អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

សេចក្តីផ្តើម

បច្ចុប្បន្នភាព ព្រះសហគមន៍កាតូលិកនៅកម្ពុជា ថ្វីដ្បិតតែបរិមាណនៃចំនួនគ្រីស្តបរិស័ទ ដែលទើបតែទទួលអគ្គសញ្ញា​ជ្រមុជទឹក​ថ្មីៗកើនច្រើនឡើងជាលំដាប់គួរឱ្យត្រេកអរក៏ដោយ តែគុណភាពនៃជំនឿនៅ​ខ្សោយគួរឱ្យខ្វល់ខ្វាយនៅឡើយ។ ម្យ៉ាងទៀត មានបងប្អូនខ្លះក៏បែកចេញពីជំនឿ ដោយសារតែកត្តាផ្សេងៗគួរឱ្យព្រួយបារម្ភផងដែរ។ ហេតុនេះហើយ បានជាគ្រីស្ត​បរិស័ទគប្បីយកចិត្តទុកដាក់ស្វែងយល់ឱ្យបានដិតដល់​អំពី ជំនឿ និង​ប្រាជ្ញានៃគ្រីស្ត​សាសនាជាចាំបាច់ ដើម្បីជៀសវាងការប្រព្រឹត្តកំហុសឆ្គងដូចមាននៅក្នុងអតីតកាល និងដើម្បីណែនាំឱ្យការគោរពប្រណិប័តន៍ជំនឿតាមសេចក្តីពិត ជាពិសេស ដើម្បីជួយដល់ការប្រកាសជំនឿរីកចម្រើនឡើង។ ដូច្នេះ អត្ថបទនេះលើកយកប្រាំមួយចំនុចសំខាន់ៗមករិះគិតអំពីប្រធានបទនៃជំនឿ និងប្រាជ្ញា៖

  1. ចំនុចទី១ ស្វែងយល់អំពីជំនឿ និងប្រាជ្ញា តើមានអត្ថន័យ និងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
  2. ចំនុចទី២ យល់ដឹងអំពីរឿងរ៉ាវកើតមានក្នុងប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍កាតូលិក ដែលពាក់ព័ន្ធគ្នារវាងជំនឿ និងវិទ្យាសាស្រ្ត និងរវាងជំនឿ និងហេតុផល។
  3. ចំនុចទី៣ សិក្សាអំពីបរិបទនៃការគោរពប្រណិប័តន៍ជំនឿសាសនានៅក្នុងប្រទេសកម្ពុជា តើមានផលវិបាកដូចម្តេច?
  4. ចំនុចទី៤ ការបង្ហាញនូវលក្ខណៈពិសេសរបស់គ្រីស្តសាសនាអំពីព្រះជាម្ចាស់ ដែលសម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ (Divine Revelation) ដែលជាមូលដ្ឋានគ្រឹះ និងជាគម្រោងការណ៍​ដ៏អាថ៌កំបាំង​នៃគ្រីស្ត​សាសនា​។
  5. ចំនុចទី៥ លើកឡើងអំពីព្រះវិញ្ញាណនៃសេចក្តីពិត ដែលជួយបំភ្លឺឱ្យប្រតិបត្តិតាមវិន័យនៃសេច​ក្តីស្រឡាញ់​របស់ព្រះយេស៊ូគ្រីស្ត ដែលជាវិន័យកំពូលនៃគ្រីស្តសាសនា។
  6. ចុងក្រោយ គឺជាសេចក្តីសន្និដ្ឋានអំពីប្រាជ្ញានៃជំនឿ តើជះឥទ្ធិពលដូចម្តេចដល់ជីវិតរបស់គ្រីស្ត​បរិស័ទ?

ចំនុចទាំងប្រាំមួយខាងលើនេះ យើងនឹងសិក្សាដោយផ្អែកលើគោលការណ៍សំខាន់បីយ៉ាង៖ ទី១ យោងលើ​ព្រះគម្ពីរ​ជាព្រះ​បន្ទូល​ព្រះជាម្ចាស់ ទី២ យោងលើលទ្ធិ​គ្រីស្ត​​​សាសនាតាមព្រះសហគមន៍កាតូលិក និងទី៣ យោងលើព្រឹត្តិ​ការណ៍​​ប្រវត្តិសាស្រ្តដែលធ្លាប់កើតមានក្នុងព្រះសហគមន៍កាតូលិកពាក់ព័ន្ធទៅនឹងប្រធានបទនេះ។

១. ជំនឿ និងប្រាជ្ញា

នៅក្នុងវចនានុក្រមខ្មែរ៖

  • ពាក្យ ជំនឿ ជានាមសព្ទ មានន័យថា សេចក្ដីដែលគួរជឿ ដំណើរជឿ ពាក្យនេះក៏មានន័យដូចគ្នានឹងពាក្យ សទ្ធា ផងដែរ។ ថ្នាក់ជាកិរិយាសព្ទ គឺពាក្យ ជឿ មានន័យថា ចុះចិត្តស៊ប់ដោយយល់ថាពិត យកចិត្តទុកដាក់ថាជាការមែន។ ពាក្យ ជឿ ក៏មានន័យមួយទៀត គឺការយករបស់គេមកមុន ដោយទិញមិនទាន់សងថ្លៃ ព្រោះអ្នកលក់ទុកចិត្តថាអ្នកទិញនឹងសងថ្លៃជាប្រាកដ។ ពាក្យ ជឿ ក៏មានន័យដូចគ្នានឹងពាក្យ ទុកចិត្ត មានន័យថា ភ្ជាប់ជំនឿទៅលើរូបអ្នកណាមួយ សង្ឃឹម ជឿជាក់ថានឹងបានកើតការ។
  • ពាក្យ ប្រាជ្ញាបញ្ញា ជានាមសព្ទ មានន័យថា សេចក្ដីដឹងទូទៅ សេចក្ដីដឹងកើតអំពីការរៀន ស្ដាប់ គិត សួរ ការដឹងច្បាស់នូវសេចក្ដីពិត

១.១. ប្រាជ្ញា

ប្រាជ្ញា គឺជាចំណេះដឹងដែលកើតមកពីការរិះគិតពិចារ​ណា​រកហេតុផល ចេះវិនិច្ឆ័យដឹងខុសដឹងត្រូវ។ ប្រាជ្ញាមានសារសំខាន់ដើម្បីដោះស្រាយឧបសគ្គបានជោគជ័យ និង​មានគម្រោងផែនការប្រកបដោយភាពឈ្លាសវៃ។ ឧទាហរណ៍ ដូចនៅក្នុងអក្សរសិល្ប៍ខ្មែររឿងអ្នកប្រាជ្ញ ធនញ្ជ័យ ឆ្លុះបញ្ចាំងអំពីប្រាជ្ញាដ៏អស្ចារ្យរបស់តួឯកក្នុងរឿងនេះ។ លោកចេះផ្ចាញ់​ផ្ចាល់ក្រុមមនុស្សខិលខូចឱ្យទ័លគំនិត ហើយគេរកចាប់កំហុសលោកមិនបាន។ លោកចេះតស៊ូមតិជាមួយអ្នកប្រាជ្ញចិនដើម្បីរំដោះប្រទេសជាតិ។ មិនតែប៉ុណ្ណោះ លោកចេះរៀបចំផែនការអភិវឌ្ឍន៍ស្រុកទេសឱ្យរីកចម្រើន និងចេះសង្គ្រោះខ្លួនឯងឱ្យរួចជីវិតនៅពេលមានអាសន្ន។ នៅទីបំផុត សូម្បីតែខ្លួនលោកបានស្លាប់បាត់បង់ជីវិតទៅហើយ នៅឡើយអាចធ្វើបាបសត្រូវរបស់ខ្លួនបានទៀត។

