១. Dei Verbum ព្រះបន្ទូលព្រះជាម្ចាស់

ព្រះបន្ទូលព្រះជាម្ចាស់
DEI VERBUM

ខ្ញុំប៉ូលជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសធម្មនុញ្ញនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពី​ព្រះ​ជា​ម្ចាស់​សម្តែង​ព្រះអង្គឲ្យ​មនុស្ស​លោក​ស្គាល់

១-បុព្វកថា

ពេលមហា​សន្និ​បាត​ដ៏​វិសុទ្ធ ស្តាប់ព្រះ​បន្ទូលរបស់​ព្រះ​ជា​ម្ចាស់ដោយគោរព និងប្រកាស​ព្រះបន្ទូល​នេះ​ដោយ​អង់អាច អស់​លោក​អភិបាលរួម​ចិត្ត​គំនិត​ជាមួយ​សន្តៈយ៉ូហាន​ដែល​មានប្រសា​សន៍ថា៖ “យើង​សូម​ជូន​ដំណឹង​មក​បងប្អូន​អំពី​ជីវិត​អស់​កល្ប​ជា​និច្ចដែល​បែរ​ទៅ​រក​ព្រះ​បិតា បានលេច​មក​ឲ្យ​យើង​ឃើញហើយ។ យើង​សូម​ជូន​ដំណឹង​អំពី​ព្រះ​បន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​មក​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង។ រីឯ​យើង​វិញ​យើង​ក៏​រួម​រស់​ជា​មួយ​ព្រះ​បិតា និង​ជា​មួយ​ព្រះ​យេ​ស៊ូ​គ្រីស្ត​ជា​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ដែរ" (១យហ ១, ២-៣)។ ហេតុ​នេះ​ហើយ បាន​ជា​យើងសូម​អនុវត្តតាម​មហា​សន្និ​បាតត្រែនតូ និងមហាសន្និបាតវ៉ាទី​កង់​ទី១ ដែលមាន​បំ​ណង​ពន្យល់​ពី​លទ្ធិ​ដ៏​ពិត​ប្រាកដ អំពី​ព្រះ​ជា​ម្ចាស់​សម្តែងព្រះអង្គ និង​អំពី​ព្រះសហគមន៍​បញ្ជូន​បន្ត​សេចក្តីដែលព្រះអង្គបាន សម្តែងឲ្យមនុស្សលោកស្គាល់នោះ។ ដូច្នេះពិភពលោក​ទាំង​មូល ឮ​ពាក្យ​ប្រកាស​ដំណឹង​ស្តី​ពី​ការ​សង្រោ្គះ និងជឿ​ដំណឹង នេះ។ ដោយគេមានជំនឿ គេក៏បាន​សេចក្តី​សង្ឃឹម ដោយគេមានសេចក្តី សង្ឃឹម​គេ​ក៏មាន​ចិត្ត​ស្រឡាញ់​ផង​ដែរ។

ជំពូក១
ព្រះ​ជាម្ចាស់​សម្តែង​ព្រះ​អង្គ​ឲ្យ​មនុស្ស​លោក​ស្គាល់

២-អំ​ពី​លក្ខណៈព្រះ​ជា​ម្ចាស់​សម្តែង​ព្រះ​អង្គ​ឲ្យ​មនុស្ស​លោក​ស្គាល់

ព្រះ​ជា​ម្ចាស់​ប្រកប​ដោយព្រះហឫទ័យ​សប្បុរស និងដោយព្រះប្រាជ្ញាញាណ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ព្រះអង្គ​ផ្ទាល់ និង​សម្តែង​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ឲ្យ​មនុស្ស​លោក​ស្គាល់ (អភ ១, ៩)។ តាម​គម្រោង​នេះ មនុស្ស​លោក​អាច​ចូល​ទៅ​កាន់​ព្រះ​បិតា​បាន​ដោយ​សារ​ព្រះ​គ្រីស្ត ជា​ព្រះ​បន្ទូល​ប្រសូត​ជា​មនុស្ស និង ដោយ​រួម​ជា​មួយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធផង មនុស្ស​ក៏​រួម​ចំណែក​ក្នុង​សភាព​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ដែរ (អភ ២, ១៨; ២សល ១, ៤)។ ព្រះ​ជា​ម្ចាស់​ដែលមនុស្សមើល​មិន​ឃើញ (កូឡ ១, ១៥; ១ធម ១, ១៧) សម្តែង​ព្រះ​អង្គ​ឲ្យ​មនុស្ស​លោក​ស្គាល់ គឺព្រះអង្គប្រកបដោយព្រះ​ហឫ ទ័យ ស្រឡាញ់​ដ៏ទូ​លំ​ទូលាយ ទ្រង់មាន​ព្រះ​បន្ទូល​មក​រក​មនុស្ស ដូចជា​មក​រក​មិត្ត​សម្លាញ់ (ដណ ៣៣, ១១; យហ ១៥, ១៤-១៥) ព្រះអង្គ​សន្ទនា​ជាមួយ​ពួក​គេ (បារ ៣, ៣៨) អញ្ជើញ​គេឲ្យរួមរស់ជាមួយ និងប្រោសរំលែក​ព្រះ​ជន្ម​ផ្ទាល់​របស់​ព្រះ​អង្គឲ្យ​គេ។ ព្រះអង្គសម្តែង​ព្រះអង្គ ដោយ​សារ​ព្រឹត្តិ​ការណ៍ និង​ព្រះ​បន្ទូល​ដែល​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ ហេតុ​នេះ ស្នា​ព្រះ​ហស្ត​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រព្រឹត្ត​តាមប្រវត្តិ​នៃ​ការ​សង្រោ្គះ បានបញ្ជាក់​និង​ពង្រឹងទាំង​លទ្ធិ ទាំង​អត្ថន័យ​ដែល​ព្រះ​បន្ទូល​ថ្លែង។ រីឯ​ព្រះ​បន្ទូល​វិញ ក៏​ប្រ​កាសអំពី​ស្នា​ព្រះ​ហស្ត​ទាំង​នោះ និង​បកស្រាយគម្រោងការ​ដ៏ អស្ចារ្យ ដែលកប់​ទុក​ក្នុង​ស្នា​ព្រះ​ហស្ត​ទាំង​នោះ​ដែរ។ របៀបព្រះ​ជាម្ចាស់​សម្តែង​ព្រះ​អង្គ​នេះ គឺបង្ហាញសេចក្តី​ពិត​ដ៏​ជ្រាល​ជ្រៅ​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ការ​សង្រោ្គះ​របស់​មនុស្ស។ សេចក្តី​ពិត​ចាំងពន្លឺ​ក្នុង​អង្គព្រះ​គ្រីស្ត​សម្រាប់​យើង គឺ​ព្រះ​គ្រីស្ត​ជា​ស្ពាន​មេត្រី​ផង និង​បំពេញ​សេចក្តី​ទាំង​អស់​ដែល​ព្រះ​ជា​ម្ចាស់​សម្តែងឲ្យ​បាន​ពេញលក្ខណៈ។

៣-ការ​រៀប​ចំ​មាគ៌ាជូន​ដំណឹង​ល្អ

ព្រះ​ជា​ម្ចាស់​ប្រតិស្ឋាន (យហ ១, ៣) និង​ថែ​រក្សា​អ្វីៗ​ទាំង​អស់ឲ្យ​បាន​គង់​វង្ស​ដោយ​សារ​ព្រះ​បន្ទូល។ ព្រះ​អង្គ​មិនឈប់ឈរប្រទាន​សក្ខីភាព​អំពី​ព្រះ​អង្គ តាមរយៈសត្វ​លោក​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋាន​មក​នោះ (រម ១, ១៩-២០)។ ព្រះ​អង្គ​ក៏សព្វ​ព្រះ​ហឫទ័យ បើក​មាគ៌ានៃ​ការ​សង្រោ្គះ​ដ៏​ប្រសើរ​ជាង ទើបទ្រង់​បាន​សម្តែង​ព្រះ​អង្គ​ផ្ទាល់តាំង​ពីដើម​ដំបូង​បង្អស់​ឲ្យ​ឪពុក​ម្តាយ​ដើម​ស្គាល់។ បន្ទាប់​ពី​ឪពុក​ម្តាយ​ដើម​បានប្រព្រឹត្ត​អំពើបាប ព្រះ​អង្គ​ប្រោស​ឲ្យ​គេ​ងើប​ឡើង​វិញ ដោយ​មាន​ព្រះ​បន្ទូល​សន្យា​ថានឹង​រំដោះ​គេ ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​សង្ឃឹមថា​នឹង​ទទួល​ការ​សង្រោ្គះ (កណ ៣, ១៥)។ ព្រះ​អង្គ​នៅតែថែ​ទាំ​មនុស្ស​ជាតិ​ដោយឥត​ឈប់​ឈរ ដើម្បី​ប្រោស​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ដែល​ស្វែង​រក​ការ​សង្រ្គោះនេះ ដោយព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ (រម ២, ៦-៧)។ ព្រះអង្គ​ត្រាស់​ហៅ​លោក​អាប្រាហាំតាម​ពេល​កំណត់ ដើម្បីបង្កើត​ប្រជាជន​មួយ​ដ៏​ធំដោយសារលោក (កណ ១២, ២)។ បន្ទាប់ពី​អស់​បុព្វ​បុរស ព្រះអង្គ​អប់រំ​ប្រជាជន​នេះដោយ​សារ​លោក​ម៉ូសេ​និង​អស់​លោក​ព្យាការី​ទាំង​ឡាយ ដើម្បី​ឲ្យ​ប្រជាជនទទួល​ស្គាល់​ថា ព្រះអង្គពិត​ជា​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះ​អង្គ​គត់ដែល​មាន​ព្រះ​ជន្ម​គង់​នៅ និង​ជា​ព្រះ​ដ៏​ពិតប្រាកដជាព្រះ​បិតា​ដែល​ផ្គត់​ផ្គង់មនុស្សលោក ហើយជា​ចៅ​ក្រម​ដ៏​សុចរិត។ ព្រះអង្គ​ក៏​អប់រំ​ប្រជាជន​នោះ ឲ្យទន្ទឹង​រង់​ចាំ​ព្រះ​សង្គ្រោះ តាម​ព្រះ​បន្ទូល​សន្យា ទាំងរៀប​ចំមាគ៌ាតាម​របៀបនេះ ជូនដំណឹង​ល្អ​តាម​ដំណើរ​សតវត្ស៍​នានា។

៤-ព្រះ​គ្រីស្តបំពេញការ​សម្តែង​ព្រះ​ជាម្ចាស់

“នៅ​ជំនាន់​ដើម ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​បុព្វបុរស​យើងជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាមរយៈអស់លោក​ព្យា​ការី។ នៅ​គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ​បន្ទូល​មក​យើង តាមរយៈព្រះ​បុត្រា" (ហប ១, ១-២)។ ព្រះអង្គ​ចាត់​ព្រះ​បុត្រា​ជា​ព្រះ​បន្ទូល ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច ហើយ​ដែល​បំភ្លឺ​មនុស្ស​គ្រប់ៗគ្នា ដើម្បីឲ្យ​ព្រះ​បុត្រា​គង់​នៅ​ជា​មួយ​មនុស្សលោក និង​សម្តែង​ការ​អាថ៌​កំបាំង​របស់​ព្រះ​ជា​ម្ចាស់ ឲ្យ​គេ​ស្គាល់ (យហ ១, ១-១៨)។ ហេតុ​នេះ ព្រះ​យេ​ស៊ូ​គ្រីស្ត​ជា “ព្រះ​បន្ទូល​ប្រសូតជា​មនុស្ស" “ជា​មនុស្សដែលព្រះបិតា ចាត់ឲ្យមករកមនុស្សលោក" "ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់‌" (យហ ៣, ៣៤) ទ្រង់​បង្ហើយ​កិច្ច សង្រោ្គះ​ដែល​ព្រះ​បិតា​បាន​ផ្ញើ​ឲ្យ​ព្រះ​អង្គ​ប្រព្រឹត្ត (យហ ៥,៣៦; ១៧,៤)។ ហេតុ​នេះ អ្នក​ដែល​ឃើញ​ព្រះ​គ្រីស្ត ក៏​ឃើញ​ព្រះ​បិតា​ដែរ (យហ ១៤, ៩)។ ពេលព្រះយេស៊ូ​រស់​នៅ​ជា​មួយ​មនុស្ស​លោក ទ្រង់​បង្ហាញ​ព្រះ​អង្គ​ផ្ទាល់​តាម ព្រះ​បន្ទូល​និង​តាមកិច្ច​ការ តាមទី​សម្គាល់​និង​តាមការអស្ចារ្យ ហើយជាពិសេសដោយទ្រង់​សោយ​ទិវង្គត ហើយ​ក្រោកឡើងពី ចំណោមមនុស្សស្លាប់ និងមាន​ព្រះ​ជន្ម​ថ្មីដ៏​រុង​រឿង។ នៅ​ទី​បញ្ចប់ ទ្រង់​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត។ ដោយព្រះ​គ្រីស្តប្រព្រឹត្តការទាំងនោះ ព្រះអង្គ​បង្ហើយនិង​បង្រ្គប់​សេចក្តីដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែងអំពីព្រះអង្គផ្ទាល់ ព្រះគ្រីស្ត ក៏​បញ្ជាក់ពីការសម្តែង​ព្រះ​ជា​ម្ចាស់​នេះដែរ។ ព្រះគ្រីស្ត​ក្នុង​ឋានៈជា​ព្រះ​ជាម្ចាស់​បញ្ជាក់ទៀតថា ព្រះ​ជា​ម្ចាស់​ផ្ទាល់​គង់​នៅ​ជា​មួយ​យើង ដើម្បី​ដក​យើងឲ្យរួចផុតពី​ភាព​ងងឹត​នៃអំពើបាប និង​នៃ​សេចក្តី​ស្លាប់ ព្រម ទាំង​ទ្រង់ប្រោស​ឲ្យ​យើង​ក្រោកឡើង និងទទួល​ព្រះ​ជន្មដែលស្ថិតនៅអស់​កល្ប​ជានិច្ច។

ការ​ចាត់​ចែង​ការសង្រ្គោះដោយ​សារ​ព្រះ​គ្រីស្តបែបនេះ ពិតជា​សម្ពន្ធ​មេត្រី​ថ្មីចុងក្រោយបំផុត ដែលមិន​ត្រូវ​កន្លង​ផុត​ទៅ​ទេ។ មនុស្សយើង​ក៏​មិន​ត្រូវ​រង់​ចាំ​ព្រះ​ជា​ម្ចាស់ សម្តែង​ព្រះ​អង្គ​សារ​ជា​ថ្មី ជា​សា​ធារណៈ​ទៀត​ដែរ រហូត​ដល់ ពេល​ព្រះ​យេស៊ូ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​នឹងសម្តែងព្រះ​អង្គយ៉ាង​រុងរឿង (១ធម ៦, ១៤ និង ទត ២, ១៣)។

៥-ត្រូវ​ទទួល​សេចក្តីដែលព្រះជាម្ចាស់​សម្តែង​នេះ ដោយផ្ញើជីវិតលើព្រះអង្គ​

មនុស្ស​យើង​ត្រូវ​តែ “គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ដោយផ្ញើជីវិតលើព្រះអង្គ" ដែល​សម្តែង​ព្រះ​អង្គ (រម ១៦, ២៦ ; រម ១, ៥; ២ករ ១០, ៥-៦)។ ដោយ​សារ​ជំនឿ មនុស្សផ្ញើ​ជីវិត​ទាំង​ស្រុង និងដោយសេរីទៅ​លើ​ព្រះ​ជា​ម្ចាស់ គឺគេ “យកប្រាជ្ញា​និង​បំណង​ទាំង​ស្រុង​របស់​ខ្លួន មក​គោរព​ប្រណិប័តន៍ព្រះ​ជា​ម្ចាស់​ដែល​សម្តែង​ព្រះ​អង្គ"។ អ្នក​ជឿ​ក៏​សម្រេច​ចិត្ត​ទទួល​សេចក្តី​ដែល​ព្រះ​អង្គ​សម្តែង​នោះថែម​ទៀត​ផង។ ព្រះ​ជា​ម្ចាស់​ត្រូវ​តែ​ប្រណី​សន្តោសគេ ជួយ​បំភ្លឺ​ចិត្តមនុស្ស​ជា​មុនសិន ទើប​គេអាច ផ្ញើ ជីវិត លើព្រះអង្គបាន ព្រមទាំងដឹងថា ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​គេ​ពី​ខាង​ក្នុង គឺ​ព្រះ​វិញ្ញាណប្រោសឲ្យគេរំភើបចិត្ត និងប្រែ​ចិត្ត​គេទៅ​រក​ព្រះ​ជាម្ចាស់ ព្រះវិញ្ញាណក៏បើក​ភ្នែក​នៃ​វិញ្ញាណ​របស់គេ និង​ប្រទាន​ឲ្យ “អស់​អ្នក​ជឿ​មានចិត្តកក់ក្តៅ ដោយ​យល់ស្របនិងសុខ​ចិត្ត​ជឿ​សេចក្តី​ពិត "។ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ នៅ​តែប្រោសឲ្យ​ជំនឿ​នេះបានកាន់​តែ​ប្រសើរ​ឡើងៗ ដោយព្រះអង្គប្រទាន​ព្រះ​អំណោយទាន​ផ្សេងៗ ដើម្បី​ឲ្យ​គេ​យល់​កាន់​តែ​ជ្រៅនូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែង​មក​នោះ។

៦-ប្រាជ្ញា​មនុស្ស​អាច​ស្គាល់​សេចក្តីខ្លះអំពីព្រះ​ជា​ម្ចាស់​បាន

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ព្រះអង្គ និង​ចែក​រំលែក​ព្រះ​ជន្ម​ព្រះ​អង្គ ព្រម​ទាំង​បង្ហាញនិង​ប្រកាស​ក្រិត្យ​វិន័យ​ដែល​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច ស្តី​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ដែល​ចង់​សង្រោ្គះ​មនុស្ស​លោក គឺ “ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ចែក រំលែក​សម្បត្តិ​របស់​ព្រះ​អង្គ​ឲ្យ​មនុស្ស​លោក ជាសម្បត្តិ​ហួស​ពី​សមត្ថភាព​នៃ​ប្រាជ្ញា​របស់​មនុស្ស អាចគិតយល់បាន"។

មហា​សន្និ​បាត​ដ៏​វិសុទ្ធប្រកាស​ថា “ដោយ​សារ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​មាន​សមត្ថភាព​អាច​ស្គាល់​ព្រះ​ជា​ម្ចាស់​យ៉ាង​ជាក់ច្បាស់ តាម​រយៈ​សត្វ​លោក​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋាន​មក ព្រោះ​ព្រះអង្គ​ជា​ដើម​កំណើតនិង​ជា​ចុង​បំផុត​នៃ​អ្វីៗទាំង​អស់" (រម ១, ២០)។ប៉ុន្តែ មហា​សន្និបាត​បង្រៀនទៀត​ថា “ទោះបីជាមនុស្ស​មាន​សមត្ថភាព​អាច​ស្គាល់ សេច​ក្តី​ខ្លះ អំពីព្រះ ជាម្ចាស់ តាម​ប្រាជ្ញា​របស់​ខ្លួន​បានក្តី ក៏ ប៉ុន្តែក្នុង​សភាព​ការណ៍​បច្ចុប្បន្ន​នៃ​មនុស្ស​ជាតិ ព្រះ​អង្គ​បានសម្តែង​សេចក្តី​ទាំង​នោះ “ដើម្បី​ឲ្យ​មនុស្សលោក​ស្គាល់យ៉ាង​ស្រួល យ៉ាង​ជាក់​ច្បាស់ ដោយ​មិន​វង្វេង​ត្រង់ណាឡើយ"។

ជំពូកទី២
ការ​បញ្ជូន​បន្តសេចក្ដី​​ដែល​ព្រះជាម្ចាស់​បាន​សម្ដែង​​ឲ្យ​មនុស្ស​លោក​ស្គាល់

៧-ក្រុម​គ្រីស្ត​ទូត និង​អ្នក​បន្ត​មុខ​ងារ​របស់​អស់​លោក ជា​អ្នក​ប្រកាស​ដំណឹង​ល្អ

ព្រះ​ជា​ម្ចាស់​បាន​សម្ដែង​ព្រះ​អង្គ ដើម្បី​សង្គ្រោះ​មនុស្ស​គ្រប់ជាតិសាសន៍។ ដោយ​ព្រះជាម្ចាស់មាន ព្រះហឫ​ទ័យសប្បុរស​យ៉ាង​ខ្លាំង ព្រះ​អង្គ​ក៏​ចាត់​ចែង​ឲ្យ​សេចក្តី​ដែល​ព្រះ​អង្គ​បាន​សម្តែងនោះ ស្ថិតនៅ​គង់​វង្សឥត​ប្រែ​ប្រួល និង​ត្រូវឲ្យ​គេ​បញ្ជូន​បន្ត​ទៅ​មនុស្ស​នៅ​គ្រប់​ជំនាន់ ក្រោយ​ត​ទៅទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គ្រីស្ត​ជា​អម្ចាស់ ដែល​បង្គ្រប់​សេចក្តីគ្រប់​បែប​យ៉ាង ដែលព្រះ​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​សម្តែងនោះ (២ករ ១, ៣០; ៣, ១៦-៤, ៦) ទ្រង់​ក៏​បានប្រកាសដំណឹង​ល្អ​ដោយ​ផ្ទាល់ព្រះ​ឱស្ឋ និងធ្វើឲ្យដំណឹងល្អនេះ​កើតជារូបរាង ដោយព្រះអង្គ​ផ្ទាល់ ជា​ដំណឹង​ល្អ​ដែល​អស់​លោក ព្យាការី​បាន​សន្យា​ទុក​កាលពី​មុន​មក​នោះ។ បន្ទាប់​មក ព្រះ​គ្រីស្ត​បញ្ជា​ឲ្យក្រុមគ្រីស្ត​ទូត​ប្រកាស​ដំណឹង​ល្អ​នេះ​ឲ្យមនុស្ស​ទាំង​អស់ ទុក​ជា​ប្រភព​នៃ​សេចក្តី​ពិត​គ្រប់​យ៉ាង ដែល​អាចសង្រោ្គះគេបាន និង​ទុក​ជា​ក្បួន​នៃ​សីលធម៌គ្រប់យ៉ាងដែរ ដោយ​ប្រទាន​ព្រះ​អំណោយ​ទាន​ផ្សេងៗទៀត​ផង។អស់លោកប្រព្រឹត្តតាម​ព្រះ​បញ្ជា​នេះយ៉ាង​ស្មោះ គឺម្យ៉ាងក្រុមគ្រីស្តទូតបញ្ជូនបន្ត​សេចក្តី ដែលគេ​បាន​រៀន​ដោយ​ស្តាប់​ព្រះបន្ទូល​ព្រះ​គ្រីស្ត​ផ្ទាល់ ដោយ​រស់នៅ ជាមួយព្រះអង្គ និងដោយឃើញកិច្ចការដែលព្រះអង្គប្រព្រឹត្ត ព្រមទាំងបញ្ជូនបន្ត​សេចក្តី ដែល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​អស់​លោក​ឲ្យ​ដឹងទៀតផង។ អស់លោក​បញ្ជូន​បន្ត​សេចក្តី​ទាំង​នោះ ដោយ​ប្រកាស​ដំណឹង​ល្អ ដោយធ្វើ​ជាគំរូ​ល្អ​ដល់​គេ​ឬ​ដោយ​ចាត់ចែង​ស្ថាប័នផ្សេងៗទៀតផង។ ម្យ៉ាងវិញទៀត ក្រុមគ្រីស្ត​ទូត​ឬ​អ្នក​ដែល រស់​នៅ​ជា​មួយ​ក្រុមគ្រីស្តទូត បាន​កត់​ត្រា​ទុក​ជា​លាយ លក្ខណ៍​អក្សរ នូវសារស្តី​អំពី​ការ​សង្រោ្គះ​ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏ វិសុទ្ធ ដដែល​នេះ បំភ្លឺ​ចិត្តគំនិតគេឲ្យ​សរសេរផង។

ប៉ុន្តែ ក្រុម​គ្រីស្ត​ទូត​បានតែង​តាំង​អភិបាល​ឲ្យ​បន្ត​មុខ​ងារ​ពី​អស់​លោក ដើម្បី​រក្សា​ទុក​ដំណឹង​ល្អ​នេះឲ្យ​នៅ​គង់​វង្ស​ជានិច្ចមិន​ប្រែ​ប្រួលឡើយ និង​ឲ្យ​មានជីវិតរស់​រវើក​ក្នុង​ព្រះ​សហគមន៍។ ក្រុម​គ្រីស្ត​ទូតបាន “ផ្ញើមុខងារ​បង្រៀនរបស់ខ្លួន ឲ្យអភិបាល ទាំង នោះ "។ ហេតុនេះការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ​នេះ និង​ព្រះ​គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ទាំង​ពីរ ប្រៀប​ដូច​ជា​កញ្ចក់​មួយ សម្រាប់​ឲ្យ​ព្រះ​សហគមន៍ឆ្លុះ​មើល​ព្រះ​ជា​ម្ចាស់ទាំងស្មឹងស្មាធិ៍ នៅ​ពេល​ធ្វើ​ដំណើរ​នៅ នា​លោកនេះ គឺព្រះសហគមន៍ទទួលអ្វីៗទាំងអស់ពីព្រះអង្គ ទម្រំាព្រះអង្គ ប្រោស ឲ្យ ឃើញ ព្រះ​ភ័ក្រ្ត​ផ្ទាល់​របស់​ព្រះ​អង្គ ព្រះអង្គមានភាពយ៉ាងណា ព្រះសហគមន៍នឹងឃើញ យ៉ាងនោះដែរ (១យហ ៣, ២)។

៨-ការ​បញ្ជូន​បន្តដ៏វិសុទ្ធ

ហេតុ​នេះ​ហើយ​បាន​ជាសេចក្តីដែលក្រុមគ្រីស្តទូតបានប្រកាស មានកត់ត្រាទុកយ៉ាង​ពិសេស​ក្នុង​ព្រះ​គម្ពីរ ដោយព្រះ​វិញ្ញាណបំភ្លឺ​អ្នកនិពន្ធ ហើយត្រូវ​រក្សា​ទុក​តៗគ្នាកុំឲ្យដាច់ នៅគង់រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក។ ក្រុមគ្រីស្ត​ទូត​បាន​បញ្ជូន​បន្តនូវ​សេចក្តី​ដែល​អស់​លោក​បាន​ទទួលដោយផ្ទាល់ ហើយដាស់​តឿន​គ្រីស្ត​បរិស័ទ​ឲ្យ​រក្សា​ទុក​សេចក្តី​ដែល​គេ​ទទួល យកដោយ​ស្តាប់ ឬដោយ​ទទួល​ជា​លាយ​លក្ខណ៍​អក្សរ (២ថស ២, ១៥)។ អស់​លោក​ដាស់​តឿន​គ្រីស្ត​បរិស័ទ ឲ្យ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​គេ​បាន​ទទួល​ម្តង​ជា​ស្រេច (យដ ៣)។ រីឯ​សេចក្តី​ដែល​គ្រីស្ត​បរិស័ទ​ទទួល​ពី​ក្រុម​គ្រីស្ត​ទូត​បញ្ជូនបន្តមក មាន​អ្វីៗទាំង​ប៉ុន្មានដែលអាច​ជួយ​ណែ​នាំ​ប្រជា រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ ឲ្យ​រស់​នៅ​យ៉ាង​វិសុទ្ធ និង​ដែលអាចជួយ​ពង្រីក​ជំនឿ​របស់​គេ។ ដូច្នេះ ដោយ​ព្រះសហ​គមន៍ បង្រៀន​លទ្ធិដោយ​រស់​នៅ​តាម​ជំនឿ និង​ដោយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់ ព្រះ​សហគមន៍​បញ្ជូន​បន្ត​លក្ខណៈសម្បត្តិរបស់ខ្លួន និងអ្វីៗដែលខ្លួនជឿឲ្យ​មនុស្ស​គ្រប់ជំនាន់តទៅទៀតផង។

ការ​បញ្ជូន​បន្តមក​ពី​ក្រុម​គ្រីស្ត​ទូត​នោះ ក៏នៅតែ​មាន​បន្ត​ក្នុង​ព្រះ​សហគមន៍សព្វថ្ងៃ ក្រោមការឧបត្ថម្ភ​នៃ​ព្រះ វិញ្ញាណ ដ៏​វិសុទ្ធដែរ គឺគ្រីស្ត​បរិស័ទ​យល់​អ្វីទាំងអស់ និងយល់​ព្រះ​បន្ទូល​កាន់​តែ​ច្បាស់​ឡើងៗ ដោយ​អ្នកជឿ​យក​ព្រះ​បន្ទូលនេះមកស្មឹង​ស្មាធិ៍ សិក្សា នឹក​សញ្ជឹង​ក្នុង​ចិត្តទៀតផង (លក ២,១៩.៥១)។ ម្យ៉ាងគេ​យល់​អំពី​សម្បត្តិ​សួគ៌​កាន់តែ​ច្បាស់ក្នុងជម្រៅ​ចិត្តគេ។ម្យ៉ាងទៀត គេស្តាប់សេចក្តីអស់លោកអភិបាលដែល​បន្ត​មុខងារ​ពី​ក្រុម​គ្រីស្ត​ទូតមក តែងតែប្រកាស ព្រោះអស់លោកពិតជាបានទទួលព្រះអំណោយទាននៃសេចក្តីពិត។ ដូច្នេះ ទោះបី សត​វត្ស​ចេះ​តែ​កន្លង​ផុត​ទៅក្តី ក៏ព្រះសហគមន៍​ខិត​ខំ​ស្វែង​រក​សេចក្តី ពិត​ដ៏​ពេញ​លេញ​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច រហូត​ដល់​ពេល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គកើតជារូបរាងក្នុង ព្រះសហគមន៍ជា​ស្ថាពរ។

ការ​ប្រៀន​ប្រដៅ​របស់​គ្រូ​បាធ្យាយ​ដ៏វិសុទ្ធ ផ្តល់សក្ខីភាព​បញ្ជាក់​ថា ការ​បញ្ជូន​បន្តនេះធ្វើ​ឲ្យ​ព្រះ​សហគមន៍​មាន​ជីវិតរស់​រវើក។ ការ​បញ្ជូន​បន្តនេះ មានតម្លៃ​ដ៏​ថ្លៃ​ថ្នូរ គឺមាន​ឥទ្ធិពល​ក្នុង​ការ​ប្រតិបតិ្ត និង​ក្នុង​ការ​រស់​នៅ​របស់​ព្រះ​សហគមន៍ដែល​ជឿនិងអធិដ្ឋាន។ ការ​បញ្ជូនបន្ត​ដដែល​នេះ នាំ​ឲ្យព្រះ​សហគមន៍​ស្គាល់​បញ្ជី​ក័ណ្ឌ​នៃ​ព្រះ​គម្ពីរ​ទាំង​អស់។ ការ​បញ្ជូន​បន្តដដែល​នេះ ធ្វើ​ឲ្យ​គ្រីស្ត​បរិស័ទ​ក្នុង​ព្រះ​សហគមន៍យល់​អំពី​អត្ថន័យ​នៃ​ព្រះ​គម្ពីរ និង​ធ្វើ​ឲ្យ​គម្ពីរ​នេះ​បង្កើត ផលតទៅជានិច្ច។ ដូច្នេះ ព្រះ​ជាម្ចាស់​ដែល​មាន​ព្រះ​បន្ទូល​កាល​ពី​ដើម​មក នៅ​តែ​សន្ទនា​ជាមួយ​មហេសី​នៃ​ព្រះ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​ជា​និច្ចនិរន្តរ៍។ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ ធ្វើ​ឲ្យ​សូរសៀងនៃដំណឹង​ល្អ​មាន​ជីវិត​លាន់​ឮ​ក្នុង​ព្រះ​សហគមន៍ ហើយក៏លាន់​ឮ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដោយ​សារ​ព្រះ​សហគមន៍ដែរ។ ព្រះ​វិញ្ញាណ​ក៏​ណែ​នាំ​អ្នក​ជឿ​ទាំង​ប៉ុន្មាន ឲ្យ​ស្គាល់​សេចក្តី​ពិត​គ្រប់ជំពូក និង ប្រោសឲ្យតម្លៃដ៏ថ្លៃថ្នូរនៃ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ត ស្ថិត​នៅ​ក្នុងគេ​យ៉ាង​បរិបូណ៍ (កូឡ ៣, ១៦)។

៩-ការ​បញ្ជូនបន្ត និង​ព្រះ​គម្ពីរពាក់ព័ន្ធគ្នាទៅវិញទៅមក

ការ​បញ្ជូន​បន្តដ៏​វិសុទ្ធ និង​ព្រះ​គម្ពីរជាប់​ពាក់ព័ន្ធ​គ្នានិង​មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា។ការ​បញ្ជូនបន្ត​និង​ព្រះ​គម្ពីរ ផុស​ចេញ​មក​ពី​ប្រភព​តែ​មួយ ពោលគឺពីព្រះ​ជា​ម្ចាស់។ គម្ពីរនិងការបញ្ជូនបន្ត ក៏ហាក់​ដូច​ជា​រួម​ជា​ធ្លុងតែ​មួយនិង​មាន​ទិសដៅ​តែ​មួយ​ដែរ។ ព្រះ គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែលកត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ ដោយព្រះ​វិញ្ញាណ​បំ​ភ្លឺចិត្តគំនិតអ្នកនិពន្ធ។ រីឯ​ការ​បញ្ជូន​បន្តដ៏​វិសុទ្ធវិញ ក៏​នាំ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែល​ព្រះគ្រីស្ត​ជា​អម្ចាស់​និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធបាន​ផ្ញើ​ទុក​ឲ្យ​ក្រុម​គ្រីស្ត​ទូត រួច​បញ្ជូន​បន្ត​គ្រប់​សេចក្តី​ទាំងអស់​ដល់​អ្នក​បន្ត​មុខងារ​ពីអស់​លោក។ ពេលអស់លោក ដែលបន្តមុខងារ​របស់​គ្រីស្ត​ទូត​ទាំង​ឡាយ នោះប្រកាសព្រះបន្ទូល​អស់​លោ​ក​រក្សា​ទុកបក​ស្រាយ និងផ្សព្វ​ផ្សាយ​ព្រះ​បន្ទូល​នោះយ៉ាងស្មោះ ដោយ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិតបំភ្លឺ​ចិត្តគំ​និត​គេ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​សហគមន៍ មាន ជំនឿ​យ៉ាង​ជាក់​ច្បាស់​ទៅ​លើ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ព្រះ​ជា​ម្ចាស់​បានសម្តែងមកនោះ ពុំ​មែនដោយ​សំអាង​តែ​លើ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ហេតុ​នេះ ត្រូវ​ទទួល​ស្គាល់​និងលើកតម្កើង ការ​បញ្ជូនបន្ត និង​ព្រះ​គម្ពីរដោយ​ចិត្ត​ស្រឡាញ់​និងគោរព​ស្មើគ្នា។

១០-ការ​បញ្ជូនបន្ត​ព្រះ​គម្ពីរ និងការណែ​នាំព្រះសហគមន៍

ការ​បញ្ជូន​បន្តដ៏​វិសុទ្ធ​និង​ព្រះ​គម្ពីរ ជាបញ្ញើ​ដ៏​សក្ការៈតែមួយនៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែលផ្ញើ​ទុក​ឲ្យ​ព្រះសហគមន៍។ បើ​ប្រជាជន​ដ៏​វិសុទ្ធ​ទាំង​មូល រួបរួម​ជា​មួយ​អស់គង្វាលរបស់​ខ្លួន ភ្ជាប់​ចិត្ត​ទៅនឹង​បញ្ញើ​នេះ គេមុខជា នឹង​នៅ​តែព្យា​យាម​ជានិច្ចស្តាប់​ការ​ប្រៀន​ប្រដៅ​របស់​ក្រុម​គ្រីស្ត​ទូត រួប​រួម​គ្នា​ទុក​ជា​បង​ប្អូន ធ្វើ​ពិធី​កាច់​នំប៉័ងនិង​អធិ​ដ្ឋា​ន (កក ២, ៤២)។ ហេតុ​នេះ​ហើយ បាន​ជាអស់គង្វាលនិង​អស់អ្នក​ជឿ រួម​គ្នា​ជាចិត្ត​គំនិត​តែ​មួយ​យ៉ាង​ស្អិត​រមួតក្នុង​កិច្ច​រក្សាជំនឿ​ដែលគេបានទទួល ក្នុងកិច្ចរប្រតិបត្តិតាមជំនឿ និងក្នុងការ​ប្រកាស​ជំនឿ​ដែល​គេ​ទទួល​តមក។

ព្រះ​ជាម្ចាស់ បាន​ផ្ញើ​បន្ទុក​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​យ៉ាង​ពិត​ប្រាកដ ទោះ​បី​ជា​ព្រះ​បន្ទូលកត់​ត្រា​ទុក​ជាលាយ​លក្ខណ៍​អក្សរ​ក្តី ឬបញ្ជូន​បន្តមក​ក្តី  ឲ្យការណែ​នាំដែលមាន​ជីវិតក្នុង​ព្រះ​សហគមន៍ អាច​បក​ស្រាយ​បាន។ មានតែការណែនាំនោះប៉ុណ្ណោះដែលមានអំណាចបកស្រាយ​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រីស្ត។ ប៉ុន្តែការណែ​នាំ​នេះ គ្មានអំណាចលើស​ពីព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ តែបម្រើ​ព្រះ​បន្ទូល​ទៅ​វិញ។ ការណែនាំក៏​បង្រៀន​តែ​សេចក្តី ដែល​គេបាន​ទទួល​ត​មក ហើយស្តាប់​ព្រះ​បន្ទូល​នេះ​ដោយ​ចិត្ត​ស្រឡាញ់ តាម​បញ្ជា​របស់ព្រះជា​ម្ចាស់ និង ដោយ​មានព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​ឧបត្ថម្ភ​ផង។ ការណែនាំថែរក្សា​ព្រះ​បន្ទូល​យ៉ាង​ល្អ​បំផុតនិងពន្យល់​ព្រះបន្ទូល យ៉ាង​ត្រឹម​ត្រូវ ហើយស្រង់យកពី​បញ្ញើនៃជំនឿតែ​មួយ​នេះ នូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែលក្រុមណែនាំជូនឲ្យគ្រីស្ត​បរិស័ទ​ជឿ ទុក​ជា​សេចក្តី​ដែលព្រះ​ជាម្ចាស់​បាន​សម្តែង​ឲ្យ​មនុស្ស​លោកស្គាល់។

ដូច្នេះ យើង​ឃើញ​ជាក់ច្បាស់​ថា ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ និងព្រះ​គម្ពីរ ហើយនិង​ការ​ណែ​នាំ​ព្រះ​សហគមន៍​ជាប់​ពាក់ព័ន្ធ​គ្នា និង​រួម​គ្នាតាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាសវៃ។ ក្នុង​កត្តាទាំង​បី​នេះ គ្មាន​អ្វីណាមួយ​ដែល​អាច​ស្ថិត​ស្ថេរដោយ​ឯក​ឯង​បាន​ទេ គឺ​អ្វីទាំង​បី​នោះ​រួម​គ្នា​យ៉ាង​សកម្មដើម្បីសង្រោ្គះ​មនុស្ស​លោក តាម​របៀប​រៀងៗ​ខ្លួនក្រោម​ការឧបត្ថម្ភ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ​ព្រះ​អង្គ។

ជំពូក៣
ព្រះ​ជាម្ចាស់​បំភ្លឺ​អ្នក​និពន្ធ​ព្រះ​គម្ពីរ និង​ការ​បក​ស្រាយព្រះគម្ពីរ

១១-ព្រះ​គម្ពីរ​មក​ពី​ព្រះ​វិញ្ញាណ​បំ​ភ្លឺចិត្តគំនិតអ្នកនិពន្ធ

ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បាន​បំ​ភ្លឺ​ចិត្តគំនិតអ្នកនិពន្ធឲ្យ​កត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ នូវ​សេចក្តី​ពិតដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែងមក ហើយ​ដែល​មាន​រៀប​រាប់​ក្នុង​ក័ណ្ឌទាំងប៉ុន្មាននៃ​ព្រះ​គម្ពីរ។ ព្រះ​សហគមន៍​កាតូលិកជា​មាតា​របស់ យើង សំអាង​ទៅ​លើ​ជំនឿ​របស់​ក្រុម​គ្រីស្ត​ទូតជាគ្រឹះ ហើយចាត់​គ្រប់​ផ្នែកនៃ​ក័ណ្ឌ​ទាំង​ប៉ុន្មានក្នុងគម្ពីរ​សម្ពន្ធ​មេត្រីចាស់​ក្តី សម្ពន្ធ​មេត្រី​ថ្មីក្តី ទុកជា​សក្ការៈ​និងទុកជាសាសនបញ្ញត្តិរបស់ខ្លួន ព្រោះ​ព្រះ​វិញ្ញាណ​បំភ្លឺ​ចិត្ត​គំនិត​អ្នក​និពន្ធឲ្យសរសេរ (យហ ២០,៣១; ២ ធម ៣, ១៦; ២សល ១,១៩-២១) គឺព្រះជាម្ចាស់បាន​និពន្ធ​ក័ណ្ឌ​ទាំង​នោះ ហើយព្រះ​សហគមន៍​ក៏​បាន​ទទួល​ក័ណ្ឌ​គម្ពីរ​ទាំង​នោះ​ដោយ​យល់​ដូច្នោះ​ដែរ។ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្ស ខ្លះ ដើម្បី​និពន្ធ​ក័ណ្ឌ​ព្រះ​គម្ពីរ​ទាំង​នោះ គឺព្រះ​អង្គ​ឲ្យ អ្នក ទាំងនោះប្រើ​ចំណេះប្រាជ្ញា ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួនយ៉ាងពិត ប្រាកដ ហើយ​ទ្រង់​មាន​សកម្មភាព​ក្នុង​អ្នក​ទាំង​នោះ និង​ដោយ​សារ​អ្នក​ទាំង​នោះ ព្រះអង្គឲ្យ​គេ​កត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ នូវ​សេចក្តី​ទាំងប៉ុន្មានដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ ឲ្យគេ​សរសេរ គឺសរសេរតែសេចក្តីណាដែលព្រះអង្គសព្វព្រះហឫទ័យប៉ុណ្ណោះ។ ដូច្នេះគេ​ជា​អ្នក​និពន្ធ​យ៉ាងពិត​ប្រាកដ។ (ហប ១, ១ និង ៤, ៧; ២សម ២៣, ២; មថ ១, ២២)។

ហេតុនេះហើយ បានជាត្រូវ​រាប់​សេចក្តី​ទាំង​អស់​ដែល​អ្នក​និពន្ធ និង​អ្នក​តំណាលរឿង​និទាន​បាន​កត់​ត្រា​នោះ ទុក​ជា​សេចក្តីដែល​ព្រះ​វិញ្ញាណ​បាន​បញ្ជាក់ ព្រោះព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ។ យើងក៏​ត្រូវ​តែ​ប្រកាស​ថា ក្នុង​ក័ណ្ឌ​គម្ពីរ​មាន​បង្រៀន​យ៉ាង​ប្រាកដប្រជា យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​កំហុសនូវ​សេចក្តីពិត​ដែល​ព្រះ​ជាម្ចាស់ សព្វ​ព្រះហឫទ័យឲ្យ​គេ​កត់​ត្រាទុក​ជា​លាយ​លក្ខណ៍​អក្សរក្នុងព្រះគម្ពីរ សម្រាប់​សង្រោ្គះ​យើង។ ហេតុ​នេះ “គ្រប់​អត្ថបទ​គម្ពីរ សុទ្ធ​តែ​ព្រះ​ជា​ម្ចាស់​ប្រទាន​ព្រះវិ​ញ្ញាណ​មក​បំភ្លឺ​ឲ្យ​និពន្ធ និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវកែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​នៅ​តាម​សេចក្តី​សុចរិត ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មាន​សមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេចដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក។ " (២ធម ៣, ១៦-១៧)។

១២-របៀប​បក​ស្រាយ​ព្រះ​គម្ពីរ

ក្នុង​ព្រះ​គម្ពីរ​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​ព្រះ​បន្ទូល​តាម​រយៈមនុស្ស និងបានប្រើពាក្យសម្តីរបស់មនុស្ស។ ហេតុ នេះ អ្នក​បក​ស្រាយ ព្រះ​គម្ពីរ​ត្រូវ​ស្វែង​រក​ដោយ​ពិនិត្យ​ពិច័យ នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ទាំង​នោះ​មាន​បំណង​និយាយ​ប្រាប់ និង​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែងតាម​រយៈ​ពាក្យ​របស់​គេ។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​នឹង​ដឹងច្បាស់​នូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​ផ្ទាល់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ឲ្យ​យើង​ស្គាល់នោះ។

ក្នុង​គោល​បំណង​ចង់​ស្គាល់​គំនិត​របស់​អ្នក​និពន្ធ អ្នក​បក​ស្រាយ​ត្រូវ​ចាប់​អារម្មណ៍​នឹង​ប្រការ​ផ្សេងៗ មាន “របៀប​និពន្ធ"ឬ ៉រចនាបទអក្សរសិល្ប ៉ជា​ដើម។ អស់​លោក​បង្ហាញ​សេចក្តី​ពិត​តាម​របៀប​ផ្សេងៗ​ពី​គ្នា ក្នុងអត្ថបទ​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រក្នុងសេចក្តី​ប្រកាស​របស់​ព្យា​ការី ក្នុង​ពាក្យ​កាព្យ ឬ​ក្នុង​អត្ថបទ​និពន្ធ​តាម​របៀប​ផ្សេងៗ​ទៀត។ ហេតុ​នេះ​ហើយ អ្នក​បកស្រាយ​ត្រូវ​ស្វះស្វែង​រក​សេចក្តី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់ និង​បាន​ប្រាប់ហើយ តាម​កាលៈទេសៈ តាម​សភាព​ការណ៍​នៃសម័យ​របស់​គាត់រស់នៅ តាម​អារ្យធម៌ និង​តាម​វប្បធម៌​របស់​គាត់ ព្រម​ទាំង​តាម​របៀបនិពន្ធដែល​អ្នក​ស្រុក​ធ្លាប់​ប្រើ​នៅជំនាន់​នោះ។ អ្នក​បក​ស្រាយ​ត្រូវ​យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល អ្នក​ស្រុក​តែងគិត​គូរ​ជា​ទូទៅ​អំពី​ជីវិត អំពីរបៀប​ដែល​គេ​ធ្លាប់​និយាយ ឬ​ការតំណាល​និទានរឿង​ក្នុង​សម័យ​អ្នក​និពន្ធ​នោះ ព្រម​ទាំង​អំពី​របៀប​ដែល​មនុស្ស​រស់​នៅតាម​កន្លែង​ផ្សេងៗ នៅ​សម័យ​នោះធ្លាប់​ប្រើ​ក្នុង​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​អាច​រក​ឃើញ​នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ដ៏សក្ការៈមានបំណងចង់ប្រាប់ ដោយ​ចែង​ក័ណ្ឌជា​លាយ​លក្ខណ៍​អក្សរ។

ដោយព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ​ឲ្យ​ចែង​ជា​លាយ​លក្ខណ៍​អក្សរត្រូវអាន និងបកស្រាយព្រះ​គម្ពីរ​ក្រោម​ពន្លឺនៃព្រះវិញ្ញាណដែរ។ ត្រូវ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្តីទាំងអស់​ដែលមាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ហើយដែលសម្តែងសេចក្តីពិតដដែលដូចគ្នាដែរ។  ត្រូវចាប់អារម្មណ៍​អំពីការបញ្ជូនបន្ត​ដ៏រស់រវើកនៃ​ព្រះ សហគមន៍​ទាំងមូល និង​អំពី​លក្ខណៈ​ប្រៀប​ធៀប​នៃ​ជំនឿ​ផង។ ធ្វើ​ដូច្នេះ ទើប​អ្នក​បក​ស្រាយរក​អត្ថន័យ​ដ៏​ពិត​ប្រាកដ​នៃ​ព្រះ​គម្ពីរ​ឃើញ។ អ្នក​វិភាគគម្ពីរ មានភារកិច្ចខិត​ខំ​ពិនិត្យពិច័យ និង​ពន្យល់អត្ថន័យ​នៃ​ព្រះ​គម្ពីរ​ឲ្យ​កាន់​តែ​ជ្រៅ​ទៅៗ តាម​គោល​ការណ៍ ទាំង​នោះ ដើម្បី​ឲ្យ​ព្រះ​សហគមន៍​មាន​យោបល់​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ដោយ​ការ​សិក្សា​របស់​ខ្លួន អ្នកវិភាគទាំងនោះដូច​ជា​រៀប​ចំ​ផ្លូវ​ឲ្យ​ព្រះសហគមន៍អាច កំណត់អត្ថន័យ​ឲ្យកាន់តែច្បាស់​ឡើង​បាន។ អ្វីៗ​ទាំង​អស់​ដែល​មាន​ទាក់​ទិន​នឹង​របៀប​បក​ស្រាយ​ព្រះ​គម្ពីរ គឺស្ថិត​នៅ​លើ​ព្រះ​សហគមន៍ដែល​ត្រូវ​រិះគិត​ពិចារណា​ដោះស្រាយ ព្រោះព្រះសហគមន៍ទទួល​មុខងារបម្រើពី​ព្រះ​ជា​ម្ចាស់មក និងក្នុងនាមព្រះអង្គពោល​គឺ​រក្សា​ទុកនិង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់។

១៣-ព្រះ​ជាម្ចាស់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា

ហេតុនេះ ទោះ​បី​យើងត្រូវតែគោរពសេចក្តី​ពិត និង​លក្ខណៈ​ដ៏​វិសុទ្ធ​របស់​ព្រះ​ជា​ម្ចាស់​ជានិច្ចក្តី ក៏ក្នុង​ព្រះ​គម្ពីរ ព្រះអង្គសម្តែង​ព្រះ​ហឫទ័យ​មេត្តា​ករុណា​យ៉ាង​អស្ចារ្យ​នៃ​ព្រះ​ប្រាជ្ញា​ញាណដែល​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច “ដើម្បី​ឲ្យ​យើង​ស្គាល់​ព្រះ ហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ដែលរក​ថ្លែង​ពុំបាន និង​ដឹង​ថា​ព្រះ​អង្គមាន​ព្រះ​បន្ទូល ស្រប​តាម​របៀប​មនុស្ស​យើង​និយាយ ព្រោះ​ព្រះ​អង្គ​ណែនាំនិងថែទាំមនុស្សជាតិយើង​ជា​មុន"។

ជំពូក៤
គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់

១៤-ប្រវត្តិ​សាស្ត្រនៃ​ការ​សង្រោ្គះ​ក្នុង​កណ្ឌគម្ពីរ​នៃសម្ពន្ធ​មេត្រី​ចាស់

ព្រះ​ជាម្ចាស់ប្រកបដោយព្រះ​ហឫទ័យ​ស្រឡាញ់​អាណិត​មនុស្ស​លោក​ហួស​ប្រមាណ ព្រះអង្គគ្រោងទុក និង​រៀប​ចំការសង្គ្រោះគេ ទើបព្រះអង្គជ្រើស​រើស​ប្រ​ជា​ជន​មួយ ដើម្បី​ផ្ញើ​ព្រះ​បន្ទូល​សន្យា​តាមការចាត់​ចែងយ៉ាង​ពិសេស​របស់ព្រះអង្គ។ បន្ទាប់​ពី​ព្រះជាម្ចាស់ចង​សម្ពន្ធ​មេត្រី​ជាមួយ​លោក​អាប្រាហាំ (កណ ១៥,១៨) និង​ជា​មួយ​ប្រជាជនអ៊ីស្រាអែលដោយសារ​លោក​ម៉ូសេ​មក (ដណ ២៤, ៨) ព្រះ​អង្គក៏សម្តែង​ព្រះ​អង្គ​ដោយមាន​ព្រះ​បន្ទូល និង​ដោយ​ប្រព្រឹត្ត កិច្ចការផ្សេង ៗ ឲ្យ​ប្រ​ជា​ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស​នោះដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ដ៏​ពិត​ប្រាកដ និងដែលមាន​ព្រះជន្ម​គង់​នៅ។ ដូច្នេះប្រជាជនអីុស្រា​អែលមាន​បទពិសោធន៍​អំពី “មាគ៌ារបស់​ព្រះ​ជាម្ចាស់ដែលយាងមក​រកមនុស្ស​លោក។ ដោយ​ព្រះ​ជា​ម្ចាស់ មាន​ព្រះ​បន្ទូលផ្ទាល់​ព្រះអង្គ តាម​រយៈ​អស់​លោកព្យាការី ប្រជាជន​អីុស្រាអែល ក៏យល់មាគ៌ាទាំងនោះកាន់​តែ​ច្បាស់​ឡើងៗ និង​កាន់​តែ​ជ្រៅ​ទៅៗ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​ផ្តល់​សក្ខីភាព​ពី​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ចំណោម​ប្រជាជាតិ​នានា (ទន ២១, ២៨-២៩; ៩៥, ១-៣; អស ២, ១-៤; យរ ៣, ១៧)។ ការ​ចាត់​ចែង​ការ​សង្រោ្គះ ដែលព្រះ​អង្គ​ប្រទាន​ដំណឹង​ជា​មុន និង​ដែលអ្នក​និពន្ធ​ព្រះគម្ពីរ​បាន​និទាន​តំ​ណា​លហើយ​ពន្យល់​នោះ លេចចេញមក​ក្នុងក័ណ្ឌ​ទាំងប៉ុន្មាននៃ​គម្ពីរសម្ពន្ធ​មេត្រីចាស់ ទុកជាព្រះ​បន្ទូល​ដ៏ពិតប្រាកដរបស់​ព្រះជា​ម្ចាស់។ ហេតុ​នេះ​ហើយ បាន​ជាក័ណ្ឌ​គម្ពីរនៃ​សម្ពន្ធ​មេត្រី​ចាស់ ដែល​ព្រះ​ជា​ម្ចាស់​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ​ឲ្យ​ចែង​នោះ នៅតែមាន​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​មិន​អាច​សាបសូន្យ​បាន​ឡើយ“ ដ្បិត​អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺចែងទុកសម្រាប់​អប់​រំ​យើង ដើម្បី​ឲ្យយើង​មាន​សេចក្តី​សង្ឃឹម ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូទ្រាំ" (រម ១៥, ៤)។

១៥-គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់​មានសារៈ​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ

ព្រះ​ជា​ម្ចាស់​ចាត់​ចែង​សម្ពន្ធ​មេត្រី​ចាស់ ជាពិសេសសម្រាប់​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​គ្រីស្ត ជា​ព្រះ​សង្រោ្គះ​នៃ​ពិភព​លោក​យាង​មក និងរៀបចំ​ព្រះ​រាជ្យ​របស់​ព្រះ​គ្រីស្ត ព្រះអង្គក៏ប្រទាន​ដំណឹង​ជា​មុនតាម​របៀបព្យាការីអំពី​ព្រះ​គ្រីស្ត​យាង​មកនោះ (លក ២៤, ៤៤; យហ ៥, ៣៩; ១សល ១, ១០) ព្រម​ទាំងផ្តល់និមិត្តសញ្ញាផ្សេងៗ ជាប្រផ្នូល​អំពី​ព្រះ​គ្រីស្ត ថែមទៀតផង (១ករ ១០, ១១)។ ព្រះជាម្ចាស់ឈ្វេងយល់​ដល់​សភាព​ការណ៍​មនុស្ស​លោក មុន​ព្រះ​គ្រីស្ត​សង្រោ្គះគេ។ ដូច្នេះក័ណ្ឌ​គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ចាស់សម្តែងឲ្យ​មនុស្ស​ទាំង​អស់បាន​ស្គាល់​ព្រះ​ជា​ម្ចាស់ និង​ស្គាល់​សភាពរបស់​ខ្លួន​ជា​មនុស្ស ព្រម​ទាំង​ស្គាល់​របៀបព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​លោក ដោយ​ព្រះ​ហឫទ័យ​សុច​រិត និង​មេត្តា​ករុណា។ ទោះ​បី​ក្នុង​ក័ណ្ឌ​គម្ពីរ​ទាំង​នោះ មាន​ចែង​សេចក្តី​មិន​ពេញ​លក្ខណៈដែល​ត្រូវ​បាត់​ទៅ​ក្តី ក៏​ក័ណ្ឌ​ទាំង​នោះ​បង្ហាញ​គរុកោសល្យដ៏ពិតប្រាកដរបស់​ព្រះ​ជា​ម្ចាស់ ដែល​អប់រំ​មនុស្ស​លោក។ ហេតុ​នេះ​ហើយ បាន​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ទទួល​ក័ណ្ឌ​គម្ពីរ​ទាំង​នោះ​ដោយ​គោរពប្រណិប័តន៍ ព្រោះ​ក្នុង​គម្ពីរ​ទាំង​នោះ​មាន​ចែង​គំនិត​យ៉ាង​ច្បាស់​អំពី​ព្រះ​អម្ចាស់ មាន​បង្រៀនលទ្ធិ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ព្រះ​អង្គ មាន​ចែង​អំពី​ប្រាជ្ញា​ញាណ​ពោរ​ពេញ​ដោយ​សប្បុរសធម៌​ចំពោះ​ការ​រស់​នៅ​របស់​មនុស្ស​យើង មាន​ចែង​ពាក្យ​អធិដ្ឋាន​មួយ​ចំនួន​ដ៏​មានតម្លៃដ៏ប្រ​សើរ​បំផុត។ មិនតែ​ប៉ុណ្ណោះ​សោត ក្នុង​ក័ណ្ឌគម្ពីរ​ទាំង​នោះ មាន​បង្កប់​ទុក​នូវ​គម្រោង​ការដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ​របស់​យើង​ផង។

១៦-គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ទាំង​ពីរ​រួម​គ្នា​ជាធ្លុង​តែ​មួយ

ព្រះ​ជា​ម្ចាស់​បាន​បំភ្លឺ​ចិត្តគំនិតអស់អ្នក​និពន្ធ​ក័ណ្ឌទាំងអស់នៃគម្ពីរ​សម្ពន្ធ​មេត្រី​ទាំង​ពីរ ព្រះអង្គក៏ជាអ្នកនិពន្ធ ព្រះគម្ពីរទាំងមូលដែរ។ ព្រះអង្គក៏ចាត់​ចែង​គម្ពីរ​ទាំង​ពីរ​នោះតាម​ព្រះ​ប្រាជ្ញា​ញាណ គឺបង្កប់​ទុក​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ក្នុង​គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ ហើយ​គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ ក៏​ទទួល អត្ថន័យ​យ៉ាងពេញលេញដោយសារគម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ដែរ។ ទោះ​បី​ព្រះ​គ្រីស្ត​ចង​សម្ពន្ធ​មេត្រី​ថ្មី​ដោយ​សារ​ព្រះ​លោហិត​របស់​ព្រះ​អង្គក្តី (លក ២២, ២០; ១ករ ១១, ២៥) ក៏ព្រះ​អង្គលើកយក​សេចក្តី​ទាំង​ប៉ុន្មានដែល​មាន​បង្កប់ទុក​ក្នុង​ក័ណ្ឌគម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ បញ្ចូលក្នុង ព្រះបន្ទូលប្រកាសដំណឹងល្អ។ ក័ណ្ឌ​គម្ពីរ​សម្ពន្ធ មេត្រី​ចាស់​ទទួលនិង​បង្ហាញ​អត្ថន័យ​យ៉ាង​ពេញ​លេញក្នុង​គម្ពីរ​សម្ពន្ធមេត្រី​ថ្មី (មថ ៥, ១៧; លក ២៤, ២៧; រម ១៦, ២៥-២៦; ករ ៣, ១៤, ១៤-១៦) ហើយក៏ជួយ​បំភ្លឺ និង​ពន្យល់​ក័ណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ទៀត​ផង។

ជំពូក៥
គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី

១៧-ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​មាន​តម្លៃ​ដ៏ថ្លៃបំផុត

ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ពិតជា​ឫទ្ធានុភាព​របស់ព្រះអង្គ សម្រាប់​សង្រោ្គះ​អស់​អ្នក​ផ្ញើជីវិតលើព្រះ​អង្គ (រម ១, ១៦)។ ព្រះបន្ធូលនេះមាន​ចែង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ហើយ​បង្ហាញ​ឫទ្ធានុភាព​យ៉ាង​ពិសេស​ក្នុង​គម្ពីរនេះ។ ដល់​ពេល​កំណត់ គឺនៅគ្រា​ចុង​ក្រោយ​បង្អស់ (កឡ ៤, ៤) ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ប្រសូត​ជា​មនុស្ស ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ចំណោម​ពួក​យើង ពោរពេញដោយព្រះ​ហឫទ័យ​ប្រណី​សន្តោសនិង​ដោយសេចក្តី​ពិត (យហ ១, ១៤)។ ព្រះ​គ្រីស្តតែង​តាំង​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ផែន​ដី។ ព្រះ​អង្គសម្តែង​ទាំង​ព្រះ​បិតា ទាំង​ព្រះ​អង្គ​ផ្ទាល់ដោយ ប្រព្រឹត្តព្រះ​រាជ​កិច្ចនានា និង​ដោយ​មាន​ព្រះ​បន្ទូល។ ដោយ​ព្រះអង្គ សោយ​ទិវង្គត មាន​ព្រះ​ជន្ម​ថ្មី យាង​ឡើង​ស្ថាន​បរមសុខ​យ៉ាង​រុង​រឿង ព្រមទាំង​ចាត់​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ឲ្យ​យាង​មក គឺព្រះអង្គបង្ហើយ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ។ ដោយ​គេ​លើក​ព្រះ​គ្រីស្ត​ពី​ដី​ឡើង (យហ ១២,៣២) ព្រះអង្គទាញ​មនុស្ស​ទាំង​អស់​ទៅ​ឯព្រះ​អង្គ។ មាន​តែ​ព្រះ​អង្គ​ទេដែល​មាន​ព្រះ​បន្ទូល​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច (យហ ៦,៦៨)។ ប៉ុន្តែព្រះ​ជា​ម្ចាស់​ពុំ​បាន​សម្តែង​គម្រោង​ការ​ដ៏​អស្ចារ្យ​នេះ​មក​មនុស្ស​ជំនាន់​មុនៗ ដូច​ព្រះអង្គ​បាន​សម្តែង​នៅ​ពេល​នេះឲ្យ​ក្រុម​គ្រីស្ត​ទូតនិង​ព្យា​ការី​របស់​ព្រះ​អង្គ​ស្គាល់ដោយ​សារ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធនោះទេ (អភ ៣,៤-៦) ហេតុនេះ អស់លោកត្រូវ​ប្រកាស​ដំណឹង​ល្អ ដាស់​តឿន​មនុស្ស​ឲ្យ​ផ្ញើជីវិតលើ​ព្រះ​យេស៊ូ​ជាព្រះគ្រីស្តនិងជាព្រះអម្ចាស់ ព្រមទាំង​អស់លោក​ត្រូវប្រមែប្រមូល​ព្រះ​សហគមន៍​ព្រះ​អង្គផង។ ក័ណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ផ្តល់​សក្ខីភាពអំពី​ព្រឹត្តការណ៍​ទាំងនេះ ជា​សក្ខីភាព​អចិន្ត្រៃយ៍​មក​ពី​ព្រះ​ជាម្ចាស់។

១៨-កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ហូរ​ចេញ​មក​ពី​ក្រុម​គ្រីស្ត​ទូត

មនុស្សណាក៏ទទួល​ស្គាល់​ថា ក្នុង​ចំណោម​ក័ណ្ឌ​គម្ពីរ​ទាំង​អស់ សូម្បីតែ​ក្នុង​ចំណោម​ក័ណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី គឺក័ណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ជាក័ណ្ឌដ៏ប្រសើរ​ជាងគេបំផុត ព្រោះ​ក័ណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ជា​សក្ខីភាព​ពិសេសអំពី​ជីវ​ប្រវត្តិ និង​អំពី សេចក្តី​ប្រៀន​ប្រដៅ​របស់ ព្រះ​បន្ទូល​ដែលប្រសូតជា​មនុស្ស និងជាព្រះសង្រោ្គះ​នៃ​យើង។

ជានិច្ចកាល និង​នៅ​គ្រប់​ទី​កន្លែង ព្រះ​សហគមន៍​បាន​ចាត់​ទុក ហើយនៅ​តែ​ចាត់​ទុក​ថា ក័ណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​នេះ ហូរ​ចេញពី​ក្រុម​គ្រីស្ត​ទូតមក។ សេចក្តីដែលក្រុម​គ្រីស្ត​ទូត​បាន​ប្រកាស​តាម​ព្រះបញ្ជា​របស់​ព្រះ​គ្រីស្ត អស់​លោក​ផ្ទាល់និងអ្នករស់នៅជាមួយបាន​កត់​ត្រា​ទុកជាលាយ​លក្ខណ៍​អក្សរ ក្នុងសំណេរដែលជាគ្រឹះនៃជំនឿ ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ ចិត្តគំនិតអស់លោក ហើយបញ្ជូនបន្ត​មក​យើង គឺគម្ពីរ​ដំណឹង​ល្អ​ទាំង​បួន ពោល​គឺ គម្ពីរ​ដំណឹង​ល្អ​តាម​លោក​ម៉ាថាយ តាមលោក ម៉ាកូស តាមលោក​លូកា និងតាមលោក​យ៉ូហាន។

១៩-គម្ពីរ​ដំណឹង​ល្អមាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ

ព្រះ​សហគមន៍ដ៏វិសុទ្ធ​ជា​មាតា​របស់​យើង បាន​ចាត់​ទុក ហើយ​នៅ​តែ​ចាត់​ទុក​យ៉ាង​រឹង​មាំមិន​ដែលងាក​រេ​ថា គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​នោះ បញ្ជូនបន្ត​យ៉ាង​ពិត​ប្រាកដនូវ​កិច្ចការទាំង​ប៉ុន្មាន ដែល​ព្រះ​យេ​ស៊ូ​ជា​ព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​បានប្រព្រឹត្ត និង​សេចក្តីទាំងប៉ុន្មានដែលព្រះអង្គបាន​បង្រៀន​នៅពេលព្រះអង្គរស់នៅ ក្នុងចំណោម មនុស្សលោក ដើម្បី​សង្រោ្គះ​មនុស្ស​លោក​អស់​កល្ប​ជា​និច្ច រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អង្គ​ឡើង​ស្ថាន​បរមសុខ (កក ១, ១-២)។ ព្រះ​សហគមន៍​ប្រកាសបញ្ជាក់​ដោយមិនងាករេថា កិច្ចការក្នុងក័ណ្ឌ​គម្ពីរ​ទាំង​បួន​នោះ​ពិត​ជាកើតតាមប្រវត្តិ​សាស្ត្រ​មែន។ ក្រោយ​ពេល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អម្ចាស់យេស៊ូ​ឡើង​ស្ថាន​បរម​សុខ ក្រុម​គ្រីស្ត​ទូត​ក៏បាន​បញ្ជូន​បន្តសេចក្តីដែល​ព្រះអង្គមាន​ព្រះ​បន្ទូល​នោះ និងអំពីកិច្ចការទាំងប៉ុន្មាន​ដែលព្រះអង្គ​បាន​ប្រព្រឹត្ត ឲ្យ​អ្នក​ដទៃ​ស្តាប់។ អស់លោកយល់អត្ថន័យបាន​ជ្រៅ​ជាង​ពី​មុន ព្រោះព្រឹត្តិការណ៍​ដ៏​រុង​រឿង​របស់​ព្រះ​គ្រីស្ត បាន​សម្តែង​ឲ្យ​អស់ លោកយល់អត្ថន័យនេះ ដោយមាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត​បំភ្លឺ​ចិត្ត​គំនិត​អស់​លោក​ដែរ (យហ ១៤, ២៦; ១៦,១៣)។ ហេតុនេះអ្នក​និពន្ធ​ដ៏​សក្ការៈ កត់ត្រាទុក​ក័ណ្ឌ​គម្ពីរ​ទាំង​បួន​នោះ ដោយ ជ្រើសរើស​ឯកសារ​ខ្លះ ក្នុង​ចំណោម​ឯកសារជាច្រើនដែល​អស់លោកបាន​ទទួលតៗ​ពី​គេ ដោយស្តាប់ឮគេ​រៀបរាប់​ក្តី ឬជាឯកសារ​ចែង​ជា​លាយ លក្ខណ៍​អក្សរ​រួច​ជាស្រេចមកហើយក្តី។ គេ​ក៏​សង្ខេប​ឯកសារ​ខ្លះៗទៀត ឬ​ពន្យល់​ឯកសារខ្លះស្រប​តាម​សភាព​ការណ៍​នៃ​ព្រះ​សហគមន៍​នា​នា។ គេ​ចែងគម្ពីរ​ដូច​ជា​ធម្ម​ទេសនាម៉្យាង ដើម្បី​ចែក​ចាយ​ជានិច្ចនូវសេចក្តី​ដ៏​ពិត​ប្រាកដ និង​ត្រឹម​ត្រូវអំពី​ព្រះ​យេស៊ូ។ ទោះ​បី​អ្នក​និពន្ធ​បាន​ចែង​ក័ណ្ឌ​ទាំង​បួន​នោះ តាម​សេចក្តី​ដែល​គេ​ចងចាំ​ដោយផ្ទាល់​ក្តី តាមអនុស្សាវរីយ៍​របស់គេក្តី ឬតាមសក្ខីភាព​របស់ “អស់ អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​តាំង​ពី​ដំបូង​មក និង​ដែល​ទៅ​ជា​អ្នក​បម្រើ​ព្រះ​បន្ទូលក្តី ក៏​អស់​លោក​និពន្ធ​ក័ណ្ឌ​ទាំង​បួននោះ ដោយ​មាន​បំណង​ឲ្យ​យើង​ដឹង​ថា ការ​ប្រៀន​ប្រដៅ​ដែល​យើង​បាន​ទទួល​នោះ ជា​សេចក្តី​ត្រឹម​ត្រូវ​ពិត​មែន " (លក ១, ២-៤)។

២០-កណ្ឌ​ឯទៀតៗ​នៃ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី

ក្នុង​ក្បួន​បញ្ជី​នៃ​ក័ណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ក្រៅ​ពី​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន ក៏​មាន​លិខិត​របស់​គ្រីស្ត​ទូត​ប៉ូល និង សំណេរឯទៀតៗ​ដែល​ក្រុម​គ្រីស្ត​ទូត​បាន​និពន្ធ ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធបំភ្លឺចិត្តគំនិតអស់លោកឲ្យនិពន្ធដែរ។ តាម​ព្រះ​ជា​ម្ចាស់គ្រោងទុកដោយ​ព្រះ​ប្រាជ្ញា​ញាណ ក័ណ្ឌ​ទាំង​នេះបញ្ជាក់​សេចក្តី​ដែល​ទាក់​ទិន​នឹង​ព្រះ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើង គឺ​លាត​ត្រដាងលទ្ធិ​ដ៏​ពិត​ប្រាកដ​របស់ព្រះអង្គកាន់​តែ​ច្បាស់ នាំ​ឲ្យមនុស្ស​លោក​ស្គាល់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ត ដែល​មាន​ឫទ្ធានុភាព​អាច​សង្រោ្គះ​គេបាន។ ក័ណ្ឌ​ទាំង​នោះ រៀប​រាប់​អំពី​ដើម​កំណើត​និង​ការ​ពង្រីក​យ៉ាង​អស្ចារ្យ នៃ​ព្រះសហគមន៍ ហើយជូន​ដំណឹង​ជា​មុន​អំពីព្រះ​សហគមន៍​ដ៏ពេញលក្ខណៈ យ៉ាង​រុង​រឿង​នៅពេលចុងក្រោយបំផុត។

ព្រះ​អម្ចាស់​យេស៊ូ​ជួយ​គាំ​ទ្រ​ក្រុម​គ្រីស្ត​ទូតរបស់ព្រះអង្គ (មថ ២៨,២០) តាមព្រះ​បន្ទូល​សន្យា ហើយ​ចាត់​ព្រះ​វិញ្ញាណ​ដែល ជួយការពារយាង​មក​ណែ​នាំ​ឲ្យ​គេស្គាល់​សេចក្តី​ពិត​គ្រប់​ជំពូក (យហ ១៦,១៣)។

ជំពូក៦
ព្រះ​គម្ពីរ​ក្នុង​ជីវិតរបស់ព្រះ​សហគមន៍

២១-ព្រះ​គម្ពីរ​មាន​សារៈ​សំខាន់​សម្រាប់​ព្រះ​សហគមន៍

តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​តែងតែ​គោរពប្រណិប័តន៍ព្រះ​គម្ពីរ​ជា​និច្ច ដូច​ព្រះ​សហគមន៍​ធ្លាប់​គោរព ប្រណិប័តន៍​ព្រះ​កាយ​ផ្ទាល់​របស់​ព្រះ​អម្ចាស់​ដែរ។ ជាពិសេស​ក្នុង​ពិធី​គោរពប្រណិប័តន៍ ព្រះ​សហគមន៍​នៅ​តែ​យក អាហារ​ដែល ផ្តល់ជីវិត ពី​តុ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ជាតុ​នៃ​ព្រះ​កាយ​ព្រះ​គ្រីស្តផងដែរ ទៅ​ជូន​គ្រីស្ត​បរិស័ទ​ជានិច្ច។ តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​បាន​ចាត់​ទុក ហើយ​នៅ​តែ​ចាត់​ទុកព្រះ​គម្ពីរ​ជា​ក្បួន​ដ៏ខ្ពង់ខ្ពស់តែ​មួយ​នៃ​ជំនឿរបស់​ខ្លួន រួម​ជា​មួយការ​បញ្ជូន​បន្តដ៏វិសុទ្ធផងដែរ។ ព្រះ​ជា​ម្ចាស់​បាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ​គម្ពីរ ដែល​បាន​កត់​ត្រាទុកសេចក្តី​ជា​លាយ​លក្ខណ៍​អក្សរ​ម្តង​ជា​ស្រេច។ ហេតុ​នេះហើយ បានជាព្រះ​គម្ពីរ​ចែង​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ផ្ទាល់ដោយ​មិន​ប្រែ​ប្រួល ហើយ​ធ្វើ​ឲ្យ​ព្រះ​សូរ​សៀង​របស់​ព្រះ​វិញ្ញាណ​លាន់​ឮ​ឡើង ដោយសារ​ពាក្យ​សម្តី​របស់​អស់លោកព្យាការី និងរបស់ក្រុម​គ្រីស្ត​ទូត។ ហេតុ​នេះ ធម្ម​ទេសនានៃព្រះសហគមន៍ និងគ្រីស្ត​សាសនា​ផ្ទាល់ ត្រូវ​យក​ព្រះ​គម្ពីរធ្វើ​ជា​អាហារ និងជាក្បួនមា​ត្រា។ ក្នុងព្រះ​គម្ពីរ ព្រះ​បិតា​ដ៏ខ្ពង់ខ្ពស់​បំផុតយាង​មក​ជួប​បុត្រ​ធីតាដោយ​ព្រះ ហឫទ័យមេត្តា​ករុណា និង​យាង​មក​សន្ទនា​ជាមួយ​គេ។ ឫទ្ធានុ​ភាព​និង​ព្រះចេស្តា​បង្កប់​ទុក​ក្នុង​ព្រះ​គម្ពីរ​យ៉ាង​ជ្រាល ជ្រៅបំផុតរហូត​ដល់​ព្រះ​សហគមន៍ អាចយកព្រះគម្ពីរធ្វើ​ជា​ទីពំ​នឹង​ដ៏​រឹង​មាំ និង​ធ្វើជា​កម្លាំងរបស់ខ្លួនធ្វើជា​កម្លាំ​ង នៃ​ជំនឿ​របស់បុត្រធីតានៃព្រះសហគមន៍ ជា​អាហារ​ខាងវិញ្ញាណរបស់​គេ និងធ្វើជា​ប្រភព​ដ៏​ថ្លៃ​ថ្លា​ដែល​មិន​ចេះ​រីង​ស្ងួតនៃ​ជីវិត​តាម​វិញ្ញាណរបស់គេទៀត​ដែរ។​ហេតុ​នេះ​ហើយ​បាន​ជា ពាក្យ​ដែល​ចែង​ថា “ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់មាន​ជីវិត និងមានមហិទ្ធិឬទ្ធិ" (ហប ៤, ១២) “ព្រះ​បន្ទូល​អាច​កសាង​ព្រះ​សហគមន៍ និង​ផ្តល់​ចំណែក​មត៌ក រួម​ជា​មួយ​អស់ អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រោស​ឲ្យ​បាន​វិសុទ្ធ" (កក ២០, ៣២; ១ ថស ២, ១៣) ពិត​ជា​សំដៅ​ទៅ​លើ​ព្រះ​គម្ពីរ​ប្រាកដ​មែន។

២២-ត្រូវតែ​បក​ប្រែគម្ពីរតាមរបៀបផ្សេងៗជាចំាបាច់

ត្រូវ​ឲ្យ​គ្រីស្ត​បរិស័ទ​អាច​ឈាន​ទៅ​កាន់​ព្រះ​គម្ពីរ​យ៉ាង​ស្រួល​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​បាន​ទទួល​គម្ពីរសម្ពន្ធមេត្រីចាស់​ដែលប្រែ​ជា​ភាសា​ក្រិក​ពី​បុរាណ​ហៅ​ថា គម្ពីរ​ចិត​សិប" (LXX )ទុក​ជាគម្ពីររបស់ខ្លួន។ ព្រះ​សហគមន៍​នៅ​តែ​គោរព​គម្ពីរដែលប្រែ​តាមរបៀបផ្សេងៗទៀត ជា​ភាសា​បូព៌ា ឬ​ជាភាសា​ឡា​តាំង ជាពិសេសគម្ពីរ​ប្រែ​ជា​ភាសា​ឡា​តាំង​ហៅ​ថា “របស់ប្រជាជនសាមញ្ញ​ទូទៅ" (Vulgate)។ ប៉ុន្តែ ត្រួវ​ធ្វើយ៉ាង​ណា​ឲ្យ​មនុស្ស​នៅ​គ្រប់​សម័យ មានសមត្ថភាពអានព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់បាន។ ហេតុ​នេះ ព្រះ​សហគមន៍ជា​មាតា​ដែលតែងតែថែរក្សាកូន យក​ចិត្ត​ទុក​ដាក់​ឲ្យ​មានគេបក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេងៗ​យ៉ាង​សមរម្យ និង​ត្រឹម​ត្រូវ ដោយយកឯកសារដើមមកបកប្រែផង។ប្រសិនបើមានតម្រូវការ បង​ប្អូន​គ្រីស្ត​បរិស័ទ​និកាយ​ផ្សេងៗ​សហ​ការ​បក​ប្រែ​គម្ពីរអន្តរនិកាយ ឲ្យគ្រីស្ត​បរិស័ទ​ទាំង​អស់​អាច​ប្រើ​បាន លុះ​ត្រា​តែ​អស់លោក​ជា​អ្នក​មាន​សមត្ថ​កិច្ច​ក្នុង​ព្រះ​សហ​គមន៍​អនុញ្ញាត។

២៣-ទេវ​វិទូ​កាតូលិក​មាន​ភារ​កិច្ច​ជា​គ្រីស្ត​ទូត

ព្រះសហគមន៍ ជាព្រះ​មហេសី​នៃ​ព្រះ​បន្ទូល​ប្រសូត​ជា​មនុស្ស។ ព្រះវិញ្ញាណដ៏​វិសុទ្ធអប់រំ​ព្រះសហគមន៍ ឲ្យ​ខិតខំស្វះ​ស្វែង​រក ឲ្យ​យល់​ព្រះ​គម្ពីរ​កាន់​តែ​ជ្រៅទៅៗ ជារៀង​រាល់​ថ្ងៃ ដើម្បី​ជូនព្រះ​បន្ទូលរបស់ព្រះជាម្ចាស់ជា​អាហារ​ដល់បុត្រធីតា​របស់ខ្លួន​ជា​និច្ច​និរន្តរ៍។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​សហគមន៍ ក៏គាំ​ទ្រ​ការ​សិក្សាអំពីសេចក្តី​ប្រៀន​ប្រដៅ​របស់​គ្រូ​បា​ធ្យាយ​ដ៏វិសុទ្ធដែរ ទាំង​គ្រូ​បា​ធ្យាយ​នៅ​បូព៌ា​ប្រទេស ទាំង​គ្រូបា​ធ្យាយ​នៅ​បស្ចិម​ប្រទេស ព្រម​ទាំង​គាំ​ទ្រ​ការ​សិក្សា​ក្បួន​នៃ​ពិធី​គោរពប្រណិប័តន៍ទាំង​ឡាយ។ ត្រួវ​ឲ្យ​អ្នក​វិភាគ​គម្ពីរ និង​អស់​ទេវ​វិទូ​កាតូលិក រួម​កម្លាំង​គ្នា ខិត​ខំ​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិតល្អ​ន់ ដោយប្រើ​គ្រប់វិធីស្របតាម​សេចក្តី​ត្រូវ​ការ និងក្រោម​ការ​ណែ​នាំ​របស់​អស់​លោក​មាន​បន្ទុក​បង្រៀនព្រះ​សហគមន៍ផង។ គេក៏ត្រូវយកចិត្តទុកដាក់បក​ស្រាយ​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​អ្នក​បម្រើ​ព្រះ​បន្ទូល ភាគ​ច្រើនអាច​យក​ព្រះបន្ទូលធ្វើជាអាហារ​មក​ជូន​ជា​ប្រយោជន៍​ដល់​ប្រជា​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ គឺ​ព្រះបន្ទូល ដែល​បំភ្លឺ​ចិត្ត​គំនិតមនុស្ស ពង្រឹង​បំណង​ប្រាថ្នានិង​ធ្វើ​ឲ្យ​មនុស្ស​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្មោះ។ មហាសន្និបាតដ៏វិសុទ្ធ សូម​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំងដល់អស់​បុត្រ​ធីតា​នៃ​ព្រះ​សហគមន៍ ដែល​យក​ចិត្ត​ទុក​ដាក់​សិក្សា និង​ពិនិត្យ​ពិច័យ ព្រះ​គម្ពីរ សូមបន្ត​កិច្ចការ​ដែល​ខ្លួន​ចាប់​ផ្តើម​នោះរហូត​ដល់​ទី​បញ្ចប់ ដោយមានចិត្ត​អង់​អាច​ថ្មី​ជា​រៀង​រាល់​ថ្ងៃ និង​ចិត្ត​ក្លៀវ​ក្លា​យ៉ាងខ្លាំង ស្រប​តាម​គោល គំនិត​នៃ​ព្រះ​សហគមន៍។

២៤-ព្រះ​គម្ពីរ និង​ទេវ​វិទ្យា

ទេវវិទ្យា​ដ៏វិសុទ្ធសម្អាង​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចែង​ជា​លាយ​លក្ខណ៍​អក្សរ ដែល​មិន​អាច​បំបែក​ពី​ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធបាន ទុកជា​សម្អាង​លើ​គ្រឹះ​ដែល​នៅ​ស្ថិត​ស្ថេរ​រហូត​មក។ ទេវ​វិទ្យា​ពង្រឹង​ខ្លួន​ឯង កាន់​តែ​ថ្មី​ឡើងៗ ក៏ដោយ​សារ​ព្រះ​គម្ពីរដែរ គឺនៅ​ពេលទេវវិទូ​ពិនិត្យ​ពិច័យ​នូវសេចក្តី​ពិត​ទាំង​មូលដែលលាក់​ទុក​ក្នុង​គម្រោង​ដ៏អស្ចារ្យ​របស់​ព្រះ​គ្រីស្ត ដោយយកជំនឿធ្វើជាពន្លឺ។ ក្នុង​ព្រះ​គម្ពីរ​មាន​កត់​ត្រាទុក​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ ដោយ​ព្រះអង្គ​បាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ ព្រះ​គម្ពីរពិត​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អង្គមែន។ សូម​ចាត់​ទុកការ​សិក្សា​ព្រះគម្ពីរ​ជា​ដួង​ព្រ​លឹង នៃ​ទេវ​វិទ្យា។ សូម​ឲ្យ​អស់អ្នក​បម្រើ​ព្រះ​បន្ទូល គឺ​អ្នក​ធ្វើ​ពិធីអត្ថា​ធិប្បាយក្នុងឋានៈជាគង្វាល អ្នកអប់រំជំនឿ អ្នក​បង្រៀន​គ្រីស្ត​បរិស័ទ​គ្រប់​យ៉ាង ជាពិសេសអ្នក​ធ្វើ​ពិធីអត្ថា​ធិប្បាយ​ក្នុង​ពីធីគោរព​ប្រណិប័តន៍​នានា ជាកិច្ចដែលប្រសើរជាងគេ យក​ព្រះបន្ទូលដែលកត់ត្រាទុកក្នុងព្រះគម្ពីរ ធ្វើជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា និង​មាន​កម្លាំង​ដ៏វិសុទ្ធផង។

២៥-ការ​ផ្តាំ​ឲ្យ​អាន​ព្រះ​គម្ពីរ

ហេតុ​នេះ​ហើយ បាន​ជា​អស់​អ្នក​ដែល​បំពេញ​មុខងារ​មួយ​ក្នុង​ព្រះ​សហគមន៍ មាន​អស់បូជា​ចារ្យ​របស់​ព្រះ​គ្រីស្ត​ជា​ដើម ព្រម​ទាំង​អស់​លោកឧបដ្ឋាក និង​អ្នកអប់រំ​ជំនឿ​ដែល​ធ្លាប់​បម្រើ​ព្រះ​បន្ទូលយ៉ាងត្រឹមត្រូវ ត្រូវភ្ជាប់​ចិត្ត​នឹង​ព្រះ​គម្ពីរ​ព្យាយាម​អាន និង​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ជ្រាល​ជ្រៅ ស្វែង​រក​អត្ថន័យ​តាមព្រះ​វិញ្ញាណ ក្រែងលោ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា “អ្នក​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ តែបបូរមាត់ខាងក្រៅប៉ុណ្ណោះ តែ​មិន​ស្តាប់​ព្រះ​បន្ទូល​នេះ​ខាង​ក្នុង​ចិត្តគេ​ទេ"។ ផ្ទុយទៅវិញ អស់លោកមានភារកិច្ចចែករំលែកព្រះបន្ទូលជា​ទ្រព្យសម្បត្តិដ៏មាន​តម្លៃ​ហួស​កម្រិត​ជាពិសេស នៅពេល​ធ្វើ​ពិធី​គោរពប្រណិប័តន៍នានា។ មហា​សន្និបាតដ៏វិសុទ្ធក្រើនរំឭក​ដាស់​តឿន​គ្រីស្ត​បរិស័ទទាំងអស់​យ៉ាង​ខ្លាំង​ជា​ទី​បំផុត ជា​ពិសេស បព្វ​ជិតបព្វជិតាឲ្យ​រៀន “ចំណេះ​ដ៏​វិសេស​វិសាល​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ត" (ភល ៣, ៨) ដោយ​អានព្រះ​គម្ពីរ​ជា​ញឹក ដ្បិត “អ្នក​ដែល​មិន​ស្គាល់​ព្រះ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ត​ដែរ"។ ទោះនៅពេល​ធ្វើ​ពិធី​បុណ្យនា​នា​ដែលជ្រួតជ្រាប ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ក្តី ទោះបីអាន​គម្ពីរ​ម្នាក់ឯង ដោយគោរពប្រណិប័តន៍ក្តី ទោះ​គេ​រៀន​តាម​សាលា ឬតាម​របៀប​ផ្សេង​ក្តី ដូច​មាន​ចាត់​ចែង​នៅ​គ្រប់​កន្លែង​សព្វ​ថ្ងៃ សូមឲ្យពួកគេចូល​ចិត្ត​អាន​គម្ពីរ​ដោយ​ផ្ទាល់ដែរ។សូម​ចាត់​ចែងការសិក្សាគួរឲ្យសរសើរនេះ ដូចមាន​ផ្សព្វផ្សាយសព្វថ្ងៃនៅគ្រប់កន្លែង តាម​សេចក្តី​អនុញ្ញាត​និង​តាម​ការ​គាំ​ទ្រ​របស់​អស់​លោក​អភិបាលជាគង្វាល​ព្រះ​សហគមន៍។ សូម​ឲ្យ​អ្នក​សិក្សាទាំង​នោះនឹក​ចង​ចាំ​ជា​និច្ចថា ត្រូវ​អាន​ព្រះ​គម្ពីរ​ទាំងអធិដ្ឋាន​ផង ទើប​មនុស្ស​និង​ព្រះ​ជា​ម្ចាស់​អាច​សន្ទនា​ជាមួយ​គ្នា​បាន ដ្បិត “ពេល​ណា​យើង​អធិដ្ឋាន ពេល​នោះ​យើងនិយាយ​ទូល​ព្រះ​អង្គ ហើយ​ពេលយើង​អាន​ព្រះ​បន្ទូល យើង​ស្តាប់​ព្រះ​អង្គ​វិញ"។

អស់​លោក​អភិបាល “ដែល​ទទួល​បញ្ញើនៃ​លទ្ធិ​មកពីក្រុម​គ្រីស្ត​ទូត " មាន​ភារកិច្ច បង្រៀន​គ្រីស្ត​បរិស័ទ​ក្នុង​ភូមិ​ភាគរបស់​ខ្លួន​យ៉ាង​សម​គួរ ឲ្យ​គេចេះ​ប្រើ​ក័ណ្ឌ​ព្រះ​គម្ពីរយ៉ាងត្រឹមត្រូវ ជាពិសេស​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី មាន​គម្ពីរ​ដំណឹងល្អ​ជា​ដើម។ សូម​ចាត់​ឲ្យ​មាន​គេ​បក​ប្រែ​គម្ពីរ​ទាំង​នោះ។ សូម​ដាក់​កំណត់អត្ថាធិប្បាយតាម​សេចក្តី​ត្រូវ​ការ ឲ្យ​បាន​គ្រប់​គ្រាន់ពិតប្រាកដមែន ដើម្បី​ឲ្យ​បុត្រ​ធីតា​នៃ​ព្រះ​សហគមន៍ មាន​លទ្ធភាព​អាន​ព្រះ​គម្ពីរ​ដោយ​មិន​ខ្លាច​វង្វេង និងទទួល​ផល​ប្រយោជន៍​បាន ព្រម​ទាំង​ឲ្យ​ព្រះ​បន្ទូល​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គំនិត​របស់​គេ​ផង។

មិន​តែ​ប៉ុណ្ណោះ​សោត សូម​បោះ​ពុម្ព​គម្ពីរ​សម្រាប់​អ្នក​ដែល​មិន​កាន់​គ្រីស្ត​សាសនា​យើង​ទៀតផង ដោយ​ដាក់​កំណត់អត្ថាធិប្បាយតាមសេចក្តី​ត្រូវ​ការ ស្រប​តាម​សភាព​ការណ៍​របស់អ្នកអាន។ ទោះយ៉ាងណាក៏ដោយ សូម​អស់ គង្វាលដែលមាន​ភារ​កិច្ច​ណែនាំ និងគ្រីស្ត​បរិស័ទ ទាំង ឡាយ ទោះជាបព្វជិតបព្វជិតា ឬគ្រីស្តបរិស័ទ​ធម្មតា​ក៏ដោយ ត្រូវយកចិត្តទុកដាក់​ផ្សព្វ​ផ្សាយ គម្ពីរដោយ​រិះ​គិត​ពិចារណាផង។

២៦-សេចក្តី​បញ្ចប់

ហេតុ​នេះ “សូម​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ បង្ហើយ​កិច្ចការ​របស់​ខ្លួន និង​បាន​រុង​រឿង" (២ថស ៣, ១) ដោយ​គេអាន និង​សិក្សា​ព្រះ​គម្ពីរ។ សូម​ឲ្យ​កំណប់​ដ៏​ថ្លៃ​ថ្លា​នៃសេចក្តីដែល​ព្រះជាម្ចាស់បានសម្តែងមក និងផ្ញើ​ឲ្យ​ព្រះ​សហគមន៍​នោះ បំពេញ​បំណងចិត្ត​របស់​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ។ ព្រះ​សហគមន៍​ទទួល​ជីវិត​កាន់​តែ​ច្រើន​ឡើងៗ ដោយព្យាយាមថ្វាយអភិបូជា​យ៉ាង​ណា យើង​សង្ឃឹម​ថាគ្រីស្ត​បរិស័ទ​ក៏​នឹងមានជីវិត​តាមវិញ្ញាណ​ចម្រើន​ឡើង​ជាថ្មី ដោយ​ព្យា​យាម​គោរព​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​យ៉ាង​នោះ​ដែរ ព្រោះ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ “ស្ថិត​នៅ​អស់​កល្ប ជា​និច្ច" (តាម អស ៤០,៨; ១​សល ១,២៣-២៥)។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ធម្មនុញ្ញគោលលទ្ធិទាំង​មូលខាងលើ​នេះ ព្រម​ទាំង​គោល​ការណ៍​នីមួយៗ​នៃធម្មនុញ្ញនេះ​ផងដែរ។ រីឯ​យើង​វិញ គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រ​គល់ឲ្យ រួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផង យើង​ក៏​យល់​ព្រម​ហើយសម្រេចចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ចនិរន្តរ៍ត​រៀង​ទៅ

ធ្វើ​នៅ​ក្រុង​រ៉ូម ព្រះ​វិហារ​សន្តៈ សិលា ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា របស់​លោក​អភិបាល)

២. Lumen Gentium ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក

ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក
LUMEN GENTIUM

ខ្ញុំប៉ូលជាអភិបាលជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសធម្មនុញ្ញគោលលទិ្ធនេះដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីព្រះសហគមន៍

ជំពូក១

១-អារម្ភកថា

ព្រះគ្រីស្តជាពន្លឺបំភ្លឺប្រជាជាតិនានា។ ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រជុំមហាសន្និបាតដ៏វិសុទ្ធនេះ ដែល​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ផ្សព្វផ្សាយពន្លឺរបស់ព្រះគ្រីស្តទៅលើមនុស្សទាំងអស់ គឺជាពន្លឺដែលចែងចាំងលើមុខព្រះសហគមន៍ ដោយ​ប្រកាស​ដំណឹងល្អឲ្យសត្វលោកទាំងឡាយ (មក១៦,១៥)។ ព្រះសហគមន៍រួម​ក្នុងអង្គព្រះគ្រីស្ត​ហាក់​ដូច​ជា​អគ្គ​សញ្ញា​ម៉្យាង គឺជាសញ្ញាសម្គាល់បង្ហាញព្រះជាម្ចាស់ និង​ជាមធ្យោបាយ​នាំឲ្យមនុស្ស​អាច​រួម​រស់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ​បាន។ ព្រះសហគមន៍ក៏ជាសញ្ញាសម្គាល់ និងជាមធ្យោបាយនាំឲ្យមនុស្សជាតិទាំងមូល រួមគ្នា​ជា​ធ្លុង​តែ​មួយ​ដែរ (អំណរ៤២)។ ក្នុងធម្មនុញ្ញនេះព្រះសហគមន៍មានគោលបំណង ចង់បញ្ជាក់កាន់តែ​ជាក់​ច្បាស់​នូវ​លក្ខណៈ និង​បេសកកម្ម​របស់ខ្លួនស្របតាមការប្រៀនប្រដៅរបស់មហាសន្និបាតកាលពីមុនៗមក ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ និង​មនុស្ស​ទូទៅ​យល់។ នេះជាភារកិច្ចរបស់ព្រះសហគមន៍ ប៉ុន្តែ សភាពការណ៍នៃពិភពលោក​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ភារកិច្ចនេះ មាន​លក្ខណៈ​ជាបន្ទាន់ព្រោះមនុស្សទាំងអស់ភ្ជាប់ជាមួយគ្នាកាន់តែជិតស្និទ្ធ ដោយចំណង​ផ្សេងៗ​ជាច្រើន​ក្នុង​សង្គម គឺ​មាន​ចំណងបច្ចេកទេស និងចំណងវប្បធម៌ជាដើម។ ដូច្នេះត្រូវឲ្យមនុស្សទាំងអស់​រួប​រួម​គ្នាយ៉ាង​ពេញ​លេញ​ក្នុង​អង្គ​ព្រះ​គ្រីស្ត​ដែរ។

២-គម្រោងការរបស់ព្រះបិតាដែលសព្វព្រះហប្ញទ័យសង្រ្គោះមនុស្សទាំងអស់

ព្រះបិតាដែលមានព្រះជន្មមុនកាលសម័យទាំងអស់ ព្រះអង្គមានសេរីភាពពេញទី សម្រេចបំណង​ដ៏​អាថ៌​កំបាំង គឺ​ប្រតិស្ឋានពិភពលោកដោយព្រះប្រាជ្ញាញាណនិងដោយព្រះហប្ញទ័យសប្បុរស។ ព្រះអង្គក៏សម្រេច​ព្រះ​ហឫទ័យ​លើក​មនុស្ស​លោក ឲ្យទទួលចំណែកនៃព្រះជន្មផ្ទាល់របស់ព្រះអង្គថែមទៀតដែរ។ ក្រោយ​ពី​មនុស្ស​លោក​ប្រព្រឹត្តអំពើបាបដោយរួមជាមួយលោកអាដាំ ព្រះអង្គមិនលះបង់គេចោលទេ តែ​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ​គេ​ដោយ​នឹក​គិតដល់ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ “ព្រះគ្រីស្តជារូបតំណាងរបស់​ព្រះជាម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក” (កូឡ១,១៥)។ “អស់​អ្នក​ដែលព្រះបិតាបានជ្រើសរើសមុនកាលសម័យទាំងអស់ ព្រះអង្គក៏បានតម្រូវគេទុកជាមុនឲ្យមានលក្ខណៈ ដូច​ព្រះ​បុត្រា​ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន” (រម៨,២៩)។ ចំពោះ​អស់​អ្នក​ដែលផ្ញើជីវិតលើព្រះគ្រីស្តព្រះបិតា សព្វព្រះហឫទ័យត្រាស់ហៅគេ ឲ្យទៅជាព្រះសហគមន៍ដ៏វិសុទ្ធ។ ព្រះ​ជាម្ចាស់​ប្រទានដំណឹងអំពីព្រះសហគមន៍នេះតាមនិមិត្តសញ្ញាជាច្រើន តាំង​ពី​កំណើត​ពិភពលោក​រៀង​មក ​ព្រះអង្គក៏បាន​រៀបចំព្រះសហគមន៍នេះយ៉ាងអស្ចារ្យ តាមប្រវត្តិសាស្រ្តប្រជាជន​អ៊ីស្រាអែល និង​តាម​សម្ពន្ធមេត្រី​ចាស់។ ព្រះអង្គ​ក៏បានតែងតាំងព្រះសហគមន៍នៅសម័យឥឡូវ ជាជំនាន់ចុងក្រោយបំផុត។ ព្រះគ្រីស្ត​បង្ហាញ​ព្រះ​សហ-គមន៍ ដោយ​បង្ហូរព្រះវិញ្ញាណហើយព្រះសហគមន៍នឹងបានទៅជាពេញលក្ខណៈជា​ស្ថាពរ​ក្នុង​សិរី​រុងរឿង​នៅពេល​ចុង​ក្រោយ​បំផុត។ នៅពេលនោះអស់មនុស្សសុចរិតតាំងពីជំនាន់​លោក​អាដាំមកគឺ “តាំងពី​លោក​អាបែល​ជា​មនុស្ស​សុចរិត​រហូត​ដល់​ជន​ចុង​ក្រោយ​បង្អស់ ដែល​ព្រះជាម្ចាស់​ជ្រើសរើស” ក៏​នឹង​រួបរួម​គ្នា​នៅ​ក្បែរ​ព្រះបិតា ក្នុង​ព្រះសហគមន៍សកលស្របតាមសេចក្តី ដែលអស់គ្រូបាធ្យាយដ៏វិសុទ្ធបានចែងទុកមក។

៣-បេសកកម្មរបស់ព្រះបុត្រា

ហេតុនេះហើយ បានជាព្រះបិតាចាត់ព្រះបុត្រាឲ្យយាងមក។ ព្រះបិតាបានជ្រើសរើសយើងក្នុងអង្គ​ព្រះបុត្រា​នេះ មុនទ្រង់ប្រតិស្ឋានពិភពលោកមកមេ្លះហើយតម្រូវទុកឲ្យយើងទៅជាបុត្រធីតា តាមព្រះអង្គគ្រោងទុកពោលគឺ ប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាក្នុងអង្គព្រះបុត្រា (អភ១,៤-៥និង១០)។ ហេតុនេះហើយ បានជា​ព្រះគ្រីស្ត​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​ដ៏ខ្ពង់ខ្ពស់បំផុត ចាប់ផ្តើមគ្រងរាជ្យនៅលើផែនដី ដើម្បីឲ្យព្រះហឫទ័យព្រះបិតា កើតជារូបរាង។ព្រះគ្រីស្ត​ក៏បានសម្តែងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលគ្រងរាជ្យនោះ។ ព្រះអង្គបានរំដោះមនុស្សជា​ស្ថាពរ​ដោយប្រព្រឹត្តតាមបញ្ជាព្រះបិតា។ ព្រះសហគមន៍​ជាព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលោកនេះ យ៉ាង​អាថ៌​កំបាំង​រួច​ស្រាប់ហើយ គឺ​ព្រះសហគមន៍ធ្វើឲ្យមនុស្សឃើញព្រះរាជ្យនេះ ចម្រើនឡើង​ដោយ​មាន​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ជួយឧបត្ថម្ភផង។ ដើមកំណើតនិងការអភិវឌ្ឍន៍​នៃ​ព្រះរាជ្យនេះ មក​ពី​ព្រះលោហិត និង​ទឹក​ដែល​ហូរ​ចេញ​ពីរបួសត្រង់ឆ្អឹងជំនីររបស់ព្រះយេស៊ូ ដែលត្រូវគេឆ្កាង(យហ១៩,៣៤)។ ព្រះអម្ចាស់ក៏មានព្រះបន្ទូល​ប្រាប់​ឲ្យ​ដឹង​ជា​មុន អំពីដើមកំណើត និងអំពីការអភិវឌ្ឍន៍នៃព្រះរាជ្យនេះ នៅពេលព្រះអង្គមានព្រះបន្ទូល​អំពី​ព្រះអង្គ​សោយទិវង្គតនៅលើឈើឆ្កាងថា “កាលណាគេលើកខ្ញុំឡើងពីដីខ្ញុំ​នឹងទាញ​មនុស្ស​ទាំងអស់​មក ឯខ្ញុំ (យហ១២, ៣២)។ គ្រប់ពេលព្រះសហគមន៍ថ្វាយអភិបូជាគឺ ថ្វាយសក្ការបូជារបស់ព្រះយេស៊ូ​ដែល​បូជាព្រះជន្ម​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គរំដោះយើងព្រោះព្រះអង្គជាយញ្ញរបស់យើង ក្នុងឱកាសបុណ្យចម្លង (១ករ ៥, ៧)។ នៅ​ពេលនោះ ក៏​មានសម្តែងនិងសម្រេចថាគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ដោយអគ្គសញ្ញា​នៃ​នំប៉័ង​ដែល​គេ​យក​ទៅ​អរ​ព្រះគុណ​នោះ គឺគ្រីស្តបរិស័ទរួបរួមគ្នាជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត (១ករ ១០, ១៧)។ ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​មនុស្សទាំងអស់ ឲ្យរួបរួមជាមួយព្រះគ្រីស្តគឺ ព្រះគ្រីស្តដែលជាពន្លឺបំភ្លឺមនុស្សលោក។ យើង​ទាំង​អស់​គ្នា​ក៏កើតចេញមកពីព្រះគ្រីស្តមានជីវិតដោយសារព្រះគ្រីស្តនិងតម្រង់ខ្លួនទៅកាន់ព្រះគ្រីស្តផងដែរ។

៤-ព្រះវិញ្ញាណប្រោសឲ្យព្រះសហគមន៍បានវិសុទ្ធ

ក្រោយពីព្រះបុត្រាបានបង្ហើយព្រះរាជកិច្ច ដែលព្រះបិតាផ្ញើឲ្យព្រះអង្គបំពេញនៅលើផែនដីសព្វគ្រប់ហើយ (យហ ១៧, ៤) ព្រះបិតាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅបុណ្យថ្ងៃទីហាសិប ដើម្បី​ប្រោស​ឲ្យ​ព្រះសហគមន៍​បាន​វិសុទ្ធ​ជានិច្ច ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​អស់​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះគ្រីស្ត មាន​ផ្លូវ​ចូល​ទៅ​កាន់​ព្រះបិតា ដោយសារ​ព្រះគ្រីស្ត និងដោយរួមក្នុងព្រះវិញ្ញាណតែមួយ (អភ ២, ១៨) គឺ​ព្រះវិញ្ញាណ​នៃ​ជីវិត​នេះ​ហើយ ជា​ប្រភព​ទឹក​ដែល​ផុស​ឡើង ហើយផ្តល់ព្រះជន្មរបស់ព្រះជាម្ចាស់ (យហ ៤, ១៤; ៧, ៣៨-៣៩)។ ដោយសារ​ព្រះ​វិញ្ញាណ​នេះ ព្រះបិតា​ប្រទានជីវិតឲ្យមនុស្សដែលត្រូវស្លាប់ ដោយសារអំពើបាប ទាំង​រង់ចាំ​ឲ្យ​រូបកាយ​របស់​គេ ដែល​រមែង​តែង​តែ​ស្លាប់ ទទួលជីវិតថ្មីដ៏រុងរឿងក្នុងអង្គព្រះគ្រីស្ត (រម ៨, ១០-១១)។ ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​ព្រះសហគមន៍ និង​ក្នុង​ចិត្តអ្នកផ្ញើជីវិតលើព្រះគ្រីស្ត ដូចជាគង់នៅក្នុងព្រះវិហារមួយ (១ករ ៣, ១៦; ៦, ១៩)។ ព្រះវិញ្ញាណ​អធិដ្ឋាន​នៅ​ក្នុង​ខ្លួន​គេ និងបញ្ជាក់ថា គេមានលក្ខណៈជាបុត្រធីតារបស់ព្រះបិតា (កឡ ៤, ៦; រម ៨, ១៥-១៦ និង ២៦)។ ព្រះវិញ្ញាណណែនាំព្រះសហគមន៍ឲ្យស្គាល់សេចក្តីពិតគ្រប់ជំពូក (យហ ១៦, ១៣)។ ព្រះវិញ្ញាណ​បង្រួប​បង្រួម​ព្រះសហគមន៍ ឲ្យរួបរួមគ្នាជាធ្លុងតែមួយ និងឲ្យមានមុខងារបម្រើផ្សេងៗ។ ព្រះវិញ្ញាណណែនាំ​ហើយ​ចាត់​ចែង​ព្រះសហគមន៍ ឲ្យមានរចនាសម្ពន្ធតាមលំដាប់លំដោយ និងសម្តែងសកម្មភាព​របស់​ព្រះអង្គ​ផ្ទាល់ ដោយ​ប្រទាន​ព្រះអំណោយទានផ្សេងៗ។ ព្រះវិញ្ញាណក៏ប្រទាន​ផលផ្លែជាច្រើន ជាគ្រឿង​តុប​តែង​ព្រះសហគមន៍​ផង​ដែរ (អភ ៤, ១១-១២; ១ករ ១២, ៤; កឡ ៥, ២២)។ ព្រះវិញ្ញាណប្រោសឲ្យព្រះសហគមន៍​មាន​កម្លាំង​ថ្មី មិន​ដែល​ចាស់​ឡើយ និងឲ្យប្រែខ្លួនជាថ្មីជានិច្ចដោយសារ​អានុភាពនៃដំណឹងល្អ ទាំងណែនាំព្រះសហគមន៍ឲ្យ​ទៅរួម​រស់​យ៉ាង​ពេញ​លេញ​ជាមួយព្រះគ្រីស្តជាព្រះស្វាមី។ ទាំងព្រះវិញ្ញាណទាំងព្រះសហគមន៍ ជាព្រះមហេសីទូល​ទៅ​កាន់​ព្រះអម្ចាស់យេស៊ូថា “សូមយាងមក!” (វវ ២២, ១៧)។

ហេតុនេះហើយ បានជាមនុស្សឃើញថាព្រះសហគមន៍ជា “ប្រជាជនមួយដែលរួបរួម​គ្នាជាធ្លុងតែមួយ មក​ពី​ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ រួបរួមគ្នាជាអង្គតែមួយ”។

៥-ព្រះរាជ្យរបស់ព្រះជាម្ចាស់

ដើមកំណើត​នៃព្រះសហគមន៍ សម្តែងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ចំពោះ​ព្រះសហគមន៍​ដ៏​វិសុទ្ធ។ ព្រះអម្ចាស់យេស៊ូបង្កើតព្រះសហគមន៍ ដោយប្រកាសដំណឹងដែលផ្តល់អំណរ​សប្បាយថា ព្រះជាម្ចាស់​យាង​មក​គ្រងរាជ្យហើយតាមព្រះបន្ទូលសន្យាជាយូរសតវត្សមកគឺ ព្រះអង្គប្រកាសថា៖ “ពេលកំណត់​ពេញ​សព្វ​គ្រប់​អស់​ហើយ ព្រះជាម្ចាស់គ្រងរាជ្យហើយ!” (មក ១, ១៥; មថ ៤, ១៧)។ ព្រះគ្រីស្តបញ្ចាំងពន្លឺ​នៃ​ព្រះរាជ្យ​នោះ ដោយ​មានព្រះបន្ទូលនិងប្រពឹ្រត្តព្រះរាជកិច្ចផ្សេងៗព្រមទាំងគង់នៅជាមួយមនុស្សលោកផង។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់ប្រៀបដូចជាគ្រាប់ពូជម៉្យាង ព្រោះក្នុងចម្ការមួយ (មក ៤, ១៤)។ អស់អ្នកស្តាប់ព្រះបន្ទូល ដោយ​ផ្ញើជីវិត​លើព្រះអង្គ ចូលរួមក្នុងក្រុមតូចរបស់ព្រះគ្រីស្ត (លក ១២, ៣២) និង​ទទួលព្រះរាជ្យនោះ។ បន្ទាប់​មក​គ្រាប់​ពូជនោះ ដុះពន្លកឡើងដោយកម្លាំងខ្លួនឯង និងចម្រើនឡើងរហូតដល់ពេលចម្រូត (មក ៤, ២៦-២៩)។ ព្រះយេស៊ូក៏ធ្វើការអស្ចារ្យនានាសម្តែង​សញ្ញា​សម្គាល់ថាព្រះជាម្ចាស់ គ្រងរាជ្យនៅលើផែនដីនេះហើយ៖ “ប្រសិន​បើខ្ញុំដេញខ្មោច ដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់នោះ បានសេចក្តីថា ព្រះអង្គយាងមកគ្រងរាជ្យ​លើ​អ្នក​រាល់​គ្នាហើយ។” (លក ១១, ២០; មថ ១២, ២៨)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់សម្តែងថា ព្រះអង្គគ្រងរាជ្យ​យ៉ាង​ពិសេស​បំផុត​ក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ និងជាបុត្រមនុស្សដែលយាងមក “បម្រើ​គេ​ព្រមទាំង​បូជា​ជីវិត‌ ដើម្បីរំដោះមនុស្សទាំងអស់ផង” (មក ១០, ៤៥)។

ព្រះយេស៊ូរងទុក្ខ និងសោយទិវង្គតនៅលើឈើឆ្កាងដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ ក្រោយ​មក​ព្រះអង្គ​ទទួល​ព្រះជន្មថ្មីដ៏រុងរឿង។ ព្រឹត្តិការណ៍នេះ​សរឲ្យ​គេឃើញថា ព្រះជាម្ចាស់​បាន​តែង​តាំង​លោក​ជា​ព្រះ​អម្ចាស់ ជាព្រះគ្រីស្ត និងជាមហាបូជាចារ្យដែលស្ថិតនៅអស់កល្បជានិច្ច (កក ២, ៣៦; ហប ៥, ៦; ៧, ១៧- ២១)។ ព្រះគ្រីស្តក៏ចាក់បង្ហូរព្រះវិញ្ញាណលើក្រុមសាវ័ក តាមព្រះបន្ទូលសន្យារបស់ព្រះបិតា (កក២,៣៣)។ ដូច្នេះ​ព្រះសហគមន៍បានទទួលព្រះអំណោយទានផ្សេងៗពីព្រះគ្រីស្ត ដែលបានបង្កើតព្រះសហគមន៍។ ព្រះ​សហគមន៍​ក៏យកចិត្តទុកដាក់​កាន់តាម​បទបញ្ជា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ពោល គឺ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ឲ្យ​មាន​ចិត្ត​សុភាពរាបសា​ឲ្យមានចិត្តលះបង់។ ព្រះសហគមន៍​ក៏ទទួល​បេសកកម្ម​ប្រកាសថា ព្រះគ្រីស្ត និង​ព្រះ​ជាម្ចាស់​គ្រងរាជ្យ និង​មានមុខងារតែងតាំងព្រះរាជ្យក្នុងប្រជាជាតិនានា។ ព្រះសហគមន៍​ជា​ពន្លក និងជាដើម​កំណើត​នៃ​ព្រះរាជ្យ​នេះ នៅលើផែនដី។ ក៏ប៉ុន្តែ នៅ​ពេល​ព្រះសហគមន៍​ចម្រើន​ឡើង​បន្តិច​ម្តងៗ​ព្រះសហគមន៍​ប្រាថ្នា​ចង់​ឲ្យ​ព្រះរាជ្យ​នេះ បានពេញលេញឲ្យបានសព្វគ្រប់ទាំង​សង្ឃឹម​អស់​ពី​សមត្ថភាព និង​ផ្ចង់ចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​បាន​រួម​ជាមួយ​ព្រះមហាក្សត្រ​របស់​ខ្លួន​ក្នុង​សិរីរុងរឿង។

៦-និមិត្តសញ្ញាអំពីព្រះសហគមន៍

តាមគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់តែងតែសម្តែងអំពីព្រះអង្គគ្រងរាជ្យតាមនិមិត្តសញ្ញាផ្សេងៗ។ សព្វ​ថ្ងៃ​ព្រះអង្គក៏សម្តែងឲ្យយើងស្គាល់អំពីលក្ខណៈពិសេសដ៏ជ្រៅបំផុតរបស់ព្រះសហគមន៍ តាម​និមិត្ត​រូប​ផ្សេងៗ​ដែរ គឺ​ជា​និមិត្តរូបដកស្រង់ពីការរស់នៅរបស់គង្វាលសត្វ ពីការរស់នៅរបស់កសិករពីការសាងសង់​សំណង់​ពីការ​រស់​នៅ​ក្នុងក្រុមគ្រួសារនិងពីអាពាហ៍ពិពាហ៍ដូចមានចែងក្នុងគម្ពីរព្យាការីជាប្រផ្នូលស្រាប់។ ព្រះសហគមន៍​ប្រៀប​ដូច​ជា​ក្រោលសត្វ រីឯព្រះគ្រីស្តវិញ ព្រះអង្គប្រៀបដូចជាទ្វារចេញចូលតែមួយដែលត្រូវការជាចាំបាច់ (យហ ១០, ១-១០)។ ព្រះសហគមន៍​ជាហ្វូងសត្វដែលព្រះជាម្ចាស់​បាន​ប្រកាសជាមុនថា ព្រះអង្គ​នឹង​ទៅ​ជា​គង្វាល (អស ៤០, ១១; អគ ៣៤, ១១ត)។ ទោះបីមានមនុស្សជា​គង្វាល​ណែនាំ​ក្តីក៏​ព្រះគ្រីស្ត​ផ្ទាល់ណែនាំ និង​ចិញ្ចឹម​ចៀម​ទាំង​នោះ​ជានិច្ច​ដែរ ព្រះអង្គជា​គង្វាល​ដ៏សប្បុរសជាម្ចាស់​លើគង្វាលទាំងប៉ុន្មាន (យហ ១០, ១១; ១សល ៥, ៤) ព្រះអង្គ​បាន​ស៊ូ​ប្តូរជីវិត ដើម្បីចៀមរបស់ខ្លួន (យហ ១៩, ១១-១៥)។

ព្រះសហគមន៍ប្រៀបដូចស្រែចម្ការគឺជាស្រែចម្ការរបស់ព្រះជាម្ចាស់(១ករ៣,៩)។ ក្នុង​ចម្ការ​នោះ​មាន​ដើម​អូលីវ​មួយ​ដើម​ដុះ​ឡើង​តាំងពីដើមមក គឺដើមអូលីវដែលមានអស់លោកបុព្វបុរសជាឫសដ៏វិសុទ្ធ។ នៅ​លើ​ដើម​អូលីវ​នោះ មានផ្សាំមែកថ្មីជា​ជនជាតិយូដា និងសាសន៍ដទៃ ដែល​កំពុង​សម្រុះ​សម្រួល​គ្នា និង​គង់​តែ​នឹង​ស្រុះ​ស្រួលគ្នា​ជាស្ថាពរនៅថ្ងៃណាមួយមិនខាន (រម ១១, ១៣-២៦)។ ព្រះជាម្ចាស់ប្រៀបដូចជាម្ចាស់​ចម្ការ​នៃស្ថាន​បរមសុខ ព្រះអង្គបានដាំដើមទំពាំងបាយជូរដែលទ្រង់បានជ្រើសរើស (មថ ២១, ៣៣-៤៣; អស ៥, ១ក)។ ដើម​ទំពាំងបាយជូរដ៏ពិតប្រាកដគឺព្រះគ្រីស្ត។ ព្រះអង្គ​ប្រទានឲ្យយើងទៅជាមែក ដែលមានជីវិត និង​ដែល​អាច​បង្កើត​ផលផ្លែបាន។ ដោយសារព្រះសហគមន៍យើងស្ថិតនៅក្នុងអង្គព្រះគ្រីស្ត។ បើដាច់ពីព្រះអង្គយើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ(យហ១៥,១-៥)។

ក្នុងគម្ពីរមានចែងជាញឹកថា ព្រះសហគមន៍ជាសំណង់របស់ព្រះជាម្ចាស់ (១ករ ៣, ៩)។ ព្រះយេស៊ូ​ជា​អម្ចាស់បានប្រៀបព្រះអង្គផ្ទាល់ ទុកដូចជាថ្មដែលជាងសំណង់បោះបង់ចោលតែត្រឡប់ទៅជាថ្មគ្រឹះ ដ៏​សំខាន់​បំផុត​វិញ (មថ ២១, ៤២; កក ៤, ១១; ១សល ២, ៧; ទន ១១៧, ២២)។ ក្រុម​គ្រីស្ត​ទូត​បាន​សង់​ព្រះសហគមន៍​លើ​គ្រឹះនោះ (១ករ ៣, ១១) ព្រះសហគមន៍ក៏រឹងប៉ឹង និងភ្ជាប់គ្នាយ៉ាងមាំដោយសារគ្រឹះនោះដែរ។ សំណង់​នេះ​មាន​ឈ្មោះផ្សេងៗពីគ្នា គឺជាព្រះដំណាក់របស់ព្រះជាម្ចាស់ (១ធម ៣, ១៥) ដែលមាន​ក្រុម​គ្រួសារ​របស់​ព្រះអង្គ​រស់​នៅ​ក្នុងដំណាក់នោះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ (អភ ២, ១៩-២២) ជា​ព្រះពន្លា​របស់​ព្រះជាម្ចាស់​ដែលស្ថិតនៅជាមួយមនុស្សលោក (វវ ២១, ៣) ជាពិសេស​ជាព្រះវិហារដ៏វិសុទ្ធ​ដែល​មាន​កន្លែង​គោរព​បូជា សាងសង់អំពីថ្មជានិមិត្តរូប។ អស់គ្រូបាធ្យាយ តែងតែលើកតម្កើងព្រះវិហារនេះ។ ពិធីគោរព​ប្រណិប័តន៍​នានា​ក៏តែងប្រៀបផ្ទឹមយ៉ាងត្រឹមត្រូវ អំពីព្រះវិហារនោះទៅនឹងក្រុងដ៏វិសុទ្ធ គឺក្រុងយេរូសាឡឹមថ្មី។ យើង​ដែល​កំពុងតែរស់នៅលើផែនដីនេះប្រៀបដូចជាថ្ម ដែលមានជីវិតផ្គុំគ្នាកសាងសំណង់ (១សល ២, ៥)។ គ្រីស្ត​ទូត​យ៉ូហាន នឹកសញ្ជឹងគិតអំពីទីក្រុងដ៏វិសុទ្ធ ដែលចុះពីស្ថានបរមសុខមកទុក​ជា​ភរិយាថ្មោងថ្មី ដែល​តុប​តែង​ខ្លួនទទួលស្វាមីនៅពេលព្រះជាម្ចាស់ប្រែពិភពលោកជាថ្មី (វវ ២១, ១ត)។

ព្រះសហគមន៍ក៏មានឈ្មោះទៀតថា “ទីក្រុងយេរូសាឡឹមនៅស្ថានលើ” និង “មាតារបស់យើង” (កាឡ ៤, ២៦; វវ ១២, ១៧)។ គេរៀបរាប់អំពីព្រះសហគមន៍ទុកដូចជា ភរិយា​ដ៏និមលរបស់កូនចៀម​ដ៏និមល (វវ ១៩, ៧; ២១, ២ និង ៩; ២២, ១៧) ជាភរិយាដែលព្រះគ្រីស្ត “បានស្រឡាញ់ និងបូជាព្រះជន្ម ដើម្បីប្រោសឲ្យបាន​ទៅ​ជា​វិសុទ្ធ” (អភ ៥, ២៦) ព្រះអង្គក៏ភ្ជាប់នឹងព្រះសហគមន៍ ដោយសន្ធិសញ្ញាដែលស្រាយមិន​បានព្រះអង្គនៅតែ “ចិញ្ចឹម​បីបាច់ថែរក្សាព្រះសហគមន៍ឥតឈប់ឈរ”។ (អភ ៥, ២៩) ព្រះអង្គលាងជម្រះព្រះសហគមន៍​ឲ្យបាន​ស្អាត​បរិសុទ្ធ ហើយទ្រង់សព្វព្រះហឫទ័យ​ឲ្យព្រះសហគមន៍ភ្ជាប់នឹង​ព្រះអង្គ ហើយគោរពចុះចូលនឹងព្រះអង្គ​ដោយ​សេចក្តីស្រឡាញ់ និងដោយចិត្តស្មោះត្រង់ភក្តី (អភ ៥, ២៤)។ ព្រះអង្គប្រោសប្រទាន​ឲ្យ​ព្រះសហគមន៍​នូវ​សម្បត្តិ​លោកខាងមុខ អស់កល្បជានិច្ច ដើម្បីឲ្យយើងអាចយល់នូវព្រះហឫទ័យ​ស្រឡាញ់របស់ព្រះជាម្ចាស់ និង​របស់​ព្រះគ្រីស្តចំពោះយើង ជាព្រះហឫទ័យស្រឡាញ់ដ៏ប្រសើរហួសពីការយល់ឃើញរបស់មនុស្ស (អភ ៣, ១៩)។

ក្នុង​រយៈពេលព្រះសហគមន៍ធ្វើដំណើរក្នុងលោកនេះ ឆ្ងាយ​ពីព្រះជាម្ចាស់ (២ករ ៥, ៦) ព្រះសហគមន៍ចាត់​ទុក​ខ្លួន​ជា​ជន​ដែលត្រូវគេនិរទេស។ ហេតុនេះហើយ បានជា​ព្រះសហគមន៍ស្វះស្វែង​រក​សម្បត្តិ​លោក​ខាង​មុខ​ដែល​មាន​កប់​ទុកក្នុងជម្រៅចិត្តយើង ប្រៀបដូចជាឱជារសដែលទាក់ទាញខ្លួន ទៅស្ថានដែលព្រះគ្រីស្តគង់​នៅ គឺព្រះអង្គ​គង់​នៅ​ខាងស្តាំព្រះបិតា។ ជីវិតព្រះសហគមន៍កប់ទុកជាមួយ​ព្រះគ្រីស្ត ក្នុងព្រះជាម្ចាស់ទាំងរង់​ចាំពេល​ខ្លួន​នឹង​លេច​ចេញ​មក​រួមជាមួយព្រះស្វាមីប្រកបដោយសិរីរុងរឿង (កូឡ ៣, ១-៤)។

៧-ព្រះសហគមន៍ជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត

ព្រះបុត្រា​របស់ព្រះជាម្ចាស់បានរំដោះមនុស្សលោក ដោយមានជ័យជម្នះ​លើសេចក្តីស្លាប់ និង​ដោយ​ទទួល​ព្រះជន្ម​ថ្មីដ៏រុងរឿង។ ក្នុងសភាពជាមនុស្សដែលព្រះអង្គយកមកភ្ជាប់នឹងសភាព ជាព្រះជាម្ចាស់​ព្រះអង្គ​បាន​ប្រែ​មនុស្ស​ឲ្យ​កើតជាថ្មីទាំងស្រុង (កាឡ ៦, ១៥; ២ករ ៥, ១៧)។ ដោយព្រះអង្គចែករំលែក​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ដែលព្រះអង្គប្រមែប្រមូលពីប្រជាតិជាតិទាំងឡាយ ព្រះអង្គប្រោសគេឲ្យទៅជា​ព្រះកាយព្រះអង្គ​តាម​របៀបមួយដ៏អាថ៌កំបាំង។

ព្រះគ្រីស្ត​បញ្ចូលព្រះជន្មរបស់ព្រះអង្គ ឲ្យសុសសាយក្នុងព្រះកាយនេះ គឺក្នុងអស់អ្នកដែលផ្ញើជីវិត​លើ​ព្រះអង្គ។ អគ្គសញ្ញានានា បង្រួបបង្រួមគ្រីស្តបរិស័ទជាមួយព្រះគ្រីស្ត​ដែលរងទុក្ខលំបាក និង​មាន​ព្រះជនថ្មី​ដ៏​រុងរឿង តាមរបៀបដ៏អាថ៌កំបាំងម៉្យាង ក៏ប៉ុន្តែយ៉ាងពិតប្រាកដមែន។ ដោយអគ្គសញ្ញាជ្រមុជទឹកយើង​បាន​ដូច​ព្រះ​គ្រីស្ត​ដែរ​គឺ​ថា “យើងទាំងអស់គ្នា‌បានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណ​តែមួយ‌‌ព្រះអង្គ ដើម្បីផ្សំគ្នា​ឡើង​ជា​ព្រះ​កាយ​តែ​មួយ” (១ករ ១២, ១៣)‌។ ក្នុងពិធីដ៏សក្ការៈនេះ អ្នកផ្ញើជីវិតលើព្រះគ្រីស្ត​ធ្វើ​សញ្ញាសម្គាល់​បញ្ជាក់ថា គេ​រួបរួម​ជាមួយព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ហើយគេរួបរួមជាមួយព្រះអង្គពិត​ប្រាកដ​មែន​ហើយ។ “ដោយពិធីជ្រមុជទឹក យើងរួមស្លាប់ជាមួយ​ព្រះអង្គ យើងក៏បានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ” និង “ប្រសិន​បើយើងរួមស្លាប់ជាមួយព្រះគ្រីស្ត ដែលសោយទិវង្គតយើងក៏នឹងរួមជាមួយ​ព្រះអង្គដែល​មាន​ព្រះជន្មថ្មី​ដ៏​រុងរឿងដែរ” (រម ៦, ៤-៥)។

ពេលយើងចូលរួមក្នុង​ពិធីកាច់នំប៉័ងដែលយើងយកទៅអរព្រះគុណ យើងក៏ចូលរួមក្នុង​ព្រះកាយរបស់​ព្រះ​អម្ចាស់យ៉ាងពិតប្រាកដដែរ គឺព្រះអង្គប្រោសយើងឲ្យរួបរួមជាមួយព្រះអង្គ និងឲ្យរួបរួមជាមួយគ្នាដែរ។ “ដោយ​មាន​នំបុ័ងតែមួយប៉ុណ្ណោះ យើងទាំងអស់គ្នាក៏រួមគ្នាជាព្រះកាយតែមួយដែរ ព្រោះយើងទាំងអស់​គ្នា​ទទួល​ចំណែក​ពី​នំបុ័ងតែមួយនោះ” (១ករ ១០, ១៧)។ ដូច្នេះយើងទៅ​ជាសរីរាង្គនៃព្រះកាយនោះ (១ករ ១២, ២៧)។ “យើង​ម្នាក់ៗ​ជា​សរីរាង្គរបស់គ្នាទៅវិញទៅមក” (រម ១២, ៥)។

ប៉ុន្តែ ទោះបីរូបកាយមនុស្សមានសរីរាង្គជាច្រើនយ៉ាងណាក្តី ក៏សរីរាង្គទាំងនោះផ្សំគ្នាជារូបកាយតែមួយ​ដែរ។ ចំពោះអ្នកផ្ញើជីវិតលើព្រះគ្រីស្តក៏ដូច្នោះដែរ (១ករ ១២, ១២) ទោះបីមានសរីរាង្គនិងអវៈយវៈ ដែល​មាន​មុខងារ​ផ្សេងៗជាច្រើនក្តី ក៏គេផ្គុំគ្នាកសាងព្រះកាយព្រះគ្រីស្តតែមួយដែរ។ មានព្រះវិញ្ញាណតែមួយព្រះអង្គ ដែល​ចែក​អំណោយទានផ្សេងៗពីគ្នា ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍តាមព្រះហឫទ័យ​ទូលំទូលាយរបស់​ព្រះអង្គ និងតាមសេចក្តីត្រូវការនៃកិច្ចបម្រើទាំងឡាយ (១ករ ១២, ១-១១)។ ក្នុងចំណោមព្រះអំណោយទាន​ទាំង​នោះ ព្រះវិញ្ញាណប្រណីសន្តោសប្រទានមុខងារជាគ្រីស្តទូតជាព្រះអំណោយទានដ៏ប្រសើរជាងគេ សូម្បី​តែ​អ្នក​ទទួលព្រះអំណោយទានផ្សេងៗក្តី ក៏ព្រះវិញ្ញាណឲ្យគេចុះចូលក្រោមអំណាចរបស់គ្រីស្តទូតដែរ (១ករ ១៤)។ ព្រះវិញ្ញាណដដែលនោះ ធ្វើឲ្យព្រះកាយរួមជាអង្គតែមួយដោយអានុភាពរបស់ព្រះអង្គ។ ព្រះអង្គ​ធ្វើ​ឲ្យ​សរីរាង្គ​មាន​ទំនាក់​ទំនង​ជាមួយគ្នាពីខាងក្នុង ព្រះអង្គក៏បង្កើតនិងពង្រឹងសេចក្តីស្រឡាញ់រវាងគ្រីស្តបរិស័ទដូចគ្នា។ ដូច្នេះ ប្រសិន​បើមានសរីរាង្គណាមួយរងទុក្ខលំបាកសរីរាង្គទាំងអស់ ក៏រងទុក្ខលំបាកជាមួយដែរ‌‌ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បានទទួលកិត្តិយស សរីរាង្គទាំងអស់ក៏ទទួលកិត្តិយសជាមួយដែរ (១ករ ១២, ២៦)។

ព្រះគ្រីស្តជាសិរសានៃរូបកាយនេះ។ ព្រះអង្គជារូបតំណាងនៃ​ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ហើយ​ព្រះជាម្ចាស់ក៏បានប្រតិស្ឋានអ្វីៗសព្វសារពើ ក្នុងអង្គព្រះគ្រីស្តដែរ។ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់‌‌‌ ហើយ​អ្វីៗ​ទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយពោល គឺព្រះសហគមន៍។‌ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់‌‌‌​ព្រះអង្គមានព្រះជន្មថ្មីដ៏​រុងរឿង​មុន​គេ ដើម្បី​ធ្វើជាប្រមុខ‌ក្នុងគ្រប់វិស័យទាំងអស់ (កូឡ ១, ១៥-១៨)។ មហិទ្ធិឫទ្ធិរបស់ព្រះគ្រីស្តផ្តល់ឲ្យព្រះអង្គ​គ្រប់​គ្រង​លើអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី។ ដោយព្រះអង្គពេញលក្ខណៈ និងមានសកម្មភាព​ដ៏ខ្លាំង​ក្លា​ក្នុង​ឋានៈ​ជា​ព្រះអម្ចាស់ ព្រះអង្គប្រទានគ្រប់លក្ខណសម្បត្តិនៃសិរីរុងរឿងរបស់ព្រះអង្គ ដល់ព្រះកាយទាំងមូល (អភ ១, ១៨-២៣)។

សរីរាង្គទាំងអស់ ត្រូវខិតខំឲ្យបានដូចព្រះគ្រីស្ត រហូតទាល់តែព្រះគ្រីស្តបានកើតជារូបរាងឡើងក្នុងគេ (កាឡ ៤, ១៩)។‌ ហេតុនេះហើយ បានជាព្រះជាម្ចាស់បានប្រោសយើង​ឲ្យចូលក្នុង​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​ព្រះជន្ម​របស់ព្រះគ្រីស្ត គឺយើងបានដូចព្រះគ្រីស្តរួមជាមួយព្រះអង្គ ដែលសោយទិវង្គត ហើយក៏រួមជាមួយ​ព្រះអង្គ​ដែលមានព្រះជន្មថ្មីដ៏រុងរឿងទាំងរង់ចាំឲ្យបានរួមជាមួយព្រះអង្គ ដែលសោយរាជ្យផងដែរ (ភល ៣, ២១; ២ធម ២, ១១; អភ ២, ៦; កូឡ ២, ១២។ល។ យើងដែលនៅតែធ្វើបូជនីយេសក៍នៅ​លើផែនដីនេះ ក៏ត្រូវដាក់​ជើង​តាម​ស្នាម​ព្រះបាទារបស់ព្រះអង្គដែរ។ ពេលយើងត្រូវរងទុក្ខលំបាក និងត្រូវគេបៀតបៀនយើង​រួមជាមួយព្រះអង្គដែល​រងទុក្ខលំបាកដូចដងខ្លួនរួមជាមួយក្បាល គឺយើងរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ដើម្បីឲ្យបានរួមជាមួយ​ព្រះអង្គប្រកបដោយសិរីរុងរឿងដែរ (រម ៨, ១៧)។

ព្រះគ្រីស្ត “ផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលមានអាហារ និងភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រម​ទាំង​ធ្វើ​ឲ្យ​រូបកាយ​ចម្រើនឡើងក្នុងព្រះជាម្ចាស់ ”(កូឡ២,១៩)។ ព្រះអង្គនៅតែចាត់ចែងព្រះអំណោយទាន​ជានិច្ចជា​មុខងារ​បម្រើព្រះកាយព្រះអង្គ គឺព្រះសហគមន៍។ តាមព្រះអំណោយទាននៃមុខងារ​បម្រើទាំងនោះ និង​តាម​អានុភាព​របស់​ព្រះអង្គផង យើងជួយបម្រើគ្នាទៅវិញទៅមក តាមសេចក្តីត្រូវការ ដើម្បីឲ្យយើងទទួលការសង្គ្រោះ។ ដោយ​យើង​មានចិត្តស្មោះ ស្រឡាញ់គ្នាទៅវិញទៅមក “យើងនឹងអាចចម្រើនឡើង​គ្រប់វិស័យ​ទាំងអស់​ឆ្ពោះ​ទៅ​កាន់​ព្រះគ្រីស្តជាសិរសា ”(អភ ៤, ១១-១៦)។

ព្រះគ្រីស្តប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឲ្យយើង ដើម្បីឲ្យយើង​អាចប្រែខ្លួនឲ្យបានជាថ្មី​ឥត​ឈប់​ឈរ​ក្នុង​ព្រះអង្គ។ មានព្រះវិញ្ញាណតែមួយដដែលក្នុង​ព្រះសិរសានិងក្នុងសរីរាង្គទាំងប៉ុន្មាន ព្រះអង្គផ្តល់ជីវិត​ដល់​ព្រះ​កាយ​ទាំងមូល ទ្រង់ប្រោសឲ្យព្រះកាយភ្ជាប់គ្នានិងកម្រើកឡើងបាន។ ហេតុនេះហើយ បានជាគ្រូបាធ្យាយដ៏វិសុទ្ធ​តែងតែ​ប្រៀបធៀបសកម្មភាពរបស់ព្រះវិញ្ញាណនោះ ទៅនឹងដើមកំណើតនៃជីវិត គឺវិញ្ញាណក្នុងរូបកាយមនុស្ស។

ព្រះគ្រីស្តស្រឡាញ់ព្រះសហគមន៍ ក្នុងឋានៈជាព្រះមហេសី និងតាំងព្រះអង្គទុកជាស្វាមី​គំរូ ដែលស្រឡាញ់​ភរិយាដូចស្រឡាញ់រូបកាយរបស់ខ្លួនផ្ទាល់ (អភ ៥, ២៥-២៨)។ រីឯព្រះសហគមន៍ គោរពចុះចូលនឹង​ព្រះ​គ្រីស្ត​ជាម្ចាស់របស់ខ្លួន (អភ ៥, ២៣.២៤)។ “ដោយ​គ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់​ស្ថិត​នៅ​ពោរ​ពេញ​ក្នុង​រូបកាយ​ព្រះគ្រីស្ត” (កូឡ ២, ៩) ព្រះអង្គបំពេញព្រះសហគមន៍​ជាព្រះកាយ​ដោយ​ព្រះអំណោយ​ទាន និង​ដោយ‌​គ្រប់​លក្ខណ​សម្បត្តិរបស់ព្រះអង្គ (អភ ១, ២២-២៣) ដើម្បីឲ្យព្រះសហគមន៍បានពោរពេញ‌ដោយ គ្រប់លក្ខណ​សម្បត្តិរបស់ព្រះជាម្ចាស់ (អភ ៣, ១៩)។

៨-ព្រះសហគមន៍មានរូបរាង​ដែលមើលឃើញ និងមានលក្ខណៈជាវិញ្ញាណ​ដែល​មើល​មិន​ឃើញ

ព្រះគ្រីស្ត​ជាស្ពានមេត្រីតែមួយ ព្រះអង្គគត់ព្រះអង្គបង្កើត និងនៅតែទ្រទ្រង់ព្រះសហគមន៍ដ៏វិសុទ្ធ​របស់​ព្រះអង្គ នៅលើផែនដីជានិច្ច ជាក្រុមដែលមនុស្សលោកមើលឃើញបាន។ ព្រះសហគមន៍​ជា​សហគមន៍​របស់​មនុស្ស ដែល​មានជំនឿមានសេចក្តីសង្ឃឹម និងមានសេចក្តីស្រឡាញ់។ ព្រះគ្រីស្តផ្សព្វផ្សាយ​សេចក្តី​ពិត និង​ព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះអង្គ តាមរយៈព្រះសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ ព្រះសហគមន៍​ជាសង្គមមួយ ដែលមានរចនាសម្ពន្ធតាមលំដាប់លំដោយ និង​ជា​ព្រះកាយ​ដ៏​អាថ៌​កំបាំង​របស់​ព្រះ​គ្រីស្ត​ផង​ដែរ ជាក្រុមដែលគេអាចមើលឃើញបានផង និង​ជាសហគមន៍ខាងវិញ្ញាណ​ដែល​មើល​មិន​ឃើញ​ផង (អំណរ ៤០)។ មិនត្រូវយល់ថាព្រះសហគមន៍នៅលើផែនដីនេះ និងព្រះសហគមន៍​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​នៅស្ថានបរមសុខជាព្រះសហគមន៍ពីរទេ ប៉ុនែ្តត្រូវយល់ថា ជាព្រះសហគមន៍តែមួយ​រួមគ្នា​ជា​អង្គ​តែ​មួយ ដែលមានផ្នែកជាច្រើន គឺមានសភាពជាមនុស្សផង និងមានសភាពជាព្រះជាម្ចាស់ផង។ ហេតុនេះហើយ បាន​ជា​យើងធ្លាប់ប្រៀបធៀបព្រះសហគមន៍ ទៅនឹងគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូល ដែលប្រសូត​ជា​មនុស្ស។ ការប្រៀប​ធៀបនេះ មានប្រយោជន៍សម្រាប់ពន្យល់​លក្ខណៈ​របស់​ព្រះសហគមន៍គឺថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យកសភាពជាមនុស្សមកភ្ជាប់នឹងព្រះអង្គ ដាច់ចេញមិនបាន ហើយ​មក​បម្រើ​ព្រះអង្គ​ទុកជា​គ្រឿង​មាន​ជីវិត​សម្រាប់សង្គ្រោះមនុស្សលោក។ តាមបែបដដែលនេះ អ្វីៗដែលមានលក្ខណៈ​ជាសង្គម ក្នុង​ព្រះ​សហគមន៍ ក៏​សុទ្ធតែបម្រើព្រះវិញ្ញាណរបស់ព្រះគ្រីស្ត ដែលផ្តល់ជីវិតដល់​ព្រះសហគមន៍ ដើម្បី​ឲ្យ​ព្រះកាយ​ចម្រើន​ឡើង (អភ ៤, ១៦)។

នេះជាព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត។ ក្នុងធម៌ប្រកាសជំនឿយើងតែងតែ​ប្រកាសថា ព្រះសហគមន៍​មាន​តែមួយ​ដ៏វិសុទ្ធសកល និងមានជំនឿស្របតាមក្រុមគ្រីស្តទូត។ ក្រោយពីព្រះយេស៊ូជាព្រះសង្រោ្គះ មានព្រះ​ជន្ម​ថ្មី​ដ៏រុងរឿង ព្រះអង្គបានប្រគល់ព្រះសហគមន៍នេះ ឲ្យលោកសិលាឃ្វាលថែទាំ (យហ ២១, ១៧)។ ព្រះអង្គ​ក៏​ផ្តាំ​ផ្ញើ​ឲ្យលោក និងឲ្យគ្រីស្តទូតឯទៀតៗផ្សព្វផ្សាយ និងគ្រប់គ្រងដែរ (មថ ២៨, ១៨ត)។ ព្រះអង្គតែងតាំង​ព្រះ​សហគមន៍​នេះ​ទុក​ជា “សសរ និងជាគ្រឹះទ្រទ្រង់សេចក្តីពិត” (១ធម ៣, ១៥)។ ព្រះសហគមន៍​បែប​នេះ តែង​តាំង​ទុក​ជា​សង្គមម៉្យាង ក្នុងលោកនេះដោយមានរបៀបរៀបរយ គឺពិតជាព្រះសហគមន៍កាតូលិក ដែល​មាន​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម គ្រប់គ្រងក្នុងឋានៈជាអ្នកបន្តមុខងារពីគ្រីស្តទូតសិលាមក និង​ដែល​មាន​អស់​លោក​អភិបាល​គ្រប់គ្រងរួបរួមជាមួយលោកដែរ។ ទោះបីនៅខាងក្រៅរចនាសម្ពន្ធ នៃ​ព្រះសហគមន៍មាន​កត្តា​ជាច្រើន​អាច​នាំឲ្យមនុស្សបានវិសុទ្ធ និងឲ្យស្គាល់សេចក្តី​ពិត​ក្តីក៏កត្តាទាំងនោះ ជាកម្មសិទ្ធិ​នៃព្រះសហគមន៍​របស់​ព្រះ​គ្រីស្ត តាមព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែរ។ កត្តាទាំងនោះដាស់តឿន​មនុស្សលោក ឲ្យរួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​ក្នុង​ព្រះសហគមន៍កាតូលិក។

ប៉ុន្តែ ព្រះគ្រីស្តបានរំដោះមនុស្សលោក ដោយព្រះអង្គរស់នៅជាអ្នកក្រីក្រ និងដោយត្រូវគេបៀតបៀន​យ៉ាងណា​ព្រះជាម្ចាស់ក៏ត្រាស់ហៅព្រះសហគមន៍ ឲ្យរស់នៅតាមផ្លូវនេះដែរ គឺរស់នៅជាអ្នកក្រីក្រ និង​ត្រូវ​គេ​បៀត​បៀន​យ៉ាងនោះដែរ ដើម្បីចែករំលែកផលនៃការសង្រោ្គះឲ្យមនុស្សលោក។ព្រះគ្រីស្តយេស៊ូ ដែលមានសភាព​ជា​ព្រះជាម្ចាស់បានលះបង់អ្វីៗទាំងអស់ មកយកសភាពជាទាសករវិញ” (ភល ២, ៦) ព្រះអង្គ ដែល​មាន​សម្បត្តិ​ដ៏​ច្រើន ទ្រង់ដាក់ខ្លួនជាអ្នកក្រីក្រ” ព្រោះតែយើង (២ករ ៨, ៩)។ ហេតុនេះហើយ ទោះបីព្រះសហគមន៍​ត្រូវ​ការ​ធនធាន​មនុស្ស ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្តី ក៏ព្រះសហគមន៍មិនកើតមក ដើម្បីស្វែងរកមុខមាត់​ក្នុងលោក​នេះ​ទេ តែដើម្បីបញ្ចាំងឲ្យមនុស្សលោកស្គាល់តម្លៃនៃ​ចិត្តសុភាពរាបសា និងនៃការលះបង់​ដោយ​ធ្វើ​ជា​គំរូ​ឲ្យ​គេ​ឃើញ។ ព្រះបិតាចាត់ព្រះគ្រីស្តឲ្យយាងមកនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ព្យាបាល​អស់អ្នកមានចិត្ត​ក្រៀមក្រំ (លក ៤, ១៨)។ “ស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់” (លក ១៩, ១០)។ ព្រះសហគមន៍ក៏​មាន​ចិត្ត​មេត្តាករុណា ចំពោះអស់អ្នកដែលរងទុក្ខដោយភាពទន់ខ្សោយរបស់ខ្លួនជាមនុស្សដែរ។ លើសពីនេះទៅទៀត ពេល​ព្រះសហគមន៍ឃើញអ្នកក្រីក្រ និងអ្នកកើតទុក្ខ ព្រះសហគមន៍ក៏ទទួលស្គាល់ព្រះភ័ក្រ្ត​របស់ព្រះយេស៊ូជា​អ្នក​ក្រីក្រ និងជាអ្នករងទុក្ខលំបាក ដែលបានបង្កើតព្រះសហគមន៍នោះដែរ។ ព្រះសហគមន៍ក៏ខិតខំ​ជួយ​សម្រាល​ទុក្ខ​គេ ព្រោះព្រះសហគមន៍ចង់បម្រើព្រះគ្រីស្តក្នុងគេ។ ព្រះគ្រីស្តជាអ្នកដ៏វិសុទ្ធឥតសៅហ្មង គ្មានទោសអ្វីឡើយ (ហប ៧, ២៦) ព្រះអង្គមិនដែលប្រព្រឹត្តអំពើបាបណាសោះឡើយ (២ករ ៥, ២១) ព្រះអង្គយាងមករំដោះ​ប្រជាជន​ឲ្យបានរួចពីបាប (ហប ២, ១៧)។ ព្រះសហគមន៍ក៏ដូច្នេះដែរ ទោះបី​មាន​អ្នក​បាប​នៅ​ក្នុង​ផ្ទៃ​ក្តី ក៏​ព្រះសហគមន៍នៅតែវិសុទ្ធ និងត្រូវជម្រះខ្លួនជានិច្ច ហើយនៅតែបន្តខិតខំប្រែចិត្តគំនិត និងឲ្យបាន​ជាថ្មី​ជានិច្ច​ដែរ។ “ព្រះសហគមន៍ធ្វើបូជនីយេសក៍ដោយ ត្រូវគេបៀតបៀនធ្វើបាបក្នុងលោកនេះ និង​ដោយ​មាន​ព្រះជាម្ចាស់​លួង​លោមផង” (សន្តៈ អូគូស្តាំង) ទាំងប្រកាសថា ព្រះអម្ចាស់សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង គឺ​ប្រកាស​សេចក្តីនេះរហូត ដល់ពេលព្រះអង្គយាងមក (១ករ ១១, ២៦)។

ឫទ្ធានុភាពរបស់ព្រះអម្ចាស់ ដែលមានព្រះជន្មថ្មីដ៏រុងរឿង ជាកម្លាំងរបស់ព្រះសហគមន៍ដើម្បីឲ្យព្រះ​សហគមន៍​មានចិត្តអត់ធ្មត់ខន្តី និងចិត្តស្រឡាញ់អាចពុះពារ​ទុក្ខលំបាក និងឧបសគ្គនានា មកពី​ខាង​ក្នុង​ផង និង​មក​ពី​ខាងក្រៅផង។ ព្រះសហគមន៍អាចសម្តែងយ៉ាងស្មោះ នៅកណ្តាលចំណោមមនុស្សលោក អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះអម្ចាស់ ដែលយើងមិនទាន់ស្គាល់យ៉ាងច្បាស់នៅឡើយ រហូតដល់ថ្ងៃគម្រោងការ​ដ៏អស្ចារ្យនេះ​លេច​ធ្លោ​ក្នុងពន្លឺយ៉ាងច្បាស់។‌‌

ជំពូក២
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់

៩-សម្ពន្ធមេត្រីថ្មីនិងប្រជារាស្រ្តថ្មី

នៅគ្រប់សម័យ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ប្រព្រឹត្តអំពើសុចរិត ព្រះអង្គក៏គាប់ព្រះហឫទ័យនឹងអ្នកនោះដែរ (កក ១០, ៣៥)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់​សព្វព្រះហឫទ័យ តែងតាំងឲ្យមនុស្សទៅជាប្រជារាស្រ្តមួយ ដែលនឹងស្គាល់ព្រះអង្គតាម​សេចក្តីពិត និង​បម្រើ​ព្រះអង្គ​យ៉ាងវិសុទ្ធ ព្រះអង្គមិនសព្វព្រះហឫទ័យប្រោសឲ្យមនុស្សបានវិសុទ្ធ និងសង្គ្រោះគេម្នាក់ៗ ដោយ​គេ​គ្មាន​ចំណង​ទាក់ទងជាមួយអ្នកដទៃទៅវិញទៅមកនោះទេ (អំណរ ៣២)។ ហេតុនេះហើយ បានជា​ព្រះអង្គ​បាន​ជ្រើស​រើស​ប្រជាជន​អីុស្រាអែល និងចងសម្ពន្ធមេត្រីជាមួយគេ ឲ្យទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គបាន​បង្រៀន​គេបន្តិចម្តងៗ គឺសម្តែងឲ្យគេស្គាល់ព្រះអង្គផ្ទាល់ ស្គាល់គម្រោងការរបស់ព្រះអង្គតាមប្រវត្តិសាស្រ្ត ប្រជាជន​នេះ និងដោយញែកគេឲ្យបានទៅជាកម្មសិទ្ធិដ៏សក្ការៈរបស់ព្រះអង្គ។ ហេតុការណ៍ទាំងប៉ុន្មាននោះ គ្រាន់​តែ​រៀបចំផ្លូវជូនសម្ពន្ធមេត្រីថ្មី និងជាប្រផ្នូលនៃសម្ពន្ធមេត្រីថ្មីនោះ ដែលជាសម្ពន្ធមេត្រី​ដ៏​ពេញ​លក្ខណៈ​ចង​ក្នុង​អង្គព្រះគ្រីស្ត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ ដែលប្រសូតជា​មនុស្ស​បាន​សម្តែង​ឲ្យ​មនុស្ស​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់​ជាងពីមុន។ “ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “នៅគ្រាខាងមុខយើងនឹង​ចង​សម្ពន្ធមេត្រីថ្មី​ជាមួយ​ប្រជា​ជន​អ៊ីស្រាអែល និងប្រជាជនយូដា…យើងនឹងដាក់ធម្មវិន័យ​របស់យើង​នៅក្នុង​ជម្រៅ​ចិត្ត​របស់​គេ ហើយ​ចារវិន័យ​នោះក្នុងចិត្តគំនិតរបស់គេ។ ពេលនោះ យើងនឹងធ្វើជាព្រះរបស់គេ គេក៏នឹងធ្វើជាប្រជារាស្ត្ររបស់យើង។ តាំងពី​អ្នក​តូចបំផុត រហូតដល់អ្នកធំបំផុតគេនឹងស្គាល់យើងគ្រប់ៗគ្នា ”(យរ ៣១, ៣១-៣៤)។ ព្រះគ្រីស្ត​បាន​ចង​សម្ពន្ធ​មេត្រីថ្មីនេះហើយគឺជាសម្ពន្ធមេត្រីថ្មីចងឡើងដោយព្រះលោហិតព្រះអង្គ (១ករ ១១, ២៥)។ ព្រះអង្គត្រាស់ហៅ មនុស្ស​ទាំងអស់ពីក្នុងចំណោមសាសន៍យូដាផង និងពីក្នុងចំណោមសាសន៍ដទៃផងឲ្យរួមគ្នា​ជាប្រជារាស្រ្តថ្មី​របស់​ព្រះជាម្ចាស់ មិនមែនជាប្រជារាស្រ្តតាមសាច់ឈាមទេតែជាប្រជារាស្រ្តក្នុងព្រះវិញ្ញាណវិញ។អស់អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះគ្រីស្ត បានកើតជាថ្មីមិនមែនដោយពូជដែលតែងតែរលួយទេ តែដោយពូជដែលមិនចេះរលួយគឺ ពី​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ (១សល ១, ២៣)។ គេមិនកើតពីសាច់ឈាមទេ តែ​គេ​កើត​ពី​ទឹក និងពីព្រះវិញ្ញាណដ៏វិសុទ្ធវិញ (យហ ៣, ៥-៦) គេនឹងទៅជា “ពូជសាសន៍ ដែលព្រះជាម្ចាស់បាន​ជ្រើស​រើស​ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះអង្គបានយក​មក​ធ្វើ​ជា​កម្មសិទ្ធិរបស់ព្រះអង្គ។ ពីដើមគេមិនមែនជាប្រជារាស្រ្តរបស់ព្រះអង្គទេ តែឥឡូវនេះ គេជា​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ហើយ” (១សល ២, ៩-១០)។

ព្រះ​គ្រីស្ត ជាសិរសាគឺ ជាមេដឹកនាំរបស់ប្រជាជន​នៃពេលចុងក្រោយនោះ “ព្រះអង្គត្រូវគេ​បញ្ជូន​ទៅ​ធ្វើ​គុត ព្រោះ​តែ​អំពើបាបរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យ​មាន​ព្រះជន្មថ្មីដ៏រុងរឿង ដើម្បី​ឲ្យ​យើង​បាន​សុចរិត” (រម ៤, ២៥)។ ព្រះអង្គមានព្រះនាមដ៏ប្រសើរលើសនាមឯទៀតៗទាំងអស់ និង​សោយរាជ្យ​ប្រកប​ដោយ​សិរីរុងរឿង​នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ប្រជាជននោះ មានលក្ខណៈពិសេស គឺមានកិត្តិយសដ៏ថៃ្លថ្នូរ និង​សេរីភាព​ក្នុង​ឋានៈ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅក្នុងចិត្តគេដូចជា​គង់​នៅ​ក្នុង​ព្រះវិហារមួយដែរ។ ធម្មវិន័យនៃប្រជាជននោះជាវិន័យថ្មីរបស់ព្រះយេស៊ូពោលគឺ ត្រូវស្រឡាញ់​គ្នា​ដូច​ព្រះ​គ្រីស្ត​បាន​ស្រឡាញ់យើងដែរ (យហ ១៣, ៣៤)។ ប្រជាជននោះមានទិសដៅតែមួយគឺ ឲ្យព្រះជាម្ចាស់គ្រងរាជ្យ​លើ​គេ​ដូចព្រះអង្គផ្ទាល់ចាប់ផ្តើមគ្រងរាជ្យនៅលើផែនដីនេះ ព្រះរាជ្យនេះ​ត្រូវលាតសន្ធឹងឲ្យបានកាន់តែ​ឆ្ងាយ​ទៅៗ​រហូត​ដល់​អវសានកាលនៃពិភពលោក។ នៅពេលនោះព្រះជាម្ចាស់នឹងគ្រងរាជ្យយ៉ាងពេញលក្ខណៈគឺ នៅ​ពេល​ព្រះគ្រីស្ត​ដែលជាជីវិតរបស់យើងនឹងលេចចេញមកប្រកបដោយសិរីរុងរឿង‌ (កូឡ ៣, ៤) នៅ​ពេល​ព្រះអង្គ​រំដោះ​សត្វ​លោកឲ្យរួចផុតពីធ្វើជាទាសករនៃសេចក្តីរលួយ ហើយ​បែរជាមានសេរីភាព‌ដ៏រុងរឿង នៃបុត្រធីតារបស់​ព្រះ​ជាម្ចាស់ (រម ៨, ២១)។ ហេតុនេះហើយ បានជា​ប្រជាជននៃ​ពេល​ចុង​ក្រោយ​នោះ ទោះបីមនុស្សទាំងអស់​មិន​ទាន់បាន​ចូលរួមក្រោមអំណាចនៃព្រះរាជ្យនេះនៅឡើយក្តី និង​មាន​សភាព​ជា​ហ្វូង​ចៀម​ដ៏​តូច​មួយ​ក្ដី ក៏​ជា​ពូជ​ដ៏​មាន​កម្លាំងខ្លាំងជាងគេអាចធ្វើឲ្យមនុស្សជាតិរួបរួមគ្នា មានសេចក្តីសង្ឃឹម និងអាចទទួលការសង្រោ្គះបានផង​ដែរ។ ព្រះ​គ្រីស្តបានតែងតាំងព្រះរាជ្យនេះ ដើម្បីឲ្យមនុស្សលោករួបរួមគ្នា​ដោយមាន​ជីវិត​ដោយ​មាន​សេចក្តី​ស្រឡាញ់ និង​ដោយស្គាល់សេចក្តីពិត។ ព្រះគ្រីស្តក៏យកព្រះរាជ្យនេះធ្វើជាមធ្យោបាយ សម្រាប់​រំដោះ​មនុស្ស​ទាំង​អស់ ព្រោះព្រះបិតាបានចាត់ព្រះរាជ្យនេះ ទៅមនុស្សលោកទាំងអស់​ឲ្យ​ទៅជាពន្លឺបំភឺ្ល​ពិភពលោក និង​ទៅ​ជា​អំបិល​នៃ​ផែនដី (មថ ៥, ១៣-១៦)។

កាលពីមុន នៅ​ពេល​ប្រជាជន​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ក្នុង​វាលរហោស្ថាន​គេ​ទទួលនាមថាជា «ព្រះសហគមន៍​របស់ព្រះជាម្ចាស់» (២អរ ១៣, ១; ជរ ២០, ៤; ទក ២៣, ១ត)។ ប្រជាជនអីុស្រាអែលថ្មី​កំពុង​ធ្វើ​ដំណើរ​ក្នុង​លោក​នាបច្ចុប្បន្ននេះ ទាំងសង្វាតស្វែងរកបុរីនៃលោកខាងមុខគឺ បុរីដែល​ស្ថិតស្ថេរ​គង់វង្ស​រហូត (ហប ១៣, ១៤) ក៏​មាន​ឈ្មោះថា «ព្រះសហគមន៍របស់ព្រះគ្រីស្ត» ដែរ (មថ ១៦, ១៨)។ គឺព្រះគ្រីស្តនេះហើយ ដែល​បាន​រំដោះ​ព្រះសហគមន៍មកធ្វើជាកម្មសិទ្ធិ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់ (កក ២០, ២៨) ព្រះអង្គបានចាក់​បង្ហូរ​ព្រះវិញ្ញាណព្រះអង្គ លើព្រះសហគមន៍ឲ្យបានពេញបរិបូណ៌ និង​ប្រទានមធ្យោយបាយ​គ្រប់​គ្រាន់​ឲ្យ​ព្រះ​សហគមន៍​អាចរួបរួមគ្នា និងជាសង្គមដែលមើលឃើញបាន (អំណរ ៤០)។ ព្រះជាម្ចាស់ត្រាស់ហៅ​ក្រុមអស់​អ្នក​ដែល​សម្លឹងមើលព្រះយេស៊ូ ទាំងផ្ញើជីវិតលើព្រះអង្គគឺ ព្រះយេស៊ូដែលសង្រោ្គះមនុស្សលោក ហើយ​ប្រមែ​ប្រមូល​គេ​ឲ្យ​រួបរួមគ្នាជាធ្លុងតែមួយ និងប្រទានសេចក្តីសុខសាន្ត។ ព្រះអង្គបានតែងតាំងគេជាព្រះសហគមន៍ ដែល​ជា​អគ្គ​សញ្ញាឲ្យមនុស្សម្នាក់ៗ និងឲ្យមនុស្សទាំងអស់ឃើញថា គេអាចទទួលការ​សង្រោ្គះ​ដោយ​រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​បាន។ ព្រះជាម្ចាស់បម្រុងទុកព្រះសហគមន៍ឲ្យលាតសន្ធឹងក្នុងពិភពលោកទាំងមូល។ ទោះបី ព្រះសហគមន៍​មិន​ជាប់​នឹងប្រជាជនណាមួយ និងមិនជាប់នឹងសម័យណាមួយ ហើយក៏មិនជាប់នឹងទឹកដី​ណាមួយក្ដី ក៏​ព្រះ​សហគមន៍​ស្ថិតនៅជាប់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែរ។ ព្រះសហគមន៍ធ្វើ​ដំណើរទាំងជួបការល្បួង ទាំង​ប្រឈម​មុខនឹងទុក្ខវេទនា តែឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យប្រណីសន្តោស ទ្រទ្រង់ព្រះ​សហគមន៍​ជានិច្ច តាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់។ ព្រះអង្គទ្រទ្រង់ដូច្នេះក្រែងព្រះសហគមន៍ ដែលមាន​ភាព​ទន់​ខ្សោយ លែងមានចិត្តស្មោះត្រង់ និងឃ្លាតពីសេចក្តីពេញលក្ខណៈ។ ព្រះអង្គប្រោស​ព្រះសហគមន៍​ឲ្យ​នៅ​តែ​ជា​ព្រះមហេសីដ៏ថ្លៃថ្នូរនៃព្រះអម្ចាស់របស់ខ្លួន ហើយប្រែខ្លួនជាថ្មីឥត​ឈប់​ឈរ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ជួយ​ឧបត្ថម្ភ​រហូត​ដល់​ទៅកាន់ពន្លឺ ដែលមិនចេះរលត់ក្រោយពីបានរងទុក្ខនៅលើឈើឆ្កាង។

១០-គ្រីស្តបរិស័ទរួមគ្នាជាបូជាចារ្យ

ព្រះគ្រីស្តជាអម្ចាស់ ជាមហាបូជាចារ្យជ្រើសរើសពីចំណោមមនុស្ស (ហប ៥, ១-៥) បានលើក​ប្រជារាស្រ្ត​ថ្មី​នោះឲ្យធ្វើជា «រាជាណាចក្រមួយ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ជាព្រះបិតា​របស់ព្រះអង្គ» (វវ ១, ៦; ៥, ៩-១០)។ អស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក បានកើតជាថ្មីនិងទទួល​ពិធី​អភិសេក ពីព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពួក​គេ ញែកខ្លួនថ្វាយព្រះជាម្ចាស់ ដើម្បីទៅជាព្រះដំណាក់​ខាងព្រះវិញ្ញាណ និងទៅជាក្រុមបូជាចារ្យដ៏​វិសុទ្ធ ហើយ​ថ្វាយ​កិច្ចការទាំងប៉ុន្មាន ដែលគេធ្វើ​ជារៀងរាល់ថ្ងៃទៅ​ព្រះជាម្ចាស់ ទុកជាសក្ការបូជាខាងព្រះវិញ្ញាណ។ គេ​ក៏ប្រកាស​អំពី​ស្នាព្រះហស្ដ​ដ៏អស្ចារ្យ​របស់ព្រះអង្គ ដែល​ត្រាស់​​ហៅគេ ឲ្យចេញពីភាពងងឹតមកកាន់ពន្លឺដ៏រុង​រឿង​របស់​ព្រះអង្គ (១សល ២, ៤-១០)។ ហេតុនេះ​ហើយ បាន​ជា​អស់សាវ័ករបស់ព្រះគ្រីស្ត​ព្យាយាមអធិដ្ឋាន និង​លើក​តម្កើងសិរីរុងរឿង​របស់ព្រះជាម្ចាស់ (កក ២, ៤២-៤៧) គេត្រូវថ្វាយ​ខ្លួនទុកជាយញ្ញ ដែលមានជីវិត​ជា​យញ្ញ​ដ៏​វិសុទ្ធ ដែល​គាប់ព្រះហឫទ័យព្រះ​ជាម្ចាស់ (រម ១២, ១)។ គេក៏ត្រូវផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត​នៅ​លើ​ផែនដី​ទាំង​មូល ហើយប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែលសួរអំពីសេចក្តីសង្ឃឹមរបស់ខ្លួនជានិច្ចថា គេនឹងបាន​ទទួលជីវិត​អស់​កល្ប​ជានិច្ច (១សល ៣, ១៥)។

គ្រីស្តបរិស័ទទាំងអស់មានឋានៈជាបូជាចារ្យរួម។ តែមានគ្រីស្តបរិស័ទខ្លះ​មានមុខងារជាបូជាចារ្យ​បម្រើព្រះ​សហគមន៍ ឬមុខងារតាម​លំដាប់លំដោយ។ ទោះ​បីឋានៈជាបូជាចារ្យទាំងពីរនោះ ប្លែកពីគ្នាទាំង​ស្រុង​​ក្តី មិន​គ្រាន់​តែ​មាន​កម្រិតប្លែក​ពីគ្នាប៉ុណ្ណោះទេ ក៏ឋានៈជាបូជាចារ្យ​ទាំង​ពីរបែបនោះជាប់ទាក់ទិន​គ្នា​ដែរ គឺ​ឋានៈ​ទាំងពីរ​ទទួល​ចំណែក​ពីមុខងាររបស់ព្រះគ្រីស្ត​ជា​មហាបូជាចារ្យ​តែមួយព្រះ​អង្គគត់ តាម​របៀប​រៀងៗ​ខ្លួន។ គ្រីស្តបរិស័ទ​ដែល​បាន​ទទួលមុខងារជាបូជាចារ្យ បម្រើព្រះសហគមន៍ មានអំណាច​ដ៏​សក្ការៈ ដើម្បីអប់រំ និងណែនាំប្រជារាស្រ្តដែល​សុទ្ធ​តែ​ជាបូជាចារ្យ។ អស់លោកជាតួរបស់ព្រះគ្រីស្ត ថ្វាយសក្ការ​បូជា​អរព្រះគុណព្រះ​ជាម្ចាស់ ក្នុង​នាម​ប្រជាជន​ទាំង​មូល។ រីឯគ្រីស្តបរិស័ទ​ធម្មតាវិញ ជាបូជាចារ្យរបស់​ព្រះ​មហាក្សត្រ ក៏ចូលរួមក្នុង​សក្ការ​បូជា​អរព្រះគុណ​នោះ​ដែរ។ គេក៏​ប្រតិបត្តិ​តាម​ឋានៈ​របស់​ខ្លួន ជាបូជាចារ្យ ដោយ​ទទួល​អគ្គ​សញ្ញានានា ដោយអធិដ្ឋាន ដោយ​អរ​ព្រះគុណ ដោយរស់​នៅ​យ៉ាងវិសុទ្ធ​ទុក​ជា​​សក្ខី​ភាព ដោយលះបង់ និង​ដោយ​ប្រព្រឹត្តតាម​សេចក្តី​ស្រឡាញ់​យ៉ាង​សកម្ម​ដែរ។

១១-គ្រីស្តបរិស័ទ ប្រតិបត្តិតាមឋានៈរបស់ខ្លួនជាបូជាចារ្យរួមនៅពេលទទួលអគ្គសញ្ញានានា

សហគមន៍ ដែលសុទ្ធតែជាបូជាចារ្យ បង្ហាញលក្ខណៈដ៏សក្ការៈរបស់ខ្លួន តាមរចនាសម្ពន្ធដ៏មាន​របៀប​រៀប​រយ នៅពេលគេទទួលអគ្គសញ្ញា និងរស់នៅតាមព្រហ្មវិហារធម៌។ គ្រីស្តបរិស័ទចូលរួម​ក្នុង​ព្រះ​សហគមន៍ ដោយ​អគ្គ​សញ្ញាជ្រមុជទឹក។ នៅពេលនោះ គេទទួលលក្ខណៈជា​តំណាង​របស់ព្រះគ្រីស្ត អាច​គោរព​បម្រើ​ព្រះជាម្ចាស់​បែប​ជាគ្រីស្តបរិស័ទ។ គេកើតជាថ្មី និង​ទៅ​ជាបុត្រ​ធីតា​របស់ព្រះបិតា គេត្រូវ​តែ​ប្រកាស​នៅ​ចំពោះ​មុខ​មនុស្ស​លោក នូវ​ជំនឿ​ដែលគេ​បានទទួលពីព្រះជាម្ចាស់ តាម​រយៈ​ព្រះសហគមន៍។ ដោយអគ្គសញ្ញាលាបថ្ងាស ចំណង​របស់​គេ​ជាមួយ​ព្រះសហគមន៍​កាន់តែប្រសើរឡើង គេក៏ទទួល​កម្លាំងពិសេសពី​ព្រះ​វិញ្ញាណដ៏វិសុទ្ធ និង​ទទួល​ភារកិច្ច​ផ្សព្វផ្សាយ និង​ការពារជំនឿ​កាន់តែ​ខ្លាំង​ឡើងៗ ដោយ​ពាក្យសម្តី និងដោយប្រតិបត្តិតាមជំនឿនេះដែរ ក្នុង​ឋានៈ​ខ្លួន​ជាសាក្សី​ដ៏ពិតប្រាកដ​របស់ព្រះ​គ្រីស្ត។

ពេលគេចូលរួមក្នុងសក្ការបូជាអរព្រះគុណ ដែលជាប្រភពនិងជាកំពូលនៃការរស់នៅរបស់​គ្រីស្ត​បរិស័ទ គេ​លើកព្រះ​យេស៊ូជាយញ្ញថ្វាយព្រះបិតា ហើយថ្វាយខ្លួនរួមជាមួយព្រះអង្គដែរ។ ហេតុ​នេះ​ហើយ ដោយ​ថ្វាយ​យញ្ញ​ផង និងដោយរួបរួមទទួលព្រះកាយផង គ្រីស្តបរិស័ទទាំងអស់​ចូលរួម​ក្នុងពិធីនោះយ៉ាង​ប្លែកៗ​ពីគ្នា គឺ​មិន​មែន​ចូល​រួម​ដូចគ្នាទេ តែម្នាក់ៗមានរបៀបរបស់ខ្លួនផ្ទាល់តាម​ផ្នែករបស់គេ​ក្នុងពិធី។ ហេតុនេះ គ្រីស្ត​បរិស័ទ​ដែល​ទទួល​ព្រះ​កាយ​របស់​ព្រះគ្រីស្តជាអាហារ ក្នុងពិធីអរព្រះគុណដ៏វិសុទ្ធនេះ បង្ហាញ​យ៉ាង​ជាក់ស្តែងថា ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ រួប​រួម​គ្នាជា​ធ្លុង​តែមួយ ដូចអគ្គសញ្ញាដ៏ឧត្តុងឧត្តម​បំផុត​នេះ សម្តែង​យ៉ាងពេញលេញ​ឲ្យ​គេ​ឃើញ និង​ធ្វើឲ្យ​កើត​ជា​រូបរាង​យ៉ាង​អស្ចារ្យ​ថែម​ទៀត។

អស់អ្នកដែល​ទទួលអគ្គ​សញ្ញា​លើកលែងទោស ក៏ទទួលការលើកលែងទោស​ពី​ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះអំពើដែលគេបានប្រព្រឹត្តខុសនឹងព្រះហឫទ័យព្រះអង្គ។ នៅ​ពេល​ជាមួយ​គ្នា​នោះ គេ​ក៏ស្រុះ​ស្រួលជាមួយព្រះសហគមន៍ ដែលត្រូវរបួសដោយអំពើបាប​របស់គេដែរ។ ព្រះសហគមន៍​ជួយ​ឲ្យ​គេ​ប្រែ​ចិត្ត​គំនិត ដោយស្រឡាញ់គេ ដោយធ្វើជាគំរូល្អដាក់គេ និងដោយ​អង្វរព្រះបិតាឲ្យ​គេ​ទៀតផង។

ដោយអស់លោកគង្វាលធ្វើអគ្គសញ្ញាលាបប្រេងជូនអ្នកជំងឺ និងអង្វរ​ព្រះ​ជាម្ចាស់ ព្រះ​សហគមន៍​ទាំងមូល​ផ្ញើ​អ្នក​ជំងឺ ទៅលើព្រះអម្ចាស់យេស៊ូដែលបានរងទុក្ខលំបាក និងដែលមាន​ព្រះជន្មថ្មី​ដ៏​រុងរឿង សូម​ព្រះអង្គ​សម្រាល​ទុក្ខ​គេ និង​សង្គ្រោះ​គេ​ផង (យក ៥, ១៤-១៦)។ លើស​ពី​នេះ​ទៅ​ទៀត ព្រះសហគមន៍​ដាស់​តឿន​អ្នក​ជំងឺ​ទាំង​នោះ ឲ្យ​មាន​សេរីភាព​ស្ម័គ្រ​ចិត្តរួមជាមួយ​ព្រះគ្រីស្ត ដែលរង​ទុក្ខ​លំបាក និង​សោយទិវង្គត (រម ៨, ១៧; កឡ ១, ២៤; ២ធម ២, ១១-១២; ១សល ៤, ១៣) ដើម្បីឲ្យអ្នកជំងឺ​ទាំងនោះ​ជួយ​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​តាម​ចំណែក​របស់​ខ្លួន។

ក្នុងចំណោមគ្រីស្តបរិស័ទ អ្នកដែលមានកិត្តិយសទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះ​សហគមន៍ គឺគេ​ទទួល​ការ​តែងតាំងក្នុងនាមព្រះគ្រីស្ត ដើម្បីទៅជាគង្វាលរបស់ព្រះសហគមន៍ ដោយចែក​ព្រះបន្ទូល និងដោយ​ព្រះ​ជា​ម្ចាស់ប្រណីសន្តោសផង។

ដោយ​អនុភាព​នៃ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍ គូ​ស្វាមី​ភរិយា​ជា​គ្រីស្ត​បរិស័ទ ទទួល​ភារកិច្ច​សម្តែង​អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​​របស់​ព្រះ​គ្រីស្ដ និងព្រះសហគមន៍ដែលរួមគ្នាជាអង្គតែមួយ និងអំពីសេចក្តី​ស្រឡាញ់​ដែល​បង្កើត​ផល (អភ ៥, ៣២) ពួកគេក៏រួមចំណែកក្នុងគម្រោងការណ៍ដ៏អស្ចារ្យនេះដែរ។ គូស្វាមី​ភរិយា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យទៅជាជនដ៏វិសុទ្ធ ដោយរស់នៅក្នុងឋានៈជាគូស្វាមីភរិយា គឺដោយបង្កើតកូន​និង​អប់រំ​កូន។ គ្រីស្ត​បរិស័ទ​ជា​គូស្វាមីភរិយា ទទួលព្រះអំណោយទាន​ផ្ទាល់​ក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ (១ករ ៧, ៧) តាមរបៀរស់​នៅ​របស់​ខ្លួន និងតាមឋានៈរបស់គេ។ ដោយ​គូស្វាមីភរិយារួមរស់ជាមួយគ្នា​គេ​បង្កើត​ក្រុម​គ្រួសារ​ឡើង ហើយ​ក្នុង​ក្រុម​គ្រួសារ​នោះ ក៏កើតប្រជាពលរដ្ឋថ្មី​ក្នុង​ចំណោម​មនុស្សលោកដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងប្រណីសន្តោស​ឲ្យ ប្រជាពលរដ្ឋ​ថ្មី​ទាំងនោះ ទៅជាបុត្រធីតារបស់​ព្រះជាម្ចាស់​ដោយ​អគ្គសញ្ញា​ជ្រមុជទឹក ដើម្បីឲ្យប្រជារាស្រ្តរបស់​ព្រះ​ជាម្ចាស់​អាច​ស្ថិត​នៅ​ត​ទៅ​អនាគត។ ឪពុកម្តាយជាអ្នក​ប្រកាស​ជំនឿមុន​គេ​ដល់​កូន​របស់​ខ្លួន ដោយ​ពាក្យ​សម្តី និង​ដោយ​ធ្វើជា​គំរូដល់កូនក្នុងក្រុមគ្រួសារ​ដែល​ប្រៀប​ដូចជា​ព្រះ​សហគមន៍​ដ៏​តូច​ម៉្យាង។ ឪពុក​ម្តាយ​ជួយ​កូន​ម្នាក់ៗ ឲ្យ​តបឆ្លើយ​នឹង​ព្រះជាម្ចាស់​ដែល​ត្រាស់​​ហៅ​គេ​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ជា​ពិសេស​ឲ្យ​ទៅ​ជា​បូជាចារ្យ។

អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទោះជាមានឋានៈណាក្តីជាគ្រីស្តបរិស័ទធម្មតាក្តីជាបូជាចារ្យ ឬ​ជា​បព្វជិត​បព្វជិតា​ក្តី ក៏មានម​ធ្យោបាយយ៉ាង​លើសលប់ និងដ៏ប្រសើរបំផុត​ដែលនាំការសង្គ្រោះដល់គេ។ ព្រះជាម្ចាស់​ត្រាស់​ហៅ​គេ​ម្នាក់ៗ តាមមាគ៌ារបស់ខ្លួនឲ្យបាន​វិសុទ្ធយ៉ាង​ពេញលក្ខណៈ ដូចព្រះបិតាពេញល​ក្ខណៈដូច្នោះដែរ។

១២-ប្រជាជនគ្រីស្តបរិស័ទយល់ស្របគ្នាអំពីជំនឿ

ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ រួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្យាការី គឺប្រជារាស្រ្តនេះផ្សព្វ​ផ្សាយ​សក្ខីភាពដ៏រស់រវើករបស់ខ្លួន ជាពិសេសដោយរស់នៅតាមជំនឿ និងតាមសេចក្ដី​ស្រឡាញ់។ គេ​ថ្វាយ​សក្ការ​បូជាលើកតម្កើងព្រះជាម្ចាស់ និងកោតសរសើរព្រះនាមព្រះអង្គ (ហប ១៣, ១៥)។ ដោយ​ព្រះដ៏វិសុទ្ធ​បាន​ចាក់​ប្រេង​អភិសេកសហគមន៍របស់គ្រីស្តបរិស័ទទាំងមូល (១យហ ២, ២០ និង ២៧) សហគមន៍​នោះ មិន​អាច​វង្វេង​ជំនឿបាន​ឡើយ។ សហគមន៍របស់គ្រីស្តបរិស័ទ បង្ហាញបញ្ជាក់អំពីព្រះ​អំណោយទាន​ដ៏​ពិសេស​នេះ ជា​ព្រះ​អំណោយ​ទាន​របស់​ប្រជារាស្ត្រទាំងមូល ដោយ​យល់ស្របគ្រប់គ្នា​អំពីជំនឿ។ ការយល់ស្របបែបនេះ មិន​មក​ពី​មនុស្ស​លោក​នេះ តែមកពីព្រះជាម្ចាស់ប្រទានឲ្យគឺ «តាំង​ពី​អស់​លោកអភិបាលរហូតដល់គ្រីស្តបរិស័ទធម្មតា​តូច​ជាង​គេ​បំផុត» គេយល់ស្របគ្រប់គ្នាត្រង់ជំនឿនិង​ត្រង់​សីលធម៌។ ព្រះវិញ្ញាណនៃសេចក្តីពិត​ដាស់​តឿន​ជំនឿ​គ្រីស្ត​បរិស័ទ និងគាំទ្រ​ឲ្យគេយល់​ស្រប​គ្រប់គ្នា ក្រោមការ​ណែនាំរបស់ព្រះ​សហគមន៍។ អ្នក​សុខ​ចិត្ត​ស្តាប់​តាម​ការ​ណែនាំ​របស់ព្រះ​សហគមន៍នោះ​ដោយ​ចិត្ត​ស្មោះ ក៏ពុំចាត់​សេចក្តី​ដែលគេទទួល​ទុកជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទៀត​ឡើយ តែគេចាត់​ទុក​ថា ជាព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ពិតមែន (១ថស ២, ១៣)។ ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ក៏ភ្ជាប់ចិត្តនឹងលទ្ធិនៃ​ជំនឿជាចំណងដាច់មិនបាន គឺភ្ជាប់​ចិត្តនឹងជំនឿ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ប្រជាជន​ដ៏វិសុទ្ធ​ម្តង​ជា​ស្រេច (យដ ៣) គេក៏យល់អំពីអត្ថន័យជំនឿ​នេះកាន់តែជ្រៅ និង​បក​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ ហើយប្រព្រឹត្តកាន់​តែប្រសើរ​ទៀតផង។

ព្រះវិញ្ញាណដ៏វិសុទ្ធដដែលនេះ មិនគ្រាន់តែប្រោសឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធដោយ​អគ្គ​សញ្ញា និងដោយ​មុខងារ​បម្រើផ្សេងៗប៉ុណ្ណោះទេ ហើយព្រះអង្គក៏មិនគ្រាន់តែណែនាំប្រជារាស្រ្តដោយតុប​តែង​ឲ្យ​មាន​ព្រហ្មវិហារ​ធម៌ប៉ុណ្ណោះដែរ តែព្រះអង្គក៏ប្រណីសន្តោសយ៉ាងពិសេស គឺប្រទានព្រះអំណោយ​ទានឲ្យ​គ្រីស្ត​បរិស័ទ​គ្រប់ឋានៈថែមទៀតផងគឺ «ព្រះអង្គចែកប្រទានឲ្យគ្រីស្តបរិស័ទម្នាក់ៗគ្រប់ជាន់ថ្នាក់ មានព្រះអំណោយ​ទាន​ផ្សេងៗពីគ្នាតាមព្រះហឫទ័យរបស់ព្រះអង្គ» (១ករ ១២, ១១)។ ព្រះអំណោយទានពិសេសទាំងនោះ ផ្តល់​សមត្ថភាព​ឲ្យ​ម្នាក់ៗអាចបំពេញមុខងារ និងទទួលបន្ទុកដែលមានប្រយោជន៍សម្រាប់​ឲ្យព្រះសហគមន៍​ប្រែជា​ថ្មី​ជានិច្ច និងចម្រើនឡើងទៀត​ផង​ស្របតាមសេចក្តី​ដែល​មាន​ចែង​ថា «ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់ៗ​សម្ដែង​ព្រះវិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួមជានិច្ច‌‌» (១ករ ១២, ៧)។ ទោះបីជា​ព្រះ​អំណោយ​ទានដ៏ភ្លឺថ្លាក្ដី ទោះបីជា​ព្រះ​អំណោយ​ទាន​ទាបជាងគេក្ដី ទោះបី​ជាព្រះ​អំណោយ​ទាន​ចែកចាយយ៉ាងទូលំទូលាយកី្ត ក៏គ្រីស្តបរិស័ទ​ត្រូវ​តែ​អរ​ព្រះ​គុណចំពោះព្រះ​អំណោយ​ទានទាំង​នោះ​ដែរ។ ព្រះ​អំណោយ​ទានទាំងនោះ ជួយសម្រាលទុក្ខគ្រីស្តបរិស័ទ និង​ត្រូវ​តាម​សេចក្តីត្រូវ​ការ​របស់​ព្រះ​សហគមន៍ ព្រមទាំង​មានគោលដៅតបឆ្លើយនឹងតម្រូវការទាំងនោះ។ ប៉ុន្តែ​គ្រីស្ត​បរិស័ទ​មិនត្រូវគិតតែពីចង់បានព្រះអំណោយទានដ៏អស្ចារ្យ ដោយប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះនោះទេ ហើយក៏​មិន​ត្រូវ​អួត​ខ្លួន​ដោយ​សង្ឃឹម​ថា កិច្ចការជាគ្រីស្ត​ទូតនឹងបានផល​ល្អ មកពីព្រះអំណោយដ៏អស្ចារ្យទាំងនោះដែរ។ អស់​លោក​ដែល​ទទួល​បន្ទុក​ណែនាំ​ព្រះសហគម​ន៍ ត្រូវរិះ​គិត​ពិចារណា​អំពី​ព្រះ​អំណោយ​ទានទាំងនោះ ដើម្បី​ឲ្យដឹង​ថា តើ​ជាព្រះអំណោយ​ទានពិតប្រាកដឬក៏អត់។ អស់លោកក៏ត្រូវរិះ​គិត​ពិចារណា អំពី​របៀប​ប្រើ​អំណោយទាន​នោះ​យ៉ាង​ត្រឹមត្រូវ​ទៀត​ផង។ ជាពិសេស អស់លោកមានភារកិច្ចពិចារណា​មើល​គ្រប់​ការ​ទាំង​អស់ ហើយ​ស្រង់​យក​ការ​ណា​ដែល​ល្អ អស់លោកមិនត្រូវរារាំង​សកម្មភាព​របស់ព្រះវិញ្ញាណ​ឡើយ (១ថស ៥, ១២. ១៩-២១)។

១៣-ប្រជារាស្រ្តតែមួយរបស់ព្រះជាម្ចាស់ពិតជាមានលក្ខណៈសកល ឬ “កាតូលិក”

ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឲ្យចូលរួមក្នុងប្រជារាស្រ្តថ្មីរបស់ព្រះអង្គ។ ទោះបីប្រជារាស្រ្តនេះរួម​គ្នា​ជា​ធ្លុងតែ​មួយ​និងមានតែមួយគត់កី្ត ក៏ប្រជារាស្រ្តនេះមានគោលដៅលាតសន្ធឹង​ក្នុង​ពិភព​លោក​ទាំងមូល និង​នៅ​គ្រប់សម័យរហូតតរៀងទៅ។ ដូច្នេះ ព្រះហឫទ័យរបស់ព្រះជាម្ចាស់​ដែល​ប្រតិស្ឋាន​មនុស្ស​ជាតិ​កាល​ពី​ដើម​ដំបូង​មក នឹងកើត​ជារូបរាង គឺប្រមែប្រមូលបុត្រធីតារបស់ព្រះអង្គដែល​បែក​​ខ្ញែក​គ្នា មក​រួប​រួម​គ្នាជា​ប្រជា​ជន​តែ​មួយ (យហ ១១,​៥២)។ ព្រះអង្គចាត់ព្រះបុត្រា ឲ្យយាងមកបំពេញ​ព្រះ​បំណងនេះ និងប្រគល់អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះបុត្រា​គ្រប់គ្រង​ទុក​ជាមរតក (ហប ១, ២)។ ព្រះអង្គក៏តែង​តាំង​​ព្រះបុត្រាឲ្យធ្វើជាព្រះអម្ចាស់ ជាព្រះ​មហាក្សត្រ ជាមហាបូជាចារ្យ​របស់​មនុស្ស​ទាំង​អស់ និងជាមេដឹក​នាំប្រជារាស្រ្តថ្មីនៃបុត្រធីតារបស់ព្រះជាម្ចាស់ ដែលលាតសន្ធឹងរហូតដល់ទីដាច់​ស្រយាលនៃពិភព​ទាំង​មូល។ នៅពេលចុងក្រោយបំផុត ព្រះជាម្ចាស់​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះបុត្រា​ព្រះអង្គ​ឲ្យយាង​មក គឺព្រះវិញ្ញណដែលជាព្រះអម្ចាស់ និងជាប្រភពនៃជីវិត។ ព្រះអង្គ​ប្រមូល​ព្រះ​សហគមន៍ទាំង​មូល គឺ​អ្នក​ជឿទាំង​អស់ និងអ្នក​ជឿម្នាក់ៗ ឲ្យរួបរួម​គ្នា​ក្នុង​លទ្ធិ​របស់​ក្រុម​គ្រីស្តទូត និង​រួបរួម​គ្នា​ជា​បងប្អូន ឲ្យ​កាច់​នំប៉័ង និងអធិដ្ឋាន​ផង (កក ២, ៤២)។

ដូច្នេះ ដោយមាន​ប្រជាពលរដ្ឋនៃប្រជាជាតិទាំងអស់​ចូលមក ប្រជារាស្រ្តតែមួយគត់របស់​ព្រះ​ជាម្ចាស់ ស្ថិត​នៅ​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅ​លើ​ផែន​ដី។ គេជាប្រជារាស្រ្តនៃ​ព្រះរាជាណាចក្រ​មួយ ដែល​គ្មាន​លក្ខណៈ​ខាង​លោកីយ៍​ទេ តែមានលក្ខណៈជាលោកខាងមុខវិញ។ អស់អ្នកផ្ញើជីវិតលើព្រះ​គ្រីស្ត ដែល​ខ្ចាត់​ខ្ចាយ​ក្នុង​ពិភព​លោក​ទាំងមូល រួបរួមជាមួយគ្នាក្នុងអង្គ​ព្រះវិញ្ញាណដ៏វិសុទ្ធបានជា “លោក​ដែល​នៅ​ក្រុងរ៉ូម​ជ្រាប​ថា អស់អ្នក​ដែល​នៅ​ប្រទេស​ឥណ្ឌាពិតជាសរីរាង្គកាយ​របស់ខ្លួន”។ ប៉ុន្តែ ដោយព្រះ​រាជា​ណា​ចក្រ​របស់​ព្រះ​គ្រីស្ត​មិនមែន​នៅ​ក្នុង​លោក​នេះ​ទេ (យហ ១៨, ៣៦) ព្រះសហគមន៍ គឺប្រជារាស្រ្ត​របស់​ព្រះ​ជាម្ចាស់ ដែល​ធ្វើឲ្យ​ព្រះរាជា​ណា​ចក្រ​នេះ​មាន​រូប​រាង​មិន​ដកហូតធនធានខាង​លោកីយ៍ពីប្រជាជាតិ​ណា​មួយ​ឡើយ ផ្ទុយ​ទៅវិញ ព្រះសហគមន៍​បម្រើ​និង​លើក​ស្ទួយ​តម្លៃ​ដ៏ថ្លៃថ្នូរគ្រប់យ៉ាង​នៃអារ្យធម៌​របស់​គេ បម្រើ និង​លើកស្ទួយធនធានមនុស្ស បម្រើ និង​លើក​ស្ទួយ​របៀប​រស់នៅដ៏ល្អ​របស់​ប្រជាជាតិ​ទាំងនោះ​ទៀត​ផង។ ដោយ​ព្រះសហគមន៍​យក​សេចក្តី​ទាំងនោះ ព្រះសហគមន៍​ជម្រះ និង​ពង្រឹង ហើយលើកសេចក្តីទាំងនោះឡើងទៀតផង។ ព្រះសហគមន៍នឹកចងចាំថា ខ្លួនមាន​ភារកិច្ច​ប្រមែ​ប្រមូលប្រជាជាតិ​នានា​ឲ្យ​ភ្ជាប់​នឹងព្រះមហាក្សត្រ​ដែលទទួល​ប្រជាជាតិ​ទាំង​អស់ទុកជាមរតក (ទន ២, ៨) ប្រជា​ជាតិ​ទាំង​នោះ ក៏​យក​តង្វាយ និងអំណោយមកថ្វាយនៅក្នុង​ទីក្រុង​របស់ព្រះមហាក្សត្រ​នោះ​ផង (ទន ៧២, ១០ ; អស ៦០, ៤-៧; វវ ២១, ២៤)។ ព្រះអម្ចាស់​ផ្ទាល់​ប្រោស​ប្រទាន​ឲ្យ​ប្រជារាស្រ្ត​របស់​ព្រះអង្គ​មាន​លក្ខណៈ​សកល​នេះ។ ដោយ​មាន​លក្ខណៈសកលនេះ ព្រះសហគមន៍កាតូលិកយកចិត្តទុក​ដាក់ជានិច្ច និងយ៉ាងស័ក្តិសិទ្ធិ ប្រមែ​ប្រមូល​មនុស្ស​ជាតិ​ទាំងមូល និងធនធានទាំងអស់ដែលនៅក្នុងមនុស្សជាតិនោះ ឲ្យមកស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​គ្រីស្ត​ជាព្រះ​សិរសា រួបរួមក្នុងព្រះវិញ្ញាណព្រះអង្គ។

ដោយអនុភាពនៃលក្ខណៈសកលនេះ ផ្នែកនីមួយៗនាំយកផលនៃព្រះអំណោយទាន​របស់ខ្លួន ​មកចែក​ឲ្យ​ផ្នែក​ឯទៀតៗ និងឲ្យព្រះសហគមន៍ទាំងមូលដែរ។ ហេតុនេះហើយបានជាមនុស្ស​លោក​ទាំងមូល និង​ផ្នែក​នីមួយៗ​ចម្រើនឡើង ដោយចែកផលទៅវិញទៅមក និងដោយ​ខិតខំរួបរួម​គ្នា​ជាធ្លុងតែ​មួយ​យ៉ាង​ពេញលក្ខណៈ។ ដូចេ្នះ​ហើយ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់​កើតមក មិន​គ្រាន់តែដោយ​មាន​ប្រជាជាតិ​ផ្សេងៗ​រួប​រួម​គ្នាប៉ុណ្ណោះទេ តែ​កើត​មកដោយមានមុខងារផ្សេងៗតែងតាំងប្រជារាស្រ្ត នៅផ្ទៃក្នុងទៀតផង។ សមាជិកប្រជារាស្រ្ត​នេះ​ប្លែក​ពី​គ្នា​តាម​បន្ទុក គឺ​អ្នកខ្លះ​បំពេញមុខងារដ៏សក្ការៈបម្រើបងប្អូនក្នុង​ឋានៈ​​ជាអភិបាល ជាបូជាចារ្យ និងជាឧបដ្ឋាក។ គេ​ក៏​ប្លែក​ពី​គ្នា តាមឋានៈនិងតាមរបៀបរស់នៅ​របស់គេ​ថែម​ទៀត គឺ​មានគ្នាច្រើន ជាបព្វជិត​បព្វ​ជិតា​ដែលស្វែងរក​ឲ្យ​បាន​វិសុទ្ធ​តាមផ្លូវចង្អៀតជាង ធ្វើជាគំរូដាស់​តឿន​បងប្អូន​ឯទៀតៗ។ ហេតុនេះហើយបានជា​ក្នុងព្រះ​សហគមន៍​សកល មានព្រះ​សហគមន៍​ដោយ​ឡែក ត្រឹមត្រូវតាមច្បាប់ ដែលកាន់តាម​ប្រពៃណីរបស់ខ្លួនផ្ទាល់ រួបរួមគ្នាក្នុង​ព្រះ​សហគមន៍​តែ​មួយ ទាំង​គោរព​អាសនៈរបស់​គ្រីស្ត​ទូត​សិលា ដែលជា​«ប្រធានអង្គប្រជុំរបស់អស់អ្នកដែល​មាន​ចិត្ត​ស្រឡាញ់»។ អភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូម​ធានា​រ៉ាប់រងសេចក្តីប្លែកៗពីគ្នាដែលគួរឲ្យមាន ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក​ប្រយ័ត្ន​ប្រយែងកុំឲ្យសេចក្តីប្លែកៗ​ពី​គ្នា ដោយ​ឡែក​ទាំង​នោះ បណ្តាល​ឲ្យ​ព្រះសហគមន៍​ពិបាក​រួបរួមគ្នា ផ្ទុយទៅវិញ លោកខិតខំឲ្យសេចក្តីបែ្លកៗពីគ្នាដោយឡែកទាំងនោះបម្រើការរួបរួម​គ្នា​វិញ។ លើស​ពី​នេះ​ទៅទៀត មានចំណង​មេត្រី​យ៉ាងស្និទ្ធស្នាលធ្វើឲ្យ​ផ្នែក​នីមួយៗនៃព្រះ​សហគមន៍​រួប​រួម​ទាក់​ទង​គ្នា ដោយចែក​រំលែក​ធនធានខាង​ព្រះវិញ្ញាណ គឺចែកអ្នកបំពេញ​មុខងារ​ជា​គ្រីស្ត​ទូត និង​ចែក​ធនធាន​សម្ភារៈ​ផងដែរ។ ព្រះ​ជាម្ចាស់​ត្រាស់ហៅ​សមាជិក​នៃប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យចែក​រំលែក​ធន​ធាន​របស់​ខ្លួន​​យ៉ាងណា  ព្រះសហគមន៍​នីមួយៗ​ក៏ត្រូវប្រព្រឹត្ត​យ៉ាងនោះដែរ តាមពាក្យទូន្មានរបស់គ្រីស្តទូត​ថា  "សូមបងប្អូនម្នាក់ៗ បាន​ទទួល​ព្រះ​អំណោយ​ទាន​ផ្សេងៗពីគ្នា ដូច្នេះ ចូរយកព្រះ​អំណោយទានទាំងនោះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹង​តួនាទី​របស់​បងប្អូន​ជាអ្នក​ចាត់​ចែង​ដ៏ល្អ​ដែល​ចែក​ព្រះ​អំណោយទានគ្រប់​បែប​យ៉ាង​របស់ព្រះជាម្ចាស់" (១សល ៤,១០)។

ដូច្នេះ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ ឲ្យចូល​រួមក្នុង​ប្រជារាស្រ្ត​សាកលរបស់​ព្រះអង្គ។ ព្រះ​សហគមន៍​កាតូលិកនេះ គឺជាប្រផ្នូលអំពីសន្តិភាពសកល និងជួយបង្កើតសន្តិភាពសកលនេះ​ថែម​ទៀត​ផង។ ព្រះ​ជាម្ចាស់​ប្រណីសន្តោសហៅមនុស្សទាំងអស់ឲ្យទទួលការសង្គ្រោះ ទាំង​គ្រីស្តបរិស័ទកាតូលិក ទាំងអស់​អ្នក​ឯទៀតៗ ដែល​ផ្ញើ​ជីវិតលើព្រះគ្រីស្ត។ សរុបសេចក្តីមក ឥតមានចោលនរណាសោះ គឺព្រះអង្គត្រាស់ហៅ​មនុស្ស​ទាំង​អស់​ឲ្យភ្ជាប់នឹង​ព្រះសហគមន៍​សកលតាមបែបផ្សេងៗ ហើយតម្រង់ទៅកាន់ព្រះសហគមន៍សាកលនោះ។

១៤-គ្រីស្តបរិស័ទកាតូលិក

មហាសន្និបាតដ៏វិសុទ្ធ បែរទៅរកគ្រីស្តបរិស័ទកាតូលិកមុនគេ។ មហាសន្និបាតនេះ សំអាងលើ​ព្រះគម្ពីរនិង​លើការបញ្ជូនបន្តមកបង្រៀនថា ព្រះសហគមន៍ដែលកំពុងធ្វើដំណើរនៅ​លើ​ផែន​ដីនេះ មាន​សារៈសំខាន់​ជា​ចាំ​បាច់ ដើម្បីឲ្យមនុស្ស​លោកទទួលការសង្រោ្គះ។ មានតែព្រះគ្រីស្តមួយព្រះអង្គគត់ជាស្ពានមេត្រី និង​ជាមាគ៌ា​ទៅ​កាន់​ការ​សង្រោ្គះ។ ព្រះអង្គមានវត្តមានគង់នៅជាមួយយើងក្នុងព្រះ​កាយ​ព្រះ​អង្គ គឺក្នុងព្រះសហគមន៍។ ព្រះអង្គ​ផ្ទាល់​បង្រៀន​យ៉ាងជាក់ច្បាស់ថា មនុស្សត្រូវតែផ្ញើជីវិតលើព្រះអង្គ និង​ទទួល​អគ្គសញ្ញា​ជ្រមុជទឹកជាចំាបាច់ (មក ១៦, ១៦; យហ ៣, ៥)។ នៅពេលជាមួយគ្នានោះ ព្រះអង្គ​ក៏​បញ្ជាក់​ថា ត្រូវតែមានព្រះសហគមន៍ជាចំាបាច់ដែរ។ មនុស្ស​ចូលក្នុង​ព្រះសហគមន៍ដោយអគ្គសញ្ញាជ្រមុជ​ទឹក​ដែល​ជាទ្វារ។ ហេតុនេះហើយបានជា អស់អ្នក​ដែល​ដឹង​ថា ព្រះជាម្ចាស់​បានតែងតាំងព្រះសហគមន៍​កាតូលិក ដោយសារព្រះយេស៊ូគ្រីស្តទុកជា​មធ្យោបាយ​ដ៏​ចំា​បាច់ ដើម្បី​ទទួល​ការ​សង្គ្រោះ ប៉ុន្តែបដិសេធមិនព្រមចូល​ព្រះសហគមន៍​កាតូលិក ឬបដិសេធមិនព្រមព្យា​យាមស្ថិត​នៅ​ជាប់​នឹង​ព្រះ​សហគមន៍​នោះ ពុំអាច​ទទួល​ការសង្រោ្គះបាន​ឡើយ។

អស់អ្នកដែលទទួលព្រះវិញ្ញាណរបស់ព្រះគ្រីស្ត ហើយសុខចិត្តទទួលស្គាល់ការចាត់ចែងទាំង​ស្រុង​របស់​​ព្រះ​សហគមន៍ និងសុខចិត្តទទួល​ស្គាល់​មធ្យោបាយទាំងប៉ុន្មានដែលផ្តល់ការសង្រោ្គះ ដូចមានចាត់​ចែង​ក្នុង​ព្រះ​សហគមន៍​នោះ ពិតជាចូលរួម​យ៉ាងពេញលេញក្នុងសង្គមនៃព្រះសហគមន៍មែន។ លើសពីនេះ​ទៅ​ទៀ​ត ដោយ​ប្រកាស​ជំនឿ ដោយទទួលអគ្គសញ្ញានានា ដោយការត្រួត​ត្រារបស់​អស់​លោក​អភិបាល និង​ដោយ​ការរួបរួមគ្នា គេ​ជាប់ចំណង​រួបរួមជាមួយព្រះគ្រីស្ត ក្នុង​ព្រះសហគមន៍​ជាអង្គប្រជុំដែល​មើល​ឃើញ។ គេរួបរួមជាមួយព្រះគ្រីស្ត ដែល​ណែនាំ​ព្រះសហគមន៍ ដោយសារ​អភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម និង​ដោយអភិបាលនានា។ ក៏ប៉ុន្តែ ការ​ចូល​រួមក្នុង​ព្រះ​សហគមន៍ មិនធានា​ថា នឹង​ទទួល​ការ​សង្រោ្គះ​បានទេ។ ប្រសិនបើគេមិនព្យាយាមក្នុងសេចក្តី​ស្រឡាញ់ គេនៅជា​សមាជិក​នៃព្រះ​សហគមន៍ខាង​រូបកាយ តែមិន​មែន​ខាងផ្លូវចិត្តទេ។ អស់បុត្រ​ធីតា​នៃ​ព្រះ​សហគមន៍​ត្រូវនឹក​ចងចាំថា លក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម​របស់ខ្លួន មកពីព្រះគ្រីស្តប្រោសប្រណីគេយ៉ាងពិសេស មិន​មែន​មក​ពីបុណ្យកុសលរបស់ខ្លួនគេ​ឡើយ។ ប្រសិនបើចិត្តគំនិតគេ ពាក្យសម្តីរបស់គេ និងការប្រព្រឹត្តរបស់គេ មិន​ស្របតាមលក្ខណៈដ៏ខ្ពង់​ខ្ពស់​ឧត្តុង្គឧត្តម​ទេនោះ​គេមុខជាត្រូវ​ទទួល​ទោសជាទម្ងន់ មិនទទួល​ការ​សង្រោ្គះទេ។

ចំពោះបងប្អូនដែលកំពុងស្តាប់ព្រះបន្ទូលលាន់ឮឡើង ហើយដែលបានសម្រេចចិត្តយ៉ាងច្បាស់ សូមចូល​រួម​ក្នុង​ព្រះ​សហគមន៍ ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ឧបត្ថម្ភ​ផង ដោយ​គេ​បាន​ធ្វើ​សំណូមពរ​នេះ គេ​ចូល​រួម​ក្នុង​ព្រះ​សហគមន៍​រួចហើយ។ ព្រះ​សហគមន៍​ជា​មាតា យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ជា​បុត្រ​ធីតា  ថ្នាក់​ថ្នម​ថែទាំ​គេ​ដោយ​ចិត្ត​ស្រឡាញ់។

១៥-ចំណងរបស់ព្រះសហគមន៍ ជាមួយគ្រីស្តបរិស័ទដែលមិនមែនជាកាតូលិក

ចំពោះបងប្អូនដែលមានឈ្មោះដ៏ប្រសើរថាជាគ្រីស្តបរិស័ទ តែមិនប្រកាន់ជំនឿគ្រប់ប្រការ ហើយ​មិន​រួប​រួម​ក្រោមការដឹកនាំអភិបាលព្រះសហគមន៍​ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ព្រះសហគមន៍ដឹងថា ខ្លួន​មានចំណងជាច្រើនភ្ជាប់ជាមួយបងប្អូនទាំងនោះ គឺមានបងប្អូនជាច្រើន​គោរព​ព្រះ​គម្ពីរ​ទុក​ជាគ្រឹះណែនាំ​ជំនឿ​របស់​គេ និងទុកជាវិន័យឲ្យគេរស់​នៅ​តាម គេ​មាន​ចិត្តខ្នះខ្នែង​យ៉ាង​ស្មោះ​ចំពោះ​គ្រីស្តសាសនា គេផ្ញើជីវិតដោយ​អស់​ពីក្នុងចិត្តទៅលើព្រះជាម្ចាស់ ជាព្រះបិតា​ដ៏​មាន​តេជានុភាពសព្វ​ប្រការ គេក៏ផ្ញើជីវិត​ទៅ​លើ​ព្រះ​គ្រីស្ត ជា​ព្រះ​បុត្រា​របស់​ព្រះជាម្ចាស់​និងជា​ព្រះសង្គ្រោះដែរ។ ព្រះជាម្ចាស់បានដៅ​បង​ប្អូន​ទាំងនោះ ដោយ​អគ្គសញ្ញាជ្រមុជទឹក ដែល​ធ្វើ​ឲ្យគេរួបរួម​ជាមួយ​ព្រះ​គ្រីស្ត។ មានបងប្អូន​ខ្លះក៏​ទទួល​ស្គាល់​អគ្គសញ្ញាឯទៀត ហើយទទួល​អគ្គ​សញ្ញា​ទាំង​នោះ​ក្នុងព្រះសហគមន៍ ឬក្រុមជំនុំរបស់គេរៀងៗខ្លួនផង។ ក្រុម​គ្រីស្ត​បរិស័ទខ្លះក៏មានក្រុម​អភិបាលណែនាំ ហើយក៏ធ្លាប់​ធ្វើ​ពិធីអរព្រះគុណ​ដ៏វិសុទ្ធ និងគោរពប្រណិប័តន៍នាងម៉ារី​ជាព្រះ​មាតា​ព្រះ​អម្ចាស់​ដែរ។ គេរួបរួម​ជាមួយ​យើង ដោយ​អធិដ្ឋាន និងដោយបានទទួលព្រះ​អំណោយទានខាងព្រះ​វិញ្ញាណថែមទៀត។ លើស​ពីនេះ​ទៅ​ទៀត គេរួបរួមគ្នា​យ៉ាង​ពិត​ប្រាកដក្នុងព្រះវិញ្ញាណ ព្រោះ​ព្រះអង្គ​ប្រោសឲ្យគេបាន​វិសុទ្ធ​ដោយ​អានុភាព​នៃ​ព្រះ​ហឫទ័យ ប្រណី​សន្តោស​របស់​ព្រះអង្គ ព្រមទាំងប្រទាន​ព្រះ​អំណោយទានផ្សេងៗឲ្យគេដែរ។ ព្រះអង្គប្រោស​ឲ្យ​បងប្អូន​ខ្លះមាន​ចិត្តក្លាហាន រហូត​ដល់​ហ៊ាន​បូជាជីវិតព្រោះតែព្រះអង្គ។ ដូច្នេះ ព្រះវិញ្ញាណ​ជំរុញ​ឲ្យ​សាវ័ក​ទាំងអស់​របស់​ព្រះគ្រីស្ត មានបំណង​ហើយខិតខំធ្វើឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នា ដោយសេចក្តីសុខសាន្ត តាម​របៀប​ដែល​ព្រះគ្រីស្ត​សព្វព្រះហឫទ័យ គឺឲ្យរួបរួមក្នុងហ្វូងតែមួយក្រោមការណែនាំរបស់គង្វាលតែមួយព្រះអង្គ។ ព្រះ​សហគមន៍​ជា​មាតា នៅតែអង្វរ​ព្រះបិតា នៅតែសង្ឃឹម និងនៅតែបំពេញសកម្មភាពជានិច្ច ដើម្បី​ឲ្យ​គោល​បំណង​នេះ​បាន​សម្រេច។ ព្រះសហគមន៍​ក៏នៅតែដាស់តឿនបុត្រធីតាជម្រះខ្លួនឲ្យបានបរិសុទ្ធ និងឲ្យប្រែជាថ្មី ដើម្បី​ឲ្យ​សញ្ញា​សម្គាល់​របស់ព្រះគ្រីស្ត ចាំង​នៅ​លើ​មុខ​ព្រះសហគមន៍ឲ្យកាន់តែភ្លឺស្វាងឡើងៗ។

១៦-អស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទ

ចំពោះអស់អ្នកដែលមិនទាន់ទទួលដំណឹងល្អ ជីវិតគេក៏មានទិសដៅតម្រង់ទៅកាន់ប្រជារាស្ត្រ របស់ព្រះ​ជាម្ចាស់តាមរបៀបផ្សេងៗដែរ។ ជាបឋម មានប្រជាជនអីុស្រាអែលដែលទទួលសម្ពន្ធមេត្រី និងព្រះបន្ទូល​សន្យានានា ហើយដែលមានព្រះគ្រីស្តប្រសូត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​គេ (រម ៩, ៤-៥)។ «‌‌‌បើគិត​តាម​ការ​ជ្រើស​រើស ព្រះ​ជាម្ចាស់ស្រឡាញ់គេខ្លាំងណាស់មកពីព្រះអង្គគិតដល់​បុព្វបុរស​របស់គេ។ ប្រសិនបើព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​អំណោយទានហើយ ព្រះអង្គមិនដក​ហូតវិញទេ ប្រសិនបើព្រះអង្គ​ត្រាស់ហៅ ទ្រង់ក៏​មិន​ប្រែ​ប្រួល​ដែរ។» (រម ១១, ២៨-២៩)។ ប៉ុន្តែ ព្រះ​ជាម្ចាស់​មានគម្រោងការសង្គ្រោះ​អស់​មនុស្សណា​ដែលទទួល​ស្គាល់​ព្រះអង្គ ទុក​ជា​ព្រះអាទិករ​នៃអី្វៗទាំងអស់ មានបងប្អូនអីុស្លាមជាដើម ដែលប្រកាស​ជំនឿ​របស់​លោក​អាប្រាហាំ គេក្រាបថ្វាយបង្គំព្រះជាម្ចាស់​តែមួយព្រះអង្គគត់ដូចយើង ជាព្រះប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ជាចៅក្រម​ដែល​នឹង​វិនិច្ឆ័យ​មនុស្ស​នៅថ្ងៃ​ចុង​ក្រោយបំផុត។

សូម្បីតែបងប្អូនឯទៀតៗដែលស្វះស្វែងរកព្រះមួយអង្គដែលគេមិនស្គាល់  គឺស្វែងរក «តាម​ស្រមោល និង​តាម​និមិត្តរូប» ព្រះជាម្ចាស់ក៏មិនស្ថិតនៅឆ្ងាយពីគេដែរ ព្រោះព្រះអង្គទេ​តើដែលបាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​អី្វៗសព្វគ្រប់ទាំងអស់មកមនុស្ស (កក ១៧, ២៥-២៨)។ ព្រះអង្គជាព្រះសង្គ្រោះ ទ្រង់សព្វ​ព្រះ​ហឫទ័យ​ឲ្យមនុស្សទាំងអស់ទទួលការសង្គ្រោះ (១ធម ២, ៤)។ អស់អ្នកដែលមិន​ស្គាល់ដំណឹងល្អរបស់ព្រះ​គ្រីស្ត និង​មិន​ស្គាល់ព្រះសហគមន៍របស់ព្រះអង្គ ដោយគេគ្មានកំហុសអ្វី តែស្វែងរកព្រះជាម្ចាស់​ដោយចិត្តស្មោះ និង​ខិត​ខំ​ប្រព្រឹត្តតាម​ព្រះ​ហ​ឫទ័យ​ព្រះអង្គ ស្របតាមមនសិការ​បង្ហាញ និងបញ្ជា​ឲ្យ​ប្រព្រឹត្តនោះ អ្នកទាំង​នោះ ក៏​អាច​ឈាន​ទៅ​ដល់​ការសង្គ្រោះអស់​កល្ប​ជា​និច្ច ដោយ​ព្រះ​អង្គ​ប្រណីសន្តោស​គេដែរ។ ចំពោះ​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់នៅឡើយ ដោយ​គេគ្មានកំហុស តែខិត​ខំរស់នៅតាមរបៀបសុចរិតទៀងត្រង់ ដោយ​ព្រះអង្គ​ប្រោស​ប្រណី​ផង ព្រះជា​ម្ចាស់ដែលណែនាំថែរក្សា​មនុស្ស​លោក មុខជានឹង​ប្រទាន​ជំនួយ​ដល់​អ្នក​ទាំង​នោះ​តាម​តម្រូវការ ឲ្យគេទៅកាន់ការសង្គ្រោះបាន។ ព្រះសហគមន៍យល់ឃើញថា អ្វីៗដ៏ល្អនិងដ៏ពិតប្រាកដ​នៅ​ក្នុង​ចំណោម​ពួក​គេ​សុទ្ធតែរៀប​ចំឲ្យគេទទួលដំណឹងល្អ ឬទុកជាព្រះអំណោយទានរបស់​ព្រះ​អង្គដែលបំភ្លឺ​ចិត្ត​គំនិត​មនុស្ស​គ្រប់ៗ​គ្នា ដើម្បីឲ្យ​គេ​មានជីវិត។ គួរឲ្យស្តាយណាស់ មារកំណាចបានបញ្ឆោតមនុស្សជា​ច្រើន និង​ជា​ញឹក​ញាប់​ឲ្យវង្វេង​ទៅ​តាម​ការ​រិះគិត​របស់ខ្លួន។ ​គេក៏បោះបង់សេចក្តីពិតរបស់ព្រះជាម្ចាស់​ចោ​ល បែរទៅ​រក​សេចក្តី​ភូតភរ ហើយនាំគ្នា​គោរព​បម្រើសត្វលោកជាជាង​គោរព​បម្រើ​ព្រះ​អាទិករ​‌ (រម ១,២១ និង ២១)។ ដោយ​គេ​រស់​នៅ និង​ស្លាប់ក្នុង​លោកនេះ​ទាំងមិនគោរព​បម្រើព្រះណាមួយសោះ គេមុខ​ជាអស់​សង្ឃឹមខ្លាំងណាស់។ ហេតុ​នេះ​ហើយ បានជាព្រះ​សហគមន៍​យកចិត្តទុកដាក់គោរពសិរីរុងរឿង​របស់ព្រះ​ជា​ម្ចាស់ និង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ការ​សង្គ្រោះ ចេះតែ​នឹកដល់ព្រះបញ្ជារបស់ព្រះអម្ចាស់ថា “ចូរ​ចេញទៅប្រកាស​ដំណឹង​ល្អដល់​មនុស្ស​លោក​ទាំង​អស់ ”(មក ១៦, ១៥)។ ព្រះ​សហគមន៍ក៏យកចិត្តទុក​ដាក់​ទ្រទ្រង់កិច្ចការជាសាសនទូត។

១៧-ព្រះសហគមន៍មានលក្ខណៈជាសាសនទូត

ព្រះបិតាចាត់ព្រះបុត្រាឲ្យយាងមកយ៉ាងណា ព្រះបុត្រាក៏ចាត់សាវ័ករបស់ព្រះអង្គឲ្យទៅយ៉ាងនោះដែរ (យហ ២០, ២១) ដោយមានព្រះបន្ទូលថា “ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ឲ្យ​ធ្វើជា​សាវ័ក‌​ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកជូន​គេ ដើម្បីឲ្យគេរួមជាមួយព្រះ​បិតា​‌ ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិ​បត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា​‌ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ‌ ‌រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក” (មថ ២៨, ១៨-២០)។ ព្រះសហគមន៍បាន ទទួល​ព្រះបញ្ជាដ៏ឱឡារិក​របស់​ព្រះ​គ្រីស្តនេះពីក្រុមគ្រីស្ត​ទូតមក ពោលគឺឲ្យ​ប្រកាសសេចក្តីពិតអំពីការសង្គ្រោះ បន្តរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី (កក ១,៨)។ ហេតុនេះហើយបាន ជា​ព្រះ​សហគមន៍​យល់ដូចគ្រីស្តទូតប៉ូលដែលចែងថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!» (១ករ ៩, ១៦)។ ព្រះសហគមន៍ក៏នៅតែ​ចាត់​អ្នក​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ​តទៅ​ទៀត ដោយឥតឈប់ឈរ រហូត​ដល់​ពេល​ព្រះសហគមន៍​ថ្មីៗ​ដែល​តែង​តាំង​សព្វ​គ្រប់​ហើយ អាចបន្ត​កិច្ច​ប្រកាស​ដំណឹង​ល្អដោយ​ខ្លួនឯង​ផ្ទាល់បាន។ ព្រះវិញ្ញាណដ៏វិសុទ្ធ ជំរុញ​ព្រះសហគមន៍​ឲ្យ​រួម​សហការ ដើម្បី​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​ជាម្ចាស់​បាន​កើត​ជារូបរាងជាស្ថាពរ។ តាមព្រះបំណងប្រាថ្នានោះ ព្រះជាម្ចាស់​តែងតាំង​ព្រះ​គ្រីស្តទុក​ជាដើមកំណើតនៃការ​សង្គ្រោះមនុស្សលោកទាំងអស់។

ពេលព្រះ​សហគមន៍ប្រកាសដំណឹងល្អ ព្រះសហគមន៍ណែនាំអស់អ្នកស្តាប់ ឲ្យផ្ញើជីវិតលើព្រះគ្រីស្ត និង​ប្រកាស​ជំនឿរបស់គេផង។ ព្រះសហគមន៍រៀបចំចិត្តគំនិតគេឲ្យទទួលអគ្គសញ្ញាជ្រមុជទឹក រំដោះ​គេឲ្យ​រួច​ពី​ទាសភាព​នៃការវង្វេង ព្រមទាំងបញ្ចូលគេក្នុងព្រះកាយព្រះគ្រីស្ត ដើម្បីឲ្យគេចម្រើនឡើងក្នុងអង្គព្រះគ្រីស្ត​ដោយ​សេចក្តី​ស្រឡាញ់ រហូតដល់គេបានពេញលក្ខណៈ។ ព្រះសហគមន៍បំពេញការទាំងអស់​ដោយ​​មានគោល​ដៅ​តែ​មួយ​គឺថា ប្រសិនបើព្រះសហគមន៍រកឃើញពូជ​ដ៏ល្អសាបព្រោះ​ក្នុងចិត្ត​គំនិត​របស់​មនុស្ស​លោក ឬក្នុងពិធីគោរព​ប្រណិប័តន៍នានារបស់គេ និងក្នុងអរិយធម៌​ប្រជាជាតិនានា ព្រះសហគមន៍​មិនគ្រាន់​តែ​រក្សាទុក​ឲ្យនៅ​គង់វង្ស មិន​ឲ្យ​វិនាសបាត់បង់​ប៉ុណ្ណោះ​ទេ តែព្រះ​សហគមន៍ក៏ព្យាបាលពូជទាំ​ងនោះឲ្យ​បាន​ជា និងនាំ​ឲ្យ​បាន​ពេញ​លក្ខណៈ​ដែរ ដើម្បី​លើក​តម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់។ កិច្ចនោះ​បណ្តាល​​ឲ្យមារ​ត្រូវ​អាម៉ាស់ ហើយក៏នាំឲ្យមនុស្ស​លោក​បាន​សុភមង្គលទៀតផង។ សាវ័ករបស់ព្រះ​គ្រីស្ត​មាន​ភារកិច្ច​ពង្រីក និងពង្រឹងជំនឿ តាមចំណែក​រៀងៗ​ខ្លួន។ នរណា​ក៏ដោយ ក៏អាចធ្វើអគ្គសញ្ញា​ជ្រមុជ​ទឹក​​ជូនអ្នក​ផ្ញើជីវិត​លើ​ព្រះគ្រីស្តបាន ប៉ុន្តែ មានតែ​ក្រុម​បូជាចារ្យ​ប៉ុណ្ណោះ​ទេ ដែល​មានមុខងារសាងសង់​ព្រះ​កាយ​ដោយថ្វាយ​សក្ការ​បូជា​អរព្រះគុណ ទាំងធ្វើឲ្យ​ព្រះបន្ទូលរបស់​ព្រះ​ជាម្ចាស់​ថ្លែង​តាម​ព្យាការី បាន​កើត​ជា​រូបរាងថា «ចាប់ពីទិសខាង​កើតរហូត​ដល់​ទិសខាងលិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា។ នៅ​គ្រប់​ទីកន្លែងគេនាំ​គ្នា​ថ្វាយ​សក្ការ​បូជា និង​យក​តង្វាយ​ដ៏​បរិសុទ្ធ​មក​ថ្វាយ​យើង» (មគ ១, ១១)។ ដូច្នេះ ព្រះសហគមន៍អង្វរព្រះជាម្ចាស់ផង ​និងធើ្វ​កិច្ចការ​នៅ​ពេល​ជាមួយ​គ្នា​ផង ដើម្បីឲ្យ​មនុស្ស​លោកទាំងអស់ប្រែទៅជាប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ទៅជាព្រះកាយរបស់​ព្រះ​អម្ចាស់ និងទៅជា​ព្រះ​វិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍ក៏នឹង​លើកតម្កើងសិរី​រុងរឿង​ព្រះ​បិតាដែល​ប្រ​តិ​ស្ឋាន​ពិភព​លោក ក្នុងអង្គព្រះគ្រីស្ត ជាព្រះសិរសារបស់មនុស្សទាំងអស់។

ជំពូក៣
ព្រះសហគមន៍មានរចនាសម្ពន្ធតាមលំដាប់លំដោយ ជាពិសេសមានក្រុមអភិបាល

១៨-អារម្ភកថា

ព្រះគ្រីស្តជាអម្ចាស់តែងតាំងមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍របស់ព្រះអង្គ ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​មាន​គង្វាលណែនាំ និងមានមធ្យោបាយអាចចម្រើនឡើងបានជានិច្ច។ មុខងារទាំង​នោះ​មាន​គោល​ដៅ​តែ​មួយ គឺរក​ប្រយោជន៍ ដល់រូប​កាយ​ទាំងមូល។ អស់លោកដែលទទួល​អគ្គសញ្ញា​​​តែង​តាំង​ជាអ្នក​បម្រើ មាន​អំណាច​មកពី​ព្រះ​ជាម្ចាស់​គឺ អស់លោកបម្រើបងប្អូនដើម្បី​ណែនាំ​សមាជិក​ទាំង​អស់​នៃប្រជារាស្ត​របស់​ព្រះ​ជាម្ចាស់ ដែល​មានកិត្តិយស​ដ៏ថៃ្លថ្នូរ​យ៉ាងពិត​ប្រាកដ​ជា​គ្រីស្តបរិស័ទ អាចទៅ​កាន់​ការសង្គ្រោះ ទាំងខិតខំរួមគ្នា ដោយ​ស្ម័គ្រចិត្ត និងដោយ​មាន​សណ្តាប់ធ្នាប់ ទៅរក​ទិស​ដៅ​តែ​មួយ។

មហាសន្និបាតដ៏វិសុទ្ធនេះ បង្រៀនតាមមហាសន្និបាតវ៉ាទីកង់ទី​១ និងប្រកាសថា ព្រះយេស៊ូគ្រីស្ត​ជា​គង្វាល ស្ថិត​នៅអស់កល្បជានិច្ច បានសាងសង់ព្រះសហគមន៍ដ៏វិសុទ្ធដោយចាត់ក្រុមគ្រីស្តទូត​របស់​ព្រះ​អង្គ​ឲ្យទៅ ដូច​ព្រះ​បិតា​បានចាត់ព្រះអង្គឲ្យមកដូច្នេះដែរ (យហ ២០, ២១)។ ព្រះអង្គក៏សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អស់​លោកដែល​បន្ត​មុខងារ​របស់ក្រុមគ្រីស្តទូតមក ពោល​គឺអស់លោកអភិបាល បានទៅ​ជា​គង្វាល​ក្នុង​ព្រះ​សហគមន៍របស់ព្រះ​អង្គ រហូត​ដល់​អវសានកាល​នៃ​ពិភព​លោក។ ប៉ុន្តែ ព្រះអង្គ​តែង​តាំង​លោកសិលា​ឲ្យ​នាំ​មុខគ្រីស្តទូតឯទៀតៗ ដើម្បី​ឲ្យ​ក្រុមអភិបាល​រួម​ជា​ធ្លុងតែមួយ មិន​អាច​បំបែក​បាន​ឡើយ។ ព្រះអង្គផ្ទាល់ក៏តែងតាំងលោកសិលា ទុកជាគោល និង​ជា​គ្រឹះស្ថិត​នៅ​ជានិច្ចនិរន្តរ៍ សម្តែងឲ្យ​មនុស្ស​ឃើញ​ច្បាស់​ថា ព្រះសហគមន៍រួបរួមគ្នា​ក្នុងជំនឿ និងរួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​ផង។ មហា​សន្និបាត​ដ៏វិសុទ្ធ ប្រកាសសាជាថ្មីនូវលទ្ធិស្តីអំពីអភិបាលព្រះសហគមន៍ក្រុងរ៉ូម ជា​ប្រធាន​ក្រុម​អភិបាល ហើយ​ក៏ប្រកាសទៀតថា លោក​បង្រៀនព្រះសហគមន៍ដោយមិនអាចភាន់ច្រឡំបានឡើយ ព្រះ​យេស៊ូ​ពិតជាតែង​តាំង​លោក​ឲ្យមាន​មុខងារនៅស្ថិតស្ថេរ​រហូត ជាមុខងារដែលមានអនុភាព ហើយ​ក៏ត្រូវមាន​ទស្សនៈ​ដូច្នេះ។ មហា​សន្និ​បាត​​​សូមឲ្យ​គ្រីស្ត​បរិស័ទ​ទាំងអស់ត្រូវជឿលទ្ធិនេះទុកជាសេចក្តីដ៏​ពិត​ប្រាកដ។ លើស​ពី​នេះ​ទៅទៀត មហាសន្និបាត​​បន្តកិច្ចការដែល​មហាសន្និ​បាត​ចាប់ផ្តើមរិះគិតកាលពីមុន ហើយចង់ប្រកាសនិង​លាត​សន្ធឹង​នូវលទ្ធិ​ស្តី​អំពីអស់​លោក​អភិបាល​ជាអ្នកបន្ត​មុខងារ​ក្រុមគ្រីស្តទូត នៅចំពោះ​គ្រីស្តបរិស័ទ​ទាំង​អស់  គឺ​ថា អស់លោក​មាន​បន្ទុកណែនាំ​ព្រះដំណាក់​របស់ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្មគង់នៅ រួម​ជា​មួយ​លោក​​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូមដែលបន្ត​មុខ​ងារពីគ្រីស្តទូតសិលាមក ក្នុង​ឋានៈ​លោក​ជា​តំណាង​ព្រះគ្រីស្ត និង​ជា​មេ​ដឹកនាំ​ដែល​គេអាច​មើល​ឃើញ​បាន គឺជា​មេដឹកនាំរបស់ព្រះ​សហគមន៍​ទាំង​មូល។

១៩-ព្រះយេស៊ូតែងតាំងក្រុមគ្រីស្តទូត១២នាក់

ក្រោយពីព្រះអម្ចាស់យេស៊ូអង្វរព្រះបិតាយ៉ាងយូរ ព្រះអង្គត្រាស់ហៅ​អស់​អ្នក​ដែល​ទ្រង់សព្វ​ព្រះ​ហប្ញទ័យ​ជ្រើស​រើស‌ ហើយ​តែង​តាំង​ក្រុមដប់ពីរ​នាក់​នោះឲ្យនៅ​ជាមួយ​ព្រះអង្គ និង​ដើម្បីចាត់ឲ្យ​គេទៅ​ប្រកាស​ព្រះ​រាជ្យ​របស់​ព្រះជាម្ចាស់ (មក ៣, ១៣-១៩; មថ ១០, ១-៤២)។ ព្រះអង្គតែងតាំងអស់​លោក​ជា​ទូត​របស់ព្រះអង្គ (លក ៦, ១៣) ដូចជា​ក្រុមមួយ​ដែលនៅស្ថិតស្ថេរ។ ព្រះអង្គក៏​តែងតាំង​លោកសិលា​ដែល​ទ្រង់បានជ្រើស​រើសក្នុង​ចំណោម​អស់​លោក ឲ្យ​នាំ​មុខអស់​លោក (យហ ២១, ១៥-១៧)។ ព្រះអង្គ​ចាត់អស់លោកឲ្យ​ទៅរកជនជាតិ​អីុស្រាអែលមុនគេ រួចឲ្យទៅរក​មនុស្ស​គ្រប់ជាតិគ្រប់​សាសន៍ (រម ១,​១៦)។ គ្រីស្តទូតរួមចំណែក​ក្នុងអំណាច​របស់​ព្រះអង្គ ដើម្បី​ណែ​នាំ​មនុស្ស​គ្រប់​ប្រជាជាតិ​ឲ្យទៅជាសាវ័ក​របស់​ព្រះអង្គ ប្រោសឲ្យគេបានវិសុទ្ធ និង​គ្រប់​គ្រង​គេ (មថ ២៨, ១៦-២០; មក ១៦, ១៥; លក ២៤, ៤៥-៤៨) ព្រមទាំង​លាតសន្ធឹងព្រះសហគមន៍ផង។ អស់​លោក​បម្រើព្រះសហគមន៍​ក្នុង​ឋានៈ​ជាគង្វាល ក្រោមការណែនាំរបស់ព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ រហូតដល់​អវសានកាល​នៃ​ពិភពលោក (មថ ២៨, ២០)។ នៅ​បុណ្យ​ថ្ងៃទីហាសិប ព្រះអង្គបញ្ជាក់យ៉ាងច្បាស់ថា អស់​លោក​ត្រូវ​បំពេញ​បេសកកម្ម​នេះ (កក ២, ១-២៦) តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអម្ចាស់ថា៖ «អ្នក​រាល់គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នា​នឹង​ធ្វើជា​សាក្សី​របស់​ខ្ញុំ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល‌​ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី» (កក ១, ៨)។

ក្រុមគ្រីស្តទូតប្រកាស​ដំណឹង​ល្អនៅគ្រប់កន្លែង (មក ១៦, ២០) មានអ្នកស្តាប់ខ្លះ សុខចិត្តទទួល​ដំណឹងល្អ​នេះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធប្រណីសន្តោស។ ដូច្នេះក្រុម​គ្រីស្តទូត​ប្រមែប្រមូលព្រះ​សហគមន៍​សកល ដែល​ព្រះ​អម្ចាស់​បានតែងតាំងដោយក្រុមគ្រីស្តទូត និងសាង​ឡើង​លើគ្រីស្តទូតសិលាជាមេដឹកនាំ​របស់អស់លោក។ ប៉ុន្តែ ព្រះ​យេស៊ូ​ផ្ទាល់ ជាសរសរទ្រូងដ៏មាំវិញ (វវ ២១, ១៤; មថ ១៦, ១៨; អភ ២, ២០)។

២០-ក្រុមអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតមក

ព្រះគ្រីស្តផ្ញើបេសកកម្មឲ្យក្រុមគ្រីស្តទូត ជាបេសកកម្មមកពីព្រះជាម្ចាស់ ហើយ​ដែលនៅ​ស្ថិត​ស្ថេរ​រហូត​ដល់​អវសាន​កាលនៃ​ពិភពលោក(មថ ២៨, ២០) ព្រោះអស់លោកត្រូវបញ្ជូនបន្ត​ដំណឹងល្អដែល​ពិតជា​គោល​នៃការ​រស់​នៅទាំង​មូលរបស់ព្រះសហគមន៍រហូតតរៀងទៅ។ ហេតុនេះហើយបានជា​ក្រុម​គ្រីស្តទូត យក​ចិត្ត​ទុក​ដាក់​តែង​តាំង​អ្នកបន្តមុខងារ​របស់​អស់លោកក្នុងព្រះសហគមន៍ ដែលជាសង្គមមាន​រចនាសម្ពន្ធតាមលំដាប់​លំដោយ។

អស់លោកមិនគ្រាន់តែមានសហការីផ្សេងៗ ជួយបំពេញមុខងារបម្រើរបស់លោកប៉ុណ្ណោះទេ តែអស់​លោក​ហាក់​ដូច​ជា ផ្តែផ្តាំឲ្យសហការីយ៉ាងជិតស្និទ្ធបង្ហើយនិងពង្រឹង​កិច្ចការ​ដែល​អស់លោក​បាន​ចាប់​ផ្តើមធ្វើ។ ដូច្នេះ បេសកកម្ម​ដែល​ព្រះគ្រីស្តបានផ្ញើទុកមកឲ្យអស់លោក អាចបន្តបានក្រោយពីអស់លោក​ទទួល​មរណភាពទៅ។ អស់​លោក​ផ្តែផ្តាំឲ្យ​គេថែរក្សា​ហ្វូ​ង​ចៀមទាំង​មូល ព្រោះ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ បាន​ផ្ទុកផ្ដាក់​គាត់ឲ្យ​ឃ្វាល​ព្រះ​សហគមន៍​របស់​ព្រះជា​ម្ចាស់ក្នុងហ្វូងនោះ (កក ២០,២៨)។ ហេតុនេះ អស់​លោកតែង​តាំងមនុស្សបែបនេះ និង​ផ្តាំ​ថា ក្រោយ​ពីគេទទួលមរណភាពទៅ ឲ្យតែងតាំងមនុស្សផ្សេងទៀត ដែលគេបាន​ល្បង​លមើល​រួច​ហើយ ទទួល​មុខងារ​បម្រើ​ព្រះ​ស​ហគមន៍បន្តពីគេ។ តាំងពី​ដើម​ដំបូង​មក ក្នុងចំណោមមុខងារបម្រើព្រះ​សហគមន៍ មុខងារដ៏​សំខាន់​ជាង​គេ គឺមុខងារ​ជាអភិបាល តាម​ការ​បញ្ជូន​បន្ត​ធ្វើ​ជា​សាក្សីស្រាប់។ អស់លោក​ដែល​ទទួល​មុខងារជា​អភិបាល មានខ្សែ​ស្រឡាយតាំង​ពីដើម​ដំបូង​រៀងមកម៉េ្លះ។ អស់​លោក​ប្រៀប​ដូច​ជាខ្នែង​ដែល​គេផ្សាំ​សម្រាប់​បន្ត​ពូជ​ជា​គ្រីស្តទូត​រហូតមក។ តាម​សន្តៈ អីុរេណេ ជាសាក្សី ការបញ្ជូន​បន្តមុខ​ងារ​ជា​គ្រីស្ត​ទូត មានជាក់ច្បាស់​បន្ត​បន្ទាប់​ក្នុងពិភព​លោក​ទាំងមូល ដោយសារ​អស់​លោក​ដែល​ក្រុមគ្រីស្តទូត​បាន​តែង​តាំង​ជាអភិបាល និង​ដោយ​សារ​អស់​អ្នក​ដែល​បន្ត​មុខងាររបស់អស់​លោក​រហូត​មកដល់យើងនេះ។

ហេតុនេះហើយ បានជាក្រុមអភិបាលទទួលបន្ទុកបម្រើព្រះសហគមន៍ ដោយមានបូជាចារ្យ (អាចារ្យ) និង​ឧបដ្ឋាក​ជួយ​ជាសហការីផង។ អស់លោកធ្វើជាអធិបតីព្រះសហគមន៍​ក្នុងនាមព្រះជាម្ចាស់។ អស់​លោក​ជា​គង្វាល គឺ​មានមុខងារបម្រី​ព្រះសហគមន៍ ដោយបង្រៀន ដោយធ្វើជាបូជាចារ្យក្នុងពិធី​បុណ្យ​នានា និង​ដោយគ្រប់​គ្រង​ទៀត​ផង។ ព្រះអម្ចាស់ បាន​ផ្ញើបន្ទុក​ឲ្យ​គ្រីស្តទូត​សិលាផ្ទាល់ ជា​គ្រីស្តទូត​ទី​មួយ​ក្នុង​ចំណោម​គ្រីស្ត​ទូត​ឯទៀតៗ។ បន្ទុក​នេះ​ត្រូវតែបញ្ជូន​ឲ្យអ្នកបន្តមុខងារ​របស់​លោក ពិតជា​បន្ទុក​ដែល​នៅ​ស្ថិតស្ថេររហូតយ៉ាងណា ក៏​បន្ទុក​ព្រះគ្រីស្ត ផ្ញើឲ្យ​ក្រុម​គ្រីស្តទូត​ជាគង្វាល​ព្រះ​សហគមន៍ ក៏ជាបន្ទុក​ដែល​ត្រូវ​ស្ថិតស្ថេរ​រហូត​យ៉ាង​នោះ​ដែរ ដោយសារ​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល។ ហេតុនេះហើយបាន​ជា​មហាសន្និបាត​ដ៏វិសុទ្ធ​បង្រៀនថា ព្រះជាម្ចាស់​ចាត់​ចែង​ក្រុម​អភិបាល​ឲ្យបន្ត​មុខងារក្រុម​គ្រីស្តទូត​ក្នុង​ឋានៈ​ជា​គង្វាលព្រះសហគមន៍។ អ្នកណាស្តាប់អស់លោក ‌ក៏​ដូចជាស្តាប់ព្រះ​គ្រីស្ត​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អស់លោក ក៏​ដូចជាបដិសេធ​មិន​ទទួល​ព្រះគ្រីស្តដែរ ហើយ​ថែមទាំងមិន​ទទួល​ព្រះបិតា​ដែល​ចាត់ព្រះគ្រីស្ត​ឲ្យ​មក​នោះទៀតផង (លក ១០, ១៦)។

២១-មុខងារក្រុមអភិបាលជាអគ្គសញ្ញា

ហេតុនេះហើយបានជាព្រះអម្ចាស់យេស៊ូគ្រីស្ត​ជាមហាបូជាចារ្យ គង់នៅក្នុងចំណោមអស់​អ្នកដែល​ផើ្ញជីវិត​លើ​ព្រះអង្គ ដោយ​សារក្រុម​អភិបាល ដែលមានបូជាចារ្យជាសហការីជួយផង។ ព្រះអង្គដែល​គង់​ខាង​ស្តាំព្រះបិតា ក៏​គង់​នៅ​ជាមួយ​ក្រុមអភិបាលជានិច្ចដែរ។ ជាបឋមព្រះអង្គប្រកាសព្រះបន្ទូល​របស់ព្រះ​ជាម្ចាស់ ឲ្យមនុស្ស​គ្រប់​ជាតិ​សាសន៍ និងប្រទានអគ្គសញ្ញា​នៃជំនឿ​ឲ្យអ្នកផ្ញើជីវិតលើព្រះអង្គ ដោយ​សារ​មុខ​ងារ​ដ៏ប្រសើររបស់អស់លោក (១ករ ៤, ១៥)។ ព្រះអង្គក៏បញ្ចូលសមាជិកថ្មី ក្នុងព្រះកាយព្រះអង្គ​ដោយ​ប្រោសគេឲ្យកើតជាថ្មី ដោយមុខងារ​របស់​អស់លោក​ក្នុងឋានៈ​ជាឪពុក។ ព្រះអង្គណែនាំនិងដាក់ទិសឲ្យ​ប្រជារាស្ត្រនៃ​សម្ពន្ធមេត្រីថ្មីនៅពេលធ្វើ​បូជនីយេសក៍​ចរ ឆ្ពោះ​ទៅ​កាន់ស្ថាន​បរមសុខ ដោយសារប្រាជ្ញានិង​ការប្រុងប្រយ័ត្នរបស់អស់លោក។ ព្រះអម្ចាស់​បាន​ជ្រើស​រើស​គង្វាល​ទាំងនោះដើម្បីឃ្វាលថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ។ អស់​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ​គ្រីស្ត និងជាអ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ (១ករ ៤, ១)។‌ ព្រះអង្គ​បាន​ផ្ញើ​ឲ្យ​អស់​លោក​មានបន្ទុក​ផ្តល់​សក្ខីភាពអំពី​ដំណឹងល្អ ស្តីពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ (រម ១៥, ១៦; កក ២០, ២៤) ព្រមទាំង​ឲ្យអស់​លោក​បំពេញមុខ​ងារបម្រើព្រះវិញ្ញាណ និង​បំពេញ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត ជាមុខងារ​ប្រកប​ដោយ​សិរីរុងរឿង (២ករ ៣, ៨-៩)។

ព្រះគ្រីស្តបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ដែលយាងមកសណ្ឋិតយ៉ាងពិសេសលើក្រុមគ្រីស្តទូត​ដើម្បីឲ្យ​អស់​លោកអាចបំពេញបន្ទុកដ៏ខ្ពង់ខ្ពស់ទាំងនេះ (កក ១, ៨; ២, ៤; យហ ២០, ២២-២៣)។ ក្រុម​គ្រីស្ត​ទូត​ក៏​បញ្ជូន​បន្ត​ព្រះអំណោយទានខាងព្រះវិញ្ញាណនេះ ឲ្យសហការីរបស់អស់លោក ដោយពិធី​ដាក់​ដៃ​​លើ​គេ (១ធម ៤, ១៤; ២ធម ១, ៦-៧)។ ព្រះអំណោយទាននេះត្រូវបញ្ជូនបន្តមក រហូតដល់​សម័យឥឡូវ ដោយញែកអស់​លោក​ប្រសិទ្ធជា​អភិ​បាល។ មហាសន្និបាតដ៏វិសុទ្ធបង្រៀនថា ដោយព្រះ​ជាម្ចាស់​ញែក​អស់​លោក​ប្រសិទ្ធ​ជា​អភិបាល អស់លោក​ទទួល​មុខ​ងារ​ជា​បូជាចារ្យយ៉ាង​ពេញលេញ។ ប្រពៃណីខាង​ពិធី​គោរព​ប្រណិប័តន៍​របស់​ព្រះ​សហគមន៍ និងគ្រូបាធ្យាយ​ដ៏វិសុទ្ធ​តែង​តែបញ្ជាក់ថា ពេល​លោកអភិបាល​ទទួល​អគ្គសញ្ញាតែងតាំងជាអភិបាល លោក​ទទួលមុខងារជាបូជាចារ្យ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត គឺទទួល​មុខ​ងារ​ជា​បូជាចារ្យ​​យ៉ាងពេញកម្រិត។

ពិធីញែកប្រសិទ្ធឲ្យទៅជាអភិបាលផ្តល់ឲ្យលោកមានបន្ទុកប្រោសឲ្យព្រះសហគមន៍បានវិសុទ្ធ ហើយ​ក៏ផ្ញើ​ឲ្យ​លោកមាន​បន្ទុក​បង្រៀន​និងគ្រប់គ្រងព្រះសហគមន៍ដែរ។ តាមលក្ខណៈនៃបន្ទុកទាំងនោះ លោកអាចបំពេញ​បន្ទុកទាំងនោះបាន លុះ​ត្រា​តែខ្លួនរួបរួមជាមួយអភិបាលព្រះ​សហគមន៍ក្រុងរ៉ូម ជាមេ​ដឹក​នាំក្រុម​អភិបាល និងរួប​រួម​ជាមួយអភិបាលឯទៀតៗ​តាម​លំដាប់​លំដោយទៀតផង។ ការបញ្ជូនបន្តមកជាពិសេស ពិធី​បុណ្យ​នានា និង​ទម្លាប់​ព្រះសហគមន៍ទាំងនៅ​បស្ចិម​ប្រទេស ទាំងនៅបូព៌ា​ប្រទេស បញ្ជាក់​យ៉ាងជាក់​ច្បាស់ថា ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រទាន​ព្រះ​អំណោយទានដល់អស់លោក ដោយសារ​ពិធីដាក់ដៃ និង​ដោយ​ពាក្យ​ក្នុងពិធីញែកអស់​លោកប្រសិទ្ធ​ជា​អភិបាល ព្រមទាំង​ដៅលក្ខណៈ​ដ៏សក្ការៈ​នៅក្នុង​លោក​ទៀត​ដែរ។ ហេតុនេះហើយ បានជាអស់លោកអភិបាល​ពិត​ជា​តំណាង​របស់​ព្រះគ្រីស្ត​ផ្ទាល់​យ៉ាងប្រសើរ​ឲ្យមនុស្ស​លោកឃើញ គឺជាតំណាងរបស់ព្រះអង្គ ជាព្រះបរមគ្រូ ជា​គង្វាល និងជាមហាបូជាចារ្យ។ អស់​លោក​ក៏​បំពេញ​តួនាទីរបស់​ព្រះអង្គដែរ។ អស់លោកអភិបាលមានភារកិច្ច​បញ្ចូលអ្នកដែលត្រូវគេជ្រើសថ្មី ឲ្យចូលក្នុងក្រុមអភិបាលដោយ​ធ្វើអគ្គសញ្ញាតែងតាំងអស់លោក។

២២-ក្រុមអភិបាលនិងមេដឹកនាំក្រុម

ព្រះអម្ចាស់តែងតាំងគ្រីស្តទូតសិលា និងគ្រីស្តទូតឯទៀតៗ ជាក្រុមគ្រីស្តទូតតែមួយយ៉ាងណា អភិបាលព្រះ សហគមន៍ក្រុងរ៉ូមដែលបន្តមុខងារពីគ្រីស្តទូតសិលាមក និងអភិបាលទាំងប៉ុន្មានដែលបន្តមុខងារពីគ្រីស្តទូត​ឯទៀតៗ ក៏រួមគ្នាជាក្រុមតែមួយយ៉ាងនោះដែរ។ តាមវិន័យព្រះសហគមន៍តាំងពីបរមបុរាណមក អស់លោក​អភិបាល​​ដែលត្រូវបានតែងតាំងក្នុងពិភពលោក​ទាំងមូល តែងតែ​មានទំនាក់ទំនង​ជាមួយគ្នា និងជា​មួយ​អភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម គឺមានចំណងរួបរួមគ្នាដោយសេចក្តី​ស្រឡាញ់ និង​ដោយសេចក្តី​សុខសាន្ត។ ពេល​អស់​លោក​ជួបជុំគ្នាជាមហាសន្និបាត អស់​លោកក៏តែងតែរួមគ្នា​សម្រេច​បញ្ហា​សំខាន់ៗ ដោយអស់លោក​ចែកចាយ​យោបល់​គ្នាទៅវិញទៅមក នាំឲ្យ​អស់លោកបញ្ចេញ​គំនិតរួម​យ៉ាង​សមរម្យ។ ការ​ណ៍ទាំងនោះ​សរឲ្យឃើញថា ក្រុម​អភិបាល​មានលក្ខណៈជាក្រុមណែនាំព្រះ​សហគមន៍​​រួមគ្នា។ តាមប្រវតិ្តសាស្ត្ររៀងមក មហា​សន្និបាត​សកល​នានា ក៏បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លក្ខណៈរួមរបស់​ក្រុមអភិបាល។ តាមទម្លាប់តាំងពីបរមបុរាណមក គេតែងតែហៅ​អភិបាល​ជាច្រើន​ឲ្យចូលរួមក្នុងពិធីធ្វើអគ្គសញ្ញាតែង​តាំង​អភិបាលដែលត្រូវបានជ្រើស​រើសថ្មី ឲ្យ​បំពេញ​មុខងារ​បម្រើ​ជា​បូជា​ចារ្យ​តាម​កម្រិត​ដ៏ខ្ពង់ខ្ពស់។ ទម្លាប់នេះក៏ជាសញ្ញាសម្គាល់​បញ្ជាក់​អំពីលក្ខណៈ​រួម​របស់​ក្រុម​អភិបាល។ គ្រីស្តបរិស័ទ​ម្នាក់បាន​ទៅជាសមាជិកនៃក្រុមអភិបាល ដោយ​អានុភាពនៃអគ្គសញ្ញា​តែងតាំង ដែល​ញែក​ប្រសិទ្ធលោក​ធ្វើជា​អភិបាល និង​ដោយសារគេរួបរួមជាមួយមេដឹកនាំនៃក្រុមអភិបាល ព្រមទាំង​រួបរួម​ជាមួយ​អភិបាល​ឯទៀតៗ​តាមលំដាប់លំដោយ​ដែរ។

ក៏ប៉ុន្តែ ក្រុមអភិបាលមានអំណាច ​លុះត្រាតែក្រុមនោះរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែល​បន្ត​មុខងារពីគ្រីស្តទូតសិលាមក ក្នុងឋានៈលោកជាមេដឹកនាំ។ ត្រូវ​យល់ថា អំណាចក្រុម​អភិបាល​នោះមិន​បន្ថយ​អំណាច​របស់អភិបាលព្រះសហគមន៍​ក្រុងរ៉ូម ដែល​នៅ​តែមានអំណាចដដែល គឺជាប្រធានលើគ្រីស្តបរិស័ទ​ទាំង​អស់ ទាំង​លើអភិបាលឯទៀតៗជាគង្វាល ទាំង​លើគ្រីស្ត​បរិស័ទ​ធម្មតា​ផង​ដែរ។ អភិបាលព្រះ​សហគមន៍​ក្រុងរ៉ូម​មាន​អំណាចពេញលេញ​លើព្រះ​សហគមន៍ គឺ​អំណាច​ដ៏ខ្ពង់ខ្ពស់​បំផុត​​និងសកល ដែលលោកមានសេរីភាពអាច​ប្រើ​បាន​ជានិច្ច ដោយអានុភាព​នៃបន្ទុក​របស់​លោក​ជា​តំណាង​​ព្រះគ្រីស្ត និងជាគង្វាល​នៃ​ព្រះសហគមន៍​ទាំង​មូល។ ក្រុមអភិ​បាល​បន្ត​មុខងារបម្រើពីក្រុម​គ្រីស្តទូតមក គឺ​មុខងារបង្រៀននិងគ្រប់គ្រងក្នុងឋានៈជាគង្វាល (បើ​និយាយ​យ៉ាង​ប្រសើរ​ជាង ក្រុមគ្រីស្តទូតបន្តជីវិតរបស់ខ្លួនដោយសារ​ក្រុម​អភិបាល)។ អស់លោក​ក៏មាន​អំណាច​ដ៏​ខ្ពង់ខ្ពស់បំផុត និង​អំណាចពេញទី​លើ​ព្រះ​សហគមន៍សកលដែរ លុះត្រាតែក្រុម​អភិបាលរួម​ជា​មួយ​អភិបាលព្រះ​សហគមន៍​ក្រុងរ៉ូម ជាមេ​ដឹកនាំក្រុមអភិបាលនោះ គឺមិនត្រូវដាច់ពីអភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូម​ឡើយ។ ក្រុម​អភិបាល​អាចប្រើ​អំណាចនេះបាន លុះត្រាតែ​អភិបាលព្រះសហគមន៍ក្រុងរ៉ូមយល់​ស្រប។ ព្រះ​អម្ចាស់​តែង​តាំង​តែ​លោក​ស៊ីម៉ូន​ម្នាក់​ប៉ុណ្ណោះ ជាផ្ទាំងសិលាសម្រាប់សាង​សង់​ព្រះសហគមន៍របស់​ព្រះ​អង្គ ហើយ​ក៏បានប្រគល់​កូន​សោរ​នៃ​ព្រះ​សហគ-​មន៍ឲ្យលោកស៊ីម៉ូនតែម្នាក់គត់ដែរ (មថ ១៦, ១៨.១៩) ព្រះអង្គ​តែង​តាំង​លោក​ជាគង្វាល​នៃ​ហ្វូងចៀម​ទាំង​មូល (យហ ២១, ១៥ត)។ ព្រះអង្គប្រទានឲ្យលោកសិលាមាន​បន្ទុក​ចងនិងស្រាយ (មថ ១៦, ១៩) ប៉ុន្តែព្រះ​អង្គក៏បានប្រទាន​បន្ទុកនេះយ៉ាងពិតប្រាកដឲ្យក្រុម​គ្រីស្តទូត ដែលរួមជាមួយមេដឹក​នាំ​របស់​អស់​លោក​ដែរ (មថ ១៨, ១៨; ២៨, ១៦-២០)។

ដោយក្រុមអភិបាលនេះ មានសមាជិកច្រើនប្លែកៗពីគ្នាយ៉ាងណា ក្រុមនេះបង្ហាញបញ្ជាក់ថា ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ក៏ប្លែកៗពីគ្នាជាសកលយ៉ាងនោះដែរ។ ដោយក្រុមអភិបាលនោះ​រួមគ្នា​ក្រោម​អំណាច​មេដឹកនាំ​តែ​មួយ​យ៉ាងណា ក្រុមនេះក៏បង្ហាញបញ្ជាក់ថា ហ្វូងចៀមរបស់ព្រះគ្រីស្តរួមគ្នា​ជាធ្លុង​តែ​មួយ​យ៉ាង​នោះ​ដែរ។ ក្នុង​ក្រុម​អភិបាលនេះ អស់លោកដែលគោរពអំណាច​អភិបាលព្រះ​សហគមន៍​​ក្រុង​រ៉ូម ក្នុងឋានៈជា​ប្រធាន និង​ជា​មេដឹកនាំ​ដោយ​ចិត្ត​​ស្មោះ អស់លោក​ក៏​មាន​អំណាចផ្ទាល់ ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រីស្តបរិស័ទ​របស់ខ្លួន និង​របស់​ព្រះ​សហគមន៍​ទាំងមូលដែរ។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធនៅតែពង្រឹងរចនា​សម្ពន្ធរបស់ព្រះសហគមន៍​តាម​លំដាប់​លំដោយ និង​ប្រោស​ព្រះ​ស​ហគមន៍​ឲ្យចុះសម្រុងគ្នាជានិច្ចបាន  ដោយ​ឫទ្ធានុភាព​របស់ព្រះអង្គ។ ក្រុម​អភិបាល​ប្រើ​អំណាច​ដ៏ខ្ពង់ខ្ពស់​បំផុត​លើព្រះ​សហគមន៍សកល យ៉ាង​ឱឡារិក​នៅពេល​អស់លោក​ប្រជុំគ្នា​ជា​មហាសន្និបាត​សកល។ មហាសន្និបាត​សកលកើតឡើង លុះត្រា​តែ​អភិបាល​ដែល​បន្តមុខ​ងារ​ពី​គ្រីស្តទូតសិលាមក បញ្ជាក់ ឬ​យ៉ាង​ហោច​ណាស់ សុខចិត្ត​ទទួល​ស្គាល់​មហាសន្និបាតនោះ។ អភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម មានឯកសិទ្ធិ​កោះ​ហៅ​មហា​សន្និបាត​សកល​ទាំង​នោះ និងធ្វើជាអធិបតីមហាសន្និបាត ហើយបញ្ជាក់​សេចក្តី​សម្រេច​នៃ​មហា​សន្និបាត​ទាំង​នោះ។ អស់លោក​អភិបាល​ដែល​រស់នៅ​លើផែន​ដីទាំងមូល អាចប្រើអំណាចរួមនេះ រួមជាមួយ​អភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម​បាន លុះត្រាតែ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម ជាមេដឹកនាំក្រុមអភិបាល កោះ​ហៅ​អស់​លោក​ឲ្យបំពេញ​ការ​​ងារ​រួម ឬយ៉ាងហោច​ណាស់ លុះ​ត្រាតែ​លោក​យល់​ស្រប​ឲ្យ​អភិបាល​ដែល​ខ្ចាត់​ខ្ចាយ​នៅ​លើ​ផែនដី​ទាំង​មូ​ល​បំពេញការងាររួ​មនេះ ឬសុខ​ចិត្តទទួលស្គាល់នូវសេចក្តីសម្រេច​នៃ​មហាសន្និបាត​នោះ ដោយ​លោក​មាន​សេរីភាពពេញទី ទើបកិច្ចការ​របស់​អស់លោក ពិត​ទៅជាកិច្ចរួមនៃក្រុមអភិបាលបាន។

២៣-ទំនាក់ទំនងក្នុងក្រុមអភិបាល

អភិបាលម្នាក់ៗមានទំនាក់ទំនងជាមួយព្រះសហគមន៍ភូមិភាគនានា ហើយជាមួយ​ព្រះ​សហគមន៍​​​សកល​ដែរ។ ទំនាក់ទំនងគ្នាទៅវិញទៅមកទាំងនេះ បង្ហាញឲ្យដឹងថា ក្រុមអភិបាលរួមគ្នាជាធ្លុងតែមួយ។ អភិបាល​ព្រះ​សហគមន៍​​ក្រុងរ៉ូម ក្នុងឋានៈលោកបន្តមុខងារ​ពីគ្រីស្តទូតសិលាមក លោកជាគោលអចិន្រៃ្តយ៍ដែល​មើល​​ឃើញ​បាន ហើយ​ជា​គ្រឹះ​ធ្វើជាចំណងចងអស់អភិបាលប៉ុន្មានឲ្យភ្ចាប់ជាមួយគ្នា និងឲ្យគ្រីស្តបរិស័ទទាំងអស់រួមគ្នាជា​ធ្លុង​តែ​មួយ​ដែរ។ អភិបាល​ម្នាក់ៗតាមចំណែក​រៀង​ៗខ្លួន ក៏ជាគោលនិងជាគ្រឹះធ្វើឲ្យព្រះសហគមន៍ភូមិភាគរបស់ខ្លួន រួប​រួម​ជាធ្លុងតែ​មួយ​ដែរ។ ព្រះ​សហគមន៍​​ភូមិភាគនីមួយៗក៏មានការ​ចាត់ចែង​ដូច​ព្រះ​សហគមន៍​សកលដែរ។ មាន​ព្រះ​សហគមន៍​​សកល​​តែ​មួយគត់ ដោយសារមានព្រះសហគមន៍​​ភូមិភាគនានា និងនៅក្នុង​ព្រះ​សហគមន៍​​ភូមិភាគ​នានា។ ហេតុនេះ​ហើយបានជាអភិបាល​ម្នាក់ៗ​ជា​តំណាង​ព្រះសហគមន៍​​របស់ខ្លួន ហើយ​អភិបាល​ទាំង​អស់រួម​ជាមួយ​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម ជា​តំណាង​ព្រះសហគមន៍​សកល ដោយ​ជាប់ចំណង​គ្នាដោយ​សន្តិភាព ដោយ​សេចក្តី​ស្រឡាញ់ និង​ដោយ​រួប​រួម​គ្នា។

អស់លោកអភិបាល ត្រូវបានតែងតាំងធ្វើជាប្រមុខព្រះសហគមន៍ភូមិភាគនីមួយៗ។ អស់លោក​ប្រើ​អំណាច​តាម​ចំណែករៀងៗខ្លួន ក្នុងឋានៈជាគង្វាលនៃផ្នែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ផ្ញើ​ទុក​មក​លោក។ អស់លោកមិនអាចប្រើអំណាចនេះលើព្រះសហគមន៍ដទៃទៀត ឬលើ​ព្រះ​សហគមន៍​សកលបាន​ឡើយ។ ប៉ុន្តែ ក្នុងឋានៈអស់លោកជាសមាជិកក្រុមអភិបាល និងក្នុងឋានៈ​ជាអ្នក​បន្ត​មុខ​ងារពីក្រុមគ្រីស្តទូតយ៉ាង​ពេញ​ច្បាប់​អភិបាល​​ម្នាក់ៗក៏ត្រូវតែយកចិត្ត​ទុកដាក់​នឹង​ព្រះ​សហគមន៍​សកល​ដែរ តាមការតែងតាំងនិងតាមបញ្ជា​របស់​ព្រះ​គ្រីស្ត។ ទោះបី​អភិបាល​ព្រះសហគមន៍​ភូមិភាគ មិន​ធ្វើ​កិច្ចការ​អ្វី សម្រាប់​គ្រប់គ្រង​ព្រះសហគមន៍​សកល​ក្តី ក៏ការយកចិត្ត​ទុកដាក់នេះ មានប្រយោជន៍ដល់ព្រះសហគមន៍សកលយ៉ាងខ្លាំងដែរ។ អស់លោក​អភិបាល​ត្រូវ​ពង្រឹង និង​រក្សា​ការពារ​ឯកភាពនៃជំនឿនិងវិន័យរួម ក្នុងព្រះសហគមន៍ទាំងឡាយ ត្រូវ​អប់រំគ្រីស្ត​បរិស័ទ​ឲ្យ​ស្រឡាញ់​ព្រះ​កាយ​ដ៏​អាថ៌កំបាំងទាំងមូល របស់ព្រះគ្រីស្ត ជាពិសេសឲ្យមានចិត្តស្រឡាញ់ជនក្រីក្រ ជនរងទុក្ខ​លំបាក និងអស់​អ្នក​ដែលត្រូវគេបៀត​បៀន​ធ្វើបាប​ព្រោះតែយុតិ្តធម៌ (មថ ៥,១០)។ មិនតែប៉ុណ្ណោះ អស់​លោក​ត្រូវ​ពង្រីក និង​ពង្រឹង​សកម្មភាពរួមរបស់ព្រះសហគមន៍ទាំងមូល ជាពិសេសដោយមានបំណងចង់ឲ្យ​ជំនឿ​ចម្រើន​ឡើង ដើម្បីឲ្យពន្លឺនៃ​សេចក្តីពិតដ៏គ្រប់លក្ខណៈរះឡើងបំភឺ្លមនុស្ស​ទាំងអស់។ យើងដឹងច្បាស់ថា ដោយ​អស់​លោក​គ្រប់គ្រងព្រះសហ-​គមន៍​​របស់ខ្លួនផ្ទាល់ ទុកជាចំណែកមួយនៃព្រះសហគមន៍សកល អស់លោក​រួម​សហការ​យ៉ាង​សកម្ម ដើម្បី​ជា​ប្រយោជន៍​របស់​ព្រះ​កាយ​ដ៏អាថ៌កំបាំង​របស់ព្រះ​គ្រីស្ត ដែលជា​ព្រះកាយ​របស់​ព្រះ​សហគមន៍​ទាំង​ឡាយដែរ។

ក្រុមអភិបាលជាគង្វាល មានភារកិច្ចប្រកាស​ដំណឹង​ល្អនៅលើផែនដីទាំងមូល។ ព្រះគ្រីស្តបានផ្តាំ បញ្ជា​ឲ្យ​អស់​លោក​អភិបាល មានភារកិច្ចរួម តាមសេចក្តីដែលលោកសេឡែស្តាំង ជាអភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម រំឭក​អស់​លោក​ដែលចូល​រួមក្នុងមហាសន្និបាតក្រុងអេភេសូកាល​ពី​ដើម។

ហេតុនេះហើយ បានជាលោកអភិបាលម្នាក់ៗ តាមចំណែករៀងៗខ្លួននិងតាមបន្ទុករបស់ខ្លួន​ផ្ទាល់​អនុញ្ញាត​ឲ្យ ត្រូវសុខចិត្តខិតខំធ្វើការរួមគ្នា និងរួម​ជាមួយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម ដែល​បាន​ទទួល​បន្ទុក​ពិសេស​យ៉ាង​ធ្ងន់ពីព្រះអម្ចាស់ គឺផ្សព្វ​ផ្សាយ​នាម​ជាគ្រីស្តបរិស័ទ។ ហេតុនេះហើយ បាន​ជា​អស់​លោក​ត្រូវខិតខំឲ្យ​អស់​ពី​សមត្ថភាព ជួយដល់ព្រះសហគមន៍​​ក្នុងប្រទេសដែលមានមនុស្សភាគ​ច្រើន​មិន​ស្គាល់​ព្រះគ្រីស្ត ឲ្យមានអ្នក​ទៅ​ច្រូត​ស្រូវ​ក្នុងស្រែរបស់ព្រះអម្ចាស់។ ត្រូវផ្តល់​ជំនួយ​ខាងព្រះវិញ្ញាណ និង​ខាង​ស​ម្ភារៈ ដោយខ្លួនលោកផ្ទាល់ ឬ​ដោយ​ដាស់​តឿន​គ្រីស្តបរិស័ទឲ្យខ្នះខ្នែងរួមសហការជាមួយព្រះសហគមន៍ទាំងនោះ។ អស់​លោកអភិបាល​ក៏​ត្រូវ​មាន​ចិត្ត​ទូលាយជួយផ្តល់ជំនួយដល់ព្រះសហគមន៍​​ឯទៀតៗជា​បង​ប្អូន ជាពិសេសដល់ព្រះសហគមន៍​នៅ​ជិត​ខាង​ដែលខ្វះ​ខាត។ ត្រូវរួបរួមគ្នា ជាមួយព្រះសហគមន៍​ទាំង​នោះ​ដោយ​សេចក្តី​ស្រឡាញ់ តាម​​គំរូដ៏​ប្រសើរ​របស់​ព្រះ​សហគមន៍​ពី​ដើម។

ក្រុមគ្រីស្តទូត និង​អស់លោកដែល​បន្ត​មុខងារពីក្រុមគ្រីស្តទូតមក បានតែងតាំងព្រះសហគមន៍​នៅ​កន្លែង​ផ្សេងៗ។ តាមប្រវត្តិសាស្ត្រ ព្រះ​ជាម្ចាស់ដែលថែទាំមនុស្សលោក ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ព្រះសហគមន៍​ទាំង​នោះ​រួបរួម​គ្នា​ជា​ក្រុម​តាមតំបន់។ ក្រុមព្រះសហហគមន៍ទាំងនោះមានរចនាសម្ពន្ធត្រឹមត្រូវ មានវិន័យ មានក្បួន​ពិធី​គោរព​ប្រណិប័តន៍របស់ខ្លួនផ្ទាល់ មានបេតិកភ័ណ្ឌខាងទេវវិទ្យា និងខាងព្រះវិញ្ញាណផ្ទាល់ដែរ។ ទោះបី មាន​ក្រុម​ព្រះ​សហគមន៍ជាច្រើនប្លែកៗពីគ្នាដូច្នេះក្កី ក៏គេមិន​ធ្វើឲ្យ​ជំនឿអន់ថយ និងមិនបែកចេញពី​រចនា​សម្ពន្ធ​តែ​មួយ​ដែល​ព្រះ​ជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​តែងតាំង​សម្រាប់ព្រះ​សហគមន៍​​សកលឡើយ។ មាន​ព្រះសហគមន៍​ខ្លះ​ពី​បុរាណ ជា​ពិសេស​ព្រះសហគមន៍​នៅបូព៌ាប្រទេសដែលមានអភិបាល​ដ៏ប្រសើរ​ឧត្តម​ណែនាំ បាន​ទៅ​ជា «ស្បូន» ខាង​ជំនឿ ហើយ​​បង្កើតព្រះសហគមន៍ឯទៀតៗ ដែលប្រៀប​ដូច​ជា​កូន​ស្រី​របស់​គេ។ ព្រះ​សហគមន៍​ទាំងនោះ ជាប់​ចំណង​ដោយ​សេចក្តី​ស្រឡាញ់យ៉ាងជិតស្និទ្ធ ភ្ជាប់គ្នាដោយ​ធ្វើ​អគ្គ​សញ្ញាដូចគ្នា ហើយគោរព​សិទ្ធិ និង​ភារកិច្ច​របស់​ខ្លួន​ទៅវិញ​ទៅ​មក រហូតដល់សព្វថ្ងៃ។ ដោយព្រះសហគមន៍​តាម​តំបន់​ប្លែកៗ​ពីគ្នាច្រើនយ៉ាងនេះ តែរួម​គ្នា​ជា​ធ្លុង​តែមួយ សរឲ្យ​ឃើញ​កាន់តែច្បាស់​ថា ព្រះសហគមន៍​មាន​លក្ខណៈ​ជា «កាតូលិក» គឺសកល ដែលមិនអាច​បំបែក​បាន​ឡើយ។ យ៉ាង​ណា​មិញ សព្វថ្ងៃ ក្រុម​អភិបាល​តាមប្រទេសនីមួយៗ ដែលរួមសហការ​តាមរបៀប​ផ្សេងៗ​ដែលបង្កើតផល ធ្វើឲ្យ​គោលគំនិតនៃការ​ណែនាំ​រួមរបស់ក្រុមអភិបាល កើត​ជា​រូបរាងយ៉ាងជាក់ច្បាស់។

២៤-មុខងារបម្រើរបស់លោកភិបាល

ព្រះអម្ចាស់ដែលទទួលគ្រប់អំណាចទាំងនៅស្ថានបរមសុខទាំងនៅលើផែនដី ព្រះអង្គប្រទានឲ្យ​អស់​លោក​អភិបាល ក្នុងឋានៈជាអ្នកបន្តមុខងារពីក្រុមគ្រីស្តទូតមក មានបេសកកម្មបង្រៀន​មនុស្ស​គ្រប់​ជាតិ​​សាសន៍ និង​ប្រកាស​​ដំណឹងល្អដល់សត្វលោកទាំងឡាយ ដើម្បីឲ្យមនុស្សលោកទាំងអស់ទទួលការ​សង្គ្រោះ​ដោយ​ផ្ញើជីវិតលើ​ព្រះគ្រីស្ត ដោយ​ទទួលអគ្គសញ្ញាជ្រមុជទឹក និងដោយប្រតិបត្តិតាមវិន័យ​ទាំង​ប៉ុន្មាន (មថ ២៨, ១៨; មក ១៦, ១៥-១៦; កក ២៦, ១៧ត)។ ព្រះគ្រីស្តសន្យាថា​នឹងប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធឲ្យក្រុមគ្រីស្តទូត ដើម្បី​ឲ្យអស់​លោក​អាច​បំពេញ​បេសកកម្មនោះ​បាន។ នៅបុណ្យថ្ងៃទីហាសិប ព្រះ​អង្គចាត់ព្រះវិញ្ញាណពីស្ថានបរមសុខមក ដើម្បី​ឲ្យ​ក្រុមគ្រីស្តទូត​ធ្វើជា​សាក្សីរបស់​ព្រះ​អង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី នៅចំពោះមុខប្រជាជាតិ ប្រជាជន និងស្តេចនានា ដោយសារឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​នោះ (កក ១, ៨; ២, ១ត; ៩, ១៥)។ ព្រះអម្ចាស់​បាន​ផ្ញើ​បន្ទុក​នេះ ឲ្យ​គង្វាល​នៃប្រជារាស្រ្តរបស់​ព្រះ​អង្គ ទុកជាកិច្ចបម្រើដ៏ពិតប្រាកដ។ ក្នុង​គម្ពីរ​មាន​ចែង​យ៉ាង​ជាក់​ច្បាស់​ថា បន្ទុក​នេះពិតជា «មុខងារ​បម្រើ» (កក ១, ១៧ និង២៥; ២១, ១៩; រម ១១, ១៣; ១ធម ១, ១២)។

ព្រះសហគមន៍ប្រគល់បេសកកម្មជាអភិបាលតាមរបៀបផ្សេងៗពីគ្នាគឺ

-  តាមប្រពៃណីដ៏ត្រឹមត្រូវ ដែល​អភិបាលព្រះសហគមន៍ក្រុងរ៉ូមមិនបានលុបចោល ក្នុងឋានៈលោកកាន់​អំណាច​ដ៏ខ្ពង់​ខ្ពស់​និងសកលលើព្រះសហគមន៍ទាំងមូល។
-  តាមច្បាប់​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម​បាន​បង្កើត ឬ​ទទួល​ស្គាល់។
-  ដោយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូមដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ប្រគល់​ដោយខ្លួនលោក​ផ្ទាល់។

ប្រសិនបើអភិបាលព្រះ​សហគមន៍​ក្រុងរ៉ូមជំទាស់នឹងការតែងតាំង​អភិបាលណាម្នាក់ ឬមិនព្រម​ឲ្យអភិបាល​ណាម្នាក់រួបរួមជាមួយក្រុមគ្រីស្តទូត អភិបាលនោះមិនអាចបំពេញមុខងារជាអភិបាលបានឡើយ។

២៥-អភិបាលមានមុខងារបង្រៀនព្រះសហគមន៍

ក្នុងចំណោមបន្ទុកដ៏សំខាន់ទាំងប៉ុន្មាន លោកអភិបាលមានបន្ទុកប្រកាសដំណឹងល្អជាបន្ទុក​ចម្បង។ អភិបាល​ប្រកាសជំនឿ គឺណែនាំសាវ័កថ្មីឲ្យមករកព្រះគ្រីស្ត។ អស់លោកក៏ជាគ្រូគួរឲ្យទុកចិត្ត គឺជាគ្រូដែលទទួល​អំណាច​របស់​ព្រះ​គ្រីស្ត។ អស់លោកប្រកាសជំនឿឲ្យប្រជារាស្រ្ត ដែលព្រះជាម្ចាស់​បានផ្ញើ​ទុក​មកឲ្យអស់លោក គឺ​ជំ​នឿ​ដែល​បំភ្លឺនិង​ណែនាំចិត្តគំនិត និងកិរិយាមារយាទរបស់គេ ព្រមទាំងបញ្ចាំងរស្មី​​នៃជំនឿនេះ​ក្រោមពន្លឺនៃព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ លោកយកទ្រព្យថ្មីនិងទ្រព្យចាស់ពី​ឃ្លាំងនៃសេចក្តីដែល​ព្រះជាម្ចាស់​បានសម្តែង​ឲ្យមនុស្ស​លោក​ស្គាល់ មក​ចែកឲ្យគេ (មថ ១៣, ៥២) លោកនាំឲ្យជំនឿ​បង្កើត​ផលផ្លែ ទាំងប្រុងប្រយ័ត្ន កុំឲ្យ​សេចក្តី​មិន​ពិត​ទាំង​ប៉ុន្មាន បណ្តាលឲ្យហ្វូងចៀមរបស់ខ្លួនវង្វេងឡើយ (២ធម ៤, ១-៤)។

គ្រីស្តបរិស័ទ ត្រូវតែគោរពអស់លោកអភិបាលដែលបង្រៀនគេ ទាំងរួបរួមជាមួយនឹងអភិបាល​ព្រះ​សហ-គមន៍​ក្រុងរ៉ូម គឺត្រូវគោរពអស់លោកក្នុងឋានៈជាសាក្សីនៃសេចក្តីពិតអំពីព្រះជាម្ចាស់ និង​សេចក្តី​ពិត​កាតូលិក​ដែរ។ គ្រីស្តបរិស័ទត្រូវភ្ជាប់ចិត្តនឹងគំនិតរបស់លោកអភិបាលក្នុងវិស័យលទ្ធិនៃជំនឿនិងសីលធម៌ ដែលលោក​បញ្ចេញ​ក្នុងនាមព្រះគ្រីស្ត គេត្រូវ​ភ្ជាប់ចិត្តនឹងសេចក្តីទាំងនោះដោយគោរពក្នុងនាមសាសនា។ គ្រីស្តបរិស័ទ​ក៏ត្រូវ​ភ្ជាប់​សេចក្តីប៉ងប្រាថ្នាជាមួយនឹងប្រាជ្ញា យ៉ាង​ពិសេសនឹង​ការ​បង្រៀន​យ៉ាងពិតប្រាកដ​របស់​អភិបាល​ព្រះ​សហ-គមន៍​ក្រុងរ៉ូម សូម្បីតែនៅពេលដែលលោកមិន​ប្រកាស​សេចក្តីក្នុងឋានៈ​លោក​ជាអ្នកបន្ត​មុខ​ងារ​របស់​គ្រីស្តទូត​សិលា​មក​ក៏ដោយ ក៏ត្រូវ​ភ្ជាប់ចិត្តនឹងសេចក្តីទាំងនោះដែរ។ គ្រីស្តបរិស័ទត្រូវទទួលស្គាល់​មុខងារ​​បង្រៀនដ៏​ខ្ពង់​ខ្ពស់​របស់លោក​ដោយគោរព។ គេក៏ត្រូវភ្ជាប់ចិត្តយ៉ាង​ស្មោះនូវ​សេចក្តី​ដែលលោក​ប្រកាស​ស្របតាមគំនិត និង​តាម​បំណង​ប្រាថ្នា​របស់លោក។ គ្រីស្តបរិស័ទអាចស្គាល់​គំនិតនិង​តាម​បំណងប្រាថ្នា ដោយ​ពិនិត្យ​ពិច័យ​លក្ខណៈ​នៃ​ឯកសារ ឬរបៀប​ដែលលោកទទូចបង្រៀនលទ្ធិមួយ និងរបៀបដែលលោកបញ្ចេញយោបល់ដែរ។

អភិបាលម្នាក់ៗអាចភាន់ច្រឡំបាន គឺគ្មានឯកសិទ្ធិជៀសវៀងមិនឲ្យភាន់ច្រឡំបាន។ ក៏ប៉ុន្តែ ពេល​​អស់​លោក​ដែល​ខ្ចាត់ខ្ចាយក្នុងពិភពលោកទាំងមូល រក្សាចំណងនៃការរួបរួមគ្នាទៅវិញទៅមក និងរួបរួម​ជាមួយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមក នៅពេលនោះ ប្រសិន​បើ អស់​លោក​ព្រម​ព្រៀង​គ្នា​បង្រៀនសេចក្តីណាមួយក្នុងវិស័យលទិ្ធនៃជំនឿ និងវិស័យសីលធម៌យ៉ាងពិតប្រាកដ ហើយ​ប្រកាស​ទៀត​ថា សេចក្តី​នេះ​គ្រីស្តបរិស័ទត្រូវតែជឿជាដាច់ខាត គឺពេលនោះអស់លោក ពិតជា​ប្រកាស​លទិ្ធ​របស់​ព្រះគ្រីស្ត​មែន ដោយមិន​អាចភាន់ច្រឡំបានឡើយ។ ច្បាស់ជាង​នេះទៅទៀត នៅពេលអស់លោកប្រជុំ​គ្នា​ជាមហាសន្និបាត​សកល  អស់​លោកពិតជាបំពេញ​មុខងារ​ជាគ្រូ​បង្រៀន និង​ជា​ចៅ​ក្រម​​សម្រាប់ព្រះសហគមន៍​ទាំង​មូល ក្នុង​វិស័យ​លទិ្ធ​នៃ​ជំនឿ​និង​សីលធម៌។ គ្រីស្តបរិស័ទ​ត្រូវ​តែភ្ជាប់​ចិត្តនឹង​សេចកី្ត​បញ្ជាក់​គោលលទ្ធិទាំង​នោះ​ដោយ​គោរព ក្នុង​នាម​ខ្លួន​ជា​អ្នក​ជឿ​លើព្រះគ្រីស្ត។

ព្រះយេស៊ូជាព្រះសង្គ្រោះ ទ្រង់សព្វព្រះហឫទ័យប្រោសឲ្យព្រះសហគមន៍មិនអាចភាន់ច្រឡំបាន ក្នុងវិស័យ បញ្ជាក់​លទ្ធិនៃជំនឿនិងសីលធម៌។ ព្រះសហគមន៍ក៏មិនអាចភាន់ច្រឡំបាន ក្នុងករណី​ថែរក្សាឲ្យបានវិសុទ្ធ និង​ពន្យល់​យ៉ាង​ស្មោះនូវសេចក្តីទាំងប៉ុន្មាន ដែល​ព្រះ​ជាម្ចាស់បាន​សម្តែងឲ្យមនុស្ស​លោក​ស្គាល់ និងផ្ញើទុក​ឲ្យ​ព្រះ​សហគមន៍ដែរ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម​មាន​ឯក​សិទ្ធិ​មិនអាច​ភាន់​ច្រឡំបាន ក្នុងឋានៈលោក​ទទួល​បន្ទុក​ជា​មេដឹក​នាំក្រុមអភិបាល និងក្នុងឋានៈជាគង្វាល និងជាគ្រូដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​គ្រីស្តបរិស័ទទាំងឡាយ។ លោក​ទទួល​ភារកិច្ចគាំទ្របងប្អូនក្នុងជំនឿ (លក ២២, ៣២)។ នៅពេលលោក​ប្រកាស​អំពី​ប្រការ​មួយ ក្នុង​វិស័យ​លទិ្ធ​នៃ​ជំនឿ​និងសីលធម៌ ទុកជាកិច្ចសម្រេចជាស្ថាពរ លោក​មិន​អាច​ភាន់ច្រឡំបានឡើយ។ ហេតុនេះហើយបាន​ជា​គេ​ធ្លាប់​និយាយយ៉ាងត្រឹមត្រូវថា សេចក្តីទាំង​ប៉ុន្មានដែល​លោក​ប្រកាស​បញ្ជាក់​របៀបនេះ មិនអាចប្រែប្រួលបាន ព្រោះ​សេចក្តីទាំងនោះ​មិន​មែនមក​ពីព្រះ​សហគមន៍​យល់​ស្របទេ តែ​មកពីលោក​បាន​ប្រកាសបញ្ជាក់ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធជួយឧបត្ថម្ភ តាមព្រះ​បន្ទូលសន្យា​ក្នុងឋានៈលោកបន្តមុខងារ​ពី​គ្រីស្តទូត​សិលាមក។ ហេតុនេះ​ហើយ បានជាលោក​មិន​ត្រូវ​ការអ្នកឯទៀតៗយល់ស្របទេ ហើយក៏​គ្មាន​នរ​ណា​ទៅប្តឹងឲ្យអ្នកខ្ពស់​ជាងលោក​វិនិច្ឆ័យ​បាន​ដែរ។ ឯកសិទ្ធិនេះមកពីអភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម មិនប្រកាស​សេចក្តី​ក្នុងឋានៈ​ជាបុគ្គលទេ តែ​លោក​បក​ស្រាយ​និង​ការពារលទ្ធិនៃជំនឿកាតូលិកក្នុងឋានៈលោក​ជាគ្រូ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃព្រះសហគមន៍សកល ហើយ​ក្នុងឋានៈ​លោក​​បាន​ទទួលព្រះអំណោយ​ទានយ៉ាងពិសេស​ក្នុងខ្លួនលោក​ផ្ទាល់ មិន​អាច​ភាន់​ច្រឡំ​បាន ជា​ព្រះ​អំណោយទាន​រ​បស់ព្រះសហគមន៍​ដែល​មិន​អាច​ភាន់ច្រឡំបានឡើយ។ ក្រុមអភិបាល​ក៏​មាន​ឯកសិទ្ធិមិនអាច​ភាន់​ច្រឡំ​បាននោះ តាមព្រះបន្ទូលសន្យារបស់ព្រះ​គ្រីស្តមក​ព្រះសហគមន៍ នៅ​ពេល​​ក្រុម​អភិបាល​បំពេញមុខ​ងារ​បង្រៀន​យ៉ាងខ្ពង់ខ្ពស់ រួមជាមួយអភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូម​ដែល​បន្ត​មុខ​ងារ​ពីគ្រីស្តទូត​សិលា​មក។ ព្រះ​សហគមន៍​ត្រូវតែយល់ស្រប​តាមសេចក្តីប្រកាសបញ្ជាក់ទាំងនោះជានិច្ច ព្រោះ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ថែ​រក្សា​ហ្វូង​ចៀម​ទាំងមូលរបស់ព្រះគ្រីស្ត ឲ្យរួបរួមគ្នាក្នុងជំនឿ​តែ​មួយ និងប្រោស​ឲ្យហ្វូង​ចៀមនោះចម្រើនឡើង។

ពេលអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬក្រុមអភិបាលទាំងអស់រួមជាមួយលោក ប្រកាសសេចក្តីបញ្ជាក់​ណា​មួយ អស់លោកប្រកាសស្របតាមសេចកី្តដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់។ គ្រីស្តបរិស័ទ​ទាំង​អស់​ក៏ត្រូវជឿ និងអនុវត្តតាមសេចកី្ត​ដែល​ព្រះជាម្ចាស់បានសម្តែង​ឲ្យមនុស្ស​លោក​ស្គាល់នោះ តាម​ព្រះ​សហគមន៍​បានបញ្ជូនបន្តមកយ៉ាងពេញលេញ  ជាលាយល័ក្ខអក្សរ ឬជាពាក្យ​សម្តីនិយាយតៗគ្នា តាមរយៈក្រុម​អភិបាល​ដែលបន្តមុខងារពីក្រុមគ្រីស្តទូតមកយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយ​ជាពិសេស តាមរយៈអភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូមផ្ទាល់ដែលយកចិត្តទុកដាក់ប្រកាសបញ្ជាក់សេចក្តីទាំងនោះ។ ព្រះសហគមន៍ថែរក្សា​សេចក្តី​ទាំង​អស់ដែល​ព្រះជា​ម្ចាស់​បាន​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ដោយ​ឥត​ល្អៀង ហើយពន្យល់សេចក្តីទាំងនោះ ដោយ​មិនប្រែប្រួល តាម​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិតបំភ្លឺ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម និង​ក្រុម​អភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​ខិតខំពិនិត្យ ពិច័យ និង​បកស្រាយ​សេចក្តីទាំងនោះយ៉ាងសមរម្យ ទាំង​ប្រើគ្រប់​មធ្យោ​បាយ​ដែល​អស់​លោក​ត្រូវ​ការ ដោយ​យល់​ឃើញថា ជាភារកិច្ចជាទម្ងន់របស់ខ្លួននិងមានសារៈសំខាន់ផង។ ក៏ប៉ុនែ្ត អស់​លោក​មិន​ត្រូវ​ទទួល​សេចក្តីថ្មីជា​សាធារណៈ  ទុកជា​សេចក្តី​ដែល​ព្រះ​ជាម្ចាស់បានផ្ញើមកព្រះសហគមន៍នោះទេ។

២៦-លោកអភិបាលមានមុខងារណែនាំគ្រីស្តបរិស័ទឲ្យបានវិសុទ្ធ

លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលេញរួចហើយ ហេតុនេះ​ហើយ​បាន​ជា​លោក​ទទួលខុសត្រូវនិងចែករំលែកព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ក្នុងឋានៈលោក​ជា​បូជាចារ្យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជាពិសេសក្នុងអគ្គសញ្ញាអរព្រះគុណដែលលោកថ្វាយដោយខ្លួនលោកផ្ទាល់ ឬដោយ​ចាត់​ចែង​ឲ្យ​គេ​ថ្វាយ ព្រោះ​អគ្គសញ្ញាអរព្រះគុណនេះជាប្រភពមិនចេះរីងស្ងួតនៃជីវិត​របស់ព្រះ​សហគមន៍ និង​ធ្វើ​ឲ្យ​ព្រះ​សហគមន៍​ចម្រើន​ឡើងផង។ ព្រះសហគមន៍របស់ព្រះគ្រីស្តនេះ ពិតជាស្ថិតនៅក្នុងគ្រប់អង្គប្រជុំ​ត្រឹម​ត្រូវ​តាម​វិន័យ​របស់គ្រីស្តបរិស័ទ នៅតាមភូមិនានា បើគេរួមជាមួយគង្វាលរបស់គេ។ ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អង្គ​ប្រជុំ​ទាំង​នោះ ទទួល​ឈ្មោះថា “ព្រះសហគមន៍"។

នៅកន្លែងមួយ ព្រះសហគមន៍នីមួយៗពិតជាប្រជារាស្រ្តថ្មីដែលព្រះជាម្ចាស់បានត្រាស់ហៅក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធ ឲ្យមានចិត្តនឹងនយ៉ាងខ្លាំង (១ថស ១, ៥)។ ការប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ត ប្រមែប្រមូល​គ្រីស្ត​បរិស័ទ​ក្នុងព្រះសហគមន៍ទាំងនោះ គេក៏នាំគ្នាលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពិធីជប់លៀងរបស់ព្រះអម្ចាស់ “ដើម្បី​ឲ្យ​ក្រុម​បងប្អូនទាំងអស់​រួបរួមគ្នាកាន់តែជិតស្និទ្ធក្នុងព្រះកាយតែមួយ ដោយសាច់និងព្រះ​លោហិត​របស់​ព្រះ​អម្ចាស់”។ ពេលណាព្រះសហគមន៍ថ្វាយ​អភិបូជា​ក្រោមការណែនាំ​របស់​លោក​អភិបាល ដែលទទួល​អគ្គសញ្ញា​តែង​តាំង​ដ៏​សក្ការៈ ពេលនោះនិមិត្តរូបនៃសេចក្តីស្រឡាញ់លេច​ធ្លោ​ឡើងយ៉ាងច្បាស់​ហើយ “គ្រីស្តបរិស័ទ​ក៏រួបរួម​គ្នា​ជា​ព្រះកាយ​ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។ ក្រៅពីការរួមក្នុងព្រះកាយ​ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តនេះ គ្មាន​នរណា​អាចទទួលការ​សង្គ្រោះ​បាន​ឡើយ”។ ទោះបីសហគមន៍​ទាំងនេះតូចឬក្រីក្រ​យ៉ាងណាក្តី ខ្ចាត់ខ្ចាយយ៉ាង​ណា​ក្តី ក៏ព្រះ​គ្រីស្ត​គង់នៅជាមួយដែរ។  ឫទ្ធានុភាព​របស់ព្រះអង្គ តែងតាំងឲ្យព្រះសហគមន៍ឲ្យមានលក្ខណៈបួន គឺ​រួបរួម​ជាអង្គតែ​មួយ ជាព្រះ​សហគមន៍ដ៏វិសុទ្ធ ជាកាតូលិកសកល និងកាន់តាមជំនឿរបស់គ្រីស្តទូត។ “ពេល​យើង​ទទួល​ព្រះ​កាយ​និង​ព្រះ​លោហិតព្រះគ្រីស្ត យើងផ្លាស់ប្រែឲ្យទៅជា​ព្រះ​កាយ​​ដែល​យើង​ទទួលនោះ”។

ក៏ប៉ុន្តែ លោកអភិបាលណែនាំគ្រប់អភិបូជាត្រឹមត្រូវតាមច្បាប់ ព្រោះលោក​បាន​ទទួលបន្ទុកគោរព បម្រើព្រះ​ជាម្ចាស់ដ៏ប្រសើរឧត្តមបំផុតតាមរបៀបគ្រីស្តសាសនា និងបាន​ទទួល​ការចាត់​ចែង និង​គ្រប់​គ្រង​តាម​ព្រះ​បញ្ជា​របស់​ព្រះអម្ចាស់ផង និងតាមច្បាប់របស់ព្រះសហគមន៍ផងដែរ។ លោកបញ្ជាក់ច្បាប់ទាំងនោះ​សម្រាប់​ភូមិភាគ​របស់​លោក​តាម​លោក​រិះគិត​ពិចារណា។

ហេតុនេះហើយ បានជាអស់លោកអភិបាលដែលអធិដ្ឋាន និងធ្វើការដើម្បីជាប្រយោជន៍ដល់ប្រជា​ជនរបស់​ខ្លួន មុខជានឹងចាក់បង្ហូរគ្រប់លក្ខណៈសម្បត្តិនៃភាពដ៏វិសុទ្ធរបស់ព្រះគ្រីស្ត លើប្រជាជននោះយ៉ាង​បរិបូរណ៍ តាម​របៀប​ផ្សេង​ៗ។  ​ពេលអស់លោកបំពេញមុខងារបម្រើព្រះបន្ទូល អស់​លោក​បញ្ជូន​ឫទ្ធានុភាព​របស់​ព្រះជា​ម្ចាស់​សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ផ្ញើជីវិតលើព្រះអង្គ (រម ១, ១៦)។ ពេលអស់​លោក​ចាត់ចែងឲ្យបូជាចារ្យធ្វើ​អគ្គ​សញ្ញា​នានា​យ៉ាង​ទៀងទាត់ និងតាមរបៀបដែលអាច​បង្កើត​ផល ក្រោម​អំណាច​របស់អស់លោក អស់លោក​អភិបាល​ក៏ធ្វើឲ្យគ្រីស្តបរិស័ទបានវិសុទ្ធ។ អស់លោក​ចាត់​ចែង​ពិធី​ជ្រមុជ​ទឹក ជាពិធី​ប្រោសឲ្យអ្នកជឿ រួមជាមួយ​ព្រះ​គ្រីស្ត​ក្នុង​ឋានៈជាបូជាចារ្យរបស់​ព្រះ​មហាក្សត្រ។ ធម្មតា​អស់​លោក​ធ្វើអគ្គសញ្ញាលាបថ្ងាសជូន​គ្រីស្តបរិស័ទ។ អស់​លោក​ក៏ធ្វើអគ្គសញ្ញា​តែង​តាំងឧបដ្ឋាក​និង​បូជាចារ្យ ព្រមទាំងចាត់ចែងវិន័យ​នៃ​អគ្គ​សញ្ញា​លើកលែង​ទោស​ផង​ដែរ។ អស់​លោក​ដាស់តឿន​និង​បង្រៀន​​គ្រីស្តបរិស័ទដោយយកចិត្តទុកដាក់ ដើម្បី​ឲ្យ​ប្រជាជន​របស់​អស់​លោក ចូល​រួម​ក្នុង​​ពិធីគោរពប្រណិប័តន៍​យ៉ាង​សកម្ម ជាពិសេសចូលរួមក្នុងអភិបូជាដ៏សក្ការៈ ដោយមានជំនឿ និង​ដោយ​សេចក្តី​គោរព។ អស់លោកត្រូវធ្វើជាគំរូ​សម្រាប់​គ្រីស្តបរិស័ទដែលនៅក្រោមអំណាចរបស់អស់លោក ត្រូវ​ជៀសវាង​អំពើ​អាក្រក់គ្រប់​យ៉ាង និងប្រែមកធ្វើអំពើល្អវិញ តាមតែអស់លោកអាចធ្វើបាន ដោយ​មាន​ព្រះ​អម្ចាស់​ជួយឧបត្ថម្ភផង ដើម្បីឲ្យ​អស់លោកអាចឈាន​ទៅដល់ព្រះ​ជន្មអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ រួម​ជាមួយ​ហ្វូងចៀមដែល​ព្រះ​អង្គ​បានផ្ញើទុក​មក​អស់លោក។

២៧-លោកអភិបាលមានមុខងារណែនាំនិងគ្រប់គ្រងព្រះសហគមន៍

អស់លោកអភិបាលទទួលបន្ទុកលើព្រះសហគមន៍តាមភូមិភាគ ក្នុងឋានៈលោកជាតំណាងនិង​ជា​ទូត​របស់​ព្រះ​គ្រីស្ត។ ដូច្នេះអស់លោកណែនាំព្រះសហគមន៍ភូមិភាគដោយទូន្មាន ដោយលើកទឹកចិត្ត ដោយធ្វើជាគំរូ​ឲ្យគេ ហើយ​ដោយ​ប្រើ​អំណាចនិងដោយអានុភាពដ៏សក្ការៈ​របស់អស់លោក។ ប៉ុន្តែ អស់លោកមិនអាច​ប្រើ​អំណាច​នេះ​តាម​អំពើ​ចិត្តបានទេ គឺអស់លោក​ត្រូវ​ប្រើអំណាច​នេះដើម្បីកសាង​ហ្វូង​ចៀម​របស់អស់លោកក្នុងសេចក្តីពិត និង​ដើម្បី​ឲ្យគេបានវិសុទ្ធ។ អស់លោកត្រូវ​ចងចាំ​ជា​និច្ច​ថា អ្នក​ដែល​ធំជាង​គេ ត្រូវ​ធ្វើតូច​ជាងគេ ហើយ​អ្នក​ដែល​ដឹកនាំ​គេ ត្រូវ​បម្រើ​គេ​វិញ (លក ២២, ២៦-២៧)។

អស់លោកអភិបាលប្រើអំណាចនេះក្នុងនាមព្រះគ្រីស្ត គឺជាអំណាចរបស់លោកផ្ទាល់ ជា​អំណាច​ធម្មតា និង​ជា​អំណាចលើគេ។ ក៏ប៉ុន្តែ នៅពេលប្រើអំណាចនេះ អស់លោកត្រូវអនុវត្ត​តាមការ​គ្រប់​គ្រង​នៃអំណាច​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម។ ​ជួន​កាលអភិបាលព្រះសហគមន៍​ក្រុង​រ៉ូម អាចដកអំណាច​ខ្លះពី​អភិបាល​​ភូមិភាគ​ចេញបាន ដោយនឹកគិតដល់ប្រយោជន៍​របស់ព្រះសហគមន៍​និងរ​បស់​គ្រីស្តបរិស័ទ។ ដោយ​សារ​អំណាចនេះ អស់លោក​អភិបាលមានសិទ្ធិដ៏សក្ការៈ (ហើយ​មាន​ភារកិច្ច​ទៀតផង) នៅ​ចំពោះ​ព្រះភ័ក្រ្តព្រះអម្ចាស់ និង​បង្កើត​ច្បាប់​សម្រាប់​ប្រ​ជា​ជនរបស់​គេ ហើយវិនិច្ច័យ​ទោស ព្រមទាំង​ចាត់​ចែង​អ្វីៗទាំងអស់​ដែលមានពាក់ព័ន្ធ​នឹង​របៀប​រៀបរយនៃការគោរព​បម្រើ​ព្រះ​ជាម្ចាស់ និងអំពី​កិច្ចការ​ជាគ្រីស្តទូតទៀតដែរ។

អស់លោកទទួលមុខងារយ៉ាងពេញលេញ ដើម្បីឃ្វាលហ្វូងចៀមរបស់ខ្លួន គឺថែរក្សា​កូនចៅជា​ធម្មតា​រៀង​រាល់​ថ្ងៃ។ មិនត្រូវចាត់ទុកអស់លោកគ្រាន់តែជាតំណាងអភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម​ប៉ុណ្ណោះ​ទេ ដ្បិត​អស់​លោក​ប្រើ​អំណាច​​របស់​អស់លោកផ្ទាល់ ហើយអស់លោកក៏ជាមេដឹកនាំដ៏ពិតប្រាកដរបស់​ប្រជាជនដែល​អស់​លោក​ដឹកនាំ។ ដូច្នេះ​អំណាច​របស់​អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលជាអំណាច​ដ៏ខ្ពង់ខ្ពស់បំផុត​និង​ជា​អំណាច​សកល មិន​បំបាត់អំណាច​របស់់អស់​លោកទេ ផ្ទុយទៅវិញ អំណាចរបស់​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម​បញ្ជាក់ ពងឹ្រង និង​ការពារ​អំណាច​របស់អស់​លោក។ ព្រះវិញ្ញាណដ៏វិសុទ្ធ​នៅតែរក្សាការពារ​រចនាសម្ពន្ធ​ដែល​ព្រះ​គ្រីស្ត​ជា​អម្ចាស់បាន​តែងតាំង ដើម្បី​ណែនាំព្រះសហគមន៍​របស់ព្រះអង្គមិនដែលអាក់ខានឡើយ។

ព្រះបិតានៃក្រុមគ្រួសារទាំងមូល ចាត់លោកអភិបាលឲ្យគ្រប់គ្រងបុត្រធីតារបស់ព្រះអង្គ។ លោក​ត្រូវ​នឹក​គិត​ដល់​ព្រះយេស៊ូជាគង្វាលដ៏ល្អ គឺយកធើ្វជាគំរូជានិច្ច។ ព្រះអង្គជាគង្វាលដែលមកក្នុងពិភពលោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ តែលោក​មក​បម្រើ​គេ​វិញ (មថ ២០, ២៨; មក ១៩, ៤៥) និង​ស៊ូប្តូរ​ជីវិត​ដើម្បី​ចៀម​របស់​ខ្លួន (យហ ១០, ១១)។   ដោយគេ​ជ្រើសរើស​លោក​ពី​ចំណោម​មនុស្ស ហើយ​ដោយ​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ​ដែរ លោក​អាច​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងង់ និង​មនុស្ស​វង្វេង​បាន‌ (ហប ៥, ១-២)។ ហេតុ​នេះ​លោក​អភិបាល​ត្រូវយក​ចិត្ត​ទុកដាក់ស្តាប់ អ្នកដែលស្ថិតនៅក្រោមអំណាចរបស់លោក និងយកចិត្តទុក​ដា​ក់ស្រឡាញ់គេ ទុក​ជា​កូនដ៏ពិត​ប្រាកដ ទាំងដាស់​តឿនគេឲ្យធ្វើការរួម​ជាមួយ​លោក​ដោយ​​ចិត្តឧស្សាហ៍​ផង។ ដោយ​លោក​អភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​គេ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ជាម្ចាស់ (ហប ១៣, ១៧) លោកត្រូវ​អធិដ្ឋាន បក​ស្រាយ​គម្ពីរ និងប្រព្រឹត្ត​គ្រប់​កិច្ចការសម្តែង​សេចក្តី​ស្រឡាញ់ គឺត្រូវយកចិត្តទុកដាក់ដល់កូនចៅរបស់លោក និង​ដល់​អស់អ្នកដែលមិន​ទាន់​ចូល​ក្នុង​ហ្វូង​ចៀម​តែមួយ។ លោក​ត្រូវរាប់​គេទុក​ជាអ្នកដែលព្រះអម្ចាស់បាន​ផ្ញើទុកមក​លោក​ដែរ។

លោកអភិបាលក៏ដូចគ្រីស្តទូតប៉ូលដែរ គឺលោក​ត្រូវ​មានបំណងនាំ​ដំណឹងល្អ​មក​ជូន​មនុស្ស​ទាំង​អស់ ព្រោះ​ជា​មុខងារដែលលោកត្រូវធ្វើសម្រាប់មនុស្សទាំងអស់ (រម ១, ១៤-១៥) ទាំងជំរុញគ្រីស្តប​រិស័ទ​ទាំង​អស់​ឲ្យ​បំពេញ​​សកម្មភាពជាគ្រីស្តទូតនិងជាសាសនាទូតដែរ។ រីឯគ្រីស្តបរិស័ទវិញ គេត្រូវភ្ជាប់ចិត្តស្រឡាញ់​អភិបាល​របស់​ខ្លួន ដូច​ព្រះសហគមន៍ភ្ជាប់ចិត្តស្រឡាញ់ព្រះគ្រីស្ត និងដូចព្រះគ្រីស្តភ្ជាប់ចិត្តស្រឡាញ់ព្រះបិតា ដើម្បី​ឲ្យអ្វីៗ​ទាំង​អស់​រួម​គ្នា​ជាធ្លុងតែមួយ និងបង្កើតផល ដើម្បីលើកតម្កើង​សិរីរុងរឿង​របស់ព្រះជាម្ចាស់ (២ករ ៤, ១៥)។

២៨-អស់លោកគង្វាលនិងទំនាក់ទនងជាមួយលោកអភិបាល

ព្រះបិតាបាន​ប្រសិទិ្ធព្រះគ្រីស្តឲ្យបាន​វិសុទ្ធ ហើយ​ចាត់ព្រះអង្គឲ្យ​យាងមក​ក្នុង​ពិភព​លោក (យហ ១០, ៣៦)។ តាម​រយៈក្រុមគ្រីស្តទូត ព្រះគ្រីស្តក៏បានញែកអស់លោកអភិបាលដែលបន្តមុខងារពីក្រុមគ្រីស្តទូត​មក ប្រសិទ្ធិ​ឲ្យ​បានវិសុទ្ធរួមជាមួយព្រះអង្គ ហើយក៏ចែករំលែកបេសកកម្មរបស់ព្រះអង្គឲ្យ​អស់​លោក​ដែរ។ រីឯក្រុម​អភិបាល​វិញ អស់​លោកបានបញ្ជូនបន្តយ៉ាងត្រឹម​ត្រូវ​នូវបន្ទុកនៃមុខងារ​បម្រើ​របស់​អស់លោក ឲ្យគ្រីស្ត​បរិស័ទ​ខ្លះ​តាម​កម្រិតផ្សេងៗ ក្នុងព្រះសហគមន៍។ ដូច្នេះ​មាន​គ្រីស្តបរិស័ទ​ខ្លះ បំពេញ​មុខងារបម្រើ ដែល​ព្រះជាម្ចាស់​បាន​ចាត់​ចែងក្នុង​ព្រះ​សហគមន៍តាម​កម្រិតផ្សេងៗ ដែលគ្រីស្តបរិស័ទតាំងពីដើមរៀងមកធ្លាប់ហៅថា “អភិបាល គង្វាល និងឧបដ្ឋាក”។ ទោះបីគង្វាល មិន​ទទួលបន្ទុកពេញទីជាបូជាចារ្យ​ដ៏ខ្ពង់​ខ្ពស់បំផុតក្តី ទោះបីគង្វាល ស្ថិត​នៅ​ក្រោម​ចំណុះ​អភិបាលនៅ​ពេល​ប្រើ​អំណាច​របស់ខ្លួនក្ដី ក៏លោកគង្វាល មានកិត្តិយសរួមជាមួយ​លោក​អភិបាល​ក្នុងឋានៈ​លោក​ជា​បូជា​ចារ្យ។ ដោយ​អានុភាពនៃអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ អស់លោកបានដូច​ព្រះ​គ្រីស្ត​ជា​មហា​បូជាចារ្យ​ដ៏​ខ្ពង់ខ្ពស់បំផុត​ដែល​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច (ហប ៥, ១-១០; ៧, ២៤; ៩, ១១-២៨) ព្រះអង្គ​បាន​ញែក​ប្រសិទ្ធិ​អស់លោក​ជា​បូជាចារ្យនៃ​សម្ពន្ធ​មេត្រី​ថ្មី​យ៉ាងពិតប្រាកដ ឲ្យប្រកាស​ដំណឹង​ល្អ និងឲ្យធ្វើ​ជា​គង្វាល​របស់​គ្រីស្តបរិស័ទ ហើយឲ្យធ្វើ​ពិធីគោរពប្រណិប័តន៍នានា​គោរពបម្រើព្រះជាម្ចាស់។ អស់​លោក​រួម​ចំណែក​ក្នុង​បន្ទុករ​បស់​ព្រះ​គ្រីស្ត ដែលជាស្ពាន​មេត្រី​តែមួយគត់ (១ធម ២, ៥) តាម​កម្រិត​នៃ​មុខ​ងារ​បម្រើ​របស់​ខ្លួន។ អស់លោកគង្វាល ក៏ប្រកាស​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ឲ្យមនុស្ស​ទាំង​អស់ស្តាប់​ដែរ។

អស់លោកបំពេញបន្ទុកដ៏សក្ការៈរបស់អស់លោកយ៉ាងពិសេសក្នុងពិធីអរព្រះគុណ គឺនៅពេលនោះ អស់​លោក​ប្រព្រឹត្តកិច្ចការក្នុងនាមព្រះគ្រីស្ត និងជំនួសព្រះអង្គ ហើយប្រកាសគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ។ អស់​លោកប្រមូលពាក្យអង្វររបស់គ្រីស្តបរិស័ទឲ្យរួមជាមួយ​សក្ការបូជានៃម្ចាស់របស់អស់​លោក។ អស់​លោក​ធ្វើ​ឲ្យ​សក្ការ​បូជា​របស់​ព្រះ​គ្រីស្តមានវត្តមាននៅពេលអស់លោកថ្វាយអភិបូជានោះ រហូត​ដល់​ព្រះ​អម្ចាស់​យាងមក (១ករ ១១, ២៦)។ សក្ការបូជា​នៃ​សម្ពន្ធមេត្រី​នេះមាន​តែ​មួយ​គត់ គឺសក្ការ​បូជា​របស់​ព្រះ​គ្រីស្ត ដែល​បាន​បូជា​ព្រះជន្ម​ទុក​ជា​យញ្ញ​ដ៏​ឥត​សៅ​ហ្មង ថ្វាយទៅព្រះបិតា​ម្តងជាស្រេច (ហប ៩, ១១-២៨)។ អស់​លោកបំពេញ​មុខងារ​បម្រើដ៏ប្រសើរ​បំផុត គឺមុខងារសម្រុះសម្រួល និងសម្រាលទុក្ខគ្រីស្តបរិស័ទ​ដែលមានជំងឺ និង​ដែល​សូម​ព្រះ​ជាម្ចាស់​លើក​លែង​ទោស។ អស់​លោក​ថ្វាយសេចក្តីត្រូវការ និងពាក្យ​អង្វរ​របស់​គ្រីស្ត​បរិស័ទ​ទៅ​ព្រះបិតា​ជា​អម្ចាស់ (ហប ៥, ១-៤)។ អស់លោកបំពេញបន្ទុក​របស់​ព្រះគ្រីស្តជាគង្វាលនិងជាមេដឹកនាំ តាមចំណែក​នៃ​អំណាច​របស់​ខ្លួន គឺអស់​លោក​ប្រមែប្រមូល​មហា​គ្រួសារ​របស់ព្រះជាម្ចាស់ ជាក្រុម​បងប្អូន ដែល​មាន​ចិត្ត​ថ្លើម​តែ​មួយ ព្រមទាំងណែនាំ​ក្រុម​គ្រួសារ​នេះទៅកាន់​ព្រះបិតា ដោយសារព្រះគ្រីស្តជាអម្ចាស់​ក្នុងព្រះវិញ្ញាណ។ អស់​លោក​ក្រាបថ្វាយបង្គំ​ព្រះ​បិតា​ជា​អម្ចាស់​តាមព្រះ​វិញ្ញាណ និ​ង​តា​ម​សេចក្តីពិត នៅកណ្តាល​ហ្វូងចៀម​របស់​អស់​លោក (យហ ៤, ២៤)។ អស់​លោក​នឿយ​ហត់​ក្នុងការប្រកាស​ព្រះបន្ទូល​និង​បង្រៀនគេ (១ធម ៥, ១៧)។ អស់​លោកជឿសេចក្តីដែល​អស់​លោក​រកឃើញ នៅពេលអាននិងស្មឹងស្មាធិ៍រិះគិតអំពីធម្មវិន័យរបស់ព្រះអម្ចាស់ គឺ​អស់​លោកបង្រៀន​សេចកី្ត​ដែលអស់​លោក​ជឿ និង​ប្រតិបត្តិតាម​សេចក្តីដែល​អស់​លោក​បង្រៀន​ផងដែរ។

អស់លោកជាសហការីដ៏ឈ្លាសវៃរបស់ក្រុមអភិបាល ក្នុងឋានៈជាអ្នកជួយនិងជាអ្នកដែលលោក​អភិបាល​អាច​ប្រើ​បាន។ ព្រះជាម្ចាស់បានត្រាស់ហៅ អស់លោកគង្វាលឲ្យបម្រើប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ហើយ​រួម​ជា​មួយ​អភិបាលរបស់ខ្លួន ជាក្រុមគង្វាលតែមួយ ដែលមានមុខងារផ្សេងៗពីគ្នា។ នៅគ្រប់​កន្លែង​ដែល​មាន​សហ-គមន៍​គ្រីស្តបរិស័ទ អស់លោកប្រៀបដូចជាវត្តមានរបស់លោកអភិបាល និងរួម​សហការ​ជាមួយ​លោក​អភិបាល​ដោយ​ទុក​ចិត្ត ដោយមានចិត្តទូលំទូលាយ ទាំងសុខចិត្តទទួលចំណែកនៃបន្ទុកនិងកង្វល់របស់​លោក។ អស់​លោក​ក៏​អនុវត្ត​តាម​បន្ទុកនិងកង្វល់នោះ នៅពេលបម្រើគ្រីស្ត​បរិស័ទជារៀងរាល់ថ្ងៃ។ អស់លោក​គ្រប់គ្រង​ចំណែក​នៃ​ហ្វូងចៀមដែល​ព្រះ​អម្ចាស់បានផ្ញើ​ទុកមកអស់លោក​ឲ្យបានវិសុទ្ធ ក្រោមអំណាចរបស់​លោក​អភិបាល។ អស់​លោក​​ធ្វើឲ្យ​មនុស្ស​លោកឃើញ​ព្រះសហគមន៍​សកលនៅកន្លែងអស់លោករស់នៅ។ អស់លោក​ក៏​សហការ​ប្រកប​ដោយប្រសិទ្ធភាព​ក្នុង​ការ​កសាង​ព្រះកាយ​ទាំង​មូលរបស់ព្រះគ្រីស្ត (អភ ៤, ១២)។ អស់លោក​តម្រង់​ចិត្ត​គំនិត​ស្វែង​ប្រយោជន៍​សម្រាប់​បុត្រធីតា​របស់​ព្រះជាម្ចាស់​ជានិច្ច ហើយ​ត្រូវ​មាន​ចិត្ត​ឧស្សាហ៍សហការក្នុងកិច្ចការណែនាំ​នៃ​ភូមិភាគ​ទាំង​មូល ឬ​និយាយ​យ៉ាង​ប្រសើរ​ជាង​ទៅទៀតនោះ គឺសហការក្នុងកិច្ចការណែនាំរបស់​ព្រះ​សហគមន៍​ទាំង​មូល។ ដោយអស់​លោក​រួមចំណែក​ក្នុងមុខងារ​ជា​បូជាចារ្យ និង​រួមចំណែកក្នុង​បេសកកម្មអភិបាល​របស់ខ្លួន អស់​លោក​គង្វាល ត្រូវរាប់លោកអភិបាល​ទុកជា​ឪពុកខ្លួន និងស្តាប់បង្គាប់លោកដោយគោរព។ រីឯ​លោក​អភិបាល​វិញ លោក​ត្រូវ​រាប់​អស់​លោកគង្វាល ទុកជា​សហការី ទុកជា​កូន និងទុកជាមិត្តសម្លាញ់ ដូច​ព្រះ​គ្រីស្ត​ដែល​លែងចាត់ទុកក្រុម​សាវ័កជាអ្នកបម្រើទៀតដែរ តែព្រះអង្គចាត់គេទុកជាមិត្តសម្លាញ់វិញ (យហ ១៥, ១៥)។ អស់​លោក​គង្វាល ទោះជាគង្វាល ភូមិភាគក្ដី ជាបព្វជិតក្ដី គឺមានទំនាក់​ទំនង​ភ្ជាប់​ជា​មួយក្រុមអភិបាល ព្រោះ​អស់​លោក​ទទួលអគ្គ សញ្ញា​តែងតាំង និងទទួលមុខងារបម្រើដូចគ្នា។ អស់លោកម្នាក់ៗ​ទទួល​មុខងារ​តាម​ព្រះ​អំណោយ​ទាន និងតាមតែ​ព្រះជាម្ចាស់ត្រាស់ហៅឲ្យបម្រើប្រយោជន៍ព្រះសហគមន៍ទាំងមូល។

អស់លោកគង្វាល ជាប់ចំណងជាមួយគ្នាទុកជាបងប្អូនយ៉ាងស្និទ្ធស្នាល ព្រោះអស់​លោកទទួល​អគ្គសញ្ញា​តែង​តាំងនិងមានបេសកកម្មតែមួយរួមគ្នា។ អស់លោកត្រូវបង្ហាញចិត្តស្រឡាញ់​គ្នា​ជា​បងប្អូន​ដោយស្មោះ​ស្ម័គ្រ និង​ដោយចិត្តរីករាយ គឺអស់លោកគង្វាលត្រូវជួយគ្នាទៅវិ​ញទៅ​មក​ខាង​សម្ភារៈ​ក្ដី ខាងវិញ្ញាណក្តី ទាំងក្នុង​ការ​ណែនាំ​កី្ត ទាំង​ក្នុងការរស់នៅផ្ទាល់ខ្លួនក្តី នៅពេលជួបជុំគ្នា ដោយ​ប្រជុំ​គ្នា ដោយរួមរស់ជាមួយគ្នា ធ្វើការ​រួម​ជាមួយ​គ្នា និង​ស្រឡាញ់គ្នា​ទៅវិញទៅមកទៀតផង។

អស់លោកគង្វាល ត្រូវចាប់អារម្មណ៍នឹងគ្រីស្តបរិស័ទដែលអស់លោក​បានបង្កើតដោយ​អគ្គសញ្ញា​ជ្រមុជ​ទឹក និង​ដោយបង្រៀនគេ (១ករ ៤, ១៥ ; ១សល ១, ២៣) ក្នុងឋានៈជាឪពុករបស់គេ ក្នុងអង្គព្រះគ្រីស្ត។ ត្រូវធ្វើគំរូ​ល្អ​ដល់ហ្វូងចៀម (១សល ៥,៣) ហើយណែនាំនិងបម្រើសហគមន៍នានាតាម​ភូមិ ដើម្បីឲ្យសហគមន៍ទាំង​នោះ​សម​នឹង​ទទួលនាមនៃប្រជារាស្រ្ត​តែមួយគត់របស់ព្រះជាម្ចាស់​ទាំងមូល​ថា “ព្រះសហគមន៍របស់ព្រះជាម្ចាស់” (១ករ ១, ២; ២ករ ១, ១)។ សូមអស់លោកនឹកចងចាំថា   អស់​លោក​​ត្រូវបង្ហាញ​មុខងារបម្រើជា​បូជាចារ្យ​និង​ជា​គង្វាល​ដ៏​ពិត​ប្រាកដ ឲ្យអ្នកផ្ញើជី​វិត​លើព្រះ​គ្រីស្ត និង​ឲ្យ​​អ្នក​​គ្មានជំនឿ​លើព្រះអង្គ ទាំងឲ្យ​គ្រីស្តប​រិស័​ទ​កាតូលិក ទាំង​ឲ្យ​គ្រីស្ត​បរិស័ទនិកាយ​ឯទៀតៗ ឃើញ​កិរិយា​មារយាទ​ប្រចាំថ្ងៃ​របស់​អស់​លោក និងឃើញការយកចិត្តទុក​ដាក់​របស់អស់​លោកចំពោះ​មនុស្ស​ទាំង​អស់​ទៀត​ដែរ។ ធ្វើដូច្នេះ អស់លោកមុខជានឹងផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត និង​អំពី​ជីវិត។ អស់​លោក​ក៏ត្រូវប្រព្រឹត្តដូចគង្វាលដែលស្វែងរក​កូនចៀម (លក ១៥, ៤-៧) គឺស្វែងរក​អស់​អ្នក​ដែល​ឈប់​ទទួល​​អគ្គសញ្ញានានា ឬក៏លះបង់ជំនឿដែរ ទោះបីគេបានទទួលអគ្គសញ្ញាជ្រមុជទឹក​រួច​ហើយ​ក៏​ដោយ។

សព្វថ្ងៃមនុស្សជាតិរួមគ្នាជាប្រជាពលរដ្ឋ តាមសេដ្ឋកិច្ច និងតាមសង្គម កាន់តែខ្លាំងឡើងៗ។ ហេតុនេះ ហើយ​បាន​ជាអស់លោកបូជាចារ្យ​មានភារៈកិច្ចជាបន្ទាន់បំផុត រួមគ្នា​ខិតខំ​គិតគូរ​អស់​ពី​សមត្ថភាព និង​ប្រើ​គ្រប់​មធ្យោបាយ ក្រោម​ការណែ​នាំ​របស់​ក្រុម​អភិបាល និងរបស់​អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​មូលហេតុណា​មួយ​បណ្តាលឲ្យមនុស្ស​លោកបែកបាក់​គ្នា​ឡើយ។ អស់លោកក៏មានភារកិច្ច​ណែនាំ​មនុស្ស​ជាតិ​ទាំង​មូល ឲ្យរួបរួម​គ្នា​ជា​ធ្លុងតែមួយ ជាមហា​គ្រួសារ​របស់ព្រះជាម្ចាស់។

២៩-លោកឧបដ្ឋាក

ក្នុងរចនាសម្ពន្ធនៃមុខងារបម្រើព្រះសហគមន៍តាមលំដាប់លំដោយ ក្រុមឧបដ្ឋាកស្ថិតនៅកម្រិតទាប​ជាង​គេ។ លោកអភិបាល​ដាក់ដៃ​លើ​គេ “មិនមែនដើម្បីឲ្យទៅជាបូជាចារ្យទេ តែឲ្យគេមាន​មុខ​ងារបម្រើ”។ តាមអានុ​ភាព​​នៃ អគ្គសញ្ញាតែងតាំង គេទទួលកម្លាំងដើម្បីបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់​ដោយ​បម្រើ​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ ដោយប្រកាសព្រះបន្ទូល និងដោយសម្តែង​សេចក្តីស្រឡាញ់ ទាំងរួបរួម​ជា​មួយ​លោកអភិបាល និង​ក្រុម​គង្វាលរបស់​លោកទៀតផង។ តាមអស់លោកដែលទទួលខុសត្រូវ​និងមាន​សមត្ថកិច្ចចាត់​ចែង​ក្រុមឧបដ្ឋាក ឧបដ្ឋាក​មាន​មុខងារ​ធ្វើ​អគ្គសញ្ញាជ្រមុជទឹកយ៉ាងឱឡារិក មានមុខងាររក្សានិង​ចែក​នំប៉័ងប្រសិទ្ធិ​ក្នុង​ពិធី​អរ​ព្រះ​គុណ។ ក្នុងអគ្គសញ្ញា​អាពាហ៍ពិពាហ៍ អស់​លោក​ឧបដ្ឋាកធ្វើ​ជា​សាក្សីក្នុងនាមព្រះ​សហគមន៍ និងប្រ​ទានពរ​ដល់​គូស្វាមីភរិយា។ អស់​លោក​នាំ​នំ​ប៉័ង​ប្រសិទ្ធិ​ចែក​ឲ្យ​អ្នក​ហៀប​នឹង​ទទួល​មរណភាព ប្រកាស​ព្រះគម្ពីរ​ឲ្យ​គ្រីស្ត​បរិស័ទ​ស្តាប់ បង្រៀននិងដាស់​តឿន​ប្រជាជន ធ្វើ​ជា​អធិបតីក្នុងពេល​គ្រីស្តបរិស័ទ​ធ្វើពិធីគោរព​បម្រើ​ព្រះជាម្ចាស់​និង​អធិដ្ឋាន បម្រើ​អនុសញ្ញា ធ្វើ​​ប្រធាន​ក្នុងពិធីគោរពបុគ្គលដែលចែកឋាន និងក្នុងពិធី​បញ្ចុះ​សព។ អស់​លោក​ឧបដ្ឋាក​ប្តេជ្ញា​ចិត្ត​បម្រើ​កិច្ចការ​សម្តែង​ធម៌មេត្តាករុណា និងកិច្ចការរដ្ឋបាល​របស់​ព្រះសហគមន៍។ អស់លោក​ត្រូវ​នឹក​ពាក្យ​ទូន្មាន​របស់​សន្តៈ​ប៉ូលីក័រប៉ូស​ថា៖ «ត្រូវមានចិត្តមេត្តាករុណា ចិត្តឧស្សាហ៍ ដើរតាម​សេចក្តី​ពិត​របស់​ព្រះ​អម្ចាស់​ដែល​ព្រះអង្គ​ដាក់​ខ្លួន​បម្រើ​មនុស្សទាំងអស់»។

ទោះបីមុខងារឧបដ្ឋាកមានសារៈសំខាន់ជាចំាបាច់សម្រាប់​ឲ្យព្រះសហគមន៍មានជីវិតរស់រវើកក្តី ក៏វិន័យព្រះ​សហគមន៍ដែលកាន់តាមក្បួនព្រះសហគមន៍ក្រុងរ៉ូមសព្វថ្ងៃ បណ្តាលឲ្យពិបាកតែងតាំងមុខងារនោះ ក្នុងតំបន់​ជា​ច្រើន​ដែរ។ ប៉ុន្តែ នៅ​ពេលអនាគត ព្រះសហគមន៍មុខជានឹងអាចតែងតាំងមុខងារជា ឧបដ្ឋាកឡើងវិញ តាម​កម្រិត និង​ទុក​ជា​មុខងារ​អចិន្ត្រៃយ៍ក្នុងរចនាសម្ពន្ធតាមលំដាប់លំដោយនៃព្រះ​សហគមន៍។ ក្រុមអភិបាល​តាម​តំបន់​ដែល​មាន​សមត្ថ​កិច្ច​សម្រេច​តែងតាំង​មុខងារជាឧបដ្ឋាក តាមសេចក្តីត្រូវការ ដើម្បីជាប្រយោជន៍​ដល់​គ្រីស្ត​បរិស័ទ ដោយ​​មានការយល់ស្របពីអភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូម។ ប្រសិនបើ អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម យល់​ស្រប ក្រុម​អភិបាល​តាមតំបន់​អាចតែងតាំងបុរស​ពេញវ័យជាឧបដ្ឋាក ទោះបីបុរសទាំងនោះមានគ្រួសារកី្ត។ ក្រុម​អភិបាល​ក៏អាច​តែងតាំង​យុវជន​ឲ្យទៅ​ជា​ឧបដ្ឋាក​ដែរ តែយុវជនទាំងនោះត្រូវព្រហ្មចរិយធម៌។ វិន័យ​ឲ្យគេ​កាន់​ព្រហ្មចរិយ​ធម៌​នោះ មិនប្រែ​ប្រួល គឺត្រូវនៅស្ថិតស្ថេរ​ឲ្យរឹងប៉ឹងជានិច្ច។

ជំពូក៤
គ្រីស្តបរិស័ទធម្មតា

៣០-អារម្ភកថា

ក្រោយពីបានបញ្ជាក់បន្ទុករបស់អ្នកទទួលខុសត្រូវលើព្រះសហគមន៍តាមលំដាប់លំដោយ មហាសន្និបាត​បែរ​គំនិតទៅរិះគិតអំពីគ្រីស្តបរិស័ទធម្មតា។ អ្វីៗដែលចែងអំពី​ប្រជារាស្រ្តរបស់ព្រះ​ជាម្ចាស់ ក៏មាន​អត្ថន័យ​ដូចគ្នា សម្រាប់​គ្រីស្តបរិស័ទ​ធម្មតា សម្រាប់​បព្វជិត​បព្វជិតា និងសម្រាប់អស់លោក​ដែល​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អ្នក​បម្រើ​ព្រះសហគមន៍ដែរ។ ប៉ុន្តែ សភាពការណ៍និងបេសកកម្មរបស់គ្រីស្តបរិស័ទ​ធម្មតា ទាំងបុរសទាំង​ស្រី្ត នាំឲ្យ​យើង​ត្រូវ​រិះគិត​អំពីគ្រឹះ​នៃ​លក្ខណៈ​និងអំពីបេសកកម្មរបស់បុរសនិង​ស្រ្តី​ទាំងនោះ។

អស់លោកអភិបាលជាគង្វាលដឹងច្បាស់ថា ការសហការរបស់គ្រីស្តបរិស័ទធម្មតាជាមួយអស់លោកមាន​សារៈសំខាន់ណាស់ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។ អស់លោកដឹងច្បាស់ទៀត​ថា ព្រះ​គ្រីស្ត​មិន​បានតែងតាំង​អស់​លោក​ឲ្យបំពេញបេសកកម្មសង្គ្រោះមនុស្សលោកដោយសារតែខ្លួនអស់លោក​ប៉ុណ្ណោះទេ។ អស់​លោកមានមុខងារដ៏ប្រសើរ គឺ​យល់​អំពីបេសកកម្មរបស់អស់លោក​ជា​គង្វាល​របស់​គ្រីស្តបរិស័ទ ព្រមទាំង​ទទួល​ស្គាល់​មុខងារ​បម្រើ និង​ព្រះអំ​ណោយ​ទាន​របស់​គ្រីស្តបរិស័ទ​ដែរ។ ធ្វើដូច្នេះ គ្រីស្តបរិស័ទទាំងអស់​នឹង​សហការ​ក្នុងកិច្ចការរួមរបស់ព្រះសហគមន៍ គឺម្នាក់ៗតាមរបៀបរៀងៗ​ខ្លួន។

«យើងទាំង​អស់គ្នាត្រូវ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត និងដោយចិត្ត​ស្រឡាញ់​យ៉ាងស្មោះ ដើម្បីចម្រើន​ឡើងក្នុងអង្គ​ព្រះ​គ្រីស្ត​នៅគ្រប់​វិស័យ។ ព្រះគ្រីស្ត​ជា​សិរសា គឺ​ព្រះអង្គហើយដែល​ធ្វើ​ឲ្យ​ព្រះ​កាយ​ទាំងមូល​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដែល​បម្រើ​ព្រះ​កាយ​តាម​កម្រិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ​កាយ​នោះ​ចម្រើន និង​កសាង​ឡើង​ក្នុង​សេចក្តី​ស្រឡាញ់» (អភ ៤, ១៥-១៦)។

៣១-ឈ្មោះ “គ្រីស្តបរិស័ទធម្មតា”

ឈ្មោះ “គ្រីស្តបរិស័ទធម្មតា” ជាគ្រីស្តបរិស័ទដែលមិនបានទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហ-គមន៍ ហើយក៏មិនមែនជាបព្វជិតបព្វជិតា ដែលព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការទេ។ “គ្រីស្តបរិស័ទ​ធម្មតា” គឺ​ជា​អ្នករួមក្នុងអង្គព្រះគ្រីស្តដោយអគ្គសញ្ញាជ្រមុជ​ទឹក ទៅជាគ្រីស្ត​បរិស័ទ​ដែល​ចូល​ក្នុង​ប្រជារាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ គេរួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និង​ជាព្រះ​មហាក្សត្រតាមរបៀប​របស់​គេ។ គេ​បំពេញ​បេសកកម្មរ​បស់​ប្រជាជនគ្រីស្តបរិស័ទទាំងមូល នៅក្នុងព្រះសហគមន៍ ​និងនៅក្នុងពិភពលោក តាម​ចំណែក​រៀងៗ​ខ្លួន។

“គ្រីស្តបរិស័ទធម្មតា” មានលក្ខណៈពិសេសដោយឡែកពីគេ គឺគេរស់នៅក្នុងសង្គមមនុស្ស។ ជួន​កាល​គ្រីស្ត​បរិស័ទ​ដែលទទួលអគ្គសញ្ញាតែងតាំង​ជាអ្នកបម្រើ​ព្រះសហគមន៍ ក៏ធើ្វកិច្ចការ​លោកីយ៍​ដែរ។ ប៉ុន្តែ ទោះបីអស់​លោក​ធើ្វ​កិច្ចការលោកីយ៍ក្តី ឬទោះបីអស់លោកមានមុខរបរខាងលោកីយ៍ក្តី ក៏អស់​លោកនៅតែមាន​មុខងារ​ពិសេស គឺ​បម្រើព្រះសហគមន៍។ នេះជាអាទិភាពយ៉ាងច្បាស់របស់អស់លោក តាមព្រះជាម្ចាស់ត្រាស់ហៅ​អស់​លោក។ រីឯ​បព្វជិត​បព្វជិតាវិញ គេរស់នៅតាមសភាពរបស់គេ ដែល​បញ្ជាក់​យ៉ាង​ច្បាស់និងយ៉ាងពិសេសថា មនុស្ស​លោក​មិន​អាច​ផ្លាស់​ប្រែ​បាន ហើយក៏មិនអាចយកទៅថ្វាយព្រះជាម្ចាស់បាន ក្រៅ​ពី​ការ​ប្រៀន​ប្រដៅ​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិត​ប្រាកដ។

រីឯគ្រីស្តបរិស័ទធម្មតាវិញ ព្រះជាម្ចាស់ត្រាស់ហៅគេឲ្យបំពេញមុខងារមួយយ៉ាងពិសេសគឺ​ស្វែង​​រកព្រះ​រាជ្យ​របស់​ព្រះ​អង្គ​​ដោយត្រួតត្រានិងចាត់ចែងអ្វីៗទាំងអស់ក្នុងលោក​នេះ តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។ គេ​រស់​នៅ​ក្នុងលោកនេះ ទាំងបំពេញ​កិច្ចការ​និង​ការងារ​ផ្សេងៗរបស់​លោកីយ៍ ហើយ​រស់នៅ​តាម​សភាពការណ៍​ធម្មតា​ក្នុង​រង្វង់​គ្រួសារ​និងក្នុង​សង្គម ដែល​ជាប់ពាក់ព័ន្ធយ៉ាង​ជិត​ស្និទ្ធ​នឹងការ​រស់​នៅ​របស់​គេ។ ព្រះជាម្ចាស់​ត្រាស់​ហៅ​គេ នៅ​កន្លែង​ទាំងនោះ ដើម្បី​ជួយឲ្យមនុស្ស​លោក​បាន​វិសុទ្ធ ពី​ខាងក្នុង​ចំណោម​មនុស្ស ដូចមេក្នុងម្សៅ។ គេបំពេញ​បន្ទុក​របស់​ខ្លួនផ្ទាល់ តាមគំនិតដែលហូរចេញពីដំណឹង​ល្អ​ដើម្បី​បង្ហាញ​​ព្រះគ្រីស្ត​ឲ្យអ្នកដទៃ ដោយ​ផ្តល់​សក្ខីភាព​អំពី​ព្រះអង្គ តាម​ការរ​ស់នៅរបស់គេជាដើម។ គេ​បញ្ចាំ​ង​រស្មីនៃ​ជំនឿ នៃសេចក្តី​សង្ឃឹម និង​នៃសេចក្តីស្រឡាញ់។ គ្រីស្ត​បរិស័ទ​ធម្ម​តាទាំងនោះ មាន​ភារកិច្ច​​យ៉ាង​ពិសេស គឺបំភ្លឺនិងតម្រង់អ្វីៗ​ទាំងអស់ក្នុងលោកីយ៍ ដែលភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នឹង​ការស់​នៅ​របស់​គេ ដើម្បីឲ្យ​អ្វីៗ​ទាំង​នោះ​កើត​ឡើងនិងចម្រើនតាមព្រះគ្រីស្តជានិច្ច និង​លើកតម្កើង​សិរីរុងរឿង​ព្រះអាទិករ និង​ព្រះ​សង្គ្រោះ​របស់​មនុស្ស​លោក។

៣២-កិត្តិយសដ៏ថ្លៃថ្នូររបស់គ្រីស្តបរិស័ទធម្មតា

ព្រះជាម្ចាស់តែងតាំង ចាត់ចែង ហើយណែនាំព្រះសហគមន៍ដ៏វិសុទ្ធ ឲ្យមានបែបបទប្លែកៗពីគ្នា​យ៉ាង​អស្ចារ្យ ដូចមានចែងថា «រូបកាយ​មនុស្សយើងមានសរីរាង្គច្រើន។ ​សរីរាង្គ​នីមួយៗ​មាន​មុខ​ងារ​​ប្លែកៗ​ពីគ្នា​យ៉ាង​ណា យើងក៏ដូច្នោះដែរ ‌​‌គឺយើងដែល​មាន​គ្នាច្រើន ក៏រួម​ជាព្រះកាយតែមួយក្នុងអង្គ​ព្រះ​គ្រីស្ត ហើយម្នាក់ៗ​ជា​សរីរាង្គ​របស់​គ្នា​ទៅវិញទៅមកដែរ។» (រម​១២,៤-៥)។

ហេតុនេះ ហើយបានជា​មាន​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់តែមួយ ដែលព្រះអង្គបាន​ជ្រើសរើស «ព្រះ​អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែមួយ ពិធី​ជ្រមុជ​ទឹកមាន​តែ​មួយ» (អភ ៤,៥)។ សមាជិក​នៃ​ប្រជារាស្រ្ត​នេះ​មាន​កិត្តិយស​ដ៏ថ្លៃថ្នូររួមគ្នា ព្រោះគេសុទ្ធតែ​កើតជាថ្មីក្នុងអង្គព្រះគ្រីស្ត។ ព្រះបិតា​ប្រណី​សន្តោស​ឲ្យគេទៅជាបុត្រ​ធីតា​ដូចគ្នា ព្រះ​ជាម្ចាស់ត្រាស់ហៅគេ​ទាំង​អស់គ្នាឲ្យទៅជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​ដូចគ្នា។ មាន​ការ​សង្គ្រោះ​តែ​មួយ មាន​សេចក្តី​សង្ឃឹម​តែមួយ មាន​សេចក្តី​ស្រឡាញ់​តែមួយ​ដែល​មិន​ចេះបែកចេញពីគ្នា។ ហេតុនេះហើយ បាន​ជា​នៅ​ក្នុងអង្គ​ព្រះ​គ្រីស្ត និងក្នុង​ព្រះ​សហគមន៍ គ្រីស្តបរិស័ទ​មាន​កិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នាទាំងអស់ គ្មាន​ប្រកាន់​ជាតិ​សាសន៍ ឋានៈ​វណ្ណៈ ឬ​ភេទឡើយ ដ្បិត «គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ‌ គ្មាន​ទាសករ គ្មាន​អ្នក​ជា‌ ហើយ​ក៏​គ្មាន​បុរស​​គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំងអស់​រួមគ្នា​មក​ជា​អង្គ​តែមួយ​ក្នុង​ព្រះគ្រីស្ត​យេស៊ូ។» (កឡ ៣, ២៨; កូឡ ៣, ១១)។

ដូច្នេះ ក្នុងព្រះសហគមន៍ទោះបីគ្រីស្តបរិស័ទមានរបៀបរស់នៅប្លែកៗពីគ្នាក្ដី ក៏ព្រះជាម្ចាស់ត្រាស់​ហៅ​គេ​ទាំង​អស់ឲ្យបានវិសុទ្ធ និងបានទទួលជំនឿ៎ដូចៗគ្នា គឺជំនឿដែលនាំមនុស្សឲ្យចូលទៅក្នុង​សេចក្តី​សុចរិតរបស់​ព្រះអង្គ (២សល ១, ១)។ ទោះបីព្រះគ្រីស្តសព្វព្រះហឫទ័យតែងតាំងគ្រីស្តបរិស័ទខ្លះឲ្យ​ធ្វើ​ជាអ្នកបង្រៀនកី្ត ខ្លះ​ឲ្យ​ធ្វើជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់កី្ត និងខ្លះធ្វើ​ជា​គង្វាលដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូនឯទៀតៗក្ដី ក៏គេស្មើ​គ្នា​ទាំង​អស់​យ៉ាងពិតប្រាកដដែរ គេមាន​កិតិ្តយស​ដ៏ថ្លៃ​ថ្នូរ​ស្មើគ្នា គេ​បំពេញ​សកម្មភាព​រួម​របស់​គ្រីស្តបរិស័ទ​ទាំងអស់គ្នា ពោល​គឺ​កសាងព្រះកាយ​ព្រះ​គ្រីស្ត។ ព្រះ​អម្ចាស់​ចាត់ចែង​ឲ្យ​អស់​លោក​ដែល​បម្រើ​ព្រះ​សហគមន៍​​បាន​ប្លែកពី​សមាជិក​ឯទៀតៗ នៃ​ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់ តែអស់​លោក​រួបរួម​យ៉ាងជិត​ស្និទ្ធ​ជា​មួយ​សមាជិក​ទាំងនោះ ព្រោះអស់​លោក និងគ្រីស្តបរិស័ទឯទៀតៗជាប់ចំណងជាមួយគ្នា ដោយ​មានទំ​នាក់ទំនង់ជា​មួយគ្នាជាច្រើន គឺអស់​លោក​អភិបាល​ជាគង្វាល​នៃព្រះ​សហគមន៍ យក​តម្រាប់​តាម​ព្រះអម្ចាស់ បម្រើគ្នាទៅវិញ​ទៅមក ហើយក៏​បម្រើ​គ្រីស្ត​បរិស័​ទ​ឯទៀតៗដែរ។ រីឯគ្រីស្តបរិស័ទឯទៀតៗវិញ ក៏​យក​ចិត្ត​ទុកដាក់ជួយឧបត្ថម្ភ​អស់​លោក​គង្វាល​និងអ្នក​បង្រៀន​ដែរ។ ដូច្នេះហើយ ដោយ​គ្រីស្ត​បរិស័ទ​ប្លែកៗ​ពីគ្នា​យ៉ាង​នេះ គេផ្តល់​សក្ខីភាព​ទាំង​អស់​គ្នា​ថា គេរួបរួម​គ្នាយ៉ាងអស្ចារ្យ​ក្នុងព្រះកាយ​ព្រះគ្រីស្ត។ ព្រះអំណោយទាន​ប្លែកៗ​ពី​គ្នា មុខងារ​បម្រើ​ប្លែកៗពីគ្នា សកម្មភាពប្លែកៗ​ពីគ្នា ជួយបុត្រធីតា​របស់​ព្រះជាម្ចាស់ឲ្យ​ជាប់​ចំណង​ជាមួយ​គ្នា​ជា​អង្គ​តែ​មួយ ដ្បិត «មានព្រះ​វិញ្ញាណ​មាន​តែមួយព្រះអង្គដដែល ​ដែលបំពេញ​ការ​ទាំង​អស់‌​នេះ» (១ករ ១២, ១១)។

ហេតុនេះហើយបានជា តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ គ្រីស្តបរិស័ទ​មានព្រះ​គ្រីស្ត​ជារៀម​ច្បង។ ទោះបីព្រះអង្គជាព្រះ​អម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ ក៏ព្រះអង្គយាងមក​ក្នុង​ពិភព​លោក​នេះ "មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ តែលោកមក​បម្រើ​គេ​វិញ​” (មថ ២០, ២៨)។ យ៉ាង​ណា​មិញ គ្រីស្តបរិស័ទ​ធម្មតា​រាប់​អស់​លោក​ដែល​ទទួលអគ្គសញ្ញាតែង​តាំង​ជាអ្នកបម្រើព្រះសហគមន៍ ទុកជា​បង​ប្អូន។ អស់​លោក​បំពេញ​មុខងារ​ជា​គង្វាល​នៃ​ក្រុម​​គ្រួសារ​របស់​ព្រះជាម្ចាស់ គឺ​អស់លោកបង្រៀនគេ ធ្វើឲ្យគេបានវិសុទ្ធ គ្រប់គ្រងគេដោយ​អំណាច​របស់​ព្រះគ្រីស្ត ដើម្បីឲ្យ​គ្រីស្តបរិស័ទទាំងអស់​ប្រតិបត្តិតាម​វិន័យ​ថ្មីស្តីអំពីសេចក្តីស្រឡាញ់។ សន្តអូគូស្តាំង​មាន​ប្រសាសន៍​អំពីសេចក្តី​នេះយ៉ាងពិរោះថា «មុខងាររបស់​ខ្ញុំ​គឺ​បម្រើបងប្អូន បណ្តាលឲ្យខ្ញុំតប់ប្រមល់ តែឋានៈរបស់​ខ្លួន​ជា​គ្រីស្តបរិស័ទ រួមជា​មួយ​បងប្អូននាំឲ្យខ្ញុំធូ​រ​ចិត្ត​វិញ។ ខ្ញុំជាអភិបាលសម្រាប់ណែនាំបងប្អូន តែ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​រួមជាមួយ​បងប្អូន។ “អភិបាល” ជា​ពាក្យស្តីអំពីមុខងារដែលយើងខិតខំបំពេញ រីឯ “គ្រីស្តបរិស័ទ” ជា​នាម​ដែល​យើង​ទទួលពី​ព្រះ​ហឫទ័យ ប្រណីសន្តោសរបស់ព្រះជាម្ចាស់។ មុខងារជាអភិបាលនាំឲ្យទទួលទោស រីឯ​ឈ្មោះ​ជា​គ្រីស្តបរិស័ទ​វិញ នាំឲ្យ​ទទួលការ​សង្គ្រោះ»។

៣៣-គ្រីស្តបរិស័ទធម្មតាទទួលចំណែកនៃកិច្ចជាគ្រីស្តទូត

គ្រីស្តបរិស័ទធម្មតារួបរួមគ្នាក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ និងត្រូវចាត់ចែងឲ្យមានរបៀបរៀបរយ​ក្នុង​ព្រះ​កាយ​ព្រះគ្រីស្តតែមួយគត់ ក្រោមអំណាចនៃសិរសាតែមួយ។ ទោះបីគេជានរណាក៏ដោយ ក៏ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេ​ក្នុង​ឋានៈជា​សមាជិកដែល​មានជីវិតរស់រវើក ឲ្យសហការគ្នាដើម្បី​ឲុ្យព្រះសហគមន៍​ចម្រើន​ឡើង​និង​កាន់​តែ​វិសុទ្ធ​ជានិច្ច ដោយ​ខិតខំ​អស់ពីកម្លាំងដែលព្រះអាទិករបានប្រោសប្រទានឲ្យគេ និង​ដោយព្រះ​សង្គ្រោះ​ប្រណី​សន្តោស​ផង។

