ភាគទីពីរ៖
អគ្គសញ្ញាទាំងប្រាំពីរនៃព្រះសហគមន៍
១២១០. ព្រះគ្រីស្តបានតែងតាំងអគ្គសញ្ញានៃធម៌វិន័យថ្មី។ អគ្គសញ្ញានោះមានប្រាំពីរ គឺអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាអរព្រះគុណ (អភិបូជា) អគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ អគ្គសញ្ញាតែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍។ អគ្គសញាទាំងប្រាំពីរប៉ះពាល់នឹងដំណាក់កាល និងវេលាសំខាន់ៗនៃជីវិតរបស់គ្រីស្តបរិស៍ទ៖ អគ្គសញ្ញានោះ ផ្តល់កំណើត និងធ្វើឱ្យលូតលាស់ ជួយព្យាបាល និងផ្តល់បេសកកម្មដល់ជីវិតខាងជំនឿរបស់គ្រីស្តបរិស័ទ។ ហេតុនេះ ដំណាក់កាលនៃជីវិតខាងធម្មជាតិ និងដំណាក់កាលនៃជីវិតខាងវិញ្ញាណស្រដៀងគ្នា (សន្ត ថូម៉ាស នៃអាកាំង)។
១២១១. យោងតាមលក្ខណៈប្រៀធៀបនេះ យើងនឹងបរិយាយអំពីអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ (ជំពូកទីមួយ ) បន្ទាប់មកអំពីអគ្គសញ្ញាជួយព្យាបាល (ជំពូកទីពីរ) ទីបំផុតអំពីអគ្គសញ្ញា ដែលជួយគ្រីស្តបរិស័ទឱ្យរួបរួមគ្នា និងជួយគេក្នុងបេសកកម្មរបស់ខ្លួន (ជំពូកទីបី )។ ការរៀបចំនេះ មានរបៀបផ្សេងទៀត ប៉ុន្តែ ដោយរៀបចំអគ្គសញ្ញាបែបនេះ យើងអាចយល់ឃើញថា អគ្គសញ្ញាដូចជាសព៌ាង្គកាយ ដែលអគ្គសញ្ញានីមួយៗមានតួនាទីដ៏សំខាន់។ ក្នុងសព៌ាង្គកាយនេះ ពិធីអរព្រះគុណជាអគ្គសញ្ញាសំខាន់បំផុត ដ្បិតពិធីនេះជា “អគ្គសញ្ញានៃអគ្គសញ្ញា” គឺ “អគ្គសញ្ញាឯទៀតៗទាំងអស់ស្ថិតនៅក្រោមអភិបូជាដូចជាទីចុងក្រោយរបស់អគ្គសញ្ញានោះ” (សន្ត ថូម៉ាស នៃអាកាំង)។
ជំពូកទីមួយ៖
អគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ
១២១២. ការរស់នៅជាគ្រីស្តបរិស័ទចាក់ឫស លើអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ គឺមានអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ (អភិបូជា)។ “យើងអាចប្រៀបធៀបម្យ៉ាង ការចូលរួមចំណែក ក្នុងសភាពជាព្រះជាម្ចាស់ ដែលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តបានប្រោសប្រទានឱ្យមនុស្សលោក ជាមួយនឹងប្រភព ការលូតលាស់ និងការទ្រទ្រង់នៃជីវិតខាងធម្មជាតិ។ គ្រីស្តបរិស័ទ ដែលបានកើតជាថ្មីដោយសារអគ្គសញ្ញាជ្រមុជទឹក ទទួលកម្លាំងពីអគ្គសញ្ញាលាបថ្ងាស និងទទួលនំបុ័ងនៃជីវិតអស់កល្បជានិច្ចក្នុងអគ្គសញ្ញាអរព្រះគុណ។ ហេតុនេះ ហើយបានជាដោយសារអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ គ្រីស្តបរិស័ទតែងតែទទួលលក្ខណៈសម្បត្តិនៃព្រះជន្មរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ហើយដើរឆ្ពោះទៅភាពល្អឥតខ្ចោះនៃសេចក្ដីស្រលាញ់” (សម្ដេចប៉ាប ប៉ូលទី៦)។
ប្រការទី១៖ អគ្គសញ្ញាជ្រមុជទឹក
១២១៣. អគ្គសញ្ញាជ្រមុជទឹកដ៏វិសុទ្ធជាមូលដ្ឋានគ្រឹះនៃការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ ជាខ្លោងទ្វារនៃជីវិតក្នុងអង្គព្រះវិញ្ញាណ (vitae spiritualis ianua ) និងជាទ្វារដែលបើកឱ្យទទួលអគ្គសញ្ញាឯទៀតៗ។ ដោយសារអគ្គសញ្ញាជ្រមុជទឹក យើងរួចពីបាប និងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងក្លាយទៅជាសិរីរាង្គរបស់ព្រះគ្រីស្ត និងចូលក្នុងព្រះសហគមន៍ ដោយរួមចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍ (មហាសន្និបាតនៅទីក្រុងហ្ល្វូរង់៖ DS ១៣១៤ ; CIC ២០៤,១ ; ៨៤៩ ; CCEO ៦៧៥,១)៖ “អគ្គសញ្ញាជ្រមុជទឹកជាអគ្គសញ្ញានៃ កំណើតថ្មីដោយសារទឹក និងក្នុងព្រះបន្ទូល” (CR ២,២,៥)។
១. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?
១២១៤. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាជ្រមុជទឹក ដ្បិតពិធីជ្រមុជក្នុងទឹក (baptizein ជាភាសាក្រិក) ដែលជាពិធីសំខាន់បំផុតនៃអគ្គសញ្ញានេះ ជានិមិត្តរូបថា អ្នកស្វែងយល់ត្រូវបញ្ចុះក្នុងសេចក្ដីស្លាប់របស់ព្រះគ្រីស្ត ហើយមានជីវិតថ្មីរួមជាមួយព្រះអង្គ (រម ៦,៣-៤ ; កូឡ ២,១២)។ គេបាន “កើតសាជាថ្មី” (២ករ ៥,១៧ ; កាឡ ៦,១៥)។
១២១៥. គេហៅអគ្គសញ្ញានេះថា “ការលាងជំរះឱ្យបានកើតជាថ្មី និងការប្រទានឱ្យមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ” (ទត ៣,៥) ដ្បិតអគ្គសញ្ញានេះសំដៅ និងសម្រេចកំណើតពីទឹក និងពីព្រះវិញ្ញាណនេះ ដែលជាចាំបាច់ដើម្បីចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (យហ ៣,៥)។
១២១៦. “គេហៅការមុជទឹកនេះ ថា ការបំភ្លឺចិត្តគំនិត ដ្បិតព្រះជាម្ចាស់បំភ្លឺអស់អ្នកដែលទទទួលការអប់រំ (ជំនឿ) នេះ...” (សន្ត យូស្តាំង)។ ដោយបានទទួលក្នុងអគ្គសញ្ញាជ្រមុជទឹកព្រះបន្ទូល “ជាពន្លឺដ៏ពិតប្រាកដ ដែល បំភ្លឺមនុស្សគ្រប់ៗរូប” (យហ ១,៩) អ្នកដែលបានជ្រមុជទឹក “ដែលទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់” (ហប ១០,៣២) បានក្លាយទៅជា “បុត្រធីតានៃពន្លឺ” (១ថស ៥,៥) ហើយបានទៅជា “ពន្លឺ” ផ្ទាល់ខ្លួន (អភ ៥,៨)៖
អគ្គសញ្ញាជ្រមុជទឹកជាព្រះអំណោយទាន ដ៏ប្រសើរជាទីបំផុត នៃព្រះអំណោយទានផ្សេងទៀត របស់ព្រះជាម្ចាស់ (...)។ យើងហៅអគ្គសញ្ញានេះថា អំណោយ ការប្រោសប្រណី អភិសេក ការបំភ្លឺចិត្តគំនិត សំលៀកបំពាក់ដែលមិនអាចរលួយបាន កំណើតថ្មី ត្រា និងអ្វីៗទាំងអស់ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុត។ អំណោយ ដ្បិតយើងផ្តល់អគ្គសញ្ញានេះដល់អស់អ្នកដែលគ្មានយកអ្វីមកសោះ ការប្រោសប្រណី ដ្បិតយើងផ្តល់អគ្គសញ្ញានេះដល់មនុស្សគ្រប់រូប ទោះជាមានទោសក៏ដោយ ជ្រមុជទឹក ដ្បិតអំពើបាបត្រូវបញ្ចុះក្នុងទឹក អភិសេក ដ្បិតអគ្គសញ្ញាដ៏សក្ការៈនេះធ្វើឱ្យគេទៅជាស្តេច ការបំភ្លឺចិត្តគំនិត ដ្បិតអគ្គសញ្ញានេះជាពន្លឺដ៏ចិញ្ចាចចិញ្ចែង សម្លៀកបំពាក់ ដ្បិតអគ្គសញ្ញានេះបាំងការអៀនខ្មាស់របស់យើង ការមុជទឹក ដ្បិតអគ្គសញ្ញានេះលាង ត្រា ដ្បិតអគ្គសញ្ញានេះការពារយើង និងជាសញ្ញាថា ព្រះជាម្ចាស់ជាព្រះអម្ចាស់ (សន្ត គ្រែគ័រ នៃណាស៊ីអង់)។
២. ពិធីជ្រមុជទឹកក្នុងការចាត់ចែងនៃការសង្រ្គោះ
និមិត្តរូបទុកជាមុននៃអគ្គសញ្ញាជ្រមុជទឹកក្នុងសម្ពន្ធមេត្រីចាស់
១២១៧. ក្នុងពិធីបុណ្យនៃរាត្រីបុណ្យចម្លង នៅពេលពិធីប្រសិទ្ធពរលើទឹក ព្រះសហគមន៍រម្លឹកយ៉ាងឧឡារិកនូវហេតុការណ៍ដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តអំពីការសង្រ្គោះ ដែលរៀបចំទុកជាមុនគម្រោងការដ៏អស្ចារ្យនៃ អគ្គសញ្ញាជ្រមុជទឹក៖
បពិត្រព្រះអម្ចាស់! ដោយសារឫទ្ធានុភាពរបស់ព្រះអង្គៗតែងតែប្រព្រឹត្តការអស្ចារ្យ ដោយសារអគ្គសញ្ញា ផ្សេងៗ ហើយតាំងពីដើមរៀងមក ព្រះអង្គសព្វព្រះហឫទ័យប្រើទឹកដែលព្រះអង្គបានបង្កើតមក ដើម្បីសម្ដែងជាមុន អំពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គតាមអគ្គសញ្ញាជ្រមុជទឹក (MR)។
១២១៨. តាំងពីកំណើតពីភពលោកមកម្ល៉េះ ទឹកដែលព្រះជាម្ចាស់បង្កើតដូចជាសត្វលោកដ៏សុភាពរាបសា និងគួរឱ្យសរសើរ ជាប្រភពនៃជីវិត ដែលបង្កើតជីវិត។ ក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ “នៅរេរាពីលើផ្ទៃទឹក” (កណ ១,២)៖
កាលពីដើមដំបូងបង្អស់ ព្រះវិញ្ញាណព្រះអង្គរេរាលើទឹក ដើម្បីឱ្យទឹកបានទទួលឫទ្ធានុភាពដែលប្រោសឱ្យបានវិសុទ្ធ (MR)។
១២១៩. ព្រះសហគមន៍បានយល់ឃើញថា សំពៅរបស់លោកណូអេជានិមិត្តរូបអំពីការសង្រ្គោះ ដោយសារអគ្គសញ្ញាជ្រមុជទឹក។ តាមការពិត “មានមនុស្សមួយចំនួនតូច ប្រាំបីនាក់តែប៉ុណ្ណោះ ដែលបានរួចជីវិតដោយសារទឹក” (១ពត្រ ៣,២០)៖
ដោយទឹកជំនន់លិចផែនដី ព្រះអង្គបង្ហាញសញ្ញាសម្គាល់អំពីអគ្គសញ្ញាជ្រមុជទឹក ដែលផ្តល់ឱ្យមនុស្សកើតជាថ្មី ព្រោះទឹកបានបំផ្លាញអំពើអាក្រក់គ្រប់យ៉ាង និងចាប់ផ្ដើមប្រោសឱ្យបានសុចរិត (MR)។
១២២០. បើទឹកទន្លេជានិមិត្តរូបនៃជីវិត ទឹកសមុត្រជានិមិត្តរូបនៃសេចក្ដីស្លាប់។ ហេតុនេះហើយ បានជា ទឹកអាចសំដៅទៅលើគម្រោងការដ៏អស្ចារ្យនៃព្រះឈើឆ្កាង។ ដោយសារនិមិត្តរូបនេះ ពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងរួមស្លាប់ជាមួយព្រះគ្រីស្ត។
១២២១. ការឆ្លងកាត់សមុទ្រក្រហម ដែលពិតជារំដោះជនជាតិអ៊ីស្រាអែលឱ្យរួចពីទាសភាពនៅប្រទេសអេស៊ីប ប្រកាសទុកជាមុនថា អគ្គសញ្ញាជ្រមុជទឹករំដោះឱ្យរួចពីបាប៖
ព្រះអង្គបានប្រោសពូជពង្សរបស់លោកអប្រាហាំឱ្យដើរឆ្លងកាត់សមុទ្រក្រហម ដើម្បីឱ្យប្រជាជន អ៊ីស្រាអែលដែលរួចពីកណ្តាប់ដៃខ្មាំងសត្រូវនេះ ធ្វើជានិមិត្តរូបនៃប្រជារាស្រ្តនៃបុត្រធីតារបស់ព្រះជាម្ចាស់ (MR)។
១២២២. ទីបំផុត ការឆ្លងកាត់ទន្លេយ័រដាន់ជានិមិត្តរូបទុកជាមុននៃអគ្គសញ្ញាជ្រមុជទឹក។ ពេលនោះ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទទួលព្រះអំណោយទាននៃទឹកដី ដែលព្រះអង្គបានសន្យាដល់ពូជពង្សរបស់លោក អប្រាហាំ ហើយដែលតំណាងជីវិតអស់កល្បជានិច្ច។ ព្រះបន្ទូលសន្យានៃមរតកដ៏ល្អប្រសើរនេះកើតជារូបរាង ក្នុងសម្ពន្ធមេត្រីថ្មី។
ពិធីជ្រមុជទឹករបស់ព្រះគ្រីស្ត
១២២៣. ព្រះគ្រីស្តយេស៊ូបំពេញនិមិត្តរូបទាំងប៉ុន្មាននៃសម្ពន្ធមេត្រីចាស់។ ព្រះអង្គចាប់ផ្តើមជីវិតជាសាធារណៈរបស់ព្រះអង្គ ក្រោយពីបានទទួលពិធីជ្រមុជទឹកពីសន្ត យ៉ូហាន បាទីស្ត ក្នុងទន្លេយ័រដាន់ (មថ ៣,១៣) ហើយក្រោយពីបានមានព្រះជន្មថ្មី ព្រះអង្គផ្តល់បេសកកម្មនេះទៅក្រុមគ្រិស្តទូត៖ “ចូរចេញទៅនាំមនុស្ស គ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,១៩-២០) (មក ១៦,១៥-១៦)។
១២២៤. ព្រះអម្ចាស់នៃយើងបានស័្មគ្រចិត្តទទួលពិធីជ្រមុជទឹកពីសន្ត យ៉ូហាន ដែលមានសម្រាប់អ្នកបាប ដើម្បី “ស្របតាមសេចក្ដីសុចរិតដែលព្រះជាម្ចាស់បានបង្គាប់ទុក” (មថ ៣,១៥)។ កាយវិការរបស់ព្រះយេស៊ូនេះ សម្ដែងឱ្យយើងដឹងថា ព្រះអង្គ “បានលះបង់អ្វីៗទាំងអស់” (ភីល ២,៧)។ ព្រះវិញ្ញាណដែលរេរាលើទឹកនៃការ បង្កើតដំបូងយាងចុះមកសណ្ឋិតលើព្រះគ្រីស្ត ដើម្បីចាប់ផ្តើមការបង្កើតថ្មី ហើយព្រះបិតាសម្ដែងឱ្យយើងដឹងថា ព្រះយេស៊ូជា “ព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ” (មថ ៣,១៦-១៧)។
១២២៥. ព្រះគ្រីស្តបានបើកប្រភពនៃពិធីជ្រមុជទឹកឱ្យមនុស្សទាំងអស់ក្នុងបុណ្យចម្លងរបស់ព្រះអង្គ។ តាមការពិត ព្រះអង្គមានព្រះបន្ទូលអំពីទុក្ខលំបាកដែលព្រះអង្គនឹងរងនៅទីក្រុងយេរូសាឡឹម ដូចជា “ពិធីជ្រមុជ” ដែលព្រះអង្គត្រូវតែទទួល (មក ១០,៣៨) (លក ១២,៥០)។ ព្រះលោហិត និងទឹកដែលហូរចេញពីឆ្អឹង ជំនីរបស់ព្រះយេស៊ូដែលត្រូវឆ្កាង (យហ ១៩,៣៤) ជានិមិត្តសញ្ញានៃពិធីជ្រមុជទឹក និងពិធីអរព្រះគុណ ដែលជាអគ្គសញ្ញានៃជីវិតថ្មី (១យហ ៥,៦-៨)៖ ហេតុនេះ យើងអាច “កើតពីទឹក និងពីព្រះវិញ្ញាណ” ដើម្បីចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (យហ ៣,៥)។
ចូរគិតថា តើអ្នកជ្រមុជនៅឯណា តើពិធីជ្រមុជទឹកមកពីណា ក្រៅពីព្រះឈើឆ្កាងនៃព្រះគ្រីស្ត ក្រៅពីមរណភាពរបស់ព្រះគ្រីស្ត? គម្រោងការដ៏លាក់កំបាំងទាំងមូលស្ថិតនៅទីនោះ គឺព្រះអង្គបានរងទុក្ខលំបាកសម្រាប់អ្នក។ អ្នករួចពីបាប ក្នុងអង្គព្រះអង្គ អ្នកបានទទួលការសង្រ្គោះក្នុងអង្គព្រះអង្គ (សន្ត អំប្រ័រ)។
ពិធីជ្រមុជទឹកក្នុងព្រះសហគមន៍
១២២៦. លុះដល់ថ្ងៃព្រះវិញ្ញាណយាងមក ព្រះសហគមន៍បានប្រារព្ធ និងផ្តល់អគ្គសញ្ញាជ្រមុជទឹកដ៏វិសុទ្ធ។ សន្តសិលាប្រកាសចំពោះបណ្តាជនដែលរំជួលចិត្ត ដោយសារធម្មធម្មទេសនាទេសនារបស់លោក ថា៖ “សូមបងប្អូនកែប្រែចិត្តគនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីឱ្យព្រះជាម្ចាស់លើកលែងទោសបងប្អូនឱ្យរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់” (កក ២,៣៨)។ ក្រុមគ្រីស្តទូត និងសហការីរបស់ពួកលោក ផ្តល់ពិធីជ្រមុជទឹកដល់អស់អ្នកដែលផ្ញើជីវិតលើព្រះយេស៊ូ គឺជនជាតិយូដា អស់អ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងសាសន៍ដទៃ (កក ២,៤១ ; ៨,១២-១៣ ; ១០,៤៨ ; ១៦,១៥)។ ពិធីជ្រមុជទឹកតែងតែជាប់ទាក់ទិននឹងជំនឿ៖ សន្ត ប៉ូល មានប្រសាសន៍ទៅកាន់ឆ្មាំគុករបស់គាត់នៅភីលីពថា៖ “សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្រ្គោះលោក ព្រមទាំងសង្រ្គោះក្រុមគ្រួសាររបស់លោកផងដែរ” ហើយ “ឆ្មាំគុក និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម” (កក ១៦,៣១-៣៣)។
១២២៧. តាមគ្រីស្តទូតប៉ូល ដោយសារពិធីជ្រមុជទឹក អ្នកជឿរួមស្លាប់ជាមួយព្រះគ្រីស្ត គេចូលទៅក្នុងផ្នូរ និងមានជីវិតថ្មីជាមួយព្រះអង្គ៖
យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រីស្តយេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្តមានព្រះជន្មថ្មី ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ (រម ៦,៣-៤) (កូឡ២,១២)។
អស់អ្នកដែលបានទទួលពិធីជ្រមុជទឹក “មានព្រះគ្រីស្តជាប់ជាមួយដែរ” (កាឡ ៣,២៧)។ ដោយ សារព្រះវិញ្ញាណដ៏វិសុទ្ធ ពិធីជ្រមុជទឹកបន្សុទ្ធ ធ្វើឱ្យបានវិសុទ្ធ និងធ្វើឱ្យទៅជាសុចរិត (១ករ ៦,១១ ; ១២,១៣)។
១២២៨. អ្នកទទួលពិធីជ្រមុជទឹកដូចជាមុជទឹក ហើយ “ពួជដែលមិនចេះរលួយ” នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្តល់ជីវិត (១ពត្រ ១,២៣ ; អភ ៥,២៦)។ និយាយអំពីពិធីជ្រមុជទឹក សន្ត អូគូស្តាំងមានប្រសាសន៍ថា៖ “ព្រះបន្ទូលយាងមកជួបវត្ថុធាតុ ហើយក្លាយទៅជាអគ្គសញ្ញា”។
៣. តើព្រះសហគមន៍ប្រារព្ធអគ្គសញ្ញាជ្រមុជទឹកយ៉ាងដូចម្ដេច?
ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ
១២២៩. តាំងពីសម័យក្រុមគ្រីស្តទូតមកម្ល៉េះ យើងក្លាយទៅជាគ្រីស្តបរិស័ទដោយដើរតាមផ្លូវមួយ ដែលមានដំណាក់កាលជាច្រើន។ យើងអាចដើរតាមផ្លូវនេះ យឺតៗ ឬលឿន ក៏បានដែរ។ ផ្លូវនេះ មានចំណុចសំខាន់ៗ ខ្លះៗដូចជាការប្រកាសព្រះបន្ទូល ការទទួលដំណឹងល្អដែលនាំឱ្យកែប្រែចិត្តគំនិត ការប្រកាសជំនឿ ពិធីជ្រមុជទឹក ការចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ការទទួលព្រះកាយព្រះគ្រីស្ត។
១២៣០. ការបង្ហាត់នេះ បានផ្លាស់ប្តូរជាច្រើនដងតាមសតវត្ស និងតាមកាលៈទេសៈ។ នៅសតវត្សដំបូងនៃព្រះសហគមន៍ ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទបានរីកចម្រើនច្រើន។ អ្នកស្វែងយល់ ត្រូវរៀបចំខ្លួនយ៉ាងយូរ ដោយមានពិធីជួយត្រៀមខ្លួនជាបន្តបន្ទាប់ ជាដំណាក់កាលខាងពិធីបុណ្យនៃផ្លូវរបស់អ្នកស្វែងយល់ រហូតដល់ពួកគេទទួលអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។
១២៣១. នៅទីនោះពិធីជ្រមុជទឹករបស់កូនក្មេងបានទៅជាពិធីធម្មតានៃពិធីប្រារព្ធអគ្គសញ្ញានេះ ពិធីនេះ បានក្លាយទៅជាកិច្ចការតែមួយដែលសង្ខេបយ៉ាងខ្លីដំណាក់កាលទាំងប៉ុន្មាន មុននឹងទៅជាគ្រីស្តបរិស័ទពេញលេញ។ ពិធីជ្រមុជទឹករបស់កូនក្មេងទាមទារឱ្យមានការបង្ហាត់ក្រោយពីបានជ្រមុជទឹក គឺមិនគ្រាន់តែបង្រៀនគេក្រោយពីបានជ្រមុជទឹកប៉ុណ្ណោះទេ ថែមទាំងឱ្យការប្រោសប្រណីនៃពិធីជ្រមុជទឹករីកចម្រើនក្នុងខ្លួនអ្នកដែលបានជ្រមុជទឹកដែរ។ នេះគឺជាតួនាទីរបស់ការអប់រំជំនឿ។
១២៣២. ចំពោះព្រះសហគមន៍ខាងបស្ចិមប្រទេស មហាសន្និបាតវ៉ាទីកង់ទីពីរបានកែឡើងវិញ “ក្បួនបង្ហាត់មនុស្សពេញវ័យឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ ដោយមានដំណាក់កាលប្លែកពីគ្នាជាច្រើន” (SC ៦៤) ដែលពិធីផ្សេងៗមាននៅក្នុង “Ordo initiationis christinae adultorum (១៩៧២)។ ម្យ៉ាងទៀត នៅក្នុងប្រទេសដែលមានមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត “ក្រៅពីពិធីបញ្ចូលគ្រីស្តសានាតាមប្រពៃណីយើងនេះ មហាសន្និបាតបានអនុញ្ញាតឱ្យទទួលកត្តាខ្លះៗដកស្រង់ពីពិធីផ្សេងៗបញ្ចូលសាសនាតាមប្រពៃណីរបស់គេ ដូចមានឃើញប្រជាជននីមួយៗតែងតែប្រប្រឹត្តនោះ។ យើងអាចសម្រួលពិធីទាំងនោះឱ្យបានស្របតាមពិធីគ្រីស្តសាសនាបាន។” (SC ៦៥ ; SC ៣៧-៤០)។
១២៣៣. ដូច្នេះហើយ បានជាសព្វថ្ងៃនេះ ក្នុងពិធីទាំងអស់ខាងបស្ចិម និងបូព៌ាប្រទេស ការបង្ហាត់មនុស្សពេញវ័យឱ្យទៅជាគ្រីស្តបរិស័ទពេញលេញចាប់ផ្តើមដោយពិធីចូលព្រះសហគមន៍ រហូតដល់ការប្រារព្ធតែម្តងគត់អគ្គសញ្ញាទាំងបី គឺអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ (AG ១៤ ; CIC ៨៥១ ; ៨៦៥ ; ៨៦៦)។ ក្នុងពិធីខាងបូព៌ាប្រទេស ការបង្ហាត់កូនក្មេងចាប់ផ្តើមនៅពេលដែលគេជ្រមុជទឹក ដែលមានអគ្គសញ្ញាលាបថ្ងាស និងអរព្រះគុណជាបន្តបន្ទាប់ភ្លាមៗនោះ ឯខាងបស្ចិមប្រទេសវិញ មានការអប់រំជំនឿអស់រយៈពេលជាច្រើនឆ្នាំ ដែលបញ្ចប់ដោយអគ្គសញ្ញាលាបថ្ងាស និងអរព្រះគុណ ដែលជាចំណុចកំពូលនៃការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ (CIC ៨៥១ ; ៨៦៨)។
ការអប់រំដោយអគ្គសញ្ញា
១២៣៤. យើងអាចយល់ឃើញយ៉ាងច្បាស់អំពីអត្ថន័យ និងព្រះអំណោយទានរបស់អគ្គសញ្ញាជ្រមុជទឹក តាមរយៈពិធីផ្សេងៗនៃពិធីបុណ្យនេះ។ ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងកាយវិការ និងពាក្យសម្តីនៃពិធីបុណ្យនេះ គ្រីស្តបរិស័ទចាប់ផ្តើមយល់អំពីលក្ខណៈសម្បត្តិដែលអគ្គសញ្ញានេះសម្តៅ និងសម្រេចចំពោះអ្នកជ្រមុជទឹកគ្រប់រូប។
១២៣៥. នៅពេលចាប់ផ្តើមពិធីបុណ្យសញ្ញាឈើឆ្កាង ជាស្លាកស្នាមរបស់ព្រះគ្រីស្តលើអ្នក ដែលនឹងទៅជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយសម្តៅទៅលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ដែលបានសង្រ្គោះយើងនៅលើឈើឆ្កាង។
១២៣៦. ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំភ្លឺបេក្ខជន និងអង្គប្រជុំ អំពីសេចក្ដីពិតដែលព្រះជាម្ចាស់សម្តែងឱ្យស្គាល់ ហើយជំរុញឱ្យផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដែលមិនអាចបំបែកពីអគ្គ សញ្ញាជ្រមុជទឹកបានឡើយ។ តាមការពិត ពិធីជ្រមុជទឹកជា “អគ្គសញ្ញានៃជំនឿ” តាមរបៀបពិសេស ដ្បិតដោយ សារអគ្គសញ្ញានេះ យើងចូលក្នុងជីវិតនៃជំនឿខាងអគ្គសញ្ញា។
១២៣៧. ដោយសារពិធីជ្រមុជទឹកមានន័យថា ព្រះជាម្ចាស់រំដោះអ្នកស្វែងយល់ឱ្យរួចពីអំពើបាប និងពីមារកំណាច យើងធ្វើពិធីបណ្តេញខ្មោច លើបេក្ខេជន។ យើងចាក់ប្រេង ឬដាក់ដៃលើគេ ហើយគេលះបង់មារចោលយ៉ាងច្បាស់លាស់។ ដោយសារគេបានត្រៀមខ្លួនបែបនេះ គេអាចប្រកាសជំនឿរបស់ព្រះសហគមន៍ ដែលយើងនឹង “ប្រគល់ឱ្យ” គេដោយសារពិធីជ្រមុជទឹក (រម ៦,១៧)។
១២៣៨. យើងប្រសិទ្ធពរលើទឹក ដោយពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមក (នៅវេលាដដែល ឬនៅរាត្រីបុណ្យចម្លង)។ ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់ឱ្យឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះក្នុងទឹកនេះ ដោយសារព្រះបុត្រារបស់ព្រះអង្គ ដើម្បីឱ្យអស់អ្នកដែលនឹងជ្រមុជ “កើតពីទឹក និងពីព្រះវិញ្ញាណ” (យហ ៣,៥)។
១២៣៩. បន្ទាប់មក មានពិធីសំខាន់បំផុត នៃអគ្គសញ្ញា គឺពីធីជ្រមុជទឹក តែម្តង ដែលសម្តែង និងសម្រេចថា អ្នកជ្រមុជទឹកបានស្លាប់នឹងអំពើបាប ហើយបានចូលក្នុងព្រះជន្មនៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត ដោយរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្ត។ ការជ្រមុជក្នុងទឹកបីដងសម្តែងយ៉ាងច្បាស់លាស់ពិធីជ្រមុជទឹក ប៉ុន្តែ តាំងពីបុរាណកាល យើងអាចចាក់ទឹកបីដងលើក្បាលរបស់អ្នកដែលជ្រមុជទឹក។
១២៤០. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស ពេលចាក់ទឹកបីដងនោះ អ្នកទទួលមុខងារបម្រើព្រះសហគមន៍មានប្រសាសន៍ថា៖ “ឈ្មោះ ខ្ញុំជ្រមុជអ្នក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ក្នុងពិធីបុណ្យខាងបូព៌ាប្រទេស ដោយអ្នកស្វែងយល់បែរមុខទៅខាងបូព៌ា លោកបូជាចារ្យមានប្រសាសន៍ថា៖ “អ្នកបម្រើរបស់ព្រះជាម្ចាស់ ឈ្មោះ ទទួលពិធីច្រមុជទឹក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ហើយរាល់ពេលលោកអង្វរព្រះមួយព្រះអង្គនៃព្រះត្រៃឯក លោកជ្រមុជគេក្នុងទឹក និងលើកគេឡើងវិញ។
១២៤១. ការចាក់ប្រេងគ្រីស្មា ជាប្រេងក្រអូបដែលលោកអភិបាលបានប្រសិទ្ធពរ សម្តែងនូវព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធចំពោះអ្នកដែលបានជ្រមុជទឹក។ គេបានក្លាយទៅជាគ្រីស្តបរិស័ទ គឺគេ បានទទួលការ “អភិសេក” នៃព្រះវិញ្ញាណដ៏វិសុទ្ធ រួមចំណៃកជាមួយព្រះគ្រីស្ត ដែលបានទទួលការអភិសេកជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ (OBP ៦២)។
១២៤២. ក្នុងពិធីបុណ្យនៃព្រះសហគមន៍ខាងបូព៌ាប្រទេស ពិធីចាក់ប្រេងក្រោយពីបានជ្រមុជទឹកជាអគ្គ សញ្ញាគ្រីស្មា (លាបថ្ងាស)។ ក្នុងពិធីបុណ្យខាងបស្ចិមប្រទេស ពិធីនេះប្រកាសទុកជាមុនថា លោកអភិបាលនឹង ចាក់ប្រេងគ្រីស្មាម្តងទៀត ពោលគឺអគ្គសញ្ញាលាបថ្ងាសដែលដូចជា “បញ្ជាក់” និងបង្ហើយពិធីអភិសេកពេលជ្រមុជទឹក។
១២៤៣. ពិធីបំពាក់អាវសឆើតឆាយ ជានិមិត្តរូបថា អ្នកដែលបានជ្រមុជទឹក “មានព្រះគ្រីស្តជាប់ជាមួយ” (កាឡ ៣,២៧) គឺគេបានមានជីវិតថ្មីជាមួយព្រះគ្រីស្ត។ ទៀន ដែលយើងអុជទៅនឹងទៀនព្រះជ័យ សម្តែងថា ព្រះគ្រីស្តបានបំភ្លឺអ្នកពន្លកថ្មី។ ក្នុងព្រះគ្រីស្ត អ្នកដែលបានជ្រមុជទឹកជា “ពន្លឺនៃពិភពលោក” (មថ ៥,១៤) (ភីល ២,១៥)។ អ្នកដែលបានជ្រមុជទឹកថ្មីនេះ បានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ក្នុងអង្គព្រះបុត្រាតែមួយ។ គេអាចសូត្រធម៌សេចក្ដីអធិដ្ឋាននៃបុត្រធីតារបស់ព្រះជាម្ចាស់៖ ឱព្រះបិតានៃយើងខ្ញុំ។
១២៤៤. ពិធីទទួលព្រះកាយព្រះលោហិតជាលើកទីមួយ ។ ដោយសារគេបានទៅជាបុត្រធីតារបស់ព្រះ ជាម្ចាស់ និងបានបំពាក់អាវនៃពិធីមង្គលការ អ្នកពន្លកថ្មីអាចចូលរួមក្នុង “ពិធីមង្គលការរបស់កូនចៀម” ហើយទទួលអាហារនៃជីវិតថ្មី គឺព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ ព្រះសហគមន៍ខាងបូព៌ាប្រទេសរក្សាទុកឯកភាពនៃពិធីបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ដោយជូនព្រះកាយព្រះលោហិតព្រះគ្រីស្តដល់អស់អ្នកដែលបានជ្រមុជទឹក និងបានទទួលអគ្គសញ្ញាលាបថ្ងាស សូម្បីតែដល់កូនក្មេងដែរ ដោយរម្លឹកអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់៖ “ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ” (មក ១០,១៤)។ ព្រះសហគមន៍ខាងបស្ចិមប្រទេស ដែលមានតែអ្នកចេះដឹងខ្លួនអាចទទួលព្រះកាយព្រះគ្រីស្ត សម្ដែងថា អគ្គសញ្ញាអរព្រះគុណតាមអគ្គសញ្ញាជ្រមុជទឹក ដោយ យកកូនក្មេងដែលទើបបានជ្រមុជទឹកទៅជិតអាសនៈដើម្បីសូត្រធម៌ឱព្រះបិតានៃយើងខ្ញុំ។
១២៤៥. ពិធីប្រទានពរយ៉ាងឧឡារិក បញ្ចប់ពិធីជ្រមុជទឹក។ នៅពេលដែលមានកូនក្មេងទើបកើតបានជ្រមុជទឹក យើងប្រទានពរដល់ម្តាយរបស់កូននេះតាមរបៀបពិសេស។
៤. តើអ្នកណាអាចទទួលពិធីជ្រមុជទឹកបាន?
១២៤៦. “អ្នកណាដែលមិនទាន់បានទទួលពិធីជ្រមុជទឹកអាចទទួលពិធីជ្រមុជទឹក ហើយមានតែអ្នកនោះ ដែលអាចទទួលបាន” (CIC ៨៦៤)។
ពិធីជ្រមុជទឹករបស់មនុស្សពេញវ័យ
១២៤៧. តាំងពីដើមដំបូងនៃព្រះសហគមន៍ ក្នុងកន្លែងដែលយើងទើបតែប្រកាសដំណឹងល្អ ពិធីជ្រមុជទឹករបស់មនុស្សពេញវ័យជាស្ថានភាពធម្មតា។ ដូច្នេះ ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ (ការត្រៀមខ្លួនទទួលពិធីជ្រមុជទឹក) មានសារៈសំខាន់។ ការបង្ហាត់នេះ ត្រូវតែណែនាំឱ្យផ្ញើជីវិតលើព្រះជាម្ចាស់ និងឱ្យមានរបៀបរស់នៅតាមគ្រីស្តសាសនា ហើយរៀបចំឱ្យទទួលព្រះអំណោយទានរបស់ព្រះជាម្ចាស់ក្នុងអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ។
១២៤៨. ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ឬការអប់រំអ្នកស្វែងយល់ មានគោលដៅឱ្យអ្នកនោះ កែប្រែចិត្តគំនិត និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដោយឆ្លើយតបនឹងព្រះជាម្ចាស់ និងដោយរួបរួមជាមួយនឹងសហគមន៍មួយ។ “ការអប់រំជំនឿនោះ (...) ជាការហ្វឹកហ្វឺនឱ្យគេរស់នៅបែបជាគ្រីស្តបរិស័ទក្នុងគ្រប់វិស័យប្រចាំជីវិត (...)។ សាវ័ករបស់ព្រះគ្រីស្តរួបរួមជាមួយព្រះបរមគ្រូ ដោយទទួលការអប់រំ និងហ្វឹកហ្វឺនផងដែរ។ ហេតុនេះហើយបានជាត្រូវណែនាំអ្នកទទួលការអប់រំជំនឿទាំងនោះ ឱ្យចូលក្នុងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះយ៉ាងសមរម្យ និងត្រូវបង្ហាត់គេឱ្យរស់នៅស្របតាមបែបដំណឹងល្អទៀតផង។ ត្រូវណែនាំគេដោយពិធីផ្សេងៗតាមពេលវេលាជាលំដាប់លំដោយ ឱ្យចូលរួមក្នុងរបៀបរស់នៅតាមជំនឿ ឱ្យចូលរួមក្នុងពិធីបុណ្យនានានៃព្រះសហគមន៍ ព្រមទាំងឱ្យគេមានចិត្តស្រឡាញ់ ស្របតាមប្រជារាស្ត្ររបស់ព្រះជាម្ចាស់ផង” (AG ១៤ ; OICA ១៩ និង ៩៨)។
១២៤៩. “អ្នកស្វែងយល់ក៏នៅក្នុងព្រះដំណាក់ព្រះគ្រីស្តរួចហើយដែរ។ ជារឿយៗ គេរស់នៅដោយមានជំនឿមាំមួន មានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ផង” (AG ១៤)។ “ព្រះសហគមន៍ដែលប្រៀបដូចជាម្តាយ ក៏ចាប់ផ្តើមយកចិត្តទុកដាក់នឹងគេ ថ្នាក់ថ្នមថែទាំគេក្នុងឋានៈជាកូនចៅ ដោយចិត្តស្រឡាញ់ដែរ” (LG ១៤ ; CIC ២០៦ ; ៧៨៨,៣)។
ពិធីជ្រមុជទឹករបស់កូនក្មេង
១២៥០. សភាពជាមនុស្សត្រូវរបួសដោយសារអំពើបាប ដូច្នេះហើយ បានជាពេលកើតមក សូម្បីតែកូនក្មេងត្រូវតែកើតជាថ្មីក្នុងអគ្គសញ្ញាជ្រមុជទឹកដែរ (DS ១៥១៤) ដើម្បីឱ្យរួចពីអំណាចនៃភាពងងឹត និងចូលក្នុងសេរីភាពនៃបុត្រធីតារបស់ព្រះជាម្ចាស់ (កូឡ១,១២-១៤) ដែលព្រះអង្គត្រាស់ហៅមនុស្សទាំងអស់។ យើង អាចយល់ឃើញយ៉ាងជាក់ច្បាស់អំពីព្រះអំណោយដ៏ឥតគិតថ្លៃនៃការសង្រ្គោះ ក្នុងពិធីជ្រមុជទឹករបស់កូនក្មេង។ បើមិនផ្តល់ពិធីជ្រមុជទឹកដល់កូនក្មេងក្រោយពីបានកើតមកទេ ព្រះសហគមន៍ និងឪពុកម្តាយនឹងមិនផ្តល់ឱ្យ កូនក្មេងនេះបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលជាព្រះអំណោយទានដ៏លើសលប់ក្រៃលែង (CIC ៨៦៧ ; CCEO ៦៨១ ; ៦៨៦)។
១២៥១. ឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវទទួលស្គាល់ថា ទំនៀមទំលាប់នេះស្របនឹងតួនាទីរបស់គេ ដែលព្រះជាម្ចាស់បានប្រគល់ឱ្យ គឺឱ្យគេចិញ្ចឹមកូន (LG ១១ ; ៤១ ; GS ៤៨ ; CIC ៨៦៨)។
១២៥២. ទំនៀមទំលាប់ជ្រមុជទឹកកូនក្មេងជាប្រពៃណីដ៏យូរអង្វែងរបស់ព្រះសហគមន៍។ គេបញ្ជាក់យ៉ាងច្បាស់អំពី ប្រពៃណីនេះតាំងពីសតវត្សទីពីរ។ ក៏ប៉ុន្តែ គេអាចផ្តល់ពិធីជ្រមុជទឹកដល់កូនក្មេង (CDF) តាំងពីសម័យក្រុមគ្រីស្តទូត គឺនៅពេល “ក្រុមគ្រួសារទាំងមូល” បានទទួលពិធីជ្រមុជទឹក (កក ១៦,១៥.៣៣ ; ១៨,៨ ; ១ករ១,១៦) ។
ជំនឿ និងពិធីជ្រមុជទឹក
១២៥៣. ពិធីជ្រមុជទឹកជាអគ្គសញ្ញានៃជំនឿ (មក ៦,១៦)។ ប៉ុន្តែ អ្នកជឿត្រូវការសហគមន៍របស់អ្នកជឿ ឯទៀតៗ។ គ្រីស្តបរិស័ទម្នាក់ៗអាចជឿតែក្នុងជំនឿរបស់ព្រះសហគមន៍ប៉ុណ្ណោះ។ មិនបាច់ឱ្យអ្នកស្វែងយល់ មានជំនឿគ្រប់លក្ខណៈ និងមាំមួនទេ ឱ្យតែគេចាប់ផ្តើមមានជំនឿដែលនឹងរីកចម្រើន បានហើយ។ យើងសួរទៅអ្នកស្វែងយល់ ឬបងធម៌របស់គេថា៖ “តើអ្នកសុំអ្វីពីព្រះសហគមន៍?” ហើយគេឆ្លើយថា៖ “ជំនឿ!”។
១២៥៤. ជំនឿត្រូវតែរីកចម្រើនក្រោយពី មនុស្សបានជ្រមុជទឹក ទោះជាកូនក្មេង ឬមនុស្សពេញវ័យយ៉ាងណាក៏ដោយ។ ហេតុនេះហើយ បានជារៀងរាល់ឆ្នាំ នៅក្នុងរាត្រីបុណ្យចម្លង ព្រះសហគមន៍រម្លឹកពាក្យសន្យានៃពិធីជ្រមុជទឹកឡើងវិញ។ ការត្រៀមខ្លួនឱ្យជ្រមុជទឹករៀបចំតែឱ្យចូលក្នុងជីវិតថ្មីប៉ុណ្ណោះ។ ពិធីជ្រមុជទឹកជាប្រភពនៃជីវិតថ្មីក្នុងអង្គព្រះគ្រីស្ត ហើយជីវិតទាំងស្រុងរបស់គ្រីស្តបរិស័ទផុសចេញពីព្រះអង្គ។
១២៥៥. ដើម្បីឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹកអាចរីកចម្រើនបាន ឪពុកម្តាយត្រូវតែជួយ ដូចឪពុកម្តាយធម៌ ដែរ។ ឪពុកម្តាយធម៌ត្រូវតែជាមនុស្សដែលមានជំនឿរឹងមាំ ដែលអាច និងត្រៀមខ្លួនជួយអ្នកដែលទើបជ្រមុជទឹក ទោះជាកូនក្មេង ឬមនុស្សពេញវ័យក្ដី នៅតាមផ្លូវរបស់គេ ក្នុងការរស់នៅជាគ្រីស្តបរិស័ទ (CIC ៨៧២-៨៧៤)។ តួនាទីរបស់ពួកគេពិតជាមុខងារនៃព្រះសហគមន៍ (officium ) (SC ៦៧)។ ព្រះសហគមន៍ទាំងមូលទទួលខុសត្រូវ ក្នុងការលាតសន្ធឹង និងការរក្សាទុកព្រះអំណោយទានដែលមកពីពិធីជ្រមុជទឹក។
៥. តើអ្នកណាអាចផ្តល់ពិធីជ្រមុជទឹកបាន?
១២៥៦. ជាធម្មតា អ្នកផ្តល់ពិធីជ្រមុជទឹក គឺមានលោកអភិបាល និងលោកបូជាចារ្យ ហើយនៅក្នុងព្រះ សហគមន៍ខាងបស្ចិមប្រទេស លោកឧបដ្ឋាកផងដែរ (CIC ៨៦១,១ ; CCEO ៦៧៧,១)។ បើមានការចាំបាច់ ទោះជាអ្នកមិនបានទទួលពិធីជ្រមុជទឹកក៏ដោយ ក៏អាចផ្តល់ពិធីជ្រមុជទឹកបាន លុះត្រាតែគេមានបំណងផ្តល់ពិធីនេះ គឺមានបំណងចង់ធ្វើអ្វីដែលព្រះសហគមន៍ធ្វើពេលផ្តល់ពិធីជ្រមុជទឹក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍យល់ឃើញថា ព្រះជាម្ចាស់មានព្រះហឫទ័យសង្រ្គោះមនុស្សទាំងអស់ (១ធម ២,៤) ហើយពិធីជ្រមុជទឹកជាការចាំបាច់ដើម្បីទទួលការសង្រ្គោះផងដែរ (មក ១៦,១៦)។
៦. ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹក
១២៥៧. ព្រះអម្ចាស់ផ្ទាល់អះអាងថា ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹកដើម្បីទទួលការសង្រ្គោះ (យហ ៣,៥)។ ហេតុនេះ ព្រះអង្គបានបញ្ជាក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អ និងផ្តល់ពិធីជ្រមុជទឹកដល់គ្រប់ជាតិ សាសន៍ទាំងអស់ (មថ ២៨,២០ ; DS ១៦១៨ ; LG ១៤ ; AG ៥)។ អស់អ្នកដែលបានទទួលដំណឹងល្អ ហើយដែលអាចសុំទទួលអគ្គសញ្ញានេះ ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹក ដើម្បីទទួលការសង្រ្គោះ (មក ១៦,១៦)។ ព្រះសហគមន៍មិនស្គាល់មធ្យោបាយផ្សេងទៀតក្រៅពីពិធីជ្រមុជទឹកទេ ដើម្បីធានាថា នឹងចូលក្នុងបរមសុខអស់កល្បជានិច្ច។ ហេតុនេះ ព្រះសហគមន៍ប្រុងប្រយ័ត្នមិនធ្វេសប្រហែសនឹងបេសកកម្ម ដែលខ្លួនបានទទួលពីព្រះអម្ចាស់ គឺឱ្យអស់អ្នកដែលអាចទទួលពិធីជ្រមុជទឹក “កើតពីទឹក និងពីព្រះវិញ្ញាណ”។ ព្រះជាម្ចាស់បានជាប់ចំណងការសង្រ្គោះជាមួយនឹងអគ្គសញ្ញាជ្រមុជទឹក ប៉ុន្តែព្រះអង្គផ្ទាល់មិនជាប់ចំណងនឹងអគ្គសញ្ញានានារបស់ព្រះអង្គឡើយ ។
១២៥៨. តាំងពីដើមរៀងមក ព្រះសហគមន៍ជឿជាក់យ៉ាងម៉ឹងម៉ាត់ថា អស់អ្នកដែលស្លាប់ ដោយសារជំនឿ ទោះបីមិនបានទទួលពិធីជ្រមុជទឹកក៏ដោយ ក៏ដូចជាបានទទួលជ្រមុជទឹកដោយសារពួកគេបានស្លាប់ដើម្បី និង ដោយរួបរួមជាមួយព្រះគ្រីស្ត។ ទោះជាមិនមែនជាអគ្គសញ្ញាក៏ដោយ ក៏ពិធីជ្រមុជក្នុងឈាម និងបំណងប្រថ្នាចង់បានទទួលពិធីជ្រមុជទឹក បង្កើតផលនៃពិធីជ្រមុជទឹកដែរ ។
១២៥៩. ចំពោះអ្នកស្វែងយល់ ដែលស្លាប់មុននឹងទទួលពិធីជ្រមុជទឹក ហើយប្រាថ្នាយ៉ាងច្បាស់លាស់ ចង់បានទទួលពិធីនេះ ដោយសោកស្តាយចំពោះអំពើបាបរបស់ខ្លួន និងព្យាយាមរស់នៅក្នុងសេចក្ដីស្រលាញ់ បំណងនេះ ធានាថា នឹងទទួលការសង្រ្គោះ ដែលគេមិនបានទទួលតាមអគ្គសញ្ញា។
១២៦០. “ដោយព្រះគ្រីស្តសោយទិវង្គតដើម្បីមនុស្សទាំងអស់ និងដោយព្រះជាម្ចាស់កំណត់ទីដៅតែមួយ ឱ្យជីវិតមនុស្សយ៉ាងពិតមែននោះ ពោលគឺឱ្យរួមរស់ជាមួយព្រះអង្គ យើងត្រូវតែយល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យមនុស្សទាំងអស់អាចរួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី តាមរបៀបដែលព្រះជាម្ចាស់ស្គាល់” (GS ២២ ; LG ១៦ ; AG ៧)។ អ្នកណា ដែលមិនស្គាល់ដំណឹងល្អរបស់ព្រះ គ្រីស្ត និងព្រះសហគមន៍របស់ព្រះអង្គ ប៉ុន្តែដែលស្វែងរកសេចក្ដីពិត និងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមអ្វីដែលគេដឹង អាចទទួលការសង្រ្គោះបាន។ យើងអាចស្មានថា បុគ្គលបែបនោះ មានបំណងប្រាថ្នាយ៉ាងច្បាស់លាស់នឹងទទួលពិធីជ្រមុជទឹក បើគេបានដឹងជាមុនថា ចាំបាច់ត្រូវតែទទួលពិធីនេះ ដើម្បីទទួលការសង្រ្គោះ។
១២៦១. ឯកូនក្មេងដែលស្លាប់ដោយមិនបានទទួលពិធីជ្រមុជទឹក ព្រះសហគមន៍គ្រាន់តែអាចថ្វាយពួកវា ទៅធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដូចព្រះសហគមន៍ធ្វើក្នុងពិធីបញ្ចុះសពសម្រាប់ពួកវា។ តាមការពិត ធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្រ្គោះ (១ធម ២,៤) និងសេចក្ដីថ្នាក់ថ្នមរបស់ព្រះយេស៊ូចំពោះកូនក្មេង ដែលមានព្រះបន្ទូលថា៖ “ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ” (មក ១០,១៤) ធ្វើឱ្យយើងអាចសង្ឃឹមថា កូនក្មេងដែលស្លាប់ដោយមិនបាន ទទួលពិធីជ្រមុជទឹកអាចដើរតាមផ្លូវឆ្ពោះទៅការសង្រ្គោះផងដែរ។ ហេតុនេះ ព្រះសហគមន៍រម្លឹកថា មិនត្រូវឃាត់ ក្មេងៗដែលមករកព្រះគ្រីស្តតាមព្រះអំណោយទាននៃពិធីជ្រមុជទឹកដ៏វិសុទ្ធឡើយ។
៧. ព្រះអំណោយទានរបស់ពិធីជ្រមុជទឹក
១២៦២. ចំណុតខ្លះៗ ដែលវិញ្ញាណអាចដឹងខ្លួននៃពិធីអគ្គសញ្ញា សម្ដែងនូវផលផ្សេងៗនៃពិធីជ្រមុជទឹក។ ការជ្រមុជក្នុងទឹកជានិមិត្តរូបថា អ្នកជ្រមុជស្លាប់ ត្រូវបន្សុទ្ធ និងកើតជាថ្មី។ ផលសំខាន់ៗទាំងពីរ នៃពិធីនេះ គឺព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអ្នកជ្រមុជឱ្យរួចពីអំពើបាប ហើយឱ្យគេកើតជាថ្មី (កក ២,៣៨ ; យហ ៣,៥)។
ឱ្យរួចពីបាប...
១២៦៣. ដោយសារពិធីជ្រមុជទឹក ព្រះជាម្ចាស់លើកលែងទោសចំពោះអំពើបាបទាំងអស់ ទាំងអំពើបាបដើមដំបូង ទាំងអំពើបាបដែលអ្នកជ្រមុជទឹកបានប្រព្រឹត្តផ្ទាល់ខ្លួន ទាំងទោសនៃអំពើបាបផងដែរ (DS ១៣១៦)។ តាមការពិត ចំពោះអស់អ្នកដែលកើតជាថ្មី គ្មាននៅសេសសល់អ្វី ដែលនឹងរារាំងគេមិនឱ្យចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ទោះជាអំពើបាបរបស់លោកអដាំមក្ដី អំពើបាបរបស់គេផ្ទាល់ខ្លួនក្ដី ឬផលនៃអំពើបាប ដែលធ្ងន់ជាងគេអាចនាំមនុស្សឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ក្ដី។
១២៦៤. ក៏ប៉ុន្តែ ផលវិបាកខ្លះៗនៃអំពើបាបស្ថិតនៅក្នុងអ្នកដែលជ្រមុជទឹក ដូចជាទុក្ខលំបាក ជម្ងឺ សេចក្ដី ស្លាប់ ឬភាពទន់ខ្សោយដែលមកពីធម្មជាតិ (ដែលទាក់ទងនឹងចរិត...) ហើយលក្ខណៈមានចិត្តលម្អៀងចង់ ប្រព្រឹត្តអំពើបាប ដែលការបញ្ជូនបន្តហៅថា កិលេសតណ្ហា ដែលប្រៀធៀបនឹង “ប្រភពនៃបាប” (fomes peccati)៖ “ព្រះជាម្ចាស់បានទុកកិលេសតណ្ហាដើម្បីឱ្យយើងតស៊ូ ប៉ុន្តែ កិលេសតណ្ហាមិនអាចធ្វើបាបដល់អស់អ្នកដែលតស៊ូដោយចិត្តក្លាហាន ដែលមិនព្រមចូលដៃជាមួយទេ និងដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តជួយ”។ លើសពីនេះទៅទៀត “គេនឹងទទួលភួងជ័យ លុះត្រាតែគេប្រយុទ្ធត្រឹមត្រូវតាមក្បួន” (២ធម ២,៥)។ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥១៥)។
“កើតជាថ្មី”
១២៦៥. ពិធីជ្រមុជទឹកមិនគ្រាន់តែបន្សុទ្ធអំពីអំពើបាបទាំងអស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពន្លកថ្មី “កើត ជាថ្មី” (២ករ ៥,១៧) ឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ (កាឡ ៤,៥-៧) ដែល “រួបរួមជាមួយព្រះអង្គ” (២ពត្រ ១,៤) ជាសិរីរាង្គរបស់ព្រះគ្រីស្ត (១ករ ៦,១៥ ; ១២,២៧) ទទួលមរតករួមជាមួយព្រះអង្គ (រម ៨,១៧) និងជា ព្រះដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ (១ករ ៦,១៩)។
១២៦៦. ព្រះត្រៃឯកដ៏វិសុទ្ធបំផុតប្រោសប្រទានអ្នកដែលជ្រមុជទឹកឱ្យបានទៅជាវិសុទ្ធ និងឱ្យបានទៅជាមនុស្សសុចរិត ៖
- ទើបគេអាចផ្ញើជីវិតលើព្រះជាម្ចាស់ សង្ឃឹមលើព្រះអង្គ និងស្រលាញ់ព្រះអង្គ ដោយគុណធម៌ដែលព្រះជាម្ចាស់ប្រទាន
- ទើបគេអាចមានរបៀបរស់នៅ និងប្រតិបត្តិតាមព្រះវិញ្ញាណដ៏វិសុទ្ធ ដោយព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ
- ទើបគេអាចប្រព្រឹត្តអំពើល្អ ដោយគុណធម៌នៃសីលធម៌ ។
ហេតុនេះហើយ បានជារបៀបរស់នៅហួសធម្មជាតិរបស់គ្រីស្តបរិស័ទចាក់ឫសក្នុងអគ្គសញ្ញាជ្រមុជទឹកដ៏វិសុទ្ធ។
ព្រះជាម្ចាស់បង្រួបបង្រួមយើងក្នុងព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត
១២៦៧. ពិធីជ្រមុជទឹកធ្វើឱ្យយើងទៅជាសិរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ “ហេតុនេះ (...) យើងជាសិរីរាង្គរបស់គ្នាទៅវិញទៅមក” (អភ ៤,២៥)។ ពិធីជ្រមុជទឹកធ្វើឱ្យយើងរួមជាមួយព្រះសហគមន៍ ។ ប្រជាជនតែមួយរបស់ព្រះជាម្ចាស់នៃសម័្ពន្ធមេត្រីថ្មី ដែលហួសព្រំដែនខាងធម្មជាតិរបស់ប្រជាជាតិនានា វប្បធម៌ ជាតិសាសន៍ និងភេទ កើតមកពីពិធីជ្រមុជទឹក៖ “យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ” (១ករ ១២,១៣)។
១២៦៨. អ្នកដែលជ្រមុជទឹកបានទៅជា “ថ្មដ៏មានជីវិត” ដើម្បី “កសាងព្រះដំណាក់របស់ព្រះវិញ្ញាណធ្វើ ជាក្រុមបូជាចារ្យដ៏វិសុទ្ធ” (១ពត្រ ២,៥)។ ដោយសារពិធីជ្រមុជទឹក ពួកគេរួបរួមជាមួយព្រះគ្រីស្តក្នុងឋានៈជាបូជាចារ្យ ក្នុងបេសកកម្មរបស់ព្រះអង្គជាព្យាការី និងជាព្រះមហាក្សត្រ ពួកគេជា “ពួជសាសន៍ដែលព្រះជាម្ចាស់បានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គដែលបានហៅបងប្អូនឱ្យចេញពីទីងងឹតមកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ” (១ពត្រ ២,៩)។ ដោយសារពិធីជ្រមុជទឹក អ្នកដែលជ្រមុជរួមជាមួយគ្រីស្តបរិស័ទឯទៀតៗដែលសុទ្ធតែជាបូជាចារ្យ ។
១២៦៩. ដោយសារគេបានទៅជាសមាជិកព្រះសហគមន៍ អ្នកដែលជ្រមុជមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទៀតទេ (១ករ ៦,១៩) ប៉ុន្តែ គេជាកម្មសិទ្ធិរបស់អ្នកដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដើម្បីយើង (២ករ ៥,១៥)។ ហេតុនេះ គេត្រូវគោរពចុះចូលអ្នកដទៃ (អភ ៥,២១ ; ១ករ ១៦,១៥-១៦) បម្រើគេ (យហ ១៣,១២-១៥) ក្នុងសហភាពរបស់ព្រះសហគមន៍ “ទុកចិត្ត និងស្តាប់បង្គាប់” អ្នកដឹកនាំព្រះសហគមន៍ (ហប ១៣,១៧) ព្រមទាំង “គោរព (ពួកលោក) ដោយចិត្តស្រលាញ់” (១ថស ៥,១២-១៣)។ ពិធីជ្រមុជទឹកនាំឱ្យទៅជាអ្នកទទួលខុសត្រូវ និងមានភារកិច្ចយ៉ាងណា អ្នកដែលជ្រមុជទឹកក៏មានសិទ្ធិនៅក្នុងព្រះសហគមន៍យ៉ាងនោះដែរ ពោលគឺទទួលអគ្គសញ្ញា ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យព្រះសហគមន៍ជួយគាំទ្រគេខាងវិញ្ញាណផងដែរ (LG ៣៧ ; CIC ២០៨-២២៣)។
១២៧០. “(អ្នកជ្រមុជទឹក) កើតជាថ្មីនិងទៅជាបុត្រធីតារបស់ព្រះបិតា គេត្រូវតែប្រកាសនៅចំពោះមុខមនុស្សលោកនូវជំនឿដែលគេបានទទួលពីព្រះជាម្ចាស់ ដោយសារព្រះសហគមន៍” (LG ១១) ហើយចួលរួម ចំណែកក្នុងសកម្មភាពនៃប្រជាជនរបស់ព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អ (LG ១៧ ; AG ៧,២៣)។
ចំណងនៃអគ្គសញ្ញាចងគ្រីស្តបរិស័ទឱ្យរួបរួមជាមួយគ្នាជាធ្លុងតែមួយ
១២៧១. ដោយសារពិធីជ្រមុជទឹកជាមូលដ្ឋានគ្រឹះ គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ហើយជាមួយអស់ អ្នកដែលមិនទាន់រួបរួមជាមួយព្រះសហគមន៍កាតូលិកឱ្យបានពេញលក្ខណៈដែរ៖ “អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ហើយបានទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងត្រឹមត្រូវ ក៏គេរួបរួមម៉្យាងជាមួយព្រះសហគមន៍កាតូលិកដែរ ទោះបីគេមិនរួបរួមយ៉ាងពេញលក្ខណៈក្ដី (...)។ ទោះជាយ៉ាងណាក៏ដោយ ក៏បងប្អូនទាំងនោះ ពិតជាមនុស្សសុចរិតដោយគេផ្ញើជីវិតលើព្រះគ្រីស្ត គេបានទទួលជំនឿនោះនៅពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក គេចូលរួមក្នុងព្រះកាយព្រះគ្រីស្ត គេក៏ពិតជាមានឈ្មោះថា ជាគ្រីស្តបរិស័ទដែរ” (UR ៣)។ “ ហេតុនេះ ពីធីជ្រមុជទឹកពិតជាចំណងនៃឯកភាពខាងអគ្គសញ្ញា ដែលចងអស់អ្នកដែលកើតជាថ្មីដោយសារពិធីនោះ” (UR ២២)។
ស្នាមខាងវិញ្ញាណដែលមិនអាចរលុបឡើយ...
១២៧២ ដោយសារពិធីជ្រមុជទឹក អ្នកជ្រមុជរួបរួមជាមួយព្រះគ្រីស្ត និងមានលក្ខណៈដូចព្រះគ្រីស្តដែរ (រម ៨,២៩)។ ពិធីជ្រមុជទឹកដូចជាវាយត្រាខាងវិញ្ញាណដែលមិនអាចរលុបទេ (character) ជាសញ្ញាសម្គាល់ថា គេជាកម្មសិទិ្ធរបស់ព្រះគ្រីស្ត។ អំពើបាបណាមួយមិនអាចលុបបំបាត់ស្នាមនេះទេ ទោះបីអំពើបាបឃាត់ពិធីជ្រមុជទឹកមិនឱ្យបង្កើតផលបានក៏ដោយ (DS ១៦០៩-១៦១៩)។ យើងផ្តល់ពិធីជ្រមុជទឹកម្តងជាការស្រេច យើងក៏មិនអាចផ្តល់ពិធីនេះម្តងទៀតបានដែរ។
១២៧៣. ដោយសារពិធីជ្រមុជទឹក អ្នកដែលជ្រមុជរួបរួមជាមួយព្រះសហគមន៍ គ្រីស្តបរិស័ទបានទទួលសញ្ញាសម្គាល់ខាងអគ្គសញ្ញា ដែលតម្រង់ពួកគេក្នុងពិធីបុណ្យខាងគ្រីស្តសាសនា (LG ១១)។ ពិធីជ្រមុជទឹកធ្វើ ឱ្យគ្រីស្តបរិស័ទអាចបម្រើព្រះជាម្ចាស់ ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងពិធីបុណ្យដ៏វិសុទ្ធនៃព្រះសហគមន៍ ហើយធ្វើឱ្យពួកគេទៅជាបូជាចារ្យ ដោយមានរបៀបរស់នៅដ៏វិសុទ្ធ ដោយចិត្តស្រលាញ់យ៉ាងស័ក្តិសិទ្ធិ (LG ១០)។
១២៧៤. “ត្រារបស់ព្រះអម្ចាស់ ” (“Dominicus character ”) (សន្ត អូគូស្តាំង) ជាត្រាដែលព្រះវិញ្ញាណដ៏វិសុទ្ធបានដៅចំណាំយើង “ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង” (អភ ៤,៣០) (អភ ១,១៣-១៤ ; ២ករ ១,២១-២២)។ “តាមការពិត ពិធីជ្រមុជទឹកជាត្រានៃជីវិតអស់កល្បជានិច្ច” (សន្ត អ៊ីរ៉េណេ)។ គ្រីស្តបរិស័ទម្នាក់ដែលនឹង “រក្សាទុកត្រា” រហូតដល់ទីបំផុត ពោលគឺនៅតែស្មោះត្រង់នឹងលក្ខ័ណនៃពិធីជ្រមុជទឹករបស់គេនឹងអាចទៅបរមសុខ “ដោយមានសញ្ញាសម្គាល់នៃជំនឿ” ជាជំនឿនៃពិធីជ្រមុជទឹករបស់គេ ដោយរង់ចាំឃើញព្រះជាម្ចាស់យ៉ាងសប្បាយ (ដែលសម្រេចជំនឿយ៉ាងពេញលេញ) និងដោយរង់ចាំឱ្យមនុស្សមានជីវិតថ្មី។
សង្ខេប
១២៧៥. ត្រូវតែទទួលអគ្គសញ្ញាបី ដើម្បីបានទៅជាគ្រីស្តបរិស័ទពេញសិទ្ធ គឺអគ្គសញ្ញាជ្រមុជទឹក ដែល ចាប់ផ្ដើមជីវិតថ្មី អគ្គសញ្ញាលាបថ្ងាស ដែលពង្រឹងជីវិតថ្មីនេះ និងអគ្គសញ្ញាអរព្រះគុណ ដែលបំប៉នសាវ័កជាមួយ នឹងព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដើម្បីបានក្លាយទៅជាព្រះគ្រីស្ត។
១២៧៦. “ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យពួកគេក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនពួកគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,១៩-២០)។
១២៧៧. ពិធីជ្រមុជទឹកផ្តល់ឱ្យគ្រីស្តបរិស័ទមានជីវិតថ្មីក្នុងអង្គព្រះគ្រីស្ត។ តាមព្រះហឫទ័យ របស់ព្រះអម្ចាស់ យើងត្រូវតែទទួលពិធីជ្រមុជទឹក ដើម្បីទទួលការសង្រ្គោះ ដូចជាព្រះសហគមន៍ផ្ទាល់ ដែលនាំឱ្យយើងទទួលពិធីជ្រមុជទឹក។
១២៧៨. ពិធីសំខាន់បំផុតនៃបុណ្យជ្រមុជទឹក គឺជ្រមុជបេក្ខជនក្នុងទឹក ឬចាក់ទឹកលើក្បាលគាត់ ដោយ ទូលអង្វរព្រះត្រៃឯកដ៏វិសុទ្ធបំផុត ពោលគឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
១២៧៩ . ផលនៃពិធីជ្រមុជទឹក ឬការប្រណីសន្តោសនៃពិធីជ្រមុជទឹក មានច្រើន គឺការរំដោះឱ្យរួចពី បាបដើមដំបូង និងឱ្យរួចពីបាបផ្ទាល់ខ្លួនទាំងប៉ុន្មាន កំណើតឱ្យជីវិតថ្មី ដែលធ្វើឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា សិរីរាង្គរបស់ព្រះគ្រីស្ត និងព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ គ្រីស្តបរិស័ទចូលរួមក្នុងព្រះ សហគមន៍ ជាព្រះកាយព្រះគ្រីស្ត ហើយចូលរួមក្នុងឋានៈរបស់ព្រះគ្រីស្តជាបូជាចារ្យផងដែរ។
១២៨០. ពិធីជ្រមុជទឹកដៅសញ្ញានៃវិញ្ញាណមួយ ដែលមិនអាចរលុបបាន នៅក្នុងព្រលឹង ជាលក្ខណៈ ដែលញែកអ្នកជ្រមុជទឹកឱ្យគោរពប្រណិប័តន៍គ្រីស្តសាសនា។ ដោយសារលក្ខណៈនេះ យើងមិនអាចផ្តល់ពិធីជ្រមុជទឹកម្តងទៀតបានឡើយ។
១២៨១. អស់អ្នកដែលទទួលមរណភាពដោយសារជំនឿ គឺអ្នកស្វែងយល់ និងអស់អ្នក ដែលមានព្រះហឫទ័យប្រណីសន្តោសជំរុញ ទោះបីគេមិនស្គាល់ព្រះសហគមន៍ ប៉ុន្តែដែលស្វែងរកព្រះជាម្ចាស់ដោយមានចិត្តស្មោះ និងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ទទួលការសង្រ្គោះ ទោះបីគេមិនបានទទួលពិធីជ្រមុជទឹកក៏ដោយ (LG ១៦)។
១២៨២. តាំងពីដើមរៀងមក យើងផ្តល់ពិធីជ្រមុជទឹកដល់កូនក្មេង ដ្បិតពិធីនេះ ជាព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលមិនទាមទារឱ្យមនុស្សមានបុណ្យទេ។ កូនក្មេងជ្រមុជទឹក ក្នុងជំនឿនៃព្រះសហគមន៍។ ពេលចូលក្នុងជីវិតជាគ្រីស្តបរិស័ទ យើងទទួលសេរីភាពយ៉ាងពិតប្រាកដ។
១២៨៣. រីឯក្មេង ដែលស្លាប់ ដោយមិនបានជ្រមុជទឹក ពិធីបុណ្យព្រះសហគមន៍អញ្ជើញយើង ឱ្យជឿទុកចិត្តលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងអង្វរព្រះអង្គឱ្យគេទទួលការសង្រ្គោះ។
១២៨៤. បើមានករណីចាំបាច់ នរណាម្នាក់ក៏អាចផ្តល់ពិធីជ្រមុជទឹកបាន ឱ្យតែគេមានបំណងធ្វើអ្វីដែលព្រះសហគមន៍ធ្វើ ហើយឱ្យគេចាក់ទឹកលើក្បាលបេក្ខជនដោយពោលថា៖ “ខ្ញុំជ្រមុជអ្នកក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។
ប្រការទី២៖ អគ្គសញ្ញាលាបថ្ងាស
១២៨៥. រួមជាមួយអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាអរព្រះគុណ អគ្គសញ្ញាលាបថ្ងាសជា “អគ្គ សញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ”។ ត្រូវតែរក្សាទុកឯកភាពរបស់អគ្គសញ្ញាទាំងបីនោះ។ ដូច្នេះ ត្រូវពន្យល់ឱ្យគ្រីស្តបរិស័ទដឹងថា ត្រូវតែទទួលអគ្គសញ្ញានេះ ដើម្បីឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹកបានសម្រេច (OCf)។ តាមការពិត “ដោយសារអគ្គសញ្ញាលាបថ្ងាស ចំណងរវាងគ្រីស្តបរិស័ទនិងព្រះសហគមន៍ កាន់តែប្រសើរឡើង គេក៏ទទួលកម្លាំងពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងទទួលភារកិច្ចផ្សព្វផ្សាយជំនឿ ព្រមទាំងការពារជំនឿនេះផង ដោយពាក្យសម្តី និងដោយការប្រតិបត្តិតាមជំនឿនេះដែរ ក្នុងឋានៈខ្លួនជាសាក្សីដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត” (LG ១១ ; OCf)។
១. ការលាបថ្ងាសក្នុងការចាត់ចែងនៃការសង្រ្គោះ
១២៨៦. ក្នុងសម័្ពន្ធមេត្រីចាស់ ពួកព្យាការីបានប្រកាសថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងយាងមកសណ្ឋិតលើព្រះមេស្ស៊ី ដែលគេទន្ទឹងរង់ចាំ (អស ១១,២) ដើម្បីបេសកកម្មរបស់ព្រះអង្គ (លក ៤,១៦-២២ ; អស ៦១,១)។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះសណ្ឋិតលើព្រះយេស៊ូ នៅពេលដែលព្រះអង្គទទួលពិធីជ្រមុជទឹកពីលោក យ៉ូហានជាសញ្ញាសម្គាល់បញ្ជាក់ថា គឺព្រះអង្គនេះហើយ ដែលយាងមក ដែលជាព្រះមេស្ស៊ី ជាព្រះបុត្រារបស់ ព្រះជាម្ចាស់ (មថ ៣,១៣-១៧ ; យហ ១,៣៣-៣៤)។ ដោយបានចាប់កំណើតពីព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះយេស៊ូក៏រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាប្រទានឱ្យព្រះអង្គ “យ៉ាងបរិបូណ៍” (យហ ៣,៣៤) ឱ្យបានពេញលក្ខណៈ អស់មួយជីវិត និងក្នុងបេសកកម្មទាំងស្រុងរបស់ព្រះអង្គ។
១២៨៧. ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំមានព្រះបំណងប្រោសប្រទានព្រះវិញ្ញាណយ៉ាងបរិបូណ៍នេះ ឱ្យព្រះមេស្ស៊ីតែប៉ុណ្ណោះទេ គឺប្រទានឱ្យប្រជាជនទាំងមូល (អគ ៣៦,២៥-២៧ ; យហ ៣,១-២)។ ជាច្រើនលើក ច្រើនសា ព្រះគ្រីស្តមានព្រះបន្ទូលសន្យានឹងចាក់បង្ហូរព្រះវិញ្ញាណ (លក ១២,១២ ; យហ ៣,៥-៨ ; ៧,៣៧-៣៩ ; ១៦,៧-១៥ ; កក ១,៨) ព្រះអង្គក៏បានបំពេញទៅតាមព្រះបន្ទូលនេះ នៅថ្ងៃបុណ្យចម្លង (យហ ២០,២២) បន្ទាប់មក តាមរបៀបច្បាស់លាស់ នៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក (កក ២,១-៤)។ ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្រុមគ្រីស្តទូតចាប់ផ្តើមប្រកាស “កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់” (កក ២,១១) ហើយលោកសិលាប្រកាសថា ការចាក់បង្ហូរនៃព្រះវិញ្ញាណនេះ ជាសញ្ញាសម្គាល់ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានចាប់ផ្តើមហើយ (កក ២,១៧-១៨)។ អស់អ្នកដែលបានជឿលើធម្មទេសនារបស់ក្រុមគ្រីស្តទូត ហើយដែលបានទទួលពិធីជ្រមុជទឹក បានទទួលព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (កក ២,៣៨)។
១២៨៨. “ចាប់តាំងពីពេលនេះមក ក្រុមគ្រីស្តទូតផ្តល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណឱ្យពន្លកថ្មីដោយដាក់ដៃលើពួកគេ ដើម្បីបំពេញព្រះបំណងរបស់ព្រះគ្រីស្ត។ ព្រះអំណោយទាននេះ បំពេញព្រះអំណោយទាននៃពិធីជ្រមុជទឹកឱ្យបានពេញលក្ខណៈ (កក ៨,១៥-១៧ ; ១៩,៥-៦)។ ហេតុនេះហើយ បានជាក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ចាប់ផ្តើមមានលទ្ធិអំពីពិធីជ្រមុជទឹក និងអំពីពិធីដាក់ដៃ ក្នុងការបង្ហាត់ជាលើកដំបូងឱ្យទៅជាគ្រីស្តបរិស័ទ (ហប ៦,២)។ ការបញ្ជូនបន្តនៃព្រះសហគមន៍កាតូលិកសម្គាល់យ៉ាងត្រឹមត្រូវថា ពិធីដាក់ដៃដូចជាប្រភពនៃអគ្គសញ្ញាលាបថ្ងាស ដែលបន្តព្រះអំណោយទាននៃបុណ្យព្រះវិញ្ញាណយាងមកម្យ៉ាង (សម្ដេចប៉ាប ប៉ូលទី៦)។
១២៨៩. ភ្លាមៗនោះ គេចាប់ផ្តើមលាបប្រេងក្រអូប (គ្រីស្មា) រួមជាមួយពិធីដាក់ដៃ ដើម្បីសម្ដែងនូវព្រះ អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ពិធីលាបប្រេងនេះ សម្ដែងនូវឈ្មោះថា “គ្រីស្តបរិស័ទ” ដែលមានន័យ ថា “អ្នកដែលបានទទួលអភិសេក” គឺព្រះគ្រីស្តផ្ទាល់ ដែល “ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធអភិសេកព្រះអង្គ” (កក ១០,៣៨)។ ពិធីលាបប្រេងមានរហូតដល់សព្វថ្ងៃ ទាំងនៅបស្ចិមប្រទេស ទាំងនៅបូព៌ាប្រទេស។ ហេតុនេះ នៅបូព៌ាប្រទេស គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាគ្រីស្មា ឬពិធីលាបប្រេងគ្រីស្មា ឬមីរ៉ូន បានសេចក្ដីថា គ្រិស្មា។ នៅបស្ចិមប្រទេស អគ្គសញ្ញាលាបថ្ងាសបញ្ជាក់ អគ្គសញ្ញាជ្រមុជទឹក ដែលបញ្ចប់ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ ហើយពង្រឹងការប្រណីសន្តោសនៃពិធីជ្រមុជទឹក ដែលជាផលនៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ប្រពៃណីពីរ៖ បស្ចិម និងបូព៌ាប្រទេស
១២៩០. នៅសតវត្សដើម អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាជ្រមុជទឹកធ្វើជាពិធីតែមួយ ដូចជា “អគ្គសញ្ញាពីរជាមួយ” តាមពាក្យសម្តីរបស់សន្ត ស៊ីព្រីយ៉ាំង។ ក្នុងចំណោមមូលហេតុផ្សេងៗ ដោយសារមានពិធីជ្រមុជទឹករបស់កូនក្មេងកាន់តែច្រើនៗគ្រប់ពេលវេលា ដោយសារមានព្រះសហគមន៍ (តាមភូមិ) កាន់តែច្រើនៗ ដែលធ្វើឱ្យភូមិភាគកាន់តែធំៗ លោកអភិបាលក៏មិនអាចដឹកនាំពិធីជ្រមុជទឹកទាំងអស់បានឡើយ។ នៅបស្ចិមប្រទេស គេចាប់ផ្តើមបំបែកអគ្គសញ្ញាទាំងពីរ ពីព្រោះគេចង់ទុកឱ្យលោកអភិបាលបង្ហើយអគ្គសញ្ញាជ្រមុជទឹក។ ព្រះសហគមន៍ខាងបូព៌ាប្រទេសបានរក្សាទុកឯកភាពនៃអគ្គសញ្ញាទាំងពីរនោះ ទើបលោកបូជាចារ្យដែលផ្តល់ពិធីជ្រមុជទឹកជាអ្នកផ្តល់អគ្គសញ្ញាលាបថ្ងាសផងដែរ។ ប៉ុន្តែ លោកត្រូវតែប្រើ “មីរ៉ូន” ដែលលោកអភិបាលបានប្រសិទ្ធពរ (CCEO ៦៩៥,១ ; ៦៩៦,១)។
១២៩១. ទំនៀមទម្លាប់មួយនៃព្រះសហគមន៍នៅទីក្រុងរ៉ូមបានជួយអភិវឌ្ឍប្រពៃណីនៃបស្ចិមប្រទេស ដោយគេបានលាបប្រេងពីរដង ក្រោយពីបានផ្ដល់អគ្គសញ្ញាជ្រមុជទឹក៖ ពេលពន្លកថ្មីជ្រមុជក្នុងទឹករួចហើយ លោកបូជាចារ្យលាបប្រេងម្តង បន្ទាប់មក លោកអភិបាលលាបប្រេងម្តងទៀតលើថ្ងាសរបស់អ្នកដែលជ្រមុជទឹកថ្មីនោះ (សន្ត អ៊ីប៉ូលីត)។ ពិធីលាបប្រេងគ្រីស្មាដំបូង ដែលលោកបូជាចារ្យផ្តល់ឱ្យ នៅជាប់នឹងពិធីជ្រមុជទឹក សម្តែងថា អ្នកដែលជ្រមុជទឹករួមជាមួយព្រះគ្រីស្តក្នុងមុខងារជាព្យាការី ជាបូជាចារ្យ និងជាព្រះមហាក្សត្រ។ បើគេផ្តល់ពិធីជ្រមុជទឹកដល់មនុស្សពេញវ័យ មានពិធីលាបប្រេងតែម្តងក្រោយពីបានជ្រមុជទឹក គឺអគ្គសញ្ញាលាបថ្ងាស។
១២៩២. របៀបប្រតិបត្តិរបស់ព្រះសហគមន៍ខាងបូព៌ាប្រទេសបញ្ជាក់យ៉ាងច្បាស់ អំពីឯកភាពនៃការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។ ឯចំពោះព្រះសហគមន៍ខាងបស្ចិមប្រទេសវិញ សម្ដែងយ៉ាងច្បាស់ថា គ្រីស្តបរិស័ទថ្មីរួបរួមជាមួយលោកអភិបាលរបស់គេ ដែលជាអ្នកធានា ហើយដែលជាអ្នកបម្រើឱ្យព្រះសហគមន៍របស់លោករួបរួមជាមួយគ្នាជាធ្លុងតែមួយ បានទៅជាកាតូលិក និងមកពីក្រុមគ្រីស្តទូត គឺជាប់ចំណងនឹងព្រះសហគមន៍របស់ព្រះគ្រីស្ត។
២. សញ្ញាសម្គាល់ និងពិធីនៃអគ្គសញ្ញាលាបថ្ងាស
១២៩៣. ក្នុងពិធីនៃអគ្គសញ្ញានេះ ត្រូវវែកញែកសញ្ញាសម្គាល់នៃប្រេងអភិសេក អំពីអ្វីដែលអភិសេកសម្ដែង និងសម្ដៅ គឺត្រា ខាងវិញ្ញាណ។
តាមព្រះគម្ពីរ និងពីបុរាណកាល ប្រេងអភិសេក មានអត្ថន័យជាច្រើន៖ ប្រេងជាសញ្ញានឹងជីវិតដ៏ពេញបរិបូណ៍ (ទក ១១,១៤ ល។ល) និងពោរពេញដោយអំណរសប្បាយ (ទន ២៣,៥ ; ១០៤,១៥) ប្រេងបន្សុទ្ធ (លាបប្រេងមុន និងក្រោយបានមុជទឹក) ធ្វើឱ្យទន់ភ្លន់ (ប្រេងរបស់កីឡាករ) ជាសញ្ញានៃការព្យាបាល ដ្បិតប្រេងបន្ទន់ខ្ទាំ និងដំបៅ (អស ១,៦ ; លក ១០,៣៤) ហើយនាំឱ្យមានសោភណភាពត្រចះត្រចង់ សុខភាពល្អ និងកម្លាំងមាំមួន។
១២៩៤. យើងអាចយល់ឃើញថា អត្ថន័យនៃប្រេងអភិសេកទាំងអស់នោះ មាននៅក្នុងអគ្គសញ្ញាដែរ។ យើងលាបប្រេងអ្នកស្វែងយល់មុនពិធីជ្រមុជទឹក ដើម្បីបន្សុទ្ធគេ និងពង្រឹងកម្លាំងរបស់គេ យើងលាបប្រេងអ្នកជម្ងឺ ដើម្បីព្យាបាល និងសម្រាលទុក្ខគេ។ យើងលាបប្រេងគ្រីស្មាក្រោយពីបានជ្រមុជទឹក ក្នុងអគ្គសញ្ញាលាបថ្ងាស និងតែងតាំង ជាសញ្ញាសម្គាល់ថា យើងទុកអ្នកទទួលអគ្គសញ្ញានោះសម្រាប់ឧទិ្ទសដល់ព្រះជាម្ចាស់។ ដោយសារអគ្គសញ្ញាលាបថ្ងាស គ្រីស្តបរិស័ទ គឺអស់អ្នកដែលបានទទួលប្រេងអភិសេក ចូលរួមចំណែកច្រើនជាងមុនក្នុងបេសកកម្មរបស់ព្រះយេស៊ូគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតយ៉ាងបរិបូណ៍លើព្រះអង្គ ដើម្បីឱ្យជីវិតទាំងស្រុងរបស់ពួកគេភាយ “ក្លិនក្រអូបរបស់ព្រះគ្រីស្ត” (២ករ ២,១៥)។
១២៩៥. ដោយសារពិធីលាបប្រេងនេះ អ្នកដែលទទួលអគ្គសញ្ញាលាបថ្ងាសក៏ទទួល “ស្នាម” ជាត្រា នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រាជានិមិត្តរូបនៃបុគ្គលម្នាក់ (កណ ៣៨,១៨ ; បច ៨,៦) អំណាចរបស់គេ (កណ ៤១,៤២) ជានិមិត្តរូបថា បុគ្គលនេះជាម្ចាស់លើវត្ថុមួយ (ទក ៣២,៣៤) -ហេតុនេះ មេទ័ពធ្លាប់បោះត្រាលើទាហានរបស់គេ ហើយម្ចាស់វាយត្រាលើទាសកររបស់ខ្លួន-។ ត្រាបញ្ជាក់ឯកសារខាងច្បាប់ (១ពង្ស ២១,៨) ឬុឯកសារផ្សេងទៀត (យរ ៣២,១០) ហើយអាចធ្វើឱ្យឯកសារនេះទៅជាឯកសារសម្ងាត់ (អស ២៩,១១)។
១២៩៦. ព្រះគ្រីស្តផ្ទាល់មានព្រះបន្ទូលថា បានទទួលត្រានៃព្រះបិតារបស់ព្រះអង្គ (យហ ៦,២៧)។ ឯ គ្រីស្តបរិស័ទ ក៏បានទទួលត្រាដែរ៖ “ព្រះជាម្ចាស់បានដៅចំណាំសញ្ញាសម្គាល់ (ត្រា) របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ” (២ករ ១,២២) (អភ ១,១៣ ; ៤,៣០)។ ត្រានៃព្រះវិញ្ញាណដ៏វិសុទ្ធនេះ បញ្ជាក់ថា យើងជាកម្មសិទ្ធិទាំងស្រុងរបស់ព្រះគ្រីស្ត និងត្រូវបម្រើព្រះអង្គជានិច្ច ប៉ុន្តែ ត្រានេះ បញ្ជាក់ដែរថា ព្រះជាម្ចាស់នឹងជួយការពារថែរក្សាយើងនៅគ្រាលំបាកចុងក្រោយបំផុត (វវ ៧,២-៣ ; ៩,៤ ; អគ ៩, ៤-៦)។
ពិធីបុណ្យនៃអគ្គសញ្ញាលាបថ្ងាស
១២៩៧. វេលាសំខាន់មួយមុននឹងប្រារព្ធពិធីអគ្គសញ្ញាលាបថ្ងាស ប៉ុន្តែដែលជាផ្នែកមួយនៃពិធីនេះម្យ៉ាង គឺវេលា ដែលយើងប្រសិទ្ធពរលើប្រេងគ្រីស្មា ។ ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ នៅក្នុងអភិបូជាគ្រីស្មា លោកអភិបាលប្រសិទ្ធពរលើប្រេងគ្រីស្មាសម្រាប់ភូមិភាគទាំងមូលរបស់លោក។ ក្នុងព្រះសហគមន៍ខាងបូព៌ាប្រទេស មានតែលោកព្រឹទ្ធាចារ្យដែលអាចប្រសិទ្ធពរលើប្រេង៖
ក្នុងពិធីបុណ្យស៊ីរីយ៉ាកនៅអង់ទីអូស ពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមកសណ្ឋិតលើប្រេងគ្រីស្មាដ៏វិសុទ្ធ (មីរ៉ូន) មានដូចតទៅ៖ “ឱព្រះបិតាអើយ! (...) សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើពួកយើង និងលើប្រេងនេះ ដែលនៅខាងមុខយើង ហើយសូមទ្រង់ប្រសិទ្ធពរលើប្រេងនេះ ដើម្បីឱ្យប្រេងនេះបានទៅជា សម្រាប់អស់អ្នកដែលនឹងត្រូវចាក់ និងត្រូវដៅចំណាំ ដូចជាមីរ៉ូនដ៏វិសុទ្ធ មីរ៉ូនរបស់បូជាចារ្យ មីរ៉ូនរបស់ព្រះមហាក្សត្រ ប្រេងអភិសេកនៃអំណរសប្បាយ សំលៀកបំពាក់នៃពន្លឺ អាវនៃការសង្រ្គោះ អំណោយខាងវិញ្ញាណ ដែលប្រោសព្រលឹង និងរូបកាយ ឱ្យបានវិសុទ្ធ សុភមង្គលដែលមិនអាចរលួយបាន ត្រាដែលមិនអាចរលុបបាន ខែលនៃជំនឿ និងមួកដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់មារសាតាំង”។
១២៩៨. ពេលយើងប្រារព្ធអគ្គសញ្ញាលាបថ្ងាសដោយឡែកពីអគ្គសញ្ញាជ្រមុជទឹក ដូចនៅក្នុងក្បួនពិធីបុណ្យនៃទីក្រុងរ៉ូម ពិធីបុណ្យនៃអគ្គសញ្ញាចាប់ផ្ដើមដោយរម្លឹកពាក្យសន្យានៃពិធីជ្រមុជទឹកឡើងវិញ ហើយអ្នកដែលហៀបនឹងទទួលអគ្គសញ្ញាលាបថ្ងាសប្រកាសជំនឿរបស់គេ។ ហេតុនេះហើយ បានជាយើងអាចយល់ឃើញយ៉ាងច្បាស់ថា អគ្គសញ្ញាលាបថ្ងាសបន្តអគ្គសញ្ញាជ្រមុជទឹក (SC ៧១)។ ពេលមនុស្សពេញវ័យម្នាក់ទទួលពិធីជ្រមុជទឹក គេទទួលអគ្គសញ្ញាលាបថ្ងាសភ្លាមៗ និងចូលរួមក្នុងអគ្គសញ្ញាអរព្រះគុណ (CIC ៨៦៦)។
១២៩៩. ក្នុងក្បួនពិធីបុណ្យនៃទីក្រុងរ៉ូម លោកអភិបាលលាតដៃលើអស់អ្នកដែលទទួលអគ្គសញ្ញាលាបថ្ងាស ជាកាយវិការ ដែលមកពីសម័យក្រុមគ្រីស្តទូត ហើយដែលបង្ហាញព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ បន្ទាប់មក លោកអភិបាលអង្វរព្រះវិញ្ញាណឱ្យទ្រង់យាងមក៖
បពិត្រព្រះជាម្ចាស់ដ៏មានព្រះហឫទ័យសប្បុរសក្រៃលែង! ព្រះអង្គជាព្រះបិតារបស់ព្រះយេស៊ូ ជាព្រះគ្រីស្ត និងជាព្រះអម្ចាស់នៃយើងខ្ញុំ។ សូមព្រះអង្គទតមើលបងប្អូនដែលទើបបានជ្រមុជទឹកនោះ។ ដោយសារពិធីជ្រមុជទឹក ព្រះអង្គក៏បានប្រោសបងប្អូនទាំងនោះឱ្យរួចផុតពីបាបនានា។ ព្រះអង្គបានប្រោសបងប្អូនទាំងនោះឱ្យកើតជាថ្មីដោយសារទឹក និងព្រះវិញ្ញាណផងដែរ។ សូមទ្រង់ព្រះមេត្តាចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គលើបងប្អូនទាំងនោះតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ សូមទ្រង់ប្រទានព្រះវិញ្ញាណដែលសណ្ឋិតលើព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូ។ ព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឈ្លាសវៃ ឱ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ឱ្យមានយោបល់ល្អ និងផ្តល់កម្លាំង ព្រះវិញ្ញាណដែលបំភ្លឺចិត្តគំនិតឱ្យស្គាល់ និងគោរពប្រណិប័តន៍ព្រះបិតា សូមឱ្យគេចេះគោរពកោតខ្លាចព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងខ្ញុំ។
១៣០០. បន្ទាប់មក មានពិធីសំខាន់បំផុត នៃអគ្គសញ្ញា។ ក្នុងពិធីខាងបស្ចិមប្រទេស “គេទទួលអគ្គសញ្ញាលាបថ្ងាស នៅពេលដែលយើងលាបប្រេងគ្រីស្មាលើថ្ងាស ដោយដាក់ដៃ ហើយមានប្រសាសន៍ថា៖ “ខ្ញុំដៅអ្នកដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់”” (សម្តេចប៉ាប ប៉ូលទី៦)។ ក្នុងព្រះ សហគមន៍ខាងបូព៌ាប្រទេស ក្រោយពីបានអង្វព្រះវិញ្ញាណឱ្យយាងមក គេលាបប្រេងមីរ៉ូន លើផ្នែកសំខាន់ៗ នៃរូបកាយដូចជា ថ្ងាស ភ្នែក ច្រមុះ ត្រចៀក បបូរមាត់ ទ្រូង ខ្នង ដៃ និងជើង ដោយមានប្រសាសន៍ថា៖ “សញ្ញាសម្គាល់របស់ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអំណោយទាន”។
១៣០១. គ្រីស្តបរិស័ទ និងលោកអភិបាលធ្វើកាយវិការមួយ សម្តែង និងបញ្ជាក់ថា ពួកគេរួបរួមជាមួយគ្នា ដើម្បីបញ្ចប់ពិធីនៃអគ្គសញ្ញា (សន្ត អ៊ីប៉ូលីត)។
១៣០២. តាមពិធីបុណ្យ ការចាក់បង្ហូរនៃព្រះវិញ្ញាណដ៏វិសុទ្ធឱ្យបានពេញលេញជាផលនៃអគ្គសញ្ញា លាបថ្ងាស ដូចព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណឱ្យក្រុមគ្រីស្តទូត នៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក។
១៣០៣. តាមការពិត អគ្គសញ្ញាលាបថ្ងាសធ្វើឱ្យរីកចម្រើន និងពង្រឹងព្រះអំណោយទានរបស់អគ្គ សញ្ញាជ្រមុជទឹក។ អគ្គសញ្ញានេះ៖
- ធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ យ៉ាងជ្រាលជ្រៅ បណ្តាលឱ្យយើងអាចពោលថា៖ “អប្បា! ឱព្រះបិតាអើយ!” (រម ៨,១៥)
- ធ្វើឱ្យយើងអាចរួមរស់យ៉ាងខ្ជាប់ខ្លួនជាមួយព្រះគ្រីស្ត
- ពង្រឹងព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ
- ធ្វើឱ្យយើងជាប់ចំណងជាមួយព្រះសហគមន៍បានល្អប្រសើរជាងមុន (LG ១១)
- ផ្តល់កម្លាំងពិសេសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីផ្សព្វផ្សាយ និងការពារជំនឿ តាមពាក្យសម្តី និងតាមកិច្ចការ ដូចជាសាក្សីពិតប្រាកដរបស់ព្រះគ្រីស្ត និងដើម្បីប្រកាសដោយចិត្តក្លាហានព្រះនាមព្រះគ្រីស្ត កុំឱ្យយើងខ្មាសនឹងព្រះឈើឆ្កាងជាដរាបតរៀងទៅ (DS ១៣១៩ ; LG ១១ ; ១២)៖
ចូររម្លឹកថា អ្នកបានទទួលសញ្ញាខាងវិញ្ញាណ គឺព្រះវិញ្ញាណនៃប្រាជ្ញាឈ្លាសវៃ ដែលនាំឱ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ឱ្យមានយោបល់ល្អ និងផ្តល់កម្លាំង ព្រះវិញ្ញាណដែលបំភ្លឺចិត្តគំនិតឱ្យស្គាល់ និងគោរពប្រណិប័តន៍ព្រះបិតា ព្រះវិញ្ញាណដែលនាំឱ្យគោរពកោតខ្លាចព្រះអង្គ ហើយចូររក្សាទុកអ្វីដែលអ្នកបានទទួល។ ព្រះជាម្ចាស់ជាព្រះបិតាបានដៅចំណាំអ្នកដោយសញ្ញាសម្គាល់របស់ព្រះអង្គ ព្រះគ្រីស្រ្តជាព្រះអម្ចាស់បានអភិសេកអ្នក ហើយបានបញ្ចាំព្រះវិញ្ញាណក្នុងចិត្តរបស់អ្នក (សន្ត អំប្រ័រ)។
១៣០៤. ដូចអគ្គសញ្ញាជ្រមុជទឹកដែលអគ្គសញ្ញាលាបថ្ងាសបង្ហើយ យើងផ្តល់អគ្គសញ្ញាលាបថ្ងាសតែម្តងប៉ុណ្ណោះ។ អគ្គសញ្ញាលាបថ្ងាសដៅចំណាំក្នុងព្រលឹងស្នាមខាងវិញ្ញាណដែលមិនអាចរលុប ជា “លក្ខណៈពិសេស” (DS ១៦០៩) ជាសញ្ញាសម្គាល់ថា ព្រះយេស៊ូគ្រីស្តបានដៅចំណាំគ្រីស្តបរិស័ទម្នាក់ពីត្រានៃព្រះវិញ្ញាណព្រះអង្គ ដោយផ្តល់ឫទ្ធានុភាពពីស្ថានលើ ដើម្បីឱ្យគេទៅជាសាក្សីរបស់ព្រះអង្គ (លក ២៤,៤៨-៤៩)។
១៣០៥. “លក្ខណៈពិសេស” ពង្រឹងឋានៈជាបូជាចារ្យរបស់គ្រីស្តបរិស័ទ ដែលសុទ្ធតែជាបូជាចារ្យតាំងពីអគ្គសញ្ញាជ្រមុជទឹក ឱ្យកាន់តែល្អប្រសើរ ហើយ “អ្នកដែលទទួលអគ្គសញ្ញាលាបថ្ងាសទទួលឫទ្ធានុភាពអាចប្រកាសជំនឿរបស់ព្រះគ្រីស្តជាសាធារុណៈ ហាក់ដូចជាគេបានទទួលបន្ទុកមួយ (quasi ex officio ) (សន្ត ថូម៉ាស នៃអាកាំង)។
៤. តើនរណាអាចទទួលអគ្គសញ្ញានេះបាន?
១៣០៦. អស់អ្នកដែលបានជ្រមុជទឹកហើយៗមិនទាន់បានទទួលអគ្គសញ្ញាលាបថ្ងាស អាច និងត្រូវតែទទួលអគ្គសញ្ញាលាបថ្ងាស (CIC ៨៨៩,១)។ ដោយសារអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណរួម ឯកភាពជាមួយគ្នា “គ្រីស្តបរិស័ទជាចាំបាច់ត្រូវតែទទួលអគ្គសញ្ញានេះ ក្នុងពេលសមរម្យ” (CIC ៨៩០) ដ្បិតបើ គ្មានអគ្គសញ្ញាលាបថ្ងាស និងអរព្រះគុណទេ អគ្គសញ្ញាជ្រមុជទឹកពិតជាត្រឹមត្រូវ ហើយមានប្រសិទ្ធិភាព ប៉ុន្តែ អ្នកដែលបានជ្រមុជទឹកមិនទាន់ជាគ្រីស្តបរិស័ទពេញលេញនៅឡើយ។
១៣០៧. ប្រពៃណីខាងបស្ចិមប្រទេសស្នើសុំឱ្យមាន “អាយុគ្រប់គ្រាន់” ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស។ ក៏ប៉ុន្តែ បើមានគ្រោះថ្នាក់ដល់ជីវិត យើងត្រូវតែផ្តល់អគ្គសញ្ញាលាបថ្ងាសដល់កូនក្មេង ទោះបីពួកវាមិនទាន់គ្រប់អាយុក៏ដោយ (CIC ៨៩១ ; ៨៨៣,៣)។
១៣០៨. ទោះជាមានពេលខ្លះ យើងធ្លាប់និយាយអំពីអគ្គសញ្ញាលាបថ្ងាសថា ជាអគ្គសញ្ញារបស់ “គ្រីស្ត បរិស័ទចាស់ទុំ” យ៉ាងណាក៏ដោយ ក៏យើងមិនត្រូវច្រឡំអាយុពេញវ័យនៃជំនឿជាមួយនឹងអាយុពេញវ័យខាងធម្មជាតិ ឬយើងមិនត្រូវភ្លេចថា ព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក ដោយមិនរាប់បាបបុណ្យ ហើយដែលមិនត្រូវការឱ្យយើង “បញ្ជាក់” ដើម្បីឱ្យព្រះអំណោយទាននេះមានប្រសិទ្ធិភាពទេ។ សន្ត ថូម៉ាស នៃអាកាំងរម្លឹកថា៖
អាយុនៃកាយមិនអាចធ្វើឱ្យព្រលឹងខូចខាតទេ។ ហេតុនេះ ទោះជាស្ថិតនៅក្នុងកុមារភាពក៏ដោយ មនុស្សអាចទទួលអាយុខាងវិញ្ញាណឱ្យបានពេញលក្ខណៈ ដូចមានចែងទុកក្នុងកណ្ឌព្រះប្រាជ្ញាញ្ញាណ (៤,៨)៖ អាយុជីវិត ដែលមានតម្លៃ មិនមែនមកពីមានអាយុវែង ហើយរស់បានយូរឆ្នាំនោះទេ”។ ហេតុនេះហើយ បានជាកុមារ កុមារីជាច្រើនបានតស៊ូដោយចិត្តក្លាហានរហូតដល់បង្ហូរឈាម ដើម្បីព្រះគ្រីស្ត ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ (សន្ត ថូម៉ាស នៃអាកាំង)។
១៣០៩. ក្នុងការការត្រៀមខ្លួន ទទួលអគ្គសញ្ញាលាបថ្ងាស ត្រូវតែមានគោលដៅណែនាំគ្រីស្តបរិស័ទឱ្យរួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាលជាងមុន ឱ្យស្គាល់ព្រះវិញ្ញាណដ៏វិសុទ្ធ កិច្ចការ អំណោយទាន និងការត្រាស់ហៅរបស់ព្រះអង្គ យ៉ាងជិតស្និទ្ធជាងមុន ដើម្បីអាចទទួលការខុសត្រូវប្រកាសដំណឹងល្អ ក្នុងការរស់នៅជាគ្រីស្តបរិស័ទ។ ហេតុនេះ អ្នកណែនាំអប់រំជំនឿឱ្យបេក្ខជនទទួលអគ្គសញ្ញាលាបថ្ងាសត្រូវតែខិតខំដាស់តឿនគេឱ្យដឹងថា គេជាកម្មសិទ្ធិនៃព្រះសហគមន៍របស់ព្រះយេស៊ូគ្រីស្ត ទាំងព្រះសហគមន៍សកល ទាំងសហគមន៍តាមភូមិ។ សហគមន៍តាមភូមិនេះទទួលការខុសត្រូវយ៉ាងពិសេសក្នុងការរៀបចំមនុស្សដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស (OCf)។
១៣១០. ត្រូវតែរួមរស់ជាមួយព្រះជាម្ចាស់ឱ្យបានពេញលេញ ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស។ គួរទទួលអគ្គសញ្ញាលើកលែងទោស ដែលបន្សុទ្ធយើង មុននឹងទទួលព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវតែអធិដ្ឋានយ៉ាងជ្រាលជ្រៅបំផុត ដើម្បីត្រៀមខ្លួន ដោយមានចិត្តសុភាពរាបសា ដើម្បីទទួលឫទ្ធានុភាព និងព្រះអំណោយទានផ្សេងៗនៃព្រះវិញ្ញាណដ៏វិសុទ្ធ (កក ១,១៤)។
១៣១១. បេក្ខជនគួរស្វែងរកជំនួយខាងវិញ្ញាណរបស់ឪពុកម្តាយធម៌ ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស ដូចចំពោះអគ្គសញ្ញាជ្រមុជទឹកផងដែរ។ ឪពុកម្តាយធម៌នៃអគ្គសញ្ញាលាបថ្ងាសគួរតែជាឪពុកម្តាយធម៌នៃអគ្គសញ្ញាជ្រមុជទឹកដែរ ដើម្បីបញ្ជាក់នូវឯកភាពនៃអគ្គសញ្ញាទាំងពីរនោះ (OCf; CIC ៨៩៣,១.២)។
៥. អ្នកមានមុខងារផ្តល់អគ្គសញ្ញាលាបថ្ងាស
១៣១២. ជាធម្មតា អ្នកមានមុខងារ ផ្តល់អគ្គសញ្ញាលាបថ្ងាស គឺជាលោកអភិបាល (LG ២៦)។
នៅបូព៌ាប្រទេស ជាធម្មតា លោកបូជាចារ្យដែលផ្តល់ពិធីជ្រមុជទឹកជាអ្នកដែលផ្តល់អគ្គសញ្ញា លាបថ្ងាសក្នុងពិធីបុណ្យតែមួយ។ ក៏ប៉ុន្តែ លោកធ្វើដូច្នេះជាមួយនឹងប្រេងគ្រីស្មា ដែលលោកព្រឹទ្ធាចារ្យ ឬលោក អភិបាលបានប្រសិទ្ធ ដែលសម្ដែងនូវឯកភាពដែលមកពីក្រុមគ្រីស្តទូតរបស់ព្រះសហគមន៍ ដែលអគ្គសញ្ញាលាប ថ្ងាសពង្រឹងចំណង។ ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស យើងប្រតិបត្តិតាមវិន័យដដែលនេះ ក្នុងពិធីជ្រមុជទឹករបស់មនុស្សពេញវ័យ ឬនៅពេលដែលយើងទទួលគ្រីស្តបរិស័ទម្នាក់ឱ្យរួបរួមជាមួយព្រះសហគមន៍ឱ្យបានពេញលេញ នៅពេលដែលគេមកពីសហគមន៍គ្រីស្តបរិស័ទផ្សេង ដែលមិនបានទទួលអគ្គសញ្ញាលាបថ្ងាសតាមក្បួនច្បាប់ព្រះសហគមន៍ (CIC ៨៨៣,២)។
១៣១៣. ក្នុងពិធីខាងបស្ចិមប្រទេស ជាធម្មតា អ្នកមានមុខងារផ្តល់អគ្គសញ្ញាលាបថ្ងាសជាលោកអភិបាល (CIC ៨៨២)។ ទោះបីជាលោកអភិបាលអាចអនុញ្ញាតឱ្យលោកបូជាចារ្យផ្តល់អគ្គសញ្ញាលាបថ្ងាស (CIC ៨៨៤,២) ដោយសារមូលហេតុសំខាន់ៗយ៉ាងណាក៏ដោយ ក៏លោកអភិបាលគួរផ្តល់អគ្គសញ្ញានេះដោយ ខ្លួនលោកផ្ទាល់ ដោយសារអត្ថន័យផ្ទាល់នៃអគ្គសញ្ញានេះ និងដោយមិនភ្លេចថា យើងបានបំបែកអគ្គសញ្ញានេះពីអគ្គសញ្ញាជ្រមុជទឹក ដើម្បីឱ្យលោកអភិបាលអាចផ្តល់ជូនអស់អ្នកដែលត្រូវទទួល។ លោកអភិបាលជាអ្នក បន្តមុខងារពីក្រុមគ្រីស្តទូត ពួកលោកបានទទួលអគ្គសញ្ញាតែងតាំងឱ្យបានពេញលក្ខណៈ ហេតុនេះហើយ បានជាពេលលោកអភិបាលផ្តល់អគ្គសញ្ញានេះ លោកបញ្ជាក់ថា អស់អ្នកដែលទទួលអគ្គសញ្ញានេះរួបរួមយ៉ាងស្និទ្ធស្នាលជាងមុនជាមួយព្រះសហគមន៍ រួមជាមួយក្រុមគ្រីស្តទូត និងរួមរស់ក្នុងបេសកកម្មផ្តល់សក្ខីភាពអំពីព្រះគ្រីស្តផងដែរ។
១៣១៤. បើគ្រីស្តបរិស័ទម្នាក់ជិតស្លាប់ លោកបូជាចារ្យណាម្នាក់ត្រូវតែផ្តល់អគ្គសញ្ញាលាបថ្ងាសឱ្យគេ (CIC ៨៨៣,៣)។ ព្រះសហគមន៍គ្មានបំណងឱ្យបុត្រធីតាណាម្នាក់របស់ខ្លួនចាកចេញពីលោកនេះ បើព្រះវិញ្ញាណដ៏វិសុទ្ធមិនទាន់បានប្រោសគេឱ្យបានគ្រប់លក្ខណៈ ដោយសារព្រះអំណោយទានយ៉ាងបរិបូណ៍របស់ព្រះគ្រីស្ត។
សង្ខេប
១៣១៥ . “ ក្រុមគ្រីស្តទូត នៅក្រុងយេរូសាឡឹម បានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកសិលា និង លោកយ៉ូហានឱ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុកសាម៉ារី គ្រីស្តទូតទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់សុំឱ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ ពេលនោះលោកសិលា និងលោកយ៉ូហានបានដាក់ដៃលើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ” (កក ៨,១៤-១៧)។
១៣១៦. ពិធីលាបថ្ងាសធ្វើឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹកបានពេញលក្ខណៈ គឺអគ្គសញ្ញានេះ ផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងចាក់ឫសយ៉ាងជ្រៅក្នុងពួជពង្សជាបុត្រធីតារបស់ព្រះជាម្ចាស់ ឱ្យយើងរួមជាមួយព្រះគ្រីស្តយ៉ាងស្និតស្នាល ជាប់ចំណងនឹងព្រះសហគមន៍យ៉ាងមាំមួន ចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ច្រើនជាងមុន និងជួយឱ្យយើងផ្តល់សក្ខីភាពអំពីគ្រីស្តសាសនាតាមពាក្យសម្ដីផង និងតាមកិច្ចការផងដែរ។
១៣១៧. ដូចពិធីជ្រមុជទឹកដែរ ពិធីលាបថ្ងាសដៅសញ្ញាសម្គាល់មួយនៃវិញ្ញាណ ដែលមិនអាចរលុបបាន ក្នុងព្រលឹងគ្រីស្តបរិស័ទ ហេតុនេះ មួយជីវិតនេះ យើងអាចទទួលអគ្គសញ្ញានេះ តែម្តងប៉ុណ្ណោះ។
១៣១៨. ក្នុងបូព៌ាប្រទេស គេផ្តល់អគ្គសញ្ញានេះក្រោយពីបានជ្រមុជទឹកភ្លាមៗ ក្រោយមក គេចូលរួមក្នុង ពិធីអរព្រះគុណ ជាប្រពៃណីដែលបញ្ជាក់ថា អគ្គសញ្ញាទាំងបីបង្ហាត់ឱ្យគេទៅជាគ្រីស្តបរិស័ទពេញលេញ ឯក ភាពជាមួយគ្នា។ ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស យើងផ្តល់អគ្គសញ្ញានេះ នៅពេលដែលបេក្ខជនចេះទទួលខុសត្រូវ ហើយយើងទុកឱ្យលោកអភិបាលប្រារព្ធអគ្គសញ្ញានេះ ដើម្បីបង្ហាញថា អគ្គសញ្ញានេះពង្រឹងចំណងជាមួយព្រះសហគមន៍។
១៣១៩. បេក្ខជនណាម្នាក់ ដែលចង់ទទួលពិធីលាបថ្ងាស និងដែលចេះទទួលខុសត្រូវ ត្រូវប្រកាសជំនឿ ទទួលការលើកលែងទោស មានបំណងចង់ទទួលអគ្គសញ្ញា និងត្រៀមខ្លួនបំពេញតួរនាទីរបស់ខ្លួនជាសាវ័ក និងជាសាក្សីរបស់ព្រះគ្រីស្ត ក្នុងព្រះសហគមន៍ផង ក្នុងសង្គមផង។
១៣២០. ពិធីសំខាន់បំផុតនៃពិធីលាបថ្ងាស គឺការចាក់ប្រេងគ្រីស្មាលើថ្ងាសរបស់គ្រីស្តបរិស័ទ (នៅបូព៌ា ប្រទេសលើវិញ្ញាណឯទៀត) ដោយមានអ្នកទទួលមុខងារបម្រើដាក់ដៃ ដោយពោលថា៖ “ខ្ញុំដៅអ្នកដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់” ក្នុងពិធីបុណ្យនៅទីក្រុងរ៉ូម “សញ្ញាសម្គាល់របស់ព្រះវិញ្ញាណដ៏ វិសុទ្ធជាព្រះអំណោយទាន” ក្នុងពិធីខាងបូព៌ាប្រទេស។
១៣២១. នៅពេលដែលយើងប្រារព្ធពិធីលាបថ្ងាសដាច់ឡែកពីពិធីជ្រមុជទឹក យើងបង្ហាញថា ពិធីទាំងពីរ ជាប់ចំណងនឹងគ្នា ដោយរម្លឹកអំពីពាក្យសន្យានៃពិធីជ្រមុជទឹក។ យើងប្រារព្ធពិធីលាបថ្ងាស នៅពេលដែលថ្វាយ អភិបូជា បញ្ជាក់អំពីឯកភាពនៃអគ្គសញ្ញាទាំងបីបង្ហាត់គេឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។
ប្រការទី៣៖ អគ្គសញ្ញាអរព្រះគុណ
១៣២២. ពិធីអរព្រះគុណដ៏វិសុទ្ធបញ្ចប់ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។ អស់អ្នកដែលអគ្គសញ្ញាជ្រមុជទឹកត្រូវបានលើកឡើងឱ្យមានឋានៈជាបូជាចារ្យ ហើយដែលបានរួមរស់ជាមួយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាលាបថ្ងាស អ្នកទាំងអស់នោះ ចូលរួមចំណែកជាមួយសហគមន៍ទាំងមូលក្នុងសក្ការបូជាផ្ទាល់របស់ព្រះអម្ចាស់ ដោយសារអគ្គសញ្ញាអរព្រះគុណ។
១៣២៣. “នៅពិធីជប់លៀងចុងក្រោយ គឺនៅពេលយប់ដែលព្រះយេស៊ូត្រូវគេបញ្ជូន ព្រះសង្រ្គោះរបស់យើងតែងតាំងសក្ការបូជាអរព្រះគុណ គឺបូជាព្រះកាយនិងព្រះលោហិតរបស់ព្រះអង្គ ដើម្បីបន្តសក្ការបូជាឰដ៏ឈើឆ្កាងតរៀងទៅរហូតដល់ព្រះអង្គយាងមក។ ព្រះអង្គក៏ផ្ញើទុកឱ្យព្រះសហគមន៍ជាភរិយាដ៏ជាទីស្រឡាញ់នឹករលឹកអំពីព្រះអង្គបូជាព្រះជន្ម និងមានព្រះជន្មថ្មីដែរ គឺព្រះអង្គផ្ញើទុកនូវអគ្គសញ្ញានៃសេចក្តីស្រឡាញ់នេះ ជាសញ្ញាសម្គាល់អំពីព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ ជាចំណងនៃសេចក្តីស្រឡាញ់ ជាពិធីជប់លៀងនៃបុណ្យចម្លង។ ក្នុងពិធីជប់លៀងនៃបុណ្យចម្លងនោះ គ្រីស្តបរិស័ទយើងបរិភោគព្រះគ្រីស្តទុកជាអាហារ។ យើងទទួលព្រះហឬទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់យ៉ាងពេញបរិបូណ៍ ហើយយើងក៏ទទួលព្រះអំណោយទានដើមដំបូងដែលបញ្ចាំចិត្តឱ្យដឹងថា យើងមុខជានឹងទទួលសិរីរុងរឿងនៅពេលអនាគតពុំខាន” (SC ៤៧)។
១. ពិធីអរព្រះគុណជាប្រភព និងជាកំពូលនៃការរស់នៅក្នុងព្រះសហគមន៍
១៣២៤. ពិធីអរព្រះគុណ “ជាប្រភព និងជាកំពូលនៃការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ” (LG ១១)។ “អគ្គសញ្ញាឯទៀតៗ ព្រមទាំងមុខងារទាំងអស់នៃព្រះសហគមន៍ ទាក់ទង និងស្ថិតក្រោមអំណាចនៃពិធីអរព្រះគុណ ដ្បិតក្នុងពិធីអរព្រះគុណដ៏វិសុទ្ធ មានកំណប់ខាងវិញ្ញាណទាំងស្រុងរបស់ព្រះសហគមន៍ ពោលគឺព្រះគ្រីស្តផ្ទាល់ ដែលជាបុណ្យចម្លងរបស់ពួកយើង” (PO ៥)។
១៣២៥. “អគ្គសញ្ញាអរព្រះគុណសម្ដែង និងសម្រេចការរួមរស់ក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ និងឯកភាពនៃប្រជារាស្រ្តរបស់ព្រះអង្គ ដែលធ្វើឱ្យព្រះសហគមន៍មានសភាពជាព្រះសហគមន៍។ ក្នុងអគ្គសញ្ញានេះ មានកំពូលនៃកិច្ចការដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឱ្យបានវិសុទ្ធ នៅក្នុងអង្គព្រះគ្រីស្តផង ហើយមានការគោរពប្រណិប័តន៍ នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមនុស្សលោកថ្វាយចំពោះព្រះគ្រីស្ត និងនៅក្នុងអង្គព្រះអង្គចំពោះព្រះបិតា” (CdR)។
១៣២៦. ទីបញ្ចប់ ដោយសារពិធីបុណ្យអរព្រះគុណ យើងរួបរួមជាមួយនឹងពិធីបុណ្យនៃស្ថានបរមសុខហើយៗយើងប្រារព្ធទុកជាមុនជីវិតអស់កល្បជានិច្ច នៅពេលដែល “ព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ” (១ករ ១៥,២៨)។
១៣២៧. និយាយឱ្យខ្លីទៅ អគ្គសញ្ញាអរព្រះគុណជាសេចក្ដីសង្ខេប និងបូកសរុបជំនឿរបស់យើង៖ “របៀបគិតរបស់យើងសម្របទៅនឹងពិធីអរព្រះគុណ ហើយពិធីអរព្រះគុណវិញ បញ្ជាក់អំពីរបៀបគិតរបស់យើង” (សន្ត អ៊ីរ៉េណេ)។
២. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?
១៣២៨. របៀបហៅផ្សេងៗដែលគេធ្លាប់ប្រើសម្ដែងនូវលក្ខណៈសម្បត្តិដ៏ប្រសើរបំផុតនៃអគ្គសញ្ញានេះ។ របៀបហៅនីមួយៗបំភ្លឺលក្ខណៈខ្លះៗនៃអគ្គសញ្ញានេះ។ គេហៅអគ្គសញ្ញានេះថា៖
អរព្រះគុណ ដ្បិតយើងអរព្រះគុណព្រះជាម្ចាស់។ ពាក្យ eucharistein (លក ២២,១៩ ; ១ករ ១១,២៤) និង eulogein (មថ ២៦,២៦ ; មក ១៤,២២) រម្លឹកពិធីប្រទានពរនៃសាសនាយូដា ដែលប្រកាស -ជាពិសេសក្នុងពិធីជប់លៀង- ស្នាព្រះហស្តរបស់ព្រះជាម្ចាស់៖ ការបង្កើត ការសង្រ្គោះ និងការប្រោសឱ្យបានវិសុទ្ធ។
១៣២៩. ពិធីជប់លៀរបស់ព្រះអម្ចាស់ (១ករ ១១,២០) សំដៅទៅលើពិធីជប់លៀងចុងក្រោយ របស់ព្រះ អម្ចាស់ជាមួយក្រុមសាវ័ក មុននឹងរងទុក្ខលំបាក ដែលប្រារព្ធទុកជាមុនពិធីជប់លៀងមង្គលការរបស់កូនចៀម (វវ ១៩,៩) នៅទីក្រុងយេរូសាឡឹមនៅស្ថានបរមសុខ។
ពិធីកាច់នំបុ័ង ដ្បិតព្រះយេស៊ូបានប្រើពិធីនេះ ដែលជាលក្ខណៈពិសេសនៃម្ហូបអាហាររបស់ជនជាតិយូដា នៅពេលដែលព្រះអង្គប្រទានពរ និងចែកនំបុ័ងក្នុងឋានៈជាម្ចាស់ផ្ទះ (មថ ១៤,១៩ ; ១៥,៣៦ ; មក ៨,៦.១៩) ជាពិសេសនៅពិធីជប់លៀងចុងក្រោយ (មថ ២៦,២៦ ; ១ករ ១១,២៤)។ ដោយសារកាយវិការនេះ ក្រុមសាវ័កនឹងទទួលស្គាល់ព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មថ្មី (លក ២៤,១៣-៣៥) ហើយគ្រីស្តបរិស័ទដើមនឹងហៅអភិបូជារបស់គេតាមពាក្យសម្តីនេះដែរ (កក ២,៤២.៤៦ ; ២០,៧.១១)។ ដោយសារពាក្យសម្តីនេះ គ្រីស្តបរិស័ទចង់បង្ហាញថា អស់អ្នកដែលទទួលទាននំបុ័ងតែមួយ ដែលត្រូវកាច់ គឺព្រះគ្រីស្ត អ្នកនោះរួបរួមជាមួយព្រះអង្គ ហើយធ្វើជារូបកាយតែមួយក្នុងអង្គព្រះអង្គ (១ករ ១០,១៦-១៧)។
អង្គប្រជុំអរព្រះគុណ (synaxis) ដ្បិតអង្គប្រជុំរបស់គ្រីស្តបរិស័ទ ដែលសម្ដែងព្រះសហគមន៍ឱ្យមើលឃើញ ជាអ្នកប្រារ្ធពិធីអរព្រះគុណ (១ករ ១១,១៧-៣៤)។
១៣៣០. ធម៌នឹករលឹក នៃទុក្ខលំបាក និងជីវិតថ្មីរបស់ព្រះអម្ចាស់។
សក្ការបូជាដ៏វិសុទ្ធ ដ្បិតអគ្គសញ្ញានេះ ធ្វើឱ្យសក្ការបូជាតែមួយរបស់ព្រះគ្រីស្តជាព្រះ សង្រ្កោះមានវត្តមានសព្វថ្ងៃ ព្រមទាំងបង្រួបបង្រួមតង្វាយរបស់ព្រះសហគមន៍ ឬសក្ការបូជាដ៏វិសុទ្ធនៃអភិបូជា “យញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់” (ហប ១៣,១៥) (ទន ១១៦,១៣.១៧) យញ្ញបូជាខាងវិញ្ញាណ (១ពត្រ ២,៥) យញ្ញបូជាដ៏បរិសុទ្ធ (មគ ១,១១) និងដ៏វិសុទ្ធ ដ្បិតយញ្ញបូជានេះ សម្រេចសព្វគ្រប់យញ្ញបូជាទាំងអស់នៃសម្ពន្ធមេត្រីចាស់។
ពិធីបុណ្យដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដ្បិតពិធីបុណ្យទាំងអស់របស់ព្រះសហគមន៍បានពេញ លក្ខណៈដោយសារការប្រារព្ធអគ្គសញ្ញានេះ។ តាមអត្ថន័យដដែលនេះ យើងហៅអគ្គសញ្ញានេះថា ពិធីលើកតម្កើងគម្រោងការដ៏លាក់កំបាំងដ៏វិសុទ្ធ ។ យើងនិយាយអំពីអគ្គសញ្ញាដ៏វិសុទ្ធបំផុត ដែរ ដ្បិតអគ្គសញ្ញានេះ ជាអគ្គសញ្ញានៃអគ្គសញ្ញាទាំងអស់។ អគ្គសញ្ញាដ៏វិសុទ្ធបំផុត សម្តៅទៅលើព្រះកាយព្រះគ្រីស្តដែលយើងទុកនៅក្នុងព្រះពន្លា។
១៣៣១. អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដ្បិតដោយសារអគ្គសញ្ញានេះ យើងរួមរស់ជាមួយព្រះគ្រីស្ត ដែល ប្រោសយើងឱ្យចូលរួមចំណែកក្នុងព្រះកាយ ព្រះលោហិតព្រះអង្គ ដើម្បីឱ្យទៅជារូបកាយតែមួយ (១ករ ១០,១៦-១៧)។ យើងហៅអគ្គសញ្ញានេះថា វត្ថុដ៏វិសុទ្ធ៖ ta hagia ; sancta (Const. Ap. ; ឌីដាខែ) -ដែលជាអត្ថន័យដំបូងនៃសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ដែលមាននៅក្នុងធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្រ្តទូត- នំបុ័ងនៃទេវទូត នំបុ័ងនៃស្ថានបរមសុខ ថ្នាំនៃជីវិតអមតៈ (សន្ត អ៊ីញ៉ាស អង់ទីអូស)...
១៣៣២. អភិបូជាដ៏វិសុទ្ធ ដ្បិតពិធីចាត់គ្រីស្តបរិស័ទឱ្យទៅ (missio ) បញ្ចប់ពិធីបុណ្យ ដែលព្រះជាម្ចាស់បានសម្រេចគម្រោងការនៃការសង្រ្គោះ។ ព្រះអង្គចាត់ឱ្យគ្រីស្តបរិស័ទទៅ ដើម្បីគាប់ព្រះ ហឫទ័យរបស់ព្រះអង្គក្នុងជីវិតប្រចាំថ្ងៃ។
៣. អគ្គសញ្ញាអរព្រះគុណក្នុងការចាត់ចែងនែការសង្រ្គោះ
សញ្ញាសម្គាល់នៃនំបុ័ង និងស្រា
១៣៣៣. ដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ត និងដោយសារពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមក នំបុ័ង និងស្រាក្លាយទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ នេះជាស្នូលនៃពិធីអរព្រះគុណ។ ព្រះសហគមន៍ ដែលស្មោះត្រង់នឹងព្រះបញ្ជារបស់ព្រះអម្ចាស់ នៅតែធ្វើអ្វីដែលព្រះអង្គបានធ្វើមុននឹងរងទុក្ខលំបាក ព្រះសហគមន៍ក៏ធ្វើដូច្នេះ ដើម្បីរម្លឹកដល់ព្រះអង្គ រហូតដល់ពេលទ្រង់នឹងយាងមកវិញពោរពេញដោយសិរីរុងរឿង៖ “ព្រះអង្គយកនំបុ័ងមកកាន់...” “ព្រះអង្គលើកពែងស្រាទំពាំងបាយជូរឡើង...”។ ដោយក្លាយទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត តាមរបៀបអាថ៌កំបាំង សញ្ញាសម្គាល់នៃនំបុ័ង និងស្រា នៅតែសម្ដែងសប្បុរសធម៌នៃការ បង្កើត។ ហេតុនេះ ពេលថ្វាយតង្វាយ យើងអរព្រះគុណព្រះជាម្ចាស់ ដើម្បីនំបុ័ង និងស្រា (ទន ១០៤,១៣-១៥) ជាផលផ្លៃនៃ “ការងាររបស់មនុស្សលោក” ប៉ុន្តែ មុនដំបូង “ផលផ្លែនៃទឹកដី” និង “ដើមទំពាំងបាយជូរ” ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ជាព្រះបង្កើត។ ព្រះសហគមន៍យល់ឃើញថា កាយវិការរបស់លោកមែលគីសេដែកជាព្រះមហាក្សត្រ និងជាបូជាចារ្យ ដែល “យកនំបុ័ង និងស្រា” (កណ ១៤,១៨) ជានិមិត្តរូបទុកជាមុននៃតង្វាយរបស់ខ្លួន (MR)។
១៣៣៤. ក្នុងសម័្ពន្ធមេត្រីចាស់ គេថ្វាយនំបុ័ង និងស្រាធ្វើជាយញ្ញបូជា ក្នុងចំណោមផលផ្លែដំបូងនៃផែនដី ដើម្បីអរព្រះគុណព្រះជាម្ចាស់ជាព្រះបង្កើត។ ប៉ុន្តែ ក្នុងកាលៈទេសៈនៃដំណើរឆ្ពោះទៅកាន់សេរីភាព នំបុ័ង និងស្រានោះ ទទួលអត្ថន័យថ្មី៖ នំបុ័ងឥតមេ ដែលជនជាតិអ៊ីស្រាអែលបរិភោគជារៀងរាល់ឆ្នាំ រម្លឹកថា គេបានចាកចេញពីប្រទេសអេស៊ីបយ៉ាងប្រញាប់ប្រញាល់ នំម៉ាណាតែងតែរម្លឹកឱ្យជនជាតិអ៊ីស្រាអែលដឹងថា គេរស់ដោយសារអាហារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៨,៣)។ ទីបញ្ចប់ នំបុ័ងប្រចាំថ្ងៃជាផលផ្លែនៃទឹកដីសន្យា ដែលធានាថា ព្រះជាម្ចាស់គោរពព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ “ពែងនៃព្រះពរ” (១ករ ១០,១៦) នៅទីបញ្ចប់នៃពីធីជប់លៀងនៃបុណ្យចម្លងរបស់ជនជាតិយូដា មិនគ្រាន់តែសម្ដែងនូវភាពសប្បាយរីករាយនៃស្រា ទំពាំងបាយជូទេ ថែមទាំងបង្ហាញថា ពួកគេរង់ចាំគ្រាចុងក្រោយបំផុត ជាគ្រាដែលព្រះសង្រ្គោះនឹងប្រោសទីក្រុងយេរូសាឡឹមឡើងវិញដែរ។ ព្រះយេស៊ូបានតែងតាំងអភិបូជារបស់ព្រះអង្គ ដោយផ្តល់អត្ថន័យថ្មី និងជាស្ថាពរដល់ការប្រទានពរលើនំបុ័ង និងលើពែង ។
១៣៣៥. នៅពេលដែលព្រះយេស៊ូប្រទានព្រះពរ កាច់ និងចែកនំបុ័ងឱ្យបណ្តាជនតាមរយៈក្រុមសាវ័ក ការអស្ចារ្យនោះជានិមិត្តរូបទុកជាមុននំបុ័ងតែមួយ និងយ៉ាងបរិបូណ៍ នៃពិធីអរព្រះគុណរបស់ព្រះអង្គ (មថ ១៤,១៣-២១ ; ១៥,៣២-៣៩)។ សញ្ញានៃទឹកប្រែជាស្រានៅភូមីកាណា (យហ ២,១១) ប្រកាសទុកជាមុនពេលកំណត់នៃសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយសម្តែងថា ពិធីមង្គលការបានសម្រេច នៅក្នុងព្រះរាជ្យព្រះបិតា ដែលគ្រីស្តបរិស័ទនឹងពិសាស្រាថ្មី (មក១៤,២៥) ដែលបានក្លាយទៅជាព្រះលោហិតព្រះគ្រីស្ត។
១៣៣៦. ពេលព្រះយេស៊ូនមានព្រះបន្ទូលជាលើកទីមួយអំពីអភិបូជា ក្រុមសាវ័កទាស់ចិត្ត ដូចពេលព្រះ អង្គមានព្រះបន្ទូលថា នឹងរងទុក្ខលំបាកដែរ៖ “ពាក្យទាំងនេះ ទាស់ត្រចៀកណាស់! តើនរណាអាចទ្រាំស្តាប់បាន?” (យហ ៦,៦០)។ អភិបូជា និងព្រះឈើឆ្កាងដូចជាថ្មជំពប់ចិត្ត ជាគម្រោងការដ៏អស្ចារ្យតែមួយ ដែលនៅតែបណ្តាលឱ្យមនុស្សទាស់ទែងគ្នា។ “ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរ ឬ?” (យហ ៦,៦៧)៖ សំណួររបស់ព្រះអម្ចាស់នេះលាន់ឮគ្រប់សម័យ ដូចជាព្រះអង្គអញ្ជើញយើងឱ្យយល់ឃើញថា មានតែ “ព្រះ បន្ទូលរបស់ព្រះអង្គ (ដែល) ផ្តល់ជីវិតអស់កល្បជានិច្ច” (យហ ៦,៦៨) ហើយឱ្យយើងយល់ឃើញថា ពេលយើងទទួលព្រះអំណោយទាននៃអភិបូជារបស់ព្រះអង្គដោយមានជំនឿ យើងក៏ទទួលព្រះអង្គផ្ទាល់ផងដែរ។
ការតែងតាំងពិធីអរព្រះគុណ
១៣៣៧. ដោយព្រះអម្ចាស់ស្រលាញ់មិត្តសម្លាញ់របស់ព្រះអង្គ ទ្រង់ក៏ស្រលាញ់ពួកគេរហូតដល់ទីបំផុត។ ព្រះអង្គជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅឯព្រះបិតាវិញ។ ពេលកំពុងបរិភោគអាហារ ព្រះអង្គលាងជើងពួកគេ ហើយទ្រង់ប្រទានវិន័យនៃសេចក្ដីស្រលាញ់ឱ្យពួកគេ (យហ ១៣,១-១៧)។ ដើម្បីបញ្ចាំសេចក្ដីស្រលាញ់នេះ ដើម្បីកុំឱ្យឃ្លាតឆ្ងាយពីមិត្តសម្លាញ់របស់ព្រះអង្គ ហើយដើម្បីឱ្យពួកគេ អាចចូលរួមចំណែកក្នុងបុណ្យចម្លងរបស់ព្រះអង្គ ទ្រង់ក៏តែងតាំងអភិបូជាជាពិធីនឹករលឹកថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មី ហើយព្រះអង្គបានបញ្ជាក្រុមគ្រីស្តទូតឱ្យពួកគេលើកតម្កើងព្រះអង្គរហូតដល់ព្រះអង្គនឹងយាងមកវិញ។ ព្រះអង្គក៏បាន “តែងតាំងពួកលោកឱ្យទៅជាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៤០)។
១៣៣៨. គម្ពីរសហចក្ខុ និងសន្តប៉ូលជម្រាបឱ្យយើងដឹងថា ព្រះយេស៊ូបានតែងតាំងអភិបូជា ឯសន្តយ៉ូហានវិញ លោករៀបរាប់នូវព្រះបន្ទូលរបស់ព្រះយេស៊ូក្នុងធម្មសាលានៃទីក្រុងកាផានុម ជាព្រះបន្ទូលដែលរៀបចំការតែងតាំងពិធីអរព្រះគុណ៖ ព្រះគ្រីស្តសម្ដែងព្រះអង្គឱ្យយើងដឹងថា ព្រះអង្គជានំបុ័ងនៃជីវិត ដែលចុះពីស្ថានបរមសុខមក (យហ ៦)។
១៣៣៩. ព្រះយេស៊ូបានជ្រើសរើសវេលានៃបុណ្យចម្លង ដើម្បីបំពេញព្រះបន្ទូលរបស់ព្រះអង្គ នៅទីក្រុង កាផានុម គឺប្រទានឱ្យក្រុមសាវ័កនូវព្រះកាយ និងព្រះលោហិតព្រះអង្គ៖
លុះដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជាសម្រាប់បុណ្យចម្លង។ ព្រះយេស៊ូបានចាត់លោកសិលានិងលោកយ៉ូហានឱ្យទៅមុន ដោយមានព្រះបន្ទូលថា៖ “ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង” (...)។ អ្នកទាំងពីរក៏ចេញទៅ (...)។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមគ្រីស្តទូត ព្រះអង្គមានព្រះបន្ទូលថា៖ “មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លងនេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យព្រះជាម្ចាស់” (...)។ បន្ទាប់មកព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឱ្យពួកគេដោយមានព្រះបន្ទូលថា៖ “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករំព្ញកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា” (លក ២២,៧-២០) (មថ ២៦,១៧-២៩ ; មក ១៤,១២-២៥ ; ១ករ ១១,២៣-២៦)។
១៣៤០. ដោយប្រារព្ធពិធីជប់លៀងចុងក្រោយជាមួយក្រុមគ្រីស្តទូតរបស់ព្រះអង្គ នៅពេលបុណ្យចម្លង ព្រះយេស៊ូបានផ្តល់អត្ថន័យជាស្ថាពរដល់បុណ្យចម្លងនៃជនជាតិយូដា។ តាមការពិត ពិធីជប់លៀងចុងក្រោយរៀបចំទុកជាមុនបុណ្យចម្លងថ្មី ជាការចម្លងរបស់ព្រះយេស៊ូឆ្ពោះទៅព្រះបិតារបស់ព្រះអង្គ ដោយសោយទីវង្គត និងមានព្រះជន្មថ្មី។ អភិបូជាលើកតម្កើងបុណ្យចម្លងនេះ សម្រេចសព្វគ្រប់បុណ្យចម្លងនៃជនជាតិយូដា និងប្រារព្ធទុកជាមុនបុណ្យចម្លងចុងក្រោយរបស់ព្រះសហគមន៍ក្នុងសិរីរុងរៀងនៃព្រះរាជ្យ។
“ធ្វើដូច្នេះដើម្បីនឹករលឹកដល់ខ្ញុំ”
១៣៤១. ព្រះយេស៊ូបញ្ជាឱ្យយកតម្រាប់តាមកាយវិការ និងព្រះបន្ទូលរបស់ព្រះអង្គ “រហូតដល់ព្រះអង្គយាងមកវិញ” មិនគ្រាន់តែដើម្បីរម្លឹកដល់ព្រះអង្គ និងអ្វីដែលព្រះអង្គបានប្រព្រឹត្តទេ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីពិធីបុណ្យ ដោយក្រុមគ្រីស្តទូត និងអ្នកបន្តក្រុមនេះ ដែលនឹករលឹក ព្រះគ្រីស្ត ជីវិតរបស់ព្រះអង្គ ហើយនឹករលឹកថា ព្រះអង្គបានសោយទិវង្គត មានព្រះជន្មថ្មី និងជួយអង្វរព្រះបិតា។
១៣៤២. តាំងពីដើមដំបូង ព្រះសហគមន៍ស្មោះត្រង់នឹងព្រះបញ្ជារបស់ព្រះអម្ចាស់។ មានចែងទុកអំពី ព្រះសហគមន៍នៅទីក្រុងយេរូសាឡឹមថា៖
សាវ័កទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិស្ឋាន (...)។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសផង (កក ២,៤២.២៦)។
១៣៤៣. គ្រីស្តបរិស័ទជួបជុំគ្នាធ្វើ “ពិធីកាច់នំបុ័ង” (កក ២០,៧) ជាពិសេស “ថ្ងៃទីមួយនៃសប្តាហ៍” គឺថ្ងៃ អាទិត្យ ជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មថ្មី។ ចាប់តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ យើងនៅ តែថ្វាយអភិបូជា ទើបមានអភិបូជាគ្រប់ព្រះសហគមន៍ ជាមួយនឹងរចនាសម្ពន្ធមូលដ្ឋានដដែល។ អភិបូជាជាស្នូលនៃការរស់នៅក្នុងព្រះសហគមន៍។
១៣៤៤. ហេតុនេះហើយ បានជាពីពិធីបុណន្យមួយទៅពិធីបុណ្យមួយទៀត ដោយប្រកាសថា ព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មថ្មី “រហូតដល់ព្រះអង្គយាងមកវិញ” (១ករ ១១,២៦) ប្រជារាស្រ្ត របស់ព្រះជាម្ចាស់ដែលកំពុងធ្វើបូជនីយេសចរណ៍ “ដើរទៅមុខតាមទ្វារចង្អៀតនៃឈើឆ្កាង” (AG ១) ឆ្ពោះទៅ ពិធីជប់លៀងនៃស្ថានបរមសុខ នៅពេលដែលអស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសនឹងរួមតុនៃព្រះរាជ្យ។
៤. ពិធីបុណ្យនៃអគ្គសញ្ញាអរព្រះគុណ
អភិបូជាគ្រប់សម័យកាល
១៣៤៥. តាំងពីសតវត្សទីពីរ សន្ត យូស្តាំង ជាមរណសាក្សី ផ្តល់សក្ខីភាពអំពីកិច្ចសំខាន់ដែលគ្រីស្តបរិស័ទត្រូវប្រតិបត្តិក្នុងពិធីបុណ្យអរព្រះគុណ។ កិច្ចនោះ នៅតែមានដដែលរហូតដល់សព្វថ្ងៃ សម្រាប់ព្រះសហគមន៍សំខាន់ៗ។ នៅឆ្នាំ ១៥៥ ដើម្បីពន្យល់ឱ្យព្រះចៅអធិរាជ អង់តូនីន ជាអ្នកគោរពប្រណិប័តន៍ (១៣៨-១៦១) នូវអ្វីដែលគ្រិស្តបរិស័ទធ្វើ សន្ត យូស្តាំងសរសេរសេចក្ដីនោះថា៖
នៅថ្ងៃដែលគេហៅថា ថ្ងៃអាទិត្យ គ្រីស្តបរិស័ទទាំងអស់ ព្រមទាំងអ្នកនៅទីក្រុងក្ដី អ្នកនៅស្រុកស្រែក្ដី មកជួបជុំគ្នា។ ពួកគេអានសេចក្ដីដែលក្រុមគ្រីស្តទូតបានសរសេរទុក និងសេចក្ដីប្រៀនប្រដៅរបស់ពួកព្យាការី។ គេអានយ៉ាងយូរបំផុតតាមលទ្ធភាពរបស់ពួកគេ។ កាលណាអ្នកអាន អានចប់ អ្នកអធិបតីជំរុញ និងដាស់តឿនឱ្យយកតម្រាប់តាមសេចក្ដីដ៏ប្រសើរទាំងអស់នោះ។ បន្ទាប់មក យើងទាំងអស់គ្នាក្រោកឡើង ហើយអធិដ្ឋានរួមគ្នា ដើម្បីខ្លួនឯង (...) និងដើម្បីអ្នកដទៃ គ្រប់ទីកន្លែងដែលពួកគេនៅ ដើម្បីឱ្យយើងទៅជាមនុស្សសុចរិត ទាំងរបៀបរស់នៅ និងកិច្ចការផងទាំងពួង ព្រមទាំងគោរពបទបញ្ជាដោយចិត្តស្មោះ ហើយដើម្បីបានទទួលការសង្រ្គោះអស់កល្បជានិច្ច។ លុះដល់អធិដ្ឋានរួច យើងធ្វើកាយវិការជាសញ្ញាថា យើងសម្រុះសម្រួលនឹងគ្នា។ បន្ទាប់មកទៀត គេយកនំបុ័ង ហើយពែងដាក់ស្រានិងទឹកលាយគ្នាឱ្យអ្នកអធិបតីរបស់បងប្អូន។ លោកទទួលយកអំណោយនោះ កោតសរសើរ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៃសកលលោក ដោយព្រះនាមព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលោកអរព្រះគុណ (ជាភាសាក្រិក eucharistian ) យ៉ាងយូរ ដ្បិតព្រះជាម្ចាស់បានប្រោសយើងឱ្យសមនឹងអំណោយនោះ។ លុះដល់លោកអធិដ្ឋាន និងអរព្រះគុណរួច គ្រីស្តបរិស័ទអបអរសាទរ ដោយថ្លែងថា អាម៉ែន។ នៅពេលដែលអ្នកអធិបតីបានអរព្រះគុណ និងប្រជាជនបានឆ្លើយតបរួច អស់អ្នកដែលយើងហៅថា ឧបដ្ឋាកចែកនំបុ័ង ស្រា និងទឹក “ដែលព្រះជាម្ចាស់បានប្រែ” ទៅដល់អស់អ្នកដែលកំពុងចូលរួម ហើយពួកលោកយកទៅជូនអស់អ្នកដែលមិនបានចូលរួម។
១៣៤៦. ពិធីបុណ្យអរព្រះគុណប្រារព្ធតាមកិច្ចដែលត្រូវប្រតិបត្តិដដែល ពីសតវត្សមួយទៅសតវត្សមួយ រហូតដល់សព្វថ្ងៃ ដោយមានវេលាសំខាន់ៗពីរ ដែលរួមឯកភាពជាមួយគ្នា៖
- ការជួបជុំគ្នា ពិធីលើកតម្កើងព្រះបន្ទូល ជាមួយនឹងការអានអត្ថបទ ធម្មទេសនា និងសេចក្ដីអង្វរសកល
- ពិធីអរព្រះគុណដ៏វិសុទ្ធ ដោយមានការថ្វាយតង្វាយ ធម៌អរព្រះគុណ ការប្រសិទ្ធពរ និងពិធីទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត។
ពិធីលើកតម្កើងព្រះបន្ទូល និងពិធីអរព្រះគុណដ៏វិសុទ្ធ រួមជាមួយគ្នាធ្វើជា “កិច្ចគោរពបម្រើព្រះជាម្ចាស់តែមួយគត់” (SC ៥៦) ដ្បិតតុនៃអភិបូជាជាតុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង តុនៃព្រះកាយព្រះអម្ចាស់ផងដែរ (DV ២១)។
១៣៤៧. តើចលនានេះ មិនមែនជាចលនានៃពិធីជប់លៀងនៃបុណ្យចម្លងរបស់ព្រះយេស៊ូ ដែលមានព្រះជន្មថ្មី ជាមួយក្រុមសាវ័កទេឬ? នៅកំពុងធ្វើដំណើរ ព្រះអង្គពន្យល់គម្ពីរឱ្យពួកគេ បន្ទាប់មក ព្រះអង្គចូលរួមតុជាមួយពួកគេ ទ្រង់ “យកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឱ្យគេ” (លក ២៤,១៣-៣៥)។
ចលនានៃពិធីបុណ្យ
១៣៤៨. ទាំងអស់គ្នាជួបជុំគ្នា ។ គ្រីស្តបរិស័ទនាំគ្នាចូលក្នុងកន្លែងតែមួយដើម្បីថ្វាយអភិបូជា។ ព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា ជាតួឯកនៃពិធីអរព្រះគុណ។ ព្រះអង្គជាមហាបូជាចារ្យនៃសម័្ពន្ធមេត្រីថ្មី។ ដោយយើងមើលមិនឃើញ ព្រះអង្គជាអ្នកអធិបតីនៃពិធីអរព្រះគុណទាំងអស់។ លោកអភិបាល ឬលោកបូជាចារ្យ (ដែលប្រព្រឹត្តក្នុងអង្គព្រះគ្រីស្តជាព្រះសិរសា ) ជាតំណាងរបស់ព្រះអង្គ ដោយណែនាំអង្គប្រជុំ ទេសនាក្រោយពីបានអានអត្ថបទ ទទួលតង្វាយ និងសូត្រធម៌អរព្រះគុណដ៏វិសុទ្ធ។ ទាំងអស់គ្នា ចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យ តាមរបៀបរៀងៗខ្លួន៖ អ្នកអាន អ្នកយកតង្វាយមកថ្វាយ អ្នកជូនព្រះកាយព្រះលោហិតព្រះគ្រីស្ត ហើយប្រជាជនទាំងមូល គេចូលរួមផងដែរ ដោយពោលពាក្យ អាម៉ែន ។
១៣៤៩. ក្នុងពិធីលើកតម្កើងព្រះបន្ទូល មាន “សេចក្ដីប្រៀនប្រដៅរបស់ពួកព្យាការី” ពោលគឺសម័្ពន្ធមេត្រីចាស់ និង “សេចក្ដីដែលក្រុមគ្រីស្តទូតបានទុក” ពោលគឺលិខិតរបស់ពួកលោក និងកណ្ឌដំណឹងល្អ។ ក្រោយពីធម៌ទេសនា ដែលដាស់តឿនឱ្យចាត់ទុកថា ព្រះបន្ទូលនេះ ពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ២,៥) ព្រមទាំងឱ្យប្រតិបត្តិតាម មានសេចក្ដីអង្វរសកលសម្រាប់មនុស្សទាំងអស់ តាមពាក្យសម្តីរបស់គ្រីស្តទូតប៉ូលថា៖ “ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឱ្យទូលសូមព្រះជាម្ចាស់ អធិដ្ឋាន អង្វរ និងអរព្រះគុណព្រះអង្គ សម្រាប់មនុស្សទាំងអស់ផង។ សម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឱ្យយើងរស់នៅបានសុខក្សេមក្សាន្តគ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់ អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ” (១ធម ២,១-២)។
១៣៥០. ពិធីថ្វាយតង្វាយ ៖ ពេលនោះ ជួនកាលជាក្បួនដង្ហែ យើងយកនំបុ័ង និងស្រាទៅដល់អាសនៈ ដែលលោកបូជាចារ្យនឹងថ្វាយជាសក្ការបូជា ក្នុងព្រះនាមព្រះគ្រីស្ត
ហើយដែលនឹងទៅជាព្រះកាយ និងព្រះលោហិតព្រះអង្គ។ កាយវិការនេះ ជាកាយវិការផ្ទាល់របស់ព្រះគ្រីស្ត នៅពិធីជប់លៀងចុងក្រោយ ពេលព្រះអង្គ “យកនំបុ័ង និងពែងមកកាន់”។ “មានតែព្រះសហគមន៍ ដែលថ្វាយសក្ការបូជាដ៏បរិសុទ្ធនេះ ចំពោះព្រះជាម្ចាស់ជាព្រះបង្កើត ដោយថ្វាយអ្វីដែលមកពីការបង្កើតរបស់ព្រះអង្គ ព្រមទាំងអរព្រះគុណព្រះអង្គផង” (សន្ត អ៊ីរ៉ែណេ ; មគ ១,១១)។ ពិធីថ្វាយតង្វាយទៅដល់អាសនៈទទួលយកកាយវិការរបស់ព្រះបាទមែលគីសេដែក ហើយប្រគល់អំណោយរបស់ព្រះបង្កើតក្នុងព្រះហស្តរបស់ព្រះគ្រីស្ត។ គឺព្រះអង្គនេះហើយ ដែលប្រោសយញ្ញបូជាទាំងប៉ុន្មានដែលមនុស្សព្យាយាមថ្វាយ ឱ្យបានគ្រប់លក្ខណៈ ក្នុងសក្ការបូជារបស់ព្រះអង្គ។
១៣៥១. តាំងពីដើមដំបូង គ្រីស្តបរិស័ទយកអំណោយរបស់ពួកគេ រួមជាមួយនំបុ័ង និងស្រា ដើម្បីចែករំលែកដល់អស់អ្នក ដែលមានតម្រូវការ។ ទំនៀមទំលាប់នៃការរៃប្រាក់ (១ករ ១៦,១) ដែលមានរហូតដល់សព្វថ្ងៃ យកតម្រាប់តាមព្រះគ្រីស្ត ដែលបានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមាន (២ករ ៨,៩)៖
អស់អ្នកដែលមាន ហើយដែលចង់ចែកទានតាមលទ្ធភាព ដែលខ្លួនបានកំណត់ទុកជាមុន។ យើងយកអ្វីដែលបានទទួលជូនអ្នកអធិបតី ហើយលោកជួយសង្រ្គោះក្មេងកំព្រា និងស្រ្តីមេម៉ាយ អស់អ្នកដែលមានជម្ងឺ ឬមូល ហេតុផ្សេងៗធ្វើឱ្យគេខ្វះខាត អ្នកជាប់គុក អន្តោប្រវេសន៍ និយាយឱ្យខ្លី លោកជួយសង្រ្គោះអស់អ្នកដែលមានតម្រូវការ (សន្ត យូស្តាំង)។
១៣៥២. ធម៌អរព្រះគុណដ៏វិសុទ្ធ ៖ ធម៌អរព្រះគុណដ៏វិសុទ្ធ ជាធម៌ប្រសិទ្ធពរ ដែលជាស្នូលនិងកំពូលនៃពិធីបុណ្យ៖
ក្នុងធម៌ប្រារព្ធ ព្រះសហគមន៍អរព្រះគុណព្រះបិតា តាមរយៈព្រះគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ ដោយសារព្រះអង្គបានបង្កើត សង្រ្គោះ និងប្រោសមនុស្សលោកឱ្យបានវិសុទ្ធ។ សហគមន៍ទាំងមូលរួមជាមួយសេចក្ដីសរសើរឥតឈប់ឈរ ដែលព្រះសហគមន៍នៅស្ថានបរមសុខ អស់ទេវទូត និងសន្តបុគ្គលទាំងឡាយច្រៀងថ្វាយទៅព្រះដ៏វិសុទ្ធបំផុត។
១៣៥៣. ក្នុងពិធីអង្វរព្រះវិញ្ញាណ ព្រះសហគមន៍ទូលសូមព្រះបិតាឱ្យព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះ អង្គ (ឬ ឫទ្ធានុភាពរបស់ព្រះអង្គ (MR)) ឱ្យយាងមកសណ្ឋិតលើនំបុ័ង និងស្រា ដើម្បីឱ្យនំ និងស្រានោះបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ហើយដើម្បីឱ្យអស់អ្នកដែលចូលរួមក្នុងពិធីអភិបូជាក្លាយទៅជារូបកាយ និងវិញ្ញាណតែមួយ (ប្រពែណីពិធីបុណ្យខ្លះដាក់ពាក្យអង្វរព្រះវិញ្ញាណក្រោយពីធម៌នឹករលឹក)។
ក្នុងពិធីរម្លឹកការតែងតាំងពិធីអរព្រះគុណឡើងវិញ ឫទ្ធានុភាពនៃព្រះបន្ទូល និងកិច្ចការរបស់ព្រះគ្រីស្ត ព្រមទាំងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសនំបុ័ង និងស្រាឱ្យបានទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ជាសក្ការបូជាដែលព្រះអង្គបានថ្វាយនៅលើឈើឆ្កាងម្តងជាការស្រេច។
១៣៥៤. ក្នុងធម៌នឹករលឹក ដែលមានបន្ទាប់មក ព្រះសហគមន៍រម្លឹកថា ព្រះយេស៊ូបានរងទុក្ខលំបាក មានព្រះជន្មថ្មី ហើយនឹងយាងមកវិញពោរពេញដោយសិរីរុងរឿង។ ព្រះសហគមន៍ថ្វាយទៅព្រះបិតាសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ ដែលសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គ។
ក្នុងការជួយអង្វរសម្រាប់អ្នកដទៃ ព្រះសហគមន៍សម្ដែងថា យើងថ្វាយអភិបូជារួមជាមួយព្រះសហគមន៍ ទាំងមូលនៅស្ថានបរមសុខ និងនៅលើផែនដី ទាំងអ្នករស់ ទាំងអ្នកស្លាប់ ដោយរួមជាមួយពួកគង្វាលព្រះសហគមន៍ គឺសម្ដេចប៉ាប លោកអភិបាលនៃភូមិភាគនេះ ក្រុមបូជាចារ្យ និងពួកឧបដ្ឋាករបស់លោក ព្រមទាំងពួកលោកអភិបាល និងព្រះសហគមន៍របស់អស់លោក ក្នុងពិភពលោកទាំងមូល។
១៣៥៥. ពេលទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត ក្រោយពីសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ និងពិធីកាច់នំបុ័ង គ្រីស្តបរិស័ទទទួល “នំបុ័ងនៃស្ថានបរមសុខ” និង “ពែងនៃការសង្រ្គោះ” គឺព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដែលបានបូជាព្រះអង្គ “សម្រាប់ឱ្យមនុស្សលោកមានជីវិត” (យហ ៦,៥១)៖
ដោយសារ “ព្រះជាម្ចាស់បានប្រែ” (eucharisted) នំបុ័ង និងស្រានេះ “យើងហៅអាហារនេះថា អរព្រះ គុណ (Eucharist) ហើយគ្មាន នរណាម្នាក់អាចទទួលបានទេ បើគេមិនជឿលើសេចក្ដីពិត ដែលយើងបង្រៀន បើ គេមិនបានមុជទឹក ដើម្បីរួចពីបាប ហើយបើគេមិនរស់តាមវិន័យរបស់ព្រះគ្រីស្ត” (សន្ត យូស្តាំង)។
បូជាខាងអគ្គសញ្ញា៖ អរព្រះគុណ នឹករលឹក វត្តមាន
១៣៥៦. គ្រីស្តបរិស័ទថ្វាយអភិបូជាតាំងពីដើមដំបូង ហើយតាមរបៀបដែលត្រូវប្រតិបត្តិ និងដែលមិនបានផ្លាស់ប្តូរ ទោះបីសម័យកាល និងពិធីបុណ្យផ្សេងៗ ពីព្រោះយើងដឹងថា យើងជាប់ចំណងនឹងព្រះបញ្ជារបស់ព្រះអម្ចាស់មុននឹងព្រះអង្គរងទុក្ខលំបាក៖ “ធ្វើដូច្នេះ ដើម្បីនឹករលឹកដល់ខ្ញុំ” (១ករ ១១,២៤-២៥)។
១៣៥៧. យើងគោរពព្រះបញ្ជារបស់ព្រះអម្ចាស់នេះ ដោយនឹករលឹកយញ្ញបូជារបស់ព្រះអង្គ ។ យើងថ្វាយចំពោះព្រះបិតា អ្វីដែលព្រះអង្គផ្ទាល់បានប្រទានមកយើង គឺអំណោយនៃការបង្កើតរបស់ព្រះអង្គ នំបុ័ង និងស្រា ដែលបានក្លាយទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ត៖ ហេតុនេះ ព្រះគ្រីស្តពិតជាមានវត្តមាន តាមរបៀបអាថ៌កំបាំង។
១៣៥៨. ដូច្នេះ ត្រូវតែចាត់ទុកពិធីអរព្រះគុណដូចជា៖
- ពិធីអរព្រះគុណកោតសរសើរលើកតម្កើងព្រះបិតា
- ពិធីនឹករលឹកយញ្ញបូជារបស់ព្រះគ្រីស្ត និងរបស់ព្រះកាយព្រះអង្គ
- វត្តមានរបស់ព្រះគ្រីស្ត ដោយសារឫទ្ធានុភាពរបស់ព្រះបន្ទូលព្រះអង្គ និងរបស់ព្រះវិញ្ញាណ ព្រះអង្គ។
ពិធីអរព្រះគុណកោតសរសើរលើកតម្កើងព្រះបិតា
១៣៥៩. ពិធីអរព្រះគុណ ជាអគ្គសញ្ញានៃការសង្រ្គោះរបស់យើង ដែលព្រះគ្រីស្តបានសម្រេចនៅលើឈើឆ្កាង ជាយញ្ញបូជាកោតសរសើរអរព្រះគុណព្រះជាម្ចាស់ ដើម្បីស្នាព្រះហស្តនៃការបង្កើត។ ក្នុងអភិបូជា យើងថ្វាយចំពោះព្រះបិតាសត្វលោកទាំងអស់ដែលព្រះជាម្ចាស់ស្រលាញ់ តាមរយៈព្រះយេស៊ូដែលបានសោយទីវង្គត និងមានព្រះជន្មថ្មី។ តាមរយៈព្រះគ្រីស្ត ព្រះសហគមន៍អាចថ្វាយយញ្ញបូជាកោតសរសើរអរព្រះគុណ ដើម្បីអ្វីៗទាំងអស់ដ៏សប្បុរស ស្រស់បំព្រង និងយ៉ាងត្រឹមត្រូវ ដែលព្រះជាម្ចាស់បានធ្វើក្នុងការបង្កើត និងដើម្បីមនុស្សជាតិ។
១៣៦០. ពិធីអរព្រះគុណជាយញ្ញាអរព្រះគុណព្រះបិតា ព្រះសហគមន៍ក៏ប្រទានពរ ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗដ៏ល្អ ដែលព្រះអង្គបានធ្វើ ដោយបង្កើត សង្រ្គោះ និងប្រោសមនុស្សលោកឱ្យបានវិសុទ្ធ។ អត្ថន័យដំបូងនៃអភិបូជា គឺ “អរព្រះគុណ”។
១៣៦១. ពិធីអរព្រះគុណជាយញ្ញាកោតសរសើរ ព្រះសហគមន៍ក៏ច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងនាមសត្វលោកទាំងអស់។ យើងអាចសរសើរព្រះអង្គ តាមរយៈព្រះគ្រីស្តតែប៉ុណ្ណោះ៖ ព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទជាមួយព្រះអង្គ ក្នុងការលើកតម្កើង និងការជួយអង្វររបស់ព្រះអង្គ ទើបយើងកោតសរសើរព្រះបិតា ដោយ ព្រះគ្រីស្ត ជាមួយ ព្រះអង្គ និងនៅក្នុង ព្រះអង្គ។
ពិធីនឹករលឹកសក្ការបូជារបស់ព្រះគ្រីស្ត និងរបស់ព្រះកាយព្រះអង្គជាព្រះសហគមន៍
១៣៦២. ពិធីអរព្រះគុណជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះគ្រីស្ត ធ្វើឱ្យសក្ការបូជាតែមួយរបស់ព្រះអង្គមាន
វត្តមានសព្វថ្ងៃ និងថ្វាយសក្ការបូជានេះតាមរបៀបអគ្គសញ្ញា ក្នុងពិធីបុណ្យព្រះសហគមន៍ ដែលជាព្រះ កាយព្រះអង្គ។ ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធទាំងអស់ មានសេចក្ដីអធិដ្ឋានមួយ ដែលគេហៅថា ធម៌នឹករលឹក ក្រោយពីព្រះបន្ទូលអំពីការតែងតាំងអភិបូជា។
១៣៦៣. តាមអត្ថន័យនៃព្រះគម្ពីរដ៏វិសុទ្ធ ក្នុងធម៌នឹករលឹក យើងមិនគ្រាន់តែនឹកគិតដល់ហេតុការណ៍ទាំង ប៉ុន្មានអំពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែយើងប្រកាសកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានបញ្ចេញសម្រាប់មនុស្សលោក (សរ ១៣,៣)។ ដោយលើកតម្កើងហេតុការណ៍ទាំងនោះ ហេតុការណ៍ទាំងនោះក៏មានវត្តមានសព្វថ្ងៃម្យ៉ាង។ ជនជាតិអ៊ីស្រាអែលយល់ការរំដោះចេញពីប្រទេសអេស៊ីបតាមរបៀបនេះ៖ រាល់ពេលគេប្រារព្ធបុណ្យចម្លង ហេតុការណ៍ទាំងប៉ុន្មាននៃដំណើរឆ្ពោះទៅកាន់សេរីភាពមានវត្តមានសព្វថ្ងៃ ក្នុងការចងចាំរបស់អ្នកជឿ ដើម្បីឱ្យពួកគេប្រតិបត្តិតាម។
១៣៦៤. ធម៌នឹករលឹកទទួលអត្ថន័យថ្មីក្នុងសម័្ពន្ធមត្រីថ្មី។ ពេលព្រះសហគមន៍ថ្វាយអភិបូជា ព្រះសហគមន៍នឹករឹលកបុណ្យចម្លងរបស់ព្រះគ្រីស្ត ហើយបុណ្យចម្លងនេះមានវត្តមានសព្វថ្ងៃ៖ សក្ការបូជាដែល ព្រះគ្រីស្តបានថ្វាយនៅលើឈើឆ្កាងម្តងជាការស្រេចមានវត្តមានរហូត (ហប ៧,២៤-២៥)៖ “គ្រប់ពេលព្រះសហគមន៍ថ្វាយអភិបូជា គឺថ្វាយសក្ការបូជារបស់ព្រះយេស៊ូ ដែលបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គលោះយើង ព្រោះនៅលើឈើឆ្កាងគេបានបូជាព្រះគ្រីស្តជាយញ្ញរបស់យើងក្នុងឱកាសបុណ្យចម្លង” (LG ៣)។
១៣៦៥. ដោយសារពិធីអរព្រះគុណជាពិធីនឹករលឹកដល់បុណ្យចម្លងរបស់ព្រះគ្រីស្ត ពិធីអរព្រះគុណក៏ជាសក្ការបូជា ផងដែរ។ ព្រះបន្ទូលដែលតែងតាំងអភិបូជាសម្ដែងលក្ខណៈជាយញ្ញបូជានៃពិធីអរព្រះគុណ ៖ “នេះជារូបកាយ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា” ហើយ “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយសារលោហិតរបស់ខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា” (លក ២២,១៩-២០)។ ក្នុងពិធីអរព្រះគុណ ព្រះគ្រីស្តប្រទានព្រះកាយនោះ ដែលព្រះអង្គបានប្រគល់សម្រាប់យើងនៅលើឈើឆ្កាង ព្រះលោហិតនោះ ដែលព្រះអង្គបាន “បង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨)។
១៣៦៦. ដូច្នេះហើយ បានជាពិធីអរព្រះគុណជាសក្ការបូជា ដ្បិតដោយសារពិធីអរព្រះគុណ សក្ការបូជានៃឈើឆ្កាងមានវត្តមាន ដ្បិតពិធីអរព្រះគុណនឹករលឹក សក្ការបូជានេះ ហើយដ្បិតពិធីអរព្រះគុណទទួលនិងប្រតិបត្តិតាមផលផ្លែនៃសក្ការបូជានេះ៖
(ព្រះគ្រីស្ត) ជាព្រះ និងជាអម្ចាស់នៃយើង ថ្វាយព្រះកាយព្រះអង្គចំពោះព្រះជាម្ចាស់ជាព្រះបិតាម្តងជាការស្រេច ដោយសោយទិវង្គតដូចជាអ្នកជួយអង្វរ លើអាសនៈនៃព្រះឈើឆ្កាង ដើម្បីឱ្យ (មនុស្សលោក) រួចពីបាបអស់កល្បជានិច្ច។ ក៏ប៉ុន្តែ សេចក្ដីស្លាប់របស់ព្រះអង្គមិនបញ្ចប់មុខងាររបស់ព្រះអង្គក្នុងឋានៈជាបូជាចារ្យទេ (ហប ៧, ២៤.២៧)។ នៅពិធីជប់លៀងចុងក្រោយ “នៅយប់ដែល (ព្រះអង្គ) ត្រូវគេចាប់បញ្ជូនទៅឆ្កាង” (១ករ ១១,២៣) ព្រះអង្គសព្វព្រះឫទ័យផ្ញើទុកឱ្យព្រះសហគមន៍ (ជាព្រះមហេសីដ៏ជាទីស្រលាញ់របស់ព្រះអង្គ) សក្ការបូជាដែលមើលឃើញ (តាមការទាមទាររបស់ធម្មជាតិមនុស្ស) ដែលតំណាងឱ្យសក្ការបូជាបង្ហូរឈាមដែលនឹងកើតឡើងម្តងជាការស្រេចនៅលើឈើឆ្កាង ដែលគេនឹករលឹករហូតដល់គ្រាចុងក្រោយបំផុត (១ករ ១១,២៣)។ សក្ការបូជានេះនឹងជួយសង្រ្គោះយើងឱ្យរួចពីបាប ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៤០)។
១៣៦៧. សក្ការបូជារបស់ព្រះគ្រីស្ត និងសក្ការបូជារបស់ព្រះសហគមន៍មានតែមួយដដែល ៖ “មានយញ្ញតែមួយដដែល គឺព្រះអង្គដដែលដែលប្រោសប្រទានឥឡូវនេះតាមមុខងាររបស់លោកបូជាចារ្យ ហើយដែលបានបូជាព្រះអង្គនៅលើឈើឆ្កាង។ មានតែរបៀបថ្វាយប៉ុណ្ណោះដែលផ្លាស់ប្តូរ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៤៣)។ “សក្ការបូជារបស់ព្រះជាម្ចាស់ ដែលមានក្នុងអភិបូជា ព្រះគ្រីស្តដដែលនេះ ដែលបានបូជា ព្រះអង្គម្តងហើយនៅលើអាសនៈនៃឈើឆ្កាង ដោយបង្ហូរឈាម ហើយដែលគង់នៅ និងថ្វាយព្រះអង្គ ដោយមិន បង្ហូរឈាម” (សន្ត អ៊ីញ៉ាស)។
១៣៦៨. ពិធីអរព្រះគុណជាសក្ការបូជារបស់ព្រះសហគមន៍ដែរ ។ ព្រះសហគមន៍ ដែលជាព្រះកាយព្រះគ្រីស្ត ចូលរួមចំណែកក្នុងតង្វាយនៃប្រធានរបស់ខ្លួន។ ដោយរួបរួមជាមួយព្រះអង្គ ព្រះសហគមន៍ថ្វាយខ្លួនទាំងស្រុងដែរ។ ព្រះសហគមន៍រួបរួមជាមួយព្រះអង្គ ក្នុងការជួយអង្វររបស់ព្រះអង្គសម្រាប់មនុស្សទាំងអស់។ ក្នុងពិធីអរព្រះគុណ សក្ការបូជារបស់ព្រះគ្រីស្តក៏ក្លាយទៅជាយញ្ញបូជានៃសិរីរាង្គរបស់ព្រះកាយព្រះអង្គដែរ។ ការរស់នៅរបស់គ្រីស្តបរិស័ទ ពាក្យសរសើរ ទុក្ខលំបាក ការអធិដ្ឋាន និងការងាររបស់គេ រួបរួមជាមួយព្រះគ្រីស្តដែលថ្វាយខ្លួនទាំងស្រុង ហើយទទួលតម្លៃថ្មីនោះ។ សក្ការបូជារបស់ព្រះគ្រីស្តលើអាសនៈផ្តល់ឱ្យគ្រីស្តបរិស័ទគ្រប់ជំនាន់អាចរួមជាមួយតង្វាយរបស់ព្រះអង្គបាន។
ក្នុងទីបញ្ចុះសព គ្រីស្តបរិស័ទឧស្សាហ៍គូរព្រះសហគមន៍ដូចជាស្រ្តីម្នាក់ ដែលលាតត្រដាងដៃ កំពុងអធិដ្ឋាន។ ដូចព្រះគ្រីស្តបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាងយ៉ាងណា ដោយព្រះអង្គ ជាមួយព្រះអង្គ និងក្នុងអង្គព្រះអង្គ ព្រះសហគមន៍ក៏ថ្វាយខ្លួន និងជួយអង្វរសម្រាប់មនុស្សលោកយ៉ាងនោះដែរ។
១៣៦៩. ព្រះសហគមន៍ទាំងមូលរួបរួមជាមួយតង្វាយ និងការជួយអង្វររបស់ព្រះគ្រីស្ត ។ ដោយទទួលបន្ទុករបស់លោកសិលានៅក្នុងព្រះសហគមន៍ សម្ដេចប៉ាប ចូលរួមចំណែកក្នុងពិធីអរព្រះគុណទាំងអស់។ ក្នុងពិធីអរព្រះគុណទាំងអស់នោះ យើងបញ្ជេញឈ្មោះរបស់លោក ដែលជាសញ្ញាសម្គាល់ និងជាអ្នកបម្រើនៃឯកភាពរបស់ព្រះសហគមន៍សកល។ លោកអភិបាល នៃភូមិភាគដែលយើងថ្វាយអភិបូជា រមែងតែងតែជាអ្នកទទួលខុសត្រូវនៃអភិបូជា ទោះបីជាលោកបូជាចារ្យ ម្នាក់ធ្វើអ្នកអធិបតីយ៉ាងណាក៏ដោយ។ យើងបញ្ជេញនាមរបស់លោក ដើម្បីបង្ហាញថា លោកជាប្រធាននៃព្រះសហគមន័ តាមភូមិភាគនោះ រួមជាមួយពួកលោកបូជាចារ្យ និងពួកឧបដ្ឋាក ផងដែរ។ សហគមន៍ជួយអង្វរសម្រាប់អស់អ្នក ដែលមានមុខងារបម្រើព្រះសហគមន៍ ដែលថ្វាយអភិបូជាសម្រាប់ និងជាមួយសហគមន៍នេះ៖អភិបូជាមួយដែលត្រឹមត្រូវ គឺជាអភិបូជាដែលលោកអភិបាល ឬអ្នកដែលលោកអភិបាលបានជ្រើសរើស ជាអ្នកអធិបតី (សន្ត អ៊ីញ៉ាស អង់ទូអូស)។ដោយសារមុខងាររបស់លោកបូជាចារ្យ យញ្ញបូជាខាងវិញ្ញាណរបស់គ្រីស្តបរិស័ទបានសម្រេច ដោយរួបរួមជាមួយនឹងសក្ការបូជារបស់ព្រះគីស្ត ជាស្ពានមេត្រីតែមួយ ដែលលោកបូជាចារ្យថ្វាយក្នុងអភិបូជា ក្នុងនាមព្រះសហគមន៍ទាំងមូល តាមរបៀបដែលមិនបង្ហូរឈាម និងតាមលក្ខណៈជាអគ្គសញ្ញា រហូតដល់ព្រះអម្ចាស់ផ្ទាល់យាងមកវិញ (PO ២)។
១៣៧០. សមាជិកដែលស្ថិតនៅលើផែនដី ព្រមទាំងសមាជិកដែលនៅក្នុងសិរីរុងរឿងនៃស្ថានបរមសុខផង ក៏រួបរួមជាមួយតង្វាយរបស់ព្រះគ្រីស្តដែរ៖ ព្រះសហគមន៍ថ្វាយអភិបូជា ដោយរួបរួមជាមួយព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធបំផុត ដោយនឹកគិតដល់ព្រះនាង ព្រមទាំងសន្ត និងសន្តីបុគ្គលទាំងឡាយ។ ក្នុងពិធីអរព្រះគុណ ព្រះសហគមន៍ និងព្រះនាងម៉ារី ហាក់ដូចជានៅក្បែរឈើឆ្កាង ដោយរួបរួមជាមួយតង្វាយ និងការជួយអង្វររបស់ព្រះគ្រីស្ត។
១៣៧១. យើងថ្វាយអភិបូជាសម្រាប់គ្រីស្តបរិស័ទ “ដែលស្លាប់នៅក្នុងអង្គព្រះគ្រីស្ត ហើយដែលមិនទាន់ ត្រូវបន្សុទ្ធឱ្យពេញលេញនៅឡើយ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS១៧៤៣) ដើម្បីឱ្យពួកគេអាចចូលក្នុងពន្លឺ និងសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ត៖
ចូរបញ្ចុះសពនេះ នៅកន្លែងណាក៏បាន! កុំខ្វល់នឹងវាធ្វើអី្វ! អ្វីដែលខ្ញុំសុំ គឺឱ្យកូនៗនឹកគិតដល់ខ្ញុំ នៅអាសនៈរបស់ព្រះអម្ចាស់ នៅគ្រប់កន្លែង (សន្ត ម៉ូនីក មុនទទួលមរណភាព ចំពោះសន្ត អូគូស្តាំង និងប្អូនលោក)។
បន្ទាប់មក យើងអធិដ្ឋាន (ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធ) សម្រាប់បុព្វបុរសដ៏វិសុទ្ធ និងលោកអភិបាលដែល កំពុងសម្រាន្តលក់ ហើយជាទូទៅដើម្បីអស់អ្នកដែលបានចូលដំណេកមុនយើង ដោយជឿថា នឹងបានផលប្រយោជន៍ដ៏ប្រសើរសម្រាប់ព្រលឹង ដែលយើងអង្វរព្រះជាម្ចាស់ ចំពោះមុខយញ្ញបូជាដ៏វិសុទ្ធ និងគួរឱ្យគោរព កោតខ្លាច (...)។ ដោយជួយអង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលកំពុងដេកលក់ ទោះជាអ្នកបាបក្ដី (...) យើងថ្វាយចំពោះព្រះគ្រីស្តដែលបូជាព្រះជន្ម ដើម្បីលោះបាបយើង សូមឱ្យព្រះជាម្ចាស់ ដែលជាមិត្តសម្លាញ់របស់មនុស្សលោក សព្វព្រះហឫទ័យនឹងពួកគេ និងពួកយើងផង (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។
១៣៧២. សន្ត អូគូស្តាំងសង្ខេបបានយ៉ាងអស្ចារ្យលទិ្ធនេះ ដែលជំរុញយើងឱ្យចូលរួមចំណែកកាន់ តែជ្រៅៗក្នុងសក្ការបូជានៃព្រះសង្រ្គោះយើង ដែលយើងលើកតម្កើងក្នុងពិធីអរព្រះគុណ៖
យើងថ្វាយចំពោះព្រះជាម្ចាស់បូរី ដែលព្រះអង្គបានលោះទាំងស្រុងនេះ ពោលគឺអង្គប្រជុំ និងសហភាពរបស់ជនដ៏វិសុទ្ធ ដូចជាយញ្ញបូជាសកល ដោយមហាបូជាចារ្យ ដែលយករូបរាងជាទាសករ រហូតដល់បូជាព្រះជន្ម សម្រាប់យើង ដោយរងទុក្ខលំបាក ដើម្បីឱ្យយើងទៅជាព្រះកាយនៃប្រធានដ៏អស្ចារ្យនេះ (...)។ នេះគឺជាយញ្ញ បូជារបស់គ្រីស្តបរិស័ទ៖ “យើងមានគ្នាច្រើនរួបរួមជាមួយព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត” (រម ១២,៥)។ ព្រះ សហគមន៍នៅតែបូជាយញ្ញនេះ ក្នុងអគ្គសញ្ញានៃអាសនៈ ដែលគ្រីស្តបរិស័ទស្គាល់យ៉ាងច្បាស់ ហើយដែលបង្ហាញ ថា ក្នុងអ្វីៗដែលព្រះសហគមន៍ថ្វាយ ព្រះសហគមន៍ក៏ថ្វាយទាំងខ្លួនឯងផង។
វត្តមានរបស់ព្រះគ្រីស្ត ដោយសារឫទ្ធានុភាពនៃព្រះបន្ទូលព្រះអង្គ និងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
១៣៧៣. “ព្រះគ្រីស្តយេស៊ូបានសោយទិវង្គត ទ្រង់មានព្រះជន្មថ្មី គង់ខាងស្តាំព្រះបិតា និងទូល អង្វរឱ្យយើង” (រម ៨,៣៤) ព្រះអង្គគង់នៅក្នុងស្រហគមន៍តាមរបៀបផ្សេងៗពីគ្នា (LG ៤៨)៖ ក្នុងព្រះបន្ទូលព្រះអង្គ ក្នុងការអធិដ្ឋានរបស់ព្រះសហគមន៍ “នៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ” (មថ ១៨,២០) ក្នុងជនក្រីក្រ អ្នកជម្ងឺ អ្នកទោស (មថ ២៥,៣១-៤៦) ក្នុងអគ្គសញ្ញាដែលព្រះអង្គជាអ្នកបង្កើត ក្នុងអភិបូជា ជាពិសេសក្នុងអ្នកអធិបតី។ ប៉ុន្តែ “ព្រះអង្គគង់នៅតាមរបៀបដ៏ល្អប្រសើរជាទីបំផុត ក្នុងព្រះកាយ និងព្រះលោហិតព្រះអង្គ ” (SC ៧)។
១៣៧៤. របៀបគង់នៅរបស់ព្រះគ្រីស្តក្នុងព្រះកាយ ព្រះលោហិតព្រះគ្រីស្តមានតែមួយ។ វត្តមាននេះ លើកអភិបូជាឱ្យលើសអគ្គសញ្ញាឯទៀតៗ បណ្តាលឱ្យពិធីអរព្រះគុណក្លាយទៅជា “ភាពល្អឥតខ្ចោះនៃជីវិតខាងវិញ្ញាញ និងគោលដៅចុងក្រោយរបស់អគ្គសញ្ញាទាំងអស់” (សន្ត ថូម៉ាស នៃអាកាំង)។ ក្នុងអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធបំផុត “សារធាតុ ព្រះកាយ និងព្រះលោហិត រួបរួមជាមួយព្រលឹង និងសភាពជាព្រះជាម្ចាស់របស់ព្រះអម្ចាស់នៃយើងព្រះយេស៊ូគ្រីស្ត ទើបព្រះគ្រីស្តទាំងស្រុងពិតជា គង់នៅ យ៉ាងពិតប្រាកដ (មហាសន្និបាតនៅទីក្រុងត្រង់ ; DS ១៦៥១)។ “យើងហៅវត្តមាននេះ “ពិតប្រាដក” ដោយមិនរាប់អំពីវត្តមានឯទៀតៗ ដែល “ពិតប្រាកដ” ដែរ គឺតាមរបៀបល្អប្រសើរ ដ្បិតវត្តមាននេះស្ថិតដោយសារធាតុ ដោយសារវត្តមាននេះ ព្រះគ្រីស្ត ជាព្រះជាម្ចាស់ និងជាមនុស្ស ដែលគង់នៅទាំងស្រុង” (MF ៣៩)។
១៣៧៥. ព្រះគ្រីស្តគង់នៅក្នុងអគ្គសញ្ញាដោយប្រែ នំបុ័ង និងស្រា ដោយព្រះកាយ និងព្រះលោហិតព្រះ អង្គ។ គ្រូបាធ្យាយព្រះសហគមន៍បានប្រកាសយ៉ាងម៉ឹងម៉ាត់នូវជំនឿព្រះសហគមន៍លើប្រសិទ្ធិភាពនៃព្រះបន្ទូល ព្រះគ្រីស្ត និងកិច្ចការរបស់ព្រះវិញ្ញាណ ដើម្បីបំពេញកិច្ចការនេះ។ ហេតុនេះ សន្ត យ៉ូហាន គ្រីសូស្តូម មានប្រសាសន៍ថា៖
មិនមែនមនុស្ស ដែលធ្វើឱ្យតង្វាយទៅជាព្រះកាយព្រះលោហិតព្រះគ្រីស្តទេ គឺព្រះគ្រីស្តផ្ទាល់ ដែលត្រូវគេឆ្កាងសម្រាប់យើង។ លោកបូជាចារ្យ ជាតំណាងរបស់ព្រះគ្រីស្ត បញ្ជេញពាក្យសម្តីនោះ ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នកប្រទានប្រសិទ្ធិភាព និងប្រណីសន្តោស។ ព្រះគ្រីស្តមានព្រះបន្ទូលថា នេះជារូបកាយរបស់ខ្ញុំ ។ ព្រះបន្ទូលនេះ ប្រែតង្វាយ។
ឯ សន្ត អំប្រ័រ មានប្រសាសន៍ថា៖
សូមជឿជាក់ច្បាស់ថា ការអស្ចារ្យនេះ មិនមែនមកពីធម្មជាតិទេ ប៉ុន្តែមកពីការប្រសិទ្ធពរ ហើយឫទ្ធានុភាព នៃការប្រសិទ្ធពរខ្លាំងជាងកម្លាំងធម្មជាតិ ដ្បិតដោយសារការប្រសិទ្ធពរ ធម្មជាតិផ្ទាល់ផ្លាស់ប្តូរ (...)។ តើព្រះបន្ទូលព្រះគ្រីស្ត ដែលអាចបង្កើតដោយមិនប្រើអ្វីសោះ មិនអាចផ្លាស់ប្តូរអ្វីៗទាំងអស់ទេឬ? ដ្បិតការបង្កើតអ្វីមួយមិនងាយជាងការផ្លាស់ប្តូរវាឡើយ។
១៣៧៦. មហាសន្និបាតនៅទីក្រុងត្រង់សង្ខេបជំនឿកាតូលិកដោយប្រកាសថា៖ “ដោយសារព្រះគ្រីស្ត ជាព្រះសង្រ្គោះយើង មានព្រះបន្ទូលថា នំបុ័ងដែលព្រះអង្គថ្វាយពិតជាព្រះកាយរបស់ព្រះអង្គ ព្រះសហគមន៍ក៏ តែងតែបានជឿជាក់ថា (ដែលមហាន្និបាតដ៏វិសុទ្ធប្រកាសម្តងទៀត)៖ ដោយការប្រសិទ្ធពរលើនំបុ័ង និងស្រា សារធាតុទាំងស្រុងរបស់នំបុ័ងផ្លាស់ប្តូរទៅជាសារធាតុទាំងស្រុងនៃព្រះកាយព្រះគ្រីស្ត ជាព្រះអម្ចាស់នៃយើង ហើយសារធាតុទាំងស្រុងនៃស្រាទៅជាសារធាតុទាំងស្រុងនៃព្រះលោហិតព្រះអង្គ។ ព្រះសហគមន៍ហៅយ៉ាងត្រឹមត្រូវការផ្លាស់ប្តូរនេះថា ការផ្លាស់ប្តូរសារធាតុ (DS ១៦៤២)។
១៣៧៧. វត្តមានរបស់ព្រះគ្រីស្តក្នុងអគ្គសញ្ញាអរព្រះគុណ ចាប់ផ្តើមចាប់តាំងពីការប្រសិទ្ធពរ រហូតដល់នៅពេលសេសសល់ព្រះកាយ និងព្រះលោហិត។ ព្រះគ្រីស្តគង់នៅទាំងស្រុងក្នុងព្រះកាយ និងព្រះលោហិត និងគង់នៅទាំងស្រុងក្នុងគ្រប់ផ្នែកនៃព្រះកាយ និងព្រះលោហិតនេះ ដូច្នេះ ពិធីកាច់នំបុ័ងមិនបំបែកព្រះគ្រីស្តឡើយ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៤១)។
១៣៧៨. ការថ្វាយបង្គំព្រះកាយព្រះលោហិតព្រះគ្រីស្ត ។ ក្នុងពិធីអភិបូជា យើងសម្តែងនូវជំនឿរបស់យើងថា ព្រះគ្រីស្តពិតជាគង់នៅក្នុងព្រះកាយព្រះលោហិតព្រះអង្គ ដោយ (ឧទាហរណ៍) លុតជង្គង់ ឬឱនកាយ ជាសញ្ញាសម្គាល់ថា យើងថ្វាយបង្គំព្រះអម្ចាស់។ “ព្រះសហគមន៍កាតូលិកថ្វាយបង្គំ និងនៅតែថ្វាយបង្គំអគ្គសញ្ញាអរព្រះគុណ មិនគ្រាន់តែពេលថ្វាយអភិបូជាប៉ុណ្ណោះទេ ថែមទាំងក្រៅពិធីបុណ្យផងដែរ គឺដោយរក្សាទុកយ៉ាងថ្នាក់ថ្នមជាទីបំផុតព្រះកាយព្រះគ្រីស្ត ដោយតាំងព្រះកាយឱ្យគ្រីស្តបរិស័ទគោរពយ៉ាងឧឡារិក ហើយដោយហែព្រះកាយព្រះអង្គផង” (MF ៥៦)។
១៣៧៩. ដំបូង យើងត្រូវការព្រះពន្លាដ៏វិសុទ្ធសម្រាប់រក្សាទុកព្រះកាយព្រះគ្រីស្ត ដើម្បីជូនទៅអ្នកជម្ងឺ និងអស់អ្នក ដែលមិនបានមកថ្វាយអភិបូជា។ ដោយជឿយ៉ាងជ្រាលជ្រៅដល់វត្តមានដ៏ពិតប្រាកដរបស់ព្រះគ្រីស្តក្នុងព្រះកាយព្រះអង្គ ព្រះសហគមន៍បានឈ្វេងយល់នូវអត្ថន័យនៃការថ្វាយបង្គំយ៉ាងស្ងៀមស្ងាត់នូវព្រះអម្ចាស់ដែលគង់នៅក្នុងព្រះកាយព្រះអង្គ។ ហេតុនេះហើយ បានជាត្រូវដាក់ព្រះបន្លានៅកន្លែងដ៏សមរម្យនៃព្រះវិហារ ត្រូវធ្វើព្រះពន្លាតាមរបៀបដែលព្រះពន្លានេះ បញ្ជាក់ និងសម្ដែងសេចក្ដីពិតនៃវត្តមានដ៏ពិតប្រាកដរបស់ព្រះគ្រីស្តក្នុងអគ្គសញ្ញាដ៏វិសុទ្ធ។
១៣៨០. ព្រះគ្រីស្តសព្វព្រះហឫទ័យគង់នៅក្នុងព្រះសហគមន៍តាមរបៀបតែមួយនេះ គឺជាការសមរម្យណាស់។ ដោយសារព្រះគ្រីស្តបានចាកចេញពីមិត្តសម្លាញ់របស់ព្រះអង្គដោយរូបរាងដែលមើលឃើញ ព្រះអង្គក៏ សព្វព្រះហឫទ័យគង់នៅជាមួយយើង តាមអគ្គសញ្ញា។ ដោយសារព្រះគ្រីស្តបានបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យយើងមានការនឹករលឹកនៃសេចក្ដីស្រលាញ់ ដែលព្រះអង្គ បានស្រលាញ់យើង “រហូតដល់ទីបំផុត” (យហ ១៣,១) គឺរហូតដល់បូជាព្រះជន្ម។ វត្តមានខាងអគ្គសញ្ញា ព្រះអង្គស្ថិតក្នុងចំណោមយើង តាមរបៀបអាថ៌កំបាំង ដូចជាអ្នកដែលបានស្រលាញ់យើង និងបានបូជាព្រះជន្ម សម្រាប់យើង (កាឡ ២,២០) ហើយព្រះអង្គនៅតែគង់នៅជាមួយយើងតាមសញ្ញាសម្គាល់ដែលសម្ដែង និងផ្តល់ សេចក្ដីស្រលាញ់នេះ៖
ព្រះសហគមន៍ និងពិភពលោកត្រូវការពិធីថ្វាយបង្គំព្រះកាយព្រះគ្រីស្ត។ ព្រះយេស៊ូរង់ចាំយើងក្នុងអគ្គ សញ្ញានៃសេចក្ដីស្រលាញ់នេះ។ កុំបដិសេធមិនព្រមចំណាយពេលវេលា ដើម្បីជួបព្រះអង្គក្នុងការថ្វាយបង្គំ ក្នុងការ ស្មឹងស្មាធិ៍ពោរពេញដោយជំនឿ ដោយត្រៀមខ្លួននឹងព្យាបាលកំហុសធ្ងន់ និងទោសនៃពិភពលោក។ សូមកុំឱ្យយើងឈប់ថ្វាយបង្គំឡើយ (សម្ដេចប៉ាប យ៉ូហាន ប៉ូល ទី២)។
១៣៨១. “សន្តថូម៉ាសមានប្រសាសន៍ថា “យើងមិនដឹងអំពីវត្តមាននៃព្រះកាយយ៉ាងពិតប្រាកដរបស់ព្រះគ្រីស្ត និងព្រះលោហិតយ៉ាងពិតប្រាកដរបស់ព្រះគ្រីស្តក្នុងអគ្គសញ្ញា ដោយវិញ្ញាណទេ ប៉ុន្តែដោយសារតែជំនឿ ប៉ុណ្ណោះ ដែលសំអាងលើអំណាចរបស់ព្រះជាម្ចាស់”។ ហេតុនេះ ដោយអធិប្បាយអត្ថបទរបស់សន្ត លូកា ២២,១៩៖ “នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា” សន្ត ស៊ីរីល ប្រកាសថា៖ “កុំសួរខ្លួនឯងថា តើជាការពិតឬ ប៉ុន្តែសូមទទួលដោយមានជំនឿថា ជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គ ដែលជាសេចក្ដីពិត មិនចេះកុហកទេ”” (សម្ដេចប៉ាប ប៉ូលទី៦)។
ឱព្រះជាម្ចាស់ ដែលលាក់លៀមអើយ! ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដែលពិតជាគង់នៅក្នុងនំបុ័ង និងស្រា។ ចិត្តទូលបង្គំចុះចូលទាំងស្រុងក្រោមអំណាចព្រះអង្គ ដ្បិតពេលទូលបង្គំមើលឃើញព្រះអង្គ ទូលបង្គំរន្ធត់ចិត្តណាស់។ ចក្ខុវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញាណ មិនអាចដឹងអំពីព្រះអង្គទេ អ្វីៗដែលយើងឮ ត្រូវតែជឿទុកចិត្ត ខ្ញុំម្ចាស់ជឿលើព្រះបន្ទូលទាំងអស់នៃព្រះបុត្រារបស់ព្រះជាម្ចាស់ គ្មានអ្វីពិតជាងព្រះបន្ទូលនៃសេចក្ដីពិតនេះទេ។
១៣៨២. អភិបូជាជាពិធីនឹករលឹកសក្ការបូជាឥតឈប់ឈរនៃព្រះឈើឆ្កាងផង ជាពិធីជប់លៀងដ៏សក្ការៈដែលយើងរួបរួមជាមួយព្រះកាយ និងព្រះលោហិតព្រះអម្ចាស់ផង ដោយមិនអាចបំបែកពីគ្នាបាន។ ក៏ប៉ុន្តែ ពិធីអភិបូជាតម្រង់ឱ្យគ្រីស្តបរិស័ទរួបរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ដោយទទួលព្រះកាយព្រះលោហិតព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះលោហិតព្រះអង្គ យើងក៏ទទួលព្រះគ្រីស្តផ្ទាល់ ដែលបានបូជាព្រះជន្មសម្រាប់យើង។
១៣៨៣. អាសនៈ ដែលអង្គប្រជុំជួបជុំគ្នាជុំវិញដើម្បីថ្វាយអភិបូជា តំណាងលក្ខណៈទាំងពីរនៃគម្រោង ការណ៍ដ៏អស្ចារ្យតែមួយ គឺអាសនៈនៃយញ្ញបូជា និងតុរបស់ព្រះអម្ចាស់។ លើសពីនេះទៅទៀត អាសនៈនៃគ្រីស្តសាសនាជានិមិត្តរូបរបស់ព្រះគ្រីស្តផ្ទាល់ ដែលគង់នៅកណ្តាលអង្គប្រជុំរបស់គ្រីស្តបរិស័ទ ដូចជាយញ្ញដែលយើង ថ្វាយដើម្បីសម្រុះសម្រួលយើងផង ហើយដូចជាចំណីអាហារនៃស្ថានបរមសុខដែលប្រគល់ខ្លួនមកយើងផង។ សន្ត អំប្រ័រ មានប្រសាសន៍ថា “អ្វីទៅជាអាសនៈរបស់ព្រះគ្រីស្ត ក្រៅពីតំណាងនៃព្រះកាយព្រះគ្រីស្ត?”
ម្យ៉ាងទៀត “អាសនៈតំណាងព្រះកាយ (ព្រះគ្រីស្ត) ហើយព្រះកាយព្រះគ្រីស្តគង់នៅលើអាសនៈ”។ ពិធីបុណ្យសម្ដែងឯកភាពនៃយញ្ញបូជា និងការទទួលព្រះកាយ ក្នុងសេចក្ដីអធិដ្ឋានជាច្រើន។ ហេតុនេះ ព្រះសហគមន៍នៅទីក្រុងរ៉ូមអង្វរនៅក្នុងធម៌អរព្រះគុណដ៏វិសុទ្ធថា៖
ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមឱនកាយអង្វរព្រះអង្គ សូមមេត្តាឱ្យទេវទូតនាំយកសក្ការបូជានេះ ទៅថ្វាយព្រះអង្គទៅលើអាសនៈឯស្ថានបរមសុខ នៅចំពោះព្រះភ័ក្រ្តនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ សូមឱ្យយើងខ្ញុំ ដែលទទួលព្រះកាយព្រះលោហិតដ៏វិសុទ្ធនៃព្រះបុត្រា ដោយរួមរស់ជាមួយតុសក្ការៈនេះ បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោស និងព្រះពរយ៉ាងបរិបូណ៍។
“សូមអ្នករាល់គ្នាយកពិសាចុះ”៖ ការទទួលព្រះកាយ
១៣៨៤. ព្រះអម្ចាស់ជំរុញយើងឱ្យទទួលព្រះអង្គក្នុងអគ្គសញ្ញាអរព្រះគុណ៖ “ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ” (យហ ៦,៥៣)។
១៣៨៥. យើងក៏ត្រូវរៀបចំខ្លួន នឹងទទួលព្រះកាយព្រះលោហិតព្រះអង្គ ដើម្បីឆ្លើយតបនឹងព្រះយេស៊ូ។ សន្ត ប៉ូល ដាស់តឿនយើងឱ្យពិនិត្យចិត្តគំនិតយើង៖ “ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាស្រាពីពែងរបស់ព្រះអម្ចាស់ ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ចំពោះព្រះកាយនិងព្រះលោហិតរបស់ព្រះអម្ចាស់។ ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យ មើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាស្រាពីពែងនេះ ដ្បិតអ្នកណាពិសានំបុ័ង និងពិសាស្រាពីពែងនោះដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់” (១ករ១១,២៧-២៩)។ អ្នកណាយល់ថា ខ្លួនបានប្រព្រឹត្តអំពើបាបធ្ងន់ អ្នកនោះត្រូវទទួលអគ្គសញ្ញាលើកលែងទោស មុននឹងទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត។
១៣៨៦. នៅពីមុខអគ្គសញ្ញាដ៏ខ្ពង់ខ្ពស់នេះ គ្រីស្តបរិស័ទត្រូវនិយាយដូចនាយទាហាន (មថ ៨,៨) ដោយបន្ទាបខ្លួន ព្រមទាំងមានជំនឿថា៖ “Domine, non sum dignus, ut intres sub tectum meum, sed tantum dic verbum, et sanabitur anima mea ” (“ឱព្រះអម្ចាស់អើយ! ខ្ញុំមិនសមនឹងទទួលព្រះអង្គទេ តែសូមព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្តមក នោះព្រលឹងខ្ញុំនឹងបានជាសះស្បើយ”)។ ក្នុងពិធីបុណ្យដ៏ប្រសើររបស់សន្ត យ៉ូហាន គ្រីសូស្តូម គ្រីស្តបរិស័ទអធិដ្ឋានដោយមានចិត្តគំនិតដដែល៖
ឱព្រះបុត្រារបស់ព្រះជាម្ចាស់ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសទូលបង្គំឱ្យរួមរស់ជាមួយព្រះអង្គ ក្នុងពិធីជប់លៀងដ៏អាថ៌កំបាំងរបស់ព្រះអង្គ ដ្បិតទូលបង្គំនឹងមិនប្រាប់ទីសម្ងាត់ដល់ខ្មាំងសត្រូវរបស់ព្រះអង្គ ហើយក៏នឹងមិនថើបព្រះអង្គដូចលោកយូដាសទេ។ ប៉ុន្តែ ដូចចោរម្នាក់ដែលជាប់ឈើឆ្កាងជាមួយព្រះអង្គ ទូលបង្គំស្រែកឡើងថា៖ ឱព្រះអម្ចាស់អើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ។
១៣៨៧. គ្រីស្តបរិស័ទត្រូវតមអាហារតាមច្បាប់ព្រះសហគមន៍របស់ពួកគេ (CIC ៩១៩) ដើម្បីរៀបចំខ្លួនឱ្យទទួលអគ្គសញ្ញានេះ ដោយសមរម្យ។ ត្រូវតែមានអាកប្បកិរិយា (កាយវិការ សំលៀកបំពាក់) ត្រឹមត្រូវ ដែលសម្ដែងថា យើងគោរពយ៉ាងឧឡារិកចំពោះព្រះគ្រីស្តដែលទៅជាភ្ញៀវយើង ពោរពេញទៅដោយអំណរសប្បាយ ។
១៣៨៨. បើពួកគេមានលក្ខណៈត្រឹមត្រូវ គ្រីស្តបរិស័ទគួរទទួលព្រះកាយព្រះលោហិតព្រះគ្រីស្តរាល់ពេល ពួកគេចូលរួមអភិបូជា ស្របតាមអត្ថន័យផ្ទាល់នៃអគ្គសញ្ញាអរព្រះគុណ៖ “យើងផ្តែផ្តាំដាស់តឿនយ៉ាងខ្លាំង ឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជាតាមរបៀបដ៏ល្អប្រសើរជាងគេ គឺដោយទទួលព្រះកាយរបស់ព្រះអម្ចាស់ ក្រោយពីបូជាចារ្យបានទទួលនោះ ក្នុងសក្ការបូជានោះ” (SC ៥៥)។
១៣៨៩. តាមព្រះសហគមន៍ គ្រីស្តបរិស័ទ “ត្រូវតែចូលរួមអភិបូជារាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ” (OE ១៥) ហើយទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត យ៉ាងហោចណាស់មួយឆ្នាំម្តង ជាពិសេសនៅពេលរដូវបុណ្យ ចម្លង (CIC ៩២០) ដោយបានទទួលអគ្គសញ្ញាលើកលែងទោស។ ប៉ុន្តែ ព្រះសហគមន៍ជំរុញគ្រីស្តបរិស័ទ ឱ្យទទួលព្រះកាយព្រះលោហិតដ៏វិសុទ្ធរាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ឬច្រើនជាងនេះទៅទៀត សូម្បីតែជារៀងរាល់ថ្ងៃក៏បានដែរ។
១៣៩០. ដោយសារវត្តមានខាងអគ្គសញ្ញារបស់ព្រះគ្រីស្តក្នុងនំបុ័ង និងស្រា ទោះបីយើងទទួលតែនំបុ័ង យ៉ាងណាក៏ដោយ ក៏យើងនឹងទទួលផលទាំងស្រុងនៃអគ្គសញ្ញាអរព្រះគុណ។ ដោយសារមូលហេតុផ្សេងៗ របៀបទទួលព្រះកាយនេះ បានទៅជាទំនៀមទំលាប់ នៃពិធីបុណ្យខាងបស្ចិមប្រទេស។ “យើងគួរទទួលព្រះកាយ និងព្រះលោហិត ដើម្បីធ្វើជាសញ្ញាសម្គាល់យ៉ាងច្បាស់នៃពិធីជប់លៀង” (IGMR ២៤០)។ របៀបនេះ ជារបៀបធម្មតានៅពិធីបុណ្យខាងបូព៌ាប្រទេស។
ផលនៃការទទួលព្រះកាយព្រះលោហិត
១៣៩១. ពេលយើងទទួលព្រះកាយព្រះលោហិត យើងបង្កើនការរួបរួមជាមួយព្រះគ្រីស្ត ។ ពេលយើង ទទួលព្រះកាយព្រះគ្រីស្ត យើងរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នក ណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ” (យហ ៦,៥៦)។ ជីវិតក្នុងអង្គព្រះគ្រីស្តចាក់ឫសក្នុងពិធីជប់លៀងនៃអភិបូជា៖ “ព្រះបិតាបានចាត់ខ្ញុំឱ្យមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំក៏នឹងមានជីវិត ដោយសារខ្ញុំយ៉ាងនោះដែរ” (យហ ៦,៥៧)៖
ក្នុងពិធីបុណ្យរបស់ព្រះអម្ចាស់ នៅពេលដែលគ្រីស្តបរិស័ទទទួលព្រះកាយព្រះបុត្រា ពួកគេប្រកាសចំពោះគ្នាទៅវិញទៅមកដំណឹងល្អថា ព្រះជាម្ចាស់បានប្រោសប្រទានជីវិតហើយ ដូចនៅពេលដែលទេវទូតមានប្រសាសន៍ទៅនាងម៉ារី នៃម៉ាដាឡាថា៖ “ព្រះគ្រីស្តមានព្រះជន្មថ្មី!”។ ឥឡូវនេះអ្នកណាផ្ញើជីវិតលើព្រះគ្រីស្ត អ្នកនោះមានជីវិត និងមានជីវិតថ្មី (ពិធីបុណ្យនៅអង់ទីអូស)។
១៣៩២. អ្វីដែលចំណីអាហារបង្កើតក្នុងរូបកាយយើងយ៉ាងណា ព្រះកាយព្រះលោហិតបង្កើតផលក្នុងជីវិតខាងវិញ្ញាណយើងយ៉ាងនោះដែរ។ ការទទួលសាច់របស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មី “ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យមានជីវិត ហើយដែលធ្វើឱ្យមានជីវិតរស់រវើក” (PO ៥) រក្សាទុក ពង្រឹង និងប្រោសឱ្យ ព្រះអំណោយទាន ដែលយើងបានទទួលនៅពិធីជ្រមុជទឹក មានជីវិតថ្មីឡើងវិញ។ ព្រះកាយព្រះគ្រីស្ត ដែលជានំបុ័ងនៃបូជនីយេសចរណ៍យើង ត្រូវចិញ្ចឹមជីវិតរបស់គ្រីស្តបរិស័ទ ដើម្បីឱ្យជីវិតនេះរីកចម្រើនរហូតដល់ស្លាប់។ នៅពេលនោះ យើងនឹងទទួលព្រះកាយជាលើកចុងក្រោយ។
១៣៩៣. ពេលយើងទទួលព្រះកាយ យើងឃ្លាតឆ្ងាយពីបាប ។ ព្រះកាយព្រះគ្រីស្តដែលយើងទទួលជា ព្រះកាយដែល “ត្រូវបូជាសម្រាប់យើង” ហើយព្រះលោហិតដែលយើងពិសា “ត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់ ឱ្យរួចពីបាប”។ ហេតុនេះ ហើយបានជាអគ្គសញ្ញាអរព្រះគុណមិនអាចបង្រួបបង្រួមយើងជាមួយព្រះគ្រីស្ត ដោយមិនបានបន្សុទ្ធយើងឱ្យរួចពីបាបដែលយើងបានប្រព្រឹត្ត ព្រមទាំងការពាររក្សាយើងឱ្យរួចពីបាបនៅពេលអនាគតបានឡើយ៖
“រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាស្រាពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទីវង្គត រហូតដល់ព្រះអង្គយាងមកវិញ” (១ករ ១១,២៦)។ ពេលយើងប្រកាសថា ព្រះអម្ចាស់បានសោយទិវង្គត យើងក៏ប្រកាសថា បានរួចពីបាប។ បើរាល់ពេលព្រះលោហិតព្រះអង្គត្រូវបង្ហូរ ព្រះលោហិតនេះត្រូវបង្ហូរដើម្បីឱ្យរួចពីបាប ខ្ញុំក៏ត្រូវតែទទួលព្រះលោហិតនេះជានិច្ច ដើម្បីឱ្យព្រះលោហិតនេះប្រោសខ្ញុំឱ្យរូចពីបាបជានិច្ច។ ខ្ញុំតែង តែប្រព្រឹត្តអំពើបាបជានិច្ច ខ្ញុំក៏តែងតែត្រូវមានថ្នាំព្យាបាលជានិច្ចដែរ (សន្ត អំប្រ័រ)។
១៣៩៤. ចំណីអាហារខាងផ្លូវកាយពង្រឹងកម្លាំងឡើងវិញយ៉ាងណា អគ្គសញ្ញាអរព្រះគុណពង្រឹងសេចក្ដី ស្រលាញ់ ដែលក្នុងជីវិតប្រចាំថ្ងៃ កាន់តែខ្សោយទៅៗ ហើយសេចក្ដីស្រលាញ់ថ្មីនេះលុបបំបាត់អំពើបាបស្រាលៗ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៣៨)។ ដោយប្រទានព្រះអង្គមកយើង ព្រះគ្រីស្តពង្រឹងសេចក្ដីស្រលាញ់ របស់យើង ហើយប្រោសយើងឱ្យអាចផ្តាច់ចំណងឥតសណ្តាប់ធ្នាប់ចំពោះសត្វលោក ព្រមទាំងឱ្យយើងអាចចាក់ឫសក្នុងអង្គព្រះអង្គ៖
ព្រះគ្រីស្តសោយទិវង្គត ដើម្បីយើងដោយសារសេចក្ដីស្រលាញ់ នៅពេលយើងនឹករលឹកដល់ព្រះអង្គ សោយទិវង្គត ពេលថ្វាយសក្ការបូជា យើងទូលសូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកប្រទានសេចក្ដីស្រលាញ់មកយើង។ ដោយសារសេចក្ដីស្រលាញ់នេះ ព្រះគ្រីស្តសព្វព្រះឫទ័យសោយទិវង្គតដើម្បីយើងៗអង្វរឱ្យអាចចាត់ទុកថា លោកីយ៍ត្រូវឆ្កាងដើម្បីយើង ហើយយើងក៏ត្រូវឆ្កាងដើម្បីលោកីយ៍ដែរ (...) ដោយបានទទួលព្រះអំណោយទាននៃសេចក្ដីស្រលាញ់ ចូររម្ងាប់អំពើបាប ហើយរួមរស់ជាមួយព្រះជាម្ចាស់ (សន្ត ហ្វូលគង់ នៃរូស្ភ) ។
១៣៩៥. ដោយសារសេចក្ដីស្រលាញ់ដដែល ដែលអគ្គសញ្ញាអរព្រះគុណបង្កាត់ក្នុងចិត្តយើង អគ្គសញ្ញានេះ ការពាររក្សាយើងឱ្យរួចពីអំពើបាបធ្ងន់ នៅពេលអនាគត។ បើយើងចូលរួមចំណែកក្នុងជីវិតព្រះគ្រីស្តកាន់ តែច្រើនឡើងៗ បើយើងរីកចម្រើនក្នុងមេត្រីភាពរបស់ព្រះអង្គកាន់តែច្រើនឡើងៗ យើងក៏កាន់តែពិបាកឃ្លាតឆ្ងាយពីព្រះអង្គដោយប្រព្រឹត្តអំពើបាបធ្ងន់ដែរ។ ព្រះជាម្ចាស់មិនតម្រង់អគ្គសញ្ញាអរព្រះគុណ ដើម្បីលើកលែង ទោសអំពើបាបធ្ងន់ទេ ព្រោះជាលក្ខណៈពិសេសនៃអគ្គសញ្ញាលើកលែងទោសវិញ។ អគ្គសញ្ញាអរព្រះគុណមាន លក្ខណៈពិសេសថា ជាអគ្គសញ្ញារបស់អស់អ្នកដែលរួបរួមជាមួយព្រះសហគមន៍យ៉ាងពេញលេញ។
១៣៩៦. ឯកភាពនៃព្រះកាយដ៏អាថ៌កំបាំង៖ អគ្គសញ្ញាអរព្រះគុណកសាងព្រះសហគមន៍ ។ អស់អ្នកដែលទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តរួបរួមជាមួយព្រះអង្គយ៉ាងស្និទ្ធស្នាល ទើបព្រះអង្គបង្រួបបង្រួមគ្រីស្ត បរិស័ទទាំងអស់ក្នុងរូបកាយតែមួយ គឺព្រះសហគមន៍។ ព្រះកាយព្រះគ្រីស្តប្រោសឱ្យជាថ្មីឡើងវិញ និងពង្រឹងការរួបរួមជាមួយព្រះសហគមន៍នេះ ដែលអគ្គសញ្ញាជ្រមុជទឹកបានសម្រេចហើយ កាន់តែជ្រៅៗ។ ក្នុងពិធីជ្រមុជ ទឹក ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យធ្វើជារូបកាយតែមួយ (១ករ១២,១៣)។ ពិធីអរព្រះគុណសម្រេចការត្រាស់ហៅនេះ៖ “ ពេលយើងលើកពែងឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ យើងរួបរួមជាមួយព្រះលោហិតរបស់ព្រះគ្រីស្ត រីឯពេលយើងកាច់នំបុ័ង យើងរួបរួមជាមួយព្រះកាយរបស់ព្រះគ្រីស្តដែរ។ ដោយមាននំបុ័ងតែមួយប៉ុណ្ណោះ យើងដែលមានគ្នាច្រើន ក៏រួបរួមគ្នាជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាទទួលចំណែកពីនំបុ័ងតែមួយនោះ” (១ករ ១០,១៦-១៧)។
បើបងប្អូនជាព្រះកាយព្រះគ្រីស្ត និងជាសិរីរាង្គរបស់ព្រះអង្គ អគ្គសញ្ញា ដែលនៅលើតុនៃព្រះអម្ចាស់ ជា អគ្គសញ្ញារបស់បងប្អូន ហើយបងប្អូនក៏ទទួលអគ្គសញ្ញារបស់បងប្អូន។ បងប្អូនឆ្លើយថា “អាម៉ែន” (“ពិតមែនហើយ!”) ចំពោះអ្វីដែលបងប្អូនទទួល ហើយបងប្អូនយល់ស្របដោយឆ្លើយតប។ អ្នកឮពាក្យនេះ “ព្រះកាយព្រះគ្រីស្ត” ហើយអ្នកឆ្លើយថា “អាម៉ែន”។ ចូរអ្នកទៅជាសិរីរាង្គនៃព្រះកាយព្រះគ្រីស្ត ដើម្បីឱ្យចម្លើយរបស់អ្នកពិតជា ត្រឹមត្រូវមែន (សន្ត អូគូស្តាំង)។
១៣៩៧. អគ្គសញ្ញាអរព្រះគុណជំរុញឱ្យជួយជនក្រីក្រ ៖ យើងត្រូវតែទទួលស្គាល់ព្រះគ្រីស្តក្នុងអ្នកក្រីក្រជាងគេជាបងប្អូនរបស់ព្រះអង្គ ដើម្ពីទទួល ក្នុងសេចក្ដីពិត ព្រះកាយព្រះលោហិតព្រះគ្រីស្តដែលត្រូវបូជាសម្រាប់យើង (មថ ២៥,៤០)៖
អ្នកបានទទួលព្រះលោហិតព្រះអម្ចាស់ ហើយអ្នកមិនចេះទទួលស្គាល់ប្អូនរបស់អ្នក។ អ្នកប្រឡាក់តុនេះ ដោយគិតថា មិនសមនឹងចែកម្ហូបអាហាររបស់អ្នកចំពោះអ្នកដែលព្រះជាម្ចាស់បានអញ្ជើញមករួមតុនេះ។ ព្រះជាម្ចាស់បានរំដោះអ្នកឱ្យរួចពីអំពើបាបទាំងអស់របស់អ្នក ទ្រង់ក៏បានអញ្ជើញអ្នកឱ្យរួមតុ ហើយអ្នកគ្មានចិត្តមេត្តាករុណា (សន្ត យ៉ូហាន គ្រីសូស្តូម)។
១៣៩៨. អគ្គសញ្ញាអរព្រះគុណ និងឯកភាពរវាងគ្រីស្តបរិស័ទ ។ ពីមុខអាថ៌កំបាំងដ៏ខ្ពង់ខ្ពស់នេះ សន្ត អូគូស្តាំង ស្រែងឡើងថា៖ “ឱអគ្គសញ្ញានៃការគោរពប្រណិប័តន៍! ឱអគ្គសញ្ញានៃឯកភាព! ឱចំណងនៃសេចក្ដី ស្រលាញ់! ”។ ការបាក់បែកគ្នាក្នុងព្រះសហគមន៍ ដែលផ្តាច់គ្រីស្តបរិស័ទមិនឱ្យរួមតុនៃព្រះអម្ចាស់ជាធ្លុងតែមួយធ្វើឱ្យឈឺចាប់យ៉ាងណា សេចក្ដីអង្វររបស់ព្រះអម្ចាស់ជំរុញអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គឱ្យរួមជាមួយគ្នាជាធ្លុងតែមួយក៏យ៉ាងនោះដែរ។
១៣៩៩. ព្រះសហគមន៍ខាងបូព៌ាប្រទេស ដែលមិនសូវរួបរួមជាមួយព្រះសហគមន័កាតូលិក ថ្វាយអភិបូជាដោយសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ។ “ទោះបីព្រះសហគមន៍ទាំងនោះបែកចេញពីយើងក្ដី ក៏ (...) ព្រះសហគមន៍ទាំងនោះមានអគ្គសញ្ញាដ៏ពិតប្រាកដ ជាពិសេសឱ្យមានអភិបាលតៗគ្នាតាំងពីក្រុមគ្រីស្តទូតរៀងមក -មុខងារជាបូជាចារ្យ និងពិធីអរព្រះគុណ ដែលជាកត្តាឱ្យពួកគេរួបរួមជាមួយយើងយ៉ាងជិតស្និទ្ធ” (UR ១៥)។ “យើងអាច និងគួររួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នាបានខ្លះទៅ តាមកាលៈទេសៈត្រឹមត្រូវ និងដោយមានការអនុញ្ញាតអំពីអភិបាលព្រះសហគមន៍” (UR ១៥ ; CIC ៨៤៤,៣)។
១៤០០. សហគមន៍ដែលបានមកពីការកែតម្រង់ ហើយដែលបែកចេញពីព្រះសហគមន៍កាតូលិក “ជាពិសេសព្រោះគេគ្មានអគ្គសញ្ញាតែងតាំង គេមិនរក្សាទុកសភាពដើមនៃគម្រាងការដ៏អស្ចារ្យនៃពិធីអរព្រះគុណទេ” (UR ២២)។ ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិកមិនអាចឱ្យយើងរួមរស់ជាមួយគេក្នុងពិធីអរព្រះគុណបានឡើយ។ ក៏ប៉ុន្តែ “ពេលសហគមន៍ទាំងនោះ នឹករលឹកទៅដល់ពីធីជប់លៀងដ៏វិសុទ្ធ អំពីព្រះអម្ចាស់សោយទិវង្គត និងមានព្រះជន្មថ្មី គេប្រកាសថា ជិវិតដ៏ពិតប្រាកដមានន័យថា រួមរស់ជាមួយព្រះគ្រីស្ត និងរង់ចាំឱ្យព្រះអង្គយាងមកវិញ ប្រកបដោយសិរីរុងរឿងផង” (UR ២២)។
១៤០១. នៅពេលដែលមានការចាំបាច់ធ្ងន់ធ្ងរ តាមអភិបាលភូមិភាគវិនិច្ឆ័យ អ្នកដែលទទួលមុខងារបម្រើព្រះសហគមន៍កាតូលិកអាចផ្តល់អគ្គសញ្ញា (អរព្រះគុណ លើកលែងទោស លាបប្រេងអ្នកជម្ងឺ) ដល់គ្រីស្ត បរិស័ទឯទៀតៗដែលមិនរួបរួមជាព្រះសហគមន៍កាតូលិកយ៉ាងពេញលេញ ប៉ុន្តែដែលសូមឱ្យទទួលអគ្គ សញ្ញានោះ ដោយគ្មាននរណាបង្ខំ។ ពួកគេត្រូវតែសម្ដែងជំនឿនៃព្រះសហគមន៍កាតូលិក ដែលទាក់ទងនឹងអគ្គសញ្ញានោះ ហើយឱ្យគេបានត្រៀមខ្លួនទុកជាមុនផង (CIC ៨៤៤,៤)។
៧. ពិធីអរព្រះគុណ “បញ្ចាំសិរីរុងរឿងដែលនឹងយាងមក”
១៤០២. ក្នុងសេចក្ដីអធិដ្ឋានពីបុរាណកាល ព្រះសហគមន៍លើកតម្កើងគម្រោងការណ៍ដ៏អស្ចារ្យនៃពិធី អរព្រះគុណ៖ “ឱពិធីជប់លៀងដ៏សក្ការៈ ដែលព្រះគ្រីស្តជាចំណីអាហាររបស់យើង ដែលយើងរម្លឹកដល់ទុក្ខលំបាករបស់ព្រះអង្គ ដែលព្រះហឫទ័យប្រណីសន្តោសឈានចូលក្នុងព្រលឹងយើង ហើយដែលព្រះជាម្ចាស់ បញ្ចាំសិរីរុងរឿងដែលនឹងយាងមក”។ បើពិធីអរព្រះគុណជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះអម្ចាស់ បើយើងទទួល “ព្រះពរទាំងឡាយនៃស្ថានបរមសុខ និងព្រះហឫទ័យប្រណីសន្តោស” (MR) ដោយទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត ពិធីអរព្រះគុណក៏ជាការប្រារព្ធទុកជាមុនសិរីរុងរឿងនៃស្ថានបរមសុខដែរ។
១៤០៣. ក្នុងពិធីជប់លៀងចុងក្រោយ ព្រះអម្ចាស់ផ្ទាល់បានបំបែរមុខសាវ័ករបស់ព្រះអង្គឆ្ពោះទៅបុណ្យចម្លងដែលនឹងសម្រេចពេញលក្ខណៈក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់៖ “ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះបិតាខ្ញុំ” (មថ ២៦,២៩) (លក ២២,១៨ ; មក ១៤,២៥)។ ជារៀងរាល់ពេលដែលព្រះសហគមន័ថ្វាយអភិបូជា ព្រះសហគមន៍ក៏រម្លឹកនូវព្រះបន្ទូលសន្យានេះ ហើយបែរមុខទៅរក “អ្នក ដែលជិតមកដល់ហើយ” (វវ ១,៤)។ ពេលអធិដ្ឋាន ព្រះសហគមន៍អង្វរឱ្យព្រះអង្គយាងមក “ម៉ារ៉ាណថា” (១ករ ១៦,២២) “ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក” (វវ ២២,២០) “សូមឱ្យព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គយាងមក ហើយឱ្យលោកីយ៍នេះកន្លងផុតទៅ!” (ឌីដាខែ)។
១៤០៤. ព្រះសហគមន៍ដឹងថា ចាប់ពីពេលនេះទៅ ព្រះអម្ចាស់យាងមកក្នុងពិធីអរព្រះគុណរបស់ព្រះ
អង្គ ហើយព្រះអង្គគង់នៅកណ្តាលពួកយើងផង។ ក៏ប៉ុន្តែ វត្តមាននេះ ហាក់ដូចជាលាក់លៀមដែរ។ ហេតុនេះ យើងថ្វាយអភិបូជាដោយ “មានសង្ឃឹមយ៉ាងមាំថា នឹងបានបរមសុខ ហើយយើងខ្ញុំក៏រង់ចាំព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះទ្រង់យាងត្រឡប់មកវិញ” (សេចក្ដីអធិដ្ឋានក្រោយពីធម៌ឱព្រះបិតានៃយើងខ្ញុំ) ដោយ “សង្ឃឹមថា នឹងបានពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍។ នៅពេលព្រះអង្គជូតទឹកភ្នែកយើងខ្ញុំ ពេលនោះ យើងខ្ញុំនឹងមើលឃើញព្រះភ័ក្រ្តព្រះជាម្ចាស់យ៉ាងជាក់ស្តែង ហើយយើងខ្ញុំនឹងបានវិសុទ្ធ ដូចព្រះអង្គ អស់កល្បជានិច្ចដែរ។ យើងខ្ញុំលើកតម្កើងព្រះអង្គឥតឈប់ឈររួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់នៃយើងខ្ញុំ” (MR ធម៌អរព្រះគុណដ៏វិសុទ្ធទី៣)។
១៤០៥. មានតែអគ្គសញ្ញាអរព្រះគុណដែលបញ្ចាំឱ្យច្បាស់នូវសេចក្ដីសង្ឃឹមយ៉ាងមាំថា នឹងបានផ្ទៃ
មេឃ និងផែនដីថ្មីប្រកបដោយយុត្តិធម៌ (១ពត្រ ៣,១៣)។ ជារៀងរាល់ពេលយើងថ្វាយគម្រោងការណ៍ដ៏អស្ចារ្យ នេះ “យើងរួចពីបាប” ហើយ “យើងកាច់នំបុ័ងតែមួយ ជាថ្នាំអមតៈ ថ្នាំព្យាបាលកុំឱ្យស្លាប់ ប៉ុន្តែឱ្យយើង រួមរស់ជាមួយព្រះយេស៊ូគ្រីស្តជាដរាបតរៀងទៅ” (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។
សង្ខេប
១៤០៦. ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំនេះហើយជាអាហារ ដែលមានជីវិតចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច (...) អ្នកណាពិសាសាច់និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច (...) អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ (យហ ៦,៥១.៥៤.៥៦)។
១៤០៧ . ពិធីអរព្រះគុណជាស្នូល និងជាកំពូលនៃជីវិតព្រះសហគមន៍ ដ្បិតក្នុងពិធីនេះ ព្រះគ្រីស្តប្រោស ព្រះសហគមន៍ព្រះអង្គ និងសមាជិកទាំងអស់របស់ព្រះអង្គឱ្យចូលរួមក្នុងសក្ការៈបូជាកោតសរសើរ និងអរព្រះ គុណ ដែលព្រះអង្គបានថ្វាយម្តងជាការស្រេចនៅលើឈើឆ្កាងទៅព្រះបិតារបស់ព្រះអង្គ។ ដោយសារសក្ការៈបូជា នេះ ព្រះអង្គចាក់បង្ហូរព្រះអំណោយទាននៃការសង្រ្គោះលើព្រះកាយព្រះអង្គ គឺព្រះសហគមន៍។
១៤០៨. ពិធីបុណ្យអរព្រះគុណតែងតែមានដូចតទៅ៖ ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធីអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ចំពោះព្រះអំណោយទានទាំងអស់របស់ព្រះអង្គ ជាពិសេសចំពោះព្រះអំណោយទាននៃព្រះបុត្រាព្រះអង្គ ពិធីប្រសិទ្ធពរលើនំប៉័ង និងស្រា និងការចូលរួមក្នុងពិធីជប់លៀង ដោយទទួលព្រះកាយ និងព្រះលោហិតព្រះអម្ចាស់។ ចំណច់ទាំងអស់នោះ ជាកិច្ចការតែមួយនៃពិធីបុណ្យ។
១៤០៩ . ពិធីអរព្រះគុណជាការនឹករលឹកបុណ្យចម្លងរបស់ព្រះគ្រីស្ត ពោលគឺព្រះរាជកិច្ចនៃការសង្រ្គោះ ដែលជីវិត សេចក្ដីស្លាប់ និងព្រះជន្មថ្មីរបស់ព្រះគ្រីស្តបានសម្រេច ហើយដែលពិធីបុណ្យធ្វើឱ្យមានវត្តមានសព្វថ្ងៃ។
១៤១០. គឺព្រះគ្រីស្តផ្ទាល់ ជាមហាបូជាចារ្យអស់កល្បជានិច្ចនៃសម្ពន្ធមេត្រីថ្មី ដែលថ្វាយសក្ការៈបូជា ដោយប្រព្រឹត្តតាម រយៈអ្នកមានមុខងារបម្រើ។ គឺព្រះគ្រីស្តដដែលនេះ ដែលស្ថិតនៅក្នុងនំប៉័ង និងស្រា និងដែលជាតង្វាយនៃសក្ការៈបូជា។
១៤១១. មានតែពួកបូជាចារ្យ ដែលបានទទួលពិធីតែងតាំងយ៉ាងត្រឹមត្រូវទេ ដែលអាចថ្វាយពិធីអរព្រះគុណ និង ប្រសិទ្ធពរលើនំប៉័ង និងស្រា ដើម្បីឱ្យទៅជាព្រះកាយ ព្រះលោហិតព្រះអម្ចាស់បាន។
១៤១២. សញ្ញាសម្គាល់សំខាន់ជាងគេនៃអគ្គសញ្ញាអរព្រះគុណជានំប៉័ងនៃស្រូវសាលី និងស្រាទំពាំងបាយជូរ ដែលយើងអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលោកបូជាចារ្យពោលពាក្យនៃការប្រសិទ្ធពរ ដែលព្រះយេស៊ូមានព្រះបន្ទូលនៅពិធីជប់លៀងចុងក្រោយ៖ “នេះជាព្រះកាយ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា (...) នេះជាពែងនៃព្រះលោហិតរបស់ខ្ញុំ...”។
១៤១៣. ដោយសារការប្រសិទ្ធពរ នំប៉័ង និងស្រាប្រែជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ នៅក្នុង នំប៉័ង និងស្រា ដែលត្រូវប្រសិទ្ធពរ ព្រះគ្រីស្តផ្ទាល់ ដែលមានព្រះជន្មពោរពេញដោយសិរីរុងរឿង មានវត្តមានពិតប្រាកដមែន និងដោយសារធាតុ រួមជាមួយព្រះកាយ និងព្រះលោហិតព្រះអង្គ ព្រលឹង និងសភាពជាព្រះជាម្ចាស់របស់ព្រះអង្គផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៤០ ; ១៦៥១)។
១៤១៤. ដោយសារពិធីអរព្រះគុណជាសក្ការៈបូជា យើងថ្វាយពិធីនេះ ដើម្បីលោះអំពើបាបរបស់មនុស្ស ទាំងរស់ទាំងស្លាប់ ហើយដើម្បីទទួលព្រះអំណោយទានខាងវិញ្ញាណ ឬខាងលោកីយ៍អំពីព្រះជាម្ចាស់។
១៤១៥. នរណាចង់ទទួលព្រះកាយព្រះគ្រីស្តត្រូវតែបានទទួលការលើកលែងទោស។ ប្រសិនបើនរណាម្នាក់ដឹងខ្លួនថា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ គេមិនអាចទទួលព្រះកាយបានទេ ទាល់តែគេបានទទួលអគ្គសញ្ញាលើកលែងទោសជាមុនសិន។
១៤១៦. ការទទួលព្រះកាយ ព្រះលោហិតដ៏វិសុទ្ធរបស់ព្រះគ្រីស្តធ្វើឱ្យអ្នកទទួលរួបរួមជាមួយព្រះអម្ចាស់ស្និតស្នាលជាងមុន ប្រោសគេឱ្យរួចពីបាបស្រាលៗ និងការពារគេកុំឱ្យប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ។ ដោយសារចំណងនៃសេចក្ដីស្រលាញ់រវាងអ្នកទទួល និងព្រះគ្រីស្តខ្លាំងជាងមុន ការទទួលអគ្គសញ្ញានេះ ពង្រឹង ឯកភាពព្រះសហគមន៍ ដែលជាព្រះកាយដ៏អាឋ៌កំបាំងរបស់ព្រះគ្រីស្ត។
១៤១៧. ព្រះសហគមន៍ជំរុញគ្រីស្តបរិស័ឱ្យទទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត រាល់ពេលគេចូលរួមអភិបូជា។ គេត្រូវទទួលព្រះកាយ ព្រះលោហិតព្រះអង្គយ៉ាងហោចណាស់មួយឆ្នាំម្តង។
១៤១៨. ដោយសារព្រះគ្រីស្តផ្ទាល់គង់នៅក្នុងអគ្គសញ្ញានៃអាសនៈ ត្រូវតែគោរពព្រះអង្គដោយក្រាបថ្វាយបង្គំ។ “ពេលយើងសួរសុខទុក្ខអគ្គសញ្ញាដ៏វិសុទ្ធបំផុត យើងបង្ហាញភស្តុតាងថា យើងដឹងគុណព្រះអង្គ ជា សញ្ញាថា យើងស្រលាញ់ព្រះអង្គ ហើយជាភារកិច្ចចំពោះព្រះគ្រីស្តជាព្រះអម្ចាស់យើង” (MF)។
១៤១៩. ព្រះគ្រីស្ត ដែលបានឆ្លងពីលោកនេះទៅព្រះបិតា ក្នុងពិធីអរព្រះគុណ ព្រះអង្គបញ្ចាំសិរីរុងរឿងឱ្យយើង ត្រូវតែទទួលនៅក្បែរព្រះអង្គ៖ ការចូលរួមក្នុងសក្ការៈបូជាដ៏វិសុទ្ធបធ្វើឱ្យយើងមានចិត្ត ដូចព្រះហឫទ័យព្រះអង្គ ជួយគាំទ្រកម្លាំងយើងនៅពេលធ្វើបូជនីយេចរណ៍នៅក្នុងជីវិតនេះ ធ្វើឱ្យយើងចង់បានជីវិតអស់កល្បជានិច្ច និងធ្វើឱ្យយើងរួមជាមួយព្រះសហគមន៍នៃស្ថានបរមសុខ ព្រហ្មចារិនីម៉ារីដ៏វិសុទ្ធ និងជនដ៏វិសុទ្ធទាំងឡាយ។
ជំពូកទីពីរ៖
អគ្គសញ្ញានៃការព្យាបាល
១៤២០. ដោយសារអគ្គសញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលេញ មនុស្សទទួលជីវិតថ្មីរបស់ព្រះ គ្រីស្ត។ ប៉ុន្តែ ជីវិតនេះ នៅក្នុង “ឆ្នាំងដី” (២ករ ៤,៧)។ ឥឡូវ ជីវិតនេះ “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជា ម្ចាស់” (កូឡ ៣,៣)។ យើងស្ថិតនៅក្នុង “ជម្រកមួយដែលត្រូវរលួយសូន្យទៅ” ដដែល (២ករ ៥,១) ត្រូវរងទុក្ខលំបាក ធ្លាក់ខ្លួនឈឺ និងស្លាប់។ យើងក៏អាចបាត់បង់ជីវិតថ្មីនៃបុត្រធីតារបស់ព្រះជាម្ចាស់ដោយសារអំពើបាបដែរ។
១៤២១. ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាគ្រូពេទ្យនៃព្រលឹង និងរូបកាយរបស់យើង ព្រះអង្គដែលបានលើកលែងទោសអោយមនុស្សខ្វិនដៃខ្វិនជើង និងប្រោសអោយគេបានជា (មក ២,១-១២) ទ្រង់សព្វព្រះហឫទ័យ អោយព្រះសហគមន៍ព្រះអង្គបន្តព្រះរាជកិច្ចនៃការព្យាបាល និងការសង្រ្គោះរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ សូម្បីតែចំពោះសិរីរាង្គរបស់ព្រះអង្គផ្ទាល់ ។ នេះគឺជាគោលដៅរបស់អគ្គសញ្ញាទាំងពីរដើម្បីព្យាបាល ពោលគឺអគ្គសញ្ញាលើកលែងទោស និងអគ្គសញ្ញាលាងប្រេងអោយអ្នកជម្ងឺ។
ប្រការទី៤៖ អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល
១៤២២. “អស់អ្នកដែលទទួលអគ្គសញ្ញាលើកលែងទោស គឺទទួលការលើកលែងទោសពីព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណា ចំពោះបទដែលគេបានប្រព្រឹត្តខុសនឹងព្រះហឫទ័យព្រះអង្គ។ នៅពេលជាមួយគ្នានោះ គេស្រុះស្រួលជាមួយព្រះសហគមន៍ដែលត្រូវរបួសដោយបាបរបស់គេ។ ព្រះសហគមន៍ក៏ជួយអោយគេប្រែចិត្តគំនិត ដោយមានសេចក្ដីស្រឡាញ់ ដោយធ្វើជាគំរូល្អអោយគេ និងដោយអធិដ្ឋានទៀតផង” (LG ១១)។
១. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?
១៤២៣. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការកែប្រែចិត្តគំនិត ដ្បិតដោយសារអគ្គសញ្ញានេះ យើងក៏ ឆ្លើយតបចំពោះព្រះយេស៊ូដែលត្រាស់ហៅយើងអោយកែប្រែចិត្តគំនិត (មក ១,១៥) ហើយយើងត្រឡប់មករក ព្រះបិតាវិញ (លក ១៥,១៨) ដែលកាលពីមុនអំពើបាបបាននាំយើងអោយឃ្លាតឆ្ងាយ។
គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការសោកស្តាយចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្ត ដ្បិតដោយសារអគ្គសញ្ញានេះ គ្រីស្តបរិស័ទដែលបានប្រព្រឹត្តអំពើបាប ចាប់ផ្តើមកែប្រែចិត្តគំនិត សោកស្តាយ និងទូទាត់កំហុសរបស់ខ្លួន ដោយរួបរួមជាមួយព្រះសហគមន៍។
១៤២៤. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការសារភាព ដ្បិតគេចាំបាច់ត្រូវតែទទួលស្គាល់ និងសារភាព បាបចំពោះលោកបូជាចារ្យម្នាក់។ តាមអត្ថន័យជ្រៅ ដោយសារអគ្គសញ្ញានេះ យើង “ទទួលស្គាល់” លើកតម្កើង កោតសរសើរភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់ និងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះអ្នកបាបដែរ។
គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាលើកលែងទោស ដ្បិតដោយសារពិធីលើកលែងទោសរបស់ លោកបូជាចារ្យក្នុងព្រះនាមព្រះជាម្ចាស់ ព្រះអង្គក៏ប្រោសប្រទានអោយអ្នកបាបនូវ “ការលើកលែងទោស និងសេចក្ដីសុខសាន្ត” (OP)។
គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាសម្រុះសម្រួល ដ្បិតអគ្គសញ្ញានេះផ្តល់ សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់អោយអ្នកបាប ដែលព្រះអង្គសម្រុះសម្រួល៖ “ទុកអោយព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនអោយជានានឹងព្រះអង្គវិញទៅ” (២ករ៥,២០)។ អ្នកដែលទទួលសេចក្ដីស្រលាញ់ប្រកបដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ត្រៀមខ្លួននឹងឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអម្ចាស់៖ “ចូរទៅសម្រុះសម្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន” (មថ ៥,២៤)។
២. ហេតុអ្វីបានជាមានអគ្គសញ្ញាលើកលែងទោសក្រោយពីពិធីជ្រមុជទឹក?
១៤២៥. “ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានអោយបងប្អូនបានវិសុទ្ធ ព្រមទាំងអោយបងប្អូន បានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង រួចស្រេចទៅហើយ” (១ករ ៦,១១)។ ត្រូវដឹងខ្លួនអំពីភាពថ្កុំថ្កើងនៃព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រោសប្រទានក្នុងអគ្គសញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលញ ដើម្បីឈ្វេងយល់ថា អ្នកដែល “មានព្រះគ្រីស្តស្ថិតនៅជាប់ជាមួយ” (កាឡ ៣,២៧) មិនអាចប្រព្រឹត្តអំពើបាបទៀតទេ។ ប៉ុន្តែ នៅពេលជាមួយគ្នានេះ គ្រីស្តទូតសន្តយ៉ូហានមានប្រសាសន៍ថា៖ “ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ” (១យហ ១,៨) ហើយព្រះអម្ចាស់ផ្ទាល់បានប្រៀនប្រដៅយើងអោយអធិដ្ឋាន៖ “សូមអភ័យទោសអោយយើងខ្ញុំ” (លក ១១,៤) ដោយដឹងច្បាស់ថា ព្រះជាម្ចាស់នឹងអភ័យទោសអោយយើង លុះត្រាតែយើងលើកលែងទោសអោយគ្នាទៅវិញទៅមក។
១៤២៦. ដោយសារយើងបានកែប្រែចិត្តគំនិត ទៅរកព្រះគ្រីស្ត យើងបានកើតជាថ្មីក្នុងពិធីជ្រមុជទឹក យើងបានទទួលព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ និងបានទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តធ្វើជាអាហារ យើងក៏បានទៅជា “វិសុទ្ធ និងឥតសៅហ្មងចំពោះព្រះភ័ក្ត្រព្រះអង្គ” (អភ ៥,២៧)។ ក៏ប៉ុន្តែ ជីវិតថ្មីដែលយើងបានទទួលក្នុងការបង្ហាត់អោយទៅជាគ្រីស្តបរិស័ទមិនបានរលុបភាពទន់ខ្សោយនៃធម្មជាតិមនុស្ស ឬចិត្តលោភលន់ចង់ប្រព្រឹត្តអំពើបាប ដែលការបញ្ជូនបន្តហៅថាកិលេសតណ្ហា ដែលស្ថិតនៅជាប់នឹងអ្នកជ្រមុជទឹក ដើម្បីអោយគេបង្ហាញនូវការប្រយុទ្ធក្នុងការរស់នៅជាគ្រីស្តបរិស័ទ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តជួយ (DS ១៥១៥)។ ការប្រយុទ្ធនេះ ជាការកែប្រែចិត្តគំនិត អោយទៅបានវិសុទ្ធ និងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះអម្ចាស់តែងតែត្រាស់ហៅយើង (DS ១៥៤៥ ; LG ៤០)។
៣. ការកែប្រែចិត្តគំនិតរបស់អ្នកជ្រមុជទឹក
១៤២៧. ព្រះយេស៊ូត្រាស់ហៅអោយកែប្រែចិត្តគំនិត។ ការត្រាស់ហៅនេះ ជាផ្នែកដ៏ចាំបាច់នៃការប្រកាសព្រះរាជ្យ៖ “ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ” (មក ១,១៥)។ ដំបូង តាមធម្មទេសនាព្រះសហគមន៍ ការត្រាស់ហៅនេះ សម្ដៅទៅលើអស់អ្នកដែលមិនទាន់ស្គាល់ព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ។ ហេតុនេះ ពិធីជ្រមុជទឹកគឺជាការកែប្រែចិត្តគំនិត ដើមដំបូង និងសំខាន់ជាងគេដែរ។ ដោយសារយើងផ្ញើជីវិតទាំងស្រុងលើដំណឹងល្អ និងទទួលអគ្គសញ្ញាជ្រមុជទឹក (កក ២,៣៨) យើងលះបង់អំពើអាក្រក់ និងទទួលការសង្រ្គោះ ពោលគឺយើងរួច ពីបាបទាំងអស់ និងទទួលព្រះអំណោយទាននៃជីវិតថ្មី។
១៤២៨. ក៏ប៉ុន្តែ ការត្រាស់ហៅរបស់ព្រះគ្រីស្តនៅតែលាន់ឮក្នុងការរស់នៅរបស់គ្រីស្តបរិស័ទ។ ការកែ ប្រែចិត្តគំនិតជាលើកទីពីរនេះ ជាកិច្ចការដែលមិនអាចផ្អាកបាន សម្រាប់ព្រះសហគមន៍ទាំងមូល ដែល “មានអ្នកបាបនៅក្នុងផ្ទៃ” ដូច្នេះ “ព្រះសហគមន៍វិសុទ្ធផង ត្រូវបន្សុទ្ធខ្លួនឯងផង” ហើយត្រូវតែខិតខំកែប្រែអោយបានថ្មីជានិច្ច” (LG ៨)។ ការខិតខំកែប្រែចិត្តគំនិតមិនគ្រាន់តែជាកិច្ចការរបស់មនុស្សទេ ប៉ុន្តែជាចលនានៃ “ចិត្តសោកស្តាយ” (ទន ៥១,១៩) ដែលព្រះហឫទ័យប្រណីសន្តោសទាក់ទាញ និងជម្រុញ (យហ ៦,៤៤ ; ១២,៣២) អោយកែប្រែ ដើម្បីឆ្លើយតបនឹងសេចក្ដីស្រលាញ់ប្រកបដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលបានស្រលាញ់យើង (១យហ ៤,១០)។
១៤២៩. ក្រោយពីបានបដិសេធបីដងមិនព្រមទទួលស្គាល់ម្ចាស់របស់ខ្លួន សន្តសិលា ដែលកែប្រែចិត្តគំនិត ផ្តល់សក្ខីភាពថា ការកែប្រែចិត្តគំនិតមិនគ្រាន់តែជាកិច្ចការរបស់មនុស្សទេ គឺដោយសារព្រះយេស៊ូប្រកបដោយធម៌មេត្តាករុណាឥតព្រំដែន ទតឃើញលោកៗស្រក់ទឹកភ្នែកសោកស្តាយបាបរបស់ខ្លួន (លក ២២,៦១) ហើយក្រោយពីព្រះយេស៊ូមានព្រះជន្មថ្មី លោកក៏បានបញ្ជាក់ជាបីដងថា ស្រលាញ់ព្រះអង្គ (យហ ២១,១៥-១៧)។ ការកែប្រែចិត្តគំនិតជាលើកទីពីរមានលក្ខណៈរួម ដែរ ដូចជាពេលដែលព្រះអម្ចាស់ត្រាស់ហៅព្រះសហគមន៍មួយទាំងមូល៖ “ចូរកែប្រែចិត្តគំនិត!” (វវ ២,៥.១៦)។
និយាយអំពីការកែប្រែចិត្តគំនិតទាំងពីរ សន្ត អំប្រ័រ មានប្រសាសន៍ថា នៅក្នុងព្រះសហគមន៍ “មានទឹក និងទឹកភ្នែក គឺទឹកនៃពិធីជ្រមុជទឹក និងទឹកភ្នែកនៃការសោកស្តាយបាប”។
៤. ការសោកស្តាយយ៉ាងពិតប្រាកដ
១៤៣០. ដូចចំពោះព្យាការីកាលពីមុន ព្រះយេស៊ូត្រាស់ហៅអោយកែប្រែចិត្តគំនិត និងសោកស្តាយអំពើបាប មិនមែនដោយប្រព្រឹត្តកិច្ចការខាងក្រៅ ដូចជា “បាវកាន់ទុក្ខ និងផេះ” ការតមអាហារ និងការលត់ដុំខ្លួនទេ ប៉ុន្តែ ដោយកែប្រែដល់ទីជម្រៅនៃចិត្តគំនិត ព្រមទាំងសោកស្តាយបាបយ៉ាងពិតប្រាកដ ។ បើមិនកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដទេ យើងក៏នៅតែកុហក និងមិនបានផលឡើយ ផ្ទុយទៅវិញ បើយើងកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដ យើងបញ្ជាក់អាកប្បកិរិយានេះ ដោយបញ្ចេញសញ្ញាសម្គាល់អាចមើលឃើញ និងកិច្ចការដែលបង្ហាញថា យើងសោកស្តាយអំពើបាបរបស់ខ្លួន (យហ ២,១២-១៣ ; អស ១,១៦-១៧ ; មថ ៦,១-៦.១៦-១៨)។
១៤៣១. ពេលយើងកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដ យើងតម្រែតម្រង់ការរស់នៅរបស់យើងឡើងវិញ ទាំងស្រុង យើងត្រឡប់ទៅរកព្រះជាម្ចាស់វិញអោយអស់ពីចិត្ត យើងលែងប្រព្រឹត្តអំពើបាបនោះទៀត យើងស្អប់ខ្បើមអំពើអាក្រក់ទាំងអស់ដែលយើងបានប្រព្រឹត្ត។ នៅពេលជាមួយគ្នានេះ យើងប៉ងប្រាថ្នា និងប្តេជ្ញាចិត្តផ្លាស់ប្តូរជីវិត ដោយសង្ឃឹមលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងជឿទុកចិត្តថា ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គនឹងយាងមកជួយយើងផងដែរ។ ការកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដនេះ នាំមកជាមួយនូវការឈឺចាប់ និងទុក្ខព្រួយ ដែលជាកិច្ចសង្រ្គោះយើង ដែលគ្រូបាធ្យាយហៅថា animi cruciatus (ទុក្ខព្រួយនៃវិញ្ញាណ) compunctio cordis (ចិត្តសោកស្តាយ) (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៦-១៦៧៨ ; ១៧០៥ ; CR ២,៥,៤)។
១៤៣២. ចិត្តមនុស្សមានៈ និងរឹងរូស។ ព្រះជាម្ចាស់ត្រូវតែប្រោសប្រទានអោយមនុស្សមានចិត្តគំនិតថ្មី (អគ ៣៦,២៦-២៧)។ ការកែប្រែចិត្តគំនិតមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលប្រោសយើងអោយត្រឡប់មករកព្រះអង្គវិញ៖ “ព្រះអម្ចាស់អើយ! សូមនាំយើងខ្ញុំអោយវិលត្រលប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ” (សណ ៥,២១)។ ព្រះជាម្ចាស់ប្រោសប្រទានកម្លាំងអោយចាប់ផ្តើមសាជាថ្មី។ ពេល យើងយល់ឃើញភាពថ្កុំថ្កើងនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ចិត្តគំនិតយើងជំទាស់នឹងអំពើបាបដែលគួរអោយស្អប់ខ្ទើម ហើយយើងចាប់ផ្តើមញញើតពុំហ៊ានប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើបាប និងឃ្លាតឆ្ងាយពីព្រះអង្គទៀតផង។ មនុស្សកែប្រែចិត្តគំនិត នៅពេលដែលមើលឃើញ អ្នកដែលអំពើបាបយើងបានចាក់ទម្លុះ (យហ ១៩,៣៧ ; សក ១២,១០)៖
ចូរមើលឃើញព្រះលោហិតព្រះគ្រីស្ត ហើយឈ្វេងយល់អោយច្បាស់ថា ព្រះលោហិតនេះ មានតម្លៃដ៏ លើសលប់ចំពោះព្រះបិតាព្រះអង្គ ដ្បិតដោយសារព្រះលោហិតបានត្រូវបង្ហូរដើម្បីសង្រ្គោះយើង ព្រះអង្គក៏បានទុក អោយពិភពលោកទាំងមូលកែប្រែចិត្តគំនិត ដោយព្រះហឫទ័យប្រណីសន្តោស (សន្ត ក្លេម៉ង់ នៅទៅក្រុងរ៉ូម)។
១៤៣៣. ចាប់តាំងពីបុណ្យចម្លង ព្រះវិញ្ញាណដ៏វិសុទ្ធ “បញ្ជាក់អោយមនុស្សលោកដឹងថា គេយល់ខុសអំពី បាប” (យហ ១៦,៨-៩) ពោលគឺពិភពលោកមិនបានជឿលើអ្នកដែលព្រះបិតាបានចាត់អោយមក។ ប៉ុន្តែ ព្រះ វិញ្ញាណដដែលនេះ ដែលសម្ដែងនូវអំពើបាប ជាព្រះលួងលោម (យហ ១៥,២៦) ដែលព្រះហឫទ័យប្រណីសន្តោសប្រទានអោយមនុស្សអាចសោកស្តាយអំពើបាប និងអាចកែប្រែចិត្តគំនិតបាន (កក ២,៣៦-៣៨ ; សម្ដេចប៉ាប យ៉ូហាន ប៉ូលទី២ ; DV ២៧-៤៨)។
៥. របៀបផ្សេងៗនៃការសោកស្តាយអំពើបាបក្នុងការរស់នៅជាគ្រីស្តបរិស័ទ
១៤៣៤. គ្រីស្តបរិស័ទអាចសោកស្តាយអំពើបាបរបស់ខ្លួនតាមរបៀបខុសប្លែកពីគ្នា។ ព្រះគម្ពីរ និងគ្រូបាធ្យាយសង្កត់លើចំណត់បី គឺការតមអាហារ ការអធិដ្ឋាន និងការធ្វើទាន (តប ១២,៨ ; មថ ៦,១-១៨) ដែលសម្ដែងនូវការកែប្រែចិត្តគំនិត ចំពោះខ្លួនឯង ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកដទៃ។ ព្រះជាម្ចាស់បន្សុទ្ធយើងអោយបានពេញលេញ ពេលយើងទទួលពិធីជ្រមុជទឹក ឬពេលយើងស្លាប់ដូចជាមរណសាក្សី ប៉ុន្តែ ព្រះគម្ពីរ និងគ្រូបាធ្យាយបន្ថែមទៀតថា យើងអាចទទួលការលើកលែងទោសពេលយើងខិតខំស្រុះស្រួលជាមួយបងប្អូន ពេលយើងស្រក់ទឹកភ្នែកសោកស្តាយអំពើបាបរបស់ខ្លួន ពេលយើងចង់ជួយសង្រ្គោះបងប្អូន (យក ៥,២០) នៅពេលដែលសន្តបុគ្គលជួយអង្វរព្រះជាម្ចាស់សម្រាប់យើង ឬពេលយើងប្រព្រឹត្តតាមសេចក្ដីស្រលាញ់ ដែល “រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់” (១ពត្រ ៤,៨)។
១៤៣៥. យើងកែប្រែចិត្តគំនិតក្នុងជីវិតប្រចាំថ្ងៃ ដោយស្រុះស្រួលគ្នា ដោយចង់រំដោះទុក្ខអ្នកក្រីក្រ ដោយការពារច្បាប់ និងយុត្តិធម៌ (អម ៥,២៤ ; អស ១,១៧) ដោយសារភាពភាពកំហុសចំពោះបងប្អូន ដោយជួយកែលំអគ្នាទៅវិញទៅមក ដោយរំលឹករបៀបរស់នៅឡើងវិញ ដោយពិនិត្យមនសិការ ដោយមានអ្នកជួយណែនាំវិញ្ញាណ ដោយសុខចិត្តរងទុក្ខលំបាក និងដោយស៊ូទ្រាំទទួលការបៀតបៀនដោយសារយុត្តិធម៌។ ពេលយើងលីឈើឆ្កាងជារៀងរាល់ថ្ងៃ ដើរតាមព្រះយេស៊ូ យើងដើរតាមផ្លូវនៃការលើកលែងទោសជាពុំខាន (លក ៩,២៣)។
១៤៣៦. អគ្គសញ្ញាអរព្រះគុណ និងការសោកស្តាយអំពើបាបរបស់ខ្លួន ។ ការកែប្រែចិត្តគំនិត និងការសោកស្តាយអំពើបាបមានប្រភព និងចំណីអាហារចេញមកពីពិធីអរព្រះគុណ ពីព្រោះនៅក្នុងពិធីនេះ សក្ការបូជារបស់ព្រះគ្រីស្ត ដែលបានសម្រុះសម្រួលយើងអោយជានានឹងព្រះជាម្ចាស់ មានវត្តមានសព្វថ្ងៃ។ ដោយសារពិធីនេះ អស់អ្នកដែលរួបរួមជាមួយព្រះគ្រីស្តទទួលចំណីអាហារ និងកម្លាំង។ ពិធីអរព្រះគុណជា “ថ្នាំបន្សាប ដែលរំដោះយើងអោយរួចពីកំហុសប្រចាំថ្ងៃ និងជួយការពារយើងអោយចាកផុតពីការប្រព្រឹត្តអំពើបាបធ្ងន់” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៣៨)។
១៤៣៧. ការអានព្រះគម្ពីរដ៏វិសុទ្ធ ការអធិដ្ឋានតាមពេលកំណត់ ការសូត្រធម៌ ឳព្រះបិតានៃយើងខ្ញុំ ឬពិធីណាមួយ ដោយមានចិត្តស្មោះ ជ្រមុញយើងអោយកែប្រែចិត្តគំនិត សោកស្តាយអំពើបាបរបស់ខ្លួន និងជួយយើងអោយទទួលការអភ័យទោសពីអំពើបាបរបស់យើង។
១៤៣៨. វេលា និងថ្ងៃនៃការសោកស្តាយអំពើបាប នៅឆ្នាំពិធីបុណ្យ (រាល់ថ្ងៃសុក្រនៃរដូវអប់រំពិសេស ដើម្បីសញ្ជឹងគិតដល់ព្រះយេស៊ូដែលបានសោយទិវង្គត) ជាវេលាដ៏ប្រសើរ ក្នុងព្រះសហគមន៍ ដើម្បីសោកស្តាយអំពើបាប (SC ១០៩-១១០ ; CIC ១២៤៩-១២៥៣ ; CCEO ៨៨០-៨៨៣)។ ក្នុងវេលានោះ គួរប្រព្រឹត្តលំហាត់ខាងវិញ្ញាណ ពិធីលើកលែងទោស បូជនីយេចរណ៍ ដើម្បីបង្ហាញថា យើងសោកស្តាយអំពើបាប គួរស្ម័គ្រចិត្តតមអាហារ ធ្វើទាន ចែករំលែកទ្រព្យសម្បត្តិ (ដល់ជនក្រីក្រ ឬដើម្បីជួយប្រកាសដំណឹងល្អ)។
១៤៣៩. ព្រះយេស៊ូបានរៀបរាប់យ៉ាងអស្ចារ្យនូវចលនានៃការកែប្រែចិត្តគំនិត និងការសោកស្តាយអំពើបាប ក្នុងពាក្យប្រស្នាអំពី “កូនវង្វេង” ដែល “ឪពុកពោរពេញដោយធម៌មេត្តាករុណា” ជាតួឯក (លក ១៥,១១-២៤)៖ កូនភ្លើតភ្លើននឹងសេរីភាពក្លែងក្លាយ លះបង់ផ្ទះឪពុក ជួបប្រទះនឹងទុក្ខវេទនាដ៏ខ្លាំងខ្លាក្រោយពីបានបំផ្លាញទ្រព្យសម្បត្តិអស់ កូនខ្មាស់គេណាស់ ពេលគាត់ត្រូវថែរក្សាជ្រូក ជាពិសេសពេលគាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់អោយជ្រូកស៊ីនោះ គាត់រិះគិតក្នុងចិត្តអំពីម្ហូបអាហារហូហៀរដែលគាត់ធ្លាប់បរិភោគនៅផ្ទះឪពុក គាត់សោកស្តាយអំពើបាប និងសម្រេចចិត្តទទួលស្គាល់កំហុសរបស់ខ្លួនចំពោះឪពុក គាត់ត្រឡប់មកវិញ ឪពុករាក់ទាក់ទទួលគាត់ ដោយអំណរសប្បាយ៖ អ្វីៗទាំងអស់នោះជាលក្ខណៈពិសេសនៃការកែប្រែចិត្តគំនិត។ សំលៀកបំពាក់ល្អៗបំផុត ចិញ្ចៀន និងពិធីជប់លៀងជានិមិត្តរូបនៃជីវិតថ្មី បរិសុទ្ធ ពោរពេញដោយអំណរនេះ ជាជីវិតនៃមនុស្សដែលវិលត្រឡប់មករកព្រះជាម្ចាស់ និងក្រុមគ្រួសាររបស់ព្រះអង្គ ដែលជាព្រះសហគមន៍។ មានតែព្រះគ្រីស្ត ដែលស្គាល់ទីជម្រៅនៃសេចក្ដីស្រលាញ់នៃព្រះបិតារបស់ព្រះអង្គ ដែលអាចសម្ដែងអោយយើងដឹងអំពីធម៌មេត្តាករុណាដ៏ជ្រាលជ្រៅជាទីបំផុត យ៉ាងសាមញ្ញៗ និងប្រកបដោយសោភណភាព។
៦. អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល
១៤៤០. ពេលយើងប្រព្រឹត្តអំពើបាប យើងធ្វើបាបព្រះជាម្ចាស់ និងឃ្លាតឆ្ងាយពីព្រះអង្គ។ ម្យ៉ាងទៀត យើងលែងរួបរួមជាមួយព្រះសហគមន៍។ ហេតុនេះ ហើយបានជាពេលយើងកែប្រែចិត្តគំនិត យើងទទួលការលើកលែងទោសពីព្រះជាម្ចាស់ និងស្រុះស្រួលជាមួយនឹងព្រះសហគមន៍។ អគ្គសញ្ញាលើកលែងទោសសម្ដែង និងសម្រេចការទាំងពីរនោះតាមពិធីបុណ្យ។
មានតែព្រះជាម្ចាស់ទេ ដែលលើកលែងទោសអោយរួចពីបាប
១៤៤១. មានតែព្រះជាម្ចាស់ទេ ដែលអាចលើកលែងទោសអោយរួចពីបាប (មក ២,៧)។ ដោយសារព្រះ យេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះពន្ទូលអំពីព្រះអង្គផ្ទាល់៖ “បុត្រមនុស្សមានអំណាចលើកលែងទោសអោយមនុស្សនៅលើផែនដីនេះរួចពីបាបបាន” (មក ២,១០) ហើយព្រះអង្គប្រតិបត្តិតាមអំណាចរបស់ព្រះជាម្ចាស់នេះ៖ “ខ្ញុំអភ័យទោសអោយអ្នកបានរួចពីបាបហើយ!” (មក ២,៥ ; លក ៧,៤៨)។ លើសពីនេះទៅទៀត ដោយសារព្រះអង្គប្រកបដោយអំណាចរបស់ព្រះជាម្ចាស់ ទ្រង់ក៏ប្រទានអំណាចនេះអោយមនុស្ស ដើម្បីអោយគេប្រតិបត្តិតាមក្នុងព្រះនាមព្រះអង្គ (យហ ២០,២១-២៣)។
១៤៤២. ព្រះគ្រីស្តសព្វព្រះហឫទ័យអោយព្រះសហគមន៍ទាំងមូល ក្នុងការអធិដ្ឋាន ការរស់នៅ និងក្នុងកិច្ចការ ជាសញ្ញាសម្គាល់ និងជាឧបករណ៍នៃការលើកលែងទោស និងការសម្រុះសម្រួល ដែលព្រះអង្គបានទទួលដោយបង្ហូរព្រះលោហិតព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គបានប្រគល់អំណាចនៃការលើកលែងទោសអោយក្រុម គ្រីស្តទូត។ ក្រុមនេះមាន “មុខងារសម្រុះសម្រួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញ” (២ករ ៥,១៨)។ ព្រះអង្គចាត់គ្រីស្តទូតអោយទៅ “ក្នុងព្រះនាមព្រះគ្រីស្ត” ហើយតាមរយៈពួកលោក “ព្រះជាម្ចាស់ផ្ទាល់” ដាស់តឿន និងអង្វរ៖ “ទុកអោយព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនអោយជានានឹងព្រះអង្គវិញ” (២ករ ៥,២០)។
ការសម្រុះសម្រួលជាមួយនឹងព្រះសហគមន៍
១៤៤៣. នៅក្នុងជីវិតជាសាធារណៈរបស់ព្រះអង្គ ព្រះយេស៊ូមិនគ្រាន់តែលើកលែងទោសអោយរួចពីបាប ប៉ុណ្ណោះទេ ថែមទាំងបានសម្ដែងនូវផលនៃការលើកលែងទោសនេះ គឺព្រះអង្គបានបញ្ចូលអ្នកបាប ដែលបានឃ្លាតឆ្ងាយ ឬត្រូវដេញចេញ អោយចូលក្នុងសហគមន៍នៃប្រជាជនរបស់ព្រះជាម្ចាស់វិញ។ ព្រះយេស៊ូប្រទានសញ្ញាសម្គាល់យ៉ាងច្បាស់អំពីការសម្រុះសម្រួលនេះ ដោយទទួលអ្នកបាបអោយរួមតុជាមួយព្រះអង្គ។ លើសពីនេះទៅទៀត ព្រះអង្គយាងមករួមតុជាមួយពួកគេ ដែលជាកាយវិការសម្ដែងយ៉ាងអស្ចារ្យអំពីការលើកលែងទោសនៃព្រះជាម្ចាស់ (លក ១៥) និងការត្រឡប់មកវិញក្នុងប្រជាជនរបស់ព្រះជាម្ចាស់ (លក ១៩,៩)។
១៤៤៤. ដោយប្រគល់អំណាចរបស់ព្រះអង្គផ្ទាល់ ដល់ក្រុមគ្រីស្តទូតអោយលើកលែងទោសរួចពីបាប ព្រះអម្ចាស់ប្រទានអំណាចសម្រុះសម្រួលអ្នកបាបជាមួយព្រះសហគមន៍អោយពួកលោកផងដែរ។ ព្រះបន្ទូល យ៉ាងឧឡារិករបស់ព្រះគ្រីស្តចំពោះលោកស៊ីម៉ូនសិលា សម្ដែងលក្ខណៈពិសេសនៃមុខងារនេះរបស់ពួកលោក៖ “ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខអោយអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗ ដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ” (មថ១៦,១៩)។ “ព្រះអង្គដែលប្រទានអោយលោកសិលាមានបន្ទុកចងនិងស្រាយ ព្រះអង្គក៏បានប្រទានបន្ទុកនេះយ៉ាងពិតប្រាកដអោយក្រុមគ្រីស្តទូត ដែលរួមជាមួយមេដឹកនាំរបស់គេដែរ” (មថ ១៨,១៨ ; ២៨,១៦-២០) (LG ២២)។
១៤៤៥. ពាក្យចង និងស្រាយ មានន័យថា៖ នរណាដែលអ្នករាល់គ្នានឹងដេញពីការរួបរួមរបស់អ្នករាល់គ្នា អ្នកនោះក៏នឹងត្រូវដេញពីការរួបរួមជាមួយព្រះជាម្ចាស់ដែរ ឯនរណាដែលអ្នករាល់គ្នានឹងទទួលក្នុងការរួបរួមរបស់អ្នករាល់គ្នាឡើងវិញ ព្រះជាម្ចាស់ក៏នឹងទទួលអ្នកនោះអោយរួបរួមជាមួយព្រះអង្គដែរ។ ការសម្រុះសម្រួលជាមួយព្រះសហគមន៍មិនអាចបំបែកចេញពីការសម្រុះសម្រួលជាមួយនឹងព្រះជាម្ចាស់បានទេ ។
អគ្គសញ្ញានៃការលើកលែងទោស
១៤៤៦. ព្រះគ្រីស្តបានតែងតាំងអគ្គសញ្ញាលើកលែងទោស សម្រាប់អ្នកបាបទាំងអស់របស់ព្រះសហគមន៍ព្រះអង្គ ជាពិសេសអស់អ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ដែលបានជ្រមុជទឹករួចហើយៗ ដែលបានបាត់បង់ព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក និងបានធ្វើអោយការរួបរួមក្នុងព្រះសហគមន៍ត្រូវរបួស។ អគ្គសញ្ញាលើកលែងទោសផ្តល់អោយពួកគេអាចកែប្រែចិត្តគំនិត និងទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលប្រោសអោយទៅជាមនុស្សសុចរិតវិញ។ គ្រូបាធ្យាយព្រះសហគមន៍ថ្លែងអំពីអគ្គសញ្ញានេះ ដូចជា “ក្តារទីពីរ (សម្រាប់សង្រ្គោះ) ក្រោយពីការលិចលង់ ដែលជាការបាត់បង់ព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោស” (លោក ទែរទូលីយ៉ាំង)។
១៤៤៧. ពីសតវត្សមួយទៅសតវត្សមួយ របៀបដែលព្រះសហគមន៍បានអនុវត្តអំណាចដែលព្រះអម្ចាស់បានប្រោសប្រទាននេះ បានផ្លាស់ប្តូរជាច្រើនលើកច្រើនសា។ ក្នុងអម្លុងសតវត្សដើម ការសម្រុះសម្រួលរបស់គ្រីស្តបរិស័ទ ដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាស់ ក្រោយពីបានជ្រមុជទឹក (ដូចជាការគោរពព្រះក្លែងក្លាយ បទសម្លាប់មនុស្ស ឬអំពើផិតក្បត់) ទាក់ទងនឹងវិន័យយ៉ាងតឹងរ៉ឹង គឺអ្នកបាបត្រូវតែសោកស្តាយអំពើបាបរបស់ខ្លួនជាសាធារណៈ អស់រយៈពេលជាច្រើនឆ្នាំ មុននឹងអាចទទួលការលើកលែងទោស។ គេកម្រអាចចូលក្នុង “ក្រុមអ្នកបាប” ក្នុងតំបន់ខ្លះតែម្តង ក្នុងមួយជីវិត (ដោយទាក់ទងនឹងអំពើបាបធ្ងន់ធ្ងរខ្លះតែប៉ុណ្ណោះ)។ នៅសតវត្សទីប្រាំពីរ ដោយមានការបញ្ជូនបន្តនៃវត្តអារាមខាងបូព៌ាប្រទេសជួយបំភ្លឺ សាសនទូតជនជាតិអៀរឡង់ នៅទ្វីបអឺរ៉ុប ធ្វើអោយអ្នកបាបមិនបាច់ប្រព្រឹត្តកិច្ចការជាច្រើន យូរអង្វែង និងជាសាធារណៈ ដែលបង្ហាញថា អ្នកនោះសោកស្តាយអំពើបាបរបស់ខ្លួន មុននឹងសម្រុះសម្រួលជាមួយនឹងព្រះសហគមន៍ទេ។ ចាប់ពីពេលនោះមក គេផ្តល់អគ្គសញ្ញាតាមរបៀបលាក់សម្ងាត់រវាងអ្នកបាប និងលោកបូជាចារ្យ។ តាមការអនុវត្តរបៀបថ្មីនេះ យើងអាចផ្តល់អគ្គសញ្ញានេះម្តងទៀត និងបើកផ្លូវអោយយើងទទួលអគ្គសញ្ញានេះយ៉ាងទៀងទាត់។ ម្យ៉ាងទៀត យើងអាចបញ្ចូលក្នុង ពិធីតែមួយការលើកលែងទោសអំពើបាបធ្ងន់ធ្ងរ និងអំពើបាបស្រាលៗផងដែរ។ ព្រះសហគមន៍អនុវត្តអគ្គសញ្ញាលើកលែងទោសតាមរបៀបនេះរហូតដល់សព្វថ្ងៃ។
១៤៤៨. តាមរយៈការផ្លាស់ប្តូរទាំងប៉ុន្មាននៃវិន័យ និងពិធីនៃអគ្គសញ្ញានេះ ពីសតវត្សមួយទៅសតវត្ស មួយ យើងពិនិត្យឃើញរចនាសម្ព័ន្ធមូលដ្ឋាន ដដែល។ រចនាសម្ព័ន្ធនេះ មានចំណុចពីរសំខាន់ គឺសកម្មភាព របស់មនុស្សដែលកែប្រែចិត្តគំនិត ក្រោមកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (ការសោកស្តាយ ការសារភាព ការទូទាត់) ម្យ៉ាងទៀត ជាកិច្ចការរបស់ព្រះជាម្ចាស់ តាមរយៈព្រះសហគមន៍។ តាមរយៈលោកអភិបាល និងលោកបូជាចារ្យ ព្រះសហគមន៍ ដែលផ្តល់ការលើកលែងទោសក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ហើយកំណត់នូវរបៀបទូទាត់ អង្វរសម្រាប់អ្នកបាប និងសោកស្តាយអំពើបាបរួមជាមួយគេដែរ។ ហេតុនេះហើយ បានជាអ្នកបាបបានជាសះស្បើយ និងរួបរួមក្នុងព្រះសហគមន៍ឡើងវិញ។
១៤៤៩. ពិធីលើកលែងទោស ដែលយើងធ្លាប់ប្រើក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស បង្ហាញចំណុច សំខាន់ៗនៃអគ្គសញ្ញានេះ គឺព្រះបិតានៃធម៌មេត្តាករុណាជាប្រភពនៃការលើកលែងទោស ព្រះអង្គសម្រុះសម្រួល អ្នកបាបដោយសារបុណ្យចម្លងរបស់ព្រះបុត្រាព្រះអង្គ និងព្រះអំណោយទាននៃព្រះវិញ្ញាណព្រះអង្គ ហើយតាម រយៈការអធិដ្ឋាន និងមុខងាររបស់ព្រះសហគមន៍៖
សូមព្រះបិតាជាអម្ចាស់បង្ហាញធម៌មេត្តាករុណាអោយអ្នកបានស្គាល់។ ដោយព្រះយេស៊ូជាព្រះបុត្រាបានសោយទិវង្គត និងមានព្រះជន្មថ្មី ព្រះបិតាបានសម្រុះសម្រួលមនុស្សលោកអោយជានានឹងព្រះអង្គ ទ្រង់ក៏បាន ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធអោយយាងមកដែរ ដើម្បីរួចពីបាប។ តាមរយៈព្រះសហគមន៍ សូមព្រះអង្គព្រះមេត្តាលើកលែងទោសអោយអ្នក និងប្រទានសេចក្ដីសុខសាន្តអោយអ្នកផងដែរ។ រីឯខ្ញុំវិញ ខ្ញុំសូមលើកលែងទោសអោយអ្នក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
៧. កិច្ចការរបស់អ្នកបាប
១៤៥០. “ការលើកលែងទោសដូចជាបង្ខំអ្នកបាបអោយសុខចិត្តប្រតិបត្តិតាមចំណុចទាំងអស់ គឺ មានចិត្តសោកស្តាយ សារភាពដោយវាចា ហើយមានអាកប្បកិរិយាចេះបន្ទាបខ្លួន និងចង់ទូទាត់អំពើបាបរបស់ខ្លួន ដោយបង្កើតផលអោយបានច្រើន” (CR ២,៥,២១ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៣)។
ការសោកស្តាយអំពើបាប
១៤៥១. ក្នុងចំណោមកិច្ចការរបស់អ្នកបាប ការសោកស្តាយបាបសំខាន់ជាងគេ។ “ព្រលឹងអ្នកសោកស្តាយ ឈឺចាប់ និងស្អប់អំពើបាបដែលខ្លួនបានប្រព្រឹត្ត ព្រមទាំងបេ្តជ្ញាចិត្តមិនប្រព្រឹត្តអំពើបាប ក្នុងអនាគតទៀតទេ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៦)។
១៤៥២. កាលបើការសោកស្តាយបណ្តាលមកពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលយើងស្រលាញ់លើសអ្វីៗទាំងអស់ គេហៅថា “គ្រប់លក្ខណៈ” (ការសោកស្តាយនៃសេចក្ដីស្រលាញ់)។ ការសោកស្តាយនេះ លើកលែងទោសពីអំពើបាបស្រាលៗ ហើយអាចផ្តល់ការលើកលែងទោសនៃអំពើបាបធ្ងន់ធ្ងរ បើយើងបេ្តជ្ញា ចិត្តចង់ទទួលអគ្គសញ្ញាលើកលែងទោសយ៉ាងឆាប់រហ័ស (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៧)។
១៤៥៣. ការសោកស្តាយ “មិនគ្រប់លក្ខណៈ” ក៏ជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែរ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញ។ ការសោកស្តាយនេះ មកពីយើងគិតថា អំពើបាបគួស្អប់ខ្ទើម ឬយើងខ្លាចធ្លាក់ឋាននរក ឬយើងខ្លាចទទួលបាបកម្ម (យើងសោកស្តាយព្រោះយើងខ្លាច)។ វិបត្តិដ៏ខ្លាំងខ្លានៃមនសិការនេះ អាចផ្តើមអោយមានការវិវត្តិន៍ខាងផ្លូវចិត្ត ដែលកិច្ចការនៃព្រះហឫទ័យប្រណីសន្តោសនឹងបង្ហើយ ដោយទទួលអគ្គសញ្ញាលើកលែងទោស។ ការសោកស្តាយមិនគ្រប់លក្ខណៈនេះ មិនអាចផ្តល់ការលើកលែងទោសអោយរួចពីបាបធ្ងន់ធ្ងរទេ ប៉ុន្តែជួយអោយរៀបចំខ្លួនទទួលការលើកលែងទោសនេះ ក្នុងអគ្គសញ្ញា (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៨)។
១៤៥៤. គួររៀបចំខ្លួនទទួលអគ្គសញ្ញានេះ ដោយរិះគិតពិចារណា ក្រោមពន្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការអប់រំខាងសីលធម៌នៃដំណឹងល្អ និងលិខិតផ្សេងៗរបស់គ្រីស្តទូត ផ្តល់អត្ថបទជាច្រើន ដែលអាចជួយយើងបាន មានដូចជា សុន្ទរកថានៅលើភ្នំ ឬការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត (រម ១២១៥ - ១ករ ១២-១៣ ; កាឡ ៥ ; អភ ៤-៦)។
ការសារភាពបាប
១៤៥៥. ជាធម្មតា យើងអាចយល់ឃើញថា ការសារភាពបាបរំដោះយើង និងជួយយើងអោយសម្រុះស្រួលជាមួយនឹងអ្នកដទៃ។ ដោយសារភាព មនុស្សប្រឈមមុខនឹងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត គេទទួលការខុសត្រូវ ទើបគេបើកចិត្តអោយព្រះជាម្ចាស់ និងការរួបរួមក្នុងព្រះសហគមន៍ឡើងវិញ ដើម្បីអោយមានអនាគតថ្មី។
១៤៥៦. ការសារភាពចំពោះលោកបូជាចារ្យម្នាក់ ជាចំណុចដ៏សំខាន់ នៃអគ្គសញ្ញាលើកលែងទោស៖ “ពេលសារភាព អ្នកបាបត្រូវរៀបរាប់អំពើបាបធ្ងន់ធ្ងរទាំងអស់ ដែលគេដឹងខ្លួន ក្រោយពីបានរិះគិតពិចារណាយ៉ាង ត្រឹមត្រូវ ទោះបីជាអំពើបាបនោះគ្មាននរណាដឹងសោះក៏ដោយ ហើយទោះបីគេបានប្រព្រឹត្តបាបប្រឆាំងនឹងវិន័យទាំងពីរចុងក្រោយនៃវិន័យដប់ប្រការតែប៉ុណ្ណោះក៏ដោយ (សរ ២០,១៧ ; មថ ៥,២៨) ដ្បិតជូនកាលអំពើបាបនោះ ធ្វើអោយព្រលឹងរបួស និងគ្រោះថ្នាក់ច្រើនជាងអំពើបាបដែលយើងបានប្រព្រឹត្តចំពោះមុខអ្នកដទៃ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៨០)៖
នៅពេលដែលគ្រីស្តបរិស័ទខិតខំសារភាពអំពើបាបទាំងអស់ ដែលពួកគេនឹកគិតដល់ យើងមិនអាចសង្ស័យថា ពួកគេយកអំពើបាបទាំងនោះទៅថ្វាយចំពោះធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ អស់អ្នកដែលប្រព្រឹត្តតាមរបៀបផ្សេង ហើយមានបំណងលាក់អំពើបាបខ្លះ ព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់ក៏មិនអាចដកអ្វីតាមរយៈលោកបូជាចារ្យបានឡើយ ដ្បិត “បើអ្នកជម្ងឺអៀមខ្មាស់បង្ហាញដំបៅរបស់ខ្លួនអោយលោកគ្រូពេទ្យឃើញ លោកមិនអាចព្យាបាលអ្វីដែលលោកមិនដឹងទេ” (សន្ត យេរ៉ូម ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៨០)។
១៤៥៧. តាមច្បាប់ព្រះសហគមន៍ “គ្រីស្តបរិស័ទណាដែលដល់អាយុចេះដឹងខ្លួនត្រូវសារភាពអំពើបាបធ្ងន់ធ្ងរដែលខ្លួនដឹង យ៉ាងហោចណាស់មួយឆ្នាំម្តង” (DS ១៦៨៣, ១៧០៨)។ អ្នកដែលដឹងខ្លួនថា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ មិនអាចទទួលព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដោយមិនបានទទួលអគ្គសញ្ញាលើកលែងទោសបានទេ ទោះបីអ្នកនោះសោកស្តាយអំពើបាបខ្លាំងយ៉ាងណាក៏ដោយ លើកលែងតៃមានមូលហេតុសំខាន់ៗដើម្បីទទួលព្រះកាយព្រះគ្រីស្ត ហើយគេមិនអាចជួបលោកបូជាចារ្យ (CIC ៩១៦ ; CCEO ៧១១)។ កូនក្មេងត្រូវទទួលអគ្គសញ្ញាលើកលែងទោស មុននឹងទទួលព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្តជាលើកទីមួយ (CIC ៩១៤)។
១៤៥៨. ព្រះសហគមន៍ផ្ដែផ្តាំអោយសារភាពអំពើបាបប្រចាំថ្ងៃ (អំពើបាបស្រាលៗ) ទោះបីជាការមិនចាំបាច់ក៏ដោយ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៨០ ; CIC ៩៨៨,២)។ តាមការពិត ការសារភាពបាបស្រាលៗយ៉ាងទៀងទាត់ជួយយើងអោយអប់រំមនសិការរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងកិលេសតណ្ហា ទុកអោយព្រះ គ្រីស្តព្យាបាលយើង ដើម្បីអោយមានការរីកចម្រើនកនៃជីវិតខាងវិញ្ញាណ។ ដោយឧស្សហ៍ទទួលព្រះអំណោយទាននៃធម៌មេត្តាករុណារបស់ព្រះបិតាតាមរយៈអគ្គសញ្ញានេះ ព្រះអង្គក៏ជម្រុញយើងអោយមានចិត្តមេត្តាករុណាដូចព្រះអង្គផងដែរ (លក ៦,៣៦)៖
អ្នកដែលសារភាពអំពើបាបរបស់ខ្លួន គឺបានសហការជាមួយព្រះជាម្ចាស់រួចហើយ។ ព្រះជាម្ចាស់ចោទ ប្រកាន់អំពើបាបរបស់អ្នក បើអ្នកចោទប្រកាន់អំពើបាបនោះដែរ គឺអ្នកចូលរួមជាមួយព្រះជាម្ចាស់។ ដូច្នេះ គេអាចនិយាយថា មនុស្ស និងអ្នកបាប ជាតថភាពពីរ ពោលគឺពេលអ្នកឮគេនិយាយអំពីមនុស្ស នោះព្រះជាម្ចាស់ជាអ្នកធ្វើ ពេលអ្នកឮគេនិយាយអំពីអ្នកបាប នោះមនុស្សជាអ្នកធ្វើ។ ចូរបំផ្លាញអ្វីៗដែលអ្នកបានធ្វើ ដើម្បីអោយព្រះជាម្ចាស់សង្រ្គោះអ្វីៗដែលព្រះអង្គបានធ្វើ (...)។ ពេលអ្នកផ្តើមស្អប់អ្វីដែលអ្នកបានធ្វើ នោះកិច្ចការដ៏ល្អរបស់អ្នកចាប់ផ្ដើមហើយ ដ្បិតអ្នកចោទប្រកាន់កិច្ចការដ៏អាក្រក់របស់អ្នក។ យើងចាប់ផ្តើមប្រព្រឹត្តកិច្ចការដ៏ល្អ គឺយើងសារភាពកិច្ចការដ៏អាក្រក់។ អ្នកប្រព្រឹត្ត តាមសេចក្ដីពិតនោះ អ្នកនឹងចូលមកក្នុងពន្លឺ (សន្ត អូគូស្តាំង)។
ការទូទាត់
១៤៥៩. អំពើបាបជាច្រើនធ្វើអោយអ្នកដទៃខូចខាត។ ត្រូវតែព្យាយាមទូទាត់អំពើបាបនោះ (ឧទាហរណ៍ សងអ្វីដែលយើងបានលួច លើកកិតិ្តយសរបស់អ្នកដែលត្រូវនិយាយបង្កាច់ឡើងវិញ ព្យាបាលមុខរបួស)។ យុត្តិធម៌ទាមទារការទូទាត់នេះ។ លើសពីនេះទៅទៀត អំពើបាបធ្វើអោយអ្នកបាបផ្ទាល់ត្រូវរបួស និងធ្លាក់ទន់ ខ្សោយ ព្រមទាំងទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងអ្នកដទៃផងដែរ។ ការលើកលែងទោសដកអំពើបាបចេញ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាទាំងអស់ ដែលបណ្តាលមកពីអំពើបាបនោះបានទេ (មហាសន្និបាតនៅទីក្រុងត្រង់ ៖ DS ១៧១២)។ ពេលងើបពីអំពើបាបមកវិញ អ្នកបាបត្រូវមានសុខភាពខាងវិញ្ញាណឡើងវិញ។ ដូច្នេះ គេត្រូវ ធ្វើអ្វីមួយទៀត ដើម្បីជុសជួលអំពើបាបរបស់ខ្លួន គឺគេត្រូវ “ទូទាត់” តាមរបៀបត្រឹមត្រូវ ឬ “ជុសជួល” អំពើបាប របស់ខ្លួន។ គេហៅការទូទាត់នេះថា “ការទទួលទោស” ដែរ។
១៤៦០. ពេលលោកបូជាចារ្យបង្ខំអោយទទួលទោស លោកត្រូវតែយកចិត្តទុកដាក់នឹងស្ថានភាពរបស់ អ្នកបាប ព្រមទាំងព្យាយាមអោយគេរីកចម្រើនខាងវិញ្ញាណផងដែរ។ ការទទួលទោសនេះ ត្រូវសមស្របនឹងលក្ខណៈនៃបាបដែលគេបានប្រព្រឹត្ត។ យើងអាចអធិដ្ឋាន ថ្វាយតង្វាយមួយ ជួយអ្នកក្រីក្រ ឬអ្នកជម្ងឺ បម្រើអ្នកដទៃ ស័្មគ្រចិត្តតមអាហារ ធ្វើយញ្ញបូជា ជាពិសេសសុខចិត្តលីឈើឆ្កាងដោយចិត្តអត់ធ្មត់។ ការទទួលទោសទាំងអស់បែបនេះ ជួយយើងអោយរួបរួមជាមួយព្រះគ្រីស្ត ពីព្រោះមានតៃព្រះអង្គទេ ដែលបានទទួលទោសសម្រាប់បាបរបស់យើង (រម ៣,២៥ ; ១យហ ២,១-២) ម្តងជាការស្រេច។ ទោសទាំងអស់នោះធ្វើអោយយើងអាចទទួលមរតករួមជាមួយព្រះគ្រីស្តដែលមានព្រះជន្មថ្មី “ដ្បិតយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ” (រម ៨,១៧) (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩០)៖
ប៉ុន្តែ យើងទូទាត់អំពើបាបរបស់ខ្លួនតែតាមរយៈព្រះយេស៊ូគ្រីស្តប៉ុណ្ណោះ៖ គិតអំពីខ្លួនឯង យើងមិនអាចធ្វើអ្វីដោយខ្លួនឯងបានទេ គឺ “យើងអាចធ្វើបានទាំងអស់រួមជាមួយព្រះអង្គ ដែលជាអ្នកប្រទានកម្លាំងអោយយើង” (ភីល ៤,១៣)។ ហេតុនេះ មនុស្សគ្មានអ្វីដែលអាចលើកតម្កើងខ្លួនឯង ប៉ុន្តែ “សិរីរុងរឿង” ទាំងអស់របស់ យើងស្ថិតនៅក្នុងអង្គព្រះគ្រីស្ត (...) យើងទូទាត់ក្នុងអង្គព្រះអង្គ ដោយ “ប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា (យើង) បានកែប្រែចិត្តគំនិត” (លក ៣,៨)។ អំពើល្អទាំងនោះ មានកម្លាំងមកពីព្រះគ្រីស្ត យើងថ្វាយអំពើល្អនោះចំពោះព្រះបិតាតាមរយៈព្រះគ្រីស្ត ហើយព្រះបិតាគាប់ព្រះហឫទ័យនឹងតង្វាយនោះ ដោយសារព្រះគ្រីស្តផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩១)។
៨. អ្នកមានមុខងារផ្តល់អគ្គសញ្ញានេះ
១៤៦១. ដោយសារព្រះគ្រីស្តបានប្រគល់មុខងារសម្រុះសម្រួលអោយក្រុមគ្រីស្តទូត (យហ ២០,២៣ ; ២ករ ៥,១៨) លោកអភិបាល ជាអ្នកបន្តមុខងារនេះ ហើយពួកបូជាចារ្យ ជាសហការីរបស់លោក បន្តបម្រើមុខងារនេះតទៅទៀត។ តាមការពិត ដោយសារអគ្គសញ្ញាតែងតាំង លោកអភិបាល និងលោកបូជាចារ្យមានអំណាចលើកលែងទោសអំពើបាបទាំងអស់ “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។
១៤៦២. ការលើកលែងទោសស្រុះស្រួលអ្នកបាបជាមួយនឹងព្រះជាម្ចាស់ និងជាមួយព្រះសហគមន៍ផងដែរ។ តាំងពីបុរាណកាលមក គេចាត់ទុកយ៉ាងត្រឹមត្រូវលោកអភិបាល ជាប្រធានដែលអាចមើលឃើញនៃព្រះសហគមន៍ភូមិភាគថា ជាអ្នកមានអំណាច និងមុខងារសម្រុះសម្រួល៖ លោកជាអ្នកសម្រុះសម្រួលនៃវិន័យនៃការលើកលែងទោស (LG ២៦)។ បូជាចារ្យ ជាសហការីរបស់លោក មានអំណាចនេះ លុះត្រាតែពួកលោកបានទទួលបន្ទុកពីលោកអភិបាល (ឬពីមេក្រុមគ្រួសារបព្វជិត) ឬពីសម្ដេចប៉ាប តាមច្បាប់ព្រះសហគមន៍ (CIC ៨៤៤ ; ៩៦៧-៩៦៩ ; ៩៧២ ; CCEO ៧២២,៣-៤)។
១៤៦៣. អំពើបាបខ្លះធ្ងន់ធ្ងរណាស់អាចនាំអោយមានការបណ្ដេញចេញពីព្រះសហគមន៍ ដែលជាទោសធ្ងន់ជាងគេក្នុងព្រះសហគមន៍ ដែលឃាត់មិនអោយទទួលអគ្គសញ្ញា និងសិទ្ធិខ្លះក្នុងព្រះសហគមន៍ ហើយដែលមានតែសម្ដេចប៉ាប លោកអភិបាលភូមិភាគ និងលោកបូជាចារ្យដែលបានទទួលការអនុញ្ញាតទេ ដែលអាចផ្តល់ការលើកលែងទោសបាន (CIC ១៣៣១ ; ១៣៥៤-១៣៥៧ ; CCEO ១៤៣១ ; ១៤៣៤ ; ១៤២០)។ បើមានគ្រោះថ្នាក់ដល់ជីវិត លោកបូជាចារ្យណាម្នាក់ ទោះបីគ្មានសិទ្ធិផ្តល់អគ្គសញ្ញាលើកលែងទោសក៏ដោយ ក៏អាចលើកលែងទោសទាំងប៉ុន្មាន (CIC ៩៧៦ ; CCEO ៧២៥) និងទទួលយកអ្នកបាបអោយចូលក្នុងព្រះសហគមន៍ឡើងវិញបានដែរ។
១៤៦៤. លោកបូជាចារ្យត្រូវលើកទឹកចិត្តគ្រីស្តបរិស័ទអោយទទួលអគ្គសញ្ញាលើកលែងទោស ព្រមទាំង មានពេលទំនេរផ្តល់អគ្គសញ្ញានេះ រាល់ពេលគ្រីស្តបរិស័ទសូមទទួលអគ្គសញ្ញានេះ តាមរបៀបសមគួរ (CIC ៩៨៦ ; CCEO ៧៣៥ ; PO ១៣)។
១៤៦៥. ក្នុងពេលដែលផ្តល់អគ្គសញ្ញាលើកលែងទោស លោកបូជាចារ្យបំពេញមុខងារជាគង្វាលដ៏សប្បុរស ដែលស្វែងរកកូនចៀមវង្វេង ឬជាជនជាតិសាម៉ារីដ៏ល្អ ដែលរុំរបួស ឬជាបិតាដែលរង់ចាំកូនវង្វេង ទទួលយ៉ាងរាក់ទាក់ ពេលកូនត្រឡប់មកវិញ ឬជាចៅក្រមដ៏សុចរិតដែលមិនកាន់ជើងនរណាម្នាក់ ហើយដែលវិនិច្ឆ័យតាមរបៀបត្រឹមត្រូវ និងប្រកបទៅដោយធម៌មេត្តាករុណាផង។ និយាយអោយខ្លីទៅ លោកបូជាចារ្យជាសញ្ញាសម្គាល់ និងជាឧបការណ៍នៃសេចក្ដីស្រលាញ់ពោរពេញទៅដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះអ្នកបាប។
១៤៦៦. លោកបូជាចារ្យដែលផ្តល់អគ្គសញ្ញាលើកលែងទោសមិនមែនជាគ្រូទេ គឺលោកជាអ្នកបម្រើនៃ ការលើកលែងទោសដែលមកពីព្រះជាម្ចាស់។ អ្នកទទួលមុខងារផ្តល់អគ្គសញ្ញានេះត្រូវរួមចិត្តគំនិតនឹងគោល បំណង និងសេចក្ដីស្រលាញ់របស់ព្រះគ្រីស្ត (PO ១៣)។ លោកត្រូវតែស្គាល់អោយច្បាស់អាកប្បកិរិយារបស់ គ្រីស្តបរិស័ទ មានបទពិសោធន៍ចំពោះបញ្ហារបស់មនុស្ស ចេះគោរពថ្នាក់ថ្នមអ្នកបាប លោកក៏ត្រូវស្រលាញ់សេចក្ដីពិត ស្មោះត្រង់នឹងក្រុមដឹកនាំព្រះសហគមន៍ ហើយណែនាំអ្នកបាបអោយជាសះស្បើយ និងអោយគេចាស់ទុំយ៉ាងពេញលេញ ដោយអំណត់។ លោកត្រូវអធិដ្ឋាន និងសោកស្តាយបាបចំពោះអ្នកបាប ដោយអង្វរធម៌ មេត្តាករុណារបស់ព្រះអម្ចាស់។
១៤៦៧. បូជាចារ្យដែលបំពេញមុខងារដ៏ប្រសើរនេះ ត្រូវចេះថ្នក់ថ្នម ព្រមទាំងគោរពមនុស្ស ព្រះសហគមន៍ប្រកាសថា លោកបូជាចារ្យណាម្នាក់ ដែលផ្តល់អគ្គសញ្ញាលើកលែងទោស ត្រូវតែរក្សាការសម្ងាត់ជា ដាច់ខាតអំពីអំពើបាបដែលអ្នកបាបបានសារភាព បើពុំដូច្នោះទេ ត្រូវទទួលទោសដ៏ធ្ងន់ធ្ងរណាស់ (CIC ១៣៨៨,១ ; CCEO ១៤៥៦)។ ម្យ៉ាងទៀត លោកមិនអាចប្រើចំណេះដឹងអំពីការរស់នៅរបស់អ្នកបាបទេ។ គេហៅសម្ងាត់ ដែលគ្មានករណីលើកលែងនោះ ថាជា “ត្រានៃអគ្គសញ្ញា” ពីព្រោះអគ្គសញ្ញា “បោះត្រា” ពីលើអ្វីៗដែលអ្នកបាបបានសារភាពចំពោះលោកបូជាចារ្យ។
៩. ផលនៃអគ្គសញ្ញានេះ
១៤៦៨. “ការលើកលែងទោសមានប្រសិទ្ធភាពបញ្ចូលយើង ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ ជាម្ចាស់ឡើងវិញ និងបង្រួបបង្រួមយើងជាមួយព្រះអង្គដូចជាមិត្តសម្លាញ់ពីរនាក់” (CR ២,៥,១៨)។ អគ្គសញ្ញា នេះមានគោលដៅ និងបង្កើតផលជា ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ ។ ចំពោះអស់អ្នកដែលទទួលអគ្គ សញ្ញាលើកលែងទោស ដោយមានចិត្តសោកស្តាយ “នឹងមានអារម្មណស្ងប់ និងមនសិការល្អ ហើយព្រះ ជាម្ចាស់នឹងលួងលោមចិត្តគេយ៉ាងខ្លាំង” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៤)។ តាមការពិត អគ្គសញ្ញាសម្រុះសម្រួលជាមួយព្រះជាម្ចាស់ពិតជានាំអោយ “វិញ្ញាណមានជីវិតថ្មី” ផ្តល់សេចក្ដីថ្លៃថ្នូរ និងផលដ៏ល្អនៃជីវិតរបស់បុត្រធីតាព្រះជាម្ចាស់ ជាពិសេសមេត្រីភាពជាមួយព្រះជាម្ចាស់។
១៤៦៩. អគ្គសញ្ញានេះសម្រុះសម្រួលយើងជាមួយនឹងព្រះសហគមន៍ ។ អំពើបាបទំលុះ ឬបំបែកការរួបរួមគ្នាជាបងប្អូន។ អគ្គសញ្ញាលើកលែងទោសជុសជួល ឬកែលំអការរួបរួមគ្នានេះឡើងវិញ។ តាមអត្ថន័យនេះ អគ្គសញ្ញានេះមិនគ្រាន់តែព្យាបាលអ្នកដែលចូលក្នុងសហគមន៍ឡើងវិញប៉ុណ្ណោះទេ ថែមទាំងបង្កើតផលដ៏រស់រវើក លើព្រះសហគមន៍ដែលត្រូវរបួសដោយសារបាបនៃសមាជិកម្នាក់របស់ខ្លួនទៀតផង (១ករ១២,២៦)។ អ្នកបាបដែលត្រូវបានលើកលែងទោស ហើយចូលរួបរួមក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយឡើងវិញ ដោយផ្លាស់ប្តូរសេចក្ដីល្អខាងវិញ្ញាណរវាងសមាជិកទាំងអស់នៃព្រះកាយព្រះគ្រីស្ត ទោះជានៅធ្វើបូជនីយេសចរណ៍ ឬនៅក្នុងមាតុភូមិនៃស្ថានបរមសុខហើយក៏ដោយ ក៏អគ្គសញ្ញានេះពង្រឹងអ្នកបាបដែរ (LG ៤៨-៤៩)។
ត្រូវរំលឹកថា ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់បង្កើតផលម្យ៉ាងដូចជា ការសម្រុះសម្រួលផ្សេងទៀតនឹងព្យាបាលការបាក់បែកផ្សេងៗដែលមកពីអំពើបាប។ អ្នកបាបសម្រុះសម្រួលជាមួយនឹងខ្លួនឯងក្នុងជម្រៅចិត្តគេទទួលយកសេចក្ដីពិតផ្នែកខាងក្នុងឡើងវិញ គេសម្រុះសម្រួលជាមួយបងប្អូនដែលគេបានប្រមាថ ឬបញ្ឈឺចិត្ត គេសម្រុះសម្រួលជាមួយព្រះសហគមន៍ គេសម្រុះសម្រួលជាមួយពិភពលោកទាំងមូល (RP ៣១)។
១៤៧០. ក្នុងអគ្គសញ្ញានេះ ដោយអ្នកបាបពឹកផ្អែកលើធម៌មេត្តាករុណាលើព្រះជាម្ចាស់ គេរៀបចំទុកជាមុនការវិនិច្ឆ័យ ម្យ៉ាង ដែលគេនឹងទទួលនៅពេលចុងក្រោយបំផុត។ ដ្បិតគឺពេលនេះ ក្នុងលោកនេះហើយ ដែល យើងអាចជ្រើសរើសរវាងជីវិត និងសេចក្ដីស្លាប់ ហើយមានតែដើរតាមមាគ៌ានៃការកែប្រែចិត្តគំនិតទេ ទើបយើង អាចចូលក្នុងព្រះរាជ្យបាន លើកលែងតែមានអំពើបាបធ្ងន់ធ្ងរប៉ុណ្ណោះ (១ករ ៥,១១ ; កាឡ ៥,១៩-២១ ; វវ ២២,១៥)។ ដោយកែប្រែចិត្តគំនិតផ្ញើជីវិតលើព្រះគ្រីស្ត អ្នកបាបឆ្លងពីសេចក្ដីស្លាប់ទៅរកជីវិត ហើយ “មិនត្រូវទទួលទោសឡើយ” (យហ ៥,២៤)។
១០. បុណ្យកុសលសម្រាប់អនុគ្រោះ
១៤៧១. លទ្ធិ និងការអនុវត្តន៍បុណ្យកុសលសម្រាប់អនុគ្រោះក្នុងព្រះសហគមន៍ទាក់ទងយ៉ាងស្និទ្ធិស្នាលជាមួយនឹងផលនៃអគ្គសញ្ញាលើកលែងទោស។
អ្វីទៅជាបុណ្យកុសលសម្រាប់អនុគ្រោះ?
“ដោយសារបុណ្យកុសលសម្រាប់អនុគ្រោះ ព្រះសហគមន៍លើកទោសក្នុងលោកនេះនៃអំពើបាប ដែលកំហុសបានត្រូវលុបរួចហើយ។ គ្រីស្តបរិស័ទអាចទទួលការលើកលែងទោសនេះ តាមល័ក្ខខ័ណ្ឌផ្សេងៗ ដោយសារអំណាចនៃព្រះសហគមន៍ ដែលមានឋានៈជាអ្នកផ្តល់ការលើកទោសនេះ ចែក និងអនុវត្ត កំណប់នៃការទូទាត់របស់ព្រះគ្រីស្ត និងសន្តបុគ្គល”។
“បុណ្យកុសលនោះអាចរំដោះទោសនៃអំពើបាបក្នុងលោកនេះបានមួយផ្នែក ឬទាំងស្រុង។”។ យើងអាចផ្តល់បុណ្យកុសលនោះសម្រាប់អ្នករស់ ឬអ្នកស្លាប់ (សម្ដេចប៉ាប ប៉ូលទី៦)។
ទោសនៃអំពើបាប
១៤៧២. ដើម្បីយល់អំពីលទ្ធិនេះ និងការអនុវត្តន៍នៃព្រះសហគមន៍ ត្រូវតែយល់ថា អំពើបាបមានផលវិបាកពីរ ។ អំពើបាបធ្ងន់ធ្ងរធ្វើអោយយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ទើបយើងមិនអាចទទួលជីវិតអស់កល្បជានិច្ចបានទេ។ គេហៅផលវិបាកនេះថាជា “ទោសអស់កល្បជានិច្ច” នៃអំពើបាប។ ម្យ៉ាងទៀត អំពើបាបណា ទោះជាស្រាលក្ដី នាំយើងអោយជាប់ចំណងនឹងសត្វលោក ដែលត្រូវបន្សុទ្ធទាំងក្នុងលោកនេះ ឬនៅពេលស្លាប់ក្នុងស្ថានភាព ដែលគេហៅថា កិច្ចជំរះអោយបានវិសុទ្ធ។ ការបន្សុទ្ធនេះ រំដោះយើងអោយរួចពីអ្វីដែលគេហៅថា “ទោសក្នុងលោកនេះ” នៃអំពើបាប។ យើងមិនត្រូវគិតថា ព្រះជាម្ចាស់សងសឹកដោយដាក់ទោសទាំងពីនោះទេ ប៉ុន្តែទោសទាំងពីរនោះបណ្តាលកើតចេញមកពីអំពើបាបផ្ទាល់តែម្តង។ ការកែប្រែចិត្តគំនិតដោយក្ដីស្រលាញ់យ៉ាងពិតប្រាកដអាចបន្សុទ្ធអ្នកបាបអោយពេញលេញ ទើបគ្មានទោសណាមួយនៅសេសសល់ទៀតទេ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧១២-១៧១៣ ; ១៨២០)។
១៤៧៣. ការលើកលែងទោសអោយរួចពីបាប និងការរួបរួមជាមួយព្រះជាម្ចាស់ឡើងវិញ បណ្តាលអោយមានការលើកទោសអស់កល្បជានិច្ចនៃអំពើបាប។ ប៉ុន្តែ ទោសក្នុងលោកនេះនៅសេសសល់។ គ្រីស្តបរិស័ទត្រូវតែខិតខំ សុខចិត្តទទួលទោសក្នុងលោកនេះដែលមកពីអំពើបាប ដូចជាព្រះអំណោយទាន ដោយស៊ូទ្រាំរងទុក្ខលំបាកទាំងប៉ុន្មាន ដោយចិត្តអត់ធ្មត់ ដោយប្រឈមមុខនឹងសេចក្ដីស្លាប់ នៅពេលកំណត់។ គេត្រូវព្យាយាមលះបង់ចោល “កិរិយាមារយាទដែលគេធ្លាប់កាន់ពីដើម” ដើម្បីបាន “កើតជាថ្មីឡើងវិញ” (អភ ៤,២៤) ដោយប្រព្រឹត្ត តាមធម៌មេត្តាករុណា និងសេចក្ដីស្រលាញ់ ព្រមទាំងអធិដ្ឋាន និងសោកស្តាយបាបផងដែរ។
ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
១៤៧៤. គ្រីស្តបរិស័ទ ដែលខិតខំបន្សុទ្ធខ្លួនអោយរួចពីបាបរបស់ខ្លួន និងអោយបានវិសុទ្ធដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយ មិនមែនមានតែម្នាក់ឯងទេ។ “ជីវិតនៃបុត្រធីតារបស់ព្រះជាម្ចាស់ជាប់ចំណងយ៉ាងអស្ចារ្យក្នុងអង្គព្រះគ្រីស្ត និងតាមរយៈព្រះគ្រីស្ត រួមជាមួយជីវិតបងប្អូនគ្រីស្តបរិស័ទឯទៀតៗ ក្នុងឯកភាពដែលហួសធម្មជាតិនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត ដូចក្នុងខ្លួនបុគ្គលដ៏អាថ៌កំបាំងម្នាក់ដែរ” (សម្ដេចប៉ាប ប៉ូលទី៦)។
១៤៧៥. ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ “មានចំណងនៃសេចក្ដីស្រលាញ់ដ៏ស្ថិតស្ថេរជានិច្ច និងការផ្លាស់ប្តូរនៃសេចក្ដីល្អទាំងអស់យ៉ាងបរិបូណ៍ រវាងគ្រីស្តបរិស័ទ - អស់អ្នកដែលចូលក្នុងមាតុភូមិនៃស្ថានបរមសុខ អស់អ្នកដែលត្រូវជំរះអោយបានវិសុទ្ធ ឬអស់អ្នកដែលនៅតែធ្វើបូជនីយេសចរណ៍នៅលើផែនដី។ ក្នុងការផ្លាស់ប្តូរដ៏អស្ចារ្យនេះ ភាពដ៏វិសុទ្ធរបស់ម្នាក់ឆ្លងដល់អ្នកដទៃ ហួសពីការខូចខាត ដែលអំពើបាបរបស់ម្នាក់បានប្រព្រឹត្តចំពោះអ្នកដទៃទៅទៀត។ ហេតុនេះហើយ បានជាសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយអាចជួយអ្នកបាបអោយបានវិសុទ្ធចាកផុតពីទោសនៃ អំពើបាបលឿនជាង និងដោយមានប្រសិទ្ធិភាពខ្លាំងជាង។
១៤៧៦. គេហៅសេចក្ដីល្អខាងវិញ្ញាណនៃសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយថា កំណប់នៃព្រះសហគមន៍ “ដែលមិនមៃនជាចំនួនបូកសរុបនៃសេចក្ដីល្អនោះ ដូចជាទ្រព្យសម្បត្តិប្រមូលបានពីមួយសតវត្សទៅមួយសតវត្សទេ ប៉ុន្តែ ជាសម្បត្តិដែលមានតម្លៃជាអនេក ចាយមិនចេះអស់ ចំពោះព្រះជាម្ចាស់ ជាបុណ្យកុសលរបស់ព្រះគ្រីស្តជាអម្ចាស់នៃយើង ដែលព្រះអង្គបានថ្វាយដើម្បីអោយមនុស្សជាតិរួចពីបាប និងអាចរួបរួមជាមួយព្រះបិតាបាន។ ការទូទាត់ និងបុណ្យកុសលនៃ ការសង្រ្គោះរបស់ព្រះអង្គស្ថិតយ៉ាងបរិបូណ៍នៅក្នុងអង្គព្រះគ្រីស្តជាព្រះសង្រ្គោះរបស់យើង” (ហប ៧,២៣-២៥ ; ៩,១១-២៨)។
១៤៧៧. “ពាក្យអង្វរ និងកិច្ចការដ៏ល្អរបស់ព្រះនាងព្រហ្មចារិនីម៉ារីពោរពេញទៅដោយសុភមង្គល និងរបស់សន្តបុគ្គលទាំងឡាយ ដែលព្រះឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តបានប្រោសអោយបានវិសុទ្ធ ដែលបានដើរតាមព្រះអង្គ ហើយដែលបានបំពេញកិច្ចការជាទីគាប់ព្រះហឫទ័យព្រះបិតា ជាកំណប់ដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត ដែលមិនអាចវាស់បាន និងថ្មីជានិច្ច ចំពោះព្រះជាម្ចាស់។ ដូច្នេះ ដោយពួកគាត់បានធ្វើការដើម្បីសង្រ្គោះខ្លួនឯង ពួកគាត់បានរួមសហការក្នុងការសង្រ្គោះនៃបងប្អូនរបស់ពួកគាត់ ក្នុងឯកភាពនៃព្រះកាយដ៏អាថ៌កំបាំង” (សម្ដេចប៉ាប ប៉ូលទី៦)។
ទទួលការអនុគ្រោះពីព្រះជាម្ចាស់តាមរយៈព្រះសហគមន៍
១៤៧៨. ព្រះយេស៊ូគ្រីស្តអនុញ្ញាតអោយព្រះសហគមន៍មានអំណាចចង និងស្រាយ ហើយក៏អាចផ្តល់បុណ្យកុសលសម្រាប់អនុគ្រោះចំពោះគ្រីស្តបរិស័ទម្នាក់ និងបើកកំណប់នៃបុណ្យកុសលរបស់ព្រះគ្រីស្ត និងសន្តបុគ្គល ដើម្បីអោយព្រះបិតាលើកលែងទោសក្នុងលោកនេះដែលគ្រីស្តបរិស័ទនោះ ជំពាក់ដោយសារអំពើបាបរបស់ខ្លួន។ ហេតុនេះ ហើយបានជាព្រះសហគមន៍មិនគ្រាន់តែចង់ជួយគ្រីស្តបរិស័ទម្នាក់នោះទេ ថែមទាំងចង់ជម្រុញគេអោយអធិដ្ឋាន សោកស្តាយបាប និងបំពេញកិច្ចការនៃសេចក្ដីស្រលាញ់ (សម្ដេចប៉ាប ប៉ូលទី៦ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៨៣៥)។
១៤៧៩. គ្រីស្តបរិស័ទ ដែលចែកស្ថានកំពុងតែជំរះអោយបានវិសុទ្ធ ពួកគេជាសមាជិកនៃសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយដែរ ដូច្នេះ យើងអាចជួយគេ ដោយទទួលបុណ្យកុសលសម្រាប់អនុគ្រោះគេ ទើងគេអាចរួចពីទោសក្នុងលោកនេះ ដែលគេជំពាក់ដោយសារអំពើបាបរបស់ពួកគេ។
១១. ពិធីបុណ្យនៃអគ្គសញ្ញាលើកលែងទោស
១៤៨០. ដូចអគ្គសញ្ញាឯទៀតៗ ការលើកលែងទោសជាកិច្ចការខាងពិធីបុណ្យ។ ជាធម្មតា ចំណុចសំខាន់ៗនៃពិធីបុណ្យ មានដូចតទៅ៖ លោកបូជាចារ្យជម្រាបសួរ និងប្រទានពរ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជួយបំភ្លឺចិត្តគំនិត និងជម្រុញអោយសោកស្តាយអំពើបាប ដោយដាស់តឿនអោយកែប្រែចិត្តគំនិត។ បន្ទាប់មក អ្នកបាបទទួលស្គាល់អំពើបាបរបស់ខ្លួន និងសារភាពចំពោះលោកបូជាចារ្យ លោកក៏សូមអោយអ្នកបាបទូទាត់អំពើបាប (អ្នកបាបត្រូវតែសុខចិត្តធ្វើតាម) ហើយលោកលើកលែងទោសអ្នកបាប។ ទីបញ្ចប់ទាំងអស់គ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយលោកប្រទានពរដោយចាត់គ្រីស្តបរិស័ទអោយទៅ។
១៤៨១. ពិធីបុណ្យខាងបូព៌ាប្រទេសផ្តល់ការលើកលែងទោសដោយមានសេចក្ដីផ្សេងៗ ដែលសម្ដែងយ៉ាងអស្ចារ្យគម្រោងការដ៏អស្ចារ្យនៃការលើកលែងទោស៖ “សូមព្រះដែលបានលើកលែងទោសអោយព្រះបាទដាវីឌ តាមរយៈព្យាការីណាថាន នៅពេលព្រះអង្គបានសារភាពអំពើបាបរបស់ព្រះអង្គ ព្រះដែលបានលើកលែងទោសអោយលោកសិលានៅពេលលោកបានស្រក់ទឹកភ្នែកយ៉ាងសែនអាម៉ាស ព្រះដែលបានលើកលែងទោសអោយស្រី្តពេស្សានៅពេលនាងបានស្រក់ទឹកភ្នែកលើព្រះបាទាព្រះអង្គ ព្រះដែលបានលើកលែងទោសអោយផារីស៊ីម្នាក់ និងកូនវង្វេង សូមព្រះដដែលនេះ លើកលែងទោសអោយអ្នក នៅក្នុងលោកនេះ និងនៅក្នុងបរមលោក តាមរយៈខ្ញុំជាអ្នកបាប ហើយសូមព្រះអង្គកោះហៅអ្នកអោយមកតុលាការដ៏គួរអោយភិតភ័យរបស់ព្រះអង្គ ដោយមិនថ្កោលទោសអ្នក ព្រះអង្គដែលទទួលព្រះពរអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន”។
១៤៨២. អគ្គសញ្ញាលើកលែងទោសអាចមាននៅក្នុងពីធីបុណ្យរួម ។ ក្នុងពិធីនេះ យើងរៀបចំរួមជាមួយគ្នាអោយសារភាព និងអរព្រះគុណចំពោះការលើកលែងទោសដែលយើងបានទទួល។ ទីនេះ ការសារភាពអំពើបាបផ្ទាល់ខ្លួន និងការលើកលែងទោសម្នាក់ៗត្រូវរាប់ចញ្ចូលក្នុងពិធីបុណ្យលើតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមានការអានអត្ថបទ និងធម៌ទេសនា ការពិនិត្យមនសិការជាមួយគ្នា ការសុំរួមជាមួយគ្នាអោយទទួលការលើកលែងទោសរួម ការសូត្រធម៌ ឳព្រះបិតានៃយើងខ្ញុំ និងការអរព្រះគុណរួម។ ពិធីបុណ្យរួមនេះ បញ្ចាក់យ៉ាងច្បាស់ថា ការ លើកលែងទោសទាក់ទងនឹងព្រះសហគមន៍។ ទោះបីយើងប្រារព្វអគ្គសញ្ញានេះ តាមរបៀបណាក៏ដោយ ក៏អគ្គសញ្ញាលើកលែងទោសតែងតែជាកិច្ចការខាងពិធីបុណ្យដែរ ដែលជាកិច្ចការរបស់ព្រះសហគមន៍ និងកិច្ចការជាសាធារណៈផងដែរ (SC ២៦-២៧)។
១៤៨៣. បើមានការចាំបាច់ដ៏ធ្ងន់ធ្ងរ យើងអាចផ្តល់អគ្គសញ្ញាលើកលែងទោស ក្នុងពិធីបុណ្យរួម ដោយមានគ្រីស្ត បរិស័ទទាំងអស់សារភាព និងទទួលការលើកលែងទោសរួមជាមួយគ្នា ដូចជានៅពេលដែលមានគ្រោះថ្នាក់ដល់ ជីវិត ឬនៅពេលដែលលោកបូជាចារ្យគ្មានពេលទំនេរល្មមដើម្បីស្តាប់អ្នកបាបម្នាក់ម្តងៗ ឬនៅពេលដែលមានអ្នកបាបច្រើន គ្មានលោកបូជាចារ្យគ្រប់គ្រាន់ ដើម្បីស្តាប់អ្នកបាបម្នាក់ៗក្នុងពេលដ៏សមរម្យ ទាល់តែអ្នកបាប ដែលគ្មានកំហុសពីខ្លួនគេផ្ទាល់ នឹងមិនបានទទួលអគ្គសញ្ញា ឬព្រះកាយព្រះគ្រីស្តជាយូរមកហើយ។ ក្នុងករណីនេះ គ្រីស្តបរិស័ទនៅតែអាចសារភាពអំពើបាបផ្ទាល់ខ្លួន តាមបំណងរបស់គេ ដើម្បីអោយការលើកលែងទោសមានប្រសិទ្ធិភាព (CIC ៩៦២,១)។ លោកអភិបាលភូមិភាគជាអ្នកសម្រេចតាមល័ក្ខខ័ណ្ឌផ្សេងៗថា តើយើងអាចផ្តល់ការលើកលែងទោសរួមជាមួយគ្នាបាន ឬទេ (CIC ៩៦១,២)។ ទោះបីមានគ្រីស្តបរិស័ទជាច្រើនក្នុងឳកាសបុណ្យធំៗ ឬបូជនីយេសចរណ៍យ៉ាងណាក៏ដោយ ក៏មិនមែនជាករណីចាំបាច់ឡើយ (CIC ៩៦១,១)។
១៤៨៤. “ការសារភាពរបស់ម្នាក់ៗចំពោះអំពើបាបទាំងអស់ ដោយមានការលើកលែងទោស ជាមធ្យោបាយធម្មតាតែមួយ ដែលគ្រីស្តបរិស័ទអាចសម្រុះសម្រួលជាមួយនឹងព្រះជាម្ចាស់ និងព្រះសហគមន៍ លើកលែងតែគេមានមូលហេតុខាងផ្លូវកាយ ឬខាងផ្លូវចិត្តមិនអាចអោយគេសារភាពបានឡើយ” (OP ៣១) ដ្បិតព្រះគ្រីស្តមានសកម្មភាពក្នុងអគ្គសញ្ញានិមួយៗ ព្រះអង្គមានព្រះបន្ទូលផ្ទាល់ចំពោះអ្នកបាបម្នាក់ៗ៖ “កូនអើយ! ខ្ញុំអភ័យទោសអោយអ្នកបានរួចពីបាប” (មក ២,៥)។ ព្រះអង្គជាគ្រូពេទ្យ ដែលឈ្ងោកមើលអ្នកជម្ងឺម្នាក់ៗដែលត្រូវការព្រះអង្គ (មក ២,១៧) ដើម្បីអោយបានជាសះស្បើយ ព្រះអង្គក៍ប្រោសគេអោយក្រោកឡើង និងបញ្ចូលគេក្នុងសហគមន៍ជាបងប្អូន។ ដូច្នេះហើយ បានជាការសារភាពផ្ទាល់ខ្លួនជារបៀបដ៏មានន័យជាងគេនៃការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងជាមួយព្រះសហគមន៍។
សង្ខេប
១៤៨៥. នៅល្ងាចថ្ងៃបុណ្យចម្លង ព្រះអម្ចាស់យេស៊ូបង្ហាញព្រះអង្គអោយក្រុមគ្រីស្តទូតឃើញ ហើយមានព្រះបន្ទូលថា៖ “ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាម្នាក់អោយរួចពីបាបព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះអោយរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណាអ្នកនោះមុខជាត្រូវជាប់ទោសមិនខាន” (យហ ២០,២២-២៣)។
១៤៨៦. អគ្គសញ្ញាផ្ទាល់ គឺជាអគ្គសញ្ញាដែលគេហៅថា អគ្គសញ្ញានៃការកែប្រែចិត្តគំនិត នៃការសារភាព នៃការទទួលទោស ឬនៃការសម្រុះសម្រួល ផ្តល់ការលើកលែងទោសចំពោះអំពើបាប ដែលយើងប្រព្រឹត្តក្រោយពីបានជ្រមុជទឹកហើយ។
១៤៨៧. នរណាប្រព្រឹត្តអំពើបាបបង្ខូចកិត្តិយស និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ឋានៈរបស់ខ្លួនគេផ្ទាល់ជាមនុស្ស ដែលព្រះជាម្ចាស់ត្រាស់ហៅអោយទៅជាបុត្រធីតារបស់ព្រះអង្គ និងប្រយោជន៍ខាងវិញ្ញាណរបស់ព្រះសហគមន៍ ដែលគ្រីស្តបរិស័ទម្នាក់ៗត្រូវតែជាថ្មដ៏មានជីវិត។
១៤៨៨. ចំពោះអ្នកជឿ គ្មានអំពើអាក្រក់ណាអាក្រក់ជាងអំពើបាប ហើយគ្មានអ្វីហុចផលអាក្រក់ជាងនោះចំពោះអ្នកបាបផ្ទាល់ ចំពោះព្រះសហគមន៍ និងចំពោះពិភពលោកទាំងមូលទៀតទេ។
១៤៨៩. យើងត្រឡប់ទៅរួមជាមួយព្រះជាម្ចាស់ ក្រោយពីបានឃ្លាតឆ្ងាយពីព្រះអង្គដោយសារអំពើបាប មកពីចលនានៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ពោរពេញដោយធម៌មេត្តករុណា ដែលព្រួយប្រាម្ភចំពោះការសង្រ្គោះមនុស្ស។ ត្រូវតែសុំព្រះអំណោយទានដ៏មានតម្លៃនេះសម្រាប់ខ្លួនឯង ដូចសម្រាប់អ្នកដទៃផងដែរ។
១៤៩០. ដើម្បីត្រឡប់ទៅរកព្រះជាម្ចាស់វិញ ដែលគេហៅថា ការកែប្រែចិត្តគំនិត យ់ងត្រូវតែឈឺចាប់ និងស្អប់ ខ្ពើមចំពោះអំពើបាប ដែលយើងបានប្រព្រឹត្ត ព្រមទាំងសន្យាយ៉ាងម៉ឺងម៉ាត់ថា មិនប្រព្រឹត្តអំពើបាបទៀតទេ។ ដូច្នេះ ការកែប្រែចិត្តគំនិតប៉ះពាល់ដល់អតីតកាលផង និងអនាគតកាលផង។ អ្នកដែលកែប្រែចិត្តគំនិតសង្ឃឹមលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។
១៤៩១. អ្នកបាបត្រូវបង្ហាញអំពីកិច្ចការបី ហើយលោកបូជាចារ្យត្រូវលើកលែងទោស ដើម្បីអោយមានអគ្គសញ្ញាលើកលែងទោស។ កិច្ចការទាំងបីរបស់អ្នកបាប គឺការសោកស្តាយ ការសារភាពចំពោះលោកបូជាចារ្យ និងពាក្យសម្ដីចង់ទូទាត់អំពើបាប។
១៤៩២. មូលហេតុដែលមកពីជំនឿត្រូវជម្រុញអោយសោកស្តាយ។ បើយើងសោកស្តាយ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ការសោកស្តាយនេះ បាន “គ្រប់លក្ខណៈ”។ បើមានមូលហេតុផ្សេង ការ សោកស្តាយនេះ “មិនគ្រប់លក្ខណៈ” ទេ។
១៤៩៣. អ្នកដែលចង់សម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងព្រះសហគមន៍ត្រូវទទួលសារភាពចំពោះលោកបូជាចារ្យអំពើបាបធ្ងន់ធ្ងរ ដែលគេមិនទាន់បានសារភាព ហើយដែលគេនឹកឃើញក្រោយពីបានរិះគិតពិចារណាច្បាស់លាស់។ ទោះបីមិនចាំបាច់ក៏ដោយ ក៏ព្រះសហគមន៍ជម្រុញអោយសារភាពអំពើបាបស្រាលដែរ។
១៤៩៤. លោកបូជាចារ្យស្នើសុំអោយអ្នកបាបប្រព្រឹត្តកិច្ចការខ្លះ ដើម្បី “ទូទាត់” ការខូចខាត ដែលមកពីអំពើបាប និងដើម្បីធ្វើតាមទម្លាប់ផ្ទាល់របស់សាវ័កព្រះគ្រីស្ត។
១៤៩៥. មានតែពួកបូជាចារ្យទេ ដែលបានទទួលពីអំណាចព្រះសហគមន៍អោយលើកលែងទោសអោយរួចពីបាប។
១៤៩៦. ផលខាងវិញ្ញាណនៃអគ្គសញ្ញាលើកលែងទោសមានដូចតទៅ៖
- ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ ដែលនាំអោយអ្នកបាបទទួលការប្រោសប្រណីឡើងវិញ
- ការសម្រុះសម្រួលជាមួយព្រះសហគមន៍
- ការលើកទោសអស់កល្បជានិច្ច ដែលមកពីអំពើបាបធ្ងន់ធ្ងរ
- ការលើកទោសក្នុងលោកនេះ ដែលមកពីអំពើបាប
- សេចក្ដីសុខសាន្ត និងសេចក្ដីស្ងប់ក្នុងចិត្ត ព្រមទាំងការលួងលោមខាងវិញ្ញាណផងដែរ
- ការពង្រឹងកម្លាំងខាងវិញ្ញាណ ដើម្បីប្រយុទ្ធក្នុងនាមជាគ្រីស្តបរិស័ទ។
១៤៩៧. ការសារភាពរៀងៗខ្លួននៃអំពើបាបធ្ងន់ធ្ងរទាំងអស់ ព្រមទាំងការទទួលការលើកលែងទោសជា មធ្យោបាយធម្មតាតែមួយ ដើម្បីសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងព្រះសហគមន៍។
១៤៩៨. គ្រីស្តបរិស័ទអាចទទួលការលើកលែងទោសក្នុងលោកនេះ ដែលមកពីអំពើបាប ដោយសារបុណ្យកុសល ដែលគេអនុគ្រោះដល់ខ្លួនេង និងដល់ព្រលឹងដែលស្ថិតនៅស្ថានជម្រះផង។
ប្រការទី៥៖ អគ្គសញ្ញាលាបប្រេងអោយអ្នកជម្ងឺ
១៤៩៩. “ដោយអស់លោកបូជាចារ្យលាបប្រេងអោយអ្នកជម្ងឺ និងដោយអស់លោកអធិដ្ឋានអង្វរព្រះជាម្ចាស់ ព្រះសហគមន៍ទាំងមូលផ្ញើអ្នកជម្ងឺទៅលើព្រះអម្ចាស់យេស៊ូដែលបានរងទុក្ខលំបាក និងដែលមានព្រះជន្មថ្មី សូមព្រះអង្គសម្រាលទុក្ខគេ និងសង្រោ្គះគេផង។ លើសពីនេះទៅទៀត ព្រះសហគមន៍ដាស់តឿនអ្នកជម្ងឺទាំងនោះអោយស័្មគ្រចិត្តរួមជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក និងដែលសោយទិវង្គត ដើម្បីអោយគេជួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់តាមចំណែករបស់ខ្លួន” (LG ១១)។
១. មូលដ្ឋានគ្រឹះនៃពិធីលាបប្រេងក្នុងការចាត់ចែងនៃការសង្រ្គោះ
ជម្ងឺក្នុងជីវិតរបស់មនុស្សលោក
១៥០០. ជម្ងឺ និងទុក្ខលំបាកតែងតែជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៃជីវិតរបស់មនុស្សលោក។ ដោយសារជម្ងឺ មនុស្សដកពិសោធន៍ថា គេគ្មានអំណាច ហើយគេមានកំណត់ព្រំដែន និងទីបញ្ចប់។ ជម្ងឺណាមួយអាចធ្វើអោយយើងនឹកគិតដល់សេចក្ដីស្លាប់។
១៥០១. ជម្ងឺអាចនាំយើងអោយព្រួយចិត្ត គិតតែពីខ្លួនឯង ជូនកាលអស់សង្ឃឹម និងបះបោរប្រឆាំង នឹងព្រះជាម្ចាស់។ ប៉ុន្តែ ជម្ងឺអាចនាំបុគ្គលម្នាក់អោយរីកចម្រើន ជួយអោយគេរីះគិតពិចារណាអំពីអ្វីដែលមិនសូវសំខាន់ក្នុងជីវិតរបស់គេ ដើម្បីបែរទៅរកអ្វីដែលសំខាន់ៗវិញ។ ជារឿយៗ ជម្ងឺជម្រុញអោយស្វែងរកព្រះជាម្ចាស់ អោយត្រឡប់ទៅរកព្រះអង្គវិញ។
អ្នកជម្ងឺពីមុខព្រះជាម្ចាស់
១៥០២. ពេលធ្លាក់ខ្លួនឈឺ មនុស្សនៃសម័្ពន្ធមេត្រីចាស់ បែរមុខទៅរកព្រះជាម្ចាស់។ គេត្អូញត្អែរអំពីជម្ងឺ របស់គេពីមុខព្រះជាម្ចាស់ (ទន ៣៨) ហើយគេអង្វរព្រះអង្គ ដែលជាម្ចាស់នៃជីវិត និងសេចក្ដីស្លាប់ អោយគេបានជាសះស្បើយ (ទន ៦,៣ ; អស ៣៨)។ ដោយសារគេឈឺ គេចាប់ផ្តើមដើរតាមផ្លូវនៃការកែប្រែចិត្តគំនិត (ទន ៣៨,៥ ; ៣៩,៩.១២) ហើយការលើកលែងទោសរបស់ព្រះជាម្ចាស់ចាប់ផ្តើមប្រោសគេអោយបានជា (ទន ៣២,៥ ; ១០៧,២០ ; មក ២,៥-១២)។ ជនជាតិអ៊ីស្រាអែលដកពិសោធន៍ថា ជម្ងឺជាប់ចំណងនឹងអំពើបាប និងអំពើអាក្រក់តាមរបៀបអាថ៌កំបាំង ហើយបើយើងស្មោះត្រង់នឹងព្រះជាម្ចាស់ យើងក៏មានជីវិតឡើងវិញ៖ “យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាអោយបានជា” (សរ ១៥,២៦)។ ព្យាការីឈ្វេងយល់ថា ទុក្ខលំបាកអាចជួយសង្រ្គោះអ្នកដទៃអំពីអំពើបាបរបស់គេដែរ (អស ៥៣,១១)។ ទីបំផុត លោកអេសាយប្រកាសថា ក្នុងគ្រាណាមួយ នៅទីក្រុងស៊ីយ៉ូន ព្រះជាម្ចាស់នឹងលើកលែងទោសកំហុសទាំងឡាយ និងប្រោសអ្នកជម្ងឺទាំងអស់អោយបានជា (អស ៣៣,២៤)។
ព្រះគ្រីស្តជាគ្រូពេទ្យ
១៥០៣. ធម៌មេត្តាករុណារបស់ព្រះគ្រីស្តចំពោះអ្នកជម្ងឺ និងការព្យាបាលរបស់ព្រះអង្គចំពោះជនពិការគ្រប់ប្រភេទ (មថ ៤,២៤) ជាសញ្ញាសម្គាល់យ៉ាងច្បាស់ថា “ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ” (លក ៧,១៦) ហើយព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ព្រះយេស៊ូមិនគ្រាន់តែមានអំណាចព្យាបាលទេ ថែមទាំងលើកលែងទោសអោយរួចពីបាបដែរ (មក ២,៥-១២)។ ព្រះអង្គយាងមកព្យាបាលព្រលឹង និងរូបកាយរបស់មនុស្សទាំងស្រុង។ ព្រះអង្គជាគ្រូពេទ្យ ដែលអ្នកជម្ងឺត្រូវការ (មក ២,៧)។ ធម៌មេត្តាករុណា របស់ព្រះអង្គចំពោះអស់អ្នកដែលរងទុក្ខលំបាកធំធេងណាស់ បានជាព្រះអង្គយកគេធ្វើជាតំណាងរបស់ព្រះអង្គ៖ “កាលយើងមានជម្ងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង” (មថ ២៥,៣៦)។ ពីសតវត្សមួយទៅសតវត្សមួយសេចក្ដីស្រលាញ់ដ៏ពិសេសចំពោះ អ្នកពិការតែងតែដាស់តឿនគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះអស់អ្នក ដែលរងទុក្ខលំបាកខាងផ្លូវចិត្ត ឬខាងផ្លូវកាយ។ សេចក្ដីស្រលាញ់នេះ ជាប្រភពនៃការខិតខំឥតឈប់ឈរ ដើម្បីសម្រាលទុក្ខគេ។
១៥០៤. ជារឿយៗ ព្រះយេស៊ូសុំអ្នកជម្ងឺអោយជឿ (មក ៥,៣៤.៣៦ ; ៩,២៣)។ ព្រះអង្គប្រើសញ្ញា សម្គាល់ដើម្បីព្យាបាល ដូចជាទឹកមាត់ និងការដាក់ដៃ (មក ៧,៣២-៣៦ ; ៨,២២-២៥) ភក់ និងការជំរះខ្លួន (យហ ៩,៦ត)។ អ្នកជម្ងឺចង់ពាល់ព្រះអង្គ (មក ១,៤១ ; ៣,១០ ; ៦,៥៦) ដ្បិត “មានឫទ្ធានុភាពចេញពីព្រះអង្គ មកប្រោសគេអោយជាគ្រប់ៗគ្នា” (លក ៦,១៩)។ ហេតុនេះហើយ បានជាក្នុងអគ្គសញ្ញា ព្រះគ្រីស្តនៅតែ “ពាល់” យើងដើម្បីប្រោសយើងអោយបានជា។
១៥០៥. ព្រះគ្រីស្តរំជួលព្រះហឫទ័យដោយឃើញថា មនុស្សរងទុក្ខលំបាកខ្លាំងណាស់ ទើបព្រះអង្គក៏មិនគ្រាន់តែទុកអោយអ្នកជម្ងឺពាល់ព្រះកាយតែប៉ុណ្ណោះទេ ថែមទាំងទទួលយកភាពវេទនារបស់ពួកគេ៖ “ព្រះអង្គ បានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជម្ងឺរបស់យើងដែរ” (មថ ៨,១៧) (អស ៥៣,៤)។ ព្រះអង្គមិនបានប្រោសអ្នកជម្ងឺទាំងអស់អោយបានជាឡើយ។ ការព្យាបាលរបស់ព្រះអង្គជាសញ្ញា សម្គាល់ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកហើយ ហើយប្រកាសការព្យាបាលជាដាច់ខាត គឺជ័យជម្នះលើ អំពើបាប និងលើសេចក្ដីស្លាប់ដោយសារបុណ្យចម្លងរបស់ព្រះអង្គ។ នៅលើឈើឆ្កាង ព្រះគ្រីស្តបានទទួលយក អំពើអាក្រក់លើខ្លួនព្រះអង្គ ហើយបាន “ដកបាបចេញពីមនុស្សលោក” (យហ ១,២៩) ដែលជម្ងឺគ្រាន់តែជាផលវិបាក។ ដោយសារព្រះអង្គបានរងទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង ព្រះគ្រីស្តបានផ្តល់អត្ថន័យថ្មីដល់ទុក្ខលំបាក គឺទុក្ខលំបាកអាចធ្វើអោយយើងរួមរស់ជាមួយព្រះអង្គ និងរួបរួមក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្សលោក។
“ចូរប្រោសអ្នកជម្ងឺអោយបានជាសះស្បើយ...”
១៥០៦. ព្រះគ្រីស្តសូមអោយក្រុមសាវ័កដើរតាមព្រះអង្គ ដោយលីឈើឆ្កាងរបស់ខ្លួន (មថ១០,៣៨)។ ក្នុងពេលដើរតាមព្រះអង្គ ពួកគេផ្លាស់ប្តូរចិត្តគំនិតអំពីជម្ងឺ និងអំពីអ្នកជម្ងឺផងដែរ។ ព្រះយេស៊ូប្រោសពួកគេអោយរួមជាមួយព្រះអង្គ ដោយដាក់ខ្លួនជាអ្នកក្រ និងបម្រើអ្នកដទៃ។ ព្រះអង្គប្រោសពួកគេអោយរួមចំណែកក្នុងមុខងារនៃធម៌មេត្តាករុណា និងការព្យាបាលរបស់ព្រះអង្គ៖ “ពួកសាវ័កក៏ចេញទៅប្រកាសអោយមនុស្សម្នាប្រែចិត្តគំនិត។ គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺជាច្រើននាក់ ដើម្បីប្រោសគេអោយបានជាសះស្បើយ” (មក ៦,១២-១៣)។
១៥០៧. ព្រះអម្ចាស់ដែលមានព្រះជន្មថ្មីចាត់គេអោយទៅម្តងទៀត (“ក្នុងនាមយើង (...) ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ”៖ មក ១៦,១៧-១៨) ហើយសញ្ញាសម្គាល់ ដែល ព្រះសហគមន៍ធ្វើក្នុងព្រះនាមព្រះអង្គបញ្ជាក់ថា ព្រះអង្គពិតជាបានចាត់គេអោយទៅ (កក ៩,៣៤ ; ១៤,៣)។ សញ្ញាសម្គាល់នោះ សម្ដែងតាមរបៀបពិសេសថា ព្រះយេស៊ូពិតជា “ព្រះជាម្ចាស់ដែលសង្រ្គោះ” (មថ ១,២១ ; កក ៤,១២)។
១៥០៨. ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយអ្នកខ្លះចេះព្យាបាលតាមព្រះអំណោយទានពិសេស (១ករ ១២,៩.២៨.៣០) ដើម្បីសម្ដែងឫទ្ធានុភាពនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មី។ ទោះបីយើងអធិដ្ឋានអស់ពីចិត្តក៏ដោយ ក៏ជូនកាលយើងមិនអាចព្យាបាលជម្ងឺទាំងអស់ដែរ។ ហេតុនេះ ហើយបានជាសន្តប៉ូលត្រូវរៀនពីព្រះអម្ចាស់ថា៖ “ការប្រណិសន្តោសរបស់យើង គឺល្មមគ្រប់គ្រាន់សម្រាប់ អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុតក្នុងមនុស្សទន់ខ្សោយ” (១ករ ១២,៩) ហើយទុក្ខលំបាកដែលត្រូវស៊ូទ្រាំអាចមានអត្ថន័យថា៖ “ខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្តសម្រាប់ព្រះកាយរបស់ព្រះអង្គដែលជាព្រះសហគមន៍” (កូឡ ១,២៤)។
១៥០៩. “ចូរមើលអ្នកជម្ងឺអោយបានជា!” (មថ ១០,៨)។ ព្រះសហគមន៍បានទទួលបន្ទុកនេះពីព្រះអម្ចាស់ ហើយព្យាយាមបំពេញបន្ទុកនេះ ដោយថែទាំអ្នកជម្ងឺផង អធិដ្ឋានសម្រាប់គេផងដែរ។ ព្រះសហគមន៍ជឿ លើវត្តមានដែលផ្តល់ជីវិតរបស់ព្រះគ្រីស្ត ដែលជាគ្រូពេទ្យនៃព្រលឹង និងរូបកាយ។ វត្តមាននេះមានសកម្មភាពពិសេសតាមរយៈអគ្គសញ្ញា ជាពិសេសតាមរយៈអគ្គសញ្ញាអរព្រះគុណ ជានំបុ័ងដែលផ្តល់ជីវិតអស់កល្បជានិច្ច (យហ ៦,៥៤.៥៨) ហើយដែលសន្តប៉ូលនិយាយប្រាប់យើងថា ទាក់ទងនឹងសុខភាពខាងរូបកាយ (១ករ ១១,៣០)។
១៥១០. ក៏ប៉ុន្តែ ព្រះសហគមន៍នៅសម័យក្រុមគ្រីស្តទូតស្គាល់ពិធីពិសេសសម្រាប់អ្នកជម្ងឺ ដែលសន្តយ៉ាកុបបញ្ជាក់៖ “ក្នុងចំណោមបងប្អូន បើនរណាមានជម្ងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បីអោយលោកទាំងនោះអធិដ្ឋាន និងលាបប្រេងអោយគាត់ក្នុងព្រះនាមព្រះអម្ចាស់។ សេចក្ដីអធិដ្ឋានដែលផុសចេញមកពីជំនឿនឹងសង្រ្គោះអ្នកជម្ងឺនេះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ។ ប្រសិនបើ គាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសអោយ” (យក ៥,១៤-១៥)។ ការបញ្ជូនបន្តបានទទួលស្គាល់ថា ពិធីនេះជាអគ្គសញ្ញាក្នុងចំណោមអគ្គសញ្ញាទាំងប្រាំពីរនៃព្រះសហគមន៍ (DS ២១៦ ; ១៣២៤-១៣២៥ ; ១៦៩៥-១៦៩៦ ; ១៧១៦-១៧១៧)។
អគ្គសញ្ញាមួយសម្រាប់អ្នកជម្ងឺ
១៥១១. ព្រះសហគមន៍ជឿនិងប្រកាសថា ក្នុងចំណោមអគ្គសញ្ញាទាំងប្រាំពីរ មានអគ្គសញ្ញាពិសេសដើម្បីសម្រាលទុក្ខអស់អ្នកជម្ងឺ គឺការលាបប្រេងអោយពួកគេ៖
ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើងបានតែងតាំងការលាបប្រេងដ៏វិសុទ្ធអោយអ្នកជម្ងឺនេះ ដូចជាអគ្គសញ្ញានៃ សម្ព័ន្ធមេត្រីថ្មីដោយមានព្រះបន្ទូលយ៉ាងពិតប្រាកដ និងយ៉ាងច្បាស់។ ក្រោយពីសន្តម៉ាកុស (មក ៦,១៣) សន្តយ៉ាកុបជាគ្រីស្តទូត និងបងប្អូនរបស់ព្រះអម្ចាស់ផ្តែផ្តាំគ្រីស្តបរិស័ទអោយធ្វើពិធីលាបប្រេងនេះ (យក ៥,១៤-១៥ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៥)។
១៥១២. ក្នុងប្រពៃណីខាងពិធីបុណ្យ នៅបូព៌ា និងបស្ចិមប្រទេសផងដែរ តាំងពីបុរាណកាល មានផ្តល់សក្ខីភាពថា គេបានលាបប្រេងលើអ្នកជម្ងឺជាមួយនឹងប្រេងព្រះពរ។ ពីសតវត្សមួយទៅសតវត្សមួយ គេបានលាបប្រេងតែលើអស់អ្នកដែលហៀបនឹងស្លាប់ប៉ុណ្ណោះ។ ដោយសារមូលហេតុនេះ គេបានហៅពិធីនេះថា “ពិធីលាបប្រេងចុងក្រោយបំផុត”។ ទោះជាយ៉ាងណាក៏ដោយ ពិធីបុណ្យមិនដែលភ្លេចអង្វរព្រះអម្ចាស់អោយអ្នកជម្ងឺបានជាសះស្បើយ បើការព្យាបាល នេះអាចសង្រ្គោះគេបាន (DS ១៦៩៦)។
១៥១៣. ធម្មនុញ្ញក្រុមគ្រីស្តទូត “Sacram unctionem infirmorum” (“ពិធីលាបប្រេងដ៏វិសុទ្ធអោយអ្នកជម្ងឺ”) នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ១៩៧២ ក្រោយពីមហាសន្និបាតវ៉ាទីកង់ទីពីរ (SC ៧៣) បានចាត់ចែងថា នៅក្នុងពិធីនៃបស្ចិមប្រទេស ចាប់ពីពេលនេះទៅ ត្រូវធ្វើដូចតទៅ៖
ត្រូវផ្តល់អគ្គសញ្ញាលាបប្រេងដល់អ្នកជម្ងឺធ្ងន់ធ្ងរ ដោយលាបប្រេងព្រះពរ (ប្រេងអូលីវ ឬប្រេងផ្សេងទៀត ចេញមកពីរុក្ខជាតិ) លើថ្ងាស និងលើដៃ ដោយមានប្រសាសន៍តែម្តងថា៖ “តាមរយៈពិធីលាបប្រេងដ៏វិសុទ្ធនេះ សូមអោយព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណា លើកទឹកចិត្តអ្នក ដោយព្រះហឫទ័យប្រណីសន្តោសនៃព្រះ វិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះ ដោយព្រះអង្គបានរំដោះអ្នកពីអំពើបាបទាំងអស់ សូមព្រះអង្គសង្រ្គោះអ្នក និងប្រោស អ្នកអោយក្រោកឡើង” (CIC ៨៤៧,១)។
២. តើនរណាទទួល និងនរណាផ្តល់អគ្គសញ្ញានេះ?
នៅពេលដែលមានអ្នកជម្ងឺធ្ងន់ធ្ងរ...
១៥១៤. ការលាបប្រេងអោយអ្នកជម្ងឺ “មិនមែនអគ្គសញ្ញាសម្រាប់គ្រីស្តបរិស័ទ ដែលជិតនឹងស្លាប់ទេ ដូច្នេះ គ្រីស្តបរិស័ទដែលចាប់ផ្តើមវ័យចំណាស់ ឬចាស់ជរា ឬមានជំងឺទម្ងន់ គួរទទួលអគ្គសញ្ញានេះ” (SC ៧៣)។
១៥១៥. ប្រសិនបើអ្នកជម្ងឺណាម្នាក់ ដែលបានទទួលប្រេង ជាសះស្បើយ ហើយបើគេធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរម្តងទៀត គេអាចទទួលអគ្គសញ្ញានេះម្តងទៀតបាន។ នៅពេលមានជម្ងឺដដែល យើងអាចផ្តល់អគ្គសញ្ញាម្តងទៀត បើជម្ងឺកាន់តែដុនដាបទៅៗ។ គួរទទួលពិធីលាបប្រេងអោយអ្នកជម្ងឺនៅពេលត្រូវវះកាត់ ឬចាស់ជរា ដែលសុខភាពកាន់តែទន់ខ្សោយ។
“ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក...”
១៥១៦. មានតែលោកបូជាចារ្យប៉ុណ្ណោះ (លោកអភិបាល និងលោកព្រឹទ្ធាចារ្យ) ដែលជាអ្នកទទួលមុខងារលាបប្រេងអោយអ្នកជម្ងឺបាន (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៧ ; ១៧១៩ ; CIC ១០០៣ ; CCEO ៧៣៩,១)។ គ្រូគង្វាលមានភារកិច្ចប្រៀនប្រដៅគ្រីស្តបរិស័ទអំពីផលដ៏ល្អនៃអគ្គសញ្ញានេះ។ គ្រីស្តបរិស័ទត្រូវតែ លើកទឹកចិត្តអ្នកជម្ងឺអោយគេសូមលោកបូជាចារ្យផ្តល់អគ្គសញ្ញានេះ។ អ្នកជម្ងឺត្រូវតែរៀបចំខ្លួនអោយទទួលអគ្គសញ្ញានេះ តាមរបៀបសមគួរ និងដោយមានគង្វាល និងសហគមន៍ទាំងមូលរបស់គេ មកសួរសុខទុក្ខគេ ព្រមទាំងអធិដ្ឋាន និងយកចិត្តទុកដាក់លើគេដូចជាបងប្អូន។
៣. តើគេប្រារព្ធអគ្គសញ្ញានេះយ៉ាងដូចម្ដេច?
១៥១៧. ដូចអគ្គសញ្ញាឯទៀតៗដែរ ពិធីលាបប្រេងជាពិធីបុណ្យរួម (SC ២៧) ទោះជាពិធីនេះកើតមានក្នុងក្រុមគ្រួសារ នៅមន្ទីរពេទ្យ នៅព្រះសហគមន៍ សម្រាប់អ្នកជម្ងឺតែម្នាក់ ឬសម្រាប់ក្រុមអ្នកពិការក៏ដោយ។ គួរប្រារព្ធពិធីនេះរួមជាមួយនឹងអគ្គសញ្ញាអរព្រះគុណ ដែលជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះអម្ចាស់។ តាមកាលៈទេសៈ យើងអាចផ្តល់អគ្គសញ្ញាលើកលែងទោសមុនអគ្គសញ្ញាលាបប្រេងនេះ និងបន្ទាប់មកថ្វាយអភិបូជា។ ដោយសារពិធីអរព្រះគុណជាអគ្គសញ្ញានៃបុណ្យចម្លងរបស់ព្រះគ្រីស្ត អគ្គសញ្ញាអរព្រះគុណគួរជាអគ្គសញ្ញាចុងក្រោយនៃការធ្វើដំណើរដ៏សែនឆ្ងាយនៅលើលោកនេះ ជា “ស្បៀងអាហារ” ដើម្បី “ឆ្លង” ឆ្ពោះទៅជីវិតអស់កល្បជានិច្ច។
១៥១៨. ពាក្យសម្ដី និងអគ្គសញ្ញាមិនអាចបំបែកពីគ្នាបានឡើយ។ ពិធីលើកតម្កើងព្រះបន្ទូល ដោយមាន ពិធីលើកលែងទោសទុកជាមុន បើកពិធីបុណ្យ។ ព្រះបន្ទូលរបស់ព្រះគ្រីស្ត និងសក្ខីភាពរបស់ក្រុមគ្រីស្តទូតដាស់ តឿនជំនឿរបស់អ្នកជម្ងឺ និងរបស់សហគមន៍ដើម្បីទូលអង្វរឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះអម្ចាស់។
១៥១៩. ពិធីលើកតម្កើងអគ្គសញ្ញានេះ មានចំណច់សំខាន់ៗដូចតទៅ៖ “ព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍” (យក ៥,១៤) ដាក់ដៃ - យ៉ាងស្ងៀមស្ងាត់ - លើអ្នកជម្ងឺ ពួកលោកអធិដ្ឋានសម្រាប់អ្នកជម្ងឺតាមជំនឿរបស់ព្រះសហគមន៍ (យក ៥,១៥) គឺពិធីពិសេសនៃអគ្គសញ្ញានេះ អង្វរអោយព្រះវិញ្ញាណយាងមក។ បន្ទាប់មក ពួកលោក លាបប្រេង (ដែលលោកអភិបាលបានប្រទានពរ) អោយអ្នកជម្ងឺ។ កិច្ចការខាងពិធីបុណ្យនោះបង្ហាញថា អគ្គសញ្ញានេះផ្តល់ព្រះអំណោយទានអ្វីខ្លះ។
៤. ផលនៃពិធីអគ្គសញ្ញានេះ
១៥២០. ព្រះអំណោយទានពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ ។ ព្រះអំណោយទានដំបូងនៃអគ្គសញ្ញានេះ គឺព្រះវិញ្ញាណសម្រាលទុក្ខអ្នកជម្ងឺ អោយទទួលសេចក្ដីស្ងប់ និងសេចក្ដីក្លាហាន ដើម្បីជំរះលើជម្ងឺ ដែលមានសភាពធ្ងន់ធ្ងរ និងរោគរបស់មនុស្សចាស់ជរា។ ព្រះអំណោយទាននេះ បានមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសអ្នកជម្ងឺអោយផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់សាជាថ្មី និងពង្រឹងប្រឆាំងនឹងការល្បួងរបស់មារ ដែលនាំអោយអ្នកជម្ងឺបាក់ទឹកចិត្ត និងភ័យខ្លាចចំពោះសេចក្ដីស្លាប់ (ហប ២,១៥)។ ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះអង្គ ព្រះអម្ចាស់មានព្រះហឫទ័យជួយដឹកនាំព្រលឹងអ្នកជម្ងឺអោយបានជាផង ព្រមទាំងរូបកាយផងដែរ បើព្រះអង្គសព្វព្រះហឫទ័យ (មហាសន្និបាតនៅទីក្រុងហ្វ្លូរង់ ៖ DS ១៣២៥)។ ម្យ៉ាងទៀត “ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសអោយ” (យក ៥,១៥) (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧១៧)។
១៥២១. អ្នកជម្ងឺរួមរស់ជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ។ ដោយសារព្រះអំណោយទាននៃអគ្គសញ្ញា នេះ អ្នកជម្ងឺទទួលកម្លាំង និងអំណោយទានអោយរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាក៖ ព្រះជាម្ចាស់ប្រោសគេតាមរបៀបម្យ៉ាង ដើម្បីទុកអោយគេបង្កើតផល ដោយចូលរួមក្នុងទុក្ខលំបាកនៃព្រះសង្រ្គោះ។ ទុក្ខលំបាក ដែលមកពីអំពើបាបដើមដំបូង ទទួលអត្ថន័យថ្មី គឺដោយសារការរងទុក្ខលំបាក អ្នកជម្ងឺរួមចំណែកក្នុងព្រះរាជកិច្ចនៃការសង្រ្គោះរបស់ព្រះយេស៊ូ។
១៥២២. ព្រះអំណោយទានរបស់ព្រះសហគមន៍ ។ អ្នកជម្ងឺដែលទទួលអគ្គសញ្ញានេះ “ដោយស័្មគ្រចិត្តរួម រស់ជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក និងសោយទិវង្គត” “ជួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់តាមចំណែករបស់ខ្លួន” (LG ១១)។ ដោយប្រារព្ធអគ្គសញ្ញានេះ ព្រះសហគមន៍ជួយអង្វរព្រះជាម្ចាស់សម្រាប់អ្នកជម្ងឺ នៅក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ចំណែកឯអ្នកជម្ងឺវិញ ដោយសារព្រះអំណោយទាននៃអគ្គសញ្ញានេះ គេ ជួយតាមចំណែករបស់ខ្លួនអោយព្រះសហគមន៍បានវិសុទ្ធ និងអោយមនុស្សលោកបានសេចក្ដីសុខ ដែលព្រះ សហគមន៍រងទុក្ខលំបាក និងថ្វាយខ្លួនចំពោះព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះគ្រីស្ត។
១៥២៣. អ្នកជម្ងឺរៀបចំខ្លួនដើម្បីឆ្លងពីលោកនេះទៅបរមលោក ។ បើគេផ្តល់អគ្គសញ្ញាលាបប្រេងដល់អស់អ្នកដែលមានជម្ងឺ ឬភាពពិការធ្ងន់ធ្ងរយ៉ាងណា ត្រូវតែផ្តល់អគ្គសញ្ញានេះដល់អស់អ្នក ដែលហៀបនឹងចេញពីលោកនេះយ៉ាងនោះដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៨) ទើបគេហៅអគ្គសញ្ញានេះថាជា sacramentum exeuntium (អគ្គសញ្ញានៃផ្លូវចេញ)។ ពិធីលាបប្រេងអោយអ្នកជម្ងឺជាកិច្ចដើម្បីបង្ហើយអោយយើងរួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដូចពិធីជ្រមុជទឹកបានចាប់ផ្តើម។ ពិធីនេះ បញ្ចប់ការលាបប្រេងដ៏វិសុទ្ធផ្សេងៗ ដែលជាដំណាក់កាលនៃជីវិតរបស់គ្រីស្តបរិស័ទ៖ ពិធីលាបប្រេងនៃអគ្គសញ្ញាជ្រមុជទឹកបានប្រោសយើងអោយកើតជាថ្មី ពិធីលាបប្រេងនៃអគ្គសញ្ញាលាបថ្ងាសបានផ្តល់កម្លាំង ដើម្បីច្បាំងប្រយុទ្ធក្នុងជីវិតនេះ។ ពិធីលាបប្រេងចុងក្រោយនេះ ផ្តល់កំពែងដ៏រឹងមាំ ដើម្បីការប្រយុទ្ធចុងក្រោយមុននឹងចូលក្នុងព្រះដំណាក់របស់ព្រះបិតា (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៤)។
៥. អគ្គសញ្ញាចុងក្រោយរបស់គ្រីស្តបរិស័ទ
១៥២៤. លើសពីពិធីលាបប្រេងអ្នកជម្ងឺ ព្រះសហគមន៍ផ្តល់អគ្គសញ្ញាអរព្រះគុណ សម្រាប់អស់អ្នកដែល នឹងលាចាកពីលោកនេះ។ ការទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត នៅពេលគេកំពុងឆ្លងឆ្ពោះទៅរកព្រះបិតា មានអត្ថន័យពិសេស។ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ការទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តជាពូជនៃជីវិតអស់កល្បជានិច្ច និងជាឫទ្ធានុភាពអោយមានជីវិតថ្មី៖ “អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេអោយមានជីវិតថ្មី នៅថ្ងៃចុងក្រោយបំផុតផងដែរ” (យហ ៦,៥៤)។ អគ្គសញ្ញាអរព្រះគុណ ជាអគ្គសញ្ញារបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ជាអគ្គសញ្ញានៃការចម្លងពីសេចក្ដីស្លាប់ដល់ជីវិត ពីលោកនេះទៅឯព្រះបិតា (យហ ១៣,១)។
១៥២៥. ហេតុនេះហើយ បានជាដូចអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណរួមជាមួយគ្នាក្នុងឯកភាព ដែលគេហៅថា “អគ្គសញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលេញ” យ៉ាងណា យើងអាចនិយាយថា នៅពេលជីវិតគ្រីស្តបរិស័ទជិតបញ្ចប់ហើយ អគ្គសញ្ញាលើកលែងទោស លាបប្រេងអោយអ្នកជម្ងឺ និងអរព្រះគុណជា “អគ្គសញ្ញាដែលរៀបចំអោយចូលក្នុងមាតុភូមិ” ឬជាអគ្គសញ្ញាដែលបញ្ចប់ការធ្វើដំណើរ។
សង្ខេប
១៥២៦. “ក្នុងចំណោមបងប្អូន តើនរណាមានជម្ងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បី អោយលោកទាំងនោះអធិដ្ឋានអោយគាត់ និងលាបប្រេងអោយ ក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិដ្ឋាន ដែលផុសចេញមកពីជំនឿនឹងសង្រ្គោះអ្នកជម្ងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើងលែងទោសអោយគាត់” (យក ៥,១៤-១៥)។
១៥២៧. អគ្គសញ្ញាលាបប្រេងអោយអ្នកជម្ងឺមានគោលដៅផ្តល់ព្រះអំណោយទានពិសេស ដល់គ្រីស្តបរិស័ទ ដែលជួបប្រទះនឹងទុក្ខលំបាកដោយសារជម្ងឺធ្ងន់ធ្ងរ ឬដោយជរាពាធ។
១៥២៨. វេលាសមគួរ ដើម្បីទទួលប្រេងដ៏វិសុទ្ធ គឺនៅពេលដែលគ្រីស្តបរិស័ទជិតស្លាប់ ដោយសារគេឈឺ ឬចាស់ជរា។
១៥២៩. រាល់ពេលដែលគ្រីស្តបរិស័ទមានជម្ងឺជាទម្ងន់ គេអាចទទួលប្រេងដ៏វិសុទ្ធ។ បើជម្ងឺដុនដាបទៅៗ គេអាចទទួលប្រេងម្តងទៀត ទោះបីគេបានទទួលម្តងហើយក៏ដោយ។
១៥៣០. មានតែពួកបូជាចារ្យ (និងលោកអភិបាល) ទេ ដែលអាចផ្ដល់អគ្គសញ្ញាលាបបង្រេអ្នកជម្ងឺ។ ដើម្បីផ្តល់អគ្គសញ្ញានេះ ពួកលោកប្រើប្រេង ដែលលោកអភិបាលបានប្រទានពរ ឬក្នុងករណីចាំបាច់ ដែលលោកបូជាចារ្យផ្ទាល់បានប្រទានពរ។
១៥៣១. ពិធីសំខាន់នៃអគ្គសញ្ញានេះ គឺការលាបប្រេងលើថ្ងាស និងដៃរបស់អ្នកជម្ងឺ (ក្នុងក្បួនពិធីនៃទីក្រុងរ៉ូម) ឬលើផ្នែកផ្សេងនៃរូបកាយ (ក្នុងបូព៌ាប្រទេស)។ ម្យ៉ាងទៀត លោកបូជាចារ្យត្រូវអង្វរព្រះជាម្ចាស់ ដើម្បីទទួលព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះដែរ។
១៥៣២. ព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះមានផលដូចតទៅ៖
- អ្នកជម្ងឺរួបរួមជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ដើម្បីផលប្រយោជន៍របស់ខ្លួនគេផ្ទាល់ និងរបស់ព្រះសហគមន៍ផង
- ការលួងលោមចិត្ត សេចក្ដីសុខសាន្ត សេចក្ដីក្លាហាន ដើម្បីស៊ូទ្រាំដូចជាគ្រីស្តបរិស័ទទុក្ខលំបាកទាំងប៉ុន្មាន ដែលមកពីគេឈឺ ឬគេជរា
- ការលើកលែងទោសអោយរួចពីបាប បើអ្នកជម្ងឺមិនបានទទួលអគ្គសញ្ញាលើកលែងទោស
- ការព្យាបាល បើអាចសង្រ្គោះគេបាន
- អោយគេត្រៀមខ្លួន នឹងឆ្លងទៅកាន់ជីវិតអស់កល្បជានិច្ច។
ជំពូកទីបី៖
អគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា
១៥៣៣. អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ ជាអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ពេញលេញ។ ព្រះជាម្ចាស់ត្រាស់ហៅសាវ័កទាំងអស់របស់ព្រះគ្រីស្ត ឱ្យបានវិសុទ្ធ និងឱ្យទៅប្រកាសដំណឹងល្អ ក្នុងពិភពលោកទាំងមូល ហើយព្រះអង្គចាក់គ្រឹះនៃការត្រាស់ហៅរួមនេះ លើអគ្គសញ្ញាទាំងបីនោះ។ អគ្គសញ្ញានោះ ផ្តល់ព្រះអំណោយទានចាំបាច់ ដើម្បីឱ្យបូជនីយេសក៍ ដែលធ្វើដំណើរក្នុងលោកនេះឆ្ពោះទៅមាតុភូមិ មានរបៀបរស់នៅស្របតាមព្រះវិញ្ញាណ។
១៥៣៤. អគ្គសញ្ញាពីរផ្សេងទៀត គឺអគ្គសញ្ញាតែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍ មានគោលដៅជួយសង្រ្គោះអ្នកដទៃ។ ទោះបីអគ្គសញ្ញានោះ ជួយសង្រ្គោះខ្លួនឯងយ៉ាងណាក៏ដោយ ក៏អគ្គសញ្ញានោះជួយសង្រ្គោះ ខ្លួនឯងដោយបម្រើអ្នកដទៃដែរ។ អគ្គសញ្ញានោះ ផ្តល់បេសកកម្មពិសេសក្នុងព្រះសហគមន៍ និងជួយកសាង ប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
១៥៣៥. ក្នុងអគ្គសញ្ញានោះ អស់អ្នកដែលព្រះជាម្ចាស់បានញែក ដោយអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាសរួចស្រេចទៅហើយ (LG ១០) ដើម្បីទៅជាបូជាចារ្យដូចគ្រីស្តបរិស័ទឯទៀតៗសុទ្ធជាបូជាចារ្យ អ្នកនោះដែលអាចទទួលមុខងារ ពិសេស។ ព្រះជាម្ចាស់ញែក អស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង ដើម្បីទៅជា “គង្វាលរបស់ព្រះសហគមន៍ ដោយសារព្រះបន្ទូល និងដោយបានទទួលការប្រោសប្រណីផង” (LG ១១) ក្នុងព្រះនាមព្រះគ្រីស្ត។ ចំពោះ “គូស្វាមីភរិយាជាគ្រីស្តបរិស័ទ មានអគ្គសញ្ញាដ៏ពិសេសមួយផ្តល់កម្លាំងដល់ពួកគេ ដែលហាក់ដូចជាញែក ពួកគេដើម្បីឱ្យគេអាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យ” (GS ៤៨,២)។
ប្រការទី៦៖ អគ្គសញ្ញាតែងតាំង
១៥៣៦. ដោយសារអគ្គសញ្ញាតែងតាំង ព្រះសហគមន៍នៅតែប្រព្រឹត្តបេសកកម្ម ដែលព្រះគ្រីស្តបានប្រគល់ឱ្យក្រុមគ្រីស្តទូត រហូតដល់អវសានកាលនៃពិភពលោក។ ហេតុនេះ អគ្គសញ្ញានេះ ជាអគ្គសញ្ញារបស់អស់អ្នកដែលបានទទួលមុខងារបម្រើព្រះសហគមន៍ តាំងពីក្រុមគ្រីស្តទូតមក។ អគ្គសញ្ញានេះ មានបីថ្នាក់ គឺថ្នាក់ជាអភិបាល ថ្នាក់ជាបូជាចារ្យ និងថ្នាក់ជាឧបដ្ឋាក។
(អំពីការតែងតាំង និងបេសកកម្មរបស់អ្នកដែលបានទទួលមុខងារបម្រើព្រះសហគមន៍ ដោយព្រះគ្រីស្ត សូមអានលេខ ៨៧១ត។ នៅទីនេះ យើងអធិប្បាយអំពីរបៀបបញ្ជូនមុខងារនេះតាមអគ្គសញ្ញាប៉ុណ្ណោះ។)
១. ហេតុអ្វីបានជាគេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាតែងតាំង (Orders)?
១៥៣៧. នៅសម័យជនជាតិរ៉ូម៉ាំង ពាក្យ ក្រុម (order) សម្ដៅទៅលើក្រុមដែលសង្គមស៊ីវីលបានចាត់ចែង ជាពិសេសក្រុមរបស់មេដឹកនាំ។ Ordinatio (តែងតាំង) មានន័យថា ការបញ្ចូលក្នុង ordo (ក្រុម) មួយ។ ក្នុងព្រះសហគមន៍ មានក្រុម ដែលតាំងពីបុរាណកាល និងយោងតាមព្រះគម្ពីរដ៏វិសុទ្ធ (ហប ៥,៦; ៧,១១; ទន ១១០,៤) ការបញ្ជូនបន្តហៅថា taxeis (ជាភាសាក្រិក) ordines ៖ ហេតុនេះហើយ បានជាមានចែងក្នុងពិធីបុណ្យថា ordo episcoporum (ក្រុមអភិបាល) ordo presbyterium (ក្រុមបូជាចារ្យ) ordo diaconorum (ក្រុមឧបដ្ឋាក)។ មានក្រុមផ្សេងទៀតដែលគេហៅ ordo ដែរ ដូចជាក្រុមអ្នកស្វែងយល់ ក្រុមព្រហ្មចារី ក្រុមស្វាមី ក្រុមស្រ្តីមេម៉ាយ ជាដើម។
១៥៣៨. គេបញ្ចូលនរណាម្នាក់ក្នុងក្រុមណាមួយនៃព្រះសហគមន៍នោះ តាមពិធីមួយ ដែលគេហៅថា Ordinatio ជាកិច្ចការខាងសាសនា និងខាងពិធីបុណ្យ ដែលជាការប្រសិទ្ធ ការប្រទានពរ ឬអគ្គសញ្ញាមួយ។ សព្វថ្ងៃ គេទុកពាក្យ Ordinatio សម្រាប់កិច្ចការខាងអគ្គសញ្ញា ដែលបញ្ចូលនរណាម្នាក់ ក្នុងក្រុមអភិបាល ក្រុមបូជាចារ្យ និងក្នុងក្រុមឧបដ្ឋាក ដែលមិនគ្រាន់តែជាការបោះឆ្នោត ការតែងតាំង ការប្រគល់សិទ្ធិ ឬការចាត់ចែង ដោយសហគមន៍ប៉ុណ្ណោះទេ ដ្បិតពិធីនេះប្រគល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រគល់ “អំណាចដ៏ពិសិដ្ឋ” (sacra potestas – LG ១០) ដែលបានមកពីតែព្រះគ្រីស្តផ្ទាល់ប៉ុណ្ណោះ តាមរយៈព្រះសហគមន៍ព្រះអង្គ។ គេហៅពិធីតែងតាំងនេះ consecratio (ពិធីប្រសិទ្ធពរ) ដ្បិតដោយសារពិធីនេះ ព្រះគ្រីស្តញែក និងទុកសម្រាប់ឧទ្ទិសដល់ព្រះសហគមន៍របស់ព្រះអង្គ។ ពិធីដាក់ដៃ របស់លោកអភិបាល ដោយមានធម៌ប្រសិទ្ធពរ ជាសញ្ញាសម្គាល់ដែលមើលឃើញនៃការប្រសិទ្ធពរនេះ។
២. អគ្គសញ្ញាតែងតាំងក្នុងការចាត់ចែងនៃការសង្រ្គោះ
មុខងារជាបូជាចារ្យក្នុងសម្ព័ន្ធមេត្រីចាស់
១៥៣៩. ព្រះជាម្ចាស់បានចាត់ចែងប្រជារាស្រ្ត ដែលព្រះអង្គបានជ្រើសរើស ឱ្យទៅជា “អាណាចក្រ បូជាចារ្យ និងជាប្រជាជាតិដ៏វិសុទ្ធ” (សរ ១៩,៦) (អស ៦១,៦)។ ប៉ុន្តែ នៅក្នុងប្រជារាស្រ្តអ៊ីស្រាអែល ព្រះជាម្ចាស់ជ្រើសរើសកុលសម្ព័ន្ធលេវី ក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរ ដើម្បីបម្រើពិធីបុណ្យ (ជរ ១,៤៨-៥៣)។ ព្រះជាម្ចាស់ផ្ទាល់ជាមរតករបស់ពួកគេ (យស ១៣,៣៣)។ ពិធីពិសេសមួយបានបញ្ជាក់ប្រភពនៃក្រុមបូជាចារ្យនៃសម្ព័ន្ធមេត្រីចាស់ (សរ ២៩,១-៣០; លវ ៨)។ ក្នុងពិធីនេះ ព្រះជាម្ចាស់តែងតាំងពួកបូជាចារ្យ “សម្រាប់ទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះ បាបមនុស្ស” (ហប ៥,១)។
១៥៤០. ទោះបីពួកបូជាចារ្យនោះ ដែលព្រះជាម្ចាស់បានតែងតាំង ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ (មគ ២,៧-៩) ហើយដើម្បីឱ្យរួបរួមជាមួយព្រះអង្គឡើងវិញ ដោយយញ្ញបូជា និងការអធិដ្ឋានយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចសង្រ្គោះបានទេ ពីព្រោះពួកគេតែងតែត្រូវបូជាយញ្ញ មិនអាចធ្វើឱ្យវិសុទ្ធជាស្ថាពរបានឡើយ (ហប ៥,៣; ៧,២៧; ១០,១-៤)។ មានតែយញ្ញបូជារបស់ព្រះគ្រីស្តទេ ដែលអាចសង្រ្គោះ និងប្រោសឱ្យបានវិសុទ្ធជាស្ថាពរ។
១៥៤១. ក៏ប៉ុន្តែ ពិធីបុណ្យព្រះសហគមន៍យល់ឃើញថា មុខងារជាបូជាចារ្យរបស់លោកអារ៉ូន កិច្ចបម្រើរបស់ក្រុមលេវី និងការតែងតាំង “ព្រឹទ្ធាចារ្យ” ចិតសិបនាក់ (ជរ ១១,២៤-២៥) ជានិមិត្តរូបទុកជាមុនរបស់ក្រុមបូជាចារ្យនៃសម្ព័ន្ធមេត្រីថ្មី។ ហេតុនេះ ហើយបានជាក្នុងពិធីខាងបស្ចិមប្រទេស ក្នុងធម៌ប្រារព្ធប្រសិទ្ធពរនៃពិធីតែងតាំងលោកអភិបាល ព្រះសហគមន៍អង្វរ៖
ឱព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងខ្ញុំ (...) ក្នុងអម្លុងសម័យសម្ព័ន្ធមេត្រីចាស់ ព្រះអង្គចាប់ផ្តើមឱ្យព្រះសហគមន៍កើតជារូបរាង។ តាំងពីដើមរៀងមក ព្រះអង្គបានតម្រង់ប្រជាជន ដែលចេញមកពីលោកអប្រាហាំ ឱ្យទៅជាប្រជាជនដ៏វិសុទ្ធ។ ព្រះអង្គបានតែងតាំងមេដឹកនាំ និងបូជាចារ្យ ហើយទ្រង់តែងតែជួយបម្រើទីសក្ការៈរបស់ព្រះអង្គជានិច្ច...
- ក្នុងពិធីតែងតាំងលោកបូជាចារ្យ ព្រះសហគមន៍អង្វរ៖
ឱព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធបំផុត (...) ដូចមានក្នុងសម្ព័ន្ធមេត្រីចាស់ស្រាប់ ព្រះអង្គបានតែងតាំងពួកមហាបូជាចារ្យ ដើម្បីដឹកនាំប្រជាជន ហើយព្រះអង្គក៏បានជ្រើសរើសមនុស្សផ្សេងទៀត ដើម្បីឱ្យពួកគេចូលរួមក្នុងកិច្ចបម្រើរបស់ពួកលោក និងជួយពួកលោកឱ្យបំពេញក្នុងមុខងារនោះ ហាក់ដូចជាព្រះអង្គប្រកាសទុកជាមុនអំពីអគ្គសញ្ញា។ ហេតុនេះហើយ បានជាព្រះអង្គបានប្រោសប្រទានឱ្យមនុស្សប្រុសចិតសិបនាក់ពោរពេញដោយប្រាជ្ញាញ្ញាណ ព្រះវិញ្ញាណដែលព្រះអង្គបានប្រោសប្រទានឱ្យលោកម៉ូសេ ហើយទ្រង់បានធ្វើឱ្យកូនចៅរបស់លោកអារ៉ូនចូលរួមក្នុងពិធីប្រសិទ្ធពរ ដែលឪពុករបស់ពួកគេបានទទួល។
- ឯក្នុងធម៌ប្រសិទ្ធពរក្នុងការតែងតាំងលោកឧបដ្ឋាក ព្រះសហគមន៍ប្រកាសថា៖
ឱព្រះបិតាដ៏វិសុទ្ធបំផុត (...) ដើម្បីកសាងព្រះវិហារថ្មីនេះ (ព្រះសហគមន៍) ព្រះអង្គបានតែងតាំងអ្នកបម្រើ ដែលមានថ្នាក់ផ្សេងពីគ្នា គឺលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក ដែលសុទ្ធតែមានមុខងារបម្រើព្រះអង្គ ដូចកាលពីមុនក្នុងសម្ព័ន្ធមេត្រីចាស់ ព្រះអង្គបានញែកកូនចៅនៃកុលសម្ព័ន្ធលេវី ដែលទ្រង់ជាមរតករបស់ពួកគេ ដើម្បីបម្រើព្រះដំណាក់ព្រះអង្គ។
ព្រះគ្រីស្តជាបូជាចារ្យតែមួយ
១៥៤៤. ព្រះគ្រីស្តយេស៊ូ ដែលជា “ស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក” (១ធម ២,៥) បំពេញនិមិត្តរូបទុកជាមុនទាំងអស់របស់ក្រុមបូជាចារ្យនៃសម្ព័ន្ធមេត្រីចាស់។ ការបញ្ជូនបន្តនៃគ្រីស្តសាសនាចាត់ទុក ព្រះបាទមែលគីសេដែក “ជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត” (កណ ១៤,១៨) ដូចជានិមិត្តរូបទុកជាមុន របស់ព្រះគ្រីស្តជាបូជាចារ្យ ជា “មហាបូជាចារ្យតាមរបៀបព្រះបាទមែលគីសេដែក” (ហប ៥,១០; ៦,២០) “ដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង” (ហប ៧,២៦) ដែល “ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឱ្យអស់អ្នកដែលទ្រង់បានឱ្យវិសុទ្ធហើយនោះ បានគ្រប់លក្ខណៈរហូតទៅ” (ហប ១០,១៤) ពោលគឺដោយសារសក្ការបូជាតែមួយនៃព្រះឈើឆ្កាង។
១៥៤៥. ព្រះគ្រីស្តបានសង្រ្គោះមនុស្សលោក ដោយសារសក្ការបូជាតែមួយ ម្តងជាការស្រេច។ ក៏ប៉ុន្តែ សក្ការបូជានេះ មានវត្តមានក្នុងពិធីអភិបូជានៃព្រះសហគមន៍ ដូចចំពោះមុខងារជាបូជាចារ្យរបស់ព្រះគ្រីស្តផងដែរ ដែលមានវត្តមានតាមរយៈក្រុមបូជាចារ្យជាអ្នកបម្រើ។ ទោះបីមានក្រុមបូជាចារ្យនេះយ៉ាងណាក៏ដោយ ក៏ព្រះគ្រីស្តនៅតែជាបូជាចារ្យតែមួយគត់ដែរ៖ “ហេតុនេះហើយ បានជាព្រះគ្រីស្តជាបូជាចារ្យដ៏ពិតប្រាកដតែមួយ ចំណែកឯបូជាចារ្យឯទៀត គ្រាន់តែជាអ្នកបម្រើព្រះអង្គប៉ុណ្ណោះ” (សន្ត ថូម៉ាស នៃអាកាំង)។
យើងអាចចូលរួមចំណែកពីរយ៉ាងក្នុងមុខងារជាបូជាចារ្យរបស់ព្រះគ្រីស្ត
១៥៤៦. ព្រះគ្រីស្តជាមហាបូជាចា្យ និងជាស្ពានមេត្រីតែមួយ ដែលបានធ្វើឱ្យព្រះសហគមន៍ទៅជា “រាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ” (វវ ១,៦; ៥,៩-១០; ១ពត្រ ២,៥.៩)។ សហគមន៍ទាំងមូលរបស់អ្នកជឿជាក្រុមបូជាចារ្យ។ គ្រីស្តបរិស័ទជាបូជាចារ្យដោយចូលរួមចំណែក តាមការត្រាស់ហៅរបស់ខ្លួន ក្នុងបេសកកម្មរបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ដោយសារអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស ព្រះជាម្ចាស់ “ប្រសិទ្ធពរឱ្យពួកគេទៅជា (...) ក្រុមបូជាចារ្យដ៏វិសុទ្ធ” (LG ១០)។
១៥៤៧. គ្រីស្តបរិស័ទទាំងអស់សុទ្ធតែជាបូជាចារ្យរួម ប៉ុន្តែ មានគ្រីស្តបរិស័ទខ្លះ ជាអភិបាល ឬជាបូជាចារ្យសម្រាប់បម្រើព្រះសហគមន៍តាមលំដាប់លំដោយ។ ទោះបី “ឋានៈជាបូជាចារ្យទាំងពីរបែបនោះទទួលចំណែកពីព្រះគ្រីស្តជាបូជាចារ្យតែមួយព្រះអង្គគត់ តាមរបៀបរបស់ខ្លួន” (LG ១០) យ៉ាងណាក៏ដោយ ក៏ឋានៈជាបូជាចារ្យទាំងពីរនោះប្លែកពីគ្នាទាំងស្រុង ប៉ុន្តែ “ជាប់ទាក់ទិននឹងគ្នា” (LG ១០) ផងដែរ។ គ្រីស្តបរិស័ទទៅជាបូជាចារ្យ ដោយសារពិធីជ្រមុជទឹក ដោយរស់នៅក្នុងជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ និងដោយរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ ឯអ្នកទទួលមុខងារជាបូជាចារ្យទៅជាបូជាចារ្យដោយបម្រើគ្រីស្តបរិស័ទឯទៀតៗដែលសុទ្ធតែជាបូជាចារ្យ។ ឋានៈជាបូជាចារ្យសម្រាប់បម្រើស្ថិតនៅក្រោមឋានៈជាបូជាចារ្យរបស់គ្រីស្តបរិស័ទទាំងអស់ ហើយជា មធ្យោបាយ មួយ ដែលព្រះគ្រីស្តប្រើ ដើម្បីកសាង និងណែនាំព្រះសហគមន៍របស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះសហគមន៍បញ្ជូនមុខងារជាបូជាចារ្យសម្រាប់បម្រើតាមរយៈអគ្គសញ្ញាពិសេស គឺអគ្គសញ្ញាតែងតាំង។
ក្នុងអង្គព្រះគ្រីស្តជាព្រះសិរសា...
១៥៤៨. ក្នុងកិច្ចបម្រើព្រះសហគមន៍របស់អ្នកទទួលអគ្គសញ្ញាតែងតាំង ព្រះគ្រីស្តផ្ទាល់មានវត្តមាន ក្នុងព្រះសហគមន៍ព្រះអង្គ ក្នុងឋានៈជាព្រះសិរសានៃព្រះកាយព្រះអង្គ គង្វាលនៃហ្វូងចៀមរបស់ព្រះអង្គ មហា បូជាចារ្យនៃសក្ការបូជាដែលសង្រ្គោះមនុស្សលោក ម្ចាស់នៃសេចក្ដីពិត។ ព្រះសហគមន៍ថ្លែងថា ដោយសារអគ្គ សញ្ញាតែងតាំង លោកបូជាចារ្យបំពេញកិច្ចការបម្រើ in persona Christi Capitis (ក្នុងអង្គព្រះគ្រីស្តជាព្រះសិរសា) (LG ១០; ២៨; SC ៣៣; CD ១១; PO ២; ៦)៖
តាមការពិតទៅ អ្នកបម្រើទទួលមុខងាររបស់លោកបូជាចារ្យដដែល គឺព្រះគ្រីស្តយេស៊ូ។ តាមការពិត អ្នកបម្រើនេះ ហាក់ដូចជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត ដោយសារពិធីតែងតាំងជាបូជាចារ្យ ដែលខ្លួនបានទទួល លោកទទួលអំណាចបំពេញកិច្ចការ ដោយសារឫទ្ធានុភាពរបស់ព្រះគ្រីស្ត ដែលខ្លួនលោកជាតំណាង (virtute ac persona ipsius Christi ) (សម្ដេចប៉ាប ពីយូសទី១២)។
ព្រះគ្រីស្តជាប្រភពនៃក្រុមបូជាចារ្យទាំងអស់ ដ្បិតអស់លោកបូជាចារ្យនៃធម្មវិន័យចាស់ ជាតំណាងរបស់ព្រះគ្រីស្ត ឯអស់លោកបូជាចារ្យនៃធម្មវិន័យថ្មី បំពេញសកម្មភាពក្នុងអង្គព្រះគ្រីស្ត (សន្ត ថូម៉ាស នៃអាកាំង)។
១៥៤៩. ដោយសារមុខងារបម្រើព្រះសហគមន៍ ជាពិសេសរបស់លោកអភិបាល និងលោកបូជាចារ្យ យើងអាចមើលឃើញវត្តមានរបស់ព្រះគ្រីស្ត ដែលជាមេដឹកនាំព្រះសហគមន៍ ក្នុងចំណោមសហគមន៍របស់អ្នកជឿ (LG ២១)។ តាមពាក្យសម្តីដ៏ពិរោះរបស់សន្ត អ៊ីញ៉ាស នៃអង់ទីអូស លោកអភិបាលជា typos tou Patros គឺលោកជារូបដ៏រស់រវើករបស់ព្រះជាម្ចាស់ជាព្រះបិតា។
១៥៥០. ទោះបីវត្តមានរបស់ព្រះគ្រីស្ត ស្ថិតនៅក្នុងអ្នកទទួលមុខងារបម្រើព្រះសហគមន៍យ៉ាងណាក៏ដោយ ក៏យើងមិនត្រូវយល់ថា ព្រះជាម្ចាស់ការពារអ្នកបម្រើនេះ ពីភាពទន់ខ្សោយរបស់មនុស្ស ចិត្តលោភលន់ កំហុស ឬអំពើបាបឡើយ។ ឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធមិនទទួលខុសត្រូវលើកិច្ចការទាំងអស់របស់អ្នកបម្រើនោះឡើយ។ ព្រះវិញ្ញាណធានាថា ទោះបីអ្នកបម្រើប្រព្រឹត្តបាបក៏ដោយ ក៏អគ្គសញ្ញានៅតែបង្កើតផលដែរ ប៉ុន្តែ មានកិច្ចការជាច្រើនផ្សេងទៀត ដែលភាពជាមនុស្សរបស់អ្នកបម្រើបង្កើតផលវិបាក ដែលមិនស្របនឹងដំណឹងល្អ ហើយដែលអាចព្យាបាទព្រះសហគមន៍មិនឱ្យបង្កើតផលផ្លែបានឡើយ។
១៥៥១. ក្រុមបូជាចារ្យនោះ មានមុខងារបម្រើ ។ “ព្រះអម្ចាស់បានផ្ញើបន្ទុក ដែលជាកិច្ចបម្រើ ដ៏ពិតប្រាកដនេះ ឱ្យគង្វាលនៃប្រជារាស្រ្តរបស់ព្រះអង្គ” (LG ២៤) សំអាងទៅលើព្រះគ្រីស្ត និងមនុស្សលោក។ កិច្ចបម្រើនេះ ពឹងផ្អែកទាំងស្រុងលើព្រះគ្រីស្ត ដែលជាបូជាចារ្យតែមួយ ហើយព្រះជាម្ចាស់បានតែងតាំងកិច្ចបម្រើនេះ ចំពោះមនុស្សលោក និងព្រះសហគមន៍។ អគ្គសញ្ញាតែងតាំងផ្តល់ “អំណាចដ៏ពិសិដ្ឋ” ដែលជាអំណាចរបស់ព្រះគ្រីស្តតែម្តង។ យើងត្រូវប្រតិបត្តិតាមអំណាចនេះ ដោយយកតម្រាប់តាមព្រះគ្រីស្ត ដែលបានទៅជាអ្នកបម្រើរបស់មនុស្សទាំងអស់ (មក ១០,៤៣-៤៥) ដោយសារសេចក្ដីស្រលាញ់។ “ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងច្បាស់ថា បើយើងថែទាំហ្វូងចៀមរបស់ព្រះអង្គ យើងក៏បង្ហាញភស្តុតាងថា យើងស្រលាញ់ព្រះអង្គដែរ” (សន្ត យ៉ូហាន គ្រីសូស្តូម; យហ ២១,១៥-១៧)។
... “ក្នុងនាមព្រះសហគមន៍ទាំងមូល”
១៥៥២. អ្នកទទួលតែងតាំងជាបូជាចារ្យសម្រាប់បម្រើព្រះសហគមន៍ មិនគ្រាន់តែមានមុខងារតំណាង ព្រះគ្រីស្ត ជាព្រះសិរសាព្រះសហគមន៍ ចំពោះអង្គប្រជុំរបស់គ្រីស្តបរិស័ទប៉ុណ្ណោះទេ គឺលោកមានសកម្មភាពក្នុង នាមព្រះសហគមន៍ទាំងមូល នៅពេលដែលលោកថ្វាយការអធិដ្ឋានរបស់ព្រះសហគមន៍ចំពោះព្រះជាម្ចាស់ ហើយជាពិសេសនៅពេលដែលលោកថ្វាយអភិបូជា (LG ១០)។
១៥៥៣. “ក្នុងនាមព្រះសហគមន៍ទាំងមូល ” ពុំមានន័យថា ពួកបូជាចារ្យជាប្រតិភូនៃសហគមន៍ឡើយ។ ការអធិដ្ឋាន និងតង្វាយរបស់ព្រះសហគមន៍មិនអាចបែកចេញពីការអធិដ្ឋាន និងតង្វាយរបស់ព្រះគ្រីស្ត ដែលជាមេដឹកនាំរបស់ព្រះសហគមន៍ឡើយ គឺនៅក្នុង និងតាមរយៈព្រះសហគមន៍ យើងគោរពប្រណិប័តន៍ព្រះគ្រីស្តតែមួយអង្គ។ គឺព្រះសហគមន៍ទាំងមូល ក្នុងឋានៈជាព្រះកាយព្រះគ្រិស្ត ដែលអធិដ្ឋាន និងថ្វាយខ្លួន ចំពោះព្រះជាម្ចាស់ជាព្រះបិតា “ដោយព្រះគ្រីស្ត ជាមួយព្រះអង្គ និងក្នុងអង្គព្រះអង្គ” រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង។ ព្រះកាយទាំងមូល caput et membra (ព្រះសិរសា និងអវយវៈ) អធិដ្ឋាន និងថ្វាយខ្លួន អាស្រ័យហេតុនេះហើយ បានជាគេហៅអស់អ្នកដែលជាអ្នកបម្រើពិសេសក្នុងព្រះកាយនេះជា អ្នកបម្រើរបស់ព្រះគ្រីស្តផង របស់ព្រះសហគមន៍ផង។ ដោយសារអ្នកទទួលការតែងតាំងជាបូជាចារ្យសម្រាប់បម្រើជាតំណាងរបស់ព្រះគ្រីស្ត គេអាចធ្វើជាតំណាងរបស់ព្រះសហគមន៍ផងដែរ។
៣. លំដាប់ថ្នាក់ទាំងបីនៃអគ្គសញ្ញាតែងតាំង
១៥៥៤. “មានគ្រីស្តបរិស័ទខ្លះ បំពេញមុខងារបម្រើ ដែលព្រះជាម្ចាស់បានតែងតាំងក្នុងព្រះសហគមន៍ តាមលំដាប់ថ្នាក់ផ្សេងៗ ដែលគ្រីស្តបរិស័ទតាំងពីដើមរៀងមកធ្លាប់ហៅថា អភិបាល បូជាចារ្យ និង ឧបដ្ឋាក” (LG ២៨)។ លទ្ធិនៃព្រះសហគមន៍កាតូលិក ដែលមានសម្ដែងក្នុងពិធីបុណ្យ ក្រុមមេដឹកនាំ និងរបៀបប្រតិបត្តិដ៏ស្ថិតស្ថេររបស់ព្រះសហគមន៍ ទទួលស្គាល់ថា យើងអាចចូលរួមចំណែកក្នុងឋានៈជាបូជាចារ្យរបស់ព្រះគ្រីស្តជាអ្នកបម្រើបានពីរថ្នាក់ គឺឋានៈជាអភិបាល ឋានៈជាបូជាចារ្យ។ ឯលោកឧបដ្ឋាក ត្រូវជួយ និងបម្រើពួកលោកវិញ។ ហេតុនេះហើយ បានជាសព្វថ្ងៃ ពាក្យsacerdos (បូជាចារ្យ) សម្ដៅទៅលើលោកអភិបាល និងលោកបូជាចារ្យ ប៉ុន្តែ មិនសម្ដៅទៅលើលោកឧបដ្ឋាកឡើយ។ ក៏ប៉ុន្តែ លទ្ធិនៃព្រះសហគមន៍កាតូលិកបង្រៀនថា កិច្ចការ ខាងអគ្គសញ្ញាមួយ ដែលគេហៅថា “តែងតាំង” ពោលគឺអគ្គសញ្ញាតែងតាំង ធ្វើឱ្យលោកអភិបាល និងលោក បូជាចារ្យចូលរួមចំណែកក្នុងថ្នាក់ជាបូជាចារ្យ ហើយធ្វើឱ្យឧបដ្ឋាកចូលរួមចំណែកក្នុងថ្នាក់ជាអ្នកបម្រើ។
សូមអ្នករាល់គ្នាគោរពពួកលោកឧបដ្ឋាកដូចព្រះយេស៊ូគ្រីស្ត ដូចអ្នករាល់គ្នាគោរពលោកអភិបាលផងដែរ ដែលជារូបតំណាងរបស់ព្រះបិតា ហើយសូមគោរពពួកបូជាចារ្យដូចជាព្រឹទ្ធសភារបស់ព្រះជាម្ចាស់ និងអង្គប្រជុំរបស់ក្រុមគ្រីស្តទូត៖ បើគ្មានពួកលោកទេ យើងមិនអាចនិយាយអំពីព្រះសហគមន៍បានឡើយ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។
ការតែងតាំងជាអភិបាលជាអគ្គសញ្ញាតែងតាំងពេញបរិបូណ៍
១៥៥៥. “តាំងពីដើមដំបូងមក ក្នុងចំណោមមុខងារបម្រើព្រះសហគមន៍ មុខងារដ៏សំខាន់ជាងគេ គឺមុខងារជាអភិបាល ដូចការបញ្ជូនបន្តធ្វើជាសាក្សីស្រាប់។ អស់លោកដែលទទួលមុខងារជាអភិបាលមានខ្សែតាំងពីដើមដំបូងរៀងមកម៉្លេះ អស់លោកប្រៀបដូចជាខ្នែងដែលគេផ្សាំមក បន្តពូជជាគ្រីស្តទូតរហូតមក” (LG ២០)។
១៥៥៦. “ព្រះគ្រីស្តបានចាក់បង្ហូរព្រះវិញ្ញណដ៏វិសុទ្ធ ដែលយាងមកសណ្ឋិតលើក្រុមគ្រីស្តទូតយ៉ាងពិសេស ដើម្បីឱ្យអស់លោកអាចបំពេញបន្ទុកដ៏ខ្ពង់ខ្ពស់ទាំងនេះ។ រីឯក្រុមគ្រីស្តទូតក៏បញ្ជូនបន្តព្រះអំណោទានខាងវិញ្ញាណនេះឱ្យសហការីរបស់អស់លោក ដោយពិធីដាក់ដៃលើគាត់ រហូតដល់មកយើងសព្វថ្ងៃ” (LG ២១)។
១៥៥៧. “មហាសន្និបាតដ៏វិសុទ្ធបង្រៀនថា ដោយអគ្គសញ្ញាតែងតាំងជាអភិបាល អស់លោកទទួលមុខងារជាបូជាចារ្យយ៉ាងពេញលក្ខណៈ ។ ប្រពៃណីខាងពីធីបុណ្យរបស់ព្រះសហគមន៍ និងគ្រូបាធ្យាយតែងតែបញ្ជាក់ថា ពេលលោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាអភិបាល លោកទទួលមុខងារជាបូជាចារ្យយ៉ាងខ្ពង់ខ្ពស់បំផុត និងទទួលមុខងារជាបូជាចារ្យយ៉ាងពេញកម្រិត (summa) ” (LG ២១)។
១៥៥៨. “អគ្គសញ្ញាតែងតាំងជាអភិបាលផ្តល់ឱ្យលោកមានបន្ទុកណែនាំគេឱ្យបានវិសុទ្ធ ព្រមទាំងឱ្យលោកមានបន្ទុកបង្រៀន និងត្រួតត្រាព្រះសហគមន៍ (...) ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានដល់អស់លោក ដោយសារពីធីដាក់ដៃ និងដោយពាក្យក្នុងពីធីប្រសិទ្ធពរ ព្រមទាំងចាក់លក្ខណៈដ៏ពិសិដ្ឋនៅក្នុងលោកទៀតផង។ ហេតុនេះហើយ បានជាអស់លោកអភិបាលពិតជាតំណាងរបស់ព្រះគ្រីស្តផ្ទាល់ ដែលព្រះអង្គជាព្រះបរមគ្រូ ជាគង្វាល និងជាមហាបូជាចារ្យ។ អស់លោកក៏បំពេញមុខងាររបស់ព្រះអង្គដែរ (in Eius persona agant ) (LG ២១)។ “ហេតុនេះហើយ បានជាដោយសារព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ លោកអភិបាលបានទៅជាព្រះបរមគ្រូដ៏ពិតប្រាកដនៃជំនឿ ជាមហាបូជាចារ្យ និងជាគង្វាល” (CD ២)។
១៥៥៩. “គ្រីស្តបរិស័ទម្នាក់ចូលក្នុងក្រុមអភិបាល ដោយអគ្គសញ្ញាតែងតាំងជាអភិបាល និងដោយរួបរួមជាមួយមេដឹកនាំនៃក្រុមអភិបាល ព្រមទាំងដោយរួបរួមជាមួយអភិបាលឯទៀតៗដែរ” (LG ២២)។ របៀបប្រតិបត្តិ ពីបុរាណកាលរបស់ព្រះសហគមន៍ ដែលធ្លាប់ហៅអភិបាលជាច្រើនឱ្យចូលរួមចំណែកក្នុងអគ្គសញ្ញាតែងតាំង ជាអភិបាលថ្មីសម្ដែងលក្ខណៈនៃក្រុមអភិបាលដែលតែងតែរួបរួមជាមួយគ្នា (LG ២២)។ សព្វថ្ងៃ ដោយសារ លោកអភិបាលនៅទីក្រុងរ៉ូមជាចំណងដ៏ខ្ពង់ខ្ពស់បំផុត ដែលអាចមើលឃើញនៃការរួបរួមគ្នារវាងព្រះសហគមន៍តាមភូមិភាគ ក្នុងព្រះសហគមន៍តែមួយ ហើយដោយសារលោកធានាសេរីភាពរបស់ព្រះសហគមន៍ទាំងអស់នោះ លោកក៏ត្រូវតែធ្វើអន្តរាគមន៍ពិសេស ដើម្បីឱ្យពិធីតែងតាំងលោកអភិបាលម្នាក់បានត្រឹមត្រូវតាមច្បាប់។
១៥៦០. លោកអភិបាលម្នាក់ៗ ក្នុងឋានៈជាតំណាងព្រះគ្រីស្ត មានបន្ទុកដឹកនាំព្រះសហគមន៍ភូមិភាគ ដែលគេបានប្រគល់ឱ្យលោក ប៉ុន្តែ នៅពេលជាមួយគ្នានេះ លោករួបរួមជាមួយបងប្អូនលោកជាអភិបាល ក្នុងការ យកចិត្តទុកដាក់លើព្រះសហគមន៍ទាំងឡាយ ៖ “ទោះបីលោកអភិបាលម្នាក់ៗជាគង្វាលពិសេស សម្រាប់តែហ្វូងចៀមរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ដោយសារព្រះជាម្ចាស់បានតែងតាំងលោកឱ្យបន្តមុខងាររបស់ក្រុមគ្រីស្តទូត លោករួមសាមគ្គីក្នុងការទទួលខុសត្រូវបេសកកម្មរបស់ព្រះសហគមន៍ដែរ” (សម្ដេចប៉ាប ពីយូសទី១២; LG ២៣; CD ៤; ៣៦; ៣៧; AG ៥; ៦; ៣៨)។
១៥៦១. អ្វីៗទាំងអស់ដែលយើងទើបនឹងបរិយាយពន្យល់ថា ពិធីអរព្រះគុណ ដែលមានលោកអភិបាលធ្វើជាអធិបតី មានអត្ថន័យយ៉ាងពិសេស គឺសម្ដែងថា ព្រះសហគមន៍រួបរួមគ្នា នៅជុំវិញអាសនៈ ក្រោមការដឹកនាំរបស់អ្នក ដែលជារូបតំណាងរបស់ព្រះគ្រីស្ត ជាគង្វាលដ៏ល្អ និងព្រះសិរសានៃព្រះសហគមន៍ព្រះអង្គ (SC ៤១; LG ២៦)។
អគ្គសញ្ញាតែងតាំងលោកបូជាចារ្យជាសហការីរបស់លោកអភិបាល
១៥៦២. “ព្រះបិតាបានប្រសិទ្ធព្រះគ្រីស្តឱ្យបានវិសុទ្ធ ហើយចាត់ព្រះអង្គឱ្យយាងមកក្នុងពិភពលោកតាមរយៈក្រុមគ្រីស្តទូត ព្រះគ្រីស្តក៏បានប្រោសឱ្យអស់លោកអភិបាលដែលបន្តមុខងារពីក្រុមគ្រីស្តទូតមក បានវិសុទ្ធរួមជាមួយព្រះអង្គ និងទទួលបេសកកម្មរួមជាមួយព្រះអង្គដែរ។ រីឯក្រុមអភិបាលវិញ អស់លោកបានបញ្ជូនបន្ត យ៉ាងត្រឹមត្រូវនូវបន្ទុកនៃមុខងាររបស់អស់លោកឱ្យគ្រីស្តបរិស័ទផ្សេងៗតទៅទៀតក្នុងព្រះសហគមន៍ តាមកម្រិតផ្សេងៗ” (LG ២៨)។ “ព្រះសហគមន៍បញ្ជូនបន្តមុខងារបម្រើរបស់លោកអភិបាលទៅដល់លោកបូជាចារ្យដែរ តាមកម្រិតទាបជាង។ អស់លោកត្រូវគេតែងតាំងជាក្រុមបូជាចារ្យដូច្នេះ ដើម្បីទៅជាសហការីរបស់ក្រុមអភិបាល ក្នុងកិច្ចបំពេញបេសកកម្មជាគ្រីស្តទូត ដែលព្រះគ្រីស្តបានផ្ញើទុកឱ្យក្រុមអភិបាល” (PO ២)។
១៥៦៣. “អស់លោកបូជាចារ្យមានមុខងារភ្ជាប់ជាមួយនឹងក្រុមលោកអភិបាល។ ហេតុនេះហើយ បានជា បូជាចារ្យចូលរួមចំណែកក្នុងអំណាចរួមរបស់ព្រះគ្រីស្តផ្ទាល់ ដែលព្រះអង្គសាងសង់ព្រះកាយព្រះអង្គផង ប្រោសឱ្យព្រះកាយនេះបានវិសុទ្ធ និងត្រួតត្រាព្រះកាយនេះទៀតផង។ ហេតុនេះហើយ ព្រះសហគមន៍ផ្ញើមុខងារជាបូជាចារ្យ ដោយសារអគ្គសញ្ញាដ៏ពិសេសមួយ គឺដោយអគ្គសញ្ញាតែងតាំង ថ្វីដ្បិតអស់លោកត្រូវទទួលអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញជាមុនសិនក៏ដោយ។ ដោយសារអគ្គសញ្ញាតែងតាំងនេះ ព្រះវិញ្ញាណដ៏វិសុទ្ធលាបប្រេងអភិសេក ដៅចំណាំអស់លោកឱ្យមានលក្ខណៈពិសេស គឺព្រះអង្គប្រោសឱ្យអស់លោកបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ ដើម្បីឱ្យអស់លោកមានសមត្ថភាពអាចប្រព្រឹត្តកិច្ចក្នុងនាមព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា” (PO ២)។
១៥៦៤. “ទោះបីបូជាចារ្យមិនទទួលបន្ទុកពេញលេញជាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុតក្តី ទោះបីបូជាចារ្យ នៅពេលប្រើអំណាចស្ថិតនៅក្រោមអភិបាលក្ដី ក៏បូជាចារ្យរួបរួមជាមួយលោកអភិបាលក្នុងឋានៈលោកជាបូជាចារ្យ។ ដោយអស់លោកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើឱ្យបានដូចព្រះគ្រីស្តជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់ ដែលស្ថិតនៅអស់កល្បជានិច្ច (ហប ៥,១-១០; ៧,២៤; ៩,១១-២៨) ព្រះអង្គបានប្រសិទ្ធអស់លោកបូជាចារ្យ ដើម្បីឱ្យប្រកាសដំណឹងល្អ ឱ្យទៅជាគង្វាលរបស់គ្រីស្តបរិស័ទ និងគោរពបម្រើព្រះជាម្ចាស់ក្នុងឋានៈជាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មីយ៉ាងពិតប្រាកដ ” (LG ២៨)។
១៥៦៥. ដោយសារអគ្គសញ្ញាតែងតាំង លោកបូជាចារ្យចូលរួមចំណែកក្នុងបេសកកម្មសកល ដែលព្រះ គ្រីស្តបានប្រគល់ឱ្យក្រុមគ្រីស្តទូត។ ព្រះអំណោយទានខាងវិញ្ញាណ ដែលពួកលោកបានទទួលក្នុងអគ្គសញ្ញា តែងតាំងរៀបចំពួកលោក មិនគ្រាន់តែឱ្យបំពេញបេសកកម្មតូច ដែលមានកំណត់ទេ គឺបេសកកម្មសង្រ្គោះ “រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី” (PO ១០) “ដោយត្រៀមខ្លួនអស់ពីចិត្តឱ្យទៅប្រកាសដំណឹងល្អ កន្លែងណាក៏បាន” (OT ២០)។
១៥៦៦. “អស់លោកបំពេញបន្ទុកដ៏ពិសិដ្ឋរបស់អស់លោកយ៉ាងពិសេសក្នុងពីធីអរព្រះគុណ គឺនៅពេលនោះ អស់លោកប្រព្រឹត្តកិច្ចការក្នុងព្រះនាមព្រះគ្រីស្ត និងជំនួសព្រះអង្គ ហើយប្រកាសគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ អស់លោកប្រមូលពាក្យអង្វររបស់គ្រីស្តបរិស័ទឱ្យរួបរួមជាមួយសក្ការបូជានៃម្ចាស់របស់គេ។ អស់លោកធ្វើឱ្យសក្ការបូជាតែមួយគត់របស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មទុកជាយញ្ញបូជាឥតសៅហ្មងថ្វាយទៅព្រះបិតាម្តងជាការស្រេច ស្ថិតនៅកន្លែង នៅពេលអស់លោកថ្វាយអភិបូជាផង” (LG ២៨)។ អ្នកទទួលមុខងារជាបូជាចារ្យសម្រាប់បម្រើព្រះសហគមន៍ប្រមូលកម្លាំងរបស់ខ្លួនទាំងអស់ចេញពីសក្ការបូជាតែមួយនេះ (PO ២)។
១៥៦៧. “អស់លោកបូជាចារ្យជាសហការីដ៏ឈ្លាសវៃរបស់ក្រុមអភិបាល ក្នុងឋានៈជាអ្នកជួយ និងជាឧបករណ៍។ អស់លោកបូជាចារ្យបម្រើប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយរួបរួមជាមួយអភិបាលរបស់ខ្លួន ជាក្រុមបូជាចារ្យ តែមួយ ដែលមានមុខងារផ្សេងៗពីគ្នា។ នៅគ្រប់កន្លែងដែលមានសហគមន៍គ្រីស្តបរិស័ទ អស់លោកប្រៀបបីដូចជាវត្តមានរបស់លោកអភិបាល ដោយពួកលោករួមសហការជាមួយលោកអភិបាលដោយទុកចិត្ត និងដោយមានចិត្តទូលំទូលាយ ព្រមទាំងសុខចិត្តទទួលចំណែកនៃបន្ទុក និងចិត្តស្រឡាញ់របស់លោក។ ពួកលោកយកចិត្តទុកដាក់បម្រើគ្រីស្តបរិស័ទជារៀងរាល់ថ្ងៃ តាមបន្ទុក និងចិត្តស្រឡាញ់នោះ” (LG ២៨)។ ពួកបូជាចារ្យត្រូវតែប្រតិបត្តិ តាមមុខងាររបស់ខ្លួន ដោយពឹងផ្អែកលើលោកអភិបាល និងដោយរួបរួមជាមួយលោក។ នៅពេលពួកលោកទទួលការតែងតាំង ពួកលោកសន្យាស្តាប់បង្គាប់លោកអភិបាល ហើយនៅទីចុងក្រោយនៃពិធីបុណ្យ ពួកលោកឱបលោកអភិបាល ជាសញ្ញាសម្គាល់បង្ហាញថា លោកអភិបាលចាត់ទុកពួកលោកដូចជាសហការី ជាកូន ជាបងប្អូន និងជាមិត្តសម្លាញ់របស់លោក ហើយពួកគេត្រូវតែស្រលាញ់ និងស្តាប់បង្គាប់លោកវិញ។
១៥៦៨. “ដោយបូជាចារ្យទាំងអស់ទទួលអគ្គសញ្ញាតែងតាំង អស់លោកចូលក្នុងក្រុមបូជាចារ្យ ហើយក៏ភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធទុកជាបងប្អូន ដែលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យតែមួយដូចគ្នាដែរ។ អស់លោកក៏រួមគ្នាយ៉ាងពិសេស ជាក្រុមបូជាចារ្យតែមួយគត់ ស្ថិតក្រោមអំណាចអភិបាលភូមិភាគដែលអស់លោកបម្រើ” (PO ៨)។ តាមទំនៀមទំលាប់នៃពិធីបុណ្យ បន្ទាប់ពីលោកអភិបាល ពួកលោកបូជាចារ្យដាក់ដៃលើបេក្ខជន នៅក្នុងពិធីតែងតាំង ដើម្បីសម្ដែងថា ពួកលោកបូជាចារ្យរួមជាមួយគ្នាជាធ្លុងតែមួយ។
អគ្គសញ្ញាតែងតាំងជាឧបដ្ឋាក “ដើម្បីបម្រើ”
១៥៦៩ . “ក្នុងរចនាសម្ពន្ធនៃមុខងារបម្រើព្រះសហគមន៍តាមលំដាប់លំដោយ ក្រុមឧបដ្ឋាកស្ថិតនៅកម្រិតទាបជាងគេ លោកអភិបាលដាក់ដៃលើគេ “មិនមែនដើម្បីឱ្យទៅជាបូជាចារ្យទេ តែឱ្យគេបម្រើ” (LG ២៩; CD ១៥)។ ក្នុងអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក មានតែលោកអភិបាល ដែលធ្វើពិធីដាក់ដៃ ដើម្បីបង្ហាញថា លោក ឧបដ្ឋាកជាប់ចំណងយ៉ាងពិសេសនឹងលោកអភិបាលក្នុងកិច្ចការនៃ “កិច្ចបម្រើ” របស់លោក (សន្ត អ៊ីប៉ូលីត)។
១៥៧០. ក្រុមឧបដ្ឋាកចូលរួមចំណែកយ៉ាងពិសេសក្នុងបេសកកម្ម និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត (LG ៤១; AA ១៦)។ អគ្គសញ្ញាតែងតាំងដៅចំណាមពួកលោក ដូចជាមានស្លាកស្នាម (“លក្ខណៈ”) ដែលគ្មាននរណាម្នាក់អាចលុបបំបាត់បានឡើយ ហើយដែលធ្វើឱ្យពួកលោករួមរស់ជាមួយព្រះគ្រីស្ត ដែលបានទៅជា “ឧបដ្ឋាក” គឺអ្នកបម្រើរបស់មនុស្សទាំងអស់ (មក ១០,៤៥; លក ២២,២៧; សន្ត ប៉ូលីកាប)។ ក្រុមឧបដ្ឋាកមានមុខងារជួយលោកអភិបាល និងលោកបូជាចារ្យក្នុងការលើកតម្កើងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាពិសេសអភិបូជា ចែកព្រះកាយព្រះគ្រីស្ត ជួយបម្រើអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងប្រទានពរដល់គូស្វាមីភរិយា ប្រកាសដំណឹងល្អ និងទេសនា ណែនាំពិធីបញ្ចុះសព និងចូលរួមក្នុងក្រុមសង្ហារៈផ្សេងៗ (LG ២៩; SC ៣៥,៤; AG ១៦)។
១៥៧១. ចាប់តាំងពីមហាសន្និបាតទីពីរនៅវ៉ាទីកង់ ព្រះសហគមន៍ខាងបស្ចិមប្រទេសបានតែងតាំងមុខងារជាឧបដ្ឋាកឡើងវិញ “តាមកម្រិតផ្ទាល់ និងទុកជាមុខងារអចិន្ត្រៃយ៍ក្នុងរចនាសម្ពន្ធ តាមលំដាប់លំដោយនៃព្រះសហគមន៍” (LG ២៩) ឯព្រះសហគមន៍ខាងបូព៌ាប្រទេសតែងតែរក្សាទុកមុខងារនេះជានិច្ច។ មុខងារជាឧបដ្ឋាកអចិន្រៃ្តយ៍ នេះ ដែលយើងអាចប្រគល់ទៅមនុស្សប្រុសដែលមានភរិយាហើយ ដូចជាទ្រព្យសម្បត្តិសំខាន់សម្រាប់ព្រះសហគមន៍។ តាមការពិត អ្នកដែលបំពេញមុខងារនេះ ពិតជាអ្នកបម្រើគេ ក្នុងកិច្ចការខាងពិធីបុណ្យ ឬក្នុងការប្រកាសដំណឹងល្អ ក្នុងកិច្ចការខាងសង្គម ឬកិច្ចការដែលសម្ដែងសេចក្ដីស្រលាញ់ នៅក្នុងព្រះសហគមន៍។ គួរ “ពង្រឹងកម្លាំងបុរសទាំងនោះ ដោយធ្វើពិធីដាក់ដៃលើគេ ជាពិធីក្រុមគ្រីស្តទូតបញ្ចូនបន្តមក។ អស់លោកក៏ត្រូវរួបរួមយ៉ាងជិតស្និទ្ធនឹងអាសនៈ ពោលគឺក្នុងអភិបូជា ដើម្បីឱ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួន យ៉ាងសកម្មជាង តាមព្រះជាម្ចាស់ប្រណីសន្តោសដល់អស់លោក ដោយសារអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក” (AG ១៦)។
៤. ពិធីប្រារព្ធអគ្គសញ្ញានេះ
១៥៧២. ពិធីប្រារព្ធអគ្គសញ្ញាតែងតាំងលោកអភិបាល លោកបូជាចារ្យ ឬលោកឧបដ្ឋាកជាកិច្ចការសំខាន់ណាស់ សម្រាប់ព្រះសហគមន៍ភូមិភាគ គ្រីស្តបរិស័ទត្រូវតែបានចូលរួមឱ្យបានច្រើន។ គួរប្រារព្ធពិធីនេះ យ៉ាងឧឡារិក នៅថ្ងៃអាទិត្យ ក្នុងព្រះវិសាលវិហារ។ អគ្គសញ្ញាតែងតាំងទាំងបីរបស់លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក មានរចនាសម្ព័ន្ធដូចគ្នា ហើយស្ថិតក្នុងពិធីអរព្រះគុណ។
១៥៧៣. ពិធីសំខាន់ៗ នៃអគ្គសញ្ញាតែងតាំងសម្រាប់ថ្នាក់ទាំងបី គឺលោកអភិបាលដាក់ដៃលើ ក្បាលរបស់បេក្ខជន ហើយធម៌ប្រសិទ្ធពរអង្វរព្រះជាម្ចាស់ឱ្យព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះអំណោយទានផ្សេងៗតាមមុខងាររបស់បេក្ខជន (សម្ដេងប៉ាប ពីយូសទី១២៖ DS ៣៨៥៨)។
១៥៧៤. ដូចអគ្គសញ្ញាឯទៀតៗ មានពិធីផ្សេងៗទៀតក្នុងពិធីលើកតម្កើង។ ពិធីនោះ ផ្លាស់ប្តូរខ្លាំងណាស់តាម ប្រពែណីនៃពិធីបុណ្យផ្សេងៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែរួបរួមគ្នាក្នុងការសម្ដែងលក្ខណៈផ្សេងៗនៃព្រះអំណោយទានរបស់អគ្គសញ្ញានានាដែរ។ ហេតុនេះ ពិធីដើមដំបូងនៃពិធីបុណ្យខាងបស្ចិមប្រទេស (ការណែនាំបេក្ខជន ការត្រាស់ហៅគាត់ សេចក្ដីផ្តើមរបស់លោកអភិបាល ការសួរចម្លើយបេក្ខជន ពិធីអង្វរសន្តបុគ្គលទាំងឡាយ) បញ្ជាក់ថា យើងបានជ្រើសរើសបេក្ខជនស្របតាមទំនៀមទំលាប់របស់ព្រះសហគមន៍ ហើយរៀបចំពិធីប្រសិទ្ធពរយ៉ាងឧឡារិក។ បន្ទាប់មក ពិធីផ្សេងៗទៀតសម្ដែង និងបញ្ចប់ តាមរបៀបជានិមិត្តរូប នូវគម្រោងការដ៏អស្ចារ្យដែលទើបនឹងកើតឡើង គឺសម្រាប់លោកអភិបាល និងលោកបូជាចារ្យ ពិធីចាក់ប្រេងគ្រីស្មា ដែលជាសញ្ញាសម្គាល់ពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យមុខងាររបស់ពួកលោកបង្កើតផល ការប្រគល់ក័ណ្ឌគម្ពីរដំណឹងល្អ ចិញ្ចៀន មួក និងដំបងឱ្យលោកអភិបាល ជាសញ្ញាសម្គាល់ថា លោកមានបេសកកម្មប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកស្មោះត្រង់នឹងព្រះសហគមន៍ ដែលជាព្រះមហេសីរបស់ព្រះគ្រីស្ត លោកទទួលបន្ទុកធ្វើជាគង្វាលនៃហ្វូងចៀមរបស់ព្រះអម្ចាស់។ យើងប្រគល់ចាន់ និងពែងទៅលោកបូជាចារ្យ ជា “តង្វាយរបស់ប្រជារាស្រ្តដ៏វិសុទ្ធ” ដែលលោកត្រូវថ្វាយចំពោះព្រះជាម្ចាស់ ហើយយើងប្រគល់ក័ណ្ឌគម្ពីរដំណឹងល្អដល់លោកឧបដ្ឋាក ដែលទើបនឹងទទួលបេសកកម្មប្រកាសដំណឹងល្អ។
៥. តើអ្នកណាអាចប្រគល់អគ្គសញ្ញានេះ?
១៥៧៥. ព្រះគ្រីស្តជ្រើសរើសក្រុមគ្រីស្តទូត ហើយប្រោសពួកលោកឱ្យចូលរួមចំណែកក្នុងបេសកកម្ម និងអំណាចរបស់ព្រះអង្គ។ ដោយគង់ខាងស្តាំព្រះបិតា ព្រះអង្គមិនបោះបង់ហ្វូងចៀមរបស់ព្រះអង្គចោលទេ ប៉ុន្តែ រក្សាការពារហ្វូងចៀមនេះ ដោយសារក្រុមគ្រីស្តទូត។ សព្វថ្ងៃនេះ ព្រះអង្គក៏នៅតែណែនាំហ្វូងចៀមនេះ ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីក្រុមគ្រីស្តទូតមក (MR ធម៌ប្រារព្ធរបស់ក្រុមគ្រីស្តទូតទី១)។ ហេតុនេះហើយ បានជាព្រះគ្រីស្ត “ប្រទាន” ឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត អ្នកខ្លះផ្សេងទៀតទៅជាគង្វាល (អភ ៤,១១)។ ព្រះអង្គនៅតែមានសកម្មភាពតាមរយៈលោកអភិបាល (LG ២១)។
១៥៧៦. ដោយសារអគ្គសញ្ញាតែងតាំងជាអគ្គសញ្ញារបស់អ្នក ដែលទទួលមុខងារបម្រើតាំងពីក្រុមគ្រីស្តទូត លោកអភិបាលក្នុងឋានៈជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត ត្រូវតែបញ្ជូន “ព្រះអំណោយទានខាងវិញ្ញាណ” (LG ២១) “ពូជជាគ្រីស្តទូត” (LG ២០)។ លោកអភិបាល ដែលទទួលតែងតាំងយ៉ាងត្រឹមត្រូវ ពោលគឺដែលមានខ្សែរយៈក្នុងការបន្តដតំណែងតាំងពីសម័យក្រុមគ្រីស្តទូតមក មានសិទ្ធិផ្តល់អគ្គសញ្ញាតែងតាំងទាំងបីថ្នាក់បានយ៉ាងត្រឹមត្រូវ (DS ៧៩៤ និង ៨០២; CIC ១០១២; CCEO ៧៤៤; ៧៤៧)។
៦. តើអ្នកណាអាចទទួលអគ្គសញ្ញានេះ?
១៥៧៧. “មានតែមនុស្សប្រុស (vir ) ម្នាក់ ដែលបានជ្រមុជទឹក ដែលអាចទទួលអគ្គសញ្ញាតែងតាំងដ៏វិសុទ្ធបានយ៉ាងត្រឹមត្រូវ” (CIC ១០២៤)។ ព្រះអម្ចាស់យេស៊ូបានជ្រើសរើសមនុស្សប្រុស (viri ) ដើម្បីបង្កើតក្រុមគ្រីស្តទូតដប់ពីរនាក់ (មក ៣,១៤-១៩; លក ៦,១២-១៦) ហើយក្រុមគ្រីស្តទូតបានធ្វើតាមព្រះអង្គ នៅពេលពួកលោកបានជ្រើសរើសសហការី (១ធម ៣,៣-១៣; ២ធម ១,៦; ទត ១,៥-៩) ដើម្បីបន្តមុខងាររបស់ពួកលោក (សន្ត ក្លេម៉ង់ នៅរ៉ូម)។ ក្រុមអភិបាល ដោយមានពួកបូជាចារ្យរួមជាមួយក្នុងឋានៈជាបូជាចារ្យ ធ្វើឱ្យក្រុមគ្រីស្តទូតដប់ពីររូបមានវត្តមានសព្វថ្ងៃ រហូតដល់ព្រះគ្រីស្តយាងមកវិញ។ ព្រះសហគមន៍ទទួលស្គាល់ថា ខ្លួនឯងជាប់ទាក់ទិននឹងជម្រើសនេះរបស់ព្រះអម្ចាស់ផ្ទាល់។ ហេតុនេះហើយ បានជាយើងមិនអាចផ្តល់អគ្គសញ្ញាតែងតាំងដល់មនុស្សស្រីបានឡើយ (MD ២៦-២៧; CDF)។
១៥៧៨. គ្មាននរណាម្នាក់មានសិទ្ធិ ទទួលអគ្គសញ្ញាតែងតាំងឡើយ។ តាមការពិត គ្មាននរណាម្នាក់តាំងខ្លួនឯងឱ្យបំពេញមុខងារនេះទេ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅ ទើបបំពេញបាន (ហប ៥,៤)។ អ្នកដែលគិតថា ព្រះជាម្ចាស់ត្រាស់ហៅគាត់ឱ្យទទួលមុខងារជាបូជាចារ្យ ត្រូវតែបន្ទាបខ្លួនក្រោមអំណាចរបស់ព្រះ សហគមន៍ ដែលជាអ្នកទទួលខុសត្រូវ និងដែលមានសិទ្ធិហៅនរណាម្នាក់ឱ្យទទួលអគ្គសញ្ញាតែងតាំង។ ដូចព្រះអំណោយទានផ្សេងៗទៀតដែរ អគ្គសញ្ញានេះ ជាព្រះអំណោយទានលើសអំពីកុសលកម្មរបស់ខ្លួន។
១៥៧៩. ព្រះសហគមន៍ខាងបស្ចិមប្រទេសជ្រើសរើសអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង លើកលែងតែឧបដ្ឋាកអចិន្តៃ្រយ៍ ក្នុងចំណោមគ្រីស្តបរិស័ទភេទប្រុស ដែលនៅលីវ ហើយដែលមានបំណងចង់រក្សាទុក ភាពនៅលីវ “ដើម្បីរព្រះរាជ្យនៃស្ថានបរមសុខ” (មថ ១៩,១២)។ ព្រះជាម្ចាស់ត្រាស់ហៅពួកគេឱ្យបូជាជីវិតទាំងស្រុងចំពោះព្រះអម្ចាស់ និង “កិច្ចការរបស់ព្រះអម្ចាស់” (១ករ ៧,៣២) ពួកគេក៏ថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ និងមនុស្សលោក។ ភាពនៅលីវជាសញ្ញាសម្គាល់នៃជីវិតថ្មីនេះ ដែលអ្នកទទួលមុខងារបម្រើព្រះសហគមន៍បានថ្វាយខ្លួន។ ពេលយើងទទួលភាពនៅលីវនេះ ដោយចិត្តសប្បាយរីករាយ យើងប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ ដូចពន្លឺព្រះអាទិត្យបំភ្លឺមនុស្សលោកដែរ (PO ១៦)។
១៥៨០. ក្នុងព្រះសហគមន៍ខាងបូព៌ាប្រទេស តាំងពីច្រើនសតវត្សមកហើយ គេអនុវត្តតាមវិន័យប្លែកពីគេមួយ៖ គេជ្រើសរើសលោកអភិបាលក្នុងចំណោមមនុស្សនៅលីវតែប៉ុណ្ណោះ ប៉ុន្តែគេអាចផ្តល់អគ្គសញ្ញាតែងតាំងជាឧបដ្ឋាក និងជាបូជាចារ្យដល់មនុស្សប្រុសដែលមានភរិយារួចហើយ។ របៀបប្រតិបត្តិនេះ គេចាត់ទុកថា ត្រឹមត្រូវតាំងពីយូរហើយ ពួកបូជាចារ្យទាំងនោះ បង្កើតផលជាច្រើនចំពោះសហគមន៍របស់ពួកលោក (PO ១៦)។ ម្យ៉ាងទៀត ក្នុងព្រះសហគមន៍ខាងបូព៌ាប្រទេស លោកបូជាចារ្យនៅលីវមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយមានបូជាចារ្យជាច្រើនស្ម័គ្រចិត្តនៅលីវ ដើម្បីព្រះរាជ្យរបស់ព្រះជាម្ចាស់។ នៅបូព៌ា ដូចនៅបស្ចិមប្រទេស អ្នកណាដែលបានទទួលអគ្គសញ្ញាតែងតាំងមិនអាចរៀបការទៀតទេ។
៧. ផលនៃអគ្គសញ្ញាតែងតាំង
អគ្គសញ្ញាតែងតាំងមិនអាចរលុបបានទេ
១៥៨១. ដោយសារព្រះអំណោយទានពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ អគ្គសញ្ញានេះធ្វើឱ្យរួមរស់ជាមួយព្រះគ្រីស្ត ដើម្បីទៅជាឧបករណ៍របស់ព្រះគ្រីស្តសម្រាប់ព្រះសហគមន៍ព្រះអង្គ។ ដោយសារពិធីតែងតាំង យើងអាចប្រតិបត្តិក្នុងឋានៈជាតំណាងព្រះគ្រីស្ត ជាព្រះសិរសាព្រះសហគមន៍ ក្នុងមុខងារទាំងបីរបស់ព្រះអង្គជា បូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។
១៥៨២. ដូចចំពោះអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស យើងចូលរួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្ត តែមួយដងគត់។ អគ្គសញ្ញាតែងតាំងមានលក្ខណៈខាងវិញ្ញាណដែលមិនអាចរលុបបាន ហើយយើងមិនអាចផ្តល់អគ្គសញ្ញានេះម្តងទៀង ឬផ្តល់អគ្គសញ្ញានេះសម្រាប់តែមួយរយៈទេ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៦៧; LG ២១; ២៨; ២៩; PO ២)។
ដោយសារមូលហេតុត្រឹមត្រូវ យើងអាចរំដោះបន្ទុករបស់មនុស្សម្នាក់ ដែលបានទទួលអគ្គសញ្ញាតែងតាំងយ៉ាងត្រឹមត្រូវ អំពីភារកិច្ច និងកិច្ចការ ដែលទាក់ទងនឹងមុខងាររបស់គេ ឬយើងអាចហាមឃាត់គេមិនឱ្យប្រតិបត្តិតាម (CIC ២៩០-២៩៣; ១៣៣៦,១.៣.៥; ១៣៣៨,២) ប៉ុន្តែ គេមិនអាចត្រឡប់ទៅជាគ្រីស្តបរិស័ទធម្មតា (តាមន័យចំ) បានទៀតឡើយ ដ្បិតគេបានទទួលលក្ខណៈនៃអគ្គសញ្ញាជាដរាប។ ការត្រាស់ហៅ និងបេសកកម្ម ដែលគេបានទទួលនៅថ្ងៃពិធីតែងតាំង ធ្វើឱ្យគេមានលក្ខណៈពិសេសជាអចិន្រ្តៃយ៍។
១៥៨៤. ទីបញ្ចប់ ដោយសារព្រះគ្រីស្តមានសកម្មភាព និងជួយសង្រ្គោះ តាមរយៈអ្នកទទួលអគ្គសញ្ញាបម្រើព្រះសហគមន៍ ទោះបីអ្នកនោះមិនសមនឹងឋានៈរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ព្រះគ្រីស្តនៅតែមានសកម្មភាពដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖
DS ១៦១២; DS ១១៥៤)។ សន្ត អូគូស្តាំងបញ្ជាក់យ៉ាងច្បាស់ថា៖
ចំពោះអ្នកបម្រើក្រអឺតក្រអោង ត្រូវតែរាប់វាជាមួយនឹងមារកំណាច ប៉ុន្តែ ព្រះអំណោយទានរបស់ព្រះគ្រីស្ត មិនត្រូវខូចទេ ពីព្រោះអ្វីដែលហូរចេញមកពីព្រះអង្គរក្សាទុកភាពបរិសុទ្ធ អ្វីដែលឆ្លងកាត់តាមព្រះអង្គនៅតែថ្លាយង់ ហើយទៅដល់ដីមានជីជាតិល្អ (...)។ តាមការពិត គុណធម៌ខាងវិញ្ញាណរបស់អគ្គសញ្ញាដូចជាពន្លឺ គឺអស់អ្នកដែល ត្រូវបំភ្លឺទទួលពន្លឺនេះយ៉ាងពេញលេញ ហើយទោះបីពន្លឺនេះឆ្លងកាត់មនុស្សកខ្វក់ក្ដី ក៏ពន្លឺនេះមិនកខ្វក់ដែរ។
ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ
១៥៨៥. ព្រះអំណោយទានពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធចំពោះអគ្គសញ្ញានេះ គឺអ្នកទទួលមុខងារបម្រើរួមរស់ជាមួយព្រះគ្រីស្តក្នុងឋានៈជាបូជាចារ្យ ជាព្រះបរមគ្រូ និងជាគង្វាល។
១៥៨៦. សម្រាប់លោកអភិបាល ព្រះអំណោយទាននេះ ជាព្រះអំណោយទានផ្តល់កម្លាំង (តាមធម៌ប្រសិទ្ធពរអភិបាល ក្នុងពិធីខាងបស្ចិមប្រទេស៖ “ព្រះវិញ្ញាណ ដែលប្រោសឱ្យទៅជាមេដឹកនាំ”) គឺណែនាំ និងការពារដោយកម្លាំង និងដោយការប្រុងប្រយ័ត្ន ព្រះសហគមន៍របស់លោក ដូចជាឪពុក និងគង្វាលម្នាក់ ដោយស្រលាញ់មនុស្សទាំងអស់ជាពិសេសអ្នកក្រីក្រ អ្នកជម្ងឺ និងអស់អ្នកដែលមានតម្រូវការ (CD ១៣ និង ១៦)។ ព្រះអំណោយទាននេះ ជម្រុញលោកឱ្យប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ឱ្យទៅជាគំរូនៃហ្វូងចៀម របស់លោក ឱ្យដើរមុខពួកគេនៅលើមាគ៌ាឆ្ពោះទៅភាពដ៏វិសុទ្ធ ដោយធ្វើជាតំណាងរបស់ព្រះគ្រីស្តជាបូជាចារ្យ និងយញ្ញបូជាក្នុងពិធីអរព្រះគុណ និងដោយមិនខ្លាចបូជាជីវិតសម្រាប់ចៀមរបស់ខ្លួនទេ៖
ឱព្រះបិតាដែលស្គាល់ចិត្តគំនិតអើយ! សូមប្រទានឱ្យអ្នកបម្រើ ដែលព្រះអង្គបានជ្រើសរើសឱ្យទៅជាលោកអភិបាល ឱ្យលោកណែនាំហ្វូងចៀមដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមឱ្យលោកធ្វើជាបូជាចារ្យដ៏ខ្ពង់ខ្ពស់ឥតសៅហ្មង និង ដោយបម្រើព្រះអង្គទាំងថ្ងៃទាំងយប់។ សូមឱ្យលោកគាប់ព្រះហឫទ័យព្រះអង្គ និងថ្វាយតង្វាយនៃព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ។ ដោយសារវិញ្ញាណនៃបូជាចារ្យដ៏ខ្ពង់ខ្ពស់ សូមឱ្យលោកមានអំណាចលើកលែងទោសអំពើបាប តាមការបង្គាប់របស់ព្រះអង្គ សូមឱ្យលោកចែកបន្ទុកផ្សេងៗតាមបញ្ជារបស់ព្រះអង្គ ហើយសូមឱ្យលោកស្រាយចំណងទាំងប៉ុន្មាន ដោយសារអំណាចដែលព្រះអង្គបានប្រទានឱ្យក្រុមគ្រីស្តទូត។ សូមឱ្យលោកជាទីគាប់ព្រះហឫទ័យ ដោយសារភាពថ្នាក់ថ្នម និងចិត្តបរិសុទ្ធរបស់លោក ដោយថ្វាយទឹកអប់ដ៏ក្រអូបឈ្ងុយ តាមរយៈព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត... (សន្ត អ៊ីប៉ូលីត)។
១៥៨៧. ពាក្យអង្វរពិសេស នៅប៊ីសង់ សម្ដែងនូវព្រះអំណោយទាននៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ ដោយដាក់ដៃ លោកអភិបាល មានប្រសាសន៍ថា៖
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គបំពេញព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យលើកឡើងឱ្យមានឋានៈជាបូជាចារ្យ ដើម្បីឱ្យគេសមនឹងឈរពីមុខអាសនៈ ប្រកាសដំណឹងល្អនៃព្រះរាជ្យព្រះអង្គ បំពេញមុខងារជាអ្នកបម្រើព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ថ្វាយតង្វាយ និងយញ្ញបូជាខាងវិញ្ញាណ ជ្រមុជទឹកប្រជារាស្រ្តរបស់ព្រះអង្គឱ្យកើតជាថ្មី ទើបប្រជារាស្រ្តនេះ អាចចូលគាល់ព្រះជាម្ចាស់ដ៏ប្រសើរ ជាព្រះសង្រ្គោះ គឺព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយរបស់ព្រះអង្គ នៅថ្ងៃព្រះអង្គសោយរាជ្យ។ សូមឱ្យគេទទួលរង្វាន់ពីព្រះហឫទ័យសប្បុរសឥតព្រំដែនរបស់ព្រះអង្គ ចំពោះការគ្រប់គ្រងដ៏ស្មោះត្រង់របស់គេ។
១៥៨៨. ឯឧបដ្ឋាកវិញ “តាមព្រះអំណោយទាននៃអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ គេទទួលកម្លាំងបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយបម្រើក្នុងពិធីបុណ្យ ដោយប្រកាសព្រះបន្ទូល និងដោយសម្តែងសេចក្ដីស្រឡាញ់ ទាំងរួបរួមជាមួយលោកអភិបាល និងក្រុមបូជាចារ្យរបស់លោក” (LG ២៩)។
១៥៨៩. ដោយឈ្វេងយល់អំពីព្រះអំណោយទាន និងបន្ទុកដ៏ប្រសើរបំផុតនៃមុខងារជាបូជាចារ្យ គ្រូបណ្ឌិតដ៏វិសុទ្ធបានយល់ឃើញឱ្យច្បាស់ថា ត្រូវកែប្រែចិត្តគំនិតជាប្រញាប់ ដើម្បីជីវិតទាំងស្រុងរបស់អស់លោកស្របតាមអ្នកដែលអគ្គសញ្ញាធ្វើឱ្យគេទៅជាអ្នកបម្រើ។ ហេតុនេះហើយ បានជាកាលនៅជាបូជាចារ្យវ័យក្មេងនៅឡើយ សន្ត គ្រែគ័រ នៅណាស៊ីអង់ បន្លឺសម្លេងឡើងថា៖
ត្រូវតែបរិសុទ្ធមុននឹងចង់ឱ្យអ្នកដទៃបរិសុទ្ធ។ ត្រូវតែរៀន ដើម្បីបង្រៀន។ ត្រូវតែទៅជាពន្លឺ ដើម្បីបំភ្លឺ។ ត្រូវតែមកជិតព្រះជាម្ចាស់ ដើម្បីឱ្យគេទៅជិតព្រះអង្គ។ ត្រូវតែវិសុទ្ធ ដើម្បីឱ្យគេវិសុទ្ធ។ ត្រូវតែណែនាំដោយដឹកដៃ និងជួយផ្តល់យោបល់ ដោយប្រាជ្ញា។ ខ្ញុំដឹងថា យើងជាអ្នកបម្រើរបស់អ្នកណា យើងមានកម្រិតណា ហើយអ្នកណាជាទិសដៅរបស់យើង។ ខ្ញុំស្គាល់ភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ និងភាពទន់ខ្សោយរបស់មនុស្ស ប៉ុន្តែ ខ្ញុំស្គាល់កម្លាំងរបស់គេដែរ។ (អ្វីទៅជាបូជាចារ្យ?) លោកជាអ្នកការពារសេចក្ដីពិត លោកឈរឡើងជាមួយទេវទូត លោកថ្វាយសិរីរុងរឿងជាមួយអគ្គទេវទូត លោកធ្វើឱ្យយញ្ញបូជាឡើងទៅលើអាសនៈនៃស្ថានបរមសុខ លោករួបរួមជាមួយព្រះគ្រីស្តជាបូជាចារ្យ លោកកែលំអមនុស្សលោកឡើងវិញ លោកធ្វើឱ្យគេទៅជាតំណាងរបស់ព្រះជាម្ចាស់ឡើងវិញ លោកបង្កើតគេម្តងទៀត ដើម្បីបរមលោក ទីបញ្ចប់ព្រះជាម្ចាស់ប្រោសលោកឱ្យទៅជាព្រះ ហើយលោកធ្វើឱ្យគេទៅជាព្រះដែរ ។
ឯលោកបូជាចារ្យដ៏វិសុទ្ធនៃភូមិអារ្សមានប្រសាសន៍ថា៖ “គឺលោកបូជាចារ្យ ដែលបន្តកិច្ចការនៃការសង្រ្គោះនៅលើផែនដី...”។ “ប្រសិនបើយើងនឹងយល់ឱ្យច្បាស់អំពីអ្វីដែលជាបូជាចារ្យនៅលើផែនដីនេះ យើងនឹងស្លាប់ មិនមែនដោយសារការភ័យខ្លាចទេ ប៉ុន្តែដោយសារសេចក្ដីស្រលាញ់...”។ “មុខងារជាបូជាចារ្យ ដូចជាសេចក្ដីស្រលាញ់នៃព្រះហឫទ័យរបស់ព្រះយេស៊ូ”។
សង្ខេប
១៥៩០. សន្តប៉ូលមានប្រសាសន៍ទៅកាន់លោកធីម៉ូថេ ជាសាវ័ករបស់លោក ថា៖ “ខ្ញុំសូមរំលឹកដាស់តឿនអ្នក ថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មានសកម្មភាពឡើងវិញ” (២ធម ១,៦) ហើយ “ប្រសិនបើបងប្អូនណាម្នាក់ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ” (១ធម ៣,១)។ លោកមានប្រសាសន៍ចំពោះលោកទីតុសថា៖ “ ខ្ញុំទុកប្អូនឱ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ ឱ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្តាំរួចហើយ” (ទត ១,៥)។
១៥៩១. ព្រះសហគមន៍ទាំងមូលជាប្រជាជនសុទ្ធតែជាបូជាចារ្យ។ ដោយសារពិធីជ្រមុជទឹក គ្រីស្តបរិស័ទ ទាំងអស់រួមចំណែកក្នុងឋានៈជាបូជាចារ្យរបស់ព្រះគ្រីស្ត។ គេហៅការចូលរួមនេះថា “គ្រីស្តបរិស័ទសុទ្ធតែជាបូជាចារ្យ”។ ពីលើនេះ ហើយដើម្បីបម្រើគ្រីស្តបរិស័ទទាំងនោះ មានអ្នកចូលរួមក្នុងបេសកកម្មរបស់ព្រះគ្រីស្ត ដែលអគ្គសញ្ញាតែងតាំងប្រគល់ឱ្យ មុខងារជាអ្នកបម្រើក្នុងព្រះនាម និងនៅក្នុងអង្គព្រះគ្រីស្ត ជាព្រះសិរសាក្នុងចំណោមសហគមន៍។
១៥៩២. មុខងារបម្រើព្រះសហគមន៍ប្លែកពីឋានៈជាបូជាចារ្យធម្មតារបស់គ្រីស្តបរិស័ទ ដ្បិតមុខងារនេះ ផ្តល់ អំណាចដ៏សក្ការៈដើម្បីបម្រើគ្រីស្តបរិស័ទ។ ពួកលោកមានភារកិច្ចបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយបង្រៀន (munus docendi) ប្រារព្ធពិធីបុណ្យ (munus liturgicum) និងដឹកនាំព្រះសហគមន៍ (munus regendi)។
១៥៩៣. តាំងពីដើមមក គេប្រគល់មុខងារឱ្យអ្នកបម្រើព្រះសហគមន៍តាមបីថ្នាក់ គឺ៖ លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក។ រចនាសម្ព័ន្ធនាំអ្នកបម្រើព្រះសហគមន៍ ដែលបានតែងតាំងហើយ មិនអាចជំនួសគ្នាបាន គឺបើពុំមានអភិបាល បូជាចារ្យ និងឧបដ្ឋាកទេ យើងមិនអាចនិយាយអំពីព្រះសហគមន៍បានឡើយ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។
១៥៩៤. លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងពេញលក្ខណៈ ដែលបញ្ចូលលោកក្នុងក្រុមលោកអភិបាល និងធ្វើឱ្យលោកទៅជាប្រធានដែលអាចមើលឃើញនៃព្រះសហគមន៍ពិសេស ដែលគេ ប្រគល់ឱ្យលោក។ ដោយលោកជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត និងជាសមាជិកក្រុមលោកអភិបាល លោកត្រូវរួមចំណែក ក្នុងការទទួលខុសត្រូវដែលមកពីក្រុមគ្រីស្តទូត និងក្នុងបេសកកម្មព្រះសហគមន៍ទាំងមូល ក្រោមអំណាចរបស់សម្ដេចប៉ាប ជាអ្នកបន្តមុខងារអំពីលោកសិលា។
១៥៩៥. ពួកបូជាចារ្យរួមជាមួយពួកអភិបាលក្នុងឋានៈជាបូជាចារ្យ ហើយជាមួយគ្នានេះដែរ ត្រូវការពួកលោក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ ព្រះជាម្ចាស់ត្រាស់ហៅពួកលោកឱ្យជាសហការីដ៏ ឈ្លាសវៃរបស់ពួកអភិបាល ពួកលោកបង្កើតក្រុមលោកបូជាចារ្យរួមជាមួយលោកអភិបាល ដោយមានបន្ទុកទទួលខុសត្រូវលើព្រះសហគមន៍ពិសេស។ ពួកលោកទទួល បន្ទុកដឹកនាំសហគមន៍មួយ ឬមុខងារពិសេសមួយ ពីលោកអភិបាល។
១៥៩៦. ពួកឧបដ្ឋាកជាអ្នកទទួលពិធីតែងតាំង ដើម្បីបំពេញមុខងារផ្សេងៗរបស់ព្រះសហគមន៍ក្នុងការបម្រើ។ ពួកលោកមិនទទួលឋានៈជាបូជាចារ្យទេ ប៉ុន្តែពិធីតែងតាំងប្រគល់ឱ្យពួកលោកមុខងារសំខាន់ៗក្នុងការបម្រើព្រះបន្ទូល ពិធីបុណ្យ ការដឹកនាំព្រះសហគមន៍ និងការបម្រើអ្នកដទៃដោយក្តីស្រលាញ់ ជាមុខងារដែលពួកលោកត្រូវប្រតិបត្តិក្រោមអំណាចលោកអភិបាលរបស់ពួកលោក។
១៥៩៧. គេប្រគល់អគ្គសញ្ញាតែងតាំងដោយដាក់ដៃ និងសេចក្ដីអធិដ្ឋានយ៉ាងឧឡារិក ដែលទូលសុំអង្វរ ព្រះជាម្ចាស់សម្រាប់បេក្ខជននូវព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលលោកត្រូវការដើម្បីបំពេញមុខងាររបស់ខ្លួន។ ពិធីតែងតាំងផ្តល់លក្ខណៈខាងអគ្គសញ្ញាដែលមិនអាចរលុបបានឡើយ។
១៥៩៨. ព្រះសហគមន៍ប្រគល់អគ្គសញ្ញាតែងតាំងឱ្យតែបុរស (viris) ដែលបានជ្រមុជទឹក ហើយដែលព្រះសហគមន៍ទទួលស្គាល់ថា មានសមត្ថភាពអាចបំពេញមុខងារនេះពិតប្រាកដមែន។ ព្រះសហគមន៍មានអំណាចទទួលខុសត្រូវ និងមានសិទ្ធិត្រាស់ហៅនរណាម្នាក់ឱ្យទទួលពិធីតែងតាំង។
១៥៩៩. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស គេប្រគល់អគ្គសញ្ញាតែងតាំងធ្វើជាបូជាចារ្យឱ្យតែ បេក្ខជន ដែលស្ម័គ្រចិត្តនៅលីវ ហើយដែលបង្ហាញ បំណងប្រាថ្នាថា ចង់នៅលីវ ជាសាធារណៈ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះរាជ្យរបស់ព្រះជាម្ចាស់ និងដើម្បីបម្រើមនុស្សលោក។
១៦០០. ពួកអភិបាលមានមុខងារប្រគល់អគ្គសញ្ញាតែងតាំងទាំងបីលំដាប់ថ្នាក់។
ប្រការទី៧៖ អគ្គសញ្ញាអាពាហ៍ពិពាហ៍
១៦០១. “ដោយសម្ព័ន្ធមេត្រីជាគូស្វាមីភរិយា បុរសនិងស្រ្តីរួមរស់ជាមួយគ្នាអស់មួយជីវិត។ លក្ខណៈផ្ទាល់នៃសហគមន៍នេះ មានគោលដៅតម្រង់ទៅរកផលប្រយោជន៍គូស្វាមីភរិយា ការបន្តពូជ និងការអប់រំកូន។ ព្រះគ្រីស្តជាព្រះអម្ចាស់បានលើកសម័្ពន្ធមេត្រីរវាងគ្រីស្តបរិស័ទនេះឱ្យមានឋានៈជាអគ្គសញ្ញា” (CIC ១០៥៥,១)។
១. អាពាហ៍ពិពាហ៍ក្នុងគម្រោងការរបស់ព្រះជាម្ចាស់
១៦០២. ព្រះគម្ពីរដ៏វិសុទ្ធចាប់ផ្តើមដោយព្រះជាម្ចាស់បង្កើតមនុស្សជាបុរស ជាស្រ្តី ជាតំណាងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គដែរ (កណ ១,២៦-២៧) ហើយព្រះគម្ពីរបញ្ចប់លើសុបិននិមិត្តអំពី “ពិធីមង្គលការរបស់កូនចៀម” (វវ ១៩,៧.៩)។ ពីសេចក្ដីផ្ដើមរហូតដល់សេចក្ដីបញ្ចប់ ព្រះគម្ពីរថ្លៃងអំពី “គម្រោងការដ៏លាក់កំបាំង” នៃអាពាហ៍ពិពាហ៍ អំពីការតែងតាំង និងអត្ថន័យដែលព្រះជាម្ចាស់បានប្រទានឱ្យអាពាហ៍ពិពាហ៍ អំពីប្រភព និងទីដៅនៃអាពាហ៍ពិពាហ៍។ ក្នុងអម្លុងប្រវត្តិសាស្រ្តនៃការសង្រ្គោះ មានចែងទុកនៅក្នុងគម្ពីរថា គូស្វាមីភរិយាបានជួបប្រទះនឹងការលំបាកផ្សេងៗដែលមកពីអំពើបាប និងបានកើតជាថ្មី “ក្នុងអង្គព្រះអម្ចាស់” (១ករ ៧,៣៩) គឺក្នុងសម័្ពន្ធមេត្រីថ្មីរវាងព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣១-៣២)។
អាពាហ៍ពិពាហ៍ក្នុងការចាត់ចែងនៃការបង្កើត
១៦០៣. “គូស្វាមីភរិយា ពិតជាសហគមន៍ដ៏ជ្រាលជ្រៅម៉្យាង ដោយអ្នកទាំងពីររួមរស់ជាមួយគ្នានិងស្រឡាញ់គ្នា។ ព្រះជាម្ចាស់ជាអ្នកបង្កើតតែងតាំងសហគមន៍នេះ និងប្រទានឱ្យសហគមន៍នេះមានវិន័យផ្ទាល់” (GS ៤៨,១)។ លក្ខណៈផ្ទាល់របស់មនុស្សប្រុស និងមនុស្សស្រី មកពីព្រះហស្តរបស់ព្រះបង្កើត ហើយព្រះអង្គត្រាស់ហៅគេឱ្យរៀបការ។ ទោះបីមានការផ្លាស់ប្តូរជាច្រើន អស់រយៈពេលជាច្រើនសតវត្សមកហើយក្ដី តាមវប្បធម៌ រចនាសម្ព័ន្ធក្នុងសង្គម និងតាមអាកប្បកិរិយាខាងវិញ្ញាណផ្សេងៗយ៉ាងណាក្ដី អាពាហ៍ពិពាហ៍មិនសុទ្ធតែជាការតាក់តែងរបស់មនុស្សទេ។ ទោះបីមានលក្ខណៈផ្សេងៗពីគ្នាក៏ដោយ ក៏យើងមិនត្រូវភ្លេចលក្ខណៈរួម និងជាអចិន្ត្រៃយ៍ផងដែរ។ ទោះបីជាមនុស្សនៅគ្រប់ទីកន្លែងមិនចាប់អារម្មណ៍ចំពោះកិត្តិយសដ៏ថ្លៃថ្នូរនៃអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ (GS ៤៧,២) ក៏វប្បធម៌ទាំងអស់ទទួលស្គាល់ថា អាពាហ៍ពិពាហ៍មានលក្ខណៈដ៏ប្រសើរដែរ ដ្បិត “សន្តិភាពរបស់បុគ្គលម្នាក់ៗ និងសន្តិភាពរបស់សង្គម ភ្ជាប់យ៉ាងជិតស្និទ្ធនឹងការរីកចម្រើននៃសហគមន៍គូស្វាមីភរិយា និងរបស់សហគមន៍ក្រុមគ្រួសារ” (GS ៤៧,១)។
១៦០៤. ព្រះជាម្ចាស់ ដែលបានបង្កើតមនុស្សដោយសារសេចក្ដីស្រលាញ់ ទ្រង់ក៏បានត្រាស់ហៅគេឱ្យស្រលាញ់ ដែលជាការត្រាស់ហៅមូលដ្ឋានចំពោះមនុស្សគ្រប់រូបតាំងពីកំណើតមកម្ល៉េះ ដ្បិតព្រះជាម្ចាស់ បានបង្កើតមនុស្សជាតំណាង និងមានលក្ខណៈរបស់ព្រះអង្គ (កណ ១,២៧) ដែលមានព្រះអង្គផ្ទាល់ជាសេចក្ដីស្រលាញ់ (១យហ ៤,៨.១៦)។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស ជាស្រ្តី សេចក្ដីស្រលាញ់របស់គេចំពោះគ្នាទៅវិញទៅមក និងដែលមិនអាចផ្តាច់បាន ក្លាយទៅជាតំណាងនៃសេចក្ដីស្រលាញ់ដ៏ខ្ពង់ខ្ពស់ជាទីបំផុត របស់ព្រះអង្គចំពោះមនុស្សលោក។ ចំពោះព្រះបង្កើត សេចក្ដីស្រលាញ់នេះ ល្អណាស់ ល្អប្រសើរបំផុត (កណ ១,៣១)។ ព្រះជាម្ចាស់ប្រទានព្រះពរដល់សេចក្ដីស្រលាញ់នេះ ក្នុងគោលដៅឱ្យបង្កើតផល និងឱ្យបានសម្រេចក្នុងការថែទាំពិភពលោក៖ “ ព្រះជាម្ចាស់បានប្រទានពរឱ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ “ចូរបង្កើតកូនចៅឱ្យបានកើនច្រើនឡើងពាសពេញលើផែនដីហើយត្រួតត្រាផែនដី” (កណ ១,២៨)។
១៦០៥. ព្រះគម្ពីរដ៏វិសុទ្ធអះអាងថា ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីដើម្បីគ្នាទៅវិញ ទៅមក៖ “បើមនុស្សប្រុសនៅតែម្នាក់ឯងដូច្នេះ មិនស្រួលទេ”។ ព្រះជាម្ចាស់ប្រទានស្រ្តី ជា “សាច់ដែលកើតចេញមកពីសាច់” របស់គេ ពោលគឺខ្លួនគេផ្សេងម្នាក់ទៀត មនុស្សម្នាក់ដែលមានឋានៈស្មើនឹងគេ ជិតស្និទ្ធនឹងគេជាទីបំផុត ដូចជា “អ្នកជំនួយ” ជាតំណាងរបស់ “ព្រះជាម្ចាស់ដែលយាងមកជួយយើង” (ទន ១២១,២)។ “ ហេតុនេះ បុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរក្លាយទៅជារូបកាយតែមួយ” (កណ ២,១៨-២៥)។ ព្រះអម្ចាស់ផ្ទាល់បង្ហាញថា បុរស និងស្រ្តីត្រូវរួមរស់ជាមួយគ្នា ដោយមិនអាចបំបែកពីគ្នាបានឡើយ ដោយទ្រង់រំលឹកអំពីគម្រោងការដំបូងរបស់ព្រះបង្កើត៖ “គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ” (មថ ១៩,៦)។
អាពាហ៍ពិពាហ៍ក្រោមអំណាចនៃអំពើបាប
១៦០៦. មនុស្សគ្រប់ៗរូបដកពិសោធន៍អំពីអំពើអាក្រក់ នៅជុំវិញខ្លួន និងនៅក្នុងខ្លួនឯងផង។ បទពិសោធន៍នេះ ស្ថិតនៅក្នុងទំនាក់ទំនងរវាងបុរស និងស្រ្តីដែរ។ តាំងពីដើមដំបូងបង្អស់ គូស្វាមីភរិយាឈ្លោះទាស់ទែងគ្នា ចង់ធ្វើជាម្ចាស់លើគ្នាទៅវិញទៅមក គ្មានភក្ដីភាពនឹងគ្នា ច្រណែនគ្នា និងអាចជំទាស់រហូតដល់ស្អប់គ្នា និងបែកចេញពីគ្នាទៀតផង។ ភាពច្របូកច្របល់នេះ អាចលេចឡើងខ្លាំង ឬតិច ជួនកាលអាចពុះពារបាន ឬមិនបាន ទៅតាមវប្បធម៌ តាមសម័យកាល ឬតាមបុគ្គល ប៉ុន្តែភាពច្របូកច្របល់នេះហាក់ដូចជាមានលក្ខណៈសកល។
១៦០៧. បើតាមជំនឿ ភាពច្របូកច្របល់នេះ ដែលយើងយល់ឃើញយ៉ាងឈឺចាប់ មិនមែនមកពីលក្ចណៈ របស់បុរស និងស្រី្ត ឬពីលក្ខណៈនៃទំនាក់ទំនងរវាងពួកគេទេ ប៉ុន្តែមកពីអំពើបាប ។ អំពើបាបដើមដំបូងផ្តាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយបង្កើតផលវិបាកដំបូងថា បុរស និងស្រ្តីដែលដើមដំបូងរួបរួមជាមួយគ្នា ផ្តាច់ទំនាក់ទំនងរវាងគ្នានឹងគ្នា។ គេចោទប្រកាន់គ្នា (កណ ៣,១២) គេលែងទាក់ទាញគ្នា (ការទាក់ទាញគ្នាជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ - កណ ២,២២) ដើម្បីធ្វើជាម្ចាស់លើគ្នាទៅវិញទៅមក ហើយគេមានចិត្តលោភលន់ (កណ ៣,១៦ខ)។ នៅពេលស្រ្តីមានផ្ទៃពោះ នាងសម្រាលកូនដោយឈឺចុកចាប់ ឯបុរសវិញ គេត្រូវរកស៊ីចិញ្ចឹមជីវិតដោយបង្ហូរញើស (កណ ៣,១៦-១៩)។
១៦០៨. ក៏ប៉ុន្តែ ទោះបីមានភាពច្របូកច្របល់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែរក្សាសណ្តាប់ធ្នាប់ នៃការបង្កើត។ ដើម្បីព្យាបាលមុខរបួសនៃអំពើបាប បុរស និងស្រី្តត្រូវការជំនួយនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលព្រះអង្គពោរពេញទៅដោយធម៌មេត្តាករុណាឥតព្រំដែន មិនដែលបដិសេធក្នុងការប្រទានទេ (កណ ៣,២១)។ បើព្រះជាម្ចាស់មិនយាងមកជួយទេ បុរស និងស្រី្តមិនអាចរួមរស់ជាមួយគ្នា តាមគម្រោងការ “ដើមដំបូងបង្អស់” របស់ព្រះជាម្ចាស់បានឡើយ។
អាពាហ៍ពិពាហ៍ក្រោមគរុកោសល្យនៃធម្មវិន័យ
១៦០៩. ព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាមិនបានបោះបង់មនុស្សបាបចោល។ ទោះបីព្រះអង្គដាក់ទោសអ្នកបាប ដូចជាស្រ្តីសម្រាលកូនដោយ “ឈឺចុកចាប់” (កណ ៣,១៦) ឬបុរសរកស៊ីចិញ្ចឹមជីវិត “ដោយបង្ហូរញើស” (កណ ៣,១៩) យ៉ាងណាក៏ដោយ ក៏ទោសទាំងអស់នោះ ដូចជាថ្នាំព្យាបាលផលវិបាកនៃអំពើបាបដែរ។ ក្រោយពីមនុស្សបានធ្លាក់ខ្លួនជាអ្នកបាប អាពាហ៍ពិពាហ៍ជួយមនុស្សកុំឱ្យគិតតែពីខ្លួនឯង កុំឱ្យគេភ្លើតភ្លើននឹងការសប្បាយផ្ទាល់ខ្លួន ប៉ុន្តែឱ្យគេបើកចិត្តទូលាយចំពោះគូរបស់ខ្លួន ឱ្យគេចេះជួយគ្នាទៅវិញទៅមក ឱ្យគេចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
១៦១០. ក្រោមគរុកោសល្យនៃធម្មវិន័យចាស់ មនុស្សបានយល់ឃើញថា អាពាហ៍ពិពាហ៍ទាមទារឱ្យបុរសមានភរិយាតែមួយ ឬស្រ្តីមានស្វាមីតែមួយ ហើយគូស្វាមីភរិយាមិនអាចបំបែកពីគ្នាបានឡើយ។ បុព្វបុរស និងស្ដេចនៅតែអាចមានភរិយាច្រើន ក៏ប៉ុន្តែធម្មវិន័យ ដែលលោកម៉ូសេបានទទួល មានគោលដៅការពារស្រ្តីប្រឆាំងនឹងការគ្រប់គ្រងតាមអំពើចិត្តរបស់បុរស ទោះបីតាមធម្មវិន័យនេះ លោកម៉ូសេអនុញ្ញាតឱ្យបុរសលែងភរិយា ដោយសារមនុស្សមាន “ចិត្តរឹងរូស” (មថ ១៩,៨; ទក ២៤,១) យ៉ាងណាក៏ដោយ។
១៦១១. ដោយឈ្វេងយល់ថា សម័្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលដូចជាសេចក្ដី ស្រលាញ់តែមួយដ៏ស្មោះភក្តីរវាងគូស្វាមីភរិយា (ហស ១-៣; អស ៥៤; ៦២; យរ ២-៣; ៣១; អគ ១៦; ២៣) ពួកព្យាការីបានរៀបចំចិត្តគំនិតរបស់ប្រជាជនដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យយល់កាន់តែស៊ីជម្រៅថា បុរសត្រូវតែមានភរិយាតែមួយ ឬស្រ្តីមានស្វាមីតែមួយ ហើយគូស្វាមីភរិយាមិនអាចបំបែកពីគ្នាបានឡើយ (មគ ២,១៣-១៧)។ ក័ណ្ឌគម្ពីរនាងរូថ និងលោកតូប៊ីត ផ្តល់សក្ខីភាពដ៏គួរឱ្យរំភើបអំពីអត្ថន័យដ៏ខ្ពង់ខ្ពស់នៃអាពាហ៍ពិពាហ៍ អំពីភក្ដីភាព និងអំពីសេចក្ដីថ្នាក់ថ្នមរបស់គូស្វាមីភរិយា។ ការបញ្ជូនបន្តតែងតែយល់ឃើញថា បទចម្រៀងព្រះបាទសាឡូម៉ូន ដែលបង្ហាញអំពីសេចក្ដីស្រលាញ់របស់មនុស្សលោក ឆ្លុះបញ្ចាំងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែល “មានកម្លាំងដូចសេចក្ដីស្លាប់” និងដែល “ទន្លេទាំងប៉ុន្មានពុំអាចពន្លិច” បានឡើយ (បច ៨,៦-៧)។
អាពាហ៍ពិពាហ៍នៅក្នុងអង្គព្រះអម្ចាស់
១៦១២. សម្ព័ន្ធមេត្រីជាគូស្វាមីភរិយារវាងព្រះជាម្ចាស់ និងប្រជារាស្រ្តអ៊ីស្រាអែលបានរៀបចំសម្ព័ន្ធមេត្រីថ្មី និងអស់កល្បជានិច្ច ដែលព្រះបុត្រារបស់ព្រះជាម្ចាស់បានរួបរួមម្យ៉ាងជាមួយមនុស្សជាតិទាំងស្រុង ដែលព្រះអង្គបានសង្រ្គោះ ដោយប្រសូតជាមនុស្ស និងដោយបូជាព្រះជន្ម (GS ២២) ហេតុនេះព្រះអង្គបានរៀបចំ “ពិធីមង្គលការរបស់កូនចៀម” (វវ ១៩,៧.៩)។
១៦១៣. ពេលចាប់ផ្តើមជីវិតជាសាធារណៈ ព្រះយេស៊ូធ្វើសញ្ញាសម្គាល់ដំបូងរបស់ព្រះអង្គ - ដោយសារពាក្យសុំរបស់ព្រះមាតា - នៅក្នុងពិធីមង្គលការមួយ (យហ ២,១-១១)។ ព្រះសហគមន៍ចាត់ទុកថា វត្តមានរបស់ព្រះយេស៊ូក្នុងពិធីមង្គលការនៅភូមិកាណាមានសារៈសំខាន់ណាស់។ ព្រះសហគមន៍យល់ឃើញថា វត្តមាននេះ បញ្ជាក់ថា អាពាហ៍ពិពាហ៍ជាកិច្ចប្រពៃណាស់ និងប្រកាសថា ចាប់ពីពេលនេះទៅ អាពាហ៍ពិពាហ៍ជាសញ្ញាសម្គាល់ដ៏មានប្រសិទ្ធភាពនៃវត្តមានរបស់ព្រះគ្រីស្ត។
១៦១៤. ក្នុងធម៌ទេសនារបស់ព្រះអង្គ ព្រះយេស៊ូបានប្រៀនប្រដៅយ៉ាងច្បាស់នូវអត្ថន័យដំបូងនៃការរួបរួមរវាងបុរស និងស្រ្តី តាមព្រះហឫទ័យដើមដំបូងរបស់ព្រះបង្កើត។ លោកម៉ូសេអនុញ្ញាតឱ្យបុរសលែងភរិយា ពីព្រោះមនុស្សមានចិត្តរឹងរូស (មថ ១៩,៨) ប៉ុន្តែ គូស្វាមីភរិយាមិនអាចបំបែកពីគ្នាបានឡើយ ដ្បិតព្រះជាម្ចាស់ផ្ទាល់បានចងសម្ព័ន្ធមេត្រីនេះ៖ “មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ” (មថ ១៩,៦)។
១៦១៥. ដោយសារព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ថា គូស្វាមីភរិយាមិនអាចបំបែកពីគ្នាបាន មនុស្សខ្លះបានគិតថា ការទាមទារបែបនេះធ្វើមិនកើតឡើយ (មថ ១៩,១០)។ ក៏ប៉ុន្តែ ព្រះយេស៊ូមិនបានដាក់បន្ទុកធ្ងន់ជ្រុលជាងធម៌វិន័យរបស់លលោកម៉ូសេ លើគូស្វាមីភរិយា (មថ ១១,២៩-៣០)។ ដោយព្រះអង្គយាងមករៀបចំឡើងវិញសណ្តាប់ធ្នាប់នៃការបង្កើត ដែលអំពើបាបបានធ្វើឱ្យច្របូកច្របល់ ព្រះអង្គប្រទានកម្លាំងផ្ទាល់ និងការប្រណីសន្តោស ដើម្បីឱ្យគូស្វាមីភរិយាអាចរៀបការ តាមលក្ខណៈថ្មីនៃព្រះរាជ្យរបស់ព្រះជាម្ចាស់។ ដោយដើរតាមព្រះគ្រីស្ត ដោយលះបង់ផលប្រយោជន៍ផ្ទាល់ និងដោយលីឈើឆ្កាងលើខ្លួនឯង (មក ៨,៣៤) គូស្វាមីភរិយានឹងអាច “យល់” (មថ ១៩,១១) អត្ថន័យដំបូងនៃអាពាហ៍ពិពាហ៍ និងប្រតិបត្តិតាម ដោយមានជំនួយអំពីព្រះគ្រីស្ត។ ព្រះអំណោយទាននៃអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទនេះ ជាផលផ្លែនៃព្រះឈើឆ្កាងរបស់ព្រះគ្រីស្ត ដែលជាប្រភពនៃជីវិតរបស់គ្រីស្តបិរស័ទ។
១៦១៦. គ្រីស្តទូតប៉ូលធ្វើឱ្យយើងយល់អំពីអត្ថន័យនេះ ដោយមានប្រសាសន៍ថា៖ “ ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយាដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ” (អភ ៥,២៥-២៦) ហើយលោកបន្ថែមភ្លាមថា៖ “ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ គម្រោងការដ៏លាក់កំបាំងនេះ មានអត្ថន័យជ្រាលជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសម្ដៅលើព្រះគ្រីស្ត និងព្រះសហគមន៍តែប៉ុណ្ណោះ” (អភ ៥,៣១-៣២)។
១៦១៧. សេចក្ដីស្រលាញ់ជាគូស្វាមីភរិយារវាងព្រះគ្រីស្ត និងព្រះសហគមន៍ដៅចំណាមជីវិតទាំងស្រុងរបស់គ្រីស្តបរិស័ទ។ ពិធីជ្រមុជទឹក ដែលបញ្ចូលក្នុងប្រជាជនរបស់ព្រះជាម្ចាស់ ជាអាថ៌កំបាំងដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍ស្រេចទៅហើយ ហាក់ដូចជាពិធីជម្រះឱ្យបានស្អាតបរិសុទ្ធ មុននឹងពិធីជប់លៀងនៃពិធីមង្គលការ ដែលជាពិធីអរព្រះគុណ។ ឯអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទទៅជាសញ្ញាសម្គាល់ដ៏មានប្រសិទ្ធភាព និងទៅជាអគ្គសញ្ញានៃសម័្ពន្ធមេត្រីរវាងព្រះគ្រីស្ត និងព្រះសហគមន៍។ ដោយសារអាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទសម្ដៅ និងផ្តល់ការ ប្រណីសន្តោស អាពាហ៍ពិពាហ៍នេះ ជាអគ្គសញ្ញាដ៏ពិតប្រាកដនៃសម្ព័ន្ធមេត្រីថ្មី (DS ១៨០០; CIC ១០៥៥,២)។
ព្រហ្មចារិយភាពដើម្បីព្រះរាជ្យ
១៦១៨. ព្រះគ្រីស្តជាស្នូលនៃការរស់នៅរបស់គ្រីស្តបរិស័ទ។ ចំណងជាមួយព្រះអង្គសំខាន់ជាងចំណងឯទៀតៗ ដូចជាចំណងជាមួយក្រុមគ្រួសារ ឬចំណងនៅក្នុងសង្គម (លក ១៤,២៦; មក ១០,២៨-៣១)។ ចាប់តាំងពីព្រះសហគមន៍ដើមដំបូង មានបុរស និងស្រ្តី មិនព្រមរៀបការ ដើម្បីដើរតាមកូនចៀមនៅគ្រប់ទីកន្លែងទាំងអស់ (វវ ១៤,៤) ដើម្បីខ្វល់ខ្វាយនឹងព្រះអម្ចាស់ ដើម្បីបានគាប់ព្រះហឫទ័យព្រះអង្គ (១ករ ៧,៣២) និងដើម្បីរត់ទៅទទួលព្រះស្វាមី (មថ ២៥,៦)។ ព្រះគ្រីស្តផ្ទាល់អញ្ជើញអ្នកខ្លះឱ្យដើរតាមព្រះអង្គ តាមរបៀបរស់នៅបែបនេះ ដែលព្រះអង្គនៅតែជាគំរូ៖
អ្នកខ្លះមិនអាចរៀបការបាន តាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការ មកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ! (មថ ១៩,១២)។
១៦១៩. ព្រហ្មចារិយភាព ដើម្បីព្រះរាជ្យនៃស្ថានបរមសុខ មកពីព្រះអំណោយទាននៃពិធីជ្រមុជទឹក ជាសញ្ញាសម្គាល់ដ៏មានឫទ្ធានុភាព ដែលបង្ហាញថា ចំណងជាមួយព្រះគ្រីស្តសំខាន់លើសអ្វីៗទាំងអស់។ ព្រហ្មចារីទន្ធឹងរង់ចាំឱ្យព្រះអង្គយាងមកវិញ និងជាសញ្ញាសម្គាល់រំលឹកថា អាពាហ៍ពិពាហ៍ក្នុងលោកនេះចេះតែកន្លងផុតទៅហើយ (មក ១២,២៥; ១ករ ៧,៣១)។
១៦២០. ទាំងអគ្គសញ្ញាអាពាហ៍ពិពាហ៍ ទាំងព្រហ្មចារិយភាពដើម្បីព្រះរាជ្យ មកពីព្រះអម្ចាស់ផ្ទាល់។ គឺព្រះអង្គនេះហើយ ដែលផ្តល់អត្ថន័យដល់កិច្ចការទាំងពីរនោះ និងប្រទានការប្រណីសន្តោសជាចាំបាច់ ដើម្បីអាចប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះអង្គ (មថ ១៩,៣-១២)។ ការលើកតម្លៃនៃព្រហ្មចារិយភាពដើម្បីព្រះរាជ្យ (LG ៤២; PC ១២; OT ១០) និងអត្ថន័យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនាមិនអាចបំបែកពីគ្នាបាន និងបំពេញគ្នាទៅវិញទៅមក៖
បើយើងប្រមាថអាពាហ៍ពិពាហ៍ យើងក៏បញ្ចុះតម្លៃនៃសិរីរុងរឿងរបស់ព្រហ្មចារិយភាពដែរ។ បើយើងលើកតម្កើងអាពាហ៍ពិពាហ៍ យើងក៏លើកកិត្តិយសនៃព្រហ្មចារិយភាពដែរ (...) ដ្បិតអ្វីដែលហាក់ដូចជាល្អបើប្រៀបធៀបនឹងសេចក្ដីអាក្រក់ មិនអាចទៅជាសេចក្ដីល្អពេញលក្ខណៈឡើយ ប៉ុន្តែអ្វីដែលល្អជាងសេចក្ដីល្អដែលមិនអាចប្រកែកបាន ជាសេចក្ដីល្អតែម្តង (សន្ត យ៉ូហាន គ្រីសូស្តូម; FC ១៦)។
២. ការប្រារព្ធពិធីអាពាហ៍ពិពាហ៍
១៦២១. ក្នុងពិធីនៃបស្ចិមប្រទេស ជាធម្មតា គ្រីស្តបរិស័ទកាតូលិកពីរនាក់រៀបការក្នុងពេលថ្វាយអភិបូជា ដ៏វិសុទ្ធ ដ្បិតអគ្គសញ្ញាទាំងអស់ភ្ជាប់ចំណងនឹងបុណ្យចម្លងរបស់ព្រះគ្រីស្ត (SC ៦១)។ ពិធីនឹករលឹកនៃសម្ព័ន្ធមេត្រីថ្មី ដែលព្រះគ្រីស្តបានរួបរួមជាដរាបជាមួយព្រះសហគមន៍ ជាព្រះមហេសីដ៏ជាទីស្រលាញ់របស់ព្រះអង្គ សម្រេចក្នុងពិធីអរព្រះគុណ។ ព្រះអង្គក៏បានបូជាព្រះជន្មដើម្បីព្រះមហេសីនេះ (LG ៦)។ ដូច្នេះហើយ បានជា គូស្វាមីភរិយាគួរចងសម្ព័ន្ធមេត្រីប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក ដោយថ្វាយខ្លួនទាំងស្រុង រួមជាមួយនឹងសក្ការបូជារបស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ព្រះអង្គ ដែលមានវត្តមានក្នុងអភិបូជា ហើយដោយទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត ដើម្បីឱ្យពួកគេ “ធ្វើជារូបកាយតែមួយ” ក្នុងអង្គព្រះគ្រីស្ត (១ករ ១០,១៧)។
១៦២២. “ដោយសារពិធីអាពាហ៍ពិពាហ៍ជាកិច្ចការខាងអគ្គសញ្ញា ដែលធ្វើឱ្យបានវិសុទ្ធ ពិធីនេះ (...) ត្រូវតែត្រឹមត្រូវ សមរម្យ និងត្រូវបង្កើតផល” (FC ៦៧)។ ដូច្នេះ គូដណ្តឹងគួររៀបចំខ្លួនប្រារព្ធពិធីអាពាហ៍ពិពាហ៍ ដោយទទួលអគ្គសញ្ញាលើកលែងទោស។
១៦២៣. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស ជាធម្មតា យើងចាត់ទុក គូស្វាមីភរិយា ក្នុងឋានៈជាអ្នក បម្រើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ផ្តល់អគ្គសញ្ញាអាពាហ៍ពិពាហ៍ឱ្យគ្នាទៅវិញទៅមក ដោយ សម្ដែងចំពោះព្រះសហគមន៍ថា ពួកគេយល់ព្រមរៀបការជាមួយគ្នា។ ក្នុងពិធីបុណ្យខាងបូព៌ាប្រទេស ក្រោយពីបានទទួលពាក្យសន្យារបស់គូស្វាមីភរិយា អ្នកបម្រើនៃអគ្គសញ្ញា (ដែលគេហៅថា “ពិធីអភិសេក”) ជាលោកបូជាចារ្យ ឬលោកអភិបាល អភិសេកស្វាមី និងភរិយាជាបន្តបន្ទាប់ ជាសញ្ញាសម្គាល់ថា ពួកគេបានចងសម្ព័ន្ធមេត្រី។
១៦២៤. ក្នុងពិធីបុណ្យផ្សេងៗ មានសេចក្ដីអធិដ្ឋាន និងពាក្យអង្វរជាច្រើនឱ្យព្រះជាម្ចាស់ប្រោសប្រទានព្រះហឫទ័យប្រណីសន្តោស និងប្រទានព្រះពរដល់គូស្វាមីភរិយាថ្មី ជាពិសេសដល់ភរិយា។ ក្នុងពាក្យអង្វរនៃអគ្គសញ្ញានេះ គូស្វាមីភរិយាទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាការរួបរួមពោរពេញដោយសេចក្ដីស្រលាញ់រវាងព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣២)។ ព្រះវិញ្ញាណជាត្រានៃសម្ព័ន្ធមេត្រីរបស់គេ ជាប្រភពឥតរីងស្ងួតនៃសេចក្ដីស្រលាញ់របស់គេ ជាកម្លាំងដើម្បីឱ្យគេនៅភក្ដីនឹងគ្នាជានិច្ច។
៣. ការយល់ព្រមឱ្យរៀបអាពាហ៍ពិពាហ៍
១៦២៥. គូស្រករនៃអាពាហ៍ពិពាហ៍ជាបុរសម្នាក់ និងជាស្រ្តីម្នាក់ ដែលបានជ្រមុជទឹក មានសេរីភាពក្នុងការរៀបអាពាហ៍ពិពាហ៍ ហើយដែលបង្ហាញថា ពួកគេយល់ព្រមរៀបការជាមួយគ្នា។ “មានសេរីភាព” មានន័យថា៖
- គ្មានការបង្ខិតបង្ខំ
- គ្មានច្បាប់ធម្មជាតិ ឬច្បាប់របស់ព្រះសហគមន៍រារាំងគេមិនឱ្យរៀបការឡើយ។
១៦២៦. ព្រះសហគមន៍ចាត់ទុកថា គូស្វាមីភរិយាត្រូវតែយល់ព្រមរៀបការជាមួយគ្នា។ ការយល់ព្រមនេះ ជាផ្នែកដ៏ចាំបាច់ដែល “បង្កើតអាពាហ៍ពិពាហ៍” (CIC ១០៥៧,១)។ ប្រសិនបើគូស្រករមិនយល់ព្រមទេ គ្មានអាពាហ៍ពិពាហ៍ឡើយ។
១៦២៧. “ពេលគូស្វាមីភរិយាប្រគល់ខ្លួនទៅវិញទៅមក និងទទួលគ្នាទៅវិញទៅមក អ្នកទាំងពីរពិតជាប្រព្រឹត្តកិច្ចមួយ. ដែលមានលក្ខណៈមនុស្សជាតិសុទ្ធសាធ” (GS ៤៨,១; CIC ១០៥៧,២)៖ “បងយកអូនធ្វើជាភរិយាបង - អូនយកបងធ្វើជាស្វាមីអូន” (OcM ៤៥)។ ពេលអ្នកទាំងពីរ “ធ្វើជារូបកាយតែមួយ” (កណ ២,២៤; មក ១០,៨; អភ ៥,៣១) ពួកគេបំពេញពាក្យសន្យានេះ ដែលចងគូស្វាមីភរិយាជាមួយគ្នា។
១៦២៨. គូស្រករម្នាក់ៗត្រូវមានបំណងរៀបការជាមួយគ្នា ដោយគ្មានអំពើហិង្សា ឬការបំភ័យធ្ងន់ធ្ងរណាមួយពីខាងក្រៅឡើយ (CIC ១១០៣)។ គ្មាននរណាម្នាក់អាចជំនួសគូស្រករបាន (CIC ១០៥៧,១)។ បើគ្មានសេរីភាពនេះទេ អាពាហ៍ពិពាហ៍មិនត្រឹមត្រូវឡើយ។
១៦២៩. ហេតុនេះហើយ បានជា (ឬដោយសារមូលហេតុផ្សេងទៀត ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ដូចជាមិនបានកើតឡើង (CIC ១០៩៥-១១០៧) ក្រោយពីតុលាការរបស់ព្រះសហគមន៍ ដែលមានសមត្ថកិច្ច បានពិនិត្យពិច័យស្ថានការណ៍ ព្រះសហគមន៍អាចសម្រេចថា អាពាហ៍ពិពាហ៍ “គ្មានតម្លៃ” ពោលគឺអាពាហ៍ពិពាហ៍មិនដែលបានកើតឡើង។ ក្នុងករណីនេះ គូស្រករមានសេរីភាពរៀបការ។ ប៉ុន្តែ បើពួកគេបានរួបរួមជាមួយគ្នា ឬជាមួយនរណាម្នាក់ផ្សេងទៀតពីមុនមក ពួកគេត្រូវគោរពភារកិច្ចដែលមកពីការរួបរួមនេះ (CIC ១០៧១)។
១៦៣០. លោកបូជាចារ្យ (ឬលោកឧបដ្ឋាក) ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ទទួលពាក្យសន្យារបស់គូស្វាមីភរិយា ក្នុងនាមព្រះសហគមន៍ និងប្រទានព្រះពររបស់ព្រះសហគមន៍។ វត្តមានរបស់អ្នកបម្រើព្រះសហគមន៍ (និងរបស់សាក្សីផងដែរ) សម្ដែងឱ្យមើលឃើញថា អាពាហ៍ពិពាហ៍ជារឿងដែលទាក់ទងនឹងព្រះ សហគមន៍។
១៦៣១. ហេតុនេះហើយ បានជាធម្មតា ព្រះសហគមន៍សុំឱ្យគ្រីស្តបរិស័ទរៀបការតាមពិធីបុណ្យខាងព្រះសហគមន៍ (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៨១៣-១៨១៦; CIC ១១០៨)។ មូលហេតុជាច្រើនពន្យល់ឆន្ទះនេះ៖
- អគ្គសញ្ញាអាពាហ៍ពិពាហ៍ជាកិច្ចការនៃពិធីបុណ្យ។ ហេតុនេះហើយ បានជាគួរប្រារព្ធពិធីអាពាហ៍ពិពាហ៍ក្នុងពិធីបុណ្យសាធារណៈរបស់ព្រះសហគមន៍
- អាពាហ៍ពិពាហ៍ត្រូវបញ្ចូលក្នុងordo (ក្រុម) នៃព្រះសហគមន៍ បង្កើតសិទិ្ធ និងភារកិច្ចក្នុងព្រះសហគមន៍ រវាង គូស្វាមីភរិយា និងចំពោះកូនៗផងដែរ
- ដោយសារអាពាហ៍ពិពាហ៍ជារបៀបរស់នៅក្នុងព្រះសហគមន៍ ត្រូវតែដឹងច្បាស់អំពីអាពាហ៍ពិពាហ៍ (ទើបចាំបាច់ ត្រូវតែមានសាក្សី)
- លក្ខណៈជាសាធារណៈនៃការយល់ព្រមជាកិច្ចការពារនូវពាក្យសន្យានេះ ដែលគូស្វាមីភរិយាបានផ្តល់ឱ្យគ្នាទៅវិញទៅមក និងជួយគេឱ្យនៅស្មោះត្រង់នឹងពាក្យសន្យានេះដែរ។
១៦៣២. គូស្វាមីភរិយាត្រូវតែត្រៀមខ្លួនមុននឹងរៀបការ ដើម្បីឱ្យពួកគេមានសេរីភាព និងទទួលវខុសត្រូវចុះកិច្ចសន្យារវាងគ្នានឹងគ្នា ហើយដើម្បីឱ្យសម្ព័ន្ធមេត្រីមានគ្រឹះដ៏រឹងមាំដែលមានលក្ខណៈជាមនុស្សសុទ្ធសាធ និងដែលមកពីគ្រីស្តសាសនាផង ៖
យកតម្រាប់មាតាបិតាជាគំរូ ប្រតិបត្តិតាមការប្រៀនប្រដៅរបស់លោក និងក្រុមគ្រួសារជាផ្លូវដ៏ពិសេសនៃការត្រៀមនេះ។
- តួនាទីរបស់ពួកគង្វាល និងសហគមន៍របស់គ្រីស្តបរិស័ទ ដែលជា “ក្រុមគ្រួសាររបស់ព្រះជាម្ចាស់” ចាំបាច់ត្រូវតែបញ្ជូនបន្តឧត្តមគតិអំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ដែលមានលក្ខណៈជាមនុស្សសុទ្ធសាធ និងដែលមកពីគ្រីស្តសាសនាផង (CIC ១០៦៣) ជាពិសេសនៅសម័យបច្ចុប្បន្ននេះ យុវជនជាច្រើនមានបទពិសោធន៍ថា ក្រុមគ្រួសារបែកបាក់គ្នា មិនអាចបញ្ជូនបន្តឧត្តមគតិនោះបានឡើយ៖
