ភាគទីពីរ៖
សេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូជាព្រះអម្ចាស់៖
“ឱព្រះបិតានៃយើងខ្ញុំ!”
២៧៥៩. “មានមួយថ្ងៃនោះ ព្រះយេស៊ូបានអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង” (លក ១១,១)។ ព្រះអម្ចាស់មានព្រះបន្ទូលតបនឹងសំណូមពរនេះ ដោយប្រគល់ឱ្យក្រុមសាវ័ក និងព្រះសហគមន៍របស់ព្រះអង្គនូវសេចក្ដីអធិដ្ឋានសំខាន់ៗជាងគេបំផុតនៃគ្រីស្តសាសនា។ សន្ត លូកាសង្ខេបសេចក្ដីអធិដ្ឋាននេះ ក្នុងអត្ថបទដ៏ខ្លីមួយ (ប្រាំសំណូមពរ - លក ១១,២-៤) ឯសន្ត ម៉ាថាយផ្តល់អត្ថបទមួយដ៏វែងជាង (ប្រាំពីរសំណូមពរ - មថ ៦,៩-១៣)។ ប្រពៃណីនៃពិធីបុណ្យព្រះសហគមន៍បានរក្សាទុកអត្ថបទរបស់សន្តម៉ាថាយ៖ (មថ ៦,៩-១៣)។
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ
សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។
២៧៦០. តាំងពីដើម ទំនៀមទំលាប់ខាងពិធីបុណ្យបានបញ្ចប់សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ដោយលើកតម្កើងព្រះអង្គ។ ក្នុងសៀវភៅដែលមានចំណងជើងថា “ឌីដាខែ” (៨,២)៖ “ដ្បិតព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ”។ ធម្មនុញ្ញដែលមកពីក្រុមគ្រីស្តទូត (៧,២៤,១) បន្ថែម “ព្រះអង្គគ្រងរាជ្យ” ដោយចាប់ផ្ដើម ជាសេចក្ដីដែលពិធីបុណ្យគ្រប់និកាយបានរក្សាទុក។ ប្រពៃណីខាងបូព៌ាប្រទេសបន្ថែម “ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ក្រោយពីសិរីរុងរឿង។ ក្បួនពិធីបុណ្យនៃទីក្រុងរ៉ូមលម្អិតសំណូមពរចុងក្រោយ ដោយបន្ថែម “ទន្ទឹងរង់ចាំសុភមង្គលតាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្ត (...) យាងមកប្រកបដោយសិរីរុងរឿង” (ទត ២,១៣) បន្ទាប់មក អង្គប្រជុំលើកតម្កើងព្រះជាម្ចាស់ តាមសេចក្ដីបញ្ចប់នៃធម្មនុញ្ញដែលមកពីក្រុមគ្រីស្តទូត។
ប្រការទី១៖“សេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល”
២៧៦១. “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យពិតជាសេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល” (លោក ទែរទូលីយ៉ាំង)។ “លុះដល់ព្រះអម្ចាស់បានប្រគល់ការអធិដ្ឋាននេះ ព្រះអង្គបន្ថែមថា៖ “ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឱ្យ” (លក ១១,៩)។ ម្នាក់ៗអាចទូលអង្វរសេចក្ដីអធិដ្ឋានផ្សេងៗ ទៅស្ថានលើ តាមតម្រូវការរបស់ខ្លួនឯង ប៉ុន្តែត្រូវចាប់ផ្ដើមដោយសូត្រសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ ដែលនៅតែជាសេចក្ដីអធិដ្ឋានគ្រឹះសំខាន់បំផុត” (លោក ទែរទូលីយ៉ាំង)។
១. ស្នូលនៃព្រះគម្ពីរ
២៧៦២. ក្រោយពីបានបង្ហាញថា ទំនុកតម្កើងជាចំណីអាហារសំខាន់បំផុតនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ ដែលប្រមូលផ្តុំគ្នាក្នុងសំណូមពរនៃធម៌ “ឱព្រះបិតានៃយើងខ្ញុំ” សន្តអូគូស្តាំងសន្និដ្ឋានថា៖
សូមអានសេចក្ដីអធិដ្ឋានទាំងអស់ដែលមានក្នុងព្រះគម្ពីរ ខ្ញុំគិតថា បងប្អូនមិនអាចរកឃើញអ្វីមួយផ្សេងទៀត ដែលមិនស្ថិតនៅក្នុងសេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យឡើយ។
២៧៦៣. ព្រះគ្រីស្តបំពេញព្រះគម្ពីរទាំងមូល (ធម្មវិន័យ ព្យាការី និងទំនុកតម្កើង) (លក ២៤,៤៤) នេះជា “ដំណឹងល្អ”។ សន្ត ម៉ាថាយសង្ខេបការប្រកាសដំណឹងល្អដំបូងបង្អស់របស់ព្រះអង្គ នៅលើភ្នំ (មថ ៥-៧) ហើយធម៌ “ឱព្រះបិតានៃយើងខ្ញុំ” ជាស្នូលនៃការប្រកាសនេះ។ កាលៈទេសៈទាំងអស់នោះ ជួយបំភ្លឺសំណូមពរនីមួយៗនៃសេចក្ដីអធិដ្ឋានដែលព្រះអម្ចាស់បានប្រទានឱ្យ៖
សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាសេចក្ដីអធិដ្ឋានដ៏ល្អឥតខ្ចោះ (...)។ ក្នុងសេចក្ដីអធិដ្ឋាននេះ យើងមិនគ្រាន់តែសូមអ្វីដែលយើងអាចមានបំណងប្រាថ្នាតាមរបៀបត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងតាមលំដាប់លំដោយសម្រាប់ទៅតាមបំណងរបស់យើងផង។ ហេតុនេះ សេចក្ដីអធិដ្ឋាននេះ មិនគ្រាន់តែបង្រៀនឱ្យយើងចេះសុំទេ ថែមទាំងអប់រំយើងខាងផ្លូវចិត្តដែរ (សន្ត ថូម៉ាស អាកាំង)។
២៧៦៤. ធម៌ទេសនានៅលើភ្នំជាលទ្ធិនៃជីវិត សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាការអធិដ្ឋាន ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ប្រែបំណងប្រាថ្នារបស់យើង ជាចលនាខាងក្នុងចិត្ត ដែលណែនាំជីវិតយើង។ ព្រះយេស៊ូបង្រៀនជីវិតថ្មីនេះ តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបង្រៀនយើងឱ្យសូមជីវិតថ្មីនេះ ដោយការអធិដ្ឋាន។ បើយើងអធិដ្ឋានតាមរបៀបត្រឹមត្រូវ ជីវិតរបស់យើងក្នុងអង្គព្រះគ្រីស្តក៏នឹងបានត្រឹមត្រូវដែរ។
២. “សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់”
២៧៦៥. ពាក្យសម្តី “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យ” (ពោលគឺ “សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់”) ដែលមកពីប្រពៃណី មានន័យថា ព្រះអម្ចាស់យេស៊ូបង្រៀន និងប្រទានការអធិដ្ឋានចំពោះព្រះបិតានៃយើង គឺពិតជាការអធិដ្ឋានតែមួយគត់ “របស់ព្រះអម្ចាស់”។ តាមការពិត តាមសេចក្ដីអធិដ្ឋាននេះ ព្រះបុត្រាតែមួយប្រទានឱ្យយើងនូវព្រះបន្ទូលដែលព្រះបិតាបានប្រទានឱ្យព្រះអង្គ (យហ ១៧,៧)៖ ព្រះអង្គជាគ្រូបង្រៀនឱ្យយើងចេះអធិដ្ឋាន។ ម្យ៉ាងទៀត ដោយសារព្រះអង្គជាព្រះបន្ទូលប្រសូតជាមនុស្សដូច្នេះ ព្រះអង្គឈ្វេងយល់តម្រូវការនៃបងប្អូនរបស់ព្រះអង្គដែលជាមនុស្ស ហើយសម្ដែងឱ្យយើងស្គាល់៖ ព្រះអង្គជាគំរូនៃការអធិដ្ឋានរបស់យើង។
២៧៦៦. ប៉ុន្តែ ព្រះយេស៊ូមិនឱ្យយើងប្រើពាក្យច្រំដែលរត់មាត់ទេ (មថ ៦,៧ ; ១ពង្ស ១៨,២៦- ២៩)។ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនបុត្រធីតារបស់ព្រះជាម្ចាស់ឱ្យចេះអធិដ្ឋានចំពោះព្រះបិតារបស់គេ ដោយពាក្យសម្តី។ ព្រះយេស៊ូមិនគ្រាន់តែប្រទានពាក្យសម្តីនៃការអធិដ្ឋានរបស់យើងចំពោះព្រះបិតាទេ ថែមទាំងប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ដែលធ្វើឱ្យពាក្យសម្តីនោះ បានទៅជា “វិញ្ញាណ និងជីវិត” (យហ ៦,៦៣)។ លើសពីនេះទៅទៀត ព្រះបិតា “បានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គឱ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសផងឡើងថា “អប្បា! ឱព្រះបិតា!”” (កាឡ ៤,៦) បានសេចក្ដីថា យើងពិតជាអាចអធិដ្ឋានដូចបុត្រធីតារបស់ព្រះជាម្ចាស់ មែន។ ដោយសារការអធិដ្ឋាន យើងថ្វាយបំណងប្រាថ្នាយើងទៅឯព្រះជាម្ចាស់ គឺព្រះបិតាដដែល ដែល “ឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ៨,២៧)។ ការអធិដ្ឋានចំពោះព្រះបិតាជ្រួតជ្រាបក្នុងបេសកកម្មដ៏អស្ចារ្យនៃព្រះបុត្រា និងព្រះវិញ្ញាណ។
៣. ការអធិដ្ឋានរបស់ព្រះសហគមន៍
២៧៦៧. តាំងពីដើមដំបូង ព្រះសហគមន៍បានទទួល និងបានរស់នៅតាមព្រះអំណោយទាននៃព្រះបន្ទូលរបស់ព្រះអម្ចាស់ និងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមិនអាចបំបែកចេញពីគ្នាបាន ហើយដែលផ្តល់ជីវិតក្នុងចិត្តអ្នកជឿ។ សហគមន៍ដំបូងសូត្រសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ “មួយថ្ងៃបីដង” (ឌីដាខែ) ជំនួស “ពិធីប្រទានពរទាំងដប់ប្រាំបី” តាមទំនៀមទំលាប់នៃពិធីបុណ្យរបស់ជនជាតិយូដា។
២៧៦៨. តាមការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូត សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ចាក់ឫសក្នុងសេចក្ដីអធិដ្ឋាននៃពិធីបុណ្យ។
ព្រះអម្ចាស់បង្រៀនយើងឱ្យអធិដ្ឋានរួមគ្នាចំពោះបងប្អូនយើងទាំងអស់ ដ្បិតព្រះអង្គពុំមានព្រះបន្ទូលថា “ឱព្រះបិតានៃខ្ញុំ” ដែលគង់នៅស្ថានបរមសុខទេ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា ឱព្រះបិតានៃ “យើងខ្ញុំ” ដើម្បីឱ្យការអធិដ្ឋានរបស់យើងមានព្រលឹងតែមួយ ចំពោះព្រះកាយទាំងមូលនៃព្រះសហគមន៍ (សន្ត យ៉ូហាន គ្រីសូស្តូម)។
ក្នុងប្រពៃណីខាងពិធីបុណ្យទាំងអស់ សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាផ្នែកសំខាន់បំផុតនៃការអធិដ្ឋានតាមពេលកំណត់។ អគ្គសញ្ញាទាំងបីដំបូងនៃគ្រីស្តសាសនាបង្ហាញបញ្ជាក់ថា សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ពិតជាសេចក្ដីអធិដ្ឋាននៃព្រះសហគមន៍មែន៖
២៧៦៩. ក្នុងអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញា លាបថ្ងាស ពីធីបញ្ជូន (traditio ) ធម៌ “ឱព្រះបិតានៃយើងខ្ញុំ” មានន័យថា កំណើតថ្មីនៃជីវិតដែលជាព្រះជាម្ចាស់។ ដោយសារគ្រីស្តបរិស័ទអធិដ្ឋាន ដោយនិយាយសន្ទនាជាមួយព្រះជាម្ចាស់ ដោយព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់ “អស់អ្នកដែលកើតជាថ្មី (...) ដោយព្រះបន្ទូលរបស់ព្រះដែលមានព្រះជន្មគង់នៅ” (១ពត្រ ១,២៣) រៀនអង្វរព្រះបិតារបស់គេ តាមតែព្រះបន្ទូល ដែលព្រះអង្គតែងតែទទួលជានិច្ច។ គេអាចអង្វរព្រះជាម្ចាស់បែបនេះ ពីព្រោះឥឡូវនេះ ប្រេងអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធគង់សណ្ឋិតនៅក្នុងចិត្ត ត្រចៀក បបូរមាត់ រូបកាយទាំងមូលរបស់គេ។ ហេតុនេះហើយ បានជាអធិប្បាយភាគច្រើននៃគ្រូបាធ្យាយអំពីធម៌ “ឱព្រះបិតានៃយើងខ្ញុំ” សម្ដៅទៅលើអ្នកស្វែងយល់ និងពន្លកថ្មី។ ពេលព្រះសហគមន៍សូត្រធម៌សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ គឺប្រជាជននៃ “អស់អ្នកដែលទើបកើតមក” ដែលតែងតែអធិដ្ឋាន និងទទួលធម៌មេត្តាករុណាជានិច្ច (១ពត្រ ២,១-១០)។
២៧៧០. ក្នុងពិធីបុណ្យនៃអភិបូជា សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាការអធិដ្ឋាននៃព្រះសហគមន៍ទាំង មូល។ នៅពេលនោះ ព្រះជាម្ចាស់សម្ដែងអត្ថន័យពេញលេញ និងប្រសិទ្ធភាពនៃសេចក្ដីអធិដ្ឋាននេះ។ សេចក្ដីអធិដ្ឋាននេះ ស្ថិតនៅរវាងធម៌អរព្រះគុណ និងពិធីទទួលព្រះកាយ ប្រមូលសំណូមពរ និងពាក្យជួយអង្វរទាំងឡាយ ដែលធម៌ “គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត ជាដើម” បានសរុប ហើយគោះទ្វារនៃពិធីជប់លៀងនៃព្រះរាជ្យ ដែលយើងប្រកាសទុកជាមុនពេលទទួលព្រះកាយព្រះគ្រីស្ត។
២៧៧១. ក្នុងអគ្គសញ្ញាអរព្រះគុណ សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់សម្ដែងថា សំណូមពរនឹងសម្រេច នៅពេលអវសានកាលនៃពិភពលោក ។ សេចក្ដីអធិដ្ឋាននេះ ជាសេចក្ដីអធិដ្ឋាននៃ “ពេលចុងក្រោយបំផុត” ជាពេលនៃការសង្រ្គោះ ដែលបានចាប់ផ្ដើម ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែលនឹងបញ្ចប់នៅពេលព្រះអម្ចាស់នឹងយាងមកវិញ។ សំណូមពរចំពោះព្រះបិតានៃយើងខ្ញុំ ផ្ទុយពីសេចក្ដីអធិដ្ឋាននៃសម្ពន្ធមេត្រីចាស់ ពឹងផ្អែកលើគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ដែលបានកើតជារូបរាងរួចហើយ ម្តងជាការស្រេច ក្នុងអង្គព្រះគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មថ្មី។
២៧៧២. សេចក្ដីសង្ឃឹមផុសចេញពីជំនឿដែលមិនចេះប្រែប្រួលនេះ ហើយលើកសំណូមពរទាំងប្រាំពីរនីមួយៗ ដែលសម្ដែងនូវពាក្យត្អូញត្អែរនៃបច្ចុប្បន្នកាល ជាពេលនៃភាពអត់ធ្មត់ និងការរង់ចាំ ជាពេលដែល “ព្រះជាម្ចាស់ពុំទាន់បានសម្ដែងឱ្យយើងដឹងនៅឡើយ អ្វីដែលយើងនឹងទៅជាយ៉ាងណាៗនោះទេ” (១យហ ៣,២) (កូឡ ៣,៤)។ អគ្គសញ្ញាអរព្រះគុណ និងធម៌ “ឱព្រះបិតានៃយើងខ្ញុំ” មាន “រហូតដល់ព្រះអម្ចាស់យាងមកវិញ” (១ករ ១១,២៦)។
សង្ខេប
២៧៧៣. ដើម្បីឆ្លើយតបនឹងក្រុមសាវ័ក (“បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន” លក ១១,១) ព្រះយេស៊ូប្រគល់ឱ្យគេនូវសេចក្ដីអធិដ្ឋានសំខាន់ៗជាងគេបំផុតនៃគ្រីស្តសាសនា។
២៧៧៤. សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យពិតជាសេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល (លោក ទែរទូលីយ៉ាំង) ជាសេចក្ដីអធិដ្ឋានដ៏ល្អឥតខ្ចោះ (សន្ត ថូម៉ាស នៃអាកាំង)។ សេចក្ដីអធិដ្ឋាននេះ ជាស្នូលនៃព្រះគម្ពីរ។
២៧៧៥. គេហៅសេចក្ដីអធិដ្ឋាននេះថា “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យ” ដ្បិតសេចក្ដីអធិដ្ឋាននេះមកពីព្រះ យេស៊ូ ជាម្ចាស់ និងគំរូឱ្យយើងអធិដ្ឋាន។
២៧៧៦. សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាការអធិដ្ឋានយ៉ាងពិសេសរបស់ព្រះសហគមន៍ ជាផ្នែកសំខាន់បំផុតនៃការអធិដ្ឋានតាមពេលកំណត់ និងរបស់អគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ គឺពិធីជ្រមុជទឹក ពិធីលាបថ្ងាស និងពិធីអរព្រះគុណ។ ក្នុងអគ្គសញ្ញាអរព្រះគុណ សេចក្ដីអធិដ្ឋាននេះសម្ដែងថា សំណូមពរនឹងសម្រេច នៅពេលអវសានកាលនៃពិភពលោក ដោយជឿសង្ឃឹមលើព្រះអម្ចាស់ “រហូតដល់ព្រះអង្គ នឹងយាងមកវិញ” (១ករ ១១,២៦)។
ប្រការទី២៖“ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ”
១. “ត្រូវហ៊ានចូលនៅជិតព្រះជាម្ចាស់ពោរពេញដោយទំនុកចិត្ត”
២៧៧៧. ក្នុងពិធីបុណ្យអភិបូជានៃទីក្រុងរ៉ូម គេសូមឱ្យអង្គប្រជុំសូត្រធម៌ “ឱព្រះបិតានៃយើងខ្ញុំ” ដោយមានចិត្តក្លាហាន។ ពិធីបុណ្យខាងបូព៌ាប្រទេសប្រើពាក្យសម្តីស្រដៀងគ្នា៖ “ហ៊ានដោយជឿទុកចិត្ត” “សូមព្រះអង្គប្រោសឱ្យយើងសមនឹង”។ ពីមុខគម្ពោតដែលដុតតែមិនឆេះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ “កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ” (សរ ៣,៥)។ មានតែព្រះយេស៊ូទេ ដែលអាចឆ្លងកាត់កន្លែងដ៏វិសុទ្ធនេះ ព្រះអង្គបាន “ប្រោសមនុស្សឱ្យបានបរិសុទ្ធផុតពីអំពើបាបរួចហើយ” (ហប ១,៣) នាំយើងជួបព្រះភ័ក្រ្តព្រះបិតា៖ “ខ្ញុំនៅឯនេះ រួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឱ្យខ្ញុំ” (ហប ២,១៣)៖
ការដឹងខ្លួនថា យើងជាទាសករ នឹងជម្រុញយើងឱ្យខ្មាស់អៀន លក្ខណៈរបស់យើងនៅលើផែនដីនេះ នឹងរលាយជាធូលីដី បើគ្មានឫទ្ធានុភាពរបស់ព្រះបិតានៃយើងផ្ទាល់ និងព្រះវិញ្ញាណនៃព្រះបុត្រាព្រះអង្គ ដែលមកជម្រុញយើងឱ្យស្រែកឡើងថា៖ “អប្បា ឱព្រះបិតា!” (រម ៨,១៥)។ (...) តើយើងជាមនុស្សទន់ខ្សោយ ដែលត្រូវស្លាប់ហ៊ានស្រែកហៅព្រះអង្គដូច្នេះទេ? (សន្ត សិលា គ្រីសូឡូង)។
២៧៧៨. ក្នុងពិធីបុណ្យខាងបស្ចិម និងបូព៌ាប្រទេស ឫទ្ធានុភាពនៃព្រះវិញ្ញាណនេះ សម្ដែងឱ្យយើងសូត្រសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ដោយប្រើពាក្យសម្តីដ៏ល្អៗនៃគ្រីស្តសាសនា គឺ parrhésia បានសេចក្ដីថា មានចិត្តសាមញ្ញដែលមិនចេះវៀចវៃ ជឿទុកចិត្តព្រះជាម្ចាស់ដូចកូនចំពោះឪពុក មានចិត្តរឹងប៉ឹងសង្ឃឹមទៅលើព្រះអង្គដោយត្រេកអរ មានចិត្តក្លហាន និងសុភាពរាបសា ដឹងខ្លួនដោយជឿជាក់ថា ព្រះជាម្ចាស់ស្រលាញ់យើង (អភ ៣,១២ ; ហប ៣,៦ ; ៤,១៦ ; ១០,១៩ ; ១យហ ២,២៨ ; ៣,២១ ; ៥,១៤)។
២. “ឱព្រះបិតាអើយ!”
២៧៧៩. មុននឹងឈានទៅដល់សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ គួរបន្សុទ្ធចិត្តយើងឱ្យចេញផុតពីគំនិតក្លែងក្លាយនៃ “លោកីយ៍នេះ”។ យើងត្រូវមានចិត្តសុភាពរាបសា ទទួលស្គាល់ថា “គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះឫទ័យសម្ដែងឱ្យស្គាល់នោះទេ” ពោលគឺ “អ្នកតូចតាច” (មថ ១១,២៥-២៧)។ យើងក៏ត្រូវបន្សុទ្ធចិត្ត យើងឱ្យចេញផុតពីគំនិតនៃមាតាបិតា ដែលមកពីប្រវត្តិ ឬពីវប្បធម៌ផ្ទាល់ខ្លួន ដែលមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាព្រះបិតានៃយើងហួស និងលើសគំនិតនៃពិភពលោក។ ពេលយើងដាក់ចិត្តនៅលើព្រះជាម្ចាស់ ឬប្រឆាំងនឹងព្រះអង្គ ហាក់ដូចជាយើងបង្កើតព្រះក្លែងក្លាយ ដែលយើងត្រូវក្រាបថ្វាយបង្គំ ឬត្រូវបំផ្លាញ។ ពេលយើងអធិដ្ឋានព្រះបិតា យើងចូលក្នុងអាថ៌កំបាំងរបស់ព្រះអង្គ ទៅតាមសភាពរបស់ព្រះអង្គ និងទៅតាមអ្វីៗដែលព្រះបុត្រាបានសម្ដែងឱ្យយើងស្គាល់៖
ព្រះជាម្ចាស់មិនដែលសម្ដែងពាក្យសម្តី “ព្រះជាម្ចាស់ជាព្រះបិតា” ឱ្យនរណាស្គាល់ឡើយ។ ពេលលោកម៉ូសេផ្ទាល់ទូលសួរថា តើព្រះអង្គជានរណា លោកក៏បានឮព្រះនាមផ្សេងមួយទៀត។ ចំពោះយើង ព្រះបុត្រាបានសម្ដែងព្រះនាមព្រះអង្គក្នុងអង្គព្រះអង្គ ដ្បិតព្រះនាមនេះ សម្ដៅទៅលើព្រះនាមថ្មី គឺព្រះបិតា (លោក ទែរទូលីយ៉ាំង)។
២៧៨០. យើងអាចទូលអង្វរព្រះជាម្ចាស់ដូចជា “ព្រះបិតា” ដ្បិតព្រះបុត្រាកើតជាមនុស្ស និងព្រះវិញ្ញាណព្រះអង្គសម្ដែងព្រះអង្គឱ្យយើងស្គាល់។ អ្វីដែលមនុស្សលោកមិនអាចនឹកគិតដល់ ឬពួកទេវទូតមិនអាចយល់ឃើញបានទេ ពោលគឺទំនាក់ទំនងរវាងព្រះបុត្រាចំពោះព្រះបិតា (យហ ១,១) ព្រះវិញ្ញាណនៃព្រះបុត្រាធ្វើឱ្យយើងអាចចូលរួមចំណែកបានដែរ ដោយជឿថា ព្រះយេស៊ូជាព្រះគ្រីស្ត ហើយយើងកើតមកពីព្រះជាម្ចាស់ (១យហ ៥,១) ។
២៧៨១. ពេលយើងអធិដ្ឋានព្រះបិតា យើងរួមរស់ជាមួយព្រះអង្គ និងជាមួយព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត (១យហ ១,៣)។ ពេលនោះ យើងស្គាល់ និងទទួលស្គាល់ព្រះអង្គ ដោយរំភើបចិត្តកាន់តែខ្លាំងទៅៗ។ តាមការពិត ពេលយើងពោលពាក្យសម្តីដំបូងនៃសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ យើងលើកតម្កើងព្រះបិតាមុននឹងអង្វរព្រះអង្គ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់ គឺឱ្យយើងទទួលស្គាល់ថា ព្រះអង្គជា “ព្រះបិតា” ជាព្រះដ៏ពិតប្រាកដ។ យើងអរព្រះគុណព្រះអង្គ ដែលបានសម្ដែងព្រះនាមព្រះអង្គឱ្យយើងស្គាល់ ដែលបានប្រោសយើងឱ្យជឿលើព្រះអង្គ ហើយដែលគង់នៅក្នុងខ្លួនយើង។
២៧៨២. យើងអាចក្រាបថ្វាយបង្គំព្រះបិតា ពីព្រោះព្រះអង្គបានប្រោសយើងឱ្យកើតសាជាថ្មី និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ នៅក្នុងអង្គព្រះបុត្រាតែមួយរបស់ព្រះអង្គ៖ ដោយសារពិធីបុណ្យជ្រមុជទឹក ព្រះអង្គប្រោសយើងឱ្យរួបរួមក្នុងព្រះកាយព្រះគ្រីស្ត ហើយដោយសារប្រេងអភិសេកនៃព្រះវិញ្ញាណព្រះអង្គ ដែលហូរពីព្រះសិរសាដល់អវយវៈ ព្រះអង្គប្រោសយើងឱ្យទៅជា “ព្រះគ្រីស្ត”៖
តាមការពិត ព្រះជាម្ចាស់ ដែលបានតម្រូវយើងទុកជាមុនឱ្យទៅជាបុត្រធីតា បានប្រោសយើងឱ្យសមស្របទៅនឹងព្រះកាយពោរពេញដោយសិរីរុងរឿងរបស់ព្រះគ្រីស្ត។ ដូច្នេះ ចាប់តាំងពីពេលនេះទៅ បងប្អូន ដែលរួមចំណែកជាមួយព្រះគ្រីស្ត គេត្រូវហៅថា “ព្រះគ្រីស្ត” (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។
មនុស្សលោកថ្មី ដែលបានកើតជាថ្មី ហើយដែលព្រះហឫទ័យប្រណីសន្តោសប្រោសឱ្យរួមជាមួយព្រះជាម្ចាស់វិញ ពោលថា “ឱព្រះបិតា!” ដ្បិតគេបានក្លាយទៅជាបុត្រធីតា (សន្ត ស៊ីព្រីយ៉ាំង)។
២៧៨៣. ហេតុនេះហើយ បានជាដោយសារសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ព្រះជាម្ចាស់សម្ដែងឋានៈរបស់យើងឱ្យយើងស្គាល់ ដូចព្រះអង្គសម្ដែងព្រះបិតាឱ្យយើងស្គាល់ផងដែរ (GS ២២,១)៖
ឱមនុស្សអើយ! អ្នកមិនហ៊ានលើកមុខឡើងទៅលើទេ អ្នកឈ្ងិកមើលដី ស្រាប់តែអ្នកបានទទួលការប្រោសប្រណីពីព្រះគ្រីស្ត គឺព្រះអង្គបានលើកលែងទោសឱ្យអ្នករួចពីអំពើបាបទាំងអស់។ ទៅពីអ្នកបម្រើអាក្រក់ អ្នកបានក្លាយទៅជាបុត្រដ៏ល្អ (...)។ ចូរងើបមុខមើលទៅព្រះបិតា ដែលបានលោះអ្នកដោយសារព្រះបុត្រារបស់ព្រះអង្គ ហើយចូរពោលថា៖ ឱព្រះបិតានៃយើងខ្ញុំ (...)។ ប៉ុន្តែ កុំទាមទារសិទ្ធពិសេសណាមួយឱ្យសោះ។ ដោយឡែក ព្រះអង្គជាព្រះបិតានៃព្រះគ្រីស្តមួយអង្គគត់ ឯយើងវិញ ព្រះអង្គបានបង្កើតយើង។ ដោយមានការប្រោសប្រណីជួយឧបត្ថម្ភ ចូរអ្នកពោលថា៖ ឱព្រះបិតានៃយើងខ្ញុំ ដើម្បីបានសមជាបុត្រធីតារបស់ព្រះអង្គ (សន្ត អំប្រ័រ)។
២៧៨៤. ទោះបីព្រះជាម្ចាស់ប្រោសយើងឱ្យទៅជាបុត្រធីតា ដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់របស់ព្រះអង្គយ៉ាងណាក៏ដោយ ក៏យើងត្រូវតែកែប្រែចិត្តគំនិតជានិច្ច និងរស់នៅតាមរបៀបថ្មី ។ ពេលយើងអធិដ្ឋានព្រះបិតារបស់យើង យើងត្រូវតែ៖
- មានបំណងប្រាថ្នាយកតម្រាប់តាមព្រះអង្គ ៖ ព្រះជាម្ចាស់បានបង្កើតយើងជារូបតំណាងរបស់ព្រះអង្គ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គប្រោសយើងឱ្យមានលក្ខណៈរបស់ព្រះអង្គវិញ យើងក៏ត្រូវតែឆ្លើយតបនឹងព្រះអង្គ។
ត្រូវតែរំលឹកថា ពេលយើងហៅព្រះជាម្ចាស់ “ព្រះបិតានៃយើងខ្ញុំ” យើងក៏ត្រូវមានរបៀបរស់នៅដូចបុត្រធីតារបស់ព្រះជាម្ចាស់ (សន្ត ស៊ីពី្រយ៉ាំង)។
អ្នករាល់គ្នាមិនអាចហៅព្រះបិតារបស់អ្នករាល់គ្នា ជាព្រះដ៏ពោរពេញដោយសប្បុរសធម៌ បើអ្នករាល់គ្នានៅតែមានចិត្តអាក្រក់ ដ្បិតពេលនោះ អ្នករាល់គ្នាគ្មានសញ្ញាសម្គាល់នៃសប្បុរសធម៌របស់ព្រះបិតាដែលគង់នៅស្ថានបរមសុខឡើយ (សន្ត យ៉ូហាន គ្រីសូស្តូម)។
ត្រូវតែមើលឃើញសោភ័ណភាពនៃព្រះបិតាជានិច្ច ហើយសោភ័ណភាពនេះជ្រួតជ្រាបក្នុងព្រលឹងយើង (សន្ត គ្រែគ័រ នៃនីស)។
- មានចិត្តសុភាពរាបសាដោយជឿទុកចិត្តលើព្រះអង្គ ដែលធ្វើឱ្យយើងត្រឡប់ទៅជា “ដូចក្មេងតូចៗ” (មថ ១៨,៣) ដ្បិតព្រះបិតាសម្ដែងព្រះអង្គឱ្យ “អ្នកតូចតាច” ស្គាល់ (មថ ១១,២៥)។
ត្រូវមើលឃើញព្រះជាម្ចាស់តែប៉ុណ្ណោះ ដូចជាភ្នក់ភ្លើងដ៏ធំនៃសេចក្ដីស្រលាញ់។ ព្រលឹងរលាយនៅក្នុងភ្លើងនេះ ពោរពេញទៅដោយសុភមង្គលដ៏វិសុទ្ធ ហើយនិយាយសន្ទនាជាមួយព្រះជាម្ចាស់ ដូចព្រះបិតារបស់ខ្លួនឯង យ៉ាងស្និទស្នាល និងថ្នាក់ថ្នមជាទីបំផុត (សន្ត យ៉ូហាន កាស៊ីយ៉ាំង)។
ព្រះបិតានៃយើងខ្ញុំ៖ ព្រះនាមនេះ ជម្រុញយើងឱ្យអធិដ្ឋានដោយក្ដីស្រលាញ់ និងមេត្រីភាព (...) ដោយសង្ឃឹមថា យើងនឹងទទួលអ្វីដែលយើងនឹងសូម (...)។ តើព្រះអង្គអាចបដិសេធអ្វីខ្លះចំពោះពាក្យអង្វរនៃបុត្រធីតារបស់ព្រះអង្គ នៅពេលដែលព្រះអង្គបានទុកគេជាបុត្រធីតាហើយនោះ? (សន្ត អូគូស្តាំង)។
៣. ព្រះបិតា “យើងខ្ញុំ”
២៧៨៦. ព្រះបិតា “យើងខ្ញុំ” ទាក់ទងនឹងព្រះជាម្ចាស់។ គុណសព្ទនេះ មិនសម្ដែងថា ព្រះបិតាជាកម្មសិទ្ធរបស់យើងទេ ប៉ុន្តែ សម្ដែងថា យើងមានទំនាក់ទំនងថ្មីៗជាមួយនឹងព្រះជាម្ចាស់។
២៧៨៧. ពេលយើងពោលថា “ព្រះបិតានៃយើងខ្ញុំ” យើងទទួលស្គាល់ថា ព្រះបន្ទូលសន្យាប្រកបដោយសេចក្ដីស្រលាញ់របស់ព្រះអង្គ ដែលពួកព្យាការីបានប្រកាសទុកជាមុន បានកើតជារូបរាងហើយ ក្នុងសម្ពន្ធមេត្រីថ្មី និងអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត គឺយើងបានទៅជាប្រជាជន “របស់” ព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គជាព្រះ “របស់” យើង។ យើងមានទំនាក់ទំនងថ្មីជាមួយព្រះជាម្ចាស់ យើងក៏ជាកម្មសិទ្ធរវាងគ្នានិងគ្នា ដោយមិនគិតអំពីប្រយោជន៍ផ្ទាល់៖ យើងត្រូវឆ្លើយនឹង “ព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីពិត” (យហ ១,១៧) ដែលព្រះជាម្ចាស់បានប្រោសប្រទានមកយើងតាមរយៈព្រះយេស៊ូគ្រីស្ត ដោយសេចក្ដីស្រលាញ់ និងភក្តីភាព (ហស ២,២១-២២ ; ៦,១-៦)។
២៧៨៨. ដោយសារសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាសេចក្ដីអធិដ្ឋាននៃប្រជាជនរបស់ព្រះអង្គ “នៅពេលចុងក្រោយបំផុត” ពាក្យ “យើងខ្ញុំ” សម្ដែងថា យើងជឿជាក់ និងសង្ឃឹមយ៉ាងច្បាស់លាស់ ក្នុងព្រះបន្ទូលសន្យាចុងក្រោយរបស់ព្រះជាម្ចាស់ គឺក្នុងទីក្រុងយេរូសាឡឹមថ្មី ព្រះអង្គនឹងមានព្រះបន្ទូលទៅអ្នកដែលមានជ័យជំនះថា៖ “យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្រធីតារបស់យើង” (វវ ២១,៧)។
២៧៨៩. ដោយអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” យើងសម្ដៅទៅលើព្រះបិតារបស់ព្រះអម្ចាស់នៃយើង គឺព្រះយេស៊ូគ្រីស្ត។ យើងមិនបំបែកព្រះជាម្ចាស់ទេ ដ្បិតព្រះបិតាជា “ប្រភព និងដើមហេតុ” នៃជាតិជាព្រះជាម្ចាស់ ប៉ុន្តែ យើងប្រកាសថា ព្រះបុត្រាទទួលព្រះជន្មពីព្រះអង្គ ហើយព្រះវិញ្ញាណដ៏វិសុទ្ធហូរចេញពីព្រះអង្គផងដែរ។ យើងក៏មិនច្រឡំព្រះអង្គនីមួយៗផងដែរ ដ្បិតយើងប្រកាសថា យើងរួមរស់ជាមួយព្រះបិតា និងព្រះបុត្រាព្រះអង្គព្រះយេស៊ូគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណតែមួយរបស់អង្គទាំងពីរព្រះអង្គ។ ព្រះត្រៃឯកដ៏វិសុទ្ធរួមសភាពជាមួយគ្នា និងមិនអាចបំបែកចេញពីគ្នាបានទេ។ ពេលយើងអធិដ្ឋានព្រះបិតា យើងក្រាបថ្វាយបង្គំ និងលើកតម្កើងព្រះអង្គ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
២៧៩០. មានព្រះជាម្ចាស់តែមួយ ហើយអស់អ្នក ដែលបានកើតសាជាថ្មីពីទឹក និងពីព្រះវិញ្ញាណព្រះអង្គ (១យហ ៥,១ ; ១យហ ៣,៥) ដោយបានផ្ញើជីវិតទាំងស្រុងទៅលើព្រះបុត្រាតែមួយរបស់ព្រះអង្គ ទទួលស្គាល់ថា ព្រះនេះ ជាព្រះបិតា។ ក្នុងព្រះសហគមន៍ ព្រះជាម្ចាស់ និងមនុស្សរួមរស់ជាមួយគ្នាសាជាថ្មី គឺព្រះសហគមន៍រួបរួមជាមួយព្រះបុត្រាតែមួយ ដែលបានក្លាយទៅជា “រៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន” (រម ៨,២៩) ព្រះសហគមន៍រួមរស់ជាមួយព្រះបិតាតែមួយ ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធតែមួយ (អភ ៤,៤-៦)។ ពេលអធិដ្ឋានព្រះបិតា “យើងខ្ញុំ” គ្រីស្តបរិស័ទគ្រប់ៗរូបអធិដ្ឋាន ដោយរួមរស់ជាមួយព្រះជាម្ចាស់ និងដោយរួមរស់ជាមួយគ្នាផង៖ “អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ” (កក ៤,៣២)។
២៧៩១. ហេតុនេះហើយ ទោះជាគ្រីស្តបរិស័ទបាក់បែកគ្នាយ៉ាងណាក៏ដោយ ក៏សេចក្ដីអធិដ្ឋានចំពោះព្រះបិតានៃ “យើងខ្ញុំ” នៅតែជាសម្បត្តិរួម ហើយជាការត្រាស់ហៅចំពោះគ្រីស្តបរិស័ទគ្រប់ៗរូប គឺដោយសារគេរួមជាមួយគ្នាដោយផ្ញើជីវិតទៅលើព្រះគ្រីស្ត និងដោយទទួលពិធីជ្រមុជទឹក គេក៏ត្រូវតែចូលរួមចំណែកក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូ ដើម្បីឱ្យសាវ័កព្រះអង្គរួមគ្នាជាធ្លុងតែមួយ (UR ៨ ; ២២)។
២៧៩២. ទីបំផុត បើយើងអធិដ្ឋានព្រះបិតា “យើងខ្ញុំ” ដោយសេចក្ដីពិត យើងលែងគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដ្បិតសេចក្ដីស្រលាញ់ដែលយើងទទួល រំដោះយើងឱ្យរួចពីគិតបែបនេះ។ “យើងខ្ញុំ” ក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់មិនប្រកាន់អ្នកណាឡើយ។ ដើម្បីពោល “យើងខ្ញុំ” ដោយសេចក្ដីពិត (មថ ៥,២៣- ២៤ ; ៦,១៤-១៦) យើងក៏ត្រូវតែលែងជំទាស់ និងបាក់បែកគ្នា។
២៧៩៣. បើគេមិននឹកគិតដល់ អស់អ្នកដែលព្រះអង្គបានប្រគល់ព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ គ្រីស្តបរិស័ទមិនអាចអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” ឡើយ។ សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់គ្មានព្រំដែនទេ ការអធិដ្ឋានរបស់យើងក៏មិនអាចមានព្រំដែនដែរ (NA ៥)។ ពេលយើងអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” យើងចូលក្នុងសេចក្ដីស្រលាញ់ដែលព្រះគ្រីស្តបានសម្ដែងឱ្យយើងស្គាល់ គឺយើងអធិដ្ឋានរួមជាមួយ និងសម្រាប់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ ដើម្បីឱ្យគេ “រួបរួមជាប្រជាជនតែមួយ” (យហ ១១,៥២)។ ព្រះជាម្ចាស់តែងតែណែនាំអ្នកអធិដ្ឋានដ៏ល្បីឱ្យខ្វល់ខ្វាយអំពីមនុស្សលោកទាំងអស់ និងពិភពលោកទាំងមូល គឺពេលយើងហ៊ានសូត្រធម៌ព្រះបិតានៃ “យើងខ្ញុំ” ព្រះអង្គពង្រីកការអធិដ្ឋានរបស់យើងឱ្យទូលំទូលាយ និងពោរពេញដោយសេចក្ដីស្រលាញ់។
៤. “ដែលគង់នៅស្ថានបរមសុខ”
២៧៩៤. ពាក្យសម្ដីដែលមកពីព្រះគម្ពីរនេះ មិនសម្ដៅទៅលើកន្លែង (“ទីតាំង”) ទេ ប៉ុន្តែ សម្តៅទៅលើស្ថានភាពមួយ។ យ៉ាងណាមីញ ពាក្យសម្តីនេះ មិនសម្ដែងថា ព្រះជាម្ចាស់គង់នៅឆ្ងាយពីយើងទេ ប៉ុន្តែ ព្រះអង្គពោរពេញដោយភាពថ្កុំថ្កើងដ៏ខ្ពង់ខ្ពស់ជាទីបំផុត។ ព្រះបិតារបស់យើងមិនគង់ “នៅកន្លែងផ្សេង” ទេ យើងមិនអាចយល់ឃើញដល់ភាពដ៏វិសុទ្ធដ៏លើសលប់ឥតផ្ទឹមរបស់ព្រះអង្គបានឡើយ។ ដោយសារព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធបំផុត ព្រះអង្គក៏គង់នៅជិតអ្នកដែលមានចិត្តសោកសង្រេង និងសុភាពរាបសា៖
ត្រូវតែយល់ថា ពាក្យសម្ដី “ព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ” សម្ដៅទៅលើចិត្តរបស់មនុស្សសុចរិត ដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់។ យ៉ាងណាមីញ អ្នកអធិដ្ឋាននឹងប៉ងប្រាថ្នាចង់ឱ្យព្រះជាម្ចាស់យាងមកគង់នៅក្នុងចិត្តគេ (សន្ត អូគូស្តាំង)។
“ស្ថានបរមសុខ” អាចសម្ដៅទៅលើអស់អ្នកដែលជារូបដំណាងនៃបរមលោក ហើយដែលមានព្រះជាម្ចាស់គង់នៅ និងយាងកំសាន្ត (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។
២៧៩៥. និមិត្តរូបនៃស្ថានបរមសុខធ្វើឱ្យយើង នឹកគិតដល់គម្រោងការដ៏អស្ចារ្យនៃសម្ពន្ធមេត្រី ដែលយើងទទួលក្នុងពេលអធិដ្ឋាន។ ព្រះអង្គគង់នៅស្ថានបរមសុខ ដែលជាព្រះដំណាក់របស់ព្រះអង្គ ព្រះដំណាក់របស់ព្រះបិតាក៏ជា “មាតុភូមិ” របស់យើងដែរ។ អំពើបាបបាននិរទេសយើងចេញពីទឹកដីនៃសម្ពន្ធមេត្រី (កណ ៣) ពេលយើងកែប្រែចិត្តគំនិត ធ្វើឱ្យយើងត្រឡប់ទៅឯព្រះបិតា គឺស្ថានបរមសុខវិញ (យរ ៣,១៩.៤,១ក ; លក ១៥,១៨.២១)។ ក្នុងអង្គព្រះគ្រីស្ត មេឃ និងដីសម្រុះសម្រួលនឹងគ្នា (អស ៤៥,៨ ; ទន ៨៥,២) ដ្បិតព្រះបុត្រា “យាងចុះពីស្ថានបរមសុខ” តែមួយព្រះអង្គ ហើយទ្រង់ក៏ប្រោសយើងឱ្យឡើងទៅស្ថានបរមសុខ រួមជាមួយព្រះអង្គវិញ ដោយសារព្រះឈើឆ្កាង ដោយព្រះអង្គមានព្រះជន្មថ្មី និងយាងឡើងស្ថានបរមសុខ (យហ ១២,៣២ ; ១៤,២-៣ ; ១៦,២៨ ; ២០,១៧ ; អភ ៤,៩-១០ ; ហប ១,៣ ; ២,១៣)។
២៧៩៦. ពេលព្រះសហគមន៍អធិដ្ឋាន “ព្រះបិតាដែលគង់នៅស្ថានបរមសុខ” ព្រះសហគមន៍ប្រកាសថា យើងជាប្រជាជនរបស់ព្រះជាម្ចាស់ ដែល “អង្គុយលើបល្ល័ង្កនៅស្ថានបរមសុខរួមជាមួយព្រះគ្រីស្តយេស៊ូ” (អភ ២,៦) “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់” (កូឡ ៣,៣) ជាមួយគ្នានេះ “យើងតែងតែត្អូញត្អែរ សង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត គឺឱ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន” (២ករ ៥,២) (ភីល ៣,២០ ; ហប ១៣,១៤)៖
គ្រីស្តបរិស័ទរស់នៅក្នុងលោកីយ៍ ប៉ុន្តែពួកគេមិនរស់នៅតាមលោកីយ៍ទេ។ ពួកគេរស់នៅលើផែនដី តែពួកគេជាប្រជារាស្រ្តនៃស្ថានបរមសុខ (លិខិតផ្ញើជូនលោកឌីយ៉ូញ៉ែត)។
សង្ខេប
២៧៩៧. គួរមានចិត្តសាមញ្ញ និងស្មោះត្រង់ ជឿទុកចិត្ត ដោយមានចិត្តសុភាពរាបសា និងដោយត្រេកអរ ដើម្បីអធិដ្ឋានធម៌ឱព្រះបិតានៃយើងខ្ញុំ។
២៧៩៨. យើងអាចទូលអង្វរព្រះជាម្ចាស់ដូចជា “ព្រះបិតា” ដ្បិតព្រះបុត្រាកើតជាមនុស្ស បានសម្ដែងព្រះអង្គឱ្យយើងស្គាល់។ ម្យ៉ាងទៀត ដោយសារពិធីជ្រមុជទឹក យើងចូលរួមក្នុងអង្គព្រះគ្រីស្ត និងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។
២៧៩៩. សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ធ្វើឱ្យយើងរួបរួមជាមួយព្រះបិតា និងព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត។ ជាមួយគ្នានេះ សេចក្ដីអធិដ្ឋាននេះ សម្ដែងឱ្យយើងស្គាល់ខ្លួនឯង (GS ២២,១)។
២៨០០. នៅពេលដែលយើងអធិដ្ឋានព្រះបិតាយើង យើងមានបំណងយកតម្រាប់តាមព្រះអង្គ និងមានចិត្តសុភាពរាបសាដោយជឿទុកចិត្តលើព្រះអង្គ។
២៨០១. ពេលយើងពោលថា “ព្រះបិតានៃយើងខ្ញុំ” យើងអង្វរសម្ពន្ធមេត្រីថ្មីក្នុងអង្គព្រះយេស៊ូគ្រីស្ត ការរួបរួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធ និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលលាតសន្ធឹងពេញពិភពលោកទាំងមូល តាមរយៈព្រះសហគមន៍។
