អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

សេចក្តីសន្និដ្ឋាន

កម្មវិធី “នាទីស្តាប់ព្រះបន្ទូល”អំណានព្រះបន្ទូល ដែលយើងបានសិក្សានេះ ពិតជានាំយើងឱ្យយល់យ៉ាងច្បាស់៖

  • អំពីមូលដ្ឋាននៃព្រះគម្ពីរគ្រីស្តសាសនា
  • អំពីទំនាក់ទំនងរវាងព្រះគម្ពីរ និងព្រះបន្ទូល
  • ព្រមទាំងផ្តល់ឱ្យយើងមានបទពិសោធន៍អំពីអំណាននៃព្រះបន្ទូល ដែលយើងហៅថា តាមភាសាឡាតាំងថា Lectio Divina។

ដូចយើងបានដឹងហើយថា សេចក្តីសំខាន់នៅក្នុងជំនឿគ្រីស្តសាសនា គឺមិនមែនជាសាសនានៃព្រះគម្ពីរ តែជាសាសនានៃព្រះបន្ទូលប្រសូតជាមនុស្ស ពោលគឺ ព្រះជាម្ចាស់យកភាវៈជាមនុស្សរួមជាមួយយើងដោយមានកំណើតនៅក្នុងកាល និងអាកាស ព្រមទាំងមានប្រវត្តិសាស្រ្តជាក់ស្តែង។ ព្រះបន្ទូលមិនមែនជាមេរៀន។

«ដ្បិតព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ជាព្រះ‌បន្ទូល​ដ៏មានជីវិត និងមានមហិទ្ធិ‌ឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះ‌បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះ‌បន្ទូលវិនិ​ច្ឆ័យ​ឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស»។

(ហប ៤,១២)

ព្រះគម្ពីរមិនមែនធ្លាក់មកពីលើមេឃ។ ព្រះគម្ពីរត្រូវតែពាក់ព័ន្ធជាមួយការបញ្ជូនបន្តដ៏វិសុទ្ធ និងអាជ្ញានុការីព្រះសហគមន៍ ដែល​ប្រៀបបាននឹងមុំសសរបី ដើម្បីទ្រទ្រង់សំណង់នៃសេចក្តីពិតរបស់ព្រះបន្ទូលឱ្យស្ថិតនៅគង់វង្ស។ ប្រសិនបើគ្មានសេចក្តីណាមួយក្នុងចំណោមបីនេះទេ នោះសេចក្តីពិតនៃព្រះបន្ទូលក៏មិនអាចស្ថិតនៅបានឡើយ។ ហេតុនេះ គ្មាននរណាអាចសំអាងលើព្រះគម្ពីរ តែមួយប៉ុណ្ណោះបានទេ ពីព្រោះព្រះគម្ពីរមុននឹងមកដល់ដៃយើងសព្វថ្ងៃ ត្រូវឆ្លងកាត់ដំណាក់កាល និងប្រវត្តិសាស្រ្តជាច្រើន។ មិនតែប៉ុណ្ណោះ ថែមទាំង​មានការរៀបចំចាត់ចែង និងការអប់រំច្បាស់លាស់។ គ្មាននរណាម្នាក់អាចថ្លែងព្រះបន្ទូលតាមការនឹកឃើញរបស់ខ្លួន ដោយ​មិននឹកគិតដល់ការបញ្ជូនបន្តតាំងពីដើមរៀងមក។ រីឯការប្រកាសព្រះបន្ទូលទៀតសោត ត្រូវតែធ្វើឡើងដោយមានទំនាក់ទំនង និងទទួលស្គាល់ពីអស់អ្នក ដែលមានបន្ទុកណែនាំព្រះសហគមន៍បន្តពីក្រុមគ្រីស្តទូត។

ព្រះគម្ពីរបម្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍សម្រាប់ការសង្គ្រោះរបស់មនុស្ស ចូលក្នុងជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គ។ ព្រះគម្ពីរឆ្លុះបញ្ចាំងឱ្យយើងស្គាល់ព្រះបន្ទូល ដែលបានសម្តែងបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការសង្រ្គោះ ដោយមានសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានស្ថាបនាជាមួយមនុស្សលោក ពោលគឺជាមួយប្រជាជនអ៊ីស្រាអែលក្នុងសម្ពន្ធមេត្រីទី១ និងជាមួយព្រះសហគមន៍ក្នុងសម្ពន្ធមេត្រីថ្មី។ ព្រះគម្ពីរបានកត់ត្រាទុកព្រះបន្ទូល និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ ដើម្បីឱ្យយើងជឿ និងយល់ ហើយត្រូវបញ្ជូនបន្តដល់បងប្អូនឯទៀតជាដរាបតរៀងទៅ។

ព្រះគម្ពីរពិតជាសំណេរដ៏វិសុទ្ធ និងពិតជាព្រះបន្ទូលព្រះជាម្ចាស់ ដែលបង្ហាញឱ្យស្គាល់អំពីអាថ៌កំបាំងនៃកំណើតពិភពលោក អំពីព្រះបន្ទូលចាប់កំណើតជាមនុស្ស អំពីព្រះបន្ទូលរំដោះមនុស្សឱ្យមានសេរីភាព និងលោះមនុស្សឱ្យរួចពីបាប និងអំពីព្រះបន្ទូលដែលផ្តល់នូវសេចក្តីសង្ឃឹមសម្រាប់ជីវិតថ្មីដ៏រុងរឿង ដែលជាទីដៅនៃជីវិតរបស់មនុស្សជាដើម។ ព្រះគម្ពីរមានសារប្រយោជន៍ជួយឱ្យយល់នូវសេចក្តីទាំងអស់នេះ ជាហេតុដែលគ្រីស្តបរិស័ទគប្បីអានដោយស្វែងយល់ និងអធិដ្ឋានដោយយកចិត្តទុកដាក់ ទើបព្រះបន្ទូលអាចបង្កើតផ្តល់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

ដូច្នេះ យើងគប្បីយល់ដឹង និងចេះប្រើប្រាស់ព្រះគម្ពីរឱ្យបានត្រឹមត្រូវ ដើម្បីទទួលអត្ថប្រយោជន៍នៃព្រះបន្ទូល។

«មនុស្សមិន‌មែនរស់ដោយ‌សារតែអាហារប៉ុណ្ណោះទេ
គឺរស់ដោយ‌សារគ្រប់ព្រះ‌បន្ទូលដែលចេញមកពីព្រះ‌ឱស្ឋរបស់ព្រះ‌ជាម្ចាស់ដែរ»

(មថ ៤,៤)

អំណានព្រះបន្ទូល
ជំពូក១ លក្ខណៈពិសេស​នៃព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
ជំពូក៣ អំណានព្រះបន្ទូល
សេចក្តីសន្និដ្ឋាន
ឯកសារយោង

1,148 Views

Theme: Overlay by Kaira