១៦៩១. “គ្រីស្តបរិស័ទអើយ! ចូរទទួលស្គាល់ឋានៈដ៏ថ្លៃថ្នូររបស់ខ្លួន! ដោយសារអ្នកមានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តអំពើសៅហ្មងដូចកាលពីមុនទៀតទេ។ ចូររម្លឹកថា អ្នកជាកម្មសិទ្ធិរបស់ប្រធានណា ហើយអ្នកជាសមាជិករបស់ព្រះកាយណា។ ចូររម្លឹកថា ព្រះជាម្ចាស់បានដកអ្នកចេញពីអំណាចនៃភាពងងឹត ដើម្បីផ្ទេរអ្នកឱ្យចូលក្នុងពន្លឺ និងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (សន្ត ឡេអុងដ៏ប្រសើរ)។
១៦៩២. ធម៌ប្រកាសជំនឿបានប្រកាសតម្លៃដ៏វិសេសបំផុត នៃព្រះអំណោយទានរបស់ព្រះជាម្ចាស់ ចំពោះមនុស្ស ក្នុងស្នាព្រះហស្តនៃការបង្កើតរបស់ព្រះអង្គ ហើយលើសពីនេះទៅទៀត ដោយសារព្រះអង្គបានសង្រ្គោះ និងប្រោសមនុស្សឱ្យបានវិសុទ្ធ។ អ្វីដែលអ្នកជឿប្រកាស អគ្គសញ្ញាក៏ផ្តល់ឱ្យ គឺ “ដោយសារអគ្គសញ្ញាដែលធ្វើឱ្យគេកើតជាថ្មី” គ្រីស្តបរិស័ទបានក្លាយទៅជា “បុត្រធីតារបស់ព្រះជាម្ចាស់” (យហ ១,១២ ; ១យហ ៣,១) គេ “មានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ” (២ពត្រ ១,៤)។ ដោយទទួលស្គាល់ ក្នុងជំនឿ ឋានៈថ្មីរបស់គេ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ “ឱ្យមានរបៀបរស់នៅស្របតាមដំណឹងល្អរបស់ព្រះគ្រីស្ត” (ភីល ១,២៧)។ ដោយសារអគ្គសញ្ញា និងការអធិដ្ឋាន គេទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត និងព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលនាំគេឱ្យអាចប្រតិបត្តិតាម។
១៦៩៣. ព្រះគ្រីស្តយេស៊ូតែងតែគាប់ព្រះហឫទ័យរបស់ព្រះបិតា (យហ ៨,២៩)។ ព្រះអង្គតែងតែរួបរួមជាមួយព្រះបិតាយ៉ាងពេញលក្ខណៈ។ យ៉ាងណាមិញ ព្រះជាម្ចាស់អញ្ជើញសាវ័ករបស់ព្រះអង្គឱ្យរស់នៅដោយគោរពព្រះបិតា ដែល “ទតឃើញនៅក្នុងទីស្ងាត់កំបាំង” (មថ ៦,៦) ដើម្បីឱ្យ “បានគ្រប់លក្ខណ៍ដូចព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់លក្ខណ៍យ៉ាងនោះដែរ” (មថ ៥,៤៨)។
១៦៩៤. ដោយរួមជាមួយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាជ្រមុជទឹក (រម ៦,៥) គ្រីស្តបរិស័ទ “បានស្លាប់រួចផុតពីអំណាចបាប ហើយមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ក្នុងអង្គព្រះគ្រីស្តយេស៊ូ” (រម ៦,១១) ទើបគេចូលរួមចំណែកក្នុងព្រះជន្មថ្មីរបស់ព្រះអង្គ (កូឡ ២,១២)។ ដោយដើរតាមព្រះគ្រីស្ត និងដោយស្ថិតនៅជាប់នឹងព្រះអង្គ (យហ ១៥,៥) គ្រីស្តបរិស័ទអាច “យកតម្រាប់តាមព្រះជាម្ចាស់ ដូចជាបុត្រធីតាដ៏ជាទីស្រលាញ់ ហើយរស់នៅដោយមានចិត្តស្រលាញ់” (អភ ៥,១) ដោយមានចិត្តគំនិត ពាក្យសម្តី និងកិច្ចការ ដូច “ចិត្តគំនិតរបស់ព្រះគ្រីស្តយេស៊ូ” ដែរ (ភីល ២,៥) ហើយដោយយកតម្រាប់តាមព្រះអង្គ (យហ ១៣,១២-១៦)។
១៦៩៥. “ព្រះជាម្ចាស់បានប្រោសប្រទាន (គ្រីស្តបរិស័ទ) ឱ្យបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង” (១ករ ៦,១១) ព្រះអង្គក៏បាន “ប្រោសប្រទាន គេឱ្យបានវិសុទ្ធ និងត្រាស់ហៅគេឱ្យទៅជាសន្តបុគ្គល” (១ករ ១,២) គ្រីស្តបរិស័ទបានក្លាយទៅជា “ព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ” (១ករ ៦,១៩)។ “ព្រះវិញ្ញាណនៃព្រះបុត្រា” នេះ បង្រៀនគេឱ្យចេះអង្វរព្រះបិតា (កាឡ ៤,៦) ដែលទ្រង់បានទៅជាជីវិតរបស់គេ ធ្វើឱ្យគេប្រតិបត្តិតាម (កាឡ ៥,២៥) ដើម្បី “បង្កើតផលនៃព្រះវិញ្ញាណ” (កាឡ ៥,២២) គឺគេប្រព្រឹត្តកិច្ចការដោយក្ដីស្រលាញ់។ ដោយព្យាបាលមុខរបួសនៃអំពើបាប ព្រះវិញ្ញាណដ៏វិសុទ្ធ “ប្រោសយើងផ្នែកខាងក្នុងឱ្យក្លាយជាថ្មី ដើម្បីកែប្រែគំនិតប្រាជ្ញា និងវិញ្ញាណឱ្យបានថ្មីដែរ” (អភ ៤,២៣) ព្រះអង្គក៏បំភ្លឺយើង និងពង្រឹងកម្លាំងយើង ដើម្បីរស់នៅ “ដូចជាពន្លឺ” (អភ ៥,៨) ដោយសារ “សេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង” (អភ ៥,៩)។
១៦៩៦. មាគ៌ារបស់ព្រះគ្រីស្ត “នាំទៅរកជីវិត” មាគ៌ាផ្ទុយនឹងផ្លូវរបស់ព្រះអង្គ “នាំទៅរកសេចក្ដីវិនាស” (មថ ៧,១៣) (ទក ៣០,១៥-២០)។ ប្រស្នានៃដំណឹងល្អអំពីមាគ៌ាទាំងពីរ តែងតែស្ថិតនៅក្នុងការអប់រំជំនឿរបស់ព្រះសហគមន៍ គឺសម្ដែងឱ្យយើងដឹងថា ការសម្រេចចិត្តខាងសីលធម៌សំខាន់ណាស់ ដើម្បីសង្រ្គោះយើង។ “មានមាគ៌ាពីរ មួយជាមាគ៌ានៃជីវិត មួយទៀតជាមាគ៌ានៃសេចក្ដីស្លាប់ ប៉ុន្តែមាគ៌ាទាំងពីរប្លែកពីគ្នាខ្លាំងណាស់” (ឌីដាខែ)។
១៦៩៧. ក្នុងការអប់រំជំនឿ ត្រូវតែបង្ហាញឱ្យច្បាស់អំណរ និងការទាមទារនៃមាគ៌ារបស់ព្រះគ្រីស្ត (CT ២៩)។ ក្នុងអង្គព្រះអង្គ ការអប់រំជំនឿនៃ “ជីវិតថ្មី” (រម ៦,៤) មានដូចតទៅ៖
- ការអប់រំជំនឿអំពីព្រះវិញ្ញាណដ៏វិសុទ្ធ ជាគ្រូផ្នែកខាងក្នុងនៃរបៀបរស់នៅតាមព្រះគ្រីស្ត ជាភ្ញៀវដ៏ទន់ភ្លន់ និងជាមិត្តសម្លាញ់ ដែលបំភ្លឺ ណែនាំ កែលំអ និងពង្រឹងរបៀបរស់នៅនេះ
- ការអប់រំជំនឿអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតយើងទទួលការសង្រ្គោះដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ម្យ៉ាងទៀត កិច្ចការយើងអាចបង្កើតផលសម្រាប់ជីវិតអស់កល្បជានិច្ចក៏ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដែរ
- ការអប់រំជំនឿអំពីសុភមង្គលយ៉ាងពិតប្រាកដ ដ្បិតសុភមង្គលយ៉ាងពិតប្រាកដសង្ខេបមាគ៌ារបស់ព្រះគ្រីស្ត ជាផ្លូវតែមួយឆ្ពោះទៅសុភមង្គលអស់កល្បជានិច្ច ដែលចិត្តមនុស្សលោកប្រាថ្នាចង់បាន
- ការអប់រំជំនឿអំពីអំពើបាប និងអំពីការលើកលែងទោស ពីព្រោះបើមនុស្សមិនទទួលស្គាល់ថា ខ្លួនជាអ្នកបាបទេ គេមិនអាចស្គាល់សេចក្ដីពិតអំពីខ្លួនឯងបានឡើយ ដែលជាលក្ខខណ្ឌដើម្បីប្រព្រឹត្តយ៉ាងត្រឹមត្រូវ ហើយបើព្រះជាម្ចាស់មិនប្រោសប្រទានការលើកលែងទោសទេ មនុស្សមិនអាចទ្រាំទ្រសេចក្ដីពិតនេះបានឡើយ
- ការអប់រំជំនឿអំពីគុណធម៌របស់មនុស្សលោក ដើម្បីចាប់អារម្មណ៍អំពីសោភណភាពនៃអ្វីដ៏ល្អ ដែលទាក់ទាញចិត្តគំនិត
- ការអប់រំជំនឿអំពីគុណធម៌នៃគ្រីស្តសាសនា គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ដោយយកតម្រាប់តាមគំរូរបស់សន្តបុគ្គល
- ការអប់រំជំនឿនៃធម្មវិន័យនៃសេចក្ដីស្រលាញ់ ក្នុងវិន័យដប់ប្រការ
- ការអប់រំជំនឿនៃព្រះសហគមន៍ ដ្បិតជីវិតរបស់គ្រីស្តបរិស័ទអាចរីកចម្រើន លាតសន្ធឹង និងផ្តល់ខ្លួន ក្នុងការផ្លាស់ប្តូរជាច្រើន “នៃសេចក្ដីល្អខាងវិញ្ញាណ” ក្នុង “សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ”។
១៦៩៨. ព្រះយេស៊ូគ្រីស្តតែងតែជាគំរូដំបូង និងសំខាន់ជាងគេបំផុតនៃការអប់រំជំនឿនេះ ព្រះអង្គដែលព្រះអង្គផ្ទាល់ជា “ផ្លូវ ជាសេចក្ដីពិត និងជាជីវិត” (យហ ១៤,៦)។ ដោយសម្លឹងមើលព្រះអង្គក្នុងជំនឿ គ្រីស្តបរិស័ទអាចសង្ឃឹមថា ព្រះអង្គផ្ទាល់នឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គក្នុងខ្លួនគេ ហើយដោយស្រលាញ់ព្រះអង្គដូចព្រះអង្គបានស្រលាញ់គេដែរ គេអាចប្រព្រឹត្តកិច្ចការសមស្របនឹងឋានៈរបស់ខ្លួន៖
ខ្ញុំសូមអង្វរឱ្យចាត់ទុកថា ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងពិតជាប្រធានរបស់យើង ហើយអ្នករាល់គ្នាជាសមាជិករបស់ព្រះអង្គ។ ព្រះអង្គជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដូចប្រធានជាកម្មសិទ្ធិរបស់សមាជិកដែរ។ អ្វីៗដែលជារបស់ព្រះអង្គក៏ជារបស់អ្នករាល់គ្នាដែរ គឺចិត្តគំនិត បេះដូង ព្រះកាយ ព្រលឹង និងសមត្ថភាពទាំងអស់របស់ព្រះអង្គ ហើយអ្នករាល់គ្នាត្រូវតែប្រើប្រាស់ដូចជារបស់អ្នកផ្ទាល់ ដើម្បីបម្រើ កោតសរសើរ ស្រលាញ់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាជាកម្មសិទ្ធិរបស់ព្រះអង្គ ដូចសមាជិកជាកម្មសិទ្ធិរបស់ប្រធានដែរ។ ហេតុនេះហើយ បានជាព្រះអង្គប៉ងប្រាថ្នាខ្លាំងណាស់ក្នុងការប្រើប្រាស់អ្វីៗទាំងអស់ដែលមានក្នុងខ្លួនអ្នករាល់គ្នា ដើម្បីកិច្ចបម្រើ និងសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គ ដូចរបស់របរដែលជាកម្មសិទ្ធិរបស់ព្រះអង្គដែរ (សន្ត យ៉ូហាន អើដ)។ ជីវិតខ្ញុំ គឺព្រះគ្រីស្ត (ភីល ១,២១)។
ភាគទីមួយ៖
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោក
ឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ
១៦៩៩. ជីវិតរស់នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធបំពេញការត្រាស់ហៅរបស់មនុស្ស (ជំពូកទីមួយ )។ ជីវិតនេះ ប្រកបដោយសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសាមគ្គីភាពរវាងមនុស្ស (ជំពូកទីពីរ )។ ព្រះជាម្ចាស់ប្រោសប្រទានជីវិតនេះ ដូចជាការសង្រ្គោះមួយ (ជំពូកទីបី )។
ជំពូកទីមួយ៖
ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស
១៧០០. ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាង និងមានលក្ខណៈដូចព្រះអង្គ មនុស្សមានឋានៈដ៏ថ្លៃថ្នូរ (ប្រការទី១)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យមានសុភមង្គលយ៉ាងពិតប្រាកដ ដើម្បីបំពេញឋានៈដ៏ថ្លៃថ្នូររបស់គេ (ប្រការទី២)។ មនុស្សក៏ត្រូវតែស្ម័គ្រចិត្តបំពេញលក្ខណៈរបស់ខ្លួន (ប្រការទី ៣)។ ដោយសារកិច្ចការដែលគេប្រព្រឹត្តដោយចេតនា (ប្រការទី៤) មនុស្សប្រតិបត្តិតាម ឬមិនប្រតិបត្តិតាមអ្វីដ៏ល្អប្រសើរដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា ហើយដែលមនសិការបញ្ជាក់ (ប្រការទី៥)។ មនុស្សលោកកសាងខ្លួនឯង និងរីកចម្រើនផ្នែកខាងក្នុង គឺគេធ្វើឱ្យជីវិតខាងវិញ្ញាណទៅជាសម្ភារៈនៃការលូតលាស់របស់គេ (ប្រការទី ៦)។ ដោយមានព្រះហឫទ័យប្រណីសន្តោសជួយឧបត្ថម្ភ គេរីកចម្រើនក្នុងគុណធម៌ (ប្រការទី៧ ) ចៀសវាងអំពើបាប ហើយបើគេបានប្រព្រឹត្តបាប គេថ្វាយខ្លួន ដូចកូនពៅវង្វេង (លក ១៥,១១-៣១) ចំពោះធម៌មេត្តាករុណានៃព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ (ប្រការទី៨ )។ ដូច្នេះ គេឈានទៅដល់ភាពល្អឥតខ្ចោះនៃសេចក្ដីស្រលាញ់។
ប្រការទី១៖ មនុស្សលោកជារូបតំណាងរបស់ព្រះជាម្ចាស់
១៧០១. “ពេលព្រះគ្រីស្តសម្តែងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបិតា និងអាថ៌កំបាំងនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ទ្រង់ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំគេឱ្យស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់បានកំណត់ទុក” (GS ២២,១)។ ក្នុងអង្គព្រះគ្រីស្ត ដែលជា “រូបតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ” (កូឡ ១,១៥) (២ករ ៤,៤) ព្រះជាម្ចាស់បានបង្កើតមនុស្សលោកដូចជា “តំណាង និងមានលក្ខណៈ” របស់ព្រះបង្កើត។ ក្នុងអង្គព្រះគ្រីស្ត ដែលជាព្រះសង្រ្គោះ ព្រះជាម្ចាស់បានប្រោសមនុស្ស ដែលអំពើបាបដើមបានបង្ខូច ឱ្យមានលក្ខណៈដូចព្រះអង្គឡើងវិញ ដោយទ្រង់បានកែលក្ខណៈនេះក្នុងសោភណភាពដើម ហើយបានបន្ថែមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គថែមទៀតផង (GS ២២,២)។
១៧០២. មនុស្សគ្រប់ៗរូបមានលក្ខណៈដូចព្រះជាម្ចាស់។ លក្ខណៈនេះ ភ្លឺចិញ្ចាចចិញ្ចែង ពេលមនុស្សរួបរួមជាមួយគ្នា ដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរួបរួមជាមួយគ្នាផងដែរ (សូមអានជំពូកទីពីរ)។
១៧០៣. ដោយមាន “ព្រលឹងវិញ្ញាណអមតៈ” (GS ១៤) មនុស្ស “ជាសត្វលោកតែមួយគត់ដែលព្រះអង្គសព្វព្រះហឫទ័យបង្កើតដើម្បីខ្លួនឯង” (GS ២៤,៣)។ តាំងពីគេនៅក្នុងផ្ទៃមកម្ល៉េះ ព្រះជាម្ចាស់មានព្រះហឫទ័យឱ្យមនុស្សលោកទទួលសុភមង្គលអស់កល្បជានិច្ច។
១៧០៤. មនុស្សទទួលចំណែកក្នុងពន្លឺ និងឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារប្រាជ្ញា មនុស្សអាចយល់អំពីរបៀបរៀបរយនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានចាត់ចែង។ ដោយសារបំណងរបស់ខ្លួន មនុស្សអាចទៅរកសុភមង្គលដ៏ពិតប្រាកដ ដោយខ្លួនឯង។ មនុស្សទៅជាបានពេញលក្ខណៈដោយ “ស្វះស្វែងរក និងស្រឡាញ់សេចក្តីពិត និងអ្វីដែលល្អប្រសើរ” (GS ១៥,២)។
១៧០៥. ដោយសារព្រលឹង ឫទ្ធានុភាពខាងវិញ្ញាណ ឫទ្ធានុភាពនៃប្រាជ្ញា និងឫទ្ធានុភាពនៃបំណងរបស់ខ្លួន មនុស្សមានសេរីភាព “ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថា មនុស្សមានលក្ខណៈដូចព្រះជាម្ចាស់” (GS ១៧)។
១៧០៦. ដោយសារប្រាជ្ញា មនុស្សស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលជំរុញ “ឱ្យប្រព្រឹត្តអំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់” (GS ១៦)។ ម្នាក់ៗត្រូវតែធ្វើតាមក្បួនវិន័យ ដែលលាន់ឮក្នុងមនសិការ ហើយដែលបំពេញក្នុងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។ ការរស់នៅប្រកបដោយសីលធម៌បញ្ជាក់អំពីឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។
១៧០៧. “មារដ៏មានកលល្បិចជាងគេបញ្ឆោតមនុស្ស បណ្តាលឱ្យគេប្រើសេរីភាពរបស់ខ្លួនហួសហេតុ” (GS ១៣,១)។ មនុស្សបានចាញ់ការល្បួង និងបានប្រព្រឹត្តអំពើអាក្រក់។ មនុស្សនៅតែប្រាថ្នាចង់បានអ្វីដ៏ល្អ ប៉ុន្តែធម្មជាតិរបស់ខ្លួនត្រូវអំពើបាបដើមដំបូងធ្វើឱ្យរបួស។ មនុស្សមានចិត្តលម្អៀងប្រព្រឹត្តអំពើអាក្រក់ និងអាចប្រព្រឹត្តកំហុសផងដែរ៖
ហេតុនេះ យើងយល់ឃើញថា មនុស្សបាក់បែកពីខាងក្នុង។ ការរស់នៅរបស់មនុស្សយើង ទោះជាការរស់នៅរបស់បុគ្គលម្នាក់ៗក្តី ជាការរស់នៅរួមក្តី ជាការប្រយុទ្ធដ៏ឃោរឃៅ គឺសេចក្តីល្អប្រយុទ្ធនិងសេចក្តីអាក្រក់ ពន្លឺប្រយុទ្ធនិងភាពងងឹត (GS ១៣,២)។
១៧០៨. ដោយសារព្រះអង្គបានរងទុក្ខលំបាក ព្រះគ្រីស្តបានរំដោះយើងឱ្យរួចពីមារសាតាំង និងពីអំពើបាប។ ដោយសារបុណ្យកុសលព្រះអង្គៗក៏បានប្រទានជីវិតថ្មីក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គកែលំអឡើងវិញនូវអ្វីៗដែលអំពើបាបបានបំផ្លាញក្នុងខ្លួនយើង។
១៧០៩. អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្តក្លាយទៅជាបុត្រធិតារបស់ព្រះជាម្ចាស់ ដែលផ្លាស់ប្តូរគេ ដោយប្រោសប្រទានគេឱ្យអាចយកតម្រាប់តាមព្រះគ្រីស្ត អាចប្រព្រឹត្តកិច្ចការត្រឹមត្រូវ និងប្រតិបត្តិតាមអ្វីដែលល្អ។ ដោយរួបរួមជាមួយព្រះសង្រ្គោះរបស់ខ្លួន សាវ័កឈានទៅរកភាពល្អឥតខ្ចោះនៃសេចក្ដីស្រលាញ់ គឺភាពដ៏វិសុទ្ធ។ ដោយព្រះហឫទ័យប្រណីសន្តោសបានរៀបចំ ការរស់នៅតាមសីលធម៌រីកចម្រើនឱ្យពេញលក្ខណៈក្នុងជីវិតអស់កល្បជានិច្ច ក្នុងសិរីរុងរឿងនៃស្ថានបរមសុខ។
សង្ខេប
១៧១០. “ព្រះគ្រីស្តសម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឱ្យគេស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់បានកំណត់ទុក” (GS ២២,១)។
១៧១១ . ចាប់តាំងពីផ្ទៃម្តាយមកម្ល៉េះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សមានព្រលឹងខាងវិញ្ញាណ ប្រាជ្ញា និងឆន្ទៈ បែរទៅរកព្រះអង្គ និងឱ្យទទួលសុភមង្គលអស់កល្បជានិច្ច។ មនុស្សបានល្អឥតខ្ចោះ ដោយ “ស្វះស្វែងរកស្រឡាញ់សេចក្តីពិត និងអ្វីដ៏ល្អប្រសើរ” (GS ១៥,២)។
១៧១២. នៅក្នុងខ្លួនមនុស្ស សេរីភាពដ៏ពិតប្រាកដ “ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថា មនុស្សមានលក្ខណៈដូចព្រះជាម្ចាស់” (GS ១៧)។
១៧១៣ . មនុស្សត្រូវតែធ្វើតាមវិន័យខាងសីលធម៌ ដែលជំរុញគេ “ឱ្យប្រព្រឹត្តអំពើល្អ និងជៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់” (GS ១៦)។ វិន័យនេះ លាន់ឮក្នុងមនសិការរបស់ខ្លួន។
១៧១៤ . មនុស្សដែលត្រូវរបួសដោយសារអំពើបាបដើមដំបូងអាចប្រព្រឹត្តខុស និងមានចិត្តលម្អៀងប្រព្រឹត្តអំពើអាក្រក់ ក្នុងការប្រើប្រាស់សេរីភាពរបស់ខ្លួន។
១៧១៥. នរណាផ្ញើជីវិតទៅលើព្រះគ្រីស្តមានជីវិតថ្មីក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ការរស់នៅតាមសីលធម៌ ដោយមានការប្រោសប្រណីជួយឱ្យរីកចម្រើន និងបានពេញលេញ ត្រូវតែសម្រេចក្នុងសិរីរុងរឿង នៃស្ថានបរមសុខ។
ប្រការទី២៖ ព្រះជាម្ចាស់ត្រាស់ហៅយើងឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដ
១៧១៦. សុភមង្គលយ៉ាងពិតប្រាកដជាស្នូលនៃធម៌ទេសនារបស់ព្រះយេស៊ូ។ ពេលព្រះអង្គប្រកាសអំពីសុភមង្គលនេះ ព្រះអង្គយកព្រះបន្ទូលសន្យា ដែលព្រះជាម្ចាស់បានប្រោសប្រទានឱ្យប្រជាជនរបស់ព្រះអង្គតាំងពីលោកអប្រាហាំ មកវិញ។ ព្រះអង្គបំពេញព្រះបន្ទូលសន្យានោះ សំដៅទៅលើព្រះរាជ្យនៃស្ថានបរមសុខ គឺមិនគ្រាន់តែជាការកាន់កាប់ដីប៉ណ្ណោះទេ។
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ! អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្ដែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់! អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ! ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ចូរត្រេកអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលទៅរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ (មថ ៥,៣-១២)។
១៧១៧. ព្រះបន្ទូលនេះឆ្លុះបញ្ចាំងអំពីព្រះភក្រ្តព្រះយេស៊ូគ្រីស្ត និងរៀបរាប់សេចក្ដីស្រលាញ់របស់ព្រះអង្គ។ ព្រះបន្ទូលនេះ សម្ដែងការត្រាស់ហៅរបស់គ្រីស្តបរិស័ទ ដែលរួមជាមួយព្រះអង្គក្នុងសិរីរុងរឿងនៃទុក្ខលំបាក និងការទទួលព្រះជន្មថ្មីរបស់ព្រះអង្គ។ ព្រះបន្ទូលនេះ បំភ្លឺកិច្ចការ និងអាកប្បកិរិយាពិសេសនៃការរស់នៅជាគ្រីស្តបរិស័ទ។ ព្រះបន្ទូលនេះ គាំទ្រសេចក្ដីសង្ឃឹមក្នុងពេលត្រូវគេបៀតបៀន និងប្រកាសព្រះពរ និងរង្វាន់ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រទានឱ្យសាវ័ករួចមកហើយតាមលក្ខណៈដ៏លាក់កំបាំង។ ជីវិតរបស់ព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយចាប់ផ្តើមបំពេញព្រះបន្ទូលនេះ។
២. មនុស្សប្រាថ្នាចង់បានសុភមង្គល
១៧១៨. ព្រះបន្ទូលនេះ ឆ្លើយតបនឹងបំណងប្រាថ្នារបស់មនុស្ស ដែលតែងតែចង់បានសុភមង្គល។ បំណងប្រាថ្នានេះ មកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានដាក់បំណងនេះក្នុងចិត្តមនុស្ស ដើម្បីទាក់ទាញគេទៅរកព្រះអង្គ ដែលមានតែព្រះអង្គទេ ដែលអាចបំពេញបំណងប្រាថ្នានេះបាន៖
យើងទាំងអស់គ្នាប្រាកដជាចង់រស់នៅដោយសប្បាយរីករាយ ហើយជាតិជាមនុស្ស មនុស្សទាំងអស់យល់ព្រមនឹងសំណូមពរនេះ មុននឹងបានស្តាប់សព្វគ្រប់ហើយ (សន្ត អូគូស្តាំង)។
តើខ្ញុំម្ចាស់ស្វែងរកព្រះអម្ចាស់យ៉ាងដូចម្តេច? នៅពេលដែលខ្ញុំម្ចាស់ស្វែងរកព្រះរបស់ខ្ញុំ ខ្ញុំម្ចាស់ក៏ស្វែងរកជីវិតដ៏ពេញលេញ សូមឱ្យខ្ញុំម្ចាស់ស្វែងរកព្រះអង្គ ដើម្បីឱ្យព្រលឹងខ្ញុំម្ចាស់រស់ ដ្បិតរូបកាយខ្ញុំម្ចាស់រស់ដោយសារព្រលឹង ហើយព្រលឹងខ្ញុំម្ចាស់រស់ដោយសារព្រះអង្គ (សន្ត អូគូស្តាំង)។
មានតែព្រះជាម្ចាស់ទេ ដែលធ្វើឱ្យឆ្អែតស្កប់ស្កល់ (សន្ត ថូម៉ាស នៃអាកាំង)។
១៧១៩. សុភមង្គលយ៉ាងពិតប្រាកដសំដៅទៅលើការរស់នៅរបស់មនុស្សលោក ជាទីចុងក្រោយបំផុតនៃកិច្ចការមនុស្ស គឺព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទទួលសុភមង្គលរបស់ព្រះអង្គផ្ទាល់។ ព្រះជាម្ចាស់ត្រាស់ហៅយើងម្នាក់ៗផង ព្រះសហគមន៍ទាំងមូលផង ជាប្រជាជនថ្មីរបស់អស់អ្នក ដែលបានទទួលព្រះបន្ទូលសន្យា និងប្រតិបត្តិតាមដោយមានជំនឿ។
៣. សុភមង្កលយ៉ាងពិតប្រាកាដតាមគ្រីស្តសាសនា
១៧២០. សម្ពន្ធមេត្រីថ្មីប្រើពាក្យសម្តីផ្សេងៗដើម្បីកំណត់សុភមង្គល ដែលព្រះជាម្ចាស់ត្រាស់ហៅមនុស្ស គឺនៅពេលព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងយាងមក (មថ ៤,១៧) នៅពេលយើងនឹងឃើញព្រះជា ម្ចាស់៖ “អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមើលឃើញព្រះជាម្ចាស់!” (មថ ៥,៨) (១យហ ៣,២ ; ១ករ ១៣,១២) ការចូលក្នុងអំណររបស់ព្រះអម្ចាស់ (មថ ២៥,២១.២៣) ការចូលក្នុងថ្ងៃសម្រាករបស់ព្រះជាម្ចាស់ (ហប ៤,៧-១១)៖
នៅទីនោះ យើងនឹងសម្រាក ហើយយើងនឹងឃើញ។ យើងនឹងឃើញ ហើយយើងនឹងស្រលាញ់។ យើងនឹងស្រលាញ់ ហើយយើងនឹងកោតសរសើរ។ នេះគឺជាទីចុងក្រោយ ដែលគ្មានទីចុងក្រោយទេ ហើយ តើយើងមានទីចុងក្រោយអ្វីក្រៅពីទៅដល់ព្រះរាជ្យដែលគ្មានទីចុងក្រោយ? (សន្ត អូគូស្តាំង)។
១៧២១. ព្រះជាម្ចាស់បានបង្កើតយើង ដើម្បីស្គាល់ បម្រើ និងស្រលាញ់ព្រះអង្គ រហូតទៅដល់ស្ថានបរមសុខ។ សុភមង្គលយ៉ាងពិតប្រាកដធ្វើឱ្យយើងមានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ (១ពត្រ ១,៤) ហើយធ្វើឱ្យយើងរួមចំណែកក្នុងជីវិតអស់កល្បជានិច្ច (យហ ១៧,៣)។ ដោយសារសុភមង្គលនេះ មនុស្សចូលក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្ត (រម ៨,១៨) និងក្នុងព្រះជន្មនៃព្រះត្រៃឯកផងដែរ។
១៧២២. សុភមង្គលនេះហួសប្រាជ្ញា និងកម្លាំងរបស់មនុស្ស ប៉ុន្តែមកពីព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាគេហៅសុភមង្គលនេះថា ហួសធម្មជាតិ ដូចព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលរៀបចំមនុស្សឱ្យចូលរួមក្នុងសុភមង្គលរបស់ព្រះជាម្ចាស់។
“អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!”។ តាមការពិត ដោយសារភាពថ្កុំថ្កើង និងសិរីរុងរឿងដែលមិនអាចថ្លែងបាន “គ្មាននរណាអាចមើលឃើញព្រះជាម្ចាស់ បើគេមិនស្លាប់ទេ” ដ្បិតយើងមិនអាចយល់ព្រះបិតាបាន ប៉ុន្តែដោយសារសេចក្ដីស្រលាញ់ និងសប្បុរសធម៌របស់ព្រះអង្គចំពោះមនុស្ស ហើយដោយសារឫទ្ធានុភាពរបស់ព្រះអង្គៗប្រោសប្រទានឱ្យអស់អ្នកដែលស្រលាញ់ព្រះអង្គឱ្យអាចមើលឃើញព្រះអង្គបាន (...) “ដ្បិតអ្វីដែលមនុស្សធ្វើមិនកើត ព្រះជាម្ចាស់អាចធ្វើឱ្យកើតឡើង”” (សន្ត អ៊ីរ៉េណេ)។
១៧២៣. ដោយសារព្រះជាម្ចាស់មានព្រះបន្ទូលសន្យាប្រទានសុភមង្គលដ៏ពិតប្រាកដ យើងត្រូវធ្វើការសម្រេចចិត្តយ៉ាងសំខាន់បំផុត។ ព្រះបន្ទូលនេះ អញ្ជើញយើងឱ្យជម្រះចិត្តពីកិលេសតណ្ហា និងឱ្យស្វះស្វែងរកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់។ ព្រះបន្ទូលនេះ បង្រៀនយើងឱ្យយល់ថា សុភមង្គលដ៏ពិតប្រាកដមិនស្ថិតនៅលើទ្រព្យសម្បត្តិ ឬលើសុខុមាលភាព លើកិត្តិនាម ឬលើអំណាច ហើយមិនស្ថិតនៅលើកិច្ចការណាមួយរបស់មនុស្ស ទោះជាមានផលប្រយោជន៍ ដូចជាវិទ្យាសាស្រ្ត បច្ចេកទេស សិល្បៈ ឬសត្វលោកណាមួយក៏ដោយ ប៉ុន្តែសុភមង្គលដ៏ពិតប្រាកដនេះ ស្ថិតនៅលើព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជាប្រភពនៃអ្វីៗដ៏ល្អប្រសើរ និងសេចក្ដីស្រលាញ់គ្រប់យ៉ាង៖
សព្វថ្ងៃនេះ ទ្រព្យសម្បត្តិជាព្រះដ៏ធំ ។ បណ្តាជនទាំងអស់ថ្វាយបង្ខំព្រះនេះ ដោយមិនបានគិតពិចារណាឡើយ។ គេវាស់សុភមង្គលតាមទ្រព្យសម្បត្តិ ហើយគេវិនិច្ឆ័យកិត្តិយសតាមទ្រព្យសម្បត្តិនេះដែរ (...)។ អ្វីៗទាំងអស់នោះ មកពីការជឿជាក់ថា ដោយសារទ្រព្យសម្បត្តិ យើងអាចធ្វើអ្វីៗទាំងអស់។ ដូច្នេះ សព្វថ្ងៃ ទ្រព្យសម្បត្តិជាព្រះក្លែងក្លាយមួយ ហើយកិត្តិយសជាព្រះក្លែងក្លាយមួយទៀត (...)។ កិត្តិយសធ្វើឱ្យគេស្គាល់ និងកោតសរសើរក្នុងពិភពលោក (ដូចជាតារាចម្រៀង) ថាជា អ្វីដ៏ល្អ អ្វីដ៏ល្អប្រសើរបំផុត ដែលត្រូវតែគោរពផងដែរ (លោន ន្យូម៉ាន)។
១៧២៤. វិន័យដប់ប្រការ ព្រះបន្ទូលរបស់ព្រះយេស៊ូអំពីសុភមង្គលយ៉ាងពិតប្រាកដ និងការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូតរៀបរាប់ឱ្យយើងស្គាល់ផ្លូវ ដែលនាំឱ្យទៅព្រះរាជ្យនៃស្ថានបរមសុខ។ យើងដើរតាមផ្លូវនេះ ពីមួយជំហានទៅមួយជំហានទៀត តាមកិច្ចការប្រចាំថ្ងៃ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។ ដោយមានព្រះបន្ទូលរបស់ព្រះគ្រីស្ត បន្តិចម្តងៗ យើងបង្កើតផលក្នុងព្រះសហគមន៍ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ (មថ ១៣,៣-២៣)។
សង្ខេប
១៧២៥. ព្រះបន្ទូលរម្លឹកឡើងវិញអំពីសុភមង្គលយ៉ាងពិតប្រាកដ គឺជាព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ តាំងពីលោកអប្រាហាំ ហើយព្រះអង្គនឹងបំពេញព្រះបន្ទូលសន្យានោះ នៅឯព្រះរាជ្យនៃស្ថានបរមសុខ។ សុភមង្គលយ៉ាងពិតប្រាកដបំពេញបំណងប្រាថ្នាចង់បានសុភមង្គល ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តមនុស្ស។
១៧២៦. ព្រះបន្ទូលអំពីសុភមង្គលយ៉ាងពិតប្រាកដបង្រៀនឱ្យយើងដឹងថា គោលដៅចុងក្រោយបំផុត ដែលព្រះជាម្ចាស់ត្រាស់ហៅយើង គឺព្រះរាជ្យ ការមើលឃើញព្រះជាម្ចាស់ ការរួមចំណែកក្នុងសភាពជាព្រះជាម្ចាស់ ជីវិតអស់កល្បជានិច្ច ឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ ការសម្រាកក្នុងអង្គព្រះអង្គ។
១៧២៧ . សុភមង្គលយ៉ាងពិតប្រាកដនៃជីវិតអស់កល្បជានិច្ចជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នេះជាសុភមង្គល ដែលមានលក្ខណៈហួសធម្មជាតិ ដូចជាការប្រោសប្រណីដែលណែនាំយើងឱ្យទទួលជីវិតនេះដែរ។
១៧២៨ . ព្រះបន្ទូលអំពីសុភមង្គលយ៉ាងពិតប្រាកដធ្វើឱ្យយើងត្រូវតែជ្រើសរើសជាដាច់ខាតអំពីទ្រព្យ សម្បត្តិលោកីយ៍ ហើយជម្រះចិត្តគំនិតយើង ដើម្បីឱ្យយើងចេះស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់។
១៧២៩. សុភមង្គលយ៉ាងពិតប្រាកដនៃស្ថានបរមសុខជាលក្ខ័ណសម្រាប់ថ្លឹងថ្លែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ លោកីយ៍ស្របតាមវិន័យរបស់ព្រះជាម្ចាស់។
ប្រការទី៣៖សេរីភាពរបស់មនុស្ស
១៧៣០. ព្រះជាម្ចាស់បានបង្កើតមនុស្សដែលមានប្រាជ្ញា គឺមនុស្សមានឋានៈដ៏ថ្លៃថ្នូរអាចផ្តើម និងគ្រប់គ្រងកិច្ចការរបស់ខ្លួនបាន។ “ព្រះជាម្ចាស់ប្រទានឱ្យមនុស្សធ្វើជាម្ចាស់លើសេចក្ដីសម្រេចរបស់ខ្លួន” (បសរ ១៥,១៤) ដើម្បីឱ្យគេអាចស្វះស្វែងរកព្រះបង្កើតរបស់ខ្លួន ដោយខ្លួនឯង ហើយដើម្បីឱ្យបានគ្រប់លក្ខណៈ ពោរពេញដោយសុភមង្គល ដោយស្ម័គ្រចិត្តភ្ជាប់នឹងព្រះអង្គ។
មនុស្សមានប្រាជ្ញា ដូច្នេះ គេមានលក្ខណៈដូចព្រះជាម្ចាស់ មានសេរីភាព និងជាម្ចាស់លើអំពើរបស់ខ្លួន (សន្ត អ៊ីរ៉ែណេ)។
១៧៣១. សេរីភាពជាអំណាច ដែលចាក់ឫសក្នុងប្រាជ្ញា និងឆន្ទៈ ឱ្យប្រព្រឹត្ត ឬមិនប្រព្រឹត្ត ធ្វើនេះ ឬធ្វើនោះ ស្ម័គ្រចិត្តបំពេញកិច្ចការដោយខ្លួនឯង។ ដោយសារសេរីភាព មនុស្សម្នាក់ៗជាម្ចាស់លើខ្លួនឯង។ សេរីភាពជាកម្លាំងរបស់មនុស្ស ដែលធ្វើឱ្យគេរីកចម្រើន ក្នុងសេចក្ដីពិត និងសប្បុរសធម៌ ឱ្យបានពេញលេញ។ មនុស្សមានសេរីភាពបានគ្រប់លក្ខណៈ នៅពេលដែលគេប្រើសេរីភាព ដើម្បីព្រះជាម្ចាស់ជាសុភមង្គលយ៉ាងពិតប្រាកដរបស់យើង។
១៧៣២. ដរាបណាមនុស្សមិនបានតម្រូវសេរីភាព ឱ្យស្ថិតនៅក្រោមអ្វីដ៏ល្អប្រសើរបំផុតរបស់ខ្លួន គឺព្រះជាម្ចាស់ ដរាបនោះមនុស្សអាចជ្រើសរើសរវាងអំពើល្អ ឬអំពើអាក្រក់ ដូច្នេះអាចរីកចម្រើនក្នុងភាពល្អឥតខ្ចោះ ឬប្រព្រឹត្តអំពើបាប។ សេរីភាពជាលក្ខណៈពិសេសនៃកិច្ចការមនុស្សលោក ហើយជាប្រភពនៃការកោតសរសើរ ឬការស្តីបន្តោស អំពើបុណ្យកុសល ឬអំពើអកុសល។
១៧៣៣. បើយើងប្រព្រឹត្តអំពើល្អកាន់តែច្រើន យើងក៏មានសេរីភាពកាន់តែច្រើនដែរ។ យើងមានសេរីភាពយ៉ាងពិតប្រាកដ នៅពេលយើងបម្រើអ្វីដ៏ល្អ និងយុត្តិធម៌តែប៉ុណ្ណោះ។ ពេលយើងជ្រើសរើសការមិនស្តាប់បង្គាប់ និងការប្រព្រឹត្តអំពើអាក្រក់ យើងបំពានសេរីភាព និងទៅជា “ខ្ញុំបម្រើនៃអំពើបាប” (រម ៦,១៧)។
១៧៣៤. សេរីភាពនាំឱ្យមនុស្សទៅជាអ្នកទទួលខុសត្រូវ នៃកិច្ចការរបស់ខ្លួន លុះត្រាតែគេស្ម័គ្រចិត្តប្រពឹត្តកិច្ចការនោះ។ ពេលយើងរីកចម្រើនក្នុងគុណធម៌ ការស្គាល់អ្វីដែលល្អ និងការហ្វឹងហាត់ផ្លូវចិត្ត បង្កើននូវការគ្រប់គ្រងលើឆន្ទៈរបស់ខ្លួន។
១៧៣៥. អវិជ្ជា ការធ្វេសប្រហែស អំពើហិង្សា ការភ័យខ្លាច ទំនៀមទម្លាប់ កិលេសតណ្ហា និងកត្តា ផ្សេងៗខាងចិត្តវិទ្យា ឬដែលមកពីសង្គម អាចបន្ថយ ឬលុបបំបាត់ ការទម្លាក់ទោស និងការទទួលខុសត្រូវលើកិច្ចការណាមួយ។
១៧៣៦. មនុស្សទទួលខុសត្រូវលើកិច្ចការណាមួយ ដែលខ្លួនបានប្រព្រឹត្តផ្ទាល់៖
ហេតុនេះហើយ បានជាព្រះអម្ចាស់សួរទៅកាន់លោកអដាំ ក្រោយពីលោកបានប្រព្រឹត្តអំពើបាប នៅសួនច្បារថា៖ “ម្តេចក៏អ្នកធ្វើដូច្នេះ?” (កណ ៣,១៣) លោកកាអ៊ីនក៏ដូច្នោះដែរ (កណ ៤,១០) ឬនៅពេលដែលព្យាការីណាថានសួរព្រះបាទដាវីឌ ក្រោយពីព្រះអង្គបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងភរិយារបស់លោកអ៊ូរី និងបានសម្លាប់លោក (២សម ១២,៧-១៥)។
យើងគ្មានចេតនាដោយផ្ទាល់នឹងប្រព្រឹត្តកិច្ចការមួយ ដែលខូចខាតមកពីការធ្វេសប្រហែសរបស់យើង ដែលគួរតែយកចិត្តទុកដាក់ធ្វើ។ ឧទាហរណ៍ដូចជាគ្រោះថ្នាក់មួយបណ្តាលមកពីយើងមិនស្គាល់ច្បាប់ចរាចរណ៍។
១៧៣៧. យើងអាចអធ្យាស្រ័យចំពោះអំពើមួយ ដែលគេបានប្រព្រឹត្តដោយអចេតនា ដូចស្រ្តីជាម្តាយម្នា្កក់អស់កម្លាំងហេវហត់ ដោយគ្មានគោលបំណង ដោយបានថែទាំជម្ងឺកូន។ យើងមិនអាចទម្លាក់ទោសទេ បើគេគ្មានបំណងបង្កើតផលវិបាកនេះ គោលដៅ ឬមធ្យោបាយ ដូជមនុស្សម្នាក់ស្លាប់ដោយសង្រ្គោះមនុស្សម្នាក់ទៀត។ យើងអាចទម្លាក់ទោសលើមនុស្សម្នាក់ ដែលប្រព្រឹត្តខុសដោយដឹងផលវិបាកជាមុន និងមានលទ្ធភាពអាចគេចផុតពីផលវិបាកនេះបាន ដូចអ្នកបើកបររថយន្តបុកមនុស្សម្នាក់ស្លាប់ ព្រោះស្រវឹងស្រា។
១៧៣៨. យើងប្រើសេរីភាពក្នុងទំនាក់ទំនងរវាងមនុស្ស។ មនុស្សម្នាក់ៗ ដែលព្រះជាម្ចាស់បានបង្កើតជារូបតំណាងរបស់ព្រះអង្គ មានសិទ្ធិធម្មជាតិឱ្យមានសេរីភាព និងការទទួលខុសត្រូវ។ មនុស្សទាំងអស់ត្រូវតែគោរពសិទ្ធិមនុស្សគ្រប់រូប។ ដោយសារមនុស្សមានឋានៈដ៏ថ្លៃថ្នូរ គេត្រូវតែមានសិទ្ធិប្រព្រឹត្តតាមសេរីភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចសីលធម៌ និងកិច្ចសាសនា (DH ២)។ សង្គមត្រូវតែទទួលស្គាល់ និងការពារសិទ្ធិនេះ ក្នុងគ្រប់ខ័ណ្ឌនៃផលប្រយោជន៍រួម និងរបៀបរៀបរយសាធារណៈ (DH ៧)។
២. សេរីភាពរបស់មនុស្សក្នុងការចាត់ចែងការសង្រ្គោះ
១៧៣៩. សេរីភាព និងអំពើបាប ។ ទោះបីមនុស្សមានសេរីភាពក៏ដោយ ក៏គេមានកំណត់ព្រំដែន និងអាចប្រព្រឹត្តកំហុសផងដែរ។ មនុស្សបានស្ម័គ្រចិត្តប្រព្រឹត្តបាប។ ដោយបដិសេធមិនព្រមគម្រោងការពោរពេញដោយសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ មនុស្សបានយល់ច្រឡំខ្លួនឯង គេក្លាយទៅជាខ្ញុំបម្រើនៃអំពើបាប ហើយក្លាយទៅជាទាសករនៃអ្វីៗផ្សេងទៀតជាច្រើន។ តាំងពីដើមដំបូង ប្រវត្តិសាស្រ្តរបស់មនុស្សលោកផ្តល់សក្ខីភាពថា ដោយសារគេប្រើសេរីភាពមិនត្រឹមត្រូវ មនុស្សរងទុក្ខវេទនា និងត្រូវគេសង្កត់សង្កិនជិះជាន់។
១៧៤០. ការគម្រាមកំហេងលើសេរីភាព ។ ទោះបីមនុស្សយើងមានសេរីភាពក៏ដោយ ក៏យើងពុំមានសិទ្ធិនិយាយ ឬធ្វើតាមអំពើចិត្តដែរ។ ពេលយើងអះអាងថា “មនុស្ស ដែលជាប្រធាននៃសេរីភាព ពឹងផ្អែកលើខ្លួនឯង ដោយមានគោលដៅបំពេញផលប្រយោជន៍ផ្ទាល់ ក្នុងការគ្រប់គ្រងធនធាននៅលើផែនដី” គឺយើងនិយាយកុហក។ ម្យ៉ាងទៀត ជារឿយៗគេមិនទទួលស្គាល់ ឬគេឧស្សហ៍បំពានលក្ខខណ្ឌនៃរបៀបសេដ្ឋកិច្ច សង្គម នយោបាយ ឬវប្បធម៌ ដែលចាំបាច់ត្រូវតែប្រតិបត្តិ។ ស្ថានភាពយ៉ាងងងឹតងងល់ និងយ៉ាងអយុត្តិធម៌ទាំងនេះ រារាំងមិនឱ្យជីវិតខាងសីលធម៌ ហើយជំរុញទាំងអ្នករឹងមាំ ទាំងអ្នកទន់ខ្សោយ ឱ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងសេចក្ដីស្រលាញ់។ ដោយឃ្លាតឆ្ងាយពីសីលធម៌ មនុស្សបំផ្លាញសេរីភាពរបស់ខ្លួន ទៅជាខ្ញុំបម្រើរបស់ខ្លួនឯង ផ្តាច់មេត្រីភាពជាមួយនឹងបងប្អូន និងបះបោរប្រឆាំងនឹងសេចក្ដីពិតរបស់ព្រះជាម្ចាស់ផងដែរ។
១៧៤១. ការរំដោះ និងការសង្រ្គោះ ។ ដោយសារព្រះឈើឆ្កាងដ៏រុងរឿង ព្រះគ្រីស្តបានសង្រ្គោះមនុស្សទាំងអស់។ ព្រះអង្គបានលោះគេចេញពីអំពើបាប ដែលធ្វើឱ្យគេជាខ្ញុំបម្រើ។ “ ព្រះគ្រីស្តបានរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ” (កាឡ ៥,១)។ នៅក្នុងអង្គព្រះអង្គ យើងរួបរួមជាមួយនឹង “សេចក្ដីពិត ដែលរំដោះយើងឱ្យមានសេរីភាព” (យហ ៨,៣២)។ ព្រះជាម្ចាស់បានប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដូចគ្រីស្តទូតប៉ូលប្រៀនប្រដៅថា “នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះក៏មានសេរីភាពដែរ” (២ករ ៣,១៧)។ ចាប់តាំងពីឥឡូវនេះទៅ ដោយសារ “សេរីភាពនៃបុត្រធិតារបស់ព្រះជាម្ចាស់” (រម ៨,២១) យើងមានសិរីរុង រឿង។
១៧៤២. សេរីភាព និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តមិនប្រជាំងនឹងសេរីភាពរបស់យើងទេ នៅពេលដែលសេរីភាពនេះ ស្របតាមសេចក្ដីពិត និងអ្វីដ៏ល្អដែលព្រះជាម្ចាស់បានដាក់បញ្ចូលក្នុងចិត្តមនុស្ស។ ផ្ទុយទៅវិញ ដូចបទពិសោធន៍នៃគ្រីស្តសាសនាផ្តល់សក្ខីភាព ជាពិសេសក្នុងការអធិដ្ឋាន បើយើងធ្វើតាមព្រះហឫទ័យប្រណីសន្តោស យើងពង្រឹងសេរីភាព និងមានទំនុកចិត្តក្នុងគ្រាលំបាក ដូចជាការគាបសង្កត់ និងការបង្ខិតបង្ខំដែលមកពីខាងក្រៅ។ ដោយសារការប្រោសប្រណីសន្តោស ព្រះវិញ្ញាណដ៏វិសុទ្ធអប់រំយើងឱ្យមានសេរីភាពខាងវិញ្ញាណ ដើម្បីឱ្យយើងទៅជាសហការីនៃព្រះរាជកិច្ចរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងក្នុងពិភពលោកផងដែរ៖
ឱព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យសប្បុរស ហើយដែលមានឫទ្ធានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាដកឧបសគ្គទាំងប៉ុន្មាន ដែលរារាំងផ្លូវយើងខ្ញុំមិនឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះជានិច្ចផង (MR ពាក្យអធិដ្ឋានចូលថ្ងៃអាទិត្យទី៣២ប្រចាំឆ្នាំ)។
សង្ខេប
១៧៤៣ . “ព្រះជាម្ចាស់ប្រទានឱ្យមនុស្សធ្វើជាម្ចាស់លើសេចក្ដីសម្រេចរបស់ខ្លួន” (បសរ ១៥,១៤)។ ដើម្បីឱ្យគេអាចស្ម័គ្រចិត្តភ្ជាប់នឹងព្រះបង្កើតរបស់ខ្លួន ហើយបានទៅជាល្អឥតខ្ចោះ (GS ១៧,១)។
១៧៤៤ . សេរីភាពជាអំណាច ដែលត្រូវប្រព្រឹត្ត ឬមិនត្រូវប្រព្រឹត្ត ហើយត្រុវបំពេញកិច្ចការដោយខ្លួនឯង។ មនុស្សមានសេរីភាពគ្រប់លក្ខណៈ នៅពេលដែលគេប្រើសេរីភាព ដើម្បីព្រះជាម្ចាស់ ដែលជាសុភមង្គលយ៉ាងពិតប្រាកដ។
១៧៤៥ . សេរីភាពជាលក្ខណៈនៃកិច្ចការរបស់មនុស្ស។ សេរីភាពធ្វើឱ្យមនុស្សទទួលខុសត្រូវលើកិច្ច
ការទាំងប៉ុន្មាន ដែលខ្លួនស្ម័គ្រចិត្តប្រព្រឹត្ត។ មនុស្សជាម្ចាស់ផ្ទាល់នៃកិច្ចការ ដែលខ្លួនស្ម័គ្រចិត្តធ្វើ។
១៧៤៦ . អវិជ្ជា អំពើហិង្សា ការភ័យខ្លាច និងកត្តាផ្សេងៗខាងចិត្តវិទ្យា ឬដែលមកពីសង្គម អាចបន្ថយ ឬលុបបំបាត់ ការទម្លាក់ទោស និងការទទួលខុសត្រូវលើកិច្ចការណាមួយ។
១៧៤៧ . ដោយសារមនុស្សមានឋានៈដ៏ថ្លៃថ្នូរ គេត្រូវតែមានសិទ្ធិប្រព្រឹត្តតាមសេរីភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចសីលធម៌ និងកិច្ចសាសនា។ ក៏ប៉ុន្តែ ទោះបីមនុស្សយើងមានសេរីភាពក៏ដោយ ក៏គេពុំមានសិទ្ធិនិយាយ ឬធ្វើតាមទំនើងចិត្តដែរ។
១៧៤៨ . “ព្រះគ្រីស្តបានរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ” (កាឡ ៥,១)។
ប្រការទី៤៖សីលធម៌នៃកិច្ចការរបស់មនុស្ស
១៧៤៩. ដោយសារមនុស្សមានសេរីភាព គេមានសីលធម៌ផងដែរ។ នៅពេលដែលគេប្រព្រឹត្តកិច្ចការដោយមានសេរីភាព មនុស្សដូចជាឪពុកនៃកិច្ចការរបស់ខ្លួន ។ យើងអាចវិនិច្ឆ័យកិច្ចការរបស់មនុស្ស ពោលគឺកិច្ចការដែលយើងស្ម័គ្រចិត្តជ្រើសរើសក្រោយពីបានរិះគិតពិចារណា។ កិច្ចការទាំងអស់នោះ ល្អ ឬអាក្រក់។
១៧៥០. សីលធម៌នៃកិច្ចការរបស់មនុស្សអាស្រ័យទៅលើ៖
- កម្មវត្ថុដែលយើងជ្រើសរើស
- គោលដៅ ឬគោលបំណង
- កាលៈទេសៈនៃកិច្ចការនោះ
កម្មវត្ថុ គោលបំណង និងកាលៈទេសៈជា “ប្រភព” ឬផ្នែក របស់សីលធម៌នៃកិច្ចការមនុស្ស។
១៧៥១. កម្មវត្ថុ ដែលយើងជ្រើសរើសជាអ្វីដ៏ល្អ ដែលយើងមានបំណងប្រព្រឹត្ត ដោយចេតនា។ កម្មវត្ថុនេះ ជាគោលនៃកិច្ចការរបស់មនុស្ស។ កម្មវត្ថុដែលយើងជ្រើសរើសជាលក្ខណៈពិសេសនៃសីលធម៌របស់កិច្ចការ ដោយមិនរាប់ពីបំណង តាមអ្វីដែលប្រាជ្ញាទទួលស្គាល់ និងវិនិច្ឆ័យថា តើកម្មវត្ថុនេះ ស្រប ឬមិនស្របតាមអ្វីដ៏ល្អយ៉ាងពិតប្រាកដឬទេ។ យើងអាចស្គាល់អ្វីដ៏ល្អ ឬអ្វីដ៏អាក្រក់តាមក្បួនសីលធម៌ ដែលមនសិការបញ្ជាក់ដែរ។
១៧៥២. ប្រឈមនឹងកម្មវត្ថុ គោលបំណង ស្ថិតនៅខាងអ្នកដែលប្រព្រឹត្តកិច្ចការ។ ដោយសារគោលបំណងស្ថិតនៅក្នុងប្រភពនៃកិច្ចការដែលយើងមានបំណងប្រព្រឹត្ត ហើយកំណត់កិច្ចការតាមគោលដៅ គោលបំណងនេះជាផ្នែកដ៏សំខាន់មួយ ដើម្បីវិនិច្ឆ័យថា តើកិច្ចការនេះត្រឹមត្រូវ ឬទេ។ គោលដៅជាផ្នែកដំបូងនៃគោលបំណង ហើយសំដៅទៅលើទីដៅដែលយើងចង់ ដើម្បីបំពេញកិច្ចការនេះ។ គោលបំណងជាចលនានៃបំណងឆ្ពោះទៅគោលដៅ គឺតម្រូវទៅទីចុងក្រោយនៃកិច្ចការ។ គោលបំណងតម្រង់នូវអ្វីដ៏ល្អនៃកិច្ចការដែលយើងប្រព្រឹត្ត។ គោលបំណងនេះមិនគ្រាន់តែជាទីដៅនៃកិច្ចការនីមួយៗទេ ប៉ុន្តែអាចតម្រូវកិច្ចការជាច្រើនឆ្ពោះទៅគោលដៅតែមួយ។ ឧទាហរណ៍ ពេលយើងបម្រើនរណាម្នាក់ ដើម្បីជួយគេ យើងអាចប្រព្រឹត្តកិច្ចការនេះ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលជាគោលដៅចុងក្រោយនៃកិច្ចការទាំងអស់របស់យើង។ គោលបំណងជាច្រើនអាចជំរុញឱ្យប្រព្រឹត្តកិច្ចការតែមួយដែរ ដូចជានៅពេលដែលយើងជួយនរណាម្នាក់ ដើម្បីបានទទួលអ្វីមួយវិញ ឬដើម្បីអួតបំប៉ោងខ្លួនឯង។
១៧៥៣. គោលបំណងល្អ (ឧ- ជួយអ្នកដទៃ) មិនអាចធ្វើឱ្យអាក្បកិរិយាអាក្រក់ (ដូចជាការនិយាយកុហក ឬការនិយាយដើមគេ) ទៅជាល្អ ឬត្រឹមត្រូវ។ គោលដៅមិនធ្វើឱ្យមធ្យោបាយក្លាយជាត្រឹមត្រូវ។ ហេតុនេះហើយ បានជាយើងមិនអាចផ្តន្ទាទោសមនុស្សម្នាក់ ដែលគ្មានទោស ដើម្បីសង្រ្គោះប្រជាជនឡើយ។ ផ្ទុយទៅវិញ គោលបំណងអាក្រក់ (ដូចជាអួតបំប៉ោងខ្លួនឯង) ធ្វើឱ្យកិច្ចការ ដែលអាចជាកិច្ចការល្អ (ដូចជាការធ្វើទាន - មថ ៦,២-៤) ទៅជាអាក្រក់វិញ។
១៧៥៤. កាលៈទេសៈ ព្រមទាំងផល ជាផ្នែកបន្តបន្ទាប់នៃកិច្ចការរបស់សីលធម៌។ កាលៈទេសៈនោះជួយបង្កើន ឬបន្ថយលក្ខណៈល្អ ឬលក្ខណៈអាក្រក់នៃកិច្ចការរបស់មនុស្ស (ឧ- ចំនួនប្រាក់ដែលគេលួច)។ កាលៈទេសៈនោះ អាចកាត់បន្ថយ ឬធ្វើឱ្យការទទួលខុសត្រូវរបស់អ្នកដែលបានប្រព្រឹត្តរឹតតែធ្ងន់ធ្ងរ (ដូចជានៅពេលដែលយើងប្រព្រឹត្តកិច្ចការណាមួយ ដោយខ្លាចស្លាប់)។ កាលៈទេសៈផ្ទាល់មិនអាចផ្លាស់ប្តូរលក្ខណៈត្រឹមត្រូវ ឬទេ នៃកិច្ចការផ្ទាល់ ហើយមិនអាចធ្វើឱ្យកិច្ចការអាក្រក់ទៅជាល្អ ឬត្រឹមត្រូវឡើយ។
១៧៥៥. កម្មវត្ថុ គោលដៅ និងកាលៈទេសៈត្រូវតែល្អ ដើម្បីឱ្យកិច្ចការបានល្អតាមសីលធម៌ ។ បើមានគោលដៅអាក្រក់ កិច្ចការក៏អាក្រក់ដែរ ទោះបីកម្មវត្ថុនៃកិច្ចការនេះល្អ (ដូចជាអធិដ្ឋាន និងតមអាហារ “ដើម្បីឱ្យគេសរសើរ”)។
កម្មវត្ថុដែលយើងជ្រើសរើស អាចនាំឱ្យកិច្ចការទាំងមូលទៅជាអាក្រក់។ យើងមិនអាចជ្រើសរើសអាក្បកិរិយាខ្លះ - ដូចជាអំពើប្រាសចាកសីលធម៌ - ដ្បិតអំពើនោះតែងតែជាអំពើអាក្រក់។
១៧៥៦. ដូច្នេះហើយ បានជាមិនត្រូវវិនិច្ឆ័យ តើកិច្ចការត្រឹមត្រូវ ឬទេ តាមតែគោលបំណងដែលជំរុញឱ្យប្រព្រឹត្តកិច្ចការនោះ ឬតាមកាលៈទេសៈ (ឥទ្ធិពលនៃសង្គម ការបង្ខិតបង្គំ ការចាំបាច់ ជាដើម)។ មានកិច្ចការខ្លះ ដែលតែងតែខុសច្បាប់ ដោយសារកម្មវត្ថុរបស់កិច្ចការនោះ (ដោយមិនរាប់អំពីកាលៈទេសៈ ឬគោលបំណង) ដូចជាការដាក់បណ្តាសាលើព្រះជាម្ចាស់ ការប្រព្រឹត្តខុសនឹងសម្បថ ការសម្លាប់មនុស្ស និងការប្រព្រឹត្តអំពើផិតក្បត់។ យើងមិនអាចប្រព្រឹត្តអំពើអាក្រក់ ដើម្បីឱ្យអំពើល្អចេញមកពីអំពើអាក្រក់នេះបានឡើយ។
សង្ខេប
១៧៥៧. កម្មវត្ថុ គោលបំណង និងកាលៈទេសៈជា “ប្រភព” ទាំងបីរបស់សីលធម៌នៃកិច្ចការមនុស្ស។
១៧៥៨. កម្មវត្ថុដែលយើងជ្រើសរើសជាលក្ខណៈពិសេសនៃសីលធម៌របស់កិច្ចការ ដោយមិនរាប់អំពីបំណង តាមអ្វីដែលប្រាជ្ញាទទួលស្គាល់ និងវិនិច្ឆ័យថា តើកម្មវត្ថុនេះ ស្រប ឬមិនស្របតាមអ្វីដ៏ល្អយ៉ាងពិតប្រាកដឡើយ។
១៧៥៩ . “យើងមិនអាចដោះសារអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តដោយមានគោលបំណងល្អបានឡើយ” (សន្ត ថូម៉ាស នៃអាកាំង)។ គោលដៅមិនធ្វើឱ្យមធ្យោបាយក្លាយជាត្រមត្រូវបានទេ។
១៧៦០. កម្មវត្ថុ គោលដៅ និងកាលៈទេសៈត្រូវតែល្អ ដើម្បីឱ្យកិច្ចការបានល្អតាមសីលធម៌ ។
១៧៦១. យើងមិនអាចជ្រើសរើសអាក្បកិរិយាខ្លះ ដ្បិតអំពើនោះតែងតែជាអំពើអាក្រក់។ យើងមិនអាចប្រព្រឹត្តអំពើអាក្រក់ ដើម្បីឱ្យអំពើល្អចេញមកពីអំពើអាក្រក់នេះបានឡើយ។
១៧៦២. មនុស្សជាប់ទាក់ទងនឹងសុភមង្គលយ៉ាងពិតប្រាកដ តាមកិច្ចការ ដែលខ្លួនប្រព្រឹត្តដោយចេតនា ៖ តណ្ហា និងអារម្មណ៍របស់គេអាចរៀបចំគេ និងជួយគេឱ្យទទួលសុភមង្គលនេះ។
១៧៦៣. ពាក្យ “តណ្ហា” មកពីបេតិកភ័ណ្ឌនៃគ្រីស្តសាសនា។ អារម្មណ៍ ឬតណ្ហាសំដៅទៅលើការរំជួលចិត្ត ឬចលនាខាងផ្លូវចិត្ត ដែលជំរុញឱ្យប្រព្រឹត្ត ឬមិនប្រព្រឹត្ត អ្វីដែលយើងយល់ ឬនឹកស្មានថាជាការល្អ ឬជាការអាក្រក់។
១៧៦៤. តណ្ហាជាធាតុផ្សំខាងធម្មជាតិនៃចិត្តមនុស្ស ជាទីចម្លង និងចំណងរវាងជីវិតខាងផ្លូវចិត្ត និងជីវិតខាងវិញ្ញាណ។ ព្រះអម្ចាស់នៃយើងសម្ដែងថា ចលនានៃតណ្ហាផុសចេញពីចិត្តមនុស្ស (មក ៧,២១)។
១៧៦៥. តណ្ហាមានច្រើន។ តណ្ហាសំខាន់ជាងគេបំផុតជាសេចក្ដីស្រលាញ់។ អ្វីដ៏ល្អទាក់ទាញ និង ជំរុញឱ្យស្រលាញ់។ អ្នកមានចិត្តស្រលាញ់ប្រាថ្នាចង់បានអ្វីដ៏ល្អ ដែលគេពុំទាន់មាន ហើយសង្ឃឹមថា នឹងបានទទួល។ ចលនានេះ បញ្ចប់ក្នុងការសប្បាយ និងអំណរ ដែលមកពីគេបានទទួលអ្វីដ៏ល្អនេះ។ អ្នកខ្លាចក្រែងអ្វីដ៏អាក្រក់ ស្អប់ ខ្ពើម និងភ័យខ្លាចអ្វីដ៏អាក្រក់ក្នុងអនាគត ។ ចលនានេះ បញ្ចប់ក្នុងការព្រួយចិត្តដោយសារវត្តមាននៃអ្វីដ៏អាក្រក់ ឬក្នុងកំហឹងដែលប្រឆាំងនឹងអ្វីដ៏អាក្រក់នេះ។
១៧៦៦. “អ្នកមានចិត្តស្រលាញ់ចង់បានអ្វីដ៏ល្អសម្រាប់នរណាម្នាក់ផ្សេងទៀត” (សន្ត ថូម៉ាស នៃ អាកាំង)។ តណ្ហាទាំងអស់ផ្សេងទៀតផុសចេញមកពីចលនាដំបូងនៃចិត្តមនុស្សទៅរកអ្វីដ៏ល្អ។ យើងស្រលាញ់តែអ្វីៗដ៏ល្អទេ (សន្ត អូគូស្តាំង)។ “តណ្ហាអាក្រក់បើសេចក្ដីស្រលាញ់អាក្រក់ តណ្ហាល្អបើសេចក្ដីស្រលាញ់ល្អ” (សន្ត អូគូស្តាំង)។
២. តណ្ហា និងជីវិតប្រកបដោយសីលធម៌
១៧៦៧. តណ្ហាផ្ទាល់មិនល្អ ឬមិនអាក្រក់ឡើយ។ យើងអាចវិនិច្ឆ័យតណ្ហាតាមសីលធម៌ លុះត្រាតែតណ្ហាពិតជាមកពីប្រាជ្ញា និងបំណង។ តណ្ហាចេតនា “បើយើងមានបំណងធ្វើតាម ឬយើងមិនប្រឆាំងនឹងធ្វើតាម” (សន្ត ថូម៉ាស នៃអាកាំង)។ ប្រាជ្ញាត្រូវតែគ្រប់គ្រងលើតណ្ហា ដើម្បីឱ្យមនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ (សន្ត ថូម៉ាស នៃអាកាំង)។
១៧៦៨. ភាពដ៏វិសុទ្ធ ឬសីលធម៌របស់មនុស្សមិនអាស្រ័យទៅលើអារម្មណ៍ដ៏សំខាន់ឡើយ។ [...] តណ្ហាល្អ នៅពេលដែលតណ្ហានោះជួយឱ្យធ្វើកិច្ចការល្អ ផ្ទុយទៅវិញតណ្ហាអាក្រក់ នៅពេលដែលតណ្ហានោះជួយឱ្យធ្វើកិច្ចការអាក្រក់។ បំណងត្រឹមត្រូវតម្រង់ចលនាខាងផ្លូវចិត្ត (ដែលបំណងនេះទទួលយក)ឆ្ពោះទៅអ្វីដ៏ល្អ និងសុភមង្គលដ៏ពិតប្រាកដ។ បំណងអាក្រក់ចាញ់តណ្ហាឥតសណ្តាប់ធ្នាប់ និងធ្វើឱ្យតណ្ហានោះកាន់តែខ្លាំងឡើងៗ។ គុណធម៌ អាចតម្រូវអារម្មណ៍ផ្សេងៗ ឯបាបធម៌ អាចបង្ខូចអារម្មណ៍ទាំងអស់នោះ។
១៧៦៩. ក្នុងការរស់នៅជាគ្រីស្តបរិស័ទ ព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់បំពេញព្រះរាជកិច្ចរបស់ព្រះអង្គ ដោយទទួលយកមនុស្សទាំងមូល ព្រមទាំងការឈឺចាប់ ការភ័យខ្លាច ការព្រួយចិត្តរបស់គេ ដូចក្នុងពេលដែលព្រះអម្ចាស់រងទុក្ខលំបាកផងដែរ។ ក្នុងអង្គព្រះគ្រីស្ត អារម្មណ៍របស់មនុស្សអាសម្រេចឱ្យបានពេញលក្ខណៈ ក្នុងសេចក្ដីស្រលាញ់ និងសុភមង្គលយ៉ាងពិតប្រាកដ។
១៧៧០. មនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ នៅពេលដែលបំណងជំរុញគេឱ្យទៅរកអ្វីដ៏ល្អថែមទាំងនៅពេលដែលចិត្តថ្លើមជំរុញគេផងដែរ ដូចទំនុកតម្កើងបញ្ជាក់ថា៖ “ទូលបង្គំបន្លឺសម្លេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត” (ទន ៨៤,៣)។
សង្ខេប
១៧៧១. ពាក្យ “តណ្ហា” សម្តៅទៅលើការរំជួលចិត្ត ឬអារម្មណ៍។ តាមរយៈការរំជួលចិត្ត មនុស្សអាចយល់ ឬនឹកស្មានថាជាការល្អ ឬជាការអាក្រក់។
១៧៧២. តណ្ហាសំខាន់ជាងគេ គឺសេចក្ដីស្រលាញ់ និងការស្អប់ បំណងប្រាថ្នា និងការភ័យខ្លាច អំណរ ការព្រួយចិត្ត និងកំហឹង។
១៧៧៣. តណ្ហាជាចលនាខាងផ្លូវចិត្ត មិនល្អ ឬមិនអាក្រក់ឡើយ។ យើងអាចវិនិច្ឆ័យតណ្ហាតាមសីលធម៌ លុះត្រាតែតណ្ហាពិតជាមកពីប្រាជ្ញា និងបំណង។
១៧៧៤. គុណធម៌ អាចតម្រូវអារម្មណ៍ផ្សេងៗ ឯបាបធម៌ អាចបង្ខូចអារម្មណ៍ទាំងអស់នោះ។
១៧៧៥. មនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ នៅពេលដែលបំណងជំរុញឱ្យរកអ្វីដ៏ល្អជាមួយនឹង “ចិត្តគំនិត” គេផងដែរ។
ប្រការទី៦៖មនសិការខាងសីលធម៌
១៧៧៦. “នៅពេលមនុស្សយើងរិះគិត យើងមុខជានឹងរកឃើញក្បួនវិន័យដែលខ្លួនមិនបានកំណត់ខ្លួនឯង កប់នៅខាងជម្រៅនៃមនសិការរបស់ខ្លួន គឺជាក្បួនវិន័យដែលយើងត្រូវតែអនុវត្តតាម។ សម្លេងនេះនៅតែជំរុញយើងឱ្យមានចិត្តស្រឡាញ់ ឱ្យប្រព្រឹត្តអំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ លាន់ឮក្នុងជម្រៅចិត្តនៅពេលត្រូវការ (...)។ ព្រះជាម្ចាស់ជារក្បួនវិន័យនោះក្នុងចិត្តមនុស្ស (...)។ ក្នុងមនុស្ស មនសិការជាមណ្ឌលដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែងដ៏សក្ការៈដែលមនុស្សនៅតែម្នាក់ឯងជាមួយព្រះជាម្ចាស់ ជាកន្លែងព្រះសូរសៀងរបស់ព្រះអង្គលាន់់ឮឡើង” (GS ១៦)។
១៧៧៧. ដោយស្ថិតនៅក្នុងចិត្តមនុស្ស មនសិការជំរុញគេ (រម ២,១៤-១៦) នៅពេលត្រូវការ ឱ្យប្រព្រឹត្តអំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ មនសិការវិនិច្ឆ័យជម្រើសផ្សេងៗ ដោយយល់ស្របនឹងជម្រើសល្អ និងចោទប្រកាន់ជម្រើសអាក្រក់ (រម ១,៣២)។ មនសិការបញ្ជាក់នូវអំណាចនៃសេចក្ដីពិត តាមអ្វីដ៏ល្អប្រសើរបំផុត ដែលទាក់ទាញមនុស្ស និងបញ្ជាគេឱ្យប្រតិបត្តិតាម។ នៅពេលដែលគេស្តាប់មនសិការ មនុស្សដែលចេះរិះគិតពិចារណា អាចឮព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។
១៧៧៨. ដោយសារមនសិការ ប្រាជ្ញាមនុស្សវិនិច្ឆ័យនូវសីលធម៌នៃកិច្ចការណាមួយ ដែលគេកំពុងធ្វើ ឬដែលគេបានប្រព្រឹត្តរួចហើយ។ គ្រប់កិច្ចការ និងពាក្យសម្តី មនុស្សត្រូវតែធ្វើតាមអ្វីដែលខ្លួនដឹងថា សុចរិត និងត្រឹមត្រូវ។ ដោយសារមនសិការ មនុស្សទទួល និងស្គាល់បទបញ្ជានៃធម្មវិន័យរបស់ព្រះជាម្ចាស់៖
មនសិការជាក្បួនវិន័យនៃវិញ្ញាណយើង ប៉ុន្តែ មនសិការហួសវិញ្ញាណយើង។ មនសិការបញ្ជាយើង បានសេចក្ដីថា ការទទួលខុសត្រូវ ភារកិច្ច ការភ័យខ្លាច និងសេចក្ដីសង្ឃឹម (...)។ មនសិការជាអ្នកនាំសាររបស់អ្នក ដែលមានព្រះបន្ទូលមកយើងតាមរយៈស្បៃ ប្រៀនប្រដៅ និងណែនាំយើង ក្នុងពិភពនៃធម្មជាតិ ដូចក្នុងពិភពនៃការប្រណីសន្តោសផងដែរ។ មនសិការជាសហការីដំបូងនៃសហការីទាំងអស់របស់ព្រះគ្រីស្ត (លោក ន្យូម៉ាន)។
១៧៧៩. មនុស្សម្នាក់ៗត្រូវតែដឹងខ្លួនសមល្មម ដើម្បីស្តាប់ឮ និងធ្វើតាមសម្លេងនៃមនសិការរបស់ខ្លួន។ ជាចាំបាច់មនុស្សត្រូវតែរិះគិតពិចារណាក្នុងជម្រៅចិត្ត ជាពិសេសក្នុងលោកនេះដែលការរស់នៅឧស្សាហ៍ជំរុញយើងមិនឱ្យរិះគិតពិចារណាឡើងវិញអំពីខ្លួនឯងទេ៖
