ព្រះអម្ចាស់ចាត់គ្រីស្តទូតឲ្យទៅកាន់ជាតិសាសន៍ដទៃ
AD GENTES
ខ្ញុំប៉ូល ជាអភិបាល និងជាអ្នកបម្រើអស់អ្នកដែលបម្រើព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេនឹកចងចាំជានិច្ច ។
ក្រឹត្យក្រម
អំពីសកម្មភាពរបស់ព្រះសហគមន៍ ដែលទទួលបេសកកម្មជាសាសនទូត
បុព្វកថា
១-ព្រះជាម្ចាស់ចាត់ព្រះសហគមន៍ឲ្យទៅកាន់សាសន៍ដទៃ ដើម្បីទៅជា “អគ្គសញ្ញានៃការសង្គ្រោះរបស់មនុស្សទាំងអស់“ (ពន្លឺ ៤៨)។ ហេតុនេះហើយបានជាព្រះសហគមន៍ខិតខំអស់ពីសមត្ថភាពប្រកាសដំណឹងល្អឲ្យមនុស្សទាំងអស់ស្របតាមការទាមទារនៃលក្ខណៈរបស់ខ្លួនផ្ទាល់ ជាព្រះសហគមន៍សកល និងតាមព្រះបញ្ជារបស់ព្រះយេស៊ូដែលបានបង្កើត ព្រះសហគមន៍នោះដែរ (មក១៦,១៦)។ ក្រុមគ្រីស្តទូតដែលជាគ្រឹះនៃព្រះសហគមន៍ បានយកតម្រាប់តាមព្រះគ្រីស្ត គឺអស់លោក “បានប្រកាសព្រះបន្ទូលនៃសេចក្តីពិត និងបង្កើតព្រះសហគមន៍នានា“ (សន្តៈអូគូស្តាំង)។ អស់លោកដែលបន្តមុខងារពីក្រុមគ្រីស្តទូត ក៏មានភារកិច្ចបន្តកិច្ចការនេះដែរ ដើម្បីឲ្យ “ព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយ និងបានរុងរឿង“ (២ ថស ៣,១)។ អស់លោកក៏មានភារកិច្ចប្រកាសដំណឹងល្អអំពីព្រះជាម្ចាស់គ្រងរាជ្យ និងតែងតាំងព្រះរាជ្យនោះលើពិភពលោកទាំងមូលផងដែរ។
ប៉ុន្តែ តាមសភាពការណ៍របស់មនុស្សលោកនាបច្ចុប្បន្នកាល ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ដែលជាអំបិលសម្រាប់ផែនដី និងជាពន្លឺបំភ្លឺពិភពលោក (មថ ៥,១៣-១៤) ជាបន្ទាន់ឲ្យសង្គ្រោះនិងកែទម្រង់សត្វលោកទាំងអស់ឲ្យបានជាថ្មី ដើម្បីឲ្យអ្វីៗកើតជាថ្មីក្នុងអង្គព្រះគ្រីស្ត ហើយដើម្បីតែងតាំងមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាមហាគ្រួសារតែមួយក្នុងអង្គព្រះគ្រីស្ត និងឲ្យធ្វើជាប្រជារាស្ត្រតែមួយរបស់ព្រះជាម្ចាស់ទៀតផង។
ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធអរព្រះគុណព្រះជាម្ចាស់ចំពោះកិច្ចការដ៏ប្រសើរអស្ចារ្យ ដែលព្រះសហគមន៍ទាំងមូលបានខ្នះខ្នែងសម្រេចដោយចិត្តទូលំទូលាយ។ មហាសន្និបាតក៏ប្រាថ្នាចង់គូសបញ្ជាក់គោលការណ៍ដ៏សំខាន់ៗនៃសកម្មភាពរបស់ព្រះសហគមន៍ ដែលបំពេញបេសកកម្មជាសាសនទូតដែរ។ មហាសន្និបាតក៏មានបំណងប្រមែប្រមូលកម្លាំងគ្រីស្តបរិស័ទទាំងអស់ ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដើរទៅមុខ តាមទ្វារចង្អៀតនៃឈើឆ្កាង និងលាតសន្ធឹងព្រះរាជ្យរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលទតមើលសតវត្សទាំងប៉ុន្មាននៅពេលតែមួយ (បស ៣៦,១៩) ព្រមទាំងរៀបចំមាគ៌ាថ្វាយព្រះអង្គយាងមកយ៉ាងរុងរឿង។
ជំពូក១
គោលការណ៍តាមលទ្ធិនៃគ្រីស្តសាសនា
២-គម្រោងការរបស់ព្រះបិតា
នៅពេលព្រះសហគមន៍ធ្វើដំណើរក្នុងលោកនេះ ព្រះសហគមន៍មានលក្ខណៈជាសាសនទូត ព្រោះព្រះសហសគមន៍កើតមក ដោយព្រះជាម្ចាស់ជាព្រះបិតាចាត់ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធឲ្យយាងមក តាមព្រះអង្គគ្រោងទុក (ពន្លឺ១)។
គម្រោងការនេះហូរចេញមកពីព្រះហឫទ័យរបស់ព្រះបិតា ជាប្រភពនៃសេចក្តីស្រឡាញ់ គឺព្រះបិតាជាដើមកំណើតនៃអ្វីៗទាំងអស់ ព្រះអង្គប្រទានព្រះជន្មឲ្យព្រះបុត្រា ហើយព្រះវិញ្ញាណក៏ហូរចេញមកពីព្រះបិតា ដោយសារព្រះបុត្រា។ ព្រះបិតាបានប្រតិស្ឋានមនុស្សយើង ដោយព្រះអង្គមានសេរីភាពពេញលេញ មកពីព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន។ ព្រះអង្គក៏ត្រាស់ហៅមនុស្យយើងឲ្យទទួលចំណែកក្នុងព្រះជន្ម និងសិរីរុងរឿងផ្ទាល់របស់ព្រះអង្គថែមទៀត។ ព្រះអង្គបានចាក់បង្ហូរព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គលើយើងដោយឥតសំចៃ ហើយទ្រង់នៅតែចាក់បង្ហូរព្រះហឫទ័យមេត្តាករុណានេះតទៅឥតឈប់ឈរដែរ។ ហេតុនេះហើយបានជាព្រះអង្គពិតជាព្រះអាទិករនៃសត្វលោកទាំងឡាយ ដើម្បីឲ្យព្រះអង្គ "គ្រងរាជ្យលើអ្វីទាំងអស់ក្នុងគ្រប់ប្រការទាំងអស់" (១ករ ១៥,២៨) ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង និងប្រទានសុភមង្គលឲ្យមនុស្សយើងផងដែរ។ ព្រះអង្គសព្វព្រះហឬទ័យត្រាស់ហៅមនុស្សលោកឲ្យទទួលចំណែកក្នុងព្រះជន្មផ្ទាល់របស់ព្រះអង្គ មិនគ្រាន់តែចែកឲ្យបុគ្គលម្នាក់ៗដែលគ្មានចំណងជាប់ទាក់ទងជាមួយអ្នកដទៃប៉ុណ្ណោះទេ តែព្រះអង្គសព្វព្រះហឫទ័យតែងតាំងប្រជារាស្ត្រមួយឲ្យប្រមែប្រមូលបុត្រធីតារបស់ព្រះអង្គដែលខ្ចាត់ខ្ចាយទៅ ឲ្យចូលរួបរួមគ្នាជាធ្លុងតែមួយថែមទៀតផង (យហ ១១,៥២ )។
៣-បេសកកម្មរបស់ព្រះបុត្រា
ព្រះជាម្ចាស់សម្រេចគម្រោងការសង្គ្រោះមនុស្សជាតិទាំងមូល តែព្រះអង្គមិនសង្គ្រោះគេដោយស្ងាត់ៗក្នុងចិត្តគំនិតគេប៉ុណ្ណោះទេ ព្រះអង្គក៏មិនសង្គ្រោះគេ តាមរយៈអ្នកខ្លះដែលខិតខំស្វែងរកព្រះអង្គតាមរបៀបផ្សេងៗជាច្រើនដែរ សូម្បីតែតាមរយៈសាសនាផ្សេងៗក៏ដោយ។ អ្នកខ្លះខ្នះខ្នែងស្វែងរកព្រះអង្គទាំងមានបំណងទៅកាន់ព្រះអង្គ ប្រសិនបើពួកគេអាចធ្វើដូច្នេះបាននោះ គេក៏មានបំណងចង់ឃើញព្រះអង្គថែមទៀត។ តាមពិត ព្រះអង្គគង់មិននៅឆ្ងាយពីយើងម្នាក់ៗទេ (កក ១៧, ២៧)។ ជួនកាលយើងអាចចាត់ទុកថា ការខិតខំទាំងនោះមកពីមនុស្សតម្រង់ខ្លួនទៅរកព្រះដ៏ពិតប្រាកដ ឬជាការរៀបចំខ្លួនឲ្យទទួលដំណឹងល្អ (ពន្លឺ១៦) តាមគម្រោងការដ៏សប្បុរសរបស់ព្រះជាម្ចាស់ដែលថែរក្សាមនុស្សលោកដែរ។ ក៏ប៉ុន្តែ ត្រូវតែបំភ្លឺ និងតម្រង់ការខិតខំទាំងនោះដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យយាងចូលក្នុងប្រវត្តិសាស្រ្តមនុស្សលោក តាមរបៀបថ្មីជាស្ថាពរ គឺព្រះអង្គចាត់ព្រះបុត្រាឲ្យប្រសូតជាមនុស្សដូចយើង ដើម្បីដកមនុស្សលោកឲ្យរួចពីអំណាចនៃភាពងងឹត និងពីមារសាតាំង (កូឡ ១,១៣; កក ១០,៣៨) និងសម្រុះសម្រួលមនុស្សលោកឲ្យជាមួយព្រះអង្គក្នុងព្រះបុត្រានោះដែរ (២ ករ ៥,១៩)។ ដោយប្រព្រឹត្តដូច្នេះ ព្រះអង្គពង្រឹងសេចក្តីសុខសាន្ត គឺធ្វើឲ្យមនុស្សលោកដែលសុទ្ធតែជាអ្នកបាប រួបរួមជាមួយព្រះអង្គ និងរួមរស់ជាមួយគ្នាទុកជាបងប្អូន។ ព្រះអង្គប្រតិស្ឋានអ្វីៗទាំងអស់ដោយសារព្រះបុត្រា (ហប ១,២; យហ១,៣; ១០,១; ករ ៨,៦; កូឡ ១,១៦) និងតែងតាំងព្រះបុត្រានេះឲ្យទទួលអ្វីៗទាំងអស់ទុកជាមរតក និងប្រមូលអ្វីៗទាំងអស់ក្នុងអង្គព្រះបុត្រា (អភ ១,១០ )។
ព្រះជាម្ចាស់ចាត់ព្រះគ្រីស្តយេស៊ូឲ្យយាងមកក្នុងពិភពលោក ធ្វើជាស្ពានមេត្រីដ៏ពិតប្រាកដរវាងព្រះអង្គ និងមនុស្សលោក។ ដោយព្រះបុត្រាពិតជាព្រះជាម្ចាស់មែន "គ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពេញលេញក្នុងរូបកាយរបស់ព្រះគ្រីស្ត" (កូឡ ២,៩)។ ព្រះបុត្រាជាលោកអដាំថ្មី ព្រោះព្រះអង្គពិតជាមនុស្ស។ ព្រះបិតាតែងតាំងព្រះអង្គធ្វើជាមេដឹកនាំមនុស្សលោកដែលកើតជាថ្មី ព្រះអង្គពោរពេញដោយ "ព្រះហឫទ័យប្រណីសន្តោស និងដោយសេចក្តីពិត" (យហ ១,១៤)។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សយ៉ាងពិតប្រាកដ ព្រះអង្គយាងមកចែករំលែកព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ឲ្យមនុស្សលោក។ «ព្រះអង្គដែលមានសម្បត្តិដ៏ច្រើន បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឲ្យយើងទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ» (២ ករ ៨,៩)។ «បុត្រមនុស្សយាងមកក្នុងលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺដើម្បីបម្រើមនុស្សលោក និងបូជាជីវិតសម្រាប់រំដោះមនុស្សទាំងអស់វិញ» (មក ១០,៤៥)។ អស់គ្រូបាធ្យាយដ៏វិសុទ្ធនៃព្រះសហគមន៍តែងតែប្រកាសថា ព្រះគ្រីស្តលើកយកអ្វីណាមួយក្នុងរូបកាយព្រះអង្គ ព្រះអង្គក៏ប្រោសអ្វីមួយនោះឲ្យបានជាសះស្បើយ។ ប៉ុន្តែព្រះបុត្រាបានលើកយកសភាពជាមនុស្សគ្រប់យ៉ាង ដូចយើងទាំងអស់គ្នា ជាអ្នកកើតទុក្ខ និងជាអ្នកក្រីក្រ តែព្រះអង្គមិនដែលប្រព្រឹត្តអំពើបាបណាមួយសោះឡើយ (ហប ៤,១៥; ៩,២៨)។ ព្រះបិតាបានញែកព្រះគ្រីស្តប្រសិទ្ធិឲ្យបានវិសុទ្ធ និងចាត់ព្រះអង្គឲ្យយាងមកក្នុងពិភពលោក (យហ ១០,៣៦)។ ព្រះគ្រីស្តមានព្រះបន្ទូល អំពីព្រះអង្គផ្ទាល់ថា៖ "ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គចាក់ប្រេងអភិសេកខ្ញុំឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឲ្យមកប្រាប់មនុស្សជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេមើលឃើញវិញ" (លក ៤,១៨)។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ "បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់" (លក ១៩,១០)។
ត្រូវប្រកាសសេចក្តីដែលព្រះអម្ចាស់បានថ្លែងកាលពីមុន និងអ្វីៗដែលព្រះជាម្ចាស់បានប្រព្រឹត្តក្នុងអង្គព្រះគ្រីស្ត ដើម្បីសង្គ្រោះមនុស្សលោក គឺត្រូវប្រកាសនិងផ្សព្វផ្សាយរហូតដល់ទីដាច់ស្រយាលនៃផែនដី (កក ១,៨) ចាប់តាំងពីក្រុងយេរូសាឡឹមតទៅ (លក ២៤,៤៧) ដើម្បីឲ្យអ្វីដែលព្រះជាម្ចាស់បានសម្រេចម្តងជាស្រេចនោះក្នុងគោលបំណងសង្គ្រោះមនុស្សទាំងអស់ បានលទ្ធផលក្នុងមនុស្សទាំងអស់ នៅគ្រប់ជំនាន់តរៀងទៅ។
៤-បេសកម្មនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះគ្រីស្តចាត់ព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាមក ដើម្បីបំពេញគម្រោងការរបស់ព្រះអង្គយ៉ាងពេញលេញ គឺ ព្រះវិញ្ញាណប្រោសឲ្យព្រះរាជកិច្ចរបស់ព្រះគ្រីស្ត ដែលសង្គ្រោះមនុស្សលោកបានសម្រេចក្នុងចិត្តគំនិតរបស់មនុស្ស លោក។ ព្រះវិញ្ញាណក៏ជំរុញព្រះសហគមន៍ឲ្យលាតត្រដាងនៅគ្រប់កន្លែងដែរ។ ច្បាស់ជាព្រះវិញ្ញាណមានសកម្មភាព មុនព្រះគ្រីស្តទទួលសិរីរុងរឿងពិតមែនហើយ ត្រង់នេះមិនត្រូវសង្ស័យឡើយ។ ក៏ប៉ុន្តែ នៅបុណ្យថ្ងៃទីហាសិប ព្រះ វិញ្ញាណយាងមកសណ្ឋិតនៅលើក្រុមសាវ័ក ដើម្បីស្ថិតនៅជាមួយគេ រហូតជានិ្ចចនិរន្តរ៍តរៀងទៅ (យហ ១៤,១៦)។ ពេលនោះ ព្រះសហគមន៍បង្ហាញខ្លួននៅចំពោះមុខមនុស្សទាំងអស់ជាសាធារណៈ ហើយក្រុមសាវ័កចាប់ផ្តើមប្រកាស ដំណឹងល្អទៀតផង។ នៅពេលដដែលនោះ ព្រះសហគមន៍នៃសម្ពន្ធមេត្រីថ្មីដែលនិយាយគ្រប់ភាសាយល់ និង ស្រឡាញ់គ្រប់ភាសាដូចគ្នា ក៏ផ្តល់សញ្ញាសម្គាល់ទុកជាមុនអំពីប្រជាជនទាំងអស់រួបរួមគ្នាក្នុងជំនឿសកលតែមួយដែរ។ ព្រះសហគមន៍ក៏ប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយដែរ (តាមអត្ថបទស្តីពីប្រាសាទនៅបាបិល កណ ១១,១-៩)។ នៅថ្ងៃបុណ្យទីហាសិប "កិច្ចការរបស់គ្រីស្តទូត" ចាប់ផ្តើមហើយដូចនៅពេលព្រះវិញ្ញាណយាងមកលើព្រះនាងព្រហ្ម ចារិនីម៉ារីនៅពេលព្រះគ្រីស្តចាប់ផ្ទៃ ឬដូចនៅពេលព្រះវិញ្ញាណដ៏វិសុទ្ធដដែលនោះយាងមកលើព្រះគ្រីស្ត ពេលព្រះអង្គអធិដ្ឋានដូច្នោះដែរ ហើយជំរុញព្រះគ្រីស្តឲ្យចាប់ផ្តើមព្រះរាជកិច្ចបម្រើមនុស្សលោក (លក ៣,២២; ៤,១; កក ១០,៣៨)។ មុនពេលព្រះគ្រីស្តយេស៊ូបូជាព្រះជន្មសម្រាប់មនុស្សលោក ដោយគ្មាននរណាបង្ខំ ព្រះអង្គចាត់ចែងមុខងារបម្រើរបស់ក្រុមគ្រីស្តទូត ហើយមានព្រះបន្ទូលសន្យាថា និងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឲ្យយាងមកដែរ។ ហេតុ នេះហើយបានជាមុខងារបម្រើ និងបេសកម្មក្រុមគ្រីស្តទូតនោះជាប់ជាមួយគ្នា ដើម្បីបំពេញព្រះរាជកិច្ចនៃការសង្គ្រោះនៅគ្រប់កន្លែង ហើយរហូតតរៀងទៅ។ នៅគ្រប់សម័យ ព្រះវិញ្ញាណ «បង្រួបបង្រួមព្រះសហគមន៍ទាំងមូលឲ្យរួបរួមគ្នាជាធ្លុងតែមួយ និងឲ្យមានមុខងារបម្រើផ្សេងៗ។ ព្រះអង្គក៏ប្រទានព្រះអំណោយទានផ្សេងៗ ដែលចាត់ចែងព្រះសហគមន៍ឲ្យមានរចនាសម្ពន្ធតាមលំដាប់លំដោយ និងឲ្យសម្តែងសកម្មភាពរបស់ព្រះអង្គផ្ទាល់ដែរ ៉ (ពន្លឺ៤)។ ព្រះវិញ្ញាណផ្តល់ឲ្យរចនាសម្ពន្ធនៃព្រះសហគមន៍មានជីវិតរស់រវើក និងប្រោសឲ្យគ្រីស្តបរិស័ទមានចិត្តជាសាសនទូត ដូចព្រះអង្គជំរុញព្រះគ្រីស្ត កាលពីដើមដូច្នោះដែរ។ ជួនកាលព្រះវិញ្ញាណបំពេញសកម្មភាពយ៉ាងច្បាស់ មុនពេលគ្រីស្តទូតមកបំពេញការងារ របស់ខ្លួន (កក ១០, ៤៤-៤៧; ១១,១៥; ១៥,៨) ព្រះអង្គក៏នៅតែណែនាំ និងគាំទ្រសកម្មភាពក្រុមគ្រីស្តទូតទាំងនោះ ដោយគ្រប់បែបយ៉ាងតទៅទៀតដែរ (កក ៤,៨; ៥,៣២; ៨,២៦.២៩.៣៩; ៩,៣១; ១០;១១,២៤.២៨; ១៣, ២.៤.៩; ១៦,៦-៧; ២០,២២-២៣ ; ២១,១១ )។
៥-បេសកកម្មរបស់ព្រះសហគមន៍
នៅពេលព្រះអម្ចាស់យេស៊ូចាប់ផ្តើមព្រះរាជកិច្ចព្រះអង្គ "ត្រាស់ហៅអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យជ្រើស រើស និងតែងតាំងសាវ័កដប់ពីរនាក់ឲ្យនៅជាមួយព្រះអង្គ ដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ" (មក ៣,១៣; តាម មថ ១០,១-៤២)។ ដូច្នេះ ក្រុមគ្រីស្តទូតទៅជាពន្លកដើមដំបូងនៃប្រជាជនអ៊ីុស្រាអែលថ្មី និងជាដើមកំណើតនៃក្រុមអភិបាល។ បន្ទាប់មកកាលព្រះអម្ចាស់បង្ហើយគម្រោងការដ៏អស្ចារ្យអំពីការសង្គ្រោះ និងអំពីការកែទម្រង់ពិភពលោកឲ្យបានជា ថ្មីនោះ។ ដោយព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ថ្មីដ៏រុងរឿង ព្រះអង្គទទួលគ្រប់អំណាចនៅលើមេឃ និងនៅ លើផែនដី (មថ ២៨,១៨) ទ្រង់តែងតាំងព្រះសហគមន៍ទុកជាអគ្គសញ្ញានៃការសង្គ្រោះមុនពេលព្រះជាម្ចាស់លើក ព្រះអង្គទៅលើ (កក ១,១១)។ ព្រះបិតាចាត់ព្រះបុត្រាឲ្យយាងមកយ៉ាងណា (យហ ២០,២១) ព្រះអម្ចាស់យេស៊ូ ក៏ចាត់ក្រុមគ្រីស្តទូតឲ្យទៅក្នុងពិភពលោកទាំងមូលយ៉ាងនោះដែរ ទាំងបញ្ជាថា “ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ ឲ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា” (មថ ២៨,១៩ត)។ ”ចូរនាំគ្នាទៅគ្រប់ទីកន្លែង ក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ និងទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកមិនព្រមជឿវិញនឹងត្រូវទទួលទោស“ (មក ១៦,១៥ត)។ តាមព្រះបន្ទូលទាំងនោះ ព្រះសហគមន៍មានភារកិច្ចផ្សព្វផ្សាយជំនឿ និងការសង្គ្រោះដែលព្រះគ្រីស្តនាំមក។ ម៉្យាងទៀត ក្រុមអភិបាលព្រះសហគមន៍ទទួលភារកិច្ចនេះទុកជាកេរមរតកបន្តពីក្រុមគ្រីស្តទូតដែរ ដោយមានក្រុមលោកគង្វាល ជួយផង ទាំងរួបរួមជាមួយអភិបាលក្រុងរ៉ូមដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះសហគមន៍។ ម្យ៉ាងទៀត ព្រះគ្រីស្តក៏ប្រទានឲ្យគ្រីស្តបរិស័ទគ្រប់ៗរូបក្នុងព្រះសហគមន៍ទទួលជីវិតពីព្រះអង្គដែរ គឺ “ព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលរូបរួមផ្គុំគ្នា និងភ្ជាប់ឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើននិងកសាងឡើងក្នុងសេចក្តីស្រឡាញ់។" (អភ ៤,១៦)។ ព្រះសហគមន៍បំពេញបេសកម្មរបស់ខ្លួនដោយប្រព្រឹត្តតាមព្រះបញ្ជារបស់ព្រះគ្រីស្ត និងដោយព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទានឲ្យព្រះសហគមន៍មានចលនារស់រវើកនឹងសេចក្តីស្រឡាញ់។ ដូច្នេះព្រះសហគមន៍មាន វត្តមានយ៉ាងពិតប្រាកដនៅក្បែរមនុស្សលោកគ្រប់ៗរូប និងនៅក្បែរប្រជាជនទាំងអស់។ ព្រះសហគមន៍ក៏នាំគេឲ្យផ្ញើជីវិតលើព្រះអង្គ ឲ្យគេមានសេរីភាព និងឲ្យគេបានសេចក្កីសុខសាន្តរបស់ព្រះគ្រីស្ត។ ដោយគ្រីស្តបរិស័ទរស់នៅបែបជាគំរូដល់គេ ដោយប្រកាសដំណឹងល្អ ដោយចែងអគ្គសញ្ញានានា និងដោយប្រើមធ្យោបាយផ្សេងៗ ព្រះសហគមន៍នាំព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មកគេទៀតផងដែរ។ ធ្វើដូច្នេះ ព្រះសហគមន៍ក៏បើកផ្លូវយ៉ាង ពិតប្រាកដឲ្យគេអាចចូលរួមយ៉ាងពេញលេញក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត។ បេសកម្មរបស់ព្រះសហគមន៍នេះបន្តនិងពង្រឹងបេសកម្មរបស់ព្រះគ្រីស្តផ្ទាល់ តាមដំណើរនៃប្រវត្តិសាស្ត្រ គឺបេសកកម្មរបស់ព្រះគ្រីស្តដែលព្រះ បិតាចាត់ឲ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តក៏ជំរុញព្រះសហគមន៍ឲ្យទៅតាម ផ្លូវរបស់ព្រះគ្រីស្តនោះ គឺព្រះសហគមន៍ក៏ត្រូវរស់នៅក្នុងឋានៈជាជនក្រីក្រ ធ្វើតាមបញ្ជា សុខចិត្តបម្រើគេ និងសុខ ចិត្តបូជាជីវិតរហូតដល់បាត់បង់ជីវិតផង។ ប៉ុន្តែ ព្រះគ្រីស្តមានជ័យជម្នះលើសេចក្តីស្លាប់នេះ ដោយទ្រង់ទទួល ព្រះជន្មថ្មីដ៏រុងរឿង។ ក្រុមគ្រីស្តទូតទាំងអស់បានដើរតាមផ្លូវដដែលនោះទាំងមានចិត្តសង្ឃឹម អស់លោកក៏រងទុក្ខវេទនា និងឈឺចុកចាប់ជាច្រើនយ៉ាង គឺអស់លោក "ជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្តសម្រាប់ព្រះកាយព្រះអង្គជាព្រះសហគមន៍" (កូឡ ១,២៤)។ គ្រីស្តបរិស័ទបានបង្ហូរឈាមរបស់ខ្លួនជារឿយៗ ទុកជាពូជបង្កើតគ្រីស្តបរិស័ទឯទៀតៗដែរ (លោកទែរទូស៊ីយាំង)។
៦-សកម្មភាពជាសាសនទូត
ក្រុមអភិបាល ដែលមានអភិបាលក្រុងរ៉ូមជាអ្នកបន្តមុខតំណែងរបស់គ្រីស្តទូតសិលាមកធ្វើជាប្រធាន មាន ភារកិច្ចបំពេញបេសកម្មនោះ ដោយមានព្រះសហគមន៍ទាំងមូលជួយអធិដ្ឋាន និងសហការផងដែរ។ ទោះបីអស់ លោកអភិបាលបំពេញបេសកម្មនេះតាមរបៀបផ្សេងៗពីគ្នា ត្រូវតាមសភាពការណ៍ផ្សេងៗក្តី ក៏បេសកម្មនោះមានតែ មួយគត់ និងដដែលនៅគ្រប់ទីកន្លែង ក្នុងគ្រប់កាលៈទេសៈ។ ហេតុហើយបានជាត្រូវទទួលស្គាល់ថា សកម្មភាព ផ្សេងៗរបស់ព្រះសហគមន៍ មិនមែនមកពីលក្ខណៈផ្ទាល់របស់បេសកម្មទេ តែហូរមកពីសភាពការណ៍ផ្សេងៗរបស់ គ្រីស្តរិស័ទដែលបំពេញបេសកកម្មនោះ។
ជួនកាលសភាពការណ៍ប្លែកៗ មកពីព្រះសហគមន៍ ជួនកាលមកពីប្រជាជននានា ជួនកាលមកពីក្រុមមនុស្សដែលប្លែកពីគ្នា ឬជួនកាលមកពីមនុស្សដែលព្រះសហគមន៍ទាក់ទងជាមួយនៅពេលបំពេញបេសកកម្មនោះតែម្តង។ ទោះបីព្រះសហគមន៍មានមធ្យោបាយសព្វគ្រប់ដើម្បីនាំការសង្គ្រោះក្តី ក៏ព្រះសហគមន៍មិនប្រព្រឹត្តហើយក៏មិនអាចប្រព្រឹត្តភ្លាមៗ និងចំៗ តាមគ្រប់មធ្យោបាយរបស់ខ្លួនជានិច្ចបានទេ។ ជួនកាលព្រះសហគមន៍ចាប់ ផ្តើមបំពេញសកម្មភាពតាមកម្រិត ដើម្បីខិតខំធ្វើគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបានសម្រេច។ ជួនកាលព្រះសហគមន៍ចាប់ផ្តើមបំពេញសកម្មភាពយ៉ាងស្រួល តែក្រោយមក ត្រូវអន់ថយទៅវិញ ឬស្ថិតនៅដដែលដូចជាឃាំងស្ទាក់ មិនអាចទៅមុខទៀតបាន។ ចំពោះមនុស្សវិញ ព្រះសហគមន៍ទាក់ទងជាមួយក្រុមមនុស្សខ្លះ និងប្រជាជនខ្លះ តែបន្តិចម្តងៗប៉ុណ្ណោះទេ ហើយក៏ជ្រួតជ្រាបក្នុងចិត្តគំនិតគេតែបន្តិចម្តងៗដែរ។ យូរៗទៅព្រះសហគមន៍ក៏លើកយកអ្នកទាំងនោះឲ្យចូលក្នុងសេចក្តីដ៏ពេញលក្ខណៈរបស់ព្រះសហគមន៍សកលដែរ។ តែត្រូវឲ្យសកម្មភាពរបស់ព្រះសហគមន៍ និងមធ្យោបាយផ្សេងៗដែលព្រះសហគមន៍ប្រើនោះ បានស្របតាមសភាពការណ៍នីមួយៗនិងតាមរបៀបរស់នៅរបស់គេ។
តាមធម្មតាគេហៅ "បេសកកម្ម" គឺកិច្ចការផ្សេងៗរបស់អ្នកដែលព្រះសហគមន៍ចាត់ឲ្យទៅក្នុងពិភពលោកទាំងមូល ដើម្បីប្រកាសដំណឹងល្អ និងតែងតាំងព្រះសហគមន៍ក្នុងប្រជាជនមួយ និងក្នុងក្រុមមនុស្សដែលមិនទាន់ជឿលើព្រះគ្រីស្តនៅឡើយ។ ធម្មតា "បេសកជន" ឬ «សាសនទូត» ទាំងនោះបំពេញសកម្មភាពផ្សេងៗ ក្នុងតំបន់ដែលសន្តអាសនៈបានកំណត់ទុក និងទទួលស្គាល់ហើយ។ សកម្មភាពរបស់សាសនទូតទាំងនោះមានគោលដៅតែមួយ គឺនាំដំណឹងល្អដល់ប្រជាជន និងតែងតាំងព្រះសហគមន៍នៅក្នុងប្រជាជន ឬនៅក្នុងក្រុមមនុស្សដែលព្រះសហគមន៍មិនទាន់ចាក់ឫសនៅឡើយ។ ត្រូវឲ្យព្រះសហគមន៍ថ្មីៗដោយឡែក កើតឡើងដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចម្រើនឡើងនៅគ្រប់កន្លែងក្នុងពិភពលោកទាំងមូល។ ត្រូវតែងតាំងព្រះសហគមន៍ទាំងនោះឲ្យមានសមត្ថភាពអាចរស់នៅដោយខ្លួនឯងបាន និងមានកម្លាំងមាំមួនគ្រប់គ្រាន់ ហើយមានធនធានផ្ទាល់ គឺមានកម្លាំងដូចជាមានអាយុពេញវ័យ។ ត្រូវឲ្យព្រះសហគមន៍ថ្មីៗ មានក្រុមអភិបាលដែលកើតមកពីប្រជាជននោះ រួមជាមួយប្រជាជនគ្រីស្តបរិស័ទ និងមានមធ្យោបាយគ្រប់គ្រាន់ដែលគេត្រូវការ សមស្របតាមទេពកោសល្យនិងអរិយធម៌របស់គេ។ ធ្វើដូច្នេះ ទើបព្រះសហគមន៍ថ្មីៗទាំងនោះអាចរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ ហើយអាចជួយជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូលផងដែរ។ មានតែការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្តប៉ុណ្ណោះទេ ដែលជាមធ្យោបាយចម្បងសម្រាប់តែងតាំងព្រះសហគមន៍បែបនោះ។ ព្រះអម្ចាស់ចាត់ក្រុមសាវ័កក្នុងពិភពលោកទាំងមូល ដើម្បីឲ្យគេប្រកាសដំណឹងល្អ និងដើម្បីឲ្យមនុស្សដែលកើតជាថ្មីដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ (១ សល ១,២៣) អាចចូលរួមក្នុងព្រះសហគមន៍ដោយអគ្គសញ្ញាជ្រមុជទឹកទៀតផង។ ព្រះសហគមន៍ជាព្រះកាយរបស់ព្រះគ្រីស្ត ដែលជាព្រះបន្ទូលប្រសូតជាមនុស្ស។ ព្រះសហគមន៍ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទុកជាអាហារដែលផ្តល់ជីវិត និងទទួលនំបុ័ងនៃអគ្គសញ្ញាអរព្រះគុណទៀតដែរ (កក ២,៤២ )។
នៅពេលព្រះសហគមន៍បំពេញបេសកកម្មជាសាសនទូតនេះ ព្រះសហគមន៍ជួបប្រទះសភាពការណ៍ប្លែកៗពីគ្នា។ ជួនកាលសភាពការណ៍ទាំងនោះលាយឡំគ្នា គឺមុនដំបូងព្រះសហគមន៍ចាប់ផ្តើមចាក់ឫស រួចចម្រើនឡើងដូចជានៅថ្មីខ្ចី ក្រោយមកគេដូចជានៅយុវវ័យ។ កាលណាព្រះសហមន៍ឆ្លងដំណាក់កាលទាំងនោះ ព្រះសហគមន៍នៅតែប្រកាសដំណឹងល្អតទៅទៀត គឺព្រះសហគមន៍តែងតាំងថ្មីទាំងនោះនៅតែមានភារកិច្ចបន្តបេសកកម្មនេះតទៅទៀតគឺប្រកាសដំណឹងល្អដល់អស់អ្នកដែលនៅខាងក្រៅនៅឡើយ។ លើសពីនេះទៅទៀត ជួនកាលព្រះសហគមន៍ស្ថិតនៅក្នុងក្រុមមនុស្សខ្លះរួចហើយ តែក្រុមទាំងនោះត្រូវប្រែប្រួលទាំងស្រុងដោយមានមូលហេតុផ្សេងៗ បណ្តាលឲ្យសភាពការណ៍ថ្មីៗកើតឡើង។ ពេលនោះ ព្រះសហគមន៍ត្រូវពិនិត្យពិចារណាថា តើត្រូវបង្កើតសកម្មភាពប្រកាសដំណឹងល្អសារជាថ្មី ព្រោះសភាពការណ៍ទាំងនោះឬយ៉ាងណា?។ ម្យ៉ាងទៀត ក្នុងសភាពការណ៍ខ្លះ ព្រះសហគមន៍គ្មានលទ្ធភាពអាចប្រកាសដំណឹងល្អ ចំៗភ្លាមបានទេ យ៉ាងហោចណាស់ក្នុងរយៈពេលមួយ។ ពេលនោះ សាសនទូតអាច និងត្រូវ ផ្តល់សក្ខីភាពអំពីព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណារបស់ព្រះគ្រីស្ត ដោយចិត្តអត់ធ្មត់ខន្តី និងប្រុងប្រយ័ត្ន ទាំងផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ធ្វើដូច្នេះ សាសនទូតរៀបចំមាគ៌ាថ្វាយព្រះអម្ចាស់ និងធ្វើឲ្យព្រះអង្គមានវត្តមានម្យ៉ាងនៅក្នុងប្រជាជននោះ។ ហេតុនេះហើយបានជាសកម្មភាពជាសាសនទូតច្បាស់ជាហូរចេញមកយ៉ាងជ្រៅពីលក្ខណៈផ្ទាល់របស់ព្រះសហគមន៍មែន។ សកម្មភាពជាសាសនទូតនេះផ្សព្វផ្សាយជំនឿដែលសង្គ្រោះមនុស្សលោក និងលាតសន្ធឹងព្រះសហគមន៍។ សកម្មភាពនេះក៏ធ្វើឲ្យលក្ខណៈសកលរបស់ព្រះសហគម៍កើតជារូបរាងដែរ។ លក្ខណៈរបស់ព្រះសហគមន៍ដែលមានក្រុមគ្រីស្តទូតជាគ្រឹះ ក៏ពង្រឹងសកម្មភាពជាសាសនទូតឲ្យមានកម្លាំងឡើង និងនាំឲ្យក្រុមអភិបាលមានអារម្មណ៍ទទួលខុសត្រូវរួមជាមួយគ្នា។ សកម្មភាពជាសាសនទូតនោះក៏បញ្ជាក់ និងផ្សព្វផ្សាយ ព្រមទាំងណែនាំមនុស្សឲ្យបានវិសុទ្ធថែមទៀតផង។ ហេតុនេះហើយបានជាសកម្មភាពជាសាសនទូតក្នុងចំណោមសាសន៍ដទៃ ប្លែកពីសកម្មភាពរបស់ព្រះសហសគមន៍ដែលឃ្វាលណែនាំគ្រីស្តបរិស័ទ ហើយប្លែកពីកិច្ចការផ្សេងៗ ដែលត្រូវចាប់ផ្តើមធ្វើដើម្បីបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ឲ្យរួមគ្នាជាធ្លុងតែមួយដែរ។ ប៉ុន្តែ សកម្មភាពទាំងពីរនោះ ក៏ភា្ជប់យ៉ាងជិតស្និទ្ធនឹងសកម្មភាពជាសាសនទូតរបស់ព្រះសហគមន៍ដែរ ព្រោះថា គ្រីស្តបរិស័ទបាក់បែកគ្នាដូច្នេះ បណ្តាលឲ្យកើតមានឧបសគ្គរារាំងការប្រកាសដំណឹងល្អដល់សត្វលោកទាំងឡាយដែលជាកិច្ចការដ៏វិសុទ្ធជាងគេបំផុត (បង្រួប ១) ហើយក៏បិទផ្លូវមិនឲ្យមនុស្សជាច្រើនមានជំនឿទៀតដែរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ត្រាស់ហៅអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកឲ្យរួបរួមគ្នាជាមហាគ្រួសារតែមួយ។ ដូច្នេះ គេអាចព្រមគ្នាផ្តល់សក្ខីភាពតែមួយអំពីព្រះគ្រីស្តជាព្រះអម្ចាស់របស់គេ នៅចំពោះមុខជាតិសាសន៍ទាំងឡាយ។ នេះពិតជាភារកិច្ចដ៏ចាំបាច់នៃបេសកកម្មជាសាសនទូតមែន។ ប្រសិនបើគ្រីស្តបរិស័ទមិនទាន់មានសមត្ថភាពអាចផ្តល់សក្ខីភាពអំពីជំនឿតែមួយនៅឡើយ ក៏យ៉ាងហោចណាស់ គេត្រូវស្រឡាញ់គ្នា និងរាប់អានគ្នាទៅវិញទៅមកដែរ។
៧-មូលហេតុ និងសេចក្តីត្រូវការនៃសកម្មភាពជាសាសនទូត
“ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សទាំងអស់ និងឲ្យបានស្គាល់សេចក្តីពិត ដ្បិតមានព្រះជាម្ចាស់តែមួយព្រះអង្គ ជាស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះយេស៊ូគ្រីស្តជាមនុស្សម្នាក់ដែលបានបូជា ព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់ (១ ធម ២,៤-៥)។ "គ្មាននរណាផ្សេងទៀតអាចសង្គ្រោះមនុស្សលោកបានឡើយ" (កក ៤,១២)។ ព្រះសហគមន៍បំពេញសកម្មភាពជាសាសនទូតនេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យ ដូច្នេះ។ ហេតុនេះហើយបានជាត្រូវឲ្យមនុស្សទាំងអស់ប្រែចិត្តទៅរកព្រះគ្រីស្ត ដែលគេបានស្គាល់ដោយព្រះសហគមន៍ប្រកាសដំណឹងល្អ។ គេក៏ត្រូវចូលរួមក្នុងអង្គព្រះគ្រីស្ត និងក្នុងព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ ដោយសារអគ្គសញ្ញាជ្រមុជទឹក។ ៉ព្រះគ្រីស្តផ្ទាល់បង្រៀនយ៉ាងជាក់ច្បាស់ថា មនុស្សត្រូវតែផ្ញើជីវិតលើព្រះអង្គ និងទទួលអគ្គសញ្ញាជ្រមុជទឹកជាចំាបាច់ (មក ១៦,១៦; យហ ៣,៥)។ នៅពេលជាមួយគ្នានោះ ព្រះអង្គក៏បញ្ជាក់ថាត្រូវតែមានព្រះសហគមន៍ជាចំបាច់ដែរ។ មនុស្សចូលក្នុងព្រះសហគមន៍ដោយអគ្គសញ្ញាជ្រមុជទឹកដែលជាទ្វារ។ ហេតុនេះហើយបានជា អស់អ្នកដែលដឹងថា ព្រះជាម្ចាស់បានតែងតាំងព្រះសហគមន៍កាតូលិក ដោយសារព្រះយេស៊ូគ្រីស្តទុកជាមធ្យោបាយដ៏ចាំបាច់ដើម្បីទទួលការសង្គ្រោះ ប៉ុន្តែបដិសេធមិនព្រមចូលព្រះសហគមន៍កាតូលិក ឬបដិសេធមិនព្រមព្យាយាមស្ថិតនៅជាប់នឹងព្រះសហគមន៍នោះ ពុំអាចទទួលការសង្រោ្គះបានឡើយ ៉(ពន្លឺ ១៤)។ ប៉ុន្តែ ព្រះជាម្ចាស់អាចណែនាំមនុស្សដែលមិនស្គាល់ដំណឹងល្អ (ដោយគ្មានកំហុសផ្ទាល់ខ្លួនទេ) ឲ្យផ្ញើជីវិតលើព្រះអង្គតាមមាគ៌ាផ្សេងៗបាន ជាមាគ៌ាដែលមានតែព្រះអង្គទេដែលស្គាល់។ មានតែការផ្ញើជីវិតលើព្រះអង្គ ប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យមនុស្សបានគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន (ហប ១១,៦)។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះសហគមន៍មានកាតព្វកិច្ចប្រកាសដំណឹងល្អ (១ករ ៩,១៦) ហើយក៏មានសិទ្ធិដ៏សក្ការៈប្រកាសដំណឹងល្អនេះថែមទៀតផង។ ហេតុនេះហើយបានជាព្រះសហគមន៍ត្រូវតែមានសកម្មភាពជាសាសនទូតយ៉ាងខ្លាំងនិងជាចាំបាច់ យ៉ាងពេញលេញ នៅសម័យបច្ចុប្បន្នក៏ដូចនៅគ្រប់សម័យដែរ។
ដោយការប្រកាសដំណឹងល្អនេះ ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តប្រមែប្រមូល និងចាត់ចែងកម្លាំងរបស់ខ្លួនឥតឈប់ឈរ ដើម្បីចម្រើនឡើង (អភ ៤,១១-១៦)។ សេចក្តីស្រឡាញ់របស់សមាជិកនៃព្រះសហគមន៍ចំពោះព្រះជាម្ចាស់ជំរុញឲ្យគេបំពេញេសកម្មភាពជាសាសនទូតនេះ ហើយក៏ជំរុញឲ្យគេមានបំណងចង់ចែករំលែកសម្បត្តិខាងព្រះវិញ្ញាណនៃជីវិតនៅលោកខាងមុខ ឲ្យមនុស្សទាំងអស់ ដូចគេចែករំលែកសម្បត្តិនៅនាលោកនេះឲ្យគេដែរ។
ដោយព្រះសហគមន៍មានសកម្មភាពជាសាសនទូតដូច្នេះ មនុស្សលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់យ៉ាងពេញលេញទៀត ព្រោះគេទទួលស្គាល់ ទាំងដឹងខ្លួន និងយ៉ាងពេញលេញ នូវព្រះរាជកិច្ចដែលព្រះអង្គបានសម្រេចក្នុងអង្គព្រះគ្រីស្ត ដើម្បីសង្គ្រោះគេ។ ដោយព្រះសហគមន៍ប្រកាសដំណឹងល្អដូច្នេះ ព្រះជាម្ចាស់ក៏សម្រេចគម្រោងការរបស់ព្រះអង្គ ជាគម្រោងការដែលព្រះគ្រីស្តបានបម្រើ ដោយទ្រង់បានស្តាប់តាមព្រះបញ្ជា និងដោយព្រះហឫទ័យស្រឡាញ់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាដែលចាត់ព្រះអង្គឲ្យយាងមក (យហ ៧,១៨; ៨,៣០.៤០.៥០; ១៧,១)។ គម្រោងការនេះមានដូចតទៅ គឺនាំឲ្យមនុស្សលោកទាំងមូលរួបរួមគ្នាជាប្រជារាស្ត្រតែមួយរបស់ព្រះជាម្ចាស់ និងជួបជុំគ្នាក្នុងព្រះកាយតែមួយរបស់ព្រះគ្រីស្ត ហើយកសាងឡើងជាព្រះវិហារតែមួយរបស់ព្រះវិញ្ញាណដ៏វិសុទ្ធទៀតផង។ គម្រោងការរបស់ព្រះជាម្ចាស់នោះ មានគោលដៅបង្រួបបង្រួមមនុស្សឲ្យរួបរួមគ្នាក្នុងសេចក្តីសុខសាន្តទុកជាបងប្អូន ក៏ស្របតាមបំណងប្រាថ្នាកប់ជ្រៅក្នុងចិត្តរបស់មនុស្សទាំងអស់ដែរ។ មនុស្សទាំងអស់មានសភាពជាមនុស្សតែមួយដូចគ្នា ពេលណាគេទទួលជីវិតថ្មីក្នុងអង្គព្រះគ្រីស្តដោយសារព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា និងរួមគ្នាបញ្ចាំងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (២ ករ ៣,១៨) ដោយរួមគ្នាប្រកាសថា «ឳ! ព្រះបិតាយើងខ្ញុំ" នៅពេលនោះ ព្រះអាទិករនឹងសម្រេចគម្រោងការរបស់ព្រះអង្គយ៉ាងពេញលេញជាស្ថាពរ គឺព្រះអង្គដែលបានប្រតិស្ឋានមនុស្សឲ្យជារូបតំណាងរបស់ព្រះអង្គ និងឲ្យមានលក្ខណៈដូចព្រះអង្គ។
៨-សកម្មភាពជាសាសនទូតក្នុងប្រវត្តិសាស្ត្រមនុស្សលោក
សកម្មភាពជាសាសនទូត ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសភាពនឹងសេចក្តីប៉ងប្រាថ្នារបស់មនុស្សជាតិ ។ ពេលព្រះសហគមន៍សម្តែងព្រះគ្រីស្តឲ្យមនុស្សលោកស្គាល់ ព្រះសហគមន៍ក៏សម្តែងសេចក្តីពិតប្រាកដអំពីតម្លៃនៃជីវិតមនុស្ស និងអំពីឧបនិស័្សយទាំងមូលរបស់គេ តាមព្រះជាម្ចាស់ត្រាស់ហៅគេ ព្រោះព្រះគ្រីស្តជាប្រភព និងជាគំរូរបស់មនុស្សលោកដែលកើតជាថ្មី ពោរពេញដោយសេចក្តីស្រឡាញ់ទុកជាបងប្អូន ពោរពេញដោយសេចក្តីស្មោះត្រង់ និងពោរពេញដោយចិត្តគំនិតចង់បានសន្តិភាព សមស្របតាមបំណងប្រាថ្នាមនុស្សលោកចង់បាននោះ។ ព្រះសហគមន៍ផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តដោយប្រកាសដំណឹងល្អ។ ព្រះគ្រីស្តនិងព្រះសហគមន៍មិនភ្ជាប់នឹងគំនិតជាតិនិយមទេ ហើយក៏មិនប្រកាន់ពណ៌សម្បុរដែរ។ ហេតុនេះ នៅកន្លែងណាក៏ដោយ ហើយនរណាក៏ដោយ ក៏មនុស្សមិនអាចចាត់ព្រះគ្រីស្តនិងព្រះសហគមន៍ទុកជាជនបរទេស គ្មានទំនាក់ទំនងជាមួយខ្លួនបានឡើយ។ ព្រះគ្រីស្តផ្ទាល់ជាសេចក្តីពិត និងជាមាគ៌ា ដែលព្រះសហគមន៍សម្តែងឲ្យមនុស្សទាំងអស់ស្គាល់ ដោយប្រកាស ដំណឹងល្អ គឺនាំព្រះបន្ទូលរបស់ព្រះគ្រីស្តនោះថា "ចូរប្រែចិត្តគំនិត និងជឿដំណឹងល្អចុះ" (មក១,១៥)។ អ្នកមិនព្រមផ្ញើជីវិតលើព្រះអង្គ ក៏ទទួលទោសរួចហើយ (យហ ៣,១៨)។ ហេតុនេះហើយបានជាព្រះបន្ទូលរបស់ព្រះគ្រីស្តសម្តែងព្រះហឫទ័យប្រណីសន្តោសផង ហើយក៏សម្តែងការវិនិច្ឆ័យដាក់ទោសផង ជាព្រះបន្ទូលដែលផ្តល់ជីវិតផង ហើយក៏នាំសេចក្តីស្លាប់ផងដែរ។ យើងត្រូវតែសម្លាប់អ្វីៗក្នុងខ្លួនដែលចាស់ទៅហើយនោះ ទើបយើងអាចទៅដល់ជីវិតថ្មីបាន។ សេចក្តីនេះមានអត្ថន័យមុនដំបូងសម្រាប់មនុស្ស តែសេចក្តីនេះក៏មានអត្ថន័យសម្រាប់សម្បត្តិផ្សេងៗនៅក្នុងលោកនេះដែរ គឺអ្វីៗទាំងអស់ភ្ជាប់នឹងបាបរបស់មនុស្សផង ហើយក៏ភ្ជាប់នឹងព្រះពររបស់ព្រះជាម្ចាស់ផងដែរ ដ្បិតមនុស្ស "គ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយបាត់បង់សិរីរុងរឿងរបស់ព្រះជាម្ចាស់" (រម ៣,២៣)។ គ្មាននរណារួចពីបាប ដោយខ្លួនឯងបានទេ ឬដោយការខិតខំរបស់ខ្លួនឡើយ គ្មាននរណាម្នាក់រួចផុតទាំងស្រុងពីភាពទន់ខ្សោយរបស់ខ្លួន និងពីភាពឯកោរបស់ខ្លួន ហើយពីឋានៈជាទាសករបានទេ គឺមនុស្សគ្រប់ៗគ្នាត្រូវការព្រះគ្រីស្តជាគំរូ ជាព្រះបរមគ្រូ ជាអ្នករំដោះ ជាព្រះសង្គ្រោះ និងជាអ្នកផ្តល់ជីវិត។ ពិតមែនហើយ តាមប្រវត្តិសាស្ត្ររបស់មនុស្សលោក សូម្បីតែតាមផ្លូវលោកីយ៍ក៏ដោយ ក៏ដំណឹងល្អរបស់ព្រះគ្រីស្តបាននាំសេរីភាព និងនាំឲ្យសង្គមជឿនលឿន ដូចជាមេដែលធ្វើឲ្យម្សៅដោរឡើងដូច្នោះដែរ។ សព្វថ្ងៃក៏ដូចពីមុនដែរ ដំណឹងល្អក៏បង្ហាញខ្លួនជានិច្ចទុកជាមេក្នុងម្សៅ គឺនាំឲ្យមនុស្សស្រឡាញ់គ្នាទៅវិញទៅមកទុកជាបងប្អូន និងនាំឲ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយ ហើយក៏នាំសន្តិភាពថែមទៀតដែរ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទនំាគ្នាគោរពព្រះ គ្រីស្តយ៉ាងត្រឹមត្រូវទុកជា "ព្រះដែលប្រជាជាតិនានារង់ចាំ និងជាព្រះសង្គ្រោះរបស់គេផង" (សន្តៈអ៊ីរ៉េណេ)។
៩-សកម្មភាពជាសាសនទូតបង្ហាញអំពីគ្រាចុងក្រោយបំផុត
ព្រះសហគមន៍បំពេញសកម្មភាពជាសាសនទូតនៅក្នុងចន្លោះពេលព្រះអម្ចាស់យាងមកលើកដំបូង និងពេលព្រះអង្គនឹងយាងមកលើកទីពីរ។ នៅពេលចុងក្រោយនោះ ព្រះអង្គនឹងប្រមែប្រមូលព្រះសហគមន៍ពីគ្រប់ទិសទី ដូចអ្នកស្រែប្រមូលស្រូវដែលគេច្រូត ឲ្យចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ២៤,៣១)។ ប៉ុន្តែមុនព្រះអម្ចាស់យាងមកនោះ "ត្រូវប្រកាសដំណឹងល្អឲ្យមនុស្សគ្រប់ជាតិសាសន៍" (មក ១៣,១០ )។
សកម្មភាពជាសាសនទូត ពិតជាសម្តែងអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលកើតជារូបរាង គឺសកម្មភាពជាសាសនទូតនេះពិតជាគ្មានអត្ថន័យប្លែកពីការសម្តែងគម្រោងការនេះទេ។ ព្រះជាម្ចាស់សម្តែង និងបំពេញគម្រោងការនោះក្នុងពិភពលោក និងតាមប្រវត្តិសាស្រ្តរបស់មនុស្សលោក គឺព្រះអង្គច្បាស់ជាណែនាំប្រវត្តិសាស្រ្តនៃការសង្គ្រោះទៅកាន់ទិសដៅរបស់ខ្លួន។ ដោយព្រះសហគមន៍ប្រកាសព្រះបន្ទូល និងធ្វើអគ្គសញ្ញានានា ដែលមានអគ្គសញ្ញាអរព្រះគុណជាស្នូលនិងជាកំពូល ព្រះសហគមន៍ធ្វើឲ្យព្រះគ្រីស្តមានវត្តមានក្នុងពិភពលោកនេះហើយ គឺព្រះគ្រីស្តដែលសម្រេចការសង្គ្រោះ។ ព្រះជាម្ចាស់បានសាបព្រោះអ្វីៗដ៏ពិតប្រាកដ និងអ្វីៗដែលសម្តែងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ កប់ទុកក្នុងចំណោមសាសន៍ដទៃ ហាក់ដូចជាវត្តមានម៉្យាងដ៏ស្ងាត់កំបាំងរបស់ព្រះអង្គក្នុងសាសន៍ទាំងនោះ។ បើព្រះសហគមន៍រកឃើញ ព្រះសហគមន៍រំដោះអ្វីទាំងនោះឲ្យរួចពីចំណងអាក្រក់ និងលើកទៅថ្វាយសងព្រះគ្រីស្ត ដែលបានបង្កើតអ្វីៗទាំងនោះវិញ។ ព្រះគ្រីស្តបំផ្លាញអំណាចរបស់មារ និងកម្ទេចសេចក្តីអាក្រក់ដ៏មានមុខជាច្រើនអនេកនៃអំពើបាបផង។ ៉ប្រសិនបើព្រះសហគមន៍រកឃើញពូជដ៏ល្អសាបព្រោះក្នុងចិត្តគំនិតរបស់មនុស្សលោក ឬក្នុងពិធីបុណ្យរបស់គេ និងក្នុងអរិយធម៌ប្រជាជាតិនានា ព្រះសហគមន៍មិនគ្រាន់តែរក្សាទុកឲ្យនៅគង់វង្ស មិនឲ្យវិនាសបាត់បង់ប៉ុណ្ណោះទេ តែព្រះសហគមន៍ព្យាបាលពូជទាំងនោះឲ្យបានជា និងនាំឲ្យបានពេញលក្ខណៈ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ កិច្ចការនោះបណ្តាលឲ្យមារត្រូវអាម៉ាស់ ហើយក៏នាំឲ្យមនុស្សលោកបានសុភមង្គលទៀតផង ៉ (ពន្លឺ ១៧)។ ដូច្នេះហើយ សកម្មភាពជាសាសនទូត តម្រង់ឲ្យមនុស្សលោកបានពេញលក្ខណៈនៅពេលចុងក្រោយបំផុត។ ដោយសកម្មភាពជាសាសនទូតនេះ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់រីកចម្រើនឡើងរហូតដល់បានពេញកម្រិត និងរហូតដល់ពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចរបស់ព្រះអង្គ (កក ១,៧)។ ព្យាការីអេសាយបានថ្លែងអំពីព្រឹត្តការណ៍នេះទុកជាមុនថា "ចូរពង្រីកជំរំរបស់អ្នកឲ្យបានទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នកឲ្យវែង កុំសំចៃឡើយ" (អស ៥៤,២)។ សកម្មភាព ជាសាសនទូត ធ្វើឲ្យព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តរីកចម្រើនឡើង រហូតដល់ "ទៅជាមនុស្សពេញវ័យ ឡើងដល់កំពូលរបស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់" (អភ ៤,១៣) គឺរហូតដល់ព្រះវិហារខាងព្រះវិញ្ញាណ ជាកន្លែងថ្វាយបង្គំព្រះជាម្ចាស់តាមព្រះវិញ្ញាណ និងតាមសេចក្តីពិត (យហ ៤,២៣) ចម្រើនហើយសាងសង់ឡើងលើក្រុមគ្រីស្តទូតនិងព្យាការីនានាជាគ្រឹះ ដោយមានព្រះគ្រីស្តផ្ទាល់ជាសរសរទ្រូងដ៏សំខាន់ (អភ ២,២០ )។
ជំពូក២
សកម្មភាពជាសាសនទូត
១០-សេចក្តីផ្តើម
ព្រះគ្រីស្តចាត់ព្រះសហគមន៍ដើម្បីសម្តែងនិងចែករំលែកព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ឲ្យមនុស្ស ទាំងអស់ និងឲ្យគ្រប់ជាតិសាសន៍បានស្គាល់។ ព្រះសហគមន៍យល់ឃើញថា បេសកកម្មជាសាសនទូតដែលខ្លួនត្រូវបំពេញនោះ នៅតែធំសម្បើមណាស់នៅឡើយ។ មានមនុស្សចំនួនរាប់កោដិនាក់មិនទាន់បានឮដំណឹងល្អ ឬបានឮ មិនច្បាស់។ ចំនួននេះនៅតែកើនឡើងជាលំដាប់។ មនុស្សទាំងនោះជួបជុំគ្នាជាក្រុមធំៗ កំណត់ដោយទំនាក់ ទំនងជាមួយគ្នាយ៉ាងស្ថិតស្ថេរតាមវប្បធម៌ ឬដោយប្រពៃណីសាសនាពីបុរាណ ឬដោយចំណងដ៏មាំមួននានាក្នុងសង្គម។ មនុស្សខ្លះកាន់សាសនាមួយដ៏សំខាន់ មនុស្សខ្លះមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ មនុស្សខ្លះទៀតបដិសេធថា គ្មានព្រះជាម្ចាស់ទេ ឬជួនកាលជំទាស់ប្រឆាំងនឹងព្រះអង្គក៏មានដែរ។ ព្រះសហគមន៍ត្រូវចូលរួមក្នុងគ្រប់ក្រុមមនុស្ស ទាំងនោះ ដូចព្រះគ្រីស្តផ្ទាល់ដែលកើតជាមនុស្ស យាងចូលរួមក្នុងសភាពការណ៍សង្គមមួយ ក្នុងសភាពការណ៍វប្បធម៌ប្រជាជនមួយ។ នៅសម័យព្រះអង្គរស់នៅក្នុងលោកនេះ ព្រះអង្គរស់នៅក្នុងក្រុមមនុស្សដែលមានអរិយធម៌ផ្ទាល់ខ្លួន។ បើធ្វើដូច្នេះ ទើបព្រះសហគមន៍អាចបង្ហាញគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះឲ្យមនុស្សទាំងអស់បានស្គាល់ និងអាចជូនជីវិត ដែលព្រះជាម្ចាស់ប្រទានឲ្យទៀតផង។
១-សក្ខីភាពរបស់គ្រីស្តបរិស័ទ
១១-គ្រីស្តបរិស័ទផ្តល់សក្ខីភាពតាមការរស់នៅរបស់ខ្លួន និងសន្ទនាជាមួយអ្នកដទៃ
ព្រះសហគមន៍ត្រូវមានវត្តមាននៅក្នុងគ្រប់ក្រុមមនុស្ស ដោយមានគ្រីស្តបរិស័ទរស់នៅក្នុងក្រុមទាំងនោះស្រាប់ ឬដោយព្រះសហគមន៍ចាត់គ្រីស្តបរិស័ទខ្លះឲ្យទៅរស់នៅក្នុងក្រុមទាំងនោះដែរ។ កន្លែងណាគ្រីស្តបរិស័ទរស់នៅ គេមានភារកិច្ចបង្ហាញបញ្ជាក់ថា គេបានកើតជាថ្មីដោយរួបរួមជាមួយព្រះគ្រីស្ត នៅពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក ។គេក៏បានទទួលកម្លាំងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅពេលគេបានទទួលអគ្គសញ្ញាលាបថ្ងាសដែរ។ គេផ្តល់សក្ខីភាពនេះ ដោយរស់នៅតាមរបៀបល្អធ្វើជាគំរូឲ្យអ្នកដទៃ និងដោយនិយាយជាមួយដែរ។ ដូច្នេះ អ្នកដទៃមុខជានឹងឃើញអំពើ ល្អដែលគ្រីស្តបរិស័ទប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតា (មថ ៥,១៦) ព្រមទាំងយល់អត្ថន័យជីវិត មនុស្សឲ្យកាន់តែច្បាស់ និងកាន់តែពិតប្រាកដឡើង ព្រមទាំងយល់ឃើញកាន់តែច្បាស់ថា មនុស្សទូទាំងសកល លោករួបរួមគ្នាជាធ្លុងតែមួយផងដែរ។
គ្រីស្តបរិស័ទអាចធ្វើជាសាក្សីអំពីព្រះគ្រីស្តបែបនេះនិងបានផល លុះត្រាតែគេរួមរស់ជាមួយអ្នកដទៃ ហើយរាប់អានគេ និងស្រឡាញ់គេដោយចិត្តស្មោះ។ គ្រីស្តបរិស័ទត្រូវចាត់ខ្លួនទុកជាសមាជិកនៃក្រុមដែលខ្លួនរស់នៅ គឺត្រូវរួមចំណែកក្នុងសកម្មភាពនានាខាងវប្បធម៌ និងក្នុងសង្គម ដោយចែកចាយអ្វីៗក្នុងកិច្ចការផ្សេងៗប្រចាំជីវិតមនុស្សថែមទៀតផង។ គ្រីស្តបរិស័ទក៏ត្រូវស្គាល់ប្រពៃណីជាតិ និងប្រពៃណីសាសនារបស់គេ ទាំងទទួលស្គាល់និងគោរពដោយរីករាយ នូវ "ពូជនៃព្រះបន្ទូល" កប់ទុកក្នុងប្រពៃណី និងក្នុងសាសនាទាំងនោះស្រាប់។ នៅពេលជាមួយគ្នានោះ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់នឹងការផ្លាស់ប្រែយ៉ាងជ្រៅដែលកើតឡើងក្នុងប្រជាជាតិទាំងនោះ។ មនុស្សសម័យទំនើប តែងតែចាប់អារម្មណ៍យ៉ាងហួសទៅលើវិទ្យាសាស្ត្រ និងទៅលើបច្ចេកទេស។ គ្រីស្ត បរិស័ទត្រូវតែខិតខំណែនាំគេ កុំឲ្យងាកបែរចេញពីអ្វីៗដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ ត្រូវដាស់តឿនពួកគេ ឲ្យមានបំណងប្រាថ្នាចង់រកសេចក្តីពិតឲ្យកាន់តែខ្លាំងឡើងៗ និងចង់បានសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ កាលពីដើម ព្រះគ្រីស្តផ្ទាល់បានស្ទង់ចិត្តមនុស្សលោក ហើយបានណែនាំគេទៅកាន់ពន្លឺរបស់ព្រះជាម្ចាស់ ដោយនិយាយសន្ទនាជាមួយគេតាមរបៀបមនុស្សធម្មតា។ ក្រុមសាវ័ករបស់ព្រះអង្គ ដែលមានព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាបពេញខ្លួន ក៏ត្រូវស្គាល់មនុស្សដែលរស់នៅជាមួយ ត្រូវអត់ធ្មត់ព្យាយាមនិយាយសន្ទនាជាមួយគេ ដោយចិត្តស្មោះ ដើម្បីឲ្យខ្លួនស្គាល់អ្វីៗដ៏ថ្លៃថ្នូរបំផុត ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រោសប្រទានឲ្យជនជាតិទាំងឡាយ តាមព្រះហឫទ័យទូលាយដ៏អស្ចារ្យរបស់ព្រះអង្គ។ នៅពេលជាមួយគ្នានោះ គ្រីស្តបរិស័ទក៏ត្រូវយកចិត្តទុកដាក់នាំពន្លឺនៃដំណឹងល្អមកបំភ្លឺអ្វីៗដ៏ថ្លៃថ្នូរបំផុតទាំងនោះ និងរំដោះអ្វីទាំងនោះ ហើយណែនាំឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះទៀតផង។
១២-អំពីមេត្តាករុណារបស់គ្រីស្តបរិស័ទ
គ្រីស្តបរិស័ទដែលរស់នៅក្នុងក្រុមនានារបស់មនុស្ស ត្រូវមានចិត្តស្រឡាញ់ក្នុងខ្លួន ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដូច្នោះដែរ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដោយព្រះហឫទ័យ ស្រឡាញ់នោះឯង (១ យហ ៤,១១)។ គ្រីស្តបរិស័ទស្រឡាញ់មនុស្សគ្រប់ប្រភេទយ៉ាងពិតប្រាកដ ដោយមិន ប្រកាន់ឋានៈ វណ្ណៈ ជាតិ ឬសាសនាណាឡើយ។ គ្រីស្តបរិស័ទស្រឡាញ់អ្នកដទៃ ដោយមិនចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន ឬឲ្យគេតបស្នងសងគុណនោះទេ។ ព្រះជាម្ចាស់ស្រឡាញ់យើងដោយមិនចង់បានប្រយោជន៍ពីយើងទេ។ យ៉ាងណាមិញ គ្រីស្តបរិស័ទដែលស្រឡាញ់គេ ត្រូវយកចិត្តទុកដាក់នឹងបុគ្គលម្នាក់ៗក្នុងឋានៈគេជាមនុស្ស គឺត្រូវស្រឡាញ់គេតាមរបៀបដែលព្រះជាម្ចាស់យាងមករកយើងដូច្នេះដែរ។ កាលពីដើម ព្រះគ្រីស្តយាងចុះយាងឡើងគ្រប់ក្រុងគ្រប់ភូមិ ទាំងព្យាបាលមនុស្សដែលមានជំងឺរោគាព្យាធិគ្រប់ប្រភេទ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ (មថ ៩,៣៥ត; កក ១០-៣៨)។ យ៉ាងណាមិញ ដោយសារគ្រីស្តបរិស័ទជាបុត្រធីតា ព្រះសហគមន៍ក៏មានទំនាក់ទំនងជាមួយមនុស្សទាំងអស់ ទោះជាមានឋានៈ វណ្ណៈយ៉ាងណាក៏ដោយ គឺព្រះសហគមន៍មានទំនាក់ទំនងយ៉ាងពិសេសជាមួយអ្នកក្រីក្រ និងអ្នកកើតទុក្ខលំបាក ហើយក៏ស្ម័គ្រចិត្ត «ចំណាយខ្លួន ដើម្បីជាប្រយោជន៍ដល់គេ»ថែមទៀត (២ ករ ១២,១៥)។ ព្រះសហគមន៍តែងរំលែកអំណរសប្បាយ និងទុកព្រួយរបស់គេ ស្គាល់បំណងប្រាថ្នានិងបញ្ហាជីវិតរបស់គេ ព្រមទាំងតែងរំលែកទុក្ខព្រួយនិងតប់ប្រមល់នៅពេលគេស្លាប់។ ចំពោះអស់អ្នកដែលស្វែងរកសន្តិភាព ព្រះសហគមន៍ប៉ងប្រាថ្នាចង់សន្ទនាជាមួយគេ ដូចសន្ទនាជាមួយបងប្អូនដែរ ទាំងនាំសន្តិភាព និងពន្លឺដែលហូរមកពីដំណឹងល្អជូនគេផង។
ហេតុនេះហើយបានជាគ្រីស្តបរិស័ទត្រូវរួមសហការជាមួយមនុស្សឯទៀតៗទាំងអស់ ដើម្បីចាត់ចែងសេដ្ឋកិច្ច និងសង្គមឲ្យបានទៀងត្រង់ល្អត្រឹមត្រូវ។ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់ប្រើកម្លាំងកាយកម្លាំងចិត្តយ៉ាងពិសេសក្នុងការអប់រំក្មេងៗ និងកូនជំទង់ ដោយចាត់ចែងឲ្យមានសាលារៀនគ្រប់មុខ។ ត្រូវចាត់សាលារៀនទាំងនោះទុកជាមធ្យោបាយពិសេស មិនគ្រាន់តែសម្រាប់អប់រំនិងលើកស្ទួយយុវជនគ្រីស្តបរិស័ទប៉ុណ្ណោះទេ តែនៅពេលជាមួយគ្នានោះ សម្រាប់បម្រើមនុស្សទាំងអស់តាមរបៀបដ៏មានតម្លៃថ្លៃថ្នូរបំផុត។ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ឡើង សាលារៀនទាំងនោះក៏លើកស្ទួយតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ និងរៀបចំឲ្យមនុស្សអាចរស់នៅស្របតាមលក្ខណៈជាមនុស្សកាន់តែប្រសើរឡើងៗ។ ម្យ៉ាងទៀត គ្រីស្តបរិស័ទក៏ត្រូវរួមជាមួយជនរួមជាតិទាំងអស់ ដែលខិតខំខ្នះខ្នែងបំបាត់ការអត់ឃ្លាន បំបាត់ភាពល្ងង់ខ្លៅ និងបំបាត់ជំងឺ។ ធ្វើដូច្នេះ ទើបគេយកចិត្តទុកដាក់ឲ្យជីវភាពប្រជាជនចម្រើនឡើង ព្រមទាំងពង្រឹងសន្តិភាពក្នុងពិភពលោកទាំងមូល។ ក្នុងសកម្មភាពនេះ គ្រីស្តបរិស័ទក៏ត្រូវមានបំណងប្រាថ្នាយ៉ាងខ្លាំង ទាំងប្រុងប្រយ័ត្ន ចង់រួមសហការជាមួយអង្គការនានា ជាអង្គការឯកជនក្តី សាធារណៈក្តី ជាមួយរដ្ឋាភិបាលនានា ជាមួយអង្គការអន្តរជាតិ ជាមួយក្រុមគ្រីស្តបរិស័ទផ្សេងៗ និងជាមួយក្រុមបរិស័ទសាសនាឯទៀតៗដែរ។
ប៉ុន្តែ ព្រះសហគមន៍គ្មានបំណងចង់ចូលឈ្លានពានក្នុងការដឹកនាំប្រទេសក្នុងលោកនេះជាដាច់ខាត។ ព្រះសហគមន៍ទាមទារសេចក្តីតែមួយ គឺបម្រើមនុស្សលោកយ៉ាងស្មោះ ទាំងបង្ហាញសេចក្តីស្រឡាញ់ដល់គេ ដោយព្រះជាម្ចាស់ជួយឧបត្ថម្ភផង (មថ ២០,២៦; ២៣,១១)។
សាវ័ករបស់ព្រះគ្រីស្តរួមយ៉ាងជិតស្និទ្ធជាមួយមនុស្សឯទៀតៗ ដោយរស់នៅ និងប្រព្រឹត្តកិច្ចការនានា។ ទោះបីនៅកន្លែងណាដែលគេគ្មានលទ្ធភាពប្រកាសអំពីព្រះគ្រីស្តយ៉ាងច្បាស់ក្តី ក៏គេសង្ឃឹមថានឹងបង្ហាញសក្ខីភាពដ៏ពិតប្រាកដអំពីព្រះគ្រីស្តឲ្យមនុស្សលោកឃើញ និងខិតខំជួយមនុស្សលោកឲ្យទទួលការសង្គ្រោះថែមទៀត។ គ្រីស្តបរិស័ទមិនស្វែងរកឲ្យមនុស្សចម្រើនឡើង និងជឿនលឿនតែផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ តែមានបំណងចង់ពង្រីកកិត្តិយសដ៏ថ្លៃថ្នូររបស់គេ ព្រមទាំងចង់ឲ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយក្នុងឋានៈជាបងប្អូន ដោយបង្រៀនសេចក្តីពិតខាងសាសនា និងខាងសីលធម៌ តាមព្រះគ្រីស្តបំភ្លឺឲ្យយល់នោះ។ ធ្វើដូច្នេះ គ្រីស្តបរិស័ទត្រួសត្រាយផ្លូវកាន់តែប្រសើរឡើងៗនាំមនុស្សឆ្ពោះទៅកាន់ព្រះជាម្ចាស់បន្តិចម្តងៗ។ គ្រីស្តបរិស័ទជួយមនុស្សឲ្យទទួលការសង្គ្រោះ ដោយស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃ។ ធ្វើដូច្នេះ "គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត" ចាប់ផ្តើមលេចធ្លោឡើង គឺមនុស្សថ្មីកើតមក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ លេចមកក្នុងអង្គព្រះគ្រីស្ត (អភ ៤,២៤) ហើយព្រះជាម្ចាស់ក៏សម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ក្នុងអង្គព្រះគ្រីស្តនោះដែរ។
២-ការប្រកាសដំណឹងល្អនិងការប្រមូលប្រជារាស្ត្ររបស់ព្រះជាម្ចាស់
១៣-ការប្រកាសដំណឹងល្អ និងការប្រែចិត្តគំនិត
ត្រូវប្រកាសគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត (១ ករ ៩, ១៦; រម ១០,១៤) ឲ្យមនុស្សទាំងអស់ (មក ១៦,១៥) ដោយចិត្តអង់អាច និងដោយចិត្តព្យាយាមខន្តី (កក ៤,១៣.២៩.៣១; ៩,២៧- ២៨; ១៣,៤៦; ១៤,៣; ១៩,៨; ២៦,២៦; ២៨,៣១; ១ ថស ២,២; ២ ករ ៣,១២ ; ៧,៤ ; ភល ១,២០; អភ ៣,១២; ៦,១៩-២០) នៅគ្រប់ទីកន្លែងដែលព្រះជាម្ចាស់ "បើកទ្វារចំហ" (កូឡ ៤,៣) គឺត្រូវប្រកាសអំពីព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ និងអំពីព្រះយេស៊ូគ្រីស្តដែលព្រះជាម្ចាស់ចាត់ឲ្យយាងមកសង្គ្រោះមនុស្សលោកទាំងអស់ (១ ថស ១,៩-១០; ១ ករ ១,១៨-២១; កាឡ ១,៣១; កក ១៤,១៥-១៧; ១៧,២២-៣១) ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធបើកចិត្តគំនិតអ្នកដែលមិនកាន់គ្រីស្តសាសនា (កក ១៦-១៤) ឲ្យគេប្រែចិត្តគំនិតដោយសេរី ទៅរកព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គផង។ គេក៏ផ្ចង់ចិត្តនឹងព្រះអង្គយ៉ាងស្មោះ គឺលើព្រះអង្គដែល «ជាមាគ៌ា ជាសេចក្តីពិត និងជាជីវិត" (យហ ១៤,៦)។ព្រះអង្គបំពេញសេចក្តីដែលមនុស្សលោកទន្ទឹងរង់ចាំប៉ងប្រាថ្នាចង់បានខាងផ្លូវវិញ្ញាណ។ ព្រះអង្គក៏នឹងប្រទានហួសពីសេចក្តីប៉ងប្រាថ្នាទាំងនោះទៅទៀត។
តាមពិត ត្រូវយល់ឃើញថា មនុស្សប្រែចិត្តគំនិតដូច្នេះ គឺគ្រាន់តែប្រែចិត្តគំនិតខាងដើមដំបូងប៉ុណ្ណោះ។ ដោយគេប្រែចិត្តគំនិតដើមដំបូងដូច្នេះ ទើបធ្វើឲ្យគេដឹងខ្លួនថា គេងាកចេញពីអំពើបាប ហើយចូលក្នុងគម្រោងការដ៏អស្ចារ្យនៃព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ គឺព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅគេឲ្យប្រាស្រ័យទាក់ទងជាមួយព្រះអង្គ ក្នុងអង្គព្រះគ្រីស្ត។ អ្នកប្រែចិត្តគំនិតថ្មីនោះ ចាប់ផ្តើមធ្វើដំណើរតាមព្រះវិញ្ញាណ ដោយព្រះជាម្ចាស់ប្រោសប្រណីជួយគេផង។ ពេលធ្វើដំណើរនេះ ដោយសារជំនឿ គេរួបរួមក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ គេលះបង់របៀបរស់នៅបែបចាស់ចោល ឆ្លងទៅរស់នៅតាមរបៀបថ្មី គឺទៅជាមនុស្សថ្មីដ៏ពេញលក្ខណៈក្នុងអង្គព្រះគ្រីស្ត (កូឡ ៣,៥-១០; អភ ៤,២០-២៤)។ ដំណើរឆ្លងដូច្នេះ នាំឲ្យគេប្រែចិត្តគំនិត និងប្រែរបៀបរស់នៅបន្តិចម្តងៗតាមលំដាប់លំដោយ។ ការប្រែចិត្តគំនិតនេះ ក៏ត្រូវលេចធ្លោឡើងតាមរបៀបរស់នៅក្នុងសង្គមមនុស្ស បន្តិចម្តងៗកាន់តែជ្រៅទៅៗ អស់រយៈពេលដែលគេទទួលការអប់រំជំនឿ។ គេផ្ញើជីវិតលើព្រះអម្ចាស់ គឺលើព្រះអង្គដែលជាសញ្ញាសម្គាល់នាំឲ្យមនុស្សខ្វែងគំនិត និងញែកចេញពីគ្នាយ៉ាងណា (លក ២,៣៤; មថ ១០,៣៤–៣៩) អ្នកប្រែចិត្តគំនិតថ្មី ក៏ធ្លាប់មានបទពិសោធន៍ថា ខ្លួនត្រូវញែកចេញពីក្រុមគ្រួសារ បាក់បែកពីគេយ៉ាងនោះដែរ។ ប៉ុន្តែ គេក៏បានអំណរសប្បាយដោយព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទានដល់គេហួសកម្រិតដែរ (១ថស ១,៦)។
ព្រះសហគមន៍ហាមផ្តាច់មិនឲ្យបង្ខំនរណាម្នាក់ចូលគ្រីស្តសាសនាជាដាច់ខាត និងមិនឲ្យណែនាំគេ ឬទាក់ទាញចិត្តគេ ដោយប្រើឧបាយកលមិនគួរគប្បីឡើយ ក៏ដូចព្រះសហគមន៍ទាមទារដាច់អហង្ការនូវសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យគេបង្ខំនរណាម្នាក់ឲ្យលះបង់ជំនឿរបស់ខ្លួន ដោយធ្វើទុក្ខបុកម្នេញដល់គេយ៉ាងថោកទាបដូច្នោះដែរ (សេរីភាព ២.៤.១០; អំណរ ២១)។ តាមប្រពៃណីពីបុរាណដ៏យូរអង្វែងរបស់ព្រះសហគមន៍មក ត្រូវពិនិត្យពិច័យយ៉ាងម៉ត់ចត់នូវមូលហេតុដែលនាំឲ្យមនុស្សម្នាក់ប្រែចិត្តគំនិត។ ប្រសិនបើជាត្រូវការ ត្រូវជម្រះមូលហេតុទាំងនោះឲ្យបានទៀងត្រង់ផង។
១៤-ក្រុមអ្នកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើង
អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទុកជាអំណោយទានរបស់ព្រះជាម្ចាស់តាមរយៈព្រះសហគមន៍ (ពន្លឺ១៧) ត្រូវចូលក្នុងក្រុមអ្នកទទួលការអប់រំជំនឿដោយសារពិធីផ្សេងៗ។ ការអប់រំជំនឿនោះមិនគ្រាន់តែអាស្រ័យទៅលើការរៀបរាប់អំពីគោលលទ្ធិដ៏សំខាន់ៗនៃជំនឿ និងនៃធម៌វិន័យប៉ុណ្ណោះទេ តែជាការហ្វឹកហ្វឺនឲ្យគេរស់នៅបែបជាគ្រីស្តបរិស័ទក្នុងគ្រប់វិស័យប្រចាំជីវិត ព្រមទាំងបង្ហាត់គេយ៉ាងសមរម្យ។ សាវ័ករបស់ព្រះគ្រីស្តរួបរួមជាមួយព្រះបរមគ្រូ របស់គេ ដោយទទួលការអប់រំ និងហ្វឹកហ្វឺនផង។ ហេតុនេះហើយបានជាត្រូវណែនាំអ្នកទទួលការអប់រំជំនឿ ទាំងនោះ ឲ្យចូលក្នុងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះយ៉ាងសមរម្យ និងត្រូវបង្ហាត់គេឲ្យរស់នៅស្របតាមបែបដំណឹងល្អទៀត។ ត្រូវណែនាំគេដោយពិធីផ្សេងៗតាមពេលវេលាជាលំដាប់លំដោយ (ពិធី ៦៤-៦៥) ឲ្យចូលរួម ក្នុងរបៀបរស់នៅតាមជំនឿ ឲ្យចូលរួមក្នុងពិធីនានានៃព្រះសហគមន៍ ព្រមទាំងឲ្យគេមានចិត្តស្រឡាញ់ ស្រប តាមប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
បន្ទាប់មក អ្នកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើង បាន "រួចផុតពីអំណាចនៃភាពងងឹត" (កូឡ ១,១៣)រួចហើយ ដោយអគ្គសញ្ញាទាំងបីដែលបញ្ចូលគេក្នុងព្រះសហគមន៍ គេរួមស្លាប់ជាមួយព្រះគ្រីស្ត បានចុះក្នុងផ្នូររួមជាមួយព្រះអង្គ ហើយក៏បានទទួលជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គដែរ (រម ៦,៤-១១; កូឡ ២,១២- ១៣; ១ សល ៣,២១-២២; មក ១៦,១៦)។ គេទទួលព្រះវិញ្ញាណដែលប្រោសឲ្យគេទៅជាបុត្រធីតារបស់ព្រះបិតា (១ ថស ៣,១៥-៧; កក ៨,១៤-១៧) ហើយនាំគ្នាធ្វើពិធីនឹករឭកព្រះអម្ចាស់សោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង រួមជាមួយប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់។
មហាសន្និបាតប្រាថ្នាចង់ប្រែសម្រួលពិធីបុណ្យនានាក្នុងរដូវអប់រំពិសេស និងក្នុងរដូវបុណ្យចម្លង ដើម្បីរៀបចំចិត្តគំនិតអ្នកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើង ឲ្យលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង ព្រោះក្នុងពិធីបុណ្យចម្លងដ៏ឱឡារិកនោះ គេកើតជាថ្មីក្នុងអង្គព្រះគ្រីស្ត ដោយទទួលអគ្គសញ្ញាជ្រមុជទឹក។
មិនគ្រាន់តែអស់អ្នកណែនាំ ឬអស់លោកបូជាចារ្យ (អាចារ្យ) ប៉ុណ្ណោះទេ មានភារកិច្ចហ្វឹកហ្វឺនអ្នកអប់រំជំនឿ ឲ្យទៅជាគ្រីស្តបរិស័ទ តែសហគមន៍គ្រីស្តបរិស័ទទាំងមូលឯណោះវិញ ទទួលភារកិច្ចហ្វឹកហ្វឺននោះ ជាពិសេសសហគមន៍ឪពុកម្តាយធម៌ឬបងធម៌។ ធ្វើដូច្នោះ ទើបអ្នកទទួលការអប់រំជំនឿដឹងខ្លួនតាំងពីដើមដំបូងមកថា គេមានទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់ហើយ។ ដោយព្រះសហគមន៍មានលក្ខណៈជាគ្រីស្តទូត អ្នកកំពុងទទួលការអប់រំជំនឿ ក៏ត្រូវហាត់ខ្លួនឲ្យរួមយ៉ាងសកម្មក្នុងកិច្ចប្រកាសដំណឹងល្អ និងក្នុងកិច្ចសាងសង់ព្រះសហគមន៍ ដោយផ្តល់សក្ខីភាពអំពីការរស់នៅតាមបែបថ្មី និងដោយប្រកាសជំនឿរបស់ខ្លួន។ ត្រូវបញ្ជាក់លក្ខន្តិកៈរបស់អ្នកទទួលការអប់រំជំនឿទាំងនេះឲ្យបានច្បាស់ ក្នុងក្បួនច្បាប់ថ្មីជាទូទៅរបស់ព្រះសហគមន៍ ព្រោះគេរួបរួមជាមួយព្រះសហគមន៍រួចហើយ (ពន្លឺ ១៤) គេក៏នៅក្នុងព្រះដំណាក់ព្រះគ្រីស្តរួចហើយ ដែរ។ តាមធម្មតា គេរស់នៅដោយមានជំនឿ មានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ផង។
៣-ការអប់រំសហគមន៍គ្រីស្តបរិស័ទ
១៥-ការអប់រំសហគមន៍គ្រីស្តបរិស័ទ
ព្រះវិញ្ញាណត្រាស់ហៅមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ត ដោយព្រះអង្គសាបព្រោះពូជនៃព្រះបន្ទូលក្នុងចិត្ត មនុស្សគ្រប់ៗរូប និងដោយព្រះអង្គចាត់ឲ្យគ្រីស្តបរិស័ទប្រកាសដំណឹងល្អផង។ ព្រះវិញ្ញាណនាំមនុស្សឲ្យសុខចិត្តគោរពតាមបង្គាប់នៃជំនឿ ហើយក៏ប្រោសឲ្យអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តមានជីវិតថ្មីដោយអគ្គសញ្ញាជ្រមុជទឹកដែរ។ ព្រះអង្គប្រមូលគេឲ្យចូលរួមក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់តែមួយ "ជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធផ្ទាល់របស់ព្រះអង្គ" (១ សល ២,៩; ពន្លឺ ៩)។
ហេតុនេះហើយបានជាសាសនទូតទាំងអស់ដែលជាសហការីរបស់ព្រះជាម្ចាស់ (១ ករ ៣,៩) ត្រូវបង្កើតសហគមន៍របស់អ្នកជឿ។ សហគមន៍ទាំងនោះត្រូវរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ដែលត្រាស់ហៅគេ (អភ ៤,១) ហើយត្រូវមានសមត្ថភាពអាចបំពេញបន្ទុកដែលព្រះអង្គបានផ្ញើទុកឲ្យគេ គឺបំពេញបន្ទុកជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ដូច្នេះ សហគមន៍គ្រីស្តបរិស័ទក្លាយទៅជាសញ្ញាសម្គាល់អំពីវត្តមានរបស់ព្រះជាម្ចាស់ក្នុងពិភពលោក លុះត្រាតែសហគមន៍បំពេញបន្ទុកទាំងបីនោះ។ ដោយថ្វាយអភិបូជា សហគមន៍នេះរួមជាមួយព្រះគ្រីស្ត ឆ្លងទៅកាន់ព្រះបិតាដោយឥតឈប់ឈរ (ពន្លឺ ១០.១១.៣៤)។ ដោយផ្ចិតផ្ចង់ទទួលព្រះបន្ទូលទុកជាអាហារ (បន្ទូល ២១) សហគមន៍នេះបង្ហាញសក្ខីភាពអំពីព្រះគ្រីស្ត (ពន្លឺ១២.៣៥)។ សហគមន៍នេះក៏មានចិត្តមេត្តាករុណា ហើយមានចិត្តឧស្សាហ៍បំពេញកិច្ចការជាគ្រីស្តទូតថែមទៀត (ពន្លឺ ២៣.២៦)។
តាំងពីដើមដំបូងរៀងមក ត្រូវចាត់ចែងសហគមន៍គ្រីស្តបរិស័ទ ឲ្យមានសមត្ថភាពអាចផ្គត់ផ្គង់តម្រូវការរបស់ខ្លួនដោយខ្លួនឯង ប្រសិនបើអាចធ្វើបាន។
ព្រះជាម្ចាស់បានប្រទានឲ្យគ្រីស្តបរិស័ទដែលប្រជុំគ្នានោះ មានអរិយធម៌ជាទ្រព្យដ៏ថ្លៃថ្នូរនៃជាតិរបស់ខ្លួន។ ហេតុនេះហើយ សហគមន៍នោះត្រូវចាក់ឫសយ៉ាងជ្រៅក្នុងប្រជាជនរបស់ខ្លួនដែរ។ ក្រុមគ្រួសារគ្រីស្តបរិស័ទត្រូវមានលទ្ធភាពនឹងចម្រើនឡើងបាន ដោយមានគោលគំនិតស្របតាមដំណឹងល្អ ជ្រួតជ្រាបចិត្តគំនិតគេ (ពន្លឺ ១១.៣៥.៤១)។ គេត្រូវមានសាលារៀនយ៉ាងសមរម្យ សម្រាប់ជួយអប់រំក្មេងៗ។ ត្រូវចាត់ចែងឲ្យមានសមាគម និងក្រុមផ្សេងៗក្នុងសហគមន៍ទាំងនោះ ដើម្បីឲ្យគ្រីស្តបរិស័ទអាចបំពេញកិច្ចការជាគ្រីស្តទូត គឺនាំគំនិតស្របតាមដំណឹងល្អឲ្យចូលជ្រួតជ្រាបក្នុងសង្គមទាំងមូល។ គ្រីស្តបរិស័ទកាតូលិកដែលតែងកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា ក៏ត្រូវសម្តែងចិត្តស្រឡាញ់គ្នា ឲ្យអ្នកដទៃឃើញយ៉ាងច្បាស់ដែរ (បូព៌ា ៣០)។
ត្រូវអប់រំពន្លកថ្មីឲ្យមានចិត្តចង់បង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួមគ្នាជាធ្លុងតែមួយ គឺគេត្រូវយល់ឲ្យបានច្បាស់ថា បងប្អូនទាំងអស់ដែលផ្ញើជីវិតលើព្រះគ្រីស្ត ក៏ជាសាវ័ករបស់ព្រះគ្រីស្តដូចខ្លួនដែរ គេបានទទួលជីវិតថ្មីដោយអគ្គសញ្ញាជ្រមុជទឹក ហើយក៏ទទួលចំណែកនៃព្រះអំណោយទានជាច្រើនរបស់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដូចខ្លួនដែរ។ ប្រសិនបើអាចធ្វើបានស្របតាមសភាពការណ៍ខាងសាសនា គ្រីស្តបរិស័ទកាតូលិក ត្រូវរួមសហការជាមួយបងប្អូននិកាយឯទៀតៗ គឺរួមគ្នាប្រកាសជំនឿតែមួយទៅលើព្រះជាម្ចាស់ និងទៅលើព្រះយេស៊ូគ្រីស្តនៅចំពោះមុខប្រជាជាតិទាំងឡាយ ស្របតាមមក្រឹត្យក្រមស្តីអំពីការបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួមគ្នាជាធ្លុងតែមួយ។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកុំនឹកស្មានថា គ្រប់និកាយដូចគ្នាទាំងអស់ ឬនិកាយណាក៏ដូចនិកាយណាដែរនោះ។ ទោះបីត្រូវប្រយ័ត្នមិនឲ្យលាយឡំជំនឿក្តី ប៉ុន្តែមិនត្រូវប្រកួតប្រជែងគ្នាជាដាច់ខាត។ ប្រសិនបើអាចធ្វើបាន សូមឲ្យគ្រីស្តបរិស័ទកាតូលិករួមសហការជាមួយគ្រីស្តបរិស័ទនិកាយផ្សេងៗ ដោះស្រាយបញ្ហាសង្គមកិច្ច បច្ចេកទេស វប្បធម៌ និងសាសនាផង។ សូមរួមសហការគ្នា ជាពិសេស ដោយយល់ដល់ព្រះគ្រីស្តដែលជាព្រះអម្ចាស់តែមួយព្រះអង្គ គឺជាព្រះអម្ចាស់របស់គេ និងជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះនាមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់និកាយឲ្យរួមគ្នាជាធ្លុងតែមួយផង។ ត្រូវរួមសហការគ្នា មិនត្រឹមតែក្នុងឋានៈជាបុគ្គលម្នាក់ៗប៉ុណ្ណោះទេ តែក្នុងក្នុងឋានៈជា សហគមន៍ ជាក្រុមជំនុំ និងតាមកិច្ចការដែលគេធ្វើរួមជាមួយគ្នា តាមការយល់ឃើញរបស់អភិបាលភូមិភាគ។
គ្រីស្តបរិស័ទដែលមកពីគ្រប់ប្រជាជាតិ ហើយដែលរួមប្រជុំគ្នាក្នុងព្រះសហគមន៍ ”មិនប្លែកពីមនុស្សឯទៀតៗទេ គេគ្មានប្រទេសប្លែកពីគេទេ គេមិនប្រើភាសាប្លែកពីគេដែរ។ ក្នុងសង្គម គេក៏មិនរស់នៅតាមរបៀបប្លែកពីគេដែរ" (លិខិតទៅលោកឌីយ៉ូង៉ែត ៥; ពន្លឺ ៣៨)។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទត្រូវតែរស់នៅ ទាំងថ្វាយខ្លួនចំពោះព្រះជាម្ចាស់ និងចំពោះព្រះគ្រីស្ត តាមប្រពៃណីនិងតាមទំនៀមទម្លាប់ស្រុករបស់ខ្លួន គឺត្រូវមានចិត្តស្រឡាញ់មាតុភូមិយ៉ាងពិតប្រាកដនិងយ៉ាងសកម្មក្នុងឋានៈជាប្រជាពលរដ្ឋដ៏ល្អត្រឹមត្រូវ។ ប៉ុន្តែ ត្រូវជៀសវាង កុំឲ្យប្រកាន់ពូជសាសន៍ជាដាច់ខាត កុំកាន់លទ្ធិជាតិនិយមជ្រុលហួស ត្រូវខិតខំណែនាំគេឲ្យចេះស្រឡាញ់មនុស្សលោកទូទៅ។ គ្រីស្តបរិស័ទធម្មតា ជាអ្នកដែលចូលរួមក្នុងព្រះកាយព្រះគ្រីស្ត ដោយអគ្គសញ្ញាជ្រមុជទឹក ហើយរស់នៅក្នុងលោកនេះ មានសារៈសំខាន់ណាស់ ដើម្បីឲ្យព្រះសហគមន៍បានលទ្ធផលទាំងនោះបាន គួរឲ្យគោរពគេយ៉ាងពិសេស។ គ្រីស្តបរិស័ទធម្មតាមានតួនាទីពិសេសដោយឡែកមួយ គឺដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាបចិត្តគំនិត គេ ផ្តល់ជីវិតរស់រវើកដល់អ្វីៗក្នុងលោកីយ៍នេះ គេដូចជាមេក្នុងម្សៅ គឺចាត់ចែងអ្វីៗទាំងនោះពីខាងក្នុង ឲ្យបានស្របតាមព្រះគ្រីស្តជានិច្ច (ពន្លឺ ៣២)។
ប៉ុន្តែ ប្រសិនបើគ្រីស្តបរិស័ទរស់នៅ ហើយចាត់ចែងគ្នាជាព្រះសហគមន៍ក្នុងប្រទេសណាមួយ ក៏មិនទាន់គ្រប់គ្រាន់ទេ។ ប្រសិនបើគ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូត ដោយគ្រាន់តែធ្វើជាគំរូឲ្យអ្នកដទៃ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ ព្រះជាម្ចាស់តែងតាំងប្រជារាស្ត្ររបស់ព្រះអង្គឲ្យរស់នៅក្នុងប្រទេសនីមួយៗ ដើម្បីឲ្យគេប្រកាសដំណឹងអំពីព្រះគ្រីស្តដល់ជនរួមជាតិក្នុងប្រទេសនោះ ដោយនិយាយអំពីព្រះអង្គផង និងដោយធ្វើកិច្ចការផង គឺជួយជនរួមជាតិនោះឲ្យទទួលព្រះគ្រីស្តយ៉ាងពេញលេញ។
មិនតែប៉ុណ្ណោះសោត ត្រូវតែងតាំងមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍ជាចាំបាច់ ដើម្បីឲ្យព្រះសហគមន៍ចាក់ឫសយ៉ាងមាំ និងចម្រើនឡើងបាន។ ព្រះជាម្ចាស់ត្រាស់ហៅអ្នកខ្លះពីក្នុងផ្ទៃអង្គប្រជុំនៃគ្រីស្តបរិស័ទនោះឲ្យបំពេញមុខងារបម្រើទាំងនោះ។ គ្រីស្តបរិស័ទទំាងអស់ក៏ត្រូវគោរពអ្នកទាំងនោះ និងគាំទ្រលើកទឹកចិត្តគេយ៉ាងខ្លាំង។ ក្នុងចំណោមមុខងារបម្រើទាំងនោះ មានមុខងារជាបូជាចារ្យ ជាឧបដ្ឋាក ជាអ្នកអប់រំជំនឿ ជាអ្នកបំពេញសកម្មភាពកាតូលិកក្នុងសង្គមជាដើម។ ម្យ៉ាងទៀត បព្វជិតបព្វជិតា ក៏បំពេញភារកិច្ចមួយដ៏ចាំបាច់ខានពុំបាន គឺជួយធ្វើឲ្យព្រះរាជ្យរបស់ព្រះជាម្ចាស់ចាក់ឫសក្នុងចិត្តមនុស្ស ព្រមទាំងពង្រឹងនិងលាតសន្ធឹងព្រះរាជ្យនោះយ៉ាងឆ្ងាយ ដោយអង្វរព្រះជាម្ចាស់ ឬដោយប្រព្រឹត្តកិច្ចការផ្សេងៗយ៉ាងសកម្មទៀតដែរ។
១៦-ការតែងតាំងក្រុមបូជាចារ្យដែលកើតក្នុងស្រុក
ព្រះសហមន៍មានអំណរសប្បាយជាខ្លាំង ហើយសូមអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់ត្រាស់ហៅយុវជនជា ច្រើន ក្នុងចំណោមប្រជាជនទាំងប៉ុន្មានដែលទើបនឹងប្រែចិត្តមករកព្រះគ្រីស្ត ឲ្យទៅជាបូជាចារ្យ។ ការនេះពិតជាព្រះអំណោយទានដ៏ថ្លៃថ្លារកថ្លែងពុំបានមកពីព្រះជាម្ចាស់។ ពេលព្រះសហគមន៍ស្ថិតនៅក្នុងក្រុមមនុស្សណាមួយ មានអ្នកបម្រើមុខងារនៃការសង្គ្រោះកើតចេញមកពីខ្លួនផ្ទាល់ គឺមានក្រុមអភិបាល ក្រុមលោកគង្វាល និងក្រុមឧបដ្ឋាក ពេលនោះ ព្រះសហគមន៍ពិតជាចាក់ឫសយ៉ាងមាំក្នុងក្រុមមនុស្សនោះ។ អស់លោកបម្រើបងប្អូនរួមជាតិ ហើយបន្តិចម្តងៗ ព្រះសហគមន៍គ្រីស្តបរិស័ទថ្មីនោះ ក៏មានរចនាសម្ព័ន្ធជាភូមិភាគ ដោយមានក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំងផ្ទាល់ដែរ។
ចាប់តាំងពីពេលព្រះសហគមន៍ណាមួយចាប់ផ្តើមចាក់ឫសមក ហើយនៅក្នុងព្រះសហគមន៍ថ្មីៗ ត្រូវអនុវត្តតាមគោលការណ៍ដ៏សំខាន់ៗស្តីអំពីការអប់រំគ្រីស្តបរិស័ទដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាបូជាចារ្យ តាមមហាសន្និបាតបានសម្រេចនោះ។ ត្រូវចាប់អារម្មណ៍ជាទីបំផុតអំពីការអប់រំគេឲ្យរស់នៅតាមព្រះវិញ្ញាណ។ ការអប់រំនេះត្រូវភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនិងការបង្រៀនអំពីលទ្ធិនៃគ្រីស្តសាសនា និងការហ្វឹកហ្វឺនឲ្យចេះឃ្វាលណែនាំគ្រីស្តបរិស័ទ។ ត្រូវបង្ហាត់គេអំពីរបៀបរស់នៅស្របតាមបែបដំណឹងល្អ ដោយមិនគិតគូរដល់ប្រយោជន៍ផ្ទាល់ខ្លួន និងដល់ប្រយោជន៍របស់បងប្អូន ញាតិសន្តានឡើយ។ ត្រូវអប់រំគេយ៉ាងជ្រៅអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះសហគមន៍ដែលគេត្រូវយកចិត្តទុកដាក់ពង្រីកនោះ។ ដូច្នេះ និស្សិតទេវវិទ្យាល័យទាំងនោះនឹងទទួលការអប់រំយ៉ាងអស្ចារ្យឲ្យបូជាកម្លាំងកាយកម្លាំងចិត្ត បម្រើព្រះកាយព្រះគ្រីស្ត និងបម្រើដំណឹងល្អ។ គេក៏ភ្ជាប់ចិត្តភ្ជាប់គំនិតនិងអភិបាលរបស់ខ្លួន ក្នុងឋានៈជាសហការីដ៏ទៀងត្រង់ ព្រមទាំងជួយបូជាចារ្យឯទៀតៗជាបងប្អូន ដោយចិត្តស្មោះសរផងដែរ (ហ្វិក ៤.៨.៩)។ ត្រូវអប់រំនិសិ្សតទាំងនោះ ឲ្យបានស្របតាមពន្លឺនៃគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះ ដូចមានចែងទុកក្នុងគម្ពីរស្រាប់។ ត្រូវឲ្យគេស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះរបស់មនុស្សលោក ដែលមានលាតត្រដាងនៅតាមពិធីគោរពបម្រើព្រះជាម្ចាស់ (ពិធី១៧) ហើយគេក៏ត្រូវរស់នៅតាមគម្រោងការនោះទៀតផង។
ចំពោះគោលកាណ៍ដែលត្រូវតែកាន់ជាទូទៅ ក្នុងការអប់រំនិស្សិតទេវវិទ្យាល័យ សូម្បីតែក្នុងការហ្វឹកហ្វឺនឲ្យចេះឃ្វាលណែនាំគ្រីស្តបរិស័ទ និងការអនុវត្ត ត្រូវប្រតិបត្តិតាមសេចក្តីចាត់ចែងនៃមហាសន្និបាតដែរ (ហ្វឹក ១)។ ក៏ប៉ុន្តែ ត្រូវភ្ជាប់ការហ្វឹកហ្វឺននេះនិងការអប់រំឲ្យមានចិត្តព្យាយាមខ្នះខ្នែងចង់ស្គាល់របៀបរិះគិត និងរបៀបប្រព្រឹត្តនៃជាតិរបស់ខ្លួនផ្ទាល់ថែមទៀតផង។ ត្រូវបើកចិត្តគំនិតនិសិត្សទាំងនោះឲ្យចេះពិចារណាយ៉ាងជ្រៅ ដើម្បីឲ្យគេស្គាល់អរិយធម៌ជាតិរបស់ខ្លួនយ៉ាងច្បាស់ និងចេះវិនិច្ឆ័យថ្លឹងថ្លែងអំពីអ្វីៗដ៏ល្អ និងអ្វីៗដ៏អាក្រក់បង្កប់ទុកនៅក្នុងអរិយធម៌ជាតិនោះ។ ពេលបង្រៀនទស្សនវិទ្យានិងទេវវិទ្យា ត្រូវអប់រំគេឲ្យយល់ច្បាស់អំពីបុព្វហេតុបណ្តាលឲ្យប្រពៃណី និងសាសនាជាតិ មិនស្របនឹងគ្រីស្តសាសនា។ យ៉ាងណាមិញ ពេលហ្វឹកហ្វឺននិសិ្សតឲ្យទៅជាបូជាចារ្យ ត្រូវនឹកគិតដល់តម្រូវការក្នុងកិច្ចឃ្វាលណែនាំគ្រីស្តបរិស័ទនៅតាមតំបន់នោះ។ ជាពិសស និសិត្សត្រូវរៀនឲ្យស្គាល់ប្រវត្តិសាស្រ្ត ស្គាល់គោលដៅនិងរប្រៀបអស់សាសនទូត នៅសម័យមុនៗ បានប្រកាសដំណឹងល្អក្នុងស្រុកនោះ។ មិនតែប៉ុណ្ណោះត្រូវអប់រំគេឲ្យស្គាល់សភាពការណ៍ពិសេសនៃសង្គម សភាពការណ៍ពិសេសនៃសេដ្ឋកិច្ច និងសភាពការណ៍ពិសេស នៃវប្បធម៌របស់ប្រជាជនរបស់ខ្លួនគេផ្ទាល់។ គេក៏ត្រូវទទួលការអប់រំឲ្យចង់បង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់និកាយឲ្យ រួបរួមគ្នាជាធ្លុងតែមួយ (បង្រួប ៤) និងហាត់ខ្លួនឲ្យចេះនិយាយសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយអ្នកកាន់សាសនាដទៃ ដូចជាសន្ទនា ជាមួយបងប្អូនដែរ។ យោងតាមមូលហេតុទាំងនេះ ប្រសិនបើអាចធ្វើបាន ត្រូវបង្រៀននិសិ្សតដែលនឹងទៅជាបូជាចារ្យ ឲ្យជាប់ទាក់ទងជានិច្ចនឹងស្រុកកំណើតរបស់ខ្លួន ហើកក៏រស់នៅស្របតាមរបៀបរស់នៅនៃប្រជាជនក្នុងស្រុករបស់ខ្លួនដែរ។ ត្រូវអប់រំគេខាងរដ្ឋបាលព្រះសហគមន៍ គឺឲ្យចេះបំពេញក្រដាសស្នាមយ៉ាងត្រឹមត្រូវតាមការចាត់ចែងនៃព្រះសហគមន៍ និងអប់រំគេឲ្យចេះត្រួតត្រាធនធានព្រះសហគមន៍ថែមទៀតផង។
ក្នុងចំណោមបូជាចារ្យដែលធ្លាប់ឃ្វាលណែនាំគ្រីស្តបរិស័ទតាមសហគមន៍ជាយូរឆ្នាំល្មមហើយនោះត្រូវជ្រើសរើសបូជាចារ្យខ្លះដែលមានសមត្ថភាពអាចបន្តឧត្តមសិក្សាកម្រិតខ្ពស់ដោយជោគជ័យបាននៅសកលវិទ្យាល័យក្នុងប្រទេស ឬនៅសកលវិទ្យាល័យខាងក្រៅប្រទេស ជាពិសេសនៅក្រុងរ៉ូម ឬនៅក្នុងគ្រឹះស្ថានវិទ្យាសាស្ត្រផ្សេងទៀតផង។ ធ្វើដូច្នេះ ទើបព្រះសហគមន៍ថ្មីៗ មានលោកខ្លះពីក្រុមបូជាចារ្យដែលកើតក្នុងស្រុកនោះ ប្រកបដោយចំណេះវិជ្ជា និងដោយបទពិសោធន៍សមរម្យ អាចបំពេញមុខងារដ៏ពិបាកជាងគេក្នុងព្រះសហគមន៍នោះបាន។
ប្រសិនបើក្រុមអភិបាលក្នុងប្រទេសមួយយល់ឃើញថាល្អគួរ ត្រូវតែងតាំងក្រុមឧបដ្ឋាកដូចកាលពីដើម ទុកជាក្រុមមួយដែលមានរបៀបរស់នៅជាអចិន្ត្រៃយ៍ ស្របតាមធម្មនុញ្ញគោលលទ្ធិអំពីព្រះសហគមន៍ (ពន្លឺ ២៩)។ ត្រូវមានបុរសបំពេញមុខងារបម្រើជាឧបដ្ឋាកយ៉ាងពិតប្រាកដ គឺប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬគ្រប់គ្រងសហគមន៍គ្រីស្តបរិស័ទដែលនៅឆ្ងាយ ក្នុងនាមបូជាចារ្យទទួលខុសត្រូវសហគមន៍នោះ ឬក្នុងនាមលោកអភិបាល។ អស់លោក ឧបដ្ឋាកក៏សម្តែងមេត្តាករុណាធម៌ តាមសង្គមកិច្ច ឬតាមអង្គការមនុស្សធម៌ផ្សេងៗ។ ត្រូវពង្រឹងកម្លាំងបុរសទាំងនោះ ដោយធ្វើពិធីទ្រាបដៃលើគេ ជាពិធីដែលក្រុមគ្រីស្តទូតបានបញ្ចូនបន្តមក។ អស់លោកក៏ត្រូវរួបរួមយ៉ាងជិតស្និទ្ធនឹងតុសក្ការៈ ពោលគឺចូលរួមក្នុងអភិបូជា ដើម្បីឲ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួនយ៉ាងសកម្មបាន តាមព្រះជាម្ចាស់ប្រណីសន្តោស ដោយសារអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។
១៧-ការបង្ហាត់បង្រៀនអ្នកអប់រំជំនឿ
គួរឲ្យសរសើរកងទ័ពដ៏ប្រសើរបស់អ្នកអប់រំជំនឿ ដែលមានគុណយ៉ាងខ្លាំងក្នុងកិច្ចបំពេញបេសកកម្មជាសាសនទូតទៅកាន់សាសនាដទៃ។ អ្នកអប់រំជំនឿទាំងបុរសទាំងស្ត្រីនោះ ពិតជាមានចិត្តគំនិតជាគ្រីស្តទូតមែន។ គេធ្វើការយ៉ាងខ្លាំងអស្ចារ្យ គឺជួយព្រះសហគមន៍យ៉ាងពិសេស ជាជំនួយដ៏ចាំបាច់ជាទីបំផុត ក្នុងកិច្ចផ្សព្វផ្សាយជំនឿ និងពង្រីកព្រះសហគមន៍។ សព្វថ្ងៃ ដោយចំនួនបូជាចារ្យមានតិចពេក ដើម្បីនាំដំណឹងល្អដល់មនុស្សច្រើនអនេកផង និងដើម្បីឃ្វាលណែនាំគ្រីស្តបរិស័ទផង តួនាទីរបស់អ្នកអប់រំជំនឿមានសារៈសំខាន់ខ្លាំងណាស់។ ត្រូវអប់រំពួកគេយ៉ាងសមរម្យ ស្របតាមការចម្រើននៃវប្បធម៌ស្រុកគេ ដើម្បីឲ្យគេអាចធ្វើជាសហការីសកម្មរបស់ក្រុមបូជាចារ្យ។ សព្វថ្ងៃពួកគេទទួលបន្ទុកកាន់តែថ្មី និងកាន់តែធ្ងន់និងទូលំទូលាយទៀតផង។
ហេតុនេះហើយបានជាត្រូវបង្កើនចំនួនសាលាតាមភូមិភាគ និងតាមតំបន់ ដើម្បីហ្វឹកហ្វឺនអ្នកអប់រំជំនឿ។ ក្នុងសាលាទាំងនោះ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀនអ្នកដែលនឹងអប់រំជំនឿនៅពេលអនាគត ឲ្យស្គាល់គោលលទ្ធិកាតូលិក ជាពិសេសង្រៀនគម្ពីរ និងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ ព្រមទាំងឲ្យគេស្គាល់គរុកោសល្យអប់រំជំនឿ និងកិច្ចឃ្វាលណែនាំគ្រីស្តបរិស័ទ។ ក្នុងសាលាទាំងនោះ គេត្រូវហ្វឹកហ្វឺនឲ្យកាន់តាមសីលធម៌គ្រីស្តបរិស័ទ ទាំងយកចិត្តទុកដាក់គោរពប្រណិប័តន៍ព្រះជាម្ចាស់ និងរស់នៅយ៉ាងវិសុទ្ធជានិច្ច។ លើសពីនេះទៅទៀត ត្រូវចាត់ចែងសិក្ខាសាលា ឬត្រូវបង្រៀនគេតាមពេលកំណត់ ដើម្បីផ្តល់ឱកាសឲ្យអ្នកអប់រំជំនឿទទួលចំណេះវិទ្យាទំនើប ខាងវិស័យសិក្សា និងខាងបច្ចេកទេសដែលមានប្រយោជន៍សម្រាប់បំពេញមុខងាររបស់ខ្លួន ព្រមទាំងសម្រាប់ចិញ្ចឹម និងពង្រឹងជីវិតរបស់គេតាមព្រះវិញ្ញាណ។ មិនតែប៉ុណ្ណេះសោត ព្រះសហគមន៍ត្រូវផ្តល់ប្រាក់បៀវត្សរ៍គ្រប់គ្រាន់តាមយុត្តិធម៌ឲ្យអស់អ្នកដែលបូជាកម្លាំងចិត្តទាំងស្រុងបំពេញបន្ទុកនេះ។ ព្រះសហគមន៍ក៏ត្រូវធានាឲ្យគេអាចរស់នៅបែបសមរម្យ និងផ្តល់ប្រាក់សម្រាប់សុខភាពដែរ។ មហាសន្និបាតសំណូមពរឲ្យក្រសួងប្រកាសដំណឹងល្អក្នុងចំណោមប្រជាជាតិនានា បង្កើតមូលនិធិពិសេសមួយ ដើម្បីជួយអប់រំ និងផ្គត់ផ្គង់អ្នកអប់រំជំនឿយ៉ាងសមរម្យ។ ប្រសិនបើអស់លោកអភិបាល យល់ឃើញថា មានប្រយោជន៍ និងត្រូវការ សូមបង្កើតក្រុមប្រមូលប្រាក់សម្រាប់អ្នកអប់រំជំនឿ។ ម្យ៉ាងទៀត ព្រះសហគមន៍នានាត្រូវទទួលស្គាល់កិច្ចការរបស់អ្នកជួយអប់រំជំនឿទៀត ពួកគេបានប្រព្រឹត្តកិច្ចការទាំងនោះដោយចិត្តទូលាយ ត្រូវគោរ និងអរគុណគេដែរ។ ព្រះសហគមន៍ត្រូវកាអ្នកជំនួយទាំងនោះជាចាំបាច់។ អ្នក ជំនួយទាំងនោះធ្វើជាអធិបតីក្នុងពេលសហគមន៍របស់ខ្លួនអធិដ្ឋាន ហើយបង្រៀនលទ្ធិនៃគ្រីស្តសាសនា។ ហេតុនេះហើយបានជាត្រូវយកចិត្តទុកដាក់អប់រំគេឲ្យស្គាល់លទ្ធិនៃគ្រីស្តសាសនា ទាំងអប់រំគេខាងផ្លូវជីវិតតាមព្រះវិញ្ញាណ។ មិនតែប៉ុណ្ណោះ ប្រសិនបើលោកអភិបាលយល់ឃើញថាសមគួរ ត្រូវផ្ញើបេសកកម្មជាផ្លូវការតាមក្បួនច្បាប់ឲ្យអ្នកអប់រំជំនឿដែលទទួលការអប់រំគ្រប់គ្រាន់ ដោយធ្វើពិធីមួយជាសាធារណៈ ដើម្បីឲ្យគេអាចបម្រើជំនឿប្រជាជនប្រកបដោយអំណាច។
