១. Gravissimum Educationis ការអប់រំដ៏ចាំបាច់បែបគ្រីស្តសាសនា

អំពីការអប់រំដ៏ចាំបាច់បែបគ្រីស្តសាសនា
GRAVISSIMUM EDUCATIONIS

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ ប្រកាសសេចក្ដីនេះ ដើម្បីឲ្យគេនឹក​ចងចាំ​រហូតតរៀងទៅ។ 

សេចក្តីប្រកា
អំពីការអប់រំដ៏ចាំបាច់បែបគ្រីស្តសាសនា

បុព្វកថា

ការអប់រំមានសារៈសំខាន់យ៉ាងខ្លំាងជាទីបំផុត ក្នុងការរស់នៅរបស់មនុស្ស ហើយក៏មានឥទ្ធិពលកាន់តែខ្លាំង ឡើងៗទៅលើការអភិវឌ្ឍន៍នៃសង្គមទំនើបយើងដែរ។ ​ហេតុនេះហើយបានជាមហាសន្និបាតសកលយកចិត្តទុក​​​ដាក់​​​រិះគិតអំពី​ការអប់រំនេះ។ តាមពិតសភាពការណ៍ជីវភាពនាបច្ចុប្បន្នកាល ​បណ្តាលឲ្យការអប់រំយុវជនយុវនារី​​​និងការអប់រំ​​​អចិន្រៃ្តយ៍របស់មនុស្សពេញវ័យ កាន់តែស្រួលនិងមានលក្ខណៈកាន់តែជាបន្ទាន់ឡើងៗទៀតផង។ មនុស្សដឹងខ្លួន​អំពី​​​កិត្តិយសដ៏ថ្លៃថ្នូ​ររបស់ខ្លួន និងអំពីសិទ្ធិទទួលខុសត្រូវលើខ្លួនឯង​​​កាន់តែច្បាស់ឡើងៗដែរ​​​  ​​​គេមានបំណងចង់រួម​​​ចំណែក​​​​​​​​​កាន់តែសកម្មជារៀងរាល់ថ្ងៃក្នុងការរស់នៅក្នុងសង្គម ហើយជាពិសេសក្នុងការរស់នៅខាង​​​សេដ្ឋកិច្ច​​​និង​​​ខាង​​​​​​នយោបាយទៀតដែរ។ បចេ្ចកទេសនិង​​​ការស្វែង​​​រក​​​តាម​វិទ្យាសាស្រ្ត​ចម្រើនឡើងយ៉ាងអស្ចារ្យ មាន​​​មធ្យោបាយ​​​ថ្មីៗខាងទូរមនាគមន៍ក្នុងសង្គម ​ផ្តល់ឲ្យមនុស្ស​​​ដែលមាន​​​ពេលទំនេរ​កាន់តែ​ច្រើន​ឡើងៗ អាចចូលទៅកាន់បេ​​​តិក​​​ភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌខាងវិញ្ញាណរបស់​​​មនុស្ស​​​ជាតិ​​​​​​បាន។ ដោយក្រុមមនុស្សនិងក្រុមមនុស្ស ប្រជាជន​​​និង​​​ប្រជាជន​​​ ទាក់​​​ទងគ្នាកាន់តែជិតស្និទ្ធឡើងៗ គេអាចជួយគ្នាទៅវិញទៅ​មកឲ្យ​ចម្រើន​​ឡើង។

ហេតុនេះហើយបានជានៅគ្រប់ប្រទេស មនុស្សខិតខំលើកស្ទួយការអប់រំឲ្យកាន់តែច្រើនឡើងជាលំដាប់។ ​​​ឯក​​​សារ​​​ជា​​​ផ្លូវការ ទទួល​​​​ស្គាល់សិទ្ធិជាគ្រឹះរបស់មនុស្ស ឲ្យទទួលការអប់រំ ជាពិសេសសិទ្ធិកុមរាកុមារីៗឲ្យទទួល​​​ការ​​​អប់រំ និង​​​​​​សិទ្ធិឪពុក​​​ម្តាយ​​​ឲ្យអប់រំកូនរបស់ខ្លួនដែរ។ ដោយចំនួនកូនសិស្ស​ចម្រើនឡើងយ៉ាងលឿនជា​​​លំដាប់ គេ​​​សាង​​​សង់​​​សាលា​​​​​​រៀនកាន់តែច្រើនឡើងៗនៅគ្រប់ទីកន្លែង។ សាលាទាំងនោះក៏កាន់តែប្រសើរឡើងៗដែរ។ ​​​គេ​​​បង្កើត​​​​​​ស្ថាប័ន​​​អប់រំ​​​ជាច្រើនទៀតផង។ គេពិសោធន៍ការអប់រំតាមរបៀបថ្មី គេអភិវឌ្ឍវិធីអប់រំ និងវិធីបង្រៀន។ ទោះ​​​​​​​​​បីក្មេងៗ និងយុវជនយុវនារីមិនទាន់ទទួលការអប់រំបឋមទាំងអស់គ្នាក្ដី ហើយទោះបីមានយុវជនយុវនារី​​​ឯទៀតៗ​​​ជា​​​​ច្រើន​​​ខ្វះ​ការ​អប់រំដ៏ពិតប្រាកដក្តី ក៏គេនៅតែ​​​ខិត​​​ខំ​​​យ៉ាង​​​ល្អ​​​ប្រសើរផ្តល់ផលល្អនៃការអប់រំ​​​ជូនមនុស្សទាំង​​​អស់​​​ដែរ​​​។ មានតែការអប់រំដ៏ពិតប្រាកដទេ  ដែលធ្វើឲ្យសេចក្ដីពិតនិងសេចក្ដីស្រឡាញ់ចម្រើនឡើងបាន។

ប៉ុន្តែ ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើង ត្រូវយកចិត្តទុកដាក់ថែទាំជីវិតមនុស្សទាំងស្រុង សូម្បី​​​តែ​​​កង្វល់​​​ខាង​​​លោកីយ៍របស់គេ ក៏ព្រះសហគមន៏ត្រូវយកចិត្តទុកដាក់ដែរ (ពន្លឺ ១៧)​​​ ព្រោះកង្វល់ទាំងនោះ​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ទិស​​​ដៅនៃជីវិតមនុស្ស តាមព្រះជាម្ចាស់បាន​ត្រាស់ហៅ​។ ទិសដៅជីវិតមនុស្សហួសពីលោកីយ៍នេះ។ ធ្វើដូច្នេះ ទើប​​​ព្រះ​​​សហគមន៍​​​អាចបំពេញបេសកកម្មប្រកាសអំពីគម្រោងការ​នៃការសង្គ្រោះឲ្យមនុស្ស​ទាំង​អស់​បាន ព្រមទាំង​​​ប្រមូល​​​អ្វីៗ​​​ទាំង​​​អស់​​​ក្នុងអង្គព្រះគ្រីស្តដែរ។ ព្រះអម្ចាស់ដែលតែងតាំងព្រះ​សហគមន៍បានផ្ញើទុក​បេសកកម្មនេះមក​​​ព្រះសហគមន៍។ ហេតុនេះហើយបានជាព្រះសហគមន៍ មានតួនាទីអភិវឌ្ឍការអប់រំឲ្យចម្រើនឡើង។  មហា​​​សន្និ​​​បាត​​​​​​​​​សូម​​​ប្រកាស​​​គោលការណ៍ជាមូលដ្ឋានរបស់ការអប់រំ​បែបគ្រីស្តសាសនា ជាពិសេស អំពីអ្វីៗដែលទាក់ទិននឹង​​​ការ​​​សិក្សា​​​។ ក្រោយពីមហាសន្និបាតចប់សព្វគ្រប់​ហើយ ត្រូវបង្កើតគណៈកម្មាធិការមួយពិសេស ដើម្បីលាត​​​ត្រដាង​​​គោល​​​ការណ៍ទាំងនោះយ៉ាងពិស្តារ។ ក្រុមអភិបាលនៅប្រទេសនីមួយៗត្រូវយកចិត្តទុក ដាក់​​​អនុវត្ត​​​តាម​​​គោល​​​ការណ៍​​​ទាំងនោះ ដោយគិតគូរដល់សភាពការណ៍នៅក្នុងប្រទេសរបស់អស់លោក។

១-សិទ្ធិជាទូទៅឲ្យទទួលការអប់រំ

មនុស្សគ្រប់ៗរូប ទោះជាជាតិណា មានអាយុ ឬមានលក្ខណៈបែបណាក៏ដោយ ក៏មានសិទ្ធិទទួល​ការ​អប់រំ  ស្រប​​​តាមឧបនិ​​​ស័យរបស់ខ្លួន ស្របតាមទេពកោសល្យ តាមភេទ​​​ តាមវប្បធម៌ និងតាម​​​ប្រពៃណី​​​ជាតិ​​​របស់​​​ខ្លួន។ សិទ្ធិនេះមិនអាចដកចេញបាន ព្រោះមកពីតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ។ ការអប់រំនេះក៏ត្រូវ​​​នាំ​​​ឲ្យ​​​មនុស្សអាច​​​​​​ផ្លាស់​​​ប្តូរយោបល់ជាមួយប្រជាជាតិឯទៀតៗដូចបងប្អូន ដើម្បីជួយឲ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយ​យ៉ាងពិតប្រាកដ និងដើម្បីកសាងសន្តិភាពក្នុងពិភពលោកទៀតផង។

ការអប់រំដ៏ពិតប្រាកដ មានគោលដៅអប់រំបុគ្គលម្នាក់ៗ ដោយនឹកដល់ទិសដៅដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្លួន និង​​​នឹកដល់ប្រយោជន៍ក្រុមផ្សេងៗដែលអ្នកនោះជាសមាជិក។ នៅពេល​​​គេពេញវ័យហើយ  គេនឹងបំពេញ​​​សកម្មភាព​​​​​​​​​​​​របស់ខ្លួនបម្រើក្រុមទាំងនោះ។

ហេតុនេះ ត្រូវអប់រំ​​​ក្មេងៗនិងយុវជនយុវនារី ដោយគិតគូរដល់ចិត្តសាស្រ្ត ដល់គរុកោសល្យ និងដល់​​​របៀប​​​បង្រៀនដែលតែងតែចម្រើនឡើងតាមលំដាប់លំដោយ គឺត្រូវជួយក្មេងៗនិងយុវជនយុវនារីឲ្យពង្រីកសម្បទា​​​ទាំង​​​ខាង​​​រូប​​​កាយ ទាំងខាងសីលធម៌ ទាំង​​​ខាង​​​ប្រាជ្ញាយ៉ាងសុខដុមរមនា និងណែនាំឲ្យគេយល់កាន់តែច្បាស់អំពីការ​​​ទទួលខុស​​​ត្រូវ​​​។ ត្រូវខិតខំបង្ហាត់គេ​​​ដោយឥត​​​ឈប់​​​ឈរ​​​ឲ្យណែនាំការរស់នៅផ្ទាល់ខ្លួនយ៉ាងល្អប្រសើរ និងឲ្យគេមានសេរីភាព​​​ដ៏​​​ពិត​​​ប្រាកដ ទាំងពុះពារ​​​ឧបសគ្គ​​​ទាំង​​​អស់ដោយចិត្តក្លាហាន និងចិត្តទូលាយ។

សូម​អប់រំ​​​ក្មេងៗនិងយុវជនយុវនារីអំពីរឿងភេទ ដោយគិតដល់តម្លៃដ៏ប្រសើរល្អរបស់ភេទ និងដោយប្រុង​​​ប្រយ័ត្ន​​​​​​ ស្របតាមតែវ័យរបស់គេដែលចម្រើនតាមលំដាប់។ ​លើសពី​នេះ​ទៅទៀត ត្រូវអប់រំគេឲ្យចេះរស់នៅ​​​ក្នុង​​​សង្គម គឺឲ្យគេស្គាល់​​​យ៉ាង​​​សមរម្យនូវបច្ចេកទេស​ដ៏ចាំបាច់នៃការរស់នៅក្នុងសង្គម។ ធ្វើដូច្នេះ ​​​គេអាចចូល​​​រួម​​​យ៉ាង​​​​​​​​​សកម្មក្នុង​​​ក្រុម​​​នា​​​នាដែលជា​​​ផ្នែក​​​នៃ​​​សហគមន៍​​​មនុស្សលោក។ គេក៏ចេះសន្ទនាជាមួយអ្នកដទៃ និងសុខចិត្ត​​​សហការ​​​​​​ដើម្បីជា​​​ប្រយោជន៍​​​រួម​​​ ដោយចិត្តរីករាយ។

មហាសន្និបាតក៏ប្រកាសតាមរបៀបដដែលថា ក្មេងៗនិងយុវជនយុវនារីមានសិទ្ធិឲ្យមានគេដាស់តឿន​​​ឲ្យចេះ​​​ថ្លឹង​​​ថ្លែងយ៉ាងត្រឹមត្រូវអំពីតម្លៃដ៏ថ្លៃថ្នូរខាងសីលធម៌ ដោយមានមនសិការទៀងត្រង់ ព្រមទាំងឲ្យសុខចិត្តអនុវត្ត​​​តាម​​​ដោយ​​​ចិត្តស្មោះនិង​​​ដោយខ្លួន​​​ឯង។ ក្មេងៗនិងយុវជនយុវនារីមានសិទ្ធិស្គាល់ ហើយស្រឡាញ់ព្រះជាម្ចាស់​​​កាន់តែ​​​ខ្លាំង​​​​ឡើងៗទៀតផង។ ហេតុនេះហើយបានជាមហាសន្និបាតទទូចសូមឲ្យ​អស់​លោកអ្នកដែលគ្រប់គ្រងប្រជាជន នានា និងអស់លោកអ្នកដែលណែនាំការអប់រំ សូមកុំឲ្យយុវជនយុវនារីបាត់បង់សិទ្ធិដ៏សក្ការៈនេះជាដាច់ខាត។ មហាសន្និបាត​​​ក៏ដាស់តឿនបុត្រធីតានៃព្រះសហគមន៍ ឲ្យជួយក្នុងគ្រប់វិស័យនៃការអប់រំដោយចិត្តទូលាយ ជា​​​ពិសេស​​​ ដើម្បីផ្សព្វផ្សាយយ៉ាងឆាប់រហ័សនូវលទ្ធផលដ៏ល្អនៃការអប់រំ និងនៃការបង្រៀនយ៉ាងសមរម្យ ដល់​​​មនុស្ស​​​​​​ទាំង​​​​​​អស់​​​ក្នុង​​​ពិភពលោក ទាំងមូល។

២-ការអប់រំបែបគ្រីស្តសាសនា

គ្រីស្តបរិស័ទទាំងអស់មានសិទ្ធិទទួលការអប់រំបែបគ្រីស្តសាសនា ព្រោះគេជាសត្វលោកថ្មី ​គេ​​​បាន​​​កើត​​​ជា​​​ថ្មី ដោយ​​​ទឹកនិងដោយព្រះវិញ្ញាណ គេមាន​​​ឈ្មោះជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយគេពិតជាបុត្រធីតា​​​ព្រះអង្គ​​​មែន។ ​ការអប់រំ​បែបគ្រីស្តសាសនា មិនគ្រាន់តែមានគោលដៅផ្តល់ឲ្យក្មេងនិងយុវជនយុវនារីជា​​​បុគ្គលពេញវ័យ​​​ដូចមាន​​​ចែង​​​ខាងលើទេ តែ​​​ចំពោះអ្នកដែលទទួលអគ្គញ្ញាជ្រមុជទឹក ការអប់រំ​បែបគ្រីស្តសាសនាមាន​​​គោលដៅណែនាំ​​​ឲ្យ​​​គេ​​​​​​ទទួល​​​ចំណេះ​​​បន្តិចម្តងៗ​អំពីគម្រោងការដ៏​អស្ចារ្យ​​​នៃ​​​ការសង្រ្គោះ និងឲ្យគេដឹងខ្លួនកាន់តែច្បាស់ជារៀងរាល់ថ្ងៃ អំ​​​ពី​​​​​​ជំនឿ ជា​​​ព្រះអំណោយ​​​ទានដែល​​​គេ​​​បាន​​​ទទួល​នោះ។ ការអប់រំ​បែបគ្រីស្តសាសនាមានគោលដៅ​​ឲ្យគេ​បង្ហាត់​​​ខ្លួន​​​ឲ្យក្រាបប្រណិប័តន៍​​​ព្រះជាម្ចាស់ជា​​​ព្រះ​​​បិតា តាមព្រះវិញ្ញាណនិងសេចក្ដីពិត  (យហ ៤, ២៣)​​​ ជាពិសេស​​​ដោយ​​​​​​​​​​​​គេ​​​ចូលក្នុង​​​ពិធីបុណ្យនានា។ មានគោលដៅឲ្យគេ​​​ប្រែ​​​ចិត្តគំនិតដើម្បីណែនាំការរស់នៅដោយ​​​ផ្ទាល់ខ្លួន​​​​​​ស្រប​​​តាមឋានៈរបស់ខ្លួនជាមនុស្ស​​​ថ្មី ដោយ​​​សេចក្តីសុចរិតនិង​​​បែបវិសុទ្ធមក​​​ពី​​​សេចក្តីពិត (អភ​​​ ៤,២២-២៤)។ ធ្វើ​​​ដូច្នេះ គេទៅជាមនុស្សដ៏ពេញលក្ខណៈនោះ ពេញវ័យ​ឡើង ទៅដល់​កម្ពស់​របស់​ព្រះគ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​​​​អស់ (អភ ៤,១៣)។ គេក៏អាចរួមកម្លាំងធ្វើឲ្យព្រះកាយដ៏​​​អាថ៌កំបាំង​​​របស់ព្រះគ្រីស្តចម្រើនឡើងបាន។ លើស​​​​​​ពីនេះទៅទៀត គេដឹងខ្លួនអំពីឧបនិស័្សយរបស់ខ្លួនតាម​​​ព្រះជាម្ចាស់​​​ត្រាស់​​​ហៅគេ។ គេធ្លាប់​​​ផ្តល់​​​សក្ខីភាព​​​អំពី​​​សេចក្ដីសង្ឃឹមដែលស្ថិតនៅក្នុងគេ (១សល ៣,១៥) គេក៏ជួយប្រែ​​​ពិភពលោក​​​តាមព្រះហឫទ័យព្រះគ្រីស្តដែរ។ ក្នុង​​​ការប្រែនេះ គេយកអ្វីៗដែលមានតម្លៃធម្មតា បញ្ចូល​ក្នុង​​​ទស្សនៈ​​​​​​​​​អំពីមនុស្សទាំងស្រុងដែលព្រះគ្រីស្តបាន​​​រំដោះ គេក៏អាចរួមកម្លាំង ដើម្បីជាប្រយោជន៍ដល់​​​សង្គម​​​ទាំង​​​មូល (ពន្លឺ ៣៦)។ ហេតុនេះហើយបាន​​​ជា​​​មហាសន្និបាតរំឭកអស់គង្វាលអំពីភារកិច្ចដ៏​​​ធ្ងន់ធ្ងររបស់ខ្លួន គឺប្រើគ្រប់មធ្យោបាយ​​​ឲ្យ​​​គ្រីស្តបរិស័ទ​​​ទាំ​​​ងអស់​​​ ជា​​​ពិសេស​​​​​​​​​​​​យុវជន​​​​​​យុវនារីដែលជាទីសង្ឃឹមនៃព្រះសហគមន៍ (អភិបាល ១២-១៤) ទទួល​​​ការ​​​អប់រំ​​​បែប​​​គ្រីស្តសាសនា​​​នោះ។

៣-អ្នកទទួលខុសត្រូវលើការអប់រំ

ឪពុកម្តាយមានភារកិច្ចដ៏ធ្ងន់ធ្ងរបំផុតអប់រំកូនរបស់គាត់ ព្រោះគាត់បានផ្តល់ជីវិតឲ្យកូន។ ហេតុនេះ ត្រូវ​​​ទទួល​​​​​​ស្គាល់​​​ឪពុកម្តាយទុកជាអ្នកអប់រំមុនគេ ហើយសំខាន់ជាងគេ។ ឪពុកម្តាយមានមុខងារអប់រំកូនយ៉ាងសំខាន់​​​បំផុត ប្រសិនបើគាត់មិនអប់រំកូនទេ ស្ទើរតែគ្មាននរណាអាចអប់រំជំនួសបាន។ ឪពុកម្តាយមានភារកិច្ចបង្កើត​​​បរិយាកាស​​​​​​ក្នុង​​​ក្រុមគ្រួសារ ដែលជួយការអប់រំរួមរបស់កូនៗ ទាំងក្នុងឋានៈជាបុគ្គលម្នាក់ៗ ទាំងក្នុង​​​ឋានៈ​​​ជា​​​សមាជិកនៃសង្គម ដោយមានសេចក្តីស្រឡាញ់និងគោរពព្រះជាម្ចាស់និងមនុស្សណែនាំ។ ហេតុនេះក្រុម​​​គ្រួសារ​​​ជា​​​សាលា​រៀន​ទីមួយដែលអប់រំព្រហ្មវិហារធម៌ដែលគ្រប់សង្គមត្រូវការ។ ប៉ុន្តែ ក្រុមគ្រួសារគ្រីស្តបរិស័ទបានទទួលព្រះ​អំណោយ​​​ទាន​និងកាតព្វកិច្ចជាច្រើននៅពេលគេទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍។ ក្នុងក្រុមគ្រួសារនោះ កូនៗតាំង​​​ពីអា​​​យុ​​​ខ្ចីជាងគេ ត្រូវទទួលការអប់រំបង្ហាត់ខ្លួនឲ្យស្គាល់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គ ព្រមទាំង​​​ឲ្យស្រឡាញ់​​​អ្នក​​​ដទៃ ស្របតាមជំនឿដែលគេបានទទួល​នៅពេល​ទទួលអគ្គសញ្ញាជ្រមុជទឹក។ ក្នុងក្រុមគ្រួសារ កូនៗ​​​ធ្វើ​​​បទ​​​ពិសោធន៍​​​ដើមដំបូង អំពីព្រះសហគមន៍​ និងអំពីការរស់នៅក្នុងសង្គមដែលមានលក្ខណៈជាមនុស្សយ៉ាង​ពិត​​​ប្រាកដ​​​។ ដោយក្រុមគ្រួសារ កូនៗចូលរួមក្នុងសហគមន៍​មនុស្ស និងក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់បន្តិចម្តងៗ។ ហេតុ​​​នេះ ​​​សូម​​​អ្នកជាឪពុក ជាម្តាយយល់ដឹងយ៉ាងជាក់ច្បាស់ថា ក្រុមគ្រួសារជា​គ្រីស្តបរិស័ទដ៏ពិតប្រាកដ​​​មាន​​​សារៈ​​​​​​សំខាន់ជាខ្លាំង ដើម្បីឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់រស់នៅ និងចម្រើនឡើង (ពន្លឺ ១១ និង ៣៥)។

បន្ទុកអប់រំកូនៗ មុនដំបូងជាភារកិច្ចរបស់ក្រុមគ្រួសារ ប៉ុន្តែត្រូវសង្គមទាំងមូលជួយផងដែរ។ ឪពុកម្តាយ​មាន សិទ្ធិ ហើយអ្នកអប់រំកូន គឺជាអ្នកដែលឪពុកម្តាយផ្ញើបន្ទុកអប់រំរបស់ខ្លួនមួយចំណែក ​​​​​​ក៏មា​​​ន​​​សិទ្ធិដែរ។ ក៏ប៉ុន្តែ សង្គម​​​​​​ដែល​​​មានតួនាទីចាត់ចែងអ្វីៗតាមតម្រូវការរួម ដើម្បីជាប្រយោជន៍រួមតាមលោកីយ៍ ក៏ត្រូវទទួលខុសត្រូវ​និង​​​មានសិទ្ធិយ៉ាង​​​ច្បាស់លើការអប់រំកូនដែរ។ ក្នុងចំណោមបន្ទុកទាំងនោះ សង្គមមានភារកិច្ចលើកស្ទួយការអប់រំ​យុវជន​​​​​​​​​​យុវនារី តាមរបៀបជាច្រើន។ សង្គមធានារ៉ាប់រង​​​ភារកិច្ចនិងសិទ្ធិឪពុកម្តាយនិងរបស់អ្នកឯទៀតៗ ដែល​​​ចូល​​​រួម​​​​​​​​​​​​ក្នុងការអប់រំ​។ សង្គមក៏ជួយអ្នកទាំងនោះតាមគោលដៅនោះ។ តាមគោលការណ៍ «អ្នកធំជួយជំនួសអ្នកតូច​​​តែនៅពេលគេធ្វើមិនកើត» ប្រសិនបើឪពុកម្តាយមិនបំពេញមុខងាររបស់ខ្លួន ឬប្រសិនបើក្រុមឯទៀតៗ​​​មិនជួយ​​​ទេ​​​នោះ​​​ គឺសង្គមត្រូវធានា​រ៉ាប់រងការអប់រំជំនួស ទាំងគិតគូរអំពីបំណងប្រាថ្នាឪពុកម្តាយដែរ។ លើសពីនេះទៅទៀត សង្គម​​​ត្រូវ​​​សាងសង់សាលារៀន និងស្ថាប័នអប់រំផ្ទាល់ តាមតែប្រយោជន៍រួមទាមទារឲ្យសងនោះ។