ចូរទៅរកមនសិការរបស់ខ្លួន ចូរសួរមនសិការទៅ (...)។ ចូរបងប្អូនត្រឡប់ទៅក្នុងខ្លួនវិញ ហើយក្នុងអ្វីៗទាំងអស់ដែលបងប្អូនធ្វើ ចូរសម្លឹងមើលសាក្សីដ៏ប្រសើរ គឺព្រះជាម្ចាស់ (សន្ត អូគូស្តាំង)។
១៧៨០. ឋានៈដ៏ថ្លៃថ្នូររបស់មនុស្សទាមទារឱ្យមានមនសិការត្រឹមត្រូវ ។ ដោយសារមនសិការ យើងយល់ឃើញគោលការណ៍នៃសីលធម៌ យើងអនុវត្តគោលការណ៍នោះ ក្នុងកាលៈទេសៈ ដោយបានរិះគិតពិចារណាអំពីមូលហេតុ និងសេចក្ដីល្អផ្សេងៗ ទីបញ្ចប់យើងវិនិច្ឆ័យកិច្ចការដែលយើងត្រូវប្រព្រឹត្ត ឬកិច្ចការដែលយើងបានប្រព្រឹត្តរួចហើយ។ ការវិនិច្ឆ័យដោយរិះគិតពិចារណា នៃមនសិការទទួលស្គាល់សេចក្ដីពិតអំពីអ្វីដ៏ល្អខាងសីលធម៌ ដែលក្បួនវិន័យនៃប្រាជ្ញាបានប្រកាស។ នរណាដែលប្រតិបត្តិតាមការវិនិច្ឆ័យនេះ ជាមនុស្សម្នាក់ដែលចេះរិះគិតពិចារណា។
១៧៨១. ដោយសារមនសិការ យើងទទួលខុសត្រូវ នូវលើកិច្ចការដែលយើងប្រព្រឹត្ត។ បើមនុស្សប្រព្រឹត្តអំពើអាក្រក់ ការវិនិច្ឆ័យដ៏ត្រឹមត្រូវនៃមនសិការអាចធ្វើជាសាក្សី ក្នុងខ្លួនគេ នៃសេចក្ដីពិតសកលនៃអ្វីដ៏ល្អ ហើយជាមួយគ្នានេះ មនសិការជាសាក្សីនៃលក្ខណៈអាក្រក់នៃជម្រើសរបស់គេដែរ។ ការវិនិច្ឆ័យនៃមនសិការកត់ទុកជាមុននូវសេចក្ដីសង្ឃឹមលើធម៌មេត្តាករុណា គឺដោយបញ្ជាក់ថា យើងបានប្រព្រឹត្តកំហុស ការវិនិច្ឆ័យនេះរម្លឹកយើងថា ត្រូវសូមការលើកលែងទោស ត្រូវប្រព្រឹត្តអំពើល្អ និងត្រូវប្រតិបត្តិតាមគុណធម៌តទៅទៀតជានិច្ចនិរន្តរ៍ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយឧបត្ថម្ភផងដែរ៖
ចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភក្រ្តព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតយើងដាក់ទោសយើងនោះ ព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់ (១យហ ៣,១៩-២០)។
១៧៨២. មនុស្សមានសិទ្ធិប្រព្រឹត្តតាមមនសិការ និងសេរីភាពរបស់ខ្លួន ដើម្បីសម្រេចចិត្តបំពេញកិច្ចការខាងសីលធម៌រៀងៗខ្លួន។ “យើងមិនអាចបង្ខិតបង្ខំមនុស្សឱ្យប្រតិបត្តិប្រឆាំងនឹងមនសិការរបស់ខ្លួនទេ។ ប៉ុន្តែ យើងមិនអាចរារាំងគេមិនឱ្យប្រតិបត្តិតាមមនសិការរបស់ខ្លួនដែរ ជាពិសេសក្នុងកិច្ចការទាង់ទងនឹងសាសនា” (DH ៣)។
១៧៨៣. ត្រូវតែអប់រំមនសិការ និងបំភ្លឺការវិនិច្ឆ័យនៃសីលធម៌។ ពេលយើងអប់រំមនសិការឱ្យបានល្អ មនសិការនេះ ត្រឹមត្រូវ និងស្របតាមសេចក្ដីពិត។ មនសិការវិនិច្ឆ័យតាមប្រាជ្ញាស្របតាមអ្វីដ៏ល្អពិតប្រាកដ ដែលព្រះប្រាជ្ញាញ្ញាណរបស់ព្រះបង្កើតសព្វព្រះហឫទ័យ។ ដោយសារមនុស្សស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន ហើយដោយសារអំពើបាបល្បួងគេឱ្យធ្វើតាមការវិនិច្ឆ័យរបស់ខ្លួនជាជាងការប្រៀនប្រដៅដ៏ត្រឹមត្រូវ ជាចាំបាច់មនុស្សត្រូវតែអប់រំមនសិការ។
១៧៨៤. អស់មួយជីវិត មនុស្សមានមុខងារអប់រំមនសិការ។ ចាប់តាំងពីឆ្នាំដំបូង មនសិការបំភ្លឺកូនក្មេងឱ្យស្គាល់ និងអនុវត្តតាមក្បួនវិន័យដែលស្ថិតក្នុងជម្រៅចិត្ត ហើយដែលមនសិការទទួលស្គាល់។ ត្រូវតែអប់រំដោយរិះគិតពិចារណា គឺត្រូវបង្រៀនគុណធម៌ កុំឱ្យភ័យខ្លាច កុំឱ្យគិតតែអំពីខ្លួនឯង កុំឱ្យអួតបំប៉ាង កុំឱ្យអស់សង្ឃឹមពេលបានប្រព្រឹត្តអំពើបាប កុំឱ្យវក់នឹងអំពើបាប ដែលមកពីភាពទន់ខ្សោយ និងកំហុសរបស់មនុស្ស។ ការអប់រំមនសិការធានាសេរីភាព និងបង្កើតសន្តិភាពក្នុងចិត្ត។
១៧៨៥. ក្នុងការអប់រំមនសិការ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាពន្លឺនៅលើផ្លូវយើង។ ត្រូវតែទទួលព្រះបន្ទូលនេះដោយជឿ ដោយអធិដ្ឋាន និងដោយប្រតិបត្តិតាម។ ម្យ៉ាងទៀត ត្រូវតែរិះគិតពិចារណាអំពីមនសិការរបស់ខ្លួន ស្របតាមព្រះឈើឆ្កាងរបស់ព្រះអម្ចាស់។ ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានសក្ខីភាព ឬដំបូន្មានរបស់អ្នកដទៃ និងការប្រៀនប្រដៅរបស់ព្រះសហគមន៍ជួយណែនាំយើង (DH ១៤)។
៣. ត្រូវតែជ្រើសរើសតាមមនសិការរបស់ខ្លួន
១៧៨៦. ពេលត្រូវជ្រើសរើសធ្វើកិច្ចការប្រកបដោយសីលធម៌ មនសិការអាចវិនិច្ឆ័យត្រឹមត្រូវស្របតាមប្រាជ្ញា និងធម្មវិន័យរបស់ព្រះជាម្ចាស់ ផ្ទុយទៅវិញមនសិការអាចវិនិច្ឆ័យខុស ដែលធ្វើឱ្យឃ្លាតឆ្ងាយពីប្រាជ្ញា និងពីធម្មវិន័យរបស់ព្រះជាម្ចាស់។
១៧៨៧. ជួនកាល មនុស្សប្រឈមមុខនឹងស្ថានភាព ពិបាកវិនិច្ឆ័យ និងពិបាកសម្រេចចិត្ត។ ប៉ុន្តែ គេត្រូវស្វែងរកអ្វីដ៏ល្អ និងត្រឹមត្រូវជានិច្ច និងរិះគិតពិចារណាអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលធម្មវិន័យរបស់ព្រះអង្គសម្ដែង។
១៧៨៨. ហេតុនេះ មនុស្សខិតខំបកស្រាយបទពិសោជន៍ និងសញ្ញាសម្គាល់នៃពេលវេលា ដោយរិះគិតពិចារណា ស្តាប់ដំបូន្មានរបស់អ្នកដទៃ និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះអំណោយទានរបស់ព្រះអង្គជួយឧបត្ថម្ភផង។
១៧៨៩. មានវិន័យខ្លះត្រូវអនុវត្តក្នុងករណីទាំងអស់៖
- យើងមិនអាចធ្វើអំពើអាក្រក់ ដើម្បីទទួលផលល្អបានឡើយ
- “បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ” (មថ ៧,១២) (លក ៦,៣១ ; តប ៤,១៥)
- ត្រូវគោរពអ្នកដទៃជានិច្ច និងគោរពមនសិការរបស់គេផងដែរ ដោយចិត្តស្រលាញ់៖ “ ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងដោយធ្វើអំពើដែលនាំឱ្យទាស់នឹងស្មារតីរបស់គេនោះ បងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រីស្តផ្ទាល់តែម្ដង” (១ករ ៨,១២)។ “ប្រសិនបើយើងមិន (...) ប៉ះពាល់របស់ណាដែលធ្វើឱ្យបងប្អូនជំពប់ចិត្តបាត់ជំនឿ នោះជាការល្អប្រពៃហើយ” (រម ១៤,២១)។
១៧៩០. មនុស្សត្រូវធ្វើតាមការវិនិច្ឆ័យដ៏ច្បាស់លាស់នៃមនសិការរបស់ខ្លួនជានិច្ច។ បើគេសម្រេចប្រព្រឹត្តប្រឆាំងនឹងការវិនិច្ឆ័យនេះ គេនឹងផ្តន្ទាទោសខ្លួនឯង។ ប៉ុន្តែ ជួនកាលមនុស្សមិនដឹងមិនស្គាល់ ហើយ វិនិច្ឆ័យខុសកិច្ចការដែលគេបានប្រព្រឹត្ត ឬដែលគេនឹងប្រព្រឹត្ត។
១៧៩១. ជារឿយៗ ការមិនដឹងមិនស្គាល់នេះ បណ្តាលមកពីការមិនទទួលខុសត្រូវរបស់ខ្លួនឯងផ្ទាល់។ ហេតុនះ នៅពេលដែល “មនុស្សមិនរវីរវល់ស្វែងរកសេចក្តីពិត និងអ្វីដ៏ល្អប្រសើរ ហើយមានទម្លាប់ប្រព្រឹត្តអំពើបាប យូរៗទៅ មនសិការរបស់គេហាក់ដូចជាខ្វាក់” (GS ១៦)។ ក្នុងករណីនេះ មនុស្សទទួលខុសត្រូវលើអំពើបាបដែលខ្លួនប្រព្រឹត្ត។
១៧៩២. បើយើងមិនស្គាល់ព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ បើយើងយកតម្រាប់តាមគំរូដ៏អាក្រក់របស់អ្នកដទៃ បើយើងជាឈ្លើយនៃតណ្ហា បើយើងទាមទារឱ្យមនសិការពឹងលើខ្លួនឯង បើយើងបដិសេធមិនព្រមទទួលអំណាច និងការប្រៀនប្រដៅរបស់ព្រះសហគមន៍ បើយើងមិនព្រមកែប្រែចិត្តគំនិត និងប្រព្រឹត្តតាមសេចក្ដីស្រលាញ់ទេ នោះយើងអាចភ័ន្តច្រឡំក្នុងការវិនិច្ឆ័យចំពោះអាកប្បកិរិយាប្រកបដោយសីលធម៌។
១៧៩៣. ផ្ទុយទៅវិញ បើយើងមិនអាចឈ្នះអវិជ្ជាបាន ឬក៏យើងវិនិច្ឆ័យខុស ដោយគ្មានការទទួលខុសត្រូវ យើងមិនអាចផ្តន្ទាទោសអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់បានឡើយ។ ក៏ប៉ុន្តែ អំពើនេះ នៅតែជាអំពើអាក្រក់ ជាការខ្វះខាត ឥតសណ្តាប់ធ្នាប់មួយ។ ដូច្នេះ យើងត្រូវតែខិតខំកែលំអមនសិការអំពីកំហុសរបស់ខ្លួន។
១៧៩៤. ជំនឿដ៏ពិតប្រាកដបំភ្លឺមនសិការដ៏ល្អ និងត្រឹមត្រូវ ដ្បិតសេចក្ដីស្រលាញ់ “ផុសចេញពីចិត្តបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត” (១ធម ១,៥) (១ធម ៣,៩ ; ២ធម ១,៣ ; ១ពត្រ ៣,២១ ; កក ២៤,១៦)៖
មនសិការទៀងត្រង់កាន់តែខ្លាំងយ៉ាងណា បុគ្គល ឬក្រុមមនុស្សអាចសម្រេចសេចក្តីឱ្យកាន់តែច្បាស់ និងឱ្យបានស្របតាមច្បាប់សីលធម៌ ដែលមិនអាចប្រកែកបាន (GS ១៦)។
សង្ខេប
១៧៩៥. “ក្នុងខ្លួនមនុស្ស មនសិការជាមណ្ឌលដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែងដ៏សក្ការៈដែលមនុស្សនៅតែម្នាក់ឯងជាមួយព្រះជាម្ចាស់ ជាកន្លែងដែលព្រះអង្គបន្លឺព្រះសូរសៀង” (GS ១៦)។
១៧៩៦. ដោយសារមនសិការ ប្រាជ្ញាមនុស្សវិនិច្ឆ័យនូវសីលធម៌នៃកិច្ចការណាមួយ។
១៧៩៧ . ចំពោះមនុស្សដែលបានប្រព្រឹត្តអំពើអាក្រក់ ការវិនិច្ឆ័យនៃមនសិការកត់ទុកជាមុនថា អាចកែប្រែចិត្តគំនិត ដោយមានសេចក្ដីសង្ឃឹម។
១៧៩៨ . ពេលយើងអប់រំមនសិការបានល្អ មនសិការនេះ ត្រឹមត្រូវ និងស្របតាមសេចក្ដីពិត។ មនសិការធ្វើការវិនិច្ឆ័យតាមប្រាជ្ញា សមស្របតាមអ្វីដ៏ល្អពិតប្រាកដ ដែលព្រះប្រាជ្ញាញ្ញាណរបស់ព្រះបង្កើតសព្វព្រះហឫទ័យ។ មនុស្សម្នាក់ៗត្រូវតែរកមធ្យោបាយអប់រំមនសិការរបស់ខ្លួន។
១៧៩៩. ពេលត្រូវជ្រើសរើសធ្វើកិច្ចការប្រកបដោយសីលធម៌ មនសិការអាចវិនិច្ឆ័យត្រឹមត្រូវសមស្របតាមប្រាជ្ញា និងធម្មវិន័យរបស់ព្រះជាម្ចាស់ ផ្ទុយទៅវិញ មនសិការអាចវិនិច្ឆ័យខុស ដែលធ្វើឱ្យឃ្លាតឆ្ងាយពីប្រាជ្ញា និងពីធម្មវិន័យរបស់ព្រះជាម្ចាស់។
១៨០០ . មនុស្សត្រូវធ្វើតាមការវិនិច្ឆ័យដ៏ច្បាស់លាស់នៃមនសិការរបស់ខ្លួនជានិច្ច។
១៨០១. ជួនកាលមនុស្សមិនដឹងមិនស្គាល់ ហើយវិនិច្ឆ័យខុស។ ការមិនដឹងមិនស្គាល់នេះ បណ្តាលមកពីការមិនទទួលខុសត្រូវខ្លួនឯងផ្ទាល់។
១៨០២. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាពន្លឺបំភ្លឺជំហានរបស់យើង។ យើងត្រូវតែស្វែងយល់អំពីព្រះបន្ទូលនេះ ដោយសារជំនឿ និងដោយការអធិដ្ឋាន ហើយត្រូវតែអនុវត្តតាមផងដែរ។ ហេតុនេះហើយ បានជាយើងត្រូវអប់រំមនសិការខាងសីលធម៌។
ប្រការទី៧៖គុណធម៌
១៨០៣. “សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ដែលថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឱ្យស្រឡាញ់ គួរ ឱ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឱ្យកោតសរសើរ” (ភីល ៤,៨)។
គុណធម៌ ជាទម្លាប់មោះមុតឱ្យប្រព្រឹត្តអ្វីដ៏ល្អ។ ដោយសារគុណធម៌ មនុស្សមិនគ្រាន់តែប្រព្រឹត្តអំពើល្អទេ ថែមទាំងបានពេញលក្ខណៈផងដែរ។ មនុស្សដែលមានគុណធម៌តម្រង់ទៅរកអ្វីដ៏ល្អអស់ពីកម្លាំងកាយចិត្ត គេចង់បានអ្វីដ៏ល្អ និងប្រព្រឹត្តកិច្ចការដ៏ល្អផងដែរ។
គោលដៅនៃជីវិតប្រកបដោយគុណធម៌ គឺថា មានលក្ខណៈដូចព្រះជាម្ចាស់ (សន្ត គ្រែគ័រ នៃនីស)។
១៨០៤. គុណធម៌របស់មនុស្ស ជាអាកប្បកិរិយាមោះមុត ទម្លាប់នឹងន និងភាពល្អឥតខ្ចោះនៃប្រាជ្ញាឈ្លាសវៃ និងឆន្ទៈក្នុងការចាត់ចែងកិច្ចការ និងតណ្ហារបស់យើង ហើយណែនាំរបៀបរស់នៅរបស់យើងតាមប្រាជ្ញា និងជំនឿ។ ដោយសារគុណធម៌នោះ មនុស្សងាយស្រួលទៅរករបៀបរស់នៅប្រកបដោយសីលធម៌ និងអំណរសប្បាយ។ មនុស្សដែលមានគុណធម៌ គឺជាមនុស្សដែលប្រតិបត្តិតាមអ្វីដែលល្អៗ ដោយមានសេរីភាពពេញលេញ។
មនុស្សមានគុណធម៌មកពីគេប្រតិបត្តិតាម។ គុណធម៌ជាផល និងជាពន្លកនៃអំពើល្អ ដែលមានសីលធម៌ល្អ។ គុណធម៌នោះ រៀបចំកម្លាំងទាំងអស់របស់មនុស្សឱ្យរួបរួមក្នុងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់។
គុណធម៌សំខាន់ៗ
១៨០៥. គុណធម៌បួនមានតួនាទីសំខាន់ៗ។ ហេតុនេះហើយ បានជាគេហៅគុណធម៌នោះថាជា “គុណធម៌សំខាន់ៗ” ដែលមានគុណធម៌ផ្សេងៗទៀតស្ថិតនៅជាមួយ។ មានការចេះរិះគិតពិចារណា សេចក្ដីសុចរិត សេចក្ដីក្លាហាន និងការចេះទប់ចិត្ត។ “តើមាននរណាស្រលាញ់សេចក្ដីសុចរិតឬទេ? គុណធម៌ល្អគ្រប់យ៉ាងសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះប្រាជ្ញាញ្ញាណ គឺព្រះអង្គបង្រៀនឱ្យចេះស្កប់ចិត្ត ចេះរិះគិតពិចារណា មានសេចក្ដីសុចរិត និងចិត្តក្លាហាន” (ប្រាញ ៨,៧)។ អត្ថបទគម្ពីរផ្សេងទៀតសរសើរគុណធម៌នោះ ដែលគេហៅតាមរបៀបផ្សេងៗ។
១៨០៦. អ្នកចេះរិះគិតពិចារណា រៀបចំប្រាជ្ញាឱ្យរិះគិតគ្រប់កាលទេសៈអំពីអ្វីដ៏ល្អយ៉ាងពិតប្រាកដ ហើយជ្រើសរើសមធ្យោបាយត្រឹមត្រូវ ដើម្បីបំពេញអ្វីដ៏ល្អនេះ។ “មនុស្សឆ្លាតមិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ” (សុភ ១៤,១៥)។ “ត្រូវគិតឱ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ទើបអធិដ្ឋានកើត” (១ពត្រ ៤,៧)។ ក្រោយពីលោក អារីសតូត សន្ត ថូម៉ាស សរសេរថា៖ “អ្នកចេះរិះគិតពិចារណាចេះបំពេញកិច្ចការតាមវិន័យត្រឹមត្រូវ”។ មនុស្សចេះរិះគិតពិចារណាមិនអៀនបៀន មិនភ័យខ្លាច មិនប្រើកលល្បិច ឬមិនលាក់លៀម ឡើយ។ គេហៅគុណធម៌នេះថា auriga virtutum៖ គុណធម៌នេះ ណែនាំគុណធម៌ផ្សេងៗទៀត ដោយប្រុងប្រយ័ត្ន។ មនុស្សដែលមិនថ្វេសប្រហែសវិនិច្ឆ័យក្រោយពីបានរិះគិតពិចារណា។ អ្នកចេះរិះគិតពិចារណាសម្រេច និងណែនាំអាក្បកិរិយារបស់ខ្លួនតាមការវិនិច្ឆ័យនេះ។ ដោយសារគុណធម៌នេះ យើងប្រតិបត្តិតាមគោលការណ៍សីលធម៌ដោយគ្មានកំហុសចំពោះករណីពិសេស ហើយយើងលែងសង្ស័យអំពីអ្វីដ៏ល្អដែលត្រូវបំពេញ និងអ្វីដ៏អាក្រក់ដែលត្រូវចៀសវាង។
១៨០៧. អ្នកសុចរិត មានបំណងមោះមុតដ៏ស្ថិតស្ថេរ ដើម្បីថ្វាយទៅព្រះជាម្ចាស់ និងផ្តល់ដល់អ្នកដទៃនូវអ្វីៗដែលត្រូវតែថ្វាយ និងផ្តល់ឱ្យ។ គេហៅសេចក្ដីសុចរិតចំពោះព្រះជាម្ចាស់ថាជា “គុណធម៌នៃសាសនា”។ ចំពោះមនុស្សវិញ សេចក្ដីសុចរិតនាំឱ្យចេះគោរពសិទ្ធិរបស់មនុស្ស និងបង្កើតភាពសុខដុមក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ដែលលើកទឹកចិត្តឱ្យមានយុត្តិធម៌ចំពោះមនុស្ស និងចំពោះផលប្រយោជន៍រួម។ ក្នុងគម្ពីរដ៏វិសុទ្ធ អ្នកសុចរិតប្លែកពីគេ ព្រោះចិត្តគំនិត និងរបៀបរស់នៅរបស់គាត់ត្រឹមត្រូវ និងទៀងត្រង់ចំពោះអ្នកដទៃ។ “ពេលវិនិច្ឆ័យទោស កុំកាត់ក្តីដោយអយុត្តិធម៌ កុំរើសមុខនរណាឱ្យសោះ គឺកុំយោគយល់អ្នកតូច ឬ អ្នកធំ តែត្រូវវិនិច្ឆ័យឱ្យជនរួមជាតិរបស់អ្នក ដោយយុត្តិធម៌
” (លវ ១៩,១៥)។ “បងប្អូនដែលជាម្ចាស់ ចូរប្រព្រឹត្តអំពើណាដែលសុចរិត និងយុត្តិធម៌ដល់ទាសកររបស់ខ្លួន ដោយដឹងថា បងប្អូនផ្ទាល់ ក៏មានម្ចាស់មួយព្រះអង្គនៅស្ថានបរមសុខដែរ” (កូឡ ៤,១)។
១៨០៨. អ្នកមានចិត្តក្លហាន មានចិត្តមោះមុតដ៏ស្ថិតស្ថេរនៅតែទៅរកអ្វីដ៏ល្អ ទោះបីមានទុក្ខលំបាកយ៉ាងណាក៏ដោយ។ សេចក្ដីចិត្តក្លាហានពង្រឹងការសម្រេចចិត្តឱ្យតស៊ូប្រឆាំងនឹងការល្បួង និងពុះពារឧបសគ្គក្នុងការរស់នៅប្រកបដោយសីលធម៌។ អ្នកមានចិត្តក្លាហានអាចជម្នះការភ័យខ្លាច សូម្បីតែសេចក្ដីស្លាប់ ហើយអាចប្រឈមមុខទល់នឹងសេចក្ដីលំបាក និងការបៀតបៀនផងដែរ។ អ្នកមានចិត្តក្លាហានអាចលះបង់ និងបូជាជីវិត ដើម្បីមូលហេតុដ៏ត្រឹមត្រូវ។ “ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ” (ទន ១១៨,១៤)។ “អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរតាំងចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះលោកនេះ” (យហ ១៦,៣៣)។
១៨០៩. អ្នកចេះទប់ចិត្ត ចេះតមការសប្បាយ និងនាំឱ្យមានលំនឹងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃលោកនេះ។ គុណធម៌នេះ នាំឱ្យគេចេះគ្រប់គ្រងកិលេសតណ្ហា និងការប៉ងប្រាថ្នាដោយមានកំណត់ព្រំដែនតាមសេចក្ដីទៀងត្រង់។ អ្នកចេះទប់ចិត្តតម្រូវចិត្តថ្លើមទៅរកអ្វីដ៏ល្អ នឹងន និង “មិនបណ្តោយតាមសន្ទុះចិត្តលោភលន់ និងតណ្ហាឡើយ” (បសរ ៥,២) (បសរ ៣៧,២៧-៣១)។ គម្ពីរសម្ពន្ធមេត្រីចាស់ឧស្សហ៍សរសើរអ្នកចេះទប់ចិត្តថា៖ “មិនបណ្តោយខ្លួនទៅតាមតណ្ហា ហើយមិនធ្វើតាមចិត្តប៉ងប្រាថ្នារបស់កូនឡើយ” (បសរ ១៨,៣០)។ ក្នុងសម្ពន្ធមេត្រីថ្មី គេហៅអ្នកចេះទប់ចិត្តនេះថាជា អ្នកមាន “ចិត្តធ្ងន់” ចេះ “ស្កប់ស្កល់”។ “ត្រូវរស់នៅក្នុងលោកនេះ ដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់” (តទ ២,១២)។
យើងមានរបៀបរស់នៅត្រឹមត្រូវនៅពេលដែលយើងស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ត អស់ពីព្រលឹង និងដោយប្រព្រឹត្តកិច្ចការទាំងអស់ចំពោះព្រះអង្គ។ យើងថ្វាយទៅព្រះអង្គសេចក្ដីស្រលាញ់សុទ្ធសាធ (ដោយចេះស្កប់ចិត្ត) ដែលគ្មានវេទនាអាចមករញ្ជួយ (ដែលមកពីចិត្តក្លាហាន) ដែលធ្វើតាមតែព្រះអង្គ (នេះគឺជាសេចក្ដីសុចរិត) ហើយដែលប្រុងស្មារតី កុំឱ្យចាញ់កលល្បិច និងភាពកុហកឡើយ (នេះគឺជាការចេះរិះគិតពិចារណា) (សន្ត អូគូស្តាំង)។
គុណធម៌ និងការប្រណីសន្តោស
១៨១០. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បន្សុទ្ធ និងលើកគុណធម៌ ដែលមកពីការអប់រំ ដោយបំពេញកិច្ចការដោយចេតនា និងដោយការខិតខំព្យាយាមប្រតិបត្តិតាមជានិច្ច។ ដោយមានព្រះជាម្ចាស់ជួយ គុណធម៌ពង្រឹងចរិតឱ្យរឹងមាំ និងធ្វើឱ្យយើងប្រព្រឹត្តអ្វីដ៏ល្អដោយងាយស្រួល។ អ្នកមានគុណធម៌រីករាយនឹងប្រតិបត្តិតាម។
១៨១១. មនុស្សដែលត្រូវរបួសដោយសារអំពើបាប មិនងាយប្រព្រឹត្តតាមសីលធម៌ទេ។ ព្រះគ្រីស្តបានប្រោសប្រទានព្រះអំណោយទានសង្រ្គោះយើង និងព្រះហឫទ័យប្រណីសន្តោស ដែលយើងត្រូវការ ដើម្បីព្យាយាមស្វែងរកគុណធម៌។ ជានិច្ចកាលម្នាក់ៗត្រូវតែទូលសូមព្រះហឫទ័យប្រណីសន្តោសនៃពន្លឺ និងកម្លាំងនេះ ទទួលអគ្គសញ្ញា រួមសហការជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយធ្វើតាមព្រះអង្គដែលត្រាស់ហៅយើងឱ្យស្រលាញ់អ្វីដ៏ល្អ និងចៀសវាងអំពើអាក្រក់។
២. គុណធម៌ដែលព្រះជាម្ចាស់ប្រទាន
១៨១២. គុណធម៌របស់មនុស្សចាក់ឫសក្នុងគុណធម៌ដែលព្រះជាម្ចាស់ប្រទាន ហើយដែលតម្រូវសមត្ថភាពរបស់មនុស្សឱ្យទទួលចំណែកក្នុងសភាពជាព្រះជាម្ចាស់ (២ពត្រ ១,៤) ដ្បិតមនុស្សទទួលគុណធម៌អំពីព្រះជាម្ចាស់ផ្ទាល់។ គុណធម៌នោះ រៀបចំការរស់នៅរបស់គ្រីស្តបរិស័ទឱ្យមានទំនាក់ទំនងជាមួយនឹងព្រះត្រៃឯក មានព្រះជាម្ចាស់ជាព្រះមួយអង្គ និងជាព្រះត្រៃអង្គ ជាប្រភព មូលហេតុ និងគោលដៅ។
១៨១៣. គុណធម៌ដែលមកពីព្រះជាម្ចាស់ជាមូលដ្ឋាន ណែនាំ និងបញ្ជាក់លក្ខណៈពិសេសរបស់កិច្ចការប្រកបដោយសីលធម៌របស់គ្រីស្តបរិស័ទ។ គុណធម៌នោះ ជាប្រភពរបស់គុណធម៌ឯទៀតៗ និងធ្វើឱ្យគុណធម៌ឯទៀតៗស្ថិតនៅយូរអង្វែង។ ព្រះជាម្ចាស់ចាក់បង្ហូរគុណធម៌នោះក្នុងព្រលឹងរបស់គ្រីស្តបរិស័ទ ដើម្បីឱ្យគេអាចប្រព្រឹត្តដូចបុត្រធីតារបស់ព្រះអង្គ ហើយឱ្យគេស័ក្តិសមនឹងទទួលជីវិតអស់កល្បជានិច្ច។ ដោយសារគុណធម៌នោះ ព្រះជាម្ចាស់បញ្ចាំចិត្តយើងនូវវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ទៅតាមសមត្ថភាពមនុស្ស។ គុណធម៌ដែលមកពីព្រះជាម្ចាស់មានបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ (១ករ ១៣,១៣)។
ជំនឿ
១៨១៤. ជំនឿជាគុណធម៌ដែលមកពីព្រះជាម្ចាស់។ ដោយសារជំនឿ យើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ជឿលើព្រះបន្ទូលរបស់ព្រះអង្គ និងសេចក្ដីដែលព្រះអង្គបានសម្ដែងឱ្យយើងដឹង ហើយដែលព្រះសហគមន៍ដ៏វិសុទ្ធស្នើសុំឱ្យជឿ ដ្បិតព្រះអង្គផ្ទាល់ជាសេចក្ដីពិត។ ដោយសារជំនឿ “មនុស្សស្ម័គ្រចិត្តផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់” (DV ៥)។ ហេតុនេះហើយ បានជាអ្នកជឿស្វែងរកចង់ស្គាល់ និងប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ “ព្រះជាម្ចាស់ប្រោសប្រទានឱ្យមនុស្សសុចរិតដោយសារជំនឿ និងឱ្យគេប្រតិបត្តិតាមជំនឿ” (រម ១,១៧)។ ជំនឿដ៏រស់រវើក “នាំឱ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រលាញ់” (កាឡ ៥,៦)។
១៨១៥. ព្រះអំណោយទាននៃជំនឿស្ថិតនៅក្នុងខ្លួនអ្នក ដែលមិនបានប្រព្រឹត្តបាបប្រឆាំងនឹងជំនឿនេះឡើយ (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៥៤៥)។ ប៉ុន្តែ “ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ គឺជាជំនឿស្លាប់” (យក ២,២៦)៖ បើគ្មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ទេ ជំនឿមិនធ្វើឱ្យគ្រីស្តបរិស័ទរួបរួមជាមួយព្រះគ្រីស្តបានពេញលក្ខណៈទេ ហើយមិនធ្វើឱ្យគេទៅជាសិរីរាង្គដ៏រស់រវើកនៃព្រះកាយព្រះអង្គឡើយ។
១៨១៦. សាវ័ករបស់ព្រះគ្រីស្តមិនគ្រាន់តែត្រូវរក្សាជំនឿទុក និងរស់ដោយសារជំនឿនេះទេ ថែមទាំងគេត្រូវតែប្រកាស និងផ្តល់សក្ខីភាពអំពីជំនឿនេះ ដោយចិត្តក្លាហាន និងផ្សព្វផ្សាយជំនឿនេះផងដែរ៖ “គ្រីស្តបរិស័ទទាំងអស់ត្រូវប្រុងខ្លួននឹងប្រកាសជំនឿលើព្រះគ្រីស្ត នៅចំពោះមុខមនុស្សលោក។ នៅពេលមានគេបៀតបៀនធ្វើបាបព្រះសហគមន៍ គ្រីស្តបរិស័ទត្រូវសុខចិត្តដើរតាមព្រះអង្គរហូតដល់ឈើឆ្កាង ព្រោះព្រះសហគមន៍នៅតែជួបការបៀតបៀនពុំខានឡើយ” (LG ៤២ ; DH ១៤)។ ត្រូវតែបម្រើគេ និងផ្តល់សក្ខីភាពនៃជំនឿ ដើម្បីទទួលការសង្រ្គោះ៖ “អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ” (មថ ១០,៣២-៣៣)។
សេចក្ដីសង្ឃឹម
១៨១៧. សេចក្ដីសង្ឃឹមជាគុណធម៌ដែលព្រះជាម្ចាស់ប្រទាន។ ដោយសារសេចក្ដីសង្ឃឹម យើងប៉ងប្រាថ្នាចង់បានព្រះរាជ្យនៃស្ថានបរមសុខ និងជីវិតអស់កល្បជានិច្ច ដូចជាសុភមង្គលរបស់យើង ដោយផ្ញើជីវិតទាំងស្រុងលើព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត និងដោយពឹងផ្អែកលើព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធ មិនមែនលើកម្លាំងរបស់ខ្លួនឯងទេ។ “ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះដែរ” (ហប ១០,២៣)។ “ព្រះជាម្ចាស់ចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ ដោយសារព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះរបស់យើង ដើម្បីឱ្យយើងបានសុចរិត ដោយសារព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គ និងឱ្យយើងបានទទួលជីវិតអស់កល្បជានិច្ច ជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង” (តទ ៣,៦-៧)។
១៨១៨. សេចក្ដីសង្ឃឹមជាគុណធម៌ ដែលបំពេញបំណងប្រាថ្នាចង់បានសុភមង្គល ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តមនុស្សគ្រប់ៗរួប។ គុណធម៌នេះ ទទួលយកការសង្ឃឹមទាំងប៉ុន្មាន ដែលជំរុញមនុស្សឱ្យមានសកម្មភាព បន្សុទ្ធការសង្ឃឹមនោះស្របតាមព្រះរាជ្យនៃស្ថានបរមសុខ ការពារមនុស្សកុំឱ្យបាក់ទឹកចិត្ត ជួយគាំទ្រមនុស្សេតែលតោល និងពង្រីកចិត្តឱ្យរង់ចាំសុភមង្គលអស់កល្បជានិច្ច។ សន្ទះនៃសេចក្ដីសង្ឃឹមការពារមនុស្សមិនឱ្យគិតតែពីប្រយោជន៍ខ្លួនឯង និងនាំឱ្យស្គាល់សុភមង្គលនៃសេចក្ដីស្រលាញ់។
១៨១៩. សេចក្ដីសង្ឃឹមនៃគ្រីស្តសាសនាទទួលយក និងបំពេញសេចក្ដីសង្ឃឹមនៃប្រជារាស្រ្តដែលព្រះជាម្ចាស់បានជ្រើសរើស ដែលមានប្រភព និងយកតម្រាប់តាមសេចក្ដីសង្ឃឹមរបស់លោកអប្រាហាំ ដែលកូនអ៊ីសាកបានបំពេញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយដែលយញ្ញបូជាបានបន្សុទ្ធ (កណ ១៧,៤-៨ ; ២២,១-១៨)។ “ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន” (រម ៤,១៨)។
១៨២០. សេចក្ដីសង្ឃឹមនៃគ្រីស្តសាសនាលាតសន្ធឹង តាំងពីពេលដែលព្រះយេស៊ូចាប់ផ្ដើមទេសនា ក្នុងការប្រកាសសុភមង្គលយ៉ាងពិតប្រាកដ។ សុភមង្គលយ៉ាងពិតប្រាកដ លើកសេចក្ដីសង្ឃឹមរបស់យើងឆ្ពោះទៅលើមេឃដូចជាទឹកដីសន្យាថ្មី ហើយបង្ហាញផ្លូវតាមរយៈការលំបាកទាំងប៉ុន្មាន ដែលរង់ចាំសាវ័ករបស់ព្រះយេស៊ូ។ ប៉ុន្តែ ដោយសារគុណបុណ្យរបស់ព្រះយេស៊ូគ្រីស្ត និងទុក្ខលំបាករបស់ព្រះអង្គ ព្រះជាម្ចាស់រក្សាយើងទុកក្នុង “ សេចក្ដីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ” (រម ៥,៥)។ សេចក្ដីសង្ឃឹមជា “យុថ្កានៃព្រលឹង” ដ៏ជាប់មាំមួន “ដែលចូល (...) ឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន” (ហប ៦,១៩-២០)។ សេចក្ដីសង្ឃឹមជាអាវុធដែលការពារយើងក្នុងការច្បាំងប្រយុទ្ធក្នុងការសង្រ្គោះ៖ “យើងត្រូវតែចេះប៉ាន់ប្រមាណដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក” (១ថស ៥,៨)។ សេចក្ដីសង្ឃឹមផ្តល់សេចក្ដីរីករាយ ទោះជាលំបាកយ៉ាងណាក៏ដោយ៖ “ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក” (រម ១២,១២)។ ការអធិដ្ឋានសម្ដែង និងបំប៉នសេចក្ដីសង្ឃឹម ជាពិសេសក្នុងសេចក្ដីអធិដ្ឋាន “ឱព្រះបិតានៃយើងខ្ញុំ” ដែលជាសេក្ដីសង្ខេបនៃអ្វីៗទាំងអស់ ដែលសេចក្ដីសង្ឃឹមធ្វើឱ្យយើងប៉ងប្រាថ្នា។
១៨២១. ដូច្នះហើយ បានជាយើងអាចសង្ឃឹមនឹងបានសិរីរុងរឿងនៃស្ថានបរមសុខ ដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះអស់អ្នកដែលស្រលាញ់ (រម ៨,២៨-៣០) និងគាប់ព្រះហឫទ័យព្រះអង្គ (មថ ៧,២១)។ គ្រប់កាលៈទេសៈ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែសង្ឃឹម “ស៊ូទ្រាំរហូតដល់ចុងបញ្ចប់” (មថ ១០,២២ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤១) និងទទួលអំណរនៃស្ថានបរមសុខ ដែលជារង្វាន់អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ចំពោះកិច្ចការដ៏ល្អ ដែលយើងបានប្រព្រឹត្ត ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត។ ដោយមានសេចក្ដីសង្ឃឹម ព្រះសហគមន៍អង្វរព្រះជាម្ចាស់ឱ្យ “មនុស្សទាំងអស់ទទួលការសង្រ្គោះ” (១ធម ២,៤) និងមានបំណងប្រាថ្នាចង់រួបរួមជាមួយព្រះគ្រីស្ត ជាព្រះស្វាមីរបស់ខ្លួន ក្នុងសិរីរុងរឿងនៃស្ថានបរមសុខ៖
ឱព្រលឹងអើយ ចូរសង្ឃឹមទៅ! អ្នកមិនស្គាល់ពេលកំណត់ទេ។ ចូរប្រុងស្មារតីដោយយកចិត្តទុកដាក់ អ្វីៗទាំងអស់ចេះតែកន្លងផុតទៅយ៉ាងលឿន ទោះបីអ្វីដែលច្បាស់លាស់ហាក់ដូចជាគួរឱ្យសង្ស័យ និងពេលវេលាដ៏ខ្លីហាក់ដូចជាយូរ ដោយសារអ្នកមិនចេះអត់ធ្មត់ក៏ដោយ។ ចូរនឹកគិតថា អ្នកកាន់តែច្បាំង នោះអ្នកនឹងកាន់តែបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះរបស់អ្នក ហើយ នៅថ្ងៃណាមួយ អ្នកនឹងត្រេកអរសប្បាយកាន់តែខ្លាំងឡើងៗជាមួយនឹងព្រះដ៏ជាទីស្រលាញ់របស់អ្នក ក្នុងសុភមង្គល និងអំណរសប្បាយ ដែលគ្មានទីបញ្ចប់ឡើយ(សន្តី ថេរេសានៃព្រះយេស៊ូ)។
សេចក្ដីស្រលាញ់
១៨២២. សេចក្ដីស្រលាញ់ជាគុណធម៌ដែលជាព្រះអំណោយទាន។ ដោយសារសេចក្ដីស្រលាញ់ យើងស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់ ដើម្បីព្រះអង្គផ្ទាល់ ហើយយើងស្រលាញ់អ្នកដទៃ ដូចខ្លួនឯង ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។
១៨២៣. ព្រះយេស៊ូបានធ្វើឱ្យសេចក្ដីស្រលាញ់ទៅជាវិន័យថ្មី (យហ ១៣,៣៤)។ ដោយស្រលាញ់មិត្តសម្លាញ់របស់ព្រះអង្គ “រហូតដល់ទីបំផុត” (យហ ១៣,១) ព្រះអង្គក៏សម្ដែងសេចក្ដីស្រលាញ់របស់ព្រះបិតា ដែលព្រះអង្គទទួល។ ដោយស្រលាញ់គ្នាទៅវិញទៅមក សាវ័កយកតម្រាប់តាមសេចក្ដីស្រលាញ់របស់ព្រះយេស៊ូ ដែលពួកគេទទួលទុកក្នុងខ្លួន។ ហេតុនេះហើយ បានជាព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ” (យហ ១៥,៩) ឬ៖ “ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ” (យហ ១៥,១២)។
១៨២៤. សេចក្ដីស្រលាញ់ ដែលជាផលនៃព្រះវិញ្ញាណ និងដែលបំពេញធម្មវិន័យឱ្យបានគ្រប់លក្ខណៈ គឺជាការប្រតិបត្តិតាមធម្មវិន័យ របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្តព្រះអង្គ៖ “ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំអ្នករាល់គ្នាពិតជាទុកសេចក្តីស្រឡាញ់របស់ខ្ញុំ (យហ ១៥,៩-១០) (មថ ២២,៤០ ; រម ១៣,៨-១០)។
១៨២៥. ព្រះគ្រីស្តបានសោយទិវង្គត ដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គចំពោះយើង ក្នុងគ្រាដែលយើងនៅជា “សត្រូវ” របស់ព្រះអង្គនៅឡើយ (រម ៥,១០)។ ព្រះអម្ចាស់សូមយើងឱ្យស្រលាញ់ដូចព្រះអង្គ រហូតដល់ស្រលាញ់ខ្មាំងសត្រូវ របស់យើង (មថ ៥,៤៤) ឱ្យយើងទៅជាបងប្អូនរបស់អ្នកដទៃ (លក ១០,២៧-៣៧) ស្រលាញ់កូនក្មេង (មក ៩,៣៧) និងជនក្រីក្រដូចព្រះអង្គផ្ទាល់ (មថ ២៥,៤០.៤៥)។
គ្រីស្តទូតប៉ូលរៀបរាប់អំពីសេចក្ដីស្រលាញ់យ៉ាងអស្ចារ្យ៖ “ អ្នកមានចិត្តស្រឡាញ់តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតអាងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់ឱនគ្រប់កាលៈទេសៈ ជឿគ្រប់កាលៈទេសៈ សង្ឃឹមគ្រប់កាលៈទេសៈ ហើយទ្រាំទ្រគ្រប់កាលៈទេសៈ” (១ករ ១៣,៤-៧)។
១៨២៦. គ្រីស្តទូតប៉ូលបន្ថែមទៀតថា៖ “បើសិនជាខ្ញុំគ្មានសេចក្ដីស្រលាញ់ទេ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់” ហើយទោះបីខ្ញុំមានព្រះអំណោយទានពិសេស ចេះបម្រើគេ ទោះបីខ្ញុំមានគុណធម៌... “បើសិនជាខ្ញុំគ្មានសេចក្ដីស្រលាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ” (១ករ ១៣,១-៤)។ សេចក្ដីស្រលាញ់ជាគុណធម៌ដ៏ប្រសើរលើសគុណធម៌ឯទៀតៗទាំងអស់។ សេចក្ដីស្រលាញ់ជាគុណធម៌ទីមួយនៃគុណធម៌ដែលមកពីព្រះជាម្ចាស់៖ “ឥឡូវនេះមានគុណធម៌បីយ៉ាងស្ថិតនៅ គឺជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែក្នុងចំណោមគុណធម៌បីយ៉ាងនោះ មានតែសេចក្ដីស្រឡាញ់ទេ ដែលប្រសើរជាងគេបំផុត” (១ករ ១៣,១៣)។
១៨២៧. សេចក្ដីស្រលាញ់ជំរុញ និងណែនាំឱ្យប្រតិបត្តិតាមគុណធម៌ទាំងអស់។ សេចក្ដីស្រលាញ់ “ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ” (កូឡ ៣,១៤) ជារូបរាងនៃគុណធម៌ គឺរៀបចំគុណធម៌រវាងគ្នានិងគ្នា ជាប្រភព និងទីចុងក្រោយនៃការប្រព្រឹត្តគុណធម៌នោះតាមគ្រីស្តសាសនា។ សេចក្ដីស្រលាញ់ទទួលយក បន្សុទ្ធ និងលើកកម្លាំងរបស់មនុស្សឱ្យចេះស្រលាញ់ ដូចព្រះជាម្ចាស់ស្រលាញ់យើងឱ្យបានពេញលក្ខណៈ និងហួសធម្មជាតិ។
១៨២៨. ការប្រតិបត្តិតាមសីលធម៌ ដោយមានសេចក្ដីស្រលាញ់ណែនាំ ផ្តល់សេរីភាពខាងវិញ្ញាណឱ្យគ្រីស្តបរិស័ទ ដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទមិនឈរចំពោះព្រះជាម្ចាស់ដូចជាទាសករ ដែលភិតភ័យ ឬដូចជាអ្នកស៊ីឈ្នូលគេ ដោយរង់ចាំប្រាក់ឈ្នូលគេទេ ប៉ុន្តែ ដូចជាបុត្រ ដែលឆ្លើយតបនឹង “ព្រះជាម្ចាស់ដែលបានស្រលាញ់យើងជាមុន” (១យហ ៤,១៩)៖
យើងគេចផុតអំពីសេចក្ដីអាក្រក់ ព្រោះយើងខ្លាចទទួលទោស ហើយយើងដូចជាទាសករ ឬមួយយើងចង់បានរង្វាន់ ហើយយើងដូចជាអ្នកស៊ីឈ្នូលច្បាំងឱ្យគេ ឬម្យ៉ាងទៀតយើងស្តាប់បង្គាប់ ដើម្បីសេចក្ដីល្អផ្ទាល់ខ្លួន និងសេចក្ដីស្រលាញ់របស់អ្នកដែលបញ្ជា (...) ហើយយើងប្រៀបបីដូចជាបុត្រធីតា (សន្ត បាស៊ីល)។
១៨២៩. អ្នកមានចិត្តស្រលាញ់បង្កើតផល ដូចជាអំណរ សេចក្ដីសុខសាន្ត និងធម៌មេត្តាករុណា អ្នកមានចិត្តស្រលាញ់យោគយល់ និងចេះជួយកែលំអគ្នាទៅវិញទៅមកដូចជាបងប្អូន អ្នកមានចិត្តស្រលាញ់ចេះអធ្យាស្រ័យ ធ្វើឱ្យគេស្រលាញ់វិញ មិនគិតអំពីផលប្រយោជន៍ផ្ទាល់ មានចិត្តទូលាយ រាប់រកអ្នកដទៃ ដោយរួបរួមជាមួយគ្នា៖
កិច្ចការទាំងអស់របស់យើងបញ្ចប់ក្នុងសេចក្ដីស្រលាញ់យ៉ាងស្មោះ។ ទីបំផុត យើងរត់សំដៅទៅរកសេចក្ដីស្រលាញ់នេះ។ ពេលជួបហើយ យើងក៏សម្រាកក្នុងសេចក្ដីស្រលាញ់នេះ (សន្ត អូគូស្តាំង)។
៣. ព្រះអំណោយទាន និងផលនៃព្រះវិញ្ញាណដ៏វិសុទ្ធ
១៨៣០. ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជួយគាំទ្រជីវិតប្រកបដោយសីលធម៌របស់គ្រីស្តបរិស័ទ។ ព្រះអំណោយទាននោះ គឺជាលក្ខណៈអចិន្រ្តៃយ៍ ដែលធ្វើឱ្យមនុស្សស្តាប់បង្គាប់ការជំរុញរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
១៨៣១. ព្រះអំណោយទាន ទាំងប្រាំពីរនៃព្រះវិញ្ញាណដ៏វិសុទ្ធ គឺប្រាជ្ញា ការឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះបាទដាវីឌមានព្រះអំណោយទានទាំងអស់នោះពេញលក្ខណៈ (អស ១១,១- ២)។ ព្រះអំណោយទាននោះ បំពេញ និងណែនាំគុណធម៌របស់អស់អ្នកដែលទទួលព្រះអំណោយទាននោះ ឱ្យបានពេញលក្ខណៈ។ ព្រះអំណោយទាននោះ ធ្វើឱ្យគ្រីស្តបរិស័ទឆាប់ស្តាប់តាមការជំរុញរបស់ព្រះជាម្ចាស់។
សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ (ទន ១៤៣,១០)។
អស់អ្នក ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ (...)។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ត (រម ៨,១៤.១៧)។
១៨៣២. ផល នៃព្រះវិញ្ញាណ គឺជាភាពល្អឥតខ្ចោះដែលព្រះវិញ្ញាណបង្កើតក្នុងខ្លួនយើងដូចជាផលផ្លែដំបូងនៃសិរីរុងរឿងអស់កល្បជានិច្ច។ តាមការបញ្ជូនបន្តរបស់ព្រះសហគមន៍ មានផលដប់ពីរ៖ “សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសន្ដោសមេត្តា ចិត្តសប្បុរស ចិត្តស្លូតបូត ចេះយោគយល់ ភក្ដីភាព ចេះបន្ទាបខ្លួនឯង ចេះតមការសប្បាយ ចេះទប់ចិត្តខ្លួនឯង” (កាឡ ២២-២៣ តាមគម្ពីរ៧០)។
សង្ខេប
១៨៣៣. គុណធម៌ ជាទម្លាប់មោះមុតឱ្យប្រព្រឹត្តអ្វីដ៏ល្អ។
១៨៣៤. គុណធម៌របស់មនុស្សជាទម្លាប់នឹងននៃប្រាជ្ញាឈ្លាសវៃ និងឆន្ទៈក្នុងការចាត់ចែងកិច្ចការ និងតណ្ហារបស់យើង ហើយដឹកនាំរបៀបរស់នៅរបស់យើងតាមប្រាជ្ញា និងជំនឿ។ “គុណធម៌សំខាន់ៗ” ដែលមានគុណធម៌ផ្សេងៗទៀតស្ថិតនៅជាមួយ មានការចេះរិះគិតពិចារណា សេចក្ដីសុចរិត សេចក្ដីក្លាហាន និងការចេះទប់ចិត្ត។
១៨៣៥. អ្នកចេះរិះគិតពិចារណា រៀបចំប្រាជ្ញាឱ្យរិះគិតគ្រប់កាលទេសៈអំពីអ្វីដ៏ល្អយ៉ាងពិតប្រាកដ ហើយជ្រើសរើសមធ្យោបាយត្រឹមត្រូវ ដើម្បីបំពេញអ្វីដ៏ល្អនេះ។
១៨៣៦. អ្នកសុចរិតមានបំណងមោះមុតដ៏ស្ថិតស្ថេរ ដើម្បីថ្វាយទៅព្រះជាម្ចាស់ និងផ្តល់ដល់អ្នកដ ទៃ នូវ អ្វីៗដែលត្រូវតែថ្វាយ និងផ្តល់ឱ្យ។
១៨៣៧. អ្នកមានចិត្តក្លាហានមានចិត្តមោះមុតដ៏ស្ថិតស្ថេរ ដើម្បីទៅរកអ្វីដ៏ល្អ ទោះបីមានទុក្ខលំបាកយ៉ាងណាក៏ដោយ។
១៨៣៨ . អ្នកចេះទប់ចិត្តចេះតមការសប្បាយ និងនាំឱ្យមានលំនឹងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃលោកនេះ។
១៨៣៩. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បន្សុទ្ធ និងលើកគុណធម៌ ដែលមកពីការអប់រំ ដោយបំពេញកិច្ចការដោយចេតនា និងដោយការខិតខំព្យាយាមប្រតិបត្តិតាមជានិច្ច។
១៨៤០. គុណធម៌ដែលព្រះជាម្ចាស់ប្រទាន រៀបចំការរស់នៅរបស់គ្រីស្តបរិស័ទឱ្យមានទំនាក់ទំនងជាមួយនឹងព្រះត្រៃឯកដ៏វិសុទ្ធ។ គុណធម៌នោះ មានព្រះជាម្ចាស់ជាប្រភព ជាមូលហេតុ និងជាគោលដៅ និងដើម្បីព្រះអង្គ ដែលអ្នកជឿស្គាល់ សង្ឃឹម និងស្រលាញ់។
១៨៤១. គុណធម៌ដែលព្រះជាម្ចាស់ប្រទានមានបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់។ គុណធម៌នោះ ជាប្រភពរបស់គុណធម៌ឯទៀតៗ និងធ្វើឱ្យគុណធម៌ឯទៀតៗស្ថិតនៅយូរអង្វែង។
១៨៤២ . ដោយសារជំនឿ យើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ជឿលើព្រះបន្ទូលរបស់ព្រះអង្គ និងសេចក្ដីដែលព្រះអង្គបានសម្ដែងឱ្យយើងដឹង ហើយដែលព្រះសហគមន៍ដ៏វិសុទ្ធស្នើសុំឱ្យជឿ។
១៨៤៣. ដោយសារសេចក្ដីសង្ឃឹម យើងប្រាថ្នាចង់បាន និងរង់ចាំពីព្រះជាម្ចាស់ ដោយជឿទុកចិត្តលើ ព្រះអង្គយ៉ាងមោះមុតនូវជីវិតអស់កល្បជានិច្ច និងព្រះអំណោយទានផ្សេងៗ ដែលសមនឹងទទួលក្នុងជីវិតនេះ។
១៨៤៤ . ដោយសារសេចក្ដីស្រលាញ់ យើងស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់ ហើយយើងស្រលាញ់អ្នកដទៃដូចខ្លួនឯង ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ សេចក្ដីស្រលាញ់នេះ “ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ” (កូឡ ៣,១៤) និងជារូបរាងនៃគុណធម៌ទាំងអស់។
១៨៤៥. ព្រះអំណោយទានទាំងប្រាំពីរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យគ្រីស្តបរិស័ទ គឺប្រាជ្ញា ភាពឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការគោរពកោតខ្លាចព្រះជាម្ចាស់។
ប្រការទី៨៖អំពើបាប
១៨៤៦. ដំណឹងល្អ គឺជាការសម្ដែង តាមរយៈព្រះយេស៊ូគ្រីស្ត នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះអ្នកបាប (លក ១៥)។ ទេវទូតជនដំណឹងល្អនេះទៅប្រាប់លោកយ៉ូសែបថា៖ “លោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាបរបស់គេ” (មថ ១,២១)។ យ៉ាងណាមិញ ពិធីអរព្រះគុណជាអគ្គសញ្ញានៃការសង្រ្គោះ៖ “នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨)។
១៨៤៧. “ព្រះជាម្ចាស់បានបង្កើតយើងដោយយើងមិនបានចូលរួមក្នុងការបង្កើតនេះឡើយ ប៉ុន្តែ ព្រះអង្គមិនសព្វព្រះហឫទ័យសង្រ្គោះយើង បើយើងមិនចូលរួមចំណែកក្នុងការសង្រ្គោះនេះឡើយ” (សន្ត អូគូស្តាំង)។ ត្រូវតែសារភាពកំហុសរបស់យើង ដើម្បីបានទទួលធម៌មេត្តាករុណារបស់ព្រះអង្គ។ “ប្រសិនបើយើងពោលថា “យើងគ្មានបាបសោះ” គឺយើងបញ្ឆោតខ្លួនយើង សេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនយើងទេ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឱ្យរួចពីបាប ព្រមទាំងជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង” (១យហ ១,៨- ៩)។
១៨៤៨. ដូចសន្តប៉ូលមានប្រសាសន៍៖ “នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត”។ ប៉ុន្តេ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ត្រូវតែរកឃើញអំពើបាប ដើម្បីបំពេញកិច្ចការរបស់ខ្លួន គឺដើម្បីកែប្រែចិត្តគំនិតយើង និងប្រោសប្រទាន “សេចក្ដីសុចរិត ដើម្បីឱ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង” (រម ៥,២០-២១)។ ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រូពេទ្យ ដែលស្ទាបស្ទង់ដំបៅមុនរំដំបៅនេះ គឺតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណព្រះអង្គៗក៏បំភ្លឺអំពើបាបយ៉ាងច្បាស់ៗ៖
ត្រូវតែបំភ្លឺអំពើបាប ដើម្បីកែប្រែចិត្តគំនិត។ ការវិនិច្ឆ័យនៃមនសិការស្ថិតក្នុងការកែប្រែចិត្តគំនិតនេះ។ យើងអាចយល់ឃើញថា ព្រះវិញ្ញាណនៃសេចក្ដីពិតៗជាប្រព្រឹត្តកិច្ចការក្នុងជម្រៅចិត្តមនុស្ស ហើយនៅពេលជាមួយគ្នានេះ ព្រះអំណោយទានថ្មីនៃព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រលាញ់ក៏ចាប់ផ្តើមដែរ៖ “ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធ”។ ហេតុនេះ ក្នុងការបំភ្លឺអំពើបាបនេះ យើងរកឃើញព្រះអំណោយទានពីរ គឺមនសិការប្រតិបត្តិតាមសេចក្ដីពិត ហើយយើងដឹងច្បាស់ថា នឹងបានទទួលការសង្រ្គោះ។ ព្រះវិញ្ញាណនៃសេចក្ដីពិតជាព្រះដ៏ជួយការពារ (DeV ៣១)។
១៨៤៩. អ្នកប្រព្រឹត្តអំពើបាបប្រព្រឹត្តកំហុសប្រឆាំងនឹងប្រាជ្ញា សេចក្ដីពិត និងមនសិការត្រឹមត្រូវ។ គេមិនចេះស្រលាញ់យ៉ាងពិតប្រាកដ ចំពោះព្រះជាម្ចាស់ផង ចំពោះអ្នកដទៃផង ដោយសារគេជាប់ជំពាក់នឹងរបស់របរ ផ្សេងៗ។ អំពើបាបធ្វើឱ្យធម្មជាតិមនុស្ស និងសាមគ្គីភាពរវាងមនុស្សត្រូវរបួស។ អំពើបាបជា “ពាក្យសម្ដី កិច្ចការ ឬសេចក្ដីប្រាថ្នាប្រឆាំងនឹងវិន័យអស់កល្បជានិច្ច” (សន្ត អូគូស្តាំង ; សន្ត ថូម៉ាស នៃអាកាំង)។
១៨៥០. អ្នកប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ “ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថា ជាអំពើបាប” (ទន ៥១,៦)។ អំពើបាបប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះយើង ហើយធ្វើឱ្យយើងឃ្លាតឆ្ងាយពីសេចក្ដីស្រលាញ់នេះ។ ដូចអំពើបាបដើម អ្នកបាបមិនស្តាប់បង្គាប់ បះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដោយមានបំណងក្លាយទៅជា “ដូចព្រះ” ដែលស្គាល់ និងកំណត់អ្វីល្អ អ្វីអាក្រក់ (កណ ៣,៥)។ អ្នកបាប “ស្រលាញ់ខ្លួនឯងរហូតដល់ប្រមាថព្រះជាម្ចាស់” (សន្ត អូគូស្តាំង)។ ដោយលើកតម្កើងអួតបំប៉ោងខ្លួនឯង អ្នកបាបផ្ទុយស្រឡះនឹងព្រះយេស៊ូដែលស្តាប់បង្គាប់ព្រះជាម្ចាស់ និងបំពេញការសង្រ្គោះ (ភីល ២,៦-៩)។
១៨៥១. ទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលនឹងឈ្នះអំពើបាប សម្តែងយ៉ាងច្បាស់នូវអំពើហិង្សានៃអំពើបាប ដែលមានគ្រប់បែបយ៉ាង៖ មេដឹកនាំ និងប្រជាជនមិនព្រមជឿ ស្អប់ព្រះអង្គជាទីបំផុត គេទាត់ចោល និងសើចចំអកឱ្យព្រះអង្គ លោកពីឡាតកំសាក ទាហានឃោឃៅ លោកយូដាសក្បត់ព្រះយេស៊ូ លោកសិលាបដិសេធមិនស្គាល់ព្រះអង្គ ក្រុមសាវ័កបោះបង់ព្រះអង្គចោល។ ក៏ប៉ុន្តែ ពេលនោះ ជាពេលនៃភាពងងឹត និងជាពេលរបស់ចៅហ្វាយនៃលោកីយ៍ (យហ ១៤,៣០) សក្ការបូជារបស់ព្រះគ្រីស្តទៅជាប្រភពដ៏លាក់កំបាំង ដែលការលើកលែងទោសនៃអំពើបាបរបស់យើងនឹងផុសចេញមក។
១៨៥២. អំពើបាបមានច្រើនប្រភេទ។ ព្រះគម្ពីរផ្តល់បញ្ជីជាច្រើនអំពីអំពើបាប។ ក្នុងលិខិតផ្ញើជូន គ្រីស្តបរិស័ទនៅកាឡាទី កិច្ចការរបស់លោកីយ៍ប្រឆាំងនឹងផលនៃព្រះវិញ្ញាណ៖ “យើងស្គាល់ច្បាស់នូវអំពើបាបផ្សេងៗ ដែលកើតចេញមកពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក ឈ្នានីសគ្នា ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងគ្នា។ ខ្ញុំសូមជម្រាបឱ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ” (៥,១៩-២១) (រម ១,២៨-៣២ ; ១ករ ៦,៩-១០ ; អភ ៥,៣-៥ ; កូឡ ៣,៥-៨ ; ១ធម ១,៩-១០ ; ២ធម ៣,២-៥)។
១៨៥៣. យើងអាចបែងចែកអំពើបាបតាមគោលដៅ ដូចជាការប្រព្រឹត្តរបស់មនុស្ស ឬតាមគុណធម៌ដែលអំពើបាបប្រឆាំង ឬតាមបទបញ្ជាដែលអំពើបាបជំទាស់។ យើងអាចរៀបចំអំពើបាបតាមអំពើនោះទាក់ទងនឹងព្រះជាម្ចាស់ អ្នកដទៃ ឬខ្លួនឯង។ យើងអាចបែងបែកអំពើបាបខាងវិញ្ញាណ ឬខាងផ្លូវកាយ ខាងគំនិត ខាងពាក្យសម្តី ខាងកិច្ចការ ឬដោយការខកខាន។ តាមការប្រៀនប្រដៅរបស់ព្រះអម្ចាស់ អំពើបាបចាក់ឫសក្នុងចិត្តមនុស្ស ក្នុងបំណងដ៏សេរីរបស់គេ៖ “គំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ ដែលធ្វើឱ្យមនុស្សសៅហ្មង” (មថ ១៥,១៩-២០)។ ចិត្តក៏ជាជំរំនៃសេចក្ដីស្រលាញ់ ជាគោលនៃអំពើដ៏ល្អ និងបរិសុទ្ធ ហើយដែលអំពើបាបធ្វើឱ្យរបួស។
៤. អំពើបាបធ្ងន់ (ដែលនាំឱ្យស្លាប់) និងអំពើបាបស្រាល
១៨៥៤. ត្រូវតែចាត់ទុកអំពើបាបថា តើអំពើបាបធ្ងន់ ឬស្រាល? ដូចក្នុងព្រះគម្ពីរ (១យហ ៥,១៦-១៧) ការបញ្ជូនបន្តនៃព្រះសហគមន៍បែងចែកអំពើបាបធ្ងន់ និងអំពើបាបស្រាល។ បទពិសោធន៍របស់មនុស្សបញ្ជាក់ការបែងចែកនេះ។
១៨៥៥. អំពើបាបធ្ងន់ បំផ្លាញសេចក្ដីស្រលាញ់ក្នុងចិត្តមនុស្ស ដោយប្រព្រឹត្តបទល្មើសធ្ងន់ប្រឆាំងនឹងធម្មវិន័យរបស់ព្រះជាម្ចាស់។ អំពើបាបនេះ ធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដែលជាទីចុងក្រោយបំផុត និងសុភមង្គលយ៉ាងពិតប្រាកដរបស់គេ ដោយស្រលាញ់របស់របរមួយច្រើនជាងព្រះអង្គ។
អំពើបាបស្រាល មិនបំផ្លាញសេចក្ដីស្រលាញ់ទេ ទោះបីអំពើបាបនេះ ប្រឆាំងនឹងសេចក្ដីស្រលាញ់ និងធ្វើឱ្យសេចក្ដីស្រលាញ់របួសក៏ដោយ។
១៨៥៦. ដោយសារអំពើបាបធ្ងន់វាយលុកសេចក្ដីស្រលាញ់ជាគោលការណ៍សំខាន់ៗ អ្នកប្រព្រឹត្តអំពើបាបធ្ងន់ត្រូវការធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងកែប្រែចិត្តគំនិត ដោយទទួលអគ្គសញ្ញាលើកលែងទោស៖
នៅពេលដែលបំណងស្វែងរកអ្វីមួយផ្ទុយនឹងសេចក្ដីស្រលាញ់ ដែលជាទីចុងក្រោយបំផុត គោលដៅផ្ទាល់នៃអំពើបាបនោះនាំឱ្យស្លាប់ (...) ទោះជាប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ (ដូចជាការប្រមាថព្រះអង្គ ការក្បត់ព្រះអង្គ ជាដើម) ឬប្រឆាំងនឹងសេចក្ដីស្រលាញ់របស់អ្នកដទៃ (ដូចជាការសម្លាប់មនុស្ស ការប្រព្រឹត្តអំពើផិតក្បត់ ជាដើម) (...)។ ផ្ទុយទៅវិញនៅពេលដែលបំណងរបស់អ្នកបាបទៅរកអ្វីមួយដ៏អាក្រក់ ប៉ុន្តែដែលមិនប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងអ្នកដទៃ (ដូចជាពាក្យសម្ដីមិនត្រឹមត្រូវ ការសើចឥតប្រយោជន៍ ជាដើម) អំពើបាបនោះ ជាអំពើបាបស្រាល (សន្ត ថូម៉ាស នៃអាកាំង)។
១៨៥៧. បាបធ្ងស់មានលក្ខខណ្ឌបីយ៉ាង៖ “អំពើបាបធ្ងន់ គឺជាអំពើបាប ដែលមានគោលដៅជាអំពើធ្ងន់ ហើយដែលអ្នកប្រព្រឹត្តដោយដឹងខ្លួនច្បាស់ និងដោយចេតនា” (RP ១៧)។
១៨៥៨. ចម្លើយរបស់ព្រះយេស៊ូចំពោះអ្នកមានម្នាក់ កំណត់វិន័យដប់ប្រការចំពោះអំពើបាបធ្ងន់ ៖ “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឱ្យសោះ ចូរគោរពមាតាបិតា” (មក ១០,១៩)។ ទម្ងន់នៃអំពើបាប ធ្ងន់ ឬ ស្រាល៖ ការសម្លាប់មនុស្សធ្ងន់ជាងការលួច។ ម្យ៉ាងទៀត អំពើបាបធ្ងន់ ឬស្រាល អាស្រ័យទៅលើអ្នក ដែលរងអំពើបាបដែរ៖ ពេលយើងប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងឪពុកម្តាយ យើងប្រព្រឹត្តអំពើបាបធ្ងន់ជាងអំពើហិង្សាប្រឆាំងនឹងនរណាម្នាក់ផ្សេងទៀត។
១៨៥៩. យើងប្រព្រឹត្តអំពើបាបធ្ងន់ ក្នុងពេលដែលមានស្មារតីភ្លឺស្វាង និងក្នុងពេលដែលយើងយល់ស្របទាំងស្រុង ដោយដឹងច្បាស់ថា ជាអំពើអាក្រក់ ប្រឆាំងនឹងធម្មវិន័យរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ដោយយល់ព្រមប្រព្រឹត្តអំពើនេះ ដោយចេតនា ហើយជាជម្រើសខ្លួនផ្ទាល់។ បើយើងប្រព្រឹត្តអំពើនេះ ដោយធ្វើមិនដឹង ឬដោយមានចិត្តរឹងរូស យើងរឹតតែប្រព្រឹត្តអំពើបាបនេះ ដោយចេតនាទៅទៀត។
១៨៦០. បើយើងប្រព្រឹត្តអំពើបាបធ្ងន់ដោយមិនដឹងខ្លួន និងដោយអចេតនា យើងមិនអាចទទួលខុសត្រូវបានឡើយ ប៉ុន្តែ មនុស្សទាំងអស់ត្រូវតែស្គាល់គោលការណ៍នៃក្បួនវិន័យខាងសីលធម៌ ដែលព្រះជាម្ចាស់បានចារទុកក្នុងចិត្តមនុស្សគ្រប់រូប។ ចលនាខាងផ្លូវចិត្ត និងតណ្ហា ការគាបសង្កត់របស់អ្នកដទៃ ឬបញ្ហា ផ្សេងៗខាងផ្លូវចិត្តអាចនាំឱ្យមនុស្សប្រព្រឹត្តអំពើបាបដោយអចេតនា ឬដោយបង្ខិតបង្ខំ។ អំពើបាបធ្ងន់ជាងគេ គឺជាអំពើបាបដែលយើងប្រព្រឹត្ត ដោយដឹងច្បាស់ និងដោយចង់ប្រព្រឹត្តអំពើអាក្រក់។
១៨៦១. ដោយសារមនុស្សមានសេរីភាព គេអាចប្រព្រឹត្តអំពើបាបដែលនាំឱ្យស្លាប់ ឬគេអាចជ្រើសរើសសេចក្ដីស្រលាញ់ផងដែរ។ អំពើបាបបណ្តាលឱ្យបាត់បង់សេចក្ដីស្រលាញ់ និងព្រះហឫទ័យប្រណី សន្តោសរបស់ព្រះជាម្ចាស់ដែលប្រោសឱ្យបានវិសុទ្ធ។ បើយើងមិនសោកស្តាយអំពើបាបនេះ ហើយបើព្រះជាម្ចាស់មិនលើកលែងទោសឱ្យទេ យើងត្រូវបណ្តេញចេញពីព្រះរាជ្យរបស់ព្រះគ្រីស្ត និង ទទូលសេចក្ដីស្លាប់នៃស្ថាននរក ដ្បិតយើងមានសេរីភាពអាចជ្រើសរើសធ្វើកិច្ចការផ្សេងៗ ជាដរាបតរៀងទៅ ដោយមិនថយក្រោយឡើយ។ ក៏ប៉ុន្តែ បើយើងអាចវិនិច្ឆ័យថា កិច្ចការណាមួយធ្ងន់មែន យើងត្រូវតែទុកឱ្យសេចក្ដីសុចរិត និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សវិញ។
១៨៦២. យើងប្រព្រឹត្តអំពើបាបស្រាល នៅពេលដែលយើងមិនធ្វើតាមក្បួនវិន័យនៃសីលធម៌ក្នុងកិច្ចការដ៏តូចមួយ ឬនៅពេលដែលយើងមិនស្តាប់បង្គាប់ក្បួនវិន័យនៃសីលធម៌ក្នុងកិច្ចការធ្ងន់មួយ ប៉ុន្តែដោយមិនដឹងខ្លួន ឬដោយអចេតនា។
១៨៦៣. ពេលយើងប្រព្រឹត្តអំពើបាបស្រាល យើងលែងចេះស្រលាញ់ឱ្យបានគ្រប់លក្ខណៈ យើងជាប់ចិត្តនឹងរបស់របរឥតសណ្តាប់ធ្នាប់ ព្រលឹងយើងមិនរីកចម្រើនក្នុងការប្រព្រឹត្តគុណធម៌ និងអំពើល្អប្រកបដោយសីលធម៌ទេ ហើយយើងសមនឹងទទួលទោសក្នុងលោកនេះ។ បើយើងប្រព្រឹត្តអំពើបាបស្រាល ដោយចេតនា និងដោយមិនកែប្រែចិត្តគំនិត យើងអាចប្រព្រឹត្តអំពើបាបធ្ងន់បន្តិចម្តងៗ។ ក៏ប៉ុន្តែ ទោះបីយើងប្រព្រឹត្តអំពើបាបស្រាលយ៉ាងណាក៏ដោយ ក៏យើងមិនប្រឆាំងនឹងព្រះហឫទ័យ និងមេត្រីភាពរបស់ព្រះជាម្ចាស់ គឺយើងមិនផ្តាច់សម្ពន្ធមេត្រីជាមួយនឹងព្រះអង្គឡើយ។ យើងអាចទូទាត់អំពើបាបស្រាល ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយឧបត្ថម្ភផង។ “ទោះបីយើងប្រព្រឹត្តអំពើបាបស្រាលយ៉ាងណាក៏ដោយ ក៏ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់នៅតែប្រោសយើងឱ្យបានវិសុទ្ធជានិច្ច និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ ហើយព្រះអង្គនៅតែស្រលាញ់យើង និងប្រទានសុភមង្គលអស់កល្បជានិច្ចមកយើង” (RP ១៧)៖
មនុស្សមិនអាចចៀសផុតពីអំពើបាបស្រាលបានទេ ទាល់តែគេនៅក្នុងលោកីយ៍នៅឡើយ។ ប៉ុន្តែ អំពើបាបនោះ ដែលគេហៅថា ស្រាល កុំគិតថា គ្មានផលវិបាកឱ្យសោះ៖ បើអ្នកគិតថា អំពើនោះគ្មានផលវិបាកទេ ពេលអ្នកថ្លឹងអំពើនោះ ចូរញាក់ដៃជើង ពេលអ្នករាប់អំពើនោះ។ របស់ស្រាលៗជាច្រើននឹងក្លាយជាដុំធំមួយ តំណក់ទឹកជាច្រើនបំពេញទន្លេមួយ គ្រាប់ជាច្រើនក្លាយគំនរមួយ។ បើអញ្ចឹង អ្វីទៅជាសេចក្ដីសង្ឃឹមរបស់យើង? មុនដំបូង ត្រូវតែសារភាព... (សន្ត អូគូស្តាំង)។
១៨៦៤. “អ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច” (មក ៣,២៩) (មថ ១២,៣២ ; លក ១២,១០)។ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់គ្មានកំណត់ព្រំដែនទេ ប៉ុន្តែ អ្នកដែលបដិសេធដោយចេតនាមិនព្រមទទួលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មិនកែប្រែចិត្តគំនិត ហើយបោះបង់ចោលការលើកលែងទោសនៃអំពើបាបរបស់ខ្លួន និងការសង្រ្គោះដែលព្រះវិញ្ញាណដ៏វិសុទ្អប្រោសប្រទាន (DeV ៤៦)។ ចិត្តរឹងរូសបែបនេះ នាំឱ្យធ្លាក់នរកបាន។
១៨៦៥. បើយើងប្រព្រឹត្តអំពើបាប យើងនឹងរឹតតែប្រព្រឹត្តអំពើបាបតទៅទៀត។ អំពើបាបបង្កើតបាបធម៌ ដោយប្រព្រឹត្តអំពើដដែលៗ។ ដូច្នេះ យើងមានចិត្តលម្អៀងមិនត្រឹមត្រូវ ដែលធ្វើឱ្យមនសិការយើងងងឹត។ យើងលែងចេះគិតពិចារណាអំពីអ្វីដ៏ល្អ និងអី្វដ៏អាក្រក់។ ហេតុនេះហើយ បានជាយើងចេះតែប្រព្រឹត្តអំពើបាបច្រើនឡើងៗ ប៉ុន្តែ អំពើបាបនោះមិនអាចបំផ្លាញមូលដ្ឋានគ្រឹះនៃមនសិការបានឡើយ។
១៨៦៦. យើងអាចរៀបបាបធម៌ជាក្រុមទៅតាមគុណធម៌ដែលបាបធម៌នោះប្រឆាំង ឬយោងតាមអំពើបាបមូលដ្ឋាន ដែលបទពិសោធន៍របស់គ្រីស្តបរិស័ទបានបែងចែក តាមសន្ត យ៉ូហាន កាស៊ីអ៊ាំង និងសន្ត គ្រែគ័រដ៏ប្រសើរ។ គេហៅអំពើបាបនោះថា ជាអំពើបាបមូលដ្ឋាន ពីព្រោះអំពើបាបនោះបង្កើតអំពើបាប និងបាបធម៌ផ្សេងៗទៀត។ មានចិត្តក្រអឺតក្រទម ចិត្តកំណាញ់ ចិត្តលោភលន់ កំហឹង ចិត្តមិនបរិសុទ្ធ ចិត្តល្មោភស៊ី សេចក្ដីខ្ជិលច្រអូស ឬអារម្មណ៍រីងស្ងួត។
១៨៦៧. ការបញ្ចូនបន្តនៃការអប់រំជំនឿរម្លឹកយើងថា មានអំពើបាបស្រែកលាន់ឮពីដីឡើងដល់លើមេឃ ដូចជាឈាមរបស់លោកអេបិល (កណ ៤,១០) អំពើបាបរបស់អ្នកក្រុងសូដុម (កណ ១៨,២០ ; ១៩,១៣) ទុក្ខលំបាករបស់ប្រជាជននៅស្រុកអេស៊ីប (សរ ៣,៧-១០) ពាក្យតម្អូញរបស់ជនបរទេស ស្រ្តីមេម៉ាយ និងក្មេងកំព្រា (សរ ២២,២០-២២) អំពើអយុត្តិធម៌ចំពោះកម្មករ (ទក ២៤,១៤-១៥ ; យក ៥,៤)។
១៨៦៨. អំពើបាបជាអំពើរបស់មនុស្សម្នាក់ៗផ្ទល់ខ្លួន។ ម្យ៉ាងទៀត យើងទទួលខុសត្រូវចំពោះអំពើបាបដែលអ្នកដទៃប្រព្រឹត្ត គឺនៅពេលដែលយើងរួមសហការជាមួយគេ ៖
- ដោយចូលរួមចំណែកជាមួយគេតែម្តង និងដោយចេតនា
- ដោយបញ្ជាគេ ទូន្មានគេ សរសើរគេ ឬយល់ស្របនឹងគេ
- ដោយមិនបាច់ឱ្យគេដឹង ឬដោយមិនរារាំងគេមិនឱ្យប្រព្រឹត្ត នៅពេលដែលយើងត្រូវតែធ្វើដូច្នេះ
- ដោយការពារពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់
១៨៦៩. ហេតុនេះហើយ បានជាអំពើបាបធ្វើឱ្យមនុស្សទៅជាដៃគូនឹងគ្នាទៅវិញទៅមក ហើយធ្វើឱ្យកិលេសតណ្ហា អំពើហិង្សា និងអយុត្តិធម៌គ្រងរាជ្យរវាងគ្នានិងគ្នា។ អំពើបាបបង្កើតស្ថានភាពក្នុងសង្គម និងស្ថានបនប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ “រចនាសម្ពន្ធនៃអំពើបាប” សម្ដែង និងជាផលវិបាកនៃអំពើបាបរបស់មនុស្សម្នាក់ៗផ្ទាល់ ហើយជំរុញជនរងគ្រោះឱ្យប្រព្រឹត្តអំពើអាក្រក់ដែរ។ ក្នុងអត្ថន័យប្រៀបធៀប រចនាសម្ពន្ធនោះ ជា “អំពើបាបនៃសង្គម” (RP ១៦)។
សង្ខេប
១៨៧០. “ព្រះជាម្ចាស់បានបណ្តោយឱ្យមនុស្សទាំងអស់មិនស្តាប់បង្គាប់ព្រះអង្គ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់” (រម ១១,៣២)។
១៨៧១. អំពើបាបជា “ពាក្យ កិច្ចការ ឬសេចក្ដីប្រាថ្នាផ្ទុយនឹងវិន័យអស់លក្បជានិច្ច” (សន្តអូគូស្តាំង)។អ្នកប្រព្រឹត្តអំពើបាបជំទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកបាបប្រឆាំងនឹងព្រះជាម្ចាស់ មិនស្តាប់បង្គាប់ព្រះអង្គ ផ្ទុយស្រឡះនឹងព្រះយេស៊ូដែលស្តាប់បង្គាប់ព្រះជាម្ចាស់។
១៨៧២. អំពើបាបជាកិច្ចការប្រឆាំងនឹងប្រាជ្ញា។ អំពើបាបធ្វើឱ្យធម្មជាតិមនុស្ស និងសាមគ្គីភាពរវាងមនុស្សត្រូវរបួស។
១៨៧៣. អំពើបាបចាក់ឫសក្នុងចិត្តមនុស្ស។ ជាធម្មតា យើងបែងចែកប្រភេទនៃអំពើបាប ហើយយើងដឹងថា អំពើបាបធ្ងន់ ឬស្រាល តាមគោលដៅ។
១៨៧៤. បើយើងស្ម័គ្រចិត្ត ពោលគឺដោយដឹង និងដោយចង់ ប្រព្រឹត្តអ្វីមួយប្រឆាំងនឹងធម្មវិន័យរបស់ព្រះ ជាម្ចាស់ ហើយ ប្រឆាំងនឹងទីចុងក្រោយរបស់មនុស្ស គឺយើងប្រព្រឹត្តអំពើបាប ដែលនាំឱ្យស្លាប់។ អំពើបាបនេះ បំផ្លាញសេចក្ដីស្រលាញ់ក្នុងខ្លួនយើង។ បើគ្មានសេចក្ដីស្រលាញ់នោះទេ យើងមិនអាចទទួលសុភមង្គលដ៏ពិតប្រាកដបានឡើយ។ បើយើងមិនសោកស្តាយអំពើបាបនេះ យើងអាចទទួលសេចក្ដីស្លាប់អស់កល្បជានិច្ច។
១៨៧៥ . អំពើបាបស្រាលបង្ខូចសីលធម៌ ប៉ុន្តែសេចក្ដីស្រលាញ់អាចទូទាត់អំពើបាបនេះ។ អំពើបាបនេះ មិនបំផ្លាញសេចក្ដីស្រលាញ់ឡើយ។
១៨៧៦ . បើយើងប្រព្រឹត្តអំពើបាប ទោះជាស្រាលក៏ដោយ ក៏យើងនឹងបង្កើតបាបធម៌ ដែលមានអំពើបាបមូលដ្ឋានដែរ។
ជំពូកទីពីរ៖
សហគមន៍មនុស្ស
១៨៧៧. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោកឱ្យសម្ដែងរូបតំណាងរបស់ព្រះអង្គ និងបានទៅជារូបតំណាងនៃព្រះបុត្រាតែមួយរបស់ព្រះបិតា។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សគ្រប់រូប ដ្បិតព្រះអង្គត្រាស់ហៅ មនុស្សរាល់គ្នាឱ្យទទួលសុភមង្គលរបស់ព្រះអង្គៗក៏ត្រាស់ហៅសហគមន៍ទាំងមូលរបស់មនុស្សផងដែរ។
ប្រការទី១៖មនុស្ស និងសង្គម
១. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យរួមរស់ជាមួយគ្នា
១៨៧៨. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឆ្ពោះទៅទីដៅតែមួយ គឺព្រះអង្គផ្ទាល់។ ពេលមនុស្សរួបរួមគ្នាក្នុងសេចក្ដីពិត និងសេចក្ដីស្រលាញ់ គឺគេរួបរួមគ្នាម្យ៉ាង ដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ (GS ២៤,៣)។ សេចក្ដីស្រលាញ់ចំពោះអ្នកដទៃមិនអាចបំបែកពីសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់បានឡើយ។
១៨៧៩. មនុស្សត្រូវការរស់នៅក្នុងសង្គម។ ការរស់នៅក្នុងសង្គមមិនមែនជាសេចក្ដីបន្ថែមលើលក្ខណៈនៃជីវិតមនុស្សទេ ប៉ុន្តែជាការទាមទាររបស់ធម្មជាតិ។ មនុស្សរីកចម្រើនគ្រប់វិស័យ នឹងអាចឈានទៅដល់ទីដៅរបស់ខ្លួនបាន ដោយមានទំនាក់ទំនងជាមួយអ្នកដទៃ ដោយជួយបម្រើគ្នាទៅវិញទៅមក និងដោយនិយាយសន្ទនាជាមួយមនុស្សទុកជាបងប្អូន (GS ២៥,១)។
១៨៨០. សង្គម គឺជាសំណុំនៃមនុស្សជាច្រើន ដែលទាក់ទងគ្នា ដូចសរីរាង្គកាយ ដោយគោលការណ៍នៃឯកភាពមួយ ដែលលើសពីបុគ្គលម្នាក់ៗ។ សង្គមមួយជាអង្គប្រជុំដែលមើលឃើញ និងដែលមានលក្ខណៈខាងវិញ្ញាណ ហើយដែលស្ថិតស្ថេរយូរអង្វែង គឺសង្គមទទួលយកអតីតកាលផង រៀបចំអនាគតកាលផង។ ដោយសារសង្គម មនុស្សម្នាក់ៗទៅជា “អ្នកទទួលមរតក” ទទួល “ព្រះអំណោយទាន” ដែលធ្វើឱ្យអត្តសញ្ញាណរបស់ខ្លួនរីកចម្រើន ហើយគេត្រូវអភិវឌ្ឍន៍ផលនៃព្រះអំណោយទាននោះ (លក ១៩,១៣.១៥)។ មនុស្សម្នាក់ៗត្រូវតែបម្រើសង្គម ដែលខ្លួនជាសមាជិក និងគោរពអាជ្ញាធរ ដែលទទួលខុសត្រូវលើផលប្រយោជន៍រួម។
១៨៨១. សហគមន៍នីមួយៗមានគោលដៅរបស់ខ្លួន ហើយត្រូវគោរពតាមគោលការណ៍ ប៉ុន្តែ “មនុស្ស ពិតជា និងត្រូវជាដើមកំណើត ជាប្រធានបទ និងជាទីដៅនៃស្ថាប័នសង្គមទាំងអស់” (GS ២៥,១)។
១៨៨២. សង្គមខ្លះ ដូចជាក្រុមគ្រួសារ និងទីក្រុងដែលជាការរស់នៅជាមួយគ្នាស្របតាមលក្ខណៈរបស់មនុស្សតែម្តង។ មនុស្សត្រូវការសង្គមនោះជាចាំបាច់។ ត្រូវតែលើកទឹកចិត្តឱ្យបង្កើតសហគមន៍ និងស្ថាប័ន “ដែលមានគោលដៅខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាងសង្គម ខាងកីឡា ខាងល្បែងកំសាន្ត ខាងវិជ្ជាជីវៈ ខាងនយោបាយ ក្នុងសហគមន៍ខាងនយោបាយផង ដូចក្នុងពិភពលោកទាំងមូលផងដែរ” (MM ៦០) ដើម្បីឱ្យមនុស្សជាច្រើនចូលរួមចំណែកក្នុងការរស់នៅក្នុងសង្គម។ “ការប្រមូលផ្តុំគ្នាបង្កើតសង្គម ” នេះ សម្ដែងចិត្តលម្អៀងរបស់មនុស្សឱ្យប្រមូលគ្នាជាសហគមន៍ ដើម្បីបំពេញគោលដៅ ដែលសមត្ថភាពរបស់ម្នាក់ៗមិនអាចធ្វើបាន។ ការប្រមូលផ្តុំគ្នាបង្កើតសង្គមនេះ ធ្វើឱ្យលក្ខណៈសម្បត្តិរបស់មនុស្សរីកចម្រើន ជាពិសេសការផ្តើមគំនិត និងការទទួលខុសត្រូវ។ ការប្រមូលផ្តុំគ្នាបង្កើតសង្គមនេះ ជួយធានាសិទ្ធិរបស់មនុស្សផងដែរ (GS ២៥,២ ; CA ១២)។
១៨៨៣. ក៏ប៉ុន្តែ ការប្រមូលផ្តុំគ្នាបង្កើតសង្គមអាចបង្កើតវិបត្តិខ្លះផងដែរ។ បើរដ្ឋអំណាចធ្វើអន្តរាគមន៍ច្រើនពេក សេរីភាព និងការផ្តើមគំនិតរបស់មនុស្សអាចថយក្រោយបាន។ លទ្ធិព្រះសហគមន៍បានបង្កើតគោលការណ៍មួយ ដែលគេហៅថាគោលការណ៍នៃជំនួស ។ តាមគោលការណ៍នេះ “សង្គមដែលមានកម្រិតខ្ពស់មិនត្រូវធ្វើអន្តរាគមន៍ក្នុងការរស់នៅខាងក្នុងនៃសង្គមដែលមានកម្រិតទាប ដោយដកសមត្ថភាពរបស់ខ្លួនចេញបានទេ ប៉ុន្តែសង្គមដែលមានកម្រិតខ្ពស់ត្រូវតែគាំទ្រសង្គមដែលមានកម្រិតទាប ក្នុងពេលជាចាំបាច់ និងជួយសង្គមនេះឱ្យចាត់ចែងកិច្ចការរបស់ខ្លួនជាមួយនឹងផ្នែកផ្សេងៗ ដែលមានក្នុងសង្គមនេះ ដើម្បីផលប្រយោជន៍រួម” (CA ៤៨ ; សម្ដេចប៉ាបទី១១)។
១៨៨៤. ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យក្តោបក្តាប់អំណាចទាំងអស់ សម្រាប់តែព្រះអង្គប៉ុណ្ណោះទេ គឺព្រះអង្គប្រគល់ឱ្យសត្វលោកនីមួយៗមុខងារដែលខ្លួនអាចប្រតិបត្តិ តាមសមត្ថភាពនៃលក្ខណៈរបស់ខ្លួនផ្ទាល់។ ការរស់នៅក្នុងសង្គមត្រូវតែយកតម្រាប់តាមរបៀបគ្រប់គ្រងនេះ។ របៀបគ្រប់គ្រងពិភពលោករបស់ព្រះជាម្ចាស់ ផ្តល់សក្ខីភាពថា ព្រះអង្គពិតជាគោរពសេរីភាពរបស់មនុស្ស ដែលគួរបំភ្លឺប្រាជ្ញារបស់អស់អ្នកដែលគ្រប់គ្រងសហគមន៍មនុស្ស។ ពួកគេត្រូវតែប្រព្រឹត្តដូចអ្នកបម្រើនៃឧបការគុណរបស់ព្រះជាម្ចាស់។
១៨៨៥. គោលការណ៍នៃជំនួសប្រឆាំងនឹងសមូហភាពនិយមគ្រប់បែបយ៉ាង និងបង្ហាញកំណត់ព្រំដែននៃអន្តរាគមន៍របស់រដ្ឋអំណាច។ គោលការណ៍នេះ តម្រង់ទិសឱ្យទំនាក់ទំនងរវាងមនុស្ស និងសង្គមរួបរួមជាមួយគ្នាបានល្អប្រសើរ ហើយតម្រង់ទិសឱ្យការចាត់ចែងរបៀបរៀបរយអន្តរជាតិយ៉ាងពិតប្រាកដផងដែរ។
២. ការកែប្រែចិត្តគំនិត និងសង្គម
១៨៨៦. សង្គមជាចាំបាច់ ដើម្បីឱ្យការត្រាស់ហៅរបស់មនុស្សបានសម្រេច។ ដើម្បីឈានទៅដល់គោលដៅនេះ គេត្រូវតែគោរពលំដាប់លំដោយដ៏ត្រឹមត្រូវនៃគុណធម៌ ដែលធ្វើឱ្យលក្ខណៈខាងរូបកាយ និងដែលកើតពីសភាវគតិចុះចូលក្រោមលក្ខណៈខាងក្នុង និងខាងវិញ្ញាណ” (CA ៣៦)៖
ជាដំបូង ត្រូវចាត់ទុកការរស់នៅក្នុងសង្គមថា មានលក្ខណៈខាងវិញ្ញាណ។ តាមការពិត ដោយសារការរស់នៅក្នុងសង្គមនេះ យើងផ្លាស់ប្តូរចំណេះដឹងក្នុងពន្លឺនៃសេចក្ដីពិត យើងគោរពសិទ្ធិ និងបំពេញភារកិច្ច យើងជំរុញគ្នាទៅវិញទៅមកទៅរកអ្វីដែលល្អ យើងរួបរួមគ្នាក្នុងការប្រើប្រាស់សោភណភាព។ ការរស់នៅក្នុងសង្គមជាលក្ខណៈអចិន្រៃ្តយ៍ ដើម្បីផ្តល់ដល់អ្នកដទៃលក្ខណៈសម្បត្តិរបស់ខ្លួនឯង ហើយជាបំណងរួមឱ្យរីកចម្រើនខាងវិញ្ញាណជានិច្ចនិរន្តរ៍ផង។ នេះគឺជាគុណសម្បត្តិដែលត្រូវតែណែនាំ និងតម្រង់សកម្មភាពខាងវប្បធម៌ ជីវិតខាងសេដ្ឋកិច្ច ការចាត់ចែងនៅក្នុងសង្គម ចលនា និងរបបខាងនយោបាយ ការតែងច្បាប់ ហើយការសម្ដែងឯទៀតៗនៃការរស់នៅក្នុងសង្គម ដើម្បីឱ្យសង្គមលូតលាស់ជានិច្ច (PT ៣៥)។
១៨៨៧. បើយើងច្រឡំមធ្យោបាយ និងគោលដៅ (CA ៤១) ពោលគឺយើងចាត់ទុកថា មធ្យោបាយជាគោលដៅចុងក្រោយបំផុត ឬយើងចាត់ទុកថា មនុស្សគ្រាន់តែជាមធ្យោបាយសុទ្ធសាធ ដើម្បីបានគោលដៅមួយ យើងបង្កើតរចនាសម្ព័ន្ធអយុត្តិធម៌ “ដែលធ្វើឱ្យយើងមិនអាចប្រតិបត្តិតាមគ្រីស្តសាសនា ស្របតាមបទបញ្ជារបស់ព្រះជាម្ចាស់ជាអ្នកតែងច្បាប់” (សម្ដេចប៉ាប ពីយូសទី១២)។
១៨៨៨. ដូច្នេះ មនុស្សត្រូវតែប្រើសមត្ថភាពខាងវិញ្ញាណ និងខាងសីលធម៌ ហើយត្រូវតែកែប្រែចិត្តគំនិត ជានិច្ច ដើម្បីបានទទួលការផ្លាស់ប្តូរក្នុងសង្គម ដែលបម្រើមនុស្សពិតមែន។ ទោះបីយើងផ្តល់អាទិភាពដល់ការកែប្រែចិត្តគំនិតយ៉ាងណាក៏ដោយ ក៏យើងមិនលុបបំបាត់ទេ ផ្ទុយទៅវិញយើងចាំចាច់ត្រូវតែកែប្រែស្ថាប័ន និងលក្ខខណ្ឌនៃការរស់នៅដែលបណ្តាលឱ្យប្រព្រឹត្តអំពើបាបដើម្បីឱ្យស្ថាប័ន និងលក្ខខណ្ឌនោះដើម្បីឱ្យសមរម្យត្រឹមត្រូវតាមយុត្តិធម៌ និងជំរុញឱ្យប្រព្រឹត្តអ្វីដ៏ល្អ ជាជាងបង្កើតឧបសគ្គ (LG ៣៦)។
១៨៨៩. បើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មិនជួយសង្រ្គោះទេ មនុស្សមិនអាច “រកឃើញផ្លូវចង្អៀតរវាងភាពកំសាកដែលចាញ់អំពើអាក្រក់ និងការប្រើអំពើហិង្សា ដើម្បីប្រយុទ្ធអំពើអាក្រក់។ តាមការពិត អ្នកប្រើអំពើហិង្សាពង្រឹងអំពើអាក្រក់” (CA ២៥)។ ផ្លូវនេះ ជាផ្លូវនៃសេចក្ដីស្រលាញ់ ពោលគឺសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។ សេចក្ដីស្រលាញ់ជាវិន័យសំខាន់ជាងគេក្នុងសង្គម គឺអ្នកមានចិត្តស្រលាញ់គោរពអ្នកដទៃ និងសិទ្ធិរបស់គេ ហើយទាមទារឱ្យប្រតិបត្តិតាមយុត្តិធម៌។ មានតែសេចក្ដីស្រលាញ់ទេ ដែលធ្វើឱ្យយើងអាចប្រតិបត្តិតាមយុត្តិធម៌បាន។ សេចក្ដីស្រលាញ់នាំឱ្យគេហ៊ានបូជាជីវិត៖ “អ្នកដែលខិតខំរក្សាជីវិតរបស់ខ្លួន នឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ” (លក ១៧,៣៣)។
សង្ខេប
១៨៩០. ពេលមនុស្សរួបរួមគ្នាក្នុងសេចក្ដីពិត និងសេចក្ដីស្រលាញ់ គឺគេរួបរួមគ្នាម្យ៉ាង ដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ។
១៨៩១. ដើម្បីគោរពលក្ខណៈធម្មជាតិរបស់ខ្លួន មនុស្សត្រូវការរស់នៅក្នុងសង្គម។ សង្គមខ្លះ ដូចជាក្រុមគ្រួសារ និងការរស់នៅក្នុងទីក្រុង ដែលសមស្របតាមលក្ខណៈធម្មជាតិរបស់មនុស្ស។
១៨៩២. “មនុស្សពិតជា និងត្រូវជាដើមកំណើត ជាប្រធានបទ និងជាទីដៅនៃស្ថាប័នសង្គមទាំងអស់” (GS ២៥,១)។
១៨៩៣. ត្រូវតែលើកទឹកចិត្តឱ្យមនុស្សចូលរួមក្នុងសហគមន៍ និងស្ថាប័ននានា ដែលគេជ្រើសរើស។
១៨៩៤. តាមគោលការណ៍នៃការជំនួសរដ្ឋអំណាច ឬសង្គមដែលមានកម្រិតខ្ពស់ណាមួយ មិនត្រូវធ្វើអន្តរាគមន៍ក្នុងការផ្តើមគំនិត និងការទទួលខុសត្រូវ របស់មនុស្ស ឬសង្គមកណ្តាលឡើយ។
១៨៩៥. សង្គមត្រូវលើកទឹកចិត្តមនុស្សឱ្យប្រតិបត្តិតាមគុណធម៌ ដោយមិនរារាំងគេ។ សង្គមត្រូវតែគោរពតាមលំដាប់លំដោយដ៏ត្រឹមត្រូវនៃឧត្តមគតិ។
១៨៩៦ . នៅទីណាអំពើបាបបង្ខូចបរិយាកាសក្នុងសង្គម ត្រូវតែសុំឱ្យមនុស្សកែប្រែចិត្តគំនិត និងឱ្យព្រះជាម្ចាស់ប្រោសប្រណី។ សេចក្ដីស្រលាញ់ជំរុញឱ្យកែតម្រង់សង្គមយ៉ាងត្រឹមត្រូវ។ យើងមិនអាច ដោះស្រាយបញ្ហាក្នុងសង្គម បើពុំមានដំណឹងល្អបានឡើយ (CA ៣)។
ប្រការទី២៖ការរួមចំណែកក្នុងការរស់នៅក្នុងសង្គម
១៨៩៧. “បើគ្មានមនុស្សប្រកបដោយអំណាចតាមច្បាប់ ដែលជួយការពារស្ថាប័ន និងយកចិត្តទុកដាក់នឹងផលប្រយោជន៍រួម តាមរបៀបត្រឹមត្រូវ ការរស់នៅក្នុងសង្គមមិនអាចមានរបៀបរៀបរយ និងពហុផលបានឡើយ” (PT ៤៦)។
គេហៅ “អាជ្ញាធរ” លក្ខណៈសម្បត្តិរបស់មនុស្ស ឬស្ថានប៍នដែលតែងច្បាប់ និងបទបញ្ជា ដើម្បីឱ្យអ្នកដទៃស្តាប់បង្គាប់។
១៨៩៨. សហគមន៍មនុស្សនីមួយៗត្រូវការអាជ្ញាធរ ដើម្បីគ្រប់គ្រងសហគមន៍នោះ (សម្ដេចប៉ាប ឡេអុងទី១៣)។ អាជ្ញាធរនេះចាក់ឫសក្នុងលក្ខណៈជាមនុស្ស ជាចាំចាច់ដើម្បីឱ្យមនុស្សរួមជាមួយគ្នាក្នុងសង្គម ហើយមានតួនាទីការពារថែរក្សាប្រយោជន៍រួមនៅក្នុងសង្គម តាមតែអាចធ្វើបាន។
១៨៩៩. របៀបរៀបរយនៃសីលធម៌ទាមទារឱ្យមានអាជ្ញាធរ។ អំណាចនេះ មកពីព្រះជាម្ចាស់៖ “មនុស្សគ្រប់ៗរូបត្រូវស្តាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឱ្យមានអំណាចទាំងនោះឡើង។ ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នក ដែលប្រឆាំង មុខជាធ្វើឱ្យខ្លួនមានទោសមិនខានឡើយ (រម ១៣,១-២) (១ពត្រ ២,១៣-១៧)។
១៩០០. មនុស្សទាំងអស់ត្រូវតែស្តាប់បង្គាប់ គឺផ្តល់កិត្តិយសដ៏ត្រឹមត្រូវដល់អាជ្ញាធរ ត្រូវគោរព និងដឹងគុណ ដោយចិត្តសប្បុរស អស់អ្នកដែលបានទទួលបន្ទុកនេះ តាមគុណរបស់គេ។សម្តេចប៉ាបសន្តក្លេម៉ងនៅទីក្រុងរ៉ូមបានសរសេរសេចក្ដីអង្វរបុរាណជាងគេនៃព្រះសហគមន៍ ដើម្បីអាជ្ញាធរនយោបាយ៖
“ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យគាត់មានសុខភាព សន្តិភាព ឱ្យគាត់ចេះរួមគ្នាជាធ្លុងតែមួយ និងហើយគាត់មានស្ថិរភាព ដើម្បីឱ្យគាត់ប្រតិបត្តិតាមអំណាចដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គបានបញ្ជូនឱ្យគាត់។ គឺព្រះអង្គនេះហើយ ជាអម្ចាស់ ជាព្រះមហាក្សត្រនៃស្ថានបរមសុខ ដែលប្រទានឱ្យបុត្រមនុស្សនូវសិរីរុងរឿង កិត្តិយស និងអំណាចនៅលើផែនដី។ សូមព្រះអម្ចាស់ណែនាំការគ្រប់គ្រងរបស់គាត់ តាមអ្វីដ៏ល្អ តាមអ្វីគាប់ព្រះហឫទ័យព្រះអង្គ ដើម្បីឱ្យគាត់ប្រតិបត្តិតាមអំណាច ដែលព្រះអង្គបានប្រទានឱ្យគាត់ដោយគោរពប្រណិប័តន៍ព្រះអង្គ ពោរពេញដោយសេចក្ដីសុខសាន្ត និងដោយមានចិត្តស្លូតបូត ហើយដើម្បីឱ្យព្រះអង្គសព្វព្រះហឫទ័យនឹងគាត់ផង។
១៩០១. ទោះបីព្រះជាម្ចាស់បានតែងតាំងអំណាច តាមរបៀបរៀបរយរបស់ព្រះអង្គ យ៉ាងណាក៏ដោយ ក៏ “ចំពោះការកំណត់របបនយោបាយ និងការជ្រើសរើសអ្នកដឹកនាំប្រទេសវិញ ត្រូវតែឱ្យប្រជាពលរដ្ឋជ្រើសរើសដោយសេរី តាមបំណងរបស់គេទៅចុះ” (GS ៧៤,៣)។
យើងអាចមានរបបនយោបាយប្លែកៗពីគ្នាជាច្រើន លុះត្រាតែរបបទាំងអស់នោះស្វែងរកផលប្រយោជន៍ដ៏ត្រឹមត្រូវឱ្យសហគមន៍ដែលទទួលយករបបនោះ។ របបដែលមានលក្ខណៈប្រឆាំងនឹងធម្មវិន័យធម្មជាតិ របៀបរៀបរយជាសាធារណៈ និងសិទ្ធិមនុស្សជាគ្រឹះ មិនអាចសម្រេចប្រយោជន៍រួមរបស់ប្រជាជាតិ ដែលរបបនោះដឹកនាំដោយបង្ខិតបង្ខំ។
១៩០២. អាជ្ញាធរមិនត្រូវតែងច្បាប់ខាងសីលធម៌ដោយខ្លួនផ្ទាល់ទេ។ អាជ្ញាធរមិនត្រូវត្រួតត្រាបែបផ្ដាច់ការទេ ប៉ុន្តែត្រូវប្រព្រឹត្តដើម្បីផលប្រយោជន៍រួម “ហាក់ដូចជាកម្លាំងខាងវិញ្ញាណ ដែលសំអាងលើសេរីភាព និងលើគំនិតរបស់មនុស្សទទួលខុសត្រូវ” (GS ៧៤,២)៖
ច្បាប់ទាំងមូលរបស់មនុស្សមានលក្ខណៈជាច្បាប់ លុះត្រាតែការតែងច្បាប់នេះ ស្របតាមប្រាជ្ញា ដែលយល់ថាត្រឹមត្រូវ។ ដូច្នេះ ការតែងច្បាប់យកកម្លាំងរបស់ខ្លួនចេញមកពីធម្មវិន័យអស់កល្បជានិច្ច។ ក្នុងករណីដែលច្បាប់ឃ្លាតចេញពីប្រាជ្ញា ត្រូវតែប្រកាសថា ច្បាប់នេះមិនត្រឹមត្រូវទេ ដ្បិតប្រឆាំងនឹងលក្ខណៈរបស់ធម្មវិ ន័យ។ ការតែងច្បាប់បែបនេះ ដូចជាអំពើហិង្សាម្យ៉ាង (សន្ត ថូម៉ាស នៃអាកាំង)។
១៩០៣. អាជ្ញាធរប្រព្រឹត្តត្រឹមត្រូវ លុះត្រាតែគេស្វែងរកប្រយោជន៍រួមរបស់ក្រុម ដែលគេគ្រប់គ្រង ហើយបើគេប្រើមធ្យោបាយត្រឹមត្រូវតាមច្បាប់សីលធម៌ ដើម្បីបានផលប្រយោជន៍នេះ។ បើមេដឹកនាំអនុម័តច្បាប់អយុត្តិធម៌ ឬបើគេចាត់វិធានការប្រឆាំងនឹងរបៀបរៀបរយនៃសីលធម៌ យើងមានសិទ្ធិមិនស្តាប់បង្គាប់ឡើយ។ “ក្នុងករណីនេះ អាជ្ញាធរលែងជាអាជ្ញាធរ និងធ្លាក់ខ្លួនទៅជាសង្កត់សង្កិនជិះជាន់មនុស្សទៅវិញ” (PT ៥១)។
១៩០៤. “អំណាច និងសមត្ថកិច្ចផ្សេងៗគួរប្រឆាំងនឹងអំណាចនីមួយៗ ដើម្បីឱ្យអំណាចនោះស្ថិតក្នុងកំណត់ព្រំដែនដ៏ត្រឹមត្រូវ។ ស្របតាមគោលការណ៍នៃ “នីតិរដ្ឋ” ច្បាប់ជាអ្នកកាន់អំណាច មិនមែនបំណងផ្តាច់ការរបស់មនុស្សឡើយ” (CA ៤៤)។
១៩០៥. ផលប្រយោជន៍របស់ម្នាក់ៗពិតជាទាក់ទងនឹងផលប្រយោជន៍រួម ស្របតាមលក្ខណៈរបស់មនុស្ស ដែលរស់នៅក្នុងសង្គម។ ត្រូវកំណត់ផលប្រយោជន៍រួមយោងតាមមនុស្សម្នាក់ៗ៖
កុំរស់នៅតែម្នាក់ឯង ដូចជាមនុស្សតែលតោល ហាក់ដូចជាព្រះជាម្ចាស់បានប្រោសអ្នករាល់គ្នាឱ្យបានសុចរិតរួចហើយ ប៉ុន្តែ ចូរប្រមូលផ្តុំគ្នា ដើម្បីស្វែងរកប្រយោជន៍រួម (លោក បាណាបាស)។
១៩០៦. ពាក្យ “ប្រយោជន៍រួម” មានន័យថា “លក្ខណៈទាំងប៉ុន្មានក្នុងសង្គម ដែលហុចឱ្យទាំងក្រុមផ្សេងៗ ព្រមទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាចបានពេញលក្ខណៈគ្រប់គ្រាន់ និងធូរធារ” (GS ២៦,១)។ ក្នុងការរស់នៅ មនុស្សទាំងអស់ចាប់អារម្មណ៍នឹងផលប្រយោជន៍រួម។ មនុស្សម្នាក់ៗជាពិសេសអស់អ្នក កាន់អំណាច ត្រូវប្រុងប្រយ័ត្ន ដើម្បីបានប្រយោជន៍រួម។ ផលប្រយោជន៍រួមមានលក្ខណៈចាំបាច់បីយ៉ាង ៖
១៩០៧. មុនដំបូងត្រូវតែគោរពសិទ្ធិបុគ្គលនីមួយៗ ។ ក្នុងនាមនៃប្រយោជន៍រួម អាជ្ញាធរត្រូវតែគោរពសិទ្ធិមនុស្សជាគ្រឹះ ដែលមិនអាចលក់ដូរបានទេ។ សង្គមត្រូវឱ្យសមាជិករបស់ខ្លួនម្នាក់ៗបំពេញការត្រាស់ហៅរបស់ខ្លួន។ ជាពិសេសប្រយោជន៍រួមស្ថិតនៅក្នុងលក្ខខណ្ឌគោរពសេរីភាពពីកំណើត ដែលជាចាំបាច់ ដើម្បីឱ្យការត្រាស់ហៅរបស់មនុស្សរីកចម្រើន៖ “មានសិទ្ធិធ្វើតាមមនសិការដ៏ត្រឹមត្រូវរបស់ខ្លួន មានសិទ្ធការពារជីវភាពផ្ទាល់ខ្លួន និងមានសេរីភាពត្រឹមត្រូវមានសេរីភាពខាងសាសនាជាដើម” (GS ២៦,២)។
១៩០៨. ទីពីរ ប្រយោជន៍រួមទាមទារឱ្យមនុស្សរស់នៅក្នុងសង្គមប្រកបដោយសុខុមាលភាព ហើយឱ្យក្រុមរបស់ខ្លួនរីករចម្រើន ។ ការអភិវឌ្ឍន៍ជាសេចក្ដីសង្ខេបនៃភារកិច្ចទាំងអស់នៃសង្គម។ ក្នុងនាមប្រយោជន៍រួម អាជ្ញាធរពិតជាត្រូវតែសម្រេចិត្តរវាងប្រយោជន៍បុគ្គលផ្សេងៗ ប៉ុន្តែ ត្រូវរកមធ្យោបាយធ្វើយ៉ាងណាឱ្យមនុស្សអាចឈានទៅដល់អ្វីៗដែលខ្លួនត្រូវការ ដើម្បីរស់នៅសមរម្យនឹងឋានៈខ្លួនជាមនុស្សដ៏ពិតប្រាកដ។ ឧ- ឱ្យគេមានចំណីអាហារ សម្លៀកបំពាក់ ផ្ទះនៅ សិទ្ធិជ្រើសរើសរបៀបរស់នៅ សិទ្ធិក្នុងការបង្កើតក្រុមគ្រួសារ ជាដើម (GS ២៦,២)។
១៩០៩. ត្រូវឱ្យមានសន្តិភាព គឺឱ្យមានរបៀបរៀបរយដ៏ត្រឹមត្រូវយូរអង្វែង និងប្រកបដោយ សុវត្តិភាពត្រឹមត្រូវ ដើម្បីបានប្រយោជន៍រួម។ ដូច្នេះ អាជ្ញាធរត្រូវតែធានាសន្តិសុខ នៅក្នុងសង្គម និងចំពោះសមាជិកម្នាក់ៗរបស់សង្គមនេះ ដោយប្រើមធ្យោបាយត្រឹមត្រូវ។ ម្យ៉ាងទៀត ដោយសារប្រយោជន៍រួមម្នាក់ៗ និងទាំងអស់គ្នាមានសិទ្ធិការពារខ្លួនឯងផងដែរ។
១៩១០. បើសហគមន៍មនុស្សនីមួយៗមានផលប្រយោជន៍រួមដែលជាអត្តសញ្ញាណរបស់ខ្លួន សហគមន៍នយោបាយ ក៏បំពេញប្រយោជន៍រួមឱ្យបានពេញលក្ខណៈ។ រដ្ឋអំណាចត្រូវតែការពារ និងពង្រឹងផលប្រយោជន៍រួមនៃសង្គមស៊ីវិល ប្រជាពលរដ្ឋ និងរបស់ក្រុមកណ្តាល។
១៩១១. មនុស្សពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗរហូតដល់ផែនដីទាំងមូល។ ត្រូវតែមានប្រយោជន៍រួមសកល ដើម្បីឱ្យក្រុមគ្រួសារមនុស្ស ដែលប្រមូលផ្តុំសត្វលោកដែលមានឋានៈខាងធម្មជាតិស្មើគ្នា រួមឯកភាពជាមួយគ្នា។ ដោយសារប្រយោជន៍រួមសកលនេះ សហគមន៍ប្រជាជាតិត្រូវតែផ្គត់ផ្គង “នូវតម្រូវការនានារបស់មនុស្ស ក្នុងវិស័យសង្គម ពោលគឺផ្គត់ផ្គង់ស្បៀងអាហារ សុខាភិបាល ការអប់រំ... ហើយក៏ត្រូវមានសមត្ថភាពអាចប្រឈមមុខនឹងសភាពការណ៍ពិសេសដែលកើតក្នុងតំបន់ខ្លះ ឧ- ជួយសម្រាលទុក្ខជនភៀសខ្លួនដែលខ្ចាត់ខ្ចាយក្នុងពិភពលោកទាំងមូល ឬផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍និងក្រុមគ្រួសារគេផង” (GS ៨៤, ២)។
១៩១២. ប្រយោជន៍រួមតែងតែតម្រូវឱ្យមនុស្សរីកចម្រើនជានិច្ច៖ “វត្ថុត្រូវស្ថិតនៅក្រោមចំណុះរបស់បុគ្គល បុគ្គលមិនត្រូវស្ថិតនៅក្រោមចំណុះរបស់វត្ថុទេ” (GS ២៦,៣)។ របៀបរៀបរយនេះ មានសេចក្ដីពិតជាមូលដ្ឋាន ដែលមានរបៀបរៀបរយយ៉ាងត្រឹមត្រូវ និងមានជីវិតដោយសារសេចក្ដីស្រលាញ់។
៣. ការទទួលខុសត្រូវ និងការចូលរួមចំណែក
១៩១៣. មនុស្សចូលរួមចំណែកក្នុងសង្គម នៅពេលដែលគេស្ម័គ្រចិត្តចូលរួមដោយចិត្តសប្បុរសក្នុងការផ្លាស់ប្តូរសង្គម។ មនុស្សទាំងអស់ចាំបាច់ត្រូវតែរួមចំណែក តាមមុខងារ និងតួនាទីរបស់ខ្លួន ដើម្បីពង្រឹងប្រយោជន៍រួម។ ភារកិច្ចនេះ មកពីលក្ខណៈនៃឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។
១៩១៤. ជាដំបូង មនុស្សរួមចំណែក នៅពេលដែលខ្លួនគេផ្ទាល់ទទួលខុសត្រូវ លើវិស័យផ្សេងៗ គឺដោយផ្គត់ផ្គងអប់រំក្រុមគ្រួសាររបស់ខ្លួន ដោយសារមនសិការក្នុងការងារ មនុស្សរួមចំណែកក្នុងប្រយោជន៍អ្នកដទៃ និងរបស់សង្គម (CA ៤៣)។
១៩១៥. ប្រជាពលរដ្ឋត្រូវព្យាយាមចូលរួមយ៉ាងសកម្មក្នុងការរស់នៅជាសាធារណៈ ។ របៀបនៃការចូលរួមចំណែកនេះ អាចផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយ ឬពីវប្បធម៌មួយទៅវប្បធម៌មួយ។ “ត្រូវសរសើរប្រជាជាតិខ្លះ ដែលដឹកនាំប្រជាពលរដ្ឋជាច្រើនឱ្យរួមចំណែកក្នុងកិច្ចការរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រាកដ” (GS ៣១,៣)។
១៩១៦. ដូចភារកិច្ចខាងសីលធម៌ឯទៀតៗ ភាគ៌ាក្នុងសង្គមត្រូវតែកែប្រែចិត្តគំនិត ជានិច្ច ដើម្បីឱ្យមនុស្សទាំងអស់រួមចំណែកក្នុងការប្រព្រឹត្តប្រយោជន៍រួម។ ត្រូវតែដាក់ទោសយ៉ាងម៉ឹងម៉ាត់លើអស់អ្នកដែលបន្លំ និងប្រើកលល្បិចផ្សេងៗ ដើម្បីគេចពីច្បាប់ និងកាតព្វកិច្ចរបស់សង្គម ដែលផ្ទុយស្រឡះនឹងការទាមទាររបស់យុត្តិធម៌។ ត្រូវតែយកចិត្តទុកដាក់នឹងការលូតលាស់របស់ស្ថាប័ន ដែលធ្វើឱ្យលក្ខខណ្ឌនៃជីវភាពរបស់មនុស្សបានប្រសើរឡើង (GS ៣០,១)។
១៩១៧. អស់អ្នកដែលមានបន្ទុកប្រកបដោយអំណាច ត្រូវតែពង្រឹងគុណធម៌ ដែលទាក់ទាញទំនុកចិត្តរបស់សមាជិកនៃក្រុមនានា ហើយជំរុញគេឱ្យបម្រើអ្នកដទៃ។ ការចូលរួមចំណែកចាប់ផ្ដើមក្នុងការអប់រំ និងវប្បធម៌។ “គួរឱ្យនឹកយ៉ាងត្រឹមត្រូវថា អនាគតស្ថិតនៅលើអស់អ្នកដែលផ្តល់ឱ្យមនុស្សតំណក្រោយៗ មានមូលហេតុអាចរស់នៅ និងសង្ឃឹមបាន” (GS ៣១,៣)។
សង្ខេប
១៩១៨. “អំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឱ្យមានអំណាចទាំងនោះឡើង” (រម ៣១,១)។
១៩១៩. សហគមន៍មនុស្សទាំងអស់ត្រូវការអាជ្ញាធរ ដើម្បីឱ្យសង្គមនេះបន្តតទៅទៀត និងរីកចម្រើនផង។
១៩២០. “សហគមន៍នយោបាយ និងរដ្ឋអំណាចមានគ្រឹះយ៉ាងជាក់ច្បាស់ ទៅតាមលក្ខណៈរបស់មនុស្ស។ បើដូច្នេះមែន សហគមន៍នយោបាយនិងរដ្ឋអំណាចក៏ហូរមកពីរបៀបរៀបរយដែលព្រះជាម្ចាស់បានតែងតាំងហើយនោះដែរ” (GS ៧៤,៣)។
១៩២១. អាជ្ញាធរប្រព្រឹត្តត្រឹមត្រូវ លុះត្រាតែគេស្វែងរកប្រយោជន៍រួមរបស់សង្គម។ អាជ្ញាធរត្រូវតែប្រើ មធ្យោបាយត្រឹមត្រូវតាមសីលធម៌ ដើម្បីបានផលប្រយោជន៍នោះ។
១៩២២. យើងអាចមានរបបនយោបាយប្លែកៗពីគ្នាជាច្រើន លុះត្រាតែរបបទាំងអស់នោះស្វែងរកផលប្រយោជន៍ដ៏ត្រឹមត្រូវឱ្យសហគមន៍ដែលទទួលយករបបនោះ។
១៩២៣. រដ្ឋអំណាចត្រូវប្រតិបត្តិតាមសីលធម៌ និងធានាឱ្យអាចប្រព្រឹត្តតាមសេរីភាព។
១៩២៤. “ពាក្យ “ប្រយោជន៍រួម” មានន័យថា “លក្ខណៈទាំងប៉ុន្មានក្នុងសង្គម ដែលហុចផលឱ្យទាំងក្រុមផ្សេងៗ ទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាចបានពេញលក្ខណៈកាន់តែពេញលេញនិងកាន់តែងាយស្រួល” (GS ២៦,១)។
១៩២៥. ផលប្រយោជន៍រួមមានលក្ខណៈចាំបាច់បីយ៉ាង ៖ ការគោរព និងការលើកទឹកចិត្តសិទ្ធិគ្រឹះរបស់មនុស្ស សេចក្ដីសុខសាន្ត និងការអភិវឌ្ឍន៍នៃទ្រព្យខាងវិញ្ញាណ និងខាងលោកីយ៍របស់សង្គមសន្តិភាព និងសន្តិសុខរបស់ក្រុម និងសមាជិកក្រុមនោះ។
១៩២៦. ត្រូវតែស្វែករកផលប្រយោជន៍រួមស្របតាមឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។ ម្នាក់ៗត្រូវតែយកចិត្តទុកដាក់ជំរុញ និងគាំទ្រស្ថាប័នដែលធ្វើឱ្យលក្ខខណ្ឌនៃការរស់នៅរបស់មនុស្សរីកចម្រើន។
១៩២៧. រដ្ឋអំណាចត្រូវតែការពារ និងពង្រឹងផលប្រយោជន៍រួមនៃសង្គមស៊ីវិល។ ត្រូវតែចាត់ចែងសង្គម អន្តរជាតិ ដើម្បីបានផលប្រយោជន៍ក្រុមគ្រួសារទាំងមូលរបស់មនុស្ស។
ប្រការទី៣៖យុត្តិធម៌នៅក្នុងសង្គម
១៩២៨. មានយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលសង្គមនេះបំពេញល័ក្ខខ័ណ្ឌ ដែលផ្តល់ឱ្យសហគមន៍ និងបុគ្គលម្នាក់ៗអាចទទួលអ្វីដែលគេមានសិទ្ធិទទួល តាមលក្ខណៈ និងការត្រាស់ហៅរបស់គេរៀងៗខ្លួន។ យុត្តិធម៌ក្នុងសង្គមទាក់ទងនឹងប្រយោជន៍រួម និងការប្រព្រឹត្តអំណាច។
១៩២៩. មានតែនៅពេលដែលសង្គមគោរពឋានៈដ៏ថ្លៃថ្នូរបំផុតរបស់មនុស្ស ទើបអាចមានយុត្តិធម៌ក្នុងសង្គមបាន។ មនុស្សជាគោលដៅចុងក្រោយបំផុតនៃសង្គម។ សង្គមចុះក្រោមមនុស្ស៖
ព្រះបង្កើតបានប្រគល់ឱ្យយើងការពារ និងលើកកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស។ ក្នុងកាលៈទេសៈទាំងអស់នៃប្រវត្តិសាស្រ្ត បុរស និងស្រ្តីពិតជាទទួលខុសត្រូវ និងជំពាក់ចិត្តចំពោះភារកិច្ចនេះយ៉ាងមោះមុត (SRS ៤៧)។
១៩៣០. បើយើងគោរពមនុស្សទុកជាបុគ្គល យើងក៏ត្រូវតែគោរពសិទ្ធិដែលហូរចេញពីកិត្តិយសដ៏ថ្លៃថ្នូររបស់គេទុកជាសត្វលោក។ សង្គមត្រូវតែគោរពសិទ្ធិទាំងអស់នោះ ដែលកើតឡើងមុនសង្គមទៅទៀត។ សិទ្ធិនោះ ជាមូលដ្ឋានគ្រឹះខាងសីលធម៌នៃអំណាចនីមួយៗ គឺបើសង្គមណាមួយប្រមាថ ឬបដិសេធមិនព្រមទទួលស្គាល់សិទ្ធិទាំងអស់នោះក្នុងការតែងច្បាប់ទេ សង្គមនោះ មិនត្រូវតាមសីលធម៌សោះ (PT ៦៥)។ បើអំណាចណាមួយមិនគោរពសិទ្ធិទាំងអស់នោះ អាជ្ញាធរមិនអាចអាងលើកម្លាំង ឬអំពើហិង្សា ដើម្បីឱ្យប្រជាពលរដ្ឋស្តាប់បង្គាប់គេបានឡើយ។ ព្រះសហគមន៍ត្រូវរម្លឹក ហើយវែកញែកសិទ្ធិទាំងអស់នោះចំពោះមនុស្សគ្រប់គ្នា ដែលមានឆន្ទៈល្អ ដើម្បីកុំឱ្យមានការទាមទារសិទ្ធិហូសហេតុ ឬក្លែងក្លាយ។
១៩៣១. ដើម្បីគោរពមនុស្សទុកជាបុគ្គល ត្រូវតែអនុវត្តតាមគោលការណ៍ “សូមឱ្យមនុស្សគ្រប់គ្នារាប់អានអ្នកដទៃ ដោយគ្មានលើកលែង ទុកដូចជា “ខ្លួនឯងម្នាក់ទៀត” គឺសូមនឹកគិតដល់ការរស់នៅរបស់គេ នឹកគិតដល់អ្វីៗដែលគេត្រូវការ ដើម្បីមានជីវភាពយ៉ាងថ្លៃថ្នូរ” (GS ២៧,១)។ គ្មានច្បាប់ណាមួយអាចលុបបំបាត់ការភ័យខ្លាច ការវិនិច្ឆយជាមុន ការអួតបំប៉ោង និងការគិតតែពីខ្លួនឯង ដែលជាឧបសគ្គមិនឱ្យកសាងសង្គមដែលមនុស្សរាប់អានគ្នាដូចបងប្អូនពិតៗ។ មនុស្សលែងកាន់អាកប្បកិរិយាទាំងអស់នោះ នៅពេលដែលគេស្រលាញ់មនុស្សម្នាក់ៗទុកជា “បងប្អូន”។
១៩៣២. ត្រូវតែប្រញាប់តាំងខ្លួនជាបងប្អូនរបស់អ្នកដទៃ និងបម្រើគេយ៉ាងសកម្ម ជាពិសេសចំពោះមនុស្សកម្សត់ទុរគត ទោះជាវិស័យណាក៏ដោយ។ “គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ” (មថ ២៥,៤០)។
១៩៣៣. អស់អ្នកដែលគិត ឬប្រព្រឹត្តតាមរបៀបផ្សេងពីយើងក៏មានភារកិច្ចដដែលនេះដែរ។ ព្រះគ្រីស្តប្រៀនប្រដៅយើងរហូតដល់សូមព្រះជាម្ចាស់លើកលែងទោសឱ្យគេ និងបង្ហាញវិន័យអំពីសេចក្តីស្រឡាញ់ ជាវិន័យនៃធម្មវិន័យថ្មី រហូតដល់ស្រឡាញ់ខ្មាំងសត្រូវទាំងអស់ទៀតផង (មថ ៥,៤៣-៤៤)។ បើយើងស្អប់ខ្មាំងសត្រូវក្នុងឋានៈជាមនុស្ស យើងមិនអាចទទួលសេរីភាពនៃដំណឹងល្អបានទេ ប៉ុន្តែ បើយើងស្អប់អំពើអាក្រក់ដែលគេបានប្រព្រឹត្តក្នុងឋានៈជាសត្រូវ យើងអាចទទួលសេរីភាពនេះបាន។
២. មនុស្សស្មើគ្នាផង ខុសប្លែកគ្នាផង
១៩៣៤. មនុស្សទាំងអស់សុទ្ធតែមានវិញ្ញាណចេះគិតគូរ។ ព្រះជាម្ចាស់បង្កើតមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គ។ គេមានសភាពតែមួយ និងដើមកំណើតតែមួយដែរ។ ដោយសារសក្ការបូជារបស់ព្រះអង្គ ព្រះគ្រីស្តបានលោះគេទាំងអស់គ្នា។ ព្រះជាម្ចាស់ក៏ត្រាស់ហៅគេឱ្យរួមចំណែកក្នុងសុភមង្គលតែមួយ គឺសុភមង្គលរបស់ព្រះជាម្ចាស់៖ ហេតុនេះហើយ បានជាមនុស្សទាំងអស់មានកិត្តិយសស្មើគ្នា។
១៩៣៥. មនុស្សទាំងអស់ស្មើគ្នា ជាពិសេសដោយសារកិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួន និងសិទ្ធិដែលហូរចេញមកពីកិត្តិយសនេះ៖
ការរើសអើងទាំងអស់ ដែលទាក់ទងនឹងភេទ ពូជសាសន៍ ពណ៌សម្បុរស្បែក ឋានៈក្នុងសង្គម ភាសា ឬសាសនា ត្រូវតែបំបាត់ ពីព្រោះជាអំពើ ដែលផ្ទុយនឹងព្រះបំណងនៃព្រះជាម្ចាស់ (GS ២៩,២)។
១៩៣៦. ក្នុងលោកនេះ មនុស្សកើតមកដោយគ្មានអ្វីៗទាំងអស់ ដែលចាំបាច់អភិវឌ្ឍជីវិតរបស់ខ្លួន ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ គេត្រូវការអ្នកដទៃ។ មនុស្សប្លែកពីគ្នាតាមវ័យ តាមសមត្ថភាពខាងផ្លូវកាយ តាមប្រាជ្ញា តាមសីលធម៌ តាមអ្វីដែលខ្លួនបានទទួល តាមទ្រព្យសម្បត្តិ (GS ២៩,២)។ ព្រះជាម្ចាស់មិនបានចែក “ព្រះអំណោយទាន” ឱ្យមនុស្សស្មើគ្នាឡើយ (មថ ២៥,១៤-៣០ ; លក ១៩,១១-២៧)។
១៩៣៧. ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យមនុស្សប្លែកពីគ្នា និងឱ្យម្នាក់ៗទទួលពីអ្នកដទៃនូវអ្វីដែលខ្លួនត្រូវការ ហើយព្រះអង្គឱ្យអស់អ្នកដែលមាន “ព្រះអំណោយទាន” ផ្ដល់ផលផ្លែនៃព្រះអំណោយទាននោះឱ្យអស់អ្នកដែលត្រូវការ។ ដោយសារមនុស្សប្លែកពីគ្នា មនុស្សត្រូវតែមានចិត្តសប្បុរស ចេះយោគយល់គ្នាទៅវិញទៅមក និងចែករំលែកដល់អ្នកដទែ ហើយទទួលវប្បធម៌នានាពីគ្នាទៅវិញទៅមកផងដែរ៖
យើងមិនប្រទានគុណធម៌ទាំងអស់ឱ្យម្នាក់ៗស្មើគ្នាឡើយ (...)។ មានគុណធម៌ជាច្រើន ដែលយើងចែកទៅឱ្យអ្នកនេះខ្លះ អ្នកនោះខ្លះ តាមរបៀបណាក៏ដោយ (...)។ ចំពោះអ្នកនេះ យើងប្រទានសេចក្ដីស្រលាញ់ ចំពោះអ្នកនោះ សេចក្ដីសុចរិត ចំពោះអ្នកនេះទៀត ឱ្យគេចេះបន្ទាបខ្លួន ចំពោះអ្នកនោះទៀត ជំនឿដ៏រស់រវើក (...)។ ឯទ្រព្យសម្បត្តិលោកីយ៍ ដែលជាចាំបាច់សម្រាប់ជីវភាពមនុស្ស យើងមិនបានចែកឱ្យស្មើគ្នាទេ ហើយយើងមិនសព្វព្រះហឫទ័យឱ្យម្នាក់ៗមានអ្វីដែលខ្លួនត្រូវការជាចាំបាច់ ដើម្បីឱ្យមនុស្សមានឱកាសនឹងបំពេញសប្បុរសធម៌ចំពោះគ្នាទៅវិញទៅមក (...)។ យើងសព្វព្រះហឫទ័យឱ្យមនុស្សត្រូវការគ្នាទៅវិញទៅមក ហើយឱ្យគេទៅជាអ្នកបម្រើរបស់យើង ដើម្បីចែកព្រះអំណោយទាន ដែលគេបានទទួលពីយើង (សន្តី កាតឺរីន នៅស៊ីយ៉ែន)។
១៩៣៨. ម្យ៉ាងទៀត មានបុរស និងស្រ្តីរាប់លាននាក់មិនស្មើគ្នាដោយសារមូលហេតុផ្សេងទៀតដ៏អាក្រក់ ហើយដែលផ្ទុយស្រឡះនឹងដំណឹងល្អ៖
មនុស្សមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នា ហេតុនេះត្រូវទាមទារឱ្យមនុស្សមានជីវភាពត្រឹមត្រូវ និងតាមលក្ខណៈរបស់ខ្លួនជាមនុស្សកាន់តែខ្លាំងឡើងៗ។ សេដ្ឋកិច្ច និងសង្គមកិច្ច មានភាពខុសគ្នាឆ្ងាយហួសហេតុពេកនៃសមាជិក ឬប្រជាជន ដែលជាក្រុមគ្រួសារតែមួយ ជាហេតុនាំឱ្យកើតរឿងអាស្រូវ។ ភាពមិនស្មើគ្នាជ្រុលហួសហេតុនេះ នាំមកនូវឧបសគ្គ ដែលរាំងស្ទះកិច្ចការសង្គម រារាំងសមភាព ជំទាស់នឹងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ជំទាស់នឹងសន្តិភាពក្នុងសង្គមជាតិ និងអន្តជាតិផងដែរ (GS ២៩,៣)។
១៩៣៩. ដោយសារមនុស្សរួបរួមជាមួយគ្នាដូចជាបងប្អូន ហើយដោយសារគ្រីស្តសាសនា គេត្រូវរួមសាមគ្គីនឹងគ្នាទុកជាមិត្តសម្លាញ់ និងស្រលាញ់គ្នាក្នុងសង្គម។សព្វថ្ងៃ មនុស្សជាច្រើនប្រព្រឹត្តកំហុស ដោយភ្លេចនិយមន័យរបស់សាមគ្គីភាព និងសេចក្ដីស្រលាញ់រវាងមនុស្ស ដែលមកពីសហគមន៍ដើម និងមានភាពស្មើគ្នាតាំងពីកំណើត ចេះគិតគូ ទោះបីជាសមាជិកនៃប្រជាជាតិណាមួយក៏ដោយ ហើយដែលមកពីព្រះយេស៊ូគ្រីស្តបានថ្វាយសក្ការបូជានៅលើឈើឆ្កាងចំពោះព្រះបិតារបស់ព្រះអង្គដែលគង់នៅស្ថានបរមសុខ ដើម្បីលោះមនុស្សលោកទាំងអស់ឱ្យរួចពីបាប (សម្ដេចប៉ាប ពីយូសទី១២)។
១៩៤០. ជាដំបូង មនុស្សរួមសាមគ្គីនឹងគ្នា ក្នុងការចែកទ្រព្យសម្បត្តិ និងការផ្តល់ប្រាក់បៀវត្សនែការងារ។ ម្យ៉ាងទៀត ដោយសារគេរួមសាមគ្គីនឹងគ្នា មនុស្សត្រូវតែខិតខំពង្រឹងរបៀបរៀបរយក្នុងសង្គមឱ្យកាន់តែប្រកបដោយយុត្តិធម៌ ដែលនឹងកាត់បន្ថយភាពតាន់តឹង និងដែលជាភាពងាយស្រួលក្នុងការដោះស្រ័យទំនាស់។
១៩៤១. មានតែនៅពេលដែលមនុស្សរួមសាមគ្គីនឹងគ្នាគ្រប់បែបយ៉ាង ទើបអាចដោះស្រាយបញ្ហាក្នុងសង្គម និងខាងសេដ្ឋកិច្ច គឺឱ្យជនក្រីក្ររួមសាមគ្គីរវាងគ្នានឹងគ្នា ឱ្យអ្នកមាននិងអ្នកក្ររួបរួមគ្នា ឱ្យកម្មកររួមជាមួយគ្នា ឱ្យថៅកែនិងបុគ្គលិកក្នុងសហគ្រាសរួមសាមគ្គីគ្នា ឱ្យមានសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជននានា។ របៀបរៀបរយខាងសីលធម៌ទាមទារឱ្យមានសាមគ្គីភាពអន្តរជាតិ។ សន្តិភាពក្នុងពិភពលោកពឹងផ្អែកលើសាមគ្គីភាពនេះម្យ៉ាងដែរ។
១៩៤២. មនុស្សត្រូវរួមសាមគ្គីគ្នា មិនគ្រាន់តែដោយចែករំលែកទ្រព្យសម្បត្តិលោកីយ៍ប៉ុណ្ណោះទេ។ ដោយចែករំលែកសម្បត្តិនៃវិញ្ញាណដែលមកពីជំនឿ ព្រះសហគមន៍បានជួយអភីវឌ្ឍទ្រព្យសម្បត្តិលោកីយ៍ និងបានបើកផ្លូវថ្មីថែមទៀតផង។ ហេតុនេះហើយ បានជាពីសតវត្សមួយទៅសតវត្សមួយ ព្រះអម្ចាស់បានបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គថា៖ “ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត” (មថ ៦,៣៣)។តាំងពីពីរពាន់ឆ្នាំមកហើយ ចិត្តគំនិតដែលបានជំរុញ និងនៅតែជំរុញឱ្យបង្កើតលក្ខខណ្ឌក្នុងសង្គម ដើម្បីឱ្យមនុស្សទាំងអស់អាចមានជីវភាពរស់នៅសមគួរនឹងឋានៈរបស់ខ្លួន និងរបស់គ្រីស្តសាសនា នៅតែស្ថិតក្នុងព្រលឹងព្រះសហគមន៍ជានិច្ច។ ចិត្តគំនិតនេះ ជំរុញបឱ្យបព្វជិតទៅជាកសិករ ឱ្យរំដោះទាសករ ឱ្យព្យាបាលអ្នកជម្ងឺ ឱ្យនាំសារនៃជំនឿ នៃអារ្យធម៌ នៃវិទ្យាសាស្រ្ត សម្រាប់មនុស្សគ្រប់ជំនាន់ និងប្រជាជាតិទាំងឡាយ (សម្ដេងប៉ាប ពីយូសទី១២)។
សង្ខេប
១៩៤៣. មានយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលសង្គមនេះ បំពេញល័ក្ខខ័ណ្ឌដែលផ្តល់ឱ្យសហគមន៍ និងបុគ្គលម្នាក់ៗ អាចទទួលនូវអ្វីដែលគេមានសិទ្ធិទទួល។
១៩៤៤. ការគោរពបុគ្គល គឺចាត់ទុកអ្នកដទៃដូចជា “ខ្លួនឯងម្នាក់ទៀត”។ ត្រូវតែគោរពសិទ្ធិមូលដ្ឋាន ដែលមកពីឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។
១៩៤៥. មនុស្សទាំងអស់ស្មើគ្នា ជាពិសេសដោយសារថានៈដ៏ថ្លៃថ្នូររបស់ខ្លួន និងសិទ្ធិដែលហូរចេញមកពីកិត្តិយសនេះ។
១៩៤៦. តាមគម្រោងការរបស់ព្រះជាម្ចាស់ មនុស្សប្លែកពីគ្នា ដ្បិតព្រះអង្គសព្វព្រះហឫទ័យឱ្យយើងត្រូវការពឹងពាក់គ្នាទៅវិញទៅមក។ ដោយសារមនុស្សប្លែកពីគ្នា គេត្រូវតែស្រលាញ់គ្នា។
១៩៤៧. មនុស្សមានថានៈដ៏ថ្លៃថ្នូរស្មើគ្នា ហេតុនេះត្រូវខិតខំកាត់បន្ថយភាពអយុត្តិធម៌ដ៏ជ្រុលហួសហេតុពេកក្នុងសង្គម និងខាងសេដ្ឋកិច្ច។ ឋានៈដ៏ថ្លៃថ្នូរនេះ ជំរុញឱ្យបំបាត់ភាពមិនស្មើគ្នាដ៏អាក្រក់។
១៩៤៨ . សាមគ្គីភាពជាគុណធម៌នៃគ្រីស្តសាសនា ដែលចែករំលែកទ្រព្យសម្បត្តិខាងវិញ្ញាណច្រើនជាងទ្រព្យសម្បត្តិលោកីយ៍ទៅទៀត។
ជំពូកទីបី៖
ការសង្រ្គោះរបស់ព្រះជាម្ចាស់៖
ធម្មវិន័យ និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ
១៩៤៩. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យទទួលសុភមង្គលយ៉ាងពិតប្រកដ។ ដោយសារអំពើបាបធ្វើឱ្យគេត្រូវរបួស មនុស្សត្រូវការឱ្យព្រះជាម្ចាស់សង្រ្គោះគេ។ ព្រះគ្រីស្តប្រោសប្រទានការសង្រ្គោះនេះ ដោយសារធម្មវិន័យដែលណែនាំគេ និងដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដែលជួយគាំទ្រគេផងដែរ៖
សូមបងប្អូនខំប្រឹងធ្វើការ ដោយគោរពកោតខ្លាច និងញាប់ញ័រស្របតាមការសង្គ្រោះ ដែលបងប្អូនបានទទួល ដ្បិតព្រះជាម្ចាស់ទេតើដែលធ្វើឱ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ (ភីល ២,១២-១៣)។
ប្រការទី១៖ធម្មវិន័យខាងសីលធម៌
១៩៥០. ធម្មវិន័យខាងសីលធម៌ជាស្នាព្រះហស្តនៃព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់។ តាមអត្ថន័យនៃព្រះគម្ពីរ ធម្មវិន័យនេះ ហាក់ដូចជាដំបូន្មានរបស់ឪពុកម្នាក់ ដូចជាគរុកោសល្យរបស់ព្រះជាម្ចាស់។ ធម្មវិន័យនេះ បង្គាប់មនុស្សឱ្យដើរតាមផ្លូវ និងបទបញ្ជា ដែលនាំគេឆ្ពោះទៅសុភមង្គលយ៉ាងពិតប្រាកដ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ធម្មវិន័យនេះ ហាមមិនឱ្យដើរតាមផ្លូវអាក្រក់ ដែលបណ្តាលឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងសេចក្ដីស្រលាញ់របស់ព្រះអង្គ។ ធម្មវិន័យនេះ ម៉ឹងម៉ាត់ក្នុងបទបញ្ជាផងគួរ ឱ្យស្រលាញ់ក្នុងសេចក្ដីសន្យាផង។
១៩៥១. ធម្មវិន័យជាក្បួនច្បាប់ ដែលអាជ្ញាធរត្រឹមត្រូវ បានតែង ដើម្បីប្រយោជន៍រួម។ ព្រះបង្កើតប្រកបដោយឫទ្ធានុភាព ព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌ បានចាត់ចែងរបៀបរៀបរយស្របតាមប្រាជ្ញានៃសត្វលោកនានា ដើម្បីជាប្រយោជន៍ និងជាទីចុងក្រោយរបស់គេ។ ធម្មវិន័យអស់កល្បជានិច្ចជាសេចក្ដីពិតដំបូង និងចុងក្រោយបំផុតនៃវិន័យឯទៀតៗទាំងអស់។ ប្រាជ្ញាប្រកាស និងតែងតាំងធម្មវិន័យដូចជាការរួមចំណែកក្នុងឧបការគុណរបស់ព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះបង្កើត និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់៖ “អ្វីទៅជាធម្មវិន័យ? គឺជាការតែងតាំងប្រាជ្ញាឱ្យមានរបៀបរៀបរយ” (សម្ដេចប៉ាប ឡេអុងទី១៣)។នៅក្នុងចំណោមសត្វលោកទាំងអស់ដែលមានជីវិត មានតែមនុស្សទេ ដែលអាចលើកតម្កើងខ្លួនឯងថា ខ្លួនឯងសមនឹងបានទទួលធម្មវិន័យពីព្រះជាម្ចាស់៖ ព្រោះមនុស្សជាសត្វប្រកបដោយប្រាជ្ញា ដែលអាចយល់ និងចេះរិះគិតពិចារណា និងមានរបៀបរស់នៅដោយប្រើសេរីភាព និងប្រាជ្ញាក្រោមអំណាចរបស់ព្រះដែលបានប្រោសប្រទានអ្វីៗទាំងអស់ឱ្យគាត់ (លោក ទែរទូលីយ៉ាំង)។
១៩៥២. ធម្មវិន័យខាងសីលធម៌មានច្រើនបែប ដែលមានទំនាក់ទំនងជាមួយគ្នាដែរ៖ ធម្មវិន័យអស់កល្បជានិច្ច ដែលជាប្រភពនៃវិន័យឯទៀតៗទាំងអស់ក្នុងអង្គព្រះជាម្ចាស់ ធ្មវិន័យធម្មជាតិ ធម្មវិន័យដែលព្រះអង្គបានសម្ដែងឱ្យយើងស្គាល់ ដែលមានធម្មវិន័យចាស់ និងធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អ ទីបញ្ចប់មានច្បាប់នៃសង្គម និងរបស់ព្រះសហគមន៍។
១៩៥៣. ព្រះគ្រីស្តបំពេញធម្មវិន័យខាងសីលធម៌បានពេញលក្ខណៈ។ ធម្មវិន័យនេះ មានឯកភាពក្នុងអង្គព្រះអង្គដែរ។ ព្រះយេស៊ូគ្រីស្តផ្ទាល់ជាផ្លូវឆ្ពោះទៅភាពល្អឥតខ្ចោះ។ ព្រះអង្គជាគោលដៅនៃធម្មវិន័យ ដ្បិតមានតែព្រះអង្គទេ ដែលបង្រៀន និងប្រទានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់៖ “ព្រះគ្រីស្តជាគោលដៅរបស់វិន័យ ដើម្បីឱ្យអស់អ្នកជឿបានសុចរិត” (រម ១០,៤)។
១. ធម្មវិន័យខាងសីលធម៌តាមធម្មជាតិ
១៩៥៤. មនុស្សរួមចំណែកក្នុងព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌នៃព្រះបង្កើត ដែលប្រគល់ឱ្យគេចេះធ្វើជាម្ចាស់លើខ្លួនឯង និងមានសមត្ថភាពអាចគ្រប់គ្រងលើខ្លួនឯងបាន ដើម្បីទៅរកសេចក្ដីពិត និងអ្វីដ៏ល្អ។ ធម្មវិន័យធម្មជាតិសម្ដែងថា មនុស្សប្រកបដោយសីលធម៌តាំងពីដើមដំបូង ដែលនាំឱ្យគេចេះរិះគិតពិចារណាអំពីអ្វីដ៏ល្អ និងអ្វីដ៏អាក្រក់ អំពីសេចក្ដីពិត និងសេចក្ដីកុហក៖
ព្រះជាម្ចាស់បានសរសេរ និងចារធម្មវិន័យធម្មជាតិក្នុងព្រលឹងរបស់មនុស្សទាំងអស់ និងរបស់មនុស្សម្នាក់ៗដ្បិតវិន័យនេះ ជាប្រាជ្ញារបស់មនុស្ស ដែលបញ្ជាឱ្យធ្វើល្អ និងហាមមិនឱ្យប្រព្រឹត្តអំពើបាបឡើយ (...)។ ប៉ុន្តែបទបញ្ជានៃប្រាជ្ញាមនុស្សនេះ មិនអាចមានអំណាចដូចធម្មវិន័យទេ បើបទបញ្ជានេះ មិនមែនជាសម្លេង និងជាអ្នកកណ្តាលរបស់ប្រាជ្ញាដ៏ខ្ពង់ខ្ពស់បំផុត ដែលវិញ្ញាណ និងសេរីភាពរបស់យើង ត្រូវស្ថិតនៅក្រោមអំណាច (សម្ដេចប៉ាបឡេអុងទី១៣)។
១៩៥៥. “ធម្មវិន័យរបស់ព្រះជាម្ចាស់ និងធម្មវិន័យធម្មជាតិ” (GS ៨៩,១) បង្ហាញឱ្យមនុស្សស្គាល់ផ្លូវ ដែលគេត្រូវដើរ ដើម្បីប្រព្រឹត្តអំពើល្អ និងទៅដល់គោលដៅរបស់គេ។ ធម្មវិន័យធម្មជាតិប្រកាសបទបញ្ជាដំបូង និងសំខាន់ៗ ដែលគ្រប់គ្រងជីវិតខាងសីលធម៌ ហើយមានគោលការណ៍សំខាន់ៗថា ត្រូវតែមានបំណងប្រាថ្នាចង់បានព្រះជាម្ចាស់ និងស្ថិតនៅក្រោមអំណាចព្រះអង្គ ដែលជាប្រភព និងចៅក្រមនៃអ្វីៗទាំងអស់ដ៏ល្អ ហើយត្រូវតែរាប់អ្នកដទៃដូចខ្លួនឯងផងដែរ។ វិន័យដប់ប្រការសម្ដែងបទបញ្ជាផ្សេងៗនៃធម្មវិន័យនេះ។ គេហៅធម្មវិន័យនេះថា ធម្មវិន័យធម្មជាតិ មិនមែនយោងតាមលក្ខណៈរបស់សត្វលោកដែលគ្មានប្រាជ្ញាទេ ប៉ុន្តែដោយសារប្រាជ្ញា ដែលប្រកាសធម្មវិន័យនេះ ជាកម្មសិទ្ធិនៃធម្មជាតិផ្ទាល់របស់មនុស្ស។
តើគេចារវិន័យទាំងអស់នោះនៅឯណាទៅ ក្រៅពីសៀវភៅនៃពន្លឺនេះ ដែលគេហៅថាជាសេចក្ដីពិត? នៅទីនោះហើយ ដែលព្រះជាម្ចាស់បានសរេសរវិន័យត្រឹមត្រូវទាំងអស់ នៅទីនោះហើយ ដែលវិន័យនេះឆ្លងក្នុងចិត្តមនុស្ស ដែលបំពេញសេចក្ដីសុចរិត។ វិន័យនេះ មិនចេញពីគេទេ ប៉ុន្តែដាក់ស្នាមលើគេ ដូចជាត្រា ដែលឆ្លងពីចិញ្ចៀនទៅលើក្រមួន តែមិនចេញពីចិញ្ចៀនឡើយ (សន្ត អូគូស្តាំង)។ ធម្មវិន័យធម្មជាតិជាពន្លឺនៃប្រាជ្ញាឈ្លាសវៃដែលព្រះជាម្ចាស់បានដាក់ក្នុងខ្លួនយើងតែប៉ុណ្ណោះ។ ដោយសារវិន័យនេះ យើងដឹងថា ត្រូវតែធ្វើអ្វីខ្លះ ហើយត្រូវចៀសវាងអ្វីខ្លះដែរ។ ព្រះជាម្ចាស់បានប្រទានពន្លឺ ឬ វិន័យនេះ ឱ្យសត្វលោក (សន្ត ថូម៉ាស នៃអាកាំង)។
១៩៥៦. ប្រាជ្ញាបានតែងតាំងធម្មវិន័យធម្មជាតិ ដែលស្ថិតក្នុងចិត្តមនុស្សម្នាក់ៗ ដែលជាបទបញ្ជាសកល ហើយមានអំណាចសម្រាប់មនុស្សទាំងអស់។ ធម្មវិន័យនេះ សម្ដែងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស និងជាមូលដ្ឋានរបស់សិទិ្ធ និងភារកិច្ចគ្រឹះរបស់គេ៖
មានវិន័យពិតប្រាកដមែន គឺប្រាជ្ញាដ៏ត្រឹមត្រូវ។ វិន័យនេះ ស្របតាមធម្មជាតិ ស្ថិតក្នុងមនុស្សទាំងអស់ មិនប្រែប្រួល និងអស់កល្បជានិច្ច។ បញ្ជានៃវិន័យនេះ ដូចជាភារកិច្ច ការហាមប្រាមនៃវិន័យនេះ ធ្វើឱ្យឃ្លាតឆ្ងាយពីកំហុស (...)។ បើយើងជំនួសវិន័យនេះដោយវិន័យផ្ទុយ យើងនឹងប្រព្រឹត្តអំពើសៅហ្មង។ យើងត្រូវតែអនុវត្តតាមបទបញ្ជានីមួយៗ និងគ្មាននរណាអាចលុបវិន័យនេះចោលបានឡើយ (លោក ស៊ីសេរ៉ូន)។
១៩៥៧. មានរបៀបអនុវត្តធម្មវិន័យធម្មជាតិជាច្រើន។ យើងអាចរិះគិតពិចារណាស្របតាមលក្ខខណ្ឌនៃជីវភាព ទីកន្លែង សម័យ និងកាលៈទេសៈ ប៉ុន្តែទោះជាមានវប្បធម៌ជាច្រើនផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏ធម្មវិន័យធម្មជាតិដូចជាក្បួន ដែលធ្វើឱ្យមនុស្សជាប់ចំណងជាមួយគ្នាដែរ ហើយទោះបីមនុស្សតែងតែប្លែកពីគ្នាក៏ដោយ ក៏ធម្មវិន័យនេះ ដូចជាបង្ខំគេឱ្យមានគោលការណ៍រួម។
១៩៥៨. ធម្មវិន័យធម្មជាតិមិនប្រែប្រួល (GS ១០) ស្ថិតនៅជាអចិន្ត្រៃយ៍ ទោះជាប្រវត្តិសាស្រ្តផ្លាស់ប្តូរជានិច្ចក៏ដោយ។ ធម្មវិន័យនេះ នៅតែស្ថិតស្ថេរក្រោមចរន្តនៃគំនិត និងរបៀបរស់នៅ ហើយជួយឱ្យគំនិត និងរបៀបរស់នៅទាំងអស់នោះរីកចម្រើន។ បទបញ្ជា ដែលសម្ដែងធម្មវិន័យនេះ នៅតែមានតម្លៃជានិច្ច។ ទោះបីយើងបដិសេធមិនព្រមទទួលស្គាល់គោលការណ៍នៃធម្មវិន័យធម្មជាតិតក៏ដោយ ក៏យើងមិនអាចបំផ្លាញ ឬដកធម្មវិន័យនេះចេញពីចិត្តមនុស្សបានឡើយ។ ធម្មវិន័យធម្មជាតិតែងតែផុសឡើងក្នុងជីវិតរបស់មនុស្ស និងរបស់សង្គម៖
ឱព្រះអម្ចាស់អើយ! ធម្មវិន័យរបស់ព្រះអង្គ ហើយធម្មវិន័យដែលព្រះអង្គបានដាក់ក្នុងចិត្តមនុស្ស ពិតជាដាក់ទោសលើអ្នកលួចមិនខាន។ ទោះបីយើងមានចិត្តរឹងរូសក៏ដោយ ក៏យើងមិនអាចលុបបំបាត់វិន័យនេះបានឡើយ (សន្ត អូគូស្តាំង)។
១៩៥៩. ធម្មវិន័យធម្មជាតិជាស្នាព្រះហស្តដ៏ល្អប្រសើរបំផុតនៃព្រះបង្កើត ហើយផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមនុស្សអាចកសាងអាគ៌ានៃក្បួនវិន័យខាងសីលធម៌ ដើម្បីនឹងណែនាំគេ។ ធម្មវិន័យធម្មជាតិជាមូលដ្ឋានខាងសីលធម៌ជាចាំបាច់ ដើម្បីកសាងសហគមន៍មនុស្សផងដែរ។ ទីបំផុត ធម្មវិន័យធម្មជាតិផ្តល់មូលដ្ឋានជាចាំបាច់ ដើម្បីតែងច្បាប់សម្រាប់សង្គម។ [...]
