អំណានព្រះបន្ទូល
អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

តើអ្នកមករកអ្វី?
(យហ ១,៣៥-៤២)

អត្ថបទព្រះគម្ពីរ

៣៥ ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ
ភូមិបេថានី​ដដែល(១,២៨) ហើយ​មាន​
សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។
៣៦ លោក​សម្លឹង​មើល​ព្រះ‌យេស៊ូ​យាង​កាត់​តាម​នោះ
ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ
​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់»។
៣៧ កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ
គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
៣៨ ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​
ដើរ​តាម ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖
«អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖
«រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”)
តើ​លោក​នៅ​កន្លែង​ណា?»។
៣៩ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖
«សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។
គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ
ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ
(ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។
៤០ ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​
របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះ‌យេស៊ូ​
ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អន់ដ្រេជា​ប្អូន
​របស់​លោក​ស៊ីម៉ូន​សិលា។
៤១គាត់​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​មុន​គេប្រាប់​ថា៖
«យើង​បាន​រក​ព្រះ‌មេស្ស៊ី​ឃើញ​ហើយ!»
(ពាក្យ “មេស្ស៊ី” នេះ ប្រែ​ថា“ព្រះ‌គ្រីស្ដ”)។
៤២ គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​គាល់​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​សម្លឹង​មើល​លោក​ស៊ីម៉ូន
ក៏​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​ឈ្មោះ​ស៊ីម៉ូនជា​កូន​របស់​លោក​យ៉ូហាន 
អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”
(ពាក្យ “កេផាស” នេះ ប្រែ​ថា សិលា)»។

សេចក្តីផ្តើម

«តើអ្នកមករកអ្វី?» គឺជាសំណួរដកស្រង់ចេញពីប្រភពដើមក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អតាម​សន្តយ៉ូហាន ១,៣៨។ ព្រះយេស៊ូមានព្រះបន្ទូលសួរសំណួរនេះដល់ក្រុមសាវ័ក ដែលព្រះអង្គត្រាស់ហៅដើមដំបូងគេបង្អស់។ ព្រះយេស៊ូតាមរយៈព្រះសហគមន៍ក៏សួរសំណួរដដែលនេះដល់យើងផងដែរ។ សំណួរនេះជួយឱ្យយើងដឹងអំពីក្តីរំពឹង អំពីការតាំងចិត្ត និងអំពីបំណងប្រាថ្នារបស់ខ្លួនថា តើខ្ញុំមានបំណងស្វែងរកអ្វីនៅក្នុងជីវិត? តើយើងត្រូវធ្វើដូចម្តេចដើម្បីសម្រេចបំណងប្រាថ្នានោះ?

បំណងប្រាថ្នាពិតរបស់មនុស្ស

សេចក្តីពិតនៅក្នុងមនុស្សគ្រប់រូបទាំងបុរស ទាំងស្រ្តីសុទ្ធតែមានបំណងប្រាថ្នាស្វែងរកអត្ថន័យ និងសុភមង្គលដ៏ពិតប្រាកដសម្រាប់ជីវិតរបស់ខ្លួន។ តើហេតុ​អ្វីបានជាមនុស្សមានចំណង់ប្រាថ្នាបែបនេះ? តើមិនមែនព្រះជាម្ចាស់បំភ្លឺ ឬជំរុញមនុស្សឱ្យស្វែងរកទេឬ? ជាក់ស្តែង គឺព្រះជាម្ចាស់ផ្ទាល់បំភ្លឺមនុស្ស។ ចំពោះយើងជាគ្រីស្តបរិស័ទ អត្ថន័យ និងសុភមង្គលពិតប្រាកដនៃជីវិត គឺស្ថិតនៅលើព្រះជាម្ចាស់តែប៉ុណ្ណោះ ដ្បិតព្រះអង្គបានបង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់ (កណ ១,២៧)។ រីឯមនុស្សវិញ ដរាបណាគេស្វែងរកព្រះអង្គមិនបានសម្រេចទេ គេនឹងមានចិត្តពុះកញ្ជ្រោល និងអន្ទះសារនៅមិនសុខឡើយ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក (ទំន ៦៣,២)។ កាលណាមនុស្សស្វែងរកព្រះជាម្ចាស់ឃើញ គេនឹងមានសេចក្តីសុខសាន្តដ៏ពិតប្រាកដ «មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។ ពិត​មែន​ហើយ ដ្បិត​ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។» (ទំន ៦២,២.៦)។ ដូចសន្តអូគូស្តាំង (៣៥៤-៤៣០ នៃគ.ស) បានផ្តល់សក្ខីភាពនៃជំនឿរបស់គាត់ថា «ព្រះអម្ចាស់បានបង្កើតទូលបង្គំសម្រាប់ព្រះអង្គ ដួងចិត្តទូលបង្គំមិនបានសេចក្តីសុខឡើយ ដរាបណាមិនបាននៅជាប់នឹងព្រះអង្គ»។ នេះជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យយើងដឹងថា ព្រះជាម្ចាស់ពិតជាបំភ្លឺ និងទាក់ទាញចិត្តមនុស្សឱ្យស្វែងរកព្រះអង្គ។ ព្រះជាម្ចាស់ប្រោសឱ្យជីវិតមនុស្សមានអត្ថន័យ មានអំណរសប្បាយ និងមានសុភមង្គលដ៏ពិតប្រាកដមែន កាលណាមនុស្សផ្ញើជីវិតលើព្រះអង្គ។

១. ព្រះយេស៊ូជាព្រះសង្គ្រោះ (យហ ១,៣៥-៣៧)

សាវ័កទាំងពីរនាក់ដើមដំបូងក្នុងអត្ថបទនេះ បានស្តាប់សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត ដែលបានចង្អុលបង្ហាញឱ្យស្គាល់ពីឋានៈរបស់ព្រះយេស៊ូជាកូនចៀមរបស់ព្រះ‌ជាម្ចាស់ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះ‌ជាម្ចាស់» (១,៣៦)។ ពួកគាត់បានដើរតាមព្រះយេស៊ូដោយឥតបង្អង់ឡើយ។

ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់ ដែល​​លះ‌បង់​ជីវិត និង​សុខ​ចិត្ត​ទទួល​យក​បាប​របស់​មនុស្សមក​ដាក់​លើព្រះអង្គផ្ទាល់ស្របតាមពាក្យ ដែលព្យាការីអេសាយបានថ្លែងនៅរវាងឆ្នាំ៥៨៦ មុនគ.ស (អស ៥២,១៣-៥៣,១២)។ ម្យ៉ាងទៀត ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់ សំដៅលើកូនចៀមបុណ្យចម្លង ដែលត្រូវបូជាក្នុងព្រឹត្តិ​ការណ៍ ដែលជនជាតិអ៊ីស្រាអែលចាកចេញពីទាសករនៅប្រទេសអេស៊ីបធ្វើ​ដំណើរឆ្ពោះទៅកាន់សេរីភាពនាស.វទី១៣ មុនគ.ស ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ ប្រជារាស្រ្តអ៊ីស្រាអែលបានរួចផុតពីគ្រោះកាចឆ្លងកាត់ប្រទេសអេស៊ីប ដោយសារលោហិតរបស់កូនចៀមបែបណា (សរ ១២,២១) មនុស្សលោកទទួលការសង្គ្រោះពីការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ដោយសារលោហិតរបស់ព្រះយេស៊ូគ្រីស្តបែបនោះដែរ។ ប្រជាជនអ៊ីស្រាអែលចូលរួមរំដោះខ្លួនឱ្យរួចពីសេចក្តីស្លាប់ក្នុងប្រទេសអេស៊ីប ដោយការបរិភោគសាច់កូនចៀមបុណ្យចម្លងយ៉ាងណា មនុស្សលោកមានសេរីភាពរួចចាកផុតពីសេចក្តីស្លាប់ហើយចូលទៅក្នុងជីវិតអស់កល្បជានិច្ច ដោយ​ទទួលទានសាច់កូនចៀមរបស់ព្រះជាម្ចាស់យ៉ាងនោះដែរ (យហ ៦,១២)។ សេចក្តីនេះនាំឱ្យយើងនឹកគិតដល់អភិបូជាជាពិធីជប់លៀងរបស់កូនចៀមព្រះជាម្ចាស់ ពោលគឺសក្ការៈបូជាដ៏ឧត្តមបំផុតរបស់ព្រះយេស៊ូ។ ព្រះអង្គត្រាស់ហៅមនុស្សឱ្យចូលរួមក្នុងពិធីជប់លៀងដើម្បីគេមានសុភមង្គលដ៏ពិតប្រាកដ។

«នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។ អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យចូលរួមក្នុងពិធីជប់លៀងរបស់កូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ។» (ពិធីទទួលព្រះកាយ ព្រះលោហិតក្នុងអភិបូជា)

ដូច្នេះ ឋានៈរបស់ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលលោកយ៉ូហានបាទីស្តបានចង្អុលបង្ហាញនៅទីនេះបំភ្លឺយើងឱ្យស្គាល់ថា សេចក្តីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ទាំងគម្ពីរព្យាការី និងគម្ពីរធម្មវិន័យបានកើតជារូបរាង។ ហេតុនេះហើយ បានជាយើងត្រូវស្តាប់ហើយដើរតាមព្រះយេស៊ូ។ ការស្តាប់ហើយដើរតាមនរណាម្នាក់គឺជាការរួមជោគវាសនានៃជីវិតរបស់ខ្លួនជាមួយអ្នកនោះដោយរំពឹង និងសង្ឃឹមថា អាចផ្លាស់ប្រែអនាគតរបស់ខ្លួនបាន។ ពិតប្រាកដមែន ព្រះយេស៊ូជាព្រះសង្គ្រោះ ដែលអាចស្រោចស្រង់យើងពីភាពទន់ខ្សោយដោយសារអំពើបាបដែលបណ្តាលឱ្យស្លាប់ ដើម្បីស្តារយើងឱ្យមានលក្ខណៈរបស់ព្រះជាម្ចាស់ ពោលគឺចូលរួមក្នុងព្រះជន្មព្រះអង្គផ្ទាល់ដែលជាជីវិតអស់កល្បជានិច្ច។ ដ្បិតកាលណាយើងទទួលព្រះកាយព្រះលោហិតព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់ យើងរួបរួមក្នុងរូបកាយរបស់ព្រះអង្គ ដើម្បីព្រះអង្គប្រែយើងឱ្យមានលក្ខណៈដូចព្រះជាម្ចាស់។

២. ព្រះយេស៊ូជាព្រះប្រាជ្ញាញាណ (១,៣៨-៤០)

ជាធម្មតា ប្រសិនបើនរណាម្នាក់ស្វែងរកអ្វីមួយ គឺបណ្តាលមកពីគាត់បាត់បង់ ឬខ្វះខាត ឬមកពីគាត់ឥតមានរបស់នោះតែម្តង ហើយគាត់ត្រូវការវាជាចាំបាច់។ កាលណាគាត់រកបានឃើញហើយ គាត់មានអំណរក្រៃលែង។ ព្រះយេស៊ូមានព្រះបន្ទូលសួរសាវ័កទាំងពីរថា តើអ្នក​មក​រក​អ្វី? ដើម្បីឈ្វេងយល់អំពីចេតនារបស់ពួកគាត់។ សាវ័កទាំងពីរនាក់មិនបានលាក់លៀមអំពីបំណងរបស់ខ្លួន ក៏បង្ហាញពីចេតនាដោយទូលសួរព្រះយេស៊ូឥតបង្អង់ថា «រ៉ាប៊ី» តើលោកនៅឯណា? ព្រះយេស៊ូមានព្រះហឫទ័យសប្បុរសក៏ត្រាស់ហៅពួកគាត់ដោយសន្យាថា «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ ក្រោយពីព្រះអង្គបានអញ្ជើញហើយ សាវ័កទាំងពីរក៏យល់ព្រមទៅតាមព្រះយេស៊ូ ហើយបានឃើញកន្លែងរបស់ព្រះអង្គ។ បន្ទាប់មក ពួកគាត់នៅជាមួយព្រះអង្គដោយឥតស្ទាក់ស្ទើរឡើយ ។

ព្រះយេស៊ូជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ស្របតាមព្រះគម្ពីរស្តីអំពីព្រះប្រាជ្ញាញាណក្នុងសម្ពន្ធមេត្រីចាស់។ ព្រះប្រាជ្ញាញាណបង្ហាញខ្លួនឱ្យអ្នកដែល«ស្វែងរក»ព្រះអង្គឃើញ (ប្រាជ្ញា ៦,១២)។ អ្នកមានប្រាជ្ញាពិតប្រាកដគឺមិនមែនជាអ្នកដែលគ្រាន់តែរៀនអំពីព្រះប្រាជ្ញាញាណតែប៉ុណ្ណោះទេ គឺគាត់«ស្នាក់នៅក្នុងផ្ទះតែមួយ» ជាមួយព្រះអង្គ (ប្រាជ្ញា ៧,២៨)។

«អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ខិត​ខំ​ត្រិះ​រិះ​ពិចារ‌ណា ពិត​ជា​មាន​សុភមង្គល​ពុំ​ខាន។ គាត់​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណដូចព្រានតាមដានសត្វ ហើយ​ឃ្លាំ​មើល​កន្លែង​ដែល​ព្រះ‌ប្រាជ្ញា​ញាណ​ត្រូវ​យាង​កាត់។ គាត់​តាំង​ទី​លំ​នៅ​ក្បែរ​ដំណាក់​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​បោះ​ចម្រឹង​នៃ​ជំរំ​របស់​ខ្លួន​ជាប់​នឹង​ជញ្ជាំង​ដំណាក់​របស់​ព្រះ‌អង្គ។ គាត់​បោះ​ជំរំ​ក្បែរ​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​សុភមង្គល។ គាត់​ធ្វើ​សំបុក​ដាក់​កូន​នៅតាម​មែក​សាខា​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ស្ថិត​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះ‌អង្គ។» (បសរ ១៤,២០-២៧)

ក្នុងសម្ពន្ធមេត្រីថ្មី នៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងកូឡូស គ្រីស្តទូតប៉ូលបានថ្លែងឱ្យយើងស្គាល់យ៉ាងច្បាស់អំពីឋានៈរបស់ព្រះយេស៊ូគ្រីស្តជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ «ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​ហ្នឹង​ហើយ។» (កូឡ ២,៣)។

៣. ព្រះយេស៊ូជាព្រះគ្រីស្ត (១,៤១-៤២)

លោកអន់ដ្រេជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងពីរដែលបានជួបព្រះយេស៊ូ។ បន្ទាប់ពីបាននៅជាមួយព្រះអង្គ គាត់ក៏ទៅរកលោកស៊ីម៉ូនជាបងមុនគេដោយប្រាប់ថា «យើងបានរកព្រះ‌មេស្ស៊ីឃើញហើយ!» រួចហើយគាត់នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ក្រោយពេលលោកស៊ីម៉ូនបានជួបព្រះយេស៊ូហើយ ព្រះអង្គបានដាក់ឈ្មោះថ្មីដល់គាត់។

លោកអន់ដ្រេក្លាយជាអ្នកនាំដំណឹងល្អរបស់ព្រះយេស៊ូជាព្រះគ្រីស្តដល់បងប្អូនរបស់ខ្លួនមុនដំបូងគេបង្អស់។ ព្រះគ្រីស្តដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំតាមព្រះបន្ទូលសន្យាក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ទាំងមូលបានសម្រេចជារូបរាងហើយ។ ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ដែលជាដំណឹងល្អផ្តល់ឱ្យអស់អ្នកដែលរកព្រះអង្គមានអំណរសប្បាយ ដូចក្រុមសាវ័កដែលបានរកព្រះអង្គឃើញ ហើយនៅជាមួយព្រះអង្គ ពួកគាត់មានអំណរសប្បាយ។ ដោយសារតែអំណរសប្បាយនេះហើយ ធ្វើឱ្យលោកអន់ដ្រេនៅមិនសុខឡើយ ហើយជំរុញគាត់ឱ្យរត់ទៅនាំលោកស៊ីម៉ូនមកគាល់ព្រះយេស៊ូ។ ធ្វើដូច្នេះ លោកស៊ីម៉ូន និងលោកអន់ដ្រេមានអំណរដូចគ្នា។ ក្រៅពីអំណរសប្បាយនេះ ព្រះយេស៊ូមានគម្រោងការណ៍ថ្មីសម្រាប់លោកស៊ីម៉ូន គឺការប្តូរឈ្មោះរបស់គាត់ទៅជាកេផាសដែលប្រែថា «សិលា»។ គាត់ក្លាយទៅជាមនុស្សថ្មីលែងរស់នៅតាមរបៀបចាស់ដែលស្វែងសម្បត្តិលោកីយ៍ និងស្វែងរកប្រយោជន៍ផ្ទាល់ទៀតហើយ ពោលគឺគាត់បំពេញបេសកកម្មស្របតាមព្រះហឫទ័យរបស់ព្រះយេស៊ូគ្រីស្តវិញ។

1,220 Views

Theme: Overlay by Kaira