អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
សន្តរកថាខួប៤០ឆ្នាំ
របស់មជ្ឈមណ្ឌលសន្តអ៊ីរេណេ
និងការបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាយ
លោកអភិបាលជាទីគោរព
លោកឪពុក បងប្រុសបងស្រី បព្វជិតបព្វជិតាជាទីស្រឡាញ់
និងបងប្អូនទាំងអស់ដែលអញ្ជើញចូលរួមកម្មវិធីខួប៤០ឆ្នាំនេះជាទីរាប់អាន
ក្នុងឱកាសឆ្នាំព្រះមហាករុណាទិគុណ២០២៥នេះ មជ្ឈមណ្ឌលសន្តអ៊ីរេណេបានរៀបចំសិក្ខាសាលាអន្តរភូមិភាគចំនួនបីដង ទី១គឺសិក្ខាសាលាអំពីក្យួនពិធីអាពាហ៍ពិពាហ៍ នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ទី២សិក្ខាសាលាអំពីព្រះគម្ពីរ នៅថ្ងៃទី១៧-១៨ ខែមិថុនា និងទី៣ គឺជាសិក្ខាសាលាអំពីក្បួនពិធីបុណ្យសព ដោយរួមបញ្ចូលខួបសែសិបឆ្នាំរបស់មជ្ឈមណ្ឌលសន្តអ៊ីរេណេ និងការបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាយអន្តរនិកាយ នៅថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសខួបសែសិបឆ្នាំនេះ ខ្ញុំមានសេចក្តីសោមនស្ស សូមថ្លែងនូវពាក្យពេចន៍ចំណាប់អារម្មណ៍ ស្តីអំពីបទពិសោធការងារ ដែលបានបំពេញក្នុងតួនាទីជានាយកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ(២០២១-២០២៥)។ ជាពិសេស ដោយសារ ខ្ញុំមានបំណងចង់ជម្រាបជូននូវទសន្សវិស័យថ្មី ដើម្បីបន្តបេសកកម្មរបស់មជ្ឈមណ្ឌលនេះនាពេលខាងមុខ ដូច្នេះ ខ្ញុំមានពាក្យពេចន៍តែបីឃ្លាប៉ុណ្ណោះដើម្បីថ្លែងនៅក្នុងសន្តរកថានេះ ទី១គឺ ទីសម្គាល់នៃសេចក្តីសង្ឃឹម ទី២អំពីសញ្ញាសម្គាល់នៃពេលវេលា និងទី៣ គឺជាការបង្កើតការច្នៃប្រឌិតដ៏ចាំបាច់ដោយឈ្លាសវៃតាមលំនាំរបស់ព្រះសហគមន៍សកល ដោយយោងតាមលិខិតសរាចរណ៍របស់សម្តេចប៉ាប។
១. ទីសម្គាល់នៃសេចក្តីសង្ឃឹម
សេចក្តីសង្ឃឹមគឺជាប្រធានបទដ៏សំខាន់សម្រាប់ឆ្នាំមហាករុណាទិគុណ២០២៥នេះ។ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ អញ្ជើញយើងឱ្យមានសេចក្តីសង្ឃឹមជានិច្ច “ដ្បិតសេចក្តីសង្ឃឹមដាស់យើងឱ្យចេះស្រេកឃ្លាន ចេះស្រូបយក ចេះប៉ងប្រាថ្នាជីវិតគ្រប់លក្ខណៈ និងជោគជ័យ។ សេចក្តីសង្ឃឹមផ្តល់ឱ្យមានឆន្ទៈចង់បានឧត្តមភាពដែលបំពេញដួងចិត្តឱ្យបានស្កប់ស្កល់ និងលើកតម្កើងវិញ្ញាណយើងឱ្យស្គាល់សេចក្តីថ្លៃថ្នូរដូចជា សេចក្តីពិត សេចក្តីសប្បុរស សោភណភាព យុត្តិធម៌ និងសេចក្តីស្រឡាញ់។ សេចក្តីសង្ឃឹមផ្ដល់ឱ្យមានចិត្តក្លាហាន ចេះសម្លឹងមើលហួសពីសេចក្តីសុខផ្ទាល់ខ្លួន គឺសុវត្ថិភាព និងរង្វាន់បន្តិចបន្តួចដែលបង្រួញទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ឱ្យយើងមានឧត្ដមគតិ ដែលញ៉ាំងឱ្យជីវិតកាន់តែស្រស់ស្អាត និងមានប្រយោជន៍ថែមទៀត។” (Fratelli Tutti, លេខ ៥៥)។