២៨០២. “ដែលគង់នៅស្ថានបរមសុខ” មិនសម្ដៅទៅលើកន្លែងទេ ប៉ុន្តែសម្ដៅទៅលើភាពថ្កើងថ្កុំខ្ពង់ខ្ពស់ បំផុតរបស់ព្រះជាម្ចាស់ និងវត្តមានរបស់ព្រះអង្គក្នុងចិត្តមនុស្សសុចរិត។ ស្ថានបរមសុខ ជាព្រះដំណាក់របស់ព្រះ បិតា ជាមាតុភូមិយ៉ាងពិតប្រាកដ ដែលយើងតម្រង់ទៅ ហើយដែលជាកម្មសិទ្ធិរបស់យើងរួចទៅហើយ។
ប្រការទី៣៖សំណូមពរទាំងប្រាំពីរ
២៨០៣. ក្រោយពីបានប្រោសយើងឱ្យជួបព្រះជាម្ចាស់ជាព្រះបិតានៃយើង ដើម្បីក្រាបថ្វាយបង្គំ ស្រលាញ់ និងលើកតម្កើងព្រះអង្គ ព្រះវិញ្ញាណធ្វើឱ្យយើងទូលអង្វរព្រះអង្គដោយសំណូមពរទាំងប្រាំពីរ គឺសូមឱ្យព្រះអង្គប្រទានពរប្រាំពីរដង។ សំណូមពរទាំងបីដំបូង ដែលទាក់ទងនឹងព្រះជាម្ចាស់ទាក់ទាញឱ្យយើងទៅរកសិរីរុងរឿងរបស់ព្រះបិតា រីឯសំណូមពរទាំងបួនចុងក្រោយ ហាក់ដូចជាផ្លូវឆ្ពោះទៅកាន់ព្រះអង្គ ថ្វាយភាពវេទនារបស់យើងចំពោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ (ទន ៤២,៨)។
២៨០៤. សំណូមពរដំបូងនាំយើងឆ្ពោះទៅព្រះជាម្ចាស់ ដើម្បីព្រះអង្គ៖ ព្រះនាមរបស់ព្រះអង្គ ព្រះរាជ្យរបស់ព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ! ពេលយើងស្រលាញ់យ៉ាងពិតប្រាកដ យើងនឹកគិតដល់អ្នកដែលយើងស្រលាញ់សិន។ ក្នុងសំណូមពរទាំងបីនោះ យើងមិននិយាយអំពីខ្លួនឯងទេ តែ “បំណងប្រាថ្នាដ៏ខ្លាំង” “សេចក្ដីតាន់តឹង” ផ្ទាល់របស់ព្រះបុត្រាជាទីស្រលាញ់ចំពោះសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គ ដែលប្រោសយើង (លក ២២,១៤ ; ១២,៥០)៖ “សូមឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ (...) សូមឱ្យព្រះរាជ្យយាងមកដល់ (...) សូមឱ្យព្រះហឫទ័យបានសម្រេច (...)៖ យញ្ញបូជារបស់ព្រះគ្រីស្តជាព្រះសង្រ្គោះបានទទួលសំណូមពរទាំងបីនោះហើយ ប៉ុន្តែ ឥឡូវនេះ យើងទូលសូមអង្វរព្រះអង្គ ដោយសង្ឃឹមថា ព្រះអង្គនឹងបំពេញសំណូមពរនោះឱ្យបានពេញលក្ខណៈ រហូតដល់ព្រះជាម្ចាស់គ្រង់រាជ្យលើអ្វីៗទាំងអស់គ្រប់ប្រការ (១ករ ១៥,២៨)។
២៨០៥. សំណូមពរទាំងបួនចុងក្រោយមានដូចក្នុងធម៌ប្រសិទ្ធព្រះកាយនៃអភិបូជា គឺយើងថ្វាយការរង់ចាំទាំងប៉ុន្មានរបស់យើង ហើយយើងទាក់ទាញព្រះបិតានៃធម៌មេត្តាករុណា។ សំណូមពរចេញមកពីយើង ហើយមានប្រយោជន៍សម្រាប់យើងចាប់តាំងពីឥឡូវនេះទៅ នៅក្នុងលោកនេះ៖ “សូមប្រទានឱ្យយើង (...) សូមលើកលែងទោសឱ្យយើង (...) កុំបណ្តោយឱ្យយើង (...) សូមរំដោះយើងខ្ញុំ ”។ សុះណូមពរទីបួន និងទីប្រាំទាក់ទងនឹងការរស់នៅរបស់យើង ដើម្បីឱ្យព្រះអង្គជួយចិញ្ចឹម ឬឱ្យទ្រង់ជួយព្យាបាលពីអំពើបាប។ រីឯសំណូមពរទាំងពីរចុងក្រោយទាក់ទងនឹងការប្រយុទ្ធរបស់យើង ដើម្បីឱ្យជីវិតទទួលជោគជ័យ ជាការប្រយុទ្ធនៃការអធិដ្ឋានផ្ទាល់។
២៨០៦. ដោយសារសំណូមពរទាំងបីដំបូង ព្រះជាម្ចាស់ពង្រឹងជំនឿរបស់យើង ហើយប្រទានសេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់មកយើង។ យើងជាសត្វលោក នៅតែប្រព្រឹត្តអំពើបាប យើងក៏ត្រូវតែសុំសម្រាប់យើង គឺសម្រាប់មនុស្សលោកទាំងអស់ក្នុងពិភពលោកទាំងមូល គ្រប់ជំនាន់ ដែលយើងថ្វាយចំពោះសេចក្ដីស្រលាញ់ដ៏ឥតព្រំដែននៃព្រះរបស់យើង ដ្បិតព្រះបិតារបស់យើងបំពេញគម្រោងការរបស់ព្រះអង្គសង្រ្គោះយើង និងពិភពលោកទាំងមូល តាមរយៈព្រះនាមនៃព្រះគ្រីស្តរបស់ព្រះអង្គ និងការសោយរាជ្យនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ។
១. “សូមឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ”
២៨០៧. តាមភាសាដើម ត្រូវបកប្រែថា “សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ”។ ប្រធាននៃពាក្យ “ឱ្យបានវិសុទ្ធ” មិនមែនជាមនុស្សទេ (មានតែព្រះជាម្ចាស់ដែលប្រោសឱ្យបានវិសុទ្ធ) តែត្រូវតែយល់ថា សូមឱ្យមនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ហើយសូមឱ្យគេគោរពព្រះជាម្ចាស់ដូចជាព្រះដ៏វិសុទ្ធមែន។ ហេតុនេះ ក្នុងការក្រាបថ្វាយបង្គំ យើងអាចយល់សំណូមពរនេះ ដូចជាពាក្យសរសើរ ឬពាក្យអរព្រះគុណព្រះជាម្ចាស់ (ទន ១១១,៩ ; លក ១,៤៩)។ ប៉ុន្តែ ព្រះយេស៊ូបង្រៀនឱ្យយើងសូត្រសំណូមពរនេះ ដូចជាការសុំ បំណងប្រាថ្នា ការរង់ចាំ ដែលព្រះជាម្ចាស់ និងមនុស្សចូលរួមជាមួយគ្នា។ ចាប់តាំងពីសំណូមពរដំបូងចំពោះព្រះបិតា យើងចូលក្នុងអាឋ៌កំបាំងដ៏ស្និទ្ធស្នាលនៃភាពជាព្រះជាម្ចាស់របស់ព្រះអង្គ ហើយក្នុងវិនាដកម្មនៃការសង្រ្គោះជាតិជាមនុស្សរបស់យើង។ ពេលយើងទូលសុំព្រះជាម្ចាស់ឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ យើងចូល “ក្នុងគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គតាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន” ដើម្បីឱ្យយើង “បានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះ ភ័ក្រ្តព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រលាញ់យើង” (អភ ១,៩.៤)។
២៨០៨. នៅពេលដ៏សំខាន់ៗនែការចាត់ចែងរបស់ព្រះជាម្ចាស់ ព្រះអង្គសម្ដែងព្រះនាមព្រះអង្គឱ្យយើងស្គាល់ ប៉ុន្តែព្រះអង្គសម្ដែងព្រះនាមព្រះអង្គ ដោយបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ។ ក៏ប៉ុន្តែ ព្រះរាជកិច្ចនេះ កើតជារូបរាងនៅក្នុងខ្លួនយើង និងដើម្បីយើង ដរាបណាព្រះនាមព្រះអង្គបានវិសុទ្ធនៅក្នុងខ្លួនយើង និងតាមរយៈយើង។
២៨០៩. ភាពដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ជាកន្លែងសំខាន់ នៃអាឋ៌កំបាំងអស់កល្បជានិច្ចរបស់ព្រះអង្គដែលមិនអាចឈានទៅដល់បាន។ ព្រះគម្ពីរហៅសិរីរុងរឿង គឺជារស្មីនៃភាពថ្កុំថ្កើងរបស់ព្រះអង្គ ក្នុងការបង្កើតពិភពលោក និងក្នុងប្រវត្តិសាស្រ្តមនុស្សលោក (ទន ៨ ; អស ៦,៣)។ ដោយព្រះជាម្ចាស់បានធ្វើឱ្យមនុស្ស “ជាតំណាង និងមានលក្ខណៈដូចព្រះអង្គ” (កណ ១,២៦) ព្រះអង្គ “ប្រទានសិរីរុងរឿងដល់គេទុកជាមកុដរាជ្យ” (ទន ៨,៦) ប៉ុន្តែ ដោយសារមនុស្សប្រព្រឹត្តអំពើបាប គេ “គ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ” (រម ៣,២៣)។ ហេតុនេះ ព្រះជាម្ចាស់នឹងសម្ដែងភាពដ៏វិសុទ្ធរបស់ព្រះអង្គ ដោយសម្ដែង និងប្រទានព្រះនាមព្រះអង្គ “ដើម្បីឱ្យបានដូចព្រះអង្គដែលបង្កើតមនុស្សជាថ្មី” (កូឡ ៣,១០)។
២៨១០. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យា និងស្បថ ចំពោះលោកអប្រាហាំ (ហប ៦,១៣) ប៉ុន្តែ ព្រះអង្គមិនសម្ដែងព្រះនាមព្រះអង្គឱ្យលោកស្គាល់ទេ។ ព្រះអង្គចាប់ផ្ដើមសម្ដែងព្រះនាមព្រះអង្គឱ្យលោកម៉ូសេស្គាល់ (សរ ៣,១៤) ហើយទ្រង់លារត្រដាងព្រះនាមព្រះអង្គចំពោះប្រជាជនទាំងមូលដោយសង្រ្គោះពួកគេពីជនជាតិអេស៊ីប៖ “ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់” (សរ ១៥,១)។ តាំងពីព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីលើភ្នំស៊ីណៃ ប្រជាជននេះ ជាប្រជាជន “របស់ព្រះអង្គផ្ទាល់” ហើយពួកគេត្រូវក្លាយទៅជា “ប្រជាជាតិដ៏វិសុទ្ធ” (ឬជាភាសាហេប្រឺ “ដែលបូជាជីវិត” ជាពាក្យតែមួយ - សរ១៩,៥-៦) ដ្បិតព្រះនាមរបស់ព្រះជាម្ចាស់ស្ថិតក្នុងចំណោមពួកគេ។
២៨១១. ក៏ប៉ុន្តែ ទោះបីជាព្រះជាម្ចាស់ដ៏វិសុទ្ធប្រោសប្រទានធម្មវិន័យដ័វិសុទ្ធម្តងហើយ និងម្តងទៀត (លវ ១៩,២៖ “អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ”) ហើយទោះបីជាព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ “ដោយសារព្រះនាមព្រះអង្គ” យ៉ាងណាក៏ដោយ ក៏ប្រជាជនបង្វែរចិត្តគំនិតពីព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ហើយ “បានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់ព្រះអង្គក្នុងចំណោមប្រជាជាតិទាំងឡាយ” (អគ ២០ ; ៣៦) ដែរ។ ហេតុនេះហើយ បានជាមនុស្សសុចរិតនៃសម្ពន្ធមេត្រីចាស់ អ្នកក្រីក្រ ដែលត្រឡប់មកពីនិរទេសវិញ និងពួកព្យាការីឆេះឆួលក្នុងចិត្តចំពោះព្រះនាមព្រះអង្គ។
២៨១២. ទីបំផុត ព្រះជាម្ចាស់សម្ដែង និងប្រទានឱ្យយើងស្គាល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ នៅក្នុងអង្គព្រះយេស៊ូ ដែលកើតជាមនុស្ស ដើម្បីសង្រ្គោះយើង (មថ ១,២១ ; លក ១,៣១) គឺព្រះយេស៊ូសម្ដែងព្រះនាមព្រះអង្គតាមកិច្ចការ ព្រះបន្ទូល និងយញ្ញបូជារបស់ព្រះអង្គ (យហ ៨,២៨ ; ១៧,៨ ; ១៧,១៧-១៩)។ ព្រះនាមព្រះអង្គជាស្នូលនៃសេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូក្នុងឋានៈជាបូជាចារ្យ៖ “បពិត្រព្រះបិតាដ័វិសុទ្ធ (...) ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់ពួកគេ ដើម្បីឱ្យពួកគេបានវិសុទ្ធដោយសារសេចក្ដីពិត” (យហ ១៧,១៩)។ ដោយសារព្រះយេស៊ូផ្ទាល់ “ប្រោសព្រះនាមព្រះអង្គឱ្យបានវិសុទ្ធ” (អគ ២០,៣៩ ; ៣៦,២០-២១) ព្រះអង្គ “សម្ដែង” ព្រះនាមរបស់ព្រះបិតា (យហ ១៧,៦)។ លុះដល់ពេលព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មថ្មីហើយ ព្រះបិតាប្រទានឱ្យព្រះអង្គព្រះនាមប្រសើរលើសអ្វីៗទាំងអស់ គឺព្រះយេស៊ូជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា (ភីល ២,៩-១១)។
២៨១៣. ក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក “ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានឱ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឱ្យបងប្អូនបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចទៅហើយ” (១ករ ៦,១១)។ ព្រះបិតានៃយើង “ត្រាស់ហៅយើងឱ្យបានវិសុទ្ធ” (១ថស ៤,៧) ក្នុងគ្រប់កិច្ចការទាំងអស់ “គឺព្រះអង្គនេះហើយ ដែលបានប្រោសឱ្យបងប្អូនឱ្យមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ដែលបានវិសុទ្ធសម្រាប់យើង” (១ករ ១,៣០) ព្រះនាមរបស់ព្រះអង្គត្រូវបានវិសុទ្ធក្នុងខ្លួនយើង និងតាមរយៈយើង ដើម្បីសិរីរុងរឿរបស់ព្រះអង្គ និងជីវិតរបស់យើងផង ដែរ។ ហេតុនេះហើយ បានជាសំណូមពរដំបូងរបស់យើងសំខាន់ណាស់។
តើនរណាអាចធ្វើឱ្យព្រះជាម្ចាស់បានវិសុទ្ធ ដ្បិតគឺព្រះអង្គផ្ទាល់ដែលប្រោសឱ្យបានវិសុទ្ធ? ប៉ុន្តែ ដោយទទួលយកព្រះបន្ទូលនេះ “អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ” (លវ ២០,២៦) សូមឱ្យយើង បានវិសុទ្ធដោយពិធីជ្រមុជទឹក យើងនឹងព្យាយាមឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ គ្រប់ពេល ពីព្រោះរៀងរាល់ថ្ងៃ យើងតែងតែប្រព្រឹត្តខុស ហើយយើងត្រូវជម្រះអំពើបាបយើង ដោយបានវិសុទ្ធជារៀងរហូត (...)។ ដូច្នេះ យើងយកការអធិដ្ឋានធ្វើជាទីពឹង ដើម្បីឱ្យភាពដ៏វិសុទ្ធរបស់ព្រះអង្គស្ថិតនៅក្នុងខ្លួនយើង (សន្ត ស៊ីព្រីយ៉ាំង)។