- ត្រូវបង្ហាត់យុវជនឱ្យទាន់ពេលវេលា និងតាមតម្រូវការ អំពីកិត្តិយសដ៏ថ្លៃថ្នូរនៃសេចក្តីស្នេហាជាគូស្វាមីភរិយា អំពីតួនាទី និងអំពីការអនុវត្តផងដែរ។ ដូច្នេះ យុវជន ដែលទទួលការអប់រំអំពីព្រហ្មចរិយធម៌ ដល់ពេលកំណត់ គេអាចរៀបអាពាហ៍ពិពាហ៍ រស់នៅជាគូស្វាមីភរិយា ក្រោយពីបានរស់នៅយ៉ាងថ្លៃថ្នូរតាំងពីពេលភ្ជាប់ពាក្យមក (GS ៤៩,៣)។
អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិក នឹងគ្រីស្តបរិស័ទនិកាយផ្សេង - អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិក និងអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ
១៦៣៣. ក្នុងប្រទេសជាច្រើន គ្រីស្តបរិស័ទកាតូលិកច្រើនរៀបការជាមួយគ្រីស្តបរិស័ទខាងនិកាយផ្សេង ។ គូស្វាមីភរិយា និងពួកគង្វាលត្រូវតែយកចិត្តទុកដាក់នឹងស្ថានភាពនេះ ជាពិសេសនៅពេលដែលគ្រិស្តបិរស័ទកាតូលិករៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ ។
១៦៣៤. ទោះបីគូស្វាមីភរិយាកាន់និកាយផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏គេអាចរៀបការបាន បើគេចែករំលែកនូវអ្វីៗដែលម្នាក់ៗបានទទួលក្នុងសហគមន៍របស់ខ្លួន ហើយបើគេរៀនពីគ្នាទៅវិញទៅមកអំពីរបៀបដែលរៀងៗខ្លួនជាគ្រីស្តបរិស័ទផងដែរ។ ប៉ុន្តែ យើងមិនត្រូវយល់ខុសអំពីការលំបាកផ្សេងៗដែលកើតឡើង នៅពេលដែលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយគ្រីស្តបរិស័ទខាងនិកាយផ្សេងទៀតដែរ។ ការលំបាកនោះ មកពីព្រះសហគមន៍មិនទាន់បានដោះស្រាយការបាក់បែករវាងគ្រីស្តបរិស័ទនៅឡើយ។ គូស្វាមីភរិយាអាចទទួលវិនាដកម្មនៃការបាក់បែករវាងគ្រីស្តបរិស័ទក្នុងក្រុមគ្រួសាររបស់គេផ្ទាល់។ នៅពេលដែលគ្រីស្តបរិស័ទកាតូលិកម្នាក់រៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ ការលំបាកនោះអាចកាន់តែដុនដាបទៅ។ គំនិតផ្សេងគ្នាអំពីជំនឿ អំពីអាពាហ៍ពិពាហ៍ ឬគំនិតខាងសាសនាផ្សេងគ្នា អាចបង្កើតភាពតាន់តឹងក្នុងការរស់នៅជាគូស្វាមីភរិយា ជាពិសេសចំពោះការអប់រំ កូនៗ។ ពេលនោះ គូស្វាមីភរិយាអាចចាញ់ការល្បួង មិនខ្វល់ខ្វាយនឹងសាសនាឡើយ។
១៦៣៥. តាមច្បាប់ព្រះសហគមន៍ខាងបស្ចិមប្រទេស នៅពេលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយគ្រីស្តបរិស័ទនិកាយផ្សេង គេត្រូវការការអនុញ្ញាតជាក់លាក់ ពីអាជ្ញាធរព្រះសហគមន៍ (CIC ១១២៤)។ នៅពេលដែលគ្រីស្តបិរស័ទកាតូលិករៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ គេត្រូវឱ្យមានការលើកលែងជាក់លាក់ ដើម្បីឱ្យអាពាហ៍ពិពាហ៍ត្រឹមត្រូវ (CIC ១០៨៦)។ ព្រះសហគមន៍ផ្តល់ការអនុញ្ញាត ឬការលើកលែងនោះ លុះត្រាតែភាគីទាំងពីរស្គាល់ និងមិនទាត់ចោលគោលដៅ និងលក្ខណៈសំខាន់ៗនៃអាពាហ៍ពិពាហ៍ ហើយភាគីកាតូលិកសុខចិត្តទទួលភារកិច្ចផ្តល់ពិធីជ្រមុជទឹកឱ្យកូនៗ និងអប់រំពួកគេក្នុងព្រះសហគមន៍កាតូលិក (CIC ១១២៥)។
១៦៣៦. ក្នុងតំបន់ជាច្រើន ដោយសារក្រុមអន្តរនិកាយ នៅពេលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយគ្រីស្តបរិស័ទខាងនិកាយផ្សេង សហគមន៍គ្រីស្តបរិស័ទបានចាត់ចែងឱ្យមានក្រុមរួម ដែលមានមុខងារជួយគូស្វាមីភរិយាឱ្យរស់នៅតាមស្ថានភាពពិសេសរបស់គេក្រោមពន្លឺនៃជំនឿ ហើយដើម្បីជួយពុះពារភាពតានតឹងទាំងប៉ុន្មាន ដែលកើតមកពីភារកិច្ចរបស់គូស្វាមីភរិយាចំពោះគ្នាទៅវិញទៅមក និងចំពោះសហគមន៍របស់គេ។ ក្រុមនោះ ក៏ត្រូវលើកទឹកចិត្តគូស្វាមីភរិយាឱ្យគោរពគ្នាទៅវិញទៅមកទោះបីគេខុសប្លែកពីគ្នាក៏ដោយ។
១៦៣៧. ក្នុងពេលដែលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ ស្វាមីកាតូលិកមានមុខងារពិសេស៖ “ដ្បិតព្រះជាម្ចាស់ប្រោសស្វាមីដែលមិនជឿឱ្យបានវិសុទ្ធដោយសារភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿឱ្យបានវិសុទ្ធ ក៏ដោយសារស្វាមីដែលជាអ្នកជឿនោះដែរ” (១ករ ៧,១៤)។ បើព្រះជាម្ចាស់ ដែលប្រោសអ្នកមិនជឿឱ្យបានវិសុទ្ធ ប្រោសគេឱ្យស្ម័គ្រចិត្តកែប្រែចិត្តគំនិតជឿលើគ្រីស្តសាសនា គូស្រករដែលជឿ និងព្រះសហគមន៍ពិតជាត្រេកអរណាស់។ គូស្រករដែលស្រលាញ់គ្នាដោយស្មោះ ដែលប្រតិបត្តិគុណធម៌ខាងក្រុមគ្រួសារ ដោយចិត្តសុភាពរាបសា និងដោយអំណត់ និងដែលអធិដ្ឋាន អាចរៀបចំគូស្រករដែលមិនជឿឱ្យទទួលព្រះហឫទ័យប្រណីសន្តោសដើម្បីកែប្រែចិត្តគំនិត។
៤. ផលនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
១៦៣៨. “ដោយសារគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍យ៉ាងត្រឹមត្រូវ ជាចំណង ដែលចងពួកគេ ជានិច្ចនិរន្តរ៍តរៀងទៅ។ ម្យ៉ាងទៀត ក្នុងអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា ព្រះជាម្ចាស់ពង្រឹងកម្លាំង និងដូចជាញែកគូស្វាមីភរិយា ដោយសារអគ្គសញ្ញាពិសេស ដើម្បីបំពេញភារកិច្ច និងរបៀរស់នៅយ៉ាងថ្លៃថ្នូរ” (CIC ១១៣៤)។
ចំណងនៃអាពាហ៍ពិពាហ៍
១៦៣៩. ព្រះជាម្ចាស់ផ្ទាល់ចងពាក្យសន្យា ដែលគូស្វាមីភរិយាប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក និងទទួលពីគ្នាទៅវិញទៅមក (មក ១០,៩)។ “ស្ថាប័នម៉្យាងកើតមកពីសម្ព័ន្ធមេត្រីរវាងពួកគេ គឺអាពាហ៍ពិពាហ៍ដែលធម្មវិន័យរបស់ព្រះជាម្ចាស់បញ្ជាក់ ហើយសូម្បីតែសង្គមមនុស្សក៏ទទួលស្គាល់ដែរ” (GS ៤៨,១)។ សម្ព័ន្ធមេត្រីរវាងគូស្វាមីភរិយាត្រូវរាប់បញ្ចូលក្នុងសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយមនុស្សលោក៖ “ព្រះហឫទ័យស្រលាញ់របស់ព្រះជាម្ចាស់បានលើកយកសេចក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់គូស្វាមីភរិយាឱ្យចូលរួមជាមួយ” (GS ៤៨,២)។
១៦៤០. ព្រះជាម្ចាស់ផ្ទាល់ចាត់ចែងចំណងអាពាហ៍ពិពាហ៍ ដូច្នេះហើយ ទើបគ្រីស្តបរិស័ទដែលបានរៀបការ និងបានរួមបវេណីរួចហើយ មិនអាចបំបែកពីគ្នាបានឡើយ។ ចំណងនេះ ដែលចេញមកពីកិច្ចការដ៏សេរីរបស់គូស្វាមីភរិយា ដែលបានរួមបវេណីហើយ មិនអាចដកហូតវិញបាន ហើយបង្កើតសម្ព័ន្ធមេត្រី ដែលព្រះហឫទ័យភក្ដីភាពរបស់ព្រះជាម្ចាស់ធានា។ ព្រះសហគមន៍ពុំមានអំណាចសម្រេចប្រឆាំងនឹងការចាត់ចែងនៃព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់នេះបានឡើយ (CIC ១១៤១)។
ព្រះអំណោយាទាននៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
១៦៤១. “តាមរបៀរស់នៅរបស់ខ្លួន និងតាមឋានៈរបស់ខ្លួន គ្រីស្តបរិស័ទជាគូស្វាមីភរិយា ទទួលព្រះអំណោយទានផ្ទាល់ក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់” (LG ១១)។ ព្រះអំណោយទានពិសេសនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍នេះ មានគោលដៅកែលំអសេចក្ដីស្រលាញ់រវាងគូស្វាមីភរិយាឱ្យកាន់តែល្អប្រសើរ និងជួយគេឱ្យរួមរស់ជាមួយគ្នា ដោយមិនបំបែកពីគ្នា។ ដោយសារព្រះអំណោយទាននេះ “គូស្វាមីភរិយាជួយគ្នាទៅវិញទៅមកឱ្យទៅជាជនដ៏វិសុទ្ធ តាមការរស់នៅជាគូស្វាមីភរិយា ដោយបង្កើតកូន និងអប់រំពួកវា” (LG ១១)។
១៦៤២. ព្រះគ្រីស្តជាប្រភពនៃព្រះអំណោយទាននេះ ។ “កាលពីដើម ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីប្រកបដោយព្រះហឫទ័យស្រឡាញ់ និងមានចិត្តភក្តីជាមួយប្រជារាស្រ្តព្រះអង្គយ៉ាងណា សព្វថ្ងៃព្រះសង្គ្រោះរបស់មនុស្សលោកជាព្រះស្វាមីនៃព្រះសហគមន៍ ក៏យាងមកជួបគូស្វាមីភរិយាជាគ្រីស្តបរិស័ទដោយសារអគ្គសញ្ញាអាពាហ៍ពិពាហ៍យ៉ាងនោះដែរ” (GS ៤៨,២)។ ព្រះអង្គគង់នៅជាមួយពួកគេ ប្រទានកម្លាំងឱ្យពួកគេដើរតាមព្រះអង្គ ដោយលីឈើឆ្កាងលើខ្លួនឯង ទ្រង់ឱ្យគេងើបឡើងវិញក្រោយពីបានជំពប់ដួល ឱ្យគេលើកលែងទោសឱ្យគ្នាទៅវិញទៅមក ឱ្យគេជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក (កាឡ ៦,២) ឱ្យគេ “គោរពចុះចូលគ្នាទៅវិញទៅមក ដោយកោតខ្លាចព្រះគ្រីស្ត” (អភ ៥,២១) និងឱ្យគេស្រលាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រលាញ់ហួសពីធម្មជាតិ ចេះថ្នាក់ថ្នមគ្នា និងបង្កើតផល។ ក្នុងក្ដីអំណរដែលមកពីសេចក្ដីស្រលាញ់ និងពីជីវិតក្នុងក្រុមគ្រួសាររបស់គេ ព្រះអង្គប្រទានឱ្យគេស្គាល់រសជាតិទុកជាមុននៃពិធីមង្គលការនៃកូនចៀម នៅក្នុងលោកនេះរួចហើយ៖
តើខ្ញុំនឹងយកកម្លាំងចេញមកពីណា ដើម្បីរៀបរាប់យ៉ាងត្រឹមត្រូវអំពីសុភមង្គលនៃអាពាហ៍ពិពាហ៍ តាមព្រះ សហគមន៍ ដែលតង្វាយបញ្ជាក់ ដែលពិធីថ្វាយព្រះពរចង? ពួកទេវទូតប្រកាស ហើយព្រះបិតាដែលគង់នៅស្ថានបរមសុខបញ្ជាក់សុភមង្គលនេះ (...)។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ដែលរួបរួមគ្នាក្នុងសេចក្ដីសង្ឃឹមតែមួយ ក្នុងបំណងប្រាថ្នាតែមួយ ក្នុងវិន័យតែមួយ ក្នុងកិច្ចបម្រើតែមួយ ពិតជាល្អប្រសើរណាស់! ទាំងពីរនាក់ជាបុត្រធីតារបស់ព្រះបិតាតែមួយ ជាអ្នកបម្រើរបស់ម្ចាស់តែមួយ។ គ្មានអ្វីបំបែកគេ ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ផ្ទុយទៅវិញ គេពិតជាបុគ្គលពីរនាក់ក្នុងរូបកាយតែមួយ។ នៅទីណារូបកាយមានតែមួយ នៅទីនោះមានចិត្តតែមួយដែរ (លោក ទែរទូលីយ៉ាំង; FC ១៣)។
៥. សិទ្ធិ និងភារកិច្ចនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយា
១៦៤៣. “ផ្នែកទាំងអស់នៃបុគ្គលម្នាក់ - រូបកាយនិងសភាវគតិ អារម្មណ៍និងមនោសញ្ចេតនា វិញ្ញាណនិងឆន្ទៈ - ត្របាញ់ចូលគ្នាជាសេចក្ដីស្រលាញ់របស់គូស្វាមីភរិយា។ សេចក្ដីស្រលាញ់នេះ តម្រង់ឱ្យគូស្វាមីភរិយាទៅជាបុគ្គលតែម្នាក់ ដោយរួបរួមជាមួយគ្នាមិនគ្រាន់តែខាងផ្លូវកាយទេ ជាពិសេសដោយមានចិត្តគំនិតតែមួយ។ សេចក្ដីស្រលាញ់នេះ ទាមទារឱ្យគូស្វាមីភរិយាប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមកជានិច្ចនិរន្តរ៍ ដោយមិនអាចបំបែកពីគ្នាបានឡើយ និងដោយមានចិត្តភក្ដី និងដោយបង្កើតផលផ្លែ ។ សេចក្ដីស្រលាញ់នេះ មានលក្ខណៈរបស់សេចក្ដីស្រលាញ់ជាគូស្វាមីភរិយាខាងធម្មជាតិ ប៉ុន្តែ មានអត្ថន័យថ្មី ដែលមិនត្រឹមតែបន្សុទ្ធ និងពង្រឹងលក្ខណៈនោះទេ ថែមទាំងលើកលក្ខណៈនោះរហូតដល់ទៅជាឧត្តមគតិរបស់គ្រីស្តសាសនាផ្ទាល់” (FC ១៣)។
គូស្វាមីភរិយារួមជាមួយគ្នា ដោយមិនអាចបំបែកពីគ្នាបានឡើយ
១៦៤៤. សេចក្ដីស្រលាញ់របស់គូស្វាមីភរិយាទាមទារឱ្យសហគមន៍របស់គេរួមជាមួយគ្នា ដោយមិនអាចបំបែកពីគ្នាបានឡើយ៖ “គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ” (មថ ១៩,៦)។ “ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យរីកចម្រើនជានិច្ច ក្នុងការរួបរួមជាមួយគ្នា ដោយគោរពពាក្យសន្យានៃអាពាហ៍ពិពាហ៍ ក្នុងជីវិតប្រចាំថ្ងៃ គឺប្រគល់ខ្លួនទាំងស្រុងចំពោះគ្នាទៅវិញទៅមក” (FC ១៩)។ ការរួបរួមជាមួយព្រះយេស៊ូគ្រីស្តដែលផ្តល់អគ្គសញ្ញាអាពាហ៍ពិពាហ៍បញ្ជាក់ បន្សុទ្ធ និងបំពេញការរួបរួមនេះ ដែលមានលក្ខណៈជាមនុស្សសុទ្ធសាធ។ ការរស់នៅដោយមានជំនឿតែមួយ និងការទទួលពិធីអរព្រះគុណរួមជាមួយគ្នាពង្រឹងការរួបរួមជាមួយគ្នានេះ។
១៦៤៥. “ពេលគូស្វាមីភរិយាស្នេហាគ្នាយ៉ាងពេញលក្ខណៈ នោះបុរសនិងស្រ្តីមានកិត្តិយសថ្លៃថ្នូរ និងមានឋានៈស្មើគ្នា។ សមភាពនេះ បង្ហាញយ៉ាងច្បាស់ថា ត្រូវមានគូស្រករតែមួយគត់ដូចព្រះអម្ចាស់បានបញ្ជាក់ស្រាប់ហើយ” (GS ៤៩,២)។ បើបុរសមានភរិយាច្រើន ឬស្រ្តីមានស្វាមីច្រើន គេប្រឆាំងនឹងកិត្តិយស ដ៏ថ្លៃថ្នូរស្មើគ្នានេះ និងសេចក្ដីស្រលាញ់ជាគូស្វាមីភតិយាដែលមានតែមួយចំពោះគ្នា (FC ១៩)។
ភក្តីភាពនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយា
១៦៤៦. សេចក្ដីស្រលាញ់ជាគូស្វាមីភរិយទាមទារឱ្យគូស្វាមីភរិយាមានចិត្តភក្ដី ដែលមិនអាចរំលោភបានឡើយ ដ្បិតពួកគេប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។ សេចក្ដីស្រលាញ់មានជាស្ថាពរ មិនអាចបញ្ចប់បានឡើយ។ “គេដឹងខ្លួនថា គេរួបរួមគ្នាដោយចិត្តថ្លើមតែមួយ និងរួបរួមគ្នាកាន់តែជិតស្និទ្ធ ដោយប្រគល់ខ្លួនទៅវិញទៅមក ដោយរួមបវេណី និងទាមទារឱ្យគូស្វាមីភរិយា មានចិត្តភក្តីទាំងស្រុង មិនអាចបំបែកបានឡើយ” (GS ៤៨,១)។
១៦៤៧. មូលហេតុដ៏សំខាន់នៃការទាមទារនេះ ស្ថិតនៅក្នុងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ចំពោះសម័្ពន្ធមេត្រីរបស់ព្រះអង្គ ឬរបស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ព្រះអង្គ។ ដោយសារអគ្គសញ្ញាអាពាហ៍ពិពាហ៍ គូស្វាមីភរិយាអាចធ្វើជាតំណាង និងអាចផ្ដល់សក្ខីភាពចំពោះភក្ដីភាពនេះ។ ដោយសារអគ្គសញ្ញា អាពាហ៍ពិពាហ៍ដែលមិនអាចរំលាយបាន ទទួលអត្ថន័យថ្មី និងស៊ីជម្រៅបំផុត។
១៦៤៨. ប្រហែលជាមានអ្នកខ្លះគិតថា យើងមិនអាចរួមរស់ជាមួយម្នាក់ផ្សេងទៀតអស់មួយជីវិតបានឡើយ។ ហេតុនេះហើយ បានជាត្រូវតែប្រកាសដំណឹងល្អថា ព្រះជាម្ចាស់ស្រលាញ់យើងដោយសេចក្ដីស្រលាញ់ជាស្ថាពរ ដែលមិនអាចដកហូតបានឡើយ។ គូស្វាមីភរិយាទទួលចំណែកក្នុងសេចក្ដីស្រលាញ់នេះ ដែលជួយទ្រទ្រង់គេ ហើយបើគេនៅភក្ដីនឹងគ្នា គេអាចធ្វើជាសាក្សីនៃសេចក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់បាន។ ព្រះសហគមន៍គួរគាំទ្រ និងដឹងគុណចំពោះគូស្វាមីភរិយា ដែលផ្តល់សក្ខីភាពអំពីសេចក្ដីស្រលាញ់នេះ ជារឿយៗក្នុងស្ថានភាពដ៏លំបាក (ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយគេផង) (FC ២០)។
១៦៤៩. ប៉ុន្តែ ទោះជាយ៉ាងណាក៏មានអ្នកខ្លះដែរ ស្ថិតនៅក្នុងស្ថានភាពដែលមិនអាចរស់នៅជាមួយគ្នា ក្រោយពី បានរៀបអាពាហ៍ពិពាហ៍រួច បណ្តាលមកអំពីមូលហេតុផ្សេងៗ។ ក្នុងករណីនោះ ព្រះសហគមន៍អនុញ្ញាតឱ្យស្វាមីភរិយាបែកគ្នា ដោយរាងកាយ និងលែងរស់នៅជាមួយគ្នា។ ស្វាមីភរិយានៅតែជាប្តីប្រពន្ធចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ក៏ប៉ុន្តែមិនអាចរៀបការម្តងទៀតទេ។ ក្នុងស្ថានភាពដ៏លំបាកនេះ មានតែការសម្រុះសម្រួលគ្នាទេ ទើបជា ដំណោះស្រាយដ៏ប្រសើរ ប្រសិនជាអាចធ្វើទៅរួច។ ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ឱ្យរួមចំណែកជាមួយ អ្នកទាំងអស់នោះ ដើម្បីឱ្យពួកគេរស់នៅក្នុងសភាពជាគ្រីស្តបរិស័ទ មានភក្តីភាពចំពោះចំណងអាពាហ៍ពិពាហ៍ ដែលមិនអាចបំបែកចេញពីគ្នា។
១៦៥០. សព្វថ្ងៃនេះ មានគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសជាច្រើន ដែលលែងលះគ្នា ហើយដែលរៀបអាពាហ៍ពិពាហ៍ម្តងទៀត តាមច្បាប់រដ្ឋបវេណី។ ព្រះសហគមន៍នៅតែប្រកាន់តាមព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តថា៖ “ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ” (មក ១០,១១-១២) ដូច្នេះ បើអាពាហ៍ពិពាហ៍ដំបូងត្រឹមត្រូវ ព្រះសហគមន៍ក៏មិនអាចទទួលស្គាល់ចំណងអាពាហ៍ពិពាហ៍ថ្មីទេ។ ប្រសិនបើអ្នកដែលបានលែងលះគ្នា ហើយទៅរៀបការម្តងទៀតតាមច្បាប់រដ្ឋបវេណី នោះពួកគេស្ថិតនៅក្នុងស្ថាន ភាពដែលផ្ទុយនឹងវិន័យរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ ពួកគេមិនអាចទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត ក្នុងស្ថានភាពបែបនេះទេ។ ដូចគ្រានេះដែរ ពួកគេមិនអាចទទួលភារកិច្ចណាមួយក្នុងព្រះសហគមន៍បានឡើយ។ ព្រះសហគមន៍អាចផ្តល់អគ្គសញ្ញាលើកលែងទោស ទាល់តែអ្នកទាំងអស់នោះសោកស្តាយបានរំលោភបំពានលើ សញ្ញាសម្គាល់នៃសម័្ពន្ធមេត្រី និងភក្តីភាពចំពោះព្រះគ្រីស្ត ហើយប្តេជ្ញាថា នឹងរស់នៅដោយមិនរួមរ័ក្សជាមួយគ្នាជា ដាច់ខាត។
១៦៥១. ចំពោះគ្រីស្តបរិស័ទ ដែលរស់នៅក្នុងស្ថានភាពបែបនេះ ហើយនៅតែរក្សាជំនឿ និងមានបំណងអប់រំកូនៗ ទៅតាមគ្រីស្តសាសនា ពួកបូជាចារ្យ និងសហគមន៍ទាំងមូលត្រូវតែបង្ហាញនូវការយកចិត្តទុកដាក់ទៅលើពួកគេ កុំ ឱ្យពួកគេយល់ថា ពួកគេបែកចេញពីព្រះសហគមន៍ ដែលពួកគេអាច និងត្រូវរួមចំណែក ក្នុងឋានៈជាអ្នកដែលបានជ្រមុជទឹក៖
ត្រូវអញ្ជើញពួកគេមកស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ចូលរួមថ្វាយអភិបូជា ព្យាយាមអធិដ្ឋានជានិច្ច ចូលរួម ធ្វើវិភាគទាន និងចូលរួមក្នុងសកម្មភាពព្រះសហគមន៍ក្នុងការរកយុត្តិធម៌ អប់រំកូនៗតាមគ្រីស្តសាសនា សោកស្តាយអំពើបាបរបស់ខ្លួន និងអង្វរព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ពីមួយថ្ងៃទៅមួយថ្ងៃ (FC ៨៤)។
ត្រូវតែយល់ព្រមបន្តពូជ (សមិទ្ធិផល)
១៦៥២. “លក្ខណៈនៃអាពាហ៍ពិពាហ៍និងលក្ខណៈនៃសេចក្តីស្រឡាញ់របស់គូស្វាមីភរិយា តម្រង់ទិសទៅរកការបន្តពូជ និងទៅឱ្យការអប់រំកូន ដែលហាក់ដូចជាគោលដៅដ៏កំពូលនៃអាពាហ៍ពិពាហ៍ និងនៃសេចក្តីស្រឡាញ់ជាគូស្វាមីភរិយា” (GS ៤៨,១)៖
កូនៗជាអំណោយទានដ៏ប្រសើរបំផុតនៃការរួមរស់ជាគូស្វាមីភរិយា ហើយក៏ជួយផ្តល់សេចក្តីសុខដល់ឪពុកម្តាយយ៉ាងខ្លាំងដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គថា “បើមនុស្សប្រុសនៅតែឯង មិនស្រួលទេ ” (កណ ២,១៨)។ តាំងពីដើមរៀងមក ព្រះអង្គបង្កើតមនុស្សជាបុរសនិងជាស្រ្តី (មថ ១៩,៤) ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យមនុស្សទទួលចំណែកពិសេសក្នុងកិច្ចបង្កើតរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គប្រទានពរឱ្យបុរសនិងស្រ្តីថា៖ “ចូរបង្កើតកូនចៅឱ្យបានកើនច្រើនឡើង” (កណ ១,២៨)។ ដូច្នេះ ស្នេហាដ៏ពិតប្រាកដ តាមការយល់ឃើញយ៉ាងត្រឹមត្រូវ ដូចរចនាសម្ពន្ធនៃក្រុមគ្រួសារដែលហូរមកពីស្នេហានោះ ក៏តម្រង់ទៅជួយឱ្យគូស្វាមីភរិយាមានចិត្តទូលាយសហការជាមួយព្រះហឫទ័យស្រឡាញ់របស់ព្រះបង្កើត និងរបស់ព្រះសង្រ្គោះ គឺព្រះអង្គមានបំណងចង់ពង្រីកមហាគ្រួសាររបស់ព្រះអង្គ និងឱ្យមហាគ្រួសារនោះកាន់តែប្រសើរឡើងៗ ដោយសារពួកគេ (GS ៥០,១)។
១៦៥៣. ផលនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយាលាតសន្ធឹងដល់ផលនៃជីវិតខាងសីលធម៌ ជីវិតខាងវិញ្ញាណ និងការស់នៅហួសធម្មជាតិ ដែលឪពុកម្តាយបញ្ជូនបន្តដល់កូនៗរបស់គេ ដោយសារការអប់រំ។ ឪពុកម្តាយជាគ្រូអប់រំដំបូង និងសំខាន់ជាងគេ នៃកូនៗ (GE ៣)។ តាមអត្ថន័យនេះ មុខងារសំខាន់ជាងគេរបស់គូស្វាមីភរិយា និងក្រុមគ្រួសារ គឺបម្រើជីវិត (FC ២៨)។
១៦៥៤. គូស្វាមីភរិយា ដែលព្រះជាម្ចាស់មិនបានប្រោសប្រទានឱ្យមានកូន អាចមានការរស់នៅជាគូ ស្វាមីភរិយាពោរពេញដោយអត្ថន័យ តាមលក្ខណៈជាមនុស្សសុទ្ធសាធផង និងតាមគ្រីស្តសាសនាផងដែរ។ ពួក គេអាចបង្កើតផលផ្លែបានច្រើន ដោយស្រលាញ់ និងជួយអ្នកដទៃ និងដោយសុខចិត្តលះបង់ខ្លួនឯងផងដែរ។
៦. ក្រុមគ្រួសារជាព្រះសហគមន៍ដ៏តូចមួយ
១៦៥៥. ព្រះគ្រីស្តសព្វព្រះហឫទ័យប្រសូត និងចម្រើនឡើងក្នុងចំណោមក្រុមគ្រួសារដ៏វិសុទ្ធរបស់លោក យ៉ូសែប និងនាងម៉ារី។ ព្រះសហគមន៍ជា “ក្រុមគ្រួសាររបស់ព្រះជាម្ចាស់”។ តាំងពីដើមដំបូង អស់អ្នក “រួបរួមជាមួយក្រុមគ្រួសារ” របស់ពួកគេ ដែលបានទៅជាអ្នកជឿ (កក ១៨,៨) ជាស្នូលនៃព្រះសហគមន៍។ នៅពេលដែលពួកគេកែប្រែចិត្តគំនិត ពួកគេប៉ងប្រាថ្នាឱ្យ “ក្រុមគ្រួសារ” ទាំងអស់របស់ពួកគេទទួលការសង្រ្គោះផងដែរ (កក ១៦,៣១ និង ១១,១៤)។ ក្រុមគ្រួសារដែលបានទៅជាអ្នកជឿដូចជាកោះដ៏តូចៗនៃរបៀបរស់នៅជាគ្រីស្តបរិស័ទក្នុងចំណោមមនុស្សលោកដែលមិនជឿ។
១៦៥៦. សព្វថ្ងៃនេះ ក្នុងលោកដែលមិនស្គាល់ជំនឿ ឬជូនកាលដែលប្រឆាំងនឹងជំនឿ ក្រុមគ្រួសារជាអ្នកជឿមានសារៈសំខាន់ណាស់ ដូចជាក្រុមតូចៗដែលមានជំនឿដ៏រស់រវើក និងដែលបំភ្លឺមនុស្សលោក។ ហេតុនេះហើយ បានជាតាមពាក្យបុរាណមួយ មហាសន្និបាតវ៉ាទីកង់ទីពីរហៅក្រុមគ្រួសារ Ecclesia domestica (ព្រះសហគមន៍ដ៏តូច) (LG ១១; FC ២១) ។ “ឪពុកម្តាយជាអ្នកប្រកាសជំនឿមុនគេដល់កូនរបស់ខ្លួនដោយពាក្យសម្តី និងដោយធ្វើជាគំរូដល់កូន (...)។ ឪពុកម្តាយបម្រើព្រះជាម្ចាស់ដែលត្រាស់ហៅកូនម្នាក់ៗ ឱ្យបំពេញមុខងាររបស់ខ្លួន ជាពិសេសត្រាស់ហៅឱ្យទៅជាបូជាចារ្យ” (LG ១១)។
១៦៥៧. ឪពុកម្តាយ កូនៗ និងសមាជិកទាំងអស់របស់ក្រុមគ្រួសារបំពេញមុខងារជាបូជាចារ្យដែលមកពីអគ្គសញ្ញាជ្រមុជទឹក តាមរបៀបយ៉ាងពិសេស “ដោយទទួលអគ្គសញ្ញានានា ដោយអធិដ្ឋាន ដោយអរព្រះគុណ ដោយរស់នៅយ៉ាងវិសុទ្ធទុកជាសក្ខីភាព ដោយលះបង់ និងដោយប្រព្រឹត្តតាមសេចក្ដីស្រឡាញ់យ៉ាងសកម្មដែរ” (LG ១០)។ ដូច្នេះ ក្រុមគ្រួសារដូចជាសាលារៀនខាងគ្រីស្តសាសនាដើមដំបូង និងដូចជា “សាលាអប់រំមនុស្សឱ្យរីកចម្រើន” (GS ៥២,១)។ នៅទីនេះ យើងរៀនឱ្យមានចិត្តព្យាយាម អំពីអំណរដែលបានមកពីការងារ អំពីសេចក្ដីស្រលាញ់ដូចជាបងប្អូន អំពីការលើកលែងទោស ទោះជាត្រូវតែលើកលែងទោសម្តងទៀត ហើយជាពិសេសយើងរៀនលើកតម្កើងព្រះជាម្ចាស់ ដោយអធិដ្ឋាន និងបូជាជីវិត។
១៦៥៨. ត្រូវតែនឹករលឹកដល់អស់អ្នកដែលរស់នៅតែម្នាក់ឯង ដោយសារល័ក្ខខ័ណ្ឌនៃការរស់នៅរបស់គេ - ជារឿយៗផ្ទុយនឹងឆន្ទៈរបស់ខ្លួន - ដែលនៅជិតស្និទ្ធនឹងព្រះយេស៊ូ ហើយដែលព្រះសហគមន៍ ជាពិសេសពួកគង្វាលគួរយកចិត្តទុកដាក់ជាប្រញាប់។ ក្នុងចំណោមពួកគេ មនុស្សជាច្រើនគ្មានក្រុមគ្រួសារ ជូនកាលដោយសារ ជីវភាពក្រីក្រ។ អ្នកខ្លះរស់នៅតាមដំណឹងល្អ ដោយបម្រើព្រះជាម្ចាស់ និងអ្នកដទៃ និងគួរឱ្យយកតម្រាប់តាម។ ត្រូវតែបើកទ្វារនៃ “ព្រះសហគមន៍ដ៏តូច” និងមហាគ្រួសារដែលជាព្រះសហគមន៍ ឱ្យពួកគេទាំងអស់គ្នា។ “គ្មាននរណាម្នាក់ពុំមានក្រុមគ្រួសារនៅក្នុងលោកនេះទេ។ ព្រះសហគមន៍ជាផ្ទះ និងជាក្រុមគ្រួសាររបស់មនុស្សទាំងអស់ ពិសេសអស់អ្នកដែល “នឿយហត់ និងមានបន្ទុកធ្ងន់” (មថ ១១,២៨)” (FC ៨៥)។
សង្ខេប
១៦៥៩. សន្តប៉ូលមានប្រសាសន៍ថា៖ “ ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ (...) គម្រោងការដ៏លាក់កំបាំងនេះ មានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះគ្រីស្ត និងព្រះសហគមន៍តែប៉ុណ្ណោះ” (អភ ៥,២៥.៣២)។
១៦៦០. ព្រះជាម្ចាស់ជាអ្នកបង្កើតសម្ព័ន្ធមេត្រីជាគូស្វាមីភរិយា ដោយមានបុរស និងស្រ្តីធ្វើជាសហគមន៍ដ៏ជិតស្និទ្ធ ដោយអ្នកទាំងពីររួមរស់ជាមួយគ្នានិងស្រឡាញ់គ្នា ហើយទ្រង់បានប្រទានវិន័យនេះឱ្យសហគមន៍នេះផ្ទាល់។ លក្ខណៈសហគមន៍នេះ មានគោលដៅតម្រង់ទៅរកផលប្រយោជន៍គូស្វាមីភរិយា ក្នុងការបន្តពូជ និងការអប់រំកូន។ ព្រះគ្រីស្តជាព្រះអម្ចាស់បានលើកសម័្ពន្ធមេត្រីរវាងគ្រីស្តបរិស័ទនេះឱ្យមានឋានៈជាអគ្គសញ្ញា (GS ៤៨,១; CIC ១០៥៥,១)។
១៦៦១. អគ្គសញ្ញាអាពាហ៍ពិពាហ៍សម្ដៅទៅលើការរួបរួមរវាងព្រះគ្រីស្ត និងព្រះសហគមន៍។ អគ្គសញ្ញា នេះ ផ្តល់ឱ្យគូស្វាមីភរិយាអាចស្រលាញ់គ្នា ដូចព្រះគ្រីស្តបានស្រលាញ់ព្រះសហគមន៍ផងដែរ។ ព្រះអំណោយទាននៃអគ្គសញ្ញានេះធ្វើឱ្យសេចក្ដីស្រលាញ់រវាងគូស្វាមីភរិយាកាន់តែប្រសើរៗ ពង្រឹងឯកភាពរបស់គេ ដែលមិនអាចរលាយបាន និងធ្វើឱ្យគេទៅជាជនដ៏វិសុទ្ធនៅលើផ្លូវនៃជីវិតអស់កល្បជានិច្ច (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៧៩៩)។
១៦៦២. អាពាហ៍ពិពាហ៍កើតឡើងនៅពេលដែលគូស្រករទាំងពីរយល់ព្រមរៀបការ ពោលគឺគេមានបំណងចង់ ប្រគល់គ្នាទៅវិញទៅមកជាស្ថាពរ ក្នុងគោលដៅចងសម្ព័ន្ធមេត្រីពោរពេញដោយសេចក្ដីស្រលាញ់ដ៏ស្មោះដែលបង្កើតផល។
១៦៦៣. ដោយសារអាពាហ៍ពិពាហ៍ចាត់ចែងគូស្រករឱ្យមានលក្ខណៈរស់នៅជាសាធារណៈក្នុងព្រះសហគមន៍ គួរប្រាព្ធពិធីអាពាហ៍ពិពាហ៍ជាសាធារណៈ ដូចពិធីបុណ្យ ចំពោះមុខលោកបូជាចារ្យ (ឬសាក្សីពិត ប្រាកដរបស់ព្រះសហគមន៍) សាក្សី និងអង្គប្រជុំគ្រីស្តបរិស័ទ។
១៦៦៤. ដើម្បីរៀបអាពាហ៍ពិពាហ៍ គូស្រករត្រូវតែរួមឯកភាព និងយល់ព្រមឱ្យបន្តពួជ។ ម្យ៉ាងទៀត អាពាហ៍ពិពាហ៍មិនអាចរលាយបានដែរ។ ការមានភរិយា (ឬស្វាមី) ជាច្រើនប្រឆាំងនឹងឯកភាពនៃអាពាហ៍ពិពាហ៍ ការលែងលះបំបាក់បំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំ ហើយបើគូស្រករមិនព្រមបង្កើតផល គេមិនអាចទទួល “ព្រះអំណោយទានដ៏ប្រសើរ” នៃអាពាហ៍ពិពាហ៍ គឺកូនក្មេង (GS ៥០,១)។
១៦៦៥. បើគូស្រកររៀបការជាមួយម្នាក់ផ្សេងទៀត នៅពេលដែលគូស្រករឯទៀតនៅតែមានជីវិត គេ ប្រឆាំងនឹងគម្រោងការ និងវិន័យរបស់ព្រះជាម្ចាស់ ដែលព្រះគ្រីស្តបានប្រៀនប្រដៅ។ គេមិនបែកចេញពីព្រះ សហគមន៍ទេ ប៉ុន្តែគេមិនអាចទទួលព្រះកាយព្រះលោហិតព្រះគ្រីស្តបានឡើយ។ គេនឹងរស់នៅតាមគ្រីស្ត សាសនាដោយអប់រំកូនក្នុងជំនឿ។
១៦៦៦. ក្រុមគ្រួសារជាគ្រីស្តបរិស័ទជាកន្លែង ដែលកូនក្មេងទទួលការប្រកាសជំនឿជាលើកទីមួយ។ ហេតុនេះហើយ បានជាគេហៅយ៉ាងត្រឹមត្រូវក្រុមគ្រួសារនេះថា “ព្រះសហគមន៍ដ៏តូច” ជាសហគមន៍ពោរពេញ ដោយព្រះអំណោយទាន ដែលមានការអធិដ្ឋាន ជាសាលានៃគុណធម៌របស់មនុស្ស និងសេចក្ដីស្រលាញ់នៃគ្រីស្ត សាសនា។
ជំពូកទីបួន៖
ពិធីលើកតម្កើងផ្សេងទៀត
ប្រការទី១៖ អនុសញ្ញា
១៦៦៧. “ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធ ក៏តែងតាំងអនុសញ្ញាផ្សេងៗ ដែលជាសញ្ញាសម្គាល់ដ៏សក្ការៈ ស្រដៀងនឹងអគ្គសញ្ញាម៉្យាង សម្តែងជាពិសេសអំពីផលខ្លះខាងព្រះវិញ្ញាណ ដែលគ្រីស្តបរិស័ទទទួលដោយពាក្យអង្វររបស់ព្រះសហគមន៍។ ដោយអនុសញ្ញាទាំងនោះ មនុស្សមានចិត្តចង់ទទួលផលដ៏សំខាន់ជាងគេនៃអគ្គសញ្ញា ហើយក៏បានវិសុទ្ធតាមសភាពការណ៍ផ្សេងៗប្រចាំជីវិតនៅរបស់គេ” (SC ៦០)។
លក្ខណៈពិសេសនៃអនុសញ្ញា
១៦៦៨. ព្រះសហគមន៍តែងតាំងអនុសញ្ញា ដើម្បីឱ្យមុខងារបម្រើព្រះសហគមន៍ របៀបរស់នៅខ្លះ កាលៈទេសៈផ្សេងៗនៃជីវិតរបស់គ្រីស្តបរិស័ទ និងការប្រើប្រាស់របស់របរដែលមានប្រយោជន៍ចំពោះមនុស្ស ឱ្យបានវិសុទ្ធ។ តាមការសម្រេចចិត្តរបស់លោកអភិបាល អនុសញ្ញាអាចបំពេញតម្រូវការ វប្បធម៌ និងប្រវត្តិសាស្រ្តពិសេសរបស់ប្រជាជនគ្រីស្តបរិស័ទនៃតំបន់ ឬសម័យណាមួយ។ ក្នុងអនុសញ្ញានានា តែងតែមានសេចក្ដី អធិដ្ឋាន ជារឿយៗមានកាយវិការមួយ ដូចជាពិធីដាក់ដៃ សញ្ញាឈើឆ្កាង ការប្រោះទឹកវិសុទ្ធ (ដែលរំលឹកអំពីពិធី ជ្រមុជទឹក)។
១៦៦៩. អនុសញ្ញាមកពីឋានៈជាគ្រីស្តបរិស័ទដែសបានជ្រមុជទឹក ដែលសុទ្ធតែជាបូជាចារ្យ គឺព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យទៅជា “ព្រះពរ” (កណ ១២,២) និងឱ្យប្រទានពរ (លក ៦,២៨; រម ១២,១៤; ១ពត្រ ៣,៩)។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាអាចណែនាំពិធីខ្លះ (SC ៧៩; CIC ១១៦៨)។ បើពិធីមួយទាក់ទងកាន់តែច្រើននឹងការរស់នៅក្នុងព្រះសហគមន៍ និងខាងអគ្គសញ្ញា អ្នកទទួលមុខងារបម្រើព្រះសហគមន៍ (អភិបាល បូជាចារ្យ ឬឧបដ្ឋាក) (Ben ១៦; ១៨) ត្រូវធ្វើអធិបតី។
១៦៧០. អនុសញ្ញាមិនផ្តល់ព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធដូចអគ្គសញ្ញាទេ ប៉ុន្តែ ដោយសារការអធិដ្ឋានរបស់ព្រះសហគមន៍ អនុសញ្ញារៀបចំឱ្យទទួលការប្រណីសន្តោស និងឱ្យរួមសហការជាមួយផង។ “ចំពោះគ្រីស្តបរិស័ទដែលរកព្រះជាម្ចាស់ដោយចិត្តទៀងត្រង់ ពិធីផ្សេងៗនៃអគ្គសញ្ញា និងអនុសញ្ញានានា នាំឱ្យស្ទើតែគ្រប់ព្រឹត្តិការណ៍ប្រចាំការរស់នៅរបស់គេបានវិសុទ្ធ ដោយព្រះហឬទ័យប្រណីសន្តោស ដែលហូរចេញមកពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង ពោលគឺពីព្រះគ្រីស្តរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មថ្មី។ គឺព្រះគ្រីស្តនេះហើយ ដែលប្រោសឱ្យអគ្គសញ្ញា និងអនុសញ្ញាទាំងប៉ុន្មានមានអនុភាព។ វត្ថុស្ទើតែទាំងអស់ដែលមនុស្សប្រើប្រាស់យ៉ាងត្រឹមត្រូវ ក៏អាចតម្រង់ទៅរកគោលដៅតែមួយនេះ គឺធ្វើឱ្យមនុស្យបានវិសុទ្ធ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” (SC ៦១)។
អនុសញ្ញាផ្សេងៗ
១៦៧១. ក្នុងចំណោមអនុសញ្ញា មានពិធីប្រទានព្រះពរ (ដល់មនុស្ស តុ វត្ថុ កន្លែង)។ ពិធីប្រទានពរនានាដូចជាការលើកតម្កើងព្រះជាម្ចាស់ និងពាក្យអង្វរឱ្យព្រះអង្គប្រោសប្រទានព្រះអំណោយទានផងដែរ។ ព្រះជាម្ចាស់ជាព្រះបិតាប្រទានព្រះពរ “គ្រប់យ៉ាងផ្នែកខាងវិញ្ញាណ” (អភ ១,៣) ដល់គ្រីស្តបរិស័ទ ក្នុងអង្គព្រះគ្រីស្ត។ ហេតុនេះហើយ បានជាព្រះសហគមន៍ប្រទានពរ ដោយអង្វរព្រះនាមព្រះយេស៊ូ និងជាធម្មតាដោយធ្វើសញ្ញាដ៏វិសុទ្ធនៃព្រះឈើឆ្កាងរបស់ព្រះគ្រីស្ត។
១៦៧២. ព្រះពរខ្លះមានឥទ្ធិពលខ្លាំងណាស់ គឺមានគោលដៅញែក មនុស្សខ្លះចំពោះព្រះជាម្ចាស់ និងទុកវត្ថុ ឬកន្លែងខ្លះសម្រាប់ពិធីបុណ្យ។ ក្នុងចំណោមព្រះពរចំពោះមនុស្ស - ដែលមិនត្រូវច្រឡំនឹងអគ្គសញ្ញាតែងតាំង - មានព្រះពរលើប្រធានអារាម ការញែកប្រសិទ្ធព្រហ្មចារិនី ពិធីធ្វើពាក្យសច្ចាប្រណិធាន ហើយព្រះពរចំពោះមុខងារខ្លះៗក្នុងព្រះសហគមន៍ (អ្នកអានព្រះបន្ទូល អ្នកបម្រើអាសនៈ អ្នកណែនាំអប់រំជំនឿ ជាដើម)។ ឯព្រះពរ ដែលទាក់ទងនឹងវត្តុ មានពិធីឧទិ្ទស ឬពិធីឆ្លងព្រះវិហារ ឬអាសនៈ ពិធីព្រះពរប្រេង ចាន ពែង និងសំលៀកបំពាក់ដ៏សក្ការៈ ជួង ជាដើម។
១៦៧៣. មានពិធីដេញខ្មោច នៅពេលដែលព្រះសហគមន៍ប្រកបដោយអំណាច សុំជាសាធារណៈ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ឱ្យព្រះជាម្ចាស់ការពារមនុស្សម្នាក់ ឬវត្ថុណាមួយ ប្រឆាំងនឹងមារសត្រូវ ឬឱ្យចាកផុតពីអំណាចរបស់វា។ ព្រះយេស៊ូបានប្រតិបត្តិតាម (មក ១,២៥ត) ហើយព្រះអង្គបានប្រគល់អំណាច និងបន្ទុកដេញខ្មោចឱ្យព្រះសហគមន៍ (មក ៣,១៥; ៦,៧.១៣; ១៦,១៧)។ តាមរបៀបសាមញ្ញ យើងធ្វើពិធីដេញខ្មោចក្នុងអគ្គសញ្ញាជ្រមុជទឹក។ ដោយមានការអនុញ្ញាតពីលោកអភិបាល មានតែលោកបូជាចារ្យទេ ដែលអាចធ្វើពិធីដេញខ្មោចយ៉ាងឧឡារិក ដែលគេហៅថា “មហាពិធីដេញខ្មោច”។ ត្រូវប្រតិបត្តិតាមដោយប្រុងប្រយ័ត្ន និងដោយគោរពយ៉ាងតឹងរ៉ឹង វិន័យរបស់ព្រះសហគមន៍។ ពិធីនេះ មានគោលដៅដេញខ្មោច ឬរំដោះឱ្យរួចពីមារ ដោយសារអំណាចខាងវិញ្ញាណ ដែលព្រះយេស៊ូបានប្រគល់ឱ្យព្រះសហគមន៍របស់ព្រះអង្គ។ ប៉ុន្តែ យើងមិនត្រូវច្រឡំនឹងជម្ងឺផ្លូវចិត្តខ្លះ ដែលជាសមត្ថកិច្ចរបស់គ្រូពេទ្យ។ ដូច្នេះ មុនធ្វើពិធីដេញខ្មោច ត្រូវតែដឹងច្បាស់ថា តើករណីនោះមកពីវត្តមានរបស់មារ ឬមកពីជម្ងឺណាមួយ?
ពិធីប្រជាប្រិយ
១៦៧៤. ក្រៅពីពិធីបុណ្យនៃអគ្គសញ្ញា និងអនុសញ្ញា ការអប់រំជំនឿត្រូវយកចិត្តទុកដាក់ទៅលើលក្ខណៈ នៃការគោរពប្រណិប័តន៍ចំពោះព្រះជាម្ចាស់របស់គ្រីស្តបរិស័ទ និងទៅតាមជំនឿដែលមានលក្ខណៈប្រជាប្រិយ។ គ្រប់សម័យកាលទាំងអស់ ប្រជាជនគ្រីស្តបរិស័ទបានសម្ដែងចេញជំនឿរបស់ខ្លួន តាមលក្ខណៈផ្សេងៗ រួមជាមួយអគ្គសញ្ញានៃព្រះសហគមន៍ ដូចជាការគោរពបូជាចំពោះសរីរធាតុ ទស្សនកិច្ចទៅទីកន្លែងសក្ការៈនានា បូជនីយេសចរណ៍ ក្បួនដង្ហែផ្សេងៗ ផ្លូវដើរឈើឆ្កាង របាំសាសនា ផ្គាំ បន្តោង ជាដើម (មហាសន្និបាតនៅទីក្រុងនីសេទី២៖ DS ៦០១; ៦០៣; មហានសន្និបាតនៅទីក្រុងត្រង់៖ DS ១៨២២)។
១៦៧៥. ការថ្វាយងបង្គំទាំងអស់នោះបន្តជីវិតនៃពិធីបុណ្យព្រះសហគមន៍ ប៉ុន្តែមិនជំនួសពិធីបុណ្យនោះទេ៖ “ត្រូវធ្វើឱ្យការថ្វាយបង្គំនោះស្របតាមរដូវនានានៃពិធីបុណ្យ ដើម្បីឱ្យសមស្របនឹងពិធីបុណ្យ ដើម្បីឱ្យហូរចេញមកពីពិធីបុណ្យ និងដើម្បីបញ្ចូលប្រជាជនក្នុងពិធីបុណ្យ ពីព្រោះជាការពិត ដោយសារខ្លឹមសាររបស់ពិធីបុណ្យល្អប្រសើរ ជាងការថ្វាយបង្គំនោះផងដែរ” (SC ១៣)។
១៦៧៦. ត្រូវតែរិះគិតពិចារណាក្នុងព្រះសហគមន៍ ដើម្បីគាំទ្រ និងជួយទៅដល់ពិធីប្រជាប្រិយ និងតាមកាលៈទេសៈដើម្បីបន្សុទ្ធ និងកែតម្រូវអត្ថន័យខាងសាសនា ដែលមានក្នុងពិធីទាំងអស់នោះ ដើម្បីឱ្យអស់អ្នកដែល ប្រារព្ធពិធីទាំងអស់នោះ ស្គាល់អាឋ៌កំបាំងរបស់ព្រះគ្រីស្តកាន់តែច្បាស់លាស់។ ការប្រតិបត្តិពិធីប្រជាប្រិយស្ថិតនៅ ក្រោមការវិនិច្ឆ័យរបស់លោកអភិបាល និងទៅតាមល័ក្ខខ័ណ្ឌទូទៅរបស់ព្រះសហគមន៍។
. ជាធម្មតា ពិធីប្រជាប្រិយជាសំណុំនៃគុណសម្បត្តិ ដែលរួមជាមួយការយល់ដឹងរបស់គ្រីស្តសាសនា និងដែលឆ្លើយតបនឹងសំណួរសំខាន់ៗនៃជីវិតរបស់មនុស្សលោក។ ការយល់ដឹងដ៏ត្រឹមត្រូវរបស់ប្រជាជនកាតូលិកសង្ខេបអ្វីដ៏សំខាន់ចំពោះការរស់នៅ ទើបធ្វើឱ្យព្រះជាម្ចាស់និងមនុស្ស ព្រះគ្រីស្តនិងព្រះនាងម៉ារី វិញ្ញាណនិងរូបកាយ ព្រះអំណោយទាននិងរចនាសម្ព័ន្ធ បុគ្គលនិងសហគមន៍ ជំនឿនិងមាតុភូមិ ប្រាជ្ញានិងអារម្មណ៍ រួបរួមជាមួយគ្នា តាមរបៀបបង្កបង្កើត។ ការយល់ដឹងនេះ គឺជាមនុស្សនិយមរបស់គ្រីស្តបរិស័ទ ដែលអះអាងជាដាច់ខាតថា មនុស្សគ្រប់ៗរូបមានឋានៈដ៏ថ្លៃថ្នូរជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យមនុស្សរួមជាមួយគ្នាដូចជាបងប្អូន ដែលបង្រៀនឱ្យជួបធម្មជាតិ ដូចជាឱ្យយល់អំពីការងារ ហើយដែលផ្តល់មូលហេតុឱ្យរស់នៅប្រកបដោយសេចក្ដីរីករាយ និងអារម្មណ៍ស្រស់ស្រាយ ទោះជាស្ថិតក្នុងការលំបាកយ៉ាងណាក៏ដោយ។ ការយល់ដឹងនេះ ក៏ជួយឱ្យប្រជាជនចេះរិះគិតិចារណា និងចេះវិនិច្ឆ័យនៅពេលដែលព្រះសហគមន៍បម្រើដំណឹងល្អ ឬនៅពេលដែលគេប្រើដំណឹងល្អ ដើម្បីផលប្រយោជន៍ផ្សេង (EN ៤៨)។
សង្ខេប
១៦៧៧. គេហៅអនុសញ្ញាសញ្ញាសម្គាល់ដ៏សក្ការៈ ដែលព្រះសហគមន៍បានចាត់ចែង ហើយដែលមានគោលដៅរៀបចំមនុស្សលោកឱ្យទទួលផលនៃអគ្គសញ្ញា និងធ្វើឱ្យកាលៈទេសៈផ្សេងៗនៃជីវិតបានទៅជា វិសុទ្ធ។
១៦៧៨. ក្នុងចំណោមអនុសញ្ញា ពិធីប្រទានពរមានសារៈសំខាន់។ ក្នុងការប្រទានពរ មានការលើកតម្កើង ព្រះជាម្ចាស់ ដើម្បីកិច្ចការ និងព្រះអំណោយទានរបស់ព្រះអង្គ ហើយមានការជួយទូកអង្វររបស់ព្រះសហគមន៍ ដើម្បីឱ្យមនុស្សលោកអាចប្រើប្រាស់ព្រះអំណោយទានរបស់ព្រះជាម្ចាស់តាមលក្ខណៈនៃដំណឹងល្អ។
១៦៧៩. ជីវិតជាគ្រីស្តបរិស័ទបំប៉ុននឹងពិធីបុណ្យផង និងអស់ពិធីប្រជាប្រិយឯទៀតៗ ដែលចាក់ឫសក្នុងវប្បធម៌ផ្សេងៗ។ ដោយយកចិត្តទុកដាក់បំភ្លឺពិធីទាំងអស់នោះតាមពន្លឺនៃជំនឿ ព្រះសហគមន៍លើកទឹកចិត្តឱ្យមានពិធីប្រជាប្រិយ ដែលសម្ដែងថា មនុស្សចេះរិះគិតអំពីរបៀបប្រកាសដំណឹងល្អ និងមានការយល់ដឹង ដែលបន្ថែមលក្ខណៈសម្បត្តនៃជីវិតជាគ្រីស្តបរិស័ទ។
ប្រការទី២៖ ពិធីបញ្ចុះសព
១៦៨០. អគ្គសញ្ញាទាំងអស់ ជាពិសេសអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ មានគោលដៅជាបុណ្យចម្លងចុងក្រោយនៃបុត្រធីតារបស់ព្រះជាម្ចាស់ គឺបុណ្យចម្លង ដែលធ្វើឱ្យគេចូលទៅក្នុងជីវិតនៃព្រះរាជ្យ ដោយសារសេចក្ដីស្លាប់។ នៅពេលនោះ អ្វីដែលគេប្រកាសដោយមានជំនឿ និងក្នុងសេចក្ដីសង្ឃឹម “ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងទទួលជីវិតថ្មី និងជីវិតក្នុងលោកខាងមុខផង” (ធម៌ប្រកាសជំនឿនៅនិសេ / កុងស្ដង់ទីណូប) បានសម្រេចរួចហើយ។
១. បុណ្យចម្លងចុងក្រោយរបស់គ្រីស្តបរិស័ទ
១៦៨១. គម្រោងការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង គឺព្រះគ្រីស្ត ដែលជាទីសង្ឃឹមតែមួយរបស់យើង ទ្រង់សោយទិវង្គត និងមានព្រះជន្មថ្មី សម្ដែងនូវអត្ថន័យនៃសេចក្ដីស្លាប់តាមគ្រីស្តសាសនា។ គ្រីស្តបរិស័ទ ដែលស្លាប់នៅក្នុងអង្គព្រះគ្រីស្តយេស៊ូ “ឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់” (២ករ ៥,៨)។
១៦៨២. ចំពោះគ្រីស្តបរិស័ទ ថ្ងៃនៃសេចក្ដីស្លាប់ជាថ្ងៃចុងក្រោយនៃជីវិតខាងអគ្គសញ្ញា បង្ហើយកំណើតថ្មី របស់គេ ដែលបានចាប់ផ្តើមនៅពិធីជ្រមុជទឹក។ ពេលនោះ គ្រីស្តបរិស័ទចាប់ផ្តើម “មានលក្ខណៈ” ជាស្ថាពរ “របស់ព្រះបុត្រា” ដែលអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទាន ហើយគេចូលរួមចំណែកក្នុងពិធីជប់លៀង នៃព្រះរាជ្យ ដែលពិធីអរព្រះគុណប្រារព្ធទុកជាមុន ទោះបីជាគេត្រូវជម្រះចិត្តគំនិតទឿតនៅឡើយ ដើម្បីអាចបំពាក់សំលៀកបំពាក់នៃពិធីមង្គលការ។
១៦៨៣. ព្រះសហគមន៍ ក្នុងឋានៈជាមាតា ដែលបានជួយគ្រិស្តបរិស័ទផ្នែកអគ្គសញ្ញា នៅពេលធ្វើ បូជនិយេសចរណ៍នៅលើលោកនេះ កំដរគេនៅទីចុងក្រោយនៃការធ្វើដំណើរ ដើម្បីប្រគល់គេ “ក្នុងព្រះហស្តរបស់ព្រះបិតា”។ ព្រះសហគមន៍ថ្វាយបុត្រនៃការប្រោសប្រណីរបស់ព្រះអង្គទៅព្រះបិតា នៅក្នុងអង្គព្រះគ្រីស្ត បញ្ចុះពូជនៃរូបកាយទៅក្នុងដី ដោយសង្ឃឹមថា និងទទួលជីវិតថ្មីពោរពេញទៅដោយសិរីរុងរឿង (១ករ ១៥,៤២-៤៤)។ តង្វាយនេះបានពេញលក្ខណៈក្នុងពិធីអភិបូជា ពិធីព្រះពរដែលមានពីមុន និងពីខាងក្រិយជាអនុសញ្ញា។
២. ការប្រារព្ធពិធីបញ្ចុះសព
១៦៨៤. ពិធីបញ្ចុះសពមិនប្រគល់អគ្គសញ្ញា ឬអនុសញ្ញាឱ្យអ្នកស្លាប់ទេ ដ្បិតគេបាន “ឆ្លង” ហួសពីការចាត់ចែងនៃអគ្គសញ្ញាទៅហើយ។ ក៏ប៉ុន្តែ ពិធីនោះ នៅតែជាពិធីបុណ្យរបស់ព្រះសហគមន៍ (SC ៨១-៨២)។ មុខងាររបស់ព្រះសហគមន៍មានគោលដៅដើម្បីបង្ហាញថា យើងរួបរួមជាមួយអ្នកស្លាប់ ហើយដើម្បីឱ្យ សហគមន៍ ចូលរួមចំណែកក្នុងពិធីបញ្ចុះសព និងប្រកាសជីវិតអស់កល្បជានិច្ចឱ្យសហគមន៍នេះផងដែរ។
១៦៨៥. ពិធីផ្សេងៗនៃពិធីបញ្ចុះសពបង្ហាញថា ចំពោះគ្រីស្តសាសនា សេចក្ដីស្លាប់ដូចជាការចម្លង មួយ ស្របតាម ស្ថានភាព និងប្រពៃណីនៃតំបន់នីមួយៗសូម្បីតែពណ៌នៃពិធីបុណ្យ (SC ៨១)។
១៦៨៦. Ordo exsequiarum (Oex) នៃពិធីបុណ្យនៅទីក្រុងរ៉ូមស្នើសុំឱ្យមានពិធីបីយ៉ាង តាមកន្លែងទាំងបី នៃពិធីបញ្ចុះសព (ផ្ទះ ព្រះវិហារ ទីបញ្ចុះសព) និងតាមបំណងរបស់ក្រុមគ្រួសារ ប្រពៃណីនៃតំបន់នីមួយៗ វប្បធម៌ និងប្រពៃណីប្រជាប្រីយ៍ផងដែរ។ ពិធីនេះ ដូចប្រពៃណីខាងពិធីបុណ្យឯទៀតៗ ហើយមានបួនវគ្គសំខាន់ៗ៖
១៦៨៧. ការទទួលនៃសហគមន៍ ។ ពិធីបុណ្យចាប់ផ្តើមដោយការគោរពគ្នាតាមរបៀបជំនឿ។ សម្ដី “លួងលោម” (តាមអត្ថន័យរបស់សម្ព័ន្ធមេត្រីថ្មី៖ ឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធប្រកបដោយសេចក្ដីសង្ឃឹម) (១ថស ៤,១៨) ទទួលញាតិមិត្តរបស់អ្នកស្លាប់។ សហគមន៍ ដែលកំពុងអធិដ្ឋាន ប្រជុំគ្នា និងរង់ចាំ “ព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច”។ មរណភាពរបស់សមាជិកម្នាក់នៃសហគមន៍ (ឬថ្ងៃខួប ថ្ងៃទីប្រាំពីរ ឬថ្ងៃទីសែសិប) គឺជាព្រឹត្តិការណ៍មួយ ដែលត្រូវតែធ្វើឱ្យនឹកគិតដល់ហួសពី “លោកនេះ” និងទាក់ទាញគ្រីស្តបរិស័ទឱ្យផ្ញើជីវិតទៅលើព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី។
១៦៨៨. នៅពេលពិធីបញ្ចុះសព ត្រូវតែរៀបចំដោយយកចិត្តទុកដាក់ពិធីលើកតម្កើងព្រះបន្ទូល ដ្បិតនៅក្នុងអង្គប្រជុំអាចមានអ្នកខ្លះ ឬមិត្តភ័ក្តិរបស់អ្នកស្លាប់ ដែលមិនមែនជាគ្រីស្តបរិស័ទ។ ជាពិសេសធម៌ទេសនាត្រូវតែ “ជៀសវាងកុំឱ្យសរសើរអ្នកស្លាប់” (Oex ៤១) ប៉ុន្តែ ត្រូវបំភ្លឺអាថ៌កំបាំងនៃសេចក្ដីស្លាប់តាមគ្រីស្តសាសនាក្នុងពន្លឺរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី។
១៦៨៩. អភិបូជា ។ នៅពេលប្រារព្ធពិធីក្នុងព្រះវិហារ ពិធីអរព្រះគុណសម្ដែងលក្ខណៈជាការចម្លងនៃសេចក្ដីស្លាប់តាមគ្រីស្តសាសនា (Oex ១)។ នៅពេលនោះ ព្រះសហគមន៍បង្ហាញថា ខ្លួនរួបរួមជាមួយអ្នកស្លាប់ គឺដោយថ្វាយទៅព្រះបិតា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សក្ការបូជារបស់ព្រះគ្រីស្តដែលបានសោយទិវង្គត និងបានទទួលព្រះជន្មថ្មី ព្រះសហគមន៍ក៏ទូលសុំឱ្យបុត្ររបស់ខ្លួនរួចពីបាប និងផលវិបាករបស់បាប ហើយឱ្យគេចូលរួមតុក្នុងព្រះរាជ្យឱ្យបានពេញលក្ខណៈ (Oex ៥៧)។ តាមរយៈពិធីអរព្រះគុណនេះ សហគមន៍របស់គ្រីស្តបរិស័ទ ជាពិសេសក្រុមគ្រួសាររបស់អ្នកស្លាប់ រៀនរួមរស់ជាមួយអ្នកដែល “ដេកលក់ក្នុងអង្គព្រះអម្ចាស់” ដោយទទួលព្រះកាយព្រះគ្រីស្ត ដែលអ្នកស្លាប់ជាសិរីរាង្គដ៏រស់រវើក ហើយដោយទូលអង្វរព្រះជាម្ចាស់ដើម្បីគាត់ និងជាមួយគាត់។
១៦៩០. ព្រះសហគមន៍ “ផ្ញើផ្តាំអ្នកស្លាប់ថ្វាយទៅព្រះជាម្ចាស់” គឺ “លា សមាជិករបស់ខ្លួនម្នាក់ មុននឹងបញ្ចុះសពរបស់គេ” (Oex ១០)។ ប្រពៃណីនៅប៊ីសង់លាអ្នកស្លាប់ដោយថើបគេ៖
ដោយសារពិធីសុំលាហើយនេះ “យើងច្រៀងដោយសារគេចាកចេញពីជីវិតនេះ និងគេបែកចេញពីយើង ប៉ុន្តែ យើងរួបរួមជាមួយគ្នាផងដែរ។ ទោះបីយើងស្លាប់យ៉ាងណាក៏ដោយ ក៏យើងមិនបែកពីគ្នាដែរ ដ្បិតយើងទាំងអស់គ្នា ធ្វើដំណើរតាមផ្លូវតែមួយ ហើយយើងនឹងនៅក្នុងកន្លែងតែមួយដែរ។ យើងនឹងមិនដែលបែកពីគ្នាទេ ដ្បិតយើងរស់ ដើម្បីព្រះគ្រីស្ត ហើយឥឡូនេះយើងរួមរស់ជាមួយព្រះគ្រីស្ត ដោយដើរឆ្ពោះទៅព្រះអង្គ (...) យើងទាំងអស់គ្នានឹងនៅក្នុងអង្គព្រះគ្រីស្ត” (សន្ត ស៊ីម៉ូន នៃថេស្សាឡូនិក)។
