ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ពង្ស ៨,៦០-៦១

ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។ ចូរមានចិត្តស្មោះ​ត្រង់​ចំពោះព្រះអម្ចាស់ជាព្រះនៃយើង ហើយប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ និង​កាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំឱ្យស្គាល់​មាគ៌ារបស់​ព្រះ‌អង្គ។
—ទូល‌បង្គំនឹង​ប្រព្រឹត្ត​តាម​សេចក្ដីពិត​របស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គចាត់ពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួចផុតពីគ្រោះថ្នាក់របស់ខ្មាំងសត្រូវទាំងឡាយ ហើយយើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គដោយអំណរសប្បាយផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ១៧,៩-១០

ចិត្ត​របស់​មនុស្ស​តែង‌តែ​វៀច‌វេរមិន​អាច​កែ​តម្រង់​បាន​ឡើយហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្សយើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេដូច្នេះ យើង​នឹង​តប​ស្នង​ឱ្យ​មនុស្ស​ម្នាក់ៗតាម​កិរិយា​មារយាទ​របស់​ខ្លួននិង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

បន្ទរ៖ សូម​លើក‌លែង​ទោស​ឱ្យ​ទូល‌បង្គំ នូវ​កំហុស​ណា​ដែល​ទូល‌បង្គំមើលមិន​ឃើញនោះ​ផង។
—សូម​ការ‌ពារ​ទូល‌បង្គំឱ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏ត្រចះត្រចង់នៃសេចក្តីស្រឡាញ់អស់កល្បជានិច្ចរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ប្រាញ ៧,២៧ក. ៨,១

ព្រះ‌ប្រាជ្ញា​ញាណ​មាន​តែ​មួយ​អង្គ​គត់ តែ​ព្រះ‌អង្គ​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា‌នុភាព​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង ហើយ​ត្រួត​ត្រា​អ្វីៗ​ទាំង​អស់ដោយ​ព្រះ‌ហឫទ័យ​សប្បុរស។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្តុង្គ‌ឧត្ដមណាស់។
—ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ពន់​ប្រមាណ! ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira