ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ភីល ២,២ខ-៤

សូមបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មាន ចិត្តថ្លើមតែ​មួយ និងមានឆន្ទៈតែមួយ។​ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោង​ឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗ ថាប្រសើរជាងខ្លួន។​ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិត​ដល់​ប្រយោជន៍អ្នកដទៃវិញ។

បន្ទរ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ‌ត្រង់​ជានិច្ច។
—ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ព្រះបណ្ដាំ​របស់ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត កាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេលអនាគត​ផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ជាកន្លែងដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ២ករ ១៣,៤

ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះ‌អង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះ‌អង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង‌ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ទូល‌បង្គំបាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង។
—សូម​ប្រោស​ឱ្យ​ទូល‌បង្គំ​បាន​រស់ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់លើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយនឹងយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១២-១៣

ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បង‌ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឱ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និងអាណិត​អាសូរ។
—ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យមេត្តា‌ករុណា។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិតពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira