អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
អំណរ និងវិប្បដិសារី
(មថ ២៥,១-១៣)
សេចក្តីផ្តើម
អត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥,១-១៣) នេះ គឺជាពាក្យប្រស្នា។ ជាទូទៅ ពាក្យប្រស្នាតែងមានអត្ថន័យបង្កប់ចង់ឆ្លុះបញ្ចាំងពីអ្វីមួយ ដែលតម្រូវឱ្យយើងរកគន្លឹះដើម្បីអត្ថាធិប្បាយ។ សេចក្តីសំខាន់ ដែលយើងត្រូវកត់សម្គាល់គឺឃ្លាព្រះបន្ទូលក្នុងខ១៣ថា “ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ”។ ដូច្នេះ ដើម្បីដឹងថាត្រូវប្រុងស្មារតីយ៉ាងដូចម្តេច នោះយើងគប្បីស្វែងយល់ពីប្រស្នានេះ។
អត្ថបទព្រះគម្ពីរ
(មថ ២៤,៣) ព្រះយេស៊ូមានព្រះបន្ទូល
ជាពាក្យប្រស្នាទៅក្រុមសាវ័កថាៈ
១ | «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ |
២ | ក្នុងចំណោមពួកនាង មានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ |
៣ | ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ |
៤ | រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ |
៥ | ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ |
៦ | លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ |
៧ | ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ |
៨ | ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថាៈ “សុំចែកប្រេងឱ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ |
៩ | ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថាៈ “ទេមិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ |
១០ | នៅពេលស្ត្រីឥតគំនិតទាំងប្រាំ ចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ |
១១ | ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថាៈ “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!”។ |
១២ | ស្វាមីឆ្លើយទៅវិញថាៈ “ខ្ញុំសុំប្រាប់ឱ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ |
១៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី
ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
វិភាគអត្ថបទដកស្រង់
អត្ថបទ (មថ ២៥,១-១៣) នេះ គឺជាពាក្យប្រស្នា ដែលព្រះយេស៊ូបង្រៀនក្រុមសាវ័កដាច់ដោយឡែកពីគេ ក្នុងពេលព្រះអង្គគង់នៅលើភ្នំដើមអូលីវ (មថ ២៤,៣)។ ព្រះអង្គពោលពាក្យប្រស្នានេះដើម្បីឆ្លើយនឹងសំណួរក្រុមសាវ័ក ដែលទូលសួរព្រះអង្គអំពីទីសម្គាល់នាំឱ្យដឹងអំពីពេល ដែលបុត្រមនុស្សយាងមកដល់ និងអំពីអវសានកាលនៃពិភពលោក (មថ ២៤,៤)។ ព្រះយេស៊ូគ្រាន់តែឆ្លើយបញ្ជាក់ថា កាលណាគេនាំដំណឹងល្អអំពីព្រះរាជ្យពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក (មថ ២៤,១៤)។ រីឯនៅពេលកំណត់ ដែលបុត្រមនុស្សយាងមកដល់គឺគ្មាននរណាដឹងឡើយ។ ប៉ុន្តែ ការសំខាន់គឺព្រះយេស៊ូបង្រៀនជាពាក្យប្រស្នាផ្សេងៗដើម្បីឱ្យសាវ័កត្រូវដឹង និងត្រូវត្រៀមខ្លួន។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាចំនួន៨ ដើម្បីអប់រំក្រុមសាវ័ក (មថ ២៤,១៥-២៥,៤៦)។ រីឯ ប្រស្នាស្តីអំពីស្រ្តីក្រមុំដប់នាក់ (មថ ២៥,១-១៣)នេះ ជាប្រស្នាទី៦ក្នុងចំណោមប្រស្នាទាំង៨នោះ។ ប្រស្នានៅខាងមុខគឺប្រស្នាអំពីអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់ (មថ ២៤,៤៥-៥១)។ រីឯ ប្រស្នានៅខាងក្រោយគឺប្រស្នាអំពីប្រាក់ណែន (មថ ២៥,១៤-៣១)។
ពាក្យប្រស្នា
ពាក្យប្រស្នាក្នុងអត្ថបទនេះមានលក្ខណៈប្រៀបធៀប។ ពីព្រោះនៅក្នុងខ១មានពាក្យ “ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាន” និងមានលក្ខណៈបែបទំហៀបន័យឬ(មេតាផរក្នុងភាសាក្រិក)សំដៅលើការប្រើប្រាស់វត្ថុមួយដើម្បីតំណាង ឬជានិមិត្តរូបនៃវត្ថុមួយទៀត។ ពីព្រោះក្នុងប្រស្នានេះមានចង្កៀង មានប្រេង និងមានពន្លឺ ដែលយើងត្រូវកត់ចំណាំថា វត្ថុទាំងនេះជានិមិត្តរូបអំពីអ្វី? តើស្តី្រក្រមុំទាំង១០នាក់ និងកូនកម្លោះជានិមិត្តរូបអំពីនរណា?
វិភាគអំពីកាល អាកាស និងតួអង្គ
- កាល៖ ពាក់កណ្តាលអធ្រាត្រ (ខ៦) នៅពេល (ខ១០) ស្រាប់តែ (ខ១០) ក្រោយមក (ខ១១) និងមិនដឹងថ្ងៃណា ពេលណាឡើយ (ខ១៣)។
- អាកាស៖ ព្រះរាជ្យនៃស្ថានបរមសុខ*(ខ១) ផ្ទះលក់ប្រេង(ខ៩) និងរោងការ(ខ១០)។
- តួអង្គ៖ ក្រៅប្រស្នាមាន ព្រះយេស៊ូ (ខ១-១៣) ក្រុមសាវ័កទាំង១២នាក់ (ខ១៣) និងបុត្រមនុស្ស (ខ១៣)។ ក្នុងប្រស្នាមាន ស្ត្រីក្រមុំ១០នាក់ (ខ១.៥.៧) ស្វាមី (ខ១.៦.១០-១២) ស្រ្តីក្រមុំឈ្លាសវៃ៥នាក់ (ខ២.៤.៥.៧-១០) ស្រ្តីក្រមុំឥតគំនិត៥នាក់ (ខ២-៣.៥.៧-១២) និងគេ (ខ៦.ខ១០ខ)។
សេចក្តីសំខាន់ ដែលត្រូវកត់សម្គាល់គឺនិមិត្តរូបអំពីសំភារៈទាំង៣មានចង្កៀង ប្រេងបង្ការ និងពន្លឺ។ ពីព្រោះវាជាមធ្យោបាយ សម្រាប់បំភ្លឺឱ្យតួអង្គក្នុងប្រស្នានេះអាចមើលឃើញ និងទាក់ទងគ្នានៅក្នុងភាពងងឹត។ ចង្កៀងសំដៅលើព្រះបន្ទូលព្រះជាម្ចាស់ (ទំន ១១៩,១០៥) និងប្រេងជានិមិត្តរូបនៃព្រះវិញ្ញាណ (១សម ១៦,១៣; លក ៤,១៨; អស ៦១,១-២)។
ក្រៅពីនោះ គឺស្វាមីសំដៅលើបុត្រមនុស្ស។ ស្វាមីមិនមែននឹងធ្វើដំណើរមកនាពេលអនាគតកាល។ ប៉ុន្តែ គាត់កំពុងតែធ្វើដំណើរមកនាបច្ចុប្បន្នកាល។ លោកគ្រាន់តែក្រមកដល់ប៉ុណ្ណោះ។ រីឯស្រ្តីក្រមុំសំដៅលើព្រះសហគមន៍ ឬគ្រីស្តបរិស័ទ ដែលកំពុងទន្ទឹងរង់ចាំបុត្រមនុស្សយ៉ាងឱឡារិក (២ករ ១១,២; អភ ៥,២១-៣៣; វវ ១៩,៧; ២១,២; យហ ៣,២៩)។ ពាក្យឈ្លាសវៃសំដៅលើ ការគោរពកោតខ្លាចព្រះអម្ចាស់ ដែលជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ (សភ ១,៧; ២,៥; ៩,១០; ១៥,៣៣; យប ២៨,២៨; ទំន ១១,១០)។
បែងចែកវគ្គនីមួយៗ
- វគ្គទី១៖ ស្ត្រីក្រមុំទាំង១០នាក់ចេញទៅទទួលស្វាមី (ខ១-ខ៥)
វគ្គទី១នេះ បង្ហាញពីស្ត្រីក្រមុំទាំង១០ ដែលចេញទៅទទួលស្វាមីទាំងអស់គ្នា។ ពួកគេរង់ចាំស្វាមីទាំងអស់គ្នា នៅក្នុងពេលវេលា និងទីកន្លែងតែមួយ។ ដោយឡែក ក្នុងចំណោមពួកគេមានបែងចែកគ្នាពាក់កណ្តាលជាស្រ្តីឈ្លាសវៃ ដោយសារមានចង្កៀង និងប្រេងបង្ការ ខុសពីស្រ្តីពាក់កណ្តាលទៀត ដែលឥតគំនិតមកពីមានតែចង្កៀង តែគ្មានប្រេងបង្ការ។
