អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
ជំពូក ១
លក្ខណៈពិសេសនៃព្រះគម្ពីរគ្រីស្តសាសនា
តើព្រះគម្ពីរជាអ្វី? នេះជាសំណួរមួយដែលមានមនុស្សជាច្រើនរមែងតែងចោទសួរចង់ដឹងចម្លើយ។ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ ដែលគ្មានសៀវភៅណាមួយក្នុងពិភពលោកនេះអស្ចារ្យដូចព្រះគម្ពីរនេះឡើយ។ កាលណាយើងអានព្រះគម្ពីរ យើងនឹងឃើញមានសៀវភៅផ្សេងៗជាច្រើនដែលបានប្រមូលផ្តុំគ្នាក្នុងសៀវភៅតែមួយ។ យើងអាចចាត់ទុកថា ព្រះគម្ពីរជាបណ្ណាល័យតូចមួយ។ ប៉ុន្តែ អ្វីដែលពិសេសជាងនេះ គឺព្រះគម្ពីរជាសំណេរអំពីបទពិសោធន៍នៃការផ្ញើជីវិតទាំងស្រុងរបស់មនុស្សលើព្រះជាម្ចាស់។ នៅក្នុងព្រះគម្ពីរមានមនុស្សជាច្រើនបានផ្តល់សក្ខីភាពនៃបទពិសោធន៍នេះ ហើយវានៅតែបន្តបំភ្លឺមនុស្សនាពេលបច្ចុប្បន្ន និងពេលអនាគត។
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
នៅលើពិភពលោកនេះមានសៀវភៅច្រើនឥតគណនា។ ប៉ុន្តែ ក្នុងចំណោមសៀវភៅទាំងនោះ មានតែព្រះគម្ពីរប៉ុណ្ណោះដែលជាសៀវភៅមួយដ៏អស្ចារ្យជាងគេ ដោយសារមានលក្ខណៈពិសេសដូចជា៖
ព្រះគម្ពីរជាសៀវភៅមួយដែលគេបានបកប្រែ និងអានច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ព្រះគម្ពីរទាំងមូល ទាំងសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី គេបានបកប្រែរាប់ពាន់ភាសា។ ដូច្នេះ នៅក្នុងពិភពលោកនេះគ្មានសៀវភៅណាមួយដែលមានគេបកប្រែច្រើនសន្ធឹកសន្ធាប់ដូចព្រះគម្ពីរនេះឡើយ។ ជាក់ស្តែង ព្រះគម្ពីរជាភាសាខ្មែរសម្រាយអន្តរនិកាយត្រូវបានបកប្រែ និងបោះពុម្ពទាំងស្រុងលើកទី១ នៅឆ្នាំ១៩៩៧ ដោយសមាគមព្រះគម្ពីរកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងព្រះសហគមន៍កាតូលិក និងក្រុមជំនុំប្រកាសដំណឹងល្អនៅប្រទេសកម្ពុជា។
ព្រះគម្ពីរជាសៀវភៅ ដែលគេតែងតែសិក្សាស្រាវជ្រាវច្រើនជាងគេបំផុត។ រៀងរាល់ឆ្នាំមានអត្ថបទ និងសៀវភៅប្រមាណ១០,០០០ក្បាល ដែលក្រុមបញ្ញវន្តសរសេរអំពីព្រះគម្ពីរ។ មូលហេតុដ៏សំខាន់ក៏ព្រោះតែព្រះគម្ពីរមានបង្កប់នូវអត្ថន័យនៃព្រះបន្ទូល ដែលបំភ្លឺមនុស្សឱ្យយល់ដឹងអំពីអត្ថន័យជីវិតរឹតតែច្បាស់ឡើងបន្តិចម្តងៗទាក់ទងទៅនឹងសភាពការរស់នៅប្រចាំថ្ងៃ។
ក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍ គ្រីស្តបរិស័ទគោរព និងលើកតម្កើងព្រះគម្ពីរយ៉ាងខ្ពង់ខ្ពស់បំផុត។ ក្នុងអភិបូជា គ្រីស្តបរិស័ទគោរព និងលើកតម្កើងព្រះគម្ពីរដោយអុជទៀនហែអមក្នុងពេលប្រារព្ធពិធី។ រាល់ការប្រារព្ធពិធីគោរពប្រណិប័តន៍នានានៅក្នុងព្រះសហគមន៍តែងយោងលើអត្ថបទព្រះគម្ពីរជានិច្ច។
តាមរយៈលក្ខណៈពិសេសដូចបានរៀបរាប់ខាងលើនេះ យើងអាចយល់បានថា ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ ដែលទទួលបានពានរង្វាន់មេដៃឯក។ ប៉ុន្តែ ការអស្ចារ្យសំខាន់ជាងនេះគឺ សេចក្តីពិតឆ្លុះបញ្ចាំងពីព្រះគម្ពីរ ផ្លាស់ប្រែដំណើរជីវិតមនុស្សជាតិនានា។ ព្រះគម្ពីរបំភ្លឺឱ្យមានជីវិតសន្តសន្តីបុគ្គល និងផ្លាស់ប្តូរដំណើរប្រវត្តិសាស្រ្តមនុស្សជាតិផងដែរ។
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
ព្រះគម្ពីរមិនមែនជាសៀវភៅតែមួយ ព្រោះមានសៀវភៅជាច្រើនប្រមូលផ្តុំគ្នា។ ពាក្យ “គម្ពីរ” តាមភាសាឡាតាំង “BIBLIA” មានន័យថា សៀវភៅតែមួយ (ឯកវចនៈ)។ ភាសាឡាតាំងមានឫសគល់មកពីភាសាក្រិក គឺពាក្យ “BIBLIA” ដូចគ្នា។ ប៉ុន្តែ តាមភាសាក្រិកមានន័យថា សៀវភៅជាច្រើន (ពហុវចនៈ)។ តាមភាសាទាំងពីរយើងអាចយល់ថា ព្រះគម្ពីរជាសៀវភៅមួយផ្ទុកសៀវភៅជាច្រើន។ យើងអាចប្រៀបធៀបព្រះគម្ពីរទៅនឹងបណ្ណាល័យតូចមួយដែលមានផ្ទុកសៀវភៅ (សំណេរ) ដ៏សំខាន់ជាច្រើន។ គេបានប្រមែប្រមូល និងចងក្រងសៀវភៅទាំងនោះឱ្យទៅជាសៀវភៅតែមួយ។ សៀវភៅមួយក្បាលៗនៅក្នុងព្រះគម្ពីរហៅថា កណ្ឌគម្ពីរ។