ព្រះសហគមន៍ក៏ជាប់ទាក់ទិនយ៉ាងពិសេសនឹងបន្ទុកអប់រំទាំងនោះ ព្រោះថា ព្រះសហគមន៍ក៏ជាសង្គមម្យ៉ាង​ដែរ ហេតុនេះត្រូវទទួលស្គាល់ថា ព្រះសហគមន៍មានសមត្ថភាពក្នុងវិស័យអប់រំនោះ។ ជាពិសេស ព្រះ​សហគមន៍​​​មាន​​​បន្ទុកប្រកាសអំពីមាគ៌ាឆ្ពោះទៅកាន់ការសង្គ្រោះដល់មនុស្សលោក ហើយមានបន្ទុកចែកចាយព្រះជន្ម​របស់​​​ព្រះ​​​គ្រីស្តឲ្យអ្នកផ្ញើជីវិតលើព្រះអង្គ ព្រមទាំងយកចិត្តទុកដាក់ឥតឈប់ឈរ ​ជួយឲ្យគេទៅដល់ជីវិតក្នុងអង្គព្រះគ្រីស្ត​​​នោះ​​​បានពេញលក្ខណៈ។ ហេតុនេះហើយបានជាព្រះសហគមន៍ក្នុងឋានៈជាមាតា មានភារកិច្ចធានា​​​រា៉ប់រងការអប់រំ​​​បុត្រ​​​ធីតា​​​របស់ខ្លួន ដែល ណែនាំការរស់នៅរបស់គេ ដោយឲ្យមានគោលគំនិតរបស់ព្រះគ្រីស្ត​​​ជ្រួតជ្រាប​​​ក្នុង​​​ចិត្តគំនិត​​​គេ​​​។ នៅពេលជាមួយគ្នា នេះ ព្រះសហគមន៍ក៏សុខចិត្តរួមសហការជាមួយមនុស្សទាំងអស់ លើកស្ទួយ​​​តម្លៃ​​​ដ៏ថ្លៃថ្នូរ​​​របស់​​​បុគ្គលម្នាក់ៗឲ្យបានពេញលក្ខណៈ ហើយរកប្រយាជន៍សង្គមនៅលើផែនដីនេះ ព្រមទាំង​​​​កសាងពិភពលោក​​​ដែលកាន់តែប្រកបដោយលក្ខណៈជាមនុស្សជាលំដាប់។

៤-ព្រះសហគមន៍មានមធ្យោបាយផ្សេងៗដើម្បីអប់រំតាមគ្រីស្តសាសនា

ក្នុងកិច្ចការបំពេញបន្ទុកអប់រំរបស់ខ្លួន ​ព្រះសហគមន៍ខិតខំប្រើប្រាស់គ្រប់មធ្យោបាយដ៏សមគួរ តាម​​​​​​តម្រូវការ​​​ ជា​​​ពិសេស​យកចិត្តទុកដាក់ប្រើមធ្យោបាយរបស់ខ្លួនផ្ទាល់។ មធ្យោបាយទីមួយ គឺអប់រំជំនឿ (អភិបាល​​​ ១៣ និ​​​ង​​​១៤) ដែលបំភ្លឺនិងពង្រឹងជំនឿ ចិញ្ចឹមជីវិតតាមគោលគំនិតរបស់ព្រះគ្រីស្ត ហើយណែនាំគេឲ្យចូល​​​រួមយ៉ាង​​​សកម្ម​​​និង​​​​​​ដោយ​​​ដឹងខ្លួនក្នុងគម្រោងការដ៏អស្ចារ្យនៃពីធី​​​បុណ្យ (ពិធី ១៤) ព្រមទាំងដាស់តឿន​​​គេឲ្យបំពេញកិច្ច​​​ការ​​​​​​ជា​​​គ្រីស្តទូត​​​ទៀតផង។ ក៏ប៉ុន្តែ​​​​ព្រះ​​​សហគមន៍ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងមធ្យោបាយអប់រំឯទៀតៗ មានមធ្យោបាយ​​​ទំនាក់ទំនងក្នុង​សង្គមជាដើម (ទរ១៣​​​និង១៤) មានអង្គការផ្សេងៗ ដែលមានគោលដៅអភិវឌ្ឍន៍ទាំងកាយ ទាំងវិ​​​ញ្ញាណ មានចលនាយុវជនយុវនារី ហើយជាពិសេសមានសាលារៀនទៀតផង។ មធ្យោបាយអប់រំទាំងនោះ​​​ជា​​​បេតិកភ័ណ្ឌ​​​​​​រួមនៃមនុស្សជាតិ  ដែលអាចជួយអប់រំវិញ្ញាណនិងចិត្តមនុស្ស។ ព្រះសហគមន៍ក៏​​​ខិតខំ​​​យក​​​គោល​​​គំនិត​​​​​​របស់ខ្លួនមកជ្រួតជ្រាបមធ្យោបាយអប់រំទាំងនោះ និងលើកយកឲ្យមានកម្រិតខ្ពស់។

៥-សារៈសំខាន់នៃសាលារៀន

សាលារៀនមានសារៈសំខាន់យ៉ាងពិសេស ក្នុងចំណោមមធ្យោបាយអប់រំឯទៀតៗទាំងអស់។ តាម​​​បេសកកម្ម​​​​​​​របស់ខ្លួន សាលារៀនជាកន្លែងព្យាយាមអភិវឌ្ឍសម្បទាខាងប្រាជ្ញា។ នៅពេលជាមួយគ្នានេះ សាលា​​​រៀន​​​ជួយបង្ហាត់កូនសិស្សឲ្យចេះវិនិច្ឆ័យថ្លឹងថ្លែងតម្លៃនៃអ្វីទាំងអស់ និងណែនាំគេឲ្យចូលក្នុងបេតិកភណ្ឌ័វប្បធម៌ ជាកេរ​​​មរតក​​​ពីដូនតា​​​មក។ សាលារៀនលើកស្ទួយ​ឲ្យកូនសិស្សយល់អំពីអ្វីៗដែលជាតម្លៃប្រចាំការរស់នៅ ព្រមទាំងរៀប​​​ចំ​​​គេ​​​ឲ្យមាន​​​អា​​​ជីវកម្មនៅពេលក្រោយ។ សាលារៀនជួយបង្កើតឲ្យកូនសិស្សដែលមានចរិតលក្ខណៈ និងឋានៈវណ្ណ​​​ប្លែក​​​​​​ពី​​​គ្នាក្នុងសង្គម រួបរួមជាមិត្តភ័ក្តិ និងណែនាំគេឲ្យយល់ចិត្តគំនិតគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត សាលា​​​​​​រៀន​​​​​​ហាក់ដូចជាមណ្ឌលមួយ គឺក្រុមគ្រួសារនានា  លោកគ្រូអ្នកគ្រូ ក្រុមផ្សេងៗដែលកើតមក​ដើម្បី​​​អភិវឌ្ឍជីវិតវប្បធម៌ ជីវិតប្រជាពលរដ្ឋ និងជីវិតសាសនា សង្គមស៊ីវិល និងសហគមន៍មនុស្សទាំងមូល អាចជួបជុំគ្នា​ដើម្បីចែកចាយខុសត្រូវក្នុងការចាត់ចែង និងការចម្រើននៃសាលារៀននោះ។

អស់អ្នកដែលអប់រំកូនសិស្សតាមសាលារៀន គឺជួយមាតាបិតាឲ្យបំពេញភារកិច្ចរបស់ខ្លួន ​និងជាតំណាង សហគមន៍​​​​​​មនុស្ស ពិតជាបំពេញមុខងារដ៏ប្រសើរ ប៉ុន្តែជាមុខងារដ៏ធ្ងន់ធ្ងរ ​​​តាមព្រះជាម្ចាស់ត្រាស់ហៅឲ្យបំពេញ​​​នោះ​​​។ ​​​អ្នកបំពេញមុខងារនេះ ត្រូវមានគុណសម្បត្តិពិសេស ខាងផ្លូវចិត្ត និងខាងផ្លូវវិញ្ញាណ ​ត្រូវទទួលការអប់រំដោយ យកចិត្តទុកដាក់ជាទីបំផុត និងត្រូវមានសម្បទាឲ្យផ្លាស់ប្រែជាថ្មីដោយឥតឈប់ឈរ ​និងសម្រាប់ខ្លួនតាមតម្រូវការ ជានិច្ច។

៦-ភារកិច្ចនិងសិទ្ធិមាតាបិតា

មាតាបិតាមានភារកិច្ចនិងសិទ្ធិអប់រំកូនរបស់ខ្លួន ជាសិទ្ធិដើមដំបូងមុនគេ​ ដែលដកចេញពីគាត់មិនបានជា​ដាច់​​​​​​ខាត។ ហេតុនេះហើយបានមាតាបិតាមានសេរីភាពយ៉ាងពិតប្រាកដក្នុងការជ្រើសរើសសាលារៀនសម្រាប់កូនរៀន។ រដ្ឋ​​​អំណាច​​​មានតួនាទីការពារ និងរក្សាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ហេតុនេះ រដ្ឋអំណាចត្រូវទទួល​ខុសត្រូវ​​លើ យុត្តិធម៌ដោយចែកចាយធនធានសាធារណៈ តាមរបៀបដែលមាតាបិតាមានសិទ្ធិសេរីភាពដ៏ពិតប្រាកដក្នុងជម្រើស​​​សាលា​​​​​​រៀនសម្រាប់កូន តាមមនសិការរបស់ខ្លួន។

រដ្ឋអំណាចក៏មានតួនាទីប្រុងប្រយ័ត្នឲ្យប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពអាចទទួលចំណែកយ៉ាងពិត​​​ប្រាកដ​​​​​​នៃផលដ៏ល្អនៃវប្បធម៌ និងរៀប​​​​ចំខ្លួនតាមសេចក្តីត្រូវការឲ្យបំពេញភារកិច្ច និងប្រើសិទ្ធិរបស់ខ្លួន​​​ជា​​​ប្រជាពល​​​រដ្ឋ​​​​​​។ ហេតុនេះ​​​ រដ្ឋអំណាចត្រូវធានារ៉ាប់រងសិទ្ធិរបស់​ក្មេងៗឲ្យទទួលការអប់រំតាមសាលារៀនយ៉ាងសមស្រប​​​តាម​​​តម្រូវ​​​​​​ការ​​​។ រដ្ឋអំណាចក៏ត្រូវប្រុងប្រយ័ត្នឲ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពគ្រប់គ្រាន់ ហើយក៏ត្រូវប្រុងប្រយ័ត្ន​​​ឲ្យ​​​សាលាមាន​​​​​​កម្រិតសិក្សាល្មម ព្រមទាំងឲ្យកូនសិស្សមានសុខភាពល្អ។ ជាទូទៅ រដ្ឋអំណាចមានភារកិច្ច​អភិវឌ្ឍន៍​​​រចនា​​​សម្ពន្ធ​​​នៃការសិក្សាទាំងមូល ដោយមិនបំភ្លេចគោលការណ៍ «អ្នកធំធ្វើការជំនួសអ្នកតូច តែនៅពេល​​​ដែលអ្នកតូចធ្វើមិន​កើតប៉ុណ្ណោះ»។ ហេតុ​​​នេះ​​​ត្រូវហាមមិនឲ្យនរណា ឬអង្គការណាមួយ ត្រួតលើរចនា​​​សម្ពន្ធ​​​សិក្សាផ្តាច់មុខឡើយ។ អង្គការណា ឬក្រុមណា​ដែលត្រួតលើការ​​សិក្សាផ្តាច់មុខបែបនោះ ពិតជាប្រឆាំងនឹង​​​សិទ្ធិ​​​ទាំង​​​ឡាយដែលបុគ្គលម្នាក់ៗមានតាំងពីកើត​​​មក ​​​ហើយ​​​ក៏​​​រារាំងមិនឲ្យវប្បធម៌ចម្រើននិងត្រូវផ្សព្វផ្សាយបាន។ ការ​​​ត្រួតផ្តាច់មុខបែបនេះរារាំង​ប្រជា​​​ពល​​​រដ្ឋ​​មិនឲ្យ​​​រស់​​​នៅ​ដោយសេចក្តីសុខសាន្ត និងជំទាស់នឹងរបៀបរស់នៅតាមបែបប្លែកៗពីគ្នា ដូចតែងតែមានក្នុងសង្គមជា​​​ច្រើន​​​នា​​​បច្ចុប្បន្នកាល។

ហេតុនេះហើយបានជា មហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទ ឲ្យស្ម័គ្រចិត្តជួយតាមដាន​​​និង​​​គាំ​​​ទ្រ​​​អ្វីៗ​​​ដែល​​​​​​ពាក់ព័ន្ធនឹងកិច្ចការក្នុុងសាលារៀន មានការស្វែងរកវិធីគរុកោសល្យថ្មី  និងមានការ​​​ចាត់ចែងការ​​​សិក្សា​​​ឲ្យបានប្រសើរជាងពីមុន ហើយមានការ​​​ហ្វឹកហ្វឺនលោកគ្រូអ្នកគ្រូដែលអាចអប់រំយុវជនយុវនារីជាដើម  ជា​​​ពិសេស ​​​​​​មាន​​​​​​ការអប់រំសីលធម៌ដែលគ្រូត្រូវអប់រំនោះ។ គេអាច​​​ជួយយ៉ាងពិសេសបាន ដោយចូលរួមក្នុង​​​សមាគមមាតា​​​បិតា​​​ទ្រទ្រង់សាលា។

៧-ការអប់រំសីលធម៌និងខាងសាសនានៅសាលារៀន

ព្រះសហគមន៍ដឹងខ្លួនអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន នឹងព្យាយាមយកចិត្តទុកដាក់អប់រំបុត្រធីតា​​​ទាំង​​​អស់​​​ផ្នែកខាង​​​សីលធម៌​​​​​​និង​​​ខាង​​​សាសនា។ ហេតុនេះហើយបានជាព្រះសហគមន៍ត្រូវតែមានវត្តមាន​​ដោយចិត្ត​​​ស្រឡាញ់​​​​​​នៅក្បែរ​​​ក្មេងៗជាច្រើនអនេកដែលមិនទទួលការអប់រំក្នុងសាលារៀនកាតូលិក​ និងជួយ​​​គេយ៉ាង​​​ពិសេស​​​។ ព្រះ​​​សហគមន៍​​​មាន​​​វត្តមានបែបនេះ​​​ដោយលោកគ្រូអ្នកគ្រូ និងនាយកសាលារៀនផ្តល់សក្ខីភាព និងដោយ​​​មិត្តភ័ក្តិ​របស់ក្មេងៗ​​​ទាំងនោះ​បំពេញកិច្ចការជាគ្រីស្តទូត។ ព្រះសហគមន៍មានវត្តមានយ៉ាងពិសេស​​​ដោយសារ​​​បូជាចារ្យ​​​និង​​​គ្រីស្តបរិស័ទធម្មតា ដែល​​​បញ្ចូន​​​បន្តលទ្ធិអំពីការសង្រោ្គះដល់ក្មេងទាំងនោះ ដោយប្រើវិធីសមស្រប​​​តាម​អាយុ​​​ក្មេងៗ និងស្របតាម​​​សភាពការ​​​ណ៍ ហើយដែលជួយគេខាងផ្លូវវិញ្ញាណ ដោយបង្កើតកិច្ចផ្សេងៗស្រប​​​តាម​​​​​​កាលៈទេសៈនិង​​​ទីកន្លែង។

ប៉ុន្តែព្រះសហគមន៍រំឭកមាតាបិតាអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន ដែលត្រូវឲ្យកូនៗអាចទទួលជំនួយ​​​ខាង​​​វិញ្ញាណទាំងនោះ និងឲ្យកូនៗអាចចម្រើនឡើងបានក្នុងការអប់រំតាមឋានៈរបស់ខ្លួនជាគ្រីស្តបរិស័ទ​​​ ដូចគេ​​​ចម្រើន​​​ឡើងក្នុង​​​ការ​​​សិក្សាខាងផ្លូវលោកីយ៍។ ជួនកាលត្រូវទាមទារជំនួយទាំងនោះ។ ហេតុនេះហើយបានជា​​​ព្រះ​​​សហគមន៍​​​សរសើរ​​​រដ្ឋអំណាចនិងសង្គលសីុវិលទាំងប៉ុន្មានដែលយល់ដល់លក្ខណៈសង្គមទំនើប​​​ដែលមានរបៀប​​​រស់​​​​​​នៅ​​​ប្លែកពីគ្នាជាច្រើន ហើយដែលជួយក្រុមគ្រួសារឲ្យផ្តល់ការអប់រំដល់កូនៗ​​​ស្របតាមគោលការណ៍របស់មាតា​​​បិតា​​​ត្រង់សីលធម៌និងសាសនា ក្នុង​​​គ្រប់សាលារៀន។​​​

៨-សាលារៀនកាតូលិក

ព្រះសហគមន៍សម្តែងវត្តមានរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងពិសេស ដោយសារសាលារៀនកាតូលិក។ សាលា រៀនកាតូលិកក៏ដូចសាលារៀនឯទៀតៗទាំងអស់ មានទិសដៅអប់រំយុវជនឲ្សស្គាល់វប្បធម៌ និងអប់រំឲ្យ​​​គេមាន​​​លក្ខណៈ​​​ជាមនុស្ស​​​សុទ្ធសាធ។ លក្ខណៈពិសេសរបស់សាលារៀនកាតូលិក គឺបង្កើតបរិយាកាសប្រកបដោយ​សេរីភាព និងដោយសេចក្ដីស្រឡាញ់ ស្របតាមគោលគំនិតនៃដំណឹងល្អ ជូនសហគមន៍សិក្សា។ សាលារៀន​​​កាតូលិក ក៏មានទិសដៅមួយទៀត គឺជួយធ្វើឲ្យ​បុគ្គលិកលក្ខណៈរបស់កូនជំទង់រីកចម្រើនឡើង ទាំង​​​ជួយ​​​ឲ្យជីវិត​​​ថ្មី​​​ដែល​​​គេ​​​មាន​​​តាំងពីពេលគេ​ទទួលអគ្គសញ្ញាជ្រមុជទឹក ដុះឡើង​កាន់​តែខ្លាំង​ឡើងៗ។ សាលារៀនកាតូលិក​​​ក៏មាន​​​ទិស​​​​​​ដៅ​​​តម្រង់វប្បធម៌​ទាំងមូលរបស់មនុស្សលោក ទៅតាមការប្រកាសដំណឹងល្អ​អំពីការ​សង្គ្រោះ។ ដូច្នេះពន្លឺនៃ​​​ជំនឿ មុខជា​​​នឹង​​​បំភ្លឺចំណេះចេះដឹង​របស់កូនសិស្សអំពីពិភពលោក និងអំពីជីវិត ហើយអំពី​មនុស្ស​ទៀតផង។ សាលា​​​រៀន​​​កាតូលិក​​​​ក៏ទទួលស្គាល់​ការ​ចម្រើនរបស់មនុស្សលោកសម័យទំនើបយ៉ាងសមរម្យ ហើយអប់រំកូន​សិស្សឲ្យ​ខិតខំ​​​ធ្វើការ​​​ប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់​លោកនេះដែរ។ នៅពេលជាមួយគ្នានោះ សាលារៀន​​​កាតូលិក​​​​​​​រៀប​​​ចំ​​​កូន​​​​​​សិស្សឲ្យព្រះជាម្ចាស់លាតសន្ធឹងព្រះរាជ្យរបស់ព្រះអង្គ។ ដោយគេបង្ហាត់ខ្លួនឲ្យរស់នៅតាមរបៀបជាគំរូ និង​​​ធ្វើ​​​កិច្ច​​​​​​ការជា​​​គ្រីស្តទូត ​គេដូចជាមេម្សៅនៃការសង្គ្រោះសម្រាប់មនុស្សជាតិ។

ក្នុងសភាពការណ៍យើងរស់នៅសព្វថ្ងៃ សាលារៀនកាតូលិកមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះសាលារៀន​កាតូលិកទាំងនោះ អាចជួយឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បំពេញបេសកកម្មរបស់ខ្លួន​ឲ្យបានសម្រេច ព្រមទាំង​​​អាច​​​​​​​ជួយឲ្យព្រះសហគមន៍និយាយសន្ទនាជាមួយសហគមន៍មនុស្សលោក ដើម្បីជាប្រយោជន៍​ដល់សហគមន៍​​​ទាំង​​​ពីរ​។​​​ ហេតុនេះហើយ​បាន​ជាមហាសន្និបាតប្រកាសម្តងទៀតថា ព្រះសហគមន៍មានសិទ្ធិតែងតាំងនិង​​​ណែនាំ​​​សាលា​​​រៀន​​​គ្រប់យ៉ាងនិងគ្រប់កម្រិត ដូចក្រុមអ្នកបង្រៀនព្រះសហគមន៍ធ្លាប់ប្រកាសបញ្ជាក់ក្នុងឯកសារជា​ច្រើនរួចហើយ។ មហាសន្និបាតរំឭកថា សិទ្ធិនេះជាប់ពាក់ព័ន្ធជាមួយសិទ្ធិសេរីភាពនៃមនសិការរបស់មនុស្ស និងធានា​​​រ៉ាប់​​​រងសិទ្ធិ​​​មាតា​​​បិតា ព្រមទាំងពាក់ព័ន្ធជាមួយការចម្រើននៃវប្បធម៌ដែរ។

ប៉ុន្តែ សូមអស់លោកគ្រូអ្នកគ្រូ កុំភ្លេចថា សាលារៀនកាតូលិកអាចបំពេញតួនាទី​​​តាមគោលដៅ និង​​​តាម​​​គម្រោងការរបស់ខ្លួនបាន អាស្រ័យតែលើលោកគ្រូអ្នកគ្រូតែម្តង។ ហេតុនេះសូមយកចិត្តទុកដាក់ហ្វឹកហ្វឺន​​​លោក​​​គ្រូ​​​អ្នកគ្រូ​​​យ៉ាងពិសេស ឲ្យមាន​ចំណេះចេះដឹង​ទាំងខាងផ្លូវលោក ទាំងខាងផ្លូវសាសនា ដោយមានសញ្ញាប័ត្រ​​​តាម​​​សម​​​​​​គួរ ព្រមទាំងឲ្យគេចេះបង្រៀន​តាមគរុកោសល្យ ស្របតាមអ្វីដែលមានរកឃើញថ្មីៗនោះ។ សូម​​​លោក​​​គ្រូ​​​អ្នក​​​គ្រូ​​​រួប​​​រួ​​​​​​មគ្នា និងរួបរួមជាមួយ​​សិស្សានុសិស្សរបស់ខ្លួនដោយចំណងនៃសេចក្ដី​ស្រឡាញ់។ សូមឲ្យគំនិត​​​ជា​​​គ្រីស្តទូតជ្រួតជ្រាបក្នុងចិត្តគំនិតលោកគ្រូអ្នកគ្រូ ដើម្បីឲ្យគេផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្ត​ជា​ព្រះ​បរម​គ្រូ ដោយ​ការ​​​រ​​​​​​ស់នៅនិងដោយការបង្រៀនរបស់ខ្លួន។ សូមអស់លោកអ្នករួមសហការ​គ្នា ជាពិសេសសហការជាមួយមាតាបិតា​​​របស់សិស្ស​​​​​​។​​​ ពេលលោកគ្រូអ្នកគ្រូអប់រំកូនៗ ដោយរួមជាមួយមាតាបិតា សូមចាប់អារម្មណ៍អំពីភេទ​​​កូន​​​សិស្ស​​​ អំពី​​​ព្រះជាម្ចាស់ដែលថែរក្សាណែនាំមនុស្សលោក គឺព្រះអង្គបានត្រាស់ហៅបុរសនិងស្រ្តីឲ្យបំពេញមុខងារប្លែកៗពីគ្នា​​​ក្នុងក្រុម​​​គ្រួសារ និងក្នុងសង្គម។ សូមលោកគ្រូអ្នកគ្រូ​យកចិត្តទុកដាក់ណែនាំកូនសិស្សឲ្យចេះសម្រេច​​​សេចក្ដី​​​និង​​​ប្រព្រឹត្ត​កិច្ចការដោយ​​​​ខ្លួន​​​ឯងផង។ ពេល​កូនសិស្សចប់ការសិក្សារួចហើយ លោកគ្រូអ្នកគ្រូក៏ត្រូវនៅទាក់ទង​​​ជាមួយគេ​​​ដោយផ្តល់ពាក្យ​ទូន្មាន និងដោយសេចក្ដីស្រឡាញ់។ លោកគ្រូអ្នកគ្រូក៏ត្រូវជួយគេដោយបង្កើតសមាគមពិសេស​ដែលមានគំនិត​​​ជ្រួតជ្រាបដោយវិញ្ញាណដ៏ពិតប្រាកដរបស់​ព្រះ​សហគមន៍​ទៀតផង។ មហាសន្និបាតប្រកាសថា ប្រសិន​​​បើលោក​​​គ្រូអ្នកគ្រូយល់ឃើញ អំពីមុខងារ​បង្រៀន​របស់ខ្លួនតាមបែបនេះ មុខងារជាលោកគ្រូអ្នកគ្រូពិតជា​​​បំពេញ​​​កិច្ចការ​​​ជា​​គ្រីស្តទូតយ៉ាងជាក់ច្បាស់មែន ​ជាមុខងារដ៏ចំាបាច់​បំផុត និងស្របតាមសម័យឥឡូវ។ អ្នកបង្រៀនកូនៗ ​ពិតជា​បម្រើ​សង្គម​​​យ៉ាង​​​ពិ​​​តប្រាកដមែន។ មហាសន្និបាតសូមរំឭកមាតាបិតាកាតូលិកថា គាត់មាន​ភារកិច្ចផ្ញើកូនៗឲ្យ​​សាលា​​​រៀន​​​កាតូលិក ប្រសិនបើគាត់អាចធ្វើបាននៅកន្លែងគាត់។ គាត់ក៏មានភារកិច្ចទ្រទ្រង់សាលារៀនកា​​​តូលិកទាំង​​​នោះ តាម​​​ធន​​​ធាន​​​របស់ខ្លួន ព្រមទាំងសហការជាមួយ​​​​សាលារៀនទាំងនោះ ដើម្បីជាប្រយោជន៍ដល់កូនៗទៀតផង។

