អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

ដូចយើងបានដឹងហើយថា ព្រះគម្ពីរជាសៀវភៅ ឬជាសំណេរមានន័យសំដៅលើព្រះគម្ពីរជាឧបករណ៍ ដែលមានប្រយោជន៍បម្រើដល់ការអាន ពោលគឺសម្រាប់អាន មិនមែនដើម្បីដាក់តាំងទុកមើលនៅលើធ្នើរ ឬទុកចោលនៅក្នុងថតទូរនោះទេ។ យើងក៏បានស្វែងយល់ផងដែរអំពីព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសំដៅលើព្រះគម្ពីរមានផ្ទុកព្រះបន្ទូល និងធ្វើឱ្យព្រះបន្ទូលនេះលាន់ឮឡើងតាមរយៈអត្ថបទព្រះគម្ពីរ។ ហេតុនេះ ការអានអត្ថបទព្រះគម្ពីរ មិនត្រូវអានតាមរបៀបដូចការអានសៀវភៅទាំងឡាយដូចជា សៀវភៅប្រលោម​លោក សៀវភៅប្រវត្តិ​សាស្រ្ត ឬសៀវភៅវិទ្យាសាស្រ្តនោះឡើយ។ បើមិនដូច្នោះទេ ព្រះគម្ពីរផ្តល់ប្រយោជន៍ និងមានអត្ថន័យត្រឹមតែប្រាជ្ញា ហើយមិនទាក់ទងអ្វីជាមួយនឹងជំនឿឡើយ។ ការអានព្រះគម្ពីរទាមទារឱ្យចេះអធិដ្ឋាន ដើម្បីអង្វរព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ជាក់ស្តែង ការអាន និងការស្វែងយល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរជួបការលំបាកប្រសិនបើគ្មានការពន្យល់ណែនាំ។ ឧទាហរណ៍ ដូចការជជែកគ្នារវាងលោកភីលីព និង​មន្ត្រី​អេត្យូ‌ពីម្នាក់ក្នុងអត្ថបទព្រះគម្ពីរកិច្ចការគ្រីស្តទូត (កក ៨,​២៦​-៤០) ជាភស្តុតាងឆ្លុះបញ្ជាំងពីចម្ងល់នៃការអានអត្ថបទព្រះគម្ពីរ។ ដូច្នេះ គប្បីមានការអប់រំតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ និងការបកស្រាយអត្ថន័យអត្ថបទព្រះគម្ពីរមិនត្រឹមត្រូវទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ។

ព្រះសហគមន៍កាតូលិក ចាប់តាំងពីអង្គមហាសន្និបាតវ៉ាទីកង់ទី២ បានផ្តោតលើការអានព្រះគម្ពីរយ៉ាងខ្លាំង ដោយផ្តែផ្តាំឱ្យ​អស់អ្នក ដែលបំពេញមុខងារនៅក្នុងព្រះសហគមន៍ មានអស់​លោកបូជាចារ្យ ព្រមទាំងអស់លោកឧបដ្ឋាក និងអ្នកអប់រំជំនឿត្រូវភ្ជាប់ចិត្តនឹងព្រះគម្ពីរ ព្យាយាមអាន និងសិក្សាព្រះគម្ពីរយ៉ាងជ្រាលជ្រៅ ស្វែងរកអត្ថន័យតាមព្រះវិញ្ញាណ ដើម្បីកុំឱ្យនរណាម្នាក់ក្លាយទៅជា “អ្នកប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបបូរមាត់ខាងក្រៅប៉ុណ្ណោះ តែមិនស្តាប់ព្រះបន្ទូលនេះខាងក្នុងចិត្តគេទេ” (DV លេខ២៥)។ ហេតុនេះ វិធីសាស្រ្ត៧ដំណាក់កាលនៃការអានព្រះគម្ពីរ និងការណែនាំពីលក្ខណៈនៃការចែករំលែកព្រះបន្ទូលនៅក្នុងក្រុម ព្រមទាំងវិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ ដែលលើកយកមកបង្ហាញនៅក្នុងជំពូកនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ជួយឱ្យអ្នកអានអត្ថបទព្រះគម្ពីរមានបទពិសោធន៍ពីព្រះបន្ទូល ដើម្បីពង្រឹងជំនឿ និងបំភ្លឺនៅក្នុងដំណើរជីវិតរបស់ខ្លួន។

៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល

ការអានព្រះគម្ពីរត្រូវអានដោយយកចិត្តទុក​ដាក់ដោយស្មឹងស្មាធិ៍ និងដោយរិះគិត ដើម្បីយល់អត្ថន័យនៃព្រះបន្ទូល។ ទោះបីការអានដោយស្ងៀមស្ងាត់តែម្នាក់ឯង ឬការអានដោយចែករំលែកក្នុងក្រុមជាដើម។ ម្យ៉ាងទៀត ដើម្បីឱ្យការអានអត្ថបទព្រះគម្ពីរទទួលបានលទ្ធផលល្អ ត្រូវចេះអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដូចពាក្យអធិដ្ឋានរបស់ព្យាការីសាម៉ូអែលថា សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ (១សម ៣,១០)។ រួចហើយ យើងថ្វាយពាក្យអង្វរដោយ​ទុកចិត្តរបស់យើងលើព្រះអង្គ ដូចពាក្យទូលថ្វាយរបស់ព្រះនាងម៉ារីថា សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះបន្ទូល​ចុះ! (លក ១,៤៨)។ មិនតែប៉ុណ្ណោះ តាមគំរូរបស់ព្រះនាងម៉ារីនៅក្នុងព្រះគម្ពីរដំណឹងល្អជួយឱ្យយើងយល់ពីរបៀបនៃការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស៊ីជម្រៅ។ ព្រះនាងចងចាំហេតុការណ៍នៅក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង (លក ២,១៩)។ ព្រះនាង​ម៉ារីជាអ្នកដែលមានសុភមង្គលដ៏ពិតប្រាកដ ដ្បិតព្រះនាងបានទទួល និងអនុញ្ញាតឱ្យព្រះបន្ទូលចាប់កំណើតក្នុងផ្ទៃរបស់ព្រះនាង ព្រមទាំងថែរក្សាព្រះបន្ទូលឱ្យចម្រើនវ័យរហូតដល់ប្រសូតជារូបរាង។ ព្រះនាងម៉ារីជាគំរូដ៏ប្រពៃសម្រាប់អស់អ្នក ដែលផ្ញើជីវិតលើព្រះបន្ទូលព្រះជាម្ចាស់។

ព្រះជាម្ចាស់តែងមានព្រះបន្ទូលមកកាន់មនុស្សម្នាក់ៗតាមរបៀបផ្សេងៗជាច្រើន នៅក្នុងព្រឹត្តិការណ៍នៃជីវិតរបស់គេ។ ប៉ុន្តែ ពេលខ្លះគេមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ ឬគ្មានជំនឿជាដើម។ ដោយឡែក ព្រះគម្ពីរជាមធ្យោបាយមួយពិសេស ដើម្បីផ្តល់ឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើង នៅក្នុងចិត្តអ្នកអានសំណេរដ៏វិសុទ្ធនេះ។ ប្រសិនបើអ្នកអានមានបទពិសោធន៍ពីការអានអត្ថបទព្រះគម្ពីរ គេនឹងយល់អំពីព្រះបន្ទូល ទោះបីការអានតែម្នាក់ឯង ឬអាននៅក្នុងក្រុមចែករំលែកព្រះបន្ទូលក្តី។ ព្រះគម្ពីរជាមធ្យោ​បាយមួយដ៏ប្រសើរ សម្រាប់ការសន្ទនារវាងមនុស្ស និងព្រះជាម្ចាស់ ដូចពាក្យដាស់តឿនរបស់សន្តអាំប្រូស នៅទីក្រុងមីឡាន (៣៣៧-៣៩៧ នៃគ.ស) ថ្លែងថា៖ «ត្រូវអានព្រះគម្ពីរផង និងអធិដ្ឋានផង ដ្បិតកាលណាយើងអធិដ្ឋាន យើងទូលអង្វរព្រះជាម្ចាស់ ហើយកាលណាយើងអានព្រះគម្ពីរ យើងស្តាប់ព្រះបន្ទូលព្រះអង្គវិញ»។ រីឯសម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏បានផ្តល់សក្ខីភាពអំពីការអានព្រះគម្ពីរដោយទូន្មានថា៖ «ពេលអានព្រះគម្ពីរ ចូរកុំឱ្យព្រះបន្ទូលព្រះជាម្ចាស់រំលងផុតទៅឱ្យសោះ! ត្រូវសួរថា តើព្រះបន្ទូលនេះនិយាយអ្វីមកកាន់ដួងចិត្តរបស់ខ្ញុំ? តើព្រះជាម្ចាស់មានព្រះបន្ទូលអ្វីមកខ្ញុំតាមរយៈពាក្យពេន៍ទាំងអស់នេះ។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឆ្លើយតប? មានតែធ្វើតាមរបៀបទាំងអស់នេះ ទើបឫទ្ធានុភាពរបស់ព្រះបន្ទូលអាចមានឥទ្ធិពលមកលើយើង។ ធ្វើដូច្នេះ ជីវិតយើងអាចផ្លាស់ប្រែប្រសើរឡើង និងមានសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង»