សេចក្តីសង្ឃឹមនេះទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង ដោយសារជាគុណធម៌មួយដ៏សំខាន់ក្នុងចំណោមគុណធម៌ទាំងបីនៃគ្រីស្តសាសនា គឺជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ (១ករ ១៣,១៣)។ គុណធម៌ទាំងបីនៃគ្រីស្តសាសនា គឺជាសេចក្តីពិតដែលព្រះយេស៊ូគ្រីស្តបានសម្តែងឱ្យស្គាល់ច្បាស់ ដើម្បីផ្ដល់ឱ្យយើងមានជីវិតពេញលក្ខណៈ ហើយក៏ជាមាគ៌ានាំទៅរកការសង្គ្រោះសម្រាប់ទិសដៅនៃជីវិតដែលព្រះអង្គបានផ្តល់ឱ្យយើង ដ្បិតព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត (យហ ១៤,៦)។ ដរាបណាយើងនៅរស់រានមានជីវិតក្នុងលោកនេះ ដរាបនោះយើងកំពុងរស់នៅក្រោមឥទ្ធិពលនៃពេលវេលា គឺអតីត បច្ចុប្បន្ន និងអនាគតកាល។ គោលការណ៍គុណធម៌ទាំងបីពាក់ព័ន្ធគ្នាទៅវិញទៅមក ជួយយើង ឱ្យចេះរស់នៅដោយសម្របខ្លួនតាមឥទ្ធិពលនៃពេលវេលានីមួយៗ។
ជំនឿ នាំឱ្យយើងចេះក្រឡេកមើលទៅអតីកាល ទី១ឱ្យយើងចេះគយគន់មើលស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដែលបានបង្កើតឡើងតាំងពីកំណើតពិភពលោក។ ទី២ឱ្យយើងចេះក្រឡេកមើលប្រវត្តិសាស្រ្តដែលព្រះអង្គអន្តរាគមន៍ក្នុងប្រវត្តិសាស្រ្តរបស់ប្រជារាស្រ្តអ៊ីស្រាអែលក្នុងគម្ពីរសម្ពន្ធមេត្រីទី១។ ទី៣ឱ្យយើងចេះសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ (ហប ១២,១)។ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស ដើម្បីរួមរស់រួមស្លាប់ក្នុងប្រវត្តិសាស្រ្តរបស់យើង។ ចុងក្រោយ ជំនឿជួយយើងឱ្យចេះប្រមើលមើលប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍ ដែលមានអាយុកាល២០២៥ឆ្នាំមកនេះ។ កាលណាយើងធ្វើដូច្នេះ នោះយើងនឹងជឿជាក់ ហើយមើលឃើញអំពីទីសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់។
សេចក្តីស្រឡាញ់ គឺជាវិន័យកំពូលរបស់ព្រះយេស៊ូ ដែលព្រះអង្គបានបង្គាប់ដល់ក្រុមសាវ័ករបស់ព្រះអង្គ «គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ» (យហ ១៥,១២)។ វិន័យនេះជួយឱ្យយើងរស់នៅក្នុងបច្ចុប្បន្នភាព ដោយស្រឡាញ់បងប្អូនឯទៀត និងស្រឡាញ់ព្រះជាម្ចាស់តាមគំរូរបស់ព្រះយេស៊ូ។ ដើម្បីយើងអាចរស់ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ចបាន លុះត្រាតែយើងត្រូវឆ្លើយសំណួរទាំងពីរនេះគឺ តើខ្ញុំស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូនឯទៀតដែរឬទេ? ចម្លើយនៃសំណួរទាំងពីរនេះ គ្មាននរណាម្នាក់អាចកុហកខ្លួនឯងបានឡើយ ពីព្រោះត្រូវមានសក្ខីភាពនៃការបម្រើមកបញ្ជាក់។