កណ្ឌគម្ពីរនីមួយៗមានចំណងជើងមួយច្បាស់លាស់។ ឧបមាថា កណ្ឌគម្ពីរ “កំណើតពិភពលោក” កណ្ឌគម្ពីរ “ដំណឹងល្អតាមសន្តម៉ាថាយ” និងកណ្ឌគម្ពីរ “វិវរណៈ” ជាដើម គឺជាចំណងជើងនៃកណ្ឌគម្ពីរនីមួយៗ។
កាលណាយើងអាន និងរាប់ចំនួនសៀវភៅ ឬកណ្ឌគម្ពីរទាំងអស់ក្នុងព្រះគម្ពីរទាំងមូល យើងនឹងឃើញមានកណ្ឌគម្ពីរចំនួន៧៣។ សំណេរនៃកណ្ឌគម្ពីរទាំងអស់នេះមានអ្នកនិពន្ធជាច្រើននាក់បានកត់ត្រាទុកក្នុងអំឡុងពេលប្រមាណ១០សតវត្សរ៍ ឬ១០០០ឆ្នាំ ចាប់តាំងពីអំឡុងឆ្នាំ៨០០ មុនគ.ស ដល់ឆ្នាំ១២៥ នៃគ.ស។ អ្នកនិពន្ធទាំងនោះរស់នៅក្នុងសម័យកាល និងទីតាំងភូមិសាស្រ្តផ្សេងៗពីគ្នា ព្រមទាំងមានវប្បធម៌ប្លែកៗពីគ្នាផងដែរ។ សំណេរទាំងនោះនិពន្ធឡើងតាមទម្រង់ និងលក្ខណៈអក្សរសិល្ប៍ប្លែកៗពីគ្នា។ យើងអាចស្គាល់លក្ខណៈអក្សរសិល្ប៍នៃសំណេរទាំងនោះដូចតទៅ៖
សំណេរខ្លះនិពន្ធតាមលក្ខណៈបែប “និទាន” ពីសាច់រឿង។ ឧទាហរណ៍៖ ការរៀបរាប់រឿងអំពីព្រះយេស៊ូប្រទាននំប៉័ងដល់មនុស្ស៥០០០នាក់ (មថ ១៤,១៥-២១) និងរឿងរ៉ាវអំពីបដិហារិយ៍នានាដែលព្រះអង្គបានសម្តែង។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី កណ្ឌគម្ពីរដំណឹងល្អជារឿង។ រីឯកណ្ឌគម្ពីរកិច្ចការរបស់គ្រីស្តទូតជាប្រវត្តិសាស្រ្ត។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ រឿងដំណាលអំពីលោកយ៉ូសែបជាមួយបងប្អូន និងការនិទានអំពីយុវជនដាវីឌជាមួយកូលីយ៉ាតសុទ្ធសឹងតែជារឿង។ ចំពោះកណ្ឌគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព យ៉ូស៊ូអា វិរបុរស សាម៉ូអែលទី១ និងទី២ ពង្សាវតារក្សត្រទី១ និងទី២ របាក្សត្រទី១ និងទី២ ជាប្រវត្តិសាស្រ្ត។ ចំណែកឯកណ្ឌគម្ពីរកំណើតពិភពលោកដែលថ្លែងអំពីព្រះជាម្ចាស់បង្កើតពិភពទាំងមូលជាសំណេរបែបទេវកថា ដើម្បីឆ្លុះបញ្ចាំងជំនឿលើព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗសព្វសារពើ។
សំណេរខ្លះទៀតមានលក្ខណៈជា “កំណាព្យ និង សុភាសិត” ដូចឃ្លាសុភាសិតមួយដែលព្រះយេស៊ូមានព្រះបន្ទូលថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!» (មថ ១៣,៥៧) ឬ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ» (មថ ៩,១២)។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ មានកណ្ឌគម្ពីរមួយមានចំណងជើងថា សុភាសិត។
កណ្ឌគម្ពីរខ្លះទៀតចែងជាពាក្យ “អធិដ្ឋាន និង ទំនុកតម្កើង” ដូចយើងស្គាល់អំពីពាក្យអធិដ្ឋានរបស់ព្រះអម្ចាស់ ឬធម៌ឱព្រះបិតា (មថ ៦,៩-១៣) និងទំនុកតម្កើងព្រះនាងម៉ារីជាដើម (លក ១,៤៦-៥៥)។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ កណ្ឌគម្ពីរស្តីអំពីការអធិដ្ឋានគឺ កណ្ឌគម្ពីរទំនុកតម្កើង។
កណ្ឌគម្ពីរខ្លះទៀតចែងអំពី “ច្បាប់ និង វិន័យ” ដូចវិន័យសំខាន់ជាងគេដែលយើងស្គាល់ច្បាស់គឺ ស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូនឯទៀត។ កណ្ឌគម្ពីរចែងពីច្បាប់ និងវិន័យក្នុងសម្ពន្ធមេត្រីទី១ គឺកណ្ឌគម្ពីរលេវីវិន័យ និងទុតិយកថា។
១.៣. ព្រះគម្ពីរជាសំណេរអំពីបទពិសោធន៍ជំនឿ
ពាក្យសំណេរសំដៅលើសេចក្តីដែលបានកត់ត្រាទុក។ យើងអាចហៅព្រះគម្ពីរថាសំណេរដ៏វិសុទ្ធ ឬសំណេរដ៏សក្ការៈ “SACRED SCRIPTURE”។ តាមភាសាឡាតាំងពាក្យ SCRIPTURA ជានាមមានន័យថា សំណេរ ឬការសរសេរ ពោលគឺ កត់ត្រាទុក។ ព្រះគម្ពីរ គឺជាសំណេរអំពីបទពិសោធន៍ស្តីពីជីវិតរស់នៅរបស់មនុស្សដោយផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ សេចក្តីដែលអ្នកនិពន្ធបានកត់ត្រាទុកសុទ្ធតែផ្សារភ្ជាប់នឹងបទពិសោធន៍ជាក់ស្តែង។ ដំបូងឡើយ ការបញ្ជូនបន្តអំពីបទពិសោធន៍ធ្វើឡើងតាមរយៈការនិទានតៗជាពាក្យសម្តីផ្ទាល់មាត់ ពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងសហគមន៍។ ចុងក្រោយ គេក៏កត់ត្រាទុកជាលាយលក្ខណ៍អក្សរនូវបទពិសោធន៍ និងការបញ្ជូនបន្តទាំងនោះ។ បន្ទាប់ពីបាននិពន្ធរួចហើយ គេបានប្រមែប្រមូលសំណេរទាំងនោះ ដើម្បីធ្វើបញ្ជីកណ្ឌគម្ពីរ។ ចុងក្រោយ គេត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនូវកណ្ឌគម្ពីរ ដែលត្រឹមត្រូវស្របតាមលទ្ធិជំនឿដោយមិនអាចផ្លាស់ប្តូរជាដាច់ខាត។ ដំណើរការនៃការបញ្ជូនបន្តផ្ទាល់មាត់ ការកត់ត្រា ការធ្វើបញ្ជីកណ្ឌគម្ពីរ និងការត្រួតពិនិត្យប្រើប្រាស់ពេលវេលា រាប់ពាន់ឆ្នាំ និងមានដំណាក់កាលជាច្រើន ថែមទាំងស្មុគស្មាញយ៉ាងខ្លាំង។
ដូច្នេះ ព្រះគម្ពីរមុននឹងកើតជារូបរាងត្រូវឆ្លងកាត់ដំណាក់កាល៥យ៉ាង៖ ទី១ ព្រឹត្តិការណ៍កើតមានឡើង ទី២ បញ្ជូនបន្តផ្ទាល់មាត់អំពីព្រឹត្តិការណ៍ ទី៣ កត់ត្រាទុកជាសំណេរលាយលក្ខណ៍អក្សរទី៤ ប្រមែប្រមូលធ្វើបញ្ជីកណ្ឌគម្ពីរ និងទី៥ចុងក្រោយ ការត្រួតពិនិត្យអនុម័តជាគម្ពីរសាសនបញ្ញតិ។
អ្នកនិពន្ធសំណេរដ៏វិសុទ្ធជាបុរស និងជាស្រ្តីដែលរស់នៅក្នុងសហគមន៍។ អស់លោកកត់ត្រាទុកជាលាយលក្ខណ៍អក្សរដើម្បីជាប្រយោជន៍ដល់សហគមន៍។ អ្នកនិពន្ធសរសេរ «ពីជំនឿទៅកាន់ជំនឿ» ដើម្បីអប់រំនៅក្នុងសហគមន៍។ ការកត់ត្រាទុកម្តងជាស្រេចងាយស្រួលថែរក្សា និងមានប្រយោជន៍ដល់មនុស្សទាំងឡាយគ្រប់សម័យកាល។ សំណេរដ៏វិសុទ្ធពិតជាមានអត្ថប្រយោជន៍ និងមានសារៈសំខាន់។ ប៉ុន្តែ មុននឹងសំណេរដ៏វិសុទ្ធនេះកើតមានជារូបរាង ការបញ្ជូនបន្តផ្ទាល់មាត់បានដើរតួនាទីនាំមុខអស់រយៈពេលដ៏យូរអង្វែងទៅហើយ។ យើងគប្បីទទួលស្គាល់ថា មុនដំបូងគ្មានការសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺមានតែការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ និងពីជំនាន់មួយទៅជំនាន់មួយ។ ឧទាហរណ៍ថា ពាក្យដែលអស់លោកព្យាការីបានថ្លែង ទំនុកតម្កើងនានា និងដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តជាដើម សុទ្ធតែជាព្រះបន្ទូលព្រះជាម្ចាស់ដែលបានបញ្ជូនបន្តផ្ទាល់មាត់ពីមួយជំនាន់ទៅមួយជំនាន់។
កាលណាយើងអានព្រះគម្ពីរដោយផ្ទាល់ យើងនឹងជួបសាក្សីជាច្រើនឥតគណនា ដែលបានធ្វើជាបន្ទាល់ទុកឱ្យយើង (ហប ១២,១)។ នៅក្នុងសម្ពន្ធមេត្រីទី១ សាក្សីទាំងនោះមានបុព្វបុរស មានវីរបុរស មានព្រះមហាក្សត្រ និងមានព្យាការីជាដើម។ រីឯក្នុងសម្ពន្ធមេត្រីថ្មីមានក្រុមគ្រីស្តទូត មានក្រុមសាវ័ក និងគ្រីស្តបរិស័ទដើមដំបូងជាច្រើន។ អ្នកទាំងនោះជាសាក្សីដែលរស់នៅដោយស្តាប់ និងអនុវត្តតាមព្រះបន្ទូល។ ពិតមែន! ក៏ព្រោះតែព្រះបន្ទូលផ្តល់អត្ថន័យដល់ជីវិតពួកគាត់ ហើយញ៉ាំងឱ្យពួកគាត់ចេះរស់នៅដោយផ្ញើជីវិតលើព្រះជាម្ចាស់។ ហេតុនេះ យើងគប្បីពិសោធន៍មើលដោយអានព្រះគម្ពីរខ្លួនឯង នោះយើងនឹងយល់ថា ព្រះបន្ទូលពិតជាផ្តល់អត្ថន័យ និងបំភ្លឺជីវិតយើងមែន។
គ្រីស្តទូតប៉ូលបានដាស់តឿនថា ព្រះគម្ពីរជាប្រភពថាមពលដែលផ្តល់កម្លាំង និងផ្តល់សេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យឡើយ។ ពីព្រោះ «អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឱ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម» (រម ១៥,៤)។
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
ពាក្យសម្ពន្ធមេត្រីមកពីពាក្យ “សម្ពន្ធ” មានន័យថា ភ្ជាប់ និងពាក្យ “មេត្រី” មានន័យថា សេចក្តីស្រឡាញ់។ ពាក្យសម្ពន្ធមេត្រីតាមភាសាហេប្រឺ “BERIT” មានន័យថា ភ្ជាប់សេចក្តីស្រឡាញ់។ ពាក្យនេះមានចំនួន១៨៩ដង នៅក្នុងព្រះគម្ពីរ។ សម្ពន្ធមេត្រីជាចំណងនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់ភ្ជាប់ជាមួយមនុស្សលោកឱ្យមានទំនាក់ទំនងជាមួយព្រះអង្គ។ យើងអាចយល់បានថា ព្រះជាម្ចាស់សព្វព្រះហឫទ័យភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឱ្យមនុស្សអាចមានមធ្យោបាយទទួលការសង្រ្គោះពីព្រះអង្គ។ ដ្បិតតាមរយៈសម្ពន្ធមេត្រី មនុស្សអាចរួមជាមួយព្រះអង្គ ដោយអាស្រ័យលើការយល់ព្រមឆ្លើយតបតាមរយៈការគោរព និងប្រតិបត្តិតាមសម្ពន្ធមេត្រីដោយឆន្ទៈសេរី។
សារៈសំខាន់នៃសម្ពន្ធមេត្រី គឺព្រះជាម្ចាស់អញ្ជើញមនុស្សឱ្យឆ្លើយតបដោយរស់នៅតាមរបៀបថ្មី ស្របតាមលក្ខខណ្ឌនៃសម្ពន្ធមេត្រីដែលព្រះអង្គបានកំណត់។ ជាទូទៅ លក្ខណៈពិសេសនៃសម្ពន្ធមេត្រីតែងមាន “សញ្ញាសម្គាល់”។
- ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១
ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ សញ្ញាសម្គាល់នៃសម្ពន្ធមេត្រីមានច្រើន និងមានលក្ខណៈផ្សេងៗគ្នាទៅតាមបរិបទដែលព្រះជាម្ចាស់ភ្ជាប់ជាមួយមនុស្សលោក។ សម្ពន្ធមេត្រីលោកណូអេនៅក្រោយទឹកជំនន់ធំគឺ “ឥន្ធនូនៅលើមេឃ” (កណ ៩,១២-១៧) ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់ភ្ជាប់ជាមួយសត្វលោកមានជីវិតទាំងអស់។ ប្លែកពីសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ និងពូជពង្សរបស់គាត់ ព្រោះមានសញ្ញាសម្គាល់ដោយ “កាត់ស្បែក” លើចុងប្រដាប់ភេទបុរស (កណ ១៧,១-១៧)។ ចំពោះសម្ពន្ធមេត្រីដែលព្រះជាម្ចាស់ភ្ជាប់ជាមួយលោកម៉ូសេគឺ “វិន័យ១០ប្រការ” (សរ ២០,១-១៧) និង “ពិធីបូជាយញ្ញសក្ការៈ” (សរ ២០,២៤; ទក ២៧,៦-១០)។ លក្ខណៈពិសេសនៃសម្ពន្ធមេត្រីជាមួយលោកម៉ូសេតម្រូវឱ្យប្រជាជនគោរព និងប្រតិបត្តិតាមវិន័យ១០ប្រការ និងចូលរួមធ្វើពិធីបូជាយញ្ញសក្ការៈ ដើម្បីក្លាយទៅជាប្រជារាស្រ្តមួយពេញសិទ្ធដែលព្រះជាម្ចាស់ជ្រើសរើស (សរ ១៩,៥)។ ប្រជាជននោះគឺ ជនជាតិ “អ៊ីស្រាអែល” ដែលព្រះជាម្ចាស់បានត្រាស់ហៅ និងរំដោះឱ្យមានសេរីភាពពីទាសករនៅប្រទេសអេស៊ីប។ ព្រះអង្គដឹកនាំពួកគេឱ្យធ្វើដំណើរទៅកាន់ទឹកដីសន្យា។ ដំណើរឆ្ពោះទៅកាន់សេរីភាពនេះហើយ ជាព្រឹត្តិការណ៍គន្លឹះដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល ដែលពួកគេតែងតែនឹករំឭក និងចងចាំ ហើយនិទានពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងកត់ត្រាទុកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ នាំឱ្យយើងដឹងរហូតមកដល់សព្វថ្ងៃនេះ។
ព្រះគម្ពីរសម្ពន្ធមេត្រីទី១ទាំងមូល ឆ្លុះបញ្ជាំងពីវត្តមានរបស់ព្រះជាម្ចាស់ ដែលអន្តរាគមន៍ក្នុងប្រវត្តិសាស្រ្តជនជាតិអ៊ីស្រាអែល។ តាំងពីដើមរៀងមក ព្រះអង្គសម្តែងឱ្យប្រជាជននេះស្គាល់ព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គតាមមធ្យោបាយ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើន។ ព្រះអង្គប្រទានបុព្វបុរស វិរបុរស ទឹកដី ព្រះមហាក្សត្រ ព្រះវិហារ (យេរ៉ូសាឡឹម) និងក្រុមព្យាការីជាដើម។ ព្រះអង្គតែងតែបំភ្លឺ ណែនាំ និងការពារប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គចងសម្ពន្ធមេត្រីដោយប្រទានធម្មវិន័យ ដើម្បីឱ្យគេគោរព និងរស់នៅដោយសេចក្តីសុខសាន្ត និងចម្រុងចម្រើនឡើង។ ថ្វីត្បិតព្រះជាម្ចាស់មានព្រះគុណដ៏លើសលុបចំពោះប្រជាជននេះ។ ប៉ុន្តែ បើយើងពិនិត្យមើលដោយហ្មតចត់ យើងនឹងឃើញថា ជនជាតិអ៊ីស្រាអែលទន់ខ្សោយមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេវង្វែងទៅគោរពព្រះដទៃ (ព្រះក្លែងក្លាយ) ថែមទាំងប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ដោយបោះបង់ចោលព្រះជាម្ចាស់រហូតដល់ផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ជាហេតុបណ្តាលឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យ។ ទង្វើនេះបណ្តាលឱ្យជនជាតិអ៊ីស្រាអែលស្គាល់ប្រវត្តិសាស្រ្ត ដែលរងទុក្ខលំបាកយ៉ាងសែនវេទនាជាទីបំផុត គឺនៅឆ្នាំ៥៨៦ មុនគ.ស ជាសម័យកាលនៃប្រវត្តិសាស្រ្តដ៏ខ្លោចផ្សារបស់ជនជាតិអ៊ីស្រាអែល។ ទឹកដីត្រូវបាត់បង់ រាជវង្សានុវង្សនិរាសអន្តរាយ ខ្មាំងសត្រូវដុតបំផ្លាញព្រះវិហារយេរ៉ូសាឡឹម ហើយកៀរប្រជាជនខ្ចាត់ខ្ចាយយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
- ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី
ទោះបីប្រជារាស្រ្តអ៊ីស្រាអែលផ្តាច់សម្ពន្ធមេត្រី តែព្រះជាម្ចាស់នៅតែមានភក្តីភាព និងមានគម្រោងការសង្រ្គោះពួកគេ។ នៅក្នុងព្រឹត្តិការណ៍ដ៏វឹកវរ ដែលរាជាណាចក្រយូដាកំពុងប្រឈមនឹងក្តីវិនាសអន្តរាយ ព្យាការីយេរេមី ថ្លែងព្រះបន្ទូលព្រះអម្ចាស់ថា ព្រះអង្គនឹងចងសម្ពន្ធមេត្រីថ្មីជាមួយជនជាតិអ៊ីស្រាអែល និងយូដា ហើយសម្ពន្ធមេត្រីថ្មីនេះ ព្រះអង្គនឹងដាក់វិន័យរបស់ព្រះអង្គនៅក្នុងជម្រៅចិត្តរបស់ពួកគេ ព្រះអង្គនឹងចារវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ ព្រះអង្គនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គ។ តាំងពីអ្នកតូចបំផុតរហូតដល់ធំបំផុតនឹងស្គាល់ព្រះអង្គ (យរ ៣១,៣១.៣៣-៣៤; ហប ៨,១០-១១)។ ព្រះបន្ទូលសន្យានេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ព្រះយេស៊ូគ្រីស្ត ដ្បិតក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីថ្មីដែលនៅគង់វង្សអស់កល្បជានិច្ច គឺជាសម្ពន្ធមេត្រីចងឡើងដោយ “ព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត” ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីថ្មី (លក ២២,១៩-២០)។ ព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណនៃសេចក្តីពិតមកបញ្ចាំចិត្តរបស់មនុស្សដែរ (យហ ១៥,២៦)។ ព្រះវិញ្ញាណនេះហើយដែលនាំឱ្យមនុស្សបន្លឺសម្លេងចេញពីក្នុងដួងចិត្តថា «អប្បា! ឱព្រះបិតា» (កាឡ ៤,៦; រម ៨,១៥)។ ក្នុងអង្គព្រះយេស៊ូគ្រីស្តនាំឱ្យព្រះបន្ទូលសន្យាក្នុងសម្ពន្ធមេត្រីទី១ កើតជារូបរាង ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែងឱ្យមនុស្សលោកស្គាល់ព្រះហឫទ័យប្រណីសណ្តោស និងលក្ខណៈសម្បត្តិរបស់ព្រះអង្គនៅក្នុងអង្គព្រះយេស៊ូគ្រីស្តដែលជាមនុស្សផង និងជាព្រះជាម្ចាស់ផង។
ហេតុនេះ ព្រះគម្ពីរសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីផ្សារភ្ជាប់គ្នាយ៉ាងជិតស្និត និងបំពេញអត្ថន័យឱ្យគ្នាទៅវិញមកដោយមិនអាចខ្វះមួយណាបានឡើយ។ ក្នុងសម្ពន្ធមេត្រីទី១ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលតាមរយៈពូជពង្សលោកអប្រាហាំ។ កាលណាយើងអានព្រះគម្ពីរទាំងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីដោយយកចិត្តទុកដាក់ពិនិត្យពិច័យ យើងនឹងឃើញគម្រោងការដ៏អស្ចារ្យមួយដែលព្រះជាម្ចាស់រៀបចំតាមដំណើរវិវឌ្ឍន៍ចម្រើនឡើងនៃមនសិការមនុស្ស។ ព្រះជាម្ចាស់សម្តែងឱ្យមនុស្សលោកស្គាល់ព្រះអង្គ តាមរយៈព្រះបន្ទូល តាមរយៈព្រឹត្តិការណ៍ និងតាមរយៈការភ្ជាប់សម្ពន្ធមេត្រី។ ជាពិសេស ព្រះបន្ទូលសន្យាតាមរយៈក្រុមព្យាការី បានសម្រេចជារូបរាងដោយសារព្រះយេស៊ូគ្រីស្តបានប្រសូតជាមនុស្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដើម្បីនាំមនុស្សឆ្ពោះព្រះជាម្ចាស់។ ក្នុងសម្ពន្ធមេត្រីថ្មី ព្រះជាម្ចាស់សព្វព្រះហឫទ័យចងសម្ពន្ធមេត្រីជាមួយមនុស្សទាំងអស់ ដែលផ្ញើជីវិតលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រា។
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
ព្រះគម្ពីរកាតូលិកមានកណ្ឌគម្ពីរសរុបទាំងអស់ចំនួន ៧៣ កណ្ឌ។ រីឯព្រះគម្ពីរប្រូតេស្តង់មានចំនួនតែ ៦៦ កណ្ឌប៉ុណ្ណោះ។ ដ្បិតនៅក្នុងព្រះគម្ពីរកាតូលិកមានគម្ពីរទុតិយកណ្ឌ ឬបញ្ជីទី ២ មាន ៧ កណ្ឌបន្ថែមគឺ គម្ពីរយូឌីត តូប៊ីត ម៉ាកាបាយទី១ និងទី២ ព្រះប្រាជ្ញាញាណ បេនស៊ីរ៉ាក និងបារូក។ កណ្ឌគម្ពីរទាំង៧នេះ មានតែនៅក្នុងព្រះគម្ពីរកាតូលិកប៉ុណ្ណោះ លើកលែងតែព្រះគម្ពីរប្រូតេស្តង់ ជាហេតុនាំឱ្យព្រះគម្ពីរកាតូលិកមានចំនួន ៧៣ កណ្ឌ ហើយព្រះគម្ពីរប្រូតេស្តង់មានចំនួនតែ ៦៦ កណ្ឌ។ ក្នុងចំណោមកណ្ឌគម្ពីរចំនួន ៧៣ នេះ ចែកចេញជាពីរភាគសំខាន់ៗ គឺគម្ពីរសម្ពន្ធមេត្រីទី១ មាន ៤៦ កណ្ឌ និងគម្ពីរសម្ពន្ធមេត្រីថ្មីមាន ២៧ កណ្ឌ។
- ព្រះគម្ពីរសម្ពន្ធមេត្រីទី១ មាន ៤៦ កណ្ឌ
គម្ពីរសម្ពន្ធមេត្រីទី១ រៀបរាប់តាំងពីសម័យលោកម៉ូសេរហូតដល់ព្រះយេស៊ូ ដែលថ្លែងអំពីប្រវត្តិសាស្រ្តប្រែប្រួលរបស់ជនជាតិអ៊ីស្រាអែល។ មានតែសៀវភៅទី១ គឺកំណើតពិភពលោកដែលថ្លែងពីមុនកាលសម័យ ដោយរៀបរាប់អំពីកំណើតពិភពលោក អំពីបុរេប្រវត្តិ និងអំពីបុព្វបុរស។ គម្ពីរសម្ពន្ធមេត្រីទី១ តាមបញ្ជីគម្ពីរសាសនបញ្ញត្តិរបស់ព្រះសហគមន៍កាតូលិកបែងចែកជាសំណេរបួនប្រភេទសំខាន់ៗ៖
សំណេរអំពីធម្មវិន័យ មានកណ្ឌគម្ពីរចំនួន៥ ឬបញ្ចកណ្ឌ។ ជនជាតិយូដាហៅគម្ពីរនេះថា គម្ពីរតូរ៉ា ជាសំណេរសំខាន់ជាងគេនៅក្នុងសាសនាយូដា។ កណ្ឌគម្ពីរទាំងនោះមានដូចជា៖
សំណេរអំពីប្រវត្តិសាស្រ្ត មានកណ្ឌគម្ពីរចំនួន១៦។ សំណេរទាំងនេះរៀបរាប់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល និងបុគ្គលសំខាន់ៗជាច្រើនដែលដឹកនាំជនជាតិអ៊ីស្រាអែល មានលោកយ៉ូស៊ូអា ក្រុមវិរបុរស ព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងស្តេចបន្តបន្ទាប់មកទៀត។ កណ្ឌគម្ពីរទាំងនោះមានដូចជា៖
- យ៉ូស៊ូអា (យស)
- វិរបុរស (វប)
- នាងរូថ (រូថ)
- ១សាម៉ូអែល (១សម)
- ២សាម៉ូអែល (២សម)
- ១ពង្សាវតារក្សត្រ (១ពង្ស)
- ២ពង្សាវតារក្សត្រ (២ពង្ស)
- ១របាក្សត្រ (១របា)
- ២របាក្សត្រ (២របា)
- អែសរ៉ា (អរ)
- នេហេមី (នហ)
- យ៉ូឌីត (យឌ)
- តូប៊ីត (តប)
- អែសធែរ (អធ)
- ១ម៉ាកាបាយ (១មបា)
- ២ម៉ាកាបាយ (២មបា)
សំណេរអំពីព្រះប្រាជ្ញាញាណ មានកណ្ឌគម្ពីរចំនួន៧។ កណ្ឌគម្ពីរវែងជាងគេគឺ ទំនុកតម្កើងដែលមានពាក្យអធិដ្ឋាន ចម្រៀង និងកំណាព្យអំពីផ្លូវវិញ្ញាណ។ ទោះបី៣ពាន់ឆ្នាំកន្លងមកហើយក្តី តែសេចក្តីទាំងនេះមិនសាបសូន្យឡើយ។ គេតែងច្រៀង ស្មូត្រ អធិដ្ឋាននៅក្នុងព្រះវិហារ និងនៅក្នុងធម្មសាលា។ កណ្ឌគម្ពីរអំពីព្រះប្រាជ្ញាញាណមានដូចជា៖
- ទំនុកតម្កើង (ទំន)
- យ៉ូប (យ៉ូប)
- សុភាសិត (សុភ)
- បទចម្រៀង (បច)
- សាស្តា (សស)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
- បេនស៊ីរ៉ាក់ (បសរ)
