អំណានព្រះបន្ទូល
Lectio Divina
អារម្ភកថា
កម្មវិធី “នាទីស្តាប់ព្រះបន្ទូល” ឬ “អំណានព្រះបន្ទូល” នេះ មានគោលបំណងណែនាំបងប្អូនឱ្យស្គាល់នូវមូលដ្ឋានគ្រឹះនៃព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់។ ជាពិសេស គឺការសិក្សាអំពីវិធីសាស្រ្តអានអត្ថបទព្រះគម្ពីរតាមឡេចស៊ីអូ ឌីវីណា (Lectio Divina) ឬហៅថា អំណានព្រះបន្ទូល។
តាមរយៈកម្មវិធីនេះ បងប្អូននឹងទទួលបានវិធីសាស្រ្តងាយស្រួលក្នុងការអានអត្ថបទព្រះគម្ពីរ ទោះបីការអានតែម្នាក់ឯង ក៏ដូចជាការអាន និងចែករំលែកព្រះបន្ទូលនៅក្នុងក្រុមរួមជាមួយគ្នា។ លើសពីនេះ បងប្អូនក៏អាចយល់ដឹងអំពីរបៀបធ្វើសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរផងដែរ។
យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះជាមធ្យោបាយមួយដ៏មានសារប្រយោជន៍ ផ្តល់ឱ្យបងប្អូនមានបទពិសោធន៍អានអត្ថបទព្រះគម្ពីរ ដើម្បីឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើង និងបានជ្រួតជ្រាបនៅក្នុងចិត្តគំនិតជានិច្ច។
យើងខ្ញុំសូមជូនពរដល់បងប្អូនអ្នកអាន អ្នកស្តាប់បានប្រកបដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និងសូមឱ្យបងប្អូនបានប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងសូមឱ្យបងប្អូនបានរួមរស់ជាមួយគ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
កម្មវិធីនេះមានឯកសារជាអត្ថបទសម្រាប់អាន និងមានជាវីដេអូណែនាំ ដើម្បីផ្តល់ឱ្យបងប្អូនងាយស្រួលស្វែងយល់។ ប្រសិនបើបងប្អូនត្រូវការទិញឯកសារជាសៀវភៅ ដែលមានអត្ថបទទាំងស្រុង សូមចុចនៅទីនេះ។
សេចក្តីផ្តើម
ព្រះគម្ពីរគ្រីស្តសាសនាជាសំណេរដ៏វិសុទ្ធដ៏មានឥទ្ធិពលយ៉ាងខ្លាំងចំពោះមនុស្សជាតិ ជាពិសេស គឺគ្រីស្តបរិស័ទ។ ព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់ពាក់ព័ន្ធគ្នា ដ្បិតព្រះគម្ពីរធ្វើឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើងនៅក្នុងជម្រៅចិត្តមនុស្ស ដើម្បីសម្រាលទុក្ខ និងលើកទឹកចិត្ត ព្រមទាំងផ្តល់នូវអំណរ និងសេចក្តីសង្ឃឹមមកពីព្រះជាម្ចាស់។ គ្រីស្តបរិស័ទគប្បីដឹងថា ជំនឿកើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ដ (រម ១០,១៧)។ ជំនឿនេះហើយធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឱ្យស្គាល់ជាក់ច្បាស់នូវអ្វីៗ ដែលយើងមើលពុំឃើញ។ ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ (ហប ១១,១-២)។ ព្រះបន្ទូលព្រះគ្រីស្តមានកត់ត្រានៅក្នុងព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធរបស់ព្រះសហគមន៍ ដែលបានសម្អិតសម្អាងតាំងពីដើមរៀងមករហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរពិតជាមានឥទ្ធិពល និងមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងគ្រីស្តសាសនា ជាហេតុនាំឱ្យគ្រីស្តបរិស័ទតែងគោរព និងលើកតម្កើងព្រះគម្ពីរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីព្រះគម្ពីរ គ្រីស្តបរិស័ទគប្បីយកចិត្តទុកដាក់អាន និងសិក្សាព្រះគម្ពីរដោយផ្ចិតផ្ចង់ និងព្យាយាមទើបព្រះបន្ទូលព្រះជាម្ចាស់បានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តគំនិត។ ហេតុនេះហើយ បានជាក្នុងកម្មវិធី «អំណានព្រះបន្ទូល» នេះ លើកយកមេរៀន៣ជំពូកសំខាន់ៗមកណែនាំ ដើម្បីជួយដល់អស់បងប្អូនដែលមានបំណងចង់ស្វែងយល់ព្រះបន្ទូលព្រះជាម្ចាស់តាមរយៈការអានអត្ថបទព្រះគម្ពីរ៖
- ជំពូក១ លក្ខណៈពិសេសនៃព្រះគម្ពីរគ្រីស្តសាសនា សិក្សាផ្តោតលើសំណួរថា តើព្រះគម្ពីរជាអ្វី? ដែលជាសំណួរចាប់ផ្តើម នាំទៅរកការស្គាល់ពីលក្ខណៈមូលដ្ឋាននៃព្រះគម្ពីរ ថែមទាំងស្គាល់អំពីសម្ពន្ធមេត្រីនៅក្នុងព្រះគម្ពីរ និងស្គាល់ពីរចនាសម្ពន្ធនៃព្រះគម្ពីរ ដែលមានបញ្ជីកណ្ឌគម្ពីរតាមលំដាប់លំដោយ។
- ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល ស្វែងយល់អំពីព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានស៊ីជម្រៅ ស្របតាមសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិក។ ជាពិសេស ដើម្បីដឹងថា តើព្រះគម្ពីរ និងព្រះបន្ទូលពាក់ព័ន្ធគ្នាទៅវិញទៅមកយ៉ាងដូចម្តេច?
- ជំពូក៣ អំណានព្រះបន្ទូល សិក្សាអំពីវិធីសាស្រ្តអាន និងអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ។ វិធីសាស្រ្តនេះផ្តល់នូវបទពិសោធន៍នៃការអានអត្ថបទព្រះគម្ពីរតែម្នាក់ឯង ឬនៅក្នុងក្រុមចែករំលែកព្រះបន្ទូលរួមជាមួយគ្នា។ ជាពិសេស ចេះអំពីរបៀបធ្វើសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ។ ជំពូកនេះ គឺជាការអនុវត្តជាក់ស្តែងដោយអាន និងអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ ដើម្បីទទួលព្រះបន្ទូលបំភ្លឺដំណើរជីវិត។
z9qpj5
ItkGP DqCpnG scuDGBAv cLoaEqat xFClivM jmM