១៨-ត្រូវលើកស្ទួយឲ្យមានបព្វជិតបព្វជិតា
ចាប់តាំងពីពេលតែងតាំងព្រះសហគមន៍មួយមក ត្រូវយកចិត្តទុកដាក់លើកស្ទួយឲ្យមានបព្វជិតបព្វជិតា។ បព្វជិតបព្វជិតាមិនគ្រាន់តែជួយយ៉ាងសកម្មនិងយ៉ាងចាំបាច់បំផុតក្នុងការប្រកាសដំណឹងល្អប៉ុណ្ណោះទេ តែដោយបព្វជិតបព្វជិតាញែកខ្លួនថ្វាយព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាលក្នុងព្រះសហគមន៍ដូច្នេះ (ពន្លឺ ៣១.៤៤) អស់លោកអ្នកក៏បង្ហាញបញ្ជាក់យ៉ាងច្បាស់ ឲ្យគ្រីស្តបរិស័ទយល់អត្ថន័យនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ឲ្យទៅជាគ្រីស្តបរិស័ទ ថែមទៀត។
បព្វជិតបព្វជិតានៃគ្រឹះស្ថានដែលជួយតែងតាំងព្រះសហគមន៍ ត្រូវរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្តជ្រួតជ្រាបក្នុងចិត្តយ៉ាងជ្រៅ។ ការរស់នៅបែបនេះពិតជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរនិងជាសិរីរុងរឿងនៃប្រពៃណីសាសនារបស់ព្រះសហគមន៍។ គេត្រូវខិតខំបង្ហាញនិងបញ្ជូនបន្តប្រពៃណីដ៏ថ្លៃថ្នូរនេះ ស្របតាមទេពកោសល្យ និងតាមលក្ខណៈប្រជាជាតិនីមួយ។ ជួនកាលប្រជាជនទាំងនោះ មានប្រពៃណីបួសធ្វើតបធម៌និងប្រពៃណីស្មឹងស្មាធិ៍ធ្វើសមាធិ មុនពេលព្រះគ្រីស្តប្រកាសដំណឹងល្អទៅទៀត តាមព្រះជាម្ចាស់សព្វព្រះហឫទ័យផ្សព្វផ្សាយពូជទាំងនោះក្នុងអរិយធម៌បុរាណ។ គ្រឹះស្ថានបព្វជិតបព្វជិតាត្រូវរិះគិតពិចារណាអំពីរបៀបលើកយកប្រពៃណីតបធម៌ និងប្រពៃណីស្មឹងស្មាធិ៍ទាំងនោះ ឲ្យចូលក្នុងការរស់នៅជាបព្វជិតបព្វជិតានៃគ្រីស្តសាសនាផង។
ក្នុង ព្រះសហគមន៍ថ្មីៗត្រូវយកចិត្តទុកដាក់លើកស្ទួយរបៀបរស់នៅផ្សេងៗជាបព្វជិតបព្វជិតា ដើម្បីបង្ហាញមុខផ្សេងៗនៃបេសកកម្មរបស់ព្រះគ្រីស្ត និងនៃការរស់នៅរបស់ព្រះសហគមន៍។ ក្រុមបព្វជិតបព្វជិតាទាំងនោះត្រូវបូជាកម្លាំងកាយកម្លាំងចិត្តបំពេញសកម្មភាពផ្សេងៗក្នុងការឃ្វាលណែនាំគ្រីស្តបរិស័ទ និងអប់រំសមាជិករបស់ខ្លួនយ៉ាងសមរម្យឲ្យអាចបំពេញសកម្មភាពទាំងនោះបាន។ ប៉ុន្តែក្រុមអភិបាលក្នុងប្រទេសនីមួយៗ ត្រូវប្រយ័ត្នប្រយែងកុំឲ្យមានក្រុមគ្រួសារដែលមានគោលដៅជាគ្រីស្តទូតប្រហែលគ្នាចម្រើនចំនួនឡើង ក្រែងលបណ្តាលឲ្យមានផលវិបាកកើតដល់ការរស់នៅជាបព្វជិតបព្វជិតាផង និងដល់កិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ទៀតផង។
គួរឲ្យកត់សម្គាល់យ៉ាងពិសេសថា បព្វជិតបព្វជិតាខ្លះខិតខំចាប់ផ្តើមធ្វើឲ្យរបៀបរស់នៅដោយស្មឹងស្មាធិ៍ធ្វើសមាធិ ចាក់ឫសនៅក្នុងព្រះសហគមន៍ថ្មីៗ។ គ្រឹះស្ថានខ្លះរក្សាទុកតែកត្តាខ្លះដ៏សំខាន់ៗនៃការរស់នៅបែបលោកសង្ឃ ហើយខិតខំតែងតាំងប្រពៃណីដ៏ប្រសើរបំផុតនៃក្រុមគ្រួសាររបស់ខ្លួន។ គ្រឹះស្ថានខ្លះទៀត ត្រឡប់មកកាន់តាមរបៀបរស់នៅរបស់លោកសង្ឃគ្រីស្តបរិស័ទពីជំនាន់ដើម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏អស់លោកអ្នកទាំងនោះ ត្រូវស្វែងរកឲ្យការរស់នៅរបស់អស់លោកអ្នក បានសមស្របតាមសភាពការណ៍ស្រុកនោះយ៉ាងពិតប្រាកដ។ ត្រូវតែងតាំងក្រុមបព្វជិតបព្វជិតាស្មឹងស្មាធិ៍ធ្វើសមាធិ នៅគ្រប់កន្លែងក្នុងគ្រប់ព្រះសហគមន៍ថ្មីៗ ព្រោះការរស់នៅបែបនេះ ពិតជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះសហគមន៍ចម្រើនឡើង យ៉ាងពេញលក្ខណៈប្រាកដមែន។
ជំពូក៣
ព្រះសហគមន៍ដោយឡែក
១៩-ព្រះសហគមន៍ថ្មីៗចម្រើនឡើង
កាលក្រុមគ្រីស្តបរិស័ទចាក់ឫសក្នុងការរស់នៅនៃសង្គមមួយរួចហើយ និងរស់នៅសមស្របតាមអរិយធម៌ស្រុកនោះខ្លះៗ ព្រមទាំងស្ថិតស្ថេរនៅយ៉ាងមាំមួនផងនោះ កិច្ចតែងតាំងព្រះសហគមន៍ក្នុងក្រុមមនុស្សនោះ បានដល់ទិសដៅម៉្យាងហើយ។ ពេលនោះព្រះសហគមន៍ត្រូវមានធនធានមនុស្សផ្ទាល់ ទោះបីមិនគ្រប់គ្រាន់ក្តី គឺមានក្រុមបូជាចារ្យដែលកើតក្នុងស្រុក មានបព្វជិតបព្វជិតាជាតិនោះ មានគ្រីស្តបរិស័ទធម្មតា ហើយក៏មានមុខងារបម្រើ និងស្ថាប័នផ្សេងៗ ដែលព្រះសហគមន៍ត្រូវការសម្រាប់ណែនាំការរស់នៅនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឲ្យចម្រើនឡើង ក្រោមការណែនាំរបស់លោកអភិបាល។
ប៉ន្តែ ត្រូវឲ្យការរស់នៅរបស់ប្រជារាស្ត្រព្រះជាម្ចាស់ក្នុងព្រះសហគមន៍ថ្មីទាំងនោះ មានលក្ខណៈពេញវ័យក្នុងគ្រប់វិស័យនៃការរស់នៅជាគ្រីស្តបរិស័ទ។ ត្រូវសម្រួលរបៀបរស់នៅជាគ្រីស្តបរិស័ទនោះ តាមសេចក្តីចាត់ចែងរបស់មហាសន្និបាត។ ត្រូវឲ្យអង្គប្រជំុរបស់គ្រីស្តបរិស័ទដឹងខ្លួនបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ថា គេពិតជាសហគមន៍រួមជំនឿ ជាសហគមន៍ធ្វើពិធីគោពប្រណិប័តន៍រួមគ្នា ជាសហគមន៍ដែលមានសេចក្តីស្រឡាញ់រួមដែរ។ គ្រីស្តបរិស័ទធម្មតា ដែលមានសកម្មភាពក្នុងសង្គម និងមានសកម្មភាពជាគ្រីស្តទូត ក៏ខិតខំបង្កើតសង្គមប្រកបដោយសេចក្តីស្រឡាញ់ និងដោយយុត្តិធម៌។ ត្រូវប្រើមធ្យោបាយទូរគមនាគមន៍នានាក្នុងសង្គមតាមតម្រូវការ និងដោយប្រុងប្រយ័ត្ន។ ដោយក្រុមគ្រួសារគ្រីស្តបរិស័ទនីមួយៗរស់នៅតាមបែបជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ ក្រុមគ្រួសារទាំងនោះក្លាយទៅជាកន្លែងអប់រំយុវជនឲ្យយកចិត្តទុកដាក់និងកិច្ចការជាគ្រីស្តទូត ហើយក៏ជាកន្លែងព្រះជាម្ចាស់ត្រាស់ហៅគេឲ្យធ្វើជាបូជាចារ្យ និងធ្វើជាបព្វជិតបព្វជិតាផង។ ព្រះសហគមន៍នេះអប់រំជំនឿតាមរបៀបសមរម្យ ហើយក៏លើកតម្តើងជំនឿនេះតាមពិធីគោពប្រណិប័តន៍ស្របតាមទេពកោសល្យនៃប្រជាជននោះ។ ជំនឿនេះក៏ជ្រាបចូលក្នុងស្ថាប័នគួរគោរព និងក្នុងទំនៀមទម្លាប់ស្រុកនោះតាមរយៈច្បាប់ដ៏សមរម្យរបស់ព្រះសហគមន៍ទៀតផង។
អភិបាលម្នាក់ៗ រួមជាមួយក្រុមលោកគង្វាលរបស់ខ្លួន ត្រូវរួមចិត្តគំនិតកាន់តែជិតស្នាលជាមួយព្រះគ្រីស្ត និងជាមួយព្រះសហគមន៍ គឺគិតគូរនិងរស់នៅរួបរួមជាមួយព្រះសហគមន៍សកល គឺព្រះសហគមន៍ថ្មីៗទាំងប៉ុន្មានត្រូវរួបរួមជាមួយព្រះសហគមន៍ទាំងមូល។ ព្រះសហគមន៍ថ្មីៗទាំងនោះត្រូវយកសេចក្តីខ្លះពីប្រពៃណីនៃអរិយធម៌ប្រទេសរបស់ខ្លួន មកផ្សំជាមួយប្រពៃណីព្រះសហគមន៍សកល ដើម្បីពង្រីកព្រះជន្មនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត ដោយជួយចែកចាយសេចក្តីខ្លះពីប្រពៃណីនៃអរិយធម៌របស់ខ្លួនឲ្យគ្នាទៅវិញទៅមក។ ហេតុនេះហើយបានជាត្រូវយកចិត្តទុកដាក់លើកស្ទួយសេចក្តីខ្លះតាមទេវវិទ្យា តាមចិត្តសាស្រ្ត និងតាមមនុស្សវិជ្ជា ដែលអាចជួយឲ្យព្រះសហគមន៍ថ្មីទាំងនោះយល់ឃើញថា គេរួបរួមជាមួយព្រះសហគមន៍សកលកាន់តែខ្លាំងឡើងៗ។
ព្រះសហគមន៍ថ្មីៗជាច្រើន ស្ថិតនៅតំបន់ក្រជាងគេក្នុងពិភពលោក។ តាមធម្មតាព្រះសហគមន៍ទាំងនោះនៅតែខ្វះបូជាចារ្យយ៉ាងខ្លាំង។ គេក៏ខ្វះធនធានសម្ភារៈដែរ។ ហេតុនេះហើយបានជាព្រះសហគមន៍ទាំងនោះត្រូវការឲ្យព្រះសហគមន៍ទាំងមូលបន្តបេសកកម្មជាសាសនទូត និងបន្តការជួយផ្គត់ផ្គង់ជំនួយតទៅទៀត។ ត្រូវប្រើជំនួយទាំងនោះជាអាទិ៍ ឲ្យព្រះសហគមន៍ទាំងនោះចម្រើនឡើង និងឲ្យគ្រីស្តបរិស័ទរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទពេញវ័យ។ ព្រះសហគមន៍សាកលក៏ត្រូវជួយបន្តបេសកកម្មជាសាសនទូត ឲ្យព្រះសហគមន៍ដែលតែងតាំងជាយូរមកហើយដែរ តែកំពុងអន់ថយ និង ទន់ខ្សោយ។
ប៉ុន្តែ ព្រះសហគមន៍ថ្មីៗទាំងនោះ ត្រូវយកចិត្តទុកដាក់ខ្នះខ្នែងណែនាំគ្រីស្តបរិស័ទជាទូទៅ និងចាត់ចែងសកម្មភាពស្របតាមសភាពការណ៍ ដើម្បីឲ្យអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យធ្វើជាបូជាចារ្យក្នុងភូមិភាគ និងគ្រឹះស្ថានបព្វជិតបព្វជិតាចម្រើនចំនួនឡើងៗ។ ប៉ុន្តែ ត្រូវពិនិត្យពិច័យនិងលើកស្ទួយអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនិងគ្រឹះស្ថានទាំងនោះ ឲ្យកាន់តែច្បាស់និងកាន់តែសកម្ម (បូជាចារ្យ ១១; ហ្វឹកហ្វឹន ២)។ ធ្វើដូច្នេះទើបព្រះសហគមន៍ថ្មីៗទាំងនោះ អាចផ្គត់ផ្គង់តម្រូវការរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងអាចជួយព្រះសហគមន៍ដទៃទៀតផង
២០-សកម្មភាពជាសាសនទូតរបស់ព្រះសហគមន៍តាមភូមិភាគ
ព្រះសហគមន៍ភូមិភាគ មានភារកិច្ចធ្វើជាតំណាងព្រះសហគមន៍សកលឲ្យកាន់តែប្រសើរឡើងៗ។ ហេតុនេះ ព្រះសហគមន៍ភូមិភាគត្រូវដឹងច្បាស់ថា ព្រះជាម្ចាស់ចាត់ខ្លួនឲ្យទៅកាន់អស់អ្នកដែលរស់នៅក្នុងតំបន់ជាមួយគ្នា តែមិនជឿលើព្រះគ្រីស្ត។ ព្រះសហគមន៍ត្រូវធ្វើជាសញ្ញាសម្គាល់បង្ហាញព្រះគ្រីស្តឲ្យពួកគេស្គាល់ ដោយគ្រីស្តបរិស័ទម្នាក់ៗ និងព្រះសហគមន៍ទាំងមូលផ្តល់សក្ខីភាពដោយសារមការរស់នៅរបស់គេ។
ម្យ៉ាងទៀត ត្រូវមានអ្នកមានមុខងារបម្រើព្រះ បន្ទូលជាចាំបាច់ ដើម្បីឲ្យដំណឹងល្អទៅដល់មនុស្សទាំងអស់។ ហេតុនេះហើយ ជាអាទិ៍លោកអភិបាលត្រូវប្រកាសជំនឿ នាំឲ្យមានសាវ័កថ្មីមករកព្រះគ្រីស្ត (ពន្លឺ ២៥)។ លោកអភិបាលត្រូវស្គាល់សភាពការណ៍នៃហ្វូងចៀមបស់ខ្លួនឲ្យបានច្បាស់ ហើយក៏ត្រូវស្គាល់គំនិតដ៏ជ្រៅកប់ក្នុងចិត្តរបស់ជនរួមជាតិនោះអំពីព្រះជាម្ចាស់ ទាំងនឹកគិតយ៉ាងហ្មត់ចត់អំពីការប្រែប្រួលដែលបណ្តាលមកពីមនុស្សទៅរស់នៅក្នុងទីក្រុង មនុស្សផ្លាស់ប្តូរកន្លែងទៅរកការធ្វើ និងមនុស្សមិនយកចិត្តទុកដាក់នឹងសាសនាណាសោះទៀតផង។ បើលោកស្គាល់ដូច្នេះ ទើបលោកអាចបំពេញបន្ទុកដ៏ប្រសើរនេះបាន។
ក្នុងព្រះសហគមន៍ថ្មីៗ លោកគង្វាលដែលកើតក្នុងស្រុក ត្រូវខ្នះខ្នែងប្រកាសដំណឹងល្អ ដោយចាត់ចែងសកម្មភាពរួមជាមួយសាសនទូតមកពីបរទេស។ ទាំងអស់លោកគង្វាលកើតក្នុងស្រុក ទាំងលោកគង្វាល មកពីបរទេស ក៏ត្រូវរួបរួមយ៉ាងជិតស្និទ្ធ ជាក្រុមគង្វាលតែមួយ ក្រោមអំណាចរបស់លោកអភិបាល។ អស់លោកមិនគ្រាន់តែឃ្វាលថែរក្សាគ្រីស្តបរិស័ទ និងធ្វើពិធីគោរពបម្រើព្រះជាម្ចាស់ប៉ុណ្ណោះទេ តែអស់លោកត្រូវប្រកាសដំណឹងល្អដល់មនុស្សនៅខាងក្រៅព្រះសហគម៍ទៀតផង។ ប្រសិនបើមានឱកាសផ្តល់ឲ្យ ត្រូវប្រុងខ្លួនដោយចិត្តមុះមុត ជូនខ្លួនទៅលោកអភិបាលឲ្យលោកចាត់ទៅចាប់ផ្តើមកិច្ចការជាសាសនទូតនៅស្រុកដាច់ស្រយាល ឬនៅតំបន់ណាដែលគ្មាននរណាអើពើក្នុងភូមិភាគរបស់ខ្លួនក្តី ឬក្នុងភូមិភាគឯទៀតៗដែរ។
បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតា ក៏ត្រូវខ្នះខ្នែងចំពោះជនរួមជាតិដូច្នេះដែរ ជាពិសេស ចំពោះអ្នកក្រីក្រជាងគេ។
ក្រុមអភិបាលត្រូវយកចិត្តទុកដាក់ចាក់ចែងសិក្ខាសាលាតាមពេលកំណត់ ដើម្បីបង្រៀនគម្ពីរ បង្រៀនទេវវិជ្ជា បង្ហាត់ជីវិតតាមព្រះវិញ្ញណ និងបង្ហាត់អំពីការណែនាំគ្រីស្តបរិស័ទតាមរបៀបទំនើបទាន់សម័យ។ ត្រូវចាត់ចែងដូច្នេះ ដោយមានបំណងឲ្យអស់លោកគង្វាល បានចំណេះអំពីទេវវិទ្យា និងអំពីវិធីណែនាំគ្រីស្តបរិស័ទកាន់តែច្បាស់ នៅពេលពិភពលោកដ៏មិនទៀងទាត់នេះប្រែប្រួលគ្រប់យ៉ាង។
សូមអនុវត្តតាមសេចក្តីទាំងប៉ុន្មានដែលមហាសន្និបាតបានសម្រេច ដោយមានចិត្តគំនិតចង់គោរពសាសនា ជាពិសេសក្នុងក្រឹត្យក្រមស្តីអំពីមុខងារ និងការរស់នៅរបស់អស់លោកគង្វាល។ ត្រូវឲ្យព្រះសហគមន៍ភូមិភាគតែងតាំងអ្នកមានមុខងារបម្រើ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឲ្យព្រះសហគមន៍នេះអាចបំពេញសកម្មភាពជាសាសនទូតរបស់ខ្លួនដោយជោគជ័យបាន។ ហេតុនេះហើយបានជាត្រូវអប់រំអ្នកទទួលមុខងារបម្រើទាំងនោះឲ្យទាន់ពេលវេលា ស្របតាមសភាពការណ៍ព្រះសហគមន៍នីមួយៗ។ ដោយ មនុស្សនាបច្ចុប្បន្ន ចូលចិត្តរួមគ្នាជាក្រុមកាន់តែច្រើនឡើងៗ ត្រូវឲ្យក្រុមអភិបាលក្នុងប្រទេស ចែកចាយយោបល់គ្នាទៅវិញទៅមកអំពីរបៀបសន្ទនាទាក់ទងជាមួយក្រុមទាំងនោះ។ នៅតំបន់ខ្លះ មានក្រុមមនុស្សខ្លះ មិនអាចទទួលជំនឿរបស់ព្រះសហគមន៍កាតូលិកបានទេ ព្រោះគេមិនអាចសម្របខ្លួនតាមបែបបទរបស់ព្រះសហគមន៍នៅស្រុកដែលគេរស់នៅនោះ។ ក្នុងករណីនេះ គួរឲ្យរកដំណោះស្រាយតាមរបៀបពិសេស រហូតដល់ពេលគ្រីស្តបរិស័ទទាំងអស់អាចជួបជុំគ្នាក្នុងសហគមន៍តែមួយបានផង (គង្វាល១០)។ អភិបាលម្នាក់ៗ ត្រូវត្រាស់ហៅសាសនទូត ឬសុខចិត្តទទួលសាសនទូត ឲ្យមករស់នៅក្នុងភូមិភាគរបស់ខ្លួន គឺសាសនទូតដែលសន្តៈអាសនៈបានចាត់ចែងឲ្យទៅក្នុងគោលបំណងនេះ។ លោកអភិបាលក៏ត្រូវជួយលើកស្ទួយសាសនទូតទាំងនោះយ៉ាងសកម្ម ក្នុងកិច្ចដែលអស់លោកមានបំណងចង់ធ្វើទៀតដែរ។
គួរណាស់ឲ្យព្រះសហគមន៍ថ្មីៗ ចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មសកលរបស់ព្រះសហគមន៍ដែរ។ ទោះបីខ្លួនខ្វះគង្វាលតី ព្រះសហគមន៍ថ្មីៗទាំងនោះ គួរណាស់ចាត់សាសនាទូតដែលអាចទៅប្រកាសដំណឹងល្អនៅលើផែនដីទាំងមូលដែរ។ ធ្វើដូច្នេះ ទើបក្រមគង្វាលជាបងប្អូនរួមជាតិចាប់ផ្តើមមានចិត្តខ្នះខ្នែងធ្វើសាសនទូតចំពោះអ្នកដទៃ។ ពេលណាព្រះសហគមន៍ថ្មីៗ រួមយ៉ាងសកម្មក្នុងកិច្ចប្រកាសដំណឹងល្អចំពោះសាសន៍ដទៃឯទៀត គឺពេលនោះព្រះសហគមន៍ថ្មីៗទាំងនោះ ពិតជារួបរួមជាមួយព្រះសហគមន៍សកលជា ពំុខានឡើយ។
២១-ត្រូវលើកស្ទួយគ្រីស្តបរិស័ទធម្មតាឲ្យទៅជាគ្រីស្តទូត
ព្រះសហគមន៍ចាក់គ្រឹះបានមាំមួន និងមានជីវិតរស់រវើកយ៉ាងពេញលេញ ព្រមទាំងធ្វើជាសញ្ញាសម្គាល់ដ៏ ពេញលក្ខណៈអំពីព្រះគ្រីស្តក្នុងចំណោមមនុស្សលោក លុះត្រាតែមានក្រុមគ្រីស្តបរិស័ទធម្មតាដ៏ពិតប្រាកដ ធ្វើការ រួមជាមួយក្រុមអភិបាល។ ដំណឹងល្អអាចជ្រួតជ្រាបយ៉ាងជ្រៅក្នុងចិត្តគំនិត ក្នុងការរស់នៅ និងក្នុងកិច្ចការរបស់ប្រជាជនណាមួយបាន លុះត្រាតែមានគ្រីស្តបរិស័ទធម្មតាបញ្ចេញសកម្មភាព។ ហេតុនេះហើយបានជាតាំងពីពេលចាក់ គ្រឹះព្រះសហគមន៍ណាមួយមក ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតតែងតាំងក្រុមគ្រីស្តបរិស័ទធម្មតាដែលប្រៀបបានទៅនឹងមនុស្សពេញវ័យ។
គ្រីស្តបរិស័ទធម្មតាជាសមាជិកនៃប្រជារាស្ត្រព្រះជាម្ចាស់យ៉ាងពេញលេញ ហើយ ក៏ជាសមាជិកនៃសង្គមមនុស្សយ៉ាងពេញលេញផងដែរ។ ពួកគេក៏ជាសមាជិកនៃជាតិរបស់គេដែរ គេកើតក្នុងស្រុកនោះ ពេលគេរៀនសូត្រ គេចាប់ផ្តើមស្គាល់ទ្រព្យសម្បត្តិដ៏មានតម្លៃនៃវប្បធម៌ជាតិរបស់គេ។ គេភ្ជាប់នឹងការរស់នៅតាមលក្ខណៈជាតិនោះ ដោយមានចំណងពាក់ព័ន្ធបែបជាច្រើនក្នុងសង្គម គេរិះគិត និងយល់ឃើញអំពីបញ្ហារួមរបស់ជាតិ ហាក់ដូចជាបញ្ហារបស់ខ្លួនផ្ទាល់ ហើយគេក៏ខិតខំរកដំណោះស្រាយបញ្ហាទាំងនោះទៀតផងដែរ។ គ្រីស្តបរិស័ទធម្មតាក៏ជាកម្មសិទ្ធរបស់ព្រះគ្រីស្ត ព្រោះគេបានកើតជាថ្មីក្នុងព្រះសហគមន៍ដោយសារជំនឿ និងដោយអគ្គសញ្ញជ្រមុជទឹក គេរួមជាប់ជាមួយព្រះគ្រីស្ត (១ករ ១៥,២៣) ដោយរស់នៅតាមរបៀបថ្មី និងដោយប្រព្រឹត្តកិច្ចការតាមរបៀបថ្មីដែរ ដើម្បីឲ្យអ្វីៗទាំងអស់ចុះចូលក្រោម អំណាចរបស់ព្រះជាម្ចាស់ ដោយរួមក្នុងអង្គព្រះគ្រីស្ត និងដើម្បីឲ្យព្រះជាម្ចាស់បំពេញអ្វីៗទាំងអស់ក្នុងមនុស្សទាំង អស់ (១ ករ ១៥,២៨)។
គ្រីស្តបរិស័ទធម្មតា ទាំងបុរស ទាំងស្ត្រី មានភារកិច្ចដ៏សំខាន់ជាងគេ គឺធ្វើជាសាក្សីអំពីព្រះគ្រីស្តដោយរបៀបរស់នៅរបស់ខ្លួន និងដោយពាក្យសម្តីដែលគេនិយាយអពីព្រះអង្គ ក្នុងរង្្វង់គ្រួសារ ក្នុងសង្គម និងនៅកន្លែងប្រកបការងារ។ ហេតុនេះ "និស្ស័យមនុស្សថ្មីដែលព្រះជាម្ចាស់បានបង្កើតមក តាមសេចក្តីសុចរិត ដើម្បីឲ្យ បានវិសុទ្ធយ៉ាងពិតប្រាកដ" (អភ ៤,២៤) ត្រូវលេចធ្លោឡើងក្នុងរូបគេ។ គេក៏ត្រូវបង្ហាញបញ្ចេញជីវិតតាមរបៀបថ្មី នៅក្នុងសង្គមមនុស្ស នៅក្នុងអរិយធម៌ជាតិ និងតាមប្រពៃណីជាតិដែរ។ គ្រីស្តបរិស័ទធម្មតាត្រូវស្គាល់អរិយធម៌ជាតិ ព្យាបាលអរិយធម៌នេះ ថែរក្សា និងពង្រីកអរិយធម៌នេះតាមសភាពការណ៍ថ្មីៗ ហើយនាំឲ្យអរិយធម៌នេះបានពេញ លក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ធ្វើដូច្នេះ ជំនឿលើព្រះគ្រីស្ត និងការរស់នៅរបស់ព្រះសហគមន៍ លែងមានលក្ខណៈ ក្រៅពីសង្គមជាកន្លែងដែលគេរស់នៅទៀតហើយ។ គេក៏ចាប់ផ្តើមធ្វើឲ្យជំនឿជ្រួតជ្រាបក្នុងសង្គមនោះ ព្រមទាំង ចាប់ផ្តើមប្រែទម្រង់សង្គមនោះទៀតផង។ គ្រីស្តបរិស័ទធម្មតាត្រូវសហការជាមួយជនរួមជាតិរបស់ខ្លួនដោយចិត្តស្មោះ ដើម្បីបង្ហាញតាមរបៀបរស់នៅរបស់គេថា មានចំណងទាក់ទងថ្មី បង្រួបបង្រួមមនុស្ស និងមានចំណងសាមគ្គីសាកល ថ្មី ដែលហូរចេញមកពីគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត។ គេក៏ត្រូវផ្សព្វផ្សាយជំនឿលើព្រះគ្រីស្ត ក្នុងចំណោម អស់អ្នកដែលរស់នៅជាមួយ និងធ្វើការជាមួយដែរ។ គេមានកាតព្វកិច្ចផ្សព្វផ្សាយជំនឿដូច្នេះជាចាំបាច់ ព្រោះមនុស្ស ភាគច្រើនអាចស្តាប់ឮដំណឹងល្អ និងស្គាល់ព្រះគ្រីស្តបាន ដោយសារតែគ្រីស្តបរិស័ទធម្មតារស់នៅក្បែរគេប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅកន្លែងដែលអាចធ្វើបាន គ្រីស្តបរិស័ទធម្មតាក៏ត្រូវប្រុងខ្លួនបំពេញបេសកកម្មពិសេសមួយ ដើម្បីប្រកាសដំណឹងល្អ និងបង្រៀនលទ្ធិនៃគ្រីស្តសាសនា ទាំងរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអភិបាល។ ដូច្នេះគេផ្តល់ឲ្យព្រះសហគមន៍ទើបកើតនោះ មានកម្លាំងមាំមួន។ អស់លោកដែលមានមុខងារបម្រើព្រះសហគមន៍ ត្រូវទទួលស្គាល់តម្លៃនៃកិច្ចការដ៏សែនពិបាករបស់គ្រីស្តបរិស័ទធម្មតា ក្នុងឋានៈជាគ្រីស្តទូត។ អស់លោកត្រូវអប់រំគ្រីស្តបរិស័ទធម្មតាទាំងនោះឲ្យដឹងខ្លួនថា ដោយគេជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត គេក៏ទទួលខុសត្រូវលើមនុស្សឯទៀតទាំងអស់ដែរ។ អស់លោកត្រូវបង្រៀនគេឲ្យជ្រាបយ៉ាងជ្រៅអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងបង្ហាត់គេឲ្យចេះប្រើវិជ្ជាថ្មីៗទៀតផង។ អស់លោកត្រូវនៅជាមួយគេ នៅគ្រាលំបាក ស្របតាមគំនិតនៃធម្មនុញ្ញគោលលទ្ធិ "ព្រះគ្រីស្តជាពន្លឺបំភ្លឺប្រជាជាតិនានា" និងក្រឹត្យក្រម "សកម្មភាពជាគ្រីស្តទូត"។ ធ្វើដូច្នេះព្រះសហគមន៍ថ្មីទាំងមូលត្រូវផ្តល់សក្ខីភាពតែមួយយ៉ាងរស់រវើក និងមាំមួនអំពីព្រះគ្រីស្ត ដើម្បីឲ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់យ៉ាងច្បាស់អំពីការសង្គ្រោះដែលមកដល់យើងដោយសារព្រះគ្រីស្ត។ ប៉ុន្តែគ្រីស្តបរិស័ទធម្មតាត្រូវគោរពមុខងារ និងភារកិច្ចផ្ទាល់របស់អស់លោកជាគង្វាលព្រះសហគមន៍។
២២-គ្រីស្តបរិស័ទរស់នៅតាមរបៀបប្លែកៗពីគ្នាក្នុងព្រះសហគមន៍តែមួយ
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបបាននឹងពូជ។ កាលពូជនោះចាក់ឫសក្នុងដីដែលមានជីជាតិល្អ ហើយមានទឹកសន្សើមរបស់ព្រះជាម្ចាស់ស្រោចស្រពទៀតផងនោះ វាស្រូបជីជាតិពីដី និងយកជីជាតិនោះមកប្រែធ្វើជា កម្លាំងនិងជាជីវិតផ្ទាល់ខ្លួន ដើម្បីឲ្យបានផ្លែយ៉ាងបរិបូណ៍។ យ៉ាងណាមិញ ព្រះសហគមន៍ថ្មីៗ ដែលចាក់ឫសក្នុងអង្គព្រះគ្រីស្តនិងសាងសង់លើគ្រីស្តទូតជាគ្រឹះ ក៏ទទួលយកអរិយធម៌ដ៏ថ្លៃថ្នូរនៃប្រជាជាតិនានា មកស្រូបយកជីជាតិ ធ្វើជាកម្លាំងនិងជាជីវិតរបស់ខ្លួនផ្ទាល់យ៉ាងនោះដែរ។ ព្រះគ្រីស្តបានទទួលប្រជាជាតិទាំងអស់ទុកជាមរតក (ទន ២,៨)។ ព្រះសហគមន៍ថ្មីៗ និងប្រជាជាតិទាំងនោះចែកចាយអ្វីដ៏មានតម្លៃរបស់ខ្លួន ជូនទៅវិញទៅមកយ៉ាង អស្ចារ្យ។ ព្រះជាម្ចាស់ចាត់ចែងអំពីព្រះបុត្រាប្រសូតជាមនុស្សដូច្នោះដែរ។ ព្រះសហគមន៍ថ្មីៗទាំងនោះ លើកយកទំនៀមទម្លាប់និងប្រពៃណី លើកយកប្រាជ្ញាញាណរបស់គេ ហើយក៏លើកយកចំណេះវិជ្ជា សិល្បៈ និងវិន័យរបស់ប្រជាជាតិទាំងនោះ គឺលើកយកអ្វីៗទាំងអស់ មកជួយប្រកាសសិរីរុងរឿងរបស់ព្រះអាទិករ។ ព្រះសហគមន៍លើកយកអ្វីៗទាំងអស់ មកជួយធ្វើឲ្យព្រះហឫទ័យប្រណីសន្តោសរបស់ព្រះសង្គ្រោះលេចធ្លោឡើង ព្រមទាំងជួយចាត់ចែងរបៀបរស់នៅរបស់គ្រីស្តបរិស័ទឲ្យបានត្រឹមត្រូវល្អទៀតផង (ពន្លឺ ១៣)។
ក្នុងតំបន់ធំៗដែលមានបណ្តាប្រទេសមានអារ្យធម៌ស្រដៀងគ្នា ត្រូវដាស់តឿនឲ្យគេរិះគិតរួមគ្នាតាមផ្លូវទេវវិទ្យា អំពីសេចក្តីទាំងនោះ ដើម្បីឲ្យព្រះសហគមន៍ទទួលលទ្ធផលខាងលើនេះ។ ត្រូវតែពិនិត្យពិច័យព្រះរាជកិច្ច និងព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងដែលមានចែងកត់ទុកក្នុងគម្ពីរ តាមអស់បុព្វបុរសនៃព្រះសហគមន៍ និងក្រុមណែនាំព្រះសហគមន៍បានពន្យល់ហើយស្រាប់។ ត្រូវរិះគិតពិនិត្យពិច័យសាជាថ្មី ក្រោមពន្លឺរបស់ព្រះសហគមន៍សកលដែលបញ្ជូនបន្តជំនឿតៗរៀងមកដែរ។ ដោយរិះគិតដូច្នេះ គ្រីស្តបរិស័ទមុខជានឹងយល់កាន់តែច្បាស់អំពីរបៀបដែលប្រាជ្ញាមនុស្សអាចពន្យល់លទ្ធិជំនៃនឿបាន ស្របតាមទស្សន វិទ្យា និងតាមប្រាជ្ញាញាណរបស់ប្រជាជាតិនានា។ គេក៏អាចយល់កាន់តែច្បាស់ថា ប្រពៃណី អត្ថន័យនៃជីវិត របៀបចាត់ចែងសង្គមនៃជនជាតិរបស់ខ្លួន អាចស្របតាមរបៀបរស់នៅដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ដោយរិះគិតដូច្នេះ គេមុខជានឹងរកឃើញមាគ៌ាឲ្យខ្លួនរស់នៅសមស្របយ៉ាងជ្រៅតាមអរិយធម៌ប្រជាជាតិនានា ក្នុង គ្រប់វិស័យនៃការរស់នៅជាគ្រីស្តបរិស័ទ។ គេក៏ចៀសវាងមិនយកសាសនាផ្សេងៗមកលាយឡំនឹងសាសនារបស់ខ្លួន ហើយក៏លះបង់ការប្រកាន់សាសនាថាគ្រីស្តសាសនាតាមបែបរបស់ខ្លួនថាល្អដាច់គេ។ ការរស់នៅជាគ្រីស្តបរិស័ទមុខជានឹងបានសមស្របតាមទេពកោសល្យ និងតាមលក្ខណៈនៃអរិយធម៌ប្រទេសនោះ។ ព្រះសហគមន៍ត្រូវលើកយកប្រពៃណីដែលមានគុណសម្បត្តិនៃគ្រប់ប្រជាជាតិ មកថ្លឹងថ្លែងតាមពន្លឺនៃដំណឹង ល្អបំភ្លឺផងនោះ ឲ្យរួបរួមជាធ្លុងតែមួយក្នុងព្រះសហគមន៍សកល។ ព្រះសហគមន៍ថ្មីៗតាមតំបន់ទាំងនោះ ដែលលើកយកប្រពៃណីដ៏ថ្លៃថ្នូរប្រទេសរបស់ខ្លួនធ្វើជាសម្បត្តិផ្ទាល់ ខ្លួន នោះ ក៏ចូលរួបរួមក្នុងព្រះសហគមន៍សកល ទាំងគោរពអាសនៈ គ្រីស្តទូតសិលា ដែលជា «អធិបតីនាំមុខ គ្រប់សហគមន៍ប្រកបដោយមេត្តាករុណាធម៌" (ពន្លឺ ១៣)។
ហេតុនេះហើយ បានជាមហាសន្និបាតមានសំណូមពរលើសពីនេះទៅទៀត (តាមពិតត្រូវតែធ្វើតាម) សូមឲ្យក្រុមអភិបាលព្រះសហគមន៍ក្នុងប្រទេសនានា តាមតំបន់ធំៗដែលមានអរិយធម៌ស្រដៀងគ្នា រួមគ្នាចែករំលែកយោបល់គ្នា ព្រមព្រៀងគ្នាយ៉ាងពិតប្រាកដ បន្តកិច្ចសម្រួលព្រះសហគមន៍ឲ្យបានសមស្របតាមអរិយធម៌នោះ។
ជំពូក៤
ក្រុមសាសនទូត
២៣-ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឲ្យធ្វើជាសាសនទូត
សាវ័ករបស់ព្រះគ្រីស្តគ្រប់ៗគ្នា មានភារកិច្ចផ្សព្វផ្សាយជំនឿតាមចំណែករៀងៗខ្លួន (ពន្លឺ ១៧)។ ប៉ុន្តែក្នុងចំណោមសាវ័កទាំងប៉ុន្មាន ព្រះគ្រីស្តជាអម្ចាស់នៅតែត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ដើម្បីឲ្យគេនៅជាមួយព្រះអង្គ និងចាត់គេឲ្យទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ (មក ៣,១៣ត)។ ហេតុនេះហើយបានជា ព្រះអង្គប្រទានឲ្យគ្រីស្តបរិស័ទខ្លះមានចិត្តគំនិតចង់ធ្វើជាសាសនទូត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធដែលចែករំលែកព្រះអំណោយទានតាមព្រះហឫទ័យព្រះអង្គ (១ ករ ១២,១១) ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ ព្រះគ្រីស្តជាអម្ចាស់ក៏ធ្វើឲ្យកើតគ្រឹះស្ថានដែលទទួលបេសកកម្មប្រកាសដំណឹងល្អទុកជាភារកិច្ចផ្ទាល់ ទោះជាភារកិច្ចរបស់ព្រះសហគមន៍ទាំងមូល។
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទខ្លះយ៉ាងពិសេស ឲ្យសុខចិត្តទទួលភារកិច្ចជាសាសនទូត។ អ្នកទាំងនោះជាជនបរទេស ឬជាអ្នកកើតក្នុងស្រុក ជាបូជាចារ្យ (អាចារ្យ) ឬជាបព្វជិតបព្វជិតា ឬជាគ្រីស្តបរិស័ទធម្មតា មានទេពកោសល្យ មានគុណសម្បត្តិ និងមានប្រាជ្ញាល្មមឲ្យអាចបំពេញបេសកកម្មពិសេសជាសាសនទូតនេះ។ អ្នក កាន់អំណាចដ៏ត្រឹមត្រូវក្នុងព្រះសហគមន៍ ចាត់គេឲ្យទៅកាន់អ្នកដែលនៅឆ្ងាយពីព្រះគ្រីស្ត។ គេក៏ទៅដោយមានជំនឿ និងស្តាប់បង្គាប់ទៀតផង។ ព្រះគ្រីស្តជ្រើសរើសញែកគេដើម្បីឲ្យបំពេញកិច្ចដែលព្រះអង្គដាក់ឲ្យគេបំពេញនោះ (កក ១៣, ២) ក្នុងឋានៈជាអ្នកមានមុខងារបម្រើដំណឹងល្អ "ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនជាតង្វាយដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យបានវិសុទ្ធ" (រម ១៥,១៦)។
២៤-ចិត្តគំនិតតាមព្រះវិញ្ញាណជាសាសនទូត
មនុស្សត្រូវតបឆ្លើយនឹងព្រះជាម្ចាស់ដ៏ពិតប្រាកដដែលត្រាស់ហៅគេធ្វើជាសានាទូត ដោយ "មិនសួរយោបល់ ពីមនុស្សណាម្នាក់ឡើយ" (កាឡ ១,១៦) គេក៏ភ្ជាប់ចិត្តទាំងស្រុងនឹងកិច្ចប្រកាសដំណឹងល្អដែរ។ ប៉ុន្តែ អ្នកនោះអាច ឆ្លើយបែបនេះបាន លុះត្រាតែព្រះវិញ្ញាណអញ្ជើញគេ និងប្រទានឫទ្ធានុភាពរបស់ព្រះអង្គឲ្យគេ ដ្បិតអ្នកដែលព្រះ គ្រីស្តចាត់ឲ្យទៅ រួមរស់ និងរួមបំពេញបេសកកម្មរបស់ព្រះអង្គដែល "លះបង់អ្វីទាំងអស់មកយកឋានៈជា ទាសករ" (ភល ២,៧)។ គេត្រូវប្រុងខ្លួនបន្តបេសកកម្មនេះអស់មួយជីវិត គឺសុខចិត្តលះបង់ខ្លួន និងលះបង់ អ្វីៗទាំងអស់ដែលគេមានរហូតដល់ពេលនោះ ព្រមទាំងធ្វើឲ្យខ្លួន "បានដូចមនុស្សទាំងអស់" (១ ករ៩,២២)។
ពេលសាសនទូតប្រកាសដំណឹងល្អក្នុងចំណោមសាសន៍ដទៃ គាត់នាំគេឲ្យស្គាល់គម្រោងការដ៏អស្ចារ្យ របស់ព្រះគ្រីស្ត។គាត់ត្រូវមានចិត្តសង្ឃឹម ព្រោះគាត់ជាទូតរបស់ព្រះអង្គ។ ដោយរួមក្នុងអង្គព្រះគ្រីស្ត គាត់ហ៊ាននិយាយពាក្យត្រឹមត្រូវតាមដែលគាត់ត្រូវនិយាយ (អភ ៦,១៩ត; កក ៤,៣១)។ គាត់មិនត្រូវខ្មាសនឹងនិយាយអំពីឈើឆ្កាង ដែល "រារាំងមនុស្សមិនឲ្យជឿ" ទេ (១ ករ ១,២៣)។ សាសនទូតដើរតាមដានព្រះបរមគ្រូដែល "ស្លូតនិងមានចិត្តសុភាព" ហើយត្រូវបង្ហាញថា នឹមរបស់ព្រះអង្គស្រួល ហើយបន្ទុកដែលព្រះអង្គដាក់លើគេក៏ស្រាលដែរ (មថ ១១,២៩ត)។ គាត់ត្រូវផ្តល់សក្ខីភាពអំពីព្រះអម្ចាស់របស់ខ្លួន ដោយរស់នៅត្រឹមត្រូវតាមដំណឹងល្អ ដោយមានចិត្តស៊ូទ្រាំ មានចិត្តអត់ធ្មត់យ៉ាងខ្លាំង មានចិត្តស្លូតបូត និងមានចិត្តស្រឡាញ់ឥតពុតត្បុត (២ ករ ៦,៤ត)។ ប្រសិនបើត្រូវការ គាត់ក៏ ត្រូវផ្តល់សក្ខីភាពថ្វាយព្រះអម្ចាស់របស់ខ្លួន រហូតដល់បូជាជីវិតទៀតផង។ គាត់ត្រូវអង្វរព្រះអង្គប្រទានឲ្យគាត់មានចិត្តក្លាហាន និងមានកម្លាំង ដើម្បីទទួលស្គាល់ថា ទោះបីគាត់ជួបប្រទះទុក្ខលំបាកជាច្រើន និងរស់នៅក្នុងឋានៈជាអ្នកក្រតោកយ៉ាកបំផុតយ៉ាងណាក្តី ក៏គាត់មានអំណរខ្លាំងក្រៃលែងដែរ (២ ករ ៨,២)។ គាត់ត្រូវជឿជាក់ថាអ្នកបម្រើព្រះគ្រីស្តត្រូវស្តាប់តាមបង្គាប់ ព្រោះការស្តាប់តាមបង្គាប់នេះជាគុណធម៌ពិសេសនៃអ្នកបម្រើរបស់ព្រះគ្រីស្ត ដែល ព្រះអង្គបានរំដោះមនុស្សលោក ដោយស្តាប់តាមព្រះបញ្ជារបស់ព្រះបិតាដែរ។
អស់អ្នកប្រកាសដំណឹងល្អ ត្រូវចៀសវាងកុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងខ្លួនឡើយ ហើយក៏ត្រូវប្រែចិត្តគំនិតឲ្យបានជាថ្មីជារៀងរាល់ថ្ងៃដែរ (១ ធម ៤,១៤; អភ ៤,២៣; ២ ករ ៤,១៦)។ អស់លោកអភិបាល និងអស់មេដឹកនាំក្រុមគ្រួសារនានា ត្រូវប្រជុំសាសនទូតទាំងអស់ឲ្យជួបជុំគ្នាតាមពេលកំណត់ ដើម្បីពង្រឹងសេចក្តីសង្ឃឹមរបស់គេលើព្រះជាម្ចាស់ ដែលត្រាស់ហៅគេ និងដើម្បីឲ្យគេមានចិត្តគំនិតថ្មី ក្នុងមុខងាររបស់ខ្លួនជាគ្រីស្តទូត។ ត្រូវចាត់ចែងឲ្យមានគេហដ្ឋានសម្រាប់ប្រជុំទាំងនោះ។
២៥-ការបង្ហាត់សាសនទូតឲ្យរស់តាមព្រះវិញ្ញាណ និងតាមសីលធម៌
អ្នកដែលត្រូវជាសាសនទូតនៅពេលអនាគត ត្រូវរៀបចំចិត្តគំនិតយ៉ាងពិសេសឲ្យបំពេញមុខងារដ៏ប្រសើរ នេះ ដោយបង្ហាត់ខ្លួនឲ្យរស់តាមព្រះវិញ្ញាណ និងតាមសីលធម៌។ សាសនទូតត្រូវប្រុងខ្លួនចាប់ផ្តើមកិច្ចការផ្សេងៗដោយគំនិតផ្ទាល់ ត្រូវមានចិត្តនឹងរតស៊ូដើម្បីសម្រេចកិច្ចដែលគាត់បានចាប់ផ្តើមនោះ នៅពេលជួបប្រទះការលំបាកនានា គាត់ត្រូវមានចិត្តព្យាយាម។ សាសនទូតត្រូវស៊ូទ្រាំរស់នៅម្នាក់ឯង ស៊ូទ្រាំអស់កម្លាំងកាយកម្លាំងចិត្ត ស៊ូទ្រាំធ្វើការដោយគ្មានលទ្ធផល ទាំងមានចិត្តក្លាហាន និងចិត្តអត់ធ្មត់ខន្តី។ គាត់ត្រូវទៅជួបមនុស្សទាំងឡាយដោយចិត្តគំនិតទូលំទូលាយ និងចិត្តបើកចំហទៀតផង។ សាសនទូតត្រូវបំពេញកិច្ចការដែលព្រះសហគមន៍ផ្ញើឲ្យគាត់ធ្វើដោយចិត្តទូលាយ។ គាត់ត្រូវសុខចិត្តសម្របខ្លួនតាមរបៀបរស់របស់ជនជាតិដទៃ និងសម្របខ្លួនតាមសភាពការណ៍ដែលតែងតែប្រែប្រួលទៀតផង។ គាត់ត្រូវជួយសាសនទូតឯទៀតៗជាបងប្អូន និងអស់អ្នកដែលយកកម្លាំងកាយកម្លាំងចិត្តរួមធ្វើកិច្ចការតែមួយដូចគ្នា ដោយធ្វើការរួមចិត្តគំនិតជាមួយគេ និងដោយចិត្តស្រឡាញ់គ្នាទៅវិញទៅមកផង។ ដូច្នេះ អ្នកទាំងនោះមានចិត្តថ្លើមតែមួយ ដោយយកសហគមន៍នៅជំនាន់គ្រីស្តទូតជាគំរូ (កក ២,៤២; ៤,៣២)។
ពេលសាសនទូតទទួលការអប់រំ ត្រូវបង្ហាត់គេឲ្យរៀបចំចិត្តគំនិតតាមរបៀបនេះ ត្រូវឲ្យជីវិតខាងព្រះវិញ្ញាណ ថែទាំ លើកឡើង និងគាំទ្រចិត្តគំនិតបែបនេះឲ្យកាន់តែមាំមួនឡើង។ សាសនទូតត្រូវមានជំនឿមោះមុត និងមានសេចក្តីសង្ឃឹមដែលមិនចេះរង្គោះរង្គើឡើយ ហើយក៏ត្រូវជាមនុស្សចូលចិត្តអធិដ្ឋាន។ គាត់ត្រូវមានចិត្តអង់អាច មានចិត្តស្រឡាញ់ និងចិត្តធ្ងន់ (២ ធម ១,៧)។ គាត់ "ត្រូវរៀនឲ្យចេះស្កប់ចិត្តក្នុងគ្រប់កាលៈទេសៈ" (ភល ៤,១១)។ ដោយគាត់សុខចិត្តបូជាជីវិត គាត់ត្រូវផ្ទុកក្នុងរូបកាយរបស់គាត់នូវសេចក្តីឈឺចុកចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យព្រះជន្មរបស់ព្រះអង្គមានឥទ្ធិពលយ៉ាងសកម្ម នៅក្នុងរូបកាយរបស់អស់អ្នកដែលគេចាត់គាត់ទៅជួប (២ ករ ៤,១០ត)។ ដោយគាត់មានចិត្តខ្នះខ្នែងចង់នាំការសង្គ្រោះដល់អ្នកដទៃ គាត់ត្រូវសុខចិត្តចំណាយអ្វីៗទាំងអស់ដែលគាត់មាន ហើយក៏ចំណាយខ្លួនឯងថែមទៀត ដើម្បីជាប្រយោជន៍ដល់គេដែរ (២ ករ ១២,១៥ត) រហូតដល់ "ស្រឡាញ់ព្រះជាម្ចាស់នឹងស្រឡាញ់មនុស្សឯទៀតៗកាន់តែខ្លាំងឡើង ដោយបំពេញកិច្ចការរបស់ខ្លួនជារៀងរាល់ថ្ងៃ" (ពន្លឺ ៤១)។ ដូច្នេះ ដោយគាត់រួមជាមួយព្រះគ្រីស្តដែលធ្វើតាមព្រះហឫទ័យព្រះបិតា គាត់នឹងបន្តបេសកកម្មរបស់ព្រះគ្រីស្ត ក្រោមអំណាចរបស់លោកអភិបាល និងរួមសហការក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលសង្គ្រោះមនុស្សលោក។
២៦-ការអប់រំខាងលទ្ធិនៃគ្រីស្តសាសនា និងខាងកិច្ចការជាគ្រីស្តទូត
អស់អ្នកដែលព្រះសហគមន៍ចាត់ឲ្យទៅកាន់សាសន៍ដទៃៗទាំងនោះ ត្រូវទទួល "ការអប់រំអំពីជំនឿ និងអំពីគោលលទ្ធិដ៏ត្រឹមត្រូវ" (១ ធម ៤,៦) ដើម្បីឲ្យគេទៅជាអ្នកបម្រើព្រះគ្រីស្តយ៉ាងល្អប្រសើរ។ គេត្រូវរៀនអំពីគោល លទ្ធិដ៏ត្រឹមត្រូវនេះ ជាពិសេសដោយយោងសេចក្តីពីព្រះគម្ពីរ ហើយត្រូវរិះគិតយ៉ាងជ្រៅអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែលគេនឹងត្រូវប្រកាសនិងធ្វើជាសាក្សីនោះ។
ហេតុនេះហើយបានជាត្រូវរៀបចំ និងអប់រំសាសនទូត ទាំងអស់ គឺទាំងបូជាចារ្យ ទាំងបព្វជិតបព្វជិតា ទាំងគ្រីស្តបរិស័ទធម្មតា តាមសភាពការណ៍ររៀងៗខ្លួន កុំឲ្យគេអន់ក្នុងភារកិច្ចរបស់ខ្លួននៅពេលអនាគត។ តាំងពីដើមដំបូងនៃការអប់រំនោះ ត្រូវចាត់ចែងការបង្រៀនអំពីលទ្ធិនៃគ្រីស្តសាសនា ដោយនឹកគិតដល់លក្ខណៈសកលរបស់ព្រះសហគមន៍ និងនឹកគិតដល់លក្ខណៈប្លែកៗនៃប្រជាជាតិនានា។ ត្រូវបង្រៀនមុខវិទ្យាទាំងប៉ុន្មានឯទៀតៗ ដោយមានគោលគំនិតបែបនេះដែរ គឺវិជ្ជាទាំងប៉ុន្មានដែលគេរៀននោះ មុខជានឹងជួយអប់រំឲ្យគេអាចបំពេញមុខងារបម្រើរបស់ខ្លួន។ ត្រូវឲ្យគេរៀនអំពីចំណេះដែលមានប្រយោជន៍ គឺចំណេះទូទៅអំពីប្រជាជននានា អំពីអរិយធម៌ និងអំពីសាសនានានាផង។ ត្រូវរៀនដូច្នេះ ដោយមិនគ្រាន់តែបែរទៅកាន់អតីតកាលប៉ុណ្ណោះទេ តែត្រូវបែរខ្លួនទៅរកបច្ចុប្បន្នកាលទៀតផង។ អ្នកដែលត្រូវជួបជាមួយប្រជាជនណាមួយប្លែកពីប្រជាជនរបស់ខ្លួន ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងបេតិកភ័ណ្ឌ ភាសា និងរបៀបរស់នៅរបស់ប្រជាជននោះ។ ហេតុនេះហើយបានជាសាសនទូតត្រូវរៀនអំពីមុខវិជ្ជាសាសនទូតជាចាំបាច់បំផុត ពោលគឺ រៀនឲ្យស្គាល់លទ្ធិ និងសេចក្តីណែនាំរបស់ព្រះសហគមន៍អំពីកិច្ចប្រកាសដំណឹងល្អ និងស្គាល់របៀបអ្នកនាំដំណឹងល្អបានប្រព្រឹត្តតាមសតវត្សមុនៗដែរ។ គេក៏ត្រូវស្គាល់សភាពការណ៍បច្ចុប្បន្ននៃព្រះសហគមន៍ក្នុងប្រទេសដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ នៅពេលជាមួយគ្នានេះ គេត្រូវស្គាល់វិធីដែលស័ក្តិសិទ្ធិជាងគេសព្វថ្ងៃ តាមការយល់ឃើញរបស់សាសនទូត។
ទោះបីក្នុងការអប់រំដែលមានលក្ខណៈសព្វគ្រប់បែបនេះ សាសនទូតត្រូវយកកចិត្តទុកដាក់នឹងការណែនាំគ្រីស្តបរិស័ទក្តី ក៏គាត់ត្រូវទទួលការអប់រំយ៉ាងពិសេស និងចាត់ចែងយ៉ាងត្រឹមត្រូវ អំពីកិច្ចការជាគ្រីស្តទូត ដោយមានគេបង្រៀនផង និងដោយគាត់ធ្វើការអនុវត្តន៍ផងដែរ (ហ្វឹកហ្វឺន ១៩-២១)។
ត្រូវឲ្យបព្វជិតបព្វជិតាមួយចំនួនធំ តាមលទ្ធភាពអាចធ្វើបាន ទទួលការអប់រំយ៉ាងសមរម្យអំពីវិធីអប់រំជំនឿ ដើម្បីឲ្យគេអាចរួមសហការកាន់តែខ្លាំងឡើងៗក្នុងកិច្ចការជាគ្រីស្តទូត។ សូម្បីតែអស់អ្នកដែលបំពេញតួនា ទីមួយផ្នែកក្នុងសកម្មភាពជាសាសនទូតតែមួយរយៈពេលប៉ុណ្ណោះ ក៏ត្រូវទទួលការអប់រំស្របតាមសភាពការណ៍របស់ ខ្លួនដែរ។
លើសពីការអប់រំគ្រប់យ៉ាងនោះ កាលសាសនទូតរស់នៅក្នុងប្រទេសដែលព្រះសហគមន៍ចាត់ឲ្យទៅនោះក៏ត្រូវទទួលការអប់រំបន្ថែម ពោលគឺ ត្រូវឲ្យសាសនទូតស្គាល់ប្រវត្តិសាស្ត្រកាន់តែច្បាស់ ស្គាល់រចនាសម្ពន្ធក្នុងសង្គម និងប្រពៃណីប្រជាជនទាំងនោះ។ ត្រូវឲ្យសាសនទូតយល់សីលធម៌ និងវិន័យខាងសាសនារបស់ប្រជាជននោះ ព្រមទាំងស្គាល់គោលគំនិតកប់ក្នុងចិត្តតាមប្រពៃណីដ៏សក្ការៈរបស់គេ អំពីព្រះជាម្ចាស់ អំពីពិភពលោក និងអំពីមនុស្សដែរ។ ត្រូវឲ្យសាសនទូតរៀនភាសាប្រជាជននោះ រហូតដល់អាចនិយាយយ៉ាងស្រួល និងត្រឹមត្រូវ ដើម្បីឲ្យគេមានផ្លូវចាប់ចិត្តនិងគំនិតរបស់គេ។ លើសពីនេះទៅទៀត ត្រូវណែនាំឲ្យសាសនទូតស្គាល់តម្រូវការពិសេសក្នុងកិច្ចណែនាំគ្រីស្តបរិស័ទក្នុងប្រទេសនោះ។
ត្រូវអប់រំសាសនទូតខ្លះឲ្យបានជ្រៅ នៅគ្រឹះស្ថានសម្រាប់បង្រៀនមុខវិជ្ជាជាសាសនទូត ឬនៅមហាវិទ្យាល័យ ឬនៅសកលវិទ្យាល័យផ្សេងៗ ដើម្បីឲ្យគេអាចបំពេញមុខងារពិសេសយ៉ាងសកម្ម។ ដោយគេមានចំណេះវិជ្ជាខ្ពស់ដូច្នេះ គេមានសមត្ថភាពអាចជួយសាសនទូតឯទៀតៗក្នុងសកម្មភាពជាសាសនទូតរបស់អស់លោកដែលកាន់តែចំាបាច់ ប៉ុន្តែកាន់តែពិបាកក្នុងពិភពលោកនាបច្ចុប្បន្ន។ ម្យ៉ាងទៀត គួរឲ្យក្រុមអភិបាលតាមតំបន់ មានអ្នកជំនាញការបែបនេះ កាន់តែច្រើនឡើង ដើម្បីយកចំណេះវិជ្ជា និងបទពិសោធន៍របស់គេមកប្រើ ដើម្បីរកដំណោះស្រាយបញ្ហាដ៏ពិបាកដែលអស់លោកជួបប្រទះក្នុងការបំពេញបន្ទុករបស់អស់លោក។ ត្រូវមានមនុស្សដែលចេះប្រើគ្រឿងបច្ចេកទេស និងមធ្យោបាយ ទូរគមនាគមន៍ក្នុងសង្គម ដែល អស់លោកត្រូវយល់ថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងកិច្ចបំពេញបេសកកម្មរបស់អស់លោក។
២៧-គ្រឹះស្ថានដែលបំពេញសកម្មភាពក្នុងប្រទេសមានមនុស្សភាគច្រើនដែលមិនស្គាល់ព្រះគ្រីស្ត
ទោះបីអ្នកដែលត្រូវគេចាត់ឲ្យទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ ត្រូវការការអប់រំទាំងប៉ុន្មានខាងលើនេះជាចាំបាច់ បំផុតក្តី ក៏បុគ្គលម្នាក់ៗដូចជាពិបាកសម្រេចដោយខ្លួនឯងឲ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ តាមបទពិសោធន៍ ក៏គ្មាន នរណាម្នាក់អាចបំពេញកិច្ចការជាសាសនទូត ដោយម្នាក់ឯងដាច់ពីគេបានដែរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ ត្រាស់ហៅមនុស្សខ្លះឲ្យចូលរួមក្នុងគ្រឹះស្ថានផ្សេងៗ។ ដោយអ្នកទាំងនោះរួមកម្លាំងគ្នា គេអាចទទួលការអប់រំត្រឹមត្រូវស្របតាមតម្រូវការ ហើយក៏អាចបំពេញបេសកកម្មនេះក្នុងនាមព្រះសហគមន៍បាន និងតាមបំណងប្រាថ្នាក្រុមអភិបាលផងដែរ។ តាំងពីយូរសតវត្សមក សមាជិកគ្រឹះស្ថានទាំងនោះនឿយហត់ហាលថ្ងៃហាលក្តៅ បូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុង បម្រើកិច្ចប្រកាសដំណឹងល្អ ឬក៏បម្រើកិច្ចការនេះតែមួយផ្នែកដែរ។ ជួនកាលសន្តៈអាសនៈផ្ញើតំបន់ដ៏ធំសម្បើមឲ្យគ្រឹះស្ថានទាំងនោះប្រកាសដំណឹងល្អ។ សមាជិកគ្រឹះស្ថានទាំងនោះបានប្រមូលប្រជារាស្រ្តថ្មីថ្វាយព្រះជាម្ចាស់ ពោលគឺព្រះសហគមន៍តាមតំបន់នោះ ដែលសព្វថ្ងៃ ភ្ជាប់ចិត្តនឹងគង្វាលទាំងប៉ុន្មានរបស់ខ្លួន។ គេតែងតាំងព្រះសហគមន៍ផ្សេងៗដោយបែកញើសហូរញើស ហើយលើសពីនេះទៅទៀត ដោយបានបូជាជីវិតដែរ។ សព្វថ្ងៃ គេយកបទពិសោធន៍របស់គេមកបម្រើព្រះសហគមន៍ទាំងនោះ ទាំងខ្នះខ្នែងរួមសហការជាមួយព្រះសហគមន៍តាមតំបន់ដូចបងប្អូន ឬទទួលខុសត្រូវណែនាំគ្រីស្តបរិស័ទឬបំពេញបន្ទុកពិសេសដើម្បីជាប្រយោជន៍រួម។
ជួនកាលសមាជិកគ្រឹះស្ថានទាំងនោះទទួលខុសត្រូវបំពេញកិច្ចការខ្លះដ៏បន្ទាន់បំផុត សម្រាប់តំបន់មួយទាំងមូល ឧបមាថា ការប្រកាសដំណឹងល្អដល់ក្រុមមនុស្សពិសេសមួយ ឬដល់ប្រជាជនមួយដែលមិនទាន់ទទួលដំណឹងល្អ ដោយមូលហេតុផ្សេងៗ ឬដែលជំទាស់នឹងដំណឹងល្អនេះ តាំងពីដើមរៀងមក (គង្វាល ១០)។
ប្រសិនមានតម្រូវការ សមាជិកគ្រឹះស្ថានទាំងនោះត្រូវប្រុងខ្លួនសុខចិត្តជួយអប់រំអស់អ្នកដែលស្ម័គ្រចិត្តបំពេញសកម្មភាពជាសាសនទូតតែមួយរយៈពេល ដោយចែករំលែកបទពិសោធន៍របស់ខ្លួនឲ្យគេ។
ដោយមូលហេតុទាំងអស់ខាងលើនេះ និងដោយមានប្រជាជនជាច្រើនទៀតដែលត្រូវនាំមករកព្រះគ្រីស្ត ព្រះសហគមន៍នៅតែត្រូវការគ្រឹះស្ថានទាំងនោះជាចាំបាច់បំផុត។
ជំពូក៥
ការចាត់ចែងសកម្មភាពជាសាសនទូត
សេចក្តីផ្តើម
២៨-គ្រីស្តបរិស័ទទទួលព្រះអំណោយទានផ្សេងៗពីគ្នា (រម ១២,៦)។ ហេតុនេះហើយបានជាគេត្រូវរួមសហការគ្នាក្នុង កិច្ចប្រកាសដំណឹងល្អ គឺម្នាក់ៗតាមលទ្ធភាព តាមធនធាន តាមព្រះអំណោយទាន និងតាមមុខងារបម្រើរៀងៗខ្លួន (១ ករ ៣,១០)។ គ្រីស្តបរិស័ទទាំងអស់ គឺទាំងអ្នកសាបព្រោះ ទាំងអ្នកច្រូតកាត់ (យហ ៤,៣៧) ទាំងអ្នកដាំ ទាំង អ្នកស្រោចទឹក ត្រូវរួបរួមគ្នាជាធ្លុងតែមួយ (១ ករ ៣,៨) ដើម្បី " ខិតខំរួមគ្នាដោយស្ម័គ្រចិត្ត និងដោយមានសណ្តាប់ធ្នាប់ទៅរកទិសដៅតែមួយ (ពន្លឺ ១៨)។ គេក៏ត្រូវមានចិត្តថ្លើមតែមួយ ចំណាយកម្លាំងរបស់ខ្លួនកសាងព្រះសហគមន៍ដែរ។
ហេតុនេះហើយបានជាត្រូវតម្រែតម្រង់កិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងជំនួយគ្រីស្តបរិស័ទឯទៀតៗ ឲ្យភ្ជាប់រួមជាមួយគ្នា ដើម្បីឲ្យ "គេធ្វើការទាំងអស់នោះ ដោយមានសណ្តាប់ធ្នាប់" (១ ករ ១៤,៤០) និងឲ្យរួមសហការគ្នា ក្នុងគ្រប់វិស័យនៃសកម្មភាពជាសាសនទូតផង។
២៩-ការចាត់ចែងជាទូទៅ
ក្រុមអភិបាលទាំងមូលទទួលភារកិច្ចប្រកាសដំណឹងល្អនៅលើផែនដីទាំងមូល (ពន្លឺ ២៣)។ ហេតុនេះ ហើយបានជាសន្និបាតរបស់អស់លោកអភិបាល ឬ "ក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អភិបាលនៃព្រះសហគមន៍សកល" ក្នុងចំណោមកិច្ចទូទៅរបស់អស់លោក ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងសកម្មភាពជាសាសនទូតទុកជាភារកិច្ចមួយដ៏សំខាន់បំផុត និងជាភារកិច្ចដ៏សក្ការៈបំផុតរបស់ព្រះសហគមន៍។
ត្រូវឲ្យមានក្រសួងតែមួយដែលមានសមត្ថកិច្ចសម្រាប់គ្រប់គ្រងតំបន់ទាំងប៉ុន្មានដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត និងសម្រាប់ណែនាំសកម្មភាពជាសាសនទូតគ្រប់យ៉ាងគឺ "ក្រសួងផ្សព្វផ្សាយជំនឿ"។ ក្រសួងនោះត្រូវណែនាំនិងចាត់ចែងកិច្ច និងសកម្មភាពជាសាសនទូតទាំងនោះនៅលើផែនដីទាំងមូល ឲ្យរួមសហការគ្នា។ ក៏ប៉ុន្តែត្រូវគោរពសិទ្ធិព្រះសហគមន៍នៅមជ្ឈិមបូព៌ាទុកដោយឡែក។
ព្រះវិញ្ញាណដាស់តឿនគ្រីស្តបរិស័ទតាមរបៀបផ្សេងៗពីគ្នាក្នុងព្រះសហគមន៍របស់ព្រះជាម្ចាស់ ឲ្យគេមានគំនិតជាសាសនទូត។ ជារឿយៗ ព្រះវិញ្ញាណតែងតែមានសកម្មភាព មុនអស់លោកដែលមានមុខងារណែនាំការរស់នៅរបស់ព្រះសហគមន៍ទៅទៀត។ ក៏ប៉ុន្តែ តាមតែខ្លួនអាចធ្វើបាន ក្រសួងនោះត្រូវខិតខំជួយឲ្យមានគ្រីស្តបរិស័ទខ្លះតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេឲ្យទៅជាសាសនទូត និងផ្សព្វផ្សាយចិត្តគំនិតជាសាសនទូតផងដែរ។ ក្រសួងនោះត្រូវខិតខំនាំឲ្យគ្រីស្តបរិស័ទមានចិត្តខ្នះខ្នែង និងអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានពរដល់ព្រះសហគមន៍នៅតំបន់ដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ ត្រូវបោះពុម្ពផ្សាយដំណឹងផ្សេងៗដ៏ពិតប្រាកដ ហើយដែលមានសារៈសំខាន់អំពីព្រះសហគមន៍ទាំងនោះទៀតដែរ។ ក្រសួងនោះ ត្រូវដាស់តឿនឲ្យមានសាសនទូតច្រើន ព្រមទាំងចែកសាសនទូតទាំងនោះតាមតម្រូវការដ៏សំខាន់ជាងគេនៃតំបន់នានា។ ក្រសួងនេះ ត្រូវចាត់ចែងផែនការណ៍ប្រកបដោយប្រាជ្ញា ដើម្បីឲ្យសាសនទូតប្រព្រឹត្តសកម្មភាព។ ក្រសួងនោះ ត្រូវបញ្ចេញសេចក្តីណែនាំ និងគោលការណ៍ សម្រាប់ការប្រកាសដំណឹងល្អឲ្យបានសមស្របតាមសភាពការណ៍ ព្រមទាំងត្រូវជំរុញគ្រីស្តបរិស័ទក្នុងកិច្ចប្រកាសដំណឹងល្អនោះ។ ក្រសួងនោះត្រូវចាត់ចែងការរៃប្រាក់យ៉ាងសកម្ម និងដោយរួមសហការគ្នា ព្រមទាំងចែករំលែកធនធានទាំងនោះតាមសេចក្តីត្រូវការ តាមប្រយោជន៍ និងតាមទំហំតំបន់ទាំងនោះ ស្របតាមចំនួនគ្រីស្តបរិស័ទ និងចំនួនអ្នកកាន់សាសនាដទៃ តាមកិច្ចការផ្សេងៗ តាមគ្រឹះស្ថាន តាមចំនួនអ្នកបម្រើព្រះសហគមន៍ និងតាមចំនួនសាសនទូតដែរ។
ក្រសួងផ្សព្វផ្សាយជំនឿនេះ ត្រូវរួមសហការជាមួយក្រសួងបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ ដើម្បីជួយរកផ្លូវ និងមធ្យោបាយចាត់ចែងការសហការជាមួយគ្រីស្តបរិស័ទនិកាយផ្សេងៗទុកជាបងប្អូន។ ត្រូវរួបរួមជាមួយក្រុមជំនុំគ្រីស្តបរិស័ទផ្សេងៗ ដែលបង្កើតសកម្មភាពជាសាសនទូត មិនត្រូវទាស់ទែងគ្នា ក្នុងគោលបំណងផ្សះផ្សាគ្នា ប្រសិនបើអាចធ្វើបាន ព្រោះការបែបបាក់គ្នានេះជាមូលហេតុរារាំងមិនឲ្យមនុស្សជឿលើព្រះគ្រីស្តបាន។
ហេតុនេះហើយបានជាក្រសួងនោះត្រូវជាអង្គភាពរដ្ឋបាលផង និងត្រូវជាអង្គភាពចាត់ចែងដែលមានជីវិតរស់រវើកផង។ ត្រូវប្រើវិធីបែបវិទ្យាសាស្ត្រ និងប្រើមធ្យោបាយស្របតាមសភាពការណ៍នាបច្ចុប្បន្នកាលយើងនេះ គឺថា ត្រូវគិតគូរដល់អ្នកសិក្សាស្វែងរកតាមទេវវិទ្យា តាមវិជ្ជាចាត់ចែងវិធី និងតាមវិជ្ជាណែនាំគ្រីស្តបរិស័ទឲ្យទៅជាសាសនទូតផងដែរ។
អស់លោកដែលរួមសហការក្នុងកិច្ចការជាសាសនទូត ត្រូវជ្រើសរើសតំណាងឲ្យចូលក្នុងអង្គភាពណែនាំក្រសួងនោះ គឺអភិបាលជាតំណាងមកពីសកលលោកទាំងមូល ដើម្បីឲ្យក្រសួងស្តាប់យោបល់ក្រុមអភិបាលតាមប្រទេសនានា។ ត្រូវមានមេដឹកនាំខ្លះនៃគ្រឹះស្ថាននានា ព្រមទាំងមេដឹកនាំនៃក្រុម «កិច្ចការសាសនទូតរបស់អភិបាលក្រុមរ៉ូម»។ តំណាងទាំងនោះត្រូវរួមចំណែកក្នុងការណែនាំក្រសួងយ៉ាងសកម្ម ដោយមានសម្លេងអាចសម្រេចសេចក្តីបានផង។ ត្រូវជ្រើសរើសតំណាងទាំងនោះតាមរបៀប និងតាមវិធីអភិបាលព្រះសហគមន៍ក្រុងរ៉ូមនឹងចាត់ចែងនៅពេលខាងមុខ។ ត្រូវកោះហៅតំណាងទាំងនោះឲ្យជួបជុំគ្នាតាមពេលកំណត់។ តំណាងទាំងនោះត្រូវចាត់ចែងខាងលើបំផុត នូវកិច្ចជាសាសនទូតទាំងមូល ក្រោមអំណាចអភិបាលព្រះសហគមន៍ក្រុងរ៉ូម។
ក្រសួងនេះត្រូវតែមានក្រុមអចិន្រៃ្តយ៍របស់អ្នកជំនាញការផ្តល់យោបល់ ជាអ្នកមានចំណេះជ្រៅជ្រះ និងមាន បទពិសោធន៍ជាខ្លាំង។ ក្នុងចំណោមកិច្ចការឯទៀតៗ ក្រុមនោះមានតួនាទីប្រមូលពត៌មានសមរម្យ អំពីសភាពការណ៍ តាមតំបន់នីមួយៗ និងតាមមតិរបស់ក្រុមមនុស្សផ្សេងៗអំពីវិធីប្រកាសដំណឹងល្អដែលត្រូវប្រើទៀតដែរ។ ក្រុមនោះត្រូវផ្តល់សេចក្តី សន្និដ្ឋានបែបវិទ្យាសាស្រ្ត សម្រាប់ធ្វើកិច្ចការជាសាសនទូត និងឲ្យមានការរួមសហការគ្នាក្នុងកិច្ចការនោះ។ ត្រូវមានតំណាងគ្រឹះស្ថានបព្វជិតា តំណាងក្រុមនានាតាមតំបន់ដែលជួយព្រះសហគមន៍នៅប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត និងតំណាងអង្គការគ្រីស្តបរិស័ទធម្មតា ជាពិសេសតំណាងអង្គការអន្តរជាតិចូលរួមក្នុងក្រសួងនេះតាមការគួរ។
៣០-ការចាត់ចែងតាមតំបន់មនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត
អស់អ្នកដែលចូលរួមក្នុងកិច្ចបំពេញសកម្មភាពជាសាសនទូត ត្រូវមាន "ចិត្តថ្លើមតែមួយ" (កក ៤,៣២) ដើម្បីឲ្យកិច្ចប្រកាសដំណឹងល្អនោះ បានលទ្ធផលតាមគោលដៅ។ អភិបាលជាមេដឹកនាំ និងជាអ្នកធ្វើឲ្យកិច្ចការជាគ្រីស្តទូតទាំងអស់ក្នុងភូមិភាគរួមសហការគ្នា។ លោកមានភារកិច្ចជំរុញសកម្មភាពជាសាសនទូត និងណែនាំសកម្មភាពនោះ ហើយចាត់ចែងឲ្យមានការរួមសហការគ្នា។ ក៏ប៉ុន្តែលោកត្រូវរក្សាទុក និងលើកទឹកចិត្តរបស់អ្នកដែលមានគំនិតផុសឡើងថ្មីដោយខ្លួនឯង ក្នុងកិច្ចការនេះដែរ។ អស់សាសនទូត សូម្បីតែបព្វជិតបព្វជិតាដែលមិនស្ថិតនៅក្រោមអំណាចរបស់អភិបាល ក៏ត្រូវសុខចិត្តធ្វើតាមបង្គាប់របស់លោក ក្នុងកិច្ចការទាំងប៉ុន្មានដែលពាក់ព័ន្ធនឹងមុខងារដ៏សក្ការៈជាគ្រីស្តទូតដែរ (អភិបាល ៣៥.៤)។ លោកអភិបាលត្រូវចាត់ចែងឲ្យមានក្រុមប្រឹក្សាណែនាំមួយ ដើម្បីពង្រឹងការរួមសហការនោះ ដោយមានតំណាងរបស់ក្រុមគង្វាល តំណាងរបស់បព្វជិតបព្វជិតា និងតំណាងរបស់គ្រីស្តបរិស័ទធម្មតាចូលរួមផង ដើម្បីឲ្យការរួមសហការកាន់តែល្អឡើងៗ។ លោកអភិបាលត្រូវយកចិត្តទុកដាក់ចាត់ចែងកិច្ចប្រកាសដំណឹងល្អ មិនគ្រាន់តែសំដៅចំពោះអ្នកដែលប្រែចិត្តគំនិតជឿលើព្រះគ្រីស្តប៉ុណ្ណោះទេ តែត្រូវចែករំលែកចំនួនអ្នកប្រកាសដំណឹងល្អ និងចែករំលែកចំនួនធនធានស្មើភាគគ្នាសម្រាប់បំពេញកិច្ចប្រកាសដំណឹងល្អដល់អ្នកមិនកាន់គ្រីស្តសាសនាដែរ។
៣១-ការរួមសហការតាមតំបន់
ក្រុមអភិបាលក្នុងប្រទេសនានា ត្រូវតែសម្រេចបញ្ហាដ៏ធ្ងន់ធ្ងរនិងបញ្ហាបន្ទាន់ជាងគេ ដោយរិះគិតរួមគ្នានិងព្រមព្រៀងគ្នា ក៏ប៉ុន្តែមិនត្រូវបំភ្លេចថា ភូមិភាគមានសភាពការណ៍ប្លែកៗពីគ្នាដែរ (អភិបាល ៣៦-៣៨)។ មហាសន្និបាតទូន្មានឲ្យក្រុមអភិបាលរួមកម្លាំង បង្កើតកិច្ចការផ្សេងៗដើម្បីជាប្រយោជន៍រួម ពោលគឺ ត្រូវមានទេវវិទ្យាល័យ សាលារៀនកម្រិតឧត្តម និងសាលាបច្ចេកទេស មជ្ឈមណ្ឌលណែនាំគ្រីស្តបរិស័ទ មជ្ឈមណ្ឌលបង្រៀនអ្នកអប់រំជំនឿ មជ្ឈមណ្ឌលអប់រំអំពីធិគោរពប្រណិប័តន៍ ព្រមទាំងមជ្ឈមណ្ឌលមធ្យោបាយទូរគមនាគមន៍ក្នុងសង្គម។ ធ្វើដូច្នេះ អស់លោកជៀសវាងការប្រើធនធានមនុស្ស និងធនធានសម្ភារៈដែលមានមិនគ្រប់គ្រាន់ផង ដោយខ្ចះខ្ចាយ ហើយក៏ជៀសវាងការបង្កើតអ្វីៗដែលមិនសូវត្រូវការប៉ុន្មាន។
ត្រូវចាត់ចែងការសហការបែបនេះយ៉ាងសមគួរតាមសេចកី្តត្រូវការ សូម្បីតែក្រុមអភិបាលព្រះសហគមន៍ក្នុងប្រទេសនានា ក៏ត្រូវរួមសហការរបៀបនេះដែរ។
៣២-ការចាត់ចែង និងសកម្មភាពគ្រឹះស្ថានរបស់សាសនទូត
ត្រូវចាត់ចែងសកម្មភាពដែលគ្រឹះស្ថាន និងសមាគមនានាខាងព្រះសហគមន៍បំពេញនោះ ឲ្យរួមសហការគ្នា។ ការសហការដូច្នេះពិតជាមានប្រយោជន៍មែន។ ទោះជាគ្រឹះស្ថាននិងសមាគមទាំងនោះ ជាគ្រឹះស្ថាននិងជាសមាគមបែបណាក៏ដោយ ក៏ត្រូវធ្វើតាមបង្គាប់អភិបាលភូមិភាគគ្រប់ៗគ្នា ក្នុងគ្រប់ករណីដែលពាក់ព័ន្ធនឹងកិច្ចប្រកាសដំណឹងល្អ។ ហេតុនេះ អភិបាលនិងមេដឹកនាំគ្រឹះស្ថាននីមួយៗ ត្រូវចាត់ចែងការព្រមព្រៀងដោយឡែក សម្រាប់ណែនាំទំនាក់ទំនងជាមួយគ្នា។
ប្រសិនបើសន្តៈអាសនៈផ្ញើតំបន់មួយឲ្យគ្រឹះស្ថានណាមួយ មេដឹកនាំព្រះសហគមន៍ក្នុងតំបន់នោះ និង គ្រឹះស្ថាននោះ ត្រូវយកចិត្តទុកដាក់ចាត់ចែងអ្វីៗទាំងអស់ឲ្យតម្រែតម្រង់ទៅរកគោលដៅតែមួយ គឺជួយឲ្យ សហគមន៍គ្រីស្តបរិស័ទថ្មីនោះចម្រើនឡើង និងក្លាយទៅជាព្រះសហគមន៍តាមតំបន់ នៅពេលក្រោយដែលមានអភិបាលកើតពីប្រជាជននោះណែនាំ តាមរការសមរម្យ ដោយមានក្រុមគង្វាលរបស់លោកជាសហការីផង។
ពេលគ្រឹះស្ថានណាផុតអាណត្តិប្រកាសដំណឹងល្អនៅតំបន់មួយ សភាពការណ៍ថ្មីមួយកើតឡើង ពេលនោះក្រុមអភិបាល និងគ្រឹះស្ថាននានាត្រូវពិគ្រោះគ្នា និងចាត់ចែងសេចក្តីណែនាំក្នុងទំនាក់ទំនងរវាងអភិបាលភូមិភាគ និង គ្រឹះស្ថានទាំងនោះ (អភិបាល ៣៥, ៥-៦)។ សន្តៈអាសនៈត្រូវគ្រោងទុកគោលការណ៍ទូទៅសម្រាប់ឲ្យក្រុមអភិបាលនិងគ្រឹះស្ថាននានាធ្វើការព្រមព្រៀងគ្នាតាមតំបន់ ឬការព្រមព្រៀងដោយឡែកផង។
ទោះបីគ្រឹះស្ថាននានាប្រុងខ្លួនបន្តកិច្ចការដែលគេចាប់ផ្តើមធ្វើនោះ ដោយរួមសហការក្នុងកិច្ចបំពេញមុខងារបម្រើគ្រីស្តបរិស័ទជាធម្មតាក្តី ក៏នៅពេលក្រុមគង្វាលដែលកើតក្នុងប្រទេសនោះបានចម្រើនចំនួនឡើងហើយ គ្រឹះស្ថាននានាត្រូវតែសិ្ថតនៅក្នុងភូមិភាគនោះដដែលដោយចិត្តទូលាយ ទាំងបំពេញកិច្ចពិសេស ឬណែនាំតំបន់ខ្លះៗ ប្រសិនបើគេអាចធ្វើបាន ស្របតាមគោលដៅរបស់គ្រឹះស្ថានទាំងនោះ។
៣៣-គ្រឹះស្ថាននានាត្រូវរួមសហការគ្នា
គ្រឹះស្ថាននានាដែលបំពេញសកម្មភាពជាសាសនទូតក្នុងតំបន់តែមួយ ត្រូវរកមធ្យោបាយនិងវិធីឲ្យគេបំពេញសកម្មភាពដោយរួមសហការគ្នា។ ហេតុនេះហើយបានជាក្រុមបព្វជិត និងសហព័ន្ធបព្វជិតាដែលមានគ្រឹះស្ថានទាំងអស់ក្នុងប្រទេសមួយ ឬក្នុងតំបន់មួយចូលរួម មានប្រយោជន៍ខ្លាំងណាស់។ ក្រុមទាំងនោះត្រូវស្វែងរកកិច្ចដែលគេអាចធ្វើបាន ដោយរួមកម្លាំងគ្នា ហើយក៏ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមអភិបាលប្រទេសនោះផងដែរ។ ដោយមូលហេតុដូចខាងលើ ត្រូវចាត់ចែងឲ្យគ្រឹះស្ថានរបស់សាសនទូត រួមសហការគ្នាក្នុងស្រុកកំណើតរបស់គេតាមបែបដដែលនេះ។ ដូច្នេះ គេអាចដោះស្រាយបញ្ហានិងកិច្ចការដែលគេផ្តើមគំនិតធ្វើរួមគ្នា ឲ្យបានងាយស្រួល និងដោយសន្សំកម្លាំង ពោលគឺ ការអប់រំសាសនទូតខាងគោលលិទ្ធិនៃគ្រីស្តសាសនា ការចាត់ចែងសិក្ខាសាលាសម្រាប់សាសនទូត និងសេចក្តីរាយការណ៍ដែលត្រូវផ្ញើដល់រដ្ឋអំណាច ឬដល់អង្គការអន្តរជាតិជាដើម។
៣៤-គ្រឹះស្ថានវិទ្យាសាស្ត្រត្រូវរួមសហការគ្នា
ត្រូវតែអប់រំសាសនទូតតាមបែបវិទ្យាសាស្ត្រ ដើម្បីឲ្យគេអាចបំពេញបេសកកម្មរបស់ខ្លួនបាន តាមរបៀប ជាធម្មតា និងមានសណ្តាប់ធ្នាប់។ ជាពិសេសត្រូវហ្វឹកហ្វឺនសាសនទូត ឲ្យគេចេះរិះគិតអំពីទំនាក់ទំនងគ្រីស្តសាសនានឹងសាសនាដទៃ ហើយជាមួយអរិយធម៌ឯទៀតៗ ហើយក៏ត្រូវជួយគេយ៉ាងសកម្មក្នុងពេលគេទាក់ទងជាមួយសាសនានិងអរិយធម៌ទាំងនោះដែរ។ មហាសន្និបាតសំណូមពរឲ្យ គ្រឹះស្ថាននានាដែលសិក្សាវិជ្ជាជាសាសនទូត និងមុខវិជ្ជាផ្សេងទៀត ឬបច្ចេកទេសដែលមានប្រយោជន៍សម្រាប់ប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត រួមសហការក្នុងការហ្វឹកហ្វឺនអំពីការសិក្សាខាងជាតិសាសន៍ ភាសាវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា វិជ្ជាណែនាំគ្រីស្តបរិស័ទ និងវិទ្យាផ្សេងៗទៀតដែលស្រដៀងគ្នា។ ដោយគ្រឹះស្ថានទាំងនោះរួមសហការគ្នាដូច្នេះ ទើបគេអាចជួយសាសនទូតឲ្យបំពេញបេសកកម្មរបស់ខ្លួននិងជួយព្រះសហគមន៍ក្នុងតំបន់ដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្តដែរ។
ជំពូក៦
សហប្រតិបតិ្តការ
៣៥-សេចក្តីផ្តើម
ព្រះសហគមន៍ទាំងមូលមានលក្ខណៈជាសាសនទូត។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ក៏មានភារកិច្ចចម្បង គឺប្រកាសដំណឹងល្អដែរ។ ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធ អញ្ជើញគ្រីស្តបរិស័ទទាំងអស់ឲ្យប្រែ ចិត្តគំនិតទាំងស្រុង សូមភ្ញាក់ស្មារតីឡើងដឹងខ្លួនឲ្យច្បាស់ថា ខ្លួនត្រូវទទួលខុសត្រូវក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ។ ខ្លួនក៏ត្រូវបំពេញមុខងារមួយផ្នែករបស់ខ្លួនផ្ទាល់ក្នុងកិច្ចការជាសាសនទូតនៅចំពោះអ្នកដែលមិនកាន់គ្រីស្តសាសនាដែរ។
៣៦-ប្រជារាស្ត្រព្រះជាម្ចាស់ទាំងមូលមានភារកិច្ចជាសាសនទូត
គ្រីស្តបរិស័ទក្នុងឋានៈជាសិរីរាង្គរបស់ព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ បានចូលរួមក្នុងព្រះកាយព្រះគ្រីស្តនោះ និងបានដូចព្រះអង្គ ដោយទទួលអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាអរព្រះគុណ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទទាំងអស់ មានភារកិច្ចរួមសហការលាតសន្ធឹងព្រះកាយព្រះគ្រីស្តឲ្យចម្រើនឡើង ដើម្បីធ្វើឲ្យព្រះកាយនោះបានបំពេញអ្វីៗទាំងអស់ នៅពេលឆាប់ៗ (អភ ៤,១៣)។
ហេតុនេះហើយបានជាគ្រីស្តបរិស័ទទាំងអស់ ត្រូវភ្ញាក់ស្មារតីឡើងដឹងខ្លួនយ៉ាងច្បាស់ថា គេត្រូវទទួលខុសត្រូវចំពោះមនុស្សលោក។ គេត្រូវពង្រឹងចិត្តគំនិតជាកាតូលិក គឺចិត្ត ៉សកល ៉យ៉ាងពិតប្រាកដ យកចិត្តទុកដាក់នឹងមនុស្សទាំងអស់ក្នុងសកលលោក និងចំណាយកម្លាំងរបស់ខ្លួនក្នុងកិច្ចប្រកាសដំណឹងល្អ។ ប៉ុន្តែ គេត្រូវដឹងទាំងអស់គ្នាថា ភារកិច្ចចម្បងដ៏សំខាន់ជាងគេបំផុតក្នុងកិច្ចផ្សព្វផ្សាយជំនឿ គឺឲ្យគេរស់នៅបែបល្អប្រសើរជាគ្រីស្តបរិស័ទ។ ប្រសិនបើគេយកចិត្តទុកដាក់បម្រើព្រះជាម្ចាស់យ៉ាងខ្លាំង និងមានចិត្តស្រឡាញ់អ្នកដទៃ គេមុខជានឹងនាំកម្លាំងខាងព្រះវិញ្ញាណមកព្រះសហគមន៍ទាំងមូលពុំខាន។ ពេលនោះ ព្រះសហគមន៍ក៏នឹងលេចធ្លោឡើងទុកជាទង់ជាសញ្ញាសម្គាល់មួយក្នុងចំណោមប្រជាជាតិទាំងឡាយ (អស ១១,១២) និងជា "ពន្លឺសម្រាប់បំភ្លឺមនុស្សលោក" (មថ ៥,១៤) ហើយ ”ជាអំបិលសម្រាប់មនុស្សលោក" (មថ ៥,១៣)។ ប្រសិនបើគ្រីស្តបរិស័ទផ្តល់សក្ខីភាពដោយរស់នៅបែបនោះ រួមជាមួយក្រុមគ្រីស្តបរិស័ទនិកាយផ្សេងៗ ស្របតាមក្រឹត្យក្រមស្តីអំពីការបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួមគ្នាជាធ្លុងតែមួយ (បង្រួប ១២)។ សក្ខីភាពរបស់គ្រីស្តបរិស័ទដែលរស់បែបនោះ ក៏រឹតតែបានលទ្ធផលល្អទៅទៀតផង។
គ្រីស្តបរិស័ទដែលប្រែចិត្តគំនិតជាថ្មីបែបនោះ មុខជានឹងពោលពាក្យអង្វរព្រះជាម្ចាស់ ដែលផុសឡើងឯកឯងពីក្នុងចិត្ត និងនាំឲ្យគេធ្វើកិច្ចតបធម៌ផ្សេងៗថ្វាយព្រះអង្គ សូមទ្រង់ប្រណីសន្តោសឲ្យកិច្ចការរបស់សាសនទូតបានផលជាច្រើន។ ចិត្តគំនិតថ្មីនោះ ក៏មុខជានឹងបណ្តាលឲ្យព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឲ្យធ្វើជាសាសនទូត និងឲ្យព្រះសហគមន៍ដែលនៅប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្តបានធនធានសាសនទូតតាមតម្រូវការ។
ត្រូវប្រើមធ្យោបាយទំនើបខាងទូរគមនាគមន៍ក្នុងសង្គម ដើម្បីផ្សព្វផ្សាយពត៌មានអំពីកិច្ចការជាសាសនទូត ដើម្បីឲ្យគ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទទាំងអស់ស្គាល់សភាពការណ៍បច្ចុប្បន្ននៃព្រះសហគមន៍ក្នុងពិភពលោកទាំងមូលយ៉ាងច្បាស់។ ពេលនោះ គេមុខជានឹងបានឮសម្លេងរបស់មនុស្សច្រើនអនេកស្រែកឡើងថា ”សូមមកជួយយើងផង! (កក ១៦,៩) ហើយភ្ញាក់ស្មារតីថា សកម្មភាពជាសាសនទូតក៏ពិតជាសកម្មភាពរបស់ខ្លួនផ្ទាល់។ នៅពេលនោះគេមុខជានឹងមានចិត្តទូលាយ សុខចិត្តជួយតាមតម្រូវការដ៏សម្បើមរបស់មនុស្សលោក ហើយនាំគ្នាជួយគេផងដែរ។
ត្រូវរូមសហការគ្នាក្នុងការប្រមូលព័ត៌មាន និងឲ្យអង្គការជាតិនិងអន្តរជាតិរួមសហការគ្នាទៀតផង។
៣៧-សហគមន៍គ្រីស្តបរិស័ទមានភារកិច្ចទៅជាសាសនទូត
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់រស់នៅជាព្រះសហគមន៍ៗ ជាពិសេស គឺមានព្រះសហកមន៍ភូមិភាគ និងព្រះសហគមន៍ភូមិ។ មនុស្សលោកឃើញប្រជារាស្រ្តនេះនៅតាមសហគមន៍ទាំងនោះ។ ហេតុនេះហើយបានជាសហគមន៍ទាំងនោះមានភារកិច្ចផ្តល់សក្ខីភាពអំពីព្រះគ្រីស្តនៅចំពោះមុខសាសន៍ដទៃ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែលប្រោសឲ្យសហគមន៍ទាំងនោះប្រែជាថ្មីកាន់តែខ្លាំងឡើងៗ អាចចម្រើនឡើងបានក្នុងសហគមន៍ទាំងនោះ លុះត្រាតែសហគមន៍នីមួយៗលាតសន្ធឹងសេចក្តីស្រឡាញ់របស់ខ្លួន រហូតដល់ទីដាច់ស្រយាលនៃផែនដី។ សហគមន៍ទាំងនោះក៏ត្រូវយកចិត្តទុកដាក់នឹងអ្នកដែលនៅឆ្ងាយ ដូចគេយកចិត្តទុកដាក់នឹងសមាជិករបស់ខ្លួនផ្ទាល់ដូច្នោះដែរ។
ធ្វើដូច្នេះ សហគមន៍ទាំងមូលអធិដ្ឋាន រួមសហការជាមួយគេ មានសកម្មភាពក្នុងចំណោមប្រជាជនរបស់អ្នកដែលមិនកាន់គ្រីស្តសាសនា តាមរយៈបុត្រធីតាដែលព្រះជាម្ចាស់បានជ្រើសរើស ឲ្យបំពេញបន្ទុកជាសាសនទូត ជាបន្ទុកដ៏ប្រសើរអស្ចារ្យ។
សមាគមត្រូវនៅតែមានទំនាក់ទំនងជាមួយសាសនទូតទាំងប៉ុន្មានដែលចេញពីសហគមន៍នោះ ឬឲ្យមានទំនាក់ទំនងជាមួយសហគមន៍មួយថ្មីនិងជាមួយភូមិភាគក្នុងប្រទេសដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត ដើម្បីបង្ហាញបញ្ជាក់ថា សហគមន៍នោះទៅជាចំណងដែលគេមើលឃើញបានអំពីព្រះសហគមន៍នានារួបរួមគ្នា និងដើម្បីកសាងគ្នាទៅវិញទៅមកផង។ តែត្រូវប្រយ័ត្នកុំឲ្យសហការបែបនោះនាំឲ្យធ្វេសប្រហែសនឹងកិច្ចការជាសាសនទូតសកលឡើយ។
៣៨-ភារកិច្ចរបស់អភិបាលក្នុងកិច្ចការជាសាសនទូត
អស់លោកអភិបាល ក្នុងឋានៈអស់លោកជាសមាជិកនៃក្រុមអភិបាលដែលបន្តពីក្រុមគ្រីស្តទូតមក ក៏ទទួល អគ្គសញ្ញាតែងតាំងជាអភិបាល មិនគ្រាន់តែដើម្បីណែនាំភូមិភាគមួយប៉ុណ្ណោះទេ តែដើម្បីជូយសង្គ្រោះមនុស្សលោកទាំងមូលផង។ ព្រះគ្រីស្តមានព្រះបញ្ជាឲ្យគ្រីស្តទូតប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ (មក ១៦,១៥)។ ព្រះបញ្ជានោះសំដៅមកចំៗលើអស់លោកផ្ទាល់មុនគេ រួមជាមួយគ្រីស្តទូតសិលា ហើយក៏ក្រោមការណែនាំរបស់គ្រីស្តទូតសិលាដែរ។ ហេតុនេះហើយបានជាព្រះសហគមន៍ទាំងប៉ុន្មានរួបរួមគ្នា និងសហការគ្នាជាចាំបាច់បំផុតនាបច្ចុប្បន្នកាលនេះ ដើម្បីបន្តកិច្ចប្រកាសដំណឹងល្អ។ ដោយព្រះសហគមន៍រួបរួមគ្នាដូច្នេះ ព្រះសហគមន៍នីមួយៗយកចិត្តទុកដាក់នឹងព្រះសហគមន៍ឯទៀតៗទាំងអស់។ ព្រះសហគមន៍នីមួយៗជម្រាបសេចក្តីត្រូវការរបស់ខ្លួនឲ្យគ្នាទៅវិញទៅមក និងចែករំលែកធនធានគ្នា ដ្បិតក្រុមអភិបាលទាំងមូលមានភារកិច្ចធ្វើឲ្យព្រះកាយព្រះគ្រីស្តចម្រើនឡើង (ពន្លឺ ២៣-២៤)។
អភិបាលម្នាក់ៗ រួមជាអង្គតែមួយនឹងភូមិភាគរបស់ខ្លួន។ ពេលណាលោកធ្វើឲ្យកិច្ចការជាសាសនទូតក្នុងភូមិភាគរបស់លោកមានជីវិតរស់រវើក ពេលលោកជំរុញកិច្ចការនោះទៅមុខ ឬណែនាំកិច្ចការជាគ្រីស្តទូត ពេលនោះលោកហាក់ដូចជាបង្ហាញចិត្តគំនិតខ្នះខ្នែងរបស់ប្រជារាស្រ្តព្រះជាម្ចាស់ ដែលបំពេញកិច្ចការជាសាសនទូត ឲ្យគេឃើញ។ ធ្វើដូច្នេះ លោកណែនាំឲ្យគ្រីស្តបរិស័ទទាំងអស់ក្នុងភូមិភាគទាំងមូលទៅជាសាសនទូតដែរ។
លោកអភិបាលត្រូវយកចិត្តទុកដាក់ធ្វើឲ្យមានគ្រីស្តបរិស័ទក្នុងប្រជាជនរបស់លោក ជាពិសេសក្នុងចំណោម ជនពិការ និងជនដែលកើតទុក្ខ អង្វរព្រះជាម្ចាស់និងថ្វាយតបធម៌ទៅព្រះអង្គអស់ពីដួងចិត្ត ដើម្បីឲ្យមនុស្សលោក ទទួលដំណឹងល្អ។ លោកត្រូវលើកទឹកចិត្តយុវជន និងគង្វាល ឲ្យចូលគ្រឹះស្ថានសាសនទូត ឲ្យសុខចិត្ត ទាំងអរព្រះគុណព្រះជាម្ចាស់ ដោយព្រះអង្គជ្រើសរើសអ្នកខ្លះឲ្យចូលក្នុងសកម្មភាពជាសាសនទូតរបស់ព្រះសហគមន៍សកល។ លោកត្រូវដាស់តឿននិងជួយក្រុមគ្រួសារបព្វជិតបព្វជិតាក្នុងភូមិភាគ ឲ្យបំពេញផ្នែករបស់ខ្លួនក្នុងកិច្ចការជាសាសនទូត។ លោកត្រូវណែនាំឲ្យគ្រីស្តបរិស័ទជួយកិច្ចការរបស់គ្រឹះស្ថានសាសនទូត ជាពិសេស «កិច្ចការសានទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម»។ គួរលើកតម្កើងកិច្ចការទាំងនោះយ៉ាងខ្លាំង ព្រោះកិច្ចការទាំងនោះជាមធ្យោបាយធ្វើឲ្យគ្រីស្តបរិស័ទមានចិត្តគំនិតសកល និងជាសាសនទូតទៀតផង តាំងពីក្មេងមក។ «កិច្ចការជាសាសនទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម» គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធិភាពសម្រាប់ប្រមែប្រមូលធនធាន ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍នៅតំបន់ទាំងប៉ុន្មានដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត តាមសេចក្តីត្រូវការព្រះសហគមន៍នីមួយៗនោះ។
ត្រូវការចំនួនកម្មករធ្វើការក្នុងចម្ការរបស់ព្រះអម្ចាស់ ឲ្យកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ ម៉្យាងទៀត ក្នុងភូមិភាគនីមួយៗ ក៏មានបូជាចារ្យភូមិភាដែលគមានបំណងប្រាថ្នាចង់បំពេញមុខងារក្នុងកិច្ចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូលកាន់តែខ្លាំងឡើងៗដែរ។ ហេតុនេះហើយបានជាមហាសន្និបាតដាស់តឿនអស់លោកអភិបាលឲ្យរិះគិតថា ការខ្វះចំនួនបូជាចារ្យខ្លាំងពេក ជាហេតុរារាំងកិច្ចប្រកាសដំណឹងល្អក្នុងតំបន់ជាច្រើន។ សូមអស់លោកសុខចិត្តចាត់បូជាចារ្យដ៏ល្អប្រសើរជាងគេពីភូមិភាគរបស់ខ្លួន ដែលសូមទៅបំពេញកិច្ចការជាសាសនទូតនោះ ឲ្យទៅក្នុងភូមិភាគដែលខ្វះគង្វាល។ ប៉ុន្តែ បូជាចារ្យទាំងនោះ ត្រូវទទួលការអប់រំតាមសេចក្តីត្រូវការជាមុនសិន។ បូជាចារ្យទាំងនោះនឹងត្រូវបំពេញមុខងារបម្រើជាសាសនទូតក្នុងតំបន់ដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត យ៉ាងហោចណាស់បានមួយរយៈពេល។
ក្រុមអភិបាលក្នុងប្រទេសនីមួយៗ ត្រូវចាត់ចែងការរួមសហការឲ្យមានរបៀបរៀបរយក្នុងតំបន់របស់អស់លោក ដើម្បីឲ្យអស់លោកអាចបំពេញសកម្មភាពជាកិច្ចជាសាសនទូតយ៉ាងសកម្ម ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។
ពេលអស់លោកអភិបាលប្រជុំគ្នាជាក្រុមអភិបាល សូមចាត់ចែងអំពីបូជាចារ្យពីក្រុមគង្វាលក្នុងភូមិភាគដែលត្រូវចាត់ឲ្យទៅបម្រើកិច្ចប្រកាសដំណឹងល្អដល់ប្រជាជាតិទាំងឡាយ។ សូមឲ្យលោកសម្រេចចំនួនប្រាក់ដែលភូមិភាគនីមួយៗ ត្រូវតែប្រគល់ជារៀងរាល់ឆ្នាំសម្រាប់កិច្ចការជាសាសនទូតនោះ គឺស្របតាមប្រាក់ចំណូលនៃភូមិភាគរបស់ខ្លួន (អភិបាល ៦)។ សូមសម្រេចអំពីគោលដៅ អំពីរបៀបចាត់ចែងធនធាន សម្រាប់ជួយព្រះសហគមន៍ក្នុងប្រទេសដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត។ សូមសម្រេចអំពីជំនួយសម្រាប់គ្រឹះស្ថានសាសនទូត និងសម្រាប់ទេវវិទ្យាល័យភូមិភាគនៃព្រះសហគមន៍ក្នុងប្រទេសមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត ហើយប្រសិនបើត្រូវការ ត្រូវសម្រេចបង្កើតទេវវិទ្យាល័យក្នុងតំបន់នោះទៀតផង។ សូមសម្រេចពង្រីក និងពង្រឹងចំណងទាក់ទងរវាងគ្រឹះស្ថានសាសនទូតជាមួយភូមិភាគនានា ឲ្យកាន់តែជិតស្និទ្ធឡើងៗ។
ក្រុមអភិបាលក៏មានភារកិច្ចតែងតាំងនិងពង្រឹងកិច្ចការផ្សេងៗសម្រាប់ទទួលអស់ជនដែលចាកចេញពីតំបន់ដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត មករស់នៅក្នុងភូមិភាគរបស់អស់លោក។ អ្នកទាំងនោះចេញពីប្រទេសរបស់ខ្លួនដោយមានមូលហេតុផ្សេងៗ ឧទាហរណ៍ មករកការងារធ្វើ ឬមកសិក្សានៅឯបរទេសជាដើម។ ត្រូវទទួលអ្នកទាំងនោះយ៉ាងរាក់ទាក់ទុកជាបងប្អូន ហើយយកចិត្តទុកដាក់នឹងណែនាំគេយ៉ាងសមរម្យខាងសាសនា។ ដោយជនទាំងនោះចូលមករស់នៅក្នុងប្រទេសរបស់អស់លោក ប្រជាជនទាំងឡាយដែលនៅឆ្ងាយ ក៏ដូចជាមករស់នៅក្បែរអស់លោកហើយ។ ម្យ៉ាងទៀត ជនបរទេសចូលមករស់នៅ ក្នុងស្រុកអស់លោក ក៏ផ្តល់ឱកាសឲ្យព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទជាយូរមកហើយ អាចចាប់ផ្តើមមានទំនាក់ទំនងជាមួយប្រជាជាតិដែលមិនទាន់បានឮដំណឹងល្អដែរ។ សហគមន៍គ្រីស្តបរិស័ទទាំងនោះក៏អាចបង្ហាញឲ្យគេឃើញព្រះភ័ក្ត្រដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត ដោយគ្រីស្តបរិស័ទបម្រើគេ ទាំងមានចិត្តស្រឡាញ់ និងជួយគេផង។
៣៩-ក្រុមគង្វាល មានភារកិច្ចធ្វើជាសាសនទូត
លោកគង្វាលជារូបតំណាងរបស់ព្រះគ្រីស្ត និងជាសហការីរបស់ក្រុមអភិបាលក្នុងមុខងារដ៏សក្ការៈទាំងបីដែលមានលក្ខណៈភ្ជាប់នឹងបេសកកម្មរបស់ព្រះសហគមន៍ (ពន្លឺ ២៨)។ ហេតុនេះហើយបានជាលោកគង្វាល ត្រូវយល់យ៉ាងជាក់ច្បាស់ថា អស់លោកញែកខ្លួនថ្វាយព្រះជាម្ចាស់ ដើម្បីបម្រើកិច្ចការជាសាសនទូតដែរ។ អស់លោកមានមុខងារបម្រើផ្ទាល់មួយដ៏ពិសេស គឺថ្វាយអភិបូជាជាដើម ដែលធ្វើឲ្យព្រះសហគមន៍បានពេញលក្ខណៈ។ អស់លោករួបរួមជាមួយព្រះគ្រីស្តជាព្រះសិរសា ហើយនាំអ្នកដទៃឲ្យរួបរួមជាមួយព្រះអង្គដែរ។ ដូច្នេះ អស់លោកគង់តែដឹងខ្លួនថា ព្រះកាយព្រះគ្រីស្តនៅតែខ្វះសមាជិកជាច្រើន គឺព្រះកាយមិនទាន់ពេញលេញនៅឡើយ។ អស់លោកក៏គង់តែដឹងថា ខ្លួនត្រូវខិតខំធ្វើអ្វីដើម្បីឲ្យព្រះកាយនោះចម្រើនឡើងជារៀងរាល់ថ្ងៃ។ ហេតុនេះហើយ បានជាអស់លោកមុខជានឹងចាត់ចែងកិច្ចណែនាំគ្រីស្តបរិស័ទ ដើម្បីឲ្យមានប្រយោជន៍ដល់កិច្ចការផ្សព្វផ្សាយដំណឹងល្អ ក្នុងចំណោមសាសន៍ដទៃ។
ពេលអស់លោកង្វាលបំពេញមុខងារណែនាំគ្រីស្តបរិស័ទ អស់លោកត្រូវដាស់តឿនគេឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល។ ដោយអប់រំជំនឿរបស់គេ និងធ្វើពិធីអត្ថាធិប្បាយគម្ពីរ អស់លោកបង្រៀនអំពីព្រះសហគមន៍មានបេសកកម្មប្រកាសព្រះគ្រីស្តដល់សាសន៍ដទៃ។ អស់លោកត្រូវបង្រៀនក្រុមគ្រួសារគ្រីស្តបរិស័ទឲ្យដឹងអំពីការចាំបាច់និងកិត្តិយសដោយមានកូនទៅជាសាសនទូត ប្រសិនព្រះជាម្ចាស់ត្រាស់ហៅកូនប្រុសកូនស្រីរបស់ខ្លួនឲ្យទៅជាសាសនទូត ត្រូវជួយកូនៗឲ្យតបឆ្លើយនឹងព្រះអង្គ។ អស់លោកត្រូវលើកទឹកចិត្តយុវជនយុវនារីតាមសាលារៀន ឬតាមសមាគមគ្រីស្តបរិស័ទ ឲ្យមានចិត្តខ្នះខ្នែងនឹងកិច្ចការជាសាសនទូត។ ធ្វើដូច្នេះ មុខជានឹងមានអ្នកចេញមកពីចំណោមរបស់គេទៅប្រកាសដំណឹងល្អពុំខាន។ អស់លោក គង្វាលត្រូវបង្ហាត់គ្រីស្តបរិស័ទឲ្យអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានពរដល់ព្រះសហគមន៍ក្នុងប្រទេសដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត។ កុំខ្មាស់នឹងសំុទានសម្រាប់ជួយព្រះសហគមន៍ទាំងនោះឡើយ ព្រោះអស់លោកក្លាយទៅជាអ្នកសុំទានសម្រាប់ព្រះគ្រីស្ត និងដើម្បីសង្គ្រោះមនុស្សលោក។
សាស្ត្រាចារ្យនៃទេវវិទ្យាល័យ និងសកលវិទ្យាល័យ ត្រូវបង្រៀនយុវជនឲ្យស្គាល់សភាពការណ៍ដ៏ពិតប្រាកដនៃពិភពលោកផង និងសភាពការណ៍របស់ព្រះសហគមន៍ផង។ ធ្វើដូច្នេះ យុវជនទាំងនោះ មុខជានឹងយល់កាន់តែច្បាស់អំពីការចាំបាច់នៃកិច្ចប្រកាសដំណឹងល្អដល់សាសន៍ដទៃ ហើយយុវជនទាំងនោះមុខជានឹងមានចិត្តខ្នះខ្នែងជួយព្រះសហគមន៍ទាំងនោះជាពំុខាន។ ពេលសាស្រ្តាចារ្យបង្រៀនគោលលទ្ធិនៃគ្រីស្តសាសនា ឬបង្រៀនគម្ពីរ ឬបង្រៀនសីលធម៌ និងប្រវត្តិសាស្រ្ត អស់លោកត្រូវបង្ហាញឲ្យបានច្បាស់អំពីសេចក្តីដែលពាក់ព័ន្ធនឹងកិច្ចការជាសាសនទូតដែលកប់ទុកក្នុងមុខវិជ្ជាទាំងនោះ ដើម្បីឲ្យយុវជនដែលទទួលការអប់រំឲ្យទៅជាបូជាចារ្យ (អាចារ្យ) នៅពេលអនាគតភ្ញាក់ស្មារតីជាសាសនទូត។
៤០-គ្រឹះស្ថានបព្វជិតបព្វជិតាដែលមានទិសដៅឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈមានភារកិច្ចជាសាសនទូត
តាំងពីដើមរៀងមក ហើយក៏ដូចនៅសព្វថ្ងៃដែរ គ្រឹះស្ថានបព្វជិតបព្វជិតា ទាំងគ្រឹះស្ថានបព្វជិតព្វជិតាដែលមានគោលដៅស្មឹងស្មាធិ៍ធ្វើសមាធិ ទាំងគ្រឹះស្ថានបព្វជិតបព្វជិតាដែលតែងតែមានសកម្មភាពក្នុងសង្គម ទទួលចំណែកដ៏សំខាន់យ៉ាងខ្លាំង ក្នុងកិច្ចប្រកាសដំណឹងល្អដល់មនុស្សលោក។ មហាសន្និបាតពេញចិត្តទទួលស្គាល់គុណសម្បត្តិរបស់បព្វជិតបព្វជិតាទាំងនោះ និងសូមអរ ព្រះគុណព្រះជាម្ចាស់ ចំពោះអស់លោកដែលបានបូជាកម្លាំងកាយកម្លាំងចិត្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបម្រើមនុស្សលោក។ មហាសន្និបាតក៏ដាស់តឿនបព្វជិតបព្វជិតានៃគ្រឹះស្ថានទាំងនោះឲ្យព្យាយាមបន្តកិច្ចការដែលអស់លោកអ្នកបានចាប់ផ្តើមធ្វើ ដោយមិនអាក់ខានឡើយ។ អស់លោកអ្នកដឹងច្បាស់ថា ត្រូវតែប្រតិបត្តិតាមសេចក្តីស្រឡាញ់ ជាគុណធម៌ដែលអស់លោកអ្នកចង់កាន់តាមរបៀបកាន់តែពេញលក្ខណៈ ស្របតាមព្រះជាម្ចាស់ត្រាស់ហៅអស់លោកអ្នក។ សេចក្តីស្រឡាញ់នោះជំរុញនិងបង្ខំអស់លោកអ្នកឲ្យមានចិត្តគំនិតចង់បំពេញកិច្ចការដែលពិតជាមានលក្ខណៈកាតូលិកមែន (ពន្លឺ ៤៤)។
បព្វជិតបព្វជិតាដែលស្មឹងស្មាធិ៍ធ្វើសមាធិ ក៏មានសារៈសំខាន់ជាខ្លាំងក្នុងកិច្ចណែនាំឲ្យមនុស្សប្រែចិត្តគំនិតមករកព្រះគ្រីស្ត ព្រោះថា ដោយអស់លោកអ្នកអធិដ្ឋាន ធ្វើតបធម៌ និង ឆ្លងកាត់ការលំបាកផ្សេងៗ ទើបព្រះជាម្ចាស់ចាត់អ្នកច្រូតទៅក្នុងស្រែរបស់ព្រះអង្គ (មថ ៩,៣៨) តាមពាក្យអង្វររបស់យើង ព្រះអង្គបើកចិត្តគំនិតអ្នកមិនកាន់គ្រីស្តសាសនាឲ្យស្តាប់ដំណឹងល្អបាន (កក ១៦,១៤) ព្រះអង្គក៏ប្រោសឲ្យព្រះបន្ទូលស្តីអំពីការសង្គ្រោះដុះឡើង ដែរ (១ករ ៣,៧)។ លើសពីនេះទៅទៀត មហាសន្និបាតអញ្ជើញគ្រឹះស្ថានទាំងនោះឲ្យបង្កើតក្រុមថ្មីក្នុងតំបន់មានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត ដូចមានគ្រឹះស្ថានខ្លះបានបង្កើតរួចមកហើយដែរ។ ដោយអស់លោកអ្នករស់នៅក្នុងឋានៈជាបព្វជិតបព្វជិតា ស្របតាមប្រពៃណីដ៏ពិតប្រាកដនៃសាសនាប្រជាជនទាំងនោះ អស់លោកអ្នកផ្តល់សក្ខីភាពដ៏ល្អប្រសើរក្នុងចំណោមសាសន៍ដទៃ អំពីព្រះជាម្ចាស់ដ៏ឧត្តុងឧត្តមដែលមានព្រះហឫទ័យស្រឡាញ់ចំពោះប្រជាជននោះ ព្រមទាំងផ្តល់សក្ខីភាពថា មនុស្សលោករួបរួមគ្នាក្នុងអង្គព្រះគ្រីស្តទៀតផង។
គ្រឹះស្ថានបព្វជិតបព្វជិតាដែលបំពេញសកម្មភាពផ្សេងៗ ទោះបីមានគោលដៅប្រកាសដំណឹងល្អយ៉ាងច្បាស់ជាគោលដៅតែមួយរបស់គេក្តី ឬគ្មានគោលដៅនេះយ៉ាងច្បាស់ក្តី ក៏ត្រូវសួរខ្លួនឯងដោយចិត្តស្មោះនៅចំពោះព្រះជាម្ចាស់ថា តើគ្រឹះស្ថានរបស់ខ្លួនអាចលាតសន្ធឹងសកម្មភាពក្នុងចំណោមសាសន៍ដទៃ ដើម្បីលាតត្រដាងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន ឬយ៉ាងណា?។ តើគេអាចផ្ញើមុខងារបម្រើរបស់ខ្លួនខ្លះទុកឲ្យអ្នកដទៃបំពេញ ដើម្បីចំណាយកម្លាំងរបស់ខ្លួនទៅប្រកាសដំណឹងល្អបាន ឬយ៉ាងណា? តើគេអាចចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងតំបន់ដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត ដោយកែសម្រួលធម្មនុញ្ញរបស់គ្រឹះស្ថានរបស់ខ្លួន ប្រសិនបើត្រូវការកែសម្រួល ឲ្យបានសមស្របតាមសកម្មភាពថ្មីនោះបានឬយ៉ាងណា? (ប៉ុន្តែ ត្រូវកែសម្រួលធម្មនុញ្ញរបស់គេ ឲ្យបានស្របតាមគោលគំនិតអ្នកបង្កើតគ្រឹះស្ថាននោះ)។ តើបព្វជិតបព្វជិតានៃគ្រឹះស្ថានទាំងនោះ ទទួលចំណែកក្នុងកិច្ចការជាសាសនទូត តាមកម្លាំងរបស់ខ្លួន ឬយ៉ាងណា? តើរបៀបអស់លោកអ្នករស់នៅ ពិតជាផ្តល់សក្ខីភាពអំពីដំណឹងល្អ ហើយពិតជាស្របតាមទេពកោសល្យ និងស្របតាមសភាពការណ៍ប្រជាជន ឬយ៉ាងណា?
ក្នុងព្រះសហគមន៍មានគ្រឹះស្ថានគ្រីស្តបរិស័ទរស់នៅក្នុងសង្គម ទាំងថ្វាយខ្លួនទៅព្រះជាម្ចាស់ កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃជាលំដាប់ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺផង។ គ្រឹះស្ថានទាំងនោះ អាចជួយព្រះសហគមន៍ក្នុងតំបន់មានមនុស្សភាគច្រើនដែលមិនជឿលើព្រះគ្រីស្ត តាមរបៀបផ្សេងៗ ក្រោមអំណាចរបស់លោកអភិបាល។ ត្រូវរាប់គ្រឹះស្ថានទាំងនោះទុកជាសញ្ញាសម្គាល់បញ្ជាក់ថា គេថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ដើម្បីប្រកាសដំណឹងល្អដល់មនុស្សលោកទាំងមូល។
៤១-ភារកិច្ចរបស់គ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាសាសនទូត
គ្រីស្តបរិស័ទធម្មតារួមសហការក្នុងកិច្ចប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ ក្នុងឋានៈជាសាក្សី ហើយក៏រួម យ៉ាងសកម្មក្នុងបេសកកម្មរបស់ព្រះសហគមន៍ ពោលគឺនាំការសង្គ្រោះដល់មនុស្សលោក (ពន្លឺ ៣៣.៣៥) ជាពិសេស ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅគេ ហើយក្រុមអភិបាលបញ្ជាឲ្យគេបំពេញការងារនេះ។
ក្នុងដែនដីដែលមានគ្រីស្តបរិស័ទជាច្រើនហើយគ្រីស្តបរិស័ទធម្មតារួមសហការក្នុងកិច្ចប្រកាសដំណឹងល្អ ដោយធ្វើឲ្យទាំងខ្លួនគេ ទាំងអ្នកដទៃស្គាល់ និងស្រឡាញ់ព្រះសហគមន៍ក្នុងតំបន់ដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត។ គេក៏រួមសហការដោយនាំឲ្យមានអ្នកខ្លះក្នុងក្រុមគ្រួសាររបស់ខ្លួន ក្នុងគ្រឹះស្ថាន និងក្នុងសមាគមកាតូលិកនានា និងក្នុងសាលារៀន សុខចិត្តតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅអ្នកខ្លះឲ្យធ្វើជាសាសនទូត។ គេក៏រួមសហការដោយប្រមូលធនធានគ្រប់យ៉ាង ដើម្បីឲ្យអ្នកដទៃអាចទទួលព្រះអំណោយ ទាននៃជំនឿដែលខ្លួនបានទទួលដោយឥតបង់ថ្លៃដែរ។
ក្នុងតំបន់ដែលមានមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត គ្រីស្តបរិស័ទធម្មតាជាជនជាតិបរទេសក្តី ជាជនជាតិកើតនៅស្រុកនោះក្តី ក៏ត្រូវបង្រៀនតាមសាលារៀន ឬត្រួតត្រាសម្ភារៈលោកីយ៍ ឬរួមសហការក្នុងសកម្មភាពនៃព្រះសហគមន៍ភូមិនិងព្រះសហគមន៍នៃភូមិភាគ។ គេត្រូវតែងតាំងនិងពង្រីកកិច្ចការរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូតគ្រប់យ៉ាង ដើម្បីឲ្យគ្រីស្តបរិស័ទរបស់ព្រះសហគមន៍ថ្មីៗទាំងនោះ អាចទទួលខុសត្រូវលើការរស់នៅរបស់ព្រះសហគមន៍របស់គេផ្ទាល់នៅពេលឆាប់ៗ។
គ្រីស្តបរិស័ទធម្មតាត្រូវសហការដោយចិត្តទូលាយខាងសេដ្ឋកិច្ច និងខាងសង្គមជាមួយប្រជាជនទាំងឡាយដែលកំពុងតែចម្រើនឡើង។ គួរឲ្យសរសើរកិច្ចរួមសហការនោះ ព្រោះមានគោលដៅតែងតាំងស្ថាប័ន ដែលអាចប្រែរចនាសម្ពន្ធសង្គម ឬដែលមានគោលដៅអប់រំអ្នកដែលទទួលខុសត្រូវលើកិច្ចការណែនាំប្រទេសទៀតដែរ។
គួរសរសើរយ៉ាងពិសេសអស់លោកអ្នកដែលជួយឲ្យមនុស្សលោកស្គាល់អរិយធម៌ប្រជាជននានា និងស្គាល់សាសនានានាផងដែរ ដោយស្វែងរកតាមប្រវត្តិសាស្ត្រ ឬតាមសង្គមវិទ្យា ឬតាមសាសនាវិទ្យាក្នុងសកលវិទ្យាល័យ ឬតាមគ្រឹះស្ថានវិទ្យាសាស្ត្រផ្សេងៗ។ ធ្វើដូច្នេះ អស់លោកជួយអ្នកប្រកាសដំណឹងល្អ និងរៀបចំផ្លូវសម្រាប់ទាក់ទងសន្ទនាជាមួយអ្នកកាន់សាសនាដទៃ។
គ្រីស្តបរិស័ទធម្មតាត្រូវរួមសហការជាមួយគ្រីស្តបរិស័ទនិកាយឯទៀតៗ និងរួមជាមួយអ្នកកាន់សាសនាដទៃ ហើយជាពិសេសជាមួយសមាជិកនៃអង្គការអន្តរជាតិដែរ។ ត្រូវរួមសហការជាមួយគេដូចបងប្អូនដោយនឹកគិតជានិច្ចថា "ត្រូវសាងសង់បុរីនៅលើផែនដី ដោយយកព្រះ អម្ចាស់ធ្វើជាគ្រឹះ ហើយក៏តម្រង់បុរីនេះទៅរកព្រះអង្គដែរ" (ពន្លឺ ៤៦)។
គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំខាងបច្ចេកទេស និងខាងជីវិតខាងព្រះវិញ្ញាណជាចាំបាច់ខានមិនបាន ដើម្បីឲ្យគេអាចបំពេញបន្ទុកទាំងនោះ។ គ្រឹះស្ថានដែលមានបច្ចេកទេសពិសេស ត្រូវជួយអប់រំគេដើម្បីឲ្យការរស់នៅរបស់គេទៅជាសក្ខីភាពអំពីព្រះគ្រីស្ត ក្នុងចំណោមសាសន៍ដទៃ តាមពាក្យរបស់គ្រីស្តទូតប៉ូលថា៖ "សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬព្រះសហគមន៍របស់ព្រះជាម្ចាស់ជំពប់ចិត្តឡើយ។ រីឯខ្ញុំវិញ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ" (១ ករ ១០, ៣២-៣៣)។
ពាក្យបញ្ចប់
អស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាត រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម យល់ឃើញយ៉ាងជ្រៅបំផុតអំពីភារកិច្ចលាតសន្ធឹងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅគ្រប់ទីកន្លែង សូមសរសើរដោយចិត្តស្រឡាញ់ អស់លោកអ្នកដែលប្រកាសដំណឹងល្អ ជាពិសេសអស់លោកអ្នកដែលត្រូវគេបៀតបៀន ព្រោះតែព្រះគ្រីស្តហើយ ក៏ សូមរំលែកទុក្ខគេផង។
អស់លោកអភិបាលក៏មានចិត្តស្រឡាញ់គេយ៉ាងខ្លាំងដែរ ដូចព្រះគ្រីស្តមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សលោកដូច្នោះដែរ។ អស់លោកអភិបាលដឹងច្បាស់ថា មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលប្រោសឲ្យព្រះរាជ្យព្រះអង្គមកដល់នៅលើផែនដីបាន។ ហេតុនេះ អស់លោក រួមជាមួយគ្រីស្តបរិស័ទទាំងអស់ ក៏សូមអង្វរព្រះជាម្ចាស់ និងដោយមានព្រះនាងព្រហ្មចារីម៉ារីជាព្រះមហាក្សត្រីយានីរបស់គ្រីស្តទូតទាំងឡាយជួយអង្វរផង សូមឲ្យប្រជាជាតិនានាស្គាល់សេចក្តីពិតនៅពេលឆាប់ៗ (១ ធម ២,៤)។ សូមឲ្យសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាំងលើព្រះភ័ក្រ្តរបស់ព្រះគ្រីស្ត ចាប់ផ្តើមបំភ្លឺមនុស្សទាំងអស់ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធផង ( ២ ករ ៤,៦)។
អស់លោកអភិបាលដែលចូលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងឯកសារទាំងមូលនេះហើយនឹងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចជាគ្រីស្តទូតដែលព្រះគ្រីស្តបានប្រគល់ឲ្យ រួមជាមួយអស់លោកអភិបាល យើងក៏យល់ព្រមសម្រេចនឹងប្រកាសចេញជាក្រឹតក្រមដែរ ដោយមានព្រះវិញ្ញាណចូលរួមជាមួយផង។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈសិលា ថ្ងៃទី៧ ធ្នូ ឆ្នាំ ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក។
(ហេត្ថលេខារបស់អស់លោកអភិបាល)
ក្រុមលោកគង្វាល
PRESBYTERORUM ORDINIS
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសក្រឹត្យក្រមនេះដើម្បីឲ្យនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រមស្តីអំពី
មុខងារបម្រើ និងការរស់នៅរបស់អស់លោកគង្វាល
បុព្វកថា
១-មហាសន្និបាតដ៏វិសុទ្ធនេះ បានរំឭកគ្រីស្តបរិស័ទជាច្រើនដងមកហើយថា ក្រុមលោកកគង្វាល មានសារៈសំខាន់ បំផុតក្នុងព្រះសហគមន៍ (ពិធី ពន្លឺ អភិបាល ហ្វឹកហ្វឺន)។ នៅពេលព្រះសហគមន៍របស់ព្រះគ្រីស្តកំពុងតែប្រែសម្រួលឲ្យបានជាថ្មី ក្រុមលោកគង្វាលនេះបំពេញតួនាទីដ៏សំខាន់ណាស់ ប៉ុន្តែតួនាទីនេះកាន់តែពិបាកឡើងៗដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតយល់ឃើញថា ត្រូវរិះគិតអំពីមុខងារជាគង្វាល ឲ្យពិស្តារ និងកាន់តែស៊ីជម្រៅ ការរិះគិតនេះពិតជាមានប្រយោជន៍ខ្លាំងណាស់។ អ្វីៗដែលមានចែងក្នុងក្រឹត្យក្រមនេះ គឺពាក់ព័ន្ធនឹងគង្វាលទាំងឡាយ ជាពិសេស ពាក់ព័ន្ធនឹងគង្វាលដែលបំពេញមុខងារជាគង្វាល។ ចំពោះបូជាចារ្យដែលជាបព្វជិតវិញ ត្រូវកែសម្រួលសេចក្តីក្នុងក្រឹត្យក្រមនេះ ស្របតាមតម្រូវការ។
ដោយអស់លោកគង្វាល បានទទួលអគ្គសញ្ញាតែងតាំង និងបានទទួលបេសកកម្មពីលោកអភិបាលមក អស់លោកបម្រើព្រះគ្រីស្តជាព្រះបរមគ្រូ ជាមហាបូជាចារ្យ និងជាព្រះមហាក្សត្រ។ អស់លោកក៏ទទួលចំណែកក្នុងមុខងាររបស់ព្រះអង្គ ដែលតែងតែសាងសង់ព្រះសហគមន៍នៅលើផែនដីនេះជារៀងរាល់ថ្ងៃ ឲ្យទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ជាព្រះកាយរបស់ព្រះគ្រីស្ត និងជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះហើយបានជាមហាសន្និបាតត្រូវជួយគាំទ្រអស់លោកគង្វាល ឲ្យកាន់តែស័ក្តិសិទ្ធិឡើងៗ ក្នុងកិច្ចបំពេញមុខងារបម្រើរបស់ខ្លួន និងជួយអស់លោកឲ្យរស់នៅកាន់តែល្អប្រសើរឡើង ក្នុងសភាពការណ៍មនុស្សលោកដែលតែងតែប្រែប្រួលជានិច្ច។ ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធនេះសម្រេចនិងប្រកាសសេចក្តីដូចតទៅ ៖
ជំពូក១
មុខងារជាគង្វាលក្នុងបេសកកម្មរបស់ព្រះសហគមន៍
២-ព្រះអម្ចាស់យេស៊ូ ដែល “ព្រះបិតាប្រោសឲ្យបានវិសុទ្ធ និងចាត់ឲ្យយាងមកក្នុងពិភពលោក” (យហ ១០,៣៦) ព្រះអង្គប្រោសឲ្យព្រះកាយដ៏អាថ៌កំបាំងទាំងមូលរបស់ព្រះអង្គ រួមជាមួយព្រះអង្គដែលព្រះវិញ្ញាណដ៏វិសុទ្ចចាក់ប្រេងអភិសេកដែរ (មថ ៣,១៦; លក ៤,១៨; កក ៤,២៧; ១០,៣៨)។ ក្នុងអង្គព្រះគ្រីស្ត អស់គ្រីស្តបរិស័ទទៅជា "ក្រុមបូជាចារ្យដ៏វិសុទ្ធរបស់ព្រះមហាក្សត្រ ដែលថ្វាយយញ្ញបូជាខាងវិញ្ញាណទៅព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រីស្ត ហើយប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅគេឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ" (១សល ២,៥ និង ៩)។ ហេតុនេះហើយ សមាជិកគ្រប់ៗរូបសុទ្ធតែមានចំណែកក្នុងបេសកកម្មនៃព្រះកាយទាំងមូល។ ប៉ុន្តែ ម្នាក់ៗត្រូវតែទុកឲ្យព្រះគ្រីស្តសម្តែងព្រះបារមីក្នុងចិត្តគំនិតរបស់ខ្លួន (១សល ៣,១៥) និងផ្តល់សក្ខីភាពអំពីព្រះយេស៊ូ ដោយ ៉ព្រះវិញ្ញាណរបស់ព្រះអង្គថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ ៉ (វវ ១៩,១០; ពន្លឺ ៣៥)។
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជារូបកាយតែមួយ ហើយក្នុងរូបកាយនោះ “សរីរាង្គនីមួយៗមានមុខងារខុសៗគ្នា” (រម ១២,៤) ដូច្នេះក្នុងចំណោមគ្រីស្តបរិស័ទ ព្រះអង្គតែងតាំងអ្នកខ្លះឲ្យមានមុខងារបម្រើ។ ក្នុងសហគមន៍គ្រីស្តបរិស័ទ អ្នកទាំងនេះទទួលអំណាចដ៏សក្ការៈ គឺអំណាចមកពីព្រះជាម្ចាស់ ដោយអគ្គសញ្ញាតែងតាំង ដើម្បីឲ្យអស់លោកអាចថ្វាយសក្ការបូជា និងលើកលែងទោសឲ្យគេរួចពីបាប។ លោកទាំងនោះបំពេញមុខងារជាបូជាចារ្យជាសាធារណៈ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកក្នុងនាមព្រះគ្រីស្ត។ ហេតុនេះហើយ ព្រះគ្រីស្តបានចាត់ក្រុមគ្រីស្តទូតឲ្យទៅដូចព្រះបិតាបានចាត់ព្រះអង្គឲ្យយាងមកដែរ (យហ ២០,២១)។ បន្ទាប់មក ដោយសារក្រុមគ្រីស្តទូត ព្រះគ្រីស្តក៏បានប្រោសឲ្យអស់លោកអភិបាល ដែលបន្តមុខងារពីក្រុមគ្រីស្តទូតមក (ពន្លឺ ២៨) រួមជាមួយព្រះអង្គដែលត្រូវញែកប្រសិទ្ធិឲ្យបានវិសុទ្ធ និងរួមចំណែកក្នុងបេសកកម្មរបស់ព្រះអង្គផងដែរ។ ព្រះសហគមន៍បញ្ជូនបន្តមុខងារបម្រើរបស់លោកអភិបាលទៅដល់លោកគង្វាល តាមកម្រិតទាបជាង (ពន្លឺ ២៨)។ អស់លោកជាក្រុមគង្វាល ត្រូវបានតែងតាំងដើម្បីទៅជាសហការីរបស់ក្រុមអភិបាលក្នុងកិច្ចបំពេញបេសកកម្មជាគ្រីស្តទូត ដែលព្រះគ្រីស្តបានផ្ញើទុកឲ្យក្រុមអភិបាល។
អស់លោកគង្វាល មានការងារភ្ជាប់ជាមួយនឹងក្រុមលោកអភិបាល ហើយទទួលចំណែកក្នុងអំណាចរបស់ព្រះគ្រីស្តផ្ទាល់ ដែលសាងសង់ គ្រប់គ្រង និងប្រោសឲ្យព្រះកាយបានវិសុទ្ធ។ ហេតុនេះហើយ ព្រះសហគមន៍ផ្ញើមុខងារជាបូជាចារ្យឲ្យលោកគង្វាល ដោយសារអគ្គសញ្ញាដ៏ពិសេសមួយ គឺអគ្គសញ្ញាតែងតាំង។ ដោយអគ្គសញ្ញាតែងតាំងនេះ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់ប្រេងអភិសេក ដៅចំណាំអស់លោកឲ្យមានលក្ខណៈពិសេសមួយ គឺព្រះអង្គប្រោសឲ្យអស់លោកបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ ដើម្បីឲ្យអស់លោកមានសមត្ថភាពអាចប្រព្រឹត្តកិច្ចការក្នុងនាមព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា(ពន្លឺ ១០)។ ប៉ុន្តែអស់លោកត្រូវទទួលអគ្គសញ្ញាទាំងបីនៃការបញ្ចូលគ្រីស្តសាសនាជាមុនសិន។
ដោយលោកគង្វាល រួមចំណែកក្នុងមុខងាររបស់ក្រុមគ្រីស្តទូតនោះ ព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទានឲ្យអស់លោក តែងតាំងអស់លោកឲ្យ ៉មានមុខងារបម្រើព្រះគ្រីស្តយេស៊ូ នៅកណ្តាលចំណោមសាសន៍ដទៃ គឺឲ្យបំពេញមុខងារដ៏សក្ការៈប្រកាសដំណឹងល្អ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួន ទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ ជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យបានវិសុទ្ធ ៉ (រម ១៥,១៦)។ ដោយក្រុមគ្រីស្តទូតប្រកាសដំណឹងល្អ អស់លោកកោះហៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឲ្យជួបជុំគ្នា ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យសមាជិកទាំងអស់នៃប្រជារាស្ត្រនេះបានវិសុទ្ធ ហើយថ្វាយខ្លួន “ទុកជាយញ្ញដែលមានជីវិត ជាយញ្ញដ៏វិសុទ្ធ ហើយគាប់ព្រះហឫទ័យព្រះជាម្ចាស់” (រម ១២,១)។ ក៏ប៉ុន្តែ សក្ការបូជាខាងវិញ្ញាណរបស់គ្រីស្តបរិស័ទបានពេញលក្ខណៈ គឺរួមជាមួយនឹងសក្ការៈបូជារបស់ព្រះគ្រីស្តដែលជាស្ពានមេត្រីតែមួយគត់ ដោយសារមុខងារបម្រើរបស់អស់លោកគង្វាល។ នៅពេលអស់លោកធ្វើពីធីអរព្រះគុណ អស់លោកថ្វាយសក្ការបូជានេះក្នុងនាមព្រះសហគមន៍ទាំងមូល ជាសក្ការបូជាដែលមិនបង្ហូរឈាម និងតាមលក្ខណៈជាអគ្គសញ្ញា រហូតដល់ពេលព្រះអម្ចាស់យាងមក (១ករ ១១,២៦)។ សក្ការបូជាអរព្រះគុណនេះ ជាកំពូលនៃមុខងារបម្រើរបស់គង្វាល ហើយក៏ធ្វើឲ្យមុខងារនេះបានពេញលក្ខណៈដែរ។ មុខងារបម្រើនេះចាប់ផ្តើមដោយការប្រកាសដំណឹងល្អ ហើយមានកម្លាំងនិងអានុភាពដោយសារសក្ការបូជារបស់ព្រះគ្រីស្ត។ មុខងារបម្រើជាគង្វាលនេះ នឹងដល់កំពូលនៅពេល ៉គេយកបុរីទាំងមូលដែលព្រះជាម្ចាស់បានរំដោះ ពោលគឺ សង្គមនិងសហគមន៍របស់ជនដ៏វិសុទ្ធទាំងឡាយ ទៅថ្វាយព្រះជាម្ចាស់ ទុកជាសក្ការបូជាសកល ដោយសារព្រះគ្រីស្តជាមហាបូជាចារ្យ ដែលទ្រង់បានថ្វាយព្រះអង្គផ្ទាល់ នៅពេលព្រះអង្គរងទុក្ខលំបាកសម្រាប់យើង ដើម្បីឲ្យយើងទៅជាព្រះកាយរបស់ព្រះសិរសាដ៏ឧត្តុង្គឧត្តមបំផុតនោះ”។ (សន្តៈ អូហ្គូស្តាំង)។
ដូច្នេះ មុខងារបម្រើរបស់អស់លោកគង្វាល និងការរស់នៅរបស់អស់លោក មានគោលដៅតែមួយ គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតាក្នុងអង្គព្រះគ្រីស្ត។ សិរីរុងរឿងនេះមានន័យថា ឲ្យមនុស្សលោកសុខចិត្តទទួលស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលទ្រង់បានសម្រេចក្នុងអង្គព្រះគ្រីស្ត ទាំងដឹងខ្លួន ទាំងមានសេរីភាព និងទាំងអរព្រះគុណទៀតផង។ មនុស្សលោកក៏សម្តែងស្នាព្រះហស្តរបស់ព្រះជាម្ចាស់នោះ តាមគ្រប់កិច្ចការប្រចាំការរស់នៅរបស់គេ។ ហេតុនេះហើយបានជា អស់លោកគង្វាល ទោះជាពេលអធិដ្ឋានក្តី នមស្ការថ្វាយបង្គំព្រះជាម្ចាស់ក្តី ប្រកាសព្រះបន្ទូលក្តី ថ្វាយសក្ការបូជាអរព្រះគុណក្តី ធ្វើអគ្គសញ្ញាឯទៀតៗជូនគ្រីស្តបរិស័ទក្តី បំពេញកិច្ចបម្រើ ផ្សេងៗសម្រាប់មនុស្សលោកក្តី ក៏អស់លោករួមធ្វើឲ្យសិរីរុងរឿងរបស់ព្រះជាម្ចាស់លេចចាំងឲ្យកាន់តែភ្លឺឡើង ព្រមទាំងជួយនាំមនុស្សឲ្យធ្វើដំណើរទៅទទួលព្រះជន្មរបស់ព្រះអង្គកាន់តែច្រើនឡើងទៀតផង។ ការទាំងអស់នេះ សុទ្ធតែហូរមកពីបុណ្យចម្លងរបស់ព្រះគ្រីស្ត គឺហូរមកពីព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ហើយនឹងបានសម្រេចជាស្ថាពរនៅពេលព្រះអម្ចាស់យាងមកវិញប្រកបដោយសិរីរុងរឿង គឺនៅពេលព្រះអង្គ នឹងប្រគល់ព្រះរាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតា (១ករ ១៥,២៤)។
៣-សភាពការណ៍របស់លោកគង្វាលក្នុងពិភពលោក
លោកបូជាចារ្យត្រូវគេជ្រើសរើសពីចំណោមមនុស្ស ហើយត្រូវគេតែងតាំងសម្រាប់ជួយមនុស្សឲ្យទាក់ ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាប (ហប ៥,១)។ ហេតុនេះលោកគង្វាលរស់នៅក្នុងចំណោមមនុស្ស ដោយចាត់ទុកគេជាបងប្អូន។ ព្រះអម្ចាស់យេស៊ូក៏ប្រព្រឹត្តដូច្នេះដែរ គឺព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាមនុស្សដែលព្រះបិតាចាត់ឲ្យមករកមនុស្សលោក ព្រះអង្គបានគង់នៅក្នុងចំណោមមនុស្សយើង ហើយសព្វព្រះហឫទ័យឲ្យមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គ តាមគ្រប់ជំពូកទាំងអស់ តែទ្រង់ពុំបានប្រព្រឹត្តអំពើបាបសោះឡើយ (ហប ២,១៧; ៤,១៥)។ ក្រុមសន្តគ្រីស្តទូតយក តម្រាប់តាមព្រះអម្ចាស់យេស៊ូរួចហើយ។ សន្តៈប៉ូល ជាគ្រូបាធ្យាយរបស់សាសន៍ដទៃ ហើយដែលព្រះជាម្ចាស់បាន “ជ្រើសរើសញែកទុកដោយឡែក...ដើម្បីប្រកាសដំណឹងល្អរបស់ព្រះអង្គ” (រម ១,១) បញ្ជាក់ថា លោកសុខចិត្តធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះមនុស្សទាំងអស់ (១ករ៩,១៩-២៣)។ អស់គង្វាលនៃសម្ពន្ធមេត្រីថ្មីក៏ត្រូវព្រះជាម្ចាស់ញែកទុកដោយឡែកម៉្យាងពីចំណោមប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះអង្គត្រាស់ ហៅអស់លោក និងដោយអស់លោកទទួលអគ្គសញ្ញាតែងតាំង។ ក៏ប៉ុន្តែ អស់លោកមិនផ្តាច់ពីប្រជារាស្ត្រនោះ ឬពី មនុស្សណាឡើយ ផ្ទុយទៅវិញព្រះជាម្ចាស់ញែកទុកអស់លោកដោយឡែកដូច្នេះ ដើម្បីបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការដែលព្រះអម្ចាស់បានដាក់ឲ្យធ្វើ (កក ១៣,២)។ ប្រសិនបើអស់លោកមិនមែនជាសាក្សីអំពីជីវិតប្លែកពីជីវិតលោកីយ៍នេះ និងមិនមែនជាអ្នកចែកចាយពីជីវិតនោះឲ្យមនុស្សម្នាទេ អស់លោកមិនអាចបំពេញមុខងារជាអ្នកបម្រើរបស់ព្រះគ្រីស្តបានឡើយ។ ក៏ប៉ុន្តែ ប្រសិនបើអស់លោករស់នៅដាច់ដោយឡែកពីការស់នៅ និងពីសភាពការណ៍ជីវភាពរបស់មនុស្សវិញ ក៏អស់លោកគ្មានប្រយោជន៍ក្នុងកិច្ចបម្រើមនុស្សលោកដែរ។ អស់លោកគង្វាល មិន ត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ (រម ១២, ២) ព្រោះមុខងារបម្រើនោះទាមទារយ៉ាងពិសេសមិនឲ្យយកតម្រាប់តាមគេទេ ក៏ប៉ុន្តែមុខងារបម្រើនោះ ទាមទារឲ្យអស់លោករស់នៅក្នុងលោកីយ៍នេះ គឺនៅក្នុងចំណោមមនុស្សលោក។ ដូច្នេះ អស់លោកត្រូវតែជាគង្វាលដ៏ល្អដែលស្គាល់ចៀមរបស់ខ្លួន ហើយខិតខំស្វែងរកអស់ចៀមដែលមិននៅ ក្នុងក្រោលនេះ ដើម្បីឲ្យអ្នកទាំងនោះអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះគ្រីស្ត ក្នុងគោលបំណងឲ្យមានហ្វូងចៀមតែមួយ និងគង្វាលតែមួយ (យហ ១០,១៤-១៦)។
គង្វាលត្រូវមានគុណសម្បត្តិខ្លះៗ ដែលជួយយ៉ាងខ្លាំងឲ្យកិច្ចការទាំងនោះបានសម្រេច គឺគុណសម្បត្តិដែលមនុស្សតែងតែចូលចិត្តយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយមនុស្សឯទៀតៗ គឺត្រូវមានចិត្តសប្បុរស ចិត្ត ស្មោះត្រង់ ចិត្តគំនិតរឹងប៉ឹង ចិត្តនឹងន ចិត្តព្យាយាមខន្តី ចិត្តឧស្សាហ៍ ស្វែងរកយុត្តិធម៌ ចិត្តទន់ភ្លន់ជាដើម។ គ្រីស្តទូត ប៉ូល ផ្តែផ្តាំឲ្យមានគុណសម្បត្តិផ្សេងៗទៀត ដោយមានប្រសាសន៍ថា៖ “សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះគួរឲ្យកោតសរសើរ” (ភល ៤,៨)។
ជំពូក២
មុខងារបម្រើរបស់អស់លោកគង្វាល
ផ្នែកទី ១-បន្ទុករបស់អស់លោកគង្វាល
៤-លោកគង្វាលមានមុខងារបម្រើព្រះបន្ទូល
ជាបឋម ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ជួបជុំគ្នា ដោយសារព្រះបន្ទូលរបស់ព្រះអង្គដែលមានព្រះជន្មគង់នៅ (១សល ១, ២៣; កក ៦,៧; ១២,២៤)។ មនុស្សត្រូវតែស្តាប់ព្រះបន្ទូលនេះយ៉ាងពិសេសពីមាត់របស់អស់លោកគង្វាល (មឡ ២,៧; ១ធម ៤,១១-១៣; ២ធម ៤,៥; ទត ១,៩)។ ប្រសិនបើគេមិនផ្ញើជីវិតលើព្រះគ្រីស្ត ទេ គ្មាននរណាម្នាក់អាចទទួលការសង្គ្រោះបានឡើយ (មក ១៦,១៦)។ ហេតុនេះហើយបានជាអស់លោកគង្វាលក្នុងឋានៈអស់លោកជាសហការីរបស់ក្រុមអភិបាល មានភារកិច្ចចម្បង គឺប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ឲ្យមនុស្សទាំងអស់ (២ករ១១,៧; ពន្លឺ ២៥)។ ដោយអស់លោកប្រតិបត្តិតាមព្រះបញ្ជារបស់ព្រះអម្ចាស់ថា “អញ្ជើញនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់” (មក ១៦,១៥) អស់លោកតែងតាំងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយធ្វើឲ្យប្រជារាស្រ្តនោះចម្រើនឡើងទៀតផង។ ព្រះបន្ទូលស្តីអំពីការសង្គ្រោះ នាំឲ្យអ្នកមិនកាន់គ្រីស្តសាសនាភ្ញាក់ស្ញារតីផ្ញើជីវិតលើព្រះគ្រីស្ត ហើយក៏ចិញ្ចឹមជំនឿរបស់គ្រីស្តបរិស័ទដែរ។ ជំនឿនេះក៏ធ្វើឲ្យសហគមន៍អ្នកជឿកើតនិងចម្រើនឡើង ស្របតាមគ្រីស្តទូតមានប្រសាសន៍ថា៖ “ជំនឿកើតមកពីសេចក្តីដែលយើងបានស្តាប់ឮ រីឯសេចក្តីដែលយើងបានស្តាប់់ឮនោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ត” (រម ១០,១៧)។
ដូច្នេះ អស់លោកគង្វាល មានកាតព្វកិច្ចចែករំលែកសេចក្តីពិត នៃដំណឹងល្អដល់មនុស្សទាំងអស់ (កាឡ ២,៥) គឺសេចក្តីពិតដែលព្រះអម្ចាស់បានប្រោសឲ្យអស់លោកទទួលផ្ទាល់។ ហេតុនេះហើយ នៅពេលអស់លោកកាន់កិរិយាមារយាទឲ្យបានថ្លៃថ្នូរក្នុងចំណោមសាសន៍ដទៃ ដើម្បីនាំគេឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (១សល ២,១២) នៅពេលអស់លោកប្រកាសគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដោយប្រកាសដំណឹងល្អជាសាធារណៈឲ្យអស់អ្នកដែលពុំមានជំនឿស្តាប់ឮ នៅពេលអស់លោកបញ្ជូនបន្តសេចក្តីបង្រៀននៃគ្រីស្តសាសនា ឬរៀបរាប់ពន្យល់លទ្ធិនៃព្រះសហគមន៍ ហើយនៅពេលអស់លោកសិក្សានិងខិតខំរកដំណោះស្រាយបញ្ហានានានៃសម័យឥឡូវ ដោយយកព្រះពន្លឺព្រះគ្រីស្តមកបំភ្លឺ ក្នុងករណីទាំងនោះ អស់លោកមិនត្រូវបង្រៀនសេចក្តីកើតមកពីប្រាជ្ញារបស់ខ្លួនផ្ទាល់នោះទេ តែត្រូវបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ជានិច្ចវិញ។ អស់លោកក៏ ត្រូវទទូចអញ្ជើញមនុស្សទាំងអស់ឲ្យប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងឲ្យបានទៅជាជនដ៏វិសុទ្ធទៀតផង។ តាមពិត អស់លោកបូជាចារ្យសែនពិបាកប្រកាសសេចក្តីទាំងនោះក្នុងសភាពការណ៍ពិភពលោកនាបច្ចុប្បន្នកាល។ ប្រសិនបើអស់លោកចង់ឲ្យអ្នកស្តាប់រំភើបចិត្តចាប់អារម្មណ៍នឹងសេចក្តីដែលអស់លោកប្រកាសយ៉ាងពិតមែន អស់លោក មិនត្រូវត្រឹមតែរៀបរាប់ពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរបៀបទូទៅ និងតាមរបៀបជាអរូបីប៉ុណ្ណោះទេ តែត្រូវ យកសេចក្តីពិតនៃដំណឹងល្អដែលនៅស្ថិតស្ថេររហូតមកបំភ្លឺសភាពការណ៍ដ៏ពិតប្រាកដនៃការរស់នៅរបស់មនុស្សវិញ។
គង្វាលបំពេញមុខងារបម្រើព្រះបន្ទូលតាមរបៀបផ្សេងៗជាច្រើន តាមតម្រូវការនានារបស់អ្នកស្តាប់ និងតាមព្រះអំណោយទានរបស់អ្នកប្រកាស។ នៅតំបន់ណា ឬក្នុងក្រុមក្នុងសង្គមណា ដែលគ្មានគ្រីស្តបរិស័ទរស់នៅ ត្រូវណែនាំឲ្យមនុស្សមកផ្ញើជីវិតលើព្រះគ្រីស្ត និងទទួលអគ្គសញ្ញានៃការសង្គ្រោះបាន ដោយប្រកាសដំណឹងល្អ (មថ ២៨,១៩; មក ១៦,១៦)។ រីឯក្នុងសហគមន៍គ្រីស្តបរិស័ទវិញ ជាពិសេសចំពោះអស់អ្នកដែលហាក់ដូចជាមិនសូវមានជំនឿ ឬមិនយល់អំពីមូលហេតុនៃអ្វីដែលគេកំពុងប្រតិបត្តិនោះ ត្រូវតែប្រកាសព្រះបន្ទូលជាចាំបាច់។ អគ្គសញ្ញាទាំងប៉ុន្មានសុទ្ធតែជាអគ្គសញ្ញាបញ្ជាក់ជំនឿ ហេតុការណ៍ប្រកាសព្រះបន្ទូលគឺភ្ជាប់នឹងមុខងារបម្រើធ្វើអគ្គសញ្ញា។ រីឯជំនឿវិញ កើតមកពីព្រះបន្ទូល ហើយមានជីវិតរស់រវើក ក៏ដោយសារព្រះបន្ទូលដែរ (ពិធី ២៥)។ សេចក្តីនេះ មានសារៈសំខាន់ពិសេស ចំពោះពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ក្នុងអភិបូជា។ ក្នុងអភិបូជា គឺមានប្រកាសអំពីព្រះអម្ចាស់សោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង ភ្ជាប់ជាមួយនឹងចម្លើយរបស់ប្រជាជនដែលស្តាប់ឮ ហើយក៏ភ្ជាប់នឹងព្រះគ្រីស្តដែលបូជាព្រះជន្មថ្វាយ និងចងសម្ពន្ធមេត្រីថ្មី ដោយបង្ហូរព្រះលោហិតព្រះអង្គ។ អស់អ្នកជឿក៏រួបរួមជាមួយព្រះគ្រីស្តដែលបូជាព្រះជន្មនោះ ដោយអធិដ្ឋានផង និងដោយទទួលអគ្គសញ្ញាអរព្រះគុណផង (ពីធី ៣៣.៣៥.៤៨.៥២.)។
៥-គង្វាលជាអ្នកបម្រើអគ្គសញ្ញានានា និងអគ្គសញ្ញាអរព្រះគុណ
មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ជាព្រះដ៏វិសុទ្ធ ដែលអាចប្រោសមនុស្សឲ្យបានវិសុទ្ធបាន។ ព្រះអង្គ សព្វព្រះហឫទ័យលើកយកមនុស្សធ្វើជាសហការី និងធ្វើជាអ្នកបម្រើដ៏សុភាពរាបសាក្នុងព្រះរាជកិច្ចប្រោសឲ្យ មនុស្សបានវិសុទ្ធនោះ។ ហេតុនេះហើយ ព្រះជាម្ចាស់ញែកគង្វាលឲ្យរួមចំណែកតាមរបៀបពិសេស ក្នុងមុខងារបម្រើរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ តាមរយៈមុខងារបម្រើរបស់អភិបាល។ អស់លោកគង្វាលប្រព្រឹត្តកិច្ចការក្នុងឋានៈជាអ្នកបម្រើរបស់ព្រះអង្គក្នុងពិធីដ៏សក្ការៈនានា គឺក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ទាំងនោះ ព្រះគ្រីស្តបំពេញមុខងាររបស់ព្រះអង្គជាមហាបូជាចារ្យជានិច្ចនិរន្តរ៍ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីជាប្រយោជន៍ដល់យើង។ ដោយអស់លោកធ្វើអគ្គសញ្ញាជ្រមុជទឹកជូនគេ អស់លោកបញ្ចូលមនុស្សទៅក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ដោយធ្វើអគ្គសញ្ញាលើកលែងទោស អស់លោកសម្រុះសម្រួលអ្នកបាបឲ្យជានាជាមួយព្រះជាម្ចាស់ និងជានាជាមួយព្រះសហគមន៍។ ដោយអស់លោកធ្វើអគ្គសញ្ញាលាបប្រេងអ្នកជំងឺ អស់លោកជួយសម្រាលទុក្ខអស់អ្នកដែលឈឺចុកចាប់។ ជាពិសេស នៅពេលថ្វាយអភិបូជា អស់លោកថ្វាយសក្ការបូជារបស់ព្រះគ្រីស្ត តាមរបៀបជាអគ្គសញ្ញា។ ពេលណាអស់លោកធ្វើអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំងនោះ អស់លោកគង្វាលក៏នៅភ្ជាប់ជាមួយលោកអភិបាល តាមលំដាប់លំដោយ និងតាមរបៀបផ្សេងៗ ហាក់ដូចជាធ្វើឲ្យលោកអភិបាលមានវត្តមានម៉្យាងក្នុងសហគមន៍គ្រីស្តបរិស័ទនីមួយៗដែរ (ពន្លឺ ២៨)។ តាំងពីជំនាន់ដើមនៃព្រះសហគមន៍មកម៉េ្លះ សន្តៈអ៊ីុញ៉ាសជាមរណសាក្សីបញ្ឆាក់រួចមកហើយថា អស់លោកគង្វាលក៏នៅភ្ជាប់ជាមួយលោកអភិបាលដូច្នោះដែរ។
អគ្គសញ្ញានានា និងមុខងារបម្រើទាំងអស់ក្នុងព្រះសហគមន៍ ព្រមទាំងគ្រប់កិច្ចការជាគ្រីស្តទូត គឺជាប់ពាក់ព័ន្ធជាមួយនឹងអគ្គសញ្ញាអរព្រះគុណដ៏សក្ការៈ ហើយក៏តម្រង់ទៅរកអគ្គសញ្ញាអរព្រះគុណនេះដែរ។ ក្នុងអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធបំផុត មានកប់ទុកសម្បត្តិដ៏មានតម្លៃទាំងមូលខាងព្រះវិញ្ញាណរបស់ព្រសហគមន៍ ពោលគឺព្រះគ្រីស្ត ផ្ទាល់តែម្តង ព្រះអង្គពិតជាយញ្ញបូជាថ្វាយក្នុងឱកាសបុណ្យចម្លងរបស់យើង ព្រះអង្គពិតជានំប៉័ងដែលមានជីវិត។ដោយព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោសឲ្យសាច់ឈាមរបស់ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងនិងអាចផ្តល់ជីវិត ព្រះអង្គក៏ផ្តល់ជីវិតឲ្យមនុស្សលោក។
ព្រះគ្រីស្តអញ្ជើញ និងណែនាំមនុស្សលោកឲ្យថ្វាយខ្លួនរួមជាមួយព្រះអង្គ គឺថ្វាយទាំងខ្លួនគេផ្ទាល់ ការងារ របស់គេ និងសត្វលោកទាំងប៉ុន្មានដែលព្រះជាម្ចាស់ប្រតិស្ឋានមក។ ដូច្នេះ អគ្គសញ្ញាអរព្រះគុណលេចចេញយ៉ាងជាក់ច្បាស់ថា ជាប្រភពនិងជាកំពូលនៃកិច្ចប្រកាសដំណឹងល្អគ្រប់យ៉ាង។ ព្រះសហគមន៍ណែនាំអ្នកកំពុងស្តាប់ព្រះបន្ទូលលាន់ឭឡើង ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ឲ្យរួមចូលក្នុងអភិបូជាបន្តិចម្តងៗ។ រីឯគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសវិញ គេក៏ចូលរួមយ៉ាងពេញលក្ខណៈក្នុងព្រះកាយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាអរព្រះគុណដែរ។ ហេតុនេះហើយបានជាអង្គប្រជុំដែលថ្វាយអភិបូជា ពិតជាស្នូលនៃសហគមន៍គ្រីស្តបរិស័ទ ដែលមានលោកគង្វាលជាប្រធាន។ ហេតុនេះ លោកគង្វាលត្រូវតែអប់រំគ្រីស្តបរិស័ទឲ្យថ្វាយយញ្ញរបស់ព្រះអម្ចាស់ទៅព្រះបិតាក្នុងអភិបូជា ព្រមទាំងឲ្យថ្វាយការរស់នៅរបស់គេទៅព្រះបិតា ភ្ជាប់នឹងយញ្ញនោះផងដែរ។ ដោយយោងតាមគោលគំនិតរបស់ព្រះគ្រីស្តជាគង្វាល អស់លោកគង្វាលត្រូវអប់រំគ្រីស្តបរិស័ទ ឲ្យលន់តួអំពើបាបរបស់ខ្លួនចំពោះព្រះសហគមន៍ក្នុងអគ្គសញ្ញាលើកលែងទោស ដោយចិត្តសោកស្តាយថា ខ្លួនបានប្រព្រឹត្តអំពើបាបមែន។ ដូចេ្នះ គេប្រែចិត្តគំនិតបែរទៅរកព្រះអម្ចាស់ឲ្យកាន់តែជិតស្និទ្ធឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនឹកដល់ព្រះបន្ទូលរបស់ព្រះអង្គថា៖ “ចូរប្រែចិត្តគំនិត ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតយាងមកគ្រងរាជ្យនៅពេល ឆាប់ៗខាងមុខនេះហើយ!” (មថ ៤,១៧)។ លោកគង្វាលក៏ត្រូវបង្រៀនគ្រីស្តបរិស័ទឲ្យចូលរួមក្នុងពិធីនានាគោរពប្រណិប័តន៍ព្រះជាម្ចាស់ តាមរបៀបគេអាចអធិដ្ឋានដោយចិត្តស្មោះក្នុងពិធីទាំងនោះ។ អស់លោកត្រូវណែនាំគ្រីស្តបរិស័ទឲ្យមានចិត្តគំនិតអធិដ្ឋានឲ្យកាន់តែប្រសើរឡើងៗជានិច្ច ក្នុងគ្រប់កាលៈទេសៈប្រចាំជីវិតរបស់គេ តាមតែព្រះអំណោយទាន និងតាមតម្រូវការរបស់ម្នាក់ៗ។ អស់លោកគង្វាលត្រូវណែនាំគ្រីស្តបរិស័ទទាំងអស់ឲ្យមានបំណងប្រាថ្នាបំពេញគ្រប់ភារកិច្ចតាមសភាពកាណ៍ជាប្រចាំតាមការរស់នៅរបស់ខ្លួន។ អស់លោកក៏ត្រូវណែនាំគ្រីស្តបរិស័ទដែលមានបទពិសោធន៍អំពីព្រះយេស៊ូយ៉ាងជ្រៅជាងគេ ឲ្យរស់នៅតាមព្រះដំបូន្មានដែលមានចែងក្នុងគម្ពីរដំណឹងល្អ សមស្របតាមសមត្ថភាពរៀងៗខ្លួន។ សរុបសេចក្តីមក អស់លោកគង្វាល ត្រូវបង្រៀនគ្រីស្តបរិស័ទឲ្យលើកតម្កើងព្រះអម្ចាស់អស់ពីជម្រៅចិត្ត ដោយប្រើបទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ ព្រមទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតានៅគ្រប់ពេលវេលា និងក្នុងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង (អភ ៥,១៩-២០)។
លោកគង្វាលលើកកម្កើង និងអរព្រះគុណព្រះជាម្ចាស់នៅពេលអស់លោកថ្វាយអភិបូជា។ អស់លោកបន្តកិច្វនោះនៅគ្រប់ម៉ោងប្រចាំថ្ងៃ ដោយពិធីលើកតម្កើងព្រះអង្គតាមពេលកំណត់។ ក្នុងពិធីតាមពេលកំណត់ទាំងនោះ អស់លោកអធិដ្ឋានក្នុងនាមព្រះសហគមន៍សម្រាប់ប្រជាជនទាំងមូលដែលព្រះជាម្ចាស់បានផ្ញើមកឲ្យអស់លោក និងសម្រាប់ពិភពលោកទាំងមូលផងដែរ។
ដំណាក់អធិដ្ឋាន ជាកន្លែងថ្វាយអភិបូជាដ៏វិសុទ្ធបំផុត និងជាកន្លែងរក្សាទុកនំប៉័ងប្រសិទ្ធិ ក៏ជាកន្លែងគ្រីស្តបរិស័ទតែងតែជួបជុំគ្នាដែរ។ នៅកន្លែងនោះ គ្រីស្តបរិស័ទតែងនមស្សការថ្វាយបង្គំព្រះបុត្រារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង ដែលយើងថ្វាយលើតុនៃសក្ការបូជា។ គ្រីស្តបរិស័ទនមស្សការថ្វាយបង្គំព្រះអង្គដែលមានវត្តមាននៅទីនោះ ដើម្បីជួយគាំទ្រ និងសម្រាលទុក្ខគេ។ ហេតុនេះហើយ ត្រូវឲ្យដំណាក់អធិដ្ឋាននេះបានស្អាតល្អប្រណិត និងសមរម្យសម្រាប់អធិដ្ឋាន និងធ្វើពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ព្រះជាម្ចាស់អញ្ជើញ ទាំងគង្វាល ទាំងគ្រីស្តបរិស័ទឲ្យមកឆ្លើយតបស្នងសងគុណនឹងព្រះអំណោយទានរបស់ព្រះគ្រីស្ត ដែលទ្រង់រមែងតែចាក់បង្ហូរព្រះជន្មរបស់ព្រះជាម្ចាស់មកក្នុងសរីរាង្គនៃព្រះកាយព្រះអង្គឥតឈប់ឈរ តាមរយៈសាច់ឈាមព្រះអង្គក្នុងឋានៈ ជាមនុស្ស។ អស់លោកគង្វាល ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលខ្លួនឲ្យមានចំណេះចេះដឹងយ៉ាងសមគួរអំពី វិទ្យានៃពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអំពីសិល្បៈក្នុងពិធីទាំងនោះឲ្យកាន់តែល្អឡើងៗដែរ។ ដូច្នេះ អស់លោកបំពេញមុខងារបម្រើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងណែនាំគ្រីស្តបរិស័ទដែលព្រះសហគមន៍ផ្ញើមកអស់លោក លើកតម្កើងព្រះជាម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យកាន់តែប្រសើរឡើងៗទៀតផង។
៦-លោកគង្វាល ជាមេដឹកនាំប្រជារាស្រ្តរបស់ព្រះជាម្ចាស់
អស់លោកគង្វាលបំពេញបន្ទុករបស់ព្រះគ្រីស្តជាគង្វាល និងជាព្រះសិរសា ក្នុងនាមលោកអភិបាល តាមចំណែកនៃអំណាចរបស់ខ្លួនផ្ទាល់។ អស់លោក ប្រមូលមហាគ្រួសាររបស់ព្រះជាម្ចាស់ ជាក្រុមបងប្អូនដែលមានចិត្តថ្លើមតែមួយ ព្រមទាំងណែនាំគេទៅកាន់ព្រះជាម្ចាស់ជាព្រះបិតា ដោយអង្គព្រះគ្រីស្ត រួមក្នុងព្រះវិញ្ញាណដ៏វិសុទ្ធផង (ពន្លឺ ២៨)។ អស់លោកទទួលសមត្ថភាពម្យ៉ាងខាងព្រះវិញ្ញាណសម្រាប់បំពេញមុខងារបម្រើនោះ ក៏ដូចជាសម្រាប់បំពេញបន្ទុកឯទៀតៗដែរ។ ព្រះជាម្ចាស់ប្រទានសមត្ថភាពនេះ ដើម្បីកសាងព្រះសហគមន៍ (២ករ ១០,៨; ១៣,១០)។ ក្នុងកិច្ចកសាងព្រះសហគមន៍នេះ អស់លោកគង្វាលត្រូវមានចិត្តសប្បុរសហួសពន់ប្រមាណ ចំពោះមនុស្សទាំងអស់ គឺត្រូវយកតម្រាប់តាមព្រះអម្ចាស់ជាគំរូ។ ក៏ប៉ុន្តែ អស់លោកមិនត្រូវប្រព្រឹត្តចំពោះមនុស្ស ដោយចង់ផ្គាប់ចិត្តគេទេ (១ករ ៤,១៤) តែត្រូវប្រព្រឹត្តចំពោះគេតាមការទាមទារនៃលទ្ធិគ្រីស្តសាសនា និងរបៀបរស់នៅជាគ្រីស្តបរិស័ទ គឺត្រូវបង្រៀន និងអប់រំគេដូចកូនដ៏ជាទីស្រឡាញ់ ស្របតាមគ្រីស្តទូតប៉ូលមានប្រសាសន៍ថា៖ “ទោះមានឱកាសល្អក្តី មិនល្អក្តី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវស្តីបន្ទោស ដាស់តឿននិងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ជំពូក” (២ធម ៤,២)។
តាមឋានៈជាអ្នកអប់រំជំនឿ អស់លោកគង្វាល ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលគ្រីស្តបរិស័ទម្នាក់ៗ ដោយខ្លួនលោកផ្ទាល់ ឬដោយសារអ្នកផ្សេងៗទៀត ឲ្យគេបានទៅជាមនុស្សពេញលក្ខណៈតាមដំណឹងល្អក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងស្របតាមព្រះជាម្ចាស់ត្រាស់ហៅ។ ត្រូវអប់រំគេឲ្យមានសេចក្តីស្រឡាញ់យ៉ាងស្មោះ និងសកម្មព្រមទាំងឲ្យមានសេរីភាពដ៏ពិតប្រាកដ ជាសេរីភាពដែលព្រះគ្រីស្តបានប្រើដើម្បីរំដោះយើង (កាឡ ៤,៣; ៥,១.១៣)។ ពិធីនានា ទោះបីរុងរឿងយ៉ាងណាក្តី ប្រជុំនានាទោះបីធំៗយ៉ាងណាក្តី មានសារៈប្រយោជន៍ លុះត្រាតែពិធីនិងប្រជុំទាំងនោះ អប់រំមនុស្សឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ។ អស់លោកគង្វាលអប់រំមនុស្សឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ដោយជួយគេឲ្យយល់ដឹងពីអត្ថន័យព្រឹត្តិការណ៍នានាទាំងធំ ទាំងតូច គឺយល់អំពីអ្វីដែលសភាព ការណ៍ទាមទារឲ្យគេប្រព្រឹត្ត ជាអ្វីៗដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគេធ្វើ។ ម៉្យាងទៀត ត្រូវអប់រំគ្រីស្តបរិស័ទមិនត្រូវឲ្យគេរស់សម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ តែត្រូវឲ្យរស់នៅសម្រាប់បម្រើអ្នកឯទៀតៗវិញ តាមតែព្រះអំណោយទានដែលម្នាក់ៗបានទទួល គឺឲ្យបានស្របតាមធម្មវិន័យថ្មីស្តីអំពីសេចក្តីស្រឡាញ់ទាមទារនោះ។ (១សល ៤,១០ត)។ ដូច្នេះគ្រីស្តបរិស័ទទាំងអស់នឹងបំពេញតួនាទីរបស់ខ្លួនក្នុងសហគមន៍មនុស្ស។
អស់លោកគង្វាល មានកាតព្វកិច្ច បម្រើមនុស្សទាំងអស់ ក៏ប៉ុន្តែ អស់លោកត្រូវយល់ឃើញថា ព្រះអម្ចាស់ផ្ញើទុកជនក្រីក្រ និងអ្នកទន់ខ្សោយជាងគេ ឲ្យអស់លោកថែទាំយ៉ាងពិសេស។ ព្រះអម្ចាស់ផា្ទល់នៅភ្ជាប់ជាមួយជនទាំងនោះ (មថ ២៥,៣៤-៤៥) ព្រះអង្គក៏លើកការប្រកាសដំណឹងល្អដល់អ្នកទាំងនោះ ទុកជាសញ្ញាសម្គាល់អំពីព្រះរាជកិច្ចរបស់ព្រះគ្រីស្តផងដែរ (លក ៤,១៨)។ អស់លោកគង្វាលក៏ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះយុវជនយុវនារី ចំពោះគូស្វាមីភរិយា និងចំពោះអស់អ្នកដែលជាឪពុកម្តាយផងដែរ។ គួរណាស់ឲ្យអ្នកទាំងនេះជួបជុំគ្នាជាក្រុមមិត្តសម្លាញ់ ដើម្បីជួយគ្នាទៅវិញទៅមកឲ្យរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទ ឲ្យកាន់តែស្រួលនិងកាន់តែប្រសើរឡើង ក្នុងសភាពការណ៍ដ៏លំបាករបស់គេ។ អស់លោកមិនត្រូវបំភ្លេចបព្វជិតបព្វជិតា ព្រោះថាបព្វជិតបព្វជិតាជាចំណែកដ៏ប្រសើរជាងគេ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដែលសមឲ្យលោកគង្វាលថែទាំគេយ៉ាងពិសេស ដើម្បីឲ្យជីវិតខាងព្រះវិញ្ញាណរបស់គេចម្រើនឡើង សម្រាប់ជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។ មិនតែប៉ុណ្ណោះ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះអស់អ្នកជំងឺ និងអ្នកហៀបនឹងទទួលមរណភាព គឺត្រូវទៅសួរសុខទុក្ខគេ និងលើកទឹកចិត្ត គេដោយរួមក្នុងអង្គព្រះអម្ចាស់ (ពន្លឺ ១៨)។
បន្ទុកជាគង្វាលមិនមែនត្រឹមតែសំដៅឲ្យថែរក្សាគ្រីស្តបរិស័ទម្នាក់ៗប៉ុណ្ណោះទេ តែភ្ជាប់ទៅនឹងបន្ទុកបង្កើត សហគមន៍គ្រីស្តបរិស័ទយ៉ាងពិតប្រាកដថែមទៀតដែរ។ ប៉ុន្តែ សហគមន៍មានគំនិតជាសហគមន៍ពិតមែន លុះត្រា តែគេមិនគិតតែពីព្រះសហគមន៍ក្នុងតំបន់មួយប៉ុណ្ណោះទេ តែគេត្រូវនឹកគិតដល់ព្រះសហគមន៍សកលថែមទៀតផង។ សហគមន៍នៅតំបន់នីមួយៗ មិនត្រូវគិតគូរត្រឹមតែថែទាំគ្រីស្តបរិស័ទរបស់ខ្លួនប៉ុណ្ណោះទេ តែត្រូវមានចិត្តឧហ្សាហ៍ បំពេញកិច្ចជាគ្រីស្តទូត និងត្រួសត្រាយផ្លូវឲ្យមនុស្សទាំងអស់ឆ្ពោះទៅកាន់ព្រះគ្រីស្តទៀតផង។ សហគមន៍នៅតំបន់ នីមួយៗត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូលលាន់ឮឡើង ត្រៀមខ្លួនទទួលអគ្គសញ្ញា ជ្រមុជទឹក ព្រមទាំងនឹងអស់អ្នកដែលទើបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកដែរ។ ត្រូវអប់រំណែនាំគេបន្តិចម្តងៗ ឲ្យស្គាល់ ជីវិត តាមរបៀបជាគ្រីស្តបរិស័ទ និងស្គាល់ការរស់នៅតាមគ្រីស្តសាសនា។
ទោះជាយ៉ាងណាក៏ដោយ គ្មានសហគមន៍គ្រីស្តបរិស័ទណាអាចកសាងខ្លួនឡើងបានឡើយ បើមិនយកអភិបូជាធ្វើជាឫសនិងជាស្នូល។ ហេតុនេះហើយបានជាត្រូវចាប់ផ្តើមអប់រំគ្រីស្តបរិស័ទឲ្យមានគំនិតជាសហគមន៍គ្រប់យ៉ាង ដោយអភិបូជានេះ។ ក៏ប៉ុន្តែ ប្រសិនបើគ្រីស្តបរិស័ទថ្វាយអភិបូជាដោយចិត្តស្មោះ និងយ៉ាងពេញលេញ គេមុខជានឹងបង្កើតសកម្មភាពផ្សេងៗសម្តែងសេចក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ព្រមទាំងនាំគ្នាប្រកាសដំណឹងល្អ ហើយផ្តល់សក្ខីភាពគ្រប់យ៉ាងទៀតផង។
ម៉្យាងទៀត ដោយសហគមន៍គ្រីស្តបរិស័ទមានសេចក្តីស្រឡាញ់ ដោយអធិដ្ឋាន ដោយធ្វើជាគំរូល្អដល់គេ និងខិតខំប្រែចិត្តគំនិត ព្រះសហគមន៍បំពេញតួនាទីជាម្តាយដ៏ពិតប្រាកដ ដើម្បីណែនាំមនុស្សទៅកាន់ព្រះគ្រីស្តមែន។ សហគមន៍គ្រីស្តបរិស័ទ ក៏ពិតជាឧបករណ៍ដ៏ស័ក្តិសិទ្ធិដែលបង្ហាញនិងសម្រួលផ្លូវឆ្ពោះទៅកាន់ព្រះគ្រីស្ត និងឆ្ពោះទៅកាន់ព្រះសហគមន៍របស់ព្រះអង្គ សម្រាប់អស់អ្នកដែលពុំទាន់មានជំនឿ។ ម៉្យាងទៀត ព្រះសហគមន៍ក៏ជាឧបករណ៍ដ៏ស័ក្តិសិទ្ធិមួយ ក្នុងការដាស់តឿនអស់គ្រីស្តបរិស័ទ ឲ្យភ្ញាក់ស្មាតី ចិញ្ចឹមជំនឿរបស់គេ និងផ្តល់កម្លាំងសម្រាប់តយុទ្ធខាងវិញ្ញាណផងដែរ។
ពេលសាងសង់សហគមន៍គ្រីស្តបរិស័ទ អស់លោកគង្វាលមិនត្រូវបម្រើមនោគមវិជ្ជាណាមួយជាដាច់ខាត ហើយក៏មិនត្រូវបម្រើក្រុមណាមួយឡើយ។ លោកគង្វាល ក្នុងឋានៈជាអ្នកប្រកាសដំណឹងល្អ និងជាគង្វាលរបស់ព្រះសហគមន៍ ត្រូវបូជាកម្លាំងកាយកម្លាំងចិត្ត ដើម្បីឲ្យព្រះកាយរបស់ព្រះគ្រីស្តចម្រើនឡើងខាងព្រះវិញ្ញាណវិញ។
ផ្នែកទី ២-ទំនាក់ទំនងរវាងលោកគង្វាល និងមនុស្សឯទៀតៗ
៧-ទំនាក់ទំនងរវាងអភិបាលនឹងក្រុមគង្វាល
អស់លោកគង្វាល រួមជាមួយលោកអភិបាល សុទ្ធតែរួមចំណែកក្នុងមុខងារបម្រើរបស់ព្រះគ្រីស្ត ជាមហាបូជាចារ្យ។ អាស្រ័យហេតុនេះហើយ ដោយសារព្រះជាម្ចាស់ញែកអស់លោកប្រសិទ្ធិទៅជាបូជាចារ្យដូចគ្នា និងប្រទានបេសកកម្មតែមួយឲ្យអស់លោក ទើបអស់លោកត្រូវរួបរួមជាមួយក្រុមអភិបាល តាមលំដាប់លំដោយ (ពន្លឺ ២៨)។ យើងឃើញយ៉ាងជាក់ច្បាស់ថា ក្រុមគង្វាលនិងក្រុមអភិបាលរួបរួមគ្នាដូច្នេះ នៅពេលអស់លោករួមថ្វាយអភិបូជាជាមួយគ្នា នៅពេលអស់លោកគង្វាលថ្វាយអភិបូជាម្តងៗ លោកប្រកាសបញ្ជាក់យ៉ាងច្បាស់ថា លោក រួបរួមជាមួយក្រុមអភិបាលដែរ។ ហេតុនេះហើយ ក្រុមអភិបាលត្រូវចាត់អស់លោកគង្វាល ទុកជាសហការីនិងជាទីប្រឹក្សាដ៏ចាំបាច់ដោយអាក់ខានមិនបានក្នុងកិច្ចបំពេញបន្ទុក និងមុខងារបម្រើព្រះសហគមន៍របស់អស់លោក គឺបង្រៀន និងនាំឲ្យមនុស្សលោកបានវិសុទ្ធ ព្រមទាំងធ្វើជាគង្វាលនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ផងដែរ ព្រោះលោកគង្វាល ទាំងប៉ុន្មានបានទទួលព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅពេលអស់លោកទទួលអគ្គសញ្ញា\តែងតាំង។ តាំងពីដើមកំណើតនៃព្រះសហគមន៍មក ឯកសារនានាស្តីអំពីពិធីគោរពបម្រើព្រះជាម្ចាស់ គូសសង្កត់ការរួបរួមនេះ គឺក្នុងឯកសារទាំងនោះមានចែងពាក្យអង្វរព្រះជាម្ចាស់យ៉ាងឱឡារិក សូមព្រះអង្គចាក់បង្ហូរ “ព្រះវិញ្ញាណនៃព្រះហឫទ័យប្រោសប្រណីនិងនៃព្រះប្រាជ្ញាញាណ ដើម្បីឲ្យអ្នកដែលទទួលអគ្គសញ្ញាតែងតាំង អាចជួយថែរក្សានិងគ្រប់គ្រងប្រជារាស្ត្រ ដោយចិត្តបរិសុទ្ធទៀងត្រង់ផង”។ កាលពីដើមក៏ដូច្នេះដែរ គឺនៅវាលរហោស្ថាន ព្រះជាម្ចាស់យកវិញ្ញាណរបស់លោកម៉ូសេ ដាក់ក្នុងព្រឹទ្ធាចារ្យឆ្លាតវាងវៃចិតសិបនាក់ (ជប ១១,១៦-២៥) “ដើម្បី ឲ្យ លោកម៉ូសេអាចគ្រប់គ្រងប្រជាជាតិដ៏ច្រើនឥតគណនាយ៉ាងងាយស្រួល តាមរយៈព្រឹទ្ធាចារ្យទាំងនោះ”។
ហេតុនេះហើយ ដោយអស់លោកគង្វាល និងអភិបាលរួបរួមគ្នាក្នុងឋានៈជាបូជាចារ្យ និងក្នុងមុខងារបម្រើតែមួយដូច្នេះ អភិបាលត្រូវតែចាត់ទុកអស់លោកគង្វាល ជាបងប្អូន និងទុកជាមិត្តសម្លាញ់ផងដែរ (ពន្លឺ ២៨)។ អភិបាលត្រូវយកចិត្តទុកដាក់នឹងតម្រូវការរបស់លោកគង្វាល ខាងសម្ភារៈជាមុន និងយកចិត្តទុកដាក់ជាពិសេសផងដែរ នឹងតម្រូវការខាងវិញ្ញាណរបស់អស់លោក តាមតែអស់លោកអភិបាលអាចធ្វើបាន។ អស់លោកអភិបាលមានភារកិច្ចដ៏សំខាន់ គឺណែនាំអស់លោកបូជាចារ្យរបស់អស់លោកឲ្យបានវិសុទ្ធ។ ម៉្លោះហើយ អភិបាលត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត បណ្តុះបណ្តាលក្រុមគង្វាលភូមិភាគរបស់អស់លោកជាអចិន្ត្រៃយ៍ (អភិបាល១៥.១៦)។ អភិបាលត្រូវតែស្តាប់អស់លោក សួរយោបល់របស់អស់លោក ហើយសន្ទនាពិគ្រោះជាមួយអស់លោកអំពីកិច្ចនានាជាគង្វាល និងអំពីអ្វីៗដែលជាប្រយោជន៍ដល់ភូមិភាគទាំងមូល។ ត្រូវតែងតាំងក្រុមមួយ ឬគណៈកម្មាធិការបូជាចារ្យមួយជាតំណាងក្រុមគង្វាល សមស្របតាមសភាពកាណ៍ និងតាមតម្រូវការនាបច្ចុប្បន្នកាលនេះ ដើម្បីឲ្យសេចក្តីណែនាំនេះកើតជារូបរាងបាន។ ត្រូវបញ្ជាក់រចនាសម្ពន្ធមួយ និងដំណើរការក្រុមនេះតាមក្បួនច្បាប់ ដើម្បីឲ្យក្រុមនេះផ្តល់យោបល់អាចជួយលោកអភិបាលយ៉ាងសកម្ម ក្នុងការគ្រប់គ្រងភូមិភាគបាន។
ចំពោះអស់លោកគង្វាលវិញ អស់លោកត្រូវនឹកគិតជានិច្ចថា អភិបាលបានទទួលអគ្គសញ្ញាតែងតាំងជា បូជាចារ្យយ៉ាងពេញលក្ខណៈ ហេតុនេះហើយអស់លោកគង្វាល ត្រូវគោរពអភិបាលដោយចាត់ទុកអស់លោកថា មានអំណាចរបស់ព្រះគ្រីស្តដែលជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុត។ សូមអស់លោកផ្ចង់ចិត្តនឹងអភិបាលរបស់ខ្លួនដោយស្មោះ ដោយចិត្តស្រឡាញ់ និងដោយស្តាប់តាមបង្គាប់ទៀតផង។ បូជាចារ្យត្រូវស្តាប់តាមបង្គាប់លោកអភិបាល ទាំងមានចិត្តចង់សហការជាមួយលោកជានិច្ចដូច្នេះ មកពីខ្លួនរួមចំណែកក្នុងមុខងារបម្រើរបស់លោកអភិបាល គឺចំណែកដែល អស់លោកគង្វាលមានដោយទទួលអគ្គសញ្ញាតែងតាំង និងដោយទទួលបេសកកម្មតាមច្បាប់ព្រះសហគមន៍ផងដែរ។
អស់លោកគង្វាល និងអភិបាលទាំងប៉ុន្មានត្រូវរួបរួមគ្នា ពិតជាការចាំបាច់សម្រាប់សព្វថ្ងៃមែន ព្រោះនៅសម័យឥឡូវ មានមូលហេតុផ្សេងៗជាច្រើនបណ្តាលឲ្យកិច្ចការជាគ្រីស្តទូតមានច្រើនបែប ព្រមទាំងត្រូវលាតសន្ធឹងហួសពីព្រំដែននៃសហគមន៍មួយ ឬហួសពីព្រំដែនភូមិភាគមួយដែរ។ ហេតុនេះ គ្មានគង្វាលណាម្នាក់មានសមត្ថភាពអាចបំពេញបេសកកម្មរបស់ខ្លួនគ្រប់គ្រាន់បានតែម្នាក់ឯង ឬក្នុងនាមរបស់ខ្លួនផ្ទាល់ទេ។ អស់លោកគង្វាល ត្រូវតែរួមកម្លាំងសហការជាមួយគង្វាលឯទៀតៗ ក្រោមការណែនាំរបស់អស់អភិបាលជាប្រធានព្រះសហគមន៍ ទើបអាចធ្វើបាន។
៨-អស់លោកគង្វាលរួបរួមគ្នាជាបងប្អូន និងសហការគ្នា
ដោយអស់លោកគង្វាលទទួលអគ្គសញ្ញាតែងតាំង អស់លោកចូលក្នុងក្រុមគង្វាល ហើយក៏ភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធដូចជាបងប្អូន ដោយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យតែមួយដូចគ្នា។ អស់លោករួមគ្នាយ៉ាងពិសេស ជាក្រុមគង្វាលតែមួយគត់ ក្រោមអំណាចអភិបាលភូមិភាគ ព្រោះអស់លោកអស់ទទួលមុខងារបម្រើភូមិភាគនោះ។ ទោះបីអស់លោកគង្វាលទទួលការងារប្លែកៗពីគ្នាក៏ដោយ ក៏អស់លោកបំពេញមុខងារបម្រើជាបូជាចារ្យតែមួយសម្រាប់មនុស្សលោកដែរ។ ព្រះសហគមន៍ចាត់គង្វាលទាំងអស់ឲ្យរួមសហការបំពេញកិច្ចតែមួយ គឺទោះជាគង្វាលបំពេញមុខងារក្នុងសហគមន៍មួយក្តី ឬបំពេញមុខងារអន្តរសហគមន៍ក្តី ទោះជាគង្វាលបូជាកម្លាំងកាយកម្លាំងចិត្តស្រាវជ្រាវតាមវិទ្យាសាស្ត្រឬបង្រៀនក្តី ទោះជាគង្វាលធ្វើការដោយដៃផ្ទាល់និងរួមរស់ជាមួយវណ្ណៈកម្មករក្តី (លុះត្រាតែអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍អនុញ្ញាតឲ្យ ដោយយល់ឃើញថាមុខងារបម្រើនេះមានប្រយោជន៍) ទោះជាគង្វាលបំពេញកិច្ចការផ្សេងៗជាគ្រីស្តទូត ឬធ្វើកិច្ចការតម្រង់ទៅជាគ្រីស្តទូតក្តី ក៏អស់លោករួមសហការទាំងអស់គ្នាបំពេញកិច្ចតែមួយដែរ។ ពិតមែនហើយ អស់លោកគង្វាល រួមគ្នាដោយមានគោលបំណងតែមួយដូចគ្នា គឺសាងសង់ព្រះកាយព្រះគ្រីស្ត។ ជាពិសេសនាសម័យយើងនេះ អស់លោកត្រូវប្រព្រឹត្តតាមគោលបំណងនេះ ដោយអស់លោកមានបន្ទុកជាច្រើនបែប និងត្រូវសម្រួលឲ្យស្របតាមតម្រូវការថ្មីៗទៀតផង។ ហេតុនេះហើយ ត្រូវឲ្យគង្វាលទាំងប៉ុន្មាន គឺទាំងគង្វាលភូមិភាគ និងទាំងគង្វាលបព្វជិត ជួយគ្នាទៅវិញទៅមក និងសហការគ្នារួមជាមួយសេចក្តីពិតជានិច្ច (៣ យហ ៨)។ គង្វាលម្នាក់ៗ ត្រូវទាក់ទងជាមួយសមាជិកឯទៀតៗនៃក្រុមគង្វាល ដោយចងចំណងពិសេសនៃសេចក្តីស្រឡាញ់ ក្នុងឋានៈជាគ្រីស្តទូត ចងចំណងនៃមុខងារបម្រើតែមួយដូចគ្នា និងចងចំណងជាបងប្អូនគ្នា។ តាំងពីសម័យបុរាណមក ពីធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ សម្តែងចំណងនៃសេចក្តីស្រឡាញ់នេះយ៉ាងច្បាស់ ដោយលោកអភិបាល អញ្ជើញគង្វាលទាំងប៉ុន្មានដែលរួមក្នុងពិធីតែងតាំងគង្វាល ឲ្យដាក់ដៃលើបេក្ខជនថ្មី រួមជាមួយលោក។ នៅពេលអស់លោកគង្វាល រួមថ្វាយអភិបូជាដោយមានចិត្តថ្លើមតែមួយ អស់លោកក៏សម្តែងចំណងនៃសេចក្តីស្រឡាញ់នេះដែរ។ ហេតុនេះបានជាគង្វាល ម្នាក់ៗភ្ជាប់ជាមួយគង្វាល ឯទៀតៗជាបងប្អូន ដោយចំណងនៃសេចក្តីស្រឡាញ់ ដោយអធិដ្ឋានរួមគ្នា និងដោយសហការជាមួយគ្នាគ្រប់យ៉ាង។ ធ្វើបែបនេះ អស់លោកសម្តែងថា កូនចៅរបស់ព្រះគ្រីស្តរួបរួមគ្នាជាធ្លុងតែមួយតាមព្រះហឫទ័យព្រះអង្គ ដើម្បីឲ្យ មនុស្សលោកទទួលស្គាល់ថា ព្រះបិតាពិតជាបានចាត់ព្រះបុត្រាឲ្យយាងមកមែន (យហ ១៧,២៣)។
ហេតុនេះគង្វាល ចាស់ជាងគេត្រូវទទួលគង្វាលក្មេងៗទុកជាប្អូនបង្កើត ហើយក៏ត្រូវ ជួយគេនៅពេលគេចាប់ផ្តើមខិតខំបំពេញកិច្ចរបស់ខ្លួន និងទទួលខុសត្រូវក្នុងមុខងារបម្រើដើមដំបូង។ ម៉្យាងវិញទៀត គង្វាលចាស់ៗ គួរតែខិតខំយល់ចិត្តគំនិតរបស់គង្វាល ក្មេងៗ ទោះបីចិត្តគំនិតគង្វាលក្មេងៗខុសប្លែកពីចិត្តគំនិតរបស់ខ្លួនក៏ដោយ។ គង្វាលចាស់ៗ ក៏គួរតែមើលអ្វីៗដែលគង្វាលក្មេងៗ ខិតខំធ្វើដំបូងនោះ ដោយមានចិត្តមេត្តាដែរ។ រីឯគង្វាលក្មេងវិញ គប្បីតែគោរពអាយុ និងបទពិសោធន៍របស់គង្វាលចាស់ៗដែរ ពិគ្រោះជាមួយអស់លោកអំពីការថែទាំវិញ្ញាណមនុស្ស និង សុខចិត្តសហការជាមួយអស់លោកដោយចិត្តរីករាយទៀតផង។
អស់លោកគង្វាល មិនត្រូវភ្លេចនឹងទទួលភ្ញៀវ ដោយរាប់មនុស្សឯទៀតទុកជាបងប្អូន (ហប ១៣,១៦)។ ត្រូវគិតដល់ការសម្តែងមេត្តាករុណាជានិច្ច និងចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួន (ហប ១៣,១៦)។ អស់លោកត្រូវ យកចិត្តទុកដាក់ចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកជំងឺ អ្នកកើតទុក្ខ អ្នកធ្វើការហួសកម្លាំង អ្នករស់នៅឯកោ ជន ដែលត្រូវគេនិរទេស និងអ្នកដែលត្រូវគេបៀតបៀនទៀតផង។ ប៉ុន្តែ អស់លោកគួរតែជួបជុំគ្នាយ៉ាងសប្បាយរីករាយ យូរៗម្តង ដើម្បីសម្រាកលំហែកាយ ដោយនឹកដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលអញ្ជើញក្រុមគ្រីស្តទូត ដែលហត់ នឿយថា៖ “ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្តាជន សម្រាកបន្តិចសិន” (មក ៦,៣១)។
លើសពីនេះទៅទៀត អស់លោកគង្វាលត្រូវជួយគ្នាទៅវិញទៅមកជាចាំបាច់ ដើម្បីឲ្យជីវិតរបស់អស់លោកតាមព្រះវិញ្ញាណនិងខាងចំណេះដឹងចម្រើនឡើង ហើយដើម្បីជួយសម្រួលសហការបំពេញមុខងារបម្រើរបស់អស់លោក ព្រមទាំងជៀសផុតពីបញ្ហាដ៏ធ្ងន់ធ្ងរដែលតែងតែកើតឡើងដោយខ្លួនរស់នៅឯកោ។ មូលហេតុទាំង នោះដាស់តឿនគង្វាល ឲ្យរស់នៅរួមគ្នាតាមរបៀបម៉្យាង ឬឲ្យចែកចាយការរស់នៅខ្លះជាមួយគ្នា។ ការរួមរស់ជាមួយគ្នានោះ មានរបៀបផ្សេងៗជាច្រើន តាមតម្រូវការរបស់គង្វាលម្នាក់ៗ ឬតាមតម្រូវការនៃមុខងារជាគង្វាល គឺអស់លោករួមរស់នៅជាមួយគ្នា នៅផ្ទះតែមួយក៏បាន ឬទទួលទានជុំគ្នាក៏បាន ឬយ៉ាងហោចណាស់ក៏ជួបជុំជាញឹកតាមពេលកំណត់ដែរ។ គប្បីរាប់រកសមាគមបូជាចារ្យទុកជាមានតម្លៃខ្ពង់ខ្ពស់ និងគួរឲ្យលើកស្ទួយគាំទ្រទៀតផង។ ត្រូវឲ្យអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍ទទួលស្គាល់លក្ខន្តិកៈសមាគមទាំងនោះ។ សមាគមទាំងនោះដែលបានទទួលការអនុញ្ញាតត្រឹមត្រូវរួចហើយ ត្រូវផ្តល់សេចក្តីណែនាំស្របតាមការរស់នៅរបស់គង្វាល ជួយគាំទ្រគង្វាលក្នុងឋានៈជាបងប្អូន និងជួយឲ្យអស់លោកកាន់តែវិសុទ្ធដោយបំពេញមុខងារបម្រើរបស់ខ្លួន។ ហេតុនេះសមាគមទាំងនោះជួយក្រុមគង្វាលទាំងមូលតែម្តង។
មិនតែប៉ុំណ្ណោះ ដោយអស់លោកគង្វាល រួបរួមគ្នាដោយមានឋានៈជាបូជាចារ្យ គួរតែឲ្យអស់លោកចាប់ អារម្មណ៍នឹងគង្វាលឯទៀតៗ ដែលខ្លះកំពុងជួបប្រទះការលំបាក។ អស់លោកត្រូវលើកទឹកចិត្តគេនៅពេលដ៏ សមរម្យ ហើយប្រសិនបើត្រូវការ ត្រូវជួយដាស់តឿនគេដោយស្ងាត់ៗផងដែរ។ ចំពោះគង្វាលណាដែលភ្លាត់ក្នុងរឿងណាមួយ គង្វាលឯទៀតត្រូវបង្ហាញសេចក្តីស្រឡាញ់ទុកជាបងប្អូន និងត្រូវមានចិត្តទូលំទូលាយចំពោះគេជានិច្ច។ ត្រូវទទូចអង្វរព្រះជាម្ចាស់សម្រាប់លោកទាំងនោះ ព្រមទាំងរាប់គេទុកជាបងប្អូន និងជាមិត្តសម្លាញ់ដ៏ពិតប្រាកដតទៅទៀតផង។
៩-អំពីទំនាក់ទំនងរបស់បូជាចារ្យជាមួយនឹងគ្រីស្តបរិស័ទធម្មតា
ក្នុងចំណោមប្រជារាស្ត្ររបស់ព្រះជាម្ចាស់ អស់លោកគង្វាលនៃសម្ពន្ធមេត្រីថ្មីទទួលបន្ទុកមួយដ៏ប្រសើរបំផុត និងដ៏ចាំបាច់អាក់ខានមិនបាន ដើម្បីជាប្រយោជន៍យ៉ាងខ្លាំងដល់ប្រជារាស្រ្តទាំងមូល។ ដោយអស់លោកទទួលអគ្គសញ្ញាតែងតាំង អស់លោកទទួលបន្ទុកធ្វើជាឪពុក និងជាគ្រូបាធ្យាយផងដែរ។ ប៉ុន្តែ អស់លោកក៏ជាសាវ័ករបស់ព្រះអម្ចាស់រួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ព្រះជាម្ចាស់ក៏ប្រោសប្រណីត្រាស់ហៅអស់លោកឲ្យទទួលចំណែកក្នុងព្រះរាជ្យរបស់ព្រះអង្គដែរ (១ថស ២,១២ ; កូឡ ១,១៣)។ ក្នុងចំណោមអ្នកទាំងអស់ដែលបានកើតជាថ្មីដោយអគ្គសញ្ញាជ្រមុជទឹក អស់លោកគង្វាលជាបងប្អូនរស់នៅក្នុងចំណោមបងប្អូនរបស់គេ (មថ ២៣,៨) ហើយក៏ជាសរីរាង្គនៃព្រះកាយតែមួយរបស់ព្រះគ្រីស្ត ព្រះអង្គក៏ផ្ញើបន្ទុកសាងសង់ព្រះកាយនោះឡើងឲ្យគ្រីស្តបរិស័ទគ្រប់គ្នាដែរ (អភ ៤,៧.១៤)។
ហេតុនេះហើយបានជាអស់គង្វាល ក្នុងឋានៈជាអ្នកនាំមុខសហគមន៍ ត្រូវតែស្វែងរកប្រយោជន៍របស់ព្រះយេស៊ូគ្រីស្ត (ភល ២,២១) មិនត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ត្រូវរួមសហការជាមួយគ្រីស្តរិស័ទធម្មតា ហើយត្រូវរស់នៅក្នុងចំណោមពួកគេតាមគំរូរបស់ព្រះយេស៊ូជាបរមគ្រូ គឺព្រះអង្គយាងមកក្នុងចំណោមមនុស្សលោក “មិនមែន ដើម្បីឲ្យគេបម្រើលោកទេ តែលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង” (មថ ២០, ២៨)។ លោកគង្វាលត្រូវទទួលស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់គ្រីស្តបរិស័ទដោយចិត្តស្មោះ និងលើកស្ទួយតម្លៃដ៏ថ្លៃថ្នូរនេះ ព្រមទាំងទទួលស្គាល់និងលើកស្ទួយតួនាទីរបស់គេក្នុងបេសកកម្មរបស់ព្រះសហគមន៍ថែមទៀត។ អស់លោកត្រូវគោរពសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់មនុស្សទាំងអស់នៅផែនដីនេះ ត្រូវចូលចិត្តស្តាប់យោបល់របស់គ្រីស្ត បរិស័ទធម្មតា យោគយល់ដល់បំណងប្រាថ្នារបស់គេ ក្នុងឋានៈជាបងប្អូនរបស់គេ។ អស់លោកត្រូវទទួលស្គាល់បទពិសោធន៍ និងសមត្ថភាពរបស់គេក្នុងផ្នែកនានានៃសកម្មភាពមនុស្សលោក ដើម្បីឲ្យយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្តែងតាមសញ្ញាសម្គាល់នាសម័យនេះ។ អស់លោកត្រូវល្បងលវិញ្ញាណមើលឲ្យដឹងថា វិញ្ញាណទាំងនោះមកពីព្រះជាម្ចាស់ ឬក៏អត់ (១យហ ៤,១) ហើយដោយសារជំនឿ អស់លោកត្រូវរកឃើញព្រះអំណោយទាននិងពិចារណាថ្លឹងថ្លែងអំពីព្រះអំណោយទានគ្រប់បែបយ៉ាងរបស់គ្រីស្តបរិស័ទធម្មតា តាំងពីព្រះអំណោយទានតូចជាងគេ រហូតដល់ព្រះអំណាយទានដ៏ប្រសើរថ្លៃថ្នូរជាងគេ។ អស់លោកត្រូវទទួលស្គាល់ព្រះអំណោយទានទាំងនោះដោយអំណរ ហើយត្រូវខិតខំធ្វើឲ្យព្រះអំណោយទានទាំងនោះចម្រើនឡើងថែមទៀតផង។ ក្នុងចំណោមព្រះអំណោយទានជាច្រើនបរិបូរណ៌ដែលអស់លោករកឃើញនោះ លោកគង្វាលត្រូវចាប់អារម្មណ៍យ៉ាងពិសេសនឹងព្រះអំណោយទានដែលទាក់ទាញចិត្តគ្រីស្តបរិស័ទជាច្រើន ចង់ឲ្យជីវិតខាងព្រះវិញ្ញាណរបស់គេចម្រើនឡើងកាន់តែជ្រៅទៅៗ។ ម៉្យាងទៀត លោកគង្វាល គួរតែទុកចិត្តលើគ្រីស្តបរិស័ទធម្មតា ហើយប្រគល់ភារកិច្ចបម្រើព្រះសហគមន៍ផ្សេងៗឲ្យគេ ទាំងទុកសេរីភាព និងលទ្ធភាពឲ្យគេអាចធ្វើការបាន។ លើសពីនេះទៅទៀត នៅពេលមានឱកាសហុចឲ្យនោះ អស់លោកក៏គួរអញ្ជើញគេ ឲ្យផ្តើមកិច្ចការខ្លះដោយខ្លួនឯងផង (ពន្លឺ ៣៧)។
សរុបសេចក្តីមក ព្រះជាម្ចាស់ដាក់ឲ្យលោកគង្វាលស្ថិតនៅក្នុងចំណោមគ្រីស្តបរិស័ទធម្មតា ដើម្បីណែនាំគេឲ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងសេចក្តីស្រឡាញ់ គឺឲ្យ “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូន បង្កើត...ទាំងលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព” (រម ១២,១០)។ ដូច្នេះ អស់លោកត្រូវតែណែនាំ បង្រួបបង្រួមអ្នកដែលមានចិត្តគំនិតខុសប្លែកៗពីគ្នា ឲ្យទាក់ទងគ្នា កុំឲ្យមាននរណាម្នាក់មានអារម្មណ៍ថា ខ្លួនជាជនបរទេស ក្នុងព្រះសហគមន៍គ្រីស្តបរិស័ទឡើយ។ អស់លោកត្រូវតែការពារផលប្រយោជន៍រួម ព្រោះអស់លោកទទួល ខុសត្រូវក្នុងនាមលោកអភិបាល។ ទន្ទឹមនឹងនេះ អស់លោកក៏ត្រូវប្រកាសសេចក្តីពិតដោយចិត្តអង់អាច កុំឲ្យគ្រីស្ត បរិស័ទបណ្តោយខ្លួនតាមខ្យល់នៃគោលលទ្ធិនានាដែលតែងតែផាត់ចុះផាត់ឡើង (អភ ៤,១៤)។ អស់លោកត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះអស់គ្រីស្តបរិស័ទដែលលែងទទួលអគ្គសញ្ញានានា និងចំពោះអស់អ្នកដែលបាត់បង់ជំនឿតែម្តង។ សូមទៅរកអ្នកទាំងនេះ ដូចគង្វាលដ៏សប្បុរសទៅរកចៀមដែលវង្វេង។
អស់លោកគង្វាលត្រូវចាប់អារម្មណ៍នឹងសេចក្តីបញ្ជារបស់មហាសន្និបាត ស្តីអំពីចលនាបង្រួបបង្រួមគ្រីស្ត-បរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ មិនត្រូវបំភ្លេចបងប្អូនគ្រីស្តបរិស័ទ ដែលមិនរួបរួមក្នុងព្រះសហគមន៍យ៉ាងពេញលេញជាមួយយើងនោះទេ។ (បង្រួប)។
មិនតែប៉ុណ្ណោះ អស់លោកត្រូវដឹងថា ព្រះជាម្ចាស់បានផ្ញើអស់អ្នកដែលពុំទាន់ទទួលស្គាល់ព្រះគ្រីស្តទុកជាព្រះសង្គ្រោះរបស់គេ ឲ្យអស់លោកដែរ។
រីឯគ្រីស្តបរិស័ទវិញ ត្រូវដឹងខ្លួនអំពីភារកិច្ចរបស់គេចំពោះបូជាចារ្យរបស់គេ គឺ ត្រូវស្រឡាញ់អស់លោក ដែលជាគង្វាល និងជាឪពុករបស់ពួកគេ ដូចកូនស្រឡាញ់ឪពុកដូច្នោះដែរ។ ត្រូវចែករំលែកទុក្ខកង្វល់របស់អស់លោក ហើយជួយអស់លោកតាមសមត្ថភាពរបស់ខ្លួន ដោយអធិដ្ឋាន និងជួយធ្វើកិច្ចការរបស់អស់លោកដែរ។ ដូច្នេះ អស់លោកអាចពុះពារឧបសគ្គដ៏ពិបាកនានា និងអាចបំពេញភារកិច្ចរបស់ខ្លួនបានទាំងបង្កើតផលផ្លែជាច្រើនថែមទៀតផង(ពន្លឺ ៣៧)។
ផ្នែកទី ៣ បូជាចារ្យមានបេសកកម្មសកល និងអំពីព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាបូជាចារ្យ
១០-លោកគង្វាលមានបេសកកម្មសកល
ពេលលោកគង្វាលបានទទួលអគ្គសញ្ញាតែងតាំង អស់លោកទទួលព្រះអំណោយទានពីព្រះវិញ្ញាណ ជាព្រះអំណោយទានរៀបចំឲ្យអស់លោកបំពេញបេសកកម្មដែលមិនមានកម្រិតនោះទេ តែឲ្យបំពេញបេសកកម្មដ៏ទូលំទូលាយបំផុត ជាបេសកកម្មសកលនាំការសង្គ្រោះ “រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី” (កក ១,៨)។ ក្នុងគ្រប់កិច្ចបម្រើក្នុងឋានៈលោកជាបូជាចារ្យ អស់លោករួមចំណែក្នុងបេសកកម្មសកលដែលព្រះគ្រីស្តបានផ្ញើទុកឲ្យក្រុមគ្រីស្តទូត។ លោកគង្វាលទាំងប៉ុន្មានទទួលចំណែកយ៉ាងពិតប្រាកដក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ជាមុខងារបែរទៅរកប្រជាជាតិនានា នៅគ្រប់សម័យដោយគ្មានគិតគូរដល់ព៌ណសម្បុរ ជាតិសាសន៍ ឬសម័យកាលណាឡើយ ដូចព្រះបាទមែលគីសេដែកធ្វើជាប្រផ្នូលបែបជាអាថ៌កំបាំង កាលពីដើមដែរ (ហប ៧,៣)។ ហេតុនេះហើយអស់លោកគង្វាល ត្រូវនឹកចងចាំថា អស់លោកត្រូវយកចិត្តទុកដាក់នឹកគិតដល់ព្រះសហគមន៍ទាំងឡាយ។ អាស្រ័យហេតុនេះហើយ លោកគង្វាលនៅក្នុងភូមិភាគណាដែលសម្បូណ៍ទៅដោយអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាគង្វាលនោះ ក៏ត្រូវស្ម័គ្រចិត្តត្រៀមខ្លួនចេញទៅបំពេញមុខងារបម្រើរបស់ខ្លួននៅតំបន់ផ្សេង ឬនៅប្រទេសដែលមានគ្រីស្តបរិស័ទចំនួនតិច ឬទៅបំពេញសកម្មភាពផ្សេងៗ ដែលខ្វះគង្វាលនោះ។ ប៉ុន្តែត្រូវមានការយល់ស្របនិងអនុញ្ញាតពីអភិបាលភូមិភាគរបស់ខ្លួនដែរ។
ត្រូវកែសម្រួលច្បាប់វិន័យស្តីអំពីច្បាប់ភ្ជាប់គង្វាលម្នាក់ទៅនឹងក្រុមគង្វាលក្នុងភូមិភាគ និងច្បាប់វិន័យស្តីអំពីការដកចេញពីក្រុមគង្វាលភូមិភាគដែរ។ ទោះបីត្រូវរក្សាទុករចនាសម្ពន្ធបុរាណនោះក្តី ក៏ត្រូវកែសម្រួលច្បាប់វិន័យទាំងនោះស្របតាមតម្រូវការនៃមុខងារបម្រើព្រះសហគមន៍នាបច្ចុប្បន្នដែរ។ នៅកន្លែងណាដែលសភាពការណ៍នៃកិច្ចការជាគ្រីស្តទូតទាមទារនោះ គួរជួយកែសម្រួល មិនត្រឹមតែការចាត់ចែងឲ្យមានគង្វាលនៅគ្រប់មជ្ឈដ្ឋានប៉ុណ្ណោះទេ តែគួរចាត់ចែងសកម្មភាពពិសេសៗនៃកិច្ចការណែនាំគ្រីស្តបរិស័ទ តាមក្រុមវណ្ណៈផ្សេងៗក្នុងសង្គម តាមតំបន់មួយ ឬតាមប្រទេសមួយ ឬតាមទ្វីបមួយដែរ។ គួរបង្កើតទេវវិទ្យាល័យអន្តរជាតិដើម្បីសម្រេចតាមគោលកាណ៍នេះ ឬក៏បង្កើតភូមិភាគពិសេសដោយឡែក ឬឲ្យមានអភិបាលសម្រាប់ថែទាំក្រុមជនជាតិមួយ។ ត្រូវបង្កើតស្ថាប័នផ្សេងៗ សម្រាប់ឲ្យគង្វាលអាចភ្ជាប់ខ្លួនជាមួយស្ថាប័ននោះ និងចាត់ឲ្យទៅ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។ ត្រូវចែងរបៀបអនុវត្តតាមច្បាប់ក្នុងករណី នីមួយៗ ដោយគោរពសិទ្ធិរបស់អភិបាលភូមិភាគជានិច្ច។ ប្រសិនបើអាចធ្វើបាន មិនត្រូវចាត់គង្វាល តែម្នាក់ឯងឲ្យទៅតំបន់មួយផ្សេងទេ ជាពិសេសបើលោកពុំទាន់ចេះភាសា និងមិនទាន់ស្គាល់ទំនៀមទម្លាប់តំបន់នោះយ៉ាងច្បាស់លាស់នៅឡើយ។ ផ្ទុយទៅវិញ ត្រូវចាត់គង្វាល ឲ្យទៅជាក្រុមៗដែលមានគ្នាពីរ ឬបីនាក់ដើម្បី ឲ្យអស់លោកអាចជួយគ្នាទៅវិញទៅមក ដោយយកតម្រាប់តាមក្រុមសាវ័កព្រះគ្រីស្ត (លក ១០,១)។ ត្រូវ យកចិត្តទុកដាក់នឹងជីវិតខាងព្រះវិញ្ញាណរបស់អស់លោក និងអំពីសុខភាពខាងផ្លូវកាយ និងផ្លូវចិត្ត។ ប្រសិនបើអាចធ្វើបាន គួរតែតម្រូវទីកន្លែង និងសភាពការណ៍ការងារ សមស្របតាមសមត្ថភាពផ្ទាល់របស់គង្វាលម្នាក់ៗ។
អស់លោកគង្វាល ដែលចេញទៅនៅប្រទេសមួយផ្សេងនោះ ត្រូវរៀនភាសាប្រជាជនតំបន់នោះឲ្យបាន ច្បាស់។ ការនេះសំខាន់ណាស់។ មិនតែប៉ុណ្ណោះ អស់លោកក៏ត្រូវរៀនឲ្យស្គាល់ចរិតលក្ខណៈ និងរបៀបរស់ នៅក្នុងសង្គមនៃប្រជាជនតំបន់នោះទៀតផង។ ប្រសិនបើអស់លោកមានបំណងបម្រើប្រជាជននោះដោយចិត្តសុភាពរាបសា ត្រូវទាក់ទងជាមួយប្រជាជននោះយ៉ាងជ្រៅបំផុត តាមតែគេអាចធ្វើបាន ទាំងយកតម្រាប់តាមគ្រីស្តទូតប៉ូល គឺលោកហ៊ានមានប្រសាសន៍អំពីខ្លួនលោកថា៖ “ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណា ក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធ្វើជាអ្នកបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនឲ្យផ្ញើជីវិតលើព្រះគ្រីស្ត។ កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីឲ្យសាសន៍យូដាជឿលើព្រះគ្រីស្ត...” (១ករ ៩,១៩-២០)។
១១-អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ឲ្យមានគេស្តាប់ឮព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាបូជាចារ្យ
ព្រះអម្ចាស់ជាគង្វាល និងជាអ្នកថែរក្សាវិញ្ញាណយើង (១សល ២,២៥)។ ព្រះអង្គបង្កើតព្រះសហគមន៍របស់ព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស និងបានរំដោះមកដោយព្រះលោហិតព្រះអង្គ ផ្ទាល់ (កក ២០,២៣) មានបូជាចារ្យរបស់ខ្លួនជានិច្ចរហូតដល់អវសានកាលនៃពិភពលោក កុំឲ្យគ្រីស្តបរិស័ទក្លាយ ទៅជាហ្វូងចៀមដែលគ្មានគង្វាលថែទាំឡើយ (មថ ៩,៣៦)។ ក្រុមគ្រីស្តទូតទទួលស្គាល់ព្រះបំណងរបស់ព្រះគ្រីស្ត នោះហើយ ដោយព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្តគំនិតផង ក៏យល់ឃើញថា អស់លោកមានភារកិច្ចជ្រើសរើសអ្នកបម្រើ ព្រះសហគមន៍ដែល “មានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀត” បានដែរ (១ធម ២,២)។ ភារកិច្ចនេះហូរមកពីបេសកកម្មផ្ទាល់របស់បូជាចារ្យ គឺដោយសារបេសកកម្មនោះលោកគង្វាលទទួលចំណែកក្នុងកង្វល់របស់ព្រះសហគមន៍ទាំងមូល ដែលចង់ជៀសវាងកុំឲ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅលើផែនដីនេះខ្វះអ្នកបម្រើ។
ប៉ុន្តែ ដោយ “អ្នកបើកកប៉ាល់និងអ្នកជិះទាំងប៉ុន្មានរួមវាសនាតែមួយជាមួយគ្នា” ដូច្នេះត្រូវណែនាំ
ប្រជាជនគ្រីស្តបរិស័ទទាំងមូល ឲ្យយល់ថា គេមានភារក្ចិចរួមសហការតាមរបៀបផ្សេងៗ ដើម្បីឲ្យព្រះសហគមន៍មានបូជាចារ្យជារៀងរហូត តាម សេចក្តីត្រូវការ សម្រាប់បំពេញបេសកកម្មដែលព្រះសហគមន៍ទទួលពីព្រះជាម្ចាស់មក។
ប្រជាជនគ្រីស្តបរិស័ទអាចសហការក្នុងកិច្ចដ៏សំខាន់នេះ ដោយអធិដ្ឋានក៏បាន ឬដោយវិធីផ្សេងៗទៀតដែល គេមានក៏បានដែរ (ហ្វឹកហ្វឺន ២)។ ជាបឋម គង្វាលត្រូវពន្យល់បញ្ជាក់យ៉ាងច្បាស់ឲ្យគ្រីស្តបរិស័ទយល់ថា មុខងារជាបូជាចារ្យពិតជាមុខងារដ៏ឧត្តុង្គឧត្តម និងត្រូវការជាចំាបាច់។ អស់លោកអាចណែនាំឲ្យគ្រីស្តបរិស័ទយល់សេចក្តីនេះ ដោយបំពេញមុខងារបម្រើព្រះបន្ទូលផង និងដោយរបៀបរស់នៅរបស់ខ្លួនផង គឺអស់លោកត្រូវសម្តែង សក្ខីភាពអំពីចិត្តគំនិតជាអ្នកបម្រើ និងសម្តែងអំពីអំណរសប្បាយដ៏ពិតប្រាកដដែលមកពីព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង ឲ្យ គេឃើញយ៉ាងច្បាស់។
ក្រោយពីអស់លោកបានថ្លឹងថ្លែងពិចារណាហើយយល់ឃើញថា យុវជន ឬមនុស្សពេញវ័យខ្លះមាន សមត្ថភាពអាចបំពេញមុខងារបម្រើដ៏ប្រសើរនេះ អស់លោកត្រូវខិតខំជួយគេដោយឥតសំចៃកម្លាំង ទោះបីត្រូវជួបការពិបាកយ៉ាងណាក៏ដោយ ត្រូវឲ្យគេរៀបចំខ្លួនតាមសមគួរ រហូតដល់ពេលអស់លោកអភិបាលអាចត្រាស់ហៅគេបាន ដោយគេមានសេរីភាពដ៏ពេញលេញ ដោយគ្មាននរណាបង្ខំទាំងខាងផ្លូវចិត្ត ទាំងមជ្ឃដ្ឋានខាងក្រៅឡើយ។ ត្រូវណែនាំគេ ឲ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងចាំបាច់បំផុត ដើម្បីរៀបចំគេទៅកាន់គោលដៅនោះ។ ឪពុកម្តាយ គ្រូបង្រៀន និងអស់ អ្នកអប់រំឯទៀតៗ ត្រូវយកចិត្តទុកដាក់អប់រំឲ្យក្មេងៗ និងយុវជនឲ្យយល់អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់ ដែលនាំហ្វូងចៀមរបស់ព្រះអង្គផង ព្រមទាំងឲ្យដឹងអំពីតម្រូវការដ៏ចាំបាច់របស់ព្រះសហគមន៍ផង។ ត្រូវយកចិត្តទុកដាក់អប់រំឲ្យក្មេងៗ និងយុវជនឲ្យរិះគិត និងត្រៀមខ្លួនឆ្លើយតបដោយចិត្តទូលាយនឹងព្រះអម្ចាស់ ពេលព្រះអង្គត្រាស់ហៅគេ ទាំងពោលដូចព្យាការីអេសាយថា៖ “ខ្ញុំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ខ្ញុំឲ្យទៅចុះ!” (អស ៦,៨)។ ប៉ុន្តែ អ្នកដែលនឹងទៅជាគង្វាល នៅពេលអនាគតមិនត្រូវរង់ចាំស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលត្រាស់ហៅនោះ ដោយផ្ទាល់ត្រចៀកយ៉ាងអស្ចារ្យនោះឡើយ។ ផ្ទុយទៅវិញ គេត្រូវទទួលស្គាល់ព្រះសូរសៀងនោះ ដោយរិះគិតពិចារណាតាមសញ្ញាសម្គាល់ ដែលព្រះជាម្ចាស់រមែងតែងតែសម្តែងឲ្យគ្រីស្តបរិស័ទដ៏ឆ្លាតវាងវៃយល់ជា រៀងរាល់ថ្ងៃ។ អស់គង្វាល ក៏ត្រូវចាប់អារម្មណ៍ពិចារណាសញ្ញាសម្គាល់ទាំងនោះយ៉ាងខ្លាំងផងដែរ។
ដូច្នេះ មហាសន្និបាតទូន្មានឲ្យអស់គង្វាលចូលរួមក្នុងសកម្មភាពជួយទ្រទ្រង់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ ទោះជាសកម្មភាពក្នុងភូមិភាគក្តី ឬសកម្មភាពក្នុងប្រទេសក្តី។ ពិធីអត្ថាធិប្បាយព្រះគម្ពីរ ការអប់រំជំនឿ និងការនិពន្ធព្រឹត្តិបត្រនានា ត្រូវតែរៀបរាប់យ៉ាងជាក់ច្បាស់អំពីតម្រូវការរបស់ព្រះសហគមន៍ភូមិភាគ និងអំពីតម្រូវការរបស់ព្រះសហគមន៍សកល ហើយក៏ត្រូវរៀបរាប់បញ្ជាក់យ៉ាងច្បាស់ផងដែរអំពីអត្ថន័យនៃមុខងារបម្រើដ៏ប្រសើរថ្លៃថ្លារបស់បូជាចារ្យ ។ ត្រូវបង្ហាញឲ្យដឹងថា ក្នុងការងារដ៏ធ្ងន់ជាច្រើននោះ គេក៏អាចរកឃើញអំណរជាច្រើនផងដែរ។ ជាពិសេសត្រូវពន្យល់ថា អ្នកសុខចិត្តធ្វើជាគង្វាល ផ្តល់សក្ខីភាពអំពីសេចក្តីស្រឡាញ់ដ៏ប្រសើរបំផុតចំពោះព្រះគ្រីស្ត ដូចគ្រូបាធ្យាយនៃព្រះសហគមន៍តែងតែបង្រៀនដែរ។
ជំពូក៣
ការរស់នៅរបស់គង្វាល
ផ្នែកទី ១-ព្រះជាម្ចាស់ត្រាស់ហៅគង្វាលឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ
១២-អគ្គសញ្ញាតែងតាំងដ៏វិសុទ្ធធ្វើឲ្យគង្វាលបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ។ អស់លោកក៏ជាអ្នកបម្រើរបស់ព្រះគ្រីស្តជាព្រះសិរសា ដើម្បីសាងសង់ និងថែទាំព្រះកាយព្រះគ្រីស្តទាំងមូល ពោលគឺព្រះសហគមន៍ក្នុងឋានៈអស់លោកជាសហការីរបស់ក្រុមអភិបាល។ ពេលអស់លោកថ្វាយខ្លួនដោយទទួលអគ្គសញ្ញាជ្រមុជទឹក អស់លោកក៏បានទទួលសញ្ញានិងព្រះអំណោយទានពីព្រះជាម្ចាស់ដែលត្រាស់ហៅអស់លោក ដូចព្រះអង្គត្រាស់ហៅគ្រីស្តបរិស័ទឯទៀតៗដែរ គឺទោះបីគេជាមនុស្សទន់ខ្សោយក៏ដោយ ក៏ព្រះអង្គប្រោសប្រណីឲ្យគេមានសមត្ថភាព និង កាតព្វកិច្ចខិតខំតម្រង់ខ្លួនឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ តាមព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ព្រះបិតារបស់អ្នករាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ” (មថ ៥,៤៨)។ ប៉ុន្តែបូជាចារ្យត្រូវខិតខំឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ដោយមូលហេតុពិសេសមួយ គឺថានៅពេលអស់លោក ទទួលអគ្គសញ្ញាតែងតាំងព្រះជាម្ចាស់ញែកអស់លោកប្រសិទ្ធិថ្វាយទៅព្រះអង្គតាមរបៀបថ្មី ដើម្បីឲ្យទៅជាឧបករណ៍ដ៏មានជីវិតរបស់ព្រះគ្រីស្តជាមហាបូជាចារ្យដែលមានព្រះជន្មគង់នៅជានិច្ចនិរន្តរ៍។ អស់លោក អាចបន្តព្រះរាជ្យកិច្ចដ៏អស្ចារ្យរបស់ព្រះអង្គនៅគ្រប់សម័យតៗទៅ គឺប្រោសឲ្យមនុស្សលោកទាំងមូលបានជាថ្មី ដោយឫទ្ធានុភាពរបស់ព្រះអង្គដែលគ្រប់គ្រងមនុស្សលោក។ ហេតុនេះហើយបានជាបូជាចារ្យម្នាក់ៗដែលបំពេញមុខងារជំនួសព្រះគ្រីស្តផ្ទាល់តែម្តង តាមរបៀបរៀងៗខ្លួន ក៏បានទទួលព្រះអំណោយទានពិសេសផ្ទាល់ដែរ។ ព្រះអំណោយទាននោះជួយលោកឲ្យតម្រង់ខ្លួនទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ក្នុងឋានៈខ្លួនជាតំណាងរបស់ព្រះគ្រីស្ត។ លោកអាចពេញលក្ខណៈដូច្នេះបាន ដោយបម្រើមនុស្សដែលព្រះអង្គបានផ្ញើទុកមកលោក និងដោយបម្រើប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទាំងមូលដែរ។ ដោយព្រះជាម្ចាស់ប្រោសប្រណីដូច្នេះ ព្រះគ្រីស្តដែលទៅជាមហាបូជាចារ្យ “ដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប” (ហប ៧,២៦) សម្រាប់យើង ព្រះអង្គព្យាបាលបូជាចារ្យម្នាក់ៗ ជាមនុស្សលោកីយ៍ដ៏ទន់ខ្សោយ។
ព្រះបិតាបានប្រោសឲ្យព្រះគ្រីស្តបានវិសុទ្ធ គឺអភិសេកព្រះអង្គ និងចាត់ឲ្យយាងមកក្នុងពិភពលោក (យហ ១០,៣៦)។ ព្រះគ្រីស្ត “បានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិត គ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ” (ទត ២,១៤)។ ព្រះអង្គក៏យាងចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គ ដោយឆ្លងកាត់ទុក្ខលំបាក (លក ២៤,២៦)។ យ៉ាងណាមិញ អស់ បូជាចារ្យដែលព្រះវិញ្ញាណដ៏វិសុទ្ធបានអភិសេក និងដែលព្រះគ្រីស្តចាត់ឲ្យទៅរំងាប់អំពើនៃកិលេសតណ្ហាលោកីយ៍ ក្នុងខ្លួន ព្រមទាំងបូជាកម្លាំងកាយកម្លាំងចិត្តបម្រើមនុស្សលោក។ នេះហើយជាលក្ខណៈដ៏វិសុទ្ធដែលព្រះគ្រីស្តប្រទាន ឲ្យអស់លោកដើម្បីតម្រង់ខ្លួនទៅជាមនុស្សដ៏ពេញលក្ខណៈ (អភ ៤,១៣)។
ហេតុនេះហើយបានជាពេលអស់លោកបំពេញមុខងារបម្រើព្រះវិញ្ញាណ និងសេចក្តីសុចរិត អស់លោកចាក់ឫសក្នុងជីវិតខាងព្រះវិញ្ញាណឲ្យកាន់តែមាំមួនឡើងៗ លុះត្រាតែអស់លោកសុខចិត្តធ្វើតាមព្រះវិញ្ញាណរបស់ព្រះគ្រីស្តដែលប្រទានជីវិតឲ្យអស់លោក និងណែនាំអស់លោក។ អស់លោកតម្រង់ខ្លួនឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ដោយធ្វើពិធីគោរពប្រណិប័តន៍ជារៀងរាល់ថ្ងៃ និងដោយបំពេញមុខងារបម្រើទាំងមូល ទាំងរួបរួមជាមួយលោកអភិបាល និងអស់លោកគង្វាលឯទៀតៗដែរ។ ម្យ៉ាងទៀតមុខងារបមើ្ររបស់អស់លោកនឹងបានផលល្អ លុះត្រាតែអស់លោកមានលក្ខណៈវិសុទ្ធក្នុងខ្លួន។ ទោះបីព្រះជាម្ចាស់អាចប្រោសប្រណីសម្រេចការសង្រ្គោះមនុស្សលោក ដោយប្រើអ្នកបម្រើមិនសម គួរក៏ដោយ ក៏ប៉ុន្តែតាមធម្មតា ព្រះអង្គសព្វព្រះហឫទ័យសម្តែងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ តាមរយៈអ្នកដែលសុខចិត្តទទួលឫទ្ធានុភាព និងការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធវិញ ហើយដែលរួបរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្តទៀតផង។ ដោយអ្នកទាំងនោះរស់នៅបែបវិសុទ្ធ គេអាចពោលរួមជាមួយគ្រីស្តទូតប៉ូលថា៖ “បើខ្ញុំរស់ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្លួនខ្ញុំវិញ” (កាឡ ២,២០)។
ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធ សូមក្រើនដាស់តឿនយ៉ាងខ្លាំងដល់បូជាចារ្យទាំងអស់ឲ្យខិត ខំរស់នៅតាមបែបកាន់តែវិសុទ្ធឡើងៗ ជាផ្លូវនាំឲ្យអស់លោកក្លាយទៅជាឧបករណ៍កាន់តែប្រសើរឡើងៗសម្រាប់បម្រើប្រជារាស្ត្រទាំងមូលរបស់ព្រះជាម្ចាស់។ អស់លោកត្រូវប្រើគ្រប់មធ្យោបាយសមស្របតាមតម្រូវការ ដែលព្រះសហគមន៍ជូនអស់លោក ដើម្បីជួយឲ្យអស់លោកបានវិសុទ្ធបែបនោះ។ ធ្វើដូច្នោះ មហាសន្និបាតអាចបានទៅដល់គោលដៅនៃការណែនាំរបស់ខ្លួន គឺនាំឲ្យព្រះសហគមន៍កែសម្រួលផ្ទៃក្នុងឲ្យបានជាថ្មី អាចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល ព្រមទាំងឲ្យនិយាយសន្ទនាជាមួយមនុស្សលោកនាសម័យបច្ចុប្បន្ន។
១៣-មុខងារទាំងបីរបស់បូជាចារ្យ ទាមទារឲ្យអស់លោកបានវិសុទ្ធផង និងជួយឲ្យលោកបានវិសុទ្ធ
ប្រសិនបើអស់លោកគង្វាល បំពេញបន្ទុកទាំងប៉ុន្មានរបស់ខ្លួន ដោយចិត្តស្មោះ និងដោយឥតឈប់ឈរ ទាំងមានព្រះវិញ្ញាណរបស់ព្រះគ្រីស្តណែនាំផង អស់លោកពិតជាមានមធ្យោបាយដ៏ពិតប្រាកដអាចទៅជាវិសុទ្ធបាន។ ក្នុងឋានៈអស់លោកជាអ្នកបំពេញមុខងារបម្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺអស់លោកតែងតែអាន និងស្តាប់ព្រះបន្ទូលនេះជារៀងរាល់ថ្ងៃ ដើម្បីបង្រៀនអ្នកដទៃ។ ទន្ទឹមនឹងនេះ ប្រសិនបើអស់លោកយកចិត្តទុកដាក់ទទួលព្រះបន្ទូលទុកក្នុងខ្លួនពិតមែននោះ អស់លោកក៏នឹងក្លាយទៅជាសាវ័ករបស់ព្រះអម្ចាស់កាន់តែពេញលក្ខណៈឡើងៗ ស្របតាមគ្រីស្តទូតប៉ូលដែលមាន ប្រសាសន៍ទៅកាន់លោកធីម៉ូថេថា៖ “ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យ គ្រប់គ្នាឃើញថា លោកប្អូនពិតជាបានចម្រើនឡើងមែន។ ត្រូវប្រយ័ត្នប្រយែងចំពោះខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្តី ដែលលោកប្អូនបង្រៀនដោយព្យាយាម។ ធ្វើដូច្នេះ លោកប្អូននឹងសង្គ្រោះទាំងខ្លួនលោកប្អូនផង ទាំងបងប្អូនដែលស្តាប់លោកប្អូនទៀតផង” (១ធម ៤,១៥-១៦)។ ពេលអស់លោកខិតខំស្វែងរករបៀបដ៏ស្រួលជាងគេ ដើម្បីបញ្ជូនបន្តដល់អ្នកដទៃនូវសេចក្តីទាំងប៉ុន្មានដែលខ្លួនបានរកឃើញដោយស្មឹងស្មាធិ៍នោះ អស់លោកមុខជានឹងក្រេបជញ្ជក់កាន់តែខ្លាំងឡើងៗនូវ “សម្បត្តិដ៏បរិបូណ៌របស់ព្រះគ្រីស្ត” (អភ ៣,៨) និង “ប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់” ដែរ (អភ ៣,៩-១០)។ ប្រសិនបើអស់លោកនឹកចងចាំជានិច្ចថា គឺព្រះជាម្ចាស់ទេតើដែលបើកចិត្តគំនិតមនុស្ស (កក ១៦,១៤) ហើយនឹកចងចាំទៀតថា មុខងារដ៏ប្រសើររបស់អស់លោកមកពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ (២ករ ៤,៧) មិនមែនមកពីខ្លួនអស់លោកទេ នោះក្នុងកិច្ចបញ្ជូនបន្តព្រះបន្ទូល អស់លោកមុខជានឹងរួបរួមកាន់តែជិតស្និទ្ធិជាមួយព្រះគ្រីស្តជាព្រះបរមគ្រូ និងបណ្តោយឲ្យព្រះវិញ្ញាណរបស់ព្រះអង្គដែលណែនាំអស់លោក។ ដោយអស់លោកមានទំនាក់ទំនងជាមួយព្រះគ្រីស្តដូច្នេះ អស់លោកក៏ទទួលចំណែកក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ជាគម្រោងការដ៏អស្ចារ្យលាក់ទុកតាំងពីដើមរៀងមក (អភ ៣,៩) ហើយដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់ ក្នុងអង្គព្រះគ្រីស្ត។
ក្នុងឋានៈអស់លោកជាអ្នកបំពេញមុខងារបម្រើពិធីគោរពប្រណិប័តន៍ផ្សេងៗ ជាពិសេសពេលថ្វាយសក្ការបូជានៃអភិបូជា អស់លោកគង្វាលជាតំណាងយ៉ាងពិសេសរបស់ព្រះគ្រីស្តផ្ទាល់ គឺជាតំណាងរបស់ព្រះអង្គដែលបានបូជាព្រះជន្មធ្វើជាយញ្ញ ដើម្បីប្រោសឲ្យមនុស្សលោកបានវិសុទ្ធ។ ហេតុនេះហើយបានជាអស់លោកត្រូវរស់នៅឲ្យបានសមស្របតាមកិច្ចដែលអស់លោកប្រព្រឹត្តិក្នុងពិធីនោះ គឺពេលធ្វើពីធីលើកតម្កើងគម្រោងការដ៏អស្ចារ្យរបស់ព្រះអម្ចាស់ដែលចូលទិវង្គត អស់លោកត្រូវខិតខំយកចិត្តទុកដាក់រំងាប់កិលេសតណ្ហាក្នុងខ្លួន និងជៀសវាងឲ្យផុតពីទម្លាប់ និងលម្អៀង អាក្រក់គ្រប់យ៉ាងទៀតផង។
ក្នុងគម្រោងការដ៏អស្ចារ្យនៃសក្ការៈបូជាអរព្រះគុណនោះ អស់លោកបូជាចារ្យបំពេញបន្ទុកចម្បងរបស់អស់លោក គឺព្រះគ្រីស្តរំដោះមនុស្សយើងជានិច្ចនិរន្តរ៍តទៅ។ ហេតុនេះហើយបានជាមហាសន្និបាត ទូន្មានយ៉ាងខ្លាំងឲ្យអស់លោកថ្វាយអភិបូជាជារៀងរាល់ថ្ងៃ។ ទោះបីគ្រីស្តបរិស័ទពុំអាចមានវត្តមានបានក៏ដោយ ក៏អភិបូជានៅតែជាកិច្ចរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ដែរ។ ពេលអស់លោករួមក្នុងកិច្ចរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ អស់លោកក៏ថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ដែរ។ ពេលអស់លោកទទួលព្រះកាយរបស់ព្រះគ្រីស្តទុកជាអាហារ អស់លោកក៏រួមចំណែកយ៉ាងជ្រៅក្នុងចិត្ត អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដែលប្រទានព្រះអង្គផ្ទាល់ឲ្យគ្រីស្តបរិស័ទទុកជាអាហារ។
យ៉ាងណាមិញ ពេលអស់លោកធ្វើអគ្គសញ្ញានានាជូនគ្រីស្តបរិស័ទ អស់លោកក៏រួមក្នុងបំណងរបស់ព្រះគ្រីស្តដែលស្រឡាញ់មនុស្សលោក។ អស់លោករួមជាមួយព្រះគ្រីស្តយ៉ាងពិសេស ដោយសុខចិត្តបង្ហាញថា អស់លោកមានពេលទំនេរអាចធ្វើអគ្គសញ្ញាលើកលែងទោស នៅគ្រប់ពេលគ្រីស្តបរិស័ទសូម ប៉ុន្តែលុះត្រាតែគេសូមយ៉ាងសមគួរនឹងធ្វើជូនបាន។ ពេលអស់លោកធ្វើពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់ អស់លោករួមសំឡេងជាមួយព្រះសហគមន៍ដែលព្យាយាមអង្វរព្រះជាម្ចាស់ដោយឥតឈប់ឈរ ក្នុងនាមមនុស្សលោកទាំងមូល ដោយរួបរួមជាមួយព្រះគ្រីស្តដែល ”មានព្រះជន្មគង់នៅរហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យយើង” (ហប ៧,២៥)។
ក្នុងឋានៈអស់លោកជាអ្នកណែនាំនិងជាគង្វាលថែទាំប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ព្រះហឫទ័យស្រឡាញ់របស់ព្រះយេស៊ូជាគង្វាលដ៏ល្អ ជំរុញឲ្យអស់លោកស៊ូប្តូរជីវិតសម្រាប់កូនចៀមរបស់ខ្លួន (យហ ១០,១១) ប្រុងខ្លួនបូជាជីវិតទុកជាសក្ការបូជាដ៏ខ្ពង់ខ្ពស់បំផុត ដោយយកតម្រាប់តាមបូជាចារ្យមួយចំនួនដែលពុំរួញរាបូជាជីវិតកាលពីដើម និងដូចសព្វថ្ងៃដែរ ។
ក្នុងឋានៈអស់លោកជាអ្នកអប់រំខាងជំនឿ អស់លោក ៉មានចិត្តរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ” (ហប ១០,១៩) អស់លោកក៏ចូលទៅជិតព្រះជាម្ចាស់ “ដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន” (ហប ១០,២២)។ ដូច្នេះអស់លោកជួយឲ្យគ្រីស្តបរិស័ទមានសេចក្តីសង្ឃឹមដ៏មុតមាំ (២ករ ១,៧) ថា ព្រះជាម្ចាស់នឹងសម្រាលទុក្ខគេ ដើម្បីឲ្យគេអាចសម្រាលទុក្ខអស់អ្នកដែលរងទុក្ខវេទនាគ្រប់យ៉ាងដែរ (២ករ ១,៤)។
ក្នុងឋានៈអស់លោកជាជាអ្នកដឹកនាំសហគមន៍ អស់លោកត្រូវរស់នៅដោយធ្វើតបធម៌ តាមរបៀបរបស់គង្វាលនៃវិញ្ញាណគ្រីស្តបរិស័ទ គឺអស់លោកត្រូវលះបង់ការស្រណុកផ្ទាល់ខ្លួនចោលមិនរកប្រយោជន៍ផ្ទាល់ ខ្លួនទេ “តែត្រូវស្វែងរកប្រយោជន៍រួមសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេបានទទួលការសង្គ្រោះ” (១ករ ១០,៣៣)។ អស់លោកក៏ត្រូវបំពេញកិច្ចការជាគង្វាលឲ្យកាន់តែល្អប្រសើរតទៅមុខ។ ប្រសិនបើមានតម្រូវការ អស់លោកក៏ត្រូវប្រុង ខ្លួនប្រើវិធីឃ្វាលថ្មីៗ តាមព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ណែនាំ គឺព្រះអង្គដែលសព្វព្រះហឫទ័យបក់ទៅទិសណា ក៏បាន (យហ ៣,៨)។
១៤-លោកគង្វាល ត្រូវសង្រួមចិត្តមិនឲ្យចិត្តគំនិតរវើរវាយ
ក្នុងពិភពលោកនាបច្ចុប្បន្នកាលនេះ មនុស្សម្នាក់ៗមុខជានឹងត្រូវតែបំពេញកិច្ចការជាច្រើនឥតគណនាមិនខាន ហើយមានបញ្ហាផ្សេងៗសង្កត់សង្កិនខ្លួនថែមទៀត ដែលត្រូវដោះស្រាយជាបន្ទាន់មិនអាចបង្អង់បានឡើយ។ ហេតុនេះមនុស្សភាគច្រើនវិលវល់ក្នុងចិត្ត មានចិត្តគំនិតប្រទាញប្រទង់គ្នា។ អស់លោកគង្វាលក៏ដូចគេដែរ គឺអស់លោកជំពាក់ជំពិន នឹងភារកិច្ចជាច្រើនតាមបន្ទុករបស់ខ្លួន មានចិត្តគំនិតប្រទាញប្រទង់គ្នា។ ជួនកាល អស់លោកក៏ដណ្តឹងសួរខ្លួនឯងទាំងតប់ប្រមល់ថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យការរស់តាមព្រះវិញ្ញាណនៅខាងក្នុង អាចស៊ីជាមួយសកម្មភាពនៅខាងក្រៅបាន? អស់លោកមិនអាចធ្វើឲ្យជីវិតតាមព្រះវិញ្ញាណនៅខាងក្នុង និងសកម្មភាពនានាខាងក្រៅអាចស៊ីគ្នាបាន ដោយគ្រាន់តែចាត់ចែងកាលវិភាគធ្វើកិច្ចការតាមមុខងារបម្រើប៉ុណ្ណោះទេ ហើយទោះជាកិច្ចផ្សេងៗដែលបំប៉នវិញ្ញាណទាំងប៉ុន្មានជារៀងរាល់ថ្ងៃអាចជួយយ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏ការប្រព្រឹត្តកិច្ចទាំងនោះមិនអាចធ្វើឲ្យចិត្តគំនិតនិងសមក្មភាពស៊ីសង្វាក់គ្នាបានដែរ។ មានផ្លូវតែមួយដែលអាចជួយឲ្យអស់លោកសង្រួមចិត្តគំនិត មិនឲ្យប្រទាញប្រទង់គ្នា គឺនៅពេលអស់លោកបំពេញមុខងារបម្រើរបស់ខ្លួន អស់លោកត្រូវយកតម្រាប់តាមព្រះគ្រីស្តជាព្រះអម្ចាស់ ដែលព្រះអង្គចាត់ទុកការធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាដែលចាត់ព្រះអង្គឲ្យយាងមក ព្រមទាំងបង្ហើយកិច្ចការនោះឲ្យបានសម្រេច ជាអាហាររបស់ព្រះអង្គ (យហ ៤,៣៤)។
តាមពិត ព្រះគ្រីស្តប្រើអ្នកបម្រើរបស់ព្រះអង្គឲ្យធ្វើតាមព្រះហឫទ័យព្រះបិតាដដែលនោះ ក្នុងពិភពលោកនេះ តទៅទៀតជានិច្ច ដោយសារព្រះសហគមន៍។ ហេតុនេះហើយបានជាព្រះគ្រីស្តនេះ នៅតែជាប្រភពដែលអាចធ្វើឲ្យការរស់នៅរបស់គង្វាលស៊ីគ្នាយ៉ាងសុខដុមរមនាបាន។ ដូច្នេះ លោកគង្វាលនឹងធ្វើឲ្យការរស់នៅរបស់ខ្លួនស៊ីគ្នា ដោយរួមរស់ភ្ជាប់ជាមួយព្រះគ្រីស្ត ដើម្បីទទួលស្គាល់ព្រះហឫទ័យរបស់ព្រះបិតា និងដើម្បីបូជាខ្លួនទាំងស្រុងទុកជាប្រយោជន៍ដល់ហ្វូងចៀមដែលព្រះជាម្ចាស់បានផ្ញើទុកមកអស់លោក (១យហ ៣,១៦)។ ដោយអស់លោករស់នៅតាមរបៀបរស់នៅរបស់ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរនោះ អស់លោកមុខជានឹងប្រព្រឹត្តតាមសេចក្តីស្រឡាញ់ក្នុងឋានៈខ្លួនជាគង្វាល ទើបអស់លោកអាចរកឃើញចំណងនៃការរស់នៅរបស់ខ្លួនជាបូជាចារ្យដ៏ពេញលក្ខណៈ ដែលធ្វើឲ្យការរស់នៅរបស់អស់លោកបានចុះសម្រុងគ្នាយ៉ាងសុខដុមរមនា។ រីឯសេចក្តីស្រឡាញ់ក្នុងឋានៈ ជាគង្វាលនេះវិញ ក៏ហូរចេញមក ជាពិសេសពីសក្ការៈបូជាអរព្រះគុណ ដែលជាស្នូលនិងជាឫសនៃការរស់នៅទាំងមូលរបស់លោកគង្វាល។ ដោយមានចិត្តគំនិតជាបូជាចារ្យ លោកត្រូវខិតខំយកសក្ការបូជារបស់ព្រះគ្រីស្តដែលលោកថ្វាយនៅលើតុសក្ការៈ ដាក់ជាប់ក្នុងនៅចិត្តរបស់លោក។ ប៉ុន្តែ អស់លោកបូជាចារ្យអាចសម្រេចការនេះបាន លុះត្រាតែអស់លោកតែងតែអធិដ្ឋានស្មឹងស្មាធិ៍ធ្វើឲ្យគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ជ្រួតជ្រាបក្នុងចិត្ត អស់លោកកាន់តែជ្រៅទៅៗ។
លោកគង្វាលអាចពិនិត្យមើលថា ការរស់នៅរបស់ខ្លួនស៊ីគ្នាយ៉ាងសុខដុមរមនាពិតប្រាកដមែននោះ ដោយពិនិត្យមើលគ្រប់កិច្ចការលោកប្រព្រឹត្ត ដើម្បីឲ្យចេះពិចារណាថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ (រម ១២,២) ពោលគឺ រិះគិតឲ្យដឹងថា តើកិច្ចការទាំងប៉ុន្មានដែលអស់លោកប្រព្រឹត្តនោះ ស្របតាមគោលនៃបេសកកម្ម របស់ព្រះសហគមន៍ដែលប្រកាសដំណឹងល្អ ឬក៏អត់។ ចិត្តស្មោះត្រង់ភក្តីចំពោះព្រះគ្រីស្ត ពុំអាចផ្តាច់ចេញពីចិត្ត ស្មោះត្រង់ភក្តីចំពោះព្រះសហគមន៍របស់ព្រះអង្គបានឡើយ។ ហេតុនេះហើយបានជាសេចក្តីស្រឡាញ់ក្នុងឋានៈលោកជាគង្វាល តម្រូវឲ្យអស់គង្វាលធ្វើការរួបរួមជាមួយលោកអភិបាល និងជាមួយគង្វាលឯទៀតៗជាបងប្អូន ដែលទទួលមុខងារបម្រើជាបូជាចារ្យរួមគ្នាជានិច្ច កុំឲ្យកិច្ចការរបស់ខ្លួនត្រឡប់ទៅជាអសារឥតការឡើយ (កឡ ២,២)។ ប្រសិនបើអស់លោកគង្វាលប្រព្រឹត្តដូច្នេះ អស់លោកមុខជានឹងធ្វើឲ្យការរស់នៅរបស់ខ្លួនស៊ីគ្នាយ៉ាងសុខដុមរមនា ដោយចួលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ទៀតផង។ អស់លោកក៏នឹងរួមភ្ជាប់ជាមួយព្រះអម្ចាស់របស់ខ្លួន ហើយដោយសារព្រះអង្គអស់លោកក៏រួបរួមជាមួយព្រះបិតា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះហើយបានជាអស់លោកនឹងបានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ (២ករ ៧,៤)។
ផ្នែកទី ២-តម្រូវការពិសេសខាងព្រះវិញ្ញាណក្នុងការរស់នៅរបស់អស់លោកគង្វាល
១៥-លោកគង្វាលត្រូវមានចិត្តសុភាពរាបសា និងសុខចិត្តស្តាប់បង្គាប់
ក្នុងចំណោមគុណធម៌ដែលលោកគង្វាល ត្រូវមានជាចាំបាច់ខានពុំបានដើម្បីបំពេញមុខងារបម្រើរបស់ខ្លួននោះ គឺមានចិត្តគំនិតត្រៀមខ្លួនជានិច្ចស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចាត់អស់លោកឲ្យទៅ មិនមែនស្វែងរកធ្វើតាមបំណងរបស់ខ្លួនឡើយ (យហ ៤,៣៤; ៥,៣០; ៦,៣៨)។ ព្រះវិញ្ញាណដ៏វិសុទ្ធត្រាស់ហៅអស់លោកឲ្យបំពេញព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ (កក ១៣,២) ជាព្រះរាជកិច្ចហួសពីកម្លាំង និងពីប្រាជ្ញាគ្រប់យ៉ាងរបស់មនុស្សលោក ដ្បិត “ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយក្នុងលោកីយ៍នេះ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែវិញ” (១ ករ ១,២៧)។ ហេតុនេះហើយបានជាអ្នកបំពេញមុខងារបម្រើដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត តែងដឹងថា ខ្លួនជាមនុស្សទន់ខ្សោយ ដាក់ខ្លួនធ្វើការដោយចិត្តសុភាពរាបសា ទាំងរិះគិតពិចារណាថា អ្វីដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ (អភ៥,១០)។ ព្រះវិញ្ញាណដ៏វិសុទ្ធហាក់ដូចជាទាក់ទាញចិត្តគង្វាល (កក ២០,២២) ទើបលោកបណ្តោយខ្លួនឲ្យព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ណែនាំក្នុងគ្រប់កិច្ចការទាំងអស់ គឺតាមព្រះហឫទ័យរបស់ព្រះអង្គដែលសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់ទទួលការសង្គ្រោះ។ លោកគង្វាលអាចរកឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្ចង់ចិត្តធ្វើតាម ក្នុងគ្រប់កិច្ចការប្រចាំថ្ងៃបាន ដ្បិតលោកដាក់ខ្លួនបម្រើអស់អ្នកដែលព្រះជាម្ចាស់បានផ្ញើទុកមកលោក ស្របតាមបន្ទុកដែលលោកបានទទួល និងស្របតាមព្រឹត្តិការណ៍ជាច្រើនដែលកើតឡើងក្នុងការរស់នៅរបស់ខ្លួនផង។
ប៉ុន្តែ មុខងារបម្រើជាបូជាចារ្យ ជាមុខងារបម្រើរបស់ព្រះសហគមន៍តែម្តង។ ហេតុនេះហើយបានជាគ្មាន នរណាអាចបំពេញមុខងារបម្រើនេះបាន ដោយមិនរួបរួមជាមួយអស់លោកអភិបាលដែលកាន់អំណាចលើព្រះកាយ ទាំងមូលតាមលំដាប់លំដោយ។ ហេតុនេះដោយយល់ដល់ការរួបរួមគ្នាជាព្រះសហគមន៍ សេចក្តីស្រឡាញ់របស់អស់លោកក្នុងឋានៈជាគង្វាល ជំរុញអស់លោកឲ្យបូជាបំណងប្រាថ្នារបស់ខ្លួនផ្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីបម្រើព្រះអង្គនិងបងប្អូន។អស់លោកក៏ត្រូវសុខចិត្តទទួលស្គាល់ហើយអនុវត្ត តាមបញ្ជានិងដំបូន្មានអភិបាលព្រះសហគមន៍ក្រុងរ៉ូម អភិបាលរបស់ខ្លួន និងមេដឹកនាំឯទៀតៗ ដោយមានឆន្ទៈជាអ្នកផ្ញើជីវិតលើព្រះគ្រីស្ត។ អស់លោកក៏ត្រូវសុខចិត្តចំណាយអ្វីដែលខ្លួនមាន ហើយក៏ចំណាយកម្លាំងកាយកម្លាំងចិត្តថែមទៀតផង (២ ករ ១២,១៥) ដើម្បីបំពេញគ្រប់បន្ទុកផ្ញើមកឲ្យអស់ដោយមានឆន្ទៈជាអ្នកផ្ញើជីវិតលើព្រះអង្លោក ទោះបីជាបន្ទុកតូច ឬមិនសំខាន់ក្ដី។ ដោយប្រព្រឹត្តដូច្នេះ អស់លោករក្សាទុកនិងពង្រឹងការរួបរួមគ្នាដ៏ចាំបាច់ជាមួយគង្វាលឯទៀតៗជាបងប្អូនដែលទទួលមុខងារបម្រើរួមគ្នា ហើយជាពិសេសជាមួយនឹងអស់លោកអភិបាលដែលព្រះអម្ចាស់ចាត់តាំងជាមេដឹកនាំរបស់ព្រះសហគមន៍ព្រះអង្គ ដែលមនុស្សអាចមើលឃើញបាន។ អស់លោកគង្វាល ក៏រួមគ្នាកសាងព្រះកាយព្រះគ្រីស្តដែលចម្រើនឡើង “ដោយសារសន្លាក់ឆ្អឹងទាំង ប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ” (អភ ៤,១១.១៦)។ ដោយអស់លោកស្តាប់បង្គាប់បែបនេះ អស់លោកមុខជានឹងរស់នៅតាមសេរីភាពនៃបុត្រធីតាដ៏ពេញវ័យរបស់ព្រះជាម្ចាស់។ ពេលអស់លោកបំពេញបន្ទុករបស់ខ្លួន និងដោយមានសេចក្តីស្រឡាញ់ជំរុញទៀតផង មានលោកគង្វាលខ្លះ រិះគិតពិចារណា ស្វះស្វែងរកវិធីថ្មីៗដើម្បីជាប្រយោជន៍ព្រះសហគមន៍។ ដោយអស់លោកសុខចិត្តស្តាប់បង្គាប់ អស់លោកត្រូវរៀបរាប់អំពីគម្រោងការរបស់ខ្លួនឲ្យលោកអភិបាលដឹង ដោយសេចក្ដីទុកចិត្ត ទាំងគូសង្កត់លើតម្រូវការរបស់ហ្វូងចៀមដែលព្រះជាម្ចាស់បានផ្ញើទុកមក ទាំងប្រុងខ្លួនជានិច្ចធ្វើតាមការវិនិច្ឆ័យរបស់អភិបាលដែលទទួលបន្ទុកគ្រប់គ្រងលើព្រះសហគមន៍របស់ព្រះជាម្ចាស់ដែរ។ ការដាក់ខ្លួន និងសម្រេចចិត្តស្តាប់បង្គាប់ទាំងទទួលខុសត្រូវបែបនេះ មុខជានឹងធ្វើឲ្យលោកគង្វាល បានដូចព្រះគ្រីស្ត (អភ ៤.១១-១៦)។ អស់លោកមុខជានឹងមានមនោសញ្ចេតនា ដូចព្រះគ្រីស្តយេស៊ូដែលទ្រង់ “បានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាអ្នកបម្រើ...ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត” (ភល ២,៧-៩)។ ដោយព្រះគ្រីស្តស្តាប់បង្គាប់បែបនេះឯង ព្រះអង្គបានជ័យជម្នះ និងរំដោះយើងឲ្យបានរួចពីបាបកម្មរបស់លោកអដាំដែលមិនបានស្តាប់បង្គាប់វិញ ដូចគ្រីស្តទូតធ្វើជាសាក្សីថា៖ “មនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឲ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្តាប់បង្គាប់យ៉ាងនោះដែរ” (រម ៥,១៩)។
១៦-លោកគង្វាលត្រូវកាន់ព្រហ្មចរិយធម៌ ហើយចាត់ព្រហ្មចរិយធម៌នេះ ទុកជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ព្រះគ្រីស្តជាព្រះអម្ចាស់ទូន្មានឲ្យសាវ័ករស់នៅដោយកាន់ព្រហ្មចរិយធម៌យ៉ាងពេញលក្ខណៈ និងអស់មួយជីវិត ដោយយល់ដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ១៩,១២)។ តាំងពីជំនាន់ដើមរៀងមក រហូតមកដល់សព្វថ្ងៃមានគ្រីស្តបរិស័ទជាច្រើនស្ម័គ្រចិត្តកាន់ព្រហ្មចរិយធម៌បែបនេះ ដោយចិត្តរីករាយ ហើយបានកាន់តាមដោយគ្មានសៅហ្មងអ្វីឡើយ គួរឲ្យសរសើរមែន។ ព្រះសហគមន៍ក៏តែងតែចាត់ទុកជានិច្ចថា ការកាន់ព្រហ្មចរិយធម៌ ពិតជារបៀបរស់នៅដ៏ប្រសើរ ជាពិសេសសម្រាប់អស់លោកបូជាចារ្យ។ ការរស់ដោយកាន់តាមព្រហ្មចរិយធម៌ជាសញ្ញាសម្គាល់អំពីសេចក្ដីស្រឡាញ់របស់គង្វាលផង និងជំរុញឲ្យសេចក្តីស្រឡាញ់នោះចម្រើនឡើងទៀតផង។ ម៉្យាងទៀត ការរស់ដោយកាន់តាមព្រហ្មចរិយធម៌ក៏ពិតជាប្រភពដ៏ពិសេសមួយ បង្កើតផលផ្លែខាងព្រះវិញ្ញាណ ក្នុងពិភពលោកផងដែរ (ពន្លឺ ៤២)។ ពិតមែន លក្ខណៈនៃមុខងារជាបូជាចារ្យ មិនទាមទារឲ្យអស់លោកកាន់តាមព្រហ្មចរិយធម៌នោះទេ ដូចទំនៀមទម្លាប់នៃព្រះសហគមន៍ជំនាន់ដើម (១ធម ៣,២-៥; ទត១,៦) និងប្រពៃណីព្រះសហគមន៍នៅបូព៌ាប្រទេសជាសាក្សីស្រាប់។ ព្រះសហគមន៍នៅបូព៌ាប្រទេសមានគង្វាលខ្លះជ្រើសរើសរស់នៅដោយកាន់តាមព្រហ្មចារីយ៍ធម៌ ទុកជាព្រះអំណោយទានមកពីព្រះជាម្ចាស់។ អស់លោកអភិបាលរស់នៅដោយកាន់តាមព្រហ្មចរិយធម៌។ ក៏ប៉ុន្តែ មានលោកគង្វាលខ្លះមានគ្រួសារ។ អស់លោកក៏ពិតជាគង្វាលដ៏ល្អប្រសើរដែរ។ ទោះបីមហាសន្និបាតដ៏វិសុទ្ធនេះ ទូន្មានឲ្យអស់លោកគង្វាលរស់ដោយកាន់តាមព្រហ្មចរិយធម៌ក្ដី ក៏មហាសន្និបាតពុំមានបំណងចង់ផ្លាស់ប្រែវិន័យប្លែកដែលមានកាន់យ៉ាងត្រឹមត្រូវក្នុងព្រះសហគមន៍នៅបូព៌ាប្រទេសនោះទេ។ ផ្ទុយទៅវិញ ដោយសេចក្តី ស្រឡាញ់យ៉ាងខ្លាំងជាទីបំផុត មហាសន្និបាតសូមដាស់តឿនអស់បុរសដែលបានរៀបអាពាហ៍ពិពាហ៍ ហើយដែលបានទទួលអគ្គសញ្ញាតែងតាំងជាគង្វាល ឲ្យព្យាយាមបំពេញមុខងារដ៏វិសុទ្ធរបស់ខ្លួនតទៅទៀត តាមតែ ព្រះជាម្ចាស់ត្រាស់ហៅ និងឲ្យស៊ូប្តូរជីវិតទាំងស្រុងដោយចិត្តទូលាយសម្រាប់ហ្វូងចៀមដែលព្រះជាម្ចាស់បានផ្ញើទុកមក។
ក៏ប៉ុន្តែការរស់នៅដោយកាន់ព្រហ្មចរិយធម៌ សមនឹងមុខងារជាបូជាចារ្យត្រង់ប្រការជាច្រើន។ បេសកកម្មរបស់បូជាចារ្យ គឺបូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុង ដើម្បីបម្រើមនុស្សលោកថ្មីដែលព្រះគ្រីស្តបានប្រតិស្ឋានមក។ ព្រះគ្រីស្តដែលមានជ័យជម្នះលើសេចក្តីស្លាប់ ព្រះអង្គប្រតិស្ឋានមនុស្សជាតិថ្មីនោះ នៅក្នុងលោកីយដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ។ មនុស្សជាតិថ្មីនោះមានដើមកំណើត “ពុំមែនពីលោហិត ឬពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ” (យហ ១,១៣)។ ដោយអស់លោកគង្វាលកាន់តាមព្រហ្មចរិយធម៌ ឬដោយមិនរួមបវេណី ព្រោះខ្លួនគិតដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ១៩,១២) អស់លោកញែកខ្លួនប្រសិទ្ធិថ្វាយព្រះគ្រីស្តតាមរបៀបមួយថ្មី និងយ៉ាងប្រសើរបំផុត។ អស់លោកនឹងផ្ចង់ចិត្តទៅនឹងព្រះអង្គ ងាយជាងអ្នកមានគ្រួសារ ដោយគ្មានចិត្តប្រទាញប្រទង់ (១ ករ ៧,៣២-៣៤)។ អស់លោកក៏មានសេរីភាពច្រើនជាងអ្នកមានគ្រួសារ ថ្វាយកម្លាំងចិត្តកម្លាំងកាយ បម្រើព្រះជាម្ចាស់ផង និងបម្រើមនុស្សលោកផង ក្នុងអង្គព្រះគ្រីស្ត និងដោយព្រះគ្រីស្ត។ អស់លោកក៏មានលទ្ធភាពច្រើនជាងអ្នកមានគ្រួសារដោយមិនជំពាក់ជំពិនអ្វីមួយ អាចបម្រើព្រះរាជ្យរបស់ព្រះអង្គ និងជួយធ្វើកិច្ចបង្កើតមនុស្សជាថ្មីតាមលោកខាងមុខ។ អស់លោកក៏មានសមត្ថភាពច្រើនជាងអ្នកមានគ្រួសារ អាចទទួលមុខងារជាឳពុកដ៏ទូលំទូលាយក្នុងអង្គព្រះគ្រីស្ត។ ដូច្នេះ អស់លោករស់នៅដោយកាន់តាមព្រហ្មចរិយធម៌បែបនោះ ប្រកាសចំពោះមុខមនុស្សលោកថា គេសុខចិត្តបូជាកម្លាំងកាយកម្លាំងចិត្ត ដោយគ្មានប្រទាញប្រទង់ បំពេញកិច្ចការដែលព្រះជាម្ចាស់បានផ្ញើទុកឲ្យធ្វើ ពោលគឺ ដណ្តឹងគ្រីស្តបរិស័ទឲ្យថ្វាយទៅព្រះគ្រីស្ត ជាព្រះស្វាមីតែមួយគត់ ទុកដូចជាក្រមុំព្រហ្មចារីដ៏បរិសុទ្ធ (២ ករ ១១,២)។ អស់លោកនាំឲ្យមនុស្សស្រមៃឃើញអំពីអាពាហ៍ពិពាហ៍តាមកម្រោងការដ៏អស្ចារ្យ គឺព្រះសហគមន៍នឹងរៀបអភិសេកជាមួយព្រះគ្រីស្តជាព្រះស្វាមីតែមួយគត់ (ពន្លឺ ៤២.៤៤; សម្រួល ១២)។ ព្រះជាម្ចាស់សព្វព្រះហឫទ័យមានគម្រោងការនេះ ដែលនឹងលេចចេញមកយ៉ាងពេញលេញនៅពេលអនាគត។ លើសពីនេះទៅទៀត អស់លោកក្លាយទៅជាសញ្ញាសម្គាល់ដ៏មានជីវិតរស់រវើក អំពីលោកខាងមុខ ដែលមានវត្តមានក្នុងលោកនេះរួចហើយ ដោយសារជំនឿ និងដោយសេចក្តីស្រឡាញ់ ពោលគឺ នៅក្នុងលោកខាងមុខនោះ បុត្រធីតាដែលព្រះជាម្ចាស់ ប្រោសឲ្យមានជីវិតថ្មីដ៏រុងរឿង លែងរៀបការប្តីប្រពន្ធទៀតហើយ ( លក ២០,៣៥-៣៦)។
កាលពីដំបូង ព្រះសហគមន៍គ្រាន់តែទូន្មានឲ្យបូជាចារ្យកាន់តាមព្រហ្មចរិយធម៌ប៉ុណ្ណោះ ព្រោះតែសម្អាងលើគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងលើបេសកកម្មរបស់ព្រះអង្គជាមូលដ្ឋាន។ ក្រោយមក ក្នុងព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីភាសាឡាតាំង ព្រះសហគមន៍បង្កើតច្បាប់វិន័យ បញ្ជាឲ្យអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង ត្រូវកាន់ព្រហ្មចរិយធម៌នោះ។ មហាសន្និបាតដ៏វិសុទ្ធនេះ ក៏យល់ស្របតាម និងបញ្ជាក់ច្បាប់វិន័យនេះសាជាថ្មីចំពោះអស់អ្នកដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាគង្វាល។ មហាសន្និបាតមានសេចក្តីសង្ឃឹមលើព្រះវិញ្ញាណ ហើយជឿជាក់ថា ព្រះបិតាមុខជានឹងប្រទានព្រះអំណោយទានយ៉ាងទូលំទូលាយឲ្យគ្រីស្តបរិស័ទរស់នៅ ដោយកាន់តាមព្រហ្មចរិយធម៌ ដែលពិតជាសមរម្យស្របនឹងមុខងារជាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី។ អស់លោកគង្វាល ដែលរួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ដោយអគ្គសញ្ញាតែងតាំងនោះ ជាពិសេសទៅទៀតព្រះសហគមន៍ទាំងមូល ត្រូវតែនាំគ្នាទទូចអង្វរព្រះបិតា ដោយចិត្តសុភាពរាបសា សូមព្រះអង្គប្រោសប្រទានព្រះអំណោយទាននេះផង។ ម៉្យាងទៀត មហាសន្និបាតដ៏វិសុទ្ធនេះក៏សូមដាស់តឿនអស់លោកគង្វាលដែលបានផ្ញើជីវិតលើព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ ហើយដែលបានជ្រើសរើសដោយសេរី ស្ម័គ្រចិត្តរស់នៅដោយកាន់តាមព្រហ្មចរិយធម៌ដោយយកតម្រាប់តាមព្រះគ្រីស្ត សូមអស់លោកផ្ចង់ចិត្តយ៉ាងទូលំទូលាយ នឹងព្រហ្មចរិយធម៌នេះដោយស្មោះអំពីចិត្ត។ សូមកាន់តាមសភាពការណ៍នេះដោយចិត្តភក្ដី សូមទទួលស្គាល់តម្លៃដ៏ប្រសើរនៃព្រះអំណោយទានរបស់ព្រះបិតានេះមកអស់លោក ហើយដែលព្រះអម្ចាស់សរសើរលើកតម្កើងយ៉ាង ច្បាស់លាស់ផង (មថ ១៩,១១)។ សូមអស់លោកស្មឹងស្មាធិ៍រិះគិតអំពីគម្រោងការដ៏សម្បើមអស្ចារ្យនៃការរស់នៅ តាមព្រហ្មចរិយធម៌នេះ អស់លោកជាសញ្ញាសម្គាល់នៃគម្រោងការដ៏អស្ចារ្យនេះ ហើយបានសម្រេចរួចហើយទៀតដែរ។ ពិតមែនក្នុងពិភពលោកនាបច្ចុប្បន្នកាល មានមនុស្សជាច្រើនតែងប្រកាសថា គ្មាននរណាអាចកាន់តាមព្រហ្មចរិយធម៌យ៉ាងពិតប្រាកដអស់មួយជីវិតបានឡើយ។ នេះជាមូលហេតុមួយទៀត ជំរុញអស់លោកគង្វាល ឲ្យកាន់តែព្យាយាមទទូចអង្វរព្រះជាម្ចាស់ ដោយចិត្តកាន់តែសុភាពរាបសា រួមជាមួយព្រះសហគមន៍ផង សូមព្រះអង្គប្រទានព្រះអំណោយទាននៃភក្តីភាពមកផង។ ព្រះអង្គពុំដែលបដិសេធប្រទានព្រះអំណោយទាននេះឲ្យអ្នកដែលអង្វរសូមឡើយ។ ទន្ទឹមនឹងនេះ អស់លោកត្រូវប្រើគ្រប់ជំនួយទាំងអស់ ទាំងនៅខាងលោកនេះក្ដី ទាំងនៅខាងលោកខាងមុខក្ដី ដែលអ្នកណាក៏អាចយកមកប្រើបានដែរ ដើម្បីឲ្យខ្លួនអាចកាន់តាមព្រហ្មចរិយធម៌បាន។ ម៉្យាងទៀត សេចក្ដីណែនាំរបស់ព្រះសហគមន៍ ជាពិសេសសេចក្តីណែនាំឲ្យប្រព្រឹត្តតាមតបធម៌ ដែលព្រះសហគមន៍មានបទពិសោធន៍ល្បងលមើលរួចហើយ ក៏មាន សារៈសំខាន់ដ៏ចាំបាច់ក្នុងពិភពលោកនាសម័យនេះ។ សូមអស់លោកគង្វាល កាន់តាមសេចក្ដីណែនាំ ទាំងនោះផង។ ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធ អញ្ជើញមិនត្រឹមតែបូជាចារ្យប៉ុណ្ណាះទេ តែអញ្ជើញអស់គ្រីស្តបរិស័ទដែរ ឲ្យរាប់រកព្រហ្មចរិយធម៌របស់បូជាចារ្យទុកជាព្រះអំណោយដ៏មានតម្លៃនេះ ហើយឲ្យទាំងអស់គ្នាអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានព្រះអំណោយទាននៃព្រហ្មចរិយធម៌នេះយ៉ាងបរិបូណ៌ឲ្យព្រះសហគមន៍របស់ព្រះអង្គជានិច្ចផង។
១៧-ឥរិយាបថរបស់លោកគង្វាល ចំពោះពិភពលោក និងសម្បត្តិលោកីយ៍
អស់លោកគង្វាល តែងតែទាក់ទងជាមួយគ្នាទៅវិញទៅមក និងជាមួយអ្នកឯទៀតៗទុកជាបងប្អូន និងទុកជាមិត្តសម្លាញ់។ ដូច្នេះ អស់លោកបង្ហាត់ខ្លួនឲ្យស្គាល់ និងគោរពតម្លៃដ៏ថ្លៃថ្នូរនៃការរស់នៅរបស់មនុស្ស ព្រមទាំងរាប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក ទុកជាព្រះអំណោយទានរបស់ព្រះអង្គ។ អស់លោករស់នៅក្នុង លោកនេះប៉ុន្តែអស់លោកតោងនឹកគិតជានិច្ចថា អស់លោកមិនមែនកើតពីលោកីយ៍ទេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបរមគ្រូនៃយើង (យហ ១៧,១៤-១៦)។ ដូច្នេះ អស់លោកប្រើប្រាស់សម្បត្តិលោកីយ៍ដោយកាន់ចិត្តថាខ្លួនមិនមែនជាម្ចាស់លើអ្វីៗទាំងនោះ (១ ករ ៧,៣១)។ ចិត្តគំនិតនេះ មុខជានឹងនាំឲ្យអស់លោកឈានទៅដល់សេរីភាពដែលរំដោះអស់លោកឲ្យរួចផុតពីគ្រប់កង្វល់ដ៏រាយបា៉យហួសហេតុពេក ព្រមទាំងនាំឲ្យអស់លោកសុខចិត្តស្តាប់បង្គាប់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលតាមរយៈការរស់នៅប្រចាំថ្ងៃ។ សេរីភាព និងចិត្តចង់ស្តាប់តាមបង្គាប់នេះ បណ្តោយឲ្យអស់លោកចេះថ្លឹងថ្លែងអ្វីៗតាមបែបព្រះវិញ្ញាណ គឺនាំឲ្យអស់លោករកឃើញឥរិយាថដ៏ត្រឹមត្រូវចំពោះមនុស្សលោក និងចំពោះសម្បត្តិលោកីយទៀតផង។ ឥរិយាបថនេះពិតជាមានសារៈសំខាន់ជាចាំបាច់ចំពោះលោកគង្វាល ព្រោះព្រះសហគមន៍ បំពេញបេសកកម្មរបស់ខ្លួនក្នុងពិភពលោក ហើយសម្បត្តិលោកីយ៍ដែលព្រះជាម្ចាស់ប្រតិស្ឋានមក ក៏មានសារៈសំខាន់ ជាចាំបាច់បំផុតសម្រាប់ឲ្យមនុស្សម្នាក់ៗអាចចម្រើនឡើងបានដែរ។ អស់លោកត្រូវតែដឹងគុណព្រះបិតាដ៏ខ្ពង់ខ្ពស់ បំផុត ចំពោះអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកឲ្យអស់លោកដើម្បីរស់នៅយ៉ាងសមរម្យ។ ប៉ុន្តែត្រូវឲ្យពន្លឺនៃជំនឿបំភ្លឺចិត្តគំនិតអស់លោក ឲ្យចេះរិះគិតពិចារណាអំពីអ្វីៗទាំងអស់ដែលអស់លោកជួបប្រទះ ដើម្បីឲ្យអស់ លោកចេះប្រើប្រាស់សម្បត្តិទាំងអស់យ៉ាងត្រឹមត្រូវសមស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យចេះលះបង់ចោលអ្វីៗទាំងអស់ដែលអាចរារាំងបេសកកម្មរបស់អស់លោកទៀតផង។
អស់លោកបូជាចារ្យបានទទួលព្រះអម្ចាស់ទុកជា “ចំណែកមរតក” (ជរ ១៨,២០) របស់ខ្លួនរួចហើយ។ ហេតុនេះ អស់លោកត្រូវប្រើប្រាស់សម្បត្តិលោកីយ៍សម្រាប់តែបំពេញគម្រោងការណាដែលលទ្ធិរបស់ព្រះគ្រីស្ត និងសេចក្ដីណែនាំរបស់ព្រះសហគមន៍អនុញ្ញាតឲ្យប៉ុណ្ណោះ។
ចំពោះសម្បត្តិជាកម្មសិទ្ធិព្រះសហគមន៍ផ្ទាល់វិញ អស់លោកបូជាចារ្យត្រូវគ្រប់គ្រងសម្បត្តិទាំងនោះ ស្របតាមលក្ខណៈរបស់វា និងស្របតាមសេចក្ដីណែនាំនៃច្បាប់របស់ព្រះសគមន៍។ប្រសិនបើអាចធ្វើបាន សូមឲ្យគ្រីស្តបរិស័ទធម្មតាដែលមានសមត្ថភាពជួយគ្រប់គ្រងសម្បត្តិទាំងនោះ។ ត្រូវប្រើសម្បត្តិទាំងនោះសម្រាប់តែគម្រោងការណាដែលអនុញ្ញាតឲ្យព្រះសហគមន៍សមនឹងកាន់កាប់សម្បត្តិលោកីយ៍ ពោលគឺ សម្រាប់ចាត់ចែងពីធីគោរពបម្រើព្រះជាម្ចាស់ និងសម្រាប់ផ្គត់ផ្គង់ជីវភាពយ៉ាងសមរម្យឲ្យក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង ហើយសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត និងកិច្ចមេត្តាករុណា ជាពិសេសចំពោះអ្នកខ្វះខាត។ ចំពោះសម្បត្តិដែលអភិបាលឬអស់លោកគង្វាលបានពីការ បំពេញការងារអ្វីមួយក្នុងព្រះសហគមន៍ អស់លោកត្រូវប្រើប្រាស់សម្រាប់ធានាជីវភាពរបស់ខ្លួនយ៉ាងសមរម្យ និងសម្រាប់បំពេញភារកិច្ចនានានៃមុខងាររបស់ខ្លួនជាមុនសិន។ ចំពោះអ្វីៗដែលនៅសេសសល់ អស់លោកត្រូវយកចិត្តទុកដាក់ប្រើ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ ឬសម្រាប់កិច្ចមេត្តាករុណាវិញ។ ប៉ុន្តែ ត្រូវប្រើប្រាស់សម្បត្តិតាមរបៀបនេះ លុះត្រាតែគ្មានច្បាប់អនុញ្ញាតឲ្យប្រើតាមរបៀបផ្សេង។ សរុបសេចក្ដីមក មុខតំណែងក្នុងព្រះសហគមន៍ មិនត្រូវក្លាយទៅជារបររកស៊ីឡើយ។ អស់លោកគង្វាលមិនត្រូវយកប្រាក់ចំណេញពីសម្បត្តិព្រះសហគមន៍ មកបង្កើនទ្រព្យកម្មសិទ្ធផ្ទាល់ខ្លួនជាដាច់ខាត។ ហេតុនេះហើយបានជាបូជាចារ្យមិនត្រូវជំពាក់ចិត្តនឹងទ្រព្យសម្បត្តិឡើយ (ទន ៦២,១១) ផ្ទយទៅវិញ ត្រូវជៀសវាងឲ្យផុតពីចិត្តលោភលន់គ្រប់យ៉ាងជានិច្ច និងប្រយ័ត្នប្រយែងមិនប្រព្រឹត្តអ្វីដែលហាក់ដូចជាជំនួញរកស៊ីនោះឡើយ។
ផ្ទុយទៅវិញ ព្រះសហគមន៍អញ្ជើញអស់លោកឲ្យស្ម័គ្រចិត្តរស់នៅក្នុងឋានៈ ជាអ្នកក្រីក្រ ដើម្បីឲ្យអស់លោកកាន់តែបានដូចព្រះគ្រីស្ត និងឲ្យមានចិត្តប្រុងខ្លួនបំពេញមុខងារបម្រើដ៏សក្ការៈរបស់ខ្លួនកាន់តែខ្លាំងឡើងៗដែរ។ "ព្រះគ្រីស្តដែលមានសម្បត្តិដ៏ច្រើនយ៉ាងណា ព្រះអង្គដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែយើង ដើម្បីឲ្យយើងបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ" (២ ករ ៨,៩)។ ក្រុមគ្រីស្តទូតក៏ធ្វើជាគំរូ និងបានផ្តល់សក្ខីភាពថា ត្រូវចែកឲ្យអ្នកដទៃដោយឥតគិតថ្លៃនូវអ្វីៗដែលព្រះជាម្ចាស់បានប្រទានមកឲ្យយើងដោយ ឥតគិតថ្លៃដែរ (កក ៨,១៨-២៥) ក្រុមគ្រីស្តទូតក៏ចេះរស់នៅដោយមានបរិបូណ៍ផង និងដោយខ្វះខាតផង (ភល ៤,១២)។ ប្រសិនបើអស់លោកគង្វាលយកទ្រព្យសម្បត្តិខ្លះរបស់ខ្លួនមកដាក់ឲ្យប្រើប្រាស់រួមគ្នា តាមរបៀបដែលប្រវត្តិសាស្រ្តព្រះសហគមន៍ដើមដំបូងតែងតែសរសើរនោះ (កក ២,៤២-៤៧) អស់លោកមុខជាមានផ្លូវមួយដ៏ប្រសើរ ឈានទៅកាន់សេចក្តីស្រឡាញ់ក្នុងឋានៈខ្លួនជាគង្វាលពុំខាន។ របៀបរស់នៅដ៏គួរឲ្យសរសើរបែបនេះ ពិតជានឹងបណ្តោយឲ្យអស់លោកគង្វាល អាចប្រព្រឹត្តតាមចិត្តគំនិតជាអ្នកក្រីក្រតាមដំបូន្មានរបស់ព្រះគ្រីស្តមែន។
សូមឲ្យអស់លោកគង្វាលនិងអភិបាលបណ្តោយខ្លួនឲ្យព្រះវិញ្ញាណរបស់ព្រះអម្ចាស់ណែនាំ គឺព្រះវិញ្ញាណដែលចាក់ប្រេងអភិសេកព្រះសង្រ្គោះ និងចាត់ព្រះអង្គឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ (លក ៨,១៨)។ សូមអស់លោកជៀសវាងអ្វីៗទាំងអស់ ទោះជាអ្វីណាក៏ដោយ ដែលបណ្តាលឲ្យជនក្រីក្រឃ្លាតឆ្ងាយពីអស់លោក។ សូមលះបង់អំណួតគ្រប់យ៉ាង ដោយខ្លួនអះអាងលើទ្រព្យសម្បត្តិផ្ទាល់ គឺលះបង់ឲ្យបានលើសពីសាវ័ករបស់ព្រះគ្រីស្តឯទៀតៗផងដែរ។ សូមអស់លោកចាត់ចែងផ្ទះរបស់ខ្លួនតាមរបៀបដែលគ្មាននរណាម្នាក់ស្មានថាគេមិនអាចចូលបាន គឺត្រូវចាត់ចែងផ្ទះតាមរបៀបដែលសូម្បីតែអ្នកតូចតាចជាងគេ ក៏មិនត្រូវខ្មាសនឹងចូលដែរ។
ផ្នែកទី ៣-ជំនួយសម្រាប់ជួយក្នុងការរស់នៅរបស់អស់លោកគង្វាល
១៨-មធ្យោបាយជួយឲ្យជីវិតតាមព្រះវិញ្ញាណរបស់អស់លោកគង្វាលអាចចម្រើនឡើងបាន
អស់លោកគង្វាលត្រូវរួមរស់ភ្ជាប់ជាមួយព្រះគ្រីស្តក្នុងគ្រប់កាលៈទេសៈប្រចាំជីវិត។ អស់លោកតែងតែបំពេញមុខងារបម្រើរបស់ខ្លួនដោយដឹងពីអត្ថន័យដ៏ជ្រៅទុកជាមធ្យោបាយចម្បង ដើម្បីពង្រឹងការរួមរស់ភ្ជាប់ជាមួយព្រះគ្រីស្ត ឲ្យកាន់តែជិតស្និទ្ធឡើងៗ។ ក្រៅពីនេះ អស់លោកអាចប្រើមធ្យោបាយផ្សេងៗទៀត គឺមានមធ្យោបាយទូទៅ និងមធ្យោបាយពិសេស មានមធ្យោបាយចាស់និងមធ្យោបាយថ្មីៗទៀត។ ព្រះវិញ្ញាណដ៏វិសុទ្ធពុំដែលឈប់បង្កើតមធ្យោបាយទាំងនោះក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឡើយ។ ព្រះសហគមន៍ដែលយកចិត្តទុកដាក់ឲ្យសមាជិករបស់ខ្លួនបានវិសុទ្ធ តែងទូន្មាន (និងជួនកាលបញ្ជា) ឲ្យអស់លោកគង្វាលប្រើមធ្យោបាយខ្លះៗដែរ។ ក្នុង ចំណោមមធ្យោបាយដែលធ្វើឲ្យជីវិតខាងព្រះវិញ្ញាណចម្រើនឡើង កិច្ចដ៏ល្អប្រសើរជាងគេ គឺកិច្ចទាំងប៉ុន្មានដែលធ្វើឲ្យគ្រីស្តបរិស័ទចិញ្ចឹមជីវិតខាងព្រះវិញ្ញាណ ដោយសារព្រះបន្ទូលដែលប្រសូតជាមនុស្ស ពីតុដែលផ្តល់អាហារពីរយ៉ាង ពោលគឺ ព្រះគម្ពីរនិងអគ្គសញ្ញាអរព្រះគុណ (បុព្វជិត ៦; ពិធី ២១។ នរណាក៏ដឹងស្រាប់ហើយថា ការព្យាយាមប្រើជំនួយពីតុទាំងពីរនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យអស់លោកគង្វាលបានវិសុទ្ធ។
អស់លោកគង្វាលជាអ្នកបំពេញមុខងារបម្រើចែករំលែកព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តាមអគ្គសញ្ញានានា។ ពេលអស់លោកទទួលអគ្គសញ្ញាទាំងនោះ តាមរបៀបដែលបង្កើតផល ពេលនោះអស់លោកក៏រួបរួមភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្តជាព្រះសង្គ្រោះនិងជាគង្វាល ជាពិសេស នៅពេលអស់លោកទទួលអគ្គសញ្ញាលើកលែងទោសជាញឹកញាប់។ អស់លោកត្រូវរៀបចំខ្លួនទទួលអគ្គសញ្ញាលើកលែងទោសនេះ ដោយពិនិត្យមនសិការរបស់ខ្លួនជារៀងរាល់ថ្ងៃ ជាកិច្ចមួយជួយឲ្យអស់លោកប្រែចិត្តគំនិតជាចាំបាច់ និងជួយឲ្យអស់លោកស្រឡាញ់ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាគ្រប់យ៉ាង។ អស់លោកចិញ្ចឹមជំនឿរបស់ខ្លួនដោយអានព្រះគម្ពីរទាំងស្មឹងស្មាធិ៍។ ដោយអស់លោកគង្វាលមានពន្លឺនៃជំនឿនេះបំភ្លឺចិត្តគំនិត អស់លោកមានសមត្ថភាពអាចស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់បានតាមសញ្ញាសម្គាល់ផ្សេងៗ និងស្វែងរកព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គតាមព្រឹត្តិការណ៍នានាប្រចាំជីវិត។ ដោយធ្វើដូច្នេះ អស់លោកកាន់តែធ្វើតាមបង្គាប់នៃបេសកកម្មដែលអស់លោកបានសុខចិត្តទទួលដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ អស់លោកត្រូវយកព្រះនាងព្រហ្មចារិនីម៉ារីធ្វើជាគំរូដ៏ប្រសើរគ្រប់ពេលវេលា គឺព្រះនាងក៏បានស្តាប់តាមបង្គាប់ដែរ។ ដោយព្រះវិញ្ញាណដ៏វិសុទ្ធណែនាំ ព្រះនាងថ្វាយខ្លួនទាំងស្រុងបម្រើគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះមនុស្សលោក (ពន្លឺ ៦៥)។ អស់លោកគង្វាល គប្បីគោរពនិងស្រឡាញ់ព្រះនាងដូចកូនស្រឡាញ់ម្តាយដូច្នោះដែរ ក្នុងឋានៈព្រះនាងជាព្រះមាតារបស់មហាបូជាចារ្យដ៏មានព្រះជន្មជានិច្ចនិរន្ត៍ ជាព្រះមហាក្សត្រីយានីនៃក្រុមគ្រីស្តទូត និងជាអ្នកជួយគាំទ្រមុខងារបម្រើរបស់អស់លោក។
អស់លោកត្រូវយកចិត្តទុកដាក់នឹងសន្ទនាជាមួយព្រះគ្រីស្តជាអម្ចាស់ជារៀងរាល់ថ្ងៃ នៅពេលទៅគាល់ព្រះអង្គ និងនមស្សការថ្វាយបង្គំចំពោះអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធដោយខ្លួនផ្ទាល់ ដើម្បីឲ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួនដោយចិត្តស្មោះភក្ដី។ អស់លោកក៏ត្រូវចូលចិត្តសំណាក់ធម៌តាមព្រះវិញ្ញាណ និងចាត់ទុកការណែនាំជីវិតខាងព្រះវិញ្ញាណថា មានតម្លៃខ្ពង់ខ្ពស់។ មានមធ្យោបាយផ្សេងៗដែលជួយអស់លោកគង្វាល ឲ្យស្វែងរកព្រះជាម្ចាស់និងអង្វរព្រះអង្គ សូមព្រះអង្គប្រទានព្រះវិញ្ញាណណែនាំឲ្យអស់លោកចេះថ្វាយបង្គំនមស្សការព្រះអង្គយ៉ាងពិតប្រាកដ គឺវិធីនឹកសញ្ឆឹងគិតស្មឹងស្មាធិ៍ដែលព្រះសហគមន៍យល់ស្របអនុញ្ញាតឲ្យ និងរបៀបអធិដ្ឋានផ្សេងទៀតដែលអស់លោកជ្រើសរើសដោយសេរី។ ដោយព្រះវិញ្ញាណនេះ អស់ លោករួមជាមួយប្រជាជនដែលព្រះជាម្ចាស់ផ្ញើទុកឲ្យ អាចភ្ជាប់ចិត្តរួបរួមជាមួយព្រះគ្រីស្ត ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។ ពេលនោះ អស់លោកក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ អាចបន្លឺសំឡេងឡើងថា “អប្បា! ឱព្រះបិតា!” (រម ៨,១៥)។
១៩-ការសិក្សា និងយល់ដឹងអំពីមុខងារជាគង្វាល
ពេលលោកគង្វាល ទទួលអគ្គសញ្ញាតែងតាំង លោកអភិបាលអញ្ជើញអស់លោកឲ្យ “មានចិត្តជាអ្នកចាស់ទុំដោយសារចំណេះដឹងរបស់ខ្លួន” និងឲ្យលទ្ធិដែលអស់លោកបង្រៀនទៅជា “ថ្នាំសង្កូវព្យាបាលប្រជារាស្ត្ររបស់ព្រះជាម្ចាស់តាមផ្លូវវិញ្ញាណ” ទៀតផង។ ចំណេះដឹងរបស់អ្នកបំពេញមុខងារបម្រើដ៏សក្ការៈនេះ ពិតជាសក្ការៈមែន ព្រោះ ចំណេះដឹងនេះ ហូរមកពីប្រភពដ៏សក្ការៈ ហើយក៏តម្រង់ឆ្ពោះទៅកាន់គោលដៅដ៏សក្ការៈដែរ។ អស់លោកគង្វាល យោងចំណេះដឹងនេះ ជាពិសេសដោយអាន និងសញ្ឆឹងគិតស្មឹងស្មាធិ៍អំពីព្រះគម្ពីរ (ព្រះបន្ទូល ២៥)។ អស់លោកក៏ពង្រឹងចំណេះដឹងនេះតាមរបៀបបង្កើតផល ដោយសិក្សាស្នាដៃរបស់គ្រូបាធ្យាយ បណ្ឌិត និងសាក្សីឯទៀតៗនៃការបញ្ជនបន្តរបស់ព្រះសហគមន៍។ លើសពីនេះទៅទៀត អស់លោកគង្វាល ត្រូវតែស្គាល់យ៉ាងច្បាស់នូវឯកសារនានានៃការណែនាំព្រះសហគមន៍ ជាពិសេសឯកសាររបស់មហាសន្និបាតនានា និងរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដើម្បីឲ្យអស់លោកអាចឆ្លើយតបយ៉ាងត្រឹមត្រូវនឹងសំណួរដែលមនុស្សសព្វថ្ងៃកំពុងចោទសួរ។ អស់លោកក៏ត្រូវតែសួរយោបល់អ្នកនិពន្ធសៀភៅខាងទេវវិទ្យាដ៏ប្រសើរជាងគេ ហើយដែលព្រះសហគមន៍ទទួលស្គាល់ផងដែរ។
នៅសម័យយើងនេះ វប្បធម៌របស់មនុស្សលោកតែងតែចម្រើនឡើងយ៉ាងលឿនជាលំដាប់ សូម្បីតែវិទ្យានានាខាងគ្រីស្តសាសនាក៏ចម្រើនឡើងយ៉ាងលឿន ហើយក៏ប្រែតាមបែបថ្មីៗដែរ។ ហេតុនេះហើយបានជាអស់លោកគង្វាល ត្រូវតែខិតខំពង្រីក និងពង្រឹងចំណេះដឹងរបស់ខ្លួនឲ្យចម្រើនឡើងដោយឥតឈប់ឈរ ទាំងផ្នែកខាងសាសនា ទាំងផ្នែកខាងមនុស្សលោក ឲ្យកាន់តែស្របតាមសភាពការណ៍ឡើង។ ធ្វើបែបនេះ អស់លោករៀបចំខ្លួនដើម្បីឲ្យអស់លោកអាចជជែកវែកញែកជាមួយមនុស្ស ដែលរស់នៅជាមួយគ្នាសព្វថ្ងៃ ឲ្យកាន់តែល្អឡើងៗ។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ប្រគល់អ្វីៗទាំងអស់ដែលអស់លោកគង្វាលត្រូវការ ដើម្បីសម្រួលការសិក្សារបស់ខ្លួន និងដើម្បីឲ្យអស់លោកស្គាល់វិធីប្រកាសដំណឹងល្អ និងវិធីជាគ្រីស្តទូតឲ្យកាន់តែមានប្រសិទ្ធភាពឡើង។ ត្រូវចាត់ចែងសិក្ខាសាលានិងប្រជុំ ត្រូវបង្កើតមណ្ឌលសិក្សាអំពីវិទ្យាជាគង្វាល ត្រូវបង្កើតបណ្ណាល័យ និងត្រូវផ្ញើការចាត់ចែងការសិក្សានោះឲ្យអ្នកមានសមត្ថភាពណែនាំ តាមសភាពការណ៍តំបន់នីមួយៗ។ អស់លោកអភិបាលម្នាក់ៗក្នុងភូមិភាគរបស់ខ្លួន ឬរួមជាមួយអភិបាលឯទៀតៗ ត្រូវគិតគូររកមធ្យោបាយដ៏ល្អជាងគេ ចាត់ចែងឲ្យលោកគង្វាលទាំងអស់ មានលទ្ធភាពអាចចូលរួមក្នុងកម្មវិធីសិក្សាម្តងៗ តាមពេលកំណត់ ជាពិសេសអស់លោកគង្វាលដែលបានទទួលអគ្គសញ្ញាតែងតាំង មិនសូវយូរឆ្នាំប៉ុន្មាន។ ដូច្នេះ អស់លោកមានឱកាស ពង្រីកនិងពង្រឹងចំណេះដឹងរបស់ខ្លួនអំពីវិធីនានាខាងមុខងារជាគង្វាល និងអំពីទេវវិជ្ជា។ អស់លោកក៏អាចពង្រឹងជីវិតខាងព្រះវិញ្ញាណរបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍អំពីកិច្ចការជាគ្រីស្តទូតជាមួយគង្វាលឯទៀតៗ ជាបងប្អូនទៅវិញទៅមកទៀតផង (អភិបាល ១៦)។ ត្រូវប្រើមធ្យោបាយទាំងនេះ ឬមធ្យោបាយផ្សេងៗទៀតដែលសមស្របជាងមកជួយ ជាពិសេសអស់លោកដែលទើបនឹងបានទទួលតួនាទីទទួលខុសត្រូវថ្មីលើព្រះសហគមន៍មួយ ឬគង្វាលណា ដែលផ្លាស់ប្តូរតួនាទីជាគង្វាលតាមរបៀបថ្មី ឬលោកណាដែលផ្លាស់ភូមិភាគ ឬប្រទេសទៀតផង។
មិនតែប៉ុណ្ណោះ លោកអភិបាលត្រូវយកចិត្តទុកដាក់ឲ្យគង្វាលខ្លះថ្វាយកម្លាំងកាយកម្លាំងចិត្ត រៀនវិជ្ជានានាខាងសាសនាឲ្យបានកាន់តែជ្រៅ កុំឲ្យព្រះសហគមន៍ខ្វះខាតសាស្រ្តាចារ្យដែលមានសមត្ថភាពអាចអប់រំអស់លោកគង្វាលតទៅទៀត ព្រមទាំងបូជាចារ្យឯទៀតៗ និងគ្រីស្តបរិស័ទឯទៀតៗផង ឲ្យបានចំណេះដឹងដែលគេត្រូវការជាចាំបាច់។ ធ្វើដូច្នេះ អស់លោកក៏ជួយឲ្យវិទ្យាខាងសាសនាចម្រើនឡើងយ៉ាងត្រឹមត្រូវ ជាកិច្ចដែលព្រះសហគមន៍ត្រូវការជាចាំបាច់មិនអាចអាក់ខានបានឡើយ។
២០-ត្រូវធានាជីវភាពរបស់អស់លោកគង្វាលឲ្យបានសមរម្យ
អស់លោកគង្វាលថ្វាយកម្លាំងកាយកម្លាំងចិត្តបម្រើព្រះជាម្ចាស់ ដោយបំពេញការងារដែលព្រះសហគមន៍ផ្ញើឲ្យអស់លោក។ ហេតុនេះហើយបានជាអស់លោកត្រូវតែទទួលលាភសក្ការៈដ៏សមរម្យ ដ្បិត “អ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល” (លក ១០,៧; មថ ១០,១០;១ ករ ៩,៧;១ធម ៥,១៨) ហើយ “ព្រះអម្ចាស់បានបង្គាប់មកថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ” (១ ករ ៩,១៤)។ នៅកន្លែងណាដែលលោកគង្វាល ពុំទទួលលាភសក្ការៈគ្រប់គ្រាន់សម្រាប់ធានាជីវភាពឲ្យបានសមរម្យ គ្រីស្តបរិស័ទពិតជាមានកាតព្វកិច្ចផ្តល់ជំនួយដ៏ចាំបាច់នោះ ព្រោះគង្វាលបំពេញកិច្ចការជាប្រយោជន៍ដល់ពួកគេ។ លោកអភិបាលក៏មានភារកិច្ចរំឭកដាស់តឿនគ្រីស្ត បរិស័ទអំពីកាតព្វកិច្ចនេះ។ អភិបាលម្នាក់ៗក្នុងភូមិភាគរៀងៗខ្លួន ឬដើម្បីឲ្យបានប្រសើរជាង ត្រូវរួមជាមួយអភិបាលឯទៀតក្នុងតំបន់មួយ បង្កើតសេចក្ដីណែនំាសម្រាប់ធានាឲ្យអស់អ្នកដែលកំពុងបំពេញតួនាទី ឬដែលធ្លាប់មានតួនាទីបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ មានជីវភាពដ៏សមរម្យ។ ត្រូវគិតគូរអំពីលាភសកា្ករៈរបស់លោកគង្វាលម្នាក់ៗ តាមលក្ខណៈនៃមុខតំណែងរបស់លោក តាមសភាពការណ៍នៃសម័យ និងនៃទីកន្លែង។ ប៉ុន្តែអស់លោកដែលរស់នៅតាម សភាពការណ៍ដដែលដូចគ្នា ត្រូវទទួលលាភសកា្ករៈនេះប្រហាក់ប្រហែលគ្នា។ លាភសកា្ករៈនេះគួរតែសមស្របតាមសភាពការណ៍របស់អស់លោក។ លើសពីនេះទៅទៀត លាភសកា្ករៈត្រូវបណ្តោយឲ្យអស់លោកគង្វាលមានលទ្ធភាពអាចបើកប្រាក់ឈ្នួលដ៏សមរម្យដល់អស់អ្នកដែលថ្វាយកម្លាំងបម្រើអស់លោក ថែមទាំងឲ្យអស់លោកអាចផ្តល់ជំនួយផ្ទាល់ខ្លួន ដល់អ្នកដែលខ្វះខាត ដ្បិតតាំងពីដើមរៀងមកព្រះសហគមន៍រមែងតែងសរសើរតម្កើងកិច្ចបម្រើអ្នកក្រីក្របែបនេះ។ លាភសកា្ករៈនោះគឺត្រូវផ្តល់ឲ្យអស់លោកគង្វាលមានជាវិស្សមកាលដែលអស់លោកត្រូវការជារៀងរាល់ឆ្នាំដែលមានអស់រយៈពេលសមរម្យ។ លោកអភិបាលត្រូវយកចិត្តទុកដាក់ ឲ្យអស់លោកគង្វាល មានវិស្សមកាលនេះផង។
ប៉ុន្តែ ត្រូវចាត់មុខងាររបស់លោកជាអ្នកបម្រើដ៏សក្ការៈ ទុកជាមានសារៈសំខាន់ជាងគេបង្អស់។ ហេតុនេះហើយបានជាត្រូវលះបង់របៀបរកកម្រៃពីមុខងាររបស់ខ្លួនក្នុងព្រះសហគមន៍ (ហៅថា "ប្រព័ន្ធនៃប្រតិលាប") ចោល ឬយ៉ាងហោចណាស់ ត្រូវកែទម្រង់របបនោះ ដើម្បីឲ្យគេចាត់ទុកសិទ្ធិទទួលកម្រៃភ្ជាប់នឹងមុខតំណែងមួយនោះ ជាអ្វីមួយដ៏មិនសំខាន់សោះ។ ក្នុងក្បួនច្បាប់នៃព្រះសហគមន៍ ត្រូវផ្តល់អាទិភាពដល់មុខតំណែងក្នុងព្រះសហគមន៍នោះវិញ។ តាំងពីពេលនេះតទៅ ត្រូវយល់ថា ពាក្យ "មុខតំណែងក្នុងព្រះសហគមន៍" គឺសំដៅតែលើបន្ទុកទាំងប៉ុន្មានដែលព្រះសហគមន៍ប្រគល់យ៉ាងស្ថិតស្ថេរ ឲ្យគង្វាលបំពេញក្នុងគោលដៅខាងវិញ្ញាណប៉ុណ្ណោះ។
២១-ត្រូវបង្កើតមូលនិធិរួម និងសុវត្ថិភាពក្នុងសង្គម
ត្រូវនឹកគិតដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍ដើមដំបូងនៅក្រុងយេរូសាឡឹមទុកជាគំរូជានិច្ច។ “អ្នកជឿទាំងអម្បាលម៉ានយកទ្រព្យសម្បត្តិរបស់ខ្លួនមកដាក់ជាសម្បត្តិរួមទាំងអស់” (កក ៤,៣២) និង “គេចែកឲ្យម្នាក់ៗ តាមសេចក្តីត្រូវការរៀងៗខ្លួន” (កក ៤,៣៥)។ ហេតុនេះហើយបានជាយ៉ាងហោចណាស់នៅប្រទេសណាដែលជីវភាពរបស់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង អាស្រ័យទាំងស្រុង ឬអាស្រ័យភាគច្រើនទៅលើប្រាក់តង្វាយរបស់គ្រីស្តបរិស័ទ គប្បីឲ្យមានស្ថាប័នមួយក្នុងភូមិភាគនីមួយៗ ប្រមែប្រមូលប្រាក់តង្វាយសម្រាប់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំងនោះ។ លោកអភិបាលត្រូវគ្រប់គ្រងស្ថាប័ននេះ ដោយមានលោកបូជាចារ្យខ្លះជាតំណាងជួយលោកផង។ នៅកន្លែងណាដែលអភិបាលយល់ឃើញថាមានប្រយោជន៍មែននោះ ត្រូវឲ្យគ្រីស្តបរិស័ទធម្មតាជំនាញការផ្នែកហិរញ្ញវត្ថុជួយផងដែរ។ ប្រសិនបើអាចធ្វើបាន ភូមិភាគនីមួយៗ ឬភូមិភាគទាំងប៉ុន្មានក្នុងប្រទេសទាំងមូល គួរគប្បីបង្កើតមូលនិធិរួមមួយដែលបណ្តោយឲ្យអភិបាលនានាអាចបំពេញករណីកិច្ចផ្សេងៗចំពោះអស់អ្នកដែលធ្វើការបម្រើព្រះសហគមន៍ ព្រមទាំងអាចបំពេញតម្រូវការនានាក្នុងភូមិភាគ។ មូលនិធិនេះ បណ្តោយឲ្យភូមិភាគណាដែលមានធនធានច្រើនជាង អាចជួយផ្គត់ផ្គង់ភូមិភាគណាដែលក្រជាងដែរ ដើម្បីឲ្យអ្វីៗដែលអ្នកខ្លះមានលើសពីសេចក្ដីត្រូវការ យកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត (២ករ៨,១៤)។ មូលនិធិនេះមានប្រាក់ ភាគច្រើនមកពីតង្វាយរបស់គ្រីស្តបរិស័ទ និងពីប្រភពឯទៀតៗ ដែលក្បួនច្បាប់វិន័យនៃព្រះសហគមន៍ត្រូវបញ្ជាក់តាមក្រោយផងដែរ។
លើសពីនេះទៅទៀត នៅប្រទេសណាដែលពុំទាន់មានការចាត់ចែងសុវត្ថិភាពក្នុងសង្គមយ៉ាងសមរម្យ សម្រាប់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង ក្រុមអភិបាលត្រូវយកចិត្តទុកដាក់ឲ្យមានអង្គការផ្សេងៗក្នុងភូមិភាគនីមួយៗ (ដែលអាចរួមជាសហព័ន្ធមួយបាន) ឬឲ្យមានអង្គការអន្តរភូមិភាគមួយចំនួន ឬសមាគមសម្រាប់តំបន់មួយទាំងមូល។ តែត្រូវអនុលោមតាមច្បាប់រដ្ឋ និងតាមក្បួនច្បាប់ព្រះសហគមន៍ជានិច្ចផង។ ក្រោមការត្រួតត្រារបស់ក្រុម អភិបាល អង្គការទាំងនេះមានតួនាទីធានារ៉ាប់រងសុខភាពក្រុមលោកគង្វាលយ៉ាងគួរសមគ្រប់គ្រាន់ ធានារ៉ាប់រងផ្គត់ផ្គង់អស់លោកគង្វាលពិការ ឬដែលមិនអាចធ្វើការបាន ឬចាស់ជរាដែរ។ បូជាចារ្យត្រូវជួយគាំទ្រអង្គការ ដែលកើតមករួចហើយទាំងនោះ ដោយមានចិត្តគំនិតរួមសាមគ្គីជាមួយបូជាចារ្យឯទៀតៗជាបងប្អូន ដោយរួមទុក្ខជាមួយគេផង (ភល ៤,១៤)។ ទន្ទឹមនឹងនេះ អស់លោកមុខជានឹងត្រូវយល់ឃើញថា ខ្លួនបានរួចពីការខ្វល់ខ្វាយដល់ អនាគត ជាហេតុនាំឲ្យអស់លោកអាចរស់នៅក្នុងឋានៈជាជនក្រីក្រយ៉ាងខ្លាំងជាងពីមុន តាមរបៀបដំណឹងល្អ ព្រម ទាំងអាចបូជាកម្លាំងកាយកម្លាំងចិត្តចំពោះកិច្ចសង្គ្រោះរបស់មនុស្សលោក។ អ្នកដែលត្រូវទទួលខុសត្រូវ ក៏ត្រូវតែ ខិតខំធ្វើឲ្យអង្គការជាតិនានា មានចំណងទាក់ទងជាមួយគ្នា។ ដូច្នេះ អង្គការជាតិនានាទាំងនោះ នៅកាន់តែស្ថិតស្ថេរមាំមួនឡើង និងរីកសុះសាយឲ្យគេស្គាល់ទៀតផង។
ពាក្យបញ្ចប់ និងពាក្យដាស់តឿន
២២-មហាសន្និបាតដ៏វិសុទ្ធនេះ តែងតែនឹកគិតអំពីអំណរសប្បាយរបស់លោកបូជាចារ្យក្នុងការរស់នៅរបស់ខ្លួន ក៏ប៉ុន្តែ មហាសន្និបាតពុំអាចធ្វើព្រងើយកន្តើយថា អស់លោកគង្វាលក៏តែងតែជួបប្រទះការលំបាកនានាតាមសភាពការណ៍នៃការរស់នៅនាសម័យនេះផងដែរ។ មហាសន្និបាតក៏ជ្រាបថា សភាពការណ៍សេដ្ឋកិច្ច និងសង្គមប្រែប្រួល សូម្បី តែសីលធម៌មនុស្សលោកក៏ប្រែប្រួលដែរ។ មនុស្សលោកផ្លាស់ប្តូរទស្សនៈចំពោះអ្វីដែលគេចាត់ទុកថាមានតម្លៃតាមលំដាប់លំដោយ។ ហេតុនេះហើយបានជាអ្នកបំពេញមុខងារបម្រើព្រះសហគមន៍ ហើយជួនកាលគ្រីស្តបរិស័ទឯទៀតៗ មានអារម្មណ៍ ហាក់ដូចជាខ្លួនជាជនបរទេសក្នុងលោកនេះ។ គេតប់ប្រមល់ ស្វែងរកវិធីនិងពាក្យសម្តីសមគួរដែលបណ្តោយឲ្យខ្លួនអាចទាក់ទងជាមួយមនុស្សឯទៀតៗ។ ដោយមានឧបសគ្គថ្មីៗប្រឆាំងនឹងជំនឿ ដោយអស់លោកយល់ឃើញថាកិច្ចរបស់ខ្លួន ហាក់ដូចជាគ្មានបានផល ដោយលោកគង្វាលរស់នៅឯកោយ៉ាងសែនជូចត់សុទ្ធតែជាមូលហេតុអាចបណ្តាល ឲ្យអស់លោកធ្លាក់ទឹកចិត្តបាន។
ប៉ុន្តែ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ គឺមនុស្សលោកសព្វថ្ងៃនេះឯង។ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកមនុស្សលោក (យហ ៣,១៦)។ ព្រះអង្គក៏បានផ្ញើមនុស្សលោកនេះឲ្យអស់លោកគង្វាលព្រះសហគមន៍ស្រឡាញ់និងបម្រើ។ តាមពិ តមនុស្សលោកនេះជំពាក់ជំពិននឹងបាបជាច្រើនមែន តែក៏មានសមត្ថភាពដ៏ល្អជាច្រើនហូរហៀរដែរ។ មនុស្សលោកនេះប្រគល់ថ្មដ៏មានជីវិតជូនព្រះសហគមន៍ (១សល ២,៥) ហើយថ្មដ៏មានជីវិតទាំងនោះ ក៏ផ្គុំគ្នាឡើងកសាងជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណដែរ (អភ ២,២២)។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏ជំរុញព្រះសហគមន៍ឲ្យបើកផ្លូវថ្មី ដើម្បីទៅជួបមនុស្សលោកសព្វថ្ងៃនេះដែរ។ ព្រះវិញ្ញាណ ដ៏វិសុទ្ធប្រទានគំនិតឲ្យផ្លាស់ប្តូររបៀបបំពេញមុខងារបម្រើជាបូជាចារ្យ ហើយក៏និងគាំទ្រគំនិតទាំងនោះផង។
សូមអស់លោកគង្វាលនឹកចងចាំថា ពេលអស់លោកបំពេញកិច្ចការរបស់ខ្លួននោះ អស់លោកពុំដែលនៅម្នាក់ឯងទេ តែព្រះដ៏មានឫទ្ធានុភាពសព្វប្រការគាំទ្រអស់លោកដែរ។ អស់លោកផ្ញើជីវិតលើព្រះគ្រីស្តដែលត្រាស់ហៅអស់លោកឲ្យទទួលចំណែកក្នុងមុខងាររបស់ព្រះអងជាមហាបូជាចារ្យ សូមព្រះអង្គជួយអស់លោកឲ្យថ្វាយកម្លាំងកាយកម្លាំងចិត្តបំពេញមុខងាររបស់ខ្លួន ដោយទុកចិត្តលើព្រះអង្គទាំងស្រុង ដ្បិតអស់លោកដឹងថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសឲ្យសេចក្តីស្រឡាញ់ចម្រើនឡើងក្នុងចិត្តអស់លោកបាន។ ម៉្យាងវិញទៀត សូមអស់លោកកុំភ្លេចថា អស់លោកមានបងប្អូនឯទៀតៗរួមក្នុងមុខងារជាបូជាចារ្យដែរ ហើយមានគ្រីស្តបរិស័ទក្នុងសកលលោកទាំងមូលជាមិត្តសម្លាញ់របស់ខ្លួនផង។ អស់លោកគង្វាលរួមសហការគ្នាបំពេញបំណងប្រាថ្នារបស់ព្រះជាម្ចាស់ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក គឺគម្រោងការដ៏អស្ចា្យរបស់ព្រះគ្រីស្តលាក់ទុកតាំងពីអស់កល្បជានិច្ចរាងមកក្នុងព្រះជាម្ចាស់ផ្ទាល់ (អភ ៣,៩)។ គម្រោងការដ៏អស្ចារ្យនេះកើតជារូបរៀងបន្តិចម្តងៗ ដោយអស់អ្នកដែលទទួលមុខងារបម្រើផ្សេងៗខិតខំរួមសហការគ្នាកសាងព្រះកាយ របស់ព្រះគ្រីស្តរហូតដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីទាំងអស់។ តាមពិតគម្រាងការនេះ "កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់" មែន (កូឡ ៣,៣)។ យើងអាចស្គាល់សេចក្តីទាំងនោះ បាន ដោយសារតែជំនឿប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ត្រូវតែធ្វើដំណើរដោយមានជំនឿ ទាំងយកលោកអប្រាហាំជាមនុស្សស្មោះត្រង់ធ្វើជាគំរូ គឺ “ដោយសារជំនឿ លោកអប្រាហាំស្តាប់បង្គាប់ព្រះជាម្ចាស់ដែលត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយដែលលោកនឹងទទួលទុកជាមរតក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាលោកទៅទីណាផង” (ហប ១១,៨)។ តាមពិតអ្នកទទួលខុសត្រូវលើគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ប្រៀបដូចជាមនុស្សម្នាក់ដែលព្រោះគ្រាប់ពូជលើដី ហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា “ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ” (មក ៤,២៧)។ ម៉្យាងទៀត ព្រះយេស៊ូមានព្រះបន្ទូលថា “ចូរមានសង្ឃឹមឡើង! ខ្ញុំឈ្នះលោកនេះហើយ!” (យហ ១៦,៣៣)។ ប៉ុន្តែ ពេលព្រះអង្គមានព្រះបន្ទូលនេះ ទ្រង់ពុំបានសន្យាថា ព្រះសហគមន៍របស់ព្រះអង្គនឹងបានជ័យជម្នះទាំងស្រុងក្នុងលោកនេះទេ។ មហាសន្និបាតដ៏វិសុទ្ធនេះ មានអំណរសប្បាយដោយឃើញថា ផែនដីដែលបានទទួលគ្រាប់ពូជនៃដំណឹងល្អ ឥឡូវកំពុងតែបង្កើតផលនៅកន្លែងជាច្រើន ក្រោមការណែនាំរបស់ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ដែលគង់សណ្ឋិតនៅពាសពេញក្នុងពិភពលោកទាំងមូល។ ព្រះវិញ្ញាណនេះក៏បានដាស់តឿនឲ្យបូជាចារ្យ និងគ្រីស្តបរិស័ទ ជាច្រើន មានចិត្តគំនិតជាអ្នកចេញទៅប្រកាសដំណឹងល្អយ៉ាងពិតប្រាកដ។ ហេតុនេះហើយបានជាមហាសន្និបាត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគង្វាលទាំងអស់ក្នុងពិភពលោកទាំងមូល។ “ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្តីសុំ និងហួសពីអ្វីៗដែលយើងនឹកគិតដល់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ដែលបំពេញសកម្មភាពនៅក្នុងយើង សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងក្នុងព្រះគ្រីស្តយេស៊ូ” (អភ ៣,២០-២១)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍ នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាលដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈសិលា ថ្ងៃទី៧ ធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
APOSTOLICAM ACTUOSITATEM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រមស្តីអំពី
សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
១-បុព្វកថា
មហាសន្និបាតដ៏វិសុទ្ធ មានបំណងចង់ឲ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់បំពេញសកម្មភាពជាគ្រីស្តទូតកាន់តែខ្លាំង ឡើងៗ។ ដូច្នេះ មហាសន្និបាតបែរមករកគ្រីស្តបរិស័ទធម្មតា ដោយយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងឯកសារផ្សេងៗ មហាសន្និបាតបានរំឭកគ្រីស្តបរិស័ទអំពីតួនាទីផ្ទាល់ដ៏ចាំបាច់បំផុតរបស់ខ្លួនក្នុងបេសកកម្មរបស់ព្រះសហគមន៍រួចហើយ (ពន្លឺ ៣៧ត; ពិធី ២៦-៤០; បង្រួប; អភិបាល ១៦.១៧.១៨; ហ្វឹកហ្វឺន ៣.៥.៧)។ ព្រះសហគមន៍មិនអាចខ្វះគ្រីស្តបរិស័ទធម្មតាដើម្បីបំពេញកិច្ចការជាគ្រីស្តទូតទេ ព្រោះកិច្ចការនេះពិតជាលទ្ធផលនៃការត្រាស់ហៅរបស់គេឲ្យទៅជាគ្រីស្តបរិស័ទ។ ព្រះគម្ពីរបង្ហាញយ៉ាងជាក់ច្បាស់ថា នៅខាងដើមដំបូងនៃព្រះសហគមន៍សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាលេចឡើងដោយឯកឯង និងបានបង្កើតផលជាច្រើនអនេក។ (កក ១១,១៩-២១; ១៨,២៦; រម ១៦,១-១៦; ភីល ៤,៣)។
នៅសម័យឥឡូវ គ្រីស្តបរិស័ទធម្មតាក៏ត្រូវយកចិត្តទុកដាក់ខ្នះខ្នែងបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។ សភាពការណ៍នាបច្ចុប្បន្នកាល ទាមទារឲ្យគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗ និងកាន់តែទូលំទូលាយដែរ ព្រោះចំនួនមនុស្សកាន់តែកើនឡើង វិទ្យាសាស្រ្តនិងបច្ចេកទេសកាន់តែចម្រើនឡើង ហើយមនុស្សក៏រួមសាមគ្គីកាន់ តែជិតស្និទ្ធឡើងៗដែរ បណ្តាលឲ្យគ្រីស្តបរិស័ទធម្មតាមានសកម្មភាពក្នុងវិស័យនានាកាន់តែទូលាយ។ មានតែគ្រីស្តបរិស័ទធម្មតាទេ ដែលអាចបំពេញកិច្ចការទាំងនោះបាន។ សភាពការណ៍ថ្មីនោះបណ្តាលឲ្យមានបញ្ហាថ្មីៗជាច្រើនកើតឡើង និងទាមទារឲ្យគេប្រុងប្រយ័ត្ន និងស្រាវជ្រាវយ៉ាងពិសេសអំពីបញ្ហាទាំងនោះ។ ដោយមនុស្សស្វយ័តយ៉ាងត្រឹមត្រូវក្នងវិស័យជាច្រើននៃការរស់នៅរបស់ខ្លួន ក៏ប៉ុន្តែស្វ័យភាពនេះបណ្តាលឲ្យអ្នកខ្លះលះបង់សីលធម៌និងសាសនាចោល ព្រមទាំងបណ្តាលឲ្យការរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទអន់ថយជាខ្លាំង។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទធម្មតាត្រូវតែបំពេញកិច្ចការជាគ្រីស្តទូតជាចាំបាច់។ ក្នុងតំបន់ជាច្រើន បូជាចារ្យមានចំនួនតិចណាស់ ឬគ្មានសេរីភាពបំពេញមុខងាររបស់ខ្លួនថែមទៀត។ ហេតុនេះហើយបានជា បើគ្មានសកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាទេ ព្រះសហគមន៍គ្មានវត្តមាននៅតំបន់ទាំងនោះ ហើយក៏មិនអាចបំពេញការងាររបស់ខ្លួនទៀតបានឡើយ។
សព្វថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យគ្រីស្តបរិស័ទធម្មតាភ្ញាក់ស្មារតីរកាន់តែខ្លាំងឡើងៗ ឲ្យទទួលខុសត្រូវលើខ្លួនផ្ទាល់ ព្រះអង្គក៏ដាស់តឿនគេនៅគ្រប់ទីកន្លែងឲ្យបម្រើព្រះគ្រីស្តនិងព្រះសហគមន៍។ ព្រះសហគមន៍ត្រូវការគ្រីស្តបរិស័ទធម្មតាក្នុងវិស័យជាច្រើនជាចាំបាច់បំផុតដូច្នេះ ពិតជាសញ្ញាសម្គាល់យ៉ាងជាក់ស្តែងអំពីសកម្មភាពនៃព្រះវិញ្ញាណដ៏ វិសុទ្ធនោះ។
ក្នុងក្រឹត្យក្រមនេះ មហាសន្និបាតមានបំណងចង់រៀបរាប់ពន្យល់អំពីលក្ខណៈនៃកិច្ចការរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត ព្រមទាំងចង់ពន្យល់អំពីសភាពនិងអំពីកិច្ចការផ្សេងៗរបស់គ្រីស្តបរិស័ទទាំងនោះ។ មហាសន្និបាតក៏មានបំណងផ្តល់គោលការណ៍សំខាន់ៗជាគ្រឹះ ព្រមទាំងបញ្ចេញសេចក្តីណែនាំ ដើម្បីឲ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការនេះតាមរបៀបកាន់តែសកម្មឡើងៗ។ ត្រូវកែសម្រួលក្បួនច្បាប់នៃព្រះសហគមន៍អំពីគ្រីស្តបរិស័ទធម្មតា ដោយយកសេចក្ដីណែនាំក្នុងក្រឹត្យក្រមនេះធ្វើជាគោល។
ជំពូក១
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាឲ្យបំពេញកិច្ចការជាគ្រីស្តទូត
២-គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍
ព្រះគ្រីស្តបង្កើតព្រះសហគមន៍ដើម្បីលាតសន្ធឹងព្រះរាជ្យព្រះអង្គនៅលើផែនដីទាំងមូល សម្រាប់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា។ ដូច្នេះព្រះសហគមន៍នាំមនុស្សទាំងអស់ឲ្យរួមចំណែកក្នុងការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្តដែលរំដោះមនុស្សលោក។ ដោយសារគ្រីស្តបរិស័ទ ព្រះសហគមន៍តម្រង់ពិភពលោកទាំងមូលទៅរកព្រះគ្រីស្ត។ យើងហៅគ្រប់សកម្មភាពនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តដែលមានគោលដៅនោះថា «កិច្ចការជាគ្រីស្តទូត»។ ព្រះសហគមន៍បំពេញកិច្ចការនេះដោយសារសមាជិកទាំងអស់របស់ខ្លួន តាមរបៀបផ្សេងៗពីគ្នា។ ព្រះជាម្ចាស់ដែលត្រាស់ហៅមនុស្សឲ្យទៅជាគ្រីស្តបរិស័ទ ក៏ត្រាស់ហៅគេឲ្យបំពេញកិច្ចការជាគ្រីស្តទូតដែរ ស្របតាមលក្ខណៈរបស់ខ្លួនជាគ្រីស្តបរិស័ទ។ សរីរាង្គនីមួយៗក្នុងរូបកាយមនុស្សម្នាក់ដែលមានជីវិត មិនគ្រាន់តែរស់នៅយ៉ាងអសកម្មប៉ុណ្ណោះទេ តែសរីរាង្គនីមួយៗរួមចំណែកក្នុងជីវិត និងក្នុងសកម្មភាពទូទៅនៃរូបកាយអ្នកនោះដែរ។ ក្នុងព្រះសហគមន៍ដែលជាព្រះកាយព្រះគ្រីស្ត ក៏ដូច្នេះដែរ គឺ «ព្រះកាយនោះចម្រើន និងកសាងឡើងដោយសារសមត្ថភាពរបស់សរីរាង្គនីមួយៗ» (អភ ៤,១៦)។ លើសពីនេះទៅទៀត សរីរាង្គនៃព្រះកាយព្រះគ្រីស្តរួបរួមគ្នា និងសាមគ្គីគ្នាយ៉ាងជិតស្និទ្ធបំផុត ហេតុនេះហើយបានជា ត្រូវរាប់សរីរាង្គណាដែលមិនជួយតាមសមត្ថភាពរបស់ខ្លួនឲ្យរូបកាយទាំងមូលចម្រើនឡើង ទុកជាសរីរាង្គដែលគ្មានប្រយោជន៍សម្រាប់ព្រះសហគមន៍ និងសម្រាប់ខ្លួនឯងដែរ។
ក្នុងព្រះសហគមន៍មានមុខងារបម្រើផ្សេងៗពីគ្នា ប៉ុន្តែមានបេសកកម្មតែមួយ។ ព្រះគ្រីស្តបានផ្ញើឲ្យក្រុមគ្រីស្ត ទូត និងឲ្យក្រុមអ្នកបន្តមុខងារពីអស់លោក នូវបន្ទុកបង្រៀន បន្ទុកនាំឲ្យអ្នកជឿបានវិសុទ្ធ និងបន្ទុកគ្រប់គ្រងព្រះសហគមន៍ក្នុងនាមព្រះអង្គ និងដោយមានអំណាចរបស់ព្រះអង្គផង។ ប៉ុន្តែដោយគ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបន្ទុករបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ គេក៏បំពេញចំណែករបស់ខ្លួនក្នុងបេសកកម្មរបស់ប្រជារាស្រ្តព្រះជាម្ចាស់ទាំងមូល ក្នុងព្រះសហគមន៍និងក្នុងពិភពលោកទាំងមូល (ពន្លឺ ៣១)។ គេបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ដោយប្តេជ្ញាចិត្តប្រកាសដំណឹងល្អនិងនាំមនុស្សឲ្យបានវិសុទ្ធ។ នៅពេលគេខិតខំនាំគោលគំនិតមកពីដំណឹងល្អឲ្យជ្រួតជ្រាបអ្វីៗក្នុងលោកីយ៍ ហើយនៅពេលគេយកចិត្តទុកដាក់ធ្វើឲ្យអ្វីៗខាងលោកីយ៍ចម្រើនឡើង គេក៏បំពេញមុខងាររបស់ខ្លួនជាគ្រីស្តទូតដែរ។ ក្នុងវិស័យទាំងនោះ ពួកគេត្រូវធ្វើកិច្ចការរបស់គេក្នុងលោកីយ៍នោះ តាមរបៀបដែលផ្តល់សក្ខីភាពយ៉ាងជាក់ស្តែងអំពីព្រះគ្រីស្ត និងដែលជួយសង្រ្គោះមនុស្សលោក។ គ្រីស្តបរិស័ទធម្មតាមានលក្ខណៈពិសេស គឺរស់នៅក្នុងចំណោមមនុស្សលោក និងក្នុងរឿងលោកីយ៍។ ដូច្នេះហើយព្រះជាម្ចាស់ត្រាស់ហៅគេឲ្យបំពេញមុខងារជាគ្រីស្តទូតក្នុងលោកីយ៍ តាមរបៀបខ្លួនជាមេក្នុងម្សៅ ដោយមានថាមពលនៃវិញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទ។
៣-គ្រឹះនៃមុខងាររបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
គ្រីស្តបរិស័ទធម្មតាទទួលភារកិច្ច និងសិទ្ធិជាគ្រីស្តទូត ដោយគេរួបរួមជាមួយព្រះគ្រីស្តជាព្រះសិរសា។ គេ ចូលរួមក្នុងរូបកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត ដោយអគ្គសញ្ញាជ្រមុជទឹក។ គេទទួលកម្លាំងពីឫទ្ធានុភាពនៃព្រះវិញ្ញាណ ដ៏វិសុទ្ធ ដោយអគ្គសញ្ញាលាបថ្ងាស គឺព្រះអម្ចាស់ផ្ទាល់ព្រះអង្គចាត់គេឲ្យទៅជាគ្រីស្តទូត។ ព្រះអង្គប្រសិទ្ធិគេឲ្យទៅជាបូជាចារ្យរបស់ព្រះមហាក្សត្រ និងទៅជាជាតិដ៏វិសុទ្ធ (១សល ២,២-១០) ដើម្បីលើកកិច្ចការទាំងប៉ុន្មានរបស់គេថ្វាយព្រះជាម្ចាស់ទុកជាតង្វាយខាងវិញ្ញាណ និងដើម្បីផ្តល់សក្ខីភាពចំពោះព្រះគ្រីស្តនៅលើផែនដីទាំងមូល។ ៉អគ្គសញ្ញាទាំងប៉ុន្មាន ជាពិសេសអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធ សុទ្ធតែផ្តល់និងពង្រឹងសេចក្ដីស្រឡាញ់របស់គេ គឺសេចក្ដីស្រឡាញ់នេះជាកម្លាំងជំរុញគេឲ្យបំពេញបេសកកម្មគ្រប់យ៉ាងជាគ្រីស្តទូត ៉(ពន្លឺ ៣៣.១០)។
ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ក្នុងចិត្តគ្រីស្តបរិស័ទទាំងអស់ក្នុងព្រះសហគមន៍។ គ្រីស្តបរិស័ទបំពេញមុខងារជាគ្រីស្តទូត ដោយផ្ញើជីវិតលើព្រះគ្រីស្ត ដោយមានសេចក្ដីសង្ឃឹម និងដោយមានសេចក្ដីស្រឡាញ់នោះ។ លើសពីនេះទៅទៀត វិន័យស្តីអំពីសេចក្ដីស្រឡាញ់ ជាវិន័យដ៏ប្រសើរជាងគេរបស់ព្រះអម្ចាស់ ជំរុញគ្រីស្តបរិស័ទទាំងអស់ឲ្យខិតខំធ្វើកិច្ចការដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គយាងមកគ្រងរាជ្យ និងប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឲ្យមនុស្សទាំងអស់ គឺថា "សូមឲ្យគេស្គាល់ព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គចាត់ឲ្យមកដែរ" (យហ ១៧,៣)។
ហេតុនេះហើយបានជាគ្រីស្តបរិស័ទទាំងអស់ទទួលបន្ទុកដ៏ល្អប្រសើរបំផុត គឺខិតខំដោយឥតឈប់ឈរ ដើម្បី នាំឲ្យមនុស្សលោកនៅលើផែនដីទាំងមូល បានស្គាល់និងទទួលព្រះរាជសារស្តីអំពីការសង្គ្រោះ។
ព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រោសឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធដោយសារអគ្គសញ្ញានានា និងដោយ សារមុខងារបម្រើផ្សេងៗ ព្រះអង្គក៏ប្រទានព្រះអំណោយទានពិសេសដល់គ្រីស្តបរិស័ទ (១ករ ១២,៧) «ប៉ុន្តែ ព្រះវិញ្ញាណចែកព្រះអំណោយទានទាំងនោះ ឲ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ (១ករ ១២,១១) ដើម្បីឲ្យក្រុមគ្រីស្តបរិស័ទទាំងអស់ និងគ្រីស្តបរិស័ទម្នាក់ៗបម្រើអ្នកឯទៀតៗ ស្របតាមព្រះអំណោយទានដែលខ្លួនបានទទួល ហើយទៅជាអ្នកចាត់ចែងដ៏ល្អដែលចែកចាយព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់ (១សល ៤,១០) ដើម្បីកសាងព្រះកាយទាំងមូល ក្នុងសេចក្ដីស្រឡាញ់ (អភ ៤,១៦)។ ដោយគ្រីស្តបរិស័ទម្នាក់ៗទទួលព្រះអំណោយទានទាំងនោះ សូម្បីតែព្រះអំណោយដ៏ទាបជាងគេក្ដី ក៏ម្នាក់ៗដែលផ្ញើជីវិតលើព្រះគ្រីស្ត មានសិទ្ធិនិងភារកិច្ចប្រើព្រះអំណោយទាំងនេះ ក្នុងព្រះសហគមន៍និងក្នុងពិភពលោក ដើម្បីជាប្រយោជន៍ដល់មនុស្សលោក និងដើម្បីកសាងព្រះសហគមន៍។ គេមានសេរីភាពមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គផ្លុំទៅទិសណាក៏បាន តាមព្រះហឫទ័យព្រះអង្គ (យហ ៣,៨)។ គេក៏រួបរួមជាមួយបងប្អូនក្នុងអង្គព្រះគ្រីស្ត ហើយជាពិសេសដោយរួមជាមួយអស់គង្វាលរបស់ខ្លួន គឺគង្វាលទាំងនោះហើយដែលមានភារកិច្ចរិះគិតពិចារណាអំពីព្រះអំណោយទានទាំងនោះដើម្បីឲ្យដឹងថា តើជាព្រះអំណោយទានពិតប្រាកដឬក៏អត់។ អស់លោកក៏ត្រូវរិះគិតពិចារណាអំពីរបៀបប្រើអំណោយទាននោះយ៉ាងត្រឹមត្រូវទៀតផង។ អស់លោកមានភារកិច្ចពិចារណាមើលគ្រប់ការទាំងអស់ ហើយស្រង់យកការណាដែលល្អ មិនត្រូវរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ (១ថស ៥,១២.១៩-២១; ពន្លឺ១២)។
៤-អំពីការរស់នៅតាមព្រះវិញ្ញាណក្នុងកិច្ចការជាគ្រីស្តទូត
ព្រះបិតាចាត់ព្រះបុត្រាឲ្យយាងមក។ ព្រះបុត្រាជាប្រភពនិងជាដើមកំណើតនៃកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាងក្នុងព្រះសហគមន៍។ ហេតុនេះសរឲ្យដឹងជាក់ច្បាស់ថា កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាបានផលផ្លែ លុះត្រាតែគេរួបរួមជាមួយព្រះគ្រីស្តជាប្រភពនៃជីវិត តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ» (យហ ១៥,៥)។ គ្រីស្តបរិស័ទរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្ត ក្នុងព្រះសហគមន៍ ដោយទទួលទានអាហារផ្សេងៗខាងព្រះវិញ្ញាណ ជាអាហាររួមរបស់គ្រីស្តបរិស័ទទាំងអស់ ជាពិសេសដោយរួមចំណែកយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍ (ពិធី ១១)។ ពេលគ្រីស្តបរិស័ទធម្មតាបំពេញការងារលោកីយ៍យ៉ាងត្រឹមត្រូវ តាមសភាពការណ៍នៃការរស់នៅរបស់គេ គេត្រូវប្រើអាហារទាំងនោះ ដើម្បីជៀសវាងមិនឲ្យបំបែកការរួបរួមជាមួយព្រះគ្រីស្តនោះពីការរស់នៅធម្មតារបស់គេឡើយ។ ផ្ទុយទៅវិញ គេត្រូវរួបរួមជាមួយព្រះអង្គកាន់តែជិតស្និទ្ធឡើងៗ ដោយប្រព្រឹត្តកិច្ចការរបស់ខ្លួនតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទធម្មតាកាន់តែវិសុទ្ធឡើងៗ ដោយចិត្តក្លៀវក្លានិងដោយមានអំណរសប្បាយ ទាំងខិតខំពុះពារការលំបាកប្រចាំថ្ងៃក្នុងជីវភាពរស់នៅ ជាការលំបាកដែលជៀសផុតមិនបាន ដោយប្រុងប្រយ័ត្ននិងដោយចិត្តព្យាយាមខន្តី (ពន្លឺ ៣២និង៤០-៤១)។ ទាំងកង្វល់ប្រចាំក្រុមគ្រួសារ ទាំងកិច្ចការខាងលោកីយ៍ ត្រវភ្ជាប់នឹងជីវិតខាងព្រះវិញ្ញាណរបស់គេ ស្របតាមគ្រីស្តទូតប៉ូលដែលចែងថា «បងប្អូនធ្វើការអ្វីក៏ដោយ ទោះជាពាក្យសម្តីឬកិច្ចការក្ដី ត្រូវធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតា ដោយសារព្រះអង្គផង» (កូឡ ៣.១៧)។
អ្នកចង់រស់នៅតាមបែបនេះ ត្រូវតែផ្ញើជីវិតលើព្រះគ្រីស្តជានិច្ច ត្រូវមានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ជាដរាប។ មានតែពន្លឺនៃជំនឿ និងការនឹកសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ដែលអាចនាំឲ្យមនុស្សទទួលស្គាល់ព្រះជាម្ចាស់ជានិច្ច និងនៅគ្រប់ទីកន្លែង «ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ» (កក ១៧,២៨)។ ដូច្នេះ យើងអាចស្វែងរកព្រះហឫទ័យរបស់ព្រះអង្គក្នុងគ្រប់កិច្ចការ ហើយក៏អាចរកឃើញព្រះគ្រីស្តក្នុងមនុស្សទាំងអស់ ទាំងនៅក្នុងអ្នកជិត ទាំងនៅក្នុងអ្នកឆ្ងាយដែរ។ យើងអាចវិនិច្ឆ័យពិចារណាយ៉ាងត្រឹមត្រូវអំពីអត្ថន័យដ៏ពិតប្រាកដ និងអំពីតម្លៃនៃកិច្ចការលោកីយ៍ ទាំងយល់គិតដល់ទិសដៅនៃជីវិតមនុស្សទៀតផង។
អស់អ្នកដែលមានជំនឿបែបនេះ ពិតជារស់នៅដោយមានចិត្តសង្ឃឹមថា នឹងបានឃើញព្រះជាម្ចាស់សម្តែងសិរីរុងរឿងនៃបុត្រធីតារបស់ព្រះអង្គ ទាំងនឹកដល់ព្រះអម្ចាស់យេស៊ូសោយទិវង្គតនៅលើឈើឆ្កាង និងមានព្រះជន្មថ្មីដ៏រុងរឿង។
គ្រីស្តបរិស័ទរស់នៅក្នុងលោកនេះប្រៀបដូចជាធ្វើបូជនីយេសក៍ម្យ៉ាង។ គ្រីស្តបរិស័ទធម្មតារួមជាមួយព្រះគ្រីស្តលាក់ទុកក្នុងព្រះជាម្ចាស់ គេរួចពីការធ្វើទាសករនៃចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ តែខិតខំស្វះស្វែងរកសម្បត្តិសួគ៌ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ដូច្នេះគ្រីស្តបរិស័ទធម្មតាមានចិត្តទូលំទូលាយ ខំប្រឹងប្រែងអស់ពីសមត្ថភាព លាតសន្ធឹងព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺគេណែនាំកិច្ចការលោកីយ៍ និងធ្វើឲ្យកិច្ចការទាំងនោះបានពេញលក្ខណៈ តាមគោលគំនិតគ្រីស្តសាសនា។ ពេលគេប្រឈមមុខនឹងការលំបាកក្នុងការរស់នៅ គេយកសេចក្តីក្លាហានពីសេចក្ដីសង្ឃឹម ដោយយល់ឃើញថា «ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿងដែលព្រះជាម្ចាស់នឹងសម្ដែងឲ្យយើងឃើញនៅអនាគតកាលនោះបានឡើយ» (រម ៨,១៨)។
គ្រីស្តបរិស័ទធម្មតាប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ ដោយមានសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ជំរុញ (កាឡ ៦,១០) គេ «លះបង់ការអាក្រក់គ្រប់យ៉ាងចេញ លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោល» (១សល២,១)។ ធ្វើដូច្នេះ គេមុខជាទាញមនុស្សទាំងអស់មករកព្រះគ្រីស្ត។ ប៉ុន្តែ «ព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង» (រម ៥,៥)។ ព្រះហឫទ័យស្រឡាញ់នោះប្រោសឲ្យគ្រីស្តបរិស័ទធម្មតាអាចសម្តែងគំនិតស្របតាមព្រះបន្ទូលស្តីអំពីសុភមង្គលដ៏ពិតប្រាកដ ក្នុងការរស់នៅរបស់គេ។ នៅពេលគេខ្វះខាត គេមិនធ្លាក់ទឹកចិត្តទេ ព្រោះគេដើរតាមព្រះយេស៊ូដែលដាក់ខ្លួនជាអ្នកក្រីក្រ ។ ពេលគេមានបរិបូរណ៍ហូរហៀរ គេមិនអួតខ្លួនទេ។ ដោយគេយកតម្រាប់តាមព្រះគ្រីស្តជាមនុស្សសុភាពរាបសា គេមិនអួតបំប៉ោងយ៉ាងឥតបានការ (កាឡ ៥,២៦)។ ផ្ទុយទៅវិញ គេខិតខំឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាជាងគាប់ចិត្តមនុស្សលោក គេប្រុងប្រៀបខ្លួនជានិច្ចនឹងលះបង់អ្វីៗទាំងអស់ ព្រោះតែព្រះគ្រីស្ត (លក ១៤,២៦) និងសុខចិត្តទទួលការប្រៀតបៀន ព្រោះតែសេចក្ដីសុចរិត (មថ ៥,១០) ទាំងនឹកចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ» (មថ ១៦,២៤)។ គេមានចិត្តស្រឡាញ់រាប់អានគ្នាបែបគ្រីស្តបរិស័ទ គឺជួយគ្នាទៅវិញទៅមកតាមតម្រូវការនៅគ្រប់ពេលវេលា។
របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណនេះ ត្រូវមានលក្ខណៈពិសេសតាមសភាពការណ៍នៃការរស់នៅរបស់គេម្នាក់ៗ គឺអ្នកខ្លះរស់នៅក្នុងឋានៈជាគូស្វាមីភរិយានិងមានក្រុមគ្រួសារ អ្នកខ្លះនៅលីវ ជាស្រីមេម៉ាយ ឬជាពោះម៉ាយ ជាអ្នកមានជំងឺ។ល។ របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណក៏មានលក្ខណៈពិសេសតាមអាជីវកម្មរបស់គេម្នាក់ៗ និងតាមសកម្មភាពរបស់គេក្នុងសង្គមដែរ។ ម្នាក់ៗត្រូវតែធ្វើឲ្យទេពកោសល្យ និងព្រះអំណោយទានដែលខ្លួនបានទទួល ចម្រើនឡើងជាលំដាប់ ជាពិសេស ត្រូវពង្រឹងទេពកោសល្យនិងអំណោយទានដែលសម្របតាមសភាពការណ៍នៃការរស់នៅរបស់ខ្លួន ហើយក៏ត្រូវប្រើអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ខ្លួនផ្ទាល់ទៀតផង។
មិនតែប៉ុណ្ណោះ មានគ្រីស្តបរិស័ទធម្មតាខ្លះតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅគេយ៉ាងពិសេស ហើយចូលរួមក្នុងសមាគម ឬក្នុងគ្រឹះស្ថានដែលព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការ។ គ្រីស្តបរិស័ទទាំងនោះ ត្រូវតែខិតខំប្រតិបត្តិតាមលក្ខណៈពិសេសនៃការរស់នៅ ស្របតាមការរស់នៅតាមព្រះវិញ្ញាណរបស់សមាគម ឬគ្រឹះស្ថានរបស់ខ្លួន។
សូមគ្រីស្តបរិស័ទធម្មតាចូលចិត្តជាខ្លាំងនូវសមត្ថភាពខាងអាជីវកម្ម គំនិតស្រឡាញ់ក្រុមគ្រួសារនិងសង្គម ព្រមទាំងស្រឡាញ់ព្រហ្មវិហាធម៌ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងសង្គម គឺមិនគៃបន្លំ មានបំណងចង់រកយុត្តិធម៌ មានចិត្តទៀងត្រង់ យោគយល់ដល់អ្នកដទៃ មានចិត្តក្លាហាននឹងន។ ប្រសិនបើគ្មានព្រហ្មវិហារធម៌ទាំងនោះទេ គ្មាននរណាអាចរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដបានឡើយ។
ព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមហាក្សត្រីយានីនៃក្រុមគ្រីស្តទូត ធ្វើជាគំរូដ៏ពេញលក្ខណៈអំពីការរស់នៅតាមព្រះវិញ្ញាណបែបនេះ និងពិតជាគំរូអំពីការរស់នៅជាគ្រីស្តទូតផងដែរ។ នៅពេលព្រះនាងរស់នៅលើផែនដីនេះ នាងរស់នៅតាមរបៀបរស់នៅរបស់មនុស្សទាំងអស់ គឺមានធ្វើការនៅផ្ទះ ធ្វើការនឿយហត់ក្នុងក្រុមគ្រួសារ តែ នាងម៉ារីនៅតែរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះបុត្រាជានិច្ច។ នាងក៏រួមសហការក្នុងកិច្ចការរបស់ព្រះសង្រ្គោះ តាមរបៀបប្លែកពីគេទាំងអស់។ ឥឡូវ ព្រះនាងនៅស្ថានបរមសុខ។ ៉ដោយនាងមានចិត្តស្រឡាញ់ទុកជាម្តាយ នាងចាប់អារម្មណ៍នឹងបងប្អូននៃព្រះបុត្រារបស់នាងដែលមិនទាន់ធ្វើដំណើរផុតពីផែនដីនេះនៅឡើយ ហើយដែលនៅតែប្រឈមមុខគ្រោះកាចនិងទុក្ខលំបាកផ្សេងៗជាច្រើន ទម្រាំទៅដល់មាតុភូមិដ៏សែនសុខសាន្ត» (ពន្លឺ ៦២.៦៥)។ គ្រីស្តបរិស័ទទាំងអស់ ត្រូវគោរពនាងម៉ារីយ៉ាងពិតប្រាកដ និងផ្ញើទាំងជីវិតគេ ទាំងមុខងាររបស់គេជាគ្រីស្តទូត ឲ្យនាងម៉ារីដែលស្រឡាញ់គេក្នុងឋានៈជាមាតា។
ជំពូក២
គោលដៅនៃអ្នកបំពេញកិច្ចការជាគ្រីស្តទូត
៥-អារម្ភកថា
ព្រះគ្រីស្តសង្គ្រោះមនុស្សលោក។ ប៉ុន្តែកិច្ចសង្គ្រោះនេះក៏សំដៅលើអ្វីៗទាំងអស់ដែលនៅក្នុងលោក ឲ្យបានប្រែជាថ្មីដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍មិនគ្រាន់តែទទួលបេសកកម្មនាំសាររបស់ព្រះគ្រីស្ត និងនាំព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គប៉ុណ្ណោះទេ តែព្រះសហគមន៍ទទួលបេសកកម្មនាំគំនិតស្របតាមដំណឹងល្អឲ្យជ្រាបចូលក្នុងអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក និងធ្វើឲ្យអ្វីៗទាំងនោះបានពេញលក្ខណៈដែរ។ គ្រីស្តបរិស័ទធម្មតាបំពេញបេសកកម្មនៃព្រះសហគមន៍នេះ គឺពិតជាគ្រីស្តទូតនៅក្នុងព្រះសហគមន៍ផង និងនៅក្នុងពិភពលោកផង ទាំងខាងផ្លូវវិញ្ញាណផង ទាំងខាងផ្លូវលោកីយ៍ផងដែរ។ ទោះបីផ្លូវខាងវិញ្ញាណ និងផ្លូវលោកីយ៍ប្លែកពីគ្នាក្តី ក៏ផ្លូវទាំងពីរនោះ ភ្ជាប់ជាមួយគ្នាតាមគម្រោងការតែមួយគត់របស់ព្រះជាម្ចាស់ដែរ គឺព្រះអង្គសព្វព្រះហឫទ័យលើកយកពិភពលោកទាំងមូលសាជាថ្មីក្នុងអង្គព្រះគ្រីស្ត ដើម្បីឲ្យពិភពលោកនេះកើតជាថ្មី ចាប់តាំងពីពេលនៅលើផែនដីនេះទៅ ទម្រាំបានពេញលក្ខណៈនៅថ្ងៃចុងក្រោយបំផុត។ គ្រីស្តបរិស័ទធម្មតាជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះ ជាម្ចាស់ផង និងជាសមាជិកនៃសង្គមមនុស្សផង តែមានមនសិការតែមួយ ជាមនសិការតាមជំនឿគ្រីស្តសាសនា។ មនសិការនេះ ត្រូវតែណែនាំគេក្នុងវិស័យទាំងពីរនេះជានិច្ច។
៦-មុខងារជាគ្រីស្តទូតមានគោលដៅនាំដំណឹងល្អ និងប្រោសមនុស្សឲ្យបានវិសុទ្ធ
ព្រះសហគមន៍ទទួលបេសកកម្មសង្គ្រោះមនុស្សលោក។ មនុស្សទទួលការសង្គ្រោះនេះដោយផ្ញើជីវិតលើព្រះ គ្រីស្ត និងដោយព្រះអង្គប្រណីសន្តោសដល់គេ។ ហេតុនេះ ព្រះសហគមន៍និងគ្រីស្តបរិស័ទទាំងអស់បំពេញមុខងារជាគ្រីស្តទូត មុនដំបូងត្រូវប្រកាសសាររបស់ព្រះគ្រីស្តឲ្យមនុស្សទាំងអស់ស្តាប់ឮ។ គេត្រូវប្រកាសសារនេះ ដោយពាក្យសម្តី និងដោយប្រព្រឹត្តកិច្ចការ គេក៏ត្រូវចែកប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គឲ្យអ្នកដទៃទៀតផង។ គេបំពេញកិច្ចការនេះជាពិសេសដោយមុខងារបម្រើព្រះបន្ទូល និងដោយធ្វើអគ្គសញ្ញាជូនគេ។ ព្រះសហគមន៍បានផ្ញើមុខងារនេះយ៉ាងពិសេសទៅក្រុមគ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាតែងតាំង ក៏ប៉ុន្តែគ្រីស្តបរិស័ទធម្មតា ក៏មានតួនាទីផ្ទាល់ដែលមានសារៈសំខាន់ជាទីបំផុត គឺតួនាទីនោះផ្តល់ឲ្យគេទៅជា «សហការីនៃសេចក្តីពិត» (៣ យហ ៨)។ តួនាទីរបស់អស់លោកដែលទទួលមុខងារឃ្វាលណែនាំព្រះសហគមន៍ និងតួនាទីរបស់គ្រីស្តបរិស័ទធម្មតាបង្គ្រប់គ្នាទៅវិញទៅមក យ៉ាងពិសេសក្នុងករណីនេះ។
គ្រីស្តបរិស័ទធម្មតាមានឱកាសជាច្រើនឥតគណនា អាចបំពេញកិច្ចការជាគ្រីស្តទូតដោយនាំដំណឹងល្អ និងប្រោសឲ្យមនុស្សបានវិសុទ្ធ។ គ្រីស្តបរិស័ទផ្តល់សក្ខីភាពតាមការរស់នៅបែបជាគ្រីស្តបរិស័ទ ហើយដោយកិច្ចការដែលគេប្រព្រឹត្ត ទាំងមានចិត្តគំនិតអំពីលោកខាងលើ។ សក្ខីភាពទាំងពីរនោះ ពិតជាមានកម្លាំងយ៉ាងខ្លាំង អាចទាក់ទាញចិត្តមនុស្សមកកាន់ជំនឿ និងមករកព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែល គង់នៅស្ថានបរមសុខ» (មថ ៥,១៦)។
គ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែដោយផ្តល់សក្ខីភាពប៉ុណ្ណោះទេ តែគ្រីស្តទូតដ៏ពិតប្រាកដ ឆ្លៀតយកគ្រប់ឱកាសសម្រាប់ប្រកាសអំពីព្រះគ្រីស្ត ដោយមានប្រសាសន៍ គឺមានប្រសាន៍ទៅកាន់អ្នកគ្មានជំនឿ ដើម្បីជួយគេឲ្យធ្វើដំណើរទៅកាន់ជំនឿ ព្រមទាំងមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទ ដើម្បីបង្រៀនគេ ពង្រឹងជំនឿរបស់គេ ដាស់តឿនគេឲ្យស្រឡាញ់ព្រះគ្រីស្តកាន់តែខ្លាំងឡើងៗផងដែរ «ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង» (២ករ ៥,១៤)។ គ្រីស្តទូតប៉ូលមានប្រសាសន៍ថា «ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!» (១ករ ៩,១៦)។ សេចក្តីនេះត្រូវលាន់ឮក្នុងចិត្តគំនិតរបស់គ្រីស្តបរិស័ទទាំងអស់។
នាសម័យបច្ចុប្បន្ន មានសំណួរថ្មីជាច្រើនចោទឡើង ហើយក៏មានការផ្សព្វផ្សាយសេចក្តីខុសជាទម្ងន់ដែលមានទិសដៅចង់កម្ចេចបំផ្លាញសាសនាដល់ឫស ចង់បំផ្លាញរបៀបរៀបរយខាងសីលធម៌ ព្រមទាំងចង់បំផ្លាញសង្គមមនុស្សផងដែរ។ ហេតុនេះហើយបានជា មហាសន្និបាតសូមដាស់តឿនគ្រីស្តបរិស័ទធម្មតាយ៉ាងខ្លាំង សូមឲ្យម្នាក់ៗរួមចំណែកកាន់តែសកម្មក្នុងការរិះគិតយ៉ាងជ្រៅអំពីគោលការណ៍នៃគ្រីស្តសាសនា ឲ្យបានស្របតាមគោលគំនិតនៃព្រះសហគមន៍ គឺម្នាក់ៗត្រូវធ្វើតាមទេពកោសល្យ និងតាមការអប់រំរបស់ខ្លួនខាងលទ្ធិនៃគ្រីស្តសាសនា។ សូមឲ្យគេរួមការពារគោលការណ៍ទាំងនោះ ព្រមទាំងអនុវត្តតាម ឲ្យបានសមស្របតាមបញ្ហានាសម័យឥឡូវ។
៧-ត្រូវប្រែមនុស្សលោកីយ៍ឲ្យបានថ្មីតាមគោលគំនិតគ្រីស្តបរិស័ទ
ព្រះជាម្ចាស់មានគម្រោងការអំពីពិភពលោកដូចតទៅ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកសុខចិត្តរួម គ្នាកសាងពិភពលោក និងនាំឲ្យពិភពលោកកាន់តែប្រសើរឡើងៗ។ អ្វីៗដែលហៅថា «ពិភពលោក» មានដូចតទៅ គឺសម្បត្តិដែលពាក់ព័ន្ធនឹងជីវិតនិងក្រុមគ្រួសារ វប្បធម៌ កិច្ចការខាងសេដ្ឋកិច្ច អាជីវកម្ម និងមុខងារគ្រឹះស្ថាននៃសមាគមនយោបាយ ទំនាក់ទំនងអន្តរជាតិ និងកិច្ចការផ្សេងៗទៀតស្រដៀងគ្នា ការអភិវឌ្ឍន៍និងការចម្រើនឡើងនៃអ្វីៗទាំងនោះ។ អ្វីៗទាំងនោះមានតម្លៃដោយខ្លួនឯងផ្ទាល់ ព្រោះព្រះជាម្ចាស់បានដាក់តម្លៃនេះនៅក្នុងខ្លួនអ្វីៗទាំងនោះផ្ទាល់ មិនគ្រាន់តែមានតម្លៃទុកជាមធ្យោបាយដែលពាក់ព័ន្ធនឹងទិសដៅបំផុតរបស់មនុស្សប៉ុណ្ណោះទេ។ទោះបីយើងរាប់អ្វីៗនីមួយៗផ្ទាល់ក្តី ឬរាប់អ្វីៗទាំងនោះទុកជាចំណែកក្នុងពិភពលោកទាំងមូលក្តី ក៏ «ព្រះជាម្ចាស់ទតឃើញអ្វីៗ ទាំងអស់ដែលព្រះអង្គបានប្រតិស្ឋានមក ទ្រង់ឈ្វេងយល់ថា ល្អប្រសើរបំផុតហើយ» (កណ ១,៣១)។ អ្វីទាំងនោះ កើតមកល្អស្រាប់ហើយ តែអ្វីទាំងនោះទទួលតម្លៃដ៏ថ្លៃថ្នូរយ៉ាងពិសេស ដោយមានទំនាក់ទំនងជាមួយមនុស្ស គឺព្រះអង្គប្រតិស្ឋានអ្វីទាំងនោះ ដើម្បីបម្រើមនុស្ស។ ព្រះអង្គក៏សព្វព្រះហឫទ័យប្រមែប្រមូលអ្វីៗទាំងអស់ ទោះនៅក្នុងពិភពលោកក្តី ទាំងអ្វីៗហួសពីពិភពលោកនេះក្តី ឲ្យរួបរួមជាអង្គភាពតែមួយក្នុងអង្គព្រះគ្រីស្ត «ដើម្បីឲ្យព្រះអង្គធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់» (កូឡ ១,១៨)។
ដោយព្រះជាម្ចាស់កំណត់ទិសដៅនេះ ព្រះអង្គមិនបណ្តោយឲ្យអ្វីៗទាំងអស់ក្នុងពិភពលោកបាត់បង់ស្វ័យភាពទេ ឬបាត់បង់ទិសដៅនិងបទដ្ឋានរបស់ខ្លួន ឬបាត់បង់មធ្យោបាយនិងសារៈសំខាន់របស់ខ្លួន ដើម្បីជាប្រយោជន៍ដល់មនុស្សលោកទេ តែផ្ទុយទៅវិញ ព្រះអង្គប្រោសឲ្យអ្វីៗទាំងនោះមានកម្លាំង និងមានតម្លៃផ្ទាល់កាន់តែខ្លំាង និងកាន់តែពេញលក្ខណៈឡើងៗ។ នៅពេលជាមួយគ្នានេះ ព្រះអង្គលើកអ្វីៗទាំងនោះឲ្យមានកម្រិតខ្ពស់ស្មើនឹងទិសដៅកំណត់ទាំងស្រុងរបស់មនុស្សនៅលើផែនដីនេះ។
តាមប្រវត្តិសាស្ត្រ របៀបមនុស្សប្រើប្រាស់អ្វីៗក្នុងលោកនេះបណ្តាលឲ្យគេវង្វេងធ្វើផ្តេសផ្តាសជាទម្ងន់។ ដោយសារអំពើបាបខាងដើមដំបូង មនុស្សពិតជាវង្វេងលែងស្គាល់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ជាញឹកញាប់គេក៏វង្វេងអំពីសភាពរបស់ខ្លួនជាមនុស្ស និងអំពីគោលការណ៍នៃសីលធម៌ជាច្រើនដង។ ហេតុនេះហើយបានជាកិរិយាមារយាទនិងអ្វីៗដែលមនុស្សតែងតាំងត្រួវបាត់គុណភាព ហើយគេមើលងាយមើលបុគ្គលម្នាក់ៗទៀតដែរ។ នាសម័យឥឡូវ ក៏មានមនុស្សខ្លះសំអាងហួសហេតុលើការចម្រើននៃវិទ្យាសាស្រ្ត និងលើការចម្រើននៃបច្ចេកទេស ក៏ដូចជាបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំអ្វីៗក្នុងលោកនេះទុកជាព្រះរបស់ខ្លួន។ គេត្រឡប់ទៅជាទាសករនៃអ្វីៗក្នុងលោកនោះ គឺគេលែងធ្វើជាម្ចាស់លើអ្វីៗទាំងនោះទៀតហើយ។
ព្រះសហគមន៍ទាំងមូលមានភារកិច្ចជួយមនុស្សលោកឲ្យមានសមត្ថភាពអាចកសាងពិភពលោក ដើម្បីឲ្យ ពិភពលោកនេះមានរបៀបរៀបរយយ៉ាងល្អ តម្រង់ទៅរកព្រះជាម្ចាស់ ដោយសារព្រះគ្រីស្ត។ អស់លោកគង្វាលមានភារកិច្ចពន្យល់យ៉ាងច្បាស់នូវគោលការណ៍ស្តីអំពីទិសនៃសត្វលោកទាំងអស់ និងអំពីការប្រើប្រាស់អ្វីៗក្នុងលោកនេះ។ អស់លោកក៏នាំជំនួយខាងវិញ្ញាណ និងខាងសីលធម៌ ដើម្បីឲ្យព្រះគ្រីស្តប្រែអ្វីៗទាំងអស់ក្នុងពិភពលោកនេះឲ្យបានជាថ្មី។
គ្រីស្តបរិស័ទធម្មតាត្រូវចាត់ទុកថា ភារកិច្ចប្រែពិភពលោកឲ្យបានជាថ្មី ជាភារកិច្ចរបស់ខ្លួនគេផ្ទាល់។ ពួកគេត្រូវសម្រេចចិត្តយ៉ាងជាក់ច្បាស់បំពេញភារកិច្ចនោះ ដោយមានពន្លឺនៃដំណឹងល្អបំភ្លឺចិត្តគំនិត និងដោយមានគោលគំនិតនៃព្រះសហគមន៍ណែនាំ ព្រមទាំងដោយមានសេចក្តីស្រឡាញ់ជំរុញទៀតដែរ។ គ្រីស្តបរិស័ទធម្មតាក្នុងនាម ខ្លួនជាប្រជាពលរដ្ឋនៃលោកនេះ ត្រូវរួមសហការជាមួយប្រជាពលរដ្ឋឯទៀតៗ តាមសមត្ថភាពពិសេសរបស់ខ្លួនផ្ទាល់។ គេទទួលខុសត្រូវខ្លួនឯង និងស្វែងរកសេចក្តីសុចរិតនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការនិងនៅគ្រប់ទីកន្លែង។ ត្រូវប្រែរបៀបរៀបរយនៃពិភពលោកឲ្យបានជាថ្មី ដើម្បីឲ្យពិភពលោកនេះកាន់តែស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតនៃការរស់នៅជាគ្រីស្តបរិស័ទ និងឲ្យបានសម្របតាមការរស់នៅប្លែកៗពីគ្នាតាមស្រុកនីមួយៗ តាមកាលៈទេសៈ និងតាមប្រជាជាតិនានាផង។ ប៉ុន្តែត្រូវប្រែរបៀបរៀបរយនៃពិភពលោកដោយគោរពបទដ្ឋាននិងស្របតាមបទដ្ឋាននៃពិភពលោកនេះ។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងនោះ កិច្ចការខាងសង្គមកិច្ចតាមគ្រីស្តសាសនាសំខាន់ជាងគេ។ មហាសន្និបាតមានបំណងចង់ឲ្យគ្រីស្តបរិស័ទធម្មតាលាតសន្ធឹងកិច្ចការខាងសង្គមកិច្ចនេះក្នុងគ្រប់វិស័យនៃពិភពលោក ដោយមិនបំភ្លេចវិស័យវប្បធម៌ទៀតផង។
៨-កិច្ចការមនុស្សធម៌គឺជាកិច្ចការរបស់គ្រីស្តបរិស័ទជាគ្រីស្តទូត
សេចក្តីស្រឡាញ់ពិតជាប្រភពនិងជាកម្លាំងរបស់កិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង។ ព្រះគ្រីស្តទ្រង់សព្វព្រះហឫទ័យឲ្យកិច្ចការខ្លះទៅជាសញ្ញាសម្គាល់បញ្ជាក់អំពីបេសកកម្មរបស់ព្រះអង្គក្នុងឋានៈជាព្រះគ្រីស្ត (មថ ១១,៤,៥) ព្រោះកិច្ចការខ្លះ បញ្ជាក់យ៉ាងជាក់ច្បាស់អំពីសេចក្តីស្រឡាញ់នោះ។
ក្នុងធម្មវិន័យទាំងមូល វិន័យដ៏សំខាន់ជាងគេមានចែងដូចតទៅ គឺត្រូវស្រឡាញ់ព្រះជាម្ចាស់ឲ្យអស់ពីចិត្តគំនិត និងស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ (មថ ២២,៣៧,៤០)។ ព្រះគ្រីស្តបានលើកវិន័យស្តីអំពីសេចក្តី ស្រឡាញ់ចំពោះអ្នកដទៃនោះ ទុកជាវិន័យផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គក៏បានប្រទានឲ្យវិន័យនោះមានអត្ថន័យថ្មី ដោយព្រះអង្គជាមនុស្សពិតប្រាកដ ដូចមនុស្សឯទៀតជាបងប្អូន ទាំងមានព្រះបន្ទូលថា៖ «គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើអ្វី ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ» (មថ ២៥,៤០)។ ដោយព្រះគ្រីស្តប្រសូតជាមនុស្ស ព្រះអង្គក៏រួបរួមជាមួយមនុស្សលោក ទាំងមូល ទាំងរួមសាមគ្គីជាមួយគេយ៉ាងអស្ចារ្យហួសពីសាមគី្គធម្មតារវាងមនុស្សនិងមនុស្ស និងបង្រួបបង្រួមគេឲ្យទៅជាមហាគ្រួសារតែមួយ។ ព្រះអង្គក៏មានព្រះបន្ទូលលើកសេចក្តីស្រឡាញ់ទុកជាលក្ខណៈផ្ទាល់របស់សាវ័កថា៖ «បើ អ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជានឹងដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន» (យហ ១៣,៣៥)។
នៅខាងដើមដំបូង ព្រះសហគមន៍បានភ្ជាប់ «ពិធីជប់លៀងដោយសេចក្តីស្រឡាញ់» ជាមួយនឹងពិធីអរព្រះគុណ។ ដោយភ្ជាប់ពិធីទាំងពីរដូច្នេះ ព្រះសហគមន៍មានបំណងបញ្ជាក់ថា ព្រះសហគមន៍ទាំងមូលរួបរួមគ្នានៅជុំវិញព្រះគ្រីស្តដោយមានសេចក្តីស្រឡាញ់ជាចំណង។ យ៉ាងណាមិញ នៅគ្រប់សម័យព្រះសហគមន៍ក៏បង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ ដោសារអគ្គសញ្ញាអរព្រះគុណនោះ ជាសញ្ញានៃសេចក្តីស្រឡាញ់។ ទោះបីព្រះសហគមន៍មានអំណរដោយទទួលស្គាល់ថា អ្នកដទៃក៏ធ្វើអំពើល្អប្រកបដោយសេចក្តីស្រឡាញ់ដែរ ក៏ព្រះសហគមន៍រាប់ថា អំពើតាមមនុស្សធម៌ទុកជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួនផ្ទាល់ និងចាត់ទុកការប្រព្រឹត្តអំពើតាមមនុស្សធម៌នោះ ជាសិទ្ធិរបស់ខ្លួន ដែលបំបាត់មិនបាន។ ហេតុនេះហើយបានជាព្រះសហគមន៍តែងតែគោរពលើកតម្កើងយ៉ាងពិសេសបំផុត នូវកិច្ចការប្រកបដោយមេត្តាករុណាចំពោះជនក្រីក្រនិងជនទន់ខ្សោយ នូវគ្រប់កិច្ចការដែលហៅថា ៉កិច្ចការប្រកបដោយសេចក្តីស្រឡាញ់ ៉ និងការជួយគ្នាទៅវិញទៅមកដើម្បីសម្រាលទុក្ខគ្រប់យ៉ាងរបស់មនុស្សលោកផង។
សព្វថ្ងៃ សកម្មភាពនិងកិច្ចការប្រកបដោយមនុស្សធម៌ទាំងនោះ ក៏កាន់តែមានសារៈសំខាន់។ យើងក៏ត្រូវចាប់អាម្មណ៍ដល់ពិភពលោកទាំងមូល ដ្បិតមធ្យោបាយទូរគមនាគមន៍កាន់តែស្រួលនិងកាន់តែលឿន ធ្វើឲ្យមនុស្សទាំងអស់ហាក់ដូចជាជិតគ្នា មនុស្សដែលរស់នៅក្នុងពិភពលោកទាំងមូល ក៏ដូចជាត្រឡប់ទៅជាក្រុមគ្រួសារតែមួយរួចហើយ។ កិច្ចការនៃសេចក្តីស្រឡាញ់អាច (នឹងត្រូវ) ទៅកាន់មនុស្សទាំងអស់ និងដល់អស់ជនរងគ្រោះ។ គ្រីស្តបរិស័ទដែលមានចិត្តស្រឡាញ់ ត្រូវស្វែងរក (និងរកឲ្យឃើញ) មនុស្សនៅគ្រប់ទីកន្លែងដែលរងទុក្ខដោយខ្វះស្បៀងអាហារ ខ្វះទឹកពិសា ខ្វះសម្លៀកបំពាក់ ខ្វះថ្នាំសង្កូវ ខ្វះការរៀនសូត្រ ខ្វះមធ្យោបាយរស់នៅឲ្យបានសមនឹងឋានៈរបស់ខ្លួនជាមនុស្ស។ គ្រីស្តបរិស័ទត្រូវស្វែងរក (និងរកឃើញ) អស់អ្នកដែលត្រូវគ្រោះកាចផ្សេងៗ អស់អ្នកដែលមានជំងឺ អស់អ្នកដែលត្រូវគេនិរទេស ឬត្រូវគេចាប់ឃុំឃាំង។ល។ ត្រូវយកចិត្តទុកដាក់លើកទឹកចិត្តគេ និងជួយសម្រាលទុក្ខគេដោយផ្តល់ជំនួយស្របតាមទុក្ខរបស់គេ។ ជាដំបូង ភារកិច្ចនេះជាភាកិច្ចរបស់មនុស្ស និងប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។
ត្រូវរាប់អ្នកដទៃទុកជារូបតំណាងរបស់ព្រះជាម្ចាស់ គឺព្រះអង្្គបានប្រតិស្ឋានគេឲ្យបានដូចព្រះអង្គ ហើយត្រូវ យល់ឃើញថា អ្នកដទៃនោះពិតជាព្រះគ្រីស្តជាអម្ចាស់នៃយើង។ តាមពិត អ្វីៗទាំងអស់ដែលយើងជូនទៅអ្នកក្រីក្រ គឺយើងថ្វាយចំពោះព្រះគ្រីស្តជាអម្ចាស់នៃយើងដែរ។ ត្រូវគោរពសេរីភាព និងតម្លៃដ៏ថ្លៃថ្នូររបស់អ្នកដែលខ្លួនជួយនោះ ដោយចិត្តប្រុងប្រយ័ត្ន និងដោយរិះគិតពិចារណា។ ត្រូវមានចិត្តទៀងត្រង់ មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ឬមិនមានបំណងចង់ធ្វើជាម្ចាស់លើគេ។ ត្រូវបំពេញសេចក្តីត្រូវការតាមយុត្តិធម៌ជាមុនសិន ក្រែងលោយើងជូនអ្វីៗទុកជាអំណោយមកពីសេចក្តីស្រឡាញ់ តែតាមពិតជាអ្វីដែលគេត្រូវការឲ្យគេតាមយុត្តិធម៌។ សូមបំបាត់មូលហេតុដែលបណ្តាលឲ្យមាន ទុក្ខលំបាក កុំបំបាត់តែលទ្ធផលនៃមូលហេតុទាំងនោះប៉ុណ្ណោះ។ សូមចាត់ចែងជំនួយឲ្យមានរបៀបរៀបរយ ដើម្បីឲ្យអ្នកទទួលជំនួយទាំងនោះបានរួចផុតពីចំណងចំពោះអ្នកដទៃ និងមានលទ្ធភាពអាចទប់ទល់ ដោយខ្លួនឯងបាន។ ធ្វើដូច្នេះ ទើបគ្មាននរណាអាចរិះគន់កិច្ចប្រព្រឹត្តតាមសេចក្តីស្រឡាញ់នោះទាល់តែសោះ និងគេយល់គ្រប់គ្នាថា កិច្ចការទាំងនោះពិតជាកើតមកពីសេចក្តីស្រឡាញ់។
ហេតុនេះហើយបានជាគ្រីស្តបរិស័ទធម្មតាត្រូវរាប់រកកិច្ចការប្រកបដោយសេចក្តីស្រឡាញ់ទុកជាមានតម្លៃយ៉ាងខ្លាំង និងត្រូវជួយធ្វើកិច្ចការទាំងនោះតាមសមត្ថភាពរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ជាខ្លាំងចំពោះកិច្ចការដែលគេចាប់ផ្តើមធ្វើសម្រាប់ជួយក្នុងសង្គម ទោះជាកិច្ចការរបស់បុគ្គលក្តី ឬជាកិច្ចការសាធារណៈក្តី ដោយមិនបំភ្លេចកិច្ចការអន្តរជាតិទេ។ ដោយជំនួយអន្តរជាតិទាំងនោះគ្រីស្តបរិស័ទអាចជួយមនុស្សនិងប្រជាជនទាំងអស់ដែលកំពុងតែរងទុក្ខលំបាកយ៉ាងសកម្ម។ ក្នុងកិច្ចការទាំងនេះ សូមឲ្យគ្រីស្តបរិស័ទរួមសហការជាមួយអស់មនុស្សដែលមានឆន្ទៈល្អ។
ជំពូក៣
វិស័យនានាសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត
៩-អារម្ភកថា
គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតរបស់ខ្លួន តាមបែបជាច្រើន ទាំងនៅក្នុងព្រះសហគមន៍ ទាំងនៅក្នុងពិភពលោក។ ក្នុងវិស័យទាំងពីរនោះ គេអាចបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗពីគ្នា។ ឥឡូវ យើងសូមរំឭកគ្រីស្តបរិស័ទអំពីវិស័យសំខាន់ៗដែលមានដូចតទៅ ៖ សហគមន៍គ្រីស្តបរិស័ទ ក្រុមគ្រួសារ យុវជនយុវនារី ក្រុមតាមវណ្ណៈក្នុងសង្គម វិស័យជាតិនិងអន្តរជាតិ។ សព្វថ្ងៃ ស្រ្តីៗមានសកម្មភាពកាន់តែខ្លាំងឡើង ក្នុងគ្រប់វិស័យនៃការរស់នៅក្នុងសង្គម។ ហេតុនេះ ត្រូវឲ្យស្រ្តីៗទទួលចំណែកកាន់តែខ្លាំងឡើងៗ ក្នុងវិស័យទាំងអស់នៃកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍។ ការរួមចំណែកនេះមានសារៈសំខាន់ខ្លាំងណាស់។
១០-វិស័យសហគមន៍របស់គ្រីស្តបរិស័ទ
គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ហេតុនេះ គេបំពេញចំណែកមុខងារយ៉ាងសកម្មក្នុងការរស់នៅ និងក្នុងសកម្មភាពនៃព្រះសហគមន៍។ គេមានសកម្មភាព ជាចំាបាច់ក្នុងសហគមន៍គ្រីស្តបរិស័ទ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតាគ្មានសកម្មភាពទេ អស់លោកគង្វាលធ្វើកិច្ចការរបស់ខ្លួនក្នុងឋានៈជាគ្រីស្តទូត ដោយពំុបានលទ្ធផលយ៉ាងពេញលេញឡើយ។ កាលពីដើម មានបុរសនិងស្រ្តីតែងតែជួយគ្រីស្តទូតប៉ូលក្នុងកិច្ចប្រកាសដំណឹងល្អ (កក ១៨,១៨-២៦; រម ១៦,៣)។ យ៉ាងណាមិញ គ្រីស្តបរិស័ទធម្មតាដែលមានឆន្ទៈជាគ្រីស្តទូតយ៉ាងពិតប្រាកដ ក៏ជួយបងប្អូន លើកទឹកចិត្តអស់លោកគង្វាល ទាំងសមាជិកឯទៀតៗ នៃប្រជារាស្រ្តដែលផ្ញើជីវិតលើព្រះជាម្ចាស់ (១ករ ១៦,១៧-១៨)។ គ្រីស្តបរិស័ទធម្មតាចិញ្ចឹមជីវិតរបស់ខ្លួនតាមព្រះវិញ្ញាណ ដោយរួមយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍នៃសហគមន៍របស់ខ្លួន។ គេយកចិត្តទុកដាក់នឹងកិច្ចការជាគ្រីស្តទូតរបស់សហគមន៍នោះ។ គេក៏នាំផ្លូវមនុស្សដែលប្រហែលស្ថិតនៅឆ្ងាយពីព្រះសហគមន៍ ឲ្យមករកព្រះសហគមន៍វិញ។ គេយកចិត្តទុកដាក់រួមសហការយ៉ាងខ្លាំងក្នុងការប្រកាសផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេសដោយអប់រំជំនឿក្មេងៗ។ គេយកសមត្ថភាពរបស់ខ្លួនមកធ្វើឲ្យមុខងារបម្រើព្រះសហគមន៍ និងការចាត់ចែងទ្រព្យសម្បត្តិរបស់ព្រះសហគមន៍កាន់តែមានប្រសិទ្ធភាពឡើងៗផង។
ភូមិគ្រីស្តបរិស័ទពិតជាឧទាហរណ៍មួយយ៉ាងអស្ចារ្យអំពីកិច្ចការជាគ្រីស្តទូតរួម ដ្បិតក្នុងភូមិគ្រីស្តបរិស័ទនោះ មនុស្សប្លែកៗពីគ្នារួបរួមគ្នាជាធ្លុងតែមួយ និងចូលរួមក្នុងព្រះសហគមន៍សកល។ សូមឲ្យគ្រីស្តបរិស័ទធម្មតាមានទម្លាប់រួមសហការយ៉ាងជិតស្និទ្ធជាមួយអស់លោកគង្វាលរបស់ខ្លួន លើកយកបញ្ហារបស់ខ្លួនផ្ទាល់ និងបញ្ហារបស់មនុស្សលោក ព្រមទាំងសំណួរអំពីការសង្គ្រោះមនុស្សលោក នាំមកឲ្យព្រះសហគមន៍ពិនិត្យមើល និងរកដំណោះស្រាយ ទាំងគិតគូរដល់យោបល់របស់គ្រីស្តបរិស័ទទាំងអស់។ គេរួមសហការតាមលទ្ធភាពរបស់គេក្នុងគ្រប់កិច្ចការជាគ្រីស្តទូត និងគ្រប់កិច្ចប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ជាក្រុមគ្រួសាររបស់គេ។
គ្រីស្តបរិស័ទធម្មតា ត្រូវពង្រឹងចិត្តគំនិតស្រឡាញ់ភូមិភាគរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើងៗ ព្រោះថាព្រះសហ- គមន៍តាមភូមិនានាដូចជាកោសិការនៃភូមិភាគ។ គេប្រុងខ្លួនតបឆ្លើយនឹងអភិបាលរបស់ខ្លួនឲ្យរួមសហការនឹងកិច្ចការដែលភូមិភាគចាត់ចែង។ ម៉្យាងទៀត គេត្រូវខិតខំតបឆ្លើយនឹងសេចក្ដីត្រូវការរបស់ប្រជាជនដែលរស់នៅក្នុងទីក្រុង និងនៅតាមជបទ ដោយមិនគ្រាន់តែរួមសហការត្រឹមតែភូមិ ឬភូមិភាគប៉ុណ្ណោះទេ តែខិតខំពង្រីកការរួមសហការរបស់គេទៅសហការអន្តរភូមិ អន្តរភូមិភាគ ហើយរហូតទៅដល់កម្រិតជាតិនិងអន្តរជាតិ។ សព្វថ្ងៃ ដោយប្រជាជនកាន់តែផ្លាស់ប្តូរទីលំនៅជានិច្ច មានចំណងនានាទៅវិញទៅមកកើតកាន់តែច្រើនឡើង ទូរគមនាគមន៍កាន់តែស្រួលទៅៗ មិនបណ្តោយឲ្យក្រុមមួយក្នុងសង្គមអាចរស់នៅដោយឯកឯង មិនគិតដល់ក្រុមឯទៀតៗបានទេ។ គ្រីស្តបរិស័ទធម្មតា ត្រូវយកចិត្តទុកដាក់នឹងសេចក្ដីទាមទាររបស់ប្រជារាស្រ្តព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយនៅលើផែនដីទាំងមូល ជាពិសេសគេយកចិត្តទុកដាក់នឹងកិច្ចជួយព្រះសហគមន៍នៅប្រទេសដែលមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត គឺ ជួយជាសម្ភារៈ ឬជាបុគ្គល។ គ្រីស្តបរិស័ទមានភារកិច្ចនិងកិត្តិយស សងព្រះជាមា្ចស់នូវទ្រព្យសម្បត្តិមួយចំណែកដែលគេបានទទួលពីព្រះអង្គ។
១១-ក្រុមគ្រួសារ
ព្រះអាទិករបានលើកសហគមន៍នៃគូស្វាមីភរិយាធ្វើជាប្រភព និងជាគ្រឹះនៃសង្គមមនុស្ស។ ព្រះអង្គក៏ប្រោសប្រណីឲ្យគូស្វាមីភរិយាសម្តែងគម្រោងការដ៏អស្ចារ្យ ដែលមានអត្ថន័យជ្រៅបំផុតអំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍ (អភ ៥,២២)។ ហេតុនេះ កិច្ចការជាគ្រីស្តទូតរបស់គូស្វាមីភរិយា និងរបស់ក្រុមគ្រួសារ មានសារៈសំខាន់យ៉ាងពិសេសសម្រាប់ព្រះសហគមន៍ និងសម្រាប់សង្គមទូទៅ។
គូស្វាមីភរិយាពិតជាសហការីរបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងជាសាក្សីអំពីជំនឿចំពោះគូរបស់ខ្លួន ចំពោះកូន និងចំពោះសមាជិកឯទៀតៗក្នុងក្រុមគ្រួសាររបស់គេដែរ។ គេបញ្ជូនបន្តជំនឿដល់កូនរបស់ខ្លួនមុនគេ និងអប់រំជំនឿនេះឲ្យកូនមុនគេដែរ។ គេអប់រំកូនៗដោយបង្រៀន និងដោយធ្វើជាគំរូតាមការរស់នៅ បែបជាគ្រីស្តបរិស័ទ និងជាគ្រីស្តទូតដែរ។ ពេលកូនៗជ្រើសរើសរបៀបរស់នៅតាមព្រះជាម្ចាស់ត្រាស់ហៅ គេជួយទូន្មានកូនៗដោយប្រាជ្ញា។ ប្រសិនបើគេយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅឲ្យកូនទៅជាបូជាចារ្យ គេជួយកូនឲ្យថ្វាយខ្លួនជាបូជាចារ្យ ឬជាបព្វជិត។
តាំងពីដើមរៀងមក ហើយជាពិសេសសព្វថ្ងៃ គូស្វាមីភរិយាមានភារកិច្ចធ្វើជាគ្រីស្តទូតយ៉ាងសំខាន់ជាងគេ គឺបង្ហាញបញ្ជាក់ដោយការរស់នៅទាំងស្រុងរបស់គេថា គូស្វាមីភរិយាមិនអាចបំបាក់បំបែកគ្នាបានឡើយ ហើយចំណង នៃអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយាពិតជាចំណងដ៏វិសុទ្ធផង។ គេមានភារកិច្ចប្រកាសយ៉ាងខ្លាំងដាច់អហង្ការថា ឪពុកម្តាយ និងអាណាព្យាបាលមានសិទ្ធិនិងភារកិច្ចអប់រំកូនៗតាមបែបជាគ្រីស្តបរិស័ទ។ គេមានភារកិច្ចការពារតម្លៃដ៏ថ្លៃថ្នូរ និងស្វ័យភាពដ៏ត្រឹមត្រូវនៃក្រុមគ្រួសារ។ ហេតុនេះហើយបានជាគូស្វាមីភរិយា និងគ្រីស្តបរិស័ទទាំងអស់ត្រូវតែរួមសហការជាមួយមនុស្សដែលមានឆន្ទៈល្អ ដើម្បីឲ្យច្បាប់សង្គមការពារសិទិ្ធទាំងនោះយ៉ាងពេញលេញ។ សូមរដ្ឋអំណាចដែលគ្រប់គ្រងប្រទេសនីមួយៗ ទទួលស្គាល់សេចក្តីទាមទាររបស់ក្រុមគ្រួសារអំពីសិទ្ធិឲ្យគេមានផ្ទះសម្បែង សិទ្ធិក្នុងការអប់រំកូន សិទ្ធិទាមទារសភាពការណ៍ការងារដ៏ល្អ សិទ្ធិទាមទារសុវត្ថិភាពក្នុងសង្គម និងសិទ្ធិពិនិត្យមើលការកំណត់ពន្ធដារតាមយុត្តិធម៌។ នៅពេលប្រជាជនផ្លាស់ប្តូរទីលំនៅ រដ្ឋអំណាចត្រូវគោរពយ៉ាងពេញលេញនូវសិទ្ធឲ្យក្រុមគ្រួសាររួមរស់ជាមួយគ្នា។
ព្រះជាម្ចាស់បានប្រទានឲ្យក្រុមគ្រួសារមានបេសកកម្មឲ្យទៅជាកោសិកាដែលផ្តល់ជីវិតដើមដំបូងដល់សង្គម។ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាតែសមាជិកក្រុមគ្រួសារគោរពនិងស្រឡាញ់ព្រះជាម្ចាស់ រួមគ្នាអធិដ្ឋាន និងបង្ហាញខ្លួនទុកជាព្រះវិហាររបស់ព្រះសហគមន៍នៅក្នុងផ្ទះ។ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាតែសមាជិកក្រុមគ្រួសារទាំងអស់ចូលរួមក្នុងពិធីគោរពប្រណិប័តន៍នៃព្រះសហគមន៍។ នៅទីបញ្ចប់ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាែតក្រុមគ្រួសារទទួលភ្ញៀវយ៉ាងសកម្ម ហើយខិតខំរកយុត្តិធម៌ក្នុងសង្គម និងបម្រើបងប្អូនទាំងអស់ដែលខ្វះខាត។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានរបស់ក្រុមគ្រួសារ ត្រូវកំណត់កិច្ចការពិសេសផ្សេងៗដូចតទៅ៖ ការទទួលកូនដែលត្រូវគេបោះបង់ចោល ការទទួលជនបរទេសដោយរាក់ទាក់ ការជួយធ្វើឲ្យសាលារៀនមានដំណើរការយ៉ាងស្រួល ការទូន្មាននិងជួយកូនជំទង់ ការជួយគូរដណឹ្តងឲ្យរៀបចំខ្លួនទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍ ការអប់រំជំនឿក្មេងៗ ការលើកទឹកចិត្តគូស្វាមីភរិយា និងក្រុមគ្រួសារដែលជួបឧបសគ្គខាងសម្ភារៈឬខាងផ្លូវសីលធម៌ និងការជួយចាស់ជរាឲ្យទទួលផលដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺមនុស្សចាស់ជរាមិនគ្រាន់តែត្រូវមានអ្វីៗដែលខានមិនបានប៉ុណ្ណោះទេ តែគាត់ត្រូវទទួលផលដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចថែមទៀតផង។
ក្រុមគ្រួសារគ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពយ៉ាងថ្លៃថ្នូរបំផុត អំពីព្រះគ្រីស្តនៅចំពោះមុខមនុស្សលោក ដោយភ្ជាប់ចិត្តនឹងព្រះសហគមន៍ក្នុងការរស់នៅទាំងស្រុងរបស់គេ និងដោយបង្ហាញក្រុមគ្រួសារគ្រីស្តបរិស័ទទុកជាគំរូ។ គេ ត្រូវផ្តល់សក្ខីភាពបែបនោះជានិច្ច និងនៅគ្រប់កន្លែង ជាពិសេសនៅតំបន់គេចាប់ផ្តើមផ្សព្វផ្សាយពូជដើមដំបូងនៃដំណឹងល្អ និងនៅតំបន់ព្រះសហគមន៍ចាប់ផ្តើមកើតឡើង ព្រមទាំងនៅតំបន់ព្រះសហគមន៍ជួបប្រទះឧបសគ្គដ៏ធ្ងន់ធ្ងរ។
ប្រហែលក្រុមគ្រួសារជាច្រើនត្រូវរួបរួមគ្នាបង្កើតជាសមាគម ដើម្បីជួយគ្នាឲ្យទៅដល់គោលដៅនៃកិច្ចការគ្រីស្តទូតរបស់ខ្លួន។
១២-យុវជនយុវនារី
យុវជនយុវនារីពិតជាកម្លាំងដ៏មានសារៈសំខាន់ក្នុងសង្គមទំនើបយើងនេះ។ សភាពការណ៍រស់នៅរបស់គេ ទំនៀម ទម្លាប់រិះគិតរបស់គេ ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្លួន សុទ្ធតែប្រែប្រួលទាំងស្រុងរួចហើយ។ ជាញឹកញាប់ ពួកគេបានទទួលមុខងារថ្មីក្នុងសង្គម និងខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ទោះបីពួកគេមានសារៈសំខាន់កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃក្នុងសង្គមនិងខាងនយោបាយក្តី ក៏ពួកគេមិនសូវបានទទួលការអប់រំឲ្យផ្ទុកបន្ទុកថ្មីទាំងនោះយ៉ាងសមរម្យដែរ។
ដោយយុវជនយុវនារីមានសារៈសំខាន់កាន់តែខ្លាំងឡើងៗក្នុងសង្គមដូច្នេះ យុវជនយុវនារីក៏ត្រូវមានសកម្មភាពជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗដែរ។ ធម្មជាតិក៏ជំរុញយុវជនឲ្យធ្វើដូច្នេះដែរ។ នៅពេលគេដឹងខ្លួនអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនផ្ទាល់ កម្លាំងនៃធម្មជាតិជំរុញគេឲ្យមានសកម្មភាពខ្លាំងហូរហៀរ ពេលនោះគេទទួលខុសត្រូវផ្ទាល់ ហើយចង់ទទួលចំណែកក្នុងជីវិតខាងសង្គមនិងខាងវប្បធម៌។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាបក្នុងកម្លាំងពុះកញ្រោ្ជលរបស់គេនោះ ហើយប្រសិនបើគេមានចិត្តចង់ស្តាប់បង្គាប់ព្រះសហគមន៍ និងស្រឡាញ់ព្រះសហគមន៍ផង គេមុខជានឹងអាចបង្កើតផលជាច្រើនដែលមានតម្លៃដ៏ថ្លៃថ្នូរ។ យុវជនយុវនារីត្រូវត្រឡប់ទៅជាគ្រីស្តទូត សម្រាប់យុវជនយុវនារីឯទៀតៗមុនគេ ព្រោះគេមានទំនាក់ទំនងជាមួយយុវជនទាំងនោះ គេបំពេញកិច្ចការជាគ្រីស្តទូត ដោយខ្លួនគេ និងទៅវិញទៅមក ស្របតាមវណ្ណៈក្នុងសង្គមដែលគេរស់នៅ។
មនុស្សពេញវ័យត្រូវយកចិត្តទុកដាក់និយាយសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយយុវជនយុវនារី។ ទោះបីមនុស្សពេញវ័យនិងយុវជនយុវនារីមានអាយុខុសប្លែកគ្នាក៏ដោយ ក៏ការសន្ទនាទាំងនោះ នាំឲ្យគេស្គាល់គ្នាទៅវិញទៅមក និងចែកចាយសម្បត្តិដ៏ថ្លៃថ្នូរខាងវិញ្ញាណរបស់ខ្លួនទៅវិញទៅមកដែរ។ មនុស្សពេញវ័យអាចជំរុញដាស់តឿនយុវជនយុវនារីឲ្យទៅជាគ្រីស្តទូតបាន ជាពិសេសដោយធ្វើជាគំរូឲ្យគេ។ ជួនកាលមនុស្សពេញវ័យនឹងផ្តល់យោបល់ប្រកបដោយប្រាជ្ញា និងផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាព។ ចំពោះយុវជនយុវនារីវិញ ត្រូវតែគោរពមនុស្សពេញវ័យ ត្រូវទុកចិត្តលើគាត់។ ទោះបីតាមធម្មជាតិយុវជនយុវនារីមានបំណងចង់ប្រែអ្វីៗទាំងអស់ឲ្យបានជាថ្មីក្ដី ក៏យុវជនយុវនារីត្រូវចេះគោរពប្រពៃណីឲ្យបានសមរម្យតាមការគួរដែរ។
ក្មេងៗត្រូវបំពេញសកម្មភាពជាគ្រីស្តទូតផ្ទាល់ដែរ។ គេជាសាក្សីដែលមានជីវិតរស់រវើកអំពីព្រះគ្រីស្តនៅក្នុងចំណោមមិត្តសម្លាញ់ តាមសមត្ថភាពរបស់គេរៀងៗខ្លួន។
១៣-វណ្ណៈនៅក្នុងសង្គម
អ្នកបំពេញកិច្ចការជាគ្រីស្តទូតក្នុងវណ្ណៈនៅក្នុងសង្គម តែងយកចិត្តទុកដាក់នាំគំនិតជាគ្រីស្តបរិស័ទឲ្យជ្រាបចូលក្នុងចិត្តគំនិត ក្នុងរបៀបរស់នៅ ក្នុងច្បាប់ និងក្នុងរចនាសម្ព័ន្ធសហគមន៍ដែលម្នាក់ៗរស់នៅ។ គ្មាននរណាអាចបំពេញកិច្ចការនេះឲ្យបានត្រឹមត្រូវជំនួសគ្រីស្តបរិស័ទធម្មតាទេ ព្រោះជាកិច្ចការរបស់គេផ្ទាល់តែម្តង។ គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការនេះបាននៅកន្លែងគេរស់នៅ គឺម្នាក់ៗទៅជាគ្រីស្តទូតសម្រាប់ម្នាក់ៗទៀត។ គេបន្ថែមសក្ខីភាពនៃពាក្យសម្តីលើសក្ខីភាពនៃការរស់នៅ។ គេមានសមត្ថភាពអាចជួយបងប្អូនច្រើនជាងគេនៅកន្លែងធ្វើការ នៅកន្លែងគេប្រកបអាជីវកម្ម នៅកន្លែងសិក្សា នៅកន្លែងគេមានទីលំនៅ នៅកន្លែងលេងលំហែកាយ ហើយនៅសហគមន៍ក្នុងភូមិទៀតផង។
គ្រីស្តបរិស័ទធម្មតាបំពេញបេសកកម្មនៃព្រះសហគមន៍ក្នុងលោកនេះ ជាពិសេសសម្តែងឲ្យមនុស្សលោកឃើញ ថា គេរស់នៅស្របនឹងជំនឿ គឺជំនឿលើព្រះគ្រីស្តនេះដែលផ្តល់ឲ្យគេទៅជាពន្លឺបំភ្លឺមនុស្សលោក។ ដោយគេរស់នៅ តាមយុត្តិធម៌ក្នុងគ្រប់សកម្មភាព គេអាចដាស់មនុស្សម្នាក់ៗឲ្យមានចិត្តស្រឡាញ់ចំពោះអ្វីៗដ៏ពិតប្រាកដនិងអ្វីៗដ៏ល្អ។ ដូច្នេះ គេក៏អាចជំរុញចិត្តមនុស្សឲ្យទៅកាន់ព្រះគ្រីស្ត និងឲ្យទៅកាន់ព្រះសហគមន៍នៅថ្ងៃណាមួយពុំខាន។ គេរស់នៅទាំងស្រឡាញ់អ្នកដទៃទុកជាបងប្អូន ជាហេតុបណា្តលឲ្យគេចែករំលែកសភាពការណ៍រស់នៅ និងសភាពការណ៍ការងារ ចែករំលែកទុក្ខវេទនា និងសេចក្ដីប៉ងប្រាថ្នារបស់បងប្អូនទាំងនោះ។ ធ្វើដូច្នេះ គេចាត់ចែងចិត្តគំនិតមនុស្ស បន្តិចម្តងៗ ឲ្យទទួលព្រះជាម្ចាស់ដែលប្រោសប្រណីសង្គ្រោះគេ។ នៅទីបញ្ចប់ ដោយគេដឹងខ្លួនយ៉ាងជាក់ច្បាស់ អំពីការខុសត្រូវរបស់ខ្លួនផ្ទាល់ក្នុងការរស់ក្នុងសង្គម គេខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងក្រុមគ្រួសារ ក្នុងសង្គម និង តាមអាជីវកម្មដោយចិត្តទូលំទូលាយបែបជាគ្រីស្តបរិស័ទ។ របៀបប្រព្រឹត្តនេះមុខជានឹងជ្រួតជ្រាបទៅដល់វណ្ណៈសង្គមគេរស់នៅ និងកន្លែងគេធ្វើការផង។
កិច្ចការជាគ្រីស្តទូតបែបនេះ សំដៅទៅលើមនុស្សទាំងអស់ ទោះជាមានចំនួនធំយ៉ាងណាក្ដី។ គ្មាននរណាមានសិទ្ធិឃាត់មិនឲ្យមនុស្សណាទទួលសម្បត្តិខាងវិញ្ញាណ ឬខាងសម្ភារៈ ដែលគ្រីស្តទូតប្រគល់ឲ្យគេនោះឡើយ។ ប៉ុន្តែ អស់គ្រីស្តទូតដ៏ពិតប្រាកដមិនស្កប់ចិត្តដោយគ្រាន់តែបំពេញកិច្ចការនេះប៉ុណ្ណោះទេ គេត្រូវយកចិត្តទុកដាក់ប្រកាសព្រះគ្រីស្តដោយនិយាយអំពីព្រះអង្គចំពោះអស់អ្នកដែលរស់នៅជុំវិញគេ។ មនុស្សជាច្រើនអាចទទួលដំណឹងល្អ និងអាចទទួលស្គាល់ព្រះគ្រីស្ត ដោយសារតែគ្រីស្តបរិស័ទធម្មតាដែលរស់នៅជាមួយគ្នាប៉ុណ្ណោះ។
១៤-វិស័យជាតិ និងអន្តរជាតិ
កិច្ចការជាគ្រីស្តទូតតាមវិស័យជាតិនិងអន្តរជាតិ ធំទូលំទូលាយណាស់ ជាកន្លែងគ្រីស្តបរិស័ទធម្មតាចាត់ចែងប្រាជ្ញានៃគ្រីស្តសាសនាយ៉ាងពិសេស។ គ្រីស្តបរិស័ទកាតូលិកត្រូវដឹងខ្លួនថា គេមានភារកិច្ចពង្រឹងនិងពង្រីកប្រយោជន៍រួមដ៏ពិតប្រាកដ ដោយសុខចិត្តបម្រើជាតិ និងដោយបំពេញភារកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ។ ដូច្នេះគេអាចនាំរដ្ឋអំណាចឲ្យទទួលស្គាល់យោបល់របស់គេ និងប្រើអំណាចតាមយុត្តិធម៌ ហើយបង្កើតច្បាប់ស្របតាមសីលធម៌ទាមទារនោះ និងតាមប្រយោជន៍រួមដែរ។ គ្រីស្តបរិស័ទកាតូលិកដែលមានសមត្ថភាពអំពីនយោបាយ ហើយដែលមានជំនឿមាំមួន និងស្គាល់លទ្ធិនៃគ្រីស្តសាសនាយ៉ាងសមរម្យ កុំបដិសេធគ្រប់គ្រងកិច្ចការសាធារណៈឡើយ។ ដោយគ្រប់គ្រងកិច្ចការសាធារណៈយ៉ាងល្អ គេអាចរួមសហការក្នុងកិច្ចរកប្រយោជន៍រួម និងរៀបចំផ្លូវជូនដំណឹងល្អទៀតផង។
គ្រីស្តបរិស័ទកាតូលិកត្រូវយកចិត្តទុកដាក់រួមសហការជាមួយមនុស្សទាំងអស់ដែលមានឆន្ទៈល្អ ដើម្បីលើកស្ទួយអ្វីៗដ៏ពិតប្រាកដ សុចរិត វិសុទ្ធ និងគួរឲ្យស្រឡាញ់ (ភល ៤,៨)។ ត្រូវរួមសន្ទនាជាមួយអ្នកទាំងនោះ ទៅរកគេដោយប្រាជ្ញានិងដោយចិត្តធន់ទន់សុភាពរាបសា រកផ្លូវជួយកែច្នៃស្ថាប័នខាងសង្គមនិងស្ថាប័នសាធារណៈឲ្យកាន់តែប្រសើរឡើងតាមគោលគំនិតនៃដំណឹងល្អ។
ក្នុងចំណោមសញ្ញាសម្គាល់នៃសម័យឥឡូវ ត្រូវកំណត់សម្គាល់យ៉ាងពិសេសថា ប្រជាជននានាមានគំនិតចង់រួមសាមគ្គីគ្នា ជាគំនិតកាន់តែខ្លំាងឡើងៗដែលជៀសមិនបាន។ គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូត ត្រូវពង្រឹងគោលគំនិតនេះ និងជួយកែប្រែឲ្យទៅជាបំណងយ៉ាងស្មោះ និងយ៉ាងសកម្មទៅបង្កើតសង្គមដែលមនុស្សរាប់អានគ្នាជាបងប្អូនវិញ។ នៅទីបញ្ចប់ គ្រីស្តបរិស័ទធម្មតាត្រូវដឹងខ្លួនអំពីវិស័យអន្តរជាតិ អំពីសំណួរនិងដំណោះស្រាយខាងលទ្ធិនៃសាសនានានាដែលលេចឡើងថ្មីៗ ជាពិសេសត្រូវចាប់អារម្មណ៍ចំពោះប្រជាជននានាដែលខិតខំឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឡើង។
អស់អ្នកដែលធ្វើការនៅក្នុងចំណោមប្រជាជាតិបរទេស ឬដែលនាំជំនួយដល់ប្រជាជាតិទាំងនោះ ត្រូវនឹកចងចាំថា ទំនាក់ទំនងរវាងប្រជាជននានា ដូចជាការដោះដូរដ៏ពិតប្រាកដ ត្រូវរាប់គា្នទុកជាបងប្អូន គឺភាគីទាំងពីរផ្តល់អ្វីមួយនិងទទួលអ្វីមួយ ទៅវិញទៅមកផង។ អស់អ្នកដែលធ្វើដំណើរទៅបរទេស ទោះជាក្នុងមូលហេតុការងារក្ដី ឬក្នុងមូលហេតុជាទេសចរក្ដី ក៏ត្រូវនឹកចងចាំថា នៅគ្រប់កន្លែងគេកំពុងធ្វើដំណើរទៅ គេក៏ជាទូតរបស់ព្រះគ្រីស្តដែរ និងត្រូវមានកិរិយាមាយាទតាម ឋានៈជាទូតរបស់ព្រះអង្គនេះ។
ជំពូក៤
របៀបផ្សេងៗធ្វើជាគ្រីស្តទូត
១៥-អារម្ភកថា
គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតម្នាក់ៗក៏បាន ឬរួមក្នុងសហគមន៍ និងសមាគមផ្សេងៗ ក៏បានដែរ។
១៦-កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗមានសារៈសំខាន់ ហើយមានច្រើនបែប
គ្រីស្តបរិស័ទម្នាក់ៗត្រូវបំពេញកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន គឺកិច្ចការនេះសុទ្ធតែហូរមកពីការរស់នៅជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ (យហ ៤,១៤)។ នេះជាដើមកំណើតនិងជាលក្ខណៈនៃគ្រប់កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ ឬនៃកិច្ចការរួមជាគ្រីស្តទូតរបស់ក្រុមគ្រីស្តបរិស័ទ។ គ្មានអ្វីអាចជំនួសគោលការណ៍នេះបានឡើយ។
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ បានផលជានិច្ចហើយនៅគ្រប់ទីកន្លែង។ ជួនកាលក្នុង សភាពការណ៍ខ្លះ មានតែគ្រីស្តបរិស័ទម្នាក់ៗទេ ដែលអាចបំពេញកិច្ចការជាគ្រីស្តទូតនេះបាន។ ព្រះ ជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាទាំងអស់ ទោះគេរស់នៅតាមរបៀបណាក្តី ទោះបីគេគ្មានលទ្ធភាពចូលរួមសហការក្នុងចលនាផ្សេងៗក្តី ក៏គេមានភារកិច្ចបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។
គ្រីស្តបរិស័ទធម្មតាអាចរួមចំណែកជាច្រើនបែបច្រើនយ៉ាងក្នុងកិច្ចសាងសង់ព្រះសហគមន៍ និងនាំឲ្យមនុស្សលោកបានវិសុទ្ធ ព្រមទាំងធ្វើឲ្យមនុស្សលោកមានជីវិតរស់រវើកក្នុងអង្គព្រះគ្រីស្ត។
គ្រីស្តបរិស័ទធម្មតាម្នាក់ៗបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងពិសេស ដោយផ្តល់សក្ខីភាពតាមការរស់នៅរបស់ ខ្លួននៅគ្រប់ពេលវេលា ដោយមានជំនឿ មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ណែនាំ។ សក្ខីភាពនេះពិតជាសញ្ញាសម្គាល់ស្របតាមសម័យយើងនេះ ហើយក៏សម្តែងព្រះគ្រីស្តដែលរស់នៅក្នុងអស់អ្នកផ្ញើជីវិតលើព្រះអង្គ។ ក្នុងសភាពការណ៍ខ្លះ គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតដោយប្រកាសអំពីព្រះគ្រីស្ត ការនេះពិតជាចំាបាច់បំផុត។ ម្នាក់ៗ ពន្យល់និងផ្សព្វផ្សាយលទ្ធិរបស់ព្រះអង្គតាមសភាពការណ៍រស់នៅ និងតាមសមត្ថភាពរៀងៗខ្លួន ហើយប្រកាសលទ្ធិ នេះដោយចិត្តស្មោះ។
លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាក្នុងឋានៈខ្លួនជាពលរដ្ឋនៃពិភពលោកនេះ ក៏រួមសហការជាមួយអ្នក ដទៃក្នុងករណីទាំងប៉ុន្មានដែលពាក់ព័ន្ធនឹងការសាងសង់និងការគ្រប់គ្រងពិភពលោក។ ដូច្នេះពួកគេត្រូវរិះគិតឲ្យកាន់តែជ្រៅអំពីមូលហេតុណែនាំឲ្យគេប្រព្រឹត្ត ក្នុងការរស់នៅជាក្រុមគ្រួសារ ក្នុងរបៀបប្រកបអាជីវកម្ម ក្នុងការរស់នៅតាមវប្បធម៌ និងក្នុងរបៀបរស់នៅក្នុងសង្គម តាមពន្លឺនៃជំនឿ។ ប្រសិនបើគេមានឱកាស គេក៏ត្រូវបង្ហាញឲ្យអ្នកឯទៀតៗដឹងអំពីមូលហេតុនៃការប្រព្រឹត្តរបស់ខ្លួន។ ដោយរិះគិតដូច្នេះ គេមុខជានឹងដឹងខ្លួនថា គេជាសហការីរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានអ្វីៗទាំងអស់ ដែលព្រះអង្គរំដោះមនុស្សលោក និងដែលប្រោសឲ្យមនុស្សលោកបានវិសុទ្ធ។ គេក៏នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
នៅទីបញ្ចប់ គ្រីស្តបរិស័ទធម្មតានឹងរស់នៅដោយមានសេចក្ដីស្រឡាញ់ណែនាំ ហើយបញ្ជាក់សេចក្ដីស្រឡាញ់នេះ ដោយប្រព្រឹត្តកិច្ចការឲ្យបានច្បាស់តាមសមត្ថភាពរៀងៗខ្លួន។
គ្រីស្តបរិស័ទធម្មតាត្រូវនឹកចងចាំថា គេអាចមានទំនាក់ទំនងជាមួយមនុស្សទាំងអស់ និងរួមសហការក្នុងកិច្ចសង្គ្រោះមនុស្សលោកទាំងមូល ដោយចូលរួមក្នុងពិធីគោរពប្រណិប័តន៍ជាសាធារណៈ ដោយអធិដ្ឋានម្នាក់ឯង ដោយធ្វើតបធម៌ និងដោយសុខចិត្តទទួលកិច្ចការ និងទទួលទុក្ខលំបាកប្រចាំជីវិត ដែលធ្វើឲ្យគេបានដូចព្រះគ្រីស្តដែលរងទុក្ខលំបាក (២ករ ៤,១០; កូឡ ១,២៤)។
១៧-កិច្ចការជាគ្រីស្តទូតគ្រីស្តបរិស័ទម្នាក់ៗក្នុងសភាពការណ៍ខ្លះ
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ ពិតជាការជាចំាបាច់ជាទីបំផុតនិងមានលក្ខណៈជាបន្ទាន់ នៅតំបន់ណាដែលព្រះសហគមន៍គ្មានសេរីភាព។ ក្នុងសភាពការណ៍ដ៏សែនលំបាកទាំងនោះ គ្រីស្តបរិស័ទធម្មតាធ្វើការជំនួសលោកគង្វាល តាមតែគេអាចធ្វើបាន។ ជួនកាលគេប្រថុយឲ្យគេចាប់ខ្លួន ឬប្រថុយជីវិតក៏មានដែរ ដោយបង្ហាត់បង្រៀនលទ្ធិនៃគ្រីស្តសាសនាឲ្យអ្នករស់នៅជុំវិញ អប់រំគេឲ្យកាន់គ្រីស្តសាសនា និងឲ្យមានចិត្តគំនិតកាតូលិក។ គេដាស់តឿនអ្នកដទៃឲ្យទទួលអគ្គសញ្ញាជាញឹកញាប់ ឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ដោយចិត្តស្រឡាញ់ ជាពិសេសឲ្យទទួលអគ្គសញ្ញាអរព្រះគុណ។ មហាសន្និបាតអរព្រះគុណព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត ដែលព្រះអង្គនៅតែគាំទ្រគ្រីស្តបរិស័ទធម្មតាខ្លះដែលមានសេចក្ដីក្លាហានទុកជាវីរបុរស នៅពេលគេបៀតបៀនធ្វើបាប។ មហាសន្និបាត សម្តែងនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគេដូចឪពុកស្រឡាញ់កូនដូច្នេះដែរ និងអរគុណគេថែមទៀតផង។
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ មានសារៈសំខាន់ជាខ្លាំងនៅកន្លែងណាមានគ្រីស្តបរិស័ទចំនួនតិចនិងរស់នៅដាច់ពីគ្នា។ ក្នុងសភាពការណ៍នោះ គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការជាគ្រីស្តទូតតែម្នាក់ៗ ដោយមានមូលហេតុដូចខាងលើ ឬដោយមូលហេតុពិសេសមកពីអាជីវកម្មរបស់គេដែរ។ គេក៏អាចជួបជុំគ្នាជាក្រុមតូចៗ ដោយគ្មានស្ថាប័នឬការចាត់ចែងរឹងប៉ឹងទេ ប៉ុន្តែក្រុមតូចៗទាំងនោះត្រូវជាសញ្ញាសម្គាល់សម្តែងអំពីព្រះសហគមន៍ដែលរួមគ្នា និងត្រូវសម្តែងឲ្យអ្នកដទៃឃើញជានិច្ចថា គេជាសក្ខីភាពអំពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដដែរ។
គ្រីស្តបរិស័ទធម្មតាជួយគ្នាទៅវិញទៅមកតាមផ្លូវវិញ្ញាណ ដោយស្រឡាញ់គ្នា និងដោយចែករំលែកបទពិសោធន៍ របស់ខ្លួន។ ធ្វើដូច្នេះ ទើបគេរៀបចំខ្លួនឲ្យមានសមត្ថភាពអាចពុះពារឧបសគ្គនានាបណ្តាលមកគេរស់នៅដាច់ឡែកពីគ្នា។ គេក៏រៀបចំខ្លួនឲ្យបង្កើតផលកាន់តែច្រើនតាមផ្លូវជាគ្រីស្តទូត។
១៨-សារៈសំខាន់នៃការចាត់ចែងកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទឲ្យមានរបៀបរៀបរយ
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឲ្យបំពេញមុកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន ស្របតាមសភាពការណ៍ផ្សេងៗនៃការរស់នៅរបស់គេ។ ប៉ុន្តែមិនត្រូវបំភ្លេចថា មនុស្សមានលក្ខណៈជាអ្នករស់នៅក្នុងសង្គម ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យប្រមែប្រមូលអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ឲ្យទៅជាប្រជារាស្រ្តរបស់ព្រះអង្គ (១សល២.៥-១០) និងបង្រួបបង្រួមគេឲ្យទៅជាព្រះកាយតែមួយ (១ករ ១២,១២)។ ហេតុនេះ ការចាត់ចែងកិច្ចការជាគ្រីស្តទូតឲ្យមានរបៀបរៀបរយ ពិតជាស្របតាមលក្ខណៈរបស់មនុស្ស និងតាមលក្ខណៈរបស់គ្រីស្តបរិស័ទទៀតផង។ ការចាត់ចែងកិច្ចការជាគ្រីស្តទូតឲ្យមានរបៀបរៀបរយនេះ ក៏បង្ហាញសញ្ញាសម្គាល់បញ្ជាក់ថា ព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយក្នុងអង្គព្រះគ្រីស្ត ដែលមានព្រះបន្ទូលថា «នៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ» (មថ ១៨,២០)។
ហេតុនេះហើយបានជាគ្រីស្តបរិស័ទត្រូវបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ដោយព្រមគ្នារកទិសដៅតែមួយ។សូមឲ្យគេបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតនៅក្រុមគ្រួសារ នៅក្នុងព្រះសហគមន៍ក្នុងភូមិនិងក្នុងភូមិភាគដែលជាកន្លែងបង្ហាញលក្ខណៈរួមនៃកិច្ចការជាគ្រីស្តទូត។ សូមឲ្យគេបំពេញកិច្ចការជាគ្រីស្តទូតក្នុងក្រុមដែលគេបានជ្រើសរើសរួមគ្នាដោយសេរី។
កិច្ចការជាគ្រីស្តទូតចាត់ចែងឲ្យមានរបៀបរៀបរយ មានសារៈសំខាន់ណាស់ ព្រោះថា ក្នុងក្រុមនៃព្រះសហគមន៍ ឬក្នុងក្រុមតាមវណ្ណៈផ្សេងៗក្នុងសង្គម អ្នកបំពេញកិច្ចការជាគ្រីស្ត្រទូត ត្រូវតែធ្វើការរួម។ ក្រុមដែលកើតមកដើម្បីបំពេញកិច្ចការជាគ្រីស្តទូតរួម ក៏តែងគាំទ្រសមាជិករបស់គេ អប់រំគេឲ្យបំពេញកិច្ចការរួមនេះបាន ហើយចាត់ចែងនិងណែនាំកិច្ចការរបស់គេថែមទៀតផង។ ហេតុនេះ ដោយគេធ្វើកិច្ចការរួមជាមួយគ្នា យើងសង្ឃឹមថា គេនឹងបានលទ្ធផលច្រើនជាងម្នាក់ៗដែលបំពេញកិច្ចការដោយដាច់ឡែកពីគ្នា។
ក្នុងសភាពការណ៍នាបច្ចុប្បន្នកាល នៅកន្លែងណាគ្រីស្តបរិស័ទធម្មតាបំពេញសកម្មភាព ត្រូវចាត់ចែងកិច្ចការជាគ្រីស្តទូតរួម និងឲ្យមានរបៀបរៀបរយជាចាំបាច់។ បើគេខិតខំប្រឹងប្រែងរួបរួមគ្នាយ៉ាងស្អិតរមួត ទើបគេអាចបាន ផលតាមទិសដៅទាំងប៉ុន្មាននៃកិច្ចការជាគ្រីស្តទូត។ បើគេប្រឹងប្រែងរួមគ្នា ទើបគេអាចការពារផលទាំងនោះយ៉ាងសកម្មបាន។ បើយល់ឃើញដូច្នេះ នោះកិច្ចការជាគ្រីស្តទូតមុខជាជ្រួតជ្រាបក្នុងចិត្តគំនិតរួមនៃក្រុមណាមួយ និងនាំឲ្យប្រែសភាពការណ៍នៃការរស់នៅរបស់ក្រុមនោះ ដែលគ្រីស្តទូតមានបំណងទាក់ទងជាមួយ។ បើមិនធ្វើដូច្នេះទេ អ្នកទាំងនោះគ្មានលទ្ធភាពអាចតស៊ូប្រឆាំងនឹងមតិសាធារណៈ ឬស្ថាប័នដែលតែងតែគាបសង្កត់គេនោះឡើយ។
១៩-កិច្ចការជាគ្រីស្តទូតចាត់ចែងឲ្យមានរបៀបរៀបរយ
សមាគមបំពេញកិច្ចការជាគ្រីស្តទូត មានច្រើនបែបណាស់។ មានសមាគមខ្លះ មានបំណងចង់ទៅកាន់ទិសដៅនៃកិច្ចការជាគ្រីស្តទូតទូទៅនៃព្រះសហគមន៍។ មានសមាគមខ្លះ មានគោលបំណងចង់ប្រកាសដំណឹងល្អ និងចង់ណែនាំមនុស្សលោកឲ្យបានវិសុទ្ធ តាមទស្សនៈពិសេសម៉្យាងរបស់គេ។ មានសមាគមខ្លះ មានគោលបំណងចង់ឲ្យអ្វីៗក្នុងពិភពលោកនេះមានជីវិតរស់រវើកតាមគំនិតនៃគ្រីស្តសាសនា។ មានសមាគមខ្លះទៀត មានគោលបំណងចង់ផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត ជាពិសេសដោយធ្វើកិច្ចការបង្ហាញធម៌មេត្តាករុណា និងសេចក្ដីស្រឡាញ់។
ក្នុងចំណោមក្រុមទាំងនោះ ត្រូវចាប់អារម្មណ៍មុនគេនឹងសមាគមដែលជួយសមាជិកក្រុមនោះឲ្យរស់នៅកាន់ តែស្របនឹងជំនឿរបស់គេ។ សមាគមទាំងនោះក៏លើកតម្កើងការរស់នៅជាធម្មតារបស់គេឲ្យបានស្របតាមជំនឿ។ ក្រុមទាំងប៉ុន្មានមានគោលដៅបម្រើបេសកកម្មរបស់ព្រះសហគមន៍ចំពោះមនុស្សលោក មិនមែនមានគោលដៅឲ្យក្រុមរបស់ខ្លួនចម្រើនឡើងទេ។ ក្រុមមួយមានតម្លៃចំពោះកិច្ចការជាគ្រីស្តទូត លុះត្រាតែក្រុមនោះប្រព្រឹត្តកិច្ចការស្របតាមគោលដៅនៃព្រះសហគមន៍ លុះត្រាតែក្រុមនោះផ្តល់សក្ខីភាពដែលមានលក្ខណៈគ្រីស្តបរិស័ទសុទ្ធសាធ និងលុះត្រាតែសមាជិកម្នាក់ៗ និងសមាគមទាំងមូលរស់នៅតាមគោលគំនិតនៃដំណឹងល្អ។
ដោយយល់ឃើញថា សង្គមនាបច្ចុប្បន្នកាលវិវឌ្ឍឡើង និងចាត់ចែងរចនាសម្ព័ន្ធជាលំដាប់លំដោយបេសកកម្មសកលរបស់ព្រះសហគមន៍ទាមទារឲ្យសមាគមជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទកាតូលិក កាន់តែចម្រើនឡើង នៅតាមវិស័យអន្តរជាតិ។ ប្រសិនបើក្រុម និងសមាជិកដែលចូលរួមក្នុងអង្គការអន្តរជាតិកាតូលិកទាំងនោះ រួមគ្នាកាន់តែជិតស្និទ្ធឡើងៗ អង្គការទាំងនោះមុខជាបានលទ្ធផលតាមទិសដៅរបស់ខ្លួនឲ្យកាន់តែស្រួល។
គ្រីស្តបរិស័ទធម្មតាមានសិទ្ធិបង្កើតសមាគម មានសិទ្ធិណែនាំសមាគម និងមានសិទ្ធិចូលរូមក្នុងសមាគមដែលកើតរួចហើយ ប៉ុន្តែត្រូវតែរក្សាចំណងទំនាក់ទំនងជាមួយអំណាចនៃព្រះសហគមន៍ជានិច្ច។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកំុឲ្យបែកខ្ញែកកម្លាំងឡើយ។ ប្រសិនបើមានបង្កើតសមាគមថ្មីៗ និងកិច្ចការផ្សេងៗដោយគ្មានមូលហេតុគ្រប់គ្រាន់ទេនោះ ឬ ប្រសិនបើមានរក្សាទុកសមាគមទាំងប៉ុន្មានដែលលែងមានប្រយោជន៍ហើយ ឬមួយទៀត ប្រសិនបើមានប្រព្រឹត្តតាមវិធីហួសសម័យ មុខជាកម្លាំងបែកខ្ញែកគ្នាពុំខាន។ នៅទីបញ្ចប់ ប្រហែលមិនគួរយករបៀបមុខងារជាគ្រីស្តទូតពីប្រទេសមួយ មកអនុវត្តក្នុងប្រទេសមួយទៀត ដោយមិនបានរិះគិតពិចារណាជាមុនទេ។
២០-កិច្ចការកាតូលិក
តាំងពីប៉ុន្មានឆ្នាំកន្លងមក ក្នុងប្រទេសជាច្រើន មានចំនួនគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់តែច្រើនឡើងៗ ហើយរួមគ្នាជាក្រុមៗ តាមរបៀបផ្សេងៗនៃកិច្ចការរបស់គេ និងតាមសមាគមប្លែកៗពីគ្នាផង។ ក្រុម និងសមាគមទាំងនោះ បានបំពេញ (និងនៅតែបំពេញ) កិច្ចការដែលច្បាស់ជាកិច្ចរបស់គ្រីស្តទូតមែន ដោយរួមយ៉ាងជិតស្និទ្ធជាមួយអស់លោកអភិបាល។ ក្នុងចំណោមក្រុម និងសមាគមទាំងនោះ និងក្រុមស្រដៀងគ្នានិងបុរាណជាងគេ ត្រូវកំណត់សម្គាល់មុនគេ ក្រុមទាំងប៉ុន្មានដែលបង្កើតផលជាច្រើនថ្វាយព្រះគ្រីស្តយាងមកគ្រងរាជ្យ ដោយប្រើវិធីផ្សេងៗ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម និងអភិបាលឯទៀតៗជាច្រើន នាំគ្នាជួយនិងសរសើរក្រុមយ៉ាងត្រឹមត្រូវ ហើយដាក់ឈ្មោះក្រុមនិងសមាគមទាំងនោះថា «កិច្ចការកាតូលិក»។ ធម្មតាគេរាប់ក្រុមទាំងនោះទុកជាគ្រីស្តបរិស័ទធម្មតាដែលរួមសហការជាមួយអស់លោកអភិបាលក្នុងឋានៈអស់លោកបំពេញកិច្ចការជាគ្រីស្តទូត។
របៀបបំពេញកិច្ចការជាគ្រីស្តទូតបែបនេះ ទោះជាមានឈ្មោះថា «កិច្ចការកាតូលិក» ក្ដី ឬគ្មានឈ្មោះនេះក្ដី ក៏បំពេញកិច្ចការជាគ្រីស្តទូតដែលមានតម្លៃយ៉ាងប្រសើរ។
ក្រុមទាំងនោះតែងតាំងឡើងដោយមានលក្ខណៈដូចតទៅ៖
ក) ក្រុមទាំងនោះមានគោលដៅផ្ទាល់ គឺទិសដៅរបស់ព្រះសហគមន៍ដែលបំពេញកិច្ចការជាគ្រីស្តទូត ពោលគឺ ចង់ប្រកាសដំណឹងល្អ នាំមនុស្សលោកឲ្យបានវិសុទ្ធ ហើយអប់រំមនសិការរបស់គេតាមមាគ៌ានៃគ្រីស្តសាសនា ដើម្បី ឲ្យគេមានសមត្ថភាពអាចនាំគោលគំនិតនៃដំណឹងល្អឲ្យជ្រួតជ្រាបក្នុងសហគមន៍ និងក្នុងវណ្ណៈផ្សេងៗក្នុងសង្គម។
ខ) គ្រីស្តបរិស័ទធម្មតារួមសហការជាមួយក្រុមអភិបាលតាមរបៀបផ្ទាល់របស់គេ នាំបទពិសោធន៍របស់គេ ព្រម ទាំងទទួលខុសត្រូវក្នុងការណែនាំក្រុមទាំងនោះ និងក្នុងការស្វែងរករបៀបអនុវត្តតាមការណែនាំរបស់ព្រះសហគមន៍ ហើយក៏ទទួលខុសត្រូវក្នុងការបង្កើតកម្មវិធីអនុវត្ត និងក្នុងការពិនិត្យការអនុវត្តន៍នោះតទៅទៀតផង។
គ) គ្រីស្តបរិស័ទធម្មតាទាំងនោះប្រព្រឹត្តកិច្ចការរួមគ្នាដូចជារូបកាយដែលមានរបៀបរៀបរយ។ ការរួមនេះសម្តែង យ៉ាងច្បាស់អំពីព្រះសហគមន៍ដែលរួមគ្នា និងធ្វើឲ្យកិច្ចការជាគ្រីស្តទូតបានលទ្ធផលច្រើនជាង។
ង) ទោះជាគ្រីស្តបរិស័ទធម្មតាទាំងនោះចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូតដោយខ្លួនឯងក្ដី ឬតបឆ្លើយនឹងលោកអភិបាលដែលអញ្ជើញឲ្យគេធ្វើការ និងរួមសហការជាមួយអស់លោកអភិបាលក្នុងកិច្ចការជាគ្រីស្តទូតក្ដី ក៏គេធ្វើការក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់អស់លោកអភិបាលដែលអាចបញ្ជាក់ពីការរួមសហការនោះ ដោយចាត់គេឲ្យធ្វើយ៉ាងច្បាស់។
ក្រុមដែលមានលក្ខណៈទាំងនោះ តាមការយល់ឃើញរបស់អស់លោកអភិបាល ត្រូវចាត់ទុកជា «កិច្ចការកាតូលិក» ទោះបីគេមានរចនាសម្ព័ន្ធ និងឈ្មោះផ្សេងៗ តាមទីកន្លែង និងតាមប្រជាជាតិទាមទារក្ដី។
មហាសន្និបាតដ៏វិសុទ្ធសូមធានាដល់ក្រុមទាំងនោះយ៉ាងខ្លាំង ដែលច្បាស់ជាតបឆ្លើយនឹងសេចក្ដីត្រូវការនៃកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ក្នុងប្រទេសជាច្រើន។ មហាសន្និបាតក៏អញ្ជើញអស់លោកគង្វាលនិងគ្រីស្តបរិស័ទធម្មតាដែលធ្វើការក្នុងក្រុមទាំងនោះឲ្យណែនាំក្រុមទាំងនោះយ៉ាងត្រឹមត្រូវតាមលក្ខណៈចែងខាងលើកាន់តែល្អឡើងៗ និងឲ្យរួមសហរការក្នុងព្រះសហគមន៍ដូចបងប្អូន ជាមួយអស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗទៀត។
២១-ត្រូវយកចិត្តទុកដាក់ចំពោះក្រុមដែលបំពេញកិច្ចជាគ្រីស្តទូត
ត្រូវគោរពក្រុមទាំងប៉ុន្មានដែលបំពេញកិច្ចការជាគ្រីស្តទូតតាមសមគួរ ក៏ប៉ុន្តែ អស់លោកអភិបាលសរសើរ គាំទ្រ និងបង្កើតក្រុមខ្លះទុកជាមានលក្ខណៈបន្ទាន់ជាងគេ តាមតម្រូវការនៃពេលវេលានិងនៃទីកន្លែង។ អស់លោកគង្វាល បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតា ត្រូវចាត់ទុកក្រុមទាំងនោះទុកជាសំខាន់ជាងគេ ហើយម្នាក់ៗត្រូវពង្រីកក្រុមទាំងនោះតាមបេសកកម្មរៀងៗខ្លួន។ ក្នុងចំណោមក្រុមទាំងនោះ ត្រូវកត់សម្គាល់យ៉ាងពិសេស សមាគម ឬក្រុមអន្តរជាតិរបស់គ្រីស្តបរិស័ទកាតូលិក។
២២-គ្រីស្តបរិស័ទធម្មតា ដែលបម្រើព្រះសហគមន៍យ៉ាងពិសេស
ក្នុងព្រះសហគមន៍ ត្រូវគោរព និងយកចិត្តទុកដាក់យ៉ាងពិសេស ចំពោះគ្រីស្តបរិស័ទធម្មតានៅលីវក្ដី មានគ្រួសារក្ដី ដែលសុខចិត្តប្តេជ្ញាចិត្តយកកម្លាំងកាយកម្លាំងចិត្ត យកសមត្ថភាពនៃអាជីវកម្មរបស់គេ មកបម្រើស្ថាប័ននិងសកម្មភាពនានានៃព្រះសហគមន៍ អស់មួយរយៈពេលក្ដី ឬរហូតអស់មួយជីវិតក្ដី។ យើងមានអំណរសប្បាយជាខ្លាំងដោយឃើញថា មានចំនួនគ្រីស្តបរិស័ទធម្មតាកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ស្ម័គ្រចិត្តបម្រើសមាគមនានានិងកិច្ចការជាគ្រីស្តទូត ទាំងនៅក្នុងប្រទេសរបស់ខ្លួន ទាំងក្នុងវិស័យអន្តរជាតិ ជាពិសេសក្នុងព្រះសហគន៍កាតូលិកនៅប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត និងក្នុងព្រះសហគមន៍កំពុងកើតឡើង។
អស់លោកគង្វាលត្រូវទទួលគ្រីស្តបរិស័ទធម្មតាទាំងនោះដោយអំណរសប្បាយទាំងអរព្រះគុណព្រះជាម្ចាស់ផង។ អស់លោកត្រូវយកចិត្តទុកដាក់ឲ្យគេរស់នៅតាមសភាពការណ៍ត្រឹមត្រូវតាមយុត្តិធម៌ តាមសមធម៌ និងតាមសេចក្ដីស្រឡាញ់ តាមអស់លោកអាចធ្វើបាន។ ជាពិសេស ត្រូវផ្គត់ផ្គង់ជីវភាពគេនិងក្រុមគ្រួសាររបស់គេឲ្យបានគ្រប់គ្រាន់។ អស់លោកត្រូវចាត់ចែងឲ្យគេមានមធ្យោបាយគ្រប់គ្រាន់សម្រាប់អប់រំគេ គាំទ្រគេ និងជួយដាស់តឿនគេតាមព្រះវិញ្ញាណ ផង។
ជំពូក៥
សេចក្ដីចាត់ចែងដែលត្រូវអនុវត្តតាម
២៣-អារម្ភកថា
អ្នកបំពេញកិច្ចការជាគ្រីស្តទូត ម្នាក់ឯងក្ដី ឬក្នុងក្រុមក្ដី ក៏ត្រូវចូលរួមក្នុងកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ តាមមុខតំណែងដ៏ពិតប្រាកដរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកទាំងនោះត្រូវរក្សាចំណងទាក់ទងជាមួយអស់លោកអភិបាលដែលព្រះវិញ្ញាណបានតែងតាំងឲ្យឃ្វាលព្រះសហគមន៍របស់ព្រះជាម្ចាស់ (កក ២០,២៨)។ ការណ៍នេះសំខាន់ក្នុងកិច្ចការរបស់ខ្លួនជាគ្រីស្តទូតតាមបែបគ្រីស្តបរិស័ទ។ អស់អ្នកដែលផ្តើមកិច្ចការផ្សេងៗក្នុងឋានៈជាគ្រីស្តទូត ក៏ត្រូវរួមសហការគ្នាជាចំាបាច់ដែរ។ អស់លោកអភិបាលមានភារកិច្ចចាត់ចែងឲ្យអ្នកទាំងនោះរួមសហការគ្នាយ៉ាងស្រួល។
អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតតាមបែបប្លែកៗពីគ្នាៗក្នុងព្រះសហគមន៍ ត្រូវគោរពគ្នាទៅវិញទៅមកនិងរួមសហការគ្នា ទោះបីត្រូវគោរពលក្ខណៈផ្ទាល់នៃបែបនីមួយៗទាំងនោះក្ដី។ ការណ៍នេះពិតជាចំាបាច់បំផុត ដើម្បីលើកស្ទួយគំនិតឲ្យរួមគ្នាជាធ្លុងតែមួយ បណា្តលឲ្យសេចក្ដីស្រឡាញ់លេចធ្លោឡើងក្នុងគ្រប់កិច្ចការជាគ្រីស្តទូតនៃព្រះសហគមន៍។ បើអ្នកទាំងនោះរួមសហការជាមួយគ្នាមែន ពិតជាគេបានលទ្ធផលតាមគោលដៅរួម និងគេជៀសវាងមិនឲ្យមានការប្រជែងប្រឆាំងគ្នា បណ្តាលឲ្យខូចប្រយោជន៍ព្រះសហគមន៍ឡើង។
ការរួមគ្នានេះចាំបាច់ ជាពិសេស នៅពេលមានកិច្ចការមួយក្នុងព្រះសហគមន៍ទាមទារឲ្យលោកគង្វាលក្នុងភូមិភាគនិងគង្វាលជាបព្វជិត ព្រមទាំងក្រុមបព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតា ត្រូវរួមសហការគ្នាឲ្យមានរបៀបរៀបរយយ៉ាងស្រួល។
២៤-ចំណងទំនាក់ទំនងជាមួយអស់លោកអភិបាល
អស់លោកអភិបាលមានភារកិច្ចជួយគ្រីស្តបរិស័ទធម្មតាឲ្យបំពេញកិច្ចការជាគ្រីស្តទូត ព្រមទាំងផ្តល់គោលការណ៍ឲ្យគេ និងជួយគាំទ្រគេខាងផ្លូវវិញ្ញាណ។ អស់លោកចាត់ចែងកិច្ចការនោះដើម្បីជាប្រយោជន៍រួមនៃព្រះសហគមន៍ ហើយយកចិត្តទុកដាក់ឲ្យគេកាន់តាមលទ្ធិនៃគ្រីស្តសាសនា និងគោរពតាមសេចក្ដីចាត់ចែងជាគ្រឹះ។
អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតមានចំណងទាក់ទងជាមួយអស់លោកអភិបាលតាមបែបផ្សេងៗ ស្របតាមរបៀប និងតាមគោលដៅប្លែកៗពីគ្នានៃកិច្ចការជាគ្រីស្តទូតនោះ។
ក្នុងព្រះសហគមន៍ មានគ្រីស្តបរិស័ទធម្មតាផ្តើមកិច្ចការជាគ្រីស្តទូតមួយចំនួន ពួកគេបានសម្រេចចិត្តធ្វើកិច្ចការទាំងនោះ ដែលគេជ្រើសរើសដោយសេរី។ ពួកគេមានសិទ្ធិគ្រប់គ្រងកិច្ចការទាំងនោះតាមការវិនិច័្ឆយដ៏ឈ្លាសវៃរបស់ខ្លួន។ ក្នុងសភាពការណ៍ខ្លះ កិច្ចការទាំងនោះជួយឲ្យព្រះសហគន៍អាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ។ ហេតុនេះហើយ បានជាអស់លោកអភិបាលតែងតែសរសើរនិងធានាកិច្ចការទាំងអស់នោះជាញឹកញ់ាប។ ក៏ប៉ុន្តែ អ្នកណាអួតថា កិច្ចការរបស់ខ្លួនមានឈ្មោះថា «កាតូលិក» លុះត្រាអស់លោកអភិបាលដែលត្រូវបានតែងតាំងយ៉ាងត្រឹមត្រូវ យល់ស្របនឹងកិច្ចការនោះ។
អស់លោកអភិបាលទទួលស្គាល់យ៉ាងច្បាស់ថា របៀបធ្វើកិច្ចការជាគ្រីស្តទូតខ្លះពិតជារបៀបព្រះសហគមន៍។
លើសពីនេះទៅទៀត តាមតម្រូវការនៃប្រយោជន៍រួមរបស់ព្រះសហគមន៍ អស់លោកអភិបាលអាចជ្រើសរើស និងជួយលើកស្ទួយយ៉ាងពិសេស សមាគមនិងស្ថាប័នដែលបំពេញកិច្ចការជាគ្រីស្តទូតខ្លះ គឺសមាគមនិងស្ថាប័នដែលមានគោលដៅចំខាងវិញ្ញាណ។ អស់លោកក៏ត្រូវទទួលខុសត្រូវយ៉ាងពិសេសចំពោះសមាគមនិងស្ថាប័នទាំងនោះ។ ដោយអស់លោកអភិបាលចាត់ចែងកិច្ចការជាគ្រីស្តទូតដូច្នេះតាមរបៀបផ្សេងៗនោះ ស្របតាមកាលៈទេសៈដូច្នេះ អស់លោកភ្ជាប់កិច្ចការជាគ្រីស្តទូតតាមបែបណាមួយ ទៅនឹងបន្ទុកផ្ទាល់របស់អស់លោកជាគ្រីស្តទូត។ ទោះបីអស់លោកធ្វើដូច្នេះក្តី ក៏អស់លោកមិនប្រែលក្ខណៈជាគ្រីស្តទូតរបស់អស់លោក ហើយក៏មិនលាយឡំបន្ទុករបស់អស់លោក និងកិច្្ចការរបស់គ្រីស្តបរិស័ទទេ។ ហេតុនេះ អស់លោកមិនដកសមត្ថភាពដែលគ្រីស្តបរិស័ទធម្មតា ត្រូវការជាចាំបាច់ ក្នុងការចាប់ផ្តើមកិច្ចការដោយខ្លួនផ្ទាល់បានឡើយ។ ក្នុងឯកសារផ្សេងៗនៃព្រះសហគមន៍ មានហៅកិច្ចរបស់លោកអភិបាលបែបនេះថា «ការផ្ញើទុក»។
នៅទីបញ្ចប់ ជួនកាលអស់លោកអភិបាលផ្ញើបន្ទុកខ្លះឲ្យគ្រីស្តបរិស័ទធម្មតាបំពេញ ជាបន្ទុកដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចរបស់អស់លោកក្នុងឋានៈជាគង្វាល ឧបមាថា អស់លោកផ្ញើបន្ទុកខ្លះក្នុងការបង្រៀនលទ្ធិនៃគ្រីស្តសាសនា ក្នុងការធ្វើពិធីគោរពប្រណិប៍តន៍ខ្លះ ក្នុងការណែនាំគ្រីស្តបរិស័ទ។ តាមបេសកកម្មនោះ គ្រីស្តបរិស័ទធម្មតាបំពេញបន្ទុកទាំងនេះ ដោយស្តាប់តាមបង្គាប់ទាំងស្រុងរបស់អ្នកទទួលខុសត្រូវក្នុងនាមលោកអភិបាល។
ចំពោះកិច្ចការ និងស្ថាប័នខាងលោកីយ៍ អស់លោកអភិបាលមានតួនាទីបង្រៀន និងបកស្រាយយ៉ាងពិតប្រាកដ នូវគោលការណ៍ខាងសីលធម៌ដែលត្រូវអនុវត្តក្នុងវិស័យទាំងនោះ។ ក្រោយពីបានរិះគិតពិចារណាយ៉ាងយូរ និងដោយបានប្រមូលយោបល់អ្នកដែលមានសមត្ថភាព អស់លោកក៏អាចវិនិច្ឆ័យថា កិច្ចការឬស្ថាប័នទាំងនោះ ស្របតាមគោលការណ៍នៃសីលធម៌ឬក៏អត់ និងប្រកាសអំពីអ្វីៗដែលត្រូវធ្វើជាចំាបាច់អំពីកិច្ចការទាំងនោះ ដើម្បីថែរក្សាការពារ និងលើកស្ទួយសម្បត្តិខាងវិញ្ញាណ ដែលហួសពីសម្បត្តិក្នុងលោកីយ៍នេះ។
២៥-ក្រុមលោកគង្វាលជួយគ្រីស្តបរិស័ទធម្មតាឲ្យបំពេញកិច្ចការជាគ្រីស្តទូត
អស់លោកអភិបាល អស់លោកគង្វាលទទួលបន្ទុកថែរក្សាគ្រីស្តបរិស័ទក្នុងភូមិ ក្រុមគង្វាលនៃភូមិភាគ និងក្រុមគង្វាលជាបព្វជិត ត្រូវនឹកថា អស់អ្នកផ្ញើជីវិតលើព្រះគ្រីស្តទាំងប៉ុន្មាន ទោះជាគ្រីស្តបរិស័ទទទួលអគ្គសញ្ញាតែងតាំងក្ដី ទោះជាគ្រីស្តបរិស័ទធម្មតាក្ដី ក៏សុទ្ធតែមានសិទ្ធិនិងភារកិច្ចរួម បំពេញកិច្ចការជាគ្រីស្តទូត។ គ្រីស្តបរិស័ទធម្មតាក៏មានភារកិច្ចផ្ទាល់ពិសេសម៉្យាងក្នុងការសាងសង់ព្រះសហគមន៍ដែរ។ ហេតុនេះហើយបានជាអស់លោកគង្វាលត្រូវធ្វើការរួមជាមួយគ្រីស្តបរិស័ទធម្មតាក្នុងឋានៈជាបងប្អូនក្នុងព្រះសហគមន៍ និងដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ អស់លោកក៏នឹងយកចិត្តទុកដាក់គាំទ្រគ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាគ្រីស្តទូតរបស់គេ(ពន្លឺ ៣៧)។
អស់លោកអភិបាលត្រូវជ្រើសរើសលោកគង្វាលដោយដោយប្រុងប្រយ័ត្ន ជាគង្វាលដែលមានសមត្ថភាព និងដែលដឹងសេចក្ដីពាក់ព័ន្ធនឹងគ្រីស្តបរិស័ទធម្មតា ដើម្បីជួយណែនាំក្រុមគ្រីស្តបរិស័ទឲ្យបំពេញកិច្ចជាការគ្រីស្តទូត តាមរបៀបពិសេសប្លែកៗពីគ្នា។ ដោយអស់លោកគង្វាលទទួលបេសកកម្មពីលោកអភិបាល អស់លោកបំពេញមុខងារបម្រើគ្រីស្តបរិស័ទបែបនេះ ទុកជាតំណាងរបស់លោកអភិបាល។ អស់លោកគង្វាលត្រូវភ្ជាប់ចិត្តយ៉ាងស្មោះនឹងគោលគំនិតនិងលទ្ធិនៃព្រះសហគមន៍ ហើយត្រូវជួយឲ្យគ្រីស្តបរិស័ទធម្មតា និងលោកអភិបាលមានទំនាក់ទំនងជាមួយគ្នាតាមសមរម្យ។ អស់លោកត្រូវយកចិត្តទុកដាក់ខិតខំចិញ្ចឹមជីវិតខាងវិញ្ញាណរបស់គ្រីស្តបរិស័ទឲ្យមានគំនិតជាគ្រីស្តទូត ក្នុងសមាគមកាតូលិកដែលលោកអភិបាលផ្ញើទុកមកនោះ។ អស់លោកត្រូវរួមធ្វើកិច្ចការជាគ្រីស្តទូតជាមួយគ្រីស្តបរិស័ទធម្មតា ដោយផ្តល់យោបល់ប្រកបដោយប្រាជ្ញា និងដោយជួយឲ្យគេបំពេញគម្រោងការរបស់គេ។ ដោយនិយាយសន្ទនាជានិច្ចជាមួយគ្រីស្តបរិស័ទធម្មតា អស់លោកស្វែងរកដោយពិនិត្យពិច័្ឆយនូវរបៀបដែលអាចផ្តល់ឲ្យកិច្ចការជាគ្រីស្តទូតរបស់គេ បានលទ្ធផលកាន់តែច្រើនឡើងៗ។ អស់លោកត្រូវជួយសមាជិកឲ្យមានគំនិត រួបរួមគ្នាក្នុងសមាគម និងឲ្យសមាគមរួបរួមជាមួយសមាគមឯទៀតៗដែរ (បព្វជិត ៨)។
នៅទីបញ្ចប់ បព្វជិតបព្វជិតាត្រូវរាប់ទុកថា គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតគួរឲ្យសរសើរ។ គេត្រូវស្ម័គ្រចិត្តពង្រឹងកិច្ចការនេះឲ្យបានទូលំទូលាយ ស្របតាមគោលដៅនៃក្បួនវិន័យគ្រឹះស្ថានរបស់ខ្លួន។ គេត្រូវខិតខំគាំទ្រ និងជួយ ហើយបង្គ្រប់កិច្ចការរបស់អស់លោកគង្វាលទៀត។
២៦-មធ្យោបាយដែលអាចជួយឲ្យរួមសហការគ្នា
ប្រសិនបើអាចធ្វើបាន ត្រូវមានក្រុមប្រឹក្សាផ្សេងៗតាមភូមិភាគដែលគាំទ្រកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ ក្នុងវិស័យប្រកាសដំណឹងល្អផង ក្នុងវិស័យនាំឲ្យគ្រីស្តបរិស័ទបានវិសុទ្ធ ក្នុងវិស័យសប្បុរសធម៌ ក្នុងវិស័យសង្គមកិច្ច និងក្នុងវិស័យឯទៀតៗដែរ។ ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងក្រុមបព្វជិតបព្វជិតា ត្រូវរួមសហការជាមួយគ្រីស្តបរិស័ទធម្មតាក្នុងក្រុមប្រឹក្សាទាំងនោះ តាមតម្រូវការនិងយ៉ាងសមរម្យ។ ក្រុមប្រឹក្សាទាំងនោះ អាចជួយឲ្យសមាគមនិងគ្រីស្តបរិស័ទធម្មតាដែលចាប់ផ្តើមកិច្ចការផ្សេងៗ ឲ្យរួមសហការគ្នាទៅវិញទៅមក ទាំងគោរពលក្ខណៈផ្ទាល់ របស់ខ្លួន ហើយស្វ័យភាពនៃសមាគមនិងក្រុមទាំងនោះ។
ប្រសិនបើអាចធ្វើបាន ត្រូវមានក្រុមប្រឹក្សាផ្សេងៗបែបដដែលនោះ នៅតាមសហគមន៍ក្នុងភូមិ តាមកម្រិតអន្តរភូមិ អន្តរភូមិភាគ ហើយប្រហែលតាមកម្រិតជាតិ និងអន្តរជាតិ។
នៅក្បែរសន្តអាសនៈត្រូវតែងតាំងការិយាល័យពិសេសមួយសម្រាប់បម្រើ និងលើកស្ទួយកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតា។ ការិយាល័យនោះហាក់ដូចជាមណ្ឌលមួយប្រកបដោយមធ្យោបាយតាមសមរម្យ ដើម្បីផ្តល់ពត៌មានអំពីកិច្ចការផ្សេងៗដែលគ្រីស្តបរិស័ទធម្មតាផ្តើមធ្វើ។ ការិយាល័យនោះនឹងខិតខំស្រាវជ្រាវ និងសិក្សាអំពីបញ្ហាទាំងប៉ុន្មានដែលចោទឡើងសព្វថ្ងៃក្នុងវិស័យទាំងនេះ និងជួយទាំងក្រុមអភិបាល ទាំងគ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាគ្រីស្តទូត។ ក្រុមចលនាផ្សេងៗ និងអង្គការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាក្នុងពិភពលោកទាំងមូល ក៏ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការិយាល័យនោះ ជាកន្លែងក្រុមនិងអង្គការទាំងនោះអាចជួបជុំគ្នាបាន ដើម្បីរួមសហការជាមួយគ្រីស្តបរិស័ទធម្មតា ជាមួយក្រុមអ្នកខ្លះដែលទទួលអគ្គសញ្ញាតែងតាំង និងជាមួយក្រុមបព្វជិតបព្វជិតាខ្លះដែរ។
២៧-ការរួមសហការជាមួយគ្រីស្តបរិស័ទឯទៀតៗ និងជាមួយអ្នកដែលមិនកាន់គ្រីស្តសាសនា
បេតិកភ័ណ្ឌរួមនៃដំណឹងល្អ និងភារកិច្ចរួមហូរមកពីបេតិកភ័ណ្ឌនោះដាស់តឿន និងទាមទារឲ្យគ្រីស្តរបរិស័ទកាតូលិកនិងគ្រីស្តបរិស័ទឯទៀតៗរួមសហការគ្នា។ បុគ្គល ឬក្រុមព្រះសហគមន៍អាចរួមសហការគ្នាក្នុងសកម្មភាពផ្សេងៗ ក៏បាន ឬរួមសហការគ្នាក្នុងសមាគមរួមក៏បាន នៅតាមកម្រិតជាតិ ឬអន្តរជាតិក៏បាន (បង្រួប ១២)។
គ្រីស្តបរិស័ទទាំងអស់កាន់តាមតម្លៃដ៏ថ្លៃថ្នូររួម។ ហេតុនេះអស់គ្រីស្តបរិស័ទដែលមានគោលបំណងបំពេញកិច្ចការជាគ្រីស្តទូត ត្រូវរួមសហការបែបនេះជាមួយអស់អ្នកដែលមិនកាន់គ្រីស្តសាសនា តែទទួលស្គាល់តម្លៃដ៏ថ្លៃថ្នូរនៃគ្រីស្តសាសនាទាំងនោះ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតារួមសហការយ៉ាងសកម្ម និងដោយប្រុងប្រយ័ត្នបែបនេះ (បង្រួប ១២ ;ពន្លឺ ៣៧) ជាពិសេសក្នុងសកម្មភាពលោកីយ៍ គេមុខជាផ្តល់សក្ខីភាពអំពីព្រះគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោក និងអំពីក្រុមគ្រួសាររបស់មនុស្សលោកដែលរួបរួមគ្នាជាធ្លុងតែមួយផង។
ជំពូក៦
ការអប់រំឲ្យបំពេញកិច្ចការជាគ្រីស្តទូត
២៨-គ្រីស្តបរិស័ទត្រូវទទួលការអប់រំឲ្យបំពេញកិច្ចការជាគ្រីស្តទូត
ជីវិតតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទធម្មតាត្រូវតែចម្រើនឡើង ហើយគេក៏ត្រូវស្គាល់លទ្ធិនៃគ្រីស្តសាសនាកាន់តែច្បាស់ដែរ។ គេត្រូវតែសម្របខ្លួនតាមសភាពការណ៍ថ្មីៗ តាមព្រឹត្តិការណ៍ តាមបុគ្គលម្នាក់ៗនិងតាមកាតព្វកិច្ចផ្សេងៗដែរ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូត ត្រូវទទួលការអប់រំយ៉ាងពេញលេញ និងប្លែកៗពីគេ ទើបគេអាចបំពេញកិច្ចការនេះយ៉ាងស័ក្តិសិទ្ធនិងប្រសើរបាន។ គេត្រូវទទួលការអប់រំជាអចិន្រៃ្តយ៍ជាចាំបាច់។ មហាសន្និបាតបានផ្តល់យោបល់ និង ប្រកាសសេចក្ដីផ្សេងៗទុកជាគ្រឹះនៃការអប់រំក្នុងកិច្ចការជាគ្រីស្តទូតនេះរួចទៅហើយ (ពន្លឺ ជំពូក ២.៤.៥ ; បង្រួប៤.៦.៧.១២)។ មានកិច្ចជាគ្រីស្តទូតបែបខ្លះ ទាមទារឲ្យគេទទួលការអប់រំពិសេសដោយឡែកពីគេ លើសពីការអប់រំរបស់គ្រីស្តបរិស័ទទូទៅទៅទៀត ព្រោះមនុស្សតែងតែប្លែកៗ ពីគ្នា ហើយក៏រស់នៅតាមសភាពការណ៍ប្លែកៗពីគ្នាដែរ។
២៩-គោលការណ៍សម្រាប់អប់រំគ្រីស្តបរិស័ទធម្មតាឲ្យបំពេញកិច្ចការជាគ្រីស្តទូត
គ្រីស្តបរិស័ទធម្មតារួមចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍តាមរបៀបផ្ទាល់របស់គេ។ ហេតុនេះ ការអប់រំគេឲ្យបំពេញកិច្ចការជាគ្រីស្តទូត ត្រូវស្របតាមលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទធម្មតាជាអ្នករស់នៅក្នុងសង្គម និងស្របតាមជីវិតខាងវិញ្ញាណសមនឹងការរស់នៅរបស់គេដែរ។
មុននឹងគ្រីស្តបរិស័ទធម្មតាទទួលការអប់រំឲ្យបំពេញកិច្ចការជាគ្រីស្តទូត គេត្រូវទទួលការអប់រំក្នុងឋានៈជាមនុស្សជាមុនសិន គឺស្របតាមបុគ្គលិកលក្ខណៈ និងតាមសភាពការណ៍រស់នៅរបស់គេម្នាក់ៗ។ គ្រីស្តបរិស័ទធម្មតា ត្រូវស្គាល់សភាពការណ៍នៃពិភពលោកនាបច្ចុប្បន្នកាលយ៉ាងច្បាស់ និងត្រូវចូលរួមយ៉ាងស្រួលក្នុងក្រុមរបស់ខ្លួនក្នុងសង្គម និងក្នុងអរិយធម៌របស់ខ្លួនដែរ។
ជាបឋម គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំឲ្យបំពេញបេសកកម្មរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ ដោយខ្លួនមានជំនឿ គឺរស់នៅស្របតាមគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រតិស្ឋាននិងសង្គ្រោះមនុស្សលោក ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់មានជីវិតរស់រវើក។ ព្រះវិញ្ញាណដាស់តឿនមនុស្សទាំងអស់ឲ្យស្រឡាញ់ព្រះជាម្ចាស់ទុកជាព្រះបិតា និងឲ្យស្រឡាញ់ពិភពលោក និងមនុស្សលោក រួមជាមួយព្រះអង្គដែរ។ ត្រូវចាត់ការអប់រំនេះទុកជាគ្រឹះ និងទុកជាលក្ខ័ណ្ឌដែលខានមិនបាន នាំឲ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង និងបង្កើតផលបាន។
លើសពីការអប់រំខាងវិញ្ញាណ គេក៏ត្រូវមានចំណេះយ៉ាងជ្រាលជ្រៅអំពីទេវវិទ្យា អំពីសីលធម៌ និងអំពីទស្សន វិទ្យាដែរ។ ចំណេះបែបនេះក៏ត្រូវសមស្របតាមអាយុ ស្របនឹងសភាពការណ៍រស់នៅ និងស្របតាមទេពកោសល្យរបស់គេម្នាក់ៗ។ លើសពីនេះទៅទៀត សូមកុំភ្លេចថា គេត្រូវស្គាល់វប្បធម៌ទូទៅយ៉ាងសមរម្យ ភ្ជាប់នឹងការអប់រំ ឲុ្យចេះប្រើប្រាស់ចំណេះរបស់ខ្លួន និងឲ្យទទួលការអប់រំខាងបច្ចេកទេសទៀតផង។
ក្នុងការអប់រំគ្រីស្តបរិស័ទធម្មតា ត្រូវជួយលើកស្ទួយអ្វីជាតម្លៃដ៏ពិតប្រាកដក្នុងឋានៈជាមនុស្ស ជាពិសេសឲ្យគេ ចេះរស់នៅរួមគ្នាទុកជាបងប្អូនបង្កើត ចេះរួមសហការគ្នា និងចេះសន្ទនាជាមួយអ្នកដទៃទៀតផង។ ដូច្នេះការអប់រំនេះជួយឲ្យគេមានទំនាក់ទំនងជាមួយមនុស្សដទៃទៀត ឲ្យកាន់តែស្រួលឡើង។
ការអប់រំឲ្យបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែស្រេចលើការរៀនសូត្រទ្រឹស្តីប៉ុណ្ណោះទេ តែតាំងពីដើមរៀងមក ត្រូវបង្ហាត់គេបន្តិចម្តងៗ និងដោយប្រុងប្រយ័ត្ន ឲ្យយល់ឃើញអំពីអ្វីៗទាំងអស់តាមពន្លឺនៃជំនឿ ឲ្យចេះរិះគិតពិចារណាថ្លឹងថ្លែងអ្វីៗនោះ និងឲ្យប្រព្រឹត្តការទាំងអស់តាមពន្លឺនៃជំនឿដែរ។ ត្រូវបង្ហាត់គេឲ្យយកការប្រត្តិបត្តិរបស់ខ្លួន ទុកជាមធ្យោបាយសម្រាប់អប់រំខ្លួនឯង និងចម្រើនឡើង រួមជាមួយអ្នកដទៃ។ ដូច្នេះគេចូលបម្រើព្រះសហគមន៍យ៉ាងសកម្ម។ ត្រូវអប់រំបែបនេះតទៅឲ្យកាន់តែប្រសើរឡើងជានិច្ច ព្រោះបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗចេះតែចម្រើនឡើងជាលំដាប់ ហើយបញ្ហានានាក៏តែងតែប្រែប្រួលជានិច្ចដែរ។ ត្រូវមានចំណេះកាន់តែជ្រៅទៅៗ និងធ្វើកិច្ចការសម្របតាមសភាពការណ៍និងបញ្ហាដែលតែងតែប្រែប្រួលទាំងនោះដែរ។ ត្រូវយកចិត្តទុកដាក់គោរពបុគ្គលិកលក្ខណៈទាំងមូលរបស់គេម្នាក់ៗ ទាំងខិតខំតបឆ្លើយនិងសេចក្ដីទាមទារជាច្រើនរបស់គេ។ ការអប់រំបែបនេះ មុខជានឹងរក្សាការពារបុគ្គលិកលក្ខណៈ របស់គេឲ្យនៅគង់វង្ស និងឲ្យគេបានសុខដុមរមនាកាន់តែខ្លាំងឡើងៗ។
ធ្វើដូច្នេះ គ្រីស្តបរិស័ទធម្មតាអាចចូលខាងលោកីយ៍ឲ្យកាន់តែជ្រៅនិងកាន់តែសកម្មបាន គឺគេអាចរួមចំណែកក្នុងដំណើរនៃព្រឹត្តិការណ៍ដែលតែងតែកន្លងផុតទៅ។ នៅពេលជាមួយគ្នានេះ ក្នុងឋានៈខ្លួនជាសមាជិក ដែលមានជីវិត និងជាសាក្សីអំពីព្រះសហគមន៍ គេធ្វើឲ្យព្រះសហគមន៍មានវត្តមាន និងមានសកម្មភាពនៅក្នុងលោកីយ៍(ពន្លឺ ៣៣)។
៣០-អ្នកអប់រំគ្រីស្តបរិស័ទឲ្យបំពេញកិច្ចការជាគ្រីស្តទូត
ត្រូវចាប់ផ្តើមអប់រំកូនក្មេងតាំងពីតូចមក ឲ្យធ្វើជាគ្រីស្តទូត ជាពិសេស ត្រូវអប់រំកូនជំទង់និងយុវជនយុវនារីឲ្យចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូត និងឲ្យមានគំនិតជាគ្រីស្តទូត។ ត្រូវអប់រំគ្រីស្តបរិស័ទអស់មួយជីវិត ស្របតាមការងារថ្មីៗរបស់ខ្លួនទាមទារ។ អស់អ្នកដែលទទួលបន្ទុកអប់រំតាមគ្រីស្តសាសនា ច្បាស់ជាត្រូវយកចិត្តទុកដាក់នឹងអប់រំគ្រីស្តបរិស័ទឲ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ។
ឪពុកម្តាយមានភារកិច្ចក្នុងរង្វង់គ្រួសារ គឺគាត់រៀបចំចិត្តគំនិតកូនៗតាំងពីវ័យតូចមក ឲ្យទទួលស្គាល់ព្រះហឫទ័យ ស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់។ គាត់ត្រូវអប់រំកូនៗបន្តិចម្តងៗ ជាពិសេស ដោយធ្វើគំរូឲ្យកូន យកចិត្តទុកដាក់នឹងសេចក្ដីត្រូវការរបស់អ្នកដទៃ ទាំងខាងសម្ភារៈ ទាំងខាងវិញ្ញាណ។ ក្រុមគ្រួសារទាំងមូល ដែលជាសហគមន៍រស់នៅជាមួយគ្នា ត្រូវអប់រំសមាជិកឲ្យបំពេញកិច្ចការគ្រីស្តទូតដើមដំបូង។
ប៉ុន្តែត្រូវអប់រំកូនក្មេងជាចាំបាច់ ឲ្យចេះគិតគូរដល់មនុស្សនៅខាងក្រៅក្រុមគ្រួសាររបស់ខ្លួន និងឲ្យបែរទៅស្គាល់ការរស់នៅរបស់សហគមន៍នានា ទាំងក្រុមក្នុងព្រះសហគមន៍ ទាំងក្រុមក្នុងលោកដែរ។ ត្រូវណែនាំក្មេងៗ ឲ្យចូលរួមក្នុងព្រះសហគមន៍ក្នុងភូមិ តាមបែបឲ្យគេភ្ញាក់ស្មារតីថា គេជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែលមានជីវិតរស់រវើកនិងមានសកម្មភាពទៀតផង។ ហេតុនេះ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ជានិច្ចនឹងអប់រំគេឲ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ ទោះជាក្នុងពេលអប់រំជំនឿក្ដី ក្នុងពេលធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរក្តី ក្នុងការណែនាំខាងវិញ្ញាណក្ដី និងក្នុងកិច្ចការផ្សេងឯទៀតៗ នៃមុខងារបម្រើរបស់អស់លោកក្ដី។
សាលារៀន វិទ្យាល័យ និងស្ថាប័នទាំងប៉ុន្មានដែលមានគោលដៅអប់រំ ក៏ត្រូវជួយលើកស្ទួយគំនិតជាគ្រីស្តបរិស័ទ កាតូលិក និងកិច្ចការជាគ្រីស្តទូត ក្នុងចិត្តគំនិតយុវជនយុវនារីដែរ។ ប្រសិនបើគ្មានសាលា គ្មានវិទ្យាល័យ និងគ្មានស្ថាប័នទាំងនោះ ឬប្រសិនបើយុវជនយុវនារីមិនរៀននៅសាលាទាំងនោះ ឬប្រសិនបើមានមូលហេតុផ្សេងៗទៀត សូម ឲ្យឪពុកម្តាយ និងអស់លោកគង្វាល ព្រមទាំងក្រុមចលនាដែលបំពេញកិច្ចការជាគ្រីស្តទូត យកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗឲ្យអប់រំគេជំនួស។ រីឯគ្រូនិងអ្នកអប់រំដែលបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងល្អប្រសើរ ដោយព្រះជាម្ចាស់ត្រាស់ហៅគាត់ ឬដោយគាត់ទទួលភារកិច្ចនេះឲ្យបំពេញ ក៏សូមឲ្យលទ្ធិ នៃជំនឿនិងគរុកោសល្យ ជ្រួតជ្រាបក្នុងចិត្តគេ ដើម្បីបញ្ចូនបន្តការអប់រំនេះឲ្យបានប្រសិទ្ធភាព។
ក្រុមនិងសមាគមផ្សេងៗរបស់គ្រីស្តបរិស័ទធម្មតា ដែលបំពេញកិច្ចការជាគ្រីស្តទូត ឬដែលមានគោលដៅមួយផ្សេងទៀតខាងវិញ្ញាណ ក៏ត្រូវយកចិត្តទុកដាក់ជួយអប់រំគេឲ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ ស្របតាមគោលដៅ និងតាមរបៀបរបស់ខ្លួន។ ជាញឹកញាប់ ក្រុមនិងសមាគមទាំងនោះ ជាផ្លូវធម្មតាសម្រាប់អប់រំគ្រីស្តបរិស័ទឲ្យបំពេញកិច្ចការជាគ្រីស្តទូត។ ក្នុងក្រុមនិងសមាគមទាំងនោះមានការអប់រំខាងលទ្ធិនៃគ្រីស្តសាសនា មានអប់រំខាងវិញ្ញាណ និងមានអប់រំឲ្យប្រតិបត្តិតាម។ សមាជិកក្រុមនិងសមាគមទាំងនោះតែងតែជួបជុំគ្នាជាក្រុមតូចៗជាមួយអ្នករស់នៅជាមួយ និងជាមួយមិត្តសម្លាញ់ មកពិនិត្យវិធីនិងលទ្ធផលនៃកិច្ចការជាគ្រីស្តទូតរបស់គេ ហើយក៏រួមគ្នាវាយតម្លៃការរស់នៅរបស់ខ្លួនជារៀងរាល់ថ្ងៃតាមដំណឹងល្អ។
ត្រូវបន្តការអប់រំនេះ ដោយនឹកគិតដល់កិច្ចការជាគ្រីស្តទូតទាំងមូល ដែលជាភារកិច្ចរបស់គ្រីស្តបរិស័ទធម្មតា ទាំងអស់ ដ្បិតគេត្រូវប្រព្រឹត្តកិច្ចការនេះក្នុងគ្រប់សភាពការណ៍ប្រចាំការរស់នៅរបស់គេ ជាពិសេសនៅពេលបំពេញអាជីវកម្ម និងក្នុងការរស់នៅក្នុងសង្គម មិនគ្រាន់តែនៅខាងក្នុងក្រុម និងសមាគមរបស់ខ្លួនប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាម្នាក់ៗ ជាពិសេសគ្រីស្តបរិស័ទពេញវ័យ ត្រូវត្រៀមខ្លួនយ៉ាងសកម្មឲ្យបំពេញកិច្ចការជាគ្រីស្តទូតដែរ។ ពេលមនុស្សចម្រើនវ័យឡើង ប្រាជ្ញារបស់គេក៏កាន់តែទូលាយដែរ។ ដូច្នេះម្នាក់ៗកាន់តែអាចទទួលស្គាល់ទេពកោសល្យដែលព្រះជាម្ចាស់បានប្រទានឲ្យ គេក៏អាចប្រព្រឹត្តតាមព្រះអំណោយទានដែលព្រះវិញ្ញាណប្រទានឲ្យដែរ ដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់។
៣១-ការអប់រំត្រូវស្របតាមបែបផ្សេងៗនៃកិច្ចការជាគ្រីស្តទូត
គ្រីស្តបរិស័ទប្រព្រឹត្តកិច្ចការជាគ្រីស្តទូតតាមបែបផ្សេងៗ ត្រូវតែទទួលការអប់រំស្របតាមបែបនោះ។
ក) ចំពោះកិច្ចការប្រកាសដំណឹងល្អ និងនាំឲ្យមនុស្សបានវិសុទ្ធ៖ គ្រីស្តបរិស័ទធម្មតាត្រូវរៀបចំខ្លួនយ៉ាងពិសេស ឲ្យចេះចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃ ទោះជាអ្នកផ្ញើជីវិតលើព្រះគ្រីស្តក្ដី មិនផ្ញើជីវិតលើព្រះគ្រីស្តក្ដី ដើម្បីសម្តែងសាររបស់ព្រះគ្រីស្តឲ្យមនុស្សទាំងអស់។
ប៉ុន្តែ ក្នុងសម័យយើងនេះ លទ្ធិសម្ភារៈនិយមផ្សព្វផ្សាយស្ទើរតែគ្រប់កន្លែង សូម្បីតែក្នុងចំណោមគ្រីស្តបរិស័ទកាតូលិកដែរ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទធម្មតាមិនគ្រាន់តែត្រូវសិក្សាលទ្ធិនៃគ្រីស្តសាសនាដោយយកចិត្តទុកដាក់ជាពិសេសត្រង់ប្រការដែលគេចោទប្រកាន់ប៉ុណ្ណោះទេ គេក៏ត្រូវផ្តល់សក្ខីភាពដោយការរស់នៅស្របតាមដំណឹងល្អនៅចំពោះមនុស្សកាន់តាមលទ្ធិសម្ភារៈនិយមគ្រប់ប្រភេទថែមទៀត។
ខ) ចំពោះកិច្ចប្រែអ្វីៗក្នុងលោកនេះតាមរបៀបគ្រីស្តសាសនា៖ គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំអំពីអត្ថន័យ ដ៏ពិតប្រាកដ និងអំពីតម្លៃនៃសម្បត្តិទាំងប៉ុន្មានក្នុងលោកនេះ ព្រមទាំងអំពីទំនាក់ទំនងទ្រព្យសម្បត្តិទាំងនោះនឹងទិសដៅកំណត់ទាំងអស់របស់មនុស្ស។ តែត្រូវហាត់ខ្លួនឲ្យចេះប្រើប្រាស់អ្វីៗទាំងអស់ និងទទួលបទពិសោធន៍ អំពីការចាត់ចែងស្ថាប័ន ទាំងយកចិត្តទុកដាក់នឹងប្រយោជន៍រួម តាមគោលកាណ៍នៃលទ្ធិរបស់ព្រះសហគមន៍អំពីសីលធម៌ និងអំពីសង្គមផង។ គ្រីស្តបរិស័ទធម្មតាត្រូវយល់ឲ្យបានច្បាស់ ជាពិសេសអំពីគោលកាណ៍និងសេចក្ដីបញ្ជាក់នៃលទ្ធិខាងសង្គមនេះ ដើម្បីឲ្យគេមានសមត្ថភាពអាចជួយឲ្យលទ្ធិនេះចម្រើនឡើងតាមចំណែករបស់ខ្លួន និងឲ្យគេអនុវត្តន៍តាមករណីនីមួយៗយ៉ាងត្រឹមត្រូវផងដែរ។
គ) កិច្ចបង្ហាញសេចក្ដីស្រឡាញ់ និងកិច្ចការមនុស្សធម៌ពិតជាផ្តល់សក្ខីភាពដ៏ប្រសើរបំផុត អំពីការរស់នៅបែបគ្រីស្តបរិស័ទ។ ហេតុនេះហើយបានជាក្នុងការអប់រំឲ្យបំពេញកិច្ចការជាគ្រីស្តទូត ត្រូវណែនាំគេឲ្យចេះបំពេញកិច្ចបង្ហាញសេចក្ដីស្រឡាញ់និងធ្វើកិច្ចការមនុស្សធម៌ទាំងនោះ។ ដូច្នេះតាំងពីវ័យកុមារមក សាវ័ករបស់ព្រះគ្រីស្តត្រូវហាត់ខ្លួន ឲ្យចេះចែក រំលែកទុក្ខលំបាករបស់បងប្អូន និងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់បងប្អូនទាំងនោះដោយចិត្តទូលំទូលាយ។
៣២-មធ្យោយដែលត្រូវអនុវត្តតាម
គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូតមានមធ្យោយបាយជាច្រើន ដើម្បីទទួលការអប់រំនោះ គឺមានសិក្ខាសាលា សន្និបាត សំណាក់ធម៌ ការប្រជុំជាញឹកញាប់ សៀវភៅ និងសេចក្ដីអត្ថាធិប្បាយណែនាំឲ្យគេស្គាល់ព្រះគម្ពីរកាន់តែជ្រៅទៅៗ និងឲ្យចម្រើនឡើងតាមផ្លូវវិញ្ញាណ។ មធ្យោយទាំងនោះក៏នាំឲ្យស្គាល់ជីវភាព និងសភាពការណ៍លោកនេះ ឲ្យរកឃើញនិងប្រើវិធីកាន់តែសមស្របតាមកិច្ចការជាគ្រីស្តទូតដែរ។
មធ្យោយសម្រាប់អប់រំទាំងនោះស្របតាមរបៀបបំពេញកិច្ចការជាគ្រីស្តទូតនីមួយៗ តាមតែវណ្ណៈក្នុងសង្គមជាកន្លែងដែលគេមានបំណងបំពេញកិច្ចការជាគ្រីស្តទូត។
មានបង្កើតមណ្ឌលសិក្សា និងគ្រឹះស្ថានដ៏ខ្ពង់ខ្ពស់ផ្សេងៗ ដើម្បីអប់រំតាមបែបនេះ។ មណ្ឌល និងគ្រឹះស្ថានទាំងនោះបានផ្តល់លទ្ធផលដ៏ប្រសើររួចទៅហើយ។ មហាសន្និបាត មានអំណរសប្បាយដោយគ្រីស្តបរិស័ទផ្តើមកិច្ចការទាំងនោះ ហើយដោយមានផ្សព្វផ្សាយឥទ្ធិពលនៃការដែលគេផ្តើមនោះ ឲ្យរីកសាយក្នុងប្រទេសខ្លះ ទាំងផ្តល់លទ្ធផលជាច្រើនរួចទៅហើយ។ មហាសន្និបាតក៏សូមឲ្យបង្កើតកិច្ចការទាំងនោះនៅកន្លែងផ្សេងៗ ទៀតតាមសេចក្ដីត្រូវការ។
លើសពីនោះទៅទៀត មហាសន្និបាតទូន្មានឲ្យបង្កើតមណ្ឌលឯកសារ និងមណ្ឌលសិក្សា មិនគ្រាន់តែក្នុងវិស័យទេវវិទ្យាប៉ុណ្ណោះទេ តែក្នុងវិស័យមនុស្សវិទ្យា ចិត្តសាស្រ្ត សង្គមវិទ្យា វិធីសាស្រ្ត ដើម្បីពង្រឹងសមត្ថភាព របស់គ្រីស្តបរិស័ទធម្មតា ទាំងបុរសទាំងស្រ្តី ទាំងយុវជនទាំងមនុស្សពេញវ័យ នៅក្នុងគ្រប់វិស័យនៃកិច្ចការជាគ្រីស្តទូតផង។
៣៣-ពាក្យដាស់តឿន
មហាសន្និបាតដ៏វិសុទ្ធសូមទទូចអង្វរគ្រីស្តបរិស័ទធម្មតាទាំងអស់ ក្នុងនាមព្រះអម្ចាស់ សូមតបឆ្លើយដោយចិត្ត ទូលំទូលាយនឹងព្រះគ្រីស្តដែលត្រាស់ហៅបងប្អូននៅពេលនេះ ដោយមានព្រះវិញ្ញាណដែលជំរុញផង។ សូមយុវជនយុវនារីយល់យ៉ាងច្បាស់ថា ព្រះគ្រីស្តត្រាស់ហៅគេយ៉ាងពិសេស សូមទទួលសេចក្ដីអញ្ជើញនេះដោយរីករាយ និងដោយចិត្តស្មោះ។ គឺព្រះអម្ចាស់ផ្ទាល់ព្រះអង្គតឿនគ្រីស្តបរិស័ទធម្មតា ជាថ្មីម្តងទៀត ដោយសារមហាសន្និបាត សូមឲ្យគ្រីស្តបរិស័ទធម្មតារួបរួមជាមួយព្រះអង្គឲ្យកាន់តែជិតស្និទ្ធឡើងៗ ជារៀងរាល់ថ្ងៃ ឲ្យយកចិត្តទុកដាក់និងគិតដល់ប្រយោជន៍ព្រះអង្គ ហាក់ដូចជាគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនដែរ (ភល ២,៤)។ សូមរួមចំណែកក្នុងបេសកកម្មរបស់ព្រះអង្គ។ ព្រះអម្ចាស់ចាត់បងប្អូនម្តងទៀតឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ (លក ១០,១)។ ដូច្នេះគ្រីស្តបរិស័ទធម្មតាពិតជាត្រូវបង្ហាញខ្លួនថា ខ្លួនជាសហការីរបស់ព្រះអង្គ តាមរបៀបប្លែកៗពីគ្នា និងដោយប្រើមធ្យោបាយផ្សេងៗ បំពេញកិច្ចការជាគ្រីស្តទូតតែមួយដដែលរបស់ព្រះសហគមន៍។ បងប្អូនក៏ស្គាល់សេចក្ដីទាមទារនៅសម័យឥឡូវ ខិតខំប្រឹងប្រែងបម្រើព្រះអម្ចាស់ ទាំងដឹងថា កិច្ចការដែលខ្លួនធ្វើទាំងនឿយហត់ ដោយរួមជាមួយព្រះអង្គនោះ មិនមែនអសារឥតការឡើយ (១ករ ១៥,៥៨)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ នឹងគោលការណ៍ នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី១៨ វិច្ចិកា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
PERFECTAE CARITATIS
ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្តីនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។
សេចក្តីប្រកាស
អំពីការកែសម្រួលការរស់នៅរបស់បព្វជិតបព្វជិតា
តាមរបៀបថ្មីសមស្របតាមសម័យបច្ចុប្បន្ន
១-បុព្វកថា
ក្នុងធម្មនុញ្ញគោលលទ្ធិក្រោមចំណងជើងថា "ព្រះសហគមន៍ជាពន្លឺបំភ្លឺពិភពលោក" មហាសន្និបាតបានបង្ហាញ ថា ការស្វះស្វែងរកសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ ដោយប្រព្រឹត្តតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ហូរចេញមកពីលទ្ធិនិងពីគំរូរបស់ព្រះគ្រីស្តជាព្រះបរមគ្រូ ហើយពិតជាសញ្ញាសម្គាល់ដ៏ប្រសើរ សម្តែងយ៉ាងជាក់ច្បាស់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ មហាសន្និបាតមានបំណងចង់ចែងអំពីការរស់នៅ និងអំពីវិន័យរបស់គ្រឹះសា្ថនទាំងប៉ុន្មានដែលមានសមាជិកធ្វើពិធីសច្ចាប្រណិធាន ថានឹងរស់នៅជាព្រហ្មចារី ជាអ្នកក្រីក្រ និងជាអ្នកស្តាប់បង្គាប់មេដឹកនាំ។ ធ្វើដូច្នេះ មហាសន្និបាតនឹងជួយផ្គត់ផ្គង់តាមតម្រូវការរបស់គេ ស្របតាមសម័យបច្ចុប្បន្នទាមទារនោះ។
តាំងពីដើមដំបូងនៃព្រះសហគមន៍រៀងមក មានបុរសនិងស្រ្តីខ្លះមានបំណងចង់តាមព្រះគ្រីស្តដោយមានសេរីភាពជាងគ្រីស្តបរិស័ទឯទៀតៗ និងយកតម្រាប់តាមព្រះអង្គយ៉ាងស្ម័គ្រស្មោះជាង ដោយប្រតិបត្តិតាមដំបូន្មាន របស់ព្រះគ្រីស្តដែលចែងក្នុងគម្ពីរដំណឹងល្អ គឺម្នាក់ៗបានញែកខ្លួនថ្វាយព្រះជាម្ចាស់តាមរបៀបរៀងៗខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជំរុញគេ មានគ្រីស្តបរិស័ទមួយចំនួនធំបានរស់នៅម្នាក់ឯង អ្នកខ្លះទៀតបង្កើតក្រុមគ្រួសារបព្វជិតបព្វជិតា។ ព្រះសហគមន៍ទទួលស្គាល់ក្រុមគ្រួសារទាំងនោះដោយរីករាយ និងយកអំណាចរបស់ខ្លួនមកធានារ៉ាប់រងទៀតផង។ តាំងពីពេលនោះមក ចំនួនក្រុមបព្វជិតបព្វជិតាប្លែកៗពីគ្នាមានកាន់តែច្រើនឡើងៗយ៉ាងអស្ចារ្យ តាមព្រះជាម្ចាស់គ្រោងទុកស្រាប់។ ក្រុមបព្វជិតទាំងនោះជួយព្រះសហគមន៍យ៉ាងសកម្ម មិនគ្រាន់តែឲ្យអាចប្រព្រឹត្តអំពើល្អគ្រប់យ៉ាង (២ធម ៣,១៧) និងឲ្យប្រុងប្រៀបបំពេញមុខងារបម្រើរបស់ខ្លួន ដើម្បីកសាងព្រះកាយព្រះគ្រីស្តប៉ុណ្ណោះទេ (អភ ៤,៣២) តែក្រុមទាំងនោះក៏ជួយឲ្យព្រះសហគមន៍បញ្ចេញសោភ័ណភាព តាមព្រះអំណោយទានផ្សេងៗនៃបុត្រធីតាបស់ខ្លួន ដូចព្រះមហេសីដែលតែងខ្លួនថ្វាយព្រះស្វាមី (វវ ២១,២) ថែមទៀតផង។ ដូច្នេះ ព្រះសហគមន៍អាចសម្តែងព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់បាន (អភ ៣,១០)។
អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យប្រតិបត្តិតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ និងដែលសច្ចាប្រណិធានកាន់តាមយ៉ាងស្មោះ ក៏សម្តែងព្រះអំណោយទានម្យ៉ាងក្នុងចំណោមព្រះអំណោយទានទាំងនោះ គឺពួកគាត់ថ្វាយខ្លួនទៅព្រះអម្ចាស់យ៉ាងពិសេស សុខចិត្តដើរតាមគំរូព្រះគ្រីស្តដែលរស់នៅជាព្រហ្មចារី និងជាអ្នកក្រីក្រ (មថ ៨,២០; លក ៩, ៥៨)។ ព្រះអង្គក៏ធ្វើតាមព្រះបញ្ជាព្រះបិតា រហូតដល់បូជាព្រះជន្មនៅលើឈើឆ្កាង (ភល ២,៨) ទ្រង់បានរំដោះមនុស្សលោក និងប្រោសឲ្យគេបានវិសុទ្ធទៀតផង។ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរសេចក្តីស្រឡាញ់ក្នុងចិត្តគាត់ (រម ៥,៥) ហើយសេចក្តីស្រឡាញ់នោះ ជំរុញពួកគាត់ឲ្យរស់នៅតាមមាគ៌ានេះ។ គាត់រស់នៅដោយថ្វាយខ្លួនទៅព្រះគ្រីស្តឲ្យកាន់តែខ្លាំងឡើងៗ និងដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ (កូឡូ ១,២៤)។ ហេតុនេះហើយបានជាគាត់រួមរស់ជាមួយព្រះគ្រីស្ត ដោយថ្វាយខ្លួនក្នុងគ្រប់វិស័យនៃការរស់នៅរបស់គេឲ្យកាន់តែជ្រាលជ្រៅឡើងៗយ៉ាងណា ព្រះសហគមន៍ក៏មានជីវិតរស់រវើក ហើយអាចបំពេញបេសកកម្មរបស់ខ្លួន ទាំង បង្កើតផលកាន់តែប្រសើរនិងច្រើនឡើងយ៉ាងនោះដែរ។
មហាសន្និបាតចាត់ចែងសេចក្តីដូចខាងក្រោមនេះ ដើម្បីឲ្យព្រះសហគមន៍នាបច្ចុប្បន្នទាញយកផលឲ្យកាន់តែច្រើនពីការរស់នៅដ៏ប្រសើរបស់បព្វជិតបព្វជិតាដែលសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អនោះ។ ព្រះសហគមន៍ពិតជាត្រូវការបព្វជិតបព្វជិតា។ សេចក្តីខាងក្រោមនេះ គ្រាន់តែជាគោលការណ៍ទូទៅសម្រាប់កែសម្រួលការរស់នៅនិងវិន័យគ្រឹះស្ថានរបស់បព្វជិតបព្វជិតាឲ្យបានជាថ្មីប៉ុណ្ណោះ។ គោលការណ៍ទូទៅទាំងនោះក៏ត្រូវយកមកកែសម្រួលដល់ការរស់នៅរបស់ក្រុមអ្នកដែលរស់នៅជាមួយគ្នាដោយមិនធ្វើពីធីសច្ចាប្រណិធានដែរ ព្រមទាំងរបស់ក្រុមគ្រីស្តបរិស័ទដែលរស់នៅក្នុងសង្គម ស្របតាមលក្ខណៈរបស់ក្រុមនីមួយៗនោះដែរ។ ក្រោយពេលមហាសន្និបាតនេះចប់ទៅហើយ អាជ្ញាធរព្រះសហគមន៍ដែលមានសមត្ថកិច្ច ត្រូវចាត់ចែងសេចក្តីណែនាំផ្សេងៗ ដោយឡែក ដើម្បីបព្វជិតបព្វជិតាអនុវត្តតាមគោលការណ៍ទូទៅទាំងនោះយ៉ាងប្រាកដប្រជា។
២-គោលការណ៍ទូទៅសម្រាប់កែសម្រួលឲ្យបានជាថ្មីស្របតាមបច្ចុប្បន្ន
នៅពេលកែសម្រួលការរស់នៅរបស់បព្វជិតបព្វជិតាឲ្យបានជាថ្មី ស្របតាមបច្ចុប្បន្នកាល ម្យ៉ាងត្រូវនឹកគិតជានិច្ចដល់ប្រភពនៃការរស់នៅជាគ្រីស្តបរិស័ទទូទៅ ហើយក៏ត្រូវនឹកគិតដល់គោលគំនិតអ្នកបង្កើតគ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះដែរ។ ម្យ៉ាងទៀត ត្រូវគិតគូរធ្វើឲ្យគ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះបានស្របតាមសភាពការណ៍ថ្មីៗរបស់មនុស្សរស់នៅនាបច្ចុប្បន្នកាល។ ត្រូវកែសម្រួលការរស់នៅជាបព្វជិតបព្វជិតា ដោយព្រះវិញ្ញាណដ៏វិសុទ្ធជំរុញឲ្យកែសម្រួលផង និងដោយមានព្រះសហគមន៍ណែនាំផង តាមគោលការណ៍ដូចតទៅ៖
ក-បព្វជិតបព្វជិតាត្រូវកាន់តាមគោលការណ៍តែមួយដ៏សំខាន់បំផុត គឺដើរតាមព្រះគ្រីស្តស្របតាមសេចក្តីបង្រៀន ចែងក្នុងគម្ពីរដំណឹងល្អ។ គ្រឹះស្ថានបព្វជិតបព្វជិតាទាំងអស់ត្រូវចាត់គោលការណ៍នេះទុកជាគោលដ៏សំខាន់ជាងគេបំផុត។
ខ- គ្រឹះស្ថានបព្វជិតបព្វជិតា មានលក្ខណៈនិងមានមុខនាទីដោយឡែករៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ ហេតុនេះហើយបានជា នៅពេលកែសម្រួល ត្រូវលាតត្រដាងគោលគំនិតអ្នកបង្កើតគ្រឹះស្ថានឲ្យបានជាក់ច្បាស់ និងត្រូវកាន់តាមគោលគំនិតគាត់ដោយចិត្តស្មោះ ត្រូវយល់អំពីបំណងប្រាថ្នាពិសេសរបស់អ្នកបង្កើតនោះ និងកាន់តាមប្រពៃណីដ៏វិសុទ្ធដែលជាបេតិកភ័ណ្ឌរបស់ក្រុមគ្រួសារនីមួយៗ។
គ-គ្រឹះស្ថានបព្វជិតបព្វជិតាទាំងអស់ ត្រូវរួបរួមក្នុងការរស់នៅរបស់ព្រះសហគមន៍យ៉ាងជិតស្និទ្ធ គឺត្រូវយកចិត្តទុកដាក់ទទួលយកនិងគាំទ្រគោលបំណង និងសេចក្តីដែលព្រះសហគមន៍សម្រេចនឹងធ្វើ ដោយអស់ពីសមត្ថភាពក្នុងវិស័យព្រះគម្ពីរ ក្នុងវិស័យគោលលទ្ធិ វិស័យណែនាំគ្រីស្តបរិស័ទ បង្រួបបង្រួមគ្រីស្តបរិស័ទនិកាយផ្សេងៗ ក្នុងកិច្ចជាសាសនទូត និងសកម្មភាពក្នុងសង្គម តាមលក្ខណៈផ្ទាល់របស់គ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះ ។
ឃ-គ្រឹះស្ថានបព្វជិតបព្វជិតា ត្រូវខិតខំណែនាំឲ្យសមាជិករបស់ខ្លួនស្គាល់ជីវភាពមនុស្សនាបច្ចុប្បន្នយ៉ាងគ្រប់គ្រាន់ និងស្គាល់តម្រូវការរបស់ព្រះសហគមន៍ដែរ។ ដូច្នេះគេអាចវិនិច្ឆ័យដោយប្រាជ្ញា ក្រោមពន្លឺនៃជំនឿ អំពីលក្ខណៈពិសេសនៃមនុស្សលោកនាសម័យបច្ចុប្បន្ននេះ។ គេមុខជានឹងមានចិត្តខ្នះខ្នែងយ៉ាងពេញទំហឹងបែបគ្រីស្តទូត នឹងមានសមត្ថភាពអាចនាំជំនួយដ៏ស័ក្តិសិទិ្ធជាង ដល់មនុស្សលោកទៀតផង។
ង-ការរស់នៅរបស់បព្វជិតបព្វជិតាតម្រង់ទៅរកគោលដៅចម្បងតែមួយ គឺនាំឲ្យអស់បព្វជិតបព្វជិតាដើរតាមព្រះគ្រីស្ត និងរួមរស់ជាមួយព្រះជាម្ចាស់ ដោយធ្វើពិធីសច្ចាប្រណិធានថា នឹងកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ។ ហេតុនេះ ត្រូវយល់ឃើញយ៉ាងច្បាស់ថា ការកែសម្រួលដ៏ល្អជាងគេបំផុតឲ្យបានស្របតាមតម្រូវការនៃបច្ចុប្បន្នកាល នឹងបានលទ្ធផលល្អ លុះត្រាតែបព្វជិតបព្វជិតាប្រែចិត្តគំនិតតាមព្រះវិញ្ញាណ។ សូម្បីក្នុងការអភិវឌ្ឍន៍សកម្មភាពខាងក្រៅគ្រឹះស្ថាន ក៏ការប្រែចិត្តគំនិតតាមព្រះវិញ្ញាណមានសារៈសំខាន់ជាងគេដែរ។
៣-គោលការណ៍សម្រាប់កែសម្រួលគ្រឹះស្ថានតាមតម្រូវការនាបច្ចុប្បន្ន
ត្រូវចាត់ចែងការរស់នៅ ការអធិដ្ឋាន សកម្មភាពផ្សេងៗ ស្របតាមសុខភាពទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្តរបស់បព្វជិតបព្វជិតានាបច្ចុប្បន្ន ព្រមទាំងស្របតាមតម្រូវការនៃកិច្ចជាគ្រីស្តទូត (ប្រសិនបើលក្ខណៈផ្ទាល់របស់គ្រឹះស្ថាននីមួយៗត្រូវការ) សមស្របតាមអរិយធម៌ តាមសភាពការណ៍ក្នុងសង្គម និងតាមសភាពការណ៍សេដ្ឋកិច្ច ដែរ។ ត្រូវអនុវត្តដូច្នេះនៅគ្រប់ទីកន្លែង ជាពិសេសនៅប្រទេសណាដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។
ត្រូវរិះគិតពិចារណាអំពីរបៀបណែនាំគ្រឹះស្ថាននីមួយៗតាមគោលការណ៍ទាំងនោះ។ ហេតុនេះត្រូវកែសម្រួលធម្មនុញ្ញ កែសម្រួលក្បួនប្រពៃណី ក្បួនទំនៀមទម្លាប់ សៀវភៅធម៌ ក្បួនពិធី និងសៀវភៅបែបដដែលនេះ។ ក្នុងសៀវភៅទាំងនោះ ត្រូវដកចេញអ្វីៗដែលហួសសម័យ ដោយគិតឲ្យបានស្របតាមឯកសារទាំងប៉ុន្មាននៃមហាសន្និបាតវិញ។
៤-អ្នកមានមុខនាទីកែសម្រួលឲ្យបានជាថ្មីសមស្របតាមសម័យ
សមាជិកទាំងអស់ក្នុងគ្រឹះស្ថាននីមួយៗត្រូវចូលរួមក្នុងការកែសម្រួលឲ្យបានជាថ្មីសមស្របតាមសម័យ ទើប ការកែសម្រួលនោះបានស័ក្តិសិទ្ធិ និងល្អត្រឹមត្រូវ។ ប៉ុន្តែ មានតែអាជ្ញាធម៌ដែលមានសមត្ថកិច្ចទេ ជាពិសេសអង្គប្រជុំទូទៅ ដែលអាចបញ្ជាក់សេចក្តីណែនាំ តែងតាំងវិន័យនិងច្បាប់ថ្មី ព្រមទាំងមានសិទ្ធិទទួលយកបទពិសោធន៍អស់រយៈពេលវែងល្មម ដែលគេប្រព្រឹត្តដោយប្រុងប្រយ័ត្នទៀតផង។ ប្រសិនបើត្រូវការស្របតាមក្បួនច្បាប់ទូទៅនៃព្រះសហគមន៍ អាជ្ញាធរត្រូវទទួលការអនុញ្ញាតពីសន្តអាសនៈឬពីអភិបាលភូមិភាគ។ អំពីករណីពាក់ព័ន្ធនឹងសមាជិកគ្រឹះស្ថានទាំងមូល ក្រុមមេដឹកនាំត្រូវសួរយោបល់របស់សមាជិកគ្រឹះស្ថាននោះយ៉ាងសមរម្យ តាមសេចក្តីត្រូវការ ហើយត្រូវស្តាប់តាមយោបល់របស់គេទៀតផង។
ចំពោះការកែសម្រួលការរស់នៅរបស់បព្វជិតាដែលរស់នៅក្នុងអារាម ត្រូវប្រមូលសំណូមពរ និងយោបល់អង្គប្រជុំនៃសហព័ន្ធអារាម និងអង្គប្រជុំឯទៀតៗដែលត្រូវកោះហៅយ៉ាងត្រឹមត្រូវតាមច្បាប់ព្រះសហគមន៍។ ប៉ុន្តែ ត្រូវនឹកចងចាំជានិច្ចថា ត្រូវតែកាន់តាមវិន័យ ឬតាមធម្មនុញ្ញរបស់ខ្លួន ដោយចិត្តកាន់តែស្មោះ ទើបមានសេចក្តីសង្ឃឹមថានឹងកែសម្រួលឲ្យបានជាថ្មីយ៉ាងប្រសើរជាង កែសម្រួលដោយបង្កើតច្បាប់និងវិន័យជាច្រើនទៅវិញ។
៥-កត្តារួមក្នុងរបៀបរស់នៅរបស់បព្វជិតបព្វជិតា
បព្វជិតបព្វជិតាគ្រប់គ្រឹះស្ថាន ត្រូវនឹកចងចាំជាអាទិ៍ថា នៅពេលគេធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ គាត់បានតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគាត់។ ហេតុនេះហើយបានជាគាត់មិនគ្រាន់តែលែងជំពាក់ជំពិននឹងអំពើបាបប៉ុណ្ណោះទេ (រម ៦,១១) តែគាត់ក៏លះបង់លោកីយ៍ ហើយរស់នៅដោយញែកខ្លួនថ្វាយព្រះជាម្ចាស់តែមួយព្រះអង្គគត់ថែមទៀតផង។គាត់បូជាកម្លាំងកាយកម្លាំងចិត្តថ្វាយខ្លួនបម្រើព្រះអង្គ។ ការញែកខ្លួនថ្វាយព្រះអង្គយ៉ាងពិសេសបែបនេះ ភ្ជាប់យ៉ាងជិតស្និទ្ធនឹងការញែកខ្លួនថ្វាយព្រះអង្គនៅពេលគាត់ទទួលអគ្គសញ្ញាជ្រមុជទឹក ដែលជាគ្រឹះ។ នៅពេលធ្វើពិធីសច្ចាប្រណិធាននោះ គាត់បញ្ជាក់ឲ្យបានច្បាស់យ៉ាងពេញលេញថា គាត់ញែកខ្លួនថ្វាយព្រះជាម្ចាស់ នៅពេលគាត់ទទួលអគ្គសញ្ញាជ្រមុជទឹកនោះរួចហើយ។
ដោយព្រះសហគមន៍ទទួលស្គាល់ថា គាត់ញែកខ្លួនថ្វាយព្រះជាម្ចាស់ដូច្នេះ បព្វជិតបព្វជិតាត្រូវដឹងថា ខ្លួនក៏ភ្ជាប់នឹងការបម្រើព្រះសហគមន៍ដែរ។
អ្នកបម្រើព្រះជាម្ចាស់បែបនេះ ត្រូវតែប្រតិបត្តិតាមគុណធម៌ ជាពិសេស សុខចិត្តដាក់ខ្លួន សុខចិត្តស្តាប់បង្គាប់មេដឹកនាំ មានកម្លាំងចិត្ត និងរស់នៅជាព្រហ្មចារី។ កិច្ចបម្រើព្រះអង្គបែបនេះ ក៏ជួយគាំទ្រគាត់ឲ្យមានគុណធម៌ទាំងនោះថែមទៀត។ គុណធម៌ទាំងនោះបណ្តាយឲ្យបព្វជិតបព្វជិតារួមរស់ជាមួយព្រះគ្រីស្តដែលលះបង់ឋានៈរបស់ព្រះអង្គ (ភល ២,៧-៨) ហើយនៅពេលជាមួយគ្នានេះ ធ្វើឲ្យគេរួមជាមួយព្រះគ្រីស្តដែលមានព្រះជន្មគង់នៅក្នុងព្រះវិញ្ញាណ (រម ៨,១-១៣)។
ហេតុនេះ សូមឲ្យបព្វជិតបព្វជិតាកាន់តាមពិធីសច្ចាប្រណិធានរបស់ខ្លួនយ៉ាងស្មោះត្រង់ គឺសុខចិត្តលះបង់អ្វីៗទាំងអស់ព្រោះតែព្រះគ្រីស្ត (មក ១០,២៨) សុខចិត្តដើរតាមព្រះអង្គទុកជា “អ្វីដែលគាត់ត្រូវការដ៏ចាំបាច់តែមួយនោះ” (លក១០,៤២; មថ ១ក៩,២១) ស្តាប់ព្រះបន្ទូលព្រះអង្គ (លក ១៩,៣៩) ហើយខ្វល់ខ្វាយតែនឹងអ្វីៗដែលទាក់ទិនតែនឹងព្រះអង្គប៉ុណ្ណោះ (១ករ ៧,៣២)។
ហេតុនេះហើយបានជា សមាជិកគ្រប់គ្រឹះស្ថានត្រូវស្វែងរកព្រះជាម្ចាស់តែមួយព្រះអង្គគត់ គឺស្មឹងស្មាធិ៍ភ្ជាប់ទាំងចិត្តគំនិត ទាំងវិញ្ញាណជាមួយព្រះអង្គ ហើយនៅពេលជាមួយគ្នានោះ មានចិត្តស្រឡាញ់ជំរុញគាត់ឲ្យទៅជាគ្រីស្តទូតផងដែរ។ គាត់ខិតខំរួមជាមួយព្រះគ្រីស្តដែលរំដោះមនុស្សលោក ហើយក៏យកចិត្តទុកដាក់លាតត្រដាងព្រះរាជ្យរបស់ព្រះជាម្ចាស់ដែរ។
៦-ការរស់នៅតាមព្រះវិញ្ញាណមានសារៈសំខាន់ជាងគេបំផុត
សូមឲ្យអស់លោកអ្នកដែលធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ស្វះស្វែងរកព្រះជាម្ចាស់ និងស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ គឺស្រឡាញ់ព្រះអង្គដែលស្រឡាញ់យើងជាមុន (១ យហ៤,១០)។ ក្នុងគ្រប់កាលៈទេសៈ សូមឲ្យគាត់យកចិត្តទុកដាក់រួមរស់ជាមួយព្រះគ្រីស្តដែលមានព្រះជន្មកប់ទុកក្នុងព្រះជាម្ចាស់ (កឡ ៣, ៣)។ សេចក្តីស្រឡាញ់ចំពោះអ្នកដ៏ទៃហូរចេញពីជីវិតកប់ទុកក្នុងព្រះជាម្ចាស់នោះ ហើយជំរុញគាត់ឲ្យសង្រ្គោះមនុស្សលោក និងឲ្យកសាងព្រះសហគមន៍។ សេចក្តីស្រឡាញ់បញ្ជាបព្វជិតបព្វជិតាឲ្យប្រតិបត្តិតាមព្រះដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ យ៉ាងសកម្ម និងយ៉ាងរស់រវើកទៀតផង។
ហេតុនេះហើយ បព្វជិតបព្វជិតាត្រូវខិតខំឲ្យមានចិត្តគំនិតព្យាយាម់ចងស្មឹងស្មាធិ៍ជានិច្ច ហើយក៏ស្មឹងស្មាធិ៍ពិតមែនដែរ គឺគាត់ត្រូវយោងជីវិតខាងព្រះវិញ្ញាណបែបគ្រីស្តបរិស័ទពីប្រភពដ៏ពិតប្រាកដនេះ។ មុនដំបូង ជារៀងរាល់ថ្ងៃ គាត់ត្រូវកាន់គម្ពីរ ដើម្បីស្រង់យកចំណេះ “ដ៏ប្រសើរវិសេសវិសាលបំផុតអំពីព្រះយេស៊ូគ្រីស្ត” (ភល ៣,៨) ដោយអាននិងនឹកសញ្ជឹងគិតពីព្រះគម្ពីរនោះ។ បព្វជិតបព្វជិតាត្រូវធ្វើពិធីគោរពប្រណិប័តន៍ដ៏វិសុទ្ធរៀងរាល់ថ្ងៃ ជាពិសេស ចូលរួមក្នុងគម្រោងការដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធបំផុត ពោលគឺក្នុងអភិបូជា។ គាត់ត្រូវអធិដ្ឋានស្របតាមគោលគំនិតរបស់ព្រះសហគមន៍ ដោយចិត្តស្មោះ មិនគ្រាន់តែដោយទន្ទេញចាំសូត្រដោយរត់មាត់ប៉ុណ្ណោះទេ។ គាត់មុខជានឹងទទួលជីវិតតាមព្រះវិញ្ញាណពីប្រភពនេះដែលមិនចេះរីងស្ងួតឡើយ។
ក្រោយពីបព្វជិតបព្វជិតាទទួលទានអាហារពីតុនៃព្រះគម្ពីរររបស់ព្រះជាម្ចាស់ផង និងនៃយញ្ញដ៏សក្ការៈផងរួចហើយ កាត់ត្រូវស្រឡាញ់សរីរាង្គរបស់ព្រះគ្រីស្តទុកជាបងប្អូន ត្រូវគោរពនិងស្រឡាញ់អស់លោកគង្វាលព្រះសហគមន៍ ដូចជាកូនស្រឡាញ់ឪពុកដូច្នោះដែរ។ គាត់ បព្វជិតបព្វជិតាត្រូវរស់នៅ និងនឹកគិតរួមជាមួយព្រះសហគមន៍កាន់តែជិតស្និទ្ធឡើងៗ និងបូជាកម្លាំងកាយកម្លាំងចិត្តបំពេញបេសកកម្មរបស់ព្រះសហគមន៍ទៀតផង។
៧-គ្រឹះស្ថានដែលមានទិសដៅស្មឹងស្មាធិ៍ធ្វើសមាធិ
គ្រឹស្ថានណាដែលមានទិសដៅតែស្មឹងស្មាធិ៍ធ្វើសមាធិប៉ុណ្ណោះ ទោះបីមានតម្រូវការដ៏ចាំបាច់ជាបន្ទាន់ឲ្យបំពេញកិច្ចជាគ្រីស្តទូតយ៉ាងសកម្មយ៉ាងណាក្តី ក៏ត្រូវរក្សាទុកមុខងារពិសេសរបស់ខ្លួនក្នុងព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត គឺក្នុងព្រះកាយនោះ “សរីរាង្គគ្មានមុខងារតែមួយដដែលទេ” (រម ១២,៤)។ បព្វជិតបព្វជិតាទាំងនោះគិតតែអំពីកិច្ចរបស់ព្រះជាម្ចាស់ជានិច្ច រស់នៅម្នាក់ឯង និងនៅស្ងៀមស្ងាត់ ព្យាយាមអធិដ្ឋាន និងធ្វើទុក្ករកិរិយាយ៉ាងសប្បាយរីករាយ។ បព្វជិតបព្វជិតាទាំងនេះថ្វាយសក្ការបូជាដ៏ប្រសើរឧត្តម គឺលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ គាត់ផ្តល់ឈ្មោះល្បីដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដោយបង្ហាញផលផ្លែដ៏វិសុទ្ធជាច្រើន គាត់នាំប្រជារាស្រ្តនោះ ឲ្យយកតម្រាប់តាម និងធ្វើឲ្យប្រជារាស្រ្តនោះចម្រើនចំនួនឡើង គឺគាត់បង្កើតជីវិតតាមរបៀបដ៏ស្ងាត់កំបាំង។ បព្វជិតបព្វជិតាទាំងនោះពិតជាកិត្តិយសរបស់ព្រះសហគមន៍ និងនាំព្រះជាម្ចាស់ប្រណីសន្តោសព្រះសហគមន៍ជាខ្លាំងផងដែរ។
ប៉ុន្តែ គួរឲ្យកែសម្រួលរបៀបរស់នៅរបស់គាត់ តាមគោលការណ៍ និងតាមលក្ខណៈដូចខាងលើ ឲ្យបានស្របតាមសម័យឥឡូវ។ ក៏ប៉ុន្តែ បព្វជិតបព្វជិតាទាំងនោះត្រូវរស់នៅដោយឡែកពីលោកីយ៍ជាដាច់ខាត និងត្រូវរក្សាទុកកិច្ចគោរពប្រណិប័តន៍ផ្សេងៗផ្ទាល់នៃការរស់នៅជាបព្វជិតបព្វជិតាដែលស្មឹងស្មាធិ៍ធ្វើសមាធិនោះជានិច្ចដែរ។
៨-គ្រឹះស្ថានដែលមានទិសដៅបំពេញកិច្ចជាគ្រីស្តទូត
ក្នុងព្រះសហគមន៍មានគ្រឹះស្ថានជាច្រើន ដែលមានសមាជិកជាបូជាចារ្យ (អាចារ្យ) ឬជាគ្រីស្តបរិស័ទធម្មតា ដែលបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចផ្សេងៗជាគ្រីស្តទូត។ ពួកគេទទួលព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះជាម្ចាស់ប្រណីសន្ដោស គឺឲ្យអ្នកបម្រើចេះបម្រើ ឲ្យអ្នកបង្រៀនចេះបង្រៀន ឲ្យអ្នកដាស់តឿនចេះដាស់តឿន ឲ្យអ្នកចែកអំណោយមានចិត្តទូលាយ ឲ្យអ្នកមានចិត្តមេត្តាចែកទានដោយអំណររីករាយ (រម ១២,៥-៨)។ "មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយដែលបំពេញកិច្ចការទាំងអស់" (១ ករ ១២,៤)។ ក្នុងគ្រឹះស្ថានទាំងនោះ កិច្ចការជាគ្រីស្តទូត ឬកិច្ចការបង្ហាញមេត្តាករុណា ហាក់ដូចជាមុខងារបម្រើដ៏វិសុទ្ធរបស់គាត់ និងជាកិច្ចការពិសេសនៃមេត្តាករុណា ដែលព្រះសហគមន៍បានផ្ញើឲ្យគាត់បំពេញក្នុងនាមរបស់ខ្លួន តាមលក្ខណៈផ្ទាល់នៃការរស់នៅជាបព្វជិតបព្វជិតា។ ហេតុនេះហើយបានជាចិត្តគំនិតជាគ្រីស្តទូត ត្រូវជ្រួតជ្រាបចិត្តគំនិត និងការរស់នៅរបស់បព្វជិតបព្វជិតាជា សមាជិកនៃគ្រឹះស្ថានទាំងនោះ ហើយចិត្តគំនិតជាបព្វជិតបព្វជិតាក៏ត្រូវជ្រួតជ្រាបគ្រប់កិច្ចជាគ្រីស្តទូតរបស់គាត់ថែមទៀតដែរ។ អស់អ្នកដែលមានបំណងប្រាថ្នាចង់តបឆ្លើយនឹងព្រះគ្រីស្តដែលត្រាស់ហៅគេឲ្យដើរតាមព្រះអង្គ និងចង់បម្រើព្រះគ្រីស្តផ្ទាល់ដោយបម្រើសរីរាង្គនៃព្រះកាយព្រះអង្គ ត្រូវធ្វើសកម្មភាពជាគ្រីស្តទូតនោះ ដោយភ្ជាប់ចិត្តយ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្តទុកជាប្រភព។ ប្រសិនបើគាត់រួមរស់យ៉ាងជិតស្និតជាមួយព្រះគ្រីស្តដូច្នេះ គាត់មុខជាស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃកាន់តែខ្លាំងឡើងៗពុំខាន។
ហេតុនេះហើយបានជាគ្រឹះស្ថានទាំងនោះ ត្រូវកែសម្រួលវិន័យ និងប្រពៃណីរបស់ខ្លួនដោយសុភវិនិច្ច័យ តាមតម្រូវការនៃភារកិច្ចជាគ្រីស្តទូតរបស់គេផ្ទាល់។ ប៉ុន្តែ ដោយបព្វជិតបព្វជិតាបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការជាគ្រីស្តទូតតាមបែបច្រើនប្លែកៗពីគ្នា នោះត្រូវកែសម្រួលការរស់នៅជាបព្វជិតបព្វជិតាឲ្យបានស្របតាមបែបផ្សេងៗទាំងនោះដែរ។ ក្នុងគ្រឹះស្ថានទាំងនោះ ត្រូវចាត់ចែង និងគាំទ្រការរស់នៅរបស់បព្វជិតបព្វជិតាដែលបម្រើព្រះគ្រីស្ត ដោយប្រើមធ្យោបាយរបស់គាត់ផ្ទាល់ និងស្របតាមរបៀបរស់នៅរបស់គាត់ដែរ។
៩-ត្រូវរក្សាទុកការរស់នៅរបស់បព្វជិតបព្វជិតាឲ្យរស់នៅក្នុងអារាម
សូមរក្សាទុកយ៉ាងស្មោះនូវស្ថាប័នដ៏ប្រសើរគួរគោរពរបស់បព្វជិតបព្វជិតា ដែលមានគុណយ៉ាងលើសលប់ លើព្រះសហគមន៍ និងលើសង្គមមនុស្សតាំងពីដើមរៀងមក ទាំងនៅបស្ចិមប្រទេស ទាំងមជ្ឈិមប្រទេសដែរ។ សូមសម្តែងគោលគំនិតដ៏ពិតប្រាកដនៃរបៀបរស់នៅរបស់បព្វជិតបព្វជិតារស់នៅក្នុងអារាម។ អស់លោកអ្នកមានតួនាទីដ៏សំខាន់ជាងគេ គឺមុខងារដ៏សុភាពរាបសានិងឧត្តុង្គឧត្តម បម្រើព្រះជាម្ចាស់ដ៏ថ្កុំថ្កើង នៅក្នុងអារាមរបស់អស់លោកអ្នក ទោះបីអស់លោកអ្នកបូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុងគោរពបម្រើព្រះជាម្ចាស់ដោយស្ងាត់ៗលាក់កំបាំងក្នុងអារាមក្តី ឬទទួលខុសត្រូវយ៉ាងត្រឹមត្រូវលើកិច្ចការជាគ្រីស្តទូតមួយណាក្ដី ឬធ្វើកិច្ចការមេត្តាករុណាមួយក្តី ក៏តួនាទីដ៏សំខាន់ជាងគេរបស់អស់លោកអ្នក គឺបម្រើព្រះជាម្ចាស់ដ៏ថ្កុំថ្កើងដែរ។ ហេតុនេះ បព្វជិតបព្វជិតាត្រូវរក្សាលក្ខណៈផ្ទាល់របស់អស់លោកអ្នក ប៉ុន្តែ ត្រូវកែសម្រួលប្រពៃណីពីបុរាណក្នុងកិច្ចការសម្តែងមេត្តាករុណា ឲ្យបានសមស្របតាមតម្រូវការរបស់មនុស្សលោកនាបច្ចុប្បន្ន។ ធ្វើដូច្នេះ អារាមអាចក្លាយទៅជាទីកន្លែងដ៏មានជីវិតរស់រវើក អប់រំណែនាំប្រជាជនគ្រីស្តបរិស័ទបាន។
យ៉ាងណាមិញ មានសហគមន៍បព្វជិតបព្វជិតាខ្លះ ភ្ជាប់ការរស់នៅជាគ្រីស្តទូតយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមគ្នាក្នុងអារាម ហើយក៏ភ្ជាប់នឹងការកាន់តាមក្បួនវិន័យជាសង្ឃកាតូលិកដែរ ស្របតាមធម្មនុញ្ញ ឬតាមស្ថាប័នរបស់គាត់។ សហគមន៍ទាំងនោះត្រូវកែសម្រួលរបៀបរស់នៅរបស់ខ្លួនឲ្យបានស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូតយ៉ាងសមរម្យ ទាំងរក្សាទុកនូវរបៀបរស់នៅរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ផង។
១០-ការរស់នៅរបស់គ្រីស្តបរិស័ទធម្មតាដែលញែកខ្លួនថ្វាយព្រះជាម្ចាស់
គ្រីស្តបរិស័ទធម្មតាខ្លះ ទាំងបុរសទាំងស្ត្រី ញែកខ្លួនថ្វាយព្រះជាម្ចាស់។ ការរស់នៅរបស់គេមានលក្ខណៈពេញលេញជាអ្នកធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ។ របៀបរស់នៅបែបនេះ មានសារៈ សំខាន់ គឺជួយព្រះសហគមន៍ឲ្យបំពេញបន្ទុកណែនាំរបស់ខ្លួន ក្នុងការអប់រំយុវជន ព្យាបាលអ្នកជំងឺ និងបំពេញមុខងារផ្សេងៗទៀតផង។ មហាសន្និបាតសូមគោរពរបៀបរស់នៅបែបនេះយ៉ាងខ្លាំង ហើយបញ្ជាក់គាំទ្រសមាជិកក្រុមទាំងនោះឲ្យដឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន ព្រមទាំងដាស់តឿនគេឲ្យកែសម្រួលរបៀបរស់នៅរបស់គេ ឲ្យបានស្របតាមតម្រូវការមនុស្សលោកនាបច្ចុប្បន្ន។
មហាសន្និបាតសូមប្រកាសថា គ្មានអ្វីអាចជំទាស់មិនឲ្យបងប្អូនបព្វជិតខ្លះដែលជាសមាជិកគ្រឹះស្ថានទាំងនោះទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដើម្បីជួយផ្គត់ផ្គង់តម្រូវការខាងមុខងារបម្រើគ្រឹះស្ថានរបស់គេ។ អង្គប្រជុំទូទៅនៃគ្រឹះស្ថានអាចចាត់ចែងដូច្នេះបាន ក៏ប៉ុន្តែត្រូវរក្សាទុកនូវលក្ខណៈជាគ្រីស្តបរិស័ទធម្មតារបស់គ្រឹះស្ថានទាំង នោះជាដាច់ខាត។
១១-ក្រុមគ្រីស្តបរិស័ទរស់នៅក្នុងសង្គម
គ្រឹះស្ថានគ្រីស្តបរិស័ទរស់នៅក្នុងសង្គម ទោះបីមិនមែនជាគ្រឹះស្ថានបព្វជិតបព្វជិតាក្កី ក៏សមាជិកគ្រឹះស្ថានទាំង នោះធ្វើពិធីសច្ចាប្រណិធានយ៉ាងពិតប្រាកដ និងយ៉ាងពេញលេញដែរ។ គេរស់នៅក្នុងសង្គមទាំងកាន់តាមព្រះដំបូន្មានចែងទុកក្នុងគម្ពីរដំណឹងល្អ។ ពិធីសច្ចាប្រណិធាននោះ ញែកទាំងបុរស និងស្រ្តី ទាំងគ្រីស្តបរិស័ទធម្មតា ទាំងបូជាចារ្យ (អាចារ្យ) ដែលរស់នៅក្នុងសង្គម ឲ្យថ្វាយខ្លួនទៅព្រះជាម្ចាស់ពិតមែន។ ហេតុនេះ អ្នកទាំងនោះត្រូវយកចិត្តទុកដាក់តម្រង់ខ្លួនទាំងស្រុងថ្វាយព្រះអង្គ ដោយមានចិត្តស្រឡាញ់យ៉ាងពេញលក្ខណៈ ហើយត្រូវរក្សាទុកលក្ខណៈពិសេសនៃគ្រឹះស្ថានរបស់គេ ជាក្រុមអ្នករស់នៅក្នុងសង្គម។ ដូច្នេះពួកគេមានសមត្ថភាពអាចបំពេញមុខងាររបស់ខ្លួនជាគ្រីស្តទូតយ៉ាងស័ក្តិសិទ្ធិនៅគ្រប់កន្លែងក្នុងសង្គមបាន ដូចជានៅក្នុងផ្ទៃនៃសង្គម តាមគោលគំនិតអ្នកបង្កើតគ្រឹះស្ថានរបស់គេ។
សូមសមាជិកគ្រឹះស្ថានទាំងនោះជ្រាបឲ្យបានច្បាស់ថា គេអាចបំពេញបន្ទុករបស់ខ្លួនបាន លុះត្រាតែគេទទួល ការអប់រំយ៉ាងមាំអំពីទេវវិទ្យា និងអំពីមនុស្សវិទ្យា ដើម្បីឲ្យគេទៅជាមេក្នុងចំណោមមនុស្សដូចមេក្នុងម្សៅ ព្រមទាំងធ្វើឲ្យព្រះកាយព្រះគ្រីស្តចម្រើនឡើង និងមានកម្លាំងកាន់តែមាំមួនឡើងផង។ ហេតុនេះហើយបានជាសូមមេដឹកនាំគ្រឹះ ស្ថានទាំងនោះ យកចិត្តទុកដាក់យ៉ាងខ្លាំងឲ្យសមាជិកទទួលការអប់រំដ៏មាំនោះ ជាពិសេសឲ្យរស់នៅតាមព្រះវិញ្ញាណ ព្រមទាំងឲ្យគេទទួលការអប់រំបន្តបន្ទាប់តទៅទៀតផង។
១២-អំពីព្រហ្មចារិយធម៌
បព្វជិតបព្វជិតាធ្វើពិធីសច្ចាប្រណិធានរស់នៅជាព្រហ្មចារី "ដោយយល់ឃើញដល់ព្រះរាជ្យនៃស្ថានបរមសុខ" (មថ ១៩,១២)។ ត្រូវយល់ឃើញថា ការរស់នៅជាព្រហ្មចារី ពិតជាព្រះអំណោយទានដ៏ប្រសើររបស់ព្រះជាម្ចាស់ដែលប្រណីសន្តោសដល់គេ។ ការរស់នៅជាព្រហ្មចារីរំដោះមនុស្សឲ្យមានសេរីភាពតាមផ្លូវចិត្តយ៉ាងអស្ចារ្យ (១ករ ៧,៣២-៣៥) ដើម្បីឲ្យគេអាចស្រឡាញ់ព្រះជាម្ចាស់ និងមនុស្សទាំងអស់ដោយអស់ពីសមត្ថភាព។ ហេតុនេះ ព្រហ្មចារីយធម៌ ពិតជាសញ្ញាសម្គាល់អំពីសម្បត្តិនៃលោកខាងមុខ និងជាមធ្យោបាយមួយដ៏ស័ក្តិសិទ្ធណាស់ ជួយឲ្យបព្វជិតបព្វជិតា បូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុងបម្រើព្រះជាម្ចាស់ និងបម្រើកិច្ចការនានាជាគ្រីស្តទូត។ គ្រីស្តបរិស័ទទាំងអស់ដែលឃើញបព្វជិតបព្វជិតា អាចនឹកគិតដល់ព្រះសហគមន៍ដែលរួមរស់យ៉ាងអស្ចារ្យជាមួយព្រះគ្រីស្ត ជាស្វាមីតែមួយគត់ តាមព្រះជាម្ចាស់តែងតាំង និងដែលត្រូវលេចធ្លោឡើងយ៉ាងច្បាស់នៅលោកខាងមុខទៀតផង។
ហេតុនេះ សូមឲ្យបព្វជិតបព្វជិតាដែលយកចិត្តទុកដាក់កាន់តាមពាក្យសច្ចាប្រណិធានរបស់ខ្លួនយ៉ាងស្មោះ សូមជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះជាម្ចាស់ដែលអាចជួយខ្លួនបាន។ កុំអួតអាងលើកម្លាំងរបស់ខ្លួនផ្ទាល់ឡើយ សូមធ្វើទុក្ករកិរិយា និងប្រយ័ត្នប្រយែងនឹងវិញ្ញាណទាំងប្រាំ។ កុំធ្វេសប្រហែសនឹងប្រើគ្រប់មធ្យោបាយតាមធម្មជាតិដែលផ្តល់សុខភាពខាងផ្លូវចិត្ត និងខាងផ្លូវកាយ។ ធ្វើដូច្នេះ គេមិនរំជួលចិត្តស្តាប់តាមទ្រឹស្តីក្លែងក្លាយដែលបង្រៀនថា មនុស្សគ្មានសមត្ថភាពរស់នៅជាព្រហ្មចារីយ៉ាងពេញលេញបានទេ ឬថា ព្រហ្មចរិយធម៌រារាំងមនុស្សមិនឲ្យចម្រើនឡើងបានដែរ។ បព្វជិតបព្វជិតាត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលប្រឆាំងនឹងព្រហ្មចរិយធម៌ឲ្យឆ្ងាយពីខ្លួន។ គាត់ត្រូវមានដូចសភាវគតិម៉្យាងខាងព្រះវិញ្ញាណនៅក្នុងខ្លួនដែលជំរុញឲ្យគាត់លះបង់ចោលអ្វីដែលប្រឆាំងនឹងព្រហ្មចារិយធម៌នោះ។ បព្វជិតបព្វជិតាទាំងអស់ ជាពិសេសមេដឹកនាំក្រុមគ្រួសារ ត្រូវនឹកចងចាំថា ខ្លួនអាចកាន់តាមព្រហ្មចរិយធម៌នេះបានយ៉ាងងាយស្រួល លុះត្រាតែបព្វជិតបព្វជិតាស្រឡាញ់គ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាទុកជាបងប្អូនយ៉ាងពិតប្រាកដ។
ការរស់នៅជាព្រហ្មចារីយ៉ាងពេញលក្ខណៈជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងសភាវគតិដ៏ជ្រៅបំផុតនៃលក្ខណៈរបស់មនុស្សយើង។ហេតុនេះហើយបានជា បេក្ខជនដែលមានបំណងប្រាថ្នាចង់ធ្វើពិធីសច្ចាប្រណិធានរស់នៅជាព្រហ្មចារី ត្រូវសម្រេចចិត្តរស់តាមបែបនោះ ហើយមេដឹកនាំទទួលគេឲ្យធ្វើពិធីនោះបាន លុះត្រាតែគេត្រូវបានល្បងលមើលឲ្យរស់នៅជាព្រហ្មចារីអស់រយៈពេលជាយូរល្មមជាមុនសិន ហើយលុះត្រាតែគេជាមនុស្សពេញវ័យខាងផ្លូវចិត្ត គឺមានចិត្តធ្ងន់គ្រប់គ្រាន់។ មេដឹកនាំមិនគ្រាន់តែត្រូវជម្រាបគេជាមុនថា ការរស់នៅជាព្រហ្មចារីជាការពិបាកប៉ុណ្ណោះទេ តែត្រូវអប់រំគេឲ្យថ្វាយព្រហ្មចរិយធម៌របស់ខ្លួនទៅព្រះជាម្ចាស់ ទុកជាមធ្យោបាយមួយដែលជួយធ្វើឲ្យបុគ្គលិកលក្ខណៈរបស់ខ្លួនចម្រើនឡើង។
១៣-អំពីការរស់នៅបែបអ្នកក្រីក្រ
បព្វជិតបព្វជិតាស្ម័គ្រចិត្តរស់នៅបែបអ្នកក្រីក្រ ដើម្បីដើរតាមព្រះគ្រីស្ត។ មនុស្សនាបច្ចុបុ្បន្នចូលចិត្តសញ្ញាសម្គាល់ពិសេសនេះយ៉ាងខ្លាំង។ បព្វជិតបព្វជិតាត្រូវយកចិត្តទុកដាក់កាន់តាមពាក្យសច្ចាប្រណិធាននេះយ៉ាងស្មោះ ហើយប្រសិនបើមានតម្រូវការ ក៏ត្រូវរស់នៅក្នុងសភាពជាអ្នកក្រីក្រតាមរបៀបថ្មីដែរ។ បព្វជិតបព្វជិតាដែលស្ម័គ្រចិត្តរស់នៅក្នុងសភាពជាអ្នកក្រីក្រ ពិតជារួបរួមជាមួយព្រះគ្រីស្តដែលមានសម្បត្តិដ៏ច្រើន តែព្រះអង្គដាក់ខ្លួនមកធ្វើជាអ្នកក្រ ព្រោះតែយើង ដើម្បីឲ្យយើងបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ (២ករ ៨,៩; មក ៨, ២០)។ បព្វជិតបព្វជិតាត្រូវរស់នៅក្នុងសភាពជាអ្នកក្រីក្រយ៉ាងពិតប្រាកដ មិនគ្រាន់តែសំុមេដឹកនាំអនុញ្ញាតឲ្យប្រើប្រាស់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែត្រូវដាក់ចិត្តជាអ្នកក្រថែមទៀត ដោយនឹកថា ទ្រព្យសម្បត្តិរបស់គាត់នៅស្ថានបរមសុខ (មថ ៦,២០)។ ធ្វើដូច្នេះ បព្វជិតបព្វជិតាពិតជាកាន់តាមពាក្យសច្ចារបស់ខ្លួនមែន។ សូមឲ្យបព្វជិតបព្វជិតាម្នាក់ៗ តាមការងាររៀងៗខ្លួន យល់ឃើញថា ខ្លួនត្រូវតែធ្វើការចិញ្ចឹមជីវិតដូចមនុស្សឯទៀតៗទាំងអស់។ គេធ្វើការឲ្យបានអ្វីៗដែលខ្លួនត្រូវការដើម្បីចិញ្ចឹមជីវិត និងដើម្បីប្រព្រឹត្តកិច្ចការរបស់ក្រុមគ្រួសារ។ ប៉ុន្តែសូមបព្វជិតបព្វជិតា លះបង់ការខ្វល់ខ្វាយចង់បានអ្វីៗហួសហេតុ គឺសូមផ្ញើជីវិតលើព្រះជាម្ចាស់ដែលគង់នៅស្ថានបរមសុខ ជួយផ្គត់ផ្គង់ឲ្យផង (មថ ៦, ២៥)។
ក្រុមគ្រួសារអាចអនុញ្ញាតតាមធម្មនុញ្ញរបស់ខ្លួន ឲ្យសមាជិករបស់ខ្លួនលះបង់ទ្រព្យសម្បត្តិ ជាកេរមត៌កដែលគេបានទទួលរួចហើយ ឬដែលគេនឹងត្រូវទទួលនៅពេលអនាគតដែរ។
គ្រឹះស្ថានក៏ត្រូវខិតខំផ្តល់សក្ខីភាព ហាក់ដូចជាសក្ខីភាពរួម អំពីការរស់នៅតាមសភាពជាអ្នកក្រីក្រ ស្របតាមកន្លែងផ្សេងៗដែលគេរស់នៅ។ គ្រឹះស្ថានទាំងនោះត្រូវស្ម័គ្រចិត្តយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅផ្គត់ផ្គង់តម្រូវការឯទៀតៗរបស់ព្រះសហគមន៍ និងជួយ អ្នកក្រីក្រតោកយ៉ាក ដែលបព្វជិតបព្វជិតាទាំងអស់ត្រូវស្រឡាញ់ ដោយមានចិត្តអាណិតមេត្តា ដូចព្រះគ្រីស្តអាណិតមេត្តាដែរ (មថ១៩,២១;២៥,៣៤-៣៦; យក ២,១៥-១៦;១ យហ ៣,១៧)។ ក្រុមគ្រួសារ និងគ្រឹះស្ថានតាមតំបន់នីមួយៗ ត្រូវចែកទ្រព្យសម្បត្តិជាមួយគ្នា គឺតំបន់មានច្រើនជាង ត្រូវជួយតំបន់ដែលខ្វះខាតជាង។
ទោះបីគ្រឹះស្ថាននានាមានសិទ្ធិកាន់កាប់អ្វីៗដែលគេត្រូវការសម្រាប់ប្រើប្រាស់ និងសម្រាប់បំពេញកិច្ចការនៃគ្រឹះស្ថានក្តី (លើកលែងតែធម្មនុញ្ញនិងវិន័យផ្ទៃក្នុងមិនអនុញ្ញាត) ក៏គ្រឹះស្ថាននានាត្រូវជៀសវាងការប្រមែប្រមូលនិងសន្សំទ្រព្យសម្បត្តិឲ្យមានហួសហេតុ ជៀសវាងការរស់នៅយ៉ាងស្រណុកសុខស្រួលហួសកម្រិតទៀតដែរ។
១៤-អំពីការស្តាប់តាមបង្គាប់
បព្វជិតបព្វជិតាធ្វើពិធីសច្ចាប្រណិធានស្តាប់តាមបង្គាប់មេដឹកនាំ ដោយលើកយកបំណងប្រាថ្នាផ្ទាល់ខ្លួន ទាំងស្រុង បូជាថ្វាយព្រះជាម្ចាស់។ ដោយការស្តាប់បង្គាប់ គាត់រួបរួមយ៉ាងជិតស្និទ្ធ និងយ៉ាងពិតប្រាកដនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។ បព្វជិតបព្វជិតាយកតម្រាប់តាមព្រះគ្រីស្ត ដែលយាងមកធ្វើតាមព្រះហឫទ័យព្រះបិតា (យហ ៣,៣៤; ៥,៣០; ហប ១០,៧; ទត ៣៩, ៩) ព្រះអង្គយក “សភាពជាទាសករ" (ភល ២,៧) រៀនធ្វើតាមព្រះបញ្ជាដោយរងទុក្ខលំបាក (ហប ៥,៨)។ តាមជំនឿរបស់ខ្លួន និងក្រោមការណែនាំនៃព្រះវិញ្ញាណ បព្វជិតបព្វជិតាត្រូវចុះចូលនឹងមេដឹកនាំរបស់ខ្លួន ដែលគាត់ត្រូវចាត់ទុកជាតំណាងរបស់ព្រះជាម្ចាស់។ គាត់ក៏ត្រូវចាត់ទុកថា មេដឹកនាំមុខជានឹងណែនាំគាត់ឲ្យបម្រើបងប្អូនទាំងអស់ក្នុងអង្គព្រះគ្រីស្ត ដូចព្រះគ្រីស្តផ្ទាល់ដាក់ខ្លួនជាអ្នកបម្រើបងប្អូនឯទៀតៗ ដោយព្រះអង្គសុខចិត្តចុះចូលនឹងព្រះបិតា ហើយបូជាព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់ (មថ ២០,២៨; យហ ១០,១៤-១៨)។ ដូច្នេះ បព្វជិតបព្វជិតាជាប់ចិត្តយ៉ាងជិតស្និទ្ធិបម្រើព្រះសហគមន៍ និងខិតខំឲ្យរីកចម្រើនឡើងទៅជាមនុស្សពេញវ័យ គឺឡើងដល់កំពូលរបស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់ (អភ ៤,១៣)។
ហេតុនេះ សូមឲ្យបព្វជិតបព្វជិតាចុះចូលនឹងមេដឹកនាំ ដោយចិត្តគោរព និងដោយចិត្តសុភាពរាបសា តាមក្បួនវិន័យ និងតាមធម្មនុញ្ញរបស់គាត់ ដោយមានចិត្តជឿលើព្រះជាម្ចាស់ និងស្រឡាញ់ព្រះហឫទ័យព្រះអង្គ។ សូមឲ្យបព្វជិតបព្វជិតាយកកម្លាំងប្រាជ្ញា និងកម្លាំងនៃឆន្ទៈរបស់ខ្លួន ព្រមទាំងយកគ្រប់អំណោយទានដែលខ្លួនបានទទួលពីធម្មជាតិនិងពីព្រះជាម្ចាស់ប្រណីសន្តោសដល់គាត់ មកបំពេញកិច្ចការតាមបង្គាប់របស់មេដឹកនាំ ហើយសម្រេចកិច្ចការដែលមេដឹកនាំផ្ញើទុកឲ្យធ្វើ ដោយជឿជាក់ថា ខ្លួនជួយកសាងព្រះកាយព្រះគ្រីស្ត តាមគម្រោងការរបស់ព្រះជាម្ចាស់។ ដូច្នេះ បព្វជិតបព្វជិតាដែលធ្វើតាមបង្គាប់មេដឹកនាំ មិនបង្អាប់បង្អោនកិត្តិយសរបស់ខ្លួនជាមនុស្សដ៏មានតម្លៃទេ តែផ្ទុយទៅវិញ នាំខ្លួនឲ្យទៅជាមនុស្សពេញវ័យ ទាំងបណ្តោយឲ្យសេរីភាពរបស់ខ្លួនក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់រីកចម្រើនឡើងទៀតផង។
រីឯមេដឹកនាំវិញ អស់លោកអ្នកទទួលខុសត្រូវលើបព្វជិតបព្វជិតាដែលព្រះជាម្ចាស់ផ្ញើទុកឲ្យថែរក្សា (ហប១៣, ១៧) ក្នុងការបំពេញមុខនាទីរបស់ខ្លួន អស់លោកអ្នកក៏ត្រូវស្តាប់តាមព្រះហឫទ័យព្រះជាម្ចាស់ដែរ។ ត្រូវប្រើអំណាចរបស់ខ្លួនដោយមានបំណងចង់បម្រើបងប្អូន គឺមានបំណងចង់បង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់ ចំពោះបងប្អូនទាំងនោះ។ សូមត្រួតត្រាអ្នកដែលចុះចូលក្រោមអំណាចរបស់ខ្លួន ទុកដូចជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយគោរពគាត់ទុកជាមនុស្សមានតម្លៃដ៏ថ្លៃថ្នូរ និងដាស់តឿនឲ្យគាត់ស្ម័គ្រចិត្តចង់ចុះចូលទៀតផង។ ត្រូវទុកសេរីភាពដ៏ត្រឹមត្រូវឲ្យគាត់ ជាពិសេសអំពីអគ្គសញ្ញាលើកលែងទោស និងអំពីការណែនាំជីវិតតាមព្រះវិញ្ញាណ។ មេដឹកនាំត្រូវអប់រំបព្វជិតបព្វជិតាឲ្យរួមសហការគ្នា ទាំងចេះស្តាប់បង្គាប់ ដោយទទួលខុសត្រូវយ៉ាងសកម្មនៅពេលបំពេញមុខងាររបស់ខ្លួនផ្ទាល់ផង ហើយនៅពេលគាត់មានគំនិតចង់ចាប់ផ្តើមធ្វើអ្វីមួយផងដែរ។ មេដឹកនាំត្រូវចូលចិត្តស្តាប់គាត់ ដាស់តឿនគាត់ឲ្យខិតខំរួបរួមគ្នា ដើម្បីជាប្រយោជន៍ដល់គ្រឹះស្ថាន និងដល់ព្រះសហគមន៍។ ប៉ុន្តែ មេដឹកនាំក៏ត្រូវតែប្រើអំណាចរបស់ខ្លួននៅពេលត្រូវសម្រេចសេចក្តីមួយ ឬបញ្ជាកិច្ចការណាមួយដែលត្រូវធ្វើពុំខាន។
អង្គប្រជុំ និងក្រុមប្រឹក្សានឹងបំពេញមុខនាទីរបស់ខ្លួនក្នុងការណែនាំគ្រឹះស្ថាន។ សូមឲ្យអង្គភាពទាំងនោះ តាម របៀបរៀងៗខ្លួន ធ្វើឲ្យបព្វជិតបព្វជិតាទាំងអស់រួមបញ្ចេញយោបល់ និងយកចិត្តទុកដាក់នឹងប្រយោជន៍សហគមន៍ទាំងមូលទៀតដែរ។
១៥-អំពីការរស់នៅជាមួយគ្នា
ការរស់នៅជាមួយគ្នា នាំឲ្យបព្វជិតបព្វជិតាព្យាយាមអធិដ្ឋាន និងរួបរួមគ្នាមានចិត្តថ្លើមតែមួយ ដោយយកលទ្ធិនៃគម្ពីរដំណឹងល្អ យកពិធីបុណ្យដ៏សក្ការៈ ជាពិសេសយកអគ្គសញ្ញាអរព្រះគុណ ធ្វើជាអាហារផ្តល់កម្លាំង (កក ២,៤២) ដោយយកព្រះសហគមន៍ដើមដំបូងធ្វើគំរូ គឺមហាជនរបស់អ្នកជឿ មានចិត្តថ្លើមតែមួយ មានចិត្តគំនិតតែមួយដែរ (កក ២,៣២)។ បព្វជិតបព្វជិតាជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ ហេតុនេះ ត្រូវគោរពគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល រស់នៅជាមួយគ្នាទុកជាបងប្អូន (រម ១២,១០) ដោយជួយចែករំលែកសុខទុក្ខគ្នានឹងគ្នា (កឡ ៦,២) ព្រោះព្រះជាម្ចាស់ចាក់បង្ហូរព្រះហឫទ័យស្រឡាញ់ក្នុងចិត្តគេ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ (រម ៥,៥)។ សហគមន៍បព្វជិតបព្វជិតាប្រៀបដូចជាក្រុមគ្រួសារមួយ រួមក្នុងនាមព្រះអម្ចាស់ ព្រះអង្គក៏គង់នៅជាមួយសហគមន៍នោះដែរ (មថ ១៨, ២០)។ សេចក្តីស្រឡាញ់ដែលធ្វើឲ្យធម្មវិន័យបានពេញលក្ខណៈ (រម ១៣,១០) ក៏ជាចំណងធ្វើឲ្យគុណធម៌គ្រប់យ៉ាងបានពេញលក្ខណៈដែរ (កូឡូ ៣,១៤)។ យើងដឹងថា យើងឆ្លងពីសេចក្តីស្លាប់ទៅកាន់ជីវិតដោយសេចក្តីស្រឡាញ់នោះ (១ យហ ៣,១៤)។ ម្យ៉ាងទៀត បងប្អូនដែលរួបរួមគ្នា បង្ហាញបញ្ជាក់ថា ព្រះគ្រីស្តយាងមកពិតមែនហើយ (យហ ១៣,៣៥; ១៧, ២១)។ ការរួបរួមបែបនេះ ក៏ផ្តល់កម្លាំងយ៉ាងខ្លាំងអស្ចារ្យ ដើម្បីបំពេញកិច្ចការជាគ្រីស្តទូតថែម ទៀតដែរ។
ត្រូវឲ្យអ្នកដែលមានឈ្មោះថា “អ្នកជំនួយ” ឬ “សហការី” ឬអ្នកគេហៅតាមឈ្មោះផ្សេងទៀតក៏បាន រួមរស់ជាប់យ៉ាងជិតស្និទ្ធក្នុងការរស់នៅ និងរួមក្នុងកិច្ចការរបស់សហគមន៍បព្វជិតបព្វជិតា ដើម្បីឲ្យចំណងភាតរភាពរវាងសមាជិកសហគមន៍ទាំងមូលកាន់តែស្និទ្ធស្នាលឡើងៗ។ យូរៗទៅ ក្នុងក្រុមគ្រួសារបព្វជិតា ត្រូវខិតខំធ្វើឲ្យមានឋានៈបព្វជិតាតែមួយគត់ លើកលែងតែមានសភាពការណ៍រារាំងយ៉ាងពិតប្រាកដឲ្យប្រព្រឹត្តតាមរបៀបផ្សេងទៀត។ ប្រសិនបើនៅតែមានឋានៈផ្សេងៗ ត្រូវញែកបព្វជិតាចេញពីគ្នាតាមកិច្ចការផ្សេងៗដែលគេត្រូវបំពេញនោះ ស្របតាមព្រះជាម្ចាស់ត្រាស់ហៅគាត់យ៉ាងពិសេស ឬស្របតាមទេពកោសល្យពិសេសរបស់គាត់។
ចំពោះគ្រឹះស្ថាន ឬអារាមរបស់បុរសដែលមិនមែនសុទ្ធតែគ្រីស្តបរិស័ទធម្មតា គ្រឹះស្ថាននិងអារាមទាំងនោះ មានសិទ្ធិទទួលបូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទធម្មតាដែរ ស្របតាមលក្ខណៈពិសេសរបស់គេ និងស្របតាម ធម្មនុញ្ញត្រូវបញ្ជាក់នៅពេលក្រោយ។ បូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទធម្មតាមានសិទ្ធនិងភារកិច្ចស្មើគ្នា លើកលែងតែអំពីភារកិច្ចដែលហូរចេញមកពីអគ្គសញ្ញាតែងតាំងជាបូជាចារ្យប៉ុណ្ណោះ។
១៦-អំពីរបងឃាត់ឃាំងអ្នកក្រៅមិនឲ្យចូលក្នុងអារាម
ត្រូវរក្សាទុកយ៉ាងតឹងរ៉ឹងនូវវិន័យហាមមិនឲ្យអ្នកក្រៅចូលក្នុងអារាមបព្វជិតា ដែលមានមុខនាទីតែស្មឹងស្មាធិ៍ ប៉ុណ្ណោះ។ មានតែអភិបាលព្រះសហគមន៍ក្រុងរ៉ូមទេ មានសិទ្ធិដាក់ឬដករបងឃាំងអ្នកក្រៅមិនឲ្យចូលនោះបាន។ ត្រូវកែសម្រួលវិន័យនេះតាមកាលៈទេសៈ និងតាមកន្លែង ដោយលុបបំបាត់អ្វីៗហួសសម័យ ក្រោយពីបានសួរយោបល់ របស់បព្វជិតាទាំងនោះរួចហើយ។
រីឯបព្វជិតាឯទៀតៗ ដែលមានមុខនាទីបំពេញកិច្ចការជាគ្រីស្តទូតនៅខាងក្រៅអារាម មិនត្រូវទុកវិន័យឃាត់ឃាំងអ្នកក្រៅមិនឲ្យចូលបានទេ ដើម្បីឲ្យគាត់អាចបំពេញមុខនាទីដែលព្រះសហគមន៍ផ្ញើទុកឲ្យគាត់យ៉ាងស្រួល។ ប៉ុន្តែ ត្រូវរក្សាវិន័យឃាត់ឃាំងម៉្យាងដូចមានកំណត់ទុកក្នុងធម្មនុញ្ញរបស់គេ។
១៧-អំពីសម្លៀកបំពាក់ជាបព្វជិតបព្វជិតា
សម្លៀកបំពាក់របស់បព្វជិតបព្វជិតាជាសញ្ញាសម្គាល់បង្ហាញបញ្ជាក់ថា មនុស្សម្នាក់ញែកខ្លួនថ្វាយព្រះជាម្ចាស់ ហើយ។ ត្រូវពាក់សម្លៀកបំពាក់សាមញ្ញ និងសុភាពរាបសា ជាសម្លៀកបំពាក់របស់អ្នកក្រ ប៉ុន្តែត្រូវជាសម្លៀកបំពាក់សមរម្យស្របតាមតម្រូវការសុខភាព និងសមស្របតាមកាលៈទេសៈ និងទីកន្លែង ព្រមទាំងស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូត។ ត្រូវកែសម្រួលសម្លៀកបំពាក់បព្វជិត ឬបព្វជិតា ដែលមិនត្រូវតាមសេចក្តីណែនាំទាំងនោះ។
១៨-អំពីការអប់រំបព្វជិតបព្វជិតា
គ្រឹះស្ថាននានាអាចកែសម្រួលខ្លួនបាន លុះត្រាតែបព្វជិតបព្វជិតានៃគ្រឹះស្ថានទាំងនោះ ទទួលការអប់រំ។ ហេតុនេះហើយបានជាមិនត្រូវចាត់បព្វជិតបព្វជិតាដែលមិនមែនជាបូជាចារ្យ (អាចារ្យ) ឲ្យបំពេញកិច្ចការជាគ្រីស្តទូតភ្លាមៗ ក្រោយពីគាត់បញ្ចប់ការអប់រំជាពន្លកថ្មីទេ។ ត្រូវអប់រំគាត់តទៅទៀតខាងជីវិតតាមព្រះវិញ្ញាណ ខាងកិច្ចការជាគ្រីស្តទូត ខាងលទ្ធិគ្រីស្តសាសនា និងខាងបច្ចេកទេស នៅគេហដ្ឋានដែលមានបច្ចេកទេសខាងមុខវិជ្ជាទាំងនោះ ដោយគិតគូរផ្តល់សញ្ញាបត្រឲ្យគាត់ថែមទៀតផង។ ត្រូវអប់រំបព្វជិតបព្វជិតាតាមសមត្ថភាពរៀនសូត្ររៀងៗខ្លួន និងតាមចរិតលក្ខណៈផ្ទាល់របស់គាត់ ឲ្យគាត់ស្គាល់អំពីរបៀបរស់នៅ របៀបរិះគិត និងយោបល់មនុស្សម្នាក្នុងសង្គមនាបច្ចុប្បន្នយ៉ាងគ្រប់គ្រាន់ ទើបការកែសម្រួលរបៀបរស់នៅរបស់បព្វជិតបព្វជិតាបានស្របតាមតម្រូវការនាសម័យបច្ចុប្បន្នមិនគ្រាន់តែជាការកែសម្រួលសំបកខាងក្រៅប៉ុណ្ណោះទេ តែត្រូវឲ្យបព្វជិតបព្វជិតា ដែលបំពេញកិច្ចការខាងក្រៅអារាមអាចបំពេញមុខនាទីរបស់ខ្លួនបាន។ ត្រូវអប់រំបព្វជិតបព្វជិតាដោយយកកត្តាទាំងនេះមកផ្សំគ្នាយ៉ាងសមរម្យ ទើបគាត់រស់នៅយ៉ាងសុខដុមរមនា។
បព្វជិតបព្វជិតាត្រូវយកចិត្តទុកដាក់ខិតខំបំពេញការអប់រំឲ្យរស់នៅតាមព្រះវិញ្ញាណ ឲ្យស្គាល់លទ្ធិគ្រីស្តសាសនា ឲ្យមានបច្ចេកទេស តទៅទៀតអស់មួយជីវិត។ មេដឹកនាំក៏ត្រូវផ្តល់ឱកាស និងមធ្យោបាយ ព្រមទាំងពេលវេលាដែលគាត់ត្រូវការឲ្យគាត់អាចអប់រំខ្លួនបាន ប្រសិនបើអាចធ្វើបាន។ យ៉ាងណាមិញ មេដឹកនាំមានភារកិច្ចជ្រើសរើសអ្នកណែនាំ គ្រូអប់រំឲ្យរស់នៅតាមព្រះវិញ្ញាណ និងសាស្រ្តាចារ្យដ៏ប្រសើរជាងគេ។ តែអ្នកទាំងនោះ ត្រូវទទួលការអប់រំយ៉ាងល្អជាមុនសិន។
១៩-ការបង្កើតគ្រឹះស្ថានថ្មី
ត្រូវថ្លឹងថ្លែងឲ្យមែនទែន មុននឹងបង្កើតគ្រឹះស្ថានថ្មីមួយ គឺត្រូវរិះគិតថា តើត្រូវការគ្រឹះស្ថាននោះ ឬក៏អត់? យ៉ាងហោចណាស់ត្រូវរិះគិតថា តើគ្រឹះស្ថាននោះមានប្រយោជន៍ខ្លាំងអាចចម្រើនឡើងបានឬយ៉ាងណា?។ ត្រូវប្រុងប្រយ័ត្នដូច្នេះ ក្រែងលោមានសមាគមកើតឡើងដោយឥតបានការ ឬគ្មានកម្លាំងគ្រប់គ្រាន់ដែលត្រូវការឲ្យទៅមុខបាន។ ក្នុងព្រះសហគមន៍ថ្មីៗមានមូលហេតុពិសេសនឹងជួយលើកស្ទួយ ឬពង្រឹងរបៀបរស់នៅជាបព្វជិតបព្វជិតាស្រប តាមវប្បធម៌ និងអរិយធម៌ប្រជាជន ហើយត្រូវតាមជីវភាព និងតាមប្រពៃណីស្រុកនោះ។
២០-ការរក្សាទុក ការកែសម្រួល ឬការលះបង់កិច្ចការផ្ទាល់របស់គ្រឹះស្ថាន
គ្រឹះស្ថាននីមួយៗត្រូវរក្សាទុក និងបន្តបំពេញកិច្ចការរបស់ខ្លួនផ្ទាល់យ៉ាងស្មោះដោយនឹកគិតដល់ប្រយោជន៍ព្រះសហគមន៍សកល និងព្រះសហគមន៍ក្នុងភូមិភាគ។ តែត្រូវកែសម្រួលកិច្ចការទាំងនោះស្របតាមតម្រូវការនៃកាលៈទេសៈ នៃទីកន្លែង ដោយប្រើមធ្យោបាយដែលសមស្របតាមសភាពការណ៍នោះ ឬបង្កើតមធ្យោបាយថ្មីៗក៏បាន ទាំងបោះបង់ចោលកិច្ចការដែលមិនស្របនឹងគោលគំនិត និងលក្ខណៈដ៏ពិតប្រាកដនៃគ្រឹះស្ថាននោះ។ ជាពិសេសត្រូវរក្សាទុកគំនិតជាសាសនទូតក្នុងគ្រឹះស្ថានបព្វជិតបព្វជិតាជាចាំបាច់បំផុត និងកែសម្រួលគោលគំនិតស្របតាមលក្ខណៈគ្រឹះស្ថាននីមួយៗ និងស្របតាមសភាពការណ៍បច្ចុប្បន្ន ដើម្បីឲ្យគេប្រកាសដំណឹងល្អយ៉ាងសកម្មក្នុងចំណោមប្រជាជនទាំងឡាយ។
២១-គ្រឹះស្ថាន និងអារាមដែលអន់ថយ
តាមយោបល់អភិបាលភូមិភាគទាំងប៉ុន្មានក្នុងតំបន់ និងតាមការវិនិច្ឆ័យរបស់សន្តអាសនៈ មានគ្រឹះស្ថាន និង អារាមខ្លះគ្មានសង្ឃឹមយ៉ាងពិតប្រាកដថា នឹងចម្រើនឡើងទៀតបានសោះ។ ដូច្នេះត្រូវហាមមិនឲ្យគេទទួលចំណូលថ្មី។ ប្រសិនបើអាចធ្វើបាន ត្រូវបង្រួមគ្រឹះស្ថាន ឬអារាមទាំងនោះ ឲ្យរួមជាមួយគ្រឹះស្ថាននិងអារាមមួយផ្សេងទៀតដែលកំពុងលូតលាស់ ហើយដែលមានគោលដៅ និងគោលគំនិតស្រដៀងគ្នាដែរ។
២២-គ្រឹះស្ថាននានាត្រូវរួបរួមគ្នា
ប្រសិនបើគ្រឹះស្ថាន និងអារាមស្វយ័ត ជាប់នឹងក្រុមគ្រួសារបព្វជិតបព្វជិតាតែមួយដូចគ្នា ត្រូវគ្រឹះស្ថាន និងអារាមទាំងនោះរួបរួមគ្នាជាសហព័ន្ធ តាមតម្រូវការ និងដោយសន្តអាសនៈយល់ព្រមទៀតផង។ ប្រសិនបើគ្រឹះស្ថាននិងអារាមមានធម្មនុញ្ញ ទំនៀមទម្លាប់ និងគោលគំនិតស្រដៀងគ្នា ជាពិសេសប្រសិនបើគេខ្សោយពេក ក៏ត្រូវចូលរួបរួមគ្នាតែម្តង។ ប្រសិនបើគេបំពេញកិច្ចការខាងក្រៅអារាមដូចគ្នា ឬស្រដៀងគ្នា គេក៏ត្រូវរួមគ្នាជាសមាគមដែរ។
២៣-ក្រុមមេដឹកនាំដ៏ខ្ពង់ខ្ពស់
ត្រូវជួយលើកស្ទួយគាំទ្រក្រុម ឬក្រុមប្រឹក្សារបស់មេដឹកនាំដ៏ខ្ពង់ខ្ពស់ ដែលសន្តអាសនៈបានតែងតាំងមក។ ក្រុមទាំងនោះមានប្រយោជន៍ជាខ្លាំង ដើម្បីឲ្យគ្រឹះស្ថាននីមួយៗមានលទ្ធភាពអាចទៅកាន់គោលដៅរបស់ខ្លួនឲ្យកាន់ តែល្អប្រសើរឡើង ព្រមទាំងឲ្យគ្រឹះស្ថានទាំងនោះសហការគ្នាកាន់តែសកម្ម ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ ដូច្នេះ ក្រុមទាំងនោះអាចចាត់ចែងអ្នកប្រកាសដំណឹងល្អក្នុងតំបន់មួយឲ្យបានត្រឹមត្រូវជាង និងមានសមត្ថភាពអាចសម្រេចបញ្ហាទូទៅរបស់បព្វជិតបាន។ ចំពោះកិច្ចការជាគ្រីស្តទូត ត្រូវចាត់ចែងដោយក្រុម ឬក្រុមប្រឹក្សារបស់មេដឹកនាំដ៏ខ្ពង់ខ្ពស់ ក៏ត្រូវមានទំនាក់ទំនងជាមួយគ្នា និងសហការយ៉ាងសមរម្យជាមួយនឹងក្រុមអភិបាលក្នុងប្រទេសនីមួយៗដែរ។
ក្រុមគ្រីស្តបរិស័ទធម្មតាដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ហើយរស់នៅក្នុងសង្គម ក៏អាចតែងតាំងក្រុមបែបនោះដែរ។
២៤-អំពីព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឲ្យទៅជាបព្វជិតបព្វជិតា
អស់លោកបូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទដែលមានមុខនាទីអប់រំយុវជន ត្រូវយកចិត្តទុកដាក់ខិតខំយ៉ាង ខ្លាំង ឲ្យមានអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅកាន់តែច្រើនឡើងៗ ស្របតាមតម្រូវការរបស់ព្រះសហគមន៍។ ត្រូវជ្រើស រើសអ្នកទាំងនោះដោយពិនិត្យពិចារណា។ សូម្បីតែក្នុងពេលអត្ថាធិប្បាយគម្ពីរជាធម្មតាក្តី ក៏ត្រូវនិយាយជារឿយៗអំពី ព្រះដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ និងអំពីការជ្រើសរើសរស់នៅជាបព្វជិតបព្វជិតាដែរ។ ឪពុកម្តាយក៏ត្រូវយកចិត្តទុកដាក់អប់រំកូនៗ តាមគ្រីស្តសាសនា ទាំងប្រាប់ឲ្យកូនៗដឹងថា ព្រះជាម្ចាស់ត្រាស់ហៅកូនៗខ្លះឲ្យទៅជាបព្វជិតបព្វជិតា ហើយក៏ត្រូវថែរក្សាការពារការត្រាស់ហៅនេះក្នុងចិត្តកូនៗផងដែរ។
គ្រឹះស្ថានទាំងឡាយមានសិទិ្ធបង្ហាញខ្លួនឲ្យគ្រីស្តបរិស័ទស្គាល់ ដើម្បីជួយឲ្យមានបេក្ខជនចង់ចូលជាបព្វជិតបព្វជិតាក្នុងគ្រឹះស្ថាននោះ តាមព្រះជាម្ចាស់ត្រាស់ហៅ។ ប៉ុន្តែ ត្រូវស្វែងរកបេក្ខជនដោយប្រុងប្រយ័ត្នជាធម្មតា ដោយ គោរពសេចក្តីណែនាំរបស់សន្តអាសនៈ និងរបស់អភិបាលភូមិភាគចាត់ចែងទុកមក។ ប៉ុន្តែ បព្វជិតបព្វជិតាត្រូវនឹកចងចាំជានិច្ចថា ប្រសិនបើគាត់រស់នៅតាមបែបធ្វើជាគំរូ គាត់ពិតជាធានាជីវិតគ្រឹះស្ថានរបស់គាត់តាមរបៀបល្អជាងគេហើយគាត់ក៏អញ្ជើញគ្រីស្តបរិស័ទយ៉ាងសកម្ម ឲ្យទៅជាបព្វជិតបព្វជិតាដូចគាត់ដែរ។
២៥-ពាក្យបញ្ចប់
គ្រឹះស្ថាននានាត្រូវកែសម្រួលខ្លួនយ៉ាងសមរម្យ តាមសេចក្តីណែនាំទាំងនេះ គឺបព្វជិតបព្វជិតាគ្រឹះស្ថានទាំងនោះ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគាត់ និងបំពេញមុខនាទីរបស់ខ្លួនក្នុងព្រះសហគមន៍នាបច្ចុប្បន្នកាល។ មហាសន្និបាតដ៏វិសុទ្ធយល់ឃើញថា របៀបរស់នៅជាព្រហ្មចារី ជាអ្នកក្រីក្រ និងជាអ្នកស្តាប់បង្គាប់មេដឹកនាំ ពិតជាមានតម្លៃខ្ពស់ណាស់ តាមព្រះគ្រីស្តផ្ទាល់ធ្វើជាគំរូស្រាប់។ មហាសន្និបាតសង្ឃឹមយ៉ាងមាំថា កិច្ចការដែលគ្រឹះស្ថានទាំងនោះនឹងប្រព្រឹត្ត ទោះជាកិច្ចការដ៏ស្ងាត់កំបាំងក្តី ឬជាកិច្ចការដែលមនុស្សលោកស្គាល់គ្រប់គ្នាក្តី មុខជាបានបង្កើតផលល្អពុំខាន។ ហេតុនេះ សូមបព្វជិតបព្វជិតាទាំងអស់ ផ្សព្វផ្សាយដំណឹងល្អស្តីអំពីព្រះគ្រីស្តក្នុងពិភពលោកទាំងមូល ដោយកាន់ជំនឿឥតលម្អៀង ដោយមានចិត្តស្រឡាញ់ព្រះជាម្ចាស់និងអ្នកដទៃ ដោយស្រឡាញ់ឈើឆ្កាង និងដោយមានសេចក្តីសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងនៅលោកខាងមុខទៀតផង។ សូមឲ្យមនុស្សទាំងអស់ឃើញសក្ខីភាពរបស់គាត់ ហើយសូមឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាដែលគង់ស្ថានបរមសុខ (មថ ៥,១៦)។ ដូច្នេះ ដោយមានព្រះនាងព្រហ្មចារិនីម៉ារី ជាមាតាព្រះអម្ចាស់ជួយអង្វរ គឺព្រះនាងដែល “បានរស់នៅទុកជាគំរូណែនំាការរស់នៅរបស់គាត់” សូមឲ្យបព្វជិតបព្វជិតាទាំងអស់រីកចម្រើននិងកើនចំនួនឡើងតៗទៅ និងបង្កើតផលកាន់តែច្រើនឡើង ដើម្បីសង្រ្គោះមនុស្សលោក។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុមរ៉ូម នៅព្រះវិហារសន្តៈសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់អស់លោកអភិបាល)
ព្រះសហគមន៍នៅបូព៌ាប្រទេស
ORIENTALIUM ECCLESIARUM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស
១-បុព្វកថា
ព្រះសហគមន៍កាតូលិកគោរពយ៉ាងខ្លាំងនូវស្ថាប័ន ក្បួនពិធីគោរពប្រណិប័តន៍ និងប្រពៃណីព្រះសហគមន៍ ហើយវិន័យណែនាំការរស់នៅតាមគ្រីស្តសាសនារបស់ព្រះសហគមន៍នៅបូព៌ាប្រទេស។ ព្រះសហគមន៍ទាំងនោះមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ព្រោះព្រះសហគមន៍ទាំងនោះកើតជាយូរយារណាស់មកហើយ។ ការបញ្ជូនបន្តមកពីក្រុមគ្រីស្តទូតដោយសារគ្រូបាធ្យាយ ក៏លេចភ្លឺចិញ្ចាចចិញ្ចែងក្នុងព្រះសហគមន៍ទាំងនោះដែរ។ ការបញ្ជូនបន្តនេះ ពិតជាបេតិកភ័ណ្ឌរួមរបស់ព្រះសហគមន៍ទាំងមូល ជាបេតិកភ័ណ្ឌដែលបែកគ្នាមិនបាន ដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ព្រះសហគមន៍ទាំងនោះពិតជាសាក្សីដែលមានជីវិតអំពីការបញ្ជូនបន្តនោះ។ មហាសន្និបាតប្រាថ្នាចង់ឲ្យព្រះសហគមន៍ទាំងនោះ លូតលាស់ឡើង និងបំពេញបេសកកម្មរបស់ខ្លួនដោយមានកម្លាំងរស់រវើកជាថ្មី។ ហេតុនេះហើយបានជា លើសពីសេចក្ដីសម្រេច អំពីព្រះសហគមន៍សកល មហាសន្និបាតសម្រេចតែងតាំងគោលការណ៍ដ៏សំខាន់ៗខ្លះ ទាំងផ្ញើបញ្ហាឯទៀតៗឲ្យសន្និបាតព្រះសហគមន៍នៅបូព៌ាប្រទេស និងឲ្យអាសនៈគ្រីស្តទូតសិលាសម្រេចដោយប្រុងប្រយ័ត្ន។
ព្រះសហសហគមន៍ដែលកាន់តាមរបៀបរបបពិធីពិសេសដោយឡែក
២-ព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ ជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត គឺមានគ្រីស្តបរិស័ទរួមភ្ជាប់ជាមួយគ្នាដូចជារូបកាយមួយក្នុងព្រះវិញ្ញាណ ដោយមានជំនឿតែមួយ អគ្គសញ្ញាដដែលដូចគ្នា និងមានការណែនាំគ្រប់គ្រងតែមួយដូចគ្នា។ គ្រីស្តបរិស័ទក៏តែងតាំងសហគមន៍ផ្សេងៗ ដែលមានអំណាចមកពីព្រះជាម្ចាស់តាមលំដាប់លំដោយ បង្រួបបង្រួមគេឲ្យភ្ជាប់ជាមួយគ្នា ពិតជាព្រះសហគមន៍ដោយឡែក ឬជាព្រះសហគមន៍ដែលមានរបៀបរបបពិធីផ្ទាល់។ ព្រះសហគមន៍ទាំងនោះ រួបរួមគ្នាយ៉ាងល្អគួរឲ្យសរសើរ ដូច្នេះទោះបីក្នុងព្រះសហគមន៍តែមួយ មានសេចក្ដីប្លែកៗពីគ្នាក៏ដោយ ក៏សេចក្ដីទាំងនោះមិនបង្ខូចការរួបរួមគ្នាជាធ្លុងតែមួយទេ ផ្ទុយទៅវិញ សេចក្ដីប្លែកៗពីគ្នាទាំងប៉ុន្មានលើកតម្កើងការរួបរួមគ្នានោះ។ ព្រះសហគមន៍កាតូលិកមានគោលបំណងថែរក្សាប្រពៃណីព្រះសហគមន៍ដោយឡែកនីមួយៗ ឬព្រះសហគមន៍ដែលមានរបៀបរបបពិធីផ្ទាល់ ឲ្យនៅគង់វង្សទាំងស្រុង។ ព្រះសហគមន៍ក៏មានបំណងសម្របរបៀបរស់នៅរបស់ខ្លួនតាមតម្រូវការផ្សេងៗ គឺតាមកាលៈទេសៈ និងទីកន្លែងទៀតផង។
៣-ព្រះសហគមន៍ដោយឡែកទាំងនោះ ទោះជានៅបូព៌ាប្រទេសក្ដី នៅបស្ចិមប្រទេសក្ដី ក៏ប្លែកពីគ្នាដោយមានក្បួន ពិធីប្លែកពីគ្នា គឺថា គេគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមរបៀបផ្សេងៗគ្នា មានក្បួនវិន័យប្លែកពីគ្នាសម្រាប់ក្រុមបូជាចារ្យ (អាចារ្យ) ហើយក៏មានបេតិកភ័ណ្ឌខាងព្រះវិញ្ញាណប្លែកពីគ្នាដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់បានផ្ញើព្រះសហគមន៍ទាំងនោះទៅលោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមគ្រប់គ្រងណែនាំ តាមរបៀបដដែល។ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ អភិបាលព្រះសហគមន៍ក្រុងរ៉ូមនេះ បន្តមុខងារពីគ្រីស្តទូតសិលាមក ក្នុងឋានៈលោកជាប្រធានលើព្រះសហគមន៍សកល។ ហេតុនេះ ព្រះសហគមន៍ទាំងប៉ុន្មានមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នាទាំងអស់ គ្មានព្រះសហគមន៍ណាមួយលើសព្រះសហគមន៍ឯទៀតៗ ដោយអះអាងលើរបៀបរបបពិធីរបស់ខ្លួនឡើយ។ ព្រះសហគមន៍ទាំងនោះមានសិទ្ធិស្មើគ្នា ហើយក៏ត្រូវតែបំពេញកាតព្វកិច្ចដូចគ្នា គឺមានភារកិច្ចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល (មក ១៦,១៥) ក្រោមការណែនាំរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមដូចគ្នាដែរ។
៤- ហេតុនេះហើយបានជាត្រូវផ្គត់ផ្គង់ព្រះសហគមន៍ដោយឡែកទាំងនោះ ឲ្យនៅស្ថិតស្ថេរ និងឲ្យចម្រើនឡើងទៀតផង។ ត្រូវតែងតាំងសហគមន៍គ្រីស្តបរិស័ទ និងអំណាចដ៏សក្ការៈតាមលំដាប់លំដោយ នៅកន្លែងណាដែលផលប្រយោជន៍ខាងព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារឲ្យមាន។ ក៏ប៉ុន្តែអំណាចដ៏សក្ការៈតាមលំដាប់លំដោយនៃព្រះសហគមន៍ដោយឡែកទាំងនោះ ដែលស្ថិតនៅក្នុងតំបន់តែមួយ ត្រូវយកចិត្តទុកដាក់ពិគ្រោះគ្នា ដោយចាត់ចែងការប្រជុំតាមពេលកំណត់ ដើម្បីលើកស្ទួយឲ្យមានសកម្មភាពរួម និងព្រួតកម្លាំងគ្នាគាំទ្រកិច្ចការរួម ទើបអស់លោកបណ្តោយឲ្យប្រយោជន៍សាសនាចម្រើនឡើងឲ្យបានស្រួល ហើយក៏ការពារវិន័យរបស់ក្រុមបូជាចារ្យយ៉ាងសកម្មដែរ។ ត្រូវបង្រៀនអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង និងបេក្ខជនដែលត្រូវទទួលអគ្គសញ្ញានោះ ឲ្យដឹងច្បាស់អំពីរបៀបរបបពិធីគោរពប្រណិប័តន៍ផ្សេងៗ ជាពិសេសដឹងអំពីសេចក្តីណែនាំក្នុងករណីអន្តររបៀបរបបពិធី។ នៅពេលអប់រំជំនឿ គ្រីស្តបរិស័ទធម្មតាក៏ត្រូវទទួលការអប់រំអំពីរបៀបរបបពិធីផ្សេងៗ និងអំពីសេចក្តីណែនាំក្នុងករណីអន្តររបៀបរបបពិធីនោះដែរ។ មិនតែប៉ុណ្ណោះសោត គ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទទាំងអស់ ព្រមទាំងអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជ ទឹកក្នុងព្រះសហគមន៍ ឬក្នុងសហគមន៍មិនមែនកាតូលិក ហើយដែលមករួបរួមយ៉ាងពេញលក្ខណៈក្នុងព្រះសហគមន៍កាតូលិកយើង ត្រូវតែរក្សាទុករបៀបរបបពិធីរបស់ខ្លួនផ្ទាល់នៅគ្រប់កន្លែង។ គេក៏ត្រូវប្រតិបត្តិតាមនិងកាន់ តាមតែគេអាចធ្វើបានដែរ។ ក្នុងករណីពិសេស ដែលចោទឡើងអំពីបុគ្គលម្នាក់ៗ អំពីសហគមន៍នានា ឬអំពីតំបន់ផ្សេងៗ គេមានសិទ្ធិឡើងសណុំរឿងទៅអាសនៈរបស់គ្រីស្តទូតសិលា។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមនេះ ក្នុងឋានៈលោកជាអាជ្ញាកណ្តាលដ៏ខ្ពង់ខ្ពស់បំផុតក្នុងទំនាក់ទំនងរវាងព្រះសហគមន៍នានា លោកនឹងផ្គត់ផ្គង់តាមតម្រូវការរបស់គេ ដោយមានចិត្តគំនិតចង់បង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយផង។ លោកនឹងសម្រេចដោយខ្លួនលោកផ្ទាល់ក៏បាន ឬដោយផ្ញើឲ្យអំណាចផ្សេងៗសម្រេចក៏បាន ទាំងផ្តល់សេចក្ដីណែនាំ ក្រឹត្យក្រម និងបញ្ជាតាមសេចក្ដីត្រូវការ។
ត្រូវថែរក្សាបេតិកភ័ណ្ឌនៃព្រះសហគមន៍នាបូព៌ាប្រទេស
៥-ប្រវត្តិសាស្រ្ត ប្រពៃណីនានា និងស្ថាប័នជាច្រើននៃព្រះសហគមន៍ តែងបញ្ជាក់យ៉ាងច្បាស់ថា ព្រះសហគមន៍នៅបូព៌ាប្រទេសមានគុណជាច្រើនទៅលើព្រះសហគមន៍សកល។ ហេតុនេះហើយ បានជាមហាសន្និបាតសូមលើកតម្កើងនិងរាប់បេតិកភ័ណ្ឌខាងព្រះសហគមន៍ និងខាងការរស់នៅតាមព្រះវិញ្ញាណរបស់គេ។ លើសពីនេះទៅទៀត មហាសន្និបាតទទួលស្គាល់យ៉ាងមឺុងម៉ាត់ថា បេតិកភ័ណ្ឌនោះពិតជាបេតិកភ័ណ្ឌរបស់ព្រះសហគមន៍ទាំងមូលរបស់ព្រះគ្រីស្ត។ ហេតុនេះហើយបានជាមហាសន្និបាតសូមប្រកាសយ៉ាងឱឡារិកថា ព្រះសហគមន៍នៅបូព៌ាប្រទេស ក៏ដូចព្រះសហគមន៍នៅបស្ចិមប្រទេស មានសិទ្ធិនិងភារកិច្ចគ្រប់គ្រងខ្លួនឯង ដោយខ្លួនឯងបានតាមក្បួនវិន័យដោយឡែករបស់គេ។ គួរឲ្យគោរព និងប្រតិបត្តិតាមក្បួនវិន័យទាំងនោះ ព្រោះក្បួនវិន័យទាំងនោះ មកពីបរមបុរាណ និងស្របតាមទំនៀមទម្លាប់គ្រីស្តបរិស័ទរបស់គេ ហើយក៏ស្រួលនាំផលប្រយោជន៍ដល់គេ។
៦-សូមឲ្យគ្រីស្តបរិស័ទនៅបូព៌ាប្រទេសទាំងអស់ដឹងយ៉ាងជាក់ច្បាស់ថា គេមានសិទ្ធិអាចនិងត្រូវរក្សាទុកក្បួនពិធី គោរពប្រណិប័តន៍ដ៏ត្រឹមត្រូវរបស់ខ្លួន និងរក្សាទុកក្បួនវិន័យរបស់គេទៀតផង។ ប្រសិនត្រូវកែសម្រួលក្បួនទាំងនោះ ត្រូវកែសម្រួលតែក្នុងគោលបំណងធ្វើឲ្យពិធីនិងក្បួនវិន័យទាំងនោះចម្រើនឡើង និងត្រូវកែសម្រួលពីផ្ទៃក្នុងព្រះសហគមន៍ដោយឡែកទាំងនោះទៀត។ គ្រីស្តបរិស័ទនៅបូព៌ាប្រទេស ត្រូវកាន់តាមសេចក្ដីទាំងនោះដោយចិត្តស្មោះយ៉ាងខ្លាំង។ គេត្រូវស្គាល់ពិធីនិងក្បួនវិន័យទាំងនោះ ឲ្យកាន់តែច្បាស់ឡើងៗ និងអនុវត្តតាមឲ្យកាន់តែប្រសើរឡើងៗដែរ។ ប្រសិនបើមានមូលហេតុបណ្តាលឲ្យគេឃ្លាតឆ្ងាយ នោះគឺមកសភាពការណ៍ផ្សេងៗតាមកាលៈទេសៈ ឬមកតែបុគ្គល នោះសូមឲ្យគេខិតខំត្រឡប់មករកប្រពៃណីដូនតាគេវិញ។ ចំពោះអស់អ្នកដែលធ្លាប់មានទំនាក់ទំនងជាញឹកញាប់ជាមួយព្រះសហគមន៍នៅបូព៌ាប្រទេស ឬជាមួយគ្រីស្តបរិស័ទនៅបូព៌ាប្រទេស តាមបន្ទុករបស់ខ្លួនផ្ទាល់ ឬតាមមុខងារបម្រើរបស់គេក្នុងឋានៈជាគ្រីស្តទូត សូមរៀនយ៉ាងហ្មត់ចត់ដើម្បីឲ្យស្គាល់ និងឲ្យស្រឡាញ់របៀបរបបពិធី ក្បួនវិន័យ លទ្ធិនៃជំនឿ និងលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេស។ មហាសន្និបាតផ្តែផ្តាំយ៉ាងផ្តូរផ្តាច់ថា សូមគ្រឹះស្ថាន និងសហគមន៍ដែលកាន់របៀបរបបពិធីឡាតាំង ហើយដែលធ្វើការនៅបូព៌ាប្រទេស ឬ ជាមួយគ្រីស្តបរិស័ទនៅបូព៌ាប្រទេស សូមបង្កើតគេហដ្ឋាន និងតំបន់ក្រុមគ្រួសារបព្វជិតដែលកាន់តាមរបៀបរបបពិធីបូព៌ាប្រទេស ប្រសិនបើអាចធ្វើបាន ដើម្បីឲ្យគេបំពេញកិច្ចការជាគ្រីស្តទូតឲ្យបានប្រសិទ្ធភាព។
អភិបាលដ៏ប្រសើរឧត្តមនៅបូព៌ាប្រទេស
៧-មានតែងតាំងអភិបាលដ៏ប្រសើរឧត្តមក្នុងព្រះសហគមន៍តាំងពីបរមបុរាណមក ហើយមហាសន្និបាតសកលដើមដំបូង ក៏តែងតែទទួលស្គាល់អភិបាលដ៏ប្រសើរឧត្តមទាំងនោះដែរ។
“អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស” មានន័យថា អភិបាលដែលគ្រប់គ្រងលើអភិបាលឯទៀតៗទាំងអស់ សូម្បីតែលើអភិបាលព្រះសហគមន៍នៃក្រុងធំៗក្តី ក៏អស់លោកគ្រប់គ្រងដែរ។ អស់លោកក៏គ្រប់គ្រងលើក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍ និងលើគ្រីស្តបរិស័ទដែលរស់នៅក្នុងតំបន់របស់លោក ឬលើគ្រីស្តបរិស័ទដែលកាន់តាមរបៀបរបបពិធីរបស់លោក។ លោកគ្រប់គ្រងដូច្នេះតាមសេចក្តីណែនាំនៃច្បាប់វិន័យ ទាំងទទួលស្គាល់អភិបាលព្រះសហគមន៍ក្រុងរ៉ូមទុកជាប្រធានផង។
នៅគ្រប់កន្លែងដែលគេតែងតាំងអ្នកកាន់អំណាចដ៏សក្ការៈម្នាក់នៃរបៀបរបបពិធីណាមួយ ក្រៅពីព្រំដែនតំបន់អភិបាលដ៏ប្រសើរឧត្តមនោះ ក៏អ្នកកាន់អំណាចដ៏សក្ការៈថ្មីនោះ (គឺអំណាចដែលមកពីព្រះជាម្ចាស់) នៅតែភ្ជាប់ចំណងជាមួយក្រុមអភិបាលដែលមានអំណាចតាមលំដាប់លំដោយនៅក្នុងតំបន់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិបាលដ៏ប្រសើរឧត្តមនៃរបៀបរបបពិធីនោះ តាមសេចក្តីណែនាំនៃច្បាប់វិន័យដែរ។
៨-អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស ទោះបីមានអភិបាលដ៏ប្រសើរឧត្តមខ្លះកើតក្រោយពីអភិ បាលដ៏ប្រសើរឧត្តមឯទៀតៗ ក៏អស់លោកមានកិត្តិយសស្មើគ្នាទាំងអស់ ក្នុងឋានៈអស់លោកជាអភិបាលដ៏ប្រសើរឧត្តមដូចគ្នា តែត្រូវរក្សាទុកឋានន្តរស័ក្តិកិត្តិយស ដែលគេតែងតាំងយ៉ាងត្រឹមត្រូវរួចមកហើយ។
៩-តាមប្រពៃណីពីបរមបុរាណនៃព្រះសហគមន៍តរៀងមក ត្រូវគោរពយ៉ាងពិសេសចំពោះអភិបាលដ៏ប្រសើរឧត្តមទាំងប៉ុន្មាននៃព្រះសហគមន៍នៅបូព៌ាប្រទេស ដ្បិតអស់លោកជាប្រធានក្នុងតំបន់រៀងៗខ្លួនក្នុងឋានៈជាឪពុក និងជាមេដឹកនាំ។ ហេតុនេះហើយបានជាមហាសន្និបាតសម្រេចថា ត្រូវតែងតាំងសិទ្ធិនិងឯកសិទ្ធិរបស់អស់លោកឡើងវិញ ស្របតាមប្រពៃណីពីបុរាណរបស់ព្រះសហគមន៍នីមួយៗ និងស្របតាមក្រឹត្យក្រមនៃមហាសន្និបាតសកលទាំងប៉ុន្មានពីមុនៗមក។
ទោះបីត្រូវកែសម្រួលសិទ្ធិនិងឯកសិទ្ធិទាំងនោះបន្តិចឲ្យបានស្របតាមសភាពការណ៍នាបច្ចុប្បន្នក្តី ក៏សិទ្ធិនិងឯកសិទ្ធិទាំងនោះ ពិតជាសិទ្ធិនិងឯកសិទ្ធិរបស់អស់លោកអភិបាលដ៏ប្រសើរឧត្តមតែងតែមាន នៅសម័យព្រះសហគមន៍នៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសរួបរួមគ្នានៅឡើយ។
អស់លោកអភិបាលដ៏ប្រសើរឧត្តមនិងសន្និបាតរបស់អស់លោក ជាស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតដែលអាចដោះស្រាយបញ្ហាទាំងប៉ុន្មានក្នុងតំបន់របស់់លោកអភិបាលដ៏ប្រសើរឧត្តម។ ស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតនេះក៏មានសិទ្ធិតែងតាំងមេដឹកនាំថ្មី និងតែងតាំងអភិបាលតាមរបៀបរបបពិធីរបស់អស់លោក ក្នុងព្រំដែនតំបន់របស់លោកអភិបាលដ៏ប្រសើរឧត្តមដែរ។ ក៏ប៉ុន្តែ អភិបាលព្រះសហគមន៍ក្រុងរ៉ូម នៅតែមានសិទ្ធិដែលដកមិនបាន អាចធ្វើអន្តរាគមន៍ក្នុងករណីនីមួយៗទាំងនេះបានផងដែរ។
១០-សេចក្ដីចែងអំពីអភិបាលដ៏ប្រសើរឧត្តមទាំងនោះ ក៏ត្រូវរាប់ទុកជាបានការចំពោះអគ្គអភិបាលដ៏ប្រសើរដែលជាមេដឹកនាំព្រះសហគមន៍ដោយឡែកទាំងមូលមួយ ឬដែលជាមេដឹកនាំរបៀបរបបពីធីមួយ ស្របតាមសេចក្តីណែនាំនៃច្បាប់វិន័យ ដែរ។
១១-អភិបាលដ៏ប្រសើរឧត្តមទាំងប៉ុន្មាន ជាស្ថាប័នគ្រប់គ្រងព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេសតាមប្រពៃណី។ ហេតុនេះហើយបានជា ពេលណាត្រូវតែងតាំងតំបន់ថ្មីក្រោមអំណាចអភិបាលដ៏ប្រសើរឧត្តមម្នាក់ តាមតម្រូវការ មហាសន្និបាតសកលយើងនេះ ប្រាថ្នាចង់ឲ្យមានតែមហាសន្និបាតសកល ឬអភិបាលព្រះសហគមន៍ក្រុងរ៉ូមប៉ុណ្ណោះ តែងតាំងតំបន់ថ្មីនោះ។
វិន័យអំពីអគ្គសញ្ញា
១២-មហាសន្និបាតសកលដ៏វិសុទ្ធបញ្ជាក់ និងយល់ស្របតាមក្បួនវិន័យពីបុរាណ អំពីរបៀបធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ ដែលព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេសធ្លាប់អនុវត្តតាម។ មហាសន្និបាតក៏ប្រាថ្នាចង់ឲ្យគេតែងតាំងរបៀបបុរាណធ្វើអគ្គសញ្ញាឡើងវិញថែមទៀត ប្រសិនបើត្រូវការ។
១៣-ចំពោះក្បួនវិន័យអំពីអ្នកបម្រើ ប្រេងគ្រីស្មាដ៏វិសុទ្ធដែលគ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងអនុវត្តតាមតាំងពីបរមបុរាណមក សូមតែងតាំងឡើងវិញយ៉ាងពេញលេញ។ ហេតុនេះហើយបានជាអស់លោកគង្វាល មាន សិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគ្រីស្តបរិស័ទបាន ដោយប្រើប្រេងគ្រីស្មាដែលអភិបាលដ៏ប្រសើរឧត្តម ឬអភិបាលបានប្រសិទ្ធិពរ រួចមកហើយ។
១៤-អស់លោកគង្វាល នៃព្រះសហគមន៍បូព៌ាប្រទេស មានសិទ្ធិអាចធ្វើអគ្គសញ្ញាលាបថ្ងាសនេះ ដែលអាចចាត់ទុកជាបានការ ទោះជានៅពេលធ្វើអគ្គសញ្ញាជ្រមុជទឹក ឬនៅពេលផ្សេងទៀតក្តី ទោះជាគ្រីស្តបរិស័ទដែលទទួលនោះកាន់តាមរបៀបរបបពិធីណាក៏ដោយ សូម្បីតែគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីឡាតាំងកី្ត ក៏លោកគង្វាលមានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគេបានដែរ។ ប៉ុន្តែអស់លោកត្រូវកាន់តាមបញ្ជានៃច្បាប់រួម និងតាមបញ្ជាព្រះសហគមន៍ដោយឡែក ដើម្បីឲ្យបានត្រឹមត្រូវតាមច្បាប់។ ចំពោះគង្វាល ដែលកាន់តាមរបៀបរបបពិធីឡាតាំង ក៏មានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគ្រីស្តបរិស័ទនៃព្រះសហគមន៍បូព៌ាប្រទេសបានដែរ លុះត្រាតែលោកមានសិទ្ធិក្នុងការធ្វើអគ្គសញ្ញាលាបថ្ងាសនេះក្នុងព្រះសហគមន៍របស់ខ្លួន។ ធ្វើដូច្នេះលោកគង្វាលមិនបង្ខូចប្រយោជន៍របៀបរបបពិធីផ្ទាល់របស់គ្រីស្តបរិស័ទទាំងនោះ។ ប៉ុន្តែអស់លោក ត្រូវកាន់តាមបញ្ជានៃច្បាប់រួម និងតាមបញ្ជាព្រះសហគមន៍ដោយឡែក ដើម្បីឲ្យបានត្រឹមត្រូវតាមច្បាប់។
១៥-គ្រីស្តបរិស័ទមានកាតព្វកិច្ចចូលរួមក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ រៀងរាល់ថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យធំៗ។ គេក៏មានកាតព្វកិច្ចចូលរួមក្នុងពិធីលើកតម្កើងព្រះជាម្ចាស់ តាមវិន័យ ឬតាមទម្លាប់នៃរបៀបរបបពិធីរបស់គេផ្ទាល់ដែរ។ មានកំណត់ពេលសម្រាប់បំពេញកាតព្វកិច្ចនោះ គឺតាំងពីពិធីលើកតម្កើងព្រះជាម្ចាស់ល្ងាចថ្ងៃសៅរ៍ រហូតដល់ល្ងាចថ្ងៃអាទិត្យ ឬល្ងាចថ្ងៃបុណ្យធំៗនោះ។ មានចាត់ចែងដូច្នេះ ដើម្បីឲ្យគ្រីស្តបរិស័ទស្រួលបំពេញកាតព្វកិច្ចនោះ។ យើងទូន្មានគ្រីស្តបរិស័ទយ៉ាងខ្លាំង ឲ្យទទួលព្រះកាយនៅថ្ងៃទាំងនោះ ឬជាញឹកញាប់ជាង រហូតដល់ទទួលរៀងរាល់ថ្ងៃក៏បានដែរ។
១៦-គ្រីស្តបរិស័ទនៃព្រះសហគមន៍ទាំងប៉ុន្មានដោយឡែក ដែលរស់នៅក្នុងតំបន់ឬក្នុងភូមិភាគព្រះសហគមន៍បូព៌ាតែមួយ តែងតែរស់នៅលាយឡំគ្នាជានិច្ច។ ហេតុនេះ មេដឹកនាំដែលកាន់អំណាចដ៏សក្ការៈត្រូវផ្តល់ឲ្យគង្វាលរបស់ខ្លួនមានសិទ្ធិជាធម្មតា និងដោយគ្មានលក្ខខ័ណ្ឌណារារាំង ធ្វើអគ្គសញ្ញាលើកលែងទោសជូនគ្រីស្តបរិស័ទ ទោះជាគង្វាលនេះកាន់របៀបរបបពីធីណាក៏ដោយ។ សិទ្ធិនោះអាចប្រើបាននៅតំបន់ទាំងមូល ដែលស្ថិតនៅក្រោមអំណាចអភិបាលដែលផ្តល់សិទ្ធិនោះ ព្រមទាំងប្រើបាននៅកន្លែងដែលគ្រីស្តបរិស័ទរស់នៅ និងសម្រាប់គ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្នុងតំបន់នោះ ទោះបីគេកាន់តាមរបៀបរបបពិធីណាក៏ដោយ លើកលែងតែអ្នកកាន់អំណាចដ៏សក្ការៈក្នុងតំបន់នោះបានបដិសេធយ៉ាងច្បាស់ ចំពោះកន្លែងដែលគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីរបស់លោករួចហើយ។
១៧-មហាសន្និបាតប្រាថ្នាចង់ឲ្យតែងតាំងឧបដ្ឋាកអចិន្រៃ្តយ៍ឡើងវិញ នៅកន្លែងណាដែលគេលែងមាន ដើម្បីអនុវត្តតាមក្បួនវិន័យបុរាណនៃព្រះសហគមន៍បូព៌ាប្រទេស អំពីអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ។ ចំពោះមុខងារជាអនុឧបដ្ឋាក និងមុខងារបម្រើតូចជាងគេ ព្រមទាំងអំពីសិទ្ធិនិងកាតព្វកិច្ចភ្ជាប់នឹងមុខងារទាំងនោះ អំណាចដែលមានសមត្ថកិច្ច បញ្ចេញច្បាប់វិន័យក្នុងព្រះសហគមន៍ដោយឡែកនីមួយៗ ត្រូវចាត់វិធានការតាមសេចក្ដីត្រូវការ។
១៨-ចំពោះគ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍បូព៌ាប្រទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក តែមិនមែនជាគ្រីស្តបរិស័ទកាតូលិកបូព៌ាទេ មហាសន្និបាតសម្រេចថា ត្រូវតែរៀបអាពាហ៍ពិពាហ៍តាមក្បួនច្បាប់ ដើម្បីឲ្យអាពាហ៍ពិពាហ៍នោះត្រឹមត្រូវតាមច្បាប់ គឺគ្រាន់តែឲ្យមានវត្តមានរបស់លោកគង្វាលម្នាក់ជាចាំបាច់ និងឲ្យគោរពតាមក្បួនវិន័យឯទៀតៗតាមសេចក្តីណែនាំនៃច្បាប់ ទើបអាពាហ៍ពិពាហ៍នោះទុកជាបានការ។ មហាសន្និបាតសម្រេចដូច្នេះ ដើម្បីឲ្យអាពាហ៍ពិពាហ៍ទាំងនោះអាចយកជាការបាន និងដើម្បីឲ្យគូស្វាមីភរិយានៅជាប់ស្ថិតស្ថេរ ហើយបានវិសុទ្ធ ព្រមទាំងរស់នៅជាមួយគ្នាដោយសេចក្ដីសុខសាន្តទៀតផង។
ពិធីគោរពបម្រើព្រះជាម្ចាស់
១៩-តាំងពីពេលនេះតទៅ មានតែមហាសន្និបាតសកល និងសន្តៈអាសនៈនៃគ្រីស្តទូតសិលាប៉ុណ្ណោះទេ ដែលមាន សិទ្ធិផ្លាស់ប្តូរថ្ងៃបុណ្យរួមរបស់ព្រះសហគមន៍បូព៌ាប្រទេសទាំងឡាយ ឬលុបបំបាត់ថ្ងៃបុណ្យទាំងនោះបាន។ ចំពោះថ្ងៃបុណ្យរបស់ព្រះសហគមន៍ដោយឡែក សន្និបាតរបស់អភិបាលដ៏ប្រសើរឧត្តម ឬសន្និបាតរបស់អគ្គអភិបាល ក៏មានសិទ្ធិតែងតាំង និងផ្លាស់ប្តូរ ឬលុបបំបាត់ថ្ងៃបុណ្យនានា ដូចអាសនៈគ្រីស្តទូតសិលាដែរ។ ក៏ប៉ុន្តែត្រូវនឹកគិតដល់តំបន់ទាំងមូល និងដល់ព្រះសហគមន៍ដោយឡែកឯទៀតៗដែរ។
២០-មហាសន្និបាតប្រាថ្នាចង់ឲ្យគ្រីស្តបរិស័ទទាំងអស់ព្រមព្រៀងគ្នាធ្វើបុណ្យចម្លងនៅថ្ងៃតែមួយដូចគ្នា។ ទម្រាំពេល នោះ សូមអស់លោកអភិបាលដ៏ប្រសើរឧត្តម និងអ្នកកាន់អំណាចយ៉ាងខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍ក្នុងតំបន់ រួមមតិគា្នធ្វើបុណ្យចម្លងនៅថ្ងៃអាទិត្យដដែលតែមួយដូចគ្នា ដោយព្រមគ្នាជាឯកច្ឆ័ន្ន និងដោយបានពិគ្រោះជាមួយអស់អ្នក ដែលពាក់ព័ន្ធនឹងបញ្ហានេះ។ ធ្វើដូច្នេះ មុខជាអស់លោកនឹងជួយឲ្យគ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្នុងតំបន់ ឬ ក្នុងប្រទេសតែមួយ រួបរួមគ្នាជាធ្លុងតែមួយពុំខាន។
២១-ចំពោះកាលបរិច្ឆេទធ្វើពិធីគោរពប្រណិប័តន៍ គ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្រៅតំបន់ ឬក្រៅកន្លែងដែលគេកាន់តាមរបៀបរបបពិធីរបស់ខ្លួន មានសិទ្ធិសម្របខ្លួនទាំងស្រុងតាមវិន័យដែលតែងអនុវត្តនៅកន្លែងគេរស់នៅ។ ចំពោះក្រុមគ្រួសារដែលមានគូស្វាមីភរិយាជាគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីផ្សេងពីគ្នា គេមានសិទ្ធិតាមច្បាប់ដដែលនេះ គឺកាន់តាមរបៀបរបបពិធីតែមួយគត់។
២២-ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតានៃព្រះសហគមន៍នៅបូព៌ាប្រទេស ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមវិន័យ និងតាមប្រពៃណីនៃក្បួនច្បាប់ក្រុមគ្រួសាររបស់គេ។ តាំងពីបរមបរាណមក ព្រះសហគមន៍នៅបូព៌ាប្រទេស តែងតែពេញចិត្តយ៉ាងខ្លាំង និងធ្លាប់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដូច្នេះ។ គ្រីស្តបរិស័ទក៏ត្រូវធ្វើតាមគំរូដូនតារបស់ខ្លួន គឺត្រូវចូលរួមក្នុងពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នោះដែរ ដោយគោរពប្រណិប័តន៍តាមសមត្ថភាពរៀងៗខ្លួន។
២៣-មានតែអភិបាលដ៏ប្រសើរឧត្តមរួមជាមួយសន្និបាតរបស់លោក ឬអ្នកកាន់អំណាចដ៏ខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍នីមួយៗ ដោយមានក្រុមប្រឹក្សាអ្នកកាន់អំណាចដ៏សក្ការៈប៉ុណ្ណោះទេ ដែលមានសិទ្ធិចាត់ចែងឲ្យគេប្រើភាសាណាមួយ ក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ក្រោយពីបានរាយការណ៍ទៅអាសនៈគ្រីស្តទូតសិលាមក អស់លោកក៏មានសិទ្ធិយល់ព្រមអនុម័តឲ្យយកអត្ថបទដែលគេបកប្រែតាមភាសាប្រជាជនរស់នៅក្នុងប្រទេសមកប្រើជាផ្លូវការបាន។
ទំនាក់ទំនងជាមួយបងប្អូនក្នុងព្រះសហគមន៍ដែលបែកចេញពីយើង
២៤-ព្រះសហគមន៍នៅបូព៌ាប្រទេសដែលរួបរួមជាមួយអាសនៈគ្រីស្តទូតសិលានៅក្រុងរ៉ូម មានភារកិច្ចពិសេស លើកស្ទួយឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ ជាពិសេសគ្រីស្តបរិស័ទនៅបូព៌ាប្រទេសស្របតាមគោល ការណ៍មហាសន្និបាតនេះ ស្តីអំពីការបង្រួបបង្រួមជាធ្លុងតែមួយ។ គេជួយឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុង តែមួយ មុនដំបូងដោយអធិដ្ឋាន បន្ទាប់មកដោយធ្វើជាគំរូតាមរបៀបរស់នៅរបស់គេ ដោយគោរពប្រពៃណីបុរាណនៅបូព៌ាប្រទេសយ៉ាងស្មោះបែបសាសនា ដោយស្គាល់គ្នាទៅវិញទៅមកឲ្យកាន់តែច្បាស់ឡើងៗ ដោយរួមសហការគ្នា និងដោយរាប់អានគ្នាទៅវិញទៅមកទុកជាបងប្អូន ព្រមទាំងរាប់រកអ្វីទាំងអស់របស់គេទុកជាគួរឲ្យស្រឡាញ់។
២៥-ប្រសិនបើមានគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមក្នុងព្រះសហគមន៍កាតូលិកតែមួយ ដោយព្រះហឫទ័យប្រោសប្រណីរបស់ព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិតគេផង កុំទាមទារអ្វីលើសពីសេចក្ដីប្រកាសជំនឿកាតូលិកឡើយ។ ដោយព្រះសហគមន៍របស់គេបានរក្សាទុកមុខងារជាបូជាចារ្យឲ្យប្រើជាការបាន អស់លោកដែលទទួលអគ្គសញ្ញាតែងតាំងបម្រើព្រះសហគមន៍នៅបូព៌ាប្រទេស ហើយដែលចូលរួបរួមក្នុងព្រះសហគមន៍កាតូលិកតែមួយនោះ មានសិទ្ធិបំពេញមុខងាររបស់ខ្លួនផ្ទាល់តទៅទៀតបាន តាមវិន័យដែលអំណាចមានសមត្ថកិច្ចតែងតាំងរួចហើយ។
២៦-ធម៌វិន័យរបស់ព្រះជាម្ចាស់ហាមមិនឲ្យគ្រីស្តបរិស័ទចូលរួបរួមក្នុងពិធីដ៏សកា្ករៈប្លែកពីពិធីនៃគ្រីស្តសាសនា ជា ដាច់ខាត។ ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះ បណ្តាលឲ្យព្រះសហគមន៍បាក់បែកគ្នា និងនាំឲ្យប្រកាសយ៉ាងជាក់ច្បាស់ថា ខ្លួនភ្ជាប់ចិត្តជឿសេចក្ដីមិនពិត ឬប្រកាសសេចក្ដីដែលបណ្តាលឲ្យវង្វេងជំនឿ និងរារាំងអ្នកដទៃមិនឲ្យជឿទៀត។ ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះក៏បណ្តាលឲ្យខ្លួនមិនអើពើនឹងជំនឿដោយគិតថា សាសនាណា ក៏ដូចសាសនាណាដែរ។
ប៉ុន្តែ ចំពោះបងប្អូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសវិញ មិនមែនដូច្នោះទេ។ បទពិសោធន៍ក្នុងការឃ្វាលណែនាំបង្ហាញឲ្យឃើញថា នៅពេលណាគ្មានការប៉ះពាល់នឹងការរួបរួមរបស់ព្រះសហគមន៍ ហើយមិនបណ្តាលឲ្យខ្លាចអ្វីដែលត្រូវជៀសវាងនោះ យើងអាច (ហើយក៏ត្រូវ) ចាប់អារម្មណ៍នឹងសភាពការណ៍ផ្សេងៗរបស់បុគ្គលម្នាក់ៗ គឺយើងត្រូវចាប់អារម្មណ៍នឹងតម្រូវការរបស់គេ ដែលត្រូវទទួលការសង្គ្រោះនិងផលប្រយោជន៍ខាងវិញ្ញាណវិញ។ ហេតុនេះហើយបានជា កាលពីដើមហើយសព្វថ្ងៃដែរ ព្រះសហគមន៍កាតូលិកអនុញ្ញាតឲ្យអនុវត្តតាមគោលការណ៍មិនសូវតឹងរឹងទេ ដោយយល់ឃើញដល់សភាពការណ៍នៃកាលៈទេសៈ នៃទីកន្លែង និងនៃបុគ្គលម្នាក់ៗ។ ព្រះសហគមន៍មានគោលបំណងជូនគ្រប់មធ្យោបាយនៃការសង្គ្រោះឲ្យគេ ព្រមទាំងផ្តល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់របស់គ្រីស្តបរិស័ទចំពោះគ្នាទៅវិញទៅមក។ ហេតុនេះហើយបានជាព្រះសហគមន៍កាតូលិកអនុញ្ញាតឲ្យគ្រីស្តបរិស័ទទទួលអគ្គសញ្ញានានា និងចូលរួមក្នុងពិធីឯទៀតៗ និងក្នុងអ្វីៗដ៏សក្ការៈដែរ។
មហាសន្និបាតយល់ឃើញដូច្នេះ ”កុំឲ្យយើងទៅជាឧបសគ្គចំពោះអ្នកដែលទទួលការសង្គ្រោះ ដោយយើងដាក់ទោសគេធ្ងន់ពេក” ក្នុងគោលបំណង ជួយព្រះសហគមន៍នានានៅបូព៌ាប្រទេស ដែលបែកចេញពីយើងឲ្យរួបរួមជាមួយយើង ចែងរបៀបប្រព្រឹត្តិដូចតទៅ ៖
២៧-ទោះបីត្រូវនឹកគិតដល់គោលការណ៍ចែងនៅខាងលើក៏ដោយ ក៏យើងអាចធ្វើអគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាអរព្រះគុណ និងអគ្គសញ្ញាលាបប្រេងអ្នកជំងឺ ជូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពីព្រះសហគមន៍កាតូលិកយើងដោយមិនដឹងខ្លួនបាន លុះត្រាតែគេសូមទទួលអគ្គសញ្ញាទាំងនោះដោយខ្លួនគេផ្ទាល់ និងបានរៀបចំខ្លួនទទួលយ៉ាងសមរម្យ។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទកាតូលិកមានសិទ្ធិសូមលោកដែលទទួលមុខងារបម្រើដែលមិនមែនជាគ្រីស្តបរិស័ទកាតូលិក ធ្វើអគ្គសញ្ញាទាំងនោះជូនខ្លួនបាន លុះត្រាតែគេទទួលអគ្គសញ្ញាទាំងនោះក្នុងព្រះសហគមន៍ដែលទទួលស្គាល់ថា អគ្គសញ្ញាទាំងនោះយកជាការបាន។ គ្រីស្តបរិស័ទកាតូលិកមានសិទ្ធិសុំដូច្នេះគ្រប់ពេលណាគេត្រូវការ ឬគ្រប់ពេលណាគេយល់ឃើញថា មានប្រយោជន៍យ៉ាងពិតប្រាកដខាងព្រះវិញ្ញាណ ឬប្រសិនបើគេមាឧបសគ្គខាងផ្លូវកាយ ឬខាងផ្លូវចិត្ត មិនអាចទៅសូមគង្វាល កាតូលិកបាន។
២៨-លើសពីនេះទៅទៀត ទោះបីត្រូវនឹកគិតដល់គោលការណ៍ដូចមានចែងនៅខាងលើក៏ដោយ ក៏មានការអនុញ្ញាតឲ្យគ្រីស្តបរិស័ទកាតូលិកនិងបងប្អូនគ្រីស្តបរិស័ទខាងបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នាបាន ព្រមទាំងចែកចាយអ្វីៗដ៏សក្ការៈក្នុងពិធីគោរពប្រណិប័តន៍និងនៅទីកន្លែងដ៏សក្ការៈដែរ ប៉ុន្តែត្រូវមានមូលហេតុដ៏ត្រឹមត្រូវ។
សេចក្ដីណែនាំអំពីការចូលរួបរួមធ្វើពិធីដ៏សក្ការៈជាមួយបងប្អូននៃព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែក ចេញពីយើង ពិតជាស្រួលជាងគោលការណ៍ចែងនៅខាងលើមែន។ មហាសន្និបាតផ្ញើសេចក្ដីណែនំាទាំងនេះឲ្យអស់លោកកាន់អំណាចដ៏សក្ការៈដែលគ្រប់គ្រងតំបន់ទាំងនោះ អនុវត្តតាមដោយប្រុងប្រយ័ត្ន។ សូមអស់លោកពិគ្រោះគ្នា ហើយប្រសិនបើត្រូវការ សូមពិគ្រោះជាមួយអស់លោកដែលមានអំណាចដ៏សក្ការៈនៃព្រះសហគមន៍ដែលបែកចេញពីព្រះសហគមន៍កាតូលិកដែរ រួចត្រូវដោះស្រាយទំនាក់ទំនងរបស់គ្រីស្តបរិស័ទទាំងឡាយ តាមសេចក្តីសម្រេចនិងតាមសេចក្តីណែនាំដ៏ស័ក្តិសិទ្ធិតាមតម្រូវការ។
ពាក្យបញ្ចប់
មហាសន្និបាតមានអំណរសប្បាយរីករាយ ដោយព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេស រួមសហការគ្នាយ៉ាងសកម្ម។ ការសហការនេះមុខជានឹងបង្កើតផលល្អពុំខាន។ នៅពេលជាមួយគ្នានេះ មហាសន្និបាតប្រកាសសេចក្ដីដូចតទៅ៖ មហាសន្និបាតបានចាត់ចែងសេចក្តីខាងច្បាប់ទាំងនោះ ដោយយល់ដល់សភាពការណ៍បច្ចុប្បន្នទម្រំាដល់ពេលព្រះសហគមន៍កាតូលិកនិងព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែកចេញនោះរួបរួមគ្នាយ៉ាងពេញលក្ខណៈ។ ទម្រាំពេលនោះ មហាសន្និបាតអញ្ជើញគ្រីស្តបរិស័ទទាំងអស់ ទាំងនៅបូព៌ាប្រទេស ទាំងនៅបស្ចិមប្រទេស ឲ្យព្យាយាមទទូចអង្វរព្រះជាម្ចាស់ រៀងរាល់ថ្ងៃ សូមឲ្យគ្រីស្តបរិស័ទ ទាំងអស់រួបរួមគ្នាជាអង្គតែមួយ ដោយព្រះមាតារបស់ព្រះអម្ចាស់ដ៏វិសុទ្ធបំផុតជួយឧបត្ថម្ភផង។ សូមគ្រីស្តបរិស័ទទាំងអស់ទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណីដល់គ្រីស្តបរិស័ទជាច្រើនអនេកនៃព្រះសហគមន៍នីមួយៗ ដែលប្រកាសព្រះនាមព្រះគ្រីស្តដោយចិត្តក្លាហាន ហើយដែលកំពុងរងទុក្ខលំបាកវេទនាព្រោះតែមូលហេតុនេះ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រណីសម្រាលទុក្ខគេ និងលើកទឹកចិត្តគេយ៉ាងពេញលេញទៀតផង។
«យើងត្រូវស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូន។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព» (រម ១២,១០)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
ការប្រែសម្រួលនៃព្រះសហគមន៍តាមសេចក្តីប៉ង់ប្រាថ្នា
OPTATAM TOTIUS ECCLESIAE RENOVATIONEM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីការហ្វឹកហ្វឺនឲ្យទៅជាគង្វាល
បុព្វកថា
មហាសន្និបាតដ៏វិសុទ្ធដឹងជាក់ច្បាស់ថា ព្រះសហគមន៍ទាំងមូលនឹងប្រែជាថ្មីបាន តាមសំណូមពររបស់គ្រីស្តបរិស័ទទាំងអស់ អាស្រ័យយ៉ាងពីសេសទៅលើរបៀបអស់លោកគង្វាល បំពេញមុខងារបម្រើរបស់ខ្លួន ក្រោមការណែនាំនៃព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។ ហេតុនេះហើយ បានជាមហាសន្និបាតសូមប្រកាសបញ្ជាក់ថា ការហ្វឹកហ្វឺនឲ្យទៅជាគង្វាល មានសារៈសំខាន់យ៉ាងខ្លាំងបំផុត។ មហាសន្និបាតក៏សូមប្រកាសគោលការណ៍ខ្លះៗជាគ្រឹះសម្រាប់ណែនាំការហ្វឹកហ្វឺននេះ។ គោលការណ៍ទាំងនោះនឹងបញ្ជាក់វិន័យ ដែលព្រះសហគមន៍យល់ស្របតាមបទពិសោធន៍ជាច្រើនសតវត្សមកហើយ។ យើងនឹងបញ្ចូលសេចក្ដីថ្មីខ្លះៗ ស្របតាមធម្មនុញ្ញនិងក្រឹត្យក្រមនានាដែលមហាសន្និបាតអនុម័តរួចហើយ ដើម្បីតបឆ្លើយនឹងការប្រែប្រួលនាបច្ចុប្បន្នកាលផង។ ការហ្វឹកហ្វឺនឲ្យទៅជាគង្វាលនេះ មានការចំាបាច់សម្រាប់ក្រុមគង្វាលភូមិភាគផង និងសម្រាប់ក្រុមគង្វាល ជាបព្វជិតផង ព្រមទាំងសម្រាប់គ្រប់ព្រះសហគមន៍ដែលកាន់តាមគ្រប់របៀបរបបពិធីគោរពប្រណិប៍តន៍ ព្រោះថាមុខងារជាបូជាចារ្យកាតូលិកមានតែមួយគត់។ ហេតុនេះហើយបានជា បទបញ្ញត្តិខាងក្រោមនេះសំដៅចំទៅលើក្រុមគង្វាលភូមិភាគ ហើយក្រុមឯទៀតៗក៏ត្រូវអនុវត្តតាមដែរ ទោះបីត្រូវសម្រួលបទបញ្ញត្តិខ្លះៗតាមសេចក្ដីត្រូវការ។
១-អំពីរបៀបអប់រំក្រុមបូជាចារ្យដែលត្រូវតែងតាំងក្នុងគ្រប់ប្រទេស
១-ដោយមានប្រជាជន និងតំបន់ប្លែកពីគ្នាជាច្រើនអនេក មហាសន្និបាតគ្រាន់តែចាត់ចែងវិន័យជាទូទៅប៉ុណ្ណោះ។ ហេតុនេះ ក្នុងប្រជាជាតិនីមួយៗ ឬក្នុងព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីគោរពនានា ត្រូវចាត់ចែង "របៀបហ្វឹកហ្វឺនឲ្យទៅជាបូជាចារ្យ" ដោយឡែកពីគ្នា។ ក្រុមអភិបាលព្រះសហគមន៍ក្នុងប្រទេសនីមួយៗត្រូវចាត់ចែងរបបនោះ ដែលត្រូវកែសម្រួលតាមពេលកំណត់ ដោយសន្តអាសនៈនៃគ្រីស្តទូតសិលាយល់ស្របផងដែរ។ ដូច្នេះក្បួនច្បាប់វិន័យសកលទូទៅ នឹងសម្របតាមសភាពការណ៍ដោយឡែក តាមទីកន្លែងនិងតាមកាលៈទេសៈ ដើម្បីឲ្យការហ្វឹកហ្វឺនឲ្យទៅជាបូជាចារ្យ តបឆ្លើយនឹងសេចក្ដីត្រូវការនៃការណែនាំព្រះសហគមន៍តាមតំបន់ ជាកន្លែងអស់លោកបូជាចារ្យនឹងបំពេញមុខងារបម្រើរបស់ខ្លួន។
២-អំពីការថែរក្សាអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាបូជាចារ្យ
២-ព្រះសហគមន៍គ្រីស្តបរិស័ទទាំងមូលមានភារកិច្ចលើកស្ទួយថែទាំ អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាគង្វាល។ ព្រះសហគមន៍បំពេញភារកិច្ចនេះ ជាពិសេសដោយរស់នៅតាមបែបជាគ្រីស្តបរិស័ទយ៉ាងពេញលេញ។ ក្រុមគ្រួសារនិងព្រះសហគមន៍តាមភូមិ ត្រូវរួមសហការគ្នាក្នុងកិច្ចការនេះ គឺក្រុមគ្រួសារត្រូវមានជំនឿ សេចក្ដីស្រឡាញ់ និងការគោរពប្រណិប័តន៍តាមព្រះជាម្ចាស់ណែនាំ ហាក់ដូចជាទេវវិទ្យាល័យដើមដំបូងម៉្យាង។ រីឯព្រះសហគមន៍តាមភូមិវិញ ត្រូវជួយឲ្យកូនជំទង់ទទួលចំណែកនៃជីវិតដែលបង្កើតផលរបស់ខ្លួននោះ។ គ្រូៗ និងអស់អ្នកដែលទទួលខុសត្រូវក្នុងការអប់រំក្មេងៗនិងយុវជន ទោះជាតាមបែបណាក៏ដោយ ជាពិសេសព្រះសហមគមន៍កាតូលិកត្រូវយកចិត្តទុកដាក់និងអប់រំកូនជំទង់ដែលមាតាបិតាផ្ញើទុក តាមរបៀបណែនាំឲ្យកូនទាំងនោះអាចយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅគេ និងឲ្យគេអាចតបឆ្លើយនឹងព្រះអង្គដោយចិត្តទូលាយ។ អស់គង្វាល ត្រូវខ្នះខ្នែងយ៉ាងខ្លាំងជាទីបំផុតក្នុងឋានៈជាគ្រីស្តទូត ដើម្បីលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ។ អស់លោកត្រូវទាក់ទាញចិត្តយុវជនឲ្យទៅជាបូជាចារ្យ ដោយគំរូរបស់ខ្លួនរស់នៅបែបសុភាពរាបសា និងដោយឧហ្សាហ៍ធ្វើការទាំងមានចិត្តសប្បាយរីករាយ ហើយដោយមានទំនាក់ទំនងទៅវិញទៅមកប្រកបដោយសេចក្ដីស្រឡាញ់ក្នុងឋានៈជាបូជាចារ្យ និងដោយសហការគ្នាទុកជាបងប្អូន។
អស់លោកអភិបាលមានភារកិច្ចដាស់តឿនក្រុមគ្រីស្តបរិស័ទ លើកស្ទួយឲ្យមានអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ អស់លោកត្រូវយកចិត្តទុកដាក់ចំពោះធនធានទាំងអស់និងការខិតខំទាំងប៉ុន្មានក្នុងភូមិភាគ ឲ្យរួមសហការគ្នា។ ក្នុងឋានៈ អស់លោកជាឪពុកដ៏ពិតប្រាកដ អស់លោកនឹងជួយដោយអស់ពីសមត្ថភាពដល់អស់អ្នកដែលអស់លោកយល់ឃើញថា ព្រះអម្ចាស់ត្រាស់ហៅឲ្យទៅជាចំណែកផ្ទាល់របស់ព្រះអង្គ។
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងមូលដែលព្រមព្រៀងគ្នាបែបនេះក្នុងគោលបំណងលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ ពិតជាតបឆ្លើយនឹងព្រះអង្គដែលថែរក្សាណែនាំមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ គឺព្រះជាម្ចាស់នេះហើយ ដែលជ្រើសរើសមនុស្សខ្លះឲ្យទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យតាមលំដាប់លំដោយ។ ព្រះអង្គក៏ប្រទានព្រះអំណោយទានដែលគេត្រូវការ និងប្រណីសន្តោសគេទៀតផង។ ព្រះអង្គដែលថែរក្សាមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ ក៏ផ្ញើទុកឲ្យអស់លោកអភិបាលដែលត្រូវបានគេតែងតាំងយ៉ាងត្រឹមត្រូវតាមច្បាប់ មានបេសកកម្មត្រាស់ហៅបេក្ខជនទាំងប៉ុន្មាន និងតែងតាំងជាគង្វាល ឲ្យទទួលមុខងារគោរពបម្រើព្រះជាម្ចាស់ផង និងបម្រើព្រះសហគមន៍ផង ទាំងដៅចំណាំគេដោយព្រះវិញ្ញាណ។ អស់លោកអភិបាលត្រូវទទួលស្គាល់ថា បេក្ខជនទាំងនោះមានសមត្ថភាព ហើយអស់លោកត្រូវល្បងលមើលគេជាមុនសិន។ បេក្ខជនទាំងនោះក៏ត្រូវទទួលបន្ទុកដ៏ធំធេងជាគង្វាលនោះ ដោយចិត្តទៀងត្រង់ និងដោយមានសេរីភាពពេញលេញដែរ។
ជាបឋម មហាសន្និបាតផ្តែផ្តាំឲ្យប្រើគ្រប់មធ្យោបាយតាមប្រពៃណី សម្រាប់សហការគ្រប់បែបយ៉ាង គឺទទូចអង្វរព្រះជាម្ចាស់ និងធ្វើតបៈធម៌តាមរបៀបគ្រីស្តសាសនា ហើយអប់រំគ្រីស្តបរិស័ទឲ្យដំណឹងល្អកាន់តែសីុជម្រៅជារៀងរាល់ថ្ងៃ។ ត្រូវអប់រំគ្រីស្តបរិស័ទ ដោយធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងអប់រំជំនឿជាដើម ព្រមទាំងដោយប្រើគ្រប់មធ្យោបាយនៃទូរគមនាគមន៍ក្នុងសង្គមទៀតផង។ ត្រូវបញ្ជាក់អំពីការចាំបាច់ និងអំពីលក្ខណៈ ហើយអំពីតម្លៃដ៏ប្រសើរឧត្តមនៃមុខងារជាបូជាចារ្យ តាមព្រះជាម្ចាស់ត្រាស់ហៅនោះ។ លើសពីនេះទៅទៀត មហាសន្និបាតបញ្ជាឲ្យក្រុមទាំងប៉ុន្មានដែលទទួលការខុសត្រូវលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ គឺក្រុមដែលកើតរួចទៅហើយ និងក្រុមដែលត្រូវបង្កើតនៅពេលក្រោយ តាមភូមិភាគនីមួយៗ តាមតំបន់ក្ដី និងតាមប្រទេសនីមួយៗក្តី ឲ្យចាត់ចែងការណែនាំគ្រប់យ៉ាង ដើម្បីលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ ដោយមានរបៀបរៀបរយ និងជាប់ទាក់ទងគ្នា។ ត្រូវចាត់ចែងកិច្ចការទាំងនោះ ដោយប្រាជ្ញានិងដោយចិត្តខ្នះខ្នែង។ ត្រូវប្រើមធ្យោយបាយដ៏សមរម្យតាមចិត្តសាស្រ្តនិងសង្គមសាស្រ្ត ដូចយើងស្គាល់នៅសម័យឥឡូវស្រាប់។
កិច្ចការដែលគេធ្វើសម្រាប់លើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ ត្រូវធ្វើដោយចិត្តទូលាយ គឺហួសពីព្រំដែនភូមិភាគនីមួយៗ និងហួសពីព្រំដែនជាតិ ហើយក៏ហួសពីព្រំដែនក្រុមគ្រួសារបព្វជិត ព្រមទាំងហួសពីព្រំដែនព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីគោរពប្រណិប៍តន៍ដោយឡែកដែរ។ ទោះបីត្រូវគិតគូរដល់តម្រូវការរបស់ព្រះសហគមន៍សកលក្តី ក៏ត្រូវជួយព្រះសហគមន៍យ៉ាងពិសេស នៅតំបន់ដែលទាមទារកម្មករឲ្យធ្វើការក្នុងចម្ការរបស់ព្រះអម្ចាស់យ៉ាងបន្ទាន់ជាងគេ។
៣-អនុទេវវិទ្យាល័យកើតឡើងដើម្បីលើកស្ទួយថែទាំពន្លកក្នុងចិត្តអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ ក្នុងអនុទេវវិទ្យាល័យទាំងនោះ ត្រូវអប់រំកូនសិស្សឲ្យដើរតាមព្រះគ្រីស្តជាព្រះសង្គ្រោះ ដោយចិត្តទូលាយ និងដោយចិត្តបរិសុទ្ធទៀងត្រង់ គឺត្រូវអប់រំគេអំពីគ្រីស្តសាសនាយ៉ាងពិសេស ហើយត្រូវណែនាំគេឲ្យរស់នៅខាងព្រះវិញ្ញាណយ៉ាងសមរម្យ ដែលជាកិច្ចសំខាន់ជាងគេ។ ត្រូវឲ្យកូនសិស្សរស់នៅឲ្យបានស្របតាមអាយុ ស្របតាមមតិ និងស្របតាមការអភិវឌ្ឍន៍របស់កូនជំទង់ ហើយក៏ស្របយ៉ាងពេញលេញតាមក្បួនតម្រានៃចិត្តសាស្រ្តដ៏ល្អត្រឹមត្រូវ ក្រោមការណែនាំរបស់អស់លោកប្រធានអនុទេវវិទ្យាល័យដែលប្រៀបដូចឪពុករបស់គេ។ អស់លោកក៏ត្រូវសហការជាមួយមាតាបិតាសិស្ស ដែលជាការដ៏ចាំបាច់បំផុតដែរ។ សូមកំុភ្លេលចផ្តល់ឱកាសឲ្យសិស្សមានបទពិសោធន៍យ៉ាងគួរសមអំពីការរស់នៅរបស់មនុស្ស និងឲ្យគេមានទំនាក់ទំនងធម្មតាជាមួយក្រុមគ្រួសាររបស់គេ។ លើសពីនេះទៅទៀត ត្រូវសម្រួល សេចក្ដីបញ្ជាខាងក្រោយនេះស្តីអំពីទេវវិទ្យាល័យ មកអនុវត្តក្នុងអនុទេវវិទ្យាល័យដែរ តាមតែបញ្ជាទាំងនោះបានស្របតាមគោលដៅនិងតាមរបៀបរស់នៅក្នុងអនុទេវវិទ្យាល័យ។ ត្រូវចាត់ចែងការសិក្សា ដើម្បីឲ្យកូនសិស្ស ដែលចង់ដូររបៀបរស់នៅលែងចង់ទៅជាបូជាចារ្យ អាចបន្តការសិក្សានៅកន្លែងផ្សេងទៀតបាន ដោយមិនជួបឧបសគ្គអ្វីឡើយ។
ប្រសិនបើមានសភាពការណ៍ពិសេសក្នុងតំបន់ ត្រូវថែទាំពន្លកក្នុងចិត្តកូនជំទង់និងយុវជនដែលព្រះជាម្ចាស់ ត្រាស់ហៅ ក្នុងគ្រឹះស្ថានផ្សេងៗដោយឡែក ដែលមានទិសដៅស្រដៀងនឹងអនុទេវវិទ្យាល័យ ដោយយកចិត្តទុកដាក់តាមបែបដដែលនោះ។ ត្រូវយកចិត្តទុកដាក់ថែទាំពន្លកក្នុងចិត្តរបស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ហើយដែលសិក្សានៅសាលារៀន ឬនៅកន្លែងអប់រំផ្សេងទៀត។ ត្រូវយកចិត្តទុកដាក់នឹងស្ថាប័នហើយនឹងគេហដ្ឋានសងឡើងសម្រាប់អស់អ្នកអាយុចាស់ជាង ដែលតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅដែរ។
៣-ការចាត់ចែងរបស់ទេវវិទ្យាល័យ
៤-ត្រូវការទេវវិទ្យាល័យសម្រាប់ហ្វឹកហ្វឺនគ្រីស្តបរិស័ទឲ្យទៅជាបូជាចារ្យ។ ការហ្វឹកហ្វឺនទាំងមូលក្នុងទេវវិទ្យាល័យមានគោលដៅណែនាំនិសិ្សតឲ្យទៅជាគង្វាលដ៏ពិតប្រាកដរបស់គ្រីស្តបរិស័ទ តាមគំរូរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង ជាព្រះបរមគ្រូ ជាមហាបូជាចារ្យ និងជាគង្វាល (ពន្លឺ ២៨)។
ហេតុនេះត្រូវរៀបចំនិស្សិតឲ្យ៖
* បំពេញមុខងារបម្រើព្រះបន្ទូល គឺឲ្យយល់ព្រះបន្ទូលកាន់តែច្បាស់ឡើងៗ ជាព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ដោយគេនឹកសញ្ជឹងនិងស្មឹងស្មាធិ៍ព្រះបន្ទូល មុខជាព្រះបន្ទូលនេះនឹងជ្រួតជ្រាបក្នុងចិត្តគេ គេក៏ត្រូវចេះប្រកាសព្រះបន្ទូលដោយពាក្យសម្តីផង និងដោយកិរិយាមារយាទផងដែរ។
* បំពេញមុខងារបម្រើពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងនាំឲ្យគ្រីស្តបរិស័ទបានវិសុទ្ធ។ ដោយអធិដ្ឋាន ដោយធ្វើពិធីដ៏វិសុទ្ធផ្សេងៗ និងដោយថ្វាយសក្ការបូជាអរព្រះគុណ ហើយដោយធ្វើអគ្គសញ្ញាផ្សេងៗជូនគ្រីស្តបរិស័ទ គេនាំការសង្គ្រោះដល់មនុស្សលោក។
* បំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាគង្វាល គឺនាំឲ្យមនុស្សលោកដឹងថា ព្រះគ្រីស្តគង់នៅជាមួយគេ គឺព្រះអង្គយាងមកក្នុងពិភពលោកនេះ «មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺយាងមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង» (មក ១០,៤៥ និង យហ ១៣,១២.១៧)។ ដោយគេទៅជាអ្នកបម្រើរបស់មនុស្សទាំងអស់ គេនាំមនុស្សជាច្រើនមកថ្វាយព្រះគ្រីស្ត (១ករ ៩,២២)។
ហេតុនេះហើយបានជាត្រូវតម្រង់ការហ្វឹកហ្វឺនក្នុងគ្រប់វិស័យទៅរកទិសដៅតែមួយ គឺអប់រំនិសិ្សតឲ្យធ្វើជាគង្វាលណែនាំគ្រីស្តបរិស័ទ គឺទាំងការហ្វឹកហ្វឺនឲ្យរស់នៅតាមព្រះវិញ្ញាណ ទាំងការហ្វឹកហ្វឺនខាងចំណេះដឹងទាំងការហ្វឹកហ្វឺនឲ្យអនុវត្តតាមក្បួនវិន័យ ត្រូវឲ្យវិស័យទាំងនោះសីុសង្វាក់គ្នា គឺអប់រំនិសិ្សតឲ្យធ្វើជាគង្វាលណែនាំគ្រីស្តបរិស័ទ។ អស់លោកដែលទទួលខុសត្រូវលើទេវវិទ្យាល័យនិងសាស្រ្តាចារ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅកាន់គោលដៅនេះ ដោយរួមចិត្តគំនិតគ្នា ទាំងសុខចិត្តគោរពបញ្ជារបស់លោកអភិបាលដោយចិត្តស្មោះ។
៥-ការអប់រំនិស្សិតទេវវិទ្យាល័យមិនអាស្រ័យទៅលើវិន័យដ៏ល្អទេ តែអាស្រ័យលើអ្នកអប់រំដ៏មានគុណភាព ល្អវិញ។ ហេតុនេះ ត្រូវជ្រើសរើសអស់លោកជាអ្នកណែនាំនិងសាស្ត្រាចារ្យ ក្នុងចំណោមគង្វាលដ៏ល្អប្រសើរជាងគេ។ លោកទាំងនោះត្រូវរៀបចំខ្លួន ដោយរៀនលទ្ធិគ្រីស្តសាសនាយ៉ាងមាំមួន ដោយមានបទពិសោធន៍ក្នុងការឃ្វាលណែនាំគ្រីស្តបរិស័ទយ៉ាងសមរម្យ និងដោយទទួលការអប់រំពិសេសអំពីការរស់នៅតាមព្រះវិញ្ញាណ និងអំពីគរុកោសល្យ។ ត្រូវចាត់ចែងគ្រឹះស្ថានដែលជួយសាស្រ្តាចារ្យឲ្យអាចទទួលការអប់រំបែបនេះបាន យ៉ាងហោចណាស់ត្រូវចាត់ចែងសិក្ខាសាលា តាមសេចក្ដីត្រូវការទាំងនោះ ព្រមទាំងត្រូវឲ្យអស់លោកជាអ្នកណែនាំទេវវិទ្យាល័យជួបជុំគ្នាតាមពេលកំណត់។
អស់លោកជាអ្នកណែនាំនិងសាស្រ្តាចារ្យត្រូវដឹងជាក់ច្បាស់ថា របៀបអស់លោករិះគិតនិងប្រតិបត្តិ មានសារៈ
សំខាន់យ៉ាងខ្លាំង លើការហ្វឹកហ្វឺននិសិ្សតទេវវិទ្យាល័យឲ្យបានជោគជ័យ។ អស់លោកនឹងរួបរួមចិត្តគំនិតយ៉ាងជិតស្និទ្ធ ហើយរួបរួមគ្នាប្រតិបត្តិ ក្រោមការណែនាំរបស់លោកប្រធាន រួមជាមួយនិស្សិតទេវវិទ្យាល័យ ធ្វើជាក្រុមគ្រួសារមួយ តាមពាក្យអង្វររបស់ព្រះអម្ចាស់ថា៖ «សូមឲ្យគេរួមគ្នាជាអង្គតែមួយ» (យហ ១៧,១១)។ ក្រុមគ្រួសារនេះ នឹងបណ្តាលឲ្យនិស្សិតទេវវិទ្យាល័យមានអំណរសប្បាយយ៉ាងស្ថិតស្ថេរ ដោយព្រះជាម្ចាស់ត្រាស់ហៅគេ។ លោកអភិបាលត្រូវមានចិត្តស្រឡាញ់និងព្យាយាមខន្តី យកចិត្តទុកដាក់ណែនាំអស់លោកដែលធ្វើការនៅទេវវិទ្យាល័យ ព្រមទាំងមានទំនាក់ទំនងជាមួយនិស្សិត ទុកដូចជាឪពុកដ៏ពិតប្រាកដក្នុងអង្គព្រះគ្រីស្ត។ មិនតែប៉ុណ្ណោះ អស់បូជាចារ្យត្រូវរាប់ទេវវិទ្យាល័យទុកជាបេះដូងនៃភូមិភាគ ហើយក៏ត្រូវជួយទេវវិទ្យាល័យដោយខ្លួនឯងផ្ទាល់ទៀតផង។
៦-ត្រូវសិក្សាដោយពិនិត្យពិច័យឲ្យមែនទែនដោយគិតគូរដល់អាយុនិងការចម្រើនរបស់គេថា តើបេក្ខជនម្នាក់ៗមានបំណងទៀងត្រង់ និងមានសេរីភាពក្នុងការសម្រេចឬយ៉ាងណា? ត្រូវពិនិត្យពិច័យលទ្ធភាពរបស់គេឲ្យរស់នៅតាមព្រះវិញ្ញាណ និងឲ្យរស់នៅតាមសីលធម៌ តើគេមានបញ្ញាស្មារតីគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវពិនិត្យមើលសុខភាព ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត តើគេមានសុខភាពគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវនឹកគិតដល់សុខភាពរបស់ញាតិសន្តានគេដែរ។ ត្រូវពិនិត្យមើកលទ្ធភាពរបស់គេ ឲ្យទទួលបន្ទុកជាបូជាចារ្យនិងឲ្យបំពេញភារកិច្ចណែនាំគ្រីស្តបរិស័ទទៀតផង។
ទោះបីយើងស្តាយដោយខ្វះគង្វាលក្តី ក៏ត្រូវកាន់ចិត្តរឹងប៉ឹងជានិច្ច ចំពោះការជ្រើសរើសនិងការល្បងលមើលចិត្តគំនិតនិស្សិតទេវវិទ្យាល័យ។ ប្រសិនបើយើងតែងតាំងតែបេក្ខជនដ៏សមគួរឲ្យទៅជាបូជាចារ្យ ពិតជាមានចំនួនបូជាចារ្យតិច ប៉ុន្តែយើងជឿជាក់ថា ព្រះជាម្ចាស់គង់តែប្រទានឲ្យព្រះសហគមន៍មានអ្នកបម្រើគ្រប់គ្រាន់ជាពុំខាន។ ត្រូវទូន្មានដូចឪពុកទូន្មានកូន តម្រង់អស់បេក្ខជនណាដែលគ្មានសមត្ថភាពគ្រប់គ្រាន់ ឲ្យទៅទទួលខុសត្រូវផ្សេង នៅពេលដ៏សមគួរ កំុចាំយូរពេក។ ត្រូវជួយគេឲ្យមានអំណរសប្បាយបំពេញកិច្ចការជាគ្រីស្តទូតរបស់គ្រីសបរិស័ទធម្មតា ទាំងដឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេឲ្យទៅជាគ្រីស្តបរិស័ទ។
៧-ប្រសិនបើភូមិភាគនីមួយៗគ្មានលទ្ធភាពចាត់ចែងទេវវិទ្យាល័យយ៉ាងសមរម្យដោយផ្ទាល់បាន ត្រូវតែងតាំង និងទ្រទ្រង់ទេវវិទ្យាល័យរួម សម្រាប់ភូមិភាគជាច្រើន ឬសម្រាប់តំបន់មួយ ឬសម្រាប់ប្រទេសទាំងមូល ដើម្បីហ្វឹកហ្វឺននិស្សិតទេវវិទ្យាល័យយ៉ាងស័ក្តិសិទ្ធិ និងយ៉ាងហ្មត់ចត់។ ក្នុងករណីនេះ ត្រូវចាត់ការហ្វឹកហ្វឺនដ៏ស័ក្តិសិទ្ធិនិងហ្មត់ចត់នេះ ទុកជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត។ អស់លោកអភិបាលព្រះសហគមន៍នៃភូមិភាគទាំងនោះ ត្រូវចាត់ចែងក្បួនវិន័យសម្រាប់ទេវវិទ្យាល័យទាំងនោះ ទាំងទេវវិទ្យាល័យតំបន់ ទំាងទេវវិទ្យាល័យជាតិ។ អាសនៈរបស់គ្រីស្តទូតសិលា ក៏ត្រូវយល់ព្រមតាមក្បួនវិន័យនោះថែមទៀតផង។
ប្រសិនបើមាននិស្សិតច្រើនពេកក្នុងទេវវិទ្យាល័យមួយ ត្រូវបែងចែកនិស្សិតទាំងនោះជាក្រុមតូចៗជា ងយ៉ាងសមរម្យ ដើម្បីឲ្យបុគ្គលិកលក្ខណៈរបស់សិ្សតម្នាក់ៗចម្រើនឡើងបានយ៉ាងល្អ។ ប៉ុន្តែ ត្រូវរក្សាទុកការត្រួតត្រាណែនាំនិងការបង្រៀនរួម។
៤-ការពង្រឹងអប់រំនិស្សិតឲ្យរស់នៅតាមព្រះវិញ្ញាណ
៨-ត្រូវភ្ជាប់ការអប់រំនិស្សិតឲ្យរស់នៅតាមព្រះវិញ្ញាណ នឹងការបង្រៀនលទ្ធិគ្រីស្តសាសនា ទន្ទឹមនឹងការហ្វឹកហ្វឺនឲ្យចេះណែនាំគ្រីស្តបរិស័ទ។ លោកដែលណែនាំជីវិតនិស្សិតម្នាក់ៗតាមព្រះវិញ្ញាណ មានភារកិច្ចសំខាន់ជាងគេក្នុងការអប់រំនោះ។ លោកត្រូវណែនាំគេឲ្យរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះបិតាជានិច្ច ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលនិស្សិតទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គេនឹងបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ។ ដូច្នេះ គេត្រូវតែមានទម្លាប់រួមរស់ជាមួយព្រះអង្គយ៉ាងស្និទ្ធស្នាលជាទីបំផុត គ្រប់ករណីប្រចាំជីវិត ដូចមិត្តសម្លាញ់តែងរួមរស់ជាមួយគ្នាដូច្នោះដែរ។ គេត្រូវរួមរស់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងយ៉ាងជិតស្និទ្ធបំផុត ទើបគេអាចណែនាំប្រជាជនដែលព្រះសហគមន៍នឹងផ្ញើឲ្យគេនៅពេលក្រោយ ឲ្យរួបរួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងនេះដែរ។ ត្រូវអប់រំគេឲ្យស្វែងរកព្រះគ្រីស្ត ដោយនឹកសញ្ជឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស្មោះ ដោយរួបរួមយ៉ាងសកម្មក្នុងពិធីគោរពប្រណិប៍តន៍ដ៏វិសុទ្ធបំផុតទាំងប៉ុន្មាននៃព្រះសហគមន៍ ជាពិសេសក្នុងអគ្គសញ្ញាអរព្រះគុណ និងពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់។ គេត្រូវស្វែងរកព្រះគ្រីស្ត ក្នុងលោកអភិបាលដែលចាត់គេឲ្យទៅ និងក្នុងចំណោមមនុស្សដែលលោកចាត់ឲ្យបម្រើនោះ ជាពិសេសក្នុងរូបអ្នកក្រីក្រ កូនក្មេង អ្នកជំងឺ អ្នកបាប និងក្នុងរូបអ្នកដែលគ្មានជំនឿ។ គេត្រូវគោរព និងស្រឡាញ់ព្រះនាងព្រហ្មចារិនីម៉ារី ដូចកូនតែងស្រឡាញ់និងផ្ញើជីវិតលើម្តាយដូច្នេះដែរ គឺនាងម៉ារី ដែលព្រះយេស៊ូបានប្រគល់ឲ្យសាវ័កយ៉ូហានទុកជាម្តាយ នៅពេលព្រះអង្គហៀបនឹងសោយទិវង្គតនៅលើឈើឆ្កាង។
ត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងនឹងការហ្វឹកហ្វឺនផ្សេងៗ នាំឲ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់ តាមទម្លាប់គួរឲ្យគោរពរបស់ព្រះសហគមន៍ដែលផ្តែផ្តាំឲ្យធ្វើជាយូរសតវត្សមកហើយ។ ក៏ប៉ុន្តែត្រូវប្រយ័ត្នកុំស្មានថា ការអប់រំឲ្យរស់នៅតាមព្រះវិញ្ញាណ អាស្រ័យតែនឹងការបំពេញពិធីទាំងនោះប៉ុណ្ណោះទេ និងគ្រាន់តែឲ្យគេរំភើបចិត្តតាមសាសនាប្រជាប្រិយប៉ុណ្ណោះដែរ។ ជាពិសេស និស្សិតត្រូវរៀនរស់នៅស្របតាមរបៀបដំណឹងល្អ គឺឲ្យពង្រឹងជំនឿ ពង្រឹងសេចក្ដីសង្ឃឹម និងពង្រឹងសេចក្តីស្រឡាញ់របស់ខ្លួនឲ្យកាន់តែមាំមួនឡើងៗ។ ដោយប្រតិបត្តិតាមគុណធម៌ទាំងបីនោះ គេនឹងមានចិត្តគំនិតជាអ្នកធ្លាប់អធិដ្ឋាន គេពង្រឹង និងការពារនូវការតបឆ្លើយរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែលត្រាស់ហៅគេ។ គេត្រូវប្រតិបត្តិតាមគុណធម៌ទាំងបីនោះ ទើបព្រហ្មវិហារធម៌ឯទៀតៗរឹងប៉ឹងឡើង ហើយគេខ្នះខ្នែងជំរុញខ្លួនឲ្យនាំមនុស្សទាំងអស់ឲ្យទៅជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត។
៩-ត្រូវឲ្យចិត្តគំនិតរបស់និស្សិតជ្រួតជ្រាបយ៉ាងជ្រៅបំផុត តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះសហគមន៍ តាមមហាសន្និបាតបានពន្យល់យ៉ាងពិស្តាររួចហើយ។ ដូច្នេះ គេផ្ចង់ចិត្តនិងអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាតំណាងព្រះគ្រីស្ត ដោយចិត្តសុភាពរាបសាដូចកូនស្រឡាញ់ឪពុកដូច្នោះដែរ។ ពេលគេទៅជាបូជាចារ្យ (អាចារ្យ) រួចហើយ គេក៏នឹងរួមចិត្តគំនិតជាមួយអភិបាលរបស់ខ្លួន ក្នុងឋានៈខ្លួនជាសហការីដ៏ស្មោះត្រង់របស់លោក ហើយបំពេញការងាររួមជាមួយបូជាចារ្យ (អាចារ្យ) ឯទៀតៗជាបងប្អូន។ គេក៏នឹងផ្តល់សក្ខីភាពអំពីព្រះសហគមន៍រួបរួមជាធ្លុងតែមួយ ជាមូលហេតុទាក់ទាញចិត្តមនុស្សឲ្យមករកព្រះគ្រីស្ត (ពន្លឺ ២៨)។ សូមឲ្យគេបង្ហាត់ខ្លួនឲ្យចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍ទាំងមូល ដោយចិត្តទូលំទូលាយ តាមពាក្យពេចន៍របស់សន្តៈ អូគូស្តាំងថា "ម្នាក់ៗស្រឡាញ់ព្រះសហគមន៍តាមកម្រិតណា គេក៏ទទួលព្រះវិញ្ញាណតាមកម្រិតនោះដែរ" ។ ត្រូវឲ្យគេយល់យ៉ាងជាក់ច្បាស់ថា មុខងារជាបូជាចារ្យដែលគេនឹងទទួលនៅពេលខាងមុខនេះ មិនផ្តល់ឲ្យគេមានអំណាចគ្រប់គ្រងជិះជាន់អ្នកដទៃទេ ហើយក៏មិនផ្តល់ឲ្យគេមានកិត្តិយសដែរ តែផ្ទុយទៅវិញ គេត្រូវបូជាជីវិតទាំងស្រុងក្នុងកិច្ចបម្រើព្រះជាម្ចាស់ និងក្នុងមុខងារបម្រើណែនាំអ្នកឯទៀតៗផង។ អ្នកទទួលខុសត្រូវលើទេវវិទ្យាល័យត្រូវយកចិត្តទុកដាក់អប់រំគេឲ្យត្រូវចេះស្តាប់បង្គាប់ក្នុងឋានៈជាបូជាចារ្យ និងចូលចិត្តរស់នៅតាមរបៀបជាអ្នកក្រីក្រ ព្រមទាំងមានចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួនចោល (ពន្លឺ ៨)។ ដូច្នេះ គេធ្លាប់លះបង់អ្វីៗភ្លាម ចោល សូម្បីអ្វីៗដែលគេមានសិទ្ធិកាន់កាប់ តែឥតបានការ ។ គេក៏សុខចិត្តឲ្យបានដូចព្រះគ្រីស្តដែលត្រូវគេឆ្កាងដែរ។
ត្រូវជម្រាបគេអំពីបន្ទុកដែលគេត្រូវបំពេញនៅពេលក្រោយ ដោយមិនលាក់លៀមនូវការពិបាកក្នុងការរស់នៅជាបូជាចារ្យឡើយ។ ក៏ប៉ុន្តែ កុំឲ្យគេគិតតែពីការពិបាកដែលគេត្រូវជួបប្រទះប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ត្រូវអប់រំគេឲ្យពង្រឹងការរស់នៅតាមព្រះវិញ្ញាណ ដោយសារកិច្ចការណែនាំរបស់ខ្លួន។
១០-ត្រូវអប់រំនិស្សិតទេវវិទ្យាល័យដោយយកចិត្តទុកដាក់យ៉ាងខ្លាំង ឲ្យកាន់តាមព្រហ្មចារិយធម៌ក្នុងឋានៈជាបូជាចារ្យ តាមក្បួនវិន័យនៃរបៀបរបបពិធីគោរពប្រណិប៍តន៍របស់ខ្លួន ដែលជាប្រពៃណីដ៏មាំមួនគួរគោរព។ គេលះបង់ការរួមរស់ជាគូស្វាមីភរិយា មកពីគេយល់ដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ១៩,១២)។ គេផ្ចង់ចិត្តនឹងព្រះអម្ចាស់ដោយសេចក្ដីស្រឡាញ់ ដោយមិនរារែកចិត្ត ស្របតាមសម្ព័ន្ធមេត្រីថ្មី។ គេផ្តល់សក្ខីភាពអំពីជីវិតថ្មីដ៏រុងរឿងនៃលោកខាងមុខ (លក ២០,៣៦)។ គេក៏យោងកម្លាំងពីព្រហ្មចារិយធម៌នេះទុកជាជំនួយពិសេស ដើម្បីប្រតិបត្តិឥតឈប់ឈរតាមសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈនេះ ដែលបណ្តោយឲ្យគេអាចបម្រើមនុស្សទាំងអស់នៅគ្រប់វិស័យ តាមមុខងារបម្រើរបស់ខ្លួនជាបូជាចារ្យ។ គេត្រូវដឹងក្នុងជម្រៅចិត្តថា គេត្រូវអរព្រះគុណព្រះជាម្ចាស់ចំពោះការរស់នៅជាព្រហ្មចារី មិនគ្រាន់តែមកពីវិន័យមួយនៃព្រះសហគមន៍បញ្ជាប៉ុណ្ណោះទេ តែមកពីការរស់នៅបែបនេះជាព្រះអំណោយទានដ៏ថ្លៃថ្នូររបស់ព្រះជាម្ចាស់។ ត្រូវតែអង្វរព្រះអង្គដោយចិត្តសុភាពរាបសា សូមទ្រង់ប្រទានព្រះអំណោយទាននេះផង។ គេត្រូវប្រញាប់ប្រញាល់តបឆ្លើយនឹងព្រះអំណោយទាននេះដោយសេរី និងដោយចិត្តទូលាយ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធប្រណីសន្តោស និងជួយលើកស្ទួយផង។
ត្រូវឲ្យនិស្សិតទេវវិទ្យាល័យដឹងច្បាស់អំពីភារកិច្ច និងអំពីតម្លៃដ៏ថ្លៃថ្នូរនៃការរស់នៅជាគូស្វាមីភរិយាគ្រីស្តបរិស័ទ ដែលជានិមិត្តរូបអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣២) ប៉ុន្តែត្រូវឲ្យគេយល់ថា ការរស់នៅជាព្រហ្មចារីថ្វាយព្រះគ្រីស្តប្រសើរជាងទៅទៀត។ ដូច្នេះ គេអាចប្រគល់ខ្លួនទាំងស្រុង ទាំងរូបកាយ ទាំងវិញ្ញាណ ថ្វាយព្រះអម្ចាស់ ដោយធ្វើជម្រើសមួយដ៏ល្អប្រសើរ ដែលគេថ្លឹងថ្លែងជ្រើសរើសយកយ៉ាងហ្មត់ចត់។
ត្រូវជម្រាបនិស្សិតទេវវិទ្យាល័យឲ្យស្គាល់អំពីការពិបាកដែលគេមុខជានឹងជួបប្រទះក្នុងការកាន់តាមព្រហ្មចារិយធម៌ ជាពិសេសក្នុងសង្គមនាបច្ចុប្បន្នកាលនេះ។ ដោយមានជំនួយខាងលោកីយ៍ និងជំនួយរបស់ព្រះជាម្ចាស់យ៉ាងសមរម្យ គេត្រូវហាត់ខ្លួនឲ្យសុខចិត្តលះបង់ការរស់នៅជាគូស្វាមីភរិយា ក្នុងជម្រៅចិត្តរបស់គេយ៉ាងស្រគត់ស្រគំ។ ដូច្នេះ ព្រហ្មចារិយធម៌របស់គេមិនបណ្តាលឲ្យគេខូចខាតអ្វីឡើយក្នុងការរស់នៅរបស់ខ្លួន និងក្នុងសកម្មភាពរបស់គេ។ ផ្ទុយទៅវិញ ព្រហ្មចារិយធម៌នេះ នឹងបណ្តាលឲ្យគេធ្វើជាម្ចាស់ចិត្តគំនិត និងធ្វើជាម្ចាស់រូបកាយឲ្យកាន់តែប្រសើរឡើងៗ ព្រមទាំងឲ្យទៅជាមនុស្សរម្យទមពេញវ័យកាន់តែពេញលេញឡើង។ គេក៏ទទួលអំណរមកពីដំណឹងល្អកាន់តែពេញលក្ខណៈទៀតផង។
១១-ត្រូវអនុវត្តតាមគោលការណ៍អប់រំ បែបជាគ្រីស្តបរិស័ទ ដោយមានចិត្តចង់គោរពសាសនា។ ប៉ុន្តែត្រូវបន្ថែមសេចក្ដីដែលអ្នកប្រាជ្ញបានរកឃើញថ្មីៗនេះអំពីចិត្តសាស្រ្ត និងអំពីគរុកោសល្យដ៏ពិតប្រាកដ។ ការហ្វឹកហ្វឺនដែលណែនាំដោយប្រាជ្ញា ត្រូវបណ្តុះបណ្តាលឲ្យនិស្សិតទៅជាមនុស្សរម្យទម ចាស់ចិត្តចាស់គំនិត ដែលមនុស្សលោកត្រូវការ។ យើងស្គាល់មនុស្សរម្យទមពេញវ័យ ដោយគេមានចិត្តនឹងនរយ៉ាងសមរម្យ និងដោយគេអាចសម្រេចកិច្ចការបានក្រោយពីបានរិះគិតជាមុន ព្រមទាំងដោយគេចេះថ្លឹងថ្លែងពីអត្ថន័យព្រឹត្តិការណ៍ដែលកើតឡើង និងការវាយតម្លៃមនុស្សផងដែរ។ និស្សិតទេវវិទ្យាល័យត្រូវហាត់ខ្លួនឲ្យចេះទប់ទល់ចរិតលក្ខណៈរបស់ខ្លួន ត្រូវហាត់ឲ្យមានចិត្តរឹងប៉ឹង និងហាត់ឲ្យរាប់រកគុណធម៌ដែលមនុស្សលោកចូលចិត្តជាខ្លាំងនោះ ហើយដែលនាំគេឲ្យរាប់អានអ្នកបម្រើរបស់ព្រះគ្រីស្ត គឺថា ត្រូវមានចិត្តស្មោះត្រង់ នឹកគិតដល់យុត្តិធម៌ជានិច្ច ធ្វើតាមពាក្យសន្យា មានចរិយាចេះគួរសម មានចិត្តរម្យទម មិនវាយឫកពាខ្ពស់មានចិត្តស្រឡាញ់ក្នុងពេលសន្ទនាជាមួយអ្នកដទៃ។
ពេលនិសិ្សតរស់នៅវិទ្យាល័យ ការរស់នៅតាមវិន័យ មិនគ្រាន់តែជួយយ៉ាងខ្លាំងឲ្យគេរស់នៅជាមួយគ្នាយ៉ាងស្រួលនិងឲ្យស្រឡាញ់គ្នាប៉ុណ្ណោះទេ តែត្រូវរាប់ការហ្វឹកហឹ្វនឲ្យរស់នៅតាមវិន័យនេះ ទុកជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់អប់រំគេក្នុងគ្រប់វិស័យ គឺថា នាំឲ្យគេចេះទប់ទល់ខ្លួនឯង ឲ្យមានចិត្តរម្យទម ឲ្យគេចាស់ចិត្តចាស់គំនិត និងមានលក្ខណៈផ្សេងៗទៀត។ ដូច្នេះ នៅពេលក្រោយ គេអាចបំពេញសកម្មភាពដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍យ៉ាងសមរម្យនិងយ៉ាងស័ក្តិសិទ្ធិ។ ប៉ុន្តែ ត្រូវហ្វឹកហ្វឺនតាមវិន័យទាំងនោះ ដើម្បីអប់រំចិត្តគំនិតរបស់គេឲ្យសុខចិត្តទទួលអំណាចរបស់អស់លោកជាអ្នកណែនាំ ដោយយល់ឃើញខ្លួនឯងថា គេស្តាប់បង្គាប់ដោយមានមនសិការ (រម ១៣,៥) និងដោយនឹកគិតដល់ព្រះជាម្ចាស់។ ត្រូវអនុវត្តតាមក្បួនវិន័យ ស្របតាមអាយុរបស់និស្សិត។ ហេតុនេះ គេហាត់ខ្លួនបន្តិចម្តងៗឲ្យណែនាំខ្លួនដោយខ្លួនឯង ឲ្យធ្លាប់ប្រើសេរីភាពរបស់ខ្លួនដោយប្រាជ្ញា ហើយប្រតិបតិ្តដោយគំនិតរបស់ខ្លួនផ្ទាល់ និងដោយចិត្តខ្នះខ្នែងទៀត ព្រមទាំងឲ្យធ្វើការរួមជាមួយបូជាចារ្យឯទៀតៗជាបងប្អូន និងជាមួយគ្រីស្តបរិស័ទធម្មតាទៀតផង។
ត្រូវឲ្យរបៀបរស់នៅក្នុងទេវវិទ្យាល័យណែនាំឲ្យគេចូលចិត្តគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងចូលចិត្តនៅស្ងៀមស្ងាត់ ហើយឲ្យគេយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ត្រូវចាត់ទុករបៀបរស់នៅក្នុងទេវវិល័យ ទុកជាការហ្វឹកហ្វឺនឲ្យរស់នៅពេលអនាគត នៅពេលដែលគេទទួលអគ្គសញ្ញាតែងតាំងជាគង្វាលរួចហើយ។
១២-អស់លោកអភិបាលមានភារកិច្ចចាត់ចែងការហ្វឹកហ្វឺនឲ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងជ្រៅ ក្នុងរយៈពេលមួយដ៏សមគួរ។ ដូច្នេះ អស់លោកនឹងពង្រឹងការអប់រំឲ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងមាំមួន ហើយនិស្សិតក៏អាចជ្រើសរើសនិងតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេ ដោយបានរិះគិតពិចារណាយ៉ាងសមរម្យជាយូរមកហើយ។ អស់លោកអភិបាលក៏មានភារកិច្ចសម្រេចថា តើគួរតែបញ្ឈប់ការសិក្សាមួយរយៈ ឬចាត់ចែងការហ្វឹកហ្វឺនម៉្យាងឲ្យនិស្សិតណែនាំគ្រីស្តបរិស័ទ ដើម្បីល្បងលមើលបេក្ខជន បម្រុងទៅជាបូជាចារ្យឲ្យបានច្បាស់ជាង។ អស់លោកអភិបាលក៏ត្រូវសម្រេចបន្ថយអាយុ ដែលមានកំណត់ទុកក្នុងក្បួនវិន័យរួមទូទៅនៃព្រះសហគមន៍ ឲ្យបានស្របតាមសភាពការណ៍ពិសេសនៃតំបន់នីមួយៗ។ ពេលនិស្សិតបញ្ចប់ការសិក្សានៅទេវវិទ្យា អស់លោកក៏មានភារកិច្ចរិះគិតអំពីការសូមឲ្យនិស្សិតបំពេញមុខងារជាឧបដ្ឋាក អស់មួយរយៈពេលយ៉ាងសមគួរ មុនទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។
៥-អំពីការកែសម្រួលការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍
១៣-និស្សិតទេវវិទ្យាល័យត្រូវទទួលការអប់រំតាមចំណេះមនុស្សលោកទូទៅ និងរៀនតាមវិទ្យាសាស្រ្តមុនសិក្សាវិទ្យាពិសេសនៃព្រះសហគមន៍។ គេត្រូវរៀនមុខវិជ្ជាទាំងប៉ុន្មានដែលយុវជនរួមជាតិត្រូវរៀនដើម្បីអាចចូលឧត្តមសិក្សាបាន។ លើសពីនេះទៅទៀត គេត្រូវរៀនភាសាឡាតាំង ជាភាសានាំឲ្យគេអាចយល់ និងចេះប្រើប្រាស់ឯកសារជាប្រភពនៃវិជ្ជាជាច្រើនរបស់ព្រះសហគមន៍បាន។ ត្រូវចាត់ចែងរៀនភាសាដែលគេប្រើក្នុងពិធីគោរពប្រណិប៍តន៍នានា តាមរបៀបរបបផ្ទាល់របស់ខ្លួន ទុកជាសេចក្តីត្រូវការដ៏សំខាន់។ សូមផ្តែផ្តាំយ៉ាងខ្លាំងឲ្យនិស្សិតចេះភាសាដើមនៃព្រះគម្ពីរ និងភាសានៃការបញ្ជូនបន្តរបស់ព្រះសហគមន៍។
១៤-ពេលចាត់ចែងការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍ ត្រូវមានគោលដៅធ្វើឲ្យទស្សនវិជ្ជា និងទេវវិទ្យាមាន ទំនាក់ទំនងគ្នាយ៉ាងស្រួល គឺវិជ្ជាទាំងពីរនោះសហការគ្នា ដើម្បីបើកចិត្តគំនិតនិស្សិតទេវវិទ្យាល័យឲ្យស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តកាន់តែច្បាស់ឡើងៗ។ គម្រោងការដ៏អស្ចារ្យនេះពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តទាំងមូលនៃមនុស្សជាតិ និងនៅតែបន្តតទៅទៀតក្នុងព្រះសហគមន៍ជានិច្ចដែរ ហើយក៏បង្កើតផលជាពិសេស ដោយមុខងារបម្រើរបស់អស់លោកបូជាចារ្យ (ពន្លឺ ៧និង២៨)។
ហេតុនេះហើយបានជាត្រូវចាប់ផ្តើមបង្រៀនវិជ្ជាពិសេសនៃព្រះសហគមន៍ ដោយបង្រៀនសេចក្ដីជាគ្រឹះអស់រយៈពេលដ៏សមគួរ ដើម្បីឲ្យនិស្សិតមានទស្សនៈជាទូទៅ មុនចាប់ផ្តើមទទួលការអប់រំ។ ក្នុងការបង្រៀនសេចក្ដីជាគ្រឹះទូទៅនេះ ត្រូវរៀបរាប់អំពីគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ដើម្បីឲ្យនិស្សិតយល់អំពីអត្ថន័យវិជ្ជាទាំងប៉ុន្មាននៃព្រះសហគមន៍ និងឲ្យគេយល់អំពីលំដាប់លំដោយនៃវិជា្ជទាំងនោះ ព្រមទាំងយល់អំពីគោលដៅនៃការសិក្សាវិជ្ជាទាំងនោះទៀត គឺណែនាំគ្រីស្តបរិស័ទតែម្តង។ នៅពេលជាមួយគ្នានេះ មេរៀនខាងដើមដំបូងនេះ ត្រូវជួយឲ្យគេយកជំនឿធ្វើជាគ្រឹះនៃការរស់នៅទាំងមូលរបស់ខ្លួន គឺឲ្យជំនឿជ្រូតជ្រាបចិត្តគំនិតរបស់គេ។ ដូច្នេះ គេយល់កាន់តែរឹងបឹុងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន គេក៏ស្ម័គ្រចិត្តតបឆ្លើយនឹងព្រះអង្គដោយខ្លួនគេផ្ទាល់ គឺថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គដោយចិត្តរីករាយ។
១៥-ត្រូវបង្រៀនទស្សនវិជ្ជា ក្នុងគោលបំណងចម្បងណែនាំនិស្សិតឲ្យមានចំណេះចេះដឹងយ៉ាងមាំមួនដែលពាក់ព័ន្ធគ្នាអំពីលក្ខណៈមនុស្ស និងអំពីលក្ខណៈពិភពលោក ហើយនិងអំពីព្រះជាម្ចាស់។ និស្សិតបានចំណេះចេះដឹងនោះ ដោយសម្អាង លើបេតិកភ័ណ្ឌនៃទស្សនវិជ្ជា ដែលមានតម្លៃដ៏ថ្លៃថ្នូររហូតតរៀងទៅ។ ប៉ុន្តែ ត្រូវគិតគូរដល់ការស្រាវជ្រាវទំនើបខាងទស្សនវិជ្ជា ជាពិសេសដល់ការស្រាវជ្រាវដែលមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងប្រទេសរបស់និស្សិត។ ត្រូវនឹកគិតដល់ការចម្រើនឡើងថ្មីៗនៃវិទ្យាសាស្រ្តទៀតផង។ ធ្វើដូច្នេះ ទើបនិស្សិតយល់ច្បាស់អំពីមតិមនុស្សនាសម័យបច្ចុប្បន្ន ហើយក៏រៀបចំខ្លួនដើម្បីនឹងនិយាយសន្ទនាជាមួយមនុស្សនាសម័យរបស់គេដែរ។
ត្រូវបង្រៀនប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា ដើម្បីណែនាំឲ្យនិស្សិតស្គាល់គោលការណ៍ជាគ្រឹះនៃទស្សនវិទ្យា នីមួយៗ។ ដូច្នេះគេអាចយកអ្វីៗដែលទសន្សនវិជ្ជាបញ្ជាក់ថាត្រឹមត្រូវពិតប្រាកដនោះ ព្រមទាំងអាចរកឃើញឫសនៃសេចក្តីមិនពិត និងអាចបដិសេធសេចក្ដីមិនពិតទាំងនោះបានផង។
វិធីបង្រៀនត្រូវលើកស្ទួយនិស្សិតឲ្ស្រសឡាញ់សេចក្ដីពិត ដែលត្រូវតែស្វែងរក និងត្រូវពិនិត្យពិច័យ ហើយដែលត្រូវយកភ័ស្តុតាងមកបង្ហាញដោយគ្មានលម្អៀងថែមទៀត។ ប៉ុន្តែត្រូវមានចិត្តសុភាពរាបសាដោយដឹងខ្លួនថា ចំណេះចេះដឹងរបស់មនុស្សមានព្រំដែន។ សូមចាប់អារម្មណ៍យ៉ាងខ្លាំងថា ទស្សនវិជ្ជាក៏មានពាក់ព័ន្ធយ៉ាងស្អិតរមួតនឹងបញ្ហាដ៏ពិតប្រាកដនៃការរស់នៅ និងសំណួរផ្សេងៗដែលចោទឡើងក្នុងចិត្តគំនិតនិស្សិតដែរ។ ត្រូវជួយគេឲ្យឃើញថា ការរិះគិតតាមទស្សនវិជ្ជា ពិតជាទាក់ទិននឹងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះ តែទេវវិទ្យាស្រាវជ្រាវគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះនោះ ដោយយកពន្លឺនៃជំនឿ ជាពន្លឺដ៏ខ្ពង់ខ្ពស់បំផុតមកបំភ្លឺចិត្តគំនិតគេ។
១៦-ត្រូវបង្រៀនទេវវិទ្យាដោយយកពន្លឺចាំងពីជំនឿ មកបំភ្លឺចិត្តគំនិត ក្រោមការណែនាំនៃព្រះសហគមន៍ (ពន្លឺ ២៥)។ ដូច្នេះ និស្សិតមុខជាយោងលទ្ធិកាតូលិកចេញពីព្រះគម្ពីរ ជាសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ សូមឲ្យលទ្ធិនេះជ្រួតជ្រាបយ៉ាងជ្រៅក្នុងចិត្តគំនិតគេ និងយកធ្វើជាអាហារ សម្រាប់ជីវិតរបស់គេតាមព្រះវិញ្ញាណ។ នៅពេលក្រោយ កាលគេបំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាបូជាចារ្យ គេក៏មានលទ្ធភាពអាចប្រកាស រៀបរាប់បកស្រាយ និងរក្សាការពារលទ្ធិនេះទៀតផង។
ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងបង្រៀនព្រះគម្ពីរឲ្យនិស្សិតបានស្គាល់ គឺត្រូវរាប់គម្ពីរនេះទុកដូចជាដួងព្រលឹងនៃទេវវិទ្យាគ្រប់យ៉ាង។ ក្រោយពីបានបង្រៀនសេចក្ដីផ្តើមយ៉ាងសមគួរ ត្រូវណែនាំនិស្សិតឲ្យស្គាល់វិធី វិភាគគម្ពីរយ៉ាងច្បាស់។ គេត្រូវរៀនគោលសំខាន់ៗនៃសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ដោយអាននិងនឹកសញ្ជឹងគិតគម្ពីរជារៀងរាល់ថ្ងៃ គេក៏មានអាហារខាងព្រះវិញ្ញាណដែលលើកស្ទួយគេផងដែរ។
ត្រូវរៀបរាប់ពន្យល់គោលលទ្ធិនៃទេវវិទ្យាតាមលំដាប់លំដោយ គឺមុនដំបូងត្រូវបង្រៀនអំពីគោលសំខាន់ៗនៃព្រះគម្ពីរ។ ក្រោយមក ត្រូវបង្ហាញឲ្យនិស្សិតដឹងអំពីអ្វីៗដែលគ្រូបាធ្យាយទាំងនៅបូព៌ាប្រទេស ទាំងនៅបស្ចិមប្រទេសបានបញ្ជូនបន្តនិងរិះគិតយ៉ាងជ្រៅនិងយ៉ាងស្មោះត្រង់ អំពីសេចក្ដីពិតនីមួយៗ ដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ត្រូវរៀបរាប់ប្រវត្តិនៃលទ្ធិគ្រីស្តសាសនាតាមរបៀបដដែល ទាំងនឹកគិតថាប្រវត្តិសាស្រ្តនៃលទ្ធិគ្រីស្តសាសនា ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តទូទៅនៃព្រះសហគមន៍ដែរ។ បន្ទាប់មក គេត្រូវហាត់ខ្លួនឲ្យរិះគិតអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្គ្រោះកាន់តែជ្រៅទៅៗ និងយល់ថា ព្រឹត្តិការណ៍ទាំងនោះជាប់ទាក់ទងគ្នាយ៉ាងស្រួល ដោយយកសន្តៈថូម៉ាស នៅអាឃីណូ ធ្វើជាគ្រូណែនាំក្នុងការរិះគិតនោះ។ ធ្វើដូច្នេះ ទើបគេអាចបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្គ្រោះ តាមតែមនុស្សអាចរិះគិតបាន។ ត្រូវបង្រៀនគេឲ្យទទួលថា ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះ នៅស្ថិតស្ថេរ និងមានសកម្មភាពក្នុងពិធីគោរពប្រណិប៍តន៍នានា (ពិធី ៧.១៦) ព្រមទាំងក្នុងការរស់នៅនៃព្រះសហគមន៍ទាំងមូលផង។ ត្រូវបង្ហាត់និស្សិតឲ្យដោះស្រាយបញ្ហាមនុស្សលោក តាមពន្លឺនៃសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ គេក៏យកសេចក្ដីពិតដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចទាំងនោះ មកបំភ្លឺសភាពការណ៍របស់នមនុស្សលោក ដែលតែងតែប្រែប្រួលជានិច្ច និងនាំយកសេចក្ដីពិតទាំងនោះតាមរបៀបដែលមនុស្សលោកនាសម័យឥឡូវនេះអាចទទួល និងយល់បាន។
ត្រូវកែសម្រួលមុខវិជ្ជាឯទៀតៗនៃទេវវិទ្យាឲ្យបានថ្មី ដោយនិសិ្សតមានទំនាក់ទំនងកាន់តែរស់រវើកជាមួយគម្រាងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងជាមួយប្រវត្តិសាស្រ្តនៃការសង្គ្រោះ។ ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសធ្វើឲ្យទេវវិទ្យាសីលធម៌កាន់តែប្រសើរឡើងៗ គឺត្រូវរៀបរាប់ទេវវិទ្យាសីលធម៌នេះ តាមរបៀបវិទ្យាសាស្រ្ត ដោយសំអាងយ៉ាងច្រើនលើព្រះគម្ពីរ។ ត្រូវបង្ហាញបញ្ជាក់អំពីតម្លៃដ៏ថ្លៃថ្នូររបស់អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យជឿ និងរួមក្នុងអង្គព្រះគ្រីស្ត ព្រមទាំងអំពីកាតព្វកិច្ចរបស់គេ ឲ្យបង្កបង្កើតផល ដោយសេចក្ដីស្រឡាញ់ដើម្បីឲ្យមនុស្សលោកមានជីវិត។ ស្របជាមួយគ្នានេះ នៅពេលរៀបរាប់អំពីក្បួនច្បាប់ទូទៅនៃព្រះសហគមន៍ និងអំពីប្រវត្តិសាស្រ្តព្រះសហគមន៍ត្រូវនឹកគិតដល់គម្រោងការដ៏អស្ចារ្យនៃព្រះសហគមន៍ ឲ្យបានស្របនឹងធម្មនុញ្ញលទ្ធិ "ពន្លឺបំភ្លឺពិភពលោក" ដែលមហាសន្និបាតនេះបានប្រកាសផ្សាយរួចហើយ។ ត្រូវបង្រៀនអំពីពិធីគោរពប្រណិប៍តន៍ស្របតាមមាត្រាទី១៥ និង១៦ នៃធម្មនុញ្ញពិធីគោរពប្រណិប៍តន៍ ព្រោះត្រូវចាត់ពិធីគោរពប្រណិប៍តន៍ទុកជាប្រភពទីមួយដែលត្រូវការជាងគេ ដើម្បីបង្កើតចិត្តគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធ (ពិធី ១០.១៤.១៥.១៦)។
ដោយយល់ដល់សភាពការណ៍តាមតំបន់នីមួយៗ ត្រូវណែនាំនិស្សិតទេវវិទ្យាល័យឲ្យស្គាល់យ៉ាងច្បាស់អំពី សហគមន៍និងក្រុមជំនុំដែលបែកចេញពីអាសនៈគ្រីស្តទូតសិលា។ ដូច្នេះ គេអាចជួយសហការឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ តាមការបញ្ជានៃមហាសន្និបាតនេះ (បង្រួប១.៩.១០)។
ត្រូវណែនាំនិសិ្សតឲ្យស្គាល់សាសនាឯទៀតៗ ជាពិសេសសាសនាដែលអ្នកស្រុកតែងតែគោរពក្នុងតំបន់នីមួយៗ ដូច្នេះ គេមុខជារកឃើញអ្វីៗដ៏ពិតប្រាកដនិងដ៏ល្អក្នុងសាសនាទាំងនោះ តាមតែព្រះជាម្ចាស់ចាត់ចែងឲ្យមាននោះ។ គេក៏នឹងហាត់ខ្លួនឲ្យឆ្លើយបដិសេធនឹងសេចក្ដីមិនពិត ហើយគេអាចចែកចាយពន្លឺដ៏ពេញលេញនៃសេចក្ដីពិត ជូនដល់អស់អ្នកដែលមិនស្គាល់សេចក្ដីពិតនោះ។
១៧-ការបង្រៀនដ៏ពិតប្រាកដអំពីលទ្ធិគ្រីស្តសាសនា មានគោលដៅហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យយ៉ាងពិតប្រាកដ និងយ៉ាងជ្រៅ មិនគ្រាន់តែណែនាំគេឲ្យស្គាល់ទ្រឹស្តីប៉ុណ្ណោះទេ។ ហេតុនេះហើយបានជា ត្រូវប្រើវិធីតាមគរុកោសល្យ មកចាត់ចែងមេរៀន និងចាត់ចែងការសន្ទនា ហើយចាត់ចែងកិច្ចអនុវត្តន៍ផ្សេងៗ ដើម្បីលើកស្ទួយកិច្ចការរបស់និស្សិត ដែលគេធ្វើខ្លួនឯង ឬតាមក្រុមតូចៗ។ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឲ្យការបង្រៀនទាំងមូលស៊ីសងគ្នា និងមាំមួនទៀត។ ត្រូវជៀសវាងកុំឲ្យមានមុខវិជ្ជា និងមេរៀនច្រើនពេក។ ហេតុនេះត្រូវលះបង់ប្រធានបទដែលឥតបានការ ឬប្រធានបទដែលត្រូវសិក្សានៅមហាវិទ្យាល័យ។
១៨-អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ចាត់យុវជនដែលមានសមត្ថភាព គឺមានសម្បទា និងមានព្រហ្មវិហារធម៌ ហើយមានប្រាជ្ញាឲ្យទៅរៀននៅគ្រឹះស្ថានពិសេស នៅមហាវិទ្យាល័យ និងនៅសកលវិទ្យាល័យ។ ធ្វើដូច្នះ អស់លោកគ្រោងទុកឲ្យមានគង្វាលខ្លះ ដែលបានទទួលការបង្រៀនយ៉ាងជ្រៅបែបវិទ្យាសាស្រ្ត អាចទប់ទល់នឹងសេចក្ដីត្រូវការនៃកិច្ចការជាគ្រីស្តទូត។ លោកគង្វាលទាំងនោះអាចបង្រៀនវិជ្ជាព្រះសហគមន៍ និងវិជ្ជាផ្សេងៗទៀតបាន តាមអស់លោកអភិបាលយល់ឃើញថា គួរបង្រៀននោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនត្រូវអប់រំគេឲ្យរស់នៅតាមព្រះវិញ្ញាណជាចាំបាច់ និងឲ្យចេះណែនាំគ្រីស្តបរិស័ទ ជាពិសេស ប្រសិនបើនិស្សិតដែលទៅរៀនវិទ្យាខ្ពស់ទាំងនោះមិនទាន់ទទួលអគ្គសញ្ញាជាបូជាចារ្យនៅឡើយ។
៦-ការហ្វឹកហ្វឹនពិសេសខាងការណែនាំគ្រីស្តបរិស័ទ
១៩-ការហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យទាំងមូល មានគោលដៅតែមួយ គឺអប់រំគេឲ្យចេះណែនាំគ្រីស្តបរិស័ទ។ ហេតុនេះហើយបានជា ត្រូវបង្រៀននិស្សិតយ៉ាងហ្មត់ចត់អំពីសេចក្ដីទាំងអស់ដែលពាក់ព័ន្ធជាមួយមុខងារបម្រើព្រះសហគមន៍ គឺមានការអប់រំជំនឿនិងអត្ថាធិប្បាយគម្ពីរ មានការគោរពបម្រើព្រះជាម្ចាស់តាមពិធីគោរពប្រណិប៍តន៍និង ធ្វើអគ្គសញ្ញានានាជូនគ្រីស្តបរិស័ទ មានសកម្មភាពមនុស្សធម៌ មានភារកិច្ចទាក់ទងជាមួយអ្នកដែលវង្វេងជំនឿឬដែលគ្មានជំនឿជាដើម ដោយមិនបំភ្លេចបន្ទុកណែនាំឯទៀតៗផងដែរ។ ត្រូវបង្ហាត់គេយ៉ាងហ្មត់ចត់អំពីបចេ្ចកទេសណែនាំគ្រីស្តបរិស័ទតាមព្រះវិញ្ញាណ ដើម្បីឲ្យគេអាចអប់រំបុត្រធីតានៃព្រះសហគមន៍ទាំងអស់ ឲ្យរស់នៅបែបជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ ទាំងដឹងខ្លួនយ៉ាងជាក់ច្បាស់ និងតាមបែបជាគ្រីស្តទូត ព្រមទាំងបំពេញភារកិច្ចផ្ទាល់ ខ្លួនតាមរបៀរស់នៅរបស់គេ។ សូមបង្ហាត់ខ្លួនឲ្យចេះជួយណែនាំបព្វជិតបព្វជិតា ដោយយកចិត្តទុកដាក់បែបដដែលនោះឲ្យរស់នៅបន្តទៅមុខតាមព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលត្រាស់ហៅគាត់ និងឲ្យចម្រើនឡើងតាមគោលដៅនៃគ្រឹះស្ថានផ្សេងៗរបស់គាត់។
ជាទូទៅ ត្រូវបង្ហាត់និសិ្សតទេវវិទ្យាល័យ ឲ្យមានសមត្ថភាពដ៏សំខាន់ជាងគេក្នុងការសន្ទនាជាមួយមនុស្សលោក គឺឲ្យចេះស្តាប់អ្នកដទៃ ឲ្យយល់អំពីលក្ខណៈផ្សេងៗរបស់មនុស្សជាតិ ដោយចិត្តស្រឡាញ់។
២០- នាសម័យយើងនេះ គរុកោសល្យ និងចិត្តសាស្រ្ត ហើយសង្គមសាស្រ្ត បានរកឃើញសេចក្ដីថ្មីៗហើយ។ ត្រូវបង្ហាត់និស្សិតទេវវិទ្យាល័យឲ្យចេះសេចក្ដីថ្មីៗទាំងនោះ យ៉ាងត្រឹមត្រូវនិងស្របតាមសេចក្កីណែនាំរបស់លោកអភិបាល។ធ្វើដូច្នេះ ទើបអ្នកទទួលខុសត្រូវលើទេវវិទ្យាល័យ រៀបចំគេយ៉ាងហ្មត់ចត់ ឲ្យលើកស្ទួយនិងគាំទ្រកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតា (ពន្លឺ ៣៣) ព្រមទាំងឲ្យលើកស្ទួយរបៀបផ្សេងៗនិងកាន់តែស័ក្តិសិទ្ធ នៃកិច្ចការជាគ្រីស្តទូត។ មិនតែប៉ុណ្ណោះ ត្រូវឲ្យចិត្តគំនិតជាគ្រីស្តទូតយ៉ាងពិតប្រាកដ ជ្រួតជ្រាបចូលក្នុងខ្លួនគេ គឺចិត្តគំនិតជាគ្រីស្តទូតនោះនឹងនាំឲ្យគេធ្លាប់គិតហួសពីព្រំដែនភូមិភាគរបស់ខ្លួន ហួសពីព្រំដែនជាតិ និងហួសពីរបៀបរបបនៃពិធីរបស់ខ្លួនដែរ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការនៃព្រះសហគមន៍ទាំងមូល។ ត្រូវឲ្យគេត្រៀមខ្លួនយ៉ាងស្មោះអំពីចិត្ត ចេញទៅប្រកាសដំណឹងល្អរហូតដល់ទីដាច់ស្រយាលនៃពិភពលោក (ពន្លឺ ១៧)។
២១-និស្សិតទេវវិទ្យាល័យត្រូវទទួលការហ្វឹកហ្វឺន មិនគ្រាន់តែដោយរៀនទ្រឹស្តីអំពីកិច្ចជាគ្រីស្តទូតប៉ុណ្ណោះទេ តែត្រូវបង្ហាត់គេឲ្យប្រត្តិបតិតាមដែរ។ ត្រូវឲ្យគេអាចទទួលខុសត្រូវដោយផ្ទាល់ ក្នុងកិច្ចការដែលគេនឹងត្រូវបំពេញដោយសហការជាមួយអ្នកដទៃ។ ហេតុនេះ នៅពេលសិក្សានិងនៅពេលវិស្សមកាល ត្រូវអប់រំគេឲ្យបំពេញកិច្ចណែនាំគ្រីស្តបរិស័ទ បង្កើតបទពិសោធន៍តាមសេចក្តីត្រូវការ។ ត្រូវណែនាំគេឲ្យបំពេញកិច្ចការណែនាំគ្រីស្តបរិស័ទ ដោយការហ្វឹកហ្វឺនស្របតាមសភាពការណ៍។ ត្រូវហ្វឹកហ្វឺនគេតាមវិធីប្រកបដោយរបៀបរៀបរយ ស្របតាមអាយុរបស់និស្សិត និងស្របតាមសភាពការណ៍តំបន់នីមួយៗ ព្រមទាំងស្របតាមការយល់ឃើញដ៏ប្រុងប្រយ័ត្នរបស់អស់លោកអភិបាល។ ត្រូវមានអ្នកជំនាញការខាងវិធីណែនាំចាត់ចែងការហ្វឹកហ្វឺននោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវរំឭកគេជានិច្ចថា មានតែមធ្យោបាយនៃលោកខាងមុខទេ ដែលសំខាន់ជាងគេ។
៧-ការអប់រំអចិន្រៃ្តយ៍ក្រោយការហ្វឹកហ្វឺននៅទេវវិទ្យាល័យ
២២-សូម្បីតែក្រោយពីបូជាចារ្យបានបញ្ចប់ការសិក្សានៅទេវវិទ្យាល័យក្ដី ក៏សភាពការណ៍នៃជីវភាពនៅក្នុងសង្គមទំនើបនេះ បង្ខំយ៉ាងខ្លាំងឲ្យបូជាចារ្យបន្តការអប់រំរបស់ខ្លួនឲ្យកាន់តែពេញលក្ខណៈ។ ហេតុនេះ ក្រុមអភិបាលតាមប្រទេសនីមួយៗ មានភារកិច្ចចាត់ចែងមធ្យោបាយដ៏សមរម្យជាងគេ ស្របតាមសភាពការណ៍ ដើម្បីអប់រំបូជាចារ្យតទៅទៀត។ ឧបមាថា ឲ្យ មានគ្រឹះស្ថានណែនាំ ដែលសហការនឹងព្រះសហគមន៍តាមភូមិនានាដែលគេបានជ្រើសរើសយ៉ាងហ្មត់ចត់ ឲ្យមានការប្រជុំតាមពេលកំណត់ ឲ្យចាត់ចែងការហ្វឹកហ្វឺនស្របតាមសភាពការណ៍ប្រទេស។ ល។ធ្វើដូច្នេះក្រុមបូជាចារ្យថ្មីៗ អាចចាប់ផ្តើមរស់នៅក្នុងឋានៈជាបូជាចារ្យ និងចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូត ក្នុងវិស័យ នៃការរស់នៅតាមព្រះវិញ្ញាណ ក្នុងវិស័យនៃចំណេះចេះដឹង និងក្នុងវិស័យនៃការណែនាំគ្រីស្តបរិស័ទផង។ បន្តិចម្តងៗ ក្រុមបូជាចារ្យថ្មីៗទាំងនោះ មុខជានឹងទទួលសមត្ថភាពប្រែកិច្ចការទាំងនោះឲ្យបានជាថ្មី និងធ្វើឲ្យកិច្ចការទាំងនោះចម្រើនឡើងទៀតផង។
ពាក្យបញ្ចប់
អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតនេះ បន្តកិច្ចការដែលមហាសន្និបាតក្រុងត្រែនតូចាប់ ផ្តើមធ្វើ ហើយសូមផ្ញើទាំងទុកចិត្តឲ្យអស់លោកជាអ្នកណែនាំនិងឲ្យសាស្រ្តាចារ្យនៃទេវវិទ្យាល័យ នូវបន្ទុកហ្វឹកហ្វឺនបូជាចារ្យរបស់ព្រះគ្រីស្តសម្រាប់នៅពេលអនាគត។ សូមអស់លោកអប់រំបូជាចារ្យថ្មីទាំងនោះ ស្របតាមគោលគំនិតមហា សន្និបាត ដែលមានបំណងលើកស្ទួយការកែសម្រួលព្រះសហគមន៍ឲ្យបានថ្មីនោះ។ នៅពេលជាមួយគ្នានេះ សូមដាស់តឿនយ៉ាងខ្លាំងជាទីបំផុត អស់អ្នកដែលត្រៀមខ្លួនទទួលមុខងារបម្រើក្នុងឋានៈជាបូជាចារ្យ ឲ្យដឹងច្បាស់ថា ព្រះសហគមន៍សង្ឃឹមលើអ្នកទាំងនោះ ដើម្បីសង្រ្គោះមនុស្សលោក។ សូមទទួលសេចក្ដីបញ្ជាក្នុងក្រឹត្យក្រមនេះ ដោយ ស្មោះអស់ពីចិត្ត ហើយសូមបង្កើតផលជាច្រើននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រមហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈសិលា ថ្ងៃទី២៨ តុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
ព្រះគ្រីស្តជាអម្ចាស់
CHRISTUS DOMINUS
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
ស្តីអំពីមុខងាររបស់អស់លោកអភិបាលជាគង្វាលក្នុងព្រះសហគមន៍
១-បុព្វកថា
ព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅ ព្រះអង្គយាងមកសង្ត្រោះប្រជារាស្រ្តរបស់ព្រះអង្គឲ្យរួចពីបាប (មថ ១,២១) និងប្រោសឲ្យមនុស្សទាំងអស់បានវិសុទ្ធ។ ព្រះបិតាចាត់ព្រះបុត្រាឲ្យយាងមកយ៉ាងណា ព្រះអង្គក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះអង្គឲ្យទៅយ៉ាងនោះដែរ (យហ ២០,២១)។ ព្រះអង្គក៏ប្រោសគ្រីស្តទូតទាំងនោះឲ្យបានវិសុទ្ធដោយប្រទានព្រះ វិញ្ញាណដ៏វិសុទ្ធឲ្យអស់លោកដែរ។ ដូច្នេះក្រុមគ្រីស្តទូតអាចលើកតម្កើងព្រះបិតានៅលើផែនដី និងនាំការសង្គ្រោះដល់មនុស្សលោក “ដើម្បីកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង” (អភ ៤,១២)។
២-ព្រះគ្រីស្តផ្ញើបេសកកម្មឃ្វាលហ្វូងចៀមនិងកូនច្រៀមរបស់ព្រះអង្គឲ្យគ្រីស្តទូតសិលា។ ហេតុនេះហើយបានជា អភិបាលព្រះសហគមន៍ក្រុងរ៉ូម ក្នុងឋានៈលោកបន្តមុខងារពីគ្រីស្តទូតសិលាមក មានអំណាចដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះសហគមន៍របស់ព្រះគ្រីស្ត តាមការចាត់ចែងរបស់ព្រះជាម្ចាស់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមមានអំណាចពេញលេញ អំណាចចំៗលើគ្រីស្តបរិស័ទ និងអំណាចសកល ដើម្បីថែទាំវិញ្ញាណមនុស្សលោក។ ហេតុនេះហើយបានជាក្នុងឋានៈលោកជាគង្វាលណែនាំគ្រីស្តបរិស័ទទាំងអស់ និងដោយព្រះជាម្ចាស់ចាត់លោកឲ្យរកប្រយោជន៍រួមរបស់ព្រះសហគមន៍សកល និងរកប្រយោជន៍របស់ព្រះសហគមន៍នីមួយៗ លោកជាប្រធានដែលមានអំណាចជាធម្មតាលើព្រះសហគមន៍ទាំងឡាយ។
ព្រះវិញ្ញាណដ៏វិសុទ្ធក៏បានតែងតាំងអស់លោកអភិបាលដែរ។ អស់លោកបន្តមុខងារពីក្រុមគ្រីស្តទូតមកក្នុងឋានៈជាគង្វាលនៃវិញ្ញាណរបស់មនុស្សលោក។ ព្រះគ្រីស្តចាត់អស់លោកឲ្យបន្តព្រះរាជកិច្ចរបស់ព្រះគ្រីស្ត ជាគង្វាលដែលស្ថិតនៅអស់កល្បជានិច្ច ដើម្បីឲ្យព្រះរាជកិច្ចរបស់ព្រះអង្គនោះស្ថិតស្ថេរនៅរហូតតរៀងទៅ។ អស់លោកបំពេញកិច្ចការនេះ រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក។ ព្រះគ្រីស្តប្រទានអំណាចនិងបញ្ជាឲ្យក្រុមគ្រីស្តទូត និងឲ្យអស់លោកដែលបន្តមុខងារពីក្រុមគ្រីស្តទូតទាំងនោះ បង្រៀនមនុស្សគ្រប់ជាតិសាសន៍ និងប្រោសមនុស្សឲ្យបានវិសុទ្ធក្នុងសេចក្តីពិត ព្រមទាំងណែនាំហ្វូងចៀមរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះគ្រីស្តប្រទានព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាឲ្យអស់លោកអភិបាល ដើម្បីតែងតាំងអស់លោកឲ្យធ្វើជាគ្រូបង្រៀនលទ្ធិនៃជំនឿយ៉ាងពិតប្រាកដ និងយ៉ាងត្រឹមត្រូវ និងឲ្យធ្វើជាមហាបូជាចារ្យ និងជាគង្វាលផងដែរ (ពន្លឺ ២១.២៤.២៥)។
៣-ដោយសារអគ្គសញ្ញាតែងតាំង អស់លោកទទួលបន្ទុកជាអភិបាល ហើយរួមគ្នាយកចិត្តទុកដាក់ថែទាំព្រះសហគមន៍ទាំងឡាយ (ពន្លឺ ២១)។ អស់លោកក៏បំពេញបន្ទុករបស់ខ្លួនចំពោះព្រះសហគមន៍សកលរបស់ព្រះជាម្ចាស់ គឺបង្រៀននិងគ្រប់គ្រងព្រះសហគមន៍សកលនេះ ដោយរួបរួមទាំងអស់គ្នាជាក្រុមអភិបាល ដូចជារូបកាយមួយ និងរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក។
លោកអភិបាលម្នាក់ៗបំពេញបន្ទុករបស់ខ្លួន ចំពោះចំណែកនៃហ្វូងចៀមរបស់ព្រះអម្ចាស់ដែលព្រះអង្គបានផ្ញើទុកឲ្យលោកថែរក្សា គឺលោកម្នាក់ៗទទួលបន្ទុកលើព្រះសហគមន៍ដោយឡែក ដែលព្រះអង្គបានផ្ញើទុកមកនោះ ឬលើព្រះសហគមនជាច្រើន។ អស់លោកក៏រួមគ្នាផ្គត់ផ្គង់ដល់តម្រូវការរួមរបស់ព្រះសហគមន៍ឯទៀតដែរ។ ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធ មានបំណងចង់បញ្ជាក់ឲ្យបានច្បាស់នូវបន្ទុកជាគង្វាលរបស់អស់លោកអភិបាល ដោយគិតគូរជាពិសេសដល់សភាពការណ៍នានានៃសហគមន៍មនុស្សនាបច្ចុប្បន្នកាលដែលតែងតែវិវឌ្ឍឡើងៗ បានសម្រេចសេចក្តីដូចតទៅ ៖ ុ
ជំពូក១
ទំនាក់ទំនងរបស់អស់លាកអភិបាល និងព្រះសហគមន៍សកល
១-តួនាទីរបស់អស់លោកអភិបាលចំពោះព្រះសហគមន៍សកល
៤-របៀបក្រុមអភិបាលប្រើអំណាចរួម
អស់លោកអាភិបាលជាសមាជិកនៃក្រុមអភិបាល ដោយអានុភាពនៃអគ្គសញ្ញាតែងតាំង និងដោយការរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាមេដឹកនាំ ហើយដោយរួបរួមជាមួយសមាជិកនៃក្រុមអភិបាលឯទៀតៗតាមលំដាប់លំដោយ (ពន្លឺ ២២)។ “ក្រុមអភិបាលដែលបន្តមុខងារបម្រើពីក្រុមគ្រីស្តទូតមក គឺមុខងារបង្រៀន និងគ្រប់គ្រងក្នុងឋានៈជាគង្វាល (បើនិយាយយ៉ាងប្រសើរជាងក្រុមគ្រីស្តទូតបន្តជីវិតរបស់ខ្លួន ដោយសារក្រុមអភិបាល)។ អស់លោកក៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត និងអំណាចពេញលេញលើព្រះសហគមន៍សកលដែរ លុះត្រាតែក្រុមអភិបាលរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាមេដឹកនាំក្រុមអភិបាលនោះ គឺមិនត្រូវដាច់ពីអភិបាលព្រះសហគមន៍ក្រុងរ៉ូមឡើយ។ ក្រុមអភិបាលអាចប្រើអំណាចនេះបាន លុះត្រាតែអភិបាលព្រះសហគមន៍ក្រុងរ៉ូមយល់ស្រប។”