គ្រីស្ត​បរិស័ទធម្មតាទទួលបេសកកម្មជាគ្រីស្តទូត គឺទទួលចំណែក​ក្នុង​បេសកកម្មរបស់ព្រះ​សហគមន៍ ដែល​នាំ​ការ​សង្គ្រោះ​ដល់​មនុស្ស​លោក។ ព្រះអម្ចាស់ផ្ទាល់បានផ្ញើបេសកកម្មនេះឲ្យ​គ្រីស្តបរិស័ទ​ទាំង​អស់ នៅ​ពេល​គេ​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក និងអគ្គសញ្ញាលាបថ្ងាស។ អគ្គសញ្ញា​ទាំង​ប៉ុន្មាន ជាពិសេសអគ្គសញ្ញាអរព្រះគុណ សុទ្ធ​តែផ្តល់និងពង្រឹង​សេចក្តីស្រឡាញ់​របស់​គេ​ចំពោះព្រះ​ជា​ម្ចាស់​និងចំពោះមនុស្សលោក គឺសេចក្តី​ស្រឡាញ់​នេះ​ហើយ ដែលជា​កម្លាំង​ជំរុញ​គេ​ឲ្យ​បំពេញបេសកកម្ម​គ្រប់​យ៉ាងជា​គ្រីស្តទូត។ ព្រះជាម្ចាស់​ត្រាស់​ហៅ​គ្រីស្ត​បរិស័ទ​ធម្មតា ជា​ពិសេសឲ្យគេប​ង្ហាញវត្តមាននិង​សកម្មភាពរបស់ព្រះសហគមន៍ នៅកន្លែងនិង​តាម​សភាព​ការណ៍​ផ្សេងៗ។ មានតែ​គ្រីស្តបរិស័ទធម្មតាទេ ដែល​អាច​ធ្វើ​ឲ្យ​ព្រះសហគមន៍ទៅជាអំបិលសម្រាប់​មនុស្ស​លោក នៅ​កន្លែងនិងតាម​សភាពការណ៍​ទាំង​នោះ​បាន។ ដូច្នេះ គ្រីស្តបរិស័ទម្នាក់ៗជាសាក្សី​តាមព្រះ​អំណោយ​ទាន​ដែល​ខ្លួន​បាន​ទទួល។ នៅពេល​ជា​មួយគ្នានោះ គេបំពេញបេសកកម្មរបស់ព្រះសហគមន៍ផ្ទាល់ «តាម​កម្រិត​នៃព្រះ​អំណោយ​ទាន​ដែល​ព្រះ​គ្រីស្ត​ប្រទាន​មក​» (អភ ៤, ៧)។

លើសពីបេសកកម្មជាគ្រីស្តទូត ដែលគ្រីស្តបរិស័ទត្រូវបំពេញគ្រប់ៗគ្នានោះ ព្រះជាម្ចាស់ត្រាស់​​ហៅ​គ្រីស្ត​បរិស័ទ​ធម្មតាខ្លះ ឲ្យរួមសហការជាមួយអស់លោកអភិបាលតាមរបៀបផ្សេងៗក្នុង​បេសកកម្ម​របស់​អស់​លោក​ជា​គ្រីស្ត​ទូត ដូចកាលពីដើមមានទាំងបុរសទាំងស្រ្តីជាសហការីរបស់គ្រីស្តទូតប៉ូល ក្នុងការប្រកាស​ដំណឹងល្អ ហើយ​និង​ធ្វើ​ការ​ជាទម្ងន់​ក្នុងព្រះអម្ចាស់ទៀតផង (ភព ៤, ៣; រម ១៦, ៣)។ ម្យ៉ាងទៀត គ្រីស្តបរិស័ទ​ធម្មតា​មាន​សមត្ថភាព បណ្តោយឲ្យ​លោក​អភិបាល​ជ្រើសរើសគេ ដើម្បី​បំពេញមុខងារ​ខ្លះខាង​វិញ្ញាណ​ក្នុងព្រះសហគមន៍។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាទាំងអស់ មានភារកិច្ចដ៏ប្រសើរ គឺខិតខំធ្វើឲ្យគម្រោងការ​របស់​ព្រះ​ជាម្ចាស់​ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក ឈានទៅដល់មនុស្សទាំងអស់ នៅគ្រប់​ពេល​វេលា និង​នៅ​លើ​ផែនដីទាំងមូល។ ដូច្នេះត្រូវតែបើកផ្លូវនៅគ្រប់កន្លែង​ឲ្យគ្រីស្តបរិស័ទធម្មតា​អាចរួមចំណែក​យ៉ា​ងសកម្ម ក្នុង​កិច្ច​សង្គ្រោះ​របស់ព្រះសហគមន៍ តាមកម្លាំងរៀងៗខ្លួន និងតាមសេចក្តីត្រូវការ​នៅ​ជំនាន់​នីមួយៗផង។

៣៤-គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្ត​ជាមហាបូជាចារ្យ

ព្រះគ្រីស្តយេស៊ូជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតនៅអស់កល្បជានិច្ច ព្រះអង្គសព្វព្រះហឫទ័យ​បន្ត​សក្ខីភាព​និងកិច្ចបម្រើរបស់​ព្រះអង្គដោយសារគ្រីស្តបរិស័ទធម្មតា។ ព្រះអង្គក៏ប្រទានជីវិតឲ្យ​គេ ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ និងនៅតែជំរុញគេ​ឥត​ឈប់ឈរឲ្យសម្រេចការល្អគ្រប់យ៉ាង និង​ឲ្យ​ខ្លួន​គេបាន​ពេញ​លក្ខណៈ​ដែរ។ ព្រះគ្រីស្ត​ក៏ចែកបន្ទុកជាបូជាចារ្យរបស់ព្រះអង្គមួយចំណែក ដល់អស់អ្នក​ដែល​ព្រះអង្គ​ភ្ជាប់​ឲ្យ​រួម​ជាមួយ​ព្រះអង្គ យ៉ាង​ស្អិតល្មួត​ក្នុង​ជីវិត និងក្នុង​បេសកកម្មរបស់ព្រះអង្គ។ ដូច្នេះពួក​គេ​អាច​លើកតម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដោយ​គោរព​បម្រើ​ព្រះអង្គតាមវិញ្ញាណ និង​សង្គ្រោះ​មនុស្ស​លោកទៀតផង។ ដោយ​គ្រីស្ត​បរិស័ទ​ធម្មតា​ថ្វាយខ្លួនទៅ​ព្រះ​គ្រីស្ត និង​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាក់​​ប្រេងអភិសេកគេ ព្រះ​ជា​ម្ចាស់ត្រាស់ហៅ​គ្រីស្ត​បរិស័ទធម្មតា​ឲ្យមាន​បេសកកម្ម​ដ៏ល្អប្រសើរ និង​មាន​គ្រប់​មធ្យោយបាយ បណ្តោយឲ្យ​ព្រះវិញ្ញាណបង្កើត​ផល​កាន់តែច្រើនឡើងៗ​នៅក្នុង​ខ្លួន​គេជានិច្ច។ កិច្ចការដែល​គេ​ប្រព្រឹត្ត​ប្រចាំថ្ងៃ ការអធិដ្ឋាន សកម្មភាព​របស់​គេ​ក្នុង​ឋានៈ​ជា​គ្រីស្តទូត ការរស់នៅ​ក្នុង​ឋានៈ​ជាគូស្វាមី​ភរិយា ការ​រស់​នៅក្នុងក្រុមគ្រួសារ ការនឿយ​ហត់​សម្រាប់​ចិញ្ចឹម​ជីវិត ការសម្រាក​ទាំង​រូបកាយក្ដី ទាំងចិត្ត​គំនិត​ក្ដី (លុះត្រាតែ​គេ​ប្រព្រឹត្តិការណ៍​ទាំង​នោះរួមក្នុងព្រះ​វិញ្ញាណ) សូម្បីតែទុក្ខលំបាក​ប្រចាំ​ជីវិត (លុះត្រាតែគេ​ស៊ូទ្រាំដោយអត់ធ្មត់ខន្តី) គឺសុទ្ធ​តែត្រឡប់ទៅ​ជា «យញ្ញ​បូជា​តាម​ព្រះវិញ្ញាណជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់ ដោយសារព្រះយេស៊ូ​គ្រីស្ត» (១សល ២, ៥)។ ពេលគេ​ថ្វាយ​អភិបូជា គេថ្វា​យតង្វាយ​ទាំងនោះ​ទៅព្រះបិតា រួម​ជាមួយព្រះកាយព្រះអម្ចាស់ ដោយ​គោរព​ប្រណិប័តន៍។ ធ្វើ​ដូច្នោះ គ្រីស្តបរិស័ទ​ធម្មតាដែល​រស់នៅបែបវិសុទ្ធ ប្រសិទិ្ធ​ពិភពលោកទាំងមូលឲ្យបានវិសុទ្ធ​ថ្វាយទៅព្រះបិតា និង​គោរព​ក្រាប​ថ្វាយ​​បង្គំ​ព្រះបិតា​នៅ​គ្រប់​​ទីកន្លែង។

៣៥-គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្យាការី

ព្រះគ្រីស្តជាព្យាការីដ៏ប្រសើរឧត្តម ព្រះអង្គបានប្រកាសព្រះរាជ្យរបស់ព្រះបិតា ដោយយក​ការរស់​នៅរបស់​ព្រះអង្គ​ធើ្វជា​សក្ខីភាព និងមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះអង្គ​បំពេញបន្ទុកជាព្យាការី​រហូត​ដល់​ពេល​ព្រះអង្គសម្តែងសិរីរុងរឿងរបស់ព្រះអង្គយ៉ាងពេញលេញនៅគ្រាចុង​ក្រោយបំផុត។ ព្រះអង្គ​បន្តបំពេញបន្ទុក​នោះ មិន​គ្រាន់តែតាមរយៈអស់លោកអភិបាល​ដែល​បង្រៀន​ក្នុងព្រះនាមព្រះអង្គ និងដែល​ប្រកប​ដោយអំណាច​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ តែព្រះអង្គក៏បន្តបំពេញការងារ​នេះ​តាមរយៈគ្រីស្តបរិស័ទ​ធម្មតាដែរ គឺព្រះអង្គតែងតាំងឲ្យ​គ្រីស្ត​បរិស័ទទាំងនោះ​ទៅជាសាក្សីរបស់​ព្រះអង្គ។ ព្រះអង្គប្រោសឲ្យគេ​មាន​ជំនឿ​ស្របគ្នាយ៉ាងជ្រៅក្នុងចិត្ត និង​អាច​ថ្លែងព្រះបន្ទូល​បាន​ផង (កក ២, ១៧-១៨; វវ ១៩, ១០) ដើម្បី​ឲ្យ​អានុភាពនៃដំណឹងល្អភ្លឺ​នៅក្នុងការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និងក្នុងការរស់នៅ​ជាក្រុម​គ្រួសារ និង​ក្នុង​សង្គមទៀតផង។ គ្រីស្ត​បរិស័ទធម្មតា​បង្ហាញ​ខ្លួន​ទុក​ជាបុត្រធីតាដែលកើតតាមព្រះ​បន្ទូលសន្យា ដោយ​មានជំនឿ​និងសេចក្តីសង្ឃឹមរឹងប៉ឹង គេចេះប្រើ​ប្រាស់​ពេល​វេលា​នៅសម័យឥឡូវ (អភ ៥, ១៦; កូឡ ៤, ៥) ហើយ​ព្យាយាមខន្តី​ទន្ទឹង​រង់ចាំសិរីរុងរឿង​ដែល​ត្រូវលេច​មកនៅ​ពេល​ខាងមុខ (រម ៨,២៥)។ ពួកគេមិនត្រូវ​លាក់​ទុកសេចក្តីសង្ឃឹមនេះ​កប់នៅក្នុងជម្រៅ​ចិត្តគេទេ តែត្រូវ​សម្តែង​ចេញ​តាម​រចនាសម្ពន្ធនៃ​ការរស់នៅ​ក្នុង​លោកនេះ ដោយខិតខំប្រែចិត្តគំនិតជានិច្ច «ទាំង‍‌ប្រឆាំង​ប្រយុទ្ធ​ទល់​នឹង​មេ​ត្រួតត្រាក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​ប្រយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូបិយ​ដ៏​អាក្រក់​ទាំង​ឡាយ​​ផង​ដែរ» (អភ ៦, ១២)។

អគ្គសញ្ញាទាំងប៉ុន្មាននៃសម្ពន្ធមេត្រីថ្មីដែលប្រៀបដូចជាជាអាហារចិញ្ចឹមជីវិត និងពង្រឹងមុខងារជា​គ្រីស្តទូត​របស់​គ្រីស្ត​បរិស័ទ​​ធម្មតា ពិតជាប្រផ្នូល​អំពីមេឃនិងផែនដីថ្មីយ៉ាងណា (វវ ២១, ១) គ្រីស្ត​បរិស័ទ​ធម្មតា​ក៏​ទៅ​ជា​អ្នក​ប្រកា​ស​ដ៏ពូកែអំពីជំនឿលើ​អ្វីៗ​ដែល​យើងសង្ឃឹមថានឹងបានយ៉ាងនោះដែរ (ហប ១១, ១) គឺគេ​ឥត​រួញរា​ប្រកាស​ជំនឿ​នេះ ទាំងខិតខំរស់នៅត្រឹមត្រូវស្របតាមជំនឿនេះថែមទៀត។ គ្រីស្តបរិស័ទ​​ធម្មតា​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ត ដោយ​ផ្តល់សក្ខីភាពតាមការរស់នៅ និង​ដោយ​ពោល​​ពាក្យសម្តី​អំពី​ព្រះ​គ្រីស្ត​ទៀតផង។ ការ​ប្រកាស​ដំណឹង​ល្អ​នេះមាន​លក្ខណៈ​ពិសេស និងប្រកបដោយប្រសិទ្ធភាព​យ៉ាង​ខ្លាំង ព្រោះគេប្រកាស​ដំណឹង​ល្អ​ក្នុង​សភាពការណ៍​ធម្មតា​របស់​មនុស្ស​លោក។

ក្នុងចំណោមបន្ទុកទាំងប៉ុន្មានរបស់គ្រីស្តបរិស័ទធម្មតា របៀបរស់នៅជាគូស្វាមីភរិយា មានតម្លៃ​ដ៏​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ មានអគ្គសញ្ញា​ពិសេស​មួយ គឺអគ្គសញ្ញាអាពាហ៍ពិពាហ៍ ធ្វើឲ្យការរស់នៅ​ជាគូ​ស្វាមី​ភរិយា និង​ការ​រស់​នៅ​ជាក្រុមគ្រួសារបាន​វិសុទ្ធ។ ក្រុមគ្រួសារ​ពិត​ជាក​ន្លែងដែលគ្រីស្តបរិស័ទធម្មតាប្រព្រឹត្តិកិច្ចការ​ជា​គ្រីស្តទូត​របស់​ខ្លួន និង​ជា​សាលារៀនពិសេសអប់រំអំពី​កិច្ចការជាគ្រីស្តទូតនេះ គឺគ្រីស្ត​សាសនាជ្រាបចូល​ក្នុងការ​ចាត់ចែង​នៃ​របៀប​រស់​នៅ និងផ្លាស់ប្រែ​របៀប​រស់នៅនោះ​ជារៀងរាល់ថ្ងៃឲ្យកាន់តែប្រសើរឡើងៗ។ ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គូស្វាមី​ភរិយា​ឲ្យ​មាន​បេសកកម្មពិសេស​ក្នុង​ក្រុមគ្រួសារ គឺម្នាក់ៗធ្វើជាសាក្សី​ចំពោះ​គ្នាទៅវិញទៅមក​និង​ចំពោះ​កូន អំពី​ជំនឿ និង​​អំ​ពី​ព្រះ​ហឫទ័យ​ស្រឡាញ់របស់ព្រះគ្រីស្ត។ ក្រុម​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​យ៉ាង​ច្បាស់​នូវ​របៀប​រស់នៅក្នុង​ព្រះរាជ្យរ​បស់ព្រះជាម្ចាស់សព្វថ្ងៃផង និងសេចក្តី​សង្ឃឹមនឹង​បាន​បរមសុខនៅលោក​ខាង​មុខ​ទៀត​ផង​ដែរ។ ដូច្នេះដោយធ្វើជាគំរូនិងដោយផ្តល់សក្ខីភាព ក្រុម​គ្រួសារ​គ្រីស្ត​បរិស័ទ​ស្តី​បន្ទោស​មនុស្ស​លោក ដែល​ជាប់​នឹងបាប ហើយ​ធ្វើជាពន្លឺ​សម្រាប់អស់អ្នក​ដែល​ស្វែង​រកសេចក្តី​ពិត​ទៀត​ផង។

ហេតុនេះហើយ ដោយគ្រីស្តបរិស័ទធម្មតាធើ្វកិច្ចការប្រចាំថ្ងៃ និងដោយមានកង្វល់អំពីជីវិតក្នុង​លោកីយ៍ គេ​អាច​បំពេញ (និងត្រូវបំពេញ) កិច្ចការមួយដ៏សំខាន់ ក្នុងការនាំដំណឹងល្អដល់មនុស្ស​លោក។ គ្រីស្តបរិស័ទ​ធម្មតា​ខ្លះ ជួយណែនាំពិធី​តាមសមត្ថភាពរបស់ខ្លួន នៅពេលខ្វះលោកគង្វាល ឬនៅ​ពេល​អស់លោកគង្វាលមិនអាច​ធ្វើ​ជា​ប្រធាន​ក្នុង​ពិធី​ទាំងនោះបាន ព្រោះត្រូវគេបៀត​បៀនធ្វើបាប។ គ្រីស្តបរិស័ទ​ធម្មតា​ជាច្រើនទៀត ចំណាយ​កម្លាំង​របស់ខ្លួនអស់ ក្នុង​កិច្ចការជាគ្រីស្តទូត។ ប៉ុន្តែ​គ្រីស្តបរិស័ទ​​ធម្មតា​ទាំងអស់មានភារកិច្ចសហការ​លាត​សន្ធឹង​ព្រះរាជ្យ​ព្រះ​គ្រីស្តឲ្យចម្រើន​ឡើងក្នុង​ពិភព​លោក​ទាំ​ងមូល។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទធម្មតា ត្រូវ​ខិតខំ​ស្វែងរក​ឲ្យ​ស្គាល់កាន់​តែច្បាស់ នូវសេចក្តី​ពិត​ដែល​ព្រះ​ជាម្ចាស់​បាន​សម្តែងមក និងទទូចអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ទ្រង់ព្រះ​មេត្តា​ប្រទាន​ប្រាជ្ញាញាណដល់​ខ្លួនគេផង។

៣៦-គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្រះមហាក្សត្រ

ព្រះគ្រីស្តធ្វើ​តាម​ព្រះ​បញ្ជា​រហូត​ដល់​សោយ​ទិវង្គត ហេតុនេះ​ហើយ​បានជា​ព្រះបិតាលើក​តម្កើង​ព្រះ​អង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត (ភល ២, ៨-៩) ហើយទ្រង់ចូលក្នុងសិរីរុងរឿងនៃព្រះរាជ្យព្រះអង្គ។ ព្រះ​ជាម្ចាស់​បាន​បញ្ចុះ​បញ្ចូល​​អ្វីៗ​ទាំងអស់​ក្រោម​អំណាច​របស់​ព្រះគ្រីស្ត ទម្រាំព្រះ​បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ​បិតា រួម​ជា​មួយ​សត្វ​លោកទាំងឡាយ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បំពេញ​អ្វីៗ​ទាំងអស់​ក្នុង​មនុស្ស​ទាំង​អស់ (១ករ ១៥, ២៧-២៨)។ ព្រះ​គ្រីស្ត​បានប្រគល់អំណាចនេះឲ្យក្រុមសាវ័ក ​ហើយតែងតាំងគេឲ្យមាន​សេរីភាពក្នុងឋានៈគេជាព្រះ​មហាក្សត្រ ដើម្បី​ឲ្យគេរំដោះខ្លួនរួចពីអំណាចនៃបាបដែលសោយរាជ្យ​លើ​ខ្លួនគេ​ផ្ទាល់ ដោយ​គេមានចិត្តលះបង់ និង​រស់​នៅយ៉ាង​វិសុទ្ធ (រម ៦, ១២)។ លើសពីនេះទៅទៀត ដោយបម្រើព្រះគ្រីស្ត​ក្នុងការបម្រើអ្នកដទៃ គេ​អាច​ណែនាំ​បងប្អូនរបស់ខ្លួន ទាំង​មានចិត្ត​សុភាព​រាប​សា និង​ចិត្ត​អត់ធ្មត់​ខន្តី ទៅគាល់ព្រះមហាក្សត្រ។ អ្នក​បម្រើ​ព្រះ​មហាក្សត្រនេះ ក៏ជាព្រះ​មហាក្សត្រដែរ។

ព្រះអម្ចាស់សព្វព្រះហឫទ័យលាតសន្ធឹងព្រះរាជ្យរបស់ព្រះអង្គ តាមរយៈគ្រីស្តបរិស័ទធម្មតាគឺ ក្រោម​ព្រះ​រាជ្យនេះ សេចក្តីពិតនិងជីវិត ភាពវិសុទ្ធនិងព្រះហឫទ័យប្រណីសន្តោស យុត្តិធម៌ សេចក្តី​ស្រឡាញ់ និងសន្តិភាព គ្រង​រាជ្យហើយ។ ក្រោមរាជ្យនោះ សត្វ​លោក​បានរួចពីការធ្វើជាទាសករ​នៃ​ការ​វិនាស​អន្តរាយ‌ ហើយ​មាន​សេរីភាព​ប្រកបដោយសិរី​រុងរឿង ក្នុងឋានៈ​ជា​បុត្រធីតារបស់ព្រះជាម្ចាស់ (រម ៨,២១)។ ព្រះបន្ទូលសន្យា ពិត​ជា​ប្រសើរណាស់ វិន័យដែលព្រះយេស៊ូ​ប្រទាន​ឲ្យ​ក្រុមសាវ័កក៏ពិតជាប្រសើរ​ឧត្តុង្គឧត្តមដែរគឺថា៖‌ “អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បម្រើ​បងប្អូន​ទាំង​អស់   រីឯ​បងប្អូន​វិញ បង​ប្អូន​បម្រើ​ព្រះ​គ្រីស្ត ហើយ​ព្រះគ្រីស្ត​បម្រើ​ព្រះជាម្ចាស់​” (១ករ ៣, ២៣)។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទត្រូវទទួលស្គាល់លក្ខណៈដ៏ជ្រៅបំផុតនៃសត្វលោកទាំងអស់។ តម្លៃ​ដ៏​ថ្លៃ​ថ្នូរ និង​ទិសដៅ​នៃ​សត្វលោកទាំងនោះ គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទ​ក៏​ត្រូវ​ជួយ​គ្នា​ទៅ​វិញទៅមក​តាម​កិច្ចការ​នៃលោកនេះ ដើម្បីឲ្យបានរស់នៅតាមរបៀបកាន់តែវិសុទ្ធឡើងៗ។ ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្តនឹង​ជ្រាប​ចូលក្នុង​ពិភពលោក ហើយពិភពលោកឈាន​ទៅ​កាន់​ទិស​ដៅ​រ​បស់​ខ្លួនយ៉ាងជោគជ័យ ដោយ​មាន​យុត្តិ​ធម៌ សេចក្តីស្រឡាញ់ និង​សន្តិភាព។ ក្នុងចំណោមគ្រីស្តបរិស័ទ​ទាំង​អស់ គ្រីស្តបរិស័ទធម្មតា​មានតួនាទី​ពិសេស​ជាង​គេ គឺ​ធើ្វឲ្យ​សត្វលោកទាំង​អស់​ទៅ​ដល់ទិសដៅ​របស់​ខ្លួន។ ដោយគ្រីស្តបរិស័ទធម្មតាមាន​សមត្ថភាព​ក្នុង​គ្រប់​វិស័យ​ខាងលោកីយ៍ និងមានសកម្មភាព​ផ្សេងៗដែលមានព្រះគ្រីស្តណែនាំ គេត្រូវខិតខំឲ្យអស់​ពី​សមត្ថភាព ធ្វើឲ្យ​មនុស្ស​លោក​ថែទាំ​ធនធាន​ធម្មជាតិ​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋានមក ដើម្បីជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់ ដោយមិនចោល​នរណា​ម្នាក់​សោះ​ឡើយ។ ដោយសារកិច្ចការ​របស់​មនុស្ស ដោយសារ​បច្ចេកទេស និង​វប្បធម៌​លោកីយ៍ គ្រីស្ត​បរិស័ទ​​ធម្មតា​ត្រូវខិតខំចែករំលែកធន​ធាន​ទាំង​នោះដល់​មនុស្ស​ទាំងអស់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ស្រប​តាម​គោល​បំណងនៃព្រះអាទិករ ​និងតាម​ព្រះបន្ទូលរបស់​ព្រះអង្គបំភ្លឺ។ ត្រូវ​ធ្វើ​ឲ្យ​ធនធានទាំង​នោះ ជួយ​ការ​អភិ​វឌ្ឍន៍​ជាសកល ឲ្យមនុស្សមានសេរីភាព​តាមលក្ខណៈជាមនុស្ស និងជា​គ្រីស្ត​បរិស័ទ។ ដូច្នេះ តាម​រយៈសមាជិកនៃ ព្រះសហគមន៍ ព្រះគ្រីស្តមុខជានឹងបំភ្លឺ​សង្គម​មនុស្ស​ទាំងមូល​ឲ្យ​កាន់​តែ​ភ្លឺ​ឡើងៗ តាមពន្លឺ​របស់​ព្រះអង្គដែល​សង្រ្គោះមនុស្សលោក ។

លើសពីនេះទៅទៀត ប្រសិនបើស្ថាប័ននានានិង​សភាពការណ៍នៃការរស់នៅក្នុងពិភពលោក​បណ្តាល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប សូមឲ្យ​គ្រីស្តបរិស័ទធម្មតារួមកម្លាំងគ្នាជួយប្រែ​និងព្យាបាលសភាពការណ៍និងស្ថាប័នទាំងនោះ​ឲ្យ​បាន​​សមរម្យ។ ដូច្នេះស្ថា​ប័ន​និងសភាពការណ៍ទាំងនោះបានស្របតាមក្បួននៃយុត្តិធម៌ ហើយជួយមនុស្សឲ្យ​ប្រព្រឹត្ត​តាម​ព្រហ្មវិហារ​ធម៌ លែងរារាំងយុត្តិធម៌​និង​ព្រហ្មវិហារធម៌​ទៀត​ហើយ។ ប្រសិន​បើគេប្រព្រឹត្តដូច្នេះ គ្រីស្ត​បរិស័ទ​និងនាំតម្លៃ​ដ៏ថ្លៃថ្នូរ​នៃ​សីលធម៌​ឲ្យជ្រាបចូល​ក្នុងវប្បធម៌​និងក្នុង​គ្រប់​កិច្ចការរបស់មនុស្ស។ ដូច្នេះ​គ្រីស្ត​បរិស័ទ​រៀប​ចំ​មនុស្ស​លោក ដែល​ប្រៀប​ដូច​ជា​ដីចម្ការ​មួយ​ឲ្យ​បាន​ល្អ ដើម្បីទទួលពូជនៃព្រះបន្ទូលរបស់​ព្រះ​ជាម្ចាស់។ ទ្វារនៃព្រះសហគមន៍ក៏នឹង​បើក​ចំហ បណ្តោយឲ្យ​ដំណឹង​អំពី​សេចក្តីសុខសាន្តអាចចូលក្នុង​ពិភព​លោក​បាន។

តាមព្រះជាម្ចាស់ចាត់ចែងការសង្គ្រោះ គ្រីស្តបរិស័ទត្រូវបង្ហាត់ខ្លួនឲ្យចេះវែកញែកយ៉ាង​ច្បាស់​អំ​ពី​សិទ្ធិ និង​ជា​ភារកិច្ចរបស់ខ្លួនក្នុងឋានៈជាសមាជិកនៃព្រះសហគមន៍ និង​ក្នុងឋានៈជា​សមាជិក​នៃសង្គម​មនុស្ស។ សូមយក​ចិត្ត​ទុក​ដាក់ខិតខំធ្វើឲ្យសិទ្ធិនិង​ភារកិច្ច​ទាំង​ពីរយ៉ាងនេះស៊ីចង្វាក់ទៅវិញ​ទៅ​មក​យ៉ាង​ស្រួល។ ត្រូវនឹកជានិច្ចថា មនសិការរបស់គ្រីស្តបរិស័ទ​ត្រូវណែ​នាំ​គេក្នុងគ្រប់វិស័យខាងលោកីយ៍ ដ្បិត​គ្មាន​​កិច្ចការ​ណា​មួយរបស់​មនុស្ស សូម្បី​តែ​កិច្ចការខាង​លោកីយ៍ក្ដី អាចជៀសផុតពីអំណាចរបស់​ព្រះ​ជា​ម្ចាស់​​បានសោះឡើយ។ នាសម័យបច្ចុប្បន្ន តាម​​របៀបគ្រីស្តបរិស័ទធ្វើការ គេត្រូវ​ញែក​សិទ្ធិ​និង​ភារកិច្ច​ទាំង​ពីរ​​យ៉ាងនោះ​ឲ្យ​បានច្បាស់ ហើយក៏ត្រូវឲ្យ​សិទ្ធិនិង​ភារកិច្ច​ទាំងនោះ​ស៊ីចង្វាក់គ្នាយ៉ាងស្រួលដែរ។ នេះ​ជា​ការ​ណ៍ដ៏សំខាន់ ដើម្បីឲ្យ​ព្រះសហគមន៍អាច​តបឆ្លើយយ៉ាង​ពេញ​​លេញនឹង​សភាពការណ៍​ពិសេសនៃ​ពិភព​លោក​យើងនាបច្ចុប្បន្ននេះ តាម​បេសកកម្មរបស់ខ្លួន។ យើង​ក៏​ត្រូវ​ទទួល​ស្គាល់ថា អ្នកកាន់អំណាច​ខាង​នយោបាយមាន​សិទ្ធិពេញទីក្នុង​ការណែ​នាំ​ខាងលោកីយ៍ គេ​ក៏មាន​គោល​ការណ៍​ណែនាំផ្ទាល់របស់គេដែរ។ ក៏​ប៉ុន្តែ នៅពេលជាមួយ​គ្នានោះ គ្រីស្តបរិស័ទត្រូវបដិសេធលទ្ធិ​ដ៏អាក្រក់​ដែល​អះអាង​ថា គេអាចសាងសង់​សង្គម​មនុស្ស​ដោយមិនអើពើនឹងសាសនាទាល់តែសោះ មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ខាង​​សាសនា ព្រមទាំងបំបាត់សេរីភាពនោះផង។

៣៧-ទំនាក់ទំនងជាមួយក្រុមអភិបាល

គ្រីស្តបរិស័ទ​ធម្មតា ក៏ដូចគ្រីស្តបរិស័ទ​ឯទៀតៗទាំងអស់ដែរ មានសិទិ្ធទទួលធនធានយ៉ាង​បរិបូរណ៍​ខាង​ព្រះ​វិញ្ញាណដែលហូរមកពីទ្រព្យដ៏មានតម្លៃរបស់ព្រះសហគមន៍ ជាពិសេស​គេមានសិទ្ធិទទួល​ជំនួយ​មកពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ និងពីអគ្គ​សញ្ញានានាដែលអភិបាលនិងបូជាចារ្យចែកឲ្យ។ សូម​ឲ្យគេ​មាន​សេរីភាព​ជម្រាប​គង្វាល​​ទាំងនោះ ឲ្យ​ជ្រាបអំ​ពីសេចក្តីត្រូវការនិងអ្វីៗដែលគេចង់បាន ទាំង​ទុក​ចិត្ត​អស់​លោក​ក្នុងឋានៈអស់​លោក​ជា​បុត្រ​ធីតា​របស់ព្រះជាម្ចាស់ និងជាបងប្អូនក្នុងអង្គព្រះគ្រីស្ត។ គេ​ក៏មាន​លទ្ធភាព (ហើយជួនកាល​មាន​ភារកិច្ច) បញ្ចេញ​យោបល់អំពីអ្វីៗ​ដែលជាប្រយោជន៍​ដល់​ព្រះ​សហគមន៍ តាម​ចំណេះចេះដឹង តាម​សមត្ថភាព និង​តាមឋានៈរបស់ខ្លួន​ទៀត​ផងដែរ។ ប្រសិនបើគេ​ចង់​ផ្តល់​យោបល់ ត្រូវផ្តល់តាម​រចនា​សម្ពន្ធ​ដែល​ព្រះ​សហ-គមន៍​បានចាត់ចែង​ឲ្យ ដោយ​ចិ​ត្តស្មោះ ដោយចិត្តកា្ល​ហាន និងដោយប្រុង​ប្រយ័ត្នជានិច្ច ទាំង​មាន​សេចក្តី​គោរព និង​សេចក្តីស្រឡាញ់​ដែល​ត្រូវបង្ហាញ​ចំពោះ​អស់​លោក ដែលជា​តំណាង​ព្រះគ្រីស្ត ព្រោះអស់​លោក​បាន​ទទួល​អគ្គ​សញ្ញាតែងតាំង។

គ្រីស្តបរិស័ទ​ធម្មតា ក៏ដូចគ្រីស្តបរិស័ទ​ឯទៀតៗទាំងអស់ដែរ គេត្រូវតែសុខចិត្តទទួល​សេចក្តីដែល​អស់​លោក​​អភិបាល​ជា​គង្វាល បានសម្រេចក្នុងឋានៈជាតំណាងព្រះគ្រីស្ត ក្នុងនាមអស់លោក​ជាក្រុម​ណែ​នាំ និងតាម​អំណាច​របស់អស់​លោក​ក្នុង​ព្រះ​សហគមន៍។ ត្រូវតែសុខចិត្តទទួលភ្លាម តាមរបៀប​គ្រីស្តបរិស័ទ​ធ្លាប់​ស្តាប់​បង្គាប់។ ធ្វើដូច្នេះ គេយក​តម្រាប់​តាម​ព្រះ​គ្រីស្តជាបរមគ្រូរបស់គេ​ដែលបានស្តាប់​តាម​បញ្ជា​រហូតដល់​សោយ​ទិវង្គត និងដែល​បាន​បើក​មាគ៌ា​ដ៏សែនសុខសាន្ត​ឆ្ពោះទៅកាន់សេរីភាព​នៃបុត្រ​ធីតា​របស់​ព្រះជា​ម្ចាស់។ សូម​ឲ្យ​គ្រីស្ត​បរិស័ទ​ធម្មតា​អង្វរ​ព្រះ​ជាម្ចាស់ សូមព្រះអង្គប្រទានពរដល់​អស់មេ​ដឹក​នាំដែល​ព្រះអង្គតែងតាំងឲ្យថែរក្សា​ជីវិត​ខាងវិញ្ញាណរបស់​យើង ព្រោះ​អស់​​លោក​នឹងត្រូវទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ជាម្ចាស់ សូម​ឲ្យ​អស់​លោក​បំពេញមុខងារនេះ​ដោយ​អំណរ មិនមែន​ដោយ​ថ្ងូរ​ទេ (ហប ១៣, ១៧)។

ចំពោះអស់លោកជាគង្វាលវិញ ត្រូវទទួលស្គាល់និង​លើកស្ទួយ​កិត្តិ​យស​​ដ៏ថ្លៃថ្នូរ​របស់​គ្រីស្តបរិស័ទ​​ធម្មតា​ដែល​អាច​ទទួលខុសត្រូវក្នុងព្រះសហគមន៍។ សូម​ឲ្យ​អស់លោក​សួរយោ​បល់​ដ៏វាង​វៃរបស់គេ ផ្ញើមុខងារបម្រើ​ព្រះ សហគមន៍ឲ្យគេទាំងទុកចិត្ត ទុកសេរីភាព​ឲ្យគេប្រព្រឹត្តកិច្ចការរបស់គេ ដាស់​តឿន​គេឲ្យមាន​ចិត្ត​ក្លាហាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្សេងៗ​ដោយគំនិតគេ​ផ្ទាល់។ សូមអស់​លោក​មាន​ចិត្ត​ស្រឡាញ់​គ្រីស្តបរិស័ទធម្មតា ដូច​ឪពុក​ស្រឡាញ់កូន សូម​រាប់អានគេក្នុងអ​ង្គ​ព្រះគ្រីស្ត និង​ចាប់អារម្មណ៍​នូវអ្វីៗ​ដែល​គេ​សាក​ល្បង​ចង់ធ្វើតាម​បំណ​ង​ប្រាថ្នា​​របស់គេ។ សូម​ទទួល​ស្គាល់​និងគោរពសិទិ្ធសេរីភាព​ដ៏ត្រឹម​ត្រូវរបស់គ្រីស្តបរិស័ទធម្មតា ជា​សេរីភាពរបស់​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។

ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងគ្រីស្តបរិស័ទធម្មតា និងអស់លោក​ជាគង្វាល ​មុខជា​នឹង​ផ្តល់ផល​គ្រប់​យ៉ាង​សម្រាប់​ព្រះសហគមន៍ គឺគ្រីស្តបរិស័ទ​ធម្មតានឹងពង្រឹងគំនិតទទួលការខុ​សត្រូវរបស់​ខ្លួនផ្ទាល់ ពង្រឹងចិត្ត​ឧស្សាហ៍​​របស់​គេ ពង្រឹង​កម្លាំង​ឲ្យគេចូលរួមសហការក្នុងកិច្ចការរបស់អស់​លោក​គង្វាល​យ៉ាង​ស្រួល។ រីឯ​អស់​លោក​​គង្វាល​វិញ ដោយ​មាន​បទពិសោធន៍របស់​គ្រីស្តបរិស័ទ​ធម្មតា​ជួ​យ អស់​លោក​អាច​វិនិច្ឆ័យបានច្បាស់ និងត្រឹម​ត្រូវ មិន​ត្រឹម​តែ​ក្នុងរឿងសាសនា​ប៉ុណ្ណោះ​ទេ តែក្នុងរឿងលោកីយ៍ថែមទៀត​ផង។ ដូច្នេះ ដោយ​មាន​សមាជិក​ទាំង​អស់​ជួយ​ពង្រឹងផង ព្រះ​សហគមន៍​ទាំងមូល​អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន​ដោយប្រសិទ្ធភាពបាន  គឺជួយមនុស្ស​​លោក​ឲ្យ​បាន​ជីវិត។

៣៨-ពាក្យបញ្ចប់

គ្រីស្តបរិស័ទធម្មតាម្នាក់ៗ ត្រូវធ្វើជាសាក្សីនៅចំពោះមុខមនុស្សលោកអំពីព្រះអម្ចាស់យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​ថ្មី​ដ៏រុងរឿងរស់នៅក្នុងលោកនេះ និងទៅជាសញ្ញាសម្គាល់អំ​ពីព្រះ​ជា​ម្ចាស់ដែលមានព្រះជន្មគង់​នៅ​ដែរ។ គ្រីស្ត​បរិស័ទ​ទាំងអស់​គ្នា និងគ្រីស្តបរិស័ទម្នាក់ៗ​តាមចំណែក​រៀងៗ​ខ្លួន ត្រូវចិញ្ចឹម​មនុស្ស​លោក​ដោយ​ផល​ផ្លែ​ដែល​កើត​ពី​ព្រះ​វិញ្ញាណ (កាឡ ៥,២២)។ គេ​ចាក់​បង្ហូរព្រះវិញ្ញាណនេះ​ដែល​មាន​សកម្មភាព​ក្នុង​ជន​ក្រីក្រ ក្នុង​ជន​ស្លូត​បូត និងក្នុងអ្នកកសាងសន្តិភាព ដែលសុទ្ធតែអាច​ទទួល​សុភមង្គលបាន ដូចព្រះ​អម្ចាស់​មានព្រះបន្ទូលមក (មថ ៥, ៣-៩)។ សរុបសេចក្តីមក «វិញ្ញាណផ្តល់ជីវិត​ឲ្យរូបកាយ​យ៉ាង​ណា គ្រីស្តបរិស័ទផ្តល់ជីវិតឲ្យ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ» (លិខិតផ្ញើជូនលោកឌីយ៉ូងែត)។

ជំពូក៥
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឲ្យបានវិសុទ្ធ

៣៩-អារម្ភកថា

មហាសន្និបាតដ៏វិសុទ្ធបង្ហាញគម្រោងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់អំពីព្រះសហគមន៍ គឺតាមជំនឿ​យើង​ព្រះ​សហគមន៍​ពិតជាវិសុទ្ធ ហើយក៏មិនអាច​លែងទៅជាវិសុទ្ធបានដែរ។ ក្នុងធម៌ “សូម​លើក​តម្កើង​សិរី​រុង​រឿង” យើង​ធ្លាប់​ប្រកាសថា ព្រះគ្រីស្តជាព្រះបុត្រា ពិតជា “ព្រះដ៏វិសុទ្ធតែមួយ​ព្រះ​អង្គ” រួមជា​មួយព្រះ​បិតា​និង​ព្រះវិញ្ញាណ។ ព្រះអង្គបាន​ស្រឡាញ់​ព្រះ​សហគ​មន៍​ទុកជាព្រះមហេសី និងបាន​បូជា​ព្រះជន្ម​សម្រាប់​ព្រះ​សហគមន៍​‌​ដើម្បី​ប្រោស​ឲ្យ​ព្រះ​សហគមន៍​បាន​ទៅជា​វិសុទ្ធ (អភ ៥, ២៥-២៦) ទ្រង់​បាន​ប្រោសឲ្យព្រះ​សហគមន៍​ភ្ជាប់ជាមួយ​ព្រះអង្គទុក​ជា​ព្រះ​កាយ​ព្រះអង្គ និងបានប្រទានព្រះ​អំណោយ​ទាន​នៃព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាងបរិបូរណ៍ ដើម្បីលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាព្រះជាម្ចាស់​ត្រាស់ហៅ​គ្រីស្តបរិស័ទទាំងអស់ក្នុងព្រះ​សហគមន៍ ទាំង​ក្រុម​អ្នកកាន់អំណាចតាម​លំដាប់​លំដោយ ទាំង​គ្រីស្តបរិស័ទដែលត្រូវគេគ្រប់គ្រង ឲ្យបានវិសុទ្ធ​គ្រប់​គ្នា ស្រប​តាម​គ្រីស្តទូត​ចែងថា «ពិតមែន​ហើយ! ព្រះ​ជា​ម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​បងប្អូន​បាន​វិសុទ្ធមែន» (១ថស ៤, ៣ ; អភ ១, ៤)។ ព្រះសហគមន៍​សម្តែងជានិច្ច (និងត្រូវសម្តែង) ថា ខ្លួនបានវិសុទ្ធដោយ​បង្ហាញ​ផល​ផ្លែនៃ​ព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះវិញ្ញាណនៅ​ក្នុង​គ្រីស្តបរិស័ទ។ លក្ខណៈដ៏វិសុទ្ធនេះ​លេចមក​តាម​របៀប​ផ្សេងៗ​ក្នុង​គ្រីស្តបរិស័ទ​ម្នាក់ៗ ដែលតម្រង់ខ្លួនទៅរក​សេចក្តី​ស្រឡាញ់ដ៏ពេញលក្ខណៈតាមរបៀបរស់​នៅ​របស់​គេផ្ទាល់ ទាំង​ជួយ​កសាង​អ្នក​ដទៃ​ឲ្យទៅ ជាបុត្រធីតារបស់ព្រះបិតា​ផង។ លក្ខណៈដ៏វិសុទ្ធនេះ​លេចមក​យ៉ាង​ច្បាស់ ដោយ​មាន​គ្រីស្តបរិស័ទ​ខ្លះ​យក​ចិត្តទុកដាក់ប្រតិបត្តិតាមដំបូន្មាន​ដែលយើងធ្លាប់ហៅថា “ដំបូន្មាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ”។

មានគ្រីស្តបរិស័ទមួយចំនួនធំ សុខចិត្តប្រតិបត្តិតាមដំបូន្មានទាំងនោះ ដោយមានព្រះវិញ្ញាណ​ដ៏​វិសុទ្ធជំរុញ តាម​របៀបជាបុគ្គលម្នាក់ៗ ឬតាមស្ថានភាពរស់នៅ ឬតាមរបៀបរស់​នៅជា​បព្វជិត​បព្វជិតា ដែល​ព្រះសហគមន៍​ទទួល​ស្គាល់​ជាផ្លូវការ។ ការប្រតិបត្តិតាមដំបូន្មានទាំងនោះ​ផ្តល់ (និង​ត្រូវផ្តល់​) សក្ខីភាព​ដ៏ភ្លឺ​ចិញ្ចែង​ចិញ្ចាច និង​ជា​ឧទាហរណ៍​មួយអំពីលក្ខណៈដ៏វិសុទ្ធរបស់ព្រះសហគមន៍។

៤០-ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឲ្យបានវិសុទ្ធ

ព្រះអម្ចាស់យេស៊ូជាព្រះបរមគ្រូ និងជាគំរូអំពីសេចក្តីពេញលក្ខណៈគ្រប់យ៉ាង ព្រះអង្គបាន​បង្រៀន​ក្រុម​សាវ័ក​ទាំងមូល និងសាវ័កម្នាក់ៗ ទោះជាគេមានឋានៈ វណ្ណៈណាក្តី ឲ្យរស់នៅតាមរបៀបដ៏វិសុទ្ធ ដូច​ព្រះអង្គ​បង្កើត​របៀប​រស់នៅ​ដែរ។ ព្រះអង្គក៏អាចប្រោសឲ្យរបៀបរស់នៅបែបនោះបានគ្រប់​លក្ខណៈ ដូចព្រះអង្គមាន​ព្រះ​បន្ទូល​ថា «ព្រះបិតា​របស់​អ្នក​រាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុត​គ្រប់​លក្ខណ៍​យ៉ាង​ណា‌ សូមឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ» (មថ ៥, ៤៨)។ ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​សាវ័ក​ទាំងអស់ ដើម្បី​ជំរុញ​គេ​ពី​ខាង​ក្នុងឲ្យ​ស្រឡាញ់​ព្រះ​ជាម្ចាស់​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់ពីស្មារតី​‌ អស់​ពី​ប្រាជ្ញា‌ និង​អស់ពី​កម្លាំង (មក ១២, ៣០) ព្រមទាំង​ឲ្យ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​ដូចព្រះគ្រីស្តបាន​ស្រឡាញ់​គេដូច្នោះដែរ (យហ ១៣, ៣៤; ១៥, ១២)។ ព្រះជាម្ចាស់​ត្រាស់​ហៅ​សាវ័ក​របស់ព្រះគ្រីស្ត មិន​មែនព្រោះគេមានកុសលផលបុណ្យនោះទេ តែ​ព្រោះ​ព្រះអង្គ​បាន​គ្រោង​ទុក​ជា​មុន តាមព្រះហឫទ័យ​ប្រណី​សន្តោស។ ព្រះអង្គប្រោសគេឲ្យបានសុចរិត ដោយគេរួម​ក្នុង​អង្គ​ព្រះយេស៊ូជាអម្ចាស់។ គេបានទៅជា បុត្រ​ធីតា​របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដោយសារ​អគ្គសញ្ញា​ជ្រមុជ​ទឹក ដែល​បញ្ជាក់ជំនឿរបស់គេ គេក៏​ទទួល​ចំណែកនៃសភាពរបស់​ព្រះជាម្ចាស់ផ្ទាល់  ហេតុនេះហើយ បាន​ជា​គេ​ជាវិសុទ្ធប្រាកដមែន។ គ្រីស្តបរិស័ទ​​ត្រូវ​រក្សាទុកលក្ខណៈ​ដ៏វិសុទ្ធ​ដែលគេ​បានទទួលនេះ ឲ្យនៅគង់វង្ស និង​ធ្វើ​ឲ្យ​លក្ខណៈ​ដ៏​វិសុទ្ធ​​នេះ​​បាន​​ពេញ​លេញ តាមការរស់នៅរបស់គេ ដោយ​ព្រះជាម្ចាស់​ប្រណីសន្តោសផង។ គ្រីស្ត​ទូត​ប៉ូល​ទូន្មាន​គេ​ឲ្យរស់​នៅក្នុង​ឋានៈ​​ជា​ជន​ដ៏​វិសុទ្ធ (អភ ៥, ៣) «ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើសបងប្អូនធ្វើ​ជា​ជន​ដ៏​វិសុទ្ធ និង​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ បងប្អូន​ត្រូវតែ​កាន់​ចិត្ត​អាណិត​មេត្តា‌ ចិត្ត​ល្អ សប្បុរស‌ ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត‌ និង​ចិត្ត​ខន្តី​អត់​ធ្មត់» (កូឡ ៣, ១២)។ គ្រីស្តទូតប៉ូលក៏ដាស់​តឿន​គេឲ្យ​បង្កើត​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ ដើម្បីឲ្យគេបានវិសុទ្ធ (កឡ ៥, ២២; រម ៦, ២២)។ ក៏ប៉ុន្តែ ដោយ​យើង​ទាំង​អស់​គ្នា​តែង​តែធ្វើ​ខុស​ព្រះ​ហឫទ័យព្រះជាម្ចាស់ជាច្រើន (យក ៣,២) យើង​ត្រូវការព្រះអង្គអាណិតមេត្តាជានិច្ច។ នៅពេលអធិដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ យើងតែងតែទូលអង្វរថា «សូមព្រះ​អង្គ​លើកលែង​ទោសឲ្យយើងខ្ញុំផង» (មថ ៦, ១២)។

គ្រីស្តបរិស័ទទាំងអស់ត្រូវដឹងច្បាស់ថា អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទោះជា​គេ​រស់នៅតាម​របៀប​ណា​ក្តី ឬមានឋានៈណាក្តី ក៏ព្រះជាម្ចាស់ត្រាស់ហៅគេឲ្យរស់យ៉ាងពេញលក្ខណៈជាគ្រីស្តបរិស័ទ និងឲ្យ​មាន​សេចក្តី​ស្រឡាញ់​យ៉ាងពេញលក្ខណៈដែរ ។ សូម្បីតែក្នុងសង្គមមនុស្សនៅលើផែនដីនេះ ក៏លក្ខណៈ​វិសុទ្ធ​របស់​គ្រីស្ត​បរិស័ទ​នេះ ពិត​ជាជួយឲ្យ​សភាពការណ៍​មនុស្សរស់នៅកាន់តែប្រសើរឡើងៗ។ គ្រីស្តបរិស័ទ​ត្រូវយក​កម្លាំង​ដែល​ខ្លួន​បាន​ទទួល​តាម​កម្រិត​នៃ​ព្រះអំណោយទាន​របស់​ព្រះគ្រីស្ត មកប្រើ​ដើម្បី​ឲ្យបាន​វិសុទ្ធ​គ្រប់​លក្ខណៈ។ គេត្រូវ​ដើរ​តាម​ព្រះអង្គជាគំរូ និងបាន​ដូច​ព្រះអង្គ ដោយបំពេញព្រះ​ហឫទ័យ​ព្រះ​បិតា​ក្នុង​គ្រប់ប្រការ ហើយបូជា​កម្លាំង​ចិត្ត​កម្លាំងកាយលើកតម្កើង​សិរីរុងរឿង​របស់​ព្រះបិតា និង​បម្រើអ្ន​កដទៃផង។ ធ្វើ​ដូ​ច្នេះ ទើបលក្ខណៈវិសុទ្ធ​នៃ​ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់​នឹងបង្កើតផលផ្លែ​ជា​ច្រើន ដូច​របៀបរស់នៅ​របស់​សន្តបុគ្គលជាច្រើនអនេកជា​សាក្សី​ស្រាប់ ក្នុងប្រវត្តិសាស្រ្ត​ព្រះ​សហគមន៍។

៤១-គ្រីស្តបរិស័ទបានវិសុទ្ធដោយរស់នៅតាមរបៀបជាច្រើន

អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ ស្តាប់តាមព្រះ​សូរសៀងរបស់​ព្រះ​បិតា និង​គោរព​ប្រណិប័តន៍​ថ្វាយ​បង្គំព្រះជាម្ចាស់ជាបិតាដោយវិញ្ញាណនិងតាមសេចក្តីពិត។ អ្នកទាំងនោះ ក៏យក​ចិត្ត​ទុក​ដាក់​ចង់​បាន​លក្ខណៈវិសុទ្ធតែមួយ​នេះ តាម​របៀប​រស់នៅរបស់គេ និងដោយបំពេញមុខងារផ្សេងៗ​ដែរ។ គេយកតម្រាប់​តាម​​ព្រះគ្រីស្តដែលដាក់​ខ្លួនជាអ្នក​ក្រីក្រ មានចិត្តសុភាព​រាបសា និង​លី​ឈើ​ឆ្កាង។ ធ្វើដូច្នេះ ទើប​គេនឹង​អាច​ទទួល​ចំណែក​​នៃសិរីរុងរឿងរបស់​ព្រះអង្គបាន។ ម្នាក់ៗត្រូវ​ប្តេជ្ញា​ចិត្ត​ដើរ​ទៅមុខ​តាម​ព្រះអំណោយទាន និងតាម​ទេពកោសល្យ​របស់ខ្លួន ដោយមាន​ជំនឿរស់រវើកដាស់​តឿន​គេ​ឲ្យ​មាន​សេចក្តីសង្ឃឹម និងឲ្យប្រព្រឹត្តកិច្ចការទាំង​អស់​ដោយ​សេចក្តីស្រឡាញ់។

អស់លោកអភិបាលដែលទទួលបន្ទុកជាគង្វាលហ្វូងរចៀមរបស់ព្រះគ្រីស្ត ត្រូវខ្នះខ្នែង​បំពេញ​មុខងារ​បម្រើ​របស់​ខ្លួន​តាមបែប​វិសុទ្ធ ទាំងមានចិត្តសុភាពរាបសា និងមានកម្លាំងក្លាហានផង។ អស់លោក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ​មុន​គ្រីស្ត​បរិស័ទ​ឯទៀតៗទាំងអស់ តាមព្រះគ្រីស្តជា​មហា​បូជាចារ្យដែលស្ថិតនៅអស់​កល្បជា​និច្ច ជាគង្វាល​ដ៏ប្រសើរ និង​ជាអភិបាលនៃ​ជីវិតខាងព្រះវិញ្ញាណ​របស់​យើង។ ប្រសិនបើ​អស់​លោក​​បំពេញ​មុខ​ងា​រ​របស់ខ្លួនតាមបែបនេះ មុខងារ​នោះត្រឡប់ទៅជាមធ្យោ​បាយ​​ដ៏ប្រសើរដែលអាច​នាំឲ្យ​អស់​លោក​បានវិសុទ្ធ។ ចំពោះអស់លោក​ដែលព្រះ​ជាម្ចាស់​បានជ្រើសរើសឲ្យធ្វើជាអភិបាល គឺទទួល​មុខងារ​ជា​បូជាចារ្យ​​យ៉ាងពេញ​លេញ ព្រះ​អង្គប្រណីសន្តោស​ប្រទាន​ព្រះ​អំណោយទាន តាមអគ្គសញ្ញាតែងតាំងនេះ ឲ្យ​អស់​លោកអាច​បំពេញ​យ៉ាងពេញ​លក្ខណៈនូវបន្ទុកនៃ​សេចក្តី​ស្រឡាញ់​ក្នុងឋានៈជាគង្វាល។ អស់​លោក​អធិដ្ឋាន ​ថ្វាយ​សក្ការៈ​បូជា ធ្វើ​ពិធីអត្ថាធិប្បាយ​គម្ពីរ យក​ចិត្ត​ទុ​ក​ដាក់ថែរក្សា និងបម្រើគ្រប់យ៉ាង​ក្នុង​ឋានៈ​ជា​អភិបាល សុខ​ចិត្ត​បូជា​ជីវិត​ដោយ​ឥតរួញរា ដើម្បី​ជាប្រយោជន៍​ដល់​ហ្វូង​ចៀមរបស់ខ្លួន និងធើ្វ​ជា​គំរូដល់់​ហ្វូងចៀម​ទាំង​មូល (១សល ៥,៣)។ អស់លោក​ក៏ជួយព្រះសហគមន៍​ឲ្យកាន់​តែ​វិសុទ្ធជារៀង​រាល់ថ្ងៃ ដោយអស់​លោក​ធើ្វជាគំរូ​ដល់គេថែមទៀតផង។

អស់លោកគង្វាល ក៏ដូចក្រុមអភិបាលដែរ គឺអស់លោក​ប្រៀបដូចជាភួង​ជ័យ​ខាងព្រះ​វិញ្ញាណ​របស់ក្រុម​អភិបាល។ អស់លោករួមចំណែកក្នុងព្រះអំណោយទានរបស់អស់លោកអភិបាល ដោយ​សារព្រះគ្រីស្តជា​ស្ពាន​មេត្រី​តែ​មួយ​គត់ ស្ថិតនៅអស់កល្បជានិច្ច។ អស់លោកគង្វាល ត្រូវ​ស្រឡាញ់​ព្រះជាម្ចាស់ និង​ស្រឡាញ់​មនុស្ស​ឯទៀតៗ​កាន់​តែខ្លាំង​ឡើងៗ ដោយបំពេញកិច្ចការរបស់ខ្លួន​ប្រចាំថ្ងៃ។ អស់លោកត្រូវរក្សាចំណង​នៃការ​រួបរួម​គ្នា​ជា​បូជាចារ្យ ហើយត្រូវមានសម្បត្តិ​ខាងព្រះវិញ្ញាណ​ទាំង​អស់ឲ្យបានបរិបូណ៌។ អស់លោកត្រូវរស់នៅ​តាម​របៀប​ដែល​ផ្តល់​សក្ខី​ភាព​ដ៏រស់​រវើកអំពីព្រះ​ជាម្ចាស់ នៅចំពោះមុខមនុស្សទាំងអស់ ដូចបូជាចារ្យទាំងប៉ុន្មានដែល​បាន​បង្ហាញ​លក្ខណៈ​វិសុទ្ធដ៏ត្រចះ​ត្រចង់​របស់ខ្លួនតាំងពីដើម​រៀងមក ហើយដែលបាន​បម្រើ​ព្រះសហគមន៍​តាម​របៀប​សុភាព​រាប​សា​ដោយ​គ្មាននរ​ណា​ចាប់​អារម្មណ៍។ ព្រះសហគមន៍របស់ព្រះ​ជាម្ចាស់​តែង​តែលើកតម្កើងគង្វាល​ទាំង​នោះ។

អស់លោកគង្វាល តាមបន្ទុករបស់ខ្លួន តែងតែថ្វាយពាក្យអង្វរ និង​សក្ការបូជាសម្រាប់ប្រជាជនរបស់ខ្លួន និង​សម្រាប់់​ប្រជារាស្រ្តរបស់​ព្រះ​ជា​ម្ចាស់​ទាំងមូល។ អស់លោកត្រូវដឹងខ្លួន​អំពី​កិច្ចការ​ដ៏អស្ចារ្យដែល​អស់​លោក​ប្រព្រឹត្ត និងខិតខំ​រស់​នៅ​ឲ្យបានស្របតាមកិច្ចការទាំងនោះទៀតផង។ មិនត្រូវឲ្យ​កង្វល់​ក្នុងកិច្ចការជាគ្រីស្តទូត គ្រោះ​កាច​នានា និងទុក្ខលំបាក ​មករារាំង​អស់​លោក​នោះទេ។ ផ្ទុយទៅវិញ ការណ៍​ទាំង​នោះអាចជួយ​អស់លោក​ឲ្យ​កាន់​តែ​វិសុទ្ធ ដោយអស់លោក​យកកម្លាំង ពី​ការ​ស្មឹងស្មាធិ៍​ជាច្រើន មកជួយ​ទ្រទ្រង់សកម្មភាពរបស់ខ្លួន។  ធ្វើដូច្នេះ អស់លោក​ក៏លើកទឹកចិត្តព្រះសហគមន៍របស់​ព្រះជា​ម្ចាស់​ទាំងមូល​ថែមទៀតផង។ សូម​ឲ្យអស់លោក​គង្វាល ជាពិសេស​បូជាចារ្យ​(អាចារ្យ)​ភូមិភាគ នឹក​ជា​និច្ចថា អស់លោក​អាចទៅជាវិសុទ្ធកាន់​តែ​ប្រសើរ​ឡើង​បាន ដោយ​រួម​ចិត្ត​គំនិត​យ៉ាង​ស្មោះ​ជា​​មួយ​អភិបាល​របស់​ខ្លួន និង​ដោយសហការយ៉ាង​ទូលំទូលាយជាមួយ​លោក​ផង។

អស់លោកឧបដ្ឋាកជាអ្នកបម្រើកម្រិតក្រោម ក៏រួមចំណែកយ៉ាងពិសេសក្នុងបេសកកម្មនិងក្នុង​ព្រះ​អំណោយ​ទាន​របស់​ព្រះគ្រីស្ត ជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត។ ជាបឋម អស់​លោក​ឧបដ្ឋាក​ដែល​បម្រើ​គម្រោងការ​ដ៏​អស្ចារ្យ​របស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ ត្រូវជៀសវាងកុំប្រព្រឹត្តអំពើអាក្រក់ ត្រូវខិត​ខំ​ធ្វើឲ្យខ្លួនគាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់ និងបង្ហាញ​ឲ្យមនុស្ស​លោកដឹងថា ព្រះអង្គអាចប្រើអស់លោកឲ្យ​នាំ​មនុស្ស​ធ្វើ​អ្វីៗ​ដ៏ល្អ​គ្រប់​យ៉ាង​ដែល​គេអាចធ្វើបាន (១ធម ៣, ៨-១០ និង១២-១៣)។ អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ និង​ញែក​ដោយ​ឡែក​ឲ្យ​ទៅ​ជា​ចំណែករបស់ព្រះ​អង្គផ្ទាល់ ត្រៀមខ្លួន​បំពេញ​មុខងារបម្រើព្រះសហគមន៍ ក្រោមការ​ពិនិត្យ​ពិច័យ​របស់អស់​លោកអភិបាលជា​គង្វាល។ អស់លោកត្រូវយកចិត្តទុកដាក់ឲ្យមានចិត្ត​គំនិតស្រប​នឹង​មុខងារ​ដ៏​ប្រសើរ​របស់ខ្លួន តាម​ព្រះជាម្ចាស់​ត្រាស់​ហៅ​ឲ្យគេ​បំពេញនោះ គឺត្រូវព្យាយាមអធិដ្ឋាន ត្រូវមានចិត្ត​ស្រឡាញ់​យ៉ាង​ឧស្សាហ៍ ត្រូវ​នឹក​គិត​តែអំពី​សេចក្តីដែលត្រឹមត្រូវសុចរិតគួរគោរព និងប្រព្រឹត្តអ្វីៗទាំងអស់ ដើម្បី​លើក​តម្កើងសិរីរុង​រឿង​និង​កិត្តិ​នាម​របស់​ព្រះជាម្ចាស់។

យើងត្រូវនឹកដល់គ្រីស្តបរិស័ទធម្មតាឯទៀតៗដែលព្រះជាម្ចាស់បានជ្រើសរើស និងដែល​លោក​អភិបាល​ត្រាស់​ហៅ​ឲ្យបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការជាគ្រីស្តទូត។ គេធ្វើការក្នុងស្រែចម្ការរបស់​ព្រះ​អម្ចាស់ និង​បង្កើត​ផលផ្លែជាច្រើន។

ចំពោះគ្រីស្តបរិស័ទជាគូស្វាមីភរិយា និងជាឪពុកម្តាយ ត្រូវជួយគាំទ្រគ្នាទៅវិញទៅមក​តាម​មាគ៌ា​ផ្ទាល់​ខ្លួន​គឺ​ស្រឡាញ់​គ្នា​យ៉ាងស្មោះស្ម័គ្រអស់មួយជីវិត ដោយព្រះជាម្ចាស់ជួយប្រណីសន្តោស។ គេត្រូវ​អប់រំកូនៗ​ដែល​ខ្លួន​សុខ​ចិត្ត​ទទួលពីព្រះជាម្ចាស់ដោយសេចក្តីស្រឡាញ់ ឲ្យស្គាល់លទ្ធិនៃគ្រីស្តសាសនា និង​ឲ្យកាន់តាម​ព្រហ្មវិហារ​ធម៌​ស្រប​តាម​ដំណឹងល្អ។ បើគេប្រព្រឹត្តដូច្នេះ គេធ្វើជាគំរូឲ្យមនុស្សអំពីសេចក្តី​ស្រឡាញ់​ដ៏ទូលំ​ទូលាយ ដោយ​មិន​ចេះ​ណាយចិត្តឡើយ។ គេ​ជួយ​សាងសង់សេចក្តី​ស្រឡាញ់​ជាបងប្អូន ហើយ​ផ្តល់​សក្ខីភាព និងរួម​សហការធើ្វ​ឲ្យ​ព្រះ​សហគមន៍​ជាព្រះមាតារបស់​យើង អាច​បង្កើតផលបាន។ ដូច្នេះ​គូស្វាមី​​ភរិយាធ្វើជាសញ្ញា​សម្គាល់​អំពី​សេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ត គេក៏រួម​ចំណែក​ក្នុងព្រះ​ហឫទ័យ​ស្រឡាញ់​នោះដែរ ជាព្រះ​ហប្ញទ័យ​ស្រឡាញ់​ចំពោះ​ព្រះ​សហគមន៍ជាព្រះមហេសី គឺព្រះអង្គ​បូជា​ព្រះជន្ម ដើម្បី​ជាប្រយោជន៍ដល់​ព្រះ​មហេសី​នោះ។

ស្រី្តៗម៉េមាយនិងអ្នកនៅលីវ បង្ហាញ​លក្ខណៈដ៏វិសុទ្ធ​របស់​ព្រះ​សហគមន៍​តាម​របៀបផ្សេងទៀត និង​ជួយ​បំពេញ​សកម្មភាពជាច្រើនក្នុងព្រះ​សហគមន៍ដែរ។

ចំពោះ​អ្នក​ដែល​ធ្វើការនឿយ​ហត់ សូមឲ្យកិច្ចការទាំងនោះផ្តល់ឲ្យខ្លួនបានទៅជាមនុស្ស​ពេញ​លក្ខណៈ និង​​ជួយ​ប្រជា​ពល​រដ្ឋ​ដូចគ្នា ព្រមទាំងជួយ​លើកស្ទួយ​កម្រិតជី​វភាពនៃសង្គមទាំងមូល និង​ថែ​រក្សា​បរិស្ថាន​ផង។ គេ​ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នកដទៃយ៉ាងសកម្ម ដោយ​យកតម្រាប់តាមព្រះគ្រីស្ត ដែលទ្រង់​សព្វ​​ព្រះ​ហឫទ័យ​ធ្វើការ​ដោយ​ព្រះហស្តព្រះអង្គ​ផ្ទាល់។ ព្រះអង្គក៏រួមជាមួយព្រះបិតា នៅតែធ្វើកិច្ចការ​ដើម្បី​សង្គ្រោះ​មនុស្ស​ទាំងអស់។ សូម​ឲ្យ​អ្នកទាំង​នេះ​ពោរពេញទៅដោយសេចក្តីសង្ឃឹម ហើយជួយ​រំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅមក។ សូម​ឲ្យ​គេ​បាន​វិសុទ្ធ​កាន់តែខ្លាំងឡើងៗ តាមរយៈកិច្ចការដែលគេធ្វើជារៀងរាល់ថ្ងៃ គឺជាលក្ខណៈវិសុទ្ធ​របស់​គ្រីស្តទូត។

សូមឲ្យអ្នកក្រីក្រ ជនពិការ អ្នកជំងឺ អ្នករងទុក្ខគ្រប់យ៉ាង អ្នកដែលត្រូវគេបៀត​បៀនព្រោះ​តែទាម​ទារ​យុត្តិធម៌ ដឹង​ច្បាស់ថា គេក៏ចូលរួមយ៉ាងពិសេសជាមួយព្រះគ្រីស្តដែរ គឺរួមជាមួយព្រះគ្រីស្តដែល​រង​ទុក្ខ​លំបាក ដើម្បី​សង្គ្រោះ​មនុស្ស​លោក។ ក្នុង​គម្ពីរ​ដំណឹងល្អ ព្រះអម្ចាស់ប្រកាសថា អ្នកទាំងនោះ​មាន​សុភមង្គ​ល​ហើយ! «បន្ទាប់​ពី​បាន​រង​ទុក្ខ​លំបាក​មួយ​រយៈ​ពេលដ៏​ខ្លី​នេះ​រួច​ហើយ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះ​ហឫទ័យ​ប្រណី​សន្ដោស​គ្រប់​យ៉ាង គឺព្រះអង្គ​ដែល​ត្រាស់​ហៅ​គេឲ្យ​ទទួល​សិរី​រុង​រឿង​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច រួម​ជាមួយ​ព្រះគ្រីស្ត ព្រះអង្គ​មុខ​ជា​នឹង​លើក​គេឲ្យ​មាន​ជំហរ​ឡើង​វិញ ហើយប្រទាន​ឲ្យ​គេ​បាន​រឹងប៉ឹង​‌ និងមានកម្លាំង​មាំមួន ឥត​រង្គើ​ឡើយ» (១សល ៥, ១០)។

ដូច្នេះហើយ អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តនឹងកាន់តែវិសុទ្ធឡើងៗ ស្របតាមសភាពការណ៍​នៃ​ការ​រស់​នៅ​របស់គេ តាមការងាររបស់គេ តាមកាលៈទេសៈនៃជីវិតរបស់គេ  ហើយគេបានវិសុទ្ធតាមរយៈ​ការណ៍​ទាំង​នោះ​ថែម​ទៀតផង។ ប៉ុន្តែ គេ​ត្រូវ​ទទួល​អ្វីៗ​ទាំងអស់ ដោយផ្ញើជីវិតលើព្រះបិតា​ដ៏ខ្ពង់ខ្ពស់​បំផុត ហើយក៏ត្រូវ​រួម​សហការ​ជា​មួយព្រះបិតា​សូមធ្វើឲ្យ​ព្រះហឫទ័យរបស់ព្រះអង្គកើតជារូបរាង ពោល​គឺ ដោយ​គេបម្រើ​ពិភពលោក​នេះ គេសម្តែង​ឲ្យមនុស្សទាំងអស់អាច​មើល​ឃើញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចំពោះពិភពលោក។

៤២-មាគ៌ានិងមធ្យោបាយនាំឲ្យខ្លួនបានវិសុទ្ធ

«ព្រះ​ជា​ម្ចាស់​ជា​សេចក្តី​ស្រឡាញ់​‌ អ្នកណា​ស្ថិតនៅ​ជាប់​នឹង​សេចក្តី​ស្រឡាញ់​‌‌ អ្នកនោះ​ស្ថិតនៅ​ជាប់​នឹង​ព្រះ​ជាម្ចាស់​‌ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិតនៅ​ជាប់​នឹង​អ្នកនោះ​ដែរ» (១យហ ៤, ១៦)។ «ព្រះជាម្ចាស់បាន​ចាក់​បង្ហូរ​ព្រះ​ហឫទ័យ​​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង» (រម ៥, ៥)។ គឺ​ព្រះ​ហឫទ័យ​ស្រឡាញ់​នេះហើយ ដែលជំរុញយើងឲ្យស្រឡាញ់ព្រះជាម្ចាស់​លើស​អ្វីៗ​ទាំង​អស់ និង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយនឹកដល់ព្រះ​អង្គ។ ដូច្នេះ ព្រះ​ហឫទ័យ​ស្រឡាញ់​នេះ ពិត​ជា​ព្រះ​អំណោយទានដំ​បូង និងដ៏ចំាបាច់​ជាង​គេ។ ប៉ុន្តែ ព្រះ​ហឫទ័យ​ស្រឡាញ់​នេះអាចដុះឡើង និងបង្កើត​ផល​ក្នុង​ចិត្តមនុស្សបាន ដូចពូជមួយដ៏ល្អ លុះ​ត្រា​តែ​គ្រីស្តបរិស័ទម្នាក់ៗ​ស្ម័គ្រ​ចិត្តទទួលព្រះបន្ទូលរ​បស់​ព្រះ​ជាម្ចាស់ និងប្រតិបត្តិតាមព្រះហឫទ័យព្រះអង្គ ដោយ​ព្រះ​អង្គជួយប្រណី​សន្តោសទៀតផង។ គេក៏ត្រូវ​ទទួល​អគ្គសញ្ញា​ជាញឹកញាប់ ជាពិសេសរួមក្នុង​អគ្គ​សញ្ញា​អរ​ព្រះ​គុណ និ​ងពិធីគោរពប្រណិប័តន៍នានាដើម្បី​គោរព​បម្រើ​ព្រះ​អង្គ គេត្រូវយកចិត្ត​ទុកដា​ក់និងព្យាយាម​អធិដ្ឋាន សុខ​ចិត្ត​លះ​បង់ខ្លួនឯង បម្រើបងប្អូនយ៉ាងសកម្ម ព្រម​ទាំង​ប្រព្រឹត្តតាម​ព្រហ្មវិហារធម៌​ទាំង​ប៉ុន្មានផង។ សេចក្តី​ស្រឡាញ់ធ្វើ​ឲ្យមនុស្ស​បានពេញ​លក្ខណៈ និងនាំ​ឲ្យ​ប្រតិបត្តិតាម​ធម្មវិន័យ​បានគ្រប់លក្ខណៈ​ដែរ (កូឡ ៣, ១៤; រម ១៣, ១០)។ សេចក្តីស្រឡាញ់តម្រង់​គ្រប់​មធ្យោបាយដែល​នាំឲ្យបានវិសុទ្ធ និងផ្តល់​ឲ្យមធ្យោបាយ​ទាំង​នេះ​បានស័ក្តិសិទ្ធិ​និងនាំ​ទៅ​ដល់​ទិស​ដៅ។ ហេតុនេះ​ហើយ​បាន​ជាសេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​អ្នកដទៃ ជាលក្ខណៈ​របស់​​សាវ័ក​ដ៏ពិត​ប្រាកដ​របស់ព្រះគ្រីស្ត។

ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គដោយ​បូជា​ព្រះ​ជន្ម​សម្រាប់​យើង។ គ្មាននរណា‌មានសេចក្តី​ស្រឡាញ់ខ្លាំងជាងអ្នកដែលបូជាជីវិត​ថ្វាយព្រះ​ជា​ម្ចាស់ និង​ស៊ូប្តូរ​ជីវិត ដើម្បី​បង​ប្អូននោះ​ឡើយ។ (១យហ ៣, ១៦; យហ ១៥, ១៣)។ តាំងពីដើម​ដំបូង​នៃ​ព្រះ​សហគមន៍រៀងមក ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្តបរិស័ទខ្លះ ឲ្យផ្តល់សក្ខីភាពយ៉ាងខ្ពង់ខ្ពស់​អំពី​សេចក្តី​​ស្រឡាញ់​បែបនេះ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ហើយជា​ពិសេសនៅចំពោះមុខ​អ្នកដែលបៀត​បៀន​ធ្វើ​បាប​គេ។ ព្រះអង្គក៏នឹងត្រាស់ហៅ​គ្រីស្ត​បរិស័ទ​ខ្លះ ត​ទៅ​ទៀត​នៅពេល​អនាគតឲ្យបូជា​ជីវិត​បែប​នេះ​ពុំខាន។ មរណសាក្សី បាន​ដូច​ព្រះបរម​គ្រូ​របស់​ខ្លួន គឺសុខ​ចិត្ត​ស្លាប់​ដោយ​គ្មាន​នរណាបង្ខំ ដើម្បី​សង្គ្រោះ​​មនុស្ស​លោក។ អ្នកនោះបានដូចព្រះអង្គ ដោយសុខ​ចិត្ត​ឲ្យ​គេ​បង្ហូរ​ឈាម​របស់ខ្លួន។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​សហគមន៍យល់ឃីញ​ថា ព្រះជាម្ចាស់ប្រទានព្រះ​អំណោយ​ទាន​ដ៏​ខ្ពង់​ខ្ពស់​នេះដល់​មរណ​សាក្សី និងទុក​មរណ​សាក្សី​ជាអ្នកដែលបាន​ផ្តល់​ភ័ស្តុតាង​យ៉ាង​ជាក់​ច្បាស់​ជាង​គេ អំពីសេចក្តី​ស្រឡាញ់។ ព្រះអង្គបានប្រណី​សន្តោស​ឲ្យមនុស្ស​មួយចំនួនតូចប៉ុណ្ណោះ​ទៅជា​មរណសាក្សី ក៏​ប៉ុន្តែ គ្រីស្តបរិស័ទ​ទាំង​អស់​ត្រូវប្រុងខ្លួន​នឹងប្រកាស​ជំនឿ​លើព្រះគ្រីស្ត នៅ​ចំពោះ​មុខ​មនុស្ស​លោក។ នៅពេល​មាន​គេ​បៀត​បៀន​ធ្វើ​បាប​ព្រះសហគមន៍ គ្រីស្តបរិស័ទត្រូវសុខចិត្តដើរ​តាម​ព្រះអង្គរ​ហូ​ត​ដល់​ឈើឆ្កាង ព្រោះព្រះ​សហគមន៍​នៅតែជួបការ​បៀតបៀន​រហូត​​ពុំខាន​​ឡើយ។

តាមគម្ពីរដំណឹងល្អ ព្រះអម្ចាស់ប្រទានដំបូន្មានច្រើនឲ្យក្រុមសាវ័កកាន់តាម។ ព្រះ​សហគមន៍​បាន​វិសុទ្ធ​យ៉ាង​ពិសេសដោយគ្រីស្តបរិស័ទកាន់តាម​ដំបូន្មានទាំងនោះ។ តាមដំបូន្មានទាំងនោះ ព្រះបិតា​បាន​​ប្រោស​ប្រទាន​ព្រះ​អំណោយទានដ៏ថ្លៃថ្លាប្រសើរជាងគេ ឲ្យគ្រីស្តបរិស័ទ​ខ្លះថ្វាយខ្លួនទាំង​ស្រុងទៅ​ព្រះ​ជា​ម្ចាស់​តែមួយព្រះអង្គ​ដោយ​គ្មាន​ចិត្តងាករេ គឺឲ្យរស់នៅជាព្រហ្មចារីនិងមិនរៀបការ (មថ ១៩, ១១; ១ករ ៧, ៧ និង៣២-៣៤)។ ដូច្នេះ គេ​អាច​បម្រើ​ព្រះអង្គយ៉ាងស្រួលជាងអ្នកមានគ្រួសារ។ តាំង​ពី​ដើម​រៀង​ម​ក ព្រះសហគមន៍តែងតែគោរពយ៉ាង​ពិសេស​ចំពោះ​ព្រហ្មចារីធម៌អស់មួយជីវិត ដោយ​​នឹក​ដល់​ព្រះ​រាជ្យ​នៃ​ព្រះ​ជាម្ចាស់ ទុកជាសញ្ញាសម្គាល់​ដាស់​តឿន​សេចក្តី​ស្រឡាញ់ និងទុកជាប្រភព​ពិសេស​ដែលបង្កើត​ផលខាងព្រះវិញ្ញាណក្នុងពិភពលោក។

ព្រះសហគមន៍នៅតែនឹករឭកពាក្យប្រៀនប្រដៅរបស់គ្រីស្តទូតប៉ូល ដែលដាស់តឿនគ្រីស្តបរិស័ទ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ គឺគ្រីស្តទូត​សូមឲ្យគេមានបទពិសោធន៍ដូចព្រះគ្រីស្តយេស៊ូ ដែលព្រះអង្គ​បាន «លះ​បង់​អ្វីៗ​ទាំង​អស់ មក​យ​ក​ឋានៈ​ជា​ទាសករវិញ ធ្វើ​តាម​ព្រះ​បញ្ជា​រហូត​ដល់​សោយ​ទិវង្គត‌​លើ​ឈើឆ្កាង​ថែម​ទៀត​ផង» (ភល ២, ៧-៨)។ ព្រះ​អង្គ​ដែល​មាន​សម្បត្តិ​សួគ៌​ជាច្រើន ទ្រង់​ដាក់ខ្លួន​ជា​អ្នក​ក្រព្រោះតែ​យើង (២ករ ៨,៩)។ តាម​ពិត​សាវ័ក​របស់​ព្រះគ្រី​ស្ត​​ត្រូវ​តែ​យកតម្រាប់​តាមព្រះអង្គជានិច្ច ហើយត្រូវផ្តល់សក្ខីភាព​អំពីព្រះអង្គដែល​មាន​ព្រះ​ហឫទ័យ​ស្រឡាញ់ និង​ដាក់​ខ្លួន​ទៀត​ផង។ ហេតុនេះ​ហើយ​បានជាព្រះ​សហគមន៍​ជា​ព្រះមាតារបស់យើង មាន​អំណរ​ដោយ​គ្រីស្តបរិស័ទ​មួយ​ចំនួនធំ ទាំងបុរស​ទាំងស្រ្តី ស្ម័គ្រចិត្តតាម​ព្រះអង្គ​កាន់​តែជិតស្និទ្ធ និង​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា ព្រះសង្គ្រោះ​បាន​លះបង់អ្វីៗ​ទាំងអស់។ អ្នកទាំង​នោះ​មាន​សេរីភាពជាបុត្រធីតារបស់ព្រះជាម្ចាស់ សុខ​ចិត្ត​រស់​នៅតាម​របៀប​ជាអ្នកក្រីក្រ និង​សុខ​ចិត្ត​ស្តាប់​បង្គាប់​របស់​អ្នកណែនាំ ជាជាងធ្វើតាមបំណងរបស់ខ្លួន។ ក្នុង​ករណី​ទៅជា​គ្រីស្តបរិស័ទ​ពេញលក្ខណៈ អ្នក​ទាំង​នោះ​សុខ​ចិត្តចុះចូលក្រោមអំណាចមនុស្សដូចគ្នា ដោយ​នឹក​ដល់​ព្រះ​ជាម្ចាស់  គេ​ប្រតិបត្តិ​លើសពីកម្រិត​នៃ​វិន័យទៅទៀត ដើម្បី​ឲ្យ​បាន​កាន់​តែដូចព្រះគ្រីស្តដែលស្តាប់តាម​បញ្ជា​ព្រះ​បិតា។

អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ត្រូវតែខិតខំឲ្យបានវិសុទ្ធ និងបានទៅជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​តាម​របៀប​រស់នៅ​របស់​ខ្លួន​ម្នាក់ៗ។ សូមឲ្យគេយកចិត្តទុកដាក់ធើ្វជាម្ចាស់នៃតណ្ហារបស់ខ្លួន កុំឲ្យ​ការ​ប្រើប្រាស់​សម្បត្តិ​លោកកីយ៍ និងចិត្តលោភ​លន់ផ្ទុយពី​ចិត្តគំនិតរបស់អ្នកដែលដាក់ខ្លួនជាអ្នកក្រីក្រតាម​គម្ពីរដំណឹង​ល្អ បណ្តាល​ឲ្យគេបែកចេញលែងស្វែងរកសេចក្តី​ស្រឡាញ់​ដ៏ពេញលក្ខណៈ។ គ្រីស្តទូតប៉ូល​ប្រៀន​ប្រដៅដូចតទៅ៖ «អស់​អ្នក​ដែល​ប្រើ​ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​​ចិត្ត​ដូចជា​មិន​បានប្រើ​ប្រាស់​សម្បត្តិ​​លោកីយ៍​នោះ​ដែរ‌ ដ្បិត​ពិភព​លោក​នេះនឹងត្រូវ​ប្រែប្រួល​ជាមិនខាន» (១ករ ៧, ៣១)។

ជំពូក៦
បព្វជិតបព្វជិតា

៤៣-ការអនុវត្តន៍តាមដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ

ព្រះបន្ទូលនិងការរស់នៅរបស់ព្រះអម្ចាស់យេស៊ូ ពិតជាគំរូនិងជាគ្រឹះនៃដំបូន្មានដែលមាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ គឺឲ្យរស់នៅជាព្រហ្មចារីថ្វាយ​ព្រះ​ជាម្ចាស់  ឲ្យរស់នៅរបៀបអ្នកក្រីក្រ និងឲ្យស្តាប់តាម​បង្គាប់​អ្នក​ដឹក​នាំ។ ក្រុម​គ្រីស្តទូត ទាំងគ្រូបាធ្យាយ ទាំងបណ្ឌិត និងទាំងគង្វាល​ព្រះសហគមន៍ ក៏តែង​តែ​ផ្តាំ​ឲ្យ​រស់នៅ​តាម​បែប​នេះ​ដែរ។ ដំបូន្មាន​ដែលចែងក្នុងគម្ពីរដំណឹងល្អ ពិត​ជា​ព្រះ​អំណោយ​ទានដែល​ព្រះ​សហគមន៍​បាន​ទទួលពី​ព្រះ​អម្ចាស់​របស់​ខ្លួន។ ព្រះសហគម​ន៍​ក៏នៅតែថែរក្សាដំបូន្មានទាំងនោះយ៉ាង​សោ្មះ​ដោយ​ព្រះអង្គប្រណីសន្តោស។ ដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ណែនាំ ក្រុម​អ្នក​មាន​អំណាចក្នុងព្រះ​សហគមន៍​ចាប់​អារម្មណ៍​បញ្ជាក់លទ្ធិ និងចាត់​ចែង​អំពី​របៀប​អនុវត្ត​តាមដំបូន្មានទាំងនោះ ហើយ​តែងតាំង​របៀប​រស់នៅយ៉ាងស្ថិតស្ថេរ ដោយ​យក​ដំបូន្មាន​ទាំង​នោះ​ជា​គ្រឹះ។ មាន​របៀប​រស់នៅតាមដំបូន្មានដែល​ចែង​​ក្នុងគម្ពីរដំណឹង​ល្អ ប្លែកៗពីគ្នា កើតឡើងកាន់តែច្រើន ប្រៀប​ដូច​គ្រាប់ពូជ​ដែល​ព្រះជាម្ចាស់​សាប​ព្រោះ កើតជា​ដើម​ឈើ​មួយបែក​មែក​សាខា​ជាច្រើនយ៉ាងអស្ចារ្យក្នុងចម្ការ​របស់​ព្រះ​អម្ចាស់ គឺមានអ្នកខ្លះជា​ឥ​សីរស់នៅម្នាក់​ឯង អ្នក​ខ្លះ​នាំគ្នា​រស់នៅរួមជាមួយគ្នា អ្នកខ្លះ​បង្កើតក្រុមគ្រួសារ​ផ្សេងៗ​ប្រកបដោយ ធ​ន​ធាន​ខាង​ព្រះ​វិញ្ញាណ យ៉ាងស្តុកស្តម្ភ ដែលមានប្រយោជន៍ដល់សមាជិក​ក្រុម​គ្រួសារ​ទាំង​នោះ​ផង និងដល់​ព្រះ​កាយ​ព្រះ​គ្រី​ស្តទាំងមូលផងដែរ។ ក្រុមគ្រួសារទាំងនោះជួយសមាជិករបស់ខ្លួនឲ្យ​មាន​របៀប​រស់​នៅ​ស្ថិត​ស្ថេរ​ជាងនៅ​ម្នាក់ឯង ឲ្យមានលទ្ធិដែលគេសាកល្បងល​មើលរួចហើយ ដើម្បីទៅកាន់សេចក្តីដ៏​ពេញ​ល​ក្ខណៈ ឲ្យរួម​រស់​ជាបងប្អូនក្នុងកងទ័ពរបស់ព្រះគ្រីស្ត និងឲ្យមាន​សេរីភាព​ដ៏ពេញលេញ ​ដោយ​ស្តាប់​តាម​បង្គាប់។ ដូច្នេះ បព្វជិត​បព្វជិតា​អាច​បំពេញពាក្យសច្ចារបស់ខ្លួនដោយចិត្តនឹងន និងចិត្តស្មោះ ឈាន​ទៅ​មុខ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់ទាំង​មានអំណរសប្បាយមកពីព្រះវិញ្ញាណផង។

បើគិតអំពីព្រះជាម្ចាស់តែងតាំងព្រះសហគមន៍ឲ្យមានរចនាសម្ពន្ធតាមលំដាប់លំដោយ បព្វជិតបព្វជិតា​រស់​នៅ​តាមរបៀប​ម្យ៉ាង គាត់មិនមែនបំពេញមុខងារបម្រើព្រះសហគមន៍ទេ ហើយក៏មិន​មាន​ឋានៈ​លើសពី​គ្រីស្ត​បរិស័ទ​ធម្មតាដែរ។ ព្រះ​ជាម្ចាស់ត្រាស់ហៅអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទាំងអ្នក​ទទួល​អគ្គសញ្ញាតែង​តាំង​ជា​អ្នកបម្រើ ទាំងគ្រីស្តបរិស័ទធម្មតា ឲ្យ​ទទួលព្រះអំណោយទាន​ពិសេស​ធ្វើ​ជា​បព្វជិត​បព្វជិតាក្នុង​ព្រះ​សហគមន៍ ព្រម​ទាំង​ឲ្យបម្រើ​បេសកកម្ម​របស់​ព្រះ​សហគមន៍ គឺ​នាំការ​សង្គ្រោះ​ដល់​មនុស្ស​លោក តាមរបៀប​រៀងៗខ្លួន។

៤៤-លក្ខណៈនិងសារៈសំខាន់នៃការរស់នៅ ជាបព្វជិតបព្វជិតាក្នុងព្រះសហគមន៍

គ្រីស្តបរិស័ទណាដែលផ្ញើជីវិតលើព្រះគ្រីស្ត ហើយដែលធ្វើពិធីសច្ចាប្រណិធាន ឬដែលធ្វើ​ពាក្យ​សន្យា​ឯទៀតៗ​តាមបែប​រៀងៗ​ខ្លួន ដែលប្រហាក់ប្រហែលនឹងពាក្យសច្ចាប្រណិធាន គឺគ្រីស្តបរិស័ទ​​នោះ​បង្ខំចិត្តឲ្យ​ប្រតិបត្តិ​តាមដំបូន្មានទាំងបីដែលមានចែងក្នុងគម្ពីរដំណឹងល្អ ដូច​មាន​រៀបរាប់​នៅ​ខាង​លើ។ អ្នកនោះ​ថ្វាយ​ខ្លួន​ទាំង​ស្រុងទៅ​ព្រះជាម្ចាស់​ដែល​ខ្លួន​ស្រឡាញ់លើសអ្វីៗទាំងអស់ ដើម្បីតម្រង់​ខ្លួន​ទៅបម្រើ​ព្រះ​អម្ចាស់ និង​លើក​តម្កើង​សិរីរុងរឿងរបស់ព្រះអង្គ ក្នុងឋានៈពិសេសថ្មីម៉្យាង។ ដោយទទួល​អគ្គសញ្ញា​ជ្រមុជទឹក អ្នក​នោះ​លែង​ជំពាក់​បាប​ដូចមនុស្សស្លាប់ គេថ្វាយ​ខ្លួនទៅព្រះ​ជាម្ចាស់​រួចហើយ។ ប៉ុន្តែ​ដោយ​ប្រកាស​ពាក្យសច្ចាប្រណិធាន​ក្នុងព្រះ​សហគមន៍​ឲ្យកាន់​តាម​ដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ គេចង់​រួច​ផុតពីអ្វីៗដែលសង្កត់ខ្លួន និងរារាំងខ្លួន​តាម​ផ្លូវ​ទៅរក​សេចក្តី​ស្រឡាញ់​ដ៏ខ្លាំងក្លា ក្នុងការគោរព​បម្រើ​ព្រះ​ជាម្ចាស់​យ៉ាងពេញលក្ខណៈ។ គេញែកខ្លួន​ថ្វាយ​ព្រះ​ជាម្ចាស់ ដើម្បី​បម្រើព្រះអង្គយ៉ាង​ស្និទ្ធស្នាល។ គេសង្ឃឹម​ថា គេនឹងទទួលផលយ៉ាងបរិបូរណ៍ ដែលហូរ​មក​ពី​អគ្គ​សញ្ញា​ជ្រមុជទឹក តាម​ព្រះ​ហឫទ័យ​ប្រណី​សន្តោសរបស់ព្រះជាម្ចាស់។ គេញែកខ្លួន​ថ្វាយ​ព្រះអង្គ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើងៗ ដោយ​ជាប់ចំណង​ជាមួយ​ព្រះគ្រីស្តកាន់​តែរឹងប៉ឹងនិងស្ថិតស្ថេរ និងកាន់តែដូចព្រះគ្រីស្តដែលភ្ជាប់នឹង​ព្រះ​សហគមន៍​ជាព្រះមហេសី ដោ​យ​ចំណង​ដែល​មិនអាចផ្តាច់បានឡើយ។

ដំបូន្មានដែល​ចែងក្នុងគម្ពីរដំណឹងល្អ ណែនាំឲ្យគ្រីស្តបរិស័ទមានចិត្តស្រឡាញ់ និងនាំឲ្យអស់​អ្នក​ដែល​កាន់​តាម បាន​រួបរួមយ៉ាងពិសេសជាមួយព្រះសហគមន៍ និងជាមួយគម្រោងការដ៏អស្ចារ្យរបស់ព្រះ​សហគមន៍។ ហេតុ​នេះ​ហើយ ការរស់នៅតាមព្រះវិញ្ញាណរបស់គេ ត្រូវតម្រង់ទៅរកប្រយោជន៍ដល់ព្រះ​សហគមន៍ទាំងមូល។ ដូច្នេះ ម្នាក់ៗ​មាន​ភារកិច្ច​ខិតខំចាក់​គ្រឹះនិងពង្រឹងព្រះរាជ្យរបស់ព្រះគ្រីស្តក្នុងចិត្ត​មនុស្សដោយអស់ពីកម្លាំង តាម​សមត្ថ-ភាព​រៀងៗខ្លួន និងស្របតាម​ព្រះជាម្ចាស់​ត្រាស់ហៅ ដោយ​អធិដ្ឋាន និងបំពេញសកម្មភាពផ្សេងៗ។ គេ​ក៏មាន​ភារកិច្ច​លាតសន្ធឹងព្រះរាជ្យ​នោះក្នុងពិភព​លោក​​ទាំង​មូលដែរ។ ហេតុនេះហើយបាន​ជា​ព្រះ​សហគមន៍​ការពារ​និង​គាំទ្រ​លក្ខណៈពិសេសនៃគ្រឹះស្ថាន​បព្វជិត​បព្វជិ​តា​នានា។

ដោយហេតុនេះហើយ អ្នកធ្វើពិធីប្រកាសពាក្យសច្ចាប្រណិធាន​កាន់តាមដំបូន្មាន​ដែល​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដូច​ជា​សញ្ញា​សម្គាល់មួយដែលអាច (និង​ដែលត្រូវ) មានឥទ្ធិពលយ៉ាងស័ក្តិសិទ្ធិ​ទាក់ទាញ​ចិត្ត​សមាជិក​ទាំង​អស់​នៃ​ព្រះសហគមន៍ ឲ្យខិតខំ​បំពេញ​ភារកិច្ចរបស់ខ្លួនដោយចិត្តក្លាហាន តាមឋានៈ​ជាអ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​ទៅជា​គ្រីស្ត​បរិស័ទ។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គ្មានមាតុភូមិនៅ​ស្ថិត​ស្ថេរ​ក្នុងលោកនេះទេ តែ​ស្វែង​រក​មាតុ​ភូមិ​នៅ​លោក​ខាង​មុខវិញ។ ​យ៉ាងណាមិញ របៀបរស់នៅជាបព្វជិត​ប​ព្វជិតា ផ្តល់ឲ្យគេ​មាន​សេរីភាព​ខ្លាំង​ជាង​គ្រីស្តបរិ-​ស័ទ​ឯទៀតៗចំពោះ​ការងារ​​ក្នុងលោកនេះ។ របៀប​រស់​នៅ​ជាបព្វជិត​បព្វជិតា បង្ហាញ​បញ្ជាក់​យ៉ាងច្បាស់ ឲ្យគ្រីស្ត​បរិស័ទទាំងអស់ស្គាល់អំពីសម្បត្តិសួគ៌ដែល​ស្ថិតនៅក្នុង​លោកនេះហើយ។ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ជា​សា​ក្សី​បញ្ជាក់​ថា មានជីវិតថ្មីម្យ៉ាង​ស្ថិតនៅ​អស់​កល្ប​ជានិច្ច ដែលព្រះ​គ្រីស្ត​បានបង្កើត​ដោយ​ព្រះអង្គ​បូជា​ព្រះជន្ម។ គេក៏​ជូន​ដំណឹង​អំពី​ជីវិតថ្មី ដែល​មនុស្ស​នឹង​ទទួល​នៅលោក​ខាងមុខ និង​អំពីសិរីរុងរឿង​នៃ​ព្រះរាជ្យ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់បំផុត។ លើសពីនេះ​ទៅទៀត របៀប​រស់​នៅជាបព្វជិត​បព្វ​ជិតា យកតម្រាប់យ៉ាងជិតដិត​តាម​របៀប​ដែល​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បានរ​ស់នៅ ហើយក៏ជាសញ្ញាសម្គាល់ ដែលមានឥតឈប់ឈរក្នុង​ព្រះ​សហ-គមន៍ អំពីរបៀបរស់​នៅរបស់ព្រះ​បុត្រា ដែលយាងមកក្នុងលោកនេះ ដើម្បី​ធ្វើតាម​ព្រះហឫទ័យព្រះបិតា។ ព្រះអង្គ​ក៏​ទូន្មាន​ឲ្យសាវ័ក​ដែល​ដើរតាម​ព្រះអង្គឲ្យរស់នៅតាម​របៀបនេះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ របៀប​រស់​នៅ​ជា​បព្វជិត​បព្វជិតា បង្ហាញ​យ៉ាង​ពិសេសថា ព្រះរាជ្យរបស់ព្រះ​ជាម្ចាស់ ខ្ពស់លើសអ្វីៗទាំងអស់ដែលនៅក្នុង​លោកនេះ និង​ខ្ពស់​លើស​សេចក្តី​ត្រូវ​ការដ៏​ចំាបាច់ជាង​គេ​របស់មនុស្ស​លោក​ថែមទៀតផង។ របៀបរស់នៅបែបនោះ​បង្ហាញ​ឲ្យ​មនុស្ស​ទាំងអស់​ឃើញ​មហិទ្ធិឫទ្ធិដ៏ប្រសើរ​បំផុត​របស់​ព្រះគ្រីស្តជាព្រះមហាក្សត្រ និងឃើញអំពីមហិទ្ធិឫទ្ធិ​ហួស​ពី​ការ​ស្មានរបស់ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដែល​មាន​សកម្មភាពក្នុងព្រះសហគមន៍យ៉ាងអស្ចារ្យគួរស្ងើច​សរសើរ។

ទោះបីរបៀបរស់នៅជាបព្វជិតបព្វជិតា ដែលធ្វើពិធីប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មាន​ដែល​មាន​ចែង​ក្នុងគម្ពីរដំណឹងល្អ មិនស្ថិតនៅក្នុងរចនាសម្ពន្ធ​តាមលំដាប់លំដោយរបស់ព្រះសហគមន៍ក្តី ក៏​របៀប​រស់​នៅ​បែប​នេះ ជាប់នឹង​ជីវិត ហើយនឹងលក្ខណៈដ៏វិសុទ្ធរបស់ព្រះសហគមន៍​ដាច់មិន​បាន​ដែរ។

៤៥-អំណាចរបស់ព្រះសហគមន៍លើបព្វជិតបព្វជិតា

ក្រុមណែនាំព្រះសហគមន៍តាមលំដាប់លំដោយ មានតួនាទីជាគង្វាលរបស់ប្រជារាស្រ្តព្រះ​ជាម្ចាស់ ដែល​ដឹកនាំ​ចៀមទៅកាន់កន្លែងសម្បូ​ណ៍ស្មៅខៀវខ្ចី (អគ ៣៤, ១៤)។ ក្រុមណែនាំនោះ មានតួនាទីតែង​តាំង​ច្បាប់ ចាត់​ចែងដោយប្រាជ្ញា នូវ​របៀបអនុវត្តតាមដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ។ ដំបូន្មាន​ទាំង​នោះ​ជា​មធ្យោ​បាយ​ពិសេស ដើម្បីជួយបម្រើ​សេចក្តី​ស្រឡាញ់ដ៏ពេញលក្ខណៈចំពោះព្រះជាម្ចាស់​និង​ចំពោះ​អ្នក​ដទៃ។ ក្រុម​ណែនាំ​សុខចិត្តធ្វើតាមការជំរុញពីព្រះ​វិញ្ញាណដ៏​វិសុទ្ធ ហើយទទួលក្បួន​វិន័យ​ដែល​គ្រីស្តបរិស័ទ​បុរសនិង​ស្ត្រី​ដ៏​ប្រសើរ​បាន​តែង​តាំង​រួចហើយ។ ក្រោយពីបាន​កែ​ឆ្នៃឲ្យកាន់តែល្អឡើង ក្រុម​ណែ​នាំយល់​ស្រប​ឲ្យ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់។ តាមអំណាចរបស់អស់លោក ក្រុម​ណែនាំប្រុងប្រយ័ត្ន​ថែទាំ និងការពារ​គ្រឹះស្ថាន​ដែល​កើត​នៅ​ច្រើន​កន្លែង ដើម្បី​សាង​សង់ព្រះកាយព្រះគ្រីស្ត ។ អស់លោកមាន​បំណង​ចង់​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ​កើត​កាន់​តែ​ច្រើន​ឡើងៗ និង​ចម្រើនឡើងទៀតផង ទាំងកាន់​តាម​គោល​គំនិត​អ្នកបង្កើតគ្រឹះស្ថានទាំងនោះ​ដោយចិត្តស្មោះ។

ម៉្យាងទៀត អភិបាលព្រះសហគមន៍ក្រុងរ៉ូម ក្នុងឋានៈលោកជាប្រធានព្រះសហគមន៍ទាំងមូល និងដោយ​គិត​គូរ​ដល់ប្រយោជន៍របស់ព្រះសហគមន៍ទាំងមូល អាចដកយកគ្រឹះស្ថានបព្វជិតបព្វជិតា​ដែល​ស្វែង​រក​សេចក្តី​ពេញ​លក្ខណៈ និងសមាជិកទាំងអស់នៃគ្រឹះស្ថាននោះ ឲ្យរួច​ចេញ​ផុតពីអំណាច​អភិបាល​ភូមិភាគ មកដាក់​ក្រោម​អំណាច​របស់លោកផ្ទាល់តែម្តង។ លោកធ្វើដូច្នេះ ដើម្បីឲ្យគ្រឹះស្ថានទាំង​នោះ​មាន​​សមត្ថភាពច្រើនជាង អាច​តប​ឆ្លើយ​នឹង​សេចក្តីត្រូវការនៃហ្វូងចៀមទាំងមូលរបស់ព្រះ​អម្ចាស់។ យ៉ាង​ណា​មិញ លោក​អាចទុក ឬផ្ញើទុក​គ្រឹះស្ថាន​ទាំង​នោះ ឲ្យស្ថិតនៅក្រោម​អំណាចរបស់​អភិបាលដ៏ប្រសើរ​ឧត្តម​នៅ​មជិ្ឈមបូព៌ាប្រទេសគ្រប់គ្រងបាន។

សមាជិក​នៃ​គ្រឹះស្ថាន​ទាំងនោះ ពេលគេ​បំពេញ​ភារកិច្ចរបស់ខ្លួន​ចំពោះ​ព្រះសហគមន៍ តាមរបៀប​រស់នៅ​រៀងៗ​ខ្លួន ត្រូវគោរព​និង​ស្តាប់​បង្គាប់អភិបាល​តាម​ក្បួនច្បាប់​ព្រះ​សហគមន៍ ក្នុងឋានៈអស់លោក​អភិបាល​មាន​អំណាច​ជា​គង្វាល​ណែនាំព្រះសហគមន៍​ក្នុងភូមិភាគ និង​ដោយ​នឹក​គិត​ដល់​ការរួប​រួមគ្នាជា​ធ្លុង​តែ​មួយ ហើយនឹក​ដល់​ការ​ចុះសម្រុង​គ្នា​ក្នុងកិច្ចការជា​គ្រីស្តទូត។

ព្រះសហគមន៍មិនគ្រាន់តែទទួលស្គាល់ក្រុមបព្វជិតបព្វជិតា ជាផ្លូវការប៉ុណ្ណោះទេ គឺជាកិច្ចផ្តល់​ឲ្យ​គេ​មាន​កិត្តិយស​​ដ៏ថ្លៃ​ថ្នូរ ដោយគេមានរបៀបរស់នៅតាមក្បួនវិន័យមួយ។ លើសពីនេះទៅទៀត ក្នុងពិធី​បុណ្យ​​ទាំងអស់ ព្រះ​សហគមន៍​តែងតែបង្ហាញ​បញ្ជាក់ថា ការរស់នៅជាបព្វជិតបព្វជិតា​ពិតជារបៀបរស់​នៅ​មួយ​របស់​គ្រីស្តបរិស័ទ​ដែល​ញែកខ្លួនថ្វាយទាំងស្រុងទៅព្រះជាម្ចាស់ថែមទៀតផង។ តាមអំណាចដែល​ព្រះ​ជា​ម្ចាស់​បានផ្ញើទុកមក ព្រះ​សហគមន៍​ផ្ទាល់​ក៏​ទទួលពាក្យសច្ចាប្រណិធានរបស់អស់អ្នកដែលថ្វាយខ្លួន។ ពេល​ព្រះ​សហគមន៍អង្វរ​ព្រះជា​ម្ចាស់​ជា​សាធារណៈ ព្រះសហគមន៍ក៏អង្វរព្រះអង្គ សូមជួយ​ប្រណី​សន្តោសអ្នកទាំងនោះ ព្រះសហគមន៍ក៏​ផ្ញើ​អ្នក​ទាំង​នោះ​ទៅព្រះអង្គ សូមព្រះអង្គប្រទាន​ពរ​តាមព្រះវិញ្ញាណ ដោយ​លើក​ការ​ថ្វាយ​ខ្លួននេះ​ទុកជាតង្វាយរួម​ជាមួយ​ព្រះ​គ្រីស្ត ក្នុងសក្ការៈបូជាអរព្រះគុណ។

៤៦-តម្លៃដ៏ឧត្តុង្គឧត្តមនៃការញែកខ្លួនថ្វាយព្រះអម្ចាស់

បព្វជិតបព្វជិតាត្រូវខិតខំអស់ពីសមត្ថភាព ធ្វើឲ្យព្រះសហគមន៍បង្ហាញព្រះគ្រីស្តដល់​គ្រីស្តបរិស័​ទ និង​​ដល់​អ្នក​កាន់សាសនាដទៃ​ស្គាល់ព្រះអង្គកាន់តែច្បាស់និងកាន់តែពិតប្រាកដ តាមរបៀបរស់នៅ​របស់​ខ្លួន។ ពេល​ព្រះ​គ្រីស្ត​ស្មឹង​ស្មាធិ៍នៅ​លើ​ភ្នំ ពេលព្រះអង្គប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់​ឲ្យបណ្តាជន ពេល​ព្រះអង្គប្រោស​អ្នក​ជំងឺ​និង​ជនពិការឲ្យជាសះ​ស្បើយ ពេលព្រះអង្គ​នាំឲ្យអ្នកបាបប្រែ​ចិត្ត​គំនិត​ទៅ​រក​ព្រះ​បិតាឲ្យមានជីវិតដែល​បង្កើត​ផល​ល្អ ពេលព្រះអង្គប្រទានពរដល់​កូនក្មេង និងប្រោស​មនុស្ស​ទាំងអស់ នៅពេលព្រះអង្គប្រព្រឹត្តការ​ទាំង​នោះ គឺព្រះអង្គធ្វើ​តាមបង្គាប់ព្រះបិតា​ដែលចាត់ព្រះ​អង្គ​ឲ្យ​យាង​មក។

សូមឲ្យបព្វជិតបព្វជិតាទាំងអស់យល់ឃើញថា ការប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ដំណឹងល្អ ទោះបីខ្លួនលះបង់សម្បត្តិទ្រព្យលោកីយ៍ក្តី ក៏ការលះបង់នេះមិនរារាំងខ្លួន​ឲ្យ​ចម្រើន​ឡើង​ជាមនុស្ស​ពេញ​លក្ខណៈ​នោះទេ។ ផ្ទុយទៅវិញ  លក្ខណៈនៃការលះបង់នេះ ជួយគេឲ្យ​ទទួល​​ផល​​ប្រយោជន៍​ជាច្រើន។ បើ​បព្វជិត​បព្វ​ជិតា​ស្ម័គ្រចិត្តដោយស្មោះ កាន់​តាមដំបូន្មាន​ទាំងនោះ តាម​តែ​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​ម្នាក់ៗ ការរស់​នៅ​បែប​នោះ​ជួយគេយ៉ាងខ្លាំងឲ្យជម្រះចិត្តគំនិត និងឲ្យមាន​សេរីភាព​​ខាង​វិញ្ញាណ​ផង​ដែរ។ ការរស់នៅបែប​នេះក៏​ដាស់​តឿន​គេជានិច្ច ឲ្យមានចិត្តស្រឡាញ់​យ៉ាង​កក់ក្តៅ ជាពិសេស​គេ​អាច​នាំ​គ្រីស្ត​បរិស័ទ​ឲ្យ​រស់​នៅដូច​ព្រះ​គ្រីស្ត​ជា​អម្ចាស់កាន់តែជិតស្និទ្ធ គឺព្រះអង្គដែល​សព្វ​ព្រះ​ហឫទ័យរស់នៅ​ជា​ព្រហ្មចារី និង​ជា​អ្នក​ក្រីក្រ។ នាង​ព្រហ្មចារិនី​ម៉ារីជា​ព្រះ​មាតា ក៏សុខចិត្តរស់​នៅ​ដូច្នេះ​ដែរ។ សន្តបុគ្គល​ជាច្រើន ដែល​បាន​បង្កើត​ក្រុម​គ្រួសារ​បព្វជិត​បព្វជិតា បង្ហាញ​​សេចក្តីនេះ​យ៉ាង​ច្បាស់។

សូមកុំឲ្យមាននរណាម្នាក់នឹកគិតថា បព្វជិតបព្វជិតាដែលញែកខ្លួន​ថ្វាយព្រះ​ជាម្ចាស់ ត្រឡប់ទៅ​ជា​ជន​លែង​ជាប់ពាក់ព័ន្ធ​នឹងមនុស្សលោក និងគ្មានប្រយោជន៍ក្នុងសង្គមឲ្យសោះ។ ទោះបីគេមិនរស់នៅរួម​ជាមួយ​មនុស្ស​ក្នុងសង្គមដោយរូបកាយជានិច្ចក្តី គេក៏រស់នៅជាមួយមនុស្សលោកយ៉ាងជិតស្និទ្ធ។ ដោយ​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​របស់ព្រះគ្រីស្តក្នុងខ្លួន គេរួមសហការជាមួយមនុស្ស​តាម​វិញ្ញាណ សាង​សង់​បុរី​នៅ​លើ​ផែនដី​នេះ ដោយ​យក​​ព្រះអម្ចាស់​ធ្វើជាគ្រឹះ ហើយក៏តម្រង់បុរីនោះទៅ​រក​ព្រះអង្គដែរ។ បព្វជិត​បព្វជិតា​រំឭក​មនុស្ស​លោក​ថា ប្រសិន​​​បើគេ​មិន​យក​ព្រះអម្ចាស់ធ្វើជាគ្រឹះនិងទិសដៅ​មកសាង​សង់​បុរី​នៅលើផែនដីនោះទេ អ្នក​សាង​សង់​នឹង​នឿយ​​ហត់​ដោយ​ឥតបានការ។

ហេតុនេះហើយ បានជា​មហាសន្និបាតដ៏វិសុទ្ធយគាំទ្រនិងសរសើរតម្កើងអស់បុរសនិង​ស្រ្តីជា​បង​​ប្អូន​ដែល​រស់​នៅ​ក្នុងអារាម បង្រៀនក្នុងសាលារៀន ធ្វើការក្នុងមន្ទីរពេទ្យ និងនៅព្រះ​សហគមន៍​​ក្នុងប្រទេស​ដែល​មាន​មនុស្ស​ភាគច្រើនមិនជឿលើព្រះគ្រីស្ត។ ​បព្វជិតបព្វជិតាទាំងនោះ យក​ចិត្ត​ស្មោះត្រង់ ចិត្ត​សុភាពរាបសា ចិត្តភក្តី តាម​ពាក្យ​សច្ចារបស់​ខ្លួន ព្រមទាំងបម្រើមនុស្សទាំងអស់​ដោយចិត្ត​ទូលំ​ទូលាយ និង​តាមរបៀប​ប្លែកៗ​ពីគ្នា ប្រៀប​ដូច​ជា គ្រឿង​អលង្ការដែលគេយកមកជូនព្រះមហេសី​របស់ព្រះគ្រីស្ត។

៤៧- ពាក្យបញ្ចប់

ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យប្រកាសពាក្យសច្ចប្រណិធាន កាន់​តាម​ដំបូន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ គឺម្នាក់ៗត្រូវយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំងព្យាយាមរស់នៅឲ្យកាន់តែប្រសើរឡើងៗ តាម​បែប​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ។ អស់លោកអ្នកពិតជានាំឲ្យព្រះ​សហគមន៍កាន់តែវិសុទ្ធ ដើម្បី​លើក​​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ត្រៃ​ឯក ដែល​មិនអាចបំបែកបាន ដែលអាចប្រោសឲ្យមនុស្សបានវិសុទ្ធ​គ្រប់​យ៉ាង​​ក្នុងអង្គព្រះគ្រីស្ត និង​ដោយ​សារ​ព្រះគ្រីស្ត។

ជំពូកទី៧
ព្រះសហគមន៍មានលក្ខណៈ​ជាប្រផ្នូលអំពីលោកខាងមុខ
ព្រះសហគមន៍ធ្វើដំណើរ និងរួមជាមួយព្រះសហគមន៍នៃស្ថានបរមសុខ

៤៨-ព្រះជាម្ចាស់ត្រាស់ហៅយើងទាំងអស់គ្នា

ក្នុងអង្គព្រះគ្រីស្តឲ្យចូលព្រះសហគមន៍ យើងក៏បានវិសុទ្ធ​ក្នុង​​ព្រះ​សហគមន៍​ដែរ ដោយព្រះជាម្ចាស់ប្រណី​សន្តោស។ ប៉ុន្តែ ព្រះសហគមន៍នេះ​នឹងបានពេញលក្ខណៈជា​ស្ថាពរ នៅក្នុង​សិរីរុងរឿងនៃលោកខាងមុខ គឺនៅ​ពេល​ព្រះជា​ម្ចាស់​រៀបចំ​អ្វី​ៗ​ជាថី្មទាំង​អស់ (កក ៣, ២១)។ នៅពេល​នោះ ពិភព​លោកទាំងមូលនិងមនុស្ស​ជាតិ ដែល​ភ្ជាប់​ជា​មួយគ្នាយ៉ាងស្អិតរមួតនឹងទៅ​ដល់​ទិស​ដៅ​របស់ខ្លួន។ ដោយ​សារ​មនុស្ស​ជាតិ ពិភពលោក​ទាំងមូល​ក៏​នឹង​បាន​ពេញលក្ខណៈជាស្ថាពរ​ក្នុង​អង្គ​ព្រះ​គ្រីស្តដែរ​(អភ ១, ១០; កូឡ ១, ២០; ២សល ៣, ១០-១៣)។

ព្រះគ្រីស្តដែលត្រូវគេលើកឡើងពីដី  ព្រះអង្គបានទាញមនុស្សទាំងអស់ទៅឯព្រះអង្គ​ហើយ (យហ ១២, ៣២) ព្រះអង្គក្រោកឡើងពីចំណោមមនុស្សស្លាប់ (រម ៦, ៩) ទ្រង់​ចាក់​បង្ហូរ​ព្រះវិញ្ញាណរបស់​ព្រះ​អង្គ​លើ​ក្រុម​គ្រីស្ត​ទូត គឺ​ព្រះ​វិញ្ញាណ​ដែលផ្តល់ជីវិត។ ដោយ​ព្រះ​វិញ្ញាណ​នោះ ព្រះអង្គតែងតាំងព្រះកាយព្រះ​អង្គ គឺ​ព្រះសហគមន៍ ទុកជា​អគ្គ​សញ្ញា​នៃការសង្គ្រោះរបស់មនុស្សទាំងអស់។ ព្រះគ្រីស្តគង់ខា​ង​ស្តាំព្រះ​បិតា ហើយ​មាន​សកម្មភាព​ក្នុងពិភព​លោកជានិច្ច ដើម្បី​ណែ​នាំ​មនុស្សលោកទៅកាន់​ព្រះសហគមន៍។ ដោយ​​សារព្រះ​សហគមន៍ ព្រះ​គ្រីស្ត​បង្រួប​បង្រួមមនុស្សលោក​ជាមួយ​ព្រះអង្គយ៉ាងជិតស្និទ្ធ និងចែក​រំលែក​ព្រះជន្ម​ដ៏រុង​រឿង​ផ្ទាល់​របស់​ព្រះ​អង្គ​ឲ្យ​គេដោយ​ប្រទាន​ព្រះកាយនិងព្រះលោ​ហិ​ត​ទុកជាអាហារ។ ព្រះអង្គសន្យា​ថា នឹងប្រទានលក្ខណៈ​សម្បតិ្តថ្មី​ឲ្យ​មនុស្ស តាម​សេចកី្តសង្ឃឹម​របស់យើង។ លក្ខណៈ​សម្បត្តិថ្មី​នោះចាប់ផ្តើម​ស្ថិត​នៅក្នុងព្រះគ្រីស្តហើយ។ ព្រះ​វិញ្ញាណ​ដែល​ព្រះ​គ្រីស្តចាត់ឲ្យមកនោះ ធ្វើឲ្យលក្ខ​ណៈ​សម្បត្តិថ្មីនោះ​មាន​កម្លាំងស្ទុះឡើង ហើយនៅ​តែ​មាន​បន្ត​ក្នុង​ព្រះសហគមន៍ដែរ ដោយសារព្រះវិញ្ញាណ ។ ជំនឿ​បង្រៀន​យើងអំពីអត្ថន័យ​នៃការរស់នៅ​លើផែនដីនេះ លុះ​ត្រា​តែ​យើងបំពេញការងារ​ដែលព្រះបិតាផ្ញើមក​ឲ្យ​យើង​ប្រព្រឹត្តក្នុងលោកនេះ ទាំង​មានសង្ឃឹមថា នឹងបាន​សម្បត្តិ​នៃ​លោក​ខាងមុខ។ ដោយ​ប្រព្រឹត្ត​ដូច្នេះ យើង​អាច​ឈាន​ទៅ​កាន់​ការ​សង្គ្រោះ​បាន (ភល ២, ១២)។

ដូច្នេះ ជំនាន់ចុងក្រោយបំផុតមកដល់យើងហើយ (១ករ ១០, ១១)។ ពិភពលោក​ប្រែជា​ថ្មីរួច​ជា​ស្រេច​ដោយសារ​ព្រះគ្រីស្ត។ តាំងពីពេលឥឡូវនេះ ការប្រែជាថ្មីនោះកើតជារូបរាង​ជាមុន​យ៉ាងពិត​ប្រាកដ​តាម​របៀប​ម្យ៉ាង​គឺថា ទោះបីព្រះសហគមន៍​មិន​ទាន់វិសុទ្ធពេញ​លក្ខណៈ​នៅឡើយក្តី ក៏ព្រះ​សហគមន៍​នៅ​លើ​ផែនដីនេះ តែង​ខ្លួន​ដោយ​ភាពវិសុទ្ធដ៏​ពិត​ប្រាកដដែរ។ ប៉ុន្តែ ព្រះសហគមន៍​កំពុង​ធ្វើបូជនីយេសក៍ ទម្រាំ​ដល់​ពេល​ព្រះជាម្ចាស់​នឹង​ប្រតិស្ឋានមេឃថ្មី និងផែនដីថ្មីប្រកបដោយសេចក្តីសុចរិត (២សល ៣, ១៣)។ ហេតុនេះ ទាំងអគ្គសញ្ញា​របស់​ព្រះ​សហគមន៍​ក្តី ទាំង​រចនាសម្ពន្ធរបស់ខ្លួនក្តី ក៏មានលក្ខណៈមិន​ទៀង​ទាត់​របស់​លោកីយ៍ ដែលចេះតែ​កន្លង​ផុតទៅ​ដែ​រ។ ព្រះសហគមន៍​រស់នៅក្នុងចំណោមសត្វលោក‌​ដែល​កំពុង​តែស្រែកថ្ងូរ​និង​ឈឺចុកចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាលកូន ទាំង​ទន្ទឹងរង់ចាំសិរីរុងរឿង​នៃបុត្រ​ធីតា​របស់ព្រះជាម្ចាស់ (រម ៨, ១៩-២២)។

ដូច្នេះ យើងរួមជាមួយព្រះគ្រីស្តក្នុងព្រះសហគមន៍ ព្រះវិញ្ញាណក៏បានដៅចំណាំយើងដែរ គឺព្រះវិញ្ញាណ​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ជឿថា យើងមុខ​ជានឹង​ទទួល​មរតក (អភ១, ១៤)។ ព្រះបិតាហៅយើងថា​ជាបុត្រ​ធីតា​របស់​ព្រះ​អង្គ យើងក៏ពិត​ជា​បុត្រធីតា​របស់ព្រះ​អង្គមែន (១យហ ៣, ១)។ ប៉ុន្តែមិនទាន់ដល់ពេលយើង​នឹង​លេច​មក​រួម​ជាមួយ​ព្រះ​គ្រីស្ត‌​ប្រកប​ដោយ​សិរីរុងរឿង​នៅឡើយទេ (កូឡ ៣, ៤) គឺនៅពេលនោះ យើងនឹង​បាន​ដូច​ព្រះ​ជាម្ចាស់ ដ្បិតព្រះ​អង្គមាន​ភាព​យ៉ាងណា យើង​ក៏​នឹងឃើញព្រះអង្គយ៉ាងនោះដែរ (១យហ ៣, ២)។ ហេតុនេះ​ហើយ បានជា «ដរាបណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់» (២ករ ៥, ៦)។ សូម្បីតែ​យើង​ដែល​បានទទួល​ព្រះអំ​ណោយ​ទាន​ដំបូង​របស់​ព្រះវិញ្ញាណក្តី ក៏យើងនៅតែថ្ងូរ​ក្នុងចិត្ត​ដែរ (រម ៨, ២៣) ព្រោះ​យើង​ប៉ងប្រាថ្នា​ចង់​ទៅ​នៅ​ជា​មួយ​ព្រះគ្រីស្ត (ភល ១, ២៣)។  ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះ​គ្រីស្ត​ជំរុញ​យើង ឲ្យប៉ងប្រាថ្នាចង់រស់នៅសម្រាប់​ព្រះអង្គ​កាន់តែជិត​ស្និទ្ធ​ឡើង​ៗ គឺថ្វាយខ្លួនចំពោះ​ព្រះគ្រីស្ត ដែល​សោយ​ទិវង្គត និង​មានព្រះជន្ម​ថ្មី​ដ៏រុងរឿង​សម្រាប់​យើង (២ករ ៥, ១៥)។ ហេតុ​នេះ យើងខិតខំ​ឲ្យបាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ ក្នុងគ្រប់កិច្ចការទាំងអស់ (២ករ ៥, ៩)។ យើង​​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ​ជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កល​ល្បិច​របស់​មារ‌ និង​អាច​តទល់​នឹងមារ នៅ​ថ្ងៃ​អពមង្គល​បាន (អភ ៦, ១១-១៣)។ យើងមិនដឹងថ្ងៃនិងពេលកំណត់ទេ ហេតុ​នេះ យើង​ត្រូវ​ប្រុង​ស្មារតី​ជានិច្ចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បី​ឲ្យ​យើងអាចចូលរួមក្នុងពិធី​មង្គល​ការ​រួមជាមួយ​ព្រះអង្គ និង​ត្រូវ​រាប់បញ្ចូលក្នុងចំណោមអស់​អ្នក​ដែល​ទទួល​ព្រះពរ (មថ ២៥, ៣១-៤៦) នៅ​ពេល​ដំណើរជីវិតតែមួយ​របស់​យើង​នឹង​ចប់ទៅ (ហប ៩, ២៧)។ ពេលនោះ​យើង​មិន​ត្រូវ​ថយ​ចេញ ដូចអ្នក​បម្រើខ្ជិល​ច្រអូស តាម​ព្រះ​បញ្ជា​របស់ព្រះជាម្ចាស់ (មថ ២៥,២៦) ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច (មថ ២៥,៤១) គឺត្រូវគេចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ‌ ជា​កន្លែង​យំសោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទេ (មថ ២២, ១៣ និង ២៥, ៣០)។

មុនពេលយើងនឹងគ្រងរាជ្យជាមួយព្រះគ្រីស្តប្រកប​ដោយ​សិរីរុងរឿង យើងត្រូវ​ទៅ «ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទោះបី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី កាល​ពី​នៅ​រស់​ក្នុង​រូបកាយ​នេះ​នៅឡើយ» (២ករ ៥, ១០)។ នៅអវសាន​នៃពិភពលោក «មនុស្ស​នឹង​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ នឹង​រស់ជាថ្មីដើម្បីទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​វិញ នឹង​រស់​ជាថ្មី​ដើម្បី​ទទួល​ទោស» (យហ ៥, ២៩; មថ ២៥, ៤៦)។ ហេតុនេះហើយ បានជាយើង​យល់ឃើញថា «ទុក្ខ​លំបាក​នាបច្ចុប្បន្ន​កាល‌​ពុំអាច​ប្រៀប​ផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់​សម្ដែង​ក្នុង​យើង​នៅ​អនាគតកាលនោះ​បាន​ឡើយ» (រម ៨, ១៨; ២ធម ២, ១១-១២)។ យើងមាន​ជំនឿរឹង​ប៉ឹង​មាំមួន ហើយ«ទន្ទឹង​រង់ចាំ​សុភមង្គល​តាម​សេចក្តី​សង្ឃឹម​របស់​យើង។ យើង​ក៏​រង់ចាំ​ព្រះយេស៊ូ​គ្រីស្ត ជា​ព្រះជាម្ចាស់​ដ៏​ឧត្ដម​បំផុត​និង​ជា​ព្រះ​សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង» (ទត ២,១៣)។ «ព្រះអង្គ​នឹង​ផ្លាស់​ប្រែ​រូបកាយ​ដ៏​ថោក​ទាប​របស់​យើង ឲ្យ​បាន​ដូច​ព្រះ​កាយ​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ​អង្គ​» (ភល ៣,២១) គឺ​ព្រះអង្គ​នឹងយាង​មក ហើយ «ទទួល​សិរី​រុង​រឿង​ព្រោះតែជន​ដ៏​វិសុទ្ធរបស់​ព្រះ​អង្គ​‌។ គេ​ក៏នឹងស្ងើចសរសើរ​ព្រះអង្គ ព្រោះ​តែអស់​អ្នក​ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ដែរ» (២ថស ១, ១០)‌។

៤៩-ព្រះសហគមន៍នៅលោកខាងមុខរួបរួមជាមួយព្រះសហគមន៍នៅលើផែនដី

ដូច្នេះ ទម្រាំព្រះអម្ចាស់យាង​មកប្រកប​ដោយ​សិរី​រុង​រឿង រួមជាមួយ​ពួក​ទេវទូតរបស់ព្រះអង្គ (មថ ២៥, ៣១) និង​ទម្រាំសេចក្តី​ស្លាប់​ត្រូវ​រំលាយ​ចោល ព្រមទាំង​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់ (១ករ ១៥, ២៦-២៧) សាវ័ក​របស់​ព្រះ​គ្រីស្តមួយ​ចំនួន នៅតែបន្តបូជនីយេសក៍នៅលើផែនដីនេះតទៅទៀត។ មាន​សាវ័ក​មួយ​ចំនួន​ដែល​ផុតជីវិត នៅ​តែជម្រះ​ខ្លួន​មុននឹង​ជួបព្រះជាម្ចាស់។ មួយចំនួន​ទៀត ស្ថិតនៅក្នុង​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់ «នៅ​ក្នុងពន្លឺដ៏​ត្រចះ​​ត្រចង់យ៉ាងពេញលេញ ឃើញ​ព្រះ​ជាម្ចាស់​តែមួយព្រះអ​ង្គ​ជាព្រះត្រៃឯក»។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​ទាំងអស់រួបរួមគ្នាក្នុងសេចក្តីស្រឡាញ់តែមួយ​ចំពោះព្រះ​ជាម្ចាស់​និងចំពោះអ្នកដទៃ តាម​កម្រិត និងតាម​របៀប​ផ្សេងៗ នាំគ្នាច្រៀងលើកតម្កើងសិរីរុង​រឿង​ថ្វាយព្រះជាម្ចាស់។ អស់អ្នកដែលរួបរួម​ជាមួយ​ព្រះគ្រីស្ត និងដែល​បាន​ទទួលព្រះ​វិញ្ញាណ​របស់ព្រះ​អង្គ ហើយ ក៏រួមគ្នាជាព្រះសហគមន៍តែមួយ និងភ្ជាប់​គ្នា​ទៅវិញទៅមកជាអង្គភាពតែមួយ ក្នុង​អង្គ​ព្រះគ្រីស្តដែរ (អភ ៤, ១៦)។ ដូច្នេះអស់អ្នកដែលកំពុងធ្វើ​ដំណើរ​ក្នុង​លោកនេះនៅឡើយ និងបងប្អូនដែល​ចែកឋាន សម្រាន្ត​លក់​ក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តទៅហើយ ក៏​រួមគ្នា​មិនដាច់ពីគ្នាទេ។ ផ្ទុយទៅវិញ តាមជំនឿ​​របស់​ព្រះសហគមន៍តាំង​ពីដើមរៀងមក ក្រុមទាំងពីររឹតតែរួមគ្នា ដោយ​ចែក​រំលែកសម្បត្តិខាង​ព្រះ​វិញ្ញាណ​ទៅ​វិញ​ទៅមក។ អ្នកដែលនៅលោក​ខាងមុខ ភ្ជាប់ជាមួយ​ព្រះ​គ្រីស្ត​យ៉ាង​ជិតស្និទ្ធច្រើងជាង និង​ជួយ​ព្រះសហគមន៍​ទាំងមូល​ឲ្យកាន់តែវិសុទ្ធ ព្រមទាំងរួមជាមួយ​ព្រះសហគមន៍​ដែល​ធ្វើពិធីគោរ​ព​បម្រើ​ព្រះ​ជាម្ចាស់​នៅលើផែនដីឲ្យកាន់​តែឧត្តុង្គ​ឧត្តម​ឡើង ហើយក៏ជួយព្រះសហគមន៍​តាម​របៀប​ជា​ច្រើនឲ្យ​កសាង​ខ្លួនកាន់តែធំឡើងៗដែរ (១ករ ១២, ១២-២៧)។ ព្រះ​អម្ចាស់បានទទួលបងប្អូនទាំងនោះ​ក្នុង​មាតុភូមិ​នៅក្បែរព្រះអង្គ (២ករ ៥,៨)។ ដោយសារព្រះ​គ្រីស្ត រួមជាមួយព្រះគ្រីស្ត និងក្នុងអង្គ​ព្រះគ្រីស្ត បង​ប្អូន​ទាំង​នោះ​នៅតែជួយអង្វរព្រះបិតាឲ្យយើង ហើយថ្វាយ​អំពើ​ល្អដែល​គេបាន​ធ្វើនៅ​លើ​ផែន​ដី តាមរយៈ​ព្រះ​គ្រីស្ត​យេស៊ូ​ជាស្ពានមេត្រីតែមួយគត់​រវាង​ព្រះជាម្ចាស់និងមនុស្សលោក (១ធម ២, ៥)។ បងប្អូន​ទាំង​នោះ​បាន​បម្រើ​ព្រះ​អម្ចាស់ក្នុង​គ្រប់​កិច្ចការទាំងអស់ និងបានជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ត‌‌​សម្រាប់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ជា​ព្រះ​សហគមន៍ (កូឡ ១, ២៤)។ ដោយបងប្អូនទាំងនោះ​យកចិត្តទុកដាក់​ស្រឡាញ់​យើង​ដូចបងប្អូន ពួក​គាត់​ជួយ​យើងជា​មនុស្ស​ទន់ខ្សោយយ៉ាងខ្លំាង។

៥០-ព្រះសហគមន៍នៅលោកខាងមុខមានទំនាក់ទំនងជាមួយព្រះសហគមន៍នៅលើផែនដី

ព្រះសហគមន៍ទទួលស្គាល់ថា សមាជិកនៃព្រះកាយដ៏អាថ៌កំបាំងទាំងមូលរបស់ព្រះយេស៊ូ​គ្រីស្ត​រួប​រួម​គ្នារួច​ហើយ។ តាំង​ពីដើមដំបូង​នៃគ្រីស្តសាសនា សមាជិកនៃព្រះសហគមន៍ដែល​កំពុងធ្វើដំណើរ​នៅ​នា​​លោ​កនេះ តែង​តែ​នឹករឭក​ដល់​អស់​អ្នក​ដែលចែកឋានទៅហើយ ដោយគោរពប្រណិ​ប័តន៍​យ៉ាងខ្លាំង។ គេ​ធ្លាប់​អង្វរ​ព្រះជាម្ចាស់​ឲ្យអស់​អ្នក​ដែលចែកឋាន ដ្បិត «គំនិត​អង្វរព្រះ​ជាម្ចាស់សូមព្រះអង្គលើកលែង​ទោស​ឲ្យ​មនុស្ស​ស្លាប់​បាន​រួច​ពី​បាប ពិត​ជា​គំនិត​ដ៏​វិសុទ្ធ​របស់​អស់អ្នកគោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ​មែន» (២មរ ១២, ៤៥)។ ចំពោះ​គ្រីស្តទូត និង​មរណ​សាក្សី​របស់​ព្រះគ្រីស្ត ដែលបានផ្តល់​សក្ខីភាព​ដ៏ខ្ពង់ខ្ពស់បំផុតអំ​ពី​ជំនឿ និងអំពី​សេចក្តី​ស្រឡាញ់រហូតដល់​បូជា​ជីវិត​ថ្វាយ​ព្រះអង្គនោះ ព្រះសហគមន៍តែង​តែជឿ​ជា​និច្ចថា ពួកគាត់នៅជាប់​កាន់​តែជិត​ស្និទ្ធ​ជាមួយយើងក្នុង​អង្គ​ព្រះ​គ្រីស្ត។ ព្រះ​សហគមន៍ក៏ធ្លាប់គោរព​គ្រីស្តទូតនិង​មរណសាក្សី ដោយ​សេចក្តីស្រឡាញ់ ជាពិសេស​រួម​ជាមួយ​ព្រះ​នាង​ព្រហ្មចារិនីម៉ារីនិងសន្តទេវទូត ហើយ​សូម​ពួក​គាត់​ជួយ​អង្វរ​ព្រះ​​ជាម្ចាស់​ផង​ដែរ។ ក្រោយមក ព្រះ​សហគមន៍​ក៏បន្ថែម​អ្នកខ្លះ​ទៀត ដែល​សុខ​ចិត្ត​យក​តម្រាប់តាមព្រះគ្រីស្តយ៉ាង​ជិត​ស្និទ្ធ ដោយរស់នៅក្នុងឋានៈ​ជា​ព្រហ្មចារី និង​ជាអ្នក​ក្រីក្រ។ មានអ្នក​ខ្លះ​ទៀត​កាន់តាម​ព្រហ្មវិហារ​ធម៌​នៃ​គ្រីស្តសាសនា​យ៉ាង​អស្ចារ្យ​និងបាន​ទទួល​ព្រះ​អំណោយទាន​ដ៏​ប្រសើរ​របស់​ព្រះជាម្ចាស់  នាំឲ្យ​ព្រះ​សហគមន៍ទូន្មានឲ្យគ្រីស្ត​បរិស័ទ​គោរព​ប្រណិប័តន៍ និង​យក​តម្រាប់តាម។

ប្រសិនបើយើងសញ្ជឹងគិតដល់ការរស់នៅរបស់សន្តបុគ្គលទាំងប៉ុន្មាន ដែលបានយកតម្រាប់តាម​ព្រះ​​គ្រីស្ត​ដោយ​ចិត្ត​ស្មោះនោះ ពិតជា​ពួកគាត់ដាស់តឿនយើង​ឲ្យ​ស្វែងរកបុរីនៃលោកខាងមុខ (ហប ១៣, ១៤ និង ១១, ១០)។ នៅ​ពេល​ជាមួយគ្នានេះ យើងបង្រៀន​ខ្លួនឯង​ឲ្យស្គាល់ផ្លូវដ៏ត្រឹមត្រូវ នៅ​ពេល​យើង​កំពុង​ឆ្លង​កាត់​លោក​ដ៏​មិន​ទៀង​ទាត់នេះ តាមរបៀបរស់នៅ និងតាមសភាពការណ៍រៀងៗខ្លួន ដើម្បី​ឲ្យ​យើង​អាច​ឈាន​ទៅរួប​រួម​យ៉ាង​ពេញ​លក្ខណៈ​ជា​មួយព្រះគ្រីស្ត ពោលគឺឲ្យបានវិសុទ្ធ។ ព្រះជាម្ចាស់​សម្តែង​វត្តមាន​និងព្រះ​ភ័ក្ត្រ​របស់​ព្រះ​អង្គ​យ៉ាង​ជាក់​ច្បាស់​ឲ្យមនុស្សលោក តាមរយៈការរស់នៅ​របស់​សន្តបុគ្គល​ជាមនុស្ស​ដូចយើង ដែល​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះ​គ្រីស្ត​យ៉ាង​ពេញ​លក្ខណៈ (២ករ ៣, ១៨)។ ព្រះ​ជាម្ចាស់​មាន​ព្រះបន្ទូល​មកយើង​តាមរយៈសន្តបុគ្គល គឺ​ព្រះ​អង្គ​ប្រទាន​សញ្ញាសម្គាល់អំពីព្រះរាជ្យ​របស់​ព្រះ​អង្គ ហើយ​ក៏ទាក់ទាញចិត្តយើងយ៉ាងខ្លាំងដែរ  ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា​ធ្វើ​ជា​សាក្សីនៅ​ជុំវិញ​យើង (ហប ១២, ១) និងដោយពួកគាត់បានបញ្ជាក់អំពីសេចក្តីពិត​នៃ​ដំណឹង​ល្អផង។

ក៏ប៉ុន្តែយើងនឹករឭកដល់សន្តបុគ្គលដោយគោរព មិនគ្រាន់តែព្រោះពួកគាត់ដាក់គំរូល្អឲ្យយើងធ្វើ​តាម​ប៉ុណ្ណោះ​ទេ តែយើងក៏ចង់ពង្រឹងការរួបរួមរបស់ព្រះសហគមន៍ទាំងមូលក្នុងព្រះវិញ្ញាណថែមទៀត ដោយ​ប្រតិបត្តិ​តាម​សេចក្តី​ស្រឡាញ់គ្នា​ទុកជា​បងប្អូន (អភ ៤, ១-៦)។ បើយើងជាគ្រីស្តបរិស័ទ​ដែលកំពុង​ធ្វើដំណើរ​នៅលើ​ផែនដី​នេះ រួបរួម​គ្នា​ឈានទៅកាន់​ព្រះគ្រីស្ត​កាន់តែជិតស្និទ្ធឡើងៗយ៉ាងណា ការរួម​សហភាព​ជាមួយសន្តបុគ្គល ក៏​បង្រួប​បង្រួម​​យើងជា​មួយ​ព្រះ​គ្រីស្ត​​កាន់តែ​ខ្លាំងឡើងយ៉ាងនោះដែរ ព្រោះ​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​គ្រប់​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់ និងជីវិតរបស់​ប្រជា​រាស្រ្ត​ព្រះអង្គ ហូរពីព្រះគ្រីស្ត​មក ដូច​ជាហូរពីប្រភពនិងពី​ព្រះសិរសារបស់​ប្រជារាស្រ្ត​នោះ។ ហេតុនេះ យើងគួរតែស្រឡាញ់​មិត្ត​ភ័ក្តិទាំង​នោះ ជា​អ្នកដែលទទួលមត៌ករួមជាមួយព្រះ​យេស៊ូ​គ្រីស្ត ជាបងប្អូន​យើង ជាអ្នកដ៏​ប្រសើរ​ដែលជួយ​យើង​បាន។ យើងគួរតែអរព្រះគុណព្រះជាម្ចាស់​ព្រោះ​ព្រះអង្គ​ប្រណី​សន្តោសបង​ប្អូន​ទាំងនោះ។ «យើង​គួរ​តែ​​ទទូចអង្វរ​សន្តបុគ្គលយ៉ាងក្លៀវក្លា សូម​ឲ្យ​ពួកគាត់​ជួយអង្វរ​ព្រះ​ជាម្ចាស់ ដោយ​រួមជាមួយ​ព្រះយេស៊ូ​គ្រីស្ត ជា​ព្រះ​បុត្រា​ព្រះអង្គ​និងជាព្រះអម្ចាស់​នៃ​យើង ជា​ព្រះសង្គ្រោះ​តែ​មួយ​ព្រះអង្គ​ដែលរំដោះយើង។ សូម​ជ្រកកោនក្រោមម្លប់​របស់​សន្តបុគ្គល សូមពួកគាត់អង្វរព្រះជាម្ចាស់ សូម​ព្រះ​អង្គ​ប្រោស​ប្រទានអ្វីៗ​ដែល​យើង​ត្រូវ​ការ។» ប្រសិន​បើយើង​បង្ហាញសេចក្តីស្រឡាញ់​យ៉ាង​ពិត​ប្រាកដ​ចំពោះ​សន្ត​បុគ្គល យើងក៏​នឹង​បង្ហាញសេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​គ្រីស្ត ជាទិសដៅនៃ​សេចក្តីស្រឡាញ់នោះដែរ ព្រោះ​ព្រះអង្គ​ជា «ភួង​ជ័យនៃ​សន្តបុគ្គល​ទាំង​ឡាយ»។ ដោយ​សារព្រះគ្រីស្ត យើងក៏​សម្តែង​សេចក្តីស្រឡាញ់ ចំពោះ​ព្រះ​ជា​ម្ចាស់ ដែលគួរឲ្យស្ងើច​សរសើរក្នុង​សន្តបុគ្គល​ទាំងឡាយ និងដែលសម្តែង​សិរីរុងរឿង​ក្នុង​សន្តបុគ្គល​ទាំងនោះ។

ពិធីគោរពប្រណិប័តន៍នានាដ៏សក្ការៈធ្វើឲ្យយើងរួបរួមយ៉ាងខ្ពង់ខ្ពស់បំផុត ជាមួយព្រះសហគមន៍នៅ​លោក​​ខាង​មុខ គឺក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ អានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធប្រោសយើង ដោយ​អគ្គសញ្ញា​នានា។ ក្នុង​ពិធី​នានា យើងរួម​សប្បាយ​រីករាយលើកតម្កើងសិរីរុងរឿងរបស់ព្រះដ៏ឧត្តុង្គ​ឧត្តម​បំផុត។ យើងទាំង​អស់​គ្នា​មក​ពីគ្រប់​ពូជ​អម្បូរ គ្រប់​ភាសា‌‌ គ្រប់​ប្រជាជន   និងគ្រប់​ជាតិ​សាសន៍ (វវ ៥, ៩) ដែល​ព្រះគ្រីស្តបាន​រំដោះ​ដោយ​បូជាព្រះជន្ម ជួបជុំគ្នាក្នុងព្រះ​សហគមន៍​តែមួយគត់ សូមច្រៀងលើក​តម្កើង​ព្រះជាម្ចាស់តែមួយព្រះ​អង្គ ជាព្រះ​ត្រៃឯក ដោយសូរ​ស័ព្ទតែមួយដែរ។ ពេលយើងថ្វាយសក្ការបូជា​អរ​ព្រះគុណ យើងរួមយ៉ាង​ប្រសើរ​ជាង​គេ​បំផុតជាមួយព្រះ​សហគមន៍​នៃ​ស្ថានបរមសុខដែល​គោរព​បម្រើ​ព្រះ​ជាម្ចាស់។ នៅពេលនោះ​យើង​ក៏រួបរួម​ជាមួយ​គ្នា ជាបឋមគោរព​ព្រះ​នាង​ម៉ារី​ប្រកប​ដោយ​សិរីរុងរឿង ជាព្រហ្មចារិនីជាដរាប គោរព​សន្តៈ​យ៉ូសែប គោរព​សន្ត​គ្រីស្ត​ទូត និង​មរណសាក្សី ព្រម​ទាំង​សន្ត​បុគ្គល​ទាំងឡាយដែរ។

៥១-ពាក្យណែនាំ

មហាសន្និបាតដ៏វិសុទ្ធសូមគោរពប្រណិប័តន៍យ៉ាងខ្លាំងនូវជំនឿរបស់គ្រូបាធ្យាយ គឺជឿថា យើង​រួប​រួម​ជា​មួយ​បងប្អូន ដោយ​មានជី​វិត​​តែ​មួយ រួមជាមួយបងប្អូនដែលទទួលសិរីរុងរឿងនៃស្ថានបរមសុខ​រួច​ហើយ និង​រួម​ជាមួយ​បង​ប្អូនដែលចែកស្ថានទៅហើយនោះហើយកំពុង​ជម្រះ​ខ្លួន។ មហាសន្និបាត​សូម​ប្រកាស​សា​ជា​ថ្មីទាំង​គោរព​ប្រណិប័តន៍នូវ​ក្រឹត្យ​នៃមហា​សន្និ​បាត​​ដ៏វិសុទ្ធពីជំនាន់មុនៗ គឺមហាសន្និបាត​ទី​ពីរ​នៅ​ក្រុង​នីសេ មហា​សន្និបាត​ក្រុងហ្លូរង្ស និង​មហា​សន្និ​បាត​ក្រុងត្រែនតូ។ នៅពេលជាមួយគ្នានេះ ប្រសិន​បើ​មាន​គេ​ប្រព្រឹត្តបំពាន ឬ​ប្រព្រឹត្ត​ហួស ឬប្រសិន​មាន​ការ​ខ្វះ​ត្រង់​កន្លែង​ណាមួយ មហាសន្និបាត​សូម​ដាស់តឿន​អស់​អ្នក​ទទួលខុសត្រូវក្នុង​ព្រះ​សហគមន៍ ឲ្យ​ឧស្សាហ៍​កែ​សម្រួ​ល ទាំង​ដក ឬកែសម្រួល​សេចក្តី​អាក្រក់​ផង។ សូមតែង​តាំងអ្វីៗជាថ្មី ដើម្បី​លើក​តម្កើងព្រះគ្រីស្ត​និងព្រះ​ជាម្ចាស់​ឲ្យកាន់​តែ​ល្អ​ប្រសើរ​ឡើង។ សូម​បង្រៀន​​គ្រីស្តបរិស័ទឲ្យដឹងថា អ្នក​ដែល​ចង់​គោរពសន្តបុគ្គល​យ៉ាងពិ​តប្រាកដ មិនបាច់ធ្វើពិធី ឬកិច្ចការ​ជា​ច្រើន​ខាង​ក្រៅ​ខ្លួន​ទេ តែ​ត្រូវ​ប្រតិបត្តិ​តាម​សេចក្តី​ស្រឡាញ់យ៉ាងខ្លាំង និង​សកម្ម​ទៀត​ផង។ ត្រូវ​ព្យាយាមស្គាល់​ការ​រស់​នៅ​របស់សន្តបុគ្គល ដើម្បី​ជា​ប្រយោជន៍​យ៉ាង​ខ្លាំងបំផុតសម្រាប់​យើង​និងសម្រាប់​ព្រះ​សហគមន៍ «ត្រូវយក​តម្រាប់តាម និងរួមជាមួយ​ពួកគាត់ ដើម្បី​រួម​ចំណែក​ក្នុងសុភមង្គលនៅ​ស្ថាន​បរម​សុខ ព្រម​ទាំងសូម​ជួយអង្វរ​ព្រះជាម្ចាស់​ឲ្យ​យើងផង»។ ម្យ៉ាង​ទៀត ​សូម​បង្រៀន​គ្រីស្តបរិស័ទឲ្យ​ដឹង​ច្បាស់ថា ប្រសិនបើគេយល់អំពី​ទំនាក់ទំនងជាមួយ​សន្តបុគ្គល​តាម​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​នៃជំនឿ​ដ៏ពិតប្រាកដ ទំនាក់​ទំនងនេះមិន​នាំឲ្យ​ការ​គោរពនមស្ការថ្វាយបង្គំព្រះ​ជាម្ចាស់​ជា​ព្រះបិតា ដោយ​សារ​ព្រះគ្រីស្ត ក្នុង​ព្រះ​វិញ្ញាណអន់ថយនោះទេ ផ្ទុយទៅវិញធ្វើឲ្យការ​គោរពថ្វាយ​បង្គំនេះ​កាន់តែ​ទូលំ​ទូលាយ​ឡើង​ទៀត​ផង។

យើងនិងសន្តបុគ្គលទាំងអស់ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ រួម​ជាក្រុមគ្រួសារតែមួយ​ក្នុង​អង្គ​​ព្រះ​គ្រីស្ត (ហប ៣, ៦)។ ពេលណាយើងនិងសន្តបុគ្គលស្រឡាញ់គ្នាទៅវិញទៅមក ហើយ​រួបរួម​គ្នា​លើក​តម្កើង​ព្រះ​ត្រៃឯក​ដ៏វិសុទ្ធ​បំផុត ពេល​នោះ​យើងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ស្រប​តាម​លក្ខណៈ​ពិសេស​បំផុត​នៃ​ព្រះសហគមន៍។ យើង​ជាគ្រីស្តបរិស័ទ​ក្នុងលោកនេះ ក្រេបជញ្ជក់នឹង​ពិធី​​គោរព​​សិរីរុង​រឿងដ៏ពេញ​លក្ខណៈ​នៃ​ស្ថាន​បរមសុខ​ទុកជាមុន។ នៅ​ពេល​ដែលព្រះគ្រីស្តសម្តែងព្រះអង្គ​មក គឺ​នៅ​ពេលម​នុស្សស្លាប់​ទទួលជីវិត​ថី្មដ៏រុង​រឿង ពន្លឺរបស់ព្រះជាម្ចាស់​នឹងបំភ្លឺ​បុរី​នៃលោកខាងមុខ ហើយ​កូន​ចៀម​​នឹង​ទៅជាចង្កៀងនៃបុរីនោះ (វវ ២៤,  ២១)។ នៅពេល​នោះ ព្រះសហគមន៍​នៃជន​ដ៏វិសុទ្ធ​ទាំង​អស់​ប្រកប​ដោ​យអំណរសប្បាយដ៏លើសលប់ ជាអំណរ​មក​ពី​សេចក្តី​ស្រឡាញ់ ក្រាបថ្វាយបង្គំព្រះជាម្ចាស់ និង“កូន​ចៀម​ដែលត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ​” ទាំងប្រកាសដោយ​សូរស័ព្ទ​តែ​មួយថា “សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​និង​កូន​ចៀម ទទួល​ពាក្យ​​សរសើរ​តម្កើង ព្រះ​កិត្តិនាម សិរី​រុងរឿង‌ និង‌​ព្រះ​ចេស្ដា‌ អស់​កល្ប​ជា​អង្វែង​តរៀងទៅ”។ (វវ ៥, ១៣-១៤)។

ជំពូក៨
ព្រះនាងព្រហ្មចារិនីម៉ារី​ជាព្រះមាតារបស់ព្រះអម្ចាស់
តាមគម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្ត និងព្រះសហគមន៍

ក.អារម្ភកថា

៥២-ព្រះនាងព្រហ្មចារិ នី តាមគម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្ត​

ព្រះជាម្ចាស់សម្រេចសង្គ្រោះមនុស្សលោកតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ និង​តាមព្រះ​ប្រាជ្ញា​ញាណ​របស់ព្រះអង្គ។ «លុះ​ដល់​ពេល​កំណត់​ហើយ ​ព្រះអង្គក៏​ចាត់​ព្រះបុត្រា​ឲ្យ​មក​ប្រសូតពី​ស្ត្រី​ម្នាក់ដើម្បី​ឲ្យ​យើង​ទទួល​ឋានៈ​​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ» (កាឡ ៤, ៤-៥)។ ដូច្នេះ «ព្រះបុត្រាព្រះអង្គយាង​ចុះ​ពី​ស្ថាន​បរម​សុខ ព្រោះ​តែ​យើង និងដើម្បីសង្គ្រោះយើង ព្រះអង្គប្រសូតជាមនុស្សពីនាងព្រ​ហ្មចារិនីម៉ារី ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ»។ ព្រះ​ជាម្ចាស់បានសម្តែងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះនេះ​ឲ្យយើង​ស្គាល់។ គម្រោងការនេះ​ក៏​នៅ​តែ​មាន​បន្ត​ក្នុង​ព្រះសហគមន៍ ដែលព្រះអម្ចាស់បានតែងតាំងទុកជាព្រះ​កាយរបស់ព្រះអង្គ។ ក្នុង​ព្រះ​សហគមន៍​នេះ អស់អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះគ្រីស្ត ភ្ជាប់ជាមួយព្រះអង្គជាព្រះ​សិរសា ហើយ​រួបរួម​ជាមួយ​សន្ត​បុគ្គល​ទាំងឡាយ។ “ជាបឋម ត្រូវតែគោរព​ព្រះនាង​ម៉ារីប្រកប​ដោយ​សិរីរុង​រឿង ជាព្រហ្មចារិនីជាដរាបជា​ព្រះមាតា​របស់​ព្រះយេស៊ូគ្រីស្ត ជាព្រះជាម្ចាស់ និងជាព្រះ​អម្ចាស់​នៃ​យើង ”។

៥៣-ព្រះនាងម៉ារីនិងព្រះសហគមន៍

ពេលទេវទូតនាំដំណឹងមក នាងព្រហ្មចារិនីម៉ារីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងក្នុងចិត្តផង ទាំង​ក្នុង​រូប​កាយផង ហើយ​នាងបង្ហាញជីវិតដល់មនុស្សលោក។ គេទទួលស្គាល់និងគោរពនាង​ទុកជា​ព្រះមាតា​ដ៏ពិត​ប្រាកដ​របស់​ព្រះ​អម្ចាស់ ជាព្រះសង្គ្រោះផង។ ព្រះជាម្ចាស់បានរំដោះនាងយ៉ាងអ​ស្ចារ្យ​បំផុត​ដោយឈ្វេងយល់​ដល់ កុស​ល​ផលបុណ្យ​របស់​ព្រះបុត្រាព្រះអង្គ។ នាងក៏ភ្ជាប់នឹង​ព្រះបុត្រាយ៉ាង​ជិត​ស្និទ្ធបំផុត មិនអាច​ផ្តាច់​ពី​ព្រះ​អង្គ​បាន​ឡើយ។ នាង​ទទួលបន្ទុកដ៏ធំមហិមា និងទទួលកិត្តិយសដ៏ថ្លៃថ្នូរ គឺ​ធ្វើជា​ព្រះមាតា​នៃ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។ ហេតុ​នេះហើយ​បានជា នាងជាបុត្រី​ដ៏ជាទីគាប់ព្រះ​ហឫទ័យ​របស់ព្រះបិតា ជាព្រះវិហារ​ដ៏​សក្ការៈ​នៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ សេចក្តីនេះជាព្រះ​អំណោយទាន​យ៉ាងពិសេសនៃ​ព្រះ​ហឫទ័យប្រណីសន្តោសរបស់​ព្រះ​ជាម្ចាស់ ដែល​តម្កល់​នាង​យ៉ាង​ខ្ពស់​លើសត្វ​លោក​ទាំង​ឡាយ ទាំងនៅលើស្ថានបរមសុខ ទាំងនៅ​លើ​ផែនដី​ដែរ។ ក៏​ប៉ុន្តែ ក្នុង​ឋានៈនាង​ជាពូជ​ពង្ស​របស់​លោក​អាដាំ នាង​ក៏រួបរួមជាមួយ​មនុស្ស​ជាតិ​ទាំងមូល ដែល​ត្រូវ​ការ​ព្រះ​សង្គ្រោះ​ដែរ។ លើសពីនេះទៅទៀត នាង​ពិតជា “មាតា​នៃ​សរីរាង្គរបស់ព្រះគ្រីស្ត ព្រោះនាង​រួមសហការ ដោយ​ចិត្ត​ស្រឡាញ់ បង្កើត​ព្រះ​សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ដែលជា​សរីរាង្គនៃព្រះអម្ចាស់ ជាមេដឹកនាំនោះ”។ ហេតុនេះ​ហើយ បាន​ជា​ព្រះ​សហគមន៍​ធ្លាប់​សរសើរ​នាង​ទុក​ជាសមាជិក​ដ៏ប្រសើរ​ជាង​គេ​បំផុត​តែមួយគត់​របស់​ព្រះ​សហគមន៍ ជា​គំរូគួរ​ឲ្យ​ព្រះ​សហគមន៍​សរសើរ និង​ប្រព្រឹត្ត​តាម គឺឲ្យផ្ញើ​ជីវិត​លើព្រះជាម្ចាស់ និងមានចិត្តស្រឡាញ់​ដូច​នាង។ ព្រះ​សហគមន៍កាតូលិក​ដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បានបំភ្លឺ​ឲ្យ​ដឹង តែងតែ​គោរពប្រណិប័តន៍នាង ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូចជាកូនៗដែលត្រូវគោរពប្រណិប័តន៍​ម្តាយ ដែល​ស្រឡាញ់​គេ​យ៉ាងខ្លាំងដែរ។

៥៤-គោលបំណងរបស់មហាសន្និបាត

មហាសន្និបាតដ៏វិសុទ្ធបានរៀបរាប់អំពីលទ្ធិនៃជំនឿរបស់ព្រះសហគមន៍ ស្តីអំពីរបៀប​ព្រះគ្រីស្ត​សង្គ្រោះ​​យើង។ ឥឡូវនេះ មហាសន្និបាតសូមពន្យល់យ៉ាងពិស្តារអំ​ពី​តួនា​ទីរបស់ព្រះនាងព្រហ្មចារិនី​ម៉ារី​ក្នុង​​គម្រោងការ​ដ៏​អស្ចារ្យ​នៃព្រះបន្ទូលប្រសូត​ជាមនុស្សផង និងក្នុងគម្រោងការ​ដ៏អស្ចារ្យនៃ​ព្រះកាយ​ដ៏​លាក់​កំបាំងរបស់ព្រះ​គ្រីស្ត​ផង។ មហា​សន្និបាតក៏​សូមបង្ហាញអំពីរបៀប​មនុស្សដែល​ព្រះគ្រីស្ត​បាន​សង្គ្រោះ ត្រូវគោរព​ព្រះ​មាតារ​បស់​ព្រះ​អម្ចាស់ ជាព្រះមាតារ​បស់​ព្រះគ្រីស្ត និងជា​មាតា​របស់​មនុស្ស​លោក គឺជាមាតា​អ្នក​ជឿ​ជាដើម។ ក៏ប៉ុន្តែ មហា​សន្និបាត​គ្មាន​បំណងចង់រៀបរាប់លទ្ធិទាំងស្រុងនៃជំនឿ​អំពីនា​ងម៉ារី ហើយ​ក៏គ្មានបំណង​អារកាត់​សេចក្តីដែល​អស់​លោក​ទេវវិទូ​កំពុង​រិះគិត តែមិនទាន់​បញ្ជាក់​យ៉ាងច្បា​ស់​នៅឡើយ​ទេ។ ហេតុនេះហើយបានជា គ្រីស្តបរិស័ទ​មាន​សិទ្ធិ​សេរីភាព​​បញ្ចេញយោបល់​ប្លែកៗ​ពីគ្នា អំពី​សេចក្តី​ទាំងប៉ុន្មាន​ដែល​ព្រះសហគមន៍មិន​ទាន់​បញ្ជាក់​​យ៉ាង​ច្បា​ស់​នៅឡើយអំពី​នាង​ម៉ារី។ ទោះបី​​នាងជា​មនុស្ស​ដូច​យើង ហើយ​នៅ​ក្បែរយើងកី្ត ក៏ព្រះ​សហគមន៍​​​កាតូលិក​ដ៏​វិសុទ្ធតែងតែ​គោរព​នាងយ៉ាងខ្ពង់​ខ្ពស់​បន្ទាប់​ពីព្រះគ្រីស្ត។

ខ.តួនាទីរបស់ព្រះនាងម៉ារីក្នុងការចាត់ចែងការសង្គ្រោះ

៥៥-ព្រះមាតារបស់ព្រះគ្រីស្តតាមគម្ពីរសម្ពន្ធមេត្រីចាស់

គម្ពីរសម្ពន្ធមេត្រីចាស់និងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រមទាំងការបញ្ជូនបន្តដ៏គួរឲ្យគោរពរបស់ព្រះ​សហគមន៍ តាំង​ពី​ដើម​រៀងមក ពន្យល់កាន់តែច្បាស់ឡើងៗ អំពីតួនាទីដ៏ប្រសើរនៃ​ព្រះមាតារបស់ព្រះ​សង្គ្រោះ ក្នុងការ​ចាត់​ចែង​ការ​សង្គ្រោះ ហើយសូមជូនសេចក្តីនេះឲ្យយើងសញ្ជឹងគិត។ ក័ណ្ឌទាំងប៉ុន្មាននៃ​គម្ពីរ​សម្ពន្ធមេត្រីចាស់ ពណ៌នា​អំពី​ប្រវត្តិ​សាស្រ្ត​នៃការសង្គ្រោះ និងអំពីការរៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមក​ក្នុងលោកយើងនេះដែរ។ ព្រះ​សហគមន៍​តែង​អាន​ឯកសារដើមដំបូងទាំងនោះ និង​យល់អត្ថន័យតាមពន្លឺ​នៃ​សេចក្តី ដែល​ព្រះ​ជាម្ចាស់​បាន​សម្ដែង​យ៉ាង​ពេញ​លេញ​នៅ​ពេលក្រោយ។ ឯកសារទាំងនោះបង្ហាញ​កាន់​តែ​ច្បាស់ឡើងៗ អំពី​ស្រ្តី​ជា​ព្រះមាតា​របស់​ព្រះគ្រីស្ត។ តាមពន្លឺ​នេះ យើ​ង​ត្រូវយល់អត្ថន័យ​នៃព្រះ​បន្ទូល​សន្យា​មកលោក​អាដាំ និង​នាង​អេវ៉ា​ដែលបាន​ប្រព្រឹត្ត​អំពើបាបថា នឹង​បាន​ជ័យ​ជម្នះ​លើ​សត្វពស់ ដូច​ជា​សេចក្តី​ព្រាងទុកតាមរបៀបព្យាការី (កណ ៣, ១៥)។ តាម​របៀប​ដដែលនេះ នាងម៉ារីជា​យុវ​នារី​ដែល​មាន​ផ្ទៃ​​ពោះ ហើយនឹងប្រសូត​បុត្រមួយដែលគេថ្វាយព្រះនាមថា “ព្រះ​អេម៉ានូអែល” (អស ៧, ១៤; មីកា ៥, ២-៣; មថ ១, ២២-២៣)។ នាងម៉ារីជាជនប្រសើរជាងគេ ក្នុង​ចំណោម​អ្នកតូចតាច និងអ្នក​សុភាព​រាប​សា​របស់​ព្រះអម្ចាស់ ដែលមាន​ចិត្ត​សង្ឃឹមថា នឹង​ទទួល​ការ​សង្គ្រោះ​ដោយ​ផ្ញើ​ជីវិត​លើព្រះអង្គ។ លើស​ពី​នេះ​ទៅ​ទៀត នាងជា​បុត្រី​ក្រុង​ស៊ីយ៉ូន​ដ៏​ប្រ​សើរ​ជាងគេ។ ក្រោយពី​ប្រជា​រាស្រ្តទន្ទឹង​រង់ចាំយ៉ា​ង​យូរអង្វែង ព្រះ​បន្ទូលសន្យា​បាន​កើតជា​រូបរាង​នៅពេលកំណត់ គឺព្រះ​ជាម្ចាស់​ចាត់ចែង​ការ​សង្គ្រោះ​តាម​របៀប​ថ្មី នៅពេលព្រះបុត្រា​របស់​ព្រះជាម្ចាស់​យក​សភាពជាមនុស្ស​ដោយ​សារ​នាង ដើម្បីរំដោះ​មនុស្ស​លោក​ឲ្យបានរួចពីបាប ដោយ​ព្រះអង្គប្រព្រឹត្ត​កិច្ចការ​ទាំង​ប៉ុន្មាន​ក្នុងឋានៈជាមនុស្ស។

៥៦-នាងម៉ារីទទួលដំណឹងពីទេវទូត

ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា​យ៉ាងក្រៃលែង ទ្រង់សព្វព្រះហឫទ័យ​ឲ្យមាតា​ដែល​ព្រះអង្គ​តម្រូវ​ជាមុន សុខចិត្តធ្វើតាមព្រះបន្ទូលព្រះអង្គ មុនព្រះបុត្រាប្រសូតជាមនុស្ស។ ស្រ្តី​ម្នាក់​រួម​សហកា​រ​ក្នុង​កិច្ច​បណ្តាល​ឲ្យមនុស្សលោក​ស្លាប់​យ៉ាងណា ស្រ្តីម្នាក់ទៀត ក៏រួមសហការធ្វើឲ្យមនុស្សលោក​មានជីវិត​យ៉ាង​នោះ​ដែរ។ សេចក្តី​នេះពិតតាមរបៀបដ៏អស្ចារ្យ​ស្តីអំពី​ព្រះមាតា ដែល​ប្រទាន​​ព្រះយេសូ៊ជា​ជីវិត គឺព្រះអង្គ​ដែលប្រែអ្វីៗ​ទាំង​អស់​ឲ្យបានជាថ្មី។ ព្រះជាម្ចាស់​បាន​​ផ្គត់ផ្គង់​នាង​ដោយព្រះ​អំណោយទាន ត្រូវតាមករណី​កិច្ចដ៏​ប្រសើ​រ​ដែល​នាង​ត្រូវ​បំពេញនោះ។ ហេតុ​នេះ មិនគួរ​ឲ្យ​ឆ្ងល់ ដោយគ្រូបាធ្យាយ​ដ៏​វិសុទ្ធ​នៃ​ព្រះ​សហគមន៍​តែងតែ​ហៅ​ព្រះមាតា​របស់​ព្រះ​អម្ចាស់​ថា ជាស្រ្តីដ៏វិសុទ្ធ​បំផុត ជាស្រ្តី​និមល​មិន​ដែល​ជាប់​ជំពាក់បាប ជាស្ត្រី​ដែលសូនដោយព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ និង​ជាស្រ្តី​ដែល​ព្រះអង្គ​ប្រតិស្ឋានជា​ថ្មី។ តាំង​ពីនាងទើបតែនៅក្នុងផ្ទៃម្តាយ ព្រះជាម្ចាស់បាន​ប្រោសឲ្យ​នាង​បានវិសុទ្ធ​យ៉ាង​ភ្លឺស្វាង​អស្ចារ្យ តែម្នាក់គត់។ ដូច្នេះ ពេល​ទេវទូតជម្រាបសួរនាង​ព្រហ្មចារីនៅ​ភូមិណាសារ៉ែត លោក​មាន​ប្រសាសន៍​តាម​ព្រះបញ្ជារបស់ព្រះជាម្ចាស់ថា «ព្រះ​អម្ចាស់​គាប់​ព្រះ​ហប្ញ​ទ័យ​នឹង​នាង​» (លក ១, ២៨)។ នាង​ក៏តប​ឆ្លើយទៅទេវទូតថា៖ «នាងខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ សូម​ឲ្យបាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!» (លក ១, ៣៨)។ ដូច្នេះ នាងដែលជាពូជពង្សរបស់លោកអាដាំ យល់ស្របនឹងព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​ត្រឡប់​ទៅ​ជាព្រះមាតារបស់ព្រះយេស៊ូ។ នាងក៏សុខចិត្តយ៉ាងស្មោះបំផុតធ្វើតាមព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ចង់​សង្គ្រោះ​មនុស្សលោក ដោយ​គ្មាន​អំពើបាបណា​មក​រារាំងនាងឡើយ។ នាងក៏ប្រគល់​ខ្លួន ក្នុងឋានៈជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ សុខចិត្តថ្វាយខ្លួនទាំងស្រុងចំពោះព្រះ​រាជកិច្ចនៃ​ព្រះ​បុត្រា​របស់នាង ដើម្បី​បម្រើ​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​ការ​សង្គ្រោះ រួមជាមួយព្រះបុត្រានិងក្រោម​អំណាច​របស់​ព្រះបុត្រា ដោយ​ព្រះ​ជាម្ចាស់​ដ៏មានឫទ្ធានុភាព​សព្វប្រការ​ប្រណី​សន្តោសផងដែរ។ ហេតុនេះហើយ បានជាអស់​គ្រូបាធ្យាយ​ដ៏​វិសុទ្ធ យល់​ឃើញយ៉ាង​ត្រឹម​ត្រូវ​ថា នាងម៉ារីមិនគ្រាន់តែមានរូបកាយដែល​ព្រះ​ជាម្ចាស់ផ្ទុកផ្តាក់ប៉ុណ្ណោះ​នោះ​ទេ តែ​នាង​ម៉ារី រួម​សហការ​ក្នុងការនាំការ​សង្គ្រោះដល់​មនុស្ស​​លោក ដោយ​សារនាងមានសេរីភាព គឺផ្ញើជីវិតលើ​ព្រះជាម្ចាស់ និង​សុខចិត្ត​ធ្វើតាម​ព្រះ​បញ្ជា​របស់​ព្រះអង្គ។ សន្តៈ​អ៊ីរេណេ មាន​ប្រសាសន៍ថា​«ដោយ​នាង​ម៉ារី​សុខចិត្ត​ធ្វើ​តាម​ព្រះ​បញ្ជា​របស់ព្រះជាម្ចាស់ នាង​ត្រឡប់​ទៅ​ជាអ្នកនាំ​ការ​សង្គ្រោះ​មកដល់នាង​ផ្ទាល់ និង​មក​ដល់មនុស្ស​លោក​ទាំង​មូល​ផងដែរ»។ ហេតុនេះហើយ​បាន​ជា​គ្រូ​បាធ្យាយជាច្រើនពី​បុរាណ នៅពេល​បក​ស្រាយគម្ពីរចូល​ចិត្ត​និយាយថា “ដោយ​នាងម៉ារីសុខចិត្តធ្វើ​តាម​ព្រះ​បញ្ជា​រ​បស់ព្រះជាម្ចាស់ នាងស្រាយ​ចំណងដែលនាង​អេវ៉ា​ចង​ដោយ​មិន​ព្រម​ធ្វើ​តាម​ព្រះ​បញ្ជារបស់​ព្រះ​អង្គ​កាលពីមុននោះ​”។ អស់លោកក៏តែងប្រៀបប្រដូចនាងម៉ារីនឹងនាងអេវ៉ា ហើយ​ធ្លាប់​ហៅ​នាង​ម៉ារីថា “មាតា​របស់​មនុស្ស​ដែល​មាន​ជីវិត” និងប្រកាសជាញឹកញាប់ថា “​ដោយសារនាងអេវ៉ា សេចក្តី​ស្លាប់​ចូល​មកក្នុង​ពិភព​លោក ដោយ​សារនាងម៉ារី ជីវិតចូលមកក្នុងពិភពលោកវិញ”។

៥៧-នាងម៉ារីនៅពេលព្រះយេស៊ូមានវ័យជាកុមារ

ព្រះមាតានិងព្រះបុត្រារួមគ្នាក្នុងកិច្ចសង្គ្រោះ​យ៉ាងជាក់ស្តែង តាំងពីពេលព្រះគ្រីស្តចាប់ផ្ទៃ​ក្នុងនាង​ព្រហ្ម-ចារិនី​មក រហូតដល់ពេលព្រះអង្គសោយទិវង្គត។ មុនដំបូង ‌នាង​ម៉ារី​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលី​សាបិត។ ពេលទារក​នៅ​ក្នុង​ផ្ទៃ​នាង​អេលី​សាបិតបម្រះ​ឡើង នាងជម្រាបសួរ​នាង​ម៉ារីថា ជាអ្នក​មាន​សុភ​មង្គល ​ព្រោះ​នាង​បាន​ជឿ​ថា ព្រះជាម្ចាស់នឹងសង្គ្រោះមនុស្សលោកតាម​ព្រះ​បន្ទូល​សន្យា (លក ១, ៤១-៤៥)។ បន្ទាប់​មក ពេល​ព្រះយេស៊ូប្រសូត ព្រះ​មាតារបស់​ព្រះអម្ចាស់មាន​អំណរ​ដោយ​បង្ហាញ​កូនច្បង​របស់​នាង​ឲ្យ​ពួក​គង្វាល​សត្វ និង​ពួក​ហោរាចារ្យ​ឃើញ។ កំណើតបុត្រ​នោះ មិ​ន​បណ្តាលឲ្យនាងលែងជាព្រហ្មចារិនីទេ តែផ្ទុយទៅ​វិញ​បញ្ជាក់ថា នាងនៅព្រហ្មចារិនីជាដរាប។ ពេល​នាង​យក​បុត្រមកថ្វាយក្នុងព្រះវិហារ ក្រោយពីបាន​ថ្វាយ​តង្វាយ​របស់​អ្នកក្រី​ក្ររួចហើយ នាងបាន​ឮលោក​ស៊ីម៉ូន​មាន​ប្រសាសន៍ក្នុងឋានៈលោកជាព្យាការីថា បុត្រ​នេះ​នឹងទៅជាទី​សម្គាល់​មួយ នាំ​ឲ្យ​មនុស្ស​ជំទាស់​ប្រឆាំង​គ្នា ហើយនាងឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង  ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង។ ដូច្នេះ គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជាច្រើន នឹងលេច​ធ្លោឲ្យបាន​ច្បាស់​ឡើង (លក ២, ៣៤-៣៥)។ ពេល​នាង​ម៉ារី​និងលោក​យ៉ូសែបបាត់​ព្រះកុមារយេស៊ូ ​គាត់​នាំគ្នា​ដើរ​រក​ទាំងព្រួយបារម្ភ។ មាតា​បិតា​រក​ឃើញ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​វិហារ កំពុងតែជាប់នឹង​ព្រះរាជកិច្ចនៃ​ព្រះបិតារបស់ព្រះអង្គ។ មាតាបិតា​ពុំបាន​យល់​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​បុត្រ​ឡើយ។ ប៉ុន្តែមាតា​របស់​ព្រះ​កុមារ​ចង​ចាំ​ហេតុ​ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត ទាំង​នឹក​សញ្ឆឹង​គិតទៀតផង (លក ២, ៤១-៥១)។

៥៨-នាងម៉ារី នៅពេលព្រះយេស៊ូបំពេញព្រះរាជកិច្ច

យើងឃើញព្រះមាតាព្រះយេស៊ូយ៉ាងច្បាស់ពេលព្រះអង្គចាប់ផ្តើមបំពេញព្រះរាជកិច្ចជា​សាធារណៈ គឺ​ក្នុងពិ​ធី​មង្គល​ការ​នៅ​ភូមិ​កាណា​នៅស្រុក​កាលីឡេ។ នាងម៉ារីអាណិតគេហើយអង្វរព្រះ​យេស៊ូ សូមព្រះ​គ្រីស្ត​​ចាប់ផ្តើម​សម្តែងការ​អស្ចារ្យ (យហ ២, ១-១១)។ ពេលព្រះយេស៊ូសម្តែងធម្មទេសនា នាងសុខចិត្ត​ទទួល​ព្រះបន្ទូល​ប្រកាស​ថា អស់អ្នក​ដែល​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​‌ ហើយ​អនុវត្ត​តាម‌‌‌‌ ពិតជា​មាន​សុភ​មង្គល​មែន (មក ៣, ៣៥; លក ១, ២៧-២៨) គឺព្រះបុត្រារបស់ព្រះបិតាមិនយល់ដល់សាច់ឈាមទេ តែព្រះអង្គតម្កល់​ព្រះរាជ្យ​នោះ​លើស​អ្វីៗ​ទាំង​អស់ ដូចនាងធ្លាប់ធ្វើ​ដោយចិត្តស្មោះរួច​មក​ហើយដែរ (លក ២, ១៩ និង ៥១)។ ដូច្នេះ ពេល​ព្រះ​នាង​ព្រហ្មចារិនី​ធ្វើ​បូជនីយេសក៍​តាម​ជំនឿតទៅមុខទៀត នាងរួប​រួម​ជាមួយ​ព្រះ​បុត្រាដោយចិត្តស្មោះ រហូត​ដល់​ឈើឆ្កាង គឺនាង​ឈរនៅ​ក្បែរឈើឆ្កាង។ ការណ៍នេះពិតជាកើត​ឡើង​តាម​ព្រះជាម្ចាស់គ្រោងទុកជាមុន (យហ ១៩, ២៥)។ នាងឈឺ​ចុក​ចាប់​យ៉ាង​សែន​ខ្លោច​ផ្សា​រួម​ជាមួយព្រះ​បុត្រាតែ​មួ​យ​របស់នាង។ នាងក៏សុខ​ចិត្ត​រួម​ក្នុង​សក្ការ​បូជា​របស់​ព្រះ​អង្គ តាមចិត្តគំនិតជា​ម្តាយ។ ដោយ​សេចក្តី​ស្រឡាញ់ នាងសុខចិត្ត​ឲ្យគេយក​បុត្រ​ដែល​កើត​ពីសាច់ឈាម​របស់នាង ធ្វើជាយញ្ញ។ ព្រះ​គ្រីស្ត​យេស៊ូកំពុងសោយទិវង្គត​នៅលើឈើឆ្កាង ព្រះអង្គ​ប្រគល់​នាង​ឲ្យ​សាវ័ក​ម្នាក់ទុក​ជាម្តាយ ដោយមាន​ព្រះ​បន្ទូល​ថា «អ្នក​អើយ! នេះហើយកូន​របស់អ្នក» ‌(យហ ១៩, ២៦-២៧)។

៥៩-នាងម៉ារី ក្រោយពេលព្រះជាម្ចាស់លើកព្រះយេស៊ូឡើង

ព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែងគម្រោងការនៃការសង្គ្រោះមនុស្សលោកយ៉ាងជាក់ច្បាស់ នៅ​ពេល​ព្រះអង្គ​ចាក់​បង្ហូរព្រះវិញ្ញាណ តាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត។ មុនបុណ្យថ្ងៃទីហាសិប យើង​ឃើញក្រុម​គ្រីស្ត​ទូត «រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិដ្ឋានដោយ​មាន​ស្ត្រី​ខ្លះ មាន​នាង​ម៉ារី​ជា​មាតា​របស់​ព្រះ​យេស៊ូ និង​មាន​បង​ប្អូន​របស់​ព្រះអង្គ មក​ចូល​រួម​ជាមួយ​ផង​ដែរ» (កក ១, ១៤)។ យើងក៏ឃើញនា​ង​ម៉ារីអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណដល់ក្រុមគាត់ ជាព្រះវិញ្ញាណដែល​មក​សណ្ឋិត​លើ​នាង នៅពេលទេវទូតនាំដំណឹង​មក​នាង​រួចហើយ។ នាង​ដ៏និមលដែល​ព្រះ​ជាម្ចាស់​បានការពារ​មិន​ឲ្យ​ជំពាក់បាបខាងដើម ក្រោយ​ពី​បាន​បញ្ចប់​ជីវិត​នៅ​ក្នុង​លោក​នេះ ព្រះ​ជាម្ចាស់បានលើក​ឡើង​នាងទាំង​រូបកាយ ទាំងវិញ្ញាណ ឲ្យចូលក្នុង​សិរីរុងរឿង​នៃ​លោក​ខាង​មុខ។ ព្រះអម្ចាស់បាន​លើក​តម្កើង​នាងទៅជា​ព្រះ​មហាក្សត្រីយានីនៃពិភពលោក ដើម្បី​ឲ្យនាង​បាន​ដូច​ព្រះបុត្រា​យ៉ាង​ពេញលេញ គឺដូច​ព្រះបុត្រា​ដែល​ជា «ព្រះ​អម្ចាស់​លើ​អម្ចាស់​នានា» (វវ ១៩, ១ ទុក ៦) ដែលមាន​ជ័យជម្នះ​លើ​បាប និងលើ​សេចក្តី​ស្លាប់។

គ.ព្រះនាងព្រហ្មចារិនីម៉ារី និងព្រះសហគមន៍

៦០-នាងម៉ារីជាអ្នកបម្រើរបស់ព្រះអម្ចាស់

យើងមានស្ពានមេត្រីតែមួយគត់ តាមពាក្យរបស់គ្រីស្តទូតប៉ូលថា «មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ មាន​ស្ពាន​មេត្រី​តែមួយ​រវាង​ព្រះជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រីស្ត​យេស៊ូជា​មនុស្ស​ម្នាក់ដែលបាន​បូជា​ព្រះ​ជន្ម ដើម្បី​រំដោះមនុស្ស​ទាំងអស់‌​» (១ធម ២,៥-៦)។ ប៉ុន្តែ តួនាទីរបស់នាងម៉ារីដែល​ជាមាតា​របស់មនុស្ស​ទាំង​អស់ មិន​ជំទាស់​និង​មិនបណ្តាលឲ្យតួនាទីរបស់ព្រះគ្រីស្តដែលជាស្ពានមេត្រីតែមួយគត់​នោះ​អន់​ខ្សោយ​ទេ។ ផ្ទុយ​ទៅ​វិញ តួនាទី​នាង​ម៉ារី បង្ហាញអំពីឫទ្ធិនៃ​តួ​នាទីរបស់ព្រះគ្រីស្តនោះវិញ។

ឥទ្ធិពលរបស់ព្រះនាងព្រហ្មចារិនីម៉ារីសម្រាប់សង្គ្រោះមនុស្សលោក ហូរចេញមកពីព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចាត់ចែងដូច្នេះ គឺមិន​ហូរមកពីសេចក្តីត្រូវការណាមួយក្នុងការចាត់ចែងនោះទេ តែហូរមក​ពីព្រះគ្រីស្ត មាន​អំពើល្អ​ជាច្រើនលើសលប់រាប់មិនអស់។ ឥទ្ធិពលរបស់ព្រះ​នាង​សំ​អាងលើព្រះ​គ្រីស្ត​ដែល​ជា​ស្ពានមេត្រី គឺ​នាង​ទទួល​អ្វីៗទាំងអស់​ពី​ព្រះគ្រីស្ត និងទទួល​អានុភាព​ទាំងអស់ពី​ព្រះ​អង្គ។ ឥទ្ធិពល​របស់​ព្រះ​នាងមិនរារាំង​គ្រីស្ត​បរិស័ទ​មិន​ឲ្យ​រួប​រួម​ដោយផ្ទាល់​ជាមួយ​ព្រះគ្រីស្តត្រង់​ណា​សោះឡើយ ផ្ទុយទៅវិញ នាង​ម៉ារី ជួយ​គ្រីស្ត​បរិស័ទ​ឲ្យ​រួបរួម​ដោយ​ផ្ទាល់​ជាមួយព្រះគ្រីស្តទៀតផង។

៦១-ព្រះជាម្ចាស់បានតម្រូវព្រះនាងព្រហ្មចារិនីម៉ារីមុនកាលសម័យទាំងអស់

តាមគម្រោងការ​របស់ព្រះ​អង្គដែល​ចាត់​ព្រះ​បន្ទូល​​ឲ្យប្រសូតជា​មនុស្ស ដើម្បីឲ្យនាង​ទៅ​ជាព្រះមាតា​របស់​ព្រះអម្ចាស់។ តាមព្រះ​ជាម្ចាស់​ដែល​ថែរក្សា​អ្វីៗ​ទាំង​អស់ បាន​គ្រោងទុកជាមុន ព្រះអង្គចាត់ចែង​ឲ្យ​នាង​ម៉ារី​ទៅជា​ព្រះមាតា​គួរឲ្យ​គោរព​របស់​ព្រះ​សង្គ្រោះ​​នៅ​លើផែនដីនេះ។ គ្មាននណាអាចប្រៀបផ្ទឹមនឹងនាងបានទេ គឺនាងរួម​សហការ​យ៉ាង​ពិសេស ក្នុង​ព្រះ​រាជកិច្ច​របស់​ព្រះ​បុត្រា ដោយ​ចិត្តទូលំទូលាយ ក្នុង​ឋានៈ​ជា​អ្នកបម្រើ​ដ៏​សុភាព​រាបសារ​របស់ព្រះ​អម្ចាស់។ ដោយ​នាង​មានផ្ទៃ ដោយ​នាងសម្រាលព្រះគ្រីស្ត ដោយ​នាងចិញ្ចឹមព្រះអង្គ ដោយ​នាង​​នាំ​ព្រះអង្គទៅ​ថ្វាយ​ព្រះបិតា​របស់ព្រះ​អង្គ​ក្នុងព្រះវិហារ ដោយនាងរងទុក្ខរួមជាមួយ​ព្រះបុត្រា​កំពុង​សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង នាងសហការ​ក្នុង​ព្រះ​រាជកិច្ចនៃព្រះសង្គ្រោះយ៉ាងពិសេស ដែលគ្មាន​នរណាអាច​ប្រៀប​ផ្ទឹម​និង​នាងបាន។ ដោយនាង​ស្តាប់​បង្គាប់ ដោយ​នាងផ្ញើជីវិតលើព្រះជាម្ចាស់ ដោយនាងមាន​សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង នាងសហការឲ្យមនុស្ស​លោក​​ទទួល​ព្រះ​ជន្ម​ផ្ទាល់របស់ព្រះ​ជាម្ចាស់វិញ។ ហេតុ​នេះ​ហើយ​បាន​ជា ប្រសិន​បើ​គិត​ដល់​ព្រះជាម្ចាស់ប្រណី​សន្តោស​មនុស្ស​លោក នាងម៉ារីពិតជាមាតា​របស់​យើងមែន។

៦២-តាំងពីពេលនាងយល់ព្រមធ្វើតាមដំណឹងដែលទេវទូតជម្រាបមក

ទាំងផ្ញើជីវិតលើព្រះជាម្ចាស់ នាង​ក៏នៅតែយល់​ស្របតទៅទៀតដោយចិត្តរឹងប៉ឹងនៅពេលនាង​ឈរនៅ​ក្បែរ​ឈើឆ្កាង គឺនាងម៉ារី​មាន​តួនា​ទីជា​មាតាក្នុង​ការ​ចាត់ចែងព្រះ​ហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ហើយ​នៅ​តែ​បន្ត​តួនាទី​នេះ​ត​ទៅទៀត​ដោយគ្មាន​ឈប់​ឈរ រហូតដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស​ទទួល​ការ​ស​ង្គ្រោះ​ជា​ស្ថាពរ។ ក្រោយពីព្រះអង្គលើក​នាង​ទៅ​ស្ថាន​បរមសុខរួចហើយ តួនាទីរបស់នាងក្នុងការ​សង្គ្រោះ​មិន​អាក់​ខាន​ឡើយ គឺនាងនៅតែជួយអង្វរព្រះជាម្ចាស់​ជា​រឿយៗ ធ្វើឲ្យយើងទទួលព្រះ​អំណោយទាន​ពីព្រះ​អង្គត​ទៅ​ទៀត ជា​ព្រះអំណោយទានដែលយើង​ត្រូវការសម្រាប់​ទទួលការសង្គ្រោះ​អស់កល្បជា​និច្ច។ ដោយ​នាង​មាន​ចិត្ត​ស្រឡាញ់​ទុកជាម្តាយ នាងចាប់អារម្មណ៍នឹង​បងប្អូន​នៃ​ព្រះ​បុត្រា​របស់នាង ដែល​មិន​ទាន់​បង្ហើយ​បូជនីយេសក៍​នៅ​លើ​ផែនដីនេះនៅឡើយ ហើយដែលប្រឈមមុខ​នឹង​គ្រោះ​កាចនិង​ទុក្ខ​លំបាក​ផ្សេងៗជាច្រើន ទម្រាំទៅ​ដល់​មាតុភូមិ​ដ៏សែនសុខសាន្ត។ ហេតុនេះហើយបានជា​ព្រះ​សហគមន៍​​តែងតែអង្វរនាងព្រហ្មចារិនី ដោយ​យកនាម​ផ្សេងៗ​មកហៅដូចតទៅ “មេធាវី” “អ្នកជួយអង្វរ” “អ្នក​​ប្រោស​ប្រណី” “ស្ពានមេត្រី”។ ប៉ន្តែ មានព្រះគ្រីស្តតែមួយ​ព្រះអង្គ​គត់ ជាស្ពានមេត្រីដ៏ថ្លៃថ្នូរនិង​ដ៏​មាន​ប្រសិទ្ធភាព។ សូម​ប្រយ័ត្ន​​មិនត្រូវឲ្យ​ពាក្យ​ទាំងនោះស្តីអំពីនាង បន្ថែម ឬ​ដកអ្វីពីមុខងាររបស់​ព្រះ​គ្រីស្ត​ឡើយ។

យើងមិនអាចលើកតម្កើងសត្វលោកណាមួយ ដែលព្រះជាម្ចាស់ប្រតិស្ឋានមក ឲ្យបានស្មើនឹង​ព្រះ​បន្ទូល​​ដែល​បានប្រសូត​ជាមនុស្ស និងជាព្រះសង្គ្រោះសោះឡើយ។ ក៏ប៉ុន្តែ ប្រជាជន​គ្រីស្តបរិស័ទ​ទាំង​មូល​ទទួល​​ចំណែក​ក្នុងមុខងារ​របស់​ព្រះគ្រីស្ត​ជា​មហាបូជាចារ្យតែមួយ គឺមានអ្នកទទួលអគ្គសញ្ញាតែងតាំង​ជា​អ្នក​បម្រើ​ព្រះ​សហគមន៍ និងគ្រីស្ត​បរិស័ទ​ឯទៀតៗទទួលចំណែកតាម​របៀប​ផ្សេងៗ។ គេទទួល​ចំណែក​ក្នុងមុខ​ងារទាំងអស់គ្នា​យ៉ាង​ណា ក៏តួនាទីជាស្ពានមេត្រី​របស់​ព្រះគ្រីស្តមិនរារាំងឲ្យ​សត្វលោក​ឲ្យរួម​សហការ​​​ជាមួយ​ព្រះអង្គ​ក្នុង​ការ​សង្គ្រោះ​យ៉ាងនោះដែរ។ ព្រះជាម្ចាស់ផ្សព្វផ្សាយព្រះហឫទ័យមេត្តា​ករុណា​តែមួយដល់​សត្វ​លោក​ទាំង​អស់​យ៉ាង​ពិត​ប្រាកដ តាម​របៀប​ផ្សេងៗ​យ៉ាងណា ក៏ព្រះអង្គចែក​ចំណែក​ក្នុង​តួ​នា​ទីជាស្ពានមេត្រីតែមួយ ឲ្យ​សត្វ​លោក​យ៉ាង​នោះ​ដែរ។ ការរួមចំណែកនេះ ដាស់តឿន​សត្វ​លោក​ដែល​ព្រះជាម្ចាស់​ប្រតិស្ឋានមក ឲ្យ​រួមសហការ​តាម​របៀប​ផ្សេងៗ​ក្នុងការសង្គ្រោះ ដែលមកពី​ព្រះ​គ្រីស្តតែ​មួយ​ព្រះអង្គគត់។

ព្រះសហគមន៍ប្រកាសតួនាទីជាបន្ទាប់បន្សំរបស់នាងម៉ារីដោយឥតរួញរាទាល់តែសោះ។ ព្រះសហគមន៍​នៅ​តែមានបទពិសោធន៍អំពីតួនាទីនោះស្រាប់។ ព្រះសហគមន៍ក៏ទូន្មានឲ្យគ្រីស្តបរិស័ទពឹងផ្អែក​លើ​នាងម៉ារី សូម​នាង​ម៉ារីជួយគេដូចម្តាយតែងជួយកូន គឺសូមជួយឲ្យគេភ្ជាប់ចិត្តជាមួយ​ព្រះគ្រីស្តជា​ស្ពាន​មេត្រី និងជាព្រះសង្គ្រោះ​ឲ្យ​កាន់​តែ​ជិតស្និទ្ធឡើងៗ។

៦៣-នាងម៉ារីជាគំរូសម្រាប់ព្រះសហគមន៍

ដោយព្រះជាម្ចាស់ប្រទានអំណោយទាននិងបន្ទុកឲ្យព្រះនាងម៉ារីប្រសូតព្រះបុត្រា នាងភ្ជាប់​ជា​មួយ​​បុត្រជា​ព្រះ​សង្គ្រោះយ៉ាងអស្ចារ្យ។ ដោយព្រះជាម្ចាស់ប្រណីសន្តោស​នាង និងផ្ញើបន្ទុក​ពិសេសទាំ​ង​នោះ​មកនាង នាង​ក៏​ភ្ជាប់​យ៉ាងជិតស្និទ្ធជាមួយ​ព្រះ​សហគមន៍ដែរ។ សន្តៈ អំប្រ័សតែងបង្រៀនថា ព្រះមាតា​របស់​ព្រះអម្ចាស់​ពិតជា​គំរូ​របស់​ព្រះសហគមន៍ ត្រង់ជំនឿ ត្រង់​សេចក្តី​ស្រឡាញ់ និងត្រង់ការរួបរួមយ៉ាង​ពេញ​លក្ខណៈជាមួយព្រះគ្រីស្ត។ ព្រះសហគមន៍ក៏ទទួលឈ្មោះយ៉ាងត្រឹមត្រូវថា ជាមាតា និងជា​ព្រហ្មចារិនី ដែរ។ តាមគម្រោងការដ៏អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​អំពីព្រះសហគមន៍ នាងម៉ារីជា​គ្រីស្តបរិស័ទ​ពិសេសដ៏​ប្រសើរជាងគេបំផុត គឺនាងជាស្រីព្រហ្មចារិនី​និង​ជាម្តាយ​គំរូ។ នាងបាន​បង្កើតព្រះ​បុត្រា​របស់​ព្រះ​បិតា​នៅលើផែនដី ដោយនាងផ្ញើជីវិតលើព្រះជាម្ចាស់ និង​ដោយ​នាងស្តាប់តាម​បង្គាប់​ព្រះអង្គ គឺនាង​មិន​បាន​ប្រសូត​ដោយរួមបវេណីជាមួយបុរសណាម្នាក់ឡើយ តែដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​យាងមកសណ្ឋិត​លើ​នាង​វិ​ញ។ ក្នុង​ឋានៈនាងម៉ារីជានាង​អេវ៉ាថ្មី នាងជឿ​ទេវទូត​របស់​ព្រះ​ជាម្ចាស់ មិនជឿសត្វពស់ពីបុរាណទេ គឺនាង​មាន​ជំនឿ​ដោយគ្មានមន្ទិល​សង្ស័យអ្វី​ឡើយ។ នាង​ប្រសូត​បុត្រ​ហើយ ព្រះ​ជាម្ចាស់តែងតាំង​បុត្រ​នោះ​ឲ្យ​ទៅ​ជា​រៀមច្បង​ក្នុងបណ្តាបងប្អូនជាច្រើន (រម ៨, ២៩) ពោលគឺ ក្នុង​ចំណោម​គ្រីស្តបរិស័​ទ​ទាំង​ប៉ុន្មាន។ ដូច្នេះនាង​រួម​សហការធ្វើឲ្យគ្រីស្តបរិស័ទទាំងនោះកើតឡើង និង​ជួយ​អប់រំ​គេ ដោយ​ស្រឡាញ់គេ​ក្នុង​ឋានៈជាម្តាយ។

៦៤-ពេលព្រះសហគមន៍នឹកសញ្ជឹងស្មឹងស្មាធិ៍

អំពីព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធយ៉ាងអស្ចារ្យ ពេលព្រះ​សហគមន៍​យកតម្រាប់តាមសេចក្តី​ស្រឡាញ់​របស់​នាង ព្រមទាំងយកចិត្តទុកដាក់ធ្វើតាមព្រះ​ហឫទ័យ​របស់​ព្រះ​បិតាដោយចិត្តស្មោះ ពេលនោះ ព្រះសហគមន៍ក៏​ត្រឡប់​ទៅជាមាតាដែរ ព្រោះព្រះសហគមន៍​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ទាំងផ្ញើជីវិតលើព្រះអង្គ។ ពេល​ព្រះសហគមន៍ប្រកាសដំណឹងល្អ និងធ្វើ​អគ្គសញ្ញា​ជ្រមុជ​ទឹកជូនគេ ព្រះសហគមន៍​ក៏បង្កើត​កូន​ដែល​ចាប់​ផ្ទៃ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែល​កើត​ពីព្រះ​ជាម្ចាស់ ដើម្បីឲ្យមាន​ជីវិត​ថ្មី​ជា​ជីវិតអមតៈ។ ដូច្នេះ ព្រះ​សហគមន៍​ក៏ជាព្រហ្មចារិនីដែរ ដោយ​ព្រះ​​សហគមន៍​ផ្ញើជីវិតលើ​ព្រះ​គ្រីស្តជាព្រះស្វាមី ហើយក៏​កាន់ជំនឿ​នេះ ដោយ​ចិត្ត​ស្មោះ​ត្រង់បរិសុទ្ធ​ដែរ។ ព្រះ​សហគមន៍​យក​តម្រាប់​ធ្វើតាមព្រះ​មាតាព្រះអម្ចាស់​របស់ខ្លួន​  ហើយ​រក្សា​ទុក​ជំនឿពិតប្រាកដ  រក្សា​ទុក​សេចក្តីសង្ឃឹមយ៉ាងមាំមួន និងសេចក្តីស្រឡាញ់​យ៉ាងស្មោះ តាម​របៀបបរិសុទ្ធដូច​ស្រ្តី​ព្រហ្មចារិនី ម្នាក់ដោយ​អានុភាពនៃព្រះ វិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។

៦៥-ព្រហ្មវិហារធម៌របស់នាងម៉ារីជាគំរូឲ្យព្រះសហគមន៍ប្រតិបត្តិតាម

ព្រះសហគមន៍បានពេញលក្ខណៈរួចហើយ គឺឥត​ស្លាកស្នាម ឥត​ជ្រីវ​ជ្រួញ​ឡើយ (អភ ៥, ២៧) ក្នុង​រូប​ព្រះ​នាង​ព្រហ្មចារិនីម៉ារីជាតំណាងបានពេញលក្ខណៈ ក៏​ប៉ុន្តែ គ្រីស្តបរិស័ទ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់​តែ​វិសុទ្ធ​ឡើងៗ ដោយ​ឈ្នះ​អំពើ​បាប។ ហេតុនេះ ហើយបានជា គ្រីស្តបរិស័ទតែង​សម្លឹង​មើល​នាង​ម៉ារី​ជាគំរូ ព្រោះ​នាង​កាន់​ព្រហ្មវិហារធម៌ដែលចាំង​លើ​សហគមន៍​របស់អស់​អ្នកដែល​ព្រះ​ជាម្ចាស់បាន​ជ្រើស​រើស។ ព្រះសហគមន៍​នឹក​គោរព​នាងម៉ារី ទាំងស្មឹង​ស្មាធិ៍​អំពីព្រះបន្ទូលដែលប្រសូត​ជាមនុស្ស ទើប​ព្រះសហគមន៍​យល់កាន់​តែ​ច្បាស់​ឡើងៗ​នូវ​គម្រោងការ​ដ៏​អស្ចារ្យ​បំផុតរបស់ព្រះជាម្ចាស់ដែលប្រសូត​ជា​មនុស្ស។ ព្រះសហគមន៍ក៏​កាន់​តែ​ដូច​ព្រះ​ស្វាមី​ដែរ។ ដោយ​នាង​ម៉ារីនៅ​ជាប់​យ៉ាងជិ​តដិតនឹង​ប្រវត្តិសាស្រ្ត​នៃ​ការសង្គ្រោះ នាងប្រមូលនិងចាំងក្នុងរូបនាង នូវ​កិច្ចការ​ដ៏​ប្រសើរបំផុតដែល​មនុស្សត្រូវ​ប្រព្រឹ​ត្ត ដោយ​អនុវត្ត​តាមជំនឿ។ ពេល​ព្រះសហគមន៍​ពន្យល់​អំពី​ព្រះ​នាង​ម៉ារី និង​គោរព​នាង នាងអញ្ជើញ​គ្រីស្តបរិស័ទ​ឲ្យ​មានចិត្តស្មោះ​នឹង​ព្រះ​បុត្រាដែល​បូជា​ព្រះ​ជន្ម ព្រម​​ទាំង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ព្រះបិតាដែរ។ រីឯព្រះ​សហគមន៍វិញ ព្រះសហគមន៍ស្វែងរក​សិរីរុង​រឿង​របស់ព្រះគ្រីស្ត និងខិត​ខំ​ប្រតិបត្តិ​តាម​ព្រះហឫទ័យព្រះ​ជាម្ចាស់​ក្នុងគ្រប់កិច្ចការទាំងអស់ ក៏កាន់​តែដូច​ព្រះ​យេស៊ូជាគំរូដ៏​ប្រសើរ​របស់ខ្លួន គឺ​មា​ន​ជំនឿ មាន​សេចក្តី​សង្ឃឹម និងមានសេចក្តីស្រឡាញ់​កាន់តែរឹង​ប៉ឹង​ឡើងដែរ។ ហេតុនេះហើយ បាន​ជានៅ​ពេល​ព្រះ​សហគមន៍​បំពេ​ញកិច្ចការជាគ្រីស្តទូត ព្រះសហគមន៍​សម្លឹង​មើល​យ៉ាង​ត្រឹម​ត្រូវ​ទៅកាន់នាង​ម៉ារីដែល​បាន​ប្រសូត​ព្រះ​គ្រីស្ត គឺ​ព្រះអង្គដែលចាប់ផ្ទៃក្នុងព្រះនាង​ដោយ​សារ​ព្រះ​វិញ្ញាណដ៏​វិសុទ្ធ និងដែល​បាន​ប្រសូត​ពី​នាង​ព្រហ្មចារិនី។ ព្រះអង្គក៏ប្រសូត​និង​ចម្រើន​ឡើងក្នុងចិត្ត​គ្រីស្តបរិស័ទ ដោយសារព្រះសហគមន៍ដែរ។ អស់​អ្នក​ដែល​រួម​សហការ​ក្នុងបេសកកម្មជាគ្រី​ស្តទូត​រប​ស់ព្រះសហគមន៍ខិតខំធ្វើឲ្យមនុស្ស​លោក​កើត​ជាថ្មី។ ពេល​ព្រះ​នាង​ព្រហ្មចារិនី​ម៉ារី​រស់​នៅ នាងធ្វើ​ជា​គំរូអំពី​សេចក្តី​ស្រឡាញ់ចំពោះកូនយ៉ាងណា អ្នកទាំង​នោះ​ក៏​ត្រូវ​យក​នាងធ្វើ​ជា​គំរូ គឺត្រូវ​មាន​ចិត្ត​ស្រឡាញ់​ដូច​ម្តាយ​ចំពោះកូនយ៉ាងនោះ​ដែរ។

ឃ.ការគោព​ប្រណិប័តន៍ព្រះនាងព្រហ្មចារិនីម៉ារីក្នុងព្រះសហគមន៍

៦៦-លក្ខណៈនិងគ្រឹះនៃការគោពប្រណិប័តន៍ព្រះនាងព្រហ្មចារិនីម៉ារី

ព្រះជាម្ចាស់ប្រណីសន្តោសលើកនាងម៉ារី ឲ្យទាបជាងព្រះបុត្រាព្រះអង្គ តែឲ្យបានខ្ពស់ជាងអស់​ទេវទូត​និង​មនុស្ស​ទាំងឡាយ ព្រោះនាងជាព្រះមាតាដ៏វិសុទ្ធបំផុតនៃព្រះអម្ចាស់ និងស្ថិតនៅ​ជាមួយព្រះ​គ្រីស្ត​នៅពេល​ព្រះ​អង្គ​ប្រព្រឹត្តព្រះរាជកិច្ចដ៏អស្ចារ្យ។ ដូច្នេះ ព្រះសហគមន៍គោរព​ប្រណិប័តន៍​ព្រះនាង​ម៉ារី​យ៉ាង​ពិសេស​ពិតជា​ត្រឹម​ត្រូវ​ហើយ។ ហេតុនេះហើយបានជាតាំងពីយូរសតវ​ត្ស​មក គ្រីស្តបរិស័ទ​តែងតែ​គោរព​ព្រះ​នាង​ព្រហ្មចារិនីម៉ារី​ដោយ​ថ្វាយព្រះនាមថា “​ព្រះមាតារបស់​ព្រះអម្ចាស់”។ គ្រីស្តបរិស័ទក៏​តែង​ជ្រក​កោន​ក្រោម​ម្លប់ព្រះនាង សូម​នាង​ជួយ​ការពារ អង្វរនាងក្នុងគ្រោះ​កាចនា​នា និង​តាម​សេចក្តីត្រូវការ​របស់គេ ជា​ពិសេស តាំងពី​មហា​សន្និបាត​អេភេសូ មក ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់នាំគ្នាគោរព​បម្រើនាង​ម៉ារី​យ៉ាង​អស្ចារ្យ​កាន់តែខ្លាំងឡើងៗ ទាំងគោរព ទាំង​ស្រឡាញ់ ដោយអង្វរនិង​យកតម្រាប់​ធ្វើតាម​នាង។ គ្រីស្តបរិស័ទ​ធ្វើ​ឲ្យប្រសាសន៍របស់នាង​ដែលបានថ្លែងជា​មុន កើត​ជា​រូបរាងហើយ គឺថា «មនុស្សគ្រប់​ជំនាន់​នឹងពោលថា
​ខ្ញុំជាអ្នកមានសុភមង្គលមែន ដ្បិតព្រះ​ដ៏មាន​ឫទ្ធានុភាព​បាន​សម្តែង​ការ​ប្រសើរអស្ចារ្យ​ចំពោះខ្ញុំ» (លក ១,​៤៨)។ ព្រះសហគមន៍តែងគោរពបម្រើ​នាង​ម៉ារី​តាំង​ពី​ដើមរៀងមក តែការគោរពបម្រើ​នេះ​មាន​លក្ខណៈ​ពិសេសអស្ចារ្យម្យ៉ាង គឺមាន​លក្ខណៈ​ប្លែក​ទាំង​ស្រុង​ពី​ការ​នមស្ការ​ក្រាប​ប្រណិប័តន៍​ព្រះ​បន្ទូល​ដែល​ប្រសូត​ជាមនុស្ស និងពីការ​នមស្ការថ្វាយ​បង្គំ​ក្រាប​ប្រណិប័តន៍ព្រះបិតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផង។ ការគោរពនាងម៉ារីជួយគាំទ្រ​ការនមស្ការថ្វាយ​បង្គំ​ព្រះ​បិតា ព្រះបុត្រា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាង​ខ្លាំង​បំផុត។ ព្រះ​សហគមន៍យល់ស្របទទួលស្គាល់ពិធីនិង​របៀបគោរព​ប្រណីប័តន៍​ផ្សេងៗ ចំពោះ​ព្រះ​មាតា​របស់ព្រះ​អម្ចាស់ ស្រប​តាមកន្លែងនិងតាមសម័យ ស្រប​តាម​លក្ខណៈ​សម្បត្តិ​និងទេពកោសល្យរបស់​ក្រុម​គ្រីស្តបរិស័ទ​ផ្សេងៗ។ ប៉ុនែ្ត​ព្រះសហគមន៍យល់ស្រប​ឲ្យ​គេគោរព​ព្រះមាតានេះ តាមកម្រិត​មិនឲ្យខុស​ពីលទ្ធិនៃ​ជំនឿ​ដ៏​ពិត​ប្រាកដ ដោយ​យល់​ឃើញថា ការ​គោ​រព​ព្រះ​មាតានាំឲ្យគ្រីស្ត​បរិស័ទ​ស្គាល់ព្រះ​បុត្រា​ដូច​គេត្រូវស្គាល់ ស្រឡាញ់​ព្រះបុត្រា និង​លើក​តម្កើង​សិរី​រុង​រឿង​របស់ព្រះបុត្រា ហើយក៏ស្តាប់តាម​ព្រះ​បញ្ជា​របស់ព្រះអង្គផង។ ព្រះបិតា​ដែលមាន​ព្រះជន្ម​គង់​នៅអស់​កល្ប​ជានិច្ច បាន​ប្រតិ​ស្ឋាន​អ្វីៗ​សព្វ​សារពើ​សម្រាប់​ព្រះបុត្រា (កូឡ ១, ១៥-១៦) ហើយ​ទ្រង់សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គ្រប់​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ស្ថិតនៅ​ក្នុង​ព្រះបុត្រានោះដែរ (កូឡ ១, ១៩)។

៦៧- ដំបូន្មានសម្រាប់ពិធីអត្ថាធិប្បាយព្រះគម្ពីរ និងអំពីការគោរពបម្រើព្រះនាងព្រហ្មចារិនីម៉ារី

មហាសន្និបាតដ៏វិសុទ្ធបង្រៀនលទ្ធិកាតូលិកនេះឲ្យគ្រីស្តបរិស័ទជឿជាក់ច្បាស់។ នៅពេលជាមួយ​គ្នានេះ មហា​សន្និបាតក៏ដាស់តឿន​គ្រីស្តបរិស័ទទាំងអស់ ឲ្យចូលរួមក្នុងការគោរពព្រះនាង​ម៉ារីដោយ​ចិត្ត​ទូលាយ ជាពិសេស​ឲ្យចូលរួមក្នុងពិធីនានា ឲ្យយកចិត្តទុកដាក់​ជាខ្លាំងនឹងពិធីជាប្រជាប្រិយ និង​របៀប​គោរព​ព្រះនាង តាម​ការ​បង្រៀន​ព្រះសហគមន៍បានគាំទ្រឲ្យធ្វើជា​យូរអង្វែង​មក។ ម​ហាសន្និបាត​ក៏​ទូន្មាន​ផ្តាំគ្រីស្តបរិស័ទ​ឲ្យ​កាន់​វិន័យ​ទាំងប៉ុន្មាន ដែល​ព្រះសហគមន៍បានបញ្ចេញកាលពីសម័យមុនៗ ស្តីអំពី​ការគោរពរូបព្រះគ្រីស្ត រូបនាងម៉ារី និង​រូប​សន្តបុគ្គល។ មហាសន្និបាតដាស់តឿនទេវវិទូ និងអស់អ្នក​ប្រកាស​ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងថា នៅ​ពេល​និយាយ​អំពី​កិត្តិយស​ដ៏ថ្លៃថ្នូរ​តែមួយគត់​និងប្លែកពីគេ​នៃព្រះមាតារបស់ព្រះ​អម្ចាស់ សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន​គឺ សូម​ជៀស​វាង​ម៉្យាង កុំឲ្យ​និយាយ​​បំផ្លើស និងម៉្យាងទៀត កុំឲ្យមាន​គំនិតចង្អៀតចង្អល់ហួសពេក។ សូម​សិក្សា​ព្រះ​គម្ពីរ សិក្សា​សេចក្តី​បង្រៀន​​របស់គ្រូបាធ្យាយដ៏វិសុទ្ធ និងបណ្ឌិត​នៃព្រះសហគមន៍ ព្រមទាំង​សិក្សា​ក្បួន​ពិធី​នា​នា ក្រោមការណែនាំនៃក្រុម​បង្រៀន​របស់​ព្រះសហគមន៍។ ការសិក្សានេះ មុខជានឹងបង្ហាញឲ្យយល់យ៉ាង​ត្រឹម​ត្រូវ​និងយ៉ាងច្បាស់ នូវតួនាទីនិងឯកសិទ្ធិ​របស់​ព្រះនាងព្រហ្មចារិនីម៉ារី គឺតួនាទីនិងឯកសិទ្ធិ​ទាំងនោះ​តម្រង់​អ្នក​ជឿ​ទៅ​កាន់ព្រះគ្រីស្តជានិច្ច គឺព្រះ​អង្គ​ជា​ប្រ​ភព​នៃ​សេចក្តី​ពិតដ៏ពេញ​លេញ ហើយក៏ជាប្រភពផ្តល់​ឲ្យ​គ្រីស្ត​បរិស័ទ​បាន​វិសុទ្ធ និងចេះនមស្ការថ្វាយបង្គំក្រាបប្រណិប័តន៍ព្រះ​បិតា។ សូម​អស់​លោក​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង កុំ​មាន​ប្រសាសន៍ ឬធ្វើ​កាយ​វិការណាមួយដែលអាច​នាំឲ្យបងប្អូន​ដែលបែកចេញពី​ព្រះ​សហគមន៍​កាតូលិក​យើង ឬ​នរណា​ក៏ដោយ​យល់​ច្រឡំ និងវង្វេងអំពី​លទ្ធិនៃជំនឿ​ដ៏ពិត​ប្រាកដ​របស់​ព្រះ​សហគមន៍។ សូម​គ្រីស្តបរិស័ទ​នឹក​ចង​ចាំ​ថា ការគោរព​ប្រណិប័តន៍​នាងម៉ារីយ៉ាងពិតប្រាកដ មិន​អាស្រ័យ​លើ​ការ​រំភើប​ចិត្ត​ដ៏ឥតបានផល​និងមិន​ទៀង​ទាត់​នោះ​ទេ ហើយក៏​មិន​អាស្រ័យលើការឆាប់ជឿ​គេផ្តេស​ផ្តាសដែរ។ ការ​គោរព​ប្រណិប័តន៍​នាង​ម៉ារី​យ៉ាង​ពិត​ប្រាកដ គឺហូរមក​ពី​ជំនឿ​ដ៏​ពិត​ប្រាកដ និងនាំ​ឲ្យ​ស្គាល់កិត្តិយស​ដ៏​ថ្លៃ​ថ្នូរ​អស្ចារ្យ​នៃ​ព្រះ​មាតា​របស់ព្រះអម្ចាស់។ ការ​គោរព​ប្រណិប័តន៍​យ៉ាង​ពិតប្រាកដ ក៏​ជំរុញ​ឲ្យស្រឡាញ់​ព្រះ​មាតានេះ ដូចកូនចៅស្រឡាញ់​ម្តាយ និងឲ្យយក​តម្រាប់​តាម​ព្រហ្មវិហារធម៌​របស់​ព្រះ​នាង​ទៅទៀតផង។

ង.នាងម៉ារីជាសញ្ញាសម្គាល់អំពីសេចក្តីសង្ឃឹមយ៉ាងនឹងន និងជាសញ្ញាលួងលោមប្រជារាស្ត្ររបស់ព្រះជាម្ចាស់

៦៨-ព្រះមាតារបស់ព្រះយេស៊ូ

ទទួលសិរីរុងរឿងទាំងរូបកាយ ទាំងវិញ្ញាណនៅស្ថានបរមសុខ​រួច​ហើយ​យ៉ាងណា ព្រះនាងក៏ជាតំណាង​របស់​ព្រះសហគមន៍​នៅ​លើផែដីនេះ និងធ្វើឲ្យព្រះ​សហគមន៍នៃ​លោក​ខាង​មុខចាប់ផ្តើម​កើត​ជា​រូប​រាង​ហើយ​យ៉ាង​នោះ​ដែរ។ ទម្រាំដល់ថ្ងៃព្រះអម្ចាស់យាង​មក (២សល ៣,១០)ទុកនាង​បញ្ចាំងសញ្ញាសម្គាល់​អំពី​សេចក្តី​សង្ឃឹម​យ៉ាង​នឹងនរ និងជាសញ្ញាលួងលោមនៅមុខ​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់កំពុង​ធ្វើបូជនីយេសក៍​នៅលើ​ផែន​ដី។

៦៩-មហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយជាខ្លាំងនិងធូរចិត្ត

ដោយយល់ឃើញថា សូម្បីក្នុង​ចំណោម​បងប្អូន​គ្រីស្ត​បរិស័ទ ដែល​បែកចេញពីព្រះសហគមន៍​កាតូលិក​យើង​ក្តី ក៏មានបងប្អូនមួយចំនួន​តែងតែ​គោរព​ព្រះ​មាតា​នៃ​ព្រះ​អម្ចា​ស់​ជាព្រះ​សង្គ្រោះ ជា​ពិសេស​បងប្អូន​ខាង​បូព៌ា​ប្រទេស ស្ទុះឡើងដោយ​ចិត្ត​ស្រឡាញ់ និង​ដោយ​ចិត្ត​ស្មោះ​រួម​គ្នា​ទៅ​គោរព​បម្រើ​ព្រះមាតានៃព្រះ​អម្ចាស់ ជា ព្រហ្មចារិនី​ជា​ដរាប។ សូម​គ្រីស្តបរិស័ទ​ទាំង​អស់​ទទូចអង្វរ​ព្រះមាតា​របស់ព្រះ​អម្ចាស់ និងមាតា​របស់​មនុស្ស​លោក។ ដូច​កាល​ពី​ដើម​ព្រះ​នាងរួមជា​មួយ​ព្រះ​សហគមន៍​ដែលទើបកើតមក និងជួយអង្វរ​ព្រះ​ជាម្ចាស់​យ៉ាងណា ឥឡូវ​នេះ ដោយ​​ព្រះជាម្ចាស់បាន​លើក​តម្កើងព្រះនាង លើសសន្តបុគ្គលនិង​លើស​ទេវទូត​ទាំង​ឡាយ​ហើយ ព្រះ​នាង​ក៏នៅតែជួយអង្វរ​ព្រះបុត្រា​ត​ទៅ​ទៀត ទាំងរួប​រួម​នឹង​សន្តបុគ្គលទាំងឡាយ​យ៉ាង​នោះដែរ។ ព្រះនាង​ជួយ​អង្វរ​រហូត​ដល់ពេល​គ្រួសារ​នៃប្រជា​ជាតិ​នានា ទោះបីគេមាន​ឈ្មោះដ៏ល្អ​ប្រសើរជា​គ្រីស្តបរិស័ទក្តី ឬមិន​ទាន់​ស្គាល់​ព្រះ​សង្គ្រោះរ​បស់​គេក្តី បានរួបរួមគ្នា​យ៉ាង​សប្បាយរីករាយដោយ​សន្តិភាព និងដោយ​សេចក្តី​សុខ​សាន្ត​ជាស្ថាពរ ក្នុង​ប្រជារាស្រ្ត​តែមួយ​របស់​ព្រះជាម្ចាស់ ដើម្បី​លើក​តម្កើងសិរីរុងរឿងនៃ​ព្រះត្រៃឯក​ដ៏វិសុទ្ធ​បំផុត ដែលមិនអាច​បំបែក​បាន​ឡើយ។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ធម្មនុញ្ញគោលលទ្ធិ​ទាំង​មូលខាងលើ​នេះ​ព្រម​​ទាំង​​គោល​ការណ៍នីមួយៗ​នៃធម្មនុញ្ញគោលលទ្ធិនេះ​ផងដែរ។ រីឯ​យើង​វិញ គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផង​នោះ យើង​ក៏​យល់​ព្រម​សម្រេច​ថានឹង​ចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តៈ​សិលា ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូលិក។
(ហត្ថ​លេខា​របស់​លោក​អភិបាល)

៣. Sacrosanctum Concilium មហាសន្និបាតដ៏វិសុទ្ធបំផុត

មហាសន្និបាតដ៏វិសុទ្ធបំផុត
SACROSANCTUM CONCILIUM

ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់​លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសសេចក្តីនេះ ដើម្បីគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់

បុព្វកថា
១-មហាសន្និបាតដ៏វិសុទ្ធបំផុត មានគោលដៅដូចតទៅ៖

* ជួយឲ្យជីវិតតាមព្រះវិញ្ញាណ​របស់គ្រីស្តបរិស័ទរីក​ចម្រើនឡើងៗជាលំដាប់ជារៀងរាល់ថ្ងៃ។
* ជួយកែសម្រួលអ្វីៗដែលព្រះសហគមន៍បានចាត់ចែងជាយូរមកហើយ ដែលអាចប្រែប្រួល បានសមស្រប​តាមតម្រូវការនាសម័យយើងនេះ។
* គាំទ្រអ្វីៗទាំងប៉ុន្មានដែលអាចជួយឲ្យអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ​រួបរួមគ្នាជាធ្លុងតែមួយ។
* ពង្រឹងអ្វីៗទាំងប៉ុន្មានដែលអាចណែនាំមនុស្សលោកទាំងអស់ឲ្យមកជ្រកកោនក្រោមម្លប់នៃព្រះសហគមន៍។

ដោយមានគោលដៅទាំងនោះ មហាសន្និបាតយល់ឃើញថា មានភារកិច្ចពិសេស គឺយកចិត្តទុកដាក់​កែ​សម្រួល និងជួយពង្រីកពង្រឹងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។

២-ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត

ដោយសារពិធីគោរពប្រណិប័តន៍ ជាពិសេសដោយសារសក្ការបូជាអរព្រះគុណ "ព្រះជាម្ចាស់រំដោះយើង"។ ពិធី​ទាំង​នោះ ក៏ជួយយ៉ាងខ្ពង់ខ្ពស់បំផុតឲ្យគ្រីស្តបរិស័ទប្រកាសជំនឿតាមការរស់នៅរបស់ខ្លួន និងសម្តែង​ឲ្យអ្នក​ដទៃ​ស្គាល់​គម្រោងការ​ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ព្រមទាំងស្គាល់លក្ខណៈដ៏ពិតប្រាកដរបស់ព្រះសហគមន៍ទៀតផង។ មាន​តែ​ព្រះសហគមន៍ទេ ដែលមានលក្ខណៈលោកីយ៍ផង ហើយនៅពេលតែមួយនោះ មានលក្ខណៈរបស់ព្រះជា ម្ចាស់ផង។ មនុស្សអាចមើល​ឃើញព្រះសហគមន៍បានផង ហើយមានអ្វីៗដ៏ប្រសើរជាងដែលមនុស្សមើល​មិន​ឃើញ​ផង​ដែរ។ ព្រះសហគមន៍ខ្នះខ្នែងប្រព្រឹត្តសកម្មភាពផង ហើយនៅស្ងៀមស្មឹងស្មាធិ៍ផង ព្រះសហគមន៍រស់នៅ​ក្នុង​លោក​នេះ តែក៏នៅដូចជាជនបរទេសនៅក្នុងលោកនេះដែរ។ ប៉ុន្តែ ព្រះសហគមន៍រស់នៅ​តាម​បែបធ្វើឲ្យអ្វីៗ​ក្នុងខ្លួនដែល​មាន​លក្ខណៈ​លោកីយ៍ តម្រង់ទៅរកអ្វីៗដែលមានលក្ខណៈជាព្រះជាម្ចាស់ ហើយចុះចូល​នឹង​លក្ខណៈ​នោះដែរ​ឲ្យអ្វីៗ​ដែល​មើលឃើញ បានតម្រង់ហើយចុះចូលនឹងអ្វីៗដែលមើលមិន​ឃើញ ឲ្យអ្វីៗដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព តម្រង់ ហើយ​ចុះ​ចូល​នឹងការស្មឹងស្មាធិ៍ ឲ្យអ្វីៗក្នុងលោកនេះ តម្រង់ហើយចុះ​ចូល​នឹង​អ្វីៗ​ដែល ជាប់នឹងលោក​ខាងមុខ​ដែល​យើងស្វែងរកនោះ (ហប ១៣,១៤)។ ហេតុនេះហើយ​បានជា​ពិធីគោរព​ប្រណិប័តន៍ព្រះជាម្ចាស់​សាងអស់​អ្នក​នៅ​ខាងក្នុងព្រះសហគមន៍​ជារៀង​រាល់ថ្ងៃ ឲ្យទៅជាព្រះវិហារដ៏វិសុទ្ធ ដោយ​រួម​ក្នុងអង្គព្រះ​អម្ចាស់ ទៅជា​ព្រះដំណាក់​របស់​ព្រះ​ជាម្ចាស់ក្នុងព្រះវិញ្ញាណ (អភ ២,២១-២២) រហូតដល់មាន​ទំហំ​សមរម្យ​នឹង​ព្រះគ្រីស្តដែលបំពេញ​អ្វីៗ​ទាំង​អស់ (អភ ៤,១៤)។ ពិធីគោរពប្រណិប័តន៍ពង្រឹងកម្លាំងចិត្តរបស់គេយ៉ាង​អស្ចារ្យ​ដើម្បីឲ្យគេអាច​ប្រកាស​ព្រះគ្រីស្ត​បាន។ ពិធីគោរពប្រណិប័តន៍ក៏បង្ហាញព្រះសហគមន៍ឲ្យអ្នកនៅខាង​ក្រៅ​ឃើញ​ដូចជាទង់មួយ ជាសញ្ញា​ដែល​ព្រះ​ជាម្ចាស់​លើកឡើងនៅចំពោះមុខប្រជាជាតិទាំងឡាយ (អស ១១,១២)។ បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ដែលខ្ចាត់​ខ្ចាយ​ក៏មក​រួប​រួម គ្នាជាអង្គ​តែ​មួយ (យហ ១១,៥២) ក្រោមទង់សញ្ញានោះ ទម្រាំដ​ល់​ពេល​មានហ្វូង​ចៀម​តែ​មួយ និង​មានគង្វាលតែ​មួយ​ផងដែរ (យហ ១០,១៦)។

៣-ធម្មនុញ្ញ និងរបៀបរបបពិធី

ហេតុនេះហើយបានជាមហាសន្និបាតដ៏វិសុទ្ធ​យល់ឃើញ​ថា ត្រូវរំឭកអំពីគោលការណ៍ខាងក្រោមនេះ និងត្រូវ តែង​តាំងសេចក្តីណែនាំឲ្យអនុវត្តតាម ដើម្បីជួយលើកស្ទួយ និងកែសម្រួលពិធីគោរពប្រណិប័តន៍។

ក្នុងចំណោមគោលការណ៍ និងសេចកី្ដណែនាំទាំងនោះ មានគោលការណ៍និងសេចក្តីណែនាំខ្លះៗដែល ព្រះសហគមន៍​កាន់តាម​របៀប​របប​ពិធី​នៃព្រះសហគមនក្រុងរ៉ូម និងព្រះសហគមន៍កាន់តាមរបៀបរបបពិធីផ្សេងៗ អាច (នឹង​ត្រូវ) អនុវត្ត​តាម​ទាំងអស់គ្នា។ ក៏ប៉ុន្តែ ត្រូវយល់ថា មានតែព្រះសហគមន៍កាន់តាមរ​បៀរបបពិធីនៃ​ព្រះ​សហគមន៍ក្រុង​រ៉ូម​ប៉ុណ្ណោះ​ទេ ដែលត្រូវអនុវត្តតាម​សេចក្តីណែនាំ​ចែងយ៉ាងជាក់ច្បាស់​ខាងក្រោម​នេះ លើកលែងតែ​ចំពោះ​សេចក្តី​ណែ​នាំណា​ដែលមាន​លក្ខណៈជាប់នឹងរបៀបរបបពិធីផ្សេងឯទៀត។

៤-មិនតែប៉ុណ្ណោះសោតមហាសន្និបាតដ៏វិសុទ្ធសូមប្រកាសថា

របៀបរបបពិធីផ្សេងៗដែលព្រះសហគមន៍ជា​ព្រះ មាតា​ដ៏​វិសុទ្ធ​របស់យើង​តែងតែទទួលស្គាល់យ៉ាង​ត្រឹមត្រូវ តាម​ច្បាប់​រួចហើយ សុទ្ធតែមានសិទ្ធិ និងមានតម្លៃ​ដ៏ថ្លៃ​ថ្នូរ​ស្មើ​គ្នា។ នៅពេលអនាគត ព្រះសហគមន៍ក៏មាន​បំណង​ចង់​រក្សា​ទុក និងជួយលើកស្ទួយរបៀបរបបពិធីទាំងនោះ​ឲ្យចម្រើន​ឡើង​គ្រប់បែបយ៉ាងទៀតផង។ មហាសន្និបាត​បញ្ជាក់ ដូច្នេះពិតជាត្រឹមត្រូវតាមការបញ្ជូនបន្តរបស់​ព្រះ​សហគមន៍​មែន។ មហាសន្និបាត​ក៏មានបំណងប្រាថ្នាថា នៅ​ត្រង់​កន្លែងណា ដែលត្រូវការកែសម្រួលរបៀបរបបពិធី​បុណ្យ​នោះ​ត្រូវ​កែ​សម្រួល​ទាំងស្រុង ដោយប្រុង​ប្រយ័ត្ន និង​ដោយ​គិតគូរដល់ការបញ្ជូនបន្តដ៏ត្រឹមត្រូវរបស់ព្រះ​សហគមន៍។ សូម​ជួយ​ឲ្យ​របៀបរបបពិធីទាំងនោះ​មាន​កម្លាំង​ថ្មី សម​ស្របតាមកាលៈទេសៈ និងតាមតម្រូវការនា​បច្ចុប្បន្នកាល។

ជំពូក១
គោលការណ៍ទូទៅសម្រាប់កែសម្រួលពិធីគោរពប្រណិប័តន៍

១-លក្ខណៈនៃពិធីគោរពប្រណិប័តន៍ និងសារៈសំខាន់នៃពិធីទាំងនោះក្នុងការរស់នៅរបស់ព្រះសហគមន៍

៥-ព្រះគ្រីស្តសង្គ្រោះមនុស្សលោក

ព្រះជាម្ចាស់ "សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់ទទួលការសង្រ្គោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់ “ (១ ធម ២,៤)។ “នៅជំនាន់ដើមព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើន​លើក​ច្រើនសា ដោយប្រើរបៀប​ផ្សេងៗ​ជាច្រើន តាមរយៈពួកព្យាការី” (ហប ១,១)។ លុះដល់ពេលកំណត់ហើយ ព្រះអង្គចាត់ព្រះបុត្រាឲ្យយាង​មក។ ព្រះបុត្រានេះជាព្រះបន្ទូលដែលប្រសូតជាមនុស្ស។ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់​ប្រេង​អភិសេកព្រះបន្ទូលដែល​ប្រសូត​ជា​មនុស្សនោះ ដើម្បីនាំដំណឹងល្អមកប្រាប់ជនក្រីក្រ ហើយថែទាំអ្នកដែលបាក់ទឹកចិត្ត (អស ៦១, ១; លក ៤, ១៨)។ ព្រះគ្រីស្តហាក់ដូចជាគ្រូពេទ្យទាំងខាងរូបកាយផង ទាំងខាងវិញ្ញាណផង" ព្រះអង្គក៏ជាស្ពាន​មេត្រីរវាង​ព្រះ​ជាម្ចាស់ និងមនុស្សលោកដែរ (១ធម ២,៥)។ ដោយព្រះគ្រីស្តជាព្រះបន្ទូលដែលប្រសូតជាមនុស្ស មាន​សភាព​ជា​ព្រះ​ជា​ម្ចាស់ និងមានសភាពជាមនុស្សភ្ជាប់គ្នាក្នុងបុគ្គលតែមួយ ព្រះអង្គ​អាច​សង្រ្គោះមនុស្សយើងបាន។ ហេតុនេះ​ហើយ​បាន​ជា​ក្នុង​អង្គ​ព្រះ​គ្រីស្ត "តម្លៃលោះដ៏​ពេញ​លក្ខណៈ​ដែលនាំឲ្យយើង​បាន​ស្រុះ​ស្រួល​ជានាជាមួយ​ព្រះ​បិតា និង​ការ​បម្រើ​របស់​ព្រះជាម្ចាស់យ៉ាងពេញលេញ ក៏ចូលមក​ដល់​យើងហើយ”។

ព្រះគ្រីស្ត​ជាអម្ចាស់បានរំដោះមនុស្សលោកជាស្រេច និងលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់​យ៉ាង​ពេញ​លក្ខណៈ ដោយព្រះអង្គរងទុក្ខលំបាក ក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ និងយាង​ឡើង​ស្ថានលើ​យ៉ាង​រុង​រឿង។ នេះជាព្រឹត្តិការ​ណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុង​រឿងក្នុងបុណ្យចម្លង។ ដោយ​សារព្រឹត្តិការ​ណ៍ដ៏​អស្ចារ្យនេះ ព្រះអង្គ “បានកម្ទេច​បំផ្លាញអំណាចនៃសេចក្តីស្លាប់របស់​មនុស្ស​យើង ដោយទ្រង់​សោយ​ទិវង្គត ហើយទ្រង់​ក៏កែ​តម្រង់​ជីវិតឲ្យ​បាន​ជាថ្មីឡើងវិញ ដោយទ្រង់មានព្រះជន្មថ្មីដ៏រុង​រឿង​”។ “​ព្រះ​សហគមន៍​ទាំងមូល ដែលជាអគ្គសញ្ញាដ៏ប្រសើរអស្ចារ្យ​យ៉ាងក្រៃលែង” ក៏កើតចេញមកពីមុខ​របួស​ត្រង់ចន្លោះ​ឆ្អឹងជំនីរ​របស់​ព្រះ​អង្គ​ដែល​ផ្ទុំលក់ឰដ៏ឈើឆ្កាង។ ស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះជាម្ចាស់​បាន​ប្រព្រឹត្តក្នុង​ចំណោម​ប្រជារាស្រ្ត​នៃ​សម្ពន្ធមេត្រីចាស់ ក៏សុទ្ធសឹងតែជាប្រផ្នូល​អំពីព្រឹត្តិការ​ណ៍ដ៏អស្ចារ្យ​នេះដែរ។

៦-ព្រះ​សហគមន៍​បន្ត​កិច្ច​សង្រ្គោះ​របស់​ព្រះ​គ្រីស្ត​ដោយធ្វើពិធីគោរពប្រណិប័តន៍

ព្រះបិតាចាត់ព្រះគ្រីស្តឲ្យយាងមកយ៉ាងណា ព្រះគ្រីស្តក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះ​អង្គឲ្យទៅយ៉ាង​នោះ​ដែរ។ គ្រីស្តទូតទាំងនោះ​ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យប្រកាសដំណឹងល្អដល់សត្វលោកទាំងអស់ (មក ១៦, ១៥) គឺជូនដំណឹងថា ដោយព្រះបុត្រារបស់ព្រះជាម្ចាស់សោយទិវង្គត​និងមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គ បាន​រំដោះ​យើងឲ្យរួចពីអំណាចរបស់មារសាតាំង (កក ២៦,១៨) និងបាន​រំដោះ​យើងឲ្យរួចពីសេចក្តីស្លាប់ ព្រមទាំង ចម្លង​យើង ចូលក្នុងព្រះរាជ្យ​នៃព្រះបិតារបស់ព្រះអង្គ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះគ្រីស្តចាត់​ក្រុមគ្រីស្តទូត​ឲ្យប្រព្រឹត្ត តាម​កិច្ចសង្រ្គោះដែលអស់លោកប្រកាសនោះទៀតផង​ដោយអស់លោកថ្វាយសក្ការបូជាអរព្រះគុណ និងធ្វើ​អគ្គ​សញ្ញា​នានា ដែលជាស្នូល​នៃពិធីគោរពប្រណិប័តន៍ទាំងអស់។ ឧបមាថា ដោយអគ្គសញ្ញាជ្រមុជទឹក មនុស្សផ្សា​ភ្ជាប់​នឹង​ព្រឹត្តិការ​ណ៍ដ៏​អស្ចារ្យ​របស់ព្រះគ្រីស្តដែលសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿងក្នុងបុណ្យចម្លង គឺគេ​ស្លាប់​រួម​ជាមួយព្រះអង្គ គេចូលក្នុងផ្នូររួមជាមួយព្រះអង្គ ហើយគេក៏មានជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គដែរ។ គេ​ទទួល​ព្រះ​វិញ្ញាណ​នៃបុត្រធីតា “ដែលធ្វើឲ្យយើងបន្លឺសំឡេងឡើងថា "អប្បាប៉ាឪ" (រម ៨,១៥; អភ ២, ៦; កូឡ ៣, ១; ២ធម ២, ១១)។ គេក៏​ក្លាយទៅជាអ្នកថ្វាយបង្គំ​ដ៏ពិត​ប្រាកដដែលព្រះបិតាសព្វព្រះហឫទ័យ​ចង់​បាន (យហ ៤,២៣)។ យ៉ាង​ណាមិញ រៀងរាល់ពេលគេជួបជុំគ្នាបរិភោគ​ក្នុងពិធីជប់លៀង​របស់ព្រះអម្ចាស់ គេ​ប្រកាស​អំពីព្រះអម្ចាស់ សោយ​ទិវង្គត គឺប្រកាសរហូតដល់ព្រះ​អង្គយាងមក (១ករ ១១,២៦)។ ហេតុនេះ​ហើយបាន​ជា​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ជា​ថ្ងៃ​ព្រះ​សហគមន៍​លេចចេញមកឲ្យពិភពលោកឃើញ “អស់អ្នក​ដែលទទួល​សេចក្តី​ដែល​លោក​សិលាប្រកាស ក៏បាន​ទទួល​ពិ​ធីជ្រមុជ​ទឹក”។ “សាវ័កទាំងប៉ុន្មាន​ព្យាយាម​ស្តាប់សេចក្តី​បង្រៀន​របស់ក្រុម​គ្រីស្តទូត រួមរស់ជាមួយ​គ្នា​ទុក​ជា​បងប្អូន ធ្វើ​ពិធីកាច់នំបុ័ង និងព្យាយាម​អធិដ្ឋាន...។ គេនាំគ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំងមូល​គោរព​រាប់អាន​ពួកគេ​ទាំង​អស់​គ្នា” (កក ២, ៤១-៤៧)។ តាំងពីពេល​នោះមក ព្រះសហគមន៍​តែងតែជួបជុំរួបរួម​គ្នា​លើក​តម្កើង​ព្រឹត្តិការ​ណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែល​សោយទិវង្គត និង​មានព្រះជន្មថី្មដ៏រុង​រឿង​នៅ​ថ្ងៃ​បុណ្យចម្លង មិន​ដែលអាក់​ខាន​ឡើយ។ ព្រះ​សហគមន៍​ក៏​តែងអានសេចក្តី “ដែលមាន​ចែង​ទុកអំពីព្រះអង្គ​នៅក្នុងគម្ពីរទាំងមូល” (លក ២៤,២៧)។ ព្រះ​សហគមន៍​តែង​តែថ្វាយសក្ការបូជា​អរ​ព្រះគុណ ”ដែលធ្វើឲ្យជ័យ​ជម្នះដ៏ត្រចះ​ត្រចង់​របស់ព្រះ​គ្រីស្ត​លើសេចក្តីស្លាប់ មាន​វត្តមាន​ក្នុង​ចំណោម​ពួក​យើង”។ នៅពេលជាមួ​យគ្នានោះ ព្រះ​សហគមន៍ក៏អរព្រះគុណ “ព្រះ​ជាម្ចាស់​ចំពោះ​ព្រះ​អំណោយទាន​ដ៏​ប្រសើរ​បំផុតរបស់ព្រះអង្គដែលរកថ្លែងពុំបាន” (២ករ ៩, ១៥) ក្នុង​អង្គ​ព្រះ​គ្រី​ស្តយេស៊ូ “ដើម្បីឲ្យ​យើង​លើកត​ម្កើង​សិរី​រុង​រឿង​របស់ព្រះអង្គ” (អភ ១,១២) តាម​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។

៧-វត្តមានរបស់ព្រះគ្រីស្តក្នុងពិធីគោរពប្រណិប័តន៍

ព្រះគ្រីស្តនៅតែមានវត្តមានក្នុងព្រះសហគមន៍ជានិច្ចជាពិសេសនៅពេលព្រះសហគមន៍ធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ គឺព្រះអង្គបង្ហើយព្រះរាជកិច្ចដ៏ប្រសើរបំផុតនោះឲ្យបានជាស្ថាពរ។ ព្រះអង្គគង់នៅក្នុងសក្ការបូជានៃអភិបូជា គឺ​ក្នុង​រូបបូជាចារ្យជាអ្នកបំពេញមុខងារបម្រើ។ “ព្រះអង្គដែលថ្វាយខ្លួននៅ​ពេលនេះ​ដោយ​សារមុខងារ​បម្រើរបស់​បូជាចារ្យ ក៏ជាព្រះអង្គដែលបានបូជាព្រះជន្មនៅឰដ៏ឈើឆ្កាងដែរ”។ ព្រះអង្គគង់នៅតាមកម្រិតដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​រូប​សញ្ញានំនិង ស្រាដែល​ថ្វាយក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអង្គក៏​គង់​នៅ​តាម​អគ្គសញ្ញានានា​ដោយសារ​ឫទ្ធានុភាព​របស់ព្រះអង្គ។ ដូច្នេះ នៅពេលនរណាម្នាក់ធ្វើអគ្គសញ្ញាជ្រមុជ​ទឹកជូន​គេ គឺព្រះ​គ្រីស្តផ្ទាល់ជ្រមុជទឹកជូនគេ។ ព្រះ​អង្គ​គង់​នៅ​តាម​ព្រះបន្ទូលព្រះអង្គ ដ្បិតពេល​ណាគេអាន​ព្រះ​គម្ពីរនៅក្នុងព្រះសហគមន៍ ពេលនោះ គឺព្រះអង្គផ្ទាល់​មាន​ព្រះបន្ទូល។ ពេល​ព្រះ​សហគមន៍​ទូល​អង្វរ និងស្មូតទំនុកតម្កើង ព្រះអង្គក៏គង់នៅទីនោះដែរ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​សន្យា ថា៖ “នៅទីណា​មាន​ពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ” (មថ ១៨, ២០)។ ពិតមែនហើយ ព្រះគ្រីស្តរួបរួមជាមួយ​ព្រះសហគមន៍គ្រប់ពេលវេលា ដើម្បីបំពេញ​ព្រះរាជកិច្ច​ដ៏​ប្រសើរ​បំផុត នេះ គឺនាំ​ឲ្យ​មនុស្សលើកតម្កើងសិរីរុងរឿងរបស់​ព្រះជាម្ចាស់​យ៉ាងពេញលេញ ព្រម​ទាំង​ប្រោសឲ្យ​មនុស្សបាន​វិសុទ្ធ ផង។ ព្រះ​គ្រីស្ត​រួបរួមជាមួយនឹង​ព្រះសហគមន៍ ជាព្រះមហេសីដ៏​ជា​ទីស្រឡាញ់របស់ព្រះអង្គ ព្រះសហគមន៍​អង្វរ​ព្រះ​អម្ចាស់​របស់ខ្លួន ហើយគោរព​បម្រើថ្វាយបង្គំព្រះបិតាដែល​មានព្រះ​ជន្មគង់នៅជានិច្ច​និរន្ត៍ ដោយសារ​ព្រះ​អង្គ។

ហេតុ​នេះ​ហើយបានជាត្រូវចាត់ទុកយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូគ្រីស្ត​ពិតជាបំពេញមុខងារ​ជា​បូជាចារ្យ ​ដោយ​សារ​ពិធី​គោរពប្រណិប័តន៍។ ដោយព្រះយេស៊ូគ្រីស្ត​បំពេញមុខងារជាបូជាចារ្យ​នោះ ព្រះអង្គ​ក៏សម្តែងថា ព្រះអង្គ​ប្រោស​ឲ្យ​មនុស្ស​បាន​វិសុទ្ធ តាមសញ្ញាសម្គាល់​ដែល​អាចមើលឃើញ ហើយព្រះអង្គប្រោសឲ្យគេ​បាន​វិសុទ្ធ តាម​របៀប​ប្លែកៗ ពីគ្នា ស្របតាមសញ្ញានីមួយៗទាំងនោះ​ផង។ ដោយព្រះ​យេស៊ូ​គ្រីស្ត​បំពេញមុខងារ​ជា​បូជាចារ្យនោះ ព្រះ​កាយ​ដ៏អាថ៌ កំបាំងរបស់ព្រះយេស៊ូគ្រីស្ត គឺទាំងព្រះសិរសា ទាំងសរីរាង្គ​នាំគ្នា​គោរព​បម្រើព្រះ​ជា​ម្ចាស់​យ៉ាង​សាធារណៈ និង យ៉ាងពេញលេញ។

ហេតុនេះហើយ បានជាគ្រប់ពិធីគោរពប្រណិប័តន៍​ជាព្រះរាជកិច្ចរបស់ព្រះគ្រីស្ត​ជា​បូជាចារ្យ​ផង និង​ជាកិច្ចរបស់​ព្រះសហគមន៍ជាព្រះកាយ​ព្រះ​អង្គ​ផង គឺជាកិច្ចសក្ការៈដ៏ប្រសើរ​ឧត្តុងឧត្តមបំផុត គ្មាន​កិច្ច​ដ៏សក្ការៈ​ណា​មួយ​ផ្សេង​ទៀត​ស័ក្តិសិទ្ធិដូច ឬមានកម្រិតដូចបានឡើយ។

៨-ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់នៅលោកនេះ និងពិធីគោរពប្រណិប័តន៍នៅលោកខាងមុខ

ពេលយើងចូលរួមធ្វើពិធីគោរពប្រណិប័តន៍ក្នុងលោកនេះ យើងក្រេបជញ្ជក់ជាមុន​នូវរស​ជាតិ​នៃ​ពិធីគោរព​ប្រណិប័តន៍​នៅបុរី​យេរូសាឡឹម​ដ៏វិសុទ្ធនៃលោកខាងមុខ​ដែរ។ យើងកំពុងតែជាបូជនីយសក៍ក្នុងលោកនេះ​តម្រង់​ទៅ​បុរី​នោះ ជាបុរីព្រះ​គ្រីស្តគង់ខាងស្តាំព្រះបិតា ក្នុងឋានៈជាអ្នកបម្រើវិហារដ៏សក្ការៈ និងជាព្រះពន្លាដ៏ពិតប្រាកដ (វវ ២១, ២; កូឡ ៣, ១; ហប ៨,២)។ យើងក៏​ច្រៀងបទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមជាមួយ​កងកម្លាំង​នៃ​ស្ថាន​បរមសុខ​ដែរ។ ដោយនឹក​គោរពសន្តបុគ្គលទាំងឡាយ យើង​សង្ឃឹមថា​នឹង​បានចូលរួមជាមួយដែរ។ យើង​ក៏​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង និងជាព្រះសង្រ្គោះ រហូត​ដល់ពេលព្រះអង្គដែលជាជីវិតរបស់យើង សម្តែង​ព្រះ​អង្គមក។ នៅពេលនោះ យើងក៏នឹងលេចឡើងមករួមជាមួយព្រះអង្គប្រកបដោយសិរីរុងរឿងដែរ (ភល ៣, ២០; កូឡ ៣,៤)។

៩-ព្រះសហគមន៍មានសកម្មភាពឯទៀតៗជាច្រើន ក្រៅពីពិធីគោរពប្រណិប័តន៍

ពិធីគោរពប្រណិប័តន៍ ពុំមែនជាសកម្មភាពទាំងមូលរបស់ព្រះសហគមន៍ទេ ដ្បិតមុនមនុស្ស​អាចចូលរួមក្នុង​ពិធី​ទាំង​នោះបាន លុះត្រាតែព្រះជាម្ចាស់ត្រាស់ហៅគេឲ្យមានជំនឿ និងឲ្យគេប្រែចិត្តគំនិត។ “គេអង្វរព្រះ​ជាម្ចាស់​ដូច​ម្តេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្តេចកើត បើគេមិនដែលឮព្រះអង្គមានព្រះ​បន្ទូល? ឲ្យគេឮដូច​ម្តេច​កើត បើគ្មាននរណាប្រកាស? ឲ្យមានអ្នកប្រកាសដូចម្តេចកើត បើគ្មាន​នរ​ណាចាត់​ឲ្យ​ទៅប្រកាសផងនោះ?” (រម ១០, ១៤-១៥)។

ហេតុនេះហើយ បានជាព្រះសហគមន៍ប្រកាសដំណឹងល្អ ស្តីអំពីការសង្រ្គោះដល់អស់អ្នកដែល​គ្មាន​ជំនឿលើ​ព្រះគ្រីស្ត ដើម្បីឲ្យមនុស្សទាំងអស់ស្គាល់ព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដតែមួយអង្គគត់​និងស្គាល់ព្រះយេស៊ូគ្រីស្ត ដែល​ព្រះជាម្ចាស់ចាត់ឲ្យយាងមកដែរ។ ដូច្នេះគេប្រែចិត្តគំនិត ទាំងនឹកស្តាយដោយបាន​ប្រព្រឹត្តអំពើបាបទៀតផង។ ចំពោះ​គ្រីស្តបរិស័ទដែលមានជំនឿវិញ ព្រះសហគមន៍ត្រូវតែប្រកាស​ជំនឿដល់គេជា​និច្ច និងនាំឲ្យគេនឹកស្តាយ ដោយ​បាន​ប្រព្រឹត្តអំពើបាប​ដែរ (យហ ១៧,៣; លក ២៤,២៧; កក ២,៣៨)។ ព្រះសហគមន៍ក៏ត្រូវ​អប់រំគេឲ្យ​ទទួល​អគ្គសញ្ញា ត្រូវបង្ហាត់បង្រៀនគេឲ្យប្រតិបត្តិ​តាម​សេចក្តីទាំងប៉ុន្មានដែលព្រះគ្រីស្តបានបង្គាប់ (មថ ២៨, ២០) និង​ដាស់​តឿនគេឲ្យប្រព្រឹត្តកិច្ចការដ៏សប្បុរស​គ្រប់យ៉ាង ឲ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងធ្វើកិច្ចការជាគ្រីស្តទូត ទៀត​ផង។ គ្រីស្តបរិស័ទធ្វើកិច្ចការ​ទាំង​នោះ ដើម្បីបង្ហាញ​បញ្ជាក់ថា ទោះគេមិនកើតមកពីលោកីយ៍នេះក្តី គេក៏នៅតែ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ហើយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៅចំពោះមុខមនុស្សលោកផងដែរ។

១០-ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់៍ ជាកំពូល និង​ជា​ប្រភព​នៃជីវិត​របស់​ព្រះ​សហគមន៍

ប៉ុន្តែ សកម្មភាពគ្រប់យ៉ាងរបស់ព្រះសហគមន៍ពិតជាតម្រង់ឆ្ពោះទៅកាន់ពិធីគោរពប្រណិប័តន៍ទុកជាកំពូល។ ពិធី​គោរពប្រណិប័តន៍​ក៏​ជាប្រភពនៃឫទ្ធានុភាពទាំងស្រុងរបស់ព្រះសហគមន៍ដែរ។ អស់អ្នកដែលខិតខំបំពេញ​កិច្ចការ​ជា​គ្រីស្តទូត មានគោល​ដៅណែនាំ​ឲ្យមនុស្សទាំងអស់​ទៅជាបុត្រធីតារបស់​ព្រះជាម្ចាស់ ដោយ​ផ្ញើជីវិតលើ​ព្រះគ្រីស្ត និង​ដោយ​ទទួល​អគ្គ សញ្ញាជ្រមុជទឹកទៀតផង។ បន្ទាប់មក ឲ្យគេជួបជុំគ្នា និងលើកតម្កើងព្រះជាម្ចាស់​ក្នុង​ព្រះ​សហគមន៍ និង​ឲ្យ​ចូលរួម​ក្នុងសក្ការបូជានៃអភិបូជា ព្រមទាំងឲ្យបរិភោគរួមក្នុងពិធី​ជប់លៀង​របស់​ព្រះ​អម្ចាស់។ ម្យ៉ាង​ទៀត ពិធីគោរពប្រណិប័តន៍ក៏ជំរុញគ្រីស្តបរិស័ទដែល​ទទួល​ទាន​នៃ “អគ្គសញ្ញា​នៃ​បុណ្យ​ចម្លង” យ៉ាងឆ្អែត​ស្កប់​ស្កល់ ឲ្យរួប​រួម​គ្នាជា “ធ្លុងតែមួយ"។ ក្នុងពិធីគោរពប្រណិប័តន៍ ព្រះសហគមន៍អង្វរ​ព្រះអង្គ “សូមឲ្យ​គ្រីស្តបរិស័ទ​កាន់​តាម​អ្វីៗ​ដែល​គេ​បាន​យល់ឃើញ​ដោយសារ​ជំនឿ” តាមការរស់នៅរបស់ខ្លួន។ ក្នុងអភិបូជា ព្រះ​សហគមន៍​ចង​សម្ពន្ធ​មេត្រី​របស់​ព្រះ​អម្ចាស់​ជាមួយមនុស្ស​លោក​សាជាថ្មី។ សម្ពន្ធមេត្រីថ្មីនេះ ក៏ទាក់ទាញ​ចិត្ត​គ្រីស្តបរិស័ទ​ហើយ​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្ត​ក៏ជំរុញចិត្តគេទៀតផងដែរ។ ហេតុនេះហើយបានជាព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ហូរ​ចេញ​មកពីពិធីគោរពប្រណិប័តន៍ ជាពិសេសពីអគ្គសញ្ញាអរព្រះគុណ ដែលហាក់បីដូចជា ហូរ​ចេញ​ពីប្រភព​តែមួយ មក​ក្នុង​យើង។ យើងក៏អាចទទួលព្រះហឫទ័យប្រណីសន្តោសនេះយ៉ាងស័ក្តសិទ្ធបំផុត ដែល​ប្រោស​ឲ្យមនុស្សយើងបាន​វិសុទ្ធ ក្នុងអង្គព្រះគ្រីស្តដែរ។ សកម្មភាពឯទៀតៗទាំងប៉ុន្មាន​របស់​ព្រះ​សហគមន៍ មាន​គោល​ដៅតែមួយ គឺលើក​តម្កើង​សិរីរុង​រឿងរបស់ព្រះជាម្ចាស់។

១១-ចិត្តគំនិតអ្នកចូលរួមក្នុងពិធីគោរពប្រណិប័តន៍

បើគ្រីស្តបរិស័ទចង់ទទួលព្រះហឫទ័យប្រណីសន្តោសនេះតាមរបៀបដែលមានប្រសីទ្ធភាព និងយ៉ាងពេញ​លេញ គេត្រូវ​ចូល​រួម​ក្នុង​ពិធីគោរពប្រណិប័តន៍ដោយមានអារម្មណ៍ល្អ គឺមានចិត្តទៀងត្រង់ មានចិត្តគំនិត​ស្របតាម​ពាក្យ​ដែល​គេ​ពោល។ គេ​ត្រូវ​រួម​សហការ​ជាមួយ​ព្រះ​ជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណី​សន្តោស។ បើមិន​ដូច្នេះ​ទេ ព្រះ​ហឫទ័យ​ប្រណី​សន្តោស​ដែលគេទទួលនោះ គឺអសារឥតការឡើយ (២ករ ៦,១)។ ហេតុនេះហើយ បាន​ជា​អស់អ្នក​ណែនាំព្រះ​ស​ហគមន៍​ត្រូវ​យក​ចិត្តទុកដាក់ធ្វើឲ្យ​គ្រីស្តបរិស័ទ​ចូលរួមក្នុងពិធី​បុណ្យ ដោយយល់​អត្ថន័យ គឺយល់​អត្ថន័យ​នៃពិធីចូល​រួម​យ៉ាង​សកម្ម​និង​តាម​របៀប​ដែលអាច​បង្កើត​ផលបានទៀតផង មិនត្រូវគិតគូរ​ឲ្យ​គ្រាន់តែ​គោរពតាមច្បាប់ ឬគ្រាន់​តែ​ធ្វើពិធី​យ៉ាង​ត្រឹម​ត្រូវ​តាមវិន័យប៉ុណ្ណោះទេ។

១២-ពិធីគោរពប្រណិប័តន៍ និងពិធីគោរពតាមប្រពៃណី

ការរស់នៅតាមព្រះវិញ្ញាណ មិនអាស្រ័យតែលើការចូលរួមក្នុងពិធីគោរពប្រណិប័តន៍ប៉ុណ្ណោះទេ។ ទោះជា​ព្រះជា​ម្ចាស់​ត្រាស់ហៅគ្រីស្តបរិស័ទឲ្យអធិដ្ឋានរួមជាមួយអ្នកឯទៀតៗក្តី ក៏គេត្រូវចូលទៅក្នុងបន្ទប់របស់ខ្លួន​ហើយ​ទូល​ទៅ​ព្រះ​បិតានៅទីស្ងាត់កំបាំង (មថ ៦,៦)។ លើសពីនេះទៅទៀត គេត្រូវអធិដ្ឋានឥត​ឈប់​ឈរ​តាម​គ្រីស្តទូត​ប៉ូល​ប្រៀន​ប្រដៅ (១ថស ៥,១៧)។ គ្រីស្តទូតប៉ូលដដែលបង្រៀន​យើង​ថា យើងត្រូវផ្ទុកសេចក្តីស្លាប់របស់​ព្រះ​យេ​ស៊ូ​ក្នុង​រូប​កាយ​យើង ដែលរមែងតែងតែស្លាប់ ដើម្បីឲ្យ​ព្រះ​ជន្មរបស់​ព្រះយេស៊ូលេចចេញមកឲ្យគេឃើញ​នៅក្នុង​រូប​កាយ​យើង​ដែរ (២ករ ៤,១០-១១)។ ហេតុ​នេះ​ហើយ​បាន​ជាក្នុងសក្ការបូជានៃអភិបូជា យើងតែងអង្វរព្រះ​អម្ចាស់​ថា “ដោយ​ព្រះអង្គ​សព្វព្រះហឫទ័យទទួល​យញ្ញ​បូជា​ខាងវិញ្ញាណនោះទុកជាតង្វាយ សូមព្រះអង្គ​លើកយើង “ទុកជា​តង្វាយ​ដែល​ស្ថិត​នៅអស់​កល្បជានិច្ច ថ្វាយព្រះអង្គ "។

១៣-គួរទូន្មានយ៉ាងខ្លាំងឲ្យគ្រីស្តបរិស័ទធ្វើពិធីតាមប្រណី

លុះត្រាតែពិធីទាំងនោះស្របតាម​ច្បាប់ និង​តាម​សេចក្តី​ណែ​នាំ​របស់ព្រះសហគមន៍ ជាពិសេស​ប្រសិន​បើ​គេ​នាំ​គ្នា​ធ្វើពិធីទាំងនោះ ស្របតាម​បទ​បញ្ជារបស់​សន្ត​អាសនៈ។

ត្រូវចាត់ទុកថាពិធីតាមប្រពៃណីរបស់ព្រះសហគមន៍ភូមិភាគនីមួយៗ មានតម្លៃថ្លៃថ្នូរពិសេស នៅពេល​ណា​ប្រជាជន​នាំគ្នាធ្វើតាមបបញ្ជារបស់លោកអភិបាល ឬតាមទំនៀមទម្លាប់​ឬតាមក្បួនពិធីដែលបាន​ទទួលការ​អនុម័ត​ត្រឹម​ត្រូវ​តាម​ច្បាប់។

ប៉ុន្តែ ត្រូវចាត់ចែងពិធីតាមប្រពៃណីទាំងនោះ ដោយគិតគួរដល់ពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំ​ឆ្នាំ ដើម្បី​ឲ្យ​ពិធី​តាមប្រពៃណីទាំងនោះសមស្របតាមពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ដែលហាក់ដូចជាពិធីតាមប្រពៃណី​ទាំង​នោះ​ហូរចេញ​មក​ពី​ពិធី​តាមរដូវប្រចាំឆ្នាំ ព្រមទាំងណែនាំប្រជាជនឲ្យចូលរួមក្នុងពិធីប្រចាំឆ្នាំទៀតផង ពីព្រោះ​តាម​លក្ខណៈ​នៃពិធី គឺពិធី​គោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំប្រសើរជាងពិធីគោរពតាមប្រពៃណីទាំងនោះ។

២-ត្រូវអប់រំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍ និងឲ្យចូលរួមយ៉ាងសកម្ម

១៤-ព្រះសហគមន៍ជាមាតា

មានបំណងប្រាថ្នាចង់ណែនាំគ្រីស្តបរិស័ទទាំងអស់ ឲ្យចូលរួមក្នុងពិធី​គោរពប្រណិប័តន៍​យ៉ាងពេញ​លេញ ដោយ​យល់​អត្ថន័យ និងចូលរួមយ៉ាងសកម្មទៀតផង។ របៀបចូលរួមក្នុងពិធីបែបនេះ ពិតជា​ស្រប​តាម​លក្ខណៈ​ផ្ទាល់​នៃ​ពិធីគោរពប្រណិប័តន៍ ហើយគ្រីស្តបរិស័ទ​ទាំង​អស់​ក៏មានសិទិ្ធ និងមានភារកិច្ចចូល​រួមក្នុង​ពិធី​តាម​បែប​នេះ​ដែរ ព្រោះគ្រីស្ត​បរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកជា "ពូជសាសន៍​មួយ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើ​ស ជា​ក្រុម​បូជាចារ្យ​របស់ព្រះមហាក្សត្រ ជាជាតិសាសន៍​ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែល​ព្រះ​ជាម្ចាស់បាន​យកមក​ធ្វើជា​កម្មសិទ្ធិ ផ្ទាល់​របស់ព្រះអង្គ” (១សល ២, ៩; ២, ៤-៥)។

ពេលកែ​សម្រួល និងលើកស្ទួយពិធីគោរពប្រណិប័តន៍ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព តាមគោលដៅតែមួយ គឺ​ណែនាំ​ឲ្យ​ប្រជាជន​ទាំង​មូលចូលរួមយ៉ាងពេញលេញ និងយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិធី​គោរព​ប្រណិប័តន៍ពិត​ជា​ប្រភពទីមួយ និង​ដ៏ចាំ​បាច់​ដែលខានមិនបាន ដើម្បីឲ្យគ្រីស្តបរិស័ទមានចិត្តគំនិតជា​គ្រីស្ត​បរិស័ទ​សុទ្ធ​សាធ។ ហេតុនេះ​ហើយ​បាន​ជា​អស់លោកគង្វាលព្រះសហគមន៍ ត្រូវខិតខំខ្នះ​ខ្នែង​ក្នុង​គ្រប់កិច្ចការ​ណែនាំ​របស់ខ្លួន អប់រំប្រជាជន​គ្រីស្តបរិស័ទ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យបែបនេះ ដោយប្រើ​វិធី​គរុកោសល្យ​តាម​សេចក្តី​ត្រូវ​ការ។

ប៉ុន្តែ ប្រសិនបើគោលគំនិត និងកម្លាំងនៃពិធីគោរពប្រណិប័តន៍​មិនជ្រួតជ្រាបចិត្តអស់​លោកគង្វាល​យ៉ាងជ្រៅ​ទេ ហើយប្រសិនបើអស់លោកមិនបានទទួលសមត្ថភាពអាចបង្រៀនអ្នកដទៃជាមុនសិននោះ មហាសន្និបាតគ្មាន​សង្ឃឹម​ថា នឹងទៅដល់​គោលដៅរបស់ខ្លួនបានឡើយ។ ហេតុនេះហើយ ត្រូវគិតគូរអំពីការអប់រំក្រុម​គង្វាល អំពី​ពិធី​គោរព​ប្រណិប័តន៍​ជាមុន​សិ​ន។ ការនេះពិតជាចំបាច់បំផុត។

អាស្រ័យហេតុនេះហើយបាន​ជា​មហា​សន្និបាត​ដ៏វិសុទ្ធបាន​សម្រេច​សេចក្តីដូចតទៅ ៖

១៥-ត្រូវអប់រំសាស្រ្តាចារ្យខាងពិធីគោរពគោរពប្រណិប័តន៍

សាស្រ្តាចារ្យដែលបង្រៀនអំពីពិធីគោរពប្រណិប័តន៍នៅក្នុងទេវវិទ្យាល័យ នៅក្នុងគេហដ្ឋានអប់រំបព្វជិត​បព្វជិតា និង​នៅ​ក្នុង​មហាវិទ្យាល័យខាងទេវវិទ្យា ​ត្រូវទទួលការហ្វឹកហ្វឺនអប់រំនៅ​គ្រឹះស្ថានដែលមានគោល​ដៅ​បង្រៀន​អំពីពិធី​គោរព​ប្រណិប័តន៍ ។

១៦-ការអប់រំក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង

ត្រូវរាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ៗ និងដែលត្រូវការជាចាំ​បាច់​ដែល​ត្រូវតែរៀននៅក្នុងទេវវិទ្យាល័យ និងនៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតា។ នៅមហាវិទ្យាល័យខាង​ទេវ​វិទ្យាវិញ ត្រូវ​រាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ជាងគេ។ ត្រូវបង្រៀនអំពី​ពិធី​គោរព​ប្រណិប័តន៍ ដោយនឹកគិត​ដល់​ទេវវិទ្យា និងដល់ប្រវត្តិវិទ្យា ព្រមទាំង​ដល់វិជ្ជានៃជីវិតតាមព្រះវិញ្ញាណ​ដល់​វិជ្ជា​ណែ​នាំ​គ្រីស្តបរិស័ទ និងដល់ច្បាប់​វិន័យ​ទៀតផង។ ម្យ៉ាងទៀត សាស្រ្តាចារ្យដែលបង្រៀនមុខវិជ្ជាផ្សេងៗ​ជា​ពិសេស​សាស្រ្តាចារ្យ​បង្រៀន​ទេវវិទ្យា​លទ្ធិ​មូល​ដ្ឋាន បង្រៀនព្រះគម្ពីរ បង្រៀនវិជ្ជានៃជីវិតតាមព្រះវិញ្ញាណ​វិជ្ជាណែ​នាំ​គ្រីស្តបរិស័ទ ក៏ត្រូវយកចិត្ត​ទុក​ដាក់គូស​សង្កត់​លើ​គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងលើប្រវត្តិសាស្រ្តនៃ​ការ​សង្គ្រោះ តាមតែមុខវិជ្ជារបស់​ខ្លួន​អនុញ្ញាត​ឲ្យ ទើបនិសិ្សតអាចយល់ឃើញយ៉ាង​ច្បាស់ថា មុខវិជ្ជាទាំង​នោះ​ពាក់ពន្ធ​ជាមួយពិធី​គោរពប្រណិប័តន៍ ព្រម​ទាំង​យល់​ឃើញ​ថា ការអប់រំរបស់បូជាចារ្យស៊ីគ្នាពីខាងក្នុងទៀតផង។

១៧-ចំពោះអស់អ្នកដែលនឹងទទួល​អគ្គសញ្ញាតែងតាំង

នៅពេលខាងមុខហើយកំពុងតែរៀននៅទេវវិទ្យាល័យ និង​នៅ​ក្នុង​គេហដ្ឋានអប់រំបព្វជិត​បព្វជិតា ត្រូវយកពិធី​គោរព​ប្រណិប័តន៍ មកអប់រំខ្លួនឲ្យមានជីវិតខាងព្រះវិញ្ញាណ គឺត្រូវ​ណែ​នាំ​គេ​យ៉ាង​ប្រសើរ​ឲ្យ​យល់​អត្ថន័យ​ពិធីដ៏​សក្ការៈ និងឲ្យផ្ចង់ចិត្តយ៉ាងខ្លាំងនឹងពិធីទាំងនោះ។ ត្រូវធ្វើពិធី​លើក​តម្តើង​ព្រឹត្តិការណ៍​ដ៏វិសុទ្ធ ពោលគឺថ្វាយអភិបូជា និង​ប្រព្រឹត្តកិច្ចគោរព​ប្រណិប័តន៍​ផ្សេងទៀតផង ដោយមាន​ពិធី​គោរព​ប្រណិប័តន៍​ជ្រួតជ្រាបចិត្តគេផងដែរ។ គេក៏​ត្រូវ​រៀន​ឲ្យចេះ​គោរព​ក្បួនវិន័យនៃពិ​ធីគោរពប្រណិប័តន៍ដែរ។ ធ្វើ​ដូច្នេះ​ទើប​ការរស់នៅ​ក្នុង​ទេ​វវិទ្យាល័យ និង​នៅក្នុង​គេហដ្ឋាន​អប់រំ​បព្វជិតបព្វជិតា នឹង​ជ្រួត​ជ្រាប​ដោយ​គោល​គំនិតនៃ​ពិធី​គោរព​ប្រណិប័តន៍​ជា​ពុំខាន។

១៨-ត្រូវជួយលោកគង្វាល

ទាំងភូមិភាគ ទាំងបព្វជិតដែលកំពុងបម្រើព្រះសហគមន៍ ដោយ​ប្រើ​ជំនួយទាំងប៉ុន្មាន​ដែល​អស់​លោកត្រូវការ ដើម្បី​យល់​អត្ថន័យពីពិធីដែលអស់លោក​ធ្វើ ឲ្យកាន់​តែ​ច្បាស់ នៅពេល​អស់​លោកបំពេញមុខងារ​ដ៏​សក្ការៈផ្​សេងៗ។ ត្រូវ​ជួយ​អស់លោកឲ្យរស់​នៅ​តាមពិធីគោរពប្រណិប័តន៍ និងឲ្យអស់​លោក​អាច​ចែក​រំលែកបទ​ពិសោធន៍​នោះជាមួយ​នឹង​គ្រីស្តបរិស័ទដែលព្រះ​សហគមន៍ផ្ញើទុកមកឲ្យអស់លោក។

១៩-ការអប់រំគ្រីស្តបរិស័ទអំពីពិធីគោរពប្រណិប័តន៍

អស់លោកគង្វាលព្រះសហគមន៍ ត្រូវខិតខំខ្នះខ្នែងដោយចិត្តអត់ធ្មត់ បន្តការអប់រំគ្រីស្តបរិស័ទ​អំពី​ពិធី​គោរព​ប្រណិប័តន៍ និងណែនាំ​ឲ្យគេចូលរួមក្នុងពិធីទាំងអស់យ៉ាងសកម្ម ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណផង។ ត្រូវ​អប់រំ​គេ​ស្របតាមអាយុ តាម​សភាពការណ៍ជីវភាព និងតាមកម្រិតវប្បធម៌សាសនារបស់គេទៀតដែរ។ ធ្វើដូច្នេះ ទើបអស់​លោក​ដែល​ណែនាំព្រះសហគមន៍ មុខជានឹងសម្រេចភារកិច្ចមួយដ៏សំខាន់របស់ខ្លួន ជាអ្នកចាត់ចែងអំពី​គម្រោងការ​ដ៏​អស្ចារ្យ របស់ព្រះ​ជា​ម្ចាស់យ៉ាងស្មោះត្រង់។ ក្នុងករណីនេះ អស់លោកមិនត្រូវណែ​នាំ​ហ្វូងចៀមរបស់​ខ្លួន​ដោយ​គ្រាន់​តែ​ប្រើ​ពាក្យសម្តីប៉ុណ្ណោះទេ តែខ្លួនផ្ទាល់ត្រូវធ្វើជាគំរូដល់គេថែមទៀតផង។

២០-មធ្យោបាយផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍

ត្រូវផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ ជាពិសេសអភិបូជា តាមវិទ្យុនិងតាមទូរទស្សន៍ តាម​របៀប​ដ៏​ថ្លៃថ្នូរ​មិន​អធិកអធម​ពេក ស្ថិតក្រោមការណែនាំនិងធានារ៉ាប់រងរបស់អ្នកស្ទាត់ជំនាញម្នាក់ ដែលលោក​អភិបា​ល​ចាត់​ចែង​ឲ្យ​បំពេញមុខងារនេះ។

៣-ការកែសម្រួលពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ

២១-ព្រះសហគមន៍ជាព្រះមាតា

គួរឲ្យគោរព​មានបំណងយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងកែសម្រួលពិធីគោរព​ប្រណិប័តន៍​ទូទៅ​ឲ្យ​ប្រែជាថ្មី ដើម្បីឲ្យ ប្រជារាស្រ្តគ្រីស្តបរិស័ទ អាចទទួលព្រះអំណោយទាន​យ៉ាងច្រើន​ពីព្រះហឫទ័យប្រណីសន្តោស​របស់​ព្រះជាម្ចាស់ ដោយសារ​ពិធីគោរពប្រណិប័តន៍ដ៏​សក្ការៈទាំងនោះ។ ក្នុងពិធីគោរពប្រណិប័តន៍ មានផ្នែកមួយ​ដែល​កែ​សម្រួលមិន​បាន គឺអ្វីៗ​ដែលព្រះជាម្ចាស់បានតែងតាំង។ មានផ្នែកផ្សេងៗទៀត​ដែលអាចប្រែប្រួលតាម​ដំណើរ​នៃ​ប្រវត្តិ​សាស្រ្ត​បាន។ ប្រសិន​បើមានសេចក្ដីខ្លះចូលលាយឡំក្នុង​ពិធី​បុណ្យ​ដោយចៃដន្យ ជាសេចក្តី​ដែលមិន​សូវ​ស៊ីនឹង​លក្ខណៈ​នៃ​ពិធី​បុណ្យ ឬមិនសូវសមស្របនឹងសម័យបច្ចុប្បន្ន ក៏សេចក្ដីទាំងនោះអាចកែសម្រួលបាន ហើយ​ក៏ត្រូវ​តែកែ​សម្រួល​ទៀត​ផង។

ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ឲ្យបានជាថ្មី ដោយចាត់ចែងអត្ថបទនិងពិធី​នានា តាមរបៀប​ដែល​បង្ហាញ​អត្ថន័យ​យ៉ាង​ច្បាស់​ថា ពិធីទាំងនោះជាសញ្ញាសម្គាល់អំពីព្រះហឫទ័យប្រណីសន្តោសដ៏វិសុទ្ធរបស់​ព្រះ​ជា​ម្ចាស់។ ដោយ​កែ​សម្រួល​ពិធីគោរពប្រណិប័តន៍​ឲ្យបាន​ជាថ្មី​ដូច្នេះ ទើបប្រជាជន​គ្រីស្តបរិស័ទងាយ​ស្រួលយល់​អត្ថន័យ​ឲ្យ​កាន់​តែ​ច្បាស់។ ប្រសិន​បើអាច​ធ្វើបាន ប្រជាជន​ក៏អាច​ចូល​រួមក្នុងពិធី​ទាំងនោះយ៉ាងពេញ​លេញ និងយ៉ាងសកម្ម ព្រម​ទាំង​រួម​គ្នា​ជា​ស​ហគមន៍​ទៀត​ផង។ ហេតុនេះហើយបានជា​មហាសន្និបាត​ដ៏វិសុទ្ធបានតែងតាំង​សេចក្តីណែ​នាំ​ទូទៅដូច​ត​ទៅ ៖

ក. សេចក្តីណែនាំទូទៅ

២២-អំពីអ្នកទទួលខុសត្រូវពិធីគោរពប្រណិប័តន៍

១-   ការសម្រេចសេចក្តីអំពីពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ អាស្រ័យតែលើអំណាចនៃព្រះសហគមន៍ប៉ុណ្ណោះ គឺថា មាន​តែសន្ត អាសនៈប៉ុណ្ណោះអាចសម្រេចបាន ហើយក៏អាស្រ័យលើលោកអភិបាល​សម្រេច តាម​ក្បួន​ច្បាប់​បាន​កំណត់​ទុក។

២-   ក្រុមអភិបាលតែងតាំងយ៉ាងត្រឹមត្រូវតាមច្បាប់ ដែលមានសមត្ថកិច្ចក្នុងតំបន់មួយ​ក៏មានអំណាច​អាច​សម្រេច​សេចក្តី អំពីពិធីគោរពប្រណិប័តន៍បាន តាមកម្រិតអំណាចក្រុមអភិបាល​ទាំងនោះ​កំណត់តាម​ច្បាប់​រួច​ហើយ។

៣-   ហេតុនេះហើយបានជា គ្មាននរណាផ្សេងទៀត សូម្បីតែបូជាចារ្យ (អាចារ្យ)ក្តី មានសិទ្ធិបន្ថែមបន្ថយអ្វី ឬ​ផ្លាស់ប្តូរអ្វី ក្នុងពិធីគោរពប្រណិប័តន៍ដោយខ្លួនឯងបានសោះ។

២៣-ការបញ្ជូនបន្ត និងការអភិវឌ្ឍន៍ពិធីគោរពប្រណិប័តន៍

មុននឹងកែសម្រួលផ្នែកនីមួយៗដែលត្រូវការកែសម្រួលនោះ ត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់តាមទេវវិទ្យា​តាម ប្រវត្តិសាស្រ្ត និង​តាមកិច្ចការណែនាំគ្រីស្តបរិស័ទជាមុនសិន​ដើម្បីរក្សាទុកការបញ្ជូនបន្តដ៏ត្រឹម​ត្រូវនៃ​ព្រះ​សហគមន៍​ផង និង​ដើម្បីឲ្យពិធីគោរពប្រណិប័តន៍អាចអភិវឌ្ឍន៍ឲ្យចម្រើនឡើងផងដែរ។ លើសពីនេះទៅទៀត ក៏ត្រូវគិតគូរដល់​ក្បួន​វិន័យ​ទូទៅអំពីរចនា​សម្ពន្ធ និងអំពីគោលដៅនៃពិធីគោរពប្រណិប័តន៍ ព្រមទាំងគិតគូរដល់បទពិសោធន៍​អំពី​ការ​កែ​សម្រួល​ពិធីគោរពប្រណិប័តន៍តាំងពីប៉ុន្មានឆ្នាំកន្លងមក ហើយក៏ត្រូវ​នឹកដល់សេចកី្តអនុញ្ញាតតាមតំបន់​ផ្សេងៗ​ទៀត​ផង។ មិន​តែប៉ុណ្ណោះ ត្រូវកែសម្រួលពិធី​ឲ្យបានជាថ្មី លុះត្រាតែមានប្រយោជន៍ដល់​ព្រះ​សហគមន៍​យ៉ាង​ពិត​ប្រាកដ និង​យ៉ាង​ជាក់​ច្បាស់ ហើយក៏ត្រូវ​ធានាអះអាងយ៉ាងច្បាស់ថា របៀប​ធ្វើ​ពិធីបែបថ្មីៗនោះ ហូរចេញមក​ពីរបៀបពិធី​ដែល​ធ្លាប់​ធ្វើ​ពីមុនមក ហាក់ដូច​ជា​កើត​ចេញពីពិធីចាស់នោះវិញ។

ប្រសិនបើអាចធ្វើបាន ត្រូវជៀសវាងកុំឲ្យមានពិធីប្លែកៗពីគ្នា​ខ្លាំង​ពេក​ក្នុងតំបន់ដែលនៅក្បែរគ្នា។

២៤-ព្រះគម្ពីរ និងពិធីគោរពប្រណិប័តន៍

ព្រះគម្ពីរមានសារៈសំខាន់យ៉ាងខ្លាំងជាទីបំផុតក្នុងពិធីគោរពប្រណិប័តន៍ ព្រោះអត្ថបទដែលបានប្រកាសក្នុង​ពិធី​ទាំងនោះ និងដែលគេពន្យល់តាមពិធីអត្ថាធិប្បាយ ព្រមទាំងទំនុកតម្កើងដែលគេស្មូត សុទ្ធតែដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​មក។ ពាក្យ​អធិដ្ឋានផ្សេងៗ ពាក្យអង្វរនានា និង​បទចម្រៀងក្នុងពិធីគោរពប្រណិប័តន៍ ក៏សុទ្ធ​សឹង​តែយោង​គំនិត និង​កម្លាំងពីព្រះគម្ពីរដែរ។ កាយវិការនិងនិមិត្តរូបផ្សេងៗ ក៏ទទួលអត្ថន័យ​ពីព្រះគម្ពីរ​ថែម​ទៀត​ផង។ ហេតុនេះ​ហើយ បាន​ជា​ត្រូវតែ​លើក ស្ទួយឲ្យគ្រីស្តបរិស័ទ​ក្រេបជញ្ជក់ឱជារសដ៏ឆ្ងាញ់នៃព្រះគម្ពីរដែលមានជីវិតរស់រវើក តាម​ការ​បញ្ជូន​បន្ត​គួរ​ឲ្យ​គោរពនៃបៀបរបប​ពិធី​នៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសផ្តល់សក្ខីភាពស្រាប់។ បើធ្វើដូច្នេះ ទើប​ការ​កែ​សម្រួល​ពិធី​គោរពប្រណិប័តន៍ដ៏សក្ការៈបាន​ជាថ្មី នឹង​ចម្រើនឡើង ហើយសមស្រប​តាម​សម័យ ព្រម​ទាំង​ទទួលជ័យជម្នះ​ពុំ​ខាន។

២៥-ត្រូវកែសម្រួល​ក្បួនពិធីគោរពប្រណិប័តន៍

ត្រូវកែសម្រួល​សៀវភៅក្បួនពិធីគោរពប្រណិប័តន៍យ៉ាងប្រញាប់បំផុត ដោយសូមអ្នកជំនាញការជួយផង និង ដោយ​សួរ​យោបល់របស់អស់លោកអភិបាលតាមតំបន់ផ្សេងៗ ក្នុងពិភពលោកទាំងមូល។

ខ. សេចក្តីណែនាំមកពីលក្ខណៈពិធីជាកិច្ចការរួមរបស់ប្រជាជន

២៦-ពិធីគោរពប្រណិប័តន៍

មិនមែនជាកិច្ចឯកជនរបស់គ្រីស្តបរិស័ទម្នាក់ៗទេ តែពិតជាកិច្ចលើក​តម្កើងរួម​របស់ព្រះ​សហគមន៍ដែលជា “អគ្គសញ្ញា​សម្តែង​អំពី​ការរួបរួមគ្នាជាធ្លុងតែមួយ” ពោលគឺ ជាប្រជារាស្រ្តដ៏វិសុទ្ធ​ដែល​ជួបជុំគ្នា និង​ដែលមាន​របៀប​រៀប​រយតាមលំដាប់លំដោយ ក្រោមការណែនាំរបស់ក្រុមអភិបាល។

ហេតុនេះហើយ បានជាពិធីគោរពប្រណិប័តន៍ទាក់ទិននឹងព្រះកាយនៃព្រះសហគមន៍ទាំងមូល​និងសម្តែង​ព្រះ​កាយ​នេះ​ឲ្យគេ​ឃើញ ហើយក៏មានឥទ្ធិពលលើព្រះកាយនោះទៀតផងដែរ។ ប៉ុន្តែ ពិធីគោរពប្រណិប័តន៍​ទាំង​នោះ​មាន​ទំនាក់​ទំនង​នឹង​សរីរាង្គ​នីមួយៗ តាមរបៀបផ្សេងៗពីគ្នា គឺតាមការតែងតាំងផ្សេងៗ តាមមុខងារ​ផ្សេងៗ និង​តាម​របៀប​គេ​ចូល​រួម ក្នុងពិធីទាំងនោះទៀតផង។

២៧-ពិធីរួម

តាមលក្ខណៈពិសេសនៃពិធីនីមួយៗ ពេលណាពិធីនានាអាចប្រព្រឹត្តទៅដោយ​រួមគ្នាបាន ដោយមានគ្រីស្ត បរិស័ទ​ចូលរួមជារឿ​យៗនិងយ៉ាងសកម្មផង ប្រសិនបើអាចធ្វើបាន ត្រូវគូសបញ្ជាក់ថា ការធ្វើពិធីរួម​ប្រសើរ​ជាង​ធ្វើ​ពិធី​ម្នាក់ឯង ដែលហាក់ដូចជាពិធីផ្ទាល់ខ្លួនតែម្តង។ សេចក្តីណែនាំនេះបានការ ជាពិសេសសំដៅ​ទៅ​លើអភិបូជា និង​លើ​អគ្គសញ្ញាផ្សេងៗជូន​គ្រីស្តបរិស័ទ។ តាមពិត អភិបូជានៅតែមានលក្ខណៈជាពិធីសាធារណៈ និង​មាន​លក្ខណៈ​ជា​ពិធី​រួមរបស់សង្គមជានិច្ច។

២៨-តម្លៃដ៏ថ្លៃថ្នូរនៃពិធីលើកតម្តើង

ពេលធ្វើពិធីលើកតម្តើងផ្សេងៗ ទាំងលោកដែលមានមុខងារបម្រើ ​ទាំងគ្រីស្តបរិស័ទ​ក៏ម្នាក់ៗ​ត្រូវតែ​ប្រព្រឹត្តតាម​តួនាទី​រៀងៗខ្លួន គឺត្រូវបំពេញតួនាទីនេះទាំងមូល ហើយបំពេញតែតួនាទីរបស់ខ្លួនប៉ុណ្ណោះ ស្រប​តាម​លក្ខណៈ ពិធី​នោះ និងស្របតាមសេចក្តីណែនាំពិធីគោរពប្រណិប័តន៍ទៀតផងដែរ។

២៩-អ្នកបម្រើអាសនៈ

អ្នកប្រកាសអត្ថបទគម្ពីរ អ្នកណែនាំកម្មវិធី និងអស់សមាជិកក្រុមអ្នកចច្រៀង គឺសុទ្ធតែបំពេញ មុខងារប​ម្រើពិធី​គោរព​ប្រណិប័តន៍​យ៉ាងពិតប្រាកដមែន។ ហេតុនេះហើយបានជាគេត្រូវ​បំពេញ​បន្ទុកនោះ ដោយ​ចិត្ត​ស្រឡាញ់​យ៉ាង​ស្មោះ និងតាមរបៀបរៀបរយ សមស្របតាមមុខងារដ៏ប្រសើរឧត្តមនេះ និងសម​ស្របតាម​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​ទាមទារយ៉ាងត្រឹមត្រូវឲ្យគេបម្រើនោះ។

ហេតុនេះហើយ ត្រូវអប់រំអ្នកទាំងនោះឲ្យជ្រួតជ្រាបនូវគោលគំនិតនៃពិធីគោរពប្រណិប័តន៍ តាមតែ​ម្នាក់ៗ​អាច​ទទួល​បាន ហើយត្រូវហ្វឹកហ្វឺនគេឲ្យបំពេញតួនាទីរបស់ខ្លួនយ៉ាងត្រឹមត្រូវ និងតាមរបៀប​រៀបរយទៀតផង។

៣០-គ្រីស្តបរិស័ទត្រូវចូលរួមពិធីគោរពប្រណិប័តន៍យ៉ាងសកម្ម

ត្រូវលើកស្ទួយឲ្យប្រជាជនបន្លឺសំឡេងអបអរសាទរ តបឆ្លើយនឹងបូជាចារ្យ ស្មូតទំនុកតម្កើង អានពាក្យ​បន្ទរ នៃ​ទំនុក​តម្កើង និងច្រៀងបទផ្សេងៗ ព្រមទាំងធ្វើកាយវិការ និង​មានឥរិយាបថខ្លះ ដើម្បីឲ្យគេចូលរួម​ក្នុងពិធី​គោរព​ប្រណិប័តន៍​យ៉ាងសកម្ម។ ក្នុងពេលធ្វើពិធី ត្រូវទុកឲ្យមានពេលស្ងៀ​មស្ងាត់ខ្លះសម្រាប់អធិដ្ឋាន។

៣១-នៅពេលកែសម្រួលសៀវភៅ

ជាក្បួនពិធីគោរពប្រណិប័តន៍​ត្រូវយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន​ឲ្យចែងជា​ពណ៌​ក្រហម អំពីអ្វីៗដែលគ្រីស្ត​បរិស័ទ​ត្រូវធ្វើ។

៣២-ពិធីគោរពប្រណិប័តន៍ និងឋានៈវណ្ណៈក្នុងសង្គម

ក្នុងពិធីគោរពប្រណិប័តន៍ មិនត្រូវរើសអើងនរណាឲ្យសោះ។ ក្រៅពីបន្ទុកផ្សេងៗក្នុងពិធីគោរពប្រណិប័តន៍ និង​ពី​មុខងារជាបូជាចារ្យ ហើយក្រៅពីរដ្ឋអំណាចដែលត្រូវគោរពស្របតាមច្បាប់នៃពិធីគោរពប្រណិប័តន៍​មិនត្រូវរើស​មុខ​នរណាឡើយ។ ទោះជា​បុគ្គល​ម្នាក់ៗក្តី ជាអ្នកមានឋានៈវណ្ណៈខ្ពស់យ៉ាងណាក្តី នៅក្នុងពិធីនានាក្តី​ឬនៅ​ក្នុង​ពិធី​លើក​កិត្តិយសខាង​ក្រៅពីពិធី​បុណ្យ​ក្តី ក៏មិនត្រូវរើសអើងនរណាឡើយ។

គ. សេចក្តីណែនាំមកពីលក្ខណៈគរុកោសល្យ និងលក្ខណៈណែនាំនៃពិធីគោរពប្រណិប័តន៍

៣៣-ទោះបីពិធីគោរពប្រណិប័តន៍

មានគោលដៅលើកតម្កើងសិរីរុងរឿងរបស់ព្រះដ៏ឧត្តុងឧត្តមបំផុត​ជាគោលដៅដ៏​សំខាន់​ជាង​គេក្តី ក៏ពិធី​គោរព​ប្រណិប័តន៍​មានប្រយោជន៍ជាខ្លាំងសម្រាប់បង្រៀនប្រជាជន​គ្រីស្តបរិស័ទ​តាម​គរុកោសល្យ​ដែរ។ ក្នុង​ពិធីគោរព​ប្រណិប័តន៍​នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ប្រជារាស្រ្តព្រះអង្គ ព្រះគ្រីស្ត​ក៏​នៅ​តែប្រកាសដំណឹងល្អដែរ។ រីឯ​ប្រជាជនក៏ឆ្លើយតបដោយបទចម្រៀង និងដោយពោលពាក្យអង្វរទៀតផង។

លើស​ពី​នេះ​ទៅទៀត លោកបូជាចារ្យដែលជាប្រធានអង្គប្រជុំក្នុងឋានៈជាតំណាងព្រះគ្រីស្ត ពោល​ពាក្យ​ថ្វាយ​ព្រះបិតា ក្នុង​នាម​ប្រជាជនដ៏វិសុទ្ធទាំងមូល​និងក្នុងនាម​អស់អ្នកដែលចូលរួមផង។ ក្នុងពិធី​នានា ព្រះគ្រីស្ត ឬព្រះ​សហគមន៍​បានជ្រើសរើសវត្ថុ​និងកាយវិការ​ដែល​មើល​ឃើញ ធ្វើជាសញ្ញា​សម្គាល់​អំពីអ្វីៗដ៏ពិតបា្រកដពាក់ពន្ទ​នឹង​ព្រះ​ជាម្ចាស់​ដែលមើលមិនឃើញ។ ហេតុ​នេះ​ហើយ​បានជាពេល​មានអាន “អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុក​សម្រាប់​អប់រំយើង” (រម ១៥,៤) ហើយពេល​ព្រះសហគមន៍​អធិដ្ឋាន ឬច្រៀង ឬធ្វើកិច្ចការផ្សេងៗ សុទ្ធតែជាកិច្ច​ចិញ្ចឹម​ជំនឿ​អ្នក​ចូល​រួម និងលើកចិត្ត​គេ​ថ្វាយ​ព្រះ​ជាម្ចាស់​ដែរ។ គេគោរព​ថ្វាយបង្គំព្រះអង្គតាមព្រះវិញ្ញាណ ហើយ​ទទួល​ព្រះ​អំណោយ​ទានតាមព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គឲ្យបរិបូរណ៍ទៀតផង។

ហេតុនេះហើយ បានជានៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ ត្រូវតែអនុម័តតាមសេចក្តី​ណែនាំដូចត​ទៅ៖

៣៤-ពិធីនីមួយៗត្រូវភ្ជាប់នឹងពិធីឯទៀតៗយ៉ាងសមរម្យ

ត្រូវឲ្យពិធីនីមួយៗបានថ្លៃថ្នូរ តែងាយស្រួលយល់ ដោយពិធីនោះខ្លី និងសម្តែងអត្ថន័យយ៉ាងច្បាស់។ ត្រូវ​ជៀស​វាងកុំឲ្យច្រំដែលៗឥតបានការ។ ពិធីទាំងនោះ ត្រូវស្របតាមសមត្ថភាព​គ្រីស្តបរិស័ទ​អាច​ស្តាប់បា​ន។ ជាទូទៅ មិន​ត្រូវការឲ្យនរណាពន្យល់ពិធីយ៉ាងច្រើន ដើម្បីឲ្យគេអាចយល់អត្ថន័យ គឺត្រូវឲ្យគេអាចយល់ដោយខ្លួនឯង​តែ​ម្តង។

៣៥-ព្រះគម្ពីរ ពិធីអត្ថាធិប្បាយព្រះគម្ពីរ និងការអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍

ក្នុងគោលបំណងឲ្យឃើញច្បាស់ថា ព្រះគម្ពីរនិងពិធីភ្ជាប់ជាមួយគ្នាយ៉ាងស្អិតរមួតក្នុងពិធីគោរពប្រណិប័តន៍​ត្រូវ៖

១-   ក្នុងពិធីលើកតម្កើងដ៏សក្ការៈផ្សេងៗ ត្រូវកែសម្រួលឲ្យប្រកាសអត្ថបទព្រះគម្ពីរច្រើនជាងពីមុន គឺអត្ថបទ​ខុស​ប្លែកៗ ពីគ្នាជាងពីមុន ហើយសមស្របនឹងពិធីគោរពប្រណិប័តន៍ដែលកំពុងតែធ្វើនោះ។

២-   ពិធីអត្ថាធិប្បាយព្រះគម្ពីរ ពិតជាផ្នែកមួយនៃពិធីគោរពប្រណិប័តន៍។ ហេតុនេះ ប្រសិនបើពិធី​គោរព​ប្រណិប័តន៍​អនុញ្ញាត​ឲ្យមាន ពិធីអត្ថាធិប្បាយ​ព្រះគម្ពីរ ត្រូវកំណត់ពេល​ឲ្យបានសម​នឹង​ធ្វើ​ពិធី​អត្ថាធិប្បាយ​នោះ កត់ទុកក្នុង​ក្បួន​ពិធី។ ត្រូវបំពេញ​មុខងារអត្ថាធិប្បាយព្រះគម្ពីរនេះ ដោយចិត្តស្មោះយ៉ាងខ្លាំង​ជាទី​បំផុត និងយ៉ាងត្រឹមត្រូវ។ អ្នក​ធ្វើ​ពិធីអត្ថាធិប្បាយ​ព្រះ​គម្ពីរ ត្រូវយោងសេចក្តី​ពី​ព្រះ​គម្ពីរ និងពីពិធីគោរព​ប្រណិប័តន៍​ទុកជាប្រភព ព្រោះ​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ មានប្រកាស​អំពីស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យទាំង​ប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រព្រឹត្តតាម​ប្រវត្តិសា្រស្ត​នៃ​ការ​សង្គ្រោះ គឺជាគម្រោងការដ៏​អស្ចារ្យរបស់ព្រះ​គ្រីស្ត​តែម្តង។ គម្រោងការនេះស្ថិតនៅជា​និច្ច ហើយ​ក៏នៅ​តែ​មាន​សកម្មភាព​ក្នុង​កណ្តាល​ចំណោម​យើង​ដែរ ជាពិសេសនៅពេលយើងធ្វើពិធីគោរពប្រណិប័តន៍នានា។

៣-   លើសពីនេះទៅទៀត ត្រូវប្រើរបៀបគ្រប់យ៉ាង ដើម្បីអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍។ ប្រសិនបើត្រូវ​ការ ត្រូវរៀប​ចំ​ពាក្យ​លំនាំខ្លីៗឲ្យអានក្នុងពិធី។ បូជាចារ្យឬអ្នកមានសមត្ថកិច្ចផ្សេងទៀត ត្រូវអានពាក្យ​លំនាំ​នោះ ​នៅ​ពេល​ដ៏សមរម្យ តាមសេចក្តីដែលគេរៀបចំទុកជាមុន ឬដោយពោលពាក្យស្រដៀង​នឹង​សេចក្តី​នោះ។

៤-   ត្រូវយកចិត្តទុកដាក់ធ្វើពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ នៅយប់មុនបុណ្យដ៏ឱឡារិកនានា នៅ​ថ្ងៃ​ខ្លះ​ក្នុង​រដូវ អបអរសាទរព្រះគ្រីស្តយាងមក និងក្នុងរដូវអប់រំពិសេស ព្រមទាំងនៅថ្ងៃអាទិត្យ និង​នៅ​ថ្ងៃ​បុណ្យ។ ជា​ពិសេសនៅភូមិ​គ្មាន​បូជាចារ្យ​ក៏ត្រូវយកចិត្តទុកដាក់​ធ្វើពិធីលើកតម្កើង​ព្រះបន្ទូលព្រះជាម្ចាស់​ដែរ។ ក្នុង​ករណី​នេះ ឧបដ្ឋាកម្នាក់ ឬ​គ្រីស្តបរិស័ទម្នាក់ផ្សេងទៀត​ជាតំណាងរបស់លោកអភិបាល អាច​ណែនាំ​ពិធី​លើក​តម្កើង​ព្រះបន្ទូល​នោះ​បាន។

៣៦-ភាសាក្នុងពិធីគោរពប្រណិប័តន៍

១-   ត្រូវតែប្រើភាសាឡាតាំង ក្នុងព្រះសហគមន៍ទាំងប៉ុន្មានដែលកាន់តាមរបៀបរបបពិធីឡាតាំង​លើកលែង​តែ​មាន​ច្បាប់​ពិសេសដោយឡែក។

២-   ក៏ប៉ុន្តែ ភាសារបស់ប្រជាជនរស់នៅក្នុងតំបន់ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជននោះ​ជាពិសេស នៅពេលថ្វាយអភិបូជា ឬនៅពេលធ្វើអគ្គសញ្ញា​នានា​ជូនគេ ឬនៅក្នុងផ្នែកផ្សេងៗទៀត​នៃពិធី​គោរព​ប្រណិប័តន៍។ ហេតុ​នេះ គួរអនុញ្ញាតឲ្យប្រើភាសាប្រជាជនតាមតំបន់ ជាពិសេសសម្រាប់ប្រកាស​អត្ថបទ​ព្រះគម្ពីរ​និងពោល​ពាក្យ​ណែនាំ នៅ​ពេល​ពោលពាក្យអង្វរមួយចំនួន និងនៅបទចម្រៀងផ្សេងៗ​តាម​សេចក្តីណែនាំ​ទាំងប៉ុន្មាន​ដែល​មាន​ចែង​ទុកក្នុង​ជំពូក​ខាងក្រោយ សម្រាប់ករណីនីមួយៗ។

៣-   ប្រសិនបើបានអនុវត្តតាមសេចក្តីណែនាំទាំងនោះរួចហើយ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុង​តំបន់​មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ខាងលើនេះ (ក្រោយពីបានរិះគិតពិចារណាជាមួយ​ក្រុម​អភិបាល​នៃ​តំបន់ជិតខាង​ដែល និយាយភាសាតែមួយដូចគ្នា) ក៏អាចសម្រេចអំពីការប្រើភាសា និងអំពី​របៀប​ប្រើ​ភាសា​នោះ។ ក្រុមអភិបាលត្រូវសូម ឲ្យ​អាសនៈរបស់គ្រីស្តទូតសិលាទទួលស្គាល់ គឺអនុញ្ញាតឲ្យប្រើ។

៤-   ពេលបកប្រែពីភាសាឡាតាំង មកជាភាសាប្រចាំតំបន់រួចហើយ មុននឹងត្រូវប្រើប្រាស់ក្នុង​ពិធីគោរព​ប្រណិប័តន៍ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់ ត្រូវអនុម័តឲ្យប្រើ តាមសេចក្តីដែលមាន​បញ្ជាក់​នៅ​ខាង​លើ​នេះ។

ឃ. សេចក្តីណែនាំ​ដើម្បីកែសម្រួលពិធីគោរពប្រណិប័តន៍ឲ្យបានស្របតាមបុគ្គលិកលក្ខណៈ និង​តាម​សភាពការណ៍​ប្រជាជាតិនានា

៣៧-ព្រះសហគមន៍

គ្មានបំណងចង់បង្ខំយ៉ាងតឹងរ៉ឹងឲ្យមានរបៀបតែមួយដដែលទេ ក្នុងវិស័យណាដែលគ្មាន​ពាក់ព័ន្ធ និងជំនឿ ឬមិន​ពាក់ព័ន្ធនឹងប្រយោជន៍រួមនៃព្រះសហគមន៍ទាំងមូល ទោះបីក្នុងវិស័យនៃពិធី​គោរពប្រណិប័តន៍ក្តី ក៏​ព្រះ​សហគមន៍ មិន​ចង់​បង្ខំដែរ។ ផ្ទុយទៅវិញ ព្រះសហគមន៍គោរពនិងលើកស្ទួយព្រះ​អំណោយ​ទាន​និង​ទេពកោសល្យនៃ​ប្រជាជាតិ​នានា ព្រមទាំងមានបំណងចង់ឲ្យព្រះ​អំណោយ​ទាន និង​ទេពកោសល្យ​ទាំងនេះចម្រើន​ឡើងទៀ​តផង។ ព្រះ​សហគមន៍​ពេញចិត្តនឹងអ្វីៗទាំងអស់ក្នុងរបៀបរស់នៅរបស់ប្រជាជាតិ​ទាំង​ឡាយ លើកលែងតែ​អ្វីៗ​ដែលភ្ជាប់នឹងជំនឿ​អកុសល ឬអ្វីៗដែលវង្វេង​ឆ្ងាយ​ពីសេចក្តីពិត។ ប្រសិនជាអាចធ្វើបាន ព្រះសហគមន៍ក៏ជួយ​រក្សាទុកអ្វីៗទាំងនោះ ឲ្យ​ស្ថិត​នៅគង់វង្សឥតខ្ចោះ។ លើសពីនេះទៅទៀត ជួនកាលព្រះសហគមន៍​ទទួលអ្វីៗទាំង​នោះឲ្យចូលក្នុងពិធីគោរព​ប្រណិប័តន៍​ដែរ លុះត្រាតែអ្វីទាំង​នោះ ស្រប​តាម​គោលការណ៍នៃគំនិតពិធីគោរព​ប្រណិប័ត​ន៍​នោះ។

៣៨-ត្រូវសុខចិត្តឲ្យមានសេចក្តីប្លែកៗពីគ្នាយ៉ាងត្រឹមត្រូវ

ក្នុងពិធីគោរពប្រណិប័តន៍នានា​និងត្រូវសុខចិត្តកែសម្រួលពិធី​នានាស្រប​តាម​អង្គ​ប្រជុំប្លែកៗពីគ្នា និងតាម​តំបន់​នីមួយៗ ហើយតាមប្រជាជាតិ ជាពិសេសនៅ​ដែន​ដី​ដែល​មនុស្ស​ភាគ​ច្រើនមិន​ស្គាល់​ព្រះ​គ្រីស្ត។ សូម្បីតែនៅ​ពេល​កែ​សម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ក្តី ក៏ត្រូវសុខចិត្ត​ទទួល​សេចក្តី​ប្លែកៗ​ពីគ្នា​ដូច្នេះ​ដែរ។ ប៉ុន្តែ​ត្រូវ​រក្សាទុក​ខ្លឹមសារ​នៃ​របៀបរបបពិធីរបស់ព្រះសហគមន៍​ក្រុង​រ៉ូម​ឲ្យនៅ​ស្ថិត​ស្ថេរ​គង់វង្ស។ ត្រូវនឹក​ចង​ចាំគោលការណ៍នេះ​ជានិច្ច នៅពេលកែសម្រួលរចនាសម្ពន្ធនៃពិធីគោរពប្រណិប័តន៍ និង​នៅ​ពេល​ចែង​សេចក្តី​ណែនាំ​ក្នុងក្បួនពិធីផង។

៣៩-តាមព្រំដែនដែលមានបញ្ជាក់ក្នុងសៀភៅជាក្បួនបោះពុម្ពទុកជាគំរូ

ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់ មួយ តាមសេចក្តីចែងនៅមាត្រា ២២, ២ មានសិទ្ធិនិងភារកិច្ច​បញ្ជាក់​ការ​កែសម្រួល​ជាពិសេស អំពី​ការធ្វើ​អគ្គសញ្ញា​ជូនគ្រីស្តបរិស័ទ អំពីការធ្វើអនុសញ្ញា អំពីការធ្វើក្បួនហែ​យ៉ាង​ឱឡារិក អំពីការប្រើភាសា​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ អំពីភ្លេងដ៏​សក្ការៈ និងអំពីសិល្បៈ។ ប៉ុន្តែ អស់លោកត្រូវគោរព​ស្រប​តាម​សេចក្តីណែនាំជា​គ្រឹះ​​ដែល​មាន​ចែង​ទុក​ក្នុង​ធម្មនុញ្ញ​នេះ។

៤០-ក៏ប៉ុន្តែ នៅកន្លែងផ្សេងៗ

និងតាមសភាពការណ៍ផ្សេងៗជាច្រើន ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍យ៉ាង​ខ្លាំងជាង និងជា​បន្ទាន់ ជា​មូល​ហេតុ ដែលបង្កើតឧបសគ្គរឹតតែពិបាកដោះស្រាយទៅទៀត មានដូចតទៅ៖

ក.   ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២, ២ ក្នុងករណីនេះ ត្រូវ​យក​ចិត្ត​ទុកដាក់ រិះគិតពិចារណា​ដោយប្រយ័ត្នប្រយែង អំពីអ្វីក្នុងប្រពៃណី និងក្នុងបុគ្គលិកលក្ខណៈរបស់ជាតិ​នីមួយៗ ដែល​អស់​លោកអាចទទួលឲ្យចូលក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បាន តាមតម្រូវការ។ ត្រូវផ្ញើ​សេចក្តី​កែសម្រួលដែល​អស់​លោក​យល់​ឃើញ​ថា មានប្រយោជន៍ហើយនោះ ទៅសួរយោបល់​របស់​អាសនៈ​គ្រីស្តទូត​សិលា។ ក្រោយពី​សន្ត​អាសនៈនេះ​បានយល់ព្រម សូម​បញ្ចូល​ក្នុងពិធីគោរព​ប្រណិប័តន៍។

ខ.   ប៉ុន្តែ អាសនៈគ្រីស្តទូតសិលា ត្រូវផ្តល់លទ្ធភាព​ឲ្យក្រុមអភិបាល​ដែលមាន​សមត្ថកិច្ច​ក្នុង​តំបន់​អនុញ្ញាត​ឲ្យ​គេ​ល្បង​លមើលជាមុនសិន ក្នុងអង្គប្រជុំខ្លះ​ដែលអាចល្បងលមើលយ៉ាងសមរម្យបាន ក្នុង​រយៈ​ពេល​កំណត់​មួយ​ប្រសិន​បើត្រូវ​ការ ។ ធ្វើដូច្នេះ ទើបអស់លោកកែសម្រួលពិធី​គោរពប្រណិប័តន៍បាន ដោយ​ថ្លឹងថ្លែង​តាមតម្រូវការ។

គ.   តាមធម្មតាច្បាប់វិន័យខាងពិធីគោរពប្រណិប័តន៍ បង្កើតឧបសគ្គជាច្រើន ក្នុងករណីកែសម្រួលឲ្យបាន​ស្រប​តាម​ជាតិ​នា​នា ជាពិសេសនៅដែនដីដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ ហេតុនេះ​ត្រូវមាន​អ្នក​ជំនាញ​ការអំពី​ការ​កែ​សម្រួល នោះ មកជួយចែងច្បាប់ទាំងនោះផង។

៤-ការពង្រីក និងពង្រឹងការរស់នៅតាមពិធីគោរពប្រណិប័តន៍ ក្នុងភូមិភាគ និងក្នុងព្រះសហគមន៍តាមភូមិនីមួយៗ

៤១-ការរស់នៅក្នុងភូមិភាគតាមពិធីគោរពប្រណិប័តន៍

ត្រូវចាត់លោកអភិបាលទុកជាមហាបូជាចារ្យនៃហ្វូងចៀមរបស់លោក។ ក្នុងភូមិភាគ គ្រីស្តបរិស័ទ​ក៏រួមរស់​ក្នុង​អង្គ​ព្រះគ្រីស្ត អាស្រ័យលើលោក​តាមផ្នែកខ្លះៗផងដែរ។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ ត្រូវចាត់ទុកការ​រស់នៅតាម​ពិធី​គោរពប្រណិប័តន៍ក្នុងភូមិភាគ​រួម​ជាមួយ​លោក​អភិបាល ជាការដ៏ប្រសើរបំផុត ជាពិសេសនៅវិសាលវិហារ។ គ្រីស្តបរិស័ទត្រូវជឿជាក់ថា​ព្រះ​សហគមន៍​សម្តែង​ខ្លួន​យ៉ាងច្បាស់ នៅពេលប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ចូលរួមយ៉ាងពេញ​លេញនិងយ៉ាង​សកម្ម​ក្នុង​ពិធីគោរពប្រណិប័តន៍នា នាជាពិសេសក្នុងអភិបូជាតែមួយដូចគ្នា ក្នុងការអធិដ្ឋានតែមួយ​ដូចគ្នា នៅក្បែរ​តុសក្ការៈ​តែមួយគត់ ដោយ​មាន​លោកអភិបាល​ធ្វើជាអធិបតី ហើយមានក្រុមបូជាចារ្យនិងអ្នកបំពេញ​មុខងារ​បម្រើ​ទាំង​អស់​រួមគ្នានៅជុំវិញផងដែរ។

៤២-ការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិនីមួយៗ

លោកអភិបាលមិនអាចធ្វើជាអធិបតីលើព្រះសហគមន៍របស់លោកគ្រប់ពេលវេលា​និងនៅ​គ្រប់កន្លែង ដោយ​ផ្ទាល់​ខ្លួនបានទេ ហេតុនេះលោកត្រូវតែងតាំងក្រុមគ្រីស្តបរិស័ទ។ ក្នុងចំណោមក្រុមទាំងនោះ ព្រះសហគមន៍​តាម​ភូមិ ជាក្រុមសំខាន់ជាងគេ ចាត់ចែងក្រោមការណែនាំរបស់លោកគង្វាលម្នាក់ ជាតំណាង​លោកអភិបាល។ ព្រះ​សហគមន៍​តា​មភូមិទាំងនោះ ក៏ជារូបតំណាងម៉្យាងអំពីព្រះ​សហគមន៍​តែងតាំង​ក្នុងពិភព​លោក​ទាំង​មូល​ដែល​មនុស្ស​អាច​មើល​ឃើញ​បាន។

ហេតុនេះហើយ បានជាត្រូវជួយលើកស្ទួយ​ចិត្តគំនិតគ្រីស្តបរិស័ទនិង​អស់លោកដែលទទួលអគ្គសញ្ញា​តែង​តាំង​ឲ្យប្រតិបត្តិនិងឲ្យ​រស់​នៅ​តាមពិ​ធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិ ព្រម​ទាំងឲ្យគេមានទំនាក់​ទំនង​ជាមួយ​លោក​អភិបាល​ផង។ ត្រូវ​ខិត​ខំឲ្យព្រះសហគមន៍ក្នុងភូមិនីមួយៗនឹកគិតថា គេពិតជាសហគមន៍​មួយដែល​រួប​រួម​គ្នាជាធ្លុង​តែ​មួយ ជាពិសេស​នៅ​ពេលគេថ្វាយអភិបូជារួមគ្នានៅថ្ងៃអាទិត្យ។

៥-ត្រូវពង្រីកនិងពង្រឹងការណែនាំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍

៤៣-ព្រះវិញ្ញាណជំរុញព្រះសហគមន៍ឲ្យកែសម្រួលពិធីគោរពប្រណិប័តន៍

ត្រូវរាប់យ៉ាងត្រឹមត្រូវថា ព្រះ​ជាម្ចាស់​ដែលថែរក្សាមនុស្សលោក ព្រះអង្គចាត់ចែងឲ្យព្រះសហគមន៍ខំខ្នះ​ខ្នែង​លើក​ស្ទួយ​និង​កែ​ស​ម្រួលពិធីគោរពប្រណិប័តន៍ឲ្យបានជាថ្មីនោះ ទុកជា​សញ្ញា​សម្គាល់​បញ្ជាក់អំពីសកម្មភាព​របស់​ព្រះអង្គ​នា​បច្ចុប្បន្នកាល​មែន​គឺហាក់ដូចជាព្រះ​វិ​ញ្ញាណដ៏វិសុទ្ធយាងមកកាត់ឆ្លងព្រះសហគមន៍របស់ព្រះអង្គ។ ព្រះ​វិញ្ញាណ​ប្រទានឲ្យព្រះ​សហគមន៍មានជីវិត​រស់រវើក។ លើសពីនេះទៅទៀត ព្រះអង្គប្រោសឲ្យមនុស្សទូទៅស​ព្វថ្ងៃ​យល់​ឃើញ​អំពីសាសនាផ្សេងៗ និង​គោរពសាសន​ាតាមរបៀតាមបប្លែកពីមុន។

ហេតុនេះ ដើម្បីលើកស្ទួយពង្រីកនិងពង្រឹងការ​ណែនាំខាងពិធីគោរពប្រណិប័តន៍ឲ្យកាន់តែប្រសើរឡើង មហា​សន្និបាត​ដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖

៤៤-គណៈកម្មាធិការជាតិអំពីពិធីគោរពប្រណិប័តន៍

ក្រុមលោកអភិបាលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២, ២ ត្រូវតែងតាំងគណៈ កម្មាធិការ​ពិធីគោរពប្រណិប័តន៍មួយ ដែលមានអ្នកជំនាញការខាងវិជ្ជាពិធីគោរពប្រណិប័តន៍ ខាងភ្លេងដ៏សក្ការៈ ខាង​សិល្បៈ​ដ៏សក្ការៈ​និងខាង​ការណែនាំ។ ប្រសិនបើអាចធ្វើបាន ត្រូវមានគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍​ជួយ​គណៈ​កម្មាធិការ​នោះ។ ក្នុង​ចំណោម​សមាជិកគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍ ប្រសិនបើ អស់​លោក​យល់​ឃើញ​ថា​មាន​ប្រយោជន៍ អស់លោកអាច​ទទួល​គ្រីស្តបរិស័ទធម្មតាដែលមាន​ចំណេះចេះដឹង​យ៉ាង​ប្រសើរ​អំពី​ពិធី​គោរព​ប្រណិប័តន៍។ គណៈកម្មាធិការ​នោះ​ទទួលខុសត្រូវ​លើ​ការណែនាំពិធីគោរពប្រណិប័តន៍តាម​តំបន់របស់​ខ្លួន ក្រោម​ការ​ណែ​នាំរបស់ក្រុមលោក​អភិបាល​មានសមត្ថកិច្ចក្នុង​តំបន់ ដូចមានចែងខាងលើ។ គ្រប់ពេលដែលក្រុម​អភិបាល​ត្រូវ​ស្នើ​សួរយោបល់អាសនៈរបស់គ្រីស្តទូតសិលាអំពីការកែ​សម្រួល​ពិធីមួយ គណៈកម្មាធិការនោះ​ក៏ជួយ​លើក​ស្ទួយ​ឲ្យគេ​ស្រាវ​ជ្រាវ និង​ឲ្យ​គេសាកល្បងលមើល​ពិធី​តាម​តម្រូវ​ការ។

៤៥-គណៈកម្មាធិការពិធីគោរពប្រណិប័តន៍ភូមិភាគ

តាមរបៀបដដែល ភូមិភាគនីមួយៗត្រូវមានគណៈកម្មាធិការពិធីគោរពប្រណិប័តន៍​ក្រោមការណែនាំ​របស់​លោក​អភិបាល ដើម្បីលើកស្ទួយពង្រីកនិងពង្រឹងសកម្មភាពខាងពិធីគោរពប្រណិប័តន៍។ ជួនកាល គួរឲ្យភូមិភាគ​ច្រើន​តែង​តាំង​គណៈ​កម្មាធិ​កា​រ​តែមួយ ដែល​សហការជាមួយគ្នា ហើយលើកស្ទួយពិធីគោរពប្រណិប័តន៍ផង។

៤៦-គណៈកម្មាធិការផ្សេងៗ

ក្រៅពីគណៈកម្មាធិការពិធីគោរពប្រណិប័តន៍ ប្រសិនបើអាចធ្វើបាន ភូមិភាគនីមួយៗ ក៏ត្រូវតែងតាំងគណៈ​កម្មាធិការ ភ្លេងដ៏សក្ការៈ និងគណៈកម្មាធិការសិល្បៈដ៏សក្ការៈដែរ។

គណៈកម្មាធិការទាំងបីនោះត្រូវធ្វើការដោយ​រួមកម្លាំង​គ្នា​ជា​ចំាបាច់។ ជួនកាល ត្រូវឲ្យគណៈកម្មាធិការ​ទាំង បី​នោះ ចូល​រួមគ្នាជាគណៈកម្មាធិការតែ​មួយ​គត់។

ជំពូក២
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណ

៤៧-អភិបូជា និងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង

នៅពិធីជប់លៀងចុងក្រោយ គឺនៅពេលយប់ដែលគេបញ្ចូលព្រះយេស៊ូជាព្រះសង្រ្គោះរបស់យើង ​ព្រះអង្គ​តែង​តាំង​សក្ការបូជាអរព្រះគុណ គឺសក្ការបូជានៃ​ព្រះកាយនិងព្រះលោហិតព្រះអង្គ ដើម្បី​បន្ត​សក្ការ​បូជា​របស់​ព្រះ​អង្គ​ឰដ៏​ឈើ​ឆ្កាង​ត​រៀង​ទៅ រហូតដល់ព្រះអង្គយាង​មក។ ព្រះអង្គផ្ញើទុកឲ្យព្រះសហគមន៍ជាព្រះ​មហេសី​ដ៏ជា​ទី​ស្រឡាញ់ នឹក​រឭកអំពីព្រះ​អង្គ​សោយទិវង្គតនិងមានព្រះ​ជន្ម​ថ្មី​ដ៏រុង​រឿង គឺព្រះអង្គផ្ញើទុកនូវ​អគ្គសញ្ញា​នៃ​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ជាសញ្ញាសម្គាល់​អំពីព្រះ​សហគមន៍​រួ​បរួម​គ្នាជាធ្លុងតែមួយ ជាចំណងនៃ​សេចក្តី​ស្រឡាញ់ និងជា​ពិធី​ជប់​លៀងនៃបុណ្យ​ចម្លង។ ក្នុងពិធីជប់លៀងនៃបុណ្យចម្លងនោះ គ្រីស្តបរិស័ទយើងបរិភោគ​ព្រះ​គ្រីស្ត​ទុក​ជា​អាហារ​យើង​ទទួលព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​យ៉ាងពេញ​បរិបូរណ៍ ហើយ​ក៏​ទទួល​ព្រះ​អំណោយទាន​ដើម ដំបូង​ដែល​បញ្ចាំ​ចិត្ត​យើងឲ្យ​ដឹង​ថា យើងមុខជានឹងទទួល​សិរីរុង​រឿងនៅពេល​អនាគត​ជា​ពុំខាន។

៤៨-គ្រីស្តបរិស័ទត្រូវចូលរួមក្នុងអភិបូជាយ៉ាងសកម្ម

ហេតុនេះហើយបានជាព្រះសហគមន៍យកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឲ្យចូលរួមលើកតម្កើងគម្រោងការដ៏​អស្ចារ្យ​នៃជំនឿនេះ ពោលគឺថ្វាយអភិបូជា ឲ្យយល់យ៉ាងច្បាស់​ទាំងពិធី ទាំងពាក្យអធិដ្ឋានផ្សេងៗ ដើម្បី​រួម​យ៉ាង​សកម្ម​ក្នុងកិច្ចដ៏សក្ការៈនេះ​ដោយ​ដឹងខ្លួន និងដោយចិត្តស្រឡាញ់។ គ្រីស្តបរិស័ទមិនត្រូវចូលអភិបូជាទុកជា​ទស្សនិកជន​ដែល​នៅ​ខាងក្រៅ ហើយដែលស្ងៀមស្ងាត់ប៉ុណោ្ណះទេ។ ព្រះសហគមន៍ត្រូវយកចិត្ត​ទុកដាក់អប់រំ​គ្រីស្ត​បរិស័ទ​អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឲ្យគេទទួលទានអាហារពីតុនៃព្រះកាយ​ព្រះអម្ចាស់ ហើយនាំគ្នា​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ទៀតផង។ មិនគ្រាន់តែលោកបូជាចារ្យថ្វាយយញ្ញដ៏និមល​នេះប៉ុណ្ណោះទេ តែ​គ្រីស្តបរិស័ទ​ទាំង​អស់​រួម​ជាមួយ​លោកថ្វាយយញ្ញ​នោះដែរ។ ដូច្នេះ គេក៏រៀនថ្វាយខ្លួនពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​ទៀត រហូត​ដល់​គេ​រួប​រួម​ជាមួយ​ព្រះ​ជា​ម្ចាស់ ​និងរួបរួម​ជាមួយ​គ្នា ដោយសារព្រះ​គ្រីស្ត​ជា​ស្ពានមេត្រី ដើម្បីឲ្យ​ព្រះ​ជា​ម្ចាស់​បំពេញ​អ្វីៗ​ទាំងអស់ ក្នុង​មនុស្សទាំងអស់ជាស្ថាពរ  នៅពេល​ចុង​ក្រោយ​បំផុត។

៤៩-ហេតុនេះហើយ បានជា​មហាសនិ្នបាតដ៏វិសុទ្ធ

មានបំណងឲ្យសក្ការបូជានៃអភិបូជាបានស័ក្តិសិទ្ធ​យ៉ាង​ពេញ​លេញ ជាពិសេសនៅពេលប្រជាជន​គ្រីស្តបរិស័ទ​ចូលរួម ថ្វាយ​អភិបូជា​នៅថ្ងៃ​អាទិត្យ និងនៅថ្ងៃ​បុណ្យ​ដែល​គេត្រូវចូល​ជាកំហិត ទើបមហាសនិ្នបាត​បាន​សម្រេច​សេចក្តី​ដូច​តទៅ ៖

៥០-ត្រូវកែសម្រួលក្បួនធម្មតានៃពិធីអភិបូជា

ត្រូវកែសម្រួលក្បួនពិធីអភិបូជា ដើម្បី​ឲ្យគ្រីស្តបរិស័ទយល់ឃើញកាន់តែច្បាស់ថា ផ្នែក​នីមួយ​ៗ​ក្នុង​អភិបូជា មាន​តួនាទីពិសេសផ្ទាល់ និងភ្ជាប់គ្នាទៅវិញទៅមកផង។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទងាយស្រួលចូលរួម​បាន​ដោយ​គោរព និងយ៉ាងសកម្ម។

ទោះបីត្រូវរក្សាទុកខ្លឹមសារនៃពិធីនីមួយៗយ៉ាងជាក់លាក់ក្តី ក៏ត្រូវកែសម្រួលពិធីទាំងនោះឲ្យងាយយល់ កុំ
ឲ្យ​ស្មុគស្មាញឡើយ។ ត្រូវលុបចោលអ្វីៗដែលមានចែងពីរដង ឬដែលបន្ថែមតាមដំណើរនៃ​ប្រវត្តិសាស្រ្ត ហើយ​ដែល​មិន​សូវមានប្រយោជន៍ប៉ុន្មានទេ។ ត្រូវ​យក​សេចក្តីខ្លះ​ដែលបាត់បង់តាមប្រវត្តិសា្រស្ត​ឲ្យមានឡើងវិញ តាម​សេចក្តី​ណែ​នាំបុរាណរបស់គ្រូបាធ្យាយ​ដ៏វិសុទ្ធ លុះត្រាតែ​សេចក្តីនោះ មានប្រយោជន៍ និងសមរម្យ​ផង។

៥១-ត្រូវអានអត្ថបទព្រះគម្ពីរច្រើនជាងពីមុន

ត្រូវយកព្រះគម្ពីរជាទ្រព្យដ៏ថ្លៃថ្នូរ មកជូនគ្រីស្តបរិស័ទ​ទទួលទានពីតុនៃ​ព្រះ​បន្ទូល​ឲ្យបាន​ច្រើន​ជាង​ពី​មុន។ សូម​ប្រកាសផ្នែកដ៏សំខាន់ៗក្នុងព្រះគម្ពីរ ឲ្យគ្រីស្តបរិស័ទស្តាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែល​ត្រូវកំណត់ទុក​មក។

៥២-ពិធីអត្ថាធិប្បាយព្រះគម្ពីរ

មហាសន្និបាតដាស់តឿនយ៉ាងខ្លាំងឲ្យមានពិធីអត្ថាធិប្បាយព្រះគម្ពីរ ដែលជាផ្នែកមួយដ៏ពិតប្រាកដក្នុង​អភិបូជា។ អ្នកអធិប្បាយ ត្រូវពន្យល់អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជំនឿ​និងបង្ហាញសេចក្តីណែនាំសម្រាប់ការ​រស់នៅ​ក្នុង​ឋានៈ​ជា​គ្រីស្តបរិស័ទ។ ត្រូវយោងសេចក្តីពីព្រះគម្ពីរ តាមរដូវនានានៃពិធីគោរពប្រណិប័តន៍ក្នុងមួយឆ្នាំ។ លើសពី​នេះ​ទៅ​ទៀត ប្រសិនបើ​មានប្រជាជន​ចូលរួម​ថ្វាយអភិបូជា នៅថ្ងៃអាទិត្យ ឬនៅថ្ងៃបុណ្យដែល​គេត្រូវចូល​ជា​កំហិត មិន​ត្រូវ​ចោល​ពិធី​អត្ថាធិប្បាយព្រះគម្ពីរជាដាច់ខាត លើកលែងតែមានមូលហេតុមួយដ៏ធ្ងន់ធ្ងរ។

៥៣-ពាក្យអង្វរសកល

ត្រូវឲ្យមាន “ពាក្យអង្វរសកល” ឬ “ពាក្យអង្វររបស់គ្រីស្តបរិស័ទ” ឡើងវិញ ដូចកាលពីដើម ក្រោយពីពិ​ធី​ប្រកាស​ដំណឹងល្អ និងពិធីអត្ថាធិប្បាយព្រះគម្ពីរ  ជាពិសេសនៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យដែល​ខានមិនបាន។ សូម​ឲ្យ​ប្រជាជនចូលរួមអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ សម្រាប់អស់លោក​អ្នក​ដែល​កាន់រដ្ឋអំណាច សម្រាប់​អស់អ្នកដែលគ្រោះកាចគ្របសង្កត់សង្កិន សម្រាប់មនុស្សទាំងអស់​និងសូមឲ្យ​មនុស្យលោកទាំងមូលទទួល ការ​សង្រ្គោះ (១ធម ២, ១-២)។

៥៤-ភាសាឡាតាំង និងភាសាប្រជាជន

ពេលថ្វាយអភិបូជាដោយមានប្រជាជនចូលរួម ត្រូវប្រើភាសាប្រជាជនដែលរស់នៅតាមតំបន់នោះ ជាពិសេស សម​នឹងប្រើភាសាប្រជាជនសម្រាប់ប្រកាសអត្ថបទព្រះគម្ពីរ និងសម្រាប់ “ពាក្យអង្វរសកល”​ព្រមទាំងនៅក្នុងផ្នែក ដែល​ទាក់​ទិន​នឹងប្រជាជន ស្របតាមសភាពការណ៍នៃកន្លែងនីមួយៗ ហើយក៏ស្រប​តាម​មាត្រា ៣៦ នៃធម្មនុញ្ញនេះ ដែរ។ ក៏ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ឲ្យគ្រីស្តបរិស័ទអាចរួមគ្នាឆ្លើយតបបូជាចារ្យ និងច្រៀងផ្នែកទាំងប៉ុន្មានដែលទាក់​ទិន​នឹងគេ ជាភាសាឡាតាំងបានផង។ នៅកន្លែងណាក្រុមអភិបាលយល់ឃើញថា គួរប្រើភាសាប្រជាជនរស់​នៅ​ក្នុង​តំបន់​ឲ្យបានច្រើនជាងនេះ ត្រូវធ្វើតាមបទបញ្ជានៅមាត្រា ៤០ នៃធម្មនុញ្ញនេះ។

៥៥-ពិធីរួបរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្មតាមរូបសញ្ញាទាំងពីរ

មហាសន្និបាតផ្តែផ្តាំដាស់តឿនយ៉ាងខ្លាំង ឲ្យគ្រីស្តបរិស័ទ​ចូលរួមអភិបូជាតាមរបៀបដ៏ល្អប្រសើរជាងគេ គឺឲ្យ​ទទួល​ព្រះកាយនិងព្រះលោហិតព្រះអម្ចាស់ ដោយទទួលនំបុ័ងប្រសិទ្ធិក្នុង អភិបូជានោះ ក្រោយពីបូជាចារ្យ​បាន​ទទួល។

តាមការយល់ឃើញរបស់ក្រុមអភិបាល ត្រូវអនុញ្ញាតឲ្យអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតា ព្រម​ទាំង​គ្រីស្តបរិស័ទ​ធម្មតា អាច​រួប​រួម​ជា​មួយ​ព្រះ​យេស៊ូដែលបូជាព្រះជន្ម តាមរូបសញ្ញាទាំងពីរ គឺទទួល​ព្រះ​កាយ​និង​ព្រះលោហិត។ (តែត្រូវរក្សាទុកគោលលទ្ធិដែល​មហាសន្និបាត​ត្រែនតូតែង​តាំង​រួចហើយ)។ អាសនៈ​គ្រីស្តទូត​សិលា​នឹង​បញ្ជាក់​តាម​ក្រោយ នូវពេលគេអាចទទួលព្រះកាយតាមរូបសញ្ញាទាំងពីរដូច្នេះបាន។ ឧបមាថា អស់​លោក​គង្វាល​ថ្មី ក្នុង​អភិបូជា​តែង​តាំងខ្លួនជាបូជាចារ្យ បព្វជិត​បព្វជិតា​ក្នុងអភិបូជាថ្វាយនៅថ្ងៃ​ធ្វើពិធីសច្ចាប្រណិធាន ព្រម​ទាំង​ពន្លក​ថ្មី​ក្នុុង​អភិបូជា​ត​ពី​ពេល​គេ​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ល។ អាច​ទទួលព្រះកាយតាមរូបសញ្ញា​ទាំងពីរ​ដូច្នេះ​បាន។

៥៦-ផ្នែកអភិបូជាទាំងពីរស៊ីចង្វាក់គ្នា

ពិធីលើកតម្កើងព្រះបន្ទូល និងពិធីអរព្រះគុណ រួមគ្នាជាអភិបូជា។ ផ្នែកទាំងពីរភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត រហូត​ទៅជាកិច្ចគោរពបម្រើតែមួយគត់។ ហេតុនេះហើយ មហាសន្និបាត​ដ៏វិសុទ្ធក្រើនដាស់​តឿន​យ៉ាងខ្លាំង ឲ្យអស់​គង្វាល​ប​ង្រៀនគ្រីស្តបរិស័ទនៅពេលអប់រំជំនឿ ឲ្យចូល​រួម​ក្នុង​ពិធីអភិបូជាទាំងមូល ជាពិសេសនៅថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ដែលត្រូវចូលជាកំហិត។

៥៧-លោកបូជាចារ្យថ្វាយអភិបូជារួម

១-ពេលក្រុមលោកបូជាចារ្យរួមគ្នាថ្វាយអភិបូជា អស់លោកបង្ហាញយ៉ាងប្រសើរថា អស់លោករួមគ្នា​ក្នុង​មុខងារ ជា​បូជាចារ្យតែមួយរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ។ ក្នុងព្រះសហគមន៍ទាំងនៅបស្ចិមប្រទេស ទាំង​នៅ​បូព៌ា​ប្រទេស ក្រុមបូជាចារ្យនៅតែរួមគ្នាថ្វាយអភិបូជារហូតមកដល់​សព្វថ្ងៃ។ ហេតុនេះហើយ បាន​ជា​មហាសន្និបាត​យល់ព្រម​ពង្រីក​សេចក្តីអនុញ្ញាត​ឲ្យក្រុមលោក​គង្វាល រួមថ្វាយអភិបូជាក្នុងករណី​ដូចត​ទៅ៖

ក.១-នៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទាំងនៅពេលថ្វាយអភិបូជាប្រសិទ្ធពរលើប្រេង ទាំងនៅអភិបូជា​ពេល​ល្ងាច។
ក.២-ពេលមហាសន្និបាត ឬប្រជុំក្រុមអភិបាល ឬសន្និបាតរួមគ្នាថ្វាយអភិបូជា។
ក.៣-ពេលថ្វាយអភិបូជាប្រសិទ្ធិពរដល់លោកជាមេក្រុមគ្រួសារបព្វជិត។

ខ.លើសពីនេះទៅទៀត តាមសេចក្តីអនុញ្ញាតរបស់លោកអភិបាល​ដែលមានភារកិច្ចថ្លឹងថ្លែងអំពី​ប្រយោជន៍​ថ្វាយ​អភិបូជារួមគឺ៖

ខ.១-ពេលថ្វាយអភិបូជាក្នុងអារាមបព្វជិតបព្វជិតា។ ប្រសិនមានបូជាចារ្យច្រើន​ក្នុងភូមិ​មួយ ហើយ​ប្រសិនបើគ្រីស្តបរិស័ទមិនត្រូវការឲ្យបូជាចារ្យ​ម្នាក់ ថ្វាយ​អភិបូជាដោយឡែក បូជាចារ្យ​ទាំងអស់ត្រូវថ្វាយ​អភិបូជា​រួមក្នុង​ព្រះ​វិហារ។
ខ.២-ពេលប្រជុំគ្រប់យ៉ាងរបស់លោកបូជាចារ្យ ទោះជាបូជាចារ្យភូមិភាគក្តី ឬបូជាចារ្យ​បព្វជិតក្តី។

២-ក. លោកអភិបាលមានភារកិច្ចផ្តល់សេចក្តីណែនាំសម្រាប់ថ្វាយអភិបូជារួមក្នុងភូមិភាគរបស់លោក។

ខ. ត្រូវរក្សាទុកឲ្យបូជាចារ្យម្នាក់ៗមានសិទ្ធិថ្វាយអភិបូជានៅម្នាក់ឯងជានិច្ច​ប៉ុន្តែ បូជាចារ្យ មិន​ត្រូវ​ថា្វយ​អភិបូជា​ម្នាក់​ឯងដូច្នេះ នៅពេលក្រុមលោកគង្វាលកំពុងរួមគ្នា​ថ្វាយ​អភិបូជា​នៅ​ព្រះវិហារ​ដដែល ឬ​នៅថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ជាថ្ងៃ​រឭក​អំពីព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក។

៥៨-ត្រូវតែងតាំងក្បួនពិធីមួយថ្មី

សម្រាប់ថ្វាយអភិបូជារួម ហើយត្រូវបញ្ចូលក្បួនពិធីនោះក្នុងក្បួនពិធីរបស់អភិបាល​និងរបស់ព្រះសហគមន៍​ក្រុងរ៉ូម​ទៀតផង។

ជំពូក៣
អគ្គសញ្ញាឯទៀតៗ និងអនុសញ្ញា

៥៩-លក្ខណៈអគ្គសញ្ញានានា

អគ្គសញ្ញាមានគោលដៅនាំឲ្យគ្រីស្តបរិស័ទបានវិសុទ្ធ និងកសាងព្រះកាយព្រះគ្រីស្ត​ព្រមទាំងគោរព​បម្រើព្រះ​ជាម្ចាស់។ ប៉ុន្តែ ដោយអគ្គសញ្ញាមានលក្ខណៈជាសញ្ញាសម្គាល់ អគ្គសញ្ញានានាក៏ជួយអប់រំ​ជំនឿ​ដែរ។ មានតែ​អ្នក​ផ្ញើ​ជីវិត​លើព្រះគ្រីស្តទេ ដែលអាចទទួលអគ្គសញ្ញាបាន។ ពេលធ្វើអគ្គសញ្ញា ដោយមាននិយាយ​ពាក្យ​និង​ប្រើវត្ថុ​ផ្សេងៗ អគ្គសញ្ញា​ក៏បំប៉ននិង​ពង្រឹង​ជំនឿ ព្រមទាំងបង្ហាញបញ្ជាក់ជំ​នឿរបស់អ្នកទទួលថែមទៀត។ ហេតុនេះ​ហើយ​បាន​ជាយើងធ្លាប់​ហៅ​អគ្គសញ្ញា​ថា “អគ្គញ្ញានៃជំនឿ”។ ព្រះជាម្ចាស់ប្រណីសន្តោសអ្នកជឿ ដោយសារ​អគ្គសញ្ញា​មែន ប៉ុន្តែ ពិធី​ធ្វើ​អគ្គ​សញ្ញា​ជូន​គ្រីស្តបរិស័ទ ក៏អាចជួយឲ្យគេរៀបចំខ្លួនទទួលព្រះ​អំណោយ​ទាន​តាម​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គ តាមរបៀបដែលអាចបង្កើតផល។ អគ្គសញ្ញានាំឲ្យគេគោរពបម្រើព្រះជាម្ចាស់ ព្រមទាំង​ឲ្យ​ប្រតិបត្តិ​តាម​សេចក្តីស្រឡាញ់។

ដូច្នេះ ត្រូវឲ្យគ្រីស្តបរិស័ទយល់អត្ថន័យ​នៃសញ្ញាសម្គាល់ដែល​មាន​ប្រើ​ក្នុង​អគ្គសញ្ញានានាដោយងាយ។ ការ​យល់​អត្ថន័យដូច្នេះ ពិត​ជាមាន​សារៈ​សំខាន់ខ្លាំងណាស់។ គេក៏ត្រូវព្យាយាមទទួល​អគ្គសញ្ញា​ទាំងនោះដែរ ព្រោះ​អគ្គ​សញ្ញា​បំប៉នគេឲ្យ​រស់​នៅតាមរបៀប​ជាគ្រីស្តបរិស័ទ។

៦០-អនុសញ្ញា

ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធ តែងតាំងអនុសញ្ញាផ្សេងៗ។ អនុសញ្ញាជាសញ្ញាសម្គាល់ដ៏សក្ការៈ ស្រដៀង​នឹង​អគ្គសញ្ញា សម្តែងអំពីផលខ្លះ ជាពិសេសផលខាងព្រះវិញ្ញាណ ដែលគ្រីស្តបរិស័ទទទួល​ដោយ​ពាក្យ​អង្វរ​របស់​ព្រះ​សហគមន៍។ ដោយអនុសញ្ញា​ទាំងនោះ មនុស្ស​មានចិត្តចង់ទទួលផលដ៏ប្រសើរនៃអគ្គសញ្ញា ហើយ​ក៏បាន​វិសុទ្ធ​តាម​សភាពការណ៍ផ្សេងៗប្រចាំការរស់នៅរបស់គេ។

៦១-តម្លៃដ៏ថ្លៃថ្នូរនៃពិធីគោរពប្រណិប័តន៍ និងទំនាក់ទំនងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង

អគ្គសញ្ញា​និង​អនុសញ្ញានានា នាំឲ្យ​ស្ទើ​រតែ​គ្រប់ព្រឹត្តិការណ៍ប្រចាំការរស់នៅរបស់គ្រីស្តបរិស័ទដែល​ស្វែងរក​ព្រះ​ជាម្ចាស់ដោយចិត្តទៀងត្រង់ បានវិសុទ្ធ​ដោយព្រះហឫទ័យប្រណីសន្តោស ដែលហូរចេញមកពីព្រះគ្រីស្ត​ដែល​រង​ទុក្ខ​លំបាក សោយទិវង្គតនិងមានព្រះជន្មថ្មីដ៏​រុងរឿង។ គឺព្រះគ្រីស្តនេះហើយ ដែលប្រោសឲ្យអគ្គសញ្ញា និង អនុសញ្ញា​ទាំង​ប៉ុន្មាន​មានអនុភាព។ វត្ថុ​ស្ទើតែទាំងអស់​ដែល​មនុស្ស​ប្រើប្រាស់យ៉ាងត្រឹមត្រូវ (ក្នុងអគ្គសញ្ញា​និង​អនុសញ្ញា) ក៏​អាច​តម្រង់ទៅ​រក​គោលដៅតែមួយ គឺធ្វើឲ្យមនុស្ស​បានវិសុទ្ធ និងលើកតម្កើង​សិរីរុង​រឿងរបស់ព្រះ ជាម្ចាស់។

៦២-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញានានា

តាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក មានកត្តាខ្លះក្នុងពិធីធ្វើអគ្គសញ្ញា និងអនុសញ្ញាបណ្តាលឲ្យគ្រីស្ត បរិស័ទ​នៅ​សម័យ​ឥឡូវ មិនសូវយល់លក្ខណៈ និងគោលដៅនៃអគ្គសញ្ញាឬអនុសញ្ញាទាំងនោះទេ។ ហេតុនេះ ហើយ​បាន​ជា ត្រូវ​កែសម្រួលសេចក្តីខ្លះៗ ដើម្បីឲ្យបានសមស្របតាមតម្រូវការនៃសម័យឥឡូវ។ ដើម្បីកែ​សម្រួល ពិធី​ទាំងនោះ មហា​សន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖

៦៣-ភាសា

ពេលធ្វើអគ្គសញ្ញានិងអនុសញ្ញា​ជូនគេ ភាសារបស់ប្រជាជនតាមតំបន់អាចជួយ​គេ​យ៉ាង​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវប្រើភាសាប្រជាជនឲ្យបានច្រើន តាមសេចក្តីណែនាំដូចតទៅ៖

ក. ពេលធ្វើអគ្គសញ្ញា និងអនុសញ្ញាជូនគេ គេអាចប្រើភាសាប្រជាជនក្នុងតំបន់បាន ស្របតាម​សេចក្តី​ណែនាំចែង នៅមាត្រា ៣៦

ខ. ក្រុមអភិបាលជាអំណាចដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងនៅមាត្រា ២២,២ នៃ​ធម្មនុញ្ញ​នេះ ត្រូវ​បង្កើត​ក្បួនពិធីដោយឡែកយ៉ាងឆាប់ៗ​ស្របតាមតម្រូវការ​នៃ​តំបន់នីមួយៗ ហើយក៏ត្រូវចាត់ចែង​អំពី​ភាសា​ដែរ។ ពេល​ប​ង្កើតក្បួនពិធីទាំងនោះ ត្រូវស្របតាមសៀវភៅក្បួនពិធីក្រុងរ៉ូមបោះពុម្ពជាថ្មី។ ក្រោយ​ពី​អាសនៈ​គ្រីស្តទូត​សិលាកែសម្រួលក្បួនពិធីទាំងនោះរួចហើយ ទើបអាចប្រើក្នុងតំបន់រៀងៗខ្លួន។ ពេល​និពន្ធ​ក្បួន​ពិធី​ទាំង​នោះ ឬក្បួន​ផ្សេងៗ​ទៀតដោយឡែក ត្រូវចម្លងសេចក្តីណែនាំដែលមានកត់ត្រាទុកនៅ​ក្នុង​សៀវភៅ​ក្បួន​ពិធី​ក្រុង​រ៉ូម ដាក់​នៅ​ខាង​មុខ​ពិធី​នីមួយៗ ជាសេចក្តីណែនាំទាក់ទងនឹងការណែនាំគ្រីស្តបរិស័ទ និងទាក់​ទងនឹង​របៀប​ធ្វើ​ពិធី​នីមួយៗ ហើយ​ដែលមាន​សារៈ​សំខាន់​ពិសេស​ដោយ​នឹក​គិតដល់សង្គមដែរ។

៦៤-ការអប់រំមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើង

ត្រូវចាត់ចែងការអប់រំជំនឿមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើង​ឲ្យមានដំណាក់កាលជាច្រើន ប្លែកៗ​ពីគ្នា ទើបពេល​អ្នកទទួលការអប់រំយ៉ាងសមរម្យបានវិសុទ្ធ គឺដោយសារពិធី​ដែល​គេប្រព្រឹត្តតាមដំណាក់​កាល​ទាំង​នោះ។ ត្រូវប្រព្រឹត្តតាមរបៀបនេះតាមការយល់ឃើញរបស់លោកអភិបាលភូមិភាគ។

៦៥-ក្នុងប្រទេសដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត

ប្រជាជន​តែង​តែ​ធ្វើពិធីបញ្ចូលក្នុង​សាសនារបស់គេ​តាម​ប្រពៃណី​ផ្ទាល់ខ្លួន។ មហាសនិ្នបាតអនុញ្ញាតឲ្យយក​សេចក្តី​ខ្លះៗ​ដក​ស្រង់​ពីពិធីតាមប្រពៃណីរបស់គេ មកដាក់​ចូល​ក្នុងក្បួនពិធី​បញ្ចូលក្នុង​គ្រីស្ត​សាសនា តាម​ប្រពៃណី​ព្រះសហគមន៍យើង។ យើងត្រូវ​សម្រួល​សេចក្តី​ទាំងនោះ​ឲ្យ​បាន​ស្រប​តាមពិធី​គ្រីស្តសាសនា ត្រូវតាម​សេចក្តីចែង​ក្នុង​មា្រតា​លេខ ៣៧-៤០ នៃ​ធម្មនុញ្ញយើងនេះ។

៦៦-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាជ្រមុជទឹក

ត្រូវកែសម្រួលក្បួនពិធីទាំងពីរនៃអគ្គសញ្ញាជ្រមុជទឹកជូនមនុស្សពេញវ័យ គឺមួយជាក្បួនពិធីធម្មតា និងមួយ ទៀត​ជា​ក្បួនពិធីយ៉ាងឱឡារិក ជាក្បួនដែលគិតគូរដល់ការអប់រំជំនឿរបស់មនុស្សពេញវ័យដែល​កែសម្រួលជា​ថ្មី​ឡើង​វិញ​រួចហើយ។ ត្រូវបញ្ចូលក្នុងសៀវភៅក្បួនពិធីនៃ​ព្រះ​សហគមន៍​ក្រុង​រ៉ូម នូវអភិបូជាដែលហៅថា ”អភិបូជាក្នុង​ពេល​ធ្វើ​អគ្គសញ្ញាជ្រមុជទឹក” ។

