អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
ព្រះគម្ពីរ និងព្រះត្រៃឯក
សេចក្តីផ្តើម
ពាក្យព្រះត្រៃឯកមិនមាននៅក្នុងព្រះគម្ពីរទេ តែមាននៅក្នុងធម៌ប្រកាសជំនឿរបស់គ្រីស្តបរិស័ទគ្រប់និកាយ ពោលគឺក្នុងធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូត ក្នុងអង្គមហាសន្និបាតក្រុងនីសេឆ្នាំ៣២៥ និងក្រុងកុងស្តង់ទីណុប្លឆ្នាំ៣៨១នៃគ.ស។ ធម៌ប្រកាសជំនឿនេះប្រកាសជំនឿលើព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះជាម្ចាស់តែមួយព្រះអង្គ។ ទោះបី ក្នុងព្រះគម្ពីរគ្មានពាក្យព្រះត្រៃឯក តែព្រះគម្ពីរអាចនាំយើងឱ្យស្គាល់ព្រះអង្គ។ អត្ថបទនេះមិនសិក្សាទេវវិទ្យានៃព្រះត្រៃឯកនោះទេ គឺគ្រាន់តែសិក្សាអត្ថបទព្រះគម្ពីរ និងសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិក ក្នុងធម្មនុញ្ញគោលលទ្ធិ អំពីព្រះជាម្ចាស់សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ (DEI VERBUM) នៃអង្គមហាសន្និបាទវ៉ាទីកង់ទី២ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើព្រះគម្ពីរនាំយើងឱ្យស្គាល់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងដូចម្តេច?
១. ព្រះគម្ពីរ និងព្រះបិតា
ក្នុងអង្គព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះជាម្ចាស់តែមួយអង្គ។ ព្រះបិតាជាអង្គទី១នៃព្រះត្រៃឯកដ៏វិសុទ្ធ។ ក្នុងឯកសារព្រះបន្ទូលនៃអង្គមហាសនិ្នបាតវ៉ាទីកង់ទី២ បានបញ្ជាក់ថា «ក្នុងព្រះគម្ពីរ ព្រះបិតាដ៏ខ្ពង់ខ្ពស់បំផុតយាងមកជួបបុត្រធីតា ដោយព្រះហឫទ័យមេត្តាករុណា និងយាងមកសន្ទនាជាមួយគេ» (DV លេខ២១)។ តាមរយៈឃ្លាអះអាងនេះញ៉ាំងឱ្យយើងដឹងថា ព្រះគម្ពីរមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសន្ទនារវាងមនុស្សជាមួយព្រះបិតាតាមរយៈពាក្យពេជន៍ ដែលមានចែងទុកនៅក្នុងព្រះគម្ពីរ។ យើងអាចយល់សេចក្តីនេះដោយយោងលើឧទាហរណ៍នៃបទពិសោធន៍មនោសញ្ចេតនា ឬសេចក្តីស្នេហារវាងបុរសនិងស្ត្រី នៅពេលណាពួកគេឆ្លើយឆ្លងសារនៃសេចក្តីស្នេហារវាងគ្នានឹងគ្នាតាមរយៈសំណេរ។ សំបុត្រស្នេហារបស់ពួកគេដើរតួនាទីសំខាន់ ដើម្បីឱ្យអ្នកទាំងពីរភ្ជាប់ទំនាក់ទំនង និងសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីក្នុងជម្រៅនៃដួងចិត្តរបស់ខ្លួន តាមរយៈពាក្យពេជន៍បរិយាយនៅក្នុងលិខិត។ កាលណាពួកគេអានលិខិត ដែលផ្ញើឱ្យគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ ញ៉ាំងឱ្យដួងចិត្តរបស់ពួកគេរំភើបយ៉ាងខ្លាំង ទោះបីពួកគេមិនបានជួបគ្នាដោយផ្ទាល់ តែតាមរយៈសេចក្តី ដែលរាយរាប់ក្នុងសំបុត្រ នាំឱ្យពួកគេអាចទាក់ទងគ្នាដោយមនោសញ្ចេតនា ដែលមានចំពោះគ្នាទៅវិញទៅមក។
ដូចគ្នានេះដែរ ព្រះគម្ពីរនាំមនុស្សឱ្យទាក់ទងជាមួយព្រះបិតា ដើម្បីសន្ទនាគ្នាយ៉ាងជិតស្និត។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះបុត្រធីតារបស់ព្រះអង្គជាមុន ដើម្បីឱ្យពួកគេចេះផ្ញើជីវិត និងមានចិត្តស្រឡាញ់ចំពោះព្រះអង្គ និងនាំឱ្យគេបានជិតស្និតរួមជាមួយព្រះបិតា។ តាមពិតព្រះគម្ពីរសុទ្ធតែព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឱ្យនិពន្ធ។ ព្រះវិញ្ញាណនេះហើយនាំយើងឱ្យបន្លឺសំឡេងឡើងថា “អប្បា! ឱព្រះបិតា!” (រម ៨,១៥-១៦; ៤,៦)។ ហេតុនេះ តាមរយៈព្រះគម្ពីរ ព្រះវិញ្ញាណបន្លឺឱ្យព្រះសូរសៀងនៃព្រះបន្ទូលព្រះបិតាមកកាន់បុត្រធីតាព្រះអង្គលាន់ឮឡើងយ៉ាងឱឡារិក។
ម្យ៉ាងទៀត ព្រះគម្ពីរទាំងមូលថ្លែងពីព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ត។ ព្រះអង្គផ្ទាល់បានផ្តល់សក្ខីភាពឱ្យយើងដឹងថា សេចក្តី ដែលព្រះអង្គមានព្រះបន្ទូលគឺមកពីព្រះបិតា «ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតា ដែលបានចាត់ខ្ញុំឱ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដី ដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ខ្ញុំដឹងថាអ្វីៗ ដែលព្រះអង្គបង្គាប់សុទ្ធតែផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ» (យហ ១២,៤៩-៥០)។ ព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈព្រះអង្គ។ អ្នកណាបានឃើញព្រះអង្គ ក៏បានឃើញព្រះបិតាដែរ (យហ ១៤,៦.១៩ខ)។
ព្រះបន្ទូលនេះបញ្ជាក់ពីបេសកកម្មរបស់ព្រះយេស៊ូក្នុងព្រះនាមព្រះបិតាចំពោះមនុស្សលោក។ អត្ថន័យជ្រាលជ្រៅបំផុតគឺព្រះអង្គមិនមែនគ្រាន់តែជាផ្លូវតាមរបៀបដែលព្រះអង្គបង្រៀន ដើម្បីណែនាំឱ្យស្គាល់ព្រះបិតា។ ផ្ទុយទៅវិញ ព្រះអង្គផ្ទាល់ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដែលនាំយើងទៅកាន់ព្រះបិតា។ ព្រោះព្រះអង្គជាព្រះបុត្រាប្រសូតជាមនុស្ស ដើម្បីបង្ហាញឱ្យមនុស្សលោកស្គាល់ព្រះបិតាពេញលក្ខណៈ ដ្បិតព្រះអង្គ និងព្រះបិតាជាអង្គតែមួយ(យហ ១០,៣០)។ ព្រះយេស៊ូគ្រីស្តបានសម្តែងព្រះអង្គតាមរយៈសកម្មភាព ក៏ដូចជាព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ព្រះអង្គនាំអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គឱ្យរួមជាមួយព្រះបិតា ដើម្បីឱ្យគេមានជីវិតពេញបរិបូណ៍ដ៏ពិតប្រាកដ (យហ ១០,១០)។
២. ព្រះគម្ពីរ និងព្រះបុត្រា
ក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា និងសន្តម៉ាថាយ បំភ្លឺយើងឱ្យស្គាល់ពីឋានៈរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានចាប់កំណើតជាមនុស្ស (មថ ២,១៨) និងជាព្រះបុត្រារបស់ព្រះជាម្ចាស់ (លក ១,៣៥)។ ព្រះបុត្រា គឺព្រះយេស៊ូជាអង្គទី២នៃព្រះត្រៃឯកដ៏វិសុទ្ធ និងជាព្រះគ្រីស្ត។ ព្រះអង្គជាព្រះជាម្ចាស់ផ្ទាល់ ដែលប្រសូតជាមនុស្ស ស្របតាមគម្រោងការណ៍ដ៏អស្ចារ្យ ដែលមានចែងទុកមកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១។ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះទទួលអត្ថន័យពេញលក្ខណៈក្រោមការបំភ្លឺពីអាថ៌កំបាំងនៃព្រះបុត្រា ដែលបានចាប់កំណើតជាមនុស្ស។ រីឯព្រះគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូលកត់ត្រាពីព្រះអង្គ។ ព្រះគម្ពីរទាំងពីរសម្ពន្ធមេត្រីមានទំនាក់ទំនង និងបំពេញអត្ថន័យគ្នាទៅវិញទៅមក។ ហេតុនេះ កាលណាយើងអានព្រះគម្ពីរ យើងមិនមែនអានសំណេរ ដែលមានទឹកខ្មៅនៅលើក្រដាសធម្មតា និងដែលមានប្រភពចេញមកពីគំនិតមនុស្សនោះទេ។ ជាក់ស្តែង យើងអានពីជីវិតមួយដ៏រស់រវើក ដ្បិតព្រះជាម្ចាស់ផ្ទាល់បានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូ ធ្វើឱ្យគ្រប់ពាក្យពេចន៍ទាំងអស់នៃព្រះគម្ពីរមានអត្ថន័យ។
ដើម្បីយល់ពីទំនាក់ទំនងនៃព្រះគម្ពីរ និងព្រះបុត្រា យើងនឹងសិក្សាព្រះគម្ពីរទាំងមូល តើព្រះគម្ពីរថ្លែងពីព្រះយេស៊ូបែបណា និងពន្យល់ពីការអាថ៌កំបាំងនៃព្រះបុត្រាយ៉ាងដូចម្តេច?
២.១. ព្រះគម្ពីរទាំងមូលថ្លែងពីព្រះយេស៊ូ
ព្រះគម្ពីរសម្ពន្ធមេត្រីទី១៖ នៅក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ព្រះយេស៊ូមានព្រះបន្ទូលបង្ហាញពីសេចក្តី ដែលថ្លែងពីព្រះអង្គនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១ដោយបញ្ជាក់ថា «អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឱ្យខ្ញុំ» (យហ ៥,៣៩)។ ឃ្លានេះព្រះយេស៊ូមានព្រះបន្ទូលសំដៅលើសាសន៍យូដា ដែលមានព្រះគម្ពីរសម្ពន្ធមេត្រីទី១ ជាសំណេរដ៏សំខាន់ក្នុងសាសនាយូដា។ ពួកគាត់តែងអានព្រះគម្ពីរនេះជាប្រចាំ ដោយនឹកស្មានថានឹងបានជីវិតអស់កល្បជានិច្ច។ តែផ្ទុយទៅវិញ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះ ធ្វើជាបន្ទាល់ចំពោះព្រះយេស៊ូ។ ព្រះយេស៊ូយាងមក ស្របតាមសេចក្តីដែលមានថ្លែងពីព្រះអង្គ។ ដូច្នេះ ព្រះគម្ពីរសម្ពន្ធមេត្រីទី១នេះទទួលអត្ថន័យពេញលក្ខណៈដោយសារវត្តមានរបស់ព្រះអង្គ ដែលបានចាប់កំណើតជាមនុស្ស។ ការអានព្រះគម្ពីរ គប្បីអានក្រោមពន្លឺនៃកំណើតរបស់ព្រះយេស៊ូជាមនុស្ស និងព្រឹត្តិការណ៍ដែលព្រះអង្គរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ រហូតដល់ព្រះអង្គយាងឡើងស្ថានបរមសុខ។ ព្រះគម្ពីរពាក់ព័ន្ធជាមួយព្រះបន្ទូល និងព្រឹត្តិការណ៍ ដែលព្រះជាម្ចាស់រៀបចំសម្រាប់ការយាងមកដល់នៃព្រះបុត្រា ដើម្បីបំពេញឱ្យជីវិតមនុស្សមានអត្ថន័យពេញបរិបូរ។
ក្នុងព្រះគម្ពីរដំណឹងល្អតាមសន្តលូកាបានបង្ហាញថា «ព្រះយេស៊ូបកស្រាយសេចក្ដី ដែលមានចែងទុកពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់» (លក ២៤,២៧)។ តាមរយៈឃ្លានៃអត្ថបទព្រះគម្ពីរនេះ នាំយើងឱ្យយល់ថា ព្រះយេស៊ូបានលាតត្រដាងសេចក្តី ដែលលាក់កំបាំង ដើម្បីបំភ្លឺក្រុមសាវ័ក។ ដោយសារវត្តមានរបស់ព្រះអង្គ នាំឱ្យអាថ៌កំបាំង ដែលលាក់បង្កប់ទុកក្នុងគម្ពីរសម្ពន្ធមេត្រីទី១ ទាំងគម្ពីរវិន័យលោកម៉ូសេ និងគម្ពីរព្យាការីទាំងអស់ត្រូវបានស្រាយបំភ្លឺ និងទទួលអត្ថន័យពេញលក្ខណៈ។ ដើម្បីធានាឱ្យក្រុមសាវ័កយល់ ព្រះអង្គមិនត្រឹមតែបកស្រាយព្រះគម្ពីរបំភ្លឺប៉ុណ្ណោះទេ ព្រះអង្គថែមទាំងធ្វើពិធីកាច់នំប៉័ង ទុកជាអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធ ដែលសង្ខេបពីគម្រោងការដ៏អាថ៌កំបាំងនៃព្រះបន្ទូលប្រសូតជាមនុស្សនៅក្នុងចំណោមពួកគេ និងដើម្បីឱ្យពួកគេនឹករឮកដល់ព្រះអង្គ។ ព្រះយេស៊ូបានបើកភ្នែករបស់ក្រុមសាវ័កភ្លឺឡើង ហើយមានប្រាជ្ញាអាចយល់ពីអត្ថន័យដ៏ពិតប្រាកដនៃព្រះគម្ពីរ ថែមទាំងស្គាល់ព្រះអង្គ។ ហេតុនេះ ការស្តាប់ព្រះបន្ទូល និងអគ្គសញ្ញាអរព្រះគុណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ដើម្បីលាតត្រដាងឱ្យយល់ និងស្គាល់ពីអាថ៌កំបាំងនៃព្រះបន្ទូល។ ដ្បិតព្រះបន្ទូលមិនទាមទារឱ្យស្តាប់ត្រឹមតែត្រចៀក តែទាមទារឱ្យឃើញផ្ទាល់នឹងភ្នែក ហើយទទួលចូលក្នុងជីវិត ដូចការទទួលទានអាហារ ដើម្បីផ្លាស់ប្រែពីលក្ខណៈមនុស្សឱ្យទៅជាលក្ខណៈព្រះជាម្ចាស់។ នៅពេលដែលក្រុមសាវ័កយល់ និងស្គាល់ពីការអាថ៌កំបាំងនេះ នាំឱ្យពួកគាត់មានចិត្តរំភើបយ៉ាងខ្លាំងរកអ្វីថ្លែងពុំបាន ដូចសក្ខីភាពនៃបទពិសោធន៍សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស (លក ២៤,៣២)។ ការអាថ៌កំបាំងនៃព្រះបុត្រាបានចាប់កំណើតជាមនុស្ស ធ្វើឱ្យព្រះបន្ទូលមានអត្ថន័យពេញលក្ខណៈ។ តាមរយៈព្រះអង្គ សម្ពន្ធមេត្រីថ្មី ដែលចងឡើងដោយព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តបានចាប់ផ្តើមបើកទំព័រសករាជនៃសម្ពន្ធមេត្រីថ្មី។ ហេតុនេះហើយ បានជាព្រះសហគមន៍ «តាំងពីដើមរៀងមក តែងតែគោរពប្រណិប័តន៍ព្រះគម្ពីរជានិច្ច ដូចព្រះសហគមន៍ធ្លាប់គោរពប្រណិប័តន៍ព្រះកាយផ្ទាល់របស់ព្រះអម្ចាស់ដែរ។ ជាពិសេសក្នុងពិធីគោរពប្រណិប័តន៍ ព្រះសហគមន៍នៅតែយកអាហារ ដែលផ្តល់ជីវិតពីតុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាតុនៃព្រះកាយព្រះគ្រីស្តទៅជូនគ្រីស្តបរិស័ទជានិច្ច» (DV លេខ២១)។
ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី៖ កាលណាយើងអានព្រះគម្ពីរសម្ពន្ធមេត្រីថ្មីទាំង២៧កណ្ឌ យើងនឹងឃើញក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤ រៀបរាប់ពីព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មក្នុងលោកនេះ ដោយផ្តោតលើសេចក្តី ដែលព្រះអង្គបានបង្រៀន អំពីការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្ត អំពីព្រះបន្ទូល ដែលព្រះអង្គបានថ្លែង អំពីការអធិដ្ឋានរបស់ព្រះអង្គ និងជាពិសេសអំពីព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ចំពោះកណ្ឌគម្ពីរកិច្ចការរបស់គ្រីស្តទូត ជាសំណេរបែបប្រវត្តិសាស្រ្ត ដែលនិយាយពីកំណើតព្រះសហគមន៍ដើមដំបូង ដោយចាប់ផ្តើមពីការប្រកាសដំណឹងល្អរបស់ក្រុមគ្រីស្តទូត ក្រោមការណែនាំពីព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំងរៀបរាប់ពីឧបសគ្គ ដែលព្រះសហគមន៍ជួបប្រទះ និងលាតត្រដាងអំពីការរីកសាយភាយចម្រើនឡើងជាបន្តបន្ទាប់របស់ព្រះសហគមន៍ ដោយចាប់តាំងពីក្រុងយេរ៉ូសាឡឹម នៅពាសពេញជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតដល់ទីក្រុងរ៉ូមនៃកច្រភពរ៉ូម៉ាំង។ រីឯលិខិតទាំងឡាយរបស់ក្រុមគ្រីស្តទូត ជាសំណេរស្តីអំពីគោលលទ្ធិគ្រីស្តសាសនា ដើម្បីអប់រំគ្រីស្តបរិស័ទ។ ក្នុងនោះក៏មានបទបញ្ជាក្នុងការចាត់ចែងឱ្យមានរបៀបណែនាំព្រះសហគមន៍ និងក្បួនពិធីបុណ្យជាដើម។ លើសពីនេះ គឺគោលការណ៍សីលធម៌ និងក្រមសីលធម៌ ដែលណែនាំឱ្យគ្រីស្តបរិស័ទចេះរស់នៅស្របតាមការផ្ញើជីវិតរបស់ខ្លួនលើព្រះយេស៊ូគ្រីស្ត។ កណ្ឌគម្ពីរចុងក្រោយគឺគម្ពីរវិវរណៈ ពោរពេញដោយនិមិត្តរូបថ្លែងអំពីផ្ទៃមេឃ និងផែនដីថ្មី ដែលបានបង្កើតជាថ្មីក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងកណ្ឌគម្ពីរនេះក៏ថ្លែងពីសេចក្តីសង្ឃឹម ដែលព្រះគ្រីស្តនឹងយាងមកវិញប្រកបដោយសិរីរុងរឿង នៅអវសានកាលនៃពិភពលោក ដើម្បីលោះមនុស្សជាស្ថាពរ។
២.២. អាថ៌កំបាំងនៃព្រះបុត្រា និងព្រះបន្ទូលប្រសូតជាមនុស្ស
ស្នូលនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ផ្តោតលើអាថ៌កំបាំងរបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាព្រះបន្ទូលប្រសូតជាមនុស្ស។ ការអាថ៌កំបាំងនេះជ្រាលជ្រៅ ហួសពីប្រាជ្ញា ដែលមនុស្សយល់មិនដល់ ជាហេតុនាំឱ្យមនុស្សគប្បីទុកចិត្តលើព្រះយេស៊ូគ្រីស្ត ដើម្បីទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឱ្យយល់ពីសេចក្តីពិត និងការអស្ចារ្យនៃអាថ៌កំបាំងនេះ។
- ព្រះបុត្រារបស់ព្រះជាម្ចាស់ ជាឋានៈដ៏ខ្ពង់ខ្ពស់បំផុតបញ្ជាក់ពីប្រភពដើមរបស់ព្រះយេស៊ូ ដែលព្រះអង្គមិនមែនមកពីក្នុងលោកនេះ ពោលគឺព្រះអង្គមកពីព្រះជាម្ចាស់ផ្ទាល់ ដូចក្នុងគម្ពីរដំណឹងល្អតាមសន្ត យ៉ូហានបានបង្ហាញពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ថា «ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ» (យហ ៣,១៦)។ ឃ្លាព្រះបន្ទូលនេះ បង្ហាញពីព្រះហឫទ័យព្រះជាម្ចាស់ ដែលស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង ដោយប្រទានព្រះបុត្រាឱ្យយាងមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីឱ្យមនុស្សអាចទទួលការសង្គ្រោះ ដោយការផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ទោះបីព្រះបុត្រាមានឋានៈដ៏ខ្ពង់ខ្ពស់ក្តី តែព្រះអង្គបានដាក់ខ្លួនយ៉ាងទន់ទាប យ៉ាងសុភាព រហូតដល់លះបង់ខ្លួនឯងចោល ដូចបទកំណាព្យអំពីការបន្ទាបខ្លួនរបស់ព្រះអង្គ (KÉNOSE) ក្នុងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីពថាៈ
«ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា» (ភលី ២,៦-១១)។
ព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុតបានចាប់កំណើតជាមនុស្សប្រសូតនៅក្នុងស្នូកសត្វ ហើយសុគតនៅលើឈើឆ្កាង។ តើសេចក្តីនេះនាំឱ្យមនុស្សអាចផ្ញើជីវិតលើព្រះអង្គដូចម្តេចកើត? សេចក្តីនេះនាំឱ្យមនុស្សពិបាកយល់ និងពិបាកទុកចិត្ត ព្រោះនិស្ស័យមនុស្សទន់ខ្សោយ ហើយចង់យល់ និងចង់ជឿនូវអ្វីដែលអស្ចារ្យ។ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើកិច្ចការហួសពីការគិតរបស់មនុស្ស។ ដ្បិតព្រះតម្រិះរបស់ព្រះអង្គខុសប្លែកពីគំនិតរបស់យើង។ រីឯរបៀបដែលព្រះអង្គប្រព្រឹត្តក៏ខុសប្លែកពីរបៀប ដែលយើងប្រព្រឹត្តដែរ (អស ៥៥,៨)។ ដោយធម៌មេត្តាករុណា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះហឫទ័យដាក់ខ្លួនទន់ទាប ដើម្បីឱ្យមនុស្សដែលទន់ទាបបានទទួលព្រះហឫទ័យប្រណីសណ្តោសពីព្រះជាម្ចាស់ និងផ្លាស់ប្រែឱ្យជីវិតមនុស្សមានតម្លៃថ្លៃថ្នូរខ្ពង់ខ្ពស់ឡើង។ ដោយសារព្រះបុត្រាប្រសូតជាមនុស្ស ដូច្នេះមនុស្សអាចមានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ចូរយើងកុំភ្លេចថាព្រះជាម្ចាស់បានប្រតិស្ឋានមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ (កណ ១,២៧)។ ដូច្នេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សមានគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គតាមរយៈព្រះបុត្រា ដែលប្រសូតជាមនុស្ស ដ្បិតព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈព្រះអង្គ (យហ ១៤,៦)។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រទានព្រះបុត្រាឱ្យយាងមក ដើម្បីឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គទៅជាបុត្រធីតាទទួលមត៌ករួមជាមួយព្រះបុត្រា (រម ៨,១៦-១៨) និងទទួលការសង្គ្រោះបានគ្រប់លក្ខណៈ ពោលគឺមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវវិនាសឡើយ។ ជាក់ស្តែង ការណ៍នេះកើតឡើងដូច្នេះ ក៏ព្រោះតែព្រះបុត្រាប្រសូតជាមនុស្ស នាំឱ្យមនុស្សអាចស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាភាសាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្តដោយផ្ទាល់ ពោលគឺប្លែកជំនាន់ដើម ពីព្រោះ
«នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើនតាមរយៈពួកព្យាការី។ គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ» (ហប ១,១-២)។