សំណេរព្យាការី មានកណ្ឌគម្ពីរចំនួន១៨ បែងចែកជាព្យាការីធំៗចំនួន៤ និងព្យាការីតូចៗចំនួន១៤។ សំណេរព្យាការីទាំងអស់ជាសារនៃព្រះបន្ទូលមកពីព្រះជាម្ចាស់សម្រាប់ពិភពលោក។ ដ្បិតព្យាការីថ្លែងព្រះបន្ទូលព្រះអម្ចាស់ដើម្បីលើកទឹកចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្ស ពោលគឺ សេចក្តីសង្ឃឹមចំពោះសម្ពន្ធមេត្រីថ្មី។ ព្យាការីធំៗសំដៅលើសំណេរដែលវែងរួមមានព្យាការី៖
ព្យាការីតូចៗសំដៅលើសំណេរខ្លីៗដែលបានបន្សល់ទុករួមមានដូចជាព្យាការី៖
- យ៉ូអែល (យអ)
- អម៉ូស (អម)
- អូបាឌី (អឌ)
- យ៉ូណាស (យណ)
- មីកា (មីក)
- ណាហ៊ូម (ណហ)
- ហាបាគូក (ហគ)
- សេផានី (សផ)
- ហាកាយ (ហក)
- សាការី (សក)
- ម៉ាឡាគី (មគ)
- សំណោក (សណ)
- ដានីអែល (ដន)
- បារូក (បារ)
- ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមាន ២៧ កណ្ឌ
នៅពេលកំណត់មកដល់ បន្ទាប់ពីមានគម្រោងការយ៉ាងយូរ ព្រះជាម្ចាស់បានចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកប្រសូតនៅភូមិបេថ្លេហិម ត្រូវគេឆ្កាង និងសោយព្រះទិវង្គតនៅទីក្រុងយេរ៉ូសាឡឹម។ សម្ពន្ធមេត្រីថ្មីរវាងព្រះជាម្ចាស់ និងមនុស្សលោកចងឡើងក្នុងអង្គព្រះយេស៊ូគ្រីស្ត។ កណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូលថ្លែងអំពីព្រះអង្គ។ សំណេរនេះបែងចែកជា៥ផ្នែកសំខាន់ៗ៖
គម្ពីរដំណឹងល្អមាន៤ ថ្លែងអំពីព្រះបរមកិច្ចរបស់ព្រះយេស៊ូ និងអំពីសេចក្តីដែលព្រះអង្គបានបង្រៀន ជាពិសេស ថ្លែងអំពីព្រះអង្គដែលសោយទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីលោះមនុស្សលោក។ គម្ពីរដំណឹងល្អទាំងនោះមាន៖
កណ្ឌគម្ពីរប្រវត្តិសាស្រ្ត មានចំនួនកណ្ឌគម្ពីរតែ១ ដែលបង្ហាញអំពីប្រវត្តិព្រះសហគមន៍ ចាប់ផ្តើមតាំងពីនៅគ្រាដំបូងក្នុងក្រុងយេរ៉ូសាឡឹម និងរៀបរាប់អំពីបេសសកម្មរបស់ក្រុមគ្រីស្តទូត ជាពិសេស គ្រីស្តទូតប៉ូលដែលបានធ្វើដំណើរប្រកាសដំណឹងល្អនៅពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេរហូតដល់ទីក្រុងរ៉ូម។ កណ្ឌគម្ពីរនោះគឺ៖
លិខិតរបស់គ្រីស្តទូតប៉ូល មានចំនួន១៣ ពោលគឺ ស្មើនឹង១ភាគ ១នៃសំណេរគម្ពីរសម្ពន្ធមេត្រីថ្មី។ លិខិតទាំងនោះ គ្រីស្តទូតប៉ូល និងសហការីជាអ្នកនិពន្ធផ្ញើជូនព្រះសហគមន៍ដើមដំបូង ដើម្បីពន្យល់ និងពង្រឹងជំនឿរបស់ព្រះសហគមន៍។ លិខិតរបស់គ្រីស្តទូតប៉ូលមាន ១៣ ច្បាប់គឺ៖
- រ៉ូម (រម)
- ១កូរិនថូស (១ករ)
- ២កូរិនថូស (២ករ)
- កាឡាទី (កាឡ)
- អេភេសូ (អភ)
- ភីលីព (ភីល)
- កូឡូស (កូឡ)
- ១ថេស្សាឡូនិក (១ថស)
- ២ថេស្សាឡូនិក (២ថស)
- ១ធីម៉ូថេ (១ធម)
- ២ធីម៉ូថេ (២ធម)
- ទីតុស (ទត)
- ភីលេម៉ូន (ភល)
លិខិតសកលមានចំនួន៥គឺ៖
ផ្នែកចុងក្រោយ គឺសំណេររបស់គ្រីស្តទូតយ៉ូហានមានចំនួន៤គឺ៖
កណ្ឌគម្ពីរចុងក្រោយ មានចំនួនតែ១ថ្លែងអំពីព្រះគ្រីស្តសម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់។ កណ្ឌគម្ពីរនេះ សន្តយ៉ូហានបង្ហាញនូវទស្សនវិស័យនៃអតីតកាល និងអនាគតកាលរបស់ព្រះសហគមន៍។ គ្រីស្តទូតយ៉ូហានជាគ្រីស្តទូតរស់នៅចុងក្រោយគេ ហើយលិខិតរបស់លោកជាលិខិតចុងក្រោយបង្អស់ ដើម្បីបញ្ចប់កណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី។
នេះហើយជារចនាសម្ពន្ធនៃព្រះគម្ពីរគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក ដែលបានបែងចែកជាពីរផ្នែក គឺសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី។ ក្នុងផ្នែកនីមួយៗមានសំណេរផ្សេងៗដែលយើងគប្បីស្គាល់ និងយល់អំពីលក្ខណៈពិសេសនៃព្រះគម្ពីរ។