៦៧-ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹកជូនទារក

ឲ្យបានសមស្របតាមសភាពការណ៍ដ៏ពិតប្រាកដរបស់ទារក។ម៉្យាងទៀត ក្នុងពិធីនេះ ត្រូវបញ្ជាក់ឲ្យបាន​ច្បាស់​អំពីតួនាទីឪពុកម្តាយបង្កើត​និងតួនាទីរបស់ឪពុកម្តាយធម៌។

៦៨-ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹក

ក្នុងករណីមានមនុស្សជាច្រើនទទួលអគ្គសញ្ញានោះ​ស្របតាម​ការយល់ ឃើញរបស់លោកអភិបាល​នៃភូមិ​ភាគ។ ម៉្យាងទៀត ត្រូវបង្កើតក្បួនពិធីមួយទៀតយ៉ាងខ្លី​ដែលគេអាចប្រើបានគ្រប់ គ្នា ជាពិសេសអ្នកអប់រំជំនឿនៅ​ដែនដី​មនុស្ស​ភាគច្រើន​មិន​ស្គាល់ព្រះគ្រីស្ត និងជាទូទៅនៅករណីខ្លាចអ្នកនោះស្លាប់ ហើយ​គ្មាន​បូជាចារ្យ ឬ​ឧបដ្ឋាក​នៅ​ពេល​នោះ។

៦៩-ត្រូវចែង​ក្បួន​ពិធីមួយថ្មីជំនួសពិធីហៅថា

"ការបំពេញពិធីអគ្គសញ្ញាជ្រមុជទឹ​កយ៉ាងខ្លីបំផុតជូនទារក ដោយ​បញ្ជាក់យ៉ាងច្បាស់និងសមរម្យថា ទោះបី​ទារក​នោះ​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក​តាមពិធីដ៏ខ្លីក្តី ក៏ព្រះ​សហគមន៍បាន​ទទួល​ទា​រកនេះទុកជាសមាជិករួចហើយ។

ត្រូវចែងក្បួនពិធីមួយថ្មីទៀត សម្រាប់អស់អ្នកដែលបាន​ទទួ​ល​អគ្គសញ្ញា​ជ្រមុជ​ទឹកដែលយកជាការបាន​តាម​និកាយ​ផ្សេងៗ ហើយដែលប្រែចិត្តគំនិតមករក​សាសនា​កាតូលិកយើង ដើម្បី​បង្ហាញ​បញ្ជាក់ថា​ព្រះសហគមន៍​ទទួល​គេ​ឲ្យរួបរួមជាមួយដែរ។

៧០-ក្រៅពីរដូវបុណ្យចម្លង

គេអាចប្រសិទ្ធពរលើទឹក នៅពេលធ្វើពិធី​អគ្គសញ្ញាជ្រមុជទឹកជូនគេនោះ តាមរូបមន្ត​មួយ​យ៉ាង​ខ្លីដែលត្រូវ​ទទួល​សេចក្តីអនុញ្ញាតជាមុនសិន។

៧១-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស

ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស ក្នុងគោលបំណងបង្ហាញបញ្ជាក់យ៉ាងច្បាស់ថា អគ្គសញ្ញាលាប​ថ្ងាស​ភ្ជាប់​យ៉ាងស្អិតល្មួតជាមួយនឹងការបញ្ចូលមនុស្សពេញវ័យក្នុងគ្រីស្តសាសនាទាំងស្រុង។ គួរឲ្យកែសម្រួលពាក្យ​សន្យា​មុន​ទទួលអគ្គសញ្ញាជ្រមុជទឹក។

ប្រសិនបើគួរឲ្យធ្វើ លោកអភិបាលអាចធ្វើអគ្គសញ្ញាលាបថ្ងាសជូន នៅពេល​ថ្វាយអភិបូជា។ ប្រសិនបើមាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាសជូនគេ ក្រៅពីពេលថ្វាយអភិបូជា​ត្រូវចែងពាក្យ​ពន្យល់មុន​ពេល​ចាប់​ផ្តើមធ្វើ​ពិធី និង​ចាត់​ពាក្យ​នេះទុកជាអារម្ភកថា។

៧២-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលើកលែងទោស

ត្រូវកែសម្រួលពិធីនិងរូបមន្តនៃអគ្គសញ្ញាលើកលែងទោស ដើម្បបញ្ជាក់យ៉ាងច្បាស់​អំពីលក្ខណៈ និងអំពី​លទ្ធផល​នៃអគ្គសញ្ញាលើកលែងទោសនោះ។

៧៣-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបប្រេងអ្នកជំងឺ

គួរហៅ “អគ្គសញ្ញាលាបប្រេងព្រះបង្ហើយ” ថា “អគ្គសញ្ញាលាបប្រេងអ្នកជំងឺ” ​វិញ ទើបប្រសើរជាង ព្រោះ អគ្គ​សញ្ញានោះមិនមែនជាអគ្គសញ្ញាជូនតែអ្នកដែលហៀបនឹងបាត់បង់ជីវិតប៉ុណ្ណោះទេ។ ពេលគ្រីស្តបរិស័ទ​ម្នាក់​មាន វ័យ​ចំណាស់ ឬចាប់ផ្តើមមានជំងឺជាទម្ងន់ គឺពេលនោះហើយ​ជាពេលសមរម្យទទួលអគ្គសញ្ញាលាប​ប្រេង​អ្នក​ជំងឺ។

៧៤-ក្រៅពីក្បួនពិធីអគ្គសញ្ញាលាបប្រេងអ្នកជំងឺ

និងពិធីទទួលព្រះកាយពេលហៀបលាចាកលោកនេះ ដែលជាពិធី​ដោយឡែក​ពីគ្នា ត្រូវចែងក្បួនពិធីមួយ​ទៀត ដែល​មាន​ពិធីតៗគ្នា គឺអគ្គសញ្ញាលាប​ប្រេង ក្រោយពីបាន​ទទួល​អគ្គ​សញ្ញា​លើកលែងទោស ហើយមុននឹង​ទទួល​ព្រះកាយ​នៅពេលហៀបនឹងលាចាកលោកនេះ។

៧៥-ត្រូវកំណត់ចំនួនកន្លែងលាបប្រេងលើរូបកាយអ្នកជំងឺ

ស្របតាមសភាពការណ៍អ្នកជំងឺ។ ត្រូវកែសម្រួល​ពាក្យ​អង្វរក្នុងអគ្គសញ្ញា​លាបប្រេងអ្នកជំងឺ ឲ្យស្របតាម​សភាពកាណ៍រ​បស់អ្នកជំងឺនោះដែរ។

៧៦-ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាតែងតាំង

ក្នុងអគ្គសញ្ញាតែងតាំង ត្រូវកែសម្រួលទាំងពិធី ទាំងសេចក្តីដែលលោកអភិបាល​សូត្រ។ ពេលលោក​ថ្លែង​ពាក្យ​ណែនាំខាង​ដើមអគ្គសញ្ញាតែងតាំងនីមួយៗ ​ឬខាង​ដើមពិធីប្រសិទ្ធិឲ្យទៅជាបូជាចារ្យ លោក​អភិបាល​អាច​និយាយ​ភាសា​តំបន់បាន។

ក្នុងពិធីប្រសិទ្ធិឲ្យទៅជាអភិបាល អស់អភិបាលដែលចូលរួមក្នុងពិធីនោះ មានសិទ្ធិដាក់​ដៃតែងតាំ​ងអភិបាល​ថ្មី​នោះ។

៧៧-ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍

ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលមានកត់ត្រាទុកក្នុងក្បួនពិធីព្រះសហគមន៍ក្រុងរ៉ូម និង​ត្រូវ​បន្ថែមសេចក្តីខ្លះ ដើម្បីបង្ហាញបញ្ជាក់អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តាមអគ្គសញ្ញានេះ​និង​ត្រូវ​សង្កត់​លើភារកិច្ចរបស់គូស្វាមីភរិយា។

“ប្រសិនបើនៅតំបន់ខ្លះ ព្រះសហគមន៍យកទំនៀមទម្លាប់និងពិធីផ្សេងៗ​ដែលគួរឲ្យសរសើរ មកប្រើក្នុង​អគ្គសញ្ញា​អាពាហ៍ពិពាហ៍ មហាសន្និបាតដ៏វិសុទ្ធប្រាថ្នាចង់យ៉ាងខ្លាំងឲ្យរក្សាទុកទំនៀមទម្លាប់​និងពិធីនោះទាំង​ស្រុង” (មហា​សន្និបាតត្រែនតូ)។

ម្យ៉ាងទៀត ក្រុមអភិបាលជាអំណាចមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២​នៃ​ធម្មនុញ្ញ​នេះ មានសិទ្ធិបង្កើតពិធីដែលសមស្របតាមប្រពៃណីស្រុកនិងប្រជាជន​ដូចមានចែង​ក្នុងមាត្រា ៦៣ ។ ក៏​ប៉ុន្តែ ត្រូវឲ្យបូជាចារ្យដែលធ្វើអធិបតីក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍​សុំហើយត្រូវទទួលពាក្យ​យល់​ព្រម​របស់​សាមីខ្លួន​ទាំង​ពីរ​នាក់ យកគ្នាជាគូស្វាមីភិរិយាជាកំហិត។

៧៨-តាមធម្មតា

ត្រូវធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងពេលថ្វាយអភិបូជា​ក្រោយពីបានប្រកា​សគម្ពីរ​ដំណឹង​ល្អ ហើយ​មុន​ពាក្យ​អង្វរ​សកល។ ត្រូវកែសម្រួលពាក្យអង្វរសូមព្រះអង្គប្រទានពរដល់ភរិយាថ្មោងថ្មី ដើម្បីគូសសង្កត់ថា គូស្វាមីភរិយា​មាន​ភារកិច្ចស្មើគ្នា នឹងត្រូវស្មោះត្រង់ភក្តីទៅវិញទៅមក។ ពាក្យអង្វរនេះអាចសូត្រជាភាសា​ស្រុក​នោះ​បាន។

ប៉ុន្តែ ប្រសិនបើមានធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្រៅពីអភិបូជា​ត្រូវប្រកាសអត្ថបទដកស្រង់ពីលិខិត និងពី​គម្ពីរ​ដំណឹង​ល្អ នៅខាងដើមពិធី ហើយត្រូវប្រទានពរលើគូស្វាមីភរិយាជានិច្ចកុំអាក់ខានឡើយ។

៧៩-ត្រូវកែសម្រួលអនុសញ្ញា

ត្រូវកែសម្រួលអនុសញ្ញា ដោយកាន់តាមគោលការណ៍ដ៏សំខាន់ដូចតទៅ គឺត្រូវមានបំ​ណងចង់ជួយ​គ្រីស្ត​បរិស័ទ ឲ្យ​យល់អត្ថន័យ និងចូលរួមយ៉ាងសកម្ម ដោយងាយស្រួល ទាំងយកចិត្តទុក​ដាក់នឹងតម្រូវកា​រនា​បច្ចុប្បន្ន។ ពេល​កែ​សម្រួល​អនុសញ្ញា គេក៏អាចបន្ថែមអនុសញ្ញាថ្មីទៀតតាមតម្រូវការ ស្របតាម​សេចក្តី​ណែនាំដែល​មាន​ចែង​ក្នុងមាត្រា ៦៣ ដែរ។

ត្រូវទុកពរដែលមានតែអភិបាលអាចប្រទានបាន តែមួយចំនួនតូច។

ត្រូវព្រាងទុកឲ្យគ្រីស្តបរិស័ទធម្មតាដែលមានលក្ខណៈសមរម្យ អាចធ្វើអនុសញ្ញាខ្លះបាន ក្នុងកាលៈទេសៈ​ដែល​លោកអភិបាលយល់ឃើញថា គួរឲ្យធ្វើនោះ។

៨០-ពិធីសច្ចាប្រណិធាន

ត្រូវកែសម្រួលពិធីញែកស្រ្តីព្រហ្មចារីថ្វាយព្រះជាម្ចាស់ ដែលមានកត់ត្រាទុកក្នុងក្បួនពិធីអភិបា​លព្រះ​សហគមន៍​ក្រុងរ៉ូម។

ម្យ៉ាងទៀត ត្រូវបង្កើតពិធីមួយ គឺបព្វជិតាប្រកាសពាក្យសច្ចាប្រណិធាន និងប្រកាសពាក្យស​ន្យា​សាជាថ្មី ដើម្បី​ឲ្យ​ពិធីទាំងនោះស៊ីសង្វាក់គ្នា មិនស្មុគស្មាញ ហើយថ្លៃថ្នូរទៀតផង។ អស់អ្នកដែលធ្វើពិធី​សច្ចាប្រណិធាន​ឬធ្វើ​ពិធី​ប្រកាស​ពាក្យសន្យាសាជាថ្មី្ម ក្នុងពេលថ្វាយអភិបូជា ត្រូវអនុវត្តតាមពិធីថ្មីនោះ​លើកលែងតែមាន​ច្បាប់វិន័យ​ផ្សេង​ដោយ​ឡែក។ បើបព្វជិតាធ្វើពិធីសច្ចាប្រណិធានក្នុងពេលថ្វាយអភិបូជា ទើបប្រសើរជាង។

៨១-ត្រូវកែសម្រួលពិធីបញ្ចុះសព

ត្រូវឲ្យពិធីបញ្ចុះសពបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្តបរិស័ទដែលចែកស្ថាន​រួចហើយ បាន​ចូលរួមជាមួយព្រះ​យេស៊ូ​ដែល​សោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង។ ពិធី​ទាំងនោះ សូម្បីតែពណ៌អាវអ្នកធ្វើពិធីគោរពប្រណិប័តន៍ ក៏​ត្រូវ​សម​ស្រប​តាមសភាពការណ៍ និងតាមប្រពៃណី​ប្រជាជនរស់​នៅតាមតំបន់ផ្សេង​ៗ​ដែរ។

៨២-ត្រូវកែសម្រួល

ពិធីបញ្ចុះសពទារក ហើយត្រូវបង្កើតឲ្យមានអភិបូជាពិសេស សម្រាប់ឱកាសនេះដែរ។

ជំពូក៤
ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់

៨៣-ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់ជាកិច្ចរបស់ព្រះគ្រីស្ត និងជាកិច្ចរបស់ព្រះសហគមន៍

ព្រះគ្រីស្តយេស៊ូជាមហាបូជាចារ្យនៃសម្ព័ន្ធមេត្រីថ្មីដែលស្ថិតនៅគង់វង្សអស់កល្បជានិច្ច។ ពេលព្រះអង្គ​ប្រសូត​ជា​មនុស្ស ព្រះអង្គក៏យកបទដែលមានច្រៀងអស់កល្បជានិច្ចនៅលោកខាងមុខ មកឲ្យយើង​ច្រៀង​នៅ​ពេល​យើង​នៅ​និរទេសក្នុងលោកនេះ។ ព្រះគ្រីស្តប្រោសឲ្យសហគមន៍​របស់មនុស្សលោកទាំងអស់រួមជាមួយព្រះ​អង្គ ច្រៀង​បទ​លើកតម្កើងនេះថ្វាយព្រះជាម្ចាស់។

ព្រះគ្រីស្តយេស៊ូនៅតែបន្តបំពេញមុខងារជាមហាបូជាចារ្យនេះ​ដោយសារព្រះសហគមន៍ គឺ​មិន​គ្រាន់​តែ​ដោយ​ព្រះសហគមន៍ថ្វាយអភិបូជាប៉ុណ្ណោះទេ តែដោយរបៀបផ្សេងៗទៀត​ជាពិសេស​ដោយព្រះសហគមន៍ធ្វើ​ពិធី​លើក​តម្កើង​ព្រះជា​ម្ចាស់តាមពេលកំណត់។ ព្រះសហគមន៍លើកតម្កើងសិរីរុងរឿងព្រះអម្ចាស់​ឥតឈប់ឈរ ហើយ​អង្វរ​ព្រះអង្គ សូមសង្គ្រោះមនុស្សលោកទាំងមូលទៀតផង។

៨៤-តាមការបញ្ជូនបន្តរបស់គ្រីស្តបរិស័ទតាំងពីបរមបុរាណមក

មានតែងតាំងពិធីលើកតម្កើងព្រះជាម្ចាស់តាម​ពេល​កំណត់ ដើម្បីឲ្យ​មនុស្ស​លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ទាំង​យប់​ទាំងថ្ងៃ និងញែក​គ្រប់ពេលវេលាឲ្យ​បានវិសុទ្ធ​ថ្វាយ​ព្រះអង្គផង។ ពេល​អស់លោកបូជាចារ្យឬអ្នក​ផ្សេងៗ​ទៀត ដែលព្រះ​សហគមន៍​ចាត់ចែង​ទុកជា​តំណាង​ឲ្យ បំពេញ​កិច្ចការនេះ នាំគ្នាលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់​តាម​បទដ៏ប្រសើរនេះ ស្របតាមវិន័យដ៏ត្រឹមត្រូវ​ឬនៅ​ពេល​គ្រីស្តបរិស័ទ រួមអធិដ្ឋាន​ជាមួយបូជាចារ្យ តាមរបៀប​ព្រះសហគមន៍យល់ស្រប​នោះ គឺនៅពេលនោះ ពិតជាព្រះ​សហគមន៍​ជាព្រះមហេសីបន្លឺសូរសំឡេងឡើង​និយាយ​សន្ទនា​ជាមួយព្រះគ្រីស្ត​ជា​ព្រះ​ស្វាមីមែន ឬ​បើ​ពោល​ឲ្យបានល្អជាង នេះទៅទៀត គឺ​ព្រះគ្រីស្តរួមជាមួយ​ព្រះកាយ​ព្រះអង្គ មានព្រះបន្ទូលទៅកាន់ព្រះបិតា។

៨៥-ហេតុនេះហើយបានជាអស់អ្នកដែលបំពេញកិច្ចនេះ

ក៏បំពេញការងារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសហគមន៍​ហើយ នៅ​ពេលជាមួយគ្នានោះ ក៏ទទួល​កិត្តិយសដ៏​ខ្ពង់ខ្ពស់​បំផុតរួមជាមួយព្រះមហេសីរបស់ព្រះគ្រីស្ត។ ពេល​គេ​បំពេញ​កិច្ចលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ គេ​ឈរនៅ​ខាងមុខបល័្លង្ករបស់ព្រះអង្គ ក្នុងនាមព្រះ​សហគមន៍ជា​ព្រះ​មាតា។

៨៦-ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់មានប្រយោជន៍ខាងការណែនាំគ្រីស្តបរិស័ទ

បូជាចារ្យទាំងប៉ុន្មានដែលកំពុងបំពេញមុខងារបម្រើជាគង្វាល ត្រូវតែយកចិត្តទុកដាក់លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់​តាមពេលកំណត់នោះ ដោយយល់កាន់តែច្បាស់ថា ខ្លួនត្រូវអនុវត្ត​តាម​ដំបូន្មាន​របស់ គ្រីស្ត​ទូត​ប៉ូល ដែល​មានប្រសាសន៍ថា “ចូរអធិដ្ឋានឥតឈប់ឈរ” (១ថស ៥,១៧)។ មានតែព្រះ​អម្ចាស់​យេស៊ូ​មួយ​ព្រះអង្គទេ ដែល​អាច​ប្រោសឲ្យកិច្ចអស់លោកប្រព្រឹត្តជារៀងរាល់ថ្ងៃបានស័ក្តិសិទ្ធ​និងអាចចម្រើនឡើងបាន គឺ​ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា “បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតបានឡើយ ”(យហ ១៥,៥)។ ហេតុនេះ ហើយ​បានជា​នៅ​ពេល​ក្រុមគ្រីស្តទូតតែងតាំងឧបដ្ឋាក អស់​លោក​មាន​ប្រសាសន៍ថា “រីឯយើង​វិញ យើងនឹងគិតតែពី អធិដ្ឋាន ហើយ​បម្រើព្រះបន្ទូល” (កក ៦, ៤)។

៨៧-មហាសន្និបាតដ៏វិសុទ្ធ

នៅតែបន្តការកែសម្រួលដែលអាសនៈគ្រីស្តទូតសិលាចាប់ផ្តើម ដោយជោគជ័យ។ មហា​សន្និបាតមានបំណង​ចង់​ឲ្យ​អស់​លោកបូជាចារ្យក្តី សមាជិកផ្សេងៗទៀតរបស់ព្រះសហគមន៍ក្តី លើក​តម្កើង​សិរីរុងរឿងព្រះជាម្ចាស់​តាម​ពេល​កំណត់ ឲ្យកាន់តែប្រសើរ និងកាន់តែពេញលក្ខណៈឡើង​ក្នុង​សភាពការណ៍​នា​សម័យឥឡូវ។ ហេតុនេះហើយ បាន​ជា​មហាសន្និបាតសម្រេចក្រឹត្យស្តីអំពីពិធីលើកតម្កើង​សិរីរុងរឿងព្រះ​ជាម្ចាស់​តាម ពេលកំណត់ ស្របតាមក្បួន​ពិធី​គោរព​ប្រណិប័តន៍ព្រះសហគមន៍ក្រុងរ៉ូម ដូចខាងក្រោមនេះ៖

៨៨-ត្រូវកែសម្រួលលំដាប់លំដោយ​នៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់។

ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ មានគោលដៅលើកពេលវេលាពេញមួយថ្ងៃថ្វាយ​ព្រះ​ជាម្ចាស់​ឲ្យបានវិសុទ្ធ។ ហេតុនេះ ប្រសិនបើអាចធ្វើបាន ត្រូវកែសម្រួលដំណើរនៃពិធីលើក​តម្កើង​សិរីរុងរឿង​ព្រះ​ជាម្ចាស់នេះ ដើម្បីឲ្យ​ពេល​កំណត់​នេះបានត្រូវចំនឹងពេល​វេលា​ដ៏ពិត​ប្រាកដប្រចាំថ្ងៃ។ ម្យ៉ាងទៀត ត្រូវយកចិត្តទុក​ដាក់​អំពី​សភាពការណ៍នៃជីវភាពរបស់មនុស្ស​នា​បច្ចុប្បន្នកាល ជាពិសេសអំពីសភាពការណ៍របស់អស់អ្នកដែល​បំពេញ​កិច្ច​ការជាគ្រីស្តទូត។

៨៩-ហេតុដូច្នេះហើយបានជាត្រូវកែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ តាមសេចក្តីណែនាំដូចតទៅ៖

ក.   តាមប្រពៃណីដ៏ជាទីគោរពនៃព្រះសហគមន៍សកល ពិធីលើកតម្កើងនៅពេលព្រឹក និងពិធី​លើក​តម្កើង​នៅ​ពេលល្ងាច ជាស្នូលដ៏សំខាន់ជាងគេនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រៀងរាល់ថ្ងៃ។ ហេតុនេះ ត្រូវ​ចាត់​ពិធី​ទាំង​ពីរ​នោះ ទុកជាពេលកំណត់ដ៏ប្រសើរជាងគេ ហើយត្រូវធ្វើពិធីទាំងពីរស្របតាម​គោលការណ៍​នេះ​ទៀត​ផង។

ខ.   ត្រូវចាត់ចែងពិធីលើកតម្កើងនៅពេលយប់ ដើម្បីឲ្យបានសមនឹងពេលចុងក្រោយប្រចាំថ្ងៃ។
គ.   ចំពោះពិធីលើកតម្កើងដែលហៅថា ”ពិធីលើកតម្កើងនៅកណ្តាលយប់” ទោះបីនៅក្នុងអារាម ពិធី​នេះ​ត្រូវ​រក្សា​ទុក​លក្ខណៈ​ជាពិធីលើកតម្កើងរួមនៅពេលយប់ ក៏ត្រូវកែ​សម្រួល​ពិធីនោះដើម្បី​ឲ្យ​គេអាចសូត្រនៅ​ពេល​ណា​ក៏បាន។ ត្រូវសូត្រទំនុកតម្កើងចំនួនតិចជាងពីមុន តែត្រូវអាន​អត្ថបទ​ផ្សេងៗឲ្យ​បាន​វែង​ជាង​ពី​មុន​វិញ។
ឃ.  ត្រូវលុបបំបាត់ "ពិធីលើកតម្កើងដើមដំបូងនៅព្រឹកព្រលឹម" ចោល។
ង.   ប្រសិនបើមានធ្វើពិធី​លើកតម្កើងរួមគ្នាក្នុងអារាម ទោះបី "ពិធី​លើក​តម្កើងនៅម៉ោងប្រាំបួនព្រឹក" "ពិធី​លើក​តម្កើង​នៅ​ថ្ងៃត្រង់" "ពិធី​លើកតម្កើងនៅម៉ោងបីរសៀល" មិនសូវសំខាន់ក្តី ក៏ត្រូវតែធ្វើក្នុងអារាមដែរ។ តែ​ប្រសិន​បើ​មាន​ធ្វើ ពិធី​ទាំងបីនោះ​ក្រៅពីអារាមវិញ មានសិទ្ធិជ្រើសរើសពិធីលើកតម្កើង​តែ​មួយបាន គឺ​ពិធី​ណាស្របតាម​ពេល​វេលាប្រចាំថ្ងៃដែលអាចធ្វើបាន។

៩០-ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់

ដោយពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ជាពិធីលើកតម្កើងជាសាធារណៈរបស់ព្រះសហ​គមន៍ ពិធី​នោះ​ក៏ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់ និងពិតជាអាហារ​ចិញ្ចឹម​ពាក្យអធិដ្ឋានផ្ទាល់ខ្លួន ។ ហេតុនេះ​ហើយ សូមក្រើនដាស់តឿនក្នុងព្រះ​នាម​ព្រះអម្ចាស់ អស់​លោកបូជាចារ្យនិងអស់អ្នកដែលចូលរួម​ក្នុង​ពិធី​លើក​តម្កើងសិរីរុងរឿងព្រះជាម្ចាស់​តាមពេល​កំណត់​ថា នៅពេល​ធ្វើ​ពិធីនោះ សូមមានចិត្តគំនិត​ស្រប​តាម​សំឡេង​អស់​លោក​អ្នកវិញ។ សូម​អស់​លោក​អ្នកខិតខំរៀន​ឲ្យ​មានចំណេះ​កាន់តែ​ជ្រៅ អំពីពិធីគោរពប្រណិប័តន៍ និង​អំពីព្រះ​គម្ពីរ ជា​ពិសេស​ស្គាល់​អត្ថន័យទំនុកតម្កើង ទើប​អស់​លោក​អ្នក​អាចមានចិត្ត​គំនិត​ស្រប​តាម​សំឡេងអស់​លោក​អ្នក​បាន។

ពេល​កែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ឲ្យបានជាថ្មីនោះ ត្រូវ​សម្រួល​ទ្រព្យ ដ៏​មាន​តម្លៃគួរឲ្យគោ​រពនៃក្បួនពិធីនៃព្រះសហគមន៍ក្រុងរ៉ូមតាំងពីយូរយារមក ដើម្បីឲ្យអស់លាកអ្នកដែល​ទទួល​ទ្រព្យ​ដ៏​មានតម្លៃយ៉ាងខ្ពង់ខ្ពស់នេះទុកជាបញ្ញើ ងាយស្រួលស្តាប់ហើយយោងប្រយោជន៍កាន់តែច្រើនឡើងៗ។

៩១-អំពីទំនុកតម្កើង

មិនត្រូវចែកទំនុកតម្កើងទាំងអស់ឲ្យសូត្រក្នុងរយៈពេលតែមួយអាទិត្យប៉ុណ្ណោះទេ តែត្រូវចែកទំនុកតម្កើងទាំង អស់​ឲ្យសូត្រក្នុង​រយៈពេលវែងជាងនោះទៅទៀត។ ធ្វើដូច្នេះ ទើបអស់លោក​អ្នកអាចសូត្រតាមពេលកំណត់​តាម សេចក្តីចែងក្នុងមាត្រា ៨៩ យ៉ាងពិតប្រាកដបាន ។

ត្រូវបង្ហើយការកែស​ម្រួលក័ណ្ឌគម្ពីរទំ​នុកតម្កើង​ដែល​ចាប់ផ្តើម ឲ្យបានរួចឆាប់ៗ ដោយ​គោរព​ទាំង​អក្សរ​សាស្ត្រ​ភាសា​ឡាតាំងនៃគ្រីស្តសាសនា ទាំងរបៀបប្រើទំនុកតម្កើងក្នុងពិធីគោរពប្រណិប័តន៍ ព្រម​ទាំងតាមការ​បញ្ជូន​បន្ត​ទាំង​មូល​នៃព្រះសហគមន៍ដែលកាន់តាមប្រពៃណីឡាតាំង។

៩២-ការចាត់ចែងអត្ថបទដែលត្រូវអាន

ចំពោះអត្ថបទដែលត្រូវអាន ត្រូវអនុវត្តតាមសេចក្តីណែនាំដូចតទៅ៖

ក.   ត្រូវចាត់ចែងអានអត្ថបទព្រះគម្ពីរ ដើម្បីឲ្យគេអាចចូលយ៉ាងងាយទៅកាន់​ទ្រព្យដ៏ថ្លៃថ្នូរនៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ឲ្យបានបរិបូរណ៍ជាងពីមុន។
ខ.   ត្រូវជ្រើសរើសយកអត្ថបទដកស្រង់ចេញពីក្រុមគ្រូបាធ្យាយនៃព្រះសហគមន៍ និងពីក្រុមអស់លោកអ្នក​បណ្ឌិត ព្រមទាំងពីអ្នកនិពន្ធផ្សេងៗរបស់ព្រះសហគមន៍ តាមរបៀបល្អជាងពីមុន។
គ.   ត្រូវកែសម្រួលអត្ថបទ ស្តីអំពីរឿងមរណសាក្សី​និងជីវប្រវតិ្តនៃសន្តបុគ្គលឲ្យបានស្របតាម​ប្រវត្តិសា្រស្តដ៏​ពិត​ប្រាកដ។

៩៣-ត្រូវកែសម្រួលបទលើកតម្កើង

ប្រសិនបើយល់ឃើញថាគួរឲ្យកែសម្រួលបទលើកតម្កើងឲ្យបានស្របតាមរបៀប​ដើម​វិញ ដោយ​ចោល​ឬប្រែ សម្រួល​សេចក្តីទាំងប៉ុន្មានដែលមានលក្ខណៈជារឿងព្រេង ឬដែលមិន​សូវស៊ីសង្វាក់នឹងការ​គោរព​ថ្វាយបង្គំតាម​គ្រីស្ត​សាសនា។ ត្រូវទទួលយកបទលើកតម្កើងផ្សេងៗទៀត ដកស្រង់ពីទ្រព្យដ៏​ថ្លៃ​ថ្នូរ​នៃ​បទ​លើកតម្កើងនានា តាម​តម្រូវការ។

៩៤-ពេលវេលាធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់

ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ចំពេលវេលាដែលមានចែងក្នុងក្បួនពិធី ឬជិត​ពេល​កំណត់នោះ។ ធ្វើដូច្នេះទើបពេលវេលាប្រចាំថ្ងៃបានវិសុទ្ធយ៉ាងពិតប្រាកដ ហើយអ្នកធ្វើពិធីក៏​បាន​ផល​ខាង​ព្រះ​វិញ្ញាណ​ដែរ។

៩៥-អំពីភារកិច្ចធ្វើពិធីលើកតម្កើងសិរីរុរឿងព្រះជាម្ចាស់តាមពេលកំណត់

ក្រុមបព្វជិតបព្វជិតាដែលមានកាតព្វកិច្ចរួមគ្នាធ្វើពិធីផ្សេងៗក្នុងអារាម ក្រៅពីថ្វាយអភិបូជារួមក្នុងអារាម​ក៏ មាន​កាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ជារៀងរាល់ថ្ងៃនៅអារាមគឺ៖

ក.   ក្រុមលោកដែលមានឋានៈកិត្តិយសក្នុងវិហារមួយ ក្រុមលោកសង្ឃនិងដូនជីកាតូលិក បព្វជិត​បព្វជិតា​ដែល​មាន​កាតព្វកិច្ចរួ​មគ្នាធ្វើពិធីផ្សេងៗក្នុងអារាម តាមក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ ឬ​តាម​ធម្មនុញ្ញ​របស់​ក្រុម​គ្រួសារ​របស់គេ ត្រូវធ្វើគ្រប់ផ្នែកទាំងអស់នៃពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាម​ពេល​កំណត់​ជា​កំហិត។

ខ.   ក្រុមប្រឹក្សានៃវិសាលវិហារ ឬក្រុមបូជាចារ្យក្នុងវិហារខ្លះ ត្រូវធ្វើតែផ្នែកខ្លះនៃពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់​តាមពេល​កំណត់ គឺផ្នែកណាដែលត្រូវធ្វើស្របតាមក្បួនច្បាប់ទូទៅ ឬស្របតាមក្បួនច្បាប់​របស់​ក្រុមអស់​លោក​ដោយ​ឡែក។

គ.   អស់លោកអ្នកជាសមាជិកក្រុមគ្រួសារខាងលើនេះ ទោះបីគេទទួលអគ្គសញ្ញាតែងតាំងក្តី ឬបានធ្វើពិធី​សច្ចា​ប្រណិធាន​យ៉ាងឱឡារិកក្តី លើកលែងតែបងប្អូនជាអ្នកបម្រើក្នុងអារាម​ប្រសិនបើគេមិនធ្វើពិធី​លើក​តម្កើង​សិរីរុងរឿង ព្រះជាម្ចាស់​តាមពេល​កំណត់រួមគ្នាក្នុងអារាមទេ ក៏ត្រូវសូត្រម្នាក់ឯងតាម​ម៉ោងពិធី​ទាំង​នោះ​ដែរ។

៩៦-អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំងរួចហើយ

តែគ្មានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុងរឿងព្រះជា ម្ចាស់តាមពេលកំណត់រួមក្នុងអារាមទេ ក៏មានកាតព្វកិច្ច​ធ្វើ​ពិធី​លើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់​ទាំងមូល ជា​រៀង​រាល់ថ្ងៃជាកំហិត ដោយរួមគ្នា ឬនៅម្នាក់ឯង ត្រូវ​ស្រប​តាមសេចក្តីណែនាំចែងក្នុងមាត្រា ៨៩។

៩៧-ប្រសិនគេអាក់ខានធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់​តាមពេលកំណត់

ត្រូវបញ្ជាក់កិច្ចការ​ដែល​គេ​ត្រូវ​ធ្វើ​ជំនួស​ហើយត្រូវកត់ត្រាទុកជាសេចក្តីណែ​នាំក្នុងក្បួនពិធី។ ក្នុងករណីពិសេស ហើយ​ប្រសិនបើមានមូលហេតុត្រឹមត្រូវ អស់លោកអភិបាលអាច​អនុញ្ញាត​ឲ្យអស់អ្នក ដែល​នៅ​ក្រោម​អំណាចរបស់​លោក រួចពីកាតព្វកិច្ច​របស់គេ គឺអនុញ្ញាតឲ្យធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះ​ជា​ម្ចាស់​តែ​មួយ​ផ្នែក ឬអនុញ្ញាតមិនឲ្យ​ធ្វើ​គ្រប់ផ្នែកក៏បានដែរ។ លោកក៏អាចបញ្ជាក់កិច្ចកាដែលគេ​ត្រូវធ្វើ​ជំនួស។

៩៨-ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៅគ្រឹះស្ថានបព្វជិតបព្វជិតា

សមាជិកគ្រឹះស្ថានបព្វជិតបព្វជិតាណាក៏ដោយ ដែលមានគោលដៅរស់នៅតាមរបៀប​ដ៏ពេញ​លក្ខណៈ​ល្អ ឥត​ខ្ចោះ ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់តាមពេល​កំណត់​ផ្នែកខ្លះៗ ស្រប​តាម​ធម្មនុញ្ញ​របស់​គ្រឹះស្ថានទាំងនោះ ពិតជាបំពេញពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះ​សហគមន៍​ហើយ។

ប្រសិនបើគេធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់យ៉ាងខ្លីតាមធម្មនុញ្ញរបស់គេ គេក៏បំពេញពិធីលើក​តម្កើង​សិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍ពិតមែនដែរ លុះត្រាតែពិធី​ដ៏ខ្លីនោះមានចាត់​ចែង​តាម​របៀប​ពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់​និងបានទទួលសេចក្តីអនុញ្ញាតយ៉ាងត្រឹមត្រូវ។

៩៩-ពិធីសូត្ររួម

ពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់ ជាសូរសំឡេងរបស់ព្រះសហគមន៍​គឺជាសូរសំឡេង របស់​ព្រះ​កាយ​ដ៏​អាថ៌​កំបាំងរបស់ព្រះគ្រីស្ត​ទាំងមូលដែលលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់ជា​សាធារណៈ។ ហេតុ នេះ​ហើយ​បាន​ជាមហាសន្និបាតផ្តែផ្តាំដាស់តឿនអស់លោកដែលបានទទួល​អគ្គសញ្ញា​តែងតាំង ហើយដែលគ្មាន កាតព្វកិច្ច​ធ្វើពិធីរួមក្នុងអារាមទេ ជាពិសេសផ្តែផ្តាំឲ្យលោកគង្វាលដែលរួមរស់ជាមួយគ្នា ឬដែលជួបជុំគ្នាម្តង​ម្កាល​ថា ត្រូវធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់​តាមពេលកំណត់ យ៉ាង​ហោចណាស់មួយផ្នែកដែរ។

អស់អ្នក ដែលធ្វើពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់ ទោះបីរួមគ្នានៅអារាមក្តី សូត្ររួម​គ្នា​កន្លែងផ្សេងក្តី ក៏ត្រូវបំពេញភារកិច្ចដែលព្រះសហគមន៍ផ្ញើទុកឲ្យអស់លោក ឲ្យបានល្អប្រសើរឥតខ្ចោះ​តាម​តែគេ​អាច​ធ្វើ​បាន​ដោយគោរពថ្វាយបង្គំនៅខាងក្នុងចិត្តផង និងដោយធ្វើពិធីយ៉ាង​ល្អប្រសើរនៅ​ខាងក្រៅ​ផង​ដែរ។

ម៉្យាងទៀត ត្រូវស្មូតទំនុកតម្កើងក្នុងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ នៅក្នុងអារាម ឬរួមគ្នានៅកន្លែង​ផ្សេង តាម​តែ​អាច​ធ្វើទៅបាន។

១០០-គ្រីស្តបរិស័ទត្រូវចូលរួមធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់

អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ចាត់ចែងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រួមគ្នាក្នុងព្រះវិហារ គឺ ពិធី​នៅ​ម៉ោង​សំខាន់ៗ ជាពិសេសពិធីលើកតម្កើងពេលល្ងាច នៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យឱឡារិក។ មហា​សន្និបាត​ផ្តែផ្តាំឲ្យគ្រីស្តបរិស័ទធម្មតា ធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់​រួមជាមួយលោកគង្វាលក៏បាន ឬរួម​ជាមួយ​គ្នាក៏បាន ឬម្នាក់ឯងក៏បានដែរ។

១០១-ភាសា

ក.   អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំង​ពេលធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ត្រូវតែប្រើ ភាសា​ឡាតាំង ស្របតាមប្រពៃណីក្បួនពិធីជាភាសាឡាតាំងដ៏បរមបុរាណមក។ ក៏ប៉ុន្តែ​លោក​អភិបាល​ភូមិភាគ​មានសិទ្ធិ​អាច​អនុញ្ញាតឲ្យសូត្រតាមក្បួនបកប្រែជាភាសាតំបន់ ស្របតាមសេចក្តីចែងក្នុងមាត្រា ៣៦។ លោក​អភិបាល​អនុញ្ញាត​ដូច្នេះ ដើម្បីកុំឲ្យលោកម្នាក់ៗ ដែលមិនចេះភាសាឡាតាំងជួប​ឧបសគ្គ​រារាំង​យ៉ាងធ្ងន់ធ្ងរ មិនអាចបំពេញភារកិច្ចធ្វើ​ពិធីលើក​តម្កើង​សិរី​រុង​រឿង​ព្រះ​ជាម្ចាស់​យ៉ាងល្អបាន។

ខ.   ចំពោះបព្វជិតា និងសមាជិកគ្រឹះស្ថានដែលមានគោលដៅរស់នៅយ៉ាងល្អឥតខ្ចោះពេញលក្ខណៈ ទាំង​បុរស ទាំងស្ត្រី មេដឹកដែលមានសមត្ថកិច្ចណែនាំគ្រឹះស្ថានទាំងនោះ មានសិទ្ធិអាចអនុញ្ញាតឲ្យសមាជិក​ក្រុម​ទាំង​នោះសូត្រជា ភាសាក្នុងតំបន់បាន នៅពេលធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជា​ម្ចាស់តាមពេល​កំណត់ សូម្បីតែនៅ​ពេលធ្វើ​ពិធី​រួម​គ្នា​ក្នុងអារាម ក៏បានដែរ លុះត្រាតែក្បួនពិធីបកប្រែដែលគេសូត្រនោះ​បាន​ទទួល​ការអនុម័ត។

គ.   លោកណាដែលបានទទួលអគ្គសញ្ញាតែងតាំង ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុង​រឿង​ព្រះជា​ម្ចាស់តាមពេលកំណត់​ប្រសិនបើលោកធ្វើពិធីនោះជាភាសាក្នុងតំបន់នោះរួមជាមួយក្រុមគ្រីស្តបរិស័ទ ឬ​ជាមួយក្រុម​ផ្សេងៗ​ដែលមានចែងនៅក្នុងលេខ២ ខាងលើនេះ ក៏បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពិតមែន​ហើយ លុះត្រាតែក្បួន​ពិធី​បក​ប្រែដែលគេសូត្រនោះបានទទួលការអនុម័ត។

ជំពូក៥
ពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

១០២-អត្ថន័យពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

ព្រះសហគមន៍ ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា​មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្ត​ជា​ព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ។ រៀង​រាល់​ថ្ងៃអាទិត្យ នៅថ្ងៃដែលព្រះសហគមន៍ហៅថា “ថ្ងៃរបស់ព្រះអម្ចាស់” ព្រះសហគមន៍នឹករឭកដល់ព្រះអម្ចាស់ មាន​ព្រះជន្មថ្មីដ៏រុងរឿង ដូចព្រះសហគមន៍ធ្លាប់លើកតម្កើង​មួយឆ្នាំ​ម្តងៗ ទាំង​នឹករឭកដល់ព្រះអង្គរង​ទុក្ខលំបាក​នៅ​ពេល​ជាមួយគ្នាផង ក្នុងឱកាសបុណ្យចម្លង ជាពិធីយ៉ាងឱឡារិកជាងគេបំផុត។

ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យ​ដែលព្រះ​គ្រីស្តបានសម្រេច គឺ​តាំង​ពី​ព្រះ​យេស៊ូប្រសូតជាមនុស្សរហូតដល់ ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយ​រហូត​ដល់​ថ្ងៃ​ព្រះ​អម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។

ដោយលើកតម្កើងព្រឹត្តិ​ការណ៍​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើ​ង​បែបនេះ ព្រះសហគមន៍​ក៏បើក​ទ្រព្យ​ដ៏​មាន​តម្លៃនៃអនុភាពនិងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឲ្យ​គ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ​ហាក់​ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់​ហើយ​គ្រីស្ត បរិស័ទអាចភ្ជាប់នឹង​ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ និង​បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដែល​សង្គ្រោះគេ។

១០៣-ដោយព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មានរបស់ព្រះគ្រីស្ត

ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមាន​សេចក្តី​ស្រឡាញ់​យ៉ាងពិសេសចំពោះ​ព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្រ​របស់នាង​ក្នុង​កិច្ច​សង្រ្គោះ​របស់​បុត្រ​នោះ ដោយ​ចំណង​ដែលមិនអាចស្រាយ​បាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍​សរសើរ និង​លើកតម្កើងផលដ៏ប្រសើរជាង​គេ​បំផុត​របស់​ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេល​ព្រះ​សហគមន៍​សម្លឹងមើល​ព្រះនាង ព្រះសហគមន៍​ក៏​នឹក​រំពឹង​គិត​ដោយ​អំណរហាក់ដូចជាសម្លឹង​មើល​ក្នុងរូបដ៏និមល​បំផុត​នោះ នូវអ្វីៗ​ដែល​ខ្លួនប្រាថ្នាចង់បាន ហើយ​សង្ឃឹម​ថានឹងបាន​ទាំង​ស្រុងដូចព្រះ​នាង​ដែរ។

១០៤-ព្រះសហគមន៍បញ្ចូលថ្ងៃនឹករឭកមរណសាក្សី និងសន្តបុគ្គលផ្សេងៗទៀត

ក្នុងចំណោមពិធី​គោរព​ប្រណិប័តន៍ប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស​ជាច្រើង​យ៉ាង​ព្រះអង្គបានលើក​សន្ត​បុគ្គលទាំងនោះឲ្យបាន​ពេញ​លក្ខណៈ និងឲ្យបានទទួល​ការសង្រ្គោះអស់កល្ប​ជានិច្ច​រួច​ហើយ។ សន្តបុគ្គល​ទាំង​នោះ​នាំ​គា្ន​ច្រៀងបទលើក​តម្កើង​ដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រម​ទាំង​ជួយ​អង្វរ​ព្រះអង្គឲ្យយើង។ ពេលព្រះ​សហគមន៍​ធ្វើពិធី​នឹក​ថ្ងៃខួប​នៃ​កំណើត​របស់សន្តបុគ្គល​នៅ​ស្ថាន​បរមសុខ​នោះ ព្រះសហគមន៍ក៏ប្រកាស​ព្រឹត្តិការណ៍​ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះ រងទុក្ខលំបាករួម​ជាមួយ​ព្រះគ្រីស្ត ហើយក៏បានទ​ទួល​សិរីរុង​រឿង​រួម​ជា​មួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូ​ឲ្យ​គ្រីស្ត​បរិស័ទ​យកតម្រាប់តាម គឺ​គំរូ​ដែលទាក់​ទាញ​គ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតា ដោយសារព្រះគ្រីស្ត។ អំពើ​ល្អ​របស់​សន្តបុគ្គល​ទាំង​នោះ​នៅពេលគាត់រស់នៅ ក៏ធ្វើ​ឲ្យព្រះ​ជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ដែរ។

១០៥-ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទ

តាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំ​ដោយ​នាំ​ឲ្យគេប្រព្រឹត្ត​តាម​វិន័យ បញ្ជូន​បន្ត​ពីដើមមក គឺឲ្យគេធ្វើ​សកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍​បង្រៀន​គេ នាំឲ្យគេអធិដ្ឋាន និងឲ្យ​គេ​ប្រែ​ចិត្ត​គំនិត ហើយប្រព្រឹត្តកិច្ចការតាមមេ​ត្តាករុណាទៀត​ផង។

ហេតុ​នេះ​ហើយ បាន​ជា​មហាសនិ្នបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចខាងក្រោមនេះ ៖

១០៦-ត្រូវលើកតម្លៃនៃថ្ងៃអាទិត្យ

ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី៨​ដែលយើងតែងហៅយ៉ាង ត្រឹម​ត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង តាមក្រុម​គ្រីស្តទូតបានបញ្ជូនបន្តមក។ នៅ​ថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា។ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់​និងចូលរួម​ថ្វាយ​ពិធី​អរ ព្រះគុណ គ្រីស្តបរិស័ទនាំគា្ននឹករឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាកនិងមានព្រះជន្មថ្មីដ៏រុងរឿង។ គ្រីស្តបរិស័ទ ក៏​អរ​ព្រះគុណព្រះបិតាដែល “បានប្រោសគេឲ្យកើតជាថ្មី ដោយប្រោសឲ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាប​សូន្យឡើយ” (១​សល ១,៣)។ ហេតុនេះហើយបានជាថ្ងៃរបស់ ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវ​ដាស់តឿនឲ្យគ្រីស្តបរិស័ទគោរព​ថ្ងៃរបស់​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទៅជាថ្ងៃប្រកប​ដោយ​អំណរសប្បាយ និងសម្រាកពីការងារ ។ បុណ្យឯទៀតៗទាំងអស់គ្មាន​អាទិភាព​លើថ្ងៃ អាទិត្យ​ទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ​និងជា​ស្នូលនៃពិធី​គោរពប្រណិប័តន៍​ប្រចាំ​ឆ្នាំ​ទាំងមូល។

១០៧-ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ដើម្បីរក្សាទុកលក្ខណៈដើម និង​ចិញ្ចឹម​ជំ​នឿ​របស់​គ្រីស្ត​បរិស័ទ ហើយណែនាំគេឲ្យ​គោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយធ្វើពិធីលើកតម្កើង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ត​ដែល​រំដោះមនុស្សលោក​ជាពិសេសដោយលើកតម្កើងព្រឹត្តិការណ៍ដ៏​អស្ចារ្យ​នៃបុណ្យចម្លង។ ត្រូវ​រក្សា​ទុក ឬកែ​សម្រួល​ទំនៀមទម្លាប់ និងវិន័យតាម​ការ​បញ្ជូនបន្តមក ដែលភ្ជាប់នឹងរដូវដ៏សក្ការៈ ទាំង​សម្របទៅតាម​សភាពការណ៍​នា​សម័យ​បច្ចុប្បន្ន។ ប្រសិនបើត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ត្រូវ​កែ​សម្រួល​ស្របតាម​សភាពការណ៍តំបន់នីមួយៗ តាមសេចក្តីចែងក្នុងមាត្រា ៣៩ និង ៤០។

១០៨-ត្រូវតម្រង់ចិត្តគំនិតរបស់គ្រីស្តបរិស័ទ

ឲ្យចាប់អារម្មណ៍យ៉ាងពិសេសនឹងថ្ងៃបុណ្យដែលលើកតម្កើងព្រះអម្ចាស់ ព្រោះ​តាមរយៈថ្ងៃបុណ្យទាំងនោះ ព្រះ​សហគមន៍លើកតម្កើងគម្រោងការណ៍ដ៏អស្ចារ្យ​នៃការសង្រ្គោះរបស់យើង​ក្នុង​អំឡុង​ពេល​មួយឆ្នាំម្តង។ បន្ទាប់មក ត្រូវ​នាំគ្រីស្តបរិស័ទឲ្យចាប់អារម្មណ៍នឹងបណ្យតាមរដូ​វធម្មតាប្រចាំឆ្នាំ ដែល​មាន​អាទិភាព​លើ​ពិធី​នឹក​រឭក​ដល់​សន្ត​បុគ្គល។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទលើកតម្កើងគម្រោងការដ៏អស្ចារ្យ​នៃការ​សង្រ្គោះ​បាន​សព្វគ្រប់យ៉ាងសមរម្យ​ក្នុង​អំឡុង​ពេល​ពេញមួយឆ្នាំ។

១០៩-រដូវអប់រំពិសេស ឬរដូវសែសិបថ្ងៃ

រដូវអប់រំពិសេសមានលក្ខណៈពីរយ៉ាង ទីមួយគឺ ព្រះសហគមន៍​អញ្ជើញ​គ្រីស្តបរិស័ទកាន់​តែ​ខ្លាំងឡើងៗ​ឲ្យ​ស្តាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​និងឲ្យព្យាយាមអធិដ្ឋាន ដោយគេនាំគា្ននឹករឭកពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក ឬ​អប់រំ​ចំណូល​ថ្មីឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក។ លក្ខណៈទីពីរ គឺព្រះសហគមន៍​រៀបចំចិត្ត​គំនិត​គ្រីស្តបរិស័ទ​ឲ្យ​លើក​តម្កើងព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃបុណ្យ​ចម្លង។ ត្រូវយកចិត្តទុកដាក់​បង្ហាញលក្ខណៈទាំងពីរនោះ​ឲ្យបាន​ច្បាស់​ទាំង​នៅ​ពេល​ធ្វើពិធី​គោរពប្រណិប័តន៍​ក្តី ទាំងនៅពេលអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍ក្តី។ ហេតុនេះហើយ៖

ក.   ក្នុងពិធីនានានៃរដូវអប់រំពិសេសនោះ ត្រូវយកកត្តាទាក់ទងនឹងអគ្គសញ្ញាជ្រមុជទឹកមកប្រើឲ្យបានច្រើន។ ប្រសិនបើ​មានប្រយោជន៍ គួរយក​កត្តា​ខ្លះ​នៃពិធីអគ្គសញ្ញាជ្រមុជទឹកបញ្ជូនបន្តពីបុរាណ​មកឲ្យមាន​ឡើង​វិញ។

ខ.   អំពីការប្រែចិត្តគំនិត ក៏ត្រូវគិតតាមរបៀបដដែល។ ចំពោះការអប់រំជំនឿ ត្រូវណែនាំគ្រីស្តបរិស័ទ​ឲ្យ​នឹក​គិត​ថា អំពើ​បាបបណ្តាលឲ្យមានផលអាក្រក់ដល់សង្គម។ នៅពេលជាមួយគ្នានេះ​ត្រូវនាំឲ្យគេ​នឹក​គិត​អំពី​លក្ខណៈ​ផ្ទាល់​នៃ ការ​ប្រែចិត្តគំនិត គឺត្រូវស្អប់អំពើបាប ព្រោះជាអំពើខុសនឹងព្រះហឫទ័យព្រះជាម្ចាស់។ សូម​កុំ​បំភ្លេចមុខនាទីរបស់​ព្រះ​សហគមន៍ ក្នុងការប្រែចិត្តគំនិត។ ត្រូវគូសសង្កត់លើពាក្យអង្វរ​ព្រះជាម្ចាស់​ឲ្យ​អស់​អ្នក​បាប​ផងដែរ។

១១០-គ្រីស្តបរិស័ទប្រែចិត្តគំនិតក្នុងរដូវអប់រំពិសេសមានន័យថា

គេមិនគ្រាន់តែប្រែនៅខាងក្នុងចិត្ត​ឬដោយម្នាក់ឯង ប៉ុណ្ណោះទេ តែគេក៏ត្រូវប្រែចិត្តគំនិតនៅខាងក្រៅដែរ​ហើយ​នៅ​ខាង​របៀបរស់នៅ​ក្នុងសង្គមទៀត។ អភិបាលដែល​កាន់​អំណាច​ក្នុងតំបន់នីមួ​យៗ តាមសេចក្តីចែងនៅមាត្រា២២ ត្រូវ​ជួយ​លើក​ស្ទួយ និងផ្តែផ្តំាឲ្យគ្រីស្តបរិស័ទ​ប្រែចិត្ត​គំនិតយ៉ាងប្រាកដតាមសមត្ថភាពនៃសម័យយើង និងតាម​សមត្ថភាព​នៅក្នុងតំបន់នីមួយៗ ព្រមទាំងតាមជីវភាព​គ្រីស្តបរិស័ទ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវ​តម​អាហា​ក្នុង​ឱកាស​បុណ្យចម្លង ចាត់ទុកជាកិច្ចដ៏សក្ការៈ គឺត្រូវ តម​អាហារ​នៅ​ថ្ងៃ​សុក្រដែលព្រះអម្ចាស់រង​ទុក្ខ​លំបាក និង​សោយ​ទិវង្គត។ ត្រូវតមអាហារនៅគ្រប់ទីកន្លែងជា​កំហិត ហើយ​ប្រសិន​គួរ​ឲ្យ​ធ្វើបាន ក៏ត្រូវតមអាហារថ្ងៃសៅរ៍ពិសិដ្ឋដែរ ដើម្បី​ឲ្យ​គ្រីស្តបរិស័ទមានចិត្តខ្ពង់ខ្ពស់និងមាន​សេរីភាព​ក្នុងចិត្ត និង​ទៅ​ដល់ថ្ងៃដែលព្រះអម្ចាស់​មានព្រះជន្មថ្មី​ដ៏​រុងរឿង​យ៉ាងសែនរីករាយ។

១១១-ថ្ងៃគោរពសន្តបុគ្គល

ព្រះសហគមន៍តែងតែគោរពសន្តបុគ្គល ហើយក៏គោរពធាតុដ៏ពិតប្រាកដ និងរូបរបស់គេថែមទៀតដែរ តាម​ការ​បញ្ចូន​បន្ត​ពីបុរាណមក។ ថ្ងៃនឹករឭកគោរពសន្តបុគ្គលជាឱកាសប្រកាសអំពីស្នាព្រះហស្ត​ដ៏អស្ចារ្យរបស់​ព្រះ​គ្រីស្ត ដែល​ព្រះអង្គ​បានប្រព្រឹត្តក្នុងអ្នកបម្រើរបស់ព្រះអង្គ​ហើយក៏ជាឱកាសបង្ហាញគំរូ​ឲ្យគ្រីស្តបរិស័ទយក​តម្រាប់​ធ្វើ​តាម។

ព្រះសហគមន៍ភូមិភាគនីមួយៗ ឬព្រះសហគមន៍ក្នុងប្រទេសមួយ ឬក្រុមគ្រួសារបព្វជិតបព្វជិតាដោយឡែក ត្រូវចាត់ចែងថ្ងៃគោរពមួយចំនួនដោយខ្លួនឯង ដើម្បីកុំឲ្យថ្ងៃគោរពសន្តបុគ្គលមានអាទិភាព​លើថ្ងៃ​គោរពលើក​តម្កើង​ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មាននៃការសង្រ្គោះ។ ព្រះសហគមន៍សកលត្រូវនឹករឮកគោរពតែ​សន្តបុគ្គលណា​ដែល​មាន​សារៈសំខាន់សម្រាប់ព្រះសហគមន៍សកលប៉ុណ្ណោះ។

ជំពូក៦
ភ្លេងដ៏សក្ការៈ

១១២-ភ្លេងដ៏សក្ការៈមានតម្លៃថ្លៃថ្នូរ

ព្រះសហគមន៍សកលមានប្រពៃណីដ៏យូរលង់អំពីភ្លេងដ៏សក្ការៈ ហើយបានប្រមូលបទភ្លេងជាច្រើន​ទុក​ជា​ទ្រព្យ​ដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត រកអ្វី​មក​ប្រៀបផ្ទឹមពុំបាន ជាទ្រព្យប្រសើរជាងសិល្បៈឯទៀតៗ​ទាំង​អស់។ ការណ៍នេះ​មក​ពីភ្លេងដ៏សក្ការៈ​ភ្ជាប់នឹងពាក្យសម្តី គឺជាផ្នែកដែលត្រូវការជាចាំបាច់ក្នុងពិធីគោរពប្រណិប័តន៍នានាដ៏ឱឡារិក ហើយ​ក៏​ពិត​ជា​ផ្នែក​មួយក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិតមែនហើយ ក្នុងព្រះគម្ពីរមានលើក​តម្កើង​បទ​ចម្រៀង​ដ៏សក្ការៈ (អភ​៥,១៩; កូឡ ៣,១៦) គ្រូបាធ្យាយនៃព្រះសហគមន៍ និងអភិបាលព្រះសហគមន៍ក្រុង​រ៉ូម​ជា​ច្រើន​នាក់ ក៏បានលើក​តម្កើង​បទចម្រៀងដ៏សក្ការៈដែរ។ នៅសម័យថ្មីៗ អភិបាលព្រះសហគមន៍​ក្រុងរ៉ូមបន្ត​ពី​សន្តៈ​ពីយ៉ូស​ទី១០ ក៏បាន​ពន្យល់​បញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់ភ្លេងដ៏សក្ការៈក្នុងពីធីគោរព​បម្រើព្រះ​ជាម្ចាស់​ដែរ។

ហេតុនេះហើយ បានជាភ្លេងដ៏សក្ការៈ​កាន់តែ​រួម​ភ្ជាប់​នឹងកិច្ចនៃពិធីគោរពប្រណិប័តន៍យ៉ាងណា ភ្លេងក៏​កាន់​តែ​វិសុទ្ធ​យ៉ាងនោះដែរ គឺភ្លេងនាំឲ្យរំភើបចិត្តក្នុងពេលអធិដ្ឋាន បណ្តោយ​ឲ្យអ្នកចូលពិធីរួមគ្នាប្រមូលអារម្មណ៍ ឬ​ផ្តល់​ឲ្យ​ពិធី​ដ៏​សក្ការៈ​បានឧត្តុង្គឧត្តម។ ប៉ុន្តែព្រះសហគមន៍ទទួលស្គាល់សិល្បៈដ៏ពិត​ប្រាកដ​គ្រប់​យ៉ាង​ឯទៀតៗ លុះ​ត្រាតែ​សិល្បៈ​ទាំង​នោះមានគុណសម្បត្តិយ៉ាងសមរម្យ។ បើមានគុណ​សម្បត្តិដូច្នេះ​មែន ព្រះសហគមន៍ក៏បញ្ចូល​សិល្បៈ​ទាំង​នោះ​ក្នុងពិធី​បុណ្យដែរ។

ហេតុនេះហើយ ដោយគោរពតាមបទបញ្ជានិងតាមសេចក្តីណែនាំ​នៃការ​បញ្ជូន​បន្តមក ព្រមទាំង​ដោយ​គោរព​វិន័យ​ព្រះសហគមន៍ ហើយដោយយល់ឃើញថា ភ្លេងដ៏សក្ការៈ​មានគោល​ដៅ​លើកតម្កើងសិរី​រុង​រឿង​របស់ព្រះ​ជាម្ចាស់ និងជួយឲ្យគ្រីស្តបរិស័ទបានវិសុទ្ធ  មហាសន្និបាតដ៏វិសុទ្ធ សម្រេចសេចក្តីដូចតទៅ៖

១១៣-ពិធីគោរពប្រណិប័តន៍យ៉ាងឱឡារិក

ពិធីគោរពប្រណិប័តន៍បានឱឡារិកឧត្តុង្គឧត្តម លុះត្រាតែមានបទចម្រៀង មានអភិបាល​និង​លោកគង្វាល​ធ្វើ​ជា​អធិបតី និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មផង។ ចំពោះភាសាដែលត្រូវប្រើនោះ ត្រូវអនុវត្តតាមបទ​បញ្ជាក់​ចែង​នៅ​មាត្រា ៣៦។ ចំពោះអភិបូជា ត្រូវអនុវត្តតាមបទបញ្ជាចែងនៅមាត្រា៥៤។ ចំពោះអគ្គសញ្ញានា​នា​ត្រូវ​អនុវត្ត​តាម​បទបញ្ជា នៅមាត្រា៦៣។ ចំពោះពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់ ត្រូវ​អនុវត្តតាម​បទ​បញ្ជាក់ចែងនៅមាត្រា១០១ វិញ។

១១៤-ត្រូវរក្សាទុកទ្រព្យដ៏មានតម្លៃរបស់ភ្លេងដ៏សក្ការៈ

ទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងថែទាំភ្លេងនោះឲ្យចម្រើន ឡើង។ ត្រូវព្យាយាមយកចិត្តទុកដាក់​ពង្រីក​ចំនួន​ក្រុម​អ្នក​ច្រៀង ជាពិសេសនៅវិសាលវិហារ។ ប៉ុន្តែ លោកអភិបាល និង​លោក​គង្វាលឯ​ទៀតៗ ត្រូវខ្នះខ្នែងនិងប្រយ័ត្នថា ក្នុង​គ្រប់​ពិធី​គោរពប្រណិប័តន៍ដែលមានបទចម្រៀង ត្រូវឲ្យអង្គ​ប្រជុំ​របស់គ្រីស្តបរិស័ទ​ទាំង​មូល អាច​ចូលរួមយ៉ាង​សកម្ម​តាមផ្នែករបស់ខ្លួនផ្ទាល់ ស្របតាមសេចក្តីណែនាំ​ចែង​នៅមាត្រា ២៨ និង៣០។

១១៥-ការអប់រំខាងភ្លេង

ក្នុង​ទេវវិទ្យា​ល័យ នៅគេហដ្ឋានអប់រំបព្វជិតបព្វជិតា ក្នុងគេហដ្ឋានសិក្សារបស់គេ​និងក្នុងវិទ្យាស្ថានឯទៀតៗ ហើយ​នៅ​ក្នុងសាលារៀន​កាតូលិក ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងបង្ហាត់បង្រៀនភ្លេង​ហើយ​បង្ហាត់ឲ្យចេះ​ប្រើ​ប្រាស់​ភ្លេងថែមទៀត។ លោកគ្រូអ្នកគ្រូដែលទទួលបន្ទុកបង្រៀនភ្លេងដ៏សក្ការៈនោះ ត្រូវទទួលការហ្វឹក​ហ្វឺនដោយ​យក​ចិត្តទុកដាក់ជាមុនសិន។

មហាសន្និបាតផ្តែផ្តាំឲ្យបង្កើតវិទ្យាស្ថានដ៏ខ្ពង់ខ្ពស់បង្រៀនភ្លេងដ៏សក្ការៈ​នៅកន្លែងណា ដែល​គួរបង្កើត​នោះ។

ត្រូវអប់រំអ្នកនិពន្ធបទភ្លេង និងអ្នកច្រៀង​ជាពិសេសក្មេងៗឲ្យគេស្គាល់ពិធី​គោរពប្រណិប័តន៍យ៉ាងត្រឹម​ត្រូវ​ពិត​ប្រាកដ។

១១៦-បទភ្លេងតាមសន្តៈគ្រេហ្គ័រ និងពហុសូរស័ព្ទ

ព្រះសហគមន៍ទទួលស្គាល់ថា បទភ្លេងតាមសន្តៈគ្រេហ្គ័រ ពិតជា​ភ្លេងពិសេសផ្ទាល់​នៃពិធីគោរពប្រណិប័តន៍​តាម​ក្បួន​ពិធីព្រះសហគមន៍ក្រុងរ៉ូម។ ហេតុនេះហើយ បានជាក្នុងពិធីគោរពប្រណិប័តន៍នានា បទភ្លេងតាម​សន្តៈ​គ្រេហ្គ័រ មានអាទិភាព​លើ​បទ​ឯទៀតៗ​ទាំង​អស់ ទោះបីបទឯទៀតៗ មានតម្លៃស្មើគ្នាក្តី។

ប៉ុន្តែ ត្រូវសុខចិត្តទទួលយកបទ​ភ្លេងដ៏​សក្ការៈ​បែ​ប​ផ្សេងៗទៀត ជាពិសេសបទពហុសូរស័ព្ទឲ្យ ប្រើ​ក្នុង​ពិធី​លើក​តម្កើងសិរីរុរឿងរបស់ព្រះជាម្ចាស់ លុះត្រាតែបទភ្លេង​និង​បទពហុសូរស័ព្ទទាំង​នោះស៊ីចង្វាក់នឹងខ្លឹមសារ​នៃពិធី​គោរព​ប្រណិប័តន៍ ស្របតាម​មាត្រា​៣០។

១១៧-ការបោះពុម្ពសៀភៅនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រ

ត្រូវបង្ហើយការបោះពុម្ពសៀវភៅគំរូនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រឲ្យបានរួចរាល់។ លើសពីនេះទៅទៀត ត្រូវកែ​សម្រួលសៀវភៅទាំងប៉ុន្មានបោះពុម្ពក្រោយពីសន្តៈពីយ៉ូសទី១០ កែទម្រង់ក្បួនពិធីគោរពប្រណិប័តន៍ រួច​សូម​បោះពុម្ព​សាជា​ថ្មី។

គួរបោះពុម្ពសៀវភៅមួយផ្សេងទៀត មានបទភ្លេងដែលមានភាពងាយស្រួលជាង ឲ្យគេអាចប្រើនៅ​ព្រះវិហារ​តូចៗ​បាន។

១១៨-បទភ្លេងសាសនាជាប្រជាប្រិយ

គួរលើកស្ទួយបទភ្លេងសាសនាជាប្រជាប្រិយ ក្នុងពិធីគោរពប្រណិបតិន៍តាមប្រជាប្រពៃណី និង​ក្នុងពិធី​ដ៏​សក្ការៈ ហើយក្នុងពិធីគោរពប្រណិប័តន៍ថែមទៀត ស្របតាមសេចក្តីណែនាំ និងបទបញ្ជាក់។ ធ្វើដូច្នេះ​ទើប​គ្រីស្ត​បរិស័ទ​អាចបន្លឺ​សំឡេងឡើងបាន។

១១៩-ភ្លេងដ៏សក្ការៈក្នុងដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត

តាមតំបន់ខ្លះ ជាពិសេសនៅដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត ជួនកាលប្រជាជនធ្លាប់​មានបទ តាម​ប្រពៃណីភ្លេងផ្ទាល់របស់គេ។ ភ្លេងទាំងនោះក៏មានសារៈសំខាន់ក្នុងសាសនា​និងក្នុងសង្គមរបស់គេថែមទៀត។ ហេតុនេះហើយ ត្រូវយកចិត្តទុកដាក់គោរពភ្លេងរបស់គេ ទុកជាមានតម្លៃ និងយកមកប្រើនៅពេលអប់រំចិត្តគំនិត​គេ​ខាង​សាសនាផង និង​នៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់​ផង ឲ្យបានសម្របទៅតាម​ទេព​កោសល្យ​ជាតិរបស់គេ ស្របតាមគោលគំនិតនៃមាត្រា ៣៩ និង៤០។

ហេតុនេះ ពេលហ្វឹកហ្វឺនសាសនទូតអំពីភ្លេង ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឲ្យគេមាន​លទ្ធភាព​អាច​គាំទ្រ​ភ្លេង​ប្រជាប្រិយតាមប្រពៃណីប្រជាជនទាំងនោះ​ទាំងនៅសាលារៀន ទាំងនៅក្នុងពិធីគោរពប្រណិប័តន៍ ប្រសិនបើ​អាច​ធ្វើ​បាន។

១២០-អ័គ្ហ និងគ្រឿងតូរ្យតន្ត្រី

ព្រះសហគមន៍ដែលគោរពបម្រើព្រះជាម្ចាស់ តាមរបៀបរបប​ឡាតាំង​ត្រូវគោរពយ៉ាងខ្លាំងនូវអ័គ្ហដែលមាន​បំពង់​ទុក​ជា​គ្រឿងតូរ្យតន្រី្តមួយដ៏ប្រសើរជាងគេតាមប្រពៃណីព្រះសហគមន៍នោះ។ សូរសំឡេងអ័គ្ហនោះ អាចជួយ​ឲ្យ​ពិធី​នានាបានរុងរឿងគួរឲ្យសរសើរ ហើយក៏អាចជួយតម្រង់ចិត្តគំនិតគ្រីស្តបរិស័ទយ៉ាងខ្លាំង ទៅកាន់ព្រះជា​ម្ចាស់ និង​ទៅ​កាន់ស្ថាន​បរមសុខ។ មានសិទ្ធិអនុញ្ញាតឲ្យប្រើគ្រឿងតូរ្យតន្ត្រីឯទៀតៗក្នុងកិច្ច​គោរពបម្រើព្រះ​ជាម្ចាស់បាន តាម​តែ​គ្រឿង​តូរ្យតន្ត្រីទាំងនោះសមរម្យនឹងពិធី ហើយសមនឹងសេចក្តីថ្លៃថ្នូរនៃព្រះវិហារ។ នៅពេលក្រោយ គ្រឿង​តូរ្យតន្ត្រី​ទាំងនោះមុខជានឹង​ទៅជា​គ្រឿងដ៏សក្ការៈ និងអាចជួយកសាងចិត្តគំនិតគ្រីស្តបរិស័ទបានទៀត។ គ្រឿង​តូរ្យតន្ត្រី អាច​ប្រើ​បានតាមការយល់ឃើញនិងការ​អនុញ្ញាតរបស់លោកអភិបាលដែលមានអំណាចក្នុងតំបន់ ស្រប​តាម​មាត្រា ២២​ហើយ ៣៧ និង៤០។

១២១-បេសកកម្មរបស់អ្នកនិពន្ធបទភ្លេង

អ្នកនិពន្ធបទភ្លេងប្រកបដោយគោលគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធ ត្រូវយល់ឃើញថា ព្រះជាម្ចាស់ត្រាស់​ហៅគេឲ្យរក្សាភ្លេងដ៏សក្ការៈ និងធ្វើឲ្យទ្រព្យដ៏មានតម្លៃនៃភ្លេងដ៏សក្ការៈនោះចម្រើនឡើង។ អ្នកនិពន្ធទាំងនោះ​ត្រូវ​តែង​សាច់ភ្លេងដែលមានលក្ខណៈជាភ្លេងដ៏សក្ការៈយ៉ាងពិតប្រាកដ។ ត្រូវតែងសាច់ភ្លេងក្នុងគោលបំណង មិនគ្រាន់​តែ​ឲ្យក្រុមធំៗអាចច្រៀងបានប៉ុណ្ណោះទេ តែឲ្យក្រុមតូចៗក៏អាចច្រៀងបានដែរ និងជួយអង្គប្រជុំ​គ្រីស្តបរិស័ទ​ទាំង​មូលឲ្យចូលរួមច្រៀងយ៉ាងសកម្ម។

អត្ថន័យបទចម្រៀងត្រូវស្របតាមលទ្ធិកាតូលិក ហើយត្រូវចូលចិត្តជ្រើសរើសយកសេចក្តី​ចេញ​ពីព្រះគម្ពីរ ឬពី​ប្រភពនៃពិធីគោរពប្រណិប័តន៍ឯទៀតៗផង។

ជំពូក៧
សិល្បៈដ៏សក្ការៈ និងសម្ភារៈប្រើប្រាស់ក្នុងកិច្ចគោរពបម្រើព្រះជាម្ចាស់

១២២-កិត្តិយសដ៏ថ្លៃថ្នូរនៃសិល្បៈសក្ការៈ

ក្នុងចំណោមសកម្មភាពដ៏ល្អប្រសើរជាងគេនៃប្រាជ្ញារបស់មនុស្សលោក​ត្រូវរាប់បញ្ចូលយ៉ាងត្រឹមត្រូវនូវវិចិត្រ សិល្បៈនានា ជាពិសេសសិល្បៈខាងសាសនា។ សិល្បៈដ៏សក្ការៈក៏ជាកំពូលនៃសិល្បៈខាងសាសនាទាំងនោះ។ លក្ខណៈ​ពិសេសនៃសិល្បៈដ៏សក្ការៈនេះ មានគោលដៅសម្តែងនូវសោភ័ណភាព​ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ តាម​ស្នាដៃរបស់សិល្បៈករសិល្បការិនី។ សិល្បៈករសិល្បការិនីដ៏សក្ការៈ​ទាំងនោះ បូជាកម្លាំងកាយកម្លាំងចិត្ត លើក តម្កើង​កោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ ដោយគេមានគោលបំណងតែមួយ គឺជួយតម្រង់ចិត្តគំនិត​របស់មនុស្ស ទៅ​រក​ព្រះ​ជា​ម្ចាស់ តាមតែគេអាចធ្វើបាន។

ហេតុនេះហើយបានជាព្រះ​សហគមន៍ជាព្រះមាតាដ៏ជាទី​គោរព បានរាប់អានវិចិត្រសិល្បៈជានិច្ច​និងសូមឲ្យ​វិចិត្រ​សិល្បៈករសិល្បការិនីជួយបម្រើជា​និច្ច ជាពិសេស សូមឲ្យគេឆ្នៃសម្ភារៈទាំងប៉ុន្មាន​ដែលប្រើ​ប្រាស់នៅពេល​គោរព​បម្រើព្រះ​ជាម្ចាស់ ឲ្យបានសមរម្យ ថ្លៃថ្នូរ និងល្អស្អាត ដើម្បីជាសញ្ញានិងជានិមិត្តរូបបង្ហាញ​អំពីអ្វីៗនៃលោក​ខាង​មុខ។ ព្រះសហគមន៍ក៏មិនដែលឈប់អប់រំហ្វឹកហ្វឺន​សិល្បករ​សិល្បការិនី តាម​បច្ចេកទេសរបស់គេ។ លើសពី​នេះ​ទៅទៀត ព្រះសហគមន៍ក៏ចាត់ខ្លួនទុកជាអ្នកមាន​សិទិ្ធ​វិនិច្ឆ័យ​ស្នាដៃវិចិត្រសិល្បៈ ដោយ​បញ្ជាក់យ៉ាងច្បាស់ថា ក្នុង​ចំណោម​ស្នាដៃនៃវិចិត្រសិល្បៈទាំងនោះ ស្នាដៃណាសមស្របតាមជំនឿនិងសមស្របតាមការគោរពប្រណិបតិន៍ ព្រះ​ជាម្ចាស់ ហើយសមស្របតាមច្បាប់វិន័យ​ប្រពៃណីនៃ​សាសនា​ដែលអាចប្រើក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បាន។

ព្រះ​សហគមន៍បានយកចិត្តទុកដាក់យ៉ាងពិសេស ឲ្យសម្ភារៈដ៏សក្ការៈបានសមរម្យ និងមានសោភ័ណភាព​ដើម្បី​ជួយ​លើក​ពិធីគោរពបម្រើព្រះ​ជាម្ចាស់បានរុងរឿងឧត្តុង្គឧត្តម។ ប៉ុន្តែ ព្រះសហគមន៍​ក៏ទទួល​ស្គាល់ថា ទាំង​គ្រឿង​ប្រឌិតសម្ភារៈ ទាំងសម្ភារៈ ទាំងរបៀបសម្អាតតុបតែង​ផ្ទះ ចេះតែផ្លាស់ប្តូរជានិច្ចតាមការ​អភិវឌ្ឍន៍​នៃ​បច្ចេកទេស​តាមសម័យ​នីមួយៗ។

ហេតុនេះហើយ បានជាអស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាត បានសម្រេចសេចក្តី​អំពី​រឿង​ទាំង​នោះដូចតទៅ៖

១២៣-អំពីរចនាបទសិល្បៈ

ព្រះសហគមន៍មិនដែលចាត់ទុករចនាបទសិល្បៈតែមួយ ជាសិល្បៈរបស់ព្រះសហគមន៍ផ្ទាល់ទេ​ផ្ទុយទៅវិញ ព្រះសហគមន៍ទទួលស្គាល់របៀបផ្សេងៗនៃសិល្បៈ តាមសម័យនីមួយៗ ត្រូវតាមទេពកោសល្យ​និងតាមសភាព ការណ៍​ប្រជាជននីមួយៗ ព្រមទាំងតាមតម្រូវការនៃរបៀបរបបពិធីគោរពប្រណិប័តន៍ផ្សេងៗទៀត។ ព្រះ​សហគមន៍រាប់ថាសិល្បករ សិល្បការិនីបានបង្កើតកំណប់សិល្បៈដ៏ថ្លៃថ្នូរតាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក​ជា​ទ្រព្យ​ដ៏មានតម្លៃ​ដែល មនុស្សត្រូវរក្សាទុក ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត។ សូមឲ្យ​វិចិត្រសិល្បករ​សិល្បការិនី​នា​សម័យ​យើង​នេះ​ហើយវិចិត្រសិល្បករសិល្បការិនីប្រជាជាតិ និងប្រជាជនទាំងឡាយ មានសិទ្ធិ​សេរីភាព​អាច​ប្រើសិល្បៈ​របស់​ខ្លួន បានក្នុងព្រះសហគមន៍ដែរ។ ក៏ប៉ុន្តែត្រូវជួយតុបតែងព្រះវិហារ និងជួយ​ពិធីដ៏​សក្ការៈ​ទាំង​ឡាយ ដោយ​សេចក្តី​គោរព និងមានកិត្តិយស។ ធ្វើដូច្នេះ វិចិត្រសិល្បៈ​ប្រជាជាតិ និងប្រជាជន​ទាំង​ឡាយ នៅ​សម័យ​ឥឡូវ ក៏មុខជាមាន​លទ្ធភាព​អាចចូលរួមសំឡេងក្នុងក្រុម​ដ៏​ប្រសើរ​ឧត្តុង្គឧត្តម ដែលលើកតម្កើង​សិរីរុរឿង​របស់​ព្រះជាម្ចាស់ រួមជាមួយ​សិល្បករ សិល្បការរីនី ដែល​បាន​លើកតម្កើងជំនឿកាតូលិក តាមសតវត្សនានា​កន្លងមក។

១២៤-អស់លោកអភិបាលភូមិភាគ

ត្រូវយកចិត្តទុកដាក់គាំទ្រ និងលើកស្ទួយសិល្បៈឲ្យទៅជាសក្ការៈ​យ៉ាងប្រាកដ ប្រជា។ សូមអស់លោក​យល់​ដល់​សោភ័ណភាពដ៏ថ្លៃថ្នូរ ជាជាងនឹកដល់សេចក្តីអធិកអធមតាមអំនួតលោកីយ៍។ ចំពោះ​សម្លៀក​បំពាក់​សម្រាប់​ពិធី​គោរព​បម្រើ​ព្រះជាម្ចាស់ ក៏ត្រូវគិតដូច្នេះដែរ។

អស់លោកអភិបាល ត្រូវយកចិត្តទុកដាក់យកស្នាដៃសិល្បៈខ្លះចេញពីព្រះវិហារ និងពីកន្លែងដ៏សក្ការៈ​ឯទៀតៗ គឺ​ស្នាដៃសិល្បៈដែលផ្ទុយនឹងជំនឿ ផ្ទុយនឹងសីលធម៌ ផ្ទុយនឹងការគោរពថ្វាយបង្គំព្រះជាម្ចាស់​ស្នាដៃ សិល្បៈ​ដែល​ពិតជា​ប្រឆាំងនឹង​ចិត្តគំនិតនៃសាសនា ដោយមានរូបអបាយមុខដ៏ថោកទាប​ដោយ​ខ្វះ​ទេពកោសល្យ ឬជាស្នាដៃ​សិល្បៈ​ក្លែងក្លាយ ឬភូតភរកុហក។

ពេលសាងសងព្រះវិហារ ត្រូវ​យកចិត្ត​ទុកដាក់​យ៉ាងប្រាកដប្រជាឲ្យអគារទាំងនោះស្រួលនឹងធ្វើពិធី​គោរព​ប្រណិប័តន៍​នានា និងជួយឲ្យគ្រីស្តបរិស័ទងាយស្រួលចូលរួមយ៉ាងសកម្មក្នុងពិធីទាំងនោះផង។

១២៥-រូបភាពដ៏សក្ការៈ

ត្រូវរក្សាទុកទំនៀមទម្លាប់ដាក់រូបភាព និងរូបដិមាក្នុងព្រះវិហារ ជូនឲ្យគ្រីស្តបរិស័ទអាចគោរពបាន។ ប៉ុន្តែ ត្រូវ​តាំង​រូបភាពតែចំនួនតិចទេ និងត្រូវចាត់ចែងយ៉ាងសមរម្យ កុំឲ្យប្រជាជនគ្រីស្តបរិស័ទនឹកឆ្ងល់​និងបណ្តាលឲ្យគេ ភ័ន្ត​ច្រឡំ​គោរពរូបបដិមាតាមរបៀបមិនត្រឹមត្រូវ។

១២៦-អស់លោកអភិបាល

ត្រូវស្តាប់យោបល់គណៈកម្មាធិការសិល្បៈប្រចាំភូមិភាគ​ដើម្បីជួយវិនិច្ឆ័យស្នាដៃសិល្បៈ។ ប្រសិនបើត្រូវការ អស់លោកក៏ត្រូវសួរយោបល់អ្នកជំនាញការពិសេស និងសួរយោបល់គណៈកម្មាធិការផ្សេងៗដែល មានចែង​ទុក​នៅ​មាត្រា ៤៤, ៤៥ និង៤៦ ។ លោកអភិបាលត្រូវយកចិត្តទុកដាក់កុំឲ្យគេលួចប្លន់ ឬបង្ខូចគ្រឿងដ៏ សក្ការៈទាំងប៉ុន្មាន និង​ស្នាដៃសិល្បៈដែលមានតម្លៃ ពីព្រោះជាគ្រឿងតុបតែងសម្អាតព្រះដំណាក់របស់ព្រះជាម្ចាស់។

១២៧-ការអប់រំហ្វឹកហ្វឺនសិល្បករសិល្បការិនី

លោកអភិបាល ត្រូវយកចិត្តទុកដាក់ធ្វើឲ្យខ្លឹមសារនៃសិល្បៈដ៏សក្ការៈ​និងខ្លឹមសារនៃពិធីគោរពប្រណិប័តន៍ ជ្រួត​ជ្រាបចិត្ត​គំនិត​របស់សិល្បករសិល្បការរិនី។ អស់លោកអភិបាលអាចធ្វើការនេះ​ដោយ​ខ្លួន​លោក​ផ្ទាល់ ឬ​តាម​រយៈ​បូជាចារ្យ​(អាចារ្យ) ដែលមានទេពកោសល្យ មានសមត្ថភាព និងស្រឡាញ់សិល្បៈ។

លើសពីនេះទៅទៀត មហាសន្និបាតផ្តែផ្តាំឲ្យបង្កើតសាលារៀន និងវិទ្យាស្ថាន​សម្រាប់​ហ្វឹកហ្វឺន​សិល្បករ​សិល្បការិនី អំពីសិល្បៈដ៏​សក្ការៈ  នៅកន្លែងដែលអស់លោកយល់ឃើញថា គួរឲ្យមាន។

សិល្បករ​សិល្បការិនី​ទាំងប៉ុន្មានដែលមានទេពកោសល្យ ហើយដែលមានបំណងប្រាថ្នា​បម្រើសិរីរុងរឿង របស់​ព្រះជាម្ចាស់ក្នុងព្រះសហគមន៍ដ៏វិសុទ្ធ ត្រូវនឹកចងចាំជានិច្ចថា គេត្រូវតែយកតម្រាប់​តាម​ព្រះរាជកិច្ចរបស់ព្រះ​ជា​ម្ចាស់​ដែល​ប្រតិស្ឋានពិភពលោក គឺគេបង្កើតស្នាដៃសម្រាប់គោរព​បម្រើព្រះជាម្ចាស់តាមព្រះ​សហគមន៍​កាតូលិក។ ស្នាដៃ​ទាំងនោះមានគោលដៅជួយកសាងគ្រីស្តបរិស័ទ​ឲ្យ​ចេះ​គោរពប្រណិបតិន៍ព្រះជាម្ចាស់ និងអប់រំជំនឿគេ។

១២៨-ត្រូវកែសម្រួលច្បាប់ស្តីអំពីសិល្បៈដ៏សក្ការៈ

ត្រូវកែសម្រួលមាត្រា និងលក្ខន្តិកៈនៃក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ នៅពេលឆាប់ៗខាងមុខនេះ​គឺនៅ ពេល​កែសម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ ស្របតាមមាត្រា ២៥ គឺត្រូវកែសម្រួលច្បាប់វិន័យអំពីអ្វីៗ ដែល​ទាក់ទិន​នឹង​ការ​គោរពបម្រើព្រះជាម្ចាស់ ជាពិសេស មានវិន័យច្បាប់អំពី

- របៀបសាងសង់ព្រះវិហារយ៉ាង​សមរម្យនិងងាយស្រួលធ្វើពិធី
- រូបភាព និងការកសាងតុសក្ការៈ
- រូបភាពនៃព្រះពន្លាដាក់នំប្រសិទ្ធិក្នុងពិធីអរព្រះគុណឲ្យបានថ្កុំថ្កើងនិងមានសុវត្ថិភាព
- កន្លែងអាងទឹកធ្វើអគ្គសញ្ញាជ្រមុជទឹកឲ្យងាយស្រួលនិងថ្លៃថ្នូរ
- កន្លែងដាក់រូបភាពនិងរូបបដិមាឲ្យបានស​មរម្យ
- ការរចនានិងតុបតែងព្រះវិហារ។

ត្រូវកែច្បាប់វិន័យណាដែលមិនសូវសមនឹងធម្មនុញ្ញស្តីអំពីការ​កែ​សម្រួលពិធីគោរពបម្រើព្រះជាម្ចាស់ជាទូទៅ ឬ​ត្រូវ​លុប​ចោល​តែម្តង។ រីឯ​ច្បាប់វិន័យ​ដែល​ជួយកែសម្រួលនេះ ត្រូវរក្សាទុក ឬត្រូវបង្កើតច្បាប់វិន័យថ្មីបន្ថែម។

ក្នុងករណីនេះ​ជាពិសេសក្នុងរឿងច្បាប់វិន័យស្តីអំពីរូបភាពនិងវត្ថុធាតុដើម ធ្វើគ្រឿងសង្ហារិម និងធ្វើ​សម្លៀក​បំពាក់​ដ៏​សក្ការៈ ក្រុមអភិបាលតាមតំបន់នីមួយៗ មានសិទ្ធិសេរីភាពកែសម្រួលស្របតាមតម្រូវការ និង​តាម​ទំនៀម​ទម្លាប់​តំបន់​​តាមសេចក្តីណែនាំក្នុងមាត្រា ២២។

១២៩-ការអប់រំអស់លោកដែលទទួលអគ្គសញ្ញាតែងតាំង

ពេលអស់លោកដែលនឹងទទួលអគ្គសញ្ញាតែងតាំងនៅពេលខាងមុខ ហើយកំពុងរៀនទស្សនវិជ្ជានិង​ទេវវិជ្ជា​ក៏​ត្រូវ​រៀនអំពី​ប្រវត្តិនិងអំពីការអភិវឌ្ឍន៍នៃសិល្បៈសក្ការៈដែរ។ គេក៏ត្រូវរៀនអំពីគោលការណ៍ណែ​នាំ​ដ៏ត្រឹម​ត្រូវ​សម្រាប់​បង្កើត​ស្នាដៃសិល្បៈ​នោះទៀតផង។ គេត្រូវចេះវាយតម្លៃនៃវិមានគួរឲ្យគោរពរបស់ព្រះ​សហគមន៍ និង​រក្សា​ទុក ព្រម​ទាំង​ឲ្យ​មានសមត្ថភាពអាចផ្តល់ពាក្យទូន្មានដល់សិល្បករ​សិល្បការិនី ដែល​កំពុងបង្កើតស្នា​ដៃ​របស់​ខ្លួន។

១៣០-គ្រឿងឥស្សរយសរបស់អភិបាល

មានតែអស់លោកដែលបានទទួលអគ្គសញ្ញាតែង​តាំងជាអភិបាល ឬអ្នកទទួលការគ្រប់គ្រងដោយ​ឡែក ក្នុង​ព្រះសហគមន៍ប៉ុណ្ណោះ ដែលមានសិទ្ធិពាក់គ្រឿងឥស្សរយសជាអភិបាល។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ធម្មនុញ្ញទាំង​មូលខាងលើ​នេះ ព្រម​ទាំង​គោល​ការណ៍នីមួយៗ​នៃធម្មនុញ្ញគោលលទ្ធិនេះ​ផងដែរ។ រីឯ​យើង​វិញ​គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផងនោះ យើងក៏យល់ព្រម​សម្រេច​នឹង​ចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវផ្សព្វផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តៈ​សិលា ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ១៩៦៣
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក។
(ហត្ថលេខា​របស់​លោក​អភិបាល)

៤. Gaudium et Spes អំណរ និងសេចក្តីសង្ឃឹម

អំណរ និង សេចក្តីសង្ឃឹម
GAUDIUM ET SPES

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសធម្មនុញ្ញណែនាំនេះ ដើម្បីឲ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីព្រះសហគមន៍ក្នុងពិភពលោកនាបច្ចុប្បន្នកាល

បុព្វកថា

១-ព្រះសហគមន៍រួមយ៉ាងជិតស្និទ្ធជាមួយមហាគ្រួសាររបស់មនុស្សជាតិ

អំណរ​សប្បាយ និងសេចក្តី​សង្ឃឹម ទុក្ខ​ព្រួយ​និងកង្វល់របស់មនុស្ស​លោក​នា​សម័យ​ឥឡូវជា​ពិសេសរបស់​ជន​ក្រីក្រ និងអ្នក​រង​ទុក្ខ​វេទនាជាដើមក៏ជា​អំណរ​សប្បាយ​ជាសេចក្តី​សង្ឃឹម ជា​ទុក្ខ​ព្រួយនិង​ជាកង្វល់របស់​សាវ័ក​ព្រះ​គ្រីស្ត​ដែរ។ អ្វីៗដែលពាក់ព័ន្ធនឹងលក្ខណៈដ៏ពិតប្រាកដរបស់មនុស្សក៏ពាក់ព័ន្ធនឹងសាវ័ករបស់ព្រះអង្គដែរ។

សហគមន៍​របស់​គ្រីស្ត​បរិស័ទសាងសង់ឡើង ដោយសារ​មនុស្សរួម​គ្នា​ក្នុង​អង្គ​ព្រះ​គ្រីស្ត ហើយ​មាន​ព្រះ​វិញ្ញាណ​ដ៏ វិសុទ្ធ​ណែ​នាំ​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រះ​រាជ្យ​របស់​ព្រះ​បិតា។ គ្រីស្តបរិស័ទទទួលសារមួយស្តី​អំពី "ការ​សង្រ្គោះ" ដែល​ត្រូវ​ជម្រាប​ជូនដល់មនុស្ស​ទាំង​អស់។ សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ទទួល​ស្គាល់​ថាខ្លួន​រួម​សាមគ្គី​យ៉ាង​ជិត​ស្និទ្ធ​និង​យ៉ាង​ពិត​ប្រាកដជា​មួយ​មនុស្សជាតិ​ទាំង​មូល និងតាម​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស​ជាតិ។

២-មហាសន្និបាតជម្រាបមកដល់មនុស្សទាំងអស់

ក.    ក្រោយពីបានខិតខំរិះគិតអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះ​សហគមន៍​យ៉ាងពិស្តាររួច​មក មហា​សន្និបាតវ៉ាទី​កង់​ទី​២ មិនគ្រាន់តែជម្រាបមក​បុត្រធីតា​របស់ព្រះ​សហគមន៍​និងអស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ​ទេ តែ​មហាសន្និបាត​ក៏មិនស្ទាក់ស្ទើក្នុងការជម្រាបមកមនុស្ស​ទាំង​អស់ដែរ។ មហាសន្និបាត​មាន​បំណង​រៀបរាប់ យោបល់​របស់ខ្លួន​អំពី​វត្តមាន​និងសកម្មភាពរបស់ព្រះ​សហគមន៍​ក្នុង​ពិភពលោកនា​បច្ចុប្បន្ន​កាល។

ខ.    មហាសន្និបាត​នឹកគិតដល់មនុស្សទាំងអស់ ពោលគឺដល់មហាគ្រួសារ​របស់​មនុស្សជាតិទាំងមូល និង​ដល់​ពិភពលោក​ជាទីលំនៅ​របស់គេ។ ពិភពលោកនេះប្រៀបដូចជារោងល្ខោន​មួយដែលមនុស្ស​ជាតិ​ទាំងមូល​សម្តែង​ប្រវត្តិសាស្រ្ត និងជា​កន្លែង​ដែលមានសា្លកស្នាមរបស់មនុស្ស គឺស្នាមនៃការ​ខិតខំឆ្នៃប្រឌិត មានទាំង​បរាជ័យ និងជ័យជម្នះ។ គ្រីស្ត​បរិស័ទ​ជឿថា ព្រះអាទិករ​បានប្រតិស្ឋាននិង​នៅតែ​ថែរក្សាពិភលោកនេះ​ដោយ​ព្រះហឫទ័យអាណិតមេត្តា។ គេក៏​ជឿ​ថា ពិភលោក​ក៏ធ្លាក់ក្រោមអំណាចនៃអំពើបាបដែរ ក៏ប៉ុន្តែព្រះគ្រីស្ត​បាន​កម្ទេច​អំណាច​របស់មារកំណាច​រួចហើយ ដោយព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង និងមានព្រះជន្ម​ថ្មី​ដ៏​រុងរឿង។ ព្រះអង្គក៏​បានរំដោះពិភពលោក ដើម្បីឲ្យប្រែ​ទ្រង់ទ្រាយ​តាម​ព្រះជាម្ចាស់គ្រោង​ទុក និង​ដើម្បី​ឲ្យ​បាន​ពេញ​លក្ខណៈផង។

៣-ព្រះសហគមន៍បម្រើមនុស្ស

ក.    សព្វថ្ងៃ មនុស្សជាតិរំភើបចិត្តស្ងើចសរសើរអំពីអ្វីៗដែលខ្លួនបានរកឃើញនិងបង្កើតឡើង ព្រមទាំងស្ងើច​សរសើរ​អំពី​អំណាច​របស់ខ្លួនទៀតផង។ ក៏ប៉ុន្តែ មនុស្ស​លោកចេះតែតប់​ប្រមល់​នឹង​ការវិវឌ្ឍន៍នៃ​ពិភពលោក​នា​សម័យ​ឥឡូវ ហើយ​ចេះតែ​ចោទសួរខ្លួនឯងជាញឹកញាប់អំ​ពីឋានៈនិងតួនាទីរបស់មនុស្សក្នុងពិភពលោក អំពី​អត្ថន័យ​នៃ​ការ​ខិត​ខំប្រឹងប្រែង​របស់​មនុស្ស​ម្នាក់ៗ និងការប្រឹងប្រែងរួម។ លើសពីនេះទៅទៀត គេតែងតែ​ចោទ​សួរ​ខ្លួន​ឯង អំពីទីដៅចុងក្រោយ​បំផុត​នៃអ្វីទាំង​អស់​ក្នុង​លោកនេះ និងទីដៅចុងក្រោយ​បំផុត​នៃ​មនុស្ស​ជាតិ​ផងដែរ។

ហេតុនេះហើយ បានជា​មហាសន្និបាត ក្នុងឋានៈជា​សាក្សីអំពីជំនឿនៃគ្រីស្តសាសនា និង​ជាអ្នកណែនាំជំនឿ​នៃ​ប្រជារាស្រ្ត​ទាំង​មូល​របស់ព្រះ​ជាម្ចាស់ ដែលព្រះ​គ្រីស្តបាន​ប្រមែប្រមូលហើយនោះ សូម​និយាយសន្ទនា​អំពី​បញ្ហា​ទាំង​នេះ​ជាមួយ​មហា​គ្រួសារ​របស់​មនុស្ស​ជាតិទាំងមូល។ ប្រជារាស្រ្ត​របស់ព្រះ​ជាម្ចាស់ ជាផ្នែក​មួយ​ក្នុង​មហា​គ្រួសារ​នោះ។ ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែ​នាំ មហាសន្និបាតសូមជួយផ្តល់យោបល់តាម​ពន្លឺ​នៃ​ដំណឹង​ល្អ និងសូម​ចែក​ឫទ្ធានុភាព​ដែល​អាចសង្គ្រោះ​មនុស្ស​លោកបាន ហើយដែលព្រះ​សហគមន៍​បាន​ទទួលពី​ព្រះ​គ្រីស្ត​មក។ ព្រះគ្រីស្ត​បាន​បង្កើតព្រះសហគមន៍នោះ។ធ្វើដូច្នេះ មហាសន្និបាត​ផ្តល់ភស្តុតាងយ៉ាង​ជាក់​ច្បាស់​ថា ខ្លួនរួមសាមគ្គី​ជា​មួយ​មហាគ្រួសារ​របស់មនុស្ស​ជាតិ​ទាំងមូល ដោយ​គោរព​និងដោយ​សេចក្តី​ស្រឡាញ់។ យើង​ទាំង​អស់គ្នាត្រូវតែ​សង្គ្រោះ​មនុស្ស​និងប្រែសង្គមមនុស្សឲ្យបានជាថ្មីផង គឺត្រូវសង្គ្រោះ​មនុស្ស​ទាំងស្រុង ទាំង​រូបកាយ ទាំង​វិញ្ញាណ ទាំងចិត្ត​គំនិត ទាំងមនសិការ ទាំងការរិះគិត និងការសម្រេច​ចិត្ត។ គោល​គំនិត​នេះ​ហើយ ដែលនឹងទៅជា​គោល​ចម្បងនៃការរៀប​រាប់ខាង​ក្រោម​នេះ។

ខ.    ហេតុនេះហើយបានជា មហាសន្និបាតដ៏វិសុទ្ធសូមប្រកាសថា ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឲ្យមាន​ជីវិតដ៏​ថ្លៃ​ថ្នូរ​បំផុត​និងបញ្ជាក់​ថា ព្រះអង្គដាក់ព្រះជន្មរបស់ព្រះអង្គផ្ទាល់ ដូចជាគ្រាប់ពូជនៅក្នុងខ្លួនមនុស្ស។ មហា​សន្និបាត​សូមឲ្យ​ព្រះ​សហគមន៍​រួមសហការ​យ៉ាងស្មោះ​ជាមួយមនុស្សលោក ដើម្បីនាំមនុស្ស​ទាំងអស់ឲ្យរួបរួម​គ្នា​ជា​បងប្អូនស្របតាម​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់។ ព្រះសហគមន៍គ្មានបំណង​លោភលន់តាម​លោកីយ៍​ទេ តែមានទិសដៅតែមួយ គឺបន្ត​ព្រះរាជកិច្ចរបស់ព្រះគ្រីស្ត ដោយ​មាន​ព្រះវិញ្ញាណដែលជួយ​ការពារ និង​ជំរុញ​ផង។ ព្រះគ្រីស្ត​យាងមក​ក្នុង​លោក​ដើម្បី​ផ្តល់សក្ខីភាពអំពីសេចក្តីពិត និងដើម្បីសង្គ្រោះមនុស្សលោក មិនមែន​យាង​មកដាក់ទោសទេ។ ព្រះអង្គយាង​មក​បម្រើ​គេ មិន​មែន​ដើម្បីឲ្យគេបម្រើព្រះអង្គ​ឡើយ (យហ ៣,១៧; ១៨, ៣៧; មថ ២០,២៨; មក ១០, ៤៥)។

សេចក្តីរៀបរាប់ខាងដើម
សភាពការណ៍មនុស្សក្នុងពិភពលោកនាបច្ចុប្បន្នកាល

៤-សេចក្តីសង្ឃឹមនិងការតប'ប្រមល់របស់មនុស្ស

ក.    ព្រះសហគមន៍មានភារកិច្ចពិនិត្យមើលសញ្ញាសម្គាល់នៃពេលវេលាជានិច្ច និងបកស្រាយអត្ថន័យ​នៃសញ្ញា​សម្គាល់​ទាំង​នោះ តាម​ពន្លឺ​នៃដំណឹងល្អ​របស់ព្រះគ្រីស្ត ដើម្បីអាចបំពេញមុខងារនេះបាន។ ធ្វើដូច្នេះ ព្រះ​សហគមន៍​អាច​តបឆ្លើយ​នឹង​សំណួរ​ដែល មនុស្ស​ចេះតែចោទជានិច្ចជាកាល ឲ្យបានស្របនឹងជំនាន់នីមួយៗ គឺ​ថា តើជីវិតមនុស្សនាបច្ចុប្បន្ន​កាលនិង​ជីវិត​នៅ​លោក​ខាង​មុខ​មានអត្ថន័យយ៉ាងណា ? តើជីវិតទាំងពីរ​បែប​នេះ​មានទំនាក់ទំនងយ៉ាងដូចម្តេច ? ព្រះ​សហគមន៍ត្រូវតែស្គាល់​និង​យល់​ពិភពលោកនេះ ជាពិភព​ដែល​យើង​រស់​នៅ ត្រូវស្គាល់និងយល់អំពីសេចក្តី​ដែល​មនុស្ស​លោក​កំពុងរង់ចាំ សេចក្តីប៉ង​ប្រាថ្នារបស់គេ និង​សភាពការណ៍​នាបច្ចុប្បន្ន ដែលអាចនាំឲ្យពិភព​លោក​វិនាស​អន្តរាយ​បាន។ នេះ​ជា​លក្ខណៈដ៏សំខាន់ៗខ្លះ​នៃ​ពិភពលោក​នាបច្ចុប្បន្នកាល តាមយើងអាចយល់ឃើញបាន។

ខ.    សព្វថ្ងៃ មានយុគសម័យថ្មីកើតឡើងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺមានការ​ផ្លាស់ប្តូរ​យ៉ាង​ជ្រៅ និងយ៉ាង​លឿន​បំផុត​សាយបន្តិចម្តងៗក្នុងពិភពទាំងមូល។ ការផ្លាស់ប្តូរ​ទាំងនេះ កើត​មក​ពី​ប្រាជ្ញា និង​ពីសកម្មភាព​របស់​មនុស្ស ដែលចេះតែ​បង្កើតអ្វីៗ​ផ្សេងៗ។ ការផ្លាស់ប្តូរទាំងនោះក៏មានឥទិ្ធពលលើមនុស្សផ្ទាល់ លើ​ការ​រិះគិត​ពិចារណា លើសេចក្តីប៉ងប្រាថ្នា របស់គេទាំង​លើបុគ្គលម្នាក់ៗ ទាំងលើសង្គមទាំងមូល។ ការផ្លាស់ប្តូរ​ទាំង​នោះ មានឥទិ្ធពលលើ​របៀប​រិះគិត​និងលើ​របៀប​ប្រព្រឹត្ត​ចំពោះអ្វីៗទាំងអស់ និង​ចំពោះ​មនុស្សដូចគ្នា។ យើង​ពិត​ជា​អាច​និយាយថា សង្គមនិងវប្បធម៌​កំពុងតែ​ប្រែ​ប្រួលប្រាកដមែន។ ការប្រែ​ប្រួលនេះ​មាន​ឥទ្ធិពល​រហូត​ដល់​របៀប​អនុវត្តតាមសាសនាទៀតផង។

គ.    ការផ្លាស់ប្រែនៃពិភពលោកបែបនេះ ប្រៀបដូចជាវិបត្តិនានានៅពេលខ្លួនចម្រើនធំធាត់ដែរ គឺបណ្តាល​ឲ្យកើត​ការ​ពិបាក​ដ៏ធ្ងន់ធ្ងរជា​ច្រើន។ មនុស្សចេះតែលាតសន្ធឹងអំណាចរបស់ខ្លួនឲ្យកាន់តែឆ្ងាយទៅៗ ក៏ប៉ុន្តែ ខ្លួនមិន​ទាន់​មាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់​នៃអំណាចនេះគ្រប់ពេលវេលានៅឡើយទេ។ ទោះបី​មនុស្សចេះ​ស្ទង់​ថាមពល​កប់​យ៉ាង​ជ្រៅបំផុត​ក្នុងចិត្ត​គេក្តី ក៏មនុស្សជា​ច្រើន​នៅតែ​មាន​ចិត្តសង្ស័យលើខ្លួនឯង។ បន្តិចម្តងៗ​មនុស្ស​ទទួល​ស្គាល់បទដ្ឋាននៃ​ការរស់នៅ​ក្នុង​សង្គម​ឲ្យ​កាន់តែ​ច្បាស់​ឡើង​ៗ ក៏ប៉ុន្តែ​គេនៅតែស្ទាក់ស្ទើរអំពីទិសដៅ ដែល​ត្រូវកំណត់ដាក់​ឲ្យសង្គម​នោះ។

ឃ.  មនុស្សលោកនាបច្ចុប្បន្នមានធនធានហូរហៀរ មានសមត្ថភាព និងមានកម្លាំងសេដ្ឋកិច្ច ដែលតាម​ប្រវត្តិ​សាស្រ្ត​កាល​ពី​ដើមរៀងមកមិនដែលមានទេ ក៏ប៉ុន្តែមានមនុស្សមួយចំនួនធំនៅតែខ្វះស្បៀងអាហារ រស់នៅ​ជា​ជន​កម្សត់​ទុរគត និង​មាន​មនុស្សជា​ច្រើន​រាប់​មិនអស់មិនចេះអក្សរ។ មនុស្ស​នា​បច្ចុប្បន្ន​កាល​មាន​បំណង​ប្រាថ្នា​ចង់​បានសេរីភាពដែល​មិន​ដែល​មានដូច​កាល​ពីពេលមុនក៏ប៉ុន្តែនៅពេលជាមួយគ្នានេះ ក៏កើតមាន​របៀប​រស់នៅបែបថ្មី គឺបណ្តាលឲ្យមនុស្ស​ទៅជា​ទាសករ​ខាង​សង្គម​និង​ខាង​ចិត្តគំនិតទៅវិញ។ មនុស្ស​លោក​ភ្ញាក់​ស្មារតី​យ៉ាងខ្លាំងថា គេត្រូវរួមគ្នាជាធ្លុង​តែមួយ​ត្រូវការពឹង​ពាក់គ្នាទៅវិញទៅមក និងត្រូវការសាមគ្គី​ជា​ចំា​បាច់។ ប៉ុន្តែនៅពេលដដែលនេះ មនុស្សលោកនៅតែ​មានការប្រទាញប្រទង់គ្នា ប្រឆាំងជំទាស់​ដណ្តើម​អំណាច​ដោយមានថាមពលផ្សេងៗ  ហើយគេ​ក៏នៅតែមានការ​បាក់​បែក​យ៉ាង​ខ្លាំង​ខាង​នយោបាយ ខាង​សង្គម ខាង​សេដ្ឋកិច្ច ខាងជាតិ​សាសន៍ និងខាងមនោគមវិជ្ជានៅឡើយ។ គេខ្លាច កើត​សង្គ្រាមដែល​អាចបំផ្លាញ​ពិភពលោក​ទាំងមូលឲ្យវិនាសថែមទៀតផង។ មនុស្សផ្លាស់ប្តូរយោបល់គ្នា​ទៅវិញទៅ​មក​កាន់​តែ​ច្រើនឡើងៗ ក៏​ប៉ុន្តែ ពាក្យ​សម្រាប់​បញ្ចេញគំនិត​យោបល់ដ៏សំខាន់ៗមាន​អត្ថន័យប្លែកៗពីគ្នា​តាម​មនោគមវិជ្ជា ប្លែក​ពី​គ្នា​ដែរ។ មិនតែប៉ុណ្ណោះ មនុស្សយកចិត្តទុកដាក់ខិតខំចាត់​ចែងរចនាសម្ពន្ធ​ឲ្យកាន់តែប្រសើរឡើងៗ ក៏ប៉ុន្តែ ការ​ខិត​ខំ​ចាត់​ចែង​រចនាសម្ពន្ធនេះ គ្មាន​ការ​ចម្រើនខាងផ្លូវវិញ្ញាណទេ។

ង.    ដូច្នេះ មនុស្សជាច្រើននៅសម័យឥឡូវ​ភ្ញាក់ផ្អើលដោយសារសភាពការណ៍ដ៏ស្មុគស្មាញនេះ គេពិបាក​ពិចារណា​ថា អ្វីៗជា​តម្លៃថ្លៃថ្នូរដ៏អចិន្រៃ្តយ៍ អាចទៅជាគោលណែនាំជីវិតមនុស្សលោក។ ទន្ទឹមនឹងនេះ គេមិន​ដឹង​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​ទាំងនេះបាន​សមស្របនឹងអ្វីៗដែលគេនិងបង្កើតថ្មីៗទេ។គេ​ព្រួយ​បារម្ភ​ទាំង​មាន​ចិត្តសង្ឃឹម ទាំងតប់​ប្រមល់ មិនដឹងថា ត្រូវយល់យ៉ាង​ណា​អំពីការ​វិវឌ្ឍន៍នៃពិភពលោក​សព្វថ្ងៃ ។ ការ​វិវឌ្ឍន៍​នៃ​ពិភពលោក​សព្វ​ថ្ងៃ ដូចជា​ប្រកួត​ប្រជែងជាមួយតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ឬបើ​និយាយ​តាម​របៀប​ផ្សេង​ទៀត ការវិវឌ្ឍ​ន៍​នោះ គឺបង្ខំមនុស្ស​ឲ្យ​រក​ចម្លើយដោះស្រាយបញ្ហានៃការវិវឌ្ឍ​ន៍វិញ។

៥-ការផ្លាស់ប្តូរយ៉ាងខ្លាំង

ក.    សព្វថ្ងៃ មនុស្សមានចិត្តគំនិតរំជើបរំជួលនឹងសភាពការណ៍ជីវភាព ភ្ជាប់នឹងការផ្លាស់ប្តូរជាទូទៅក្នុងសង្គម​ដែរ។ តាម​ការ​ផ្លាស់​ប្តូររួម​នេះ វិទ្យាសាស្ត្រ គណិតវិទ្យា ជីវវិទ្យា និងមនុស្ស​សាស្រ្ត មានប្រៀប​លើ​វិជ្ជា​ឯទៀតៗ​ទាំង​អស់ ក្នុងការអប់រំ​ចិត្ត​គំនិត​យុវជន។ បច្ចេកទេស​ដែលកើតចេញពីវiជ្ជាទាំងប៉ុន្មាននោះ ក៏មាន​ប្រៀប​លើ​ការ​រស់​នៅ​ដែរ។ ចិត្តគំនិត​អប់រំ​តាម​វិទ្យាសាស្រ្តបែបនេះ បានធ្វើឲ្យវប្បធម៌និងរបៀបរិះគិត​ប្លែកពីវប្បធម៌ និង​របៀប​រិះគិត​កាល​ពីមុន។ ការ​អភិវឌ្ឍន៍​នៃ​បច្ចេកទេសបានប្រែទ្រង់ទ្រាយនៃផែនដីរួចទៅហើយ រហូតដល់​មនុស្ស​ចង់​ទៅដណ្តើមយក​អាកាសវេហាស៍ទៀតផង ហើយគេ​ក៏ទៅ​ដល់ស្ថានព្រះច័ន្ទ​រួចហើយដែរ។

ខ.    មនុស្សហាក់ដូចជា លាតអំណាចនៃប្រាជ្ញារបស់ខ្លួន រហូតដល់ធ្វើជាម្ចាស់លើពេលវេលាគឺមនុស្សបច្ចុប្បន្ន​មាន​ចំណេះ​ស្គាល់​ព្រឹត្តការណ៍ដែល​កើត​ពី​អតីតកាលដោយសារប្រវត្តិសាស្រ្តគេក៏មានគម្រោងការ និង​សេចក្តី​ព្រាង​សម្រាប់​ពេល​អនាគត​ដែរ។ ការអភិវឌ្ឍន៍ជីវវិទ្យា ចិត្តវិទ្យា និងសង្គមវិទ្យា មិន​គ្រាន់តែ​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​ស្គាល់ខ្លួន​កាន់តែ​ច្បាស់​ឡើងៗប៉ុណ្ណោះទេ តែផ្តល់​មធ្យោបាយ​ឲ្យមនុស្ស​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​មនុស្ស​ក្នុងសង្គម​នានា​ថែម​ទៀត ដោយ​យក​បចេ្ចកទេសស្របតាមសង្គមនោះមកប្រើ។ នៅពេល​ជាមួយ​គ្នា​នេះ មនុស្សជាតិខិត​ខំ​គ្រោងទុក​អំពីចំនួន​មនុស្ស​ក្នុង​ប្រទេស​នីមួយៗ ព្រមទាំងត្រួតត្រាចំនួនទាំងនោះ​ផង​ដែរ។

គ.    ចលនានៃប្រវត្តិសាស្រ្តកាន់តែលឿនទៅៗ បណ្តាលឲ្យម្នាក់ៗពិបាកនឹងតាមទាន់។ វាសនាសហគមន៍មនុស្ស​ទាំង​មូល​ត្រឡប់ទៅជា​វាសនា​រួម​តែមួយ មិនបែកពីគ្នាដូចសម័យមុនៗ ពោលគឺ មិនដូចកាលដែលប្រទេស​នីមួយៗ​មាន​ប្រវត្តិសាស្រ្ត​ដាច់ៗ​ពី​គ្នា។ សរុបសេចក្តី​មក ពិភពលោក​ឆ្លងពី​សភាពការណ៍នឹងន ទៅជា​សភាព​ការណ៍​ដែលមាន​ចលនា​និង​វិវឌ្ឍន៍​ឡើង។ ហេតុនេះហើយ បាន​ជាកើតរបៀបរិះគិតថ្មីអំ​ពីបញ្ហាដ៏ធំទូលំ​ទូលាយ​បណ្តោយ​ឲ្យអ្នកប្រាជ្ញ​ត្រូវ​ធ្វើវិភាគ​និង​សំយោគ​ថ្មី។

៦-ការប្រែប្រួលខាងសង្គម

ក.    ដោយសភាពការណ៍មនុស្សលោកប្រែប្រួលដូច្នេះ សហគមន៍នានាដែលកាន់តាមប្រពៃណីពីបុរាណ គឺបក្ខ​សម្ពន្ធ កុលសម្ពន្ធដែលមានចាស់​ព្រឹទ្ធាចារ្យត្រួតត្រា សហគមន៍ភូមិ និងក្រុមឯទៀតៗ ព្រមទាំងទំនាក់​ទំនង​ក្នុង​សង្គម ក៏​ប្រែ​ប្រួល​កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃដែរ។

ខ.    សង្គមបែបឧស្សាហកម្ម ក៏លាតសន្ធឹងក្នុងពិភពលោកបន្តិចម្តងៗ បណ្តាលឲ្យ​ប្រទេសខ្លះ​មានសេដ្ឋកិច្ច​ជឿន​លឿន​មាន​ធន​ធាន​ច្រើនហូរហៀរ ប្រែទស្សនៈនិងរបៀបរស់នៅក្នុងសង្គមទាំងស្រុង ឲ្យបានប្លែកពីទស្សនៈ​និង​របៀបរ​ស់នៅ​ដែល​គេ​មាន​តាំងពីយូរសតវត្សមក។ តាមរបៀប​ដដែលនេះ វប្បធម៌នៃការរស់នៅក្នុងទីក្រុង កាន់​តែ​មាន​ឥទ្ធិពលទាក់​ទាញ​ចិត្តអ្នកស្រែចម្ការ គឺបណ្តាលឲ្យកើតមានទីក្រុង​ថ្មីៗជាច្រើន ដែល​មាន​មនុស្ស​កាន់​តែ​ច្រើនរស់នៅ ព្រមទាំង​បណ្តាល​ឲ្យរបៀប​រស់​នៅបែបអ្នកក្រុង ភាយចូលទៅ​ក្នុងស្រុក​ស្រែ​ចម្ការ​ទៀត​ផង។

គ.    មានមធ្យោយបាយទូរគមនាគមន៍ថ្មីៗក្នុងសង្គមកាន់តែល្អប្រសើរឡើង ជួយឲ្យប្រជាជននៅគ្រប់​កន្លែង​ដឹង​យ៉ាង​ឆាប់​រហ័សបំផុត នូវ​ព្រឹត្តិការណ៍ដែលកើត​ឡើងក្នុងពិភពលោកទាំងមូល។ មធ្យោយបាយទាំងនោះ​ក៏ជួយ​ផ្សព្វផ្សាយ​គំនិត និង​មនោសញ្ចេតនាផ្សេងៗ ​បណ្តាល​ឲ្យកើត​ប្រតិកម្មតៗ​គ្នា​ជា​ច្រើន។

ង.    ត្រូវចាប់អារម្មណ៍ទៀតថា ដោយមូលហេតុផ្សេងៗ មានមនុស្សជាច្រើនត្រូវចាក​ចេញពីភូមិ​ស្រុក​របស់​ខ្លួន​ទៅ​រស់​នៅ ជាអន្តោប្រវេសន៍ក្នុង​ប្រទេស​ផ្សេងទៀត ហើយក៏ផ្លាស់ប្តូររបៀប​រស់នៅដែរ។

ច.    និយាយរួមទៅ មនុស្សមានទំនាក់ទំនងជាមួយនឹងមនុស្សដូចគ្នា កាន់តែច្រើនឡើងៗ រីឯចលនា​នាំឲ្យមនុស្ស​រស់​នៅ​ជា​មួយគ្នាកាន់តែច្រើនឡើង (ហៅថា"សង្គមនីយកម្ម”) បង្កើតចំណងទំនាក់ទំនងថ្មីៗ​ជាច្រើន ប៉ុន្តែ ជួន​កាល​មិន​ជួយ​អភិវឌ្ឍ​បុគ្គលិ​កលក្ខណៈរបស់មនុស្ស​ម្នាក់ៗឲ្យបានពេញលេញឡើយ គឺមិនជួយ​បង្កើត​ទំនាក់​ទំនង ដែល​ពិតជា​ទំនាក់​ទំនង​រវាងនុស្ស​និងមនុស្ស ពោល​គឺ​ឲ្យមាន "បុគ្គលិកូបនីយកម្ម” (កិច្ចនាំឲ្យ​មនុស្ស​ម្នាក់ៗ​ទៅជាបុគ្គល​ដ៏ពេញ​លក្ខណៈ​ដោយមានទំនាក់ទំនងជាមួយអ្នកដទៃ)។

ឆ.    តាមពិត ការវិវឌ្ឍ​ន៍សង្គមបែប​នេះ កើតឡើងជាពិសេស​ក្នុងប្រជាជាតិដែលបានទទួលផលពីការជឿនលឿន​ខាង​សេដ្ឋកិច្ចនិងខាង​បច្ចេក​ទេស​រួច​ហើយ។ ប៉ុន្តែ ការការវិវឌ្ឍ​ន៍សង្គមបែប​នេះ​ក៏ចាប់ផ្តើមកើតឡើងក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែរ គឺប្រជាជនប្រទេសទាំងនោះចង់ទទួលចំណែក​ផលនៃ​ឧស្សាហូបនីយកម្ម (ការ​ផ្លាស់​កសិកម្មវទៅជា ឧស្សាហកម្ម​) និងនៃនគរូបនីយកម្ម (អ្នកជនបទផ្លាស់ទីមករស់​នៅទីក្រុង)។ ប៉ុន្តែ ប្រជាជន​ទាំងនោះ ជាពិសេស​ទោះជាប្រជាជន​ដែល​ផ្ចង់ចិត្តនឹង​ប្រពៃណីបូរាណជាងគេ ក៏មានបំណង​ចង់ប្រើ​សេរីភាព​របស់គេ តាមបែបមនុស្ស​ពេញវ័យ និង​តាម​របៀប​ជាបុគ្គល​ផ្ទាល់ខ្លួន។

៧-ការផ្លាស់ប្តូរខាងចិត្តសាស្រ្ត ខាងសីលធម៌ និងខាងសាសនា

ក.    ការផ្លាស់ប្តូរចិត្តគំនិត​និងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងសង្គម បណ្តាលឲ្យមនុស្ស ជាពិសេសយុវជន ​រិះគន់​និង​មាន​ចិត្ត​សង្ស័យ​អំពីតម្លៃនៃប្រពៃណីដែល​គេបាន​ទទួលពីដូនតាមក ហើយ​មិន​សុខចិត្តរស់​នៅតាម​សភាព​ការណ៍​ពី​មុន​ទៀត​ឡើយ។ លើស​ពីនេះទៅទៀត ដោយគេ​ព្រួយបារម្ភ គេនាំគ្នាបះបោរប្រឆាំងនឹងសង្គម។នៅ​ពេល​ជាមួយគ្នា​នេះ គេ​យល់​ច្បាស់​អំពីសារៈសំខាន់របស់ខ្លួនក្នុងសង្គម ហើយចង់ធ្វើម្ចាស់ការលើសង្គមនោះ ដោយ​មិនបង្អង់ឡើយ។ ហេតុនេះ​ហើយ​បានជា​ទាំង​ឪពុកម្តាយ ទាំងអ្នកអប់រំ តែងតែ​ជួប​ប្រទះ​ការ​ពិបាក​កាន់​តែ​ខ្លាំងឡើងៗ ក្នុងការបំពេញ​មុខងារ​អប់រំ គេ។

ខ.    ជួនកាល ក្របខ៍័ណ្ឌនៃការរស់នៅច្បាប់ របៀបរិះគិតពិចារណា និងរបៀបយល់ឃើញ ដែល​ហូរ​មក​ពី​អតីត​កាល ដូចជាមិន​សូវ​ស្របនឹងសភាពការណ៍នាបច្ចុប្បន្នកាល។ ហេតុនេះមនុស្សជ្រួលច្របល់ក្នុង​ចិត្ត មិនដឹង​ថា ខ្លួនត្រូវ​មាន​កិរិយាមារ​យាទយ៉ាងណានោះទេ សូម្បីតែអំពីសីលធម៌​និងវិន័យណែនាំ។

គ.    របៀបរស់នៅបែបថ្មីៗទាំងនោះ ក៏មានឥទ្ធិពលលើរបៀបអនុវត្តតាមសាសនាដែរ។ ម្យ៉ាង ដោយមនុស្ស​ជាប់​ក្នុង​ការ​រិះគិត​ពិចារណាកាន់តែជ្រៅទៅៗ គេលែងគិតគូរអំ​ពីពិភពលោក​តាមរបៀបមន្តអាគម និងតាមអបិ្បយ​ជំនឿ​ទៀត​ដែរ តែ​គេត្រូវភ្ជាប់​ចិត្ត​នឹង​លទ្ធិនៃ​ជំនឿដោយខ្លួនឯងផ្ទាល់យ៉ាងសកម្ម។ ដូច្នេះមាន​មនុស្ស​កាន់តែ​ច្រើន​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយព្រះ​ជា​ម្ចាស់​ទុកជាព្រះ​ដែល​មានព្រះជន្មគង់នៅ។ ម្យ៉ាងទៀត មាន​មនុស្ស​កាន់​តែ​ច្រើនឡើងៗ​លែងចូល​រួម​ពិធី​គោរពណ្រណិប័តន៍​តាមសាសនា។ កាល​ពី​មុន មានតែ​មនុស្ស​មួយ​ចំនួន​តូច ដែល​បដិសេធ​មិនព្រម​ទទួល​ព្រះ​ជា​ម្ចាស់បោះ​បង់​ចោល​សាសនា ឬមិនរវីរវល់​នឹងសាសនា។ ប៉ុន្តែអ្នក​ទាំង​នោះ​ត្រូវចោទថា ប្លែកពីគេ។ ផ្ទុយទៅ​វិញ​សព្វថ្ងៃ មនុស្ស​ទូទៅចូលចិត្តនិយាយថា អ្នកប្រព្រឹត្តដូច្នេះ ពិត​ជា​ប្រព្រឹត្ត​ស្រប​តាមការ​អភិវឌ្ឍន៍នែវិទ្យាសាស្រ្ត ឬតាម​លទ្ធិ​មនុស្ស​និយមរបៀប​ថ្មី។ កាល​ពី​មុន​មាន​តែ​ទស្សន​វិទូ​ប៉ុណ្ណោះទេ ដែលមិនរវីរវល់​នឹងសាសនា។ តែសព្វថ្ងៃ ក្នុង​តំបន់​ជាច្រើន អ្នក​និពន្ធអក្សរសាស្រ្ត អ្នកសិល្បៈ អ្នក​បកស្រាយតាមមនុស្សសាស្រ្ត និង​អ្នក​បកស្រាយ​ប្រវត្តិសាស្រ្ត សូម្បីតែ​អ្នក​កាន់ច្បាប់រដ្ឋ ក៏មិន​អើពើហើយ​បដិសេធ​ព្រះជាម្ចាស់ដែរ។ ហេតុនេះ​ហើយ​បានជាមនុស្សជា​ច្រើន​វិលវល់​ក្នុង​ចិត្ត​និងជ្រួល​ច្របល់ជាខ្លាំង។

៨-ការបង្ខូចតុល្យភាព និងសតិមនុស្សក្នុងពិភពលោកទំនើប

ក.    ការវិវឌ្ឍន៍យ៉ាងលឿនបែបនេះ ជួនកាលកើតឡើងដោយ​គ្មានរបៀបរៀបរយ ជាពិសេស​ការភ្ញាក់​ស្មារតី​កាន់តែ​ច្បាស់​ថា មនុស្ស​លោក​បែកខ្ញែកគ្នា បណ្តាលឲ្យកើតទំនាស់ និងបង្ខូចតុល្យភាពក្នុង​សង្គម​ព្រមទាំង​បង្ខូច​សតិមនុស្ស កាន់​តែ​ធ្ងន់​ទៅៗ។

ខ.    ចំពោះបុគ្គលម្នាក់ៗ ជួនកាល ខូចសតិដោយសារប្រាជ្ញាខាងបចេ្ចកទេសទំនើបរបស់ខ្លួន មិនសីុចង្វាក់​និង​ទស្សនៈ​អរូបី​អំពីជំនឿដែលគេបាន​ទទួលពីមុនមក ហើយគេគ្មានសមត្ថភាពធ្វើសំយោគ​នូវចំណេះដឹង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ។ គេក៏ខូចសតិ ដោយមតិទំនើបៗដែលខ្វល់​ខ្វាយចង់​តែធ្​វើការឲ្យ​សម្រេច​បាន​ជា​លទ្ធផល ​តែមិន​រវី​រវល់​នឹង​មនសិការ ដែលបញ្ជាឲ្យប្រព្រឹត្ត​តាមសីលធម៌។ សភាពការណ៍​ក្នុង​ការ​រស់​នៅ​រួម មិនសីុ​ចង្វាក់​នឹងការ​រិះ​គិត​ដោ​យ​ម្នាក់​ឯង នេះក៏​បណ្តាល​ឲ្យ​ខូចសតិដែរ។ មនុស្សធ្វើការ​តែមួយមុខ​តាម​ឯកទេស​របស់​ខ្លួន តែគ្មាន​ទស្សនៈ​រួម​ទូទៅ នេះក៏​បណ្តាល​ឲ្យ​ខូចសតិដែរ។

គ.    ក្នុងរង្វង់គ្រួសារ​មានទាស់ទែងគ្នា មិនចុះសម្រុងគ្នា បណ្តាលមកពីមានមនុស្សច្រើនពេក ពី​សភាព​ការណ៍​សេដ្ឋកិច្ច ពីសភាពការណ៍ក្នុងសង្គម ពីទំនាស់តណនិងតណ ឬមកពីទំនាក់ទំនងថ្មីក្នុង​សង្គមរវាងបុរស និង​ស្រ្តី។

ង.    ដោយជាតិសាសន៍បែកខ្ញែកទាស់ទែងគ្នា វណ្ណៈឋានៈ ប្រទេសមានធនធានស្តុកស្តម្ភនិង​ប្រទេស​មាន​ធនធាន​តិច​ជាង ទាស់ទែងគ្នា បណ្តាលឲ្យខូចដល់តុល្យភាពក្នុងសង្គមនិងក្នុងពិភពលោក។ ស្ថាប័នអន្តរជាតិកើត​ឡើង​ដោយ​ប្រជាជាតិ​នានា ក្នុងគោល​បំណង​ចង់​ស្វែងរក​សន្តិភាព ប៉ុន្តែដោយមានការ​ឃោសនាមនោគម​វិជ្ជា​ផ្សេងៗ មាន​ប្រជាជាតិ​និង​ក្រុមឯទៀតៗ​ដែលគិតតែពី​ប្រយោជន៍របស់ខ្លួន គឺបណ្តាលឲ្យទាស់ទែងគ្នា។

ច.    ដោយមនុស្សមិនទុកចិត្តគ្នានិងស្អប់គ្នាទៅវិញទៅមក បណ្ដាលឲ្យកើតជម្លោះ និងមហន្តរាយ គឺមនុស្សផ្ទាល់​ជាមូល ហេតុ​នៃការបង្កើតជម្លោះ និងមហន្តរាយទាំងនោះ ហើយក៏ជាអ្នករងគ្រោះដែរ។

៩-មនុស្សជាតិមានសេចក្តីប៉ងប្រាថ្នាកាន់តែសកល

ក.    ក្នុងពេលជាមួយគ្នានេះ មានមនុស្សកាន់តែច្រើនយល់ឃើញថា មនុស្សជាតិអាច (និងត្រូវ)ពង្រឹងម្ចាស់ការ​លើ​បរិស្ថាន​និង​លើ​សត្វ​លោកទាំងឡាយ។ មនុស្សក៏អាច (ហើយត្រូវ) ចាត់ចែងរបៀបរៀបរយក្នុងកិច្ច​ការ​នយោបាយ​ក្នុង​សង្គម និងក្នុង​សេដ្ឋកិច្ច ឲ្យមានសណ្តាប់ធ្នាប់ដែរ ក្នុងបុព្វហេតុ​បម្រើ​មនុស្ស​កាន់តែ​ខ្លាំង​ឡើងៗ និង​ផ្តល់ឲ្យ​មនុស្ស​ម្នាក់ៗ និងឲ្យ​ក្រុម​នីមួយៗ អាចប្រកាសបញ្ជាក់និងពង្រឹងតម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន។

ខ.    ដោយមូលហេតុនេះ មនុស្សជាច្រើនភ្ញាក់ស្មារតីកាន់​តែច្បាស់ថា មានអយុត្តិធម៌ក្នុងពិភពលោក គ្មាន​ចែក​ធនធានរួម​ឲ្យ​បានស្មើ ហើយយល់ឃើញថាគេរងអយុត្តិធម៌ នាំគ្នាតវ៉ាទាមទារ​តម្លៃដ៏ថ្លៃថ្នូរ​របស់ខ្លួន​យ៉ាង​ឃោរឃៅ។ ប្រជាជន​ក្នុង​ប្រទេសកំពុង​អភិវឌ្ឃន៍ មានប្រទេសដែលទើបបានទទួលឯករាជ្យជាដើម ចង់ទទួល​ចំណែក​ផល​នៃអរិយធម៌​ទំនើប​ក្នុងវិស័យ សេដ្ឋកិច្ច និងនយោបាយ ព្រមទាំង​ចង់​មាន​តួនាទី​ក្នុង​ឆាក​អន្តរជាតិ​ផង។ ក៏ប៉ុន្តែប្រជាជាតិទាំង​នោះ និង​ប្រជាជាតិដែលមាន​ធនធានស្តុកស្តម្ភ ហើយអភិវឌ្ឍន៍លឿនជាង កាន់តែ​មាន​គម្លាត​ឆ្ងាយពីគ្នា។ នៅពេលជា​មួយ​គ្នា​នេះ ជាញឹកញយណាស់ ប្រជាជាតិទាំងនោះស្ថិតនៅ​ក្រោម​ចំណុះ​ប្រជាជាតិ​ដែលស្តុកស្តម្ភកាន់តែខ្លាំងឡើង សូម្បីតែ​ក្នុង​វិស័យសេដ្ឋកិច្ច។ ប្រជាជន​ដែល​ស្រេក​ឃ្លាន​តែង​ចោទ​ប្រកាន់​ប្រជាជាតិដែលមានសម្បូណ៌ហូរហៀរ។ នៅ​ប្រទេស ណាដែលស្រ្តីមិនទាន់មានសិទ្ធិស្មើនឹងបុរស ស្រ្តី​ក៏​នាំ​គ្នា​ទាមទារ​សិទ្ធិនោះ និងសូមឲ្យរដ្ឋអនុវត្តតាមទៀតផង។ ប្រជាពលករ គឺកម្មករនិងកសិករ មិនគ្រាន់តែ​ចង់​បាន​ប្រាក់បៀវត្ស​៍សម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែមានបំណងចង់​ពង្រឹង​កិត្តិយស​នៃ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន ដោយសារកិច្ចការរបស់គេ។ ប្រសើរជាងនេះទៅទៀត គេក៏ចង់ចូលរួមក្នុងការ​ចាត់​ចែង​ជីវិត​សេដ្ឋកិច្ច ជីវិតក្នុងសង្គម ជីវិតនយោបាយ និង​វប្បធម៌ផងដែរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែល​មនុស្ស​ជាតិទាំងមូលហ៊ានគិតថា ប្រជាជាតិទាំងអស់អាច(នឹងត្រូវ)ទទួលផលផ្លែពីអរិយធម៌​យ៉ាងពិត​ប្រាកដ។

គ.    ប៉ុន្តែ មនុស្សមានសេចក្តីប៉ងប្រាថ្នាជ្រៅជាង និងសកលជាងសេចក្តីប៉ងប្រាថ្នាទាំងនោះទៅទៀត គឺមនុស្ស និង​ក្រុម​នានា​ស្រេកឃ្លានចង់បានជីវិតយ៉ាងពេញលេញប្រកបដោយសេរីភាព ចង់រស់​នៅយ៉ាង​ថ្លៃថ្នូរ​សម​នឹង​ឋានៈ​ខ្លួនជា​មនុស្ស អាចប្រើ​ប្រាស់លទ្ធភាពដ៏ទូលំទូលាយទាំងប៉ុន្មាននៃពិភពលោក​នាបច្ចុប្បន្នមក​បម្រើ​ខ្លួន​ដែរ។ ចំពោះប្រជាជាតិនានា គេ​នៅ​តែ​ខិត​ខំដោយក្លាហាន ដើម្បីឲ្យរួបរួមគ្នាជាសហគមន៍​សកលម្យ៉ាង។

ង.    ដូច្នេះ យើងអាចសង្កេតឃើញថា ពិភពលោកទំនើបមានអំណាចខ្លាំងផង និងទន់ខ្សោយផង អាចប្រព្រឹត្ត​អ្វីដ៏​ល្អ​ប្រសើរ​ជាងគេបំផុតផង និងអ្វីដ៏អាក្រក់ជាងគេបំផុតផង ហាក់ដូចជាមានផ្លូវពីរនៅពីមុខ គឺផ្លូវ​ទៅ​កាន់​សេរីភាព​ផង និងផ្លូវទៅ​កាន់ភាពជាទាសករផង អាចអភិវឌ្ឍន៍បាន ឬថយក្រោយវិញបានដែរ ទៅកាន់​ភាតរភាព ឬទៅកាន់​ការស្អប់គ្នា។ ម្យ៉ាងទៀត មនុស្សបានធ្វើឲ្យថាមពលចាប់ផ្តើមមានចលនាផ្សេងៗ។ តែ​មនុស្ស​ភ្ញាក់ស្មារតីថា​ឥឡូវ​ខ្លួន​អាច​តម្រង់​ថាមពល​ទាំងនោះទៅទិសល្អ ស្រេចតែចិត្ត គឺបណ្តោយ​ឲ្យថាមពល​ទាំង​នោះ​កម្ទេចខ្លួន ឬបម្រើខ្លួនក៏បាន​ដែរ។ ហេតុនេះហើយបានជាមនុស្សចោទសួរខ្លួនឯង។

១០-មនុស្សជាតិចោទសួរយ៉ាងជ្រៅ

ក.    តាមពិត ការបង្ខូចតុល្យភាពក្នុងពិភពលោកសព្វថ្ងៃ ជាប់នឹងការបង្ខូចតុល្យភាពជាគ្រឹះដែលមានប្ញសក្នុងចិត្ត​មនុស្ស​តែម្តង។ ក្នុងចិត្តមនុស្ស មានកត្តាជាច្រើនប្រទាញប្រទង់គ្នា។ ណាមួយ ក្នុងឋានៈខ្លួនជាសត្វលោក មនុស្ស​មាន​ព្រំដែន​ជាច្រើន។ ណាមួយទៀត ខ្លួន​ប៉ង​ប្រាថ្នា​ចង់បាន​ជីវិតដ៏​ប្រសើរ​បំផុត ដែល​ពិតជា​ទិសដៅ​របស់​ខ្លួន។ មាន​បំណងជា​ច្រើន​ទាក់ទាញចិត្ត ហើយខ្លួនត្រូវជ្រើសរើសជានិច្ចថា ធ្វើតាម​បំណង​ទាំងនេះ​ក៏​បាន ឬលះបង់ក៏បានដែរ។ អាក្រក់​ជាង​នេះ​ទៅទៀត ដោយខ្លួនទន់ខ្សោយនិងជាអ្នកបាប ជាញឹកញាប់​មនុស្ស​ចេះ​តែ​ប្រព្រឹត្តអំពើអាក្រក់ដែលខ្លួនមិនចង់ធ្វើ តែ​មិន​ប្រព្រឹត្ត​អំពើល្អ​ដែលខ្លូន ចង់​ធ្វើនោះទេ (រម ៧, ១៤.២១)។ សរុបសេចក្តីមក មនុស្សបាក់បែកគ្នាឯងពីខាងក្នុងចិត្ត ជា​មូលហេតុបង្កបង្កើត​ទំនាស់​ទាស់ទែង​គ្នា​ជាច្រើននិងយ៉ាងធ្ងន់ធ្ងរ។ តាម​ពិត មានមនុស្សជាច្រើនបែរចិត្តឆ្ងាយ មិន​យល់ឃើញ​សភាពការណ៍​ដ៏សែន​ពិបាក​នេះ​យ៉ាងជាក់ច្បាស់ទេ ព្រោះគេរស់​នៅតាម​លទ្ធិ​សម្ភារៈនិយម ដែលជ្រួតជ្រាប​ក្នុង​ការរស់នៅ​របស់​គេ​ស្រាប់។ មានមនុស្សមួយចំនួនទៀត រងគ្រោះដោយភាពក្រីក្រតោកយ៉ាក មិនអាចចាប់អារម្មណ៍​នឹង​សេចក្តី​នេះ​បាន។ មានចំនួន​មនុស្សរឹតតែច្រើនទៅទៀតស្មានថា បានសេចក្តីសុខសាន្ត ដោយទទួលសេចក្តី​អត្ថាធិប្បាយ​ផ្សេងៗអំពីពិភពលោក តាម​តែសង្គមផ្តល់ឲ្យ។ មានក្រុមខ្លះសង្ឃឺមថា មនុស្សជាតិអាចមាន​សេរីភាព​ដ៏​ពិតប្រាកដនិងយ៉ាងពេញលេញ ដោយសារ​តែ​ខ្លួនខិតខំប្រឹងប្រែងប៉ុណ្ណោះ។ គេបញ្ចុះបញ្ចូល​ខ្លួន​ឯង​ថា រាជ្យ​របស់​មនុស្ស​នៅលើផែដី នឹងអាចបំពេញសេចក្តីប៉ងប្រាថ្នា​ទាំងប៉ុន្មានដែលខ្លួនចង់បាននោះ។ មាន​ក្រុម​អ្នកខ្លះ​ទៀតអស់​សង្ឃឹម ដោយយល់ឃើញថាជីវិតគ្មានន័យសោះ។ គេនាំ​គ្នា​លើកតម្កើងអ្នក​ក្លាហាន​មោះមុត ដែលផ្តល់​អត្ថន័យទាំង​ស្រុងដល់ជីវិត តាមខ្លួនយល់​ឃើញវិញ។ទោះជាយ៉ាងណាក៏ដោយ ក៏មាន​មនុស្ស​កាន់តែច្រើនឡើងៗ​នៅពេលឃើញ​ការ​វិវឌ្ឍន៍នៃពិភពលោកសព្វថ្ងៃ នាំគ្នាចោទសួរ​សំណួរជាគ្រឹះ ឬ​នឹក​គិត​អំពីសំណួរទាំងនោះ​តាមរបៀប​មោះ​មុតជាថ្មីថា តើអ្វីទៅមនុស្ស? តើទុក្ខវេទនា សេចក្តីអាក្រក់ មរណភាព មានអត្ថន័យ​យ៉ាងណា? ទោះបីមានការ​អភិវឌ្ឃន៍ច្រើន​យ៉ាងណាក្តី ក៏ទុក្ខវេទនា សេចក្តី​អាក្រក់ មរណភាព ស្ថិតនៅរហូតដែរ។ តើជ័យជម្នះទាំងប៉ុន្មានក្នុង​វិស័យជាច្រើន​បាន​ប្រយោជន៍អ្វី បើត្រូវប​ង់ខាត​ថ្លៃ​ច្រើន​យ៉ាង​នេះ? តើមនុស្សអាចយកអ្វី​មកជួយសង្គមបាន? តើមនុស្ស​អាចរង់ចាំ​ទទួល​អ្វីពីសង្គម? ផុតពី​ជីវិត​នេះ តើនឹងទៅជាយ៉ាងណាដែរ?

ខ.    ចំពោះព្រះសហគមន៍វិញ ព្រះសហគមន៍ជឿថា ព្រះគ្រីស្តដែលសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿងដើម្បី​ជា​ប្រយោជន៍​ដល់មនុស្សទាំងអស់ (២ករ ៥,១៥) ព្រះអង្គប្រទានពន្លឺនិងកម្លាំងឲ្យមនុស្ស ដោយសារព្រះ​វិញ្ញាណ​ព្រះអង្គ ដើម្បីឲ្យ​មនុស្សអាចតបឆ្លើយស្របតាមទិសដៅដ៏ខ្ពង់ខ្ពស់របស់ខ្លួន គឺតាម​ព្រះជាម្ចាស់​ត្រាស់​ហៅ។ ព្រះ​សហគមន៍​ជឿ​ថា នៅ​ក្រោម​មេឃ​នេះក្រៅពីព្រះគ្រីស្តយេស៊ូ ព្រះជា​ម្ចាស់​ពុំបាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្សដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ (កក ៤, ១២)។ ព្រះសហគមន៍ក៏ជឿថា អត្ថន័យ​ដ៏​សំខាន់ និងទិសដៅ​នៃ​ប្រវត្តិសាស្រ្ត​ទាំងមូលរបស់មនុស្ស ស្ថិតនៅ​ក្នុងអង្គព្រះអម្ចាស់ និង​ព្រះបរម​គ្រូ​របស់​ខ្លួន។ ព្រះសហគមន៍បញ្ជាក់​ទៀត​ថា ទោះបី​មានការផ្លាស់ប្តូរជា ច្រើន​យ៉ាងណាក្តី ក៏មានសេចក្តីខ្លះ​នៅ​ស្ថិតស្ថេរ​នៅឡើយ គឺអ្វីៗដែលមានគ្រឹះ​នៅក្នុងអង្គព្រះគ្រីស្ត គឺព្រះអង្គមិន​ប្រែប្រួល​ឡើយ​‌ពីដើម នៅ‌​ពេល​សព្វ​ថ្ងៃ‌ និង​នៅរហូត​ដល់​អស់​កល្ប​ជានិច្ចព្រះអង្គ​នៅ​តែ​ដដែល (ហប ១៣, ៨)។ ហេតុនេះហើយបានជា​មហា​សន្និបាត ក្រោមពន្លឺរបស់​ព្រះ​គ្រីស្តជា​រូបតំណាង​‌​របស់​ព្រះ​ជាម្ចាស់​ដែល​យើង​មើល​ពុំ​ឃើញជា​រៀម​ច្បង​នៃ​សត្វលោកទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ប្រតិស្ឋាន​មក (កូឡ​១,១៥) មានបំណង​និយាយ​សន្ទនា​ជាមួយ មនុស្ស​ទាំងអស់ ដើម្បី​បំភ្លឺការអាថ៌កំបាំងរបស់មនុស្ស និងជួយមនុស្សជាតិ​ឲ្យរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដ៏​សំខាន់ៗ​នាបច្ចុប្បន្ននេះ។

ភាគទីមួយ
ព្រះសហគមន៍ និងគោលដៅនៃជីវិតរបស់មនុស្ស​តាមព្រះជាម្ចាស់កំណត់ទុក

១១-ព្រះសហគមន៍ត្រូវតបឆ្លើយនឹងព្រះវិញ្ញាណដែលត្រាស់ហៅ

ក.    ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ខិតខំពិនិត្យមើលព្រឹត្តិការណ៍ ដើម្បីរកឃើញនូវអ្វីៗដែលមនុស្ស​សម័យឥឡូវ​ទាមទារ និង​ចង់​បាន​ជាចំបាច់ ព្រមទាំងរកឃើញអ្វីៗ ដែលជាសញ្ញាសម្គាល់ដ៏ពិត​ប្រាកដ​អំពីវត្តមាន​របស់​ព្រះជាម្ចាស់ និងអំពី​គម្រោងការព្រះអង្គផង។ ព្រះសហគមន៍រួមរស់ជាមួយមនុស្សឯទៀតៗនៅសម័យឥឡូវ ដោយផ្ញើជីវិតលើព្រះគ្រីស្ត ទាំង​ដឹងថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដែលគង់នៅពាសពេញផែនដីទាំងមូល ណែនាំផង។ ជំនឿពិតជាផ្តល់​ឲ្យ​មនុស្សយល់អំពីអ្វីៗ​ទាំង​អស់​តាមអត្ថន័យថ្មី និង​សម្តែងឲ្យយើង​ស្គាល់​ព្រះហឫទ័យរបស់ព្រះជាម្ចាស់អំពីគោលដៅនៃ​ជីវិត​ទាំង​ស្រុងរបស់មនុស្ស តាម​ព្រះអង្គ​ត្រាស់ហៅ។ ជំនឿក៏​តម្រង់វិញ្ញាណមនុស្សឲ្យរកដំណោះស្រាយ​បញ្ហា​របស់​មនុស្ស ឲ្យ​បានស្របនឹងលក្ខណៈជា​មនុស្ស ។

ខ.    មុនដំបូង មហាស្និបាតមានបំណងចង់យកជំនឿនេះ មករិះគិតពិចារណាអំពីអ្វីៗ ដែលមនុស្ស​សម័យ​ឥឡូវ​យល់​ឃើញថា មានតម្លៃថ្លៃ​ជាង​គេ និងភ្ជាប់អ្វីៗដែលមានតម្លៃជាងគេទាំងនោះ ទៅនឹងព្រះជាម្ចាស់ជា​ប្រភព។ ដោយអ្វីៗដែល​មនុស្ស​សម័យ​ឥឡូវយល់ឃើញ​ថាមានតម្លៃ ហូរចេញពីប្រាជ្ញាញាណរបស់មនុស្ស គឺ​អ្វីៗ​ទាំងនោះពិតជាល្អណាស់ ព្រោះ​ជា​ព្រះអំណោយទាន​របស់ព្រះ​ជាម្ចាស់។ ក៏ប៉ុន្តែ ដោយសារកិលេស​តណ្ហា មនុស្សបង្វែរអ្វីៗដ៏ល្អដែល​មាន​តម្លៃទាំង​នោះ ​ឆ្ងាយ​ពី​របៀប​រៀប​រយ​ដែលព្រះជាម្ចាស់រៀបចំទុក។ ហេតុនេះ​ហើយ ត្រូវជម្រះអ្វីៗទាំងនោះជា​ចំា​បាច់។

គ.    តើព្រះសហគមន៍មានទស្សនៈយ៉ាងណាអំពីមនុស្ស? តើព្រះសហគមន៍ត្រូវជូនគោលការណ៍ណាខ្លះ ដើម្បី​ជួយ​សាង​សង់​សង្គម​សម័យ​ឥឡូវ? តើសកម្មភាពរបស់មនុស្សក្នុងពិភពលោក មានអត្ថន័យយ៉ាង​ណា​នៅ​ទីបំផុត? មហាសន្និបាត​ត្រូវ​តែតប​ឆ្លើយនឹង​សំណួរទាំងនោះដោយខានពំុបាន។ មនុស្សជាតិ និងប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ដែល​ជាចំណែក​មួយ​ចូលរួមក្នុង​ចំណោម​មនុស្ស​ជាតិ ត្រូវតែជួយបម្រើគ្នា​ទៅវិញទៅមក​ឲ្យ​កាន់​តែ​ច្បាស់ឡើងៗ។ ដោយ​ធ្វើដូច្នេះ ព្រះ​សហគមន៍​មុខជានឹងសម្តែង​លក្ខណៈតាមបេសកកម្មរបស់ខ្លួន គឺ​សម្តែងលក្ខណៈជាសាសនាផង ហើយលក្ខណៈ​ជា​មនុស្សសុទ្ធ​សាធ​ផង។

ជំពូក១
មនុស្សជាបុគ្គលមានតម្លៃដ៏ថ្លៃថ្នូរ

១២-មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់

ក.    អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ និងអ្នកដែលមិនផ្ញើជីវិតលើព្រះអ​ង្គជាច្រើន មានយោបល់ស្របគ្នាអំពីចំណុចនេះ​ថា អ្វីៗ​ទាំង​អស់នៅ​លើផែនដីទាំងមូល មានទិសដៅនិងអត្ថន័យដោយសារមនុស្ស ដែលជាស្នូល​និង​ជា​កំពូល​នៃពិភព​លោក។

ខ.    ក៏ប៉ុន្តែ អ្វីទៅមនុស្ស? មនុស្សយើងបានផ្តល់យោបល់ផ្សេងៗជាច្រើនអំពីខ្លួនផ្ទាល់ ជួនកាលជាចម្លើយផ្ទុយគ្នា គឺថា ជួនកាល​មនុស្សលើកតម្កើងខ្លួនឯង ទុកជាក្បួនវិន័យដាច់ខាតលើអ្វីៗទាំងអស់ ជួនកាល មនុស្សបន្ទាប​ខ្លួន​រហូត​ដល់​អស់សង្ឃឹម។ ហេតុនេះហើយបានជាមនុស្សនៅតែមានចិត្តសង្ស័យ និងតប់ប្រមល់។ ព្រះ​សហគមន៍​ក៏​ចាប់​អារម្មណ៍​យ៉ាង ខ្លាំងនឹងការពិបាកទាំងនោះ។ ព្រះសហគមន៍មាន​សមត្ថភាពអាចតបចម្លើយ​បាន​ទៅសំណួរទាំងនោះ ព្រោះព្រះជា​ម្ចាស់បានបង្រៀនព្រះសហគមន៍ ដោយ​សម្តែងសេចក្តីពិត​អំពីព្រះអង្គ​ឲ្យ​ស្គាល់តាមព្រះ​គម្ពីរ។ តាមព្រះ​គម្ពីរមានចែង​អំពីលក្ខណៈដ៏ពិតប្រាកដរបស់មនុស្ស គឺមាន​បញ្ជាក់យ៉ាង​ច្បាស់​ថា មនុស្សទន់ខ្សោយមែន​ហើយ តែនៅ​ពេលជាមួយ គ្នានេះ ត្រូវទទួលស្គាល់យ៉ាង​ត្រឹមត្រូវ នូវ​តម្លៃ​ដ៏​ថ្លៃថ្នូរ និងគោលដៅនៃជីវិតរបស់គេ តាមព្រះ​ជាម្ចាស់កំណត់ទុក។

គ.    ក្នុងព្រះគម្ពីរមានចែងថា ព្រះជាម្ចាស់ប្រតិស្ឋានមនុស្ស “ឲ្យមានលក្ខណៈដូចព្រះអង្គ” អាចស្គាល់ និង​ស្រឡាញ់​ព្រះអាទិករ​របស់ខ្លួន ព្រះអង្គតែងតាំងមនុស្សទុកជាម្ចាស់នៃសត្វលោកទាំងអស់នៅលើផែនដី (កណ ១,២៦ ប្រាញ ២, ២៣) ដើម្បី​ឲ្យមានអំណាចលើសត្វលោកទាំងនោះ និងប្រើប្រាស់សត្វលោក ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​អង្គ (បស ១៧, ៣.១០)។ “តើមនុស្សមានឋានៈអ្វី​បានជា​ព្រះអង្គ​នឹកគិត​ដល់​គេ​ដូច្នេះ? តើបុត្រមនុស្ស​ជាអ្វីបានជាព្រះអង្គ​យក​ព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ? ព្រះអង្គបាន​ប្រោស​ឲ្យគេមានឋានៈទាប​ជាង​ទេវតា​តែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទាន​សិរីរុងរឿង​  និង​ កិត្តិយស​ដល់គេ​ទុកជា​មកុដ​រាជ្យព្រះអង្គប្រទាន​ឲ្យ​គេគ្រប់គ្រង​លើអ្វីៗទាំងអស់ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋានមក ព្រះអង្គបាន​បង្ក្រាប​អ្វីៗ​ទាំងអស់ឲ្យនៅក្រោម​ជើង​របស់​គេ” (ទន ៨, ៥.៧)។

ង.    ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រតិស្ឋានមនុស្សឲ្យនៅតែម្នាក់ឯងទេ តែតាំងពីដើមរៀងមក “ព្រះអង្គ​ប្រតិស្ឋាន​មនុស្ស​ជា​បុរស​ជាស្រ្តី” (កណ ១, ២៧)។ សង្គមដែលមានបុរសនិងស្ត្រីនេះ ជារបៀប​ដើមដំបូង ដើម្បី​បញ្ជាក់​ថា បុគ្គលទាំងអស់​ត្រូវ​តែរួប​រួមគ្នា។ តាមលក្ខណៈ​ដ៏ជ្រៅបំផុតរបស់ខ្លួន មនុស្សជាបុគ្គលមួយ ដែល​រស់នៅ​ក្នុង​សង្គម។ ប្រសិនបើមនុស្ស​គ្មាន​ទំនាក់ទំនងជាមួយអ្នកដទៃ គេមិនអាចរស់នៅបានទេ ហើយគេ​ក៏មិនអាច​ធ្វើ​ឲ្យ​ទេពកោសល្យ​របស់ខ្លួនចម្រើន​ឡើង​បានដែរ។

ច.    ហេតុនេះហើយ ក្នុងព្រះគម្ពីរមានចែងទៀតថា “ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់​ដែល​ព្រះអង្គ ប្រតិស្ឋាន​មក​នោះ ទ្រង់ឈ្វេងយល់ថា​ល្អ​ប្រសើរបំផុតហើយ”។ (កណ ១, ៣១)។

១៣-អំពើបាប

ក.    ព្រះជាម្ចាស់តែងតាំងមនុស្សមានសភាពសុចរិត។ ប៉ុន្តែ មារដ៏មានកលល្បិច​ជាងគេ​បញ្ឆោតមនុស្ស​បណ្តាល​ឲ្យគាត់ ប្រើសេរីភាពរបស់ខ្លួនហួសហេតុ លើកខ្លួនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងមានបំណង​ចង់បាន​សេចក្តីសុខ​ដោយ​មិន ត្រូវការព្រះអង្គសោះ។ ទោះបីមនុស្សលោកស្គាល់ព្រះជាម្ចាស់ក្តី ក៏ “គេពុំបាន​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ឲ្យ សម​នឹង​ឋានៈរបស់ព្រះជាម្ចាស់ទេ (…) ផ្ទុយទៅវិញ‌​ចិត្ត​ល្ងី​ល្ងើរបស់គេ​ក៏​បែរ​ទៅជាងងឹតសូន្យសុងដែរ។គេនាំគ្នា​ថ្វាយ បង្គំ​និង​គោរពបម្រើអ្វីៗដែលព្រះជាម្ចាស់​ប្រតិស្ឋាន​មកជំនួស​ការ​គោរព​បម្រើ​ព្រះ​ដែល​បាន​ប្រតិស្ឋានសត្វលោក​ទាំង​នោះ​វិញ”(រម ១,២១.២៥)។ ព្រះជា​ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​សេចក្តីនេះ យើងក៏មានបទពិសោធន៍ដូច្នេះដែរ។ ប្រសិន​បើ​មនុស្ស​យើងពិនិត្យ​មើលចិត្តគំនិត​របស់​ខ្លួន យើងមុខជានឹងយល់ឃើញថា ខ្លួនមានលម្អៀងទៅប្រព្រឹត្ត​អំពើ​បាប មាន​តណ្ហា​ជាច្រើន​ចង់​ពន្លិច​ស្មារតី​របស់​យើង។ តណ្ហាទាំងប៉ុន្មាននេះ​មិនមែនបណ្តាលមកពីព្រះ​អាទិកររបស់ យើង​ដែល​មាន​ព្រះហឫទ័យ​សប្បុរស​ទេ។ មនុស្សលោកមិនព្រមទទួលស្គាល់ព្រះ​ជាម្ចាស់​ទុកជាដើមកំណើត​របស់​ខ្លួនឡើយ។ ធ្វើ​ដូច្នេះ​គេ​បាក់បែក​សណ្តាប់ធ្នាប់ដែលតម្រង់ខ្លួនទៅរក​ទីដៅ​ចុងក្រោយបំផុត​នៃជីវិតរបស់គេ។ នៅពេល​ជាមួយគ្នា​នេះ មនុស្សកើតតណ្ហាាប្រទាញប្រទង់នឹងខ្លួនឯង ដែលបណ្តាលឲ្យបំបែក​ទំនាក់ទំនងជា​មួយ​មនុស្សឯទៀតៗ​និង​ជាមួយ​សត្វ​លោក​ទាំង​ឡាយយ៉ាងស្រួល។

ខ.    ហេតុនេះ យើងយល់ឃើញថា មនុស្សបាក់បែកពីប្រភពខាងក្នុង។ ការរស់នៅរបស់មនុស្សយើង ទោះជា​ការ​រស់​នៅ​របស់​បុគ្គលម្នាក់ៗក្តី ឬជាការរស់នៅរួមក្តី ច្បាស់ជាការតយុទ្ធដ៏ឃោរឃៅ គឺសេចក្តីល្អតយុទ្ធ​និង​សេចក្តី​អាក្រក់ ពន្លឺ​តយុទ្ធ​និង​ភាពងងឹត។ លើសពីនេះទៅទៀត មនុស្សយើងឃើញថា គឺយើងម្នាក់ៗ​ដឹងខ្លួនថា ដូចជា​ជាប់ច្រវាក់ដ៏ធ្ងន់។ ប៉ុន្តែ ព្រះអម្ចាស់​ផ្ទាល់​យាងមកប្រោសឲ្យមនុស្សយើង​មានសេរីភាព​និងមាន​កម្លាំង​ឡើង​វិញ ព្រះអង្គប្រែយើងពីខាង​ក្នុង​ឲ្យបាន​ថ្មីដោយ​បណ្តេញចៅហ្វាយរបស់មនុស្សលោក​ចេញ​ទៅខាងក្រៅ (យហ ១២, ៣១) គឺចៅហ្វាយដែល​បណ្តាល​ឲ្យ​មនុស្ស​ធ្វើជាខ្ញុំបម្រើរបស់បាប (យហ ៨, ៣៤)។ បាបក៏​បណ្តាល​ឲ្យមនុស្សអន់ថយ ហើយ​ឃាត់មិន​ឲ្យ​ទៅ​ជា​មនុស្ស​ពេញល​ក្ខណៈ។

គ.    យើងទាំងអស់គ្នា មានបទពិសោធន៍អំពីតម្លៃដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់មនុស្ស តាមព្រះហឫទ័យ​ព្រះ​ជាម្ចាស់​កំណត់​ទុក ហើយក៏មានបទពិសោធន៍អំពីទុក្ខដ៏ធ្ងន់ធ្ងររបស់មនុស្សផងដែរ។ ព្រះគម្ពីរសម្តែងអត្ថន័យ​ដ៏ជ្រៅ​ចុងក្រោយ​បំផុត​នៃ​តម្លៃដ៏ខ្ពង់​ខ្ពស់​និងនៃទុក្ខ​ទាំងនោះ។

១៤-សភាពរបស់មនុស្ស

ក.    ទោះបីមនុស្សមានរូបកាយនិងវិញ្ញាណ តែក៏ជាអង្គតែមួយដែរ។ ក្នុងឋានៈខ្លួនមានរូបកាយ មនុស្ស​យើង​សរុប​ធាតុ និងអ្វីៗ​ទាំងអស់ដែល​មានក្នុងពិភពលោក ដូច្នេះអ្វីៗទាំងនោះអាចលើកតម្កើងសិរីរុងរឿង​ព្រះអាទិករ​របស់​ខ្លួន​ដោយសេរី តាម​រយៈ​មនុស្ស ជាកំពូលនៃពិភពលោក (ដន ៣,៥៧.៩០)។ ហេតុនេះ ត្រូវហាម​ផ្តាច់​មនុស្ស​យើង កំុឲ្យមាក់ងាយជីវិត​រូបកាយជាដាច់ខាត ផ្ទុយទៅវិញ មនុស្សយើង​ត្រូវតែលើកតម្លៃនៃរូបកាយ និង​គោរព​រូបកាយដែល​ព្រះជា​ម្ចាស់​ប្រតិស្ឋាន​មក ហើយដែលត្រូវទទួលជីវិត​ថ្មីដ៏រុងរឿង​នៅពេលចុង​ក្រោយ​បំផុត។ ប៉ុន្តែ ដោយមនុស្សយើងត្រូវ​របួស​ដោយ​សារ​អំពើបាប យើងដឹង​ខ្លួន​ថា រូបកាយបះបោរ​ប្រឆាំងនឹង​វិញ្ញាណ។ ហេតុនេះកិត្តិយសរបស់មនុស្សយើង ទាម​ទារ​ឲ្យ​យើង​ប្រើរូប​កាយមក​លើកតម្កើងសិរីរុងរឿង​របស់​ព្រះជាម្ចាស់ (១ករ ៦,១៣.២០) មិនបណ្តាយឲ្យរូបកាយ​ធ្លាក់​ទៅ​ធ្វើជា​ទាសករ​នៃតណ្ហា ជាលម្អៀង​ទៅរក​សេចក្តី​អាក្រក់ដែលកប់ទុកក្នុងចិត្ត។

ខ.    តាមពិត យើងមិនយល់ច្រឡំ ដោយទទួលស្គាល់ថា មនុស្សយើងប្រសើរជាងជាតិទាំងឡាយ​ដែល​ស្ថិត​ក្នុង​ខ្លួន និងរាប់​ទៀត​ថា មនុស្សយើងមិនគ្រាន់តែជាចំណែកដ៏តូចនៃធម្មជាតិ ឬជាគ្រឿង​អនាមិក​នៃសង្គម​ប៉ុណ្ណោះ​ទេ គឺមនុស្សយើង​មានអ្វីលើសកត្តាទាំងនោះ មនុស្សយើងហួស​ពីវត្ថុទាំងឡាយ ព្រោះខ្លួន​មាន​វិចារណញ្ញាណនៅខាងក្នុង។នៅពេល​យើង​នឹក​ស្មឹងស្មាធិ៍រិះគិតអំពីខ្លួនឯង យើងទៅដល់ទី​ជម្រៅនៃ​វិចារណញ្ញាណ​ដែលនៅខាងក្នុងនោះ ជាកន្លែងព្រះ​ជា​ម្ចាស់​រង់​ចាំ​ជួប​យើង គឺព្រះជាម្ចាស់ដែលស្ទង់ចិត្ត​គំនិត (១ពង្ស ១៦, ៧; យរ ១៧, ១០)។ មនុស្សយើងក៏សម្រេច​អំពី​វាសនា​របស់ខ្លួន​ដោយ​ផ្ទាល់ខ្លួននៅទី​ជម្រៅ​នៃ​ចិត្ត​គំនិត​នោះ ដោយព្រះជាម្ចាស់ប្រោសប្រណីផង។ដូច្នេះ ពេលណា​យើង​ទ​ទួលស្គាល់ថាខ្លួនមាន​វិញ្ញាណ​ដ៏អមតៈ ពេលនោះ​យើងយល់ដល់ទីជម្រៅនៃសេចក្តីដ៏ពិតប្រាកដអំពី​ខ្លួន គឺ​យើង​លែង​គិតថា​យើងជាគ្រឿង ដែល​កើតមក​តែពី​ធម្មជាតិ ឬដោយ​សង្គម ដូចគេស្រមៃ​ឃើញ​ទៀតហើយ។

១៥-ប្រាជ្ញាមានតម្លៃដ៏ថ្លៃថ្នូរ

ក.    មនុស្សយើងទទួលប្រាជ្ញាជាចំណែកនៃពន្លឺរបស់ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ​បាន​ជា​យើង​យល់​ដឹងយ៉ាងត្រឹមត្រូវថា ខ្លួនប្រសើរជាងអ្វីៗទាំងអស់ក្នុងពិភពលោក ព្រោះយើងមាន​ប្រាជ្ញា។ ពី​សតវត្សមួយទៅ សតវត្សមួយ មនុស្សព្យាយាមខិតខំប្រើប្រាជ្ញារបស់ខ្លួនធ្វើឲ្យវិទ្យាសាស្រ្តនៃបទ​ពិសោធន៍ បច្ចេកទេស និងវិចិត្រសិល្បៈ ចម្រើនឡើង​ជាលំដាប់។ នៅសម័យឥឡូវ មនុស្សយើងបានជ័យ​ជម្នះ​យ៉ាង​អស្ចារ្យ ដោយបានរកឃើញអ្វីៗខាងសម្ភារៈ និងបាន​បង្រ្កាបពិភពសម្ភារៈនោះ យកមកប្រីប្រាស់។ ប៉ុន្តែ ជានិច្ច​ជាកាល មនុស្សបានស្វះស្វែងរកសេចក្តីពិតដ៏ ជ្រៅជាង ហើយ​បានរកឃើញផង ដ្បិតប្រាជ្ញា​មនុស្ស​មិន​គ្រាន់តែ​ចេះពិនិត្យមើលអ្វីៗដែលអាចមើលឃើញបានប៉ុណ្ណោះ​ទេ តែអាច រិះគិតនិងយល់​យ៉ាងជាក់ច្បាស់​នូវ​អ្វី​ដ៏​ពិតប្រាកដ​ដែលមានកប់នៅខាងក្នុងអ្វីទាំងនោះ តាមតែអាច​យល់​បាន ទោះបីអំពើបាបបានបន្សល់ទុក​ភាព​ងងឹត​និងភាព​ទន់ខ្សោយក្នុងប្រាជ្ញាមនុស្សយើងក៏ដោយ។

ខ.    ក្នុងឋានៈខ្លួនមានប្រាជ្ញា បុគ្គលម្នាក់ៗសែ្វងរក (ហើយត្រូវតែស្វែងរក) ធ្វើឲ្យខ្លួនបានពេញលក្ខណៈ​ដោយ​សារ​គតិបណ្ឌិត។ គតិបណ្ឌិតតែងតែទាក់ទាញវិញ្ញាណរបស់មនុស្សយ៉ាងខ្លាំង និងយ៉ាងថ្នាក់ថ្នម ឲ្យ​ស្វះស្វែង​រក និង​ស្រឡាញ់ សេចក្តីពិត​និងអ្វីដ៏ល្អប្រសើរ។ មនុស្សណាដែលមានគតិបណ្ឌិតជ្រួតជ្រាប ពិត​ជា​ឆ្លងពី​ពិភព ដែលមើលឃើញទៅ​ពិភព​ដែល​មើល​មិនឃើញពុំខាន។

គ.    មនុស្សសម័យឥឡូវត្រូវការគតិបណ្ឌិត​នេះជាចំាបាច់ ច្រើនជាងមនុស្សសម័យឯទៀតៗទាំងអស់ ដើម្បីធ្វើ​ឲ្យ​អ្វីៗ ដែល​មនុស្ស​បានរកឃើញនិងបង្កើត ពិតជាមានលក្ខណៈជាមនុស្សអាចបម្រើមនុស្យបាន។ ប្រសិន​បើ​គ្មាន​មនុស្ស​ប្រកប​ដោយគតិបណ្ឌិតទេ ពិភពលោកពិតជាគ្មានអនាគត។គួរឲ្យបន្ថែមសេចក្តី​កំណត់នេះថា គឺ​មាន​ប្រទេស​ជាច្រើន​ក្រីក្រ​ខាង​ធនធានសម្ភារៈ តែបែរទៅជាមានខាងគតិបណ្ឌិត គេអាច​ជួយ​ប្រទេស​ឯទៀតៗ​យ៉ាង​ខ្លាំងឲ្យ​បាន​គតិបណ្ឌិត​នោះ។

ច.    ដោយព្រះអំណោយទាននៃព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិត មនុស្សអាចយល់ស្មឹងសា្មធិ៍និងក្រេបជញ្ជក់​ឱជារស​នៃ​គម្រោងការ​ដ៏​អស្ចារ្យនៃព្រះហប្ញទ័យព្រះជាម្ចាស់ ដោយសារជំនឿ (បស ១៧, ៧.៨)។

១៦-មនសិការខាងសីលធម៌មានតម្លៃដ៏ថ្លៃថ្នូរ

នៅពេលមនុស្សយើងរិះគិត យើងមុខជានឹងរកឃើញក្បួនវិន័យដែលខ្លួនមិនបានកំណត់ខ្លួន​ឯងកប់​នៅខាង​ជម្រៅ​នៃ​មនសិការរបស់ខ្លួន គឺក្បួនវិន័យដែលយើងត្រូវតែអនុវត្តតាម។ សម្លេងនេះនៅតែ​ជំរុញ​យើងឲ្យមានចិត្ត​ស្រឡាញ់ ឲ្យ​ប្រព្រឹត្ត​អំពើល្អ និងជៀសវាងមិនឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលលាន់ឮក្នុង​ជម្រៅចិត្តតាម​កាលៈ​ទេសៈ​ថា “ចូរប្រព្រឹត្ត​អំពើ​នេះ កុំប្រព្រឹត្ត​អំពើនោះ”។ ព្រះជាម្ចាស់ចារក្បួន​វិន័យ​នោះក្នុងចិត្តមនុស្ស។ មនុស្សមានកិត្តិយស​ដោយ​អនុវត្ត​តាម ហើយ​ក្បួន​វិន័យនោះ​ក៏នឹងវិនិច្ឆ័យមនុស្សដែរ (រម ២,១៤.១៦)។ក្នុងមនុស្ស មនសិកាជា​មណ្ឌល​ដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែង​ដ៏សក្ការៈដែល​មនុស្សនៅ​តែម្នាក់ឯងជាមួយព្រះ​ជាម្ចាស់ ជាកន្លែងព្រះសូរសៀង​របស់​ព្រះ​អង្គ​លាន់់ឮឡើង (មថ ២២, ៣៧-៤០; កាឡ ៥, ១៤)។ មនសិការរកឃើញយ៉ាងអស្ចារ្យ​នូវវិន័យ​ស្តីអំ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះបងប្អូន ដែលជាវិន័យកំពូល (មថ ២២, ៣៧-៤០; កឡ ៥, ១៤)។