២៨១៤. ព្រះនាមរបស់ព្រះជាម្ចាស់បានវិសុទ្ធនៅក្នុងចំណោមប្រជាជាតិនាន គឺអាស្រ័យទៅលើការរស់នៅ និងការអធិដ្ឋានរបស់យើង ដែលមិនអាចបំបែកចេញពីគ្នាបានឡើយ៖
យើងសូមឱ្យព្រះជាម្ចាស់ប្រោសព្រះនាមព្រះអង្គឱ្យបានវិសុទ្ធ ដ្បិតព្រះអង្គសង្រ្គោះ និងប្រោសសត្វលោកទាំងអស់ឱ្យបានវិសុទ្ធ ដោយសារភាពដ័វិសុទ្ធ (...) គឺព្រះនាមដែលប្រទានការសង្រ្គោះដល់ពិភពលោកដែលវង្វេង ប៉ុន្តែយើងសូមឱ្យព្រះជាម្ចាស់ប្រោសព្រះនាមព្រះអង្គនេះឱ្យបានវិសុទ្ធ ក្នុងខ្លួនយើង ដោយសារការរស់នៅរបស់យើង ដ្បិតបើយើងមានការរស់នៅត្រឹមត្រូវ ព្រះនាមព្រះអង្គបានវិសុទ្ធ ប៉ុន្តែ បើរបៀបរស់នៅរបស់យើងមិនត្រឹមត្រូវទេ គឺយើងប្រមាថព្រះនាមព្រះអង្គ តាមពាក្យសម្តីរបស់គ្រីស្តទូតប៉ូល៖ “ព្រោះតែអ្នករាល់គ្នា បានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់” (រម ២,២៤ ; អគ ៣៦,២០- ២២)។ ដូច្នេះ យើងអធិដ្ឋានឱ្យសមនឹងភាពដ៏វិសុទ្ធក្នុងព្រលឹងយើង ដូចព្រះនាមដ៏វិសុទ្ធនៃព្រះជាម្ចាស់ដូច្នេះដែរ (សន្ត សិលា គ្រីសូឡូង)។
ពេលយើងនិយាយថា “សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ” គឺយើងសូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធក្នុងខ្លួនយើង ដែលយើងនៅក្នុងអង្គព្រះអង្គ ហើយនៅក្នុងអ្នកដទៃ ដែលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់នៅតែរង់ចាំនៅឡើយ ដើម្បីឱ្យយើងសម្របតាមវិន័យដែលបង្ខំឱ្យអធិដ្ឋានចំពោះមនុស្សទាំងអស់ សូម្បីតែខ្មាំងសត្រូវរបស់យើងដែរ។ ហេតុនេះហើយ បានជាយើងមិននិយាយចំៗថា៖ សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ “នៅក្នុងខ្លួនយើង” ដ្បិតយើងសូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធក្នុងមនុស្សទាំងអស់ (សន្ត ទែរទូលីយ៉ាំង)។
២៨១៥. សំណូមពរនេះ ដែលមានសំណូមពរផ្សេងៗ ក៏ដូចជាសំណូមពរទាំងប្រាំមួយប្រការ ត្រូវបានទទួលដោយការអធិដ្ឋានរបស់ព្រះគ្រីស្ត ។ ការអធិដ្ឋានដល់ព្រះបិតាជាការអធិដ្ឋានរបស់យើង លុះត្រាតែយើងអធិដ្ឋាន “ក្នុងនាម ” នៃព្រះយេស៊ូ (យហ ១៤,១៣ ; ១៥,១៦ ; ១៦,២៤.២៦)។ ក្នុងឋានៈជាបូជាចារ្យ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង” (យហ ១៧,១១)។
២. “សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់”
២៨១៦. ក្នុងសម្ពន្ធមេត្រីថ្មី យើងអាចបក្របែពាក្យ Basilea បានបីយ៉ាង គឺ “នៃព្រះមហាក្សត្រ” “ព្រះរាជាណាចក្រ” ឬ “រាជ្យ”។ ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងដល់មុនយើង បានយាងចូលជិតក្នុងអង្គព្រះបន្ទូលប្រសូតជាមនុស្ស ដែលត្រូវគេប្រកាសតាមរយៈដំណឹងល្អទាំងមូល ហើយបានយាងមកពេលព្រះគ្រីស្តសោយទិវង្គត និងមានព្រះជន្មថ្មី។ ពិធីជប់លៀងចុងក្រោយ និងអភិបូជាជាវេលាដែលព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមក។ ព្រះរាជ្យព្រះអង្គស្ថិតនៅក្នុងចំណោមយើង។ ព្រះរាជ្យនឹងយាងមកប្រកបដោយសិរីរុងរឿង នៅពេលព្រះគ្រីស្តនឹងថ្វាយព្រះរាជ្យនេះ ទៅឯព្រះបិតារបស់ព្រះអង្គវិញ៖
ប្រហែលជាព្រះរាជ្យរបស់ព្រះជាម្ចាស់ជាព្រះគ្រីស្តផ្ទាល់ ដែលយើងទន្ធឹងរង់ចាំជារៀងរាល់ថ្ងៃ ចង់ឱ្យព្រះអង្គយាងមកគ្រងរាជ្យយ៉ាងឆាប់រហ័ស។ ព្រះអង្គជាជីវិតថ្មីរបស់យើង ដ្បិតយើងនឹងមានជីវិតថ្មីក្នុងអង្គព្រះអង្គយ៉ាងណា ព្រះអង្គអាចជាព្រះរាជ្យរបស់ព្រះជាម្ចាស់ ដ្បិតយើងនឹងគ្រងរាជ្យក្នុងអង្គព្រះអង្គយ៉ាងនោះដែរ (សន្ត ស៊ីព្រីយ៉ាំង)។
២៨១៧. ការសុំនេះ គឺជា “Maranatha ” (ម៉ារ៉ាណាថា) ព្រះសូរសៀងរបស់ព្រះវិញ្ញាណ និងរបស់ព្រះមហេសី៖ “ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក”៖
ទោះបីជាការអធិដ្ឋាននេះ មិនបានជម្រុញឱ្យយើងសុំព្រះរាជ្យនេះយាងមកដល់ក៏ដោយ ក៏យើងនៅតែទទូចទូលអង្វរព្រះអង្គបំពេញសេចក្ដីសង្ឃឹមរបស់យើង។ ក្រោមអាសនៈ ព្រលឹងនៃមរណៈសាក្សីទូលអង្វរព្រះអម្ចាស់យ៉ាងខ្លាំងៗថា៖ “ឱព្រះអម្ចាស់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?” (វវ ៦,១០)។ តាមការពិត ពួកគាត់ត្រូវតែទទួលយុត្តិធម៌ នៅពេលអវសានកាលនៃពិភពលោក។ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យព្រះអង្គយាងមកយ៉ាងឆាប់រហ័ស (លោក ទែរទូលីយ៉ាំង)។
២៨១៨. ក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ យើងសូមឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមក នៅពេលដែលព្រះគ្រីស្តនឹងយាងមកវិញ (ទត ២,១៣) ប៉ុន្តែបំណងប្រាថ្នានេះ មិនបង្វែរចិត្តគំនិតរបស់ព្រះ សហគមន៍អំពីបេសកកម្មរបស់ខ្លួន នៅក្នុងលោកនេះទេ ផ្ទុយទៅវិញជម្រុញឱ្យព្រះសហគមន៍បំពេញបេសកកម្មនេះ ដ្បិតតាំងពីបុណ្យព្រះវិញ្ញាណយាងមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះរាជកិច្ចឱ្យព្រះរាជ្យយាងមក ទ្រង់ “បន្តការសង្រ្គោះរបស់ព្រះបុត្រាក្នុងលោកនេះ និងប្រទានឱ្យមនុស្សលោកបានវិសុទ្ធយ៉ាងពេញលេញ” (MR ធម៌អរព្រះគុណទី៤)។
២៨១៩. “ព្រះរាជ្យរបស់ព្រះជាម្ចាស់អាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ” (រម ១៤,១៧)។ ពេលកំណត់ចុងក្រោយរបស់យើងនោះ ជាពេលនៃព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបង្ហូរ។ ហេតុនេះ ហើយបានជា “ជីវិតខាងលោកីយ៍” និងព្រះវិញ្ញាណបានចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងគ្នាជាដាច់ខាត (កាឡ ៥,១៦-២៥)៖
ដោយរិះគិតពិចារណាក្នុងអង្គព្រះវិញ្ញាណ គ្រីស្តបរិស័ទត្រូវតែវិភាគឱ្យល្អិតល្អន់រវាងការលូតលាស់នៃព្រះរាជ្យរបស់ព្រះជាម្ចាស់ និងការរីកចម្រើននៃវប្បធម៌ និងសង្គម ដែលគេរស់នៅ។ ការវែកញែកនេះ មិនមែនជាការបំបែកគ្នាឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យមានជីវិតអស់កល្បជានិច្ច មិនលុបបុះបាត់ ប៉ុន្តែពង្រឹងភារិច្ចរបស់គេឱ្យអនុវត្តថាមពល និងមធ្យោបាយ ដែលគេបានទទួលពីព្រះបង្កើត ដើម្បីបម្រើយុត្តិធម៌ និងសន្តិភាពក្នុងលោកនេះ (GS ២២ ; ៣២ ; ៣៩ ; ៤៥ ; EN ៣១)។
២៨២១. សំណូមពរនេះត្រូវបានលើកយកមក និងទទួលយក ក្នុងសេចក្ដីអធិដ្ឋានរបស់ ព្រះយេស៊ូ (យហ ១៧,១៧-២០) ហើយស្ថិតនៅក្នុងអភិបូជាដោយមានប្រសិទ្ធភាព។ សំណូមពរនេះ បង្កើតផលផ្លែក្នុងជីវិតថ្មី តាមសុភមង្គលយ៉ាងពិតប្រាកដ (មថ ៥,១៣-១៦ ; ៦,២៤ ; ៧,១២-១៣)។
៣. សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅលើមេឃ”
២៨២២. ព្រះបិតារបស់យើងសព្វព្រះហឫទ័យឱ្យ “មនុស្សទាំងអស់បានទទួលការសង្រ្គោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់” (១ធម ២,៣-៤)។ ព្រះអង្គ “សម្ដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ត្រូវវិនាសឡើយ” (២ពត្រ ៣,៩) (មថ ១៨,១៤)។ វិន័យរបស់ព្រះអង្គ ដែលសរុបនូវវិន័យទាំងអស់ផ្សេងទៀត និងសម្ដែងព្រះបំណងទាំងស្រុងរបស់ព្រះអង្គ គឺឱ្យ “យើងស្រលាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានស្រលាញ់យើងដែរ” (យហ ១៣,៣៤) (១យហ ៣ ; ៤ ; លក ១០,២៥-៣៧)។
២៨២៣. “ព្រះអង្គបានប្រោសឱ្យយើង ស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន (...) គឺប្រមូលអ្វីៗទាំងអស់ (...) ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការណ៍របស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ” (អភ ១,៩-១១)។ យើងទូលអង្វរឱ្យគម្រោងការដ៏សប្បុរសនេះបានសម្រេចនៅលើផែនដី ដូចដែលបានសម្រេចនៅលើមេឃរួចមកហើយ។
២៨២៤. បំណងរបស់ព្រះគ្រីស្ត ក្នុងឋានៈជាមនុស្ស បានបំពេញព្រះហឫទ័យរបស់ព្រះបិតាឱ្យបានគ្រប់លក្ខណៈ និងម្តងជាការស្រេច។ ពេលចូលមកដល់ក្នុងពិភពលោក ព្រះយេស៊ូមានព្រះបន្ទូលថា៖ “បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ទូលបង្គំសូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ” (ហប ១០,៧ ; ទន ៤០,៧)។ មានតែព្រះយេស៊ូដែលអាចមានព្រះបន្ទូលថា៖ “ខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច” (យហ ៨,២៩)។ នៅពេលជិតសោយទិវង្គត ព្រះអង្គសុខចិត្តគាប់ព្រះហឫទ័យនេះទាំងស្រុងដោយអធិដ្ឋានថា៖ “សូមកុំឱ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺសូមឱ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ” (លក ២២,៤២; យហ ៤,៣៤; ៥,៣០; ៦,៣៨)។ ហេតុនេះហើយ បានជាព្រះយេស៊ូ “បានបូជាព្រះជន្ម ព្រោះតែបាបរបស់យើង” (កាឡ ១,៤)។ “ព្រះយេស៊ូគ្រីស្តថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាការស្រេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានសុចរិត” (ហប ១០,១០)។
២៨២៥. “ថ្វីដ្បិតតែព្រះយេស៊ូជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គក៏បានរៀនស្តាប់បង្គាប់ដោយរងទុក្ខលំបាក” (ហប ៥,៨)។ យ៉ាងណាមិញ យើង ដែលជាសត្វលោក និងអ្នកបាប បានក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ យើងទូលសូមព្រះបិតារបស់យើងឱ្យបំណងយើងរួបរួមក្នុងព្រះហឫទ័យរបស់ព្រះបុត្រា ដើម្បីគាប់ព្រះហឫទ័យព្រះអង្គ រួបរួមក្នុងគម្រោងការរបស់ព្រះអង្គក្នុងការសង្រ្គោះ ដើម្បីឱ្យពិភពលោកមានជីវិត។ យើងមិនអាចធ្វើបានជាដាច់ខាត ប៉ុន្តែបើយើងរួមរស់ជាមួយព្រះយេស៊ូ និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ យើងអាចថ្វាយបំណងរបស់យើង និងជ្រើសរើសអ្វីដែលព្រះបុត្រាតែងតែជ្រើសរើស ដើម្បីគាប់ព្រះហឫទ័យព្រះបិតា (យហ ៨,២៩)៖
ដោយភ្ជាប់នឹងព្រះគ្រីស្ត យើងអាចទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ ទើបអាចបំពេញព្រះហឫទ័យព្រះអង្គបាន ហេតុនេះ ព្រះហឫទ័យនេះ នឹងទៅជាល្អឥតខ្ចោះ នៅលើផែនដី ដូចនៅស្ថានបរមសុខ (លោក អូរីសែន)។