តាំងពីដើមរៀងមក មនុស្សតែងតែរិះគិតពិចារណា សិក្សា ស្វែងយល់ ស្រាវ​ជ្រាវ និងពិសោធ​មិនចេះចប់មិនចេះហើយ ដ្បិតអវិជ្ជាមិនអាចយកឈ្នះបានឡើយ។ ជាការពិតមែន ការចេះដឹងរបស់មនុស្សមានដែនកំណត់ ប៉ុន្តែចំណេះដឹងគ្មានដែនកំណត់នោះទេ។ ឧទាហរណ៍ ខ្ញុំចេះតែអ្វីដែលខ្ញុំដឹង រីឯអ្វីដែលខ្ញុំមិនទាន់ដឹង ខ្ញុំនៅតែមិនទាន់ចេះ ហើយខ្ញុំនៅតែបន្តរៀន និងបន្តស្រាវជ្រាវបន្ថែមទៀត។ ទោះបីយ៉ាងណា ប្រាជ្ញាមនុស្សចម្រើនឡើងជាលំដាប់ ដរាបណាមនុស្ស​នៅតែខិតខំរៀនសូត្រ។ មនុស្សម្នាក់ៗមិនអាចចេះដឹងទាំងអស់ តែមនុស្សទាំងអស់អាចចេះដឹង​ត្រឹម​តែ​មួយ​ផ្នែក​តាមបទពិសោធន៍រៀងខ្លួន។ ហេតុនេះហើយ ប្រាជ្ញាឋិតនៅលើគុណភាពនៃ​បទពិសោធន៍។ ដូចទស្សនវិទូក្រិកសម័យបូរាណលោក ផ្លាតុង (៤២៨-៣៤៨ មុនគ.ស) លើកឡើងក្នុងស្នាដៃសៀវភៅចំណងជើង The Republic អំពីនិមិត្តរូបអ្នកទោសដែលគេដាក់ច្រវ៉ាក់អស់មួយជីវិតនៅក្នុងល្អាងភ្នំ បង្ខំឱ្យសម្លឹងទៅតែខាងមុខ។ ពួកគេស្គាល់តែការពិតនៅចំពោះមុខក្នុងល្អាងភ្នំ មិនដឹងអំពីសេចក្តីពិតនៅខាងក្រៅល្អាងភ្នំឡើយ។ ទោះបីមានមិត្តភក្ដិម្នាក់ ដែលគេដោះលែងឱ្យចេញទៅខាងក្រៅស្គាល់សេចក្តីពិត ហើយវិញត្រឡប់មកប្រាប់ពួកគេវិញក្តី ក៏ពួកគេមិនព្រមជឿ ពីព្រោះពួកគេគ្មានបទពិសោធន៍នោះទេ។

១.២. ជំនឿ

ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ដ។ នៅពេលព្រះយេស៊ូត្រាស់ហៅសាវ័កដើមដំបូង ពួកគាត់ស្តាប់ ហើយសម្រេចចិត្តដើរតាមព្រះអង្គដោយលះ​បង់​​អ្វីៗទាំងអស់។ ទោះបី​ ពួកគាត់ដើរនៅលើផ្លូវដែលខ្លួនមិនដឹងទិសដៅ តែការសំខាន់គឺឋិតនៅលើព្រះយេស៊ូដែលនាំផ្លូវ។ នេះជាលក្ខណៈពិសេសនៃជំនឿ ឬការទុកចិត្តរបស់គ្រីស្តបរិស័ទលើព្រះអង្គ។ ដ្បិតជំនឿ ចាប់ផ្តើមបោះជំហានធ្វើដំណើររួមជាមួយព្រះអង្គ នៅលើផ្លូវដែលអង្គត្រាស់ហៅ និងចាត់ឱ្យទៅតាមព្រះបន្ទូលសន្យា ប្រសើរជាងការលះបង់ព្រះអង្គចោល ដូចយុវបុរសមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ដែលបានជួបព្រះយេស៊ូហើយ តែគាត់បែរជាចែកផ្លូវពីព្រះយេស៊ូត្រឡប់ទៅវិញទាំងព្រួយចិត្ត និងម្យ៉ាងទៀត ដូចលោក យ៉ូដាស អ៊ីស្ការីយ៉ូត ជាសាវ័កម្នាក់ស្រឡាញ់ប្រាក់យ៉ាងខ្លាំងរហូតសុខចិត្តលក់ព្រះយេស៊ូ។

ហេតុនេះ ជំនឿ គឺជាការទុកចិត្ត ការផ្ញើជីវិតរបស់មនុស្សលើព្រះជាម្ចាស់ មានន័យថា ការជឿលើព្រះជាម្ចាស់ជាចំនុចចាប់ផ្តើម​​ដំបូងបំផុត ហើយចេញពីមូលដ្ឋាននៃជំនឿនេះនាំឆ្ពោះទៅរកការយល់ដឹង និងស្គាល់ព្រះអង្គកាន់តែប្រសើរឡើង។ ដូចយើងបានដឹងហើយថា ប្រាជ្ញាឋិតនៅលើគុណភាពនៃបទពិសោធន៍ រីឯជំនឿវិញនាំមុខបទពិសោធន៍នោះ ពីព្រោះ​ជំនឿ​ធ្វើឱ្យ​យើង​មាន​​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន​ និង​ធ្វើ​ឱ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។ លោក ថូម៉ាស គឺជាគ្រីស្តទូតម្នាក់ប្រកាសថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត។ មានន័យថា ជំនឿរបស់លោក ថូម៉ាស ទាមទារឆ្លងកាត់ការពិសោធន៍ ពោលគឺ ត្រូវការប្រាជ្ញាដើម្បីជឿ។ ប៉ុន្តែ យើងក៏មិនត្រូវភ្លេចព្រះបន្ទូលរបស់ព្រះយេស៊ូផងដែរថា អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ពិតមែន ចូរពិសោធមើលដោយខ្លួនឯង ដើម្បីដឹងថាជំនឿអាចធ្វើការអស្ចារ្យនៅក្នុងជីវិតយើង កាលណាយើងជឿពិតប្រាកដ។

១.៣. ទំនាក់ទំនងរវាងជំនឿ និងប្រាជ្ញា

សន្ត អូគូស្តាំង (គ.ស ៣៥៤-៤៣០) និង​​​​សន្ត ​អង់​សែម នៅខានធើបូរី (គ.ស ១០៣៣-១១០៩) បានប្រកាសឃ្លា​ដូច​គ្នាថា ជំនឿស្វែងរកការយល់ដឹង ឬស្វែងរក​ប្រាជ្ញា (Fides quaerens intellectum)។ នៅឆ្នាំ២០០១ សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ ​បានសរសេរសារលិខិតបញ្ជាក់ថា ជំនឿស្វែងរកប្រាជ្ញា ប្រាជ្ញាស្វែងរកជំនឿ១០ មានន័យថា ជឿដើម្បីយល់ ហើយយល់ដើម្បីជឿ។

តាមរយៈសេចក្តីអះអាងនេះនាំឱ្យយើងយល់ច្បាស់ថា ជំនឿ និងប្រាជ្ញា​ត្រូវតែផ្សាភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខួរក្បាល និងបេះដូងជា​សរីរាង្គ​ពីរផ្សេងពីគ្នានៅក្នុងរូបកាយរបស់​មនុស្ស តែមានទំនាក់ទំនងគ្នា​ទៅ​វិញទៅមក។

  • ខួរក្បាលជានិមិត្តរូបអំពីប្រាជ្ញា​ ដ្បិតលក្ខណៈរបស់​ខួរក្បាល គឺជា​មជ្ឈ​មណ្ឌលដ៏​​​ស្មុគ​ស្មាញសម្រាប់ការរិះគិតពិចារ​ណា​រកហេតុផល ចេះវិនិច្ឆ័យដឹងខុសដឹងត្រូវ និងចេះធ្វើការជ្រើស​រើស​ដោយច្បាស់លាស់។
  • បេះ​ដូងជានិមិត្តរូបអំពីជំនឿ ពីព្រោះលក្ខណៈពិសេសរបស់បេះដូង គឺ​​​ជាមជ្ឈ​មណ្ឌល​ដ៏អាថ៌​កំបាំងផ្តល់ឱ្យ​មនុស្ស​​មាន​ទំនុកចិត្ត មានសេចក្តីស្រឡាញ់ មានសេចក្តីសង្ឃឹម មានមនសិការ មានឆន្ទៈ មានភាពជឿជាក់ និងចេះធ្វើការសម្រេចចិត្តច្បាស់លាស់។

សរុបសេចក្តីមក ជំនឿ និងប្រាជ្ញាពិតជាពាក់ព័ន្ធគ្នាយ៉ាងចាំបាច់ ដើម្បីដឹកនាំការជ្រើសរើស និងការសម្រេចចិត្តរបស់មនុស្សបានច្បាស់លាស់ និងត្រឹមត្រូវក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដែលជាបុព្វហេតុនាំឱ្យជីវិតប្រសើរឡើង។ ដូច្នេះ ជំនឿដែលគ្មាន​ប្រាជ្ញា គឺជាអបិយ​ជំនឿ ​ ហើយ​ប្រាជ្ញាដែលគ្មានជំនឿ គឺ​ជាទ្រឹស្តី ឬមនោគមន៍​វិជ្ជាតែប៉ុណ្ណោះ​។

២. ជំនឿ និងប្រាជ្ញាក្នុងប្រវត្តិសាស្រ្ត

នៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍កាតូលិក ធ្លាប់មានបញ្ហាជជែកវែកញែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់មានជម្លោះរវាងជំនឿ និងប្រាជ្ញា ដែលមិនអាចចូលជាមួយគ្នាបានឡើយ ពោលគឺ ការប្រជែងគ្នារវាងជំនឿ និងវិទ្យាសាស្រ្ត និងរវាងជំនឿ និងហេតុផល។

២.១ ជំនឿ និងវិទ្យាសាស្រ្ត

នៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើប ចាប់តាំងពីសតវត្សរ៍ទី១៦-១៧នៃគ.សមក អ្នកប្រាជ្ញវិទ្យាសាស្រ្តនៅទ្វីបអឺរ៉ុបចាប់ផ្តើមរីកចម្រើនឡើងក្លាយទៅជាបដិវត្តន៍វប្បធម៌ថ្មី។ លោកបូជាចារ្យជាតិប៉ូឡូញ នីកូឡា កូពែនិក (គ.ស ១៤៧៣-១៥៤៣) រកឃើញថា ផែនដីវិលជុំវិញខ្លួនឯងមួយថ្ងៃមួយជុំ ហើយវិលជុំវិញព្រះអាទិត្យមួយឆ្នាំមួយជុំ ផ្ទុយពីព្រះគម្ពីរដែលចែងថា ព្រះអាទិត្យវិលជុំវិញផែនដី។ លោក កាលីឡេអូ-កាលីឡេអ៊ី (គ.ស ១៥៦៤-១៦៤២) ក៏ជាអ្នកប្រាជ្ញវិទ្យាសាស្រ្តម្នាក់ បានប្រកាសទ្រឹស្ដីរបស់លោកកូពែរនិកនៅឆ្នាំ១៦១៦។ លោកពន្យល់ថា៖ «ក្នុងព្រះគម្ពីរព្រះវិញ្ញាណដ៏វិសុទ្ធគ្មានគម្រោងការណ៍សម្ដែងឱ្យយើងស្គាល់អំពីរបៀបមេឃធ្វើដំណើរ​ទេ គឺព្រះអង្គណែនាំយើងឱ្យ​ស្គាល់​​​​មាគ៌ាទៅស្ថានបរមសុខវិញ»១១។ លោកក៏ត្រូវព្រះសហគមន៍បង្ខំឱ្យ​លះបង់​ទ្រឹស្ដីដ៏ត្រឹមត្រូវរបស់លោកចោល ហើយក៏ត្រូវទទួលទោសផងដែរ។ គួររម្លឹកដែរថា នៅសម័យរបស់លោកកូពែនិក ផ្ទៃក្នុងរបស់ព្រះសហគមន៍កាតូលិកមានចលនាកែទម្រង់ជាច្រើន ជាពិសេស គឺចលនាប្រូតេស្តង់ ជាហេតុនាំឱ្យព្រះសហគមន៍កាតូលិកប្រកាន់ឥរិយាបថតឹងរ៉ឹងយ៉ាងខ្លាំង។ ដោយសារតែភាពរឹងទទឹងរបស់ព្រះសហគមន៍នៅសម័យ​នោះ បណ្តាលឱ្យ​ជំនឿ និងវិទ្យាសាស្រ្ត ក្លាយជាគូបដិបក្ខប្រជែងគ្នា និងមិនអាចចូលរួមជាមួយគ្នាបានឡើយ។

នៅសតវត្សរ៍ទី២០  អ្នក​ប្រាជ្ញខាងវិទ្យាសាស្រ្តស្វែងរកឃើញភពផ្សេងៗ គឺនៅឆ្នាំ១៩៦៩ មនុស្សបានធ្វើដំណើរទៅដល់ឋាន​ព្រះចន្ទ ក្លាយទៅជាបដិវត្តន៍វប្បធម៌ថ្មី គឺវិទ្យាសាស្រ្តបានឈានដល់មួយកម្រិតទៀត។ ឆ្នាំ១៩៨៨ សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ បានសរសេរអំពីភាពចាំបាច់នៃជំនឿ និងវិទ្យាសាស្រ្ត ដែលពាក់ព័ន្ធ និងបំពេញគ្នាទៅវិញទៅមក មិនប្រឆាំងគ្នានោះទេ គឺអាចរីកចម្រើនរួមជាមួយគ្នាបាន។

«វិទ្យាសាស្រ្តអាចបន្សុទ្ធសាសនាពីកំហុសឆ្គង និងពីអបិយជំនឿ។
សាសនាអាចបន្សុទ្ធវិទ្យាសាស្រ្តពីព្រះក្លែងក្លាយ និងការភាន់ច្រឡំអំពីព្រះ។»១២

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩២ ក្រោយបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីរបស់លោក កាលីឡេអូ-កាលីឡេអ៊ី សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ បានសុំទោសនូវកំហុសឆ្គងនៃការយល់ច្រឡំដ៏ឈឺចាប់ក្នុងប្រវត្តិសាស្រ្តអំពីការដាក់ទោសអ្នកប្រាជ្ញរូបនេះ។ រឿងនេះក្លាយទៅជាមេរៀនសម្រាប់យើងត្រូវចេះគិះគូពិចារណាអំពីស្ថានភាព ដែលអាចកើតមាននាពេលបច្ចុប្បន្ន ឬក៏អាចកើតមាននៅពេលអនាគតផងដែរ១៣

បច្ចុប្បន្ននេះ មនុស្សជាតិក្នុងពិភពលោកកំពុងវិវឌ្ឍន៍ឈានដល់យុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសឥទ្ធិពលនៃបច្ចេក​វិទ្យា បញ្ញាសិប្បនិម្មិត (AI)១៤ ដែលដើរតួនាទីជំនួសការងាររបស់មនុស្សនៅលើវិស័យជាច្រើនយ៉ាងមានប្រសិទ្ធភាព។ តាមរយៈការរីកចម្រើន និងឥទ្ធិពលដ៏អស្ចារ្យរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាំឱ្យយើងស្ងើចសរសើរអំពីប្រាជ្ញារបស់មនុស្ស ដែលបានរកឃើញរបកគំហើញទាំងនោះ។ មិនតែប៉ុណ្ណោះ វាជួយឱ្យយើងរឹតតែស្ងើចសរសើរអំពីវិសាលភាពដ៏អស្ចារ្យឥតព្រំដែននៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់នៅក្នុងចក្រវាលនេះ។ វាគឺជាការប្រពៃដែលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្លាយ​ជាឧបករណ៍បម្រើដល់តម្រូវការរបស់មនុស្សជាតិ។ ផ្ទុយទៅវិញ វាក៏អាចក្លាយទៅជារឿងគ្រោះថ្នាក់ នៅពេលណាដែលមនុស្សក្លាយទៅជាឧបករណ៍បម្រើដល់បច្ចេកវិទ្យា និងវិទ្យាសាស្រ្តទាំងនោះ។ ឧបមថា សព្វថ្ងៃនេះ មនុស្សជាតិកំពុងតែព្រួយបារម្ភអំពីសព្វាវុធទំនើប ដែលគេបានផលិតដើម្បីធ្វើសង្រ្គាមប្រល័យលោកជាដើម។ តើនៅថ្ងៃអនាគត​នឹងមានរបកគំហើញអ្វីទៀតដែល​មនុស្សនឹងរកឃើញ? ការណ៍សំខាន់ គឺយើង​ជឿជាក់ពិតប្រាកដនៅក្នុងចិត្តថានឹងមានជាមិនខាន។

២.២ ជំនឿ និងហេតុផល

នៅសតវត្សរ៍ទី១៨នៃគ.ស គឺជាសករាជនៃពន្លឺ គឺក្រុមទស្សនវិទូពន្លឺចង់រិះគិតអំពីគ្រប់សេច​ក្ដីទាំងអស់ស្របទៅតាមកម្លាំងប្រាជ្ញាមនុស្សសុទ្ធសាធ មិនមែន​ស្របតាមគម្ពីរ តាមទេវវិជ្ជា ឬតាមជំនឿទៀតទេ។ ទ្រឹស្តីទស្សនវិជ្ជានៃពន្លឺយល់ឃើញថា ព្រះជាម្ចាស់ គឺគ្មានអ្វីក្រៅពីហេតុផលនោះឡើយ។ ទស្សនវិទូនៃពន្លឺជាច្រើននាក់ប្រឆាំងនឹងគ្រីស្ដសាសនាដូចជា លោក វ៉ុលទែរ លោក រ៉ូសូ និងលោក ឌីដេរ៉ូ ជាដើម។ នៅសតវត្សរ៍ទី១៩-២០នៃគ.ស ក្រុមទស្សនវិទូខិតខំរិះគិតតាមប្រាជ្ញាប្រឆាំងនឹងគ្រីស្តសាស​នា​យ៉ាងស្រួចស្រាល។ ឧទាហរណ៍ លោក អេម៉ានូអែល កង់ ប្រកាសថា ទ្រឹស្តីដែលរិះគិតអំពីព្រះជាម្ចាស់ជារឿងលេលាឥតប្រយោជន៍។ លោក អូគូស​ កុង ប្រកាសថា មនុស្សជាតិដល់យុគសម័យនៃវិទ្យាសាស្រ្ដ​ហើយ ត្រូវចម្រើនឡើងជាលំដាប់ រីឯសាសនាគ្មានប្រយោជន៍ទៀតឡើយ។ បន្ទាប់មក សង្គមវិទូលោក កាល់ ម៉ាកស៍ ប្រកាសថា សាសនាគឺជាអាភៀនរបស់ប្រជាជន។ រីឯចិត្តវិទូលោក សិគមុនដ៍ ហ្រ្វើយដ៍ វិញនិយាយថា សាសនាគឺជាការគិតមមៃតែជំងឺសរសៃប្រាសាទរបស់មនុស្ស។

អង្គមហាសន្និបាតវ៉ាទីកង់ទី១ ឆ្នាំ១៨៧០ បានប្រកាសគោលលទ្ធិនៃ​ជំនឿ បញ្ជាក់អំពីទំនាក់ទំនងរវាងប្រាជ្ញា និងជំនឿ គឺមហាសន្និបាតប្រកាសថា ទោះបីមនុស្សត្រូវការពន្លឺ និងព្រះ​​ហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីឱ្យស្គាល់ព្រះអង្គក្ដី ក៏មនុស្សអាចស្គាល់ព្រះអង្គដោយប្រាជ្ញារបស់​ខ្លួនបាន “ប្រាជ្ញាមិនជំទាស់នឹងជំនឿទេ១៥។ ឆ្នាំ១៩៩៨ សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ បានសរសេរសារធិប្បាយ (Encyclical) ក្រោមចំណងជើងថា ជំនឿ និងហេតុផល (Fides et Ratio) ដើម្បីបង្ហាញអំពីទំនាក់ទំនងរវាងជំនឿ និងហេតុផល ដោយចាប់ផ្តើមសរសេរឃ្លាដំបូងថា ជំនឿ និងហេតុផល គឺជាស្លាបពីរដែលនាំឱ្យវិញ្ញាណរបស់មនុស្សមើលឃើញសេច​ក្តីពិត១៦។ ហេតុនេះ ជំនឿ និងហេតុផលពាក់ព័ន្ធគ្នា មិនប្រឆាំងគ្នាឡើយ។

ចូរយើងកុំភ្លេចថា ចាប់តាំងពីទ្រឹស្តីទស្សនវិជ្ជាពន្លឺរហូតដល់បច្ចុប្បន្ននេះ បានជះឥទ្ធិពលបណ្តាលឱ្យមនុស្សជាច្រើនលែងរវី​រវល់នឹងសាសនា ជាពិសេស ពួកគេក្លាយទៅជាក្រុមមនុស្សដែលបដិសេធថា គ្មានព្រះជាម្ចាស់ (Atheist)។ នៅប្រទេសកម្ពុជា ក្រុមខ្មែរក្រហមបានទទួលឥទ្ធិពលទស្សនវិជ្ជាទាំងអស់នេះយ៉ាងខ្លាំងរហូតដល់បំផ្លិចបំផ្លាញគ្រប់សាសនាទាំងអស់ និងប្រែក្លាយប្រទេសកម្ពុជាជាវាលពិឃាដនៅចន្លោះពេលកាន់អំណាចផ្តាច់ការ ​ឆ្នាំ១៩៧៥-១៩៧៩។ តើនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានក្រុមមនុស្សដែលមានលំនាំមនោគមន៍វិជ្ជាតាមអ្នកប្រាជ្ញទាំងអស់នេះដែរឬទេ? ទោះបីយ៉ាងណា គ្រីស្តបរិស័ទយើង ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​នោះ​ជា‌និច្ច ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បីឱ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​យើង ជា​អ្នក​ជឿ​ព្រះ‌គ្រីស្ត ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។១៧

៣. ជំនឿសាសនានៅប្រទេសកម្ពុជា

ប្រជាជនខ្មែរតែងគោរពប្រតិបត្តិជំនឿតាមប្រពៃណីទំនៀមទម្លាប់ ដូចជាការ​គោរព​អ្នកតា១៨ ជឿលើមន្តអាគម១៩ អបិយ​ជំនឿ២០ និងជំនឿប្រជាប្រិយជាដើម។ ជាក់ស្តែង ដូចយើងតែងឃើញ​មានរូប​សំណាក​អ្នក​តា​តាមទីសក្ការៈបូជានានា គ្រូទាយ ខ្សែកថា ចារ ឬសាក់យ័ន្ត សែនព្រេន។ល និងល។ ព្រះសហគមន៍កាតូលិកហាមប្រាមដាច់ខាតចំពោះ អបិយជំនឿ និងមន្តអាគម ជាពិសេស គឺការគោរពព្រះក្លែងក្លាយ ដូចមានចែងនៅក្នុងលទ្ធិអប់រំជំនឿ២១

ចាប់តាំងពីដើមគ្រីស្តសរាជមក ប្រទេស​កម្ពុជាបានទទួលឥទ្ធិពលសាសនាពីរដ៏សំខាន់ គឺព្រហ្មញ្ញ​សាស​នា និង​ព្រះពុទ្ធសាសនាពីប្រទេសឥណ្ឌា រហូតដល់មានប្រាសាទបុរាណពីរដ៏មហិមា ដែលបានកសាងនៅ​ក្នុងប្រវត្តិ​សាស្រ្ត​នាមជ្ឈិមសម័យជាភស្តុតាង គឺប្រាសាទអង្គរវត្តជានិមិត្តរូបសម្រាប់ព្រហ្មញ្ញ​សាស​នា និងប្រាសាទ​បាយ័ន​​សម្រាប់ព្រះពុទ្ធសាសនា។ លក្ខណៈ​ពិសេសនៃសាសនាទាំងពីរនេះខុសដាច់ស្រឡះពីគ្នា ដ្បិតព្រហ្មញ្ញ​សាសនា គឺជាសាសនាដែលមានជំនឿពហុទេវនិយម គឺមានព្រះ ឬអទិទេពជា​ច្រើនអង្គ ដូចជាព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ។ រីឯព្រះពុទ្ធសាសនាបដិសេធថាគ្មានព្រះ ឬអទិទេពនោះទេ។ ត្រៃសិក្ខាក្នុងព្រះពុទ្ធសាសនា គឺសីល សមាធិ និងបញ្ញា។ សីល គឺជាការប្រតិបត្តិតាមព្រះវិន័យ ដើម្បីវៀរចាកសេច​ក្តីប្រមាថដោយកាយ វាចា និងជីវិត។ សមាធិ គឺជាការអប់រំចិត្តឱ្យបានស្អាតផូរផង់ និងស្ងប់សុខ។ បញ្ញា គឺជាការយកចិត្តទុកដាក់រិះគិតពិចារណា និងយល់ដឹងឱ្យបានច្បាស់លាស់អំពីបរមត្ថធម៌ មានសង្ខារធម៌ និងវិសង្ខារធម៌។ ត្រៃសិក្ខានេះបំបែកទៅជាអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាដ៏ឧត្តមទាំង៨យ៉ាងនៅក្នុងព្រះពុទ្ធសាសនា ដើម្បីណែនាំពុទ្ធបរិស័ទ។

សព្វថ្ងៃ នៅក្នុងបរិបទនៃជំនឿសាសនានៅក្នុងប្រទេសកម្ពុជា បើយើងសង្កេតឱ្យបានដិតដល់ យើងឃើញថា ទោះបីក្នុងបាវចនាជាតិប្រកាសថា ព្រះពុទ្ធសាសនាជាសាសនារដ្ឋ និង​មាន​អ្នកកាន់ព្រះពុទ្ធសាសនាចំនួនប្រមាណ៩៥ភាគរយក៏ដោយ ក៏ភាគច្រើនគោរព​ប្រណិ​ប័តន៍ជំនឿសាស​នាលាយ​ឡំគ្នាផងដែរ។ មូលហេតុដោយសារតែនៅក្នុងសង្គមខ្មែរ​មានផ្នត់​គំនិតមួយពោលថា សាសនាណាក៏ដូចតែគ្នា (Relativism) ដែលជាផលវិបាក​ក្នុង​ការប្រតិបត្តិជំនឿសាសនាតាមសេចក្តីពិត ជាពិសេស គឺពិបាកក្នុងការស្វែងរកសច្ចភាព ឬសច្ចធម៌ ឬសេចក្តីពិតដ៏ខ្ពង់ខ្ពស់បំផុត (Ultimate Reality)។ គុណវិបត្តិនេះ គឺជាក្តីកង្វល់គួរឱ្យព្រួយបារម្ភ ពីព្រោះ «បើមនុស្សមិនរវីរវល់ស្វែងរកសេចក្តីពិត និងអ្វីដ៏ល្អប្រសើរ ហើយមានទម្លាប់ប្រព្រឹត្តអំពីបាប យូរៗទៅ​មនសិការរបស់គេហាក់ដូចជាខ្វាក់»២២។ ជាពិសេស មនុស្សងាយនឹងបណ្តោយខ្លួនឱ្យធ្លាក់ចូលទៅក្នុងអន្លង់នៃមនោគមន៍វិជ្ជា។

៤. ព្រះជាម្ចាស់សម្តែងព្រះអង្គ

ត្រៃសិក្ខាក្នុងគ្រីស្តសាសនាគឺ ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់២៣។ គ្រីស្តសាសនាមានជំនឿឯកទេវនិយម មានន័យថា ព្រះជាម្ចាស់មានតែមួយព្រះអង្គ ដែលជាព្រះត្រៃឯក គឺព្រះ​បិតា ព្រះបុតា និងព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គតែមួយ ដូចមានចែងក្នុងធម៌ប្រកាស​ជំនឿរបស់​ព្រះសហគមន៍​។ ព្រះ‌ជាម្ចាស់បានសម្ដែង​ឱ្យមនុស្សលោក​ឃើញ តាំង​ពី​កំណើត​ពិភព‌លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះ‌គិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ២៤។ ព្រះអង្គបានសម្តែងឱ្យមនុស្សលោកស្គាល់ជាបន្តបន្ទាប់ ដូចមានកត់ត្រាក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ ជាប្រវត្តិសាស្រ្តនៃការសង្រ្គោះ។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះជាម្ចាស់ផ្ទាល់បានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊គ្រីស្ត គឺជាការសម្តែងអធិធម្មជាតិដ៏ខ្ពង់ខ្ពស់បំផុត២៥

៤.១. ព្រះគម្ពីរសម្ពន្ធមេត្រីទី១

ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ ថ្លែងឱ្យយើងដឹងថា ព្រះជាម្ចាស់បានបង្កើត​មនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់២៦ ដើម្បីឱ្យមនុស្សរួមរស់​ និងរួមសហការជាមួយ​ព្រះអង្គ។ ព្រះជាម្ចាស់បានសម្តែងព្រះអង្គ ដោយយាងមកអន្តរាគមន៍នៅ​ក្នុង​ប្រវត្តិ​សាស្រ្តនៃការសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល គឺព្រះអង្គបានរំដោះពួកគេឱ្យមានសេរីភាពចេញពីទាសករនៅប្រទេសអេស៊ីប។ ព្រឹត្តិការណ៍ដំណើរឆ្ពោះទៅកាន់សេរីភាពនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនអ៊ីស្រាអែលមានបទពិសោធន៍អំពីឫទ្ធានុ​ភាពដ៏អស្ចារ្យនៃការរំដោះ និងការសង្រ្គោះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទាន​​ធម្មវិន័យ និងចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល ដើម្បីឱ្យពួកគេក្លាយទៅជាប្រជារាស្រ្តរបស់ព្រះអង្គ២៧។ ប៉ុន្តែក្រោយមក ប្រជារាស្រ្តអ៊ីស្រាអែលបានបោះបង់ចោលព្រះជាម្ចាស់ដោយផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ២៨

៤.២. ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី

ទោះបីប្រជារាស្រ្តអ៊ីស្រាអែលផ្តាច់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ តែភក្តីភាពរបស់ព្រះអង្គមិនប្រែប្រួលឡើយ។ ព្រះជាម្ចាស់នៅតែមានគម្រោងការណ៍ចងសម្ពន្ធមេត្រីថ្មីជាមួយពួកគេ២៩។ សម្ពន្ធមេត្រីថ្មីនេះពាក់ព័ន្ធជាមួយនឹងព្រឹត្តិ​ការណ៍របស់ព្រះយេស៊ូគ្រីស្ត។ កណ្ឌព្រះ​គម្ពីរ​ដំណឹងល្អតាមសន្តយ៉ូហានថ្លែងឱ្យយើងដឹងថា ព្រះបន្ទូលប្រសូតជាមនុស្ស៣០ គឺក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់ផ្ទាល់បានប្រសូតជាមនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនគង់នៅដាច់ឆ្ងាយពីមនុស្សនោះទេ ផ្ទុយទៅវិញព្រះអង្គប្រសូតមក​ជា​រូប​តំណាងរបស់មនុស្ស និងក្នុងលក្ខណៈដូចមនុស្ស ដើម្បីចូលក្នុងប្រវត្តិ​សាស្រ្តរបស់មនុស្ស ជាពិសេស ដើម្បីរួមរស់ជាមួយមនុស្ស និងដើម្បីចែករំលែកឱ្យមនុស្សមានព្រះជន្មរបស់ព្រះអង្គ ដូចអង្គមហាសន្និបាតវ៉ាទីកង់ទី២ បានបញ្ជាក់នៅក្នុងធម្មនុញ្ញគោលលទ្ធិអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ (Dei Verbum) ថា៖

