ ជាពិសេស សេចក្តីសង្ឃឹមនេះនាំឱ្យយើងចេះត្រៀមខ្លួនរង់ចាំជួបព្រះគ្រីស្តដែលកំពុងតែយាងមក ដូចស្រ្តីក្រមុំប្រាំនាក់ដែលមានប្រាជ្ញាឈ្លាសវៃរង់ចាំទទួលស្វាមី (មថ ២៥,១-១៣)។
- សេចក្តីស្រឡាញ់
«ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា
អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។»
(យហ ១៣,៣៤)
សេចក្តីស្រឡាញ់វិសេសជាងគេក្នុងចំណោមគុណធម៌ទាំងបី ពីព្រោះសេចក្តីស្រឡាញ់ គឺជាវិន័យកំពូលក្នុងគ្រីស្តសាសនា ដែលព្រះយេស៊ូបានធ្វើជាគំរូដល់ក្រុមសាវ័ករបស់ព្រះអង្គ។ ព្រះអង្គបានស្រឡាញ់គេដល់ទីបំផុត រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង។ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ (យហ ១៥,១៣)។ ព្រះយេស៊ូគ្រីស្តមិនចាត់ទុកយើងជាសាវ័កតែប៉ុណ្ណោះទេ គឺព្រះអង្គរាប់យើងជាមិត្តសម្លាញ់ថែមទៀតផង។ គ្មានសេចក្តីស្រឡាញ់ណាធំជាងនេះនោះទេ ហើយក៏គ្មានវិន័យណាដែលប្រសើជាងវិន័យនៃសេចក្ដីស្រឡាញ់នេះដែរ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ដែលប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្ត ដើម្បីប្រទានព្រះអង្គផ្ទាល់ជាវិន័យសម្រាប់មនុស្ស។ សេចក្តីស្រឡាញ់នេះនាំឱ្យយើងចេះរស់នៅក្នុងបច្ចុប្បន្នភាព តាមអត្តសញ្ញាណជាក់លាក់របស់យើងជាគ្រីស្តបរិស័ទ ដោយការប្រព្រឹត្តជាក់ស្តែងតាមគំរូរបស់ព្រះយេស៊ូគ្រីស្ត គឺស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានស្រឡាញ់យើង ដែលគ្មានអ្វីអាចបំបែកបានឡើយ សូម្បីតែសេចក្តីស្លាប់ (រ៉ូម ៨,៣៨-៣៩)។ ព្រះយេស៊ូក៏បានបញ្ជាក់ផងដែរថា បើយើងស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា យើងពិតជាសាវ័ករបស់ព្រះអង្គប្រាកដមែន។ ក្នុងលិខិតកូរិនថូសទី១ គ្រីស្តទូតប៉ូលបានសរសេរពន្យល់យ៉ាងច្បាស់អំពីលក្ខណៈពិសេសនៃសេចក្តីស្រឡាញ់នេះ៖
«សេចក្តីស្រឡាញ់រមែងតែងតែជួយកសាង។
អ្នកមានចិត្តស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។
អ្នកមានចិត្តស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួតបំប៉ោងឡើយ។
អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន
មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។
អ្នកមានចិត្តស្រឡាញ់ អត់ឱនឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។»
(១ករ ៨,១; ១៣,៤-៧)
សេចក្តីសន្និដ្ឋាន
កាលណាយើងចេះរស់នៅតាមអត្តសញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទ ពោលគឺតាមមុខងារ និងគុណធម៌ទាំងបីនៃគ្រីស្តសាសនាដូចបានរៀបរាប់ខាងលើនេះ ផ្តល់ឱ្យយើងមានឆន្ទៈល្អមោះមុត និងត្រឹមត្រូវ ដើម្បីកសាងសង្គមថ្មី។ មិនតែប៉ុណ្ណោះ យើងមានកម្លាំងចិត្តមាំមួនអាចជម្នះរាល់ឧបសគ្គនៃរលកសង្គមជាក់ជាមិនខាន។ ដ្បិតយើងមិនមែនរស់នៅដោយពឹងពាក់តែលើកកម្លាំងខ្លួនឯងនោះទេ គឺយើងទុកចិត្តលើព្រះហឫទ័យប្រណីសណ្តោស និងឧបក្ការគុណរបស់ព្រះជាម្ចាស់ ដែលបំភ្លឺ និងដឹកនាំយើង។ ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង (អភ ៣,២០)។ ព្រះអង្គនឹងប្រោសឱ្យយើងរកឃើញព្រះអំណោយរបស់យើងម្នាក់ៗ ដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរស និងបំពេញបេសកកម្មប្រកាសដំណឹងល្អ ហើយយើងលែងទៅជាគ្រីស្តបរិស័ទអសកម្មទៀតហើយ។
ខាងក្រោមនេះ គឺជាប្រធានបទចំនួនប្រាំដើម្បីជួយណែនាំឱ្យយើងជាអ្នកដឹកនាំមានប្រាជ្ញា និងស្មារតីក្នុងការបម្រើនាយុគសម័យឌីជីថលនេះ។