សេចក្តីសង្ឃឹម ញ៉ាំងឱ្យយើងចេះរស់នៅដោយមានទស្សនវិស័យ គឺចេះប្រមើលមើលទៅពេលអនាគតតាមគម្រោងការ និងតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ គឺយើងមិនមែនខ្លួនទីពឹងខ្លួនតែប៉ុណ្ណោះទេ។ គ្រីស្តទូតប៉ូលបានអះអាងយ៉ាងច្បាស់ថា សេចក្តីសង្ឃឹមនេះមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង (រ៉ូម ៥,៥)។ សេចក្តីសង្ឃឹមនៅក្នុងគ្រីស្តសាសនាមិនមែនជាទ្រឹស្ដី ឬជាទស្សនៈរបស់មនុស្សនោះទេ។ សេចក្តីសង្ឃឹម គឺជាព្រះអំណោយទានមកពីព្រះជាម្ចាស់ដែលប្រទានឱ្យយើង ក្នុងអង្គព្រះយេស៊ូគ្រីស្តដែលបានបំពេញសក្ខីភាព នៅក្នុងប្រត្តិសាស្រ្តស្របតាមព្រះបន្ទូលសន្យាចំពោះប្រជារាស្រ្តអ៊ីស្រាអែល។ ដោយសារតែសេចក្តីសង្ឃឹមនេះហើយ បានជាគ្រីស្តទូតប៉ូលស៊ូប្តូរជីវិត ធ្វើការនឿយហត់ច្រើនជាងគេ រងទុក្ខលំបាករាប់មិនអស់ ជាប់ឃុំឃាំង និងជួបគ្រោះថ្នាក់ជាញឹកញ៉ាប់ ក្នុងពេលធ្វើដំណើរផ្សងគ្រោះថ្នាក់ក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រចំនួនបីលើក ពីក្រុងមួយទៅក្រុងមួយ ពីស្រុកមួយទៅស្រុកមួយ ពីទ្វីបមួយទៅទ្វីបមួយ ដើម្បីប្រកាសដំណឹងល្អដល់ជាតិសាសន៍នានា (កក ២៨,២០)។ យើងក៏ដូចគ្នាដែរ បើចិត្តយើងមានសេចក្តីសង្ឃឹមនេះមែន នោះយើងនឹងមានចិត្តឆេះឆួលក្នុងការប្រកាសដំណឹងល្អតាមគំរូរបស់សន្តប៉ូល។ មិនតែប៉ុណ្ណោះ ដោយសារសេចក្តីសង្ឃឹមនេះ យើងក៏ចេះព្យាយាម ចេះស៊ូទ្រាំ និងអត់ធ្មត់ នៅពេលជួបឧបសគ្គដ៏លំបាកធ្ងន់ធ្ងរ និងទុក្ខវេទនាដូចលោកដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មប្រកាសដំណឹងល្អរបស់មជ្ឈមណ្ឌលសន្តអ៊ីរេណេ ក្នុងអំឡុងពេលសែសិបឆ្នាំ គឺចាប់តាំងពីសម័យរបស់លោកបូជាចារ្យ ហ្រ្វង់ស័រ ប៉ុងសូដ៍ ពីបាតដៃទទេក្នុងគ្រាដ៏លំបាករហូតមកដល់សព្វថ្ងៃនេះ បានសន្សល់ទុកនូវស្នាដៃជាច្រើន ដែលយើងកំពុងតែប្រើប្រាស់។ នេះគឺជាភស្តុតាង ដែលនាំឱ្យយើងមើលឃើញអំពីទីសម្គាល់នៃសេចក្តីសង្ឃឹម។
២. សញ្ញាសម្គាល់នៃពេលវេលា
លេខ៤០មានអត្ថន័យដ៏សំខាន់តាមទេវវិជ្ជារបស់ព្រះគម្ពីរ ដូចយើងតែងតែឮជាប្រចាំអំពីព្រឹត្តិការណ៍ដំណើរឆ្លោះទៅកាន់សេរីភាព ដែលជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឆ្លងកាត់វាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ។ លោកម៉ូសេនៅលើភ្នំស៊ីណៃ ព្យាការីអេលីនៅលើភ្នំហូរ៉ែប និងព្រះយេស៊ូនៅក្នុងវាលរហោស្ថានរយៈពេល៤០យប់៤០ថ្ងៃ។ ហេតុនេះ៤០ឆ្នាំ ឬ៤០យប់៤០ថ្ងៃ គឺជាពេលវេលាដ៏ពិសេស ដើម្បីដកបទពិសោធអំពីសេចក្តីស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណាដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់ ហើយក៏ជាពេលវេលាប្រយុទ្ធប្រឆាំងនឹងការល្បងល ដូចជាសេចក្តីអស់សង្ឃឹម ការរអ៊ូរទាំ និងការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាដើម។ បន្ទាប់ពីរយៈពេល៤០ឆ្នាំ ឬ៤០ថ្ងៃ៤០យប់នេះ គឺជាសម័យកាលនៃបេសកកម្មថ្មី។
