អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

ព្រះគម្ពីរ និងព្រះត្រៃឯក

សេចក្តីផ្តើម

ពាក្យព្រះត្រៃឯកមិនមាននៅក្នុងព្រះគម្ពីរទេ តែមាននៅក្នុងធម៌ប្រកាសជំនឿរបស់គ្រីស្តបរិស័ទគ្រប់និកាយ ពោលគឺក្នុងធម៌ប្រ​កាសជំនឿរបស់ក្រុមគ្រីស្តទូត ក្នុងអង្គមហាសន្និបាតក្រុងនីសេឆ្នាំ៣២៥ និងក្រុងកុងស្តង់ទីណុប្លឆ្នាំ៣៨១នៃគ.ស។ ធម៌ប្រកាស​ជំនឿនេះប្រកាសជំនឿលើព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះជាម្ចាស់តែមួយព្រះអង្គ។ ទោះបី ក្នុងព្រះគម្ពីរគ្មានពាក្យព្រះត្រៃឯក តែព្រះគម្ពីរអាចនាំយើងឱ្យស្គាល់ព្រះអង្គ។ អត្ថបទនេះមិនសិក្សាទេវវិទ្យានៃព្រះត្រៃឯកនោះទេ គឺគ្រាន់តែសិក្សាអត្ថបទព្រះគម្ពីរ និងសេច​ក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិក ក្នុងធម្មនុញ្ញគោលលទ្ធិ អំពីព្រះជាម្ចាស់សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ (DEI VERBUM) នៃអង្គមហាសន្និបាទ​វ៉ាទីកង់ទី២ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើព្រះគម្ពីរនាំយើងឱ្យស្គាល់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងដូចម្តេច?

១. ព្រះគម្ពីរ និងព្រះបិតា

ក្នុងអង្គព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះជាម្ចាស់តែមួយអង្គ។ ព្រះបិតាជាអង្គទី១នៃព្រះត្រៃឯកដ៏វិសុទ្ធ។ ក្នុងឯកសារព្រះបន្ទូលនៃអង្គមហាសនិ្នបាតវ៉ាទីកង់ទី២ បានបញ្ជាក់ថា «ក្នុងព្រះ​គម្ពីរ ព្រះ​បិតា​ដ៏ខ្ពង់ខ្ពស់​បំផុតយាង​មក​ជួប​បុត្រ​ធីតា ដោយ​ព្រះហឫទ័យមេត្តា​ករុណា និង​យាង​មក​សន្ទនា​ជាមួយ​គេ» (DV លេខ២១)។ តាមរយៈឃ្លាអះអាងនេះញ៉ាំងឱ្យយើងដឹងថា ព្រះគម្ពីរមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសន្ទនារវាងមនុស្សជាមួយព្រះបិតាតាមរយៈពាក្យពេជន៍ ដែលមានចែងទុកនៅក្នុងព្រះគម្ពីរ​។ យើងអាចយល់សេចក្តីនេះដោយយោងលើឧទាហរណ៍នៃបទពិសោធន៍មនោសញ្ចេតនា ឬសេចក្តីស្នេហារវាងបុរសនិងស្ត្រី នៅពេលណាពួកគេឆ្លើយឆ្លងសារនៃសេចក្តីស្នេហារវាងគ្នានឹងគ្នាតាមរយៈសំណេរ។ សំបុត្រស្នេហារបស់ពួកគេដើរតួនាទីសំខាន់ ដើម្បីឱ្យអ្នកទាំងពីរភ្ជាប់ទំនាក់ទំនង និងសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីក្នុងជម្រៅនៃដួងចិត្តរបស់ខ្លួន តាមរយៈពាក្យពេជន៍បរិយាយនៅក្នុងលិខិត។ កាលណាពួកគេអានលិខិត ដែលផ្ញើឱ្យគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ ញ៉ាំងឱ្យដួងចិត្តរបស់ពួកគេរំភើបយ៉ាងខ្លាំង ទោះបីពួកគេមិនបានជួបគ្នាដោយផ្ទាល់ តែតាមរយៈសេចក្តី ដែលរាយរាប់ក្នុងសំបុត្រ នាំឱ្យពួកគេអាចទាក់ទងគ្នាដោយមនោសញ្ចេតនា ដែលមានចំពោះគ្នាទៅវិញទៅមក។

ដូចគ្នានេះដែរ ព្រះគម្ពីរនាំមនុស្សឱ្យទាក់ទងជាមួយព្រះបិតា ដើម្បីសន្ទនាគ្នាយ៉ាងជិតស្និត។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះបុត្រធីតារបស់ព្រះអង្គជាមុន ដើម្បីឱ្យពួកគេចេះផ្ញើជីវិត និងមានចិត្តស្រឡាញ់ចំពោះព្រះអង្គ និងនាំឱ្យគេបានជិតស្និតរួមជាមួយព្រះបិតា។  តាមពិតព្រះគម្ពីរសុទ្ធតែព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឱ្យនិពន្ធ។ ​ព្រះ‌វិញ្ញាណ​នេះ​ហើយនាំយើងឱ្យ​បន្លឺ​​សំឡេង​ឡើង​ថា “អប្បា​! ឱ​ព្រះ‌បិតា! (រម ៨,១៥-១៦; ៤,៦)។ ហេតុនេះ តាមរយៈព្រះគម្ពីរ ព្រះវិញ្ញាណបន្លឺឱ្យព្រះសូរសៀងនៃព្រះបន្ទូលព្រះបិតាមកកាន់បុត្រធីតាព្រះអង្គលាន់ឮឡើងយ៉ាង​ឱឡារិក។

ម្យ៉ាងទៀត ព្រះគម្ពីរទាំងមូលថ្លែងពីព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ត។ ព្រះអង្គផ្ទាល់បានផ្តល់សក្ខីភាពឱ្យយើងដឹងថា សេចក្តី ដែលព្រះអង្គមានព្រះបន្ទូលគឺមកពីព្រះបិតា «ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ មិន‌មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​ព្រះ‌បិតា​ ដែល​បាន​ចាត់​ខ្ញុំ​ឱ្យ​មក ព្រះ‌អង្គ​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី ​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។ ខ្ញុំ​ដឹង​ថា​អ្វីៗ ​ដែល​ព្រះ‌អង្គ​បង្គាប់​សុទ្ធ​តែ​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដែរ» (យហ ១២,៤៩-៥០)។ ព្រះយេស៊ូជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ព្រះអង្គ។ អ្នក​ណា​បាន​ឃើញ​ព្រះអង្គ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ (យហ ១៤,៦.១៩ខ)។

ព្រះបន្ទូលនេះបញ្ជាក់ពីបេសកកម្មរបស់ព្រះយេស៊ូក្នុងព្រះនាមព្រះបិតាចំពោះមនុស្សលោក។ អត្ថន័យជ្រាលជ្រៅបំផុតគឺព្រះអង្គមិនមែនគ្រាន់តែជាផ្លូវតាមរបៀបដែលព្រះអង្គបង្រៀន ដើម្បីណែនាំឱ្យស្គាល់ព្រះបិតា។ ផ្ទុយទៅវិញ ព្រះអង្គផ្ទាល់ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដែលនាំយើងទៅកាន់ព្រះបិតា។ ព្រោះព្រះអង្គជាព្រះបុត្រាប្រសូតជាមនុស្ស ដើម្បីបង្ហាញឱ្យមនុស្សលោកស្គាល់ព្រះបិតាពេញលក្ខណៈ ដ្បិតព្រះអង្គ និងព្រះបិតាជាអង្គតែមួយ(យហ ១០,៣០)។ ព្រះយេស៊ូគ្រីស្តបានសម្តែងព្រះអង្គតាមរយៈសកម្មភាព ក៏ដូចជាព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ព្រះអង្គនាំអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គឱ្យរួមជាមួយព្រះបិតា ដើម្បីឱ្យគេមានជីវិតពេញបរិបូណ៍ដ៏ពិតប្រាកដ (យហ ១០,១០)។