៩-មានសាលារៀនកាតូលិកប្លែកៗពីគ្នា

សូមឲ្យសាលារៀនទាំងប៉ុន្មានដែលនៅក្រោមឱវាទនៃព្រះសហគមន៍តាមបែបណាក៏ដោយ ខិតខំតោង​ទៅ កាន់​​​​​​​ឧត្តមគតិនេះ ទោះបីមានសភាពកាណ៍ប្លែកៗពីគ្នាតាមកាលៈទេសៈ និងតាមកន្លែងយ៉ាងណាក៏ដោយ។ ​ព្រះ​សហគមន៍ស្រឡាញ់យ៉ាងខ្លាំង​សាលារៀន​ទាំងប៉ុន្មានដែលទទួលកូនសិស្ស​ដែលមិនមែន​ជាកាតូលិក ជាពិសេស នៅ​​​​​​តំបន់មនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។

ពេលតែងតាំង​និងចាត់ចែងសាលារៀនកាតូលិក ត្រូវគិតគូរដល់តម្រូវការនៃការវិវឌ្ឍន៍នាសម័យ​របស់​យើង​​​នេះ​​​។ ដូច្នេះ ទោះបីត្រូវនៅចាប់អារម្មណ៍នឹងសាលាបឋមសិក្សា និងវិទ្យាល័យដែលជាមូលដ្ឋាន​នៃការ​​​អប់រំក្ដី ក៏​ត្រូវយកចិត្តទុកដាក់នឹងការសិក្សាតាមសភាពការណ៍បច្ចុប្បន្នទាមទារ ឧបមាថា ត្រូវការសាលា​​​បច្ចេក​​​ទេស​​​​​​ និងសាលាបណ្តុះ​បណ្តាលអាជីវកម្ម ត្រូវការគ្រឹះស្ថានសម្រាប់បង្រៀនអក្សរដល់មនុស្សពេញវ័យ គ្រឹះស្ថាន​​​ពិសេស​​​​សម្រាប់​ទទួល​ក្មេងៗអនាថាក្រៅសង្គម ត្រូវការសាលាអប់រំគ្រូដែលបង្រៀនគ្រូឲ្យចេះបង្រៀនសាសនា  ​ឬអប់រំតាមរបៀបផ្សេងទៀត។ល។

ហេតុនេះហើយបានជាមហាសន្និបាតអញ្ជើញយ៉ាងក្លៀវក្លា អស់គង្វាលនិងគ្រីស្តបរិស័ទទាំងអស់ មិនឲ្យ​​​សំចៃ​​​កម្លាំង​​​ក្នុង​​​ការ​​​ជួយ​សាលារៀនកាតូលិក​ឲ្យបំពេញបន្ទុករបស់ខ្លួនកាន់តែស្មោះជារៀងរាល់ថ្ងៃ គឺមុនដំបូងឲ្យ​​​តប​​​​​​ឆ្លើយ​នឹងសេចក្ដី​ត្រូវ​​​ការរបស់អស់អ្នកដែលគ្មានធនធាន ឬជនដែលគ្មាននរណារាប់រក គ្មានក្រុមគ្រួសារទ្រទ្រង់ ឬ​​​ដែល​​​មិនស្គាល់​​​ជំនឿ​យើង​​​​។

១០-មហាវិទ្យាល័យនិងសកលវិទ្យាល័យកាតូលិក

ព្រះសហគមន៍យកចិត្តទុកដាក់យ៉ាងពិសេសលើឧត្តមសិក្សា ជាពិសេសលើសកលវិទ្យាល័យនិង​​​មហា​​​វិទ្យា​​​ល័យ។​​​ ព្រះសហគមន៍មានបំណងចាត់ចែងសកលវិទ្យាល័យដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន​​​ តាមរបៀប​​​ស្រប​​​​​​​​​តាម​​​ប្រាជ្ញា​​​ គឺ ត្រូវធ្វើការតាមមុខវិជ្ជានីមួយៗ ស្របតាមគោល​​​ការណ៍និងតាមកម្មវិធីពិសេ​​​សនៃមុខវិជ្ជានោះ ដោយ​​​មាន​​​សេរីភាព​​​ពេញទី ជាលក្ខណៈផ្ទាល់នៃការស្រាវជ្រាវតាមវិទ្យាសាស្រ្ត។ ធ្វើដូច្នេះ ទើបគេអាចមាន​​​ចំណេះ​​​​​​​​​​​​នៃ​​​វិទ្យា​​​នោះកាន់​​​តែ​​​ជ្រៅទៅៗ និងគ្រប់គ្រងវិជ្ជានោះបានផង។ ត្រូវសិក្សាយ៉ាងហ្មត់ចត់នូវបញ្ហាថ្មីៗនិងការ​​​ស្រាវជ្រាវ​​​ថ្មីៗ ដែលកើតមកពី​​​ការ​​​ចម្រើន​របស់មនុស្សលោកទំនើប​។ ត្រូវយល់កាន់តែច្បាស់អំពីរបៀបជំនឿនិង​​​ប្រាជ្ញា​​​រួម​​ភ្ជាប់​​​​​​ជា​​​មួយគ្នា​​​ ដើម្បី​​​តម្រង់ទៅកាន់​សេចក្ដី​ពិតតែមួយ។ ធ្វើដូច្នេះ ទើបអ្នកប្រាជ្ញដើរតាមមាគ៌ារបស់​​​គ្រូ​​​បាធ្យាយ​​​​​​នៃ​​​ព្រះសហគមន៍កាលពីមុន ជាពិសេសរបស់សន្តៈថូម៉ាស នៅអាឃីណូ។ ដូច្នេះ គោល​​​គំនិត​​​តាម​​​​​​គ្រីស្តសាសនា ហាក់​​​ដូច​​​ជា​​​មាន​​​វត្តមានជាសាធារណៈ​ ដែលនៅស្ថិតស្ថេរ និង សកល​​​ទៀត ក្នុងការខិតខំ​​​របស់​​​អ្នក​​​ប្រាជ្ញ​​​ដែល​​​ឈាន​​​ទៅកាន់​​​វប្បធម៌​​​កម្រិត​​​ខ្ពង់ខ្ពស់បំផុត។ ត្រូវអប់រំនិស្សិតនៅគ្រឹះស្ថាន​ទាំងនោះឲ្យស្ទាត់ជំនាញ ដោយ​​​ចំណេះ​​​ចេះដឹង​​​របស់​​​ខ្លួន ​​​និង​​​ឲ្យប្រុងខ្លួនទទួលបន្ទុកដ៏ធ្ងន់ជាងគេក្នុងសង្គម ព្រមទាំងឲ្យទៅជាសាក្សី​អំ​ពីជំនឿក្នុងពិភព​​​លោក​​​នេះផងដែរ។

ក្នុងសកលវិទ្យាល័យ ដែលគ្មានមហាវិទ្យាល័យ​​​បង្រៀនទេវវិទ្យា ត្រូវឲ្យមាន​​​គ្រឹះស្ថាន ឬ​​​អាសនៈ​​​បង្រៀន​​​ទេវវិទ្យា​​​ សម្របតាមសេចក្ដីត្រូវការរបស់​និស្សិតជាគ្រីស្តបរិស័ទធម្មតា។ ​​​វិទ្យាសាស្រ្តតែងតែចម្រើនឡើងដោយ​​​ការ​​​​​​ស្រាវជ្រាវឯកទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងតាមវិទ្យាសាស្រ្ត។ ហេតុនេះ សូមឲ្យសាកលវិទ្យាល័យ​​​កាតូលិក​​​​ជួយ​​​យ៉ាងទូលំ ទូលាយដល់គ្រឹះស្ថាន ដែលមានគោលដៅទីមួយលើកស្ទួយការស្រាវជ្រាវ​​​តាម​​​វិទ្យា​​​សាស្រ្ត។

មហាសន្និបាតផ្តែផ្តាំយ៉ាងខ្លាំង ឲ្យពង្រីកសកលវិទ្យាល័យនិងវិទ្យាល័យ​​​កាតូលិក​​​ដែល​​​ត្រូវ​​​ចាត់​​​ចែង​​​យ៉ាង​​​សមរម្យ​​​នៅគ្រប់កន្លែង​​​ក្នុងពិភពលោកទាំងមូល។ សូមឲ្យសកលវិទ្យាល័យនិងវិទ្យាល័យ​​​កាតូលិកមានឈ្មោះល្បី មិន​​​មែន​​​មកពីមានចំនួនច្រើនទេ តែដោយការបង្រៀនក្នុងសកលវិទ្យាល័យនិងវិទ្យាល័យ​​​កាតូលិក​​​ទាំងនោះ​​​មាន​​​គុណភាព​​​ល្អវិញ។ សូមជួយនិសិ្សតដែលមានប្រាជ្ញា​​​អាចមានលទ្ធភាពរៀនខ្ពង់ខ្ពស់បាន ទោះបីគេក្រីក្រក៏ដោយ ជាពិសេស​​​ប្រសិន​​​​​​បើនិស្សិតទាំងនោះ​កើតមកនៅប្រជាជាតិកំពុងអភិវឌ្ឍន៍។

ដោយអនាគតព្រះសហគមន៍និងអនាគតសង្គមជាប់យ៉ាងស្អិតល្មួតនឹងការចម្រើនរបស់យុវជនយុវនារី​ដែល​​​រៀ​​​នខាងឧត្តម​​​សិក្សា អស់លោកអភិបាលនៃព្រះសហគមន៍មិនគ្រាន់តែត្រូវយកចិត្តទុកដាក់​​​ដោយឥតសំចៃ​​​នូវ​​​ការ​​​រស់​​​នៅតាមព្រះវិញ្ញាណរបស់និស្សិតនៃសកលវិទ្យាល័យកាតូលិកប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់​​​ដល់​​ការ​​​អប់រំ​​​កូន​​​​​​ចៅទាំងអស់ ខាងផ្លូវព្រះវិញ្ញាណដែរ។ ហេតុនេះហើយបានជា អស់លោកអភិបាលត្រូវពិគ្រោះគ្នា បង្កើត​​​គ្រឹះស្ថាន​​​​​​និស្សិត ​​​ឬ​​​មណ្ឌលសកលវិទ្យាល័យ​​​កាតូលិក នៅក្បែរសកលវិទ្យាល័យដែលមិនមែនជាកាតូលិក។ នៅ​​​កន្លែង​​​ទាំង​​​នោះ ត្រូវមានបូជាចារ្យ បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតា ដែលគេបានជ្រើសរើសយ៉ាងពិ​​​សេស និង​​​ដែល​​​បានទទួលការ​​​អប់រំ ដើម្បីជួយយុវជនយុវនារីជានិស្សិត ទាំងខាងការសិក្សា  ទាំងខាងជីវិតតាម​​​ព្រះ​​​វិញ្ញាណ។ ប្រសិន​​​បើយុវជន​​​យុវនារី​​​ដែ​​​លមានប្រាជ្ញាឆ្លាតវាងវៃជាងគេ ក្នុងសកលវិទ្យាល័យកាតូលិក ឬក្នុង​​​សកល​​​វិទ្យាល័យ​​​​​​ឯទៀ​​​តៗ ​​​មានទេព​​​កោសល្យអាចបង្រៀន និងអាចស្រាវជ្រាវបាន ត្រូវជួយគេយ៉ាងពិសេស។ ត្រូវ​​​ដាស់​​​តឿនគេឲ្យទៅ​​​ជា​​​សាស្រ្តាចារ្យ​​​​​​ទៀតផង។

១១-មហាវិទ្យាល័យខាងទេវវិទ្យា

ព្រះសហគមន៍ពឹងលើសកម្មភាពនៃមហាវិទ្យាល័យបង្រៀនវិទ្យាសាស្រ្តដ៏សក្ការៈ។ ព្រះសហគមន៍តែងតែ​​​ផ្ញើ​​​ឲ្យ​​​​មហាវិទ្យាល័យអប់រំនិស្សិតរបស់ខ្លួន គឺមិនគ្រាន់តែរៀបចំគេឲ្យទៅ​​​ជា​​​បូជាចារ្យ​​​ប៉ុណ្ណោះទេ តែជាពិសេស​​​ឲ្យ​​​គេអាច​​​​​​បង្រៀន​​​តាមអាសនៈឧត្តមសិក្សានៃព្រះសហគមន៍ទៀតដែរ​​​ និងឲ្យស្រាវជ្រាវដោយខ្លួនឯងខាងវិទ្យាសាស្រ្ត​​​ព្រមទាំងឲ្យ​បំពេញបន្ទុកក្នុងកិច្ចការជាគ្រីស្តទូតក្នុងចំណោមបញ្ញវ័ន្ត ជាបន្ទុកទាមទារឲ្យគេមានចំណេះយ៉ាងខ្ពស់។ មហា​​​​​​វិទ្យាល័យ​​​នៃ​​​ទេវវិទ្យា​មានតួនាទីសិក្សា តាមមុខវិទ្យាផ្សេងៗនៃវិទ្យាដ៏សក្ការៈ ដើម្បីឲ្យព្រះសហគមន៍យល់កាន់​​​តែ​​​ជ្រៅទៅៗនូវសេចក្ដីដែលព្រះ​ជាម្ចាស់​បានសម្តែងមក។ មហា​​​វិទ្យាល័យ​​​មានតួនាទីបើកផ្លូវឲ្យមនុស្សលោកអាច​​​ចូល​​​​​​ទៅ​​​កាន់​​​​​​បេតិកភណ្ឌ័នៃប្រាជ្ញារបស់គ្រីស្តសាសនាជាមរតកពីដូនតាមក។​​​ មហា​​​វិទ្យាល័យ​​​ក៏មានតួនាទី លើក​​​ស្ទួយ​​​​​​ការសន្ទនាជាមួយបងប្អូនដែលបែកចេញពីយើង និងជាមួយអ្នកដែលគ្មានជំនឿ ព្រមទាំង​​​ផ្តល់ចម្លើយ​​​យ៉ាង​​​សមរម្យ ស្របតាម​សំណួរដែលវិទ្យាសាស្រ្តចោទឡើង។

ហេតុនេះ មហាវិទ្យាល័យនៃព្រះសហគមន៍ ត្រូវកែសម្រួលធម្មនុញ្ញរបស់ខ្លួនតាមតម្រូវការ ហើយពង្រីក​​​វិទ្យា​​​ដ៏​​​សក្ការៈយ៉ាងខ្លាំង និងពង្រីកមុខវិទ្យាដែលភ្ជាប់នឹងវិទ្យាដ៏សក្ការៈទាំងនោះ។ មហាវិទ្យាល័យក៏ត្រូវប្រើវិធីទំនើប​​​បំផុត មកអប់រំនិសិ្សតឲ្យចេះស្រាវជ្រាវសេចក្តីយ៉ាងជ្រៅ។

១២-ការរួមសហការក្នុងវិស័យសាលារៀន

សព្វថ្ងៃ នៅភូមិភាគនានា និងក្នុងប្រជាជាតិ ហើយនៅក្នុងសហប្រជាជាតិ ត្រូវសហការគ្នាកាន់តែ​​​សកម្ម​​​ឡើងៗ។ ក្នុងវិស័យសិក្សាក៏ត្រូវសហការដែរ។ ហេតុនេះ​ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង​​​ឲ្យសាលារៀន​​​កាតូលិក​​​​​​រួមសហការ​​​គ្នា និងពង្រឹងសហការជាមួយសាលារៀនឯទៀតៗដែរ តាមតែប្រយោជន៍រួមរបស់មនុស្សជាតិទាំង​​​មូល​​​ទាមទារ។

ការសហការកាន់តែខ្លាំង និងការខិតខំធ្វើការរួមគ្នេនេះ មុខជានឹងផ្តល់លទ្ធផលកាន់តែច្រើនឡើង ជាពិសេស​​​នៅគ្រឹះស្ថានកម្រិត​​​ឧត្តមសិក្សា។ សូមឲ្យមហាវិទ្យាល័យទាំងប៉ុន្មានក្នុងគ្រប់សកលវិទ្យាល័យ ជួយគ្នាទៅ​​​វិញទៅមក តាមតែឯកទេសនៃមុខវិជ្ជានីមួយៗ​អនុញ្ញាតឲ្យ។ លើសពីនេះទៅទៀត សកលវិទ្យាល័យ​​​ទាំងប៉ុន្មាន​​​ត្រូវ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​បង្រួមសកម្មភាពនានារបស់ខ្លួន និងរួមគ្នាចាត់ចែងប្រជុំអន្តរជាតិ ចែកចាយការស្រាវជ្រាវ​​​តាម​​​វិស័យ​​​ផ្សេងៗនៃវិទ្យា​​​សាស្រ្ត ​​​ព្រម​​​ទាំងផ្តល់ដំណឹងទៅវិញទៅមកអំពីអ្វីៗដែលគេរកឃើញ ផ្លាស់ប្តូរសាស្ត្រាចារ្យ​​​មួយ​​​រយៈពេល​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ គឺ​​​ពង្រីកអ្វីៗ​​​ទាំងអស់ដែល​​​អាច​​​ជួយឲ្យសហការ​​​កាន់តែខ្លាំងឡើងៗ។

ពាក្យបញ្ចប់

មហាសន្និបាតដាស់តឿនយុវជនយុវនារីយ៉ាងខ្លាំង សូមដឹងខ្លួនអំពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ការងារបង្រៀន។ ចូរ​​​ប្រុងខ្លួនបំពេញការងារនេះ ដោយចិត្តក្លាហាន និងដោយចិត្តទូលាយ ជាពិសេសនៅតំបន់ដែលខ្វះគ្រូ ហើយ​​​ដែល​​​ក្មេងៗ​​​​​​មិនអាចរៀនបានទេ។

មហាសន្និបាតសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបូជាចារ្យ បព្វជិតបព្វជិតា គ្រីស្តបរិស័ទធម្មតា ដែល​​​មានចិត្តលះបង់តាមដំណឹងល្អ និងយកចិត្តទុកដាក់បង្រៀនអប់រំគេ នៅសាលារៀនគ្រប់ប្រភេទ និងគ្រប់​​​កម្រិត។​​​ការបង្រៀនពិតជាកិច្ចការដ៏ប្រសើរជាងគេបំផុត។   មហាសន្និបាតក៏លើកទឹកចិត្តអ្នកទាំងនោះ​​​ឲ្យ​​​បន្ត​​​បំពេញ​​​បន្ទុក​​​នេះ​​​ដោយចិត្តទូលាយ។​​​ សូមខិតខំឲ្យបានប្រសើរជាងគេ ដោយមានបំណងឲ្យគោលគំនិតធ្វើឲ្យ​​​ព្រះ​​​គ្រីស្ត​​​​​​ជ្រួត​​​ជ្រាប​​​ក្នុងចិត្តគំនិតកូនសិស្ស ដោយមានគរុកោសល្យល្អ និងដោយសិក្សាវិទ្យាសាស្រ្ត។ ដូច្នេះគេ​​​មិន​​​គ្រាន់​​​តែ​​​ជួយ​​​ព្រះ​​​សហគមន៍ឲ្យប្រែជាថ្មី​ពីខាងក្នុងប៉ុណ្ណោះទេ តែគេពង្រឹងនិងបម្រើវត្តមានដ៏សប្បុរស​​​របស់​​​ព្រះសហគមន៍ក្នុង​​​ពិភព​​​លោក​​​នាបច្ចុប្បន្ននេះ ជាពិសេសក្នុងវិស័យវប្បធម៌។

 អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញចិត្ត​នឹង​សេចក្តីប្រកាសទាំងមូលនេះ ហើយនឹងគោល​ការណ៍ នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង ក៏​យល់​ព្រម ហើយសម្រេចចេញជាក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​្នឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តៈ សិលា ថ្ងៃទី២៨ តុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

២. Nostra Aetate សម័យកាលយើង

សម័យកាលយើង
NOSTRA AETATE

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់​ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្ដីនេះដើម្បីឲ្យគេនឹក​ចងចាំរហូតតរៀងទៅ។

សេចក្តីប្រកាស
អំពី​ទំនាក់​ទំនង​គ្រីស្ត​សាសនា និង​សាសនា​ដទៃ

-បុព្វកថា

នៅសម័យយើងនេះ មនុស្ស​លោក​រួម​គ្នា​កាន់​តែ​ជិតស្និទ្ធ​ឡើង​ៗជា​រៀង​រាល់​ថ្ងៃ ប្រជាជន​ទាំង​អស់ក៏ មាន​​​ទំនាក់​​​​ទំនងគ្នា​កាន់តែជិតស្និទ​្ធច្រើន​ឡើងៗ​ជា​លំដាប់​ដែរ។ ដូច្នេះ​ព្រះ​សហគមន៍​​ពិចារណា​ឲ្យកាន់តែ​ជ្រៅ​​​អំពី​​​​ទំនាក់​ទំនង​​​​របស់ខ្លួន​ជាមួយ​នឹងសាសនា​ឯទៀតៗ​ដែលប្លែកពីគ្រីស្តសាសនា​។​​​ ព្រះសហគមន៍​ទទួលបន្ទុក​​​លើក​​​ស្ទួយ​​​មនុស្ស​លោក និងជាពិសេសប្រជាជាតិ​នានាឲ្យ​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ ព្រម​ទាំង​ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅ​​​មក​​​ទៀត​ផង​។ ដូច្នេះ​មុន​ដំបូងបង្អស់ ព្រះសហគមន៍​ពិនិត្យ​ពិច័យ​អំពី​លក្ខណៈ​ដែល​មនុស្ស​គ្រប់ៗ​រូប​មាន​ដូច​គ្នា ជា​លក្ខណៈ​ជំរុញ​​​គេឲ្យ​រួម​រស់​ជា​មួយ​គ្នា តាមវាសនារបស់​គេ​ដែរ។

ប្រជា​ជនទាំង​អស់​រួបរួម​គ្នាជា​សហគមន៍​តែ​មួយមែន គេមាន​ប្រភពតែ​មួយ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​ប្រោស​ឲ្យ​មនុស្ស​​​​ជាតិ​រស់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំងមូល (កក ១៧,២៦)​។ ជីវិត​មនុស្ស​គ្រប់ៗ​រូប​ មាន​ទិស​ដៅ​ចុង​​​ក្រោយ​​​បំផុត​​​តែ​មួយ​ គឺ​រួម​រស់​ជា​មួយ​ព្រះ​ជា​ម្ចាស់​។ ព្រះ​អង្គ​ណែនាំថែ​រក្សាមនុស្សទាំងអស់ ទ្រង់សម្តែង​ព្រះហឫទ័យ​មេត្តា​ករុណា​សប្បុរស​​​ចំពោះ​មនុស្ស​ទាំងអស់ ហើយក៏​គ្រោងទុកសង្គ្រោះ​មនុស្ស​ទាំង​អស់ដែរ ​(បញ ៨,១;  កក ១៤,១៧; រម ២,៦-៧; ១ធម ២,៤)  រហូត​ដល់​ពេលអស់អ្នកដែលព្រះអង្គបានជ្រើសរើស ​រួម​គ្នា​នៅ​ក្នុង​បុរី​ដ៏វិសុទ្ធ។ ពេល​នោះ​​​​សិរីរុង​រឿង​របស់​ព្រះអង្គ​នឹង​បំភ្លឺ​បុរី​នោះ ហើយជាតិ​សាសន៍នានា​នឹង​ដើរ​ក្នុង​ពន្លឺ​ព្រះអង្គ (វរ ២១,២៣ត)។ មនុស្ស​នៅលើផែនដីទាំង​ប៉ុន្មាន​នៅតែទន្ទឹង​រង់​ចាំ​ចង់ឲ្យ​សាសនានីមួយៗជួយ​ដោះ​ស្រាយ​ប្រស្នា​ដ៏​អាថ៌​កំបាំង​នៃ​វាសនា​​​​​​​​​​មនុស្ស​ជាតិ។ នៅសម័យ​មុនៗ ក៏​ដូច​នៅសម័យ​បច្ចុប្បន្ន​នេះ​ដែរ មនុស្ស​ផង​ទាំង​ពួង​តែង​តែ​បារម្ភ​យ៉ាង​​​ខ្លាំង​​​ក្នុង​​​​ចិត្ត និងសួរ​ខ្លួន​ឯង​ថា៖ តើ​អ្វីទៅមនុស្ស? តើ​ជីវិត​មនុស្ស​យើង​មាន​អត្ថន័យ​យ៉ាង​ណា? តើ​ជីវិត​មនុស្សយើង​មាន​ទិស​​​​​​​ដៅ​​​​ទៅ​ណាដែរ? តើ​អ្វីទៅ​បុណ្យ អ្វីទៅបាប? តើ​ទុក្ខ​វេទនា​កើត​ពី​ប្រភព​ណា​មក ហើយ​មាន​ទិស​ដៅ​យ៉ាង​ណា? តើ​មាន​មាគ៌ាណា​អាច​នាំ​មនុស្ស​យើង​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ដ៏​ពិត​ប្រាកដបាន? តើ​អ្វី​ជា​សេចក្តី​ស្លាប់? ក្រោយពី​ស្លាប់ តើមាន​វិនិច្ឆ័យកាត់ទោស និងទទួលរង្វាន់ឬយ៉ាងណា? តើ​អ្វីជាកា​រ​អាថ៌កំបាំងដ៏​អស្ចារ្យ​ចុងក្រោយបំផុតនៃ​ជីវិត​​​មនុស្ស​ដែលរកថ្លែងពុំបាន? កា​រ​អាថ៌កំបាំង​ដ៏​អស្ចារ្យនេះ​ជាប្រភព​នៃ​ជីវិត​យើងឬទេ? តើយើងកំពុងតម្រង់ទៅរក​​​ការអាថ៌​​​កំបាំង​​​​​​នោះ​​​ទៀតដែរឬ?។

-សាសនា​ផ្សេងៗ ក្រៅ​ពី​គ្រីស្ត​សាសនា

តាំង​ពី​បុរាណ​កាលរហូត​មក​ទល់​សព្វ​ថ្ងៃ មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​តែយល់ឃើញ​ម៉្យាងថា មាន​ឥទ្ធិពល​ដ៏​អាថ៌​កំបាំង​ ដែល​ណែនាំពិភពលោកនិងណែនាំ​ព្រឹត្តិ​ការណ៍​ប្រចាំ​ជីវិត​មនុស្ស​យើងដែរ។ មាន​ប្រជាជន​ខ្លះទទួល ស្គាល់​ថា មាន​ព្រះ​មួយ​អង្គ​ដ៏ខ្ពង់ខ្ពស់​បំផុត ឬ​មានព្រះ​បិតា​ទៀត​ផង។ កា​រ​យល់ឃើញនិងទ​​​ទួល​​​ស្គាល់ដូច្នេះ ជ្រួត ជ្រាបក្នុងការរស់នៅរបស់គេ រហូត​ដល់​គេមានចិត្តគំនិតយល់គិតយ៉ាងជ្រៅអំពីសាសនា។មាន​សាសនា​ខ្លះ​កើត​ឡើង ដោយ​ភ្ជាប់នឹងវប្បធម៌​ដែល​ចម្រើន​ឡើង  ខិត​ខំ​រក​ដំណោះ​ស្រាយ​បញ្ហា​ជីវិត​ដដែល ដោយ​ប្រើទស្សនៈ​​​ខ្ពង់ខ្ពស់ និង ប្រើពាក្យ​ពេចន៍ដ៏ប្រសើរ​។ ដូច្នេះ តាមសាសនា​ឥណ្ឌា មនុស្ស​រិះគិត​ពិចារណា​អំពី​ការអាថ៌​កំបាំង​របស់​ព្រះ​​​​ជា​ម្ចាស់ ហើយ​ពន្យល់​សេចក្តី​ដែល​ពួក​គេ​បាន​រក​ឃើញ​នោះ ដោយ​បង្កើត​រឿង​និទានជា​ច្រើន​អនេក ព្រម​ទាំង​ខិតខំស្រាវជ្រាវ យ៉ាងជ្រៅតាមទស្សនវិជ្ជាផង។ ពួក​គេ​រក​ផ្លូវ​រំដោះមនុស្ស​ឲ្យបាន​រួច​ផុត​ពី​ការតប់ប្រមល់ទាំង​ឡាយនៃសភាពការណ៍ មនុស្ស​យើង ដោយ​បំពេញតបៈធម៌តាមរបៀបតាបស​ឥសី ដោយ​ធ្វើ​សមាធិ​យ៉ាងជ្រៅ ឬ​ដោយ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្រឡាញ់និង​ដោយផ្ញើ​ជីវិត​ទាំង​ស្រុង​​​លើ​​​ព្រះអង្គ​ផង។        ពុទ្ធ​សាសនា​​​​តាម​និកាយ​ផ្សេងៗទ​​​ទួល​​​​ស្គាល់​ថា ជីវិត​សត្វលោកសុទ្ធតែទុក្ខ ​មិន​ទៀង​ទាត់​ហើយ​​​តែង​​​តែ​ប្រែ​ប្រួល​ជានិច្ច គ្មាន​អ្វី​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្ងប់​ចិត្ត​បាន​ឡើយ។ ពុទ្ធ​សាសនា​បង្ហាញ​មាគ៌ា​មួយ​ណែ​នាំ​មនុស្ស​​​​ឲ្យ​មាន​ចិត្ត​ធម៌ ឲ្យពឹងផ្អែកទាំង​ស្រុង​លើ​កុសល ផលបុណ្យ​របស់ខ្លួន ដើម្បីឲ្យ​ខ្លួនអាច​រួចផុត​​ពីតណ្ហា អាច​ត្រាស់​​​​ដឹង និងអាចឈាន​ទៅដល់​បរិនិព្វានបានផង។ ពុទ្ធ​បរិស័ទ​ខ្លះ​យល់​ឃើញថា គេអាច​ត្រាស់​ដឹង​បាន​ដោយ​មាន​ជំនួយ​មក​ពី​ខាងលើ។ នៅ​ក្នុង​ពិភព​លោក​យើង​នេះ ក៏មានសាសនា​ឯ​ទៀតៗ​ជា​ច្រើន ខិត​ខំ​ទប់ទល់នឹងការព្រួយ​​​បារម្ភ​​​​​​ក្នុងចិត្ត​​​​មនុស្ស តាមរបៀបផ្សេងៗ  ទាំងបង្ហាញ មាគ៌ា​​​ផ្សេងៗ គឺលទ្ធិ  ក្បួនវិន័យ និង​ពិធី​បុណ្យ​ដ៏សក្ការៈផ្សេងៗ​​​​ទៀត​​​ផង។

ព្រះ​សហគមន៍​កាតូលិក​មិន​ទាត់​ចោល​អ្វី​ៗដ៏​ពិត​ប្រាកដ និង​អ្វី​ៗដ៏​វិសុទ្ធ​ដែល​មាន​កប់​ទុកក្នុង​សាសនា​ទាំង​នោះ ទេ។ ផ្ទុយទៅវិញ ព្រះ​សហគមន៍​គោរព​យ៉ាង​ស្មោះ​នូវ​របៀបប្រព្រឹត្ត​ និងរបៀប​រស់នៅតាមសាសនាទាំងនោះ មាន​វិន័យនិង​លទ្ធិ​ជា​ដើម។ ទោះ​បី​របៀប​ប្រព្រឹត្ត​និងរបៀបរស់នៅ​ វិន័យនិង​លទ្ធិ​ទាំង​នោះ ខុស​ប្លែក​ត្រង់​ប្រការជា​ច្រើន ពី​របៀប​ប្រព្រឹត្ត​និងរបៀបរស់នៅ ពី​វិន័យ​និងលទ្ធិដែលព្រះសហគមន៍កាន់និងប្រៀន​ប្រដៅ​ក្ដី ក៏​អ្វីៗទាំង​នោះ​តែងតែ នាំមកនូវរស្មីនៃពន្លឺ​របស់សេចក្តី​ពិត​តែមួយ ដែល​បំភ្លឺ​មនុស្ស​លោកទាំង​អស់។ ប៉ុន្តែ​ព្រះ​សហគមន៍​ប្រកាសព្រះ​គ្រីស្ត​ ហើយមានភារកិច្ច​ប្រកាស​ព្រះគ្រីស្តដោយ​ឥត​ឈប់​ឈរ ព្រោះព្រះអង្គពិត​ជា “មាគ៌ា ជាសេចក្តី​ពិត និង​ជា​ជីវិត” (យហ ១៤,៦)។ មនុស្ស​ទាំង​អស់​មុខជានឹងរកឃើញ​​ជីវិតខាងសាសនាយ៉ាង​ពេញ​លក្ខណៈ​ក្នុងអង្គព្រះ​​​គ្រីស្ត ព្រោះ​ព្រះ​ជាម្ចាស់​បានសម្រុះ​សម្រួលសត្វលោកទាំងអស់ឲ្យជានានឹងព្រះអង្គក្នុងអង្គព្រះគ្រីស្តនេះឯង (២ករ ៥,១៨-១៩)។

ហេតុនេះហើយបានជាព្រះ​សហគមន៍​ដាស់​តឿន​បុត្រធីតារបស់ខ្លួន ឲ្យ​ទទួល​ស្គាល់និងថែ​រក្សា​នូវ​សេចក្តី​ដ៏​ថ្លៃ​ថ្នូរ​ទាំង​ខាង​ផ្លូវវិញ្ញាណ ខាង​សីលធម៌ និង​ខាង​សង្គម និងវប្បធម៌ដែល​មាន​កប់​ទុកក្នុង​សាសនា​ទាំង​នោះ។ ព្រះសហគមន៍ក៏ត្រូវធ្វើ​ឲ្យ​សេចក្តី​ដ៏ថ្លៃថ្នូរទាំង​នោះ​ចម្រើន​ឡើង​ទៀត​ផង។ គ្រីស្ត​បរិស័ទ​ត្រូវ​សន្ទនានិងសហការ ជាមួយ​អ្នក​កាន់​សាសនា​ឯទៀតៗ​ ដោយប្រយ័ត្ន​និងដោយ​ចិត្តស្រឡាញ់ ទាំងផ្តល់សក្ខីភាពអំពីជំនឿនិងអំពីរបៀបរស់​នៅ​របស់ខ្លួន​តាមគ្រីស្តសាសនា។

៣-សាសនាឥស្លាម

ព្រះ​សហគមន៍​ក៏​គោរព​រាប់អានបរិស័ទឥស្លាម​ដែរ។ បរិស័ទឥស្លាមតែងតែគោរពប្រណិប័តន៍ក្រាប​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់តែ​មួយ​ព្រះ​អង្គគត់ ជាព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយដែលស្ថិត​​​ស្ថេរ​នៅ​ដោយ​ផ្ទាល់ព្រះ​អង្គ ព្រះអង្គមាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា និង​មានតេ​ជា​នុ​ភាព​សព្វ​ប្រការ ទ្រង់​បាន​ប្រតិស្ឋានមេឃនិងដី ហើយ​ក៏​មាន​ព្រះ​បន្ទូល​មក​កាន់មនុស្ស​លោក​ដែរ។ បងប្អូនក៏​យក​ចិត្ត​ទុក​ដាក់​ចុះចូលនឹងក្រិត្យក្រមរបស់​ព្រះ​ជា​ម្ចាស់​ដោយ​ស្មោះ​អស់​ពី​ចិត្ត ទោះ​បី​ក្រិត្យក្រម​ទាំង​នោះ​នៅទីលាក់កំបាំង​ក្ដី ដូច​លោក​អប្រាហាំ​​ជា​បុព្វ​បុរស​ខាងជំនឿដែលគេ​ចូល​​​ចិត្ត​​​នឹករឭកបាន ចុះចូលដូច្នោះដែរ។ ទោះ​បី​គេ​មិន​ទទួលស្គាល់ថា ព្រះ​យេ​ស៊ូ​ជា​ព្រះ​ជា​ម្ចាស់​ក៏​ដោយ ក៏​គេ​តែងតែគោរព​ប្រណិប័តន៍ ព្រះ​អង្គ​ទុក​ជា​ព្យាការី​មួយ​រូប​ដែរ។ គេ​ក៏គោរព​នាង​ព្រហ្មចារិនីម៉ារីជា​ព្រះ​មាតា​ព្រះអង្គ ហើយ​មាន​ក្រុមខ្លះ​ក៏​អង្វរ​ព្រះ​នាង​ទាំង​គោរពប្រណិប័តន៍ដែរ។ គេ​ក៏​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ព្រះ​ជា​ម្ចាស់​វិនិច្ឆ័យ​មនុស្ស​​លោក គឺ​ពេល​ព្រះ​អង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​នឹង​មាន​ជីវិតថ្មី។ ហេតុនេះគេរាប់រកការរស់នៅ​តាមសីលធម៌យ៉ាងខ្លាំង ហើយ​គោរព​បម្រើ​​​ព្រះ​​​ជា​​​ម្ចាស់​​​ ជា​​​​​​ពិសេសដោយសូត្រ​ធម៌ ដោយធ្វើបុណ្យទាន និង​ដោយធ្វើពិធីតម​អាហារ​ទៀត​ផង។

អស់រយៈពេលជាយូរសតវត្ស​កន្លងមក គ្រីស្ត​បរិស័ទនិងឥស្លាមបរិស័ទខ្វែង​​គំនិត​គ្នានិងស្អប់​គ្នា​​​ជាច្រើន​​​ដង ហើយ​​​​​​។ ប៉ុន្តែ មហាសន្និ​បាតដ៏វិសុទ្ធ ក្រើន​ដាស់​តឿន​ទាំង​គ្រីស្ត​បរិស័ទ ទាំង​បរិស័ទឥស្លាម ឲ្យ​បំភ្លេច​រឿង​ពី​អតីត​កាល​​​ចោល និង​​ខិតខំយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​​ចិត្ត​ស្មោះ​។ ដូច្នេះ គ្រីស្តបរិស័ទ និងឥស្លាម​​​បរិស័ទអាចរួម​គ្នា​ការ​​​ពារ និង​​​លើក​ស្ទួយយុត្តិធម៌ក្នុងសង្គម តម្លៃដ៏ថ្លៃថ្នូរនៃសីលធម៌ សន្តិ​ភាព និង​សេរី​ភាព ជូនមនុស្សលោក​​​ទាំង​​​អស់បាន។

៤-សាសនាយូដា

មហា​សន្និបាតបាន​ពិនិត្យពិច័យគម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់អំពីព្រះ​សហគមន៍ ហើយ​រំឭក​គ្រីស្ត បរិស័ទ​ថា ប្រជាជន​នៃ​សម្ព័ន្ធ​មេត្រី​ថ្មី​ជាប់​ចំណងទាក់​ទង​ខាង​ផ្លូវ​វិញ្ញាណ នឹង​ពូជពង្ស​របស់លោក​អប្រាហាំហើយ។ ព្រះ​​​សហគមន៍របស់​ព្រះ​គ្រីស្ត​ទទួល​ស្គាល់​ថា អស់លោក​បុព្វ​បុរស លោក​ម៉ូសេ និង​អស់​លោក​ព្យាការី​ គឺនៅខាងដើម​ជំនឿ​របស់ខ្លួន ហើយក៏នៅខាងដើមនៃជម្រើសរបស់ព្រះ​ជា​ម្ចាស់ដែលជ្រើសរើស​ព្រះ​សហគមន៍​ តាម​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ។ ព្រះ​សហគមន៍​តែងតែ​​​ប្រកាស​ថា អស់​អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះ​គ្រីស្ត ក៏ជា​ពូជពង្សលោក​អប្រាហាំ​ខាង​ជំនឿដែរ (កាឡ ៣,៧)។ ពេលព្រះ​ជា​ម្ចាស់ត្រាស់​ហៅ​លោក​អាប្រាហាំ នោះព្រះអង្គក៏បាន​ត្រាស់​ហៅ​គ្រីស្តបរិស័ទរួមជាមួយលោកដែរ។ ពេល​ព្រះ​ជាម្ចាស់ប្រោសប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យរួចចេញ​ពី​ស្រុក​ដែល​គេ​ធ្វើ​ជា​ទាសា​ទាសី​នោះ​   ក៏​ដូចជាព្រះអង្គប្រទាន​ប្រផ្នូល​យ៉ាង​លាក់​កំបាំងអំពីការសង្គ្រោះនៃ​ព្រះ​សហ-​​​គម​​​ន៍​​​​ដែរ។ ហេតុ​នេះ​ហើយ​បានជា​ព្រះ​សហគមន៍​ពុំ​អាច​បំភ្លេច​ថា ខ្លួនបាន​ទទួលសេចក្តី​ដែលព្រះ​ជា​ម្ចាស់​បាន​សម្តែង​​​​ឲ្យមនុស្សលោកស្គាល់តាមសម្ព័ន្ធ​មេត្រី​ចាស់​ តាមរយៈប្រជារាស្រ្តអ៊ីស្រាអែលនោះទេ។ ព្រះ​ជាម្ចាស់​ប្រកបដោយ​​​ព្រះហឫទ័យ​​​មេត្តា​ករុណា​ដែលរក​ថ្លែង​​​​ពុំ​បាន ​ព្រះអង្គប្រណី​សន្តោសចងសម្ព័ន្ធ​មេត្រី​ពីដើមជា​មួយ​ប្រជាជននោះ។ ព្រះ​សហគមន៍​​​​​​​​​​ចិញ្ចឹម​​​​ជីវិត​​​​របស់ខ្លួន ដោយស្រូបជី​​​ជាតិ ពីឫសនៃដើមអូលីវ​ដែល​គេកាត់មែកចោល និងយកមែក​អូលីវ​ព្រៃ គឺ​​​សាសន៍ដទៃ​ មកផ្សាំជំនួសវិញ (រម១១,១៧-២៤)។ ព្រះ​សហគមន៍​ជឿ​ថា ព្រះ​គ្រីស្ត​ដែលជា​សន្តិភាព​របស់​​​យើង ព្រះអង្គបាន​សម្រុះសម្រួលជន​ជាតិ​យូដានឹងសាសន៍​ដទៃ​ ឲ្យ​រួម​គ្នា​​ជា​ប្រជារាស្រ្ត​តែ​មួយក្នុង​​​ព្រះ​​​អង្គផ្ទាល់​​​ដោយ​ព្រះគ្រីស្តសោយទិវង្គត​នៅ​លើ​ឈើឆ្កាង ( អភ ២,១៤-១៦)។‌

ព្រះ​សហគមន៍​នៅ​តែ​នឹក​គិតដល់​គ្រីស្ត​ទូត​ប៉ូល ដែលចែងអំពី​បង​ប្អូន​រួម​ជាតិ​របស់​លោក​ថា ៖“ព្រះ​ជា​ម្ចាស់​​​​បាន​ប្រោស​ពួក​គេ​ឲ្យ​ទៅ​ជា​បុត្រ​ធី​តា​របស់​ព្រះអង្គឲ្យគេ​មាន​សិរីរុង​រឿង ហើយព្រះ​អង្គ​ក៏​បាន​ចង​សម្ព័ន្ធ​មេត្រី​នានាជា​ មួយ​ពួក​គេ និង​ប្រទាន​ធម៌​វិន័យ​ឲ្យគេចេះ​គោរព​បម្រើ​ព្រះ​អង្គឲ្យគេបានទទួលព្រះបន្ទូល​សន្យាផ្សេងៗឲ្យគេមាន បុព្វបុរសហើយ​​​ព្រះគ្រីស្តក៏​ប្រសូត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​ពួកគេ​ដែរ” (រម ៩,៤-៥) ហើយព្រះអង្គក៏ជាបុត្រ របស់ព្រះនាង​​​ព្រហ្មចារិនី​​​ម៉ារីថែម​ទៀតផង។ ព្រះ​សហគមន៍​តែងរំឭកថា គ្រីស្ត​ទូតទាំងប៉ុន្មាន​ដែល​ជា​គ្រឹះនិង​ជា​សរសរ​នៃ​ព្រះ​សហគមន៍ ក៏កើត​មក​ក្នុង​ប្រជាជន​យូដា​នេះ សាវ័ក​ដើម​ដំបូង​ជា​ច្រើន​ក៏​ជា​ជន​ជាតិ​យូដា​ដែរ គឺពួក​គេ​បាន​ប្រកាស​ដំណឹង​ល្អអំពី​ព្រះ​គ្រីស្ត​ឲ្យ​មនុស្ស​លោក​ទាំងមូលដឹងឮផង។

តាម​គម្ពីរជាសាក្សី អ្នក​ក្រុង​យេរូ​សាឡឹម មិន​បាន​ទទួល​ស្គាល់​ពេលកំណត់ដែល​ព្រះ​ជា​ម្ចាស់​យាង​មកសង្គ្រោះ គេ​ឡើយ (លក ១៩,៤៤)។ ជន​ជាតិ​យូដា​ភាគ​ច្រើនក៏​មិន​ព្រម​ទទួល​ដំណឹង​ល្អ​ដែរ ហើយ​ក៏មាន​ជនជាតិយូដាជា​ច្រើន​នាំគ្នា​ប្រឆាំង​មិន​ឲ្យ​គ្រីស្តទូត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ​ទៀត​ផង (រម ១១,២៨)។ ក៏ប៉ុន្តែ តាមគ្រីស្តទូត​ប៉ូល​ចែង​​​ទុក​មកថា​ ព្រះ​ជា​ម្ចាស់​នៅតែសព្វ​ព្រះ​ហឫទ័យ​នឹង​ជន​ជាតិ​យូ​ដាយ៉ាងខ្លាំង​ មកពីព្រះអង្គនឹកគិតដល់​បុព្វបុរស​​​របស់​គេ។ “កាលណាព្រះជាម្ចាស់​ប្រទានព្រះអំណោយទានរួចហើយ ព្រះអង្គមិនដក​ហូតវិញទេ ហើយ​​​កាលណា​ព្រះអង្គ ត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួល​ព្រះ​ហហឫទ័យ​ដែរ” (រម ១១,២៨-២៩; ពន្លឺ,១៦)។ រួម​ជា​មួយ​អស់​លោក​ព្យា​ការី និងជាមួយគ្រីស្ត​ទូត​ប៉ូល​ដដែលនេះ ព្រះ​សហគមន៍​ក៏​រង់​ចាំ​ថ្ងៃ​ដែល​ប្រជាជន​ទាំង​អស់​រួម​សម្លេង​អង្វរ​ព្រះ​ជា​ម្ចាស់​ជា​មួយ​គ្នា ហើយព្រមព្រៀងគ្នាគោរពបម្រើ​ព្រះអង្គ​ទាំង​អស់​គ្នា​ផង (សផ ៣,៩; អស៦៦,២៣; ទន ៦៥,៤; រម ១១,១១ ,៣២)។

