ភាគទីមួយ៖
ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ
២៥៥៨. ក្នុងធម៌ប្រកាសជំនឿ ព្រះសហគមន៍ប្រកាស“គម្រោងការដ៏លាក់កំបាំងនៃជំនឿ” (វគ្គទីមួយ) ព្រះសហគមន៍ប្រារព្ធគម្រោងការនេះក្នុងពិធីបុណ្យនៃអគ្គសញ្ញា (វគ្គទីពីរ) ដើម្បីឱ្យការរស់នៅរបស់គ្រីស្តបរិស័ទស្របតាមព្រះគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ និងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា (វគ្គទីបី )។ គ្រីស្តបរិស័ទត្រូវតែជឿ ប្រារព្ធ និងទទួលជីវិតពីគម្រោងការនេះ ដោយមានទំនាក់ទំនងដ៏រស់រវើក និងផ្ទាល់ខ្លួនជាមួយព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ ទំនាក់ទំនងនេះ គឺជាការអធិដ្ឋាន។
អ្វីទៅជាការអធិដ្ឋាន?
ចំពោះខ្ញុំ ការអធិដ្ឋាន គឺជាការរំភើបចិត្ត ជាការនឹកគិតដល់ស្ថានលើ ជាការអរព្រះគុណព្រះជាម្ចាស់ដោយចិត្តស្រលាញ់ ទោះជាពេលកំពុងរងទុក្ខលំបាកក្ដី ត្រេកអរសប្បាយក្ដី (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។
ការអធិដ្ឋានជាព្រះអំណោយទានរបស់ព្រះជាម្ចាស់
១៥៥៩. “ការអធិដ្ឋាន គឺជាការលើកព្រលឹងឡើងទៅឯព្រះជាម្ចាស់ ឬយើងអាចទូលសូមឱ្យព្រះអង្គប្រោសប្រទាននូវអ្វីសមរម្យ” (សន្ត យ៉ូហាន ដាម៉ាសែន)។ តើយើងអធិដ្ឋានយ៉ាងដូចម្ដេច? ដោយមានចិត្តអំនួត និងដោយចង់បានជានិច្ច ឬដោយមានចិត្តសុភាពរាបសា ព្រមទាំងសោកស្តាយចំពោះអំពើបាបរបស់ខ្លួន (ទន ១៣០,១)? អ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ (លក ១៨,៩-១៤)។ ត្រូវតែដាក់ខ្លួន ដើម្បីចាក់គ្រឹះទៅក្នុងការអធិដ្ឋាន។ “យើងពុំដឹងអធិដ្ឋានដូចម្ដេច ដើម្បីឱ្យបានសមរម្យនោះទេ” (រម ៨,២៦)។ ពេលយើងដាក់ខ្លួន យើងអាចទទួលព្រះអំណោយទានដោយឥតគិតថ្លៃនៃការអធិដ្ឋាន។ មនុស្សលោកជាអ្នកសូមទានព្រះជាម្ចាស់ (សន្ត អូគូស្តាំង)។
២៥៦០. “ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់!” (យហ ៤,១០)។ ព្រះជាម្ចាស់សម្ដែងនូវភាពអស្ចារ្យនៃការអធិដ្ឋាន នៅជិតអណ្តូង ដែលយើងមករកទឹក៖ ទីនោះ ព្រះគ្រីស្តយាងមកជួបមនុស្សណាម្នាក់ ព្រះអង្គយាងមករកយើងមុនគេ ហើយទ្រង់ជាអ្នកសុំទឹកទទួលទាន។ ព្រះយេស៊ូស្រេកទឹក ព្រះអង្គក៏សូមទឹកពីយើងមកពីទីជម្រៅព្រះហឫទ័យព្រះជាម្ចាស់ ដែលទ្រង់ប្រាថ្នាចង់បានយើង។ ទោះជាដឹងឬមិនដឹងក្ដី ពេលអធិដ្ឋាន ព្រះបំណងប្រាថ្នារបស់ព្រះជាម្ចាស់ និងបំណងប្រាថ្នារបស់យើងបានជួបគ្នា ។ ព្រះជាម្ចាស់ត្រូវការយើងៗត្រូវការព្រះអង្គ (សន្ត អូគូស្តាំង)។
២៥៦១. “នាងមុខជាសុំទឹកពីលោក ហើយលោកនឹងឱ្យទឹកដល់នាងវិញពុំខាន” (យហ ៤,១០)។ ពាក្យអង្វរយើងបែរទៅជាចម្លើយវិញ ជាចម្លើយដល់ពាក្យទំនួញនៃព្រះដ៏មានព្រះជន្មរស់៖ “គេបោះបង់យើងដែលជាប្រភពទឹកហូរ បែរទៅជាជីកអណ្តូង ជីកស្រះដែលតែងតែប្រេះស្រាំមិនអាចទុកទឹកបានទៅវិញ” (យរ ២,៣)។ ពាក្យអង្វរយើងនេះ ជាចម្លើយនៃជំនឿចំពោះព្រះបន្ទូលសន្យាឥតគិតថ្លៃរបស់ព្រះសង្រ្គោះ (យហ ៧,៣៧-៣៩ ; អស ១២,៣ ; ៥១,១) ហើយជាចម្លើយនៃសេចក្ដីស្រាលាញ់ចំពោះព្រះបុត្រាតែមួយដែលស្រេកទឹក (យហ ១៩,២៨ ; សក ១២,១០ ; ១៣,១)។
ពេលអធិដ្ឋាន ព្រះជាម្ចាស់ និងមនុស្សយើងចងសម្ពន្ធមេត្រីជាមួយគ្នា
២៥៦២. តើការអធិដ្ឋានរបស់មនុស្សកើតមកពីណា? ទោះជាគេអធិដ្ឋានដោយធ្វើកាយវិការក្ដី ឬប្រើពាក្យសម្តីក្ដី មនុស្សទាំងមូលជាអ្នកអធិដ្ឋាន។ ប៉ុន្តែ ដើម្បីដឹងថា ការអធិដ្ឋានផុសចេញពីកន្លែងណា មានពេលខ្លះ ព្រះគម្ពីរថ្លែងថា ការអធិដ្ឋានចេញពីព្រលឹង ឬពីវិញ្ញាញ ហើយ ជារឿយៗ ព្រះគម្ពីរថ្លែងថា ការអធិដ្ឋានកើតចេញពីចិត្ត (ជាងមួយពាន់ដង)។ ចិត្តយើង ជាអ្នកអធិដ្ឋាន។ បើចិត្តយើងនៅឆ្ងាយពីព្រះជាម្ចាស់ ការអធិដ្ឋានពិតជាឥតបានការសោះឡើយ។
២៥៦៣. ចិត្តជាដំណាក់ដែលខ្ញុំនៅ (ដែលខ្ញុំ “ចុះ” តាមពាក្យសម្តីនៃជនជាតិយូដា ឬតាមព្រះគម្ពីរ)។ ចិត្តយើងជាស្នូលដ៏លាក់កំបាំង ដែលប្រាជ្ញាយើង និងអ្នកដទៃមិនអាចយល់បាន។ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ដែលអាចស្ទង់ និងស្គាល់ចិត្តយើងបាន។ ចិត្តយើងជាកន្លែងសម្រាប់ការសម្រេច ដែលស្ថិតនៅក្នុងទីជម្រៅក្រៃលែង ជាកន្លែងនៃសេចក្ដីពិត ជាកន្លែងដែលយើងជ្រើសរើសជីវិត ឬសេចក្ដីស្លាប់ ហើយជាកន្លែងដែលយើងជួបព្រះជាម្ចាស់ ដ្បិតដោយសារយើងជារូបតំណាងរបស់ព្រះអង្គ យើងក៏រស់នៅដោយមានទំនាក់ទំនងជាមួយព្រះអង្គ និងជាមួយអ្នកដទៃ ពោលគឺចិត្តជាកន្លែងនៃសម្ពន្ធមេត្រី។
២៥៦៤. ការអធិដ្ឋានតាមគ្រីស្តសាសនាជាសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស នៅក្នុងអង្គព្រះ គ្រីស្ត។ ការអធិដ្ឋាននេះជាកិច្ចការរបស់ព្រះជាម្ចាស់ផង កិច្ចការរបស់មនុស្សផង ហើយការអធិដ្ឋានផុសចេញពីព្រះវិញ្ញាណដ៏វិសុទ្ធផង ផុសចេញពីចិត្តយើងផង បាញ់ឆ្ពោះទៅឯព្រះបិតា ដោយរួមជាមួយព្រះបំណងរបស់ព្រះបុត្រាជាព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស។
ពេលអធិដ្ឋាន ព្រះជាម្ចាស់ និងមនុស្សយើងរួមរស់ជាមួយគ្នា
២៥៦៥. ក្នុងសម័្ពន្ធមេត្រីថ្មី ពេលអធិដ្ឋាន បុត្រធីតារបស់ព្រះជាម្ចាស់មានទំនាក់ទំនងដ៏រស់រវើក រួមជាមួយព្រះបិតាដែលប្រកបដោយសប្បុរសធម៌ឥតព្រំដែន រួមជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត និងរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង។ ក្នុងព្រះរាជ្យព្រះអង្គ ព្រះជាម្ចាស់ប្រោសប្រណីឱ្យ “ព្រះត្រៃឯកដ៏វិសុទ្ធទាំងស្រុងរួបរួមជាមួយវិញ្ញាណទាំងស្រុង” (សន្ត គ្រែគ័រ នៃណាស៊ីអង់)។ ដូច្នេះ ពេលអធិដ្ឋាន ហាក់ដូចជាបង្កើតទំនៀមទំលាប់ឱ្យយើងឈរពីមុខព្រះដ៏ខ្ពង់ខ្ពស់បំផុត ដោយរួមរស់ជាមួយព្រះអង្គ។ យើងអាចរួមរស់ជាមួយព្រះអង្គបែបនេះជានិច្ចបាន ដោយសារបុណ្យជ្រមុជទឹក យើងបានទៅជាបុគ្គលតែម្នាក់ជាមួយនឹងព្រះគ្រីស្ត (រម ៦,៥)។ យើងអធិដ្ឋានតាមគ្រីស្តសាសនា ពេលយើងរួមរស់ជាមួយព្រះគ្រីស្ត ហើយការអធិដ្ឋាននេះលាតសន្ធឹងក្នុងព្រះសហគមន៍ ដែលជាព្រះកាយព្រះគ្រីស្ត។ ទំហំនៃការអធិដ្ឋានជាសេចក្ដីស្រាញ់របស់ព្រះគ្រីស្ត (អភ ៣,១៨-២១)។
ជំពូកទីមួយ៖
ព្រះជាម្ចាស់សម្ដែងឱ្យមនុស្សលោក
ដឹងអំពីការអធិដ្ឋាន
ព្រះអង្គត្រាស់ហៅមនុស្សលោកទាំងអស់ឱ្យអធិដ្ឋាន
២៥៦៦. មនុស្សលោកស្វែងរកព្រះជាម្ចាស់ ។ ដោយសារព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ ព្រះអង្គក៏ត្រាស់ហៅសត្វលោកទាំងអស់ពីភាពសាបសូន្យឱ្យមានជីវិតរស់នៅ។ ដោយព្រះអង្គប្រទាន “សិរីរុងរឿងនិងកិតិ្តយសដល់គេទុកជាមកុដរាជ្យ” (ទន ៨,៦) បន្ទាប់ពីទេវទូត មនុស្សអាចទទួលស្គាល់ថា “ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល” (ទន ៨,២)។ ទោះបីគេបានបាត់បង់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដោយសារអំពើបាបរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មនុស្សលោកនៅតែជារូបតំណាងរបស់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតគេដែរ។ មនុស្សរក្សាទុកបំណងប្រាថ្នាចង់បានព្រះដែលត្រាស់ហៅគេ ឱ្យមានជីវិតរស់នៅ។ សាសនាទាំងឡាយផ្ដល់សក្ខីភាពថា មនុស្សលោកស្វែងរកព្រះជាម្ចាស់ជាចាំបាច់ (កក ១៧,២៧)។
២៥៦៧. ព្រះជាម្ចាស់ជាអ្នកត្រាស់ហៅមនុស្សលោកមុនគេបង្អស់ ។ ទោះបីមនុស្សលោកបំភ្លេចព្រះជាម្ចាស់ជាអ្នកបង្កើតគេ ឬលាក់ខ្លួនឆ្ងាយពីព្រះភ័ក្រ្តព្រះអង្គក្ដី រត់ទៅរកព្រះក្លែងក្លាយ ឬចោទប្រកាន់ព្រះអង្គថា បានបោះបង់គេចោលក្ដី ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដរមែងតែងតែត្រាស់ហៅមនុស្សម្នាក់ៗឱ្យជួបព្រះអង្គយ៉ាងលាក់កំបាំង ក្នុងការអធិដ្ឋាន។ ក្នុងការអធិដ្ឋាន ព្រះដ៏ស្មោះត្រង់តែងតែស្រលាញ់មនុស្សមុនគេ ឯមនុស្សវិញ គេគ្រាន់តែឆ្លើយតបនឹងព្រះអង្គ។ ក្នុងការអធិដ្ឋាន បន្តិចម្តងៗ ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យមនុស្សស្គាល់ និងសម្ដែងមនុស្សឱ្យគេស្គាល់ខ្លួនឯងផងដែរ ហាក់ដូចជាព្រះជាម្ចាស់ និងមនុស្សត្រាស់ហៅគ្នាទៅវិញទៅមក និងចងសម័្ពន្ធមេត្រីជាមួយគ្នា។ តាមរយៈពាក្យសម្តី និងកិច្ចការ ព្រះជាម្ចាស់សម្ដែងរឿងសម័្ពន្ធមេត្រីនេះ ដែលជាប់ចិត្តមនុស្ស ក្នុងប្រវត្តិសាស្រ្តទាំងមូលនៃការសង្រ្គោះ។
ប្រការទី១៖ក្នុងសម័្ពន្ធមេត្រីចាស់
២៥៦៨. ក្នុងសម័្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងអំពីការអធិដ្ឋាន ចាប់តាំងពីពេលដែលមនុស្សលោកធ្លាក់ខ្លួនជាអ្នកបាប រហូតដល់ពេលព្រះអង្គប្រោសគេឱ្យងើបឡើងវិញ ហើយចាប់តាំងពីពេលដែលព្រះអង្គហៅបុត្រធីតាដំបូងរបស់ព្រះអង្គ ដោយរំជួលព្រះហឫទ័យថា៖ “អ្នកនៅឯណា? (...) ម្ដេចក៏នាងធ្វើដូច្នេះ?” (កណ ៣,៩.១៣) រហូតដល់ពេលដែលព្រះបុត្រាតែមួយឆ្លើយតបនឹងព្រះអង្គ ដោយយាងចូលក្នុងពិភពលោក (“បពិត្រព្រះជាម្ចាស់ ឥឡូវនេះទូលបង្គំមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គហើយ” ហប ១០,៥-៧)។ ដូច្នះហើយ ទើបការអធិដ្ឋានត្រូវបានចងភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់មនុស្សលោក។ ក្នុងហេតុការណ៍ទាំងឡាយនៃប្រវត្តិសាស្រ្ត ការអធិដ្ឋានជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស។
ស្នាព្រះហស្តនៃការបង្កើតភិពភលោកជាប្រភពនៃការអធិដ្ឋាន
២៥៦៩. ជាដំបូង ការអធិដ្ឋានចេញមកពីស្នាព្រះហស្តនៃការបង្កើតភិពភលោក។ ជំពូកដំបូងទាំងប្រាំបួននៃកណ្ឌកំណើតពិភពលោករៀបរាប់អំពីទំនាក់ទំនងរបស់មនុស្សលោកជាមួយព្រះជាម្ចាស់ ពេលលោកអេបិលយកកូនសត្វដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់លោកមកថ្វាយព្រះអង្គ (កណ ៤,៤) ពេលលោកអេណុសគោរពថ្វាយបង្គំព្រះអង្គដោយហៅព្រះអង្គថា “ព្រះអម្ចាស់” (កណ ៤,២៦) ឬពេលជនជាតិ អ៊ីស្រាអែល “ដើរតាមមាគ៌ារបស់ព្រះជាម្ចាស់” (កណ ៥,២៤)។ តង្វាយរបស់លោកណូអេ “គាប់ព្រះហឫទ័យ” ព្រះជាម្ចាស់ ព្រះអង្គប្រទានព្រះពរដល់លោក ហើយប្រទានព្រះពរដល់សត្វលោកទាំងអស់តាមរយៈលោក (កណ ៨,២០-៩,១៧) ដ្បិតលោកមានចិត្តសុចរិត និងទៀងត្រង់ គឺលោក “ដើរតាមមាគ៌ារបស់ព្រះជាម្ចាស់” (កណ ៦,៩)។ ក្នុងសាសនាទាំងឡាយ មនុស្សសុចរិតជាច្រើនអធិដ្ឋានតាមរបៀបដ៏ត្រឹមត្រូវនេះ ។ ក្នុងសម្ពន្ធមេត្រីដែលមិនអាចផ្ដាច់បានជាមួយសត្វលោក (កណ ៩,៨-១៦) ព្រះជាម្ចាស់តែងតែត្រាស់ហៅមនុស្សលោកឱ្យអធិដ្ឋានដល់ព្រះអង្គ។ ប៉ុន្តែ ព្រះជាម្ចាស់សម្ដែងនូវការអធិដ្ឋានឱ្យមនុស្សលោក ជាពិសេសចាប់តាំងពីលោកអប្រាហាំដែលជាឪពុកពួកយើង។
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះលោកអប្រាហាំ និងជំនឿបានក្លាយទៅជាពាក្យអធិដ្ឋាន
២៥៧០. វេលាដែលព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាហាំឱ្យចាកចេញ លោកក៏ប្រតិបត្តិ “តាមព្រះបន្ទូលរបស់ព្រះអម្ចាស់” (កណ ១២,៤) គឺចិត្តលោក “គោរពតាមព្រះបន្ទូល” ស្ដាប់បង្គាប់ព្រះអង្គ។ ក្នុងការអធិដ្ឋាន ចាំបាច់ត្រូវតែស្តាប់ព្រះជាម្ចាស់ និងសម្រេចតាមព្រះអង្គពីជម្រៅចិត្តរបស់ខ្លួន ពាក្យសម្តីមិនសូវសំខាន់ទេ។ ប៉ុន្តែ មុនដំបូងបង្អស់ លោកអប្រាហាំអធិដ្ឋាន ដោយបំពេញកិច្ចការ។ ដោយលោកជាមនុស្សម្នាក់មិនសូវចេះនិយាយស្ដី លោកតែងតែសង់អាសនៈថ្វាយចំពោះព្រះអម្ចាស់ ក្នុងដំណាក់កាលនីមួយៗនៃការធ្វើដំណើរ។ ក្រោយមក លោកត្រូវតែអធិដ្ឋានដោយសម្តី ត្អូញត្អែរម្យ៉ាង ដើម្បីឱ្យព្រះជាម្ចាស់រម្លឹកដល់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលហាក់ដូចជាមិនបានគោរពឡើយ (កណ ១៥,២-៣)។ ហេតុនេះហើយ បានជាតាំងពីដំបូងបង្អស់ ការអធិដ្ឋានហាក់ដូចជាវិនាដកម្មមួយ ដែលល្បងលមើលចិត្តមនុស្សថា តើគេជឿថា ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់ជានិច្ចឬទេ។
២៥៧១. ក្រោយពីបានផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់ (កណ ១៥,៦) ដោយដើរតាមមាគ៌ារបស់ព្រះអង្គ និងដោយចងសម្ពន្ធមេត្រីជាមួយព្រះអង្គ (កណ ១៧,១-២) បុព្វបុរសយើងត្រៀមខ្លួននឹងទទួលភ្ញៀវដ៏លាក់កំបាំង ក្នុងជំរំលោក គឺលោករាក់ទាក់នឹងព្រះជាម្ចាស់នៅក្រោមដើមជ្រៃលោកតាម៉ាមរ៉េ ដែលសម្ដែងទុកជាមុនថា ព្រះបុត្រាយ៉ាងពិតប្រាកដនៃព្រះបន្ទូលសន្យានឹងយាងមក (កណ ១៨,១-១៥ ; លក ១,២៦-៣៨)។ ចាប់ពីពេលនោះមក ក្រោយពីបានស្គាល់គម្រោងការរបស់ព្រះអង្គ លោកអប្រាហាំមានចិត្តគំនិតស្របនឹងព្រះហឫទ័យមេត្តាករុណានៃព្រះអម្ចាស់របស់លោក ចំពោះមនុស្សលោក ហើយលោកក៏មានសេចក្ដីក្លាហានហ៊ានជួយអង្វរព្រះអង្គជំនួសពួកគេ (កណ ១៨,១៦-៣៣)។
២៥៧២. ដើម្បីបន្សុទ្ធជំនឿរបស់លោកជាលើកចុងក្រោយ ព្រះជាម្ចាស់សូមឱ្យលោក ជាអ្នក “ទទួលព្រះបន្ទូលសន្យា” (ហប ១១,១៧) យកកូន ដែលព្រះអង្គបានប្រោសប្រទាន ទៅធ្វើយញ្ញបូជា។ ជំនឿរបស់លោកមិនរវាទសោះឡើយ៖ “ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា” (កណ ២២,៨) ដ្បិត “លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឱ្យមានជីវិតថ្មីបាន” (ហប ១១,១៩)។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រោសលោកឪពុករបស់អស់អ្នកជឿឱ្យមានលក្ខណៈដូចព្រះបិតា ដែលមិនបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា (រម ៨,៣២)។ ពេលអធិដ្ឋាន ព្រះជាម្ចាស់ប្រោសមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គឡើងវិញ និងធ្វើឱ្យគេរួមចំណែកក្នុងឫទ្ធានុភាពនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ដែលសង្រ្គោះប្រជាជាតិទាំងឡាយ (រម ៤,១៦-២១)។
២៥៧៣. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាម្តងទៀតចំពោះលោកយ៉ាកុប ជាជីតារបស់កុលសម័្ពន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល (កណ ២៨,១០-២២)។ មុននឹងជួបអេសាវជាបងប្រុស លោកក៏ប្រយុទ្ធប្រឆាំងអស់មួយយប់នឹង “បុរស” ដ៏អាថ៌កំបាំងម្នាក់ ដែលបដិសេធមិនព្រមប្រាប់ឈ្មោះរបស់ខ្លួន តែប្រទានពរដល់លោក មុននឹងចាកចេញទៅពេលព្រឹកព្រលឹម។ ចំពោះការបញ្ជូនបន្តខាងវិញ្ញាណរបស់ព្រះសហគមន៍ រឿងនេះបង្ហាញថា អ្នកអធិដ្ឋានដូចជាអ្នកច្បាំងក្នុងជំនឿ នឹងទទួលជោគជ័យ បើមានចិត្តព្យាយាម (កណ ៣២,២៥-៣១ ; លក ១៨,១-៨)។
លោកម៉ូសេជាស្ពានមេត្រីជួយអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ
២៥៧៤. ពេលព្រះបន្ទូលសន្យាចាប់ផ្ដើមកើតឡើង (បុណ្យចម្លង ដំណើរឆ្ពោះទៅកាន់សេរីភាព ព្រះអំណោយទាននៃធម្មវិន័យ និងទីបញ្ចប់នៃសម័្ពន្ធមេត្រី) ការអធិដ្ឋានរបស់លោកម៉ូសេឆ្លុះបញ្ចាំងការអធិដ្ឋានរបស់ “ស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្តយេស៊ូ” ដែលជួយអង្វរព្រះជាម្ចាស់សម្រាប់មនុស្សលោក (១ធម ២,៥)។
២៥៧៥. នៅទីនេះដដែល ព្រះជាម្ចាស់យាងមកមុនគេបង្អស់។ ព្រះអង្គត្រាស់ហៅលោកម៉ូសេ ពីគុម្ពោតដែលដុតតែមិនឆេះ (សរ ៣,១-១០)។ ហេតុការណ៍នេះនឹងទៅជារូបរាងនៃការអធិដ្ឋានក្នុងការបញ្ជូនបន្តខាងវិញ្ញាណរបស់ជនជាតិយូដា និងគ្រីស្តបរិស័ទផង។ បើ “ព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប” ត្រាស់ហៅលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីថា ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ដែលសព្វព្រះហឫទ័យឱ្យមនុស្សលោកមានជីវិត។ ព្រះជាម្ចាស់សម្ដែងព្រះអង្គ ដើម្បីសង្រ្គោះគេ ប៉ុន្តែព្រះអង្គមិនសង្រ្គោះគេដោយខ្លួនព្រះអង្គតែប៉ុណ្ណោះទេ ហើយទ្រង់ក៏មិនបង្ខំគេផងដែរ គឺព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេឱ្យទៅ ដើម្បីឱ្យលោករួមចំណែកក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ និងក្នុងព្រះរាជកិច្ចនៃការសង្រ្គោះរបស់ព្រះអង្គ។ ហាក់ដូចជាព្រះជាម្ចាស់អង្វរលោកម៉ូសេឱ្យចូលរួមក្នុងបេសកកម្មនេះ។ ក្រោយពីបានពិភាក្សាយ៉ាងយូរ បំណងលោកម៉ូសេក៏ស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្នកសង្រ្គោះ។ ប៉ុន្តែ ក្នុងការសន្ទនានេះ ដែលព្រះជាម្ចាស់សម្ដែងព្រះអង្គ លោកម៉ូសេក៏រៀនអធិដ្ឋានផងដែរ គឺលោកគេចវេះ ប្រកែក ជាពិសេសលោកសុំ ហើយដោយសារលោកចេះតែសុំ ព្រះអម្ចាស់ក៏សម្ដែងព្រះនាមដ៏ឧត្តុង្គឧត្តមមិនអាចថ្លែងបាន ព្រមទាំងកិច្ចការដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គផង។
២៥៧៦. ពេលនោះ “ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន” (សរ ៣៣,១១)។ លោកម៉ូសេអធិដ្ឋានតាមរបៀបស្មឹងស្មាធិ៍ ដែលនាំឱ្យគាត់ទៅជាអ្នកបម្រើដ៏ស្មោះត្រង់នឹងបេសកកម្មរបស់ខ្លួនជានិច្ច។ គាត់ “សន្ទនា” ជារឿយៗ និងយ៉ាងយូរជាមួយព្រះអម្ចាស់ ដោយឡើងលើភ្នំ ដើម្បីស្ដាប់ និងអង្វរព្រះអង្គ ដោយចុះពីលើភ្នំទៅរកប្រជាជន ដើម្បីនាំព្រះបន្ទូលនៃព្រះជាម្ចាស់របស់លោក និងដើម្បីទៅណែនាំប្រជាជនទាំងនោះផង។ “ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់របស់យើងទាំងមូល។ យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្ដែងឱ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចមើលយើងឃើញ” (ជរ ១២,៧-៨) ដ្បិត “លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ” (ជរ ១២,៣)។
២៥៧៧. ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយព្រះដ៏ស្មោះត្រង់ ប្រកបដោយព្រះហឫទ័យអត់ធ្មត់ និងពោរពេញទៅដោយធម៌មេត្តាករុណានេះ (សរ ៣៤,៦) លោកម៉ូសេបានស្រង់កម្លាំង ដើម្បីជួយអង្វរព្រះអង្គ ដោយចិត្តព្យាយាម។ លោកមិនទូលអង្វរសម្រាប់ខ្លួនលោកផ្ទាល់ទេ តែសម្រាប់ប្រជាជនដែលព្រះជាម្ចាស់បានលោះ។ លោកម៉ូសេជួយអង្វរព្រះអង្គ ពេលជនជាតិអ៊ីស្រាអែលប្រយុទ្ធច្បាំងនឹងជនជាតិអាម៉ាឡេក (សរ ១៧,៨-១៣) ឬដើម្បីឱ្យនាងមៀរីយ៉ាមបានជាសះស្បើយ (ជរ ១២,១៣-១៤)។ ប៉ុន្តែ លោកម៉ូសេជួយទូលអង្វរព្រះជាម្ចាស់ឱ្យគេ “គ្រប់ពេលវេលា” (ទន ១០៦,៣) ដើម្បីសង្រ្គោះប្រជាជន ដែលបានក្បត់ព្រះអង្គ (សរ ៣២,១-៣៤,៩)។ លោកម៉ូសេអធិដ្ឋាន ដោយប្រើអំណះអំណាង (ការជួយទូលអង្វរគឺជាការប្រយុទ្ធលាក់កំបាំងមួយ) ដែលនឹងជួយអ្នកអធិដ្ឋាន ប្រជាជនយូដា ឬក្នុងព្រះសហគមន៍ ឱ្យមានចិត្តក្លាហាន ពីព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់ ដូច្នេះព្រះអង្គសុចរិត និងស្មោះត្រង់ ព្រះអង្គក៏មិនអាចក្បត់ខ្លួនឯងដែរ ព្រះអង្គត្រូវតែរម្លឹកដល់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយសារសិរីរុងរឿងរបស់ព្រះអង្គ ទ្រង់ក៏មិនអាចបោះបង់ចោលប្រជាជននេះ ដែលជាតំណាងរបស់ព្រះអង្គបានឡើយ។
ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់
២៥៧៨. ការអធិដ្ឋានរបស់ប្រជាជននៃព្រះជាម្ចាស់នឹងរីកចម្រើន ក្រោមម្លប់នៃព្រះដំណាក់របស់ព្រះអង្គ ពោលគឺហិបនៃសម្ពន្ធមេត្រី និងក្រោយមក ព្រះវិហារ។ មុនដំបូង អ្នកណែនាំប្រជាជន ដូចជាពួកគង្វាល និងពួកព្យាការី នឹងបង្រៀនគេឱ្យចេះអធិដ្ឋាន។ នាងហាណ្ណាជាម្តាយបានបង្រៀនកុមារសាមូអែលឱ្យចេះប្រកាន់ឥរិយាបទ “ចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់” (១សម ១,៩-១៨)។ កុមារសាមូអែលបានរៀនស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីលោកបូជាចារ្យហេលី៖ “សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរង់ចាំស្ដាប់ព្រះអង្គហើយ” (១សម ៣,៩-១០)។ ក្រោយមក លោកសាមូអែលនឹងយល់ឃើញថា ត្រូវតែតស៊ូទាំងរងទុក្ខលំបាក ដើម្បីជួយទូលអង្វរព្រះជាម្ចាស់៖ “ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឱ្យអ្នករាល់គ្នា ហើយនឹងណែនាំអ្នករាល់គ្នា ឱ្យដើរតាមផ្លូវល្អ និងទៀងត្រង់មិនខានឡើយ” (១សម ១២,២៣)។
២៥៧៩. ព្រះបាទដាវីឌជាព្រះមហាក្សត្រដែល “ជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់” ជាគង្វាលដែលអធិដ្ឋានសម្រាប់ប្រជារាស្រ្តរបស់ខ្លួន និងក្នុងនាមប្រជាជននោះ។ ព្រះអង្គគោរពតាមព្រះហឫទ័យព្រះជាម្ចាស់ ពោលពាក្យសរសើរ និងពោលពាក្យសោកស្ដាយ ដែលនឹងទៅជាគំរូឱ្យប្រជារាស្រ្តអធិដ្ឋានតាមផង។ ដោយសារព្រះអង្គបានទទួលប្រេងអភិសេក ព្រះអង្គអធិដ្ឋាន ដោយភ្ជាប់នឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដោយមានចិត្តស្មោះត្រង់ (១សម ៧,១៨-២៩) ជឿទុកចិត្ត និងត្រេកអរសប្បាយ ចំពោះព្រះជាម្ចាស់ដែលជាព្រះមហាក្សត្រ និងជាព្រះអម្ចាស់តែមួយ។ ក្នុងទំនុកតម្កើង ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ព្រះបាទដាវីឌជាព្យាការីដើមដំបូងនៃការអធិដ្ឋានរបស់ជនជាតិយូដា និងគ្រីស្តបរិស័ទ។ ការអធិដ្ឋាននៃព្រះគ្រីស្ត ដែលជាព្រះមេស្ស៊ីដ៏ពិតប្រាកដ និងជាព្រះបុត្រារបស់ព្រះបាទដាវីឌនឹងសម្ដែង ហើយនឹងបំពេញអត្ថន័យនៃការអធិដ្ឋាននោះ។
២៥៨០. ព្រះវិហារនៃទីក្រុងយេរូសាឡឹម ជាព្រះដំណាក់នៃការអធិដ្ឋាន កសាងដោយព្រះបាទសាឡូម៉ូនជាព្រះបុត្រារបស់ព្រះបាទដាវីឌ។ ពេលឧទិ្ទសព្រះវិហារ ការអធិដ្ឋានរម្លឹកអំពីព្រះបន្ទូលសន្យា និងសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ វត្តមានដ៏សកម្មនៃព្រះនាមព្រះអង្គក្នុងចំណោមប្រជារាស្រ្តព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់សេរីភាព។ ពេលនោះ ព្រះមហាក្សត្រលើកព្រះហស្តឡើងទៅលើមេឃ ហើយទូលអង្វរព្រះអម្ចាស់សម្រាប់ព្រះកាយព្រះអង្គ សម្រាប់ប្រជារាស្រ្តទាំងមូល និងសម្រាប់អ្នកជំនាន់ក្រោយផងដែរ សូមឱ្យព្រះជាម្ចាស់លើកលែងទោសអំពើបាបរបស់គេ និងប្រោសប្រទានតាមតម្រូវការរបស់គេជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គជាព្រះតែមួយគត់ និងដើម្បីឱ្យអ្នកទាំងនោះផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។
លោកអេលី និងពួកព្យាការី ជំរុញប្រជាជនឱ្យកែប្រែចិត្តគំនិត
២៥៨១. ចំពោះប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ព្រះវិហារជាកន្លែងអប់រំឱ្យចេះអធិដ្ឋាន ពោលគឺជាកន្លែងធ្វើបូជនីយេសចរណ៍ ធ្វើបុណ្យ យញ្ញបូជា ថ្វាយតង្វាយ ធូប នំបុ័ង ដែលជាសញ្ញាសម្គាល់ទាំងអស់នៃភាពដ៏វិសុទ្ធ និងសិរីរុងរឿងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត និងយ៉ាងជិតស្និត ដែលត្រាស់ហៅគេឱ្យអធិដ្ឋាន។ ប៉ុន្តែ ជារឿយៗ ពិធីដដែលៗបណ្ដាលឱ្យប្រជារាស្រ្តគោរពព្រះជាម្ចាស់តាមតែលើបបូរមាត់ប៉ុណ្ណោះ។ ដូច្នេះហើយ បានជាមុន និងក្រោយប្រជារាស្រ្តក្លាយជាឈ្លើយនៃសឹកសង្រ្គាម ព្រះជាម្ចាស់ផ្ដល់បេសកកម្ម ឱ្យពួកព្យាការីអប់រំគេឱ្យផ្ញើជីវិតទាំងស្រុងលើព្រះអង្គ ព្រមទាំងកែប្រែចិត្តគំនិតផង។
២៥៨២. លោកអេលីជាឪពុករបស់ពួកព្យាការី ពីពូជពង្សរបស់ “អស់អ្នកដែលស្វែងរកព្រះជាម្ចាស់” អស់អ្នកដែលចង់ជួបព្រះភក្ត្រព្រះអង្គ (ទន ២៤,៦)។ ឈ្មោះរបស់លោកអេលី គឺ “ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ” ជាចម្លើយទុកជាមុនរបស់ប្រជារាស្រ្តចំពោះការអធិដ្ឋានរបស់លោកលើភ្នំការម៉ែល (១ពង្ស ១៨,៣៩)។ លោកយ៉ាកុបជំរុញយើងឱ្យអធិដ្ឋានដូចលោកអេលីដោយពោល “ពាក្យទូលអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធិភាពខ្លាំងណាស់” (យប ៥,១៦ខ-១៨)។
២៥៨៣. ក្រោយពីបានរៀនពីធម៌មេត្តាករុណា នៅមាត់ជ្រោះកេរីត លោកបង្រៀនស្រ្តីមេម៉ាយ នៅភូមិសារិបតា ឱ្យផ្ញើជីវិតទាំងស្រុងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលោកបញ្ជាក់ជំនឿនេះ ដោយទទូចទូលអង្វរព្រះជាម្ចាស់ដោយមានចិត្តព្យាយាម គឺព្រះអង្គប្រោសឱ្យកូនស្ត្រីនោះឱ្យរស់ឡើងវិញ (១ពង្ស ១៧,៧-២៤)។ ពេលធ្វើយញ្ញបូជាលើភ្នំការម៉ែល ជាហេតុការណ៍ដែលនឹងបញ្ជាក់ជំនឿយ៉ាងពិតប្រាកដនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ នៅពេលលោកអេលីទូលអង្វរសម្រាប់ឱ្យ ភ្លើងរបស់ព្រះអង្គដុតយញ្ញទាំងមូល គឺ “នៅពេលដែលយើងថ្វាយតង្វាយល្ងាច”៖ “ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំ ផង!”។ ពិធីបុណ្យខាងបូព៌ាប្រទេសតែងតែរម្លឹកយកពាក្យអធិដ្ឋានរបស់លោកអេលីនោះឡើងវិញ (១ពង្ស ១៨,២០-៣៩)។ ទីបំផុត ដោយដើរតាមផ្លូវនៃវាលរហោស្ថាន ឆ្ពោះទៅកន្លែងដែលព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ បានសម្ដែងព្រះអង្គឱ្យប្រជារាស្រ្តរបស់ព្រះអង្គស្គាល់ លោកអេលីចូលទៅស្នាក់ក្នុងគុហា ដូចលោកម៉ូសេ រហូតដល់ព្រះជាម្ចាស់ដ៏លាក់កំបាំងយាងមក (១ពង្ស ១៩,១-១៤ ; សរ ៣៣,១៩-២៣)។ ប៉ុន្តែ ព្រះជាម្ចាស់នឹងសម្ដែងព្រះអង្គឱ្យបានពេញលក្ខណៈដល់អស់អ្នកដែលស្វែងរកព្រះភ័ក្រ្តព្រះអង្គ នៅពេលដែលព្រះយេស៊ូនឹងប្រែទ្រង់ទ្រាយ (លក ៩,៣០-៣៥)។ មនុស្សលោកស្គាល់សិរីរុងរឿងរបស់ព្រះជាម្ចាស់ វេលាដែលព្រះគ្រីស្តត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ (២ករ ៤,៦)។
២៥៨៤. ដោយអស់លោកព្យាការីនៅជាមួយព្រះជាម្ចាស់ផ្ទាល់ ពួកលោកទទួលកម្លាំង និងពន្លឺអំពីព្រះអង្គ ដើម្បីបំពេញបេសកកម្ម។ គេអធិដ្ឋានមិនមែនដើម្បីគេចពីលោកដ៏មិនទៀងទាត់នេះទេ តែដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលខ្លះ គេពិភាក្សា ឬត្អូញត្អែរ ប៉ុន្តែគេតែងតែជួយទូលអង្វរព្រះជាម្ចាស់ ជាព្រះ អម្ចាស់នៃប្រវត្តិសាស្រ្ត ឱ្យព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដោយរង់ចាំ និងរៀបចំឱ្យព្រះអង្គយាងមក (អម ៧,២.៥ ; អស ៦,៥.៨.១១ ; យរ ១,៦ ; ១៥,១៥-១៨ ; ២០,៧-១៨)។
អង្គប្រជុំរបស់អ្នកជឿអធិដ្ឋានដោយស្មូតទំនុកតម្កើង
២៥៨៥. តាំងពីព្រះបាទដាវីឌរហូតដល់ព្រះមេស្ស៊ីយាងមក កណ្ឌគម្ពីរដ៏វិសុទ្ធមានសេចក្ដីអធិដ្ឋាន ដែលផ្ដល់សក្ខីភាពថា ប្រជារាស្រ្តអ៊ីស្រាអែលបានចូលក្នុងការអធិដ្ឋាន សម្រាប់ខ្លួនឯងផង សម្រាប់អ្នកដទៃផង កាន់តែស៊ីជម្រៅទៅៗ (អរ ៩,៦-១៥ ; នហ ១,៤-១១ ; យណ ២,៣-១០ ; តប ៣,១១-១៦ ; យឌ ៩,២-១៤)។ បន្តិចម្តងៗ គេបានប្រមូលសេចក្ដីអធិដ្ឋាននោះ ដែលគេហៅថា ទំនុកតម្កើង (ឬ “ពាក្យសរសើរ”) ហើយសរសេរចូលក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ចំនួនប្រាំកណ្ឌ ដែលជាសេចក្ដីអធិដ្ឋានដ៏កំពូល។
២៥៨៦. ក្នុងឱកាសបុណ្យធំៗនៅទីក្រុងយេរូសាឡឹម ឬជារៀងរាល់ថ្ងៃសប្ប័ទក្នុងធម្មសាលា ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ជួបជុំគ្នាស្មូត្រទំនុកតម្កើង ដើម្បីអធិដ្ឋាន។ គេអធិដ្ឋានបែបនេះតែម្នាក់ឯង ឬជាមួយគ្នា ដើម្បីអ្នកអធិដ្ឋានផង និងមនុស្សទាំងអស់គ្នាផង។ ការអធិដ្ឋានបែបនេះ កើតចេញពីទឹកដីដ៏វិសុទ្ធ និងពី សហគមន៍ជនជាតិយូដាដែលខ្ចាត់ខ្ចាយក្នុងពិភពលោក រហូតដល់សត្វលោកទាំងអស់។ ពេលអធិដ្ឋានបែបនេះ គេរម្លឹកអំពីហេតុការណ៍របស់ព្រះសង្រ្គោះ ក្នុងអតីតកាល រហូតដល់អវសានកាលនៃប្រវត្តិសាស្រ្ត គឺគេរម្លឹកពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលបានកើតចេញជារូបរាងហើយៗគេរង់ចាំព្រះមេស្ស៊ី ដែលនឹងបំពេញព្រះបន្ទូលសន្យានោះឱ្យបានពេញលក្ខណៈ។ ព្រះគ្រីស្តបានអធិដ្ឋាន និងបានបំពេញទំនុកតម្កើង ដែលនៅតែជាចាំបាច់ ក្នុងការអធិដ្ឋានរបស់ព្រះសហគមន៍ (IGLH ១០០-១០៩)។
២៥៨៧. ក្នុងកណ្ឌទំនុកតម្កើង ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាពាក្យអង្វររបស់មនុស្សលោក។ ក្នុងកណ្ឌផ្សេងៗនៃគម្ពីរសម្ពន្ធមេត្រីចាស់ “ពាក្យសម្ដីប្រកាសស្នាព្រះហស្ត (របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក) ហើយសម្ដែងគម្រោងការដ៏លាក់កំបាំង ដែលស្ថិតនៅក្នុងស្នាព្រះហស្តនោះ” (DV ២)។ ក្នុងកណ្ឌទំនុកតម្កើង ពាក្យសម្ដីរបស់អ្នកនិពន្ធសម្ដែងនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់ជាអ្នកសង្រ្គោះ។ ព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងចម្លើយរបស់មនុស្សលោក ដែលព្រះគ្រីស្តនឹងផ្សំផ្តុំគ្នា។ ក្នុងអង្គព្រះគ្រីស្ត ទំនុកតម្កើងនៅតែបង្រៀនយើងឱ្យចេះអធិដ្ឋាន។
២៥៨៨. ពិធីបុណ្យព្រះវិហារ និងចិត្តរបស់មនុស្ស បង្ហាញថា មានទំនុកតម្កើងខុសប្លែកពីគ្នាជាច្រើនយ៉ាង គឺមានបទចម្រៀងលើកតម្កើងព្រះជាម្ចាស់ ពាក្យទូលអង្វរព្រះអង្គពេលរងទុក្ខលំបាក ពាក្យអរព្រះគុណព្រះអង្គ ពាក្យទូលអង្វររបស់មនុស្សម្នាក់ ឬរបស់សហគមន៍ បទចម្រៀងរបស់ស្ដេច ឬបទចម្រៀងសម្រាប់ធ្វើបូជនីយេសចរណ៍ ពាក្យរិះគិតពិចារណារបស់អ្នកប្រាជ្ញ។ ទំនុកតម្កើងទាំងអស់នោះដូចជាកញ្ចក់ ដែលឆ្លុះភាពអស្ចារ្យរបស់ព្រះជាម្ចាស់ ក្នុងប្រវត្តិសាស្រ្តនៃប្រជារាស្រ្តរបស់ព្រះអង្គ និងស្ថានភាពទាំងប៉ុន្មានដែលអ្នក និពន្ធទំនុកតម្កើងបានឆ្លងកាត់។ ទោះបីទំនុកតម្កើងមួយអាចឆ្លុះបញ្ចាំងហេតុការណ៍ណាមួយអំពីអតីតកាលយ៉ាងណាក៏ដោយ ក៏មនុស្សគ្រប់សម័យកាល គ្រប់កាលៈទេសៈ អាចស្មូត្របទទំនុកតម្កើងនេះ ដោយសេចក្ដីពិតបានដែរ។
២៥៨៩. ទំនុកតម្កើងមានលក្ខណៈខ្លះដូចគ្នា គឺមនុស្សស្មូត្រទំនុកតម្កើងដោយមានចិត្តសាមញ្ញ និងដោយមិនបានគិតទុកជាមុន ព្រះបំណងប្រាថ្នារបស់ព្រះជាម្ចាស់ផ្ទាល់ តាមរយៈ និងជាមួយ អ្វីៗទាំងអស់ដ៏ល្អប្រសើរក្នុងការបង្កើតសត្វលោកទាំងឡាយរបស់ព្រះអង្គ ស្ថានភាពដ៏លំបាករបស់អ្នកជឿ ដែលខ្មាំងសត្រូវ និងការល្បងជាច្រើនមកបៀតបៀន ដោយសារសេចក្ដីស្រលាញ់របស់គេចំពោះព្រះជាម្ចាស់ ហើយដែលរង់ចាំព្រះដ៏ស្មោះត្រង់ ដោយជឿជាក់ថា ព្រះអង្គស្រលាញ់គេ និងដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ក្នុងបទទំនុកតម្កើង គេតែងតែសរសើរលើកតម្កើងព្រះជាម្ចាស់ ហេតុនេះហើយ បានជាគេហៅកណ្ឌនោះយ៉ាងត្រឹមត្រូវថា៖ “ពាក្យសរសើរ”។ គេប្រើកណ្ឌនេះ ក្នុងពិធីបុណ្យរបស់អង្គប្រជុំ ដែលត្រាស់ហៅមនុស្សឱ្យអធិដ្ឋាន និងច្រៀងចម្លើយរបស់គេ៖ “Hallelou-Ya!” (អាលេលូយ៉ា) “ចូរសរសើរលើកតម្កើងព្រះអម្ចាស់!”។ អ្វីទៅដែលប្រសើរជាងទំនុកតម្កើង? ហេតុនេះហើយ បានជាព្រះបាទដាវីឌមានព្រះបន្ទូលយ៉ាងត្រឹមត្រូវថា៖ “ចូរសរសើរព្រះអម្ចាស់ ដ្បិតទំនុកតម្កើងជាការល្អប្រសើរ៖ សូមឱ្យព្រះរបស់យើងទទួលពាក្យសរសើរយ៉ាងពិរោះ!”។ ត្រឹមត្រូវហើយ! ដ្បិតទំនុកតម្កើងជាពរជ័យរបស់ប្រជាជន ជាពាក្យសរសើររបស់អង្គប្រជុំចំពោះព្រះជាម្ចាស់ ជាការទះដៃរបស់មនុស្សទាំងអស់ ជាពាក្យសម្តីរបស់សាកលលោកទាំងមូល ជាធម៌ប្រកាសជំនឿយ៉ាងពិរោះ... (សន្ត អំប្រ័រ)។
សង្ខេប
២៥៩០. “ការអធិដ្ឋាន គឺជាការលើកព្រលឹងឡើងទៅឯព្រះជាម្ចាស់ ឬយើងអាចទូលសូមឱ្យព្រះអង្គប្រោសប្រទាននូវអ្វីសមរម្យ” (សន្ត យ៉ូហាន ដាម៉ាសែន)។
២៥៩១. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សម្នាក់ៗឱ្យជួបព្រះអង្គយ៉ាងអាថ៌កំបាំង ក្នុងការអធិដ្ឋាន។ ក្នុងប្រវិត្តសាស្រ្តទាំងអស់នៃការសង្រ្គោះ ហាក់ដូចជាព្រះជាម្ចាស់ និងមនុស្សត្រាស់ហៅគ្នាទៅវិញទៅមក។
២៥៩២. ការអធិដ្ឋានរបស់លោកអប្រាហាំ និងលោកយ៉ាកុបដូចជាការប្រយុទ្ធនៃជំនឿក្នុងការជឿទុកចិត្តលើភក្តីភាពរបស់ព្រះជាម្ចាស់ និងការដឹងច្បាស់ថា អ្នកមានចិត្តព្យាយាមនឹងយកជ័យជំនះ។
២៥៩៣. ការអធិដ្ឋានរបស់លោកម៉ូសេឆ្លើយតបនឹងព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។ ការអធិដ្ឋាននេះតម្រង់ទុកជាមុននឹងការជួយអង្វររបស់ព្រះគ្រីស្តយេស៊ូ ដែលជាស្ពានមេត្រីតែមួយ។
២៥៩៤. ការអធិដ្ឋាននៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់រីកចម្រើនក្រោមម្លប់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ជាហិបនៃសម្ពន្ធមេត្រី និងជាព្រះវិហារ ក្រោមការដឹកនាំនៃពួកគង្វាល ជាពិសេសព្រះបាទដាវីឌ និងពួកព្យាការីផងដែរ។
២៥៩៥ . ពួកព្យាការីដាស់តឿនឱ្យកែប្រែចិត្តគំនិត ហើយជួយអង្វរព្រះជាម្ចាស់ ដើម្បីប្រជារាស្រ្ត ព្រមទាំងស្វះស្វែងរកខ្នះខ្នែងព្រះភក្ត្ររបស់ព្រះជាម្ចាស់។
២៥៩៦.ទំនុកតម្កើងជាស្នាដែនៃការអធិដ្ឋានក្នុងសម្ពន្ធមេត្រីចាស់ ហើយមានលក្ខ័ណពីរដែលមិនអាចបែកពីគ្នាបានឡើយ គឺជាការអធិដ្ឋានរបស់បុគ្គលម្នាក់ៗ និងរបស់សហគមន៍ផង។ ទំនុកតម្កើងលាតសន្ធឹងដល់ប្រវិត្តសាស្រ្តទាំងមូល ដោយរម្លឹកឡើងវិញនូវព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលបានកើតជារូបរាងរួចទៅហើយ ហើយដោយសង្ឃឹមថា ព្រះមេស្ស៊ីនឹងយាងត្រឡប់មកវិញ។
២៥៩៧. ទំនុកតម្កើងជាផ្នែកដ៏សំខាន់ និងជាអចិន្តៃ្រយ៍នៃការអធិដ្ឋានរបស់ព្រះសហគមន៍។ ត្រូវតែស្មូតទំនុកតម្កើងនៅក្នុងអង្គព្រះគ្រីស្ត ដែលជាអ្នកបំពេញទំនុកតម្កើងនោះ។ ទំនុកតម្កើងសមស្របតាមមនុស្សគ្រប់រូប នៅគ្រប់ជំនាន់។
ប្រការទី២៖នៅពេលកំណត់ដ៏ពេញលក្ខណៈ
២៥៩៨. ព្រះបន្ទូលដែលប្រសូតជាមនុស្ស និងដែលគង់នៅក្នុងចំណោមយើង សម្ដែងនូវការអធិដ្ឋានឱ្យបានពេញលក្ខណៈ។ ពេលយើងស្វែងយល់របៀបអធិដ្ឋានរបស់ព្រះអង្គ តាមរយៈសេចក្ដីដែលសាក្សីរបស់ព្រះអង្គប្រកាសក្នុងដំណឹងល្អ គឺយើងចូលជិតព្រះអម្ចាស់ដ៏វិសុទ្ធយេស៊ូ ដូចចូលជិតគុម្ពោតដែលដុតតែមិនឆេះដែរ ពោលគឺត្រូវនឹកសញ្ជឹងគិតអំពីព្រះអង្គផ្ទាល់ពេលទ្រង់អធិដ្ឋាន ហើយស្ដាប់ព្រះអង្គបង្រៀនឱ្យចេះអធិដ្ឋាន ដើម្បីដឹងថា តើព្រះអង្គទទួលពាក្យទូលអង្វររបស់យើងយ៉ាងដូចម្ដេច។
ព្រះយេស៊ូអធិដ្ឋាន
២៥៩៩. ព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលជាបុត្រនៃព្រហ្មចារិនី បានរៀនអធិដ្ឋាន ក្នុងឋានៈជាមនុស្ស។ ព្រះអង្គបានរៀនអធិដ្ឋានពីព្រះមាតារបស់ព្រះអង្គ ដែលចងចាំហេតុការណ៍ដ៏អស្ចារ្យរបស់ព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ព្រមទាំងត្រិះរិះពិចារណាថែមទៀត (លក ១,៤៩ ; ២,១៩ ; ២,៥១)។ ព្រះអង្គរៀនអធិដ្ឋានតាមរបៀបរបស់ប្រជារាស្រ្តព្រះអង្គ នៅធម្មសាលានៃភូមិណាសារ៉ែត និងនៅព្រះវិហារទីក្រុងយេរូសាឡឹម។ ប៉ុន្តែ ការអធិដ្ឋានរបស់ព្រះអង្គផុសចេញពីប្រភពដ៏ស្ងាត់កំបាំង ដូចព្រះអង្គមានព្រះបន្ទូល នៅពេលដែលទ្រង់មានព្រះជន្មដប់ពីរវស្សាថា៖ “កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន” (លក ២,៤៩)។ ពេលនោះ ព្រះជាម្ចាស់ចាប់ផ្ដើមសម្ដែងនូវការអធិដ្ឋានឱ្យបានពេញលក្ខណៈ គឺការអធិដ្ឋានរបស់បុត្រធីតា ដែលព្រះបិតារង់ចាំពីបុត្រធីតារបស់ព្រះអង្គ ហើយដែលព្រះបុត្រាតែមួយផ្ទាល់នឹងអនុវត្ត ក្នុងឋានៈជាមនុស្ស រួមជាមួយមនុស្សលោក និងដើម្បីពួកគេទៀតផង។
២៦០០. គម្ពីរដំណឹងល្អតាមសន្តលូកាបញ្ជាក់នូវកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងអត្ថន័យនៃការអធិដ្ឋាន របស់ព្រះគ្រីស្ត នៅលើផែនដីនេះ។ ព្រះយេស៊ូអធិដ្ឋាន មុន ពេលដ៏សំខាន់នៃបេសកកម្មរបស់ព្រះអង្គ គឺមុនព្រះបិតាផ្ដល់សក្ខីភាពអំពីព្រះអង្គ ពេលព្រះអង្គជ្រមុជទឹក (លក ៣,២១) និងពេលដែលព្រះអង្គប្រែទ្រង់ទ្រាយ (លក ៩,២៨) ហើយព្រះយេស៊ូអធិដ្ឋានមុននឹងបំពេញគម្រោងការដ៏សប្បុរសរបស់ព្រះបិតា ដោយរងទុក្ខលំបាក (លក ២២,៤១-៤៤)។ ព្រះយេស៊ូអធិដ្ឋានមុនពេលដ៏សំខាន់នៃបេសកកម្មរបស់ក្រុមគ្រីស្តទូត គឺមុនពេលជ្រើសរើសគ្រីស្តទូតដប់ពីររូប និងតែងតាំងពួកលោក (លក ៦,១២) មុនពេលលោកសិលាប្រកាសថា ព្រះអង្គជា “ព្រះគ្រីស្តរបស់ព្រះជាម្ចាស់” (លក ៩,១៨-២០) ហើយព្រះអង្គអធិដ្ឋាន ដើម្បីកុំឱ្យប្រធានក្រុមគ្រីស្តទូតចាញ់ការល្បួង (លក ២២,៣២)។ ដោយសារព្រះយេស៊ូអធិដ្ឋាន មុនហេតុការណ៍ទាំងប៉ុន្មានដែលព្រះបិតាសូមឱ្យព្រះអង្គបំពេញដើម្បីសង្រ្គោះមនុស្សលោក ក្នុងឋានៈជាមនុស្ស ព្រះអង្គក៏ថ្វាយខ្លួនទាំងស្រុង ដោយចិត្តសុភាពរាបសា ចំពោះព្រះហឫទ័យដ៏សប្បុរសរបស់ព្រះបិតា។
២៦០១. “មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋានផង” (លក ១១,១)។ មុនដំបូង សាវ័កប្រាថ្នាចង់អធិដ្ឋាន ដោយសារគេនឹកគិតដល់ម្ចាស់របស់ខ្លួនអធិដ្ឋាន។ ពេលនោះ គេអាចរៀនអធិដ្ឋានពីម្ចាស់នៃការអធិដ្ឋាន។ ពេលគេនឹកសញ្ជឹងគិតដល់ព្រះបុត្រា និងស្ដាប់ព្រះបន្ទូលព្រះអង្គ បុត្រធីតារៀនទូលអង្វរព្រះបិតា។
២៦០២. ជារឿយៗព្រះយេស៊ូគង់នៅដាច់ឡែកពីគេ តែម្នាក់ឯង ឡើងលើភ្នំ ដើម្បីអធិដ្ឋានពេលយប់ (មក ១,៣៥ ; ៦,៤៦ ; លក ៥,១៦)។ ដោយសារព្រះអង្គប្រសូតជាមនុស្ស ទ្រង់ក៏ទទួលយកមនុស្សលោកទាំងអស់ ក្នុងការអធិដ្ឋានរបស់ព្រះអង្គ ហើយថ្វាយពួកគេចំពោះព្រះបិតា ដោយថ្វាយព្រះកាយព្រះអង្គ។ ដោយសារព្រះអង្គ ជាព្រះបន្ទូលកើតជាមនុស្ស ព្រះអង្គអធិដ្ឋានក្នុងឋានៈជាមនុស្ស និងរួមសុខរួមទុក្ខជាមួយនឹង “បងប្អូន” របស់ព្រះអង្គ (ហប ២.១២)។ ព្រះអង្គទទួលយកភាពទន់ខ្សោយរបស់មនុស្ស ដើម្បីរំដោះគេឱ្យរួចពីភាពទន់ខ្សោយនោះ (ហប ២,១៥ ; ៤,១៥)។ ហេតុនេះហើយ បានជាព្រះបិតាបានចាត់ព្រះអង្គឱ្យយាងមក។ ដូច្នេះ ព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គសម្ដែងយ៉ាងច្បាស់នូវការអធិដ្ឋាន “ជាសម្ងាត់” របស់ព្រះអង្គ។
២៦០៣. អ្នកនិពន្ធគម្ពីរដំណឹងល្អបានរក្សាទុកពាក្យអង្វរពីរយ៉ាងរបស់ព្រះគ្រីស្ត។ ពាក្យអង្វរទាំងពីរនោះចាប់ផ្ដើមដោយការអរព្រះគុណព្រះជាម្ចាស់។ ក្នុងពាក្យអង្វរទីមួយ (មថ ១១,២៥-២៧ និង លក ១០,២១-២២) ព្រះយេស៊ូប្រកាសជំនឿលើព្រះបិតា ទទួលស្គាល់ និងប្រទានព្រះពរដល់ព្រះអង្គ ដ្បិតព្រះអង្គបានលាក់គម្រោងការដ៏អស្ចារ្យនៃព្រះរាជ្យកុំឱ្យអ្នកដែលស្មានថា ខ្លួនជាអ្នកប្រាជ្ញនិងចេះដឹង ស្គាល់គម្រោងការនេះ ប៉ុន្តែទ្រង់បានសម្ដែងគម្រោងការនេះឱ្យ “អ្នកតូចតាច” (អស់អ្នកដែលគ្មានទីពឹង) ស្គាល់។ ព្រះយេស៊ូរំជួលព្រះហឫទ័យ “ឱព្រះបិតាអើយ!” គឺព្រះអង្គសម្ដែងនូវទីជម្រៅព្រះហឫទ័យរបស់ព្រះអង្គ ដែលជាប់នឹងព្រះហឫទ័យរបស់ព្រះបិតា ដូចពេលព្រះមាតាបានសម្រេចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលព្រះអង្គចាប់ផ្ទៃព្រះនាង ហើយព្រះអង្គក៏សម្ដែងទុកជាមុននូវព្រះបន្ទូលរបស់ព្រះអង្គចំពោះព្រះបិតាពេលទ្រង់នឹងរងទុក្ខលំបាក។ ព្រះយេស៊ូអធិដ្ឋាន បានសេចក្ដីថា ក្នុងឋានៈជាមនុស្ស ព្រះអង្គជ្ជាប់នឹង “គម្រោងការដ៏លាក់កំបាំង” នៃព្រះហឫទ័យរបស់ព្រះបិតា (អភ ១,៩)។
២៦០៤. សន្តយ៉ូហានជាអ្នកថ្លែងនូវពាក្យអង្វរទីពីររបស់ព្រះអង្គ គឺមុនពេលលោកឡាសាររស់ឡើងវិញ (យហ ១១,៤១-៤២)។ នៅទីនោះដែរ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់មុនប្រោសលោកឱ្យរស់ឡើងវិញ៖ “បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ” បានសេចក្ដីថា ព្រះបិតា តែងតែសណ្ដាប់សំណូមពររបស់ព្រះអង្គ។ ព្រះយេស៊ូបន្ថែមទៀតថា៖ “ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច” បានសេចក្ដីថា ចំពោះព្រះយេស៊ូវិញ ទ្រង់ក៏តែងតែ សុំ ជានិច្ច។ ហេតុនេះ ដោយសារព្រះយេស៊ូអរព្រះគុណព្រះបិតា ព្រះអង្គក៏សម្ដែងឱ្យយើងដឹងថា តើត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីសុំ គឺមុន ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ព្រះយេស៊ូភ្ជាប់ចិត្តនឹងអ្នកដែលប្រទានព្រះអំណោយទាននោះ ជាអ្នកដែលប្រទានខ្លួនផ្ទាល់។ អ្នកប្រទានព្រះអំណោយទានមានតម្លៃជាងអំណោយ ព្រះអង្គក៏ជា “កំណប់” ហើយព្រះបុត្រាព្រះអង្គភ្ជាប់ចិត្តនឹងព្រះអង្គ។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទាននោះ “ថែមទៀត” (មថ ៦,២១.៣៣)។ ពាក្យអង្វររបស់ព្រះយេស៊ូក្នុងឋានៈជាបូជាចារ្យ ជាសេចក្ដីអធិដ្ឋានយ៉ាងពិសេស ក្នុងការចាត់ចែងគម្រោងការនៃការសង្រ្គោះ។ យើងនឹងវិភាគសេចក្ដីអធិដ្ឋាននេះ ក្នុងទីចុងក្រោយនៃភាគទីមួយ។ សេចក្ដីអធិដ្ឋាននេះបង្ហាញនូវពាក្យអង្វរនៃមហាបូជាចារ្យរបស់យើងបច្ចុប្បន្នកាលនេះ ហើយជាមួយគ្នានេះដែរ ក្នុងនោះ មានអ្វីៗដែលព្រះអង្គបង្រៀនឱ្យយើងស្គាល់អំពីធម៌ឱព្រះបិតា ដែលយើងនឹងវិភាគក្នុងភាគទីពីរ។
២៦០៥. ពេលកំណត់មកដល់ គឺជាពេលដែលព្រះយេស៊ូបំពេញគម្រោការដ៏សប្បុរសនៃព្រះបិតា ព្រះអង្គនាំយើងឱ្យយល់ពីទីជម្រៅមិនអាចស្ទង់បាននៃការអធិដ្ឋានរបស់ព្រះអង្គក្នុងឋានៈជាព្រះបុត្រា មិនគ្រាន់តែមុនពេលព្រះអង្គថ្វាយព្រះកាយព្រះអង្គទាំងស្រុងដោយស្ម័គ្រចិត្ត (“ឱព្រះបិតាអើយ! សូមកុំឱ្យ សម្រេចតាមចិត្តទូលបង្គំឡើយ គឺឱ្យសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ” លក ២២,៤២) ថែមទាំងរហូតដល់ព្រះបន្ទូលចុងក្រោយ របស់ព្រះអង្គនៅលើឈើឆ្កាងទៀតផងដែរ។ នៅទីនោះ ព្រះអង្គថ្វាយខ្លួនទាំងស្រុង បានសេចក្ដីថា ទ្រង់អធិដ្ឋានតែម្តង (“ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឱ្យអ្នកទាំងនោះផង ដ្បិតគេមិនដឹងថា គេកំពុងធ្វើអ្វីឡើយ” លក ២៣,៣៤)។ “ខ្ញុំសូមប្រាប់ឱ្យអ្នកដឹងយ៉ាងច្បាស់ថា ថ្ងៃនេះ អ្នកនឹងបានទៅនៅស្ថានបរមសុខជាមួយខ្ញុំ” (លក ២៣,៤៣) “អ្នកអើយ! នេះកូនរបស់អ្នក (...) នេះហើយ ម្តាយរបស់អ្នក” (យហ ១៩,២៦-២៧) “ខ្ញុំស្រេចទឹក” (យហ ១៩,២៨) “ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?” (មក ១៥,៣៤) (ទន ២២,២) “ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!” (យហ ១៩,៣០) “ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ” (លក ២៣,៤៦) រហូតដល់ព្រះអង្គ “បន្លឺព្រះសូរសៀងយ៉ាងខ្លាំង” ហើយប្រគល់វិញ្ញាណទៅព្រះបិតាវិញ (មក ១៥,៣៧ ; យហ ១៩,៣០ខ)។
២៦០៦. ព្រះសូរសៀងយ៉ាងខ្លាំងរបស់ព្រះបន្ទូលកើតជាមនុស្សនេះ សរុបនូវទុក្ខលំបាកទាំងអស់របស់មនុស្សលោកគ្រប់សម័យកាល ដែលជាទាសករនៃអំពើបាប និងសេចក្ដីស្លាប់ ហើយសរុបសំណូមពរ និងពាក្យជួយអង្វរទាំងអស់ក្នុងប្រវត្តិសាស្រ្តនៃការសង្រ្គោះ។ ព្រះបិតាទទួលយកពាក្យអង្វរទាំងអស់នោះ ហើយព្រះអង្គក៏ធ្វើឱ្យសំណូមពរនោះបានសម្រេច លើសពីសេចក្ដីសង្ឃឹមទៅទៀត ដោយប្រោសព្រះបុត្រាព្រះអង្គឱ្យមានព្រះជន្មថ្មីថ្មី។ ហេតុនេះហើយ បានជាព្រះជាម្ចាស់សម្រេចវិនាដកម្មនៃការអធិដ្ឋាន ក្នុងការចាត់ចែងគម្រោងការអំពីការបង្កើត និងការសង្រ្គោះ។ កណ្ឌទំនុកតម្កើងផ្ដល់កូនសោនៃវិនាដកម្មនេះ ក្នុងអង្គព្រះគ្រីស្ត។ ក្នុងថ្ងៃនេះ ជាថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញ ព្រះបិតាមានព្រះបន្ទូលថា៖ “អ្នកជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតអ្នកនៅថ្ងៃនេះ។ បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានាឱ្យអ្នកទុកជាមរតក ហើយយើងនឹងប្រគល់ផែនដីទាំងមូលឱ្យអ្នកទុកជាកម្មសិទិ្ធដែរ” (ទន ២,៧-៨) (កក ១៣,៣៣)។ ដោយប្រើពាក្យគួរឱ្យរំភើប លិខិតផ្ញើទៅគ្រីស្តបរិស័ទជាតិហេប្រឺបង្ហាញថា សេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូបានសង្រ្គោះមនុស្សលោក ដោយជោគជ័យ៖ “កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសម្លេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ សូមព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្រ្គោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ” (ហប ៥,៧-៩)។
ព្រះយេស៊ូបង្រៀនឱ្យចេះអធិដ្ឋាន
២៦០៧. ពេលព្រះយេស៊ូអធិដ្ឋាន ព្រះអង្គក៏បង្រៀនយើងឱ្យចេះអធិដ្ឋានដែរ។ ការអធិដ្ឋានរបស់ព្រះអង្គចំពោះព្រះបិតារបស់ព្រះអង្គ នាំយើងឱ្យមានទំនាក់ទំនងជាមួយនឹងព្រះបិតាដែរ។ ប៉ុន្តែ ដំណឹងល្អផ្ដល់ដំបូន្មានមួយយ៉ាងច្បាស់របស់ព្រះយេស៊ូអំពីការអធិដ្ឋាន។ បន្តិចម្តងៗ ព្រះអង្គណែនាំយើងឆ្ពោះទៅកាន់ព្រះបិតា។ ពេលព្រះអង្គមានព្រះបន្ទូលទៅកាន់បណ្ដាជនដែលដើរតាមព្រះអង្គ ទ្រង់ចាប់ផ្ដើមមានព្រះបន្ទូលអំពីការអធិដ្ឋានតាមសម័្ពន្ធមេត្រីចាស់ ដែលគេស្គាល់ រួចហើយព្រះអង្គមានព្រះបន្ទូលអំពីព្រះរាជ្យ ដែលកំពុងយាងមក និងដែលធ្វើឱ្យអ្វីៗទាំងអស់កើតមានសាជាថ្មី។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រាស្នាអំពីភាពថ្មោងថ្មីនៃព្រះរាជ្យនោះ។ ទីបំផុត ព្រះអង្គមានព្រះបន្ទូលអំពីព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមិនលាក់លៀមអ្វីសោះ ឱ្យក្រុមសាវ័ក ដែលនឹងត្រូវបង្រៀនអ្នកដទៃ ក្នុងព្រះសហគមន៍។
២៦០៨. លុះព្រះអង្គបង្រៀនគេនៅលើភ្នំ ព្រះយេស៊ូមានព្រះបន្ទូលសង្កត់ធ្ងន់ថា ត្រូវតែកែប្រែចិត្តគំនិត គឺត្រូវសម្រុះសម្រួលជាមួយបងប្អូនមុននឹងថ្វាយតង្វាយលើអាសនៈ (មថ ៥,២៣-២៤) ស្រលាញ់ខ្មាំងសត្រូវ និងទូលអង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលបៀតបៀនយើង (មថ ៥,៤៤-៤៥) ទូលទៅកាន់ព្រះបិតា “ក្នុងទីស្ងាត់កំបាំង” (មថ ៦,៦) មិនពោលពាក្យច្រំដែលៗឥតប្រយោជន៍ (មថ ៦,៧) អត់ទោសឱ្យអ្នកដទៃយ៉ាងពិតប្រាកដ (មថ ៦,១៤-១៥) ហើយត្រូវមានចិត្តបរិសុទ្ធ និងស្វែងរកព្រះរាជ្យរបស់ព្រះអង្គ (មថ ៦,២១.២៥.៣៣)។ ត្រូវកែប្រែចិត្តគំនិតដោយសារតែព្រះបិតា ព្រោះយើងជាបុត្រធីតារបស់ព្រះអង្គ។
២៦០៩. ពេលយើងប្តេជ្ញាកែប្រែចិត្តគំនិត យើងរៀនអធិដ្ឋានក្នុងជំនឿ ។ ពេលយើងជឿ យើងជាប់ចិត្តនឹងព្រះជាម្ចាស់ដូចបុត្រធីតារបស់ព្រះអង្គ លើសពីអ្វីដែលយើងអាចយល់ឃើញបាន។ យើងអាចមានជំនឿបាន ដ្បិតព្រះបុត្រាជាទីស្រលាញ់បើកផ្លូវឱ្យយើងឆ្ពោះទៅព្រះបិតា។ ព្រះអង្គអាចសុំយើងឱ្យ “ស្វែងរក” និង “គោះទ្វារ” ដ្បិតព្រះអង្គផ្ទាល់ជាទ្វារ និងជាផ្លូវ (មថ ៧,៧-១១.១៣-១៤)។
២៦១០. ព្រះយេស៊ូទូលអង្វរព្រះបិតា និងអរព្រះគុណព្រះអង្គមុននឹងទទួលព្រះអំណោយទានរបស់ព្រះអង្គយ៉ាងណា ព្រះអង្គក៏បង្រៀនយើងឱ្យមានចិត្តក្លាហានដូចបុត្រធីតាយ៉ាងពិតប្រាកដរបស់ព្រះអង្គយ៉ាងនោះដែរ៖ “អ្វីក៏ដោយ ឱ្យតែអ្នកអធិដ្ឋានសុំ ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ” (មក ១១,២៤)។ នេះជាកម្លាំងនៃការអធិដ្ឋាន “ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ” (មក ៩,២៣) ដែលមិនស្ទាក់ស្ទើរ (មថ ២១,២២)។ ព្រះយេស៊ូព្រួយព្រះហឫទ័យដោយឃើញថា បងប្អូនរបស់ព្រះអង្គ “គ្មានជំនឿបែបនេះ” (មក ៦,៦) និងសាវ័ករបស់ព្រះអង្គមាន “ជំនឿតិច” (មថ ៨,២៦) តែព្រះអង្គសរសើរនាយទាហានរ៉ូម៉ាំង (មថ ៨,១០) និងស្រ្តីសាសន៍កាណានម្នាក់ (មថ ១៥,២៨) ដែលមាន “ជំនឿមាំមួនណាស់”។
២៦១១. ពេលអធិដ្ឋានដោយមានជំនឿពិតប្រាកដ មិនគ្រាន់តែពោលថា “ព្រះអម្ចាស់ៗអើយ” ប៉ុណ្ណោះទេ គឺត្រូវសម្របចិត្តប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះបិតា (មថ ៧,២១)។ ព្រះយេស៊ូត្រាស់ហៅពួកសាវ័កឱ្យអធិដ្ឋាន ដើម្បីរួមសហការក្នុងគម្រោងការរបស់ព្រះជាម្ចាស់ (មថ ៩,៣៨ ; លក ១០,២ ; យហ ៤,៣៤)។
២៦១២. ក្នុងអង្គព្រះយេស៊ូ “ព្រះរាជ្យព្រះជាម្ចាស់យាងមកជិតបង្កើយហើយ” ព្រះអង្គត្រាស់ហៅ ឱ្យកែប្រែចិត្តគំនិត និងឱ្យប្រុងស្មារតី ផងដែរ។ ពេលអធិដ្ឋាន សាវ័កប្រុងប្រៀបនឹងទទួលព្រះដ៏មានព្រះជន្មគង់នៅ ដោយនឹកទៅដល់ពេលព្រះអង្គយាងមក បន្ទាបខ្លួនជាមនុស្ស ព្រមទាំងសង្ឃឹមថា ព្រះអង្គនឹងយាងមកវិញពោរពេញដោយសិរីរុងរឿង (មក ១៣ ; លក ២១,៣៤-៣៦)។ ដោយរួមរស់ជាមួយម្ចាស់របស់ខ្លួន ក្រុមសាវ័ប្រយុទ្ធប្រឆាំងក្នុងការអធិដ្ឋាន ប្រុងប្រយ័ត្នកុំឱ្យចាញ់ការល្បងឡើយ (លក ២២,៤០.៤៦)។
២៦១៣. សន្តលូកាបញ្ជូនពាក្យប្រាស្នាសំខាន់ៗអំពីការអធិដ្ឋាន៖
ប្រាស្នាទីមួយស្ដីអំពី “មិត្តសម្លាញ់ម្នាក់” (លក ១១,៥-១៣) ព្រះយេស៊ូអញ្ជើញយើងឱ្យទទូចសុំដោយមានចិត្តព្យាយាម៖ “ចូរគោះទ្វារ (...) នោះព្រះជាម្ចាស់នឹងបើកទ្វារឱ្យអ្នករាល់គ្នា”។ ចំពោះអ្នកដែលអធិដ្ឋានបែបនេះ ព្រះបិតាដែលគង់នៅស្ថានបរមសុខ “នឹងប្រទានអ្វីៗដែលអ្នកនោះត្រូវការ” ជាពិសេសព្រះវិញ្ញាណដ៏វិសុទ្ធ ដែលសរុបព្រះអំណោយទានទាំងអស់។ ប្រាស្នាទីពីរស្តីអំពី “ស្រ្តីមេម៉ាយម្នាក់” (លក ១៨,១-៨) ត្រូវតែអធិដ្ឋានជានិច្ចដោយមិនរសាយចិត្ត ដោយមានចិត្តអត់ធ្មត់ និងដោយមានជំនឿ ។ “ប៉ុន្តែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?”។ ក្នុងប្រាស្នាទីបីអំពី “បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ” (លក ១៨,៩-១៤) ត្រូវតែបន្ទាបខ្លួនពេលអធិដ្ឋាន។ “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាអ្នកបាបផង”។ ព្រះសហគមន៍នៅតែអធិដ្ឋាន ដោយពាក្យដដែលនោះ៖ “Kyrie Eleison! ”។
២៦១៤. ពេលព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់ ឱ្យក្រុមសាវ័កដឹងអំពីគម្រោងការដ៏លាក់កំបាំងនៃការអធិដ្ឋានចំពោះព្រះបិតា ព្រះអង្គសម្ដែងឱ្យពួកគេនឹងយល់ថា ត្រូវអធិដ្ឋានយ៉ាងដូចម្ដេច នៅពេលព្រះអង្គពោរពេញដោយសិរីរុងរឿង នឹងយាងត្រឡប់ទៅឯព្រះបិតាវិញ។ ឥឡូវនេះ អ្វីដែលថ្មី គឺ “ទូលសុំក្នុងព្រះនាមព្រះអង្គ ” (យហ ១៤,១៣)។ បើយើងផ្ញើជីវិតទៅលើព្រះអង្គ យើងក៏នឹងស្គាល់ព្រះបិតា ដ្បិតព្រះយេស៊ូ “ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត” (យហ ១៤,៦)។ ពេលយើងជឿ គឺយើងនឹងបង្កើតផលក្នុងសេចក្ដីស្រលាញ់ ពោលគឺរក្សាទុកព្រះបន្ទូល និងវិន័យរបស់ព្រះអង្គ ស្ថិតនៅជាមួយព្រះអង្គ ក្នុងអង្គព្រះបិតា ដែលស្រលាញ់យើង នៅក្នុងអង្គព្រះគ្រីស្ត រហូតដល់ព្រះអង្គស្ថិតនៅក្នុងយើង។ ក្នុងសម្ពន្ធមេត្រីថ្មីនេះ យើងជឿជាក់ថា ព្រះជាម្ចាស់នឹងប្រោសប្រទានតាមពាក្យសុំរបស់យើង ដ្បិតយើងទូលអង្វរព្រះអង្គ ដោយពឹងផ្អែកទៅលើការអធិដ្ឋានរបស់ព្រះយេស៊ូ (យហ ១៤,១៣-១៤។
២៦១៥. លើសពីនេះទៅទៀត អ្វីដែលព្រះបិតាប្រទានមកយើង នៅពេលដែលយើងអធិដ្ឋានរួមនឹងព្រះយេស៊ូ គឺ “ព្រះដ៏ជួយការពារ (...) ឱ្យទ្រង់គង់នៅជាមួយអ្នករាល់គ្នា ជាដរាបតរៀងទៅ (...) ជាព្រះវិញ្ញាណនៃសេចក្ដីពិត” (យហ ១៤,១៦-១៧)។ ព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបអធិដ្ឋានថ្មីនោះ ពេលពិធីជប់លៀងចុងក្រោយ (យហ ១៤,២៣-២៦ ; ១៥,៧.១៦ ; ១៦,១៣-១៥ ; ១៦,២៣-២៧)។ ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ គ្រីស្តបរិស័ទអធិដ្ឋានរួមជាមួយព្រះបិតា ដោយក្ដីស្រលាញ់ មិនគ្រាន់តែតាមរយៈព្រះគ្រីស្តប៉ុណ្ណោះទេ ថែមទាំងនៅក្នុងអង្គព្រះគ្រីស្តផងដែរ ៖ “មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ” (យហ ១៦,២៤)។
ព្រះយេស៊ូទទួលពាក្យអង្វររបស់យើង
២៦១៦. ពេលព្រះយេស៊ូគង់នៅលើផែនដីនេះ ព្រះអង្គទទួលពាក្យអង្វរ តាមរយៈសញ្ញាសម្គាល់ ដែលសម្ដែងទុកជាមុននូវឫទ្ធានុភាពរបស់ព្រះអង្គ ដែលសោយទិវង្គត និងមានព្រះជន្មថ្មី។ ព្រះយេស៊ូទទួលពាក្យអង្វរពីអ្នកជឿ ទោះបីគេប្រើពាក្យសម្តីក្ដី (មនុស្សឃ្លង់ (មក ១,៤០-៤១) លោកយៃរ៉ូស (មក ៥,៣៦) ស្រ្តីសាសន៍កាណាន (មក ៧,២៩) អ្នកទោសដែលត្រូវគេឆ្កាង (លក ២៣,៣៩-៤៣)) ឬគេនៅស្ងៀមក្ដី (បុរសបួននាក់ដែលសែងមនុស្សខ្វិន (មក ២,៥) ស្រ្តីមានជម្ងឺធ្លាក់ឈាម ដែលពាល់ព្រះពស្រ្តរបស់ព្រះអង្គ (មក ៥,២៨) ទឹកភ្នែក និងទឹកអប់របស់ស្រ្តីមានបាប (លក ៧,៣៧-៣៨))។ ប្រពៃណីនៃការអធិដ្ឋានចំពោះ ព្រះយេស៊ួ (“ព្រះរាជវង្សព្រះបាទដាវីឌអើយ! ឱព្រះយេស៊ូអើយ! សូមអាណិតមេត្តាទូលបង្គំផង!”) បានយកពាក្យសុំរបស់មនុស្សខ្វាក់ឡើងវិញ៖ “ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!” (មថ ៩,២៧) ឬ “ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង” (មក ១០,៤៨)។ ទោះបីព្រះអង្គប្រោសអ្នកជម្ងឺឱ្យបានជាសះស្បើយក្ដី ឬលើកលែងទោសឱ្យអ្នកបាបក្ដី ក៏ព្រះយេស៊ូតែងតែទទួលពាក្យអង្វររបស់អស់អ្នកដែលអង្វរព្រះអង្គដោយមានជំនឿ៖ “សូមទៅឱ្យបានសុខសាន្ត ជំនឿរបស់អ្នកបានសង្រ្គោះអ្នកហើយ!”។ សន្ត អូគូស្តាំង សង្ខេបចំណុចទាំងបីនៃការអធិដ្ឋានរបស់ព្រះយេស៊ូបានយ៉ាងអស្ចារ្យ៖ “ព្រះអង្គអង្វរព្រះជាម្ចាស់សម្រាប់យើងក្នុងឋានៈជាបូជាចារ្យ ទ្រង់អង្វរសម្រាប់យើងក្នុងឋានៈជាអ្នកដឹកនាំយើង យើងក៏អង្វរព្រះអង្គក្នុងឋានៈជាព្រះជាម្ចាស់របស់យើង។ សូមទទួលស្គាល់សម្លេងយើងក្នុងអង្គព្រះអង្គ និងសម្លេងរបស់ព្រះអង្គនៅក្នុងខ្លួនយើងផងដែរ” (IGLH ៧)។
ការអធិដ្ឋានរបស់ប្រហ្មចារិនីម៉ារី
២៦១៧. ព្រះជាម្ចាស់សម្ដែងនូវការអធិដ្ឋានរបស់នាងម៉ារីឱ្យយើងស្គាល់ នៅពេលចាប់ផ្ដើមកំណត់ដ៏ពេញលក្ខណៈ។ មុនព្រះបុត្រាប្រសូតជាមនុស្ស និងមុនព្រះអង្គចាត់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ នាងម៉ារីអធិដ្ឋាន ដោយរួមសហការជាមួយនឹងគម្រោងការដ៏សប្បុរសនៃព្រះបិតា ពេលទេវទូតមកជួនដំណឹងថា ព្រះគ្រីស្តនឹងចាប់ផ្ទៃនាង (លក ១,៣៨) ពេលបុណ្យព្រះវិញ្ញាណយាងមក ដើម្បីបង្កើតព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត (កក ១,១៤)។ ដោយសារជំនឿ អ្នកបម្រើដ៏សុភាពរបស់ព្រះជាម្ចាស់ទទួលព្រះអំណោយទានរបស់ព្រះអង្គ ដែលព្រះអង្គទ្រង់រង់ចាំតាំងពីពេលព្រះអង្គបានបង្កើតពិភពលោកមកម្ល៉េះ។ អ្នកដែលជា “ទីគាប់ព្រះហឫទ័យ” របស់ព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ឆ្លើយតបនឹងព្រះអង្គ ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ៖ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សូមឱ្យបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ”។ “Fiat ” ជាពាក្យអធិដ្ឋានរបស់គ្រីស្តបរិស័ទ ពោលគឺថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដ្បិតទ្រង់ជាកម្មសិទ្ធិរបស់យើង។
២៦១៨. ដំណឹងល្អសម្ដែងឱ្យយើងដឹងថា តើនាងម៉ារីអធិដ្ឋាន និងជួយអង្វរព្រះជាម្ចាស់ដោយមានជំនឿយ៉ាងដូចម្ដេច។ នៅភូមិកាណា (យហ ២,១-១២) ព្រះមាតារបស់ព្រះយេស៊ូអង្វរព្រះបុត្រាព្រះនាងសម្រាប់តម្រូវការនៃពីធីមង្គលការ ជាទីសម្គាល់នៃពិធីមង្គលការផ្សេង គឺពិធីមង្គលការរបស់កូនចៀម ដែលបូជាព្រះកាយ និងព្រះលោហិតព្រះអង្គ តាមការទូលអង្វរព្រះសហគមន៍ ដែលជាព្រះមហេសីព្រះអង្គ។ នៅកាលកំណត់នៃសម្ពន្ធមេត្រីថ្មី នៅក្បែរឈើឆ្កាង (យហ ១៩,២៥-២៧) ព្រះយេស៊ូទទួលពាក្យអង្វររបស់នាងម៉ារី ជាស្រ្តី ជានាងអេវ៉ាថ្មី ជា “មាតាយ៉ាងពិតប្រាកដរបស់អស់អ្នកដែលមានជីវិត” ។
២៦១៩. ហេតុនេះហើយ បានជាទំនុកតម្កើងរបស់ព្រះនាងម៉ារី (លក ១,៤៦-៥៥) (Magnificat ជាភាសាឡាតាំង ឬ Mégalinaire សម្រាប់ពិធីបុណ្យខាងបូព៌ាប្រទេស) ជាទំនុកតម្កើងនៃព្រះមាតារបស់ព្រះជាម្ចាស់និងរបស់ព្រះសហគមន៍ផង ជាទំនុកតម្កើងរបស់បុត្រីនៃទីក្រុងស៊ីយ៉ូន និងរបស់ប្រជារាស្រ្តថ្មីនៃព្រះជាម្ចាស់ផង ដើម្បីអរព្រះគុណព្រះជាម្ចាស់ដែលប្រោសប្រទានព្រះអំណោយទានដ៏ច្រើនលើសលប់ ក្នុងការជួយសង្រ្គោះមនុស្សលោក ហើយជាទំនុកតម្កើងរបស់ “ជនក្រីក្រ” ដែល ព្រះជាម្ចាស់បំពេញសេចក្ដីសង្ឃឹម និងព្រះបន្ទូលសន្យា ដែលព្រះអង្គបានប្រោសប្រទាន “ចំពោះលោកអប្រាហាំនិងពូជពង្សរបស់លោកជានិច្ចតរៀងទៅ”។
សង្ខេប
២៦២០. ក្នុងសម្ពន្ធមេត្រីថ្មី គំរូដ៏ល្អឥតខ្ចោះអំពីការអធិដ្ឋានស្ថិតក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូចំពោះព្រះ បិតា។ ជារឿយៗ ព្រះយេស៊ូអធិដ្ឋានតែម្នាក់ឯង ក្នុងទីស្ងាត់កំបាំង ដោយភ្ជាប់សេចក្ដីស្រលាញ់ទៅនឹងព្រះហឫទ័យ របស់ព្រះបិតា រហូតដល់ព្រះឈើឆ្កាង ដោយជឿជាក់ថា ព្រះបិតានឹងទទួលពាក្យអង្វររបស់ព្រះអង្គមិនខានឡើយ។
២៦២១. ក្នុងការប្រៀនប្រដៅ ព្រះយេស៊ូបង្រៀនក្រុមសាវ័ករបស់ព្រះអង្គឱ្យអធិដ្ឋានដោយជម្រះចិត្ត ដោយមានជំនឿមាំមួន ដោយចិត្តព្យាយាម និងចិត្តក្លាហានផង។ ព្រះអង្គត្រាស់ហៅពួកគេ ឱ្យប្រុងស្មារតី និងអញ្ចើញគេឱ្យទូលសុំអង្វរព្រះជាម្ចាស់ក្នុងព្រះនាមព្រះអង្គ។ ព្រះយេស៊ូគ្រីស្តផ្ទាល់ទទួល ពាក្យអង្វរ ដែលយើងទូលទៅព្រះអង្គ។
២៦២២. នៅពេលដែលព្រះនាងសុខចិត្តគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ (Fiat) និងលើកតម្កើងសរសើរព្រះអង្គ (Magnificat) ការអធិដ្ឋានរបស់ព្រហ្មចារិនីម៉ារីមានលក្ខណៈថា ព្រះនាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ដោយផ្ញើ ជីវិតទាំងស្រុងទៅលើព្រះអង្គ។
ប្រការទី៣៖ក្នុងព្រះសហគមន៍
២៦២៣. ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណនៃព្រះបន្ទូលសន្យា លើក្រុមសាវ័ក ដែល “រួមប្រជុំទាំងអស់គ្នា ក្នុងកន្លែងតែមួយ” (កក ២,១) និងដែលកំពុងរង់ចាំព្រះអង្គ ដោយ “រួមចិត្តគំនិតគ្នា ព្យាយាមអធិដ្ឋាន” (កក ១,៤)។ ព្រះវិញ្ញាណ ដែលប្រៀនប្រដៅ និងរម្លឹកព្រះសហគមន៍អំពីព្រះបន្ទូលទាំងឡាយរបស់ព្រះយេស៊ូ (យហ ១៤,២៦) នឹងបង្រៀនឱ្យចេះអធិដ្ឋានផងដែរ។
២៦២៤. ក្នុងសហគមន៍ដំបូងនៃទីក្រុងយេរូសាឡឹម អ្នកជឿ “ព្យាយាមស្តាប់ការបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន” (កក ២,៤២)។ ព្រះសហគមន៍ក៏អធិដ្ឋានតាមរបៀបនេះ ដោយចាក់ឫសលើជំនឿដែលបានមកពីក្រុមគ្រីស្តទូត និងបញ្ជាក់ដោយសេចក្ដីស្រលាញ់ ហើយដែលមានអភិបូជាធ្វើជាចំណីអាហារ ដើម្បីពង្រឹងការអធិដ្ឋាននេះ។
២៦២៥. គ្រីស្តបរិស័ទអធិដ្ឋានដោយស្ដាប់ និងអានសេចក្ដីអធិដ្ឋានក្នុងព្រះគម្ពីរ ជាពិសេសទំនុកតម្កើង ដែលព្រះគ្រីស្តបំពេញ និងផ្ដល់អត្ថន័យសម្រាប់សព្វថ្ងៃ (លក ២៤,២៧.៤៤)។ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលរម្លឹកឱ្យព្រះសហគមន៍នឹកគិតដល់ព្រះគ្រីស្ត ណែនាំព្រះសហគមន៍ឆ្ពោះទៅកាន់សេចក្ដីពិតគ្រប់ប្រការបណ្តាលឱ្យព្រះសហគមន៍បង្កើតសេចក្ដីអធិដ្ឋានថ្មី ដែលនឹងសម្ដែងគម្រោងការដ៏លាក់កំបាំង ដែលមិនអាចស្ទង់បាន របស់ព្រះគ្រីស្ត ដែលមានកិច្ចការក្នុងជីវិត អគ្គសញ្ញា និងបេសកកម្មរបស់ព្រះសហគមន៍ព្រះអង្គ។ ពាក្យសម្ដីនោះនឹងវិវឌ្ឍន៍ក្នុងប្រពៃណីសំខាន់ៗនៃពិធីបុណ្យ និងខាងវិញ្ញាណ។ របៀបអធិដ្ឋានផ្សេងៗ ដែលមានក្នុងបញ្ញាតិ្តនៃព្រះគម្ពីរ តាមការបញ្ជូនបន្តរបស់ក្រុមគ្រីស្តទូត នៅតែជាគំរូឱ្យគ្រីស្តបរិស័ទអធិដ្ឋាន។
១. ការប្រទានពរ និងការថ្វាយបង្គំ
២៦២៦. ការប្រទានពរ បង្ហាញចលនាដ៏ជ្រាលជ្រៅនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ។ ក្នុងការប្រទានពរ ព្រះជាម្ចាស់និងមនុស្សជួបជុំគ្នា គឺព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងចម្លើយរបស់មនុស្ស ត្រាស់ហៅគ្នា និងរួមជាមួយគ្នា។ ដោយសារពិធីប្រទានពរ មនុស្សឆ្លើយតបនឹងព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស មនុស្សអាចប្រទានពរដល់ព្រះអង្គដែលទ្រង់ជាប្រភពនៃព្រះពរទាំងឡាយវិញ។
២៦២៧. មានពេលខ្លះ យើងប្រទានពរដល់ព្រះជាម្ចាស់ដែលបានប្រទានព្រះពរដល់យើង គឺព្រះគ្រីស្ត យកការប្រទានពរឡើងទៅឯព្រះបិតា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ (អភ ១,៣-១៤ ; ២ករ ១,៣-៧ ; ១ពត្រ ១,៣-៩) រីឯពេលខ្លះទៀត ព្រះជាម្ចាស់ប្រទានព្រះពរដល់យើង តាមរយៈព្រះគ្រីស្ត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះពីព្រះបិតា (២ករ ១៣,១៣ ; រម ១៥,៥-៦ ; អភ ៦,២៣-២៤)។
២៦២៨. មនុស្សថ្វាយបង្គំ ព្រះជាម្ចាស់ ដោយទទួលស្គាល់ថា ខ្លួនឯងជាសត្វលោក ឯព្រះជាម្ចាស់ជាអ្នកបង្កើតគេ។ ពេលថ្វាយបង្គំព្រះជាម្ចាស់ យើងលើកតម្កើងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ដែលបានបង្កើតយើង (ទន ៩៥,១-៦) និងឫទ្ធានុភាពសព្វប្រការនៃព្រះសង្រ្គោះដែលរំដោះយើងឱ្យរួចពីបាប។ វិញ្ញាណយើងលំទោនក្រាបថ្វាយបង្គំចំពោះ “ព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង” (ទន ២៤,៩-១០) ហើយយើងគោរពយ៉ាងស្ងៀមស្ងាត់ចំពោះព្រះដ៏ខ្ពង់ខ្ពស់ជានិច្ចនិរន្តរ៍ (សន្ត អូគូស្តាំង)។ ពេលយើងក្រាបថ្វាយបង្គំព្រះដ៏វិសុទ្ធបំផុត និងជាទីស្រលាញ់ យើងបន្ទាបខ្លួន និងហ៊ានទូលអង្វរព្រះអង្គដោយចិត្តក្លាហាន។
២. ការអធិដ្ឋានដោយទូលអង្វរព្រះជាម្ចាស់
២៦២៩. ក្នុងសម្ពន្ធមេត្រីថ្មី មានពាក្យជាច្រើនរៀបរាប់អំពីការទូលអង្វរព្រះជាម្ចាស់ ដូចជាសូម ទាមទារ ទទូចអង្វរ អង្វរ ស្រែកទូល ស្រែកហៅ សូម្បីតែ “តស៊ូដោយទូលអង្វរ” (រម ១៥,៣០ ; កូឡ ៤,១២) ក៏មានដែរ។ ប៉ុន្តែ ជាធម្មតា យើងហៅការអធិដ្ឋានបែបនេះថា ពាក្យទូលអង្វរ។ សេចក្ដីអធិដ្ឋាននេះសម្ដែង ឱ្យយើងយល់ថា យើងគ្រាន់តែជាសត្វលោក យើងមិនមែនជាប្រភព ឬទីបញ្ចប់របស់ខ្លួនឯងទេ យើងមិនអាចគ្រប់គ្រងឧបសគ្គទាំងប៉ុន្មានដែលយើងជួបប្រទះ ឬយើងមិនមែនជាម្ចាស់នៃទីចុងក្រោយរបស់យើងឡើយ។ ម្យ៉ាងទៀត ចំពោះយើងជាគ្រីស្តបរិស័ទ យើងដឹងថា យើងជាអ្នកបាប ឃ្លាតឆ្ងាយពីព្រះបិតារបស់ យើង។ ពេលយើងទូលអង្វរព្រះជាម្ចាស់ យើងហាក់ដូចជាត្រឡប់ទៅឯព្រះអង្គវិញ។
២៦៣០. ក្នុងសម្ពន្ធមេត្រីថ្មី ពុំសូវមានពាក្យទំនួញ ដូចនៅក្នុងសម្ពន្ធមេត្រីចាស់ទេ ដ្បិតឥឡូវនេះ ក្នុងអង្គព្រះ គ្រីស្តដែលមានព្រះជន្មថ្មី ព្រះសហគមន៍សុំអង្វរព្រះជាម្ចាស់ ដោយមានសេចក្ដីសង្ឃឹម ទោះបីយើងនៅតែរង់ចាំ ហើយយើងត្រូវតែកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។ ពាក្យសុំអង្វររបស់គ្រីស្តបរិស័ទផុសចេញពីប្រភពដ៏ជ្រាលជ្រៅ គឺតាមសន្តប៉ូល ពិភពលោកទាំងមូលស្រែកថ្ងូរ “ដូចជាស្រ្តីដែលហៀបនឹងសម្រាលកូន” (រម ៨,២២) យើងក៏ថ្ងូរក្នុងចិត្តដែរ ដោយទន្ទឹងរង់ចាំព្រះជាម្ចាស់ (...) លោះរូបកាយយើងទាំងស្រុង (...) ដ្បិតយើងបានទទួលការសង្រ្គោះ តែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ” (រម ៨,២៣-២៤)។ ម្យ៉ាងទៀង ព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ក៏ស្រែកថ្ងូរ ហើយ “យាងមកជួយយើង ដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេច” (រម ៨,២៦)។
២៦៣១. ពេលយើងសូមអង្វព្រះជាម្ចាស់រឱ្យលើកលែងទោស ឱ្យយើង (ដូចអ្នកទារពន្ធ៖ “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាអ្នកបាបផង!” លក ១៨,១៣) យើងចាប់ផ្ដើមអធិដ្ឋាន តាមរបៀបត្រឹមត្រូវ និងចិត្តបរិសុទ្ធ។ យើងបន្ទាបខ្លួនដោយជឿទុកចិត្តលើព្រះជាម្ចាស់ ទើបយើងរួមរស់ជាមួយព្រះបិតា និងព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត និងជាមួយអ្នកដទៃផងដែរ (១យហ ១,៧-២,២២)។ ហេតុនេះ “អ្វីៗក៏ដោយឱ្យតែយើងទូលសុំ យើងមុខជាទទួលពីព្រះអង្គមិនខាន” (១យហ ៣,២២)។ យើងចាប់ផ្ដើមថ្វាយអភិបូជា ឬអធិដ្ឋានម្នាក់ឯង ដោយសូមអង្វរព្រះជាម្ចាស់លើកលែងទោសឱ្យយើង។
២៦៣២. តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ (មថ ៦,១០.៣៣ ; លក ១១,២.១៣) គ្រីស្តបរិស័ទអធិដ្ឋានដោយមានបំណងប្រាថ្នា និងដោយស្វែងរក ឱ្យព្រះរាជ្យព្រះជាម្ចាស់យាងមកដល់ ។ ត្រូវតែទូលសូមតាមលំដាប់លំដោយ ពោលគឺសូមឱ្យព្រះរាជ្យព្រះអង្គយាងមក ក្រោយមកសូមអ្វីជាចាំបាច់ដើម្បីទទួលព្រះរាជ្យនេះ និងដើម្បីរួមសហការជាមួយព្រះអង្គឱ្យព្រះរាជ្យនេះយាងមក។ សហគមន៍ដែលមកពីក្រុមគ្រីស្តទូតអធិដ្ឋានឱ្យយើងរួមសហការក្នុងបេសកកម្មរបស់ព្រះគ្រីស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាបេសកកម្មរបស់ព្រះសហគមន៍បច្ចុប្បន្ន (រម ១០,១ ; អភ ១,១៦-២៣ ; ភីល ១,៩-១១ ; កូឡ ១,៣-៦ ; ៤,៣-៤.១២)។ ការអធិដ្ឋានរបស់សន្តប៉ូល ដែលជាគ្រីស្តទូតដ៏គ្រប់លក្ខណៈ បង្ហាញឱ្យយើងដឹងថា ត្រូវតែអធិដ្ឋានដោយនឹកគិតដល់ព្រះសហគមន៍ទាំងឡាយ។ ដោយអធិដ្ឋាន អស់អ្នកដែលបានជ្រមុជទឹកធ្វើការឱ្យព្រះរាជ្យព្រះជាម្ចាស់យាងមក។
២៦៣៣. ពេលយើងចូលរួមចំណែក ក្នុងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលសង្រ្គោះមនុស្សលោក យើងអាចទូលសូមអង្វរសម្រាប់តម្រូវការណាមួយ ក៏បាន។ ពេលយើងទូលអង្វរព្រះជាម្ចាស់ក្នុងព្រះនាមព្រះគ្រីស្ត ព្រះអង្គដែលបានទទួលយកអ្វីៗទាំងអស់ ដើម្បីលោះអ្វីៗទាំងអស់ ទទួលសិរីរុងរឿង (យហ ១៤,១៣)។ ហេតុនេះ ដោយជឿទុកចិត្តថា ព្រះជាម្ចាស់នឹងទទួលពាក្យអង្វររបស់យើង លោកយ៉ាកុប (យក ១,៥-៨) និងលោកប៉ូលដាស់តឿនយើងឱ្យអធិដ្ឋានគ្រប់កាលៈទេសៈ (អភ ៥,២០ ; ភីល ៤,៦-៧ ; កូឡ ៣,១៦-១៧ ; ១ថស ៥,១៧-១៨)។
៣. ការជួយអង្វរឱ្យអ្នកដទៃ
២៦៣៤. ពេលយើងជួយអង្វរព្រះជាម្ចាស់ យើងអធិដ្ឋានដូចព្រះយេស៊ូអធិដ្ឋានផងដែរ។ មានតែព្រះអង្គទេ ដែលជួយអង្វរព្រះបិតាចំពោះមនុស្សលោក ជាពិសេសចំពោះអ្នកបាប (រម ៨,៣៤ ; ១យហ ២,១ ; ១ធម ២,៥-៨)។ ព្រះអង្គ “អាចសង្រ្គោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកគេ” (ហប ៨,២៥)។ ព្រះវិញ្ញាញផ្ទាល់ “ជួយទូលអង្វរឱ្យយើង (...) រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណជួយទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ៨,២៦-២៧)។
២៦៣៥. តាំងពីសម័យលោកអប្រាហាំមក អ្នកដែលមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ទូលអង្វរព្រះអង្គសម្រាប់អ្នកដទៃ។ ក្នុងព្រះសហគមន៍ យើងជួយទូលអង្វរ ដោយរួមចំណែកជាមួយព្រះគ្រីស្ត គឺជាការសម្ដែងឱ្យឃើញអំពីការរួបរួមគ្នារវាងជនដ៏វិសុទ្ធទាំងឡាយ។ អ្នកដែលជួយអង្វរមិន “គិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ” (ភីល ២,៤) រហូតដល់អធិដ្ឋានសម្រាប់អស់អ្នកដែលធ្វើបាបគាត់ (កក ៧,៦០ ; លក ២៣,២៨.៣៤)។
២៦៣៦. សហគមន៍គ្រីស្តបរិស័ទដំបូងបានអធិដ្ឋានបែបនេះយ៉ាងជ្រាលជ្រៅជាទីបំផុត (កក ១២,៥ ; ២០,៣៦ ; ២១,៥ ; ២ករ ៩,១៤)។ គ្រីស្តទូតប៉ូលធ្វើឱ្យគេរួមចំណែកក្នុងមុខងាររបស់លោកអំពីដំណឹងល្អ (អភ ៦,១៨-២០ ; កូឡ ៤,៣-៤ ; ១ថស ៥,២៥) ប៉ុន្តែ លោកជួយអង្វរឱ្យគេផងដែរ (២ថស ១,១១ ; កូល ១,៣ ; ភីល ១,៣-៤)។ គ្រីស្តបរិស័ទជួយអង្វរព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់ ដោយឥតព្រំដែនឡើយ៖ “សម្រាប់មនុស្សទាំងអស់ (...) សម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប” (១ធម ២,១) សម្រាប់អ្នកបៀតបៀនគេ (រម ១២,១៤) និងដើម្បីឱ្យអស់អ្នកដែលមិនព្រមទទួលដំណឹងល្អអាចទទួលការសង្រ្គោះបានដែរ (រម ១០,១)។
៤. ការអធិដ្ឋានដោយអរព្រះគុណព្រះជាម្ចាស់
២៦៣៧. ព្រះសហគមន៍អធិដ្ឋានដោយអរព្រះគុណព្រះជាម្ចាស់ ជាពិសេសពេលថ្វាយអភិបូជា ព្រះសហគមន៍សម្ដែងខ្លួនឯង និងក្លាយទៅជាខ្លួនឯងកាន់តែខ្លាំងឡើងៗ។ ក្នុងព្រះរាជកិច្ចនៃការសង្រ្គោះ ព្រះ គ្រីស្តរំដោះសត្វលោកឱ្យរួចពីបាប និងពីសេចក្ដីស្លាប់ ដើម្បីបង្កើតគេសាជាថ្មី និងប្រោសឱ្យគេត្រឡប់ឯព្រះបិតាវិញ ដើម្បីសិរីរុងរឿងរបស់ព្រះអង្គ។ សរីរាង្គនៃព្រះកាយរួមចំណែកក្នុងកិច្ចអរព្រះគុណនៃអ្នកដឹកនាំរបស់គេ។
២៦៣៨. ដូចពេលទូលសុំអង្វរព្រះជាម្ចាស់ យើងអាចអរព្រះគុណព្រះអង្គចំពោះហេតុការណ៍ ឬ តម្រូវការណាមួយដែរ។ ជារឿយៗ សន្តប៉ូលចាប់ផ្ដើម និងបញ្ចប់លិខិតរបស់លោក ដោយអរព្រះគុណព្រះជាម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់យេស៊ូជានិច្ចផងដែរ។ “ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ដ្បិតព្រះអង្គសព្វព្រះហឫទ័យឱ្យបងប្អូន ដែលរួមជាមួយព្រះគ្រីស្តយេស៊ូធ្វើដូច្នេះឯង” (១ថស ៥, ១៨)។ “ចូរព្យាយាមអធិដ្ឋាន ហើយប្រុងស្មារតីក្នុងការអធិដ្ឋាននេះ ព្រមទាំងអរព្រះគុណព្រះជាម្ចាស់ផង” (កូឡ ៤,២)។
៥. ការអធិដ្ឋានដោយសរសើរលើកតម្កើងព្រះជាម្ចាស់
២៦៣៩. ពេលយើងសរសើរលើកតម្កើងព្រះជាម្ចាស់ យើងទទួលស្គាល់ភ្លាមថា ព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដមែន។ យើងច្រៀងសរសើរព្រះជាម្ចាស់ ដើម្បីព្រះអង្គ យើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ លើសពីអ្វីដែលព្រះអង្គធ្វើសម្រាប់យើង ដ្បិតព្រះអង្គមានព្រះជន្មគង់នៅ។ យើងចូលរួមជាមួយអស់អ្នកដ៏មានចិត្តបរិសុទ្ធ ដែលស្រលាញ់ព្រះជាម្ចាស់ក្នុងជំនឿ មុននឹងបានឃើញព្រះអង្គប្រកបដោយសិរីរុងរឿងទៅទៀត។ ដោយសារយើងសរសើរលើកតម្កើងព្រះជាម្ចាស់ ព្រះវិញ្ញាណយាងមករួមជាមួយវិញ្ញាណយើង ដើម្បីផ្ដល់សក្ខីភាពឱ្យយើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់ (រម ៨,១៦) ហើយព្រះអង្គផ្ដល់សក្ខីភាពចំពោះព្រះបុត្រាតែមួយ ដែលបានប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ និងប្រោសយើងឱ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ពេលយើងសរសើរលើកតម្កើងព្រះជាម្ចាស់ យើងយកសេចក្ដីអធិដ្ឋានទាំងឡាយនាំទៅឯព្រះអង្គ ដែលជាប្រភព និងទីបញ្ចប់នៃការអធិដ្ឋានទាំងអស់នោះ៖ “មានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ” (១ករ ៨,៦)។
២៦៤០. ជារឿយៗ ក្នុងដំណឹងល្អ សន្តលូកាសរសើរ និងលើកតម្កើងព្រះជាម្ចាស់ចំពោះការអស្ចារ្យរបស់ព្រះគ្រីស្ត និងចំពោះកិច្ចការគ្រីស្តទូត ដែលជាកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធផង ពោលគឺសហគមន៍នៃទីក្រុងយេរូសាឡឹម (កក ២,៤៧) អ្នកពិការដែលលោកសិលា និងលោកយ៉ូហានបានព្យាបាល (កក ៣,៩) បណ្តាជនដែលលើកតម្កើងព្រះជាម្ចាស់ (កក ៤,២១) សាសន៍ដទៃនៅស្រុកពីស៊ីឌី ដែល “សប្បាយរីករាយជាខ្លាំង” ហើយដែល “នាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់” (កក ១៣,៤៨)។
២៦៤១. “ចូរស្មូត្រទំនុកតម្កើងឆ្លើយឆ្លងគ្នា ដើម្បីសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះជាម្ចាស់ឱ្យអស់ពីចិត្ត” (អភ៥,១៩ ; កូឡ ៣,១៦)។ ដូចអ្នកនិពន្ធគម្ពីរសម្ពន្ធមេត្រីថ្មី ដែលព្រះវិញ្ញាណបានបំភ្លឺ សហគមន៍គ្រីស្តបរិស័ទដំបូងអានកណ្ឌទំនុកតម្កើងឡើងវិញ ដោយច្រៀងគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត។ ក្នុងព្រះវិញ្ញាណដែលប្រោសអ្វីៗទាំងអស់ឱ្យទៅជាថ្មី ពួកគេថ្លែងបទចម្រៀង ដោយនឹកគិតដល់ហេតុការណ៍ដ៏អស្ចារ្យតែមួយ ដែលព្រះជាម្ចាស់បានបំពេញក្នុងអង្គព្រះបុត្រាព្រះអង្គ គឺព្រះអង្គប្រសូតជាមនុស្ស ឈ្នះសេចក្ដីស្លាប់ មានព្រះជន្មថ្មី និងយាងឡើងទៅគង់ខាងស្ដាំព្រះបិតា (ភីល ២,៦-១១ ; កូឡ ១,១៥-២០ ; អភ ៥,១៤ ; ១ធម ៣,១៦ ; ៦,១៥-១៦ ; ២ធម ២, ១១-១៣)។ យើងលើកតម្កើងសរសើរព្រះជាម្ចាស់ ដោយសារព្រះអង្គបានសង្រ្គោះមនុស្សលោកយ៉ាងអស្ចារ្យបែបនេះ (អភ ១,៣-១៤ ; រម ១៦,២៥-២៧ ; អភ ៣,២០-២១ ; យដ ២៤-២៥)។
២៦៤២. បទចម្រៀងនៃពិធីបុណ្យនៅស្ថានបរមសុខ (វវ ៤,៨-១១ ; ៥,៩-១៤ ; ៧,១០-១២) និងពាក្យទូលអង្វររបស់ “ពួកសាក្សី” (មរណៈសក្សី វវ ១០,៦) លើកតម្កើង “អ្វីដែលត្រូវកើតជារូបរាងក្នុងពេលឆាប់ៗ” គឺ វិវរណៈ។ ពួកព្យាការី និងសន្តបុគ្គល ហើយអស់អ្នកដែលត្រូវគេកាត់ក ដើម្បីផ្ដល់សក្ខីភាពចំពោះព្រះយេស៊ូ (វវ ១៨,២៤) មហាជនដ៏ច្រើនកុះករ ដែលបានប្រឈមមុខនឹងទុក្ខលំបាក ហើយដែលចូលក្នុងព្រះរាជ្យមុនយើង ច្រៀងកោតសរសើរសិរីរុងរឿងរបស់អ្នកដែលអង្គុយលើបល្ល័ង្គ និងរបស់កូនចៀមផង (វវ១៩,១-៨)។ ដោយរួមរស់ជាមួយពួកលោកទាំងអស់នោះ ព្រះសហគមន៍នៅលើផែនដីក៏ច្រៀងបទចម្រៀងនោះដែរ ដោយផ្ញើជីវិតលើព្រះជាម្ចាស់ និងដោយរងទុក្ខលំបាកផង។ ពេលយើងអធិដ្ឋានទូលសុំអង្វរ និងជួយអង្វរព្រះជាម្ចាស់ ទោះជាយ៉ាងណា ក៏យើងសង្ឃឹមជឿជាក់ជានិច្ច ព្រមទាំងអរព្រះគុណ “ព្រះបិតាដែលបង្កើតពន្លឺ” ដែលជាប្រភពនៃ “គ្រប់អំណោយដ៏ល្អវិសេស” (យប ១,១៧)។ ជំនឿទៅជាពាក្យសរសើរដ៏វិសុទ្ធ។
២៦៤៣. អគ្គសញ្ញាអរព្រះគុណប្រមូលរបៀបអធិដ្ឋានទាំងអស់នោះ គឺជា “តង្វាយដ៏វិសុទ្ធ” នៃព្រះកាយទាំងស្រុងរបស់ព្រះគ្រីស្ត ដើម្បី “លើកតម្កើងព្រះនាមព្រះអង្គ” (មគ ១,១១) ហើយតាមប្រពៃណីនៃបស្ចិម និងបូព៌ាប្រទេសជា “យញ្ញបូជានៃពាក្យសរសើរ” ព្រះជាម្ចាស់។
សង្ខេប
២៦៤៤ . ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្រៀនព្រះសហគមន៍ និងរម្លឹកឡើងវិញនូវព្រះបន្ទូលទាំងអស់របស់ព្រះយេស៊ូ អប់រំព្រះសហគមន៍ឱ្យចេះអធិដ្ឋាន តាមរបៀបផ្សេងៗគ្នា ដោយលើកការយកពាក្យសម្តី ដែលមាននៅក្នុងការប្រទានពរ ការទូលអង្វរ ការជួយអង្វរ ការអរព្រះគុណ និងការកោតសរសើរលើតម្កើងព្រះជាម្ចាស់ជានិច្ច។
២៦៤៥ . ដោយសារព្រះជាម្ចាស់ប្រទានពរដល់គេ ចិត្តមនុស្សអាចប្រទានពរដល់អ្នកដែលជាប្រពភពនៃ ព្រះពរទាំងអស់វិញ។
២៦៤៦. យើងទូលអង្វរព្រះជាម្ចាស់ ដើម្បីការលើងលែងទោស ស្វែងរកព្រះរាជ្យ ព្រមទាំងតម្រូវការដ៏ពិត ប្រាកដ។
២៦៤៧. យើងអាចជួយអង្វរព្រះជាម្ចាស់ ដើម្បីអ្នកដទៃ។ ការអធិដ្ឋានបែបនេះ គ្មានព្រំដែនទេ ហើយលាតសន្ធឹងរហូតដល់ខ្មាំងសត្រូវ។
២៦៤៨. យើងអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់អំណរ និងទុក្ខព្រួយណាមួយ ហេតុការណ៍ និងតម្រូវការណាមួយ ដោយរួមចំណែកជាមួយព្រះគ្រីស្ត។ ការថ្លៃងអំណរគុណនេះ ត្រូវតែបំពេញអស់មួយជីវិត៖ “ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់” (១ថស ៥,១៨)។
២៦៤៩. ពេលយើងកោតសរសើរលើកតម្កើងព្រះជាម្ចាស់ យើងបែរមុខទៅរកព្រះអង្គ។ យើងច្រៀងដើម្បីព្រះអង្គ យើងលើកតម្កើងសិរីរុងរឿងព្រះអង្គ លើសពីអ្វីដែលព្រះអង្គបានប្រព្រឹត្ត គឺដោយសារព្រះអង្គជាព្រះ ជាម្ចាស់។
ជំពូកទីពីរ៖
ការបញ្ជូនបន្តនៃការអធិដ្ឋាន
២៦៥០. យើងមិនគ្រាន់តែអធិដ្ឋាននៅគ្រាដែលចិត្តយើងជំរុញឱ្យអធិដ្ឋានទេ គឺត្រូវតែមានបំណងចង់អធិដ្ឋាន ដើម្បីអធិដ្ឋាន។ ម្យ៉ាងទៀត យើងមិនគ្រាន់តែត្រូវស្គាល់សេចក្ដីដែលព្រះគម្ពីរចែងទុកអំពីការអធិដ្ឋានទេ ថែមទាំងយើងត្រូវតែរៀនអធិដ្ឋានផងដែរ។ ក្នុង “ព្រះសហគមន៍ដែលជឿនិងអធិដ្ឋាន” (DV ៨) ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនបុត្រធីតារបស់ព្រះជាម្ចាស់ឱ្យចេះអធិដ្ឋាន តាមរយៈការបញ្ជូនបន្តដ៏រស់រវើក (ការបញ្ជូនបន្តដ៏វិសុទ្ធ)។
២៦៥១. ការបញ្ជូនបន្តនៃការអធិដ្ឋានតាមគ្រីស្តសាសនា បង្ហាញថា ការបញ្ជូនបន្តនៃជំនឿរីកចម្រើន ជាពិសេសដោយសារអ្នកជឿធ្វើការស្មឹងស្មាធិ៍ និងសិក្សា ចងចាំទុកក្នុងចិត្តគេនូវកិច្ចការ និងព្រះបន្ទូលអំពីការចាត់ចែងនៃការសង្រ្គោះ និងដោយយល់អំពីសម្បត្តិសួគ៌កាន់តែច្បាស់ (DV ៨)។
ប្រការទី១៖ប្រភពនៃការអធិដ្ឋាន
២៦៥២. ព្រះវិញ្ញាណដ៏វិសុទ្ធជា “ទឹកដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច” (យហ ៤,១៤) ក្នុងចិត្តរបស់អ្នកអធិដ្ឋាន។ ព្រះវិញ្ញាណបង្រៀនយើងឱ្យទទួលព្រះអង្គ នៅក្នុងប្រភពផ្ទាល់តែម្តង គឺព្រះគ្រីស្ត។ ក្នុងការរស់នៅជាគ្រីស្តបរិស័ទ ព្រះគ្រីស្តរង់ចាំយើងនៅឯប្រភពផ្សេងៗ ដើម្បីប្រទានឱ្យយើងនូវព្រះវិញ្ញាណដ៏វិសុទ្ធ៖
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
២៦៥៣. ព្រះសហគមន័ “ដាស់តឿនគ្រីស្តបរិស័ទទាំងអស់យ៉ាងខ្លាំងជាទីបំផុត (...) ឱ្យរៀន “ចំណេះដ៏វិសេសវិសាលដែលនៅក្នុងព្រះគ្រីស្ត˝ (ភល ៣,៨) ដោយអានព្រះគម្ពីរជារឿយៗ” ប៉ុន្តែ “ត្រូវអានព្រះគម្ពីរផងនិងអធិដ្ឋានផង ទើបមនុស្សនិងព្រះជាម្ចាស់អាចសន្ទនាជាមួយគ្នាបាន ដ្បិត “ពេលណាយើងអធិដ្ឋាន ពេលនោះយើងនិយាយទូលព្រះអង្គ ហើយពេលយើងអានព្រះបន្ទូល យើងស្តាប់ព្រះអង្គ (សន្ត អំប្រ័រ ; DV ២៥) ។
២៦៥៤. យោងតាម មថ ៧,៧ គ្រូបាធ្យាយខាងវិញ្ញាណសង្ខេបអំពីលក្ខណៈរបស់អ្នកដែលអានព្រះបន្ទូលដោយអធិដ្ឋាន៖ “ចូរស្វែងរកដោយខិតខំអាន នោះអ្នកនឹងរកឃើញដោយការស្មឹងស្មាធិ៍ ចូរគោះទ្វារដោយអធិដ្ឋាន នោះការសញ្ជឹងគិតនឹងបើកទ្វារឱ្យអ្នក” (សន្ត គីង នៃចារត្រឺ)។
ពិធីបុណ្យព្រះសហគមន៍
២៦៥៥. បេសកកម្មរបស់ព្រះគ្រីស្ត និងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺប្រកាស និងផ្ដល់គម្រោងការដ៏លាក់កំបាំងអំពីការសង្រ្គោះ ក្នុងពិធីបុណ្យនៃអគ្គសញ្ញារបស់ព្រះសហគមន៍ ព្រមទាំងប្រោសឱ្យគម្រោងការនេះកើតជារូបរាងដូចសព្វថ្ងៃនេះផង។ គម្រោងការនេះនៅតែបន្តក្នុងចិត្តរបស់អ្នកអធិដ្ឋាន។ ជួនកាលគ្រូបាធ្យាយខាងវិញ្ញាណប្រៀបធៀបចិត្តទៅនឹងអាសនៈមួយ។ ពេលយើងអធិដ្ឋាន យើងរំលឹកឡើងវីញ និងរក្សាទុកពិធីបុណ្យក្នុងទីជម្រៅចិត្តមុន និងក្រោយការប្រារព្ធពិធីបុណ្យនេះ។ ទោះបីយើងអធិដ្ឋាន “ក្នុងទីស្ងាត់កំបាំង” (មថ ៦,៦) យ៉ាងណាក៏ដោយ ក៏ការអធិដ្ឋានតែងតែជាការអធិដ្ឋានរបស់ព្រះសហគមន៍ រួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធ (IGLH ៩)។
គុណធម៌នៃព្រះជាម្ចាស់
២៦៥៦. យើងចូលក្នុងការអធិដ្ឋានដូចយើងចូលរួមក្នុងពិធីបុណ្យដែរ គឺតាមទ្វារចង្អៀតនៃជំនឿ ។ តាមរយៈសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះអង្គ យើងស្វែងរក និងប្រាថ្នាចង់ជួបព្រះភ័ក្ត្រព្រះអម្ចាស់ យើងចង់ស្ដាប់និងរក្សាទុកព្រះបន្ទូលរបស់ព្រះអង្គ។
២៦៥៧. ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្រៀនយើងឱ្យប្រារព្ធពិធីបុណ្យ ដោយរង់ចាំព្រះគ្រីស្ត អប់រំយើងឱ្យចេះអធិដ្ឋានដោយមានសេចក្ដីសង្ឃឹម ជានិច្ច។ ផ្ទុយទៅវិញ ការអធិដ្ឋានរបស់ព្រះសហគមន៍ និងការអធិដ្ឋានផ្ទាល់ខ្លួនផ្ដល់សេចក្ដីសង្ឃឹមដល់យើង។ ជាពិសេស ទំនុកតម្កើង ដែលប្រើពាក្យជាច្រើនផ្សេងៗពីគ្នា និងយ៉ាងច្បាស់លាស់ បង្រៀនឱ្យយើងសង្ឃឹមទៅលើព្រះជាម្ចាស់ជានិច្ច៖ “ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលអង្វររបស់ខ្ញុំ” (ទន ៤០,២)។ “សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូន ដែលមានជំនឿឱ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឱ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ” (រម ១៥,១៣)។
២៦៥៨. “សេចក្ដីសង្ឃឹមមិនអាចធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រលាញ់ របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង” (រម ៥,៥)។ ការអធិដ្ឋាន ដែលមានពិធីបុណ្យហ្វឹកហ្វឺន ដកស្រង់អ្វីៗទាំងអស់អំពីសេចក្ដីស្រលាញ់ ដែលព្រះគ្រីស្តស្រលាញ់យើង ហើយដែលព្រះអង្គទ្រង់ប្រោសប្រទានឱ្យយើងអាចឆ្លើយតបបាន ដោយស្រលាញ់ដូចព្រះអង្គបានស្រលាញ់យើងដែរ។ សេចក្ដីស្រលាញ់ជាប្រភពនៃការអធិដ្ឋាន អ្នកណាដកស្រង់ពីសេចក្ដីស្រលាញ់នេះ អ្នកនោះឡើងទៅដល់កម្រិតកំពូលនៃការអធិដ្ឋាន។ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំមានបំណងប្រាថ្នាតែមួយ គឺស្រលាញ់ព្រះអង្គរហូតដល់ផុតដង្ហើម។ ឱព្រះជាទីស្រលាញ់នៃទូលបង្គំអើយ! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំសុខចិត្តស្លាប់ដោយស្រលាញ់ព្រះអង្គជាជាងរស់នៅដោយមិនបានស្រលាញ់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំសូមអង្វរឱ្យទូលបង្គំស្រលាញ់ព្រះអង្គអស់កល្បជានិច្ច (...)។ ឱព្រះនៃទូលបង្គំ! បើអណ្តាតនៃទូលបង្គំមិនអាចទូលព្រះអង្គគ្រប់ពេលវេលាថា ទូលបង្គំស្រលាញ់ព្រះអង្គ នោះទូលបង្គំចង់ឱ្យចិត្តទូលបង្គំទូលព្រះអង្គថាទូលបង្គំស្រលាញ់ព្រះអង្គ រាល់ពេលទូលបង្គំដកដង្ហើម (សន្ត យ៉ូហានម៉ារី វីយ៉ាណេ)។
“នៅថ្ងៃនេះ”
២៦៥៩. មានពេលខ្លះ យើងរៀនអធិដ្ឋាន ដោយស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ និងដោយរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មថ្មី ប៉ុន្តែ គ្រប់ពេលវេលា ក្នុងកិច្ចការនិ មួយៗជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់ប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងអធិដ្ឋាន។ ការប្រៀនប្រដៅរបស់ព្រះយេស៊ូអំពីការអធិដ្ឋាន ដូចការប្រៀនប្រដៅរបស់ព្រះអង្គអំពីឧបការគុណ (មថ ៦,១១.៣៤)៖ ពេលវេលាស្ថិតនៅក្នុងព្រះហស្តរបស់ព្រះបិតា យើងជួបព្រះអង្គក្នុងបច្ចុប្បន្នកាលនេះ មិនមែនម្សិលមិញ ឬថ្ងៃស្អែកទេ គឺនៅថ្ងៃនេះ៖ “ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ” (ទន ៩៥,៧-៨)។
២៦៦០. ការអធិដ្ឋានក្នុងកិច្ចការទាំងឡាយនៃការរស់នៅប្រចាំថ្ងៃ និងគ្រប់ពេលវេលា ជាទីសម្ងាត់នៃព្រះរាជ្យព្រះជាម្ចាស់ ដែលព្រះអង្គសម្ដែងឱ្យអ្នក “តូចតាច” អ្នកបម្រើរបស់ព្រះគ្រីស្ត និងអស់អ្នកដែលពឹងផ្អែកលើព្រះអង្គ ស្គាល់។ ជាការត្រឹមត្រូវ និងការល្អប្រសើរណាស់ បើយើងអធិដ្ឋានឱ្យព្រះរាជ្យប្រកបដោយយុត្តិធម៌ និងសេចក្ដីសុខសាន្តយាងមកណែនាំប្រវិត្តសាស្រ្តនៃពិភពលោក ប៉ុន្តែត្រូវតែអធិដ្ឋានក្នុងស្ថានភាពដ៏សាមញ្ញតាមការរស់នៅប្រចាំថ្ងៃផងដែរ។ របៀបអធិដ្ឋានទាំងអស់អាចទៅជាមេក្នុងម្សៅដែលព្រះអម្ចាស់ប្រដូចនឹងព្រះរាជ្យព្រះអង្គ (លក ១៣,២០-២១)។
សង្ខេប
២៦៦១. ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនឱ្យបុត្រធិតារបស់ព្រះជាម្ចាស់ចេះអធិដ្ឋាន ដោយសារការបញ្ជូន បន្តដ៏រស់រវើក។
២៦៦២. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធីបុណ្យរបស់ព្រះសហគមន៍ គុណធម៌នៃជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ជាប្រភពនៃការអធិដ្ឋាន។
ប្រការទី២៖ផ្លូវនៃការអធិដ្ឋាន
២៦៦៣. ក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ព្រះសហគមន៍នីមួយៗស្នើសុំឱ្យអ្នកជឿអធិដ្ឋាន តាមកាលៈទេសៈនៃប្រវិត្តសាស្រ្ត សង្គម និងវប្បធម៌ផង គឺមានពាក្យសម្តី បទចម្រៀង កាយវិការ រូបរាង។ ក្រុមណែនាំ (DV ១០) ត្រូវតែពិចារណាថា តើផ្លូវនៃការអធិដ្ឋាននោះនៅស្មោះត្រង់នឹងការបញ្ជូនបន្តនៃជំនឿដែលមកពីក្រុមគ្រីស្តទូត។ ពួកគង្វាល និងអ្នកណែនាំអប់រំជំនឿត្រូវតែពន្យល់អំពីអត្ថន័យនៃការអធិដ្ឋាននោះយោងតាមព្រះយេស៊ូគ្រីស្ត។
ទូលអង្វរព្រះបិតា
២៦៦៤. ដើម្បីអធិដ្ឋានតាមលំនាំគ្រីស្តសាសនា គ្មានផ្លូវផ្សេងក្រៅពីព្រះគ្រីស្តឡើយ។ ទោះបីយើងអធិដ្ឋានតែម្នាក់ឯង ឬជាមួយគ្នាក្ដី ដោយប្រើពាក្យសម្ដី ឬក្នុងទីជម្រៅចិត្តក្ដី យើងឡើងទៅឯព្រះបិតា លុះត្រាតែយើងអធិដ្ឋាន “ក្នុងព្រះនាម” របស់ព្រះយេស៊ូ។ ដូច្នេះ ភាពដ៏វិសុទ្ធជាមនុស្សរបស់ព្រះយេស៊ូជាផ្លូវ ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រើ ដើម្បីបង្រៀនយើងឱ្យអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ជាព្រះបិតារបស់យើង។
ទូលអង្វរព្រះយេស៊ូ
២៦៦៥. បំប៉នដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពិធីបុណ្យនានា ការអធិដ្ឋានរបស់ព្រះសហគមន៍បង្រៀនឱ្យយើងចេះអធិដ្ឋានដល់ព្រះអម្ចាស់យេស៊ូ។ ទោះជាធម្មតាព្រះសហគមន៍ទូលអង្វរព្រះបិតាយ៉ាងណាក៏ដោយ ក៏ព្រះសហគមន៍ទូលអង្វរព្រះគ្រីស្ត នៅក្នុងប្រពៃណីពិធីបុណ្យខ្លះដែរ។ តាមសម័យកាលព្រះសហគមន៍ និងសម្ពន្ធមេត្រីថ្មី ទំនុកតម្កើងខ្លះទូលអង្វរព្រះគ្រីស្ត ដូចតទៅ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ ព្រះសង្រ្គោះ កូនចៀមរបស់ព្រះជាម្ចាស់ ព្រះមហាក្សត្រ ព្រះបុត្រាដ៏ជាទីស្រលាញ់ ព្រះបុត្រារបស់ព្រហ្មចារិនី គង្វាលដ៏ល្អ ជីវិតរបស់យើង ពន្លឺរបស់យើង សេចក្ដីសង្ឃឹមរបស់យើង ជីវិតដ៏រុងរឿងរបស់យើង មិត្តសម្លាញ់របស់មនុស្សលោក...
២៦៦៦. ប៉ុន្តែ ព្រះនាមដែលមានអ្វីៗទាំងអស់ គឺព្រះនាមដែលព្រះបុត្រារបស់ព្រះជាម្ចាស់ទទួល ពេលព្រះអង្គប្រសូតជាមនុស្ស គឺយេស៊ូ។ បបូរមាត់មនុស្សមិនហ៊ានពោលព្រះនាមរបស់ព្រះជាម្ចាស់ទេ (សរ ៣,១៤ ; ៣៣,១៩-២៣) ប៉ុន្តែ ដោយព្រះអង្គទទួលយកភាពជាមនុស្ស ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រគល់ព្រះនាមព្រះអង្គមកយើង ហើយយើងអាចទូលអង្វរព្រះនាមព្រះអង្គបាន៖ “ព្រះយេស៊ូ” “YHWH សង្រ្គោះ” (មថ ១,២១)។ ព្រះនាមរបស់ព្រះយេស៊ូមានអត្ថន័យគ្រប់គ្រាន់ ពោលគឺព្រះជាម្ចាស់ផង មនុស្សលោកផង និងការចាត់ចែងក្នុងការបង្កើតផង និងការសង្រ្គោះផង។ ពេលយើងអធអិដ្ឋាន “ព្រះយេស៊ូ” យើងទូលអង្វរព្រះអង្គ ហៅរកព្រះអង្គក្នុងខ្លួនយើង។ វត្តមានរបស់ព្រះអង្គស្ថិតនៅក្នុងព្រះនាមព្រះអង្គ ហើយមានតែព្រះនាមព្រះអង្គទេ ដែលសម្ដែងវត្តមាននេះ។ ព្រះយេស៊ូមានព្រះជន្មថ្មី ហើយអ្នកណាអង្វរព្រះនាមព្រះអង្គ អ្នកនោះទទួលព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រលាញ់ព្រះអង្គ និងបានបូជាព្រះជន្មសម្រាប់ព្រះអង្គ (រម ១០,១៣ ; កក ២,២១ ; ៣,១៥-១៦ ; កាឡ ២,២០)។
២៦៦៧. ប្រពៃណីនៃការអធិដ្ឋាននៅបស្ចិម និងបូព៌ាប្រទេស បានអភិវឌ្ឍរបៀបអធិដ្ឋានដោយទូលអង្វរព្រះនាមរបស់ព្រះយេស៊ូ។ ជាធម្មតា តាមប្រពៃណីខាងវិញ្ញាណដែលមកពីស៊ីណៃ ស៊ីរី និងអធុស យើងទូលអង្វរព្រះអង្គដូចតទៅ៖ “ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ជាព្រះអម្ចាស់ សូមអាណិតអាសូរយើងខ្ញុំជាអ្នកបាប!”។ ក្នុងការទូលអង្វរនេះ បទចម្រៀងចំពោះព្រះគ្រីស្តរបស់ ភីល ២,៦-១១ លាយឡំជាមួយនឹងពាក្យអង្វររបស់អ្នកទារពន្ធ និងពួកអ្នកសូមទានពន្លឺ (មក ១០,៤៦-៥២ ; លក ១៨,១៣)។ ដោយពោលពាក្យអង្វរនេះ ចិត្តមនុស្សស្របតាមទុក្ខវេទនារបស់មនុស្សលោក និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ជាព្រះសង្រ្គោះពួកគេ។
២៦៦៨. ការទូលអង្វរក្នុងព្រះនាមព្រះយេស៊ូជាមធ្យោបាយដ៏សាមញ្ញ ដើម្បីអធិដ្ឋានដោយមិនឈប់ឈរឡើយ។ ពេលយើងសូត្រធម៌ពាក្យទូលអង្វរនេះ ដោយយកចិត្តទុកដាក់ យើងមិននិយាយ “ច្រំដែលៗ” ទេ (មថ ៦,៧) តែយើង “ចងចាំទុកព្រះបន្ទូលយ៉ាងស្មោះអស់ពីចិត្តរហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ” (លក ៨,១៣)។ យើងអាចសូត្រធម៌ពាក្យទូលអង្វរនេះ “គ្រប់ពេលវេលា” ដ្បិតពេលនោះ យើងរវល់តែស្រលាញ់ព្រះជាម្ចាស់ ដែលជាអ្នកប្រែកិច្ចការណាមួយក្នុងអង្គព្រះគ្រីស្តយេស៊ូ។
២៦៦៩. ព្រះសហគមន៍អធិដ្ឋានដោយគោរពព្រះបេះដូងរបស់ព្រះយេស៊ូ ដូចព្រះសហគមន៍ទូលអង្វរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គដែរ។ ព្រះសហគមន៍ថ្វាយបង្គំព្រះបន្ទូលប្រសូតជាមនុស្ស និងព្រះបេះដូងរបស់ព្រះអង្គ ដែលអំពើបាបយើងបានចាក់ទម្លុះ ដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គចំពោះមនុស្សលោក ។ គ្រីស្តបរិស័ទចូលចិត្តដើរតាមព្រះសង្រ្គោះ នៅលើផ្លូវឈើឆ្កាងតាមដំណាក់កាលនីមួយៗ ពីការកាត់ក្ដីព្រះយេស៊ូដល់ការបញ្ចុះសពព្រះអង្គ។ ព្រះអង្គបានសង្រ្គោះមនុស្សលោកដោយសារព្រះឈើឆ្កាងដ៏វិសុទ្ធរបស់ព្រះអង្គ។
“ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក”
២៦៧០. “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា “ព្រះយេស៊ូជាព្រះអម្ចាស់” បានទេ” (១ករ ១២,៣)។ រាល់ពេលយើងអធិដ្ឋានព្រះយេស៊ូ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមានព្រះហឫទ័យប្រណីសន្តោសយាងមកជួយណែនាំ ទាក់ទាញយើងនៅលើផ្លូវនៃការអធិដ្ឋាន។ ដោយសារព្រះអង្គបង្រៀនយើងឱ្យចេះអធិដ្ឋានដោយរំលឹកយើងអំពីព្រះគ្រីស្ត ហេតុអ្វីបានជាយើងមិនអធិដ្ឋានចំពោះព្រះអង្គផ្ទាល់? ហេតុនេះ ព្រះសហគមន៍អញ្ជើញយើងឱ្យអធិដ្ឋានព្រះវិញ្ញាណដ៏វិសុទ្ធជារៀងរាល់ថ្ងៃ ជាពិសេសពេលចាប់ផ្ដើម និងបង្ហើយកិច្ចការសំខាន់ណាមួយ។ បើយើងមិនថ្វាយបង្គំព្រះវិញ្ញាណ តើព្រះអង្គប្រោសខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ក្នុងពិធីជ្រមុជទឹកយ៉ាងដូចម្ដេច? បើយើងថ្វាយបង្គំព្រះអង្គ ហេតុអ្វីបានជាយើងមិនគោរពព្រះអង្គដាក់ដោយឡែកពីព្រះបិតា និងពីព្រះបុត្រាផង? (សន្ត គ្រែគ្រ័រ នៃណាស៊ីអង់)។
២៦៧១. ជាធម្មតា យើងទូលអង្វរព្រះវិញ្ញាណ ដោយទូលអង្វរព្រះបិតា តាមរយៈព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង ដើម្បីឱ្យព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដែលជួយលួងលោម (លក ១១,១៣)។ ព្រះយេស៊ូទទូចសូមឱ្យយើងអធិដ្ឋានក្នុងព្រះនាមព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូលសន្យានឹងប្រទានព្រះវិញ្ញាណនៃសេចក្ដីពិត (យហ ១៤,១៧ ; ១៥,២៦ ; ១៦,១៣)។ ប៉ុន្តែ សេចក្ដីអធិដ្ឋានដ៏សាមញ្ញមកពីទំនៀមទំលាប់បុរាណ “ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក” ហើយប្រពៃណីខាងពិធីបុណ្យនីមួយៗបានអភិវឌ្ឍពាក្យអង្វរនេះក្នុងបទចម្រៀង៖ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបំពេញចិត្តគ្រីស្តបរិស័ទ ហើយសូមបង្កាត់ភ្លើងនៃសេចក្ដីស្រលាញ់របស់ព្រះអង្គផង (បុណ្យព្រះវិញ្ញាណយាងមក)។ ព្រះមហាក្សត្រនៃស្ថានបរមសុខ ព្រះវិញ្ញាណដែលជួយលួងលោម ព្រះវិញ្ញាណនៃសេចក្ដីពិត ដែលគង់នៅគ្រប់កន្លែង និងបំពេញអ្វីៗទាំងអស់ ជាកំណប់នៃអំពើល្អគ្រប់យ៉ាង និងប្រភពនៃជីវិត សូមយាងមក តាំងទីលំនៅក្នុងចិត្តយើងខ្ញុំ។ ឱព្រះដ៏សប្បុរសអើយ! សូមបន្សុទ្ធយើងខ្ញុំ ហើយសូមសង្រ្គោះយើងខ្ញុំផង (ពិធីបុណ្យខាងបូព៌ាប្រទេស)។
២៦៧២. ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលអភិសេកខ្លួនយើងទាំងស្រុង ជាម្ចាស់ខាងក្នុងនៃការអធិដ្ឋានរបស់គ្រីស្តសាសនា។ ព្រះអង្គជាសិប្បករនៃការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន។ ទោះបីមានរបៀបអធិដ្ឋាន និងអ្នកអធិដ្ឋានច្រើនផ្សេងពីគ្នាយ៉ាងក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែលយាងមកគង់នៅជាមួយអ្នកអធិដ្ឋាននីមួយៗ និងជាមួយមនុស្សទាំងអស់ផងដែរ។ គ្រីស្តបរិស័ទអធិដ្ឋានរួមគ្នាក្នុងព្រះសហគមន៍ដោយរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។
យើងរួមរស់ជាមួយព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
២៦៧៣. ពេលអធិដ្ឋាន ព្រះវិញ្ញាណដ៏វិសុទ្ធបង្រួបបង្រួមយើងជាមួយព្រះបុត្រាតែមួយក្នុងភាពជាមនុស្សរបស់ព្រះអង្គពោរពេញដោយសិរីរុងរឿង។ តាមរយៈភាពជាមនុស្ស និងក្នុងភាពជាមនុស្សនេះ យើងអធិដ្ឋានក្នុងព្រះសហគមន៍រួមជាមួយព្រះមាតារបស់ព្រះយេស៊ូ (កក ១,១៤)។
២៦៧៤. តាំងពីពេលព្រះនាងម៉ារីបានយល់ព្រមគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺតាំងពីពេលទេវទូតជូនដំណឹងអំពីព្រះយេស៊ួរហូតដល់ព្រះអង្គត្រូវគេឆ្កាង ព្រះនាងម៉ារីទៅជាមាតារបស់បងប្អូននៃព្រះបុត្រាព្រះនាង “ដែលមិនទាន់បង្ហើយបូជនិយេសចរណ៍នៅលើផែនដីនេះនៅឡើយ ហើយដែលប្រឈមមុខនឹងគ្រោះកាចនិងទុក្ខលំបាកផ្សេងៗជាច្រើន” (LG ៦២)។ ព្រះយេស៊ូ ជាស្ពានមេត្រីតែមួយ ជាផ្លូវនៃការអធិដ្ឋានរបស់យើង ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអង្គ និងមាតារបស់យើង ឆ្លុះបញ្ចាំងព្រះអង្គ គឺព្រះនាង “បង្ហាញផ្លូវ” (Hodoghitria ) ហើយតាមប្រពៃណីខាងបស្ចិម និងបូព៌ាប្រទេស ព្រះនាងជាសញ្ញាសម្គាល់របស់ព្រះអង្គ។
២៦៧៥. ដោយព្រះនាងម៉ារីរួមសហការយ៉ាងពិសេសជាមួយកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះសហគមន៍បានអភិវឌ្ឍការអធិដ្ឋានចំពោះព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដោយសំដៅការអធិដ្ឋាននោះទៅលើព្រះគ្រីស្តដែលព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះអង្គសម្ដែងព្រះអង្គ។ ក្នុងបទចម្រៀងរាប់មិនអស់ដែលសម្ដែងនូវការអធិដ្ឋាននេះ ចលនាពីរឆ្លាស់គ្នា គឺមួយ “លើកតម្កើង” ព្រះអម្ចាស់សម្រាប់ “កិច្ចការដ៏អស្ចារ្យ” ដែលព្រះអង្គបានប្រព្រឹត្តចំពោះអ្នកបម្រើដ៏សុភាពរាបសារបស់ព្រះអង្គ និងចំពោះមនុស្សលោកទាំងអស់ តាមរយៈនាង ហើយមួយទៀត ប្រគល់ឱ្យព្រះមាតារបស់ព្រះយេស៊ូ នូវពាក្យទូលអង្វរ និងពាក្យសរសើរនៃបុត្រធីតារបស់ព្រះជាម្ចាស់ដ្បិតឥឡូវនេះ ព្រះនាងស្គាល់ភាពជាមនុស្ស ដែលព្រះបុត្រារបស់ព្រះជាម្ចាស់យកមកធ្វើជាមហេសី។
២៦៧៦. ចលនាទាំងពីរនៃការអធិដ្ឋានចំពោះព្រះនាងម៉ារីនោះ មានក្នុងសេចក្ដីអធិដ្ឋាន “Ave Maria ” (អាវេ ម៉ារីយ៉ា ឬបពិត្រព្រះនាងម៉ារី)៖ “បពិត្រព្រះនាងម៉ារី (សូមព្រះនាងមានអំណរសប្បាយ)” ៖ ការអធិដ្ឋានចំពោះព្រះនាងម៉ារីចាប់ផ្ដើម ដោយមានទេវទូតកាព្រីអែលជម្រាបសួរព្រះនាងម៉ារី ពោលគឺតាមរយៈទេវទូតរបស់ព្រះអង្គ ព្រះជាម្ចាស់ផ្ទាល់ជម្រាបសួរព្រះនាងម៉ារី។ សេចក្ដីអធិដ្ឋានយើងហ៊ានយកពាក្យនេះឡើងវិញ ដោយមើលឃើញព្រះនាងម៉ារីដូចព្រះជាម្ចាស់បានទតមើលអ្នកបម្រើដ៏សុភាពរបស់ព្រះអង្គ និងដោយចិត្តរីករាយ ដូចព្រះជាម្ចាស់ត្រេកសប្បាយដោយសារព្រះនាងដែរ (លក ១,៤៨)។ “ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រះអង្គគង់ជាមួយនាង” ៖ ពាក្យទាំងពីររបស់ទេវទូតបំភ្លឺគ្នាទៅវិញទៅមក។ ព្រះនាងម៉ារីពោរពេញដោយព្រះហឫទ័យប្រណីសន្តោស ដ្បិតព្រះអម្ចាស់គង់ជាមួយព្រះនាង។ ព្រះជាម្ចាស់ប្រោសប្រណីព្រះនាង គឺព្រះអង្គជាប្រភពនៃសេចក្ដីសុខសាន្តគ្រប់យ៉ាង គង់នៅជាមួយព្រះនាង។ “ក្រុងស៊ីយ៉ូនអើយ! ចូរបន្លឺសម្លងដោយអំណរទៅ! (...) ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់យាងមកគង់ជាមួយអ្នកហើយ” (សផ ៣,១៤.១៧ក)។ ព្រះនាងម៉ារី ដែលមានព្រះអម្ចាស់ផ្ទាល់តាំងទីលំនៅក្នុងខ្លួនព្រះនាង ជាតំណាងនៃទីក្រុងស៊ីយ៉ូន ស្ពាននៃសម្ពន្ធមេត្រី កន្លែងដែលសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅ ព្រះនាងជា “ព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សលោក” (វវ ២១,៣)។ ព្រះនាងម៉ារីជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះនាងក៏ថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គដែលយាងមកគង់នៅក្នុងខ្លួនព្រះនាង ហើយដែលព្រះនាងនឹងផ្ដល់ដល់មនុស្សលោក។ “ព្រះអង្គបានប្រទានពរដល់ព្រះនាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ” ៖ ក្រោយពីពាក្យជម្រាបសួររបស់ទេវទូត សូមឱ្យយើងយកពាក្យជម្រាបសួររបស់នាងអេលីសាបិត។ “ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ” (លក ១,៤១) នាងអេលីសាបិតជាម្នាក់មុនគេ ក្នុងចំណោមអ្នកប្រកាសតៗគ្នាថា ព្រះនាងម៉ារីពោរពេញដោយសុភមង្គល (លក ១,៤៨)៖ “នាងពិតជាមានសុភមង្គលមែន” (លក ១,៤៥)។ ព្រះជាម្ចាស់ប្រទានពរដល់ព្រះនាងម៉ារី “លើសស្រ្តីទាំងឡាយ” ដ្បិតព្រះនាងបានជឿថា ព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងកើតជារូបរាង។ ដោយសារជំនឿរបស់លោក លោកអប្រាហាំបានក្លាយទៅជាពរសម្រាប់ “ប្រជាជាតិទាំងឡាយ” (កណ១២,៣)។ ដោយសារជំនឿរបស់ព្រះនាង ព្រះនាងម៉ារីបានក្លាយទៅជាមាតារបស់អ្នកជឿ ដោយសារព្រះនាង ប្រជាជាតិទាំងឡាយទទួលព្រះអង្គដែលជាព្រះពរផ្ទាល់របស់ព្រះជាម្ចាស់៖ “ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះព្រះនាង”។
២៦៧៧. “ឱសន្តីម៉ារី ជាមាតានៃព្រះអម្ចាស់ សូមជួយទូលអង្វរព្រះអង្គឱ្យយើងខ្ញុំផង” ៖ យើងត្រេកអរសប្បាយរួមជាមួយនាងអេលីសាបិត៖ “តើរូបខ្ញុំមានឋានៈអ្វី បានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?” (លក ១,៤៣)។ ដោយសារព្រះនាងផ្ដល់ព្រះយេស៊ូជាបុត្ររបស់ព្រះនាងមកយើង ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ និងជាមាតារបស់យើងផង។ យើងអាចប្រគល់កង្វល់ និងសំណូមពរទាំងអស់របស់យើងឱ្យព្រះនាង។ ព្រះនាងអធិដ្ឋានសម្រាប់យើង ដូចព្រះនាងបានអធិដ្ឋានសម្រាប់ខ្លួនព្រះនាងដែរ៖ “សូមឱ្យបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ” (លក ១,៣៨)។ ដោយពឹងលើការអធិដ្ឋានរបស់ព្រះនាង យើងថ្វាយខ្លួនទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ រួមជាមួយព្រះនាងផងដែរ៖ “សូមឱ្យព្រះហឫទ័យព្រះអង្គបានសម្រេច”។ “សូមទូលអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប ពេលនេះ និងនៅពេលស្លាប់” ៖ ដោយសូមឱ្យ ព្រះនាងម៉ារីជួយអង្វរសម្រាប់យើង យើងទទួលស្គាល់ថា យើងជាអ្នកបាប ហើយយើងសូមទូលអង្វរ “មាតានៃសេចក្ដីមេត្តាករុណា” ដ៏វិសុទ្ធបំផុត។ យើងថ្វាយខ្លួនចំពោះព្រះនាង “ឥឡូវនេះ” នៅថ្ងៃនេះ ហើយយើងពង្រឹងទំនុកចិត្តចំពោះព្រះនាងរហូតដល់ “ពេលស្លាប់”។ សូមឱ្យព្រះនាងមកជិតយើង ដូចកាលព្រះនាងនៅជាមួយព្រះបុត្រាព្រះនាងនៅពេលព្រះអង្គត្រូវគេឆ្កាង ហើយនៅពេលយើងនឹងឆ្លងពីលោកនេះទៅបរមលោក សូមឱ្យព្រះនាងទទួលយើងដូចមាតាយើង (យហ ១៩,២៧) ដើម្បីណែនាំយើងទៅគាល់ព្រះបុត្រាព្រះនាង គឺព្រះយេស៊ូ នៅស្ថានបរមសុខផង។
២៦៧៨. នៅបស្ចិមប្រទេស មជ្ឈិមសម័យបានអភិវឌ្ឍការអធិដ្ឋានដោយសូត្រផ្គាំជំនួសពិធីតាមពេលកំណត់។ នៅបូព៌ាប្រទេស របៀបសូត្រនៃ អាកាធីស្ត និងប៉ារ៉ាក្លីស៊ីស នៅតែជិតស្និទ្ធជាមួយនឹងពិធីបទចម្រៀងនៃព្រះ សហគមន៍ប៊ីសង់ទីន ឯប្រពៃណីនៃព្រះសហគមន៍អារមេនីន កូប និងស៊ីរីយ៉ាកវិញ ពួកគេចូលចិត្តបទចម្រៀងប្រជាប្រីយចំពោះព្រះមាតារបស់ព្រះជាម្ចាស់។ ប៉ុន្តែ ក្នុងអាវេ ម៉ារីយ៉ា ថេអូតូគីយ៉ា គឺបទចម្រៀងរបស់សន្ត អេហ្វ្រេម ឬរបស់សន្ត គ្រែគ័រ នៃណារ៉ែក គ្រឹះរបស់ប្រពៃណីនៃការអធិដ្ឋាននៅតែដដែល។
២៦៧៩. ព្រះនាងម៉ារីជាអ្នកអធិដ្ឋានដ៏គ្រប់លក្ខណៈ ជារូបតំណាងរបស់ព្រះសហគមន៍។ ពេលយើងទូលអង្វរព្រះនាង យើងជាប់ជាមួយព្រះនាងក្នុងគម្រោងការរបស់ព្រះបិតា ដែលចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកសង្រ្គោះមនុស្សលោកទាំងអស់។ យើងទទួលព្រះមាតារបស់ព្រះយេស៊ូ ដែលជាមាតារបស់អស់អ្នកដែលមានជីវិត នៅផ្ទះយើង ដូចសាវ័កដែលព្រះយេស៊ូស្រលាញ់ (យហ ១៩,២៧)។ យើងអាចអធិដ្ឋានរួមជាមួយព្រះនាងម៉ារី និងអធិដ្ឋានព្រះនាងផងដែរ។ ការអធិដ្ឋានរបស់ព្រះនាងម៉ារីជួយគាំទ្រការអធិដ្ឋានរបស់ព្រះសហគមន៍ ដែលរួមជាមួយព្រះនាងម៉ារីក្នុងសេចក្ដីសង្ឃឹម (LG ៦៨-៦៩)។
សង្ខេប
២៦៨០. ជាធម្មតា យើងទូលអង្វរព្រះបិតា។ យ៉ាងណាមិញ យើងអាចទូលអង្វរព្រះយេស៊ូ ជាពិសេសដោយអង្វរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ៖ “ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ឱព្រះអម្ចាស់អើយ! សូមអាណិតអាសូរយើងខ្ញុំផង!”។
២៦៨១. “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ គ្មាននរណាម្នាក់អាចពោលថា៖ “ព្រះយេស៊ូជាព្រះអម្ចាស់” បានដែរ (១ករ ១២,៣)។ ព្រះសហគមន៍អញ្ចើញយើងឱ្យអង្វរព្រះវិញ្ញាណដ៏វិសុទ្ធដូចជាម្ចាស់ខាងក្នុងនៃការអធិដ្ឋានតាមគ្រីស្តសាសនា។
២៦៨២. ដោយសារព្រះសហគមន៍រួមសហការយ៉ាងពិសេសជាមួយនឹងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះសហគមន៍ចូលចិត្តអធិដ្ឋាន ជាមួយព្រហ្មចារិនីម៉ារី ដើម្បីកោតសរសើរព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះ ជាម្ចាស់បានប្រព្រឹត្តក្នុងខ្លួនព្រះនាង ហើយដើម្បីប្រគល់ពាក្យអង្វរ និងពាក្យសរសើរទៅព្រះអង្គ រួមជាមួយព្រះនាងផងដែរ។
ប្រការទី៣៖អ្នកណែនាំអធិដ្ឋាន
សាក្សីរាប់មិនអស់
២៦៨៣. មនុស្សជាច្រើនធ្វើជាបន្ទាល់បានចូលក្នុងព្រះរាជ្យមុនយើង (ហប ១២,១) ជាពិសេសអស់អ្នកដែលព្រះសហគមន៍ទទួលស្គាល់ថា ជា “សន្តបុគ្គល” ដែលបានចូលរួមចំណែកក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ដែលជាគំរូក្នុងការរស់នៅរបស់គេ ដោយបានសរសេរសេចក្ដីអធិដ្ឋានជាច្រើនទុកឱ្យយើង និងដែលមាននៅរហូតដល់សព្វថ្ងៃនេះ។ ពួកគាត់មើលឃើញព្រះជាម្ចាស់ សរសើរលើកតម្កើងព្រះអង្គ ហើយនៅតែបីបាច់ថែរក្សាអស់អ្នកដែលរស់នៅលើផែនដីនៅឡើយ។ ដោយបាន “ចូលមកសប្បាយរួមជាមួយ” ម្ចាស់របស់ពួកគាត់ ម្ចាស់នេះបាន “តាំងពួកគាត់ឱ្យមើលខុសត្រូវលើកិច្ចការធំៗ” (មថ ២៥,២១)។ ដោយសារពួកគាត់ជួយអង្វរព្រះជាម្ចាស់សម្រាប់យើង ពួកគាត់ក៏បម្រើគម្រោងការរបស់ព្រះអង្គ។ យើងអាច ហើយយើងត្រូវសូមឱ្យពួកគាត់ជួយទូលអង្វរព្រះជាម្ចាស់សម្រាប់យើង និងសម្រាប់ពិភពលោកទាំងមូលផង។
២៦៨៤. ចំណេះវិជ្ជាខាងវិញ្ញាណ ជាច្រើនបានអភិវឌ្ឍ ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ក្នុងអំឡុងប្រវត្តិសាស្រ្តព្រះសហគមន៍។ ព្រះអំណោយទានផ្ទាល់របស់សាក្សីម្នាក់នៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក បានត្រូវគេបញ្ជូន ដូចជា “វិញ្ញាណ” របស់លោកអេលីចំពោះលោកអេលីសេ (២ពង្ស ២,៩) និងចំពោះលោកយ៉ូហានបាទីស្ត (លក ១,១៧) ដើម្បីឱ្យសាវ័កខ្លះ អាចទទួលវិញ្ញាណនោះបានដែរ (PC ២)។ ចំណេះវិជ្ជាខាងវិញ្ញាណស្ថិតនៅក្នុងចលនាផ្សេងៗ ខាងពិធីបុណ្យ និងខាងទេវវិទ្យា ហើយផ្តល់សក្ខីភាពថា ជំនឿបានសមស្របនឹងវប្បធម៌ និងប្រវត្តិសាស្រ្តនៃសង្គមនីមួយៗ។ ចំណេះវិជ្ជាខាងវិញ្ញាណនៃគ្រីស្តសាសនាចូលរួមចំណែក ក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ហើយពិតជាជួយណែនាំគ្រីស្តបរិស័ទមែន។ ដោយមានចំណេះវិជ្ជាច្រើនផ្សេងៗពីគ្នា ចំណេះវិជ្ជាទាំងអស់នោះឆ្លុះបញ្ចាំងនូវពន្លឺបរិសុទ្ធតែមួយនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ “ព្រះវិញ្ញាណពិតជាទីលំនៅនៃសន្តបុគ្គល ហើយសន្តបុគ្គលម្នាក់ជាព្រះដំណាក់ផ្ទាល់នៃព្រះវិញ្ញាណ ដ្បិតព្រះអង្គស្នាក់នៅជាមួយព្រះជាម្ចាស់ ហើយគេហៅព្រះវិញ្ញាណនេះថា ជាព្រះវិហាររបស់ព្រះអង្គ” (សន្ត បាសីល)។
អ្នកបម្រើនៃការអធិដ្ឋាន
២៦៨៥. ក្រុមគ្រួសារគ្រីស្តបរិស័ទ ជាកន្លែងដំបូង ដើម្បីជួយអប់រំឱ្យចេះអធិដ្ឋាន។ ដោយចាក់ឫសលើអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រុមគ្រួសារនេះ ជា “ព្រះសហគមន៍នៅផ្ទះ” ដែលបុត្រធីតារបស់ព្រះជាម្ចាស់រៀនអធិដ្ឋាន “រួមជាមួយព្រះសហគមន៍” ហើយរៀនមានចិត្តព្យាយាមក្នុងការអធិដ្ឋាន។ ជាពិសេសក្មេងៗ ការអធិដ្ឋានប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ផ្តល់សក្ខីភាពមុនគេបង្អស់នៃការចងចាំដ៏រស់រវើករបស់ព្រះសហគមន៍ ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានរៀបចំបន្តិចម្តងៗ។
២៦៨៦. អ្នកទទួលមុខងារបម្រើព្រះសហគមន៍ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំបងប្អូនរបស់គេក្នុងអង្គព្រះគ្រីស្តឱ្យចេះអធិដ្ឋានផងដែរ។ ពួកគេជាអ្នកបម្រើរបស់គង្វាលដ៏ល្អ ត្រូវបានតែងតាំងដើម្បីណែនាំប្រជាជនរបស់ព្រះជាម្ចាស់ឱ្យទៅរកប្រភពដ៏រស់រវើកនៃការអធិដ្ឋាន គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធីបុណ្យ ការរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការអនុវត្តដំណឹងល្អគ្រប់កាលៈទេសៈនៃជីវិតប្រចាំថ្ងៃ (PO ៤-៦)។
២៦៨៧. បព្វជិត ជាច្រើនបានបូជាជីវិតទាំងស្រុងចំពោះការអធិដ្ឋាន។ តាំងពីវាលរហោស្ថាននៃប្រទេសអេស៊ីប មានឥសី និងលោកសង្ឃ ទាំងបុរស ទាំងស្រី្ត បានចំណាយពេលវេលា ដើម្បីកោតសរសើរព្រះជាម្ចាស់ និងជួយអង្វរព្រះអង្គដើម្បីប្រជាជនរបស់ព្រះអង្គ។ បើគេមិនអធិដ្ឋានទេ អ្នកថ្វាយខ្លួនចំពោះព្រះជាម្ចាស់ មិនអាចឈានទៅមុខ ឬរីកចម្រើនបានឡើយ។ ការអធិដ្ឋានជាប្រភពដ៏រស់រវើកនៃការស្មឹងស្មាធិ៍ និងជីវិតខាងវិញ្ញាណរបស់ព្រះសហគមន៍។
២៦៨៨. ពេលយើងអប់រំជំនឿ ក្មេងៗ យុវជន និងមនុស្សពេញវ័យ យើងចង់ឱ្យគេត្រិះរិះគិតពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអធិដ្ឋានរៀងៗខ្លួន ឱ្យគេយល់អំពីអត្ថន័យបច្ចុប្បន្ននៃព្រះបន្ទូលនេះក្នុងពិធីបុណ្យ ហើយឱ្យគេទុកព្រះបន្ទូលនេះនៅក្នុងដួងចិត្ត ដើម្បីបង្កើតផលក្នុងជីវិតថ្មី។ ពេលយើងអប់រំជំនឿ យើងអាចឆ្លៀតឱកាសឈ្វេងយល់អំពីរបៀបអធិដ្ឋាននៃប្រជាជនទូទៅ និងជួយអប់រំគេដែរ (CT ៥៤)។ យើងអាចបង្រៀនគេឱ្យចេះចាំរត់មាត់ធម៌អធិដ្ឋានសំខាន់ៗ ដើម្បីជួយឱ្យគេអធិដ្ឋាន ប៉ុន្តែ យើងក៏បង្រៀនអំពីអត្ថន័យនៃធម៌អធិដ្ឋាននោះផងដែរ (CT ៥៥)។
២៦៨៩. សព្វថ្ងៃ ក្រុមអធិដ្ឋាន ឬ “សាលារៀនអធិដ្ឋាន” ជាសញ្ញាសម្គាល់បង្ហាញថា ការអធិដ្ឋានកើតសាជាថ្មីឡើងវិញនៅក្នុងព្រះសហគមន៍ ហើយជំរុញឱ្យការអធិដ្ឋានរីកចម្រើនឡើង លុះត្រាតែយើងសំអាងលើប្រភពដ៏ពិតប្រាកដនៃការអធិដ្ឋានតាមគ្រីស្តសាសនា។ កង្វល់ក្នុងការរួបរួមជាធ្លុងមួយ គឺជាសញ្ញាសម្គាល់នៃការអធិដ្ឋានយ៉ាងពិតប្រាកដនៅក្នុងព្រះសហគមន៍។
២៦៩០. ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទានឱ្យគ្រីស្តបរិស័ទខ្លះ នូវព្រះអំណោយទាន ដែលជាប្រាជ្ញា ជំនឿ ហើយនឹងឱ្យគេចេះរិះគិតពិចារណា ដើម្បីផលប្រយោជន៍រួម គឺការអធិដ្ឋាន (ការជួយណែនាំខាងវិញ្ញាណ )។ បុរសស្រ្តីទាំងនោះ ដែលបានទទួលព្រះអំណោយទាននេះ ជាអ្នកបម្រើដ៏ពិតប្រាកដនៃការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន៖ ហេតុដូច្នេះហើយ បានជាសន្ត យ៉ូហាន នៃព្រះឈើឆ្កាង ណែនាំថា ព្រលឹងណាដែលចង់ឈានទៅមុខក្នុងភាពល្អឥតខ្ចោះ ត្រូវតែ “ចាត់ទុកយ៉ាងច្បាស់ថា តើព្រលឹងនេះត្រូវប្រគល់ខ្លួនទៅក្នុងដៃណា ដ្បិតម្ចាស់មានលក្ខណៈយ៉ាងណា សាវ័កក៏មានលក្ខណៈយ៉ាងនោះដែរ ឪពុកមានលក្ខណៈយ៉ាងណា កូនក៏មានលក្ខណៈយ៉ាងនោះដែរ”។ ម្យ៉ាងទៀត៖ “អ្នកណែនាំវិញ្ញាណកមិនគ្រាន់តែត្រូវមានប្រាជ្ញា និងចេះប្រុងប្រយ័ត្នប៉ុណ្ណោះទេ តែត្រូវមានបទពិសោធន៍ផងដែរ (...)។ បើអ្នកណែនាំវិញ្ញាណគ្មានបទពិសោធន៍នៃជីវិតខាងវិញ្ញាណទេ គេមិនអាចណែនាំព្រលឹង ដែលព្រះជាម្ចាស់ត្រាស់ហៅបានទេ សូម្បីតែយល់អំពីព្រលឹងនោះក៏គេមិនយល់ផង”។
កន្លែងល្អៗដើម្បីអធិដ្ឋាន
២៦៩១. ព្រះវិហារ ដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ ជាកន្លែងផ្ទាល់នៃការអធិដ្ឋានតាមពិធីបុណ្យសម្រាប់សហគមន៍តាមភូមិ។ ព្រះវិហារជាកន្លែងពិសេស ដើម្បីគោរពក្រាបថ្វាយបង្គំព្រះកាយព្រះគ្រីស្ត ជាវត្តមានដ៏ពិតប្រាកដរបស់ព្រះអង្គ។ របៀបអធិដ្ឋានអាស្រ័យទៅលើទីកន្លែងអធិដ្ឋាន៖
- ដើម្បីអាចអធិដ្ឋានតែម្នាក់ឯង យើងអាចរៀបចំ “កន្លែងអធិដ្ឋានដ៏តូចមួយ” ដោយមានព្រះគម្ពីរដ៏វិសុទ្ធ និងរូបភាពផ្សេងៗ ដើម្បីឱ្យ “នៅក្នុងទីស្ងាត់កំបាំង” រួមជាមួយព្រះបិតារបស់យើង (មថ ៦,៦)។ ក្នុងក្រុមគ្រួសារគ្រីស្តបរិស័ទ កន្លែងដ៏តូចមួយនេះ ជំរុញឱ្យអធិដ្ឋានរួមគ្នា។
- ក្នុងតំបន់ដែលមានអារាមកាតូលិក ព្រះជាម្ចាស់ត្រាស់ហៅលោកសង្ឃទាំងអស់នោះ ឱ្យអធិដ្ឋានតាមពេលកំណត់រួមជាមួយគ្រីស្តបរិស័ទធម្មតា ហើយជួយឱ្យម្នាក់ៗអធិដ្ឋានរៀងៗខ្លួនយ៉ាងជ្រាលជ្រៅបំផុត (PC ៧)។
- បូជនីយេចរណ៍ធ្វើឱ្យនឹកគិតដល់ការធ្វើដំណើររបស់យើងនៅលើផែនដីឆ្ពោះទៅស្ថានបរមសុខ ដែលជាទំនៀមទំលាប់ធ្វើឱ្យការអធិដ្ឋានកើតសាជាថ្មីឡើងវិញ។ ចំពោះបូជនីយេសក៍ដែលស្វែងរកប្រភពដ៏រស់រវើកនៃកម្លាំងថ្មី បូជនីយដ្ឋានជាទីលំនៅដ៏អស្ចារ្យ ដើម្បីអធិដ្ឋាន “រួមជាមួយព្រះសហគមន៍”។
សង្ខេប
២៦៩២. ក្នុងការអធិដ្ឋាន ព្រះសហគមន៍ដែលកំពុងធ្វើដំណើរ រួមសហការជាមួយការអធិដ្ឋានរបស់ជនដ៏វិសុទ្ធ។ ព្រះសហគមន៍សូមឱ្យពួកគាត់ជួយអង្វរព្រះអង្គ។
២៦៩៣. ចំណេះវិជ្ជាខាងវិញ្ញាណនៃគ្រីស្តសាសនាផ្សងេៗរួមចំណែកក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការ អធិដ្ឋាន ហើយពិតជាជួយដឹកនាំជីវិតខាងវិញ្ញាណមែន។
២៦៩៤ . ក្រុមគ្រួសារគ្រីស្តបរិស័ទជាកន្លែងដំបូង ដើម្បីជួយអប់រំឱ្យចេះអធិដ្ឋាន។
២៦៩៥ . អ្នកទទួលមុខងារបម្រើព្រះសហគមន៍ អ្នកថ្វាយខ្លួន ការអប់រំជំនឿ ក្រុមអធិដ្ឋាន “ការជួយណែនាំខាងវិញ្ញាណ” ជួយគាំទ្រការអធិដ្ឋានក្នុងព្រះសហគមន៍។
២៦៩៦. ទីកន្លែងល្អៗដើម្បីអធិដ្ឋាន មានកន្លែងអធិដ្ឋានផ្ទាល់ខ្លួន ឬសម្រាប់ក្រុមគ្រួសារ អារាម បូជនីយដ្ឋាន ហើយជាពិសេសព្រះវិហារ ដែលជាកន្លែងពិសេស ដើម្បីអធិដ្ឋានខាងពិធីបុណ្យ សម្រាប់សហគមន៍គ្រីស្តបរិស័ទ និងជាកន្លែងពិសេស ដើម្បីក្រាបថ្វាយបង្គំ។
ជំពូកទីបី៖
ជីវិតនៃការអធិដ្ឋាន
២៦៩៧. អ្នកអធិដ្ឋានមានជីវិតថ្មី។ ត្រូវតែអធិដ្ឋានគ្រប់ពេលវេលា។ ប៉ុន្តែយើងភ្លេចអ្នកដែលជាជីវិតរបស់យើង និងជាអ្វីៗទាំងអស់ចំពោះយើង។ ហេតុនេះ តាមប្រពៃណីនៃទុតិយកថា និងពួកព្យាការី គ្រូបាធ្យាយខាងវិញ្ញាណសង្គត់ធ្ងន់លើការអធិដ្ឋានដូចជា “ការនឹករឭកទៅដល់ព្រះជាម្ចាស់” ដាស់តឿនឱ្យ “ចងចាំព្រះអង្គជានិច្ច ក្នុងដួងចិត្តយើង”៖ “យើងត្រូវតែនឹកគិតដល់ព្រះជាម្ចាស់ច្រើនជាងយើងដកដង្ហើមទៅទៀត” (សន្ត គ្រែគ័រ នៃណាស៊ីអង់)។ ប៉ុន្តែ យើងមិនអាចអធិដ្ឋាន “គ្រប់ពេលវេលា” ទេ បើយើងមិនអធិដ្ឋានទៅតាមពេលកំណត់ខ្លះ គឺជាពេលដ៏ល្អនៃការអធិដ្ឋាន។
២៦៩៨. ការបញ្ជូនបន្តនៃព្រះសហគមន៍ស្នើសុំឱ្យគ្រីស្តបរិស័ទអធិដ្ឋានតាមពេលកំណត់ ដើម្បី ឱ្យបានអធិដ្ឋានជាប្រចាំ។ កាលកំណត់ជារៀងរាល់ថ្ងៃ គឺអធិដ្ឋានពេលព្រឹក និងពេលល្ងាច មុន និងក្រោយពិសារបាយទៅតាមរយៈពេលកំណត់ទុក។ ជាពិសេស ត្រូវតែអធិដ្ឋាននៅថ្ងៃអាទិត្យ ដែលមានអភិបូជាជា ស្នូល។ វគ្គនៃពិធីបុណ្យ និងបុណ្យធំៗផ្សេងៗជួយឱ្យគ្រីស្តបរិស័ទអធិដ្ឋានជារៀងរាល់ឆ្នាំ។
២៦៩៩. ព្រះអម្ចាស់ណែនាំមនុស្សគ្រប់រូបតាមផ្លូវ និងតាមរបៀប ដែលគាប់ព្រះហឫទ័យព្រះអង្គ។ គ្រីស្តបរិស័ទម្នាក់ៗឆ្លើយតបនឹងព្រះអង្គតាមប្ដេជ្ញាចិត្ត និងដោយអធិដ្ឋានតាមរបៀបរៀងៗខ្លួន។ ក៏ប៉ុន្តែ ការបញ្ជូនបន្តនៃព្រះសហគមន៍បានទុករបៀបបីយ៉ាង ដើម្បីអធិដ្ឋាន គឺអធិដ្ឋានតាមពាក្យសម្ដី ការស្មឹងស្មាធិ៍ និងការធ្វើសមាធិ។ របៀបអធិដ្ឋានទាំងបីនោះ មានលក្ខណៈរួម គឺការសម្រឹងទ្រឹងគិត។ ដោយពេលអធិដ្ឋានតាមរបៀបទាំងបីនោះ យើងប្រុងស្មារតីរក្សាទុកនូវព្រះបន្ទូល និងស្ថិតនៅជាប់នឹងព្រះជាម្ចាស់ យើងក៏ទទួលបានផលល្អៗ។
ប្រការទី១៖របៀបអធិដ្ឋាន
១. ការអធិដ្ឋានតាមពាក្យសម្តី
២៧០០. ដោយសារព្រះបន្ទូលរបស់ព្រះអង្គ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកមនុស្ស។ ការអធិដ្ឋានរបស់យើងកើតជារូបរាង តាមរយៈពាក្យសម្តី ក្នុងដួងចិត្ត ឬដោយមាត់។ ប៉ុន្តែ សំខាន់ជាងគេ គឺឱ្យយើងចាប់អារម្មណ៍នឹងអ្នក ដែលយើងនិយាយសន្ទនាជាមួយ ក្នុងការអធិដ្ឋាន។ “ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់យើងមិនអាស្រ័យទៅលើពាក្យច្រើន ឬតិចទេ ប៉ុន្តែអាស្រ័យទៅលើការប្រឹងប្រែងរបស់យើង” (សន្ត យ៉ូហាន គ្រីសូស្តូម)។
២៧០១. ការអធិដ្ឋានតាមពាក្យសម្តីជាលក្ខណៈសំខាន់ៗនៃការរស់នៅជាគ្រីស្តបរិស័ទ។ ដោយសារក្រុមសាវ័កបានឃើញម្ចាស់របស់គេអធិដ្ឋាននៅស្ងៀមស្ងាត់ គេបានសុំឱ្យលោកបង្រៀនគេឱ្យចេះអធិដ្ឋាន។ ពេលនោះ ម្ចាស់បានបង្រៀនធម៌ឱព្រះបិតា ជាការអធិដ្ឋានតាមពាក្យសម្តី។ ព្រះយេស៊ូមិនគ្រាន់តែសូត្រធម៌ពិធីបុណ្យនៃធម្មសាលាទេ ដំណឹងល្អបង្ហាញឱ្យយើងដឹងថែមទៀតថា ពេលអធិដ្ឋាន ព្រះអង្គបន្លឺសម្លេង ពីពេលព្រះអង្គប្រទានពរលើកតម្កើងព្រះបិតាដោយត្រេកអរសប្បាយ (មថ ១១,២៥-២៦) រហូតដល់ពេលព្រះអង្គរងទុក្ខលំបាកនៅសួនកេតសេម៉ានីផងដែរ (មក ១៤,៣៦)។
២៧០២. តាមការពីត ធម្មជាតិរបស់មនុស្សយើងទាមទារឱ្យវិញ្ញាណស្របនឹងការអធិដ្ឋាននៅក្នុងដួងចិត្ត។ យើងជារូបកាយផង ជាវិញ្ញាណផង ហើយយើងត្រូវការបញ្ជេញអារម្មណ៍របស់យើងទៅខាងក្រៅ។ យើងត្រូវតែអធិដ្ឋានអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យពាក្យអង្វររបស់យើងអាចមានប្រសិទ្ធភាព។
២៧០៣. ព្រះជាម្ចាស់ទាមទារឱ្យយើងអធិដ្ឋានតាមពាក្យសម្តីដែរ។ ព្រះអង្គស្វែងរកអ្នកដែលថ្វាយបង្គំព្រះអង្គតាមវិញ្ញាណ និងតាមសេចក្ដីពិត ហេតុនេះ ត្រូវតែអធិដ្ឋានពីទីជម្រៅនៃព្រលឹង។ ព្រះអង្គមានព្រះហឫទ័យចង់ឱ្យរូបកាយ និងការអធិដ្ឋានខាងក្នុងដួងចិត្តស្របគ្នា ដ្បិតពេលយើងអធិដ្ឋានតាមបែបនេះ យើងថ្វាយអ្វីៗដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
២៧០៤. ដោយសារការអធិដ្ឋានតាមពាក្យសម្តីស្ថិតនៅខាងក្រៅចិត្ត ជាលក្ខណៈរបស់មនុស្សលោក ការអធិដ្ឋាននេះ ជាការអធិដ្ឋាននៃប្រជាជនទូទៅ ប៉ុន្តែ ទោះបីយើងអធិដ្ឋាននៅខាងក្នុងដួងចិត្តក៏ដោយ ក៏យើងមិនត្រូវបំភ្លេចការអធិដ្ឋានតាមពាក្យសម្តីដែរ។ យើងចាប់ផ្ដើមអធិដ្ឋាននៅក្នុងចិត្ត លុះត្រាតែយើងដឹងខ្លួនថា យើងសន្ទនាជាមួយព្រះជាម្ចាស់ (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។ ពេលនោះ ការអធិដ្ឋានតាមពាក្យ សម្តីក៏ក្លាយទៅជារបៀបដំបូងនៃការស្មឹងស្មាធិ៍។
២. ការស្មឹងស្មាធិ៍
២៧០៥. ពេលយើងស្មឹងស្មាធិ៍ គឺយើងស្វែងរក។ វិញ្ញាណចង់ឈ្វេងយល់អំពីមូលហេតុ និងរបៀបរស់នៅជាគ្រីស្តបរិស័ទ ដើម្បីភ្ជាប់នឹងព្រះជាម្ចាស់ និងគាប់ព្រះហឫទ័យព្រះអង្គ។ ត្រូវតែប្រុងស្មារតី ប៉ុន្តែ យើងពិបាកគ្រប់គ្រងខ្លួនឯង។ ធម្មតា យើងជួយខ្លួនឯង ដោយអានសៀវភៅ ហើយគ្រីស្តបរិស័ទមានសៀវភៅជាច្រើនមែនដូចជា៖ ព្រះគម្ពីរដ៏វិសុទ្ធ ជាពិសេសដំណឹងល្អ រូបភាពដ៏វិសុទ្ធ អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ឬអត្ថបទពេលកំណត់ សៀវភៅនៃគ្រូបាធ្យាយ សៀវភៅនៃចំណេះវិជ្ជាខាងវិញ្ញាណ “សៀវភៅ” ដ៏ប្រសើរនៃពិភពលោក និងប្រវត្តិសាស្រ្ត “ទំព័រ” នៃជីវិតប្រចាំថ្ងៃ។
២៧០៦. ពេលយើងស្មឹងស្មាធិ៍ទៅដល់អ្វីដែលយើងអាន យើងទទួលយកសេចក្ដីនោះ ដោយប្រៀបធៀបនឹងខ្លួនឯង។ ពេលនោះយើងបើកសៀវភៅផ្សេងទៀត គឺសៀវភៅនៃជីវិត។ យើងឆ្លងពីគំនិតដល់ជីវិតពិតប្រាកដ។ ដោយមានចិត្តសុភាពរាបសា និងដោយមានជំនឿ យើងរកឃើញចលនា ដែលរំជើបរំជួលចិត្ត ហើយយើងអាចរិះគិតពិចារណាអំពីចលនានោះ។ ត្រូវតែដឹងអំពីសេចក្ដីពិត ដើម្បីឈានទៅដល់ពន្លឺ៖ “ឱព្រះអម្ចាស់អើយ! តើព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំធ្វើអ្វី?”។
២៧០៧. អ្នកណែនាំខាងវិញ្ញាណមានច្រើនផ្សេងៗពីគ្នាយ៉ាងណា របៀបស្មឹងស្មាធិ៍ក៏មានច្រើនផ្សេងៗពីគ្នាយ៉ាងនោះដែរ។ ប្រសិនបើគ្រីស្តបរិស័ទម្នាក់មិនឧស្សហ៍ស្មឹងស្មាធិ៍ទេ គេដូចជាដីទាំងបីដំបូងនៃពាក្យប្រស្នាអំពីអ្នកសាបព្រោះ (មក ៤,៤-៧.១៥-១៩)។ ប៉ុន្តែ របៀបមួយគ្រាន់តែដូចជាអ្នកណែនាំម្នាក់ អ្វីដែលសំខាន់ គឺទៅមុខ រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ នៅលើផ្លូវតែមួយនៃការអធិដ្ឋាន គឺព្រះគ្រីស្តយេស៊ូ។
២៧០៨. ដើម្បីស្មឹងស្មាធិ៍ ត្រូវតែប្រើចិត្តគំនិត យើងត្រូវស្រមើស្រមៃ រំភើបចិត្ត និងមានបំណងប្រាថ្នាផង គឺយើងត្រូវប្រមូលអ្វីៗទាំងអស់នោះ ដើម្បីពង្រឹងជំនឿ កែប្រែចិត្តគំនិត និងពង្រឹងបំណងប្រាថ្នាដើរតាមព្រះគ្រីស្ត។ គ្រីស្តបរិស័ទព្យាយាមស្មឹងស្មាធិ៍អំពី “ព្រឹត្តិការណ៍ដ៏អស្វារ្យរបស់ព្រះគ្រីស្ត” ដូចក្នុងការ Lectio divina ឬពេលសូត្រផ្គាំ។ របៀបស្មឹងស្មាធិ៍បែបនេះ មានតម្លៃលើសលប់ ប៉ុន្តែ ត្រូវអធិដ្ឋានយ៉ាងជ្រាលជ្រៅតទៅទៀត គឺស្គាល់ព្រះអម្ចាស់យេស៊ូដោយក្ដីស្រលាញ់ រហូតដល់រួមរស់ជាមួយព្រះអង្គ។
៣. ការធ្វើសមាធិ
២៧០៩. អ្វីទៅជាការធ្វើសមាធិ? សន្តី ថេរេសាឆ្លើយថា៖ “តាមគំនិតខ្ញុំ ការធ្វើសមាធិគ្រាន់តែជាការនិយាយសន្ទនា ជារឿយៗ និងយ៉ាងស្និទ្ធស្នាល ជាមួយនឹងព្រះជាម្ចាស់ដូចជាមិត្តសម្លាញ់ពីរនាក់ ដែលយើងដឹងថា ទ្រង់ស្រលាញ់យើង”។
អ្នកធ្វើសមាធិស្វែងរក “ម្ចាស់ចិត្តរបស់ខ្លួន” (បច ១,៧) (បច ៣,១-៤) គឺព្រះយេស៊ូ ហើយនៅក្នុងព្រះអង្គ គឺព្រះបិតា។ យើងស្វែងរកព្រះអង្គ ដ្បិតពេលយើងមានបំណងប្រាថ្នាចង់បានព្រះអង្គ យើងចាប់ផ្ដើមស្រលាញ់ព្រះអង្គ។ យើងស្វែងរកព្រះអង្គក្នុងជំនឿសុទ្ធសាធ ជាជំនឿដែលធ្វើឱ្យយើងកើតពីព្រះអង្គ និងរួមរស់ជាមួយព្រះអង្គផង។ ពេលធ្វើសមាធិ យើងអាចស្មឹងស្មាធិ៍បានដែរ ប៉ុន្តែ យើងទៅរកសម្លឹងព្រះអម្ចាស់។
២៧១០. បើយើងចង់ធ្វើសមាធិ ត្រូវតែជ្រើសរើស នៅពេលណា និងអស់រយៈពេលប៉ុន្មាន ។ ការជ្រើសរើសនេះ សម្ដែងនូវឆន្ទៈ និងទីស្ងាត់កំបាំងនៃដួងចិត្តយើង។ យើងមិនធ្វើសមាធិនៅពេលទំនេរទេ គឺយើងចំណាយពេលវេលា ដើម្បីព្រះអម្ចាស់ ដោយមានឆន្ទៈដ៏រឹងមាំថា មិនផ្លាស់ប្តូរចិត្តគំនិត ទោះបីមានការលំបាកផ្សេងៗក្នុងការធ្វើសមាធិយ៉ាងក៏ដោយ។ មានពេលខ្លះ យើងមិនអាចស្មឹងស្មាធិ៍បានទេ ប៉ុន្តែ យើងអាចធ្វើសមាធិគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនរាប់អំពីសុខភាព ការងារ ឬអារម្មណ៍ឡើយ។ ចិត្តគំនិតជាកន្លែងជួបព្រះអម្ចាស់ ដោយពឹងផ្អែក និងផ្ញើជីវិតទៅលើព្រះអង្គ។
២៧១១. យើងចូលធ្វើសមាធិ ដូចយើងចូលក្នុងពិធីបុណ្យអភិបូជាដែរ គឺយើង “ប្រមូល” អារម្មណ៍សម្រឹងទាំងកាយ ទាំងចិត្ត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយណែនាំ និងយាងមកសណ្ឋិតក្នុងចិត្តយើង ដែលជាព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះវិញ្ញាណដាស់តឿនយើងឱ្យជឿ ដើម្បីឱ្យយើងត្រៀមខ្លួននឹងជួបព្រះអង្គ ដែលរង់ចាំយើង ដើម្បីឱ្យយើងទទួលស្គាល់សេចក្ដីពិត និងវិលត្រឡប់ទៅរកព្រះអង្គវិញ ដែលស្រលាញ់យើង ដើម្បីឱ្យយើងថ្វាយខ្លួនទាំងស្រុងទៅលើព្រះអង្គ ដូចជាតង្វាយដែលត្រូវបន្សុទ្ធ និងកែប្រែផង។
២៧១២. អ្នកធ្វើសមាធិអធិដ្ឋានដូចជាបុត្ររបស់ព្រះជាម្ចាស់ ដូចជាអ្នកបាបដែលព្រះអង្គលើកលែងទោស ហើយដែលសុខចិត្តទទួលសេចក្ដីស្រលាញ់របស់ព្រះអង្គ និងចង់ឆ្លើយតបនឹងសេចក្ដីស្រលាញ់នេះ ដោយស្រលាញ់ច្រើនជាងមុនទៅទៀត (លក ៧,៣៦-៥០ ; ១៩,១-១០)។ ប៉ុន្តែគេដឹងថាសេចក្ដីស្រលាញ់របស់គេ ជាសេចក្ដីស្រលាញ់ ដែលព្រះវិញ្ញាណចាក់បង្ហូរក្នុងចិត្តគេ ដ្បិតអ្វីៗទាំងអស់មកពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់។ ពេលធ្វើសមាធិ យើងថ្វាយខ្លួន ដោយមានចិត្តសុភាពរាបសារ និងដោយពឹងផ្អែកលើព្រះអង្គ ឆ្ពោះទៅព្រះហឫទ័យស្រលាញ់របស់ព្រះបិតា ដោយរួមជាមួយព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ កាន់តែជ្រៅទៅៗ។
២៧១៣. ការធ្វើសមាធិជារបៀបសាមញ្ញបំផុត ក្នុងការអធិដ្ឋាន។ ការធ្វើសមាធិជាព្រះអំណោយទាន ដែលបានមកពីព្រះឫទ័យប្រណីសន្តោសរបស់ព្រះអង្គ យើងអាចធ្វើសមាធិ ដោយមានចិត្តសុភាពរាសា និងដោយពឹងផ្អែកទាំងស្រុងលើព្រះអង្គ តែប៉ុណ្ណោះ។ ក្នុងការធ្វើសមាធិ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រី ជាមួយយើង ក្នុងជម្រៅចិត្តយើង (យរ ៣១,៣៣)។ ពេលធ្វើសមាធិ យើងរួមរស់ជាមួយ ព្រះអង្គ គឺព្រះត្រៃឯកប្រោសមនុស្សលោក ដែលជារូបតំណាងរបស់ព្រះអង្គ ឱ្យ “មានលក្ខណៈដូចព្រះអង្គ” ដែរ។
២៧១៤. ការធ្វើសមាធិជាពេលដ៏ល្អៗ នៃការអធិដ្ឋាន។ ពេលធ្វើសមាធិ ព្រះបិតាប្រោសយើង “ឱ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ។ ព្រះគ្រីស្តគង់នៅក្នុងចិត្តយើងដោយជំនឿ ដើម្បីឱ្យយើងបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រលាញ់” (អភ ៣,១៦-១៧)។
២៧១៥. ពេលធ្វើសមាធិ យើងសម្លឹងមើល ព្រះយេស៊ូដោយផ្ញើជីវិតទៅលើព្រះអង្គ។ ដូចកសិករនៃភូមិអារស៍ម្នាក់មានប្រសាសន៍ទៅកាន់លោកបូជាចារ្យដ៏វិសុទ្ធរបស់គាត់ នៅពេលកំពុងអធិដ្ឋានពីមុខព្រះ ពន្លា៖ “ខ្ញុំសម្លឹងមើលព្រះអង្គ ហើយព្រះអង្គក៏សម្លឹងទតមកខ្ញុំវិញដែរ”។ យើងចាប់អារម្មណ៍នឹងព្រះអង្គ ទើបយើងលះបង់ “ខ្លួនឯង” ចោល។ ការទតឃើញរបស់ព្រះអង្គបន្សុទ្ធចិត្តគំនិតយើង។ ពន្លឺរបស់ព្រះយេស៊ូបំភ្លឺចិត្តគំនិតយើង ហើយបង្រៀនយើងឱ្យមើលឃើញអ្វីៗទាំងអស់ក្នុងពន្លឺនៃសេចក្ដីពិត និងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សទាំងអស់។ ពេលធ្វើសមាធិ យើងក៏សម្លើងមើលព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះ គ្រីស្តផង ទើបយើងរៀន “ស្គាល់ព្រះអម្ចាស់ពីខាងក្នុង” ដើម្បីឱ្យកាន់តែស្រលាញ់ និងដើរតាមព្រះអង្គប្រសើរជាងមុន (សន្ត អ៊ីញាស់)។
២៧១៦. ពេលធ្វើសមាធិ យើងស្តាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យ៉ាងសកម្ម គឺយើងស្តាប់បង្គាប់ព្រះអង្គដោយផ្ញើជីវិតលើព្រះអង្គ យើងទទួលព្រះបន្ទូលហើយគោរពតាមដូចអ្នកបម្រើ និងភ្ជាប់ព្រះបន្ទូលព្រះអង្គដោយក្តីស្រលាញ់ដូចជាកូនម្នាក់។ យើងក៏ចូលរួមចំណែកជាមួយព្រះបុត្រា និងព្រះនាងម៉ារី ដែលតែងតែផ្គាប់តាមព្រះហឫទ័យព្រះបិតា នឹងបានក្លាយទៅជាអ្នកបម្រើព្រះអង្គ។
២៧១៧. ពេលធ្វើសមាធិ យើងនៅស្ងៀមស្ងាត់ ។ ភាពស្ងៀមស្ងាត់នេះ ជា “និមិត្តិរូបនៃពិភពលោកថ្មីដែលកំពុងយាងមក” (សន្ត អ៊ីសាក នៃនីនីវេ) ឬ “សេចក្ដីស្រលាញ់ដ៏ស្ងៀមស្ងាត់” (សន្ត យ៉ូហាន នៃព្រះឈើឆ្កាង)។ ក្នុងការធ្វើសមាធិ ពាក្យសម្តីមិនមែនជាសុន្ទរកថាទេ ប៉ុន្តែ ពាក្យសម្តីដូចជាទងស្មៅតូចៗដែលផ្គត់ផ្គង់ភ្លើងនៃសេចក្ដីស្រលាញ់។ ក្នុងភាពស្ងៀមស្ងាត់នេះ ដែលមនុស្ស “រាយមាយ” ទ្រាំមិនបាន ព្រះបិតាមានព្រះបន្ទូលមកយើងអំពីព្រះបុត្រារបស់ព្រះអង្គ ដែលប្រសូតជាមនុស្ស រងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មថ្មី ហើយព្រះវិញ្ញាណនៃព្រះបិតាប្រោសយើងឱ្យចូលរួមចំណែកក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូ។
២៧១៨. ពេលធ្វើសមាធិ យើងរួមរស់ក្នុងការអធិដ្ឋានរបស់ព្រះគ្រីស្ត លុះត្រាតែការអធិដ្ឋាននេះ ធ្វើឱ្យយើងចូលរួមចំណែកក្នុងអាថ៌កំបាំងរបស់ព្រះអង្គ។ ក្នុងអភិបូជា ព្រះសហគមន៍ប្រារព្ធអាថ៌កំបាំងរបស់ព្រះគ្រីស្ត ហើយព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យអាថ៌កំបាំងនេះ ស្ថិតក្នុងការធ្វើសមាធិ ដើម្បីឱ្យសេចក្ដីស្រលាញ់សម្ដែងចេញមកជាសកម្មភាពក្នុងការបម្រើ។
២៧១៩. ពេលធ្វើសមាធិ យើងរួមរស់ជាមួយព្រះជាម្ចាស់ ដោយក្ដីស្រលាញ់។ ការធ្វើសមាធិនាំឱ្យមនុស្សជាច្រើនទទួលជីវិត ខណៈដែលអ្នកទាំងនោះសុខចិត្តស្នាក់នៅក្នុងភាពងងឹត ដោយមានជំនឿ។ ក្នុងរាត្រីនៃបុណ្យចម្លង មានយប់នៃទុក្ខលំបាក និងទីបញ្ជុះសព។ ព្រះវិញ្ញាណរបស់ព្រះយេស៊ូ (មិនមែនជា “មនុស្សទន់ខ្យោយ” ទេ) ធ្វើឱ្យអ្នក ដែលតាំងសមាធិ ស្គាល់ពេលកំណត់ទាំងបីនោះរបស់ព្រះយេស៊ូ។ ដូច្នេះ ត្រូវតែសុខចិត្ត “ស៊ូទ្រាំប្រុងស្មារតីរយៈពេលមួយម៉ោងជាមួយព្រះអង្គ” (មថ ២៦,៤០)។
សង្ខេប
២៧២០. ព្រះសហគមន៍អញ្វើញគ្រីស្តបរិស័ទឱ្យអធិដ្ឋានយ៉ាងទៀងទាត់ គឺអធិដ្ឋានប្រចាំថ្ងៃ អធិដ្ឋានតាមពេលកំណត់ អភិបូជាថ្ងៃអាទិត្យ ពិធីបុណ្យប្រចាំថ្ងៃផ្សេងៗ។
២៧២១. ការបញ្ជូនបន្តនៃគ្រីស្តសាសនាមានរបៀបអធិដ្ឋានសំខាន់ៗបីយ៉ាង គឺអធិដ្ឋានតាមពាក្យសម្ដី ការស្មឹងស្មាធិ៍ និងការធ្វើសមាធិ។ របៀបអធិដ្ឋានទាំងបីនោះ មានលក្ខណៈរួម គឺការសម្រឹងទ្រឹងគិត។
២៧២២. ការអធិដ្ឋានតាមពាក្យសម្ដី ចាក់ឫសលើការរួបរួមរវាងរូបកាយ និងវិញ្ញាណ តាមធម្មជាតិមនុស្ស ធ្វើឱ្យរូបកាយរួបរួមជាមួយការអធិដ្ឋានក្នុងដួងចិត្ត ដោយយកព្រះគ្រីស្តជាគំរូ ដែលអង្វរព្រះបិតារបស់ព្រះអង្គ និងដែលបង្រៀនធម៌ឪព្រះបិតាដល់សាវ័ករបស់ព្រះអង្គ។
២៧២៣. អ្នកស្មឹងស្មាធិ៍ជាអ្នកស្វែងរក គេត្រូវតែប្រើចិត្តគំនិត ស្រមើស្រមៃ រំភើបចិត្ត និងមានបំណងប្រាថ្នាផង។ ការស្មឹងស្មាធិ៍មានគោលដៅឱ្យអ្នកស្មឹងស្មាធិ៍ប្រឈមមុខនឹងអ្វីដែលកើតឡើងយ៉ាងពិតប្រាកដ ក្នុងជីវិត ក្រោមពន្លឺនៃជំនឿ។
២៧២៤. ការធ្វើសមាធិជារបៀបសាមញ្ញបំផុត ក្នុងការអធិដ្ឋាន។ អ្នកធ្វើសមាធិសម្លឹងមើល ព្រះយេស៊ូដោយផ្ញើជីវិតទៅលើព្រះអង្គ ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្រលាញ់យ៉ាងស្ងៀមស្ងាត់។ ពេលធ្វើសមាធិ យើងរួមរស់ក្នុងការអធិដ្ឋានរបស់ព្រះគ្រីស្ត លុះត្រាតែការអធិដ្ឋាននេះ ធ្វើឱ្យយើងចូលរួមចំណែកក្នុងអាថ៌កំបាំងរបស់ព្រះអង្គ។
ប្រការទី២៖ត្រូវតែតស៊ូដើម្បីអធិដ្ឋាន
២៧២៥. ការអធិដ្ឋានកើតមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដូច្នេះយើងត្រូវតាំងចិត្ត ឱ្យមាំមួន ខិតខំជានិច្ច ដើម្បីអធិដ្ឋាន ឬទេ។ អ្នកអធិដ្ឋានដ៏ល្បីៗក្នុងសម្ពន្ធមេត្រីចាស់ មុនព្រះគ្រីស្ត ដូចជាព្រះមាតារបស់ព្រះជាម្ចាស់ និងសន្តបុគ្គលទាំងអស់ រួមជាមួយព្រះអង្គ បង្រៀនឱ្យយើងចេះតស៊ូក្នុងការអធិដ្ឋាន។ តើត្រូវតស៊ូប្រឆាំងនឹងនរណាខ្លះ? គឺត្រូវប្រឆាំងនឹងខ្លួនឯងផង និងមេល្បួង ដែលប្រើកលល្បិចគ្រប់យ៉ាងមិនឱ្យមនុស្សអធិដ្ឋាន និងឱ្យគេបង្វែរចិត្តគំនិតងារចេញឆ្ងាយពីព្រះជាម្ចាស់។ យើងអធិដ្ឋានដូចយើងរស់ ដ្បិតយើងរស់ដូចយើងអធិដ្ឋានដែរ។ ប្រសិនបើយើងមិនចង់គោរពតាមព្រះវិញ្ញាណរបស់ព្រះគ្រីស្តទេ យើងក៏មិនអាចអធិដ្ឋានក្នុងព្រះនាមព្រះអង្គដែរ។ ការ “ប្រយុទ្ធច្បាំងខាងវិញ្ញាណ” នៃជីវិតថ្មីរបស់គ្រីស្តបរិស័ទមិនអាចបំបែកចេញពីការប្រយុទ្ធច្បាំងនៃការអធិដ្ឋានបានឡើយ។
១. ការប្រឆាំងតបនឹងការអធិដ្ឋាន
២៧២៦. ក្នុងការប្រយុទ្ធដើម្បីអធិដ្ឋាន យើងត្រូវប្រឈមមុខនឹងគំនិតខុស អំពីការអធិដ្ឋាន ដែលមកពីខ្លួនយើង ឬពីអ្នកដទៃ។ ពេលខ្លះ យើងគិតថា ការអធិដ្ឋានគ្រាន់តែជាមធ្យោបាយខាងចិត្តវិទ្យា ពេលខ្លះ យើងគិតថា ធ្វើការអធិដ្ឋាន ដើម្បីបានរសាយក្នុងចិត្ត ហើយពេលខ្លះទៀត យើងគិតថា ត្រូវមានអាកប្បកិរិយា ឬសម្ដីសំដៅគោរពក្នុងពិធីផ្សេងៗ។ ក្នុងជម្រៅចិត្តគ្រីស្តបរិស័ទជាច្រើននាក់គិតថា គេមិនអាចអធិដ្ឋានបានទេ ព្រោះរវល់ពេក៖ គេគ្មានពេលទំនេរឡើយ។ ពួកគេបាក់ទឹកចិត្តយ៉ាងឆាប់រហ័ស ដ្បិតគេមិនដឹងថា ការអធិដ្ឋានមិនគ្រាន់តែមកពីខ្លួនគេទេ ថែមទាំងមកពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ។
២៧២៧. យើងត្រូវតែប្រឈមមុខនឹងការយល់ឃើញ នៃ “លោកីយ៍” នេះ ដែលចូលក្នុងជម្រៅចិត្តយើង កាលណាយើងមិនបានប្រុងស្មារតី។ ឧទាហរណ៍៖
- មនុស្សទូទៅគិតថា ការពិតមកអំពីការត្រិះរិះដោយប្រាជ្ញា និងវិទ្យាសាស្រ្ត។ ប៉ុន្តែ ការអធិដ្ឋានជាអាថ៌កំបាំងលើសពីប្រាជ្ញា និងជម្រៅចិត្តយើង។
- គេគិតថា ការអធិដ្ឋាន មិនបានផលិតអ្វីសោះ ដែលនាំឱ្យចំណេញ គឺគ្មានប្រយោជន៍ឡើយ។
- មានតែការសប្បាយ និងផាសុកភាពទេ ដែលជាលក្ខ័ណនៃការពិត អ្វីដ៏ល្អប្រសើរ និងប្រកបដោយសោភ័ណ ភាព។ ក៏ប៉ុន្តែ ការអធិដ្ឋាន ជា “សេចក្ដីស្រលាញ់នៃសោភ័ណភាព” ជាប់ចិត្តនឹងសិរីរុងរឿងនៃព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតប្រាកដ។
- គេគិតថា អ្នកអធិដ្ឋានចង់ចាកចេញពីលោកនេះ។ ប៉ុន្តែ អ្នកអធិដ្ឋានតាមគ្រីស្តសាសនាមិនស្អប់ជីវិត ផ្ទុយទៅវិញ គឺគេចង់ប្រែពិភពលោកនេះឱ្យបានល្អប្រសើរ។
២៧២៨. ទីបំផុតយើងត្រូវតស៊ូប្រឆាំងនឹងអ្វីដែលយើងគិតថា ជាបរាជ័យក្នុងការអធិដ្ឋាន របស់យើង៖ យើងបាក់ទឹកចិត្ត ដ្បិតយើងមានអារម្មណ៍រីងស្ងួត យើងព្រួយចិត្តថា យើងមិនបានថ្វាយអ្វីៗទាំងអស់ចំពោះព្រះអម្ចាស់ ដ្បិតយើងមាន “ទ្រព្យសម្បត្តិស្តុកស្តម្ភណាស់” (មក ១០,២២) យើងខកចិត្ត ដ្បិតព្រះជាម្ចាស់មិនឆ្លើយនឹងបំណងយើង យើងវាយឫកក្រអឺតក្រអោង ឬយើងស្មានថា យើងមានបាបច្រើនពេកដើម្បីអធិដ្ឋានល។ល។ ទីបញ្ចប់ យើងតែងតែសួរខ្លួនឯងថា៖ ហេតុអ្វីត្រូវអធិដ្ឋាន? ដើម្បីឈ្នះឧបសគ្គទាំងអស់នោះ ត្រូវតែតស៊ូដោយមានចិត្តសុភាពរាបសា ជឿទុកចិត្តលើខ្លួនឯង និងលើព្រះជាម្ចាស់ ដោយមានចិត្តព្យាយាមផង។
២. ត្រូវប្រុងស្មារតីដោយមានចិត្តសុភាពរាបសា
ត្រូវប្រឈមមុខនឹងការលំបាកក្នុងការអធិដ្ឋាន
២៧២៩. ធម្មតា ពេលអធិដ្ឋាន យើងមានអារម្មណ៍រាយមាយ ។ ក្នុងការអធិដ្ឋានតាមពាក្យសម្តី យើងមិនបានចាប់អារម្មណ៍អំពីពាក្យ និងអត្ថន័យនៃពាក្យនោះ។ ពេលអធិដ្ឋានក្នុងពិធីបុណ្យ ឬពេលស្មឹងស្មាធិ៍ ឬធ្វើសមាធិ យើងអាចបំភ្លេចព្រះជាម្ចាស់ផងដែរ។ ពេលនោះ យើងមិនបាច់ចាប់អារម្មណ៍អំពីគំនិតរាយមាយទេ គឺត្រូវតែប្រមូលអារម្មណ៍ឡើងវិញ។ ពេលយើងនឹកគិតដល់រឿងអ្វីមួយ យើងអាចដឹងថា យើងចាប់អារម្មណ៍នឹងរឿងនេះ ច្រើនជាងព្រះជាម្ចាស់។ ពេលនោះ យើងគួរភ្ញាក់ខ្លួនឡើងវិញ និងថ្វាយចិត្តគំនិតទៅព្រះជាម្ចាស់ ដោយក្ដីស្រលាញ់ ដើម្បីឱ្យព្រះអង្គបន្សុទ្ធចិត្តគំនិតនេះ។ ការប្រយុទ្ធច្បាំងនៅកន្លែងណា ចិត្តរបស់យើងក៏នៅកន្លែងនោះដែរ (មថ ៦,២១.២៤)។
២៧៣០. និយាយតាមរបៀបវិជ្ជមាន ត្រូវប្រុងស្មារតី ប្រឆាំងនឹងចិត្តលោភលន់របស់យើង ដែលចង់គ្រប់គ្រងអ្វីៗទាំងអស់។ ពេលព្រះយេស៊ូមានព្រះបន្ទូលសង្កត់ធ្ងន់ថា ត្រូវប្រុងស្មារតី បានសេចក្ដីថា ព្រះអង្គជិតមកដល់ហើយ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចុងក្រោយ៖ “នៅថ្ងៃនេះ”។ ព្រះស្វាមីមកពាក់កណ្តាលអធ្រាត្រ” យើងមិនត្រូវពន្លត់ពន្លឺនៃជំនឿទេ៖ “ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូលដែលព្រះអង្គថ្លែងថា “ចូរស្វែងរកយើង” នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្រ្តព្រះអង្គហើយ!” (ទន ២៧,៨)។
២៧៣១. អស់អ្នកដែលចង់អធិដ្ឋានដោយចិត្តស្មោះ អាចជួបប្រទះនឹងការលំបាកផ្សេងមួយទៀត គឺពេលអធិដ្ឋាន គេអាចមានចិត្តរីងស្ងួត ។ ពេលធ្វើសមាធិ យើងអាចអស់ចិត្តហើយ គ្មានអារម្មណ៍អធិដ្ឋានតទៅទៀត មិនចង់នឹកគិតដល់អ្វីសោះ សូម្បីតែរឿងនៃវិញ្ញាណក៏ដោយ គឺជាពេលនៃជំនឿបរិសុទ្ធ ស្ថិតនៅជាប់ជាមួយព្រះយេស៊ូ ពេលព្រះអង្គរងទុក្ខលំបាក និងសោយទិវង្គត។ “គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើគ្រាប់នោះងាប់ វានឹងបង្កើតផលបានច្រើន” (យហ ១២,២៤)។ បើការរីងស្ងួតមកពីយើងមិនបានចាក់ឫស ដ្បិតព្រះបន្ទូលបានធ្លាក់លើដីមានថ្ម នោះត្រូវតស៊ូ ដើម្បីកែប្រែចិត្តគំនិត (លក ៨,៦.១៣)។
ត្រូវប្រឈមមុខនឹងការល្បួងក្នុងការអធិដ្ឋាន
២៧៣២. ការល្បួងដែលមានជាធម្មតា ហើយដែលពិបាករកឃើញ មកពីយើងមានជំនឿតិចតួច ។ ការល្បួងនេះមិនមែនមកពីយើងមិនជឿលើព្រះជាម្ចាស់ទេ តែមកពីយើងស្រលាញ់រឿងផ្សេងៗច្រើនជាងព្រះអង្គ។ ពេលចាប់ផ្ដើមអធិដ្ឋាន យើងនឹកគិតដល់អំពីការងារ ឬរឿងផ្សេងៗជាច្រើនជំពូក ដែលត្រូវប្រញាប់ដោះស្រាយ ជាចាំបាច់។ ម្តងទៀត យើងត្រូវប្រឈមមុខនឹងការពិតថា តើយើងស្រលាញ់អ្វីខ្លះច្រើនជាងគេ? ព្រះជាម្ចាស់ ឬរឿងទាំងអស់នោះ? ពេលខ្លះ យើងបែរមុខទៅរកព្រះអម្ចាស់ សូមឱ្យព្រះអង្គយាងមកជួយ ប៉ុន្តែ តើយើងជឿថា ព្រះអង្គអាចជួយយើងមែន ឬទេ? ពេលខ្លះទៀត យើងទុកព្រះអង្គជាសម័្ពន្ធមិត្ត ប៉ុន្តែ យើងនៅតែពឹងលើខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ជំនឿតិចតួចរបស់យើងបង្ហាញថា យើងមិនទាន់បានបន្ទាបខ្លួននៅឡើយទេ៖ “បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ ” (យហ ១៥,៥)។
២៧៣៣. មានការល្បួងមួយទៀត មកពីយើងពឹងលើខ្លួនឯងខ្លាំងពេក ទើបយើងអាចបាក់ទឹកចិត្ត។ គ្រូបាធ្យាយពន្យល់ថា ពេលយើងលែងលត់ដំខ្លួន ឬប្រុងស្មារតី ឬពេលយើងលែងស្វែងយល់អំពីចិត្តខ្លួនឯង យើងក៏អាចបាក់ទឹកចិត្តបាន៖ “វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែខ្លួនគេនៅខ្សោយពេក” (មថ ២៦,៤១)។ ការបាក់ទឹកចិត្តនេះ ដែលធ្វើឱ្យយើងឈឺចាប់ ផ្ទុយនឹងការអាងលើខ្លួនឯងខ្លាំងពេក។ អ្នកដែលចេះបន្ទាបខ្លួនមិនឆ្ងល់អំពីភាពវេទនារបស់ខ្លួន ផ្ទុយទៅវិញ ភាពវេទនានេះ នាំគេឱ្យជឿទុកចិត្តច្រើនជាងមុន និងចេះតស៊ូដោយមានចិត្តព្យាយាម។
៣. ជឿលើព្រះជាម្ចាស់ដូចជឿលើឪពុក
២៧៣៤. យើងដឹងថា យើងជឿទុកចិត្តលើព្រះជាម្ចាស់ដូចកូនម្នាក់ជឿលើឪពុក ពេលយើងរងទុក្ខវេទនា (រម ៥,៣-៥)។ ការលំបាកធំជាងគេ មកពីពេលយើងទូលអង្វរ ព្រះជាម្ចាស់ សម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃ។ អ្នកខ្លះឈប់អធិដ្ឋាន ពីព្រោះគេស្មានថា ព្រះជាម្ចាស់មិនទទួលសំណូមពររបស់គេទេ។ ពេលនោះ ត្រូវតែសួរសំណួរពីរ៖ ហេតុអ្វីបានជាយើងគិតថា ព្រះជាម្ចាស់មិនបានទទួលពាក្យអង្វររបស់យើង? តើព្រះជាម្ចាស់ទទួលពាក្យអង្វររបស់យើងយ៉ាងដូចម្ដេច ឬតើការអធិដ្ឋានរបស់យើងមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
ហេតុអ្វីបានជាយើងត្អូញត្អែរថា ព្រះជាម្ចាស់មិនទទួលពាក្យអង្វររបស់យើង?
២៧៣៥. មុនដំបូង យើងឆ្ងល់ដោយសង្កេតឃើញថា ពេលយើងលើកតម្កើង ឬអរព្រះគុណព្រះជាម្ចាស់ ដើម្បីព្រះអំណោយទានទូទៅរបស់ព្រះអង្គ យើងមិនសូវរវល់នឹងដឹងថា តើការអធិដ្ឋានរបស់យើងជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ ឬទេ។ ផ្ទុយទៅវិញ យើងទាមទារឱ្យបានឃើញលទ្ធផលនៃពាក្យអង្វររបស់យើង។ តើយើងគិតថា ព្រះជាម្ចាស់ជានរណា ឬជាអ្វី នៅពេលយើងអធិដ្ឋាន៖ មធ្យោបាយមួយដែលយើងគួរប្រើប្រាស់ ឬព្រះបិតានៃព្រះអម្ចាស់របស់យើង ព្រះយេស៊ូគ្រីស្ត?
២៧៣៦. តើយើងជឿជាក់ច្បាស់ថា “យើងពុំដឹងអធិដ្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ” (រម ៨,២៦)? តើយើងទូលអង្វរព្រះជាម្ចាស់អំពី “អ្វីដែលល្អត្រឹមត្រូវ” ហើយឬនៅ? ព្រះបិតារបស់យើងជ្រាបនូវអ្វីៗដែលយើងត្រូវការ មុនយើងទូលព្រះអង្គទៅទៀត (មថ ៦,៨) ប៉ុន្តែ ព្រះអង្គរង់ចាំឱ្យយើងទូលសូមព្រះអង្គ ដ្បិតសេចក្ដីថ្លៃថ្នូរនៃបុត្រធីតារបស់ព្រះអង្គស្ថិតនៅក្នុងសេរីភាពរបស់គេ ហើយត្រូវតែអធិដ្ឋាន ដោយមានព្រះវិញ្ញាណនៃសេរីភាពរបស់ព្រះអង្គ ដើម្បីឱ្យស្គាល់ព្រះបំណងរបស់ព្រះអង្គយ៉ាងពិតប្រាកដ (រម ៨,២៧)។
២៧៣៧. “បងប្អូនមានចិត្តលោភលន់ តែមិនបានដូចបំណងប្រាថ្នាទេ (...) បងប្អូនក៏នៅតែមិនបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ” (យក ៤,២-៣ សូមអាន យក ៤,១-១០ ; ១,៥-៨ ; ៥,១៦)។ បើយើងទូលសូមដោយមានចិត្តពីរ ដោយ “ក្បត់ចិត្ត” (យក ៤,៤) ព្រះជាម្ចាស់មិនអាចទទួលពាក្យអង្វររបស់យើងបានទេ ដ្បិតព្រះអង្គមានព្រះហឫទ័យប្រទានអ្វីដែលល្អសម្រាប់យើង ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងមានជីវិត។ “តើបងប្អូនស្មានថា សេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រលាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឱ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ” (យក ៤,៥)។ ព្រះរបស់យើង “ប្រច័ណ្ឌ” នឹងយើង ជាសញ្ញាសម្គាល់ថា ព្រះអង្គស្រលាញ់យើងយ៉ាងពិតប្រាកដ។ សូមឱ្យយើងចូលក្នុងបំណងប្រាថ្នានៃព្រះវិញ្ញាណព្រះអង្គទៅ នោះព្រះជាម្ចាស់នឹងទទួលពាក្យអង្វររបស់យើងហើយ៖ កុំពិបាកចិត្ត បើអ្នកទូលសុំហើយ តែអ្នកមិនបានទទួលអ្វីៗពីព្រះជាម្ចាស់ទេនោះ គឺមកពីព្រះអង្គមានព្រះហឫទ័យចង់ប្រទានឱ្យអ្នកបាននូវអ្វីៗដែលល្អប្រសើរ លើសពីបំណងប្រាថ្នារបស់អ្នកទៅទៀត ឱ្យតែអ្នកស្ថិតនៅជាមួយព្រះអង្គក្នុងការអធិដ្ឋាន ដោយចិត្តព្យាយាម (លោក អេវ្រ៉ាក)។ ព្រះអង្គមានព្រះហឫទ័យឱ្យការអធិដ្ឋានពង្រឹងបំណងប្រាថ្នារបស់យើង។ ហេតុនេះ ព្រះអង្គរៀបចំយើងឱ្យទទួលអ្វីដែលព្រះអង្គសព្វព្រះហឫទ័យប្រទានមកយើង (សន្ត អូគូស្តាំង)។
តើការអធិដ្ឋានរបស់យើងមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?
២៧៣៨. ការអធិដ្ឋានក្នុងការចាត់ចែងគម្រោងការនៃការសង្រ្គោះសម្ដែងឱ្យយើងដឹងថា ជំនឿពឹងផ្អែកទៅលើសកម្មភាពររបស់ព្រះជាម្ចាស់ក្នុងប្រវត្តិសាស្រ្ត។ សកម្មភាពតែមួយររបស់ព្រះអង្គ ដែលជំរុញយើងឱ្យជឿទុកចិត្តលើព្រះអង្គដូចកូនជឿលើឪពុក គឺទុក្ខលំបាក និងការមានព្រះជន្មថ្មីរបស់ព្រះបុត្រាព្រះអង្គ។ ពេលយើងជាគ្រីស្តបរិស័ទអធិដ្ឋាន យើងរួមសហការជាមួយនឹងឧបការគុណ និងគម្រោងការដ៏សប្បុរសរបស់ព្រះអង្គចំពោះមនុស្សលោក។
២៧៣៩. សន្តប៉ូលជឿទុកចិត្តលើព្រះជាម្ចាស់ យ៉ាងក្លាហាន (រម ១០,១២-១៣) ដោយចាក់ឫសលើការអធិដ្ឋាននៃព្រះវិញ្ញាណក្នុងខ្លួនយើង និងលើសេចក្ដីស្រលាញ់របស់ព្រះបិតា ដែលបានប្រគល់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកយើង (រម ៨,២៦-៣៩)។ មុនដំបូង ព្រះជាម្ចាស់ទទួលពាក្យអង្វររបស់យើង ដោយប្រែចិត្តគំនិតយើង។
២៧៤០. ការអធិដ្ឋានរបស់ព្រះយេស៊ូធ្វើឱ្យការអធិដ្ឋាននៃគ្រីស្តបរិស័ទមានប្រសិទ្ធភាព។ ព្រះយេស៊ូជាគំរូនៃការអធិដ្ឋាននេះ ព្រះអង្គអធិដ្ឋានក្នុងខ្លួនយើង និងជាមួយយើងផងដែរ។ ដោយសារព្រះបុត្រាតែងតែស្វែងរកអ្វីដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះបិតា ហេតុអ្វីបានជាបុត្រធីតាជាប់ចិត្តនឹងព្រះអំណោយទានរបស់ព្រះជាម្ចាស់ច្រើនជាងព្រះអង្គផ្ទាល់?
២៧៤១. ព្រះយេស៊ូអធិដ្ឋានសម្រាប់យើង ជំនួសយើង និងដើម្បីយើងផងដែរ។ ព្រះអង្គបានប្រមូលយកពាក្យទូលអង្វរទាំងឡាយរបស់យើង នៅលើឈើឆ្កាង ហើយព្រះបិតាបានទទួលពាក្យអង្វរទាំងអស់នោះ ដោយប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី។ ហេតុនេះហើយ បានជាព្រះអង្គនៅតែជួយអង្វរព្រះបិតាសម្រាប់យើង (ហប ៥,៧ ; ៧,២៥ ; ៩,២៤)។ បើយើងអធិដ្ឋានរួមជាមួយព្រះយេស៊ូ ដោយជឿទុកចិត្តលើព្រះអង្គ ជាដាច់ខាត និងដោយមានចិត្តក្លាហានដូចកូនចំពោះឪពុក យើងអាចទទួលអ្វីៗទាំងអស់ ដែលយើងទូលសូមក្នុងព្រះនាមព្រះអង្គ ហើយលើសពីអ្វីៗទាំងអស់នោះទៅទៀត យើងក៏អាចទទួលព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ ដែលសរុបនូវព្រះអំណោយទានទាំងអស់។
៤. ត្រូវព្យាយាមស្រលាញ់
២៧៤២. “ត្រូវអធិដ្ឋានជានិច្ច” (១ថស ៥,១៧) “ត្រូវអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា គ្រប់ពេលវេលា និងគ្រប់កិច្ចការ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង” (អភ ៥,២០) “ចូរអធិដ្ឋានគ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងសេចក្ដីអធិដ្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតី ទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធទាំងអស់” (អភ ៦,១៨)។ “ព្រះជាម្ចាស់មិនបានបញ្ជាឱ្យយើងធ្វើការ ឱ្យប្រុងស្មារតី និងតមអាហារជានិច្ចទេ តែត្រូវតែអធិដ្ឋានជានិច្ច” (លោក អេវ្រ៉ក)។ មានតែសេចក្ដីស្រលាញ់ទេ ដែលអាចជំរុញយើងឱ្យអធិដ្ឋាន ដោយមានចិត្តព្យាយាមជានិច្ច។ ត្រូវតែអធិដ្ឋានដោយស្រលាញ់ ដោយសុភាពរាបសា ដោយជឿទុកចិត្ត និងដោយមានចិត្តព្យាយាម ហើយត្រូវប្រយុទ្ធប្រឆាំងកុំឱ្យខ្ជិលច្រអូសឡើយ។ សេចក្ដីស្រលាញ់នេះ បើកចិត្តឱ្យទូលាយអំពីសេចក្ដីនៃជំនឿបីយ៉ាង ដែលជួយបំភ្លឺ និងផ្តល់ជីវិតដល់យើង គឺ៖
២៧៤៣. យើងតែងតែអាចអធិដ្ឋានបាន ៖ ព្រះគ្រីស្តដែលមានព្រះជន្មថ្មី “គង់នៅ” ជាមួយគ្រីស្តបរិស័ទ “ជារៀងរាល់ថ្ងៃ” (មថ ២៨,២០) ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ (លក ៨,២៤)។ ពេលវេលាយើងស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់៖
ទោះជាយើងនៅផ្សារក្ដី ដើរលេងម្នាក់ឯងក្ដី អង្គុយលក់ដូរ ឬទិញអីវ៉ាន់ក្ដី សូម្បីតែកំពុងធ្វើម្ហូប ក៏យើងអាចអធិដ្ឋានយ៉ាងខ្លឺៗនិងជ្រាលជ្រៅផងដែរ (សន្ត យ៉ូហាន គ្រីសូស្តូម)។
២៧៤៤. យើងត្រូវតែអធិដ្ឋានជាចាំបាច់ ។ បើយើងមិនបណ្តោយឱ្យព្រះវិញ្ញាណណែនាំយើងទេនោះ យើងនឹងធ្លាក់ទៅជាខ្ញុំបម្រើនៃអំពើបាបម្តងទៀត (កាឡ ៥,១៦-២៥)។ បើចិត្តយើងនៅឆ្ងាយពីព្រះវិញ្ញាញដ៏វិសុទ្ធ តើព្រះអង្គអាចជា “ជីវិតរបស់យើង” យ៉ាងដូចម្ដេចបាន?
គ្មានអ្វីប្រសើរជាងការអធិដ្ឋានទេ៖ បើយើងអធិដ្ឋាន យើងអាចធ្វើអ្វីដែលមិនអាចធ្វើបាន។ ការអធិដ្ឋានប្រែអ្វីដែលពិបាកឱ្យបានងាយស្រួល។ អ្នកអធិដ្ឋានមិនអាចប្រព្រឹត្តអំពើបាបបានទេ (សន្ត យ៉ូហាន គ្រីសូស្តូម)។
អ្នកដែលអធិដ្ឋានប្រាកដជាសង្រ្គោះខ្លួនឯង អ្នកដែលមិនអធិដ្ឋានប្រាកដជាធ្លាក់នរក (សន្ត អាលផូស នៃលីគូរី)។
២៧៤៥. យើងមិនអាចបំបែកការអធិដ្ឋានចេញពីការរស់នៅជាគ្រីស្តបរិស័ទបានទេ ដ្បិតប្រការទាំងពីរដូចគ្នានោះ មកពីសេចក្ដីស្រលាញ់ និងការលះបង់តែមួយដដែល ដែលមកពីសេចក្ដីស្រលាញ់ គឺឱ្យយើងស្របនឹងគម្រោការដ៏សប្បុរសរបស់ព្រះបិតា ដោយក្ដីស្រលាញ់ ដូចកូនចំពោះឪពុក ឱ្យយើងរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសយើងឱ្យដូចព្រះគ្រីស្តយេស៊ូ កាន់តែខ្លាំងឡើងៗ ឱ្យយើងស្រលាញ់មនុស្សទាំងអស់ ដោយសេចក្ដីស្រលាញ់ដែលព្រះយេស៊ូបានស្រលាញ់យើងដែរ៖ “អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្ដីបង្គាប់របស់ខ្ញុំនោះ គឺអ្នករាល់គ្នាត្រូវស្រលាញ់គ្នាទៅវិញទៅមក” (យហ ១៥,១៦-១៧)។
អ្នកអធិដ្ឋានជានិច្ច គឺអ្នកដែលអធិដ្ឋានផង ធ្វើអំពើល្អផង ហើយធ្វើអំពើល្អផង អធិដ្ឋានផង។ ពេលនោះ យើងអាចយល់ឃើញថា ព្រះបន្ទូលដែលថ្លែងថា “ត្រូវតែអធិដ្ឋានជានិច្ច” អាចសម្រេចបាន (លោក អូរីសែន)។
ការអធិដ្ឋានរបស់ព្រះយេស៊ូនៅពេលកំណត់មកដល់ហើយ
២៧៤៦. លុះពេលកំណត់មកដល់ហើយ ព្រះយេស៊ូទូលអង្វរព្រះបិតា (យហ ១៧)។ ការអធិដ្ឋានរបស់ព្រះអង្គ (ជាការអធិដ្ឋានវែងជាងគេ ក្នុងដំណឹងល្អ) ប្រមូលការចាត់ចែងទាំងមូលនៃការបង្កើត និងការសង្រ្គោះ ដូចការសោយទិវង្គត និងជីវិតថ្មីរបស់ព្រះអង្គ។ ការអធិដ្ឋានរបស់ព្រះយេស៊ូនៅពេលកំណត់នៅតែជាការអធិដ្ឋានរបស់ព្រះអង្គ ដូចជាបុណ្យចម្លងរបស់ព្រះអង្គ ដែលបានកើត “ម្តងជាការស្រេច” ដែលនៅតែមានវត្តមានក្នុងពិធីបុណ្យនៃព្រះសហគមន៍ព្រះអង្គដែរ។
២៧៤៧. ការបញ្ជូនបន្តនៃគ្រីស្តសាសនាហៅការអធិដ្ឋាននេះថា ជាការអធិដ្ឋានរបស់ព្រះយេស៊ូ “ក្នុងឋានៈជាបូជាចារ្យ” ដែលជាមហាបូជាចារ្យរបស់យើង ដែលមិនអាចបំបែកចេញពីយញ្ញបូជារបស់ព្រះអង្គបានទេ ដែលជា “ចម្លង” (បុណ្យចម្លង) របស់ព្រះអង្គ ឆ្ពោះទៅកាន់ព្រះបិតា ដែល “ថ្វាយ” ព្រះកាយទាំងស្រុងចំពោះព្រះបិតា (យហ ១៧,១១.១៣.១៩)។
២៧៤៨. ក្នុងការអធិដ្ឋាននៃបុណ្យចម្លងនេះ ដែលជាយញ្ញបូជា ព្រះអង្គ “ប្រមូល” អ្វីៗទាំងអស់ក្នុងអង្គព្រះអង្គ (អភ ១,១០) គឺព្រះជាម្ចាស់ និងពិភពលោក ព្រះបន្ទូល និងភាពទន់ខ្សោយរបស់មនុស្ស ជីវិតអស់កល្បជានិច្ច និងពេលវេលា សេចក្ដីស្រលាញ់ដែលប្រគល់ខ្លួន និងអំពើបាបដែលក្បត់សេចក្ដីស្រលាញ់នេះ សាវ័កដែលនៅជាមួយព្រះអង្គ និងសាវ័កដែលនឹងជឿលើព្រះអង្គ ដោយសារសក្ខីភាពរបស់គេ ការបន្ទាបខ្លួន និងសិរីរុងរឿង។ ការអធិដ្ឋាននេះ ជាការអធិដ្ឋាននៃឯកភាព។
២៧៤៩. ព្រះយេស៊ូបានបំពេញអ្វីៗទាំងអស់ដែលជាព្រះរាជកិច្ចរបស់ព្រះបិតា ហើយការអធិដ្ឋាន ដូចយញ្ញបូជារបស់ព្រះអង្គ លាតសន្ធឹងរហូតដល់អវសានកាលនៃពិភពលោក។ ការអធិដ្ឋាននៃពេលកំណត់បំពេញសម័យកាលទាំងអស់ឱ្យបានសម្រេច។ ព្រះយេស៊ូ ជាព្រះបុត្រា ដែលព្រះបិតាបានប្រគល់អ្វីៗទាំងអស់ ថ្វាយខ្លួនទាំងស្រុងចំពោះព្រះបិតា។ ជាមួយគ្នានេះ ព្រះអង្គសម្ដែងព្រះអង្គ ដោយមានសេរីភាពដ៏ខ្ពង់ខ្ពស់បំផុត (យហ ១៧,១១.១៣.១៩.២៤) ដោយមានអំណាច ដែលព្រះបិតាបានប្រគល់ឱ្យលើសសត្វលោកទាំងឡាយ។ ព្រះបុត្រា ដែលបានបន្ទាបខ្លួនជាអ្នកបម្រើ ជាព្រះអម្ចាស់ ជា Pantocratôr ។ មហាបូជាចារ្យនៃយើងដែលទូលអង្វរសម្រាប់យើង ជាមហាបូជាចារ្យដែលទូលអង្វរនៅក្នុងខ្លួនយើង ហើយជាព្រះជាម្ចាស់ដែលទទួលពាក្យអង្វររបស់យើងផងដែរ។
២៧៥០. នៅពេលយើងចូលក្នុងព្រះនាមដ៏វិសុទ្ធនៃព្រះអម្ចាស់យេស៊ូ យើងអាចទទួលសេចក្ដីអធិដ្ឋានពីខាងក្នុង ដែលព្រះអង្គបង្រៀនឱ្យយើងស្គាល់ គឺ “ឱព្រះបិតានៃយើងខ្ញុំ!”។ ការអធិដ្ឋានរបស់ព្រះអង្គក្នុងឋានៈជាបូជាចារ្យជួយបំភ្លឺពាក្យសូមអង្វរនៃធម៌នេះ៖ ឱ្យគេស្គាល់ព្រះនាមព្រះបិតា (យហ ១៧,៦.១១. ១២.២៦) ឱ្យព្រះរាជ្យព្រះអង្គយាងមកដល់ (សិរីរុងរឿង - យហ ១៧,១.៥.១០.២៤.២៣-២៦) ឱ្យព្រះហឫទ័យ និងគម្រោងការអំពីការសង្រ្គោះរបស់ព្រះអង្គបានសម្រេច (យហ ១៧,២.៤.៦.៩.១១.១២.២៤) ហើយឱ្យយើងរួចចាកផុតពីអំពើអាក្រក់ (យហ ១៧,១៥)។
២៧៥១. ទីបំផុត ក្នុងការអធិដ្ឋាននេះ ព្រះយេស៊ូសម្ដែងឱ្យយើងស្គាល់ព្រះបិតា និងព្រះបុត្រា (យហ ១៧,៣.៦-១០.២៥) ដែលមិនអាចបំបែកចេញពីគ្នាបានឡើយ ហើយដែលជាអាថ៌កំបាំងនៃការអធិដ្ឋានផ្ទាល់។
សង្ខេប
២៧៥២ . យើងត្រូវតែខិតខំអធិដ្ឋានជានិច្ច ប្រយុទ្ធប្រឆាំងនឹងខ្លួនឯង និងកលល្បិចនៃមេល្បួងផង។ ការប្រយុទ្ធ ដើម្បីអធិដ្ឋានមិនអាចបំបែកចេញពីការ “ប្រយុទ្ធនៃវិញ្ញាណ” បានឡើយ ដែលជាការចាំបាច់ ដើម្បីរស់នៅជាប្រចាំតាមព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។ យើងអធិដ្ឋានដូចយើងរស់ ដ្បិតយើងរស់ដូចយើងអធិដ្ឋានដែរ។
២៧៥៣. ក្នុងការប្រយុទ្ធដើម្បីអធិដ្ឋាន យើងត្រូវប្រឈមមុខនឹងការយល់ឃិញខុស ដែលមកពីខ្លួនយើង ឬពីអ្នកដទៃ យើងត្រូវតស៊ូប្រឆាំងនឹងអ្វីដែលយើងគិតថា ជាបរាជ័យក្នុងការអធិដ្ឋាន។ ដើម្បីជំនះលើការសង្យ័យទាំងប៉ុន្មាន ដែលនាំឱ្យយើងគិតថា មិនចាំបាច់អធិដ្ឋាន ឬមិនអាចអធិដ្ឋាន យើងត្រូវតែតស៊ូដោយមានចិត្តសុភាពរាបសា ជឿជាក់លើខ្លួនឯង និងលើព្រះជាម្ចាស់ ដោយមានចិត្តព្យាយាមផង។
២៧៥៤ . ការលំបាកខ្លាំងជាងគេក្នុងពេលអធិដ្ឋាន កើតមាននៅពេលដែលយើងមានអារម្មណ៍រាយមាយ ឬមានចិត្តរីងស្ងួត។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ត្រូវតែផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ កែប្រែចិត្តគំនិត និងប្រុង ស្មារតី។
២៧៥៥ . ជាធម្មតា មានការល្បួងពីរដែលគម្រាមការអធិដ្ឋាន គឺយើងមានជំនឿតិចតួច ឬយើងបាក់ទឹកចិត្ត បានសេចក្ដីថា ពេលយើងលែងលត់ដំខ្លួន ឬប្រុងស្មារតី ឬពេលយើងលែងស្វែងយល់អំពីចិត្តខ្លួនឯង យើងក៏អាចបាក់ទឹកចិត្តបាន។
២៧៥៦. យើងអាចពិបាកជឿទុកចិត្តលើព្រះជាម្ចាស់ដូចកូនម្នាក់លែងជឿលើឪពុក ពេលយើងមានអារម្មណ៍ថា ព្រះអង្គមិនបានទទួលពាក្យអង្វររបស់យើង។ ដំណឹងល្អអញ្ចើញយើងឱ្យសួរខ្លួនឯងថា តើការអធិដ្ឋានរបស់យើងស្របតាមព្រះបំណងប្រាថ្នារបស់ព្រះវិញ្ញាណ ឬទេ?
២៧៥៧ . “ត្រូវតែអធិដ្ឋានជានិច្ច” (១ថស ៥,១៧)។ យើងតែងតែអាចអធិដ្ឋានបាន។ តាមការពិត ត្រូវតែ អធិដ្ឋានជាចាំបាច់។ យើងមិនអាចបំបែកការអធិដ្ឋានពីការរស់នៅជាគ្រីស្តបរិស័ទបានឡើយ។
២៧៥៨. ការអធិដ្ឋានរបស់ព្រះយេស៊ូ ដែលគេហៅយ៉ាងត្រឹមត្រូវថា “ពាក្យអធិដ្ឋានក្នុងឋានៈជាបូជាចារ្យ” (យហ ១៧) សរុបគម្រោងការដ៏អស្ចារ្យទាំងមូលអំពីការបង្កើត និងការសង្រ្គោះ ហើយជាដើមកំណើតនៃសេចក្ដី សុំនៃធម៌ឱព្រះបិតានៃយើងខ្ញុំ។