១៩៦០. មនុស្សទាំងអស់មិនអាចយល់ភ្លាមៗ និងច្បាស់លាស់នូវបទបញ្ជានៃធម្មវិន័យធម្មជាតិឡើយ។ ក្នុងស្ថានភាពបច្ចុប្បន្ន ព្រះជាម្ចាស់ត្រូវតែប្រោសប្រទានព្រះហឫទ័យប្រណីសន្តោស និងសម្ដែងព្រះអង្គឱ្យមនុស្ស ដែលជាអ្នកបាប ស្គាល់ ដើម្បីឱ្យមនុស្សទាំងអស់អាចស្គាល់សេចក្ដីពិតខាងសាសនា និងខាងសីលធម៌ “ដោយងាយស្រួល ដោយដឹងយ៉ាងម៉ឹងម៉ាត់ និងដោយគ្មានកំហុសឡើយ” (សម្ដេចប៉ាប ពីយូទី១២៖ DS ៣៨៧៦)។
២. ធម្មវិន័យចាស់
១៩៦១. ព្រះជាម្ចាស់ ដែលជាព្រះបង្កើត និងជាព្រះសង្រ្គោះរបស់យើង បានជ្រើសរើសជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយបានសម្ដែងធម្មវិន័យរបស់ព្រះអង្គឱ្យគេស្គាល់។ ធ្វើដូច្នេះ ព្រះអង្គបានរៀបចំឱ្យព្រះគ្រីស្តយាងមក។ ធម្មវិន័យរបស់លោកម៉ូសេសម្ដែងសេចក្ដីពិតជាច្រើន ដែលប្រាជ្ញាអាចឈ្វេងយល់បាន។ ព្រះជាម្ចាស់ប្រកាស និងបញ្ជាក់បន្ថែមឱ្យស្គាល់សេចក្ដីពិតទាំងអស់នោះ នៅក្នុងសម្ពន្ធមេត្រីនៃការសង្រ្គោះ។
១៩៦២. ធម្មវិន័យចាស់ជាសភាពដំបូងនៃធម្មវិន័យ ដែលព្រះជាម្ចាស់សម្ដែងឱ្យយើងស្គាល់។ វិន័យដប់ប្រការសង្ខេបបទបញ្ជាខាងសីលធម៌នៃវិន័យនេះ។ បទបញ្ជានៃវិន័យដប់ប្រការជាមូលដ្ឋានគ្រឹះនៃការត្រាស់ហៅរបស់មនុស្ស ដែលជារូបតំណាងរបស់ព្រះជាម្ចាស់ ហាមមិនឱ្យប្រព្រឹត្តអ្វីដែលប្រឆាំងនឹងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ ហើយសង្កត់ធ្ងន់លើអ្វីដែលសំខាន់ៗ។ វិន័យដប់ប្រការ គឺជាពន្លឺចំពោះមនសិការរបស់មនុស្សទាំងអស់ ដើម្បីសម្ដែងឱ្យគេស្គាល់ការត្រាស់ហៅ និងមាគ៌ារបស់ព្រះជាម្ចាស់ ហើយដើម្បីការពារគេអំពីអ្វីដ៏អាក្រក់៖
ព្រះជាម្ចាស់បានចារលើបន្ទះថ្មនៃធម្មវិន័យនូវអ្វីដែលមនុស្សមិនបានអានក្នុងចិត្តគេ (សន្ត អូគូស្តាំង)។
១៩៦៣. តាមប្រពៃណីនៃគ្រីស្តសាសនា វិន័យដ៏វិសុទ្ធ (រម ៧,១២) ខាងវិញ្ញាណ (រម ៧,១៤) និងដ៏ល្អប្រសើរ (រម ៧,១៦) មិនទាន់គ្រប់លក្ខណ៍ទេ។ ដូចគ្រូបង្រៀនម្នាក់ (កាឡ ៣,២៤) វិន័យចាស់បង្ហាញអំពីអ្វីដែលត្រូវតែធ្វើ ប៉ុន្តែមិនផ្តល់កម្លាំង និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីបំពេញអ្វីដែលត្រូវតែធ្វើនេះឡើយ។ ដោយសារអំពើបាប ដែលវិន័យចាស់នេះ មិនអាចដកចេញបាន វិន័យនេះ ហាក់ដូចជានាំឱ្យក្លាយទៅជាទាសករ។ តាមសន្ត ប៉ូល វិន័យចាស់ មានមុខងារបង្ហាញអំពើបាប ឱ្យយើងដឹងថា ចិត្តមនុស្ស “លោភលន់” (រម ៧)។ ក៏ប៉ុន្តែ វិន័យចាស់នៅតែជាដំណាក់កាលដំបូងនៅលើផ្លូវឆ្ពោះទៅព្រះរាជ្យ។ វិន័យចាស់រៀបចំប្រជារាស្រ្តរបស់ព្រះជាម្ចាស់ និងគ្រីស្តបរិស័ទម្នាក់ៗឱ្យកែប្រែចិត្តគំនិត និងឱ្យផ្ញើជីវិតទៅលើព្រះជាម្ចាស់ជាព្រះសង្រ្គោះ។ ធម្មវិន័យចាស់ផ្តល់ការប្រៀនប្រដៅ ដែលនៅស្ថិតស្ថេរជានិច្ច ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។
១៩៦៤. ធម្មវិន័យចាស់រៀបចំដំណឹងល្អ ។ “ធម្មវិន័យដូចជាព្យាការីប្រកបដោយគរុកោសល្យ” (សន្ត អ៊ីរ៉ែណេ)។ ធម្មវិន័យដូចជាព្យាការី និងប្រផ្នូលអំពីព្រះគ្រីស្ត ដែលនឹងប្រោសឱ្យរួចពីបាប ហើយផ្តល់រូប និងនិមិត្តរូបដល់គម្ពីរសម្ពន្ធមេត្រីថ្មី ដើម្បីសម្ដែងរបៀបរស់នៅតាមព្រះវិញ្ញាណ។ ទីបញ្ចប់ កណ្ឌនៃគម្ពីរព្រះប្រាជ្ញាញ្ញាណ និងគម្ពីរព្យាការីបំពេញវិន័យចាស់ និងតម្រូវវិន័យនេះឆ្ពោះទៅសម្ពន្ធមេត្រីថ្មី និងព្រះរាជ្យនៃស្ថានបរមសុខ។ ក្រោមរបបនៃសម្ពន្ធមេត្រីចាស់ មនុស្សខ្លះប្រតិបត្តិតាមសេចក្ដីស្រលាញ់ និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែលប៉ងប្រាថ្នាចង់បានព្រះបន្ទូលសន្យាខាងវិញ្ញាណ និងអស់កល្បជានិច្ច។ អ្នកនោះជាប់នឹងធម្មវិន័យថ្មី។ ផ្ទុយទៅវិញ ក្រោមរបបនៃសម្ពន្ធមេត្រីថ្មី មនុស្សខ្លះនាលោកីយ៍នេះ នៅតែឃ្លាតឆ្ងាយពីភាពឥតខ្ចោះនៃធម្មវិន័យថ្មី។ ក្នុងសម្ពន្ធមេត្រីថ្មីដែរ យើងត្រូវតែបំភ័យឱ្យគេខ្លាចទទួលទោស និងសន្យាថា គេនឹងបានទទួលរង្វាន់ខាងលោកីយ៍ ដើម្បីជំរុញគេឱ្យប្រព្រឹត្តអំពើល្អ។ យ៉ាងណាក៏ដោយ ទោះបីធម្មវិន័យចាស់ទូន្មានឱ្យចេះស្រលាញ់គ្នាយ៉ាងណាក៏ដោយ ក៏វិន័យនេះ មិនផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែល “ជាសេចក្ដីស្រលាញ់ ដែលព្រះជាម្ចាស់បានចាក់បង្ហូរក្នុងចិត្តយើង” ដែរ (រម ៥,៥) (សន្ត ថូម៉ាស នៃអាកាំង)។
៣. ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អ
១៩៦៥. ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អធ្វើឱ្យធម្មវិន័យរបស់ព្រះជាម្ចាស់ ជាធម្មវិន័យធម្មជាតិ ដែលព្រះអង្គបានសម្ដែងឱ្យយើងស្គាល់ បានគ្រប់លក្ខណៈ នៅក្នុងលោកនេះ។ ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អជាស្នាព្រះហស្តរបស់ព្រះគ្រីស្ត ដែលព្រះអង្គសម្ដែង នៅពេលទ្រង់ទេសនាលើភ្នំ។ វិន័យនេះ ជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែរ ហើយដែលក្លាយទៅជាវិន័យនៃសេចក្ដីស្រលាញ់នៅក្នុងចិត្ត៖ “បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល (...)។ យើងនឹងដាក់វិន័យរបស់យើងក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យទាំងនោះទុកនៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង” (ហប ៨,៨-១០) (យរ ៣១,៣១-៣៤)។
១៩៦៦. ធម្មវិន័យថ្មីជាព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យគ្រីស្តបរិស័ទ ដោយផ្ញើជីវិតលើព្រះគ្រីស្ត។ វិន័យនេះ ប្រតិបត្តិតាមសេចក្ដីស្រលាញ់ ប្រើធម៌ទេសនារបស់ព្រះអម្ចាស់ ដើម្បីប្រៀនប្រដៅយើងអំពីអ្វីដែលត្រូវតែធ្វើ ហើយប្រើអគ្គសញ្ញាដើម្បីឱ្យយើងអាចប្រព្រឹត្តតាម៖
អ្នកដែលចង់សញ្ជឹងគិត ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងដោយរិះគិតពិចារណាយ៉ាងច្បាស់ អំពីធម៌ទេសនា ដែលព្រះអម្ចាស់នៃយើង បានប្រកាសនៅលើភ្នំ ដូចយើងអានក្នុងដំណឹងល្អ តាមសន្តម៉ាថាយ អ្នកនោះពិតជានឹងរកឃើញបញ្ញត្តិដ៏គ្រប់លក្ខណ៍នៃការរស់នៅជាគ្រីស្តបរិស័ទ (...)។ បទបញ្ជាទាំងអស់ ដែលអាចណែនាំយើងឱ្យរស់នៅដូចជាគ្រីស្តបរិស័ទ ស្ថិតក្នុងធម៌ទេសនានេះ (សន្ត អូគូស្តាំង)។
១៩៦៧. ធម្មវិន័យនៃដំណឹងល្អ “បំពេញ” (មថ ៥,១៧-១៩) លម្អិតលម្អន់ ហួសវិន័យចាស់ និងធ្វើ ឱ្យវិន័យចាស់បានគ្រប់លក្ខណៈ។ ក្នុងធម៌ទេសនាអំពីសុភមង្គលយ៉ាងពិតប្រាកដ វិន័យថ្មីបំពេញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដោយលើកព្រះបន្ទូលនោះឆ្ពោះទៅ “ព្រះរាជ្យនៃស្ថានបរមសុខ”។ ព្រះជាម្ចាស់ប្រទានវិន័យថ្មីឱ្យអស់អ្នកដែលសុខចិត្តទទួលសេចក្ដីសង្ឃឹមថ្មីនេះ ដោយមានជំនឿ គឺជនក្រីក្រ អស់អ្នកដែលចេះបន្ទាបខ្លួន ជនកម្សត់ទុរគត អស់អ្នកដែលមានចិត្តបរិសុទ្ធ អស់អ្នកដែលត្រូវគេបៀតបៀនដោយសារព្រះគ្រីស្ត។ ធ្វើដូច្នេះ វិន័យថ្មីបង្ហាញមាគ៌ាផ្សេងៗដ៏គួរឱ្យឆ្ងល់នៃព្រះរាជ្យ។
១៩៦៨. វិន័យថ្មីបំពេញបទបញ្ជា នៃធម្មវិន័យ។ ធម៌ទេសនារបស់ព្រះអម្ចាស់ មិនលុបបំបាត់ ឬបញ្ចុះតម្លៃបទបញ្ជខាងសីលធម៌នៃវិន័យចាស់ទេ ប៉ុន្តែ ស្រាយបំភ្លឺនូវសេចក្ដីអាឋ៌កំបាំង និងការទាមទារថ្មីៗ បន្ថែមទៀត ដែលសម្ដែងប្រាប់យើងអំពីសេចក្ដីពិតទាំងអស់របសព្រះជាម្ចាស់ និងមនុស្ស។ ធម៌ទេសនានោះ មិនបន្ថែមបញ្ញត្តិថ្មីពីក្រៅទៀតទេ ប៉ុន្តែកែតម្រង់គ្រឹះនៃកិច្ចការនានា គឺចិត្តគំនិតមនុស្ស។ នៅក្នុងចិត្តនេះហើយ ដែលមនុស្សជ្រើសរើសរវាងភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ (មថ ១៥,១៨-១៩) ទីនោះជាកន្លែងបង្កើតជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រលាញ់ និងគុណធម៌ឯទៀតៗ។ ដូច្នេះ ដំណឹងល្អនាំធម្មវិន័យឱ្យបានគ្រប់លក្ខណ៍ ដោយយកតម្រាប់តាមព្រះបិតានៃស្ថានបរមសុខ ដែលគ្រប់លក្ខណ៍យ៉ាងនោះដែរ (មថ ៥,៤៨) ដោយលើកលែងទោសឱ្យខ្មាំងសត្រូវ និងដោយអធិដ្ឋានសម្រាប់អ្នកបៀតបៀន តាមលំនាំព្រះជាម្ចាស់ដែលពោរពេញទៅដោយសប្បុរសធម៌ដូច្នោះដែរ (មថ ៥,៤៤)។
១៩៦៩. អ្នកកាន់វិន័យថ្មីប្រតិបត្តិតាមកិច្ចការនៃសាសនា គឺធ្វើទាន អធិដ្ឋាន តមអាហារ ដោយឧទ្ទិសទៅដល់ “ព្រះបិតាដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង” ដោយមិនចង់ឱ្យ “អ្នកដទៃឃើញ” (មថ ៦,១-៦ ; ១៦-១៨)។ អ្នកកាន់វិន័យថ្មីអធិដ្ឋានដោយសូត្រធម៌ ឱព្រះបិតានៃយើងខ្ញុំ (មថ ៦,៩-១៣)។
១៩៧០. វិន័យថ្មីជំរុញយើងឱ្យជ្រើសរើសចូលតាម “ទ្វារចង្អៀត” (មថ ៧,១៣-១៤) ហើយ ឱ្យយើងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ (មថ ៧,២១-២៧) ដែលមានសេចក្ដីថា៖ “បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ ធម្មវិន័យនិងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង” (មថ ៧,១២) (លក ៦,៣១)។
ធម្មវិន័យនៃដំណឹងល្អទាំងមូលស្ថិតនៅក្នុង “វិន័យថ្មី ” របស់ព្រះយេស៊ូ (យហ ១៣,៣៤) គឺឱ្យយើងស្រលាញ់គ្នាទៅវិញទៅមកដូចព្រះអង្គបានស្រលាញ់យើងដែរ (យហ ១៥,១២)។
១៩៧១. ត្រូវតែបង្រួបបង្រួមការអប់រំខាងសីលធម៌របស់ក្រុមគ្រីស្តទូត ដូចជា រម ១២-១៥ ; ១ករ ១២-១៣ ; កូឡ ៣-៤ ; អភ ៤-៥ ល។ល ជាមួយនឹងធម៌ទេសនារបស់ព្រះអម្ចាស់។ លទ្ធិនេះ បញ្ជូនការប្រៀបប្រដៅរបស់ព្រះអម្ចាស់ក្រោមការចាត់ចែងគ្រប់គ្រងរបស់ក្រុមគ្រីស្តទូត ជាពិសេសដោយការសម្ដែងគុណធម៌ ដែលហូរចេញមកពីជំនឿទៅលើព្រះគ្រីស្ត ហើយដែលសេចក្ដីស្រលាញ់ ជាព្រះអំណោយទានសំខាន់ជាងគេនៃព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំ។ “ចូរមានចិត្តស្រឡាញ់ដោយឥតលាក់ពុត (...)។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត (...)។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបំរុងប្រជាជនដ៏វិសុទ្ធ ដែលខ្វះខាតព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង” (រម ១២,៩-១៣)។ ការប្រៀនប្រដៅនេះ បង្រៀនយើងឱ្យរិះគិតពិចារណា ក្រោមពន្លឺនៃទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគ្រីស្ត និងព្រះសហគមន៍ (រម ១៤ ; ១ករ ៥-១០)។
១៧៩២. គេហៅវិន័យថ្មីថាជាវិន័យនៃសេចក្ដីស្រលាញ់ ដ្បិតដោយសារវិន័យនេះ យើងប្រព្រឹត្តដោយសេចក្ដីស្រលាញ់ ដែលព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរ ជាជាងប្រព្រឹត្តដោយភ័យខ្លាច។ គេហៅវិន័យថ្មីនេះថាជាវិន័យនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតវិន័យនេះ ផ្តល់ឫទ្ធានុភាពនៃព្រះហឫទ័យប្រណីសន្តោស ដើម្បីឱ្យយើងប្រព្រឹត្តតាមជំនឿ និងតាមអគ្គសញ្ញា។ គេហៅវិន័យនេះថាជាវិន័យដែលផ្តល់សេរីភាព (យក ១,២៥ ; ២,១២) ដ្បិតវិន័យនេះ រំដោះយើងឱ្យរួចពីពិធីផ្សេងៗ និងក្បួនច្បាប់នៃវិន័យចាស់ និងជំរុញយើងឱ្យប្រព្រឹត្តដោយសារសេចក្ដីស្រលាញ់ ទីបំផុតធ្វើឱ្យយើងលែងជាអ្នកបម្រើ “ដែលមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ត” ដើម្បីទៅជាមិត្តសម្លាញ់របស់ព្រះគ្រីស្ត ដ្បិត “អ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងដែរ” (យហ ១៥,១៥) ឬជាកូនដែលត្រូវទទួលមត៌កពីឪពុក (កាឡ ៤,១-៧.២១-៣១ ; រម ៨,១៥)។
១៩៧៣. វិន័យថ្មីមិនគ្រាន់តែមានបទបញ្ជាទេ ថែមទាំងមានដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ។ ជាធម្មតាយើងវែកញែកបទបញ្ជារបស់ព្រះជាម្ចាស់ជាមួយនឹងដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ តាមសេចក្ដីស្រលាញ់ ដែលធ្វើឱ្យការរស់នៅរបស់គ្រីស្តបរិស័ទបានពេញលក្ខណៈ។ បទបញ្ជាមានគោលដៅឱ្យបោះបង់ចោលអ្វីដែលប្រឆាំងនឹងសេចក្ដីស្រលាញ់។ ដំបូន្មានមានគោលដៅវែកញែកអ្វីដែលអាចរារាំងសេចក្ដីស្រលាញ់មិនឱ្យរីកចម្រើន ទោះបីអ្វីៗទាំងអស់នោះមិនប្រឆាំងនឹងសេចក្ដីស្រលាញ់ក៏ដោយ។
១៩៧៤. ដំបូន្មានចែងក្នុងគម្ពិរដំណឹងល្អសម្ដែងថា អ្នកមានចិត្តស្រលាញ់បានគ្រប់លក្ខណៈដ៏រស់រវើក។ អ្នកមានចិត្តស្រលាញ់មិនស្កប់ចិត្តទេ បើមិនបានឱ្យថែមទៀត។ ដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អបញ្ជាក់ឫទ្ធានុភាពនៃសេចក្ដីស្រលាញ់ ដែលដាស់តឿនយើងខាងវិញ្ញាណ។ វិន័យថ្មីបានគ្រប់លក្ខណ៍ ដោយសារបទបញ្ជាអំពីសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ ឯដំបូន្មានវិញ បង្ហាញផ្លូវខ្លីជាងគេ មធ្យោបាយស្រួលជាងគេ ដែលត្រូវអនុវត្ត តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ៖
(ព្រះជាម្ចាស់) មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ធ្វើតាមដំបូន្មានទាំងអស់ទេ គ្រាន់តែអនុវត្តដំបូន្មានដែលស័ក្តិសមតាមលក្ខណៈពិសេសរបស់មនុស្ស តាមសម័យកាល តាមឱកាស និងតាមកម្លាំង តាមសេចក្ដីស្រលាញ់ទាមទារ ដ្បិតសេចក្ដីស្រលាញ់នេះ ជាព្រះមហាក្សត្រិយានីនៃគុណធម៌ទាំងអស់ផ្សេងទៀត នៃបទបញ្ជាទាំងអស់ នៃដំបូន្មានទាំងអស់ ហើយនិយាយឱ្យចំទៅ គឺវិន័យ និងកិច្ចការទាំងអស់នៃគ្រីស្តសាសនាដែលផ្តល់ឋានៈ កម្រិត ពេលវេលា និងតម្លៃ ឱ្យអ្វីៗទាំងអស់នោះ (សន្ត ហ្រ្វង់ស័រ នៅសាឡ)។
សង្ខេប
១៩៧៥. តាមព្រះគម្ពីរ ធម្មវិន័យដូចជាដំបូន្មានរបស់ព្រះជាម្ចាស់ទុកជាឪពុកម្នាក់ ដែលប្រៀនប្រដៅមនុស្សឱ្យដើរតាមផ្លូវ ដែលនាំឱ្យទទួលសុភមង្គលដ៏ពិតប្រាកដ ដែលព្រះអង្គបានសន្យា និងដែលហាម ប្រាមមិនឱ្យដើរតាមមាគ៌ានៃអំពើអាក្រក់។
១៩៧៦. “ដោយសារធម្មវិន័យ ប្រាជ្ញាចុះចូលក្រោមផលប្រយោជន៍រួម ដែលអ្នកមានបន្ទុកដឹកនាំសហគមន៍ ជាអ្នកថ្លែង” (សន្ត ថូម៉ាស នៃអាកាំង)។
១៩៧៧ . ព្រះគ្រីស្តជាទីចុងក្រោយនៃធម្មវិន័យ (រម ១០,៤)។ មានតែព្រះអង្គទេ ដែលបង្រៀន និងប្រទានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។
១៩៧៨ . ដោយសារធម្មវិន័យធម្មជាតិ មនុស្សរួមចំណែកក្នុងព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌របស់ព្រះ ជាម្ចាស់ ហើយជារូបតំណាងរបស់ព្រះអង្គជាព្រះបង្កើតរបស់ខ្លួន។ ធម្មវិន័យនេះ សម្ដែងឋានៈដ៏ថ្លៃថ្នូររបស់ មនុស្ស និងជាមូលដ្ឋាននៃសិទ្ធិ និងភារកិច្ចគ្រឹះរបស់គេ។
១៩៧៩ . ធម្មវិន័យធម្មជាតិមិនប្រែប្រួល ស្ថិតស្ថេរជាអចិន្ត្រៃយ៍ ក្នុងប្រវត្តិសាស្រ្ត។ បទបញ្ជា ដែលសម្ដែងធម្មវិន័យនេះ នៅតែមានតម្លៃជានិច្ច។ ធម្មវិន័យធម្មជាតិផ្តល់មូលដ្ឋានជាចាំបាច់ ដើម្បីតែងក្បួនសីលធម៌ និងច្បាប់សម្រាប់សង្គម។
១៩៨០. ធម្មវិន័យចាស់ជាសភាពដំបូងនៃធម្មវិន័យ ដែលព្រះជាម្ចាស់សម្ដែងឱ្យយើងស្គាល់។ វិន័យដប់ប្រការសង្ខេបបទបញ្ជាខាងសីលធម៌នៃវិន័យនេះ។
១៩៨១. ធម្មវិន័យរបស់លោកម៉ូសេមានសេចក្ដីពិត ដែលមនុស្សអាចយល់បាន។ ព្រះជាម្ចាស់បាន សម្ដែងធម្មវិន័យនេះឱ្យមនុស្សស្គាល់ ដ្បិតពួកគេមិនបានអានធម្មវិន័យនេះក្នុងចិត្តគេ។
១៩៨២. ធម្មវិន័យចាស់រៀបចំដំណឹងល្អ។
១៩៨៣. ធម្មវិន័យថ្មីមកពីព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រតិបត្តិតាមសេចក្ដី ស្រលាញ់ ហើយដែលយើងទទួលដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្ត។ ធម៌ទេសនានៅលើភ្នំសម្ដែងធម្មវិន័យនេះ ដែលប្រើប្រាស់អគ្គសញ្ញា ដើម្បីផ្តល់ព្រះអំណោយទាននៃវិន័យនេះឱ្យយើង។
១៩៨៤ . ធម្មវិន័យនៃដំណឹងល្អបំពេញ លើសពីវិន័យចាស់ និងធ្វើឱ្យវិន័យចាស់បានគ្រប់លក្ខណៈ គឺ សុភមង្គលដ៏ពិតប្រាកដអំពីព្រះរាជ្យនៃស្ថានបរមសុខបំពេញព្រះបន្ទូលសន្យា ហើយធម្មវិន័យនេះ បំពេញបទបញ្ជានៃធម្មវិន័យចាស់ ដោយកែតម្រង់ចិត្តគំនិត ជាគ្រឹះនៃកិច្ចការទាំងអស់។
១៩៨៥. ធម្មវិន័យថ្មីជាវិន័យនៃសេចក្ដីស្រលាញ់ វិន័យនៃការប្រោសប្រណី វិន័យដែលផ្តល់សេរីភាព។
១៩៨៦. វិន័យថ្មីមិនគ្រាន់តែមានបទបញ្ជាទេ ថែមទាំងមានដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ។ “តាមគម្ពីរដំណឹងល្អ ព្រះអម្ចាស់ប្រទានដំបូន្មានច្រើនឱ្យក្រុមសាវ័កកាន់។ ព្រះសហគមន៍បានវិសុទ្ធយ៉ាងពិសេសដោយគ្រីស្តបរិស័ទកាន់តាមដំបូន្មានទាំងនោះ” (LG ៤២)។
ប្រការទី២៖ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោសនិងប្រោសមនុស្សលោកឱ្យបានសុចរិត
១. ព្រះជាម្ចាស់ប្រោសមនុស្សលោកឱ្យបានសុចរិត
១៩៨៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ អាចប្រោសយើងឱ្យបានសុចរិត ពោលគឺឱ្យយើងរួចពីបាប ដោយ “ផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត” (រម ៣,២២) និងដោយសារអគ្គសញ្ញាជ្រមុជទឹកផងដែរ (រម ៦,៣-៤)៖
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ត យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រីស្ត ដែលមានព្រះជន្មថ្មីនោះ ទ្រង់លែងសោយទិវង្គត ហើយមច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឱ្យបានរួចផុតពីអំណាចបាបម្តងជាសូរេច។ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្តយេស៊ូ (រម ៦,៨-១១)។
១៩៨៨. ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ យើងរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ត ដោយស្លាប់ឱ្យរួចផុតពីអំពើបាប ហើយយើងក៏រួមចំណែកជាមួយព្រះអង្គ ដែលមានព្រះជន្មថ្មី ដោយកើតជាថ្មីផងដែរ។ យើងជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត គឺព្រះសហគមន៍ (១ករ ១២) យើងជាមែកជាប់នឹងដើមទំពាំងបាយជូរ គឺព្រះអង្គផ្ទាល់ (យហ ១៥,១-៤)៖
យើងរួមជាមួយព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារព្រះវិញ្ញាណរួមជាមួយផង យើងក៏រួមជាមួយព្រះជាម្ចាស់ដែរ (...)។ ហេតុនេះ អស់អ្នក ដែលព្រះវិញ្ញាណគង់នៅជាមួយ ទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ (សន្ត អាថាណាស)។
១៩៨៩. ស្នាព្រះហស្តដំបូងនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺការកែប្រែចិត្តគំនិត ដែលធ្វើឱ្យយើងបានទៅជាសុចរិត ស្របតាមព្រះបន្ទូលរបស់ព្រះយេស៊ូ នៅពេលព្រះអង្គចាប់ផ្ដើមប្រកាសដំណឹងល្អ៖ “ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!” (មថ ៤,១៧)។ ដោយព្រះហឫទ័យប្រណីសន្តោសជំរុញគេ មនុស្សទៅរកព្រះជាម្ចាស់ និងឃ្លាតឆ្ងាយអំពីអំពើបាប ដូច្នេះ គេទទួលការលើកលែងទោស និងទទួលសេចក្ដីសុចរិតដែលមកពីស្ថានលើ។ “ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត គឺព្រះអង្គលើកលែងទោសឱ្យគេ ប្រោសគេឱ្យបានវិសុទ្ធ និងកែចិត្តគំនិតរបស់គេឡើងវិញផងដែរ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៨)។
១៩៩០. ដោយសារព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត មនុស្សឃ្លាតឆ្ងាយអំពីអំពើបាប ដែលប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះអង្គ ហើយប្រោសចិត្តមនុស្សឱ្យបានបរិសុទ្ធ។ ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ក្រោយពីធម៌មេត្តាករុណារបស់ព្រះអង្គបានលើកលែងទោសឱ្យគេ។ ពេលមនុស្សទៅជាសុចរិត គេសម្រុះសម្រួលឱ្យជានានឹងព្រះជាម្ចាស់ បានរួចពីបាប និងជាសះស្បើយផង ដែរ។
១៩៩១. ជាមួយគ្នានេះដែរ ពេលមនុស្សទៅជាសុចរិត គេទទួលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ដោយផ្ញើជីវិតទៅលើព្រះគ្រីស្ត។ នៅទីនេះ សេចក្ដីសុចរិតសំដៅទៅលើសេចក្ដីស្រលាញ់ដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់។ ដោយសារយើងទៅជាមនុស្សសុចរិត ព្រះជាម្ចាស់ចាក់បង្ហូរជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ក្នុងចិត្តយើង ហើយយើងអាចប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះអង្គបានដែរ។
១៩៩២. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារគុណបុណ្យនៃទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង ដូចជាយញ្ញបូជាដ៏មានព្រះជន្មដ៏វិសុទ្ធ និងដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដែលព្រះលោហិតបានលោះអំពើបាបរបស់មនុស្សទាំងអស់។ ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត តាមរយៈពិធីជ្រមុជទឹក ជាអគ្គសញ្ញានៃជំនឿ។ ព្រះជាម្ចាស់ប្រោសយើង ឱ្យបានសុចរិត ដូចព្រះអង្គសុចរិតផងដែរ ដោយសារឫទ្ធានុភាពនៃធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងទៅជាមនុស្សសុចរិត ដើម្បីសិរីរុងរឿងនៃព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ត និងដើម្បីទទួលព្រះអំណោយទាននៃជីវិតអស់កល្បជានិច្ច (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៩)៖
ឥឡូវនេះ ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងអំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត គឺព្រះអង្គមិនគិតអំពីវិន័យទេ ដូចធម្មវិន័យ និងគម្ពីរព្យាការី បានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នក ដែលជឿលើព្រះយេស៊ូគ្រីស្តឱ្យបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ សុទ្ធតែបានប្រព្រឹត្តអំពើបាបគ្រប់គ្នា ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ តែព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ដោយឥតគិតពីកុសលបុណ្យដែលគេសន្សំនោះទេ គឺព្រះអង្គប្រោសគេឱ្យបានសុចរិតតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្តលោះគេ។ ព្រះជាម្ចាស់បានតម្រូវឱ្យព្រះយេស៊ូធ្វើជាយញ្ញបូជាសម្រាប់លោះអស់អ្នក ដែលមានជំនឿឱ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀប ដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត គឺពីដើមព្រះអង្គពុំបានដាក់ទោសមនុស្សលោក ដែលប្រព្រឹត្តអំពើបាប ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដើម្បីសម្ដែងថា ព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូឱ្យបានសុចរិតផងដែរ (រម ៣,២១-២៦)។
១៩៩៣. ពេលមនុស្សទៅជាសុចរិត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងសេរីភាពរបស់មនុស្សរួមសហការជាមួយគ្នា ។ មនុស្សសុខចិត្តជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលអញ្ចើញគេឱ្យកែប្រែចិត្តគំនិត ហើយរួមសហការ ដោយមានចិត្តស្រលាញ់ ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលថៃរក្សាការពារគេ៖
នៅពេលដែលព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្តមនុស្ស មនុស្សត្រូវមានសកម្មភាព ដើម្បីទទួលការបំភ្លឺនេះ ក៏គេអាចបដិសេធមិនព្រមទទួលក៏បានដែរ ប៉ុន្តែ គេក៏មិនអាចស្ម័គ្រចិត្តទៅរកសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ បើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មិនមកជួយគេផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៥)។
១៩៩៤. ពេលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គក៏បង្ហាញសេចក្ដីស្រលាញ់របស់ព្រះអង្គយ៉ាងអស្ចារ្យជាទីបំផុត ដែលព្រះគ្រីស្តបានសម្ដែងឱ្យយើងស្គាល់ ហើយដែលព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោសប្រទានឱ្យ។ សន្ត អូគូស្តាំង គិតថា “ពេលព្រះជាម្ចាស់ប្រោសអ្នកបាបឱ្យបានសុចរិត ព្រះអង្គក៏ប្រព្រឹត្តកិច្ចការដ៏អស្ចារ្យខ្លាំងជាងពេលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដីទៅទៀត” ដ្បិត “ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត និងសង្រ្គោះគេជាដរាបតរៀងទៅ”។ លោកគិតថា ពេលព្រះជាម្ចាស់ប្រោសអ្នកបាបឱ្យបានសុចរិត ព្រះអង្គសម្ដែងធម៌មេត្តាករុណាខ្លាំងជាងពេលព្រះអង្គបង្កើតទេវទូតទៀតផង។
១៩៩៥. ព្រះវិញ្ញាណដ៏វិសុទ្ធជាគ្រូក្នុងជម្រៅចិត្តមនុស្ស។ នៅពេលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គបង្កើត “មនុស្សផ្នែកខាងក្នុងជម្រៅចិត្ត” (រម ៧,២២ ; អភ ៣,១៦) បានសេចក្ដីថា ព្រះអង្គប្រោសមនុស្សទាំងមូលឱ្យបានវិសុទ្ធ៖
ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឱ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូនធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឱ្យបងប្អូនបានវិសុទ្ធយ៉ាងនោះដែរ (...)។ ឥឡូវនេះ បងប្អូនបានរួចពីអំណាចបាបមកបម្រើព្រះជាម្ចាស់វិញ បងប្អូនទទួលផល ដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច (រម ៦,១៩.២២)។
២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់
១៩៩៦. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតមកពីព្រះអង្គប្រណីសន្តោសយើង។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស បានសេចក្ដីថា ព្រះអង្គប្រទានព្រះអំណោយទានសង្រ្គោះយើង ដើម្បីឱ្យ យើងអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ គឺឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះអង្គ (យហ ១,១២-១៨) (រម ៨,១៤-១៧) មានលក្ខណៈជាព្រះជាម្ចាស់ (២ពត្រ ១,៣-៤) និងឱ្យយើងទទួលជីវិតអស់កល្បជានិច្ច (យហ ១៧,៣)។
១៩៩៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើង ឱ្យទទួលព្រះជន្មរបស់ព្រះជាម្ចាស់ ប្រោសយើងឱ្យចូលរួមជាមួយព្រះត្រៃឯកយ៉ាងស្និទ្ធស្នាល គឺដោយសារពិធីជ្រមុជទឹក គ្រីស្តបរិស័ទរួមចំណែកក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ជាព្រះសិរសានៃព្រះកាយព្រះអង្គ។ ដូច “បុត្រម្នាក់” យើងអាចហៅព្រះជាម្ចាស់ថា “ព្រះបិតា” រួមជាមួយព្រះបុត្រាតែមួយ។ យើងទទួលជីវិតពីព្រះវិញ្ញាណ ដែលចាក់បង្ហូរសេចក្ដីស្រលាញ់ ហើយដែលបង្កើតព្រះសហគមន៍។
១៩៩៨. ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទទួលជីវិតអស់កល្បជានិច្ច ជាការត្រាស់ហៅហួសធម្មជាតិ ដែលពឹងផ្អែកទាំងស្រុងលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតមានតែព្រះអង្គទេ ដែលអាចសម្ដែងព្រះអង្គ និងប្រទានព្រះកាយព្រះអង្គផ្ទាល់។ ទោះបីមនុស្ស ឬសត្វលោកណាមួយមានបំណងយ៉ាងណាក៏ដោយ ក៏គេពុំមានសមត្ថភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ឆ្លើយតបនឹងព្រះជាម្ចាស់ ដែលត្រាស់ហៅគេឡើយ (១ករ ២,៧-៩)។
១៩៩៩. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តជាព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រទានមកយើង ដោយប្រោសព្រះជន្មរបស់ព្រះអង្គ ដែលព្រះវិញ្ញាណចាក់បង្ហូរក្នុងព្រលឹងយើង ដើម្បីឱ្យព្រលឹងនេះ បានរួចពីបាប និងបានវិសុទ្ធ គឺជាព្រះហឫទ័យប្រណីសន្តោស ដែលប្រោសយើងឱ្យបានវិសុទ្ធ ឬ ឱ្យបានមានលក្ខណៈជាព្រះជាម្ចាស់ ដែលយើងទទួលក្នុងពិធីជ្រមុជទឹក។ ព្រះហឫទ័យប្រណីសន្តោសនេះ ជាប្រភពក្នុងខ្លួនយើង ដែលនាំឱ្យយើងវិសុទ្ធ (យហ ៤,១៤ ; ៧,៣៨-៣៩)៖
ប្រសិនបើនរណាម្នាក់រួបរួមជាមួយព្រះគ្រីស្ត អ្នកនោះនឹងបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ អ្វីៗទាំងនោះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើង ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត ហើយប្រទានឱ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នា ឱ្យជានានឹងព្រះអង្គវិញដែរ (២ករ ៥,១៧-១៨)។
២០០០. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ ព្រះអង្គប្រទានព្រះអំណោយទានជាអចិន្រ្តៃយ៍ ដ៏ស្ថិតស្ថេរ និងហួសធម្មជាតិ ដែលធ្វើឱ្យព្រលឹងអាចរួមជាមួយព្រះជាម្ចាស់បាន និងប្រព្រឹត្តដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គ។ ត្រូវតែវែកញែកការប្រណីសន្តោសជាអចិន្រ្តៃយ៍ ដើម្បីឱ្យយើងរស់នៅ និងប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់ត្រាស់ហៅយើង ពីការប្រណីសន្តោសដ៏អស្ចារ្យ ដែលព្រះជាម្ចាស់ប្រោសប្រទានមកយើង ដើម្បីឱ្យយើងកែប្រែចិត្តគំនិត ឬដែលព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។
២០០១. នៅពេលដែលមនុស្សរៀបចំខ្លួនទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ តាមពិតព្រះអង្គបានប្រោសប្រណីគេរួចទៅហើយ។ យើងត្រូវការព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជាចាំបាច់ ដើម្បីជំរុញ និងទ្រទ្រង់យើងឱ្យរួមសហការជាមួយព្រះអង្គ ដែលប្រោសយើងឱ្យបានសុចរិត ដោយសារជំនឿ និងប្រោសយើងឱ្យបានវិសុទ្ធ ដោយសារសេចក្ដីស្រលាញ់។ ព្រះជាម្ចាស់បង្ហើយកិច្ចការ ដែលព្រះអង្គចាប់ផ្តើមនៅក្នុងខ្លួនយើង ដ្បិត “ព្រះអង្គចាប់ផ្ដើម ដោយធ្វើតាមរបៀបដែលយើងចង់ ព្រះអង្គក៏បង្ហើយកិច្ចការនោះ ដោយរួមសហការជាមួយនឹងបំណងយើង ដែលព្រះអង្គបានកែរួចហើយ” (សន្ត អូគូស្តាំង)៖
តាមពិតយើងធ្វើការដែរ ប៉ុន្តែយើងគ្រាន់តែធ្វើការជាមួយព្រះជាម្ចាស់ ដែលទ្រង់ធ្វើការ ដ្បិតធម៌មេត្តាករុណារបស់ព្រះអង្គធ្វើការមុនយើង ដើម្បីឱ្យយើងបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការពីក្រោយយើងថែមទៀត ដើម្បីឱ្យយើងបានជីវិត ក្រោយពីបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការមុនយើង ដើម្បីត្រាស់ហៅយើង និងធ្វើការពីក្រោយយើង ដើម្បីឱ្យយើងទទួលសិរីរុងរឿង។ ធម៌មេត្តាករុណធ្វើការមុន ដើម្បីឱ្យយើងគោរពប្រណិប័តន៍ព្រះអង្គ និងធ្វើការក្រោយដើម្បីឱ្យយើងរួមជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច ដ្បិតបើព្រះអង្គមិនគង់ជាមួយយើងទេ យើងធ្វើអ្វីមិនកើតឡើយ (សន្ត អូគូស្តាំង)។
២០០២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ផ្ដើមត្រាស់ហៅមនុស្ស ឱ្យស័្មគ្រចិត្តឆ្លើយតបនឹងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ដោយប្រគល់ឱ្យគេមានសេរីភាព និងអាចស្គាល់ និងស្រលាញ់ព្រះអង្គ។ ព្រលឹងរួបរួមជាមួយសេចក្ដីស្រលាញ់ ដោយមានសេរីភាពពេញលេញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់ប៉ះពាល់ភ្លាមៗ និងជំរុញចិត្តមនុស្សតែម្តង។ ព្រះអង្គបានដាក់បំណងប្រថ្នាចង់បានសេចក្ដីពិត និងអ្វីដ៏ល្អក្នុងចិត្តមនុស្ស ហើយមានតែព្រះអង្គទេ ដែលអាចបំពេញបំណងប្រាថ្នានេះ។ ព្រះបន្ទូលសន្យាអំពី “ជីវិតអស់កល្បជានិច្ច” បំពេញបំណងប្រាថ្នានេះ លើសពីសេចក្ដីសង្ឃឹមទៀតទៀត៖
ព្រះអង្គបានសម្រាកនៅថ្ងៃទីប្រាំពីរ ក្រោយពីបានបង្កើតអ្វីៗទាំងអស់ ដែលជាស្នាព្រះហស្តដ៏ល្អប្រសើរបំផុតរបស់ព្រះអង្គ ដើម្បីមានព្រះបន្ទូលមកយើងទុកជាមុន តាមរយៈគម្ពីររបស់ព្រះអង្គថា យើងនឹងសម្រាកនៅថ្ងៃសប្ប័ទនៃជីវិតអស់កល្បជានិច្ច នៅក្នុងអង្គព្រះអង្គ ក្រោយពីបានប្រព្រឹត្តកិច្ចការ “ដ៏ល្អប្រសើរបំផុត” (ដ្បិតមកពីព្រះអង្គផ្ទាល់) របស់យើង (សន្ត អូគូស្តាំង)។
២០០៣. ដោយសារព្រះហឫទ័យប្រណីសន្តោស ព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសយើងឱ្យបានសុចរិត និងឱ្យបានវិសុទ្ធ។ ម្យ៉ាងទៀត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រទានឱ្យយើងព្រះអំណោយទានផ្សេងៗ ដែលព្រះវិញ្ញាណប្រទានយើង ដើម្បីឱ្យយើងរួមជាមួយព្រះអង្គក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ គឺដើម្បីឱ្យយើងរួមសហការក្នុងការសង្រ្គោះអ្នកដទៃ និងឱ្យព្រះសហគមន៍ ជាព្រះកាយព្រះគ្រីស្ត រីកចម្រើនផងដែរ។ ព្រះអំណោយទានទាំងអស់នោះជាព្រះអំណោយទានខាងអគ្គសញ្ញា ។ ម្យ៉ាងទៀត ព្រះជាម្ចាស់ក៏ប្រណីសន្តោសយ៉ាងពិសេស ដែលសន្ត ប៉ូលហៅជាភាសាក្រិកថា ព្រះអំណោយទាន (LG ១២)។ ទោះជាព្រះអំណោយទានអស្ចារ្យ ដូចជាអាចប្រព្រឹត្តការអស្ចារ្យ ឬអាចនិយាយភាសាចម្លែកក៏ដោយ ក៏ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ដើម្បីជួយបម្រើព្រះហឫទ័យប្រណីសន្តោសដែលប្រោសឱ្យបានវិសុទ្ធ ហើយដើម្បីផលប្រយោជន៍រួមរបស់ព្រះសហគមន៍។ ព្រះអំណោយទានជួយបម្រើសេចក្ដីស្រលាញ់ ដែលកសាងព្រះសហគមន៍ (១ករ ១២)។
២០០៤. ក្នុងចំណោមព្រះអំណោយទានពិសេស ត្រូវតែរំលឹកអំពីព្រះអំណោយទាន ដែលជួយឱ្យអាចទទួលបន្ទុក និងបំពេញមុខងារដែលមានប្រយោជន៍សម្រាប់ព្រះសហគមន៍៖
យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះហឫទ័យប្រណីសន្តោស ដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល ត្រូវថ្លែងឱ្យស្របតាមជំនឿ។ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ។ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ។ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ។ អ្នកដែលចែកទ្រព្យរបស់ខ្លួនចូរចែកដោយចិត្តស្មោះសរ។ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង។ អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឱ្យគេដោយចិត្តត្រេកអរ (រម ១២,៦-៨)។
២០០៥. ដោយសារព្រះហឫទ័យប្រណីសន្តោសហួសធម្មជាតិ យើងមិនអាចដកបទពិសោធន៍អំពីព្រះហឫទ័យប្រណីសន្តោសនេះបានទេ។ មានតែតាមជំនឿទេ ដែលយើងអាចស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងមិនអាចពឹងផ្អែកលើអារម្មណ៍ ឬលើកិច្ចការផ្សេងៗរបស់យើង ដើម្បីសន្និដ្ឋានថា ព្រះជាម្ចាស់បានប្រោសយើងឱ្យបានសុចរិត និងបានសង្រ្គោះយើង (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៣៣-១៥៣៤)។ ក៏ប៉ុន្តែ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់៖ “អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត” (មថ ៧,២០) បើយើងនឹកគិតដល់កិច្ចការដ៏ល្អរបស់ព្រះជាម្ចាស់ក្នុងជីវិតយើង និងក្នុងជីវិតរបស់ជនដ៏វិសុទ្ធ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ពិតជាមានសកម្មភាពក្នុងខ្លួនយើង ហើយជំរុញយើងឱ្យផ្ញើជីវិត និងពឹងផ្អែកលើព្រះអង្គកាន់តែច្រើនឡើងៗ។ ហេតុនេះហើយ បានជានៅពេលដែលចៅក្រមនៃតុលាការព្រះសហគមន៍ ដែលចង់ចាប់កំហុសគាត់ ដោយសួរគាត់ថា តើគាត់ស្ថិតក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ឬទេ សន្តី យ៉ូហាន នៃអាក ឆ្លើយតបថា៖ “បើខ្ញុំមិននៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទេ សូមឱ្យព្រះអង្គប្រណីសន្តោសខ្ញុំ ហើយបើខ្ញុំនៅក្នុងព្រះហឫទ័យប្រណីសន្តោសមែន សូមឱ្យព្រះអង្គទុកខ្ញុំនៅជាមួយផង”។
៣. បុណ្យកុសល
ជនដ៏វិសុទ្ធទាំងឡាយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ នៅពេលព្រះអង្គលើកតម្កើងបុណ្យកុសលរបស់គេ ព្រះអង្គក៏លើកតម្កើងព្រះអំណោយទានផ្ទាល់របស់ព្រះអង្គ (MR ធម៌ប្រារព្ធសន្តបុគ្គល)។
២០០៦. ជាធម្មតាពាក្យ “បុណ្យកុសល” សំដៅទៅលើរង្វាន់ ឬទោស ដែលសហគមន៍ ឬសង្គមត្រូវតែផ្តល់ឱ្យសមាជិករបស់ខ្លួនម្នាក់ ដែលបានប្រព្រឹត្តអំពើល្អ ឬអាក្រក់។ បុណ្យកុសលទាក់ទងនឹងគុណធម៌នៃយុត្តិធម៌ ដែលទាមទារឱ្យមានភាពស្មើគ្នា។
២០០៧. មនុស្សគ្មានសិទ្ធិ គ្មានបុណ្យកុសលចំពោះព្រះជាម្ចាស់ឡើយ គឺព្រះជាម្ចាស់ និងយើងមិនស្មើគ្នាទាល់តែសោះ ដ្បិតយើងបានទទួលអ្វីៗទាំងអស់ពីព្រះអង្គ ដែលជាព្រះបង្កើតយើង។
២០០៨. ក្នុងជីវិតរបស់គ្រីស្តបរិស័ទ មនុស្សមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ស្ម័គ្រចិត្តឱ្យមនុស្សរួមជាមួយព្រះអង្គក្នុងព្រះរាជកិច្ចនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ។ ព្រះជាម្ចាស់ជាព្រះបិតាជំរុញមនុស្ស បន្ទាប់មក មនុស្សស្ម័គ្រចិត្តប្រព្រឹត្តកិច្ចការ ដោយរួមសហការជាមួយព្រះអង្គ ហេតុនេះបុណ្យកុសលនៃអំពើល្អមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់សិន មុននឹងមកពីគ្រីស្តបរិស័ទ។ តាមពិត បុណ្យកុសលរបស់មនុស្សត្រឡប់ទៅរបស់ព្រះជាម្ចាស់ផ្ទាល់ ដ្បិតគេប្រព្រឹត្តអំពើល្អនៅក្នុងអង្គព្រះគ្រីស្ត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធថែទាំ និងជួយសង្រ្គោះផង។
២០០៩. ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺយើងមានលក្ខណៈជាព្រះជាម្ចាស់ ដោយ សារព្រះអង្គប្រោសប្រណីយើង យើងបានបុណ្យកុសលយ៉ាងពិតប្រាកដ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្តោសប្រទានសិទ្ធិឱ្យយើង គឺសិទ្ធិនៃសេចក្ដីស្រលាញ់ ដែលធ្វើឱ្យយើងទទួល “មរតករួមជាមួយព្រះគ្រីស្ត” ហើយសមនឹងទទួល “មរតកនៃជីវិតអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា” (មហាន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤៦)។ បុណ្យកុសលនៃអំពើល្អរបស់យើងជាព្រះអំណោយទាននៃសប្បុរសធម៌របស់ព្រះជាម្ចាស់ (មហាន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤៨)។ “ព្រះហឫទ័យប្រណីសន្តោសបានប្រតិបត្តិមុនយើង ឥឡូវនេះ យើងថ្វាយអ្វីដែលយើងជំពាក់ (...)។ បុណ្យកុសលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់” (សន្ត អូគូស្តាំង)។
២០១០. ព្រះជាម្ចាស់ប្រណីសន្តោសយើងទៅតាមកម្រិត គ្មាននរណាម្នាក់ស័ក្តិសមនឹងទទួលព្រះហឫទ័យប្រណីសន្តោសដំបូង ដែលប្រោសយើងឱ្យកែប្រែចិត្តគំនិត ទទួលការលើកលែងទៅស និងប្រោសយើងឱ្យបានសុចរិត។ បន្ទាប់ពី ព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រលាញ់ជួយណែនាំ យើងស័ក្ដិសមនឹងទទួល ព្រះអំណោយទាន ដែលមានប្រយោជន៍ដើម្បីឱ្យយើង និងអ្នកដទៃ បានវិសុទ្ធ ដើម្បីឱ្យព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រលាញ់រីកចម្រើនក្នុងខ្លួនយើង និងដើម្បីឱ្យយើងអាចទទួលជីវិតអស់កល្បជានិច្ច។ យើងអាចទទួលព្រះអំណោយទានខាងលោកីយ៍ ដូចជាសុខភាព មេត្រីភាព តាមព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់។ ការអធិដ្ឋានរបស់គ្រីស្តបរិស័ទមានគោលដៅទទួលព្រះអំណោយទានទាំងអស់នោះ ហើយការអធិដ្ឋាននេះ ផ្តល់ព្រះហឫទ័យប្រណីសន្តោស ដែលយើងត្រូវការ ដើម្បីប្រព្រឹត្តអំពើបុណ្យកុសល។
២០១១. នៅក្នុងខ្លួនយើង សេចក្ដីស្រលាញ់របស់ព្រះគ្រីស្តជាប្រភពនៃបុណ្យកុសលទាំងអស់ ចំពោះព្រះជាម្ចាស់។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើងឱ្យរួមជាមួយព្រះគ្រីស្ត ដោយចិត្តស្រលាញ់យ៉ាងសកម្ម ធ្វើឱ្យអំពើរបស់យើងហួសធម្មជាតិ ទើបមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ដូចចំពោះមនុស្សផងដែរ។ ជនដ៏វិសុទ្ធតែងតែយល់ឃើញថា បុណ្យកុសលរបស់គាត់ជាព្រះអំណោយទានសុទ្ធសាធនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ក្រោយពីបាននិរទេសនៅលើផែនដីនេះ ខ្ញុំម្ចាស់សង្ឃឹមថា នឹងរួបរួមជាមួយព្រះអង្គ នៅក្នុងមាតុភូមិ ប៉ុន្តែខ្ញុំម្ចាស់មិនចង់បានបុណ្យកុសលសម្រាប់ស្ថានបរមសុខទេ ខ្ញុំម្ចាស់ចង់ធ្វើការសម្រាប់តែសេចក្ដីស្រលាញ់របស់ព្រះអង្គប៉ុណ្ណោះ (...)។ នៅពេលល្ងាចនៃជីវិតនេះ ខ្ញុំម្ចាស់នឹងឈរដៃទទេខាងមុខព្រះអង្គ ពីព្រោះខ្ញុំមិនស័ក្ដិសូមឱ្យព្រះអង្គរាប់កិច្ចការរបស់ខ្ញុំម្ចាស់ទេ។ អំពើទាំងអស់របស់យើងសុទ្ធតែប្រឡាក់ចំពោះព្រះនេត្រារបស់ព្រះអង្គ។ ដូច្នេះ ខ្ញុំចង់ស្លៀកពាក់សេចក្ដីសុចរិត របស់ព្រះអង្គផ្ទាល់ និងទទួលព្រះអង្គផ្ទាល់ ពីសេចក្ដីស្រលាញ់ របស់ព្រះអង្គ ជាដរាបតរៀងទៅ (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។
៤. ភាពដ៏វិសុទ្ធរបស់គ្រីស្តសាសនា
២០១២. “យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ (...) ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវទុកជាមុនឱ្យគេមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្តាបងប្អូនជាច្រើន។ អស់អ្នក ដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នក ដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសគេឱ្យបានសុចរិត រីឯអស់អ្នក ដែលព្រះអង្គប្រោសឱ្យបានសុចរិតនោះ ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ (រម ៨,២៨-៣០)។
២០១៣. “អស់អ្នកដែលផ្ញើជិវិតលើព្រះគ្រីស្ត ទោះជាគេរស់នៅតាមរបៀបណាក្តី ឬមានឋានៈណាក្តី ក៏ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យរស់យ៉ាងពេញលក្ខណៈជាគ្រីស្តបរិស័ទ និងឱ្យមានសេចក្តីស្រឡាញ់យ៉ាងពេញលក្ខណៈដែរ” (LG ៤០)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យទៅជាជនដ៏វិសុទ្ធ៖ “ព្រះបិតារបស់អ្នករាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុតគ្រប់លក្ខណ៍យ៉ាងណា សូមឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ” (មថ ៥,៤៨)។ គ្រីស្តបរិស័ទត្រូវយកកម្លាំង ដែលខ្លួនបានទទួលតាមកម្រិតនៃព្រះអំណោទានរបស់ព្រះគ្រីស្តមកប្រើដើម្បីឱ្យបានវិសុទ្ធគ្រប់លក្ខណៈ។ (...) ដោយបំពេញព្រះហឫទ័យព្រះបិតាក្នុងគ្រប់ប្រការ និងបូជាកម្លាំងចិត្តកម្លាំងកាយលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតា និងបម្រើអ្នកដទៃផង។ ធ្វើដូច្នេះទើបលក្ខណៈវិសុទ្ធនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់នឹងបង្កើតផលផ្លែជាច្រើន ដូចរបៀបរស់នៅរបស់សន្តបុគ្គលជាច្រើនអនេក ដែលប្រវត្តិសាស្រ្តព្រះសហគមន៍ជាសាក្សីស្រាប់ (LG ៤០)។
២០១៤. យើងរីកចម្រើនខាងវិញ្ញាណ ដោយរួមជាមួយព្រះគ្រីស្តកាន់តែជិតស្និទ្ធឡើងៗ។ គេហៅការរួបរួមជាមួយព្រះអង្គនេះថា ការរួបរួម “ដ៏អាថ៌កំបាំង” ដ្បិតយើងរួមចំណែកក្នុងអាថ៌កំបាំងរបស់ព្រះគ្រីស្ត ដោយសារអគ្គសញ្ញា - ជា “អាថ៌កំបាំងដ៏វិសុទ្ធ” - និងក្នុងអាថ៌កំបាំងនៃព្រះត្រៃឯក ដោយសារព្រះអង្គដែរ។ ព្រះជាម្ចាស់ត្រាស់ហៅយើងទាំងអស់គ្នាឱ្យរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះអង្គ ទោះបីព្រះអង្គប្រទានព្រះអំណោយទានពិសេស ឬសញ្ញាសម្គាល់ដ៏អស្ចារ្យនៃជីវិតដ៏អាថ៌កំបាំងនេះ ឱ្យអ្នកខ្លះតែប៉ុណ្ណោះ ដើម្បីសម្ដែងព្រះអំណោយទាន ដែលព្រះអង្គប្រទានសម្រាប់មនុស្សទាំងអស់យ៉ាងណាក៏ដោយ។
២០១៥. យើងត្រូវតែដើរតាមផ្លូវនៃឈើឆ្កាង ដើម្បីឱ្យបានវិសុទ្ធគ្រប់លក្ខណៈ។ បើយើងមិនលះបង់ និងមិនតស៊ូខាងវិញ្ញាណទេ យើងមិនអាចទៅជាជនដ៏វិសុទ្ធបានឡើយ (២ធម ៤)។ យើងរីកចម្រើនខាងវិញ្ញាណ លុះត្រាតែយើងធ្វើទុក្ករកិរិយា និងលត់ដំខ្លួន ដើម្បីរស់នៅក្នុងសន្តិភាព និងអំណរសប្បាយនៃសុភមង្គលយ៉ាងពិតប្រាកដ៖
អ្នកដែលឡើង ទៅពីដំណាក់កាលដំបូងទៅដំណាក់កាលដំបូង ដោយមិនចេះឈប់ តាមរយៈដំណាក់កាលដំបូង ដែលគ្មានទីបញ្ចប់ឡើយ។ អ្នកណាឡើងតែងតែប្រាថ្នាចង់បានអ្វីដែលខ្លួនស្គាល់ហើយ (សន្ត គ្រែគ័រ នៃនីស)។
២០១៦. បុត្រធីតានៃព្រះមាតារបស់យើង ជាព្រះសហគមន៍ដ៏វិសុទ្ធ សង្ឃឹមថា ព្រះជាម្ចាស់ជាព្រះបិតារបស់គេនឹងប្រោសប្រណីគេឱ្យមានចិត្តព្យាយាមរហូតដល់ទីបំផុត ហើយនឹងផ្តល់រង្វាន់ ដើម្បីកិច្ចការដ៏ល្អ ដែលគេបានប្រព្រឹត្តរួមជាមួយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ព្រមទាំងរួមរស់ជាមួយព្រះយេស៊ូផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៧៦)។ ដោយរក្សាទុកក្បួនជីវិតដដែល អ្នកជឿរួបរួមក្នុង “សេចក្ដីសង្ឃឹមដ៏គ្មានទីបញ្ចប់” ជាមួយអស់អ្នក ដែលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ប្រមូលផ្តុំក្នុង “ក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ ទាំងតុបតែងខ្លួនដូចភរិយាថ្មោងថ្មីរង់ចាំទទួលស្វាមី” (វវ ២១,២) ។
សង្ខេប
២០១៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសយើងឱ្យបានសុចរិត។ ដោយផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត និងដោយសារអគ្គសញ្ញាជ្រមុជទឹក យើងរួមរស់ជាមួយព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មី ព្រះវិញ្ញាណប្រោសយើងឱ្យរួមចំណែកក្នុងព្រះជន្មរបស់ព្រះអង្គ។
២០១៨ . នៅពេលដែលមនុស្សទៅជាសុចរិត ឬកែប្រែចិត្តគំនិត គេបានផលពីរយ៉ាង គឺដោយមានព្រះ ហឫទ័យប្រណីសន្តោសជំរុញគេ មនុស្សបែរទៅរកព្រះជាម្ចាស់ និងឃ្លាតឆ្ងាយពីអំពើបាប ទើបទទួលការលើក លែងទោស និងសេចក្ដីសុចរិតនៃស្ថានលើ។
២០១៩. នៅពេលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គលើកលែងទោសឱ្យគេ ប្រោសគេឱ្យបានវិសុទ្ធ និងកែចិត្តគំនិតរបស់គេឡើងវិញ។
២០២០. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារគុណបុណ្យនៃទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង។ ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតតាមពិធីជ្រមុជទឹក។ ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដូចព្រះអង្គសុចរិតផងដែរ។ យើងទៅជាមនុស្សសុចរិត ដើម្បីសិរីរុងរឿងនៃព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ត និងដើម្បីទទួលព្រះអំណោយទាននៃជីវិតអស់កល្បជានិច្ច។ ពេលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គក៏បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គយ៉ាងអស្ចារ្យជាទីបំផុត។
២០២១. ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស បានសេចក្ដីថា ព្រះអង្គប្រទានព្រះអំណោយទានសង្រ្គោះយើង ដើម្បីឱ្យយើងអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ គឺឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើងឱ្យចូលរួមជាមួយព្រះត្រៃឯកយ៉ាងស្និទ្ធស្នាល។
២០២២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់រៀបចំ និងជំរុញមនុស្សឱ្យស្ម័គ្រចិត្តឆ្លើយតបនឹងព្រះអង្គ។ ដោយព្រះជាម្ចាស់ប្រោសប្រណី ព្រះអង្គក៏បំពេញចិត្តគំនិតមនុស្សយ៉ាងជ្រាលជ្រៅចំពោះសេរីភាព ហើយត្រាស់ហៅគេឱ្យស្ម័គ្រចិត្តរួមសហការជាមួយព្រះអង្គ ព្រមទាំងប្រោសសេរីភាពនេះឱ្យបានពេញលេញ។
២០២៣. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះ អង្គឱ្យយើង ដែលព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហួរក្នុងព្រលឹងយើង ដើម្បីប្រោសព្រលឹងនេះឱ្យបានជាសះស្បើយពីអំពើបាប និងឱ្យបានវិសុទ្ធផងដែរ។
២០២៤. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ យើងអាច “គាប់ព្រះហឫទ័យរបស់ព្រះ ជាម្ចាស់”។ ព្រះអំណោយទាន ដែលមកពីព្រះហឫទ័យពិសេសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅក្រោមព្រះហឫទ័យប្រណីសន្តោសដែលប្រោសឱ្យបានវិសុទ្ធ ហើយមានគោលដៅ គឺផលប្រយោជន៍រួមរបស់ព្រះសហគមន៍។ ព្រះជាម្ចាស់ប្រណីសន្តោសយ៉ាងអស្ចារ្យជាច្រើនលើកច្រើនសា តាមរបៀបប្លែកពីព្រះហឫទ័យជាអចិន្ត្រៃយ៍ ដែលស្ថិតក្នុងខ្លួនយើងជារៀងរហូត។
២០២៥. យើងមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ព្រោះតែព្រះអង្គមានគម្រោងការឱ្យមនុស្សចូល រួមក្នុងព្រះរាជកិច្ចដ៏ប្រោសប្រណីរបស់ព្រះអង្គ។ ជាដំបូង បុណ្យកុសលមកពីព្រះហឫទ័យប្រណីសន្តោសរបស់ ព្រះជាម្ចាស់ ក្រោយមក មកពីមនុស្សរួមសហការជាមួយព្រះអង្គ។ បុណ្យកុសលរបស់មនុស្សមកពីព្រះជាម្ចាស់។
២០២៦. ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធអាចប្រោសប្រទានបុណ្យកុសលពិតប្រាកដឱ្យយើង តាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ចំពោះព្រះជាម្ចាស់ ក្នុងខ្លួនយើង សេចក្ដីស្រលាញ់ជាប្រភពសំខាន់បំផុតនៃបុណ្យកុសល។
២០២៧ . គ្មាននរណាម្នាក់សមនឹងទទួលព្រះហឫទ័យប្រណីសន្តោសដើមដំបូង ដែលបានប្រោសយើង ឱ្យកែប្រែចិត្តគំនិតឡើយ។ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយណែនាំ យើងស័ក្ដិសមនឹងទទួលព្រះអំណោយទាន ដែលមានប្រយោជន៍ ដើម្បីឱ្យយើង និងអ្នកដទៃ អាចមានជីវិតអស់កល្បជានិច្ច ដូចទ្រព្យសម្បត្តិលោកីយ៍ចាំបាច់ផងដែរ។
២០២៨. “ព្រះជាម្ចាស់ត្រាស់ហៅអស់អ្នក ដែលផ្ញើជីវិតទៅលើព្រះគ្រីស្ត ឱ្យរស់យ៉ាងពេញលក្ខណៈជាគ្រីស្តបរិស័ទ និងឱ្យមានសេចក្តីស្រឡាញ់យ៉ាងពេញលក្ខណៈដែរ” (LG ៤០)។ “ភាពល្អឥតខ្ចោះរបស់ គ្រីស្តសាសនាមានព្រំដែនតែមួយគត់ គឺគ្មានកំណត់ព្រំដែនឡើយ” (សន្ត គ្រែគ័រ នៃនីស)។
២០២៩. “បើអ្នកណាចង់ដើរតាមខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ” (មថ ១៦,២៤)។
ប្រការទី៣៖ព្រះសហគមន៍ជាមាតាអប់រំយើង
២០៣០. គ្រីស្តបរិស័ទបំពេញការត្រាស់ហៅរបស់ខ្លួន ក្នុងព្រះសហគមន៍ ដោយរួបរួមជាមួយគ្រីស្តបរិស័ទទាំងអស់។ គេទទួលពីព្រះសហគមន៍ការប្រៀនប្រដៅនៃ “វិន័យរបស់ព្រះគ្រីស្ត” (កាឡ ៦,២) ដែលមានក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេទទួលពីព្រះសហគមន៍ព្រះអំណោយទាននៃអគ្គសញ្ញា ដែលទ្រទ្រង់គេនៅតាម “ផ្លូវ”។ គេរៀនពីព្រះសហគមន៍ឱ្យយកតម្រាប់តាមជនដ៏វិសុទ្ធ ដែលព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធបំផុតជារូបតំណាង និងជាប្រភព ដែលផ្តល់សក្ខីភាព ក្នុងប្រពៃណីខាងវិញ្ញាណ និងប្រវត្តិដ៏យូរអង្វែង និងដែលពិធីបុណ្យលើកតម្កើង។
២០៣១. ការរស់នៅខាងសីលធម៌ដូចជាពិធីបុណ្យខាងវិញ្ញាណ ។ យើង “ថ្វាយខ្លួនទៅព្រះអង្គទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ១២,៣) ក្នុងព្រះកាយព្រះគ្រីស្ត ដែលយើងជាសរីរាង្គ ដោយរួបរួមក្នុងតង្វាយនៃពិធីអរព្រះគុណរបស់ព្រះអង្គ។ ក្នុងពិធីបុណ្យ និងពិធីប្រារព្ធអគ្គសញ្ញានានា ការអធិដ្ឋាន និងការប្រៀនប្រដៅប្រមូលផ្តុំគ្នា រួមជាមួយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ដើម្បីបំភ្លឺ និងបំប៉នកិច្ចការរបស់គ្រីស្តបរិស័ទ។ ដូចការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ ពិធីអភិបូជាជាប្រភព និងជាកំពូលនៃការរស់ប្រកបដោយសីលធម៌។
១. ការរស់នៅប្រកបដោយសីលធម៌ និងក្រុមមេដឹកនាំព្រះសហគមន៍
២០៣២. ព្រះសហគមន៍ ដែលជា “សសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត” (១ធម ៣,១៥) “បានទទួលព្រះបញ្ជាដ៏ឧឡារិករបស់ព្រះគ្រីស្តពីក្រុមគ្រីស្តទូត ឱ្យប្រកាសសេចក្ដីពិតអំពីការសង្គ្រោះ” (LG ១៧)។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រះសហគមន៍ត្រូវប្រកាសគោលការណ៍នៃសីលធម៌ សូម្បីតែគោលការណ៍ដែលទាក់ទងនឹងរបៀបរៀបរយក្នុងសង្គមផងដែរ ហើយត្រូវវិនិច្ឆយអ្វីៗនៅលើផែនដី ដើម្បីការពារសិទ្ធិគ្រឹះរបស់មនុស្ស និងការសង្រ្គោះរបស់ព្រលឹង” (CIC ៧៤៧)។
២០៣៣. ក្រុមគង្វាលជាអ្នកដឹកនាំព្រះសហគមន៍ បង្រៀនសីលធម៌ ក្នុងការអប់រំជំនឿ និងក្នុងធម៌ទេសនា ដោយស្នាដៃរបស់ទេវវិទូ និងរបស់អ្នកនិពន្ធខាងវិញ្ញាណជួយផងដែរ។ ហេតុនេះហើយ បានជាក្រោមការណែនាំ និងការប្រុងប្រយ័ត្នរបស់ពួកគង្វាល “បញ្ញាត្តិ” នៃសីលធម៌ខាងគ្រីស្តសាសនា ពោលគឺក្បួនច្បាប់ បទបញ្ជា និងគុណធម៌ពិសេសៗជាច្រើន ដែលមកពីជំនឿលើព្រះគ្រីស្ត និងដែលសេចក្ដីស្រលាញ់ផ្តល់ជីវិត បានបញ្ជូនពីជំនាន់មួយទៅជំនាន់មួយទៀត។ តាមប្រពៃណី វិន័យដប់ប្រការ ដែលប្រកាសគោលការណ៍នៃការរស់នៅប្រកបដោយសីលធម៌សម្រាប់មនុស្សទាំងអស់ ជាមូលដ្ឋាននៃការអប់រំជំនឿនេះ រួមជាមួយធម៌ប្រកាសជំនឿ និងសេចក្ដីអធិដ្ឋាន “ឱព្រះបិតានៃយើងខ្ញុំ”។
២០៣៤. សម្ដេចប៉ាប និងអស់លោក ដែល “ជាគ្រូគួរឱ្យទុកចិត្ត គឺជាគ្រូដែលទទួលអំណាចរបស់ព្រះគ្រីស្ត។ អស់លោកប្រកាសជំនឿឱ្យប្រជារាស្រ្ត ដែលព្រះជាម្ចាស់បានផ្ញើទុកមកឱ្យអស់លោក គឺជំនឿ ដែលបំភ្លឺ និងណែនាំចិត្តគំនិត និងកិរិយាមាយាទរបស់គេ” (LG ២៥)។ ការដឹកនាំធម្មតា និងសកលរបស់សម្ដេចប៉ាប និងអស់លោកអភិបាល ដែលរួបរួមជាមួយសម្ដេច ប្រៀនប្រដៅសេចក្ដីពិតដែលត្រូវតែជឿ សេចក្ដីស្រលាញ់ដែលត្រូវអនុវត្ត និងសុភមង្គលយ៉ាងពិតប្រាកដដែលត្រូវតែសង្ឃឹមចំពោះគ្រីស្តបរិស័ទ។
២០៣៥. ក្រុមមេដឹកនាំរួមចំណែកក្នុងអំណាចរបស់ព្រះគ្រីស្ត តាមកម្រិតខ្ពង់ខ្ពស់ជាទីបំផុត ដោយឯកសិទ្ធិមិនអាចភ័ន្តច្រឡំបាន។ ក្រុមមេដឹកនាំមិនអាចភ័ន្តច្រឡំបាន អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់សម្ដែងឱ្យមនុស្សលោកស្គាល់ (LG ២៥) អំពីវិស័យទាំងអស់នៃលទ្ធិ ព្រមទាំងលទ្ធិនៃសីលធម៌ ដែលជាចាំបាច់ ដើម្បីរក្សា ពន្យល់ និងអនុវត្តសេចក្ដីពិតនៃជំនឿដែលជួយសង្រ្គោះ (CDF)។
២០៣៦. ម្យ៉ាងទៀត ក្រុមមេដឹកនាំមានអំណាចលើបទបញ្ជាពិសេសនៃធម្មវិន័យធម្មជាតិ ដ្បិតព្រះបង្កើតសព្វព្រះហឫទ័យឱ្យយើងត្រូវអនុវត្តតាម ដើម្បីទទួលការសង្រ្គោះ។ ដោយរំលឹកវិន័យធម្មជាតិ ក្រុមមេដឹកនាំព្រះសហគមន៍បំពេញមុខងាររបស់ខ្លួន ក្នុងឋានៈជាព្យាការី គឺប្រកាសឱ្យមនុស្សលោកស្គាល់ ឋានៈយ៉ាងពិតប្រាកដរបស់ខ្លួន ហើយរំលឹកគេអំពីភារកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ (DH ១៤)។
២០៣៧. ក្រុមមេដឹកនាំបង្រៀនធម្មវិន័យរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ញើទុកឱ្យព្រះសហគមន៍ ឱ្យគ្រីស្តបរិស័ទ ដូចជាមាគ៌ានៃជីវិត និងសេចក្ដីពិត។ ដូច្នេះ គ្រីស្តបរិស័ទមានសិទ្ធិ (CIC ២១៣) ទទួលបទបញ្ជារបស់ព្រះជាម្ចាស់ ដែលជួយសង្រ្គោះ គឺដែលជម្រះឱ្យគិតត្រឹមត្រូវ ហើយដែលព្យាបាលប្រាជ្ញារបស់មនុស្សដែលត្រូវរបួស ដោយមានព្រះហឫទ័យប្រណីសន្តោសជួយផងដែរ។ គ្រីស្តបរិស័ទមានភារកិច្ច អនុវត្តធម្មនុញ្ញ និងក្រឹត្យវិន័យនៃអាជ្ញាធរត្រឹមត្រូវរបស់ព្រះសហគមន៍។ ទោះបីមាគ៌ាទាំងអស់នោះទាក់ទងនឹងកិរិយាមាយាទយ៉ាងណាក៏ដោយ ក៏ត្រូវតែស្តាប់បង្គាប់ដោយមានចិត្តស្រលាញ់ដែរ។
២០៣៨. ព្រះសហគមន៍ត្រូវការឱ្យពួកគង្វាលធ្វើការអស់ពីចិត្តថ្លើម ព្រះសហគមន៍ក៏ត្រូវការវិទ្យាសាស្រ្តរបស់ទេវវិទូ គ្រីស្តបរិស័ទទាំងអស់ និងមនុស្សដែលមានឆន្ទៈល្អឱ្យចូលរួម ក្នុងកិច្ចការប្រៀនប្រដៅ និងអនុវត្តសីលធម៌នៃគ្រីស្តសាសនា។ ជំនឿ និងការអនុវត្តន៍ដំណឹងល្អផ្តល់ឱ្យម្នាក់ៗបទពិសោធន៍នៃជីវិត “ក្នុងអង្គព្រះគ្រីស្ត” ដែលបំភ្លឺគេ និងនាំគេឱ្យអាចគិតពិចារណាអំពីអ្វីដែលមកពីព្រះជាម្ចាស់ និងអ្វីដែលមកពីមនុស្ស ទៅតាមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ (១ករ ២,១០-១៥)។ ហេតុនេះហើយ បានជាព្រះវិញ្ញាណដ៏វិសុទ្ធអាចប្រើអ្នកតូចតាចជាងគេ ដើម្បីបំភ្លឺអ្នកប្រាជ្ញ និងអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់។
២០៣៩. អ្នកទទួលមុខងារបម្រើត្រូវតែប្រតិបត្តិតាម ដោយមានចិត្តចង់បម្រើអ្នកដទៃដូចជាបងប្អូន និងចង់បម្រើព្រះសហគមន៍អស់ពីចិត្តថ្លើម ក្នុងព្រះនាមព្រះអម្ចាស់ (រម ១២,៨.១១)។ នៅពេលជាមួយគ្នានេះ មនសិការរបស់ម្នាក់ៗរិះគិតពិចារណាអំពីកិច្ចការរៀងខ្លួន ត្រូវចៀសវាងមិនឱ្យគិតតែអំពីខ្លួនឯងប៉ុណ្ណោះ គឺគេត្រូវគិតអំពីប្រយោជន៍រួមឱ្យអស់ពីសមត្ថភាព ដែលធម្មវិន័យខាងសីលធម៌សម្ដែង ពោលគឺធម្មវិន័យធម្មជាតិ និងធម្មវិន័យដែលព្រះជាម្ចាស់បានសម្ដែងឱ្យយើងស្គាល់ ដែលជាវិន័យរបស់ព្រះសហគមន័ និងការប្រៀនប្រដៅរបស់ក្រុមមេដឹកនាំអំពីសីលធម៌។ មនសិការរបស់រៀងៗខ្លួនមិនត្រូវប្រឆាំងនឹងប្រាជ្ញា ធម្មវិន័យខាងសីលធម៌ ឬក្រុមមេដឹកនាំព្រះសហគមន៍ឡើយ។
២០៤០. ហេតុនេះហើយ បានជាគ្រីស្តបរិស័ទអាចរាប់ខ្លួនឯងទុកជាបុត្រធីតារបស់ព្រះសហគមន៍ កាន់តែខ្លាំងឡើងៗ។ គំនិតនេះមកពីព្រះអំណោយទានធម្មតានៃបុណ្យជ្រមុជទឹក ដែលបានបង្កើតយើងក្នុងផ្ទៃព្រះសហគមន៍ និងបានធ្វើឱ្យយើងទៅជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ ដោយយកចិត្តទុកដាក់លើយើងដូចជាមាតា ព្រះសហគមន៍ផ្តល់ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់មកយើង ដែលឈ្នះអំពើបាបទាំងអស់របស់យើង ហើយដែលប្រតិបត្តិយ៉ាងពិសេសក្នុងអគ្គសញ្ញាលើកលែងទោស។ ដូចមាតាម្នាក់ដែលថែទាំកូនៗរបស់ខ្លួន ព្រះសហគមន៍ផ្តល់ចំណីអាហារនៃព្រះបន្ទូល និងពិធីអរព្រះគុណព្រះអម្ចាស់ ក្នុងពិធីបុណ្យរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ។
២. បទបញ្ជារបស់ព្រះសហគមន៍
២០៤១. បទបញ្ជាព្រះសហគមន៍ស្ថិតក្នុងការរស់នៅប្រកបដោយសីលធម៌ ដែលទាក់ទងនឹងពិធីបុណ្យ។ ពិធីបុណ្យជួយបំប៉នការរស់នៅខាងសីលធម៌នេះ។ ត្រូវតែគោរពវិន័យទាំងអស់នោះ ដែលអាជ្ញាធរព្រះសហគមន៍តាក់តែង ដើម្បីឱ្យគ្រីស្តបរិស័ទអធិដ្ឋាន មានរបៀបរស់នៅស្របតាមសីលធម៌ និងស្រលាញ់ព្រះជាម្ចាស់ និងអ្នកដទៃកាន់តែច្រើនឡើងៗ៖
២០៤២. វិន័យទីមួយសុំឱ្យគ្រីស្តបរិស័ទចូលរួមក្នុងពិធីអរព្រះគុណនៃព្រះសហគមន័នៅថ្ងៃរម្លឹកព្រះអម្ចាស់មានព្រះជន្មថ្មី (CIC ១២៤៦-១២៤៨ ; CCEO ៨៨១,១.២.៤)។
វិន័យទីពីរសុំឱ្យគ្រីស្តបរិស័ទរៀបចំខ្លួននឹងថ្វាយអភិបូជា ដោយទទួលអគ្គសញ្ញាលើកលែងទោស ដែលបន្តកិច្ចការនៃពិធីជ្រមុជទឹក ដែលគ្រីស្តបរិស័ទបានចាប់ផ្តើមកែប្រែចិត្តគំនិត និងទទួលការលើកលែងទោស (CIC ៩៨៩ ; CCEO ៧១៩)។
វិន័យទីបីសុំឱ្យគ្រីស្តបរិស័ទទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តយ៉ាងហោចណាស់មួយឆ្នាំម្តង ក្នុងឱកាសបុណ្យចម្លង ដែលជាប្រភព និងជាស្នូលនៃពិធីបុណ្យខាងគ្រីស្តសាសនា (CIC ៩២០ ; CCEO ៧០៨ ; ៨៨១,៣)។
២០៤៣. វិន័យទីបួនសុំឱ្យគ្រីស្តបរិស័ទចូលរួមក្នុងពិធីបុណ្យសំខាន់ៗ ដែលលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ព្រហ្មចារិនីម៉ារី និងសន្តបុគ្គល (CIC ១២៤៦ ; CCEO ៨៨១,១.៤ ; ៨៨០,៣)។
វិន័យទីប្រាំសុំឱ្យគ្រីស្តបរិស័ទតមអាហារ និងលត់ដំខ្លួន ដើម្បីរៀបចំខ្លួនថ្វាយពិធីបុណ្យផ្សេងៗ ដើម្បីជួយយើងឱ្យគ្រប់គ្រងកិលេសតណ្ហា និងឱ្យមានសេរីភាព (CIC ១២៤៩-១២៥១ ; CCEO ៨៨២)។
ទីបញ្ចប់ គ្រីស្តបរិស័ទត្រូវតែជួយឧបត្ថម្ភព្រះសហគមន៍តាមសមត្ថភាពរបស់រៀងៗខ្លួន (CIC ២២២)។
៣. របៀបរស់នៅប្រកបដោយសីលធម៌ និងសក្ខីភាពសម្រាប់អ្នកដទៃ
២០៤៤. គ្រីស្តបរិស័ទត្រូវតែមានចិត្តស្មោះស ដើម្បីប្រកាសដំណឹងល្អ និងដើម្បីបេសកកម្មនៃព្រះសហគមន៍ក្នុងពិភពលោក ។ សក្ខីភាពនៃរបៀបរស់នៅរបស់គ្រីស្តបរិស័ទត្រូវបញ្ជាក់សារនៃការសង្រ្គោះ និងសម្ដែងឱ្យមនុស្សលោកដឹងថា សារនេះពោរពេញដោយកម្លាំងនៃសេចក្ដីពិត និងពោរពេញដោយពន្លឺ។ “សក្ខីភាពនៃរបៀបរស់នៅរបស់គ្រីស្តបរិស័ទ និងកិច្ចការដែលគេប្រព្រឹត្ត ដោយមានចិត្តគំនិតហួសធម្មជាតិ មានឫទ្ធានុភាពអាចទាក់ទាញមនុស្សឱ្យផ្ញើជីវិតទៅលើព្រះជាម្ចាស់បាន” (AA ៦)។
២០៤៥. ដោយសារគេជាសរីរាង្គនៃព្រះកាយ ដែលព្រះគ្រីស្តជាព្រះសិរសា (អភ ១,២២) គ្រីស្តបរិស័ទជួយកសាងព្រះសហគមន៍ ដោយមានជំនឿ និងសីលធម៌យ៉ាងរឹងមាំ។ ព្រះសហគមន៍រីកចម្រើន និងលូតលាស់ ដោយសារគ្រីស្តបរិស័ទវិសុទ្ធ (LG ៣៩) រហូតដល់យើង “ទៅជាមនុស្សពេញវ័យ ដល់កម្ពស់របស់ព្រះគ្រីស្ត ដែលបំពេញអ្វីៗទាំងអស់” (អភ ៤,១៣)។
២០៤៦. ដោយមានរបៀបរស់នៅស្របតាមព្រះគ្រីស្ត គ្រីស្តបរិស័ទធ្វើឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកដល់ “ជាព្រះរាជ្យនៃយុត្តិធម៌ សេចក្ដីពិត និងសេចក្ដីសុខសាន្ត” (MR ធម៌ប្រារព្ធនៃព្រះគ្រីស្តជាព្រះមហាក្សត្រ)។ ក៏ប៉ុន្តែ គេមិនបោះបង់ចោលភារកិច្ចរបស់គេនៅលើផែនដីនេះទេ គេបំពេញភារកិច្ចនោះដោយមានចិត្តអត់ធ្មត់ និងពោរពេញដោយសេចក្ដីស្រលាញ់ ដោយមានចិត្តស្មោះត្រង់នឹងម្ចាស់របស់គេផង។
សង្ខេប
២០៤៧. នៅពេលដែលយើងរស់នៅតាមសីលធម៌ យើងគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ពិធីបុណ្យ និងការប្រារព្ធអគ្គសញ្ញាបំប៉នកិច្ចការរបស់គ្រីស្តបរិស័ទ។
២០៤៨. បទបញ្ជារបស់ព្រះសហគមន៍ទាក់ទងនឹងជីវិតខាងសីលធម៌ និងជីវិតជាគ្រីស្តបរិស័ទ ដោយរួម ជាមួយនឹងពិធីបុណ្យ និងយកពិធីបុណ្យនេះធ្វើជាអាហារ។
២០៤៩. ជាធម្មតា ពួកគង្វាលព្រះសហគមន៍ដឹកនាំព្រះសហគមន៍ខាងសីលធម៌ ដោយការអប់រំជំនឿ និងដោយទេសនា ដោយយកវិន័យដប់ប្រការជាគ្រឹះ ដែលចែងអំពីគោលការណ៍នៃការរស់នៅប្រកបដោយសីលធម៌សម្រាប់មនុស្សទាំងអស់។
២០៥០. សម្ដេចប៉ាប និងពួកអភិបាល ដែលជាគ្រូបណ្ឌិតដ៏ពិតប្រាកដ ទេសនាចំពោះប្រជារាស្រ្តរបស់ ព្រះជាម្ចាស់អំពីជំនឿ ដែលត្រូវតែជឿ និងអនុវត្តក្នុងរបៀបរស់នៅ។ ម្យ៉ាងទៀត ពួកលោកត្រូវតែជួយដោះស្រាយ បញ្ហាខាងសីលធម៌ ដែលមកពីធម្មវិន័យធម្មជាតិ និងពីប្រាជ្ញា។
២០៥១. ក្រុមមេដឹកនាំមិនអាចភាន់ច្រឡំ អំពីវិស័យទាំងអស់នៃលទ្ធិព្រមទាំងលទ្ធិនៃសីលធម៌ ដែលជាចាំបាច់ ដើម្បីរក្សា ពន្យល់ និងអនុវត្តសេចក្ដីពិតនៃជំនឿដែលជួយសង្រ្គោះបានទេ។
