អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ
១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់
២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?
ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ
៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង
ជំនឿពិត និងការប្រតិបត្តិត្រឹមត្រូវ
(យហ ៤,១-៤២)
សេចក្តីផ្តើម
អត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៤,៥-៤២ ថ្លែងអំពីព្រះយេស៊ូសន្ទនាជាមួយស្រ្តីសាសន៍សាម៉ារី នៅពេលថ្ងៃត្រង់ ក្បែរអណ្តូងលោកយ៉ាកុប។ ព្រះអង្គបានសម្តែងឱ្យស្គាល់អំពីជំនឿពិត និងការប្រតិបត្តិត្រឹមត្រូវដល់ស្រ្តីនោះ និងអ្នកស្រុកសាម៉ារីជាច្រើន ហើយពួកគេបានជឿលើព្រះអង្គ។ អត្ថបទនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំជំនឿ ដើម្បីណែនាំដល់បងប្អូនដែលចង់ទៅជាគ្រីស្តបរិស័ទឱ្យស្គាល់នូវអ្វី ដែលជាជំនឿពិតប្រាកដ និងការប្រតិបត្តិត្រឹមត្រូវ។
អត្ថបទព្រះគម្ពីរ
៣ | ព្រះយេស៊ូយាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ |
៤ | ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ |
៥ | ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ីខា នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឱ្យលោកយ៉ូសែបជាកូន។ |
៦ | នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះប្រហែលជាថ្ងៃត្រង់។ |
៧ | មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។ |
៨ | (សាវ័កនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ |
៩ | ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ |
១០ | ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្ដិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឱ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត» |
១១ | នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។ |
១២ | តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើង ដែលបានទុកអណ្ដូងនេះឱ្យយើងឬ?។ លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ |
១៣ | ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត |
១៤ | រីឯអ្នកដែលពិសាទឹកខ្ញុំឱ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឱ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។ |
១៥ | ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឱ្យនាងខ្ញុំស្រេក និងកុំឱ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។ |
១៦ | ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ |
១៧ | ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន |
១៨ | ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ |
១៩ | នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការីមែន។ |
២០ | បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ |
២១ | ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ |
២២ | អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ |
២៣ | ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ |
២៤ | ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។ |
២៥ | ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រីស្ដនឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងប្រទានឱ្យយើងដឹងសព្វគ្រប់ទាំងអស់»។ |
២៦ | ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។ |
២៧ | ពេលនោះ ពួកសាវ័កត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ |
២៨ | ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖ |
២៩ | «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រីស្ដហើយមើលទៅ!»។ |
៣០ | អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ |
៣១ | ក្នុងពេលជាមួយគ្នានោះ ពួកសាវ័កទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា!»។ |
៣២ | ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ |
៣៣ | ពួកសាវ័កក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ |
៣៤ | ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឱ្យបានសម្រេច។ |
៣៥ | អ្នករាល់គ្នាតែងពោលថា “បួនខែទៀត ដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ |
៣៦ | អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា |
៣៧ | ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ |
៣៨ | ខ្ញុំបានចាត់អ្នករាល់គ្នាឱ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។ |
៣៩ | ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ |
៤០ | ហេតុនេះហើយ បានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ |
៤១ | មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ |
៤២ | ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។ |