៉ក្រុមអភិបាលប្រើអំណាចនេះយ៉ាងឱឡារិកនៅពេលអស់លោកប្រជុំគ្នាជាមហាសន្និបាតសកល។” (ពន្លឺ ២២)។ ហេតុនេះហើយបានជាមហាសន្និបាតសម្រេចថា អភិបាលទាំងប៉ុន្មានក្នុងឋានៈអស់លោកជាសមាជិកនៃក្រុមអភិបាល មានសិទ្ធិចូលរួមក្នុងមហាសន្និបាតសកលទាំងអស់គ្នាបាន។
៉អស់លោកអភិបាលដែលរស់នៅលើផែនដីទាំងមូល អាចប្រើអំណាចរួមនេះ រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមបាន លុះត្រាតែអភិបាលព្រះសហគមន៍ក្រុងរ៉ូម ជាមេដឹកនាំក្រុមអភិបាល កោះហៅអស់លោកឲ្យបំពេញការងាររួម ឬយ៉ាងហោចណាស់ លុះត្រាតែលោកយល់ស្របឲ្យអភិបាលដែលខ្ចាត់ខ្ចាយនៅលើផែនដីទាំងមូលបំពេញការងាររួមនេះ ឬសុខចិត្តទទួលស្គាល់នូវសេចក្តីសម្រេចនៃមហាសន្និបាតនោះ ដោយលោកមានសេរីភាពពេញទី ទើបកិច្ចការរបស់អស់លោក ពិតទៅជាកិច្ចរួមនៃក្រុមអភិបាលបាន” (ពន្លឺ ២២)។
៥-ក្រុមប្រឹក្សា ឬសន្និបាតអភិបាល
ត្រូវជ្រើសរើសអភិបាលតាមតំបន់ផ្សេងៗក្នុងពិភពលោក តាមរបៀបនិងតាមសេចក្តីណែនាំដែលអភិបាលព្រះសហគមន៍ក្រុងរ៉ូមបានចាត់ចែងរួចហើយ ឬតាមរបៀបនិងតាមសេចក្តីណែនាំដែលលោកនឹងចាត់ចែងនៅពេលខាងមុខ។ អស់លោកជួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះសហគមន៍ យ៉ាងស័ក្តិសិទ្ធិ ដោយរួមក្នុងក្រុមប្រឹក្សាដែលទទួលឈ្មោះថា “សន្និបាតអភិបាល”។ ដោយសន្និបាតអភិបាលនោះបំពេញការងារក្នុងនាមក្រុមអភិបាលកាតូលិកទាំងមូល សន្និបាតអភិបាលនោះពិតជា សញ្ញាសម្គាល់បញ្ជាក់ថា អស់លោកអភិបាលពិតជារួបរួមគ្នាតាមលំដាប់លំដោយ យកចិត្តទុកដាក់ថែទាំព្រះសហគមន៍សកលមែន (ពន្លឺ ២៣)។
៦-អភិបាលទាំងអស់រួមគ្នាយកចិត្តទុកដាក់ថែរក្សាព្រះសហគមន៍ទាំងឡាយ
អស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតយ៉ាងត្រឹមត្រូវ និងជាសមាជិកនៃក្រុមអភិបាល។ ហេតុនេះ ហើយបានជា អស់លោកត្រូវដឹងថា អស់លោករួបរួមគ្នាជានិច្ច និងត្រូវយកចិត្តទុកដាក់នឹងព្រះសហគមន៍ទាំងឡាយ។ អភិបាលម្នាក់ៗទទួលខុសត្រូវលើព្រះសហគមន៍សកលរួមជាមួយអភិបាលឯទៀតៗ ព្រោះព្រះជាម្ចាស់ចាត់ចែងដូច្នេះហើយ និងតាមភារកិច្ចនៃបន្ទុករបស់ខ្លួនជាគ្រីស្តទូតដែរ។ ជាពិសេស សូមអស់លោកយកចិត្តទុកដាក់នឹងតំបន់ក្នុងពិភពលោក ដែលមិនទាន់ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅឡើយ ឬតំបន់ដែលមានចំនួនគង្វាលតិចពេក បណ្តាលឲ្យគ្រីស្តបរិស័ទឃ្លាតឆ្ងាយពីវិន័យណែនាំការរស់នៅរបស់ខ្លួនជាគ្រីស្តបរិស័ទ និងបាត់បង់ជំនឿទៀតផង។
ហេតុនេះ អស់លោកត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ណែនាំឲ្យគ្រីស្តបរិស័ទទាំងអស់គាំទ្រ និងពង្រីកយ៉ាងក្លៀវក្លានូវកិច្ចការប្រកាសដំណឹងល្អ និងកិច្ចការជាគ្រីស្តទូត។ លើសពីនេះទៅទៀត អស់លោកអភិបាលត្រូវគិតគូរអប់រំគង្វាលដែលមានសមត្ថភាព ហើយសហការី ទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតាឲ្យត្រៀមខ្លួន ទៅបម្រើព្រះសហគមន៍ ឬទៅរស់នៅក្នុងប្រទេសដែលខ្វះគង្វាល។ អស់លោកអភិបាលក៏ត្រូវយកចិត្តទុកដាក់ចាត់លោកគង្វាលខ្លះនៃភូមិភាគរបស់ខ្លួនទៅបម្រើព្រះសហគមន៍ និងភូមិភាគទាំងនោះ ដើម្បីបំពេញមុខងារដ៏សក្ការៈជាបណ្តោះអសន្ន ឬជាអចិន្រៃ្តយ៍ក៏បានដែរ។ ម៉្យាងទៀត ចំពោះការប្រើប្រាស់ធនធានរបស់ព្រះសហគមន៍ អស់លោកអភិបាលមិនត្រូវគិតតែអំពីតម្រូវការនៃភូមិភាគរបស់ខ្លួនប៉ុណ្ណោះទេ តែត្រូវគិតដល់តម្រូវការនៃព្រះសហគមន៍ឯទៀតៗដែរ ព្រោះព្រះសហគមន៍ទាំងនោះក៏ជាចំណែកនៃព្រះសហគមន៍តែមួយគត់របស់ព្រះគ្រីស្ត។ មិនតែប៉ុណ្ណោះ សូមឲ្យអស់លោកអភិបាលចាប់អារម្មណ៍សម្រាលទុក្ខគ្រីស្តបរិស័ទតាមសមត្ថភាពរៀងៗខ្លួន ក្នុងភូមិភាគឯទៀតៗ ឬក្នុងតំបន់ខ្លះ ដែលជួបគ្រោះកាច។
៧-សេចក្តីស្រឡាញ់យ៉ាងសកម្មចំពោះអភិបាលឯទៀតៗដែលត្រូវគេបៀតបៀនធ្វើបាប
លើសពីនេះទៅទៀត សូមឲ្យអស់លោកអភិបាលមានចិត្តស្រឡាញ់អភិបាលដែលត្រូវគេមួលបង្កាច់ ត្រូវគេបៀតបៀនធ្វើបាប ព្រោះតែព្រះគ្រីស្ត គឺអភិបាលដែលត្រូវជាប់ឃុំឃាំង ឬត្រូវគេរារាំងមិនឲ្យបំពេញមុខងារបម្រើរបស់ខ្លួនបាន ។ សូមស៊ូប្តូរស្លាប់រស់យ៉ាងពិតប្រាកដ និងយ៉ាងសកម្មចំពោះអស់លោក ដើម្បីជួយសម្រាលទុក្ខលំបាករបស់អស់លោក ដោយអធិដ្ឋាន និងដោយធ្វើការរួមជាមួយអភិបាលឯទៀតៗផង។
២-ទំនាក់ទំនងរវាងអស់លោកអភិបាលនឹងអាសនៈគ្រីស្តទូតសិលា
៨-អំណាចរបស់អស់លោកអភិបាលក្នុងភូមិភាគរបស់ខ្លួន
ក) ដោយអស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតមក អស់លោកមានអំណាចធម្មតា យ៉ាងពេញលេញ ជាអំណាចផ្ទាល់ និងចំៗលើគ្រីស្តបរិស័ទ គឺមានអំណាចដែលអស់លោកត្រូវការសម្រាប់បំពេញបន្ទុករបស់អស់លោកជាគង្វាលក្នុងភូមិភាគរបស់ខ្លួន។ មានករណីខ្លះ អភិបាលព្រះសហគមន៍ក្រុងរ៉ូមទុកឲ្យលោកសម្រេចដោយខ្លួនលោកផ្ទាល់ ឬដោយអ្នកផ្សេងទៀត។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម មានអំណាចធ្វើដូច្នេះជានិច្ចបាន ក្នុងឋានៈលោកមានបន្ទុកជាគង្វាលសកល។
ខ) អភិបាលភូមិភាគនីមួយៗ មានសិទ្ធិអនុគ្រោះគ្រីស្តបរិស័ទដែលស្ថិតនៅក្រោមអំណាចដ៏ត្រឹមត្រូវរបស់ លោកឲ្យលែងជាចំណុះនៃច្បាប់ទូទៅរបស់ព្រះសហគមន៍បានក្នុងករណីពិសេសមួយ គ្រប់ពេលណាដែលលោកយល់ឃើញថា ការអនុគ្រោះនោះនឹងផ្តល់ផលប្រយោជន៍ខាងវិញ្ញាណដល់គេ លើកលែងក្នុងករណីណាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលកាន់អំណាចដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះសហគមន៍ ទុកយ៉ាងពិសេសឲ្យលោកសម្រេចដោយខ្លួួនលោកផ្ទាល់។
៩-ក្រសួងក្នុងរដ្ឋបាលអភិបាលព្រះសហគមន៍ក្រុងរ៉ូម
អភិបាលព្រះសហគមន៍ក្រុងរូ៉មតែងប្រើក្រសួងនានានៃរដ្ឋបាល ដើម្បីជួយលោកក្នុងកិច្ចប្រើអំណាចរបស់លោកផ្ទាល់លើព្រះសហមន៍សកល ជាអំណាចដ៏ខ្ពង់ខ្ពស់បំផុត ជាអំណាចដ៏ពេញលេញ និងដ៏ចំៗលើគ្រីស្តបរិស័ទ។ ក្រសួងទាំងនោះបំពេញបន្ទុករបស់ខ្លួនក្នុងនាមលោក និងដោយមានអំណាចរបស់លោក ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍នានា និងដើម្បីជួយបម្រើអភិបាលនានាទៀតផង។
ជាយូរឆ្នាំកន្លងមក ក្រសួងទាំងនោះតែងតែជួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមយ៉ាងល្អប្រសើរ និងបានជួយអភិបាលនៃព្រះសហគមន៍នានា។ ប៉ុន្តែ អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាត ប្រាថ្នាចង់ចាត់ចែងក្រសួងទាំងនោះតាមរបៀបថ្មី ស្របតាមតម្រូវការរបស់សម័យឥឡូវនេះ គឺស្របតាមតម្រូវការរបស់ប្រទេស នានា និងតាមតម្រូវការនៃរបៀបរបបផ្សេងៗទៀត។ ជាពិសេសត្រូវចាត់ចែងក្រសួងទាំងនោះ តាមរបៀបថ្មី ចំពោះចំនួនក្រសួង ចំពោះឈ្មោះ ចំពោះសមត្ថភាព ចំពោះវិធីបំពេញការងារ និងចំពោះការរួមសហការជាមួយគ្នាក្នុងកិច្ចការរបស់ខ្លួន។ អស់លោកក៏ប្រាថ្នាថា សូមបញ្ជាក់យ៉ាងច្បាស់ជាងពីមុន អំពីតួនាទីរបស់ទូតនៃអភិបាលព្រះសហគមន៍ក្រុងរូម៉ ដោយគិតគូរដល់មុខងារផ្ទាល់របស់អស់លោកអភិបាលជាគង្វាលផងដែរ។
១០-អំពីសមាជិក និងភ្នាក់ងារក្នុងក្រសួងនានា
លើសពីនេះទៅទៀត នៅសម័យបុរាណ គេតែងតាំងក្រសួងទាំងនោះដើម្បីជាប្រយោជន៍ដល់ព្រះសហ- គមន៍សកល។ ហេតុនេះហើយបានជា អស់លោកអភិបាលប្រាថ្នាចង់ សូមជ្រើសរើសសមាជិក បុគ្គលិក និងទីប្រឹក្សានៃក្រសួងក្រសួងទាំងនោះ ពីតំបន់ផ្សេងៗជាកន្លែងព្រះសហគមន៍ស្ថិតនៅ ប្រសិនបើអាចធ្វើបាន។ សូម្បីតែទូតអភិបាលព្រះសហគមន៍ក្រុងរូ៉ម ក៏ត្រូវជ្រើសរើសពីតំបន់នានាដែរ។ ធ្វើដូច្នេះ ទើបក្រុមគ្រប់គ្រង និងអង្គការមជ្ឈិមនៃព្រះសហគមន៍កាតូលិកយើង មុខជានឹងមានលក្ខណៈសកលប្រាកដមែន។ អស់លោកក៏ប្រាថ្នាចង់សូមឲ្យមានអភិបាល ជាពិសេសអភិបាលភូមិភាគ ធ្វើជាសមាជិកក្នុងក្រសួងទាំងនោះ។ អភិបាលភូមិភាគទាំងនោះអាចនាំមតិ គំនិត បំណងប្រាថ្នា និងតម្រូវការនៃព្រះសហគមន៍ទាំងឡាយ ជូនលោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមឲ្យបានសព្វគ្រប់ជាងពីមុន។
លើសពីនេះទៅទៀត អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតយល់ឃើញថា ក្រសួងទាំងនោះត្រូវស្តាប់គ្រីស្តបរិស័ទធម្មតាឲ្យបានច្រើន គឺគ្រីស្តបរិស័ទដែលល្បីឈ្មោះដោយគុណសម្បត្តិ ដោយចំណេះវិទ្យា និងដោយបទពិសោធន៍របស់គេ ដើម្បីឲ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញតួនាទីរបស់ខ្លួនក្នុងព្រះសហគមន៍។ ធ្វើដូច្នោះ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងមែន។
ជំពូក២
អស់លោកអភិបាល និងព្រះសហគមន៍ដោយឡែក ឬព្រះសហគមន៍ភូមិភាគ
១-អភិបាលភូមិភាគ
១១-ពាក្យ ”ភូមិភាគ” និងតួនាទីរបស់អភិបាលក្នុងភូមិភាគរបស់ខ្លួន
ភូមិភាគជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែលព្រះអង្គផ្ញើទុកឲ្យអភិបាលម្នាក់ធ្វើជាគង្វាល ដោយមានក្រុមគង្វាល ជួយឧបត្ថមផង។ ដូច្នេះ ភូមិភាគជាប់ជាមួយនឹងអភិបាលរបស់ខ្លួនជាគង្វាល។ លោកប្រមែប្រមូលគ្រីស្តបរិស័ទភូមិភាគក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារដំណឹងល្អ និងដោយសារអគ្គសញ្ញាអរព្រះគុណ។ ភូមិភាគជាព្រះសហគមន៍មួយដោយឡែក ដែលមានវត្តមានយ៉ាងពិតប្រាកដ និងមានសកម្មភាពរបស់ព្រះសហគមន៍របស់ព្រះគ្រីស្តតែមួយគត់ គឺព្រះសហគមន៍ដ៏វិសុទ្ធ កាតូលិក និងដែលកាន់ជំនឿតាមក្រុមគ្រីស្តទូតជាគ្រឹះទៀតផង។
ព្រះជាម្ចាស់ផ្ញើឲ្យអភិបាលម្នាក់ៗថែទាំព្រះសហគមន៍មួយដោយឡែក។ លោកថែរក្សាហ្វូងចៀមរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ ក្រោមអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម។ លោកមានមុខងារជាគង្វាលដោយផ្ទាល់ ជាអំណាចធម្មតា ជាអំណាចចំៗលើគ្រីស្តបរិស័ទ គឺលោកបំពេញបន្ទុកបង្រៀនគេ ប្រោសឲ្យគេបានវិសុទ្ធ និងគ្រប់គ្រងទៀតផង។ ក៏ប៉ុន្តែ លោកត្រូវទទួលស្គាល់សិទ្ធិដ៏ត្រឹមត្រូវរបស់អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍បូព៌ាប្រទេស ឬ អំណាចឯទៀតក្នុងព្រះសហគមន៍ តាមលំដាប់លំដោយ (បូព៌ា ៧-១១)។
សូមឲ្យលោកអភិបាលយកចិត្តទុកដាក់បំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូត ក្នុងឋានៈលោកជាសាក្សីរបស់ព្រះគ្រីស្ត នៅចំពោះមុខមនុស្សទាំងអស់។ លោកមិនគ្រាន់តែយកចិត្តទុកដាក់នឹងអស់អ្នកដែលតាមព្រះអង្គម្ចាស់នៃគង្វាលទាំងឡាយប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ដោយស្មោះអំពីចិត្តនឹងអស់អ្នកដែលងាកចេញពីមាគ៌ានៃសេចក្តីពិត ឬដែលមិនស្គាល់ដំណឹងល្អ ឬមិនស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះគ្រីស្ត ដែលសង្គ្រោះមនុស្សលោកទៀតដែរ។ ហេតុនេះហើយបានជាអស់លោកនឹងបំពេញការងាររហូតដល់ពេលមនុស្សទាំងអស់នឹងដើរ “តាមសេចក្ដីសប្បុរស សេចក្ដីសុចរិត និងតាមសេចក្ដីពិតគ្រប់បែបយ៉ាង” ជាស្ថាពរ (អភ ៥,៩)។
១២-បន្ទុកបង្រៀន
ក្នុងពេលបំពេញបន្ទុកបង្រៀន សូមឲ្យអភិបាលទាំងឡាយប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឲ្យមនុស្សលោក។ បន្ទុកនេះសំខាន់ជាងបន្ទុកឯទៀតៗទាំងអស់។ ដោយមានឫទ្ធានុភាពនៃព្រះវិញ្ញាណជួយឧបត្ថមផង សូមអស់លោកហៅមនុស្សឲ្យផ្ញើជីវិតលើព្រះគ្រីស្ត និងសូមគាំទ្រជំនឿដ៏រស់រវើករបស់គេដែរ។ សូមរៀបរាប់គម្រោងការដ៏អស្ចារ្យទាំងមូលរបស់ព្រះគ្រីស្ត គឺសេចក្តីពិតទាំងប៉ុន្មានដែលគេត្រូវតែស្គាល់។ ប្រសិនបើមនុស្ស មិនស្គាល់សេចក្តីពិតទាំងនោះ គេមិនអាចស្គាល់ព្រះគ្រីស្តបានទេ។ អស់លោកត្រូវបង្ហាញមាគ៌ាដែលព្រះជាម្ចាស់បានសម្តែងមក ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងទទួលការសង្គ្រោះដោយបំពេញការនេះ (ពន្លឺ ២៥)។
អស់លោកអភិបាលត្រូវបង្ហាញឲ្យមនុស្សលោកដឹងថា កិច្ចការនៅលើផែនដី និងស្ថាប័នលោកីយ៍សុទ្ធតែបែរតម្រង់ទៅរកការសង្គ្រោះរបស់មនុស្សលោក តាមគម្រោងការរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានអ្វីៗទាំងអស់។ ដូច្នេះកិច្ចការ និងស្ថាប័នទាំងនោះអាចជួយជាខ្លាំងឲ្យកសាងព្រះកាយព្រះគ្រីស្តបាន។
ហេតុនេះ អស់លោកត្រូវបង្រៀនតាមលទ្ធិនៃព្រះសហគមន៍ថា ត្រូវរាប់តម្លៃរបស់បុគ្គលម្នាក់ៗ ត្រូវរាប់តម្លៃនៃសេរីភាពរបស់គេ សូម្បីតែការរស់នៅតាមរូបកាយ ក៏ត្រូវរាប់ទុកថាមានតម្លៃដែរ។ ត្រូវបង្រៀនក្រុមគ្រួសារឲ្យចេះរួមគ្នាជាធ្លុងតែមួយឲ្យនៅស្ថិតស្ថេរ ឲ្យបន្តពូជ និងអប់រំកូន។ ត្រូវបង្រៀនអំពីសង្គមនិង រដ្ឋអំណាច ដែលមានច្បាប់និងអំពីមុខងារផ្ទាល់ផ្សេងៗ អំពីការនឿយហត់និងអំពីការលំហែកាយ អំពីសិល្បៈនិងបចេ្ចកទេស អំពីភាពក្រីក្រនិងភាពសម្បូរហូរហៀរទៀត។ អស់លោកត្រូវរៀបរាប់អំពីរបៀបដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរបំផុត គឺអំពីការកាន់កាប់ទ្រព្យសម្បត្តិ អំពីរបៀបទ្រព្យសម្បត្តិទាំងនោះចម្រើនឡើង និងអំពីការចែករំលែកទ្រព្យសម្បត្តិតាមយុត្តិធម៌។ ត្រូវរៀបរាប់អំពីសន្តិភាពនិងសង្រ្គាម អំពីប្រជាជាតិទាំងឡាយរួបរួមគ្នាជាសហគមន៍តែមួយ ដែលសុទ្ធតែជាបងប្អូន។
១៣-របៀបរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនគេ
អស់លោកអភិបាលត្រូវរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនមនុស្សលោកតាមរបៀបស្របនឹងតម្រូវការនៃពេលវេលា គឺដោយមានបំណងចង់តបឆ្លើយនឹងការពិបាក និងបញ្ហាដែលបណ្តាលឲ្យមនុស្សតប់ប្រមល់យ៉ាងខ្លាំង។ អស់លោកត្រូវយកចិត្តទុកដាក់រក្សាការពារលទ្ធិនោះ ទាំងបង្ហាត់ឲ្យគ្រីស្តបរិស័ទចេះការពារ និងផ្សព្វផ្សាយលទ្ធិនោះទៀតផង។ នៅពេលបញ្ចូនបន្តលទ្ធិនោះ ត្រូវសម្តែងសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ជាមាតាមកមនុស្សទាំងអស់ ទោះជាគ្រីស្តបរិស័ទ មិនគ្រីស្តបរិស័ទក្តី។ សូមចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកក្រីក្រ និងអ្នកតូចតាច ព្រោះព្រះអម្ចាស់ចាត់អស់លោកឲ្យទៅប្រកាសដំណឹងល្អដល់អ្នកទាំងនោះ។
ព្រះសហគមន៍មានភារកិច្ចនិយាយសន្ទនាជាមួយសង្គមមនុស្ស ជាកន្លែងព្រះសហគមន៍រស់នៅ។ ហេតុនេះ អស់លោកអភិបាលមានបន្ទុកជាចម្បងទៅរកមនុស្ស ហើយសូមសន្ទនាជាមួយ ហើយលើកស្ទួយការសន្ទនានោះទៀតផង។ ប្រសិនបើអស់លោកចង់ឲ្យសេចក្តីពិតនិងសេចក្តីស្រឡញ់ ប្រាជ្ញានិងការរាប់អាន ជាប់ជាមួយគ្នាជានិច្ចក្នុងការសន្ទនាដែលសង្គ្រោះគេនោះ អស់លោកត្រូវនិយាយតាមរបៀបប្លែកពីការសន្ទនាធម្មតា គឺត្រូវនិយាយយ៉ាងច្បាស់ ទាំងមានចិត្តសុភាពរាបសា និងចិត្តមេត្តាការុណា ហើយប្រុងប្រយ័ត្នយ៉ាងសមគួរ ទាំងទុកចិត្តគេផង។ ការទុកចិត្តនេះជួយនាំការរាប់អានគ្នា និងតាមធម្មតាបណ្តោយឲ្យមនុស្សរួបរួមដោយមានចិត្តគំនិតតែមួយផង។
លោកអភិបាលត្រូវប្រើមធ្យោបាយផ្សេងៗដែលព្រះសហគមន៍អាចប្រើប្រាស់សព្វថ្ងៃបាន ដើម្បីប្រកាសលទ្ធិនៃគ្រីស្តសាសនា។ មុនអ្វីៗទាំងអស់ ត្រូវធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងត្រូវអប់រំជំនឿ ជាកិច្ចការដែលសំខាន់ជាងគេ។ ត្រូវរៀបរាប់ពន្យល់លទ្ធិនៃគ្រីស្តសាសនានៅក្នុងសាលា និងក្នុងមហាវិទ្យាល័យដោយធ្វើសន្និសិទ្ធិ និងប្រជុំគ្រប់យ៉ាង។ មិនតែប៉ុណ្ណោះ ក្នុងឱកាសខ្លះ គឺពេលកើតព្រឹត្តិការណ៍សំខាន់ៗ ត្រូវផ្សព្វផ្សាយសេចក្តីប្រកាសជាសាធារណៈទៀតដែរ។ ត្រូវប្រើកាសែត និងមធ្យោបាយផ្សេងៗនៃទូរគមនាគមន៍ក្នុងសង្គម ដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឲ្យបានទូលំទូលាយ (ទរ)។
១៤-ការអប់រំជំនឿ
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់អប់រំជំនឿរបស់ក្មេងៗ កូនជំទង់ យុវជនយុវនារី សូម្បីតែមនុស្សពេញវ័យក៏ត្រូវអប់រំជំនឿរបស់គេដែរ ក្នុងគោលបំណងឲ្យមនុស្សមានជំនឿរស់រវើក មានជំនឿជាក់ច្បាស់ និងជំនឿដែលបង្កើតផល។ ត្រូវយកលទ្ធិនៃគ្រីស្តសាសនាមកបំភ្លឺជំនឿនេះទៀតផង។ ត្រូវបង្រៀនតាមលំដាប់លំដោយ និងដោយប្រើវិធីដែលមិនគ្រាន់តែស្របតាមប្រធានបទប៉ុណ្ណោះទេ តែស្របតាមបុគ្គលិកលក្ខណៈ តាមទេពកោសល្យ តាមអាយុ និងតាមសភាពការណ៍ជីវភាពរបស់អ្នកស្តាប់ថែមទៀតដែរ។ ត្រូវបង្រៀនគេដោយយកគម្ពីរ យកសេចក្តីបញ្ជូនបន្ត ក្បួន ការបង្រៀននៃការណែនាំព្រះសហគមន៍ និងការរស់នៅរបស់ព្រះសហគមន៍ជាមូល ដ្ឋាន។ លើសពីនេះទៅទៀត អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ឲ្យអ្នកអប់រំជំនឿ ទទួលការអប់រំយ៉ាងល្អត្រឹមត្រូវ និងមានសមត្ថភាពអាចបំពេញបន្ទុករបស់ខ្លួនបាន។ ត្រូវឲ្យអ្នកអប់រំជំនឿទាំងនោះស្គាល់លទ្ធិនៃព្រះសហគមន៍យ៉ាងច្បាស់ ហើយរៀនចិត្តសាស្ត្រ និងរៀនទ្រឹស្តីនៃក្បួនគរុកោសល្យ ហើយធ្វើការអនុវត្តន៍តាមថែមទៀត។
អស់លោកអភិបាលក៏ត្រូវខិតខំតែងតាំងការអប់រំជំនឿមនុស្សពេញវ័យតាមដំណាក់កាលឡើងវិញ ហើយក៏ ត្រូវសម្រួលការអប់រំនេះតាមតម្រូវការដែរ។
១៥-អស់លោកអភិបាលទទួលបន្ទុកប្រោសឲ្យមនុស្សបានវិសុទ្ធ
អស់លោកអភិបាលទទួលបន្ទុកប្រោសឲ្យមនុស្សបានវិសុទ្ធ។ ពេលបំពេញបន្ទុកនោះ អស់លោកត្រូវនឹកចង ចាំថា ព្រះជាម្ចាស់បាន “ជ្រើសរើសអស់លោកពីក្នុងចំណោមមនុស្ស ហើយតែងតាំងអស់លោកសម្រាប់ទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះគេឲ្យរួចពីបាប ៉។ (ហប ៥,១)។ អស់លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលេញ។ អស់លោកគង្វាល និងឧបដ្ឋាក អាចប្រើអំណាចរបស់ខ្លួនបាន លុះត្រាតែអស់លោកភ្ជាប់ជាមួយអស់លោកអភិបាលប៉ុណ្ណោះ។ អស់លោកគង្វាល ត្រូវបានប្រសិទ្ធិជាគង្វាលដ៏ពិតប្រាកដនៃសម្ពន្ធមេត្រីថ្មី ដើម្បីឲ្យទៅជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាល។ រីឯអស់លោកឧបដ្ឋាកវិញ ត្រូវបានតែងតាំងដើម្បីបម្រើព្រះសហគមន៍ គឺបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ទាំងរួបរួមជាមួយលោកអភិបាលនិងជាមួយក្រុមគង្វាល។ ហេតុនេះហើយបានជាអស់លោកអភិបាលពិតជាអ្នកដ៏សំខាន់ជាងគេ ក្នុងការចែកចាយគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហាក់ដូចជាអ្នកចាត់ចែង ជាអ្នកលើកស្ទួយ ជាអ្នកថែរក្សាទុកពីធីបុណ្យទាំងមូលឲ្យមានជីវិតរស់រវើកក្នុងព្រះសហគមន៍ដែលព្រះជាម្ចាស់បានផ្ញើទុកមកលោក (ពីធី)។
ហេតុនេះ អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឲ្យស្គាល់គម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្តសោយទិវង្គត និងមានព្រះជនថ្មីដ៏រុងរឿង និងទទួលជីវិតពីគម្រោងការនោះដោយសារអគ្គសញ្ញាអរព្រះគុណ ដើម្បីឲ្យគេត្រឡប់ទៅជាព្រះកាយតែមួយគត់ ភ្ជាប់រួមជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជាចំណង។ អស់លោកអភិបាលដែលព្យាយាម "គិតតែពីអធិដ្ឋាន និងបម្រើព្រះបន្ទូល" (កក ៦,៤) លោកត្រូវខិតខំធ្វើឲ្យអស់អ្នកដែលនៅក្នុងបន្ទុក មានចិត្តគំនិតព្យាយាមអធិដ្ឋានដែរ (កក ១,១៤ និង ២,៤៦)។ ដោយគ្រីស្តបរិស័ទទាំងនោះទទួលអគ្គសញ្ញានានា ព្រះជាម្ចាស់ប្រោសប្រណីដល់គេកាន់តែច្រើនឡើង ហើយគេអាចទៅជាសាក្សីដ៏ស្មោះត្រង់ថ្វាយព្រះអម្ចាស់។
អស់លោកអភិបាលជាគ្រូណែនាំគ្រីស្តបរិស័ទឲ្យបានពេញលក្ខណៈ។ ហេតុនេះ អស់លោកត្រូវខិតខំឲ្យក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង អស់បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាកាន់តែវិសុទ្ធឡើងៗ គឺម្នាក់ៗតាមបែបបទ ដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យគេរស់នៅ (ពន្លឺ ៤៤-៤៥)។ តែអស់លោកត្រូវនឹកចងចាំថា អស់លោកមានភារកិច្ចធ្វើជាគំរូអំពីភាពដ៏វិសុទ្ធនេះ ដោយមានចិត្តស្រឡាញ់ និងរស់នៅយ៉ាងសុភាពរាបសា។ សូមអស់លោកប្រោសឲ្យព្រះសហគមន៍ដែលព្រះជាម្ចាស់បានផ្ញើទុកមកលោក បានវិសុទ្ធ ដើម្បីឲ្យមនោសញ្ចេតនានៃព្រះសហគមន៍សកលរបស់ព្រះគ្រីស្ត លេចចេញមកយ៉ាងច្បាស់ក្នុងព្រះសហគមន៍ដែលនៅក្នុងបន្ទុករបស់លោក។ ដោយមានចិត្តគំនិតបែបនេះ សូមអស់លោកជួយលើកស្ទួយអស់អ្នកដែលឲ្យព្រះជាម្ចាស់ត្រាស់ហៅឲ្យធ្វើជាគង្វាល និងទៅជាបព្វជិតបព្វជិតា ជាពិសេសឲ្យទៅជាសាសនទូតទៀតផង។
១៦-អស់លោកអភិបាលមានបន្ទុកគ្រប់គ្រងនិងឃ្វាលណែនាំ
អស់លោកអភិបាលមានបន្ទុកធ្វើជាឪពុកនិងគង្វាល។ ពេលបំពេញបន្ទុកនេះ សូមឲ្យអស់លោករស់នៅ កណ្តាលប្រជាជនរបស់ខ្លួន ទុកជាអ្នកបម្រើ (លក ២២,២៦-២៧) ទុកជាគង្វាលដ៏ល្អដែលស្គាល់ចៀមរបស់ខ្លួន ហើយដែលចៀមស្គាល់ដែរ។ សូមឲ្យអស់លោកទៅជាឪពុកដ៏ពិតប្រាកដ ដែលមនុស្សគោរព ដោយអស់លោកមានចិត្តស្រឡាញ់និងមានចិត្តទូលំទូលាយចំពោះមនុស្សទាំងអស់។ សូមឲ្យមនុស្សទាំងអស់ទទួលស្គាល់អំណាចរបស់អស់លោក ទុកជាអំណាចមកពីព្រះជាម្ចាស់ ទាំងអរព្រះគុណផង។ អស់លោកអភិបាលត្រូវប្រមែប្រមូលមហាគ្រួសារនៃហ្វូងចៀមទាំងមូលរបស់ខ្លួន និងផ្តល់ឲ្យមហាគ្រួសារនោះមានជីវិតរស់រវើក។ ដូច្នេះគ្រីស្តបរិស័ទទាំងអស់មុខជានឹងភ្ញាក់សា្មរតីដឹងអំពីភារកិច្ចរបស់ខ្លួន និងរស់នៅហើយប្រព្រឹត្តកិច្ចការនានា ទាំងរួបរួមគ្នាដោយសេចក្តីស្រឡាញ់។
អស់លោកអភិបាលដែល "ប្រុងខ្លួនសម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង" (២ ធម ២,២១) និង "សុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដោយយល់ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស" (២ធម ២,១០) ត្រូវរស់នៅឲ្យបានស្របតាមតម្រូវការនៃសម័យរបស់ខ្លួន ទើបអស់លោកមានសមត្ថភាពយ៉ាងពិតប្រាកដអាចបំពេញបន្ទុកនេះបាន។ សូមឲ្យអស់លោកអភិបាលស្រឡាញ់គង្វាល យ៉ាងពិសេស ព្រោះគង្វាល បំពេញបន្ទុករបស់អស់លោកមួយចំណែក និងរួមកង្វល់របស់អស់លោក ហើយបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការនេះជារៀងរាល់ថ្ងៃ។ ត្រូវរាប់អស់លោកគង្វាលទុកជាកូន និងទុកជាមិត្តសម្លាញ់ (យហ ១៥,១៥) ត្រូវប្រុងស្តាប់គេជានិច្ច មានទំនាក់ទំនងជាមួយគេទាំងទុកចិត្ត។ ធ្វើដូច្នេះ អស់លោកមុខជានឹងលើកស្ទួយកិច្ចការជាគង្វាលរួម និងណែនាំភូមិភាគទាំងមូល។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់នឹងសភាពការណ៍របស់អស់លោកគង្វាល របស់ខ្លួនខាងផ្លូវ វិញ្ញាណ ខាងចំណេះចេះដឹង និងខាងសេដ្ឋកិច្ច ដើម្បីឲ្យលោកគង្វាលមានលទ្ធភាពអាចរស់នៅតាមរបៀបដ៏វិសុទ្ធ និងដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ ព្រមទាំងអាចបំពេញមុខងារបម្រើរបស់ខ្លួនដោយចិត្តស្មោះ និងទាំងបង្កើតផលផង។ ហេតុនេះហើយបានជាអស់លោកអភិបាលត្រូវជួយស្ថាប័ន និងចាត់ចែងប្រជុំពិសេស ដើម្បី ផ្តល់ឱកាសឲ្យអស់លោកគង្វាលរួបរួមគ្នាយូរៗម្តង។ ត្រូវចាត់ចែងសំណាក់ធម៌យ៉ាងវែងបន្តិច ដែល អាចផ្លាស់ប្រែការរស់នៅរបស់អស់លោកឲ្យបានជាថ្មី។ ត្រូវចាត់ចែងឲ្យគង្វាល រៀនវិទ្យាព្រះសហគមន៍ឲ្យកាន់តែសីុជម្រៅទៅៗ ជាពិសេសរៀនព្រះគម្ពីរ និងទេវវិទ្យា សិក្សាបញ្ហាសំខាន់ៗក្នុងសង្គម និងវិធីថ្មីក្នុងមុខងារជាគង្វាលទៀតផង។ អស់លោកអភិបាលត្រូវមានចិត្តមេត្តាយ៉ាងសកម្មចំពោះលោកគង្វាលណាដែលជួបប្រទះ គ្រោះកាច ទោះជាគ្រោះកាចណាក៏ដោយ ឬលោកគង្វាលដែលភ្លាត់ត្រង់ចំណុចណាមួយក៏ដោយដែរ។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្គាល់តម្រូវការរបស់គ្រីស្តបរិស័ទ តាមសភាពការណ៍សង្គមដែលគេរស់នៅ ដើម្បីជួយផ្គត់ផ្គង់គេម្នាក់ៗ ស្របតាមសភាពការណ៍រៀងៗខ្លួន។ ត្រូវប្រើវិធីយ៉ាងសមគួរដើម្បីសិក្សាអំពីតម្រូវការទាំងនោះ ជាពិសេសត្រូវធ្វើអង្កេតសើុបសួររកពត៌មានក្នុងសង្គម។ អស់លោកត្រូវចាប់អារម្មណ៍នឹងមនុស្សទាំងអស់ ទោះបីគេស្ថិតនៅក្នុងវ័យណាក្តី សភាពការណ៍ក្នុងសង្គមណាក្តី ប្រទេសណាក្តី ជាអ្នកកើតក្នុងស្រុកឬជាជនបរទេសក្តី ឬជាអ្នកធ្វើដំណើរក្តី។ ពេលអស់លោកសម្ដែងសេចក្តីស្រឡា្ញញ់ក្នុងការណែនាំនោះ សូមអស់លោកចាត់ចែងឲ្យគ្រីស្តបរិស័ទមានចំណែករបស់គេក្នុងកិច្ចការរបស់ព្រះសហគមន៍។ សូមអស់លោកទទួលស្គាល់ថា គេមានភារកិច្ច និងសិទ្ធិធ្វើការយ៉ាងសកម្មក្នុងការសាងសង់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។
អស់លោកអភិបាលត្រូវគិតគូរយ៉ាងពិសេសដល់បងប្អូនដែលបែកចេញពីព្រះសហគមន៍កាតូលិកយើង ទាំងទូន្មានឲ្យគ្រីស្តបរិស័ទកាតូលិករាប់រកគេដោយមនុស្សធម៌ និងដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង។ សូមលើក ទឹកចិត្តគ្រីស្តបរិស័ទកាតូលិកឲ្យចូលក្នុងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ តាមគោលគំនិតនៃព្រះសហគមន៍ (បង្រួប)។ អស់លោកក៏ត្រូវស្រឡាញ់អ្នកដែលមិនបានទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងខ្លាំងដែរ ដើម្បីឲ្យពន្លឺនៃព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តយេស៊ូចាំងលើគេ ព្រោះ អស់លោកអភិបាលជាសាក្សីថ្វាយព្រះអង្គនៅចំពោះមុខមនុស្សទាំងអស់។
១៧-របៀបបំពេញកិច្ចជាគ្រីស្តទូត
ត្រូវជួយលើកទឹកចិត្តគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗ។ ក្នុងភូមិភាគទាំងប៉ុន្មាន និងក្នុងតំបន់ពិសេសនានា ត្រូវជួយឲ្យគ្រីស្តបរិស័ទទាំងអស់ដែលបំពេញកិច្ចការជាគ្រីស្តទូត រួមសហការគ្នាកាន់តែជិតស្និទ និងកាន់តែខ្លាំងឡើងៗ ក្រោមការណែនាំរបស់លោកអភិបាល។ ដូច្នេះ កិច្ចការអ្វីៗដែលគេចាប់ផ្តើមធ្វើ និងស្ថាប័ននានា គឺការអប់រំជំនឿ ការប្រកាសដំណឹងល្អ កិច្ចការខាងមនុស្សធម៌ សង្គមកិច្ច ការបង្រៀនសិស្ស និងកិច្ចការជាគង្វាលណែនាំគ្រីស្តបរិស័ទតាមបែបផ្សេងៗឯទៀត មុខជានឹងរួមសហការគ្នាពុំខាន។ ដូច្នេះ ភូមិភាគសម្តែងឲ្យកាន់តែច្បាស់ថា ខ្លួនរួបរួមជាធ្លុងតែមួយមែន។
ត្រូវគូសសង្កត់ជាខ្លាំងថា គ្រីស្តបរិសទមានភារកិ្ចបំពេញកិច្ចការជាគ្រីស្តទូត គឺម្នាក់ៗតាមសភាពការណ៍ និង តាមទេពកោសល្យរៀងៗខ្លួន។ ហេតុនេះត្រូវទូន្មានគេឲ្យចូលរួមនិងជួយសកម្មភាពផ្សេងៗក្នុងកិច្ចការរបស់គ្រីស្តបរិស័ទធម្មតាក្នុងឋានៈជាគ្រីស្តទូត ជាពិសេសចូលរួមនិងជួយសកម្មភាពកាតូលិក។ អស់លោកអភិបាលក៏ត្រូវលើកស្ទួយនិងជួយគាំទ្រសមាគមដែលមានទិសដៅទៅលោកខាងមុខ ទោះបីគេបញ្ជាក់គោលដៅនេះយ៉ាងចំៗក្តី ឬមិនចំៗក្តី។ សមាគមទាំងនោះតែងតែខិតខំរស់នៅកាន់តែពេញលក្ខណៈ ឬប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដល់មនុស្សទាំងអស់ ឬផ្សព្វផ្សាយលទ្ធិនៃគ្រីស្តសាសនា ឬធ្វើឲ្យពីធីបុណ្យចម្រើនឡើងជាសាធារណៈ ឬមានគោលដៅខាងសង្គម ឬបំពញកិច្ចគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងកិច្ចការមនុស្សធម៌។ ល។ និង។ ល។
កិច្ចការជាគ្រីស្តទូតទាំងប៉ុន្មាន ត្រូវសមស្របយ៉ាងច្បាស់តាមតម្រូវការនាបច្ចុប្បន្នកាល មិនត្រឹមតែដោយគិតគូរដល់សភាពការណ៍ខាងវិញ្ញាណ និងខាងសីលធម៌ប៉ុណ្ណោះទេ តែត្រូវគិតគូរដល់សភាពការណ៍ក្នុងសង្គម និងដល់សភាពការណ៍នៃប្រជាសាស្រ្ត ហើយនិងសភាពការណ៍សេដ្ឋកិច្ចទៀតផង។ ត្រូវប្រើសេចក្តីរាយការណ៍របស់អ្នកជំនាញការខាងសង្គមវិទ្យាណែនាំ និងខាងសង្គមសាស្រ្តសាសនា ដែលអាចជួយយ៉ាងសកម្មឲ្យស្គាល់តម្រូវការតាមរបៀបដែលមានប្រយោជន៍។ ហេតុនេះ មហាសន្និបាតទូន្មានយ៉ាងខ្លាំងឲ្យធ្វើអង្កេតទាំងនោះ។
១៨-អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្រឡាញ់ក្រុមពិសេសខ្លះ
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះក្រុមគ្រីស្តបរិស័ទខ្លះ ដែលរស់នៅតាមសភាពការណ៍មួយ ដែលបណ្តាលឲ្យលោកគង្វាល ទទួលខុសត្រូវលើសហគមន៍នានា មិនអាចបម្រើគេជាធម្មតាទូទៅឲ្យបានគ្រប់គ្រាន់ទេ ឬមិនអាចបម្រើគេទាល់តែសោះ គឺមានអន្តោប្រវេសន៍ថ្មីៗ ជនដែលត្រូវគេនិរទេស ជនភៀសខ្លួន ពួកនាវិក និងអ្នកបើកយន្តហោះ ពនេចរ និងក្រុមមនុស្សប្រភេទដូចគ្នា។ អភិបាលត្រូវជួយពង្រីកវិធីឃ្វាលណែនាំគ្រីស្តបរិស័ទយ៉ាងស្របតាមសភាពការណ៍ ដើម្បីជួយគាំទ្រជីវិតខាងវិញ្ញាណរបស់អស់អ្នកដែលទៅកាន់ប្រទេសដទៃមួយ រយៈ ពេល ដើម្បីលំហែកាយ។
ក្រុមអភិបាល ជាពិសេសក្រុមអភិបាលតាមប្រទេសនីមួយៗ ត្រូវសិក្សាយ៉ាងហ្មត់ចត់នូវបញ្ហាជាបន្ទាន់ជាង គេ ដែលពាក់ព័ន្ធនឹងក្រុមគ្រីស្តបរិស័ទទាំងនោះ។ ត្រូវផ្គត់ផ្គង់ថែទាំគ្រីស្តបរិស័ទទាំងនោះតាមផ្លូវវិញ្ញាណ ស្របតាមអស់លោកអាចធ្វើបាន ដោយប្រើវិធីនិងស្ថាប័នស្របតាមតម្រូវការរបស់គេ និងដោយគ្រីស្តបរិស័ទខិតខំប្រឹងប្រែងទាំងអស់គ្នា។ ក្នុងករណីនេះ ត្រូវនឹកគិតដល់សេចក្តីណែនាំនិងវិន័យដែលអាសនៈនៃគ្រីស្តទូតសិលាបានចាត់ចែងរួចហើយ ឬ ដែលអាសនៈនៃគ្រីស្តទូតសិលាត្រូវចាត់ចែងនៅពេលខាងមុខទៀតផង។ ប៉ុន្តែ ត្រូវសម្រួលសេចក្តីណែនាំនិងវិន័យទាំងនោះស្របតាមសភាពការណ៍នៃកាលៈទេសៈនៃទីកន្លែង និងរបស់មនុស្សទៀតដែរ។
១៩-អស់លោកអភិបាលមានសេរីភាព និងទំនាក់ទំនងរបស់អស់លោកជាមួយរដ្ឋអំណាច
អស់លោកអភិបាលមានសេរីភាពពេញទី និងពេញលក្ខណៈ មិនចំណុះនឹងរដ្ឋអំណាចណាមួយឡើយ ដើម្បីឲ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួនជាគ្រីស្តទូតបាន ដែលមានទិសដៅសង្គ្រោះវិញ្ញាណមនុស្ស។ ហេតុនេះ គ្មាននរណាមានសិទ្ធិឃាត់អស់លោកដោយចំៗក្តី ឬដោយបញ្ឆិតបញ្ឆៀងក្តី មិនឲ្យបំពេញមុខងាររបស់ខ្លួនក្នុងព្រះសហគមន៍ ឬហាមអស់លោកមិនឲ្យទាក់ទងជាមួយអាសនៈរបស់គ្រីស្តទូតសិលាដោយសេរី ឬជាមួយអំណាចឯទៀតៗ ក្នុងព្រះសហគមន៍ ឬជាមួយអ្នកដែលនៅក្រោមបញ្ជារបស់អស់លោកទៀតផង។
តាមពិត ដោយអស់លោកយកចិត្តទុកដាក់ថែរក្សាហ្វូងរបស់ខ្លួនតាមវិញ្ញាណ អស់លោកក៏ជួយឲ្យសង្គមចម្រើនឡើង និងឲ្យមនុស្សបានសុភមង្គលដែរ គឺអស់លោកប្រើអំណាចផ្ទាល់តាមបន្ទុករបស់ខ្លួន និងសមនឹងឋានៈរបស់ខ្លួនជាអភិបាល ក៏រួមសហការជាមួយរដ្ឋអំណាចក្នុងគោលបំណងឲ្យសង្គមចម្រើនឡើង គឺអស់លោកទូន្មានឲ្យគ្រីស្តបរិស័ទប្រតិបត្តិតាមច្បាប់ដ៏ត្រឹមត្រូវ និងគោរពរដ្ឋអំណាចតែងតាំងស្របតាមច្បាប់។
២០-សេរីភាពក្នុងការតែងតាំងអភិបាល
ព្រះគ្រីស្តជាអម្ចាស់តែងតាំងអស់លោកអភិបាលឲ្យមានបន្ទុកជាគ្រីស្តទូត អស់លោកក៏មានគោលដៅខាង វិញ្ញាណជាទិសដៅនៅលោកខាងមុខ។ ហេតុនេះ មហាសន្និបាតសកលដ៏វិសុទ្ធនេះប្រកាសថា មានតែអំណាចដែល មានសមត្ថកិច្ចក្នុងព្រះសហគមន៍ប៉ុណ្ណោះទេ មានសិទ្ធិតែងតាំងអភិបាលបាន។ សិទ្ធិនោះជាសិទ្ធិផ្ទាល់របស់អំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍ គ្មាននរណាមានសិទ្ធិនោះទាល់តែសោះ។
ហេតុនេះហើយបានជាមហាសន្និបាតមានបំណងប្រាថ្នាថា នៅពេលអនាគត កុំបណ្តោយឲ្យរដ្ឋអំណាចមានសិទ្ធិ ឬឯកសិទ្ធិជ្រើសរើស ឬតែងតាំង ឬបង្ហាញឈ្មោះ ឬដាក់ឈ្មោះនរណាឲ្យទទួលបន្ទុកជាអភិបាលឡើយ។ ធ្វើដូច្នេះ មហាសន្និបាតការពារសិទ្ធិសេរីភាពរបស់ព្រះសហគមន៍យ៉ាងត្រឹមត្រូវ និងជួយជាប្រយោជន៍ដល់គ្រីស្តបរិស័ទស្របតាមជំនឿ និងងាយស្រួលប្រតិបត្តិ។ មហាសន្និបាតទទួលស្គាល់វិធានការរបស់រដ្ឋអំណាចខ្លះចំពោះព្រះសហគមន៍ និងរាប់រកវិធានការទាំងនោះទុកជាមានតម្លៃ ទាំងអរគុណផង។ ប៉ុន្តែមហាសន្និបាតសូមជម្រាប រដ្ឋអំណាចដោយគោរពជាទីបំផុតថា សូមឲ្យរដ្ឋអំណាចទាំងនោះ លែងទាមទារសិទ្ធិ និងឯកសទ្ធិដែលខ្លួនមានតាមកិច្ចព្រមព្រៀង ឬតាមប្រពៃណីស្រុកទេស សូមលះបង់សិទ្ធិ និងឯកសិទ្ធិទាំងនោះ ដោយខ្លួនឯងក៏បាន ឬដោយធ្វើកិច្ចព្រមព្រៀងជាមួយសន្តៈអាសនៈក៏បានដែរ។
២១-ការលាលែងបន្ទុកជាអភិបាល
បន្ទុករបស់អភិបាលជាគង្វាល មានសារៈសំខាន់យ៉ាងខ្លាំងណាស់ និងធ្ងន់ធ្ងរជាទីបំផុត។ ហេតុនេះ ប្រសិនបើអស់លោកអភិបាលភូមិភាគ និងអភិបាលឯទៀតៗដែលនៅក្រោមសេចក្តីចាត់ចែងនៃក្បួនច្បាប់ដដែលនោះ មិនសូវមានលទ្ធភាពបំពេញបន្ទុករបស់ខ្លួនតទៅទៀតបាន ព្រោះអស់លោកមានវ័យចាស់ជរា ឬដោយមូលហេតុផ្សេងៗដ៏ធ្ងន់ធ្ងរ មហាសន្និបាតសុំឲ្យលោកលាលែងការងាររបស់ខ្លួនដោយខ្លួនឯង ឬដោយអំណាចដែលមានសមត្ថកិច្ចអញ្ជើញលោកឲ្យលាលែង។ ប្រសិនបើអំណាចដែលមានសមត្ថកិច្ចសុខចិត្តទទួលការលាលែងការងារ អំណាចនោះ ក៏ត្រូវយកចិត្តទុកដាក់ធានាឲ្យអស់លោកដែលលាលែងការងារបានជីវភាពយ៉ាងសមគួរ និងទទួលស្គាល់សិទ្ធិពិសេសរបស់អស់លោកទៀតផង។
២-ការកំណត់ព្រំដែនភូមិភាគ
២២-ត្រូវកែសម្រួលព្រំដែនភូមិភាគ
ភូមិភាគអាចបំពេញគោលដៅរបស់ខ្លួនបាន ទីមួយ លុះត្រាតែគេឃើញយ៉ាងច្បាស់ថា ភូមិភាគនោះមាន លក្ខណៈជាព្រះសហគមន៍ គឺជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ទីពីរ លុះត្រាតែអភិបាលទាំងប៉ុន្មានអាចបំពេញបន្ទុកនានារបស់ខ្លួនជាគង្វាលយ៉ាងសកម្មបាន។ ទីបី លុះត្រាតែលោកអភិបាលអាចជួយប្រជារាស្រ្តរបស់ព្រះ ជាម្ចាស់ ឲ្យទៅកាន់ការសង្រ្គោះបានតាមរបៀបកាន់តែល្អប្រសើរឡើងៗ។
ហេតុនេះហើយបានជាត្រូវកំណត់ព្រំដែនភូមិភាគយ៉ាងសមគួរ ហើយក៏ត្រូវគិតគូរអំពីការចែកចាយអស់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងធនធាននានាយ៉ាងសមរម្យ ស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូត។ ការណ៍ទាំងនោះ មិនគ្រាន់តែបម្រើប្រយោជន៍របស់អស់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងគ្រីស្តបរិស័ទឯទៀតៗប៉ុណ្ណោះទេ តែបម្រើប្រយោជន៍របស់ព្រះសហគមន៍កាតូលិកទាំងមូលទៀតផង។
ហេតុនេះ មហាសន្និបាតសម្រេចថា ត្រូវកែសម្រួលព្រំដែនភូមិភាគឲ្យបានត្រឹមត្រូវដោយប្រុងប្រយ័ត្ន និងនៅពេលឆាប់ៗខាងមុខនេះ តាមតែប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារឲ្យកែសម្រួល។ ជួនកាលត្រូវចែកភូមិភាគ ជួនកាលត្រូវបំបែកភូមិភាគ ជួនកាលត្រូវបង្រួបបង្រួមភូមិភាគខ្លះឲ្យទៅជាភូមិភាគតែមួយ ជួនកាលត្រូវកែសម្រួលព្រំដែន ឬត្រូវតែងតាំងអាសនៈរបស់លោកអភិបាលនៅកន្លែងស្រួល។ ក្នុងភូមិភាគ ខ្លះដែលមានក្រុងធំៗត្រូវចាត់ចែងផ្ទៃក្នុងតាមរបៀបថ្មី។
២៣-សេចក្តីណែនាំក្នុងករណីកំណត់ព្រំដែនភូមិភាគ
ពេលកែសម្រួលព្រំដែនភូមិភាគ ត្រូវធានាឲ្យបុគ្គលទាំងអស់ ការិយាល័យនិងស្ថាប័នទាំងប៉ុន្មាន អាចរួបរួមផ្ទៃក្នុងដូចជារូបកាយដែលមានជីវិតរស់រវើក។ នេះជាការសំខាន់ជាងគេ។ ក្នុងករណីនីមួយៗ ត្រូវពិនិត្យមើលសភាព ការណ៍ទាំងអស់យ៉ាងហ្មត់ចត់សិន ទើបសូមគិតដល់សេចក្តីទូទៅដូចតទៅ៖
ក) ក្នុងការកំណត់ព្រំដែនភូមិភាគ ប្រសិនបើអាចធ្វើបាន ត្រូវគិតគូរដល់ក្រុមផ្សេងៗនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ការគិតគូរដល់ក្រុមទាំងនោះអាចជួយលោកអភិបាលយ៉ាងខ្លាំងឲ្យបំពេញបន្ទុកជាគង្វាលយ៉ាងល្អប្រសើរ។ នៅពេលជាមួយគ្នានេះ ប្រសិនបើអាចធ្វើបាន ត្រូវយកចិត្តទុកដាក់រកទុកប្រជុំជននៃប្រជារាស្រ្តនេះ នៅរួបរួមជាមួយការិយាល័យរដ្ឋការ និងស្ថាប័នក្នុងសង្គម ដែលសុទ្ធតែជារចនាសម្ព័ន្ធផ្ទៃក្នុងនៃប្រជុំជនទាំងនោះ។ ហេតុនេះ ដែនដីនៃភូមិភាគនីមួយៗត្រូវជាប់ជាមួយគ្នា មិនត្រូវមានតំបន់ផ្សេងៗដាច់ពីគ្នាៗឡើយ។
ជួនកាលត្រូវយកចិត្តទុកដាក់នឹងព្រំដែនតំបន់រដ្ឋការ និងគិតគូរដល់សភាពការណ៍ពិសេសរបស់បុគ្គលនានា ឬរបស់តំបន់់នីមួយៗ គឺត្រូវគិតគូរដល់ចិត្តសាស្រ្ត ដល់សេដ្ឋកិច្ច ដល់ភូមិសាស្រ្ត និងដល់ប្រវត្តិសាស្រ្ត។
ខ) តាមធម្មតា ទំហំភូមិភាគ ឬចំនួនមនុស្សរស់នៅក្នុងភូមិភាគ ត្រូវស្របតាមសេចក្តីសំខាន់ពីរខាងក្រោម នេះ ទីមួយ ទោះបីមានគង្វាល ជួយលោកអភិបាលក៏ដោយ លោកអភិបាលត្រូវមានសមត្ថភាពធ្វើពិធីដោយខ្លួនលោកផ្ទាល់ក្នុងឋានៈជាអភិបាល និងធ្វើទស្សនកិច្ចយ៉ាងស្រួលក្នុងឋានៈជាគង្វាល ហើយណែនាំនិងចាត់ចែងកិច្ចការជាគ្រីស្តទូតទាំងប៉ុន្មាន ក្នុងភូមិភាគយ៉ាងត្រឹមត្រូវ ជាពិសេសលោកត្រូវស្គាល់អស់លោកគង្វាល បព្វជិត បព្វជិតា និង គ្រីស្តបរិស័ទធម្មតាដែលទទួលចំណែករួមក្នុងកិច្ចការនានានៃភូមិភាគ។ ទីពីរ ភូមិភាគត្រូវធំទូលាយល្មមនិងគួរសម ដើម្បីឲ្យលោកអភិបាល និងក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង អាចប្រើកម្លាំងកាយកម្លាំងចិត្ត បំពេញមុខងារបម្រើរបស់ខ្លួនយ៉ាងល្អ ទាំងមិនដែលបំភ្លេចតម្រូវការនៃព្រះសហគមន៍សកលទាំងមូលផង។
គ) មិនតែប៉ុណ្ណោះ លោកអភិបាលត្រូវមានសមត្ថភាពអាចបំពេញមុខងារបម្រើការសង្គ្រោះក្នុងភូមិភាគតាមរបៀបស្របនឹងសភាពការណ៍។ ហេតុនេះត្រូវកាន់តាមគោលការណ៍ទាំងប៉ុន្មានខាងក្រោមនេះ៖
- ក្នុងភូមិភាគនីមួយៗត្រូវមានចំនួនអ្នកទទួលអគ្គសញ្ញាតែងតាំងឲ្យបានគ្រប់គ្រាន់ និងត្រូវឲ្យលោកទាំងនោះមានគុណសម្បត្តិល្អដែរ ដើម្បីឃ្វាលប្រជារាស្រ្តរបស់ព្រះជាម្ចាស់តាមរបៀបដែលត្រូវឃ្វាល។
- ត្រូវមានការិយាល័យបម្រើស្ថាប័ននិងអង្គការផ្ទាល់របស់ព្រះសហគមន៍ដោយឡែក គឺការិយាល័យ ស្ថាប័ន និង អង្គការដែលមានសារៈសំខាន់ជាចាំបាច់ ដើម្បីគ្រប់គ្រងភូមិភាគយ៉ាងល្អនិងសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត។
- ភូមិភាគត្រូវមានធនធានដែលត្រូវការដើម្បីផ្គត់ផ្គង់បុគ្គលិក និងស្ថាប័នទាំងប៉ុន្មានរបស់ខ្លួន គឺយ៉ាងហោចណាស់ត្រូវប្រុងប្រយ័ត្នចាត់ចែងអ្វីៗកំុឲ្យភូមិភាគខ្វះធនធានទាំងនោះនៅពេលអនាគត។
នៅតំបន់ណាដែលមានគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា អភិបាលភូមិភាគត្រូវបំពេញតម្រូវការខាងវិញ្ញាណរបស់គេ។ ត្រូវប្រីវិធីផ្សេងៗដូចតទៅ៖
- ត្រូវចាត់ចែងឲ្យមានគង្វាល ឬចាត់ចែងឲ្យមានសហគមន៍ ដែលកាន់តាមរបៀបរបបពិធីតែមួយ ដូច គ្នានោះ។
- ឬត្រូវតែងតាំងតំណាងអភិបាលម្នាក់ប្រកប ដោយអំណាចគ្រប់គ្រាន់។ ប្រសិនបើត្រូវការតំណាងនេះអាចទទួលអគ្គសញ្ញាតែងតាំងជាអភិបាលបាន។
- ឬលោកអភិបាលផ្ទាល់បំពេញមុខងារជាអភិបាលលើក្រុមទាំងនោះដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នាក៏បានដែរ។
- ប្រសិនបើមានមូលហេតុពិសេសបណ្តាលឲ្យកិច្ចការទាំងអស់ខាងលើនេះមិនអាចធ្វើទៅបានទេ តាមការវិនិច្ឆ័យរបស់សន្តអាសនៈ ត្រូវតែងតាំងអភិបាលម្នាក់សម្រាប់ណែនាំក្រុមគ្រីស្តបរិស័ទដែលកាន់តាមរបៀបរបបពិធីនីមួយៗ(បូព៌ា ៤)។
ក្នុងសភាពការណ៍ស្រដៀងនឹងសភាពការណ៍ខាងលើនោះ ត្រូវផ្គត់ផ្គង់តម្រូវការខាងវិញ្ញាណរបស់គ្រីស្តបរិស័ទដែលនិយាយភាសាផ្សេង ដោយប្រើវិធីដូចតទៅ៖ ត្រូវចាត់ចែងឲ្យមានគង្វាល ឬចាត់ចែងឲ្យមានសហគមន៍ដែលនិយាយភាសានោះ ឬត្រូវចាត់ចែងឲ្យមានតំណាងអភិបាលម្នាក់ដែលចេះនិយាយភាសានោះយ៉ាងជ្រៅ ឬតំណាងអភិបាលនេះ ត្រូវទទួលអគ្គសញ្ញាតែងតាំងជាអភិបាល ឬម៉្យាងទៀត ត្រូវប្រើវិធីផ្សេងទៀតស្របតាមសភាពការណ៍នោះឲ្យបានស្រួល។
២៤-ត្រូវសូមឲ្យក្រុមអភិបាលបោះឆ្នោត
ព្រះសហគមន៍ខាងបូព៌ាប្រទេសកាន់ក្បួនវិន័យដោយខ្លួន។ ក្នុងករណីកែសម្រួលព្រំដែនភូមិភាគ ឬបង្កើតអ្វីជាថ្មីតាមលេខ ២២-២៣ ខាងលើនេះ ក្រុមអភិបាលដែលមានសមត្ថកិច្ច ត្រូវពិនិត្យមើលរឿងទាំងនោះ តាមតំបន់រៀងៗខ្លួន។ប្រសិនបើក្រុមអភិបាលយល់ឃើញថា ការកែសម្រួលព្រំដែនភូមិភាគមានប្រយោជន៍មែន ត្រូវបង្កើតគណៈកម្មាធិការពិសេសរបស់ក្រុមអភិបាល។ ប៉ុន្តែក្នុងករណីនេះ ត្រូវស្តាប់យោបល់ជាអាធិ៍របស់អភិបាលនៃតំបន់ ឬនៃដែនដីដែលពាក់ព័ន្ធនឹងរឿងនោះ។ ក្រោយមក ក្រុមអភិបាលត្រូវផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួន គោរពជម្រាបជូនដល់អាសនៈរបស់គ្រីស្តទូតសិលា។
៣-សហការីរបស់អភិបាលភូមិភាគ ក្នុងកិច្ចបំពេញបន្ទុកជាគង្វាល
ក-អភិបាលរងនិងអភិបាលជាឧបការី
២៥-សេចក្តីណែនាំដើម្បីតែងតាំងអភិបាលរង និងអភិបាលឧបការី
ក្នុងកិច្ចគ្រប់គ្រងភូមិភាគ ត្រូវផ្ញើបន្ទុកជាគង្វាលរបស់លោកអភិបាល ដោយគិតគូរដល់ប្រយោជន៍ហ្វូងរបស់ព្រះអម្ចាស់ជានិច្ច។ នេះគឺជាគោលសំខាន់ដ៏ខ្ពង់ខ្ពស់ជាងគេបំផុត។ ប្រសិនបើអភិបាលភូមិភាគគ្មានសមត្ថភាពបំពេញ មុខងារទាំងប៉ុន្មានរបស់ខ្លួនដោយផ្ទាល់បាន ព្រោះភូមិភាគមានទំហំធំពេក ឬព្រោះប្រជាជនមានចំនួនច្រើនពេក ឬ ព្រោះសភាពការណ៍ពិសេសនៃកិច្ចការជាគ្រីស្តទូត ឬព្រោះមូលហេតុផ្សេងៗទៀត ត្រូវតែងតាំងអភិបាលរងម្នាក់។ ធ្វើដូច្នេះ ទើបលោកអភិបាលអាចផ្គត់ផ្គង់ដល់ប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងភូមិភាគតាមតម្រូវការរបស់គេបាន។ លើសពីនេះទៅទៀត ប្រសិនបើមានតម្រូវការពិសេស ត្រូវតែងតាំងអភិបាលឧបការីម្នាក់ដើម្បីជួយអភិបាលក្នុងភូមិភាគ។ ត្រូវផ្តល់ឲ្យអភិបាលរងនិងអភិបាលឧបការីមានអំណាចគ្រប់គ្រាន់ ដើម្បីឲ្យអស់លោកអាចបំពេញកិច្ចការរបស់ខ្លួនបានដោយប្រសិទ្ធភាព និងរក្សាកិត្តិយសនៃឋានៈរបស់់លោកជាអភិបាលទៀតផង។ ប៉ុន្តែ ត្រូវនៅតែគ្រប់គ្រងភូមិភាគរួបរួមគ្នា និងត្រូវគោរពអំណាចអភិបាលភូមិភាគជានិច្ច។
លើសពីនេះទៅទៀត ព្រះសហគមន៍ត្រាស់ហៅអភិបាលរង និងអភិបាលឧបការីឲ្យចែករំលែកកិច្ចការរបស់អភិបាលភូមិភាគ។ ហេតុនេះ អភិបាលរង និងអភិបាលឧបការីត្រូវបំពេញបន្ទុករបស់ខ្លួន ដោយសម្រេចកិច្ចការទាំងអស់រួបរួមជាមួយអភិបាលភូមិភាគ ដោយមានចិត្តថ្លើមតែមួយ។ អភិបាលរង និងអភិបាលឧបការីត្រូវសុខចិត្តស្ថិតនៅក្រោមអំណាចអភិបាលភូមិភាគនិងគោរពលោកជានិច្ច។ រីឯអភិបាលភូមិភាគវិញ លោកត្រូវ ស្រឡាញ់អភិបាលរង និងអភិបាលឧបការីទុកជាបងប្អូន និងត្រូវរាប់អស់លោកទាំងនោះទុកជាអ្នកមាន តម្លៃទៀត ផង។
២៦-អំណាចអភិបាលរង និងអភិបាលឧបការី
ប្រសិនបើប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារ អភិបាលភូមិភាគមិនត្រូវរួញរាសុំឲ្យអំណាច ដែលមានសមត្ថកិច្ចតែងតាំងអភិបាលរងម្នាក់ឬច្រើននាក់។ អភិបាលរង គឺជាអភិបាលតែងតាំង សម្រាប់ជួ យភូមិភាគ មួយ ប៉ុន្តែនៅពេលលអភិបាលភូមិភាគលែងបំពេញមុខងារបស់ខ្លួន អភិបាលរងគ្មានសិទ្ធិ បន្តមុខ ងារ ធ្វើជាអភិបាលនៃភូមិភាគនោះបានឡើយ។ ប្រសិនបើលិខិតតែងតាំងអភិបាលរងមិនបញ្ជាក់សេចក្តីនេះទេ អភិបាល ភូមិភាគត្រូវតែងតាំងអភិបាលរងម្នាក់ឬច្រើននាក់ជាតំណាងពេញសិទ្ធិរបស់ខ្លួន ឬយ៉ាងហោចណាស់ តែងតាំង លោកឬអស់លោកជាតំណាងអភិបាល ដែលចុះចូលក្រោមអំណាចរបស់លោកអភិបាលតែម្នាក់គត់។ សូមឲ្យលោកអភិបាល សួរយោបល់អភិបាលរងទាំងនោះក្នុងករណីដ៏សំខាន់ៗ ជាពិសេសក្នុងករណីដែលមានលក្ខណៈឃ្វាលណែនាំគ្រីស្តបរិស័ទ។ អំណាចនិងឯកសិទ្ធិរបស់អភិបាលរងតាមក្បួនច្បាប់រួមនៃព្រះសហគមន៍ មិនផុតនៅពេលអភិបាលភូមិភាគឈប់បំពេញបន្ទុករបស់ខ្លួនទេ លើកលែងតែអំណាចដែលមានសមត្ថកិច្ចបានសម្រេចតាមរបៀបផ្សេង។ ប្រសិនបើគ្មានអភិបាលណែនាំភូមិភាគទេ គួរផ្ញើបន្ទុកគ្រប់គ្រងភូមិភាគឲ្យអភិបាលរង ឬប្រសិនបើមានអភិបាលរងច្រើន ឲ្យ អភិបាលរងម្នាក់គ្រប់គ្រង លើកលែងតែមានមូលហេតុដ៏សំខាន់ៗបណ្តាលឲ្យប្រព្រឹត្តតាមរបៀបផ្សេង។
អភិបាលឧបការី គឺជាអភិបាលតែងតាំងដោយមានសិទ្ធិបន្តមុខងារអភិបាលភូមិភាគ។ អភិបាលភូមិភាគត្រូវតែងតាំងអភិបាលឧបការីទុកជាតំណាងពេញសិទ្ធិរបស់ខ្លួនជានិច្ច។ ក្នុងករណីពិសេស អំណាចដែលមានសមត្ថកិច្ចអាចផ្តល់សិទ្ធិទូលំទូលាយជាងទៅទៀតបានផង។
អភិបាលដែលមានឧបការី និងអភិបាលឧបការីផ្ទាល់ ត្រូវតែពិគ្រោះគ្នាទៅវិញទៅ មកអំពីបញ្ហាដ៏សំខាន់ៗដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងនៅពេលអនាគតនៃភូមិភាគដែរ។
ខ-រដ្ឋបាលនិងក្រុមប្រឹក្សាភូមិភាគ
២៧-ការចាត់ចែងរដ្ឋបាលនិងការបង្កើតក្រុមប្រឹក្សាគង្វាលណែនាំ
ក្នុងរដ្ឋបាលភូមិភាគ គឺតំណាងពេញសិទ្ធិមានមុខងារសំខាន់ជាងគេ។ ប៉ុន្តែ ពេលណាការគ្រប់គ្រងរបស់ភូមិភាគទាមទារនោះ លោកអភិបាលមានសិទ្ធិអាចតែងតាំងតំណាងអភិបាលម្នាក់ ឬច្រើននាក់។ តំណាងអភិបាល ទាំងនោះមានអំណាចទាំងប៉ុន្មានរបស់តំណាងពេញសិទ្ធិ តាមក្បួនច្បាប់រួមនៃព្រះសហគមន៍ លើផ្នែកមួយនៃភូមិភាគ ឬលើករណីពិសេសខ្លះ ឬលើគ្រីស្តបរិស័ទនៃរបៀបរបបពីធីដោយឡែកមួយក្រុម។
ក្នុងចំណោមសហការីរបស់លោកអភិបាលក្នុងកិច្ចគ្រប់គ្រងភូមិភាគ មានអស់លោកគង្វាល ដែលចូលក្នុងក្រុមប្រឹក្សាដែលជាព្រឹទ្ធសភារបស់លោកអភិបាល មានក្រុមព្រះវិហារវិសាល មានក្រុមជំនាញការ និងក្រុមផ្សេងៗ ស្រេចតែសភាពការណ៍និងកន្លែងផ្សេងៗ។ ត្រូវចាត់ចែងស្ថាប័នទាំងនោះ ជាពិសេសក្រុមព្រះវិហារវិសាល តាមរបៀបថ្មី ស្របតាមតម្រូវការនាបច្ចុប្បន្នកាល។
អស់លោកគង្វាល និងគ្រីស្តបរិស័ទធម្មតា ដែលជាសមាជិកនៃរដ្ឋបាលភូមិភាគ ត្រូវដឹងច្បាស់ថា អស់លោកអ្នកបំពេញមុខងារបម្រើរួមជាមួយលោកអភិបាលជាគង្វាលណែនាំ។ ត្រូវចាត់ចែងរដ្ឋបាលភូមិភាគ ដើម្បីឲ្យបានទៅជាឧបករណ៍មួយ មិនគ្រាន់តែសម្រាប់ជួយគ្រប់គ្រងភូមិភាគប៉ុណ្ណោះទេ តែសម្រាប់បំពេញកិច្ចការនានាជាគ្រីស្តទូតថែមទៀតផង។
ក្នុងភូមិភាគនីមួយៗ គួរតែតែងតាំងក្រុមប្រឹក្សាគង្វាលណែនាំពិសេស ដោយមានលោកអភិបាលភូមិភាគផ្ទាល់ជាប្រធាន។ មានក្រុមលោកគង្វាល បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាដែលអភិបាលបានជ្រើសរើសយ៉ាងពិសេស ចូលក្នុងក្រុមប្រឹក្សាណែនាំនោះ។ ក្រុមប្រឹក្សាណែនាំមានភារកិច្ចស្វែងរកអ្វីៗដែលពាក់ព័ន្ធនឹងការងារឃ្វាលណែនាំគ្រីស្តបរិស័ទ ពិនិត្យមើលអ្វីៗទាំងនោះ និងចែងសេចក្តីសម្រេចសម្រាប់ឲ្យគេអនុវត្តតាម។
គ-ក្រុមអស់លោកគង្វាលភូមិភាគ
២៨-ក្រុមអស់លោកគង្វាល ភូមិភាគ
លោកគង្វាលទាំងអស់ ទោះជាគង្វាលភូមិភាគក្តី គង្វាលបព្វជិតក្តី ទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យតែមួយ រួមជាមួយលោកអភិបាល ហើយអស់លោកក៏បំពេញមុខងារជាបូជាចារ្យនេះរួមជាមួយលោកដែរ។ ហេតុនេះហើយ បានជាអស់លោកជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាល។ អស់លោកគង្វាល ភូមិភាគមានមុខងារសំខាន់ជាងគេក្នុងកិច្ចថែរក្សាវិញ្ញាណមនុស្ស ព្រោះអស់លោកភ្ជាប់ក្នុងបញ្ជីក្រុមបូជាចារ្យភូមិភាគមួយ ឬជាប់នឹងព្រះសហគមន៍ដោយឡែកមួយ។ អស់លោកសុខចិត្តបូជាកម្លាំងកាយ កម្លាំងចិត្តបម្រើព្រះសហគមន៍ដោយឡែកនោះ ដើម្បីឃ្វាលថែរក្សាចំណែកនៃហ្វូងរបស់ព្រះអម្ចាស់តែមួយទាំងអស់គ្នា។ ហេតុនេះហើយបានជាអស់លោករួមគ្នាជាក្រុមលោកគង្វាល តែមួយ ជាក្រុមគ្រួសារតែមួយដែលមានលោកអភិបាលជាឪពុក។ លោកអភិបាលត្រូវមានសេរីភាពតាមតម្រូវការ ក្នុងការប្រមូលពន្ធដារនិងកម្រៃ ដើម្បីចែកចាយមុខងារផ្សេងៗឲ្យអស់លោកគង្វាលរបស់លោកយ៉ាងសមគួរ និងតាមយុត្តិធម៌។ ហេតុនេះហើយត្រូវលប់បំបាត់សិទ្ធិ និងឯកសិទ្ធិទាំងប៉ុន្មានទោះជាតាមរបៀបណាក៏ដោយ ដែលរារាំងសេរីភាពនោះ។
លោកអភិបាលនិងអស់លោកគង្វាល ត្រូវមានចំណងទំនាក់ទំនងគ្នាដោយសេចក្តីស្រឡាញ់មកពីព្រះវិញ្ញាណ ។ ដូច្នេះបំណងប្រាថ្នារបស់អស់គង្វាល បានឯកភាពជាមួយបំណងប្រាថ្នារបស់លោកអភិបាលបណ្តាលឲ្យកិច្ចការណែនាំគ្រីស្តបរិស័ទបានផលផ្លែកាន់តែច្រើនឡើងៗ។ សូមឲ្យលោកអភិបាលយកចិត្តទុកដាក់លើកស្ទួយកិច្ចបម្រើវិញ្ញាណរបស់មនុស្សឲ្យកាន់តែច្រើនឡើងៗ និងអញ្ជើញគង្វាលឲ្យនិយាយសន្ទនាជាមួយលោក ព្រមទាំងនិយាយសន្ទនារួមជាមួយលោកគង្វាលឯទៀតៗផង។ កិច្ចសន្ទនានោះ ត្រូវស្តីអំពីការណែនាំគ្រីស្តបរិស័ទជាដើម។ មិនត្រូវនិយាយសន្ទនាដូច្នេះតែក្នុងពេលមានឱកាសដោយចៃដន្យប៉ុណ្ណោះទេ តែត្រូវនិយាយសន្ទនាតាមពេលកំណត់ថែមទៀតផង ប្រសិនបើអាចធ្វើបាន។
លើសពីនេះទៅទៀត សូមឲ្យគង្វាលទាំងអស់រួបរួមគ្នាជាចិត្តថ្លើមតែមួយ និងយកចិត្តទុកដាក់នឹងផលប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងភូមិភាគទាំងមូល។ អស់លោកគង្វាល ត្រូវនឹកចាំថា ទ្រព្យសម្បត្តិដែលអស់លោកប្រមូលបានដោយបំពេញការងារក្នុងព្រះសហគមន៍ សុទ្ធតែភ្ជាប់នឹងបន្ទុកដ៏សក្ការៈនោះ។ ហេតុនេះ អស់លោកត្រូវផ្គត់ផ្គង់តម្រូវការជាសម្ភារៈរបស់ភូមិភាគ ដោយចិត្តទូលំទូលាយ តាមធនធានរបស់ខ្លួន ស្របតាមសេចក្តីចាត់ចែងរបស់លោកអភិបាល។
២៩-អស់លោកគង្វាលភ្ជាប់និងកិច្ចការអន្តរភូមិភាគ
ក្នុងចំណោមសហការីដ៏ជិតស្និទ្ធជាងគេរបស់លោកអភិបាល លោកផ្ញើបន្ទុកណែនាំ ឬកិច្ចការជាគ្រីស្តទូតដែលមានលក្ខណៈអន្តរសហគមន៍ឲ្យលោកគង្វាលខ្លះៗ។ អស់លោកប្រព្រឹត្តកិច្ចការជាគ្រីស្តទូតទាំងនោះនៅតំបន់មួយក្នុងភូមិភាគ ឬក្នុងចំណោមក្រុមពិសេសខ្លះរបស់គ្រីស្តបរិស័ទ ឬបំពេញកិច្ចការពិសេសម៉្យាងផ្សេងទៀត។
លោកអភិបាលក៏ផ្ញើបន្ទុកជាកិច្ចការគ្រីស្តទូតឲ្យគង្វាលខ្លះ គឺក្នុងសាលារៀន ក្នុងស្ថាប័នឯទៀតៗ និងក្នុងសមាគមនានា។ លោកទាំងនោះតែងតែជួយយ៉ាងល្អប្រសើរ។ គួរឲ្យអភិបាលភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេស ចំពោះអស់លោកគង្វាល ដែលបំពេញបន្ទុកអន្តរភូមិភាគ ហើយដែលរស់នៅក្នុងភូមិភាគរបស់លោក ព្រោះគង្វាលទាំងនោះបំពេញកិច្ចការជាគ្រីស្តទូតដែលមានសារៈសំខាន់ខ្លាំងណាស់។
៣០-លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ
អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ជាសហការីពិសេសរបស់លោកអភិបាល។ លោកអភិបាលបានផ្ញើឲ្យគង្វាលទាំងនោះថែទាំវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងមួយចំណែកនៃភូមិភាគរបស់លោក ក្នុងឋានៈជាគង្វាល និងក្រោមអំណាចរបស់លោក។
ក) គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ រួមជាមួយសហការី បំពេញបេសកកម្ម របស់ខ្លួន គឺមានបន្ទុកបង្រៀន នាំមនុស្សឲ្យបានវិសុទ្ធ ហើយគ្រប់គ្រងគេ។ អស់លោកត្រូវណែនាំគ្រីស្តបរិស័ទ និងព្រះសហគមន៍ឲ្យដឹងខ្លួនថា គេពិតជាសមាជិករបស់ភូមិភាគនិងរបស់ព្រះសហគមន៍សកលទាំងមូល។ ហេតុនេះហើយបានជាគង្វាល ដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ត្រូវរួមសហការជាមួយគង្វាល ដែលទទួលខុសត្រូវថែទាំព្រះសហគមន៍ឯទៀតៗ ត្រូវរួមសហការជាមួយគង្វាល ដែលបំពេញបន្ទុកជាគង្វាលនៅលើតំបន់នោះ មានតំណាងអភិបាល និងប្រធានក្រុមគង្វាល ជាដើម។ ត្រូវរួមសហការជាមួយគង្វាល ដែលបំពេញកិច្ចការប្រកបដោយលក្ខណៈហួសពីព្រំដែនព្រះសហគមន៍មួយ ដើម្បីឲ្យការណែនាំគ្រីស្តបរិស័ទភូមិភាគទាំងមូលបានឯកភាព និងបានប្រសិទ្ធិភាពទៀតផង។
អស់លោកគង្វាល ត្រូវថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយមានគោលគំនិតជាសាសនទូតជ្រួតជ្រាបក្នុងខ្លួនជានិច្ច គឺចង់ថែទាំអស់អ្នកដែលរស់នៅក្នុងព្រះសហគមន៍នោះ តាមរបៀបស្របនឹងសភាពការណ៍របស់គេ។ ប្រសិនបើគង្វាល ដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយនោះ មិនអាចឈានទៅដល់ក្រុមមនុស្សខ្លះ ត្រូវតែសូមអ្នកឯទៀតៗជួយ សូម្បីតែគ្រីស្តបរិស័ទធម្មតាក៏អាចជួយក្នុងកិច្ចការជាគ្រីស្តទូតរបស់អស់លោកដែរ។
មហាសន្និបាតទូន្មានយ៉ាងខ្លាំងថា សូមអស់លោកគង្វាល ជាពិសេសអស់លោកដែលរួមទទួលខុសត្រូវលើព្រះសហគមន៍មួយ ត្រូវរួមរស់ជាមួយគ្នា ទើបការថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយប្រសិទ្ធិភាពយ៉ាងពេញលេញបាន។ ការរួមរស់ជាមួយគ្នានោះជួយអស់លោកក្នុងកិច្ចការជាគ្រីស្តទូត ហើយក៏បង្ហាញគំរូអំពីសេចក្តីស្រឡាញ់និងអំពីការរួបរួមគ្នាជាធ្លុងតែមួយ ឲ្យគ្រីស្តបរិស័ទឃើញថែមទៀតដែរ។
ខ) អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ត្រូវបំពេញបន្ទុកបង្រៀនរបស់ខ្លួន ដោយធ្វើពិធីអត្ថាធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យគ្រីស្តបរិស័ទទាំងអស់ស្តាប់ ដើម្បីឲ្យគេចម្រើនឡើងក្នុងអង្គព្រះគ្រីស្ត និងចាក់ឫសក្នុងជំនឿ ក្នុងសេចក្តីសង្ឃឹម និងក្នុងសេចក្តីស្រឡាញ់។ ធ្វើដូច្នេះ ទើបសហគមន៍គ្រីស្តបរិស័ទអាចផ្តល់សក្ខីភាពដ៏ល្អប្រសើរអំពីសេចក្តីស្រឡាញ់បាន តាមព្រះបញ្ជារបស់ព្រះអម្ចាស់ (យហ ១៣,៣៥)។ អស់លោកក៏ត្រូវអប់រំជំនឿ គឺណែនាំគ្រីស្តបរិស័ទឲ្យស្គាល់គម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះយ៉ាងច្បាស់ស្របតាមអាយុរបស់គេ។ អស់លោកត្រូវសូមឲ្យគ្រីស្តបរិស័ទធម្មតារួមសហការក្នុងការអប់រំជំនឿ មិនគ្រាន់តែសូមឲ្យបព្វជិតបព្វជិតារួមសហការប៉ុណ្ណោះទេ។ ត្រូវបង្កើតសមាគមអ្នកបង្រៀនលទ្ធិនៃគ្រីស្តសាសនាថែមទៀតផង។
អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ក៏បំពេញបន្ទុកនាំគ្រីស្តបរិស័ទឲ្យបានវិសុទ្ធដែរ។ អស់លោកត្រូវយកចិត្តទុកដាក់ធ្វើឲ្យអភិបូជាទៅជាស្នូល និងទៅជាកំពូលនៃការរស់នៅទាំងមូលរបស់សហគមន៍គ្រីស្តបរិស័ទនោះ។ អស់លោកត្រូវខិតខំចែកចាយអាហារខាងវិញ្ញាណដល់គ្រីស្តបរិស័ទរបស់ខ្លួន ដោយណែនាំគេឲ្យទទួលអគ្គសញ្ញាជាញឹកញាប់ទាំងមានចិត្តគោរពប្រណិប័តន៍ ហើយដោយណែនាំគេឲ្យទទួលចំណែកយ៉ាងសកម្មក្នុងពិធីគោរពបម្រើព្រះជាម្ចាស់ ទាំងដឹងខ្លួនទៀតផង។ អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំ ព្រះសហគមន៍មួយ ត្រូវនឹកចងចាំថា អ្នកទទួលអគ្គសញ្ញាលើកលែងទោស ពិតជានឹងបានផលប្រយោជន៍យ៉ាងទូលំទូលាយខាងវិញ្ញាណ គឺគេរស់នៅតាមឋានៈជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ។ ហេតុនេះហើយបានជាអស់លោក ត្រូវសុខចិត្តស្តាប់គ្រីស្តបរិស័ទមកលន់តួ។ ប្រសិនបើមានតម្រូវការ ត្រូវហៅលោកគង្វាលឯទៀតៗ ដែលនិយាយភាសាផ្សេងៗថែមទៀតផង។
អស់គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ត្រូវបំពេញភារកិច្ចជាគង្វាល ដោយយកចិត្តទុកដាក់ស្គាល់ហ្វូងចៀមរបស់ខ្លួន។ អស់លោកជាអ្នកបម្រើរបស់ចៀមទាំងអស់។ ហេតុនេះហើយបានជាអស់លោកត្រូវខិតខំណែនាំឲ្យគេរស់នៅតាមបែបជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ គឺទាំងគ្រីស្តបរិស័ទម្នាក់ៗ ទាំងក្រុមក្រុមគ្រួសារ សមាគមនានា ជាពិសេសមាគមនៃកិច្ចការជាគ្រីស្តទូត នឹងព្រះសហគមន៍ទាំងមូលរបស់ខ្លួនទៀតផង។ ហេតុនេះ អស់លោកត្រូវទៅសួរសុខទុក្ខគ្រីស្តបរិស័ទនៅផ្ទះគេ ត្រូវទៅសាលារៀនតាមបន្ទុករបស់ខ្លួនជាគង្វាលទាមទារឲ្យអស់លោកធ្វើជាចាំបាច់។ អស់លោកត្រូវឧស្សាហ៍យកចិត្តទុកដាក់នឹងកូនជំទង់ ហើយយុវជនយុវនារី។ ត្រូវស្រឡាញ់អ្នកក្រីក្រ និងអ្នកជំងឺ ដូចឪពុកស្រឡាញ់កូនរបស់ខ្លួនដូច្នោះដែរ។ លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងក្រុមពលករ ព្រមទាំងដាស់តឿនគ្រីស្តបរិស័ទឲ្យចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជាគ្រីស្តទូត។
៣) លោកគង្វាលដែលជាតំណាងជំនួយ គឺសហការីរបស់លោកគង្វាលដែលទទួលខុសត្រូវថែទាំ សហគមន៍មួយ។ អស់លោកជួយយ៉ាងខ្លាំង និងយ៉ាងសកម្មជារៀងរាល់ថ្ងៃក្នុងកិច្ចបម្រើព្រះសហគមន៍ ក្រោមអំណាចរបស់គង្វាល ដែលទទួលខុសត្រូវថែទាំសហគមន៍នោះ។ ហេតុនេះហើយបានជាគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍ និងតំណាងជំនួយរបស់លោក ត្រូវស្រឡាញ់គ្នាដូចបងប្អូន ត្រូវរាប់អានគ្នា ត្រូវគោរពគ្នាទៅវិញទៅមកជានិច្ច ត្រូវជួយគ្នាទៅវិញទៅមក ដោយផ្តល់ដំបូន្មាន រួមសហការគ្នា និងធ្វើជាគំរូឲ្យគ្នាផង។ ធ្វើដូច្នោះ ទើបអស់លោកមុខជានឹងបម្រើសហគមន៍នោះ ដោយមានចិត្តថ្លើមតែមួយ មានបំណងប្រាថ្នាតែមួយ និងមានចិត្តឧស្សាហ៍តែមួយថែមទៀតផង។
៣១-ការតែងតាំងគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍មួយ
លោកអភិបាលត្រូវរិះគិតពិចារណាអំពីសមត្ថភាពរបស់គង្វាលឲ្យមានលទ្ធភាពអាចគ្រប់គ្រងណែនាំសហគមន៍មួយបាន ដោយគិតគូរមិនគ្រាន់តែដល់លទ្ធិនៃជំនឿរបស់លោកប៉ុណ្ណោះទេ តែត្រូវគិតគូរដល់ការគោរពប្រណិប័តន៍ព្រះជាម្ចាស់របស់លោក ដល់ចិត្តឧហ្សាហ៍ធ្វើកិច្ចការជាគ្រីស្តទូត និងគិតគូរដល់ព្រះអំណោយទានឯទៀតៗ និងគុណសម្បត្តិផ្សេងៗ ដែលលោកត្រូវតែមានដើម្បីថែទាំគ្រីស្តបរិស័ទយ៉ាងល្អ។
គោលដៅនៃបន្ទុកជាគង្វាលណែនាំគ្រីស្តបរិស័ទ គឺរកផលប្រយោជន៍របស់គេខាងវិញ្ញាណ។ ហេតុនេះហើយបានជាលោកអភិបាលត្រូវផ្គត់ផ្គង់សហគមន៍នានាឲ្យមានគង្វាលតាមរបៀបស្រួល និងស្របតាមសភាពការណ៍។ ហេតុនេះ សូមបំបាត់ឯកសិទ្ធិទាំងប៉ុន្មានពីបុរាណ គឺសិទ្ធីបង្ហាញបេក្ខជននិងឲ្យតែងតាំងគេ សិទ្ធិទុកកន្លែងមួយសម្រាប់បេក្ខជនរបស់ខ្លួន។ សូមបំបាត់ការប្រកួតប្រជែងជាទូទៅ ឬដោយឡែក ឲ្យទៅជាគង្វាលទទួលខុសត្រូវថែទាំសហគមន៍មួយ ដូចទម្លាប់មានកន្លែងខ្លះ។ ប៉ុន្តែត្រូវគោរពសិទ្ធិរបស់បព្វជិត។
ក្នុងសហគមន៍នីមួយៗ លោកគង្វាលដែលទទួលខុសត្រូវថែទាំ ត្រូវកាន់មុខងាររបស់ខ្លួនយ៉ាងស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ។ ហេតុនេះ មហាសន្និបាតសូមលុបបំបាត់ឋានៈគង្វាលទទួលខុសត្រូវថែទាំ ដែលអភិបាលគ្មានសិទ្ធិផ្លាស់ប្តូរបាន។ ត្រូវកែសម្រួលរបៀបផ្លាស់ប្តូរគង្វាល ដែលទទួលខុសត្រូវថែទាំ ដើម្បីឲ្យលោកអភិបាលអាចគោរពតាមយុត្តិធម៌ (តាមអត្ថន័យធម្មតាផង និងតាមអត្ថ័យក្បួនច្បាប់ក្នុងព្រះសហគមន៍ផង) ព្រមទាំងអាចផ្គត់ផ្គង់សហគមន៍នានាយ៉ាងស្រួលឲ្យមានគង្វាល តាមតែប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារនោះ។
មហាសន្និបាតសូមអង្វរយ៉ាងខ្លាំងអស់លោកគង្វាល ដែលទទួលខុសត្រូវថែទាំសហគមន៍មួយ តែមិនអាចបំពេញមុខងាររបស់ខ្លួនយ៉ាងសមរម្យបាន ឬមិនអាចបង្កើតផលបាន ព្រោះលោកចាស់ជរាហើយ ឬព្រោះមានមូល ហេតុជាទម្ងន់ផ្សេងទៀត ឲ្យលាលែងមុខតំណែងរបស់ខ្លួន ដោយខ្លួនឯងក៏បាន ឬដោយលោកអភិបាលអញ្ជើញឲ្យលាលែងក៏បានដែរ។ លោកអភិបាលត្រូវតែធានាឲ្យលោកដែលលាលែងមុខតំណែងនោះ មានមធ្យោបាយទប់ទល់ជីវិភាពគ្រប់គ្រាន់បាន។
៣២-ការបង្កើតសហគមន៍ និងបង្កើតអ្វីៗជាថ្មី
ក្នុងគោលបំណងជួយសង្គ្រោះមនុស្សដដែលនោះ ត្រូវបញ្ជាក់ ឬកែសម្រួលការតែងតាំងសហគមន៍ ឬ លប់បំបាត់សហគមន៍ខ្លះ ឬកែសម្រួលអ្វីៗផ្សេងទៀត។ ក្នុងករណីទាំងនោះ លោកអភិបាលអាចសម្រេចដោយអំណាចរបស់លោកផ្ទាល់។
៤-ក្រុមបព្វជិត
៣៣-ក្រុមបព្វជិត និងកិច្ចការជាគ្រីស្តទូត
សេចក្តីចាត់ចែងខាងក្រោមនេះ បានការសម្រាប់ក្រុមបព្វជិតទាំងអស់ ព្រមទាំងសមាជិកគ្រឹះស្ថានឯទៀតៗ ដែលធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ដែលភ្ជាប់ជាមួយបព្វជិតនោះ គឺមា្នក់ៗ តាមរបៀបព្រះជាម្ចាស់ត្រាស់ហៅឲ្យរស់នៅ។ អស់បព្វជិតមានភារកិច្ចជួយសាងសង់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តទាំងមូល និងធ្វើឲ្យព្រះកាយនេះចម្រើន ដើម្បីជាប្រយោជន៍ខាងវិញ្ញាណរបស់ព្រះសហគមន៍នីមួយៗ។ អស់លោកត្រូវបូជាអស់កម្លាំងកាយកម្លាំងចិត្ត និងមានចិត្តឧស្សាហ៍។ អស់បព្វជិតត្រូវតែខិតខំតម្រង់ខ្លួនតាម ទិសដៅទាំងនោះ ដោយអធិដ្ឋានជាដើម ដោយបំពេញទុក្ករកិរិយា និងដោយរស់នៅធ្វើជាគំរូដល់គេ។ មហាសន្និបាតដាស់តឿនបព្វជិតទាំងអស់យ៉ាងខ្លាំង ឲ្យស្រឡាញ់និងពង្រីកកិច្ចការទាំងនោះ ដោយឥតឈប់ឈរឡើយ។ ក៏ប៉ុន្តែ សូមឲ្យបព្វជិតយកចិត្តទុកដាក់បំពេញកិច្ចការជាគ្រីស្តទូតក្រៅគ្រឹះស្ថានរបស់ខ្លួន តាមតែលក្ខណៈ សម្បត្តិផ្ទាល់នៃគ្រឹះស្ថាននីមួយៗអនុញ្ញាតឲ្យ។
៣៤-បព្វជិតជាសហការីរបស់លោកអភិបាលក្នុងកិច្ចការជាគ្រីស្តទូត
បព្វជិតជាគង្វាល ទទួលអគ្គសញ្ញាតែងតាំងជាគង្វាល ដើម្បីឲ្យធ្វើជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាលដូចគង្វាលភូមិភាគដែរ។ សព្វថ្ងៃ បព្វជិតទាំងនោះអាចជួយលោកអភិបាលយ៉ាងច្រើនជាងពីមុនទៅទៀត ព្រោះមានតម្រូវការខាងវិញ្ញាណរបស់គ្រីស្តបរិស័ទកាន់តែច្រើនឡើងៗ។ ហេតុនេះយើងត្រូវប្រាប់យ៉ាងត្រឹមត្រូវម៉្យាងថា បព្វជិតពិតជាសមាជិកនៃក្រុមគង្វាលភូមិភាគដែរ ព្រោះអស់លោកបំពេញការងារជា ប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ ហើយក៏ជួយក្នុងកិច្ចការជាគ្រីស្តទូត ក្រោមអំណាចរបស់អស់លោកអភិបាលដែរ។
សមាជិកឯទៀតៗនៃគ្រឹះស្ថាន ទាំងបុរសក្តី ទំាងស្រ្តីក្តី ដែលជាសមាជិកនៃមហាគ្រួសារភូមិភាគតាមរបៀបមួយ ក៏ជួយអស់លោកអភិបាលយ៉ាងល្អប្រសើរដែរ។ គេអាច (និងត្រូវ) ជួយកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ព្រោះតម្រូវការនៃកិច្ចការជាគ្រីស្តទូតកាន់តែមានចំនួនចម្រើនឡើងជាលំដាប់ដែរ។
៣៥-គោលការណ៍សម្រាប់កិច្ចការជាគ្រីស្តទូតរបស់បព្វជិតក្នុងភូមិភាគ
មហាសន្និបាតតែងតាំងគោលការណ៍ដូចខាងក្រោមនេះ ដើម្បីឲ្យអស់អ្នកបំពេញកិច្ចការជាគ្រីស្តទូតរួបរួមគ្នាដោយរួមចិត្តថ្លើមតែមួយជានិច្ចក្នុងភូមិភាគនីមួយៗ ទាំងរក្សាទុកវិន័យតែមួយក្នុងភូមិភាគទៀតផង។ សេចក្តីសម្រេច មានដូចតទៅ៖
ក) សូមឲ្យបព្វជិតទាំងអស់សុខចិត្តស្ថិតនៅក្រោមអំណាចរបស់អស់លោកអភិបាលជានិច្ច ដោយគោរពលោកក្នុងនាមសាសនា ហើយក្នុងឋានៈអស់លោកបន្តមុខងារពីក្រុមគ្រីស្តទូតមក។ ពេលណាអភិបាលហៅបព្វជិតយ៉ាងត្រឹមត្រូវឲ្យបំពេញការងារជាគ្រីស្តទូត បព្វជិតក៏ត្រូវបំពេញបន្ទុករបស់ខ្លួននោះក្នុងឋានៈជាសហការីដែលព្យាយាម សុខចិត្តធ្វើការក្រោមអំណាចរបស់អស់លោកអភិបាលដែរ។ លើសពីនេះទៅទៀត បព្វជិតត្រូវសុខចិត្តភ្លាមនិងដោយចិត្តស្មោះ ធ្វើតាមសេចក្តីសុំនិងតាមបំណងប្រាថ្នារបស់អស់លោកអភិបាល ដែលសូមឲ្យគេយកចំណែកកាន់តែទូលំទូលាយក្នុងកិច្ចបម្រើការសង្គ្រោះរបស់មនុស្សលោក។ ក៏ប៉ុន្តែបុព្វជិតត្រូវបំពេញការបម្រើនោះ ដោយគោរពតាមលក្ខណៈសម្បត្តិ និងស្របតាមធម្មនុញ្ញនៃគ្រឹះស្ថានរបស់ខ្លួន។ ប្រសិនបើមានតម្រូវការ ត្រូវកែសម្រួលធម្មនុញ្ញរបស់គ្រឹះស្ថានទាំងនោះ តាមគោលការណ៍នៃក្រឹត្យក្រមរបស់មហាសន្និបាតនេះ។ ដោយមនុស្សមានតម្រូវការខាងវិញ្ញាណជាបន្ទាន់ និងដោយខ្វះបូជាចារ្យភូមិភាគ អស់លោកអភិបាលអាចហៅគ្រឹះស្ថានបព្វជិតដែលគ្មានគោលដៅតែស្មឹងស្មាធិ៍ ឲ្យជួយបំពេញមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍ដែរ។ ប៉ុន្តែត្រូវគិតគូរដល់លក្ខណៈសម្បត្តិនៃគ្រឹះស្ថាននីមួយៗផង។ មេដឹកនាំគ្រឹះស្ថានត្រូវជួយដោយលើកស្ទួយឲ្យបព្វជិតទទួលបន្ទុកលើព្រះសហគមន៍នានា សូម្បីតែសម្រាប់មួយរយៈពេលប៉ុណ្ណោះ តាមតែគេអាចធ្វើបាន។
ខ) សូមឲ្យបព្វជិតដែលមេដឹកនាំចាត់ឲ្យបំពេញមុខងារជាគ្រីស្តទូតនៅខាងក្រៅគ្រឹះស្ថាន រក្សាទុកគោលគំនិតរបស់គ្រឹះស្ថានរបស់ខ្លួនជ្រួតជ្រាបក្នុងចិត្ត និងកាន់តាមវិន័យគ្រឹះស្ថានជារៀងរាល់ថ្ងៃតទៅទៀត ព្រមទាំងសុខចិត្តស្ថិតនៅក្រោមអំណាចមេដឹកនាំគ្រឹះស្ថានរបស់ខ្លួន។ អស់លោកអភិបាលត្រូវរំឭកបព្វជិតអំពីកាតព្វកិច្ចនេះ។
គ) ឯកសិទ្ធិភ្ជាប់បព្វជិតនឹងអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬភ្ជាប់នឹងអំណាចមួយផ្សេងទៀតក្នុងព្រះសហគមន៍ ធ្វើឲ្យបព្វជិតមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់លោកអភិបាល។ ឯកសិទ្ធិនោះពាក់ព័ន្ធយ៉ាងពិសេសនឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់គ្រឹះស្ថានទាំងនោះ។ ឯកសិទ្ធិទាំងនោះមានគោលដៅតែមួយគឺជួយចាត់ចែងការរស់នៅរបស់បព្វជិត ព្រមទាំងជួយឲ្យការរស់នៅរួមជាបព្វជិតចម្រើនឡើង ហើយនាំឲ្យគេបានពេញលក្ខណៈ។ ឯកសិទ្ធិ្ធរបស់បព្វជិតដែលមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់អភិបាល ក៏បណ្តោយឲ្យអភិបាលព្រះសហគមន៍ក្រុងរ៉ូមអាចចាត់ចែងបព្វជិតទាំងនោះតាមប្រយោជន៍របស់ព្រះសហគមន៍សកល ឬឲ្យអំណាចមួយផ្សេងទៀតដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍អាចប្រើបាន ដើម្បីជាប្រយោជន៍របស់ព្រះសហគមន៍នានាដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ខ្លួន។
ក៏ប៉ុន្តែ ឯកសិទ្ធិ្ធនេះមិនឃាត់ឲ្យបព្វជិតទាំងនោះចុះចូលក្រោមអំណាចគ្រប់គ្រងរបស់អភិបាលក្នុងភូមិភាគនីមួយៗទេ តាមតែបន្ទុករបស់បព្វជិតជាគង្វាល និងការចាត់ចែងការបម្រើវិញ្ញាណមនុស្យទាមទារ។
ង) បព្វជិតទាំងអស់ ទាំងបព្វជិតដែលមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់អភិបាល ទាំងបព្វជិតដែលស្ថិតនៅក្រោមអំណាចរបស់លោក ក៏ត្រូវសុខចិត្តធ្វើការក្រោមអំណាចធម្មតារបស់លោកអភិបាលភូមិភាគ នៅពេលធ្វើពីធីបម្រើព្រះជាម្ចាស់ជាសាធារណៈ (ប៉ុន្តែត្រូវទុកឲ្យអស់លោកអនុវត្តតាមរបៀបរបបពិធីរបស់ខ្លួន) នៅពេលថែទាំវិញ្ញាណមនុស្ស នៅពេលធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរសម្រាប់ប្រជាជន ក្នុងការង្រៀនលទ្ធិនៃគ្រីស្តសាសនា និងអប់រំសីលធម៌ ជាពិសេសក្នុងការអប់រំជំនឿកូនក្មេង ក្នុងការអប់រំខាងពិធីគោរពបម្រើព្រះជាម្ចាស់ និងអំពីក្រុមបូជាចារ្យ (អាចារ្យ)កាន់វិន័យយ៉ាងត្រឹមត្រូវទៀតផង។ ក្នុងកិច្ចការផ្សេងៗជាគ្រីស្តទូត បព្វជិតក៏ត្រូវក្រោមអំណាចរបស់អភិបាលភូមិភាគដូច្នោះដែរ។ បព្វជិតដែលណែនាំសាលារៀន ក៏ត្រូវក្រោមអំណាចរបស់អភិបាលភូមិភាគ ត្រង់ការចាត់ចែងជាទូទៅ និងត្រង់ការត្រួតពិនិត្យ ប៉ុន្តែត្រូវរក្សាទុកឲ្យបព្វជិតមានសិទ្ធិគ្រប់គ្រងសាលារៀនទាំងនោះ។ យ៉ាងណាមិញ បព្វជិតត្រូវអនុវត្តតាមបទបញ្ជាទាំងប៉ុន្មានដែលមហាសន្និបាតនានា និងក្រុមអភិបាលទាំងប៉ុន្មានបានបង្គាប់យ៉ាងត្រឹមត្រូវតាមច្បាប់ឲ្យគ្រីស្តបរិស័ទទាំងអស់អនុវត្តតាម។
ច) អស់លោកអភិបាលត្រូវជួយលើកស្ទួយឲ្យមានរចនាសម្ព័ន្ធសម្រាប់ឲ្យគ្រឹះស្ថានបព្វជិតផ្សេងៗរួមសហការគ្នា និងរួមសហការជាមួយក្រុមគង្វាលក្នុងភូមិភាគដែរ។ លើសពីនេះទៅទៀត ត្រូវឲ្យកិច្ចការ និងសកម្មភាពជាគ្រីស្តទូតទាំងប៉ុន្មាន រួមសហការគ្នាជាចាំបាច់។ ការរួមសហការនេះ អាស្រ័យលើការតម្រង់ចិត្តគំនិតទៅរកព្រះជាម្ចាស់ ហើយចាក់ឫសលើសេចក្តីស្រឡាញ់ជាគ្រឹះ។ អាសនៈរបស់គ្រីស្តទូតសិលា មាន ភារកិច្ចណែនាំឲ្យកិច្ចការនិងសកម្មភាពជាគ្រីស្តទូតទាំងប៉ុន្មានក្នុងព្រះសហគមន៍សកល រួមសហការគ្នា។ អភិបាលក៏មានភារកិច្ចបង្កើតការរួមសហការនេះក្នុងភូមិភាគរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ សន្និបាតអភិបាលដ៏ប្រសើរឧត្តម និងក្រុមអភិបាលក្នុងប្រទេសនានា ក៏មានភារកិច្ចបង្កើតការរួមសហការនោះក្នុងតំបន់រៀងៗខ្លួនដែរ។
អភិបាលនិងក្រុមអភិបាលក្នុងប្រទេសមា្ខង មេដឹកនាំគ្រឹះស្ថានបព្វជិត និងក្រុមមេដឹកនាំដ៏ឧត្តមម្ខាង ត្រូវចែកចាយគម្រោងការនានារបស់ខ្លួនអំពីកិច្ចការជាគ្រីស្តទូតដែលបព្វជិតបំពេញនោះ។
ឆ) អភិបាលនិងក្រុមមេដឹកនាំក្រុមគ្រួសារបព្វជិត ត្រូវជួបជុំគ្នាតាមពេលកំណត់ និងនៅពេលដែលអស់លោកយល់ឃើញថា ត្រូវជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងកិច្ចការទាំងមូលជាគ្រីស្តទូតក្នុងតំបន់របស់អស់លោក។
ជំពូកទី៣
អស់លោកអភិបាលសហការគ្នា ដើម្បីជាប្រយោជន៍រួមរបស់ព្រះសហគមន៍ជាច្រើន
១-សន្និបាត មហាសន្និបាត ជាពិសេសក្រុមអភិបាល
៣៦-សន្និបាត និងមហាសន្និបាតដោយឡែក
តាំងពីសតវត្សដើមដំបូងនៃព្រះសហគមន៍ អស់លោកអភិបាលដែលណែនាំព្រះសហគមន៍ដោយឡែក តែងតែយកចិត្តទុកដាក់បង្រួមកម្លាំងនិងប៉ងប្រាថ្នារបស់ខ្លួន លើកស្ទួយប្រយោជន៍រួមរបស់ព្រះសហគមន៍ទាំងប៉ុន្មាន និងរបស់ព្រះសហគមន៍នីមួយៗ។ អស់លោកធ្វើដូច្នេះ ដោយមានបំណងរួបរួមគ្នាដោយស្រឡាញ់គ្នាដូចបងប្អូន និងដោយគិតគូរដល់បេសកកម្មសកលដែលព្រះគ្រីស្តបានផ្ញើទុកឲ្យក្រុមគ្រីស្តទូតមក។ ហេតុនេះហើយបានជាអស់លោកតែងតែចាត់ចែងសន្និបាត និងមហាសន្និបាតតាមតំបន់ ហើយមហាសន្និបាតសកលទៀតផង។ ក្នុងអង្គប្រជុំទាំងនោះ អស់លោកអភិបាលសម្រេចអំពីវិន័យដែលព្រះសហគមន៍នានាត្រូវអនុវត្តតាមដូចគ្នា ដើម្បីបង្រៀនសេចក្តីពិតអំពីលទ្ធិនៃជំនឿ និងចាត់ចែងវិន័យក្រុមបូជាចារ្យ។
មហាសន្និបាតដ៏វិសុទ្ធនេះ ប៉ងប្រាថ្នាយ៉ាងខ្លំាងឲ្យចាត់ចែងសន្និបាត និងឲ្យមានមហាសន្និបាត តាមទម្លាប់ពីបុរាណដ៏គួរគោរព ដើម្បីជួយពង្រីកនិងពង្រឹងជំនឿយ៉ាងសកម្ម តាមរបៀបសមស្របនឹងសភាពការណ៍ ព្រមទាំងដើម្បីរក្សាវិន័យក្នុងព្រះសហគមន៍ផ្សេងៗទៀតផង។
៣៧-សារៈសំខាន់នៃក្រុមអភិបាល
នៅបច្ចុប្បន្នកាលយើងនេះ ប្រសិនបើអស់លោកអភិបាលមិនរួមជាមួយអភិបាលឯទៀតៗកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ ហើយរួមសហការក្នុងសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងឡើងៗ អស់លោកមុខជាមិនអាចបំពេញបន្ទុករបស់ខ្លួនបានយ៉ាងសមរម្យនិងតាមរបៀបដែលបង្កើតផលបាន។ មានតែងតាំងក្រុមអភិបាលក្នុងប្រទេសជាច្រើនរួចហើយ ក្រុមទាំងនោះក៏បានផ្តល់ភស្តុតាងយ៉ាងអស្ចារ្យបញ្ជាក់ថា បានបង្កើតផលខាងកិច្ចការជា គ្រីស្តទូត ដែរ។ ហេតុនេះហើយបានជាមហាសន្និបាតយល់ឃើញថា អស់លោកអភិបាលក្នុងប្រជាជាតិតែមួយ ក្នុងតំបន់តែ មួយ នៅគ្រប់កន្លែងត្រូវតែងតាំងក្រុមអភិបាលតែមួយ ហើយប្រជុំគ្នាតាមពេលកំណត់ ដើម្បីចែកចាយពន្លឺនៃ បទ ពិសោធន៍ដ៏ឈ្លាសវៃរបស់ខ្លួន។ បើធ្វើដូច្នេះ ទើបអស់លោកនឹងអាចចែករំលែកគំនិតគ្នាទៅវិញទៅមក និងអាចរួមកម្លាំង ឲ្យមានរបៀបរៀបរយ ដើម្បីជាប្រយោជន៍រួមនៃព្រះសហគមន៍ទាំងឡាយ។
ហេតុនេះហើយបានជាមហាសន្និបាតសម្រេចសេចក្តីអំពីក្រុមអភិបាលដូចតទៅ៖
៣៨-រចនាសម្ព័ន្ធ សមត្ថភាព និងការរួមសហការរបស់ក្រុមអភិបាលនានា
ក) ក្រុមអភិបាលហាក់ដូចជាអង្គប្រជុំមួយ សម្រាប់ឲ្យអស់អភិបាលក្នុងប្រទេសមួយ ឬក្នុងតំបន់មួយបំពេញបន្ទុកជាគង្វាលរួមជាមួយគ្នា ដើម្បីលើកស្ទួយប្រយោជន៍របស់ព្រះសហគមន៍កាន់តែខ្លាំងឡើងៗ ជាសម្បត្តិសួគ៌ ដែលព្រះសហគមន៍ជូនដល់មនុស្សលោក ជាពិសេសតាមរបៀបនិងតាមវិធីបំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូត ស្រប តាមសភាពការណ៍នាប្ច្ចុប្បន្នកាល។
ខ) អភិបាលភូមិភាគទាំងប៉ុន្មាន (លើកលែងតែតំណាងពេញសិទ្ធិ) ទោះកាន់តាមរបៀបរបបពិធីណាក៏ ដោយ អភិបាលឧបការី អភិបាលរង និងអភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើម ហើយដែលទទួលបន្ទុកពិសេសពីអាសនៈគ្រីស្តទូតសិលាមឬពីក្រុមអភិបាល សុទ្ធតែជាសមាជិកនៃក្រុមអភិបាលនោះ។ រីឯអភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើម គ្មានសិទ្ធិជាសមាជិកក្រុមអភិបាលទេ។ ទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម ក៏មិនមែនជាសមាជិកក្រុមអភិបាលដែរ ដោយយល់ដល់ បេសកកម្មពិសេសរបស់លោកក្នុងតំបន់នោះ។
អភិបាលភូមិភាគនិងអភិបាលឧបការីទាំងប៉ុន្មាន មានសំឡេងបោះឆ្នោតបាន។ ចំពោះអភិបាលរងនិងអភិបាលឯទៀតៗដែលមានសិទ្ធិចូលរួមក្នុងក្រុមអភិបាល ត្រូវមានលក្ខនិ្តកៈក្រុមអភិបាល ផ្តល់សំឡេងបោះឆ្នោតក៏បាន ឬផ្តល់តែសំឡេងប្រឹក្សាពិគ្រោះប៉ុណ្ណោះក៏បានដែរ។
គ) ក្រុមអភិបាលនីមួយៗ ត្រូវសរសេរលក្ខនិ្តកៈរបស់ខ្លួន។ អាសនៈគ្រីស្តទូតសិលាត្រូវទទួលស្គាល់លក្ខនិ្តកៈ ទាំងនោះ។ ក្នុងលក្ខន្តិកៈទាំងនោះ ត្រូវចាត់ចែងឲ្យមានស្ថាប័នសម្រាប់ជួយឲ្យក្រុមអភិបាលអាចបំពេញគោលដៅរបស់ខ្លួនយ៉ាងសកម្មបាន ពោលគឺ ត្រូវមានក្រុមប្រឹក្សាអចិន្រៃ្តយ៍ មានគណៈកម្មាធិការនានា មានលេខាធិការដ្ឋានទូទៅជាដើម។ល។និង។ល។
ង) ក្រុមអភិបាលសម្រេចសេចក្តីត្រឹមត្រូវតាមច្បាប់ លុះត្រាតែមានចំនួនសំឡេងយ៉ាងហោចណាស់ពីរភាគ បីនៃចំនួនអភិបាលដែលមានសំឡេងបោះឆ្នោតក្នុងក្រុមអភិបាល ហើយលុះត្រាតែអាសនៈគ្រីស្តទូតសិលាបាន ទទួលស្គាល់ក្រុមអភិបាលនោះ។ គ្រីស្តបរិស័ទត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមអភិបាល តែក្នុងករណីណាក្បួនច្បាប់ទូទៅបញ្ជាឲ្យអនុវត្តប៉ុណ្ណោះទេ ឬក្នុងករណីណាមានបទបញ្ជាពិសេសរបស់អាសនៈគ្រីស្តទូតសិលាដោយខ្លួនឯង ឬដោយក្រុមអភិបាលបានសុំអាសនៈគ្រីស្តទូតសិលាបញ្ជានោះ។
ច)ក្នុងករណីណាមានសភាពការណ៍ពិសេសទាមទារ អភិបាលប្រជាជាតិជាច្រើនអាចចូលរួមជាក្រុមអភិបាល តែមួយ ដោយមានអាសនៈគ្រីស្តទូតសិលាយល់ស្រប។ លើសពីនេះទៅទៀត ត្រូវលើកទឹកចិត្តអភិបាលឲ្យក្រុម អភិបាលប្រជាជាតិផ្សេងៗមានទំនាក់ទំនងជាមួយគ្នា ដើម្បីលើកស្ទួយប្រយោជន៍នៃព្រះសហគមន៍កាន់តែច្រើន ឡើងៗ។
ឆ) អភិបាលនៃព្រះសហគមន៍នៅបូព៌ាប្រទេស តែងតែរួបរួមគ្នាជាសន្និបាត ដើម្បីលើកស្ទួយវិន័យក្នុងព្រះសហគមន៍របស់ខ្លួន និងដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទយ៉ាងសកម្ម ឲ្យគេបំពេញកិច្ចការសម្រាប់ជាប្រយោជន៍សាសនា។ មហាសន្និបាតសូមទូន្មានយ៉ាងខ្លាំង ឲ្យអភិបាលទាំងនោះគិតគូរដល់ប្រយោជន៍រួមនៃតំបន់ទាំងមូល នៅកន្លែងមានសហគមន៍ជាច្រើនដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា។ អស់លោកអភិបាលត្រូវបង្កើតការចែកចាយយោបល់គ្នាទៅវិញទៅមក ក្នុងប្រជុំអន្តររបៀបរបបពិធី តាមវិន័យដែលអំណាចមានសមត្ថកិច្ចនឹងតែងតាំងនៅពេលខាងមុខ។
២-ព្រំដែនតំបន់ព្រះសហគមន៍ ហើយការតែងតាំងតំបន់ព្រះសហគមន៍
៣៩-គោលការណ៍អំពីការកែសម្រួលព្រំដែនភូមិភាគ
ភូមិភាគត្រូវមានព្រំដែនស្របតាមសភាពការណ៍ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណសម្រាប់គ្រីស្តបរិស័ទ។ មិនតែប៉ុណ្ណោះ ភូមិភាគផ្សេងៗក៏ត្រូវរួមគ្នាជាតំបន់ដែលមានព្រំដែនស្របតាមសភាពការណ៍ដែរ។ លើសពីនេះទៅទៀត ត្រូវតែងតាំងតំបន់ថ្មីដែលអាចជួយផ្គត់ផ្គង់តម្រូវការនៃកិច្ចការជាគ្រីស្តទូតបាន ស្របតាមសភាពការណ៍ក្នុងសង្គម និងសភាពការណ៍តាមតំបន់។ ដូច្នេះ អភិបាលទាំងប៉ុន្មានអាចទាក់ទងជាមួយគ្នាយ៉ាងស្រួល ហើយទំនាក់ទំនងទាំងនោះនឹងមានប្រយោជន៍ច្រើនជាពំុខាន។ អស់លោកអភិបាលក៏នឹងមានទំនាក់ទំនងជាមួយអភិបាលនៃទីក្រុងធំៗ និងជាមួយអភិបាលឯទៀតៗក្នុងប្រទេសនោះ។ ទំនាក់ទំនងរបស់អស់លោកអភិបាល ជាមួយរដ្ឋអំណាចក៏ស្រួលថែមទៀតផង។
៤០-វិន័យដែលត្រូវអនុវត្តតាម
ហេតុនេះហើយបានជា មហាសន្និបាតដ៏វិសុទ្ធសម្រេចឲ្យតែងតាំងវិន័យដូចតទៅ ដើម្បីឲ្យបានលទ្ធផលតាមបំណងគឺ៖
ក) ត្រូវកែសម្រួលទំហំតំបន់ព្រះសហគមន៍តាមសេចក្តីសមគួរ ហើយត្រូវបញ្ជាក់សិទ្ធិ និងឯកសិទ្ធិអភិបាលព្រះសហគមន៍ក្នុងក្រុងធំៗ តាមសេចក្តីណែនាំថ្មី និងស្របតាមសភាពការណ៍។
ខ) ភូមិភាគទាំងអស់ និងដែនដីឯទៀតៗទាំងអស់ដែលមានការចាត់ចែងដូចគ្នាតាមក្បួនច្បាប់រួមរបស់ព្រះសហគមន៍ ត្រូវភ្ជាប់ជាមួយតំបន់ព្រះសហគមន៍តែមួយ។ ហេតុនេះហើយបានជាភូមិភាគទាំងអស់ដែលសព្វថ្ងៃស្ថិតនៅក្រោមអំណាចអាសនៈគ្រីស្តទូតសិលា ហើយដែលមិនជាប់នឹងភូមិភាគណាមួយ ត្រួវរួបរួមក្នុងតំបន់ព្រះសហគមន៍ថ្មីនោះប្រសិនបើអាចធ្វើបាន ឬត្រូវភ្ជាប់ជាមួយនឹងតំបន់ព្រះសហគមន៍ដែលនៅជិតជាង ឬដែលស្រួលជាងគេ។ ដូច្នេះភូមិភាគទាំងនោះត្រូវស្ថិតនៅក្រោមអំណាចរបស់អគ្គអភិបាលនៃក្រុមធំៗ តាមវិន័យនៃក្បួនច្បាប់រួមទូទៅ។
គ) នៅកន្លែងណាប្រយោជន៍ទាមទារ ត្រូវបង្រួមតំបន់ព្រះសហគមន៍ ជាតំបន់ព្រះសហគមន៍ធំ។ ត្រូវបញ្ជាក់ការចាត់ចែងតំបន់ទាំងនោះតាមក្បួនច្បាប់នៅពេលខាងមុខ។
៤១-ត្រូវសូមឲ្យក្រុមអភិបាលបោះឆ្នោត
គួរឲ្យក្រុមអភិបាលដែលមានសមត្ថកិច្ច ពិនិត្យមើលបញ្ហាកំណត់ព្រំដែនតំបន់ព្រះសហគមន៍ទាំងនោះ ឬ បញ្ហាតែងតាំងភូមិភាគ តាមច្បាប់ដែលចាត់ចែងរួចហើយសម្រាប់កំណត់ព្រំដែនភូមិភាគ (លក ២៣ និង ២៤) រួច សុំឲ្យក្រុមអភិបាលផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួនជូនទៅអាសនៈគ្រីស្តទូតសិលា។
៣-អភិបាលដែលបំពេញការងារអន្តរភូមិភាគ
៤២-ការតែងតាំងការិយាល័យពិសេស និងសហការជាមួយអស់លោកអភិបាល
តម្រូវការណែនាំគ្រីស្តបរិស័ទទាមទារឲ្យអស់លោកអភិបាលលរួមគ្នាបំពេញនិងពង្រីកកិច្ចការណែនាំខ្លះ
ដោយចិត្តថ្លើមតែមួយ។ ហេតុនេះហើយបានជាត្រូវតែងតាំងការិយាល័យមួយចំនួន សម្រាប់បម្រើភូមិភាគទាំងអស់ ឬបម្រើភូមិភាគទាំងប៉ុន្មានក្នុងតំបន់មួយ ឬក្នុងប្រទេសមួយ។ គេអាចផ្ញើឲ្យអភិបាលម្នាក់ទទួលខុសត្រូវលើការិយាល័យមួយចំនួននោះបាន។
មហាសន្និបាតទូន្មានឲ្យអភិបាលដែលបំពេញបន្ទុកទាំងនោះ អភិបាលភូមិភាគ និងក្រុមអភិបាល រួបរួមគ្នាដូចបងប្អូនជានិច្ច រួមគោលបំណងប្រាថ្នាក្នុងកិច្ចការជាគង្វាលណែនាំ តាមលក្ខណៈដែលក្បួនច្បាប់ទូទៅត្រូវបញ្ជាក់នៅពេលខាងមុខ។
៤៣-អភិបាលសម្រាប់កងទ័ព
ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងថែទាំទាហានខាងវិញ្ញាណ ព្រោះគេមានរបៀបរស់នៅប្លែកពីគេ។ ហេតុនេះ ត្រូវតែងតាំងអភិបាលសម្រាប់កងទ័ព តាមសមត្ថភាពក្រុមអភិបាលនីមួយៗ។ អភិបាលកងទ័ព និងបូជាចារ្យ (អាចារ្យ) ត្រូវបូជាកម្លាំងកាយកម្លាំងចិត្តដោយឥតសំចៃ បំពេញមុខងារដ៏ពិបាកនោះ ទាំងរួមសហការយ៉ាងពេញលេញជាមួយនឹងអភិបាលភូមិភាគនានា។
ហេតុនេះ អភិបាលភូមិភាគនានាត្រូវជូនបូជាចារ្យមួយចំនួនល្មមទៅដល់អភិបាលកងទ័ព គឺគង្វាល ដែលមានសមត្ថភាពអាចបំពេញបន្ទុកដ៏ធ្ងន់ធ្ងរនេះ។ នៅពេលជាមួយគ្នានោះ អស់លោកក៏ត្រូវលើកស្ទួយកិច្ចការផ្សេងៗដើម្បីជាប្រយោជន៍ខាងព្រះវិញ្ញាណរបស់ទាហានថែមទៀតផង។
បទបញ្ជាទូទៅ
៤៤-មហាសន្និបាតសម្រេចថា ពេលកែសម្រួលក្បួនច្បាប់ព្រះសហគមន៍ ត្រូវបង្កើតច្បាប់តាមតម្រូវការ និងស្របតាមគោលការណ៍បញ្ជាក់ក្នុងក្រឹត្យក្រមនេះ ដោយនឹកគិតដល់សេចក្តីសង្កេតឃើញនៃគណៈកម្មាធិការរបស់មហាសន្និបាត និងរបស់អភិបាលដែលចូលរួមក្នុងមហាសន្និបាតនេះផង។
មហាសន្និបាតសម្រេចទៀតថា ត្រូវចែងសេចក្តីណែនាំទូទៅសម្រាប់ថែទាំងវិញ្ញាណ ដើម្បីជួយអស់លោកអភិបាលនិងគង្វាល ដែលទទួលខុសត្រូវថែទាំគ្រីស្តបរិស័ទក្នុងព្រះសហគមន៍មួយ។ សេចក្តីណែនាំដ៏មាំមួនទាំងនោះ មុខជានឹងជួយអស់លោកឲ្យបំពេញបន្ទុករបស់ខ្លួនជាគង្វាលយ៉ាងស្រួល និងកាន់តែពេញលក្ខណៈ។
សូមចែងសេចក្តីណែនាំពិសេសសម្រាប់ជួយអភិបាលនិងគង្វាល ដែលណែនាំក្រុមគ្រីស្តបរិស័ទប្លែកពីគេ តាមសភាពការណ៍ផ្សេងៗរបស់ជាតិនានា ឬស្របតាមសភាពការណ៍តំបន់ផ្សេងទៀតដែរ។ ត្រូវចែងសេចក្តីណែនាំអំពីការអប់រំជំនឿប្រជាជនគ្រីស្តបរិស័ទ។ សេចក្តីណែនាំត្រូវចែងអំពីគោលជាគ្រឹះមូលដ្ឋាន និងអំពីការចាត់ចែងនៃការបង្រៀននោះ។ ត្រូវនិពន្ធសៀវភៅអំពីសេចក្តីទាំងនោះ។ ពេលនិពន្ធសៀវភៅណែនាំទាំងនោះ ត្រូវនឹកគិតដល់សេចក្តីសង្កេតឃើញនៃគណៈកម្មាធិការមហាសន្និបាត និងរបស់អភិបាលដែលចូលរួមក្នុងមហាសន្និបាតនេះផង។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍ នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាលដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី២៨ តុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
UNITATIS REDINTEGRATIO
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលជួបជុំក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីការបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់និកាយឲ្យរួបរួមគ្នាជាធ្លុងតែមួយ
១-ក្នុងចំណោមគោលដៅនៃមហាសនិ្នបាតសកលវ៉ាទីកង់ទី២ ដ៏វិសុទ្ធ ការលើកស្ទួយគ្រីស្តបរិស័ទ គ្រប់និកាយឲ្យរួបរួមគ្នាជាធ្លុងតែមួយ ពិតជាគោលដៅមួយដ៏សំខាន់។ ព្រះគ្រីស្តជាព្រះអម្ចាស់តែងតាំងព្រះសហគមន៍តែមួយគត់។ ក៏ប៉ុន្តែមានសហគមន៍គ្រីស្តបរិស័ទជាច្រើនអះអាងនៅចំពោះមនុស្សលោកថា មានតែគ្នាគេទេដែលទទួលមត៌កដ៏ពិតប្រាកដរបស់ព្រះយេស៊ូគ្រីស្ត។ ទោះបីគ្រីស្តបរិស័ទទាំងអស់ប្រកាសជំនឿថា គេជាសាវ័ករបស់ព្រះអម្ចាស់ក្តី ក៏គេកាន់ឥរិយាបថផ្សេងៗពីគ្នា និងដើរតាមមាគ៌ាប្លែកៗពីគ្នាដែរ ហាក់ដូចជាព្រះគ្រីស្តបែងចែកជាច្រើនភាគ (១ករ ១,១៣)។ ការបែងចែកគ្នាដូច្នេះ ច្បាស់ជាទាស់នឹងព្រះហឫទ័យរបស់ព្រះគ្រីស្តមែន ហើយក៏បណ្តាលឲ្យមនុស្សលោកឃ្លាតឆ្ងាយពីជំនឿ ព្រមទាំងជាឧបសគ្គរារាំងការប្រកាសដំណឹងល្អឲ្យមនុស្សគ្រប់ៗគ្នា ដែលជាកិច្ចដ៏វិសុទ្ធបំផុត។
ប៉ុន្តែព្រះអម្ចាស់នៃពេលវេលា នៅតែសម្រេចគម្រោងការរបស់ព្រះអង្គតាមព្រះហឫទ័យប្រោសប្រណីចំពោះ យើងជាអ្នកបាប ដោយព្រះប្រាជ្ញាញាណនិងដោយព្រះហឫទ័យអត់ធ្មត់ខន្តីដែរ។ នៅសម័យថ្មីៗនេះ ព្រះអង្គចាប់ ផ្តើមបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទដែលបែងចែកគ្នានោះ ឲ្យមានចំនួនកាន់តែច្រើនឡើងៗនឹកស្តាយដោយបែងចែកគ្នាដូច្នេះ និងក៏មានបំណងប្រាថ្នាចង់រួបរួមគ្នាជាធ្លុងតែមួយដែរ។ នៅគ្រប់ទីកន្លែង ព្រះជាម្ចាស់ប្រណីសន្តោសមនុស្សជាច្រើន ហើយមានចលនាមួយកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃកើតឡើង ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ សូម្បីតែក្នុងចំណោមបងប្អូនដែលបែកចេញពីយើងក្តី ក៏កើតចលនានោះដែរ ក្នុងគោលបំណងបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ឲ្យរួបរួមគ្នាជាធ្លុងតែមួយ។
គេតែងហៅចលនានោះថា «ចលនាបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់និកាយឲ្យរួបរួមគ្នាជាធ្លុងតែមួយ»។ អស់អ្នកដែលតែងតែអង្វរព្រះជាម្ចាស់ជាព្រះត្រៃឯក និងដែលប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់និងពិតជាព្រះសង្គ្រោះ ក៏ចូលរួមក្នុងចលនានោះដែរ។ មិនគ្រាន់តែគ្រីស្តបរិស័ទក្នុងឋានៈជាបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ចូលចលនានោះ តែគ្រីស្តបរិស័ទដែលរួមគ្នា ក្នុងឋានៈជាសហគមន៍ក៏ចូលដែរ គេបានស្តាប់ដំណឹងល្អក្នុងសហគមន៍ទាំងនោះ ដែលគេហៅថា «ព្រះសហគមន៍របស់ គេ» (ឬ "ក្រុមជំនុំរបស់គេ") និង «ព្រះសហគមន៍ (ឬ "ក្រុមជំនុំ") របស់ព្រះជាម្ចាស់ ៉។ ក៏ប៉ុន្តែ គ្រីស្តបរិស័ទស្ទើរតែ ទាំងអស់នោះ មានបំណងសង្វាតចង់ឲ្យមានព្រះសហគមន៍ (ឬ "ក្រុមជំនុំ") របស់ព្រះជាម្ចាស់តែមួយគត់ ដែលមនុស្សអាចមើលឃើញបាន ជាព្រះសហគមន៍ (ឬ "ក្រុមជំនុំ") សកលយ៉ាងពិតប្រាកដ ដែលព្រះជាម្ចាស់ចាត់មក ក្នុងពិភពលោកទាំងមូល ដើម្បីឲ្យមនុស្សលោកប្រែចិត្តគំនិតទទួលដំណឹងល្អ និងទទួលការសង្រោ្គះ ហើយលើក តម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយដោយឃើញការណ៍ទាំងនោះ។ ក្រោយពីបានប្រកាសបញ្ជាក់លទ្ធិអំពីព្រះសហគមន៍រួចហើយ និងដោយមានបំណងចង់បង្រួបបង្រួមសាវ័កទាំងប៉ុន្មានរបស់ព្រះគ្រីស្តឲ្យរួបរួមគ្នាឡើងវិញ មហាសន្និបាតក៏សូមផ្តល់ឲ្យគ្រីស្តបរិស័ទកាតូលិកទាំងអស់នូវជំនួយ និងគោលការណ៍ ព្រមទាំងមធ្យោបាយដែលអាចជួយគេឲ្យតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេឲ្យរួបរួមគ្នា និងតបឆ្លើយនឹងព្រះហឬទ័យប្រណីសន្តោសរបស់ព្រះអង្គផង។
ជំពួក១
គោលការណ៍កាតូលិកអំពីការបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ឲ្យរួបរួមជាធ្លុងតែមួយ
២-ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះមនុស្សយើងដូចតទៅ គឺព្រះបិតាចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមកក្នុងពិភពលោក។ ដោយព្រះបុត្រាប្រសូតជាមនុស្ស ព្រះអង្គបានប្រោសមនុស្សជាតិទាំងមូលឲ្យមានជីវិតថ្មី ទាំងរំដោះគេ និងបង្រួបបង្រួមគេជាអង្គតែមួយដែរ (១យហ ៤,៩; កូឡ ១,១៨-២០; យហ ១១,៥២)។ មុនពេលព្រះបុត្រាបូជាព្រះជន្មនៅលើឈើឆ្កាងទុកជាតង្វាយដ៏និមល ព្រះអង្គអង្វរព្រះបិតាសូមព្រះអង្គប្រណីសន្តោសអស់អ្នកដែលនឹងផ្ញើជីវិតលើព្រះអង្គនៅពេលក្រោយៗទៀតថា «បពិត្រព្រះបិតា! សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយនៅក្នុងយើង ដូចព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងព្រះអង្គដូច្នោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គពិតជាបានចាត់ខ្ញុំមកមែន» (យហ ១៧,២១)។ ព្រះអង្គក៏តែងតាំងអគ្គសញ្ញាដ៏ប្រសើរឧត្តមមួយក្នុងព្រះសហគមន៍ និងក្នុងក្រុមជំនុំ គឺអគ្គសញ្ញាអរព្រះគុណ ដែលបង្ហាញបញ្ជាក់ថា ព្រះសហគមន៍រួបរួមជាធ្លុងតែមួយហើយ និងធ្វើឲ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយទៀតដែរ។ ព្រះអង្គក៏ប្រទានវិន័យថ្មីឲ្យក្រុមសាវ័ករបស់ព្រះអង្គ គឺឲ្យគេស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៣,៣៤)។ ព្រះអង្គក៏សន្យាថា នឹងចាត់ព្រះវិញ្ញាណ ជាវិញ្ញាណដែលជួយការពារ (យហ ១៦,៧) ជាព្រះអម្ចាស់ដែលផ្តល់ជីវិត ឲ្យគង់នៅជាមួយគេជាដរាបតរៀងមក។
ក្រោយពីពេលគេលើកព្រះអង្គនៅលើឈើឆ្កាង និងក្រោយពីពេលព្រះអង្គយាងចូលក្នុងសិរីរុងរឿង ព្រះអម្ចាស់យេស៊ូចាក់បង្ហូរព្រះវិញ្ញាណតាមព្រះបន្ទូលសន្យា។ ដោយព្រះវិញ្ញាណនេះ ព្រះអង្គក៏ត្រាស់ហៅ និងប្រមែប្រមូលព្រះសហគមន៍(ក្រុមជំនុំ) ដែលជាប្រជារាស្ត្រនៃសម្ពន្ធមេត្រីថ្មី ឲ្យមានជំនឿតែមួយ មានសេចក្តីសង្ឃឹមតែមួយ និងមានចិត្តស្រឡាញ់តែមួយដែរ តាមសេចក្តីដែលគ្រីស្តទូតប៉ូលបង្រៀនថា «ព្រះកាយមានតែមួយ ព្រះវិញ្ញាណមានតែមួយ សេចក្តីសង្ឃឹមមានតែមួយ តាមព្រះជាម្ចាស់ត្រាស់ហៅបងប្អូន។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ» (អភ ៤,៤-៥)។ «បងប្អូនទាំងអស់ដែលបានទទួលពិធីជ្រមុជទឹកក្នុងអង្គព្រះគ្រីស្តរួច បងប្អូនរួបរួមយ៉ាងជិតស្និទ្ធនឹងព្រះគ្រីស្ត ដូចជាយកព្រះអង្គមកបំពាក់លើខ្លួន...គឺបងប្អូនរួបរួមគ្នាជាអង្គតែមួយក្នុងព្រះគ្រីស្តយេស៊ូ» (កាឡ៣,២៧-២៨)។ ព្រះវិញ្ញាណដ៏វិសុទ្ធគង់សណ្ឋិតក្នុងអ្នកជឿ ព្រះអង្គបំពេញព្រះសហគមន៍ទាំងមូល ហើយត្រួតត្រាព្រះសហគមន៍ទៀតផង។ ព្រះវិញ្ញាណធ្វើឲ្យអ្នកជឿទាំងប៉ុន្មានរួបរួមចិត្តគំនិតគ្នាយ៉ាងអស្ចារ្យ គឺប្រោសឲ្យគេរួបរួមគ្នាយ៉ាងជិតស្និទ្ធបំផុតក្នុងអង្គព្រះគ្រីស្ត ព្រោះព្រះវិញ្ញាណជាដើមកំណើតប្រោសឲ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយនោះ។ ព្រះវិញ្ញាណនេះហើយដែលចែកប្រទានព្រះអំណោយទានប្លែកៗពីគ្នា និងមុខងារបម្រើផ្សេងៗ (១ករ ១២,៤-១១) ព្រះអង្គក៏ចែកប្រទានតួនាទីផ្សេងៗក្នុងព្រះសហគមន៍របស់ព្រះយេស៊ូគ្រីស្តទៀតផង ព្រះអង្គ "ចាត់ចែងប្រជារាស្រ្តដ៏វិសុទ្ធដូច្នេះ ឲ្យបំពេញមុខងារបម្រើ ដើម្បីសាងសង់ព្រះកាយព្រះគ្រីស្ត" (អភ ៤,១២)។
ក៏ប៉ុន្តែព្រះគ្រីស្តបានផ្ញើមុខងារបង្រៀន មុខងារត្រួតត្រា និងមុខងារនាំមនុស្សឲ្យបានវិសុទ្ធ ទៅនឹងក្រុមគ្រីស្តទូតទាំងដប់ពីរនាក់ (មថ ២៨,១៨-២០ ភ្ជាប់នឹង យហ ២០,២១-២៣) ដើម្បីតែងតាំងព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ នៅគ្រប់ទីកន្លែង រហូតដល់អវសានកាលនៃពិភពលោក។ ក្នុងចំណោមគ្រីស្តទូតទាំងដប់ពីរនាក់នោះ ព្រះអង្គជ្រើសរើសលោកសិលា។ ក្រោយពីលោកសិលានោះបានប្រកាសជំនឿ ព្រះអង្គសម្រេចព្រះហឫទ័យសាងព្រះសហគមន៍របស់ព្រះអង្គលើលោកសិលានេះទុកជាគ្រឹះ។ ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងប្រគល់ "កូនសោរនៃព្រះរាជ្យ" ទុកមកលោក (មថ ១៦,១៩ ភ្ជាប់នឹង ១៨,១៨)។ ក្រោយពីលោកប្រកាសបញ្ជាក់ថា លោកស្រឡាញ់ព្រះអង្គពិតមែនហើយ ព្រះអង្គក៏ផ្ញើហ្វូងចៀមព្រះអង្គឲ្យលោកពង្រឹងជំនឿរបស់គេ (លក ២២,៣២) និងឃ្វាលណែនាំគេឲ្យរួបរួមគ្នាជាធ្លុងតែមួយយ៉ាងពេញលក្ខណៈ (យហ ២១,១៥-១៧)។ ក៏ប៉ុន្តែ ព្រះយេស៊ូគ្រីស្តនៅតែជាគ្រឹះដ៏សំខាន់បំផុត ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច (អភ ២,២០) និងជា "គង្វាលនៃជីវិតរបស់យើង" (១សល ២, ២៥)។
ព្រះយេស៊ូគ្រីស្តសព្វព្រះហឫទ័យឲ្យប្រជារាស្រ្តរបស់ព្រះអង្គចម្រើនចំនួនឡើង ដោយគ្រីស្តទូត និងអស់លោក ដែលបន្តមុខងារពីក្រុមគ្រីស្តទូត ប្រកាសដំណឹងល្អយ៉ាងស្មោះត្រឹមត្រូវ។ អស់លោកអភិបាលបន្តមុខងារពីក្រុម គ្រីស្តទូតរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ក្នុងឋានៈជាមេដឹកនាំ។ ព្រះយេស៊ូគ្រីស្តក៏សព្វព្រះហឫទ័យឲ្យប្រជារាស្រ្តរបស់ព្រះអង្គចម្រើនឡើង ដោយអស់លោកធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ និងគ្រប់គ្រងគេដោយសេចក្តីស្រឡាញ់ ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ព្រះអង្គក៏បង្រួបបង្រួមប្រជារាស្រ្តព្រះអង្គឲ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយគេប្រកាសជំនឿតែមួយ ដោយរួបរួមគ្នាគោរពបម្រើព្រះជាម្ចាស់ និងដោយគេរួបរួមគ្នាទុកគ្នាជាបងប្អូនយ៉ាងសុខសាន្ត ក្នុងមហាគ្រួសាររបស់ព្រះជាម្ចាស់។
ដូច្នេះ ព្រះសហគមន៍ដែលជាហ្វូងចៀមតែមួយគត់របស់ព្រះជាម្ចាស់ ប្រៀបដូចទង់មួយជាសញ្ញាលើកឡើងឲ្យមនុស្សគ្រប់ជាតិសាសន៍ឃើញ (អស ១១,១០-១២) ព្រះសហគមន៍យកដំណឹងល្អស្តីអំពីសេចក្តីសុខសាន្តមកបម្រើមនុស្សលោកទាំងមូល (អភ ២,១៧-១៨ ភ្ជាប់នឹង មក១៦-១៥)។ ព្រះសហគមន៍នៅតែធ្វើបូជនីយេសចរទាំងមានសេចក្តីសង្ឃឹម ឆ្ពោះទៅកាន់មាតុភូមិនៃលោកខាងមុខ ជាទិសដៅរបស់ខ្លួន (១សល ៣-៩)។