ដោយគ្រីស្តបរិស័ទស្មោះត្រង់នឹងមនសិការ រួមជាមួយមនុស្សឯទៀតៗ​ទាំងអស់ គេត្រូវរួមគ្នាស្វែងរក​សេចក្តី​ពិត និង​ដោះស្រាយយ៉ាងត្រឹមត្រូវនូវបញ្ហាខាងសីលធម៌ ដែលការ​រស់​នៅរបស់បុគ្គលម្នាក់ៗ និងការ​រស់នៅក្នុងសង្គម​ចេះតែ​ចោទ​ឡើង។ មនសិការទៀងត្រង់កាន់តែ​ខ្លាំងយ៉ាង​ណា បុគ្គលឬក្រុមមនុស្សអាចសម្រេច​សេចក្តីឲ្យកាន់តែច្បាស់ និង​ឲ្យ​បាន​ស្របនឹងច្បាប់សីលធម៌​ដែល​មិនអាចប្រកែកបានយ៉ាងនោះដែរ។ក៏ប៉ុន្តែ ទោះបី​មនសិការ​វង្វេង ជាញឹកញាប់​ដោយ​មនុស្ស​មិន​អាច​ឈ្នះអវិជ្ជាក្តី ក៏មនសិការនៅតែរក្សាទុកតម្លៃដ៏ថ្លៃថ្នូរ​ដដែល។ ផ្ទុយទៅវិញ បើ​មនុស្ស​មិនរវីរវល់​ស្វែងរក​សេចក្តី​ពិត និងអ្វីដ៏ល្អ​ប្រសើរ ហើយ​មានទម្លាប់​ប្រព្រឹត្តអំពើបាប យូរៗទៅមនសិការរបស់គេ​ហាក់​ដូចជាខា្វក់។

១៧-សេរីភាពមានតម្លៃដ៏ឧត្តុង្គឧត្តម

មនុស្សបែរទៅរកអ្វីដ៏ល្អ ដោយប្រើសេរីភាពរបស់ខ្លួនជានិច្ច។ មនុស្សសម័យឥឡូវចូលចិត្តនឹង​សេរីភាព​នេះ​យ៉ាង​ខ្លាំង ហើយក៏ខិតខំចង់បានយ៉ាងក្លៀវក្លាផង។ គេស្វែងរកដូច្នេះ​ត្រឹមត្រូវហើយ។ ក៏ប៉ុន្តែជាញឹកញាប់ គេស្រឡាញ់​សេរីភាព​តាមរបៀប​មិនទៀងត្រង់ទេ ហាក់ដូចជាគេយល់ថាមានសិទ្ធិធ្វើអ្វីក៏បាន សូម្បីតែអំពើអាក្រក់ក៏ធ្វើបានដែរ ឲ្យតែ​ខ្លួន​ចូល​ចិត្ត​និង​សប្បាយ​ប៉ុណ្ណោះ។ រីឯសេរីភាពដ៏ពិតប្រាកដវិញ ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថាមនុស្សមាន​លក្ខណៈ​ដូចព្រះជាម្ចាស់។ ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យទុក​ឲ្យមនុស្សអាចស្វែងរក​ព្រះអាទិករ​របស់ខ្លួន ដោយ​សម្រេច​ខ្លួន​ឯង​បាន (បស ១៥, ១៤) ហើយ​ប្រសិនបើគេ​ផ្ញើ​ជីវិត​លើព្រះអង្គដោយប្រើសេរីភាពនោះ គេក៏អាច​បាន​ពេញ​លក្ខណៈ​យ៉ាងសែ​ន សុខសាន្តបានដែរ។ ហេតុនេះ កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សទាម​ទារឲ្យមនុស្សប្រព្រឹត្តកិច្ចការអ្វីៗ ដែល​ខ្លួន​បាន​ជ្រើសរើស​ដោយ​ដឹង​ខ្លួន ដោយ​សេរីភាព គឺ​សម្រេចដោយ​ជឿជាក់​ដោយខ្លួនឯងផ្ទាល់យ៉ាងជ្រៅក្នុងចិត្ត មិន​មែន​ដោយ​មាន​តណ្ហាពុះកញ្រ្ជាល ឬដោយ​គេបង្ខំឡើយ។ ប្រសិនបើមនុស្សរំដោះខ្លួនឲ្យរួចផុតពីធ្វើជាទាសករនៃ​តណ្ហា​ទាំង​អស់ គេមុខជាបានកិត្តិយសនេះ ដោយ​ខ្លួន​ជ្រើសរើស​ដោយសេរីនឹងប្រព្រឹត្តអំពើល្អ។ពេលនោះគេ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់ទីដៅនៃជីវិតរបស់ខ្លួន និងប្រើ​ប្រាជ្ញាដ៏វាងវៃដើម្បី​ខិតខំយ៉ាងពិតប្រាកដនឹង​រកមធ្យោបាយ​ទៅ​កាន់​ទីដៅ​នោះ។ ក៏​ប៉ុន្តែសេរីភាពរបស់​មនុស្ស អាចតម្រង់​ខ្លួនទាំង​ស្រុង​និងយ៉ាងសកម្មទៅកាន់​ព្រះជាម្ចាស់បាន​យ៉ាង​ពិត​ប្រាកដ ដោយ​សារ​តែព្រះអង្គជួយប្រោស​ប្រណី ព្រោះអំពើបាបបានធ្វើឲ្យសេរីភាពនោះត្រូវរបួស។ យើងម្នាក់ៗ​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​ម្នាក់ៗ ទទួលផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាលពី​នៅរស់​ក្នុង​រូបកាយ ទោះបី​ជា​អំពើ​នោះ​ល្អឬ​អាក្រក់​ក្ដី (២ករ ៥,១០)។

១៨-ការអាថ៌កំបាំងនៃមរណភាព

ក.    លក្ខណៈដ៏អាថ៌កំបាំងនៃជីវិតមនុស្សទៅដល់កំពូលនៅពេលមនុស្សប្រឈមមុខនឹងមរណភាព។ មនុស្ស​មិន​គ្រាន់​តែ​ជ្រួលច្របល់ដោយខ្លួនខ្លាច​រងទុក្ខឈឺចុកចាប់ និងដោយរូបកាយត្រូវអន់ថយទៅៗប៉ុណ្ណោះទេ តែ​លើស​ពី​នេះ​ទៅ​ទៀ​ត មនុស្ស​រឹត​តែ​ភ័យ ខ្លាចនឹងការវិនាសអន្តរាយរហូតជាស្ថាពរ។ បំណង​ប្រាថ្នា​ដ៏​ជ្រៅ​បំផុត​នៃ​ចិត្ត​គំនិត​បំភ្លឺ​យើង​យ៉ាង​ត្រឹមត្រូវថា យើងមិន​ព្រម​អន្តរាយ​ទាំងស្រុងដូចេ្នះជាដាច់ខាត ហើយក្នុងឋានៈជា​បុគ្គល​ម្នាក់ យើង​ក៏​មិន​សុខ​ចិត្ត​ទទួល​បរាជ័យដ៏ធ្ងន់ធ្ងរនេះ​ឡើយ។ មនុស្សយើងមានពូជនៃ​ជីវិត​អស់កល្ប​ជានិច្ច​កប់ក្នុងខ្លួន ពូជនៃ​ជីវិតនេះ​មិន​មែនកើតតាមធម្មជាតិទេ។ ដោយយើងមាន​ពូជនៃ​ជីវិតនេះ យើងតែងតែ​ជំទាស់​យ៉ាងខ្លាំងនឹង​មរណភាព។ មនុស្សយើងខិតខំតាមបច្ចេកទេសទាំងប៉ុន្មានយ៉ាងណា ទោះបី​បច្ចេកទេស​ទាំង​នោះ​មានប្រយោជន៍​យ៉ាង​ណាក៏ដោយ ក៏មិនអាចបន្ធូរការតប់ប្រមល់របស់ខ្លួន​ឲ្យបាន​ធូរស្រាលឡើយ។ ជីវវិទ្យា​អាចបន្ត​អាយុជីវិត​មនុស្ស​បានតែ​មិន​អាចបំពេញបំណងរបស់មនុស្សដែលចង់បានជីវិតរហូត ដែល​នៅ​តែជាប់​ក្នុងជម្រៅ​ចិត្តគេ​ជា​និច្ច។

ខ.    ប៉ុន្តែ ទោះបីមនុស្សយើងស្រមៃឃើញអំពីមរណភាពយ៉ាងណាក្តី ក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ។ ព្រះសហគមន៍​ដែលទទួលសេចក្តីបង្រៀនពីព្រះជាម្ចាស់បានសម្តែងឲ្យដឹង ក៏ប្រកាសបញ្ជាក់ថា ព្រះអង្គ​ប្រតិស្ឋាន​មនុស្ស​ដើម្បី ឲ្យមានទីដៅ​ដ៏សុខក្សេមក្សាន្តរួចផុតពីទុក្ខវេទនានៃលោកនេះ។ តាមជំនឿ​របស់​គ្រីស្ត​បរិស័ទ មនុស្ស​រមែងតែង​តែ​ស្លាប់​ព្រោះ​តែ​អំពើ​បាប ប៉ុន្តែ គង់តែថ្ងៃណាមួយ មរណភាព​ខាងរូបកាយ​មនុស្ស​ត្រូវ​ចាញ់​ជា​ពុំខាន គឺនៅពេល​ព្រះ​សង្គ្រោះ​ដ៏ មាន​ឫទ្ធានុភាព​សព្វ​ប្រការ និងប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​កុណា​នឹងសង្គ្រោះ​មនុស្សលោក។មនុស្ស​បាត់​បង់​ការសង្គ្រោះនេះ ព្រោះតែ​អំពើបាបរបស់ខ្លួន។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅមនុស្ស ហើយនៅតែត្រាស់ហៅ​គេ​ឲ្យ​ផ្ញើ​ជីវិតទាំងស្រុងលើព្រះអង្គ ដើម្បី​ឲ្យរួបរួម​ជាមួយ​ព្រះ​អង្គ​ក្នុងជីវិតអស់កល្បជានិច្ច ដែលមិនចេះប្រែប្រួល​ឡើយ។ព្រះ​គ្រីស្តបានជ័យជម្នះនេះ ដោយ​មាន​ព្រះជន្មថ្មី​ដ៏រុងរឿង ព្រះអង្គក៏រំដោះមនុស្ស​ឲ្យបានរួចពីស្លាប់ ដោយទ្រង់​សោយ​ទិវង្គត។ ព្រះសហគមន៍ផ្តល់ឲ្យ​មនុស្ស​គ្រប់ៗ​គ្នាអាចពិនិត្យ​ពិច័យជំនឿ​ដ៏រឹងប៉ឹងរបស់ខ្លួន គឺជំនឿនេះអាច​តបឆ្លើយ​នឹង​សំណួរ​ដែល​មនុស្ស​ចោទ​សួរ​អំពី​អនាគត​របស់ខ្លួន ទាំងតប់ប្រមល់។ នៅពេលជាមួយគ្នានេះ ជំនឿក៏ផ្តល់​ឲ្យមនុស្ស​ភាពមានលទ្ធអាច​រួប​រួម​ជាមួយ​បងប្អូន​ដ៏ជាទីស្រឡាញ់​ដែលចែកឋានទៅហើយ ក្នុង​អង្គ​ព្រះ​គ្រីស្ត។ ជំនឿក៏ផ្តល់ឲ្យ​យើង​មាន​សេចក្តី​សង្ឃឹម​ថា បងប្អូនទាំង​នោះបានទទួលជីវិត​ដ៏ពេញលេញ​នៅក្បែរព្រះអង្គដែរ។

១៩-មូលហេតុបណ្តាលឲ្យមនុស្សមិនព្រមជឿថាមានព្រះជាម្ចាស់

ក.    មនុស្សយើងមានកិត្តិយសដ៏ថ្លៃថ្នូរបំផុត មកពីព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យរួបរួមជាមួយព្រះអង្គ។ តាំង​ពីពេល​មាន​មនុស្ស​នៅលើផែនដីព្រះអង្គអញ្ជើញ​មនុស្សយើងឲ្យនិយាយសន្ទនាជាមួយព្រះអង្គ។ មនុស្ស​យើង​កើតមកនៅ​លើ ផែនដីមកពី​ព្រះ​ជាម្ចាស់ប្រតិស្ឋានដោយព្រះហឫទ័យស្រឡាញ់ ហើយ​ព្រះអង្គ​ក៏នៅតែ​ប្រទាន​ឲ្យមនុស្ស​យើង​មាន ជីវិត​តទៅ​ទៀត។មនុស្សរស់យ៉ាងពេញលក្ខណៈតាមសេចក្តីពិត លុះត្រាតែ​ខ្លួន​ទទួល​ព្រះហឫទ័យស្រឡាញ់​របស់​ព្រះអង្គ​ដោយ​សេរីភាព និងផ្ញើជីវិត​ទាំងស្រុងទៅលើព្រះអាទិកររបស់ខ្លួន។ ក៏​ប៉ុន្តែមនុស្សសម័យឥឡូវ មិន​យល់​អំពីចំណង​ដ៏ស្និទ្ធស្នាលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ជា​ចំណងផ្តល់​ជីវិត​ឲ្យគេ​នេះ​ទេ។ មានមនុស្សខ្លះលះបង់​ចំណង​នេះ​យ៉ាង ជាក់​ស្តែង​ថែមទៀតផង បានជាការបដិសេធថាគ្មាន​ព្រះជាម្ចាស់ទាល់តែសោះ ជាបញ្ហានៅក្នុងចំណោម​បញ្ហាដ៏ធ្ងន់ធ្ងរ ជាងគេ​នៅ​សម័យឥឡូវនេះ។ យើងត្រូវ​យក​ចិត្ត​ទុកដាក់ពិនិត្យពិច័យបញ្ហានេះយ៉ាងល្អិតល្អន់។

ខ.    ទ្រឹស្តីហៅថា “លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់” មានប្រភេទផ្សេងពីគ្នាជាច្រើន។មានអ្នកខ្លះប្រកាស​យ៉ាង​ច្បាស់​ថាគ្មានព្រះជាម្ចាស់។ មានអ្នកខ្លះទៀតយល់ឃើញថា មនុស្ស​មិនអាច​និយាយអ្វី​អំពីព្រះអង្គ​ទាល់តែ​សោះ មានអ្នកខ្លះ ទៀត​រិះគិតអំពីព្រះ​ជាម្ចាស់​ហាក់ដូចជាបញ្ហាដែលគ្មានអត្ថន័យ។មានមនុស្សជាច្រើន​រិះគិត​ដោយ​ប្រើវិទ្យាសាស្រ្ត​ខាង សម្ភារៈ​ហួស​ព្រំដែនមិន​ត្រឹមត្រូវទេ ឬអះអាងថា ប្រាជ្ញាមនុស្ស​អាច​ពន្យល់​អ្វីៗ​ទាំងអស់​តាម​វិទ្យាសាស្រ្តបាន ឬផ្ទុយ ទៅវិញ មិនព្រម​ទទួលសេចក្តីពិតណាទុកជា​សេចក្តីពិតទាល់់​តែ​សោះ។ មានអ្នកខ្លះលើកតម្តើងមនុស្សហួសហេតុ ជាហេតុនាំឲ្យជំនឿទៅលើព្រះ​ជាម្ចាស់​មិនសូវមានអត្ថន័យ គេ​មិន​បដិសេធ​ថាគ្មានព្រះជាម្ចាស់ចំៗទេ តែគេរវិរវល់​ប្រកាស​ពីកិត្តិយស​របស់មនុស្ស​ប៉ុណ្ណោះ។ មានអ្នកខ្លះ​ស្រមៃ​ឃើញ​ព្រះជាម្ចាស់ តាមរបៀបដែលគួរឲ្យបដិសេធ​ព្រោះ​ព្រះ​នោះ​ជាព្រះក្លែងក្លាយមែន មិនមែន​ជា​ព្រះ​ជា​ព្រះជាម្ចាស់​ដែលមានចែងក្នុងគម្ពីរ​ដំណឹងល្អទេ។ មានអ្នកខ្លះ​មិន​ដែល​រិះគិតអំពីព្រះជាម្ចាស់ទេ គេដូចជា​គ្មាន​រវីរវល់​អំពីសាសនាសោះ ហើយ​គិតថាមិនបាច់រវីរវល់នឹង​សាសនា​ណា​ឡើយ។ ជាញឹកញាប់ លទ្ធិ​បដិសេធ​ថា គ្មានព្រះជាម្ចាស់​កើតមក​ដោយ​មនុស្ស​បះបោរទាស់នឹងសេចក្តីអាក្រក់​ដែល​ស្ថិត​នៅ​ក្នុងពិភព​លោក ឬដោយក្រុមមនុស្សខ្លះលើកយក​ឧត្តមគគិ​ខ្លះ​អំពី​មនុស្ស ទុក​ជា​ឧត្តមគតិខ្ពង់ខ្ពស់បំផុត ដូចជា​ព្រះ​មួយអង្គ។ វប្បធម៌ទំនើបយកចិត្តទុកដាក់នឹងអ្វីៗនៅ​លើ​ផែន ដីនេះ​ខ្លាំង​ពេក បណ្តាល​ឲ្យពិបាកនឹក​គិតអំពី​ព្រះ​ជាម្ចាស់។ តែការណ៍នេះ​មិនមែនមកពីសភាពនៃវប្បធម៌ទំនើបផ្ទាល់​ទេ។

គ.    អស់អ្នកដែលខិតខំបំបាត់ព្រះជាម្ចាស់ចេញពីចិត្តគំនិតរបស់គេ គឺចោលបញ្ហាសាសនាឲ្យដាច់ពីខ្លួន មិន​ប្រព្រឹត្ត​តាម​បញ្ជា​នៃមនសិការរបស់ខ្លួនទេ គេពិតជាមានកំហុស។ អ្នកផ្ញើជីវិតលើ​ព្រះជាម្ចាស់ក៏មាន​កំហុស​ខ្លះ​ក្នុងការ​បដិសេធ​នោះដែរ។ ប្រសិនបើយើងគិតអំពីលទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ទុកជាបញ្ហារួម គ្មាន​ដើម​កំណើតពីខ្លួនឯងទេ គឺមាន​មូលហេតុ​ផ្សេងៗ។ ជួនកាល អ្នកកាន់លទ្ធិបដិសេធនោះ មាន​ប្រតិកម្ម​រិះគន់​ទាស់​នឹងសាសានានានានៅ​តំបន់​ខ្លះមាន​ប្រតិកម្ម​ទាស់នឹងគ្រីស្តសាសនាក៏មានដែរ។ ហេតុនេះហើយ អ្នក​ផ្ញើ​ជីវិតលើព្រះជាម្ចាស់​ត្រូវទទួលកំហុស​ក្នុងកំណើត​លទ្ធិទាំង​នោះ។ ជួនកាល​អ្នកផ្ញើជីវិតលើព្រះជាម្ចាស់​ធ្វេស​ប្រហែស​នឹងការអប់រំជំនឿរបស់ខ្លួនឬគេពន្យល់​ជំនឿ​របស់​ខ្លួន​តាម​របៀបមិនត្រឹមត្រូវនាំឲ្យវង្វេង ឬគេកាន់​សាសនា​មិនត្រឹមត្រូវកាន់តាមសីលធម៌មិនបានល្អ ឬខុសសីលធម៌ក្នុងសង្គម។ យើងអាចនិយាយថា គេលាក់​ព្រះភ័ក្ត្រដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ និងលាក់អត្ថន័យ​សាសនាជាជាងគេធ្វើ ឲ្យមនុស្ស​លោកស្គាល់។

២០-ទ្រឹស្តីបដិសេធថាគ្មានព្រះជាម្ចាស់

ក.    ជាញឹកញយទ្រឹស្តីទំនើបដែលបដិសេធថាគ្មានព្រះជាម្ចាស់ ជំរុញ​មនុស្សឲ្យពឹងលើខ្លួនឯង រហូតដល់​បំណង​នេះ​ទៅជា​ឧបសគ្គរារាំងមនុស្សមិន​ឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ មានមូលហេតុ​ផ្សេងៗទៀត ដែល​យើងមិនយកមក​មក​រិះគិតទេ។ អស់​អ្នក​ដែលប្រកាន់​ទ្រឹស្តីបែបនេះតែងអះអាងថា មនុស្សមាន​សេរីភាព​បានសេចក្តីថា មនុស្ស​ជា​ទិស​ដៅ​របស់ខ្លួន​ផ្ទាល់ មានតែមនុស្សប៉ុណ្ណោះទេ ដែលបង្កើត និង​ណែនាំ​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន។គេអួតអះ​អាង​ថា ទស្សនៈ​អំពី​មនុស្ស​បែប​នេះមិនអាចទទួលស្គាល់ថា មានព្រះអម្ចាស់​មួយ​ព្រះអង្គ​ជាដើម​កំណើត​និងជា​ចុង​បំផុត​នៃអ្វីៗ​ទាំង​អស់បានទេ ឬយ៉ាងហោចណាស់ ជំនឿបែបនេះ​ដូចជា​ឥត​បាន​ការ។ ការអភិវឌ្ឍន៍​ខាង​បច្ចេកទេសនា បច្ចុប្បន្នកាលនេះ នាំឲ្យមនុស្សយល់ឃើញថា ខ្លួនមាន​អំណាច​ខ្លាំង​ក្លា​លើអ្វីទាំងអស់។ ទស្សនៈ​នេះ​ក៏ដូច​ជា​ជួយ​ពង្រឹងទ្រឹស្តី​បដិសេធ​ថាគ្មានព្រះជាម្ចាស់នោះដែរ។

ខ.    លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់នាបច្ចុប្បន្នកាលមានច្រើនបែប។ យើងមិនត្រូវបំភ្លេចលទ្ធិ ដែលរង់ចាំការ​រំដោះ​របស់​មនុស្សជាពិសេសរំដោះខ្លួនក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម។ តាមអ្នកប្រកាន់លទ្ធិបែបនោះ សាសនា​ជំទាស់​នឹងការ​រំដោះ​មនុស្ស ដោយ​លក្ខណៈសាសនាផ្ទាល់ ព្រោះសាសនាអះអាងលើសេចក្តីសង្ឃឹម​ដែល​បញ្ឆោតមនុស្សថា គេនឹង​បានជីវិតនៅ​លោកខាងមុខ បណ្តាលឲ្យមនុស្សមិនរវីរវល់នឹងសាងសង់​ពិភព​លោក​នៅ​លើផែនដីនេះ។ ហេតុនេះហើយ​បាន​ជា នៅ​ពេល​អ្នកប្រកាន់លទ្ធិបែបនេះកាន់អំណាចត្រួតត្រាប្រ​ទេស គេវាយប្រហារសាសនាយ៉ាងឃោរឃៅ។ ពួកគេ​ប្រើគ្រប់​មធ្យោបាយនៃរដ្ឋអំណាច ដើម្បីផ្សព្វផ្សាយ​លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់នោះ ជាពិសេសក្នុងការ​អប់រំ​យុវជន។

២១-ឥរិយាបថរបស់ព្រះសហគមន៍ចំពោះលទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់

ក.    ព្រះសហគមន៍ស្មោះត្រង់ចំពោះព្រះជាម្ចាស់ផង និងស្មោះត្រង់ចំពោះមនុស្សផង តែក៏នៅតែដាក់ទោស​លទ្ធិ និង​របៀប​ប្រព្រឹត្ត​ទាំងនោះយ៉ាងម៉ឺងម៉ាត់ជាខ្លាំង ទាំងព្រួយផង ដូច​ព្រះសហគមន៍​បានដាក់​ទោស​នៅ​សម័យ​មុនៗ​ដែរ ព្រោះ​លទ្ធិ​និង​របៀបប្រព្រឹត្តដ៏អាក្រក់ទាំងនោះ ផ្ទុយនឹងប្រាជ្ញានិងបទពិសោធន៍របស់មនុស្សទូទៅ ហើយ​បណ្តាល​ឲ្យមនុស្ស​ធ្លាក់ ពី​ឋានៈដ៏ថ្លៃថ្នូរ ដែលខ្លួនមានតាំងពីកំណើតមក។

ខ.    ក៏ប៉ុន្តែ ព្រះសហគមន៍ខិតខំយល់អំពី​មូលហេតុដ៏លាក់កំបាំង ក្នុងចិត្តគំនិតអ្នកបដិសេធថាគ្មានព្រះជាម្ចាស់។ ទោះបី​ព្រះ​សហគមន៍ដឹងច្បាស់ថាលទ្ធិនោះបណ្តាលឲ្យកើតបញ្ហាធ្ងន់ធ្ង​រក្តី ក៏ព្រះសហគមន៍យល់ឃើញថា ត្រូវ​រិះគិត​យ៉ាង​ពិស្តារ និងយ៉ាងជ្រៅអំពីមូលហេតុទាំងនោះ ដោយមានសេចក្តី​ស្រឡាញ់​ចំពោះមនុស្ស​គ្រប់ៗ​គ្នា។

គ.    ព្រះសហគមន៍ប្រកាន់ជំនឿថា ការទទួលស្គាល់ព្រះជាម្ចាស់ មិនជំទាស់នឹងតម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​ត្រង់ណា​សោះ​ឡើយ ព្រោះ​តម្លៃដ៏ថ្លៃថ្នូរនេះមកពីព្រះជាម្ចាស់ផ្ទាល់ គឺព្រះ​អង្គ​ហើយជាគ្រឹះនៃតម្លៃដ៏ថ្លៃថ្នូរនេះ និង​ធ្វើឲ្យ​តម្លៃ​ដ៏ថ្លៃថ្នូរនេះ​បាន​ពេញលក្ខណៈ។ ព្រះជាម្ចាស់ជាព្រះអាទិកររបស់មនុស្ស បានតែងតាំង​មនុស្ស​ឲ្យ​មាន​ប្រាជ្ញា និងមានសេរីភាព ហើយឲ្យ​រស់នៅក្នុងសង្គម។ ជាពិសេសព្រះអង្គត្រាស់ហៅមនុស្ស​ឲ្យរួបរួមយ៉ាង​ស្និទ្ធ​ស្នាលជាមួយព្រះអង្គក្នុងឋានៈជាបុត្រធីតា និងចែករំលែកសុភមង្គលផ្ទាល់របស់ព្រះអង្គឲ្យមនុស្ស​ផង​ដែរ។ ព្រះសហគមន៍បង្រៀនទៀតថា សេចក្តីសង្ឃឹមនឹង​បាន​សេចក្តី​សុខសាន្តនៅលោកខាងមុខ មិនបណ្តាលឲ្យ​កិច្ចការ​នៅក្នុងលោកនេះលែងមានសារៈសំខាន់ទេ ផ្ទុយ​ទៅវិញ សេចក្តីសង្ឃឹមនេះ ផ្តល់ឲ្យមនុស្ស​បំពេញ​កិច្ចការ​ក្នុង​លោកនេះឲ្យបានសម្រេចដោយមានមូលហេតុថ្មីៗ​ថែម​ទៀត។ ពេល​មនុស្ស​មិនត្រូវ​ការ​ព្រះ​ជាម្ចាស់​គាំទ្រ ហើយ​ពេល​មនុស្សគ្មាន​សេចក្តី​សង្ឃឹមនឹងបានជីវិតអស់កល្បជា និច្ច តម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​ដូចជា ត្រូវរបួសយ៉ាងធ្ងន់ ដូច​យើង​អាចសង្កេតឃើញក្នុង​លោក​បច្ចុប្បន្ននេះស្រាប់ហើយ គ្មាន​អ្វីអាចដោះ​ស្រាយ​ការអាថ៌កំបាំងនៃជីវិតនិងសេចក្តី​ស្លាប់ ការអាថ៌កំបាំងនៃអំពើបាបនិងទុក្ខវេទនា​បានសោះ។ ដូច្នេះ​ជា​ញឹកញាប់​មនុស្សធ្លាក់ទឹកចិត្ត អស់សង្ឃឹម។

ឃ.  នៅពេលជាមួយគ្នានេះ មនុស្សម្នាក់ៗនៅតែមិនសួរអំពីអត្ថន័យជីវិត របស់ខ្លួនជា​សំណួរ ដែលគេយល់​ឃើញ​យ៉ាង​ស្រពិចស្រពិល។ នៅពេលខ្លះ ជាពិសេសក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការរស់នៅ គ្មាននរណាអាច​ជៀស​ផុត​ពីសំណួរ​បែបនេះទេ។ មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលអាចតបឆ្លើយនឹងសំណួរ​នេះ​បាន​យ៉ាង​ពេញលេញ​ហើយប្រកែក​មិនបាន គឺ​ព្រះអង្គអញ្ជើញមនុស្សយើងឲ្យរិះគិតយ៉ាងជ្រៅជាង និងឲ្យ​ស្វះ​ស្វែង​រក​ដោយចិត្តសុភាពរាបសាជាងដែរ។

ង.    យើងត្រូវព្យាបាលលទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ ដោយរៀបរាប់ពន្យល់លទ្ធិនៃគ្រីស្តសាសនាតាម​សេចក្តី​ត្រូវ​ការ​របស់​គេ ហើយ​ដោយ​ព្រះសហគមន៍ និងសមាជិកនៃព្រះសហគមន៍រស់នៅបែបបរិសុទ្ធ។ ព្រះ​សហគមន៍​ទទួល​ភារកិច្ច​ធ្វើ​ឲ្យ​មនុស្សលោកមើលឃើញវត្តមានរបស់ព្រះបិតាជាអម្ចាស់ និងព្រះបុត្រា​ប្រសូត​ជា​មនុស្សគង់នៅ​ក្នុង​លោក​នេះ ដោយ​ព្រះសហគមន៍ប្រែជាថ្មី និងជម្រះខ្លួនជានិច្ច ក្រោមការ​ណែនាំ​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ (ពន្លឺ ៨)។ ជា​ពិសេសគ្រីស្តបរិស័ទ​ត្រូវ​ផ្តល់សក្ខីភាពអំពីជំនឿរស់រវើក ក្នុងឋានៈជា​មនុស្ស​ពេញវ័យ គឺជាជំនឿដែល​ទទួល​ការ​អប់រំ​ឲ្យ​សុខ​ចិត្ត​ទទួលស្គាល់​ឧបសគ្គនានា​យ៉ាងជាក់​ច្បាស់ និង​អាច​ពុះពារឈ្នះឧបសគ្គទាំងនោះបានផង។ មរណសាក្សី​ជា​ច្រើនឥត​គណនា​បាន ផ្តល់​សក្ខីភាពអំពីជំនឿនេះ ហើយ​នៅតែមានមរណសាក្សីបន្ត​ផ្តល់សក្ខីភាពយ៉ាងត្រចះត្រចង់សព្វថ្ងៃ​នៅ​ឡើយ។ ព្រះ​សហគមន៍​បង្ហាញ​ផល​ផ្លែរបស់ខ្លួនដោយចូលជ្រួតជ្រាបក្នុងការរស់នៅ​ទាំងមូល​របស់អ្នកផ្ញើជីវិតលើព្រះ​ជាម្ចាស់ សូម្បី​តែ​ក្នុង​ការ​រស់​នៅ​ជាធម្មតារបស់មនុស្សលោក។ ព្រះសហគមន៍នាំគេ​ឲ្យរកយុត្តិធម៌​និងសេចក្តីស្រឡាញ់ ជាពិសេស ចំពោះ​អ្នក​ខ្វះខាតជាងគេ។ នៅទីបញ្ចប់ បើគ្រីស្តបរិស័ទដែលធ្វើការដោយមានចិត្តថ្លើមតែមួយ​ព្រោះ​តែ​ជំនឿ​តាម​ដំណឹង​ល្អ និង​ស្រឡាញ់គ្នាទុកជាបងប្អូននិងបង្ហាញខ្លួនទុកជាសញ្ញានៃការរួបរួមគ្នាជាធ្លុងតែមួយ ពិតជា​ជួយ​សម្តែង​អំពី វត្តមាន​របស់ព្រះជាម្ចាស់ដែល​គង់នៅ​ក្នុងលោកនេះ។

ឆ.    ទោះបីព្រះសហគមន៍ជំទាស់មិនព្រមទទួលលទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ជាដាច់ខាតក្តី ក៏ព្រះសហគមន៍​នៅ​តែ​ប្រកាស​ដោយគ្មានគំនិតលាក់លៀមថា មនុស្សទាំងអស់ទោះជាអ្នកជឿលើព្រះជាម្ចាស់ក្តី អ្នកមិន​ជឿ​លើ​ព្រះអង្គក្តី ត្រូវតែយក​ចិត្តទុកដាក់នឹងសាងសង់ពិភពលោកយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ ជាកន្លែង​គេរស់នៅ​រួមជាមួយគ្នា។ គេអាច​សាងសង់ពិភព​លោកបាន លុះត្រាតែគេនិយាសន្ទនាទៅវិញ​ទៅមក​ដោយ​ចិត្ត​ស្មោះ និងដោយប្រុងប្រយ័ត្ន។ហេតុនេះព្រះសហគមន៍​នឹកស្តាយ ដោយមានរដ្ឋអំណាចខ្លះ​ប្រព្រឹត្តចំពោះ​អ្នកជឿលើ​ព្រះជាម្ចាស់ តាមរបៀបផ្សេងពីរបៀប​ប្រព្រឹត្ត​ចំពាះអ្នកមិន​ជឿលើព្រះអង្គ ទាំងរំលោភសិទ្ធិមនុស្ស។ ព្រះ​សហគមន៍​ទាមទារឲ្យអ្នកជឿមានសេរីភាព​កាន់​សាសនា​របស់ខ្លួន​យ៉ាងពិតប្រាកដ និងមានសិទ្ធិសេរីភាពយក​ពិភព​លោកនេះធ្វើ​ជាព្រះវិហារថ្វាយព្រះជាម្ចាស់ផង។ចំពោះអ្នក​ដែលបដិសេធថាគ្មាន​ព្រះជាម្ចាស់វិញ ព្រះ​សហគមន៍​អញ្ជើញគេដោយមនុស្សធម៌ ឲ្យពិនិត្យមើលដំណឹងល្អ​របស់​ព្រះគ្រីស្ត​កំុឲ្យគេមានគំនិតប្រកាន់។

ជ.    ពេលព្រះសហគមន៍​ទាមទារនិងការពារតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ព្រះសហគមន៍​ដឹងច្បាស់ថា សាររបស់ខ្លួន​ត្រូវ​នឹង​ជម្រៅ​ចិត្តដ៏អាថ៌កំបាំងរបស់មនុស្ស។ធ្វើដូច្នេះ ព្រះសហគមន៍​ផ្តល់សេចក្តីសង្ឃឹមវិញ ដល់​អស់​អ្នក​ដែល​មិន​ហ៊ាន​ជឿ​ថា គេមានវាសនាដ៏ប្រសើរឧត្តម។ សាររបស់ព្រះសហគមន៍​នេះ មិន​បណ្តាល​ឲ្យកិតិ្តយស​របស់​មនុស្សអន់ថយទេ តែជួយ​ឲ្យមនុស្សចម្រើនឡើងទៅវិញ ដោយផ្សព្វផ្សាយពន្លឺជីវិត និងសេរីភាព។ក្រៅ​ពី​ព្រះជាម្ចាស់គ្មានអ្វីអាច ធ្វើឲ្យ​មនុស្សស្កប់ស្កល់ចិត្តបានទេ “បពិត្រព្រះអម្ចាស់ ព្រះអង្គ​បាន​ប្រតិស្ឋាន​យើង​សម្រាប់​ព្រះអង្គ។ ចិត្តយើង​ស្កប់ស្កល់ លុះត្រាតែ​បានសម្រាកនៅក្នុងព្រះអង្គ”(សន្តៈអូហ្គូស្តាំង)។

២២-ព្រះគ្រីស្តជាមនុស្សថ្មី

ក.    តាមពិត ប្រសិនបើយើងចង់យល់ខ្លះៗអំពីការអាថ៌កំបាំងរបស់មនុស្ស យើងត្រូវតែរិះគិតក្នុងពន្លឺនៃ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះ​បន្ទូលដែលប្រសូតជាមនុស្ស គ្មានផ្លូវផ្សេងទៀតទេ។ លោកអាដំាជាមនុស្សមុនគេ​ជា​ប្រផ្នូល​របស់​មនុស្ស​ម្នាក់ដែលត្រូវមកខាងក្រោយ ពោលគឺ ជាប្រផ្នូលរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ (រម ៥, ១៤) ព្រះអង្គពិតជា​លោក​អាដាំ​ថ្មី។ពេលព្រះគ្រីស្តសម្តែងការអាថ៌កំបាំង​ដ៏អស្ចារ្យរបស់ព្រះបិតា និង​ការ​អាថ៌​កំបាំង​នៃព្រះហឫទ័យ​ស្រឡាញ់របស់ ព្រះអង្គ​ទ្រង់​ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឲ្យគេ​ស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់​បានកំណត់​ទុក។ យើងមិនត្រូវឆ្ងល់ដោយ​សេចក្តីពិត​ទាំង​ប៉ុន្មាន​នៅ​ខាងលើ មានប្រភពចេញពី​ព្រះគ្រីស្ត និងទៅដល់ កំពូល​ដោយសារ​ព្រះគ្រីស្តផងដែរ។

ខ.    “ព្រះគ្រីស្ត​ជា​តំណាង​របស់​ព្រះជាម្ចាស់​ដែល​យើង​មើល​ពុំ​ឃើញ (កូឡ ១,១៥ ២ករ ៤៤)។ កាលពីដើម​ដោយលោក​អាដាំ​ប្រព្រឺត្តអំពើបាប លោកបង្ខូច​មនុស្ស ឲ្យលែងបាន​ដូចព្រះជាម្ចាស់។ តែព្រះគ្រីស្ត ដែល​ជា​មនុស្សដ៏ពេញ​លក្ខណៈ​បាន​ប្រោស​ឲ្យពូជពង្សរបស់លោកអាដាំបានដូចព្រះ​ជាម្ចាស់​វិញ។ ព្រះគ្រីស្ត​យក​សភាព​ជាមនុស្សយ៉ាង​ពិត​ប្រាកដ មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​ប្រែក្រឡាជាមនុស្សទេ គឺព្រះអង្គលើកសភាព​មនុស្ស​យើង ដើម្បីឲ្យសភាពមនុស្ស​យើង​ទទួល​តម្លៃ​ដ៏ថ្លៃថ្នូរយក​អ្វីមក​ប្រៀប​ផ្ទឹម​ពំុបាន។ ដោយព្រះបុត្រា​របស់​ព្រះជាម្ចាស់ប្រសូតជាមនុស្ស ទ្រង់ដូច​ជា​ភ្ជាប់​ព្រះ​អង្គ​ជា​មួយ​មនុស្ស​គ្រប់ៗរូប។ ព្រះអង្គបាន​ធ្វើការ​ចិញ្ចឹម​ជីវិតដោយផ្ទាល់ដៃជាមនុស្ស ព្រះអង្គបាន​រិះគិតដោយ​មាន​ប្រាជ្ញា​ជា​មនុស្សព្រះ​អង្គ​បានប្រព្រឹត្តកិច្ចការ​ទាំងអស់​ដោយសម្រេចសេចក្តីតាមរបៀបមនុស្ស ព្រះអង្គ​បាន​ស្រឡាញ់​ដោយ​មាន​ចិត្តជា​មនុស្ស។ព្រះអង្គ​ប្រសូត​ដោយសារព្រះនាងព្រហ្មចារីនីម៉ារី ហើយបានទៅជា​មនុស្ស​ដូច​យើង​បិះបិទ​ក្នុង​គ្រប់ប្រការទាំងអស់ តែ​ព្រះអង្គ​មិន​បានប្រព្រឹត្តអំពើបាបសោះឡើយ (ហប ៤,១៥)។

គ.    ព្រះគ្រីស្តជាកូនចៀមដែលគ្មានទោសតែបានជីវិតជូនមកយើង ដោយព្រះអង្គសព្វព្រះហឫទ័យបូជាព្រះជន្ម​ដោយ​គ្មាន នរ​ណាបង្ខំឡើយ។ព្រះជាម្ចាស់បានសម្រុះសម្រួលយើងក្នុងអង្គព្រះគ្រីស្ត ឲ្យជានានឹងព្រះអង្គ​ព្រម​ទាំង​ឲ្យជានា​គ្នានឹង គ្នាផង (២ករ៥,១៨.១៩ កូឡ ១,២០,២២)។ ព្រះគ្រីស្ត​បានដក​យើង​ឲ្យ​រួច​ពី​ធ្វើ​ទាសករ​របស់មារ​និងរបស់​បាប។ដូច្នេះ យើងម្នាក់ៗអាចនិយាយរួមជាមួយគ្រីស្តទូតប៉ូលថា៖ “ព្រះបុត្រា​របស់​ព្រះ​ជាម្ចាស់​បាន​ស្រឡាញ់ខ្ញុំនិងបាន​បូជា​ព្រះ​ជន្ម​សម្រាប់ខ្ញុំ” (កាឡ ២,២០)។ ដោយព្រះអង្គរងទុក្ខសម្រាប់យើង ព្រះអង្គមិនគ្រាន់​តែធ្វើជាគំរូឲ្យយើង​ដើរ​តាម លំអានព្រះអង្គប៉ុណ្ណោះទេ (១សល ២,២១ មថ ១៦,២៤ លក ១៤, ២៧) តែព្រះអង្គ​បាន​បើកមាគ៌ាមួយ។ ប្រសិនបើ​យើងដើរតាម​មាគ៌ានោះ ជីវិត និងសេចក្តីស្លាប់របស់​មនុស្ស​យើង​បានវិសុទ្ធ និងទទួល​អត្ថន័យថ្មីផង។

ឃ.  គ្រីស្តបរិស័ទយើងបានត្រឡប់ឲ្យទៅដូចជាព្រះបុត្រា​ជារៀមច្បង​ក្នុងបណ្តាបងប្អូនជា​ច្រើន។‌(រម ៨,២៩ កូឡ ១, ១៨) និង “បានទទួល​ព្រះអំណោយទានដំបូង​របស់ព្រះ​វិញ្ញាណ” (រម៨,២៣) ដែល​ប្រោសឲ្យយើង​មាន​សមត្ថភាព​អាច​ប្រព្រឹត្តតាមធម្មវិន័យថ្មី គឺតាមសេចក្តី​ស្រឡាញ់ (រម ៨,១.១១; ២ករ ៤,១៤)។ មនុស្ស​ប្រែ​ជាថ្មី​ទាំងស្រុងពីខាងក្នុង ដោយសារព្រះវិញ្ញាណនេះដែល “​បញ្ចាំ​ចិត្ត​យើង “(អភ ១, ១៤) ទាំងរង់ចាំ​ព្រះ​ជាម្ចាស់​លោះ​រូបកាយយើង (រម ៨,២៣) គឺថា “ប្រសិន​បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យមានព្រះជន្មថ្មីដ៏រុងរឿងទ្រង់សណ្ឋិត​នៅ ក្នុង​បងប្អូនមែននោះ​ព្រះអង្គដែលបាន​ប្រោស​ព្រះគ្រីស្ត​ឲ្យ​មាន​ព្រះជន្ម​ថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសឲ្យរូបកាយរបស់ បងប្អូន​ដែល​រមែង​តែង​តែ​ស្លាប់​នោះ​មាន​ជីវិត​ដោយ​សារ​ព្រះ​វិញ្ញាណ​ដែលសណ្ឋិតនៅក្នុងបងប្អូន​នោះដែរ ៉(រម ៨,១១) ក៏ប៉ុន្តែ គ្រីស្តបរិស័ទ​មានកាតព្វកិច្ច​ត្រូវ​ប្រឆាំង​នឹង​សេចក្តីអាក្រក់ជាចាំបាច់មែន ទោះបីខ្លួនត្រូវ​ប្រឈមមុខនឹងទុក្ខ​ជា​ច្រើននិង​សេចក្តីស្លាប់ក៏ដោយ។ ដោយយើងរួមជាមួយព្រះយេស៊ូដែលសោយ​ទិវង្គតនិងមានព្រះជន្ម​ថ្មីដ៏​រុងរឿង នៅពេលយើង​ស្លាប់យើង​នឹង​បាន​ដូច​ព្រះគ្រីស្តហើយមានសេចក្តីសង្ឃឹមពង្រឹងចិត្តយើង។ដូច្នេះយើងក៏ធ្វើដំណើរទៅ ទ​ទួលជីវិត​ថ្មី​ដ៏រុងរឿង​ដែរ (ភល ៣, ១០; រម ៨, ១៧)។

ង.    សេចក្តីនេះមិនគ្រាន់តែសំដៅទៅដល់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តប៉ុណ្ណោះទេ តែសំដៅទៅដល់មនុស្ស​ទាំង​អស់​ដែល​មាន​ឆន្ទៈល្អ ដោយមានព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់បំពេញសកម្មភាពក្នុងគេ​ដោយ​មើល​មិនឃើញ (ពន្លឺ ១៦)។ ដោយព្រះគ្រីស្តសោយទិវង្គតដើម្បីមនុស្សទាំងអស់ (រម ៨,៣២) និងដោយ​ព្រះជាម្ចាស់កំណត់ទី​ដៅតែមួ​យឲ្យជីវិតមនុស្ស​យ៉ាងពិតមែននោះ ពោលគឺឲ្យរួមរស់ជាមួយព្រះអង្គ យើង​ត្រូវ​តែ​យល់ថា ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឲ្យមនុស្ស ទាំងអស់​អាចរួមជាមួយព្រះគ្រីស្តដែលសោយ​ទិវង្គត និង​មាន​ព្រះជន្មថ្មីដ៏​រុងរឿង តាមរបៀបដែល​ព្រះ​ជាម្ចាស់​ស្គាល់។

ច.    ការអាថ៌កំបាំងនៃជីវិតមនុស្សពិតជាមានតម្លៃដ៏អស្ចារ្យយ៉ាងនេះមែន។ ព្រះគ្រីស្តសម្តែងតម្លៃដ៏អស្ចារ្យនៃ​ការ​អាថ៌កំបាំង​របស់​ជីវិត​មនុស្សបែបនេះ ឲ្យអ្នកផ្ញើជីវិតលើព្រះអង្គស្គាល់។ ហេតុនេះហើយបានជា ដោយសារ​ព្រះគ្រីស្ត និងដោយ​រួម​ក្នុង​អង្គ​ព្រះគ្រីស្ត យើងអាច​យ​ល់​អំពីបញ្ហាដ៏​អាថ៌​កំបាំង​នៃ​ទុក្ខ​និងនៃសេចក្តីស្លាប់ ដែល​សង្កត់​ពីលើមនុស្សយើង។ ក្រៅពី​ដំណឹង​ល្អរបស់ព្រះគ្រីស្ត គ្មាននរណាអាចយល់អំពីអាថ៌​កំបាំង​ទាំងនោះបាន​ឡើយ។ ព្រះគ្រីស្តមាន​ព្រះ​ជន្ម​ថ្មីដ៏​រុង​រឿង។ ដោយព្រះអង្គសោយទិវង្គត ព្រះអង្គបានឈ្នះសេចក្តីស្លាប់ និង​ប្រទាន​ជីវិតឲ្យយើងយ៉ាងបរិបូណ៌ ដើម្បី​ឲ្យ​យើង​ទៅជាបុត្រធីតារួមក្នុងអង្គព្រះបុត្រា និងបន្លឺ​សម្លេង​ដោយ​រួម​ក្នុង​អង្គព្រះវិញ្ញាណថា “អប្បា! ឪ! ព្រះបិតា!” (រម ៨,​១៥;​ កឡ ៤៦; យហ ១, ១២; ១យហ ៣, ២១)។

ជំពូក២
សហគមន៍របស់មនុស្ស

២៣-គោលបំណងនៃមហាសន្និបាត

ក.    ក្នុងចំណោមលក្ខណៈដ៏សំខាន់ៗនៃពិភពលោកនាបច្ចុប្បន្ននេះ យើងត្រូវចាប់អារម្មណ៍ នឹងទំនាក់ទំនង​កាន់​តែ​ច្រើន​ឡើងៗ​រវាង​មនុស្ស​នឹង​មនុស្ស។ ការអភិវឌ្ឍន៍បច្ចេកទេសសព្វថ្ងៃ​ក៏ជួយពង្រីក​ទំនាក់ទំនង​ទាំងនោះ​យ៉ាង​ខ្លាំង​ដែរ។ ប៉ុន្តែ​ការសន្ទនាគ្នាទៅវិញទៅមកទុកជាបងប្អូន មិនបានពេញលក្ខណៈ​តាមទំនាក់ទំនង​បែប​នេះទេ តែការ​សន្ទនា​នេះ​បាន​ជ្រៅ​ជាងដោយមនុស្សរួមជាសហគមន៍របស់​បុគ្គល ដែលមាន​ទំនាក់ទំនង​ជាមួយ​គ្នា។ បើមនុស្ស​ចង់រួម​ជា​សហគមន៍ គេត្រូវគោរពគ្នាទៅវិញ​ទៅ​មក គឺគោរពតម្លៃ​ដ៏ថ្លៃថ្នូរយ៉ាងពេញ​លេញ​របស់ខ្លួនខាងវិញ្ញាណ។ សេចក្តី​ដែល​ព្រះគ្រីស្ត​បាន​សម្តែងមក ជួយ​យ៉ាងខ្លាំងឲ្យ​បុគ្គលទាំងប៉ុន្មាន​រួបរួម​គ្នា​បែបនោះ ព្រមទាំងណែនាំឲ្យ​យើង​យល់​យ៉ាងជ្រៅ​អំពីបទដ្ឋានសង្គមគឺ​ព្រះអាទិករបាន​ចាររបៀប​រស់នៅ​ក្នុង​សង្គមបែបនោះ​កប់ទុកក្នុ​ងសភាព​មនុស្សខាងវិញ្ញាណ​និង​ខាង​សីលធម៌។

ខ.    ប៉ុន្តែ ឯកសារថ្មីៗនៃការណែនាំព្រះសហគមន៍ បានពន្យល់លទ្ធិនៃគ្រីស្តសាសនា​យ៉ាងក្បោះក្បាយ​អំពី​សង្គម​មនុស្ស។ មហា​ន្និបាតគ្រាន់តែរំឭកសេចក្តីដ៏ពិតសំខាន់ខ្លះ និងរៀបរាប់គ្រឹះនៃលទ្ធិនោះ ដោយបានរិះគិត​ក្រោម​ពន្លឺនៃសេចក្តីដែល​ព្រះ​ជាម្ចាស់​បាន​សម្តែងម​ក។ បន្ទាប់មក មហា​ន្និបាតនឹងរៀបរាប់អំពីលទ្ធផល ដែល​មាន​សារៈសំខាន់ពិសេស​នា​បច្ចុប្បន្ន​កាល​នេះ។

២៤-ព្រះជាម្ចាស់បានត្រាស់ហៅមនុស្សឲ្យមានលក្ខណៈជាសង្គម

ក.    ព្រះជាម្ចាស់ជាព្រះបិតា ថែរក្សាការពារមនុស្សទាំងអស់ជាបុត្រធីតារបស់ព្រះអង្គ។ ព្រះ​អង្គ​សព្វ​ព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់ចូលរួមជាមហាគ្រួសារតែមួយ និងរាប់គ្នាទុកជាបងប្អូនទៅវិញ​ទៅមក។ ព្រះអង្គ​បាន​ប្រតិស្ឋាន​មនុស្ស​ទាំង​អស់​ឲ្យមានលក្ខណៈដូចព្រះអង្គ “ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជាជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់‌ហើយ​ឲ្យគេ​រស់​នៅ​ពាស​ពេញ​លើ​ផែនដី​ទាំងមូល” (កក ១៧,២៦)។ ព្រះជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​មនុស្សទាំងអស់មានទិសដៅតែមួយ​គត់ គឺព្រះអង្គតែម្តង។

ខ.    ហេតុនេះហើយបានជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់និងចំពោះអ្នកដទៃ ជាវិន័យទីមួយ​ដ៏សំខាន់​ជាង​គេ។ ក្នុង​ព្រះ​គម្ពីរមានចែងថាការស្រឡាញ់ព្រះជាម្ចាស់ មិនអាចបែកចេញពីការស្រឡាញ់អ្នកដទៃទេ។ វិន័យ​ឯទៀត​ៗ​‌‌​សង្ខេប​មក​ជាវិន័យតែមួយនេះ​ថា “ចូរស្រឡាញ់អ្នកឯទៀតៗ​ឲ្យបានដូច​ស្រឡាញ់ខ្លួនឯងដែរ...”។ “សេចក្ដី​ស្រឡាញ់​នាំឲ្យ​ប្រតិបត្តិ​តាមវិន័យបានពេញលក្ខណៈ” (រម ១៣,១០; ១យហ ៤,២០)។ សេចក្តីនេះ​មាន​សារៈសំខាន់​ជា​ទី​បំផុតនិង ជាក់ស្តែង​សម្រាប់មនុស្សលោកដែលកាន់តែពឹងផ្អែកគ្នាទៅវិញទៅមក ក្នុង​ពិភពលោក ដែលកាន់តែរួម​គ្នា​ជា​ធ្លុង​តែ​មួយ។

គ.    សូមរិះគិតឲ្យបានជ្រៅជាងទៅទៀត។ ពេលព្រះអម្ចាស់យេស៊ូអង្វរព្រះបិតា ព្រះអង្គ“សូមឲ្យ​មនុស្ស​ទាំងអស់​រួម​ជា​អង្គ​តែ​មួយ ដូច​យើងជាអង្គតែមួយដែរ​” (យហ ១៧,២១.២២)។ព្រះយេស៊ូប្រទាន​ទស្សនៈ​មួយ ដែល​ប្រាជ្ញា​មនុស្ស​លោក​គិត​មិនដល់ គឺ​ព្រះអង្គដូចជាផ្តល់គំនិតថា ពេលបុត្រធីតារបស់ព្រះជាម្ចាស់រួបរួមគ្នា​ក្នុង​សេចក្តី​ពិត និងក្នុង​សេចក្តី​ស្រឡាញ់គឺគេរួបរួមគ្នាម្យ៉ាង​ដូចព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ។ ដោយ​មនុស្ស​បានដូចព្រះ​ត្រៃឯក ដូច្នេះ មនុស្សមានសមត្ថភាព​នឹងស្គាល់លក្ខណៈរបស់​ខ្លួន​បាន​យ៉ាងពេញ​លេញ ហើយលុះត្រាតែគេ​ប្រគល់​ខ្លួនឲ្យ​អ្នក​ដទៃ ដោយ​មិនរក​ប្រយោជន៍ផ្ទាល់​ខ្លួនសោះ (លក ១៧,៣៣) ព្រោះ​ព្រះជាម្ចាស់សព្វព្រះ​ហឫទ័យ​ប្រតិស្ឋានមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ ខុសប្លែក​ពី​សត្វលោកឯទៀតៗទាំងអស់។

២៥-បុគ្គលម្នាក់​ៗនិងសង្គមមនុស្សជំពាក់ជំពិនជាមួយគ្នា

ក.    មនុស្សមានលក្ខណៈជាសង្គម។ លក្ខណៈនោះបង្ហាញយ៉ាងជាក់ច្បាស់ថា ការអភិវឌ្ឍន៍បុគ្គលម្នាក់ៗ និង​ការ​អភិវឌ្ឍន៍​សង្គមជំពាក់ជំពិនគ្នាទៅវិញទៅមក។ បុគ្គលម្នាក់ៗតាមសភាពរបស់ខ្លួនជាមនុស្ស ត្រូវរស់នៅ​ក្នុង​សង្គម ជាតម្រូវការដ៏​ចាំ​បាច់។ប៉ុន្តែ មនុស្សជា (និងត្រូវជា) ដើមកំណើត ជាប្រធាន និងជា​ទិសដៅ​របស់​ស្ថាប័ន​ទាំងអស់។ ការ​រស់នៅ​ក្នុង​សង្គមមិន​មែនបន្ថែមអ្វីលើលក្ខណៈមនុស្សទេ។ មនុស្ស​ចម្រើន​ឡើង​គ្រប់​វិស័យ នឹងអាចទៅដល់​ទិសដៅ​កំណត់​រ​បស់​ខ្លួន​បាន លុះត្រាតែខ្លួនមាន​ទំនាក់ទំនងជាមួយអ្នកដទៃ ជួយ​បម្រើ​គ្នា​ទៅវិញទៅមក និង​និយាយ​សន្ទនា​ជាមួយមនុស្ស​ជា​បង​ប្អូន។

ខ.    មនុស្សត្រូវការចំណងខាងសង្គមជាចំាបាច់ ដើម្បីបុគ្គលិកលក្ខណៈរបស់ខ្លួនចម្រើនឡើង។ ក្នុង​ចំណោម​ចំណង​ទាំង​នោះ​ក្រុមគ្រួសារនិងសហគមន៍រស់នៅក្នុងភូមិស្រុក ទាក់ទិន​ចំៗ​នឹង​លក្ខណៈ​ដ៏ជ្រៅ​របស់​មនុស្ស។ មា​នចំណង​ខ្លះមក​ពី​សេរីភាពនៃសេចក្តីប៉ងប្រាថ្នារបស់ខ្លួន។ សព្វថ្ងៃ​មាន​កត្តាផ្សេងៗ​បណោ្តយឲ្យ​ទំនាក់​ទំនង​រវាង​មនុស្ស​និងមនុស្ស និងការ ជំពាក់ជំពិនទៅវិញទៅមក មានកាន់តែច្រើនឡើងឥតឈប់ឈរ។ ហេតុនេះហើយ បានជា​កើត​សមាគម និង​ស្ថាប័ន​ផ្សេងៗតាមសិទ្ធិឯកជនឬសិទ្ធិសាធារណៈ។ យើង​តែង​តែ​ហៅ​ការនេះថា “សង្គមនិយកម្ម”។ គង់តែ “សង្គមនិយកម្ម”​នេះ​បណ្តាលឲ្យកើតវិបត្តិ​ខ្លះក៏ប៉ុន្តែ​នាំ​ប្រយោជន៍​ជា​ច្រើន ដែលផ្តល់​លទ្ធភាពឲ្យមនុស្សពង្រឹង​បុគ្គលិក​លក្ខណៈរបស់ខ្លួន និងបណ្តាល​ឲ្យ​គុណសម្បត្តិរបស់​គេ​ចម្រើន​ឡើង ហើយធានាសិទ្ធិថែមទៀត។

គ.    បុគ្គលម្នាក់ៗទទួលផលប្រយោជន៍ជាច្រើនពីការរស់នៅក្នុងសង្គម ដើម្បីឲ្យខ្លួនសម្រេចតាមគោលដៅនៃជីវិត​ដែល​ព្រះ​ជាម្ចាស់បាន​កំណត់ទុក សូម្បីតែគោលដៅខាងសាសនាក្តី ក៏ការរស់នៅក្នុងសង្គមជួយដែរ។ក៏ប៉ុន្តែ​យើង​ត្រូវទទួល​ស្គាល់​ថា មនុស្សជាច្រើនបែរចេញពីការប្រព្រឹត្ត​អំពើល្អ ទៅប្រព្រឹត្តអំពើអាក្រក់វិញ ដោយសារ​ការ​ទាក់ទាញពីបរិស្ថាន​ក្នុងសង្គម ជាកន្លែងគេធ្លាប់រស់នៅតាំងពីកើតមក។ យើង​ឃើញ​ជា​ញឹកញាប់ថា គេ​ប្រព្រឹត្ត​ខុស​គន្លងក្នុង​ការ​រស់​នៅក្នុង​សង្គម មកពីមានការតឹងតែងក្នុងរចនាសម្ពន្ធសេដ្ឋកិច្ច នយោបាយនិង​សង្គម។ ប៉ុន្តែ បើយើងរក​មូលហេតុ​យ៉ាង ជ្រៅជាង គឺគេប្រព្រឹត្តខុសគន្លងមកពីមនុស្សមានអំណួត និងគេ​គិត​តែ​ពី​ខ្លួន​ឯង បណ្តាលឲ្យខូច​ដល់​បរិយាកាស​ក្នុង​សង្គម។ តាំងពីកើតមក មនុស្ស​មាន​ទំនោរ ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាបរួចហើយ ប៉ុន្តែ​បើអំពើបាប​បាន​បង្ខូចរបៀប​រៀប​រយរបស់​ពិភព​លោក​ថែមទៀត គេមានមូល​ហេតុ​ថ្មីៗ ទាក់ទាញឲ្យគេប្រព្រឹត្តអំពើ​បាប។ប្រសិន​បើ​គេមិនខិតខំយ៉ាង​ខ្លាំង ហើយបើគ្មាន​ព្រះជាម្ចាស់ជួយ​ប្រោស​ប្រណី គេមិនអាចឈ្នះទំនោរអាក្រក់ទាំងនោះ​បាន​ឡើយ។

២៦-ត្រូវគិតគូររកប្រយោជន៍រួម

ក.    ចំណងមនុស្សនឹងមនុស្សរឹតតែខ្លាំងឡើងបន្តិចម្តងៗ ហើយលាតសន្ធឹងទៅលើពិភពលោកទាំងមូល។ ហេតុ​នេះ​ហើយ​បានជា ប្រយោជន៍រួមក៏លាតត្រដាងទៅលើពិភពលោកទាំងមូលកាន់តែសកល ហើយ​ពាក់ព័ន្ធ​នឹង​សិទ្ធ​និង ភារកិច្ច​របស់មនុស្សជាតិទាំងមូល។ ពាក្យ “ប្រយោជន៍រួម” មានន័យថា លក្ខណៈ​ទាំងប៉ុន្មាន​ក្នុង​សង្គម ដែលហុចឲ្យទាំង​ក្រុម​ផ្សេងៗ ទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាច​បានពេញលក្ខណៈកាន់តែ​ពេញលេញ​និង​កាន់​តែស្រួល​ឡើង។ក្រុម​នីមួយៗត្រូវយល់ដល់សេចក្តីត្រូវការ និងដល់​សេចក្តីប៉ង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ​នៃក្រុមឯទៀតៗហើយក៏ត្រូវ យល់​ដល់ប្រយោជន៍​រួមនៃ​ក្រុម​គ្រួសារ​មនុស្សទាំងអស់។

ខ.    នៅពេលជាមួយគ្នានេះ មនុស្សយល់កាន់តែច្បាស់អំពីកិត្តិយសដ៏ថ្លៃថ្នូរបំផុតរបស់បុគ្គលម្នាក់ៗ ដែលមានតម្លៃ​លើស​អ្វីៗ​ទាំងអស់ ហើយដែលមានសិទ្ធិនិងភារកិច្ចនៅគ្រប់កន្លែងក្នុងពិភពលោក គ្មាននរណា​មានសិទ្ធិ​រំលោភ​បាន។ ហេតុនេះ​ហើយ ត្រូវរកមធ្យោបាយធ្វើយ៉ាងណា ឲ្យមនុស្សអាច​ឈាន​ទៅដល់អ្វីៗ ដែល​ខ្លួន​ត្រូវ​ការ ដើម្បីរស់នៅ​តាម​របៀប​សម​នឹងឋានៈខ្លួនជាមនុស្សដ៏ពិតប្រាកដ។ ឧបមាថា ឲ្យគេមានចំណីអាហារ សម្លៀក​បំពាក់ ផ្ទះនៅសិទ្ធិជ្រើសរើស​របៀប​រស់នៅ​ដោយសេរី បង្កើតក្រុមគ្រួសារ សិទ្ធិរៀនសូត្រ មាន​ការងារ​ធ្វើ មានកេរ្តិ៍ឈ្មោះ សិទ្ធិឲ្យគេគោរព ឲ្យ​មាន​ពត៌មានដ៏សមរម្យ ឲ្យមានសិទ្ធិប្រព្រឹត្តតាម​មនសិការ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ឲ្យមាន​សិទ្ធការពារការរស់នៅផ្ទាល់ខ្លួន និងឲ្យមានសេរីភាព​ត្រឹម​ត្រូវ មានសេរីភាព​ខាងសាសនា​ជាដើម។

គ.    ហេតុនេះរបៀបរៀបរយក្នុងសង្គមនិងការអភិវឌ្ឍន៍សង្គម ត្រូវបែរទៅរកប្រយោជន៍របស់បុគ្គលជានិច្ច ព្រោះវត្ថុ​ត្រូវ​ស្ថិត​នៅក្រោម​ចំណុះរបស់បុគ្គល បុគ្គលមិនត្រូវស្ថិតនៅ​ក្រោមចំណុះរបស់វត្ថុទេ។ ព្រះអម្ចាស់ប្រទាន​យោបល់​ដោយ​មាន​ព្រះបន្ទូលថា “ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ” (មក ២,២៧)។ ត្រូវ​យកព្រះបញ្ជា​នេះ មក​អនុវត្ត​ក្នុង​វិស័យ​ផ្សេងៗ គឺត្រូវយកសេចក្តីពិតធ្វើ​ជាគ្រឹះក្នុងការកសាងសង្គម​តាមយុត្តិធម៌។ ព្រះបញ្ជានេះ ត្រូវ​មាន​ជីវិត​រស់រវើក​ដោយសេចក្តីស្រឡាញ់ ហើយ​ឲ្យ​កាន់​តែស្រប​តាមលក្ខណៈ​ជាមនុស្ស​ដែល​ប្រកបដោយសេរីភាព។ យើង​ត្រូវខិតខំប្រែចិត្តគំនិតមនុស្ស ហើយ​ផ្លាស់ប្តូរ​សង្គម​ស្ទើរតែទាំងស្រុង។

ង.    ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំពេលវេលា និងប្រែទ្រង់ទ្រាយនៃផែនដី តាមព្រះហឫទ័យមេត្តាករុណា​ថែរក្សា​ពិភព​លោកជា​និច្ច។ ព្រះវិញ្ញាណស្ថិតនៅការវិវឌ្ឍន៍នោះ។ ដំណឹងល្អដែលប្រៀបដូចជាមេក្នុងម្សៅ គឺ​បាន​បង្កើត និងនៅ​តែបង្កើត ឲ្យមនុស្សមានបំណងទាមទារកិត្តិយសដ៏ថ្លៃថ្នូរ​ឃាត់មិនបាន។

២៧-ការគោរពជាបុគ្គលម្នាក់ៗ

ក.    មហាសន្និបាតនឹកដល់ផលនៃគំនិតទាំងនោះ ជាគោលដែលត្រូវអនុវត្តតាម និងដែលមានលក្ខណៈបន្ទាន់​យ៉ាង​ពិសេស គឺ​មហាសន្និបាតគូសសង្កត់លើការគោរពបុគ្គ​លម្នាក់ៗ។ សូមឲ្យម្នាក់ៗរាប់អ្នកដទៃ ទុក​ជា “រូប​ខ្លួន​ឯង” ដោយគ្មា​នរើស​អើង​នរណាមួ​យ​ឡើយ គឺសូមនឹកគិតដល់ការរស់នៅរបស់គេ នឹកគិតដល់អ្វីៗ​ដែល​គេ​ត្រូវ​ការដើម្បីមាន​ជីវភាព​យ៉ាងថ្លៃ ថ្នូរ (យក ២,១៥.១៦)។កុំយកតម្រាប់តាមអ្នកមានក្នុងគម្ពីរ ដែល​មិន​រវីរវល់​នឹង​អ្នកក្រីក្រ​ឈ្មោះ​ឡាសារនោះ (លក ១៦,១៩.៣១)។

ខ.    ជាពិសេស សព្វថ្ងៃ យើងមានភារកិច្ចដ៏សំខាន់បំផុត គឺក្លាយខ្លួនទៅជាបងប្អូនរបស់អ្នកដទៃទោះជានរណាក៏​ដោយ។ ប្រសិនបើគេមកជួបយើង យើងក៏ត្រូវបម្រើគេយ៉ាងសកម្ម។ ប្រហែលអ្នកដទៃនោះ ជាមនុស្ស​ចាស់​ជរា ដែល​គ្មាន​នរ​ណា​ថែរក្សា ឬក៏ជាកម្មករបរទេស​ដែលត្រូវគេមើលងាយដោយគ្មានមូលហេតុ ឬក៏ជាអ្នក ដែល​ត្រូវគេនិរទេស ឬក៏ជា​កូនឥតខាន់ស្លាដែលទទួល​ផលអាក្រក់ពីកំហុសដែលខ្លួនមិនបានប្រព្រឹត្ត ឬក៏ជា​អ្នក​ស្រេក​ឃ្លានដែលដាស់តឿន​មនសិការ​យើង​ដោយ​រំឭកព្រះបន្ទូលរបស់​ព្រះអម្ចាស់ថា “គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត​អំពើ​អ្វីចំពោះ​អ្នក​តូច​តាច​ជាង​គេ​បំផុត​ម្នាក់​ដែល​ជា​បងប្អូន​របស់​យើង​នោះ‌ក៏​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ” (មថ ២៥,​៤០)។

គ.    លើសពីនេះទៅទៀត ត្រូវរាប់អ្វីៗទាំងអស់ដែលប្រឆាំងនឹងជីវិតមនុស្ស ទុកជាការអាក្រក់បំផុត ដូចជា អំពើ​ឃាតកម្ម​គ្រប់​យ៉ាងមានការប្រល័យពូជសាសន៍ ការពន្លូតកូន ការជួយមនុស្សឲ្យចែកឋានយ៉ាងស្រួល និង​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង។ មានអ្វីៗ​ទាំងអស់ដែលប៉ះពាល់នឹងរូបបុគ្គលម្នាក់ៗ គឺមានការកាត់អវៈយវៈខ្លះ ការធ្វើ​ទារុណកម្ម​ទាំងលើ​រូបកាយ​ទាំង​ខាងវិញ្ញាណ​មានការបង្ខិតបង្ខំខាងចិត្តគំនិតជាដើម។ មានអ្វីៗ ដែល​បណ្តាល​ឲ្យ​កិត្តិយស​ដ៏ថ្លៃថ្នូររបស់​មនុស្ស​ត្រូវ​របួស គឺមាន​ជីវភាពរស់នៅមិនសមនឹងឋានៈ​ជា​មនុស្ស មានការដាក់​ពន្ធនាគារ​ដោយគ្មានមូលហេតុ មានការ​ជម្លៀស​ប្រជាជន ការចាប់​ជំរិតធ្វើជាទាសករ ការធ្វើ​ពេស្យាចារ ជំនួញ​មនុស្ស​ស្រី និងកុមារ។ មានអំពើ​រំលោភ​បំពានលើកម្លាំងពលកម្ម បណ្តាលឲ្យមនុស្សធ្លាក់ជាគ្រឿងឧបករណ៍​សម្រាប់​ពួកមូលធន​តែប៉ុណ្ណោះ ដោយ​មិនគិត​ដល់បុគ្គលិកលក្ខណៈ​របស់គេ ជាមនុស្សប្រកបដោយ​សេរីភាព និង​អាច​ទទួលការខុសត្រូវបាន។ អំពើ​ទាំង​នេះ និង​អំពើប្រហែល​នឹងការទាំងនេះ សុទ្ធតែជាការអាក្រក់ គួរឲ្យ​ខ្ពើមរអើម។ អំពើទាំង​នោះបង្ខូច​អរិយធម៌​ផង និងបង្អាប់​បង្អោន​កិត្តិយសដ៏ថ្លៃថ្នូររបស់អ្នក​ប្រព្រឹត្ត​ផង ខ្លាំង​ជាង​បង្អាប់​បង្អោនកិត្តិយសអ្នកដែលរង​គ្រោះ។ អ្នក​ប្រព្រឹត្តអំពើទាំង​នោះ​ក៏ប្រមាថមើលងាយសេរីរុងរឿងរបស់​ព្រះ​អាទិករ​ដែរ។

២៨-ការគោរព និងការស្រឡាញ់ខ្មាំងសត្រូវ

ក.    យើងត្រូវគោរពនិងស្រឡាញ់ អស់អ្នកដែលគិតនិងប្រព្រឹត្តតាមរបៀបប្លែកពីយើង ក្នុងសង្គម ក្នុងវិស័យ​នយោបាយ ឬខាងសាសនាជាដើម។ ប្រសិនបើយើងខិតខំយល់ចិត្តគំនិតរបស់គេ គឺខិតខំ​យល់​ទស្សនៈ​របស់​គេ​ពី​ខាងក្នុង​កាន់តែ ជ្រៅ​ទៅៗ ដោយចិត្តមេត្តានិងដោយសេចក្តី​ស្រឡាញ់ យើងមុខជានឹងសន្ទនាជាមួយគេ កាន់​តែ​ស្រួល​ដែរ។

ខ.    តាមពិត មិនត្រូវឲ្យសេចក្តីស្រឡាញ់និងចិត្តមេត្តាចំពោះគេ ជំរុញឲ្យយើងមិនរវិរវល់នឹងប្រកាសសេចក្តីពិត​និង​ទូន្មាន​ឲ្យគេធ្វើអំពើ​ល្អ​នោះទេ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់នេះជំរុញសាវ័ករបស់ព្រះគ្រីស្ត​ឲ្យប្រកាស​សេចក្តី​ពិត​ដែល​សង្គ្រោះមនុស្ស​ទាំងអស់។ យើងត្រូវលះបង់ចោលកំហុសជានិច្ច ក៏ប៉ុន្តែ ត្រូវវែក​ញែក​ឲ្យដាច់​រវាង​កំហុស និងបុគ្គល។ ទោះ​បី​គេភាន់ច្រឡំក្តី សូម្បីតែគេយល់ខុស ឬយល់មិនគ្រប់គ្រាន់អំពី​សាសនា​ក្តី​ក៏​គេ​នៅ​តែ​មានកិត្តិយស​ដ៏ថ្លៃ​ថ្នូរ​របស់ខ្លួន​ជាបុគ្គលម្នាក់ជានិច្ច។ មាន​តែព្រះជាម្ចាស់មួយព្រះអង្គទេ ដែល​វិនិច្ឆ័យ និង​ស្ទង់​ចិត្តគំនិត​មនុស្ស។ ហេតុនេះ ព្រះ​អង្គ​ហាមយើង​មិនឲ្យវិនិច្ឆ័យ​ដាក់ទោសលើចិត្ត​គំនិត​របស់​នរណា​ម្នាក់​ឡើយ (លក ៦, ៣៧-៣៨; មថ ៧,១-១២; រម២,១-១១ និង ១៤,១០-១២)។

គ.    ព្រះគ្រីស្តប្រៀនប្រដៅ រហូតដល់សូមឲ្យយើងអង្វរព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលធ្វើបាបយើង (មថ ៥,៤​៣-​៤៧) និង​លាត​ត្រដាង​វិន័យ​អំពីសេចក្តីស្រឡាញ់ ជាវិន័យនៃសម្ពន្ធមេត្រីថ្មី រហូតដល់​ស្រឡាញ់​ខ្មាំង​សត្រូវទាំង​អស់ទៅទៀត គឺថា “អ្នក​រាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា​៖ ចូរ​ស្រឡាញ់​បង​ប្អូន​ឯទៀត​ៗ​ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក។‌‌រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នាព្រម​ទាំង​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក ដែល​បៀតបៀន​អ្នក​រាល់គ្នា​ផង” (មថ ៥, ៤៣-៤៤)។

២៩-មនុស្សស្មើគ្នាទាំងអស់

ក.    មនុស្សទាំងអស់ សុទ្ធតែមានវិចារណញ្ញាណ។ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សឲ្យមានលក្ខណៈដូចព្រះអង្គ។ គេ​មាន សភាព​តែ​មួយនិងដើមកំណើតតែមួយដែរ។ ព្រះគ្រីស្តបានរំដោះគេទាំងអស់គ្នា។ព្រះជាម្ចាស់ក៏កំណត់​ឲ្យ​ជីវិត​មនុស្ស​មានទិសដៅតែមួយ និងមានវាសនាតែមួយដែរ។ ហេតុនេះហើយបានជាយើងត្រូវទទួលស្គាល់ ហើយ​ក៏ត្រូវទទួល​ស្គាល់ ឲ្យកាន់​តែច្បាស់ឡើងថា មនុស្សស្មើគ្នាទាំងអស់។

ខ.    តាមពិត ប្រសិនបើយើងមើលសមត្ថភាពខាងរូបកាយដែល​ប្លែកពីគ្នា កម្លាំងប្រាជ្ញានិងកម្លាំងសីលធម៌​ដែល​ប្លែក​ពីគ្នា យើងមុខ​ជាដឹងថា មនុស្សទាំងអស់មិនស្មើគ្នាទេ។ ក៏ប៉ុន្តែ ចំពោះសិទ្ធិ​មនុស្ស​ដ៏សំខាន់ៗ មិនត្រូវ​ប្រកាន់​គ្នា គឺ​មិន​ត្រូវ​ប្រកាន់វណ្ណៈឋានៈ កម្រិតវប្បធម៌ ភេទ ជាតិសាសន៍ ពណ៌សម្បុរជីវភាព ភាសា ​ឬ​សាសនា​សោះឡើយ។ ត្រូវ​ពុះ​ពារ​និងបំបាត់ការប្រកាន់​ទាំង​នោះដែល​ផ្ទុយ​នឹង​គម្រោង​ការរបស់ព្រះជាម្ចាស់។ គួរឲ្យស្តាយណាស់​ដោយឃើញថា សិទ្ធិមនុស្សមិនទាន់មានការធានានៅគ្រប់កន្លែងនៅឡើយ។ ឧបមាថា បើ​ស្ត្រី​គ្មានសិទ្ធិជ្រើសរើស​គូ​ស្រករ​របស់ខ្លួន​ដោយ​សេរី គ្មានសិទ្ធិ​ជ្រើស​រើសរបៀបរស់នៅ ទទួលការសិក្សា និង​មាន​វប្បធម៌ស្មើនឹងបុរស ពេលនោះការ​រំលោភ​សិទ្ធិលេច​ចេញមកហើយ។

គ.    លើសពីនេះទៅទៀត ទោះបីមនុស្សប្លែកពីគ្នាយ៉ាងណាក្តី ក៏មនុស្សមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នា ហេតុនេះត្រូវ​ទាមទារ​ឲ្យមនុស្សមានជីវភាពត្រឹមត្រូវតាមយុត្តិធម៌ និងតាមលក្ខណៈរបស់ខ្លួនជាមនុស្សកាន់តែខ្លាំងឡើងៗ។ សភាពការណ៍​សេដ្ឋកិច្ច ឬសភាពការណ៍ក្នុង​សង្គមមានគម្លាតគ្នា ហួសហេតុពេកក្នុង​ចំណោម​សមាជិក​នៃ​ប្រជាជាតិ​មួយ ឬ​ក្នុង​ចំណោម​ប្រជាជាតិនានាដែលចូលរួមក្នុងមហាគ្រួសារតែមួយរបស់មនុស្សជាតិ ពិតជា​បណ្តាល​ឲ្យទាស់ចិត្តគំនិត និង​រា​រាំង​យុត្តិធម៌ក្នុងសង្គម រារាំង​សម្មភាព ប្រឆំាងនឹង​កិត្តិយស​ដ៏​ថ្លៃថ្នូរ​របស់​មនុស្ស ប្រឆាំងនឹងសន្តិភាព​ក្នុងសង្គម​ជាតិនិង​អន្តជាតិ។

ង.    សូមឲ្យស្ថាប័ន ទាំងឯកជន ទាំងសាធារណៈ ខិតខំបម្រើកិត្តិយសដ៏ថ្លៃថ្នូរ និង​បម្រើទិសដៅនៃជីវិត​មនុស្ស ដែល​ព្រះជាម្ចាស់​បាន​កំណត់ទុក​មក។ នៅពេល​ជាមួយគ្នានេះ សូមឲ្យស្ថាប័នទាំងអស់​ប្រយុទ្ធ​យ៉ាង​សកម្ម​ប្រឆាំង​នឹងភាពជា​ទាសករ​គ្រប់យ៉ាង ទាំងក្នុងសង្គម ទាំង​ខាង​នយោបាយ។ សូម​ធានារ៉ាប់រងសិទ្ធិមនុស្ស នៅ​គ្រប់​របប​នយោបាយ។ ទោះ​បីត្រូវចំណាយពេលវេលា​យ៉ាងយូរក្តី ដើម្បីឈានទៅ​ដល់ទីដៅ ដែល​យើង​ចង់​បាន​នោះ ស្ថាប័នទាំងប៉ុន្មាន​របស់​មនុស្សត្រូវតែតបឆ្លើយ​បន្តិច​ម្តងៗ នឹងសេចក្តីខាងវិញ្ញាណ​ដែល​ប្រសើរជាង​គេ​ទាំង​អស់។

៣០-ត្រូវកាន់សីលធម៌រួម

ក.    ពិភពលោកផ្លាស់ប្រែយ៉ាងខ្លាំងនិងយ៉ាងលឿន។ ការផ្លាស់ប្តូរនេះទាមទារយ៉ាងខ្លាំងសូមកុំឲ្យនរណាម្នាក់​ស្កប់​ចិត្ត​នឹង​សីលធម៌​សម្រាប់តែបុគ្គ​លម្នាក់ៗឡើយ តែសូមម្នាក់ៗឲ្យយកចិត្តទុក​ដាក់នឹង​ការប្រែប្រួល​ក្នុង​ពិភព​លោក​វិញ។ មនុស្ស​ម្នាក់ៗ​ជួយដល់ប្រយោជន៍រួមតាមសមត្ថភាពរៀងៗខ្លួន ដោយ​គិត​គូរ​ដល់​សេចក្តី​ត្រូវ​ការ​របស់អ្នកដទៃ។ បើគេយក​ចិត្ត​ទុក​ដាក់យ៉ាងពិតប្រាកដឲ្យស្ថាប័នសាធារណៈឬស្ថាប័នឯកជនចម្រើនឡើង ជាពិសេស​ស្ថាប័នដែលមាន​គោល​ដៅ​ធ្វើឲ្យ​ជីវភាព​មនុស្សកាន់តែប្រសើរឡើង ពេលនោះ គេពិតជា​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្នុងការរកយុត្តិធម៌ និង​សម្តែង​សេចក្តី​ស្រឡាញ់មែន។ ផ្ទុយទៅវិញ​មានមនុស្សមួយចំនួន ប្រកាស​ថា ខ្លួនមានគំនិតទូលំ​ទូលាយ​និង​សប្បុរសតែគេ​បែរជាមិនរវីរវល់នឹងសាមគ្គីភាពក្នុង​សង្គមសោះ។ លើស​ពីនេះ​ទៅទៀត ក្នុងប្រទេ​សខ្លះ មនុស្សជា​ច្រើន​មិនរវីរវល់​អនុវត្ត​តាមច្បាប់និងបញ្ញត្តិជារបស់សង្គមទេ។មនុស្ស​ជា​ច្រើនមិនញញើតក្នុងការបន្លំឬរកឧបាយកលផ្សេងៗ​ដើម្ប​ីឲ្យ​រួច​ផុត​ពីការបង់​ពន្ធដារ ឬឲ្យបាន​រួចពី​បំណុល​រួមរបស់រដ្ឋ។ មានអ្នកខ្លះទៀត​ធ្វេសប្រ​ហែស​មិនព្រម​គោរ​ពតាមច្បាប់​ណែ​នាំ​ការរស់នៅក្នុងសង្គម មាន​ច្បាប់អំពីការរក្សាសុខុមាលភាពនៃរចនាសម្ព័ន្ធសុខាភិបាល ច្បាប់​ចរាចរ។ល។ ដោយ​ធ្វេស​ប្រហែល​មិន​គិតគូរ​ដូច្នេះ គេបណ្តាលឲ្យទាំងជីវិតគេទាំងជីវិតអ្នក​ដទៃ អាចជួបប្រទះនឹង​គ្រោះ​ថ្នាក់​បាន។

ខ.    សូមឲ្យមនុស្សគ្រប់ៗគ្នា យកចិត្តទុកដាក់ជាខ្លាំងនឹងរាប់ការសាមគ្គីផ្សេងៗក្នុងសង្គម ទុកជាភារកិច្ច​ចម្បង​ដ៏​សំខាន់​របស់​ខ្លួននា​បច្ចុប្បន្នកាល ព្រមទាំងគោរពតាមការសាមគ្គីទាំងនោះផង។ ពិភពលោកកាន់តែរួម​គ្នា​ឡើងៗ​យ៉ាងណា ភារកិច្ច​របស់​មនុស្សជាក់ច្បាស់​លាតត្រដាងហួសពីក្រុមតូចៗ គឺត្រូវលាត​សន្ធឹងបន្តិចម្តងៗ​ទៅ​ពិភពលោក​ទាំង​មូល​យ៉ាងនោះ​ដែរ។ពិភពលោកអាចរួម​ជាធ្លុងតែមួយ​បាន លុះត្រាតែបុគ្គល និងក្រុម​នីមួយៗ​គិតគូរដល់សីលធម៌និងដល់សង្គម ព្រម​ទាំង​ផ្សព្វផ្សាយ​គំនិតទាំងនោះនៅជុំវិញ​ខ្លួន។ នៅពេលនោះ ដោយ​មាន​ព្រះជាម្ចាស់ប្រោសប្រណីជួយឧបត្ថម្ភផង មានមនុស្សថ្មី​យ៉ាងពិតប្រាកដមុខជានឹងកើតឡើង គឺជា​អ្នក​កសាង​មនុស្ស​លោកថ្មី។

៣១-ការទទួលខុសត្រូវ

ក.    ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វប្បធម៌ ដោយប្រើមធ្យោបាយដ៏ធំៗជាច្រើនដែលមនុស្ស​លោកមានសព្វថ្ងៃ ដើម្បី​ឲ្យ​ម្នាក់ៗ អាចទទួលខុសត្រូវចំពោះខ្លួនឯង និងចំពោះក្រុមផ្សេងៗដែលខ្លួនជា​សមាជិក​នោះ។ជាបឋម​ត្រូវ​ចាត់​ចែងការ​អប់រំ​យុវជន ទោះជាមានឋានៈ វណ្ណៈណាក្តីក្នុងសង្គម ដើម្បីឲ្យ​អាច​បង្កើត​ធនធាន​មនុស្ស​ទាំង​បុរស​ទាំងស្រ្តី មិន​គ្រាន់​តែ​ឲ្យគេមាន​ចំណេះច្រើនប៉ុណ្ណោះទេ តែឲ្យគេមានបុគ្គលិកលក្ខណៈ​រឹងប៉ឹង ដ្បិត​សម័យ​ឥឡូវ​ត្រូវ​ការ​មនុស្ស​បែប​នេះ​យ៉ាង​ខ្លាំង​ជាងគេ។

ខ.    ប៉ុន្តែ មនុស្សពិបាកនឹងមានគំនិតទទួលខុសត្រូវខ្ពស់បែបនេះណាស់។ គេត្រូវមានជីវភាពល្មម​ដែលសមនឹងឲ្យ​គេ​ដឹង​អំ​ពី​តម្លៃ​ដ៏​ថ្លៃ​ថ្នូររបស់ខ្លួន និងឲ្យគេអាចតបឆ្លើយនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយ​បម្រើ​ព្រះអង្គ និង​បម្រើ​មនុស្ស​ដូច​គ្នា អស់ពីសមត្ថភាព។ ជាញឹកញាប់ ពេលណាមនុស្សធ្លាក់ខ្លួន​ជាអ្នក​ក្រីក្រ​ទុរគត​ខ្លាំង​ពេក សេរីភាព​របស់​គេ​ក៏​ចុះ​អន់​ថយ។ ពេលមនុស្សបណ្តោយខ្លួនទៅតាមសម្រួលពេក សេរីភាព​របស់​គេ​ក៏​ចុះ​អន់ថយដែរ គឺគេ​គិតតែពីខ្លួនឯង​មិន​រវី​រវល់​នឹង​អ្នកដទៃសោះ។ ផ្ទុយទៅវិញ ពេល​មនុស្ស​រស់នៅ​ដោយ​សុខចិត្ត​ទទួលការបង្ខិតបង្ខំពីសង្គម ព្រោះ​ជៀស​វាងមិនបាន និងសុខចិត្ត​ទទួល​កាតព្វកិច្ច​ជាច្រើន ដោយ​រួម​សាមគ្គី​ជាមួយមនុស្សឯទៀត ហើយប្តេជ្ញាបម្រើ​សហគមន៍​មនុស្ស នៅ​ពេល​នោះ សេរីភាព​របស់គេក៏​កាន់​តែ​រឹងប៉ឹង​ឡើងៗ​ទៅវិញ។

គ.    ហេតុនេះ ត្រូវដាស់តឿនមនុស្សទាំងអស់ឲ្យមានបំណងចង់រួមចំណែកក្នុងកិច្ចការរួម។ ត្រូវសរសើរ​ប្រជាជាតិ​ខ្លះ ដែល​នាំប្រជាពលរដ្ឋជាច្រើនឲ្យរួមចំណែកក្នុងកិច្ចការរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រាកដ។ក៏ប៉ុន្តែ ត្រូវ​នឹក​ដល់​សភាព ការណ៍​ប្រជាជននីមួយៗ និងនឹកគិតថា រដ្ឋអំណាចក៏ត្រូវកាន់អំណាចយ៉ាងរឹងមាំដែរ។ ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​យល់​ថា ក្រុមទាំងប៉ុន្មានក្នុងសង្គម​កាន់តាមឧត្តមគតិដែលទាក់ទាញចិត្តគេ គឺឲ្យ​បម្រើ​ប្រជាពលរដ្ឋ​ដូចគ្នា ទើប​ប្រជាពលរដ្ឋ​ទាំងអស់មានបំណង​ចង់រួមចំណែក​ក្នុងការ​រស់នៅ​របស់​ក្រុម​ទាំង​នេះ។ គួរឲ្យនឹក​យ៉ាង​ត្រឹមត្រូវថា អនាគតអាស្រ័យលើអស់អ្នកដែលផ្តល់​ឲ្យមនុស្សតំណក្រោយៗ​ឲ្យគេមាន​មូល​ហេតុ​ចង់រស់តទៅទៀត និងមានសេចក្តីសង្ឃឹម។

៣២-ព្រះបន្ទូលប្រសូតជាមនុស្ស និងសាមគ្គីជាមួយមនុស្ស

ក.    ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សឲ្យរស់នៅរួមគ្នាក្នុងសង្គម មិនឲ្យរស់នៅម្នាក់ឯងទេ។ យ៉ាងណាមិញ ៉ព្រះអង្គ​ក៏​មិនសព្វ​ព្រះ​ហឫទ័យឲ្យមនុស្សបានវិសុទ្ធនិងសង្គ្រោះគេម្នាក់ៗ ដោយ​គ្មានចំណងទាក់ទង​ជាមួយ​អ្នក​ដទៃ​ទៅ​វិញ​ទៅ​មក​នោះទេ តែព្រះអង្គសព្វព្រះហឫទ័យតែងតាំង​ឲ្យមនុស្យ​ទៅជា​ប្រជាជនមួយ ដែល​នឹង​ស្គាល់​ព្រះអង្គ​តាម​សេចក្ដីពិត និងបម្រើ​ព្រះអង្គយ៉ាងវិសុទ្ធ ៉(ពន្លឺ ៩)។ ហេតុនេះ តាំងពីដើម​ប្រវត្តិសាស្រ្តនៃ​ការ​សង្រ្គោះ ព្រះ​អង្គ​បាន​ជ្រើស​រើសមនុស្ស មិនមែនជាបុគ្គលដោយឡែកពីគេទេ តែទុកជាសមាជិកនៃ​សហគមន៍​មួយ។ ព្រះជាម្ចាស់​ក៏​បាន​សម្តែង​គម្រោងការ​របស់ព្រះអង្គ ឲ្យក្រុមអ្នកដែលទ្រង់ជ្រើសរើសបានស្គាល់ និង​ហៅ​គេ​ថា “ប្រជា​រាស្រ្តរបស់​ព្រះ​អង្គ˝ (​ដណ ៣,៧.១២)។ ព្រះអង្គក៏ចងសម្ពន្ធមេត្រីជាមួយប្រជាជននោះ​នៅ​លើភ្នំ​ស៊ីណៃទៀត​ផង (ដណ ២៤,១,៨)។

ខ.    ព្រះយេស៊ូគ្រីស្តប្រព្រឹត្តស្នាព្រះហស្តដែលបង្រប់លក្ខណៈរបស់មនុស្សជាសង្គមយ៉ាងពេញលេញ។ ព្រះបន្ទូល​ប្រសូត​ជា​មនុស្ស​ផ្ទាល់ ទ្រង់​សព្វព្រះហឫទ័យចូលរួមសាមគ្គីក្នុងសង្គមនោះ។ ព្រះអង្គ​ចូលរួម​ក្នុង​ពីធី​មង្គលការ​នៅភូមិកាណា ព្រះអង្គសូមទៅទទួលទាននៅផ្ទះលោកសាខេ ទ្រង់រួម​តុជាមួយ​ក្រុម​អ្នក​ទារពន្ធ និង​អ្នក​បាប។ ព្រះអង្គបានសម្តែង​ព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា និងភាព​ដ៏ប្រសើរ​បំផុតនៃ​ជីវិត​របស់​មនុស្ស​តាម​ព្រះជាម្ចាស់បានកំណត់ទុក ដោយ​លើកយកកិច្ចការសាមញ្ញធម្មតានៃការរស់នៅក្នុងសង្គម ព្រម​ទាំង​លើក​យកនិមិត្តរូបពីការ​រស់នៅ​ប្រចាំថ្ងៃ​របស់គេមកនិយាយ។ ព្រះអង្គ​បានប្រោស​ឲ្យចំណងនានា​របស់​មនុស្ស​បាន​វិសុទ្ធជាពិសេស​ចំណង​នានា​ក្នុងក្រុម​គ្រួសារ​ជាប្រភពនៃការរស់នៅក្នុងសង្គម។ ព្រះអង្គក៏សព្វ​ព្រះហឫទ័យ​អនុវត្តតាមច្បាប់មាតុភូមិរបស់​ព្រះ​អង្គ។ ព្រះអង្គ​ក៏​សព្វព្រះហឫទ័យប្រកបអាជីវកម្មជាជាង តាម​របៀប​មនុស្សនៅសម័យនិងនៅតំបន់ព្រះអង្គរស់នៅ។

គ.    ពេលព្រះយេស៊ូសម្តែងធម្មទេសនា ព្រះអង្គបានប្រកាសយ៉ាងច្បាស់ថាបុត្រធីតារបស់ព្រះជាម្ចាស់​ត្រូវតែ​រស់​នៅ​ជាមួយ គ្នា​ដូចបងប្អូនបង្កើត។ ពេលព្រះអង្គអធិដ្ឋាន ទ្រង់សូមឲ្យសាវ័កទាំងអស់រួបរួមគ្នា ជាអង្គតែមួយ"។ លើស​ពីនេះ​ទៅ​ទៀតព្រះអង្គបានបូជាព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់។ ព្រះអង្គមាន​ព្រះបន្ទូលថា “គ្មាន​នរណាមាន​សេចក្តី​ស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត​ដើម្បីមិត្ត​សម្លាញ់របស់ខ្លួននោះ​ឡើយ˝ (យហ ១៥, ១៣)។ ព្រះអង្គក៏បញ្ជាឲ្យ​ក្រុមគ្រីស្តទូត​ទៅប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិ​សាសន៍ ដើម្បីឲ្យមនុស្ស​ជាតិ​ទាំង​មូលត្រឡប់​ទៅ​ជា​មហា​គ្រួសារ​របស់ព្រះជាម្ចាស់។ ក្នុងមហាគ្រួសារនោះ សេចក្តី​ស្រឡាញ់​នឹង​ទៅ​ជា​ធម្មវិន័យ​យ៉ាងពេញលក្ខណៈ។

ឃ.  ព្រះយេស៊ូ​ជារៀមច្បង​ក្នុងបណ្តាបងប្អូនជាច្រើន។ ក្រោយពីព្រះអង្គសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង​ព្រះ​អង្គ​បានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គតែងតាំង​ឲ្យ​អស់​អ្នក ដែល​ទទួល​ព្រះអង្គ​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គនិងដោយមានចិត្តស្រឡាញ់ រួបរួមគ្នាទុកជាបងប្អូនតាមរបៀបថ្មី គឺរួបរួម​គ្នា​ជា​ព្រះកាយផ្ទាល់របស់​ព្រះអង្គជា​ព្រះសហគមន៍។ ក្នុងព្រះកាយនោះ យើងទាំងអស់គ្នា​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក យើងក៏ត្រូវជួយគ្នា ទៅវិញ​ទៅមក​តាមព្រះអំណោយទានផ្សេងៗដែលយើងបានទទួលដែរ។

ង. សាមគ្គីភាពនេះត្រូវតែចម្រើនឡើងជាលំដាប់ជានិច្ច រហូតដល់បានពេញលេញ នៅថ្ងៃដែលព្រះជាម្ចាស់​ប្រណី​សន្តោស​សង្គ្រោះមនុស្សទាំងអស់ ហើយពេលនោះមនុស្សទាំងអស់ ទៅជាមហាគ្រួសារដ៏ជាទីស្រឡាញ់របស់​ព្រះអង្គ​និង​របស់ព្រះគ្រីស្តជារៀមច្បង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាយ៉ាងពេញលក្ខណៈ។

ជំពូក៣
សកម្មភាពរបស់មនុស្សក្នុងពិភពលោក

៣៣-អារម្ភកថា

ក.    តាំងពីដើមរៀងមក មនុស្សចេះតែខិតខំធ្វើការ​និងប្រើប្រាជ្ញារបស់ខ្លួន ដើម្បីឲ្យជីវិតកាន់តែចម្រើនឡើង។ ប៉ុន្តែ​សព្វថ្ងៃ ដោយវិទ្យសាស្រ្តនិងបច្ចេកទេសជួយផង មនុស្សលោកក្លាយទៅជាម្ចាស់លើធម្មជាតិស្ទើរតែ​ទាំង​ស្រុង ហើយនៅ​តែ​បន្ត​ពង្រីក​អំណាច​របស់ខ្លួនជានិច្ច។ ដោយប្រជាជាតិទាំងឡាយ​នៅលើ​ពិភពលោក​មាន​មធ្យោបាយ​កាន់​តែច្រើន​ឡើងចែករំលែកអ្វីៗ​គ្រប់​យ៉ាងឲ្យគ្នា​ទៅវិញទៅមក មហាគ្រួសាររបស់មនុស្ស​ទទួល​ស្គាល់​ថា ខ្លួនជាសហគមន៍តែមួយ​ដែល​តែង​តាំងឡើងក្នុងលោកនេះ។ ហេតុនេះ សព្វថ្ងៃមនុស្ស​ចេះតែ​បង្កើត​ទ្រព្យសម្បត្តិជាច្រើន ជា​សម្បត្តិដែលកាលពីមុន មនុស្សរង់ចាំ​ដោយបន់ស្រន់​សូមពីថាមពលនៃទេវលោក។

ខ. ក្នុងចំណោមមនុស្សជាតិ ដោយឃើញកិច្ចកាដ៏អស្ចារ្យនោះលាតន្ធឹងក្នុងពិភពលោកទាំងមូលរួចហើយ​មាន​មនុស្ស​ជា​ច្រើន​នាំគ្នាសួរសំណួរផ្សេងៗ ឧបមាថា តើសកម្មភាពដ៏ឧហ្សាហ៍បែបនេះ​មានអត្ថន័យនិងតម្លៃអ្វី? តើ​ត្រូវ​យកទ្រព្យ​សម្បត្តិដ៏ច្រើនសន្ធឹកទាំងនេះធ្វើអ្វី?តើមនុស្សម្នាក់ៗឬមនុស្សរួមគ្នា ខិតខំប្រឹងប្រែង ដើម្បី​ធ្វើ​អ្វី? ព្រះសហគមន៍បាន​ទទួលបញ្ញើនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយោងគោលការណ៍ខាងសាសនា និង​ខាងសីលធម៌ពី​ព្រះបន្ទូល​នេះ​មក​ស្វែងរកចម្លើយនៃសំណួរទាំងនោះ។ តែព្រះសហគមន៍គ្មាន​ចម្លើយ​តប​ឆ្លើយ​ភ្លាមៗ​នឹងសំណួរនីមួយៗ​នោះទេក៏​ប៉ុន្តែ ព្រះសហគមន៍មានបំណងចង់​នាំពន្លឺនៃសេចក្តី ដែល​ព្រះជាម្ចាស់​បាន​សម្តែងមក ឲ្យចូលរួមជាមួយ​បទ​ពិសោធន៍​របស់​មនុស្សលោកទាំងមូល ដើម្បី​បំភ្លឺ​មនុស្ស​ជាតិ​ដែល​ទើប​ចាប់ផ្តើមឈាងចូលតាមផ្លូវនេះ។

៣៤-តម្លៃដ៏ថ្លៃថ្នូរនៃសកម្មភាពរបស់មនុស្ស

ក.    គ្រីស្តបរិស័ទដឹងជាក់ច្បាស់ថា សកម្មភាពរបស់មនុស្សលោក ទាំងសកម្មភាពបុគ្គលក្តី ទាំងសកម្មភាពរួម​ក្តីគឺ ការខិតខំប្រឹងប្រែងដ៏សម្បើមអស្ចារ្យតាំងពីយូរសតវត្សតៗមក បណ្តោយឲ្យជីវភាពមនុស្ស​កាន់តែប្រសើរ​ឡើងៗ។ ការណ៍នេះ ពិតជាស្របតាម​គម្រោងការ​របស់ព្រះជាម្ចាស់មែន។ ព្រះជាម្ចាស់បាន​ប្រតិស្ឋាន​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ ព្រះអង្គក៏ប្រទាន​បេសកកម្ម​ឲ្យ​មនុស្សគ្របគ្រង​ផែនដី និង​អ្វីៗ​ដែល​នៅ​លើ​ផែនដី ព្រមទាំងឲ្យ “ត្រួតត្រា​ពិភព​លោកដោយភាពវិសុទ្ធនិងសុចរិតតាម​យុត្តិធម៌˝ (កណ ១,២៦-២៧; ៩,២-៣; ប្រា ៩,២-៣)។ ដោយ​ទទួល​ស្គាល់ព្រះជាម្ចាស់ទុកជាព្រះអាទិករនៃអ្វីៗទាំងអស់ មនុស្ស​អាចចាត់​ទុក​ព្រះអង្គ​ជា​ប្រភពនៃជីវិតរបស់ខ្លួននិង​ជាដើម​កំណើត​នៃ​ពិភពលោក​ទាំងមូល។ ធ្វើដូច្នេះ ដោយ​អ្វីៗទាំងអស់​ចុះ​ចូល​ក្រោម​អំណាចរបស់មនុស្ស “ព្រះនាម​ព្រះអង្គ​ថ្កុំ​ថ្កើង​រុង​រឿង​ពាស​ពេញលើ ផែនដីទាំងមូល˝ (ទន ៨,៧ និង ១០)។

ខ.    សេចក្តីប្រៀនប្រដៅនេះ ក៏មានសារៈសំខាន់ចំពោះសកម្មភាពផ្សេងរបស់មនុស្សជារៀងរាល់ថ្ងៃដែរ។ ពេល​បុរស និង​ស្រី្ត​ធ្វើ​ការចិញ្ចឹមជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ទាំងបំពេញកិច្ចការតាមរបៀបបម្រើសង្គម អ្នក​ទាំង​នោះ អាច​យល់ឃើញថា ការងាររបស់គេបន្តស្នាព្រះហស្តរបស់ព្រះអាទិករ គេបម្រើបងប្អូន និងខ្លួន​គេ​ផ្ទាល់​ជួយ​ឲ្យគម្រោង ការ​របស់​ព្រះ​ជា​ម្ចាស់​បាន​សម្រេច គឺគម្រោងការរបស់ព្រះអង្គ ដែល​ថែរក្សា​ការពារ​មនុស្ស​លោក​តាម​ប្រវតិ្ត​សាស្រ្ត។

គ. គ្រីស្តបរិស័ទ​យល់ឃើញថា មនុស្សប្រកបដោយប្រាជ្ញានិងដោយសេចក្តីក្លាហានមានជ័យជម្នះលើ​ធម្ម​ជាតិ មិន​ជំទាស់​នឹងឫទ្ធានុភាពរបស់ព្រះ​ជា​ម្ចាស់​ទេ គេក៏មិនចាត់ទុកថា មនុស្សជាសត្វលោកប្រកប​ដោយ​ប្រាជ្ញា ហាក់​ដូច​ជា​ប្រកួត​ប្រជែងនឹងព្រះអាទិករដែរ។ ផ្ទុយទៅ​វិញគ្រីស្តបរិស័ទជឿជាក់​ថា ជ័យជម្នះ​របស់មនុស្សជាតិ ពិត​ជា​សញ្ញា​សម្គាល់​បង្ហាញអំពីព្រះដ៏ឧត្តុង្គឧត្តម និង​ជា​លទ្ធផលតាមគម្រោងការ​របស់​ព្រះអង្គ​ដែល​រកថ្លែង​ពុំ​បាន។ ប៉ុន្តែ អំណាច​របស់មនុស្សចម្រើនខ្លាំងឡើងយ៉ាងណា បគ្គុល ឬក្រុម ​ក៏ទទួល​ការ​ខុសត្រូវកាន់តែទូលំ​ទូលាយ​យ៉ាង​នោះដែរ។ សេចក្តី​នេះសរ​ឲ្យយល់ឃើញថា ដំណឹងល្អដែលគ្រីស្តបរិស័ទ​ប្រកាសនោះ​មិនមែន​បង្វែរ​គេ​មិនឲ្យក​សាង​ពិភពលោក​ទេហើយក៏មិនមែនមិនឲ្យ​អើពើនឹងវាសនារបស់​មនុស្សដូចគ្នាដែរ តែផ្ទុយ​ទៅ​វិញ​ដំណឹងល្អនោះ ជំរុញគ្រីស្តបរិស័ទឲ្យ​កសាង​ពិភពលោក និងចាប់អារម្មណ៍នឹងវាសនា​មនុស្សដូចគ្នា ទុក​ជា​កាតព្វកិច្ចជាបន្ទាន់ជាងគេ។

៣៥-សេចក្តីណែនាំសម្រាប់សកម្មភាពរបស់មនុស្ស

ក.    សកម្មភាពរបស់មនុស្សហូរចេញមកពីមនុស្សយ៉ាងណា ក៏សកម្មភាពនោះ ស្ថិតនៅ​ក្រោម​អំណាច​របស់​មនុស្ស​យ៉ាង​នោះ​ដែរ។ ពេលមនុស្សបំពេញសកម្មភាព គេមិនគ្រាន់តែប្រែវត្ថុនិងសង្គមប៉ុណ្ណោះទេ តែគេក៏​ធ្វើ​ឲ្យ​ខ្លួនកាន់តែពេញ​លក្ខណៈ​ដែរ។ គេរៀន​សេចក្តីជាច្រើន គេពង្រឹងទេពកោសល្យរបស់ខ្លួន មិនគិតតែ​ពី​ខ្លួន​ឯង ហើយ​បែរទៅគិតដល់​សេចក្តីដែល​ហួស​ពីខ្លួនថែមទៀតផង។ បើ​គេចេះ​ណែនាំសម្ទុះនេះយ៉ាងត្រឹមត្រូវល្អ សម្ទុះនេះ​មានតម្លៃប្រសើរជាង​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាននៅក្រៅខ្លួនដែលគេសន្សំបាន។ តម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​អាស្រ័យ​លើបុគ្គលិកលក្ខណៈ​របស់​ខ្លួនជាជាងអាស្រ័យលើទ្រព្យសម្បត្តិដែលខ្លួនមាននោះ។ យ៉ាង​ណា​មិញ អ្វីៗដែលមនុស្សប្រព្រឹត្តដើម្បី​ឲ្យមាន​យុត្តិធម៌​កាន់​តែច្រើនឡើងៗ ឲ្យមនុស្សរួបរួមគ្នា​ជាបងប្អូន​កាន់​តែ​ខ្លាំងឡើងៗនិងឲ្យបង្កើតទំនាក់ទំនងកាន់តែប្រកបដោយ​លក្ខណៈ​ជាមនុស្ស​ក្នុងសង្គមកាន់តែល្អឡើងៗ គឺ​ការ​ទាំង​នោះសុទ្ធតែមានតម្លៃដ៏ថ្លៃថ្នូរលើសពីការ​រីកចម្រើនខាង​បចេ្ចក​ទេស​ទៅទៀត។ ការចម្រើន​ខាង​បច្ចេក​ទេស​ទាំងប៉ុន្មានអាចជួយឲ្យមនុស្សមានមូលដ្ឋានជាសម្ភារៈសម្រាប់អភិវឌ្ឍន៍​ធនធានមនុស្ស ប៉ុន្តែ បើ​មាន​តែ​ការ​ចម្រើនខាងបច្ចេកទេសប៉ុណ្ណោះ នេាះធនធានមនុស្សមិនអាចចម្រើនបានឡើយ។

ខ.    ហេតុនេះ សេចក្តីណែនាំសកម្មភាពរបស់មនុស្ស មានដូចតទៅ គឺ សកម្មភាពនោះត្រូវរកផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ​ជូន​មនុស្ស​ជាតិ ស្របតាមគម្រោងការនិងតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សកម្មភាពនោះត្រូវ​បណ្តោយ​ឲ្យមនុស្ស ទោះក្នុងឋានៈជាបុគ្កលផ្ទាល់ ឬក្នុងឋានៈជាសមាជិកនៃសង្គមក្តី រីកចម្រើនឡើង​យ៉ាង​ពេញ​លក្ខណៈ​តាមព្រះ​ជាម្ចាស់​ត្រាស់ហៅគេម្នាក់ៗ។

៣៦-អ្វីៗនៅលើផែនដីស្វយ័តយ៉ាងត្រឹមត្រូវ

ក.    សព្វថ្ងៃមានមនុស្សជាច្រើននាំគ្នានឹកខ្លាចថា មិនត្រូវឲ្យសកម្មភាពរបស់មនុស្សនឹង​សាសនា មាន​ចំណងពេក ក្រែង​ចំណងដ៏ស្អិតល្មួតនេះ បណ្តាលឲ្យទាំងមនុស្ស ទាំងសង្គម ទាំងវិទ្យាសាស្រ្តបាត់បង់ស្វ័យភាព​របស់​ខ្លួន។

ខ. ប្រសិនបើគេយល់ថា អ្វីៗនៅលើផែនដីនេះប្រកបដោយស្វយ័ភាព មានន័យថា សត្វលោកទាំងប៉ុន្មាន​ដែល​ព្រះ​ជាម្ចាស់​ប្រតិស្ឋាន​មក ថែមទាំងសង្គមនានាផងដែរ មានក្បួនច្បាប់ផ្ទាល់ មានតម្លៃដ៏ថ្លៃថ្នូរផ្ទាល់ ហើយ​មនុស្ស​ត្រូវ​តែ​រៀន​ឲ្យ​ស្គាល់បន្តិច​ម្តងៗ​នូវក្បួនច្បាប់និងតម្លៃដ៏ថ្លៃថ្នូរ​ទាំងនោះ ហើយក៏ត្រូវរៀនឲ្យចេះប្រើប្រាស់ និង​ឲ្យ​ចេះ​ចាត់ចែង​ទៀត​ផង។ ដូច្នេះ អ្នកស្វះ​ស្វែង​ចង់​បានស្វ័យភាពបែបនោះ ពិតជាត្រឹមត្រូវហើយ។ មិនគ្រាន់​តែ​មនុស្ស​សម័យ​ឥឡូវ​ទាម​ទារស្វ័យភាព​នោះ​ប៉ុណ្ណោះទេ តែស្វ័យភាព​នោះស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ​អាទិករ​ថែមទៀត​ផង។ ដោយ​ព្រះ​ជាម្ចាស់ប្រតិស្ឋាន​អ្វីៗ​ទាំងអស់ ព្រះអង្គក៏តែងតាំងអ្វីៗ​ឲ្យនៅ​ជាប់​ស្ថិត​ស្ថេរ​តាម​សេចក្តី​ពិត​និង​តាមតម្លៃដ៏​ថ្លៃ​ថ្នូរ​របស់​អ្វីៗទាំង​នោះផ្ទាល់។ អ្វីៗទាំងអស់​ក៏ត្រូវ​បាន​ចាត់ចែង​ឲ្យ​មាន​របៀប​រៀបរយ និងតាមក្បួនច្បាប់​ពិសេស​របស់​អ​្វីៗ​ទាំងនោះ។ មនុស្សត្រូវតែគោរព​អ្វីៗទាំងនោះ ព្រមទាំងទទួល​ស្គាល់​វិធី​ផ្ទាល់របស់វិទ្យាសាស្រ្តនីមួយៗ និង​បច្ចេកទេស​នី​មួយៗដែរ។ ហេតុ​នេះហើយបានជា ការ​ស្វែង​រក​តាម​ក្បួន​វិធីក្នុងគ្រប់វិស័យនៃចំណេះដឹង មិន​ដែលជំទាស់​នឹង​ជំនឿទេ លុះត្រាតែគេស្វែងរកតាម​របៀប​ជា​វិទ្យាសាស្រ្ត​យ៉ាងពិតប្រាកដ និងត្រូវតាមវិន័យនៃសីលធ៌។ អ្វីៗ​ដែលស្ថិត​នៅ​ក្នុង​លោកនេះ និង​ជំនឿហូរ​ចេញ​មក​ពី​ព្រះជាម្ចាស់តែមួយព្រះអង្គ ជាប្រភពតែមួយ។ លើសពីនេះទៅទៀត អ្នកខិត​ខំ​ស្វែងរកការ​អាថ៌​កំបាំង​នៃ​វត្ថុ​ទាំងអស់ដោយចិត្តព្យាយាមខន្តីនិងដោយចិត្តសុភាពរាបសា ទោះបីអ្នកនោះ​មិន​ដឹង​ខ្លួនក្តី ក៏ព្រះជា​ម្ចាស់​ណែនាំ​គេដែរ គឺព្រះអង្គដែល​ទ្រទ្រង់សត្វលោកទាំងអស់ និងប្រោសឲ្យសត្វលោក​ទាំងអស់​មាន​លក្ខណៈ​ផ្ទាល់​របស់ខ្លួន។ អំពីរឿងនេះ យើងនឹកស្តាយ​ថា ជួនកាល​មានគ្រីស្តបរិស័ទខ្លះកាលពីមុន មិន​យល់​អំពី​ស្វ័យ​ភាព​ដ៏​ត្រឹម​ត្រូវ​នៃវិទ្យាសាស្រ្តនោះ។ ឥរិយាបថគ្រីស្តបរិស័ទទាំងនោះបណ្តាលឲ្យមនុស្ស​ជជែក​ឈ្លោះ​ប្រកែក​គ្នា រហូតដល់​នាំ​ឲ្យ​អ្នកខ្លះ​យល់ឃើញថា វិទ្យាសាស្រ្តនិងជំនឿទាស់ទែងគ្នាទៀតផង។

គ.    ក៏ប៉ុន្តែ ប្រសិនបើគេយល់ថា អ្វីៗនៅលើផែនដីនេះប្រកបដោយស្វ័យភាព មានន័យថាសត្វលោក​ទាំងប៉ុន្មាន​មិននៅ​ជា​ចំណុះ​របស់ព្រះ​ជាម្ចាស់ទេ ហើយស្មានថា មនុស្សអាច​ប្រើប្រាស់​សត្វលោក​ទាំង​នោះ​តាម​តែ​អំពើ​ចិត្ត ដោយមិនគិតដល់​ព្រះអាទិកររបស់វា ប៉ន្តែអស់អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់មុខជានឹងដឹងភ្លាមថា ពាក្យ​ទាំង​នេះមិនត្រឹមត្រូវសោះ។ ប្រសិនបើគ្មានព្រះ​អាទិករប្រតិស្ឋានមក ក៏គ្មានសត្វលោកទៀតដែរ។ម៉្យាង​ទៀត អស់អ្នកកាន់សាសនា ទោះបី​សាសនា​ណាក៏ដោយ ក៏តែងតែ​ឮព្រះសូរ​សៀង​របស់​ព្រះជាម្ចាស់ ដែល​សម្តែង​ព្រះអង្គ តាមរយៈសត្វលោកទាំង​ឡាយ។ អ្នកបំភ្លេចព្រះជាម្ចាស់​ក៏ពិបាកយល់​អំពីតម្លៃ​សត្វ​លោក​ឲ្យ​បាន​ច្បាស់ដែរ។

៣៧-អំពើបាបបានបង្ខូចសកម្មភាពរបស់មនុស្ស

ក.    ស្របតាម​បទពិសោធន៍របស់មនុស្សជាច្រើន សតវត្សកន្លងមក​ព្រះគម្ពីរប្រៀនប្រដៅ​មហាគ្រួសាររបស់​មនុស្ស​ថា ការអភិវឌ្ឍន៍បាននាំអ្វីៗដ៏ល្អយ៉ាងខ្លាំងសម្រាប់មនុស្ស ប៉ុន្តែក៏បាននាំការល្បួងយ៉ាងធ្ងន់ជាប់ជាមួយដែរ។ ពេល​មនុស្សមិន​យល់​ច្បាស់​ថា អី្វជាបុណ្យអ្វីជាបាប អ្វីថ្លៃថ្នូរជាងគេ ហើយអ្វីថោកទាបជាងគេ នៅពេលបុណ្យ និង​បាប​លាយចូលគ្នា ពេលនោះទាំង​បុគ្គល ទាំងក្រុមមនុស្សតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនគិត​ដល់​ប្រយោជន៍​អ្នកដទៃទៀតទេ។ ហេតុនេះពិភព​លោក​លែងជា​កន្លែងមនុស្សអាច​រស់នៅ​ដូច​បងប្អូន​យ៉ាង​ពិត​ប្រាកដ​ទៀតហើយ។ នៅពេលជាមួយ​គ្នា​នោះ មនុស្សមានន​អំណាច​កាន់តែ​ខ្លាំង​ឡើងៗ ដែលអាច​បំផ្លាញ​មនុស្ស​លោកគ្នាឯងទៀតផង។

ខ.    ប្រវត្តិសាស្រ្តមនុស្សលោកតាំងពីដើមរៀងមក សុទ្ធតែជាការ​ប្រយុទ្ធដ៏សាហាវប្រឆាំង​នឹងអំណាច​នានានៃ​សេចក្តី​ងងឹត។ ព្រះអម្ចាស់មានព្រះបន្ទូលមកយើងរួចហើយថា ការប្រយុទ្ធនេះ ចាប់ផ្តើម​តាំងពីដើម​កំណើត​ពិភពលោក​រៀងមក នឹង​នៅ​តែ​បន្ត​រហូត ដល់ថ្ងៃចុងក្រោយបំផុត (មថ ២៤,១៣; ១៣,២៤-៣០ និង ៣៦-៤៣)។ មនុស្សចូលក្នុងចម្បាំងនេះ ត្រូវ​តែប្រយុទ្ធ ដើម្បីភ្ជាប់ចិត្តនឹងសេចក្តីល្អ។ មនុស្សអាចស្ងប់ក្នុងចិត្តបាន ក្រោយ​ពីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និង​ដោយព្រះជាម្ចាស់ប្រោសប្រណីទៀតផង។

គ.    ហេតុនេះហើយបានជាព្រះសហគមន៍របស់ព្រះគ្រីស្តទទួលស្គាល់ថា ការអភិវឌ្ឍន៍ធនធានមនុស្សអាចបម្រើ​សុភមង្គល​ដ៏ពិត​ប្រាកដរបស់មនុស្សមែន ព្រះសហគមន៍ក៏ទុកចិត្តលើគម្រោងការរបស់ព្រះអាទិករដែរ។ ក៏​ប៉ុន្តែ ព្រះ​សហគមន៍មិន អាច​បំភ្លេចពាក្យប្រៀនប្រដៅរបស់គ្រីស្តទូតប៉ូលថា “មិនត្រូវយក​តម្រាប់តាម​លោកីយ៍​នេះ​ឡើយ˝ (រម ១២, ២) គឺថាកុំ យកតម្រាប់តាមអំណួតដ៏ឥតបានការ និងសេចក្តីអាក្រក់ ដែល​ប្រែ​សកម្មភាព​របស់​មនុស្ស។ សកម្មភានោះតម្រង់ទៅ បម្រើព្រះជាម្ចាស់និងបម្រើមនុស្ស តែសេចក្តីអាក្រក់ប្រែ​សកម្មភាព​នោះនាំឲ្យប្រព្រឹត្ត​អំពើ​បាបវិញ។

ឃ.  មានគេសួរថា តើនរណាអាចឈ្នះទុក្ខបែបនេះបាន? គ្រីស្តបរិស័ទឆ្លើយថា អំណួតនិងសេចក្តីស្រឡាញ់​ហួស​ហេតុ​របស់​មនុស្សចំពោះខ្លួនឯង រៀងរាល់ថ្ងៃបណ្តាលឲ្យសកម្មភាពទាំងនោះមិនដល់ទិសដៅមែន ប៉ុន្តែ ត្រូវ​ការ​ព្រះ​គ្រីស្ត​ដែល​សោយទិវង្គតនិងមាន​ព្រះជន្ម​ថ្មីដ៏រុងរឿង ជម្រះ និងនាំ​ឲ្យសកម្មភាព​ទាំងនោះ​បាន​ពេញ​លក្ខណៈ។ មនុស្សអាច (និង ត្រូវ) ស្រឡាញ់អ្វីៗ​ទាំងនោះដែលព្រះជាម្ចាស់ប្រតិស្ឋានមក ព្រោះព្រះគ្រីស្ត​បាន​រំដោះ​គេ ហើយគេបាន​ទៅជា​សត្​វលោក​ថ្មី ដោយ​រួមជាមួយព្រះ​វិញ្ញាណដ៏វិសុទ្ធ។មនុស្សទទួល​អ្វីៗទាំង​នោះ​ពី​ព្រះជាម្ចាស់ ហើយ​យល់​ឃើញ​អ្វីៗ​ទាំងនោះ ដូចជាផុះចេញពីព្រះហស្តរបស់​ព្រះអង្គ និងគោរព​អ្វី​ទាំង​នោះ​ទៀតផង។ គាត់អរព្រះគុណព្រះ​ជាម្ចាស់​ដែល​ប្រតិស្ឋាន​អ្វីៗ ទាំងអស់​ដោយព្រះហឫទ័យ​សប្បុរស គាត់​ប្រើប្រាស់ និងបានអំណរដោយសារអ្វីទាំងនោះ​ទាំងមាន​ចិត្ត​គំនិត​ជាអ្នកក្រ និងដោយសេរីភាព។ នៅពេល​នោះ​គាត់ចូល​ទៅកាន់កាប់ពិភពលោកដ៏ពិតប្រាកដ ក្នុង​ឋានៈ​ជាអ្នក​ដែលគ្មានអ្វីសោះ​តែតាមពិតបាន​អ្វីទាំង​អស់​ទុក​ជាកម្មសិទ្ធិរបស់ខ្លួន (២​ករ៦,១០) “អ្វីៗទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ​បង​ប្អូន​។‌ រីឯ​បង ប្អូន​វិញ​បងប្អូន​បម្រើ​ព្រះ​គ្រីស្តហើយព្រះគ្រីស្ត​ក៏បម្រើ​ព្រះជាម្ចាស់” (១ករ ៣,២២-២៣)។

៣៨-ព្រះគ្រីស្តដែលសោយទិវង្កត និងមានព្រះជនថ្មីដ៏រុងរឿង ធ្វើឲ្យសកម្មភាពរបស់មនុស្សបានពេញលក្ខណៈ

ក.    ព្រះបន្ទូលរបស់ព្រះជាម្ចាស់​បានបង្កើតអ្វីៗ​សព្វ​សារពើ។ព្រះបន្ទូលបានប្រសូតជាមនុស្ស និងយាង​មករស់​នៅ​លើ​ផែន​ដី​របស់ម​នុស្ស (យហ ១,៣.១៤)។ ព្រះអង្គជាមនុស្សដ៏ពេញលក្ខណៈ យាង​ចូលក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​លោក ហើយ​លើកប្រវត្តិសាស្រ្តនេះ និងប្រមូលអ្វីៗទាំងអស់ឲ្យរួបរួមក្នុងអង្គព្រះគ្រីស្តជាសិរីសា (អភ១, ១០)។ ព្រះអង្គសម្តែង​ឲ្យ​យើង​ដឹងថា “ព្រះជាម្ចាស់ជាសេចក្តី​ស្រឡាញ់” (១យហ ៤,៨) ហើយ​នៅ​ពេល​ជាមួយគ្នានោះ ព្រះអង្គបង្រៀនយើងថា វិន័យ​ថ្មីអំពីសេចក្តីស្រឡាញ់ ពិតជាគ្រឹះនាំ​ឲ្យ​មនុស្ស​បាន​ពេញ​លក្ខណៈ និងនាំឲ្យផ្លាស់ប្រែពិភពលោកទៀត​ផង។ ដូច្នេះ​ព្រះអ​ង្គ​នាំ​ឲ្យ​អស់​អ្នកដែលផ្ញើជីវិតលើព្រះ​ជាម្ចាស់​ដែល​ស្រឡាញ់មនុស្សលោក ជឿជាក់ថា មនុស្សទាំង​អស់​អាច​ដើរតាមមាគ៌ានៃសេចក្តី​ស្រឡាញ់​នោះបាន ហើយ​ការខិតខំប្រឹងប្រែងធ្វើឲ្យមនុស្សទូទាំងសកលលោក​ទៅជាបង​ប្អូន​គ្នា មិនមែនឥត​បាន​ការ​ឡើយ។ ព្រះអង្គ​ប្រៀនប្រដៅយើងទៀត​ថា សេចក្តីស្រឡាញ់នេះ មិនអាស្រ័យតែ​លើការ​អស្ចារ្យ​ប៉ុណ្ណោះទេ តែសម្តែង​ចេញ​ក្នុង​កិច្ចការធម្មតាក្នុងការរស់នៅ​ប្រចាំថ្ងៃ។ ដោយព្រះអង្គសព្វព្រះ​ហឫទ័យ​សោយ​ទិវង្គត​សម្រាប់យើង​ទាំង​អស់​គ្នាជាអ្នកបាប (យហ ៣,១៦; រម៥,៨-១០) ព្រះអង្គធ្វើជាគំរូ បង្រៀន​ឲ្យ​យើងដឹងថា អស់​អ្នក​ដែល​ខិតខំរក​យុត្តិធម៌​និង​សន្តិភាព ត្រូវ​ផ្ទុកទុក្ខលំបាកមកពីភាពទន់​ខ្សោយរបស់ខ្លួន​និងមកពីពិភពលោក​ដូច​ជា​យក​ឈើ​ឆ្កាង​មកដាក់លើស្មារដូច្នេះដែរ។ ព្រះបិតាបានតែងតាំងព្រះគ្រីស្តធ្វើជាព្រះអម្ចាស់ ដោយប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះជន្ម​ថ្មី​ដ៏រុងរឿង ព្រះបិតាក៏​បានប្រទានឲ្យព្រះគ្រីស្ត មានគ្រប់អំណាចនៅ​លើផែនដីនិងនៅ​ស្ថានបរមសុខ (កក ២,៣៦; មធ ២៨,១៨)។ ឥឡូវនេះ​ព្រះគ្រីស្តជាអម្ចាស់មានសកម្មភាពក្នុងចិត្តគំនិត​មនុស្ស​លោក​ដោយសារ​ឫទ្ធានុភា​ព​នៃព្រះវិញ្ញាណព្រះអង្គ។ ព្រះអង្គ​មិនគ្រាន់តែ​ដាស់តឿន​មនុស្ស​ឲ្យ​មាន​បំណង​ចង់​ចូលនៅ​លោក​ខាងមុខ​ប៉ុណ្ណោះ​ទេ តែព្រះ​អង្គក៏ប្រោស​ឲ្យគេមានបំណង​ប្រាថ្នាដ៏​សប្បុរស ដែល​ជំរុញ​មហាគ្រួសារ​រប​ស់​មនុស្សលោក ឲ្យខិត​ខំ​ធ្វើ​ឲ្យជីវភាពរបស់គេកាន់តែសមនឹង​លក្ខណៈ​ជាមនុស្ស និងឲ្យ​គេ​ត្រួតត្រាផែន​ដីទាំង​មូលក្នុង​គោល​ដៅនេះផង។ ព្រះ​វិញ្ញាណ​ក៏ជម្រះហើយ​ពង្រឹង​បំណង​ដ៏​សប្បុរស​ទាំង​នោះ​ថែម​ទៀត។ តាមពិត​ព្រះវិញ្ញាណ​ប្រទានព្រះ​អំណោយ​ទាន​ផ្សេងៗ​ពីគ្នា គឺព្រះអង្គត្រាស់​ហៅ​មនុស្សខ្លះ​ឲ្យ​ប្រកាស​យ៉ាង​ច្បាស់អំពីបំណងរបស់ខ្លួនចង់​ចូល​ដំណាក់​នៃ​ស្ថាន​បរម​សុខនិងឲ្យគេផ្តល់សក្ខីភាព​នេះ​យ៉ាង​រស់​រវើក​ក្នុងមហាគ្រួសារ​មនុស្ស​លោក។ ព្រះអង្គក៏ត្រាស់ហៅ​មនុស្ស​ឯទៀតៗ ឲ្យ​ប្តេជ្ញា​ចិត្តបម្រើមនុស្សលោក​នៅ​លើ​ផែនដីនេះ គឺរៀបចំរបៀប​រស់នៅ​ក្រោមអំណាចរបស់ព្រះជាម្ចាស់​ដែលគ្រងរាជ្យ ដោយសារ​មុខងារ​បម្រើ​នេះ។ ប៉ុន្តែព្រះអង្គប្រោស​ឲ្យមនុស្ស​ទាំងអស់ ទៅជាមនុស្សប្រក​បដោយ​សេរីភាព សុខចិត្ត​លះបង់​អស្មិ​មានះចោល ប្រមូល​ថាមពលទាំង​ប៉ុន្មាននៅ​លើផែន​ដីមកបម្រើជីវិតមនុស្ស។ គេស្ទុះទៅរកអនាគត គឺទៅ​កាន់​ពេល​ដែលមនុស្ស​ជាតិ​នឹងក្លាយទៅជា​តង្វាយ​ដ៏គាប់​ព្រះហឫទ័យ ព្រះជាម្ចាស់ (រម ១៥,១៦)។

ខ.    ព្រះអម្ចាស់ទុកព្រះអំណោយទានដំបូងនៃសេចក្តីសង្ឃឹមនេះ និងផ្តល់អាហារសម្រាប់ធ្វើដំណើរ គឺអគ្គសញ្ញា​អរព្រះ​គុណ ជាអគ្គសញ្ញាបញ្ជាក់ជំនឿ។ក្នុងអគ្គសញ្ញានោះ ធាតុនៃធម្មជាតិដែលមនុស្សបានដាំនិងថែទាំ ក្លាយ​ទៅជាព្រះកាយ​និង​ព្រះ​លោហិត​ប្រកបដោយសិរីរុងរឿង។ ពីធីជប់លៀងរបស់បងប្អូនដែលរួបរួមគ្នា ជា​ប្រផ្នូល​នៃពិធីជប់លៀង​នៅស្ថាន​បរមសុខ។

៣៩-ផែនដីថ្មី និងផ្ទៃមេឃថ្មី

ក.    យើងមិនដឹងអំពីផែនដីនិងមនុស្សជាតិបានពេញលក្ខណៈចប់សព្វគ្រប់ទាំងអស់នៅពេលណាទេ (កក ១,៧) យើងក៏មិន ស្គាល់របៀបពិភពលោកត្រូវផ្លាស់ប្រែដែរ។សភាពការណ៍​ពិភព​លោក​នេះ ដែល​ត្រូវបាន​បង្ខូច​ដោយ​សារ​អំពើ​បាប នៅតែ​ប្រែប្រួល(១ករ ៧,៣១)។ ក៏ប៉ុន្តែ យើងបានរៀនថា ព្រះជាម្ចាស់​រៀបចំ​ដំណាក់​ថ្មី និង​ផែនដី​ថ្មី​សម្រាប់​យើង ជាផែន​ដីដែលមានយុត្តិធម៌គ្រងរាជ្យ (២ករ ៥,២; ២សល ៣,១៣)។ បរមសុខ​នៅ​លើ​ផែនដី​ថ្មីនោះ និងបំពេញ​យ៉ាង​ហូស​ប្រមាណ​នូវ​បំណងទាំង​ប៉ុន្មាន​របស់មនុស្ស ដែល​ចង់បាន​សេចក្តី​សុខសាន្ត (១ករ ២,៩; វវ ២១,៤-៥)។ នៅ​ពេល​នោះ​សេចក្តីស្លាប់ចាញ់រួចហើយ បុត្រធីតា​របស់ព្រះជាម្ចាស់​នឹង​មាន​ជីវិតថ្មីដ៏រុងរឿងរួមក្នុងអង្គព្រះគ្រីស្ត អ្វីៗ​ដ៏ទន់​ខ្សោយ​ដែល​រមែង​តែង​តែ​រលួយដែល​ព្រះជា​ម្ចាស់​បាន​សាបព្រោះនោះ នឹង​ទទួល​ជីវិត​ថ្មី​ដែលមិន​ចេះ​រលួយ(១ករ១៥,​៤២.​៥៣)។សេចក្តីស្រឡាញ់ និងកិច្ចការ​ដែល​មនុស្ស​បានប្រព្រឹត្តដោយសេចក្តីស្រឡាញ់ នឹងស្ថិតនៅ (១ករ ១៣,៨-៣; ១៤) ហើយ​‌អ្វីៗទាំងអស់ ដែល​ព្រះអង្គ​ប្រតិស្ឋានមកដើម្បីជាប្រយោជន៍ដល់មនុស្ស នឹងត្រូវព្រះអង្គ​រំដោះ​ឲ្យរួចផុត​ពី​សេចក្តីវិនាស​អន្តរាយ (រម ៨,១៩.២១)។

ខ.    យើងដឹងច្បាស់ថា បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើជា​សម្បត្តិ​របស់​ខ្លួនតែត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះតើមាន​ប្រយោជន៍​អ្វី (លក ៩,២៥)។ ប៉ុន្តែ ការរង់ចាំផែនដីថ្មី មិនបណ្តាលឲ្យយើងមិន​យកចិត្តទុកដាក់​នឹង​ថែទាំផែនដីនេះ​ទេ ផ្ទុយទៅវិញដាស់យើងឲ្យភ្ញាក់ឡើង ព្រោះព្រះកាយនៃគ្រួសារថ្មីរបស់​មនុស្ស​នោះ ចម្រើន​ធំ​ឡើង​នៅ​លើផែន​ដី​នេះ ហើយបង្ហាញការព្រាងអំពីលោកខា​ងមុខទៀតផង។ ហេតុនេះហើយ ត្រូវ​ញែក​ឲ្យបានច្បាស់រវាងការ​អភិវឌ្ឍន៍​ខាង​ផែន​ដី និងការចម្រើនខាងព្រះរាជ្យរបស់ព្រះជាម្ចាស់។ក៏ប៉ុន្តែ ការ​អភិវឌ្ឍន៍ខាងផែនដី​មានសារៈសំខាន់​ជាខ្លាំង​សម្រាប់​ព្រះ​រាជ្យ​របស់ជាម្ចាស់ គឺការអភិវឌ្ឍន៍នោះអាច​ជួយ​ចាត់​ចែង​រចនាសម្ពន្ធសង្គម ឲ្យមានលក្ខណៈជាមនុស្ស​កាន់តែ​ប្រសើរ​ឡើងៗ។

គ.    តម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ការួបរួមគ្នាជាបងប្អូន និងសេរីភាព ដែលសុទ្ធតែជាផលដ៏ល្អបំផុតមកពីសភាព​មនុស្ស​យើង និង​មកការ​ខិត​ខំរបស់យើង។ យើងបានផ្សព្វផ្សាយសេចក្តីទាំងនេះនៅលើផែនដី តាម​ព្រះ​បញ្ជា​របស់​ព្រះ​អម្ចាស់ និង​ដោយរួមក្នុង​ព្រះវិញ្ញាណព្រះអង្គ។ យើងនឹងបានសេចក្តីទាំងនេះវិញនៅពេលខាងមុខ ក្រោយ​ពីព្រះ​គ្រីស្ត​បាន​ប្រោស​ឲ្យសេចក្តី​ទាំងនេះ​បាន​បរិសុទ្ធផុតពីសៅហ្មង​នានា ទាំងភ្លឺត្រចះត្រចង់ និង​ផ្លាស់​ទ្រង់ទ្រាយ គឺនៅ​ពេល​ព្រះ​គ្រីស្ត​និងប្រគល់ “ព្រះ​រាជ្យ​ដែលនៅ​ស្ថិត​ស្ថេរអស់កល្បជានិច្ចនិងសកល ថ្វាយ​ព្រះបិតា​របស់ព្រះអង្គ គឺជាព្រះរាជ្យដែល​មាន​សេចក្តីពិតនិងជីវិត ភាព​ដ៏វិសុទ្ធ ​និង​ព្រះ​ហឫទ័យ​ប្រោស​ប្រណី យុត្តិធម៌ សេចក្តីស្រឡាញ់ និងសន្តិភាព​គ្រងរាជ្យ”។  ឥឡូវនេះ ព្រះ​ជា​ម្ចាស់​គ្រងរាជ្យ​នៅ​លើ​ផែនដី​នេះ​យ៉ាង​អាថ៌កំបាំងរួចហើយ។នៅពេលព្រះអម្ចាស់នឹង​យាង​មកវិញ ព្រះជាម្ចាស់​នឹង​គ្រងរាជ្យយ៉ាង​ពេញ​លក្ខណៈ។

ជំពូក៤
តួនាទីរបស់ព្រះសហគមន៍ក្នុងចំណោមមនុស្សលោកនាបច្ចុប្បន្នកាល

៤០-ព្រះសហគមន៍និងមនុស្សលោកមានទំនាក់ទំនងទៅវិញទៅមក

ក.    យើងបានចែងអំពីតម្លៃដ៏ថ្លៃថ្នូរនៃបុគ្គលម្នាក់ៗ អំពីសហគមន៍របស់មនុស្សលោក អំពីអត្ថន័យ​ដ៏ជ្រៅ​នៃ​សកម្ម​ភាព​របស់​មនុស្ស​រួចហើយ។ សេចក្តីទាំងនោះជាគ្រឹះនៃទំនាក់ទំនងរបស់ព្រះសហគមន៍និងមនុស្សលោក ហើយក៏ជា​មូលដ្ឋាន​ណែនាំឲ្យ​មនុស្សលោកនិងព្រះសហគមន៍អាចនិយាយសន្ទនាទៅវិញទៅមក។ យើង​សន្មត​ថា មិត្តអ្នកអានចង​ចាំសេចក្តី​ប្រៀន​ប្រដៅបញ្ជាក់នៃមហាសន្និបាត អំពីគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះសហគមន៍។ ក្នុងជំពូកនេះ យើង​មាន​បំណងចង់​បរិយាយអំពីព្រះ​សហគមន៍​ដដែលនោះ គឺព្រះសហគមន៍ ដែល​ស្ថិតនៅក្នុងចំណោមមនុស្ស​លោក រស់នៅក្នុងមនុស្សលោក និង​មាន​សកម្មភាព​រួមជាមួយ​មនុស្ស​លោក។

ខ.    ព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានបង្កើតព្រះសហគមន៍ដោយព្រះហឫទ័យស្រឡាញ់ (ទត ៣,៤) ព្រះ​គ្រីស្ត​ជាព្រះសង្គ្រោះ តែងតាំងព្រះសហគមន៍តាមប្រវត្តិសាស្រ្ត។ ព្រះវិញ្ញាណ​ប្រមែប្រមូល​ព្រះសហគមន៍ (អភ ១, ៣. ៥-៦. ១៣-១៤.២៣)។ ព្រះសហគមន៍នៅ​តែបន្ត​គោលដៅរបស់ខ្លួន គឺ​សង្គ្រោះ​មនុស្ស​លោក។ ប៉ុន្តែ​ការ​សង្គ្រោះ​នេះ នឹងបានសព្វគ្រប់ជាស្ថាពរនៅពេលចុងក្រោយបំផុត ពោល គឺ​នៅ​លោក​ខាង​មុខ។ សព្វថ្ងៃ ព្រះ​សហគមន៍​ស្ថិត​នៅ​លើផែនដីនេះ ហើយមានសមាជិករស់នៅលើផែនដីនេះចូលរួម។ព្រះជាម្ចាស់​ត្រាស់​ហៅ គេឲ្យបង្កើត​មហា​គ្រួសារ​នៃ​បុត្រ​ធីតារបស់ព្រះអង្គតាមប្រវត្តិសាស្រ្តមនុស្ស​លោក។មហា​គ្រួសារនេះត្រូវតែរីកចម្រើនឡើងជាលំដាប់ រហូត​ដល់​ពេល​ព្រះអម្ចាស់​យាងមក។មហាគ្រួសារនេះ​រួមគ្នា​ដើម្បី​បាន​សម្បត្តិ​សួគ៌ តែមានសម្បត្តិទាំងនេះរួចហើយ។ព្រះគ្រីស្ត ៉តែង​តាំង​មហាគ្រួសារនេះ​ទុកជា​សង្គម​ម៉្យាង ក្នុងលោកនេះ និងចាត់ចែងដោយមានរបៀបរៀបរយ ៉។ព្រះ​អង្គ​ក៏ “បានប្រទាន​មធ្យោបាយ​គ្រប់​គ្រាន់​ឲ្យ​ព្រះសហគមន៍​អាចរួប​រួមគ្នា​ជាសង្គម​ដែល​មើលឃើញបាន” (ពន្លឺ ៩)។ ព្រះ​សហគមន៍​ជា “ក្រុមដែល​គេអាច​មើល​ឃើញ​បានផង និងជាសហគមន៍​ខាង​វិញ្ញាណដែលគេមើលមិន​ឃើញ​ផង” (ពន្លឺ ៨)។ ដូច្នេះ ព្រះ​សហគមន៍​រួមដំណើរជាមួយ​មនុស្សជាតិទាំងមូល និង​ចែក​រំលែក​ជោគ​វាសនារបស់មនុស្ស​លោក​នៅ​លើ​ផែនដី។ ព្រះសហគមន៍ក៏ដូចជា​មេក្នុង​ម្សៅ និងដូចជា​វិញ្ញាណនៃ​សង្គម​មនុស្ស ដែលព្រះជាម្ចាស់ត្រាស់​ហៅ ឲ្យ​ប្រែ​ថ្មីជានិច្ចក្នុងអង្គព្រះគ្រីស្ត និងឲ្យក្លាយទៅជា​ក្រុម​គ្រួសារ​របស់ព្រះ​ជា​ម្ចាស់។

គ.    តាមពិត ព្រះសហគន៍ជាបុរីនៃលោកខាងមុខ និងសង្គមមនុស្សជាបុរីនៃផែនដីនេះ​ជាប់​ជំពាក់​គ្នា​ទៅវិញ​ទៅ​មក។ មានតែអ្នកផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់ទេដែលអាចចាប់អារម្មណ៍នឹងសេចក្តីនេះបាន។ លើសពីនេះ​ទៅ​ទៀត​ព្រះ​សហគមន៍​នៅតែ​ជាគម្រោងការ​ដ៏អស្ចារ្យ​នៃប្រវត្តិសាស្រ្តមនុស្សលោក ដែល​ត្រូវ​វឹកវរ​ដោយសារ អំពើ​បាប រហូតដល់សិរីរុងរឿង​នៃ​បុត្រ​ធីតា​រ​បស់ព្រះ​ជាម្ចាស់​នឹងលេច​ចេញមកយ៉ាងពេញលេញ។ ប៉ុន្តែ ព្រះសហគមន៍​នៅ​តែ​បន្តគោលដៅរបស់ខ្លួនផ្ទាល់ គឺសង្ក្រោះមនុស្សលោក មានន័យថា ព្រះសហគមន៍មិន​គ្រាន់​តែ ចែករំលែកព្រះជន្មរបស់ព្រះជាម្ចាស់ឲ្យមនុស្ស​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្សព្វផ្សាយពន្លឺដែលសាយ​ភាយ​ចេញ​ពីព្រះជន្មរបស់ព្រះជាម្ចាស់ មកលើពីភពលោកទាំងមូល។ ព្រះ​សហគមន៍ចាំង​ពន្លឺ​នោះជាពិសេស ដោយ​ព្យាបាល និង​លើកតម្កើងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ដោយពង្រឹង​សង្គម​ឲ្យ​ជាប់ស្ថិត​ស្ថេរ​រួមគ្នា ដោយ​ផ្តល់​ឲ្យសកម្មភាពប្រចាំថ្ងៃរបស់មនុស្សទទួលអត្ថន័យថ្មីដ៏ខ្ពង់ខ្ពស់។ ដូច្នេះ​ព្រះសហគមន៍​ជឿជាក់ថា ដោយសារ​សមាជិកនីមួយៗរបស់ខ្លួន និងដោយសារខ្លួនជាសហគមន៍ទាំងមូល ព្រះសហគមន៍អាចជួយ​យ៉ាង​ទូលំ​ទូលាយឲ្យ​គ្រួសារ​មនុស្ស​និងប្រវត្តិសាស្រ្តរបស់គេ មានលក្ខណៈជាមនុស្សកាន់តែខ្លាំងឡើងៗ។

ឃ.  ព្រះសហគមន៍កាតូលិក​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​ជំនួយរបស់​ព្រះសហគមន៍ និង​ក្រុមជំនុំគ្រីស្ត​បរិស័ទ​ឯទៀតៗ ដែលបានផ្តល់ (និងនៅតែផ្តល់) ដើម្បីឲ្យសម្រេចគោលដៅតែមួយនេះបាន។ ព្រះសហគមន៍​មាន​អំណរ​សប្បាយ​នឹង​ជំនួយទាំងនោះ។ នៅពេលជាមួយគ្នានេះ ព្រះសហគមន៍ជឿជាក់ថា មនុស្សលោកអាច​ជួយ​ព្រះសហគមន៍យ៉ាង​សកម្ម​តាម​របៀបផ្សេងៗ ដោយទេពកោសល្យនិងដោយសកម្មភាពរបស់បុគ្គល​និង​របស់​សមាគម​ផ្សេងៗនៃមនុស្ស​លោក​ឲ្យរៀប​ចំ​ផ្លូវជូន​ដំណឹងល្អ។

សូមជូនគោលការណ៍ខ្លះៗជាទូទៅ អំពីការចម្រើននៃទំនាក់ទំនងនិងការផ្លាស់ប្តូរ​របស់ព្រះសហគមន៍ និង​មនុស្ស​លោក អំពីជំនួយ​ទៅវិញទៅមក ក្នុងវិស័យរួមគ្នា។

៤១-ជំនួយព្រះសហគមន៍ចង់ផ្តល់ដល់មនុស្សគ្រប់ៗរូប

ក.    មនុស្សសម័យទំនើបកំពុងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍នៃបុគ្គលិកលក្ខណៈរបស់ខ្លួនទាំងស្រុង។ គេស្វះ​ស្វែងរក​ចង់​ដឹងអំពីសិទ្ធិរបស់ខ្លួន និងទាមទារសិទ្ធិទាំងនោះកាន់តែខ្លាំងឡើងៗផង។ ចំណែក​ឯព្រះ​សហគមន៍​ទទួល​បេសកកម្ម​បង្ហាញគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ ដែល​ជា​ទិសដៅ​ចុង​ក្រោយ​បំផុតរបស់មនុស្ស។ ព្រះសហគមន៍​ក៏សម្តែងឲ្យមនុស្សស្គាល់អត្ថន័យនៃការរស់នៅរបស់ខ្លួន គឺសេចក្តី​ពិត​ដ៏​សំខាន់​ជាងគេប្រចាំជីវិត។ ព្រះសហ គមន៍​ដែលបម្រើព្រះជាម្ចាស់ដឹងជាក់ច្បាស់ថា មានតែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គទេ ដែល​អាចតបបំពេញបំណងដ៏ជ្រៅ បំផុតដែលកប់ទុកក្នុងចិត្តមនុស្ស ព្រោះអ្វីៗក្នុងលោកនេះ​ពុំ​បាន​ធ្វើឲ្យមនុស្សអាច​ឆ្អែត​ស្កប់ស្កល់បានឡើយ។ ព្រះ​សហគមន៍​ក៏ដឹងថា មនុស្សគង់តែចាប់​អារម្មណ៍​នឹង​សាសនា យ៉ាងហោចណាស់ក៏មានបន្តិចដែរ ព្រោះព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ទាក់ទាញចិត្តគេជានិច្ច ដូច​មាន​បទពិសោធន៍តាមសតវត្សមុនៗ និងមានសក្ខីភាពជាច្រើន​នា​សម័យ​ឥឡូវ​ជាភស្តុតាងស្រាប់។ មនុស្ស​នៅ​តែ​ចង់ស្គាល់នូវអត្ថន័យជីវិតរបស់ខ្លួន អត្ថន័យកិច្ចការរបស់ខ្លួន និង អត្ថន័យ​នៃសេចក្តីស្លាប់ ទោះបីជា​យ៉ាង​ស្រពិចស្រពិលក៏ដោយ។ វត្តមានរបស់ព្រះសហគមន៍រំឭកបញ្ហាទាំងនេះឲ្យគេ។ មាន​តែ​ព្រះ​ជាម្ចាស់​មួយ​ព្រះអង្គគត់ ដែលអាចតបឆ្លើយនឹងសំណួរទាំងនោះយ៉ាងពេញលេញបាន ព្រោះព្រះអង្គប្រតិស្ឋាន​មនុស្ស​ឲ្យ​មាន​លក្ខណៈដូចព្រះអង្គ ព្រះអង្គក៏បានរំដោះគេឲ្យបានរួចពីបាបផង។ ព្រះអង្គតបឆ្លើយដោយសម្តែង​សេចក្តី​ពិត តាម​រយៈព្រះ​បុត្រា​ដែល​ប្រសូត​ជាមនុស្ស។ អស់អ្នកដើរតាមព្រះគ្រីស្ត ជាមនុស្សដ៏ពេញលក្ខណៈ​ក៏​ត្រឡប់​ទៅជាមានលក្ខណៈជា​មនុស្ស​កាន់តែប្រសើរឡើងៗ។

ខ.    ដោយព្រះសហគមន៍មានជំនឿនេះ ព្រះសហគមន៍អាចជួយមនុស្សលោកមិនឲ្យគិតអំពីតម្លៃដ៏ថ្លៃថ្នូររបស់​សភាព​នៃមនុស្ស​ជាតិប្រែប្រួលតាមមតិផ្សេងៗដែលចេះតែផ្លាស់ប្តូរជានិច្ច ឧបមាថា ​មតិខ្លះបន្ទាបរូប​កាយ​មនុស្ស​ហួសហេតុ ផ្ទុយទៅវិញមានមតិខ្លះលើកតម្កើងរូបកាយហួសកម្រិត។ គ្មាន​ច្បាប់ណា​របស់​មនុស្ស​លោក​អាច​ធានាតម្លៃដ៏ថ្លៃថ្នូរ​និង​សេរី​ភាពរបស់​មនុស្សដូចដំណឹងល្អរបស់ព្រះគ្រីស្តទេ គឺដំណឹងល្អ ដែល​ព្រះអង្គ​ផ្ញើ​ទុកមកព្រះសហគមន៍។ ដំណឹង​ល្អ​នេះ ជូន​ដំណឹង​និង​ប្រកាសអំពី​សេរីភាព​នៃ​បុត្រ​ធីតា​របស់​ព្រះ​ជាម្ចាស់ និង​បោះ​បង់​ភាព​ជា​ទាសករ​គ្រប់​យ៉ាង​ដែល​មកពី​អំពើ​បាប (រម ៨,១៤-១៧)។ ដំណឹង​ល្អ​នេះ​គោរព​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​នៃ​មនសិការ​របស់​មនុស្ស ដោយ​ឥត​ល្អៀង​គឺ​មនសិការ​ដែលអាច​ជ្រើស​រើស​អ្វីៗ​ដោយ​សេរី។ ដំណឹង​ល្អ​នេះ​បង្រៀន​ឥត​ឈប់​ឈរ​ឲ្យ​ប្រើ​ទេព​កោសល្យ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ឲ្យ​បង្តើត​ផល​សម្រាប់​បម្រើ​ព្រះ​ជាម្ចាស់និង​ដើម្បី​ជា​ប្រយោន៍​ដល់​មនុស្ស​លោក។ មិនតែប៉ុណ្ណោះសោត ដំណឹង​ល្អ​ផ្ញើមនុស្ស​ម្នាក់ៗ ឲ្យ​គេ​ស្រឡាញ់​គ្រប់ៗ​គ្នា (មថ ២២,៣៩)។ សេចក្តីទាំងនេះស្របតាមបទដ្ឋាន​ដែល​ជា​គ្រឺះ​នៃ​ការ​ចាត់ចែង​ការ​សង្គ្រោះ​របស់​ព្រះគ្រីស្ត។ ប្រសិនបើព្រះ​ជា​ម្ចាស់​តែ​មួយព្រះអង្គ​ពិតជា​ព្រះ​អា​ទិករនិងជាព្រះ​សង្គ្រោះ ហើយជា​ព្រះអម្ចាស់នៃ​ប្រវត្តិសាស្រ្តមនុស្សលោក​និងនៃ​ប្រវត្តិសាស្រ្តនៃ​ការ​សង្គ្រោះ​មែ​ននោះ ការចាត់ចែង​របស់​ព្រះ​ជាម្ចាស់នេះ​មិនបំបាត់​ស្វ័យភាពដ៏ត្រឹម​ត្រូវរបស់​សត្វ​លោក​ទេ ជាពិសេស​ស្វ័យភាព​របស់មនុស្ស។ ផ្ទុយ​ទៅ​វិញ​ការ ចាត់ចែងរបស់ព្រះជាម្ចាស់​នេះ តែងតាំងស្វ័យភាពនេះ​ឡើងវិញ និងបញ្ជាក់​ឲ្យមាន​កិត្តិយស​យ៉ាង​ថ្លៃថ្នូរ។

គ.    ហេតុនេះហើយបានជាតាមដំណឹងល្អដែលព្រះគ្រីស្តបានផ្ញើទុកនោះ ព្រះសហគមន៍ប្រកាសសិទ្ធិមនុស្ស​ទទួល​ស្គាល់និងរាប់រកយ៉ាងខ្លាំងនូវសកម្មភាពដ៏​ស្វាហាប់របស់មនុស្សលោក នៅសម័យឥឡូវ ជាសកម្មភាព​បណ្តោយ​ឲ្យ​សិទ្ធិ​មនុស្ស​នេះស្ទុះឡើងជាថ្មីនៅគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ ត្រូវ​យកគំនិតនៃដំណឹងល្អ​មក​បញ្រ្ជាប​ក្នុង​ចលនា​នេះ ហើយត្រូវ​ជៀស​វាង​កុំគិតយកស្វ័យភាពនេះធ្វើជាលេសសផ្តេសផ្តាស់គ្រប់យ៉ាង។ យើង​ទាំង​អស់​គ្នា​តែងតែជួបការល្បួងដោយ​ស្មាន​ថា ពេលណាយើងរួចផុតពីវិន័យនៃធម៌របស់ព្រះជាម្ចាស់ េពល​នោះ​យើង​រក្សា​សិទ្ធិរបស់ខ្លួនផ្ទាល់​យ៉ាងពេញ​លេញ។ ប្រសិន​បើមនុស្ស​ឈាន​ចូលតាមផ្លូវនោះ តម្លៃដ៏ថ្លៃ​ថ្នូររបស់​គេ​មុខជាជួបនឹងវាសនាសូន្យជាពុំខាន មិន​អាច​រួច​ខ្លួន​បានទេ។

៤២-ព្រះសហគមន៍អាចជួយសង្គមមនុស្សបាន

ក.    មហាគ្រួសាររបស់មនុស្សលោក ទទួលកម្លាំងយ៉ាងខ្លាំង​និងបាន​ពេញ​លក្ខណៈជាស្ថាពរ ដោយក្រុមគ្រួសារ​នៃ​បុត្រ​ធីតា របស់ព្រះជាម្ចាស់រួបរួមគ្នាជាធ្លុងតែមួយ (ពន្លឺ ៩) យកព្រះគ្រីស្តធ្វើជាគ្រឹះ។

ខ.    ព្រះគ្រីស្តបានផ្ញើបេសកកម្មមកព្រះសហគមន៍ ពុំមែនជាបេសកកម្មខាងនយោបាយ ឬខាងសេដ្ឋកិច្ច ឬខាង​សង្គមទេ តែព្រះអង្គប្រទានបេសកកម្មដែលមានគោលដៅខាងសាសនា។ ដោយព្រះសហគមន៍ទទួល​បេសកកម្ម ខាង​សាសនា​នោះ ព្រះសហគមន៍ទទួលមុខងារមួយ និងទទួលពន្លឺ ហើយ​ក៏ទទួល​កម្លាំង ដែល​អាច​ជួយ​តែងតាំងនិងពង្រឹង សហគមន៍​របស់​មនុស្សតាម​ធម្មវិន័យរបស់​ព្រះជាម្ចាស់។ យ៉ាងណាមិញ ព្រះសហគមន៍​ក៏អាច​(និងត្រូវ)ដាស់តឿនឲ្យ មនុស្ស​លោក​ធ្វើកិច្ចការ​ផ្សេងៗ ដើម្បីបម្រើមនុស្សទាំងអស់ ជា​ពិសេស​អ្នកខ្វះខាត។ព្រះសហគមន៍ត្រូវមាន​កិច្ចការ​តាម​បែបមនុស្សធម៌ និងកិច្ចការផ្សេងៗដូចគ្នា តាម​សេចក្តី​ត្រូវការ និងតាមកាលៈទេសៈតាមពេលវេលា​និងតាម​កន្លែង។

គ.    ព្រះសហគមន៍ក៏ទទួលស្គាល់អ្វីៗដ៏ល្អក្នុងសកម្មភាពដ៏ស្វាហាប់នៃសង្គមសព្វថ្ងៃ ជាពិសេសចលនាស្វែងរក​ឯកភាព​សង្គមរូបនិយកម្មដ៏ត្រឹមត្រូវ និងសាមគ្គីរបស់ប្រជាពលរដ្ឋ និងខាងសេដ្ឋកិច្ច។ បេសកកម្មដ៏​ជ្រៅនៃ​ព្រះសហគមន៍ក៏​រួមយ៉ាង​សមគួរនឹងការខិតខំពង្រឹងឯកភាពដែរ ព្រោះ “ព្រះ​សហគមន៍​រួមក្នុងអង្គ​ព្រះ​គ្រីស្ត ហាក់​ដូចជា អគ្គសញ្ញាម៉្យាង គឺ​ជាសញ្ញាសម្គាល់​បង្ហាញព្រះជាម្ចាស់ផង និង​ជាមធ្យោបាយនាំឲ្យ​មនុស្ស​អាច​រួម​រស់​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ព្រះ​អង្គបាន​ផង ហើយក៏​ជាសញ្ញាសម្គាល់និងជាមធ្យាយោបាយនាំឲ្យ​មនុស្ស​ជាតិ​ទាំង​មូល​រួមគ្នា​ជា​ធ្លុងតែ​មួយដែរ​” (ពន្លឺ ១)។ ព្រះ​សហគមន៍បង្ហាញឲ្យមនុស្សលោកដឹងថា ការ​រួបរួម​យ៉ាង​ពិត​ប្រាកដ​ជា​សង្គម​ដែលអាច​មើលឃើញបាន ហូរមក​ពី​ចិត្ត​គំនិតរួបរួមគ្នា គឺមកពីជំនឿនិងសេចក្តីស្រឡាញ់នោះ ដែល​ជាគ្រឹះនៃ​ឯកភាពរបស់ខ្លួនសាងសង់ក្នុងអង្គព្រះ​វិញ្ញាណ​រលាយមិនបាន។ ព្រះសហគមន៍អាចបញ្ចូល​ថាមពល​ក្នុងសង្គមទំនើប​បាន មកពីគ្រីស្តបរិស័ទរស់នៅយ៉ាងពិតប្រាកដ​តាម​ជំនឿ និងសេចក្តីស្រឡាញ់នោះ មិន​មែន​មកពីព្រះសហគមន៍ចង់​គ្រងរាជ្យលើ មនុស្សលោកពីខាងក្រៅ ដោយប្រើ​តែ​មធ្យោបាយ​ជា​មនុស្ស​សុទ្ធសាធ​ទេ។

ឃ.  ម្យ៉ាងទៀត តាមបេសកកម្មនិងតាមលក្ខណៈរបស់ខ្លួន ព្រះសហគមន៍មិនជាប់នឹងវប្បធម៌ពិសេសណាមួយ ក៏​មិន​ជាប់នឹងរបបនយោបាយ ឬរបបសេដ្ឋកិច្ច ឬរបបសង្គមណាមួយទេ។ ហេតុនេះហើយ ដោយមានលក្ខណៈ​សកល​បែបនេះ ព្រះសហគមន៍អាចទៅជាចំណងយ៉ាងជិតស្និទ្ធជាខ្លាំងរវាងសហគមន៍មនុស្សនានា និង​ប្រជាជាតិ​នានា ប៉ុន្តែ​លុះ​ត្រា​តែ​ប្រជាជាតិ​ទាំងនោះ ទុកចិត្តលើព្រះសហគមន៍ និងទទួលស្គាល់ថា ព្រះ​សហគមន៍​មាន​សេរីភាព​យ៉ាងពិត ប្រាកដ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់ខ្លួន។ ហេតុនេះហើយ បានជា​ព្រះ​សហគមន៍ទូន្មានកូនចៅ​របស់ខ្លួន និងមនុស្ស​ទាំង​អស់​ថា ត្រូវ​បំបាត់ការបាក់បែកគ្នាគ្រប់យ៉ាង គឺ​ប្រជាជាតិ​កុំ​បាក់​បែកនិងប្រជាជាតិឯទៀត ជាតិសាសន៍ក៏កុំបាក់បែក​នឹងជាតិសាសន៍ឯទៀត ហើយ​ត្រូវ​ពង្រឹង​សហគមន៍​មនុស្សដ៏ត្រឹមត្រូវពីខាងក្នុង គឺឲ្យមានចិត្តគំនិត​ជា​ក្រុមគ្រួសារ​នៃ​បុត្រធីតារបស់ព្រះជាម្ចាស់។

ង.    មនុស្សលោកតែងបានបង្កើត (ហើយនៅតែបង្កីត) ស្ថានប័នផ្សេងៗជាច្រើន។មហាសន្និបាត​រាប់រក​ដោយ​សេចក្តី​គោរព​ជា​ខ្លាំង​នូវអ្វីៗដ៏ពិតប្រាកដ ដ៏ល្អ​ប្រសើរដ៏សុចរិតយុត្តិធម៌​ក្នុងស្ថាប័នទាំងនោះ។ មហាសន្និបាត​ក៏​ប្រកាស​ថា ព្រះ​សហគមន៍មានបំណងចង់ជួយស្ថាប័នទាំងនោះ ដោយជួយឲ្យកើតនិងចម្រើនទៀតផង ស្រេច​តែ​ព្រះសហគមន៍​អាច​ធ្វើបាន​និង​ស្របតាមបេសកកម្មរបស់ខ្លួន។ ព្រះសហគមន៍មានបំណងចង់ខ្លាំងជាងគេ គឺ​មាន​សមត្ថភាពអាច​ចម្រើន​ឡើងបាន​ដោយសេរី ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់ រស់​នៅ​ក្នុង​គ្រប់​របប​នយាបាយ ដែល​ទទួលស្គាល់​សិទ្ធិមនុស្សជាគ្រឹះ​នៃបុគ្គលម្នាក់ នៃក្រុមគ្រួសារ និងទទួល​ស្គាល់​សេចក្តី​ត្រូវ​ការ​រួមដ៏ចំាបាច់របស់គេ។

៤៣-ព្រះសហគមន៍មានបំណងចង់ជួយសកម្មភាពរបស់មនុស្សដោយសារគ្រីស្តបរិស័ទ

ក.    មហា​សន្និបាត សូមក្រើនរំឭក​គ្រីស្ត​បរិស័ទ​ជា​ប្រជាពល​រដ្ឋ​នៃបុរី​មួយ​នៅ​ក្នុង​លោក​នេះ​ផង និង​នៃបុរី​មួយ​ទៀត​នៅ​លោកខាងមុខផងឲ្យ​បំពេញ​កិច្ចការទាំងប៉ុន្មាន​របស់​ខ្លួន​នៅលើផែនដីនេះ ដោយ​ចិត្ត​ឧហ្សាហ៍និង​ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រទាំង​បណ្តោយ​ខ្លួនតាមគំនិតនៃដំណឹងល្អ​ណែ​នាំ​ផង។ មានអ្នកខ្លះស្មាន​ថាខ្លួន​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​មនុស្សក្នុង​លោក​នេះ​ទេ ព្រោះគេដឹងថា "ក្នុង​លោក​នេះយើង​គ្មាន​បុរី​ដែល​នៅស្ថិត​ស្ថេរ​គង់​វង្ស​រហូត​ឡើយ គឺ​យើង​កំពុង​តែធ្វើដំណើរ​ឆ្ពោះទៅកាន់បុរីលោក​ខាង​មុខ(ហប ១៣,១៤)។ អ្នក​ទាំង​នោះ​ឃ្លាត​ចាកពី​សេចក្តី​ពិត ព្រោះ​គេ​មិន​ដឹងខ្លួនថា​ជំនឿផ្ទាល់​ជំរុញ​គេឲ្យ​បំពេញ​កិច្ចការទាំងនោះកាន់​តែ​ចំា​បាច់ តាម​តែ​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេម្នាក់ៗឲ្យ​បំពេញ​នោះ (២ថស ៣,៦-១៣; អភ ៤,២៨)។ ផ្ទុយទៅវិញ មាន​អ្នក​ខ្លះ​ស្មាន​ថាខ្លួន​ត្រូវ​តែបូជាជីវិតប្រើកម្លាំង​ទាំង​អស់របស់ខ្លួន ធ្វើ​សកម្មភាពផ្សេងៗនៅលើផែនដី​នេះ ហាក់ដូចជា កិច្ច​ការ​ទាំងនោះ​គ្មាន​ជំពាក់​ជំពិន​នឹង​ការរស់នៅតាម សាសនា​របស់ខ្លួន​ទាល់​តែ​សោះ។អ្នក​ទាំង​នោះ​ក៏​យល់​ច្រឡំ​ដែរ។គេយល់ឃើញថា អ្នកកាន់​សាសនា​គ្រាន់​តែ​ត្រូវធ្វើ​ពិធី​គោរពប្រណិប័តន៍ផ្សេងៗ និង​ប្រតិបត្្តិតាម​វិន័យ​ខ្លះបញ្ជាក់យ៉ាងជាក់ច្បាស់​ប៉ុណ្ណោះ។មនុស្សជា​ច្រើន​ញែក​ជំនឿ​របស់​ខ្លួន​ឲ្យ ដាច់ពី​កិរិយា​មាយាទ​ក្នុងការ​រស់​នៅ​ប្រចាំ់​ថ្ងៃ​របស់​គេ។ ការញែកបែបនេះ ពិតជាបណ្តាល​ឲ្យ​មនុស្សសម័យឥឡូវ​ភាន់​ច្រឡំ និង​វង្វេង​យ៉ាង​ខ្លាំង។ កាល​ពី​ដើម តាមគម្ពីរសម្ពន្ធ​មេត្រី​ចាស់អស់​លោក​ព្យាការី​តែង​តែ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​របៀប​នេះ (អស ៥៨,១-១២)។ ក្នុង​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ព្រះ​យេស៊ូ​គ្រីស្ត​ផ្ទាល់​ព្រះអង្គ មាន​ព្រះ​បន្ទូល​ស្តី​បន្ទោសអ្នក​ប្រព្រឹត្ត​ដូច្នេះ​រឹត​តែ​ខ្លាំង​ទៅ​ទៀតទាំង​គំរាម​កំហែងថា គេមុខជានឹង​ទទួល​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់​ធ្ងរពំុខាន (មថ ២៣,៣-៣៣; មក ៧,១០-១៣)។ សូម​កុំ​បង្កើតទំនាស់ដោយ​គ្មាន​មូលហេតុ ដោយញែកសកម្មភាព​របស់ខ្លួនខាង​វិជ្ជា​ជីវៈ​ក្តី ឬ​ខាង​សង្គម​ក្តីឲ្យ​ទាស់​នឹងការរស់នៅខាង​សាសនា​ជា​ដាច់​ខាត។គ្រីស្ត​បរិស័ទ​ដែល​មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅនាផែនដី​នេះ​ក៏​មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អ្នក​ដទៃហើយជា​ពិសេស​ចំពោះ​ព្រះ​ជា​ម្ចាស់​ថែម​ទៀតផង។ គេក៏​មិន​ងាយ​ទទួល​ការ​សង្រ្គោះ​ដែរ។ សូម​គ្រីស្ត​បរិស័ទ​ទាំងឡាយយក​តម្រាប់​តាម​ព្រះ​គ្រីស្ត​ដែល​បានប្រកប​អាជីវ​កម្ម​ជា​ជាង។ សូម​ឲ្យ​គេ​រីក​រាយ​វិញ ដោយ​ខ្លួន​អាច​បំពេញកិច្ច​ការទាំង​អស់​នៅ​លើ​ផែនដីនេះឲ្យរួប​រួម​ជា​សំយោគដែលមានជីវិតរស់រវើក គឺ​លើក​យក​ការ​ខិត​ខំ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​លោក​ក្នុង​ក្រុមគ្រួសារក្តី ទាំងខាង​វិជ្ជា​ជីវៈ ទាំងខាង​វិទ្យា​សាស្រ្ត និង​ខាង​បច្ចេក​ទេសឲ្យរួមនឹងសេចក្តី​ប្រៀន​ប្រដៅ​ដ៏មាន​តម្លៃ​ថ្លៃ​ថ្នូរ​នៃសាសនា ក្រោម​ការ​ចាត់​ចែង​របស់​ព្រះ​ជា​ម្ចាស់​ដ៏ឧត្តុងឧត្តមបំផុត គឺអ្វីទាំង​អស់រួមសហការលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។

.   គ្រីស្ត​បរិស័ទ​ធម្មតាមាន​ភារកិច្ច​ផ្ទាល់បំពេញ​ការងារ​ផ្សេងៗក្នុង​លោក​នេះ​តាម​វិជ្ជា​ជីវៈរបស់ខ្លួន។ ប៉ុន្តែ ជួន​កាល​មាន បព្វជិតបព្វជិតា ខ្លះក៏ប្រកបវិជ្ជា​ជីវៈនិងការងារ​ទាំងនោះ​ដែរ។ ពេលគ្រីស្ត​បរិស័ទ​ធម្មតា​ប្រព្រឹត្ត​ការ​ទាំង​នេះ​ក្នុង​ឋានៈ​ជា​ប្រជា​ពល​រដ្ឋ​នៃ​ពិភព​លោក​នេះ​ម្នាក់ៗ​ក្តីឬរួម​ជា​មួយ​អ្នក​ឯ​ទៀតៗ​ក្តី គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នឹងមាន​សមត្ថភាពដ៏ពិត​ប្រាកដតាមវិជ្ជា​ជីវៈ​រៀងៗខ្លួន មិន​គ្រាន់​តែ​ខិត​ខំ​ឲ្យ​គោរព​តាម​វិន័យផ្ទាល់​នៃវិជ្ជា​ជីវៈ​នីមួយៗប៉ុណ្ណោះ​ទេ។ គេ​ត្រូវ​ចូល ចិត្ត​រួម​សហ​ការ​ជា​មួយ​អស់​អ្នក​ដែល​មាន​គោល​ដៅ​ស្រដៀងនឹងខ្លួន​ទៀត​ផង។ ដោយ​ដឹងខ្លួនអំ​ពី​សេចក្តី​ដែល​ជំនឿ​បញ្ជា​ឲ្យ​ប្រព្រឹត្ត និង​ដោយ​ទទួល​កម្លាំង​ពី​ជំនឿ​នេះ​ទៀតផង សូម​កុំ​ខ្លាច​នឹង​បញ្ចេញ​គំនិត​ថ្មីនិង​ចាប់​ផ្តើម​ប្រព្រឹត្ត​តាម​រហូត​ដល់​បាន​សម្រេច​តាម​តែ​ឱកាស​ហុច​ឲ្យ។ គ្រីស្ត​បរិស័ទ​ដែល​ទទួលការអប់រំជាមុន មានមនសិការដឹងខ្លួនថា​គេមាន​ភារ​កិច្ច​នឹង​ចារិកធម្ម​វិន័យ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​បុរីនៅនាផែនដីនេះ។ សូម​ទទួល​ពន្លឺ​និង​កម្លាំង​ខាង​ព្រះវិញ្ញាណ​ពី​អស់​លោក​បូជា​ចារ្យ។ ប៉ុន្តែ សូម​កុំ​នឹក​គិត​ថា​អស់​លោក​គង្វាលមាន​សមត្ថភាព អាច​ដោះ​ស្រាយ​យ៉ាងជាក់ច្បាស់ឲ្យបាន​ភ្លាមៗ​នូវបញ្ហា​ទាំង​អស់​ទាំង​ធំ​ទាំងតូចដែល​ខ្លួនជួបប្រទះនោះ។ កុំ​ស្មាន​ថាអស់​លោក​មាន​មុខងារ​នេះ​ឲ្យ​សោះ។ សូម​គ្រីស្ត​បរិស័ទ​ធម្មតា​ដោះស្រាយ​បញ្ហា​ទាំង​នោះ ដោយ​ទទួល​ការ​ខុស​ត្រូវ​ខ្លួន​ឯង​ផ្ទាល់ ដោយ​ព្រះ​ប្រាជ្ញា​ញាណ​នៃ​ព្រះ​គ្រីស្ត​បំភ្លឺ​ចិត្តគំនិត និងដោយយកចិត្ត​ទុកដាក់​ស្តាប់ក្រុមណែនាំព្រះ សហគមន៍​យ៉ាង​ស្មោះ ។

