ថ្ងៃពុធ-អាទិត្យ០៣-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្តធីមូថេ និងសន្តទីតុស ជាអភិបាល
លោកធីម៉ូថេ និងលោកទីតុស ជាសហការីរបស់គ្រីស្តទូតប៉ូល។ លោកធីម៉ូថេកើតនៅក្រុងលីស្ត្រា ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ ។
លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោកណែនាំព្រះសហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត។
គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំខាន់សម្រាប់ដាស់តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។
សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ធម ១,១-៨
ខ្ញុំប៉ូល ជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឱ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីស ជាជីដូន និងអ្នកស្រីអឺនីស ជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
ឬសូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ១,១-៥
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាទូតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់ចាត់ខ្ញុំឱ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឱ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្តីពិតដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថា នឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឱ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។ មកដល់ ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា ។
សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះនៃយើងប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់ប្អូន។
ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៧-៣០ បទកាកគតិ
៤. | យើងចងសម្ព័ន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា | ជ្រើសលោកដាវីឌ |
ហើយតែងតាំងជា | បម្រើការពារ | ឥតមានប្រែប្រួល | ។ | |
៥. | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល | តាំងរាជ្យឱ្យអ្នក |
នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល | អង្វែងដរាប | ។ | |
២៧. | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ | ដែលបានសង្រ្គោះ |
រំដោះរូបខ្ញុំ | បានឡើងឧត្តម | ខ្ពង់ខ្ពស់សង្ហា | ។ | |
២៨. | រីឯយើងវិញ | យើងនឹងបំពេញ | ដាវីឌស្ងួនភ្ងារ | តាំងជាបុត្រច្បង |
របស់យើងណា | ស្តេចធំអស្ចារ្យ | នៅលើផែនដី | ។ | |
២៩. | យើងនឹងបញ្ចេញ | ឥតមានទោម្នេញ | ដោយចិត្តប្រណី | នឹងរក្សាទុក |
សម្ពន្ធមេត្រី | ចងជាប់មិនស្រាយ | មិនគេចប្រែប្រួ | ។ | |
៣០. | យើងនឹងតែងតាំង | ត្រកូលពូជពង្ស | ឱ្យរស់សុខស្រួល | ស្ថិតស្ថេរអស់កល្ប |
ដាវីឌតែមួយ | ល្បីល្បាញរញ្ជួយ | ដូចមេឃខៀវខ្ចី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,២៦
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ។ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,១-២០
ព្រះយេស៊ូចាប់ផ្តើមបង្រៀនបណ្តាជននៅតាមឆ្នេរសមុទ្រម្តងទៀត។ មានបណ្តាជនច្រើនកុះករ នាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង ឯបណ្តាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាមកបង្រៀនគេ អំពីសេចក្តីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ «ចូរស្តាប់! អ្នកសាបព្រោះ ចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ ព្រោះប្ញសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី មានបន្លា បន្លាក៏ដុះឡើង រួមរឹតស្រូវ មិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីវជាតិល្អ គ្រាប់ពូជនោះក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសវ័កទាំងដប់ពីរនាក់ ទូលសួរព្រះអង្គអំពីពាក្យប្រាស្នាទាំងនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្តីទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះទោះបី គេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្តាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឱ្យគេ»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!»។ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល។ អ្នកខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្តាប់ព្រះបន្ទូលហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេភ្លាម។ អ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្តាប់ព្រះបន្ទូលហើយគេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូល ចាក់ប្ញសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកខ្លះទទួលគ្រាប់ពូជនៅលើដី ដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតនៅក្នុងលោក ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូល មិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្តាប់ព្រះបន្ទូលហើយគេក៏ទទួលយក ហើយបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។