«ព្រះ​ជា​ម្ចាស់​ដែលមនុស្សមើល​មិន​ឃើញ (កូឡ ១,១៥; ១ធម ១,១៧) សម្តែង​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់ គឺព្រះអង្គប្រកបដោយព្រះ​ហឫទ័យស្រឡាញ់​ដ៏ទូ​លំ​ទូលាយ ទ្រង់មាន​ព្រះ​បន្ទូល​មក​រក​មនុស្សដូចជា​មក​រក​មិត្ត​សម្លាញ់ (សរ ៣៣,១១; យហ ១៥,១៤-១៥) ព្រះអង្គ​សន្ទនា​ជាមួយ​ពួក​គេ (បារ ៣,៣៨) អញ្ជើញ​គេ ឱ្យរួមរស់ជាមួយ និងប្រោសរំលែក​ព្រះ​ជន្ម​ផ្ទាល់​របស់​ព្រះ​អង្គឱ្យ​គេ។
ព្រះ​យេ​ស៊ូ​គ្រីស្ត​ជា “ព្រះ​បន្ទូល​ប្រសូតជា​មនុស្ស” “ជា​មនុស្សដែលព្រះបិតាចាត់ឱ្យមករកមនុស្សលោក” “ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់‌” (យហ ៣,៣៤) ទ្រង់​បង្ហើយ​កិច្ចសង្រោ្គះ​ដែល​ព្រះ​បិតា​បាន​ផ្ញើ​ឱ្យ​ព្រះ​អង្គ​ប្រព្រឹត្ត (យហ ៥,៣៦; ១៧,៤)។ ហេតុ​នេះ អ្នក​ដែល​ឃើញ​ព្រះ​គ្រីស្ត ក៏​ឃើញ​ព្រះ​បិតា​ដែរ (យហ ១៤,៩)។»៣១

ព្រះជាម្ចាស់ប្រសូតជាមនុស្ស ក៏ព្រោះតែព្រះអង្គសព្វព្រះហឫទ័យឱ្យ​មនុស្សអាច​មាន​ជំនឿ និងមានប្រាជ្ញាពិតប្រាកដ តាមរយៈព្រះយេស៊ូគ្រីស្ត ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើឱ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ៣២ មិនតែប៉ុណ្ណោះ ​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​​របស់​ព្រះ‌ជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រីស្តហ្នឹងហើយ៣៣

ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាព្រះជាម្ចាស់ ដូចសេចក្តីដែលសន្ត អ៊ីរ៉េណេ (គ.ស ១៣០-២០២) ជាបិតា និងជាគ្រូបាយធ្យាយព្រះសហគមន៍បានប្រកាស។ ពិតមែន ព្រះយេស៊ូជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដើម្បីនាំមនុស្សទៅកាន់ព្រះបិតា៣៤។ នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី ដែលគង់នៅស្ថិតស្ថេរអស់កល្បជានិច្ច តាមរយៈព្រះលោហិតរបស់ព្រះអង្គដែលបានបង្ហូរនៅលើឈើឆ្កាង៣៥។ ហេតុនេះ សម្ពន្ធមេត្រីថ្មីដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានៅក្នុងសម្ពន្ធមេត្រីទី១៣៦ បានកើតជារូបរាងនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ នៅពេលយើងយល់ព្រមទទួលអគ្គសញ្ញាអរព្រះគុណ មានន័យថាយើងទទួលព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយយើង។ តាមរយៈសម្ពន្ធមេត្រីនេះ ព្រះជាម្ចាស់ផ្លាស់ប្រែ (Transform) ទ្រង់ទ្រាយរបស់យើង ទាំងចិត្តគំនិត ទាំងប្រាជ្ញា ទាំងស្មារតី ឱ្យទៅជាលក្ខណៈរបស់ព្រះជាម្ចាស់។ នេះជាគម្រោងការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃគ្រីស្តសាសនា និងជាដំណឹងល្អសម្រាប់មនុស្សលោក។ ហេតុនេះហើយ បានជាយើងហ៊ានប្រកាសជំនឿរបស់យើងយ៉ាងជាក់លាក់លើព្រះយេស៊ូតាមគ្រីស្តទូតសិលាថា៖

«បពិត្រ​ព្រះ‌អម្ចាស់ តើឱ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ?
ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច។
យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់ឱ្យ​មក។​»៣៧

៥. ព្រះវិញ្ញាណនៃសេចក្តីពិត

ព្រះវិញ្ញាណដ៏វិសុទ្ធ​បំភ្លឺ​មនុស្សឱ្យមានប្រាជ្ញាឈ្លាសវៃ ជាពិសេស បំភ្លឺមនុស្សឱ្យស្គាល់សេចក្តីពិត។ ព្រះអង្គយាង​មក​ជួយ​មនុស្ស​ទន់​ខ្សោយ៣៨។  ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណវិញ​ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​លោកីយ៍​នោះ​ចោល​ហើយ។ ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ៣៩

ដោយសារជំនឿ នាំឱ្យមនុស្សមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងចេះរស់នៅដោយ​ស្វែង​យល់​ និងប្រព្រឹត្តតាមព្រះ​ហឫទ័យ​​របស់​ព្រះអង្គតាមព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ជាជាងការពឹងផ្អែកតែលើខ្លួនឯង។ សេចក្តីនេះពុំមែនមានន័យថា មនុស្សគ្មានសេរីភាពធ្វើអ្វីតាមតែសមត្ថភាពរបស់ខ្លួននោះទេ ហើយក៏មិនមែនធ្វើឱ្យមនុស្សធ្លាក់ខ្លួនទន់ខ្សោយនោះដែរ។ ផ្ទុយទៅវិញ មានន័យថា មនុស្សត្រូវពឹងផ្អែកលើព្រះជាម្ចាស់ដែលខ្ពង់ខ្ពស់ ជាជាងលើខ្លួនឯងដែលទន់ទាប ពឹងផ្អែកលើព្រះជាម្ចាស់ដែលមាំមួន ជាជាងលើខ្លួនឯងដែលទន់ខ្សោយ ពឹងផ្អែកលើព្រះជាម្ចាស់ដែលថ្លៃថ្នូរ ជាជាងលើខ្លួនឯងដែលថោកទាប ពឹងផ្អែកលើព្រះជាម្ចាស់ដែលឋិតថេរ ជាជាងលើខ្លួនឯងដែលប្រែប្រួល ពឹងផ្អែកលើព្រះជាម្ចាស់ដែលមានវិសាលភាពឥតព្រំដែន ជាជាងលើខ្លួនឯងដែលមានដែនកំណត់ ពឹងផ្អែកលើព្រះជាម្ចាស់ដែលប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿង ជាជាងលើខ្លួនឯងដែលមានបាប ពឹងផ្អែកលើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ជាជាងលើខ្លួនឯងដែលរមែងតែងតែស្លាប់។

«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។
រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ និង​យក​ព្រះ‌អង្គ​ធ្វើ​ជា​បង្អែក ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន! អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កម្ដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជា‌និច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។ ចិត្ត​របស់​មនុស្ស​តែង‌តែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។»៤០