.   តាមធម្មតា និងជាញឹកញាប់ ទស្សនៈ​តាមជំនឿរបស់​គ្រីស្ត​បរិស័ទ​អំពី​ពិភព​លោក នាំ​ឲ្យ​គេ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​តាម​របៀប​នេះ ឬ​តាម​របៀប​នោះ ស្របតាម​កាលៈ​ទេសៈ។ ប្រហែល​គ្រីស្ត​បរិស័ទ​ឯទៀតៗនឹង​ដោះ​ស្រាយ​បញ្ហា​ដដែល​តាម​របៀប​ផ្សេង​ទៀតដោយ​មាន​ចិត្ត​ស្មោះ​នឹង​គ្រីស្ត​សាសនា​ដូច​គ្នា។ ការនេះ​កើតជា​ញឹក​ញាប់ ហើយ​ត្រឹម​ត្រូវ​ថែម​ទៀត​ផង។ ជួនកាលគ្រីស្ត​បរិស័ទ​ជា​ច្រើន​យល់​ឃើញ​យ៉ាង​ស្រួល​ថា ការដំណោះ​ស្រាយ​តាមគំនិតរបស់ក្រុមនេះ ឬរបស់ក្រុមនោះ ស្រប​តាម​ដំណឹង​ល្អ(​ទោះ​បី​គេយល់ជំទាស់នឹងបំណងរបស់​អ្នក​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះក្តី)។ ក្នុងករណីនេះ ត្រូវ​នឹកគិត​ជា​និច្ច​ថា គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​អះអាង​ថា អំណាច​របស់​ព្រះ​សហគមន៍គាំ​ទ្រតែ​យោបល់របស់គេប៉ុណ្ណោះទេ។ សូម​ឲ្យ​គ្រីស្ត​បរិស័ទនិយាយ​ពិគ្រោះ​គ្នា​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​មាន​បំណង​ចង់​បំភ្លឺ​គ្នា​ទៅ​វិញ​ទៅ​មកជានិច្ច។ សូមថែរក្សាទុកសេចក្តី​ស្រឡាញ់​គ្នាហើយ​ជាពិសេសសូមនឹក​ពី​ការស្វែង​រក​ប្រយោជន៍​រួមទៀតផង។

.  គ្រីស្ត​បរិស័ទធម្មតា​ត្រូវ​ទទួលចំណែកយ៉ាង​សកម្ម​ក្នុង​ការរស់នៅជាទូទៅ​របស់​ព្រះ​សហគមន៍។ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេ​ឲ្យ​ធ្វើ​ជា​សាក្សី​អំពីព្រះ​គ្រីស្តនៅ​កណ្តាល​ចំណោម​សហគមន៍មនុស្ស​ជាតិក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​មិន​គ្រាន់តែ​នាំ​ឥទ្ធិពល​របស់ព្រះ​គ្រីស្ត ឲ្យ​ជ្រួត​ជ្រាប​ក្នុង​ពិភព​លោក​ប៉ុណ្ណោះ​ទេ។

.   ចំពោះ​អស់​លោក​អភិបាលដែល​ទទួល​បន្ទុក​ណែ​នាំ​ព្រះ​សហគមន៍​របស់​ព្រះ​ជា​ម្ចាស់ សូម​អស់​លោក​រួម​ជា​មួយ​អស់​លោកគង្វាលរបស់អស់លោក ប្រកាសសាររបស់​ព្រះ​គ្រីស្ត តាម​របៀប​ដែលជួយណែ​នាំ​ឲ្យគ្រីស្ត​បរិស័ទ​អាចបំពេញ​សកម្មភាព ទាំង​ប៉ុន្មាន​របស់​គេ​នៅលើផែនដី​នេះគឺឲ្យបានជ្រួតជ្រាបដោយពន្លឺ​នៃ​ដំណឹង​ល្អ។ សូម​អស់​គង្វាលនឹកចងចាំថា អស់​លោក​បង្ហាញ​មុខព្រះ​សហគមន៍​ឲ្យ​មនុស្ស​លោក​ឃើញ ដោយសារ​កិរិយា​មាយាទប្រចាំថ្ងៃ​របស់​អស់​លោក និង​ដោយ​អស់លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​លោក (ពន្លឺ ២៨)។ មនុស្ស​នឹង​យល់​ថាសាររបស់​ព្រះ​គ្រីស្ត​មាន​ប្រសិទ្ធ​ភាពនិងពិតប្រាកដ ដោយ​បាន​ឃើញ​មុខនៃ​ព្រះសហគមន៍​នោះ។ តាមកិរិយា​និងតាម​ពាក្យ​សម្តីរបស់​អស់​លោក​រួម​ជាមួយ​បព្វជិតបព្វជិតា និង​ជា​មួយ​គ្រីស្ត​បរិស័ទ​របស់អស់លោក សូម​អស់​លោកធ្វើ​ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះ​សហគមន៍​ដែល​គ្រាន់​តែ​មាន​វត្តមាន​ជា​មួយ​គេ ដោយមានព្រះអំណោយទាន​ទាំង​ប៉ុន្មាន​ដែលខ្លួននាំមក​ពិត​ជា​ប្រភព​មិន​ចេះ​រីង​ស្ងួត​នៃ​ថាមពល​ដែលមនុស្សលោក​នា​បច្ចុប្បន្ន​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់។ សូម​អស់​លោក​យកចិត្ត​ទុក​ដាក់​ព្យាយាម​រៀន​ដើម្បី​ឲ្យ​មាន​សមត្ថភាព​អាច​ទទួលខុសត្រូវក្នុងកិច្ចសន្ទនា​ជាមួយ​ពិភពលោក និង​ជា​មួយ​មនុស្ស​លោក​ដែល​មាន​មតិ​ប្លែកៗ​ពី​គ្នា​ផង។ជា​ពិសេស​ទៅ​ទៀតសូម​ឲ្យ​អស់​លោក​នឹក​ចងចាំក្នុងចិត្តជានិច្ចនូវ​សេចក្តី​ប្រកាស​នៃ​មហា​សន្និ​បាត​ថា ៉សព្វ​ថ្ងៃមនុស្ស​ជាតិ​រួមគ្នាជាប្រជាពលរដ្ឋ តាមសេដ្ឋកិច្ច និង​តាមសង្គម កាន់តែ​ខ្លាំង​ឡើងៗ។ ហេតុ​នេះ​ហើយ​បានជា អស់​លោក​បូជាចារ្យ​មានភារៈកិច្ចជាបន្ទាន់បំផុត រួម​គ្នាខិតខំគិតគូរអស់ពី​សមត្ថភាព និង​ប្រើគ្រប់​មធ្យោបាយក្រោម​ការណែ​នាំ​របស់​ក្រុម​អភិបាល និងរបស់​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម ដើម្បី​ជៀស​វាង​កំុឲ្យមាន​មូលហេតុ​ណា​មួយ​បណ្តាល​ឲ្យ​មនុស្ស​លោកបែកបាក់​គ្នា​ឡើយ។ អស់​លោក​ក៏​មាន​ភារកិច្ច​ណែនាំ​មនុស្ស​ជាតិ​ទាំង​មូល ឲ្យរួបរួម​គ្នា​ជា​ធ្លុងតែមួយ ជា​មហា​គ្រួសារ​របស់ព្រះជាម្ចាស់ ៉(ពន្លឺ ២៨)។

ច.    ទោះ​បី​ព្រះ​សហគមន៍នៅ​តែជា​ព្រះ​មហេសី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អម្ចាស់ដោយ​អនុភាព​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ក្តី ទោះបី​ព្រះ​សហគមន៍​មិន​ដែលលែងធ្វើជាសញ្ញាសម្គាល់​បង្ហាញ​ការ​សង្រ្គោះ​ក្នុងចំណោមមនុស្សលោកក្តី ក៏​ព្រះ​សហគមន៍​ជ្រាប​ច្បាស់​ថា តាមប្រវត្តិ​ដ៏​យូ​អង្វែង​របស់​ខ្លួន​មានទាំងលោកដែលទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អ្នក​បម្រើ ទាំង​គ្រីស្ត​បរិស័ទ​មួយ​ចំនួនធំ​មិន​បាន​កាន់យ៉ាង​ស្មោះ​នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ទេ។ នា​បច្ចុប្បន្នកាល​នេះក៏ដូច្នោះដែរ​គឺព្រះ​សហគមន៍​ជ្រាបថាសារដ៏ថ្លែថ្នូរដែលខ្លួនសម្តែង​នោះប្លែកដាច់យ៉ាង​ឆ្ងាយ​ពី​ភាព​ទន់​ខ្សោយ​ក្នុងឋានៈជា​មនុស្ស​របស់​អស់​អ្នកដែលបាន​ទទួល​ដំណឹង​ល្អ​នេះទុក​ជា​បញ្ញើ​ដែរ។ ទោះបី​ប្រវត្តិ​សាស្រ្តវិនិច្ឆ័យការភ្លាំងភ្លាត់ដ៏អាក្រក់​ទាំងនោះ​យ៉ាង​ណា​ក្តី ក៏​យើង​ត្រូវ​ដឹង​ខ្លួន​និង​ប្រឆាំង​នឹងអំពើ​ទាំង​នេះ​យ៉ាង​ដាច់អហង្ការ កុំ​ឲ្យ​អំពើ​ទាំង​នោះ​រារាំង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឡើយ។ព្រះ​សហគមន៍​ជ្រាប​ច្បាស់​ទៀត​ថា ខ្លួនត្រូវ​រៀន​ជានិច្ចពី​បទ​ពិសោធន៍​តាម​សតវត្ស​មុនៗ​មក ដើម្បី​ពង្រីក​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​មនុស្ស​លោក។ ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ណែ​នាំ ព្រះ​សហគមន៍ជា​មាតា​របស់​យើង ៉នៅតែដាស់​តឿន​កូន​ចៅ​ឥត​ឈប់​ឈរ​ថា ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ និង​ប្រែ​ឲ្យបានជាថ្មី ដើម្បី​ឲ្យ​សញ្ញា​សម្គាល់​របស់​ព្រះ​គ្រីស្ត​ចាំង​នៅ​លើ​មុខព្រះ​សហគមន៍​ឲ្យ​កាន់​តែ​ភ្លឺ​ស្វាង​ឡើងៗ ៉(ពន្លឺ ១៥)។

៤៤-ព្រះសហគមន៍ទទួលជំនួយពីមនុស្សលោកនាបច្ចុប្បន្នកាល

ក.    មនុស្សលោកត្រូវតែទទួលស្គាល់ព្រះសហគមន៍ទុកជាដំណើរការដ៏ពិតប្រាកដតាមសង្គម ក្នុងប្រវត្តិសាស្រ្ត​របស់​ខ្លួន​និង​ទុកជាមេម្សៅរបស់ខ្លួនជាចាំបាច់។ យ៉ាងណាមិញ ព្រះសហគមន៍​ក៏ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ដែល​ខ្លួន​បាន​ទទួលពី​ប្រវត្តិសាស្រ្តនិងពីការអភិវឌ្ឍន៍របស់មនុស្សជាតិផងដែរ។

ខ.    បទពិសោធន៍តាំងពីប៉ុន្មានសតវត្សកន្លងមក ការអភិវឌ្ឍន៍នៃវិទ្យាសាស្រ្តទាំងប៉ុន្មាន ទ្រព្យសម្បត្តិ​ដ៏ថ្លៃថ្នូរនៃ​វប្បធម៌​ទាំង​ឡាយ សុទ្ធតែជួយមនុស្សឲ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ និងបើកមាគ៌ាថ្មីជូនដល់សេចក្តី​ពិត។ ការ​ទាំង​នោះ ក៏មាន​ប្រយោជន៍សម្រាប់​ព្រះ​សហគមន៍ដែរ។ តាំងតែពីដើមប្រវត្តិសាស្រ្តរបស់ខ្លួនមក ព្រះ​សហគមន៍​បាន​បង្ហាត់ខ្លួន​ឲ្យ​ថ្លែង​សាររបស់ព្រះគ្រីស្ត ដោយ​យកគំនិតនិងភាសារបស់ប្រជាជននានាមកប្រើ ហើយ​បាន​ខិតខំបកស្រាយសារនោះ​យ៉ាង​ថ្លៃថ្នូរដោយយកប្រាជ្ញារបស់ទូស្សនវិទូ​ថែម​ទៀតផង។ ព្រះ​សហគមន៍​ប្រព្រឹត្តដូច្នេះក្នុងគោលបំណងសម្រប​ដំណឹងល្អ​តាមរបៀបមនុស្សទាំងអស់អាចស្តាប់បាន និងតាម​អ្នក​ប្រាជ្ញ​ទាមទារផង។ ប៉ុន្តែព្រះសហគមន៍បានសម្រប​ដំណឹង​ល្អ​នេះ​តាមព្រំដែនដែលអាចធ្វើបាន។ តាមពិត​របៀប​ប្រកាស​ព្រះ​បន្ទូលដែលព្រះជាម្ចាស់បានសម្តែងមក ស្របតាមប្រជា​ជនទាំងនោះ ពិតត្រូវ​ជាក្បួន​សម្រាប់​ការ​ប្រកាស​ដំណឹង​ល្អគ្រប់ពេល។ ដោយប្រព្រឹត្តដូច្នេះ ព្រះ​សហគមន៍អាចផ្តល់​ឲ្យ​ប្រជាជាតិនានា​មាន​សមត្ថភាពអាចថ្លែងសារនៃគ្រីស្តសាសនាតាមរបៀបដែលគេត្រូវការ។ នៅពេលជាមួយគ្នានោះ ការ​នេះ​បណ្តោយ​ឲ្យព្រះសហគមន៍ និងអរិយធម៌នានាអាចជួយសន្ទនាគ្នាយ៉ាងរស់រវើកទៀត​ផង (ពន្លឺ១៣)។ ជា​ពិសេស​នា​បច្ចុប្បន្នកាលជាសម័យនៃអ្វីៗទាំងអស់ដំណើរការយ៉ាងលឿនបំផុត និងមាន​របៀបរិះ​គិតជា​ច្រើន​អនេក ព្រះ​សហគមន៍​ត្រូវការអស់អ្នកដែលរស់នៅក្នុងពិភពលោក ទោះជាគ្រីស្តបរិស័ទក្តី មិនមែន​គ្រីស្ត​បរិស័ទ​ក្តី ដែល​ស្គាល់​ស្ថាប័ន​នានា​មានចំណេះវិទ្យាផ្សេងៗ និងយល់រចនាសម្ពន្ធរិះគិត ដើម្បី​ឲ្យការ​ផ្លាស់ប្តូរ​រវាង​ព្រះ​សហគមន៍ និងអរិយធម៌​ទាំង​ឡាយ​ចម្រើនឡើង។ ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​ទាំង​មូល​ជាពិសេស​អស់​លោក​គង្វាល​និងទេវវិទូ​ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ជួយឧបត្ថម្ភផង មាន​ភារកិច្ចស្ទង់មើលរិះគិតពិចារណា និង​បកស្រាយភាសា​នានា​នៅសម័យឥឡូវ និង​វិនិច្ឆ័យ​តាម​ពន្លឺនៃព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​មនុស្ស​លោក​អាចទទួលសេចក្តីពិត​ដែល​ព្រះជាម្ចាស់បាន​សម្តែង​មក​ឲ្យ​កាន់តែច្បាស់ឡើង ឲ្យគេអាច​យល់​កាន់​តែ​ស្រួលបាន និង​ជូន​ឲ្យគេស្រប​តាមអរិយធម៌​របស់គេផង។

គ.    ព្រះសហគមន៍មានរចនាសម្ពន្ធជាសង្គមដែលអាចមើលឃើញបាន ជាសញ្ញាសម្គាល់​បង្ហាញ​ថា ខ្លួន​រួបរួម​ក្នុង​អង្គ​ព្រះគ្រីស្ត។ ដូច្នេះព្រះសហគមន៍អាចទទួលផល និងតាមពិត​ទទួលផលរួចហើយ ពីដំណើរការ​នៃ​ជីវិត​ក្នុង​សង្គម។ សេច ក្តីនេះ​មិនមែនហាក់ដូចជា ព្រះសហគមន៍ខ្វះអ្វីមួយ​ក្នុងការតែងតាំង​ដែល​ព្រះគ្រីស្ត​ប្រទាន​ឲ្យ​នោះ​ទេ តែ​សម្រាប់​ឲ្យការ​តែងតាំងនោះកាន់តែជ្រៅទៅៗ និងសម្រាប់ថ្លែងអំពីការតែងតាំងនោះ ឲ្យ​កាន់​តែ​ច្បាស់ និងឲ្យបាន​ស្រប​យ៉ាងស្រួល​សម្រាប់សម័យ​ឥឡូវ។ព្រះសហគមន៍សម្គាល់ឃើញទាំងអរគុណថា ខ្លួន​ទទួល​ជំនួយ​ផ្សេងៗពីមនុស្សគ្រប់​ឋានៈ វណ្ណៈ ជាជំនួយជាប្រយោជន៍ដល់​សហគមន៍របស់ខ្លួនទាំងមូលផង និង​ដល់​បុត្រធីតា​ម្នាក់ៗផង។ អស់អ្នក​ដែល​ជួយសហការ​អភិវឌ្ឍន៍សហគមន៍មនុស្សជាតិ តាមវិស័យ​ក្រុម​គ្រួសារ វិស័យវប្បធម៌ វិស័យសេដ្ឋកិច្ចនិងសង្គម ​វិស័យនយោបាយ​ទាំង​ជាតិនិងអន្តជាតិ នោះផ្តល់ជំនួយ​យ៉ាង​សំខាន់​ដល់ព្រះសហគមន៍ ស្របតាម​គម្រោងការ​របស់​ព្រះជាម្ចាស់ ព្រោះព្រះ​សហគមន៍អាច​ចម្រើន​ឡើង​បាន​ដោយសសារពិភពលោកខាងក្រៅ។ លើសពីនេះទៅទៀត ព្រះ​សហគមន៍​ទទួល​ស្គាល់ថា ទោះអ្នក​ប្រឆាំង​នឹង​អ្នកបៀតបៀន ក៏បានផ្តល់​ផល​ប្រយោជន៍​យ៉ាង​ខ្លាំងដល់ព្រះ​សហគមន៍ ហើយនៅ​តែបន្តផ្តល់​ទៀត​ផង​ដែរ។

៤៥-ព្រះ​គ្រីស្ត​ជា​ដើម​ដំបូង និង​ជា​ចុង​ក្រោយ​បំផុត

ក.    ទោះ​បី​ព្រះ​សហគមន៍​ជួយ​មនុស្សលោក​ក្តី ឬ​ទទួល​ជំនួយ​ពី​មនុស្ស​លោក​ក្តីក៏​ព្រះ​សហគមន៍​តម្រង់ខ្លួន​ទៅរក​គោល​ដៅ​តែ​មួយដែរ គឺ​សូម​ព្រះ​ជា​ម្ចាស់​យាងមកគ្រងរាជ្យ​និង​ឲ្យ​មនុស្ស​ជាតិ​ទទួល​ការ​សង្គ្រោះ។ តាម​ពិត​នៅ​ពេល​ប្រជា រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់កំពុង​ធ្វើ​ដំណើរ​នៅនា​លោក​នេះប្រជារាស្ត្រនេះអាច​នាំ​ផល​ល្អ​ទាំង​ប៉ុន្មាន​មក​ដល់​មហា​គ្រួសារ​នៃ​មនុស្ស​ជាតិ​បាន ក៏​ហូរ​ចេញ​មក​ពី​លក្ខណៈរបស់ព្រះ​សហគមន៍​ដែល​ពិត​ជា “អគ្គសញ្ញា​នៃ​ការ​សង្រ្គោះរបស់មនុស្ស​ទាំង​អស់ (ពន្លឺ ៤៨) គឺ​ព្រះ​សហគមន៍​បង្ហាញ​ឲ្យ​មនុស្សលោកស្គាល់​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ចំពោះមនុស្ស និងធ្វើឲ្យគម្រោង​ការ​ដ៏​អស្ចារ្យ​កើតជារូបរាង។

ខ.    ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ដែល​ប្រតិស្ឋានអ្វីៗ​ទាំង​អស់ បាន​ប្រសូតជា​មនុស្ស​ដើម្បី​ឲ្យ​ព្រះ​អង្គ​ទៅ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ សង្រ្គោះ​មនុស្ស​ទាំង​អស់ និង​ប្រមែ​ប្រ​មូល​អ្វីៗ​ទាំង​អស់​ដាក់​ក្នុង​ព្រះ​អង្គ​ផ្ទាល់។ ព្រះ​អម្ចាស់​ពិត​ជា​ទីបញ្ចប់​នៃ​ប្រវត្តិ​សាស្រ្ត​របស់​មនុស្ស​ជាតិ។ បំណងនៃមនុស្សជាតិតាមប្រវត្តិ​សាស្រ្តនិង​តាមអរិយធម៌​ជាតិ​នានាសុទ្ធ​តែ​តម្រង់​ទៅរក​ព្រះ​គ្រីស្ត​ទុក​ជា​ទិស​ដៅ​តែ​មួយ។ ព្រះ​គ្រីស្ត​ពិត​ជា​កំពូលនិងជាស្នូល​នៃ​មនុស្ស​ជាតិ​ទាំង​មូល ជា​អំណរ​សប្បាយ​របស់​មនុស្ស​ទាំង​អស់ និង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​របស់​មនុស្ស​យ៉ាង​ពេញ​លេញ។ ព្រះ​បិតា​បាន​ប្រោស​ព្រះ​គ្រីស្ត​ឲ្យ​ក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ ព្រះអង្គលើក​ព្រះគ្រីស្តឡើង និងប្រោសឲ្យគង់​ខាង​ស្តាំ​ព្រះ​អង្គព្រម​ទាំង​តែង​តាំង​ព្រះ​គ្រីស្ត​ជា​ចៅ​ក្រម​ដែល​នឹង​វិនិច្ឆ័យ​មនុស្ស​ទាំង​រស់​ទាំង​ស្លាប់។ យើង​បាន​ទទួល​ជីវិតហើយ​មូល​ផ្តុំ​គ្នា​ក្នុង​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ យើង​ក៏​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​នៃ​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក ដែល​ស្រប​តាម​គម្រោង​ការ​នៃ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​អង្គគឺ​ប្រមូល​អ្វីៗ​ទាំងអស់ ដែល​នៅឯ​មេឃនិង​នៅ​លើ​ផែនដីឲ្យ​រួមគ្នា​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​ជា​ម្ចាស់​តែមួយ (អភ ១,១០)។

គ.    ព្រះ​អម្ចាស់​ផ្ទាល់មាន​ព្រះ​បន្ទូល​ថា “យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗទាំង​យក​រង្វាន់​មក​ចែក​ឲ្យ​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​ជា​អាល់ផា​និង​ជា​អូមេកានៅ​មុន​គេនិង‌​ នៅ​ក្រោយ​គេ​បំផុត‌‌ជាដើម​ដំបូង និង​ជា​ចុង​បង្អស់ (វវ ២២,១២-១៣)។។

ភាគទី២
អំពីបញ្ហាខ្លះបន្ទាន់ជាងគេ

៤៦-អារម្ភកថា

ក.    មហាសន្និបាតបានបរិយាយអំពីតម្លៃដ៏ថ្លៃថ្នូរនៃជីវិតមនុស្សនិងអំពីតួនាទីរបស់ខ្លួនក្នុងពិភពលោកក្នុងឋានៈជា​បុគ្គល​ម្នាក់ និងក្នុងឋានៈខ្លួនរួមក្នុងសង្គមតាមព្រះជាម្ចាស់កំណត់ទុកមក។ឥឡូវនេះ មហា​សន្និបាត​មាន​បំណង​ណែ​នាំ​មនុស្ស​ទាំងអស់ ឲ្យចាប់អារម្មណ៍នឹងបញ្ហាខ្លះជាបញ្ហាបន្ទាន់យ៉ាងពិសេសនាសម័យបច្ចុប្បន្ន ជា​បញ្ហា​ទាក់ទិននឹង​មនុស្ស​ជាតិ​យ៉ាងខ្លាំងបំផុត។ មហាសន្និបាត នឹងបរិយាយ​តាម​ពន្លឺនៃ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត​ផង និង តាមបទ​ពិសោធន៍​របស់​មនុស្ស​លោកផង។

ខ.    មនុស្សទូទៅសម័យឥឡូវចាប់អារម្មណ៍នឹងប្រធានបទជាច្រើន។ ក្នុងចំណោមប្រធានបទទាំងនោះ​ត្រូវកំណត់​ប្រធាន​បទ​ដូចតទៅគឺ​អាពាហ៍ពិពាហ៍និងក្រុមគ្រួសារ វប្បធម៌ ជីវភាពសេដ្ឋកិច្ចក្នុងសង្គម នយាបាយ សាមគ្គី​ភាព​របស់​ប្រជា​ជាតិនានា និងសន្តិភាព។ គួរឲ្យយើងចាំងពន្លឺនៃគោលការណ៍មកពីព្រះគ្រីស្ត ទៅ​លើ​បញ្ហា​នីមួយៗ​នោះ។ ដូច្នេះយើង​នឹងណែនាំ​គ្រីស្តបរិស័ទ ហើយក៏បំភ្លឺមនុស្សទាំងអស់​ក្នុងការស្វែងរក ដំណោះ​ស្រាយ​បញ្ហាដ៏ច្រើន​អនេកនិងស្មុគ្រ​ស្មាញ​ទៀតផង។

ជំពូក១
អាពាហ៍ពិពាហ៍ និងការរស់នៅជាក្រុមគ្រួសារមានតម្លៃដ៏ថ្លៃប្រសើរ

៤៧-អាពាហ៍ពិពាហ៍និងក្រុមគ្រួសារក្នុងពិភពលោកសព្វថ្ងៃ

ក.    សន្តិភាពរបស់បុគ្គលម្នាក់ៗ និងសន្តិភាពរបស់សង្គម ទាំងសង្គមមនុស្ស ទាំងសង្គមគ្រីស្តបរិស័ទ ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធនឹងការចម្រើននៃសហគមន៍គូស្វាមីភរិយា និងការចម្រើននៃសហគមន៍ក្រុមគ្រួសារ។ ហេតុនេះ​ហើយ បាន​ជា​គ្រីស្តបរិស័ទរួមជាមួយអស់អ្នកដែលរាប់រកសហគមន៍ស្វាមីភរិយា និងសហគមន៍ក្រុម​គ្រួសារ​យ៉ាង​ខ្លំាង មាន​អំណរ​សប្បាយយ៉ាងស្មោះចំពោះអស់អ្នកដែលគាំទ្រគូស្វាមីភរិយានិងក្រុម​គ្រួសារតាម​របៀប​ផ្សេងៗ។ អ្នកទាំងនេះ ជួយ​ណែ​នាំ​មនុស្សលោកនាបច្ចុប្បន្នកាល ឲ្យចូលចិត្តរាប់រកកាន់តែ​ខ្លាំងឡើងៗ ចំពោះ​សហគមន៍​នេះ ជាសហគមន៍​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់ និងជួយណែនាំ​មនុស្សលោក​ឲ្យ​គោរព​ជីវិត​ទៀត​ផង។ គេក៏ជួយគូស្វាមីភរិយានិង​ឪពុក​ម្តាយ​ឲ្យ​បំពេញ​បេសកកម្ម​ដ៏ប្រសើររបស់ខ្លួនដែរ។ អ្នកទាំងនោះ រង់ចាំ​ទទួល​លទ្ធផលកាន់តែល្អឡើងពី​ការគោរពគូស្វា​មី​ភរិយា​និងជីវិតនោះ ព្រមទាំងយកចិត្តទុកដាក់​ឲ្យ​មនុស្ស​ឯទៀតៗ​ធ្វើតាមទៀតផង។

ខ.    មនុស្សនៅគ្រប់ទីកន្លែង​មិនចាប់អារម្មណ៍ចំពោះកិត្តិយសដ៏ថ្លៃថ្នូរនៃអាពាហ៍ពិពាហ៍និងនៃក្រុមគ្រួសារដូចគ្នា​ទេ។ ជួន​កាលបុរសមានភរិយាច្រើន ឬស្រ្តីមានស្វាមីច្រើន មានការលែងលះគ្នា ដែលប្រៀបដូចជា ជំងឺ​រាត​ត្បាត​ម៉្យាង មាន​ស្នេហាដោយសេរី និងស្នេហាក្លែងក្លាយឯទៀតៗ។ល។ ការទាំងប៉ុន្មាននោះ បង្អាប់បង្អោន​កិត្តិយស​ដ៏ថ្លៃថ្នូរ​នៃការ​រស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារ។ ម៉្យាងទៀត អត្តទត្ថបុគ្គលនិយម គឺ​មនុស្ស​ដែលគិតតែពី​ខ្លួនឯងអ្នកដែល​គិតតែពីការភ្លើតភ្លើនសប្បាយតាមផ្លូវភេទ និង​អស់​អ្នក​ប្រព្រឹត្ត​តាម​របៀប​ផ្សេងៗ​ខុសវិន័យ​រារាំង​មិន​ឲ្យកើតកូន សុទ្ធ​តែបង្អាប់បង្អោនសេចក្តី​ស្រឡាញ់​នៃគូស្វាមី​ភរិយា​នេះ​ទៀត​ផង។ សភាពការណ៍​សេដ្ឋកិច្ច សភាពការណ៍​ក្នុងសង្គម ​សភាពការណ៍ចិត្តសាស្រ្ត និងសភាពការណ៍​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសនាបច្ចុប្បន្ន ក៏នាំវឹកវរ​យ៉ាងធ្ងន់ធ្ងរចូលក្នុងរង្វង់​ក្រុម​គ្រួសារដែរ។ មិនតែប៉ុណ្ណោះ យើង​ក៏​ព្រួយបារម្ភដោយ​សង្កេតឃើញថា នៅតំបន់ខ្លះក្នុង​ពិភព​លោក ការ​បង្កើន​ចំនួន​ប្រជាជន​បណ្តាល​ឲ្យ​កើត​បញ្ហា​ផ្សេងៗ​ដែរ។ ការទាំងប៉ុន្មាននោះបណ្តាលឲ្យមនសិការមនុស្ស​តប់ប្រមល់។ ក៏​ប៉ុន្តែ ទោះបីជាយ៉ាង​ណាក៏​ដោយ ទោះបីការផ្លាស់ប្តូរប្រែប្រួលយ៉ាងជ្រៅនៃសង្គមសម័យឥឡូវ​បណ្តាល​ឲ្យកើត​ការ​ពិបាក​ជា​ច្រើនក្តី ក៏ការ​ផ្លាស់​ប្តូរ​ទាំង​នោះសម្តែងជាញឹកណាស់ និងតាមរបៀបផ្សេង អំពីលក្ខណៈដ៏ពិត​ប្រាកដ​នៃ​គូស្វាមីភរិយានិង​ក្រុម​គ្រួសារដែរ។អាពាហ៍ពិពាហ៍និងក្រុមគ្រួសារ នៅតែមាំ​មួននិងមានកម្លាំង​យ៉ាងរឹង​ប៉ឹង​ទៀត​ផង។

គ.    ហេតុនេះហើយ បានជាមហាសន្និបាតសូមបរិយាយយ៉ាង​ច្បាស់នូវចំណុចខ្លះៗនៃលទ្ធិរបស់​ព្រះសហគមន៍ ដោយ​មាន​បំណងចង់បំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទ និងលើកទឹកចិត្តគេផង ព្រមទាំង​បំភ្លឺចិត្ត​គំនិត និងលើក​ទឹក​ចិត្តអស់​អ្នកដែល​ខិតខំ​ថែរក្សាទុកនិងពង្រឹងកិត្តិយសនៃការរស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារ ឲ្យ​បាន​ដូច​កាល​ពីដើម។ អ្នកទាំង​នោះ ក៏នឹងលើកតម្កើងតម្លៃដ៏ថ្លៃថ្នូរពិសេសនិងដ៏សក្ការៈនៃ​ការរស់នៅជាគូស្វាមី​ភរិយា​ទៀតផង។

៤៨-ការរស់នៅជាគូស្វាមីភរិយានិងជាក្រុមគ្រួសារមានលក្ខណៈដ៏វិសុទ្ធ

ក.    គូស្វាមីភរិយា ពិតជាសហគមន៍ដ៏ជ្រៅម៉្យាង ដោយអ្នកទាំងពីររួមរស់ជាមួយគ្នានិងស្រឡាញ់គ្នា។ ព្រះអាទិករ​តែង​តាំង​សហគមន៍នេះ និងប្រទានឲ្យសហគមន៍នេះមានវិន័យផ្ទាល់។សហគមន៍នេះ​សង់ឡើង​លើ​សម្ពន្ធ​មេត្រី​រវាង​គូស្វាមី​ភរិយា គឺអ្នក​ទាំងពីរសន្យាថា ម្នាក់ៗយល់ព្រមរស់នៅជាគូស្វាមីភរិយា។ ពាក្យ​សន្យា​នេះ​ពុំ​អាច​ដាច់និងលប់បំបាត់​បាន​ឡើយ។ ពេលគូស្វាមីភរិយាប្រគល់ខ្លួនទៅវិញទៅមក និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក អ្នកទាំងពីរពិតជាប្រព្រឹត្តកិច្ច​មួយ​ដែលមាន​លក្ខណៈ​ជាមនុស្ស​សុទ្ធសាធមែន។ ដូច្នេះ កើត​ស្ថាប័ន​ម៉្យាង គឺ​អាពាហ៍ពិពាហ៍​ដែលធម្មវិន័យ​របស់​ព្រះ​ជាម្ចាស់​ក៏បញ្ជាក់ ហើយសូម្បីតែ​សង្គម​មនុស្ស ក៏​ទទួល​ស្គាល់ដែរ។ ចំណង​ដ៏សក្ការៈនៃអាពាហ៍ពិពាហ៍នេះ នៅ​ស្ថិត​ស្ថេរមិនប្រែប្រួលតាមទំនើងចិត្តមនុស្សទេ ដើម្បី​ជា​ប្រយោជន៍​ដល់​គូស្វាមីភរិយា និងជាប្រយោន៍ដល់កូន​ៗ​និងជា​ប្រយោជន៍​ដល់សង្គមទៀតផង។ ព្រះ​ជាម្ចាស់​ផ្ទាល់​ព្រះអង្គ បានបង្កើតការរស់នៅជាគូស្វាមីភរិយាដែលមាន​សេចក្តីថ្លៃថ្នូរផ្ទាល់​និងមាន​ទីដៅ​ផ្សេងៗ។ សេចក្តី​ទាំង​នោះ​មានសារៈសំខាន់ជាទីបំផុត ដើម្បីបន្តពូជមនុស្ស​ជាតិ​ត​ទៅទៀត ដើម្បីឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​គ្រួសារ​អាចអភិវឌ្ឍចម្រើនឡើងនិងអាចទទួលជីវិតអស់កល្បជានិច្ច ហើយ​ដើម្បី​ឲ្យក្រុម​គ្រួសារ និង​សហ​គមន៍​មនុស្សទាំងមូលបានសេចក្តីថ្លៃថ្នូរ នៅស្ថិតស្ថេរ រស់នៅដោយ​សុខសាន្ត និង​ចម្រើនឡើង។ លក្ខណៈ​នៃ​អាពាហ៍ពិពាហ៍និងលក្ខណៈនៃសេចក្តីស្រឡាញ់របស់គូស្វាមីភរិយា តម្រង់តទៅការ​បន្តពូជ និង​ទៅ​ការ​អប់រំ​កូន ហាក់ដូចជាកំពូល​នៃអាពាហ៍ពិពាហ៍និងនៃសេចក្តីស្រឡាញ់នោះ។ ដោយសម្ពន្ធ​មេត្រី​ជាគូ​ស្វាមី​ភរិយា បុរស និង​ស្រ្តី មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេគឺជា​រូប​កាយ​តែ​មួយ​វិញ” (មថ ១៩,៦) គេ​ជួយ​គ្នា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក ដោយ​រួម​បវេណីផង និងដោយមានសកម្មភាពរួមផង។ ដូច្នេះ គេ​ដឹងខ្លួនថា គេរួបរួម​គ្នា​ជា​ចិត្ត​ថ្លើម​តែ​មួយ និងរួបរួម​គ្នាកាន់​តែ​ជិត​ស្និទ្ធ​ឡើងៗផង។អ្នកទាំងពីរប្រគល់ខ្លួនទៅវិញ​ទៅមក ដោយរួម​បវេណី ទាម​ទារ​ឲ្យ​គូស្វាមី ភរិយា មាន​ចិត្ត​ស្មោះ​ភក្តី​ទាំង​ស្រុង និងរួមគ្នាមិនអាចបំបែក​បានឡើយ។

ខ.    ព្រះគ្រីស្តជាអម្ចាស់បានប្រទានពរយ៉ាងបរិបូរណ៍លើសេចក្តីស្រឡាញ់នោះតាមទីដៅផ្សេងៗ។ សេចក្តី​ស្រឡាញ់​នោះ​          ហូរ​ចេញមកពីព្រះជាម្ចាស់ជាប្រភពនៃសេចក្តីស្រឡាញ់ និងតែងតាំងតាមនិមិត្តសញ្ញា​អំពី​ព្រះ​គ្រីស្ត​រួមជា​មួយ​ព្រះសហគមន៍។ កាលពីដើម ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីប្រកបដោយព្រះហឫទ័យស្រឡាញ់​និង​ភក្តី ស្មោះ​ជាមួយ​ប្រជារាស្រ្តព្រះអង្គយ៉ាងណា (ហស ២; យេ ៣,៦-១៣; អគ ១៦ និង២៣; អស ៥៤) សព្វ​ថ្ងៃ ព្រះសង្គ្រោះ​របស់​មនុស្សលោក ជាព្រះស្វាមីនៃព្រះសហគមន៍ (មថ ៩,១៥; មក ២,១៩-២០; លក ៥,៣៤-៣៥​; យហ ៣,២៩; ២ករ១១,២៥-២៧; វវ ១៩,៧-៨; ២១,២ និង ៩)ក៏យាងម​កជួប​គូ​ស្វាមី​ភរិយា​ជាគ្រីស្តបរិស័ទដោយ​សារ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍យ៉ាងនោះដែរ។ ព្រះអង្គនៅតែ​សណ្ឋិត​នៅ​ជា​មួយ​គូស្វាមី​ភរិយា ដែល​ប្រគល់រូបកាយគ្នា​ទៅ​វិញទៅមក ដើម្បីឲ្យគេអាចស្រឡាញ់​គ្នា​ដោយ​ចិត្តភក្តី​ស្មោះស្ម័គ្រ​ជានិច្ច​រហូត ដូចព្រះអង្គបានស្រឡាញ់ព្រះសហគមន៍ និង​បាន​បូជាព្រះជន្មសម្រាប់​ព្រះសហគមន៍​ដែរ (អភ ៥, ២៥)។ ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់បានលើកយក​សេចក្តីស្រឡាញ់ដ៏ ពិត​ប្រាកដ​របស់​គូស្វាមី​ភរិយា​ឲ្យ​ចូលរួមជាមួយ។ ឫទ្ធានុភាពរបស់ព្រះគ្រីស្តដែលរំដោះ​មនុស្ស​លោក និង​ព្រះ​សហគមន៍ ដែល​មាន​សកម្មភាព​សង្គ្រោះមនុស្សលោក ក៏ណែនាំសេចក្តីស្រឡាញ់នោះនិង​ប្រទានឲ្យ​មាន​តម្លៃ​ថ្មី​ទៅទៀត។ ដូច្នេះ សេចក្តី​ស្រឡាញ់នោះ អាចណែនាំ​គូស្វាមីភរិយាទៅកាន់ព្រះជាម្ចាស់យ៉ាងស័ក្តិសិទ្ធិ អាច​ជួយ​គេ និងអាច​ជួយ​ពង្រឹង​គេ​ក្នុងបេសកកម្មដ៏ប្រសើរបំផុត ជាឪពុកនិងជាម្តាយ(ពន្លឺ ១១,៣៥,៤១)។ ហេតុ​នេះហើយ បាន​ជា​មាន​អគ្គសញ្ញា​មួយ​ដ៏​ពិសេស​ផ្តល់កម្លាំងដល់គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ហាក់ដូចជា ប្រសិទ្ធ​គេ ដើម្បីឲ្យ​គេ​អាច​បំពេញ​ភារកិច្ចរបស់​ខ្លួន​យ៉ាងសមរម្យ។ អនុភាពនៃអគ្គសញ្ញានេះ ជួយគេឲ្យ​បំពេញ​បេសកកម្ម​របស់ខ្លួន​ជា​គូស្វាមីភរិយា និងជាអ្នកណែនាំ​ក្រុម​គ្រួសារ។ ព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ត​ក៏​ជ្រួត​ជ្រាប​ក្នុង​ការ​រស់នៅ​ទាំង​អស់​របស់​គេ ឲ្យគេមានជំនឿ មានសេចក្តីសង្ឃឹមនិង​មានសេចក្តីស្រឡាញ់។ ដូច្នេះ គូ​ស្វាមី​ភរិយា​អាច​ឈាន​ទៅជាបុគ្គលកាន់តែ​ពេញ​លក្ខណៈ​ឡើងៗ និងអាចជួយគ្នា​ទៅវិញ​ទៅ​មក​ឲ្យ​បាន​វិសុទ្ធ​ទៀត​ផង។ គេក៏រួម​ចំណែក​លើក​តម្កើង​សិរីរុរឿង​របស់​ព្រះជាម្ចាស់។

គ.    ដោយឪពុកម្តាយធ្វើជាគំរូ និងដោយគាត់រួមគ្នាអង្វរព្រះជាម្ចាស់ទុកជាមុនឲ្យកូនៗ ហើយសូម្បីតែ អស់អ្នក​ដែល​រស់​នៅ​ក្នុងរង្វង់ក្រុមគ្រួសារ ក៏នឹងមានចិត្តប្រកបដោយមនុស្សធម៌យ៉ាងស្រួល ហើយ​រកផ្លូវទៅ​កាន់​ការ​សង្គ្រោះ និង​ឲ្យបាន វិសុទ្ធ​យ៉ាងស្រួលដែរ។ រីឯគូស្វាមីភរិយាវិញ គេចម្រើនឡើងដោយមានកិត្តិយស​ដ៏ថ្លៃថ្នូរ​បំពេញ​តួនាទី​របស់ខ្លួន​ជា​ឪពុក​និង​ជាម្តាយ។គាត់ក៏ខិតខំបំពេញភារកិច្ចអប់រំរបស់ខ្លួនដោយយកចិត្តទុកដាក់ គឺ​ជា​ភារកិច្ច​របស់​គាត់ផ្ទាល់ជា​ពិសេសអប់រំកូនៗ​ខាងផ្លូវសាសនា។

ង.    កូនៗ​ជាសមាជិកដ៏រស់រវើកនៃក្រុមគ្រួសារ។ គេជួយឪពុកម្តាយឲ្យបានវិសុទ្ធតាមរបៀបរបស់គេ។ គេ​អរគុណ​ឪពុក​ម្តាយ គេគោរពកោតខ្លាចគាត់ និងទុកចិត្តលើគាត់ទៀតផង។ ធ្វើដូច្នេះ គេពិតជាតបឆ្លើយនឹងគុណ​បុណ្យ​ឪពុក​ម្តាយ។ ក្នុងឋានៈជាបុត្រធីតាដ៏ល្អ គេជួយឪពុកម្តាយនៅគ្រាពិបាកប្រចាំជីវិត ជាពិសេសគេជួយ​ថែរក្សា​នៅពេល​គាត់ចាស់​ជរានៅឯកោ។ មនុស្សទាំងអស់ត្រូវតែគោរពបុរសពោះមាយនិងស្រ្តីមេមា៉យ ដែល​មាន​ចិត្តក្លាហាន​រស់នៅ​តាម​របៀប​ព្រះ​ជាម្ចាស់ត្រាស់ហៅឲ្យគេជា​គូស្វាមី​ភរិយាកាលពីមុននោះ (១ ធម ៥,៣)។ ក្រុមគ្រួសារត្រូវចែក​រំលែកធនធានខាង​វិញ្ញាណ​ទៅវិញទៅមក ដោយចិត្តទូលាយ។ ក្រុមគ្រួសារ​គ្រីស្ត​បរិស័ទកើតដោយសារអាពាហ៍ពិពាហ៍ ជានិមិត្តសញ្ញា និង​ទទួល​ចំណែក​ក្នុងសម្ពន្ធមេត្រីប្រកបដោយ​សេចក្តី​ស្រឡាញ់​រវាងព្រះគ្រីស្តនិងព្រះសហគមន៍ (អភ ៥,៣២) ហេតុនេះ ក្រុមគ្រួសារ​គ្រីស្តបរិស័ទ ត្រូវ​បង្ហាញ​ឲ្យមនុស្សលោកឃើញវត្តមានដ៏រស់រវើករបស់ព្រះសង្គ្រោះក្នុងលោកនេះ និងលក្ខណៈដ៏ពិត​ប្រាកដ​របស់​ព្រះសហគមន៍។ គេបង្ហាញវត្តមាននេះ ដោយ​សេចក្តីស្រឡាញ់​ជាគូស្វាមីភរិយា ដោយបង្កើតកូនដោយ​ចិត្ត​ទូលាយ ដោយគេមានចិត្តស្មោះ​ភក្តីចំពោះគ្នានឹងគ្នា និងដោយសមាជិកទាំង​អស់ក្នុងក្រុមគ្រួសារ​នោះចេះ​សហការ​គ្នាផង។

៤៩-សេចក្តីស្រឡាញ់ជាគូស្វាមីភរិយា

ក.    ព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ជើញអ្នកភ្ជាប់ពាក្យឲ្យកាន់តាមសេចក្តីសន្យារបស់គេ និង​ស្រឡាញ់​គ្នាទៅ​វិញ​ទៅ​មក​យ៉ាងបរិសុទ្ធ។ ព្រះបន្ទូលក៏អញ្ជើញគូស្វាមីភរិយាឲ្យស្រឡាញ់គ្នា ដោយឥតរសាយចិត្តឡើយ (កណ ២, ២២-២៤; សភ៥,១៨-២០; ៣១,១០-៣១; តប ៨,៤-៨ ;ចស ១,១-៣; ២,១៦; ៧,៨-១១ ;១ករ ៧,៤-៦; អភ ៥, ២៥-៣៣)។ មនុស្សជាច្រើននៅ​សម័យឥឡូវ ក៏លើក​តម្កើងសេចក្តីស្រឡាញ់ដ៏ពិត​ប្រាកដ​របស់​គូ​ស្វាមី​ភរិយា​ដែរដែលគេ​សម្តែង​តាមរបៀបផ្សេងៗ ស្របតាម​ប្រពៃណីដ៏ត្រឹម​ត្រូវ​របស់ប្រជាជននានា និង​ស្រប​តាម​អាយុរបស់គេផង។ សេចក្តីស្រឡាញ់នោះពិតជាមានលក្ខណៈជាមនុស្ស​យ៉ាងវិសេស ព្រោះ​សេចក្តី​ស្រឡាញ់​នោះ ហូរចេញមកពីបុគ្គលម្នាក់ ទៅ​កាន់​បុគ្គល​ម្នាក់ទៀត ដោយគេសម្រេចចិត្ត​ថា នឹង​មាន​សញ្ចេតនា​ស្រឡាញ់នោះ។ សេចក្តីស្រឡាញ់នោះ ផ្តល់​ សេចក្តី​សុខដល់បុគ្គលទាំងស្រុង។ ហេតុនេះ សេចក្តី​ស្រឡាញ់​នោះ អាចផ្តល់តម្លៃពិសេសដល់​កាយវិការ​ទាំង​ប៉ុន្មាន ដែលគូស្វាមីភរិយាប្រព្រឹត្តតាមរូបកាយ និង​ដល់​ជីវិត​នៃចិត្តគំនិតដែលបង្ហាញសេចក្តីស្រឡាញ់នោះផង។ សេចក្តី​ស្រឡាញ់​នោះ បណ្តាល​ឲ្យ​កាយ​វិការ និង​របៀប​បញ្ចេញ​មនោសញ្ចេតនាទាំងនោះ ទទួលតម្លៃទុកជាកត្តា​និងជា​សញ្ញា​សម្គាល់នៃការ​រាប់អាន​ផ្ទាល់​ក្នុង​លក្ខណៈ​ជាគូស្វាមីភរិយា។ ព្រះអម្ចាស់​បានប្រោសព្យាបាល​សេចក្តីស្រឡាញ់​នោះនិង​លើកតម្កើង​ឲ្យ​បាន​ពេញ​លក្ខណៈ ដោយព្រះអង្គប្រោសប្រណីយ៉ាង​ពិសេស​តាមព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​អង្គ។​សេចក្តី​ស្រឡាញ់នោះបង្រួមបង្រួបលក្ខណៈ​ជាមនុស្សផង និង​លក្ខណៈជាព្រះជាម្ចាស់ផង និងណែនាំគូស្វាមី​ភរិយា​ឲ្យប្រគល់ខ្លួនឲ្យគ្នាទៅវិញទៅមកដោយសេរី។អ្នកទាំងពីរបង្ហាញការប្រគល់ខ្លួននោះដោយបញ្ចេញ មនោ​សញ្ចេតនា និង​ដោយធ្វើកាយវិការ​ថ្នាក់ថ្នមគ្នា។ សេចក្តី​ស្រឡាញ់នោះក៏ជ្រួតជ្រាប​ដល់ការ​រស់​នៅ​ទាំង​ស្រុង​របស់គេ​ទៀត​ផង។ លើស​ពីនេះទៅទៀត​សេចក្តីស្រឡាញ់នោះកាន់តែពេញលក្ខណៈនិងចម្រើនឡើង ដោយ​គូស្វាមី​ភរិយា ស្នេហាគ្នាជាញឹក​ដោយ​ចិត្ត​ទូលាយដែរ។ ដូច្នេះសេចក្តីស្រឡាញ់នេះ ហួសពីតណ្ហា ដែល​លម្អៀង​ទៅរកការភ្លើតភ្លើនតាមតណ្ហាឆ្ងាយណាស់។ ប្រសិន​បើគូស្វាមីភរិយាស្រឡាញ់គ្នា ដោយ​សំអាង​តែ​លើ​លម្អៀងនៃតណ្ហាភ្លើត​ភ្លើនធម្មតានោះ សេចក្តីស្រឡាញ់​របស់គេមុខជាសាបសូន្យ​បាត់​ទៅ​យ៉ាង​ឆាប់ៗ និង​យ៉ាងសែនអណោចអធមជាពុំខានឡើយ។

ខ.    សេចក្តីស្រឡាញ់នោះសម្តែងចេញតាមរបៀបពិសេសរបស់វា និងសម្រេចដោយគូស្វាមីភរិយាស្នេហាគ្នា ជា​កិច្ចផ្ទាល់​នៃការរស់នៅជាគូស្វាមីភរិយា។ ហេតុនេះហើយ បានជា​កាយវិការទាំងប៉ុន្មានដែលគូស្វាមីភរិយា​ប្រព្រឹត្ត​នៅពេល​ស្នេហា​ដ៏បរិសុទ្ធនោះ ពិតជាកិច្ចដ៏ល្អប្រកបដោយគុណធម៌ និង​សមរម្យ​ថ្លៃថ្នូរទៀតផង។ ប្រសិន​បើគូស្វាមីភរិយា​ស្នេហា​គ្នាតាមលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ កាយវិការទាំងនោះទៅជាសញ្ញា​សម្គាល់​បង្ហាញ​អំពីការប្រគល់ខ្លួន​ទៅ​វិញ​ទៅមក និងជួយសម្រួលការប្រគល់ខ្លួននោះទៀតផង។ ការប្រគល់​ខ្លួន​ទៅវិញទៅមកនោះក៏ផ្តល់ផល​ប្រយោន៍​ដ៏មាន​តម្លៃ​ដល់​គូស្វាមីភរិយា ទាំងមានអំណរសប្បាយ និង​អរគុណ​គ្នា​ផង។ គូស្វាមីភរិយា​ធ្វើពិធីទទួល​ស្គាល់​ការ​ប្តេជ្ញាចិត្តរបស់ខ្លួននឹងស្រឡាញ់គ្នាទៅ​វិញ​ទៅ​មក ជា​ពិសេស​ព្រះគ្រីស្តប្រោសប្រសិទ្ធិឲ្យសេចក្តីស្រឡាញ់នោះ​បាន​វិសុទ្ធថែមទៀតផង ដោយ​អគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍។ សេចក្តីស្រឡាញ់នោះនៅស្មោះភក្តីរលាយមិនបាន គឺភក្តី ទាំង​រូបកាយ ទាំងគំនិត ទាំងនៅគ្រា​ស្រណុក និងនៅគ្រាវេទនា។ ហេតុនេះសេចក្តីស្រឡាញ់់​បែប​នេះ ទាម​ទារ​មិន​ឲ្យ​លែង​លះគ្នា និង​មិន​ឲ្យក្បត់​ចិត្ត​គ្នា​បានឡើយ។ យើងត្រូវទទួលស្គាល់ថា ពេលគូស្វាមីភរិយាស្នេហាគ្នា​យ៉ាង​ពេញ​លក្ខណៈនោះ បុរស​និង​ស្រ្តី​មាន​កិត្តិយស​ដ៏ថ្លៃថ្នូរស្មើគ្នាក្នុងឋានៈជាបុគ្គល​ម្នាក់។ ភាពស្មើគ្នានោះ បង្ហាញ​យ៉ាង​ច្បាស់ថា ត្រូវមាន​គូ​ស្រករ​តែ​មួយគត់​ដូចព្រះអម្ចាស់បានបញ្ជាក់ស្រាប់ហើយ។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទត្រូវ​មាន​ព្រហ្មវិហារ​ធម៌​យ៉ាងខ្លាំង ទើបអាចកាន់ តាមកាតព្វកិច្ច​របស់ខ្លួនដោយចិត្តព្យាយាម តាមតែព្រះជាម្ចាស់​ត្រាស់​ហៅគេ។ហេតុ​នេះ បាន​ជា​ព្រះជាម្ចាស់ប្រោសប្រណី ឲ្យគូស្វាមីភរិយាមានសមត្ថភាពអាចរស់នៅ​បែប​វិសុទ្ធ​      នោះ​បាន។ អ្នក​ទាំងពីរត្រូវតែថែរក្សា​សេចក្តីស្រឡាញ់ឲ្យ កាន់តែខ្លាំងឡើង​ចេះអត់ទោសឲ្យគ្នាដោយចិត្តទូ​លាយ​ប្រុង​ខ្លួន​បូជា​ជីវិតសម្រាប់គូរបស់ខ្លួនគឺ​លះបង់ប្រយោន៍របស់ខ្លួនជានិច្ច។ អ្នកទាំងពីរត្រូវតែអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រោសឲ្យគេមានសេចក្តីស្រឡាញ់​បែបនោះផង។

គ.    ត្រូវគោរពស្នេហាដ៏ពិតប្រាកដរបស់គូស្វាមីភរិយាយ៉ាងខ្ពង់ខ្ពស់បំផុត។ ប្រសិនបើ គូស្វាមីភរិយា​ជាគ្រីស្ត​បរិស័ទ​ផ្តល់​សក្ខីភាព​យ៉ាងប្រសើរអំពីចិត្តស្មោះភក្តី អំពីការរស់នៅយ៉ាងសុខដុមរមនា ប្រសិនបើគេ​ស៊ូប្តូរ​ជីវិត​អប់រំ​កូនៗ ប្រសិន​បើគេ​ទទួល​ខុសត្រូវឲ្យរបៀបរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ​ប្រែជាថ្មី​តាម​សេចក្តី​ត្រូវការ​ក្នុងវិស័យវប្បធម៌ ចិត្តសាស្រ្ត និងសង្គម គេពិតជាជួយបង្កើតមតិសាធារណៈដ៏ត្រឹមត្រូវអំពី​សេចក្តី​ស្នេហា​នោះ។ ត្រូវបង្ហាត់យុវជន​ឲ្យទាន់​ពេលវេលា និងតាមសេចក្តីត្រូវការ អំពីកិត្តិយស​ដ៏ថ្លៃថ្នូរ​នៃ​សេចក្តី​ស្នេហា​ជា​គូស្វាមីភរិយា អំពីគោលដៅ និងអំពី​របៀប ប្រព្រឹត្តផងដែរ។បើអប់រំយុវជនក្នុង​រង្វង់ក្រុម​គ្រួសារ ទើបប្រសើរជាងទទួលការបង្ហាត់នៅកន្លែងផ្សេង។ ដូច្នេះយុវជន ដែលទទួលការ​អប់រំ​អំពី​ព្រហ្ម​ចរិយ​ធម៌ ដល់ពេលកំណត់ គេអាច​រៀបអាពាហ៍ពិពាហ៍ រស់នៅជាគូស្វាមីភរិយាក្រោយ ពីបាន​រស់នៅ​យ៉ាង​ថ្លៃថ្នូរ​តាំង​ពី​ពេលភ្ជាប់ពាក្យមក។

៥០-គូស្វាមីភរិយាបន្តពូជ

ក.    លក្ខណៈផ្ទាល់នៃអាពាហ៍ពិពាហ៍ និងស្នេហាជាគូស្វាមីភរិយាមានគោលដៅតម្រង់ទៅបន្តពូជនិងអប់រំកូន។ កូនៗ ជាអំណោយទានដ៏​ប្រសើរ​បំផុតនៃការរស់ជាគូស្វាមីភរិយា ហើយ​ក៏ជួយផ្តល់សេចក្តីសុខ​ដល់​ឪពុក​ម្តាយ​យ៉ាងខ្លាំង​ដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូល​ដោយផ្ទាល់ព្រះអង្គថា “បើ​មនុស្សនៅតែឯង​មិនស្រួលទេ” (កណ ២,១៨)។ តាំងពីដើម​រៀង​មក ព្រះ​អង្គ​ប្រតិស្ឋានមនុស្សជាបុរសនិងជាស្រ្តី (មថ ១៩,៤) ព្រះអង្គក៏​សព្វព្រះហឫទ័យ​ឲ្យមនុស្សទទួល​ចំណែក​ពិសេស​ក្នុងកិច្ច​ប្រតិស្ឋានរបស់ព្រះអង្គ ហេតុនេះហើយបានជា​ព្រះអង្គ​ប្រទានពរឲ្យបុរសនិង​ស្រ្តី​ថា “ចូរបង្កើត កូនចៅ​ឲ្យបាន​កើន​ច្រើន​ឡើង” (កណ ១,២៨)។ដូច្នេះ ស្នេហា​ដ៏​ពិតប្រាកដ តាមការយល់​ឃើញ​យ៉ាង​ត្រឹមត្រូវ ដូច​រចនាសម្ពន្ធនៃ​ក្រុមគ្រួសារ ដែលហូរ​មក​ពី​ស្នេហា​នោះ ក៏​តម្រង់ទៅជួយឲ្យគូស្វាមីភរិយា​មាន​ចិត្ត​ទូលាយ​សហការ ជា​មួយ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអាទិករ និងរបស់ព្រះសង្រ្គោះ គឺព្រះអង្គមាន​បំណង​ចង់ពង្រីក​មហាគ្រួសារ​របស់​ព្រះអង្គ និងឲ្យមហា​គ្រួសារ​នោះ​កាន់តែប្រសើរឡើងៗ ដោយសារគេ។ ទោះជាយ៉ាង​ណា​ក៏ដោយ ក៏​មិន​ត្រូវភ្លេច គោលដៅ​ឯទៀតៗ​នៃ​ការរស់នៅជាគូស្វាមីភរិយា​ដែរ។

ខ.    គូស្វាមីភរិយា​មានភារកិច្ចផ្ទាល់នឹងបន្តជីវិត ហើយអប់រំកូន។ ត្រូវចាត់ទុកថាភារកិច្ចនេះជាបេសកកម្ម​របស់អ្នក​ទាំងពីរផ្ទាល់។ គូស្វាមីភរិយា​ដឹងខ្លួនថា គេជាសហការីនៃព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់​ជា​ព្រះ​អាទិករ ហាក់​ដូច​ជា​បកស្រាយព្រះហឫទ័យស្រឡាញ់នោះឲ្យអ្នកដទៃស្គាល់។ ហេតុនេះហើយបានជា គេត្រូវ​បំពេញបន្ទុកបន្តពូជទាំង​ទទួលការខុស​ត្រូវក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេល​សម្រេច​ចិត្ត​បន្តពូជ​អ្នកទាំងពីរ​ត្រូវតែ​យល់​ព្រមនឹងគ្នា រួមគ្នា​ខិត​ខំរិះគិត សម្រេចចិត្ត​យ៉ាងទៀងត្រង់ ទាំងសុខចិត្ត​ស្តាប់​តាម​ព្រះបញ្ជារបស់ព្រះជាម្ចាស់​ដោយ​គោរព។ អ្នកទាំងពីរត្រូវរិះ​គិត​ថ្លឹងថ្លែងសេចក្តីសុខរបស់​ខ្លួន​ផ្ទាល់ សេចក្តី​សុខ​របស់កូនៗដែលកើតរួចហើយ ហើយ​សេចក្តីសុខកូនដែលនឹងកើត​នៅពេលអនាគត។ គេពិនិត្យ​ពិចារណា​អំពីសភាពការណ៍ខាងសម្ភារៈ និង​ខាង​វិញ្ញាណ​នា​សម័យ​គេរស់នៅនិងអំពី​សភាពការណ៍​របស់​ខ្លួន​គេ​ផ្ទាល់។ គេ​គិតគូរអំពីសេចក្តីសុខក្នុង​សហគមន៍ គ្រួសារ អំពីសេចក្តី​ត្រូវការ​របស់​សង្គមនៅនាលោកនេះ និង​អំពី​សេចក្តីត្រូវការ​របស់ព្រះសហគមន៍​ថែមទៀត​ផង។ គូស្វាមីភរិយាជា​គ្រីស្តបរិស័ទ​ត្រូវ​សម្រេចចិត្ត​បន្ត​ពូជ ដោយខ្លួនគេផ្តាល់តែម្តង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ សូម​ឲ្យ​គូ​ស្វាមី​ភរិយា​ជាគ្រីស្តបរិស័ទ​ដឹង​ច្បាស់​ថា គេមិនអាចរស់នៅនិងប្រព្រឹត្តតាមអំពើចិត្តបានទេ តែគេ​មានកាតព្វកិច្ច​ប្រព្រឹត្ត​តាម​មនសិការ​របស់​ខ្លួន​ជានិច្ច គឺមនសិការដែលត្រូវស្របតាមធម្មវិន័យរបស់ព្រះជាម្ចាស់។ សូមឲ្យគូស្វាមី​ភរិយា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ណែនាំព្រះសហគមន៍ ដែលមានអំណាចអាចបកស្រាយធម្មវិន័យនោះ តាម​ពន្លឺនៃ​ដំណឹង​ល្អ។ ធម្ម​វិន័យ​របស់ព្រះជាម្ចាស់នេះ សម្តែងយ៉ាងច្បាស់អំពីអត្ថន័យស្នេហារបស់គូស្វាមីភរិយាការពារ​សេចក្តី ស្រឡាញ់ និងណែនាំសេចក្តីស្រឡាញ់នោះឲ្យមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ។ គូស្វាមីភរិយា​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់ដែលថែរក្សាពិភពលោក និងត្រូវអប់រំខ្លួនឲ្យមានចិត្តលះបង់បូជាជីវិត (១ករ៧, ៥)។ ហេតុ​នេះ​ហើយ បាន​ជា ពេលគូស្វាមីភរិយា​គ្រីស្តបរិស័ទ​ទទួល​ការ​ខុស​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​អ្នក​បន្តពូជ គេ​ទទួលការខុស​ត្រូវដោយ​ចិត្តទូលាយ ក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេលនោះ គេ​លើកតម្កើងសិរីរុងរឿង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​តម្រង់ខ្លួនទៅជាមនុស្សពេញលក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ក្នុង​ចំណោមអស់អ្នកដែលបំពេញកិច្ចបន្តពូជ​ដែលព្រះ​ជាម្ចាស់បានផ្ញើទុកឲ្យបំពេញនោះ ត្រូវចាប់​អារម្មណ៍​យ៉ាង​ពិសេស​ចំពោះអ្នកដែលព្រមពៀងគ្នា ក្រោយពីបានពិគ្រោះ​ជា​មួយគ្នា សុខ​ចិត្តបង្កើតកូនឲ្យបានច្រើន និង​អប់រំ​ឲ្យបានថ្លៃថ្នូរដោយចិត្តទូលាយ។

គ.    ប៉ុន្តែ ព្រះជាម្ចាស់តែងតាំងការរស់នៅជាគូស្វាមីភរិយា​មិនគ្រាន់តែសម្រាប់បន្តពូជប៉ុណ្ណោះទេ។ លក្ខណៈ​ផ្ទាល់​របស់​សម្ពន្ធមេត្រីចងបុរសនិងស្រ្តីដែលស្រាយមិនបាន ហើយសេចក្តីសុខរបស់កូនៗ ទាមទារឲ្យ​សេចក្តី​ស្រឡាញ់​របស់​គូស្វាមីភរិយា​បានទៀងត្រង់ និងរីកចម្រើនឡើងៗជាលំដាប់។ ហេតុនេះហើយ ត្រូវចាត់ការ​រស់​នៅ​របស់គូ​ស្វាមី​ភរិយា​ដែលគ្មានកូន ផ្ទុយ​នឹង​បំណងប្រាថ្នាយ៉ាងខ្លាំងរបស់គេ ទុក​ជាសហគមន៍​មួយ និង​ជា​ការ​រួបរួមទាំងស្រុង​ប្រចាំជីវិតដែល​នៅតែមានតម្លៃយ៉ាងថ្លៃថ្នូរ និងមិនអាចស្រាយបានដែរ។

៥១-ស្នេហារបស់គូស្វាមីភរិយា ​និងការគោរពជីវិត

ក.    មហាសន្និបាតដឹងច្បាស់ថា សព្វថ្ងៃគូស្វាមីភរិយា ដែលមានបំណង​ចង់ណែនាំ​ការរស់​នៅ​របស់​ខ្លួន​យ៉ាង​សមរម្យ ត្រូវតែប្រឈមមុខជាញឹកញាប់នឹងសភាពការណ៍ជីវភាពខ្លះៗមិនស្រួល គ្មានលទ្ធភាព​អាច​បង្កើន​ចំនួន​កូន​របស់ខ្លួន​បាន​ឡើយ ​យ៉ាងហោចណាស់ក្នុងរយៈពេលមួយប៉ុណ្ណោះ។ ហេតុនេះ គេពិបាកប្រព្រឹត្ត​តាម​សេចក្តីស្នេហា​ដ៏ស្មោះភក្តី​របស់​គេ និងរួមរស់​យ៉ាង​ពេញលេញ​តាម​ឋានៈជាគូស្វាមីភរិយាដែរ។ ប្រសិនបើគូ​ស្វាមី​ភរិយា​ដាច់រួមបវេណី គេ​ប្រហែល​ពិបាក​ស្រឡាញ់​គ្នាយ៉ាងស្មោះភក្តី ហើយក៏អាច​បណ្តាល​ឲ្យ​សេចក្តី​សុខ​របស់​កូនៗពិបាកដែរ។ នៅក្នុង​ករណី​នោះ ការអប់រំ​កូនៗក៏​សែន​ពិបាក ហើយគូស្វាមីភរិយា​ប្រហែល​នឹង​ខ្វះ​សេចក្តីក្លាហានទទួលកូននៅពេល​ក្រោយត​ទៅ​ទៀត។

ខ.    មានគូស្វាមីភរិយាខ្លះ ហ៊ានដោះស្រាយបញ្ហាទាំងនេះតាមរបៀបទុច្ចរិតខុសវិន័យ រហូតដល់ហ៊ាន​សម្លាប់កូន​ទៅ​ទៀត។ ព្រះសហគមន៍សូមរំឭកថា វិន័យទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ណែនាំអំពីការបន្តជីវិត និងវិន័យ​ដែល​ជួយឲ្យ​សេចក្តី ស្រឡាញ់​ដ៏ពិតប្រាកដរបស់គូស្វាមីភរិយាចម្រើនឡើង មិនទាស់ទែងគ្នាឡើយ។

គ.    ព្រះជាម្ចាស់​ជាប្រភពនៃជីវិត ព្រះអង្គបានផ្ញើមុខងារបន្តជីវិ​តឲ្យមនុស្សលោក ជាមុខងារដ៏ប្រសើរថ្លៃថ្នូរ។ មនុស្ស​ត្រូវ តែបំពេញមុខងារនេះតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។ ហេតុនេះហើយបានជា​ត្រូវរក្សា​ទុក​ជីវិត​តាំងតែពីពេល​ទារកចាប់ផ្ទៃមក ដោយ​យកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ការពន្លូតកូន ឬការធ្វើឃាតកូន ពិត​ជាបទឧក្រិដ្ឋដ៏​អប្រិយ​គួរឲ្យស្អប់ខ្ពើមណាស់។គុណ​សម្បត្តិរបស់​មនុស្ស ដែលមាន​ភេទ និង​ដែល​មាន​អំណាច​អាច​បង្កើតកូន​ប្រសើរ​អស្ចារ្យ ច្រើនជាងគុណសម្បត្តិ​សត្វ​ឯទៀតៗដែលមានជីវិតកម្រិតទាប។ ហេតុ​នេះ​ហើយ បានជាគូស្វាមីភរិយា​ត្រូវ​គោរពកាយ វិការពិសេស​ដែលខ្លួនប្រព្រឹត្តសម្រាប់បន្ត​ជីវិតយ៉ាង​ខ្លាំង​ឲ្យ​បាន​ស្របតាមតម្លៃថ្លៃថ្នូរដ៏ពិតប្រាកដ​របស់​មនុស្ស។ ពេល​គូស្វាមីភរិយាត្រូវសម្រួលស្នេហា នឹងការបន្ត​ជីវិត​ក្នុង​ឋានៈជាអ្នកទទួលខុសត្រូវ​នោះ ត្រូវនឹកគិតថា​ចរិយាសីលធម៌ក្នុង ការ​ប្រព្រឹត្ត​មិន​អាស្រ័យ​តែ​លើ​ចិត្ត​គំនិតដ៏ស្មោះត្រង់របស់គេ ឬមិនអាស្រ័យដោយគេថ្លឹងថ្លែង​មូលហេតុ​ផ្សេងៗប៉ុណ្ណោះទេ តែត្រូវ​សម្រេច​ចរិយា​សីលធម៌តាមកត្តាខ្លះដែលប្រកែកមិនបាន ដែលហូរមកពី​លក្ខណៈ​របស់បុគ្គលនិងសភាព នៃកិច្ចការ​ដែល​គេ​ប្រព្រឹត្ត​នោះ​វិញ។ លក្ខណៈសម្រាប់ថ្លឹងថ្លែងវិនិច្ឆ័យទាំងនោះ ក៏គោរព​អត្ថន័យ​របស់គូស្វាមីភរិយា ដែល​ប្រគល់​ខ្លួន​ឲ្យគ្នាទៅវិញទៅមក និងអត្ថន័យនៃកិច្ចបន្តជីវិត ស្របតាមលក្ខណៈ​ខ្លួនគេ​ជាមនុស្ស ក្នុង​បរិយាកាស នៃសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ប្រសិនបើ​គូស្វាមីភរិយា​មិន​ប្រព្រឹត្ត​តាម​ព្រហ្មចារិយធម៌​ដោយ​ចិត្តស្មោះទេ គេមិន​អាចសម្រេចដូច្នេះបានឡើយ។ អំពីការពន្យា​រកំណើត​កូន បុត្រធីតា​នៃ​ព្រះ​សហ​គមន៍ ដែល​អនុវត្ត​តាមគោល​ការណ៍​ព្រះសហគមន៍ គ្មានសិទ្ធិប្រព្រឹត្តតាមមាគ៌ាដែល​ការ​ណែនាំ​ព្រះ​សហគមន៍​មិន​យល់ព្រមនោះទេ ព្រោះ​ការ​ណែ​នាំ​នេះមាន​តូនាទីបកស្រាយធម្មវិន័យរបស់ព្រះជាម្ចាស់។

ឃ.  សូមឲ្យមនុស្សទាំងអស់ជ្រាបយ៉ាងច្បាស់ថា មិនត្រូវនឹកគិតអំពីជីវិតមនុស្ស និងអំពី​បន្ទុក​បន្តពូជ​នោះ ដោយ​នឹក​ត្រឹមតែ ពីលោកនេះប៉ុណ្ណោះទេ ហើយក៏គ្មានអត្ថន័យយ៉ាងពេញលេញត្រឹមតែក្នុង​លោកនេះដែរ។ ត្រូវ​រិះគិត​អំពី​ជីវិត មនុស្ស​និង​បន្ទុក​នៃការបន្តពូជ ដោយនឹកជានិច្ចដល់វាសនារបស់មនុស្ស ជាវាសនា ដែល​នៅ​ស្ថិតស្ថេរ​អស់កល្បជា​និច្ចវិញ។

៥២-មនុស្សទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ

ក.    ក្រុមគ្រួសារហាក់ដូចជាសាលាអប់រំមនុស្សឲ្យចម្រើនឡើង។ ក៏ប៉ន្តែ ក្រុមគ្រួសារនេះ ទាមទារ​ឲ្យ​សមាជិក​ទាំង​អស់​រួបរួម​គ្នាដោយចិត្តថ្លើមតែមួយ ឲ្យគូស្វាមីភរិយាចែករំលែកគំនិតយោបល់របស់ខ្លួន ហើយក៏ទាមទារ​ឲ្យ​ឪពុក​ម្តាយ​យកចិត្ត​ទុក​ដាក់​រួម​សហការ​ក្នុងកិច្ចអប់រំកូនៗដែរ ទើបក្រុមគ្រួសារនេះ អាចទៅដល់ជីវិត​របស់​ខ្លួន​យ៉ាង​ពេញលេញ និងអាច​បំពេញ​បេសកកម្ម​របស់​ខ្លួនឲ្យបានពេញលក្ខណៈ។ ឪពុកត្រូវ​មានវត្តមាន​យ៉ាង​សកម្ម ទើបគាត់អាចជួយជាខ្លាំង​ក្នុង​ការ​អប់រំ កូនបាន។ ក៏​ប៉ុន្តែ កូនៗ ជាពិសេសកូនៗតូចជាងគេ ត្រូវការ​ម្តាយ​ជា​ចំាបាច់។ ហេតុនេះហើយ​បានជា​ត្រូវ​បណ្តោយ ឲ្យម្តាយមានលទ្ធភាពអាច​ថែ​ទាំក្រុម​គ្រួសារ​របស់ខ្លួន​បាន។ តែមិនត្រូវបំភ្លេចថា សិទ្ធិស្រ្តីកំពុងចម្រើនឡើងក្នុងសង្គម​ដែរ។ សូមអប់រំកូនៗយ៉ាងណា ដើម្បីឲ្យនៅ​ពេល​វា​ពេញវ័យ វា​ចេះទទួលខុសត្រូវ អាចតបឆ្លើយនឹងព្រះជាម្ចាស់​ត្រាស់​ហៅ​គេ។ ប្រសិនបើ ព្រះអង្គ​ត្រាស់​ហៅ​ឲ្យគេកាន់សាសនា គេនឹងអាច​ជ្រើស​រើសរបៀបរស់នៅរបស់ខ្លួន។ ប្រសិន​បើ​គេ​រៀបអា​ពាហ៍ពិពាហ៍ ឲ្យ​គេ​អាច​បង្កើតក្រុមគ្រួសាររបស់ខ្លួនផ្ទាល់បាន ដោយ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់តាម​សីល​ធម៌ តាម​សង្គម និង​តាមសេដ្ឋកិច្ចទៀតផង។ ឪពុកម្តាយ ឬអាណាព្យាបាល មានភារកិច្ចណែនាំកូនៗដោយ​ទូន្មាន​គេ​ដោយ​ប្រាជ្ញា ក្នុងការរៀបអាពាហ៍ពិពាហ៍។ ទោះបី​យុវជនចូលចិត្តស្តាប់​គាត់ក្តី ក៏គាត់ត្រូវប្រយ័ត្ន កុំបង្ខំចិត្តគេ​ដោយ​ត្រង់ៗ ឬដោយប្រយោល ជំរុញគេឲ្យរៀបអាពាហ៍ពិពាហ៍ឬឲ្យជ្រើសរើសគូ​ស្រករ។

ខ.    ក្រុមគ្រួសារពិតជាកន្លែងដែលមនុស្សច្រើនតំណអាចជួបគ្នាបាន និងអាច​ជួយគ្នាទៅវិញទៅមក ឲ្យ​ទទួល​ប្រាជ្ញា​កាន់តែ​ទូលំ​ទូលាយ​ឡើងដែរ។ ក្រុមគ្រួសារក៏ពិតជាកន្លែងសម្រួលសិទ្ធិបុគ្គលម្នាក់ៗ ជាមួយសិទ្ធិបុគ្គល​ដទៃ​ទៀត​ក្នុងសង្គម​ផង។ ហេតុ​នេះ​ហើយ បានជាក្រុមគ្រួសារពិតជាគ្រឹះនៃសង្គមមែន។ អស់លោក​អ្នក​ដែល​មាន​ឥទ្ធិពល​លើសហគមន៍​នា​នានិងនៅលើ​ក្រុម​ផ្សេងៗក្នុងសង្គម ត្រូវ​យក​ចិត្ត​ទុកដាក់ពង្រឹងការ​រស់នៅ​ជា​គូស្វាមី​ភរិយា និងក្រុមគ្រួសារយ៉ាង​សកម្ម។ សូមឲ្យ​រដ្ឋអំណាចទទួល​ស្គាល់លក្ខណៈ​ដ៏ពិតប្រាកដ​នៃការរស់​នៅ​ជា​គូស្វាមីភរិយា និងជាក្រុមគ្រួសារថែ​រក្សា​ការពារ និង​ធ្វើ​ឲ្យការរស់នៅជាគូស្វា​មីភរិយា និង​ជាក្រុមគ្រួសារ​ចម្រើន​ឡើង ការពារសីលធម៌សាធារណៈ និង​ជួយ​ជីវភាព​ក្រុម​គ្រួសារ​ទៀតផង។ សូមឲ្យ​រដ្ឋអំណាច​ចាត់​ទុក​ថា ការទាំងនោះជាកាតព្វកិច្ចដ៏សក្ការៈរបស់ខ្លួន។ ត្រូវ​ធានា​សិទ្ធិ​ឪពុក​ម្តាយ​ឲ្យបង្កើតកូន និងសិទ្ធិឲ្យអប់រំ​កូនៗ​ក្នុង​រង្វង់ក្រុមគ្រួសារដែរ។ត្រូវបង្កើតក្បួនច្បាប់និងឲ្យមានក្រុម​ផ្សេង​ៗ ដើម្បីការពារនិងផ្តល់ជំនួយ​តាម​សេចក្តី​ត្រូវការ ដល់អស់អ្នកដែលបាត់បង់ក្រុម​គ្រួសារ ដែលគួរឲ្យ​អាណិត។

គ.    គ្រីស្តបរិស័ទចេះ​ប្រើ​ប្រាស់​ពេល​វេលា (អភ ៥,១៦ កូឡ ៤,៥) ត្រូវ​វែកញែកអ្វីៗដែលនៅស្ថិតស្ថេរអស់កល្ប​ជានិច្ច និង​អ្វីៗដែលតែងតែប្រែប្រួល ហើយត្រូវពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុម​គ្រួសារ​យ៉ាង​សកម្ម។ គេនឹង​ផ្តល់​សក្ខីភាពអំពីការរស់នៅរបស់ខ្លួនគេផ្ទាល់ផង និងដោយ​រួមសហការជាមួយ​អស់​មនុស្ស ដែលមានឆន្ទៈល្អផង។ ធ្វើ​ដូច្នេះ​គេដកសេចក្តីពិបាកចេញពីក្រុមគ្រួសារ ផ្គត់ផ្គង់សេចក្តីត្រូវការ​របស់​ក្រុម​គ្រួសារ និងធានាឲ្យក្រុមគ្រួសារទាំងនោះ​ទទួល​អត្ថប្រយាជន៍នៃ​សម័យទំនើបដូចគេដែរ។ គំនិតទូទៅ​របស់​គ្រីស្ត​បរិស័ទ មនសិការដ៏ទៀងត្រង់របស់មនុស្ស​លោក​ខាង​សីលធម៌ ប្រាជ្ញា និងសមត្ថភាព​របស់​អស់​អ្នក​ដែល​រៀនខាងវិទ្យាសាសនា មុខជានឹងជួយយ៉ាងខ្លាំងឲ្យគោល​ការណ៍​ទាំងនោះបានសម្រេច។

ឃ.  អ្នកបច្ចេកទេសខាងវិទ្យាសាស្រ្ត ជាពិសេស​អ្នកបច្ចេកទេសខាងជីវវិទ្យា វិជ្ជាពេទ្យ សង្គមវិទ្យា ចិត្តវិទ្យា សុទ្ធតែ​អាច​ជួយ ពង្រឹងការរស់នៅជាគូស្វាមីភរិយានិងក្រុមគ្រួសារ និងជួយធ្វើឲ្យមនសិការបានស្ងប់ស្ងៀម។ អ្នក​បច្ចេកទេស​ទាំងនោះ អាច​ធ្វើការសិក្សាសំដៅទៅទិសដៅតែមួយ និងយកចិត្តទុក​ដាក់​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​សភាពការណ៍ ដែលជួយ​មនុស្សក្នុងកិច្ច​ពន្យារ​កំណើតកូនផង។

ង.    អស់លោកបូជាចារ្យដែលទទួលការអប់រំអំពីក្រុមគ្រួសារ មានភារកិច្ចជួយគាំទ្រគូស្វាមីភរិយា ឲ្យរស់នៅតាម​ឋានៈ​របស់​ខ្លួនជារបៀបរស់នៅដែលព្រះជាម្ចាស់ត្រាស់ហៅគេ។ ត្រូវ​ជួយគេតាមមធ្យាបាយ​ផ្សេងៗ​នៃ​ការ​ណែនាំ ដោយ​ធ្វើពិធី​អត្ថាធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ជូនគេ ដោយធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ និង​ដោយ​ផ្តល់​ជំនួយឯទៀតៗ​ខាង​ព្រះវិញ្ញាណ​ផង។ត្រូវមានចិត្តមេត្តានិងអត់​ធ្មត់ខន្តី ជួយ​ពង្រឹង​គេឲ្យ​ឆ្លង​កាត់​ការ​ពិបាក​នានារបស់គេ។ ត្រូវលើក​ទឹកចិត្ត​គេ​ដោយ​ចិត្ត​ស្រឡាញ់ ដើម្បីឲ្យគេទៅជា​ក្រុម​គ្រួសារបញ្ចេញ​រស្មីដ៏​ត្រចះ​ត្រចង់អំពីសុខដុមរមនាយ៉ាងពិតប្រាកដ។

ច.    មានអង្គការផ្សេងៗ ដូចជាសមាគមក្រុមគ្រួសារ យកចិត្តទុកដាក់បង្រៀនលទ្ធិនៃគ្រីស្តសាសនា និងមាន​សកម្មភាព បង្រៀនយុវជន និងគូស្វាមីភរិយាជាពិសេសគូស្វាមីភរិយាថ្មីៗ ឲ្យរស់នៅជាក្រុមគ្រួសារ ក្នុងសង្គម និង​ឲ្យ​ទៅជាគ្រីស្ត ទូតថែមទៀតផង។

ឆ.    នៅទីបញ្ចប់ សូមឲ្យគូស្វាមីភរិយា ដែលព្រះជាម្ចាស់ប្រតិស្ឋានឲ្យមានលក្ខណៈដូចព្រះអង្គដែលមាន​ព្រះ​ជន្ម​គង់​នៅ គឺគូស្វាមីភរិយាដែលរស់នៅតាមរបៀបរៀបរយដ៏ពិតប្រាកដ សូមរួមគ្នាដោយចិត្តថ្លើមតែមួយ មាន​គំនិត​តែមួយ ជួយគ្នា​ឲ្យបានវិសុទ្ធទៅវិញទៅមក។ សូមដើរតាមព្រះគ្រីស្ត ជាដើម​កំណើត​នៃជីវិត (រម ៥,១៥ និង​១៨ ៦,៥-១១; កាឡ ២,២០)ទាំងឆ្លងកាត់អំណរសប្បាយ ទាំងបូជាជីវិត​តាមតែព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​រស់​នៅ​ជា​គូស្វាមី​ភរិយា​នោះ។ ដោយសេចក្តីស្រឡាញ់ដ៏ស្មោះភក្តីថែមទៀត សូមឲ្យគូស្វាមីភរិយាទាំងនោះ​ទៅជាសាក្សីអំពី​គម្រោងការ​ដ៏អស្ចារ្យ​នៃ​ព្រះហឫទ័យស្រឡាញ់ ដែលព្រះអម្ចាស់បាន​សម្តែង​ឲ្យមនុស្ស​លោក​ស្គាល់ ដោយព្រះអង្គ​សោយ​ទិវង្គត​និងមាន​ព្រះ​ជន្មថ្មីដ៏រុងរឿង។ (ភាគទី២)

ជំពូក២
អំពីការចម្រើននៃវប្បធម៌

៥៣-អារម្ភកថា

ក.    មនុស្សបានពេញលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ ដោយសារអរិយធម៌។ មានតែមនុស្សប៉ុណ្ណោះទេ​ដែល​មាន​ដូច្នេះ គឺថាមនុស្សចេះថែទាំសម្បត្តិធម្មជាតិ និង​អ្វីដែលមានតម្លៃក្នុងធម្មជាតិនោះ។ ធម្មជាតិ និង​វប្បធម៌​ជាប់​ជាមួយគ្នា​យ៉ាង​ជិត​ស្និទ្ធបំផុតនៅគ្រប់ពេលដែលយើងនិយាយអំពីជីវិតមនុស្ស។

ខ.    តាមអត្ថន័យទូលំទូលាយ ពាក្យ “វប្បធម៌” សំដៅទៅលើអ្វីៗដែលមនុស្សប្រើប្រាស់ដើម្បីសំលៀងចិត្តគំនិត​ឲ្យ​កាន់​តែ ស្រួចនិងដើម្បីពង្រឹង​សមត្ថភាពផ្សេងៗនៃវិញ្ញាណនិងរូបកាយរបស់ខ្លួនផង។ មនុស្ស​ខិតខំ​រៀន​ឲ្យ​មាន​ចំណេះចេះដឹង និង​ធ្វើការ​ដើម្បីត្រួតត្រាពិភពលោក ធ្វើឲ្យការរស់នៅរបស់ខ្លួនក្នុងសង្គម ទាំងការ​រស់នៅ​ជា​ក្រុមគ្រួសារក្តី ទាំងការរស់​នៅ​ជា ប្រជាពលរដ្ឋក្តីមានលក្ខណៈជាមនុស្ស ដោយ​អភិវឌ្ឍន៍​កិរិយាមារយាទ​ឲ្យ​កាន់​តែ​ប្រសើរឡើង និងធ្វើឲ្យស្ថាប័ន​នានា ចម្រើនឡើង។ មនុស្ស​តែងតែ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏ប្រសើរ​ខាង​វិញ្ញាណ និងសេចក្តីប៉ងប្រាថ្នា​ដ៏សំខាន់ៗ​របស់​មនុស្ស​ជាតិ បញ្ជូនឲ្យអ្នកដទៃស្គាល់ ដោយ​បញ្ចេញ​បទពិសោធន៍​នោះ រក្សាទុកតាមស្នាដៃរបស់ខ្លួន ដើម្បីជួយ​អភិវឌ្ឍន៍​មនុស្សជាច្រើន និង​មនុស្សលោក​ទាំង​មូល​ទៀតផង។

គ.    ហេតុនោះហើយបានជា វប្បធម៌របស់មនុស្សពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនិងសង្គម ជៀស​ផុត​មិន​បាន។ បើ​ដូច្នេះ​មែន តាមធម្មតា​ពាក្យ “វប្បធម៌” ទទួលអត្ថន័យសំដៅទៅលើការរស់នៅក្នុងសង្គម និងសំដៅ​ទៅ​លើ​របៀបរស់​នៅ​តាម​ជាតិ​សាសន៍​នានាដែរ។ បើយល់តាមរបៀបនេះ យើងអាច​និយាយថា មានវប្បធម៌ជាច្រើន​អនេក។ មនុស្ស​រស់​នៅ​តាមរបៀបប្លែកៗពីគ្នា គេតែងតែរាប់អ្វីៗដែលថ្លៃជាងគេ​និងអ្វីៗ​ថោកទាបជាងគេតាម​របៀប​ប្លែកៗពីគ្នា នេះមកពី​របៀប​មនុស្សធ្លាប់ប្រើប្រាស់វត្ថុ មកពីរបៀបគេធ្លាប់ធ្វើការ មកពីរបៀបគេធ្លាប់និយាយឬ​បញ្ចេញ​យោបល់ មកពីរ​បៀប​គេ​កាន់​សាសនា មកពីរបៀបគេកាន់កិរិយាមាយាទ មកពីគេ​បង្កើត​ច្បាប់​ប្លែក​ពី​គ្នា មកពីគេតែង តាំង​ស្ថាប័នកាត់​ក្តី​ប្លែក​ពី​គ្នា មកពីរបៀបគេពង្រឹងវិទ្យាសាស្រ្ត និងសិល្បៈប្លែកពីគ្នា និង​ជួយ​ថែ​រក្សាអ្វីៗ​ដ៏ល្អប្រណិតដែរ។ ហេតុនេះតាមទំនៀម​ទម្លាប់​ជាកេរអាករពីដូនតាមក ក្នុង​សហគមន៍​មនុស្ស​នីមួយៗ កើត​បេតិកភ័ណ្ឌ​ផ្ទាល់របស់គេ។ យ៉ាងណាមិញ មាន​កើត​បរិស្ថាន​វប្បធម៌ម្យ៉ាងខាងប្រវត្តិសាស្រ្ត ហើយ​មនុស្ស​ម្នាក់ៗ ទោះជា​ជាតិណាឬរ​ស់នៅសតវត្សណាក្តី ក៏ចូលរស់នៅ​ក្នុង​បរិស្ថាន​នោះ។ មនុស្សក៏​យោង​នូវ​អ្វីៗ ដែលខ្លួនរាប់ថា មានតម្លៃ​ដ៏ថ្លៃ​ថ្នូរ​ជាងគេពីបេតិកភ័ណ្ឌ​នោះ​យកមកអភិវឌ្ឍន៍​អរិយធម៌។

វគ្គទី១
សភាពការណ៍នៃវប្បធម៌ក្នុងពិភពលោកនាបច្ចុប្បន្នកាល

៥៤-របៀបរស់នៅថ្មី

សភាពការណ៍មនុស្សទំនើប ទាំងតាមផ្លូវសង្គមក្តីទាំងតាមផ្លូវប្បធម៌ក្តីបានប្រែប្រួលជាច្រើន ហេតុដូច្នេះហើយ បាន​ជា​យើងអាចនិយាយអំពី​យុគសម័យ​ថ្មីដែលកើតក្នុងប្រវត្តិសាស្រ្តមនុស្សលោក។ ហេតុនេះ មានមាគ៌ាថ្មីៗជាច្រើន អាច​ជួយ​ពង្រឹងវប្បធម៌ឲ្យកាន់តែប្រសើរឡើង និងអាចជួ​យពង្រីកវប្បធម៌លើគ្រប់វិស័យ។វិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្រ្ត​មនុស្ស​ជាតិ និងវិទ្យាសាស្រ្តសង្គម​អភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹក បច្ចេកទេសនិងមធ្យោបាយទូរគមនាគមន៍ក៏​អភិវឌ្ឍន៍ ឡើងនិងចាត់ចែងកាន់តែប្រសើរឡើង បានជួយបើកមាគ៌ាថ្មីៗនោះ​យ៉ាង​សកម្ម។ យើងអាចសនិ្នដ្ឋានថា វប្បធម៌​ទំនើប​មាន​លក្ខណៈដូចតទៅ៖

*      វិទ្យាសាស្រ្តដែលសំអាងលើគណិតសាស្រ្ត បណ្តោយឲ្យមនុស្សចេះរិះគន់ថ្លឹងថ្លែងយ៉ាងខ្លាំងជាអតិបរមា។
*      ការស្រាវជ្រាវរកអំពីចិត្តសាស្រ្តទំនើបៗ ពន្យល់សកម្មភាពរបស់មនុស្សដោយពិនិត្យមើលជម្រៅចិត្តរបស់គេ។
*     ប្រវត្តិវិទ្យាជំរុញមនុស្សឲ្យយល់ឃើញថា អ្វីៗទាំងអស់ចេះតែប្រែប្រួលនិងវិវឌ្ឍន៍ជានិច្ច។
*      ទំនៀមទម្លាប់និងរបៀបរស់នៅរបស់មនុស្សទូទៅ តម្រង់ទៅរស់នៅ​តាមរបៀប​ដូចគ្នា​ដដែលៗ​កាន់តែ​ខ្លាំង​ឡើងៗ។
*     ឧស្សាហូបនិយកម្ម (ការរស់នៅតាមប្រទេសមានរោងចក្រជាច្រើន) នគរូបនិយកម្ម (ប្រជាជននៅជនបទ​មក​រស់​នៅទីក្រុង) និងមូលហេតុផ្សេងៗទៀត ដែលជួយដល់ការរស់នៅរួមជាមួយគ្នា ឲ្យបង្កើតទៅជា​វប្បធម៌​ប្លែក​ពី​មុន គឺវប្បធម៌“មនុស្ស​រួម”។ ពីវប្បធម៌មនុស្សរួមនោះ កើតរបៀបគិតគូរថ្មី របៀបប្រព្រឹត្តថ្មី និង​របៀបប្រើ​ប្រាស់​ពេល​លំហែកាយថ្មី។ នៅពេល​ជាមួយគ្នានេះ ជាតិនានានិងក្រុមសង្គមផ្សេងៗ ចេះតែ​ប្តូរ​អ្វីៗ​ដែល​គេ​មាន ជាមួយ​ជាតិនិងក្រុម​ឯទៀតៗ​កាន់​តែ​ច្រើនឡើងៗដែរ ដែលនាំឲ្យជាតិនានានិងក្រុមផ្សេងៗគ្នាក្នុងសង្គម ម្នាក់ៗ និងមនុស្សទាំងអស់​នាំគ្នាស្គាល់តម្លៃ​ដ៏​ថ្លៃ​ថ្នូ​រនៃ​វប្បធម៌​ផ្សេងៗ។បន្តិចម្តងៗ មានកើតវប្បធម៌​កាន់តែ​សកល​ម៉្យាង ដែលជំរុញឲ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយ។ វប្បធម៌សកលបែបនោះ សម្តែង​បញ្ជាក់​ពីការ​រួបរួម​គ្នា​នោះ លុះត្រា​តែការ​រួបរួម​គ្នានោះគោរពវប្បធម៌នីមួយៗ​ដែលមាន​តម្លៃប្លែកៗពីគ្នានោះ។

៥៥-មនុស្សធ្វើឲ្យវប្បធម៌ចម្រើនឡើង

បុរសនិងស្រ្តី ទោះជាជាតិសាសន៍ឬជាក្រុមណាក្តី មាន​ចំនួនកាន់​តែ​កើនឡើងជាលំដាប់ ដែលដឹងខ្លួនថា គេ​បង្កើត​និង​ពង្រឹងវប្បធម៌សហគមន៍​របស់​គេ។ បំណងអំពីស្វ័យភាពនិងបំណងចង់​ទទួលខុសត្រូវ ក៏នៅតែ​ចម្រើនឡើង​ក្នុង​ពិភពលោក​ទាំងមូលដែរ។ បំណងទាំងពីរនោះមានសារៈសំខាន់សម្រាប់ឲ្យមនុស្សជាតិបានពេញវ័យ​តាម​វិញ្ញាណផង​និង​តាម​សីលធម៌ផង។ យើង​ជាគ្រីស្តបរិស័ទ​មានភារកិច្ចប្រមែប្រមូលមនុស្សលោកឲ្យរួបរួមគ្នាជាធ្លុងតែមួយ និង​មាន​បេសកកម្ម​សាងសង់ពិភពលោកឲ្យកាន់តែល្អប្រសើរឡើងៗ តាមសេចក្តីពិតនិងយុត្តិធម៌​យើង​មុខ​ជាឃើញ​សេចក្តីនេះ​កាន់​តែ​ច្បាស់។ ហេតុនេះ យើងជាសាក្សី ឃើញថា មានលទ្ធិមនុស្សនិយម​ថ្មីកើត​ឡើង គឺរបៀបរស់ នៅថ្មីក្នុងឋានៈ​ជា​មនុស្ស។ តាមលទ្ធិមនុស្សនិយមថ្មីនោះ គឺគេរាប់រកតម្លៃមនុស្ស ដោយខ្លួនគេចេះទទួល​ខុសត្រូវលើ មនុស្ស​ឯទៀតៗ​ជាបងប្អូន និងនៅចំពោះមុខ​ប្រវត្តិសាស្រ្តទៀតផង។

៥៦-ការពិបាក និង​ភារកិច្ច

ក.    ក្នុងសភាពការណ៍បែបនេះ មិនគួរឲ្យឆ្ងល់ថា មនុស្សដែលដឹងខ្លួនថា គេជាអ្នកទទួល​ខុសត្រូវ​លើការ​អភិវឌ្ឍន៍​វប្បធម៌ ម៉្យាង​មាន​សេចក្តីសង្ឃឹមយ៉ាងខ្លាំងណាស់ ម៉្យាងព្រួយបារម្មណ៍ ដោយខ្លួនត្រូវដោះស្រាយ​បញ្ហាខ្លះ ដែល​ជំទាស់គ្នា។

ខ.    មនុស្សប្តូរអ្វីៗតាមផ្លូវវប្បធម៌កាន់តែច្រើនឡើង។ ការប្តូរទាំងនោះអាចបណ្តោយ​ឲ្យក្រុម និងជាតិ​ផ្សេងៗ​អាច​សន្ទនា​ជាមួយ​គ្នាបានយ៉ាងពិតប្រាកដ និងអាចបង្កើតផលផ្លែល្អបានដែរ។ តើត្រូវធ្វើយ៉ាងណា កុំឲ្យការប្តូរ​ទាំងនោះ បណ្តាល​ឲ្យ​ការរស់​របស់​សហគមន៍នានាជ្រួលច្របល់ គឺនាំឲ្យប្រាជ្ញាញាណពីបរមបុរាណ​មក​បរាជ័យ​វិនាសបាត់បង់ ? ឬក៏នាំឲ្យ​ទេពកោសល្យរបស់​ប្រជាជន​នីមួយ​ៗវិនាសបាត់បង់?

គ.    បើយើងជួយវប្បធម៌ថ្មីនោះ ឲ្យមានកម្លាំងនិងមានជីវិតរស់រវើក ព្រមទាំងជួយឲ្យវប្បធម៌ថ្មីនោះ​លាតត្រដាង​កាន់តែ​ឆ្ងាយ​ទៅៗ តើត្រូវធ្វើយ៉ាងណា​ឲ្យមនុស្សកាន់តាមបេតិកភ័ណ្ឌនៃប្រពៃណីរបស់ខ្លួនបាន ដោយ​មិន​វិនាស​បាត់បង់? បញ្ហា​នេះ​ចោទឡើងយ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ពេលត្រូវសម្រួលវប្បធម៌ ដែលជាលទ្ធផល​ដ៏​សន្ធឹក​របស់វិទ្យាសាស្រ្ត​និង​របស់​បច្ចេកទេស ឲ្យបានស្របតាមវប្បធម៌​ដែល​កើតឡើង​ពី​ការ​សិក្សា​ធម្មតា​ខាង​អក្សរសិល្ប៍​ពីបុរាណមក ត្រូវតាម​ប្រពៃណី​ប្រជាជន​នីមួយៗ​នោះ។

ង.    ការសិក្សាឯកទេសបែ្លកៗពីគ្នាយ៉ាងឆាប់រហ័ស និងកាន់ខ្លាំងលឿនទៅៗ។ តើ​ត្រូវធ្វើយ៉ាងណា​ឲ្យ​ការសិក្សា​បែប​នោះ អាចសម្រួលគ្នានឹងធ្វើសំយោគ​ជាចាំ​បាច់​បាន? តើសភាពការណ៍នេះ អាច​សម្រួល​ជាមួយ​ភារកិច្ច​រក្សា​ទុកឲ្យ​មនុស្ស​លោកមានសមត្ថភាព​អាចតាំងអារម្មណ៍​ធ្វើសមាធិ និង​ស្ងើចសរសើរព្រះជាម្ចាស់​ជាកិច្ច​អាច​ណែនាំ​មនុស្ស​ទៅកាន់​ប្រាជ្ញាញាណ​បាន?

ច.    តើត្រូវធ្វើយ៉ាងណាឲ្យមនុស្សទាំងអស់អាចទទួលចំណែកនៃវប្បធម៌បាន បើវប្បធម៌របស់អភិជន ចេះតែខ្ពស់​ឡើងៗ ហើយកាន់តែស្មុគស្មាញទៀតផង?

ឆ.    វប្បធម៌ទាមទារស្វ័យភាពដ៏ត្រឹមត្រូវ។ តើត្រូវធ្វីយ៉ាងណាដើម្បីកុំឲ្យវប្បធម៌ ទៅជាទ្រឹស្តីមនុស្សនិយម​ដែល​កើត​ពី​លោកិយសុទ្ធសាធ បណ្តាលឲ្យជំទាស់នឹងសាសនា?

ឈ. សព្វថ្ងៃវប្បធម៌ត្រូវតែចម្រើនឡើងដោយឆ្លងកាត់បញ្ហាទាំងប៉ុន្មាននោះដែលទាស់ទែងគ្នា។ វប្បធម៌ត្រូវជួយឲ្យ​បុគ្គល        ម្នាក់ៗ​រីកចម្រើនឡើងទាំងស្រុងតាមសម្រួល។ វប្បធម៌ក៏ត្រូវជួយមនុស្សលោក ឲ្យបំពេញ​បន្ទុក​របស់​ខ្លួនដែរ តាមតែព្រះ​ជា​ម្ចាស់​បានត្រាស់ហៅ ជាពិសេសវប្បធម៌ក៏ត្រូវជួយគ្រីស្តបរិស័ទដែលរួមគ្នាជាបងប្អូន ក្នុង​រង្វង់នៃ​មហាគ្រួសារ​តែ​មួយ​របស់មនុស្ស​លោក។

វគ្គទី២
គោលការណ៍ខ្លះៗអំពីការចម្រើនវប្បធម៌

៥៧-ជំនឿនិងវប្បធម៌

ក.    គ្រីស្តបរិស័ទកំពុងតែធ្វើដំណើរទៅកាន់បុរីនៃលោកខាងមុខ។ គេត្រូវស្វែង​រក​និងភ្លកឱជារសនៃអ្វី​ៗ​នៅ​ស្ថាន​លើ (កូឡ ៣,១-២)។ សេចក្តីនេះបន្ថៃមកាតព្វកិច្ចយ៉ាងធ្ងន់របស់គេ ឲ្យរួមសហការជាមួយមនុស្សទាំងអស់ សាង​សង់ពិភព​លោក​ដែលមានលក្ខណៈជាមនុស្សដ៏ពិតប្រាកដ។ ការស្វែងរក​អ្វីនៅស្ថានលើ មិន​បន្ថយ​កាតព្វកិច្ច​នេះ​សោះ។ តាមពិត​ជំនឿ​របស់គ្រីស្តបរិស័ទចំពោះ​ព្រះយេស៊ូ ដែលសោយទិវង្គត និងមាន​ព្រះជន្ម​ថ្មី​ដ៏​រុងរឿង ជំរុញនិង​គាំទ្រ​គេ​យ៉ាងខ្លាំង គឺនាំ​ឲ្យសម្ទុះនៃការបេ្តជ្ញាចិត្ត​បំពេញបន្ទុកនេះ ហើយជាពិសេស ធ្វើឲ្យ​គេ​អាច​ទទួលស្គាល់អត្ថន័យពេញលេញ​នៃ​សមកម្មភាព​ទាំង​ប៉ុន្មាន ដែលអាចផ្តល់ឲ្យវប្បធម៌មានមុខងារ​ដ៏​សំខាន់ តាមទីដៅដែលព្រះជាម្ចាស់បានកំណត់​ទុកឲ្យមនុស្សលោក។

ខ.    ពេលកសិករភ្ជួររាស់ស្រែចម្ការរបស់ខ្លួនដោយផ្ទាល់ដៃ ឬដោយប្រើម៉ាស៊ីនតាមបច្ចេកទេសទំនើប គេ​ចង់​ឲ្យ​ស្រែ​នេះ​ផ្តល់​ភោគផល និងទៅជាដំណាក់ដ៏គួរសម សម្រាប់មហាគ្រួសារទាំងមូលរបស់មនុស្ស។ យ៉ាង​ណា​ម៉ិញ ពេលមនុស្ស​ទទួល​ចំណែកក្នុងការ​រស់នៅរបស់ក្រុមផ្សេងៗក្នុងសង្គម គេធ្វើ​ឲ្យគម្រោងការ​របស់​ព្រះ​ជាម្ចាស់​បាន​សម្រេច។តាំង​ពី ដើម​ដំបូង​មកមេ្ល៉ះ ព្រះអង្គបានសម្តែងគម្រោងការនេះ គឺឲ្យមនុស្ស​ត្រួតត្រា​ផែនដី (កណ១,២៨)។ គេបង្ហើយព្រះ​រាជ​កិច្ចរបស់ព្រះអង្គដែល​ប្រតិស្ឋានសត្វលោក ហើយគេក៏ថែទាំខ្លួន​ឯង​ផង។ នៅពេលជាមួយគ្នានោះ មនុស្សធ្វើតាម​ព្រះ បញ្ជាដ៏ប្រសើរបំផុតរបស់ព្រះគ្រីស្ត ដែលព្រះអង្គសូម​ឲ្យ​ប្តេជ្ញាចិត្តបម្រើមនុស្សដូចគ្នាទុកជាបងប្អូន។

គ.    លើសពីនេះទៅទៀត ពេលមនុស្សយកចិត្តទុកដាក់រៀនវិទ្យាផ្សេងៗ គឺទស្សនវិទ្យា ប្រវត្តិវិទ្យា គណិតវិទ្យា​វិទ្យាសាស្រ្ត ធម្មជាតិ។ល។ ពេលមនុស្សយកចិត្តទុកដាក់នឹងសិល្បៈ គេអាចជួយណែនាំមហាគ្រួសារ​របស់​មនុស្ស​លោកឲ្យយក ចិត្តទុកដាក់និងអ្វីៗដែលមានតម្លៃដ៏ថ្លៃថ្នូរ គឺអ្វីៗដែលពិត អ្វីៗដែលល្អ អ្វីដែលសប្បុរស ព្រម​ទាំង​ឲ្យយល់​ដល់​អ្វី​ដែល​មានតម្លៃសកល។ គាត់ទទួលរស្មីថ្មីពីព្រះ​ប្រាជ្ញាញាណដ៏គួរស្ងើចសរសើរ ដែល​គង់​នៅ​ក្បែរព្រះអង្គតាំងពីដើមរៀងមក  ធ្វើជា​មេជាងចាត់ចែងអ្វីៗទាំងអស់រួមជាមួយព្រះអង្គ លេងកំសាន្ត​នៅ​លើ​ផែនដី ហើយមានអំណរ​នៅ​ក្នុង​ចំណោម​មនុស្សលោក (សភ ៨,៣០-៣១)។

ឃ. ដោយមនុស្សធ្វើដូច្នេះ ចិត្តគំនិតរបស់គេ លែងទៅជាទាសកររបស់វត្ថុទាំងឡាយទៀតហើយ គេស្រួលលើក​ខ្លួន​ឲ្យ​ស្ងប់ស្ងាត់ធ្វើសមាធិនិងសញ្ជឹងគិតដល់ព្រះអាទិករ។ លើសពីនេះទៅទៀតដោយព្រះជាម្ចាស់ប្រោស​ប្រណី​គេរៀប​ខ្លួន​ដើម្បីទទួល​ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មុនពេលព្រះបន្ទូលនោះប្រសូតជាមនុស្ស ដើម្បី​សង្រ្កោះមនុស្សលោក​និង​ប្រមូល​អ្វីៗ​ទាំងអស់ក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ ព្រះបន្ទូល​គង់នៅក្នុង​ពិភពលោក​រួចហើយក្នុងឋានៈ​ជាពន្លឺ​បំភ្លឺ​មនុស្ស​គ្រប់ ៗ​រូប (យហ ១,៩-១០)។

ង.    ការអភិវឌ្ឍន៍ទំនើបនៃវិទ្យាសា្រស្តនិងបច្ចេកទេសផ្សេងៗ តាមវិធីផ្ទាល់របស់ខ្លួនគ្មានសមត្ថភាពស្ទង់មើល​អត្ថន័យ​ដ៏​ជ្រៅ​នៃវត្ថុទាំងឡាយ ទេ។ ប្រសិនបើមនុស្សប្រើវិធីស្រាវជ្រាវតាមវិទ្យាសា្រស្តនិងបច្ចេកទេសទាំង​នោះ ទុកជាក្បួន​តម្រា​ដ៏ខ្ពង់ខ្ពស់​បំផុតក្នុង​ការ​ស្វែងរកសេចក្តីពិត គេមុខជា​នឹង​ស្គាល់តែអភូតហេតុ​ខាងក្រៅ​ប៉ុណ្ណោះ ហើយមិន​អាចស្គាល់ព្រះណាបានឡើយ។ នៅពេលជា​មួយគ្នានេះ យើងក្រែងខ្លាចថា មនុស្ស​ទុកចិត្ត​ខ្លាំង​ពេក​លើអ្វីៗដែលគេ​បាន​រក​ឃើញ តាមវិទ្យាសា្រស្ត​ទំនើប​ផ្សេងៗទាំងនោះ ហើយនាំគ្នាស្មានថា ជីវិត​អាស្រ័យ​តែលើខ្លួនផ្ទាល់ មិនត្រូវការ​ស្វែង​រក​អ្វីដ៏មានតម្លៃប្រសើ​រជាងនេះ​ទៀតទេ។

ច.    ទោះជាវប្បធម៌ទំនើបបណ្តាលឲ្យកើតផលអវិជ្ជមាន គឺផលអាក្រក់ក្តី ក៏យើង​មិនត្រូវចាញ់ការ​ល្បួង​ដោយ​ស្មាន​ថា ផលអាក្រក់​ទាំង​ប៉ុន្មាន​នោះហូរចេញមកពីលក្ខណៈនៃវប្បធម៌ទំនើបនោះដែរ។ ផ្ទុយទៅវិញ យើង​ត្រូវយក​ចិត្ត​ទុកដាក់​ទទួល​តម្លៃដ៏ខ្ពង់ខ្ពស់នៃវប្បធម៌នោះដែល​អាច​ជួយមនុស្សលោកបាន។ ក្នុងចំណោម​ផលវិជ្ជមាន​ទាំង​នោះ យើងត្រូវ​កត់​សម្គាល់​សេចក្តីដូចតទៅគឺ៖

*     មនុស្សចូលចិត្តនឹងវិទ្យាសា្រស្ត ហើយមានចិត្តស្មោះភក្តីដែលមិនចេះរសាយទៅលើសេចក្តីពិត ក្នុងការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសា្រស្ត
*     មនុស្សត្រូវការធ្វើការរួមគ្នាជាពួកៗ ក្នុងក្រុមដែលមានឯកទេស
*     មនុស្សមានគំនិតសាមគ្គីអន្តរជាតិកាន់តែខ្លំាងឡើងៗ
*     អ្នកប្រាជ្ញមានមនសិការទទួលខុសត្រូវកាន់តែច្បាស់ថាខ្លួនមានបន្ទុកជួយនិងការពារមនុស្សលោក
*     គេមានបំណងចង់ឲ្យមនុស្សទាំងអស់មានជីវភាពគួរសម ជាពិសេសអស់អ្នកដែល​មិនអាច​ទទួល​ខុស​ត្រូវបាន ឬ​ដែល​ខ្វះ​ខាតខាង​វប្បធម៌។
*     តម្លៃទាំងនោះ ហាក់ដូចជារៀបចំចិត្តគំនិតមនុស្សលោក ឲ្យ​ទទួលសារនៃ​ដំណឹង​ល្អ​និងទទួលព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្ដដែលយាងមកសង្គ្រោះមនុស្សលោក និងធ្វើ​ឲ្យមនុស្សទទួលស្គាល់ព្រះអង្គយ៉ាង​ពិត​ប្រាកដ។

៥៨-ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត មានទំនាក់​ទំនងជាច្រើន​ជាមួយ​វប្បធម៌

ក.    ដំណឹង​ល្អ​អំពី​ការ​សង្រ្គោះរបស់ព្រះគ្រីស្ត​មាន​ចំណងពាក់ព័ន្ធជា​ច្រើនផ្នែកជា​មួយ​វប្បធម៌។ ព្រះ​ជាម្ចាស់​បាន​សម្តែង ព្រះ​អង្គ​ឲ្យ​ប្រជារាស្រ្តព្រះអង្គ​ស្គាល់តាម​វប្បធម៌​ច្រើនបែប​នៃប្រជារាស្រ្តនេះស្របតាមសម័យ​នីមួយៗ​រហូត​ដល់​ពេលសម្តែង​ព្រះអង្គយ៉ាងពេញលេញសព្វ​គ្រប់​ឲ្យ​មនុស្ស​លោក​ស្គាល់ ដោយព្រះ​បុត្រា​ដែល​ប្រសូត​ជា​មនុស្ស។

ខ.    យ៉ាង​ណា​មិញ តាំង​ពី​ដើម​រៀង​មក ព្រះសហគមន៍បាន​រស់​នៅ​តាម​របៀប​ផ្សេង​ៗ​ពីគ្នាដែរ។ ព្រះសហគមន៍​ក៏​បាន​ប្រើ ធនធាននៃអរិយធម៌​ផ្សេងៗតាមប្រជាជាតិនា​នា និង​តាម​សម័យនីមួយៗ ដើម្បីផ្សព្វផ្សាយ និង​បក​ស្រាយ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត​នេះឲ្យ​ជន​ជាតិ​ទាំង​ឡាយ និងដើម្បីយល់អត្ថន័យដំណឹងល្អនេះ​កាន់​តែ​ច្បាស់ និង​កាន់តែជ្រៅទៅៗថែម​ទៀត។ព្រះសហគមន៍ក៏បាន​ប្រើ​ធនធាន​នៃ​អរិយធម៌​ផ្សេងៗទាំងនោះ ដើម្បី​ប្រកាស​ដំណឹង​ល្អឲ្យកាន់តែប្រសើរឡើង តាម​ពិធី​គោរពប្រណិប័តន៍នានាៗនិងតាមរបៀប​រស់​នៅប្លែកៗ​ពី​គ្នា​នៃ​សហគមន៍​គ្រីស្ត​បរិស័ទ​ទៀត​ដែរ។

គ.    ព្រះជា​ម្ចាស់ចាត់​ព្រះ​សហគមន៍​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ ជូនមនុស្ស​គ្រប់​ជាតិ​សាសន៍និងនៅ​គ្រប់​សម័យ និង​ទៅ​គ្រប់​ទីកន្លែង។ ដូច្នេះ ព្រះ​សហគមន៍​មិន​ជាប់ចំណង​ដែលស្រាយមិនបាន​ជាមួយ​សាសន៍​ណា ឬ​ជាតិ​ណា​មួយ​សោះ ។ ព្រះ​សហគមន៍​ក៏​មិន​ជាប់​ចំណង​នឹង​របៀប​រស់​នៅ​នៃប្រទេស​ណា​មួយ ឬ​ជាប់​ចំណង​នឹង​ទំនៀម​ទម្លាប់​ចាស់​ឬថ្មី​ដែរ។ ទោះ​បី​ព្រះ​សហគមន៍​ស្មោះនឹងការបញ្ជូនបន្ត​របស់​ខ្លួន​ផ្ទាល់​ក្តី ក៏ព្រះសហគមន៍ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​បានផ្ញើ​បេសកកម្ម​សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្នុង​ពិភព​លោកទាំងមូល​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​សហគមន៍​អាច​ទាក់​ទង​និង​ចូល​រួបរួមជាមួយ​អរិយធម៌​នានា​បាន។ ធ្វើ​ដូច្នេះ ព្រះ​សហ​គមន៍​មុខ​ជា​ទទួល​ផល​ដ៏ប្រសើរសម្រាប់​ខ្លួន​ផ្ទាល់ និង​បង្កើត​ផល​ដ៏ប្រសើរសម្រាប់​វប្បធម៌​នានាផង​ដែរ។

.  ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្តប្រែការរស់នៅនិង​វប្បធម៌​របស់​មនុស្ស​បាប​ឲ្យបាន​ថ្មីជា​និច្ច។ ដំណឹង​ល្អ​នេះ​ត​ទល់​ប្រឆាំង​នឹង​គំនិតវង្វេង ព្រមទាំងប្រឆាំងនឹង​ការអាក្រក់​គ្រប់​យ៉ាង​ដែល​បណ្តាល​មក​ពី​កិលេស​តណ្ហា​បញ្ឆោត​មនុស្ស​ឥត​ឈប់ឈរ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ដំណឹង​ល្អ​នេះ​ក៏នៅ​តែ​ជម្រះ​និងលើកសីលធម៌​ប្រ​ជា​ជន​នានា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង។ ដោយ​ព្រះ​សហគមន៍​ទទួល​សម្បត្តិសួគ៌​ពី​ព្រះ​ជា​ម្ចាស់​មក ព្រះ​សហគមន៍​ហាក់​ដូចជា​អាចប្រោសអរិយធម៌ ពីខាង​ក្នុងធ្វើឲ្យគុណសម្បត្តិ​ខាងវិញ្ញាណ និងទេពកោសល្យផ្ទាល់របស់​ប្រជាជន​នីមួយៗ និងរស់នៅក្នុង​សម័យនីមួយៗអាច​បង្កើតផលបាន។ ព្រះ​សហគមន៍​ពង្រឹងគុណសម្បត្តិនិង​ទេពកោសល្យ​ទាំងនោះឲ្យបាន​រឹង​ប៉ឹងនិងប្រោសឲ្យ​បាន​ពេញ​លក្ខណៈ ព្រម​ទាំង​ឲ្យមានកម្លាំង​ថ្មី​ដោយ​រួម​ក្នុង​អង្គ​ព្រះ​គ្រីស្ត (អភ ១,១០)។ ដូច្នេះ​ពេល​ព្រះ​សហគមន៍​បំពេញ​បេសកកម្ម​របស់​ខ្លួន ព្រះ​សហគមន៍​ក៏​រួម​សហ​ការ​ជា​មួយ​អ្នក​ដទៃ​រួចហើយធ្វើឲ្យ​អរិយធម៌របស់​គេ​រីក​ចម្រើន​ឡើង និង​ជំរុញ​គេ ធ្វើ​ឲ្យ​អរិយធម៌​ជាតិ​ខ្លួន​ចម្រើន​ឡើង​ដែរ។ សកម្មភាព​របស់​ព្រះ​សហគមន៍សូម្បីបើតែ​សកម្មភាព​ខាង​ពិធី​គោរពប្រណិប័តន៍ក៏​ជួយ​អប់រំ​សេរីភាព​ក្នុង​ចិត្ត​របស់​មនុស្ស។

៥៩-ត្រូវសម្រួលវប្បធម៌

ក.    តាមសេចក្តីដែលយើងបានចែងខាងលើ ព្រះសហគមន៍៍រំឭកមនុស្សទាំងអស់ថាវប្បធម៌ត្រូវមានគោលដៅ​អភិវឌ្ឍន៍​បុគ្គលម្នាក់ៗទាំងស្រុង ព្រមទាំងនាំផលប្រយោជន៍ដល់សហគមន៍ និងដល់មនុស្សជាតិទាំង​មូល។ ហេតុ​នេះ ត្រូវ​យកចិត្តទុកដាក់អប់រំចិត្តគំនិតមនុស្ស ដើម្បីពង្រីកសមត្ថភាពរបស់គេ​ឲ្យចេះស្ងើច​សរសើរ ឲ្យ​ចេះ​នឹកសញ្ជឹងគិត និង​ឲ្យ​ចេះវិនិច្ឆ័យដោយផ្ទាល់ខ្លួនបាន ព្រមទាំងនាំគេឲ្យ​ចេះគិត​ដល់សាសនា ដល់សីល​ធម៌ និង​ដល់​សង្គមផង

ខ.    ដោយវប្បធម៌ហូរចេញមកពីលក្ខណៈមនុស្សដែលចេះរិះគិតនិងរស់នៅក្នុងសង្គម វប្បធម៌ត្រូវការ​សេរីភាព​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច ទើបវប្បធម៌អាចរីកចម្រើនឡើងបាន។ វប្បធម៌ក៏ត្រូវការស្វ័យភាពដ៏គួរសម ទើបអាច​ប្រព្រឹត្ត​កិច្ចការ​ស្របតាម​គោល​ការណ៍​របស់ខ្លួន។ ហេតុនេះ ប្រសិនបើវប្បធម៌រក្សាសិទ្ធិ​បុគ្គល​ម្នាក់ៗ និងរក្សា​សិទ្ធិ​សង្គម ដោយយក​ប្រយោជន៍​រួម ជាព្រំ​ដែន វប្បធម៌មានសិទ្ធិឲ្យគេគោរព ហើយ​ក៏មិន​ត្រូវ​ឲ្យ​គេ​រំលោភ​សិទ្ធិ​សេរីភាពរបស់ខ្លួនដែរ។

គ.    មហាសន្និបាតដ៏វិសុទ្ធនេះ យកសេចក្តីប្រៀនប្រដៅនៃមហាសន្និបាតវ៉ាទីកង់ទី ១ ​ទុកជាការប្រៀនប្រដៅ​របស់​ខ្លួន​ផ្ទាល់ សូមប្រកាសថា “មានកម្រិតចំណេះចេះដឹ​ងពីរយ៉ាងប្លែកពីគ្នា” គឺមួយជា​ចំណេះចេះដឹងតាមជំនឿ ហើយ​មួយ​ទៀត​ជា ចំណេះចេះដឹងតាមប្រាជ្ញា។ ព្រះសហគមន៍មិនជំទាស់នឹង “សិល្បៈ​និង​ចំណេះ​វិទ្យា​របស់​មនុស្ស​លោកដែល​យក​គោលការណ៍និងវិធីផ្ទាល់មកប្រើ តាមវិស័យរៀងៗខ្លួនឡើយ។ ហេតុនេះ ព្រះសហ​គមន៍ “ទទួលស្គាល់​សេរីភាព​ដ៏ត្រឹមត្រូវនេះ” ហើយសូមប្រកាសថា វប្បធម៌ ជាពិសេសវិទ្យាសាស្រ្តនានាមាន​ស្វ័យ​ភាពពិតមែន។

ឃ.  ការទាំងនេះ ទាមទារឲ្យមនុស្សមានសេរីភាពអាចស្វែងរកសេចក្តីពិតមានសិទ្ធិធ្វើឲ្យគេស្គាល់យោបល់​របស់​ខ្លួន និងមាន​សិទ្ធិសេរីភាពផ្សព្វផ្សាយ​យោបល់របស់ខ្លួន ព្រមទាំងធ្វើតាមទំនោរ​ចិត្តខាង​សិល្បៈ​តាម​ខ្លួន​ជ្រើស​រើស។ មនុស្សមាន​សេរីភាព​បែបនេះ លុះត្រាតែគេនៅតែរក្សារបៀបរៀបរយខាងសីលធម៌ និងមិន​បំផ្លាញ​ប្រយោជន៍​រួម។ ត្រូវឲ្យគេ​ទទួល​ស្គាល់ព្រឹត្តិការណ៍នៃជីវិតសាធារណៈថែមទៀតផង។

ង.    ចំពោះរដ្ឋអំណាចវិញ រដ្ឋអំណាចមានភារកិច្ចតែងតាំងសភាពការណ៍​និងចាត់ចែងវិធានការណ៍​ដើម្បីជួយ​ជីវិត​វប្បធម៌ ឲ្យមានប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនបំភ្លេចជនភាគតិច។ រដ្ឋអំណាចគ្មានភារកិច្ច​បញ្ជាក់​អំពី​លក្ខណៈ​ពិសេស​នៃអរិយធម៌ទេ។ ហេតុនេះហើយបានជាត្រូវជៀសវាង មិនឲ្យគេយកវប្បធម៌មក​ប្រើ​ខុស​ពីគោល ដៅ​របស់​ខ្លួន និងមិនឲ្យស្ថិតនៅក្រោមអំណាចអ្នកនយោបាយ ឬអំណាចអ្នក​សេដ្ឋកិច្ច​ជា​ដាច់​ខាត។

វគ្គទី៣
អំពីភារកិច្ចជាបន្ទាន់ខ្លះរបស់គ្រីស្តបរិស័ទចំពោះវប្បធម៌

៦០-មនុស្សទាំងអស់មានសិទ្ធិស្គាល់វប្បធម៌​និងប្រព្រឹត្តកិច្ចការផ្សេងៗតាមវប្បធម៌ដែរ

ក.    សព្វថ្ងៃ យើងមានលទ្ធភាពរំដោះមនុស្សភាគច្រើនឲ្យរួចពីវិបត្តិនៃភាពអវិជ្ជា។ ហេតុនេះ មនុស្សសម័យ​ឥឡូវ ជាពិសេសគ្រីស្តបរិស័ទ មានភារកិច្ចដ៏សំខាន់មួយ គឺខិតខំធ្វើយ៉ាងណាឲ្យគេសម្រេចវិធានការជាគ្រឹះ ទាំង​នៅវិស័យសេដ្ឋ កិច្ចក្តី នៅវិស័យនយោបាយក្តី ទោះនៅក្នុងប្រទេសរបស់ខ្លួនក្តី នៅអន្តរជាតិក្តីដើម្បីឲ្យគេ​ទទួល​ស្គាល់ថា មនុស្ស​ទាំងអស់នៅគ្រប់កន្លែង ដោយឥតប្រកាន់ជាតិសាសន៍ ប្រកាន់ភេទ សាសនា ជាតិ ឋានៈ វណ្ណៈ មាន​សិទ្ទិស្គាល់​វប្បធម៌ និងយកមកអនុវត្តតាមដែរ។ សិទ្ធិនេះ​ពិតជា​ស្រប​តាម​តម្លៃ​ដ៏ថ្លៃថ្នូរ​របស់​មនុស្ស​មែន។ ហេតុនេះត្រូវផ្តល់សម្បត្តិ គ្រប់គ្រាន់​ខាង​វប្បធម៌ ជាពិសេសសម្បត្តិ​វប្បធម៌​ជាគ្រឹះ​ជូន​មនុស្ស​ម្នាក់ៗ ដើម្បីឲ្យមនុស្សទាំងអស់អាចរួមសហការរក​ប្រយោជន៍រួម តាមលក្ខណៈជាមនុស្សសុទ្ធសាធ។ សព្វថ្ងៃ​នៅ​តែមានមនុស្សមួយ​ចំនួនធំណាស់ មិនអាច​រួមសហការ​ក្នុងការរកប្រយោជន៍រួមនេះ ព្រោះគេមិនចេះអក្សរ ហើយ​គ្មានគំនិតផ្តើមកិច្ចការអ្វីមួយឡើយ។ ត្រូវតែជួយ​អ្នក​ទាំងនោះ កំុ៎ឲ្យភាពអវិជ្ជារារំាងផ្លូវគេឡើយ។

ខ.    ហេតុនេះ ត្រូវខិតខំជួយអស់អ្នកដែលមានសមត្ថភាពឲ្យរៀនខាងឧត្តមសិក្សា។ ពេលគេមានការងារ ប្រសិន​បើ​គេ​អាច​ធ្វើបាន គេនឹងជួយបម្រើអ្នកដទៃក្នុងសង្គមស្របតាមទេពកោល្យរបស់គេនិងតាម​សមត្ថភាពដែល​គេ​បាន​ទទួល​នោះ។ ដូច្នេះមនុស្ស​គ្រប់ៗ​រូប និងក្រុមទាំងប៉ុន្មានក្នុងសង្គមនៃប្រជាជននានា អាចទៅ​ជា​មនុស្ស​ពេញ​លក្ខណៈ​ខាង ផ្លូវវប្បធម៌ ស្រប​តាមទេពកោសល្យនិងតាមប្រពៃណីរបស់គេ។

គ.    ត្រូវប្រើគ្រប់មធ្យោបាយដើម្បីឲ្យមនុស្សម្នាក់ៗភ្ញាក់ស្មារតី និងដឹងថាខ្លួនមានសិទ្ធនិងមានភារកិច្ចអប់រំខ្លួនឯង​ខាង​វប្បធម៌ដូចខ្លួនមានភារកិច្ចជួយអ្នកដទៃឲ្យអប់រំខ្លួនគេខាងវប្បធម៌ដែរ។ នៅតំបន់ខ្លះ ជីវភាព និង​សភាព​ការណ៍​ការងារ​ធ្លាប់​រារាំង​ការខិតខំ​របស់​មនុស្សមិនឲ្យឆ្លងទៅរកវប្បធម៌បាន ព្រមទាំង​បំបាត់​បំណង ដែល​ចង់​ទទួល​វប្បធម៌ទៀតផង។ សេចក្តីនេះ​ចោទ​យ៉ាងពិសេសដល់ពួក​កសិករ និងកម្មករ។ ត្រូវធ្វើយ៉ាង​ណា​ឲ្យប្រែ​សភាព​ការណ៍ការងារ កំុឲ្យរារាំង​គេ​ក្នុងការទទួល​វប្បធម៌ តែត្រូវជំរុញគេវិញ។ សព្វថ្ងៃ​ស្រ្តី​មាន​ការងារ​ស្ទើរតែ​នៅ​គ្រប់​ផ្នែកក្នុងសកម្មភាពនានា។ ត្រូវផ្តល់ឲ្យ​ស្រី្ត​ៗទាំងនោះ មានលទ្ធភាពអាចបំពេញតួនាទីក្នុងសង្គមតាម​ទេពកោសល្យ​រៀងៗខ្លួន។ មនុស្សទាំងអស់មាន​ភារកិច្ច​ទទួល​ស្គាល់ថា​ស្រ្តីៗ​រួមសហការយ៉ាងពិសេស និង​ចាំបាច់​ក្នុងជីវិតវប្បធម៌ ដូច្នេះត្រូវជួយស្រី្តឲ្យពង្រីកចំណែក​រួម​សហការ​នោះ។

៦១-ការអប់រំឲ្យទទួលវប្បធម៌រួម

ក.    សព្វថ្ងៃ ពិបាកធ្វើសំយោគវិទ្យានិងផ្នែកទាំងប៉ុន្មាននៃចំណេះចេះដឹង។ ពិតជាពិបាកជាងពីសម័យមុនៗមែន។ មាន​កត្តាខាងវប្បធម៌​កាន់តែច្រើនឡើងៗ និងប្លែកៗពីគ្នា តែនៅពេលជាមួយគ្នានេះ មនុស្សម្នាក់ៗ​មាន​សមត្ថភាព​កាន់​តែតិចឡើងៗ មិនអាចចាប់​អារម្មណ៍នឹងកត្តាទាំងនោះ និងមិនអាចសម្រួល​កត្តាទាំងនោះ ឲ្យ​បាន​ភ្ជាប់​ជាមួយគ្នាបាន។ ហេតុនេះ និមិត្តសញ្ញារបស់មនុស្សសកលជាគោលដៅនៃវប្បធម៌ ក៏កាន់​តែ​រលាយ​បាត់ទៅៗ។ ប៉ុន្តែមនុស្សម្នាក់ៗក៏ នៅតែមានភារកិច្ចរក្សាបុគ្គលិកលក្ខណៈរបស់ខ្លួនទាំងស្រុងគឺក្នុង​បុគ្គលិក​លក្ខណៈ​នេះ មនុសុ្សត្រូវរក្សាប្រាជ្ញា ចេតនា មនសិការ បំណងចង់រស់នៅជាមួយអ្នកដទៃទុកជាបងប្អូន។ សេចក្តី​ទាំងនោះ សុទ្ធតែ​មានតម្លៃ​ដែលចាក់ឫសក្នុងព្រះ​ជាម្ចាស់ជាព្រះអាទិកររបស់មនុស្សលោក។ ព្រះគ្រីស្ត​ក៏បានព្យាបាលសេចក្តីទាំងនេះ​ឲ្យបានជា និងលើកតម្កើងយ៉ាង​អស្ចារ្យក្នុងព្រះអង្តផ្ទាល់។

ខ.    ជា​បឋម ក្រុមគ្រួសារផ្តល់ការអប់រំបែបនេះ ហាក់ដូចជា​ម្តាយដែលចិញ្ចឹមកូនដូច្នោះដែរ។ ក្នុងក្រុមគ្រួសារឪពុក​ម្តាយ ស្រឡាញ់កូនៗជាខ្លាំង កូនក៏ទទួលស្គាល់តម្លៃផ្សេងៗតាមលំដាប់លំដោយដែរ។កត្តានៃវប្បធម៌ ដែល​ដូនតា​បាន​ល្បងលមើលរួចហើយ ចាក់ក្នុងមនសិការកូនជំទង់ដោយគេមិនដឹងខ្លួន នៅពេល​គេ​កាន់​តែ​ធំ​ធាត់​ឡើងៗ។

គ.    សង្គមនាបច្ចុប្បន្នកាល មានធនធានខាងវប្បធម៌ជាច្រើន ដែលអាចជួយអប់រំ​តាម​វប្បធម៌ បែប​សកល​នេះ​បាន។ ជាពិសេសមានបោះពុម្ភផ្សាយសៀវភៅកាន់តែច្រើនឡើង និងមានមធ្យោបាយទូរគមនាគមន៍ថ្មីៗ ខាង​វប្បធម៌ និង​ខាង​សង្គមផង ជាធនធានដែលអាចជួយបានតាមសេចក្តីត្រូវការ។ សព្វថ្ងៃ មនុស្ស​ស្ទើរតែ​ទាំង​អស់ ធ្វើការមាន​ចំនួនម៉ោង កាន់​តែតិចទៅៗ។ ដូច្នេះ មនុស្សភាគច្រើនមានឱកាសអប់រំខ្លួនខាងវប្បធម៌​កាន់​តែ​ច្រើន​ឡើងៗដែរ។ សូម​ប្រើពេល លំហែកាយតាមរបៀបឆ្លាតវាងវៃ គឺយក​ពេលនោះ ទៅ​សម្រាក​ពង្រឹង​សុខភាព​ខាងវិញ្ញាណ និងខាងរូបកាយ។ ​គេប្រព្រឹត្ត​សកម្មភាពដោយសេរី សិក្សាដោយ​គ្មាន​រក​ប្រយោជន៍​ភ្លាមៗទេ។ ក្នុងឱកាសធ្វើដំណើរទ​ស្សនាប្រទេស ផ្សេងៗ​គឺធ្វើ​ទេស​ចរណ៍ ត្រូវឆ្លៀតឱកាសសម្រួចចិត្ត​គំនិត​ឲ្យ​មោះមុត ទទួលផលប្រយោជន៍តាមការស្គាល់ប្រជាជន ប្លែកៗគ្នា។ ការហាត់ប្រាណ ឬ កីឡាជួយ​ឲ្យមាន​សុខភាព​ល្អខាងវិញ្ញាណរបស់បុគ្គលម្នាក់ៗនិងរបស់សង្គម ហើយក៏​បណ្តាល​ឲ្យកើតទំនាក់ទំនងដូចបងប្អូន ជាមួយ​មនុស្សឋានៈ វណ្ណៈ គ្រប់ស្រទាប់និងគ្រប់ជាតិសាសន៍ទៀតផង។ សូម​គ្រីស្តបរិស័ទ​ចូល​រួមក្នុង​ការ​សម្តែង​វប្បធម៌​រួមស្របតាមសម័យ ហើយសូមជួយឲ្យការសម្តែងទាំងនោះបាន​ប្រកបដោយ​លក្ខណៈ​ជា​មនុស្សសុទ្ធសាធ និងជ្រួតជ្រាបដោយគំនិតជាគ្រីស្តបរិស័ទទៀតដែរ។

ង.    ប៉ុន្តែ អត្ថប្រយោជន៍ទាំងនោះ អាចអប់រំមនុស្សទាំងស្រុងខាងវប្បធម៌បាន លុះត្រាតែនៅពេលជាមួយ​គ្នានោះ​គេ​យក ចិត្តទុកដាក់សួរសំណួរដ៏សំខាន់ គឺស្វែងរកអត្ថន័យ​ដ៏ជ្រៅនៃ​វប្បធម៌ និងនៃ​វិទ្យាសាស្រ្ត​ចំពោះ​មនុស្ស​យើង។

៦២-វប្បធម៌និងគ្រីស្តសាសនា

ក.    ទោះបីកាលពីដើម ព្រះសហគមន៍៍បានជួយពង្រីកវប្បធម៌យ៉ាងណាក្តី ក៏បទពិសោធន៍បង្ហាញឲ្យដឹងថា វប្បធម៌​និងគ្រីស្តសាសនាមិនងាយស្រុះស្រួលគ្នាបានទេ ដោយមានមូលហេតុផ្សេងៗកើតឡើងតាមសម័យនីមួយៗ។

ខ.    ការពិបាកទាស់ទែងទាំងនោះ មិនបណ្តាលឲ្យជីវិតរស់រវើកនៃជំនឿអន់ថយទេ ជួនកាលការពិបាកទាំងនោះ​អាច​ជួយ គ្រីស្តបរិស័ទឲ្យ​យល់អំពីជំនឿកាន់តែត្រឹមត្រូវ និងកាន់តែជ្រៅផង។ ឧបមាថា សេចក្តី​ដែលវិទ្យា​សាស្រ្ត​បានស្រាវជ្រាវ​រកឃើញថ្មីៗ និង​សេចក្តីដែលប្រវត្តិសាស្រ្ត និងទស្សនវិទ្យា​បាន​ស្វែងរក និង​រក​ឃើញ​ថ្មី​នោះ​ដែរ ចោទសំណួរថ្មីៗ​ដែល​មាន​ផល​សម្រាប់​ជីវិតមនុស្សយើងផ្ទាល់ និងទាមទារ​ឲ្យទេវវិទូ​យកចិត្តទុក​ដាក់​សិក្សា និង​ស្វែងរកតទៅទៀតដែរ។ អស់លោកគោរពវិធីនិងក្បួនតម្រាផ្ទាល់របស់វិទ្យាសាស្រ្ត​នៃទេវវិទ្យា តែ​អស់​លោក​ត្រូវយកចិត្តទុកដាក់ខិតខំពន្យល់និងចែករំលែក​លទ្ធិនៃគ្រីស្តសាសនា ឲ្យមនុស្សនាសម័យ​របស់​អស់​លោក​យល់កាន់តែស្រួលតាមសម័យគេរស់នៅ។ មាន​បញ្ញើដ៏ថ្លៃថ្នូរនៃជំនឿ និង​សេចក្តី​ពិត​របស់​ជំនឿ​មែន។ ក៏ប៉ុន្តែរបៀបរៀបរាប់ពន្យល់និងប្រកាសសេចក្តី​ទាំងនោះ​ប្លែក​ពី​របៀបកត់ត្រាទុកក្នុង​បញ្ញើនៃជំនឿ ដែល​ទេវវិទូត្រូវតែរក្សាទុកអត្ថន័យនិងទិសដៅតែប៉ុណ្ណោះ។ សូមអស់លោក​ដែល​ទទួល​បន្ទុកណែនាំ​គ្រីស្ត​បរិស័ទ​ត្រូវមានចំណេះចេះដឹងគ្រប់គ្រាន់អំពីសេចក្តីដែលវិទ្យាសាស្រ្តបានរកឃើញតាមផ្លូវ​លោក ជា​ពិសេស​អំពី​ចិត្តសាស្រ្តនិងសង្គមវិទ្យា ដោយមិនគ្រាន់តែស្គាល់​គោលការណ៍នៃទេវវិទ្យាប៉ុណ្ណោះទេ។ សូម​ប្រើ​វិទ្យា​ទាំង​ប៉ុ​ន្មាននោះទៀតផង។ ដូច្នេះគ្រីស្តបរិស័ទ​ក៏នឹង​មានជំនឿកាន់តែបរិសុទ្ធ​និងកាន់តែ​ទៅជាមនុស្ស​ពេញ​វ័យ​តាម​ជំនឿ​ទៀតផង។

គ.    អក្សរសាស្រ្តនិងសិល្បៈ មានសារៈសំខាន់ក្នុង​ការរស់នៅរបស់​ព្រះសហគមន៍ តាម​វិស័យ​រៀងៗ​ខ្លួន។ អក្សរ​សាស្រ្ត និង​សិល្បៈ ខិតខំបង្ហាញអំពីលក្ខណៈផ្ទាល់របស់មនុស្ស សម្តែងអំពីបញ្ហារបស់គេ អំពីការប៉ុនប៉ង​ឲ្យ​ស្គាល់​ខ្លួន​ឯង​កាន់​តែច្បាស់ និងអំពីការប៉ុនប៉ងធ្វើឲ្យខ្លួននិងមនុស្សលោកចម្រើនឡើងផង។ អក្សរសាស្រ្ត និង​សិល្បៈ​យក​ចិត្តទុកដាក់​រក​កន្លែងនិងតួនាទីរបស់មនុស្សក្នុងប្រវត្តិសាស្រ្ត​និងក្នុង​ពិភពលោក និងសម្តែង​ទាំង​ភាព​កម្សត់របស់មនុស្សផង​និងអំណរសប្បាយរបស់គេផង។ អក្សរសាស្រ្តនិងសិល្បៈបង្ហាញសេចក្តីត្រូវការ និង​កម្លាំង​ចិត្តររបស់មនុស្សលោក និងសម្តែង​ការ​ព្រាងទុកនៃវាសនាមនុស្សដ៏សប្បាយជាងសម័យឥឡូវ។ ដូច្នេះ អក្សរសាស្រ្តនិងសិល្បៈ អាចលើកស្ទួយជីវិតមនុស្ស ដោយចែងតាមរបៀបផ្សេងៗ ស្រប​តាមសម័យ និង​តាមកន្លែងផ្សេងៗក្នុងពិភពលោកផង។

ង.    ហេតុនេះ ត្រូវឲ្យអស់អ្នកជំនាញខាងអក្សរសាស្រ្តនិងសិល្បៈ យល់ឃើញថា ព្រះសហគមន៍រាប់រកគេ​ហើយ​ពេញ​ចិត្ត​នឹងស្នាដៃរបស់គេ។ សូមឲ្យគេមានសិទ្ធិសេរីភាពជាធម្មតា និងមានទំនាក់ទំនងយ៉ាងស្រួលជាមួយ​សហគមន៍៍​នៃ​គ្រីស្តបរិស័ទ។ សូមព្រះសហគមន៍៍ទទួលស្គាល់សិល្បៈថ្មី តាមទំនើបចិត្ត​របស់​មនុស្ស​សម័យ​ឥឡូវ ស្រប​តាម​ទេពកោសល្យប្រជាជននានាហើយក៏ស្របតាមតំបន់ដែរ។ ពេល​សិល្បៈទាំងនោះ ស្រប​តាម​អរិយធម៌របស់គេ និងត្រូវតាម ក្បួន​វិន័យពីធីគោរពប្រណិប័តន៍ សឹមព្រះសហគមន៍៍​ទទួល​សិល្បៈ​ទាំងនោះ​ក្នុង​ព្រះវិហារ (ពិធី ១២៣)។

ច.    ធ្វើដូច្នោះ មុខជាសិរីរុងរឿងរបស់ព្រះជាម្ចាស់លេចចេញធ្លោកាន់តែត្រចះត្រចង់ឡើង មនុស្សយល់ការ​ប្រកាស​ដំណឹងល្អកាន់តែច្បាស់ ហាក់ដូចជារបៀបធម្មតានៃការរស់នៅរបស់គេ។

ឆ.    សូមឲ្យគ្រីស្តបរិស័ទរស់នៅរួមយ៉ាងជិតស្និទ្ធជាមួយមនុស្សឯទៀតៗនៅសម័យរបស់គេ។ សូមឲ្យ​គ្រីស្តបរិស័ទ​យក​ចិត្ត​ទុកដាក់​ខិតខំយល់ឲ្យមែនទែន អំពីរបៀបរិះគិតទាំងស្រុងរបស់គេ និងអំពីរបៀបយល់ឃើញ​ក្នុង​ការ​រស់​នៅ​របស់គេ ​តាម​វ​ប្បធម៌​ដែល​សម្តែងចេញមក។ សូម​ឲ្យគ្រីស្តបរិស័ទទទួលចំណេះ​ចេះដឹងនៃ​វិទ្សាសាស្រ្ត និង​នៃ​ទ្រឹស្តីថ្មីៗ ព្រមទាំង​យក​សេចក្តីដែលអ្នកប្រាជ្ញរកឃើញថ្មីៗនោះដែរ​មកបញ្ចូល​រួមជាមួយកិរិយាមារយាទ និង​លទ្ធិនៃគ្រីស្តសាសនាផង។ ធ្វើ​ដូច្នេះ គេអាចយល់ថា គំនិតអំពីសាសនា​និង​សីលធម៌ដ៏ទៀងត្រង់ អាចរួម​ជាមួយ​ចំណេះចេះដឹងខាងវិទ្យាសាស្រ្តនិងជា​មួយ​ការចម្រើនដ៏ឥតឈប់ឈរនៃបច្ចេកទេសផង។ ហេតុនេះ គ្រីស្ត​បរិស័ទ​អាចចូលចិត្តរាប់រកនិងបកស្រាយ​អត្ថន័យ​អ្វីៗ​ទាំងអស់ ដោយមានចិត្តគំនិតជាគ្រីស្តបរិស័ទ​យ៉ាង​ពិត​ប្រាកដមែន។

ជ.    សូមអស់គ្រីស្តបរិស័ទកំពុងតែរៀនវិទ្យាសាស្រ្តនៃទេវវិទ្យា ក្នុងទេវវិទ្យាល័យនិងសកលវិទ្យាល័យ យកចិត្តទុក​ដាក់ រួមសហការជាមួយមនុស្សស្ទាត់ជំនាញខាងវិទ្យាសាស្រ្តផ្សេងៗ យកកម្លាំងនិងទស្សនៈរបស់ខ្លួនមក​ដាក់​រួម​គ្នា។ ការ​ស្រាវជ្រាវ​ខាងទេវវិទ្យា រិះគិតឲ្យកាន់តែជ្រៅអំពីសេចក្តីពិត ដែលព្រះជាម្ចាស់បាន​សម្តែង​ឲ្យ​មនុស្ស​លោកស្គាល់។ តែ​ការ​ស្រាវជ្រាវនោះក៏ត្រូវមានទំនាក់ទំនងជាមួយមនុស្សលោកនាសម័យរបស់ខ្លួនដែរ ដើម្បីជួយមនុស្សឲ្យមានវប្បធម៌​ខ្ពស់​តាម​សាខានៃ​ចំណេះចេះដឹងរបស់ខ្លួន អាចយល់លទ្ធិនៃជំនឿ​ឲ្យកាន់តែ​ច្បាស់​ឡើងៗ​ផង។ ការយល់ចិត្តគំនិតគ្នា​ដូច្នេះពិត​ជានឹងជួយបម្រើក្នុងការអប់រំអ្នក​បំពេញមុខងារ​បម្រើ​ព្រះ​សហគមន៍៍​ជាពុំខាន។ អ្នកបំពេញមុខងារ​បម្រើទាំង​នោះ នឹងមាន​សមត្ថភាព​អាច​សម្តែង​លទ្ធិរបស់ព្រះ​សហ​គមន៍​អំពីព្រះជាម្ចាស់ អំពីមនុស្ស អំពីពិភពលោក ស្រប​តាម​របៀប​មនុស្សលោកនា​សម័យ​យើងបាន។ អ្នក​ដទៃ​មុខជា​នឹងកាន់តែសុខចិត្តទទួលពាក្យសម្តីរបស់អស់លោកជា​ពុំ​ខាន​(ហ្វឹកហ្វឺន)។ លើស​ពីនេះ​ទៅទៀត យើង​ត្រូវ​សំណូមពរ ឲ្យមាន​គ្រីស្តបរិស័ទធម្មតាជាច្រើន ទទួលការអប់រំគ្រប់គ្រាន់ ខាង​វិទ្យានៃ​គ្រីស្ត​សាសនា​យើង ព្រមទាំងឲ្យ​មានគ្នាច្រើន​យកចិត្តទុកដាក់រៀនវិទ្យាទាំងនោះតាមរយៈ​សាស្ត្រាចារ្យ​និង​រៀនឲ្យកាន់តែ​ជ្រៅ​ទៅៗ​ទៀតផង។ ប៉ុន្តែ សូមព្រះ​សហគមន៍ទទួល​ស្គាល់សិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់គ្រីស្តបរិស័ទ ទាំង​អ្នក​ដែលទទួលអគ្គសញ្ញាតែងតាំងទាំងគ្រីស្តបរិស័ទធម្មតា ​ក្នុងការស្រាវជ្រាវ​និងក្នុង​ការរិះ​គិត។ សូមឲ្យអ្នក​ទាំង​នោះ​មានសិទ្ធិ​សេរីភាព​ដ៏ត្រឹមត្រូវ និងសម្តែងទស្សនៈរបស់គេក្នុងវិស័យនៃសមត្ថភាពរបស់ខ្លួន ដោយ​ចិត្ត​សុភាព​រាប​សា​និង​ដោយចិត្តក្លាហានដែរ (ពន្លឺ ៣៧)។

ជំពូក៣
ការរស់នៅក្នុងសង្គម និងសេដ្ឋកិច្ច

៦៣-លក្ខណៈខ្លះនៃសេដ្ឋកិច្ចនាបច្ចុប្បន្នកាល

ក-   ក្នុងការរស់នៅក្នុងសង្គមនិងតាមសេដ្ឋកិច្ច យើងត្រូវតែគោរពនិងពង្រីកតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស តាមព្រះ​ជាម្ចាស់ បានកំណត់ទុកនិងត្រាស់ហៅហើយក៏ត្រូវគិតដល់ផលប្រយោជន៍របស់សង្គម​ទាំងមូលដែរ។ មនុស្ស​ជា​អ្នក​បង្កើតការ រស់នៅក្នុងសង្គមនិងជាអ្នកបង្គើតសេដ្ឋកិច្ច។ សង្គម និងសេដ្ឋកិច្ចមាន​ទិសដៅបម្រើ​មនុស្ស។

ខ-   សេដ្ឋកិច្ចទំនើបក៏ដូចវិស័យឯទៀតៗទាំងអស់នៃការរស់នៅក្នុងសង្គមដែរ គឹបង្ហាញបញ្ជាក់​អំពីអំណាច​របស់​មនុស្ស​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​ធម្មជាតិ បង្ហាញអំពីទំនាក់​ទំនងរវាងបុគ្គលនិងបុគ្គល ក្រុម​និងប្រជាជននានា​កាន់​តែច្រើន និងកាន់​តែ​ខ្លាំង​ឡើងៗ។ បុគ្គល ក្រុមនិងប្រជាជននានាត្រូវការគ្នា​ទៅវិញ​ទៅមក កាន់តែ​ខ្លាំង​ដែរ។ ម៉្យាង​ទៀត រដ្ឋអំណាច​ធ្លាប់​ធ្វើ​អន្តរាគមន៍កាន់តែញឹក​ញាប់ក្នុងការរស់នៅក្នុងសង្គម និងក្នុងសេដ្ឋកិច្ច។នៅ​ពេលជាមួយគ្នានេះ មធ្យោបាយ​ក្នុង​ការ​បង្កើត​ផលិត​ផល​ចម្រើន​ឡើង ហើយការចាត់ចែងការលក់ដូរ​ទំនិញ និងសេវាកម្មក៏ចម្រើន​ឡើង​ដែរបណ្តាលឲ្យ​សេដ្ឋកិច្ច​ទៅជា​គ្រឿងអាចបំពេញតម្រេូវការនៃមហាគ្រួសារ​មនុស្ស​លោក ហើយតម្រូវការនេះមាន​កាន់តែច្រើនៗ។

គ-   ប៉ុន្តែ មានមូលហេតុជាច្រើនបណ្តាលឲ្យព្រួយបារម្មណ៍ដូចតទៅ៖ មានមនុស្សជាច្រើន ជាពិសេសក្នុងប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ហាក់ដូចជានៅក្រោមការត្រួតត្រារបស់សេដ្ឋកិច្ចតែម្តង។ ស្ទើរតែគ្រប់ពេល គេរស់​នៅ​ដោយ​តម្រង់​យក​សេដ្ឋកិច្ច​ធ្វើជាគោល​ណែនាំការរស់របស់គេ ទាំងក្នុងឋានៈគេ​ជា​បុគ្គលទាំងក្នុង​ឋានៈគេ​ជា​ប្រជាពលដ្ឋ​រួមរស់ក្នុង​សង្គម។ សូម្បី​តែ​នៅ​ប្រទេសកាន់សេដ្ឋកិច្ចសង្គមនិយមក្តី ឬកាន់របប​សេដ្ឋកិច្ច​ផ្សេង​ក្តី ក៏​មាន​សភាពការណ៍​បែបនេះ​ដែរ។ ប្រសិនបើមនុស្សចេះតម្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ឲ្យមានរបៀបរៀបរយ និង​តាម​ប្រាជ្ញា​ក្នុង​លក្ខណៈ​ខ្លួន​ជា​មនុស្ស មុខ​ជា​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ អាច​ជួយបំបាត់ភាពមិនស្មើគ្នាខ្លះ ក្នុង​សង្គម។ តែតាម​ពិតការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះជាញឹកញាប់បណ្តាលឲ្យមនុស្សមានឋានៈ វណ្ណៈ កាន់តែ​មិន​ស្មើគ្នា​វិញ។ ជួនកាលសភាពការណ៍​សង្គម​របស់​អ្នកទន់​ខ្សោយ​កាន់តែធ្ងន់ធ្ងរ ហើយអ្នកក្រីក្រត្រូវគេមើល​ងាយ​ទៀតផង។ ពេលមហាជនដ៏ច្រើនអនេកខ្វះខាតអ្វី​ដែល​គេ​ត្រូវ​ការ​ជាចាំបាច់ ក៏មានអ្នកខ្លះ រស់នៅ​ដោយ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្តម្ភ ចេះតែ​ចាយ​វាយ​ខ្ចះ​ខ្ចាយ​ទៀតផងដែរ។ សូម្បី​តែ​ក្នុងតំបន់សេដ្ឋកិច្ច​អន់​ក៏​មាន​ដូច្នេះ​ដែរ។ អ្នកមានបរិបូរណ៍ហូរហៀរ រស់នៅក្បែរអ្នកក្រីក្រតោក​យ៉ាក។ ក្រុមមនុស្ស​មួយ​ចំនួន​តូច​កាន់​អំណាច​យ៉ាងទូលំទូលាយ អាចសម្រេចអ្វីទាំងអស់ក៏បាន  តែមនុស្សមួយចំនួនធំ ​ស្ទើរតែគ្មានលទ្ធភាព​ចាប់​ផ្តើម​ធ្វើអ្វីកើតដោយខ្លួនផ្ទាល់ ហើយក៏មិនអាចទទួលខុស​ត្រូវលើអ្វីបានសោះ។ ជាទូទៅ អ្នកទាំង​នោះរស់​នៅ​និង​ធ្វើ​ការ មិន​សម​តាមឋានៈខ្លួនជាមនុស្ស​ក៏មានដែរ។

ង-   សភាពការណ៍គ្មានរបៀបតាមសេដ្ឋកិច្ចនិងតាមសង្គមទាំងនោះ កើតឡើងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​ចំណែកជីវភាពរបស់ប្រជាជនតាមតំបន់ផ្សេងៗក្នុងប្រទេសតែមួយក៏មិនស្មើគ្នាដែរ។ ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន និងប្រទេសឯទៀតៗ ទាស់ទែងគ្នាកាន់តែខ្លាំងឡើងៗ។ សភាពការណ៍​នេះ អាច​បណ្តាល​ឲ្យបំផ្លាញ​សន្តិភាពក្នុង​ពិភព​លោក។

ច- មនុស្សនាសម័យឥឡូវ ដឹងខ្លួនកាន់តែច្បាស់អំពីភាពមិនស្មើគ្នានោះ។ គេជឿជាក់ថា បច្ចេកទេសថ្មី និងធនធាន​សេដ្ឋកិច្ច​ដែលមនុស្សលោកមានកាន់តែច្រើនឡើងៗ អាចនឹងត្រូវកែសម្រួលសភាពការណ៍​ដ៏​អាក្រក់​នេះ​បាន។ ប៉ុន្តែ​ត្រូវ​កែទម្រង់សេចក្តីជាច្រើនក្នុងការរស់នៅខាងសេដ្ឋកិច្ច និងក្នុងសង្គម​ជាចាំ​បាច់។ ត្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែចិត្ត​គំ​និត​និងកែ​ឥរិយាបថ។ តាមដំណើរសតវត្សទាំងប៉ុន្មានកន្លងមក ព្រះសហគមន៍​បាន​យក​ពន្លឺ​នៃ​ដំណឹងល្អមកបញ្ចេញ​បញ្ជាក់គោល​ការណ៍ផ្សេងៗ សម្រាប់ណែនាំ​មនុស្ស​ក្នុងវិស័យយុត្តិធម៌ និងសមភាព ស្រប​តាម​ប្រាជ្ញាដ៏ទៀងត្រង់របស់​មនុស្ស។ គោលការណ៍​ទាំងនោះ​អាចណែនាំការរស់​នៅរបស់​បុគ្គលម្នាក់ ណែនាំ​សង្គម ព្រមទាំងណែនាំការរស់​នៅ​អន្តរជាតិ​ផងដែរ។ ព្រះសហគមន៍បានប្រកាសគោលការណ៍​ទាំង​នោះ ជាពិសេសនៅប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយ​ចាប់អារម្មណ៍នឹងសភាពការណ៍នាបច្ចុប្បន្នកាលនេះ មហា​សន្និបាត​មានបំណងចង់បញ្ជាក់​គោលការណ៍ទាំង​នោះនិង​បង្ហាញការណែនាំខ្លះទៀត ជាពិសសេ ដោយ​យល់​ដល់​សេចក្តី​ទាមទារនៃការ​អភិវឌ្ឍន៍សេដ្ឋកិច្ច។

វគ្គទី១
ការអភិវឌ្ឍន៍សេដ្ឋកិច្ច

៦៤-ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវបម្រើ​មនុស្ស

នៅសម័យ​ឥឡូវជាង​នៅសម័យ​មុនៗ​ទៅទៀត មនុស្ស​ខិត​ខំពង្រីក​ផលិត​ផល​ទាំង​ខាងកសិកម្ម ទាំងខាង​ឧស្សាហកម្ម ទាំងខាង​សេវាកម្មផ្សេងៗ​ជូន​ប្រជា​ជន​ដែរ។ គេ​ខិតខំនេះល្អត្រឹម​ត្រូវដូច្នេះ ដើម្បី​ទប់​ទល់​នឹង​សេចក្តី​ត្រូវការ​របស់​មនុស្ស​ដែល​មានចំនួន​កើន​ឡើងជាលំដាប់ និង​ដើម្បី​តបឆ្លើយនឹង​សេចក្តី​ប៉ង​ប្រាថ្នា​កាន់​តែ​ទូលំ​ទូលាយ​របស់​មនុស្ស​ជាតិ​ទៀត​ផង។ ហេតុ​នេះ​ហើយត្រូវ​តែ​ជួយ​គាំ​ទ្រ​បច្ចេក​ទេស​ដែលជឿន​លឿនជាលំដាប់ជួយគាំទ្រ​អ្នកមាន​គំនិត​ចង់​កែ​ប្រែអ្វីៗ​ឲ្យ​បាន​ទំនើប ជួយគាំ​ទ្រអ្នកបង្កើត​និង​ពង្រីក​សហ​គ្រាសជួយគាំទ្រអ្នកខិតខំធ្វើ​ឲ្យ​មធ្យោបាយ​បង្កើត​ផលិត​ផល​នានាបានស្រប​តាមសម័យ ព្រមទាំងជួយ​គាំ​ទ្រ​អស់​អ្នក​ដែល​ខិតខំរួម​បង្ក​បង្កើត​ផលិតផល។ សរុប​សេចក្តី​មក​ត្រូវ​ជួយ​គាំ​ទ្រ​អ្វីៗ​ទាំង​អស់​ដែល​អាច​ជួយ​ឲ្យសេដ្ឋកិច្ចលូត​លាស់​ឡើង។ ប៉ុន្តែ ត្រូវនឹកចាំថា ការ​បង្ក​បង្កើន​ផលិត​ផល​នោះ ពុំ​គ្រាន់​តែ​មានគោលដៅ​ឲ្យប្រជាជន​បាន​ទ្រព្យ​សម្បត្តិ​ជាច្រើនពុំ​មែន​ឲ្យ​គេប្រមូល​ធនធាន​បាន ឬ​ឲ្យ​មាន​អំណាច​ខ្លាំង​ក្លា​ប៉ុណ្ណោះ​ទេ។ការបង្កើន​ផលិតផលមានគោល​ដៅ​កំពូល​តែ​មួយ គឺ​បម្រើ​មនុស្ស​ទាំងស្រុង តាមសេចក្តី​ត្រូវ​ការ​របស់​ខ្លួន ដែល​មាន​តម្លៃតាម​លំដាប់លំដោយ មាន​សេចក្តីត្រូវការខាងសម្ភារៈ​ប្រើ​ប្រាស់ សេចក្តីត្រូវ​ការ​ជីវិតខាង​ប្រាជ្ញា សេចក្តី​ត្រូវ​ការ​ខាងសីលធម៌ សេចក្តីត្រូវការខាង​វិញ្ញាណនិង​ខាង​សាសនា។ ការ​បង្កើន​ផលិតផលក៏មាន គោលដៅបម្រើ​មនុស្ស​គ្រប់ៗ​រូប​គ្រប់​ក្រុម​ដោយ​មិន​រើស​ជាតិ​សាសន៍ ឬ​ទ្វីប​ណា​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​សកម្មភាព​ខាង​សេដ្ឋកិច្ច ដែល​តែង​តែ​អនុវត្ត​តាម​មធ្យោបាយនិងតាមក្បួនច្បាប់​របស់​ខ្លួន​ក៏​ត្រូវ​តែ​អនុវត្ត​តាម​របៀបរៀប​រយ​នៃ​សីលធម៌បានកំណត់ដែរ​ដើម្បី​បំពេញ​គម្រោង​ការ​របស់​ព្រះ​ជាម្ចាស់​អំពី​មនុស្ស (មថ ១៦, ២៦; លក ១៦,១-៣១; កូឡ ៣,១៧)។

៦៥-មនុស្ស​ត្រូវ​ត្រួត​ត្រា​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច

ក-   មនុស្ស​ត្រូវ​តែ​ត្រួត​ត្រាការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ កុំ​ទុកការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យស្ថិត​នៅក្នុងកណ្តាប់ដៃ​មនុស្ស​តែ​មួយ​ចំនួន​តូច ដែលអាច​សម្រេចអ្វីៗទាំងអស់​តាម​ទំនើង​ចិត្ត​របស់គេ។ កុំ​ទុកការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះ ឲ្យ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​តូច​មួយ​ចំនួន ដែលមាន​អំណាច​ខាង​សេដ្ឋកិច្ច​ខ្លាំង​ពេក ក៏កុំ​ទុក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​ស្ថិតនៅក្នុងកណ្តាប់ដៃ​សហគមន៍​របស់អ្នក​នយោបាយ ឬ​របស់មហា​អំណាច​មួយ​ចំនួន​ត្រួត​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​មាន​ចំនួន​មនុស្ស​ច្រើនពី​គ្រប់​កម្រិតតាម​តែ​អាច​រក​បាននិងពី​គ្រប់​ប្រជាជាតិ​តាម អន្តរជាតិ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​តម្រង់ទីដៅ​នៃ​ការអភិវឌ្ឍន៍នោះ។ ត្រូវ​ឲ្យ​បុគ្គល​ដែលមានគំនិត​ចង់​ចាប់​ផ្តើមធ្វើការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង និង​សមាគម​សេរី​របស់​គេ​រួម​សហការជាមួយ​រដ្ឋ​អំណាច ហើយ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នាតាមសម្រួលទៀតផង។

ខ-   មិន​ត្រូវ​បណ្តោយ​ឲ្យ​បុគ្គលនានាត្រួត​ត្រាការ​អភិវឌ្ឍន៍ដោយសកម្មភាព​ខាង​សេដ្ឋកិច្ចរបស់គេ ហាក់​ដូចជា​តាម​ការ​ស្វយ័ប្រវត្តិ ក៏មិន​ត្រូវ​បណ្តោយ​ឲ្យ​រដ្ឋ​អំណាច​ត្រួត​ត្រាការ​អភិវឌ្ឍន៍​ដោយឯកឯងឡើយ។ ហេតុ​នេះ ត្រូវ​បដិសេធ​យោបល់​ខុស​ទំនង និង​លទ្ធិ​ខ្លះ​ដែល​ជំទាស់​នឹង​ការ​កែ​ទម្រង់សេដ្ឋកិច្ច ព្រោះគេ​យល់​ច្រឡំ​អំពី​សេរីភាព។ តាមពិត​សេដ្ឋកិច្ច​ត្រូវតែកែទម្រង់ជាចំាបាច់។លទ្ធិ​ទាំងនោះ​មិន​រវីរវល់​និង​សិទ្ធិបុគ្គល​ និង​សិទ្ធិរបស់​ក្រុម​តែ​បែរជាមាន​បំណង​ចង់​ចាត់​ចែងការ​បង្កើន​ផលិតផលជា​សមូហភាពវិញ។

គ-   ម៉្យាងទៀត ប្រជាពល​រដ្ឋ​ត្រូវ​នឹក​ចងចាំជានិច្ចថា ខ្លួន​មាន​សិទិ្ធនិង​មានភារ​កិច្ច​រួម​សហការតាមលទ្ធភាព របស់​ខ្លួន នាំឲ្យ​សហគមន៍​របស់ខ្លួន​អភិវឌ្ឍន៍ឡើង​យ៉ាង​ពិត​ប្រាកដ។ រដ្ឋ​អំណាច​ក៏​ត្រូវ​ទទួល​ស្គាល់​សិទ្ធិនិង​ភារកិច្ច​ទាំង​នោះ​ដែរ។ ជា​ពិសេស នៅ​ប្រទេស​កំពុង​តែ​អភិវឌ្ឍន៍ឡើង ត្រូវ​ប្រើ​អ្វីៗ​ទាំង​អស់​ដែលអាចប្រើបានជា​បន្ទាន់ ដើម្បីឲ្យ​ប្រទេស​នោះ​អាច​លូត​លាស់​ឡើង​បាន​ជា​ចាំ​បាច់។អស់អ្នក​ដែល​ទុក​ធន​ធាន​របស់​ខ្លួន​មិន​ឲ្យ​គេ​ប្រីប្រាស់ អ្នកទាំងនោះបំផ្លាញ​ប្រយោជន៍​រួម​ជា​ខ្លាំង។ អស់​អ្នក​ដែល​ដកហូត​ទ្រព្យខាងសម្ភារៈក្តី​ខាង​វិញ្ញាណ​ក្តី ពីសហគមន៍​របស់​ខ្លួនដែល​ត្រូវ​ការ​ធនធាន​ទាំងនោះជា​ចាំ​បាច់ ក៏​បំផ្លាញ​ប្រយោជន៍​រួម​ដែរ។ ប៉ុន្តែ ត្រូវ​រក្សាទុកសិទ្ធិ​សេរីភាព​របស់បុគ្គលម្នាក់ៗឲ្យ​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ផ្សេង​បាន។

៦៦-ត្រូវខិតខំធ្វើឲ្យមនុស្សបានស្មើគ្នាខាងសេដ្ឋកិច្ច និងក្នុងសង្គម

ក-   ត្រូវខិតខំយ៉ាងខ្លាំងបំផុត បំបាត់ឲ្យបានឆាប់រហ័សនូវភាពមិនស្មើដ៏ធំទំលំទូលាយខាងសេដ្ឋកិច្ច ដែល​បណ្តាល​ឲ្យ​រើស​អើង​បុគ្គល​និងសង្គម។ ធ្វើដូច្នេះ ទើបយើងអាចតបឆ្លើយនិង​យុត្តិធម៌និងភាពស្មើគ្នាបាន។ ប៉ុន្តែ ត្រូវគោរព​សិទ្ធិ​បុគ្គល​ម្នាក់ៗ​និងគោរពទេពកោសល្យរបស់ប្រជាជាតិនីមួយៗដែរ។ នាបច្ចុប្បន្នកាល​សេដ្ឋកិច្ច​នៅតែមានភាពមិន​ស្មើ​គ្នា ហើយភាព​មិន​ស្មើនោះកាន់តែធ្ងន់ធ្ង​រទៀតផង។ នៅតំបន់ជាច្រើន ពិបាក​បង្កើតផលិតផលកសិកម្ម ​និង​លក់​ផលិត​ផល​ទាំងនោះ ដោយ​មូលហេតុផ្សេងៗ។ ក្នុងតំបន់​ទាំងនោះ ត្រូវ​ជួយ​កសិករ​ឲ្យ​ពង្រីកការបង្កបង្កើតផលិតផល និង​ជួយ​ឲ្យគេ​អាច​លក់​ផលិតផលបាន ឲ្យប្រែរបៀប​បង្កបង្កើត​ផល និង​ឲ្យរកមធ្យោបាយថ្មីតាមសេចក្តីត្រូវការ ព្រមទាំងឲ្យគេមានកម្រៃ​គួរ​សម​ផង។ បើពុំនោះទេ កសិករ​ទាំង​នោះ​នឹង​នៅតែជាប្រជាពលរដ្ឋកម្រិតទាបទៀត ដូចមាននៅតំបន់​ជា​ច្រើន។ រីឯ​កសិករ​វិញ ជាពិសេសយុវជន ត្រូវ​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ពង្រីកសមត្ថភាព​របស់ខ្លួន​ខាងចំណេះ​កសិកម្ម។បើ​កសិករ​គ្មាន​សមត្ថភាព​ខាង​អាជីវកម្មរបស់ខ្លួនទេ កសិកម្មមិនអាចចម្រើន​លូតលាស់បានឡើយ។