ក្នុងអភិបូជាជាពេលដែលគ្រីស្តបរិស័ទរួមគ្នាអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូលយ៉ាងឱឡារិកបំផុត។ អភិបូជាគឺជាការប្រណិ​ប័តន៍តាមប្រពៃណីរបស់ព្រះសហគមន៍ ដែលតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរៀងមក។ អភិបូជាបែងចែកជាពីរភាគសំខាន់ៗ៖ ទី១គឺ ពិធីលើកតម្កើងព្រះបន្ទូលដោយអានអត្ថបទព្រះគម្ពីរ ដូចជាអត្ថបទទី១ និងទី២ ព្រមទាំងស្មូត្រទំនុកតម្កើង និងស្តាប់អត្ថបទព្រះគម្ពីរដំណឹងល្អ។ និងទី២គឺ ពិធីអរព្រះគុណដ៏វិសុទ្ធជាសក្ការបូជានៃព្រះបន្ទូល ដែលប្រសូតជាមនុស្ស គឺព្រះកាយព្រះគ្រីស្ត ដែលព្រះគម្ពីរទាំងមូលថ្លែងពីព្រះអង្គ។ ជាពិសេស អត្ថប្រ​យោជន៍នៃការអានព្រះគម្ពីរនៅក្នុងអភិបូជា មានធម្មទេសនារបស់លោកបូជាចារ្យជួយបំភ្លឺឱ្យគ្រីស្តបរិស័ទយល់ពីអត្ថន័យនៃអត្ថបទព្រះគម្ពីរតាមពិធីបុណ្យប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍នីមួយៗកាន់តែស៊ីជម្រៅបន្ថែមទៀត។

ទោះបីយ៉ាងណា ការអានអត្ថបទព្រះគម្ពីរនៅក្នុងអភិបូជាមិនទាន់គ្រប់គ្រាន់នោះទេ។ ការអានព្រះគម្ពីរនៅមានរបៀបផ្សេងៗ និងប្លែកៗគ្នាជាច្រើនទៀត។ ក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍កាតូលិកនាមជ្ឈិមសម័យ ការអានព្រះគម្ពីរមានពីររបៀបសំខាន់ៗគឺ ការអានបែប លេចស៊ីអូឌីវីណា (Lectio Divina) ជាការអានបែបអធិដ្ឋាន ដោយទាក់ទងនឹងជំនឿ និងការអានបែប លេចស៊ីអូស្កូឡាស្ទីកា (Lectio Scholastica) ជាការអានបែបសិក្សាផ្តោតលើចំណេះដឹង​។ សព្វថ្ងៃ ការអានព្រះគម្ពីរតម្រូវឱ្យមានទាំងពីររបៀបនេះ ដើម្បីពង្រឹងទាំងជំនឿផង និងបង្កើនទាំងប្រាជ្ញាឱ្យចម្រើនឡើងផង។ ប៉ុន្តែ ការអានព្រះគម្ពីរទាំងពីររបៀបទាមទារឱ្យចេះអធិដ្ឋាន ដើម្បីសូមព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ដ្បិតកាលណាយើងអានព្រះគម្ពីរ និងអធិដ្ឋាន យើងទទួលព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈសំណេរនៃអត្ថបទព្រះគម្ពីរ ដែលធ្វើឱ្យព្រះបន្ទូលលាន់ឮឡើង។