បើ​មនុស្សមានតែប្រាជ្ញាហើយគ្មានជំនឿទេ នោះគេនឹងធ្វើតាមតែចិត្តប៉ងប្រាថ្នាតាមរបៀបលោកីយ៍របស់ខ្លួនប៉ុណ្ណោះ មិន​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់បានឡើយ៤១។ ព្រះយេស៊ូផ្ទាល់យាងមកក្នុងលោកនេះដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់ព្រះបិតា​ដែល​បាន​ចាត់អង្គឱ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ព្រះអង្គនោះទេ។ នៅក្នុងសួនកេសេម៉ានី ដោយសារតែភាពទន់ខ្សោយរបស់ព្រះយេស៊ូជាមនុស្ស ព្រះអង្គអធិដ្ឋានសូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះបិតាជាជាងសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គ៤២។ គ្រីស្តទូតប៉ូលទទួលស្គាល់នូវភាពទន់ខ្សោយរបស់ខ្លួនក្នុងឋានៈជាមនុស្សលោកីយ៍ដែលលក់ខ្លួនដាច់ថ្លៃឱ្យបាប៤៣ ជាហេតុដែលគាត់រស់នៅដោយពឹងផ្អែកលើព្រះយេស៊ូ ដូចគាត់បានប្រកាសថា៖ «មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។»៤៤ តាមរយៈសក្ខីភាពនៃបទពិសោធន៍ជំនឿរបស់គ្រីស្តទូតប៉ូលនេះហើយ ញ៉ាំងឱ្យគ្រីស្តបរិស័ទយើងក៏ដូចគ្នាដែរ គឺមិនមែនយើងទៀតទេដែលរស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយយើង។ រីឯ​ជីវិត​ដែលយើង​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ យើងរស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​យើង និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់យើង។

ព្រះយេស៊ូបានទុកវិន័យនៃសេចក្តីស្រឡាញ់ ជាវិន័យកំពូលឱ្យយើងត្រូវប្រតិបត្តិតាម «គឺ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។»៤៥ ហើយក៏គ្មានអ្វី​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ដែល​​ព្រះ‌អង្គ​បាន​សម្ដែងឱ្យយើង​ឃើញ​ក្នុង​ព្រះ‌គ្រីស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​បានដែរ។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូនឯទៀតៗឡើយ ដូច្នេះ សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ៤៦។ ពិតមែន បើយើងស្រឡាញ់នរណាម្នាក់ យើងជាប់ចិត្តនឹងអ្នកនោះ ហើយយើងចង់ឱ្យអ្នកនោះមានជីវិតរស់នៅ និងចម្រុងចម្រើនឡើង ចំណែកឯព្រះជាម្ចាស់ដែលស្រឡាញ់យើងវិញ ព្រះអង្គប្រាកដជាជាប់ព្រះហឫទ័យនឹងយើង ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យយើងចម្រុងចម្រើនឡើង ព្រមទាំងប្រទានឱ្យយើងមានជីវិតអស់កល្បជានិច្ចផងដែរ។

ប្រាជ្ញានៃជំនឿ

ផ្តើមចេញពីគម្រោងការណ៍ដ៏អាថ៌កំបាំង ដែលព្រះជាម្ចាស់បានសម្តែងព្រះអង្គក្នុងព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដូចសេចក្តីលើកឡើង​ក្នុងចំនុចទី៤ និងទី៥ខាងដើមនេះ បានជានៅ​ក្នុង​​គ្រីស្ត​​សាសនា ជំនឿ និង​ប្រាជ្ញា គឺ​ជាគោល​ការណ៍​សំខាន់​ពីរ​​យ៉ាងផ្សាភ្ជាប់​គ្នា​ទៅវិញទៅមកដោយ​មិនអាចខ្វះ​មួយណាបានឡើយ ដើម្បីបំភ្លឺ​ឱ្យ​វាចារណ​ញាណ​​​​របស់​​មនុស្ស​​​​​​​ស្គាល់​ជាក់​ច្បាស់​​នូវ​សេចក្តី​ពិត ពោល​គឺស្គាល់​ព្រះ​ជា​ម្ចាស់​ ដើម្បីថ្វាយ​បង្គំ​ព្រះអង្គតាមសេចក្តីពិត៤៧

ជំនឿគ្រីស្តសាសនា មិនមែនជាការច្នៃប្រឌិតដ៏ប៉ិនប្រសប់ ឬជាការនឹកគិតដោយសារប្រាជ្ញារបស់មនុស្សលោកនោះទេ។ ជំនឿនេះកើតឡើងមកពីការបំភ្លឺដោយសារព្រះបន្ទូល និងការប្រព្រឹត្តជាក់ស្តែងរបស់ព្រះយេស៊ូ គឺតាំងពីព្រះអង្គប្រសូត រងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ រហូតដល់ពេលព្រះបិតាលើកព្រះអង្គឡើង ព្រមទាំងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកគង់សណ្ឋិតក្នុងក្រុមសាវ័កផង។

នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានរួមដំណើរជាមួយសាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស។ ព្រះអង្គស្តីបន្ទោសពួកគេ​ថា គ្មានប្រាជ្ញា ហើយមិនងាយជឿ ដោយសារតែពួកគេ ចង់គិត ចង់យល់តាមតែចិត្តគំនិតខ្លួនឯង ជាហេតុដែលបណ្តាលឱ្យពួកគេបាក់ទឹកចិត្ត នៅពេលអ្វីៗកើតឡើងផ្ទុយពីការរំពឹងទុក និងខុសពីសេចក្តីសង្ឃឹមរបស់ខ្លួន។ បន្ទាប់មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុកអំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល និងធ្វើពិធីកាច់នំប៉័ង ទើបភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះ‌អង្គ​ស្គាល់ មានន័យថា ពួកគេមានប្រាជ្ញានៃជំនឿពិតប្រាកដ ដែលញ៉ាំងឱ្យពួកគេមានចិត្តរំភើបយ៉ាងខ្លាំង៤៨។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទយើងត្រូវមានប្រាជ្ញានៃជំនឿ ដូចសាវ័កអេម៉ាអ៊ូសទាំងពីនាក់នេះ ដែលមានចិត្តរំភើបឆាបឆេះឡើងយ៉ាងខ្លាំង ហើយថែមទាំងជំរុញឱ្យមានចិត្តចង់ផ្តល់សក្ខីភាព បញ្ជូនបន្ត ការពារ និងប្រកាស​ជំនឿតាមព្រះបន្ទូលរបស់ព្រះយេស៊ូ៤៩ រហូតហ៊ានប្តូរជីវិតថែមទៀតផង។

ខាងក្រោមនេះ​ គឺជាគោលដៅ៥ចំនុចនៃការប្រកាសជំនឿដែលយើងត្រូវយកចិត្តទុកដាក់៖

  1. ការប្រកាសជំនឿ ពីគ្រូទៅសិស្សតាមគំរូរបស់លោក យ៉ូហានបាទីស្ត ដែលចង្អុលបង្ហាញឱ្យកូនសិស្សរបស់ខ្លួនដើរតាមព្រះយេស៊ូ (យហ ១,៣៦-៣៧)។
  2. ការប្រកាសជំនឿ នៅក្នុងក្រុមគ្រួសារតាមគំរូរបស់លោក អន់ដ្រេ ដែលទៅជួបលោក សិលា មុនគេ ហើយនាំគាត់ទៅគាល់ព្រះយេស៊ូ (យហ ១,៤០-៤២)។
  3. ការប្រកាសជំនឿ រវាងមិត្តសម្លាញ់តាមគំរូរបស់លោក ភីលីព ទៅជួបលោក ណាថាណាអែល និងពន្យល់ឱ្យស្គាល់ព្រះគម្ពីរ ហើយអញ្ជើញឱ្យទៅជួបព្រះយេស៊ូ (យហ ១,៤៥-៤៧)។
  4. ការប្រកាសជំនឿ នៅក្នុងសហគមន៍តាមគំរូរបស់ស្ត្រីសាសន៍សាម៉ារី ដែលរត់ចូលទៅក្នុងភូមិ ហើយ​ប្រាប់គេអំពីព្រះអង្គ ព្រមទាំងអញ្ជើញគេឱ្យមកជួបព្រះអង្គផង (យហ ៤,២៨-៣០.៣៩-៤២)។
  5. ការប្រកាសជំនឿ ដល់ប្រជាជាតិនានាក្នុងពិភពលោកទាំងមូលតាមគំរូរបស់គ្រីស្តទូតប៉ូល ដែលធ្វើដំណើរជុំវិញតំបន់មជ្ឈិមបូព៌ារហូតដល់ទ្វីបអឺរ៉ុប ដូចគាត់បានសរសេរថា៖ «ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឱ្យជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “ខ្ញុំ​ជឿហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ”  យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។» (២ករ ៤,១៣)។

