អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

ព្រះគម្ពីរគ្រីស្តសាសនាខុសប្លែកពីគម្ពីរសាសនានានា។ ដ្បិត​ព្រះគម្ពីរជាសំណេរដ៏វិសុទ្ធនៃបទពិសោធន៍ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ដែលមានអ្នកនិពន្ធជាច្រើននាក់បានកត់ត្រាទុកក្នុងអំឡុងពេលដ៏យូរអង្វែង។ ប៉ុន្តែ មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលណែនាំអ្នកនិពន្ធទាំងនោះឱ្យកត់ត្រា ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ គ្រីស្តបរិស័ទលើកតម្កើងព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់។ ប៉ុន្តែ សេចក្តីនេះមិនមែនមានន័យថា ព្រះជាម្ចាស់សរសេរ ហើយប្រគល់ឱ្យមនុស្សដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ គឺព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធជាមនុស្ស ឱ្យកត់ត្រាទុកជាលាយលក្ខណ៍អក្សរនូវសេចក្តីពិត ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែង តាមរយៈអ្នកនិពន្ធទាំងនោះ។ ជាក់ស្តែង ព្រះគម្ពីរក៏ជាពាក្យសម្តីរបស់មនុស្សផងដែរ។

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្ស យើងនឹងសិក្សាយោងលើលទ្ធិរបស់ព្រះសហគមន៍កាតូលិក។ ផ្នែកទី១ នៃជំពូកទី២ នេះ យើងនឹងវែកញែកអំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្សថា តើសេចក្តីទាំងពីរនេះអាចពាក់ព័ន្ធគ្នាយ៉ាងដូចម្តេច? នៅផ្នែកទី២ ជាបទបង្ហាញអំពីលក្ខណៈពិសេសនៃព្រះបន្ទូលព្រះជាម្ចាស់ ដែលទូលំទូលាយហួសពីព្រះគម្ពីរ ពោលគឺ ព្រះបន្ទូលមិនមែនជាព្រះគម្ពីរតែប៉ុណ្ណោះទេ ព្រោះព្រះបន្ទូលនាំមុខព្រះគម្ពីរ។ ចំពោះព្រះសហគមន៍កាតូលិក ការបញ្ជូនបន្តដ៏វិសុទ្ធ និងការណែនាំព្រះសហគមន៍ក៏ជាព្រះបន្ទូលព្រះជាម្ចាស់ផងដែរ។ ព្រះបន្ទូលព្រះជាម្ចាស់ក៏ឆ្លុះបញ្ចាំងឱ្យដឹងតាមរយៈការផ្តល់សក្ខីភាពនៃទំនុកចិត្តរបស់មនុស្សលើព្រះជាម្ចាស់ និងការបម្រើរបស់ព្រះសហគមន៍ជាដើម។

២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់

សំណេរដ៏វិសុទ្ធសំដៅលើព្រះគម្ពីរ។ ព្រះគម្ពីរប្រមូលផ្តុំសំណេរ​​ទាំងឡាយដែលបានកត់ត្រាទុកក្នុងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីដែលព្រះជាម្ចាស់បានភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស។ មុននឹងកើតមានសំណេរ​ទាំងអស់នោះ ជនជាតិអ៊ីស្រាអែលបានចងចាំ និងបញ្ជូនផ្ទាល់មាត់ពីមួយជំនាន់ទៅមួយជំនាន់នូវព្រឹត្តិ​ការណ៍ប្រវត្តិសាស្រ្ត ដូចមានដំណាលនៅក្នុងកណ្ឌគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព។ ព្រះជាម្ចាស់បានសម្តែងព្រះអង្គសង្រ្គោះ​ជនជាតិអ៊ីស្រាអែលពីកណ្តាប់ដៃជនជាតិអេស៊ីប និងប្រទានធម្មវិន័យដើម្បីឱ្យប្រជាជនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនៅក្នុងសម្ពន្ធមេត្រីថ្មី គឺគ្រីស្តបរិស័ទដើមដំបូងបានចងចាំ និងប្រកាសពីព្រឹត្តិការណ៍អាថ៌កំបាំងនៃបុណ្យចម្លងដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ពាក្យគន្លឹះតាមភាសាក្រិកគឺ (គេរីម៉ា KÉRYGMA) មានន័យថា ការប្រកាសឱ្យលាន់ឮឡើង​។ គេតែង​តែប្រើពាក្យនេះក្នុងបរិបទនៃការប្រកាសជំនឿ នៅក្នុងព្រះសហគមន៍ដើមដំបូង ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីដ៏សំខាន់ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលហូរមកពីក្រុមគ្រីស្តទូតជាអ្នកប្រកាស និងជាអ្នកបញ្ជូនបន្តដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ។

រាល់ការចងចាំ និងការបញ្ជូនបន្តផ្ទាល់មាត់ទាំងអស់ អ្នកនិពន្ធបានកត់ត្រាទុកជាលាយលក្ខណ៍អក្សរ​។ សំណេរ​នេះមិនមែនជាសំណេរធម្មតាដែលមានអត្ថន័យតាមបែបរឿងព្រេង ឬប្រវត្តិ​សាស្រ្ត ឬការរិះគិតតាមបែបវិទ្យាសាស្រ្តនោះទេ។​ ផ្ទុយទៅវិញ ជាសំណេរស្តីអំពីការផ្ញើជីវិតរបស់មនុស្សលើព្រះជាម្ចាស់។ ហេតុនេះហើយ បានជាយើងហៅថា “សំណេរដ៏វិសុទ្ធ”។ ជាក់ស្តែង សំណេរនេះជាសំណេរនៃព្រះបន្ទូលព្រះជាម្ចាស់ ហើយក៏ជាសំណេរ​ដែលមនុស្សជាអ្នកកត់ត្រាដោយពាក្យពេចន៍ និងភា​សាតាមវប្បធម៌នាសម័យកាលដែលខ្លួនរស់នៅផងដែរ។

សំណេរមុនដំបូងបង្អស់នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី គឺលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេស្សាឡូនិក ដែលជាទីក្រុងមួយនៅភាគខាងជើងនៃប្រទេសក្រិកសព្វថ្ងៃ។ នៅក្នុងលិខិតនេះ គ្រីស្តទូតប៉ូលបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «នៅ​ពេល​ដែល​យើង​​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យកដោយ​ពុំ​ចាត់​ទុក​ថា​ ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ផ្ញើជីវិត។» (១ថស ២,១៣)។