ក្នុងវគ្គទី១នេះមាន២ឈុត គឺឈុតទី១ ចាប់ពីខ១ ដល់ខ៤ ដែលស្ត្រីក្រមុំទាំង១០ធ្វើសកម្មភាព និងឈុតទី២គឺខ៥ ពួកនាងដេក។
- វគ្គទី២៖ ស្រ្តីក្រមុំឈ្លាសវៃជួបស្វាមី (ខ៦-ខ១០)
វគ្គទី២នេះ បង្ហាញពីការជួបគ្នារវាងស្រ្តីឈ្លាសវៃទាំង៥នាក់ ដែលបានត្រៀមខ្លួនជាស្រេច ដោយមានចង្កៀងនិងប្រេងបង្ការនៅក្នុងដៃ ហើយស្ថិតនៅនឹងទីកន្លែង ដែលស្វាមីមកជួប។ រួចហើយចូលក្នុងរោងការជាព្រឹត្តិការណ៍ថ្មី។
វគ្គទី២នេះមាន៣ឈុត គឺឈុតទី១ ចាប់ពីខ៦ដល់ខ៩។ ឈុតទី២ គឺខ១០ក ត្រង់ស្ត្រីឥតគំនិតចេញផុតទៅ និងឈុតទី៣គឺខ១០ខ ត្រង់ស្វាមីមកដល់ហើយគេបិទទ្វារ។
- វគ្គទី៣៖ ស្រ្តីក្រមុំឥតគំនិតខកខានមិនបានជួបស្វាមី (ខ១១-១២)
ក្នុងវគ្គទី៣នេះ បង្ហាញពីស្រ្តីឥតគំនិត ដែលខកខានមិនបានជួបស្វាមី។ ពីព្រោះពួកនាងចាកចេញទៅរកទិញប្រេងផុតទៅ (ខ១០) បណ្តាលឱ្យអវត្តមានពីកន្លែងទទួលស្វាមី។ ពួកនាងត្រឡប់មកដល់កន្លែងដើមវិញ នៅក្រោយពេលទ្វាររោងការបានបិទទ្វារ (ខ១១) ហើយកូនកម្លោះមិនស្គាល់ពួកនាងទេ (ខ១២)។ ពាក្យ“មិនស្គាល់”នេះជាពាក្យគន្លឹះដ៏សំខាន់ ដែលបញ្ជាក់ពីការបាត់បង់ឱកាសរបស់ពួកនាង ដោយសារពួកនាងឋិតនៅក្នុងភាពងងឹតគ្មានប្រេងដើម្បីអុជបំភ្លឺឱ្យកូនកម្លោះស្គាល់។ ទោះបី ពួកនាងទៅទិញប្រេង (ខ១០) តែមិនអាចរកទិញបានទេ ពិព្រោះពេលវេលានៅពាក់កណ្តាលអាធ្រាត្រ។
- វគ្គទី៤៖ ចូរប្រុងស្មារតី (ខ១៣)
វគ្គទី៤នេះ ជាសេចក្តីចុងក្រោយ ដែលព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនក្រុមសាវ័ក (ចូរអ្នករាល់គ្នាប្រុងស្មារតី) ពោលគឺឱ្យចេះត្រៀមខ្លួនរង់ចាំជួបបុត្រមនុស្ស ដែលកំពុងតែយាងមក។ ប្រុងស្មារតីជាបុគ្គលិកលក្ខណៈចាំបាច់ ដើម្បីត្រៀមខ្លួនរង់ចាំជួបព្រះអង្គ។
សេចក្តីសន្និដ្ឋាន