២. ព្រះគម្ពីរ និងព្រះបុត្រា

ក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា និងសន្តម៉ាថាយ បំភ្លឺយើងឱ្យ​ស្គាល់ពីឋានៈរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានចាប់កំណើត​ជាមនុស្ស (មថ ២,១៨) និងជាព្រះបុត្រារបស់ព្រះជាម្ចាស់ (លក ១,៣៥)។ ព្រះបុត្រា គឺព្រះយេស៊ូជាអង្គទី២នៃព្រះត្រៃឯកដ៏វិសុទ្ធ និងជាព្រះគ្រីស្ត។ ព្រះអង្គជាព្រះជាម្ចាស់ផ្ទាល់ ដែលប្រសូតជាមនុស្ស ស្របតាមគម្រោងការណ៍ដ៏អស្ចារ្យ ដែលមានចែងទុកមកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១។ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះទទួលអត្ថន័យពេញលក្ខណៈក្រោមការបំភ្លឺពីអាថ៌កំបាំងនៃព្រះបុត្រា ដែលបានចាប់កំណើតជាមនុស្ស។ រីឯព្រះគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូលកត់ត្រាពីព្រះអង្គ។ ព្រះគម្ពីរទាំងពីរសម្ពន្ធមេត្រីមានទំនាក់ទំនង និងបំពេញអត្ថន័យគ្នាទៅវិញទៅមក។ ហេតុនេះ កាលណាយើងអានព្រះគម្ពីរ យើងមិនមែនអានសំណេរ ដែលមានទឹកខ្មៅនៅលើក្រដាសធម្មតា និងដែលមានប្រភពចេញមកពីគំនិតមនុស្សនោះទេ។ ជាក់ស្តែង យើងអានពីជីវិតមួយដ៏រស់រវើក ដ្បិតព្រះជាម្ចាស់ផ្ទាល់បានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូ ធ្វើឱ្យគ្រប់ពាក្យពេចន៍ទាំងអស់នៃព្រះគម្ពីរមានអត្ថន័យ។

ដើម្បីយល់ពីទំនាក់ទំនងនៃព្រះគម្ពីរ និងព្រះបុត្រា យើងនឹងសិក្សាព្រះគម្ពីរទាំងមូល តើព្រះគម្ពីរថ្លែងពីព្រះយេស៊ូបែបណា និងពន្យល់ពីការអាថ៌កំបាំងនៃព្រះបុត្រាយ៉ាងដូចម្តេច?

២.១. ព្រះគម្ពីរទាំងមូលថ្លែងពីព្រះយេស៊ូ

ព្រះគម្ពីរសម្ពន្ធមេត្រីទី១៖ នៅក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ព្រះយេស៊ូមានព្រះបន្ទូលបង្ហាញពីសេចក្តី ដែលថ្លែងពីព្រះអង្គនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១ដោយបញ្ជាក់ថា «អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់​កល្ប‌ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឱ្យ​ខ្ញុំ» (យហ ៥,៣៩)។ ឃ្លានេះព្រះយេស៊ូមានព្រះបន្ទូលសំដៅលើសាសន៍យូដា ដែលមានព្រះគម្ពីរសម្ពន្ធមេត្រីទី១ ជាសំណេរដ៏សំខាន់ក្នុងសាសនាយូដា។ ពួកគាត់តែងអានព្រះគម្ពីរនេះជាប្រចាំ ដោយនឹកស្មានថានឹងបានជីវិតអស់កល្បជានិច្ច។ តែផ្ទុយទៅវិញ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះ ធ្វើជាបន្ទាល់ចំពោះព្រះយេស៊ូ។ ព្រះយេស៊ូយាងមក ស្របតាមសេចក្តីដែលមានថ្លែងពីព្រះអង្គ។ ដូច្នេះ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះទទួលអត្ថន័យពេញលក្ខណៈដោយសារវត្តមានរបស់ព្រះអង្គ ដែលបានចាប់កំណើតជាមនុស្ស។ ការអានព្រះគម្ពីរ គប្បីអានក្រោមពន្លឺនៃកំណើតរបស់ព្រះយេស៊ូជាមនុស្ស និងព្រឹត្តិការណ៍ដែលព្រះអង្គរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ រហូតដល់ព្រះអង្គយាងឡើងស្ថានបរមសុខ។ ព្រះគម្ពីរពាក់ព័ន្ធជាមួយព្រះបន្ទូល និងព្រឹត្តិការណ៍ ដែលព្រះជាម្ចាស់រៀបចំសម្រាប់ការយាងមកដល់នៃព្រះបុត្រា ដើម្បីបំពេញឱ្យជីវិតមនុស្សមានអត្ថន័យពេញបរិបូរ។

ក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តលូកាបានបង្ហាញថា «ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី ​ដែល​មាន​ចែង​ទុកពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់» (លក ២៤,២៧)។ តាមរយៈឃ្លានៃអត្ថបទព្រះគម្ពីរនេះ នាំយើងឱ្យយល់ថា ព្រះយេស៊ូបានលាតត្រដាងសេចក្តី ដែលលាក់កំបាំង ដើម្បីបំភ្លឺក្រុមសាវ័ក​។ ដោយសារវត្តមានរបស់ព្រះអង្គ នាំឱ្យអាថ៌កំបាំង ដែលលាក់បង្កប់ទុកក្នុងគម្ពីរសម្ពន្ធមេត្រីទី១ ទាំងគម្ពីរវិន័យលោកម៉ូសេ និងគម្ពីរព្យាការីទាំងអស់ត្រូវបានស្រាយបំភ្លឺ និងទទួលអត្ថន័យពេញលក្ខណៈ។ ដើម្បីធានាឱ្យក្រុមសាវ័កយល់ ព្រះអង្គមិនត្រឹមតែបកស្រាយព្រះគម្ពីរបំភ្លឺប៉ុណ្ណោះទេ ព្រះអង្គថែមទាំងធ្វើពិធីកាច់នំប៉័ង ទុកជាអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធ ដែលសង្ខេបពីគម្រោងការដ៏អាថ៌កំបាំងនៃព្រះបន្ទូលប្រសូតជាមនុស្សនៅក្នុងចំណោមពួកគេ និងដើម្បីឱ្យពួកគេនឹករឮកដល់ព្រះអង្គ។ ព្រះយេស៊ូបានបើកភ្នែករបស់ក្រុមសាវ័កភ្លឺឡើង ហើយមានប្រាជ្ញាអាចយល់ពីអត្ថន័យដ៏ពិតប្រាកដនៃព្រះគម្ពីរ ថែមទាំងស្គាល់ព្រះអង្គ។ ហេតុនេះ ការស្តាប់ព្រះបន្ទូល និងអគ្គសញ្ញាអរព្រះគុណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ដើម្បីលាតត្រដាងឱ្យយល់ និងស្គាល់ពីអាថ៌កំបាំងនៃព្រះបន្ទូល។ ដ្បិតព្រះបន្ទូលមិនទាមទារឱ្យស្តាប់ត្រឹមតែត្រចៀក តែទាមទារឱ្យឃើញផ្ទាល់នឹងភ្នែក ហើយទទួលចូលក្នុងជីវិត ដូចការទទួលទានអាហារ ដើម្បីផ្លាស់ប្រែពី​លក្ខណៈមនុស្សឱ្យទៅជាលក្ខណៈព្រះជាម្ចាស់។ នៅពេលដែលក្រុមសាវ័ក​យល់ និងស្គាល់ពីការអាថ៌កំបាំងនេះ នាំឱ្យពួកគាត់មានចិត្តរំភើបយ៉ាងខ្លាំងរកអ្វីថ្លែងពុំបាន ដូចសក្ខីភាពនៃបទពិសោធន៍សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស​ (លក ២៤,៣២)។ ការអាថ៌កំបាំងនៃព្រះបុត្រាបានចាប់កំណើតជាមនុស្ស ធ្វើឱ្យព្រះបន្ទូលមានអត្ថន័យពេញលក្ខណៈ។ តាមរយៈព្រះអង្គ សម្ពន្ធមេត្រីថ្មី ដែលចងឡើងដោយព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តបានចាប់ផ្តើមបើកទំព័រសករាជនៃសម្ពន្ធមេត្រីថ្មី។ ហេតុនេះហើយ បានជាព្រះសហគមន៍ «តាំង​ពី​ដើម​រៀង​មក តែងតែ​គោរពប្រណិប័តន៍ព្រះ​គម្ពីរ​ជា​និច្ច ដូច​ព្រះ​សហគមន៍​ធ្លាប់​​គោរពប្រណិប័តន៍​ព្រះ​កាយ​ផ្ទាល់​របស់​ព្រះ​អម្ចាស់​ដែរ។ ជាពិសេស​​ក្នុង​ពិធី​គោរពប្រណិប័តន៍ ព្រះ​សហគមន៍​នៅ​តែ​យកអាហារ ដែលផ្តល់ជីវិតពី​តុ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ជាតុ​នៃ​ព្រះ​កាយ​​ព្រះ​គ្រីស្តទៅ​ជូន​គ្រីស្ត​បរិស័ទ​ជានិច្ច» (DV លេខ២១)។

ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី៖ កាលណាយើងអានព្រះគម្ពីរសម្ពន្ធមេត្រីថ្មីទាំង២៧កណ្ឌ យើងនឹងឃើញក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤ រៀបរាប់ពីព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មក្នុងលោកនេះ ដោយផ្តោតលើសេចក្តី ដែលព្រះអង្គបានបង្រៀន អំពីការ​អស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្ត អំពីព្រះបន្ទូល ដែលព្រះអង្គបានថ្លែង អំពីការអធិដ្ឋានរបស់ព្រះអង្គ និងជាពិសេសអំពីព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ចំពោះកណ្ឌគម្ពីរកិច្ចការរបស់គ្រីស្តទូត ជាសំណេរបែបប្រវត្តិសាស្រ្ត ដែលនិយាយពីកំណើតព្រះសហគមន៍ដើមដំបូង ដោយចាប់ផ្តើមពីការប្រកាសដំណឹងល្អរបស់ក្រុមគ្រីស្តទូត ក្រោមការណែនាំពីព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំងរៀបរាប់ពីឧបសគ្គ ដែលព្រះសហគមន៍ជួបប្រទះ និងលាតត្រដាងអំពីការរីកសាយភាយចម្រើនឡើងជាបន្តបន្ទាប់របស់ព្រះសហគមន៍ ដោយចាប់តាំងពីក្រុងយេរ៉ូសាឡឹម នៅពាសពេញជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតដល់ទីក្រុងរ៉ូមនៃកច្រភពរ៉ូម៉ាំង។ រីឯលិខិតទាំងឡាយរបស់ក្រុមគ្រីស្តទូត ជាសំណេរស្តីអំពីគោលលទ្ធិគ្រីស្តសាសនា ដើម្បីអប់រំគ្រីស្តបរិស័ទ។ ក្នុងនោះក៏មានបទបញ្ជាក្នុងការចាត់ចែងឱ្យមានរបៀបណែនាំព្រះសហគមន៍ និងក្បួនពិធីបុណ្យជាដើម។ លើសពីនេះ គឺគោលការណ៍សីលធម៌ និងក្រមសីលធម៌ ដែលណែនាំឱ្យគ្រីស្តបរិស័ទចេះរស់នៅស្របតាមការផ្ញើជីវិតរបស់ខ្លួនលើព្រះយេស៊ូគ្រីស្ត។ កណ្ឌគម្ពីរចុងក្រោយគឺគម្ពីរវិវរណៈ ពោរពេញដោយនិមិត្តរូបថ្លែងអំពីផ្ទៃមេឃ និងផែនដីថ្មី ដែលបានបង្កើតជាថ្មីក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងកណ្ឌគម្ពីរនេះក៏ថ្លែងពីសេចក្តីសង្ឃឹម ដែលព្រះគ្រីស្តនឹងយាងមកវិញប្រកបដោយសិរីរុងរឿង នៅអវសានកាលនៃពិភពលោក ដើម្បីលោះមនុស្សជាស្ថាពរ។

២.២. អាថ៌កំបាំងនៃព្រះបុត្រា និងព្រះបន្ទូលប្រសូតជាមនុស្ស

ស្នូលនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ផ្តោតលើអាថ៌កំបាំងរបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាព្រះបន្ទូលប្រសូតជាមនុស្ស។ ការអាថ៌កំបាំងនេះជ្រាលជ្រៅ ហួសពីប្រាជ្ញា ដែលមនុស្សយល់មិនដល់ ជាហេតុនាំឱ្យមនុស្សគប្បីទុកចិត្តលើព្រះយេស៊ូគ្រីស្ត ដើម្បីទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឱ្យយល់ពីសេចក្តីពិត និងការអស្ចារ្យនៃអាថ៌កំបាំងនេះ។