- ព្រះបន្ទូលប្រសូតជាមនុស្ស ជាឋានៈដ៏អស្ចារ្យ ដែលបង្ហាញពីអត្តសញ្ញាណដើមដ៏អាថ៌កំបាំងរបស់ព្រះយេស៊ូគ្រីស្ត។ នៅខាងដើមនៃព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហានណែនាំយើងឱ្យស្គាល់យ៉ាងច្បាស់ពីព្រះបន្ទូល គឺពាក្យលោហ្គោស (λόγος) តាមភាសាក្រិក ជាព្រះបន្ទូលដែលមានព្រះជន្មគង់នៅរួមជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់(យហ ១,១-២)។ សន្តយ៉ូហាន កត់សម្គាល់ពីការអាថ៌កំបាំងរបស់ព្រះបន្ទូល ដែលគង់នៅតាំងពីដើមដំបូងបង្អស់ គឺសំដៅនៅមុនកាលសម័យ និងនៅមុនពេលវេលា។ ព្រះបន្ទូលនេះហើយ ដែលប្រតិស្ឋានអ្វីៗទាំងអស់ឱ្យកើតចេញជារូបរាង និងមានជីវិតឡើង។ ដ្បិតអ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ (យហ ១,៣)។ សន្តយ៉ូហានបានបញ្ជាក់បន្ថែមថា ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គប្រកបដោយសិរីរុងរឿង ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញដោយព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត (យហ ១,១៤)។ ហេតុនេះ ព្រះអង្គមិនគ្រាន់តែមានកំណើតជាមនុស្សធម្មតាដូចយើង តែអត្តសញ្ញាណដើមរបស់ព្រះអង្គជាព្រះជាម្ចាស់។ ជាក់ស្តែងពាក្យ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងនិយាយនៅទីនេះ គឺអង្គព្រះយេស៊ូគ្រីស្ត ដែលជាព្រះបុត្រាមានព្រះជន្មគង់នៅរួមជាមួយព្រះបិតា។ ព្រះអង្គសម្តែងឱ្យមនុស្សលោកស្គាល់ព្រះបន្ទូលព្រះជាម្ចាស់ដោយប្រសូតជាមនុស្ស។
តាមបទពិសោធន៍របស់មនុស្ស ពាក្យសម្តីឆ្លុះបញ្ចាំងពីចេតនា ដូចសុភាសិតខ្មែរថា “សម្តីសជាតិ”។ ហេតុនេះ កាលដែលព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស ក៏ព្រោះតែព្រះជាម្ចាស់ផ្ទាល់សម្តែងព្រះហឫទ័យព្រះអង្គនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ដើម្បីឱ្យមនុស្សអាចរស់នៅស្របតាមព្រះហឫទ័យនេះ ពោលគឺព្រះហឫទ័យព្រះជាម្ចាស់កើតជារូបរាងនៅក្នុងចំណោមមនុស្ស ដូចពាក្យអធិដ្ឋានធម៌ឱព្រះបិតាថា «សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ»។ ព្រះគ្រីស្តជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលសម្តែងឱ្យមនុស្សស្គាល់។ ព្រះជាម្ចាស់ប្រសូតជាមនុស្ស ក៏ព្រោះតែព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងការសង្រ្គោះចំពោះមនុស្សលោកទាំងអស់។ នេះហើយជា «ដំណឹងល្អ» សម្រាប់យើង។
តាមរយៈសេចក្តីបកស្រាយខាងលើផ្តល់ឱ្យយើងយល់ច្បាស់ថា ព្រះគម្ពីរទាំងមូលថ្លែងពីអាថ៌កំបាំងព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះជាម្ចាស់ និងជាព្រះបន្ទូលប្រសូតជាមនុស្ស។ ហេតុនេះ អ្នកដែលស្គាល់ព្រះគម្ពីរ ក៏ស្គាល់ព្រះគ្រីស្តដែរ។ រីឯ “អ្នកដែលមិនស្គាល់ព្រះគម្ពីរទេ ក៏មិនស្គាល់ព្រះគ្រីស្តដែរ”១។ គ្រីស្តបរិស័ទគប្បីដឹង និងយល់ពីសេចក្តីដ៏សំខាន់ទាំងអស់នេះ។