តាមរយៈឃ្លាមួយនេះ គ្រីស្តទូតប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកក្រុងថេស្សាឡូនិកមិនបានទទួលពាក្យប្រកាស ដែលពួកគាត់បានឮថា ត្រឹមជាពាក្យសម្តីមនុស្ស ពោលគឺ ពាក្យសម្តីរបស់គ្រីស្តទូតប៉ូលប៉ុណ្ណោះទេ តែជាព្រះបន្ទូលព្រះជាម្ចាស់។ យើងឃើញថា សំណេរដ៏វិសុទ្ធមានទំនាក់ទំនងយ៉ាងជិតស្និតរវាងព្រះបន្ទូលព្រះជាម្ចាស់ និងពាក្យមនុស្ស។

– ព្រះគម្ពីរ ឬសំណេរដ៏វិសុទ្ធជាព្រះបន្ទូល

គ្រប់ពេលដែលគ្រីស្តបរិស័ទប្រារព្ធពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងអភិបូជា នៅក្រោយពេលបានអានអត្ថបទនី​មួយៗ​រួចហើយ អ្នកអានតែងប្រកាសថា៖ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”។ តើនេះសំដៅលើសៀវភៅនៃព្រះគម្ពីរជាព្រះបន្ទូលឬមួយយ៉ាងណា? ចម្លើយគឺមិនមែនដូច្នោះទេ។ ការសំខាន់ដែលយើងចង់និយាយនៅទីនេះគឺ សេចក្តីដែលអ្នកអានបានធ្វើឱ្យលាន់ឮឡើងចេញពីក្នុងអត្ថបទព្រះគម្ពីរ ដែលយើងបានស្តាប់ឮ គឺជាព្រះបន្ទូលព្រះជាម្ចាស់ដែលយើងប្រាថ្នាឱ្យសេចក្តីទាំងនោះចូលក្នុងដួងចិត្ត ដើម្បីផ្លាស់ប្រែជីវិតយើង។

ជាក់ស្តែងឃ្លាថា សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់ ក៏មិនមែនសំដៅលើព្រះគម្ពីរធ្លាក់មកពីលើមេឃដែរ។ បើមិនដូច្នោះទេ យើងធ្លាក់ចូលទៅក្នុងរបៀបនៃការគោរពសៀវភៅជារូបសំណាកព្រះក្លែងក្លាយ។ ព្រះគម្ពីរពិតជាមានព្រះជាម្ចាស់ពីខាងដើមដែលបានសម្តែងព្រះអង្គ និងបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យសរសេរសំណេរដ៏វិសុទ្ធទាំងនោះ។ កាលពីឆ្នាំ១៩៦៥ នៅក្នុងអង្គមហាសន្និបាតវ៉ាទីកង់ទី២ ព្រះសហគមន៍កាតូលិកបានបង្រៀននៅក្នុងធម្មនុញ្ញគោលលទ្ធិ អំពីព្រះជាម្ចាស់សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ ឬតាមភាសាឡាតាំង (DEI VERBUM) យ៉ាងច្បាស់ថា៖ «ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ ដែលកត់ត្រាទុកជាលាយលក្ខណ៍អក្សរ ដោយសារព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធ» (DV លេខ៩)។ ជាលទ្ធផល យើងអាចយល់បានថា ព្រះជាម្ចាស់បានសម្តែងព្រះអង្គ និងបានបំភ្លឺអ្នកនិពន្ធដ៏វិសុទ្ធឱ្យនិពន្ធព្រះគម្ពីរ ក៏ព្រោះតែព្រះអង្គសព្វព្រះហឫទ័យឱ្យសារនៃសំណេរទាំងនោះ អាចនាំយើងឱ្យទទួលព្រះបន្ទូលព្រះជាម្ចាស់ ព្រមទាំងញ៉ាំងឱ្យយើងចេះផ្ញើជីវិតលើព្រះអង្គ។

នៅក្នុងឯកសារដដែល ព្រះសហគមន៍បានអះអាងបន្ថែមទៀតថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យកត់ត្រាទុក​ជាលាយលក្ខណ៍អក្សរនូវសេចក្តីពិត ដែលព្រះជាម្ចាស់បានសម្តែងមក ហើយដែលមានរៀបរាប់ក្នុងកណ្ឌទាំងប៉ុន្មាននៃព្រះគម្ពីរ។ ព្រះសហគមន៍កាតូលិកជាមាតារបស់យើង សំអាងទៅលើជំនឿរបស់ក្រុមគ្រីស្តទូតជាគ្រឹះ ហើយចាត់គ្រប់ផ្នែកនៃកណ្ឌទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រីទី១ក្តី សម្ពន្ធមេត្រីថ្មីក្តី ទុកជាសាសនបញ្ញត្តិរបស់ខ្លួន ព្រោះព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យសរសេរ (យហ ២០,៣១; ២ធម ៣,១៦-១៧; ២សល ១,១៩-២១) គឺមានព្រះជាម្ចាស់ជាអ្នកនិពន្ធកណ្ឌគម្ពីរទាំងនោះ ហើយព្រះសហគមន៍ក៏បានទទួលកណ្ឌគម្ពីរទាំងនោះដោយយល់ដូច្នោះដែរ» (DV លេខ១១)។

នៅក្នុងសេចក្តីដកស្រង់លេខ១១នេះ យើងសង្កេតឃើញមានពាក្យពីរសំខាន់ ដែលជួយឱ្យយើងយល់ពីកិច្ចអន្ត​រា​គមន៍របស់ព្រះជាម្ចាស់ក្នុងការនិពន្ធព្រះគម្ពីរគឺ ព្រះជាម្ចាស់សម្តែងព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្តគំនិតមនុស្ស។

