Translation ពាក្យណែនាំរបស់អ្នកបកប្រែ

ពាក្យ​ណែនាំ​របស់​អ្នក​បកប្រែ

តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ១៩៦២ រហូត​ដល់​ថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ​១៩៦៥ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ទូទាំង​សាកលលោក ៣៥០០​នាក់ បាន​ជួបជុំ​គ្នា​ជា​មហាសន្និបាត​សាកល​លើក​ទី​២១ តាម​ទំនៀមទម្លាប់​ព្រះ​សហគមន៍​ពី​បុរាណ។

អស់​លោក​មាន​គោល​បំណង​រិះគិត​អំពី​របៀប​សម្ដែង​លទ្ធិ​នៃ​ជំនឿ​គ្រីស្ត​សាសនា​​​​ឲ្យ​បាន​ស្រប​តាម​សម័យ​ទំនើប។ អស់​លោក​ចែង​និង​ប្រកាស​ឯកសារ​១៧​ច្បាប់ ដែល​បញ្ជាក់​លទ្ធិ​នៃ​ជំនឿ​របស់​ព្រះ​សហគមន៍​កាតូលិក​យើង​ជា​ផ្លូវការ​នៅ​សតវត្ស​ទី​២០។ ឯកសារ​ទាំង​នោះ​ចែង​ជា​ភាសា​ឡាតាំង ហើយ​មាន​សារៈសំខាន់​ណាស់​តែ​ពិបាក​ស្ដាប់​បន្តិច។ អស់​លោក​អភិបាល​បាន​ជ្រើសរើស​ពាក្យ​នីមួយៗ​ដោយ​ប្រយ័ត្ន​ប្រយែង​គឺ​រក​ពាក្យ​ណា​ដែល​ចំ​នឹង​អត្ថន័យ​នៃ​ជំនឿ។ ពេល​យើង​បកប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ក៏​មាន​គោល​បំណង​ដូច​អស់​លោក​ដែរ គឺ​យើង​ខិត​ខំ​រក​ពាក្យ​ដែល​ចំ​នឹង​អត្ថន័យ​ដើម។ ជួនកាល​យើង​យក​ពាក្យ​ដែល​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង​មិន​ធ្លាប់​ប្រើ​តែ​ពាក្យ​ដែល​យើង​ប្រើ​នោះ​ចំ​នឹង​អត្ថន័យ​ជាង។ បងប្អូន​អ្នកអាន​ត្រូវ​ចាត់​ពាក្យ​ថ្មី​ទាំង​នោះ ទុក​ជា​ជំនួយ​សម្រាប់​ឲ្យ​បងប្អូន​រិះគិត​អំពី​អត្ថន័យ​ដ៏​ជ្រៅ​នៃ​ជំនឿ​របស់​យើង។ យើង​គ្រាន់តែ​ផ្ដល់​យោបល់​ជូន​បងប្អូន​ប៉ុណ្ណោះ មិនមែន​បង្ខំ​បងប្អូន​ឲ្យ​ប្រើ​ពាក្យ​ទាំង​នោះ​ទេ។

១. Creare, Creator, Creatio៖ ក្នុងគមី្ពរភាសាហេប្រឺមានពាក្យពិសេសមួយគឺ (បារ៉ា) សំដៅ​លើ​ព្រះ​រាជ​កិច្ច​របស់​ព្រះជាម្ចាស់​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំងអស់​កើត​ឡើង ដោយ​ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ​ប៉ុណ្ណោះ។ មាន​ពាក្យ​ផ្សេង​សំដៅ​ទៅលើ​ឪពុកម្ដាយ​ដែល​បន្ត​ជីវិត​ឲ្យ​កូន។ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ Creare ថា "ប្រតិស្ឋាន" ដែល​មាន​ន័យ​ថា "ចាត់​ចែង​រៀបចំ​ដោយ​ប្រាជ្ញា"។

  • Creator៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ព្រះអាទិករ" ដែល​មាន​អត្ថន័យ​ថា "អ្នក​ផ្ដើម​ធ្វើ​មុន​ អ្នក​កសាង​លោក"។
  • Creatio៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "សត្វលោក​ទាំងឡាយ" ឬ​អ្វីៗ​ដែល​ព្រះជាម្ចាស់​ប្រតិស្ឋាន​មក។

២. Credere, Fides, Fideles, Doctrina: យើង​បាន​សន្មត​ប្រែ​ពាក្យ Credere ថា "ផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត"  ជា​អត្ថន័យ​សមនឹង​ពាក្យ​ដើម។ ពាក្យ "ជឿ" "ជំនឿ" ដែល​គ្រីស្ត​បរិស័ទ​តែង​ប្រើ​តាំង​ពី​ដើម​រៀង​មក​មាន​អត្ថន័យ​ទូលំទូលាយ​ពេក​មិន​សូវ​ច្បាស់ នាំ​ឲ្យ​ពុទ្ធ​បរិស័ទ​យល់​ឃើញ​ថា គ្រីស្ត​បរិស័ទ​យើង​ជា​មនុស្ស​ល្ងង់ ជឿ​ដោយ​មិន​រិះគិត​ពិចារណា។

  • Fides៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ជំនឿ"។
  • Fideles៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "គ្រីស្ត​បរិស័ទ" គឺ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត។
  • Doctrina៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "លទិ្ធ" លទ្ធិ​នៃ​ជំនឿ លទ្ធិ​នៃ​គ្រីស្ត​សាសនា។

៣. Laïcus៖ ក្នុង​ភាសា​ក្រិក​ជា​ភាសា​ដើម​ពាក្យ Laïcos សំដៅ​ទៅ​លើ​សមាជិក​នៃ​ប្រជារាស្រ្ត​របស់​ព្រះ​​​​ជាម្ចាស់។ តាំង​ពី​យូរយារ​មក​ហើយ គ្រីស្ត​បរិស័ទ​ខ្មែរ​តែងតែ​បកប្រែ​ពាក្យ​នេះ​ថា "គ្រហស្ថ" ដែល​សំដៅ​ទៅ​លើ​ពុទ្ធបរិស័ទ​ដែល​មិន​បួស​ជា​ព្រះសង្ឃ។ តែ​ពាក្យ​នេះ​នាំ​ឲ្យ​ច្រឡំ និង​ស្មាន​ថា ក្នុង​ព្រះសហគមន៍​មាន​គ្រីស្តបរិស័ទ​ខ្លះ​ឋានៈ​ទាប​ជាង​លោក​គង្វាល ឬ​ទាប​ជាង​បព្វជិត បព្វជិតា​ដែល​ជា​អ្នក​បុណ្យ។ តាម​ជំនឿ​នៃ​គ្រីស្ត​សាសនា​វិញ គ្រីស្ត​បរិស័ទ​ទាំងអស់​ជា​បងប្អូន​ដែល​មាន​ឋានៈ​ស្មើ​គ្នា​ទាំងអស់​ជា "ក្រុម​បូជាចារ្យ​របស់​ព្រះមហាក្សត្រ" (១សល២,៨)។ តែ​ក្នុង​ព្រះសហគមន៍ មាន​គ្រីស្ត​បរិស័ទ​ខ្លះ​ទទួល​មុខងារ​បម្រើ​ព្រះសហគមន៍ (១ករ១២,៥)។ អ្នក​បំពេញ​មុខងារ​បម្រើ​ទាំង​នោះ​មិន​មែន​ជា​គ្រីស្តបរិស័ទ​ដ៏​ប្រសើរ​ជាងគេ ឬ​មាន​ឋានៈ​ខ្ពស់​ជាង​គ្រីស្តបរិស័ទ​ឯទៀតៗ​ទេ។ តាម​ព្រះ​សហគមន៍ ដែល​កាន់​តាម​របៀបរបប​ពិធី​ផ្សេងៗ​បូជាចារ្យ​មាន​គ្រួសារ។រីឯ​បព្វជិត បព្វជិតា​ជា​គ្រីស្ត​បរិស័ទ​ដែល​រស់​នៅ​តាម​របៀប​ប្លែក​ពី​គេ ដោយ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់ទុកជាសញ្ញាសម្គាល់អំពីព្រះរាជ្យ  តែ​គ្មាន​ឋានៈ​ប្រសើរ​ជាង​គ្រីស្ត​បរិស័ទ​ឯទៀតៗ​ទេ។ ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រើ​ពាក្យ Laïcus នេះ​ថា "គ្រីស្ត​បរិស័ទ​ធម្មតា"។

៤. Liturgia៖ តាម​ភាសា​ដើម​ពាក្យ​នេះ សំដៅ​ទៅ​លើ​កិច្ចការ​រួម​របស់​ប្រជាជន​ដែល​គោរព​ព្រះ​របស់​ខ្លួន។ តាំង​ពី​ដើម​រៀង​មក​គ្រីស្ត​បរិស័ទ​ខ្មែរ​តែង​បកប្រែ​ថា "ពិធី​បុណ្យ"។ ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​ដឹង​ថា យើង​មិន​ពឹង​លើ​កុសល​ផល​បុណ្យ ឬ​លើ​ផល​អានិសង្ស​នៃ​បុណ្យ​ទេ តែ​យើង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ​យេស៊ូ​ជា​អម្ចាស់ និង​ជា​ព្រះ​សង្គ្រោះ។ ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ពិធី​គោរព​ប្រណិប័តន៍" ដែល​មិន​នាំ​ឲ្យ​នរណា​ច្រឡំ​ឡើយ។

  • Cultum៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ការ ឬ​ពិធី​គោរព​បម្រើ​ព្រះ​ជាម្ចាស់ "។
  • Rituum, ceremonia៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ពិធី"។
  • Orientale Ritum៖ ក្នុង​ព្រះ​សហគមន៍​កាតូលិក​យើង​មាន​ក្រុម​គ្រីស្ត​បរិស័ទ​តែងតែ​គោរព​ប្រណិប័តន៍ព្រះ​ជាម្ចាស់​តាម​ពិធី​ប្លែក​ពី​គ្នា គឺ​មាន​របៀប​គោរព​ប្រណិប័តន៍​តាម​ព្រះសហគមន៍​ក្រុង​រ៉ូម មាន​របៀប​គោរព​​​ប្រណិប័តន៍​តាម​ព្រះសហគមន៍​ក្រិក​ កូប្ទ ស្លាវ៉ុង។ល។​និង។ល។ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "របៀប​របប​ពិធី"។
  • Divinum Officium៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ពិធី​លើក​តម្តើង​សិរីរុងរឿង​ព្រះជាម្ចាស់​តាម​ពេល​កំណត់"។
  • Rituale៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ក្បួន​ពិធី" "សៀវភៅ​ក្បួន​ពិធី"។
  • Predicatio៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "ពិធី​អត្ថាធិប្បាយ​គម្ពីរ" ព្រោះ​ពាក្យ "ធម្ម​ទេសនា" ដែល​យើង​ធ្លាប់​ប្រើ​នោះ សំដៅ​តែ​លើ​ការ​ពន្យល់​ធម៌​ប៉ុណ្ណោះ រីឯ​អ្នក​ធ្វើ​ពិធី​អត្ថាធិប្បាយ​គម្ពីរ​យក​ចិត្ត​ទុក​ដាក់​បកស្រាយ​បន្ទូល ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ការ​រស់​នៅ​របស់​គ្រីស្ត​បរិស័ទ។ ក្នុង​ឯកសារ "ពិធី​គោរព​ប្រណិប័តន៍" អស់​លោក​ចែង​ថា ការ​អត្ថាធិប្បាយ​គម្ពីរ​ពិត​ជា​ពិធី​មួយ​ក្នុង​អភិបូជា (ពិធី​​​​​​៥២)។

៥. Magisterium, Traditio៖ យើង​សន្មត​ប្រែ​ពាក្យ Magisterium នេះ​ថា "ការ​បង្រៀន” (មិន​គ្រាន់​តែ​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម​ប៉ុណ្ណោះ)។ Traditio៖ “ការ​បញ្ជូន​បន្ត"។

៦. Mysterium៖  អត្ថន័យ​ដើម គឺ​គម្រោងការ​ដ៏​លាក់​កំបាំង ដែល​ព្រះជាម្ចាស់​បាន​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ដោយសារ​ព្រះគ្រីស្ត (អភ៣, ៣-៤) តែឥឡូវ​លែង​លាក់​បាំង​ហើយ។ ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា "គម្រោង​ការ​ដ៏​អស្ចារ្យ"។ ជួនកាល​យើង​ប្រែ​ថា "ព្រឹត្តិការណ៍" គឺ​សំដៅ​ទៅ​លើ​ហេតុការណ៍ ដែល​កើត​ក្នុង​ប្រវត្តិ​ជីវិត​ព្រះ​យេស៊ូ (កំណើត​ ការសោយ​ទិវង្គត។ល។)។ ជួនកាល​យើង​ប្រែ​ថា "ការ​អាថ៌កំបាំង"។

៧. Ministerium, Munus, officium៖ យើង​សន្មត​ប្រែ​ពាក្យ​ទាំង​បី​នេះ​ថា "មុខងារ​បម្រើ​បន្ទុក​ការ​​​ងារ"​​​។

​​​៨. Pontifex​​​ Summus ៖ ពាក្យ​នេះ​បញ្ចាក់​អំពី​ឋានន្តរសក្ដិ​របស់​ព្រះចៅ​អធិរាជ​ក្រុង​រ៉ូម ដែល​មានន័យ​ថា "មហា​បូជាចារ្យ" បម្រើព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​ក្រុង​រ៉ូម។ មហា​សន្និបាត​ចែង​ពាក្យ Pontifex ​​​Summus ច្រើន​ជាង​គេ។ ជួនកាល​មាន​ចែង Romanus Episcopus គឺ "អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម" (ពន្លឺ២២)។ ​មាន​ចែង​ពាក្យ Papa (គឺ "លោកតា") តែពីរឬបីដងទេ។ ក្នុង​ឯកសារ​ទាំង​នោះ​មាន​ចែង​អំពី​អំណាច​របស់​លោក​ដែល​ជា "មេ​ដឹកនាំ" (Caput) ជា "ប្រធាន" (Praesidium) របស់​ក្រុម​អភិបាល គឺ​មាន​បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​អភិបាល​ឯទៀតៗ ក្នុង​ឋានៈ​លោក​ជា​អ្នក​បន្ត​មុខងារ​ពី​គ្រីស្ត​ទូត​សិលា​មក រីឯ​អភិបាល​ឯទៀតៗ បន្ត​មុខងារ​ពី​ក្រុម​គ្រីស្ត​ទូត​វិញ។ ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​ទាំង​ពីរ​នោះ ដោយ​ពាក្យ​តែ​មួយ​គឺ "អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម"។ នៅ​ខាង​ដើម​ឯកសារ​ទាំង​ប៉ុន្មាន លោក​ប៉ូល​ទី៦ សរសេរ​ថា "ខ្ញុំ​ប៉ូល​ជា​អភិបាល"។ នៅខា​ងក្រោម​ឯកសារ​នីមួយៗ លោកសរសេរ​ថា "ខ្ញុំ​ប៉ូល​អភិបាល​ព្រះ​សហគមន៍​កាតូលិក រួម​ជាមួយ​អភិបាល​ឯទៀតៗ"។ តាំង​ពី​ដើម​រៀង​មក​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង​តែង​ប្រើ​ពាក្យ "សម្តេចប៉ាប" ដោយ​មាន​បំណង​ប្រៀប​ធៀប​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម ទៅ​នឹង​សម្ដេច​សង្ឃ តែ​គំនិត​នេះ​ខុស​នឹង​ព្រះបន្ទូល​ផ្ដែផ្ដាំ​របស់​ព្រះ​យេស៊ូ។

៩. Presbyter, Sacerdos៖ ក្នុង​ភាសា​ដើម (ហេប្រឺ-ក្រិក-ឡាតាំង) មាន​ចែង​ពាក្យ Cohen, Iereus, ​​​Sacerdos។ តាំង​ពី​ឆ្នាំ១៩៧០ គ្រីស្ត​បរិស័ទ​ខ្មែរតែង​​បក​ប្រែ​ពាក្យ​នេះ​ថា "បូជាចារ្យ" ជា​ពាក្យ​ចំ​នឹង​អត្ថន័យ​ដើម គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​បូជាយញ្ញ​ដុត​ថ្វាយ​ព្រះជាម្ចាស់​តាម​របៀប​គម្ពីរ​សម្ពន្ធមេត្រី​ចាស់។ ពាក្យ​នេះ​ក៏​ចំ​នឹង​ព្រះ​យេស៊ូ​ជា​មហា​បូជាចារ្យ​របស់​យើង (ហប៧, ១១-២៨) ហើយ​ក៏​ចំ​នឹង​គ្រីស្ត​បរិស័ទ ដែល​យក​អ្វី​ទាំងអស់​ក្នុង​លោក​នេះ​មក​ថ្វាយ​ព្រះ​បិតា (១សល២,៨)។

ក្នុង​ភាសា​ដើម​ទាំង​បី​នោះ ក៏​មាន​ពាក្យ​មួយ​ទៀត​គឺ Zichn-Presbyteros-Presbyter។ តាំង​ពី​ឆ្នាំ​១៩៧០ គ្រីស្ត​បរិស័ទ​ខ្មែរតែង​តែ​បក​ប្រែ​ពាក្យ​នេះ​ថា "បូជាចារ្យ" ដដែលនោះ តែ​របៀប​បកប្រែ​នេះ​ខុស​នឹង​អត្ថន័យ​ដើម។ ក្នុង​គម្ពីរ​អន្តរ​និកាយ​យើង​បកប្រែ​ថា "ព្រឹទ្ធាចារ្យ" ដែល​ចំ​នឹង​អត្ថន័យ​ដើម។ ប៉ុន្តែ ​តាំង​ពី​ពេល​រដ្ឋាភិបាល​បង្កើត​ព្រឹទ្ធសភា​មក​ យើង​មិន​អាច​ប្រើ​ពាក្យ​នេះ​បាន​ទេ។

ឯកសារ​នៃ​មហា​សន្និបាត​ក្រោមចំណងជើងថា "ពិធី​គោរព​ប្រណិប័តន៍" មាន​ប្រើ​តែ​ពាក្យ Sacerdos ប៉ុណ្ណោះ​​​។ ក្នុង​ឯកសារ "ការ​រស់​នៅ​របស់​លោក​គង្វាល" មាន​ប្រើ​ពាក្យ Sacerdos ប្រហែល​ម្ភៃ​ដង ហើយ​ពាក្យ Presbyter ច្រើន​ជាង។ ក្នុង​ឯកសារ​ឯទៀតៗ​មាន​ចែង​ពាក្យ Sacerdos និង Presbyter លាយឡំ​គ្នា។ ក្នុង​ឯកសារ​ខ្លះ​មាន​ចែង​ពាក្យ Pastor (គង្វាល) សំដៅ​ទៅ​លើ​លោក​អភិបាល ហើយ​ជួនកាល​ទៅ​លើ Presbyter តែ​ម្តង (ពិធី៤២)។

ហេតុនេះ​បាន​ជា​យើង​សន្មត​បកប្រែ​ពាក្យ Presbyter ថា "លោក​គង្វាល" តាម កក ២០,៣៨ និង​តាម​ទម្លាប់​ប្រទេស​ខ្លះ​ដែល​និយាយ​ភាសា​អង់គ្លេស។ លោក​គង្វាល​នេះ ជា​សហការី​របស់​លោក​អភិបាល​ក្នុង​ឋានៈ​លោក​ជា​គង្វាល ហើយ​ទទួល​ចំណែក​ក្នុង​មុខងារ​ទាំងបី​របស់​លោក គឺ​មុខងារបង្រៀន​​​​ មុខងារនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​បាន​វិសុទ្ធ និង​មុខងារគ្រប់គ្រង​ព្រះ​សហគមន៍។

Clergé: យើង​បាន​បកប្រែ "ក្រុម​បូជាចារ្យ" ឬ "ក្រុម​គង្វាល" តាម​កន្លែង។

១០. Resurrectio៖ ពាក្យ​នេះ​មានន័យ​ថា "ក្រោក​ឈរ​ឡើង"។ ព្រះ​សហគមន៍​យក​ពាក្យ​នេះ មក​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​កើត​មក​លើ​លោក​យេស៊ូ ក្រោយ​ពី​លោក​ស្លាប់ គឺ​ព្រះ​ជាម្ចាស់​ប្រោស​ឲ្យ​លោក​មាន​ជីវិត​វិញ ព្រះអង្គ​លើក​លោក​ឡើង​តែង​តាំង​ជា​ព្រះ​គ្រីស្តនិង​ជា​ព្រះអម្ចាស់ ហើយ​ប្រទាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ឲ្យ​ព្រះ​យេស៊ូ​ចាក់​បង្ហូរ​លើ​ក្រុម​សាវ័ក។ តាម​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​កណ្ឌ​ការ​ណ៍ទាំង​បី​នោះ ជា​ព្រឹត្តិការណ៍​តែមួយ​គត់។ តែ​លោក​លូកា​ដែល​ចែង​កណ្ឌ​កិច្ចការ​គ្រីស្ត​ទូត​បាន​បំបែក​ព្រឹត្តិការណ៍​តែ​មួយ​នេះ ហាក់​ដូចជា​ព្រឹត្តិការណ៍​បី​វិញ (កក ១,១-២) ក្នុង​គោល​បំណង​លាត​ត្រដាង​អត្ថន័យ​តាម​​ថ្ងៃ​បុណ្យ​របស់​ជនជាតិ​យូដា។ ដូច្នេះ​យើង​សន្មត​បកប្រែ​ពាក្យ​នេះ​ថា "ព្រះ​យេស៊ូ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុងរឿង" ឬ "មាន​ព្រះជន្ម​ថ្មី"។ យើង​ជៀសវាង​ពាក្យ "ឡើង​វិញ"  កុំ​នាំ​ឲ្យ​មាន​នរណា​ច្រឡំ ដោយ​គិត​ថា ព្រះ​យេស៊ូ​មាន​ព្រះជន្ម​ដូច​ពី​មុន ឬ​ចាប់​ជាតិ​ឡើយ។

១១. Vocatio៖ ធម្មតា​យើង​បកប្រែ​ពាក្យ​នេះ​ថា "ព្រះ​ជាម្ចាស់​ត្រាស់​ហៅ" ជួនកាល "ទិសដៅ​កំណត់" ជួនកាល "ឧប​និស័យ"។

ការ​បកប្រែ​នេះ គ្រាន់​តែ​ជា​ការ​ល្បង​លមើល​ប៉ុណ្ណោះ។ អ្នក​មាន​យោបល់​ផ្សេងៗ​ចង់​កែ​សម្រួល សូម​ផ្ញើ​សេចក្តី​ទាំង​នោះ​ទៅ fponchaud@gmail.com ។

សូមអរគុណ
François PONCHAUD
ភ្នំពេញ, ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២

Opening Message សារបើកមហាសន្និបាត

សារនៃមហាសន្និបាតផ្ញើជូនមនុស្សទាំងអស់
នៅពេលបើកមហាសន្និបាត

ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦២

យើងជាអភិបាលព្រះសហគមន៍កាតូលិកទាំងប៉ុន្មាន សូមគោរពជូនមកប្រជាជាតិនានា។ យើង​សូម​សម្ដែង​សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមនុស្សទាំងអស់ សូមឲ្យមនុស្សទាំងអស់បានប្រកប​ដោយ​សេចក្ដីសុខសាន្ត ដែលព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់​ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ​នាំមក​ក្នុងពិភពលោកយើងនិងបានផ្ញើឲ្យព្រះសហគមន៍របស់ព្រះអង្គ។

យើងជួបជុំគ្នាតាមសេចក្ដីអញ្ជើញរបស់លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានទី២៣ និង​យើង​ព្យាយាម​អធិដ្ឋានរួមគ្នា ដោយមាននាងម៉ារីជាមាតាព្រះយេស៊ូ រួមជាមួយផងដែរ។ យើងនៅទីនេះ ក្នុងឋានៈ​ជា​អ្នក​បន្ត​មុខងារពីក្រុមគ្រីស្តទូតមក ដោយ​មានអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែល​បន្ត​មុខងារ​ពីគ្រីស្តទូត​សិលា​ជា​ប្រធាន។

សូមពន្លឺនៃព្រះភ័ក្ត្រព្រះគ្រីស្តចាំងឡើង

ពេលយើងប្រជុំគ្នានៅទីនេះ យើងរិះគិតក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ រករបៀបកែ​សម្រួល​ខ្លួន​យើង​ផ្ទាល់ឲ្យបានជាថ្មី “ឲ្យកាន់តែស្មោះភក្ដីតាមដំណឹងល្អរបស់ព្រះគ្រីស្ត។ យើង​នឹង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​រៀប​រាប់​សេចក្ដីពិតទាំងស្រុងរបស់ព្រះជាម្ចាស់យ៉ាងសុទ្ធសាធ ដោយ​មិនលាក់លៀម​អ្វីឡើយ ជូន​មនុស្ស​នាបច្ចុប្បន្ន​កាល ដើម្បីឲ្យគេអាចយល់យ៉ាង​ច្បាស់ និងភ្ជាប់ចិត្តនឹង​សេចក្ដី​ពិត​នេះ​ដោយ​ចិត្តស្មោះ។

ក្នុងឋានៈយើងជាគង្វាល យើងមានបំណងប្រាថ្នាចង់តបឆ្លើយនឹងតម្រូវការ​របស់អស់អ្នកដែល​ស្វែងរក​ព្រះ​ជាម្ចាស់ "ដោយសង្ឃឹមថា នឹងរកឃើញទាំងស្ទាបស្ទង់។ តាម​ពិតព្រះអង្គមិនគង់នៅ​ឆ្ងាយ​ពី​យើងម្នាក់ៗទេ”។

ហេតុនេះហើយ បានជាយើងសុខចិត្តប្រតិបត្តិតាមព្រះហឫទ័យ​របស់ព្រះគ្រីស្ត ដែលបាន​បូជា​ព្រះជន្ម” ដើម្បី​នាំព្រះសហគមន៍មួយដ៏ឥតស្លាកស្នាម ឥតជ្រីវជ្រួញ ឥតសៅហ្មង ថ្វាយ​ព្រះអង្គ​ផ្ទាល់ "គឺ​យើង​ខិតខំ​អស់​ពី​សមត្ថភាពកែសម្រួលព្រះសហគមន៍នេះ ឲ្យបានជាថ្មីខាងព្រះវិញ្ញាណទាំងអ្នកដឹកនាំ​ទាំងសមាជិក ដើម្បី​ឲ្យ​ព្រះ​សហគមន៍បង្ហាញមុខរបស់ព្រះគ្រីស្ត​ដែលអាចទាក់ទាញចិត្តមនុស្សលោក​បាន គឺ​បង្ហាញព្រះភ័ក្ត្ររបស់ព្រះគ្រីស្ត ដែល​ភ្លឺក្នុងចិត្តយើង "ដើម្បីឲ្យចំណេះ​អំពីសិរីរុងរឿង​នៃ​ព្រះ​ជាម្ចាស់​ចាំងពន្លឺឡើង"។

ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង

យើងជឿថា ព្រះបិតាស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង ទើបព្រះអង្គចាត់ព្រះបុត្រារបស់​ព្រះអង្គ​មក​សង្គ្រោះមនុស្សលោក គឺរំដោះយើងឲ្យបានរួចពីបាបកម្ម និងរួចពីធ្វើទាសករនៃបាបកម្ម​នោះ​ទៀត​ផង។ ព្រះបុត្រា​បាន "សម្រុះសម្រួលមនុស្សយើងឲ្យបានជានាជាមួយព្រះបិតា និងតែងតាំង​សេចក្ដី​សុខសាន្ត ដោយបាន​បូជា​ព្រះជន្ម"។ ហេតុនេះហើយ បាន​ជា​យើង​ពិត​ជាបុត្រធីតារបស់​ព្រះជាម្ចាស់​មែន គឺមិនគ្រាន់តែមានឈ្មោះថា ជា​បុត្រធីតា​ប៉ុណ្ណោះទេ តែយើងពិតជាបុត្រធីតា​របស់​ព្រះអង្គ​ប្រាកដមែន។ ព្រះគ្រីស្តបាន​ចាត់​ព្រះវិញ្ញាណ​ក្នុង​នាម​ព្រះបិតាឲ្យយាងមក ដើម្បីឲ្យយើងអាច​រស់នៅបានដោយមានព្រះជន្មផ្ទាល់របស់ព្រះអង្គ ទាំងស្រឡាញ់​ព្រះ​ជាម្ចាស់ និងស្រឡាញ់បងប្អូន ហើយ​រួបរួមទាំងអស់គ្នាក្នុងអង្គព្រះគ្រីស្ត។

ទោះបីយើងផ្ញើជីវិតលើព្រះគ្រីស្តក្ដី ក៏យើងយកចិត្តទុកដាក់នឹងបន្ទុក​របស់ខ្លួននៅលើផែនដីនេះដែរ គឺជំនឿ​សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ជំរុញយើងឲ្យបម្រើបងប្អូនទាំងស្រុង ដោយយកតម្រាប់​តាម​ព្រះបរម​គ្រូ​ដ៏​ជាទីសក្ការៈរបស់យើង ដែលព្រះអង្គយាងមក "មិនមែនដើម្បីឲ្យគេបម្រើព្រះអង្គទេ តែ​ដើម្បី​បម្រើ​គេ​វិញ"។ ហេតុ​នេះ​ហើយ បានជា​ព្រះអង្គតែងតាំងសហគមន៍មិនមែន ដើម្បីធ្វើជាម្ចាស់​មនុស្ស​លោក​ទេ​តែដើម្បីបម្រើគេវិញ។ "ព្រះ​គ្រីស្តបានបូជាព្រះជន្មសម្រាប់យើង ហេតុនេះហើយយើងក៏​ត្រូវ​បូជា​ជីវិតសម្រាប់បងប្អូនយើងដែរ"។

យើងមានសេចក្ដីសង្ឃឹមថា ការរិះគិតរបស់មហាសន្និបាតនេះ មុខជានឹងជួយឲ្យជំនឿចាំងពន្លឺ​កាន់​តែ​ភ្លឺត្រចះ​ត្រចង់​ឡើង និងជួយកែសម្រួលជីវិតខាងព្រះវិញ្ញាណឲ្យបានជាថ្មីដែរ។ ដូច្នេះ​ការរិះគិតរបស់​មហា​សន្និបាត​យើង​នេះ មុខ​ជា​នឹងធ្វើឲ្យសេចក្តីដែលវិទ្យាសាស្រ្តបានរកឃើញថ្មីៗ និងការចម្រើនឡើង​នៃបច្ចេកទេស ហើយការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ស្ទុះឡើង និងបង្កើតផលដ៏ល្អប្រសើរ​ព្រោះការទាំងបីនោះ​សុទ្ធតែ​ជាទ្រព្យ​ដែល​មាន​តម្លៃ​ដ៏​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។

ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង

យើងមកប្រជុំគ្នានៅទីនេះ ទាំងនាំយកបញ្ហាមនុស្សលោកមករិះគិត គឺទុក្ខវេទនាទាំង​ខាងជីវភាព​ទាំងខាង​វិញ្ញាណទុក្ខលំបាក និងសេចក្ដីប៉ងប្រាថ្នានៃប្រជាជាតិនានា ពីគ្រប់មជ្ឈដ្ឋាននៃ​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​ផ្ញើទុក​មក​យើង។ យើងក៏យកចិត្តទុកដាក់នឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់មនុស្សលោកទៀតផង យើង​សូមសម្តែង​សេចក្ដី​ស្រឡាញ់ និងសេចក្ដីទុកចិត្តចំពោះមនុស្សទាបជាងគេ ចំពោះអ្នក​ក្រីក្រ​ជាងគេ និង​ចំពោះអ្នកទន់ខ្សោយជាងគេ។ ពេល​ព្រះគ្រីស្តទតឃើញបណ្តាជនទាំងឡាយឃ្លានអាហារ មានជំងឺគ្រប់យ៉ាង វង្វេងមិនស្គាល់ផ្លូវ ព្រះអង្គរំជួល​ព្រះ​ហឫទ័យ​អាណិត​មេត្តាគេយ៉ាងណា​យើងក៏រំជួល​ចិត្ត​អាណិតមេត្តាមនុស្សលោកនាបច្ចុប្បន្នយ៉ាងនោះដែរ។ យើង​រួម​សាមគ្គីជាមួយអស់អ្នក​ដែលមិន​អាច​ទៅ​ដល់ការអភិវឌ្ឍន៍ ដែលមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ ព្រោះ​គ្មាន​នរណា​បាន​ជួយ​យ៉ាង​គ្រប់​គ្រាន់ដល់គេនៅឡើយទេ។

ហេតុនេះហើយ បានជានៅក្នុងមហាសន្និបាតនេះ យើងនឹងលើកបញ្ហាលោកីយ៍ទាំងនោះ​មក​រិះគិត​យ៉ាងយូរ គឺ​ជាបញ្ហាទាក់ទិននឹងតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស និងទាក់ទិននឹង​សហគមន៍ដ៏ពិត​ប្រាកដ​នៃ​ប្រជាជាតិនានា។ "ព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្តជំរុញយើង" "ប្រសិនបើនរណា​ម្នាក់​ឃើញ​បងប្អូន​ខ្វះខាតតែមិន​អើពើ​នឹង​គេ​ទេ តើសេចក្ដីស្រឡាញ់របស់​ព្រះជាម្ចាស់​ស្ថិតនៅក្នុងអ្នកនោះ​ដូចម្តេច​កើត?"។

គម្រោងការណ៍ពីរដ៏សំខាន់

ក្នុងសារផ្សព្វផ្សាយតាមវិទ្យុនាថ្ងៃ ១១ កញ្ញា ១៩៦២ លោកយ៉ូហានទី២៣ ជាអភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម បានគូសសង្កត់លើបញ្ហាពីរដែលមានដូចតទៅ៖

-   មុនដំបូងលោកសូមលើកបញ្ហាសន្តិភាពរវាងប្រជាជននានាមករិះគិត។ តើនរណា​មិន​ស្អប់​សង្គ្រាម? តើ​នរណា​មិនចង់បានសន្តិភាព? ព្រះសហគមន៍​ចង់បាន​សន្តិភាព​ច្រើន​ជាង​អ្នក​ឯទៀតៗ​ទាំងអស់ ព្រោះ​ព្រះសហគមន៍ជាមាតារបស់មនុស្សទាំងអស់។ តាម​ប្រសាសន៍​ជា​ញឹកញាប់​របស់លោក​អភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូមនោះ ព្រះសហគមន៍​នៅតែ​ប្រកាស​ថា ខ្លួន​ស្រឡាញ់សន្តិភាពប៉ងចង់បានសន្តិភាព ចង់​រួមសហការ​យ៉ាង​ស្មោះ ជាមួយ​អស់​លោក​អ្នក​ដែល​ខិតខំកសាងសន្តិភាពដោយចិត្តទៀងត្រង់។ ព្រះ​សហគមន៍​ខិតខំ​អស់ពីសមត្ថភាព​ធ្វើ​ឲ្យប្រជាជាតិនានាទាក់ទងគ្នាទៅវិញទៅមក ឲ្យយល់​ចិត្ត​គ្នា​ឲ្យ​រាប់រកគ្នាទៀតដែរ។ មហា​សនិ្នបាតយើងនេះ ក៏ផ្តល់សក្ខីភាពដ៏រស់រវើក ដែលអាចមើល​ឃើញ​បាន​ថា ខ្លួនជាសញ្ញា​សម្គាល់អំពីមនុស្សដែលមានជាតិសាសន៍ប្លែកពីគ្នា​ប្រជាជាតិ និងភាសាប្លែកពីគ្នា ពិត​ជា​សហគមន៍​ដែលស្រឡាញ់គ្នា​ដូចបងប្អូនបង្កើតមែន។ យើងសូមប្រកាសថា មនុស្សគ្រប់ៗគ្នា​អាច​រួបរួមគ្នាដូចជាបងប្អូនបង្កើត បានដោយគ្មានព្រំដែន និងគ្មានអរិយធម៌ណា​មក​បំបែក​គេ​បាន​ឡើយ។

-   បន្ទាប់មកលោកយ៉ូហានទី២៣ ជាអភិបាលព្រះសហគមន៍​ក្រុងរ៉ូម រំឭកយើងអំពីបញ្ហា​យុត្តិធម៌​ក្នុង​សង្គម។ សារលិខិតរបស់លោកក្រោមចំណងជើងថា "ព្រះសហគមន៍​ជាមាតា និង​ជាគ្រូ" បញ្ជាក់​យ៉ាង​ជាក់​ច្បាស់ថា មនុស្សលោកទំនើបត្រូវការ​ព្រះសហគមន៍ជាង​សម័យ​មុនៗ​ទៅទៀត ដើម្បី​បង្ហាញ​បញ្ជាក់អំពីភាពអយុត្តិធម៌និងភាពមិនស្មើគ្នា ដែលមនុស្ស​ទ្រាំមិន​បាន។ ព្រះសហគមន៍​អាច​ជួយ​មនុស្ស​លោក ឲ្យដឹងថាមានសេចក្តីខ្លះ ដែលជាតម្លៃដ៏ថ្លៃថ្នូរ​តាមលំដាប់លំដោយ យ៉ាងពិត​ប្រាកដ ដែលអាចណែនាំការរស់នៅរបស់គេ។ ព្រះសហគមន៍​អាចជួយ​មនុស្ស​ឲ្យ​រស់​នៅ​តាម​លក្ខណៈ​របស់​ខ្លួនជាមនុស្សកាន់តែប្រសើរឡើងៗ និង​ស្រប​តាម​គោលការណ៍នៃដំណឹងល្អបាន។

ឫទ្ធានុភាពនៃព្រះវិញ្ញាណ

តាមពិតយើងគ្មានមធ្យោបាយខាងសេដ្ឋកិច្ចទេ ហើយយើងក៏គា្មនអំណាចខាង​លោកីយ៍ដែរ តែ​យើង​ជឿ​សង្ឃឹម​លើ​ឫទ្ធានុភាពនៃព្រះវិញ្ញាណ ដែលព្រះអម្ចាស់យេស៊ូបានសន្យាប្រទានឲ្យព្រះសហគមន៍​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ បានជាយើងសូមអង្វរបងប្អូនដោយ​ចិត្តសុភាពរាបសា អង្វរបងប្អូនដែលយើង​បម្រើ​ក្នុង​ឋានៈ​ជា​គង្វាល និងអង្វរបងប្អូនឯទៀតៗដែលផ្ញើជីវិតលើព្រះគ្រីស្ត ព្រមទាំងអង្វរមនុស្ស​ទាំង​អស់ ដែល​មានឆន្ទៈល្អ "ដែល​ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះ និងនាំឲ្យស្គាល់សេចក្តីពិត" សូម​បងប្អូនសុខចិត្តរួមជាមួយយើង ជួយ​កសាងពិភពលោកប្រកបដោយយុត្តិធម៌ សូមឲ្យមនុស្សស្រឡាញ់​គ្នា​ទៅវិញទៅមក ដូចជា​បងប្អូន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗផង។ គម្រោងការរបស់ព្រះជាម្ចាស់​ពិតជា​មាន​ដូច្នោះមែន គឺដោយសារ​មនុស្ស​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​ម​កនោះ គឺព្រះអង្គគ្រងរាជ្យលើពិភពលោក​យើង និងដូចជាប្រផ្នូលយ៉ាងឆ្ងាយអំពីលោកខាងមុខដែរ។

យើងរស់នៅក្នុងពិភពលោក ដែលមិនទាន់មានសន្តិភាពដ៏ពិតប្រាកដ តាមសេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង​នៅ​ឡើយ។ មនុស្សក៏ចេះតែតប់ប្រមល់ដោយយល់ឃើញថា មានបច្ចេកទេស​ចម្រើន​យ៉ាង​ល្អ​ប្រសើរមែន តែបើ​គ្មាន​ធម្មវិន័យ​ដ៏ខ្ពង់ខ្ពស់ណាមួយណែនាំទេ ការចម្រើននៃ​បច្ចេកទេស​នោះ អាច​បណ្តាល​ឲ្យមាន​គ្រោះ​កាច​ដ៏​ធ្ងន់ធ្ងរ​បំផុត។ សូមពន្លឺនៃសេចក្ដីសង្ឃឹមដ៏ខ្លាំងក្លា​ចំពោះ​ព្រះយេស៊ូគ្រីស្ត ជា​ព្រះសង្គ្រោះតែមួយព្រះអង្គគត់ ភ្លឺឡើង​ក្នុង​ពិភពលោកយើងនេះកុំខានឡើយ។

Closing Message សារបញ្ចប់មហាសន្និបាត

សារនៃមហាសន្និបាតនៅថ្ងៃបញ្ចប់

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៥

ពាក្យផ្តើម

អស់លោកអភិបាលជាបងប្អូនដ៏ជាទីគោរពសក្ការៈ ដល់ពេលអស់លោកត្រូវចាកចេញ និងបែកខ្ញែកទៅក្នុង​​​ពិភព​​​លោក​​​ទាំ​​​ងមូល។ បន្តិចទៀត  អស់លោកចេញពីអង្គមហាសន្និបាតទៅជួបមនុស្សជាតិ និងប្រកាសដំណឹង​​​ល្អ​​​របស់​​​ព្រះគ្រីស្ត។ យើង​​​រួមគ្នាអស់បួនឆ្នាំមកហើយ យើងខិតខំរិះគិតកែសម្រួលព្រះសហគមន៍ឲ្យបានជាថ្មី។ អស់​​​លោក​​​ក៏នឹង​​​យកដំណឹងល្អអំពីព្រះសហគមន៍របស់ព្រះគ្រីស្តដែលកែសម្រួលជាថ្មីនោះទៅជូនដល់គេ។

ពេលនេះពិតជាពេលនៃប្រវត្តិសាស្រ្តដ៏មានអត្ថន័យខ្ពង់ខ្ពស់រកអ្វីមកប្រៀបផ្ទឹមមិនបាន។ អង្គប្រជុំសកលនេះ ពិតជាពេលនិងជាកន្លែងដ៏អស្ចារ្យមែន  គឺអតីតកាល  បច្ចុប្បន្នកាល  និងអនាគតកាលបានជួបជុំគ្នា។ យើងនឹក
អំពី​​​អតីតកាល ព្រោះព្រះសហគមន៍របស់ព្រះគ្រីស្តរួបរួមគ្នានៅទីនេះ ដោយមានប្រពៃណីរបស់ខ្លួន មាន ប្រវត្តិសាស្រ្ត មាន​​​​​​មហាសន្និបាត​​​​នានាពី​សម័យ​មុនៗមក  មានគ្រូបាធ្យាយ  មានសន្តបុគ្គល។ល។ រួមគ្នានៅទី​​​នេះ​​​។ យើងនឹក​​​គិតអំ​​​ពី​​​បច្ចុប្បន្នកាល ព្រោះយើងបែក​ចេញពី​គ្នាទៅកាន់មនុស្ស​លោក​យើងសព្វថ្ងៃដែលជួបការលំបាក​​​ ដែលកើត​ទុក្ខ​​​វេទនា ដែលជាប់នឹងអំពើបាប។ល។ តែមនុស្សលោក​នេះក៏ចម្រើនឡើងយ៉ាង​អស្ចារ្យ ​​​ និង​​​កាន់​​​តាម​​​គោល​​​​​​ការណ៍​​​របស់​​​ខ្លួន​​​ដែលមានតម្លៃដ៏​​​ថ្លៃថ្នូរ ហើយក៏មានគុណធម៌របស់ខ្លួនដែរ។ល។ យើងនឹកដល់អនាគត​​​កាល​​​ ​ព្រោះ​​​​​​ប្រជាជននានា​​​បន្លឺសំឡេងយ៉ាងខ្លាំង ទាមទារយុត្តិធម៌ ចង់បានសន្តិភាព ទោះបីគេដឹងខ្លួនក្ដី ឬមិនដឹងខ្លួនក្ដី ​ក៏គេ​​​​​​នៅ​​​​​​តែស្រេកឃ្លានចង់បានជីវិតដ៏ប្រសើរជាងពីមុន គឺគេច្បាស់ជាស្រេកឃ្លានចង់បានជីវិតដែល​​​ព្រះសហគមន៍​​​របស់​​​​​​ព្រះ​​​គ្រីស្តអាចនិងមានបំណងចង់ផ្តល់ឲ្យគេនោះ។

យើងហាក់ដូចជាឮសម្រែកយ៉ាងខ្លាំងនេះ ពីគ្រប់កន្លែងក្នុងពិភពលោកទាំងមូល តែជាសម្រែក​​​​​​​​​មិន​​​ច្បាស់ ​គឺ អស់អ្នកដែលសម្លឹងមើលមកមហាសន្និបាត សួរយើងទាំងខ្វល់ខ្វាយក្នុងចិត្តថា តើអស់លោកមាន​​​សេចក្តីមួយ​​​ណា មក ប្រាប់​​​​​​យើងឬក៏អត់?  តើអស់លោកមាន​​​សេចក្តីមួយ​​​ណាមកប្រាប់​​​​​​យើងជាអ្នកណែនាំប្រទេសឬក៏អត់?    តើ​​​អស់​​​​​​លោក​​​មានសេចក្តីមួយ​​​ណាមកប្រាប់​​​​​​យើងជាបញ្ញវន្ត ជាពលករ ជាសិល្បករ។ល។ឬក៏អត់? តើអស់លោកមាន​​​សេចក្តី​​​មួយ​​​ណាមកប្រាប់​​​​​​យើងជាស្ត្រីឬក៏អត់? តើអស់លោកមាន​​​សេចក្តី​​​មួយ​​​ណាមកប្រាប់​​​​​​យើងជាយុវជនយុវនារី ជាអ្នក​​​មាន​​​​​​ជំងឺជាអ្នកក្រីក្រឬក៏អត់?

យើងមានបំណងចង់តបឆ្លើយនឹងពាក្យអង្វរទាំងនោះ ហេតុដូច្នេះហើយ មហាសន្និបាតខិតខំរិះគិតអស់ រយៈពេលបួនឆ្នាំមកហើយ​ ដើម្បីជា​ប្រយោជន៍ដល់ក្រុមទាំងនោះ។ មហាសន្និបាតបានតែង“ធម្មនុញ្ញអំពីព្រះសហគមន៍ ក្នុងពិភពលោក​នា​​​បច្ចុប្បន្ន”​​​  ជាឯកសារដែលយើងបានប្រកាសផ្សព្វផ្សាយពីមិ្សលមិញដោយអង្គប្រជុំទះដៃ​អបអរ សាទរ​​​ទាំងរំភើប​​​ចិត្ត​​​ផង។

យើងបាននឹកស្មឹងស្មាធិ៍អំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍របស់ព្រះអង្គយ៉ាងយូរ។ ពីការស្មឹងស្មាធិ៍នោះ មានចេញសារដើមដំបូងនៅពេលនេះ។ សារនេះនាំដំណឹងអំពីសន្តិភាព និងអំពីការសង្រ្គោះសម្រាប់មនុស្ស​ច្រើនឥត​គណនា​ដែលកំពុងតែរង់ចាំ។ មុន​បែកចេញពីគ្នា មហាសន្និបាតចង់បំពេញមុខងាររបស់ខ្លួនជាព្យាការី ដោយប្រកាស​សារ​ខ្លីៗ តាមភាសាសាមញ្ញដែលមនុស្ស​ទាំងអស់​ស្រួលស្តាប់ អំពីដំណឹងល្អដែល​មហាសន្និបាតសូមជូនដល់មនុស្ស​លោក។ មានតំណាងដ៏ប្រសើរនៃមហាសន្និបាត នឹងប្រកាសក្នុងនាម​យើង​ចំពោះមនុស្សជាតិទាំងមូល។

សារគោរពជូនចំពោះអស់លោកអ្នកណែនាំប្រទេស

នៅក្នុងពេលដ៏មហាឱឡារិកនេះ យើងសូមគោរពជូនទាំងមានសេចក្ដីសង្ឃឹម មកអស់លោកអ្នកដែល​​​កាន់​​​វាសនា​របស់​មនុស្ស​លោកនៅលើផែនដីនេះ គឺអស់លោកអ្នកដែលកាន់អំណាចលោកីយ៍។ យើងជាអភិបាល​​​ដែលជួបជុំ​​​គ្នា​​​​​​​​​ក្នុង​​​មហាសន្និបាតសកលលើកទី២១ នៃព្រះ​សហ​​​គមន៍កាតូលិក នៅពេលហៀបនឹងបែកខ្ញែងគ្នា ក្រោយពីបានខិត​​​ខំរិះ​​​គិត​​​អស់បួនឆ្នាំមកហើយ។ យើងសូមគោរពជូនសារនេះ  ដោយដឹងខ្លួនយ៉ាង​​​ច្បាស់​អំពី បេសកកម្ម របស់ យើង ​​​ចំពោះ​​​មនុស្ស​​​ជាតិ។

យើងសូមប្រកាសយ៉ាងជាក់ច្បាស់ថា យើងគោរពអំណាច និងភាពជាម្ចាស់ការរបស់អស់លោកអ្នក។ យើង​​​ក៏​​​​​​គោរព​​​​មុខ​ងារដ៏​ប្រសើររបស់អស់លោកអ្នកដែរ  យើងទទួលស្គាល់ច្បាប់ដ៏ត្រឹមត្រូវរបស់អស់លោកអ្នក។

យើង​​​​​​រាប់​​​​​​អស់​​​​​​លោ​​​កអ្នកដែលបង្កើត​ច្បាប់ និង​អស់លោកអ្នកដែលអនុវត្តតាមច្បាប់ទាំងនោះទុកថាមានតម្លៃផងដែរ។  ក៏ប៉ុន្តែ យើងសូមជ​​​ម្រាប​​​ជូនអស់លោកអ្នក នូវ​​​សេចក្តីមួយ​​​​​​ដ៏សក្ការៈបំផុត​ដែលមានដូចតទៅ៖ មានព្រះជាម្ចាស់តែ មួយ​​​ព្រះអង្គ​​​គត់ដ៏​​​ប្រសើរឧត្តម។ មានព្រះជាម្ចាស់​តែមួយ​ព្រះអង្គ​គត់ជាដើមនិងជាទិសដៅ​ចុងបំផុត​នៃជីវិតមនុស្ស លោ​​​ក​​​។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ជាប្រភព​​នៃ​អំណាចរបស់​អស់​លោកអ្នក និងជាមូលដ្ឋានគ្រឹះនៃ​​​ច្បាប់ របស់​​​អស់លោកអ្នកដែរ។

អស់លោកអ្នកមានភារកិច្ចលើកស្ទួយឲ្យមានរបៀបរៀបរយ ​និងសន្តិភាពក្នុងចំណោមមនុស្សនៅលើផែនដី។ ប៉ុន្តែ សូមកុំភ្លេចថា មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ជាព្រះបិតារបស់មនុស្សទាំងអស់ ​ព្រះអង្គមានព្រះជន្មគង់​​​នៅ និងជាព្រះដ៏ពិតប្រាកដ។ មានតែព្រះគ្រីស្តមួយព្រះអង្គទេ យាងមកប្រាប់និងបង្រៀនយើងឲ្យដឹងថា យើងទាំង​​​អស់​​​​គ្នាសុទ្ធ​តែជាបងប្អូនគ្នា។ ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់តាំងពីអស់កល្បជានិច្ច គឺព្រះគ្រីស្តនេះហើយ​​​ដែល​​​​​​​​​អាច​បង្កើតរបៀបរៀបរយ និងកសាងសន្តិភាព​នៅលើ​ផែនដីបាន ដ្បិតព្រះអង្គណែនាំប្រវត្តិសាស្រ្ត​​​របស់​​​មនុស្ស​​​​​​​​​លោក។  មានតែព្រះគ្រីស្តមួយព្រះអង្គទេ​​​ដែលអាចទាក់ទាញចិត្តមនុស្សឲ្យលះបង់កិលេសតណ្ហា   គឺចិត្ត លោភ​​​​​​លន់​​​ កំហឹង និងអវិជ្ជា​ដែលបណ្តាលឲ្យកើតសង្គ្រាម និងកើតទុក្ខ។ ព្រះអង្គយកនំប៉័ងរបស់​មនុស្ស​​ជាតិមក​ប្រសិទ្ធិពរ គឺព្រះអង្គប្រោសឲ្យការងារ និងទុក្ខលំបាករបស់មនុស្សលោកបានវិសុទ្ធ ព្រះអង្គក៏ប្រទាន​អំណរឲ្យ​​​មនុស្សលោក ជាអំណរដែលអស់លោកអ្នកមិនអាចផ្តល់ឲ្យគេបានទេ។ នៅពេល​គេ​កើត​ទុក្ខ ព្រះអង្គលើក​​​ទឹកចិត្ត​​​គេ​តាម​​​របៀប អស់លោកអ្នក​មិនអាចសម្រាលទុក្ខគេបានឡើយ។

ក្នុងប្រទេសរបស់អស់លោកអ្នកដែលស្ថិតនៅក្នុងលោកនេះដែលតែង​​​តែ​​​កន្លង​​​​​​ទៅ ព្រះគ្រីស្តកំពុងសាងសង់​​​ព្រះ​សហគមន៍​​​​​​​​​តាម​​​​របៀបដ៏អាថ៌កំបាំង គឺព្រះសហគមន៍ជាបុរីខាងព្រះ​​​វិញ្ញាណ​​​ដែល​​​នៅស្ថិតស្ថេរអស់កល្បជានិច្ច។ អស់​​​​​​រយៈ​​​ពេល​​​ជិតពីរពាន់ឆ្នាំ​មក​ហើយ ព្រះសហគមន៍មានបទពិសោធន៍ផ្សេងៗជាច្រើន ក្នុងការទាក់ទងជាមួយ​​​អស់​​​លោក​​​អ្នកជាអ្នក​កាន់​អំណាចនៅលើផែនដី។ សព្វថ្ងៃ តើព្រះសហគមន៍សូមអ្វីពីសំណាក់អស់លោកអ្នក? ក្នុង​​​ឯកសារ​​​មួយ​​​ដ៏សំខាន់នៃមហាសន្និបាតនេះ ​ព្រះ​សហគមន៍សូមសេរីភាពពីសំណាក់អស់លោកអ្នក គឺសេរីភាព​​​ខាង​​​ជំនឿ ជា​​​សេរីភាព​​​ប្រកាសជំនឿរបស់ខ្លួន សេរីភាពស្រឡាញ់និងបម្រើព្រះរបស់ខ្លួន សេរីភាពក្នុងការរស់នៅ និង​​​សេរីភាព ប្រកាស​​​សាររបស់ខ្លួនដែលផ្តល់ជីវិតដល់មនុស្សលោក។ សូមកុំខ្លាចព្រះសហគមន៍ឲ្យសោះ ព្រះសហគមន៍​​​ក៏​​​ដូច​​​​​​ព្រះ​​​បរមគ្រូ​​​របស់ខ្លួនដែរ គឺព្រះអង្គមានសកម្មភាពដ៏អាថ៌កំបាំងម៉្យាង ព្រះអង្គមិនប៉ះពាល់​​​លុក​​​លុយ​​​លើ​​​បុព្វសិទ្ធិ​​​របស់​​​​​​អស់​លោក​​​អ្នក​ទេ តែព្រះអង្គព្យាបាលមនុស្សទាំងស្រុង​ឲ្យបានរួចពីអ្វីៗដែលមិនទៀងទាត់ ព្រះអង្គប្រែទ្រង់ទ្រាយ មនុស្ស ហើយផ្តល់​​​សេចក្ដី​​​សង្ឃឹម  សេចក្ដីពិត និងសោភ័ណភាពយ៉ាងពេញបរិបូណ៌ឲ្យមនុស្សលោកផងដែរ។

ចូរបណ្តោយឲ្យព្រះគ្រីស្តបំពេញសកម្មភាពដែលជម្រះសង្គម កុំបដិសេធព្រះអង្គ​​​។​​​ ប្រសិនបើ​​​អស់ លោក អ្នក មិនព្រមទទួលព្រះអង្គ អស់លោកអ្នកដូចជាឆ្កាងព្រះអង្គម្តងទៀត។  ប្រសិនបើ​អស់​​​​លោក​អ្នក​​​ឆ្កាង​​​ព្រះអង្គ ម្តងទៀតនោះ អស់លោកអ្នកមុខជាប្រមាថព្រះជាម្ចាស់ពុំខាន ដ្បិតព្រះអង្គពិតជាព្រះបុត្រា របស់​ព្រះបិតា​​​មែន​​​។ ប្រសិនបើ​អស់​លោក​អ្នកឆ្កាងព្រះអង្គម្តងទៀតនោះ ក៏ដូចជាអស់លោកអ្នកធ្វើអត្ត​​​ឃាតកម្មដែរ ព្រោះ​​​ព្រះ​​​អង្គ​​​ពិត​​​ជាបុត្រមនុស្ស។ ចូរបណ្តោយ​ឲ្យ​យើងជាអ្នក​​បម្រើដ៏​សុភាពរាបសារបស់ព្រះអង្គ អាចផ្សព្វផ្សាយនូវ​​​ដំណឹង​​​ល្អ​​​ស្តី​​​អំពី​​​ស​​​ន្តិភាព ដោយគ្មានអ្វីរារាំងឡើយ ដូចយើងបាន​រិះគិតក្នុងមហា​​​សន្និបាត​​​នេះ។ ប្រជាជន​របស់អស់លោកអ្នកមុខ​​​ជានឹង​​​ទទួលផល​ប្រយោជន៍​មុនគេពុំខានពីព្រះសហគមន៍ ដ្បិតព្រះ​​​ស​​​ហគមន៍តែងតែអប់រំ​​​ប្រជាពលរដ្ឋជូនអស់​​​លោក​​​អ្នក គឺឲ្យគេមានចិត្តស្មោះត្រង់នឹងរដ្ឋអំណាច  ឲ្យស្រឡាញ់​​​សន្តិភាព​​​​ក្នុង​សង្គម និងឲ្យ​​​ស្រឡាញ់​​​ការ​​​ចម្រើន​​​ឡើងនៃប្រទេស។

នៅថ្ងៃបង្ហើយមហាសន្និបាតសកលទី២១ ជាថ្ងៃដ៏មហាឱឡារិកនេះ ​ព្រះសហគមន៍សូមយកសេចក្ដីស្រឡាញ់ ការបម្រើ កម្លាំងខាងវិញ្ញាណ និងខាងសីលធម៌ មកជូនអស់លោកអ្នកតាមរយៈយើង។ ព្រះ​​​សហគមន៍សូ​​​ម​​​គោរព ជូនសារនៃការសង្គ្រោះនិង សូមគោរពជូន​​​ពរដល់​​​អស់លោកអ្នក។ ព្រះសហគមន៍ជូនពរដោយ​​​មានចិត្តរីក​​​រាយ​​​ និង ចិត្តស្មោះត្រង់យ៉ាងណា សូមអស់លោកអ្នកទទួលពរដោយចិត្ត​​​រីករាយ និងដោយចិត្តស្មោះ​​​យ៉ាងនោះ​​​ដែរ​​​។​​​ សូម យកសារនិងពរទាំងនោះ  ទៅចែកចាយដល់​ប្រជា​ជន​របស់អស់លោកអ្នកឲ្យយើងផង។

សារគោរពជូនចំពោះបញ្ញវន្ត និងអ្នកវិទ្យាសាស្រ្ត

ព្រះសហគមន៍សូមគោរពជម្រាបយ៉ាងពិសេសដល់អស់លោកអ្នកដែលស្វែងរកសេចក្ដីពិត គឺអស់លោកអ្នក​ ជា​​​បញ្ញវន្ត​​​​ជាអ្នករិះគិតយ៉ាងជ្រាលជ្រៅ​​​ និងជាអ្នកវិទ្យាសាស្រ្ត ជាអ្នកស្វែងរកនិងសិក្សាអំពីមនុស្ស រុករកឲ្យស្គាល់​​​កន្លែង​​​ថ្មីក្នុងពិភពលោក ជាអ្នកស្វែងរកខាងប្រវត្តិសាស្រ្ត។ល។ អស់លោកអ្នកពិតជាអ្នកធ្វើបូជនីយយេសចរ​​​​​​​​​​​​ទៅ​​​រក ពន្លឺ។ ព្រះសហគមន៍ក៏សូមគោរពអស់​​​លោកអ្នក​​​ដែលឈប់តាមផ្លូវ លែងស្វែងរកពន្លឺ ព្រោះ​​​អស់លោក​​​អ្នក​​​អស់​​​​​​កម្លាំងពេក ឬ​ខកចិត្ត​ព្រោះបានស្វែងរក​​ដោយ​ឥតបានផលតាមបំណងប្រាថ្នា។ ​       ហេតុអី្វព្រះសហគមន៍សូមគោរពជម្រាបមកអស់លោកអ្នកយ៉ាងពិសេសដូច្នេះ? ព្រះសហគមន៍ជម្រាបមកយ៉ាង ពិសេសដូច្នេះ  ដ្បិត​​​យើង​​​ទាំងអស់គ្នាជាអភិបាលដែល​ជួបជុំគ្នា​ក្នុងមហាសន្និបាតនេះ ក៏ខិតខំស្តាប់សេចក្ដីពិត​​​ដែរ​​​។ ​អស់រយៈបួនឆ្នាំហើ​​​យ យើង​​​​​​​បាន​​​ខិត​ខំស្វែង​រក​អត្ថន័យឲ្យបានកាន់តែជ្រៅទៅដោយប្រុងប្រយ័ត្នជាសារនៃសេចក្តីពិត ដែលព្រះគ្រីស្តបានផ្ញើទុកមកព្រះសហគមន៍​​។ យើងក៏ខិតខំស្តាប់តាមព្រះវិញ្ញាណនៃសេចក្ដីពិត បំភ្លឺយើងដោយចិត្ត​ស្មោះ​​​ឡើងៗទៀតដែរ។

ហេតុ​​​នេះ​​​ហើយបានជាយើងត្រូវតែនិយាយជាមួយបងប្អូនដោយមិនអាក់ខានឡើយ។ ផ្លូវរបស់បងប្អូនក៏ជា ផ្លូវរបស់​​​យើង​​​​​​ដែរ ផ្លូវរបស់បងប្អូនមិនដែលប្លែកពីផ្លូវរបស់យើងទេ។ យើងក៏ជាមិត្តសម្លាញ់របស់បងប្អូន​ដែលស្វែងរក​​​តាមឧបនិស្ស័យរបស់បងប្អូនរៀងៗខ្លួន យើងក៏រួមសាមគ្គីជាមួយបងប្អូនដែលតែងនឿយហត់  យើងក៏ស្ងើចសរសើរ​បងប្អូន នៅពេលបងប្អូនមានជ័យជម្នះដោយរកឃើញអ្វីមួយថ្មី។  ពេលបងប្អូនធ្លាក់ទឹកចិត្តឬបរាជ័យ យើងក៏លើក ទឹកចិត្ត​​​បងប្អូន ​​​និង​​​សម្រាល​​​ទុក្ខ​​​​​​បងប្អូនដែរ។

យើងមានសារគោរពជូនបងប្អូនដូចតទៅ៖ ចូរស្វែងរកបន្តទៅទៀតទៅ  កុំអស់សង្ឃឹម​​​ពេលអ្នករក​​​មិន​​​ឃើញ​​​​​​​​​សេចក្ដី​​​ពិតភ្លាមៗតាមបំណង! ចូរចងចាំប្រសាសន៍របស់សន្តៈអូហ្គូស្តាំង ជាមិត្តសម្លាញ់ដ៏ប្រសើររបស់​​​បង​​​ប្អូនថា៖ “យើងនាំគ្នាខិតខំស្វែងរក ដោយមានបំណងចង់រកឲ្យឃើញ។ បើយើងរកឃើញ​ហើយ យើងនាំគ្នាស្វែង​​​រកត​​​ទៅ​​​ទៀត”។ អស់អ្នក​ដែល​បាន​រក​ឃើញសេចក្ដីពិតហើយ តែនៅតែស្វែងរកសេចក្ដីពិតនេះតទៅទៀត ពិតជាមាន​​​សុភមង្គល​​​​​​ហើ​​​យ។ គេខិតខំយល់សេចក្តីពិតនេះឲ្យកាន់តែជ្រៅទៅៗ និងរកពន្យល់តាមរបៀបថ្មី មកចែកចាយ​​​ដល់​​​​​​​​​អ្នក​​​ដ​​​ទៃទៀត។ អស់អ្នកដែលស្វែង​រកសេចក្តីពិត​​​ តែមិនទាន់ឃើញ  ប៉ុន្តែនៅតែដើររក​ដោយចិត្តស្មោះ ពិតជា​​​មាន​​​​​​សុភមង្គលហើយ! សូមស្វែងរក​​​ពន្លឺសម្រាប់​បំភ្លឺថ្ងៃស្អែក  ដោយយកពន្លឺថ្ងៃនេះមកបំភ្លឺ រហូត​​​តទៅដល់​​​​ពន្លឺ​​​​ដ៏​​​​​​​ពេញ​​​លក្ខណៈលេចឡើង។

ប៉ុន្តែសូមកុំភ្លេចថា បញ្ញាវន្តជាអ្នករិះគិត ពិតជាបំពេញកិច្ចការមួយដ៏ប្រសើរបំផុត ហើយក៏ត្រូវដឹងច្បាស់ថា
ការ​​​រិះ​​​​គិតគឺ​ជា​ភារកិច្ច​មួយដ៏សំខាន់ជាងគេដែរ។ អ្នកបិទភ្នែក ដោយមិនព្រមឃើញពន្លឺ ពិតជាជនអព្វមង្គលមែន។ អ្នករិះ​​​គិត​​​ពិតជាទទួលខុស​ត្រូវយ៉ាងទម្ងន់ម៉្យាងដែរ អស់អ្នកប្រើឧបាយកលផ្សេងៗជាច្រើន​​​បណ្តាល​​​​​​ឲ្យ​​​អ្នក​​​ដទៃ​​​ធ្លាក់​​​ទឹកចិត្ត ពិត​​​ជា​​​​​​នាំឲ្យ​​​គេអួត​​​បំប៉ោង បញ្ឆោតគេ ហើយក៏បង្ខូចចិត្តគំនិតគេទៀត។ អស់អ្នកស្វែង​​​រក​​​ខាង​​​វិទ្យា​​​សាស្រ្ត ត្រូវកាន់​​​តាម​​​គោលការណ៍តែមួយថា គឺត្រូវខិតខំរិះគិតឲ្យបានត្រឹមត្រូវជានិច្ច។         ហេតុនេះហើយបានជាយើងគ្មានបំណងចង់ឲ្យបងប្អូនវិលវល់ក្នុងចិត្តទេ      យើងក៏​មិនចង់ឲ្យបងប្អូន​ស្រវាំង ​ភ្នែក​ដោយសារពន្លឺរបស់យើងចាំងទៅលើនោះឡើយ។ យើងគ្រាន់តែសូមជូនពន្លឺនៃចង្កៀងដ៏អា​​​ថ៌កំបាំងរបស់យើង មកបងប្អូន គឺជូនពន្លឺ​នៃ​ជំនឿ​​​របស់យើងតែប៉ុណ្ណោះ។  យើងជាសាវ័កដ៏​សុភាពរាបសារបស់ព្រះបរមគ្រូជាអម្ចាស់ដ៏ ខ្ពង់ខ្ពស់នៃការរិះគិត ព្រះ​​​អង្គ​​​បាន​​​ផ្ញើ​​​ពន្លឺនេះមកយើង។ ព្រះអង្គជាមនុស្សតែម្នាក់គត់ដែលមានប្រសាសន៍ថា “ខ្ញុំជា ពន្លឺបំភ្លឺមនុស្សលោក ខ្ញុំជា​​​មាគ៌ា​​​  ខ្ញុំជាសេចក្ដីពិត  និងជាជីវិត”។

ប្រសាសន៍នេះពិតជាមានប្រយោជន៍សម្រាប់បងប្អូន។ តាំងពីដើមរៀងមក មនុស្សមិនដែលមាន​​​លទ្ធភាព​​​ ធ្វើឲ្យវិទ្យាសាស្រ្តដ៏ពិតប្រាកដ និងជំនឿដ៏ពិតប្រាកដ អាចទាក់ទងគ្នាដូច​​​សព្វថ្ងៃនេះបាន។ ​វិទ្យាសាស្រ្ត និង​​​ជំនឿ​​​បម្រើ​​​សេចក្ដី​ពិត​តែ​មួយគត់។ កុំឃាត់ឃាំងមិនឲ្យវិទ្យាសាស្រ្តនិងជំនឿជួបជុំគ្នាឡើយ! ចូរទុកចិត្តលើជំនឿជាមិត្ត​​​សម្លាញ់​​​​​​យ៉ាងជិត​​​ស្និទ្ធិ​​​នៃ​ប្រាជ្ញារបស់មនុស្ស! ចូរយកជំនឿធ្វើជាពន្លឺរបស់ខ្លួន ដើម្បីឲ្យបានយល់សេចក្ដីពិត​​​ទាំង​​​មូល។ យើងជា​អភិបាល​នៃពិភពលោកទាំងមូលដែលមកជួបជុំគ្នាជាមហាសន្និបាតនៅក្រុងរ៉ូមនេះ មុននឹងបែក​ខ្ញែង​ពីគ្នា យើងសូមជូនពរដល់​បង​​​ប្អូន​​​​ សូមលើកទឹកចិត្តបងប្អូន សូមឲ្យបងប្អូនមានសេចក្ដីសង្ឃឹមជានិច្ចផង។

សារគោរពជូនចំពោះសិល្បករ

សូមគោរពជូនមកបងប្អូនទាំងអស់ជាសិល្បករ។ បងប្អូនចូលចិត្តសោភ័ណភាពជាខ្លាំង ហើយតែងតែ​​​បម្រើ​​​សោភ័ណភាពនោះផង។ បងប្អូន​ជាកវី ជាអ្នកនិពន្ធ ជាវិចិត្រករ ជាស្ថាបត្យករ ជាដូរ្យតន្ត្រីករ ជាអ្នកលេងល្ខោន ជា​​​អ្នក​​​​ផលិត​ខ្សែ​ភាព​យន្ត​។ល។ មហាសន្និបាតនៃព្រះសហគមន៍ ក៏ជម្រាបជូនមកបងប្អូនតាមរយៈយើងថា ប្រសិន​​​បើ​​​បង​​​ប្អូន​ស្រឡាញ់​​សិល្បៈ​ដ៏​ពិត​ប្រាកដ នោះបងប្អូនពិតជាមិត្តសម្លាញ់របស់យើងមែន។

តាំងពីយូរយារណាស់មកហើយ ព្រះសហគមន៍ចងសម្ពន្ធមេត្រីជាមួយបងប្អូន។ បងប្អូនបានស្ថាបនា ​​​និង តែងលម្អវិហាររបស់យើង។  បងប្អូនបានលើកតម្កើងសេចក្ដីបញ្ជាក់នៃលទ្ធិជំនឿរបស់យើង ធ្វើឲ្យពិធីគោរព​​​ប្រណិប័តន៍​​​របស់​​​យើងកាន់តែប្រសើរឡើងៗ។បងប្អូនបានជួយព្រះសហគមន៍ឲ្យបកស្រាយអត្ថន័យ​​​ព្រះបន្ទូលដែល​​​មកពីព្រះ​​​ជាម្ចាស់តាមរូបគំនូរនិង​តាម​​​រូបភាព បងប្អូនក៏នាំឲ្យមនុស្សលោក​អាច​ស្គាល់​ពិភពដែលភ្នែក​មនុស្ស​​​មើល​​​​​​មិន​​​ឃើញទៀតដែរ។

សព្វថ្ងៃក៏ដូចកាលពីមុនដែរ ព្រះសហគមន៍ត្រូវការបងប្អូន ហើយក៏បែរមុខមករកបងប្អូន។ ព្រះសហគមន៍ ជម្រាបជូនមកបងប្អូនតាមរយៈយើងថា កុំបណ្តោយឲ្យសម្ព័ន្ធមេត្រីរបស់យើងដាច់ឡើយ ព្រោះសម័្ពន្ធមេត្រីនេះ បាន​​​បង្កើតលទ្ធផលដ៏ប្រសើរលើសអ្វីៗទាំងអស់រួចមកហើយ។ កុំបដិសេធយកទេពកោសល្យរបស់ខ្លួនមកបម្រើសេចក្ដីពិត របស់ព្រះជាម្ចាស់ឡើយ។ កុំបិទចិត្តគំនិតមិនឲ្យខ្យល់នៃព្រះវិញ្ញាណដ៏វិសុទ្ធចូលឡើយ។

ពិភពលោកយើងនេះត្រូវការសោភ័ណភាព កុំឲ្យខ្លួនធ្លាក់ទឹកចិត្តអស់សង្ឃឹម។ សោភ័ណភាពក៏ដូច​​​សេចក្ដី​​​ពិត​​​ដែរ ​គឺផ្តល់ឲ្យមនុស្សមានចិត្តសប្បាយរីករាយ។ សោភ័ណភាពពិតជាផលដ៏ប្រសើរដែលមិនចេះចាស់ជរានិង បណ្តោយឲ្យ​​​មនុស្សគ្រប់ជំនាន់អាចទាក់ទងគ្នាបាន និងអាចរួបរួមគ្នាស្ងើចសរសើរទៀតផង។ កិច្ចការទាំងនោះ ពិតជា​​​ស្នា​​​ដៃរបស់ប​​​ងប្អូនមែន។

សូមបងប្អូនបង្កើតស្នាដៃស្អាតបរិសុទ្ធជានិច្ច កុំចង់រកតែផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។ សូមបង​​​ប្អូននឹ​​​កចងចាំជានិច្ចថា បង​ប្អូន​ពិតជារក្សាសោភ័ណភាពក្នុងពិភពលោកនេះ។ សូមឲ្យគំនិតនេះ​​​ជួយ​​​រំដោះ​​​​​​បង​​​ប្អូន​​​ឲ្យមានសេរីភាពយ៉ាងពេញលេញ កុំផ្ចង់ចិត្តនឹងចំណូល​ចិត្ត​ដែល​តែងតែប្រែ​ប្រួល និងគ្មានតម្លៃដ៏ពិតប្រាកដឡើយ។ សូម​បងប្អូនរំដោះខ្លួនឲ្យរួចពីបំណងប្រាថ្នា​​​លោកីយ៍ដែលសម្តែងសេចក្តីយ៉ាងចម្លែកអស្ចារ្យពេកនិងមិន​​​សមរម្យ​​​។

សូមបងប្អូនបាន​​​សមតាមឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនជានិច្ចនិងនៅគ្រប់ទីកន្លែង។ ធ្វើដូ​​​ច្នេះ បង​​​ប្អូនក៏​​​សមរម្យ​​​ទៅជា​​​​​​បុត្រធីតារបស់ព្រះសហគមន៍ ដែលគោរពជូនសាររបស់ខ្លួន ជាសារសម្តែងសេចក្ដីស្រឡាញ់ដ៏​​​ជ្រាល​​​​​​ជ្រៅ សម្តែងការសង្គ្រោះនិងព្រះហឫទ័យប្រណីសន្តាសរបស់ព្រះជាម្ចាស់មកបងប្អូន។ នៅថ្ងៃនេះ ​ព្រះ​​​សហគមន៍​​​ក៏ប្រទានពរមកបងប្អូនតាមរយៈយើងដែរ។

សារគោរពជូនចំពោះស្រ្តីទាំងឡាយ

ឥឡូវនេះ យើងសូមជម្រាបមកស្រ្តីទាំងឡាយ គឺស្រ្តីគ្រប់ឋានៈ វណ្ណៈ ស្ត្រីនៅលីវ ឬស្ត្រីមានគ្រួសារ ស្រ្តី​មាន កូន និងស្រ្តីមេម៉ាយ។ សូមជម្រាបមកស្ត្រីព្រហ្មចារីដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ និងស្រ្តីដែលរស់នៅម្នាក់​ឯងដែរ។ ចំនួននាង គឺពាក់​កណ្តាល​នៃមហាគ្រួសាររបស់មនុស្សជាតិហើយ!

នារីទាំងឡាយ​​​ដឹងច្បាស់ថា ព្រះសហគមន៍មាន​​​កិត្តិយសដោយបានលើកតម្កើងនិងរំដោះនារីហើយ។ តាម​​​ប្រវត្តិ​សាស្រ្ត​ដ៏យូរអង្វែងមក ព្រះសហគមន៍តែងតែប្រកាសថា ទោះបីបុរសនិងស្រ្តីមានចរិតលក្ខណៈ និង​​​ទេព​​​កោសល្យ​​​ប្លែក​ពីគ្នាក៏ដោយ ក៏ស្រ្តីមានតម្លៃស្មើនឹងបុរសយ៉ាងពិតប្រាកដ។  ប៉ុន្តែដល់ពេល គឺឥឡូវនេះ​​​ហើយ ដែល​​​​​​ឧបនិស្ស័យរបស់ស្រ្តីកើតជារូបរាងយ៉ាងពេញ​លក្ខណៈ។  ស្រ្តីមានឥទ្ធិពល​​​​​យ៉ាង​​​ខ្លាំងក្នុងសង្គមស្រ្តីៗមាន​​​កិត្តិយស ដូចពន្លឺសាយភាយឡើង និងមានអំណាចដែលមិន​ធ្លាប់​មាន​កាល​ពីសម័យ​មុនៗ​នៅឡើយ។

សព្វថ្ងៃ មនុស្សជាតិប្រែប្រួលយ៉ាងខ្លាំង។ ហេតុនេះហើយបានជាស្ត្រីដែលមានគោល​គំនិតនៃ​ដំណឹងល្អ ជ្រួតជ្រាបក្នុងចិត្តគំនិត បានជួយមនុស្សជាតិយ៉ាងសម្បើម កុំឲ្យមនុស្សជាតិធ្លាក់ដុនដាប។  បងប្អូនជាស្រ្តីៗអើយ! អ្នក​​​នៅ​​​តែ​​​មានភារកិច្ចរក្សាក្រុមគ្រួសារជានិច្ច គឺអ្នកស្រឡាញ់ប្រភពនៃជីវិត ​និងតែងតែស្រឡាញ់ទារក។ អ្នក​​​មានវត្តមាននៅពេល​​​ជីវិត​​​ចាប់​​​ផ្តើមឡើងយ៉ាងអស្ចារ្យ។​​​ ពេលមនុស្សទទួល​មរណភាព​​​ក៏​​​អ្នក​​​ចេះ​​​លួង​​​លោមគេ​​​ដែរ​​​។ ប្រសិន​​​បើយើងមិនប្រយ័ត្ន បចេ្ចកទេសរបស់យើងអាចបណ្តាលឲ្យជីវិតមនុស្ស​​​​​​បាត់​​​លក្ខណៈ​​​​​​ជាមនុស្ស។ ចូរអ្នក​​​រំឭក​​​មនុស្សលោកឲ្យគោរពតម្លៃនៃជីវិត ជាពិសេស យើងអង្វរបងប្អូន សូម​​​​​​រក្សា​​​​​​​​​ការពារ​​​រអនាគ​​​តនៃពូជមនុស្ស​​​យើង​​​​​​​​​ឲ្យ​​​​នៅ​គង់វង្ស។ សូមឃាត់ដៃរបស់អស់អ្នកដែលចង់បំផ្លាញ​​​អរិយធម៌​​​របស់​​​មនុស្សជាតិ​​ នៅគ្រា​​​​​​ដែលគេ​​​បាត់​​​ស្មារតី​។

ស្រ្តីៗដែលមានគ្រួសារ និងមានកូន អ្នកជាអ្នកអប់រំមនុស្ស​​​ជាតិមុន​​​គេ​​​បង្អស់​​​​​​ ក្នុងទីលាក់កំ​​​បាំង​​​នៃ​​​ក្រុម​​​គ្រួសារ ។ ​ចូរបញ្ជូនបន្តប្រពៃណីដូនតាឲ្យកូនប្រុស កូនស្រីយល់ដឹង។ នៅពេលជាមួយគ្នានោះ អ្នកនឹងអប់រំកូនៗ គឺរៀប​​​ចំ​​​កូនៗ​​​ឲ្យប្រឈម​​មុខនឹង​អនាគតដែលគ្មាននរណាដឹងជាមុន។ ចូរនឹកចងចាំជានិច្ចថា ម្តាយតែងភ្ជាប់នឹងអនាគត​របស់កូន  ដែលនាងប្រហែល​​​នឹង​​​មើលមិន​​​ឃើញឡើយ។

ចំពោះស្រ្តីៗនៅលីវ ចូរដឹងថា អ្នកអាចបំពេញ​​​ឧបនិស្ស័យរបស់ខ្លួនបាន គឺបម្រើអ្នកដទៃដោយ​​​ចិត្តទូ​​​លាយ​​​។ សង្គមហៅរកអ្នកពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើគ្មានស្រ្តីណានៅលីវមកជួយទេ មានក្រុមគ្រួសារខ្លះមិនអាច​រស់ នៅបាន​ឡើយ។

ជាពិសេសស្ត្រីៗព្រហ្មចារី ដែលញែកខ្លួនថ្វាយព្រះម្ចាស់ សូមអ្នករក្សាភាពបរិសុទ្ធ ជាអ្នកមិនរកប្រយោជន៍ផ្ទាល់ ខ្លួន និងជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ក្នុងពិភពយើងនេះដែលមានមនុស្សជាច្រើន រាប់ទុកការត្រេកត្រអាល ភ្លើតភ្លើនតាមកាមគុណថោកទាប ទុកជាផ្លូវធម្មតារបស់មនុស្សលោក ព្រះយេស៊ូបានប្រោសប្រទានឲ្យសេចក្តី ស្រឡាញ់របស់គូស្វាមីភរិយាមានតម្លៃពេញលក្ខណៈ ព្រះអង្គក៏បានលើកតម្កើងការលះបង់ស្នេហា តាមលោកីយ៍ដែរ លុះត្រា អ្នកលះបង់សេចក្ដីស្នេហានោះ តម្រង់ខ្លួនទៅរកសេចក្ដីស្រឡាញ់ដ៏អនន្ត និងនាំឲ្យបម្រើអ្នកដទៃទាំងអស់។

ចំពោះស្រ្តីៗកំពុងរងទុក្ខលំបាក សូមអ្នកក្រោកឈរត្រង់ឡើ​​​ងនៅក្បែរឈើឆ្កាង ដូចនាងម៉ារីដែរ។ តាម​​​ប្រវត្តិសាស្ត ពួកនាងជាច្រើនបានប្រគល់ឲ្យបុរសៗមានកម្លាំងអាចតស៊ូវាយតយុទ្ធរហូតដល់ទីបំផុត គឺរហូតដល់​បូជា​ជីវិតក៏មាន។ ចូរជួយ​បុរសៗ​ម្តងទៀតឲ្យមានចិត្តក្លាហាន ហ៊ានធ្វើការយ៉ាងអស្ចារ្យ ព្រមទាំងឲ្យគេមានចិត្តអត់ធ្ម​ត់​​​ខន្តី​​​ដោយ​​​ដឹងជានិច្ចថា អ្នកចង់ធ្វើកិច្ចការ​ដ៏ធំអស្ចារ្យ ត្រូវចាប់ផ្តើមដោយធ្វើការតូចៗយ៉ាងសុភាពរាបសាឡើងទៅ។           បងប្អូនជាស្រ្តីៗអើយ! បងប្អូនចេះធ្វើឲ្យសេចក្ដីពិត​​​ បានស្រួលស្តាប់ ថ្នាក់ថ្នម លួងលោមចិត្តគេ។ សូម​​​អ្នកជាប់ចិត្តនឹងចង់ធ្វើឲ្យគោលគំនិតនៃ​មហា​សន្និបាត​​ជ្រួតជ្រាបក្នុងស្ថាប័ន ក្នុងសាលារៀន ក្នុងក្រុមគ្រួសារ ក្នុការរស់នៅរបស់​​​មនុស្សជារៀងរាល់ថ្ងៃ។

បងប្អូនជា​ស្ត្រីៗនៃភិភពលោកទំាងមូលអើយ ទាំងគ្រីស្តបរិស័ទក្ដី មិនមែនគ្រីស្តបរិស័ទក្តី ព្រះជាម្ចាស់​​​បាន​​​​​​ផ្ញើ​​​ជីវិត​​​ទុកឲ្យនាងហើយ។ ក្នុងគ្រាដ៏សែនធ្ងន់ធ្ងរនៃប្រវិត្តិសាស្រ្តយើងនេះ ​​​នាងមានភារកិច្ចសង្រ្គោះ​​​សន្តិភាពនៃ​​​ពិភព លោកហើយ!

សារគោរពជូនចំពោះពលករទាំងឡាយ

យើងជាអភិបាលនៃព្រះសហគមន៍កាតូលិកពីទ្វីបទាំងប្រាំ បានរិះគិតរួមជាមួយគ្នាក្នុងមហាសន្និបាតនេះ។ ក្នុង​ចំណោម​ប្រធានបទទាំងប៉ុន្មាន យើងបានរិះគិតអំពីបញ្ហាដ៏ធ្ងន់ធ្ងរដែលចោទឡើងលើមនសិការមនុស្សជាតិ គឺ​​​បាន​​​រិះគិត​​​អំពីបញ្ហា​សភាពការណ៍សេដ្ឋកិច្ច និងសង្គមក្នុងពិភពលោកសព្វថ្ងៃ អំពីបញ្ហាប្រជាជាតិត្រូវរស់នៅ​​​ជា​​​មួយ​​​គ្នាដោយសុខសន្តិភាព ព្រមទាំងអំពីបញ្ហាសាស្រ្តាវុធ បញ្ហា​សង្គ្រាម និងសន្តិភាព។ យើងដឹងច្បាស់ថា ​ដំណោះ​​​ស្រាយ​​​បញ្ហាទាំងនោះមុខជានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើការរស់នៅ​ធម្មតារបស់ពលករ ពលការិនី ក្នុងពិភព​​​លោក​​​ទាំង​​​មូលពុំខាន។ ហេតុនេះហើយបានជា នៅពេលបញ្ចប់ការពិគ្រោះគ្នានេះ យើង​សូមផ្ញើសារ​នេះ សម្តែងសេចក្តី​​​ទុក​​​ចិត្តនិង​​​សេចក្ដី​​​ស្រឡាញ់របស់យើងមកបងប្អូនជា​ពលករទាំងឡាយ។ សូមបងប្អូនពលករបានប្រកប​​​ដោយសុខ​​​សន្តិភាព។

កូនដ៏ជាទីស្រឡាញ់! មុនដំបូង សូមបងប្អូនដឹងឲ្យបានច្បាស់ថា ព្រះសហគមន៍ស្គាល់ទុក្ខវេទនា ការតយុទ្ធ និងសេចក្ដីសង្ឃឹមរបស់ប្អូនៗ។ ព្រះសហគមន៍ក៏ចូលចិត្តយ៉ាងខ្លាំង​នូវគុណធម៌ ដែលផ្តល់ឲ្យជីវិត​​​បងប្អូនមាន​​​តម្លៃ​​​ដ៏ថ្លៃ​ថ្នូរ គឺបងប្អូនមានសេចក្ដីក្លាហាន ចិត្តលះបង់សម្រាប់អ្នកដទៃ មនសិការក្នុងអាជីវកម្ម ចិត្តស្រឡាញ់យុត្តិធម៌។ ព្រះ​​​សហគមន៍ក៏​ទទួល​ស្គាល់យ៉ាងច្បាស់នូវជំនួយដ៏ធំមហិមារបស់ប្អូនចំពោះសង្គមទាំងមូល គឺប្អូនម្នាក់ៗតាមកន្លែង​​​រៀងៗខ្លួន ​ទោះបី​មនុស្សទូទៅមិនសូវស្គាល់ការងាររបស់បងប្អូនក្តី ជាការងារថោកទាបដែលគេតែង​មើលងាយ​​​ទៀត​​​​​​ផង ក៏បងប្អូនតែងតែបម្រើសង្គមទាំងមូលយ៉ាងល្អប្រសើរដែរ។ ព្រះសហគមន៍ដឹងគុណ ហើយសូមអរគុណ​​​បងប្អូន​​​តាម​​​រយៈយើង។

ប៉ុន្មានឆ្នាំកន្លងមក ព្រះសហគមន៍នៅតែគិតគូរអំពីបញ្ហាទាំងអស់របស់ពលករពលការិនីក្នុងពិភពលោកទាំងមូល ជា​​​បញ្ហា​​​កាន់តែស្មុគ្រ​ស្មាញឡើងៗ។ ក្នុងចំណោមបងប្អូន​​​មានអ្នកខ្លះបានចាប់អារម្មណ៍នឹងសារលិខិតនៃ​​​អភិបាល​​​ព្រះ​​​សហគមន៍​​​ក្រុងរ៉ូម។ បងប្អូនទាំងនោះបញ្ជាក់ថា ចិត្ត​គំនិតរបស់ពលករពលការិនី​​​ ត្រូវនឹងចិត្តគំនិតអ្នកដឹកនាំដ៏ខ្ពង់​​​ខ្ពស់​​​​​​ខាងវិញ្ញាណរបស់មនុស្សលោក។ ​លោកយ៉ូហានទី២៣ បានសរសេរ សារលិខិតដែលមានតម្លៃរកអ្វីមក​​​ប្រៀប​​​​ធៀប​​​​ពុំបាន​ មកបន្ថែម​ក្នុង​បេតិកភ័ណ្ឌនៃព្រះសហគមន៍។ លោកបានរកផ្លូវឲ្យបងប្អូនចាប់អារម្មណ៍។ លោក​​​សម្តែងយ៉ាង ត្រចះត្រចង់នូវ​សេចក្ដី​ស្រឡាញ់របស់​ព្រះសហគមន៍ទាំងមូល ចំពោះបងប្អូនជាពលករពលការិនី​​​។ លោក​​​ក៏បាន សម្តែងសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ចំពោះសេចក្ដីពិត យុត្តិធម៌ សេរីភាព សេចក្ដី​ស្រឡាញ់ ជា​​​គ្រឹះ​​​​សម្រាប់សាងសង់សន្តិភាពក្នុងពិភពលោក។ ​     យើងក៏ចង់ទៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះសហគមន៍ចំពោះបងប្អូនជាពលករពលការិនីដែរ ហើយ​​​សូម​ប្រកាស​ដោយ​ស្មោះ​អស់ពីចិត្តថា ព្រះសហគមន៍ជាមិត្តសម្លាញ់របស់បងប្អូន។ ចូរជឿទុកចិត្តលើព្រះសហ- គមន៍​​​ចុះ! នៅ​សម័យ​បុរាណ គួរឲ្យស្តាយណាស់ យើងពលករពលការិនីនិងព្រះសហគមន៍ស្តាប់គ្នាមិនបាន បណ្តាល ឲ្យមិនទុកចិត្តគ្នាទៅវិញទៅមកទេ។ វណ្ណៈកម្មករ និងព្រះសហគមន៍បានរងទុក្ខ​​​ទាំងសងខា​​​ង។ ឥឡូវ​​​ដល់ពេល​​​សម្រុះ​​​សម្រួលគ្នាវិញហើយ ​ព្រះសហគមន៍នៃមហាសន្និបាត​​​អញ្ជើញបងប្អូនឲ្យលើកតម្កើងការ​​​សម្រុះ​​​សម្រួល​​​នេះ ដោយគ្មានគំនិតវៀច​វេរឡើយ។

ព្រះសហគមន៍ខិតខំស្គាល់បងប្អូនឲ្យកាន់តែច្បាស់ឡើងៗ។ ប៉ុន្តែ បងប្អូនក៏ត្រូវខិតខំយល់អំពីមុខងារព្រះ​សហគមន៍សម្រាប់បងប្អូនជាប្រជាពលករដែរ។ បងប្អូនពិតជាអ្នកដ៏សំខាន់ជាងគេ ក្នុងកិច្ចបង្កើតការប្រែប្រួល​​ដ៏អស្ចារ្យ​នៃ​​​​ពិភព​លោក​​នា​បច្ចុប្បន្នកាលយើងនេះ។ បងប្អូនជ្រាបច្បាស់ថា ប្រសិនបើគ្មានខ្យល់ដ៏ខ្លាំងពូកែនៃព្រះ វិញ្ញាណ​ផ្តល់​ជីវិតរស់រវើកទេនោះ ការប្រែប្រួលនិងសមិ​​​ទ្ធផលទាំងនោះ មុខជានឹងបណ្តាលឲ្យអន្តរាយដល់មនុស្ស ជាតិជាពុំខាន មិននាំសុភមង្គលឡើយ។ ការស្អប់គ្នាមិនអាចសង្គ្រោះមនុល្សលោកបានទេ! អាហារខាងលោកីយ៍ តែមួយមុខ ក៏មិនអាចធ្វើឲ្យមនុស្សស្កប់ចិត្តបាន​ឡើយ។

ហេតុនេះ សូមបងប្អូនទទួលសាររបស់ព្រះសហគមន៍ដោយអនុគ្រោះ។ ចូរទទួលជំនឿដែលព្រះ​​​សហគមន៍​​​សូម​​​ជូនមកបងប្អូន ទុក​ជាពន្លឺសម្រាប់បំភ្លឺផ្លូវជីវិតរបស់បងប្អូន។ ជំនឿនេះពិតជាជំនឿរបស់អ្នកបន្តមុខងារពីគ្រីស្តទូត​​​សិលា​​​មក ជា​ជំនឿរបស់អភិបាល​ពីរពាន់នាក់ដែលប្រជុំគ្នាជាមហាសន្និបាត និងជាជំនឿរបស់ប្រជាជនគ្រីស្តបរិស័ទ​​​ទាំង​​​មូ​​​ល សូមឲ្យ​ជំនឿនេះបំភ្លឺ​ចិត្តគំនិតបងប្អូន សូមឲ្យជំនឿនេះណែនាំបងប្អូន។ សូមឲ្យជំនឿនេះ ណែនាំ​​​បង​​​ប្អូន​​​ឲ្យស្គាល់ព្រះ​យេស៊ូ​គ្រីស្ត ជាមិត្តសំឡាញ់រួមការងាររបស់​បងប្អូន ជាព្រះបរមគ្រូ និងជាព្រះសង្គ្រោះមនុស្ស ជាតិ​​​ទាំង​​​មូល។

សារគោរពជូនចំពោះជនក្រីក្រ អ្នកជំងឺ និងអស់អ្នកដែលកើតទុក្ខលំបាក

មហាសន្និបាតសូមគោរពជូនសារយ៉ាងពិសេស មកអស់បងប្អូនដែលកើតទុក្ខនិងឈឺចុកចាប់​​​គ្រប់យ៉ាង។          មហាសន្និបាតឃើញបងប្អូនសម្លឹងមកយើង  ទាំងអង្វរ ទាំងភ្នែកស្រវាំងដោយគ្រុនក្កៅ ឬដោយ​​​អស់​​​កម្លាំង ហើយសួរថា ហេតុអ្វីមនុស្សកើតទុក្ខដូច្នេះ?  បងប្អូនតប់ប្រមល់ក្នុងចិត្តហើយសួរទៀតថា តើនរណា នៅពេលណា​​​មានគេមក​​​សម្រាលទុក្ខ​​​នេះពីយើងបាន? តែគ្មានឮចម្លើយសោះ។ បងប្អូនដ៏ជាទីស្រឡាញ់ ក្នុងឋានៈ​​យើង​​​ជា​​​ឪពុក​​​និងជាគង្វាល យើងព្រួយបារម្ភជាខ្លាំងដោយឮ​ស្នូរ​​សម្រែក ​និងស្នូរត្អូញត្អែរបស់បងប្អូន។ យើងរឹតតែ​​​ព្រួយ ចិត្តដោយនឹកឃើញថា យើងគ្មានសមត្ថភាពអាចផ្តល់សុខភាព​ដល់រូបកាយបងប្អូន ឬធ្វើឲ្យបងប្អូនបានធូរ​​​ស្រាល។ មានតែគ្រូពេទ្យ  គិលានុបដ្ឋាក គិលានុបដ្ឋាកយីកា  និងអស់អ្នក​ដែល​ខិតខំជួយព្យាបាលជំងឺទេ ដែល​​​អាច​​​ សម្រាល​​​ទុក្ខក្នុងរូបកាយបងប្អូនបាន។

ប៉ុន្តែយើងមានថ្នាំដ៏ប្រសើរជាង និងដែលមានតម្លៃថ្លៃជាង ផ្តល់​​​មកបងប្អូន គឺជំនឿដែលជាសេចក្ដីពិតតែ​​​មួយ​​​​​​​​​​អាច​តប​ឆ្លើយ​នឹង​ការអាថ៌កំបាំងនៃទុក្ខលំបាក។ ជំនឿនេះក៏អាចសម្រាលទុក្ខបងប្អូនដោយមិនភាន់ច្រឡំ​​​ឡើយ​​​។ ​​ចូរ​ផ្ញើជីវិតលើព្រះ​គ្រីស្ត ជាមនុស្សដែលរងទុក្ខលំបាក ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលត្រូវគេឆ្កាង ព្រោះតែ​​​អំពើ​​​បាបរបស់យើង និងដើម្បីសង្គ្រោះ​យើង។

ព្រះគ្រីស្តមិនបានលប់បំបាត់ទុក្ខទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យបក​​​ស្រាយអត្ថន័យយ៉ាងពិស្តានៃទុក្ខ​ដែរ តែព្រះអង្គបានផ្ទុកទុក្ខលំបាករបស់មនុស្សលោកលើព្រះអង្គ។ ​ដូច្នេះគ្រប់គ្រាន់ហើយដើម្បីឲ្យយើងយល់អំពី​តម្លៃដ៏ ថ្លៃថ្នូរ​នៃ​​​ទុក្ខលំបាក។

បងប្អូនកំពុងរងទុក្ខអើយ! បងប្អូនដូចជាលីឈើឆ្កាងដ៏ធ្ងន់ធ្ងរដែរ។ បងប្អូនជាអ្នកក្រីក្រ ​និងជាអ្នកដែល គ្មាននរណា​​​រាប់រក បងប្អូនដែលកំពុងយំសោក បងប្អូនដែល​ត្រូវគេបៀតបៀនធ្វើបាបព្រោះតែសេចក្តីសុចរិត បងប្អូន ដែល​គ្មាននរណា​និយាយ​រក បងប្អូនដែល​កំពុង​រងទុក្ខតែគ្មាននរណាដឹងឮ ចូរមានចិត្តក្លាហានឡើង! ព្រះជាម្ចាស់ ស្រឡាញ់បង​ប្អូន​​លើសគេ​ទាំងអស់ ព្រះអង្គ​ប្រទានសេចក្ដីសង្ឃឹម សុភមង្គល និងជីវិតព្រះអង្គឲ្យ​​​គ្រង​​​រាជ្យ​​​លើ​​​បង​​​ប្អូនហើយ! បង​ប្អូន​ពិតជាបងប្អូនរបស់ព្រះ​គ្រីស្ត​ដែលកំពុងតែរងទុក្ខមែន! ប្រសិនបើបងប្អូនសុខចិត្ត បងប្អូន​​​ក៏​​​អាចសង្គ្រោះមនុស្សលោកបានរួមជាមួយព្រះអង្គដែរ។

នេះជាចំណេះរបស់គ្រីស្តបរិស័ទអំពីទុក្ខ ជាចំណេះតែមួយដែលអាចផ្តល់សេចក្ដីសុខសាន្តមកបងប្អូន។ ចូរដឹង​​​ជាក់​​​ច្បាស់ថា បងប្អូនមិននៅម្នាក់ឯងទេ ​បងប្អូនក៏មិនរស់នៅដាច់ឡែកពីគេដែរ គេមិនលះបង់បងប្អូនចោលទេ កុំនិយាយថា បងប្អូនគ្មានប្រយាជន៍ឡើយ! ផ្ទុយទៅវិញ ព្រះគ្រីស្តហៅបងប្អូន បងប្អូនពិតជារូបតំណាង​​​ដែល​​​មាន​​​ជីវិត​​​រស់រវើក​របស់​ព្រះ​អង្គ ហើយបណ្តោយឲ្យគេឃើញព្រះអង្គបានទៀតផង។ ​ក្នុងនាមព្រះគ្រីស្ត  មហាសន្និបាត សូម​​​គោរព ជម្រាបដល់​បងប្អូន​ដោយសេចក្ដី​ស្រឡាញ់។ មហាសន្និបាតក៏អរគុណបងប្អូន និងបញ្ជាក់ថា ពិតជា​​​ស្រឡាញ់បងប្អូន មែន! ព្រះសហគមន៍ជួយគាំទ្របងប្អូន និងជូនពរដល់បងប្អូនទៀតផង។

សារគោរពជូនយុវជនយុវនារីទាំងឡាយ

នៅទីបញ្ចប់ មហាសន្និបាតសូមគោរពជូនសារចុងក្រោយនេះ មកប្អូនៗក្មួយៗជាយុវជនយុវនារីក្នុងពិភព​​​លោក​​​​​​​ទាំង​មូល។​ គឺប្អូនៗក្មួយៗនេះហើយនឹងទទួលចង្កៀងពន្លឺពីបងៗ ហើយនឹងរស់នៅក្នុងពិភពលោកនាសម័យ​​​ដែល​​​​​​ប្រែប្រួល​​​យ៉ាង​​​សម្បើមអស្ចារ្យយើងនេះ​​ តាមប្រវត្តិសាស្រ្តមិនដែលមានប្រែប្រួលបែបនេះទេ។ ប្អូន​​​ៗ​​​ក្មួយៗ មុខជានឹងទទួល​យកគំរូ​ដ៏ល្អជាងគេ ពីសេចក្តីបង្រៀន​​​របស់​​​ឪពុក​​​​​​ម្តាយ  និងរបស់គ្រូបាធ្យាយមកបង្កើត​​សង្គមនៅថ្ងៃ អនាគតកាល។ ប្អូនៗក្មួយៗ  មុខជានឹង​រួមសង្គ្រោះខ្លួនឯងក៏បាន ឬក៏រួមអន្តរាយជាមួយ​​​សង្គម​​​នោះ​​​ក៏​​​បាន​​​ដែរ។

អស់បួនឆ្នាំមកហើយព្រះសហគមន៍ខិតខំរិះគិត ដើម្បីកែទ្រង់ទ្រាយរបស់ខ្លួនឲ្យបានជាថ្មី ក្នុងគោលបំណង​បានស្របតាមគម្រោងការរបស់ព្រះគ្រីស្តឲ្យកាន់តែ​ច្បាស់​ឡើងៗ គឺព្រះគ្រីស្តដែលបានតែងតាំងព្រះសហគមន៍។​​​ ព្រះអង្គមានព្រះជន្មគង់នៅយ៉ាងអស្ចារ្យ និងនៅក្នុង​យុវវ័យ​ជា​និច្ចនិរន្តរ៍។ ពេលបញ្ចប់ការរិះគិតអំពីការ​​​ស់​​​នៅ​​​របស់ខ្លួន ព្រះសហគមន៍បែរមករកប្អូនៗក្មួយៗជាយុវជនយុវនារី ដោយ​​​សារ​​​មហាសន្និបាតនេះ ព្រះសហគមន៍​​​ទើប​​​នឹងបានអុជចង្កៀងមួយ ជាពិសេសអុជចង្កៀងសម្រាប់​ប្អូនៗក្មួយៗ គឺជាចង្កៀងផ្តល់ពន្លឺបំភ្លឺអនាគត ជាអនាគត​​​របស់​​​ប្អូនៗក្មួយៗនេះហើយ!

ព្រះសហគមន៍ប្រាថ្នាចង់ឲ្យសង្គមដែលប្អូនៗក្មួយៗនឹងសាងសង់នៅពេលអនាគតនោះ គោរព​​​តម្លៃដ៏ថ្លៃថ្នូរ សេរីភាព និងសិទ្ធិរបស់បុគ្គលគ្រប់ៗរូប។ បុគ្គលទាំងនោះ គឺប្អូនៗក្មួយៗនេះឯង!

ព្រះសហគមន៍ប្រាថ្នាចង់ឲ្យសង្គមនាអនាគតកាលនោះ បណ្តោយឲ្យជំនឿអាចលេចចាំងពន្លឺឡើង គឺជំនឿ​ដែល​​​មានតម្លៃដ៏ថ្លៃថ្នូរជានិច្ច ទាំងនៅអតីតកាល ទាំងនៅអនាគតកាល។​​​ សូមឲ្យជំនឿបំភ្លឺចិត្តគំនិត​ប្អូនៗក្មួយៗ​ដោយ​​​​​​សេរី និងផ្តល់សេចក្តីសុខសាន្តឲ្យប្អូនៗក្មួយៗផង។ ព្រះសហគមន៍សង្ឃឹមថា ប្អូនៗក្មួយៗមុខជានឹង​ទទួល​​​កម្លាំង​​​យ៉ាង​​​​​​​ខ្លាំង និងបានអំណរសប្បាយយ៉ាងក្រៃលែងបានដែរ។ បើដូច្នេះ ប្អូនៗក្មួយមិនចាញ់ការល្បួង​ដូច​បងៗខ្លះ គឺ​​​ប្អូនៗ​​​ក្មួយៗមិន​បណ្តោយខ្លួនតាមទស្សនវិជ្ជាដែលទាក់ទាញចិត្ត គឺទស្សនវិជ្ជានាំឲ្យគិតតែពីខ្លួនឯង ឲ្យគិតតែពីការ​​​ភ្លើត​​​​​​ភ្លើន​សប្បាយតាមកាមគុណថោកទាប ឬទស្សនវិជ្ជាបណ្តាលឲ្យអស់សង្ឃឹម និងនាំឲ្យវាសនាខ្លួនសាបសូន្យ។ មាន​​​លទ្ធិមួយប្រកាសថា គ្មានព្រះទាល់តែសោះ។ លទ្ធិនេះជាអភូតហេតុ​កើតពីមនុស្សដែលណាយចិត្តនឹងជីវិត នឹងជាអភូតហេតុរបស់ពួកចាស់ជរា​។ ព្រះសហគមន៍សង្ឃឹមថា នៅចំពោះលទ្ធិនោះ ប្អូនៗក្មួយៗមុខជានឹង​​​ចេះ​​​ប្រកាស​​​បញ្ជាក់​ជំនឿរបស់ខ្លួន ទៅលើជីវិត និងទៅលើអ្វីៗដែលផ្តល់ឲ្យជីវិតមានអត្ថន័យដ៏ថ្លៃថ្នូរ គឺជំនឿយ៉ាង​​​ជាក់​​​ច្បាស់ថា មានព្រះបិតាប្រកបដោយព្រះហឫទ័យ​​ស្រឡាញ់ និងសុចរិត ព្រះអង្គមានព្រះជន្មគង់នៅពិតប្រាកដមែន។

យើងសូមដាស់តឿន​ប្អូនៗក្មួយៗក្នុងនាមព្រះបិតានេះ និងក្នុងនាមព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែរ​​​ សូម​លាត​​​​ត្រដាងចិត្តគំនិត​​ប្អូនៗក្មួយៗតាមទំហំពិភពលោកទាំងមូល ចូរស្តាប់​ពាក្យស្រែកហៅរបស់បងប្អូន។ សូមប្អូនៗ​​​ក្មួយ​​​​​​​ៗសម្រេច​​ចិត្ត​យក​ថាមពល​ថ្មីរបស់​ប្អូនៗក្មួយៗមកបម្រើគេដោយចិត្តក្លាហាន។ សូមប្រឆាំងនឹងអត្ថទត្ថបុគ្គល និយ​​​មគ្រប់​យ៉ាង។ កុំបណ្តោយខ្លួនតាម​ទោសៈ និងការស្អប់គ្នា ដែលបណ្តាលឲ្យកើតសង្គ្រាម និងទុក្ខវេទនាគ្រប់ យ៉ាង។ ចូរមានចិត្ត​ទូលំទូលាយ បរិសុទ្ធ ចេះគោរពអ្នកដទៃ និងស្មោះត្រង់ជានិច្ច។ ចូរយកចិត្តទុកដាក់​សាងសង់ ពិភពលោកដ៏ល្អ​ប្រសើរ​ជាង​ពិភព​របស់​បងៗ។

ព្រះសហគមន៍មើល​ប្អូនៗក្មួយៗទាំងទុកចិត្ត និងដោយសេចក្ដីស្រឡាញ់។ ព្រះហគមន៍​​​មានអតីត​កាល​ដ៏យូរ អង្វែងដែលមានតម្លៃដ៏ថ្លៃថ្នូរ ហើយនៅតែរក្សាតម្លៃដ៏ថ្លៃថ្នូរនៃអតីតកាលនេះក្នុងខ្លួន។ ព្រះសហគមន៍​​​ធ្វើ​​​ដំណើរ​​​តាម​​​កាលៈទេសៈ​ ទាំងនាំមនុស្សលោកឲ្យបានពេញលក្ខណៈជាមនុស្ស និងនាំគេទៅកាន់ទិស​​​ដៅ​​​ចុង​​​បំផុតនៃ​​​ប្រវត្តិ សាស្រ្ត និងនៃជីវិត។ ព្រះសហគមន៍ពិតជាយុវវ័យនៃពិភពលោកមែន។ ព្រះសហគមន៍មាន​​​អ្វីៗដែលផ្តល់​​​កម្លាំងនិង ធ្វើ​​​ឲ្យមនុស្សពេញ​ចិត្តស្រឡាញ់យុវជនយុវនារី គឺព្រះសហគមន៍មានសមត្ថភាពអរសប្បាយ​​​ដោយឃើញអ្វីៗ​​​ដែល​​​​​​​​​​​​កើត​​​ឡើង មានសមត្ថភាពចែកចាយអ្វីៗដោយមិនទាមទារសុគុណពីគេ មានសមត្ថភាពកែខ្លួនឲ្យបានជាថ្មីជានិច្ច និង​​​បន្តដំណើរទៅមុខ ដើម្បីឲ្យបានជ័យជម្នះជាថ្មីតទៅ​ទៀត។ ចូរសម្លឹងមើលព្រះសហគមន៍មើល៍! ប្អូនៗក្មួយៗ​​​មុខ​​​​​​ជា​​​នឹង ឃើញព្រះភ័ក្ត្រព្រះគ្រីស្តក្នុងព្រះសហគមន៍​ពុំខាន។ ព្រះ​គ្រីស្ត​ជាវិរបុរសដ៏ពិតប្រាកដមែន ព្រះអង្គប្រកប​​​ដោយ​​​​​​ចិត្តសុភាពរាបសា មានប្រាជ្ញាដ៏វាងវៃ ជាព្យាការីប្រកាសសេចក្ដី​ពិត​​និងសេចក្ដីស្រឡាញ់ ជាអ្នកធ្វើ​​​ដំណើរ​​​ជាមួយ យុវជនយុវនារី និងជាមិត្តសម្លាញ់របស់ប្អូនៗក្មួយៗ។ ក្នុងនាមព្រះ​គ្រីស្ត​នេះហើយ យើងសូម​ជម្រាប​មក​ប្អូនៗក្មួយៗ សូមដាស់តឿនប្អូនៗក្មួយៗ និងប្រទានពរឲ្យប្អូនៗក្មួយៗផងដែរ។


Theme: Overlay by Kaira