តាមរយៈប្រស្នានេះនាំឱ្យយើងដឹងថា ព្រះរាជ្យនៃស្ថានបរមសុខប្រៀបដូចពិធីមង្គលការ សម្រាប់ស្រ្តីក្រមុំទាំង១០នាក់ដែលមានឱកាសដូចៗគ្នា។ ក៏ប៉ុន្តែ មានតែពាក់កណ្តាលប៉ុណ្ណោះ ដែលបានចូលរោងការព្រោះជាស្ត្រីក្រមុំឈ្លាសវៃ ដោយមានចង្កៀង និងមានប្រេងបង្ការនៅក្នុងដៃ ដើម្បីអុជបំភ្លឺនៅពាក់កណ្តាលអធ្រាត្រពេលស្វាមីមកដល់។ ផ្ទុយពីស្ត្រីក្រមុំឥតគំនិត ដែលមានតែចង្កៀង តែគ្មានប្រេងជំនួយ មានន័យថាខ្វះការប្រុងស្មារតី ឬធ្វេសប្រហែស។
ប្រស្នានេះបំភ្លឺយើងជាគ្រីស្តបរិស័ទ ឱ្យយល់ពីភាពឈ្លាសវៃរបស់ខ្លួនអាស្រ័យដោយមានវត្ថុសំខាន់ៗទាំង៣ គឺត្រូវមានចង្កៀងនៃព្រះបន្ទូលនៅក្នុងដៃ មានប្រេងនៃព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងចិត្ត និងមានពន្លឺនៃព្រះប្រាជ្ញាញាណនៅក្នុងគំនិត ដើម្បីចេញទៅទទួលព្រះគ្រីស្តដោយសេចក្តីសង្ឃឹម។ យើងដឹងថានិស្ស័យមនុស្សគឺទន់ខ្សោយ និងមានអវិជ្ជាដែលមិនអាចយកឈ្នះបាន។ ហេតុនេះ យើងត្រូវផ្ញើជីវិតលើព្រះបន្ទូល និងលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលផ្តល់ឱ្យយើងមានព្រះប្រាជ្ញាញាណតាមគុណភាពនៃការស្តាប់ និងការរិះគិតរបស់យើង។ ព្រះប្រាជ្ញាញាណនឹងបើកភ្នែកយើងឱ្យភ្លឺឡើង ហើយស្គាល់ព្រះគ្រីស្ត។ ទោះបី យើងលង់ក្នុងដំណេកនៃអវិជ្ជា នៃសេចក្តីទុក្ខ និងភាពទន់ខ្សោយដោយនិស្ស័យមនុស្ស។ តែព្រះគ្រីស្តកំពុងតែគោះទ្វារនៃដួងចិត្តរបស់យើងឱ្យភ្ញាក់ឡើង ហើយឮព្រះសូរសៀងរបស់ព្រះអង្គ ដែលមានព្រះបន្ទូលមកយើងថាៈ
«មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមាននរណាម្នាក់ឮសម្លេងយើង ហើយបើកទ្វារឱ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។» (វវ ៣,២០)។
ដូច្នេះ ចូរយើងត្រូវប្រុងស្មារតីឱ្យមែនទែន ដើម្បីកុំឱ្យក្លាយខ្លួនទៅជាគ្រីស្តបរិស័ទឥតប្រាជ្ញា។ ពោលជាគ្រីស្តបរិស័ទដែលមានព្រះគម្ពីរនៅក្នុងដៃ តែបែរជាមិនស្គាល់ថាជាព្រះបន្ទូលព្រះជាម្ចាស់ ដែលជាចង្កៀងបំភ្លឺឱ្យស្គាល់ព្រះគ្រីស្ត ដូចពាក្យរបស់សន្តយេរ៉ូមថ្លែងថា «អ្នកណាមិនស្គាល់ព្រះគម្ពីរក៏មិនស្គាល់ព្រះគ្រីស្តដែរ»។ ហេតុនេះហើយ បានជាព្រះបន្ទូលព្រះយេស៊ូក្នុងប្រស្នានេះដាស់តឿនយើងឱ្យប្រុងស្មារតីដូចតទៅ៖