  • ការសម្តែង ឬការបង្ហាញឱ្យស្គាល់ (REVELATION)ពាក្យនេះមានអត្ថន័យតាមទេវវិទ្យានៅក្នុងព្រះគម្ពីរ សំដៅលើព្រះជាម្ចាស់សម្តែងព្រះអង្គដោយផ្ទាល់ជាមុន ដើម្បីឱ្យមនុស្សស្គាល់ និងអាចទាក់ទងជាមួយព្រះអង្គបាន។ ជាពិ​សេស ដើម្បី​ឱ្យមនុស្សអាចមានបទពិសោធន៍អំពីព្រះជាម្ចាស់។ ជាក់ស្តែង តាមបទពិសោធន៍របស់យើង យើងមិនអាចស្គាល់មនុស្សណាម្នាក់តាមរយៈការរិះគិត ឬការស្រមើលស្រមៃរបស់ខ្លួនឯងបាននោះទេ។ លុះត្រា ម្នាក់នោះបង្ហាញ​ខ្លួនដល់យើងដោយផ្ទាល់ជាមុន ឬមាន​គេណែនាំអំពីបុគ្គលនោះដល់យើង ទើប​យើងអាចស្គាល់គាត់បាន។ ដូចគ្នានេះដែរ មនុស្សមិនអាចស្គាល់ព្រះជាម្ចាស់ ប្រសិនបើព្រះអង្គមិនបង្ហាញខ្លួនឱ្យគេឃើញ ឬមិនសម្តែងព្រះ​អង្គឱ្យគេស្គាល់។ ព្រះជាម្ចាស់សម្តែងព្រះអង្គមានលក្ខណៈ៣យ៉ាង៖ ទី១ ការសម្តែងតាមធម្មជាតិដែលបញ្ជាក់ថា មានព្រះជាម្ចាស់តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ ដូចមហាសន្និ​បាតវ៉ាទីកង់ទី២ដ៏វិសុទ្ធ បានលើកឃ្លាព្រះគម្ពីរមកអះអាងថា៖ «ដោយ​សារប្រាជ្ញារបស់ខ្លួន មនុស្សមានសមត្ថភាពអាចស្គាល់ព្រះជាម្ចាស់យ៉ាងជាក់ច្បាស់តាមរយៈសត្វលោក ដែលព្រះអង្គបានប្រតិស្ឋានមក ព្រោះព្រះអង្គជាដើមកំណើត និងជាចុងបំផុតនៃអ្វីៗទាំងអស់» (រម ១,១៨; DV លេខ៦)។ ទី២គឺ ការសម្តែងក្នុងប្រវត្តិសាស្រ្តដែលព្រះជាម្ចាស់យាងមកសង្រ្គោះ​ជនជាតិអ៊ីស្រាអែលចេញពីទាសកនៅប្រទេសអេស៊ីប។ ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនក្នុងអណ្តាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឱ្យលោកម៉ូសេឃើញ ហើយត្រាស់ហៅលោក ដើម្បីចាត់ឱ្យទៅរំដោះប្រជារាស្រ្តអ៊ីស្រាអែល (សរ ៣,១-១៧)។ ព្រះជាម្ចាស់ផ្ទាល់យាងមកអន្តរាគមន៍ នៅក្នុងគម្រោងការសង្រ្គោះនោះ។ ការសម្តែងទី៣គឺ ព្រះជាម្ចាស់យកលក្ខណៈជាមនុស្ស ដោយព្រះអង្គផ្ទាល់បានប្រសូតជាមនុស្ស ជាកំពូលនៃការសម្តែង ដើម្បីឱ្យមនុស្សអាចស្គាល់ព្រះជាម្ចាស់។ គ្រីស្តសាសនា​ហៅការសម្តែងនេះថា ការសម្តែងលើធម្មជាតិ ឬអធិធម្មជាតិ។ ហេតុនេះហើយ បានជាគ្រប់សំណេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី​ទាំងអស់កត់ត្រាចេញពីមូលដ្ឋាននៃការសម្តែងទាំងអស់នេះ ដើម្បីឱ្យយើង​​មានបទពិសោធន៍ពីព្រះជាម្ចាស់តាមរយៈសំណេរដ៏វិសុទ្ធ។
  • ការបំភ្លឺ (INSPIRATION)ពាក្យនេះសំដៅលើសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបំភ្លឺចិត្តគំនិតមនុស្សឱ្យមានសមត្ថភាពខាងប្រាជ្ញា ស្មារតី អាចយល់ព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីកត់ត្រាសេចក្តីស្របតាមព្រះហឫទ័យព្រះអង្គ ទៅតាមគុណភាពនៃការយកចិត្តទុកដាក់ស្តាប់ និងការរិះគិតរបស់ខ្លួន។ ទាំងសំណេរនៅក្នុងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី គឺព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺអ្នកនិពន្ធឱ្យតែងនូវសេចក្តី ដែលព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីកុំឱ្យបាត់បង់ព្រះបន្ទូល និងដើម្បីងាយស្រួលបញ្ជូនបន្តដល់មនុស្សគ្រប់សម័យកាល។ តាមលទ្ធិព្រះសហគមន៍កាតូលិក បានអះអាងលើកិច្ចអន្តរាគមន៍របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាអ្នកជំរុញឱ្យនិពន្ធសំណេរទាំងអស់នោះ ដោយទទួលស្គាល់ថា៖ «ក្នុងព្រះគម្ពីរមានកត់ត្រាទុកព្រះបន្ទូលព្រះជាម្ចាស់។ ដោយព្រះអង្គបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ ព្រះគម្ពីរពិតជាព្រះបន្ទូលព្រះជាម្ចាស់» (DV លេខ២៤)។

ដោយព្រះជាម្ចាស់សម្តែងព្រះអង្គ និងបំភ្លឺចិត្តគំនិតអ្នកនិពន្ធដ៏វិសុទ្ធឱ្យនិពន្ធព្រះគម្ពីរ នោះសេចក្តីដែលមានកត់ត្រាទុកមានប្រភពចេញមកពីព្រះជាម្ចាស់ផ្ទាល់ ពោលគឺ មិនមែនចេញមកពីចំណង់ចិត្តរបស់មនុស្សនោះទេ។ ហេតុនេះហើយ បានជាសំណេរ​ដ៏វិសុទ្ធពិតជាព្រះបន្ទូលព្រះជាម្ចាស់។