ដោយមានមនុស្សជាច្រើនឥតគណនាធ្វើជាបន្ទាល់ទុកឱ្យយើងយ៉ាងនេះទៅហើយ បានជាយើងត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើឱ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ (ហប ១២,១-២)។ អាមែន

_________________

សំណួរ

  • ១. សូមអានអត្ថបទ (ហប ១១,១-១២; ១២,១-៣ និង១ករ ២,១-១៦) រួចហើយរិះគិតសំណួរ តើជំនឿ និងប្រាជ្ញាមានអត្ថន័យ និងឥទ្ធិពលយ៉ាងដូចម្តេចចំពោះខ្ញុំ?
  • ២.​ តើយើងត្រូវអប់រំ ឬប្រកាសជំនឿដូចម្តេចក្នុងបរិបទជំនឿសាសនានៅក្នុងប្រទេសកម្ពុជា?

១: បទចម្រៀងធនញ្ជ័យធ្លាក់ទឹក
២: អំណរ និងសេចក្តីសង្ឃឹម លេខ១៦
៣: ១ករ ១៣,៩
៤: និមិត្តរូបអ្នកទោសក្នុងល្អាងភ្នំរបស់លោក ប្លាតុង
«ឧបមា មានក្រុមអ្នកទោសដែលគេដាក់ច្រវ៉ាក់នៅក្នុងល្អាងភ្នំអស់មួយជីវិតតាំងពីកំណើតមក បង្ខំឱ្យសម្លឹងមើលទៅលើជញ្ជាំងតែនៅខាងមុខ ហើយមិនអាចមើលឃើញខាងក្រោយខ្នងទេ។ នៅពីខាងក្រោយពួកគេ មានភ្នក់ភ្លើងកំពុងឆេះ និងមានផ្លូវដើរឆ្លងកាត់នៅចន្លោះអ្នកទោស និងភ្នក់ភ្លើង។ រៀងរាល់ថ្ងៃ មានមនុស្ស និងសម្ភារផ្សេងៗឆ្លងកាត់។ ទ្រង់ទ្រាយសំម្ភារ​ទាំងនោះធ្វើឱ្យមានស្រម៉ោលជះទៅលើជញ្ជាំងនៅខាងមុខក្រុមអ្នកទោស។ ស្រមោលខាងមុខនោះ គឺជាពិភពពិតរបស់អ្នកទោសដែលតែងតែស្គាល់ និងមានសម្លេងអ៊ូរអរដែលពួកគេស្តាប់ឮ តែមិនបានឃើញរូបពិតទេ។ ឥឡូវនេះ ឧបមាថា គេបានដោះលែងអ្នកទោសម្នាក់។ គាត់ចេញពីភាពងងឹតទៅមើលឃើញពន្លឺនៅខាងក្រៅ។ អ្នកទោសនោះចាប់ផ្តើមមានបទពិសោធន៍អំពីពិភពដែលមាននៅខាងក្រៅល្អាងភ្នំជាលើកដំបូង បទពិសោធន៍នោះគឺជាអ្វីដែលគាត់មិនអាចស្រម៉ៃបានឡើយ។ ក្រោយពីបានយល់ដឹងអំពីពិភពថ្មីនេះ គាត់វិលត្រឡប់ចូលទៅចែករំលែកជាមួយអ្នកទោសឯទៀតនូវអ្វីៗដ៏អស្ចារ្យដែលគាត់បានរកឃើញ។ ប៉ុន្តែ អ្នកទោសទាំងនោះគ្មានបទពិសោធន៍អំពីពិភពខាងក្រៅទេ។ អ្នកទោសទាំងនោះមិនអាចដឹងអំពីរឿងដ៏អស្ចារ្យអំពីពិភពលោកខាងក្រៅនោះឡើយ។ សម្រាប់ពួកគេ ពិភពខាងក្រៅពុំអាចកើតមានបានទេ។»
៥: រម ១០,១៧
៦: មថ ១៩,១៦-២២
៧: ១ករ ១៣,១២
៨: ហប ១១,១
៩: យហ ២០,២៥.២៩
១០: សារ សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ ផ្ញើជូន សាកលវិទ្យាល័យ ហ្រ្វង់ស៊ីស្កូ ២០០១
Fides quaerens intellectum, intellectus quaerens fidem.
១១: ប្រវត្តិសាស្រ្តសង្ខេបនៃគ្រីស្តសាសនា ជំនឿ និងវិទ្យាសាស្រ្ត
១២: សារលិខិត សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ ផ្ញើជូន Padre Coyne ១៩៨៨
Science can purify religion from error and superstition; religion can purify science from idolatry and false absolutes.
១៣: សារ សម្តេចប៉ាប យ៉ូហាន​ ប៉ូលទី២ អំពីកិច្ចការរបស់លោក កាលីឡេ
From the Galileo affair we can learn a lesson which remains valid in relation to similar situations which occur today and which may occur in the future.
១៤: បដិវត្តន៍ឧស្សាហកម្មទី៤ និង បញ្ញាសុប្បនិមិត្
១៥: ប្រវត្តិសាស្រ្តសង្ខេបនៃគ្រីស្តសាសនា មហាសន្និបាតវ៉ាទីកង់ទី១
១៦: សារធិប្បាយ សម្តេចប៉ាប យ៉ូហាន ប៉ូលទី២ ជំនឿ និងហេតុផល (Fides et Ratio) លេខ១
Faith and reason are like two wings on which the human spirit rises to the contemplation of truth.
១៧: ១សល ៣,១៥-១៦
១៨: អ្នកតា
១៩: មន្តអាគមខ្មែរ
២០: អបិយជំនឿ
២១: លទ្ធិគ្រីស្តសាសនា លេខ២១១១-២១១៧
២២: អំណរ និងសេចក្តីសង្ឃឹម លេខ១៦
២៣: ១ករ ១៣,១៣
២៤: រម ១,២០
២៥: សូមមើល ព្រះគម្ពីរ និងព្រះបន្ទូល
២៦: កណ ១,២៦-២៧
២៧: សរ ២០,២-១៧
២៨: យរ ៣១,៣២
២៩: យរ ៣១,៣១.៣៣-៣៤
៣០: យហ ១,១៤
៣១: ព្រះបន្ទូលព្រះជាម្ចាស់ លេខ២ និង
៣២: ហប ១២,២
៣៣: កូឡ ២,៣
៣៤: យហ ១៤,៦
៣៥: លក ២២,២០
៣៦: ហប ៨,១០-១១
៣៧: យហ ៦,៦៨-៦៩
៣៨: យហ ១៤,១៧; ១៦,១៣; ១ករ ១២,១៣; រម ៨,២៦-២៧
៣៩: កាឡ ៥,២២-២៥
៤០: យរ ១៧,៥-៩
៤១: ហប ១១,៦
៤២: លក ២២,៤២
៤៣: រម ៧,១៥
៤៤: កាឡ ២,២០
៤៥: យហ ១៥,១២-១៣
៤៦: រម ៨,៣៨; ១៣,១០
៤៧: យហ ៤,២៤
៤៨: លក ២៤,១៣-៣៥
៤៩: មថ ២៨,១៩-២០


អំណានព្រះបន្ទូល
ព្រះគម្ពីរ និងព្រះត្រៃឯក
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
ជំនឿ និងប្រាជ្ញា
អត្តសញ្ញាណគ្រីស្តបរិស័ទ
809 Views

Theme: Overlay by Kaira