គ្រីស្ត​បរិស័ទនិង​ជន​ជាតិ​យូដា​ បានទទួល​បេតិកភ័ណ្ឌ​រួម​ខាងព្រះវិញ្ញាណដ៏​ល្អ​ប្រសើរបំផុត។ ហេតុ​នេះ មហា​សន្និបាតដ៏វិសុទ្ធនេះ មានបំណងចង់ផ្តែផ្តាំនិងគាំទ្រ ឲ្យ​បរិស័ទ​សាសនាទាំងពីរយកចិត្តទុក​ដាក់ស្គាល់​គ្នា និង គោរពរាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេសដោយសិក្សា​គម្ពីរ​និង​​ទេវវិទ្យា ព្រមទាំងដោយសន្ទនា​ពិភាក្សា​គ្នាដូច​បង​ប្អូន​បង្កើត​ផង។

ទោះបី​អ្នក​ដឹកនាំប្រ​ជាជន​យូដា​និងបក្សពួកគេបាន​ញុះ​ញង់​ប្រ​ជាជន​ឲ្យ​ធ្វើ​គុត​ព្រះ​គ្រីស្ត​ក្ដី (យហ ១៩,៦) ក៏​មិនត្រូវចោទ​ជនជាតិ​យូដា​ទាំងអស់ដែល​រស់​នៅ​ក្នុង​សម័យ​នោះ ឬ​ជន​ជាតិ​យូដា​សព្វ​ថ្ងៃ​ថា គេបាន​សម្លាប់​ព្រះ​អង្គ​ទេ។ ទោះ​បី​ព្រះ​សហគមន៍​ពិត​ជា​ប្រជារាស្រ្ត​ថ្មី​របស់​ព្រះ​ជា​ម្ចាស់​ក្ដី ក៏​មិន​ត្រូវ​សំអាងលើគម្ពីរមកចាត់ជនជាតិ​​​យូដា​​​ទុក​​​ជា​​​ប្រជាជនដែលព្រះ​អង្គ​ដាក់​ទោស ឬ​ដាក់​បណ្តា​សា​ឡើយ។ ដូច្នេះ សូមគ្រីស្តបរិស័ទទាំងអស់នៅពេលអប់​រំ​ជំនឿក្ដី នៅពេលធ្វើពិធីអត្ថាធិប្បាយគម្ពីរក្ដី ក៏ត្រូវយក​ចិត្ត​ទុក​ដាក់​បង្រៀនតែ​សេចក្តី​ស្រប​តាម​សេចក្តី​ពិត ដែល​មាន​ចែង​ទុក​​​​ក្នុង​​​​គម្ពីរ​ដំណឹង​ល្អ និង​ស្រប​តាម​គោលគំនិត​របស់​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញទៀត ព្រះ​សហគមន៍​មិនយល់ស្របឲ្យគេបៀត​បៀនធ្វើបាប​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់ជា​​​ដាច់​​​​​​​​​ខាត ទោះ​ជា​ជាតិ​សាសន៍​ណា​ក៏​ដោយ។ ព្រះសហគមន៍ក៏មិនអាចបំភ្លេច​បេតិកភ័ណ្ឌរួម​ជាមួយជនជាតិយូដាដែរ ។ ព្រះសហគមន៍គ្មាន​មូលហេតុខាងនយោបាយអ្វីណែនាំឡើយ មានតែសេចក្ដីស្រឡាញ់តាមសាសនា​ដែលហូរ​​​ចេញ​​​មក​​​​ពីដំណឹងល្អ​ប៉ុណ្ណោះទេ ជំរុញខ្លួនឲ្យស្តី​បន្ទោស​អស់អ្នកដែល​​​ស្អប់​ជន​ជាតិ​យូដា អស់អ្នកដែលបៀត​​​​បៀន​​​​​​​ធ្វើបាបគេ និងអ្នកដែលបង្ហាញ​​​គំនិត​​​ទាស់​ប្រឆាំងនឹង​ជន​ជាតិ​នេះ។  ទោះជានៅសម័យ​ណា  និងជានរណាក៏​ដោយ​​​​​​ក៏ព្រះ​​​សហគមន៍​​​​​​ស្តីបន្ទោសដែរ។

សព្វ​ថ្ងៃ​នេះ ក៏​ដូច​ព្រះ​សហគមន៍​ធ្លាប់ជឿកាល​ពី​ដើមដែរ ហើយនៅតែជឿ​ជានិច្ចថា ដោយព្រះ​គ្រីស្ត​មានព្រះ ហឫទ័យ​ស្រឡាញ់​យ៉ាងខ្លាំង​លើស​លប់ ព្រះអង្គសព្វ​ព្រះ​ហឫទ័យរងទុក្ខលំបាកនិងសោយទិវង្គ​​​ត ព្រោះតែ​អំពើ​បាប​របស់មនុស្ស​លោក​ទាំង​អស់ និងដើម្បី​សង្គ្រោះ​មនុស្ស​លោកដែរ។  ដូច្នេះ ព្រះ​សហគមន៍​មាន​ភារកិច្ច​ប្រកាស​និង​​​ជូនដំណឹងថា ឈើឆ្កាងរបស់ព្រះ​គ្រីស្តជាសញ្ញា​សម្គាល់បង្ហាញព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះជា​ម្ចាស់ចំពោះ​​​មនុស្ស​​​​​​​លោក​ទាំង​អស់ ហើយ​ក៏ជា​ប្រភពនៃព្រះហឫទ័យ​ប្រណី​សន្តោសគ្រប់យ៉ាងទៀតផង។

៥-ត្រូវ​ស្រឡាញ់​អ្នក​ផង​ទាំង​ពួង ដោយ​មិន​រើស​មុខ​នរណា​សោះ​ឡើយ

ប្រសិន​បើ​យើង​មិន​ព្រម​គោរព​មនុស្ស​មួយ​ក្រុម​ទុក​ជា​បង​ប្អូន​បង្កើត គឺមនុស្សដែល​ព្រះ​ជាម្ចាស់​​ប្រតិស្ឋានជា រូបតំណាងរបស់ព្រះអង្គ​នោះ យើង​ក៏ពុំ​អាច​អង្វរ​ព្រះ​ជា​ម្ចាស់​បាន​សោះឡើយ ព្រោះ​ព្រះអង្គជា​ព្រះ​បិតា​របស់​មនុស្ស​ទាំង​អស់​។ មនុស្ស​ម្នាក់ៗ​អាច​ទាក់​ទង​ជា​មួយ​ព្រះ​បិតា​បាន លុះ​ត្រា​តែ​ខ្លួន​ទាក់​ទង​ជា​មួយ​មនុស្ស​ឯទៀតៗយ៉ាងស្រួល ដែរ ដូច​មាន​ចែង​ក្នុង​គម្ពីរ​ថា “អ្នកដែលមិនចេះស្រឡាញ់គេ ក៏មិន​ស្គាល់​ព្រះ​ជា​ម្ចាស់​ដែរ” (១យហ ៤,៨)។

ដូច្នេះ គម្ពីរ​រំលាយ​គ្រឹះនៃទ្រឹស្តីទាំងអស់ និងគ្រឹះនៃការ​ប្រ​ព្រឹត្ត​ទាំង​ប៉ុន្មាន ដែលបណ្តាល​ឲ្យ​មនុស្ស​រើស​​​អើង​​​​​​​​​គ្នា គឺឲ្យមនុស្ស​​​ប្រកាន់​មនុស្ស ប្រជាជន​មួយ​ប្រកាន់​ប្រជាជនមួយ​ទៀត សរុបសេចក្កីមក  គឺប្រកាន់អំពី​កិត្តិយស​ដ៏​​​ថ្លៃថ្នូរ​​​ និងអំពី​សិទ្ធិ​ដែល​​​ហូរ​​​មក​​​ពីកិត្តិយស​ដ៏ថ្លៃថ្នូរនេះ​​​។

ហេតុនេះ ព្រះ​សហគមន៍​បដិសេធជំទាស់​យ៉ាង​ម៉ឺង​ម៉ាត់​ការរើសមុខ ប្រកាន់មើលងាយជាតិ​សាសន៍ ពណ៌​​​​​​​សម្បុរ ឋានៈ​វណ្ណៈ ឬ​សាសនា​​​ ទុកជាកិច្ចផ្ទុយស្រឡះនឹងគោលគំនិត​របស់ព្រះគ្រីស្ត។ ហេតុនេះហើយបានជា​​​មហា​សន្និបាត​​​​ដ៏​​​វិសុទ្ធ​​​​​​ ដោយយក​តម្រាប់​តាម​សន្តគ្រីស្តទូតសិលានិង​ប៉ូល សូម​អំពាវ​នាវ​ដល់គ្រីស្ត​បរិស័ទ​ទាំង​អស់​​​យ៉ាង​​​ខ្លាំងក្លាថា “ឲ្យ​កាន់​​​កិរិយា​​​​​​មារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ នៅក្នុង​ចំណោម​សាសន៍​ដទៃ” (១សល២,១២) និង​តាមចំណែក របស់បងប្អូន នោះបងប្អូន​រស់​នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់ (រម ១២,១៨)  ដើម្បី​ឲ្យ​បងប្អូន​ទៅជាបុត្រ​ធីតា​របស់​ព្រះ​​​បិតា​​​​ដែល​គង់​នៅ​​​ស្ថាន​​​ដ៏ខ្ពង់ខ្ពស់​បំផុតពិតមែន (មថ ៥,៤៥)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញចិត្ត​នឹង​សេចក្តីប្រកាសទាំងមូលនេះទាំង​​មូលនេះ ហើយ​​​នឹង​​​គោល​ការណ៍ នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង  ក៏​យល់​ព្រមដែរ  ហើយក៏​​​សម្រេចប្រកាស​​​សេចក្តី​​​នេះចេញ​​​ទុកជាក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

           

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តៈ សិលា ថ្ងៃទី ២៨ តុលាឆ្នាំ១៩៦៥
ខ្ញុំប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

៣. Dignitatis Humanae តម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស

តម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស
DIGNITATIS HUMANAE

ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្ដីនេះដើម្បីឲ្យគេនឹក​ចងចាំរហូតតរៀងទៅ។

ពិធីអត្ថាធិប្បាយសេចក្តីប្រកាស
អំពីសេរីភាពខាងសាសនា ទាំងបុគ្គលម្នាក់ៗ ទាំងសហគមន៍នានា
មានសេរីភាពខាងសាសនា នៅក្នុងសង្គម និងតាមច្បាប់រដ្ឋ​​​

១-មនុស្សសម័យឥឡូវ

មនុស្សសម័យឥឡូវយល់អំពីកិត្តិយសដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗកាន់តែច្បាស់ឡើងៗ ហើយក៏មានចំនួន​​​មនុស្ស​​​​​​កាន់​​​​​​តែច្រើនឡើងៗ ដែល​​​​ទាម​ទារឲ្យម្នាក់ៗមានសមត្ថភាពប្រតិបត្តិស្របតាមជម្រើសរបស់ខ្លួនផ្ទាល់ ​និងទទួល​​​ខុស​​​ត្រូវ​​​​លើជម្រើសនោះ ដោយ​​​​​​មាន​​​​​​សេរីភាពពេញលេញដែរ។ ​គេមិនចង់ឲ្យនរណាបង្ខំទេ តែចង់ឲ្យមនសិការ​របស់​​​ខ្លួន​​​​​​ណែនាំ​​​គេឲ្យបំពេញភារកិច្ចរបស់​​​ខ្លួនតែម្តង។ គេក៏សូមឲ្យមានច្បាប់ដែលកំណត់​ព្រំដែន​រដ្ឋអំណាច ​​​កុំឲ្យ​​​រដ្ឋ​​​អំណាច​​​​​​​​​នេះ​ ហាមយ៉ាងតឹង​​​តែង​​​​​​ពេក​​​  មិនឲ្យបុគ្គលម្នាក់ៗ និងសមាគមនានា​​​ប្រើសេរីភាពដ៏ពេញលេញ​​​របស់ខ្លួន​​​ក្នុង​​​​​​​​​វិស័យ​​​​​​មួយចំនួន។ មនុស្ស​​​ទាមទារ​​​សេរីភាពក្នុងសង្គម ជា​ពិសេសចំពោះ​អ្វីៗដែលពាក់ព័ន្ធនឹងវិញ្ញាណ​​​ មាន​​​សេរីភាព​​​​​​​​​ប្រតិបត្តិ​​​តាម​​​សាសនាក្នុង​សង្គមជាដើម។

មហាសន្និបាតវ៉ាទីកង់យើងនេះ យកចិត្តទុកដាក់ទទួលស្គាល់សេចក្ដីប៉ងប្រាថ្នាទាំងនោះ ទាំងពិនិត្យ​ពិច័យ​ការ​​​បញ្ជូន​​​​បន្ត​​​​​​​ដ៏សក្ការៈ និងពិនិត្យពិច័យលទ្ធិដ៏វិសុទ្ធរបស់ព្រះសហគមន៍។ ការបញ្ជូន​​​​បន្ត​​​​​​​និងលទ្ធិនោះជាប្រភព​​​សម្រាប់​​​បង្រៀន​សេចក្តីថ្មីដែល​​​ត្រូវ​​​តាម​​​​​​សេចក្តីចាស់ជានិច្ច។ មហាសន្និបាតមានគោល​បំណងប្រកាសថា សេចក្ដីប៉ង​​​ប្រាថ្នា​​​ទាំងនោះ​​​ ត្រូវ​​​តាម​​​សេចក្ដីពិត​​​និងតាមយុត្តិធម៌ដែរ។

ហេតុនេះហើយ ​បានជាមុនដំបូង មហាសន្និបាតប្រកាសថា ​ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន​​​សម្តែងឲ្យ​​​មនុស្ស​​​​​​ជាតិ​ស្គាល់មាគ៌ាដែលណែនាំឲ្យគេអាចទទួលការសង្រោ្គះក្នុងអង្គព្រះគ្រីស្តបាន ​និងអាចទៅដល់សុភមង្គល​​​បាន ដោយបម្រើ​​​ព្រះ​អង្គ។ យើងជឿថា សាសនាដ៏ពិតប្រាកដតែមួយគត់នេះ ​ស្ថិតនៅក្នុងព្រះ​​​សហគមន៍​​​កាតូលិក​​​ដែលកាន់តាមជំនឿរបស់ក្រុមគ្រីស្តទូតជាគ្រឹះ។ ព្រះយេស៊ូបានផ្ញើ​បន្ទុកឲ្យក្រុមគ្រីស្តទូតផ្សព្វផ្សាយសាសនានេះ​​​ឲ្យមនុស្ស​​​លោក​​​ទាំងអស់ស្គាល់ ដោយមានព្រះបន្ទូល​ប្រាប់គេថា៖ «ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើជា​​​សាវ័ក‌ ហើយធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​មានទំនាក់ទំនងជាមួយព្រះ​បិតា ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិ​បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា» (មថ ២៨,១៩-២០)។ ម៉្យាងទៀត​មនុស្សទាំង​​​អស់ត្រូវតែស្វែងរកសេចក្ដី​ពិត ជាពិសេសសេចក្ដីពិតអំពីព្រះជាម្ចាស់ និងអំពីព្រះសហគមន៍របស់ព្រះអង្គ។ ​លុះមនុស្ស ស្គាល់​សេចក្ដីពិតនេះ​រួចហើយ គេត្រូវតែទទួល និងកាន់សាសនានេះដោយចិត្តស្មោះ។

តាមរបៀបដដែល មហាសន្និបាតដ៏វិសុទ្ធប្រ​​​កាសថា មនុស្សត្រូវបំពេញការងារទាំងពីរនោះ តាម   ​​​មនសិការ​​​​​​​​​របស់ខ្លួន តែសេចក្ដីពិតបង្ខំចិត្តគេ ដោយសារតែកម្លាំងនៃសេចក្ដីពិតនេះផ្ទាល់ ​ដែលចូលជ្រាបក្នុង​​​វិញ្ញាណ​​​បែប​​​ទន់ភ្លន់ផ្អែមល្អែម។  មនុស្សទាមទារ​សិទ្ធិ​សេរីភាព​ខាង​សាសនានេះ ដើម្បីឲ្យ គេអាចបំពេញ​ការងារ​​​របស់ខ្លួន​​​បាន គឺឲ្យគេអាចគោរពបម្រើព្រះជាម្ចាស់ ដោយ​សង្គមស៊ីវិលមិនបង្ខំគេ​​​តាមបែបណាឡើយ។ ដូច្នេះ​សិទ្ធិសេរីភាព​​​នេះ មិនទាស់នឹងលទ្ធិជំនឿកាតូលិក​តាំងពីដើមរៀងមក ស្តីអំពីភារកិច្ចខាងវិញ្ញាណរបស់មនុស្ស និងរបស់ សហគមន៍​​​​នានា ចំពោះសាសនាដ៏ពិតប្រាកដ និងចំពោះ​ព្រះ​សហគមន៍តែមួយគត់របស់ព្រះគ្រីស្ត។ លើសពីនេះ ទៅទៀត ដោយរិះគិតវែកញែកអំពីសេរីភាពខាងសាសនានេះ  មហាសន្និបាតដ៏វិសុទ្ធ​មានបំណងចង់លាតត្រដាង​លទ្ធិ​របស់​​អភិបាលព្រះសហគមន៍ក្រុងរ៉ូមថ្មីៗនានា អំពីសិទ្ធិបុគ្គលម្នាក់ៗដែលគ្មាននរណាអាចរំលោភបាន និងអំពីរបៀប រៀបរយនៃសង្គមតាមច្បាប់ គឺអំពីនិតិរដ្ឋ​​​។

១-លទ្ធិទូទៅអំពីសេរីភាពខាងសាសនា

២-គ្រឹះនៃសេរីភាពខាងសាសនា

មហាសន្និបាតវ៉ាទីកង់ប្រកាសថា ​បុគ្គលម្នាក់ៗមានសិទ្ធិសេរីភាពខាងសាសនា។ ​សិទ្ធិសេរីភាពនេះមានន័យ ថា គ្មានបុគ្គលមួយណា ឬក្រុម​ផ្សេងៗ​ក្នុង​សង្គម ឬអំណាចរបស់មនុស្សលោកណា មានសិទ្ធិ​​​គាបសង្កត់មនុស្ស​​​ទាំង​​​​​​អស់​​​ ទោះជាតាម​របៀបណាក៏ដោយ។ ហេតុនេះ អំពីរឿងសាសនា មិនត្រូវបង្ខំនរណា​ម្នាក់ឲ្យប្រព្រឹត្តផ្ទុយ​​​នឹង​​​មន​​​សិការ​​​​​​របស់​​​ខ្លួន ហើយក៏មិនត្រូវឃាត់គេមិនឲ្យប្រព្រឹត្តតាមមនសិការ​របស់ខ្លួនបានដែរ ទាំងនៅកន្លែង​​​ឯកជន ទាំង​​​​​​នៅ​​​កន្លែង​​​​​​សាធារណៈក្ដី  ទាំងម្នាក់ឯងទាំងរួម​ជា​មួយអ្នកដទៃក្ដី។ ប៉ុន្តែ​​​ គេត្រូវប្រព្រឹត្តតាមព្រំដែនដ៏​​​ត្រឹម​​​ត្រូវ។​​​   មហា​​​សន្និបាត​​​ប្រកាសទៀតថា សិទ្ធិសេរីភាពខាងសាសនា ចាក់គ្រឹះនៅលើ​កិត្តិយស​ដ៏ថ្លៃថ្នូររបស់មនុស្ស​​​ម្នាក់ៗ​​​ តាម​​​តែ​​​ព្រះ​​​បន្ទូលរបស់ព្រះជាម្ចាស់ ​និង ប្រាជ្ញារបស់មនុស្ស បានសម្តែងឲ្យ​ស្គាល់​នោះ។ ត្រូវទទួលស្គាល់​​​សិទ្ធិ​​​សេរីភាព​​​ខាង​​​សាសនា​​​របស់បុគ្គលម្នាក់ៗ តាមក្បួនច្បាប់ ដើម្បីឲ្យទៅជាសិទ្ធិក្នុងសង្គមទៀតដែរ។

ដោយមនុស្សទាំងអស់​​​មាន​​​កិត្តិយស​​​ដ៏ថ្លៃថ្នូរ ម្នាក់ៗសុទ្ធតែជាបុគ្គលប្រកបដោយប្រាជ្ញា​និងឆន្ទៈ​សេរី ហើយ​​​ក៏​​​អាច​​​ទទួលខុសត្រូវដោយខ្លួនឯងបានដែរ។​​​ ហេតុនេះ តាមលក្ខណៈរបស់ខ្លួនជាមនុស្ស បុគ្គលម្នាក់ៗមាន​​​​ភារកិច្ច​​​​​​ខា​​​ង​​​វិញ្ញាណ គឺត្រូវស្វែង​​​រក​​​សេចក្ដីពិត ជាពិសេសស្វែង​​​រក​​​សេចក្ដីពិតដែលពាក់ព័ន្ធនឹងសាសនា។ ពេល​​​គេ​ស្គាល់​សេចក្ដី​​​ពិត គេក៏ត្រូវតែភ្ជាប់ចិត្តនឹងសេចក្ដីពិត​​នោះ  ហើយ​​​ក៏ត្រូវចាត់ចែងការរស់នៅរបស់ខ្លួន​​​តាម​​​សេចក្ដី​​​​​​ពិត​​​​​​​​​នោះទាមទារ​​​ឲ្យ​​​គេ​ប្រព្រឹត្តទៀតផង។ ប៉ុន្តែ មនុស្ស​អាច​​​បំពេញ​​​ភារកិច្ចនេះ តាមលក្ខណៈរបស់ខ្លួន​​​ជា​​​មនុស្ស​​​បាន  ​លុះត្រាតែ​​​គេ​​​មាន​​​សេរីភាពខាងចិត្តគំនិត និងរួចផុតពីការគាបសង្កត់គ្រប់យ៉ាងពីខាងក្រៅខ្លួនដែរ។ ហេតុនេះ​​​ហើយបានជា​​​សិទ្ធិសេរីភាពខាងសាសនាមិនសំអាងទៅលើ​ការ​ចូលចិត្តរបស់បុគ្គល​ផ្ទាល់ទេ តែសំអាង​​​ទៅលើ​​​​លក្ខណៈ​​​​​​​​​​ដ៏ថ្លៃថ្នូររបស់មនុស្សតែម្តង។ ហេតុនេះ​សិទ្ធិសេរីភាពស្ថិតនៅក្នុងមនុស្សទាំងអស់​​​ដែលទាមទារឲ្យមនុស្ស​​​រួច​​​ផុតពីការគាបសង្កត់គ្រប់​​​បែប​​​យ៉ាង​​​​​​ ​​​។ សិទ្ធិសេរីភាពនោះស្ថិតនៅក្នុងគេ ទោះបីគេមិន​អនុវត្តតាម​ភារកិច្ចសែ្វង​​​រក​​​​​​សេ​​​ចក្ដីពិត និងមិនភ្ជាប់ចិត្ត​​​នឹង​​សេចក្តី​​​ពិតនោះក៏ដោយ។ ប្រសិនបើ​មានរបៀបរៀបរយ​ដ៏ត្រឹម​​​ត្រូវ​​​ក្នុង​​​​​​សង្គម គ្មាន​​​នរ​​​ណាអាចរារាំងសិទ្ធិសេរីភាព​​​នោះបាន​​​ឡើយ។

៣-សិទ្ធិសេរីភាពខាងសាសនានិងទំនាក់ទំនងរបស់មនុស្សនឹងព្រះជាម្ចាស់

ប្រសិនបើយើងយល់ឃើញថា ធម៌របស់ព្រះជាម្ចាស់ពិតជាក្បួនវិន័យដ៏ខ្ពង់ខ្ពស់បំផុត ​ដែល​ណែនាំការ​​​រស់​​​នៅរបស់មនុស្សលោក សេចក្ដីទាំងនេះក៏រឹតតែច្បាស់ទៅទៀត ព្រោះធម៌វិន័យរបស់ព្រះអង្គនេះ ​ជាធម៌ដែល​​​នៅ​​​ស្ថិត​​​ស្ថេរ​​​​​អស់​​​កល្ប​​​ជានិច្ច ជាធម៌ពិតប្រាកដដែលទ្រទ្រង់សត្វលោកទាំងឡាយ ហើយក៏ជាធម៌សកលទៀតផង។ ព្រះ​​​​​​ជាម្ចាស់​ចាត់ចែង ណែ​នាំ និងគ្រប់គ្រងពិភពលោកទាំងមូល និងប្រវត្តិសាស្រ្តរបស់សហគមន៍​មនុស្ស ក៏​​​ដោយ​​​សារធម៌នោះដែរ​​​ ស្រប​​​តាម​គម្រោងការ​ប្រកបដោយព្រះប្រាជ្ញាញាណនិងព្រះហឫទ័យមេត្តាករុណារបស់​ព្រះ​​​អង្គ​​​។ ​​​​​ព្រះជាម្ចាស់​​​ប្រោស​​​​​​​​​ឲ្យមនុស្ស​ទទួលចំណែកក្នុងការទ្រទ្រង់អ្វីៗទាំងអស់តាមធម៌នេះ ជាធម៌របស់​​​ព្រះអង្គ​​​ផ្ទាល់។ ហេតុនេះបាន​​​ជា​​​​​​មនុស្ស​​​​​​​​​​អាចទៅដល់សេចក្ដី​​​ពិត​​​​​​កាន់តែច្បាស់ឡើងៗ ជាសេចក្តីពិតដែល​​​មិនប្រែ​​​ប្រួល​​​​​ឡើយ។​​​ ​ព្រះអង្គ​​​ដែល​​​ថែរក្សា​​​ណែ​​​នាំ​​​មនុស្ស​​​លោកដោយព្រះហឫទ័យ​ស្រឡាញ់ ចាត់ចែងដូច្នេះ។ ហេតុនេះហើយ បានជាមនុស្សម្នាក់ៗ​មាន​​​ភារកិច្ច​ ហើយក៏មានសិទ្ធិនឹង​​​ស្វែងរក​​​សេចក្ដី​​​ពិ​​​តខាងសាសនាដែរ ដើម្បីឲ្យគេ​អាចវិនិច្ឆ័យ​តាមមនសិការ​​​ទៀង​​​ត្រង់និង​​​ពិត​​​ប្រាកដ ដោយប្រុងប្រយ័ត្ន ដោយប្រើ​មធ្យោបាយ​យ៉ាងសមគួរ។