– ព្រះគម្ពីរជាពាក្យមនុស្ស

ព្រះគម្ពីរជាពាក្យមនុស្ស តើសេចក្តីនេះមិនទាស់នឹងឃ្លាថាព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ឬយ៉ាងណា? ដូចយើងបានដឹងហើយថា ព្រះគម្ពីរមានព្រះជាម្ចាស់ជាអ្នកនិពន្ធ ប៉ុន្តែព្រះអង្គមិនបានចារដោយផ្ទាល់នោះទេ គឺគ្រប់សំណេរ​ទាំងអស់មនុស្ស​និពន្ធ ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ សូម្បីនៅក្នុងសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូមិនបាននិពន្ធព្រះគម្ពីរឡើយ។ អស់រយៈពេលច្រើនឆ្នាំក្រោយមក ទើបក្រុមសាវ័កនិពន្ធព្រះគម្ពីរដំណឹងល្អអំពីព្រះអង្គ។ ហេតុនេះ មនុស្សរួមចំណែកយ៉ាងសំខាន់ក្នុងការនិពន្ធ​ព្រះគម្ពីរ ដើម្បីឱ្យព្រះបន្ទូលព្រះជាម្ចាស់បង្កើតផល។ អ្នកនិពន្ធដ៏វិសុទ្ធក៏ជាសហការីសរសេររួមជាមួយព្រះជាម្ចាស់ ហើយក៏រួមទទួលខុសត្រូវនៅក្នុងគម្រោងការរបស់ព្រះអង្គ។ ការសំខាន់ដែលចង់ចង្អុលបង្ហាញនៅទីនេះ គឺមនុស្សអាចស្តាប់ឮព្រះបន្ទូលព្រះជាម្ចាស់ និងអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយអាចពាំនាំព្រះបន្ទូលនេះដល់មនុស្សទាំងឡាយគ្រប់ជំនាន់ និងគ្រប់សម័យកាល។ តាមរយៈពាក្យពេចន៍ ដែលមនុស្សសរសេរទាំងអស់នេះ ព្រះអង្គនៅតែបន្តមានព្រះបន្ទូលមកកាន់យើងនៅទីនេះ និងនៅពេលឥឡូវនេះ។ ព្រះគម្ពីរជាពាក្យមនុស្ស សំដៅលើក្នុងព្រះគម្ពីរ ព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈមនុស្ស និងបានប្រើពាក្យសម្តីមនុស្ស។ កាលណាព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈមនុស្ស បណ្តាលឱ្យការនិពន្ធត្រូវមានបែបបទ និងប្រភេទនៃការនិពន្ធតាមទម្រង់ផ្សេងៗដូចជា ការរៀបរាប់ជាសាច់រឿង ប្រវត្តិសាស្រ្ត កំណាព្យ ទំនុកតម្កើង ប្រស្នា និងសំណេរបែបប្រាជ្ញាញាណជាដើម។​ ព្រះសហគមន៍កាតូលិកនៅតែបង្រៀន និងបញ្ជាក់ថា៖ «ជាក់ស្តែង ព្រះបន្ទូលព្រះជាម្ចាស់ឆ្លងតាមរយៈភាសារបស់មនុស្ស បានដូចពាក្យសម្តីរបស់មនុស្ស ព្រោះព្រះអង្គមានព្រះបន្ទូលតាមភាសាមនុស្ស។ ដូចកាលពីដើម ព្រះបន្ទូលនៃព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានទៅជាមនុស្ស ដោយទទួលយកភាពទន់ខ្សោយ​របស់មនុស្សយើង» (DV លេខ១៣)។

មនុស្សពិតជាមានតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនិពន្ធព្រះគម្ពីររួមជាមួយព្រះជាម្ចាស់ ដើម្បីឱ្យសេចក្តីដែលមានកត់ត្រាក្នុងព្រះគម្ពីរក្លាយជាព្រះបន្ទូល និងជាពាក្យមនុស្សរួមគ្នា។ យើងមិនអាចបែងចែកសេចក្តី ដែលកត់ត្រាទុកនៅក្នុងគម្ពីរដោយអះអាងថា សេចក្តីនេះមកពីព្រះជាម្ចាស់ រីឯសេចក្តីនោះមកពីមនុស្សបានឡើយ ហើយយើងក៏មិនអាចញែកថាសេច​ក្តីនេះជាព្រះបន្ទូលព្រះជាម្ចាស់ ហើយសេចក្តីនោះជាពាក្យមនុស្សបានដែរ។ បើមិនដូច្នោះទេ យើងបង្ខូចអត្ថន័យដ៏សំខាន់នៃទេវវិទ្យារបស់ព្រះគម្ពីរ។ អ្វីដែលយើងត្រូវផ្តោតនោះគឺឈ្នាប់ “និង” ដែលជាចំណងភ្ជាប់បញ្ចូលគ្នារវាងព្រះបន្ទូល និងពាក្យរបស់មនុស្ស ដើម្បីរក្សាធ្លុងតែមួយនៃព្រះគម្ពីរឱ្យទៅជាព្រះបន្ទូលព្រះជាម្ចាស់ផង និង ជាពាក្យមនុស្សផង។ ដើម្បីយល់កាន់តែច្បាស់ថាមនុស្សក៏ជាអ្នកនិពន្ធព្រះគម្ពីរ យើងមើលនៅក្នុងឯកសារមហាសន្និ​បាតវ៉ាទីកង់ទី២ដដែលបានលើក​ឡើងថា៖ «ព្រះជាម្ចាស់បានជ្រើសរើសមនុស្សខ្លះ ដើម្បីនិពន្ធ​កណ្ឌព្រះគម្ពីរទាំងនោះ គឺព្រះអង្គឱ្យអ្នកទាំងនោះ ប្រើចំណេះប្រាជ្ញា ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួនយ៉ាងពិតប្រាកដ ហើយព្រះអង្គមានសកម្មភាពក្នុងអ្នកទាំងនោះ និង ដោយសារ អ្នកទាំងនោះ ព្រះអង្គឱ្យគេកត់ត្រាទុកជាលាយលក្ខណ៍អក្សរនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះអង្គសព្វព្រះហឫទ័យឱ្យគេសរសេរ គឺសរសេរតែសេចក្តីណា ដែលព្រះអង្គសព្វព្រះហឫទ័យប៉ុ​ណ្ណោះ​។ ដូច្នេះ គេជាអ្នកនិពន្ធយ៉ាងពិតប្រាកដ (ហប ១,១; ៤,៧; ២សម ២៣,២; មថ ១,២២)» (DV លេខ១១)។

ក្នុងឯកសារ (DV លេខ១១) នេះមានបង្កប់ពាក្យពីរសំខាន់ៗគឺ ពាក្យ “ក្នុង” និង “ដោយសារ” ដូចបានគូសសម្គាល់ខាងលើ ដើម្បីបញ្ជាក់ពីសកម្ម​ភាពរបស់ព្រះជាម្ចាស់ដែលបំពេញក្នុងអ្នកនិពន្ធឱ្យកត់ត្រាសំណេរដ៏វិសុទ្ធ។ ពាក្យ “ដោយសារ” សំដៅលើមធ្យោបាយ ព្រោះមនុស្សជាសហការីដ៏មានប្រយោជន៍ និងមានទេពកោសល្យចំពោះព្រះជាម្ចាស់ក្នុងការបញ្ជូនព្រះបន្ទូលព្រះអង្គតាមរយៈពួកគេ។ រីឯពាក្យ “ក្នុង” សំដៅលើទីជម្រៅក្នុងដួងចិត្ត ព្រោះមនុស្សជាទីដៅ ដែលព្រះបន្ទូលត្រូវផ្លាស់ប្រែពួកគេនៅក្នុងជម្រៅចិត្ត។ តាមរយៈពាក្យទាំងពីរនាំឱ្យយើងយល់បានថា មនុស្សរួមចំណែកយ៉ាងសំខាន់ក្នុងការនិពន្ធព្រះគម្ពីរ ដោយព្រះជាម្ចាស់ផ្ទាល់បំពេញសកម្មភាពក្នុងអ្នកនិពន្ធ។ ដូច្នេះ ព្រះគម្ពីរគឺតែមួយ ដែលជាព្រះបន្ទូលព្រះជាម្ចាស់ផង និងជាពាក្យមនុស្សផងដែរ ដោយមិនអាចបំបែកចេញពីគ្នាបានឡើយ។ ហេតុនេះហើយ បានជាយើងហ៊ាននិយាយដោយទុកចិត្តថា ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្ស។​


២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?

ក្នុងផ្នែកទី១នៃជំពូកទី២នេះបានបកស្រាយយ៉ាងច្បាស់អំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យសម្តីរបស់មនុស្ស។ រីឯផ្នែកទី២នេះ យើងសិក្សាលើសំណួរផ្ទុយមកវិញថា តើព្រះបន្ទូល​ព្រះជាម្ចាស់ជាព្រះគម្ពីរឬមួយយ៉ាងណា? មុននឹងវែកញែកសំណួរនេះ យើងគប្បីយល់ឱ្យបានច្បាស់អំពីអត្ថន័យរវាងឃ្លាថា “ព្រះគម្ពីរគឺជាព្រះបន្ទូលព្រះជាម្ចាស់” គឺពិតជាត្រឹមត្រូវ។ ផ្ទុយទៅវិញឃ្លាថា “ព្រះបន្ទូលព្រះជាម្ចាស់គឺជាព្រះគម្ពីរ” គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ថ្វីដ្បិតថា ឃ្លាទាំងពីរនេះស្តាប់មើលទៅហាក់បីដូចគ្នា តែអត្ថន័យពិតគឺខុសប្លែកពីគ្នា។ ពីព្រោះព្រះបន្ទូលមិនមែនជាព្រះគម្ពីរតែប៉ុណ្ណោះទេ។ ព្រះបន្ទូលមានលក្ខណៈទូលំទូលាយ។ ព្រះសហគមន៍កាតូលិកទទួលស្គាល់ថា ព្រះបន្ទូលក៏មាននៅក្នុងការបញ្ជូនបន្តដ៏វិសុទ្ធផងដែរ។ ថ្វីដ្បិតព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ តែការបញ្ជូនបន្តដ៏វិសុទ្ធក៏ជាព្រះបន្ទូលព្រះជាម្ចាស់ ពោលគឺ ព្រះគម្ពីរ និងការបញ្ជូនបន្តមានប្រភពមកពីព្រះបន្ទូលតែមួយ។ ព្រះសហគមន៍កាតូលិកមិន​សំអាងទៅលើព្រះគម្ពីរតែប៉ុណ្ណេះ​ទេ គឺទទួលស្គាល់ព្រះបន្ទូលព្រះជាម្ចាស់ទាក់ទងនឹងការ​បញ្ជូនបន្ត​ និង​អាជ្ញានុការី​ព្រះ​សហគមន៍​ជាប់​ពាក់ព័ន្ធ​គ្នា តាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាស​វៃ។ ទាំងព្រះគម្ពីរ (BIBLE) ទាំងការបញ្ជូនបន្តដ៏វិសុទ្ធ (TRADITION) និងអាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM) ត្រូវតែ​រួម​គ្នាមិនអាចខ្វះមួយណាបានឡើយ​។ ព្រះសហគមន៍កាតូលិកនៅតែបន្តបង្រៀនតាមមហាសន្និបាតនៅទីក្រុងត្រែន (១៥៤៥-១៥៦៣ នៃគ.ស) ដោយដាក់បញ្ជូលសេចក្តីបង្រៀនអំពីទំនាក់ទំនងរវាងព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធ នៅក្នុងឯកសារព្រះបន្ទូលរបស់អង្គមហាសនិ្នបាតវ៉ាទីកង់ទី២ដូចតទៅៈ

«ការបញ្ជូនបន្តដ៏វិសុទ្ធ និងព្រះគម្ពីរជាប់ពាក់ព័ន្ធគ្នា និងទាក់ទងគ្នាយ៉ាងស្និទ្ធស្នាល។ ការបញ្ជូនបន្ត និងព្រះគម្ពីរផុសចេញមកពីប្រភពតែមួយគឺព្រះជាម្ចាស់។ ព្រះគម្ពីរ និងការបញ្ជូនបន្តក៏រួមគ្នា​ជាធ្លុងតែមួយ និងមានទិសដៅតែមួយដែរ។ ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ដែលកត់ត្រាទុកជាលាយលក្ខណ៍អក្សរដោយ​ព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធ។ រីឯការបញ្ជូនបន្តដ៏វិសុទ្ធវិញ ក៏នាំព្រះបន្ទូលព្រះជាម្ចាស់ដែលព្រះគ្រីស្តជាអម្ចាស់ និងព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ញើទុកឱ្យក្រុមគ្រីស្តទូត រួចបញ្ជូនបន្តគ្រប់សេចក្តីទាំងអស់ដល់អ្នកបន្តមុខងារពីអស់លោក។ […] ហេតុនេះហើយ បានជាព្រះសហគមន៍ទុកចិត្តយ៉ាងជាក់ច្បាស់ទៅលើសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានសម្តែងមកនោះ ពុំមែនដោយសំអាងតែលើព្រះគម្ពីរប៉ុណ្ណោះទេ។ ហេតុនេះ ត្រូវទទួលស្គាល់ និងលើកតម្កើង ការបញ្ជូនបន្ត និងព្រះគម្ពីរដោយចិត្តស្រឡាញ់ និងគោរពស្មើគ្នា»។

(DV លេខ៩)

ព្រះសហគមន៍កាតូលិកបានអនុម័តគម្ពីរសាសនបញ្ញតិ (ព្រះគម្ពីរគ្រីស្តសាសនា) និងទទួលយកការបញ្ជូនបន្តចេញមកពីប្រភពនៃការសម្តែងរបស់ព្រះជាម្ចាស់តែមួយ ដើម្បីបង្រៀន និងប្រារព្ធប្រណិប័តន៍ដរាបរៀងមក។ តាមរយៈព្រះគម្ពីរ និងការបញ្ជូនបន្ត និងអាជ្ញានុការីព្រះសហគមន៍ នាំយើងនាពេលបច្ចុប្បន្នឱ្យស្គាល់ព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស នៅក្នុងប្រវត្តិ​សា​ស្រ្ត​មនុស្សជាតិ។

– ព្រះគម្ពីរ (BIBLE)