ទី១ ត្រូវឈ្លាសវៃចេះយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ។ ដ្បិតព្រះបន្ទូលជាជីវិត (ហប ៤,១២) ដែលបំពេញសកម្មភាពក្នុងយើងឱ្យចេះស្រឡាញ់ និងចេះបម្រើគ្នាទៅវិញទៅមកតាមគំរូ ដែលព្រះយេស៊ូគ្រីស្តបានស្រឡាញ់ និងបានបម្រើយើងរហូតមានហានិភ័យដល់ព្រះជន្មរបស់ព្រះអង្គផ្ទាល់។
ទី២ ត្រូវចេះយកចិត្តទុកដាក់អប់រំជីវិតផ្លូវវិញ្ញាណ និងចេះអធិដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ដើម្បីព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យយើងមានព្រះប្រាជ្ញាញាណស្គាល់ព្រះគ្រីស្ត និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះអង្គ។
ដូច្នេះ លក្ខណសម្បត្តិពិសេសទាំង២នេះហើយជាការប្រុងស្មារតីដ៏ពិតប្រាកដ ដើម្បីជួបព្រះគ្រីស្តនៅពេលព្រះអង្គយាងមកដល់ដែលយើងមិនដឹង។ ព្រះរាជ្យនៃស្ថានបរមសុខសម្រេចជារូបរាងកាលណាយើងបានជួបព្រះគ្រីស្ត។ ព្រះអង្គស្គាល់យើង ហើយព្រះអង្គនឹងបង្ហាញឱ្យយើងស្គាល់ពីទំហំ ពីទទឹង និងបណ្តោយ ពីកម្ពស់ និងជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមិនអាចវាស់បាន។ ជាពិសេសព្រះអង្គឱ្យយើងស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឱ្យយើងបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ (អភ ៣,១៨-១៩)។ យើងនឹងបានពោរពេញដោយអំណរសប្បាយ ដូចក្នុងពិធីមង្គលការនៃប្រស្នានេះ។
ប្រសិនបើយើងមិនប្រុងស្មារតីតាមរបៀបដូចស្ត្រីមានគំនិតទាំងនេះទេ យើងនឹងក្លាយទៅជាស្ត្រីឥតគំនិត ដែលខកឱកាសក្នុងមួយប៉ប្រិចភ្នែក ហើយបណ្តាលឱ្យមានវប្បដិសារីអស់មួយជីវិត។
* ពាក្យព្រះរាជ្យនៃស្ថានបរមសុខក្នុងអត្ថន័យទេវវិទ្យាមិនមែនសំដៅលើទីកន្លែងណាមួយនោះទេ តែជាស្ថានភាពមួយ ដែលព្រះគម្ពីរតែងរកនិមិត្តរូបមកប្រៀបធៀបដើម្បីពន្យល់។