ប៉ុន្តែ មនុស្សត្រូវស្វែងរកសេចក្ដីពិត ស្របតាមតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ និងស្របតាម​លក្ខណៈ​របស់​​​ខ្លួន​​​​​​​ជា​​​អ្នក​រស់នៅក្នុងសង្គមដែរ គឺថា ឲ្យគេស្វែងរកសេចក្ដីពិតដោយសេរី ដោយទទួល​ការ​បង្រៀននិងការអប់រំ ដោយ​​​ចែក​យោបល់ និងដោយនិយាយសន្ទនា​ជាមួយអ្នកដទៃ​។ មួយក្រុមរៀបរាប់​ដល់ក្រុម​ឯទៀត​ៗអំពីសេចក្ដីពិត​​​ដែល​​​គេ​​​បាន​​​រក​ឃើញរួចហើយ ឬដែលគេស្មាន​ថាបានរក​ឃើញហើយនោះ ដើម្បីជួយគ្នាទៅវិញទៅ​មក​ក្នុង​​​ការ​​​ស្វែងរក​​​សេចក្ដី​​​ពិ​​​តនោះ។ ពេលគេ​​​រក​​​ឃើញសេចក្ដីពិត​រួចហើយ គេត្រូវភ្ជាប់ចិត្តនឹងសេចក្ដីពិតនោះ​យ៉ាងមាំ ដោយ​​​ខ្លួនឯង​​​ផ្ទាល់។

ដោយសារមនសិការ​របស់​ខ្លួន មនុស្សដឹងហើយទទួលស្គាល់សេចក្តីដែលធម្មវិន័យរបស់ព្រះ​​​ជាម្ចាស់បាន​​​បញ្ជា​​​​​​។  គេ​ក៏ត្រូវស្តាប់តាមមនសិការនេះយ៉ាងស្មោះ ក្នុងគ្រប់កិច្ចការដែលខ្លួនប្រព្រឹត្ត ដើម្បីឈានទៅដល់​ទិស​​​ដៅ​​​នៃ​​​​ជីវិត​របស់ខ្លួន គឺឈានទៅព្រះជាម្ចាស់តែម្តង។ ហេតុនេះហើយមិនត្រូវបង្ខំមនុស្ស​​​ឲ្យប្រព្រឹត្ត​​​ខុសនឹង​​​មនសិការ​​​រ​​​បស់​​​ខ្លួន​​​ឡើយ។ ប៉ុន្តែ ក៏មិនត្រូវឃាត់ឃាំងបង្ខំគេ មិនឲ្យប្រព្រឹត្តតាម​មនសិការ​របស់ខ្លួននោះដែរ  ជាពិសេសអំពីរឿង​​​សាសនា។ ​តាមលក្ខណៈសាសនា អ្នកកាន់សាសនាតែង​តែប្រព្រឹត្ត​​កិច្ច​ការនៅក្នុងចិត្តគំនិតជាដើម ជាកិច្ចការ​​​ដែល​​​ខ្លួន​​​​​​​​​ប្រាថ្នា​​​​​​ចង់​​​​​​ប្រព្រឹត្ត​​​​​​ដោយសេរី ​ជាកិច្ចការដែលណែនាំគេឲ្យតម្រង់ខ្លួនបែរ​ទៅរក​ព្រះជាម្ចាស់។ អំណាចមនុស្សលោក​​​សុទ្ធ​​​សាធ មិន​​​អាច​​​បង្ខំឲ្យធ្វើ ឬឃាត់មិនឲ្យ​ធ្វើអ្វី ខាងសាសនាបានឡើយ។ ប៉ុន្តែ ​ដោយមនុស្ស​​​មានលក្ខណៈ​​​ជាអ្នក​​​រស់​​​នៅក្នុង​​​សង្គម គេត្រូវបង្ហាញកិច្ចការខាងសាសនាដែលខ្លួនប្រព្រឹត្តនៅខាងក្នុង​ចិត្តគំនិតទាំងនោះ ឲ្យអ្នកដទៃ​​​មើល​ឃើញ​​​​​​​​​នៅខាង​ក្រៅ​ដែរ។ ​តាមលក្ខណៈជាអ្នករស់នៅក្នុងសង្គមដដែលនេះ មនុស្សមានសិទ្ធិអាច​ផ្លាស់ប្តូរ​​​យោបល់​​​​​​ជាមួយអ្នក​​​ដទៃអំពី​​​សាសនា​​​បាន និងឲ្យប្រកាស​សាសនារបស់ខ្លួនតាមរបៀបជាសហគមន៍ផងដែរ។

ហេតុនេះហើយបានជា អ្នកណា ឬរដ្ឋអំណាច​ណា​​​ ដែលបដិសេធមិនព្រមឲ្យមនុស្សកាន់សាសនារបស់​ខ្លួន​ដោយ​​​​​​​​​​​​​​​សេរី​នៅក្នុងសង្គម អ្នកនោះឬរដ្ឋអំណាចនោះ​​​ ប្រមាថ​​​​​​មើល​​ងាយ​លក្ខណៈរបស់​​​មនុស្ស និងមើលងាយ​​​របៀប​​​​រៀប​​​រយ​​​ដែល​​​ព្រះ​​​ជា​​​ម្ចាស់​​​បានតែងតាំងសម្រាប់មនុស្សលោកទាំងអស់។ ប៉ុន្តែ អ្នកកាន់សាសនាត្រូវតែរក្សា​ទុក​​​សណ្តាប់ធ្នាប់សាធារណៈដ៏​​​ត្រឹម​​ត្រូវ។

លើសពីនេះទៅទៀត តាមលក្ខណៈកិច្ចការខាងសាសនា  កិច្ច​ការទាំងនោះហួសពីលោកីយ៍នេះដែល​តែងតែ​​​កន្លង​​​​​​ផុត​​​ទៅតាមកាលៈទេសៈ។ ពេលមនុស្សប្រព្រឹត្តកិច្ចការទាំងនោះ ​ទោះម្នាក់​​​ឯ​​​ងក្ដី ឬយ៉ាង​សាធារណៈក្ដី គេក៏​​​សម្រេចចិត្តដោយខ្លួនឯង តម្រង់​​​ខ្លួន​​​បែរ​​​ទៅរ​​​កព្រះជាម្ចាស់។ រីឯរដ្ឋអំណាចវិញ ​មានទិសដៅគិតគូរដល់​ប្រយោជន៍រួមក្នុងលោកនេះ។ ហេតុនេះហើយបានជា​រដ្ឋ​អំណាច​ ពិតជាត្រូវទទួលស្គាល់ការរស់នៅរបស់​​​ប្រជា​​​ពលរដ្ឋ​​​​​​​ខាង​​​ផ្លូវសាសនា និងត្រូវគាំទ្រការរស់នៅខាង​សាសនានោះទៀតផងដែរ។ ប៉ុន្តែ ប្រសិនបើ​​​រដ្ឋអំណាច​​​លួចយកសិទ្ធិណែនាំ​ ឬឃាត់មនុស្សមិនឲ្យប្រព្រឹត្ត​កិច្ចការខាង​សាសនា  យើងត្រូវនិយាយថា រដ្ឋអំណាចប្រព្រឹត្ត ហួសពី​​​ព្រំដែន​​​​​​របស់ខ្លួនហើយ។

៤-សេរីភាពក្រុមអ្នកកាន់សាសនាផ្សេងៗ

បុគ្គលម្នាក់ៗមានសេរីភាព និងឯកសិទ្ធិមិនឲ្យគេបង្ខិតបង្ខំក្នុងរឿងសាសនា។ ក៏ប៉ុន្តែ​​​ ត្រូវទទួលស្គាល់​សិទ្ធិសេរីភាព និងឯកសិទ្ធិនោះ នៅពេលមនុស្សរួមគ្នា​ប្រព្រឹត្តកិច្ចការខាងសាសនាដែរ។  ដោយលក្ខណៈរបស់​មនុស្ស​​​ជាអ្នករស់នៅ​ក្នុងសង្គម ហើយដោយលក្ខណៈសាសនាផ្ទាល់ជាកិច្ចការខាងសង្គមដែរ ត្រូវតែមាន​ក្រុម​​​របស់អ្នក​​​កាន់​​​​​​សាសនា​​​ផ្សេងៗដែរ។

ក្រុមទាំងនោះមានឯកសិទ្ធិមិនត្រូវឲ្យគេបង្ខិតបង្ខំ គឺមានសិទ្ធិអាចចាត់ចែងខ្លួន​​​ឯងតាមវិន័យ​​​របស់គេផ្ទាល់ ​ឲ្យ​​​គោរព​​​ថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់ជាសាធារណៈ  ឲ្យជួយសមាជិករបស់ខ្លួនប្រព្រឹត្តតាមសាសនានោះ ​ព្រមទាំង​​​ឲ្យ​​​អប់រំ​​​និង​​​​​​បង្រៀនគេ។ ក្រុមទាំងនោះក៏មានសិទ្ធិលើកស្ទួយស្ថាប័ន សម្រាប់ឲ្យសមាជិកគេសហការគ្នា  តម្រែ​​​តម្រង់​​​​​​ការ​​​រស់​​​នៅរបស់ខ្លួនតាមគោល​​​ការណ៍ខាងសាសនារបស់គេទៀតផង។ ប៉ុន្តែ ក្រុមកាន់សាសនាទាំងនោះ មិន​ត្រូវ​​​រំលោភ​​​សេចក្ដីទាម​​​ទារដ៏ត្រឹមត្រូវ ដែលណែនាំឲ្យមានសណ្ឋាប់ធ្នាប់សាធារណៈក្នុងសង្គមឡើយ។

ក្រុមអ្នកកាន់សាសនាទាំងនោះ ក៏មានសិទ្ធិជ្រើសរើសអ្នកបំពេញមុខងារបម្រើក្រុមរបស់គេ ​មាន​​​សិទ្ធិ​​​អប់រំ​​​អ្នក​​​​​​ទាំង​​​នោះ មានសិទ្ធិចាត់ចែងគេឲ្យបំពេញមុខងារផ្សេងៗ និងផ្លាស់ប្តូរកន្លែងអ្នកទាំងនោះធ្វើការ។ អ្នកទាំងនោះ​​​ក៏​​​មាន​​​សិទ្ធិ​ទាក់ទង​​​ជាមួយមេដឹកនាំ ​ឬជាមួយសហគមន៍​សាសនានៅក្រៅប្រទេស និងមានសិទ្ធិសាងសង់​​​គេហដ្ឋាន​​​​​​​​​សាសនា ព្រមទាំងមាន​សិទ្ធិ​​​កាន់​​​កាប់​​កម្មសិទ្ធិ និងត្រួតត្រាទ្រព្យសម្បត្តិដែលគេត្រូវការទៀតដែរ។ ក្នុង​​​ករណី​​​ទាំង​​​​នោះ រដ្ឋអំណាចគ្មាន​សិទ្ធិ​ឃាត់ក្រុម​​​អ្នកកាន់សាសនា ដោយបញ្ចេញច្បាប់ ឬដោយប្រើវិធីតាម​​​រដ្ឋការ​​​ណា​​​ឡើយ។

ក្រុមអ្នកកាន់សាសនាទាំងនោះ ក៏មានសិទ្ធិបង្រៀន ឬសម្តែងជំនឿរបស់គេជាសាធារណៈ ​ដោយប្រើសម្លេង ឬ​​​ដោយ​​​ចែកសំណេរជាលាយលក្ខណ៍អក្សរ។ រដ្ឋអំណាចគ្មានសិទ្ធិឃាត់គេឡើយ។ ប៉ុន្តែ នៅពេលក្រុមអ្នកកាន់​សាសនា​​​ទាំងនោះផ្សព្វផ្សាយជំនឿរបស់ខ្លួនជាសាធារណៈ ឬនៅពេលគេនាំប្រជាជនឲ្យ​​ប្រតិបត្តិតាមសាសនា​​​របស់​​​ខ្លួន ក្រុម​​​​​​អ្នកកាន់សាសនាទាំងនោះ ត្រូវប្រយ័ត្នជានិច្ច កុំបង្ខំប្រជាជន ឬបញ្ចុះបញ្ចូល​គេ​បែបមិន​​សមរម្យ ឬ​​​ដោយប្រើ​​​វិធី​​​មិន​​​សូវ​​​ស្មោះត្រង់នោះឡើយ ជាពិសេសពេលក្រុមអ្នកកាន់សាសនាទាំងនោះ​​​ផ្សព្វ​​​ផ្សាយ​​​​ជំនឿ​ដល់​​​អ្នក​​​ដែល​​​មាន​​​វប្បធម៌​​​ទាប និងដល់អ្នកក្រីក្រ។ ត្រូវយល់ថា អ្នកផ្សព្វផ្សាយជំនឿតាមរបៀបនេះ គឺប្រព្រឹត្តកិច្ចការហួសពី​​​សិទ្ធិ​​​សេរីភាព​​​របស់ខ្លួន ហើយក៏​​​បំពានសិទ្ធិសេរីភាពរបស់អ្នកដទៃទៀតផង។

លើសពីនេះទៅទៀត តាមសិទ្ធិសេរីភាពខាងសាសនា មិនត្រូវ​​​ឃាត់ក្រុមអ្នកកាន់សាសនានានាមិនឲ្យ បង្ហាញដោយសេរី នូវអានុភាពពិសេសនៃលទ្ធិជំនឿ​​​របស់​​​គេ​​​ ក្នុងកិច្ចចាត់ចែងសង្គមឲ្យមានរបៀបរៀបរយ និង​​​​​​អាច​​​ធ្វើឲ្យ​​​សកម្មភាព​​​ទាំង​​​​មូលរបស់មនុស្សលោក​មាន​ជីវិតរស់រវើកដែរ។  ដោយមនុស្សមានលក្ខណៈជាអ្នក​​​រស់នៅ​​​ក្នុង​​​សង្គម និងដោយមានលក្ខណៈផ្ទាល់របស់សាសនា ​មនុស្សដែលមានមនោសញ្ចេតនាស្រឡាញ់សាសនា ​ក៏មាន​​​សិទ្ធិជួបជុំគ្នាដោយសេរី ​និងតែងតាំងសមាគមអប់រំ តែងតាំងសមាគមវប្បធម៌ សមាគមមេត្តាករុណា និង​​​សមាគម​​​សង្គមកិច្ច​​​ទៀតផង។

៥-សេរីភាពសាសនានិងក្រុមគ្រួសារ

ក្រុមគ្រួសារនីមួយៗ ក្នុងឋានៈជាសង្គមតូចមួយដែលមានសិទ្ធិផ្ទាល់ ជាគ្រឹះនៃសង្គមមុនគេ ​ក៏មាន​​​សិទ្ធិ​​​ចាត់​​​​​​ចែងការរស់នៅរបស់ខ្លួនខាងសាសនា ក្រោមការដឹកនាំរបស់ឪពុកម្តាយ។ ​មាតាបិតាមាន​​​សិទ្ធិសម្រេច​​​អប់រំ​​​កូនៗ​​​ តាមជំនឿរបស់ខ្លួន។ ​ហេតុនេះហើយបានជារដ្ឋអំណាចត្រូវទទួលស្គាល់សិទ្ធិរបស់​គាត់ ​ឲ្យជ្រើសរើស​​​សាលា​​​រៀន ឬ មធ្យោបាយអប់រំផ្សេងៗទៀត ដោយមានសេរីភាពពេញទី។ រដ្ឋអំណាចមិនត្រូវយក​សេរីភាព​​​ក្នុងការ​​​ជ្រើស​​​​រើសនេះ  ធ្វើជា​​​លេស ដើម្បីដាក់បន្ទុកចំៗដោយអយុត្តិធម៌ ឬដោយបញ្ឆិតបញ្ឆៀងលើ​មាតាបិតា។ ប្រសិនបើមានគេបង្ខំឲ្យ​កូន​ៗ​​រៀន​​​មេរៀនដែលទាស់នឹងជំនឿរបស់ឪពុកម្តាយ ឬប្រសិនបើមាន​គេ​បង្ខំឲ្យអប់រំកូនដោយ​គ្មាន​​​ការ​​​អប់រំអំពី​​​សាសនា​​​ទាល់តែសោះ  ពេលនោះគេពិតជារំលោភ​សិទ្ធិរបស់​ឪពុកម្តាយមែន។

៦-ត្រូវមានទំនួលខុសត្រូវលើសិទ្ធិសេរីភាពខាងសាសនា

ប្រយោជន៍រួមមានន័យថា គ្រប់សភាពការណ៍ជីវភាពក្នុងសង្គមដែលណែនាំឲ្យម្នាក់ៗអាចទៅជាមនុស្ស​​​ពេញ​​​​លក្ខណៈ​យ៉ាងស្រួល និងយ៉ាងពេញលេញ។ ជាបឋម ប្រយោជន៍រួមមានន័យ​ថា ការរក្សាទុកនូវសិទ្ធិនិងភារកិច្ច​​​របស់បុគ្គលម្នាក់ៗ។ ទាំងប្រជាពលរដ្ឋ ទាំងក្រុមក្នុងសង្គម ទាំងរដ្ឋអំណាច ទាំងព្រះសហគមន៍ ​និង​​​សហគមន៍​​​សាសនា​​​​​​ឯ​​​ទៀតៗ ត្រូវយកចិត្តទុកដាក់រក្សាទុកសេរីភាពខាងសាសនា តាមរបៀបរៀងៗខ្លួន ​ស្រេចតែ​​​ភារកិច្ច​​​របស់ខ្លួន​​​ចំពោះ​​​ប្រយោជន៍រួមនោះ។

គ្រប់រដ្ឋអំណាចមានភារកិច្ចចម្បង ការពារនិងលើកស្ទួយសិទ្ធិមនុស្សដែលមិនអាចរំលោភបាន។ ហេតុ​​​នេះហើយបានជា រដ្ឋអំណាចត្រូវបង្កើតច្បាប់ដ៏ត្រឹមត្រូវនិងតែងតាំងមធ្យោបាយផ្សេងៗទៀត សមស្របតាម​សភាពការណ៍ ដើម្បីទទួលស្គាល់សិទ្ធិសេរីភាពខាងសាសនា​​​របស់ប្រជាពលរដ្ឋទាំងអស់យ៉ាងស័ក្ដិសិទ្ធ និងដើម្បី​​​បង្កើត​​​​​​​​​​​​សភាពការណ៍ដែលផ្តល់ឲ្យការរស់​​​នៅ​​​តាម​​​​​​សាសនា អាចលូតលាស់ចម្រើនឡើងបានដែរ។ ដូច្នេះ ប្រជាពល​​​រដ្ឋ​​​អាចប្រើសិទ្ធិរបស់​​​ខ្លួនបានយ៉ាង​​​​​​ពេញលេញ ​ហើយក៏អាចបំពេញភារកិច្ចរបស់ខ្លួនខាងសាសនាដែរ។ ម៉្លោះ​​​ហើយ សង្គម​​​មុខជានឹងទទួ​​​លផលនៃ​​​យុត្តិធម៌ និងសន្តិភាពដែលកើតមកពីមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងចំពោះ​​​ព្រះ​​​ហឫទ័យដ៏វិសុទ្ធ​​​របស់ព្រះ​​​អង្គ​​​ផង។

ប្រសិនបើប្រជាជនរស់នៅតាមសភាពការណ៍ដោយឡែក រដ្ឋអំណាចទទួលស្គាល់​សហគមន៍​សាសនាតែ​មួយ​​​យ៉ាង​ពិសេសតាមច្បាប់ នៅពេលជាមួយគ្នានេះ រដ្ឋអំណាចក៏ត្រូវ​ទទួល​ស្គាល់ និងគោរព​សិទ្ធិ​សេរីភាពខាង​​​សាសនា​​​​​​របស់ប្រជាពលរដ្ឋទាំងអស់ និងរបស់គ្រប់សហគមន៍សាសនាផងដែរ។

មិនតែប៉ុណ្ណោះសោត រដ្ឋអំណាចត្រូវយកចិត្តទុកដាក់ឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាតាមច្បាប់។ ​សិទ្ធិ​​​ស្មើគ្នា​​​នេះពាក់ព័ន្ធមកពីប្រយោជន៍រួមរបស់សង្គម។ រដ្ឋអំណាចត្រូវប្រយ័ត្នមិនឲ្យគេរំលោភសិទ្ធិស្មើគ្នានេះ ​ដោយ​​​មូលហេតុសាសនា​​​​​​ជាដាច់ខាត​​​ ទោះបីយ៉ាងច្បាស់ក្តី ឬយ៉ាងលាក់កំបាំងក្ដី កុំឲ្យរើសមុខ​​​ប្រជាពលរដ្ឋណាឡើយ​​​។ ហេតុ​​​នេះ​​​ហើយ បានជារដ្ឋអំណាចគ្មានសិទ្ធិប្រើកម្លាំង ឬគំរាមកំហែង ​ឬប្រើមធ្យោបាយផ្សេងៗទៀត ​ដើម្បីបង្ខំ​​​ប្រជាពលរដ្ឋឲ្យកាន់សាសនាណាមួយ ឬហាមមិនឲ្យកាន់សាសនាណាមួយជាដាច់ខាត។ កុំឃាត់មនុស្សម្នាក់មិន​​​ឲ្យចូលសាសនាណា​​​មួយ ឬចោលសហគមន៍សាសនាណាមួយឲ្យសោះ។ អ្នក​ប្រើកម្លាំង​​​ដើម្បីបំផ្លាញសា​​​សនា​​​ណា​​​មួយ ឬរារាំង​ដំណើរ​នៃសាសនាណាមួយ ក្នុងមនុស្ស​ជាតិទាំងមូល​​​ក្ដី​​​ ក្នុងតំបន់ណាមួយក្ដី ឬក្នុង​​​ក្រុម​​​ណា​​​មួយ​​​ក្តី​​​ តាមរបៀបណាក៏ដោយ ក៏អ្នកនោះ​​​​​​ច្បាស់ជាប្រព្រឹត្តប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងសិទ្ធិដ៏​​​សក្ការៈ​​​របស់មនុស្សម្នាក់ៗ និង​​​របស់ក្រុ​​​ម​​​គ្រួសារ​​​ប្រជាជាតិទាំងមូល យ៉ាងប្រាកដមែន។

៧-សេរីភាពសាសនាមានព្រំដែន

មនុស្សតែងតែប្រើសិទ្ធិសេរីភាពខាងសាសនានៅក្នុងសង្គម។ ហេតុនេះហើយបានជាត្រូវប្រើសិទ្ធិសេរី​​​ភាព​​​​​​ខាង​​​សាសនានោះ ​តាមសេចក្តីណែនាំខ្លះដែលកំណត់ព្រំដែនសិទ្ធសេរីភាពនោះ។ មនុស្សត្រូវប្រើសិទ្ធិសេរីភាព​​​គ្រប់​​​យ៉ាង ដោយអនុវត្តតាមគោលការណ៍ខាងសីលធម៌មួយ​​​ គឺថា មនុស្សម្នាក់ៗ និងសង្គមត្រូវ​​​ទទួល​​​ការខុស​​​ត្រូវ​​​។ ​វិន័យសីលធម៌បញ្ជាឲ្យមនុស្សគ្រប់ៗរូប និងគ្រប់​ក្រុមក្នុង​សង្គម ប្រើសិទ្ធិរបស់ខ្លួន ​ដោយនឹកគិតដល់​សិទ្ធិ​របស់​​​អ្នក​​​ដទៃ និងដោយនឹកគិតដល់ភារកិច្ចរបស់ខ្លួន​ចំពោះអ្នកដទៃ ​និងចំពោះប្រយោជន៍រួមរបស់មនុស្សទាំងអស់។ ត្រូវ​​​ប្រព្រឹត្តចំពោះមនុស្សទាំងអស់តាម​យុត្តិធម៌ និងតាមមនុស្សធម៌ទៀតផង។

លើសពីនេះទៅទៀត សង្គមសីុលមានសិទ្ធិការពារខ្លួនមិនឲ្យរងគ្រោះដោយមានគេ​​​យកសេរីភាព​​​ខាង​​​​សាសនា​​​​​​​​​​​​​​​​​​ធ្វើជា​​​​​​លេស​​​មកបំពានលើសិទ្ធិសង្គម។ រដ្ឋអំណាចមានភារកិច្ចការពារសង្គមមុនគេបង្អស់ តែរដ្ឋអំណាច​​​មិនត្រូវ​​​ការរពារសិទ្ធិសង្គមនោះដោយប្រើអំណាចតាមចិត្ត ឬដោយយោគយល់បែបអយុត្តិធម៌ដល់ក្រុមមួយនោះទេ តែត្រូវ​ប្រើ​ក្បួន​​​​​​ច្បាប់ស្របតាមសីលធម៌ដ៏ពិតប្រាកដ ​ទើបរដ្ឋអំណាចអាចរក្សាការពារសិទ្ធិរបស់ប្រជាពលរដ្ឋ​​​ទាំងអស់​​​យ៉ាង​​​ស័ក្តិ​​​សិទ្ធ​​​ ហើយក៏ធ្វើឲ្យសិទ្ធិប្រជាពលរដ្ឋទាំងអស់ចុះសម្រុងគ្នាដោយសន្តិវិធីទៀតផង។ រដ្ឋអំណាចក៏ត្រូវ​​​យកចិត្ត​​​​​​ទុក​​​ដាក់យ៉ាងខ្លាំង​​​​ស្វែងរកសន្តិសុខ​​​សាធារណៈយ៉ាងត្រឹមត្រូវ ដែលមានន័យថា ​ប្រជាពលរដ្ឋ​​​រស់នៅ​​​រួម​​​គ្នា ដោយ​​​យក​​​យុត្តិធម៌ដ៏ពិតប្រាកដមកធ្វើជាមូលដ្ឋាន និងយក​សីលធម៌សាជារណៈមកការពារប្រជាពលរដ្ឋ​ទៀត​​​ដែរ​​​។ សេចក្ដី​​​ទាំង​​​នោះ ជាគ្រឹះមួយនៃប្រយោជន៍រួម ហើយក៏ជាផ្នែកមួយនៃសណ្តាប់ធ្នាប់សាធារណៈដែរ។ សរុប​​​សេចក្ដី​​​​​​មក ​ត្រូវ​​​អនុវត្តតាមក្បួនច្បាប់ទូទៅដែលផ្តល់សេរីភាពពេញទីក្នុងសង្គម គឺ​តាមក្បួនច្បាប់​​​នេះ ត្រូវ​​​ទទួល​​​​​​ស្គាល់​​​សេរីភាព​​​របស់​​​​​​​​​បុគ្គលម្នាក់ៗជាអតិបរមា។ ត្រូវដាក់ព្រំដែនដល់​សេរីភាពនោះ តាមតម្រូវការ ហើយ​​​តាម​​​កម្រិត​​​នៃ​​​​​​តម្រូវការនោះ។

៨-ការអប់រំមនុស្សឲ្យចេះប្រើសេរីភាព

សព្វថ្ងៃ ​មានកត្តាជាច្រើនកៀបសង្កត់មនុស្ស រហូតដល់គេព្រួយបារម្ភថា គេលែងមានសេរីភាព​ក្នុងការវិនិច្ឆ័យ​​​​ដោយ​​​​ខ្លួនឯងបាន។ ម៉្យាងវិញ​​​ទៀត ​មានមនុស្សជាច្រើន មិនព្រមគោរពអ្នកកាន់អំណាច​​​ឬច្បាប់​​​ឡើយ  ​ដោយយក​​​សេរីភាព​​​ធ្វើជាលេស គេមិនព្រមស្តាប់តាមវិន័យនិងច្បាប់ដែលមនុស្សត្រូវការជាចាំចាច់សម្រាប់ការរស់នៅ​​​ក្នុង​​​សង្គម​។ ហេតុនេះ​​​ហើយ​​​បានជា មហាសន្និបាតវ៉ាទីកង់នេះ សូមផ្តែផ្តាំមនុស្សទាំងអស់ ជាពិសេសផ្តែផ្តាំអស់អ្នក​ដែល​ទទួល​​​បេសកកម្ម​​​អ​​​ប់រំអ្នកដទៃ។ សូមដាស់តឿនអ្នកទាំងនោះឲ្យអប់រំមនុស្សឲ្យចេះស្តាប់បង្គាប់រដ្ឋ​អំណាច​ដ៏​ត្រឹម​ត្រូវ​​​តាម​​​ច្បាប់ ទាំង​​​ស្ថិតនៅក្រោម​អំណាចនៃសីលធម៌ផង និងឲ្យយកចិត្តទុកដាក់ស្វែងរកសេរីភាព​ដ៏ពិតប្រាកដផង។ សូម​​​​​​អប់រំមនុស្សឲ្យចេះវិនិច្ឆ័យដោយខ្លួនឯងអំពីអត្ថន័យនៃព្រឹត្តិការណ៍នានា តាមពន្លឺនៃសេចក្ដី​ពិត និងឲ្យប្រព្រឹត្ត​​​កិច្ចការ​​​​​​ដោយមានចិត្តគំនិតទទួលខុសត្រូវ ហើយឲ្យគេសង្វាតស្វែងរកអ្វីៗ​ដ៏ពិតប្រាកដ និង​ដ៏យុត្តិធម៌ ទាំងសុខ​ចិត្ត​​​សហការ​​​ជាមួយអ្នកដទៃដោយចិត្តរីករា​​​យទៀតផង។

សេរីភាពខាងសាសនាមានគោលដៅ និងជួយតម្រង់មនុស្សឲ្យបំពេញភារកិច្ចរបស់ខ្លួន​​​តាមការរស់នៅ​​​ក្នុង​​​សង្គម  ដោយទទួលខុសត្រូវកាន់តែខ្លាំង​​​ឡើងៗ ក្នុងគ្រប់កិច្ចការដែលគេប្រព្រឹត្តនោះ។

២-សេរីភាពខាងសាសនាតាមពន្លឺនៃសេចក្ដី ដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់

៩-លទ្ធិអំពីសិទ្ធិសេរីភាពខាងសាសនា​​ចាក់ឫសក្នុងសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្ស​លោក​ស្គាល់

​​​មហាសន្និបាតវ៉ាទីកង់ប្រកាសសេចក្ដីទាំងប៉ុន្មានអំពីសិទ្ធិសេរីភាពខាងសាសនា ​ចាក់គ្រឹះនៅលើកិត្តិយស​​​ដ៏ថ្លៃថ្នូរ​​​របស់មនុស្សម្នាក់ៗ។ បទពិសោធន៍របស់មនុស្សតាមដំណើរនៃប្រវត្តិសាស្រ្ត បានសម្តែង​សេចក្ដី​ទាមទារនៃ​​​កិត្តិយស​​​ដ៏ថ្លៃថ្នូររបស់មនុស្សម្នាក់ៗនោះ ឲ្យកាន់តែច្បាស់ឡើងៗជានិច្ច។ លើសពីនេះទៅទៀត ​លទ្ធិ​​​អំពី​​​សិទ្ធិ​​​សេរីភាពនេះចាក់ឫស​​​ក្នុង​​​សេចក្ដីពិតដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់ថែម​ទៀតផង ជាមូលហេតុ​​​នាំ​​​ឲ្យគ្រីស្តបរិស័ទកាន់តែស្មោះត្រង់នឹងសេរីភាពដ៏វិសុទ្ធនោះ។ ​ទោះបីព្រះជាម្ចាស់​មិន​សម្តែង​ឲ្យបានច្បាស់ថា គ្មាន​​​នរ​​​ណាខាងក្រៅ មានសិទ្ធិបង្ខំមនុស្សក្នុងវិស័យ​សាសនាក្ដី ក៏ព្រះអង្គបាន​សម្តែងអំពីកិត្តិយស​ដ៏ថ្លៃថ្នូរ​របស់មនុស្ស​​​ម្នាក់ៗ​​​យ៉ាងទូលំទូលាយដែរ។ ព្រះគ្រីស្តក៏បានគោរព​សេរីភាព​របស់មនុស្សយ៉ាងខ្លំាង ​ក្នុងពេល​​​គេ​​​បំពេញ​​​ភារកិច្ច​​​របស់ខ្លួន គឺនៅពេលគេផ្ញើជីវិតលើព្រះបន្ទូលរស់របស់ព្រះជាម្ចាស់។ ព្រះអង្គក៏បង្ហាញឲ្យដឹងថា សាវ័ករបស់បរមគ្រូ​​​ដ៏អស្ចារ្យនេះ ត្រូវមានគំនិតបែបណាជ្រួតជ្រាប​ក្នុង​ចិត្តគេនៅគ្រប់​កិច្ចការដែលគេប្រព្រឹត្ត។ សេចក្ដីទាំងនេះ ពិតជា​​​បញ្ជាក់យ៉ាងច្បាស់នូវគោលការណ៍ទូទៅជា​មូលដ្ឋាននៃលទ្ធិដែលម​​​ហាសន្និបាត​​​​​​ប្រកាសអំពីសេរីភាពខាងសាសនា​​​នេះ។ មុនដំបូងបង្អស់ សេរីភាពខាង​សាសនា​ក្នុងសង្គម ស្របទាំងស្រុងនឹងសេរីភាពរបស់អ្នកដែលផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត។

១០-សេរីភាពនិងការផ្ញើជីវិត​លើព្រះគ្រីស្ត

            ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំង​គ្រូបាធ្យាយតែងតែបង្រៀនឥតឈប់ឈរថា អ្នកតបឆ្លើយ​នឹង​ព្រះ​​​ជាម្ចាស់ គឺផ្ញើជីវិតលើព្រះអង្គ ត្រូវ​តែសម្រេចដោយបំណងប្រាថ្នារបស់ខ្លួនផ្ទាល់ ដោយគ្មាននរណាបង្ខំ។ នេះ​​​ពិត​​​ជា​​​​ប្រការ​​​មួយ​ដ៏សំខាន់ជាងគេក្នុងលទ្ធិកាតូលិកយើង។ ហេតុ​នេះហើយបានជា​​​ គ្មាននរណាម្នាក់ត្រូវ​​​គេបង្ខំ​​​ឲ្យ​​​ទទួល​​​ជំនឿ​​​​​​ទាំងទា​​​ស់ចិត្តបានឡើយ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ តាមលក្ខណៈនៃការផ្ញើជីវិតនោះ ត្រូវតែ​​​សម្រេច​​​ថាខ្លួន​​​ជឿ​​​​​​ដោយ​បំណង​ប្រាថ្នា​​​​របស់ខ្លួនផ្ទាល់ ព្រោះព្រះយេស៊ូគ្រីស្តជាព្រះ​សង្រ្កោះបានរំដោះមនុស្ស ហើយព្រះអង្គ​ក៏ត្រាស់​​​ហៅ​​​​​​មនុស្ស​​​ឲ្យទៅជាបុត្រធីតារបស់ព្រះបិតាដែរ។ គេអាច​ផ្ចង់​ចិត្ត​នឹងព្រះជាម្ចាស់ដែលសម្តែងព្រះអង្គឲ្យគេស្គាល់​​​នោះ លុះ​​​ត្រាតែគេផ្ញើជីវិត​លើព្រះ​​អង្គ ដោយខ្លួនបានរិះគិត​ពិចារណា​ និងដោយខ្លួនបានសម្រេចដោយសេរី ទាំង​​​មាន​​​​​​ព្រះ​​​បិតា​​​ទាក់ទាញ​​​ចិត្តគេថែមទៀតផង។ សេចក្ដីនេះពិតជាស្របទាំងស្រុង​​តាមលក្ខណៈ​ផ្ទាល់នៃជំនឿ​មែន។ ហេតុ​​​​​​នេះ អំពីរឿងសាសនា គ្មានមនុស្សណា​មានសិទ្ធិបង្ខំអ្នកដទៃជាដាច់ខាត ទោះបីជាបង្ខំតាមបែប​ណាក៏​ដោយ​។ រដ្ឋដែល​គោរពសេរីភាព​សាសនា ពិតជាជួយបង្កើតបរិយាកាសបណ្តោយឲ្យមនុស្សអាចផ្ញើ​ជីវិត​លើព្រះគ្រីស្តបាន ដោយ​គ្មាន​អ្វី​​​រារាំង​គេ។ គេក៏អាចផ្ចង់ចិត្តនឹងជំនឿនោះ ​ដោយមាន​សេរីភាពពេញទី ​ព្រមទាំងអាចកាន់​​​តាមជំនឿនោះ​​​យ៉ាង​​​ក្លៀវក្លា ​ដោយប្រព្រឹត្តគ្រប់កិច្ចប្រចាំជីវិតតាមជំនឿនេះដែរ។

១១​-របៀបព្រះគ្រីស្តនិងក្រុមគ្រីស្តទូតបានប្រព្រឹត្ត

ព្រះជាម្ចាស់ពិតជាត្រាស់ហៅមនុស្សឲ្យបម្រើព្រះអង្គតាមវិញ្ញាណ និងតាមសេចក្ដីពិត។ មនុស្សត្រូវតែតប ឆ្លើយ​​​នឹង​ព្រះអង្គ​ដែលត្រាស់ហៅនោះ តាមមនសិការរបស់ខ្លួន ព្រះអង្គមិនបង្ខំគេទេ។ ​ព្រះជាម្ចាស់គោរពកិត្តិយស ដ៏ថ្លៃ​ថ្នូរ​​​​របស់មនុស្សម្នាក់​ៗ ដែលព្រះអង្គប្រតិស្ឋានមក។ មនុស្សក៏ត្រូវតែកាន់កិរិយាមារយាទតាមខ្លួនវិនិច្ឆ័យ និង​​​ដោយ​​​ប្រើ​សេរីភាពរបស់ខ្លួនដែរ។ សេចក្ដីនេះបានលេចមកឲ្យឃើញយ៉ាងច្បាស់ក្រៃលែងក្នុងព្រះគ្រីស្តយេស៊ូ គឺព្រះ​​​ជាម្ចាស់បានសម្តែង​ព្រះ​អង្គ​ផ្ទាល់យ៉ាងពេញ​លេញក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់ក៏បានបង្ហាញមាគ៌ារបស់ព្រះអង្គឲ្យ​​​មនុស្ស​​​លោកស្គាល់​ក្នុង​អង្គព្រះគ្រីស្តដែរ។ ព្រះគ្រីស្ត​ពិតជា​ព្រះ​បរមគ្រូ និងជាព្រះអម្ចាស់របស់យើងមែន (យហ​ ១៣,​​​១៣) ​ព្រះអង្គស្លូត ហើយ​សុភាពទៀត (មថ ១១,២៩) ​ព្រះអង្គ​អញ្ជើញនិងទាក់ទាញចិត្តក្រុមសាវ័ក ទាំង​​​មាន​​​ព្រះហឫទ័យអត់ធ្មត់ខន្តីផង (មថ ១១,២៨-៣០ ; យហ ៦,៦៧-៦៨)។ ព្រះអង្គប្រព្រឹត្តការអស្ចារ្យទាំងប៉ុន្មាន​មកគាំទ្រនិងមកបញ្ជាក់អត្ថន័យ​នៃធម្មទេសនារបស់ព្រះអង្គ​​​ ដើម្បីលើកស្ទួយអ្នកស្តាប់ឲ្យមានជំនឿផ្ញើជីវិតលើព្រះអង្គ ​និង​​​ដើម្បីពង្រឹងជំនឿរបស់គេទៀតផង។ ព្រះអង្គ​សម្តែងការអស្ចារ្យមិនមែនដើម្បីបង្ខំគេឲ្យជឿទេ (មថ​ ២៨-២៩; មក ៩,២៣-២៤; ៦,៥៦)។​​​​​​ពិតមែនហើយ ព្រះអង្គស្តីបន្ទោសអស់អ្នក​ស្តាប់ដែលមិនព្រមជឿ តែព្រះអង្គទុក​​​ឲ្យព្រះ​​​ជាម្ចាស់ដាក់ទណ្ឌកម្មគេ ​នៅថ្ងៃព្រះអង្គវិនិច្ឆ័យ​ទោស​មនុស្សលោក (មថ ១១,២០-២៤; រម ១២,១៩-២០; ២​​​ថស​​​​ ​​​១,៨)។ ពេលព្រះអង្គចាត់ក្រុមគ្រីស្តទូត ឲ្យ​ចេញទៅប្រកាសដំណឹងល្អក្នុងពិភពលោក ព្រះអង្គមាន​​​ព្រះ​​​បន្ទូលទៅកាន់គេថា ៖ «អ្នក​ណា​ជឿ​ហើយ​ទទួល​​ពិធី​ជ្រមុជទឹក ព្រះ​ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ​ រីឯ​អ្នក​ដែល​មិន​ព្រម​​​ជឿនឹង​ត្រូវ​ទទួល​ទោស» (មក ១៦,១៦)។  ប៉ុន្តែព្រះអង្គទទួលស្គាល់​​ថា មារបានសាបព្រោះស្រងែលាយ​​​ជា​​​មួយ​​​​​​​​​ស្រូវពូជល្អ ហើយបញ្ជាឲ្យគេទុកស្រងែ ​និងស្រូវពូជល្អដុះឡើង​ជា​មួយ​គ្នា រហូត​ដល់ពេលចម្រូត​​​នៅ​​​អវសានកាលនៃពិភពលោក (មថ ១៣,៣០ និង៤០)។ ព្រះអង្គក៏មិនសព្វ​ព្រះហឫទ័យឲ្យអ្នកស្រុក​យល់​ច្រឡំថា ព្រះអង្គជាព្រះគ្រីស្តតាមផ្លូវនយោបាយ ដែលបង្រ្កាប​មនុស្ស​លោកដោយប្រើ​កម្លាំង (មថ ៤,៨-១០; យហ​ ៦,​​​១៥) ព្រះអង្គសព្វព្រះហឫទ័យហៅព្រះអង្គផ្ទាល់ថា ជា​បុត្រមនុស្សដែល «មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឲ្យគេ​បម្រើ​លោក​ឡើយ​‌ គឺលោក​មក​បម្រើ​គេ​វិញ​ ព្រមទាំង​បូជា​ជីវិត‌​ដើម្បី​រំដោះ​មនុស្ស​ទាំង​អស់​ផង» (មក ១០,៤៥)។ ព្រះ​​​អង្គបង្ហាញឲ្យគេដឹងថា ព្រះអង្គជាអ្នកបម្រើសុភាពរាបសាដ៏ពេញលក្ខណៈរបស់​ព្រះ​ជាម្ចាស់ (អស ៤២,១-៤) ដែល ​​​«មិន​​​កាច់ដើមត្រែងណាដែលទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើង​ណា​​ ដែលហៀបនឹងរលត់នោះ​ដែរ » (មថ ១២,​​​២០)។ ព្រះអង្គទទួលស្គាល់សិទ្ធិនៃរដ្ឋអំណាច​ ហើយក៏បញ្ជាឲ្យគេបង់​ពន្ធ​ដាថ្វាយ​​​ព្រះចៅ​​​អធិរាជ​​​​​​​​​ដែរ​​​ ទាំង​រំឭកគេថា ត្រូវគោរពសិទ្ធិរបស់ព្រះជាម្ចាស់ដែលប្រសើរជាងសិទ្ធិនៃរដ្ឋអំណាច​​​ដោយ​​​មាន​​​ព្រះ​​​​​​បន្ទូល​​​​​​ថា​​​​ «អ្វីៗ​ដែល​​​​ជា​​​​របស់​​​​ព្រះ​ចៅ​អធិ​រាជ​‌ ចូរ​ថ្វាយ​ទៅ​ព្រះ​ចៅ​អធិ​រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ជា​ម្ចាស់​ ចូរ​ថ្វាយ​ទៅ​ព្រះ​ជា​ម្ចាស់​វិញ​ដែរ» (មថ​ ២២,​​​២១)។ មិនតែប៉ុណ្ណោះ ពេលព្រះអង្គបង្ហើយកិច្ចរំដោះមនុស្សលោក​​​ដោយ​​​បូជាព្រះជន្មនៅលើឈើឆ្កាង ជាកិច្ចដែលសង្គ្រោះមនុស្សលោក និងផ្តល់ឲ្យមនុស្សលោកបានសេរីភាព​ដ៏ពិត​ប្រាកដ ព្រះអង្គក៏បង្ហើយសម្តែង​​​សេចក្តីដែល​​​​​ព្រះអង្គ​​​ត្រូវសម្តែងនោះដែរ។ ព្រះអង្គ ផ្តល់សក្ខីភាពអំពីសេចក្ដីពិត (យហ ១៨,៣៧) ប៉ុន្តែព្រះអង្គ​​​មិនសព្វ​​​ព្រះហឫទ័យយកកម្លាំងមកបង្ខំឲ្យអ្នក​ប្រកែកមិនព្រមទទួលសេចក្តីពិត​​​នោះ​​​ទេ។ អ្នកផ្ញើជីវិតលើព្រះអង្គ មិនត្រូវប្រើ​​​អាវុធ​​​មកការពារ​រាជ​​​សម្បត្តិ​​​​​​របស់​​​ព្រះអង្គទេ តែព្រះអង្គគ្រងរាជ្យ​​​លើ​​​មនុស្សដែល​ស្តាប់សេចក្ដីពិត និងដែលផ្តល់​​​សក្ខីភាពអំពីសេចក្ដីពិត​​​នោះ។ ព្រះគ្រីស្តក៏លាតសន្ធឹងព្រះរាជ្យ​​​របស់​​​ព្រះ​​​អង្គ​​​ដោយ​​​ព្រះ​​​ហឫទ័យ​​​​ស្រឡាញ់ ដែលត្រូវគេលើកឡើងនៅ​​​លើឈើ​​​ឆ្កាង ហើយដែលទាក់ទាញ​ចិត្តមនុស្ស​​​ទាំង​​​អស់​​​វិញ​​​ (យហ ១២,៣២)។

ក្រុមគ្រីស្តទូតទទួលការអប់រំដោយព្រះគ្រីស្តមានព្រះបន្ទូល និងដោយព្រះអង្គធ្វើគំរូឲ្យគេមើល​​​ គេក៏​​​ដើរ​​​តាម​​​​មាគ៌ាដដែលនោះ។ នៅខាងដើមព្រះសហគមន៍ សាវ័កព្រះគ្រីស្តមិនបានបង្ខិតបង្ខំអ្នកស្រុក ហើយក៏មិនប្រើ​​​កល​​​ល្បិច​​​​​​​ដែល​មិនសមនឹងដំណឹងល្អ ដើម្បី​ណែនាំ​មនុស្សឲ្យប្រែចិត្តគំនិត និងប្រកាសថា គេផ្ញើជីវិតលើព្រះគ្រីស្ត ទុក​​​​​​ជា​​​​​​ព្រះ​​​អម្ចាស់ទេ តែជាពិសេសបំផុត គេយកឫទ្ធានុភាព​​​នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មកប្រើវិញ (១​ករ ២,៣-៥; ១ ​​​ថស​​​​​​​ ២,៣-៥)។ គេ​​​ប្រកាសអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលសង្គ្រោះមនុស្សលោក គឺព្រះអង្គ «ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំងអស់​ទទួល​ការ​សង្គ្រោះ និង​ស្គាល់​សេចក្ដីពិត​យ៉ាង​ច្បាស់ » (១ធម ២,៤)។ នៅពេល​​​ជា​​​មួយ​​​​​​គ្នានេះ ពួកគេតែងតែគោរពអ្នកទន់ខ្សោយ  ទោះបីអ្នក​​​ទាំង​​​នោះ រស់នៅទាំងវង្វេងជំនឿក្ដី​។​ គេតែងតែ​​​បង្ហាញ​​​អំ​​​ពី​​​​របៀប «យើងម្នាក់ៗ​​​ត្រូវរៀប​​​រាប់​​​ទូល​​​ព្រះជាម្ចាស់​​​នូវអំពើ​​​ដែល​​​ខ្លួន​​​យើងម្នាក់ៗបានប្រព្រឹត្ត» (រម ១៤,១-២៣; ១ករ ៨,៩-១៣; ១០,២៣-៣៣)។ ហេតុ​នេះ​ហើយ​បានជា ម្នាក់ៗត្រូវតែស្តាប់តាម​​​មនសិការ​​​​​​រៀងៗខ្លួន។ ​ក្រុម​​​គ្រី​​​ស្តទូតក៏ដូចព្រះគ្រីស្តដែរ គឺអស់លោកតែងតែយក​ចិត្តទុកដាក់​ផ្តល់សក្ខីភាព​​​អំពី​​​សេចក្ដីពិត​​​របស់​​​ព្រះជា​​​ម្ចាស់​​​ជា​​និច្ច។​​​ អស់លោក​មាន​សេចក្ដី​ក្លាហាន «នាំគ្នា​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​ដោយ​ចិត្ត​​​​អង់​អាច» (កក ៤,៣១; អភ ​៦,​១៩-​២០) នៅចំពោះប្រជាជន និងនៅ ចំពោះអ្នកដឹកនាំរបស់គេ។ អស់​​​លោក​​​មានជំនឿយ៉ាងរឹងប៉ឹង ដែល​​​ជំរុញ​​​​​​អស់លោកឲ្យ​ចាត់ដំណឹងល្អទុកជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះ​​​អស់​​​អ្នក​​​ជឿ (រម ១,១៦)។ អស់​​​​​​​​​លោក​​​លះ​បង់ «អាវុធខាងលោកីយ៍» ទាំងប៉ុន្មាន (២ករ ១០,៤; ១ថស ៥,៨-៩) យកតម្រាប់តាម​​​ព្រះ​​​គ្រីស្ត​​​ជា​​​​អ្នក​​​​ស្លូត​បូតសុភាពរាបសា ហើយនាំគ្នាប្រកាសព្រះបន្ទូល របស់ព្រះជាម្ចាស់ ដោយជឿ​​​ជាក់ថា ព្រះបន្ទូលនោះ​​​ពិត​​​ជា​​​ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ​ដែលអាចបំផ្លាញអំណាចនានាដែលជំទាស់នឹងព្រះអង្គ (អភ ៦,១១-១៧) ព្រមទាំង​​​អាច​​​ណែនាំមនុស្សឲ្យផ្ញើជីវិតលើព្រះគ្រីស្ត និងឲ្យបម្រើព្រះអង្គផង (២ ករ ១០,៣-៥)។ ក្រុមគ្រីស្តទូតក៏ដូច​​​ព្រះ​​​បរម​​​គ្រូដែរ គឺបានទទួលស្គាល់រដ្ឋអំណាចតែងតាំងយ៉ាងត្រឹមត្រូវ៖ «មនុស្ស​គ្រប់ៗ​រូប ត្រូវ​ស្តាប់​បង្គាប់​អាជ្ញាធរ...​​​អ្នក​​​ប្រឆាំង​​​នឹងអាជ្ញាធរ​ ក៏ដូចជាប្រឆាំងនឹង​របៀបរៀបរយ​ដែល​ព្រះជាម្ចាស់​បាន​ចាត់ចែង​នោះដែរ‌‌​»​ (រម​ ១៣,១-២​; ១ សល ​២,១៣-១៧)។ តែនៅពេលជា​មួយ​គ្នានោះ អស់លោក មិនខ្លាចជំទាស់​​​ប្រឆាំងនឹង​រដ្ឋអំណាច ដែល​​​ជំទាស់​​​នឹងព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះ​ជាម្ចាស់ ​ហើយថ្លែងថា៖ «យើងខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជា​ម្ចាស់ ជាជាង​ស្ដាប់​បង្គាប់​​​​​​​មនុស្ស » (កក​ ៥,២៩; ៤,១៩-២០)។ មានមរណសាក្សីជាច្រើនឥតគណនា និងមានអ្នកផ្ញើជីវិតលើព្រះ​​​គ្រីស្ត​​​ជា​​​ច្រើន បានដើរតាមមាគ៌ានេះ នៅគ្រប់សម័យ និងនៅគ្រប់ទីកន្លែងផង។

១២-ព្រះសហគមន៍យកតម្រាប់តាមព្រះគ្រីស្ត និងតាមក្រុមគ្រីស្តទូត

ហេតុនេះហើយ បានជា​ព្រះសហគមន៍ស្មោះត្រង់នឹងសេចក្ដីពិតនៃដំណឹងល្អ តែងតែដើរតាមមាគ៌ារបស់ព្រះ គ្រីស្ត និងរបស់គ្រីស្តទូត ដោយទទួលស្គាល់គោលការណ៍នៃសេរីភាពខាងសាសនា  ព្រោះសេរីភាពនោះ​ស្របតាម កិត្តិយសដ៏​ថ្លៃថ្នូរ​របស់មនុស្សម្នាក់ៗ ហើយក៏ស្របតាមសេចក្ដីដែលព្រះជាម្ចាស់​បាន​សម្តែងឲ្យមនុស្សលោកស្គាល់​​​នោះ​​​ដែរ។ ព្រះសហគមន៍ក៏លើកទឹកចិត្តមនុស្សឲ្យកាន់តាមសេរីភាពនោះ ​ព្រះសហគមន៍បានទទួលលទ្ធិនេះពី ព្រះ គ្រីស្តនិងពីក្រុមគ្រីស្តទូតមក ហើយបានរក្សាទុកនិងបញ្ជូនបន្តតាម​ដំណើរនៃប្រវត្តិសាស្រ្ត។

តាមប្រវត្តិសាស្រ្តនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែលតែងតែធ្វើដំណើរក្នុង​ប្រវត្តិសាស្រ្តមនុស្ស​ជាតិដ៏មិនទៀង ទាត់ ហើយតែងតែប្រែប្រួលនោះ ជួនកាល ព្រះសហគមន៍បានប្រព្រឹត្ត​តាម​​របៀបមិនសូវស្របនឹងដំណឹងល្អមែន ជួនកាល ក៏ព្រះសហគមន៍បានប្រព្រឹត្តផ្ទុយនឹងគោលគំនិតនៃដំណឹងល្អ​ទៀតដែរ។ ក៏ប៉ុន្តែ ព្រះសហគមន៍នៅតែ​​​បង្រៀន​​​ជានិច្ចថា ​មនុស្សម្នាក់ផ្ញើជីវិលើព្រះ​គ្រីស្ត ដោយ​មិនត្រូវបានគេបង្ខិតបង្ខំឡើយ។

ដូច្នេះ មេនៃដំណឹងល្អ ប្រែចិត្តគំនិតមនុស្ស ដូចមេធ្វើឲ្យម្សៅដោរឡើងដូច្នោះដែរ ហើយ​​​បាន​​​ជួយ​​​​​​​យ៉ាង​សន្ធឹកឲ្យ​មនុស្សទទួល​ស្គាល់កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សម្នាក់ៗ កាន់តែច្បាស់ឡើងៗ  តាមដំណើរនៃ​ប្រវត្តិសាស្រ្ត។ យូរៗទៅ គោលគំនិតតាមដំណឹងល្អបាននាំឲ្យមនុស្សជឿជាក់ច្បាស់ថា គ្មាននរណាម្នាក់អាចបង្ខិត​​​បង្ខំ​​​មនុស្សអំពី​​​រឿង​​​​​​សាសនានៅក្នុងសង្គមបានជាដាច់ខាត។

១៣-សេរីភាពរបស់ព្រះសហគមន៍

ព្រះសហគមន៍ត្រូវមានសេរីភាពគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីយកចិត្តទុកដាក់ប្រព្រឹត្តកិច្ចការដែលនាំការ​​​សង្គ្រោះដល់​​​មនុស្សលោក។ សិទ្ធិសេរីភាពរបស់ព្រះសហគមន៍នេះ  ច្បាស់ជាសិទ្ធិដ៏សំខាន់ជាងគេក្នុងចំណោម​​​សេចក្តី​​​ទាំង​​​ប៉ុន្មាន​​​​​​ដែលត្រូវរក្សាទុកនិងការពារនៅគ្រប់ទីកន្លែងជានិច្ច​​​ ដោយគ្មាន​​​នរណា​​​អាចរំលោភបាន​​​ឡើយ​​​ ព្រោះ​​​សិទ្ធិ​​​សេរីភាពនោះ​​​​​​​​​ពាក់ព័ន្ធនឹង​​​ផលប្រយោជន៍របស់ព្រះសហគមន៍ ហើយលើសពីនេះទៅទៀត ក៏ពាក់​​​ព័ន្ធ​​​នឹង​​​ផល​​​​​​ប្រយោជន៍​​​សង្គម​​​នៅលើផែនដីនេះដែរ។ សេរីភាពនោះពិតជាសក្ការៈ ​ព្រោះព្រះបុត្រាតែមួយ​ព្រះអង្គ​គត់​​​របស់​​​ព្រះជាម្ចាស់បានប្រគល់សេរីភាពនោះ​ឲ្យព្រះសហគមន៍ ដែលព្រះអង្គបានរំដោះដោយ​សារ​​ព្រះ​លោហិត​​​ព្រះ​​​អង្គ​​​។ សេរីភាពនោះពិតជាលក្ខណៈផ្ទាល់របស់ព្រះសហគមន៍ ហេតុនេះហើយបានជា អស់​​​អ្នក​​​ប្រឆាំងនឹងសេរីភាពនោះ ​ក៏​​​ប្រព្រឹត្តខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ សេរីភាពនៃព្រះសហគមន៍ពិត​ជា​​គោលការណ៍មូលដ្ឋាន ក្នុងទំនាក់​​​ទំនង​​​​​​រវាងព្រះសហគមន៍នឹង​រដ្ឋអំណាចនានា ហើយក្នុងទំនាក់ទំនងជា​មួយ​សង្គមទាំងមូលផង។

ព្រះសហគមន៍ទាមទារសេរីភាពក្នុងសង្គមមនុស្ស និងនៅចំពោះរដ្ឋអំណាចគ្រប់យ៉ាង គឺ​ក្នុងឋានៈខ្លួន​​​ជា​​​អំណាច​​​ខាងវិញ្ញាណ ដែលព្រះគ្រីស្តជាអម្ចាស់បានតែងតាំង ហើយដែលព្រះជាម្ចាស់ផ្ញើបន្ទុកឲ្យចេញទៅ​​​ប្រកាស​​​ដំណឹង​​​ល្អដល់សត្វលោកទាំងឡាយដែរ (មក ១៦,​១៥;មថ ២៨,១៨-២០)។ ព្រះសហគមន៍ក៏ទាម​​​ទារ​​​សេរីភាពនោះ ក្នុងឋានៈជាសមាគមរបស់មនុស្សដែល​មានសិទ្ធិរស់នៅក្នុងសង្គម​តាមបញ្ជានៃជំនឿគ្រីស្តសាសនា​​​ដែរ ។    ហេតុនេះហើយ ប្រទេសណាដែល​ប្រកាស​ថាខ្លួនគោរពសេរីភាពខាងសាសនា  ឬមានច្បាប់បញ្ជាក់​​​អំពី​​​សេរីភាព​​​​​​នោះ មិនត្រូវគ្រាន់តែប្រកាសប៉ុណ្ណោះទេ​ តែត្រូវអនុវត្ត​យ៉ាងពិតប្រាកដ​និង​​​យ៉ាង​​​ស្មោះ ឲ្យមានសេរីភាព​​​ខាង​​​​​​​​​សាសនា​​​​​​មែន។ នៅក្នុងប្រទេសទាំងនោះ ព្រះសហគមន៍​ពិត​ជាមាន​លក្ខន្តិកៈយ៉ាងមាំមួន តាម​​​ច្បាប់​​​និង​​​​យ៉ាង​​​ពិត​​​ប្រាកដ​ អាច​​​បំពេញបេសកកម្មដែលខ្លួន​ទទួលពីព្រះ​ជាម្ចាស់បាន ដោយ​​​គ្មាននរ​​​ណា​​​បង្ខិត​​​បង្ខំ​​​ឡើយ​​​។ តាមដំណើរ​​​នៃ​​​​​​ប្រវត្តិសាស្រ្ត អ្នកកាន់អំណាចក្នុងព្រះ​សហគមន៍​​​​បាន​​​ទាម​​​​​​ទារ កាន់​​​តែ​​​ខ្លាំង​​​ឡើងៗ​​​ឲ្យព្រះ​​​សហគមន៍​​​មា​​​នឯករាជ្យ​​​នេះ​​​ក្នុងសង្គម។ នៅពេលជាមួយគ្នានោះ អស់អ្នក​ផ្ញើជីវិត​លើព្រះ​​​គ្រីស្ត ​ដូចមនុស្សឯទៀតៗទាំងអស់ ក៏មាន​​​សិទ្ធិតាមច្បាប់ក្នុងសង្គម អាចរស់នៅតាម​មនសិការរបស់ខ្លួន ដោយ​​​គ្មាន​​​​នរណា​​​ឃាត់​​​បាន​​​ឡើយ។ ហេតុនេះ​​​ហើយ​​​​​​បានជាសេរីភាពរបស់ព្រះសហគមន៍ និង​សេរីភាព​ខាង​សាសនា​​​​​​ស្រប​​​គ្នា។ ត្រូវទទួលស្គាល់សេរីភាព​​​សម្រាប់​​​មនុស្ស​​​​ទាំងអស់ និងសម្រាប់​គ្រប់​សហគមន៍​សាសនាដែរ ទុកជាសិទ្ធិមួយ​​​ដែល​​​ត្រូវមានច្បាប់កំណត់​​​បញ្ជាក់​​​ទៀត​​​ផង។

១៤-មុខងាររបស់ព្រះសហគមន៍

ព្រះសហគមន៍ត្រូវធ្វើតាមព្រះបញ្ជារបស់ព្រះយេស៊ូថា «ចូរ​ចេញ​ទៅ​បង្រៀនមនុស្ស​គ្រប់​ជាតិ​សាសន៍ ឲ្យ​ធ្វើ​ជា​​​​សាវ័ក»‌​ (មថ ២៨,១៩) គឺព្រះសហគមន៍មិនត្រូវខ្លាចការនឿយហត់ ហើយត្រូវ​ខិតខំ​ធ្វើ​ឲ្យ «ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​បន្ត​ដំណើរ​យ៉ាង​ឆាប់​រហ័ស​តទៅ​ទៀត និង​ទទួលសិរីរុងរឿង​» (២ថស ៣,១)។

ហេតុនេះហើយបានជាព្រះសហគមន៍ដាស់តឿនយ៉ាងជាក់ច្បាស់ដល់បុត្រធីតាថា «ចូរ​ទូល​សូម​ព្រះ​​​​​​​ជា​ម្ចាស់‌​អធិដ្ឋាន និង​អង្វរ​ព្រះអង្គ​ទាំង​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំងអស់​ផង...  នេះ​ហើយ​ជា​ការ​ល្អ​និង​គាប់​ព្រះ​​​ហឫទ័យព្រះ​​​ជា​​​ម្ចាស់​​​ ជាព្រះសង្គ្រោះរបស់​យើង​‌ ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំងអស់​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់» (១​ធម ២,១-៤)។

ក៏ប៉ុន្តែ អស់អ្នកផ្ញើជីវិតលើព្រះគ្រីស្ត ត្រូវយកចិត្តទុក​​​ដាក់​​​​​​អប់រំមនសិការរបស់ខ្លួន ដោយគិតគូរយ៉ាង​ខ្លាំង​អំពីលទ្ធិដ៏វិសុទ្ធនិងដ៏ពិត​ប្រាកដរបស់ព្រះសហគមន៍ដែរ។ ព្រះសហគមន៍ នេះពិតជាគ្រូបង្រៀនសេចក្ដី​ពិត តាមព្រះ​​​ហឫទ័យ​​​ព្រះ​គ្រីស្ត​ចាត់ចែង ដូច្នេះ ព្រះសហគមន៍ក៏មានទទួលបន្ទុក បង្ហាញនិងបង្រៀន​យ៉ាងត្រឹមត្រូវនូវ​​​សេចក្ដី​​​ពិត​​​ គឺព្រះគ្រីស្តតែម្តង។ ​​​នៅពេលជាមួយគ្នានេះ ព្រះសហគមន៍មានអំណាចប្រកាស​និងគាំទ្រគោលការណ៍នានា​​​នៃ​​​សីលធម៌​ដែលហូរពី​លក្ខណៈ​ផ្ទាល់របស់មនុស្ស។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទត្រូវចេញទៅជួបអស់អ្នកនៅ​ខាង​​​ក្រៅ ទាំងប្រើប្រាជ្ញារបស់ខ្លួន  «ដោយរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមាន​សេចក្ដី​ស្រឡាញ់ឥត​​​ពុតត្បុត និង​​​ប្រកាស​សេចក្ដី​ពិត» (២ករ ៦,៦-៧) ខិតខំទៅផ្សព្វផ្សាយពន្លឺនៃជីវិត ដោយ​ចិត្តអង់អាចមោះមុត (កក ៤,២៩) និងដោយចិត្តក្លាហានក្នុងឋានៈជាគ្រីស្តទូតរហូតដល់ហ៊ាន​បូជាជីវិតថែមទៀតផង។

សាវ័កម្នាក់ៗមានភារកិច្ចដ៏ធ្ងន់ចំពោះព្រះគ្រីស្ត ជាព្រះបរមគ្រូរបស់ខ្លួន ​គឺត្រូវស្គាល់សេចក្ដីពិតឲ្យកាន់​​​តែ​​​ច្បាស់ឡើងៗជានិច្ច ជាសេចក្ដីពិតដែលគេបានទទួលពីព្រះអង្គ និងប្រកាសសេចក្ដីពិតនោះយ៉ាងស្មោះ​ព្រមទាំង​ការ​​​ពារ​​​ដោយស្វាហាប់ ដោយមិនព្រមប្រើមធ្យោបាយណាផ្ទុយនឹងគោលគំនិតនៃដំណឹងល្អឡើយ។​ ប៉ុន្តែ ​ព្រះ​​​ហឫទ័យ​ស្រឡាញ់របស់ព្រះគ្រីស្តជំរុញឲ្យសាវ័កប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ដោយប្រុង​ប្រយ័ត្ន ដោយចិត្តអត់ធ្មត់​​​ចំពោះ​អស់​​​​​​អ្នកដែលវង្វេង ឬអ្នកមិនស្គាល់ជំនឿ។ គ្រីស្តបរិស័ទក៏ត្រូវយកចិត្ត​ទុក​ដាក់គិតគូរអំពី​​​ភារកិច្ច​​​របស់​​​ខ្លួន​​​ចំពោះ​​​ព្រះ​​​គ្រីស្ត ជាព្រះបន្ទូលដែលផ្តល់ជីវិត និងជាកម្រិតនៃព្រះហឫទ័យ​ប្រណីសន្តោសដែល​​​ព្រះជាម្ចាស់​​​បានចែក​​​ប្រទានដល់​​​មនុស្យ​​​លោក ដោយសារព្រះគ្រីស្ត គឺព្រះអង្គ​អញ្ជើញ​មនុស្សឲ្យទទួល និងឲ្យប្រកាសជំនឿ​​​ដោយ​​​សម្រេចចិត្ត​​​ខ្លួន​​​ឯង​​​ទាំង​​​ស្រុង។

១៥-ពាក្យបញ្ចប់

សព្វថ្ងៃ ច្បាស់ណាស់ មនុស្សតែងតែប៉ងប្រាថ្នាកាន់តាមសាសនារបស់ខ្លួនដោយសេរី ទាំងម្នាក់ឯង ទាំងរួម​ជាមួយអ្នកដទៃជាសាធារណៈដែរ។ លើសពីនេះទៅទៀត រដ្ឋធម្មនុញ្ញស្ទើតែគ្រប់ប្រទេសទាំងអស់​​​តែង​​​ប្រកាស​​​ថា​​​សេរីភាពខាងសាសនាជាសិទ្ធិក្នុងសង្គម។ ឯកសារអន្តរជាតិក៏ទទួលស្គាល់សេរីភាពខាងសាសនា​​​នេះ​​​ដែរ​​​។ ប៉ុន្តែ មាន​​​របបនយោបាយខ្លះ ទោះបីរដ្ឋធម្មនុញ្ញរបស់គេទទួលស្គាល់សេរីភាពខាងសាសនាក្ដី ក៏​នៅតែខិតខំបង្វែរ​​​ប្រជាពលរដ្ឋ មិនឲ្យកាន់សាសនា ហើយបង្កើតឧបសគ្គជាច្រើន បណ្តាលឲ្យសហគមន៍សាសនាពិបាក​រស់នៅ ហើយក៏រស់នៅ​​​មិនទៀងទាត់​​​ទៀតផង។

មហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយដោយឃើញសញ្ញាសម្គាល់ដ៏ល្អក្នុងសម័យឥឡូវ  ប៉ុន្តែ ក៏បន្ទោស​ជាសាធារណៈទាំងទុក្ខព្រួយថា រដ្ឋអំណាចខ្លះមិនគោរពសេរីភាពសាសនាទេ។ មហាសន្និបាត​​​ក្រើនដាស់តឿន​​​គ្រីស្តបរិស័ទ​​​​​​​​​កាតូលិក និងអង្វរមនុស្សទាំងអស់យ៉ាងខ្លាំង​ សូម​​​ពិនិត្យ​​​ពិច័យឲ្យ​​​មែន​​​ទែន​​​​​​អំពីសេរីភាព​​​ខាងសាសនា​​​ដែលជាការមួយដ៏ចំាបាច់​ ជាពិសេសក្នុងសភាពការណ៍បច្ចុប្បន្ន​នៃមហាគ្រួសាររបស់មនុស្សជាតិ។

ប្រជាជននានាសព្វថ្ងៃ ជាក់ច្បាស់ថា មានបំណង​​​រួបរួមគ្នាកាន់ខ្លាំងឡើងៗ​​​ជានិច្ច។ ​ប្រជាជាតិដែល​​​មាន​​​វប្បធម៌​និងកាន់សាសនាប្លែកៗពីគ្នា ក៏មានទំនាក់ទំនងជាមួយគ្នា​​​កាន់តែជិតស្និទ្ធដែរ។ ម្នាក់ៗដឹងខ្លួនកាន់តែច្បាស់​ឡើងៗអំពី​​​ការទទួល​​​ខុសត្រូវរបស់ខ្លួនផ្ទាល់។ ហេតុនេះហើយ បានជានៅគ្រប់កន្លែង ​ត្រូវឲ្យមានក្បួនច្បាប់​​​ធានា​​​សេរីភាព​​​ខាងសាសនាជាចាំបាច់ ​និងយ៉ាងស័ក្ដិសិទ្ធទៀតផង។ រដ្ឋអំណាចត្រូវគោរពភារកិច្ចនិងសិទ្ធិដ៏ខ្ពង់​ខ្ពស់បំផុត​​​របស់​​​មនុស្សឲ្យកាន់សាសនារបស់ខ្លួនក្នុងសង្គម​ដោយសេរី។ ធ្វើដូច្នេះ ទើប​ទំនាក់ទំនង​​​ប្រកប​​​ដោយ​​​សេចក្ដី​​​សុខ​​​សាន្ត និងដោយសន្តិភាព កើតមានឡើងក្នុងមនុស្សជាតិឲ្យកាន់តែស្ថិតស្ថេររឹងប៉ឹងទៅៗ។

សូមព្រះជាម្ចាស់ ​ជាព្រះបិតា ​ប្រោសប្រទានឲ្យក្រុមគ្រួ​​​សារ​​​មនុស្ស​​​លោក ​​​រស់​​​នៅ​​​ក្នុង​​​សង្គម​​​ដែល​​​ធានា​​​សិទ្ធិ​​​​​​សេរីភាពខាងសាសនា។ ដូច្នេះ មនុស្សជាតិអាចឈានទៅដល់សេរីភាព​ដ៏ប្រសើរ​​​ខ្ពង់​​​​​​​​​ខ្ពស់​​​បំផុត​​​នៃលោក​​​ខាង​​​មុខ ដែល​​​ស្ថិត​​​ស្ថេរអស់កល្បជានិច្ច ដោយព្រះគ្រីស្តប្រោសប្រណី និងដោយអានុភាពនៃ​​​ព្រះ​​​វិញ្ញាណ​​​ជួយ​​​ផង គឺជា​​​«សេរីភាព​​​ប្រកប​​​ដោយ​​​សិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់» (រម ៨,២១)។

             អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​សេចក្តីីប្រកាសទាំង​​មូលនេះ ព្រម​ទាំង​គោល​ការណ៍ នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង ក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តៈ សិលា ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)


Theme: Overlay by Kaira