ខ-   កម្មករត្រូវតែផ្លាស់ប្តូរកន្លែងនិងអាជីវកម្ម តាមតម្រូវការនៃសេដ្ឋកិច្ច​ដែលកំពុងតែ​ចម្រើន​ឡើង។ ប៉ុន្តែ ត្រូវ​ចាត់ចែង​ការផ្លាស់ប្តូរនេះ ដើម្បី​ឲ្យបុគ្គល​នានា​និងក្រុមគ្រួសាមានសភាពការណ៍ជីវភាពនឹងនហើយស្ថិតស្ថេរ។ពលករ​មកពី​បរទេសឬមកពីតំបន់ដទៃ ជួយ​សេដ្ឋកិច្ច​ប្រជាជនប្រទេសឬតំបន់ដែលគេទៅរស់នៅ។ ត្រូវប្រុង​ប្រយ័ត្ន កុំរើស​អើង​គេ​គ្រប់​យ៉ាង គឺរើសអើង​ខាង​បៀវត្ស៍ កំុឲ្យមានប្រាក់ឈ្នួលតិចជាងអ្នកកើតក្នុងស្រុក រើស​អើង​ខាងសភាពការណ៍ការ​ងារកំុឲ្យ​ធ្វើ​ការតាមរបៀប​ពិបាក​ជាងអ្នកកើតក្នុងស្រុក។ល។ ម្យ៉ាងទៀត សមាជិក​ទាំង​អស់ក្នុងសង្គម ជាពិសេស​រដ្ឋ​អំណាច ត្រូវរាប់រកគេ​ទុក​ជាមនុស្ស ពុំរាប់គេទុកជា​គ្រឿង​ឧបករណ៍​បង្ក​បង្កើត​ផលិតផលនោះទេ។ ត្រូវសម្រួល​ឲ្យ​ក្រុម​គ្រួសារ​របស់​គេអាចមក​រស់​នៅ​ជាមួយ ជួយរកផ្ទះ​ឲ្យគេ​នៅ​យ៉ាង​គួរសម និងជួយគេឲ្យចូលរួមក្នុង​សង្គមប្រទេស​ឬតំបន់​ដែល​គេមករស់នៅថ្មីនោះ។ ក៏ប៉ុន្តែ ប្រសិន​បើ​អាច​ធ្វើ​បាន ត្រូវជួយបង្គើតការងារក្នុង​ប្រទេសនិងតំបន់​កំណើតរបស់​គេ។

គ-   ក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងតែផ្លាស់ប្តូរ ក៏ដូចរបៀបរស់នៅថ្មីតាមសង្គមខាងសេដ្ឋកិច្ចដែរ (ឧបមា​សេដ្ឋកិច្ច ដែល​មានគ្រឿងម៉ាស៊ីនធ្វើការស្វយ័តជំនួសមនុស្សកាន់តែច្រើនឡើង) ត្រូវចាប់អារម្មណ៍​ផ្តល់​ការងារ​គ្រប់​គ្រាន់ និងត្រូវ​តាម​សមត្ថភាពកម្មករ។ ត្រូវផ្តល់ឲ្យកម្មករមានលទ្ធភាពទទួល​ការអប់រំ​ខាង​បច្ចេកទេស និងខាង​អាជីវកម្ម។ ត្រូវ​ធានា​ជីវភាព​របស់អស់អ្នកដែលរស់នៅយ៉ាងពិបាកជាងគេ ជាពិសេស​អ្នក​មានជំងឺ មនុស្ស​ចាស់ជរា ឲ្យរស់សមនឹងឋានៈ​របស់ខ្លួន​ជាមនុស្ស។

វគ្គទី២
គោលការណ៍ណែនាំជាទូទៅក្នុងការរស់នៅតាមសេដ្ឋកិច្ច និងសង្គម

៦៧-ការងារ សភាពការណ៍ការងារ និងការលំហែកាយ

ក-   ការងាររបស់មនុស្សលោកគឺការងារដែលផលិត​ទ្រព្យសម្បត្តិផ្សេងៗ និងប្តូរទ្រព្យសម្បត្តិទាំងនោះ​ទៅវិញ​ទៅ​មក ឬជូន​សេវាកម្មខាង​សេដ្ឋកិច្ច ពិតជាផ្នែកសំខាន់ជាងគេ លើសផ្នែកឯទៀតៗនៃជីវិតសេដ្ឋកិច្ច ដែលគ្រាន់​តែ​ជា​គ្រឿងជួយ​ការ​ងារ​មនុស្សប៉ុណ្ណោះ។

ខ-   ទោះជាមនុស្សប្រព្រឹត្តការងារនេះដោយខ្លួនឯងជាម្ចាស់ក្តី ឬដោយមានពាក្យសន្យាជាមួយថៅកែក្តី ក៏ការងារ​ហូរ​ចេញ​មកពីបុគ្គលតែម្តង។ បុគ្គលហាក់ដូចជាចាក់ស្នាមរបស់ខ្លួនលើធម្មជាតិ និងបង្រ្កាប​ធម្មជាតិ​តាម​បំណង​របស់ខ្លួន​ដែរ។ ជាធម្មតា មនុស្សចិញ្ចឹមជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ដោយសារការងាររបស់គាត់។ ដោយ​សារការងារ គាត់​ក៏រួម​ជា​មួយ​មនុស្សឯទៀតៗជាបងប្អូន​ជួយគេ ហើយ​មាន​សមត្ថភាព​អាច​សម្តែង​សេចក្តី​ស្រឡាញ់​ដ៏ពិតប្រាកដ ចំពោះគេគាត់​ក៏រួមសហការជាមួយ​ព្រះជាម្ចាស់​ក្នុងកិច្ច​ប្រតិស្ឋាន​ពិភព​លោក​ដែរ។ លើសពីនេះទៅទៀត មនុស្ស​គោរព​ព្រះ​ជាម្ចាស់​ដោយ​សារការងាររបស់គាត់នេះឯង។យើង​ក៏​ជឿ​ទៀត​ថា ដោយសារការងារ​ព្រះជាម្ចាស់ បង្រួម​មនុស្សឲ្យរួមសហការ​ជាមួយព្រះ​យេស៊ូគ្រីស្ត ដែល​រំដោះ​មនុស្ស​លោក គឺថា ដោយព្រះយេស៊ូប្រព្រឹត្តការងារ​ផ្ទាល់ព្រះ​ហស្ត​នៅភូមិ​ណាសារ៉ែត ព្រះ​អង្គបានប្រទាន​ឲ្យ​ការងារ​មាន​កិតិ្តយសដ៏ថ្លៃថ្នូរបំផុត។ ហេតុនេះហើយបានជាមនុស្សម្នាក់ៗមាន​ភារកិច្ច​ធ្វើការ​ដោយ​ចិត្ត​ស្មោះ និងមាន​សិទ្ធិ​ធ្វើការបានដែរ។ តាមកាលៈទេសៈ សង្គមត្រូវជួយប្រជាពលរដ្ឋឲ្យមាន​ការងារ​ធ្វើ​គ្រប់​គ្រាន់។មិនតែ​ប៉ុណ្ណោះ ប្រាក់ឈ្នួលការងារនោះ ត្រូវធានាឲ្យមនុស្សមានធនធានល្មម ទាំងខ្លួន ទំាងក្រុម​គ្រួសារ​អាច​រស់​នៅ​យ៉ាង​សមគួរ ក្នុងវិស័យ​សង្គម ក្នុងវិស័យវប្បធម៌និងក្នុងវិស័យខាងវិញ្ញាណ ស្រេចតែមុខងាររបស់ម្នាក់ៗ តាម​សមត្ថភាព​របស់ម្នាក់ៗ ទាំងគិតគូរដល់សភាពការណ៍សហគ្រាស និងដល់ប្រយោជ​ន៍រួមផង។

គ-   តាមធម្មតា មនុស្សរួមគ្នាធ្វើសហការក្នុងសកម្មភាពសេដ្ឋកិច្ច។ ហេតុនះ បើការចាត់ចែងសេដ្ឋកិច្ចនេះ​បណ្តាល​ឲ្យ​ខូច​ប្រយោជន៍ដល់កម្មករសូម្បីតែម្នាក់ ពិតជាអយុត្តិធម៌និងខុសលក្ខណៈជាមនុស្ស។ តាមពិត ជា​ញឹកញាប់ សូម្បីតែ​សព្វ​ថ្ងៃ អស់អ្នកដែលធ្វើការ គិតតែពីផលិផលទុកជាការសំខាន់បំផុត។ គេយល់​ខុស​អំពីបទដ្ឋានគ្រឹះ​នៃសេដ្ឋកិច្ច ដែលនាំឲ្យសភាពការណ៍​ដ៏អាក្រក់បែបនេះកើតឡើង។ ហេតុនេះ ត្រូវ​សម្រប​សម្រួល​ដំណើរនៃ​ការ​ងារ​បង្កើតផល តាម​សេចក្តីត្រូវ​ការ​របស់បុគ្គល និងស្របតាមរបៀបការរស់នៅរបស់គេ ជាពិសេស​តាមរបៀបរស់​នៅ​ក្នុងក្រុមគ្រួសារ ដោយ​យល់​គិតដល់ភេទនិងដល់អាយុជានិច្ចផង។ ត្រូវ​ចាប់​អារម្មណ៍​យ៉ាងពិសេសចំពោះ​ស្រ្តីៗ​ដែល​មានកូន។ ពលករ​ត្រូវមាន​សមត្ថភាពពង្រីកទេពកោសល្យ​និង​បុគ្គលិក​លក្ខណៈរបស់ខ្លួនឲ្យចម្រើនឡើង ដោយ​ប្រព្រឹត្ត​កិច្ចការ​របស់​ខ្លួនដែរ។ ពលករត្រូវយក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​តាម​ពេលវេលា និងតាមកម្លាំងរបស់ខ្លួន។ប៉ុន្តែ សូមឲ្យពលករ​ទាំង​អស់មានពេល​សម្រាក និង​ពេល​លំហែ​កាយ​គ្រប់គ្រាន់ ដោយបណ្តាលឲ្យគេមានជីវិតរស់នៅ​តាម​ក្រុម​គ្រួសារ តាមវប្បធម៌ តាមសង្គម និងតាម​សាសនា​ទៀត​ដែរ។ លើសពីនេះទៅទៀត គេត្រូវមានសមត្ថភាព​លាតត្រដាងទេពកោសល្យនិង​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន ដែលគ្មានឱកាស​ប្រើនៅពេលបំពេញអាជីវកម្មរបស់ខ្លួន។

៦៨-ពលករទទួលចំណែកក្នុងការចាត់ចែងសហគ្រាស

ក-   ក្នុងសហគ្រាសសេដ្ឋកិច្ច មនុស្សរួមគ្នាធ្វើការ គឺជាបុគ្គលមានសេរីភាពនិងស្វយ័ត ដែលព្រះជាម្ចាស់បាន​ប្រតិស្ឋាន​ឲ្យមានលក្ខណៈដូចព្រះអង្គ។ ហេតុនេះ ត្រូវជួយណែនាំឲ្យបុគ្គលិកទាំងអស់ក្នុងសហគ្រាស ទទួល​ចំណែក​យ៉ាង​សកម្ម​ក្នុងការគ្រប់គ្រងសហគ្រាស តាមបែបបទដែលត្រូវបានបញ្ជាក់ជាមួយគ្នា។ ក្នុងករណីនេះ​ត្រូវ​គិត​គូរដល់​មុខងារ​របស់​បុគ្គលិកម្នាក់ៗ គឺម្ចាស់សហគ្រាស ថៅកែជួលកម្មករ​អ្នកក្នុងក្របខ័ណ្ឌ និង​កម្មករ។ ត្រូវថែរក្សា​ឲ្យ​មានឯកភាព​ក្នុង​ការ​ណែ​នាំផង។ ប៉ុន្តែ ជារឿយៗ ផ្នែកសេដ្ឋកិច្ចនិងផ្នែកសង្គមមិន​សម្រេច​នៅ​លើកម្រិត​សហគ្រាសទេ តែសម្រេច​នៅ​កម្រិត​ខាងលើទៅទៀត។ រីឯអនាគតក្រុមពលករ និងអនាគតកូនគេ​វិញក៏អាស្រ័យនៅលើ​សេចក្តី​សម្រេច​ទាំងនោះ​ដែរ។ ហេតុនេះហើយ បាន​ជាពលករ​ត្រូវ​ទទួល​ចំណែក​ក្នុងកិច្ចសម្រេចទាំងនោះ ដោយខ្លួនគេផ្ទាល់ឬដោយ​តំណាង​ដែលគេបានជ្រើសរើស​ដោយ​សេរី។

ខ-   ក្នុងចំណោមសិទ្ធិមនុស្សជាគ្រឹះ ពលករមានសិទ្ធិបង្កើតសមាគមដោយសេរី គឺសមាគម ដែល​អាច​ទៅ​ជា​តំណាង​របស់​គេ​យ៉ាងត្រឹមត្រូវ និងដែលអាចសហការក្នុងការចាត់ចែងជីវិតសេដ្ឋកិច្ចឲ្យបានល្អ។គេហៅ​សមាគម​ទាំង​នោះថា ៉សហជីព។ ពលករក៏មានសិទ្ធិ​ចូលរួមក្នុង​សកម្មភាពសមាគមទាំងនោះដោយសេរី ដោយ​មិន​ខ្លាច​នរណាបៀតបៀន។ ដោយ​ពលក​ររួមចំណែក​ក្នុង​ការចាក់ចែង​សហគ្រាស​នេះ និង​ដោយ​គេ​ទទួល​ការ​អប់រំខាងសេដ្ខកិច្ចនិងខាងសង្គម បុគ្គលិក​ទាំង​អស់ក្នុង​សហគ្រាស​នឹងមានគំនិត​ទទួលខុស​ត្រូវ​កាន់​តែ​ខ្លាំង​ឡើងៗ។ គេមុខជានឹងយល់ឃើញថា គេចូលរួមក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ព្រម​ទាំង​បង្កើត​ប្រយោជន៍​រួមសកល តាមសមត្ថភាព និងតាមទេពកោស​ល្យ​របស់​គេផង។

គ-   នៅពេលកើតជម្លោះទាស់ទែងគ្នាខាងសង្គម ត្រូវយកចិត្តទុកដាក់រកដំណោះស្រាយដោយសន្តិវិធី។ បដិបក្ស​ទាំង​ពីរ ត្រូវ​ចចារជាមួយគ្នាជានិច្ចដោយចិត្តស្មោះ។ ប៉ុន្តែ ជូនកាលក្នុងសភាពកាណ៍ខ្លះនា​បច្ចុប្បន្ន​កាល ប្រសិន​បើ បាន​ប្រើគ្រប់មធ្យោបាយឯទៀតៗនៅតែដោះស្រាយមិនបាន ត្រូវធ្វើកូដកម្ម ដើម្បី​ការពារ​សិទ្ធិ​របស់​ពលករ និង​ជួយ​ឲ្យ​សេចក្តីប៉ង​ប្រាថ្នា​ដ៏ត្រឹមត្រូវរបស់គេ​បានសម្រេច។ ប៉ុន្តែ សូមចចារ​ឡើង​វិញ​នៅពេល​ឆាប់ៗ ប្រសិនបើអាច​ធ្វើ​បាន ដើម្បីធ្វើការព្រមព្រៀងគ្នា។

៦៩-មនុស្ស​ទាំង​អស់​មានសិទ្ធិប្រើ​ប្រាស់ទ្រព្យ​សម្បត្តិ​ទាំងអស់ក្នុង​លោក​នេះ

ក-   ព្រះ​ជា​ម្ចាស់​បាន​តម្រង់​ផែន​ដី និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​លើ​ផែន​ដី​ឲ្យ​មនុស្ស​ទាំង​អស់និងឲ្យ​ប្រជាជន​ទាំង​អស់​ប្រើ​ប្រាស់។ ដូច្នេះភោគ​ទ្រព្យ​ទាំងអស់ដែល​មាន​ក្នុង​ពិភព​លោក​នេះត្រូវហូរមកដល់មនុស្ស​ទាំង​អស់​តាម​សេចក្តីត្រូវការ​របស់​គេ និង​ត្រូវ​តាម​ក្បួនយុតិ្តធម៌ដែល​បំបែក​ពី​សេចក្តី​ស្រឡាញ់​មិន​បាន។ ទោះ​បី​កម្ម​សិទ្ធិ​មាន​របៀបផ្សេងៗ​ស្រប​តាម​ការចាត់ចែងដ៏ត្រឹមត្រូវរបស់​ប្រជាជាតិ​នីមួយៗនិង​តាម​កាលៈ​ទេសៈផ្សេងៗ ដែល​តែង​តែ​ប្រែ​ប្រួល​ក្តី ក៏​ត្រូវ​នឹក​ចង​ចាំ​ជា​និច្ច​ថា​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​ដែលខ្លួនមាន តម្រូវឲ្យ​មនុស្ស​ទាំង​អស់​ប្រើ​ប្រាស់។ ហេតុ​នេះ​ហើយ​បានជាពេល​មនុស្ស​ម្នាក់​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ គេមិន​ត្រូវ​ចាត់ទុកថា ទ្រព្យ​សម្បត្តិ ដែលខ្លួន​មាន​ត្រឹម​ត្រូវ​តាម​ច្បាប់នោះ ជា​កម្មសិទ្ធ​ផ្ទាល់ខ្លួនទេតែ​ត្រូវចាត់ទុកថា ជាកម្មសិទ្ធរួមវិញ។ ហេតុនេះ មិនគ្រាន់តែខ្លួនគេទេអាចប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​បាន តែមនុស្ស​ឯ​ទៀតៗ ក៏​អាច​ប្រើ​ប្រាស់​បាន​ដែរ។ ម្យ៉ាង​ទៀតមនុស្ស​ទាំង​អស់​មាន​សិទ្ធិ​នឹង​បាន​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រាន់​ល្មម​សម្រាប់​ខ្លួន​គេ និង​សម្រាប់​ក្រុម​គ្រួសារ​របស់​គេ​ដែរ។ អស់​គ្រូបាធ្យាយ និងបណ្ឌិត​ដែល​បាន​បង្រៀន​កាលពីដើម តែងមាន​គំនិត​ដូច្នោះ​ដែរ គឺ​អស់​លោក​តែង​ប្រៀន​ប្រដៅថា​គ្រីស្ត​បរិស័ទ​ត្រូវជួយអ្នកក្រីក្រមិន​គ្រាន់​តែ​ដោយយក​អ្វី​ដែល​គេ​សេស​សល់​ប៉ុណ្ណោះ​ឡើយ តែ​ដោយយក​អ្វី​ដែល​ជា​ចាំ​បាច់​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ខ្លួន យក​ទៅ​ចែក​ដល់​អ្នក​ក្រីក្រវិញ។ រីឯ​អ្នក​ដែល​ខ្វះ​ខាត​ទ័ល​ក្រវិញ គេក៏​មាន​សិទ្ធិ​យក​ទ្រព្យ​សម្បត្តិ​ដ៏សម្បូរណ៍របស់​គេ មកទប់​ទល់​នឹង​សេចក្តី​ត្រូវ​ការ​ដ៏ចាំ​បាច់​របស់​ខ្លួន។ ដោយ​មហា​សន្និបាត​ឃើញ​ថា​មនុស្ស​ខ្វះអាហារ​បរិភោគ​ច្រើន​ក្រៃ​លែង​ក្នុង​ពិភពលោកមហា​សន្និបាត​សូមអំពាវ​នាវ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​អ្នក​កាន់​អំណាចសូម​នឹក​ដល់​ពាក្យ​របស់​គ្រូបាធ្យាយ​ដែល​ចែង​ថា "ចូល​ចែក​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លានជិត​ដាច់​ពោះ​ទៅ​ប្រសិន​បើ​អ្នក​មិន​ចែក​អាហារឲ្យគេបរិភោគ​ទេ អ្នក​ដូច​ជា​ប្រហារ​ជីវិត​គេ​ហើយ"។ សូមឲ្យមនុស្ស​គ្រប់​ៗរូប​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​យ៉ាងពិត​ប្រាកដនិង​ចែកឲ្យ​អ្នក​ក្រី​ក្រតាម​សមត្ថភាព​រៀងៗ​ខ្លួន​ដោយ​ប្រគល់​ឲ្យ​ទាំង​បុគ្គល ទាំង​ប្រជាជន​នានា មាន​មធ្យោ​បាយ​អាចទប់​ទល់​សេចក្តី​ខ្វះ​ខាត​របស់​គេ​ដោយ​ខ្លួន​ឯងនិង​អាច​អភិវឌ្ឍន៍ខ្លួន​ថែម​ទៀត​ផង។

ខ-   ក្នុងប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចតិចជាងគេ ប្រពៃណីនិងទំនៀមទម្លាប់នាំឲ្យប្រជាជនចែក​ទ្រព្យ​សម្បត្តិ​ប្រើ​រួម គឺ​ធានា​ឲ្យសមាជិកម្នាក់ៗមានទ្រព្យសម្បត្តិ​ដែលខ្លួនត្រូវការជាចាំបាច់ច្រើនជាងគេ។ ប្រសិន​បើ​ប្រពៃណី និងទំនៀម​ទម្លាប់​ទាំងនោះមិនតបឆ្លើយនឹងសេចក្តីទាមទាររបស់មនុស្ស​បច្ចុប្បន្នកាលនេះ ត្រូវ​ប្រយ័ត្ន​កុំ​យល់​ថា ប្រពៃណី​និង​ទំនៀម​ទម្លាប់ខ្លះមិនអាចប្រែប្រួលបាន។ ផ្ទុយទៅវិញ កុំប៉ះ​ពាល់​ទំនៀម​ទម្លាប់​ដ៏​ទៀង​ត្រង់ ដែលអាច​ជួយ​ប្រជាជន​យ៉ាង​ខ្លាំង​តទៅទៀតលើកលែងតែគេប្រែប្រួលទំនៀម​ទម្លាប់​ឲ្យ​បាន​ទំនើប​យ៉ាង​ត្រឹមត្រូវ។ យ៉ាងណាមិញ ក្នុងប្រទេស​ជឿន​លឿន​ខ្លាំង មានបណ្តាញ​ស្ថាប័ន​ខាងសង្គម ខាងធានា​រ៉ាប់រង និងខាងសុវត្ថិភាពក្នុងសង្គម អាចជួយ​ចែក​ទ្រព្យ​សម្បត្តិខ្លះឲ្យគេប្រើប្រាស់គ្រប់គ្នា។ ត្រូវការ​បន្ត​អភិវឌ្ឍន៍​សេវាកម្មសម្រាប់ក្រុមគ្រួសារនិ​ងសង្គម ជាពិសេស​សេវាកម្ម​ដែល​ជួយ​ខាងវប្បធម៌និងការអប់រំ។ ក៏​ប៉ុន្តែ ក្នុងកិច្ចសម្រួលស្ថាប័នទាំងនោះ ត្រូវប្រយ័ត្នកុំបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឥរិយាបថ​ចង់​តែ​ទទួល​អំណោយ ដោយមិនធ្វើអ្វីសងវិញ មិនព្រមទទួលខុសត្រូវ ហើយមិនព្រម​បម្រើ​អ្នកដទៃ។

៧០-វិនិយោគ និងបញ្ហារូបិយវត្ថុ

ចំណែកឯវិនិយោគវិញ ត្រូវធានាឲ្យប្រជាជនមានការងារធ្វើ និងជូនកម្រៃគ្រប់គ្រាន់ដល់គេ​នាបច្ចុប្បន្នកាល និង​អនាគត​កាល។ អស់អ្នកសម្រេចធ្វើវិនិយោគ ដូចអស់អ្នក​ដែល​មានតួនាទីសម្រេច​និងចាត់ចែង​ជីវិត​សេដ្ឋកិច្ច ពោលគឺ បុគ្គល ក្រុម និងរដ្ឋអំណាច ត្រូវយកចិត្តទុកដាក់នឹង​គោល​ដៅទាំងនេះ និងដឹងខ្លួនអំពី​ភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន។ ម្យ៉ាង អស់​លោក​ត្រូវចាត់វិធានការ ដើម្បី​ទប់​ទល់នឹងសេចក្តីត្រូវការជូនប្រជាជនទាំងបុគ្គល ទាំងសហគមន៍ទាំងមូល ឲ្យមាន​ជីវភាព​សមរម្យ។ ម្យ៉ាង​ទៀត ត្រូវ​គ្រោងទុកអនាគត​និងធានាតុល្យភាពដ៏ត្រឹមត្រូវ រវាង​សេចក្តីត្រូវការ​របស់​បុគ្គល​ម្នាក់ៗ​និង​សហគមន៍នាបច្ចុប្បន្ន ហើយនិងវិនិយោគសម្រាប់អនាគត គឺបុគ្គលម្នាក់ៗនិង​សហគមន៍នា​បច្ចុប្បន្នចង់​បាន​ទ្រព្យ​សម្បត្តិ​ប្រើប្រាស់ភ្លាម ប៉ុន្តែត្រូវគិតដល់​វិនិយោគតាម​សេចក្តីត្រូវការសម្រាប់​កូនចៅនៅ​ពេល​អនាគតទៀត​ផង។ ត្រូវនឹក​គិត​ជា​និច្ចអំពី​សេចក្តី​ត្រូវ​ការជាចាំបាច់របស់​ប្រជា​ជាតិនានា និងតំបន់ដែល​មានសេដ្ឋកិច្ច​អន់ជាង​គេ។ រីឯ​ខាង​រូបិយវត្ថុ​វិញ​ត្រូវប្រយ័ត្នកំុបង្ខូចផលប្រយោជន៍​ប្រទេស​របស់ខ្លួន​និងផលប្រយោជន៍​ប្រជាជាតិដទៃទៀត​ផង។ ត្រូវ​ប្រយ័ត្ន មិន​ត្រូវ​បណ្តាល​ឲ្យអស់អ្នកក្រជាងគេ ត្រូវ​បង់ខាតយ៉ាងអយុត្តិធម៌​ដោយផ្លាស់​ប្តូរតម្លៃនៃរូបិយវត្ថុ។

៧១-ផ្លូវចូលទៅកាន់កម្មសិទ្ធ និងកាន់សម្បត្តិទ្រព្យឯកជន

ក-   កម្មសិទ្ធនិងការកាន់សម្បត្តិទ្រព្យឯកជនតាមរបៀបឯទៀតៗ ជួយឲ្យមនុស្សអាចបញ្ចេញលក្ខណៈ​សម្បត្តិ​របស់​ខ្លួន ព្រម​ទាំង​ហុចឳកាសឲ្យគេទទួលខុសត្រូវក្នុងសង្គមនិងក្នុងសេដ្ឋកិច្ច។ហេតុនេះហើយ ត្រូវជួយ​បុគ្គល និងក្រុម​ផ្សេងៗ​ឲ្យ​មាន​ផ្លូវចូលទៅកាន់អំណាចខ្លះលើសម្បត្តិទ្រព្យ។ ការនេះមានសារៈសំខាន់​ខ្លាំង​ណាស់។

ខ-   កម្មសិទ្ធឯកជននិងអំណាចខ្លះលើសម្បត្តិទ្រព្យ ធានាឲ្យមនុស្សម្នាក់ៗនិងក្រុមគ្រួសារបានស្វ័យភាពដែលខ្លួន​ត្រូវ​ការ​ជា​ចាំ​បាច់។ ត្រូវចាត់កម្មសិទ្ធឯកជន ទុកជាគ្រឿង​បន្ត​សេរីភាពរបស់មនុស្ស។ ​មិនតែប៉ុណ្ណោះ កម្មសិទ្ធ​ឯកជន​ជួយឲ្យ​មនុស្ស​ចេះ​ទទួល​ខុសត្រូវកាន់តែខ្លាំងឡើងៗ។កម្មសិទ្ធឯកជន​ពិតជាលក្ខ័ណ្ឌមួយ ជួយ​ឲ្យ​មាន​សេរីភាព​ក្នុងសង្គម។

គ-   របៀបកាន់អំណាចលើសម្បត្តិទ្រព្យ​និងកម្មសិទ្ធឯកជន មានរបៀបផ្សេងៗពីគ្នានាសម័យបច្ចុប្បន្ន ហើយ​ត្រូវ​តែ​មាន​របៀបផ្សេងៗកាន់តែច្រើននៅពេលអនាគតទៀតជាមិនខាន។ ប៉ុន្តែ របៀបកាន់កាប់ទ្រព្យ​និង​កម្មសិទ្ធ​ឯកជន​ទាំងនោះ នៅតែជាប្រភពនៃ​សុវត្ថិភាពក្នុងសង្គមដ៏មានតម្លៃ។ ត្រូវរាប់​បញ្ចូល​មូលនិធី​ផ្សេងៗ​ក្នុង​សង្គម សិទ្ធិនិង​សេវាកម្ម​ដែល​សង្គម​ធានា​រ៉ាប់រងទៀតដែរ។ សេចក្តីនេះ​មិនត្រឹម​ត្រូវ​ចំពោះ​តែ​កម្មសិទ្ធិ​ខាង​សម្ភារៈ​ប៉ុណ្ណោះទេ តែត្រឹម​ត្រូវចំពោះ​សម្បត្តិ​ទ្រព្យ​អរូបី ដែលមានសមត្ថភាពខាងអាជីវកម្មជាដើមដែរ។

ង-   ការកាន់កាប់កម្មសិទ្ធឯកជនជាការត្រឹមត្រូវ ដែលមិនទាស់នឹងរបៀបផ្សេងៗសម្រាប់កាន់កាប់​កម្មសិទ្ធ​សាធារណៈ​ទេ។ ប៉ុន្តែ រដ្ឋអំណាចអាចផ្ទេរកម្មសិទ្ធិឯកជនទៅជា​កម្មសិទ្ធ​សាធារណៈបាន លុះត្រាតែ​មាន​ប្រយោជន៍​រួម និង​តាម​ព្រំដែននៃប្រយោជន៍រួមនោះ។ រដ្ឋអំណាចត្រូវបង់​ប្រាក់ជាថ្នូរឲ្យបានសមរម្យ។ រដ្ឋ​អំណាច​មាន​សមត្ថកិច្ច​ជៀស​វាង​មិន​ឲ្យ​គេ​ប្រើកម្មសិទ្ធឯកជនហួសព្រំដែន គឺផ្ទុយនឹងប្រយោជន៍រួមដែរ។

ច-   ដោយលក្ខណៈផ្ទាល់របស់កម្មសិទ្ធឯកជន កម្មសិទ្ធឯកជននោះក៏មានលក្ខណៈជាសង្គមដែរ ដោយ​សំអាង​លើ​ច្បាប់​វិន័យ​តម្រូវឲ្យមនុស្សទាំងអស់អាចប្រើប្រាស់ទ្រព្យសម្បត្តិនោះបាន។ មនុស្សមានចិត្តលោភលន់ មិន​គោរព​លក្ខណៈ​សង្គម​នៃ​កម្មសិទ្ធិឯកជន ហើយកើតអសន្តិសុខ​ជាទម្ងន់។សភាពការណ៍នេះជាមូលហេតុនាំ​ឲ្យ​អស់​អ្នក​ដែលជំទាស់​នឹង​សិទ្ធិកាន់កាប់កម្មសិទ្ធ អាចតវ៉ាបាន។

ឆ-   ក្នុងតំបន់ជាច្រើនដែលមានសេដ្ឋកិច្ចមិនជឿនលឿន មានអ្នកខ្លះកាន់​កាប់ស្រែ​ចម្ការដ៏ធំទូលំទូលាយ​សម្បើម​ទុក​ជា​កម្មសិទ្ធ​ឯកជន។ តែម្ចាស់កម្មសិទ្ធទាំងនោះមិនសូវអភិវឌ្ឍន៍ដីនោះ​ទេ ឬទុកសម្រាប់កេង​កម្រៃ​នៅ​ពេល​ក្រោយវិញ។ នៅ​ពេលជាមួយគ្នានោះ ប្រជាជនភាគច្រើនគ្មានដី​ធ្វើស្រែចម្ការ ឬមានដីទំហំតួចពេក។ ម៉្យាង​ទៀត​មនុស្សលោក​ត្រូវ​ការ​ភោគផល​កសិកម្មជាបន្ទាន់​យ៉ាងជាក់ច្បាស់។ ធម្មតា កូន​ឈ្នួល​របស់​ម្ចាស់​ដី​ស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ទាំងនោះ ជួល​តែ​ក្បាលដីតូច ឬទទួលកម្រៃ​និងបៀវត្ស៍មិនសមនឹងឋានៈជាមនុស្ស គ្មាន​កន្លែង​រស់​នៅ​សមរម្យ និងត្រូវអ្នក​កណ្តាល​ជិះ​ជាន់​កេងបន្លំទៀតផង។ គេគ្មានការងារជាប់លាប់ រស់នៅជា​ចំណុះ​ម្ចាស់​គេ មិនអាចទទួល​ខុសត្រូវឬចាប់ផ្តើម​គំនិត មិន​អាច​ចម្រើនខាងវប្បធម៌ មិនអាច​ចូលរួម​សហការ​ក្នុង​សង្គម និងនយោបាយជាដើម។ ហេតុនេះ ត្រូវតែកែទម្រង់​សភាពការណ៍ដ៏អាក្រក់នេះ ដើម្បីឲ្យកសិករ​មាន​កម្រៃច្រើនជាង ឲ្យមានរបៀបធ្វើការស្រួលជាង ឲ្យ​មាន​ការងារជាប់​រហូត ជួយឲ្យគេមានគំនិតផ្ទាល់។ ត្រូវ​យក​ដីដែលគេមិនទាន់អភិវឌ្ឍ យកទៅចែកដល់​មនុស្ស​ដែលអាចភ្ជួរ​រាស់ដី​ទាំង​នោះ​ឲ្យបានភោគផល។ ក្នុង​ករណី​នេះ ត្រូវផ្តល់ឲ្យគេមាន​ធនធាន មាន​ប្រដាប់ប្រដាដែលគេត្រូវការជាចាំបាច់ ជា​ពិសេស ត្រូវ​ផ្តល់​ឲ្យ​គេ​មាន​មធ្យោបាយអប់រំខ្លួន និងសមត្ថភាព​ចាត់ចែងតាមរបៀប​ជាសហករណ៍។ គ្រប់ពេល​ប្រយោជន៍​រួមទាមទារ​ឲ្យ​ដក​ហូតក្បាលដីពីឯកជនម្នាក់ៗត្រូវ មានសំណង​តាម​យុត្តិធម៌ ដោយរិះគិតពីគ្រប់​សភាពការណ៍ផង។

៧២-សកម្មភាពសេដ្ឋកិច្ច និងសង្គមទាក់ទិននឹងព្រះរាជ្យរបស់ព្រះជាម្ចាស់

ក-   គ្រីស្តបរិស័ទដែលអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមយ៉ាងសកម្ម និងដែលតយុទ្ធដើម្បីយុត្តិធម៌និង​សេចក្តី​ស្រឡាញ់ ត្រូវ​ជឿ​ជាក់ថា ដោយប្រព្រឹត្តដូច្នេះ គេអាចជួយយ៉ាងខ្លាំងឲ្យមនុស្សជាតិចម្រើនឡើង និងមានសន្តិភាព​ក្នុង​ពិភព​លោក។ ពួកគេ​ទោះជាបុគ្គលម្នាក់ៗក្តី ឬរួមគ្នាក្តី ក៏ចាំងពន្លឺដោយធ្វើគំរូ​ដល់​អ្នកដទៃ ក្នុង​សកម្មភាព​ទាំង​នោះ។ ពួកគេត្រូវមាន​សមត្ថភាព​និងបទពិសោធន៍ជាចាំបាច់បំផុត។ក្នុង​ចំណោមកិច្ចការក្នុងលោកនេះ សូម​ឲ្យ​គេ​កាន់តាមអ្វីៗដ៏មានតម្លៃ​ច្រើន​ជាងគេ គឺសូមឲ្យគេមាន​ចិត្ត​ស្មោះ​នឹងព្រះគ្រីស្តនិងដំណឹងល្អរបស់ព្រះអង្គ ដើម្បី​ឲ្យ​ការរស់នៅទាំងមូល​របស់គេ​ម្នាក់ៗ ឬរួមគ្នា ជ្រួតជ្រាប​ដោយគំនិតរបស់ព្រះយេស៊ូដែល​ប្រកាស​អំពី​សុភមង្គល​ដ៏​ពិតប្រាកដ ជាពិសេស ឲ្យគេ​ដាក់​ខ្លួន​ជាមនុស្សក្រីក្រ។

ខ-   អស់អ្នកដើរតាមព្រះគ្រីស្ត ត្រូវស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមុនសិន។ គេរកឃើញសេចក្តី​ស្រឡាញ់​យ៉ាងខ្លាំង​និង​បរិសុទ្ធ ដើម្បីជួយមនុស្សទាំងអស់ជាបងប្អូន និងជួយ​តែងតាំងយុត្តិធម៌ ដោយសេចក្តី​ស្រឡាញ់​ជំរុញ​គេ​ផង។ (សូមអាន លក ៣,១១១០,៣០ត;១១,៤១ ១សល ៥,មក ៨,៣៦១២,២៩-៣១យក ៥,១-៦១ធម ៤,២៨អភ ៤,២៨២ករ​៨,១៣ត១យហ៣,១៧១-៨)។

ជំពូក៤
ការរស់នៅនៃសហគមន៍នយោបាយ

៧៣-ការរស់នៅសាធារណៈនាបច្ចុប្បន្នកាល

ក     សព្វថ្ងៃ យើងអាចសង្កេតឃើញថា រចនាសម្ពន្ធនិងស្ថាប័នប្រជាជនជាច្រើនប្រែប្រួលយ៉ាងខ្លំាង។ ការ​ប្រែ​ប្រួល​ទាំង​នោះ ក៏ស្របតាមការវិវឌ្ឍន៍ វប្បធម៌ សេដ្ឋកិច្ច និងសង្គមប្រជាជនទាំងនោះដែរ។ ការប្រែប្រួល​ទាំង​នោះ​មាន​ឥទ្ធិពល​ជាខ្លាំងលើការរស់​នៅរបស់សហគមន៍នយោបាយ ជាពិសេស​ក្នុងវិស័យសិទ្ធិ និង​ភារកិច្ច​របស់​មនុស្ស​ម្នាក់ៗ ដែលប្រើ​សិទ្ធិសេរីភាពក្នុងឋានៈជា​ប្រជា​ពលរដ្ឋ និងដែលចង់ស្វែងរកប្រយោជន៍រួម។ ការ​ប្រែប្រួល​ទាំងនោះ​ក៏មាន​ឥទ្ធិពល​លើ​ការ​ចាត់ចែងទំនាក់ទំនងរបស់​ប្រជាពលរដ្ឋទៅវិញទៅមក និង​ក្នុង​ការ​ចាត់​ចែងទំនាក់ទំនងរបស់​គេជាមួយ​រដ្ឋ​អំណាច​ផង​ដែរ។

ខ     មនុស្សនាបច្ចុប្បន្ន ដឹងខ្លួនកាន់តែច្បាស់អំពីកិត្តិយសរបស់ខ្លួនជាមនុស្ស។ ហេតុនេះ តាមតំបន់ផ្សេងៗក្នុង​ពិភព​លោក មនុស្សខិតខំតែងតាំងរបៀបរៀបរយនយោបាយនិងច្បាប់ ដែល​អាចការពារ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ក្នុងការរស់នៅ​ជា​សាធារណៈ។ឧបមាថា សិទ្ធិជួបជុំគ្នានិងបង្កើតសមាគម សិទ្ធិ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន និង​ប្រកាសសាសនា​របស់​ខ្លួនទាំងនៅទីឯកជន និងនៅទីសាធារណៈ។ល។ការធានារា៉ប់រងសិទ្ធិបុគ្គល ពិតជា​លក្ខខណ្ឌ​ដ៏ចាំបាច់មិនអាច​ខានបាន ដើម្បីឲ្យ​ប្រជាពលរដ្ឋ ទាំងបុគ្គលម្នាក់ៗ ទាំង​ក្រុមអាច​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការរស់​នៅ​ជាសាធារណៈនិងក្នុងការ​គ្រប់គ្រងកិច្ចការសាធារណៈផងដែរ។

គ     មនុស្សមួយចំនួនធំបញ្ជាក់បំណងរបស់ខ្លួនចង់ទទួលចំណែកក្នុងការចាត់ចែងនៃសហគមន៍នយោបាយ។ បំណង​នេះ ក៏​ភ្ជាប់​យ៉ាងស្អិតល្មួតជាមួយការចម្រើនខាងវប្បធម៌ ខាងសេដ្ឋកិច្ច និងខាងសង្គម។ មនុស្ស​ជាច្រើន​មាន​មនសិកា​រកាន់​តែ​ខ្លាំង​ឡើងៗ ចង់រក្សាទុកសិទ្ធិជនជាតិភាគតិចក្នុងប្រទេសនីមួយៗ ទាំង​យក​ចិត្ត​ទុក​ដាក់នឹង​ភារកិច្ច​របស់​ខ្លួន​ចំពោះ​សហគមន៍​នយោបាយ។ ម៉្យាងទៀត មនុស្សកាន់តែ​ខ្លាំង​ឡើងៗ មិន​ជំទាស់​នឹង​អ្នក ដែលមានយោបល់​ឬដែល​កាន់​សាសនា​ប្លែកពីគេ។ កាលពីមុន​មាន​មនុស្ស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ មានឯកសិទ្ធិ​អាច​ប្រើ​សិទ្ធិបុគ្គល​បាន។ ឥឡូវ ​មាន​មនុស្សជាច្រើនរួមសហការគ្នា​កាន់តែខ្លាំង​ឡើងៗ អាច​ជួយឲ្យប្រជាពលរដ្ឋ​ទាំង​អស់ប្រើ​សិទ្ធិរបស់ខ្លួន។

ង     ផ្ទុយទៅវិញ​មនុស្សនាបច្ចុប្បន្ន តែងបោះបង់ចោលរបបនយោបាយ ដែលរារាំងសិទ្ធិសេរីភាពក្នុងសង្គម ឬរា​រាំង​សិទិ្ធ​សេរីភាព​ខាង​សាសនា ដូចមានតាមតំបន់ផ្សេងៗក្នុងពិភពលោក។របបនយោបាយទាំងនោះ​បណ្តាល​ឲ្យ​មានជន​រង​គ្រោះជាច្រើន ដោយអំពើហឹង្សា ឬដោយ​អំពើ​ឧក្រិដ្ឋខាងនយោបាយ។ របប​ទាំងនោះ​ក៏​ប្រែ​សកម្មភាព​នៃរដ្ឋ​អំណាច ដើម្បីជាប្រយោជន៍ដល់គណៈតូចមួយ ឬដល់អ្នក​កាន់​អំណាច មិនយក​សកម្មភាព​នោះ​មកបម្រើ​ប្រយោជន៍​រួម។

ច     គ្មានអ្វីសំខាន់ជាងការអភិវឌ្ឍន៍ចិត្តគំនិតមនុស្ស ឲ្យស្រឡាញ់យុត្តិធម៌ ឲ្យមានចិត្តសប្បុរស ឲ្យយក​ចិត្តទុក​ដាក់​នឹង​ប្រយោជន៍​រួម។ ត្រូវពង្រឹងគំនិតជាគ្រឹះអំពីលក្ខណៈដ៏ពិតប្រាកដនៃសហគមន៍នយោបាយ និង​អំពី​គោល​ដៅ​សហគមន៍​នេះហើយ​អំពី​របៀប​រដ្ឋប្រើ​ប្រាស់​អំណាចរបស់ខ្លួន ដែលមាន​កំណត់ព្រំដែន។ ប្រសិនបើ​មាន​គេ​អប់រំដូច្នេះ មុខជា​ការ​រស់​នៅ​ខាង​នយោបាយមានលក្ខណៈជាមនុស្សយ៉ាង​ពិតប្រាកដមែន។

៧៤-លក្ខណៈ និងគោលដៅនៃសហគមន៍នយោបាយ

ក     បុគ្គលម្នាក់ៗ ក្រុមគ្រួសារ ក្រុមផ្សេងៗ និងអស់អ្នកដែលរួមគ្នាជាសហគមន៍ប្រជាពលដ្ឋ ក៏ដឹងខ្លួនថា គេ​មិន​អាច​រស់​នៅ​តែ​ម្នាក់ឯង ដោយមិនពេញលក្ខណៈជាមនុស្សបានទេ។ គេយល់ឃើញថា គេ​ត្រូវ​ការ​សហគមន៍​ធំ​ជាង គឺ​មនុស្ស​ទាំង​អស់​នឹងរួមកម្លាំងគ្នាជារៀងរាល់ថ្ងៃ បង្កើតប្រយោជន៍រួម​ឲ្យកាន់​តែ​ប្រសើរឡើងៗ ក្នុង​សហគមន៍​នេះ។ ហេតុនេះ​ហើយ​បានជា គេតែង​តាំងស​ហគមន៍នយោបាយ តាមរចនាសម្ពន្ធផ្សេងៗពីគ្នា។ សហគមន៍នយោបាយនេះ​កើតឡើង​ដើម្បីជាប្រយោជន៍រួម ត្រូវកើតឡើងត្រឹមត្រូវ និងមានអត្ថន័យ​ដោយសារ​តែ​ប្រយោជន៍រួមនេះប៉ុណ្ណោះ។ សហគមន៍​នយោបាយនេះ បង្កើតច្បាប់ទាំង​ប៉ុន្មាន​ដោយ​យកប្រយោជន៍​រួម​នេះ​ជាប្រភព។ រីឯប្រយោជន៍រួមវិញ មាន​ន័យថា គ្រប់​នៃ​ការរស់នៅក្នុងសង្គម ដែលបណ្តាលឲ្យមនុស្ស ឲ្យ​ក្រុម​គ្រួសារ ឲ្យក្រុមផ្សេងៗបាន​ពេញលក្ខណៈ កាន់​តែ​ពេញ​លេញនិងស្រួលផង។

ខ     ប៉ុន្តែ មនុស្សរួមក្នុងសហគមន៍នយោបាយ មានច្រើន ហើយប្លែកពីគ្នា និងមានយោបល់ប្លែកៗគ្នាថែមទៀតផង តាម​សិទ្ធិដ៏​ត្រឹមត្រូវ​របស់​គេ។ បើម្នាក់ៗប្រព្រឹត្តតាមយោបល់រៀងៗខ្លួន មុខជាសហគមន៍​នយោបាយ​បាក់បែក​គ្នា​ពុំខាន។ ដូច្នេះ ត្រូវមាន​អំណាចមួយត្រួតត្រាពីលើ ដែលអាចតម្រង់ថាមពលរបស់មនុស្សទាំង​អស់បាន។ អំណាច​នោះ មិន​ត្រូវ​តម្រង់​ថាមពលទាំងនោះដូច​ជាគ្រឿងម៉ាស៊ីន ឬដោយត្រួតត្រាបែបផ្តាច់ការបានទេ តែ​អំណាច​នោះបំពេញ​មុខងារ​របស់​ខ្លួន​ហាក់ដូចជាកម្លាំងខាងវិញ្ញាណ ដែលសំអាង​លើសេរីភាព​និង​លើ​គំនិត​របស់​មនុស្សទទួលខុសត្រូវ។

គ     សហគមន៍នយោបាយ និងរដ្ខអំណាចមានគ្រឹះយ៉ាងជាក់ច្បាស់ ក្នុងលក្ខណៈរបស់មនុស្ស។ បើដូច្នេះមែន សហគមន៍​នយោបាយ និងរដ្ខអំណាចក៏ហូរមក​ពីរបៀប​រៀប​រយដែលព្រះជាម្ចាស់បានកំណត់ហើយនោះដែរ។ ប៉ុន្តែ ចំពោះការ​បញ្ជាក់របបនយោបាយ និងការជ្រើស​រើស​អ្នកដឹកនាំប្រទេសវិញ ស្រេចតែប្រជាពលរដ្ខ​ជ្រើស​រើស​ដោយ​សេរី តាម​បំណងប្រាជ្ញារបស់ខ្លួន (រម ១៣,​១-៥)។

ឃ.  យោងតាមសេចក្តីនេះ រដ្ឋអំណាច ទោះបីគេប្រើអំណាចក្នុងរង្វង់សហគមន៍នយោបាយក្តី ឬតាមស្ថាប័ន​ជា​តំណាង​របស់រដ្ឋក្តី ត្រូវតែប្រើតាមព្រំដែននៃរបៀបរៀបរយនៃសីលធម៌ជានិច្ច។ រដ្ឋក៏ត្រូវប្រើអំណាចដើម្បីជា​ប្រយោជន៍​រួម ស្រប​តាម​ក្បួន​ច្បាប់ដែលប្រជាពលរដ្ឋបានតែងតាំងរួចហើយ ឬត្រូវតែងតាំងនៅពេលអនាគត (ត្រូវ​គិតគូរអំពី​ប្រយោជន៍​រួមដូច​ជាកម្លាំង​មួយ)។ បើពិតជាដូច្នេះមែន ទើបប្រជាពលរដ្ឋត្រូវ​តែស្តាប់​តាម​បញ្ជា​របស់​រដ្ឋ​អំណាច តាម​មនសិការ​របស់​ខ្លួន(រម ១៣,៥)។ ហេតុនេះហើយបានជា ប្រជាពល​រដ្ឋ​ត្រូវ​ទទួល​ស្គាល់​ថា អ្នកកាន់អំណាចជាអ្នកទទួល​ខុស​ត្រូវ មាន​កិត្តិយស​យ៉ាង​ថ្លៃថ្នូរ និង​មាន​មុខងារ​ដ៏សំខាន់​មែន។

ង.    ប្រសិនបើរដ្ឋអំណាចប្រព្រឹត្តហួសពីសមត្ថកិច្ចរបស់ខ្លួន បែរទៅជិះជាន់ប្រជាជន ពេលនោះ​ប្រជាពលរដ្ឋមិន​ត្រូវ​រាញរា​ធ្វើកិច្ចការ​ដែលមាន​ប្រយោជន៍​រួម​យ៉ាងជាក់ច្បាស់នោះទេ។ ប៉ុន្តែ ប្រជាជនត្រូវមានច្បាប់​អនុញ្ញាត​ដែល​អាចឲ្យគេ​ការ​ពារ​សិទ្ធិរបស់ខ្លួន និងសិទិ្ធប្រជាពលរដ្ឋ​ឯទៀតៗ​ដែល​ត្រូវ​រង​គ្រោះ​ដោយ​រដ្ឋ​អំណាច​ជិះជាន់​នោះ។ ប្រជាជន​ត្រូវ​តែ​គោរពព្រំដែននៃច្បាប់ដែលមកពីធម្មជាតិ និងធម្មវិន័យមកពីដំណឹង​ល្អ​ផង​ដែរ។

ច.    រីឯសហគមន៍នយោបាយតែងតាំងរចនាសម្ព័ន្ធរបស់ខ្លួន និងចាត់ចែងតុល្យភាពយ៉ាងស្រួល​នៃ​រដ្ឋ​អំណាច មាន​របៀប​ជាច្រើន​ប្លែកៗពីគ្នា ស្រប​តាមទេពកោសល្យប្រជាជននីមួយៗ និង​ស្របតាម​ដំណើរ​នៃ​ប្រវត្តិ​សាស្រ្ត។ ក៏ប៉ុន្តែ រចនា​សម្ពន្ធទាំងនោះ ត្រូវបម្រើការអប់រំមនុស្សជានិច្ច គឺអប់រំគេឲ្យមានវប្បធម៌ ឲ្យ​ស្រឡាញ់​សន្តិភាព ឲ្យមានចិត្តមេត្តា​ករុណា​ចំពោះមនុស្ស​គ្រប់ៗរូប ដើម្បីជា​ប្រយោជន៍ដល់​មហា​គ្រួសារ​នៃ​មនុស្ស​ជាតិ​ទាំងមូល។

៧៥-ប្រជាពលរដ្ឋទាំងអស់រួមសហការក្នុងការរស់នៅជាសាធារណៈ

ក     រចនាសម្ព័ន្ធនយោបាយនិងក្បួនច្បាប់ដែលផ្តល់​ឲ្យ​ប្រជាពលរដ្ឋទាំងអស់មានលទ្ធភាព ដោយ​សេរីនិងយ៉ាង​សកម្ម​កាន់តែទូលំទូលាយឡើង ទាំងមិនរើសមុខនរណាសោះឡើយ ពិត​ជា​ត្រឹម​ត្រូវ​តាម​លក្ខណៈ​របស់​មនុស្ស​មែន​គឺ​ប្រជាពលរដ្ឋត្រូវមានលទ្ធភាពទទួលចំណែក​ក្នុងការតែងតាំង​គ្រឹះ​នៃ​ក្បួន​ច្បាប់​របស់​សហគមន៍​នយោបាយ និងក្នុង​ការ​ត្រួតត្រា​លើកិច្ចសាធារណៈ។ ប្រជាពលរដ្ឋក៏ត្រូវមានលទ្ធភាពទទួលចំណែក ក្នុង​ការ​កំណត់​សកម្មភាព​និងគោល​ដៅនៃ​ស្ថាប័ន​នានា និងក្នុងការ​បោះ​ឆ្នោត​រើសអ្នកដឹកនាំដែរ។ សូម​ប្រជាពល​រដ្ឋ​ទាំង​អស់នឹកចងចាំថា គេមានសិទ្ធិនិង​ភារកិច្ច​ប្រើ​សន្លឹកឆ្នោត​ដោយសេរី​ដើម្បី​ជាប្រយោជន៍រួម។ព្រះសហ​គមន៍​រាប់រកយ៉ាងខ្លាំង និងសរសើរ​សកម្មភាព​របស់អស់​អ្នក​ដែលប្តេជ្ញាចិត្តបម្រើ​កិច្ចការ​សាធារណៈ និងដែល​ទទួល​បន្ទុក​បម្រើមនុស្សទាំងអស់។

ខ     ត្រូវការមានលក្ខន្តិកៈច្បាប់ជាចាំបាច់ ចាត់ចែងនិងចែកមុខនាទីនិងស្ថានប័ននានានៃរដ្ឋ​អំណាច​យ៉ាង​សមរម្យ។ ត្រូវ​មានអង្គភាព​ឯករាជ្យមួយ ការពារសិទ្ធិ​យ៉ាងសកម្ម ដែលមិននៅជាចំណុះនរណាឡើយដែរ។ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ទទួល​ការខុស​ត្រូវ អាចរួមសហការគ្នា និងអាចបង្កើតផល​ល្អ​ដ៏​ប្រសើរ​ក្នុង​ការ​រស់​នៅ​តាម​នយោបាយ​ប្រចាំថ្ងៃ។ សូម​ឲ្យរដ្ឋអំណាចទទួលស្គាល់សិទ្ធិ​របស់បុគ្គលទាំងអស់ សិទ្ធិរបស់ក្រុមគ្រួសារ និង​សិទ្ធិ​របស់ក្រុមនានា ហើយសូម​ឲ្យ​រដ្ឋអំណាចអនុញ្ញាតឲ្យគេអាចប្រព្រឹត្តតាមសិទ្ធិទាំងនោះបាន។ សូមឲ្យ​រដ្ឋអំណាច​គោរព និងលើក​តម្លៃនៃសិទ្ធិទាំង​នោះ។សូមឲ្យរដ្ឋអំណាចទទួលស្គាល់ភារកិច្ចដែល​ប្រជាពលរដ្ឋ​ទាំង​អស់ត្រូវ​អនុវត្តតាម។ ត្រូវរំឭកប្រជាពលរដ្ឋ​ថា ក្នុង​ចំណោម​ភារកិច្ច​ទាំងនោះ មាន​ភារកិច្ចបម្រើរដ្ឋ​ដោយ​បង់​ពន្ធដារ ឬដោយកម្លាំងពលកម​្ម តាមតែប្រយោជន៍​រួមទាម​ទារ។ អ្នក​ដឹកនាំ​មិន​ត្រូវ​បង្កើត​ឧបសគ្គ​ដល់​សមាគមនានា គឹដល់សមាគមក្រុមគ្រួសារ ដល់សមាគមក្នុងសង្គមដល់​សមាគម​វប្បធម៌​ដល់​អង្គភាព​និង​ដល់​ស្ថាប័ន​កណ្តាល ហើយក៏មិនត្រវឃាត់ឃាំងសកម្មភាព​ដ៏ត្រឹមត្រូវ​តាមច្បាប់​ៃន​សហគមន៍និងក្រុម​ទាំងនោះ​ជា​ដាច់​ខាត។ ផ្ទុយទៅវិញ សូមឲ្យរដ្ឋអំណាចយកចិត្តទុកដាក់ជួយសមាគមនិងក្រុមទាំង​នោះ​ឲ្យមាន​របៀប​រៀប​រយ។ រីឯប្រជាពលរដ្ឋ​វិញ ម្នាក់ៗក្តី រួមជាក្រុមក្តី សូមជៀសវាងកុំប្រគល់អំណាច​ខ្លាំងពេកដល់​រដ្ឋ​អំណាច។ សូម​កុំអង្វរ​រដ្ឋអំណាចខុស​ពេល ដើម្បីទាមទារជំនួយនិងអត្ថប្រយោជន៍ហួសហេតុ ដែលអាចបណ្តាល​ឲ្យ​បុគ្គល​ឲ្យគ្រួសារ និង​ឲ្យ​ក្រុមនានាក្នុងសង្គម ទទួលខុសត្រូវតិចជាងពីមុន។

គ     នៅសម័យយើងនេះ សភាពការណ៍កាន់តែស្មុគស្មាញឡើងៗ បង្ខំឲ្យរដ្ឋអំណាចធ្វើអន្តរាគមន៍កាន់តែមមាញឹក ក្នុង​វិស័យសង្គម វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៌ ដើម្បីរៀបចំលក្ខ័ណ្ឌងាយស្រួល​នាំឲ្យប្រជាពលរដ្ឋនិង​ក្រុម​នានា​អាច​រកប្រយោជន៍ទាំងស្រុងរបស់មនុស្ស ក្នុងសេរីភាព កាន់តែសកម្មឡើង។ តាមពិត​ត្រូវយល់អំពី​ទំនាក់​ទំនងរវាង​សង្គមូបនិយកម្មនិង​ស្វ័យភាព ឬការអភិវឌ្ឍន៍បុគ្គលម្នាក់ៗ តាមរបៀបផ្សេងៗពីគ្នា ស្របតាម​តំបន់ និងស្រប​តាម​ការ​វិវឌ្ឍន៍​នៃប្រជាជាតិនានា។ ប៉ុន្តែ ប្រសិន​បើរដ្ឋអំណាចបន្ថយសិទ្ធិមនុស្សមួយ​រយៈ​ពេល​ដោយគិត​ដល់​ប្រយោជន៍រួម ត្រូវដាក់ចូលសិទ្ធិទាំងនោះឡើងវិញ នៅពេល​សភាពការណ៍ប្រែជាធម្មតា។ រដ្ឋា​ភិបាល​ដែល​ប្រើអំណាច​លទ្ធិ​ផ្តាច់ការ ពិត​ជាអមនុស្សធម៌មែន គឺខុសលក្ខណៈជាមនុស្ស ព្រោះ​រដ្ឋាភិបាល​នោះបំបាត់សិទ្ធិមនុស្ស និងសិទ្ធិក្រុម​នានា​ក្នុង​សង្គមជាទម្ងន់។

ង     សូមឲ្យប្រជាពលរដ្ឋពង្រឹងមនោសញ្ចេតនាស្នេហាជាតិ ដោយចិត្តទូលាយនិងដោយចិត្តស្មោះ ក៏ប៉ុន្តែ កុំ​ចង្អៀត​ចិត្តឲ្យ​សោះ គឺថា នៅពេលជាមួយគ្នានោះ ឲ្យគេនឹកគិតដល់ប្រយោជន៍មហាគ្រួសារទាំងមូល​នៃ​មនុស្ស​លោកជានិច្ច ជា​មហា​គ្រួសារ​ដែលប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ប្រជាជន គ្រប់ប្រជាជាតិ ដែលភ្ជាប់​គ្នា​ដោយចំណង​ជា​ច្រើន​យ៉ាង។

ច-   គ្រីស្តបរិស័ទទាំងអស់ត្រូវដឹងខ្លួនថា គេមានតួនាទីពិសេសផ្ទាល់ក្នុងសហគមន៍នយោបាយ គឺគេត្រូវធ្វើជា​គំរូ​ល្អ ដោយ​មានគំនិតសុខចិត្តទទួលខុសត្រូវ និងស្ម័គ្រចិត្តរកប្រយោជន៍រួមកាន់តែខ្លាំងឡើងៗ។ គ្រីស្តបរិស័ទ ត្រូវ​ប្រព្រឹត្ត​កិច្ចការ​ដែលបង្ហាញ​ឲ្យដឹងថា ​រដ្ឋអំណាច​និងសេរីភាពអាចចុះសម្រុងគ្នាបាន គំនិតផ្តើមដោយខ្លួន​ឯង និងសាមគ្គីហើយអ្វីៗ​ដែល​សង្គម​ទាមទារ​អាចចុះសម្រុងគ្នា អត្ថប្រយោជន៍នៃការរួបរួមគ្នាជាធ្លុងតែមួយ និង​គំនិត​ផ្សេងៗដែល​បង្កើត​ផល​ក៏អាចចុះសម្រុងគ្នាដែរ។ ចំពោះការចាត់ចែងអ្វីៗនៅលើផែនដីនេះសូមឲ្យ​គ្រីស្ត​បរិស័ទ​ចាត់ទុកថា​អ្នកដែលមាន​ទស្សនៈ​ផ្សេងៗ​ទាស់​ទែង​គ្នា​មានសិទ្ធិកាន់នទស្សននោះ ហើយត្រូវ​គោរព​ក្រុមប្រជាពលរដ្ឋដែលការពារ​យោ​បល់​របស់​ខ្លួន​ដោយចិត្តស្មោះ។ រីឯ​បក្ស​នយោបាយ​វិញ គេមាន​ភារកិច្ច​លើក​ស្ទួយអ្វីៗដែលគេយល់ឃើញថា ប្រយោជន៍​រួមទាមទារ។ប៉ុន្តែ​គេមិនដែល​មាន​សិទិ្ធរកប្រយោជន៍​ផ្ទាល់​ខ្លួន ជំនួសប្រយោជន៍រួមទេ។

ឆ-   យើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង នឹងពង្រីកការអប់រំខាងសង្គមនិងខាងនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋ​ទាំង​អស់​អាចបំពេញតួនាទីរបស់ខ្លួនក្នុងការរស់នៅក្នុងសហគមន៍នយោបាយ។ សព្វថ្ងៃ ការអប់រំ​នេះ​មាន​សារៈ​សំខាន់​ជា​ពិសេស​សម្រាប់ប្រជាជនទូទៅ មានយុវជនជាដើម។ អស់អ្នកដែលមានសមត្ថភាព ឬអាច​មាន​សមត្ថភាព​បំពេញ​មុខងារខាង​នយោបាយ ត្រូវដឹងថា មុខងារនេះពិបាកបំផុត តែប្រសើរបំផុតដែរ ត្រូវតែ​រៀបចំ​ខ្លួន ដើម្បីបំពេញ​មុខងារ​នេះបាន។ សូម​ឲ្យ​អស់លោកខ្នះខ្នែងបំពេញមុខងារនេះ ដោយមិន​គិគូរ​ដល់​ប្រយោជន៍​ផ្ទាល់ខ្លួន ឬរកអត្ថប្រយោជន៍​ខាង​សម្ភារៈ​នោះទេ។អស់លោក​ត្រូវ​ប្រយុទ្ធ​ដោយ​ចិត្ត​សុចរិត និង​ប្រុង​ប្រយ័ត្ន ប្រឆាំងនឹងអយុត្តិធម៌​និង​ការជិះជាន់ ព្រមទាំង​ប្រឆាំងនឹងអំណាចផ្តាច់ការមិនចេះអត់ឱន ទោះជា​អំណាច​ផ្តាច់​រការបស់បុគ្គលម្នាក់ ឬជាអំណាចរបស់​បក្ស​មួយ​ណាក្តី។ អស់​លោក​នឹងត្រូវស៊ូប្តូរ​ជីវិត ដើម្បី​ជា​ប្រយោជន៍​របស់មនុស្សទាំងអស់ដោយចិត្តស្មោះ និងទៀងត្រង់។ លើស​ពីនេះទៅទៀត អស់លោក​ត្រូវ​ប្តេជ្ញា​ចិត្ត​បម្រើប្រជាជនដោយសេចក្តីស្រឡាញ់និងសេចក្តីក្លាហានតាមការរស់​នៅខាង​នយោបាយ​នោះ។

៧៦-សហគមន៍នយោបាយ និងព្រះសហគមន៍

ក-   នៅប្រទេសមានជាតិសាសន៍ច្រើនលាយគ្នា ត្រូវមានទស្សនៈត្រឹមត្រូវអំពីទំនាក់ទំនង​សហគមន៍​នយោបាយ និង​ព្រះ​សហគមន៍។គ្រីស្តបរិស័ទ ទោះជាបុគ្គលក្តី ឬជាក្រុមក្តី តែងតែ​ប្រព្រឹត្ត​កិច្ចការខ្លះ​ក្នុង​ឋានៈខ្លួន​ជា​ប្រជាពល​រដ្ឋ​តាម​មនសិកា​រជាគ្រីសស្តបរិស័ទ។ គេក៏តែងប្រព្រឹត្ត​កិច្ចការខ្លះផ្សេងទៀត ក្នុង​នាម​ព្រះសហ​គមន៍ ទាំងរួមជា​មួយ​អស់​លោក​គង្វាល។ ត្រូវវែកញែកឲ្យបានច្បាស់អំពីកិច្ចការទាំងពីរប្រភេទដែលគ្រីស្ត​បរិស័ទ​តែងប្រព្រឹត្តនោះ ក្នុង​ឋានៈ​ជា​ប្រជាពលរដ្ឋ និងក្នុងឋានៈជាសមាជិកនៃព្រះសហគមន៍។

ខ-   ព្រះសហគមន៍ទទួលបន្ទុកពីព្រះគ្រីស្ត និងមានសមត្ថភាពផ្ទាល់។ដូច្នេះព្រះសហគមន៍មិនលាយឡំនឹង​សហ​គមន៍​នយោបាយទាល់តែសោះ ហើយក៏មិនភ្ជាប់ជាមួយរបបនយោបាយណាមួយឡើយ។ ព្រះសហគមន៍​ជា​សញ្ញា​សម្គាល់​អំពីលក្ខណៈដ៏ខ្ពង់ខ្ពស់ហួសពីលោកនេះរបស់បុគ្គលម្នាក់ៗ ហើយ​ក៏​ថែរក្សា​ការពារ​លក្ខណៈដ៏​ប្រសើរ​នោះផង។

គ-   សហគមន៍នយោបាយនិងព្រះសហគមន៍ នៅដោយឡែកពីគ្នា​និងស្វយ័តតាមវិស័យរៀងៗខ្លួន។ ប៉ុន្តែ សហ​គមន៍​នយោបាយនិងព្រះសហគមន៍ ទោះបីមានមុខនាទីប្លែកពីគ្នាក្តី ក៏បម្រើ​ទិសដៅ​កំណត់​តាម​ព្រះជាម្ចាស់​ត្រាស់​ហៅ របស់​មនុស្សតែមួយដដែល ទាំងក្នុងឋានៈជាបុគ្គល ទាំងក្នុងឋានៈជាសង្គម។ សហគមន៍​ទាំងពីរ​នឹង​បំពេញ​មុខនា​ទីនេះ ដើម្បី​ជាប្រយោជន៍របស់មនុស្ស SOLDE de TOUT COMPTEទាំងអស់ កាន់តែ​សកម្ម ដោយខិតខំរួមសហការយ៉ាងត្រឹមត្រូវជាមួយគ្នា ទាំងគិតគូរ​ដល់សភាពការណ៍​នៃ​ប្រវត្តិសាស្រ្ត និង​នៃ​ប្រទេស។ អនាគតមនុស្សមិនគ្រាន់តែមានព្រំដែននៅលើផែនដីនេះ​ប៉ុណ្ណោះ​ទេ ទោះ​បីមនុស្សរស់នៅ​តាម​ប្រវត្តិ​សាស្រ្ត​របស់មនុស្សជាតិក្តី ក៏មនុស្សនៅតែរក្សាទិសដៅកំណត់របស់ខ្លួន ពោលគឺ ជីវិត​រួមជា​មួយ​ព្រះជាម្ចាស់​ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ រីឯព្រះសហគមន៍វិញ ព្រះគ្រីស្តជាព្រះ​សង្រ្គោះ តែង​តាំង​ដោយ​ព្រះហឫទ័យស្រឡាញ់ ព្រះសហគមន៍នៅតែជួយនាំយុត្តិធម៌និងសេចក្តីស្រឡាញ់​ឲ្យគ្រងរាជ្យកាន់​តែ​ខ្លាំង​ឡើងៗ​ក្នុងផ្ទៃជាតិ​នីមួយៗ និងរវាងប្រជាជាតិនានា។ ព្រះសហគមន៍ប្រកាសសេចក្តីពិតនៃដំណឹងល្អ ហើយ​ក៏​យក​លទ្ធិ​របស់​ខ្លួននិងសក្ខីភាពរបស់គ្រីស្តបរិស័ទ​មកបំភ្លឺសកម្មភាពរបស់មនុស្សក្នុងគ្រប់វិស័យ។ ដោយ​ធ្វើដូច្នេះ ព្រះ​សហគមន៍​គោរពនិងលើកស្ទួយសេរីភាពខាងនយោបាយឡើង និងជួយ​ឲ្យប្រជាពលរដ្ឋ​ទទួល​ខុសត្រូវ​បានផង។

ឃ-  ព្រះគ្រីស្តជាព្រះសង្រ្គោះរបស់មនុស្សលោក បានចាត់ក្រុមគ្រីស្តទូតនិងអស់អ្នកដែលបន្តមុខងារពីគ្រីស្តទូត ព្រម​ទាំង​សហការីរបស់អស់លោកឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ កិច្ចការបស់អស់លោកជាគ្រីស្តទូត​សំអាង​លើ​ឫទ្ធានុភាព​របស់​ព្រះ​ជាម្ចាស់ ដែល​សម្តែង​កម្លាំង​នៃដំណឹងល្អ ដោយសារសក្ខីភាព​របស់​មនុស្ស​ទន់​ខ្សោយ។ ត្រូវឲ្យអស់អ្នកដែល​ប្តេជ្ញា​ចិត្តបម្រើ​ព្រះ​បន្ទូល ប្រើមាគ៌ាផ្ទាល់នៃ​ដំណឹងល្អ ដែលប្លែក​ពីមាគ៌ា​នៃ​បុរី​នៅ​លើផែនដីនេះ​ត្រង់ប្រការជាច្រើន។

ច-   តាមពិត​អ្វីៗដែលស្ថិតនៅក្នុងលោកនេះ នឹងអ្វីៗក្នុងលក្ខណៈមនុស្ស ដែលហួសពីលោកនេះ ក៏ភ្ជាប់ជាមួយ​គ្នា​យ៉ាង​ស្អិត​ល្មួត។ព្រះសហគមន៍ក៏ប្រើគ្រឿងឧបករណ៍នៃលោកនេះ តាម​តែសេចក្តីត្រូវការនៃបេសកកម្ម​របស់​ខ្លួន​ទាម​ទារ។ ប៉ុន្តែព្រះសហគមន៍មិនយកឯកសិទ្ធិដែលរដ្ឋអំណាចផ្ដល់ឲ្យ មកធ្វើជាគ្រឹះនៃសេចក្តីសង្ឃឹម​របស់​ខ្លួន​ឡើយ។ លើសពី​នេះ​ទៅទៀតប្រសិនបើ ការប្រើប្រាស់​ឯកសិទ្ធិខ្លះបណ្តាលឲ្យគេមាន​មន្ទិល​សង្ស័យ​ថា សក្ខីភាពរបស់ព្រះ​សហគមន៍​មិន​បរិសុទ្ធទេ ឬប្រសិន​បើសភាពការណ៍ថ្មីទាមទារការតែងតាំងផ្សេងទៀត ព្រះសហគមន៍​ត្រូវតែលះបង់​ឯកសិទ្ធិខ្លះ​ចោល ទោះបី​ព្រះសហគមន៍បានទទួល​ឯក​សិទ្ធិ​ទាំងនោះ​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្ដី។ ព្រះសហគមន៍​ត្រូវមានសិ​ទ្ធិអាច​ប្រកាស​ជំនឿ​របស់​ខ្លួននៅគ្រប់​ទីកន្លែងនិងជានិច្ច ដោយមាន​សេរីភាព​យ៉ាងពិតប្រាកដ ត្រូវមានសិទ្ធិ​បង្រៀន​លទ្ធិរបស់​ខ្លួន​អំពីស​ង្គម មាន​សិទ្ធិ​បំពេញបេសកកម្មរបស់ខ្លួន​ក្នុង​ចំណោមមនុស្សលោក​ដោយគ្មានឧបសគ្គរារាំង។ នៅ​ពេលណាសិទ្ធិមនុស្សឬការសង្រ្គោះ​ខាង​ផ្លូវធម៌​ទាម​ទារ​នោះ ព្រះសហគមន៍មានសិទ្ធិអាច​វិនិច្ឆ័យ​តាមសីលធម៌​បាន សូម្បី​តែក្នុងវិស័យពាក់ព័ន្ធនឹង​នយោបាយ​ដែរ។ ព្រះសហគមន៍ត្រូវប្រើគ្រប់មធ្យោបាយស្របតាមដំណឹងល្អ និងដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់ ស្រប​តាម​សភាពការណ៍​និងកាលៈទេសៈដែលប្លែកៗពីគ្នា។

ជ-   ព្រះសហគមន៍​ផ្ចង់ចិត្តហើយស្មោះត្រង់នឹងដំណឹងល្អ។ ពេលព្រះសហគមន៍​បំពេញបេសកកម្មក្នុងលោក​នេះ ព្រះ​សហគមន៍​ជួយនិងពង្រឹងអ្វីៗដ៏​ទៀងត្រង់ដ៏ពិតប្រាកដ ដ៏ល្អ​ក្នុងសហគមន៍មនុស្សលោក (ពន្លឺ ១៣) ហើយ​ក៏ពង្រឹង​សន្តិភាព​ក្នុងចំណោមមនុស្ស ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (លក ២,១៤)។

ជំពូក៥
ការរក្សាការពារសន្តិភាព និងការសាងសង់សហគមន៍ប្រជាជាតិ

៧៧-អារម្ភកថា

ក.    ប៉ុន្មានឆ្នាំកន្លងមកសង្រ្គាមបានបំផ្លាញអ្វីៗទាំងអស់បណ្តាលឲ្យមានទុក្ខវេទនាជាទម្ងន់។ សព្វថ្ងៃ បញ្ហានេះនៅ​តែ​សង្កត់​សង្កិន​យ៉ាងធ្ងន់ធ្ងរលើ​យើង​នៅឡើយ មនុស្សចេះតែតប់ប្រមល់ជាខ្លាំងថា សង្រ្គាមអាចនឹងផ្ទុះឡើង​បាន។ មហា​គ្រួសារ​របស់មនុស្សជាតិទាំងមូល រស់នៅក្នុងសម័យដ៏សំខាន់បំផុត ក្នុងការវិវឌ្ឍន៍​របស់​ខ្លួន និង​សម្រាប់​អនាគត​ផង។ មហាគ្រួសារ​របស់មនុស្សជាតិប្រមូលផ្តុំគ្នាបន្តិចម្តងៗ ហើយ​នៅ​គ្រប់​ទីកន្លែង​ដឹង​កាន់​តែ​ច្បាស់​ថា គេកំពុងរួម​គ្នា​ជា​ធ្លុងតែមួយ។ ឥឡូវនេះ មហាគ្រួសារ​នេះត្រូវ​សម្រេច​កិច្ចមួយ​ដ៏អស្ចារ្យ​ឲ្យ​បាន​ជា​ស្រេច គឺកសាងពិភពលោក​ដែល​មាន​លក្ខណៈជា​មនុស្សកាន់​តែប្រសើរឡើងៗជូនមនុស្សទាំងអស់ និងនៅ​គ្រប់​ទី​កន្លែង។ មនុស្សអាចសម្រេច​កិច្ច​ការ​នេះបាន លុះ​ត្រា​តែគេប្រែចិត្ត​គំនិតជាថ្មីទាំងអស់គ្នាបែរទៅកសាង​សន្តិភាព​ដ៏ពិតប្រាកដ។ ពេលនោះ ទើបសារនៃ​ដំណឹង​ល្អ​នឹងចាំងពន្លឺថ្មីដ៏​ត្រចះត្រចង់នៅសម័យយើង គឺ​ដំណឹង​ល្អដែលប្រកាសថា អ្នកកសាងសន្តិភាព​ពិតជា​មាន​សុភមង្គល​ហើយ  « ដ្បិត​ពួកគេ​នឹង​ទៅជា​បុត្រធីតា​របស់​ព្រះ​ជា​ម្ចាស់ » (មថ ៥,៩)។ សារនៃ​ដំណឹងល្អ​នេះ ក៏ស្រប​តាម​សេចក្តីប៉ងប្រាថ្នា​និងឧត្តមគតិដ៏ខ្ពស់​ជាង​គេ​របស់មនុស្សជាតិដែរ។

ខ.    ហេតុនេះហើយ បានជាមហាសន្និបាតសូមពន្យល់យ៉ាងពិស្តារ អំពីទស្សនៈដ៏ពិតប្រាកដនិងដ៏ឧត្តុង្គឧត្តមបំផុត​នៃ​សន្តិភាព ព្រមទាំងដាក់​ទោសសង្រ្គាមដ៏ព្រៃផ្សៃ។ មហាសន្និបាតក៏សូមអំពាវនាវយ៉ាងក្លៀវក្លា ឲ្យ​គ្រីស្ត​បរិស័ទ​រួម​សហការ​ជាមួយ​មនុស្ស​ទាំង​អស់ ដើម្បីជួយពង្រឹងសន្តិភាពរវាងគ្នានិងគ្នា តាមយុត្តិធម៌និង​សេចក្តី​ស្រឡាញ់​ផង។ សូម​គ្រីស្ត​បរិស័ទ​រៀបចំ​មធ្យោបាយ​កសាងសន្តិភាព ដោយមានព្រះគ្រីស្តដែល​បង្កើត​សន្តិភាព ជួយឧបត្ថមផងដែរ។

៧៨-លក្ខណៈនៃសន្តិភាព

ក.    សន្តិភាពមិនគ្រាន់តែមានន័យថា គ្មានសង្រ្គាមទេ ក៏មិនគ្រាន់តែឲ្យកម្លាំងអាវុធរបស់គូបដិបក្ខស្មើគ្នាទេ។សន្តិភាព​ក៏មិនមកពីមានប្រទេសមួយត្រួតត្រាផ្តាច់ការលើប្រទេសឯទៀតៗដែរ។ តែសន្តិភាពមានន័យយ៉ាង​ពិត​ប្រាកដថា ជា​ផល​នៃសេចក្តីសុចរិត (អស ៣២,១៧)។សន្តិភាព​ពិត​ជាផលនៃរបៀបរៀបរយ​ដែលព្រះ​អាទិករ​បាន​ចាក់​ក្នុងសង្គម​មនុស្ស។ មនុស្សទាំងអស់នៅតែ​សង្វាតស្វះ​ស្វែងរក ចង់បានសន្តិភាពកាន់តែ​ប្រសើរ​ឡើងៗ ហើយក៏ត្រូវ​កសាង​សន្តិភាពនោះដែរ។ ធម្មវិន័យ​របស់​ព្រះជាម្ចាស់​ពិត​ជា​គ្រឹះណែនាំ​ប្រយោជន៍​រួម​របស់មនុស្ស​លោក។ ប៉ុន្តែ តាមសេចក្តីត្រូវ​ការ​ជាក់​ច្បាស់ប្រចាំថ្ងៃ ប្រយោជន៍រួមនោះ ត្រូវជួប​ការ​ប្រែប្រួលឥត​ឈប់​ឈរតាមដំណើរនៃ​ពេល​វេលា​ដែរ។មនុស្សមិនដែលបានសន្តិភាពម្តងជាស្រេចទេ តែ​ត្រូវ​សាងសង់​សន្តិភាពរហូតជានិច្ច។ បំណង​ប្រាថ្នា​របស់​មនុស្ស​ទ​ន់ខ្សោយ ហើយត្រូវរបួស ដោយសារ​អំពើ​បាប។ ហេតុនេះ​ហើយ បានជាសន្តិភាព​ទាមទារឲ្យមនុស្ស​ម្នាក់ៗ​រំងាប់​តណ្ហារបស់ខ្លួន និងត្រូវឲ្យរដ្ឋអំណាចដ៏​ត្រឹម​ត្រូវ​ខំ​ព្យាយាមកសាងយុត្តិធម៌​ផងដែរ។

ខ.    ប៉ុន្តែ សេចក្តីទាំងនោះមិនទាន់គ្រប់គ្រាន់ទេ។ សន្តិភាពដែលយើងនិយាយនេះ អាចកើតឡើងនៅ​លើ​ផែន​ដី​បាន លុះ​ត្រា​តែរដ្ឋអំណាចរក្សាទុកសេចក្តីសុខសាន្តរបស់មនុស្សម្នាក់ៗ។ មនុស្ស​ក៏ត្រូវចែក​ចាយ​ដោយ​សេរី និង​ដោយ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក នូវយោបល់​ដ៏ថ្លៃ​ថ្នូរដែលផុស​ចេញ​ពីវិញ្ញាណរបស់ខ្លួន និងអ្វីៗ​ដែល​គេ​បង្កើត​តាម​ទេព​កោសល្យ​របស់​ខ្លួន។ ត្រូវឲ្យមនុស្ស​មានបំណងរឹងប៉ឹងចង់​គោរព​អ្នក​ដទៃ​និងប្រជាជាតិដទៃ ព្រម​ទាំង​គោរព​កិត្តិយស​ដ៏ថ្លៃថ្នូរ​របស់​គេ។ មនុស្សម្នាក់ៗ​ត្រូវព្យាយាមរាប់​រកអ្នកដទៃទុកជាបងប្អូន។ កិច្ចការ​ទាំង​នោះ សុទ្ធតែជាកិច្ចការ​ដ៏ចំាបាច់​បំផុត​ក្នុង​ការ​កសាង​សន្តិភាព។ហេតុនេះហើយ​បាន​ជា​សន្តិភាព​ក៏ជាផល​នៃ​សេចក្តី​ស្រឡាញ់ គឺហួសពីអ្វីៗដែលយុត្តិធម៌​អាច​នាំ​មកបាន។

គ.    សន្តិភាពនៅលើផែនដីកើតមកពីការស្រឡាញ់អ្នកដទៃ។ សន្តិភាពនេះជានិមិត្តសញ្ញានិងជាផលនៃ​សន្តិ​ភាព​ដែល​ព្រះ​គ្រីស្ត​ប្រទានឲ្យ ហើយក៏ជាសន្តិភាពដែលហូរពីព្រះបិតាមកដែរ។ព្រះបុត្រាផ្ទាល់​ប្រសូត​ជាមនុស្ស ព្រះអង្គ​ជា​អ​ម្ចាស់​នៃ​សន្តិភាព គឺព្រះអង្គបានសម្រុះ​សម្រួល​មនុស្សទាំងអស់ឲ្យ​បាន​ជានាជាមួយ​នឹង​ព្រះ​ជាម្ចាស់ ដោយ​ទ្រង់សោយ​ទិវង្គតនៅលើឈើឆ្កាង ព្រះអង្គប្រមែប្រមូល​មនុស្ស​ទាំងអស់​ឲ្យរួមគ្នា​ជា​ប្រជាជន​តែ​មួយ និងជារូបកាយតែមួយដែរ។ព្រះអង្គ​បានសម្លាប់ការស្អប់គា្ន​ក្នុងព្រះកាយផ្ទាល់របស់ព្រះ​អង្គ (អភ ២,១៩ កូឡ ១,២០.២២)។ ក្រោយពីព្រះ​អង្គ​មាន​ជ័យ​ជម្នះ គឺក្រោយពីពេល​ព្រះ​អង្គ​មានព្រះជន្មថ្មីដ៏រុងរឿង​នោះ ទ្រង់ចាក់បង្ហូរព្រះ​វិញ្ញាណ​នៃសេចក្តី​ស្រឡាញ់​ក្នុង​ដួង​ចិត្តមនុស្ស​លោក។

ឃ.  ហេតុនេះហើយបានជា គ្រីស្តបរិស័ទទាំងអស់ដែលតែងតែប្រព្រឹត្ត​តាម​សេចក្ដី​ពិតដោយ​ចិត្ត​ស្រឡាញ់(អភ​៤,១៥) ព្រះ​ជា​ម្ចាស់​ត្រាស់ហៅគេឲ្យរួមសហការជាមួយមនុស្សដែលពិតជាស្នេហាសន្តិភាព​មែន អង្វរ​ព្រះ​ជាម្ចាស់​សូម​ព្រះអង្គ​តែង​តាំងសន្តិភាពបែបនោះផង។

ង.    យើងក៏មានចិត្តគំនិតចង់កសាងសន្តិភាពដូច្នេះដែរ។ យើងក៏ត្រូវនាំគា្នសរសើរអស់អ្នកដែលតយុទ្ធថែរក្សា​ការពារ​សិទ្ធិ​នានា ដោយ​មិន​ប្រើអំពើហិង្សា។ សូម្បីតែអ្នកទន់ខ្សោយក៏មានលទ្ធភាពអាចប្រើ​មធ្យោបាយ​អហិង្សា​នោះ​ដែរ។ ក៏​ប៉ុន្តែ​ការ​តយុទ្ធ​របស់​គេនោះ មិនត្រូវបង្ខូចសិទ្ធិនិងភារកិច្ចមនុស្ស​ឯទៀតៗឬ​សិទ្ធិរបស់​សហគមន៍​នោះទេ។

ច.    ដោយយើងដឹងថា មនុស្សយើងជាអ្នកបាប យើងត្រូវភ័យខ្លាចថាសង្រ្គាមអាចផ្ទុះឡើងជានិច្ច គឺត្រូវខ្លាច​ដូច្នេះ​រហូត​ដល់​ពេល​ព្រះ​គ្រីស្ត​យាងមកវិញ។ ក៏ប៉ុន្តែ បើមនុស្សរួបរួមគ្នាដោយសេចក្តី​ស្រឡាញ់ហើយ​ឈ្នះ​អំពើ​បាប​ទៀត គេ​ក៏​អាច​ឈ្នះ​ហិង្សាបានដែរ រហូតដល់ពេលព្រះបន្ទូលព្រះជាម្ចាស់​កើតជារូបរាងហើយ គឺថា «ពួកគេ​នឹង​យកដាវ​របស់​ខ្លួន​មក​រំលាយ​ធ្វើជាផាលនង្គ័ល ហើយយកលំពែង​មករំលាយធ្វើជាកណ្តៀវ។ប្រជា​ជាតិ​មួយ​ឈប់​ច្បាំងនឹងប្រជាជាតិ​មួយទៀត ហើយគេក៏លែងហាត់រៀន​ធ្វើ​សង្រ្គាមទៀតដែរ»(អស ៤,២)។

វគ្គទី១
ត្រូវជៀសវាងកុំឲ្យកើតសង្គ្រាមជាដាច់ខាត

៧៩-សូមឈប់ធ្វើសង្រ្គាមដ៏ព្រៃផ្សៃ

ក.    សង្រ្គាមសកលទាំងពីរលើកបានបណ្តាលឲ្យមនុស្សលោកកើតទុក្ខយ៉ាងសាហាវបំផុត ទាំងផ្នែកសម្ភារៈ ទាំង​ក្នុង​វិស័យ​សីលធម៌។ ប៉ុន្តែ នាបច្ចុប្បន្នកាល សង្គ្រាម​នៅ​តែ​បន្ត​បំផ្លាញ​តំបន់ខ្លះ​ក្នុង​ពិភពលោក​ជារៀង​រាល់​ថ្ងៃ​ដែរ។ លើស​ពីនេះ​ទៅទៀត មនុស្សយកសាស្ត្រាវុធទំនើបគ្រប់យ៉ាងតាមវិទ្យាសាស្រ្តមកប្រើ ដើម្បីច្បាំងគ្នា ហេតុ​នេះហើយ​បានជា​សង្គ្រាម​កាន់តែសាហាវឃោរឃៅទៅៗ បណ្តាលឲ្យកងទ័ពប្រព្រឹត្តអំពើអមនុស្សធម៌​អាក្រក់​ជាង​សម័យ​មុនៗ​ដែរ។ ម៉្យាង​ទៀត សភាពការណ៍ស្មុគ្រស្មាញនាបច្ចុប្បន្ន ហើយទំនាក់ទំនងអន្តរជាតិ​ក៏​ប្រទាក់​ឆ្វាក់គ្នា​ដែរ បានជាកើតវិធីថ្មី​ដែល​មាន​កល​ល្បិច​និងវិទ្ធង្សនា បណ្តាលឲ្យ​កើតសង្រ្គាមមិនចេញមុខ និង​បណ្តាលឲ្យ​ការរកសន្តិភាព​មាន​ភាព​យឺត​យ៉ាវ។ ក្នុងករណីជាច្រើន គេប្រើភេរវកម្មទុកជារបៀប​ថ្មីក្នុងការ​ធ្វើ​សង្រ្គាម។

ខ.    ដោយឃើញសភាពការណ៍ដ៏សែនអាណោចអាធ័មរបស់មនុសលោកនេះ ជាបឋម មហាសន្និបាតសូមរំឭក​នូវ​តម្លៃ​ដ៏​ថ្លៃថ្នូរ​នៃ​សិទ្ធិ​មនុស្ស​ដែល​នៅស្ថិតស្ថេរជានិច្ច និងរំឭកគោលការណ៍សកលនៃសិទ្ធិទាំងនោះ។ មន​សិការ​របស់​មនុស្ស​ជាតិ​តែង​តែប្រកាស​គោល​ការណ៍ទាំងនោះឲ្យកាន់តែម៉ឺងម៉ាត់ និងយ៉ាង​ខ្លាំង​ក្លា​ឡើងៗ។ កិច្ចការ​ផ្ទុយនឹង​គោលកាណ៍​ទាំង​នោះ ដែលមនុស្សប្រព្រឹត្ត​ទាំងដឹងខ្លួន​និងដោយសេរី ពិតជា​អំពើ​ឧក្រិដ្ឋ​មែន។ អ្នក​បញ្ជាឲ្យប្រព្រឹត្តកិច្ចទាំងនោះក៏ជា​ជនឧក្រិដ្ឋដែរ។អ្នកស្តាប់បង្គាប់ដោយ​មិនរិះគិត មិនអាច​ដោះសារ​ខ្លួន​បាន​សោះ។ ក្នុងចំណោមអំពើឧក្រិដ្ឋទាំងនោះ ជាបឋម ត្រូវរាប់បញ្ចូលការប្រល័យពូជសាសន៍​មួយទាំងមូល ប្រល័យ​ជាតិមួយ ឬប្រល័យជនជាតិភាគតិច ទោះជា​មាន​មូលហេតុ ឬប្រើវិធី​យ៉ាងណា​ក៏ដោយ។ ត្រូវ​ដាក់​ទោស​ចំពោះអំពើឧក្រិដ្ឋទាំងនោះដោយដាច់អហង្ការ និងចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋ​គួរឲ្យស្អប់ខ្ពើមណាស់។ យើង​សូម​សរសើរ​មិនដាច់ពីមាត់ នូវអស់អ្នកដែលមានចិត្តក្លាហានហ៊ានចេញមុខ​ប្រឆាំង​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នោះ។

គ.    មានការព្រមព្រៀងអន្តរជាតិផ្សេងៗជាច្រើនស្តីអំពីសង្រ្គាម ដើម្បីឲ្យកាត់បន្ថយភាពអមនុស្សធម៌នៃសង្គ្រាម​និង​កាត់​បន្ថយ​លទ្ធផល​ដ៏អាក្រក់នៃចម្បាំងទាំងនោះ។ ប្រទេសមួយចំនួនធំ​បាន​អនុវត្ត​តាម​ការ​ព្រម​ព្រៀង​ទាំង​នោះ គឺមាន​ការ​ព្រមព្រៀងស្តីអំពីទាហានដែលត្រូវរបួស អំពី​ទាហានដែលត្រូវគេចាប់ជាឈ្លើយសង្គ្រាម និង​ការ​ព្រមព្រៀង​ផ្សេងៗ​ទៀត។ ត្រូវតែអនុវត្តតាមការព្រមព្រៀងទាំងនោះ។លើសពីនេះ​ទៅទៀត ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​រដ្ឋអំណាច​និងឥស្សរជនដែលមានសមត្ថកិច្ច ត្រូវខិតខំកែសម្រួលការព្រម​ព្រៀង​ទាំងនោះ​ឲ្យកាន់តែ​ប្រសើរឡើងៗប្រសិន​បើគេ​អាច​ធ្វើបាន។ ដូច្នេះការ​ព្រម​ព្រៀង​ទាំងនោះ អាចកាត់​បន្ថយ​ភាព​អមនុស្សធម៌​នៃ​សង្គ្រាមយ៉ាង​សកម្ម។លើសពីនេះ​ទៅ​ទៀត យើងយល់ឃើងថា គួឲ្យរដ្ឋ​អំណាច​ត្រូវ​មាន​មនុស្សធម៌ បង្កើតច្បាប់គិតគូរចំពោះ​អស់អ្នក​ដែល​មិន​ព្រម​កាន់​អាវុធ ដោយករណីមនសិការ។ ប៉ុន្តែ អ្នក​ទាំងនោះ​ត្រូវសុខចិត្តបម្រើ​សហគមន៍មនុស្ស​តាមរបៀបផ្សេងវិញ។

ឃ.  ពិតមែនហើយ សង្ក្រាមមិនទាន់បាត់ពីគំនិតមនុស្សលោកទេ។ដរាបណាគ្មានអំណាចអន្តរជាតិដែលមាន​សមត្ថកិច្ច និង​មាន​កងទ័ពគ្រប់គ្រាន់បង្ការកំុឲ្យមានសង្រ្គាមផ្ទុះឡើង។ ប៉ុន្តែ រដ្ឋាភិបាលនានាមានសិទ្ធិ​ដ៏ត្រឹម​ត្រូវ​នឹងការពារ​ប្រទេស​របស់​ខ្លួនដោយប្រើអាវុធបាន លុះត្រាតែ គេបាន​ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធីជាមុនសិន។ ហេតុ​នេះ អស់ប្រមុខ​រដ្ឋ​និង​អស់លោកអ្នកដែល​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ចការសាធារណៈ មានភារកិច្ចការពារប្រជាជន​របស់​គេ គឺត្រូវយកចិត្តទុក​ដាក់​យ៉ាងខ្លំាងគិតអំពី​សេចក្តី​ដ៏​សំខាន់​បំផុតទាំងនោះ។ ប៉ុន្តែ ត្រូវយល់ថា ការបង្កើត​សង្គ្រាម​ដើម្បី​ការ​ពារ​ប្រជាជន​របស់ខ្លួន​យ៉ាងត្រឹម​ត្រូវ​តាម​ច្បាប់ និងបំណងចង់ត្រួតត្រាប្រជាតិផ្សេង​ដោយ​ប្រើអាវុធ គឺពិតជាករណី​ផ្សេង​ពីគ្នា​ទាំងស្រុង។ កម្លាំង​អាវុធ​គ្មាន​ន័យថា យើងមានសិទ្ធិប្រើអាវុធទាំងនោះបាន តាមគោលដៅនយោបាយ ឬ​តាម​គោលដៅយោធា​ទេ។ ប្រសិនបើសង្គ្រាមត្រូវនឹងផ្ទុះឡើង កុំនឹកស្មានថា ពេល​នោះ​គូបដិបក្ខអាចប្រព្រឹត្តអ្វីៗ​បានតាមអំ​ពើ​ចិត្ត។

ង.    ចំពោះអស់លោកអ្នកដែលប្តេជ្ញាចិត្តបម្រើមាតុភូមិ ក្នុងឋានៈជាទាហាន សូមចាត់ខ្លួនទុកជាអ្នកបម្រើសន្តិសុខ និង​បម្រើ​សេរីភាព​របស់ប្រជាជននានា។ ប្រសិនបើគេបំពេញកិច្ចការនេះយ៉ាងត្រឹមត្រូវ គេពិតជាជួយថែរក្សា​សន្តិភាព​មែន។

៨០-សង្រ្គាមបរមាណូ

ក.    សាស្រ្តាវុធវិទ្យាសាស្រ្តតែងតែចម្រើនឡើងជាលំដាប់ បណ្តាលឲ្យសង្គ្រាមកាន់តែអាក្រក់ហួសប្រមាណ និង​កំណាច​គួរ​ឲ្យ​ស្អប់​ខ្ពើមជាអតិបរមា។ ពេលប្រទេសមួយប្រើអាវុធវិទ្យាសាស្រ្តបែបគ្រឿងបរមាណូ ហើយ​ប្រសិន​បើ​គេមិនបានរិះ​គិត​ឲ្យបានច្បាស់អំពីគោលដៅដែលគេចង់បាញ់នោះទេ គេមុខ​ជា​នឹង​បង្កើត​វិនាសកម្ម​យ៉ាង​សម្បើមហួស​ពី​បំណង​ដ៏ត្រឹមត្រូវក្នុងការការពារ​ប្រទេស​ខ្លួន។ លើសពីនេះទៅទៀត ប្រសិនបើ មនុស្ស​យើង​ប្រើគ្រឿងបរមាណូដែល​មហា​អំណាច​ប្រមូលទុកក្នុង​ឃ្លាំងរបស់គេហើយ មនុស្ស​ជាតិមុខជា​នឹង​ត្រូវ​វិនាស​អន្តរាយ​ស្លាប់ស្ទើរតែទាំងអស់គូរបដិបក្ខ​នឹងត្រូវបំផ្លាញគ្នាទៅវិញទៅមកឲ្យវិនាសអស់គ្មានសល់់ ហើយ​ពិភព​លោក​ក៏​ត្រូវ​ខូចខាតជាទម្ងន់ដែរ។

ខ.    សេចក្តីទាំងនេះបង្ខំយើងឲ្យរិះគិតតាមរបៀបថ្មីទាំងស្រុងអំពីសង្គ្រាម។ សូមឲ្យមនុស្សនាបច្ចុប្បន្នកាលដឹងថា ខ្លួន​ត្រូវ​ទទួលទោសដោយបានបង្កើតសង្គ្រាមបែបនោះ។ អនាគតពិភពលោក​អាស្រ័យលើសេចក្តី ដែល​គេ​សម្រេច​សព្វថ្ងៃ។

គ.    ក្នុងសភាពការណ៍នោះ មហាសន្និបាតយល់ស្របតាមពាក្យរបស់អភិបាលនានា នៃព្រះសហគមន៍ក្រុង​រ៉ូម កាល​ពី​មុនៗ​នេះ ដែលដាក់ទោសសង្គ្រាមសកលដូចតទៅថា៖

ង.    ចម្បាំងតម្រង់ទៅបំផ្លាញក្រុងទាំងមូល និងតំបន់ដ៏ធំធេង ព្រមទាំងបំផ្លាញមនុស្សដែលរស់នៅ​ក្នុងកន្លែង​ទាំង​នោះ ដោយ​មិន​យោគ​យល់ ចម្បាំងនេះពិតជាអំពើឧក្រិដ្ឋទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់​និងប្រឆាំង​មនុស្ស​ជាតិ​ដែរ។ ត្រូវតែ​ដាក់​ទោស​អំពើទាំងនោះ​យ៉ាងម៉ឺង​ម៉ាត់ដោយ​មិនរួញ​រាឡើយ។

ច.    សង្គ្រាមទំនើបអាចបង្កើតគ្រោះកាចដ៏សាហាវបំផុត ព្រោះសង្គ្រាមបែបនោះហុចឳកាសឲ្យអស់អ្នក​ដែលមាន​អាវុធ​វិទ្យាសាស្រ្ត​ទំនើបជាងគេ ប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនោះបាន។ សង្គ្រាមនេះក៏អាចបណ្តាលឲ្យគូបដិបក្ខ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋតៗគ្នាជៀស​មិនផុត នឹងជំរុញឲ្យមនុស្សសម្រេចធ្វើអំពើអាក្រក់បំផុត​ហួសពីការស្មាន។ អភិបាល​ព្រះ​សហគមន៍​ក្នុងពិភពលោកទាំង​មូលដែល​ប្រជុំគ្នាជាធ្លុងតែមួយ សូមអង្វរមនុស្ស​ទាំងអស់​ជាពិសេស​ទទូច​អង្វរប្រមុខរដ្ឋ​និងអ្នក​កាន់​អំណាចលើកងទ័ព សូមថ្លឹងថ្លែង​ការ​ខុសនិងត្រូវ​ជានិច្ច នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​ជាតិ​ទាំង​មូល កុំឲ្យមហន្តរាយកើតឡើង​ជា​ដាច់ខាត។

៨១-ការប្រណំាងចង់បានអាវុធកាន់តែច្រើនឡើងៗ

ក.    តាមពិត មេដឹកនាំប្រទេសមិនបានប្រមូលទុកអាវុធវិទ្យាសាស្រ្តក្នុងគោលបំណង ប្រើប្រាស់នៅពេលកើត​សង្គ្រាម​ប៉ុណ្ណោះទេតែអស់លោកយល់ថា កម្លាំងការពារប្រទេសរបស់គេ អាស្រ័យលើការសង​សឹក​យ៉ាង​ឆាប់​រហ័ស​បំផុត។ ហេតុនេះ គេប្រមូលទុកអាវុធទាំងនោះកាន់តែច្រើនឡើងៗ​ជារៀង​រាល់ឆ្នាំ​មកបំភ័យ​សត្រូវ​ហើយ​ឃាត់​សត្រូវមិន​ឲ្យបង្កើតសង្រ្គាម។ មានមនុស្សជាច្រើនយល់ឃើញថា ការប្រមូលទុក​អាវុធ​បែប​នោះ ពិត​ជា​មធ្យោបាយ​ដ៏មានប្រសិទ្ធភាព​ធានា​សន្តិភាពម៉្យាងនៅលើពិភពលោក។

ខ.    មានប្រទេសជាច្រើនប្រណាំងប្រជែងចង់បានអាវុធកាន់តែច្រើនឡើងៗជាលំដាប់។ទោះជាយើងគិតអំពី​វិធី​ឃាត់​សង្គ្រាម​តាមបែបនេះយ៉ាងណាក្តី ក៏ត្រូវដឹងយ៉ាងជាក់ច្បាស់ថា ការប្រណាំងប្រជែង​នោះ​បង្កើត «តុល្យ​ភាពនៃការ​ភ័យ» ដែល​មិនមែន​ជា​មាគ៌ា​កសាងសន្តិភាពយ៉ាងស្ថិតស្ថេរនិងយ៉ាងពិតប្រាកដទេ។ ការ​ប្រណាំង​ប្រជែង​នោះមិន​បំបាត់​មូលហេតុបណ្តាលឲ្យកើតសង្គ្រាមទេ ផ្ទុយទៅវិញ វាអាច​បណ្តាល​ឲ្យមូល​ហេតុ​ទាំង​នោះ​កាន់តែធ្ងន់ធ្ងរទៅៗ។ ប្រទេស​ចាយវាយ​ធនធាន​របស់ខ្លួនយ៉ាងសម្បើមមក​បង្កើត​អាវុធថ្មីៗ ប៉ុន្តែ គេមិន​អាច​ជួយ​អ្នករងទុក្ខ​ក្នុងពិភព​លោក​ទាំង​មូលឲ្យបានរស់នៅសមរម្យទេ។ សភាពការណ៍នេះមិន​នាំ​ឲ្យ​ប្រទេស​នឹង​ប្រទេសលែង​ទាស់​ទែង​គ្នាសូម្បីតែ​បន្តិច​សោះ ព្រោះការប្រណាំងប្រជែងចង់បានអាវុធ​កាន់​តែ​ច្រើន​ឡើង មិន​ព្យាបាល​ឬសនៃ​ការ​ទាស់​ទែងនោះទេ។ ផ្ទុយទៅ​វិញ សភាពការណ៍នេះបណ្តាល​ឲ្យការទាស់​ទែង​រាល​ដាល​ដល់​តំបន់ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក។ ហេតុនេះ ត្រូវ​ជ្រើស​រើស​មាគ៌ាថ្មី គឺត្រូវចាប់ផ្តើមពីការកែទម្រង់​ចិត្ត​គំនិត​មនុស្សដើម្បីបញ្ឈប់ការណ៍ដ៏អាក្រក់នេះ ហើយ​រំដោះមនុស្ស​លោកឲ្យ​បាន​រួច​ពីការ​តប់​ប្រមល់ ដែល​សង្កត់​សង្កិនគេ។ ធ្វើដូច្នេះ ទើបសន្តិភាពដ៏ពិតប្រាកដ កើតមកក្នុង​ពិភព​លោក​មូលបាន។

គ.    ហេតុនេះហើយបានជា យើងសូមប្រកាសម្តងទៀតថា ការប្រណាំងប្រជែងចង់បានអាវុធ​កាន់តែ​ច្រើន​ឡើង​ពិត​ជា​មុខ របួសយ៉ាងធ្ងន់ធ្ងរបំផុតរបស់មនុស្សជាតិ និងបណ្តាលឲ្យមានអយុត្តិធម៌ហួសហេតុដល់អ្នក​ក្រីក្រ ទ្រាំ​មិន​បាន។ ប្រសិន​បីេ នៅតែមានការប្រណាំងប្រជែងចង់បានអាវុធ​តទៅមុខទៀត ការណ៍នោះ​មុខជានឹង​បណ្តាល​ឲ្យ​កើត​មហា​វិនាសកម្មជាពំុខាន។

ឃ.  យើងស្គាល់អន្តរាយដែលមនុស្សជាតិបានបង្កើតហើយនោះ។ ដូច្នេះ យើងដឹងខ្លួនកាន់តែច្បាស់អំពីការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួនម្នាក់ៗផ្ទាល់ ហើយនាំគ្នាប្រើរយៈពេលដែលព្រះជាម្ចាស់​ប្រោសប្រទានឲ្យនេះ ដើម្បីស្វែងរក​វិធី​ផ្សេងៗ ដែល​ជួយ​យើង​ឲ្យដោះស្រាយទំនាស់តាមរបៀបសមរម្យស្របតាមលក្ខណៈរបស់ខ្លួនជាមនុស្ស។ ព្រះ​ជាម្ចាស់ដែលថែរក្សា​ការ​ពារ​មនុស្សលោក ទាមទារយ៉ាងខ្លាំង ឲ្យ​យើងរំដោះខ្លួន​ឲ្យ​រួច​ពី​ធ្វើជា​ទាសករ​នៃ​សង្រ្គាម ដែល​មាន​តាំង​ពីដើម​រៀង​មក។ប្រសិន​បើយើង​មិន​ព្រម​ខិត​ខំបែបនេះទេ យើងមិនដឹងថា មាគ៌ា​ដ៏​អាក្រក់​ដែល​យើងដើរសព្វថ្ងៃ នាំយើងឲ្យ​វិនាស​ដល់​ណា​ទេ។

៨២-ត្រូវហាមកុំឲ្យកើតសង្គ្រាមជាដាច់ខាត់

ក.    យើងដឹងច្បាស់ថា យើងត្រូវខិតខំអស់ពីសមត្ថភាព ប្រមូលកម្លាំងទាំងអស់ដើម្បីរៀបចំពេលដែល​ប្រជាជាតិ​ទាំង​អស់​ព្រមព្រៀងគ្នា ហាមមិនឲ្យកើតសង្គ្រាមទៀតទេ។ ដើម្បីបំបាត់សង្គ្រាមនោះ ត្រូវបង្កើតអំណាច​សាធារណៈ​សកលមួយ ដែលមនុស្សទាំង​អស់​ទទួល​ស្គាល់។ អំណាចនោះ​ត្រូវ​មាន​កង​កម្លាំង​ប្រកប​ដោយ​ប្រសិទ្ធភាព អាចធានាសន្តិសុខ​ដល់​មនុស្ស​ទាំង​អស់អាចគោរព​យុត្តិធម៌និងធានារ៉ាប់រងសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ មុន​អំណាច ដែលយើងប្រាថ្នាឲ្យកើតនោះ ត្រូវឲ្យស្ថាប័នអន្តជាតិ​ដ៏ខ្ពង់ខ្ពស់បំផុតដែលមានសព្វថ្ងៃ យកចិត្ត​ទុក​ដាក់​ដោយពេញ​ទំហឹងសិក្សារកមធ្យោបាយ​ដែល​អាច​ផ្តល់​សន្តិ​សុខ​រួម។ សន្តិភាព​ត្រូវតែ​កើត​ដោយ​ប្រជា​ជាតិ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក តែមិនមកដោយមាន​ប្រទេសមួយ​បង្ក្រាបជាតិឯទៀតៗដោយប្រើអាវុធទេ។ ហេតុ​នេះ ប្រទេសទាំងអស់ត្រូវ​រួមសហការគ្នា​បញ្ឈប់ការ​ប្រណាំង​ប្រជែង​ចង់​បាន​អាវុធ។មិនត្រូវឲ្យ​មាន​ប្រទេស​តែ​មួយបន្ថយចំនួន​អាវុធទេ​តែ​ត្រូវគ្រប់គ្នាបន្ថយចំនួន​អាវុធ​នៅ​ពេល​ជាមួយគ្នា តាម​ល្បឿន​ដូច​គ្នា តាម​ការ​ព្រមព្រៀង និងដោយមាន​ការធានា​រ៉ាប់រងយ៉ាងពិតប្រាក​ដ​និង​ប្រកបដោយប្រសិទ្ធភាព ទើប​ប្រទេស​ទាំង​អស់អាច​ចាប់ផ្តើមបន្ថយចំនួនអាវុធបាន។

ខ.    នៅពេលនេះ​យើងត្រូវសរសើរមនុស្ស ដែលបានខិតខំ​បំបាត់​សង្គ្រាម ហើយ​នៅតែកំពុងខិតខំបំបាត់​សង្គ្រាមត​ទៅ​ទៀត​ដែរ។ត្រូវគាំទ្រឆន្ទៈល្អរបស់អ្នកដឹកនាំ​ប្រទេស​ជាច្រើន ​ដែល​ទទួលខុសត្រូវ​ជាទម្ងន់​បំផុត និង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង តាមបន្ទុកដ៏ខ្ពង់ខ្ពស់​របស់​ខ្លួន ដើម្បីបំបាត់សង្គ្រាម​ដែល​អស់​លោកអ្នក​ស្អប់​ខ្ពើម ទាំងមិន​បំភ្លេច​ថា សភាពការ​ណ៍​នា​សម័យ​បច្ចុប្បន្ន​ស្មុគ្រស្មាញណាស់។ ម៉្យាងទៀតយើងជាគ្រីស្តបរិស័ទ ត្រូវទទូច​អង្វរ​ព្រះជាម្ចាស់ សូមព្រះអង្គ​ប្រទាន​ឲ្យអស់​លោកអ្នកមានកម្លាំងចិត្ត​ចាប់ផ្តើម​និងបន្តកសាង​សន្តិភាព​ដោយ​ចិត្តព្យាយាម។ កិច្ចដ៏សំខាន់នេះ ពិតជា​ហូរមក​ពីសេចក្តី​ស្រឡាញ់​យ៉ាងទូលំទូលាយ​ចំពោះ​មនុស្សលោក។ សព្វ​ថ្ងៃ អស់លោកអ្នកត្រូវតែ​បើកប្រាជ្ញានិងចិត្ត ទៅ​គិត​គូរ​ដល់​ប្រទេស​ដទៃក្រៅពីប្រទេស​របស់អស់លោក​អ្នក សូមអស់លោកអ្នកលះបង់អត្តទត្ថបុគ្គលនិយម​នៃជាតិរបស់ខ្លួន និង​លះបង់​បំណង​ប្រាថ្នាចង់ត្រួតត្រា​ប្រជាជាតិ​ឯទៀតៗ។ សូមអស់​លោកអ្នកគោរព យ៉ាងខ្លាំង​បំផុតចំពោះ​មនុស្សជាតិ​ទាំង​មូល​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ឈានទៅឲ្យបានរួបរួមគ្នាកាន់តែជិត​ស្និទ្ធ​ឡើងៗ។

គ.    ក្នុងកិច្ចកសាងសន្តិភាពនិងការដាក់អាវុធ ត្រូវនឹកគិតគូរដល់ការសិក្សាយ៉ាងជ្រៅ​ដែលអ្នកស្រាវជ្រាវបាន​ប្រព្រឹត្ត​រួច​ហើយ ដោយឥតឈប់​ឈរនិង​ដោយ​ចិត្តក្លាហាន។ ត្រូវគិតគូរដល់ការប្រជំុអន្តរជាតិនានា ដែល​បាន​រិះគិត​អំពី​បញ្ហា​ទាំង​នោះ។ ត្រូវចាត់ទុកថាការសិក្សាទាំងនោះ ជា​ជំហាន​ដើម​ដំបូង​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ទាំង​នោះ។ ត្រូវតែ​បន្ត​ការសិក្សានេះ យ៉ាងខ្លាំងជាងមុនទៅទៀត ទើប​បាន​លទ្ធផល​គួរឲ្យ​ប្រតិបត្តិ​តាម។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកុំផ្ញើ​ជីវិត​លើមនុស្សតែមួយ​ចំនួនតូចដែលខិតខំនោះ តែម្នាក់ៗ​ត្រូវ​ចាប់​អារម្មណ៍​នឹង​សន្តិភាពដោយខ្លួន​ឯងផ្ទាល់។ ប្រមុខ​រដ្ឋ​តែង​តែ​ទទួល​ខុសត្រូវលើ​ប្រយោជន៍រួម​នៃ​ប្រជាជាតិ​របស់​ខ្លួន ហើយនៅពេលជាមួយគ្នានោះ គេក៏លើក​ស្ទួយ​ប្រយោជន៍រួម​សកល​ដែរ។តែប្រមុខរដ្ឋ​ទាំងនោះ តែង​តែ​ប្រព្រឹត្តតាមមតិនិងតាមមនោសញ្ចេតនារបស់ប្រជា​ពលរដ្ឋ​របស់​គេ។ ហេតុនេះ ប្រសិនបើ ប្រជាពលរដ្ឋ​នៅ​តែ​បាក់​បែកគ្នា និងទាស់ទែងដោយសារមនោគមវិជ្ជាផ្សេងៗ បើគេ​មិនទុកចិត្តគ្នា ហើយ​នៅតែប្រកាន់ពូជ​សាសន៍ និងចាត់ទុកគេជាសត្រូវនៅឡើយ អស់​លោកអ្នកមិនអាចកសាង​សន្តិភាពបានទេ។ ហេតុនេះ ត្រូវ​ប្រែ​របៀបអប់រំចិត្តគំនិតប្រជាជនឲ្យបានជាថ្មី និងប្រែមតិសាធារណៈ​ជាចំាបាច់​បំផុត។ សូមឲ្យ​អស់​អ្នក​ដែល​រួម​សហការក្នុងកិច្ច​អប់រំ​ណា​មួយ ជាពិសេសអ្នកអប់រំយុវជន ឬអ្នកបង្កើត​មតិ​សាធារណៈ សូម​រាប់ថា គេ​មាន​មុខងារ​សំខាន់​ជាងគេ គឺនាំមនោសញ្ចេតនាថ្មីដែលអាចបង្កើត​សន្តិភាពចូលក្នុង​ចិត្ត​គំនិត​មនុស្ស​ទាំង​អស់។ តាម​ពិត យើងទាំងអស់គ្នា ត្រូវប្រែចិត្តគំនិត និងចាប់អារម្មណ៍នឹងពិភពលោក។យើងក៏​ត្រូវខិតខំធ្វើកិច្ចការ​ដែល​យើង​អាចប្រព្រឹត្តរួមគ្នាបាន ដើម្បីឲ្យមនុស្សជាតិចម្រើនឡើង។

ឃ.  តែយើងមិនត្រូវបញ្ឆោតខ្លួនឯងដោយមានសេចក្តីសង្ឃឹមផ្តេសផ្តាសឡើយ។ ទោះបីយើងបំបាត់គំនុំគុំកួន​និង​ការ​ស្អប់​គ្នា​ក្តី ទោះបី មនុស្សមានចំណេះយ៉ាងអស្ចារ្យគួរ​ឲ្សសរសើរក្តីប្រសិន​បើយើង​មិន​ចុះហត្ថលេខា​លើការ​ព្រម​ព្រៀង​យ៉ាងរឹង​ប៉ឹង​និងប្រកបដោយយុត្តិធម៌ដែលធានាសន្តិភាព​សកលនោះទេ មនុស្ស​ជាតិ ដែលកំពុង​ប្រឈម​មុខនឹង​គ្រោះ​កាច​យ៉ាង​ធ្ងន់​ធ្ងរ មុខជាមិនស្គាល់សន្តិភាព​ណាផ្សេង​ពីសន្តិភាព​ដ៏អាក្រក់​បំផុត​បណ្តាល​មក​ពី​សេចក្តី​ស្លាប់។ ប៉ុន្តែនៅពេលព្រះ​សហគមន៍របស់ព្រះគ្រីស្ត ចែករំលែកសេចក្តីតប់​ប្រមល់​របស់មនុស្ស​ជាតិ​នាបច្ចុប្បន្នកាល និងប្រកាសសេចក្តី​ទាំង​នេះ ក៏ព្រះសហគមន៍​នៅតែមានសេចក្តីសង្ឃឹម​យ៉ាង​មាំ​មួន​ដែរ។ ព្រះសហគមន៍មានគោលបំណងចង់ប្រកាស ទោះ​ត្រូវពេល​វេលាក្តី ខុសពេលវេលាក្តី នូវសារ​ដែល​ខ្លួន​បាន​ទទួលបន្តពីក្រុមគ្រីស្តទូត ឲ្យមនុស្សនាសម័យនេះដឹង គឺថា “គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យគឺ​ឥឡូវ​នេះ​ហើយ!” ជាគ្រាមនុស្សប្រែចិត្តគំនិត។ "ឥឡូវនេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!" (២ ករ៦,២)។

វគ្គទី២
ការកសាងសហគមន៍អន្តរជាតិ

៨៣-មូលហេតុបណ្តាលឲ្យមនុស្សបាក់បែកគ្នា និងការព្យាបាល

បើយើងចង់កសាងសន្តិភាព ត្រូវបំបាត់មូលហេតុទាំងប៉ុន្មានបណ្តាលឲ្យមនុស្សទាស់ទែងគ្នា មាន​អយុត្តិធម៌​ជា​ដើម ដែលនាំឲ្យកើតសង្គ្រាម។ នេះជាលក្ខ័ណ្ឌសំខាន់ជាងគេ។ អយុត្តិធម៌ជាច្រើន បណ្តាលមកពី​សភាព​ការណ៍​សេដ្ឋកិច្ច​មិនស្មើគ្នា​ហួសហេតុ និង​មកពីការយឺតយ៉ាវពេកក្នុងការកែប្រែសភាពការណ៍មិន​ស្មើគ្នា​ទាំង​នោះ។មាន​មូល​ហេតុ​ផ្សេងៗទៀត គឺមកពីមនុស្ស​មាន​ចិត្តទោសៈចង់ត្រួតត្រាគេ និងមកពី​គេមើល​ងាយអ្នកដទៃ។ ប្រសិនបើ យើង​រិះគិត​ដល់មូលហេតុឲ្យបានជ្រៅជាងទៅទៀត យើងមុខជា​នឹង​ឃើញថា មានចិត្ត​ច្រណែន​ឈ្នានីស ការមិនទុកចិត្តគ្នា ចិត្ត​ក្រអឺត​ក្រទមនិងតណ្ហាឯទៀតៗ នាំឲ្យមនុស្ស​គិត​តែពីខ្លួនឯង។ ដោយ​មនុស្ស​មិន​អាចស៊ូទ្រាំ​នឹង​អយុត្តិធម៌​ច្រើន​យ៉ាង​នេះ ទោះបើមិនកើតសង្រ្គាម​ដ៏ឃោរ​ឃៅក្តី ក៏​មនុស្សលោក​នៅ​តែ​ជ្រួល​ច្របល់ជានិច្ច ដោយ​មាន​គេប្រកួត​ប្រជែង​គ្នា និងប្រព្រឹត្តអំពើហិង្សាទៀតផង។ លើសពីនេះ​ទៅទៀត សេចក្តីអាក្រក់​ទាំង​នេះ នៅតែមានក្នុងទំនាក់ទំនង​ជាតិ និង​ជាតិ​ដែរ។ ហេតុនេះហើយស្ថាប័នអន្តរជាតិត្រូវ​ពង្រីក​និងពង្រឹង​ការសហការ​គ្នាឲ្យកាន់តែខ្លាំងឡើង។ ការនេះពិតជា​ចាំ​បាច់​បំផុត។ ធ្វើដូច្នេះ ស្ថាប័នអន្តរជាតិ​មុខ​ជា​នឹង​បំបាត់​សេចក្តីអាក្រក់​ទាំងនោះ ឬជៀសវាងមិនឲ្យកើតឡើង ព្រម​ទាំង​ទប់ទល់​ហិង្សាទៀតផង។ ហេតុនេះ សូម​ព្យាយាម​ដាស់តឿនឲ្យគេបង្កើត​ស្ថាប័នសម្រាប់លើកស្ទួយសន្តិភាព ដោយមិន​ណាយ​ចិត្តឡើយ។

៨៤-សហគមអន្តរជាតិ និងស្ថាប័នអន្តរជាតិ

ក.    នៅសម័យឥឡូវ ប្រជាពលរដ្ឋនិងប្រជាជនទាំងអស់នៅលើផែនដី មានចំណងទាក់ទងគ្នា គឺត្រូវការគ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំងឡើងៗ។ គេក៏ស្វែងរកប្រយោជន៍រួមយ៉ាងត្រឹមត្រូវនិងបង្កើតប្រយោជន៍រួមយ៉ាងសកម្ម​ផង​ដែរ។ ហេតុការណ៍ទាំងនោះទាមទារឲ្យសហគមន៍ប្រជាជាតិនានា ចាត់ចែងគ្នាតាំងពីពេលឥឡូវនេះ តាម​របៀប​រៀប​រយ​ស្របតាមបន្ទុកនាបច្ចុប្បន្ន។ យើងគិតជាពិសេសអំពីតំបន់ជាច្រើនដែលរងគ្រោះដោយខ្វះខាត​គ្មាន​ស្បៀងអាហារ​បរិភោគ ជាគ្រោះកាចដែលទ្រាំមិនបាន។

ខ.    ស្ថាប័នសហគមន៍អន្តរជាតិត្រូវផ្គត់ផ្គង់តាមចំណែករៀងៗខ្លួន នូវសេចក្តីត្រូវការនានារបស់មនុស្ស ក្នុងវិស័យ​សង្គម​ពោលគឺ ផ្គត់ផ្គង់ស្បៀងអាហារ សុខាភិបាល ការអប់រំ ការងារ។ល។ ស្ថាប័នសហគមន៍អន្តរជាតិ​ក៏ត្រូវ​មាន​សមត្ថភាព​អាច​ប្រឈម​មុខ​នឹង​ហេតុការណ៍ផ្សេងៗដែលកើតក្នុងតំបន់ខ្លះ ឧបមាថា ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យចម្រើន​ឡើង ជួយ​សម្រាល​ទុក្ខជនភៀសខ្លួនដែលខ្ចាត់ខ្ចាយក្នុងពិភពលោក​ទាំងមូល ឬផ្តល់​ជំនួយ​ដល់​ជនអន្តោ​ប្រវេសន៍​និងក្រុមគ្រួសារ​គេផង។

គ.    ស្ថាប័នអន្តរជាតិដែលសព្វថ្ងៃមានរួចហើយ ទាំងស្ថាប័នអន្តរជាតិ សា្ថប័នតាមតំបន់ មានគុណជាច្រើន​ដល់​មនុស្ស​ជាតិមែន។ ស្ថាប័នទាំងនោះហាក់ដូចជាការព្រាងទុកដើមដំបូង​អំពីគ្រឹះអន្តរជាតិ សម្រាប់សាងសង់​សហគមន៍​មនុស្សជាតិទាំងមូល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនាសម័យឥឡូវ ពោលគឺ លើកស្ទួយការ​ចម្រើន​ឡើងនៅគ្រប់តំបន់​នៃ​ផែន​ដី និងជៀសវាងមិនឲ្យកើតសង្រ្គាមគ្រប់យ៉ាង។ ព្រះសហគមន៍មាន​អំណរ​សប្បាយ​ដោយឃើញថា ក្នុងគ្រប់​វិស័យ គ្រីស្តបរិស័ទនិងអ្នកដែលមិនកាន់គ្រីស្តសាសនា មាន​ចិត្ត​គំនិត​ចាត់​អ្នក​ដទៃទុកជាបងប្អូនយ៉ាងពិតប្រាកដ​កាន់តែខ្លាំងឡើងៗ។ គេក៏នៅតែខិត​ខំ​សម្រាល​ទុក្ខ​ដ៏​ធំ​ធេង​របស់​មនុស្ស​លោក​កាន់តែខ្លាំងឡើងៗទៀតដែរ។

៨៥-សហគមន៍អន្តរជាតិរួមសហការក្នុងវិស័យសេដ្ឋកិច្ច

ក.    មនុស្សជាតិនាបច្ចុប្បន្នរួមសាមគ្គីគ្នា។ ហេតុនេះគ្រប់ប្រទេសត្រូវរួមសហការគ្នាក្នុងវិស័យសេដ្ឋកិច្ចឲ្យកាន់តែ​ជិត​ស្និទ្ធ​ឡើងៗ។ទោះបីប្រជាជនស្ទើរតែទាំងអស់បានឯករាជ្យខាងនយោបាយក្តី ក៏ប្រជាជនទាំងនោះមិន​ទាន់​បានរួច​ផុត​ពីភាពមិនស្មើគ្នានៅឡើយទេ ហើយក៏នៅតែជាចំណុះប្រទេសដទៃហួសហេតុគ្រប់យ៉ាងដែរ។គេ​ក៏មិន​ទាន់​រួចពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​នៅផ្ទៃក្នុងរបស់គេនៅឡើយដែរ។

ខ.    ប្រទេសមួយអាចចម្រើនឡើងបាន អាស្រ័យតែលើធនធានមនុស្សនិងហិរញ្ញវត្ថុរបស់ខ្លួនដែរ។ការអប់រំ​និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ត្រូវតែរៀបចំប្រជាពលរដ្ឋនៃប្រជាជាតិនីមួយៗ​ឲ្យមានសមត្ថភាពអាច​បំពេញ​គ្រប់ បន្ទុក​ខាង​សេដ្ឋកិច្ចនិងខាងសង្គមបាន។ ហេតុនេះត្រូវការអ្នកជំនាញការអន្តរជាតិមកជួយ។ ប៉ុន្តែអស់​អ្នក​ជំនាញ​ការ​ដែល​មកជួយនោះមិនត្រូវមានឥរិយាបទធ្វើ​ដូចជាម្ចាស់​ត្រួតត្រាគេទេ តែទុកជាអ្នកជំនួយនិង​ជា​សហការី​វិញ។ ចំពោះ​ជំនួយជាសម្ភារៈដល់ប្រជាជាតិកំពុងអភិវឌ្ឍន៍វិញ ជំនួយទាំងនោះមុខជានឹង​បណ្តាល​ឲ្យ​ទម្លាប់ខាង​ពាណិជ្ជ​កម្ម​នា​សម័យឥឡូវប្រែប្រួលយ៉ាងខ្លាំង។ ប្រជាជាតិដែល​មាន​សេដ្ឋកិច្ចជឿនលឿន​ត្រូវ​ជួយ គេតាមរបៀប​ផ្សេងទៀត ដូច​ជា​ផ្តល់​អំណោយ កម្ចី ឬផ្តល់វិនិយោគជាប្រាក់។ ប្រជាជាតិទាំង​នោះ​ត្រូវ​ជួយ​បម្រើដោយចិត្ត​ទូលំទូលាយនិងដោយចិត្តទៀង​ត្រង់ រីឯប្រទេសដែលទទួលជំនួយវិញ​មិនត្រូវមានចិត្ត​លោភ​លន់ឡើយ។

គ.    ប្រសិនបើសហគមន៍អន្តរជាតិចង់កសាងរបៀបរៀបរយដ៏ពិតប្រាកដ​ខាងសេដ្ឋកិច្ចក្នុង​ពិភពលោក ត្រូវបញ្ឈប់​ចិត្ត​លោភលន់​ចង់បានកម្រៃហួសហេតុ ត្រូវបញ្ឈប់ចិត្តទោសៈចង់ត្រួតត្រាប្រទេសដទៃខាងនយោបាយ ត្រូវ​បញ្ឈប់​យុទ្ធសាស្រ្តយោធា ព្រមទាំងត្រូវបញ្ឈប់កលល្បិចដែលមានគោលដៅផ្សព្វផ្សាយមនោគមវិជ្ជាមួយ ឬ​បង្ខំ​ឲ្យ​គេយក​មនោគមវិជ្ជានោះ។ ទោះបីមានប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមជាច្រើនប្លែកៗពីគ្នាក្តី ក៏ត្រូវ​ឲ្យ​មនុស្ស​មាន​សមត្ថភាព អាចរក​គ្រឹះរួមសម្រាប់បង្កើតពាណិជ្ជកម្មសកលដែរ។ ប្រសិនបើម្នាក់ៗ​លះ​បង់​គំនិត​ដែល​គេ​បាន​គិត​ទុកជាមុន ហើយសុខចិត្ត​សន្ទនាដោយចិត្តស្មោះដោយមិនយឺតយ៉ាវ ទើបគេអាចរក​ឃើញ​គ្រឹះ នេះ​បាន។

៨៦-គោលការណ៍ខ្លះដែលអាចជួយណែនាំបាន

ក.    យើងយល់ឃើញ គួរអនុវត្តតាមគោលការណ៍ដើម្បីសហការគ្នា ដូចតទៅ ៖

ខ.    ប្រជាជាតិកំពុងអភិវឌ្ឍន៍​ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងថា គោលដៅនៃការអភិវឌ្ឍន៍មានតែមួយគត់ គឺនាំឲ្យ​ប្រជា​ពលរដ្ឋរីក​ចម្រើនយ៉ាង​ពេញលេញក្នុង​ឋានៈគេជា​មនុស្ស។ ប្រជាជាតិទាំងនោះត្រូវតែបញ្ជាក់គោល​ដៅ​នេះ​យ៉ាង​ច្បាស់ដោយមិនអាច​ភាន់ច្រឡំបានឡើយ។ ប្រជាជាតិទាំងនោះត្រូវនឹកចងចាំថា មានតែកិច្ចការ​ដែល​ប្រជាជ​នធ្វើ និងការប៉ិនប្រសប់របស់គេទេ ដែលបណ្តោយឲ្យប្រជាជាតិរបស់ខ្លួនអាចចម្រើនឡើង​បាន​និង​ឲ្យការ​ចម្រើននេះ​មានកម្លាំងរស់រវើក។ ការអភិវឌ្ឍន៍នោះមិនសំអាងតែលើជំនួយបរទេស​តែ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រើប្រាស់ធនធាន​របស់ប្រទេសយ៉ាងពេញលេញវិញ ត្រូវសំអាងលើវប្បធម៌ និងលើប្រពៃណីរបស់ខ្លួន ផ្ទាល់ ទើប​ចម្រើនឡើងតាម​សម្រួល​បាន។ ក្នុងករណីនេះ អស់អ្នកដែល​មានឥទ្ធិពលខ្លាំងជាងគេ​លើអ្នក​ដទៃ​ត្រូវ​ធ្វើ​ជាគំរូឲ្យគេ។

គ.    ប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿន មានភារកិច្ចយ៉ាងធំបំផុត គឺជួយប្រជាជាតិកំពុងអភិវឌ្ឍន៍ ឲ្យបំពេញ​បន្ទុក​ទាំងនោះយ៉ាងស្រួល។ សូមឲ្យប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿន រិះគិតនិង​ប្រែចិត្តគំនិត​របស់គេ គឺ​ប្រែ​ទាំងខាងវិញ្ញាណ ទាំងខាងសម្ភារៈ ដើម្បីឲ្យគេអាចសហការជាសកលបាន។

ឃ.  ហេតុនេះហើយបានជា នៅពេលប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនចចារជាមួយប្រជាជាតិដែលមាន​សេដ្ឋកិច្ច​ទន់​ខ្សោយនិងប្រជាជាតិក្រជាងគេ ត្រូវយល់ដល់ផលប្រយោជន៍របស់គេនោះផង ដ្បិតពេលប្រជា​ជាតិ​ក្រីក្រលក់​ផលិតផលរបស់ខ្លួន​គេទទួលផលដែលគេត្រូវការជាចំាបាច់សម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួន។

ង.    សហគមន៍អន្តរជាតិមានតួនាទីសម្របសម្រួល និងលើកស្ទួយការអភិវឌ្ឍន៍ដោយយកចិត្តទុកដាក់ចែកចាយ​ធនធាន ដែលគេគ្រោងទុកដោយប្រសិទ្ធភាពនិងយ៉ាងត្រឹមត្រូវជាអតិបរមា។ប៉ុន្តែ ត្រូវគិតដល់គោល​ការណ៍ “ទុក​អំណាច​បន្ទាប់​បន្សំ” គឺទុកឲ្យប្រជាជាតិកំពុងតែអភិវឌ្ឍន៍ទាំងនោះទទួលខុសត្រូវខ្លួនឯង គឺ​សហគមន៍​អន្តរជាតិ​មាន​តួនាទីចាត់ចែងទំនាក់ទំនងខាងសេដ្ឋកិច្ចក្នុងពិភលោកទាំងមូលឲ្យមាន​របៀបរៀប​រយ ដើម្បី​ចែក​ចាយ​ជំនួយតាមក្បួន​យុត្តិធម៌។

ច.    សូមតែងតាំងស្ថាប័នដែលមានសមត្ថភាពលើកស្ទួយនិងណែនាំពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពាណិជ្ជកម្ម​ជា​មួយ​ប្រជាជាតិដែលមានសេដ្ឋកិច្ចទន់ខ្សោយជាងគេ។ ស្ថាប័នទាំងនោះអាចកែសម្រួលផលអាក្រក់ដែល​បណ្តាល​មកពីភាពមិន​ស្មើគ្នាហួសហេតុនៃប្រជាជាតិនានា។ ការកែសម្រួលនេះ និងជំនួយខាងបច្ចេកទេស ជំនួយ​ខាងវប្បធម៌ និង​ជំនួយ​ខាងហិរញ្ញវត្ថុ មុខជានឹងផ្តល់​ឲ្យ​ប្រជាជាតិកំពុងអភិវឌ្ឍន៍ទាំងនោះ មាន​មធ្យាយោបាយ ដើម្បី​បន្ត​ការខិតខំរបស់ខ្លួន និងនាំឲ្យសេដ្ឋកិច្ចរបស់គេចម្រើន​ឡើងតាមសម្រួល។

ឆ.    ក្នុងករណីជាច្រើន ត្រូវប្រែរចនាសម័្ពន្ធសេដ្ឋកិច្ចនិងសង្គមទាំងស្រុងជាបន្ទាន់។ ប៉ុន្តែត្រូវប្រយ័ត្ន កុំយក​ដំណោះ​ស្រាយមិនទាន់ស្ទាត់ជំនាញខាងបច្ចេកទេស ជាពិសេសកុំយកដំណោះស្រាយដែលផ្តល់​អត្ថ​ប្រយោជន៍​តែខាង​សម្ភារៈប៉ុណ្ណោះទេ។ ការអភិវឌ្ឍន៍មិនត្រូវទាស់នឹងលក្ខណៈរបស់មនុស្ស​ខាងផ្លូវវិញ្ញាណ ហើយ​ក៏មិនត្រូវទាស់នឹង​ការ​ចម្រើន​ដ៏​ពេញលេញ​របស់​ខ្លួន​ដ្បិត “មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​អាហារ​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ព្រះ​បន្ទូល​ដែល​ចេញមក​ពី​ព្រះ​ឱស្ឋ​របស់​ព្រះ​ជា​ម្ចាស់​ដែរ” (មថ ៤,៤)។ មនុស្ស​ម្នាក់ៗមានចំណែកមួយនៃទ្រព្យសម្បត្តិ​ដ៏ថ្លៃថ្នូរកប់ទុកក្នុងខ្លួន និងក្នុងប្រពៃណី​ដ៏ប្រសើរ​របស់គេ ដែល​ព្រះជាម្ចាស់បានផ្ញើទុកដល់មនុស្សជាតិ ទោះបីមានគ្នាច្រើន​មិនស្គាល់​ប្រភពនៃកំណប់ដ៏ថ្លៃថ្នូរ​នេះក្តី។

៨៧-ការសហការអន្តរជាតិ ​និងកំណើននៃចំនួនមនុស្ស

ក-   មានប្រជាជាតិមួយចំនួន ត្រូវការរួមសហការអន្តរជាតិជាចាំបាច់បំផុតអាក់ខានមិនបាន។ ក្នុងចំណោមបញ្ហា​ជា​ច្រើន។ ប្រជាជាតិទាំងនោះត្រូវ​ប្រឈម​មុខនឹងបញ្ហាសំខាន់ជាងគេ គឺចំនួន​ប្រជាជន​កើន​ឡើងយ៉ាងឆាប់​រហ័ស។ ហេតុនេះ​ត្រូវ​ស្វែង​រកមធ្យោបាយជួយរៀបចំអ្វីៗដែលគេត្រូវការ ដើម្បីឲ្យមនុស្សទាំងអស់​មាន​ស្បៀង​អាហារ​បរិភោគ​គ្រប់គ្រាន់ ឲ្យគេមានការសិក្សាសមរម្យ ដើម្បីជាប្រយោជន៍ដល់​សហគមន៍​មនុស្ស​លោក​ទាំង​មូល។ មនុស្សទាំង​អស់ ជាពិសេសប្រជាជាតិដែលសម្បូរណ៍ដោយទ្រព្យ​សម្បត្តិ ត្រូវរួមសហការ​យ៉ាង​ពេញ​លេញ និងយ៉ាង​ព្យាយាម​ជួយ​ឧបត្ថមគេ។ ប្រសិនបើប្រជាជាតិមួយ​ចំនួន​ធំទទួល​ការ​បង្រៀនយ៉ាងសមរម្យ គេ​អាច​ធ្វើឲ្យ​ជីវភាព​ប្រជាជន​របស់​ខ្លួនចម្រើនឡើងបានយ៉ាង​ខ្លាំង គឺគេមុ​ខ​ជា​នឹង​ឆ្លងកាត់ពីកសិកម្មបុរាណ មក​ប្រើ​បច្ចេកទេសទំនើប ដោយ​ប្រុង​ប្រយ័ត្នតាមតម្រូវការ និងស្របតាមសភាពការណ៍របស់គេ។ គេក៏​ត្រូវ​ចែក​រំលែក​ដីធ្លីឲ្យប្រជាជនប្រើប្រាស់តាម​យុត្តិធម៌ ទើបកើតរបៀបរៀបរយល្អក្នុងសង្គម។

ខ. ចំពោះបញ្ហាចំនួនប្រជាជ​នក្នុងប្រជាជាតិនីមួយៗ រដ្ឋាភិបាលនានា ​ពិតជាមាន​សិទ្ធិ​និងភារកិច្ច តាមព្រំដែននៃ​សមត្ថកិច្ច​របស់​ខ្លួន ឧបមាថា រដ្ឋាភិបាលមាន​សិទ្ធិ​និងភារកិច្ចតែងច្បាប់អំពីសង្គមនិងអំពីក្រុមគ្រួសារ អំពី​ប្រជាជន​ស្រុក​ស្រែ​ចម្ការ​ដែល​មក​រស់នៅក្នុងទីក្រុង អំពី​ពត៌មានស្តីអំពីសភាពការណ៍ និងអំពីតម្រូវ​ការ​នៃ​ប្រទេស។ សព្វថ្ងៃមាន​មនុស្ស​ជាច្រើន​យកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហានេះ។ ហេតុនេះ មហាសន្និបាត​ប្រាថ្នា​ចង់​ឲ្យមានគ្រីស្តបរិស័ទ​កាតូលិកដែល​មានសមត្ថភាពក្នុងវិស័យទាំងនោះ ជាពិសេសក្នុងសកល​វិទ្យា​ល័យ បន្តការស្រាវជ្រាវដែល​មនុស្ស​ផ្សេងៗ​ចាប់​ផ្តើមសិក្សា​ឲ្យកាន់តែទូលំទូលាយឡើង។

គ.    មានមនុស្សជាច្រើនតែងតែប្រកាសថា ត្រូវបន្ថយកំណើននៃចំនួនមនុស្សនៅលើផែនដីជាដាច់ខាត យ៉ាង​ហោច​ណាស់​សូមបន្ថយចំនួនកំណើតកូនក្នុងប្រទេសមួយចំនួន ដោយប្រើគ្រប់មធ្យោបាយ ហើយ​រដ្ឋ​អំណាច​ត្រូវ​បញ្ចេញ​ក្រឹត្យ​ក្រម​គ្រប់យ៉ាងដើម្បីបន្ថយចំនួនមនុស្ស។ មហាសន្និបាតសូមក្រើនរំឭក​ដាស់​តឿន​មនុស្ស​ទាំង​អស់​ថា កុំប្រើវិធីផ្ទុយ​នឹង​វិន័យ​នៃសីលធម៌ ទោះបីគេទូន្មានឲ្យ​ប្រើវិធីទាំងនោះជា​សាធា​រណៈ​ក្តី ឬជា​ឯកជន​ក្តី ឬទោះជាគេបង្ខំ​ឲ្យប្រើ​ក៏ដោយ។ មនុស្សមាន​សិទ្ធិរៀបអាពាហ៍ពិពាហ៍និងបន្ត​ពូជ ជា​សិទ្ធិ​ដែល​គ្មាន​នរណា​អាចដកហូតបានជាដាច់ខាត។ ហេតុនេះ ​មានតែគូស្វាមី​ភរិយាទេ ដែលអាច​សម្រេច​អំពី​ចំនួន​កូន​របស់​ខ្លួនបាន ក្រោយពីបានរិះគិត​ថ្លឹងថ្លែង​យ៉ាង​ត្រឹម​ត្រូវ។ រដ្ឋអំណាចគ្មាន​សិទ្ធិសម្រេច​ជំនួស​គេ​បាន​សោះ។ ឪពុក​ម្តាយត្រូវសម្រេចដោយមានមនសិការអប់រំយ៉ាង​ល្អ។ ហេតុនេះ ត្រូវជួយមនុស្ស​ទាំងអស់​ឲ្យ​មាន​សមត្ថភាព​អាចទទួលខុសត្រូវ ស្រប​តាម​សីលធម៌និង​ស្របតាម​លក្ខណៈ​របស់ខ្លួនជាមនុស្ស ដោយ​គិត​គូរ​ដល់​ធម្មវិន័យរបស់ព្រះជាម្ចាស់ និងដោយមិនបំភ្លេចដល់​សភាពការណ៍​ទាំង​ប៉ុន្មាន​នៃ​ការរស់នៅ​ដែរ។ដូច្នេះ ត្រូវ​ប្រើ​គរុកោសល្យ​អប់រំឲ្យកាន់តែ​ប្រសើរឡើង និងធ្វើឲ្យ​សភាពការណ៍​ក្នុង​សង្គម​ចម្រើន​ឡើង​ផងដែរ។ ជា​បឋម ត្រូវផ្តល់ឳកាសឲ្យប្រជាជនអាច​ទទួល​ការអប់រំខាងសាសនា ឬយ៉ាង​ហោច​ណាស់​ឲ្យ​ទទួល​ការ​អប់រំ​ខាង​សីលធម៌ ដែលមានគុណភាពល្អ។ម៉្យាង​ទៀត ត្រូវផ្តល់ពត៌មានសមរម្យដល់​ប្រជាជនឲ្យ​បាន​ដឹង​អំ​ពី​ការ​ចម្រើន​នៃ​វិទ្យាសាស្រ្ត ក្នុងការស្វែងរកវិធីដែលអាច​ជួយ​គូស្វាមី​ភរិយា​ក្នុងការពន្យារ​កំណើត​កូន។ គេ​អាច​ប្រើវិធី​ទាំងនោះបាន លុះត្រា​តែ​វិធីទាំងនោះមានតម្លៃយ៉ាងច្បាស់ និងពិតជាស្រប​តាម​សីលធម៌។

៨៨-តួនាទីរបស់គ្រីស្តបរិស័ទក្នុងជំនួយអន្តរជាតិ

ក.    គ្រីស្តបរិស័ទត្រូវសុខចិត្តរួមសហការដោយ​ចិត្ត​ស្មោះ និង​ដោយចិត្តទូលាយក្នុងការកសាង​របៀបរៀបរយ​អន្តរជាតិ។ ត្រូវ​កសាង​របៀបរៀប​រយនេះដោយគោរពយ៉ាងស្មោះ ចំពោះសេរីភាពដ៏ត្រឹមត្រូវ និង​ដោយ​ស្រឡាញ់​មនុស្សទាំង​អស់​ទុក​ជា​បង​ប្អូន។ គ្រីស្តបរិស័ទរឹតតែស្ម័គ្រចិត្តជួយកសាង​របៀបរៀបរយនេះដោយ​ដឹង​ថា មនុស្សភាគ​ច្រើននៅក្នុងលោក​នេះ ​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​តោក​យ៉ាក ហើយតាមរយៈអ្នកក្រីក្រ​ទាំង​នោះ ព្រះគ្រីស្តទាមទារយ៉ាងខ្លាំង​ឲ្យ​ក្រុម​សាវ័ក​ព្រះ​អង្គ​មាន​ចិ​ត្ត​មេត្តា​ករុណា។ សូមបំបាត់សភាពការ ដែល​ទាស់​ភ្នែកនេះដែលមានដូចតទៅ គឺថា មានប្រជាជាតិ​ខ្លះ​ដែល​ប្រជាពលរដ្ឋភាគច្រើនជា​គ្រីស្តបរិស័ទ មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​តែនៅពេល​ជាមួយគ្នានោះ មានប្រជាជាតិ​ខ្លះ​ខ្វះ​ខាត គ្មានអ្វីៗ​ដែល​គេ​ត្រូវ​ការ​សម្រាប់​ទប់​ទល់​ជីវភាព គេរងគ្រោះដោយទុរ្ភិក្ស គ្មានអាហារបរិភោគ មានជំងឺរាត​ត្បាត និងកើត​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង។ គំនិត​របស់អ្នកដែលចង់ដាក់ខ្លួនជាអ្នកក្រីក្រ និងមានសេចក្តីស្រឡាញ់ ពិត​ជា​សិរីរុង​រឿងនិងជា​សញ្ញា​សម្គាល់​នៃ​ព្រះសហគមន៍​របស់ព្រះគ្រីស្ត។

ខ.    ហេតុនេះ ត្រូវលើកតម្កើង និងលើកទឹកចិត្តគ្រីស្តបរិស័ទទាំងប៉ុន្មាន ជាពិសេសយុវជន ដែល​ស្ម័គ្រ​ចិត្ត​ថ្វាយ​ខ្លួន​ជួយ​បម្រើ​មនុស្សឯទៀតៗ និងប្រជាជនផ្សេងៗ។ លើសពីនេះទៅទៀត ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់​ទាំង​មូល​មាន​តួនាទី​សម្រាល​ទុក្ខមនុស្សសម័យឥឡូវ តាមសមត្ថភាពរៀងៗខ្លួន ដោយមានអភិបាលព្រះ​សហ​គមន៍​លើកទឹក​ចិត្តគេ ទាំង​មានប្រសាសន៍​និងធ្វើគំរូផងដែរ។ គេមិនគ្រាន់តែយកអ្វីដែលនៅសេសសល់​មក​ចែក​ដល់អ្នកក្រីក្រប៉ុណ្ណោះទេ តែគេ​យក​អ្វីៗ​ដែលខ្លួនត្រូវការជាចំាបាច់សម្រាប់ចិញ្ចឹមជីវិតមកចែកឲ្យគេ​វិញ ដូច​ព្រះសហគមន៍​ពីដើមធ្លាប់ធ្វើ។

៣.   ត្រូវ​ចាត់ចែងការប្រមូលធនធានឲ្យមានរបៀបរៀបរយ តាម​ភូមិភាគ តាមប្រជាជាតិនានា និងនៅ​តាម​សកល​លោក​ទាំង​មូល ​ទោះ​បីរបៀបប្រមូលប្រាក់និងចែកជំនួយមិនដូចគ្នានៅគ្រប់កន្លែងក្តី។ សូមគ្រីស្តប​រិស័ទ​កាតូលិក​រួម​សហការ​ជាមួយ​បង​ប្អូន​គ្រីស្តបរិស័ទ​នីកាយឯទៀតៗ នៅកន្លែងណាដែល​គេ​ឃើញ​ថា គួរ​ឲ្យ​ធ្វើ​ការ​រួមគ្នា។ សេចក្តី​ស្រឡាញ់​ទាមទារឲ្យ​អ្នក​ប្រព្រឹត្ត​កិច្ចការតាមសង្គមនិងកិច្ចជួយដល់អ្នកដទៃ គិតគូរដល់​អនាគត និង​ធ្វើការ​ដោយ​មាន​របៀប​រៀ​បរយ។ ហេតុ​នេះ​អស់អ្នក​ដែលចង់បម្រើប្រជាជាតិ​ដែល​កំពុង​អភិវឌ្ឍន៍ ត្រូវ​ទទួល​ការអប់រំតាម​របៀប​សមរម្យ​ក្នុង​គ្រឹះស្ថានឯកទេស មុនចេញ​ទៅ​បម្រើ​អ្នកដទៃ។

៨៩-វត្តមានរបស់ព្រះសហគមន៍ក្នុងសហគមន៍អន្តរជាតិ

ក.    ព្រះសហគមន៍ប្រកាសដំណឹងល្អឲ្យមនុស្សទាំងអស់ តាមបេសកកម្មដែលខ្លួនបានទទួល​ពីព្រះ​ជាម្ចាស់មក។ ពេល​នោះ​ព្រះសហគមន៍ចែករំលែកព្រះហឫទ័យប្រោសប្រណីដ៏ថ្លៃថ្មូររបស់ព្រះអង្គឲ្យគេ និង​ជួយពង្រឹង​សន្តិភាព ហើយ​តែង​តាំង​គ្រឹះដ៏មាំមួនជូនសហគមន៍មនុស្សលោកជាបងប្អូន គឺនាំឲ្យគេស្គាល់​ធម្មវិន័យ​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ធម្មវិន័យ​របស់ធម្មជាតិ​ដែរ។ ហេតុនេះ ព្រះសហគមន៍ត្រូវតែមានវត្តមានក្នុង​សហគមន៍​ប្រជាជាតិជាចាំបាច់ ដើម្បីលើក​ទឹក​ចិត្ត និងដាស់​តឿន​មនុស្សទាំងអស់ឲ្យរួមសហការគ្នា។ ព្រះ​សហគមន៍​ត្រូវមាន​វត្តមានតាមស្ថាប័នជាផ្លូវការ និង​ដោយ​គ្រីស្តបរិស័ទ​ទាំង​អស់រួមសហការដោយចិត្តស្មោះ។គ្រីស្ត​បរិស័ទរួមសហការដូច្នេះដោយមាន​បំណងតែ​មួយ គឺជួយ​ដល់​ប្រយោជន៍​មនុស្ស​ទាំង​អស់។

ខ.    ប្រសិនបើគ្រីស្តបរិស័ទដឹងអំពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងឋានៈ​ជាមនុស្សផង និងក្នុងឋានៈ​ជាគ្រីស្ត​បរិស័ទ​ផង គេ​មុខ​ជានឹងនាំគ្នាដាស់តឿនមនុស្សនៅកន្លែងគេរស់នៅ ឲ្យមានបំណង​រួមសហការជាមួយ​សហ​គមន៍​អន្តជាតិ ដោយចិត្ត​ទូលាយ។ ដូច្នេះ គេមុខជានឹងបានលទ្ធផលនោះពុំខាន។ក្នុង​ករណីនេះ ត្រូវចាប់​អារម្មណ៍​យ៉ាងពិសេស​នឹងការ​អប់រំ​យុវជន ទាំងខាងសង្គម ទាំងខាងសាសនា។

៩០-តួនាទីគ្រីស្តបរិស័ទក្នុងស្ថានប័នអន្តរជាតិ

ក.    គ្រីស្តបរិស័ទទាំងបុគ្គលម្នាក់ៗក្តី ទាំងជាក្រុមក្តី ត្រូវជួយស្ថាប័ន ដែលមានគោលដៅ​ពង្រីកការ​សហការ​អន្តរជាតិ ទោះ​បី​ស្ថាប័ន​ទាំងនោះកើតរួចហើយក្តី ឬក៏ត្រូវបង្កើតនៅពេលអនាគតក្តី។ ការនេះពិតជា​សកម្មភាព​មួយដ៏ល្អប្រពៃរបស់​គេ។ សមាគមកាតូលិក​អន្តរជាតិនានា​អាចជួយបម្រើជាច្រើន​យ៉ាងក្នុងកិច្ច​កសាង​សហគមន៍សកលប្របកដោយ​សន្តិភាព​និង​ដែលមានមនុស្សរាប់អានគ្នាទុកជាបងប្អូន​ថែម​ទៀត។ ត្រូវ​តែពង្រឹងសមាគមទាំងនោះ ដោយផ្តល់បុគ្គលិក​ច្រើន​ជាងពីមុនមកធ្វើការជាមួយ គឺបុគ្គលិក ដែលទទួល​ការ​អប់រំ​យ៉ាងល្អ​ជាមុន។ត្រូវតែ​ពង្រឹងសមាគមទាំងនោះ​ដោយ​បន្ថែម​សម្ភារៈដែលគេត្រូវការ និងដោយ​សម្រួល​កម្លាំង​របស់​គេឲ្យរួមសហការគ្នា។ សព្វថ្ងៃ ត្រូវ​តែ​ធ្វើកិច្ចការរួម ទើប​សកម្មភាពនោះមានប្រសិទ្ធភាព និងត្រូវ​តាម​សេចក្តីដ៏ចាំបាច់​នៃការ​សន្ទនាគ្នាដែរ។ ម្យ៉ាងទៀត សមាគមទាំង​នោះ​ជួយ​ព​ង្រីកគំនិតមនុស្ស ឲ្យនាំ​គ្នា​គិត​ដល់​ប្រយោជន៍​សកល ជាគំនិតដែលគ្រីស្តបរិស័ទកាតូលិកពេញចិត្ត។ សមាគម​ទាំង​នោះ​ក៏​ជួយ​បង្កើត​មនសិការ​សាមគ្គី និងឲ្យគេទទួល​ខុសត្រូវជាសកលដ៏ពិតប្រាកដ។

ខ.    នៅទីបញ្ចប់ យើងប្រាថ្នាចង់ឲ្យគ្រីស្តបរិស័ទកាតូលិកខិតខំរួមសហការយ៉ាងសកម្មនិងដែលមានប្រយោជន៍ ជាមួយ​បងប្អូនគ្រីស្តបរិស័ទនីកាយឯទៀតៗ​ដែលប្រកាសអំពីសេចក្តីស្រឡាញ់ស្របតាមដំណឹងល្អ។ គ្រីស្ត​បរិស័ទ​កាតូលិក​ក៏​ត្រូវរួមសហការជាមួយអស់អ្នកដែល​ស្វែងរក​សន្តិភាព​ដ៏ពិតប្រាកដ។

គ.    មហាសន្និបាតយល់ឃើញថា សព្វថ្ងៃ មនុស្សជាតិភាគច្រើន កំពុងរងទុក្ខលំបាកសែនវេទនា។ មហាសន្និបាត​មាន​បំណង​ជួយ​ឲ្យយុត្តិធម៌កើតឡើង និងមានបំណងចង់ឲ្យមនុស្សទាំងអស់មានសេចក្តី​ស្រឡាញ់​របស់ព្រះ​គ្រីស្ត​ចំពោះ​អ្នក​ក្រី​ក្រ​នៅគ្រប់កន្លែង។ ហេតុនេះ មហាសន្និបាតយល់ឃើញថា គួរបង្កើត​ស្ថាប័ន​របស់ព្រះ​សហគមន៍សកល ដែលមាន​គោល​ដៅដាស់តឿនសហគមន៍កាតូលិកឲ្យលើកស្ទួយ​ការ​អភិវឌ្ឍន៍តំបន់ក្រីក្រ និង​ពង្រីក​យុត្តិធម៌ក្នុងសង្គម​នៃ​ប្រជា​ជាតិ​នានា។

ពាក្យបញ្ចប់

៩១-តួនាទីរបស់គ្រីស្តបរិស័ទម្នាក់ៗ និងរបស់ព្រះសហគមន៍តាមភូមិភាគ

ក.    មហាសន្និបាតដ៏វិសុទ្ធបានផ្តល់យោបល់ទាំងអស់ខាងលើនេះ យោងពីទ្រព្យសម្បត្តិដ៏​ថ្លែថ្នូរនៃ​លទ្ធិ​ព្រះសហ​គមន៍ ដើម្បី​ជួយ​មនុស្ស​នាសម័យឥឡូវ ទោះជាគេផ្ញើជីវិតលើព្រះជាម្ចាស់ក្តី ឬមិនទទួលស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់​ក្តី ឲ្យ​គេ​យល់ឃើញ​កាន់តែច្បាស់នូវអត្ថន័យយ៉ាងពេញលេញនៃជីវិតរបស់ខ្លួន តាមព្រះជាម្ចាស់បាន​កំណត់​ទុក។ មហាសន្និបាត​ក៏មានបំណងជួយឲ្យមនុស្សលោកនេះ កាន់តែមានល​ក្ខណៈដ៏ថ្លៃថ្នូរ​ប្រសើរ​បំផុត​ជា​មនុស្ស និងឲ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សង្គមសកលជាបងប្អូន ដែលមានគ្រឹះយ៉ាងមាំមួននិងជ្រៅ។ មហា​សន្និបាត​ក៏មានបំណង​ជួយ​ឲ្យ​មនុស្សលោកនេះ​ខិតខំ​រួមគ្នាតបឆ្លើយ​យ៉ាងទូលាយនឹងការស្រែកហៅ​យ៉ាងខ្លាំង​ជាង​គេ របស់​មនុស្ស​នៅនាសម័យ​យើង​នេះ ក្រោមការណែនាំនៃ​សេចក្តី​ស្រឡាញ់។

ខ.    តាមពិត មានសភាពការណ៍និងអរិយធម៌ប្លែកៗពីគ្នាជាច្រើន។ដូច្នេះ សេចក្តីដែលយើងបានសរសេរនោះ មាន​លក្ខណៈ​ជាទូទៅត្រង់ចំណុចជាច្រើនមែន។ ហេតុនេះ យើងមិនព្រមបញ្ជាក់សេចក្តីដោយចេតនា។ ម៉្យាង​ទៀត បញ្ហា​ទាំង​នោះនៅតែប្រែប្រួលជានិច្ចឥតឈប់ឈរ។ ហេតុនេះ នៅពេលអនាគត​ត្រូវតែបន្ត​និង​ពង្រីក​សេចក្តី​បង្រៀន​នេះ​ត​ទៅ​ទៀត។ តាមពិតសេចក្តីបង្រៀននេះ ជាសេចក្តីដែលគ្រីស្តបរិស័ទបាន​ទទួលក្នុងព្រះ​សហគមន៍​រួច​ហើយ។ ប៉ុន្តែ​យើង​សង្ឃឹមថា សេចក្តីជាច្រើនដែលយើងបានសរសេរខាងលើនេះ ដោយសំអាង​លើ​ព្រះ​បន្ទូលរបស់​ព្រះ​ជាម្ចាស់​និង​សំអាងលើ​គោលគំនិតនៃដំណឹងល្អ អាចជួយមនុស្សទាំងអស់​បាន​យ៉ាង​សកម្ម ជាពិសេសមានប្រយោជន៍ អាចជួយ​គ្រីស្តបរិស័ទនៅពេលគេ​ខិតខំសម្របសេចក្តីទាំងនេះ ឲ្យបាន​ស្រប​តាម​ប្រជាជាតិនីមួយៗ ដែលមានអរិយធម៌ប្លែកៗពីគ្នា ក្រោមការណែនាំរបស់គង្វាលរបស់ខ្លួន។

៩២-ការសន្ទនារវាងមនុស្សទាំងអស់

ក.    ព្រះសហគមន៍មានបេសកកម្មយកពន្លឺនៃដំណឹងល្អមកបំភ្លឺពិភពលោកលោកទាំងមូល ព្រមទាំងប្រមែប្រមូល​មនុស្សគ្រប់ជាតិសាសន៍ គ្រប់វប្បធម៌ ឲ្យរួបរួមគ្នា​ក្នុងព្រះវិញ្ញាណតែមួយដែរ។ ដូច្នេះ​ព្រះសហគមន៍លេច​មក​ហាក់​ដូចជា សញ្ញាសម្គាល់អំពីការស្រឡាញ់គ្នាជាបងប្អូន​ដែលបណ្តោយឲ្យមនុស្សទាំងអស់ អាចនិយា​យ​សន្ទនា​គ្នាដោយ​ចិត្ត​ស្មោះ និង​ពង្រឹងការ​សន្ទនានោះទៀតផង។

ខ.    ហេតុនេះហើយ ជាបឋម ក្នុងផ្ទៃព្រះសហគមន៍យើងត្រូវរាប់អានគ្នា គោរពគ្នា ស្រុះស្រួលគ្នាទាំង​ទទួល​ស្គាល់​ថា យើង​ប្លែកៗពីគ្នាជាច្រើនបែប ដើម្បីឲ្យអស់អ្នកដែលចូលរួមជាប្រជារាស្រ្តតែមួយ​របស់​ព្រះជាម្ចាស់ ជា​គង្វាល​ក្តី ជា​គ្រីស្តបរិស័ទ​ឯ​ទៀតៗក្តី អាចសន្ទនាជាមួយគ្នាបាន។ ការសន្ទនានោះមុខជានឹង​បង្កើតលទ្ធផល​កាន់​តែ​ប្រសើរឡើងៗ។ អ្វីៗដែលបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យភ្ជាប់គ្នា មានកម្លាំងខ្លាំងជាងអ្វីៗ​ដែល​បណ្តាល​ឲ្យ​បាក់បែកគ្នា គឺគ្រីស្តបរិស័ទត្រូវ​រួមគ្នាក្នុងសេចក្តីដែល​សំខាន់ជាចំាបាច់ មានសេរីភាពក្នុង​សេចក្តីដែល​កំពុង​តែ​ជជែកគ្នា ប៉ុន្តែក្នុង​គ្រប់ករណីទាំងអស់ ត្រូវមានចិត្តស្រឡាញ់ជានិច្ច (សន្តៈអូហ្គូស្តាំង)។

គ.    នៅពេលជាមួយគ្នានេះ យើងនឹកគិតដល់បងប្អូនទាំងអស់ ដែលមិនទាន់រួបរួមជាមួយយើង​យ៉ាងពេញ​លេញ​នៅ​ឡើយ យើងក៏នឹកគិតដល់សហគមន៍របស់គេដែរ។ យើងទាំងអស់រួមគ្នាដោយប្រកាស​ជំនឿ​ផ្ញើជីវិត​លើ​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំងដោយចំណងនៃសេចក្តីស្រឡាញ់។ យើង​ក៏​ចង​ចាំថា សូម្បី​តែ​មនុស្ស​មួយចំនួនធំ​ដែល​មិន​ផ្ញើជីវិតលើព្រះគ្រីស្ត ក៏ទន្ទឹងរង់ចាំនិងមានបំណងចង់ឲ្យ​គ្រីស្ត​បរិស័ទ​រួបរួម​គ្នាជាធ្លុង​តែ​មួយ​ដែរ។ គ្រីស្តបរិស័ទ​គ្រប់​និកាយ​រួបរួមគ្នាក្នុងសេចក្គីពិត និងក្នុងសេចក្តីស្រឡាញ់​កាន់តែ​ខ្លំាង​ឡើងៗយ៉ាងណា ព្រះ​សហគមន៍​នឹងទៅ​ជា​ប្រផ្នូល​អំពីពិភពលោកទាំងមូលរួបរួមគ្នាប្រកបដោយសន្តិភាព កាន់​តែ​ខ្លាំងយ៉ាងនោះដែរ ដោយ​ឫទ្ធានុភាពដ៏ខ្លាំងក្លា​នៃព្រះ​វិញ្ញាណ​ដ៏វិសុទ្ធជួយឧបត្ថម្ភផង។ ហេតុនេះហើយ យើង​នាំ​គ្នារួមកម្លាំងចិត្តកម្លាំងកាយ តាម​របៀបកាន់តែស្រប​នឹង​គោល​បំណង​ដែល​យើងស្វែរក​សព្វថ្ងៃ​យ៉ាង​សកម្ម។ យើងត្រូវមានចិត្តស្មោះនឹងដំណឹងល្អកាន់តែខ្លាំងឡើងៗ។ យើង​ត្រូវ​យកចិត្តទុកដាក់​រួម​សហការ​បម្រើ​មហា​គ្រួសារ​នៃមនុស្សជាតិដូចបងប្អូន ដែលព្រះ​ជាម្ចាស់បានត្រាស់ហៅឲ្យ​ទៅជា​មហា​គ្រួសាររបស់​ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។

ឃ.  យើងនឹកគិតដល់បងប្អូនទាំងអស់ ដែលទទួលស្គាល់ព្រះជាម្ចាស់ហើយដែលមានសេចក្តីដ៏ថ្លៃថ្នូរជាច្រើនខាង​សាសនា និង​ខាងមនុស្សជាតិ កប់ទុកក្នុងប្រពៃណីរបស់គេ។ យើងអង្វរព្រះអង្គ សូមប្រោសឲ្យ​យើង​ទាំង​អស់​អាច​សន្ទនា​ជា​មួយគ្នាបានដោយទុកចិត្តគ្នា សុខចិត្តទទួលការត្រាស់ហៅនៃព្រះវិញ្ញាណដោយចិត្តទៀងត្រង់ និង​ប្រព្រឹត្ត​តាម​ដោយ​ចិត្ត​ក្លៀវក្លាទៀតផង។

ង. ចំពោះយើងវិញ យើងមានបំណងចង់សន្ទនាបែបនេះ ដោយមានតែការស្រឡាញ់សេចក្តីពិតណែនាំ ទាំង​ប្រុង​ប្រយ័ត្ន​ផង។ យើងមិនរើសអើងនរណាសោះឡើយ គឺមិនបោះបង់ចោលអស់អ្នក ដែលគោរព​តម្លៃ​ដ៏ថ្លៃថ្នូរ​របស់​មនុស្ស ទោះ​បី​គេ​មិន​ទាន់​ស្គាល់ព្រះជាម្ចាស់ដែលជាប្រភពនៃតម្លៃដ៏ថ្លៃថ្នូរទាំងនោះក៏ដោយ។ យើងក៏​មិន​បោះបង់ចោល​អស់អ្នក ដែល​ប្រឆាំង​ជំទាស់​នឹងព្រះសហគមន៍ ហើយបៀតបៀនព្រះសហគមន៍​តាម​របៀប​ផ្សេងៗទៀតដែរ។ ដោយព្រះជាម្ចាស់​ពិត​ជាព្រះ​បិតា ជា​ដើមកំណើត និងជាចុងបំផុត​នៃជីវិត​របស់​មនុស្ស​ទាំងអស់ ព្រះអង្គត្រាស់ហៅយើង​ទាំង​អស់គ្នា​ឲ្យ​ទៅ​ជាបងប្អូន។ ប្រសិន​បើ​ព្រះ​អង្គកំណត់ទុក​ឲ្យ​មនុស្យ​មានទិសដៅតែមួយដដែលដូច្នេះនោះ យើងក៏​អាច (ហើយ​ត្រូវ) រួមសហការគ្នា​កសាង​ពិភព​លោក​ប្រកប​ដោយសន្តិភាពដ៏ពិតប្រោកដ ដោយគ្មានហិង្សា និង​ដោយគ្មាន​ប្រើ​កលល្បិច​ឡើយ។

៩៣-យើងត្រូវកសាងពិភពលោក ​និងនាំពិភពលោកឲ្យបានដល់ទិសដៅរបស់ខ្លួន

ក.    យើងនឹកចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ថា ៖ ”បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក‌‌មនុស្សទាំងអស់​មុខជា​នឹង​ដឹង​ថាអ្នករាល់គ្នាពិតជា​សាវ័ករបស់ខ្ញុំមែន» (យហ១៣,៣៥)។ហេតុនេះ គ្រីស្តបរិស័ទ​មាន​សេចក្តី​ប៉ង​ប្រាថ្នា​តែមួយ​យ៉ាង​ខ្លាំង គឺចង់ជួយបម្រើមនុស្សនៅសម័យរបស់ខ្លួន ដោយមានចិត្តទូលំទូលាយ​កាន់តែ​ខ្លាំង​ឡើងៗនិងកាន់តែ​សកម្ម​ទៀត។ គេសុខចិត្តធ្វើតាមដំណឹងល្អ និងទទួលកម្លាំងពីដំណឹងល្អនេះ ព្រម​ទាំង​រួម​ជា​មួយ​អស់អ្នកដែល​ស្រឡាញ់​និងប្រព្រឹត្តតាមយុត្តិធម៌។ គ្រីស្តបរិស័ទក៏មានភារកិច្ច​បំពេញ​បន្ទុក​មួយ​ដ៏ធំ​សម្បើម​ក្នុង​ពិភពលោក។នៅថ្ងៃ​ចុង​ក្រោយបំផុត គេត្រូវធ្វើសេចក្តីរាយការណ៍នៅចំពោះព្រះគ្រីស្ត​ដែល​នឹង​វិនិច្ឆ័យ​មនុស្សទាំងអស់។ “អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះ​រាជ្យ​នៃ​ស្ថាន​បរម​សុខ មិន​មែន​ជាអ្នក​ដែល​គ្រាន់តែ​ហៅ​ខ្ញុំ​ថា "ព្រះ​អម្ចាស់! ព្រះអម្ចាស់!"ប៉ុណ្ណោះ​ទេ  គឺ​ជាអ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​បិតាដែល​គង់​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ” (មថ ៧,២១) គឺអស់អ្នកដែល​ប្រព្រឹត្តកិច្ចការដោយចិត្តក្លាហាន។ ព្រះបិតាសព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើងទទួលស្គាល់ព្រះគ្រីស្តជារៀមច្បង ក្នុងមនុស្ស​គ្រប់ៗរូប ព្រមទាំងឲ្យយើងស្រឡាញ់​មនុស្ស​ម្នាក់ៗ​យ៉ាង​ពិត​ប្រាកដ​ដោយពាក្យសម្តីនិង​ដោយប្រព្រឹត្តកិច្ចការផង។ ដូច្នេះ យើងពិតជាផ្តល់​សក្ខីភាព​ដល់​សេចក្តី​ពិត​មែន។ ព្រះអង្គក៏សព្វព្រះ​ហឫទ័យឲ្យយើងចែករំលែក​គម្រោងការ​ដ៏​អស្ចារ្យ​នៃព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះអង្គឲ្យមនុស្សលោកដែរ។ ប្រសិនបើ​យើងជាគ្រីស្តបរិស័ទរស់នៅ​តាម​បែប​នោះ យើង​មុខ​ជា​នឹងនាំ​ឲ្យ​មនុស្សទាំងអស់ដែល​រស់នៅពាសពេញ​នៅលើផែនដីទាំងមូល មានសេចក្តីសងឹ្ឃម​យ៉ាង​មាំ​មួន​ថា គេ​មុខ​ជា​នឹងត្រូវរាប់បញ្ជូលក្នុងសេចក្តីសុខសាន្ត និងក្នុងបរមសុខ នៅមាតុភូមិដែលចែងចាំងដោយ​សិរី​រុងរឿង​របស់​ព្រះ​អម្ចាស់។ សេចក្តីសង្ឃឹមនេះក៏ជាព្រះអំណោយទានរបស់ព្រះវិញ្ញាណ។

ខ.  “ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំងអស់​ហួស​ពី​សេចក្ដី​សុំនិង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិតដោយ​សារ​ឫទ្ធានុ​ភាព​​របស់​ព្រះអង្គដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង‌។សូម​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះអង្គ​ក្នុង​ព្រះ​សហគមន៍និង​ក្នុង​ព្រះ​គ្រីស្ត​យេស៊ូ‌​នៅ​គ្រប់​ជំនាន់អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន”។ (អភ​៣,២០.២១)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ធម្មនុញ្ញទាំងមូលនេះព្រម​ទាំង​គោល​ការណ៍​នីមួយៗ​ផង។ រីឯ​យើង​វិញ​ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឲ្យក្នុងឋានៈជា​គ្រីស្ត​ទូតរួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង យើង​ក៏​យល់​ព្រម​សម្រេច​នឹង​ចេញ​ជា​ក្រឹត្យ​ដែរ។យើង​បង្គាប់​ឲ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តៈ សិលាថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)


Theme: Overlay by Kaira