៣. ព្រះគម្ពីរ និងព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គទីបីនៃព្រះត្រៃឯកដ៏វិសុទ្ធ។ ព្រះវិញ្ញាណមានទំនាក់ទំនងយ៉ាងជិតស្និតនឹងព្រះគម្ពីរ ដ្បិតព្រះគម្ពីរកើតចេញពីព្រះវិញ្ញាណ ដែលបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យកត់ត្រាទុកជាលាយលក្ខណ៍អក្សរម្តងជាស្រេច នូវសូរសៀងរបស់ព្រះវិញ្ញាណ ដើម្បីឱ្យសូរសៀងនេះលាន់ឮឡើងតាមរយៈសំណេរដ៏វិសុទ្ធ។
«ហេតុនេះហើយ បានជាព្រះគម្ពីរចែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ដោយមិនប្រែប្រួល ហើយធ្វើឱ្យព្រះសូរសៀងរបស់ព្រះវិញ្ញាណលាន់ឮឡើង ដោយសារពាក្យសម្តីរបស់អស់លោកព្យាការី និងរបស់ក្រុមគ្រីស្តទូត» (DV លេខ២១)។
តាមរយៈសេចក្តីបង្រៀននេះ បញ្ជាក់យ៉ាងជាក់លាក់ថា សំណេរដ៏វិសុទ្ធជាស្នាព្រះហស្តនៃព្រះវិញ្ញាណ ដែលបំពេញសកម្មភាពក្នុងក្រុមព្យាការី ក្នុងក្រុមគ្រីស្តទូត ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូចគ្នានេះដែរ នៅក្នុងលិខិតទី២របស់គ្រីស្តទូតសិលាបានសរសេរបំភ្លឺថា «ព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឱ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់» (២សល ១,២១)។
ដូច្នេះ ព្រះគម្ពីរជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងពិតប្រាកដ។ ជាក់ស្តែង គ្រីស្តទូតប៉ូលក៏បានទូន្មានយ៉ាងច្បាស់ នៅក្នុងលិខិតទី១ផ្ញើជូនលោកធីម៉ូថេផងដែរថា «គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឱ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឱ្យរស់តាមសេចក្ដីសុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក» (១ធម ៣,១៦-១៧)។
សេចក្តីសន្និដ្ឋាន
យោងលើសេចក្តីដែលបានរៀបរាប់ខាងលើ នាំឱ្យយើងអាចសន្និដ្ឋានបានថា ព្រះគម្ពីរពិតជាមានទំនាក់ទំនងនឹងព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រោះព្រះគម្ពីរជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលថ្លែងពីអត្តសញ្ញាណដ៏អាថ៌កំបាំងរបស់ព្រះបុត្រា ដែលជាព្រះបន្ទូល និងជាព្រះវិញ្ញាណដ៏វិសុទ្ធប្រសូតជាមនុស្ស។ ទាំងព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះបុត្រាបំពេញបេសកកម្មបែរទៅរកព្រះបិតា ដើម្បីចាត់ចែងឱ្យចក្រវាលទាំងមូលធ្វើចលនាឆ្ពោះទៅកាន់ព្រះជាម្ចាស់ជាព្រះបិតា ដូចពាក្យសូមលើកតម្កើងអង្គព្រះត្រៃឯក (DOXOLOGIA) ក្នុងពេលដែលលោកបូជាចារ្យលើកព្រះកាយ និងព្រះលោហិតឡើងនៅក្នុងអភិបូជាតែងប្រកាសថាៈ
«ឱព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត។ រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ»។
១ សន្ត យេរ៉ូម (៣៤៤-៤២០ នៃគ.ស) សូមមើលក្នុង (DV លេខ២៥)។