ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អម ៤,១៣
មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ព្រះដែលបង្ហាញឱ្យមនុស្សស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រះដែលធ្វើឱ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
—ចូរសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគាត់ជួបជុំគ្នាអធិដ្ឋាននៅពេលព្រឹក។ សូមប្រោសឱ្យយើងខ្ញុំចេះចែករំលែកនូវជីវិត និងសេចក្តីស្រឡាញ់ ដែលព្រះវិញ្ញាណបានផ្តល់ឱ្យយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អម ៥,៨
ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឱ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឱ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
—ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អម ៩,៦
យើងបញ្ជាឱ្យគេរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនឱ្យជ្រុះដល់ដីដែរ។
—អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្ត អំណត់អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹង ការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