  • ព្រះបុត្រារបស់ព្រះជាម្ចាស់ ជាឋានៈដ៏ខ្ពង់ខ្ពស់បំផុតបញ្ជាក់ពីប្រភពដើមរបស់ព្រះយេស៊ូ ដែលព្រះអង្គមិនមែនមកពីក្នុងលោកនេះ ពោលគឺព្រះអង្គមកពីព្រះជាម្ចាស់ផ្ទាល់ ដូចក្នុងគម្ពីរដំណឹងល្អតាមសន្ត យ៉ូហានបានបង្ហាញពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ថា «ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឱ្យអស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់​កល្ប‌ជានិច្ច គឺ​មិនឱ្យ​គេ​វិនាស​ឡើយ» (យហ ៣,១៦)។ ឃ្លាព្រះបន្ទូលនេះ បង្ហាញពីព្រះហឫទ័យព្រះជាម្ចាស់ ដែលស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង ដោយប្រទានព្រះបុត្រាឱ្យយាងមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីឱ្យមនុស្សអាចទទួលការសង្គ្រោះ ដោយការផ្ញើជីវិតទាំង​ស្រុងលើព្រះអង្គ។ ទោះបីព្រះបុត្រាមានឋានៈដ៏ខ្ពង់ខ្ពស់ក្តី តែព្រះអង្គបានដាក់ខ្លួនយ៉ាងទន់ទាប យ៉ាងសុភាព រហូតដល់លះ​បង់​ខ្លួនឯងចោល ដូចបទកំណាព្យអំពីការបន្ទាបខ្លួនរបស់ព្រះអង្គ (KÉNOSE)​ ក្នុងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីពថាៈ

«ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្ម‌សិទ្ធិ​​ដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។ ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យ​ព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដើម្បី​ឱ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ និងឱ្យ​មនុស្ស​គ្រប់​ភាសាប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា»  (ភលី ២,៦-១១)​។

ព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុតបានចាប់កំណើតជាមនុស្សប្រសូតនៅក្នុងស្នូកសត្វ ហើយសុគតនៅលើឈើឆ្កាង។ តើសេចក្តីនេះនាំឱ្យមនុស្សអាចផ្ញើជីវិតលើព្រះអង្គដូចម្តេចកើត? សេចក្តីនេះនាំឱ្យមនុស្សពិបាកយល់ និងពិបាកទុកចិត្ត ព្រោះនិស្ស័យមនុស្សទន់ខ្សោយ ហើយចង់យល់ និងចង់ជឿនូវអ្វីដែលអស្ចារ្យ។ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើកិច្ចការហួសពីការគិតរបស់មនុស្ស។ ដ្បិតព្រះតម្រិះរបស់​ព្រះអង្គខុស​ប្លែក​ពី​គំនិត​របស់យើង។ រីឯ​របៀប​ដែល​ព្រះអង្គ​ប្រព្រឹត្តក៏​ខុស​ប្លែក​ពីរបៀប​ ដែល​យើងប្រព្រឹត្ត​ដែរ (អស ៥៥,៨)។ ដោយធម៌មេត្តាករុណា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះហឫទ័យដាក់ខ្លួនទន់ទាប ដើម្បីឱ្យមនុស្សដែលទន់ទាបបានទទួលព្រះហឫទ័យប្រណីសណ្តោសពីព្រះជាម្ចាស់ និងផ្លាស់​ប្រែឱ្យជីវិតមនុស្សមានតម្លៃថ្លៃថ្នូរខ្ពង់ខ្ពស់ឡើង។ ដោយ​សារព្រះបុត្រាប្រសូតជាមនុស្ស ដូច្នេះមនុស្សអាចមានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ចូរយើងកុំភ្លេចថាព្រះជាម្ចាស់បានប្រតិស្ឋានមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ (កណ ១,២៧)។ ដូច្នេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សមានគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គតាមរយៈព្រះបុត្រា ដែលប្រសូតជាមនុស្ស ដ្បិតព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ព្រះអង្គ (យហ ១៤,៦)។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រទានព្រះបុត្រាឱ្យយាងមក ដើម្បីឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គទៅជាបុត្រធីតាទទួលមត៌ករួមជា​មួយព្រះបុត្រា (រម ៨,១៦-១៨) និងទទួល​​ការសង្គ្រោះបានគ្រប់​លក្ខណៈ ពោលគឺមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវវិនាសឡើយ។ ជាក់ស្តែង ការណ៍នេះកើតឡើងដូច្នេះ ក៏ព្រោះតែព្រះបុត្រាប្រសូតជាមនុស្ស នាំឱ្យមនុស្សអាចស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាភាសាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្តដោយផ្ទាល់ ពោលគឺប្លែកជំនាន់ដើម ពីព្រោះ

«នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរសយើង​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​​ផ្សេងៗ​ជា​ច្រើនតាម‌រយៈ​ពួក​ព្យាការី។ គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម‌រយៈ​ព្រះ‌បុត្រា។ ព្រះ‌អង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឱ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះ‌អង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ» (ហប ១,១-២)។

  • ព្រះបន្ទូលប្រសូតជាមនុស្ស ជាឋានៈដ៏អស្ចារ្យ ដែលបង្ហាញពីអត្តសញ្ញាណដើមដ៏អាថ៌កំបាំងរបស់ព្រះយេស៊ូគ្រីស្ត។ នៅខាងដើមនៃព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហានណែនាំយើងឱ្យស្គាល់យ៉ាងច្បាស់ពីព្រះបន្ទូល គឺពាក្យលោហ្គោស (λόγος) តាមភាសាក្រិក ជាព្រះបន្ទូលដែលមានព្រះជន្មគង់នៅរួមជា​មួយ​ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់(យហ ១,១-២)។ សន្តយ៉ូហាន កត់សម្គាល់ពីការអាថ៌កំបាំងរបស់ព្រះបន្ទូល ដែលគង់នៅតាំងពីដើមដំបូងបង្អស់ គឺសំដៅនៅមុនកាលសម័យ និងនៅមុនពេលវេលា។ ព្រះបន្ទូលនេះហើយ ដែលប្រតិស្ឋានអ្វីៗទាំងអស់ឱ្យកើតចេញជារូបរាង និងមានជីវិតឡើង។ ដ្បិតអ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​បង្កើត​នោះ​ឡើយ (យហ ១,៣)។ សន្តយ៉ូហានបានបញ្ជាក់បន្ថែមថា ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គប្រកបដោយសិរីរុងរឿង ជា​សិរី‌រុង​រឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះ‌អង្គ​ពោរ‌ពេញ​​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស និង​សេចក្ដី​ពិត (យហ ១,១៤)។ ហេតុនេះ ព្រះអង្គមិនគ្រាន់តែមានកំណើតជាមនុស្សធម្មតាដូចយើង តែអត្តសញ្ញាណដើមរបស់ព្រះអង្គជាព្រះជាម្ចាស់។ ជាក់ស្តែងពាក្យ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងនិយាយនៅទីនេះ គឺអង្គព្រះយេស៊ូគ្រីស្ត ដែលជាព្រះបុត្រាមានព្រះជន្មគង់នៅរួមជាមួយព្រះបិតា។ ព្រះអង្គសម្តែងឱ្យមនុស្សលោកស្គាល់ព្រះបន្ទូលព្រះជាម្ចាស់ដោយប្រសូតជាមនុស្ស។

តាមបទពិសោធន៍របស់មនុស្ស ពាក្យសម្តីឆ្លុះបញ្ចាំងពីចេតនា ដូចសុភាសិតខ្មែរថា “សម្តីសជាតិ”។ ហេតុនេះ កាលដែលព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស ក៏ព្រោះតែព្រះជាម្ចាស់ផ្ទាល់សម្តែងព្រះហឫទ័យព្រះអង្គនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ដើម្បីឱ្យមនុស្សអាចរស់នៅស្របតាមព្រះហឫទ័យនេះ ពោលគឺព្រះហឫទ័យព្រះជាម្ចាស់កើតជារូបរាងនៅក្នុងចំណោមមនុស្ស ដូចពាក្យអធិដ្ឋានធម៌ឱព្រះបិតាថា «សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ»។ ព្រះគ្រីស្តជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលសម្តែងឱ្យមនុស្សស្គាល់។ ព្រះជាម្ចាស់ប្រសូតជាមនុស្ស ក៏ព្រោះតែព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងការសង្រ្គោះចំពោះមនុស្សលោកទាំងអស់។ នេះហើយជា «ដំណឹងល្អ» សម្រាប់យើង។

តាមរយៈសេចក្តីបកស្រាយខាងលើផ្តល់ឱ្យយើងយល់ច្បាស់ថា ព្រះគម្ពីរទាំងមូលថ្លែងពីអាថ៌កំបាំងព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះជាម្ចាស់ និងជាព្រះបន្ទូលប្រសូតជាមនុស្ស។ ហេតុនេះ អ្នកដែលស្គាល់ព្រះគម្ពីរ ក៏ស្គាល់ព្រះគ្រីស្តដែរ។ រីឯ ​“អ្នកដែលមិនស្គាល់ព្រះគម្ពីរទេ ក៏មិនស្គាល់ព្រះគ្រីស្តដែរ”។ គ្រីស្តបរិស័ទគប្បីដឹង និងយល់ពីសេចក្តីដ៏សំខាន់ទាំងអស់នេះ។