ថ្វីដ្បិតព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ តែព្រះគម្ពីរមិនបង្ហាញឱ្យស្គាល់គ្រប់លក្ខណៈនៃព្រះបន្ទូលនោះទេ។ ពីព្រោះព្រះបន្ទូលមានវិសាលភាពទូលំទូលាយហួសព្រះគម្ពីរ និងហួសពីបទពិសោធន៍មនុស្ស។ ចំណែកឯព្រះគម្ពីរមានប្រយោជន៍សម្រាប់ថែរក្សាព្រះបន្ទូល និងធ្វើឱ្យព្រះបន្ទូលលាន់ឮឡើង។ ប៉ុន្តែ ព្រះបន្ទូលផ្ទាល់មិនត្រូវបានកម្រិតដែនកំណត់នៅក្នុងព្រះគម្ពីរនោះឡើយ។ ថ្វីត្បិត ព្រះគម្ពីរមិនបង្ហាញឱ្យដឹងពីសេចក្តីពិតគ្រប់ជំពូកនៃព្រះបន្ទូលក៏ដោយ​ តែព្រះគម្ពីរមានផ្ទុក និងឆ្លុះបញ្ចាំងពីសេចក្តីពិតជ្រាលជ្រៅនៃព្រះបន្ទូល។ គោលបំណងសំខាន់របស់ព្រះគម្ពីរ​ជួយឱ្យការគោរពប្រណិប័តន៍ព្រះជាម្ចាស់ប្រសើរឡើង។ ព្រះគម្ពីរមិនមែនគ្រាន់តែជាឧបករណ៍បម្រើដល់ប្រាជ្ញានោះទេ។ ព្រះគម្ពីរផ្តល់សក្ខីភាពអំពីបទពិសោធន៍នៃធម៌មេត្តាករុណា ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុក​ដាក់ចំពោះមនុស្ស ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ដើម្បីសង្រ្គោះពួកគេ។ ព្រះគម្ពីរក៏ថ្លែងពីសក្ខីភាពនៃការផ្ញើជីវិតរបស់មនុស្សលើព្រះជាម្ចាស់ សម្រាប់ការសង្រ្គោះ ដែលជាទីដៅនៃជីវិតរបស់ខ្លួន ជាពិសេសដើម្បីបង្ហាញពីការផ្ញើជីវិតនេះដល់មនុស្សទាំងឡាយនៅគ្រប់ជំនាន់ និងគ្រប់សម័យកាល។ បទពិសោធន៍នៃការរស់នៅ និងការឆ្លងកាត់ជាក់ស្តែងនេះហើយ ដែលផ្តល់កំណើតឱ្យព្រះគម្ពីរ។ ជាពិសេស គឺព្រះគម្ពីរសម្ពន្ធមេត្រីទី១។ ហេតុនេះ «គប្បីអានព្រះគម្ពីរ តែមិនត្រូវចាប់ផ្តើមអានពីដើមដំបូងនៃសៀវភៅ ត្រូវចាប់ផ្តើមអានពីបទពិសោធន៍ ដែលផ្តល់កំណើតឱ្យសៀវភៅ ហើយបទពិសោធន៍នោះមកពីប្រជាជនអ៊ីស្រាអែល»​

រីឯព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះបន្ទូលព្រះជាម្ចាស់មានជីវិតជាក់ស្តែងក្នុងព្រះគម្ពីរ ដែលបានប្រកាសឱ្យដឹង ដោយចាប់ផ្តើមពីសក្ខីភាពនៃបទពិសោធន៍របស់ក្រុមគ្រីស្តទូតលើព្រះបន្ទូលនេះ (១យហ ១,១-៤)។ បទពិសោធន៍នេះនៅតែមានប្រសិទ្ធិភាពរហូតដល់សព្វថ្ងៃ ក៏ព្រោះតែក្រុមសាវ័កដើមដំបូងបានកត់ត្រាទុកបទពិសោធន៍នៃការផ្ញើជីវិតរបស់ខ្លួនក្នុងអង្គព្រះយេស៊ូគ្រីស្ត ដោយអស់លោកបានយល់ពីការអាថ៌កំបាំងនៃបុណ្យចម្លង គឺព្រះយេស៊ូរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដែលជាព្រឹត្តិការណ៍គ្រឹះដ៏សំខាន់។ ព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន បានកត់សម្គាល់ពីគោលបំណងនៃការផ្តល់សក្ខីភាពដោយសរសេរថា៖ «ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឱ្យក្រុមសាវ័ក​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​គម្ពីរ​។ រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឱ្យ​អ្នក​រាល់​គ្នា​ទុកចិត្តថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱ្យ​អ្នក​រាល់​គ្នា​ដែលទុកចិត្ត​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ» ​(យហ ២០,៣០-៣១)។ នៅចុងបញ្ចប់នៃព្រះគម្ពីរដំណឹងល្អដដែលបានកត់ត្រាបន្ថែមថែមថា៖ «សាវ័ក​​នោះ​ហើយដែល​បាន​ផ្ដល់​សក្ខី‌ភាពអំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​ សក្ខី‌ភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ព្រះ‌យេស៊ូ​បាន​ធ្វើ​កិច្ច‌ការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឱ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា​ ពិភព‌លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មមសម្រាប់​ទុក​សៀវភៅដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ» (យហ ២១,២៤-២៥)។

តាមរយៈឃ្លាអត្ថបទព្រះគម្ពីរនេះបំភ្លឺយើងឱ្យដឹងថា ព្រះគម្ពីរមិនឆ្លុះបញ្ចាំងពីការសម្តែងរបស់ព្រះជាម្ចាស់ទាំង​ស្រុងនោះទេ តែជា​ឃ្លាប្រយោគដែលផុសចេញមកពីពន្លឺនៃព្រះបន្ទូល ដើម្បីឱ្យ​អ្នក​ដែលទុកចិត្តលើព្រះជាម្ចាស់​មាន​ជីវិតរួម​ជា​មួយ​ព្រះ‌អង្គ។ ថ្វីត្បិតព្រះគម្ពីរដើរតួនាទីសំខាន់ ដើម្បីផ្តល់សក្ខីភាពអំពីព្រះបន្ទូល។ ប៉ុន្តែ សក្ខីភាពទាំងនោះមិនមែនមានត្រឹមតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ នេះបើតាមការអះអាង និងការបកស្រាយនៅក្នុងសៀវភៅមួយក្រោមចំណងជើងថា៖ “ព្រះបន្ទូលព្រះជាម្ចាស់” របស់លោកកាឌីណាល់យ៉ូសែប រ៉ាស៊ីញជើ (ក្រោយមកក្លាយជាប៉ាបបេណេឌីកតូទី១៦)។ ការបញ្ជូនបន្តដ៏វិសុទ្ធក៏ចាត់ទុកជាសក្ខីភាពដ៏សំខាន់នៃព្រះបន្ទូលផងដែរ។

– ការបញ្ជូនបន្ត (TRADITION)

ក្នុងឯកសារព្រះបន្ទូល (Dei Verbum) ព្រះសហគមន៍កាតូលិកបានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈពិសេសនៃការបញ្ជូនបន្តដ៏វិសុទ្ធដោយពន្យល់ថា៖ «ក្រុមគ្រីស្ត​ទូត​បាន​បញ្ជូន​បន្ត នូវ​សេចក្តី​ដែល​អស់​លោក​បាន​ទទួលដោយផ្ទាល់ ហើយដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​រក្សា​ទុក​សេចក្តី​ដែល​គេ​ទទួលយកដោយ​ស្តាប់ ឬដោយ​ទទួល​ជា​លាយ​លក្ខណ៍​អក្សរ (២ថស ២,១៥)។ អស់​លោក​ដាស់​តឿន​គ្រីស្ត​បរិស័ទឱ្យ​តយុទ្ធ​ ដើម្បី​ជំនឿដែល​គេ​បាន​ទទួល​ម្តង​ជា​ស្រេច (យដ ៣)។ រីឯ​សេចក្តី​ដែល​គ្រីស្ត​បរិស័ទ​ទទួល​ពី​ក្រុម​គ្រីស្ត​​ទូត​បញ្ជូនបន្តមក មាន​អ្វីៗទាំង​ប៉ុន្មានដែលអាច​ជួយ​ណែ​នាំ​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ឱ្យ​រស់​នៅ​យ៉ាង​វិសុទ្ធ និង​ដែលអាចជួយ​ពង្រីក​ជំនឿ​របស់​គេ។ ដូច្នេះ ដោយ​ព្រះសហ​គមន៍បង្រៀន​លទ្ធិដោយ​រស់​នៅ​តាម​ជំនឿ និង​ដោយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់ ព្រះ​សហគមន៍​បញ្ជូន​បន្ត​លក្ខណៈសម្បត្តិរបស់ខ្លួន និងអ្វីៗដែលខ្លួនទុកចិត្តឱ្យ​មនុស្ស​គ្រប់ជំនាន់តទៅទៀតផង» (DV លេខ៨)។

ការបញ្ជូនបន្តដ៏វិសុទ្ធជាការចងចាំ ដែលមានជីវិតរស់រវើកនៅក្នុងព្រះសហគមន៍ ហើយតែងតែប្រតិបត្តិជាដរាបតរៀងមក។ គ្រីស្តទូតប៉ូលផ្ទាល់បានសរសេររៀបរាប់នៅក្នុងលិខិតទី១ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូសថា៖ «រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់» (១ករ ១១,២៣-២៦)។ គ្រីស្តទូតប៉ូលក៏បានសរសេរនៅក្នុងលិខិតទី២ផ្ញើជូនគ្រីស្តបរិស័ទ​ក្រុងថេស្សាឡូនិក ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុក​ដាក់ថែរក្សានូវសេច​ក្តីបង្រៀន ដែលក្រុមគ្រីស្តទូតបានបញ្ជូនបន្តមកថា៖ «បង‌ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន ដោយ​​ផ្ទាល់​មាត់​ក្តី ឬ​តាម​សំបុត្រ​ក្តី» (២ថស ២,១៥)។

ពាក្យបញ្ជូនបន្ត (TRADITION) កាលណាគេសរសេរជាភាសាបារាំង ឬអង់គ្លេស (Tradition) ដោយមានអក្សរ (T) ធំជាឯកវចនៈ មានអត្ថន័យដើមតាមភាសាក្រិក  សំដៅលើសេចក្តីប្រកាស និងសេចក្តីបង្រៀនអំពីព្រះយេស៊ូគ្រីស្ត ដែលចេញពីមាត់របស់ក្រុមគ្រីស្តទូតដោយផ្ទាល់។ ព្រះសហគមន៍ដើមដំបូងនិយមប្រើពាក្យនេះ នៅមុនពេលមានការប្រមែប្រមូល និងចងក្រងសំណេរទាំងឡាយនៃគម្ពីរសម្ពន្ធមេត្រីថ្មី ដើម្បីសម្រេចអនុម័តទៅជាគម្ពីរសាសនបញ្ញត្តិ។ ការបញ្ជូនបន្ត (Tradition) នេះមាន​អំណាចមកពីព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ។ សេចក្តី ដែលបានបញ្ជូនបន្តនេះជាបទបញ្ញត្តិគ្រឹះស្តីអំពីគោលលទ្ធិគ្រីស្តសាសនា ដើម្បីបញ្ជាក់ថាជាលទ្ធិជំនឿត្រឹមត្រូវមកពីក្រុមគ្រីស្តទូត។ ចំណេរក្រោយមក ពោលគឺ នៅសតវត្សរ៍ទី២ នៃគ.ស ព្រះសហគមន៍បានរីកសុះសាយនៅតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ​បណ្តាលឱ្យមានប្រពៃណីនៃពិធីគោរពប្រណិប័តន៍ផ្សេងៗញ៉ាំងឱ្យគេប្រើពាក្យ ការបញ្ជូនបន្ត ឬប្រពៃណី (traditions) សរសេរអក្សរ (t) តូចជាពហុវចនៈ មានអត្ថន័យសំដៅលើការគោរពប្រណិប័តន៍ទៅតាមប្រពៃណី និងតាមក្បួនពិធីបុណ្យផ្សេងៗ។

ព្រះសហគមន៍នៅតែថែរក្សាការបញ្ជូនបន្តជានិច្ច ទោះបីជាការបញ្ជូនបន្តដោយផ្ទាល់មាត់ក្តី ឬដោយសំណេរក្តី ដើម្បីឱ្យការចងចាំ និងការគោរពប្រណិប័តន៍អាចស្ថិតនៅគង់វង្សបាន។ ម្យ៉ាងវិញទៀត ដើម្បីឱ្យការបញ្ជូនបន្តមានប្រសិទ្ធិភាពបាន លុះត្រាតែមានគំនិតរិះគិតពិចារណាបន្ថែមនូវអ្វីដែលបុព្វបុរសបានរិះគិត និងបានបញ្ជាក់ជាផ្លូវការឱ្យរីកចម្រើន។ បើមិនដូច្នេះទេ សេចក្តីដែលបានបញ្ជូនបន្តប្រឈមនឹងការបាត់បង់ ដោយសារកត្តាបម្រែបម្រួលនៃពេលវេលា និងការភ្លេចភ្លាំង ហើយគ្មានអ្វីអាចថែរក្សានៅក្នុងជីវិតផ្លូវវិញ្ញាណរបស់មនុស្សបានឡើយ។

ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិកទទួលស្គាល់ និង​ទទួលយកទាំងព្រះគម្ពីរ និងទាំងការបញ្ជូនបន្តមានទំនាក់ទំនងគ្នា ហើយមានប្រភពមកពីព្រះបន្ទូលព្រះជាម្ចាស់តែមួយ។

– អាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM)

កាលណានិយាយដល់ព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធ ក៏ត្រូវនិយាយដល់អាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM) ផងដែរ។ អាជ្ញានុការីព្រះសហគមន៍ សំដៅលើអស់អ្នកដែលមានសិទ្ធិ និងអំណាចបង្រៀន និងបកស្រាយព្រះគម្ពីរនៅក្នុងព្រះសហគមន៍​។ ជារួមមានលោកអភិបាលដែលសហប្រតិបត្តិការជា​មួយសម្តេចប៉ាប បន្តមុខងារពីក្រុមគ្រីស្តទូតតាំងពីដើមរៀងមក។ ពួកគាត់មានមុខងារបម្រើព្រះបន្ទូល និងគ្មានអំណាចនៅលើព្រះបន្ទូលនោះទេ៖

«ព្រះ​ជាម្ចាស់បាន​ផ្ញើ​បន្ទុក​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​យ៉ាង​ពិត​ប្រាកដ ទោះ​បី​ជា​ព្រះ​បន្ទូលកត់​ត្រា​ទុក​ជាលាយ​លក្ខណ៍​​អក្សរ​ក្តី ឬបញ្ជូន​បន្តមក​ក្តី ឱ្យការណែ​នាំដែលមាន​ជីវិតក្នុង​ព្រះ​សហគមន៍អាច​បក​ស្រាយ​បាន​។ មានតែការណែនាំនោះប៉ុណ្ណោះ ដែលមានអំណាចបកស្រាយ​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រីស្ត។ ប៉ុន្តែ ការណែ​នាំ​នេះគ្មានអំណាចលើព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​​ទេ តែបម្រើ​ព្រះ​បន្ទូល​ទៅ​វិញ។ ការណែនាំក៏​បង្រៀន​តែ​សេចក្តីដែល​គេបាន​ទទួល​ត​មក ហើយស្តាប់​ព្រះ​បន្ទូល​នេះ​ដោយ​ចិត្ត​ស្រឡាញ់តាម​បញ្ជា​របស់ព្រះជា​ម្ចាស់ និងដោយ​មានព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​ឧបត្ថម្ភ​ផង។ ការណែនាំ​ថែរក្សា​ព្រះ​បន្ទូល​យ៉ាង​ល្អ​បំផុត និងពន្យល់​ព្រះបន្ទូលយ៉ាង​ត្រឹម​ត្រូវ ហើយស្រង់យកពី​បញ្ញើនៃជំនឿតែ​មួយ​នេះ នូវ​អ្វីៗ​ទាំង​ប៉ុន្មានដែលក្រុមណែនាំជូនឱ្យគ្រីស្ត​បរិស័ទ​ទុកចិត្ត ទុក​ជា​សេចក្តីដែលព្រះ​ជាម្ចាស់​បាន​សម្តែង​ឱ្យ​មនុស្ស​លោកស្គាល់»។

(DV លេខ១០)

សំណេរព្រះគម្ពីរសម្ពន្ធមេត្រីថ្មី គេបាននិពន្ធឡើង​នៅក្រោយពេលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ​។ កាលពីដើម នៅមុនពេលមានសំណេរទាំងនោះ គ្រីស្តបរិស័ទបានជួបជុំគ្នា ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​គ្រីស្ដ‌ទូត រួម​រស់​ជា​មួយ​គ្នា​ជា​បង‌ប្អូន ធ្វើ​ពិធី​កាច់​នំបុ័ង និង​ព្យាយាម​អធិ​ដ្ឋាន (កក ២,៤២)។ ព្រះសហគមន៍បានគោរពប្រណិ​ប័តន៍ជាក់ស្តែង ដោយមានការណែនាំពីក្រុមគ្រីស្តទូត ដែលជាអ្នកបង្រៀន និងប្រារព្ធពិធីកាច់នំប៉័ងរួមជាមួយគ្នា។ ដូច្នេះ ព្រះបន្ទូលក៏ឆ្លងមកតាមរយៈអស់លោក ដែលជាអ្នកណែនាំផងដែរ។ ហេតុនេះហើយ បានជាគោលជំហររបស់ព្រះសហគមន៍កាតូលិកផ្តោតលើកត្តាបីយ៉ាង ដែលមានប្រភពមកពីព្រះបន្ទូលតែមួយ ដូចបានបញ្ជាក់នៅក្នុងកថាខណ្ឌចុងក្រោយនៃឯកសារព្រះបន្ទូល (DEI VERBUM) ដដែលថា៖ «ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ និងព្រះ​គម្ពីរ និង​អាជ្ញានុការី​ព្រះ​សហគមន៍​ជាប់​​ពាក់ព័ន្ធ​គ្នា និង​រួម​គ្នាតាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាសវៃ។ ក្នុង​កត្តាទាំង​បី​នេះ គ្មាន​អ្វីមួយដែល​អាច​ស្ថិត​ស្ថេរដោយ​ឯក​ឯង​បាន​ទេ គឺ​ទាំង​បី​នេះរួម​គ្នា​យ៉ាង​សកម្ម ដើម្បីសង្រ្គោះមនុស្ស​លោកតាម​របៀប​រៀងៗ​ខ្លួន ក្រោម​ការឧបត្ថម្ភ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ​ព្រះ​អង្គ» (DV លេខ១០)។

ឆ្លងតាមរយៈការបកស្រាយខាងលើនេះ យើងអាចសន្និដ្ឋានថា ព្រះបន្ទូលព្រះជាម្ចាស់មិនមែនមាននៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ។ ព្រះបន្ទូលក៏មាននៅក្នុងការបញ្ជូនបន្តដ៏វិសុទ្ធ ដែលព្រះសហគមន៍តែងតែថែរក្សា និងគោរពប្រណិប័តន៍ដរាបរៀងមក ហើយព្រះបន្ទូលក៏មាននៅក្នុងអាជ្ញានុការីព្រះសហគមន៍ ដែលមានបន្ទុកបម្រើព្រះបន្ទូល ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះហើយ បានជាទាំងព្រះគម្ពីរ និងការបញ្ជូនបន្ត ព្រមទាំងអាជ្ញានុការីព្រះសហគមន៍ចាំបាច់ត្រូវរួមបញ្ចូលគ្នា ដោយមិនអាចញែកចេញពីគ្នា ឬមិនអាចខ្វះមួយណាបានឡើយ។


អំណានព្រះបន្ទូល
ជំពូក១ លក្ខណៈពិសេស​នៃព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
ជំពូក៣ អំណានព្រះបន្ទូល
សេចក្តីសន្និដ្ឋាន
ឯកសារយោង
203 Views

Theme: Overlay by Kaira