សូមចាត់ទុកថា តើព្រះយេស៊ូបង្រៀនយើងឱ្យបន្ទាបខ្លួន ដោយធ្វើឱ្យយើងយល់ឃើញថា សេចក្ដីសុចរិតរបស់យើងមិនពឹងលើកម្លាំងរបស់យើងតែប៉ុណ្ណោះទេ តែលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គបង្គាប់ឱ្យគ្រីស្តបរិស័ទគ្រប់ៗរូបដែលអធិដ្ឋាន ឱ្យអធិដ្ឋានសម្រាប់ផែនដីទាំងមូល ដ្បិតព្រះអង្គគ្មានព្រះបន្ទូលថា “សូមឱ្យព្រះហឫទ័យបានសម្រេច” ក្នុងខ្លួនខ្ញុំ ឬក្នុងខ្លួនយើងទេ តែ “នៅលើផែនដីទាំងមូល” ដើម្បីឱ្យកំហុសត្រូវបញ្ចៀសចេញទៅ ដើម្បីសេចក្ដីពិតសោយរាជ្យ ដើម្បីអំពើអបាយមុខត្រូវបំផ្លាញ ដើម្បីគុណធម៌រីកចម្រើន ហើយដើម្បីឱ្យផែនដីមិនខុសពីស្ថានបរមសុខទៀតទេ (សន្ត យ៉ូហាន គ្រីសូស្តូម)។
២៨២៦. បើយើងអធិដ្ឋាន យើងអាច “ពិចារណាឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ” (រម ១២,២ ; អភ ៥,១៧) និងបានទទួល “ចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យនេះ” (ហប ១០,៣៦)។ ព្រះយេស៊ូបង្រៀនយើងថា យើងចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនតាមពាក្យសម្តីទេ តែដោយ “ធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខ” (មថ ៧,២១)។
២៨២៧. “ព្រះជាម្ចាស់ស្ដាប់តែពាក្យរបស់អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ” (យហ ៩,៣១; ១យហ ៥,១៤)។ ការអធិដ្ឋានរបស់ព្រះសហគមន៍ ក្នុងព្រះនាមព្រះអម្ចាស់របស់ខ្លួន ជាពិសេសក្នុងអភិបូជា មានឫទ្ធានុភាព ការអធិដ្ឋាននេះ គឺជាការរួបរួមគ្នាជួយអង្វរដល់ព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ (លក ១,៣៨.៤៩) និងដល់សន្តបុគ្គលទាំងអស់ ដែល “ជាទីគាប់ព្រះហឫទ័យ” របស់ព្រះអម្ចាស់ ព្រោះពួកគាត់តែងតែគាប់ព្រះហឫទ័យព្រះអង្គ៖
ដោយមិនបង្ខូចសេចក្ដីពិត យើងអាចបកប្រែសេចក្ដីអធិដ្ឋាន “សូមឱ្យព្រះហឫទ័យបានសម្រេចនៅលើផែនដីដូចនៅលើមេឃ” ដោយអធិដ្ឋានដូច្នេះថា៖ ក្នុងព្រះសហគមន៍ដូចជាក្នុងព្រះអម្ចាស់នៃយើងព្រះយេស៊ូគ្រីស្ត ក្នុងព្រះមហេសីដែលជាគូដណ្តឹងរបស់ព្រះអង្គដូចជាក្នុងព្រះស្វាមីដែលបានបំពេញព្រះហឫទ័យរបស់ព្រះបិតា (សន្ត អូគូស្តាំង)។
៤. សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ”
២៨២៨. “សូមប្រទានមកយើងខ្ញុំ ”៖ ទំនុកចិត្តរបស់បុត្រធីតា ដែលរង់ចាំអ្វីៗទាំងអស់ពីព្រះបិតារបស់គេ ពិតជាល្អណាស់! “ព្រះអង្គប្រទានឱ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ” (មថ ៥,៤៥) ហើយព្រះអង្គប្រទាន“ចំណីអាហារតាមពេលកំណត់” (ទន ១០៤,២៧) ឱ្យអស់អ្នកដែលមានជីវិត ។ ព្រះយេស៊ូបង្រៀនយើងឱ្យពោលសំណូមពរនេះ ដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៃយើង ដ្បិតយើងទទួលស្គាល់ថា ព្រះអង្គមានសប្បុរសធម៌យ៉ាងលើសលប់។
២៨២៩. “សូមប្រទានមកយើងខ្ញុំ” សម្ដែងនូវសម្ពន្ធមេត្រី គឺយើងជាកម្មសិទ្ធរបស់ព្រះអង្គ ហើយព្រះអង្គក៏ជាកម្មសិទ្ធរបស់យើង ដើម្បីយើងផង។ ប៉ុន្តែ “យើង” នេះ ទទួលស្គាល់ថា ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ហើយយើងអធិដ្ឋានចំពោះព្រះអង្គដើម្បីគេទាំង់អស់គ្នា ដោយរួមសាមគ្គីជាមួយនឹងតម្រូវការ និងទុក្ខលំបាករបស់គេ។
២៨៣០. “អាហារដែលយើងខ្ញុំត្រូវការ ”។ ព្រះបិតា ដែលប្រទានជីវិតមកយើង ត្រូវតែប្រទានអាហារជាចាំបាច់ដើម្បីជីវិត អ្វីៗសព្វសារពើ “ដ៏ល្អសមរម្យ” ខាងសម្ភារៈផង ខាងវិញ្ញាណផង។ ពេលទេសនានៅលើភ្នំ ព្រះយេស៊ូសង្កត់ធ្ងន់លើទំនុកចិត្តដែលរួមសហការជាមួយនឹងឧបការគុណនៃព្រះបិតារបស់យើង (មថ ៦,២៥-៣៤)។ ព្រះអង្គមិនសូមឱ្យយើងខ្ជិលច្រអូសទេ (២ថស ៣,៦-១៣) ប៉ុន្តែព្រះអង្គមានព្រះហឫទ័យចង់រំដោះយើងឱ្យរួចពីកង្វល់ណាមួយ គឺឱ្យយើងជឿទុកចិត្តលើព្រះជាម្ចាស់ ដូចកូនជឿទុកចិត្តឪពុក៖
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាប្រទានអ្វីៗទាំងអស់ថែមទៀត ចំពោះអស់អ្នកដែលស្វែងរកព្រះរាជ្យ និងសេចក្ដីសុចរិតរបស់ព្រះអង្គ។ តាមពិត អ្វីៗទាំងអស់ជាកម្មសិទ្ធរបស់ព្រះជាម្ចាស់៖ អ្នកណាមានព្រះជាម្ចាស់ជាកម្មសិទ្ធ ហើយស្ថិតនៅក្នុងអង្គព្រះអង្គ អ្នកនោះគ្មានខ្វាស់ខាតអ្វីឡើយ (សន្ត ស៊ីព្រីយ៉ាំង)។
២៨៣១. ក៏ប៉ុន្តែ ដោយសារមានអ្នកខ្លះឃ្លានដោយគ្មានចំណីអាហារគ្រប់គ្រាន់ សំណូមពរនេះ មានអត្ថន័យជ្រាលជ្រៅមួយបែបទៀត។ ដោយសារវិនាដកម្មនៃការអត់ឃ្លានក្នុងពិភពលោក ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ ដែលអធិដ្ឋានតាមសេចក្ដីពិត ឱ្យទទួលខុសត្រូវយ៉ាងពិតប្រាកដចំពោះបងប្អូនគេ តាមឥរិយាបថរៀងៗខ្លួន ដោយរួមសាមគ្គីជាមួយក្រុមគ្រួសាររបស់មនុស្សលោក។ យើងមិនអាចបំបែកសំណូមពរនៃការអធិដ្ឋានរបស់ព្រះអម្ចាស់នេះ ពីពាក្យប្រស្នាអំពីជនកម្សត់ម្នាក់ឈ្មោះឡាសារ (លក ១៦,១៩-៣១) និងអំពីការវិនិច្ឆ័យមនុស្សលោកនៅពេលចុងក្រោយបំផុត (មថ ២៥,៣១-៤៦) បានឡើយ។
២៨៣២. ព្រះរាជ្យរបស់ព្រះជាម្ចាស់ត្រូវលើកផែនដី ដូចមេលើកម្សៅ ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ត (AA ៥)។ ព្រះរាជ្យនេះ ត្រូវសម្ដែងដោយចាត់ចែងយុត្តិធម៌ក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា នៅក្នុងសង្គម នៅក្នុងសេដ្ឋកិច្ច ហើយនៅក្នុងទំនាក់ទំនងអន្តរជាតិ ដោយមិនភ្លេចថា គ្មានរចនាសម្ពន្ធត្រឹមត្រូវទេ បើគ្មានអ្នកចង់ក្លាយទៅជាមនុស្សសុចរិត។
២៨៣៣. យើងសុំឱ្យព្រះជាម្ចាស់ប្រទាន “អាហាររបស់យើង” គឺមួយ សម្រាប់មនុស្សជាច្រើន។ សុភមង្គលយ៉ាងពិតប្រាកដត្រាស់ហៅឱ្យចែករំលែក គឺឱ្យយើងផ្តល់ និងចែករំលែកសម្បត្តិលោកីយ៍ និងសម្បត្តិសួគ៌ ដោយគ្មានការបង្ខិតបង្ខំ ប៉ុន្តែដោយក្ដីស្រលាញ់ ដើម្បីឱ្យភាពសម្បូណ៌សប្បាយរបស់អ្នកខ្លះជួយបំពេញតម្រូវការរបស់អ្នកផ្សេងទៀត ដែលខ្វះខាត (២ករ ៨,១-១៥)។
២៨៣៤. “ចូរអធិដ្ឋាន និងធ្វើការ” (សន្ត បេណេឌីក)។ “ចូរអធិដ្ឋានហាក់ដូចជាអ្វីៗទាំងអស់ពឹងផ្អែកលើព្រះជាម្ចាស់ ហើយធ្វើការហាក់ដូចជាអ្វីៗទាំងអស់ពឹងផ្អែកលើខ្លួនឯង”។ ដោយបានបំពេញការងាររបស់យើង ចំណីអាហារនៅតែជាព្រះអំណោយទាននៃព្រះបិតារបស់យើង។ បើយើងសុំចំណីអាហារនេះ ពីព្រះអង្គ ដោយអរព្រះគុណព្រះអង្គផង យើងក៏ប្រព្រឹត្តល្អដែរ។ នេះជាអត្ថន័យនៃការប្រទានពរលើតុ ក្នុងក្រុមគ្រួសារគ្រីស្តបរិស័ទ។
២៨៣៥. សំណូមពរនេះ ដែលនាំឱ្យទៅជាការទទួលខុសត្រូវ ដែលទាក់ទងទៅនឹងការអត់ឃ្លានមួយទៀតរបស់មនុស្សលោក គឺ “មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ” (ទក ៨,៣ ; មថ ៤,៤) ពោលគឺព្រះបន្ទូល និងខ្យល់ដង្ហើមរបស់ព្រះអង្គ។ គ្រីស្តបរិស័ទត្រូវតែខិតខំអស់ពីសមត្ថភាព ដើម្បី “ប្រកាសដំណឹងល្អប្រាប់ជនក្រីក្រ”។ មានការអត់ឃ្លាននៅលើផែនដី “មិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់” (អម ៨,១១)។ ហេតុនេះហើយ បានជាសំណូមពរទីបួននេះ មានអត្ថន័យពិសេសខាងគ្រីស្តសាសនា ដែលទាក់ទងនឹងនំបុ័ងនៃជីវិត គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវទទួលដោយមានជំនឿ និងព្រះកាយព្រះគ្រីស្តដែលយើងទទួលក្នុងអភិបូជា (យហ ៦,២៦-៥៨)។
២៨៣៦. “នៅថ្ងៃនេះ ” ក៏ជាពាក្យសម្ដែងនូវទំនុកចិត្តដែរ។ ដោយសារយើងពឹងផ្អែកលើខ្លួនឯងច្រើនពេក ព្រះអម្ចាស់ក៏បង្រៀនយើងឱ្យជឿទុកចិត្ត (មថ ៦,៣៤ ; សរ ១៦,១៩) ។ ដោយសារសំណូមពរនេះ ទាក់ទងនឹងព្រះបន្ទូល និងព្រះកាយរបស់ព្រះបុត្រាព្រះអង្គ “នៅថ្ងៃនេះ” មិនគ្រាន់តែសម្ដៅទៅលើពេលវេលារបស់យើង ដែលរមែងតែងតែស្លាប់ទេ គឺជាថ្ងៃនៃព្រះជាម្ចាស់៖
បើអ្នកទទួលអាហារជារៀងថ្ងៃសម្រាប់អ្នក រាល់ថ្ងៃ គឺជាថ្ងៃនេះ។ បើព្រះគ្រីស្តជាកម្មសិទ្ធរបស់អ្នក នៅថ្ងៃនេះ ព្រះគ្រីស្តមានព្រះជន្មថ្មីសម្រាប់អ្នកជារៀងរាល់ថ្ងៃដែរ។ តើយ៉ាងដូចម្តេច? “ព្រះអង្គជាបុត្ររបស់យើង! គឺយើងបង្កើតព្រះអង្គនៅថ្ងៃនេះ” (ទន ២,៧)។ នៅថ្ងៃនេះ ពោលគឺនៅពេលដែលព្រះគ្រីស្តមានព្រះជន្មថ្មី (សន្ត អំប្រ័រ)។
២៨៣៧. “នៃថ្ងៃនេះ ”៖ នៅក្នុងសម្ពន្ធមេត្រីថ្មី គេមិនប្រើពាក្យ épiousios នេះ ក្រៅពីក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ឡើយ។ ពាក្យនេះ សម្តៅទៅលើ “នៅថ្ងៃនេះ” (សរ ១៦,១៩-២១) ដើម្បីលើកទឹកចិត្តយើងឱ្យជឿទុកចិត្ត “ដោយមិនរួញរា” និងសម្តៅទៅលើអ្វីដែលជាចាំបាច់ ដើម្បីចិញ្ចឹមជីវិត គឺអ្វីដែលយើងត្រូវការដើម្បីរស់ (១ធម ៦,៨)។ តាមន័យចំ (épiousios ៖ “លើសអ្វីដែលជាចាំបាច់”) ពាក្យនេះ សម្តៅទៅលើ នំបុ័ងនៃជីវិត គឺព្រះកាយព្រះគ្រីស្ត ជា “ថ្នាំផ្តល់ជីវិតអមតៈ” (សន្ត អ៊ីញាស់នៃអង់ទីអូស) បើគ្មានថ្នាំសោះ យើងក៏គ្មានជីវិតក្នុងខ្លួនឡើយ (យហ ៦,៥៣-៥៦)។ ទីបញ្ចប់ តាមន័យនៃស្ថានលើ ពាក្យនេះ សម្ដែងថា “ថ្ងៃនេះ” ជាថ្ងៃនៃព្រះអម្ចាស់ ជាថ្ងៃនៃពិធីជប់លៀងនៃព្រះរាជ្យ ដែលយើងប្រារព្ធទុកជាមុនក្នុងអភិបូជា និងដែលផ្តល់រសជាតិទុកជាមុននៃព្រះរាជ្យដែលកំពុងយាងមក។ ហេតុនេះ គួរប្រារព្ធពិធីបុណ្យអភិបូជាជា “រៀងរាល់ថ្ងៃ”។
អភិបូជាជានំបុ័ង ជាអាហារប្រចាំថ្ងៃរបស់យើង។ គុណធម៌ពិសេសនៃអាហារនេះ ជាកម្លាំងបង្រួបបង្រួម គឺអភិបូជាបង្រួបបង្រួមយើងជាមួយនឹងព្រះកាយនៃព្រះសង្រ្គោះ ហើយប្រោសឱ្យយើងទៅជាសរីរាង្គរបស់ព្រះអង្គ ដើម្បីឱ្យយើងក្លាយទៅជាអ្វីដែលយើងបានទទួល (...)។ អាហារប្រចាំថ្ងៃនេះ មាននៅក្នុងអត្ថបទ ដែលអ្នករាល់គ្នាស្តាប់ជារៀងរាល់ថ្ងៃនៅព្រះសហគមន៍ ហើយនៅក្នុងបទចម្រៀងដែលយើង និងអ្នករាល់គ្នាច្រៀង។ អ្វីៗទាំងអស់នោះ ជាការចាំបាច់ដើម្បីបូជនិយេសចរណ៍របស់យើង (សន្ត អូគូស្តាំង)។
ព្រះបិតាដែលគង់នៅស្ថានបរមសុខដាស់តឿនយើងឱ្យសុំនំបុ័ងនៃស្ថានបរមសុខ ដូចបុត្រធីដានោះដែរ (យហ ៦,៥១)។ ព្រះគ្រីស្ត “ផ្ទាល់ជានំបុ័ង ដែលត្រូវបានសាបព្រោះក្នុងស្រ្តីព្រហ្មចារិនី ត្រូវបានលើកក្នុងសាច់ ត្រូវបានលាយច្របាច់ក្នុងទុក្ខលំបាក ត្រូវបានដុតក្នុងភ្លើងនៃទីបញ្ចុះសព ត្រូវបានទុកបម្រុងក្នុងព្រះសហគមន៍ ត្រូវបានថ្វាយទៅដល់អាសនៈ ហើយដែលផ្តល់អាហារនៃស្ថានបរមសុខចំពោះគ្រីស្តបរិស័ទជារៀងរាល់ថ្ងៃ” (សន្ត សិលា គ្រីសូឡូង)។
៥. “សូមអត់ទោសឱ្យយើងខ្ញុំផង ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ”
២៨៣៨. សំណូមពរនេះ គួរឱ្យឆ្ងល់។ បើមានតែវគ្គទីមួយនៃឃ្លានេះ -“សូមអត់ទោសឱ្យយើងខ្ញុំ”- យើងអាចបញ្ជូលសំណូមពរនេះ ក្នុងសំណូមពរទាំងបីដំបូងនៃសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ ដ្បិតយញ្ញបូជារបស់ព្រះគ្រីស្តមាន “ដើម្បីឱ្យរួចពីបាប”។ ប៉ុន្តែ តាមវគ្គទីពីរនៃឃ្លានេះ ព្រះជាម្ចាស់នឹងទទួលសំណូមពររបស់យើង លុះត្រាតែយើងបានឆ្លើយតបនឹងការទាមទារមួយ។ សំណូមពរយើងសម្តៅទៅលើអនាគត យើងក៏ត្រូវឆ្លើយតបមុន ពាក្យមួយម៉ាត់ដែលជាចំណងរវាងវគ្គទាំងពីរនោះ គឺ “ដូច”។
“សូមអត់ទោសឱ្យយើងខ្ញុំផង”
២៨៣៩. យើងបានចាប់ផ្តើមអធិដ្ឋានដល់ព្រះបិតារបស់យើង ដោយជឿទុកចិត្ត និងមានចិត្តក្លាហាន។ ដោយអង្វរឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ (ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ) យើងបានសូម ឱ្យយើងបានវិសុទ្ធកាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទោះបីយើងពាក់អាវសឆើតឆាយនៃពិធីជ្រមុជទឹកយ៉ាងណាក៏ដោយ ក៏យើងចេះតែប្រព្រឹត្តអំពើបាប និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែរ។ ឥឡូវនេះ តាមសំណូមពរថ្មីនេះ យើងត្រឡប់មករកព្រះអង្គវិញ ដូចកូនវង្វេង (លក ១៥,១១-៣២) ហើយយើងទទួលស្គាល់ថា យើងជាអ្នកមានបាប ដូចអ្នកទារពន្ធ (លក ១៨,១៣)។ សំណូមពររបស់យើងចាប់ផ្តើមដោយ “សារភាព” នូវទុក្ខវេទនារបស់យើងផង និងធម៌មេត្តាករុណារបស់ព្រះអង្គផង។ យើងមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដ្បិត “ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប” (កូល ១,១៤ ; អភ ១,៧)។ យើងឃើញសញ្ញាសម្គាល់ដ៏ស័ក្តសិទ្ធ ដោយគ្មានទីសង្ស័យថា ព្រះអង្គបានលើកលែងទោសឱ្យយើង ក្នុងអគ្គសញ្ញានៃព្រះសហគមន៍របស់ព្រះអង្គ (មថ ២៦,២៨ ; យហ ២០,២៣)។
២៨៤០. ក៏ប៉ុន្តែ ធម៌មេត្តាករុណាដ៏លើសលប់នេះ មិនអាចជ្រាបចូលក្នុងចិត្តយើងបានទេ ដរាបណាយើងមិនបានលើកលែងទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងឡើយ។ គួរឱ្យភ័យខ្លាចណាស់!។ សេចក្ដីស្រលាញ់ ដូចព្រះកាយព្រះគ្រីស្ត មិនអាចបំបែកបាន គឺយើងមិនអាចស្រលាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញ បើយើងមិនស្រលាញ់បងប្អូនដែលខ្លួនមើលឃើញទេ (១យហ ៤,២០)។ ដោយមិនព្រមលើកលែងទោសឱ្យបងប្អូនយើង ចិត្តយើងបិទជិត មានៈរឹងរូស ដែលសេចក្ដីស្រលាញ់ និងធម៌មេត្តាករុណារបស់ព្រះបិតាមិនអាចជ្រៀតចូលបានឡើយ ប៉ុន្តែ ដោយបានសារភាពអំពើបាបរបស់ខ្លួន ចិត្តយើងក៏បើកយ៉ាងទូលាយចំពោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។
២៨៤១. សំណូមពរនេះសំខាន់ណាស់។ ព្រះអម្ចាស់មានព្រះបន្ទូលឡើងវិញ ដោយសារតែសំណូមពរនេះហើយដែលព្រះអង្គអធិប្បាយយ៉ាងលម្អិតក្នុងសុន្ទរកថានៅលើភ្នំ (មថ ៦,១៤-១៥ ; ៥,២៣-២៤ ; មក ១១,២៥)។ មនុស្សលោកមិនអាចបំពេញការទាមទារដ៏សំខាន់បំផុតអំពីអាថ៌កំបាំងនៃសម្ពន្ធមេត្រីនេះទេ ប៉ុន្តែ “គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ”។
... “ដូចយើងខ្ញុំលើកលែងទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ”
២៨៤២. “ដូច” នេះមានច្រើនក្នុងការប្រៀនប្រដៅរបស់ព្រះយេស៊ូ៖ “អ្នករាល់គ្នានឹងបានគ្រប់លក្ខណ៍ “ដូច” ព្រះបិតាដែលគង់នៅស្ថានបរមសុខបានគ្រប់លក្ខណ៍ដែរ” (មថ ៥,៤៨) “ត្រូវលើកលែងទោសឱ្យអ្នកដទៃ “ដូច” ព្រះជាម្ចាស់លើកលែងទោសឱ្យអ្នករាល់គ្នាដែរ” (លក ៦,៣៦) “ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រលាញ់គ្នាទៅវិញទៅមក “ដូច” ខ្ញុំបានស្រលាញ់អ្នករាល់គ្នាដែរ” (យហ ១៣,៣៤)។ បើយើងយកតម្រាប់តាមព្រះជាម្ចាស់ពីខាងក្រៅ យើងមិនអាចគោរពវិន័យរបស់ព្រះអម្ចាស់បានទេ គឺត្រូវចូលរួមចំណែកឱ្យ “អស់ពីដួងចិត្ត” ក្នុងភាពដ៏វិសុទ្ធ ធម៌មេត្តាករុណា និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់នៃយើង។ មានតែព្រះវិញ្ញាណ “ជាជីវិតរបស់យើង” (កាឡ ៥,២៥) ប៉ុណ្ណោះទេ ដែលអាចនាំយើងឱ្យរួមចិត្តគំនិតជាមួយព្រះគ្រីស្តយេស៊ូ (ភីល ២,១.៥)។ ពេលនោះ យើងអាច “លើកលែងទោសដល់គ្នាទៅវិញទៅមក “ដូច” ព្រះជាម្ចាស់បានលើកលែងទោសឱ្យយើងក្នុងអង្គព្រះគ្រីស្តដែរ” (អភ ៤,៣២)។
២៨៤៣. ហេតុនេះហើយ បានជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីការលើកលែងទោសកើតចេញជាសេចក្ដីស្រលាញ់រហូតដល់ទីបំផុត (យហ ១៣,១)។ ព្រះបន្ទូលចុងក្រោយក្នុងពាក្យប្រស្នាអំពីអ្នកបម្រើមិនព្រមអត់ទោសឱ្យគេ ដែលបញ្ចប់ដោយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឱ្យចេះរួបរួមគ្នា ក្នុងព្រះ សហគមន៍ (មថ ១៨,២៣-៣៦) មានដូចតទៅ៖ “បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ”។ តាមការពិត អ្វីៗទាំងអស់ត្រូវចង និងស្រាយ នៅក្នុង “ជម្រៅចិត្ត”។ យើងមិនអាចធ្វើជាមិនដឹងខ្លួន និងបំភ្លេចកំហុសបានទេ ប៉ុន្តែ អ្នកដែលផ្ញើជីវិតទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ អាចមានចិត្តមេត្តាករុណា និងជួយទូលអង្វរព្រះជាម្ចាស់ដើម្បីអ្នកដែលបានប្រពឹ្រត្តខុសនឹងខ្លួនបាន។
២៨៤៤. គ្រីស្តបរិស័ទអធិដ្ឋានរហូតដល់ “លើកលែងទោសឱ្យខ្មាំងសត្រូវ ” (មថ ៥,៤៣-៤៤)។ ការអធិដ្ឋាននេះ ធ្វើឱ្យសាវ័កក្លាយទៅជាដូចម្ចាស់របស់ខ្លួន។ ការលើកលែងទោសជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ ហើយមានតែចិត្តដែលស្របនឹងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ទេ ដែលអាចទទួលព្រះអំណោយទាននៃការអធិដ្ឋាននេះ។ ការលើកលែងទោសផ្តល់សក្ខីភាពថា ក្នុងលោកយើងនេះ សេចក្ដីស្រលាញ់ខ្លាំងជាងអំពើបាបទៅទៀត។ មរណៈសាក្សីពីម្សិលមិញ និងនៅថ្ងៃនេះ ទទួលសក្ខីភាពរបស់ព្រះយេស៊ូនេះ។ ដើម្បីឱ្យបុត្រធីតារបស់ព្រះជាម្ចាស់សម្រុះសម្រួលជាមួយនឹងព្រះបិតារបស់គេ និងរវាងគ្នានឹងគ្នា (២ករ ៥,១៨-២១) ចាំបាច់ត្រូវតែមានការលើកលែងទោស (សម្ដេចប៉ាប យ៉ូហាន ប៉ូលទី២ DM ១៤)។
២៨៤៥. ការលើកលែងទោសដែលមកពីព្រះជាម្មាស់នេះ គ្មានកំណត់ គ្មានព្រំដែនឡើយ (មថ ១៨,២១-២២ ; លក ១៧,៣-៤)។ តាមការពិត បើនិយាយអំពីកំហុស (“បាប” តាម លក១១,៤ ឬ “ខុស” តាម មថ ៦,១២) យើងតែងតែដូចជាកូនបំណុល៖ “មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រលាញ់គ្នាទៅវិញទៅមកនោះឡើយ” (រម ១៣,៨)។ ព្រះត្រៃឯកដ៏វិសុទ្ធ ដែលមានព្រះទាំងបីអង្គរួបរួមជាមួយគ្នាជាធ្លុងតែមួយ ជាប្រភព និងលក្ខណៈ នៃសេចក្ដីពិតរបស់ទំនាក់ទំនងណាមួយ (១យហ ៣,១៩-២៤)។ យើងអាចដកពិសោធន៍អំពីទំនាក់ទំនងនេះ ក្នុងពេលអធិដ្ឋាន ជាពិសេសពេលថ្វាយអភិបូជា (មថ ៥,២៣-២៤)។
ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់អស់អ្នកដែលបំបែកអ្នកដទៃឡើយ ព្រះអង្គដេញគេចេញពីអាសនៈ ដើម្បីឱ្យគេសម្រុះសម្រួលជាមួយនឹងបងប្អូនរបស់គេសិន ព្រះអង្គមានព្រះហឫទ័យឱ្យយើងអធិដ្ឋាន ដើម្បីសន្តិភាព។ ព្រះជាម្ចាស់មានភារកិច្ចដ៏ល្អបំផុត គឺឱ្យប្រជាជនដ៏ស្មោះត្រង់មានសន្តិភាព ហើយចេះរួបរួមគ្នាជាធ្លុងតែមួយ ក្នុងអង្គព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (សន្តស៊ីព្រីយ៉ាំង)។
៦. “សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ”
២៨៤៦. សំណូមពរនេះ ជាឫសគល់នៃសំណូមពរខាងដើម ដ្បិតដោយសារយើងចាញ់ការល្បួង យើងក៏ប្រព្រឹត្តអំពើបាប។ យើងសូមព្រះបិតាកុំ “បណ្តោយឱ្យ” យើងចាញ់ការល្បួងឡើយ។ ពាក្យក្រិកនេះ ពិបាកបកប្រែជាពាក្យតែមួយម៉ាត់ណាស់ គឺមានន័យថា “កុំឱ្យចូលក្នុង” (មថ ២៦,៤១) “កុំឱ្យចាញ់ការល្បួងឡើយ”។ “គ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឱ្យធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ” (យក ១,១៣) ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យចង់រំដោះយើងឱ្យរួចពីការល្បួង។ យើងសូមព្រះអង្គកុំបណ្តោយឱ្យយើងដើរតាមផ្លូវដែលបណ្តាលឱ្យប្រព្រឹត្តអំពើបាប។ យើងបានចូលក្នុងការប្រយុទ្ធរវាង “សាច់ និងវិញ្ញាណ”។ យើងសូមព្រះវិញ្ញាណដែលជួយត្រិះរិះពិចារណា និងជួយផ្តល់កម្លាំងផង។
២៨៤៧. ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យយើងចេះត្រិះរិះពិចារណា រវាងទុក្ខវេទនា ដែលជាចាំបាច់ដើម្បីឱ្យមនុស្សខាងក្នុង (លក ៨,១៣-១៥ ; កក ១៤,២២ ; ២ធម ៣,១២) អាចរីកចម្រើន និងចេះ “ស៊ូទ្រាំ” (រម ៣,៣-៥) និងការល្បួង ដែលបង្កើតអំពើបាប បណ្តាលឱ្យស្លាប់ (យក ១,១៤-១៥)។ យើងក៏ត្រូវតែចេះបែងបែករវាង “ត្រូវមេល្បួង” និង “យល់ព្រមតាមការល្បួង”។ ទីបញ្ចប់ ពេលរិះគិតពិចារណា យើងអាចដឹងអំពីសម្តីភូតភរនៃមេល្បួង គឺការល្បួងហាក់ដូចជា “មានរសជាតិឆ្ងាញ់ពិសា គួរឱ្យគយគន់ ថែមទាំងអាចធ្វើឱ្យមានប្រាជ្ញាទៀតផង” (កណ ៣,៦) តាមការពិត ផលផ្លែនៃការល្បួងនេះជាសេចក្ដីស្លាប់ទៅវិញ។
ព្រះជាម្ចាស់គ្មានព្រះហរទ័យបង្ខិតបង្ខំយើងឱ្យប្រព្រឹត្តអំពើល្អទេ ព្រះអង្គមានព្រះហឫទ័យឱ្យមនុស្សមានសេរីភាព (...)។ មានពេលខ្លះ ការល្បួងល្អណាស់។ គ្រប់ៗគ្នា ព្រមទាំអយើងផងដែរ មិនបានដឹងថា ព្រលឹងយើងបានទទួលអ្វីពីព្រះអង្គទេ ប៉ុន្តែ ការល្បួងសម្ដែងឱ្យយើងស្គាល់ ដើម្បីបង្រៀនយើងឱ្យស្គាល់ខ្លួនឯង ដែលនាំឱ្យយល់អំពីភាពវេទនារបស់យើង ហេតុនេះ យើងក៏ត្រូវតែអរព្រះគុណព្រះជាម្ចាស់ ដើម្បីសេចក្ដីល្អដែលការល្បួងបានសម្ដែង (លោក អូរីសែន)។
២៨៤៨. យើងក៏ត្រូវតែសម្រេចក្នុងជម្រៅចិត្ត “កុំឱ្យចាញ់ការល្បួង”៖ “ទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ (...) គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ” (មថ ៦,២១.២៤)។ “ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ” (កាឡ ៥,២៥)។ ព្រះបិតាប្រទានកម្លាំងឱ្យយើង “យល់ស្របនឹង” ព្រះវិញ្ញាណដ៏វិសុទ្ធ។ “គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្តោយឱ្យមារល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឱ្យបងប្អូនចេញរួច និងឱ្យបងប្អូនអាចទ្រាំទ្របាន” (១ករ ១០,១៣)។
២៨៤៩. ក៏ប៉ុន្តែ មានតែពេលអធិដ្ឋានទេ ដែលយើងអាចប្រយុទ្ធ និងទទួលជោគជ័យនេះបាន។ ដោយសារព្រះអង្គបានអធិដ្ឋាន ព្រះយេស៊ូបានឈ្នះមេល្បួង តាំងពីដើមដំបូង (មថ ៤,១-១១) និងក្នុងការប្រយុទ្ធចុងក្រោយពេលរងទុក្ខលំបាក (មថ ២៦,៣៦-៤៤)។ ព្រះគ្រីស្តប្រោសយើងឱ្យរួមជាមួយព្រះអង្គក្នុងការប្រយុទ្ធ និងទុក្ខលំបាករបស់ព្រះអង្គ ក្នុងសំណូមពរចំពោះព្រះបិតានេះ។ ព្រះអង្គរំលឹកឱ្យច្បាស់ថា ត្រូវប្រុងស្មារតី ដោយរួមរស់ជាមួយព្រះអង្គ (មក ១៣,៩.២៣.៣៣-៣៧ ; ១៤,៣៨ ; លក ១២,៣៥-៤០)។ ពេលប្រុងស្មារតី យើង “មើលចិត្តគំនិត” ហើយព្រះយេស៊ូសូមទូលអង្វរឱ្យព្រះបិតា “ថែរក្សា (យើង) ដោយព្រះនាមព្រះអង្គ” (យហ ១៧,១១)។ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះហឫទ័យឱ្យយើងប្រុងស្មារតីជានិច្ច (១ករ ១៦,១៣ ; កូឡ ៤,២ ; ១ថស ៥,៦ ; ១ពត្រ ៥,៨)។ សំណូមពរនេះ មានអត្ថន័យដ៏សំខាន់ជាទីបំផុត បើនិយាយអំពីការល្បួងចុងក្រោយនៃការប្រយុទ្ធរបស់យើងនៅលើផែនដី គឺយើងសូមឱ្យមានចិត្តព្យាយាមរហូតដល់ទីចុងក្រោយ ៖ “យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី (...) អ្នកនោះមានសុភមង្គលហើយ!” (វវ ១៦,១៥)។