៣. ព្រះគម្ពីរ និងព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គទីបីនៃព្រះត្រៃឯកដ៏វិសុទ្ធ។ ព្រះវិញ្ញាណមានទំនាក់ទំនងយ៉ាងជិតស្និតនឹងព្រះគម្ពីរ ដ្បិតព្រះគម្ពីរកើតចេញពីព្រះវិញ្ញាណ ដែលបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យកត់ត្រាទុក​ជាលាយលក្ខណ៍អក្សរម្តងជាស្រេច នូវសូរសៀងរបស់ព្រះវិញ្ញាណ ដើម្បីឱ្យសូរសៀងនេះលាន់ឮឡើងតាមរយៈសំណេរ​ដ៏វិសុទ្ធ។

«ហេតុនេះហើយ បានជាព្រះគម្ពីរចែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ដោយមិនប្រែប្រួល ហើយធ្វើឱ្យព្រះសូរសៀងរបស់ព្រះវិញ្ញាណលាន់ឮឡើង ដោយ​សារពាក្យសម្តីរបស់អស់​លោកព្យាការី និងរបស់ក្រុមគ្រីស្តទូត» (DV លេខ២១)។

តាមរយៈសេចក្តីបង្រៀននេះ បញ្ជាក់យ៉ាងជាក់លាក់ថា សំណេរដ៏វិសុទ្ធជាស្នាព្រះហស្តនៃព្រះវិញ្ញាណ ដែលបំពេញសកម្មភាពក្នុងក្រុមព្យាការី ក្នុងក្រុមគ្រីស្តទូត ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូចគ្នានេះដែរ នៅក្នុងលិខិតទី២របស់គ្រីស្តទូតសិលាបានសរសេរបំភ្លឺថា «​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឱ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់» (២សល ១,២១)។

ដូច្នេះ ព្រះគម្ពីរជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងពិតប្រាកដ។ ជាក់ស្តែង គ្រីស្តទូតប៉ូលក៏បាន​ទូន្មានយ៉ាងច្បាស់ នៅក្នុងលិខិតទី១ផ្ញើជូនលោកធីម៉ូថេផងដែរថា «គ្រប់​អត្ថ‌បទ​គម្ពីរសុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឱ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឱ្យ​រស់​តាម​សេចក្ដី​សុចរិត ក្នុង​គោល​បំណង​ឱ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ជំពូក» (១ធម ៣,១៦-១៧)។

សេចក្តីសន្និដ្ឋាន

យោងលើសេចក្តីដែលបានរៀបរាប់ខាងលើ នាំឱ្យយើងអាចសន្និដ្ឋានបានថា ព្រះគម្ពីរពិតជាមានទំនាក់ទំនងនឹងព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រោះព្រះគម្ពីរជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលថ្លែងពីអត្តសញ្ញាណដ៏អាថ៌កំបាំងរបស់ព្រះបុត្រា ដែលជាព្រះបន្ទូល និងជាព្រះវិញ្ញាណដ៏វិសុទ្ធប្រសូតជាមនុស្ស។ ទាំងព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះបុត្រាបំពេញបេសកកម្មបែរទៅរកព្រះបិតា ដើម្បីចាត់ចែងឱ្យចក្រវាលទាំងមូលធ្វើចលនាឆ្ពោះទៅកាន់ព្រះជាម្ចាស់ជាព្រះបិតា ដូចពាក្យសូមលើកតម្កើងអង្គព្រះត្រៃឯក (DOXOLOGIA) ក្នុងពេលដែលលោកបូជាចារ្យលើកព្រះកាយ និងព្រះលោហិតឡើងនៅក្នុងអភិបូជាតែងប្រកាសថាៈ

«ឱព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត។ រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្ប​ជាអង្វែងតរៀងទៅ»


សន្ត យេរ៉ូម (៣៤៤-៤២០ នៃគ.ស) សូមមើលក្នុង (DV លេខ២៥)។

408 Views

Theme: Overlay by Kaira