នេះជាគម្រោងការដ៏សក្ការៈរបស់ព្រះសហគមន៍ដែលរួបរួមគ្នាជាធ្លុងតែមួយក្នុងអង្គព្រះគ្រីស្ត ដោយសារព្រះគ្រីស្ត និងក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលចែកប្រទានមុខងារបម្រើប្លែកៗពីគ្នាក្នុងព្រះសហគមន៍នោះ។ ព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ដែលរួបរួមគ្នាជាអង្គតែមួយ ពិតជាគំរូដ៏ខ្ពង់ខ្ពស់បំផុតនិងជាដើមកំណើតនៃគម្រោងការរបស់ព្រះសហគមន៍ដែលរួបរួមជាធ្លុងតែមួយ។
៣-ទំនាក់ទំនងជាមួយបងប្អូនដែលបែកចេញពីព្រះសហគមន៍កាតូលិក
តាំងពីដើមរៀងមក ក្នុងព្រះសហគមន៍តែមួយគត់របស់ព្រះជាម្ចាស់ កើតការបែកបាក់គ្នាខ្លះ (១ករ ១១,១៨-១៩; កាឡ១,៦-៩; ១យហ ២,១៨-១៩)។ គ្រីស្តទូតប៉ូលស្តីបន្ទោសយ៉ាងខ្លាំងអ្នកធ្វើឲ្យព្រះសហគមន៍បែកបាក់ (១ករ ១១;១១,២២)។ នៅសតវត្សក្រោយៗមកទៀត គ្រីស្តបរិស័ទក៏ខ្វែងគំនិតគ្នារឹតតែធ្ងន់ធ្ងរឡើងទៀត មានសហគមន៍ធំៗជាច្រើនបែកចេញពីការរួបរួមគ្នាយ៉ាងពេញលេញនៃព្រះសហគមន៍កាតូលិក។ ជួនកាល កំហុសមកពីមនុស្សក្នុងភាគីទាំងសងខាង។ បងប្អូនដែលកើតសព្វថ្ងៃក្នុងសហគមន៍ដែលបែកចេញទាំងនោះ ហើយដែលផ្ញើជីវិតលើព្រះគ្រីស្ត មិនត្រូវចោទថា គេមានកំហុសដោយបាក់បែកនោះទេ។ ព្រះសហគមន៍កាតូលិកគោរព និងស្រឡាញ់គេក្នុងឋានៈជាបងប្អូន ដ្បិតអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ហើយបានទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងត្រឹមត្រូវ ទោះបីគេមិនរួបរួមយ៉ាងពេញលក្ខណៈជាមួយព្រះសហគមន៍កាតូលិកក្ដី ក៏គេរួបរួមម៉្យាងជាមួយដែរ ។ តាមពិត ក្រុមគេនិងព្រះសហគមន៍កាតូលិកខ្វែងគំនិតគ្នា អំពីប្រការផ្សេងៗត្រង់លទ្ធិនៃជំនឿ ជួនកាលគេខ្វែងគំនិតគ្នាអំពីវិន័យ ជួនកាលគេខ្វែងគំនិតគ្នាអំពីរចនាសម្ពន្ធនៃព្រះសហគមន៍។ ការខ្វែងគំនិតទាំងនោះបង្កើតឧបសគ្គជាច្រើន ជួនកាលក្លាយជាឧកសគ្គធ្ងន់ធ្ងរ រារាំងមិនឲ្យគ្រីស្តបរិស័ទរួបរួមគ្នាយ៉ាងពេញលេញបាន។ ចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ មានគោលដៅពុះពារឧបសគ្គទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏បងប្អូនទាំងនោះ ពិតជាមនុស្សសុចរិតដោយគេផ្ញើជីវិតលើព្រះគ្រីស្តនិងទទួលអគ្គសញ្ញាជ្រមុជទឹក គេចូលរួមក្នុងព្រះកាយព្រះគ្រីស្ត គេក៏ពិតជាមានឈ្មោះថា ជាគ្រីស្តបរិស័ទដែរ។ សមាជិកនៃព្រះសហគមន៍កាតូលិក ទទួលស្គាល់គេយ៉ាងត្រឹមត្រូវទុកជាបងប្អូនក្នុងព្រះអម្ចាស់។
មិនតែប៉ុណ្ណោះសោត ព្រះសហគមន៍ (ក្រុមជំនុំ) សាងឡើងនិងមានជីវិតរស់រវើក ដោយកត្តានិងគុណធម៌ផ្សេងៗភ្ជាប់គ្នា។ មានកត្តានិងគុណសម្បត្តិដ៏សំខាន់ៗបំផុតជាច្រើន ស្ថិតនៅខាងក្រៅព្រះសហគមន៍កាតូលិកដែលមនុស្សមើលឃើញ គឺមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងជាលាយលក្ខណ៍អក្សរ មានជីវិតតាមព្រះហឫទ័យប្រណីសន្តោសនៃព្រះជាម្ចាស់ មានជំនឿ មានសេចក្តីសង្ឃឹម មានសេចក្តីស្រឡាញ់ មានព្រះអំណោយទានផ្សេងៗរបស់ព្រះវិញ្ញាណនៅក្នុងចិត្តគេ ព្រមទាំងមានកត្តាជាច្រើនឯទៀតៗ ដែលមនុស្សមើលឃើញបានផង។ គុណសម្បត្តិទាំងនេះសុទ្ធតែមកពីព្រះគ្រីស្ត និងណែនាំឲ្យទៅកាន់ព្រះអង្គ ហើយក៏ពិតជាគុណសម្បត្តិនៃព្រះសហគមន៍តែមួយគត់របស់ព្រះគ្រីស្តត្រឹមត្រូវតាមច្បាប់។
ក្នុងចំណោមបងប្អូនដែលបែកចេញពីយើង ក៏គេតែងតែធ្វើពិធីជាច្រើនតាមគ្រីស្តសាសនា។ គេនាំគ្នាធ្វើពិធីទាំងនោះតាមរបៀបផ្សេងៗ ស្របតាមសភាពការណ៍ប្លែកៗរបស់ព្រះសហគមន៍ ឬសហគមន៍ (ក្រុមជំនុំ) នីមួយៗ។ ពិធីទាំងនោះពិតជាអាចផ្តល់ជីវិតតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ យើងត្រូវទទួលស្គាល់ថា ពិធីទាំងនោះអាចនាំឲ្យគេចូលរួបរួមក្នុងការសង្គ្រោះផងដែរ។
ហេតុនេះហើយ ទោះបីយើងជឿថា ព្រះសហគមន៍និងក្រុមជំនុំទាំងនោះដែលបាក់បែកចេញពីយើង ខ្វះសេចក្តីខ្លះក៏ដោយ ក៏យើងចាត់ទុកថា ព្រះសហគមន៍និងក្រុមជំនុំទាំងនោះមានអត្ថន័យ និងមានប្រយោជន៍តាមគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះដែរ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តសព្វព្រះហឫទ័យប្រើព្រះសហគមន៍និងក្រុមជំនុំទាំងនោះទុកជាមធ្យោបាយនាំការសង្គ្រោះដល់មនុស្សលោក។ អានុភាពនៃការសង្គ្រោះនេះ ហូរចេញមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់និងសេចក្តីពិតដ៏ពេញលេញ ដែលព្រះគ្រីស្តបានផ្ញើទុកឲ្យព្រះសហគមន៍កាតូលិក។
ក៏ប៉ុន្តែ បងប្អូនដែលបែកចេញពីយើងទាំងនេះ ទោះម្នាក់ៗក្ដី ទោះជាក្រុមជំនុំឬព្រះសហគមន៍របស់គេក្តី ក៏គេមិនប្រកបដោយការរួបរួមដែលព្រះគ្រីស្តសព្វព្រះហឫទ័យចែកប្រទានឲ្យអស់អ្នកដែលព្រះអង្គបានបង្កើតជាថ្មីដែរ។ ព្រះអង្គបានផ្តល់ជីវិតឲ្យគេ ដើម្បីឲ្យគេទៅជាព្រះកាយតែមួយ ហើយបម្រុងនឹងបានជីវិតថ្មី តាមព្រះគម្ពីរនិងការបញ្ជូនបន្តនៃព្រះសហគមន៍ បញ្ជាក់ស្រាប់។ មនុស្សលោកមានគ្រប់មធ្យោបាយ ដើម្បីទទួលការសង្គ្រោះ ដោយសារតែព្រះសហគមន៍កាតូលិករបស់ព្រះគ្រីស្តមួយគត់ គឺព្រះសហគមន៍ដែលជា "មធ្យោបាយសកលនៃការសង្គ្រោះ"។ យើងជឿថា ព្រះអម្ចាស់បានផ្ញើទុកគុណសម្បត្តិដ៏បរិបូរណ៍លើសលុបនៃសម្ពន្ធមេត្រីថ្មី ទៅក្រុមគ្រីស្តទូតតែមួយគត់ ដែលមានគ្រីស្តទូតសិលាជាប្រធាន ដើម្បីតែងតាំងព្រះកាយតែមួយគត់របស់ព្រះគ្រីស្តនៅលើផែនដីនេះ។ អស់អ្នកដែលភ្ជាប់នឹងប្រជារាស្ត្ររបស់ព្រះជាម្ចាស់តាមរបៀបម្យ៉ាងរួចហើយ ក៏ត្រូវរួបរួមក្នុងព្រះកាយនេះយ៉ាងពេញលេញដែរ។ ពេលប្រជារាស្រ្តនេះកំពុងតែធ្វើបូជនីយេសចរនៅលើផេនដីនេះ ទោះបីសមាជិកតែងតែប្រព្រឹត្តអំពើបាបក៏ដោយ ក៏ប្រជារាស្រ្តនៅតែចម្រើនឡើងក្នុងអង្គព្រះគ្រីស្តដែរ ដោយមានព្រះជាម្ចាស់ណែនាំយ៉ាងទន់ភ្លន់ តាមព្រះអង្គគ្រោងទុកយ៉ាងអាថ៌កំបាំង រហូតដល់ពេលគេទទួលសិរីរុងរឿងយ៉ាងពេញលេញអស់កល្បជានិច្ច នៅក្នុងយេរូសាឡឹមនៃលោកខាងមុខ។
៤-អំពីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ
សព្វថ្ងៃ នៅច្រើនកន្លែងក្នុងពិភពលោក ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធប្រណីសន្តោស គ្រីស្តបរិស័ទមួយចំនួនធំខិតខំអធិដ្ឋាន និយាយសន្ទនាគ្នា និងធ្វើការរួមជាមួយគ្នា ដើម្បីឲ្យរួបរួមគ្នាយ៉ាងពេញលក្ខណៈតាមព្រះហឫ ទ័យព្រះយេស៊ូគ្រីស្ត។ ហេតុនេះហើយបានជាមហាសន្និបាត ដាស់តឿនគ្រីស្តបរិស័ទកាតូលិកទាំងអស់ឲ្យទទួល ស្គាល់សញ្ញាសម្គាល់នៃកាលៈទេសៈនិងឲ្យចូលរួមយ៉ាងសកម្មក្នុងការខិតខំបង្រួបបង្រួមគ្រីស្តបរិស័ទជាធ្លុងតែមួយ នេះ។
ពេលយើងនិយាយថា "ចលនាបង្រួបបង្រួម" នេះ យើងយល់ដល់កិច្ចការទាំងប៉ុន្មានដែលគ្រីស្តបរិស័ទចាប់ផ្តើមធ្វើដោយមានគំនិតផ្ទាល់ ឬការដែលព្រះសហគមន៍ ឬក្រុមជំនុំនានាចាត់ចែង ដើម្បីជួយឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ស្របតាមសេចក្តីត្រូវការប្លែកៗនៃព្រះសហគមន៍ និងតាមសភាពការណ៍នៃកាលៈទេសៈផងដែរ។ ដូច្នេះ មុនដំបូងត្រូវខិតខំបំបាត់ចោលនូវពាក្យសម្តី នូវការវិនិច្ឆ័យនិងយោបល់ ព្រមទាំងនូវកិច្ចការដែលមិនត្រឹមត្រូវតាមសភាពការណ៍របស់បងប្អូនដែលបែកបាក់ទាំងនោះ គឺមិនស្របតាមសេចក្តីពិត និងមិនស្របតាមយុត្តិធម៌ដែរ។ ពាក្យសម្តី ការវិនិច្ឆ័យនិងយោបល់ កិច្ចការទាំងនោះ បណ្តាលឲ្យការទាក់ទងជាមួយបងប្អូនរឹតតែពិបាក។ បន្ទាប់មក នៅពេលគ្រីស្តបរិស័ទរបស់ព្រះសហគមន៍និងក្រុមជំនុំនានា ចាត់ចែងការប្រជុំតាមគោលគំនិតចង់គោរពព្រះជាម្ចាស់ ត្រូវមាន "អ្នកជំនាញការ" ដែលស្គាល់សេចក្តីទាំងនេះយ៉ាងល្អិតល្អន់ ណែនាំការសន្ទនាគ្នា គឺម្នាក់ៗរៀបរាប់យ៉ាងក្បោះក្បាយនូវលទ្ធិសហគមន៍ ឬក្រុមជំនុំរបស់ខ្លួន ព្រមទាំងបញ្ជាក់លក្ខណៈ ផ្ទាល់របស់សហគមន៍ ឬក្រុមជំនុំរបស់ខ្លួននោះទៀតផង។ ដោយមានការសន្ទនាបែបនេះ គ្រីស្តបរិស័ទទាំងអស់មុខជានឹងស្គាល់សេចក្តីដែលនិកាយនីមួយៗបង្រៀន និងរបៀបរស់នៅរបស់គេឲ្យបានច្បាស់ ព្រមទាំងវាយតម្លៃ ឲ្យបានត្រឹមត្រូវជាងមុនទៅទៀត។ និកាយនីមួយៗ ក៏នាំគ្នារួមសហការកាន់តែច្រើនឡើងៗក្នុងគ្រប់វិស័យ តាមមនសិការគ្រីស្តបរិស័ទទាមទារ ដើម្បីជាប្រយោជន៍រួម។ ជួនកាលគ្រីស្តបរិស័ទក៏អាចរួមគ្នាអធិដ្ឋានដោយមានចិត្តថ្លើមតែមួយដែរ។ មិនតែប៉ុណ្ណោះសោត គ្រីស្តបរិស័ទទាំងអស់ ត្រូវពិនិត្យពិច័យខ្លួនឯងអំពីសេចក្តីស្មោះត្រង់របស់ខ្លួនចំពោះព្រះហឫទ័យ របស់ព្រះគ្រីស្ត និងចំពោះព្រះសហគមន៍។ គេក៏ត្រូវខិតខំកែតម្រង់និកាយរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងៗ ដោយឥតឈប់ឈរតាមសេចក្តីត្រូវការ។
ប្រសិនបើគ្រីស្តបរិស័ទកាតូលិកប្រព្រឹត្តការទាំងនោះ ដោយប្រុងប្រយ័ត្ននិងដោយចិត្តអត់ធ្មត់ ក្រោមការណែនាំរបស់គង្វាលរបស់ខ្លួន គេមុខជានឹងជួយឲ្យយុត្តិធម៌និងសេចក្តីពិតចម្រើនឡើង ជួយឲ្យគ្រីស្តបរិស័ទស្រុះស្រួលគ្នានិងសហការគ្នា ព្រមទាំងជួយឲ្យគេស្រឡាញ់គ្នាទុកជាបងប្អូន និងរួបរួមគ្នាទៀតផង។ បន្តិចម្តងៗ ដោយប្រព្រឹត្តតាមវិធីនេះ គ្រីស្តបរិស័ទនឹងអាចពុះពារឈ្នះឧបសគ្គនានាដែល រារាំងមិនឲ្យរួបរួមគ្នាយ៉ាងពេញលេក្ខណៈជាសហគមន៍បាន។ ក្រោយមកគ្រីស្តបរិស័ទទាំងអស់ មុខជានឹងរួបរួមគ្នាធ្វើពិធីអរព្រះគុណតែមួយគត់ ដោយរួមគ្នាជាព្រះសហគមន៍តែមួយគត់ពុំខាន។ ព្រះគ្រីស្តបានប្រទានការរួបរួមគ្នាបែបនេះឲ្យព្រះសហគមន៍របស់ព្រះអង្គ តាំងពីដើមរៀងមក។ យើងជឿថា ការរួបរួមគ្នានេះស្ថិតនៅក្នុងព្រះសហគមន៍កាតូលិក មិនអាចបាត់បង់បានឡើយ។ យើងក៏សង្ឃឹមថា ការរួបរួមគ្នានេះមុខជាចម្រើនឡើងជារៀងរាល់ថ្ងៃជាលំដាប់ រហូតដល់អវសានកាលនៃពិភពលោក។
ការរៀបចំនិងការសម្រុះសម្រួលបុគ្គលម្នាក់ៗ ដែលចង់រួបរួមយ៉ាងពេញលេញជាមួយព្រះសហគមន៍កាតូលិក ជាក់ច្បាស់មានលក្ខណៈប្លែកពីចលនាបង្រួបបង្រួមនិកាយនានាឲ្យរួបរួមគ្នាជាធ្លុងតែមួយ។ ប៉ុន្តែកិច្ចការទាំងពីរនោះ មិនទាស់គ្នាទេ ព្រោះកិច្ចការទាំងពីរ មកពីព្រះជាម្ចាស់ចាត់ចែងតាមរបៀបគួរឲ្យសរសើរ។
ក្នុងកិច្ចការបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយនោះ គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិក ត្រូវតែស្រឡាញ់បងប្អូនដែលបែកបាក់ទាំងនោះ ដោយមិនរួញរាឡើយ។ ត្រូវតែអង្វរព្រះជាម្ចាស់ឲ្យគេ និយាយជាមួយគេអំពីសេចក្តីផ្សេងៗដែលពាក់ព័ន្ធនឹងព្រះសហគមន៍។ ត្រូវសុខចិត្តទៅរកគេ មុនពួកគេមករកយើង។ ជាពិសេស ត្រូវយកចិត្តទុកដាក់ចាប់អារម្មណ៍ដោយចិត្តស្មោះអំពីអ្វីៗទាំងអស់ដែលត្រូវកែតម្រង់ឲ្យបានថ្មី ក្នុងមហាគ្រួសារកាតូលិកផ្ទាល់ ដើម្បីឲ្យរបៀបរស់នៅរបស់ព្រះសហគមន៍ ផ្តល់សក្ខីភាពកាន់តែត្រឹមត្រូវ និងកាន់តែច្បាស់អំពីលទ្ធិ និងអំពីរចនាសម្ព័ន្ធដែលព្រះគ្រីស្តបានបញ្ចូនបន្តមកតាមរយៈក្រុមគ្រីស្តទូត។
ទោះបីព្រះសហគមន៍កាតូលិកបានទទួលសេចក្តីពិត ដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់ក្ដី ហើយទោះបីព្រះសហគមន៍កាតូលិកបានទទួលគ្រប់មធ្យោបាយនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក្ដី ក៏សមាជិកនៃព្រះសហគមន៍មិនរស់នៅដោយមានចិត្តស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំងទាំងអស់គ្នា ដូចគេត្រូវស្រឡាញ់នោះទេ។ ហេតុនេះហើយបានជាមុខនៃព្រះសហគមន៍មិនចាំងពន្លឺឲ្យបានច្បាស់នៅលើបងប្អូនដែលបែកបាក់នោះ និងនៅលើមនុស្សលោកទាំងមូលទេ។ គេក៏រារាំងព្រះរាជ្យព្រះជាម្ចាស់មិនឲ្យចម្រើនឡើងដែរ។ ហេតុនេះ គ្រីស្តបរិស័ទកាតូលិកទាំងអស់ ត្រូវខិតខំតម្រង់ខ្លួនឲ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ (យក ១,៤; រម ១២,១-២)។ ក្នុងរូបកាយរបស់ខ្លួន ព្រះសហគមន៍រួមជាមួយព្រះគ្រីស្តជាមនុស្សសុភាពរាបសាដែលតែងតែស្លាប់ (២ករ ៤, ១០; ភល ២,៥-៨)។ ហេតុនេះម្នាក់ៗតាមកន្លែងរបស់ខ្លួន ត្រូវខិតខំនាំឲ្យព្រះសហគមន៍ជម្រះខ្លួន និងប្រែឲ្យបាន ជាថ្មីជារៀងរាល់ថ្ងៃ ទម្រាំដល់ពេលព្រះគ្រីស្តលើកព្រះសហគមន៍នេះ ប្រកបដោយសិរីរុងរឿង ឥតសៅហ្មង ឥតមានជ្រួញ មកថ្វាយព្រះអង្គ (អភ ៥, ២៧)។
គ្រីស្តបរិស័ទទាំងអស់ក្នុងព្រះសហគមន៍ ត្រូវរក្សាទុកការរួបរួមគ្នាត្រង់សេចក្តីទាំងប៉ុន្មានដ៏ចំាបាច់ គឺម្នាក់ៗតាមមុខងាររៀងៗខ្លួន។ ប៉ុន្តែគ្រីស្តបរិស័ទទាំងអស់ក៏ត្រូវរក្សាទុកសិទ្ធិសេរីភាពដ៏ត្រឹមត្រូវ ចំពោះរបៀបរស់នៅប្លែកៗពីគ្នាតាមព្រះវិញ្ញាណនិងតាមក្បួនវិន័យរបស់គេ ចំពោះរបៀបធ្វើពិធីបុណ្យប្លែកៗពីគ្នា សូម្បីតែចំពោះការកសាងទេវវិទ្យាដោយរិះគិតអំពីសេចក្តីពិតដែលព្រះជាម្ចាស់បានសម្តែងមក ក៏ត្រូវទុកសេរីភាពឲ្យគេដែរ។ ប៉ុន្តែ ត្រូវមានចិត្តស្រឡាញ់ក្នុងគ្រប់កិច្ចការទាំងអស់។ ធ្វើដូច្នេះ គ្រីស្តបរិស័ទទាំងអស់នឹងបង្ហាញឲ្យកាន់តែច្បាស់ឡើងៗ នូវលក្ខណៈ "កាតូលិក" (គឺ ៉សកល “) និងស្របតាមជំនឿរបស់ក្រុមគ្រីស្តទូតរបស់ព្រះសហគមន៍។
ម្យ៉ាងវិញទៀត គ្រីស្តបរិស័ទកាតូលិកត្រូវតែអរសប្បាយជាចាំបាច់ដោយទទួលស្គាល់ និងរាប់រកសេចក្តីដ៏ល្អត្រឹមត្រូវដែលមានលក្ខណៈគ្រីស្តសាសនា ហូរមកពីបេតិកភ័ណ្ឌរួម ហើយដែលបងប្អូនបែកចេញពីយើងធ្លាប់កាន់តាមនោះ។ ត្រូវតែទទួលស្គាល់គុណសម្បត្តិរបស់ព្រះគ្រីស្ត និងឫទ្ធានុភាពរបស់ព្រះអង្គកំពុងមានសកម្មភាពក្នុងការរស់នៅរបស់អស់អ្នកដែលផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្ត ជួនកាលរហូតដល់បូជាជីវិតទៀតផង។ ការទទួលស្គាល់សេចក្តីទាំងនោះ ពិតជាត្រឹមត្រូវហើយនាំការសង្គ្រោះទៀតផង ដ្បិតមនុស្សត្រូវតែស្ញប់ស្ញែងចំពោះព្រះជាម្ចាស់ជានិច្ច គឺត្រូវស្ញប់ស្ញែងព្រះអង្គដោយឃើញស្នាព្រះហស្តរបស់ព្រះអង្គដែរ។
យើងក៏មិនត្រូវបំភ្លេចថា អ្វីៗដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រណីសន្តោសសម្រេចក្នុងបងប្អូនដែលបែកចេញពីយើង ក៏អាចជួយអប់រំកសាងយើងដែរ។ អ្វីៗដែលពិតជាមានលក្ខណៈតាមគ្រីស្តសាសនា មិនដែលជំទាស់នឹងតម្លៃដ៏ថ្លៃថ្នូរនិងដ៏ពិតប្រាកដនៃជំនឿទេ ដ្បិតអ្វីៗទាំងនោះអាចជួយឲ្យយើងទៅដល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ឲ្យបានកាន់តែពេញលេញឡើង។
ក៏ប៉ុន្តែ ដោយគ្រីស្តបរិស័ទបែកបាក់គ្នាដូច្នេះ គេរារាំងព្រះសហគមន៍មិនឲ្យមានលក្ខណៈកាតូលិក ជា លក្ខណៈរបស់ខ្លួនផ្ទាល់ឲ្យបានពេញលេញ ក្នុងអស់អ្នកដែលជាកូនចៅរបស់ខ្លួនដោយសារអគ្គសញ្ញាជ្រមុជទឹក តែដែលបែកចេញពីការរួបរួមដ៏ពេញលេញទៅហើយ។ មិនតែប៉ុណ្ណោះសោត ព្រះសហគមន៍ផ្ទាល់ក៏ពិបាកបង្ហាញគ្រប់វិស័យនៃលក្ខណៈកាតូលិករបស់ខ្លួនយ៉ាងពេញលេញបាន ក្នុងការរស់នៅរបស់មនុស្សលោកដែរ។
មហាសន្និបាតមានអំណរសប្បាយដោយកត់សម្គាល់ថា មានគ្រីស្តបរិស័ទកាតូលិកកាន់តែច្រើនឡើងៗ ចូលរួមក្នុងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ។ មហាសន្និបាតក៏សូមផ្ញើចលនានោះឲ្យអស់លោកអភិ បាលនៅលើផែនដីទាំងមូល សូមអស់លោកយកចិត្តទុកដាក់លើកស្ទួយចលនានេះ ព្រមទាំងណែនាំចលនានោះដោយត្រិះរិះពិចារណាផង។
ជំពូក២
ការប្រតិបត្តិតាមចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ
៥-ព្រះសហគមន៍ទាំងមូល ទាំងគង្វាល ទាំងគ្រីស្តបរិស័ទធម្មតា ត្រូវតែយកចិត្តទុកដាក់នាំឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ ដោយការរស់នៅជារៀងរាល់ថ្ងៃ ឬដោយស្រាវជ្រាវទេវវិទ្យានិងប្រវត្តិសាស្រ្ត គឺម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន។ ការយកចិត្តទុកដាក់បែបនេះបង្ហាញចំណងម៉្យាងរបស់គ្រីស្តបរិស័ទជាបងប្អូនហើយអាចបណ្តោយឲ្យគេរួបរួមគ្នាយ៉ាងពេញលេញនិងពេញលេក្ខណៈតាមព្រះជាម្ចាស់អាណិតមេត្តា។
៦-ការកែសម្រួលព្រះសហគមន៍ឲ្យបានជាថ្មី
ព្រះសហគមន៍កែសម្រួលជាថ្មី មានអត្ថន័យជាអាទិ៍ថា ព្រះសហគមន៍ត្រូវតែស្មោះនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេ។ កម្លាំងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ អាស្រ័យតែលើការកែសម្រួលបែបនោះ។ នៅពេលសហគមន៍ធ្វើបូជនិយេសចររបស់ខ្លួននៅលើផែនដីនេះ ព្រះគ្រីស្តត្រាស់ហៅព្រះសហគមន៍ឲ្យកែសម្រួលជាថ្មីជាអចិន្រៃ្តយ៍ ពីព្រោះព្រះសហគមន៍ជាស្ថាប័នដែលមានលក្ខណៈជាមនុស្សលោកីយ៍។ ហេតុនេះហើយបានជាតាមកាលៈទេសៈ ប្រហែលព្រះសហគមន៍មិនសូវបានប្រយ័ត្នប្រយែងត្រង់ប្រការខ្លះៗ អំពីសីលធម៌ អំពីក្បួនវិន័យក្រុមបូជាចារ្យ សូម្បីតែអំពីរបៀបចែងលទ្ធិនៃគ្រីស្តសាសនា (ដែលប្លែកពីបញ្ញើនៃជំនឿដែលព្រះគ្រីស្តផ្ញើទុកនោះ) ត្រូវកែសម្រួលឲ្យបានល្អ ក្នុងរយៈពេលនិងតាមរបៀបដ៏សមរម្យដែរ។
ហេតុនេះ ការកែព្រះសហគមន៍ជាថ្មីនោះ ពិតជាមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតក្នុងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ។ ព្រះសហគមន៍កំពុងតែកែសម្រួលជាថ្មីបែបនេះតាមវិស័យផ្សេងៗនៃការរស់នៅរបស់ខ្លួន គឺតាមចលនាសិក្សាព្រះគម្ពីរនិងពិធីគោរពប្រណិប័តន៍ តាមរបៀបធ្វើពិធីអត្ថាធិប្បាយគម្ពីរ តាមរបៀបអប់រំជំនឿ តាមរបៀបគ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូត តាមរបៀបបព្វជិតបព្វជិតារស់នៅជាថ្មីជាច្រើនយ៉ាង តាមរបៀបគូស្វាមីភរិយារស់នៅស្របតាមព្រះវិញ្ញាណ តាមលទ្ធិនិងសកម្មភាពរបស់ព្រះសហគមន៍អំពីសង្គមកិច្ច។ល។ ត្រូវរាប់ការកែសម្រួលទាំងនោះ ទុកជាសក្ខីភាពនិងទុកជាសញ្ញាសម្គាល់ផ្តល់ដំណឹងថា ចលនាបង្រួបបង្រួមគ្រីស្តបរិស័ទមុខជានឹងចម្រើនឡើងជាលំដាប់លំដោយនៅពេលអនាគតពុំខាន។
៧-ត្រូវប្រែចិត្តគំនិត
មានចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយយ៉ាងពិតប្រាកដ លុះត្រាគ្រីស្តបរិស័ទប្រែចិត្តគំនិត។ បំណងប្រាថ្នាចង់ឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ហូរមកនិងចម្រើនឡើងពីគ្រីស្តបរិស័ទប្រែចិត្តគំនិត សុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បង្ហាញសេចក្តីស្រឡាញ់ដោយសេរី។ ហេតុនេះ ត្រូវតែអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ សូមព្រះអង្គប្រណីសន្តោសឲ្យយើងលះបង់ខ្លួនឯងយ៉ាងស្មោះ មានចិត្តសុភាពរាបសា បម្រើអ្នកដទៃ ដោយចិត្តស្លូតបូត មានចិត្តទូលំទូលាយចំពោះអ្នកដទៃដូចជាចំពោះបងប្អូន។ គ្រីស្តទូតប៉ូលជាសាសនទូតដែលបានប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍ចែងថា ៖ "ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន ចូរមានចិត្តស្លូតបូតនិងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាការរួបរួមគ្នាដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា" (អភ ៤,១-៣)។ ពាក្យដាស់តឿននេះ សំដៅយ៉ាងពិសេសចំពោះអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍ ដោយមានគោលបំណងបន្តបេសកកម្មរបស់ព្រះគ្រីស្ត គឺរបស់ព្រះអង្គដែលយាងមកក្នុងលោកនេះ "មិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺមកបម្រើគេវិញ" (មថ ២០,២៨)។
ពេលយើងគិតពីអំពើបាបនៃការបាក់បែកគ្នា យើងអាចនឹកដល់សក្ខីភាពរបស់គ្រីសទូតយ៉ូហានដែលមានប្រសាសន៍ថា ៖ "ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ ដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ" (១យហ ១,១០)។ ហេតុនេះយើងត្រូវទូលអង្វរដោយចិត្តសុភាពរាបសា សូមព្រះជាម្ចាស់និងបងប្អូនដែលបែកចេញពីយើង អត់ទោសឲ្យយើង ដូចយើងអត់ទោសឲ្យអស់អ្នកដែលប្រព្រឹត្តខុសនឹងយើងដូច្នោះដែរ។
សូមគ្រីស្តបរិស័ទទាំងអស់នឹកចាំថា ប្រសិនបើគេយកចិត្តទុកដាក់ខិតខំរស់នៅតាមដំណឹងល្អកាន់តែបរិសុទ្ធឡើងៗ គេមុខជានឹងជួយ ហើយក៏ធ្វើឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ។ គេរួបរួមគ្នាជាមួយព្រះបិតា ជាមួយព្រះបន្ទូល និងជាមួយព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងជិតស្និទ្ធឡើងយ៉ាងណា គេក៏មុខជានឹងអាចនាំឲ្យគ្រីស្តបរិស័ទរស់នៅដូចបងប្អូនយ៉ាងជិតស្និទ្ធនិងស្រួលយ៉ាងនោះដែរ។
៨-ត្រូវរួមគ្នាអធិដ្ឋាន
ត្រូវចាត់ទុកថា ការប្រែចិត្តគំនិត និងការរស់នៅបែបវិសុទ្ធយ៉ាងនេះ រួមជាមួយពិធីអធិដ្ឋានជាសាធារណៈនិងពាក្យអធិដ្ឋានម្នាក់ៗ ពិតជាដួងព្រលឹងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយមែន។ យើងក៏អាចហៅការទាំងនោះយ៉ាងត្រឹមត្រូវថា ជាចលនាបង្រួបបង្រួមគ្រីស្តបរិស័ទខាងព្រះវិញ្ញាណ។
គ្រីស្តបរិស័ទកាតូលិកចូលចិត្តជួបជុំគ្នាជាញឹក អង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឲ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ គឺអង្វរព្រះអង្គសាជាថ្មីតាមរបៀបព្រះអម្ចាស់ទទូចអង្វរព្រះបិតានៅថ្ងៃមុនចូលទិវង្គតថា៖ "សូមឲ្យគេទាំងអស់គ្នា រួមជាអង្គតែមួយ " (យហ ១៧,២១)។
ក្នុងសភាពការណ៍ពិសេសខ្លះ ឧប.ក្នុងឱកាសពិធីអធិដ្ឋានចាត់ចែង "សម្រាប់ឲ្យគ្រីស្តបរិស័ទរួបរួមគ្នា" និងក្នុងឱកាសអង្គប្រជុំចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ គ្រីស្តបរិស័ទកាតូលិកមានសិទិ្ធ ហើយក៏ត្រូវអង្វរព្រះជាម្ចាស់រួមជាមួយបងប្អូនដែលបែកចេញទៅ។ ពិធីទទូចអង្វររួមបែបនេះពិតជាមធ្យោបាយដ៏ស័ក្ដិសិទ្ធ សូមព្រះជាម្ចាស់ប្រណីសន្តោសឲ្យគ្រីស្តបបរិស័ទរួបរួមគ្នាជាធ្លុងតែមួយមែន។ ម៉្យាងវិញទៀត ពិធីអង្វររួមទាំងនោះ បង្ហាញយ៉ាងជាក់ច្បាស់ នូវចំណងនានារបស់គ្រីស្តបរិស័ទកាតូលិក ដែលនៅតែរួមជាមួយបងប្អូនដែលបែកចេញទៅ "ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ" (មថ ១៨,២០)។
ប៉ុន្តែ គ្រីស្តបរិស័ទកាតូលិកគ្មានសិទ្ធិចាត់ "ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា" ទុកជាមធ្យោបាយអាចប្រើបានដោយគ្មានរិះគិតពិចារណា ដើម្បីឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយឡើងវិញបានទេ។ មានគោលការណ៍ពីរយ៉ាងណែនាំ "ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា" នោះ គឺការរួបរួមធ្វើពិធីនោះត្រូវសម្តែងថា ព្រះសហគមន៍រួបរួមជាធ្លុងតែមួយមែន។ គោលការណ៍ទីពីរ គឺណែនាំអ្នកចូលរួម ឲ្យទទួលចំណែកនៃមធ្យោបាយព្រះជាម្ចាស់ប្រណីសន្តោសមនុស្សលោក។ តាមធម្មតា "ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា" មិនអាចធ្វើបាន ព្រោះពិធីនោះមិនបង្ហាញការរួបរួមជាធ្លុងតែមួយទេ។ តែជួនកាល បើគិតពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ត្រូវរួបរួមធ្វើពិធីដ៏សក្ការៈវិញ។ ចំពោះរបៀបប្រតិបត្តិយ៉ាងជាក់ច្បាស់ ត្រូវនឹកគិតដល់សភាពការណ៍នៃទីកន្លែងនៃកាលៈទេសៈនិងនៃបុគ្គលនានា។ លោកអភិបាលភូមិភាគត្រូវផ្តល់សេចក្តីណែនាំដោយប្រុងប្រយ័ត្នសម្រាប់ចាត់ចែងពិធីនោះ លើកលែងតែក្រុមអភិបាលក្នុងប្រទេសចាត់ចែង តាមរបៀបផ្សេង ស្របតាមលក្ខន្តិកៈក្រុមនោះផ្ទាល់ ឬតាមសន្តៈអាសនៈចាត់ចែងដែរ។
៩-គ្រីស្តបរិស័ទគ្រប់និកាយត្រូវស្គាល់គ្នាទៅវិញទៅមក
ត្រូវស្គាល់ចិត្តគំនិតរបស់បងប្អូនដែលបែកចេញពីយើង។ ហេតុនេះ ត្រូវសិក្សាដើម្បីស្គាល់ចិត្តគំនិតគេ ប៉ុន្តែត្រូវសិក្សាដោយចិត្តស្មោះ និងដោយចិត្តមេត្តាករុណា។ គ្រីស្តបរិស័ទកាតូលិកខ្លះត្រូវរៀបចំខ្លួនយ៉ាងសមរម្យជាមុនសិន ទើបសិក្សាឲ្យមានចំណេះចេះដឹងកាន់តែច្បាស់ អំពីលទ្ធិនិងអំពីប្រវត្តិសាស្រ្តនិកាយនីមួយៗ អំពីការរស់នៅតាមព្រះវិញ្ញាណនិងអំពីវប្បធម៌របស់គេ អំពីមតិខាងសាសនា និងអំពីវប្បធម៌ផ្ទាល់របស់បងប្អូនទាំងនោះ។ គ្រីស្តបរិស័ទក៏អាចជួយឲ្យមានចំណេះចេះដឹងបែបនេះដោយចាត់ចែងប្រជុំចម្រុះគ្នាបានដែរ។ អ្នកចូលរួមត្រូវមានសមត្ថភាពយ៉ាងពិតប្រាកដ ហើយត្រូវរិះគិតជាពិសេសអំពីបញ្ហាទេវវិទ្យា ដោយភាគីទាំងអស់មានសិទ្ធិស្មើគ្នា ក្រោមការប្រុងប្រយ័ត្នរបស់អភិបាលទាំងឡាយ។ ការសន្ទនាបែបនោះមុខជាបណ្ដោយឲ្យគោលជំហរដ៏ពិតប្រាកដរបស់ព្រះសហគមន៍កាតូលិក លេចធ្លោភ្លឺកាន់តែច្បាស់ឡើងៗ។ តាមរបៀបនេះ យើងក៏ស្គាល់គោលគំនិតបងប្អូនដែលបែកចេញកាន់តែច្បាស់ ហើយយើងក៏អាចបង្ហាញលទ្ធិជំនឿរបស់យើងកាន់តែសមរម្យដែរ។
១០-ការអប់រំអំពីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ
ត្រូវបង្រៀនទេវវិទ្យានិងវិទ្យាឯទៀតៗ ជាពិសេសប្រវត្តិសាស្រ្ត ស្របតាមតាមគំនិតនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ ដើម្បីឲ្យតបឆ្លើយយ៉ាងត្រឹមត្រូវស្របតាមសេចក្តីពិត។
អស់លោកដែលត្រៀមខ្លួនទៅជាអភិបាលនិងជាបូជាចារ្យ ត្រូវយល់ច្បាស់អំពីទេវវិទ្យាដែលបានរិះគិតតាមបែបនោះជាចាំបាច់បំផុត ជាពិសេសត្រូវសិក្សាអំពីបញ្ហាដែលមានពាក់ព័ន្ធនឹងទំនាក់ទំនងរវាងបងប្អូន ដែលបែកចេញជាមួយព្រះសហគមន៍កាតូលិក។ ប៉ុន្តែត្រូវសិក្សាមិនមែនតាមបែបជជែកដេញដោលគ្នាសោះឡើយ។
គ្រីស្តបរិស័ទធម្មតានិងបព្វជិតបព្វជិតា ទទួលការបង្រៀននិងការអប់រំឲ្យរស់នៅតាមព្រះវិញ្ញាណ ពិតជាការដ៏ចាំបាច់។ តែការបង្រៀននិងអប់រំនោះ អាស្រ័យយ៉ាងពិសេសទៅលើការអប់រំរបស់អស់បូជាចារ្យ។
គ្រីស្តបរិស័ទជាសាសនាទូតធ្វើការនៅប្រទេសដែលមានគ្រីស្តបរិស័ទនិកាយផ្សេងៗធ្វើការដែរ ក៏ត្រូវស្គាល់បញ្ហាចោទឡើងដោយចលនាបង្រួបបង្រួម ក្នុងកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ជាពិសេសសព្វថ្ងៃ និងអំពីលទ្ធផលរបស់ចលនានោះទៀតផងដែរ។
១១-របៀបសម្តែងនិងការបរិយាយលទ្ធិនៃជំនឿ
វិធីនិងរបៀបរៀបរាប់លទ្ធិកាតូលិក មិនត្រូវរារាំងការសន្ទនាជាមួយបងប្អូនទាំងនោះទេ។ ត្រូវរៀបរាប់លទ្ធិទាំងស្រុងយ៉ាងច្បាស់ ដោយមិនលាក់លៀមអ្វីជាដាច់ខាត។ អ្នកលាក់លៀមបញ្ហាដែលចោទឡើងដើម្បីបានសេចក្តីសុខសាន្តក្លែងក្លាយ ពិតជាខុសទាំងស្រុងនឹងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ ព្រោះរបៀបនោះបង្ខូចលទ្ធិកាតូលិក និងបណ្តាលឲ្យគេមិនអាចយល់អត្ថន័យដ៏ពិតប្រាកដដែលប្រកែកមិនបាននៃលទ្ធិនោះ។
នៅពេលជាមួយគ្នានេះត្រូវពន្យល់លទ្ធិកាតូលិកឲ្យកាន់តែជ្រៅទៅៗ និងកាន់តែទៀងត្រង់ ដោយយករបៀប និយាយ និងពាក្យពេចន៍ដែលមនុស្សទូទៅធា្លប់ប្រើ សូម្បីតែបងប្អូនដែលបែកចេញនោះ អាចស្តាប់បានដែរ។
លើសពីនេះទៅទៀត ទេវវិទូកាតូលិក ដែលកាន់តាមលទ្ធិកាតូលិកយ៉ាងស្មោះ នៅពេលអស់លោកសន្ទនាជាមួយបងប្អូនដែលបែកចេញ ក៏ត្រូវស្រាវជ្រាវអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់រួមជាមួយបងប្អូនទាំងនោះដែរ។ ប៉ុន្តែ អស់លោកត្រូវរិះគិតដោយចិត្តចង់រកសេចក្តីពិត ទាំងមានចិត្តស្រឡាញ់និងចិត្តសុភាព។ ពេលរៀបរាប់លទ្ធិកាតូលិក អស់លោកត្រូវនឹកចាំថា ប្រការនីមួយៗក្នុងលទ្ធិកាតូលិកទាំងមូល មិនស្មើទាំងអស់ទេ តែមានសារៈ សំខាន់ប្លែកៗគ្នាតាមលំដាប់លំដោយវិញ គឺស្រេចតាមទំនាក់ទំនងនឹងគ្រឹះនៃលទ្ធិ។ ហេតុនេះ ហើយបានជាមានមាគ៌ាមួយ ដាស់តឿនទេវវិទូទាំងអស់ឲ្យប្រណាំងប្រជែង រកចំណេះចេះដឹងកាន់តែជ្រៅទៅៗ និងឲ្យសម្តែងអំពី "ព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រីស្តដែលមនុស្សលោកគិតមិនដល់នោះ" (អភ ៣,៨) ឲ្យកាន់តែច្បាស់ឡើងៗដែរ។
១២-អំពីការរួមសហការជាមួយបងប្អូនដែលបែកចេញទៅហើយ
សូមឲ្យគ្រីស្តបរិស័ទទាំងអស់នាំគ្នាប្រកាសជំនឿរបស់ខ្លួនទៅលើព្រះជាម្ចាស់តែមួយព្រះអង្គ ជាព្រះត្រៃឯក ទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស ជាព្រះសង្រោ្គះដែលបានរំដោះយើង និងជាព្រះអម្ចាស់ នៅចំពោះមុខមនុស្សគ្រប់ជាតិសាសន៍ផង។ សូមឲ្យគ្រីស្តបរិស័ទទាំងអស់ខិតខំរួមគ្នា គោរពរាប់អានគ្នាទៅវិញទៅមក នាំគ្នាផ្តល់សក្ខីភាពអំពីសេចក្តីសង្ឃឹមរបស់យើង ជាសេចក្តីសង្ឃឹមដែលមិននាំឲ្យខកចិត្តឡើយ។ សព្វថ្ងៃមនុស្សនាំគ្នាតែងតែសហការគ្នាជាទូទៅផ្នែកសង្គម។ ដូច្នេះ មនុស្សទាំងអស់ត្រូវតែបម្រើកិច្ចរួមនេះ ដោយគ្មាននរណាម្នាក់អាក់ខានបានឡើយ ជាពិសេស អ្នកដែលផ្ញើជីវិតលើព្រះជាម្ចាស់ មានគ្រីស្តបរិស័ទទាំងអស់មុនគេបង្អស់ ព្រោះគេពាក់ឈ្មោះរបស់ព្រះគ្រីស្ត ជាកិត្តិយសរបស់គេ។ គ្រីស្តបរិស័ទទាំងអស់ដែលសហការគ្នា បង្ហាញបញ្ជាក់យ៉ាងច្បាស់ថា ព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយខ្លះៗរួចហើយ។ គេក៏សម្តែងព្រះភ័ក្រ្តព្រះគ្រីស្តក្នុងឋានៈព្រះអង្គជាអ្នកបម្រើ ឲ្យភ្លឺកាន់តែច្បាស់ឡើងៗដែរ។ គ្រីស្តបរិស័ទសហការបែបនេះ ក្នុងប្រទេសជាច្រើនរួចហើយ តែត្រូវសហការគ្នាឲ្យកាន់តែខ្លាំងឡើងៗទៀតផង ជាពិសេស នៅប្រទេសមានសង្គមកំពុងលូតលាស់ ឬមានបច្ចេកទេសកំពុងចម្រើនឡើង។ ក្នុងប្រទេសទាំងនោះ គ្រីស្តបរិស័ទត្រូវសហការគ្នាដោយនាំឲ្យគេគោរពតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ ត្រូវសហការគ្នាជួយកសាងសន្តិភាព ត្រូវសហការគ្នាក្នុងកិច្ចបន្តការអនុវត្តន៍តាមដំណឹងល្អផ្នែកសង្គម។ ត្រូវសហការគ្នាឲ្យវិទ្យាសាស្រ្តនិងសិល្បៈលូតលាស់ឡើង ក្នុងបរិយាកាសស្របតាមគ្រីស្តសាសនា។ ម្យ៉ាងវិញទៀត ត្រូវសហការគ្នាជួយព្យាបាលទុក្ខគ្រប់យ៉ាងរបស់មនុស្សលោកនាសម័យបច្ចុប្បន្ន មានទុរ្ភិក្ស មហន្តរាយ ភាពល្ងង់ខ្លៅ ភាពក្រីក្រ គ្មានផ្ទះនៅ ការចែកធនធានមិនស្មើគ្នាជាដើម។ បើអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តរួមសហការបែបនេះ គេមុខជានឹងអាចរៀនយ៉ាងស្រួលអំពីរបៀបមនុស្សអាចស្គាល់គ្នាទៅវិញទៅមកបាន គោរពរាប់អានគ្នា និងរៀបចំផ្លូវឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយផង។
ជំពូក៣
ព្រះសហគមន៍និងក្រុមជំនុំ ដែលបែកចេញពីអាសនៈគ្រីស្តទូតនៅក្រុងរ៉ូម
១៣-ឥឡូវយើងសូមពិនិត្យមើលការបែកបាក់ដ៏ធំជាងគេ ដែលបណ្តាលឲ្យអាវវែងឥតថ្នេររបស់ព្រះគ្រីស្តត្រូវ រហែក។ ព្រះសហគមន៍បែកបាក់មុនគេនៅបូព៌ាប្រទេស គឺមានគ្រីស្តបរិស័ទខ្លះប្រកែកតវ៉ាមិនព្រមទទួលស្គាល់សេចក្តីបញ្ជាក់លទ្ធិនៃជំនឿនៃមហាសន្និបាតអេភេសូ និងកាលសេដូន។ នៅពេលក្រោយ អភិបាលដ៏ប្រសើរឧត្តមនៅបូព៌ាប្រទេស និងអាសនៈក្រុងរ៉ូម ក៏ផ្តាច់ការរួបរួមគ្នាក្នុងព្រះសហគមន៍ដែរ។
ជាងបួនសតវត្សក្រោយមកទៀត ព្រះសហគមន៍បែកបាក់ជាច្រើននិកាយនៅបស្ចិមប្រទេស បណ្តាលមកពី ព្រឹត្តិការណ៍ដែលគេតែងហៅថា "ការកែទម្រង់"។ មានក្រុមជំនុំជាច្រើនកើតឡើង តាមជាតិ ឬតាមជំនឿរបស់គេ ហើយបែកចេញពីអាសនៈក្រុងរ៉ូម។ ក្នុងចំណោមក្រុមសហគមន៍ឬក្រុមជំនំុដែលនៅតែរក្សាប្រពៃណី និងរចនាសម្ព័ន្ធកាតូលិកខ្លះ មានសហគមន៍អង់គ្លីកង់ ដោយឡែកពីគេ។
ប៉ុន្តែការបែកបាក់់គ្នាទាំងនោះប្លែកៗពីគ្នាយ៉ាងខ្លាំង គឺមិនគ្រាន់តែប្លែកពីគ្នាដោយកំណើត ឬដោយសភាពការណ៍តាមកាលៈទេសៈ និងតាមទីកន្លែងរបស់គេប៉ុណ្ណោះទេ តែប្លែកពីគ្នាជាពិសេសដោយលក្ខណៈ បញ្ហាដ៏ធ្ងន់ធ្ងរអំពីលទ្ធិនៃជំនឿ និងអំពីរចនាសម្ពន្ធរបស់ព្រះសហគមន៍។
ហេតុនេះហើយបានជាមហាសន្និបាតយល់ឃើញថា គួរផ្តល់យោបល់ដូចខាងក្រោមនេះ ដើម្បីជួយបង្រួបបង្រួមគ្រីស្តបរិស័ទដោយរិះគិតពិចារណា។ ប៉ុន្តែ ត្រូវវាយតម្លៃសភាពការណ៍ប្លែកៗនៃសង្គមគ្រីស្តបរិស័ទផ្សេងៗ ឲ្យបានត្រឹមត្រូវ ហើយទោះបីគេបែកបាក់គ្នាឯងក្តី ក៏ត្រូវបង្ហាញចំណងដែលនៅស្ថិតស្ថេររវាងក្រុមគ្រីស្តបរិស័ទទាំងនោះដែរ។
១-យោបល់អំពីព្រះសហគមន៍នៅបូព៌ាប្រទេស
១៤-មតិនិងប្រវត្តិផ្ទាល់របស់បងប្អូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេស
អស់រយៈប៉ុន្មានសតវត្សខាងដើមដំបូង ព្រះសហគមន៍នៅបូព៌ាប្រទេស និងព្រះសហគមន៍នៅបស្ចិមប្រទេស តែងតែដើរតាមមាគ៌ារៀងៗខ្លួន តែរួបរួមគ្នាទុកជាបងប្អូនត្រង់លទ្ធិនៃជំនឿនិងត្រង់របៀបធ្វើអគ្គសញ្ញា។ នៅពេលគេខ្វែងគំនិតគ្នាអំពីលទ្ធិនៃជំនឿ ឬអំពីក្បួនវិន័យ ព្រះសហគមន៍ទាំងសងខាងយល់ព្រមជាមួយគ្នាឲ្យអាសនៈក្រុងរ៉ូមធ្វើអន្តរាគមន៍។ ក្នុងចំណោមសេចក្តីដ៏សំខាន់ៗ មហាសន្និបាតចូលចិត្តរំឭកបងប្អូនទាំងអស់ថា នៅបូព៌ាប្រទេសមានព្រះសហគមន៍ជាច្រើនដោយឡែក ឬតាមភូមិភាគ មានព្រះសហគមន៍ដែលអភិបាលដ៏ប្រសើរឧត្តមណែនាំជាដើម តែងអះអាងថា ក្រុមគ្រីស្តទូតបានតែងតាំង។ ហេតុនេះហើយបានជាក្នុងចំណោមគ្រីស្តបរិស័ទនៅបូព៌ាប្រទេសពីដើម គេមានអាទិភាព (ហើយសព្វថ្ងៃគេក៏នៅតែមានអាទិភាពដដែលដែរ) គឺគេយកចិត្តទុកដាក់យ៉ាងពិសេស រក្សាទំនាក់ទំនងដែលត្រូវតែមានរវាងព្រះសហគមន៍ភូមិភាគនីមួយៗទុកជាប្អូនស្រី ដោយរួបរួមគ្នាតាមលទ្ធិនៃជំនឿនិងសេចក្តីស្រឡាញ់។
យើងមិនត្រូវបំភ្លេចទៀតថា ព្រះសហគមន៍នៅបូព៌ាប្រទេសមានគុណសម្បត្តិដ៏ថ្លៃថ្នូរតាំងពីដើមរៀងមក។ ព្រះសហគមន៍នៅបស្ចិមប្រទេសបានយោងកត្តាជាច្រើនពីគុណសម្បត្តិដ៏ថ្លៃថ្នូរនេះ គឺកត្តាខាងពិធីគោរពប្រណិប័តន៍៍ ខាងរបៀបរស់នៅតាមព្រះវិញ្ញាណជាប្រពៃណីបញ្ជូនបន្តមក និងខាងច្បាប់វិន័យ។ យើងក៏ត្រូវដឹងថា មហាសន្និបាតសកលជាច្រើនដែលជួបជុំគ្នានៅបូព៌ាប្រទេស បានប្រកាសបញ្ជាក់គោលលទ្ធិសំខាន់ៗជាគ្រឹះនៃលទ្ធិនៃ ជំនឿគ្រីស្តសាសនា គឺគោលលទ្ធិអំពីព្រះត្រៃឯក អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សដោយសារ ព្រះនាងព្រហ្មចារីនីម៉ារី។ យើងត្រូវចាត់ទុកថា ព្រឹត្តិការណ៍ទាំងនេះមានតម្លៃដ៏ថ្លៃប្រសើរ។ ព្រះសហគមន៍ទាំងនោះក៏បានរងទុក្ខវេទនាជាទម្ងន់ ដើម្បីរក្សាទុកជំនឿរបស់ខ្លួន ហើយសព្វថ្ងៃ គេក៏នៅតែរងទុក្ខវេទនានៅឡើយដែរ។
តាំងពីដើមដំបូងនៃព្រះសហគមន៍ គ្រីស្តបរិស័ទទទួលសេចក្តីដែលបញ្ចូនបន្តពីក្រុមគ្រីស្តទូតមក តាមរបៀបប្លែកៗពីគ្នា គេក៏ពន្យល់បេតិកភ័ណ្ឌនោះតាមរបៀបប្លែកៗពីគ្នាដែរ ស្របតាមទេពកោសល្យ និងតាមសភាពការណ៍ជីវភាពប្លែកៗពីគ្នា។ មូលហេតុទាំងនោះ និងមូលហេតុផ្សេងៗទៀតខាងក្រៅព្រះសហគមន៍ ជា ឱកាសបណ្តាលឲ្យព្រះសហគមន៍បាក់បែកគ្នា។ គ្រីស្តបរិស័ទទាំងសងខាងស្តាប់គ្នាមិនបាន មិនយល់ចិត្តគំនិតគ្នា ហើយក៏ខ្វះសេចក្តីស្រឡាញ់ ពិតជាមូលហេតុបណ្តាលឲ្យបែកបាក់គ្នាថែមទៀត។
ហេតុនេះហើយបានជាមហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទទាំងអស់ ជាពិសេសអស់អ្នកដែលមានបំណងជួយធ្វើឲ្យព្រះសហគមន៍នៅបូព៌ាប្រទេស និងព្រះសហគមន៍នៅបស្ចិមប្រទេសរួបរួមគ្នាយ៉ាងពេញលេញ តាមបំណងប្រាថ្នាព្រះសហគមន៍ទាំងពីរ សូមរិះគិតពិចារណាយ៉ាងច្បាស់អំពីសភាពការណ៍ពិសេសរបស់ព្រះសហគមន៍នៅបូព៌ាប្រទេស អំពីសម័យព្រះសហគមន៍ទាំងនោះកើតនិងចម្រើនឡើង អំពីលក្ខណៈនៃទំនាក់ទំនងព្រះសហគមន៍ទាំងនោះជាមួយគ្នាផង និងជាមួយអាសនៈក្រុងរ៉ូមផង មុនពេលព្រះសហគមន៍ទាំងពីរបាក់បែកគ្នា។ សូមឲ្យគ្រីស្តបរិស័ទវាយតម្លៃយ៉ាងត្រឹមត្រូវតាមយុត្តិធម៌អំពីសេចក្តីទាំងនោះ។ បើអស់អ្នកកាន់តាមគោលការណ៍ទាំងនេះឲ្យបានល្អ គោលការណ៍ទាំងនេះមុខជាអាចជួយយ៉ាងខ្លាំងក្នុងការសន្ទនាជាមួយគ្នា តាមគោលបំណងរបស់ខ្លួន។
១៥-ប្រពៃណីខាងពិធីគោរពប្រណិប័តន៍ និងខាងការរស់នៅតាមព្រះវិញ្ញាណ
យើងម្នាក់ៗដឹងច្បាស់ថា គ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងតែធ្វើពិធីគោរពប្រណិប័តន៍៍ដោយចិ ត្តស្រឡាញ់ យ៉ាងខ្លាំង ជាពិសេស របៀប គេ ថ្វាយពិធីអរព្រះគុណ។ ពិធីគោរពប្រណិប័តន៍៍ទាំងនោះពិតជាប្រភពនៃជីវិតសម្រាប់ព្រះសហគមន៍ និងជាប្រផ្នូលបញ្ចាំចិត្តថា គេនឹងទទួលសិរីរុងរឿងនៃលោកខាងមុខទៀតផង។ ដោយពិធីគោរពប្រណិប័តន៍៍ទាំងនោះ គ្រីស្តបរិស័ទរួមជាមួយអភិបាល មានផ្លូវទៅកាន់ព្រះជាម្ចាស់ជាព្រះបិតា ដោយសារព្រះបុត្រា ជាព្រះបន្ទូលប្រសូតជាមនុស្ស ដែលសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង ក្នុងព្រះវិញ្ញាណដែលព្រះអង្គចាក់បង្ហូរនោះ។ គេចូលរួបរួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធបំផុត និង "មានលក្ខណៈជាព្រះជាម្ចាស់" (២សល ១,៤)។ ដូច្នេះ ព្រះសហគមន៍របស់ព្រះជាម្ចាស់សាងសង់និងចម្រើនឡើង ដោយគេថ្វាយពិធីអរព្រះគុណព្រះអម្ចាស់ តាមព្រះសហគមន៍ដោយឡែកពីគ្នា។ ដោយអស់បូជាចារ្យថ្វាយពិធីអរព្រះគុណរួមគ្នា អស់លោកក៏សម្តែងឲ្យឃើញថា ព្រះសហគមន៍ទាំងនោះរួបរួមគ្នាទៀតដែរ។
ក្នុងពិធីគោរពប្រណិប័តន៍៍ទាំងនោះ គ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងតែលើកតម្កើងព្រះនាងម៉ារី ព្រហ្មចារិនីជាដរាប ដោយសូត្របទជាច្រើនដ៏សែនពិរោះ។ មហាសន្និបាតសកលក្រុងអេភេសូ បានប្រកាសយ៉ាងឱឡារិកថា ព្រះនាងម៉ារីជាព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគ្រីស្តបរិស័ទទទួលស្គាល់ថា ព្រះគ្រីស្តពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយក៏ពិតជាបុត្រមនុស្សផង ស្របតាមព្រះគម្ពីរ។
សន្តបុគ្គលជាច្រើនក៏ទទួលគារវៈកិច្ចយ៉ាងខ្លាំងដូច្នេះដែរ។ ក្នុងចំណោមសន្តបុគ្គលទាំងនោះ មានគ្រូបាធ្យាយនៃព្រះសហគមន៍សកលមួយចំនួនធំ។
ទោះបីព្រះសហគមន៍ទាំងនោះបែកចេញពីយើងក្ដី ក៏យើងអាចរួបរួមធ្វើពិធីដ៏សក្ការៈខ្លះជាមួយគ្នាបាន តាម សភាពការណ៍អនុគ្រោះ និងដោយអភិបាលព្រះសហគមន៍អនុញ្ញាតឲ្យដែរ។ គ្រីស្តបរិស័ទកាតូលិកមិនគ្រាន់តែអាចចូលរួមបានប៉ុណ្ណោះទេ តែត្រូវទូន្មានឲ្យគេចូលរួមថែមទៀតផង ព្រោះថា ព្រះសហគមន៍ទាំងនោះមានអគ្គសញ្ញាដ៏ពិតប្រាកដ ហើយជាពិសេស ដោយមានអភិបាលតៗគ្នាតាំងពីក្រុមគ្រីស្តទូតរៀងមក នៅព្រះសហគមន៍ទាំងនោះមានមុខងារជាបូជាចារ្យ និងពិធីអរព្រះគុណទៀតផង។ ការណ៍ទាំងនោះធ្វើឲ្យព្រះសហគមន៍ទាំងនោះរួបរួមយ៉ាងជិតស្និទ្ធជាមួយយើង។
នៅបូព៌ាប្រទេសក៏មានប្រពៃណីដ៏ថ្លៃថ្នូរអំពីការរស់នៅតាមព្រះវិញ្ញាណ ដែលចេញមុខជាពិសេសដោយមានក្រុមលោកសង្ឃជាច្រើន។ នៅតំបន់ទាំងនោះ តាំងពីសម័យដ៏រុងរឿងនៃគ្រូបាធ្យាយដ៏វិសុទ្ធមក គោលគំនិតរស់នៅតាមព្រះវិញ្ញាណរីកដុះឡើង និងផ្សព្វផ្សាយនៅបស្ចិមប្រទេសតាមក្រោយ ហើយត្រឡប់ដូចជាប្រភពនៃការចាត់ចែងការរស់នៅរបស់បព្វជិតបព្វជិតាឡាតំាង។ របៀបរស់នៅរបស់គេក៏ផ្តល់ឲ្យការរស់នៅជាបព្វជិតបព្វជិតាឡាតាំងទាំងនោះទទួលកម្លាំងថ្មីទៀតដែរ។ ហេតុនេះហើយបានជាយើងសូមផ្តែផ្តាំគ្រីស្តបរិស័ទកាតូលិកយ៉ាងខ្លាំង ឲ្យក្រេបជញ្ជក់នូវគុណសម្បត្តិដ៏ថ្លៃថ្នូរនៃជីវិតតាមព្រះវិញ្ញាណរបស់គ្រូបាធ្យាយបូព៌ាប្រទេស។ គុណសម្បត្តិដ៏ថ្លៃថ្នូរនៃជីវិតតាមព្រះវិញ្ញាណនោះ លើកមនុស្សទាំងស្រុងឲ្យបែរខ្លួនទៅស្មឹងស្មាធិ៍អំពីការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាមា្ចស់។
មនុស្សទាំងអស់ត្រូវដឹងថា ត្រូវស្គាល់ គោរព ថែរក្សា និងពង្រីកបេតិកភ័ណ្ឌដ៏ប្រសើរខាងពិធីបុណ្យ និងខាងជីវិតតាមព្រះវិញ្ញាណរបស់ព្រះសហគមន៍នៅបូព៌ាប្រទេស។ ភារកិច្ចនេះពិតជាការដ៏ចាំបាច់បំផុត ដើម្បីរក្សាប្រពៃណីទាំងស្រុងនៃគ្រីស្តសាសនាយ៉ាងស្មោះ។ ការគោរព ថែរក្សា និងការពង្រីកបេតិកភ័ណ្ឌនេះមុខជានឹងសម្រុះសម្រួលគ្រីស្តបរិស័ទបូព៌ាប្រទេសនិងគ្រីស្តបរិស័ទបស្ចិមប្រទេសជាពុំខាន។
១៦-ក្បួនវិន័យរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេស
លើសពីនេះទៅទៀត តាំងពីដើមរៀងមក ព្រះសហគមន៍នៅបូព៌ាប្រទេសតែងតែអនុវត្តតាមក្បួនវិន័យផ្ទាល់ តាមការយល់ស្របរបស់អស់គ្រូបាធ្យាយ និងមហាសន្និបាតនានា។ ជួនកាលមហាសន្និបាតសកលយល់ស្របដែរ។ របៀបគោរពនិងប្រពៃណីប្លែកៗពីគ្នា មិនទាស់នឹងព្រះសហគមន៍រួបរួមជាធ្លុងតែមួយទាល់តែសោះ ដូចមានចែងខាងលើ។ ដោយមានប្រពៃណីនិងរបៀបរស់នៅបែ្លកពីគ្នាដូច្នេះ ព្រះសហគមន៍មុខជាមានសោភ័ណភាពឆើតឆាយថែមទៀត ហើយក៏យកមកធ្វើជាជំនួយដ៏មានតម្លៃសម្រាប់បំពេញបេសកកម្មរបស់ខ្លួនដែរ។ ហេតុនេះហើយបានជា មហាសន្និបាតសូមប្រកាសថា ព្រះសហគមន៍នៅបូព៌ាប្រទេសដឹងខ្លួនថា ទោះបីព្រះសហគមន៍ទាំងមូលត្រូវរួបរួមគ្នាជាធ្លុងតែមួយជាចាំបាច់ក្តី ក៏ព្រះសហគមន៍ទាំងនោះមានសិទ្ធិសេរីភាពត្រួតត្រាខ្លួនឯង តាមក្បួនវិន័យរបស់គេដែរ ព្រោះក្បួនវិន័យទាំងនោះសមស្របតាមបុគ្គលិកលក្ខណៈគ្រីស្តបរិស័ទរបស់គេ និងអាចជួយលើកស្ទួយប្រយោជន៍របស់គេខាងវិញ្ញាណទៀតផង។ សូមកុំឲ្យមាននរណាមានមន្ទិលសង្ស័យអំពីសេចក្តីនេះឲ្យសោះ។ ត្រូវអនុវត្តតាមគោលការណ៍នេះយ៉ាងពេញលេញ ព្រោះជាគោលការណ៍តាមប្រពៃណីព្រះសហគមន៍។ តាមពិត តាមប្រវត្តិសាស្រ្ត គេមិនបានគោរពតាមគោលការណ៍នេះរហូតទេ តែគោលការណ៍នេះជាលក្ខ័ណ្ឌដ៏ចាំបាច់បំផុតមុនគេ ដើម្បីឲ្យគ្រីស្តបរិស័ទអាចរួបរួមគ្នាវិញបាន។
១៧-លក្ខណៈពិសេសរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេសអំពីបញ្ហាលទ្ធិនៃជំនឿ
សេចក្តីចែងនៅខាងលើអំពីពិធីគោរពប្រណិប័តន៍៍ និងអំពីក្បួនវិន័យដែលប្លែកៗពីគ្នាយ៉ាងត្រឹមត្រូវ ក៏ត្រូវអនុវត្តតាម អំពីរបៀបពន្យល់បញ្ជាក់ទេវវិទ្យានៃលទ្ធិនៃជំនឿដែរ។ តាមពិត ពេលគ្រីស្តបរិស័ទខិតខំរិះគិតដើម្បីឲ្យយល់កាន់តែជ្រៅទៅៗអំពីសេចក្តីពិតដែលព្រះជាម្ចាស់បានសម្តែងមក គ្រីស្តបរិស័ទនៅបូព៌ាប្រទេសនិងនៅបស្ចិមប្រទេស បានប្រើវិធីនិងមធ្យោបាយប្លែកៗពីគ្នា ដើម្បីរកនិងពន្យល់បញ្ជាក់សេចក្តីអំពីព្រះជាម្ចាស់។ ហេតុនេះហើយ កុំឆ្ងល់ថា គ្រីស្តបរិស័ទភាគីមួយយល់និងពន្យល់បញ្ជាចាក់ទិដ្ឋភាពខ្លះអំពីគម្រោងការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានសម្តែងមកនោះ យ៉ាងច្បាស់ជាងគ្រីស្តបរិស័ទភាគីមួយទៀត។ ដូច្នេះ ត្រូវរាប់ជាញឹកថា សេចក្តីពន្យល់បញ្ជាក់ទេវវិទ្យាប្លែកៗពីគ្នាទាំងនោះ ហាក់ដូចជាបន្ថែមអត្ថន័យឲ្យគ្នា ជាជាងទាស់ទែងគ្នាវិញ។ រីឯប្រពៃណីដ៏ពិតប្រាកដរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេស យើងត្រូវទទួលស្គាល់ថា បានចាក់ឫសយ៉ាងល្អបំផុតក្នុងព្រះគម្ពីរ។ ពីធីគោរពប្រណិប័តន័តែងតែបកស្រាយនិងពន្យល់រៀបរាប់ប្រពៃណីទាំងនោះ ក៏ទទួលជីវិតពីការបញ្ជូនបន្តដ៏រស់រវើកពីក្រុមគ្រីស្តទូតមក និងពីសំណេររបស់គ្រូបាធ្យាយនៅបូព៌ាប្រទេស ព្រមទាំងពីអ្នកនិពន្ធអំពីជីវិតខាងព្រះវិញ្ញាណទៀតផង។ ប្រពៃណីទាំងនោះក៏ណែនាំឲ្យគ្រីស្តបរិស័ទរស់នៅយ៉ាងត្រឹមត្រូវរហូតដល់ណែនាំគេឲ្យសញ្ជឹងគិតយ៉ាងពេញលក្ខណៈអំពីសេចក្តីពិតនៃគ្រីស្តសាសនា ។
មហាសន្និបាតដ៏វិសុទ្ធសូមអរព្រះគុណព្រះជាម្ចាស់ ដោយដឹងថា គ្រីស្តបរិស័ទនៅបូព៌ាប្រទេសជាច្រើន ដែលជាកូនចៅរបស់ព្រះសហគមន៍កាតូលិក នៅតែថែរក្សាបេតិកភ័ណ្ឌនេះ ហើយមានបំណងចង់រស់នៅតាមបេតិកភ័ណ្ឌនេះឲ្យកាន់តែបរិសុទ្ធ និងកាន់តែពេញលេញ។ គេរស់នៅរួបរួមយ៉ាងពេញលក្ខណៈជាមួយបងប្អូនរបស់គេ ដែលកាន់តាមប្រពៃណីបស្ចិមប្រទេស។ មហាសន្និបាតប្រកាសថា បេតិកភ័ណ្ឌទាំងមូលនេះ ទាំងខាងជីវិតតាមព្រះវិញ្ញាណ ទាំងខាងពិធីគោរពប្រណិប័តន៍៍ ទាំងខាងក្បួនវិន័យនិងខាងទេវវិទ្យា តាមប្រពៃណីផ្សេងៗតាមការបញ្ចូនបន្តមក ក៏ពិតជាចំណែកនៃលក្ខណៈកាតូលិកយ៉ាងពេញលេញមែន ហើយក៏ពិតជាមានលក្ខណៈបន្តពីក្រុមគ្រីស្តទូត របស់ព្រះសហគមន៍ដែរ។
១៨-ពាក្យបញ្ចប់
ក្រោយពីបានពិនិត្យមើលសេចក្តីទាំងនេះយ៉ាងច្បាស់រួចហើយ មហាសន្និបាតសូមប្រកាសសាជាថ្មីនូវសេចក្តីដែលមហាសន្និបាតពីសម័យមុនៗ និងដែលអភិបាលព្រះសហគមន៍ក្រុងរ៉ូមនានាបានប្រកាសថា "មិនគួរយកវិន័យណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ" (កក ១៥,២៨) ដើម្បីបង្រួបបង្រួមគ្រីស្តបរិស័ទវិញ ឬដើម្បីរក្សាគេឲ្យរួបរួមជាមួយគ្នាជាធ្លុងតែមួយដែរ។ មហាសន្និបាតប្រាថ្នាចង់យ៉ាងខ្លាំងឲ្យគ្រីស្តបរិស័ទទាំងអស់ តាំងពីពេលនេះតទៅ ខិតខំធ្វើឲ្យព្រះសហគមន៍រួបរួមគ្នាបន្តិចម្តងៗ តាមកម្រិតផ្សេងៗ និងតាមរបៀបរស់នៅផ្សេងៗរបស់ព្រះសហគមន៍ ជាពិសេស ដោយអធិដ្ឋាននិងសន្ទនាជាមួយគ្នាដូចបងប្អូន អំពីលទ្ធិជំនឿ និងអំពីតម្រូវការដ៏សំខាន់ៗជាបន្ទាន់ក្នុងមុខងារណែនាំនាសម័យយើងនេះ។ តាមរបៀបដដែលនេះ មហាសន្និបាតក៏ផ្តែផ្តាំអស់លោកគង្វាល និងគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិក ឲ្យមានទំនាក់ទំនងជាមួយនឹងគ្រីស្តបរិស័ទបូព៌ាប្រទេស ដែលមិនរស់នៅបូព៌ាទៀតទេ តែទៅរស់នៅឆ្ងាយពីមាតុភូមិរបស់គេ។ ដូច្នេះ គេពិតជាសហការជាមួយគ្នាដូចបងប្អូនកាន់តែខ្លាំងឡើងៗ គឺគំនិតវិញ្ញាណនៃសេចក្តីស្រឡាញ់មុខជានឹងបំបាត់ការប្រកួតប្រជែងគ្រប់យ៉ាង។ ប្រសិនបើគ្រីស្តបរិស័ទខិតខំបំពេញកិច្ចនេះ ដោយអស់ពីក្នុងចិត្ត មហាសន្និបាតមានសង្ឃឹមថា របងដែលញែកព្រះសហគមន៍នៅបូព៌ាប្រទេស ពីព្រះសហគមន៍នៅបស្ចិមប្រទេស មុខជាត្រូវរលំ ដើម្បីឲ្យមានព្រះដំណាក់តែមួយ សាងសង់យ៉ាងមាំលើថ្មគ្រឹះដ៏សំខាន់ គឺព្រះគ្រីស្តយេស៊ូ ដែលនឹងបង្រួបបង្រួម ព្រះសហគមន៍ទាំងពីរឲ្យរួបរួមគ្នាជាធ្លុងតែមួយផង។
២-ព្រះសហគមន៍ និងក្រុមជំនំុនៅបស្ចិមប្រទេសដែលបែកចេញទៅហើយ
១៩-សភាពការណ៍ពិសេសរបស់សហគមន៍ទាំងនោះ
នៅសម័យកើតវិបតិ្តដ៏ធំធេងដែលចាប់ផ្តើមនៅបស្ចិមប្រទេសនាចុងយុគកណ្តាល ហើយនៅពេលក្រោយៗទៀត មានព្រះសហគមន៍និងក្រុមជំនំបែកចេញពីអាសនៈរបស់គ្រីស្តទូតនៅក្រុងរ៉ូម។ សព្វថ្ងៃ ព្រះសហគមន៍និងក្រុមជំនំុទាំងនោះ ក៏នៅតែរួមជាមួយព្រះសហគមន៍កាតូលិក ដោយត្រូវរ៉ូវគ្នាយ៉ាងពិសេសម៉្យាង និងដោយសារទំនាក់ទំនងដ៍យូរអង្វែង មកពីប្រជាជនគ្រីស្តបរិស័ទបានរស់នៅរួបរួមគ្នាជាសហគមន៍តែមួយតាមដំណើរដ៏យូរលង់នៃសតវត្សពីមុនៗមក។ ព្រះសហគមន៍និងក្រុមជំនំុទាំងនោះ មានលក្ខណៈប្លែកៗពីគ្នា ដោយមានកំណើតប្លែកពីគ្នា មានលទ្ធិជំនឿប្លែកពីគ្នា និងមានការរស់នៅតាមព្រះវិញ្ញាណប្លែកពីគ្នាដែរ។ ហេតុនេះហើយបានជា ព្រះសហគមន៍និងក្រុមជំនំុទាំងនោះ មិនគ្រាន់តែប្លែកពីព្រះសហគមន៍កាតូលិកយើងយ៉ាងក្រៃលែងប៉ុណ្ណោះទេ តែប្លែកពីគ្នាឯងថែមទៀតផង។ ហេតុនេះពិបាករៀបរាប់បញ្ជាក់អំពីពួកគេយ៉ាងច្បាស់លាស់។ យើងក៏គ្មានបំណងរៀបរាប់បញ្ជាក់អំពីពួកគេដូច្នោះដែរ។
ទោះបីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទមិនទាន់កើតនៅគ្រប់កន្លែងនៅឡើយក្តី ទោះបីមានព្រះសហគមន៍និងក្រុមជំនំុខ្លះ មិនទាន់មានបំណងចង់រស់នៅជាមួយព្រះសហគមន៍កាតូលិកដោយសន្តិភាពគ្រប់គ្នាក្តី ក៏យើងនៅ តែមានសង្ឃឹមថា គង់តែថ្ងៃណាមួយ គេនឹងមានគំនិតតាមចលនាបង្រួបបង្រួមគ្នានេះ ហើយមុខជាយើងនឹង គោរព រាប់អានគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗទៀតផង។
ក៏ប៉ុន្តែ ត្រូវទទួលស្គាល់ថា ព្រះសហគមន៍និងក្រុមជំនំុទាំងនោះ ប្លែកពីព្រះសហគមន៍កាតូលិកយើង ជាសន្ធឹក មិនគ្រាន់តែប្លែកពីគ្នាត្រង់ប្រវត្តិសាស្រ្ត សង្គមសាស្រ្ត ចិត្តសាស្រ្ត ឬត្រង់វប្បធម៌ប៉ុណ្ណោះទេ តែជាពិសេស ប្លែកពីគ្នាត្រង់របៀបបកស្រាយគម្ពីរ ដែលជាសេចក្តីពិតដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ ទោះបីព្រះសហគមន៍និងក្រុមជំនំុទាំងនោះ ប្លែកពីព្រះសហគមន៍កាតូលិកក្តី ក៏យើងចង់គូសសង្កត់សេចក្តីខ្លះដែលអាចទៅជានិងត្រូវជាមូលដ្ឋាននិងដើមកំណើត ដើម្បីបង្កើតការសន្ទនាគ្នា និងនាំឲ្យការសន្ទនានេះកាន់តែស្រួលឡើងៗទៀតដែរ។
២០-អំពីជំនឿផ្ញើជីវិតលើព្រះគ្រីស្ត
យើងនឹកគិតជាពិសេសដល់គ្រីស្តបរិស័ទដែលប្រកាសយ៉ាងជាក់ច្បាស់ថា ព្រះយេស៊ូគ្រីស្តពិតជាព្រះជាម្ចាស់ និងជាព្រះអម្ចាស់របស់ខ្លួន ជាស្ពានមេត្រីតែមួយគត់រវាងព្រះជាម្ចាស់និងមនុស្សលោក ដើម្បីលើកតម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងដឹងច្បាស់ថា ព្រះសហគមន៍និងក្រុមជំនំុទាំងនោះ កាន់ជំនឿប្លែកពីលទ្ធិកាតូលិកយ៉ាងក្រែល សូម្បីតែអំពីលទ្ធិព្រះគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស និងអំពីការសង្គ្រោះ គេក៏ប្លែកពីព្រះសហគមន៍កាតូលិកដែរ ជាហេតុបណ្តាលឲ្យមានជំនឿប្លែកពីគ្នាត្រង់គម្រោងការដ៏អស្ចារ្យរបស់ព្រះសហគមន៍ និងអំពីមុខងារបម្រើរបស់ព្រះសហគមន៍ ព្រមទាំងអំពីតួនាទីរបស់នាងម៉ារីក្នុងការសង្រ្គោះ។ ក៏ប៉ុន្តែយើងមានអំណរដោយឃើញបងប្អូនដែលបែកចេញទៅហើយនោះ បែរទៅរកព្រះគ្រីស្តទុកជាប្រភពនិងបំពេញតួណាទីដ៏សំខាន់ជាងគេ ក្នុងការរួបរួមគ្នាជាសហគមន៍តែមួយ។ គេមានបំណងរួបរួមជាមួយព្រះគ្រីស្ត និងស្វែងរកការរួបរួមគ្នា ហើយផ្តល់សក្ខីភាពនៃជំនឿរបស់គេនៅគ្រប់កន្លែងក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
២១-ការសិក្សាព្រះគម្ពីរ
បងប្អូនទាំងនោះ តែងស្រឡាញ់និងគោរព (ហាក់ដូចជានមស្ការថ្វាយបង្គំព្រះគម្ពីរម៉្យាង) ជាមូលហេតុជំរុញគេឲ្យសិក្សាគម្ពីរដោយឥតឈប់ឈរ និងពិនិត្យពិច័យអក្សរដោយយកចិត្តទុកដាក់ "ព្រោះដំណឹងល្អជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មកសាសន៍ក្រិក" (រម ១,១៦)។
គេតែងអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយស្វែងរកព្រះជាម្ចាស់ក្នុងព្រះគម្ពីរ ដោយយល់ថាព្រះអង្គដែលមានព្រះបន្ទូលមកគេដោយសារព្រះគ្រីស្ត តាមអស់លោកព្យាការីបានថ្លែងទុកជាមុន។ ព្រះអង្គជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ គេនឹកសញ្ជឹងគិតអំពីជីវប្រវត្តិព្រះគ្រីស្ត អំពីការប្រៀនប្រដៅ និងអំពីព្រះរាជកិច្ចរបស់ព្រះបរមគ្រូ ដើម្បីសង្គ្រោះមនុស្សលោក ជាពិសេសអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។
ទោះបីគ្រីស្តបរិស័ទដែលបែកចេញពីយើង តែងប្រកាសថា គម្ពីរពិតជាមានអំណាចរបស់ព្រះជាម្ចាស់ ផ្ទាល់ក្ដី ក៏គេមានយោបល់ផ្សេងពីយើង (គេក៏មានយោបល់ប្លែកពីគ្នាឯងដែរ) អំពីទំនាក់ទំនងរវាងព្រះគម្ពីរនិងព្រះ សហគមន៍។ តាមលទ្ធិនៃជំនឿកាតូលិក ក្រុមអភិបាលមានមុខងារបង្រៀនព្រះសហគមន៍យ៉ាងពិតប្រាកដ មានមុខងារពិសេសក្នុងការបកស្រាយ និងក្នុងការអត្ថាធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងជាលាយល័ក្ខអក្សរ។
ប៉ុន្តែ ជាពិសេសនៅពេលសន្ទនាគ្នា ព្រះបន្ទូលពិតជាឧបករណ៍ដ៏ប្រសើរបំផុតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ តាមតែព្រះសង្គ្រោះប្រទានឲ្យមនុស្សលោក។
២២-អំពីអគ្គសញ្ញា
គ្រប់ពេលមនុស្សទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងត្រឹមត្រូវតាមព្រះអម្ចាស់ចាត់ចែងទុកនោះ និងទទួលដោយ ចិត្តគំនិតយ៉ាងសមរម្យតាមតម្រូវការ មនុស្សរួបរួមក្នុងព្រះកាយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុង រឿង គេកើតជាថ្មីដើម្បីទទួលចំណែកនៃព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ តាមគ្រីស្តទូតប៉ូលចែងថា៖ "ដោយបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រីស្ត ហើយបងប្អូនក៏ទទួលជីវិតថ្មីរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនបានជឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មថ្មីដ៏រុងរឿង" (កូឡ ២,១២)។
ហេតុនេះហើយបានជា ពិធីជ្រមុជទឹកពិតជាចំណងតាមអគ្គសញ្ញា ចងអស់អ្នកដែលកើតជាថ្មីដោយសាពិធីនោះ។ ប៉ុន្តែអគ្គសញ្ញាជ្រមុជទឹកគ្រាន់តែជាដើម និងជាពេលចាប់ផ្តើមដំណើរប៉ុណ្ណោះ ដ្បិតអគ្គសញ្ញាជ្រមុជទឹកនេះតម្រង់មនុស្សទៅទទួលព្រះជន្មរបស់ព្រះគ្រីស្តយ៉ាងពេញបរិបូរណ៍។ ហេតុនេះអគ្គសញ្ញាជ្រមុជទឹកតម្រង់ទៅប្រកាសជំនឿយ៉ាងពេញលេញ និងតម្រង់ឲ្យគេចូលរួមទាំងស្រុងក្នុងការចាត់ចែងនៃការសង្គ្រោះ តាមព្រះគ្រីស្តសព្វព្រះហឫទ័យចាត់ចែងនោះ។ នៅទីបញ្ចប់ អគ្គសញ្ញាជ្រមុជទឹកក៏តម្រង់ឲ្យចូលរួមយ៉ាងពេញលេញក្នុងសហគមន៍ដែលអរព្រះគុណ។
ទោះបីព្រះសហគមន៍និងក្រុមជំនំុទាំងនោះមិនរួបរួមជាមួយយើងយ៉ាងពេញលក្ខណៈក្តី (អគ្គសញ្ញាជ្រមុជទឹក ជាប្រភពនៃការរួបរួមនោះ) ទោះបីយើងជឿថា គេមិនរក្សាទុកសភាពទាំងស្រុងដ៏ពិតប្រាកដនៃគម្រាងការដ៏អស្ចារ្យរបស់ពិធីអរព្រះគុណក្ដី ជាពិសេសព្រោះគេគ្មានអគ្គសញ្ញាតែងតាំង ក៏ប៉ុន្តែ ពេលព្រះសហគមន៍និងក្រុមជំនំុដែលបែកចេញពីយើងទាំងនោះ ធ្វើពិធីលៀងព្រះអម្ចាស់ ជាពិធីរំឭកគេអំពីព្រះអម្ចាស់សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង គេក៏ប្រកាសថា ជីវិតដ៏ពិតប្រាកដមានន័យថា រួមរស់ជាមួយព្រះគ្រីស្ត ហើយគេរង់ចាំព្រះអង្គយាងមកយ៉ាងរុងរឿងដែរ។ ហេតុនេះត្រូវសន្ទានាគ្នាអំពីលទ្ធិស្តីពីពិធីលៀងព្រះអម្ចាស់ និងអំពីអគ្គសញ្ញាឯទៀតៗ អំពីពិធីបុណ្យនានា និងអំពីមុខងារបម្រើព្រះសហគមន៍។
២៣-ការរស់នៅក្នុងអង្គព្រះគ្រីស្ត
បងប្អូនទាំងនោះរស់នៅតាមឋានៈជាគ្រីស្តបរិស័ទ មកពីគេផ្ញើជីវិតលើព្រះគ្រីស្ត។ ព្រះជាម្ចាស់ក៏ប្រណី សន្តោសគេ ដោយគេទទួលពិធីជ្រមុជទឹក និងដោយគេស្តាប់ព្រះបន្ទូលរបស់ព្រះអង្គផង។ គេបង្ហាញថា គេរស់នៅ ក្នុងឋានៈជាគ្រីស្តបរិស័ទដោយម្នាក់ៗអធិដ្ឋាន ដោយនឹកសញ្ជឹងគិតអំពីព្រះគម្ពីរ ដោយរស់នៅក្នុងគ្រួសារបែបជា គ្រីស្តបរិស័ទ ដោយសហគមន៍គេតែងតែជួបជុំគ្នាលើកតម្កើងព្រះជាម្ចាស់។ ម៉្យាងវិញទៀត ក្នុងពិធីគោរពប្រណិប័តន៍៍របស់គេ ជួនកាលគេរក្សាទុកកត្តារួមជាច្រើនគួរឲ្យសរសើរនៃពិធីគោរពបម្រើព្រះជាម្ចាស់ពីបុរាណមក រួមជាមួយយើងដែរ។
ជំនឿលើព្រះគ្រីស្តបង្កើតផល គឺគេលើកតម្កើងនិងអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានព្រះអំណោយទាន ដល់គេ។ គេក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងយុត្តិធម៌ថែមទៀត និងស្រឡាញ់អ្នកដទៃដោយចិត្តស្មោះ។ ដោយសារ ជំនឿជំរុញគេឲ្យប្រព្រឹត្តអំពើល្អបែបនេះ គេបង្កើតកិច្ចការនិងស្ថាប័នជាច្រើនដើម្បីជួយសម្រាលទុក្ខមនុស្សលោកទាំងខាងវិញ្ញាណ ទាំងខាងរូបកាយ ដើម្បីអប់រំយុវជនយុវនារី ដើម្បីជួយស្តាជីវភាពក្នុងសង្គម និងដើម្បីតែងតាំងសន្តិភាពឲ្យនៅស្ថិតស្ថេរនៅគ្រប់ទីកន្លែង។
ទោះបីក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះ មានគ្នាជាច្រើនមិនយល់អត្ថន័យនៃដំណឹងល្អតាមបែបកាតូលិកក្នុងវិស័យសីលធម៌ក្ដី ហើយក៏មិនយល់ស្របនឹងដំណោះស្រាយក្នុងបញ្ហាដ៏សែនពិបាកនាសង្គមនៅបច្ចុប្បន្នកាល នេះក្ដី ក៏ប៉ុន្តែគេចង់ភ្ជាប់ចិត្តនឹងព្រះបន្ទូលរបស់ព្រះគ្រីស្តដូចយើងដែរ ទុកជាប្រភពនៃកម្លាំងរបស់គ្រីស្តបរិស័ទ។ គេក៏ចង់ធ្វើតាមបញ្ជារបស់គ្រីស្តទូតប៉ូលថា "ការអ្វីក៏ដោយ ដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះគ្រីស្តផង" (កូឡ ៣,១៧)។ ការសន្ទនាតាមចលនាបង្រួបបង្រួមគ្នា អំពីការប្រព្រឹត្តតាមសីលធម៌ស្របតាមដំណឹងល្អ អាចចាប់ផ្តើមបាន ដោយនឹកអំពីព្រះបន្ទូលនោះ។
២៤-ពាក្យបញ្ចប់
ក្រោយពីបានរៀបរាប់យ៉ាងខ្លីអំពីលក្ខខ័ណ្ឌនៃកិច្ចការបង្រួបបង្រួមគ្រីស្តបរិស័ទ ឲ្យរួបរួមគ្នាជាធ្លុងតែមួយរួចហើយ ក្រោយពីបានបង្ហាញបញ្ជាក់គោលការណ៍ណែនាំកិច្ចការបង្រួបបង្រួមនេះ យើងបែរមុខទៅរកអនាគតទាំងទុកចិត្តលើព្រះជាម្ចាស់។ មហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទឲ្យជៀសវាងប្រព្រឹត្តអំពើដោយមិនគិតជាមុន កុំខ្នះខ្នែងដោយមិនប្រុងប្រយ័ត្ន ដែលសុទ្ធតែជាអំពើអាចបង្ខូចចលនាររួបរួមគ្នាមិនឲ្យចម្រើនបាន។ កិច្ចការបង្រួបបង្រួមរបស់គេ សុទ្ធតែមានន័យថា "កាតូលិក" យ៉ាងពេញលេញនិងដោយចិត្តស្មោះ គឺស្មោះត្រង់នឹងសេចក្តីដ៏ពិតដែលយើងទទួលពីក្រុមគ្រីស្តទូតនិងពីគ្រូបាធ្យាយមក ហើយក៏ស្របតាមលទ្ធិជំនឿព្រះសហគមន៍បានប្រកាសជានិច្ចតាំងពីដើមរៀងមក។ កិច្ចការបង្រួបបង្រួមនេះតម្រង់ទៅកាន់សេចក្តីបរិបូរណ៍ដ៏ពេញលក្ខណៈ គឺព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យព្រះកាយព្រះអង្គចម្រើនឡើងក្នុងសេចក្តីពេញបរិបូរណ៍ដ៏ពេញលក្ខណៈនេះតាមដំណើរនៃសតវត្សកន្លងទៅ។
មហាសន្និបាតប្រាថ្នាយ៉ាងខ្លាំង សូមឲ្យកិច្ចការដែលបុត្រធីតាព្រះសហគមន៍កាតូលិកចាប់ផ្តើមធ្វើ បានចម្រើនឡើង រួមនឹងកិច្ចការរបស់បងប្អូនដែលបែកចេញពីយើង។ សូមកុំយកអ្វីមករារាំងមាគ៌ារបស់ព្រះអង្គ ដែលណែនាំនិងថែរក្សាមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់។ កុំស្រមៃឃើញអំពីព្រះវិញ្ញាណនឹងជំរុញគ្រីស្តបរិស័ទយ៉ាងណា នៅពេលខាងមុខឡើយ។ លើសពីនេះទៅទៀត មហាសន្និបាតដឹងខ្លួនហើយប្រកាសថា ការសម្រុះសម្រួលគ្រីស្តបរិស័ទទាំងអស់ឲ្យរួបរួមគ្នាក្នុងព្រះសហគមន៍ តែមួយគត់របស់ព្រះគ្រីស្ត ពិតជាគម្រោងការរបស់ព្រះជាម្ចាស់មែន គឺហួសពីកម្លាំងនិងពីសមត្ថភាពរបស់មនុស្ស។ ហេតុនេះហើយបានជាមហាសន្និបាតសង្ឃឹមទាំងស្រុង ទៅលើពាក្យអង្វររបស់ព្រះគ្រីស្តសម្រាប់ព្រះសហគមន៍ និងសង្ឃឹមទៅលើព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាចំពោះយើង ព្រមទាំងសង្ឃឹមទៅលើឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ "សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង" (រម ៥,៥)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ នឹងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាលដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
ក្នុងចំណាមការអស្ចារ្យ
INTER MIRIFICA
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីសារទូរគមនាគមន៍ក្នុងសង្គម
១-អត្ថន័យពាក្យ
មនុស្សប្រកបដោយប្រាជ្ញាដ៏ប៉ិនប្រសប់ បានរកឃើញបចេ្ចកទេសដ៏អស្ចារ្យវិសេសវិសាល ដោយពិនិត្យមើលពីពិភពលោកដែលព្រះជាម្ចាស់ប្រតិស្ឋានមក ជាពិសេសនៅសម័យយើងនេះ ដោយព្រះអង្គជួយឧបត្ថម្ភផង។ ក្នុង ចំណោមការអស្ចារ្យទាំងប៉ុន្មានដែលមនុស្សបានរកឃើញនោះ ព្រះសហគមន៍ទទួលស្គាល់និងតាមមើលយ៉ាងពិសេសនូវការណ៍ទាំងឡាយដែលពាក់ព័ន្ធនឹងគុណសម្បត្តិខាងវិញ្ញាណរបស់មនុស្ស។ ការដែលគេរកឃើញទាំងនោះផ្តល់ឲ្យមនុស្សមានសមត្ថភាពកាន់តែទូលំទូលាយ អាចផ្សព្វផ្សាយដំណឹងគ្រប់យ៉ាង ផ្សព្វផ្សាយគំនិត និងយោបល់ផ្សេងៗ ព្រមទាំងសេចក្តីណែនាំកាន់តែស្រួលឡើងៗ ព្រះសហគមន៍យកចិត្តទុកដាក់ជាទីបំផុតនឹងការអស្ចារ្យដែលមនុស្សរកឃើញទាំងនោះ ដូចម្តាយយកចិត្តទុកដាក់នឹងកូនដូច្នោះដែរ។ ក្នុងចំណោមបចេ្ចកទេសដែលមនុស្សរកឃើញទាំងនោះ យើងត្រូវកត់សម្គាល់យ៉ាងពិសេសនូវមធ្យោបាយដែលមានលក្ខណៈជួយឲ្យមានទំនាក់ទំនងជាមួយមនុស្សទាំងអស់។ បចេ្ចកទេសទាំងនោះ មានឥទ្ធិពលមិនត្រឹមតែលើបុគ្គលម្នាក់ៗប៉ុណ្ណោះទេ តែមានឥទ្ធិពលលើមនុស្សទាំងក្រុមៗ រហូតមានឥទ្ធិពលដល់មនុស្សជាតិទាំងមូលថែមទៀតផង។ ក្នុងចំណោមបចេ្ចកទេសទាំងនោះ មានការសែតផ្សព្វផ្សាយពត៌មាន មានខ្សែភាពយន្ត វិទ្យុ ទូរទស្សន៍ និងបចេ្ចកទេសដទៃទៀតដែលមានលក្ខណៈដូចគ្នា។ ហេតុនេះហើយ បានជាយើងអាចហៅបចេ្ចកទេសទាំងនោះយ៉ាងត្រឹមត្រូវថា «មធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម»។
២-ហេតុអ្វីមហាសន្និបាតយកចិត្តទុកដាក់អំពីបញ្ហានេះ?
ព្រះសហគមន៍ជាមាតារបស់យើង ដឹងច្បាស់ថា ប្រសិនបើមនុស្សប្រើឧបករណ៍ទាំងនោះយ៉ាងត្រឹមត្រូវ គ្រឿងឧបករណ៍ទាំងនោះអាចជួយបម្រើមនុស្សជាតិយ៉ាងខ្លាំងក្លា គឺជួយឲ្យមនុស្សលំហែកាយ ហើយជួយឲ្យវប្បធម៌និងប្រាជ្ញាញាណរបស់ខ្លួនចម្រើនឡើង ព្រមទាំងលាតសន្ធឹងអំណាចរបស់ព្រះជាម្ចាស់ដែលគ្រងរាជ្យលើមនុស្សលោកឲ្យកាន់តែរឹងប៉ឹងឡើងៗ។ ប៉ុន្តែព្រះសហគមន៍ក៏ដឹងទៀតថា មនុស្សអាចប្រើឧបករណ៍ទាំងនោះ ប្រឆាំងនឹងគម្រោងការរបស់ព្រះអាទិករបានដែរ ហើយនាំមនុស្សលោកទៅរកអន្តរាយទៀតផង។ ព្រះសហគមន៍ក្នុងឋានៈជាមាតា ព្រួយបារម្ភដោយឃើញថា មធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម បណ្តាលឲ្យមនុស្សជាតិបង់ខាតប្រយោជន៍របស់ខ្លួនជាញឹករួចហើយ មកពីគេប្រើប្រាស់ឧបករណ៍ទាំងនោះបែបមិនត្រឹមត្រូវ។
ហេតុនេះហើយបានជាមហាសន្និបាតសកល រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមតៗមក និងជាមួយអភិបាលនានាដែលខ្វល់ខ្វាយនិងគិតគូរអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ យល់ឃើញថា ខ្លួនមានភាកិច្ចរិះគិតអំពីបញ្ហាសំខាន់ៗជាងគេដែលចោទឡើង អំពីមធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម ។ មហាសន្និបាតក៏សង្ឃឹមទៀតថា លទ្ធិនិងក្បួនវិន័យដែលខ្លួនផ្តល់ជូននេះ មុខជានឹងមានប្រយោជន៍ មិនគ្រាន់តែសម្រាប់សង្រ្គោះគ្រីស្តបរិស័ទប៉ុណ្ណោះទេ តែមានប្រយោជន៍សម្រាប់ឲ្យមនុស្សជាតិទាំងមូលចម្រើនឡើងទៀតដែរ។
ជំពូក១
លទ្ធិនៃព្រះសហគមន៍
៣-បន្ទុករបស់ព្រះសហគមន៍
ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង បានតែងតាំងព្រះសហគមន៍ដើម្បីនាំការសង្រ្គោះដល់មនុស្សទាំងអស់។ហេតុនេះហើយបានជាព្រះសហគមន៍យល់ឃើញថា ខ្លួនមានភារកិច្ចប្រកាសដំណឹងល្អ។ ព្រះសហគមន៍កាតូលិកក៏ យល់ឃើញទៀតថា ខ្លួនមានភារកិច្ចប្រើឧបករណ៍នាំសារក្នុងសង្គម ដើម្បីប្រកាសសារអំពីការសង្គ្រោះដែរ។ ម៉្យាងទៀត ព្រះសហគមន៍ក៏មានភារកិច្ចបង្រៀនមនុស្សឲ្យចេះប្រើប្រាស់ឧបករណ៍ទាំងនោះយ៉ាងល្អត្រឹមត្រូវដែរ។
ហេតុនេះតាំងពីកំណើតមក ព្រះសហគមន៍មានសិទ្ធិកាន់កាប់ហើយប្រើប្រាស់មធ្យោបាយទាំងនោះ ដោយ មិនចោលមធ្យោបាយណាមួយឡើយ តាមតែខ្លួនត្រូវការ ឬតាមតែមធ្យោបាយទាំងនោះមានប្រយោជន៍សម្រាប់អប់រំគ្រីស្តបរិស័ទ និងសម្រាប់កិច្ចការណែនាំឯទៀតៗផង។ អស់លោកអភិបាលមានភារកិច្ចបង្រៀន និងណែនាំគ្រីស្តបរិស័ទឲ្យប្រើមធ្យោបាយសារទូរគមនាគមន៍ទាំងនោះសម្រាប់សង្គ្រោះខ្លួនគេ និងសង្គ្រោះមនុស្សជាតិទាំងមូល ហើយឲ្យគេនិងមនុស្សជាតិបានពេញ លក្ខណៈទៀតដែរ។
លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាទាំងឡាយ មានភារកិច្ចប្រើមធ្យោបាយទាំងនោះ ស្របតាមតម្លៃដ៏ថ្លៃថ្លូររបស់គ្រីស្តសាសនា និងស្របតាមលក្ខណៈរបស់មនុស្ស។ ដូច្នេះ មធ្យោបាយទាំងនោះអាចតបឆ្លើយនឹងសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងក្លារបស់មនុស្សជាតិ និងស្របតាមគម្រោងការរបស់ព្រះជាម្ចាស់ដែរ។
៤-វិន័យនិងសីលធម៌
អស់អ្នកដែលប្រើប្រាស់មធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម ត្រូវតែស្គាល់គោលការណ៍នៃសីលធម៌ និងអនុវត្តតាមយ៉ាងស្មោះត្រង់ជាចាំបាច់ ដើម្បីឲ្យគេអាចប្រើប្រាស់មធ្យោបាយទាំងនោះយ៉ាងត្រឹមត្រូវ។ មុនដំបូង គេពិតជាត្រូវយកចិត្តទុកដាក់នឹងកម្មវត្ថុ គឺពីសេចក្តីដែលគេផ្សព្វផ្សាយនោះ ស្របតាមលក្ខណៈផ្ទាល់នៃឧបករណ៍នីមួយៗ ។ គេក៏ត្រូវយកចិត្តទុកដាក់នឹងបរិបទនៃការផ្សព្វផ្សាយទៀតដែរ ឧបមា ត្រូវគិតអំពីគោលដៅ អំពីអ្នកដែលទទួលឬស្តាប់ពត៌មាន អំពីទីកន្លែង អំពីពេលវេលា។ល។ បរិបទនោះអាចបណ្តោយឲ្យផ្លាស់ប្តូរ ឬឲ្យប្រែសីលធម៌ទាំងស្រុង។ យើងត្រូវកត់សម្គាល់អំពីរបៀបមធ្យោបាយនីមួយៗមានសកម្មភាព គឺថា អំពីកម្លាំងដ៏ខ្លាំងក្លានៃមធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម ដែលប៉ះលើចិត្តគំនិតអ្នកស្តាប់។ អ្នកស្តាប់ ជាពិសេស អ្នកដែលមិនសូវបានទទួលការអប់រំយ៉ាងសមរម្យជាមុន មិនអាចដឹងអំពីឥទ្ធិពលនៃទូរគមនាគមន៍នោះប៉ះទង្គិច គេក៏មិនអាចធ្វើជាម្ចាស់លើឥទ្ធិពលនោះបានដែរ ហើយប្រសិនបើត្រូវលះបង់ចោលឥទ្ធិពលនោះ គេមិនអាចលះបង់ចោលបានឡើយ។
៥-អស់អ្នកដែលចាប់អារម្មណ៍នឹងមធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គមត្រូវតែអប់រំជាចាំបាច់បំផុត ឲ្យមនសិការរបស់ខ្លួនបានទៀងត្រង់ ចំពោះការប្រើប្រាស់ឧបករណ៍ទាំងនោះ ជាពិសេសចំពោះបញ្ហាជាច្រើនដែលអ្នកឯកទេសកំពុងជជែកវែកញែកយ៉ាងខ្លាំងនៅសម័យឥឡូវ។
សិទ្ធិទទួលព័ត៌មាន
បញ្ហាទីមួយ គឺអំពីពត៌មាន។ ពត៌មាន មានន័យថា ការប្រមូលនិងផ្សព្វផ្សាយដំណឹងផ្សេងៗ។ សង្គមទំនើបតែងតែចម្រើនឡើងជាលំដាប់ ហើយសមាជិកក្នុងសង្គម ក៏មានចំណងទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធឡើងៗដែរ។ ហេតុនេះពត៌មានមានប្រយោជន៍យ៉ាងខ្លំាង ហើយយ៉ាងចាំបាច់បំផុតទៀតផង។ សេចក្តីនេះជាក់ច្បាស់ហើយ។ ដោយមានគេផ្សព្វផ្សាយដំណឹងជាសាធារណៈ តាមពេលមនុស្សត្រូវការ ពីអំពើដែលមនុស្សបានធ្វើ និងអំពីព្រឹត្តិការណ៍ដែលកើតឡើង គេផ្តល់ឲ្យមនុស្សម្នាក់ៗស្គាល់អំពើ និងព្រឹត្តិការណ៍ទាំងនោះយ៉ាងពេញលេញសព្វគ្រប់ជាអចិន្ត្រៃយ៍។ ដោយស្គាល់ពត៌មានបែបនេះ មនុស្សម្នាក់ៗតាមចំណែករៀងៗខ្លួន អាចសហការយ៉ាងស័ក្ដិសិទ្ធិ និងកាន់តែស្រួល ធ្វើឲ្យសង្គមទាំងមូលលូតលាស់និងចម្រើនឡើងបានផង។ ហេតុនេះ ត្រូវយល់ថា សង្គមមនុស្សមានសិទ្ធិទទួលពត៌មាន អំពីប្រធានបទដែលពាក់ព័ន្ធនឹងមនុស្សទាំងអស់ ទោះជាបុគ្គលម្នាក់ៗក្តី ទោះជាសមាជិកក្នុងសង្គមមួយក្តី តាមសភាពការណ៍រៀងៗខ្លួន។ ប៉ុន្តែ គេអាចប្រើសិទ្ធិនេះបាន លុះត្រាតែមានផ្សព្វផ្សាយតែពត៌មានពិតប្រាកដជានិច្ច និងពត៌មានដ៏ពេញលេញសព្វគ្រប់ ទាំងគោរពយុត្តិធម៌និងសេចក្តីស្រឡាញ់ទៀតផង។ សូមរកនិងផ្សព្វផ្សាយពត៌មានតាមរបៀបសមរម្យ និងប្រកបដោយគុណធម៌ គឺថា ត្រូវគោរពតាមវិន័យនៃសីលធម៌យ៉ាងហ្មត់ចត់ជាចាំបាច់ ហើយក៏ត្រូវគោរពសិទ្ធិនិងកិត្តិយសរបស់បុគ្គលម្នាក់ៗ ដ្បិត«ចំណេះចេះដឹងគ្រប់យ៉ាងមិមមានប្រយោជន៍ទាំងអស់ទេ រីឯសេចក្ដីស្រឡាញ់រមែងតែងតែជួយកសាងវិញ» (១ករ ៨,១)។
៦-សិល្បៈនិងសីលធម៌
បញ្ហាទីពីរ គឺរបៀបសិល្បៈ(គឺការផ្សព្វផ្សាយពត៌មានតាមពាក្យដែលគេនិយមនិយាយទូទៅ) និងសីលធម៌ពាក់ព័ន្ធគ្នាទៅវិញទៅមក។ សព្វថ្ងៃ គេតែងតែជជែកវែកញែកកាន់តែច្រើនឡើងអំពីបញ្ហានេះ មកពីគេកាន់លទ្ធិភាន់ច្រឡំអំពីសីលធម៌និងអំពីសិល្បៈ។ ហេតុនេះហើយបានជា មហាសន្និបាតប្រកាសថា មនុស្សទាំងអស់ត្រូវតែអនុវត្តតាមសីលធម៌ដ៏ពិតប្រាកដមកពីកំណើត។ មានតែសីលធម៌បែបនេះទេ ដែលហួសពីសកម្មភាពគ្រប់យ៉ាងរបស់មនុស្ស ហើយដែលធ្វើឲ្យ្រគប់សកម្មភាពទាំងនោះសីុចង្វាក់គ្នា ទោះបីសកម្មភាពទាំងនោះល្អប្រសើរយ៉ាងណាក៏ដោយ។ ក្នុងចំណោមសកម្មភាពទាំងនោះ មានសិល្បៈជាដើម។ សីលធម៌ បែបនេះក៏គ្រប់គ្រងមនុស្សទាំងស្រុង ក្នុងឋានៈជាអ្នកទទួលប្រាជ្ញាពីព្រះជាម្ចាស់ ដែលព្រះអង្គត្រាស់ហៅឲ្យគេមានទិដៅហួសពីលោកីយ៍នេះទៀតផង។ ម៉្យាងទៀត មនុស្សបានពេញលក្ខណៈ និងបានសុភមង្គល ដោយគោរពតាមសីលធម៌ទាំងស្រុងនេះដោយចិត្តស្មោះ។
៧-អំពីសេចក្តីអាក្រក់
បញ្ហាទីបី គឺបញ្ហានិទានរឿង ឬការរៀបរាប់ ឬការសម្តែងសេចក្តីអាក្រក់របស់មនុស្ស តាមរយៈសារទូរគមនាគមន៍ក្នុងសង្គម ពិតជាអាចជួយណែនាំឲ្យមនុស្សស្គាល់ និងចេះវិភាគរិះគិតយ៉ាងជ្រៅអំពីលក្ខណៈមនុស្សយើងបាន។ ប្រសិនបើគេចេះប្រើរបៀបសិល្បៈយ៉ាងស្វាហាប់ គេបណ្តោយឲ្យរំភើបចិត្ត ទើបការរៀបរាប់សេចក្តីអាក្រក់នោះ អាចបង្ហាញនិងលើកតម្កើងសេក្តីពិតនិងអ្វីដ៏ល្អប្រសើរ ឲ្យភ្លឺឡើងយ៉ាងជាក់ច្បាស់បាន។ ក៏ប៉ុន្តែ ការបង្ហាញសេចក្តីអាក្រក់នោះ ក៏អាចបង្ខូចសតិមនុស្សបានដែរ។ ប្រសិនបើយើងចង់ឲ្យសិល្បៈមានប្រយោជន៍ដល់មនុស្សវិញ ត្រូវតែអនុវត្តតាមសីលធម៌យ៉ាងហ្មត់ចត់ ជាពិសេសចំពោះប្រធានបទដែលងាយស្រួលបង្កបង្កើតបំណងអាក្រក់ តាមតណ្ហាដែលយើងមានក្នុងខ្លួន។
៨-មតិសាធារណៈ
មតិសាធារណៈសព្វថ្ងៃ មានឥទ្ធិពលយ៉ាងខ្លាំងសម្បើម ទៅលើការរស់នៅរបស់មនុស្សម្នាក់ៗ និង ទៅលើការរស់នៅជាសាធារណៈរបស់ប្រជាពលរដ្ឋទូទៅ ទោះបីគេមានឋានៈវណ្ណៈណាក៏ដោយ។ ហេតុនេះហើយ បានជាត្រូវឲ្យសមាជិកទាំងអស់ក្នុងសង្គម បំពេញភារកិច្ចរបស់ខ្លួនអំពីយុត្តិធម៌ និងអំពីសេចក្តីពិតក្នុងករណីនេះដែរ។ គេត្រូវប្រើសារទូរគមនាគមន៍ក្នុងសង្គម ដើម្បីសហការបង្កើតមតិសាធារណៈយ៉ាងល្អត្រឹមត្រូវ និងផ្សព្វផ្សាយមតិទាំងនោះ។
៩-ភារកិច្ចរបស់អ្នកប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម
អស់អ្នកប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម គឺអ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ និងអ្នកស្តាប់វិទ្យុ ទទួលពត៌មានទាំងនោះតាមជម្រើសរបស់ខ្លួនដោយសេរី ក្នុងចំណោមដំណឹងទាំងប៉ុន្មានដែលមានផ្សព្វផ្សាយតាមរយៈមធ្យោបាយទាំងនោះ។ ហេតុនេះ អ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ និងអ្នកស្តាប់វិទ្យុ មានភារកិច្ចពិសេស គឺជម្រើសរបស់គេ ច្បាស់ជាគាំទ្រនូវអ្វីៗដែលមានតម្លៃដ៏ពិតប្រាកដតាមសីលធម៌ តាមវប្បធម៌ និងតាមសិល្បៈ។ គេត្រូវជៀសវាងអ្វីៗដែលជាឱកាស ឬជាមូលហេតុបណ្តាលឲ្យខ្លួនខូចខាតខាងវិញ្ញាណ។ គេជៀសវាងអ្វីៗដែលបណ្តាលឲ្យអ្នកដទៃវង្វេងពីជំនឿដោយគេធ្វើគំរូអាក្រក់ដាក់ឲ្យអ្នកទាំងនោះ។ គេក៏មិនត្រូវបង្កើតឧបសគ្គដល់ទូរគមនាគមន៍ល្អ និងបែរជាគាំទ្រទូរគមនាគមន៍អាក្រក់ទៅវិញ។ រឿងនេះ តែងកើតឡើងនៅពេលយើងយកប្រាក់មកគាំទ្រអ្នកដែលប្រើសារទូគមនាគមន៍ក្នុងសង្គម ដោយគិតតែពីចង់បានកម្រៃប៉ុណ្ណោះ។
អ្នកប្រើប្រាស់សារទូគមនាគមន៍ក្នុងសង្គម មិនត្រូវធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួនឡើយ គឺត្រូវស្វែងរកឲ្យបានដឹងទាន់ពេល អំពីគោលជំហរនៃអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍អំពីរឿងទាំងនោះ និងអនុវត្តតាមមនសិការទៀងត្រង់របស់ខ្លួនណែនាំទៀតផង ដើម្បីឲ្យកិរិយារបស់ខ្លួនបានស្របតាមសីលធម៌។ លើស ពីនេះទៅទៀត គេត្រូវយកចិត្តទុកដាក់អប់រំមនសិការរបស់ ខ្លួនឲ្យបានភ្លឺថ្លានិងទៀងត្រង់ ដោយប្រើជំនួយសមរម្យតាមតម្រូវការ ដើម្បីងាយស្រួលទប់ទល់នឹងឥទ្ធិពលដែលមិនល្អ និងតាមឥទ្ធិពលដ៏ល្អវិញ ។
១០-ភារកិច្ចរបស់យុវជនយវនារីនិងភារកិច្ចរបស់ឪពុកម្តាយ
អ្នកប្រើប្រាស់សារទូគមនាគមន៍ក្នុងសង្គម ជាពិសេសយុវជនយុវនារី ត្រូវហ្វឹកហ្វឺនហាត់ខ្លួនឲ្យចេះប្រមាណ និងប្រើប្រាស់មធ្យោបាយទាំងនោះដោយអនុវត្តតាមវិន័យ។ គេក៏ត្រូវស្វែងរកឲ្យយល់អ្វីៗដែលគេឃើញ ស្តាប់ឮ និងអាន ឲ្យកាន់តែច្បាស់ឡើងៗ។ គេត្រូវជជែកវែកញែកជាមួយអ្នកអប់រំរបស់គេ ឬជាមូយអ្នកជំនាញការអំពីរឿងដែលគេបានឃើញ ស្តាប់ឮ និងបានអាននោះ។ ធ្វើដូច្នេះ ទើបគេហាត់ខ្លួនឲ្យចេះវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ រីឯឪពុកម្តាយវិញ ត្រូវនឹកចាំថា គាត់មានភារកិច្ចប្រយ័ត្នប្រយែងយ៉ាងហ្មត់ចត់ កំុឲ្យអ្វីអាក្រក់ដែលមានផ្សាយតាមខ្សែភាពយន្តនិងតាមទូរទស្សន៍ ឬតាមកាសែត ហើយដែលផ្ទុយនឹងជំនឿឬនឹងសីលធម៌ ចូលក្នុងផ្ទះឲ្យសោះ។ គាត់ក៏ត្រូវការពារកូនៗមិនឲ្យទស្សនា និងអានសេចក្តីអាក្រក់ទាំងនោះនៅកន្លែងផ្សេងទៀតដែរ។
១១-ភារកិច្ចរបស់អ្នកផលិត
អ្នកកាសែត អ្នកនិពន្ធសៀវភៅ តួលោ្ខន អ្នកចាត់ចែងខ្សែភាពយន្ត អ្នកផលិត អ្នកធ្វើកម្មវិធីខ្សែភាពយន្ត អ្នកផ្សព្វផ្សាយខ្សែភាពយន្ត អ្នកសរសេរសេចក្តីវាយតម្លៃ សរុបសេចក្តីមក អស់អ្នកដែលចូលរួមក្នុងការផលិតនិងការផ្សព្វផ្សាយសេចក្តីតាមរយៈសារទូរគមនាគមន៍ក្នុងសង្គម មានភារកិច្ចពិសេសក្នុងការប្រើប្រាស់មធ្យោបាយទាំងនោះ។ ក្នុងពិភពលោកយើងនេះ អ្នកទាំងនោះពិតជាទទួលខុសត្រូវជាទម្ងន់ ព្រោះថា ដោយគេផ្សព្វផ្សាយពត៌មាន និងដោយគេសង្កត់លើមតិសាធារណៈ គេអាចណែនាំមនុស្សជាតិតាមផ្លូវល្អក៏បាន ឬតាមផ្លូវអាក្រក់ក៏បានដែរ។
ហេតុនេះ គេមិនត្រូវគិតតែអំពីផលប្រយោជន៍សេដ្ឋកិច្ច ឬអំពីផលប្រយោជន៍នយោបាយ ឬអំពីសិល្បៈប៉ុណ្ណោះទេ ហើយក៏កុំឲ្យសេដ្ឋកិច្ច នយោបាយ និងសិល្បៈទាស់ទែងប្រឆាំងនឹងប្រយោជន៍រួមជាដាច់ខាត។ គួរឲ្យពួកគេរួមជាសមាគមអាជីវកម្ម ដែលមានសមត្ថភាពអាចបង្ខំសមាជិករបស់ខ្លួនឲ្យគោរពសីលធម៌ក្នុងពេលដោះស្រាយបញ្ហា និងបំពេញសកម្មភាពអាជីវកម្មរបស់គេនោះ។ ធ្វើដូច្នេះ គេមុខជានឹងបានលទ្ធផលល្អយ៉ាងស្រួលជាងនៅម្នាក់ឯងជាពំុខាន។ ប្រសិនបើត្រូវការសមាគមរបស់គេ អាចសុំឲ្យសមាជិកសន្យាយ៉ាងជាក់លាក់ថា គេស្ម័គ្រចិត្តគោរពតាមក្បួនសីលធម៌ថែមទៀតផង។
អ្នកទាំងនោះត្រូវនឹកចងចាំជានិច្ចថា អ្នកអាននិងអ្នកទស្សនា ភាគច្រើនជាយុវជនយុវនារីដែលត្រូវការកាសែត និងខ្សែភាពយន្តដើម្បីលំហែកាយ និងលំហែចិត្តយ៉ាងសមរម្យ ហើយដែលលើកចិត្តគំនិតគេឲ្យ ទៅរកឧត្តមគតិយ៉ាងខ្ពស់។ អ្នកទាំងនោះក៏ត្រូវយកចិត្តទុកដាក់ផ្ញើឲ្យសហការីដែលមានសមត្ថភាពប្រាកដប្រជា ចាត់ចែងប្រធានបទអំពីសាសនា ដើម្បីរៀបរាប់ដោយក្តីគោរពនិងសមគួរនឹងរឿងសាសនា។
១២-ភារកិច្ចរបស់រដ្ឋអំណាច
រដ្ឋអំណាចមានភារកិច្ចពិសេសដោយឡែក ក្នុងវិស័យនោះ ដោយនឹកគិតដល់ប្រយោជន៍រួម ព្រោះសារទូរគមនាគមន៍ក្នុងសង្គម មានទិសដៅបម្រើប្រយោជន៍រួមនោះតែម្តង។ រដ្ឋអំណាចមានបន្ទុកថែរក្សានិងការពារសេរីភាពដ៏ពិតប្រាកដនិងដ៏ត្រឹមត្រូវ ជាពិសេសក្នុងការចែកចាយពត៌មាន ជាសេរីភាពដែលសង្គមសម័យទំនើបត្រូវការជាចាំបាច់បំផុតដើម្បីចម្រើនឡើង។ រដ្ឋអំណាចក៏មានភារកិច្ចជួយលើកស្ទួយអ្វីៗដ៏ថ្លៃថ្នូរតាមសាសនា តាមវប្បធម៌ និងតាមសិល្បៈដែរ។ រដ្ឋអំណាចមានភារកិច្ចធានាឲ្យអ្នកប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម អាចប្រើសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ខ្លួនបាន។ រដ្ឋអំណាចក៏មានភារកិច្ច គាំទ្រកិច្ចការណាដែលមនុស្សចាប់ផ្តើមធ្វើជាកិច្ច ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់យុវជនយុវនារី តែបើរដ្ឋអំណាចមិនជួយគាំទ្រគេទេ គេគ្មានសមត្ថភាពអាចសម្រេចបានឡើយ។
មិនតែប៉ុណ្ណោះ រដ្ឋអំណាចដែលតែងតែរកសេចក្តីសុខសាន្តជូនប្រជាពលដ្ឋ ក៏មានភារកិច្ចធានាថា កុំឲ្យការប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គមដោយមិនត្រឹមត្រូវ បណ្តាលឲ្យកើតឧបសគ្គយ៉ាងធ្ងន់ធ្ងរចំពោះសីលធម៌ សាធារណៈ និងរារាំងសង្គមមិនឲ្យចម្រើនឡើងបាន។ រដ្ឋអំណាចអាចធានាដូច្នេះតាមប្រាជ្ញាមោះមុត និងតាមយុត្តិធម៌ ដោយបង្កើតច្បាប់ និងដោយណែនាំប្រជាពលរដ្ឋយ៉ាងស័ក្ដិសិទ្ធិ ឲ្យអនុវត្តតាមច្បាប់ទាំងនោះទៀតផង។ ដោយប្រព្រឹត្តដូច្នេះ រដ្ឋអំណាចមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ និងរបស់ក្រុមនានានោះទេ ជាពិសេសក្នុងករណីដែលមានអាជីវកម្មប្រើមធ្យោបាយទំនាក់ទំនងទាំងនោះ គ្មានមនសិការមធ័្យតប្រាកដប្រជាទេ។
ត្រវចាត់វិធានការពិសេស ដើម្បីជួយការពារកូនជំទង់ៗ កុំឲ្យអានកាសែត និងទស្សនាខ្សែភាពយន្តដែល បណ្តាលឲ្យគេរបួសចិត្តគំនិត ក្នុងវ័យទន់ខ្សោយរបស់គេនោះ។
ជំពូក២
ការណែនាំរបស់ព្រះសហគមន៍
១៣-សកម្មភាពរបស់អស់លោកអភិបាលនិងគ្រីស្តបរិស័ទធម្មតា
សមាជិកទាំងអស់របស់ព្រះសហគមន៍ ត្រូវរួមគ្នាខិតខំដោយរីករាយ ដើម្បីប្រើសារទូរគមនាគមន៍ក្នុងសង្គមទាំងនោះ ឲ្យបម្រើកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗរបស់ព្រះសហគមន៍យ៉ាងស័ក្តិសិទ្ធិ ដោយមិនបង្អង់ឡើយ និងដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៀតផង។ តែត្រូវគិតដល់កាលៈទេសៈ និងដល់ទីកន្លែង។ គេក៏ត្រូវយកចិត្តទុកដាក់ជាមុន ឲ្យបំបាត់កិច្ចការដ៏អាក្រក់ គេត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ ជាពិសេសក្នុងករណីសីលធម៌និងសាសនាមានការប្រែប្រួលដូច្នេះ។
ហេតុនេះហើយបានជា អស់លោកអភិបាលជាគង្វាលត្រូវតែយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនក្នុងវិស័យនេះ ដែលជាប់នឹងបន្ទុករបស់អស់លោក ជាអ្នកប្រកាសដំណឹងល្អ។
គ្រីស្តបរិស័ទធម្មតាដែលប្រកបអាជីវកម្មផលិតអ្វីៗតាមមធ្យោបាយទំនាក់ទំនងទាំងនោះ ត្រូវខិតខំផ្តល់សក្ខីភាព ថ្វាយព្រះយេស៊ូគ្រីស្ត។ មុនដំបូង ត្រូវផ្តល់សក្ខីភាពដោយបំពេញអាជីវកម្មរបស់ខ្លួន ដោយមានសមត្ថភាពគ្រប់គ្រាន់ និងដោយមានចិត្តគំនិតជាគ្រីស្តទូត។ បន្ទាប់មក គេត្រូវផ្តល់សក្ខីភាព ដោយរួមសហការចំៗជាមួយសកម្មភាពណែនាំរបស់ព្រះសហគមន៍ ដោយជូនវិភាគទានជាបច្ចេកទេស ជាប្រាក់ចំណាយ ជាវប្បធម៌ និងជាសិល្បៈ តាមសមត្ថភាពរៀងៗខ្លួន។
១៤-សកម្មភាពគ្រីស្តបរិស័ទកាតូលិកអាចផ្តើមប្រព្រឹត្តបាន
មុនដំបូង គ្រីស្តបរិស័ទកាតូលិកត្រូវជួយគាំទ្រកាសែតល្អៗនានា។ ប្រសិនបើយើងមានបំណងចង់ឲ្យគោលគំនិតរបស់ព្រះគ្រីស្តជ្រួតជ្រាបចិត្តអ្នកអាន ត្រូវលើកស្ទួយនិងពង្រីកកាសែតនានាតាមគ្រីស្តសាសនាសុទ្ធសាធ គឺកាសែតដែលមានគោលបំណងជាក់ច្បាស់ អប់រំ ពង្រឹង និងលើកស្ទួយមតិសាធារណៈស្របតាមសិទ្ធិមនុស្ស ហើយស្របតាមលទ្ធិនិងក្បួនវិន័យកាតូលិក ព្រមទាំងផ្សព្វផ្សាយនិងបកស្រាយដំណឹងអំពីការរស់នៅរបស់ព្រះសហគមន៍។ អភិបាល ឬគ្រីស្តបរិស័ទធម្មតា អាចធ្វើជាអ្នកចាប់ផ្តើម និងធ្វើជាប្រធានកិច្ចការនេះបាន។ ត្រូវទូន្មានគ្រីស្តបរិស័ទ ឲ្យអាននិងឲ្យផ្សព្វផ្សាយកាសែតកាតូលិកជាចាំបាច់ ដើម្បីឲ្យគេចេះថ្លឹងថ្លែងអត្ថន័យព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងបាន។
ត្រូវជួយគាំទ្រនិងពងឹ្រងយ៉ាងស័ក្ដិសិទ្ធិ ហើយត្រូវប្រើគ្រប់់មធ្យោបាយ នូវការផលិតនិងការផ្សព្វផ្សាយខ្សែភាពយន្តសម្រាប់លំហែកាយយ៉ាងសមរម្យ ដែលជួយពង្រីកវប្បធម៌ និងជួយសិល្បៈ ជាពិសេសខ្សែភាពយន្តសម្រាប់យុវវយ័។ ជាចម្បង ត្រូវជួយគាំទ្រនិងសម្រួលការផលិតភាពយន្តឲ្យសហការគ្នា ហើយជួយគាំទ្រអ្នកផ្សព្វផ្សាយខ្សែភាពយន្តដែលប្រកបដោយគុណធម៌។ ត្រូវជួយគាំទ្រផ្សព្វផ្សាយខ្សែភាពយន្តមានគុណភាពល្អ ដោយសរសេរសេចក្តីរាយការណ៍ថ្លឹងថ្លែងយ៉ាងល្អ និងដោយចែករង្វាន់ដែរ។ ត្រូវណែនាំគ្រីស្តបរិស័ទប្រកបដោយគុណធម៌ ដែលជាម្ចាស់រង្គសាលបញ្ចាំងខ្សែភាពយន្ត ឲ្យសហការជាមួយគ្នា។
ត្រូវជួយគាំទ្រយ៉ាងស័ក្ដិសិទ្ធិ នូវការផ្សព្វផ្សាយតាមវិទ្យុ និងតាមទូរទស្សន៍ ដែលស្របតាមសីលធម៌ល្អ ជាពិសេសការផ្សព្វផ្សាយសម្រាប់ក្រុមគ្រួសារ។ ត្រូវជួយជំរុញយ៉ាងខ្លាំងឲ្យមានការផ្សព្វផ្សាយវិទ្យុកាតូលិក ដ្បិតការផ្សព្វផ្សាយទាំងនោះ ដាស់តឿនអ្នកស្តាប់និងទស្សនិកជនឲ្យចូលរួមយ៉ាងសកម្មក្នុងការរស់នៅរបស់ព្រះសហគមន៍ ហើយក៏ជួយឲ្យគេបានស្គាល់លទ្ធិគ្រីស្តសាសនា។ ត្រូវបង្កើតស្ថានីយ៍កាតូលិក នៅកន្លែងណាដែលគួរឲ្យបង្កើត។ ក៏ប៉ុន្តែ ត្រូវធានាឲ្យការផ្សព្វផ្សាយតាមវិទ្យុទាំងនោះ មានគុណភាពល្អ និងស័ក្ដិសិទ្ធិទៀតផង។
លើសពីនេះទៅទៀត ត្រូវគិតគូរអំពីលោ្ខនជាសិល្បៈដ៏ប្រសើរ និងបុរាណ ដែលគេផ្សព្វផ្សាយសព្វថ្ងៃ ជាទូទៅដោយសារទូរគមនាគមន៍ក្នុងសង្គម ហើយដែលជួយអប់រំទស្សនិកជនក្នុងលក្ខណៈខ្លួនជាមនុស្ស និងស្របតាមសីលធម៌ផង។
១៥-ការហ្វឹកហ្វឺនរបស់អ្នកផលិត
ត្រូវហ្វឹកហ្វឺនបូជាចារ្យ (អាចារ្រ) បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតា ដោយមិនបង្អង់ឡើយ ដើម្បីតបឆ្លើយនឹងសេចក្តីត្រូវការទាំងប៉ុន្មានដែលមានរៀបរាប់ខាងលើនេះ។ ត្រូវឲ្យអ្នកទាំងនោះមានសមត្ថភាពយ៉ាងពិតប្រាកដ ដើម្បីឲ្យចេះប្រើគ្រឿងឧបករណ៍ទាំងនោះ ក្នុងគោលបំណងជាគ្រីស្តទូត។
ត្រូវហ្វឹកហ្វឺនគ្រីស្តបរិស័ទធម្មតាឲ្យបំពេញអាជីវកម្មនេះ គឺអប់រំគេឲ្យចេះបចេ្ចកទេស ឲ្យស្គាល់លទ្ធិគ្រីស្តសាសនា និងស្គាល់សីលធម៌ស្របតាមអាជីវកម្មនេះដែរ។ ការហ្វឹកហ្វឺនដូច្នេះ ពិតជាកាតព្វកិច្ចមួយដ៏សំខាន់មែន។ ហេតុនេះហើយបានជាត្រូវបង្កើតសាលារៀន មហាវិទ្យាល័យ គ្រឹះស្ថាន ជាកន្លែងអ្នកកាសែត អ្នកផលិតខ្សែភាពយន្ត និងអ្នកផ្សព្វផ្សាយតាមវិទ្យុ និងតាមទូរទស្សន៍ និងអ្នកឯទៀតៗដែលទាក់ទិន នឹងមធ្យោបាយទាំងនោះ អាចទទួលការអប់រំសព្វគ្រប់ និងមានចិត្តគំនិតជ្រួតជ្រាបដោយគោលៗតាមគ្រីស្តសាសនា ជាពិសេសដោយលទ្ធិខាងសង្គមនៃព្រះសហគមន៍។ ត្រូវអប់រំនិងជួយគាំទ្រអ្នកល្ខោន ដើម្បីឲ្យគេបម្រើសង្គមដោយសិល្បៈរបស់គេ និងតាមរបៀបរបស់គេ។ លើសពីនេះទៅទៀត ត្រូវបង្រៀនយ៉ាងហ្មត់ចត់អ្នកវាយតម្លៃសៀវភៅ និងការផ្សព្វផ្សាយតាមវិទ្យុ តាមទូរទស្សន៍។ល។ គេត្រូវទទួលសមត្ថភាពយ៉ាងពិតប្រាកដក្នុងករណីយកិច្ចរបស់គេ។ ត្រូវហ្វឹកហ្វឺនគេ និងលើកទឹកចិត្តគេ ឲ្យចេះថ្លឹងថ្លែង វាយតម្លៃដោយនឹកដល់សីលធម៌តាមសមគួរ។
១៦-ការអប់រំអ្នកប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម
អ្នកប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម ត្រូវទទួលការអប់រំឲ្យចេះប្រើមធ្យោបាយទាំងនោះយ៉ាងត្រឹមត្រូវ ស្របតាមអាយុនិងតាមកម្រិតវប្បធម៌របស់គេ។ ត្រូវបង្រៀនគេអំពីទ្រឹស្តី និងដោយមានការអនុវត្តន៍ ស្របតាមសភាពការណ៍របស់អ្នកប្រើប្រាស់ និងស្របតាមគ្រឿងឧបករណ៍នៃទំនាក់ទំនងនោះ។ ហេតុនេះ ត្រូវជំរុញឲ្យមានសមិទ្ធិផលដែលមានគោលដៅអប់រំ ឲ្យកាន់តែច្រើនឡើងៗ ជាពិសេសសមិទ្ធិផលសម្រាប់អប់រំយុវជនយុវនារីក្នុងសាលារៀនកាតូលិក គ្រប់ថ្នាក់ ក្នុងទេវវិទ្យាល័យ និងក្នុងគ្រប់ក្រុមគ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូត។ ត្រូវណែនាំការអប់រំនោះ ឲ្យស្របតាមគោលការណ៍នៃសីលធម៌គ្រីស្តសាសនា។ ពេលអប់រំជំនឿ ត្រូវរៀបរាប់និងពន្យល់លទ្ធិនិងក្បួនវិន័យរបស់ព្រះសហគមន៍អំពីករណីនេះ។
១៧-មធ្យោបាយខាងបចេ្ចកទេស និងខាងសេដ្ឋកិច្ច
ប្រសិនបើគ្រីស្តបរិស័ទខ្ជិលច្រអូសសុខចិត្តឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប់ចំណង ឬត្រូវបរាជ័យដោយ ជួបឧបសគ្គខាងបច្ចេកទេស ឬដោយខ្វះធនធានដែលត្រូវចាយវាយយ៉ាងសម្បើម សម្រាប់តែងតាំងសារទូរគមនាគមន៍ក្នុងសង្គមនោះ គេពិតជាបង្អាប់កិត្តិយសរបស់ខ្លួនជាគ្រីស្តបរិស័ទមែន។ ហេតុនេះហើយ បានជាមហាសន្និបាតរំឭកគ្រីស្តបរិស័ទទាំងអស់ថា ខ្លួនមានភារកិច្ចជួយគាំទ្រកាសែត ព្រឹត្តិប័ត្រ ខ្សែភាពយន្ត ស្ថានីយ៍និងការផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ព្រោះមធ្យោបាយទាំងនោះមានគោលសំខាន់ជាងគេ គឺផ្សព្វផ្សាយនិងការពារសេចក្តីពិត ហើយណែនាំសង្គមឲ្យមានជីវិតរស់រវើកតាមគ្រីស្តសាសនា។ នៅពេលជាមួយគ្នានេះ មហាសន្និបាតទទូចអញ្ជើញក្រុមផ្សេងៗ និងមនុស្សទាំងឡាយដែលមានមុខងារសំខាន់ៗតាមសេដ្ឋកិច្ច និងតាមបចេ្ចកទេស ឲ្យសុខចិត្តយកធនធានរបស់ខ្លួនដោយសទ្ធាជ្រះថ្លា មកជួយគាំទ្រសារទូរគមនាគមន៍ក្នុងសង្គម និងផ្តល់ដំបូន្មានឲ្យគេ ព្រោះមធ្យោបាយទាំងនោះ បម្រើវប្បធម៌ និងកិច្ចការជាគ្រីស្តទូតដ៏ពិតប្រាកដ។
១៨-ទិវាប្រចាំឆ្នាំ
រៀងរាល់ឆ្នាំ ត្រូវចាត់ចែងទិវាមួយក្នុងភូមិភាគនីមួយៗ តាមតែអស់លោកអភិបាលយល់ឃើញថា ត្រូវចាត់ ចែងនោះ។ ក្នុងទិវានោះត្រូវបង្រៀនគ្រីស្តបរិស័ទអំពីភារកិច្ចរបស់ខ្លួនក្នុងករណីនេះ និងអញ្ចើញគេឲ្យចូលបដិភាគ និងអង្វរព្រះជាម្ចាស់ថែមទៀតផង។ ត្រូវយកអំណោយទាំងនោះយ៉ាងទៀងទាត់សម្រាប់ទ្រទ្រង់ និងពង្រីកកិច្ចការដែលព្រះសហគមន៍បានបង្កើតនោះ ទាំងនឹកដល់សេចក្តីត្រូវការនៃព្រះសហគមន៍ទាំងមូលទៀតផង។ ធ្វើដូច្នេះ ទើបព្រះ សហគមន៍បំពេញកិច្ចការជាគ្រីស្តទូតដែលមានច្រើនមុខ ក្នុងវិស័យសារទូរគមនាគមន៍ក្នុងសង្គម។
១៩-គណៈកម្មាធិការនៃសន្តៈអាសនៈ
អភិបាលព្រះសហគមន៍ក្រុងរ៉ូមអាចប្រើគណៈកម្មាធិការពិសេសនៃសន្តៈអាសនៈ ដើម្បីជួយបំពេញមុខងារណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់លោក ក្នុងវិស័យសារទូរគមនាគមន៍ក្នុងសង្គម។
២០-មុខងារអស់លោកអភិបាល
អស់លោកអភិបាលមានភារកិច្ចយកចិត្តទុកដាក់យ៉ាងពិសេស នឹងអ្វីៗដែលគ្រីស្តបរិស័ទចង់ផ្តើមធ្វើក្នុងវិស័យ សារទូរគមនាគមន៍ក្នុងសង្គម។ អស់លោកត្រូវលើកស្ទួយកិច្ចការទាំងនោះ ក្នុងភូមិភាគរៀងៗខ្លួន តាមតែកិច្ចការទាំង នោះមានពាក់ព័ន្ធនឹងកិច្ចការជាគ្រីស្តទូតយ៉ាងសាធារណៈ។ អស់លោកមានភារកិច្ចណែនាំអ្នកផ្តើមកិច្ចការទាំងនោះឲ្យរួមសហការគ្នា សូម្បីតែកិច្ចការទាំងនោះនៅក្នុងក្រុមគ្រួសារបព្វជិតដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់លោកអភិបាល ក៏ត្រូវរួមសហការក្នុងកិច្ចការទាំងនេះដែរ។
២១-គណៈកម្មការជាតិ
តាមប្រទេសនីមួយៗ កិច្ចការជាគ្រីស្តទូតបានប្រសិទ្ធភាព លុះត្រាតែមានគោលដៅរួមសម្រាប់ជាតិទាំងមូល និងឲ្យគេខិតខំរួមគ្នាដែរ។ ហេតុនេះហើយបានជាមហាសន្និបាតសម្រេចនិងបញ្ជាក់ថា សូមបង្កើតគណៈកម្មការជាតិនៅគ្រប់ទីកន្លែង សម្រាប់កាសែត ខ្សែភាពយន្ត វិទ្យុ និងទូរទស្សន៍។ សូមចាត់ចែងឲ្យគ្រីស្តបរិស័ទជួយគណៈកម្មការជាតិទាំងនោះយ៉ាងស័ក្ដិសិទ្ធិ។ គណៈកម្មការទាំងនោះមានមុខងារយ៉ាងពិសេសអប់រំមនសិការរបស់គ្រីស្តបរិស័ទយ៉ាងល្អ ក្នុងការប្រើប្រាស់សារទូរគមនាគមន៍ក្នុងសង្គម។ គណៈកម្មការទាំងនោះក៏ត្រូវលើកទឹកចិត្តគ្រីស្តបរិស័ទដែលចាប់ផ្តើមធ្វើកិច្ចការមួយក្នុងវិស័យនោះ ព្រមទាំងសម្រួលកិច្ចការទាំងប៉ុន្មានឲ្យសហការគ្នាផង។
ក្នុងប្រទេសនីមួយៗ ត្រូវផ្ញើឲ្យគណៈកម្មាធិការរបស់អស់លោកអភិបាល ឬអភិបាលម្នាក់ដែលជាតំណាងអភិបាល ឯទៀតៗ ណែនាំគណៈកម្មការជាតិនោះ។ ត្រូវឲ្យមានគ្រីស្តបរិស័ទដែលមានសមត្ថភាពខាងលទ្ធិគ្រីស្តសាសនា និងខាងបចេ្ចកទេស ចូល រួមក្នុងគណៈកម្មការទាំងនោះ។
២២-អង្គការអន្តរជាតិ
លើសពីនេះទៅទៀត សារទូរគមនាគមន៍ក្នុងសង្គមមានឥទ្ធិពលហួសពីពំ្រប្រទល់ប្រទេសនីមួយៗ ហើយបណ្តោយឲ្យមនុស្សម្នាក់ៗត្រឡប់ទៅជាប្រជាពលរដ្ឋនៃពិភពលោកទាំងមូលរួចហើយ។ ហេតុនេះហើយបានជាត្រូវឲ្យកិច្ចការក្នុងជាតិនីមួយៗ រួមសហការក្នុងកម្រិតអន្តរជាតិ។ គណៈកម្មការជាតិនីមួយៗត្រូវសហការយ៉ាងស័ក្ដិសិទ្ធិ ជាមួយអង្គការអន្តរជាតិកាតូលិកតាមមាត្រាលេខ ២០។ មានតែសន្តៈអាសនៈមួយគត់ទេ យល់ស្របទទួលស្គាល់អង្គការអន្តជាតិកាតូលិកឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយសន្តៈអាសនៈក៏គ្រប់គ្រងអង្គការអន្តរជាតិកាតូលិកដែរ។
ពាក្យបញ្ចប់
២៣-ពាក្យណែនាំ
គណៈកម្មាធិការពិសេសនៃសន្តៈអាសនៈ ដែលមានចែងនៅលេខ១៩ និងបោះពុម្ពផ្សាយពាក្យណែនាំពិសេសអំពីសេចក្តីផ្តែផ្តាំនៃមហាសន្និបាត ដើម្បីឲ្យគេអនុវត្តតាមគោលការណ៍និងតាមក្បួនវិន័យទាំងអស់ស្តីអំពីសារទូរគមនាគមន៍ក្នុងសង្គម។ ត្រូវមានអ្នកជំនាញការពីគ្រប់ប្រទេសជួយគណៈកម្មាធិការពិសេសនៃសន្តៈអាសនៈនោះផង។
២៤-ពាក្យដាស់តឿនចុងក្រោយ
មហាសន្និបាតជឿទាំងទុកចិត្តថា បុត្រធីតានៃព្រះសហគមន៍ មុខជានឹងទទួលគោលការណ៍ និងក្បួនវិន័យ ចែងក្នុងក្រឹត្យក្រមនេះដោយចិត្តរីករាយ និងប្រតិបត្តិតាមដោយចិត្តស្មោះទៀតផង។ ហេតុនេះហើយ កាលគ្រីស្តបរិស័ទប្រើមធ្យោបាយទាំងនោះ គេមិនត្រូវខូចខាតប្រយោជន៍ឡើយ ផ្ទុយទៅវិញ គេមុខជានឹងទៅជាដូចអំបិលនិងពន្លឺ គឺគេផ្តល់ឱជារសដល់ជីវិតមនុស្សលោក និងបំភ្លឺចិត្តគំនិតគេទៀតផង។ មហាសន្និបាតក៏បែរទៅរកអស់មនុស្សដែលមានឆន្ទៈល្អ ជាពិសេស បែរទៅរកអស់អ្នកដែលកាន់កាប់សារទូរគមនាគមន៍ក្នុងសង្គម សូមអញ្ជើញអស់លោកអ្នកឲ្យប្រើមធ្យោយោបាយទាំងនោះ ដើម្បីរកតែប្រយោជន៍មនុស្សជាតិប៉ុណ្ណោះ ព្រោះវាសនាមនុស្សជាតិពឹងផ្អែកលើការប្រើប្រាស់មធ្យោយោបាយទាំងនោះ កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។ ដូច្នេះ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់ ដោយសារការអស្ចារ្យដែលមនុស្សលោករកឃើញនៅសម័យទំនើបនេះ ក៏ដូចមនុស្សតែងតែ លើកតម្កើងព្រះអង្គដោយស្នាដៃខាងសិល្បៈកាលពីដើមដូច្នោះដែរ តាមពាក្យរបស់គ្រីស្តទូតដែលចែងថា «ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើមសព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល» (ហប ១៣,៨)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ និងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឲ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផង ក៏យល់ព្រម ហើយសម្រេចថាចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឲ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះ ត្រូវផ្សព្វផ្សាយដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី៤ ធ្នូ ឆ្នាំ១៩៦៣
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)