ឆ្នាំ២០២៥នេះ គឺជាខួប៤០ឆ្នាំរបស់មជ្ឈមណ្ឌលសន្តអ៊ីរេណេ ដែលបានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ នៅក្នុងជំរំជនភៀសខ្លួន។ នៅសម័យនោះ ព្រះសហគមន៍កាតូលិកកម្ពុជា ដ៏ដូចជាប្រជាជនខ្មែរទាំងអស់សុទ្ធតែឆ្លងកាត់វាលរហោស្ថាន ពោលគឺឆ្លងកាត់ការលំបាកគ្រប់យ៉ាង ដូចជាទុរ្ភិក្ស និងអសន្តិសុខជាដើម ជាពិសេស គឺជាពេលវេលាដែលអ្វីៗទាំងអស់ត្រូវចាប់ផ្តើមពីសូន្យ។ រវាង៤០ឆ្នាំនេះ អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងខាងសង្គមកិច្ច ខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ល។ ប្រព័ន្ធអ៊ីនធើណែត បណ្តាញទំនាក់ទំនងសង្គមសម្បូរបែប និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានការវិវត្តយ៉ាងខ្លាំង ញ៉ាំងឱ្យការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាពិសេស នៅសម័យកាលយើងនេះ ពិភពលោកឈានដល់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយសារបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។

កាឌីណាល់ រ៉ូប៊ើត ហ្រ្វាន់ស៊ីស ប្រេវូស នៅពេលបានទទួលការជ្រើសតាំងជាសម្តេចប៉ាប ដើម្បីដឹកនាំព្រះសហគមន៍កាតូលិក លោកបានជ្រើសរើសឈ្មោះ ឡេអូទី១៤។ ក្នុងសន្តកថាលើកដំបូងថ្លែងទៅកាន់ក្រុមកាឌីណាល់ (ឬក្រុមប្រឹក្សាសម្តេចប៉ាប) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ សម្តេចប៉ាប ឡេអូទី១៤ បានបញ្ជាក់មូលហេតុនៃការជ្រើសរើសឈ្មោះនេះ ដើម្បីនឹកដល់ស្នាដៃរបស់សម្តេចប៉ាប ឡេអូទី១៣ (១៨១០-១៩០៣) ដែលបានដឹកនាំព្រះសហគមន៍នៅក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី១ និងទី២ ហើយបានបង្កើតលទ្ធិកាតូលិកអំពីសង្គមមុនដំបូងគេបង្អស់ (RERUM NOVARUM) ដែលនៅតែមានឥទ្ធិពលរហូតដល់សព្វថ្ងៃ។ សម្តេចប៉ាប ឡេអូទី១៤ មានគោលបំណងដឹកនាំព្រះសហគមន៍កាតូលិកតាមលំនាំនេះ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មថ្មីមួយទៀត ពោលគឺការអភិវឌ្ឍន៍របស់វិស័យបញ្ញាសុប្បនិមិ្មត (AI) ដែលជាឧបសគ្គថ្មីដល់កិច្ចការពារសេចក្តីថ្លៃថ្នូរ យុត្តិធម៌ និងការងាររបស់មនុស្ស។
ក្នុងរយៈពេល៤០ឆ្នាំនេះ មជ្ឈមណ្ឌលសន្តអ៊ីរេណេបានយកចិត្តទុកដាក់ធ្វើកិច្ចការយ៉ាងខ្លាំង និងបានបន្សល់ទុកសម្មទ្ធិផលយ៉ាងច្រើន។ ជាពិសេស រយៈពេលប្រាំឆ្នាំចុងក្រោយនេះ (២០២១-២០២៥) បានយកចិត្តទុកដាក់ធ្វើទំនើបកម្មលើផ្នែកប្រព័ន្ធបច្ចេកវិជ្ជាឌីជីថល ទាំងគេហទំព័រ ទាំងបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីដំណើរការលើទូរស័ព្ទឆ្លាតវៃ ក្នុងការប្រមូលផ្ដុំឯកសារ ជាអត្ថបទ ជាវីដេអូជាដើម ដាក់ឱ្យប្រើប្រាស់ដោយសេរី ដើម្បីជាជំនួយដល់ការងាររបស់មជ្ឈមណ្ឌលនេះ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានបានយ៉ាងឆាប់រហ័ស។ ប្រព័ន្ធបច្ចេកវិជ្ជាឌីជីថលនេះ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងបេសកកម្មនៃការប្រកាសដំណឹងល្អជាសាធារណៈ ដល់មនុស្សគ្រប់មជ្ឈដ្ឋានបានយ៉ាងងាយស្រួល និងទូលំទូលាយប្រកបដោយប្រសិទ្ធភាពជាទីបំផុត។ នេះគឺជាទីសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យយើងមើលឃើញអំពីសញ្ញាសម្គាល់នៃពេលវេលា។
៣. ការបង្កើតការច្នៃប្រឌិត

ការបង្កើតការច្នៃប្រឌិតដ៏ចាំបាច់ដោយឈ្លាសវៃ គឺជាការសម្របខ្លួនតាមពេលវេលា និងទាន់សភាពការ។ ការច្នៃប្រឌិតតែងតែនាំមកនូវការបង្កើតគំនិតថ្មី និងការអភិវឌ្ឍន៍ជានិច្ច។ ការច្នៃប្រឌិតនេះ គឺយោងតាមសារាចរមួយរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ “Motu Proprio” ក្រោមចំណងជើងថា មុខងារបម្រើការអប់រំជំនឿ (ANTIQUUM MINISTERIUM)។ នៅខែឧសភា ឆ្នាំ២០២១ សម្តេចប៉ាប បានចេញលិខិតសារាចរនេះ ដើម្បីអនុមតិបង្កើតមុខងារបម្រើការអប់រំជំនឿ សម្រាប់គ្រីស្តបរិស័ទធម្មតា។ លិខិតសារាចរនេះ ភ្ជាប់ជាមួយលិខិតអំពីក្បួនពិធីចាត់តាំងការអប់រំជំនឿ (RITE OF INSTITUTION OF CATECHISTS) ដែលមានបទដ្ឋានច្បាស់លាស់ សម្រាប់មុខងារបម្រើនេះផងដែរ។ សម្តេចប៉ាប អញ្ជើញក្រុមលោកអភិបាលឱ្យយកចិត្តទុកដាក់បង្កើតកម្មវិធីបណ្ដុះបណ្តាលគ្រីស្តបរិស័ទធម្មតា ឱ្យក្លាយទៅជាអ្នកណែនាំអប់រំជំនឿប្រកបដោយប្រសិទ្ធភាព។ តើនេះមិនមែនជាឱកាសសមស្របឱ្យយើងកែលម្អយុទ្ធសាស្រ្ត ដោយអនុវត្តតាមលំនាំរបស់សារាចរនេះ ដើម្បីគិតគូអភិវឌ្ឍការអប់រំជំនឿនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជាឱ្យមានប្រសិទ្ធភាពទេឬ? ប្រសិនបើ យើងចង់បន្តធ្វើការងារដដែលទៀត យើងមិនអាចសង្ឃឹមថានឹងមានលទ្ធផលថ្មីនៅក្នុងពិភពលោកដែលកំពុងតែប្រែប្រួលនេះបានទេ។
ទីបញ្ចប់
យើងជាគ្រីស្តបរិស័ទ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យមាន«ប្រាជ្ញាឈ្លាសវៃ» ត្រូវចេះមើលអំពីទីសម្គាល់នៃពេលវេលា ពីព្រោះយើងមិនអាចចាកចេញពីពេលវេលាដែលយើងកំពុងរស់នៅបានទេ។ នៅក្នុងការរស់នៅ យើងត្រូវប្រកាន់ភ្ជាប់នូវអត្តសញ្ញាណនៃជំនឿពិតប្រាកដរបស់ខ្លួន ដោយមានសេចក្តីសង្ឃឹម និងស្មារតីអង់អាចជាព្យាការី ដើម្បីផ្ដល់សក្ខីភាព និងប្រកាសដំណឹងល្អ។ សូមព្រះជាម្ចាស់ពង្រឹងសេចក្តីសង្ឃឹមនេះក្នុងដួងចិត្តរបស់យើង ដើម្បីបេសកកម្មប្រកាសដំណឹងល្អ និងកិច្ចការមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។
ភ្នំពេញ, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥
កាន់ ប៊ុយ
នាយកមជ្ឈមណ្ឌលសន្តអ៊ីរេណេ