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
រាល់កណ្ឌគម្ពីរនីមួយៗមានបែងចែកជាលេខជំពូក ហើយជំពូកនីមួយៗមានបែងចែកជាលេខខ ដោយមានរបៀបសរសេរជាក់លាក់ ដើម្បីងាយស្រួលកំណត់ចំណាំ និងស្វែងរកអត្ថបទណាមួយនៅព្រះគម្ពីរ។ ដំបូងឡើយ គ្រប់សំណេរនៃកណ្ឌគម្ពីរនីមួយៗក្នុងព្រះគម្ពីរទាំងអស់ គ្មានការបែងចែកជាជំពូក និងខនោះទេ។ ការរៀបចំបែងចែកជំពូក និងខនេះធ្វើឡើង ចាប់ពីសតវត្សរ៍ទី១៣ នៃគ.ស។ ដើម្បីស្វែងរកអត្ថបទព្រះគម្ពីរណាមួយ គេត្រូវស្វែងរក ចំណងជើង កណ្ឌគម្ពីរ រួចហើយស្វែងរកលេខ ជំពូក ក្នុងអត្ថបទ និងលេខខ។ ឧបមាថាៈ ប្រសិនបើគេចង់ស្វែងរក (លក ១៥,១-៧) សំដៅទៅលើអត្ថបទព្រះគម្ពីដំណឹងល្អតាមសន្តលូកា ជំពូក១៥ ចាប់ពីខ១ ដល់ខ៧ គេត្រូវធ្វើតាមជំហ៊ានដូចខាងក្រោម៖
ចំណងជើងកណ្ឌគម្ពីរ៖ ក្នុងព្រះគម្ពីរមានមាតិកានៅក្នុងទំព័រដើមដំបូងបង្អស់។ ក្នុងមាតិកានោះមានចំណងជើងកណ្ឌគម្ពីរ និងអក្សរកាត់ ព្រមទាំងមានលេខទំព័រនៃកណ្ឌគម្ពីរនីមួយៗ។
– ឧទាហរណ៍៖
- កណ គឺកណ្ឌព្រះគម្ពីរកំណើតពិភពលោក
- មថ គឺកណ្ឌព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ
- រម គឺលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម
បន្ទាប់ពីឃើញចំណងជើងនៃកណ្ឌគម្ពីរស្ថិតនៅក្នុងទំព័រណាមួយហើយ យើងត្រូវបើកទៅរកលេខទំព័រនៃកណ្ឌគម្ពីរនោះ។ រួចហើយយើងរកមើលលេខជំពូកនៃកណ្ឌគម្ពីរ។
លេខជំពូកនៃអត្ថបទគម្ពីរ៖ ក្រោយពីបើកឃើញទំព័រនៃចំណងជើងកណ្ឌគម្ពីរហើយ ត្រូវរកមើលលេខជំពូកដែលមានទំហំធំៗ។
– ឧទាហរណ៍៖
- លក ១៥ គឺព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ជំពូក ១៥
- អស ៤៣ គឺព្រះគម្ពីរព្យាការីអេសាយ ជំពូក ៤៣
លេខខក្នុងអត្ថបទគម្ពីរ៖ នៅក្នុងលេខជំពូកនីមួយៗនៃអត្ថបទព្រះគម្ពីរ មានរួមបញ្ចូលលេខខជាច្រើន។
– ឧទហរណ៍៖
- ទំន ២៣,១-៣ គឺទំនុកតម្កើងលេខ ២៣ ខ១ ដល់ ខ៣
- យក ៣,៥-៦ គឺលិខិតរបស់សន្តយ៉ាកុប ជំពូក ៣ ខ៥ ដល់ ខ៦
- ១យហ ៣,២០-២១.២៤; ៤,៧-១១ គឺលិខិតទី១របស់សន្តយ៉ូហាន ជំពូក៣ ខ២០ ដល់ ខ២១ និងខ២៤ និងជំពូក៤ ខ៧ ដល់ ខ១១។
របៀបសរសេរតាមទម្រង់ភាសាបារាំង
ជំពូក និង ខខ័ណ្ឌចែកដោយសញ្ញាក្បៀស (,)
– ឧទាហរណ៍៖ យហ ៣,១៦
ខ និង ខ ខ័ណ្ឌចែកដោយសញ្ញាចុចមួយ (.)
– ឧទាហរណ៍៖ ១ករ ៩,១៦.១៩
ជំពូក និង ជំពូកខ័ណ្ឌចែកដោយសញ្ញាចុចក្បៀស (;)
– ឧទាហរណ៍៖ សរ ១៣,១៧; ១៤,១
សញ្ញាដក (-) គឺរហូតដល់
– ឧទាហរណ៍៖ ១យហ ៣,២០-២១.២៤; ៤,៧-១១
របៀបសរសេរតាមទម្រង់ភាសាអង់គ្លេស
ជំពូក និង ខខ័ណ្ឌចែកដោយសញ្ញាចុចពីរ (:)
– ឧទាហរណ៍៖ យហ ៣:១៦
ខ និង ខ ខ័ណ្ឌចែកដោយសញ្ញាចុចមួយ (.)
– ឧទាហរណ៍៖ ១ករ ៩:១៦.១៩
ជំពូក និង ជំពូកខ័ណ្ឌចែកដោយសញ្ញាចុចក្បៀស (;)
– ឧទាហរណ៍៖ សរ ១៣:១៧; ១៤:១
សញ្ញាដក (-) មានន័យថារហូតដល់
– ឧទាហរណ៍៖ ១យហ ៣:២០-២១.២៤; ៤:៧-១១
កំណត់ចំណាំ
នៅក្នុងកណ្ឌព្រះគម្ពីរខ្លះខ្លី គ្មានជំពូកទេ មានតែលេខខប៉ុណ្ណោះដូចជា កណ្ឌគម្ពីរព្យាការី អូបាឌី ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ និងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកភីលេម៉ូន លិខិតទី២ និងទី៣របស់សន្តយ៉ូហាន ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។
នៅក្នុងព្រះគម្ពីរទាំងមូលមានកណ្ឌគម្ពីរមួយចំនួនដែលសរសេរលេខនៅពីខាងមុខចំណងជើងដូចជា៖
សម្ពន្ធមេត្រីទី១មានៈ ១និង២សាមូអែល ១និង២ពង្សាវតារក្សត្រ ១និង២របាក្សត្រ ១និង២ម៉ាកាបាយ។
សម្ពន្ធមេត្រីថ្មីមានៈ ១និង២កូរិនថូស ១និង២ថេស្សាឡូនិក ១និង២ធីម៉ូថេ ១និង២សិលា ១និង២និង៣យ៉ូហាន។