បច្ចុប្បន្ន ព្រះសហគមន៍កាតូលិកទូទាំងពិភពលោកយកចិត្តទុក​ដាក់ជំរុញឱ្យគ្រីស្តបរិស័ទសិក្សា និងអានអត្ថបទព្រះគម្ពីរជាក្រុមតូច​ៗនៅតាមព្រះសហគមន៍ នៅតាមសហគមន៍ និងនៅតាមសាលារៀនជាដើម។ លទ្ធផលឆ្លងតាមរយៈការអានអត្ថបទព្រះគម្ពីរជាទៀងទាត់នៅក្នុងក្រុម នាំមកនូវទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានឹងគ្នានៅក្នុងក្រុម ថែមទាំងជួយឱ្យគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មនៅក្នុងពិធីបុណ្យ និងក្នុងអគ្គសញ្ញារបស់ព្រះសហគមន៍។ ហេតុនេះហើយ បានជាព្រះគម្ពីរមានសារៈសំខាន់ដើម្បី​កសាងសហគមន៍គ្រីស្តបរិស័ទ។


៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ

វិធីសាស្រ្តអានព្រះគម្ពីរមានច្រើនរបៀប។ ប៉ុន្តែ របៀបអាន និងចែករំលែកព្រះគម្ពីរដែលងាយស្រួល និងពេញនិយមគឺលេចស៊ីអូឌីវីណា (Lectio Divina) ជាអំណាន ដែលជួយឱ្យយើងយល់អត្ថន័យនៃអត្ថបទព្រះគម្ពីរ ដើម្បីបំភ្លឺជីវិតយើង និងដើម្បីផ្តល់ភាពងាយស្រួលដល់ការចែករំលែកព្រះបន្ទូលរវាងគ្នានិងគ្នាទៅវិញទៅមកនៅក្នុងក្រុម។

មុននឹងចូលដល់វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាលខាងក្រោម ដំបូងយើងគប្បីអនុវត្តតាមចំនុច៣សំខាន់។ ចំនុចទី១ សូមបង្កើតបរិយាកាសក្នុងការអាន និងចែកព្រះបន្ទូល ដោយច្រៀងចម្រៀង និងអធិដ្ឋានអង្វរព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺ ដោយមានពាក្យអង្វររបស់ព្យាការីសាមូអែលថា៖ «បពិត្រព្រះអម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំជា​អ្នក​បម្រើរង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ»

ចំនុចទី២ គឺចាប់ផ្តើមដំណើរការអាន និងចែករំលែកតាមដំណាក់​កាលខាងក្រោម ព្រមទាំងយកចិត្តទុកដាក់លើលក្ខណៈនៃការចែករំលែកយោបល់(ប្រសិនបើចែកព្រះបន្ទូលក្នុងក្រុមរួមគ្នា)។

និងចំនុចទី៣ចុងក្រោយ គឺអធិដ្ឋានបញ្ចប់ ដោយមានពាក្យអរព្រះគុណ និងពាក្យទូលអង្វររបស់ព្រះនាងម៉ារីថា «សូមឱ្យបានសម្រេចតាមព្រះបន្ទូលចុះ!»។ ការអនុវត្តតាមរបៀបទាំងបីចំនុច​នេះនឹងជួយឱ្យយើងចេះរៀបចំចិត្តគំនិត ដើម្បីទទួលព្រះបន្ទូល ប្រៀបដូចកសិករ ដែលរៀបចំដីបានស្អាតត្រៀមទទួលគ្រាប់ពូជ ដើម្បីបង្កើតផលផ្លែបានល្អ។

– វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាល
  1. អានអត្ថបទព្រះគម្ពីរ ដែលដកស្រង់រួមគ្នាពីរដងឱ្យបានឮដោយចែកខគ្នាអានតៗគ្នាពីដើមរហូតដល់ចប់។
  2. ចូរអានអត្ថបទរៀងៗខ្លួនតែម្នាក់ឯង ដោយស្ងៀមស្ងាត់ ដោយពិនិត្យពិច័យ ដោយវែកញែក និងដោយនឹកសញ្ជឹងគិត ដើម្បីយល់ចំនុចសំខាន់ថា តើអត្ថបទមានលក្ខណៈយ៉ាងដូចម្តេច និងនិយាយអំពីអ្វី?
  3. ចូររកមើលអំពីកាល ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅពេលវេលាណា? កាលអាចកើតមាននៅពេលយប់ នៅពេលព្រឹក នៅថ្ងៃណាមួយជាក់លាក់ នៅក្នុងពេលបុណ្យ នៅពេលនេះ នៅពេលនោះ នៅគ្រានេះ នៅគ្រានោះ ក្រោយមក រំពេចនោះ។ល។ ចូរគូសបន្ទាត់ពីខាងក្រោមពាក្យទាំងឡាយណាដែលបញ្ជក់ពីពេលវេលានីមួយៗ។
  4. ចូររកមើលអំពីអាកាស ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅទីកន្លែងណា? អាកាសអាចកើតមានឡើងដូចជានៅតាមផ្លូវ នៅមាត់សមុទ្រ នៅក្នុងទីក្រុង នៅក្នុងភូមិ នៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ នៅក្នុងផ្ទះ នៅលើទឹក នៅលើទូក នៅក្នុងចិត្តគំនិតជាដើម។ ចូរគូសរង្វង់មូលជុំវិញពាក្យទាំងឡាយណាដែលបញ្ជាក់ពីទីកន្លែងនីមួយៗ។
  5. ចូររកមើលតួអង្គដែលមានចែងក្នុងអត្ថបទព្រះគម្ពីរមានប៉ុន្មានអ្នក និងមាននរណាខ្លះ។ ចូរគូសជ្រុងជុំវិញពាក្យទាំងឡាយណា ដែលបញ្ជាក់ពីតួអង្គនីមួយ។ ចូរវិភាគលើតួអង្គនីមួយៗ៖
    ក. រកឈ្មោះរបស់តួអង្គនីមួយៗ។
    ខ. ចូរពិនិត្យលើសភាពលក្ខណៈរបស់តួអង្គនីមួយៗ (ខ្វាក់ ខ្វិនខ្វង់ គ ថ្លង់ ទាប តឿ តួនាទី ឬមុខងារ និងចរិត​ជាដើម)។
    គ. ចូរពិនិត្យលើសកម្មភាពរបស់តួអង្គនីមួយៗ សំដៅលើព្រះបន្ទូល ឬពាក្យសម្តី ចិត្តគំនិត អារម្មណ៍ និងកាយវិការជាដើម។ តើតួអង្គមានការប្រែប្រួលខុសគ្នាពីមុន និងពេលក្រោយយ៉ាងដូចម្តេច?
  6. ចូរពិនិត្យមើលអត្ថបទឱ្យបានល្អិតល្អន់ ដើម្បីដឹងថាមាន​ប៉ុន្មានវគ្គ? វគ្គនីមួយ​ៗចាប់ផ្តើមពី ខណាដល់ខណា? ដើម្បីដឹងថាមានប៉ុន្មានវគ្គ ត្រូវពិនិត្យមើលឱ្យបានហ្មត់​ចត់ទៅលើការផ្លាស់ប្តូរនៃពេលវេលា និងទីកន្លែង ឬការប្រែប្រួលរបស់តួអង្គនៅក្នុងអត្ថបទ។ តើក្នុងវគ្គនីមួយៗមានប៉ុន្មានឈុត? ការបែងចែកវគ្គ និងឈុតនៅក្នុងអត្ថបទ នឹងជួយយើងឱ្យរកមើលឃើញអត្ថន័យសំខាន់នៅក្នុងវគ្គនីមួយៗ ហើយផ្តល់នូវភាពងាយស្រួលដល់ការបកស្រាយអត្ថន័យទៅតាមវគ្គនីមួយៗនៃអត្ថបទ។
  7. សូមស្វែងយល់អំពីអត្ថន័យដ៏សំខាន់នៃអត្ថបទទាំង​មូល ដោយពិនិត្យមើលបញ្ហា និងដំណោះស្រាយដែលកើតមានឡើងយ៉ាងដូចម្តេច? រួចហើយធ្វើសេចក្តីសន្និដ្ឋានអំពីអត្ថន័យ និងសារសំខាន់នៃអត្ថបទ តើព្រះបន្ទូលក្នុងអត្ថបទនេះជួយបំភ្លឺជីវិតយើងម្នាក់ៗយ៉ាងដូចម្តេច?
– លក្ខណៈនៃការចែកព្រះបន្ទូល

ការចែករំលែកបទពិសោធន៍ជីវិតទាក់ទងនឹងជំនឿជាការបំពេញ និងកសាងគ្នាទៅវិញទៅមកឱ្យរីកចម្រើនឡើង។ ដើម្បីឱ្យការចែករំលែកទទួលបានលទ្ធផលជាទីគាប់ចិត្ត សមាជិកទាំងអស់គប្បីមានឥរិយាបថសមរម្យក្នុងការចែករំលែកជាមួយគ្នានៅក្នុងក្រុមដូចជា៖

  • សូមទទួលស្គាល់គ្នាទៅវិញទៅមក៖ ការចែករំលែកដែលនាំមកនូវផ្លែផ្កា គឺការទទួលស្គាល់ថា សមាជិកម្នាក់ៗនៅក្នុងក្រុមមានលក្ខណៈពិសេស និងមានប្រវត្តិសាស្រ្តផ្ទាល់ខ្លួនដោយឡែកៗ ពីព្រោះជីវិតមនុស្សម្នាក់ៗជាអំណោយទានមកពីព្រះជាម្ចាស់។ ហេតុនេះ បុគ្គលម្នាក់ៗមានបទពិសោធន៍ដ៏សំខាន់នៃជំនឿ ដែលផ្សារភ្ជាប់នឹងជីវិតរបស់ខ្លួនដើម្បីចែករំលែក។ ទោះបីបទពិសោធន៍របស់ខ្លួនម្នាក់ៗមានតិច ឬច្រើនក្តីសុទ្ធតែមានសារៈសំខាន់យ៉ាងខ្លាំង។
  • សូមគោរពគ្នាទៅវិញទៅមក៖ ការគោរពស្តែងចេញដោយការយកចិត្តទុកដាក់ស្តាប់គ្នាទៅវិញទៅមកនៅក្នុងពេលចែករំលែកក្នុងក្រុម និងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកបានចែករំលែករួមគ្នា។ ការស្តាប់ជាបុគ្គលិកលក្ខណៈដ៏សំខាន់របស់មនុស្សម្នាក់ៗដែលចង់ស្វែងយល់ និងចង់ទទួលពីអ្នកដទៃ ដើម្បីបំពេញនូវអ្វីដែលខ្លួនខ្វះខាត។ គប្បីជៀសវាងកុំវិនិច្ឆ័យគ្នាឡើយ តែត្រូវផ្តោតលើព្រះបន្ទូលដែលជួយលើកទឹកចិត្ត និងជួយបំភ្លឺនៅក្នុងបទពិសោធន៍របស់មនុស្សម្នាក់ៗ។ សូមរក្សាក្រមសីលធម៌ដោយជៀសវាងកុំនិយាយបរិហារគ្នានៅខាងក្រៅក្រុមចែករំលែក ដែលបង្ករឱ្យកើតមានរឿងអាស្រូវ។ ការគោរពដ៏សំខាន់ គឺរក្សាភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកនៅក្នុងចិត្តម្នាក់ៗ។
  • សូមបើកដួងចិត្ត៖ ការបើកដួងចិត្តសំដៅលើឆន្ទៈ ដែលចង់ចែករំលែកនូវបទពិសោធន៍ ដែលបុគ្គលម្នាក់ៗមាននៅក្នុងដំណើរជីវិតក្រោមការបំភ្លឺពីព្រះបន្ទូល និងអំពីបទពិសោធន៍នៃការអានព្រះគម្ពីរ ដែលមានអត្ថន័យដល់ជីវិតរបស់ខ្លួន។ ការចែករំលែកប្រកប​ដោយឆន្ទៈឆ្លុះបញ្ចាំងពីទឹកចិត្តរបស់មនុស្សម្នាក់ៗ ដែលចង់ផ្តល់ឱ្យអ្នកដទៃនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីសាងគ្នាទៅវិញទៅមក។
  • សូមកត់ចំណាំ៖ ថែរក្សាអត្ថន័យដ៏សំខាន់នូវអ្វី ដែលយើងបានស្វែងយល់ក្នុងក្រុមរួមជាមួយគ្នានេះ។ ពីព្រោះព្រះវិញ្ញាណបំភ្លឺយើងឱ្យយល់អត្ថន័យបន្ថែមអំពីអ្វី ដែលយើងបានរិះគិត និងចែករំលែក នៅក្នុងដំណើរជីវិតរបស់យើងឱ្យកាន់តែស៊ីជម្រៅឡើងថែមទៀត​។

៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ

វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរមានសារៈសំខាន់ ជួយយើងឱ្យរកឃើញអត្ថន័យស៊ីជម្រៅនៃព្រះបន្ទូល ដែលមាននៅក្នុងអត្ថបទព្រះគម្ពីរ។ អ្នកអាន និងអត្ថាធិប្បាយគប្បីយកចិត្តទុកដាក់ផ្តោតលើអត្ថបទ ហើយជៀសវាងកុំបញ្ចេញបញ្ចូលបន្ថែមលើសពីអ្វី ដែលមាននៅក្នុងអត្ថបទ ពីព្រោះគ្រប់អត្ថបទព្រះគម្ពីរសុទ្ធតែមានអត្ថន័យគ្រប់គ្រាន់។ ការចាំបាច់គឺត្រូវរកគន្លឹះក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីខ្លឹមសារដ៏សំខាន់ និងពីគោលបំណងនៃអត្ថបទ ដែលអ្នកនិពន្ធចង់ចង្អុលបង្ហាញជំនឿលើព្រះបន្ទូលព្រះជាម្ចាស់។ នៅក្នុងចំនុចវិធីសាស្រ្តអត្ថាធិប្បាយព្រះគម្ពីរនេះ ខ្ញុំដកស្រង់យកសេចក្តីបង្រៀននៅក្នុងឯកសារព្រះបន្ទូល (DV លេខ១២) ទាំងស្រុងនៅខាងក្រោមនេះ ដើម្បីណែ​នាំ​ដល់ការបកស្រាយអត្ថបទព្រះគម្ពីរ។ ក្រៅពីនេះ ខ្ញុំដាក់បញ្ចូលសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរចំនួនពីរ៖ អត្ថបទទី១ គឺគម្ពីរដំណឹងល្អតាមសន្តលូកា ៥,១-១១ ជាអត្ថបទមួយសំខាន់ ដែលជួយឱ្យយើងយល់អំពីការទទួលព្រះបន្ទូល ដោយស្តាប់ និងប្រតិបត្តិតាមគំរូរបស់ក្រុមសាវ័កដើមដំបូង។ ព្រះបន្ទូលធ្វើការអស្ចារ្យនៅក្នុងជីវិត និងមានគម្រោងការពិសេសសម្រាប់មនុស្សម្នាក់ៗ ដែលព្រះយេស៊ូគ្រីស្តត្រាស់ហៅ។ និងអត្ថបទទី២គឺគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២៥,១-១៣ ជាអត្ថបទប្រស្នាមួយ ដែលជួយណែនាំយើងឱ្យយល់អំពីលក្ខណៈសម្បត្តិរបស់ គ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងចេះអធិដ្ឋាន ដើម្បីជួបព្រះគ្រីស្តនៅក្នុងជីវិត។ សេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរទាំងពីរនេះជាគំរូ និងជាជំនួយសម្រាប់ការអានអត្ថបទព្រះគម្ពីរស្របតាមវិធីសាស្រ្ត៧ដំណាក់កាលខាងលើ។

របៀបបកស្រាយព្រះគម្ពីរ (DV លេខ១២):

«ក្នុង​ព្រះ​គម្ពីរ​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​ព្រះ​បន្ទូល​តាម​រយៈមនុស្ស និងបានប្រើពាក្យសម្តីរបស់មនុស្ស។ ហេតុនេះ អ្នក​បកស្រាយព្រះ​គម្ពីរ​ត្រូវ​ស្វែង​រក​ដោយ​ពិនិត្យ​ពិច័យ នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ទាំង​នោះ​មាន​បំណង​និយាយ​ប្រាប់ និង​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែងតាម​រយៈ​ពាក្យ​របស់​គេ។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​នឹង​ដឹងច្បាស់​នូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​ផ្ទាល់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ឱ្យ​យើង​ស្គាល់នោះ។

ក្នុង​គោល​បំណង​ចង់​ស្គាល់​គំនិត​របស់​អ្នក​និពន្ធ អ្នក​បក​ស្រាយ​ត្រូវ​ចាប់​អារម្មណ៍​នឹង​ប្រការ​ផ្សេងៗមាន “របៀប​និពន្ធ” ឬ “រចនាបទអក្សរសិល្ប៍” ជា​ដើម។ អស់​លោក​បង្ហាញ​សេចក្តី​ពិត​តាម​របៀប​ផ្សេងៗ​ពី​គ្នា ក្នុងអត្ថបទ​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រក្នុងសេចក្តី​ប្រកាស​របស់​ព្យា​ការី ក្នុង​ពាក្យ​កាព្យ ឬ​ក្នុង​អត្ថបទ​និពន្ធ​តាម​របៀប​ផ្សេងៗ​ទៀត។ ហេតុ​នេះ​ហើយ អ្នក​បកស្រាយ​ត្រូវ​ស្វះស្វែង​រក​សេចក្តី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់ និង​បាន​ប្រាប់ហើយ តាម​កាលៈទេសៈ តាម​សភាព​ការណ៍​នៃសម័យ​របស់​គាត់រស់នៅ តាម​អារ្យធម៌ និង​តាម​វប្បធម៌​របស់​គាត់ ព្រម​ទាំង​តាម​របៀបនិពន្ធ​ ដែល​អ្នក​ស្រុក​ធ្លាប់​ប្រើ​នៅជំនាន់​នោះ។ អ្នក​បក​ស្រាយ​ត្រូវ​យល់​យ៉ាង​ច្បាស់ ​អំពី​របៀប​ដែលអ្នក​ស្រុក​តែងគិត​គូរ​ជា​ទូទៅ​អំពី​ជីវិត អំពីរបៀប​ដែល​គេ​ធ្លាប់​និយាយ ឬ​ការតំណាលរឿង​ក្នុង​សម័យ​អ្នក​និពន្ធ​នោះ ព្រម​ទាំង​អំពី​របៀប​ដែល​មនុស្ស​រស់​នៅតាម​កន្លែង​ផ្សេងៗ នៅ​សម័យ​នោះធ្លាប់​ប្រើ​ក្នុង​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​អាច​រក​ឃើញ​នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ដ៏សក្ការៈមានបំណងចង់ប្រាប់ ដោយ​ចែង​កណ្ឌជា​លាយ​លក្ខណ៍​អក្សរ។

«ដោយព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ​ឱ្យ​ចែង​ជា​លាយ​លក្ខណ៍​អក្សរ ត្រូវអាន និងបកស្រាយព្រះ​គម្ពីរ​ក្រោម​ពន្លឺនៃព្រះវិញ្ញាណដែរ។ ត្រូវ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្តីទាំងអស់​ដែលមាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ហើយដែលសម្តែងសេចក្តីពិតដដែលដូចគ្នាដែរ។ ត្រូវចាប់អារម្មណ៍​អំពីការបញ្ជូនបន្ត​ដ៏រស់រវើកនៃ​ព្រះសហគមន៍​ទាំងមូល និង​អំពី​លក្ខណៈ​ប្រៀប​ធៀប​នៃ​ជំនឿ​ផង។ ធ្វើ​ដូច្នេះ ទើប​អ្នក​បក​ស្រាយរក​អត្ថន័យ​ដ៏​ពិត​ប្រាកដ​នៃ​ព្រះ​គម្ពីរ​ឃើញ។ អ្នក​វិភាគគម្ពីរមានភារកិច្ចខិត​ខំ​ពិនិត្យពិច័យ និង​ពន្យល់អត្ថន័យ​នៃ​ព្រះ​គម្ពីរ​ឱ្យ​កាន់​តែ​ជ្រៅ​ទៅៗ តាម​គោល​ការណ៍ទាំង​នោះ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​មាន​យោបល់​​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ដោយ​ការ​សិក្សា​របស់​ខ្លួន អ្នកវិភាគទាំងនោះដូច​ជា​រៀប​ចំ​ផ្លូវ​ឱ្យ​ព្រះសហគមន៍អាចកំណត់អត្ថន័យ​ឱ្យកាន់តែច្បាស់​ឡើង​បាន។ អ្វីៗ​ទាំង​អស់​ដែល​មាន​ទាក់​ទិន​នឹង​របៀប​បក​ស្រាយ​ព្រះ​គម្ពីរ គឺស្ថិត​នៅ​លើ​ព្រះ​សហគមន៍ដែល​ត្រូវ​រិះគិត​ពិចារណា​ដោះស្រាយ ព្រោះព្រះសហគមន៍ទទួល​មុខងារបម្រើពី​ព្រះ​ជា​ម្ចាស់មក និងក្នុងនាមព្រះអង្គ ពោល​គឺ ​រក្សា​ទុក និង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់»


អំណានព្រះបន្ទូល
ជំពូក១ លក្ខណៈពិសេស​នៃព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
ជំពូក៣ អំណានព្រះបន្ទូល
សេចក្តីសន្និដ្ឋាន
ឯកសារយោង
135 Views

Theme: Overlay by Kaira