៧. “តែសូមរំដោះយើងខ្ញុំឱ្យរួចផុតពីមារកំណាចផង”
២៨៥០. ព្រះយេស៊ូអធិដ្ឋានដោយទទួលយកសំណូមពរចុងក្រោយចំពោះព្រះបិតារបស់យើង៖ “ទូលបង្គំមិនអង្វរព្រះអង្គឱ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារកំណាចវិញ” (យហ ១៧,១៥)។ សំណូមពរនេះ ទាក់ទងនឹងយើងម្នាក់ៗ ប៉ុន្តែ គឺ “យើង” នេះហើយ ដែលអធិដ្ឋាន ដោយរួមជាមួយព្រះសហគមន៍ទាំងមូល ដើម្បីរំដោះក្រុមគ្រួសាររបស់មនុស្សលោកទាំងមូល។ សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់តែងតែធ្វើឱ្យយើងបើកចិត្តឱ្យទូលាយ នឹកគិតដល់ការចាត់ចែងនៃការសង្រ្គោះ។ យើងពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងវិនាដកម្មនៃអំពើបាប និងសេចក្ដីស្រលាញ់ យើងក៏ត្រឡប់ទៅជារួមសាមគ្គី ក្នុងព្រះកាយព្រះគ្រីស្ត “ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” (RP ១៦)។
២៨៥១. តាមសំណូមពរនេះ អំពើអាក្រក់មិនមែនជារឿងអរូបីទេ តែជាបុគ្គលម្នាក់ គឺសាតាំង មារកំណាច ទេវទូតដែលប្រឆាំងនឹងព្រះជាម្ចាស់។ “មារ” (dia-bolos ) ជាអ្នកដែល “ប្រយុទ្ធប្រឆាំងនឹង” គម្រោងការរបស់ព្រះជាម្ចាស់ និង “ព្រះរាជកិច្ចនៃការសង្រ្គោះ” ដែលព្រះគ្រីស្តបានសម្រេច។
២៨៥២. “តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនប្រកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក គឺវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក” (យហ ៨,៤៤) “សាតាំងដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឱ្យវង្វេង” (វវ ១២,៩) ដោយសារវា អំពើបាប និងសេចក្ដីស្លាប់បានចូលក្នុងពិភពលោក ហើយសត្វលោកទាំងអស់ “នឹងរួចចាកពីអំពើបាប និងសេចក្ដីស្លាប់” ពេលវានឹងបរាជ័យ (MR ធម៌អរព្រះគុណទី៤)។ “យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច” (១យហ ៥,១៨-១៩)៖
ព្រះអម្ចាស់ដែលបានដកយកអំពើបាបរបស់បងប្អូនចេញ ហើយដែលបានលើកលែងទោសកំហុសរបស់បងប្អូន ទ្រង់អាចថែរក្សាការពារបងប្អូនពីកលល្បិចរបស់មារ ដែលប្រយុទ្ធប្រឆាំងនឹងបងប្អូន ដើម្បីឱ្យខ្មាំងសត្រូវ ដែលធ្លាប់បង្កើតកំហុស មិនអាចបង្អើលបងប្អូនបានឡើយ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ មិនខ្លាចនឹងមារកំណាចទេ។ “ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?” (រម ៨,៣១) (សន្ត អំប្រ័រ)។
២៨៥៣. នៅពេលកំណត់ព្រះយេស៊ូស្ម័គ្រចិត្តប្រគល់ព្រះកាយព្រះអង្គទៅសេចក្ដីស្លាប់ ដើម្បីប្រទានព្រះជន្មព្រះអង្គមកយើង ព្រះអង្គក៏ឈ្នះ “ចៅហ្វាយរបស់លោកីយ៍” នេះ (យហ ១៤,៣១)។ ពេលនោះ ជាពេលព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក ហើយចៅហ្វាយនៃលោកីយ៍នេះ “ត្រូវបេណ្ដញចេញទៅក្រៅ” (យហ ១២,៣១; វវ ១២,១១)។ “វាដេញតាមស្រ្តី” (វវ ១២,១៣-១៦) ប៉ុន្តែ វាមិនអាចយាយីនាងទេ៖ នាងអេវ៉ាថ្មី “ជាទីគាប់ព្រះហឫទ័យ” ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានរួចពីអំពើបាប និងភាពស្អុយរលួយនៃសេចក្ដីស្លាប់ (ព្រះនាង ម៉ារីជាព្រះមាតាដ៏វិសុទ្ធបំផុតនៃព្រះជាម្ចាស់ ដែលនៅព្រហ្មចារីយ មិនដែលជំពាក់បាបតាំងពីកំណើត ហើយដែលព្រះអង្គបានលើកឡើងទៅស្ថានបរមសុខ)។ “វាក្តៅក្រហាយនឹងស្រ្តីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកប្រឆាំងនឹងកូនចៅរបស់នាងដែលនៅសេសសល់” (វវ ១២,១៧)។ ហេតុនេះហើយ បានជាព្រះវិញ្ញាណ និងព្រះសហគមន៍អង្វរថា៖ “ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!” (វវ ២២,១៧.២០) ដ្បិតពេលព្រះអង្គនឹងយាងមក យើងនឹងរួចពីមារកំណាច។
២៨៥៤. ដោយសូមឱ្យរួចផុតពីមារកំណាច យើងអង្វរសុំឱ្យយើងរួចពីទុក្ខវេទនាទាំងឡាយដែលមារកំណាចនេះបង្កើត ក្នុងបច្ចុប្បន្នកាល អតីតកាល និងអនាគតកាលផងដែរ ។ តាមសំណូមពរចុងក្រោយនេះ ព្រះសហគមន៍ទទួលយកទុក្ខវេទនាទាំងអស់នៃពិភពលោកថ្វាយទៅឯព្រះបិតា។ ដើម្បីឱ្យចាកផុតពីទុក្ខវេទនាដែលបៀតបៀនមនុស្សលោក ព្រះសហគមន៍ទូលអង្វរសុំព្រះអំណោយទានដ៏មានតម្លៃ គឺសន្តិភាព ហើយឱ្យខ្លួនអាចរង់ចាំដល់ពេលព្រះគ្រីស្តយាងត្រឡប់មកវិញ ដោយចិត្តព្យាយាម។ ដោយអធិដ្ឋានបែបនេះ ព្រះសហគមន៍ប្រារព្ធទុកជាមុនសូមឱ្យព្រះជាម្ចាស់សរុបមនុស្សទាំងអស់ និងអ្វីៗទាំងអស់ ក្នុងអង្គព្រះគ្រីស្តដែល “មានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ” (វវ ១,១៨) ដែលជាម្ចាស់នៃអ្វីៗទាំងអស់ ព្រះអង្គ “ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយកំពុងតែយាងមក” (វវ ១,៨) (វវ ១,៤)៖ ឱព្រះអម្ចាស់យើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យរួចពីអន្តរាយគ្រប់បែបយ៉ាង សូមទ្រង់ប្រោសប្រទានឱ្យយើងខ្ញុំរស់នៅបានសេចក្ដីសុខសាន្ត និងរួចចាកពីអំពើបាបជានិច្ច កុំឱ្យយើងខ្ញុំជួបប្រទះនឹងទុក្ខលំបាកណាឡើយ។ យើងខ្ញុំសង្ឃឹមយ៉ាងមាំថា នឹងបានបរមសុខ ហើយយើងខ្ញុំក៏រង់ចាំព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះ ទ្រង់យាងត្រឡប់មកវិញដែរ (MR)។
សេចក្ដីចុងក្រោយសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
២៨៥៥. សេចក្ដីចុងក្រោយសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ “ដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ” យកសំណូមពរទាំងបីដើមចំពោះព្រះបិតារបស់យើង គឺជាការលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ ឱ្យព្រះរាជ្យព្រះអង្គយាងមកដល់ និងឱ្យព្រះហឫទ័យពោរពេញដោយឫទ្ធានុភាពសង្រ្គោះមនុស្សលោកបានសម្រេច។ ប៉ុន្តែ ឥឡូវនេះ យើងសុំដោយក្រាបថ្វាយបង្គំ និងអរព្រះគុណព្រះជាម្ចាស់ ដូចនៅក្នុងពិធីបុណ្យនៃស្ថានបរមសុខ (វវ ១,៦ ; ៤,១១ ; ៥,១៣)។ ចៅហ្វាយលោកីយ៍នេះបានប្រើកលល្បិចយកងារទាំងបីនោះ (រាជ្យ ឫទ្ធិ និងសិរីរុងរឿង) (លក ៤,៥-៦) ឯព្រះគ្រីស្តវិញ ជាព្រះអម្ចាស់ប្រគល់ងារទាំងបីនោះ ថ្វាយព្រះបិតារបស់ព្រះអង្គ និងជាព្រះបិតារបស់យើងវិញ រហូតដល់ព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា ទំរាំដល់ព្រះអង្គបានបំពេញការសង្រ្គោះ ហើយព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ (១ករ ១៥,២៤-២៨)។
២៨៥៦. “ពេលសូត្រធម៌រួចហើយ អ្នកពោល អាម៉ែន ដែលមានន័យថា “សូមឱ្យបានសម្រេច” (លក ១,៣៨) ដើម្បីបញ្ជាក់អំពីសេចក្ដីនៃការអធិដ្ឋាន ដែលព្រះជាម្ចាស់បានបង្រៀនមកយើង” (សន្ត ស៊ីរីលនៃទីក្រុងយេរូសាឡឹម)។
សង្ខេប
២៨៥៧. ក្នុងធម៌ឱព្រះបិតា សំណូមពរទាំងបីដំបូងសម្ដៅទៅលើសិរីរុងរឿងរបស់ព្រះបិតា គឺឱ្យព្រះ នាមបានវិសុទ្ធ ឱ្យព្រះរាជ្យយាងមកដល់ និងឱ្យបំណងប្រាថ្នារបស់ព្រះជាម្ចាស់បានសម្រេច។ តាមសំណូមពរបួនទៀត យើងបង្ហាញឱ្យព្រះអង្គដឹងអំពីបំណងប្រាថ្នាយើង គឺយើងសុំឱ្យព្រះអង្គជួយចិញ្ជឹមជីវិតរបស់យើង ឬព្យាបាលជីវិតនេះឱ្យរួចពីបាប ហើយសំណូមពរនោះ ទាក់ទងនឹងការប្រយុទ្ធរបស់ យើង ដើម្បីឱ្យសេចក្ដីល្អយកជ័យជំនះលើសេចក្ដីអាក្រក់។
២៨៥៨. ដោយទូលសុំព្រះជាម្ចាស់ឱ្យ “ព្រះនាមព្រះអង្គបានវិសុទ្ធ” យើងចូលក្នុងគម្រោងការរបស់ ព្រះអង្គ គឺឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ ដូចដែលព្រះអង្គបានសម្ដែងឱ្យលោកម៉ូសេស្គាល់ ហើយបន្ទាប់មក នៅក្នុងអង្គព្រះយេស៊ូ តាមរយៈយើង និងនៅក្នុងយើង ដូចក្នុងប្រជាជាតិនានា និងមនុស្សម្នាក់ៗ។
២៨៥៩. ដោយសារសំណូមពរទីពីរ ព្រះសហគមន៍មានគោលដៅពិសេសឱ្យព្រះគ្រីស្តយាងមកវិញ និងឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកជាស្ថាពរ។ ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់ ដើម្បីឱ្យព្រះរាជ្យរីកចម្រើនក្នុងការរស់នៅ “ប្រចាំថ្ងៃ” នៃជីវិតរបស់យើង។
២៨៦០. សំណូមពរទីបី យើងទូលអង្វរព្រះបិតាសូមព្រះអង្គបង្រួបបង្រួមបំណងរបស់យើងទៅនឹងបំណងរបស់ព្រះបុត្រាព្រះអង្គ ដើម្បីបំពេញគម្រោងការរបស់ព្រះអង្គក្នុងការសង្រ្គោះពិភពលោក។
២៨៦១. សំណូមពរទីបួន រួមជាមួយបងប្អូនយើងៗពោលថា “សូមប្រទានមកយើងខ្ញុំ” មានន័យថា យើងជឿទុកចិត្តលើព្រះបិតា របស់យើងដែលគង់នៅស្ថានបរមសុខ ដូចកូនជឿឪពុកដែរ។ “អាហារ” សម្ដៅទៅលើចំណីអាហារ ដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីចិញ្ជឹមជីវិត និងសម្ដៅទៅលើនំប៉័ងនៃ ជីវិតផង គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះកាយព្រះគ្រីស្ត។ យើងទទួលអាហារនេះ ក្នុង “ថ្ងៃនេះ” របស់ព្រះជាម្ចាស់ ដូចជាចំណីអាហារជាចាំបាច់ដ៏សំខាន់ (ណាស់) នៃពិធីជប់លៀងនៃព្រះរាជ្យ ដែលពិធីអរព្រះគុណតំណាងទុកជាមុន។
២៨៦២. សំណូមពរទីប្រាំអង្វរធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះអំពើបាបរបស់យើង។ ធម៌មេត្តាករុណានេះ អាចជ្រាបចូលក្នុងដួងចិត្តយើង លុះត្រាតែយើងបានលើកលែងទោសឱ្យខ្មាំងសត្រូវរបស់យើង ដូចព្រះ គ្រីស្ត និងដោយយកព្រះអង្គជាជំនួយ។
២៨៦៣. ដោយពោលថា “សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ” យើងទូលសុំអង្វរព្រះជា ម្ចាស់សូមព្រះអង្គជួយកុំឱ្យយើងដើរតាមផ្លូវនៃអំពើបាប។ សំណូមពរនេះ អង្វរព្រះវិញ្ញាណ ដែលចេះដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលប្រទានកម្លាំង។ យើងអង្វរសុំឱ្យយើងចេះប្រុងស្មារតី មានការព្យាយាមរហូតដល់ទីបញ្ចប់។
២៨៦៤. សំណូមពរចុងក្រោយ “សូមរំដោះយើងឱ្យរួចពីមារកំណាច” គ្រីស្តបរិស័ទ រួមជាមួយព្រះសហគមន៍ អង្វរព្រះជាម្ចាស់ឱ្យសម្ដែងជ័យជំនះរបស់ព្រះគ្រីស្តលើ “ចៅហ្វាយរបស់លោកីយ៍នេះ” លើមារសាតាំង ជាទេវទូតប្រឆាំងនឹងព្រះជាម្ចាស់ និងគម្រោងការរបស់ព្រះអង្គអំពីការសង្រ្គោះ។
២៨៦៥. ពាក្យចុងក្រោយ “អាម៉ែន” យើងបង្ហាញថា យើងយល់ព្រម “ Fiat” ចំពោះសំណូមពរទាំងប្រាំពីរ៖ “សូមឱ្យបានសម្រេច...”។
